ព្រះត្រៃឯក

អាថ៌កំបាំង នៃព្រះត្រៃឯកដ៏វិសុទ្ធបំផុត ជាអាថ៌កំបាំងដ៏សំខាន់បំផុតនៃជំនឿ និងជីវិតរបស់គ្រីស្តបរិស័ទ។ អាថ៌កំបាំងនៃព្រះ​ត្រៃឯក​ជាប្រភព និង​​បំភ្លឺអាថ៌កំបាំង​ផ្សេងៗ​នៃ​ជំនឿ ហើយជាការប្រៀនប្រដៅដ៏សំខាន់បំផុត និងជា​មូលដ្ឋាន​​គ្រឹះ​​​នៃ “សេចក្ដីពិត​ទាំង​ឡាយ​នៃជំនឿ”។

លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះ‌អង្គ​ជា​ព្រះ‌ជាម្ចាស់​ក្តី​ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព‌លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះ‌គិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​ឡើយ (រ៉ូម ១,២០)។

ក្នុងសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូសម្ដែងថា ព្រះជាម្ចាស់ជាព្រះត្រៃឯក៖

  • ព្រះយេស៊ូហៅព្រះជាម្ចាស់ថា បិតា និងមានទំនាក់ទំនងពិសេសជាមួយព្រះអង្គ។
  • ព្រះយេស៊ូលើកលែងទោស ធ្វើការអស្ចារ្យ និងរស់ឡើងវិញ។
  • ព្រះយេស៊ូសន្យាថា នឹងប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ។

ព្រះសហគមន៍ធ្វើពិធីជ្រមុជទឹកក្នុងព្រះនាមព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណ

  • ១. លទ្ធិ លេខ២៥៣៖

ព្រះត្រៃឯកមានតែមួយព្រះអង្គ៖
យើងមិនប្រកាសថា មានព្រះជាម្ចាស់បីអង្គទេ តែព្រះ​ជាម្ចាស់​​តែ​មួយ ដែល​មានព្រះបីអង្គ គឺ “ព្រះបិតា និងព្រះបុត្រា​ និងព្រះវិញ្ញាណដ៏វិសុទ្ធ រួមសភាពជាមួយគ្នា”។​ ព្រះអង្គនីមួយៗជាព្រះជាម្ចាស់​ទាំង​​ស្រុង៖ “ព្រះបិតា​ជា​សភាព​របស់​​ព្រះបុត្រា ព្រះបុត្រាជាសភាពរបស់ព្រះបិតា ហើយព្រះបិតា ​និង ព្រះបុត្រា​ជា​សភាពរបស់ព្រះវិញ្ញាណ​ដ៏វិសុទ្ធ គឺ​ព្រះជាម្ចាស់តែមួយព្រះអង្គ”។ ព្រះអង្គនីមួយៗមានសារធាតុ សភាវៈ ឬសភាពរបស់​ព្រះ​ជាម្ចាស់”។

  • ២. លទ្ធិ លេខ២៥៤៖

ព្រះអង្គនីមួយៗខុសប្លែកពីគ្នាទៅវិញទៅមក យ៉ាងពិតប្រាកដ​៖
“ព្រះជាម្ចាស់មានតែមួយ ប៉ុន្តែ ​ព្រះអង្គ​មិន​​មែន​តែ​​ម្នាក់​ឯង​ទេ”។​ “ព្រះបិតា” “ព្រះបុត្រា” “ព្រះវិញ្ញាណដ៏វិសុទ្ធ” មិនគ្រាន់តែជានាមសម្ដែង​លក្ខណៈ​​​ផ្សេងៗ​​ពីព្រះជាម្ចាស់ទេ ដ្បិតព្រះអង្គនីមួយៗខុសប្លែកពីគ្នាយ៉ាង​​ពិត​​​ប្រាកដ៖​ “ព្រះអង្គ​ដែល​​ជា​ព្រះបុត្រា​មិនមែនជាព្រះបិតា​ ព្រះអង្គដែលជាព្រះបិតាមិនមែន​ជា​ព្រះបុត្រា ហើយព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មិន​មែន​​​ជា​ព្រះបិតា​ ឬព្រះបុត្រាឡើយ”។ ព្រះអង្គខុសប្លែកពីគ្នាមកពី​ទំនាក់ទំនង​ដើម​ដំបូង​រវាង​គ្នា​និង​គ្នា៖ “ព្រះបិតាផ្ដល់​ព្រះជន្ម ព្រះបុត្រាទទួលព្រះជន្ម ហើយព្រះវិញ្ញាណ​ដ៏វិសុទ្ធ​​ហូរចេញ ពីព្រះបិតា និងព្រះបុត្រា”។

យើងធ្លាប់ប្រកាសថា៖

  • ព្រះបិតាជាអ្នកបង្កើត (ដ្បិតព្រះអង្គជាប្រភព)
  • ព្រះបុត្រាជាអ្នកសង្រ្គោះ (ដ្បិតព្រះអង្គយាងមកលើផែនដី)
  • ព្រះវិញ្ញាណជាអ្នកប្រោសឱ្យបានវិសុទ្ធ (ដ្បិតព្រះអង្គគង់នៅក្នុងចិត្តមនុស្ស)

ហេតុនេះ តាមការពិត ព្រះត្រៃឯកទាំងមូលជាអ្នកបង្កើត សង្រ្គោះ និងប្រោសឱ្យបានវិសុទ្ធ។

  • ៣. លទ្ធិ លេខ២៥៥៖

ព្រះអង្គនីមួយៗពឹងផ្អែកលើគ្នាទៅវិញទៅមក៖
ភាពខុសគ្នាយ៉ាងពិតប្រាកដរវាងព្រះអង្គនីមួយៗ ស្ថិតតែ​នៅ​ក្នុង​ទំនាក់ទំនង ដែលមានរវាងព្រះអង្គនីមួយៗ ហើយមិនបំបែកព្រះជាម្ចាស់ឡើយ៖ “ព្រះនាម​ព្រះបិតាយោង​តាម​ព្រះបុត្រា ព្រះនាមព្រះបុត្រាយោងតាមព្រះបិតា ហើយព្រះវិញ្ញាណដ៏​វិសុទ្ធ ​យោង​តាមព្រះអង្គទាំងពីរនោះ។ “នៅក្នុងអង្គព្រះអង្គនីមួយៗ មានសភាព​តែមួយ លើកលែងតែ​នៅពេល​ទំនាក់​ទំនង​រវាង​ព្រះអង្គ​​នីមួយៗ​ផ្សេងៗ​ពីគ្នា”។​​

“ដោយសារ​ឯកភាពនោះ ព្រះបិតាស្ថិតទាំងស្រុងក្នុងព្រះបុត្រា និង​​ស្ថិត​ទាំងស្រុងក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធដែរ ព្រះបុត្រាស្ថិតទាំង​ស្រុង​​​ក្នុងព្រះបិតា និងស្ថិតទាំងស្រុងក្នុងព្រះ​វិញ្ញាណ​​ដ៏​វិសុទ្ធដែរ ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធស្ថិតទាំង​ស្រុង​​ក្នុងព្រះបិតា ទាំងស្រុងក្នុងព្រះបុត្រាផងដែរ”។

គំរូអំពីព្រះត្រៃឯក…

ព្រះបុត្រាជា៖

  • រូបតំណាងដ៏ឥតខ្ចោះ
  • ព្រះប្រាជ្ញាញ្ញាណ
  • ព្រះបន្ទូល នៃព្រះបិតា

ព្រះជាម្ចាស់ស្រលាញ់ព្រះអង្គ៖ ព្រះវិញ្ញាណ

ព្រះវិញ្ញាណជា៖

  • សេចក្ដីស្រលាញ់
  • ខ្យល់ដង្ហើម រវាងព្រះបិតា និងព្រះបុត្រា

តើលទ្ធិនៃព្រះត្រៃឯកមានប្រយោជន៍អ្វីសម្រាប់យើង?

ឱព្រះជាម្ចាស់អើយ! ព្រះត្រៃឯកដែលខ្ញុំគោរពក្រាបថ្វាយបង្គំ! សូមព្រះអង្គជួយឱ្យខ្ញុំម្ចាស់បំភ្លេចខ្លួនខ្ញុំម្ចាស់ផ្ទាល់ទាំងស្រុងទៅ ដើម្បីឱ្យខ្ញុំម្ចាស់បានតាំងនៅស្ងៀមយ៉ាងស្ងប់ស្ងាត់ជាមួយព្រះអង្គ​ ហាក់ដូចជាព្រលឹងរបស់ខ្ញុំម្ចាស់បានទៅដល់ស្ថានបរមសុខរួចហើយ។ ឱព្រះអង្គដែលមិនប្រែប្រួលអើយ! សូមកុំឱ្យគ្មានអ្វីមួយរំខានសេចក្ដីសុខសាន្តរបស់ខ្ញុំម្ចាស់ និងធ្វើឱ្យខ្ញុំម្ចាស់ឃ្លាតឆ្ងាយពីព្រះអង្គឡើយ ប៉ុន្តែ សូមឱ្យគ្រប់នាទីទាំងអស់នាំឱ្យខ្ញុំម្ចាស់ចូលក្នុងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះអង្គយ៉ាងជ្រាលជ្រៅ! សូមប្រោសប្រទានឱ្យព្រលឹងខ្ញុំម្ចាស់បានសេចក្ដីស្ងប់ផង។ សូមព្រះអង្គទុកឱ្យព្រលឹងខ្ញុំម្ចាស់ទៅជាស្ថានបរមសុខ ជាព្រះដំណាក់ដ៏ជាទីស្រលាញ់ និងជាទីកន្លែងសម្រាករបស់ព្រះអង្គផង។ សូមកុំឱ្យខ្ញុំម្ចាស់មិនដែលបោះបង់ព្រះអង្គចោលទេ ប៉ុន្តែសូមឱ្យខ្ញុំម្ចាស់បាននៅទីនោះទាំងស្រុង ដោយមានជំនឿមាំមួន ដោយក្រាបថ្វាយបង្គំព្រះអង្គ និងដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ ដែលកំពុងបង្កើតខ្ញុំម្ចាស់ (សន្តី អេលីសាបិត នៃព្រះត្រៃឯក)។


ឋានៈព្រះគ្រីស្ត
ជំនឿ និងប្រាជ្ញា
ព្រះត្រៃឯក
ប្រវត្តិនៃធម៌ប្រកាសជំនឿ
ធម៌ជឿ និងជីវិត
252 Views

Theme: Overlay by Kaira