អំណានព្រះបន្ទូល

អំណានព្រះបន្ទូល
Lectio Divina

ព្រះគម្ពីរ និងព្រះបន្ទូល

អារម្ភកថា
សេចក្តីផ្តើម
ជំពូក១ លក្ខណៈនៃព្រះគម្ពីរ
១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ
១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ
១.៣ ព្រះគម្ពីរជាសំណេរបទពិសោធន៍ជំនឿ
១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ

១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ
១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ
ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល
២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់

២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?

ជំពូក៣ អំណានព្រះបន្ទូល
៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល
៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ

៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
សេចក្តីសន្និដ្ឋាន
ឯកសារយោង

អត្ថាធិប្បាយអត្ថបទព្រះគម្ពីរ
អត្ថបទផ្សេងៗ

អារម្ភកថា

កម្មវិធី “នាទីស្តាប់ព្រះបន្ទូល”​ ឬ “អំណានព្រះបន្ទូល” នេះ មានគោលបំណងណែនាំបងប្អូនឱ្យស្គាល់នូវមូលដ្ឋានគ្រឹះនៃព្រះគម្ពីរ និងព្រះបន្ទូលព្រះជាម្ចាស់។ ជាពិសេស គឺការសិក្សាអំពីវិធីសាស្រ្តអានអត្ថបទព្រះគម្ពីរតាមឡេចស៊ីអូ ឌីវីណា (Lectio Divina) ឬហៅថា អំណានព្រះបន្ទូល

តាមរយៈកម្មវិធីនេះ បងប្អូននឹងទទួលបានវិធីសាស្រ្តងាយ​ស្រួលក្នុងការអានអត្ថបទព្រះគម្ពីរ ទោះបីការអានតែម្នាក់ឯង ក៏ដូចជាការអាន និងចែករំលែកព្រះបន្ទូលនៅក្នុងក្រុមរួមជាមួយគ្នា។ លើសពីនេះ បងប្អូនក៏អាចយល់ដឹងអំពីរបៀបធ្វើសេចក្តីអត្ថាធិប្បាយ​អត្ថបទព្រះគម្ពីរផងដែរ។

យើងខ្ញុំសង្ឃឹមថា កម្មវិធីនេះជាមធ្យោបាយមួយដ៏មានសារ​​ប្រយោជន៍ ផ្តល់ឱ្យបងប្អូនមានបទពិសោធន៍អានអត្ថបទព្រះគម្ពីរ ដើម្បីឱ្យព្រះបន្ទូលព្រះជាម្ចាស់លាន់ឮឡើង និងបានជ្រួតជ្រាបនៅក្នុងចិត្តគំនិតជានិច្ច។

យើងខ្ញុំសូមជូនពរដល់បងប្អូនអ្នកអាន អ្នកស្តាប់​បាន​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា‌ព្រះអម្ចាស់ និងសូម​ឱ្យ​បង‌ប្អូនបាន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ និង​សូម​ឱ្យ​បង‌ប្អូន​បាន​រួម​រស់​ជា​មួយ​គ្នាដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធផង។

កម្មវិធីនេះមានឯកសារជាអត្ថបទសម្រាប់អាន និងមានជាវីដេអូណែនាំ ដើម្បីផ្តល់ឱ្យបងប្អូនងាយស្រួលស្វែងយល់។ ប្រសិនបើបងប្អូនត្រូវការទិញឯកសារជាសៀវភៅ ដែលមានអត្ថបទទាំងស្រុង សូមចុចនៅទីនេះ


សេចក្តីផ្តើម

ព្រះគម្ពីរគ្រីស្តសាសនាជាសំណេរដ៏វិសុទ្ធដ៏មានឥទ្ធិពលយ៉ាងខ្លាំងចំពោះមនុស្សជាតិ ជាពិសេស គឺគ្រីស្តបរិស័ទ។ ព្រះគម្ពីរ និងព្រះបន្ទូលព្រះជាម្ចាស់ពាក់ព័​ន្ធគ្នា ដ្បិតព្រះគម្ពីរធ្វើឱ្យព្រះបន្ទូលព្រះជាម្ចាស់លាន់ឮឡើងនៅក្នុងជម្រៅចិត្តមនុស្ស ដើម្បីសម្រាលទុក្ខ និងលើកទឹកចិត្ត ព្រមទាំងផ្តល់នូវអំណរ និងសេចក្តីសង្ឃឹមមកពីព្រះជាម្ចាស់។ គ្រីស្តបរិស័ទគប្បីដឹងថា ជំនឿកើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ដ (រម ១០,១៧)។ ជំនឿនេះហើយ​ធ្វើ​ឱ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន​ និង​ធ្វើឱ្យ​ស្គាល់​​ជាក់​ច្បាស់​នូវ​អ្វីៗ ​ដែល​យើង​មើល​ពុំ​ឃើញ។ ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយបាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍‌ឈ្មោះ​ល្អ (ហប ១១,១-២)។ ព្រះបន្ទូលព្រះគ្រីស្តមានកត់ត្រានៅក្នុងព្រះគម្ពីរ និងការបញ្ជូនបន្តដ៏វិសុទ្ធរបស់ព្រះសហគមន៍ ដែលបានសម្អិតសម្អាងតាំងពីដើមរៀងមករហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរពិតជាមានឥទ្ធិពល និងមានសារសំខាន់យ៉ាងខ្លាំងនៅក្នុងគ្រីស្តសាសនា ជាហេតុនាំឱ្យគ្រីស្តបរិស័ទតែងគោរព និងលើកតម្កើងព្រះគម្ពីរ។

ដើម្បីទទួលបានអត្ថប្រយោជន៍ពីព្រះគម្ពីរ គ្រីស្តបរិស័ទគប្បីយកចិត្តទុកដាក់អាន និងសិក្សាព្រះគម្ពីរដោយផ្ចិតផ្ចង់ និងព្យាយាមទើបព្រះបន្ទូលព្រះជាម្ចាស់បានជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តគំនិត។ ហេតុនេះហើយ បានជាក្នុងកម្មវិធី «អំណានព្រះបន្ទូល» នេះ លើកយកមេរៀន៣ជំពូកសំខាន់ៗមកណែនាំ ដើម្បីជួយដល់អស់បងប្អូនដែលមានបំណងចង់ស្វែងយល់ព្រះបន្ទូលព្រះជាម្ចាស់តាមរយៈការអានអត្ថបទព្រះគម្ពីរ៖

  • ជំពូក១ លក្ខណៈពិសេសនៃព្រះគម្ពីរគ្រីស្តសាសនា សិក្សាផ្តោតលើសំណួរថា តើព្រះគម្ពីរជាអ្វី? ដែលជាសំណួរចាប់ផ្តើម នាំទៅរកការស្គាល់ពីលក្ខណៈមូលដ្ឋាននៃព្រះគម្ពីរ ថែមទាំងស្គាល់អំពីសម្ពន្ធមេត្រីនៅក្នុងព្រះគម្ពីរ និងស្គាល់ពីរចនាសម្ពន្ធនៃព្រះគម្ពីរ ដែលមានបញ្ជីកណ្ឌគម្ពីរតាមលំដាប់លំដោយ។
  • ជំពូក២ ព្រះគម្ពីរ និងព្រះបន្ទូល ស្វែងយល់អំពីព្រះគម្ពីរ និងព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានស៊ីជម្រៅ ស្របតាមសេចក្តីបង្រៀនរបស់ព្រះសហគមន៍កាតូលិក។ ជាពិសេស ដើម្បីដឹងថា តើព្រះគម្ពីរ និងព្រះបន្ទូលពាក់ព័ន្ធគ្នាទៅវិញទៅមកយ៉ាងដូចម្តេច?
  • ជំពូក៣ អំណានព្រះបន្ទូល សិក្សាអំពីវិធីសាស្រ្តអាន និងអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ។ វិធីសាស្រ្តនេះផ្តល់នូវបទពិសោធន៍នៃការអានអត្ថបទព្រះគម្ពីរតែម្នាក់ឯង ឬនៅក្នុងក្រុមចែករំលែកព្រះបន្ទូ​លរួមជាមួយគ្នា។ ជាពិសេស ចេះអំពីរបៀបធ្វើសេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ។ ជំពូកនេះ គឺជាការអនុវត្តជាក់ស្តែងដោយអាន និងអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ ដើម្បីទទួលព្រះបន្ទូលបំភ្លឺដំណើរជីវិត។

ជំពូក ១
លក្ខណៈពិសេសនៃព្រះគម្ពីរ

តើព្រះគម្ពីរជាអ្វី? សំណួរនេះមានមនុស្សជាច្រើនរមែងតែងចោទសួរដើម្បីស្វែងរកចម្លើយ។ ព្រះគម្ពីរជាសៀវ​ភៅមួយដ៏អស្ចារ្យ ដែលគ្មានសៀវភៅណាមួយក្នុងពិភពលោកនេះអស្ចារ្យដូចព្រះគម្ពីរនេះឡើយ។ កាលណាយើងអានព្រះគម្ពីរ យើងនឹងឃើញមានសៀវ​ភៅ​ផ្សេង​ៗជាច្រើនដែលបានប្រមូល​ផ្តុំគ្នាក្នុងសៀវភៅតែមួយ។ យើងអាចចាត់ទុកថា ព្រះគម្ពីរជាបណ្ណាល័យតូចមួយ។ ប៉ុន្តែ អ្វីដែលពិសេសជាងនេះ​ គឺព្រះគម្ពីរជាសំណេរអំពីបទពិសោធន៍នៃការផ្ញើជីវិតទាំងស្រុងរបស់មនុស្សលើព្រះជាម្ចាស់។ នៅក្នុងព្រះគម្ពីរមានមនុស្សជាច្រើនបានផ្តល់សក្ខីភាពនៃបទពិសោធន៍នេះ ហើយវានៅតែបន្តបំភ្លឺមនុស្សនាពេលបច្ចុប្បន្ន និងពេលអនាគត។

១.១ ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ

នៅលើពិភពលោកនេះមានសៀវភៅច្រើនឥតគណនា។ ប៉ុន្តែ ក្នុងចំណោមសៀវភៅទាំងនោះ មានតែព្រះគម្ពីរប៉ុណ្ណោះដែលជាសៀវ​ភៅមួយដ៏អស្ចារ្យជាងគេ ដោយសារមានលក្ខណៈពិសេសដូចជា៖

  • ព្រះគម្ពីរជាសៀវភៅមួយដែលគេបានបកប្រែ និងអានច្រើនជាងគេបំ​ផុតនៅក្នុងពិភពលោក។ ព្រះគម្ពីរទាំងមូល ទាំងសម្ពន្ធមេត្រីចាស់ ឬសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មី គេបានបកប្រែរាប់ពាន់​ភាសា។ ដូច្នេះ នៅក្នុងពិភពលោកនេះគ្មានសៀវភៅណាមួយដែលមានគេបកប្រែច្រើនសន្ធឹកសន្ធាប់ដូចព្រះគម្ពីរនេះឡើយ។ ជាក់ស្តែង ព្រះគម្ពីរជាភាសាខ្មែរសម្រាយអន្តរនិកាយត្រូវបានបកប្រែ និងបោះពុម្ពទាំងស្រុងលើកទី១ នៅឆ្នាំ១៩៩៧ ដោយសមាគមព្រះគម្ពីរកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការរវាងព្រះសហគមន៍កាតូលិក និងក្រុមជំនុំប្រកាសដំណឹងល្អនៅប្រទេសកម្ពុជា។
  • ព្រះគម្ពីរជាសៀវភៅ ដែលគេតែងតែសិក្សាស្រាវជ្រាវច្រើនជាងគេបំផុត។ រៀងរាល់ឆ្នាំមានអត្ថបទ និងសៀវភៅប្រមាណ១០,០០០ក្បាល ដែលក្រុមបញ្ញវន្តសរសេរអំពីព្រះគម្ពីរ។ មូលហេតុដ៏សំខាន់ក៏ព្រោះតែព្រះគម្ពីរមានបង្កប់នូវអត្ថន័យនៃព្រះបន្ទូល ដែលបំភ្លឺមនុស្សឱ្យយល់ដឹងអំពីអត្ថន័យជីវិតរឹតតែច្បាស់ឡើងបន្តិចម្តងៗទាក់ទងទៅនឹងសភាពការរស់នៅប្រចាំថ្ងៃ។
  • ក្នុងប្រវត្តិ​សាស្រ្តព្រះសហគមន៍ គ្រីស្តបរិស័ទគោរព និងលើកតម្កើងព្រះគម្ពីរយ៉ាងខ្ពង់ខ្ពស់បំផុត។ ក្នុងអភិបូជា គ្រីស្តបរិស័ទគោរព និងលើកតម្កើងព្រះគម្ពីរដោយអុជទៀនហែអមក្នុងពេលប្រារព្ធពិធី។ រាល់ការប្រារព្ធពិធីគោរពប្រណិប័តន៍នានានៅក្នុងព្រះសហគមន៍តែងយោងលើអត្ថបទព្រះគម្ពីរជានិច្ច។

តាមរយៈលក្ខណៈពិសេសដូចបានរៀបរាប់ខាងលើនេះ យើងអាចយល់បានថា ព្រះគម្ពីរជាសៀវភៅមួយដ៏អស្ចារ្យ ដែលទទួល​បានពានរង្វាន់មេដៃឯក។ ប៉ុន្តែ ការអស្ចារ្យសំខាន់ជាងនេះគឺ សេច​​ក្តីពិតឆ្លុះបញ្ចាំងពីព្រះគម្ពីរ ផ្លាស់ប្រែដំណើរជីវិតមនុស្សជាតិនានា។ ព្រះគម្ពីរបំភ្លឺឱ្យមានជីវិតសន្តសន្តីបុគ្គល និងផ្លាស់ប្តូរ​ដំណើរប្រវត្តិសាស្រ្តមនុស្សជាតិផងដែរ។

១.២ ព្រះគម្ពីរជាបណ្ណាល័យតូចមួយ

ព្រះគម្ពីរមិនមែនជាសៀវភៅតែមួយ ព្រោះមានសៀវភៅជាច្រើនប្រមូលផ្តុំគ្នា។ ពាក្យ “គម្ពីរ” តាមភាសាឡាតាំង “BIBLIA” មានន័យថា សៀវភៅតែមួយ (ឯកវចនៈ)។ ភាសាឡាតាំងមានឫសគល់មកពីភាសាក្រិក គឺពាក្យ “BIBLIA” ដូចគ្នា។ ប៉ុន្តែ តាមភាសាក្រិកមានន័យថា សៀវភៅជាច្រើន (ពហុវចនៈ)។ តាមភាសាទាំងពីរយើងអាចយល់ថា ព្រះគម្ពីរជាសៀវ​ភៅមួយផ្ទុកសៀវ​ភៅជាច្រើន។ យើងអាចប្រៀបធៀបព្រះគម្ពីរទៅនឹងបណ្ណាល័យតូចមួយដែលមានផ្ទុកសៀវភៅ (សំណេរ) ដ៏សំខាន់​ជាច្រើន។ គេបានប្រមែប្រមូល និងចងក្រងសៀវភៅទាំងនោះឱ្យទៅជាសៀវភៅតែមួយ។ សៀវភៅមួយក្បាលៗនៅក្នុងព្រះគម្ពីរហៅថា កណ្ឌគម្ពីរ។

កណ្ឌគម្ពីរនីមួយៗមានចំណងជើងមួយច្បាស់លាស់​។ ឧបមាថា កណ្ឌគម្ពីរ “កំណើតពិភពលោក” កណ្ឌគម្ពីរ “ដំណឹងល្អតាមសន្តម៉ាថាយ” និងកណ្ឌគម្ពីរ “វិវរណៈ” ជាដើម គឺជាចំណងជើងនៃកណ្ឌគម្ពីរនីមួយៗ។

កាលណាយើងអាន និងរាប់ចំនួនសៀវភៅ ឬកណ្ឌគម្ពីរទាំងអស់ក្នុងព្រះគម្ពីរទាំងមូល យើងនឹងឃើញមានកណ្ឌគម្ពីរចំនួន៧៣។ សំណេរ​នៃកណ្ឌគម្ពីរទាំងអស់នេះមានអ្នកនិពន្ធជាច្រើននាក់បានកត់ត្រាទុកក្នុងអំឡុងពេលប្រមាណ១០សតវត្សរ៍ ឬ១០០០ឆ្នាំ ចាប់តាំងពីអំឡុងឆ្នាំ៨០០ មុនគ.ស ដល់ឆ្នាំ១២៥ នៃគ.ស។ អ្នកនិពន្ធទាំងនោះរស់នៅក្នុងសម័យកាល និងទីតាំងភូមិសាស្រ្តផ្សេងៗពីគ្នា ព្រមទាំងមានវប្បធម៌ប្លែកៗពីគ្នាផងដែរ។ សំណេរទាំងនោះនិពន្ធឡើងតាមទម្រង់ និងលក្ខណៈអក្សរសិល្ប៍ប្លែក​ៗពីគ្នា។ យើងអាចស្គាល់លក្ខណៈអក្សរសិល្ប៍នៃសំណេរ​ទាំងនោះដូចតទៅ៖

  • សំណេរខ្លះនិពន្ធតាមលក្ខណៈបែប “និទាន” ពីសាច់រឿង។ ឧទាហរណ៍៖ ការរៀបរាប់រឿងអំពីព្រះយេស៊ូប្រទាននំប៉័ងដល់មនុស្ស៥០០០នាក់ (មថ ១៤,១៥-២១) និងរឿងរ៉ាវអំពីបដិហារិយ៍នានាដែលព្រះអង្គបានសម្តែង។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី កណ្ឌគម្ពីរដំណឹងល្អជារឿង។ រីឯកណ្ឌគម្ពីរកិច្ចការរបស់គ្រីស្តទូតជាប្រវត្តិសាស្រ្ត។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ រឿងដំណាលអំពីលោកយ៉ូសែបជាមួយបងប្អូន និងការនិទានអំពីយុវជនដាវីឌជាមួយកូលីយ៉ាតសុទ្ធសឹងតែជារឿង។ ចំពោះកណ្ឌគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព យ៉ូស៊ូអា វិរបុរស សាម៉ូអែលទី១ និងទី២ ពង្សាវតារក្សត្រទី១ និងទី២ របាក្សត្រទី១ និងទី២ ជាប្រវត្តិសាស្រ្ត។ ចំណែកឯកណ្ឌគម្ពីរកំណើតពិភពលោកដែលថ្លែងអំពីព្រះជាម្ចាស់បង្កើតពិភពទាំងមូលជាសំណេរបែបទេវកថា ដើម្បីឆ្លុះបញ្ចាំងជំនឿលើព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗសព្វសារពើ។
  • សំណេរខ្លះទៀតមានលក្ខណៈជា “កំណាព្យ និង សុភាសិត” ដូចឃ្លាសុភាសិតមួយដែលព្រះយេស៊ូមានព្រះបន្ទូលថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!» (មថ ១៣,៥៧) ឬ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ» (មថ ៩,១២)។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ មានកណ្ឌគម្ពីរមួយមានចំណងជើងថា សុភាសិត។
  • កណ្ឌគម្ពីរខ្លះទៀតចែងជាពាក្យ “អធិដ្ឋាន និង ទំនុកតម្កើង” ដូចយើងស្គាល់អំពីពាក្យអធិដ្ឋានរបស់ព្រះអម្ចាស់ ឬធម៌ឱព្រះបិតា (មថ ៦,៩-១៣)​ និងទំនុកតម្កើងព្រះនាងម៉ារីជាដើម (លក ១,៤៦-៥៥)។ ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ កណ្ឌគម្ពីរស្តីអំពីការ​អធិដ្ឋានគឺ កណ្ឌគម្ពីរទំនុកតម្កើង។
  • កណ្ឌគម្ពីរខ្លះទៀតចែងអំពី “ច្បាប់ និង វិន័យ” ដូចវិន័យសំខាន់ជាងគេដែលយើងស្គាល់ច្បាស់គឺ ស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់បងប្អូនឯទៀត​។ កណ្ឌគម្ពីរចែងពីច្បាប់ និងវិន័យ​ក្នុងសម្ពន្ធមេត្រីទី១ គឺកណ្ឌគម្ពីរលេវីវិន័យ និងទុតិយកថា។

១.៣ ព្រះគម្ពីរជាសំណេរអំពីបទពិសោធន៍ជំនឿ

ពាក្យសំណេរសំដៅលើសេចក្តីដែលបានកត់ត្រាទុក។ យើងអាចហៅព្រះគម្ពីរថាសំណេរដ៏វិសុទ្ធ ឬសំណេរដ៏សក្ការៈ “SACRED SCRIPTURE”។ តាមភាសាឡាតាំងពាក្យ SCRIPTURA ជានាមមានន័យថា សំណេរ ឬការសរសេរ ពោលគឺ កត់ត្រាទុក។ ព្រះគម្ពីរ គឺជាសំណេរអំពីបទពិសោធន៍ស្តីពីជីវិតរស់នៅរបស់មនុស្សដោយផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់។ សេចក្តីដែលអ្នក​និពន្ធបានកត់ត្រាទុកសុទ្ធតែផ្សារភ្ជាប់នឹងបទពិសោ​ធន៍ជាក់ស្តែង។ ដំបូងឡើយ ការបញ្ជូនបន្តអំពីបទពិសោធន៍ធ្វើឡើងតាមរយៈការនិទានតៗជាពាក្យសម្តីផ្ទាល់មាត់ ពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងសហគមន៍។ ចុងក្រោយ គេក៏កត់ត្រាទុកជាលាយ​លក្ខណ៍អក្សរនូវបទពិសោធន៍ និងការបញ្ជូនបន្តទាំងនោះ។ បន្ទាប់ពីបាននិពន្ធរួចហើយ គេបានប្រមែប្រមូលសំណេរ​ទាំងនោះ ដើម្បីធ្វើបញ្ជីកណ្ឌគម្ពីរ។ ចុងក្រោយ គេត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដើម្បីអនុម័តឱ្យប្រើប្រាស់ជាផ្លូវការនូវកណ្ឌគម្ពីរ ដែលត្រឹមត្រូវស្របតាមលទ្ធិជំនឿដោយមិនអាចផ្លាស់ប្តូរ​ជាដាច់ខាត។ ដំណើរការនៃការបញ្ជូនបន្តផ្ទាល់មាត់ ការកត់ត្រា ការធ្វើបញ្ជីកណ្ឌគម្ពីរ និងការត្រួតពិនិត្យប្រើប្រាស់ពេលវេលា រាប់ពាន់ឆ្នាំ និងមានដំណាក់កាលជាច្រើន ថែមទាំងស្មុគស្មាញយ៉ាងខ្លាំង។

ព្រះគម្ពីរមុននឹងកើតជារូបរាងត្រូវឆ្លងកាត់ដំណាក់កាល៥យ៉ាង៖

  • ទី១ ព្រឹត្តិការណ៍កើតមានឡើង
  • ទី២ ការបញ្ជូនបន្តផ្ទាល់មាត់អំពីព្រឹត្តិការណ៍ដែលបានកើតឡើង
  • ទី៣ ការកត់ត្រាទុកជាសំណេរ​លាយលក្ខណ៍អក្សរ
  • ទី៤ ការប្រមែប្រមូលធ្វើបញ្ជីកណ្ឌគម្ពីរ
  • ទី៥ ការត្រួតពិនិត្យដើម្បីអនុម័ត​ជាគម្ពីរសាសនបញ្ញតិ។

អ្នកនិពន្ធសំណេរដ៏វិសុទ្ធជាបុរស និងជាស្រ្តីដែលរស់នៅក្នុងសហគមន៍​។ អស់លោកកត់ត្រាទុកជាលាយលក្ខណ៍អក្សរដើម្បីជាប្រយោជន៍ដល់សហគមន៍។ អ្នកនិពន្ធសរសេរ «ពីជំនឿទៅកាន់ជំនឿ» ដើម្បីអប់រំនៅក្នុងសហគមន៍។ ការកត់ត្រាទុកម្តងជាស្រេចងាយស្រួលថែរក្សា និងមានប្រយោ​ជន៍ដល់មនុស្សទាំងឡាយគ្រប់សម័យកាល។ សំណេរដ៏វិសុទ្ធពិតជាមានអត្ថប្រយោជន៍ និងមានសារសំខាន់។ ប៉ុន្តែ មុននឹងសំណេរដ៏វិសុទ្ធនេះកើតមានជារូបរាង ការបញ្ជូនបន្តផ្ទាល់មាត់បានដើរតួនាទីនាំមុខអស់រយៈពេលដ៏យូរអង្វែងទៅហើយ​។ យើងគប្បីទទួលស្គាល់ថា មុនដំបូងគ្មានការសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺមានតែការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ និងពីជំនាន់មួយទៅជំនាន់មួយ។ ឧទាហរណ៍ថា ពាក្យដែលអស់​លោកព្យាការីបានថ្លែង ទំនុកតម្កើងនានា និងដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តជាដើម សុទ្ធតែជាព្រះបន្ទូលព្រះជាម្ចាស់ដែលបានបញ្ជូនបន្តផ្ទាល់មាត់ពីមួយជំនាន់ទៅមួយជំនាន់។

កាលណាយើងអានព្រះគម្ពីរដោយផ្ទាល់ យើងនឹងជួបសាក្សីជាច្រើនឥតគណនា ដែលបានធ្វើជាបន្ទាល់ទុកឱ្យយើង (ហប ១២,១)។ នៅក្នុងសម្ពន្ធមេត្រីទី១ សាក្សីទាំងនោះមានបុព្វបុរស មានវីរបុរស មានព្រះមហាក្សត្រ និងមានព្យាការីជាដើម។ រីឯក្នុងសម្ពន្ធមេត្រីថ្មីមានក្រុមគ្រីស្តទូត មានក្រុមសាវ័ក និងគ្រីស្តបរិស័ទដើមដំបូងជាច្រើន។ អ្នកទាំងនោះជាសាក្សីដែលរស់នៅដោយស្តាប់ និងអនុវត្តតាមព្រះបន្ទូល។ ពិតមែន! ក៏ព្រោះតែព្រះបន្ទូលផ្តល់អត្ថន័យដល់ជីវិតពួកគាត់ ហើយញ៉ាំងឱ្យពួកគាត់ចេះរស់នៅដោយផ្ញើជីវិតលើព្រះជាម្ចាស់។ ហេតុនេះ យើងគប្បីពិសោធន៍មើលដោយអានព្រះគម្ពីរខ្លួនឯង នោះយើងនឹងយល់ថា ព្រះបន្ទូលពិតជាផ្តល់អត្ថន័យ​ និងបំភ្លឺជីវិតយើង​មែន។

គ្រីស្តទូតប៉ូលបានដាស់តឿនថា ព្រះគម្ពីរជាប្រភពថាមពលដែលផ្តល់កម្លាំង និងផ្តល់សេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យឡើយ។ ពីព្រោះ «អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឱ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម» (រម ១៥,៤)។

១.៤ សម្ពន្ធមេត្រីក្នុងព្រះគម្ពីរ

ពាក្យសម្ពន្ធមេត្រីមកពីពាក្យ “សម្ពន្ធ” មានន័យថា ភ្ជាប់ និងពាក្យ “មេត្រី” មានន័យថា សេចក្តីស្រឡាញ់។ ពាក្យសម្ពន្ធមេត្រីតាមភាសាហេប្រឺ “BERIT” មានន័យថា ភ្ជាប់សេចក្តីស្រឡាញ់។ ពាក្យនេះមានចំនួន១៨៩ដង នៅក្នុងព្រះគម្ពីរ​។ សម្ពន្ធមេត្រីជាចំណងនៃសេចក្តីស្រឡាញ់ ដែលព្រះជាម្ចាស់ភ្ជាប់ជាមួយមនុស្សលោកឱ្យ​​​​​មានទំនាក់ទំនងជាមួយព្រះអង្គ។ យើងអាចយល់បានថា ព្រះជាម្ចាស់សព្វព្រះហឫទ័យភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស ដើម្បីឱ្យមនុស្សអាចមានមធ្យោបាយទទួលការសង្រ្គោះពីព្រះអង្គ។ ដ្បិតតាមរយៈសម្ពន្ធមេត្រី មនុស្សអាចរួមជាមួយព្រះអង្គ ដោយអាស្រ័យលើការយល់ព្រម​ឆ្លើយតបតាមរយៈការគោរព និងប្រតិបត្តិតាមសម្ពន្ធមេត្រីដោយឆន្ទៈសេរី។

សារសំខាន់នៃសម្ពន្ធមេត្រី គឺព្រះជាម្ចាស់អញ្ជើញមនុស្សឱ្យឆ្លើយតបដោយរស់នៅតាមរបៀបថ្មី ស្របតាមលក្ខខណ្ឌនៃសម្ពន្ធមេត្រីដែលព្រះអង្គបានកំណត់។ ជាទូទៅ លក្ខណៈពិសេសនៃសម្ពន្ធមេត្រីតែងមាន “សញ្ញាសម្គាល់”

  • ព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ឬសម្ពន្ធមេត្រីទី១

ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ សញ្ញាសម្គាល់នៃសម្ពន្ធមេត្រីមានច្រើន និងមានលក្ខណៈ​ផ្សេងៗគ្នាទៅតាមបរិបទដែលព្រះជាម្ចាស់ភ្ជាប់ជាមួយមនុស្សលោក។ សម្ពន្ធមេត្រីលោកណូអេនៅក្រោយទឹកជំនន់ធំគឺ “ឥន្ធនូនៅលើមេឃ” (កណ ៩,១២-១៧) ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់ភ្ជាប់ជាមួយសត្វលោកមានជីវិតទាំងអស់។ ប្លែកពីសម្ពន្ធមេត្រីជាមួយលោកអប្រាហាំ និងពូជពង្សរបស់គាត់ ព្រោះមានសញ្ញាសម្គា​ល់ដោយ “កាត់ស្បែក” លើចុងប្រដាប់ភេទបុរស (កណ ១៧,១-១៧)។ ចំពោះសម្ពន្ធមេត្រីដែលព្រះជាម្ចាស់ភ្ជាប់ជាមួយលោកម៉ូសេគឺ “វិន័យ១០ប្រការ” (សរ ២០,១-១៧) និង “ពិធីបូជាយញ្ញសក្ការៈ” (សរ ២០,២៤; ទក ២៧,៦-១០)។ លក្ខណៈពិសេសនៃសម្ពន្ធមេត្រីជាមួយលោកម៉ូសេតម្រូវឱ្យប្រជាជនគោរព និងប្រតិបត្តិតាមវិន័យ១០ប្រការ និងចូលរួមធ្វើពិធីបូជាយញ្ញសក្ការៈ ដើម្បីក្លាយទៅជាប្រជារាស្រ្តមួយពេញសិទ្ធដែលព្រះជាម្ចាស់ជ្រើសរើស (សរ ១៩,៥)។ ប្រជាជននោះគឺ ជនជាតិ “អ៊ីស្រាអែល” ដែលព្រះជាម្ចាស់បានត្រាស់ហៅ និងរំដោះឱ្យមានសេរីភាពពីទាសករនៅប្រទេសអេស៊ីប។ ព្រះអង្គដឹកនាំពួកគេឱ្យធ្វើដំណើរទៅកាន់ទឹកដីសន្យា។ ដំណើរឆ្ពោះទៅកាន់សេរីភាពនេះហើយ ជាព្រឹត្តិការណ៍គន្លឹះដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល ដែលពួកគេតែងតែនឹករំឭក និងចងចាំ ហើយនិទានពីមួយជំនាន់ទៅមួយជំនាន់ ព្រមទាំងកត់ត្រាទុកក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ នាំឱ្យយើងដឹងរហូតមកដល់សព្វថ្ងៃនេះ។

ព្រះគម្ពីរសម្ពន្ធមេត្រីទី១ទាំងមូល ឆ្លុះបញ្ជាំងពីវត្តមានរបស់ព្រះជាម្ចាស់ ដែលអន្តរាគមន៍ក្នុងប្រវត្តិសាស្រ្តជនជាតិអ៊ីស្រាអែល។ តាំងពីដើមរៀងមក ព្រះអង្គសម្តែងឱ្យប្រជាជននេះស្គាល់ព្រះហឫទ័យប្រណីសណ្តោសរបស់ព្រះអង្គតាមមធ្យោ​បាយ និងព្រឹត្តិការណ៍ផ្សេងៗជាច្រើន។ ព្រះអង្គប្រទានបុព្វបុរស វិរបុរស ទឹកដី ព្រះមហាក្សត្រ ព្រះវិហារ (យេរ៉ូសាឡឹម) និងក្រុមព្យាការីជាដើម។ ព្រះអង្គតែងតែបំភ្លឺ ណែនាំ និងការពារប្រជារាស្រ្តរបស់ព្រះអង្គ។ ព្រះអង្គចងសម្ពន្ធមេត្រីដោយប្រទានធម្មវិន័យ ដើម្បីឱ្យគេគោរព និងរស់នៅដោយសេចក្តីសុខសាន្ត និងចម្រុងចម្រើនឡើង។ ថ្វីត្បិតព្រះជាម្ចាស់មានព្រះគុណដ៏លើសលុបចំពោះប្រជាជននេះ។ ប៉ុន្តែ បើយើងពិនិត្យមើលដោយហ្មតចត់ យើងនឹងឃើញថា ជនជាតិអ៊ីស្រាអែលទន់ខ្សោយមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ ពួកគេវង្វែងទៅគោរពព្រះដទៃ (ព្រះក្លែងក្លាយ) ថែមទាំងប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ ដោយបោះបង់ចោលព្រះជាម្ចាស់រហូតដល់ផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ជាហេតុបណ្តាល​ឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យ។ ទង្វើនេះបណ្តាលឱ្យជនជាតិអ៊ីស្រាអែលស្គាល់ប្រវត្តិសាស្រ្ត ដែលរងទុក្ខលំបាកយ៉ាងសែនវេទនាជាទីបំផុត គឺនៅឆ្នាំ៥៨៦ មុនគ.ស ជាសម័យកាលនៃប្រវត្តិសាស្រ្តដ៏ខ្លោចផ្សារបស់ជនជាតិអ៊ីស្រាអែល។ ទឹកដីត្រូវបាត់បង់ រាជវង្សានុវង្សនិរាសអន្តរាយ ខ្មាំងសត្រូវដុតបំផ្លាញព្រះវិហារយេរ៉ូសាឡឹម ហើយកៀរប្រជាជនខ្ចាត់ខ្ចាយយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។

  • ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី

ទោះបីប្រជារាស្រ្តអ៊ីស្រាអែលផ្តាច់សម្ពន្ធមេត្រី តែព្រះជាម្ចាស់នៅតែមានភក្តីភាព និងមានគម្រោងការសង្រ្គោះពួកគេ។ នៅក្នុងព្រឹត្តិការណ៍ដ៏វឹកវរ​ ដែលរាជាណាចក្រយូដាកំពុងប្រ​ឈមនឹងក្តីវិនាសអន្តរាយ ព្យាការីយេរេមី ថ្លែងព្រះបន្ទូលព្រះអម្ចាស់ថា ព្រះអង្គនឹងចងសម្ពន្ធមេត្រីថ្មីជាមួយជនជាតិអ៊ីស្រាអែល និងយូដា ហើយសម្ពន្ធមេត្រីថ្មីនេះ ព្រះអង្គនឹង​ដាក់​វិន័យ​របស់ព្រះអង្គ​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ ព្រះអង្គ​នឹង​ចារ​វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ ព្រះអង្គ​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ តាំងពីអ្នកតូចបំផុតរហូតដល់ធំបំផុតនឹងស្គាល់ព្រះអង្គ (យរ ៣១,៣១.​៣៣-៣៤; ហប ៨,១០-១១)។ ព្រះបន្ទូលសន្យានេះផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិ​ការណ៍ព្រះយេស៊ូគ្រីស្ត ដ្បិតក្នុងអង្គព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីថ្មីដែលនៅគង់វង្សអស់កល្បជានិច្ច គឺជាសម្ពន្ធមេត្រីចងឡើងដោយ “ព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត” ជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រីថ្មី (លក ២២,១៩-២០)។ ព្រះជាម្ចាស់ក៏ប្រទានព្រះវិញ្ញាណនៃសេចក្តីពិតមកបញ្ចាំចិត្តរបស់មនុស្សដែរ (យហ ១៥,២៦)។ ព្រះវិញ្ញាណនេះហើយដែលនាំឱ្យមនុស្សបន្លឺសម្លេងចេញពីក្នុងដួងចិត្តថា «អប្បា! ឱព្រះបិតា» (កាឡ ៤,៦; រម​ ៨,១៥)។ ក្នុងអង្គព្រះយេស៊ូគ្រីស្តនាំឱ្យព្រះបន្ទូលសន្យាក្នុងសម្ពន្ធមេត្រីទី១ កើតជារូបរាង ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យសម្តែងឱ្យមនុស្ស​លោកស្គាល់ព្រះហឫទ័យប្រណីសណ្តោស និង​លក្ខណៈសម្បត្តិរបស់ព្រះអង្គនៅក្នុងអង្គព្រះយេស៊ូគ្រីស្តដែលជាមនុស្សផង និងជាព្រះជាម្ចាស់ផង។

ហេតុនេះ ព្រះគម្ពីរសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មីផ្សារភ្ជាប់គ្នាយ៉ាងជិតស្និត និងបំពេញអត្ថន័យឱ្យគ្នាទៅវិញមកដោយមិនអាចខ្វះមួយណាបានឡើយ។ ក្នុងសម្ពន្ធមេត្រីទី១ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែលតាមរយៈពូជពង្សលោកអប្រាហាំ។ កាលណាយើងអានព្រះគម្ពីរទាំងសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មីដោយយកចិត្តទុកដាក់ពិនិត្យពិច័យ យើងនឹងឃើញគម្រោងការដ៏អស្ចារ្យមួយដែលព្រះជាម្ចាស់រៀបចំតាមដំណើរវិវឌ្ឍន៍ចម្រើនឡើងនៃមនសិការមនុស្ស។ ព្រះជាម្ចាស់សម្តែងឱ្យមនុស្សលោកស្គាល់ព្រះអង្គ តាមរយៈព្រះបន្ទូល តាមរយៈព្រឹត្តិការណ៍ និងតាមរយៈការភ្ជាប់សម្ពន្ធមេត្រី។ ជាពិសេស ព្រះបន្ទូលសន្យាតាមរយៈក្រុមព្យាការី បានសម្រេចជារូបរាងដោយ​សារព្រះយេស៊ូគ្រីស្តបានប្រសូតជាមនុស្សនៅក្នុងប្រវត្តិ​សាស្រ្ត​មនុស្សជាតិ ដើម្បីនាំមនុស្សឆ្ពោះព្រះជាម្ចាស់។ ក្នុងសម្ពន្ធ​មេត្រីថ្មី ព្រះជាម្ចាស់សព្វព្រះហឫទ័យចងសម្ពន្ធមេត្រីជាមួយមនុស្សទាំងអស់ ដែលផ្ញើជីវិតលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រា។

១.៥ រចនាសម្ពន្ធនៃព្រះគម្ពីរ

ព្រះគម្ពីរកាតូលិកមានកណ្ឌគម្ពីរសរុបទាំងអស់ចំនួន ៧៣ កណ្ឌ។ រីឯព្រះគម្ពីរប្រូតេស្តង់មានចំនួនតែ ៦៦ កណ្ឌប៉ុណ្ណោះ។ ដ្បិតនៅក្នុងព្រះគម្ពីរកាតូលិកមានគម្ពីរទុតិយកណ្ឌ ឬបញ្ជីទី ២ មាន ៧ កណ្ឌ​បន្ថែមគឺ គម្ពីរយូឌីត តូប៊ីត ម៉ាកាបាយទី១ និងទី២ ព្រះប្រា​ជ្ញាញាណ បេនស៊ីរ៉ាក និងបារូក។ កណ្ឌគម្ពីរទាំង៧នេះ មានតែនៅក្នុងព្រះគម្ពីរកាតូលិកប៉ុណ្ណោះ លើកលែងតែព្រះគម្ពីរប្រូតេស្តង់​ ជាហេតុនាំឱ្យព្រះគម្ពីរកាតូលិកមានចំនួន ៧៣ កណ្ឌ ហើយព្រះគម្ពីរប្រូតេស្តង់មានចំនួនតែ ៦៦ កណ្ឌ។ ក្នុងចំណោមកណ្ឌគម្ពីរចំនួន ៧៣ នេះ ចែកចេញជាពីរភាគសំខាន់ៗ គឺគម្ពីរសម្ពន្ធមេត្រីទី១ មាន ៤៦ កណ្ឌ និងគម្ពីរសម្ពន្ធមេត្រីថ្មីមាន ២៧ កណ្ឌ។

  • ព្រះគម្ពីរសម្ពន្ធមេត្រីទី១មាន៤៦កណ្ឌ

គម្ពីរសម្ពន្ធមេត្រីទី១ រៀបរាប់តាំងពីសម័យលោកម៉ូសេរហូតដល់​ព្រះយេស៊ូ ដែលថ្លែងអំពីប្រវត្តិសាស្រ្តប្រែប្រួលរបស់ជនជាតិអ៊ីស្រាអែល។ មានតែសៀវភៅទី១ គឺកំណើតពិភពលោកដែលថ្លែងពីមុនកាលសម័យ ដោយរៀបរាប់អំពីកំណើតពិភពលោក អំពីបុរេប្រវត្តិ និងអំពីបុព្វបុរស។ គម្ពីរសម្ពន្ធមេត្រីទី១ តាមបញ្ជីគម្ពីរសាសនបញ្ញត្តិរបស់ព្រះសហគមន៍កាតូលិកបែងចែកជាសំណេរបួនប្រភេទសំខាន់ៗ៖

សំណេរអំពីធម្មវិន័យ មានកណ្ឌគម្ពីរចំនួន៥ ឬបញ្ចកណ្ឌ។ ជនជាតិយូដាហៅគម្ពីរនេះថា គម្ពីរតូរ៉ា ជាសំណេរសំខាន់ជាងគេនៅក្នុងសាសនាយូដា។ កណ្ឌគម្ពីរទាំងនោះមានដូចជា៖

  1. កំណើតពិភពលោក (កណ)
  2. សេរីភាព (សរ)
  3. លេវីវិន័យ (លវ)
  4. ជំរឿនប្រជាជន (ជរ)
  5. ទុតិយកថា (ទក)

សំណេរអំពីប្រវត្តិសាស្រ្ត មានកណ្ឌគម្ពីរចំនួន១៦។ សំណេរ​ទាំង​នេះរៀបរាប់អំពីព្រឹត្តិ​ការណ៍​នៃប្រវត្តិសាស្រ្តអ៊ីស្រាអែល និងបុគ្គល​សំខាន់ៗជាច្រើនដែលដឹកនាំជនជាតិអ៊ីស្រាអែល មានលោកយ៉ូស៊ូអា ក្រុមវិរបុរស ព្រះបាទដាវីឌ ព្រះបាទសាឡូម៉ូន និងស្តេចបន្តបន្ទាប់មកទៀត។ កណ្ឌគម្ពីរទាំងនោះមានដូចជា៖

  1. យ៉ូស៊ូអា (យស)
  2. វិរបុរស (វប)
  3. នាងរូថ (រូថ)
  4. ១សាម៉ូអែល (១សម)
  5. ២សាម៉ូអែល (២សម)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
  8. ១របាក្សត្រ (១របា)
  9. ២របាក្សត្រ (២របា)
  10. អែសរ៉ា (អរ)
  11. នេហេមី (នហ)
  12. យ៉ូឌីត (យឌ)
  13. តូប៊ីត (តប)
  14. អែសធែរ (អធ)
  15. ១ម៉ាកាបាយ (១មបា)
  16. ២ម៉ាកាបាយ (២មបា)

សំណេរអំពីព្រះប្រាជ្ញាញាណ មានកណ្ឌគម្ពីរចំនួន៧។ កណ្ឌគម្ពីរវែងជាងគេគឺ ទំនុកតម្កើងដែលមានពាក្យអធិដ្ឋាន ចម្រៀង និងកំណាព្យអំពីផ្លូវវិញ្ញាណ។ ទោះបី៣ពាន់ឆ្នាំកន្លងមកហើយក្តី តែសេចក្តីទាំងនេះមិនសាបសូន្យឡើយ។ គេតែងច្រៀង ស្មូត្រ អធិដ្ឋាននៅក្នុងព្រះវិហារ និងនៅក្នុងធម្មសាលា។ កណ្ឌគម្ពីរអំពីព្រះប្រាជ្ញាញាណមានដូចជា៖

  1. ទំនុកតម្កើង (ទំន)
  2. យ៉ូប (យ៉ូប)
  3. សុភាសិត (សុភ)
  4. បទចម្រៀង (បច)
  5. សាស្តា (សស)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
  7. បេនស៊ីរ៉ាក់ (បសរ)

សំណេរព្យាការី មានកណ្ឌគម្ពីរចំនួន១៨ បែងចែកជាព្យាការីធំៗចំនួន៤ និងព្យាការីតូចៗចំនួន១៤។ សំណេរព្យាការីទាំងអស់ជាសារនៃព្រះបន្ទូលមកពីព្រះជាម្ចាស់សម្រាប់ពិភពលោក។ ដ្បិតព្យាការីថ្លែងព្រះបន្ទូលព្រះអម្ចាស់ដើម្បីលើកទឹកចិត្ត និងផ្តល់​សេចក្តីសង្ឃឹមដល់មនុស្ស ពោលគឺ​ សេចក្តីសង្ឃឹមចំពោះសម្ពន្ធមេត្រីថ្មី។ ព្យាការីធំៗសំដៅលើសំណេរដែលវែងរួមមានព្យាការី៖

  1. អេសាយ (អស)
  2. យេរេមី (យរ)
  3. អេសេគីអែល (អគ)
  4. ហូសេ (ហស)

ព្យាការីតូចៗសំដៅលើសំណេរខ្លីៗដែលបានបន្សល់ទុករួមមានដូចជាព្យាការី៖

  1. យ៉ូអែល (យអ)
  2. អម៉ូស (អម)
  3. អូបាឌី (អឌ)
  4. យ៉ូណាស (យណ)
  5. មីកា (មីក)
  6. ណាហ៊ូម (ណហ)
  7. ហាបាគូក (ហគ)
  8. សេផានី (សផ)
  9. ហាកាយ (ហក)
  10. សាការី (សក)
  11. ម៉ាឡាគី (មគ)
  12. សំណោក (សណ)
  13. ដានីអែល (ដន)
  14. បារូក (បារ)
  • ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីមាន២៧កណ្ឌ

នៅពេលកំណត់មកដល់ បន្ទាប់ពីមានគម្រោងការយ៉ាងយូរ ព្រះជាម្ចាស់បានចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកប្រសូតនៅភូមិបេថ្លេហិម ត្រូវគេឆ្កាង និងសោយព្រះទិវង្គតនៅទីក្រុងយេរ៉ូសាឡឹម។ សម្ពន្ធមេត្រីថ្មីរវាងព្រះជាម្ចាស់ និងមនុស្សលោកចងឡើងក្នុងអង្គព្រះយេស៊ូគ្រីស្ត។ កណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មីទាំង​មូលថ្លែងអំពីព្រះអង្គ។ សំណេរនេះបែងចែកជា៥ផ្នែកសំខាន់ៗ៖

គម្ពីរដំណឹងល្អមាន៤ ថ្លែងអំពីព្រះបរមកិច្ចរបស់ព្រះយេស៊ូ និងអំពីសេចក្តីដែលព្រះអង្គបានបង្រៀន ជាពិសេស ថ្លែងអំពីព្រះអង្គដែលសោយទុក្ខលំបាក សោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីលោះមនុស្សលោក។ គម្ពីរដំណឹងល្អទាំងនោះមាន៖

  1. ម៉ាថាយ (មថ)
  2. ម៉ាកុស (មក)
  3. លូកា (លក)
  4. យ៉ូហាន (យហ)

កណ្ឌគម្ពីរប្រវត្តិសាស្រ្ត មានចំនួនកណ្ឌគម្ពីរតែ១ ដែលបង្ហាញអំពីប្រវត្តិព្រះសហគមន៍ ចាប់ផ្តើមតាំងពីនៅគ្រាដំបូងក្នុងក្រុងយេរ៉ូសាឡឹម និងរៀបរាប់អំពីបេសសកម្មរបស់ក្រុមគ្រីស្តទូត ជាពិសេស គ្រីស្តទូតប៉ូលដែលបានធ្វើដំណើរប្រកាសដំណឹងល្អនៅពាសពេញតំបន់សមុទ្រមេឌីទែរ៉ាណេរហូតដល់ទីក្រុងរ៉ូម។ កណ្ឌគម្ពីរនោះគឺ៖

  1. កិច្ចការគ្រីស្តទូត (កក)

លិខិតរបស់គ្រីស្តទូតប៉ូល មានចំនួន១៣ ពោលគឺ​ ស្មើនឹង១ភាគ ១នៃសំណេរគម្ពីរសម្ពន្ធមេត្រីថ្មី។ លិខិតទាំងនោះ គ្រីស្តទូតប៉ូល និងសហការីជាអ្នកនិពន្ធផ្ញើជូនព្រះសហគមន៍ដើមដំបូង ដើម្បីពន្យល់ និងពង្រឹងជំនឿរបស់ព្រះសហគមន៍។ លិខិតរបស់គ្រីស្តទូតប៉ូលមាន ១៣ ច្បាប់គឺ៖

  1. រ៉ូម (រម)
  2. ១កូរិនថូស (១ករ)
  3. ២កូរិនថូស (២ករ)
  4. កាឡាទី (កាឡ)
  5. អេភេសូ (អភ)
  6. ភីលីព (ភីល)
  7. កូឡូស (កូឡ)
  8. ១ថេស្សាឡូនិក (១ថស)
  9. ២ថេស្សាឡូនិក (២ថស)
  10. ១ធីម៉ូថេ (១ធម)
  11. ២ធីម៉ូថេ (២ធម)
  12. ទីតុស (ទត)
  13. ភីលេម៉ូន (ភល)

លិខិតសកលមានចំនួន៥គឺ៖

  1. ហេប្រឺ (ហប)
  2. យ៉ាកុប (យក)
  3. ១សិលា (១សល)
  4. ២សិលា (២សល)
  5. យូដាស (យដ)

ផ្នែកចុងក្រោយ គឺសំណេររបស់គ្រីស្តទូតយ៉ូហានមានចំនួន៤គឺ៖

  1. ១យ៉ូហាន (១យហ)
  2. ២យ៉ូហាន (២យហ)
  3. ៣យ៉ូហាន (៣យហ)
  4. វិវរណៈ (វវ)

កណ្ឌគម្ពីរចុងក្រោយ មានចំនួនតែ១ថ្លែងអំពីព្រះគ្រីស្តសម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់។ កណ្ឌគម្ពីរនេះ សន្តយ៉ូហានបង្ហាញនូវទស្សនវិស័យនៃអតីតកាល និងអនាគតកាលរបស់ព្រះសហគមន៍។ គ្រីស្តទូតយ៉ូហានជាគ្រីស្តទូតរស់នៅចុងក្រោយគេ ហើយលិខិតរបស់លោកជាលិខិតចុងក្រោយបង្អស់ ដើម្បីបញ្ចប់កណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មី។

នេះហើយជារចនាសម្ពន្ធនៃព្រះគម្ពីរគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក ដែលបានបែងចែកជាពីរផ្នែក គឺសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មី។ ក្នុងផ្នែកនីមួយៗមានសំណេរផ្សេងៗដែលយើងគប្បីស្គាល់ និងយល់អំពីលក្ខណៈពិសេសនៃព្រះគម្ពីរ។

១.៦ លេខជំពូក និងលេខខក្នុងព្រះគម្ពីរ

រាល់កណ្ឌគម្ពីរនីមួយៗមានបែងចែកជាលេខជំពូក ហើយជំពូកនីមួយៗមានបែងចែកជាលេខខ ដោយមានរបៀបសរសេរជាក់លាក់ ដើម្បីងាយស្រួលកំណត់ចំណាំ និងស្វែងរកអត្ថបទណាមួយនៅព្រះគម្ពីរ។ ដំបូងឡើយ គ្រប់សំណេរនៃកណ្ឌគម្ពីរនីមួយៗក្នុងព្រះគម្ពីរទាំងអស់ គ្មានការបែងចែកជាជំពូក និងខនោះទេ។ ការរៀបចំបែងចែកជំពូក និងខនេះធ្វើឡើង ចាប់ពីសតវត្សរ៍ទី១៣ នៃគ.ស។ ដើម្បីស្វែងរកអត្ថបទព្រះគម្ពីរណាមួយ គេត្រូវស្វែងរក ចំណងជើង កណ្ឌគម្ពីរ រួចហើយស្វែងរកលេខ ជំពូក ក្នុងអត្ថបទ និងលេខ។ ឧបមាថាៈ ប្រសិនបើគេចង់ស្វែងរក (លក ១៥,-៧) សំដៅទៅលើអត្ថបទព្រះគម្ពីដំណឹងល្អតាមសន្តលូកា ជំពូក១៥ ចាប់ពីខ១ ដល់ខ៧ គេត្រូវធ្វើតាមជំហ៊ានដូចខាងក្រោម៖

ចំណងជើងកណ្ឌគម្ពីរ៖ ក្នុងព្រះគម្ពីរមានមាតិកានៅក្នុងទំព័រដើមដំបូងបង្អស់។ ក្នុងមាតិកានោះមានចំណងជើងកណ្ឌគម្ពីរ និងអក្សរកាត់ ព្រមទាំងមានលេខទំព័រនៃកណ្ឌគម្ពីរនីមួយៗ។
– ឧទាហរណ៍៖

  • កណ    គឺកណ្ឌព្រះគម្ពីរកំណើតពិភពលោក
  • មថ      គឺកណ្ឌព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ
  • រម       គឺលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទ​ក្រុងរ៉ូម

បន្ទាប់ពីឃើញចំណងជើងនៃកណ្ឌគម្ពីរស្ថិតនៅក្នុងទំព័រណាមួយហើយ យើងត្រូវបើកទៅរកលេខទំព័រនៃកណ្ឌគម្ពីរនោះ។ រួចហើយយើងរកមើលលេខជំពូកនៃកណ្ឌគម្ពីរ។

លេខជំពូកនៃអត្ថបទគម្ពីរ៖ ក្រោយពីបើកឃើញទំព័រនៃចំណងជើងកណ្ឌគម្ពីរហើយ ត្រូវរកមើលលេខជំពូកដែលមានទំហំធំៗ។
– ឧទាហរណ៍៖

  • លក ១៥   គឺព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ជំពូក ១៥
  • អស ៤៣  គឺព្រះគម្ពីរព្យាការីអេសាយ ជំពូក ៤៣

លេខខក្នុងអត្ថបទគម្ពីរ៖ នៅក្នុងលេខជំពូកនីមួយៗនៃអត្ថបទព្រះគម្ពីរ មានរួមបញ្ចូលលេខខជាច្រើន។
– ឧទហរណ៍៖

  • ទំន ២៣,-៣ គឺទំនុកតម្កើងលេខ ២៣ ខ១ ដល់ ខ៣
  • យក ៣,-៦ គឺលិខិតរបស់សន្តយ៉ាកុប ជំពូក ៣ ខ៥ ដល់ ខ៦
  • ១យហ ៣,២០-២១.២៤; ៤,៧-១១ គឺលិខិតទី១របស់សន្តយ៉ូហាន ជំពូក៣ ខ២០ ដល់ ខ២១ និងខ២៤ និងជំពូក៤ ខ៧ ដល់​ ខ១១។
របៀបសរសេរតាមទម្រង់ភាសាបារាំង

ជំពូក និង ខខ័ណ្ឌចែកដោយសញ្ញាក្បៀស (,)
– ឧទាហរណ៍៖ យហ ៣,១៦

ខ និង ខ ខ័ណ្ឌចែកដោយសញ្ញាចុចមួយ (.)
ឧទាហរណ៍៖ ១ករ ៩,១៦.១៩

ជំពូក និង ជំពូកខ័ណ្ឌចែកដោយសញ្ញាចុចក្បៀស (;)
ឧទាហរណ៍៖​ សរ ១៣,១៧; ១៤,១

សញ្ញាដក (-) គឺរហូតដល់
ឧទាហរណ៍៖ ១យហ ៣,២០-២១.២៤; ៤,៧-១១

របៀបសរសេរតាមទម្រង់ភាសាអង់គ្លេស

ជំពូក និង ខខ័ណ្ឌចែកដោយសញ្ញាចុចពីរ (:)
ឧទាហរណ៍៖ យហ ៣:១៦

ខ និង ខ ខ័ណ្ឌចែកដោយសញ្ញាចុចមួយ (.)
ឧទាហរណ៍៖ ១ករ ៩:១៦.១៩

ជំពូក និង ជំពូកខ័ណ្ឌចែកដោយសញ្ញាចុចក្បៀស (;)
ឧទាហរណ៍៖ សរ ១៣:១៧; ១៤:១

សញ្ញាដក (-) មានន័យថារហូតដល់
ឧទាហរណ៍៖ ១យហ ៣:២០-២១.២៤; ៤:៧-១១

កំណត់ចំណាំ

នៅក្នុងកណ្ឌព្រះគម្ពីរខ្លះខ្លី គ្មានជំពូកទេ មានតែលេខខប៉ុណ្ណោះ​ដូចជា កណ្ឌគម្ពីរព្យាការី អូបាឌី ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីទី១ និងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកភីលេម៉ូន លិខិតទី២ និងទី៣របស់សន្តយ៉ូហាន ក្នុងព្រះ​គម្ពីរសម្ពន្ធមេត្រីថ្មី។

នៅក្នុងព្រះគម្ពីរទាំងមូលមានកណ្ឌគម្ពីរមួយចំនួនដែលសរសេរលេខនៅពីខាងមុខចំណងជើងដូចជា៖
សម្ពន្ធមេត្រីទី១មានៈ ១និង២សាមូអែល ១និង២ពង្សាវតារក្សត្រ ១និង២របាក្សត្រ ១និង២ម៉ាកាបាយ។
សម្ពន្ធមេត្រីថ្មីមានៈ ១និង២កូរិនថូស ១និង២​ថេស្សាឡូនិក ១និង២ធីម៉ូថេ ១និង២សិលា ១និង២និង៣យ៉ូហាន។


ជំពូក ២
ព្រះគម្ពីរ និងព្រះបន្ទូល

ព្រះគម្ពីរគ្រីស្តសាសនាខុសប្លែកពីគម្ពីរសាសនានានា។ ដ្បិត​ព្រះគម្ពីរជាសំណេរដ៏វិសុទ្ធនៃបទពិសោធន៍ជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ដែលមានអ្នកនិពន្ធជាច្រើននាក់បានកត់ត្រាទុកក្នុងអំឡុងពេលដ៏យូរអង្វែង។ ប៉ុន្តែ មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលណែនាំអ្នកនិពន្ធទាំងនោះឱ្យកត់ត្រា ក្រោមការបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ។ គ្រីស្តបរិស័ទលើកតម្កើងព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់។ ប៉ុន្តែ សេចក្តីនេះមិនមែនមានន័យថា ព្រះជាម្ចាស់សរសេរ ហើយប្រគល់ឱ្យមនុស្សដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ គឺព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធជាមនុស្ស ឱ្យកត់ត្រាទុកជាលាយលក្ខណ៍អក្សរនូវសេចក្តីពិត ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យសម្តែង តាមរយៈអ្នកនិពន្ធទាំងនោះ។ ជាក់ស្តែង ព្រះគម្ពីរក៏ជាពាក្យសម្តីរបស់មនុស្សផងដែរ។

ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមអំពីព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យមនុស្ស យើងនឹងសិក្សាយោងលើលទ្ធិរបស់ព្រះសហគមន៍កាតូលិក។ ផ្នែកទី១ នៃជំពូកទី២ នេះ យើងនឹងវែកញែកអំពីព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យមនុស្សថា តើសេចក្តីទាំងពីរនេះអាចពាក់ព័ន្ធគ្នាយ៉ាងដូចម្តេច? នៅផ្នែកទី២ ជាបទបង្ហាញអំពីលក្ខណៈពិសេសនៃព្រះបន្ទូលព្រះជាម្ចាស់ ដែលទូលំទូលាយហួសពីព្រះគម្ពីរ ពោលគឺ ព្រះបន្ទូលមិនមែនជាព្រះគម្ពីរតែប៉ុណ្ណោះទេ ព្រោះព្រះបន្ទូលនាំមុខព្រះគម្ពីរ។ ចំពោះព្រះសហគមន៍កាតូលិក ការបញ្ជូនបន្តដ៏វិសុទ្ធ និងការណែនាំព្រះសហគមន៍ក៏ជាព្រះបន្ទូលព្រះជាម្ចាស់ផងដែរ។ ព្រះបន្ទូលព្រះជាម្ចាស់ក៏ឆ្លុះបញ្ចាំងឱ្យដឹងតាមរយៈការផ្តល់សក្ខីភាពនៃទំនុកចិត្តរបស់មនុស្សលើព្រះជាម្ចាស់ និងការបម្រើរបស់ព្រះសហគមន៍ជាដើម។

២.១ សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់

សំណេរដ៏វិសុទ្ធសំដៅលើព្រះគម្ពីរ។ ព្រះគម្ពីរប្រមូលផ្តុំសំណេរ​​ទាំងឡាយដែលបានកត់ត្រាទុកក្នុងសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មីដែលព្រះជាម្ចាស់បានភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស។ មុននឹងកើតមានសំណេរ​ទាំងអស់នោះ ជនជាតិអ៊ីស្រាអែលបានចងចាំ និងបញ្ជូនផ្ទាល់មាត់ពីមួយជំនាន់ទៅមួយជំនាន់នូវព្រឹត្តិ​ការណ៍ប្រវត្តិសាស្រ្ត ដូចមានដំណាលនៅក្នុងកណ្ឌគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព។ ព្រះជាម្ចាស់បានសម្តែងព្រះអង្គសង្រ្គោះ​ជនជាតិអ៊ីស្រាអែលពីកណ្តាប់ដៃជនជាតិអេស៊ីប និងប្រទានធម្មវិន័យដើម្បីឱ្យប្រជាជនប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនៅក្នុងសម្ពន្ធមេត្រីថ្មី គឺគ្រីស្តបរិស័ទដើមដំបូងបានចងចាំ និងប្រកាសពីព្រឹត្តិការណ៍អាថ៌កំបាំងនៃបុណ្យចម្លងដែលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ពាក្យគន្លឹះតាមភាសាក្រិកគឺ (គេរីម៉ា KÉRYGMA) មានន័យថា ការប្រកាសឱ្យលាន់ឮឡើង​។ គេតែង​តែប្រើពាក្យនេះក្នុងបរិបទនៃការប្រកាសជំនឿ នៅក្នុងព្រះសហគមន៍ដើមដំបូង ដើម្បីឆ្លុះបញ្ចាំងពីសេចក្តីដ៏សំខាន់ក្នុងអង្គព្រះយេស៊ូគ្រីស្ត ដែលហូរមកពីក្រុមគ្រីស្តទូតជាអ្នកប្រកាស និងជាអ្នកបញ្ជូនបន្តដល់អស់អ្នកដែលមិនទាន់ស្គាល់ព្រះអង្គ។

រាល់ការចងចាំ និងការបញ្ជូនបន្តផ្ទាល់មាត់ទាំងអស់ អ្នកនិពន្ធបានកត់ត្រាទុកជាលាយលក្ខណ៍អក្សរ​។ សំណេរ​នេះមិនមែនជាសំណេរធម្មតាដែលមានអត្ថន័យតាមបែបរឿងព្រេង ឬប្រវត្តិ​សាស្រ្ត ឬការរិះគិតតាមបែបវិទ្យាសាស្រ្តនោះទេ។​ ផ្ទុយទៅវិញ ជាសំណេរស្តីអំពីការផ្ញើជីវិតរបស់មនុស្សលើព្រះជាម្ចាស់។ ហេតុនេះហើយ បានជាយើងហៅថា “សំណេរដ៏វិសុទ្ធ”។ ជាក់ស្តែង សំណេរនេះជាសំណេរនៃព្រះបន្ទូលព្រះជាម្ចាស់ ហើយក៏ជាសំណេរ​ដែលមនុស្សជាអ្នកកត់ត្រាដោយពាក្យពេចន៍ និងភា​សាតាមវប្បធម៌នាសម័យកាលដែលខ្លួនរស់នៅផងដែរ។

សំណេរមុនដំបូងបង្អស់នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី គឺលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងថេស្សាឡូនិក ដែលជាទីក្រុងមួយនៅភាគខាងជើងនៃប្រទេសក្រិកសព្វថ្ងៃ។ នៅក្នុងលិខិតនេះ គ្រីស្តទូតប៉ូលបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «នៅ​ពេល​ដែល​យើង​​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ស្ដាប់ បង‌ប្អូន​បាន​ទទួល​យកដោយ​ពុំ​ចាត់​ទុក​ថា​ ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ ​បង្កើត​ផល​ក្នុង​បង‌ប្អូន​ជា​អ្នក​ផ្ញើជីវិត។» (១ថស ២,១៣)។

តាមរយៈឃ្លាមួយនេះ គ្រីស្តទូតប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកក្រុងថេស្សាឡូនិកមិនបានទទួលពាក្យប្រកាស ដែលពួកគាត់បានឮថា ត្រឹមជាពាក្យសម្តីមនុស្ស ពោលគឺ ពាក្យសម្តីរបស់គ្រីស្តទូតប៉ូលប៉ុណ្ណោះទេ តែជាព្រះបន្ទូលព្រះជាម្ចាស់។ យើងឃើញថា សំណេរដ៏វិសុទ្ធមានទំនាក់ទំនងយ៉ាងជិតស្និតរវាងព្រះបន្ទូលព្រះជាម្ចាស់ និងពាក្យមនុស្ស។

– ព្រះគម្ពីរ ឬសំណេរដ៏វិសុទ្ធជាព្រះបន្ទូល

គ្រប់ពេលដែលគ្រីស្តបរិស័ទប្រារព្ធពិធីលើកតម្កើងព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងអភិបូជា នៅក្រោយពេលបានអានអត្ថបទនី​មួយៗ​រួចហើយ អ្នកអានតែងប្រកាសថា៖ “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់”។ តើនេះសំដៅលើសៀវភៅនៃព្រះគម្ពីរជាព្រះបន្ទូលឬមួយយ៉ាងណា? ចម្លើយគឺមិនមែនដូច្នោះទេ។ ការសំខាន់ដែលយើងចង់និយាយនៅទីនេះគឺ សេចក្តីដែលអ្នកអានបានធ្វើឱ្យលាន់ឮឡើងចេញពីក្នុងអត្ថបទព្រះគម្ពីរ ដែលយើងបានស្តាប់ឮ គឺជាព្រះបន្ទូលព្រះជាម្ចាស់ដែលយើងប្រាថ្នាឱ្យសេចក្តីទាំងនោះចូលក្នុងដួងចិត្ត ដើម្បីផ្លាស់ប្រែជីវិតយើង។

ជាក់ស្តែងឃ្លាថា សំណេរដ៏វិសុទ្ធជាព្រះបន្ទូលព្រះជាម្ចាស់ ក៏មិនមែនសំដៅលើព្រះគម្ពីរធ្លាក់មកពីលើមេឃដែរ។ បើមិនដូច្នោះទេ យើងធ្លាក់ចូលទៅក្នុងរបៀបនៃការគោរពសៀវភៅជារូបសំណាកព្រះក្លែងក្លាយ។ ព្រះគម្ពីរពិតជាមានព្រះជាម្ចាស់ពីខាងដើមដែលបានសម្តែងព្រះអង្គ និងបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យសរសេរសំណេរដ៏វិសុទ្ធទាំងនោះ។ កាលពីឆ្នាំ១៩៦៥ នៅក្នុងអង្គមហាសន្និបាតវ៉ាទីកង់ទី២ ព្រះសហគមន៍កាតូលិកបានបង្រៀននៅក្នុងធម្មនុញ្ញគោលលទ្ធិ អំពីព្រះជាម្ចាស់សម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់ ឬតាមភាសាឡាតាំង (DEI VERBUM) យ៉ាងច្បាស់ថា៖ «ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ ដែលកត់ត្រាទុកជាលាយលក្ខណ៍អក្សរ ដោយសារព្រះវិញ្ញាណបំភ្លឺចិត្តគំនិតអ្នកនិពន្ធ» (DV លេខ៩)។ ជាលទ្ធផល យើងអាចយល់បានថា ព្រះជាម្ចាស់បានសម្តែងព្រះអង្គ និងបានបំភ្លឺអ្នកនិពន្ធដ៏វិសុទ្ធឱ្យនិពន្ធព្រះគម្ពីរ ក៏ព្រោះតែព្រះអង្គសព្វព្រះហឫទ័យឱ្យសារនៃសំណេរទាំងនោះ អាចនាំយើងឱ្យទទួលព្រះបន្ទូលព្រះជាម្ចាស់ ព្រមទាំងញ៉ាំងឱ្យយើងចេះផ្ញើជីវិតលើព្រះអង្គ។

នៅក្នុងឯកសារដដែល ព្រះសហគមន៍បានអះអាងបន្ថែមទៀតថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យកត់ត្រាទុក​ជាលាយលក្ខណ៍អក្សរនូវសេចក្តីពិត ដែលព្រះជាម្ចាស់បានសម្តែងមក ហើយដែលមានរៀបរាប់ក្នុងកណ្ឌទាំងប៉ុន្មាននៃព្រះគម្ពីរ។ ព្រះសហគមន៍កាតូលិកជាមាតារបស់យើង សំអាងទៅលើជំនឿរបស់ក្រុមគ្រីស្តទូតជាគ្រឹះ ហើយចាត់គ្រប់ផ្នែកនៃកណ្ឌទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធមេត្រីទី១ក្តី សម្ពន្ធមេត្រីថ្មីក្តី ទុកជាសាសនបញ្ញត្តិរបស់ខ្លួន ព្រោះព្រះវិញ្ញាណបំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យសរសេរ (យហ ២០,៣១; ២ធម ៣,១៦-១៧; ២សល ១,១៩-២១) គឺមានព្រះជាម្ចាស់ជាអ្នកនិពន្ធកណ្ឌគម្ពីរទាំងនោះ ហើយព្រះសហគមន៍ក៏បានទទួលកណ្ឌគម្ពីរទាំងនោះដោយយល់ដូច្នោះដែរ» (DV លេខ១១)។

នៅក្នុងសេចក្តីដកស្រង់លេខ១១នេះ យើងសង្កេតឃើញមានពាក្យពីរសំខាន់ ដែលជួយឱ្យយើងយល់ពីកិច្ចអន្ត​រា​គមន៍របស់ព្រះជាម្ចាស់ក្នុងការនិពន្ធព្រះគម្ពីរគឺ ព្រះជាម្ចាស់សម្តែងព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺចិត្តគំនិតមនុស្ស។

  • ការសម្តែង ឬការបង្ហាញឱ្យស្គាល់ (REVELATION)ពាក្យនេះមានអត្ថន័យតាមទេវវិទ្យានៅក្នុងព្រះគម្ពីរ សំដៅលើព្រះជាម្ចាស់សម្តែងព្រះអង្គដោយផ្ទាល់ជាមុន ដើម្បីឱ្យមនុស្សស្គាល់ និងអាចមានទំនាក់ទំនងជាមួយព្រះអង្គ។ ជាពិ​សេស ដើម្បី​ឱ្យមនុស្សអាចមានបទពិសោធន៍អំពីព្រះជាម្ចាស់។ ជាក់ស្តែង តាមបទពិសោធន៍របស់យើង យើងមិនអាចស្គាល់មនុស្សណាម្នាក់តាមរយៈការរិះគិត ឬការស្រមើលស្រមៃរបស់ខ្លួនឯងបាននោះទេ។ លុះត្រា ម្នាក់នោះបង្ហាញ​ខ្លួនដល់យើងដោយផ្ទាល់ជាមុន ឬមាន​គេណែនាំអំពីបុគ្គលនោះដល់យើង ទើប​យើងអាចស្គាល់គាត់បាន។ ដូចគ្នានេះដែរ មនុស្សមិនអាចស្គាល់ព្រះជាម្ចាស់ ប្រសិនបើព្រះអង្គមិនបង្ហាញខ្លួនឱ្យគេឃើញ ឬមិនសម្តែងព្រះ​អង្គឱ្យគេស្គាល់។ ព្រះជាម្ចាស់សម្តែងព្រះអង្គមានលក្ខណៈ៣យ៉ាង៖ ទី១ ការសម្តែងតាមធម្មជាតិដែលបញ្ជាក់ថា មានព្រះជាម្ចាស់តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គ ដូចមហាសន្និ​បាតវ៉ាទីកង់ទី២ដ៏វិសុទ្ធ បានលើកឃ្លាព្រះគម្ពីរមកអះអាងថា៖ «ដោយ​សារប្រាជ្ញារបស់ខ្លួន មនុស្សមានសមត្ថភាពអាចស្គាល់ព្រះជាម្ចាស់យ៉ាងជាក់ច្បាស់តាមរយៈសត្វលោក ដែលព្រះអង្គបានប្រតិស្ឋានមក ព្រោះព្រះអង្គជាដើមកំណើត និងជាចុងបំផុតនៃអ្វីៗទាំងអស់» (រម ១,១៨; DV លេខ៦)។ ទី២គឺ ការសម្តែងក្នុងប្រវត្តិសាស្រ្តដែលព្រះជាម្ចាស់យាងមកសង្រ្គោះ​ជនជាតិអ៊ីស្រាអែលចេញពីទាសកនៅប្រទេសអេស៊ីប។ ទេវទូតរបស់ព្រះជាម្ចាស់បានបង្ហាញខ្លួនក្នុងអណ្តាតភ្លើងដែលឆេះចេញពីកណ្តាលគុម្ពោតឱ្យលោកម៉ូសេឃើញ ហើយត្រាស់ហៅលោក ដើម្បីចាត់ឱ្យទៅរំដោះប្រជារាស្រ្តអ៊ីស្រាអែល (សរ ៣,១-១៧)។ ព្រះជាម្ចាស់ផ្ទាល់យាងមកអន្តរាគមន៍ នៅក្នុងគម្រោងការសង្រ្គោះនោះ។ ការសម្តែងទី៣គឺ ព្រះជាម្ចាស់យកលក្ខណៈជាមនុស្ស ដោយព្រះអង្គផ្ទាល់បានប្រសូតជាមនុស្ស ជាកំពូលនៃការសម្តែង ដើម្បីឱ្យមនុស្សអាចស្គាល់ព្រះជាម្ចាស់។ គ្រីស្តសាសនា​ហៅការសម្តែងនេះថា ការសម្តែងលើធម្មជាតិ ឬអធិធម្មជាតិ។ ហេតុនេះហើយ បានជាគ្រប់សំណេរនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី​ទាំងអស់កត់ត្រាចេញពីមូលដ្ឋាននៃការសម្តែងទាំងអស់នេះ ដើម្បីឱ្យយើង​​មានបទពិសោធន៍ពីព្រះជាម្ចាស់តាមរយៈសំណេរដ៏វិសុទ្ធ។
  • ការបំភ្លឺ (INSPIRATION)ពាក្យនេះសំដៅលើសកម្មភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបំភ្លឺចិត្តគំនិតមនុស្សឱ្យមានសមត្ថភាពខាងប្រាជ្ញា ស្មារតី អាចយល់ព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីកត់ត្រាសេចក្តីស្របតាមព្រះហឫទ័យព្រះអង្គ ទៅតាមគុណភាពនៃការយកចិត្តទុកដាក់ស្តាប់ និងការរិះគិតរបស់ខ្លួន។ ទាំងសំណេរនៅក្នុងសម្ពន្ធមេត្រីទី១ និងសម្ពន្ធមេត្រីថ្មី គឺព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺអ្នកនិពន្ធឱ្យតែងនូវសេចក្តី ដែលព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីកុំឱ្យបាត់បង់ព្រះបន្ទូល និងដើម្បីងាយស្រួលបញ្ជូនបន្តដល់មនុស្សគ្រប់សម័យកាល។ តាមលទ្ធិព្រះសហគមន៍កាតូលិក បានអះអាងលើកិច្ចអន្តរាគមន៍របស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជាអ្នកជំរុញឱ្យនិពន្ធសំណេរទាំងអស់នោះ ដោយទទួលស្គាល់ថា៖ «ក្នុងព្រះគម្ពីរមានកត់ត្រាទុកព្រះបន្ទូលព្រះជាម្ចាស់។ ដោយព្រះអង្គបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ ព្រះគម្ពីរពិតជាព្រះបន្ទូលព្រះជាម្ចាស់» (DV លេខ២៤)។

ដោយព្រះជាម្ចាស់សម្តែងព្រះអង្គ និងបំភ្លឺចិត្តគំនិតអ្នកនិពន្ធដ៏វិសុទ្ធឱ្យនិពន្ធព្រះគម្ពីរ នោះសេចក្តីដែលមានកត់ត្រាទុកមានប្រភពចេញមកពីព្រះជាម្ចាស់ផ្ទាល់ ពោលគឺ មិនមែនចេញមកពីចំណង់ចិត្តរបស់មនុស្សនោះទេ។ ហេតុនេះហើយ បានជាសំណេរ​ដ៏វិសុទ្ធពិតជាព្រះបន្ទូលព្រះជាម្ចាស់។

– ព្រះគម្ពីរជាពាក្យមនុស្ស

ព្រះគម្ពីរជាពាក្យមនុស្ស តើសេចក្តីនេះមិនទាស់នឹងឃ្លាថាព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ឬយ៉ាងណា? ដូចយើងបានដឹងហើយថា ព្រះគម្ពីរមានព្រះជាម្ចាស់ជាអ្នកនិពន្ធ ប៉ុន្តែព្រះអង្គមិនបានចារដោយផ្ទាល់នោះទេ គឺគ្រប់សំណេរ​ទាំងអស់មនុស្ស​និពន្ធ ក្រោមការបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ។ សូម្បីនៅក្នុងសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូមិនបាននិពន្ធព្រះគម្ពីរឡើយ។ អស់រយៈពេលច្រើនឆ្នាំក្រោយមក ទើបក្រុមសាវ័កនិពន្ធព្រះគម្ពីរដំណឹងល្អអំពីព្រះអង្គ។ ហេតុនេះ មនុស្សរួមចំណែកយ៉ាងសំខាន់ក្នុងការនិពន្ធ​ព្រះគម្ពីរ ដើម្បីឱ្យព្រះបន្ទូលព្រះជាម្ចាស់បង្កើតផល។ អ្នកនិពន្ធដ៏វិសុទ្ធក៏ជាសហការីសរសេររួមជាមួយព្រះជាម្ចាស់ ហើយក៏រួមទទួលខុសត្រូវនៅក្នុងគម្រោងការរបស់ព្រះអង្គ។ ការសំខាន់ដែលចង់ចង្អុលបង្ហាញនៅទីនេះ គឺមនុស្សអាចស្តាប់ឮព្រះបន្ទូលព្រះជាម្ចាស់ និងអាចស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ ហើយអាចពាំនាំព្រះបន្ទូលនេះដល់មនុស្សទាំងឡាយគ្រប់ជំនាន់ និងគ្រប់សម័យកាល។ តាមរយៈពាក្យពេចន៍ ដែលមនុស្សសរសេរទាំងអស់នេះ ព្រះអង្គនៅតែបន្តមានព្រះបន្ទូលមកកាន់យើងនៅទីនេះ និងនៅពេលឥឡូវនេះ។ ព្រះគម្ពីរជាពាក្យមនុស្ស សំដៅលើក្នុងព្រះគម្ពីរ ព្រះជាម្ចាស់ពិតជាមានព្រះបន្ទូលតាមរយៈមនុស្ស និងបានប្រើពាក្យសម្តីមនុស្ស។ កាលណាព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈមនុស្ស បណ្តាលឱ្យការនិពន្ធត្រូវមានបែបបទ និងប្រភេទនៃការនិពន្ធតាមទម្រង់ផ្សេងៗដូចជា ការរៀបរាប់ជាសាច់រឿង ប្រវត្តិសាស្រ្ត កំណាព្យ ទំនុកតម្កើង ប្រស្នា និងសំណេរបែបប្រាជ្ញាញាណជាដើម។​ ព្រះសហគមន៍កាតូលិកនៅតែបង្រៀន និងបញ្ជាក់ថា៖

«ជាក់ស្តែង ព្រះបន្ទូលព្រះជាម្ចាស់ឆ្លងតាមរយៈភាសារបស់មនុស្ស បានដូចពាក្យសម្តីរបស់មនុស្ស ព្រោះព្រះអង្គមានព្រះបន្ទូលតាមភាសាមនុស្ស។ ដូចកាលពីដើម ព្រះបន្ទូលនៃព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច បានទៅជាមនុស្ស ដោយទទួលយកភាពទន់ខ្សោយ​របស់មនុស្សយើង» (DV លេខ១៣)។

មនុស្សពិតជាមានតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនិពន្ធព្រះគម្ពីររួមជាមួយព្រះជាម្ចាស់ ដើម្បីឱ្យសេចក្តីដែលមានកត់ត្រាក្នុងព្រះគម្ពីរក្លាយជាព្រះបន្ទូល និងជាពាក្យមនុស្សរួមគ្នា។ យើងមិនអាចបែងចែកសេចក្តី ដែលកត់ត្រាទុកនៅក្នុងគម្ពីរដោយអះអាងថា សេចក្តីនេះមកពីព្រះជាម្ចាស់ រីឯសេចក្តីនោះមកពីមនុស្សបានឡើយ ហើយយើងក៏មិនអាចញែកថាសេច​ក្តីនេះជាព្រះបន្ទូលព្រះជាម្ចាស់ ហើយសេចក្តីនោះជាពាក្យមនុស្សបានដែរ។ បើមិនដូច្នោះទេ យើងបង្ខូចអត្ថន័យដ៏សំខាន់នៃទេវវិទ្យារបស់ព្រះគម្ពីរ។ អ្វីដែលយើងត្រូវផ្តោតនោះគឺឈ្នាប់ “និង” ដែលជាចំណងភ្ជាប់បញ្ចូលគ្នារវាងព្រះបន្ទូល និងពាក្យរបស់មនុស្ស ដើម្បីរក្សាធ្លុងតែមួយនៃព្រះគម្ពីរឱ្យទៅជាព្រះបន្ទូលព្រះជាម្ចាស់ផង និង ជាពាក្យមនុស្សផង។ ដើម្បីយល់កាន់តែច្បាស់ថាមនុស្សក៏ជាអ្នកនិពន្ធព្រះគម្ពីរ យើងមើលនៅក្នុងឯកសារមហាសន្និ​បាតវ៉ាទីកង់ទី២ដដែលបានលើក​ឡើងថា៖

«ព្រះជាម្ចាស់បានជ្រើសរើសមនុស្សខ្លះ ដើម្បីនិពន្ធ​កណ្ឌព្រះគម្ពីរទាំងនោះ គឺព្រះអង្គឱ្យអ្នកទាំងនោះ ប្រើចំណេះប្រាជ្ញា ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួនយ៉ាងពិតប្រាកដ ហើយព្រះអង្គមានសកម្មភាពក្នុងអ្នកទាំងនោះ និង ដោយសារ អ្នកទាំងនោះ ព្រះអង្គឱ្យគេកត់ត្រាទុកជាលាយលក្ខណ៍អក្សរនូវសេចក្តីទាំងប៉ុន្មាន ដែលព្រះអង្គសព្វព្រះហឫទ័យឱ្យគេសរសេរ គឺសរសេរតែសេចក្តីណា ដែលព្រះអង្គសព្វព្រះហឫទ័យប៉ុ​ណ្ណោះ​។ ដូច្នេះ គេជាអ្នកនិពន្ធយ៉ាងពិតប្រាកដ (ហប ១,១; ៤,៧; ២សម ២៣,២; មថ ១,២២)» (DV លេខ១១)។

ក្នុងឯកសារ (DV លេខ១១) នេះមានបង្កប់ពាក្យពីរសំខាន់ៗគឺ ពាក្យ “ក្នុង” និង “ដោយសារ” ដូចបានគូសសម្គាល់ខាងលើ ដើម្បីបញ្ជាក់ពីសកម្ម​ភាពរបស់ព្រះជាម្ចាស់ដែលបំពេញក្នុងអ្នកនិពន្ធឱ្យកត់ត្រាសំណេរដ៏វិសុទ្ធ។ ពាក្យ “ដោយសារ” សំដៅលើមធ្យោបាយ ព្រោះមនុស្សជាសហការីដ៏មានប្រយោជន៍ និងមានទេពកោសល្យចំពោះព្រះជាម្ចាស់ក្នុងការបញ្ជូនព្រះបន្ទូលព្រះអង្គតាមរយៈពួកគេ។ រីឯពាក្យ “ក្នុង” សំដៅលើទីជម្រៅក្នុងដួងចិត្ត ព្រោះមនុស្សជាទីដៅ ដែលព្រះបន្ទូលត្រូវផ្លាស់ប្រែពួកគេនៅក្នុងជម្រៅចិត្ត។ តាមរយៈពាក្យទាំងពីរនាំឱ្យយើងយល់បានថា មនុស្សរួមចំណែកយ៉ាងសំខាន់ក្នុងការនិពន្ធព្រះគម្ពីរ ដោយព្រះជាម្ចាស់ផ្ទាល់បំពេញសកម្មភាពក្នុងអ្នកនិពន្ធ។ ដូច្នេះ ព្រះគម្ពីរគឺតែមួយ ដែលជាព្រះបន្ទូលព្រះជាម្ចាស់ផង និងជាពាក្យមនុស្សផងដែរ ដោយមិនអាចបំបែកចេញពីគ្នាបានឡើយ។ ហេតុនេះហើយ បានជាយើងហ៊ាននិយាយដោយទុកចិត្តថា ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យមនុស្ស។​

២.២ តើព្រះបន្ទូលជាព្រះគម្ពីរ?

ក្នុងផ្នែកទី១នៃជំពូកទី២នេះបានបកស្រាយយ៉ាងច្បាស់អំពីព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ និងជាពាក្យសម្តីរបស់មនុស្ស។ រីឯផ្នែកទី២នេះ យើងសិក្សាលើសំណួរផ្ទុយមកវិញថា តើព្រះបន្ទូល​ព្រះជាម្ចាស់ជាព្រះគម្ពីរឬមួយយ៉ាងណា? មុននឹងវែកញែកសំណួរនេះ យើងគប្បីយល់ឱ្យបានច្បាស់អំពីអត្ថន័យរវាងឃ្លាថា “ព្រះគម្ពីរគឺជាព្រះបន្ទូលព្រះជាម្ចាស់” គឺពិតជាត្រឹមត្រូវ។ ផ្ទុយទៅវិញឃ្លាថា “ព្រះបន្ទូលព្រះជាម្ចាស់គឺជាព្រះគម្ពីរ” គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ ថ្វីដ្បិតថា ឃ្លាទាំងពីរនេះស្តាប់មើលទៅហាក់បីដូចគ្នា តែអត្ថន័យពិតគឺខុសប្លែកពីគ្នា។ ពីព្រោះព្រះបន្ទូលមិនមែនជាព្រះគម្ពីរតែប៉ុណ្ណោះទេ។ ព្រះបន្ទូលមានលក្ខណៈទូលំទូលាយ។ ព្រះសហគមន៍កាតូលិកទទួលស្គាល់ថា ព្រះបន្ទូលក៏មាននៅក្នុងការបញ្ជូនបន្តដ៏វិសុទ្ធផងដែរ។ ថ្វីដ្បិតព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ តែការបញ្ជូនបន្តដ៏វិសុទ្ធក៏ជាព្រះបន្ទូលព្រះជាម្ចាស់ ពោលគឺ ព្រះគម្ពីរ និងការបញ្ជូនបន្តមានប្រភពមកពីព្រះបន្ទូលតែមួយ។ ព្រះសហគមន៍កាតូលិកមិន​សំអាងទៅលើព្រះគម្ពីរតែប៉ុណ្ណេះ​ទេ គឺទទួលស្គាល់ព្រះបន្ទូលព្រះជាម្ចាស់ទាក់ទងនឹងការ​បញ្ជូនបន្ត​ និង​អាជ្ញានុការី​ព្រះ​សហគមន៍​ជាប់​ពាក់ព័ន្ធ​គ្នា តាម​ព្រះ​ជាម្ចាស់​ចាត់​ចែង​យ៉ាងឈ្លាស​វៃ។ ទាំងព្រះគម្ពីរ (BIBLE) ទាំងការបញ្ជូនបន្តដ៏វិសុទ្ធ (TRADITION) និងអាជ្ញានុការីព្រះសហគមន៍ (MAGISTERIUM) ត្រូវតែ​រួម​គ្នាមិនអាចខ្វះមួយណាបានឡើយ​។ ព្រះសហគមន៍កាតូលិកនៅតែបន្តបង្រៀនតាមមហាសន្និបាតនៅទីក្រុងត្រែន (១៥៤៥-១៥៦៣ នៃគ.ស) ដោយដាក់បញ្ជូលសេចក្តីបង្រៀនអំពីទំនាក់ទំនងរវាងព្រះគម្ពីរ និងការបញ្ជូនបន្តដ៏វិសុទ្ធ នៅក្នុងឯកសារព្រះបន្ទូលរបស់អង្គមហាសនិ្នបាតវ៉ាទីកង់ទី២ដូចតទៅៈ

«ការបញ្ជូនបន្តដ៏វិសុទ្ធ និងព្រះគម្ពីរជាប់ពាក់ព័ន្ធគ្នា និងទាក់ទងគ្នាយ៉ាងស្និទ្ធស្នាល។ ការបញ្ជូនបន្ត និងព្រះគម្ពីរផុសចេញមកពីប្រភពតែមួយគឺព្រះជាម្ចាស់។ ព្រះគម្ពីរ និងការបញ្ជូនបន្តក៏រួមគ្នា​ជាធ្លុងតែមួយ និងមានទិសដៅតែមួយដែរ។ ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ដែលកត់ត្រាទុកជាលាយលក្ខណ៍អក្សរដោយ​ព្រះវិញ្ញាណបំភ្លឺចិត្តគំនិតអ្នកនិពន្ធ។ រីឯការបញ្ជូនបន្តដ៏វិសុទ្ធវិញ ក៏នាំព្រះបន្ទូលព្រះជាម្ចាស់ដែលព្រះគ្រីស្តជាអម្ចាស់ និងព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ញើទុកឱ្យក្រុមគ្រីស្តទូត រួចបញ្ជូនបន្តគ្រប់សេចក្តីទាំងអស់ដល់អ្នកបន្តមុខងារពីអស់លោក។ […] ហេតុនេះហើយ បានជាព្រះសហគមន៍ទុកចិត្តយ៉ាងជាក់ច្បាស់ទៅលើសេចក្តីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានសម្តែងមកនោះ ពុំមែនដោយសំអាងតែលើព្រះគម្ពីរប៉ុណ្ណោះទេ។ ហេតុនេះ ត្រូវទទួលស្គាល់ និងលើកតម្កើង ការបញ្ជូនបន្ត និងព្រះគម្ពីរដោយចិត្តស្រឡាញ់ និងគោរពស្មើគ្នា។» (DV លេខ៩)

ព្រះសហគមន៍កាតូលិកបានអនុម័តគម្ពីរសាសនបញ្ញតិ (ព្រះគម្ពីរគ្រីស្តសាសនា) និងទទួលយកការបញ្ជូនបន្តចេញមកពីប្រភពនៃការសម្តែងរបស់ព្រះជាម្ចាស់តែមួយ ដើម្បីបង្រៀន និងប្រារព្ធប្រណិប័តន៍ដរាបរៀងមក។ តាមរយៈព្រះគម្ពីរ និងការបញ្ជូនបន្ត និងអាជ្ញានុការីព្រះសហគមន៍ នាំយើងនាពេលបច្ចុប្បន្នឱ្យស្គាល់ព្រះយេស៊ូគ្រីស្តជាព្រះបន្ទូលប្រសូតជាមនុស្ស នៅក្នុងប្រវត្តិ​សា​ស្រ្ត​មនុស្សជាតិ។

– ព្រះគម្ពីរ (BIBLE)

ថ្វីដ្បិតព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់ តែព្រះគម្ពីរមិនបង្ហាញឱ្យស្គាល់គ្រប់លក្ខណៈនៃព្រះបន្ទូលនោះទេ។ ពីព្រោះព្រះបន្ទូលមានវិសាលភាពទូលំទូលាយហួសព្រះគម្ពីរ និងហួសពីបទពិសោធន៍មនុស្ស។ ចំណែកឯព្រះគម្ពីរមានប្រយោជន៍សម្រាប់ថែរក្សាព្រះបន្ទូល និងធ្វើឱ្យព្រះបន្ទូលលាន់ឮឡើង។ ប៉ុន្តែ ព្រះបន្ទូលផ្ទាល់មិនត្រូវបានកម្រិតដែនកំណត់នៅក្នុងព្រះគម្ពីរនោះឡើយ។ ថ្វីត្បិត ព្រះគម្ពីរមិនបង្ហាញឱ្យដឹងពីសេចក្តីពិតគ្រប់ជំពូកនៃព្រះបន្ទូលក៏ដោយ​ តែព្រះគម្ពីរមានផ្ទុក និងឆ្លុះបញ្ចាំងពីសេចក្តីពិតជ្រាលជ្រៅនៃព្រះបន្ទូល។ គោលបំណងសំខាន់របស់ព្រះគម្ពីរ​ជួយឱ្យការគោរពប្រណិប័តន៍ព្រះជាម្ចាស់ប្រសើរឡើង។ ព្រះគម្ពីរមិនមែនគ្រាន់តែជាឧបករណ៍បម្រើដល់ប្រាជ្ញានោះទេ។ ព្រះគម្ពីរផ្តល់សក្ខីភាពអំពីបទពិសោធន៍នៃធម៌មេត្តាករុណា ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុក​ដាក់ចំពោះមនុស្ស ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ដើម្បីសង្រ្គោះពួកគេ។ ព្រះគម្ពីរក៏ថ្លែងពីសក្ខីភាពនៃការផ្ញើជីវិតរបស់មនុស្សលើព្រះជាម្ចាស់ សម្រាប់ការសង្រ្គោះ ដែលជាទីដៅនៃជីវិតរបស់ខ្លួន ជាពិសេសដើម្បីបង្ហាញពីការផ្ញើជីវិតនេះដល់មនុស្សទាំងឡាយនៅគ្រប់ជំនាន់ និងគ្រប់សម័យកាល។ បទពិសោធន៍នៃការរស់នៅ និងការឆ្លងកាត់ជាក់ស្តែងនេះហើយ ដែលផ្តល់កំណើតឱ្យព្រះគម្ពីរ។ ជាពិសេស គឺព្រះគម្ពីរសម្ពន្ធមេត្រីទី១។ ហេតុនេះ «គប្បីអានព្រះគម្ពីរ តែមិនត្រូវចាប់ផ្តើមអានពីដើមដំបូងនៃសៀវភៅ ត្រូវចាប់ផ្តើមអានពីបទពិសោធន៍ ដែលផ្តល់កំណើតឱ្យសៀវភៅ ហើយបទពិសោធន៍នោះមកពីប្រជាជនអ៊ីស្រាអែល»​

រីឯព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះបន្ទូលព្រះជាម្ចាស់មានជីវិតជាក់ស្តែងក្នុងព្រះគម្ពីរ ដែលបានប្រកាសឱ្យដឹង ដោយចាប់ផ្តើមពីសក្ខីភាពនៃបទពិសោធន៍របស់ក្រុមគ្រីស្តទូតលើព្រះបន្ទូលនេះ (១យហ ១,១-៤)។ បទពិសោធន៍នេះនៅតែមានប្រសិទ្ធិភាពរហូតដល់សព្វថ្ងៃ ក៏ព្រោះតែក្រុមសាវ័កដើមដំបូងបានកត់ត្រាទុកបទពិសោធន៍នៃការផ្ញើជីវិតរបស់ខ្លួនក្នុងអង្គព្រះយេស៊ូគ្រីស្ត ដោយអស់លោកបានយល់ពីការអាថ៌កំបាំងនៃបុណ្យចម្លង គឺព្រះយេស៊ូរងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដែលជាព្រឹត្តិការណ៍គ្រឹះដ៏សំខាន់។ ព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន បានកត់សម្គាល់ពីគោលបំណងនៃការផ្តល់សក្ខីភាពដោយសរសេរថា៖ «ព្រះ‌យេស៊ូ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​ឱ្យក្រុមសាវ័ក​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​គម្ពីរ​។ រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឱ្យ​អ្នក​រាល់​គ្នា​ទុកចិត្តថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ និង​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឱ្យ​អ្នក​រាល់​គ្នា​ដែលទុកចិត្ត​មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ» ​(យហ ២០,៣០-៣១)។ នៅចុងបញ្ចប់នៃព្រះគម្ពីរដំណឹងល្អដដែលបានកត់ត្រាបន្ថែមថែមថា៖ «សាវ័ក​​នោះ​ហើយដែល​បាន​ផ្ដល់​សក្ខី‌ភាពអំពី​ហេតុ‌ការណ៍​ទាំង​អស់​នេះ ព្រម​ទាំង​បាន​កត់‌ត្រា​ទុក​មក​ផង។ យើង​ដឹង​ថា​ សក្ខី‌ភាព​របស់​គាត់​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ព្រះ‌យេស៊ូ​បាន​ធ្វើ​កិច្ច‌ការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឱ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា​ ពិភព‌លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មមសម្រាប់​ទុក​សៀវភៅដែល​គេ​កត់‌ត្រា​នោះ​បាន​ឡើយ» (យហ ២១,២៤-២៥)។

តាមរយៈឃ្លាអត្ថបទព្រះគម្ពីរនេះបំភ្លឺយើងឱ្យដឹងថា ព្រះគម្ពីរមិនឆ្លុះបញ្ចាំងពីការសម្តែងរបស់ព្រះជាម្ចាស់ទាំង​ស្រុងនោះទេ តែជា​ឃ្លាប្រយោគដែលផុសចេញមកពីពន្លឺនៃព្រះបន្ទូល ដើម្បីឱ្យ​អ្នក​ដែលទុកចិត្តលើព្រះជាម្ចាស់​មាន​ជីវិតរួម​ជា​មួយ​ព្រះ‌អង្គ។ ថ្វីត្បិតព្រះគម្ពីរដើរតួនាទីសំខាន់ ដើម្បីផ្តល់សក្ខីភាពអំពីព្រះបន្ទូល។ ប៉ុន្តែ សក្ខីភាពទាំងនោះមិនមែនមានត្រឹមតែនៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ នេះបើតាមការអះអាង និងការបកស្រាយនៅក្នុងសៀវភៅមួយក្រោមចំណងជើងថា៖ “ព្រះបន្ទូលព្រះជាម្ចាស់” របស់លោកកាឌីណាល់យ៉ូសែប រ៉ាស៊ីញជើ (ក្រោយមកក្លាយជាប៉ាបបេណេឌីកតូទី១៦)។ ការបញ្ជូនបន្តដ៏វិសុទ្ធក៏ចាត់ទុកជាសក្ខីភាពដ៏សំខាន់នៃព្រះបន្ទូលផងដែរ។

– ការបញ្ជូនបន្ត (TRADITION)

ក្នុងឯកសារព្រះបន្ទូល (Dei Verbum) ព្រះសហគមន៍កាតូលិកបានបង្ហាញយ៉ាងច្បាស់ពីលក្ខណៈពិសេសនៃការបញ្ជូនបន្តដ៏វិសុទ្ធដោយពន្យល់ថា៖ «ក្រុមគ្រីស្ត​ទូត​បាន​បញ្ជូន​បន្ត នូវ​សេចក្តី​ដែល​អស់​លោក​បាន​ទទួលដោយផ្ទាល់ ហើយដាស់​តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​រក្សា​ទុក​សេចក្តី​ដែល​គេ​ទទួលយកដោយ​ស្តាប់ ឬដោយ​ទទួល​ជា​លាយ​លក្ខណ៍​អក្សរ (២ថស ២,១៥)។ អស់​លោក​ដាស់​តឿន​គ្រីស្ត​បរិស័ទឱ្យ​តយុទ្ធ​ ដើម្បី​ជំនឿដែល​គេ​បាន​ទទួល​ម្តង​ជា​ស្រេច (យដ ៣)។ រីឯ​សេចក្តី​ដែល​គ្រីស្ត​បរិស័ទ​ទទួល​ពី​ក្រុម​គ្រីស្ត​​ទូត​បញ្ជូនបន្តមក មាន​អ្វីៗទាំង​ប៉ុន្មានដែលអាច​ជួយ​ណែ​នាំ​ប្រជារាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ឱ្យ​រស់​នៅ​យ៉ាង​វិសុទ្ធ និង​ដែលអាចជួយ​ពង្រីក​ជំនឿ​របស់​គេ។ ដូច្នេះ ដោយ​ព្រះសហ​គមន៍បង្រៀន​លទ្ធិដោយ​រស់​នៅ​តាម​ជំនឿ និង​ដោយ​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ​ជា​ម្ចាស់ ព្រះ​សហគមន៍​បញ្ជូន​បន្ត​លក្ខណៈសម្បត្តិរបស់ខ្លួន និងអ្វីៗដែលខ្លួនទុកចិត្តឱ្យ​មនុស្ស​គ្រប់ជំនាន់តទៅទៀតផង។» (DV លេខ៨)។

ការបញ្ជូនបន្តដ៏វិសុទ្ធជាការចងចាំ ដែលមានជីវិតរស់រវើកនៅក្នុងព្រះសហគមន៍ ហើយតែងតែប្រតិបត្តិជាដរាបតរៀងមក។ គ្រីស្តទូតប៉ូលផ្ទាល់បានសរសេររៀបរាប់នៅក្នុងលិខិតទី១ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូសថា៖ «រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នូវ​សេចក្ដី ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់» (១ករ ១១,២៣-២៦)។ គ្រីស្តទូតប៉ូលក៏បានសរសេរនៅក្នុងលិខិតទី២ផ្ញើជូនគ្រីស្តបរិស័ទ​ក្រុងថេស្សាឡូនិក ដើម្បីដាស់តឿនគ្រីស្តបរិស័ទឱ្យយកចិត្តទុក​ដាក់ថែរក្សានូវសេច​ក្តីបង្រៀន ដែលក្រុមគ្រីស្តទូតបានបញ្ជូនបន្តមកថា៖ «បង‌ប្អូន​អើយ ចូរ​ស្ថិត​នៅ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង‌ប្អូន ដោយ​​ផ្ទាល់​មាត់​ក្តី ឬ​តាម​សំបុត្រ​ក្តី» (២ថស ២,១៥)។

ពាក្យបញ្ជូនបន្ត (TRADITION) កាលណាគេសរសេរជាភាសាបារាំង ឬអង់គ្លេស (Tradition) ដោយមានអក្សរ (T) ធំជាឯកវចនៈ មានអត្ថន័យដើមតាមភាសាក្រិក  សំដៅលើសេចក្តីប្រកាស និងសេចក្តីបង្រៀនអំពីព្រះយេស៊ូគ្រីស្ត ដែលចេញពីមាត់របស់ក្រុមគ្រីស្តទូតដោយផ្ទាល់។ ព្រះសហគមន៍ដើមដំបូងនិយមប្រើពាក្យនេះ នៅមុនពេលមានការប្រមែប្រមូល និងចងក្រងសំណេរទាំងឡាយនៃគម្ពីរសម្ពន្ធមេត្រីថ្មី ដើម្បីសម្រេចអនុម័តទៅជាគម្ពីរសាសនបញ្ញត្តិ។ ការបញ្ជូនបន្ត (Tradition) នេះមាន​អំណាចមកពីព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ។ សេចក្តី ដែលបានបញ្ជូនបន្តនេះជាបទបញ្ញត្តិគ្រឹះស្តីអំពីគោលលទ្ធិគ្រីស្តសាសនា ដើម្បីបញ្ជាក់ថាជាលទ្ធិជំនឿត្រឹមត្រូវមកពីក្រុមគ្រីស្តទូត។ ចំណេរក្រោយមក ពោលគឺ នៅសតវត្សរ៍ទី២ នៃគ.ស ព្រះសហគមន៍បានរីកសុះសាយនៅតំបន់ជុំវិញសមុទ្រមេឌីទែរ៉ាណេ​បណ្តាលឱ្យមានប្រពៃណីនៃពិធីគោរពប្រណិប័តន៍ផ្សេងៗញ៉ាំងឱ្យគេប្រើពាក្យ ការបញ្ជូនបន្ត ឬប្រពៃណី (traditions) សរសេរអក្សរ (t) តូចជាពហុវចនៈ មានអត្ថន័យសំដៅលើការគោរពប្រណិប័តន៍ទៅតាមប្រពៃណី និងតាមក្បួនពិធីបុណ្យផ្សេងៗ។

ព្រះសហគមន៍នៅតែថែរក្សាការបញ្ជូនបន្តជានិច្ច ទោះបីជាការបញ្ជូនបន្តដោយផ្ទាល់មាត់ក្តី ឬដោយសំណេរក្តី ដើម្បីឱ្យការចងចាំ និងការគោរពប្រណិប័តន៍អាចស្ថិតនៅគង់វង្សបាន។ ម្យ៉ាងវិញទៀត ដើម្បីឱ្យការបញ្ជូនបន្តមានប្រសិទ្ធិភាពបាន លុះត្រាតែមានគំនិតរិះគិតពិចារណាបន្ថែមនូវអ្វីដែលបុព្វបុរសបានរិះគិត និងបានបញ្ជាក់ជាផ្លូវការឱ្យរីកចម្រើន។ បើមិនដូច្នេះទេ សេចក្តីដែលបានបញ្ជូនបន្តប្រឈមនឹងការបាត់បង់ ដោយសារកត្តាបម្រែបម្រួលនៃពេលវេលា និងការភ្លេចភ្លាំង ហើយគ្មានអ្វីអាចថែរក្សានៅក្នុងជីវិតផ្លូវវិញ្ញាណរបស់មនុស្សបានឡើយ។

ហេតុនេះហើយ បានជាព្រះសហគមន៍កាតូលិកទទួលស្គាល់ និង​ទទួលយកទាំងព្រះគម្ពីរ និងទាំងការបញ្ជូនបន្តមានទំនាក់ទំនងគ្នា ហើយមានប្រភពមកពីព្រះបន្ទូលព្រះជាម្ចាស់តែមួយ។

– អាជ្ញានុការីព្រះសហគមន៍ (MAGISTERIUM)

កាលណានិយាយដល់ព្រះគម្ពីរ និងការបញ្ជូនបន្តដ៏វិសុទ្ធ ក៏ត្រូវនិយាយដល់អាជ្ញានុការីព្រះសហគមន៍ (MAGISTERIUM) ផងដែរ។ អាជ្ញានុការីព្រះសហគមន៍ សំដៅលើអស់អ្នកដែលមានសិទ្ធិ និងអំណាចបង្រៀន និងបកស្រាយព្រះគម្ពីរនៅក្នុងព្រះសហគមន៍​។ ជារួមមានលោកអភិបាលដែលសហប្រតិបត្តិការជា​មួយសម្តេចប៉ាប បន្តមុខងារពីក្រុមគ្រីស្តទូតតាំងពីដើមរៀងមក។ ពួកគាត់មានមុខងារបម្រើព្រះបន្ទូល និងគ្មានអំណាចនៅលើព្រះបន្ទូលនោះទេ៖

«ព្រះ​ជាម្ចាស់បាន​ផ្ញើ​បន្ទុក​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​យ៉ាង​ពិត​ប្រាកដ ទោះ​បី​ជា​ព្រះ​បន្ទូលកត់​ត្រា​ទុក​ជាលាយ​លក្ខណ៍​​អក្សរ​ក្តី ឬបញ្ជូន​បន្តមក​ក្តី ឱ្យការណែ​នាំដែលមាន​ជីវិតក្នុង​ព្រះ​សហគមន៍អាច​បក​ស្រាយ​បាន​។ មានតែការណែនាំនោះប៉ុណ្ណោះ ដែលមានអំណាចបកស្រាយ​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រីស្ត។ ប៉ុន្តែ ការណែ​នាំ​នេះគ្មានអំណាចលើព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​​ទេ តែបម្រើ​ព្រះ​បន្ទូល​ទៅ​វិញ។ ការណែនាំក៏​បង្រៀន​តែ​សេចក្តីដែល​គេបាន​ទទួល​ត​មក ហើយស្តាប់​ព្រះ​បន្ទូល​នេះ​ដោយ​ចិត្ត​ស្រឡាញ់តាម​បញ្ជា​របស់ព្រះជា​ម្ចាស់ និងដោយ​មានព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​ឧបត្ថម្ភ​ផង។ ការណែនាំ​ថែរក្សា​ព្រះ​បន្ទូល​យ៉ាង​ល្អ​បំផុត និងពន្យល់​ព្រះបន្ទូលយ៉ាង​ត្រឹម​ត្រូវ ហើយស្រង់យកពី​បញ្ញើនៃជំនឿតែ​មួយ​នេះ នូវ​អ្វីៗ​ទាំង​ប៉ុន្មានដែលក្រុមណែនាំជូនឱ្យគ្រីស្ត​បរិស័ទ​ទុកចិត្ត ទុក​ជា​សេចក្តីដែលព្រះ​ជាម្ចាស់​បាន​សម្តែង​ឱ្យ​មនុស្ស​លោកស្គាល់។» (DV លេខ១០)។

សំណេរព្រះគម្ពីរសម្ពន្ធមេត្រីថ្មី គេបាននិពន្ធឡើង​នៅក្រោយពេលព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ​។ កាលពីដើម នៅមុនពេលមានសំណេរទាំងនោះ គ្រីស្តបរិស័ទបានជួបជុំគ្នា ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​គ្រីស្ដ‌ទូត រួម​រស់​ជា​មួយ​គ្នា​ជា​បង‌ប្អូន ធ្វើ​ពិធី​កាច់​នំបុ័ង និង​ព្យាយាម​អធិ​ដ្ឋាន (កក ២,៤២)។ ព្រះសហគមន៍បានគោរពប្រណិ​ប័តន៍ជាក់ស្តែង ដោយមានការណែនាំពីក្រុមគ្រីស្តទូត ដែលជាអ្នកបង្រៀន និងប្រារព្ធពិធីកាច់នំប៉័ងរួមជាមួយគ្នា។ ដូច្នេះ ព្រះបន្ទូលក៏ឆ្លងមកតាមរយៈអស់លោក ដែលជាអ្នកណែនាំផងដែរ។ ហេតុនេះហើយ បានជាគោលជំហររបស់ព្រះសហគមន៍កាតូលិកផ្តោតលើកត្តាបីយ៉ាង ដែលមានប្រភពមកពីព្រះបន្ទូលតែមួយ ដូចបានបញ្ជាក់នៅក្នុងកថាខណ្ឌចុងក្រោយនៃឯកសារព្រះបន្ទូល (DEI VERBUM) ដដែលថា៖

«ការ​បញ្ជូនបន្ត​ដ៏​វិសុទ្ធ និងព្រះ​គម្ពីរ និង​អាជ្ញានុការី​ព្រះ​សហគមន៍​ជាប់​​ពាក់ព័ន្ធ​គ្នា និង​រួម​គ្នាតាម​ព្រះ​ជាម្ចាស់​ចាត់​ចែង​យ៉ាងឈ្លាសវៃ។ ក្នុង​កត្តាទាំង​បី​នេះ គ្មាន​អ្វីមួយដែល​អាច​ស្ថិត​ស្ថេរដោយ​ឯក​ឯង​បាន​ទេ គឺ​ទាំង​បី​នេះរួម​គ្នា​យ៉ាង​សកម្ម ដើម្បីសង្រ្គោះមនុស្ស​លោកតាម​របៀប​រៀងៗ​ខ្លួន ក្រោម​ការឧបត្ថម្ភ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​តែ​មួយ​ព្រះ​អង្គ។» (DV លេខ១០)។

ឆ្លងតាមរយៈការបកស្រាយខាងលើនេះ យើងអាចសន្និដ្ឋានថា ព្រះបន្ទូលព្រះជាម្ចាស់មិនមែនមាននៅក្នុងព្រះគម្ពីរប៉ុណ្ណោះទេ។ ព្រះបន្ទូលក៏មាននៅក្នុងការបញ្ជូនបន្តដ៏វិសុទ្ធ ដែលព្រះសហគមន៍តែងតែថែរក្សា និងគោរពប្រណិប័តន៍ដរាបរៀងមក ហើយព្រះបន្ទូលក៏មាននៅក្នុងអាជ្ញានុការីព្រះសហគមន៍ ដែលមានបន្ទុកបម្រើព្រះបន្ទូល ក្រោមការបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ហេតុនេះហើយ បានជាទាំងព្រះគម្ពីរ និងការបញ្ជូនបន្ត ព្រមទាំងអាជ្ញានុការីព្រះសហគមន៍ចាំបាច់ត្រូវរួមបញ្ចូលគ្នា ដោយមិនអាចញែកចេញពីគ្នា ឬមិនអាចខ្វះមួយណាបានឡើយ។


ជំពូក ៣
អំណានព្រះបន្ទូល

ដូចយើងបានដឹងហើយថា ព្រះគម្ពីរជាសៀវភៅ ឬជាសំណេរមានន័យសំដៅលើព្រះគម្ពីរជាឧបករណ៍ ដែលមានប្រយោជន៍បម្រើដល់ការអាន ពោលគឺសម្រាប់អាន មិនមែនដើម្បីដាក់តាំងទុកមើលនៅលើធ្នើរ ឬទុកចោលនៅក្នុងថតទូរនោះទេ។ យើងក៏បានស្វែងយល់ផងដែរអំពីព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺសំដៅលើព្រះគម្ពីរមានផ្ទុកព្រះបន្ទូល និងធ្វើឱ្យព្រះបន្ទូលនេះលាន់ឮឡើងតាមរយៈអត្ថបទព្រះគម្ពីរ។ ហេតុនេះ ការអានអត្ថបទព្រះគម្ពីរ មិនត្រូវអានតាមរបៀបដូចការអានសៀវភៅទាំងឡាយដូចជា សៀវភៅប្រលោម​លោក សៀវភៅប្រវត្តិ​សាស្រ្ត ឬសៀវភៅវិទ្យាសាស្រ្តនោះឡើយ។ បើមិនដូច្នោះទេ ព្រះគម្ពីរផ្តល់ប្រយោជន៍ និងមានអត្ថន័យត្រឹមតែប្រាជ្ញា ហើយមិនទាក់ទងអ្វីជាមួយនឹងជំនឿឡើយ។ ការអានព្រះគម្ពីរទាមទារឱ្យចេះអធិដ្ឋាន ដើម្បីអង្វរព្រះវិញ្ញាណបំភ្លឺឱ្យយល់អត្ថន័យនៃព្រះបន្ទូល។ ជាក់ស្តែង ការអាន និងការស្វែងយល់ព្រះបន្ទូលនៅក្នុងព្រះគម្ពីរជួបការលំបាកប្រសិនបើគ្មានការពន្យល់ណែនាំ។ ឧទាហរណ៍ ដូចការជជែកគ្នារវាងលោកភីលីព និង​មន្ត្រី​អេត្យូ‌ពីម្នាក់ក្នុងអត្ថបទព្រះគម្ពីរកិច្ចការគ្រីស្តទូត (កក ៨,​២៦​-៤០) ជាភស្តុតាងឆ្លុះបញ្ចាំងពីចម្ងល់នៃការអានអត្ថបទព្រះគម្ពីរ។ ដូច្នេះ គប្បីមានការអប់រំតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីជៀសវាងការយល់ច្រឡំ និងការបកស្រាយអត្ថន័យអត្ថបទព្រះគម្ពីរមិនត្រឹមត្រូវទៅតាមការយល់ឃើញរបស់មនុស្សម្នាក់ៗ។

ព្រះសហគមន៍កាតូលិក ចាប់តាំងពីអង្គមហាសន្និបាតវ៉ាទីកង់ទី២ បានផ្តោតលើការអានព្រះគម្ពីរយ៉ាងខ្លាំង ដោយផ្តែផ្តាំឱ្យ​អស់អ្នក ដែលបំពេញមុខងារនៅក្នុងព្រះសហគមន៍ មានអស់​លោកបូជាចារ្យ ព្រមទាំងអស់លោកឧបដ្ឋាក និងអ្នកអប់រំជំនឿត្រូវភ្ជាប់ចិត្តនឹងព្រះគម្ពីរ ព្យាយាមអាន និងសិក្សាព្រះគម្ពីរយ៉ាងជ្រាលជ្រៅ ស្វែងរកអត្ថន័យតាមព្រះវិញ្ញាណ ដើម្បីកុំឱ្យនរណាម្នាក់ក្លាយទៅជា “អ្នកប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែបបូរមាត់ខាងក្រៅប៉ុណ្ណោះ តែមិនស្តាប់ព្រះបន្ទូលនេះខាងក្នុងចិត្តគេទេ” (DV លេខ២៥)។ ហេតុនេះ វិធីសាស្រ្ត៧ដំណាក់កាលនៃការអានព្រះគម្ពីរ និងការណែនាំពីលក្ខណៈនៃការចែករំលែកព្រះបន្ទូលនៅក្នុងក្រុម ព្រមទាំងវិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ ដែលលើកយកមកបង្ហាញនៅក្នុងជំពូកនេះពិតជាមានសារសំខាន់យ៉ាងខ្លាំង សម្រាប់ជួយឱ្យអ្នកអានអត្ថបទព្រះគម្ពីរមានបទពិសោធន៍ពីព្រះបន្ទូល ដើម្បីពង្រឹងជំនឿ និងបំភ្លឺនៅក្នុងដំណើរជីវិតរបស់ខ្លួន។

៣.១ ការអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូល

ការអានព្រះគម្ពីរត្រូវអានដោយយកចិត្តទុក​ដាក់ដោយស្មឹងស្មាធិ៍ និងដោយរិះគិត ដើម្បីយល់អត្ថន័យនៃព្រះបន្ទូល។ ទោះបីការអានដោយស្ងៀមស្ងាត់តែម្នាក់ឯង ឬការអានដោយចែករំលែកក្នុងក្រុមជាដើម។ ម្យ៉ាងទៀត ដើម្បីឱ្យការអានអត្ថបទព្រះគម្ពីរទទួលបានលទ្ធផលល្អ ត្រូវចេះអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ដូចពាក្យអធិដ្ឋានរបស់ព្យាការីសាម៉ូអែលថា សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំជា​អ្នក​បម្រើ រង់‌ចាំ​ស្ដាប់​ព្រះ‌អង្គ​ហើយ (១សម ៣,១០)។ រួចហើយ យើងថ្វាយពាក្យអង្វរដោយ​ទុកចិត្តរបស់យើងលើព្រះអង្គ ដូចពាក្យទូលថ្វាយរបស់ព្រះនាងម៉ារីថា សូម​ឱ្យ​បាន​សម្រេច​តាម​ព្រះបន្ទូល​ចុះ! (លក ១,៤៨)។ មិនតែប៉ុណ្ណោះ តាមគំរូរបស់ព្រះនាងម៉ារីនៅក្នុងព្រះគម្ពីរដំណឹងល្អជួយឱ្យយើងយល់ពីរបៀបនៃការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងស៊ីជម្រៅ។ ព្រះនាងចងចាំហេតុការណ៍នៅក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង (លក ២,១៩)។ ព្រះនាង​ម៉ារីជាអ្នកដែលមានសុភមង្គលដ៏ពិតប្រាកដ ដ្បិតព្រះនាងបានទទួល និងអនុញ្ញាតឱ្យព្រះបន្ទូលចាប់កំណើតក្នុងផ្ទៃរបស់ព្រះនាង ព្រមទាំងថែរក្សាព្រះបន្ទូលឱ្យចម្រើនវ័យរហូតដល់ប្រសូតជារូបរាង។ ព្រះនាងម៉ារីជាគំរូដ៏ប្រពៃសម្រាប់អស់អ្នក ដែលផ្ញើជីវិតលើព្រះបន្ទូលព្រះជាម្ចាស់។

ព្រះជាម្ចាស់តែងមានព្រះបន្ទូលមកកាន់មនុស្សម្នាក់ៗតាមរបៀបផ្សេងៗជាច្រើន នៅក្នុងព្រឹត្តិការណ៍នៃជីវិតរបស់គេ។ ប៉ុន្តែ ពេលខ្លះគេមិនចាប់អារម្មណ៍ មិនយកចិត្តទុកដាក់ ឬគ្មានជំនឿជាដើម។ ដោយឡែក ព្រះគម្ពីរជាមធ្យោបាយមួយពិសេស ដើម្បីផ្តល់ឱ្យព្រះបន្ទូលព្រះជាម្ចាស់លាន់ឮឡើង នៅក្នុងចិត្តអ្នកអានសំណេរដ៏វិសុទ្ធនេះ។ ប្រសិនបើអ្នកអានមានបទពិសោធន៍ពីការអានអត្ថបទព្រះគម្ពីរ គេនឹងយល់អំពីព្រះបន្ទូល ទោះបីការអានតែម្នាក់ឯង ឬអាននៅក្នុងក្រុមចែករំលែកព្រះបន្ទូលក្តី។ ព្រះគម្ពីរជាមធ្យោ​បាយមួយដ៏ប្រសើរ សម្រាប់ការសន្ទនារវាងមនុស្ស និងព្រះជាម្ចាស់ ដូចពាក្យដាស់តឿនរបស់សន្តអាំប្រូស នៅទីក្រុងមីឡាន (៣៣៧-៣៩៧ នៃគ.ស) ថ្លែងថា៖ «ត្រូវអានព្រះគម្ពីរផង និងអធិដ្ឋានផង ដ្បិតកាលណាយើងអធិដ្ឋាន យើងទូលអង្វរព្រះជាម្ចាស់ ហើយកាលណាយើងអានព្រះគម្ពីរ យើងស្តាប់ព្រះបន្ទូលព្រះអង្គវិញ»។ រីឯសម្តេចប៉ាបហ្រ្វង់ស៊ីស្កូក៏បានផ្តល់សក្ខីភាពអំពីការអានព្រះគម្ពីរដោយទូន្មានថា៖ «ពេលអានព្រះគម្ពីរ ចូរកុំឱ្យព្រះបន្ទូលព្រះជាម្ចាស់រំលងផុតទៅឱ្យសោះ! ត្រូវសួរថា តើព្រះបន្ទូលនេះនិយាយអ្វីមកកាន់ដួងចិត្តរបស់ខ្ញុំ? តើព្រះជាម្ចាស់មានព្រះបន្ទូលអ្វីមកខ្ញុំតាមរយៈពាក្យពេន៍ទាំងអស់នេះ។ តើខ្ញុំត្រូវធ្វើអ្វីដើម្បីឆ្លើយតប? មានតែធ្វើតាមរបៀបទាំងអស់នេះ ទើបឫទ្ធានុភាពរបស់ព្រះបន្ទូលអាចមានឥទ្ធិពលមកលើយើង។ ធ្វើដូច្នេះ ជីវិតយើងអាចផ្លាស់ប្រែប្រសើរឡើង និងមានសម្រស់កាន់តែស្រស់ស្អាតខ្លាំងឡើង»។

ក្នុងអភិបូជាជាពេលដែលគ្រីស្តបរិស័ទរួមគ្នាអានព្រះគម្ពីរ និងស្តាប់ព្រះបន្ទូលយ៉ាងឱឡារិកបំផុត។ អភិបូជាគឺជាការប្រណិ​ប័តន៍តាមប្រពៃណីរបស់ព្រះសហគមន៍ ដែលតែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីដើមរៀងមក។ អភិបូជាបែងចែកជាពីរភាគសំខាន់ៗ៖ ទី១គឺ ពិធីលើកតម្កើងព្រះបន្ទូលដោយអានអត្ថបទព្រះគម្ពីរ ដូចជាអត្ថបទទី១ និងទី២ ព្រមទាំងស្មូត្រទំនុកតម្កើង និងស្តាប់អត្ថបទព្រះគម្ពីរដំណឹងល្អ។ និងទី២គឺ ពិធីអរព្រះគុណដ៏វិសុទ្ធជាសក្ការបូជានៃព្រះបន្ទូល ដែលប្រសូតជាមនុស្ស គឺព្រះកាយព្រះគ្រីស្ត ដែលព្រះគម្ពីរទាំងមូលថ្លែងពីព្រះអង្គ។ ជាពិសេស អត្ថប្រ​យោជន៍នៃការអានព្រះគម្ពីរនៅក្នុងអភិបូជា មានធម្មទេសនារបស់លោកបូជាចារ្យជួយបំភ្លឺឱ្យគ្រីស្តបរិស័ទយល់ពីអត្ថន័យនៃអត្ថបទព្រះគម្ពីរតាមពិធីបុណ្យប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍នីមួយៗកាន់តែស៊ីជម្រៅបន្ថែមទៀត។

ទោះបីយ៉ាងណា ការអានអត្ថបទព្រះគម្ពីរនៅក្នុងអភិបូជាមិនទាន់គ្រប់គ្រាន់នោះទេ។ ការអានព្រះគម្ពីរនៅមានរបៀបផ្សេងៗ និងប្លែកៗគ្នាជាច្រើនទៀត។ ក្នុងប្រវត្តិសាស្រ្តព្រះសហគមន៍កាតូលិកនាមជ្ឈិមសម័យ ការអានព្រះគម្ពីរមានពីររបៀបសំខាន់ៗគឺ ការអានបែប លេចស៊ីអូឌីវីណា (Lectio Divina) ជាការអានបែបអធិដ្ឋាន ដោយទាក់ទងនឹងជំនឿ និងការអានបែប លេចស៊ីអូស្កូឡាស្ទីកា (Lectio Scholastica) ជាការអានបែបសិក្សាផ្តោតលើចំណេះដឹង​។ សព្វថ្ងៃ ការអានព្រះគម្ពីរតម្រូវឱ្យមានទាំងពីររបៀបនេះ ដើម្បីពង្រឹងទាំងជំនឿផង និងបង្កើនទាំងប្រាជ្ញាឱ្យចម្រើនឡើងផង។ ប៉ុន្តែ ការអានព្រះគម្ពីរទាំងពីររបៀបទាមទារឱ្យចេះអធិដ្ឋាន ដើម្បីសូមព្រះវិញ្ញាណបំភ្លឺឱ្យយល់អត្ថន័យនៃព្រះបន្ទូល។ ដ្បិតកាលណាយើងអានព្រះគម្ពីរ និងអធិដ្ឋាន យើងទទួលព្រះបន្ទូលព្រះជាម្ចាស់ តាមរយៈសំណេរនៃអត្ថបទព្រះគម្ពីរ ដែលធ្វើឱ្យព្រះបន្ទូលលាន់ឮឡើង។

បច្ចុប្បន្ន ព្រះសហគមន៍កាតូលិកទូទាំងពិភពលោកយកចិត្តទុក​ដាក់ជំរុញឱ្យគ្រីស្តបរិស័ទសិក្សា និងអានអត្ថបទព្រះគម្ពីរជាក្រុមតូច​ៗនៅតាមព្រះសហគមន៍ នៅតាមសហគមន៍ និងនៅតាមសាលារៀនជាដើម។ លទ្ធផលឆ្លងតាមរយៈការអានអត្ថបទព្រះគម្ពីរជាទៀងទាត់នៅក្នុងក្រុម នាំមកនូវទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានឹងគ្នានៅក្នុងក្រុម ថែមទាំងជួយឱ្យគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្មនៅក្នុងពិធីបុណ្យ និងក្នុងអគ្គសញ្ញារបស់ព្រះសហគមន៍។ ហេតុនេះហើយ បានជាព្រះគម្ពីរមានសារសំខាន់ដើម្បី​កសាងសហគមន៍គ្រីស្តបរិស័ទ។

៣.២ វិធីសាស្រ្តអាន និងចែករំលែកព្រះគម្ពីរ

វិធីសាស្រ្តអានព្រះគម្ពីរមានច្រើនរបៀប។ ប៉ុន្តែ របៀបអាន និងចែករំលែកព្រះគម្ពីរដែលងាយស្រួល និងពេញនិយមគឺលេចស៊ីអូឌីវីណា (Lectio Divina) ជាអំណាន ដែលជួយឱ្យយើងយល់អត្ថន័យនៃអត្ថបទព្រះគម្ពីរ ដើម្បីបំភ្លឺជីវិតយើង និងដើម្បីផ្តល់ភាពងាយស្រួលដល់ការចែករំលែកព្រះបន្ទូលរវាងគ្នានិងគ្នាទៅវិញទៅមកនៅក្នុងក្រុម។

មុននឹងចូលដល់វិធីសាស្រ្តអានព្រះគម្ពីរ៧ដំណាក់កាលខាងក្រោម ដំបូងយើងគប្បីអនុវត្តតាមចំនុច៣សំខាន់។ ចំនុចទី១ សូមបង្កើតបរិយាកាសក្នុងការអាន និងចែកព្រះបន្ទូល ដោយច្រៀងចម្រៀង និងអធិដ្ឋានអង្វរព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺ ដោយមានពាក្យអង្វររបស់ព្យាការីសាមូអែលថា៖ «បពិត្រព្រះអម្ចាស់ សូម​មាន​ព្រះ‌បន្ទូល​មក​ចុះ ទូល‌បង្គំជា​អ្នក​បម្រើរង់‌ចាំ​ស្ដាប់​ព្រះ‌អង្គ​ហើយ»

ចំនុចទី២ គឺចាប់ផ្តើមដំណើរការអាន និងចែករំលែកតាមដំណាក់​កាលខាងក្រោម ព្រមទាំងយកចិត្តទុកដាក់លើលក្ខណៈនៃការចែករំលែកយោបល់(ប្រសិនបើចែកព្រះបន្ទូលក្នុងក្រុមរួមគ្នា)។

និងចំនុចទី៣ចុងក្រោយ គឺអធិដ្ឋានបញ្ចប់ ដោយមានពាក្យអរព្រះគុណ និងពាក្យទូលអង្វររបស់ព្រះនាងម៉ារីថា «សូមឱ្យបានសម្រេចតាមព្រះបន្ទូលចុះ!»។ ការអនុវត្តតាមរបៀបទាំងបីចំនុច​នេះនឹងជួយឱ្យយើងចេះរៀបចំចិត្តគំនិត ដើម្បីទទួលព្រះបន្ទូល ប្រៀបដូចកសិករ ដែលរៀបចំដីបានស្អាតត្រៀមទទួលគ្រាប់ពូជ ដើម្បីបង្កើតផលផ្លែបានល្អ។

– វិធីសាស្រ្តអានព្រះគម្ពីរ៧ដំណាក់កាល
  1. អានអត្ថបទព្រះគម្ពីរ ដែលដកស្រង់រួមគ្នាពីរដងឱ្យបានឮដោយចែកខគ្នាអានតៗគ្នាពីដើមរហូតដល់ចប់។
  2. ចូរអានអត្ថបទរៀងៗខ្លួនតែម្នាក់ឯង ដោយស្ងៀមស្ងាត់ ដោយពិនិត្យពិច័យ ដោយវែកញែក និងដោយនឹកសញ្ជឹងគិត ដើម្បីយល់ចំនុចសំខាន់ថា តើអត្ថបទមានលក្ខណៈយ៉ាងដូចម្តេច និងនិយាយអំពីអ្វី?
  3. ចូររកមើលអំពីកាល ដែលមានចែងក្នុងអត្ថបទព្រះគម្ពីរ តើនៅពេលវេលាណា? កាលអាចកើតមាននៅពេលយប់ នៅពេលព្រឹក នៅថ្ងៃណាមួយជាក់លាក់ នៅក្នុងពេលបុណ្យ នៅពេលនេះ នៅពេលនោះ នៅគ្រានេះ នៅគ្រានោះ ក្រោយមក រំពេចនោះ។ល។ ចូរគូសបន្ទាត់ពីខាងក្រោមពាក្យទាំងឡាយណាដែលបញ្ជក់ពីពេលវេលានីមួយៗ។
  4. ចូររកមើលអំពីអាកាស ដែលមានចែងក្នុងអត្ថបទព្រះគម្ពីរ តើនៅទីកន្លែងណា? អាកាសអាចកើតមានឡើងដូចជានៅតាមផ្លូវ នៅមាត់សមុទ្រ នៅក្នុងទីក្រុង នៅក្នុងភូមិ នៅក្នុងព្រះវិហារ នៅក្នុងសាលាប្រជុំ នៅក្នុងផ្ទះ នៅលើទឹក នៅលើទូក នៅក្នុងចិត្តគំនិតជាដើម។ ចូរគូសរង្វង់មូលជុំវិញពាក្យទាំងឡាយណាដែលបញ្ជាក់ពីទីកន្លែងនីមួយៗ។
  5. ចូររកមើលតួអង្គដែលមានចែងក្នុងអត្ថបទព្រះគម្ពីរមានប៉ុន្មានអ្នក និងមាននរណាខ្លះ។ ចូរគូសជ្រុងជុំវិញពាក្យទាំងឡាយណា ដែលបញ្ជាក់ពីតួអង្គនីមួយ។ ចូរវិភាគលើតួអង្គនីមួយៗ៖
    ក. រកឈ្មោះរបស់តួអង្គនីមួយៗ។
    ខ. ចូរពិនិត្យលើសភាពលក្ខណៈរបស់តួអង្គនីមួយៗ (ខ្វាក់ ខ្វិនខ្វង់ គ ថ្លង់ ទាប តឿ តួនាទី ឬមុខងារ និងចរិត​ជាដើម)។
    គ. ចូរពិនិត្យលើសកម្មភាពរបស់តួអង្គនីមួយៗ សំដៅលើព្រះបន្ទូល ឬពាក្យសម្តី ចិត្តគំនិត អារម្មណ៍ និងកាយវិការជាដើម។ តើតួអង្គមានការប្រែប្រួលខុសគ្នាពីមុន និងពេលក្រោយយ៉ាងដូចម្តេច?
  6. ចូរពិនិត្យមើលអត្ថបទឱ្យបានល្អិតល្អន់ ដើម្បីដឹងថាមាន​ប៉ុន្មានវគ្គ? វគ្គនីមួយ​ៗចាប់ផ្តើមពី ខណាដល់ខណា? ដើម្បីដឹងថាមានប៉ុន្មានវគ្គ ត្រូវពិនិត្យមើលឱ្យបានហ្មត់​ចត់ទៅលើការផ្លាស់ប្តូរនៃពេលវេលា និងទីកន្លែង ឬការប្រែប្រួលរបស់តួអង្គនៅក្នុងអត្ថបទ។ តើក្នុងវគ្គនីមួយៗមានប៉ុន្មានឈុត? ការបែងចែកវគ្គ និងឈុតនៅក្នុងអត្ថបទ នឹងជួយយើងឱ្យរកមើលឃើញអត្ថន័យសំខាន់នៅក្នុងវគ្គនីមួយៗ ហើយផ្តល់នូវភាពងាយស្រួលដល់ការបកស្រាយអត្ថន័យទៅតាមវគ្គនីមួយៗនៃអត្ថបទ។
  7. សូមស្វែងយល់អំពីអត្ថន័យដ៏សំខាន់នៃអត្ថបទទាំង​មូល ដោយពិនិត្យមើលបញ្ហា និងដំណោះស្រាយដែលកើតមានឡើងយ៉ាងដូចម្តេច? រួចហើយធ្វើសេចក្តីសន្និដ្ឋានអំពីអត្ថន័យ និងសារសំខាន់នៃអត្ថបទ តើព្រះបន្ទូលក្នុងអត្ថបទនេះជួយបំភ្លឺជីវិតយើងម្នាក់ៗយ៉ាងដូចម្តេច?
– លក្ខណៈនៃការចែកព្រះបន្ទូល

ការចែករំលែកបទពិសោធន៍ជីវិតទាក់ទងនឹងជំនឿជាការបំពេញ និងកសាងគ្នាទៅវិញទៅមកឱ្យរីកចម្រើនឡើង។ ដើម្បីឱ្យការចែករំលែកទទួលបានលទ្ធផលជាទីគាប់ចិត្ត សមាជិកទាំងអស់គប្បីមានឥរិយាបថសមរម្យក្នុងការចែករំលែកជាមួយគ្នានៅក្នុងក្រុមដូចជា៖

  • សូមទទួលស្គាល់គ្នាទៅវិញទៅមក៖ ការចែករំលែកដែលនាំមកនូវផ្លែផ្កា គឺការទទួលស្គាល់ថា សមាជិកម្នាក់ៗនៅក្នុងក្រុមមានលក្ខណៈពិសេស និងមានប្រវត្តិសាស្រ្តផ្ទាល់ខ្លួនដោយឡែកៗ ពីព្រោះជីវិតមនុស្សម្នាក់ៗជាអំណោយទានមកពីព្រះជាម្ចាស់។ ហេតុនេះ បុគ្គលម្នាក់ៗមានបទពិសោធន៍ដ៏សំខាន់នៃជំនឿ ដែលផ្សារភ្ជាប់នឹងជីវិតរបស់ខ្លួនដើម្បីចែករំលែក។ ទោះបីបទពិសោធន៍របស់ខ្លួនម្នាក់ៗមានតិច ឬច្រើនក្តីសុទ្ធតែមានសារសំខាន់យ៉ាងខ្លាំង។
  • សូមគោរពគ្នាទៅវិញទៅមក៖ ការគោរពស្តែងចេញដោយការយកចិត្តទុកដាក់ស្តាប់គ្នាទៅវិញទៅមកនៅក្នុងពេលចែករំលែកក្នុងក្រុម និងផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមកបានចែករំលែករួមគ្នា។ ការស្តាប់ជាបុគ្គលិកលក្ខណៈដ៏សំខាន់របស់មនុស្សម្នាក់ៗដែលចង់ស្វែងយល់ និងចង់ទទួលពីអ្នកដទៃ ដើម្បីបំពេញនូវអ្វីដែលខ្លួនខ្វះខាត។ គប្បីជៀសវាងកុំវិនិច្ឆ័យគ្នាឡើយ តែត្រូវផ្តោតលើព្រះបន្ទូលដែលជួយលើកទឹកចិត្ត និងជួយបំភ្លឺនៅក្នុងបទពិសោធន៍របស់មនុស្សម្នាក់ៗ។ សូមរក្សាក្រមសីលធម៌ដោយជៀសវាងកុំនិយាយបរិហារគ្នានៅខាងក្រៅក្រុមចែករំលែក ដែលបង្ករឱ្យកើតមានរឿងអាស្រូវ។ ការគោរពដ៏សំខាន់ គឺរក្សាភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកនៅក្នុងចិត្តម្នាក់ៗ។
  • សូមបើកដួងចិត្ត៖ ការបើកដួងចិត្តសំដៅលើឆន្ទៈ ដែលចង់ចែករំលែកនូវបទពិសោធន៍ ដែលបុគ្គលម្នាក់ៗមាននៅក្នុងដំណើរជីវិតក្រោមការបំភ្លឺពីព្រះបន្ទូល និងអំពីបទពិសោធន៍នៃការអានព្រះគម្ពីរ ដែលមានអត្ថន័យដល់ជីវិតរបស់ខ្លួន។ ការចែករំលែកប្រកប​ដោយឆន្ទៈឆ្លុះបញ្ចាំងពីទឹកចិត្តរបស់មនុស្សម្នាក់ៗ ដែលចង់ផ្តល់ឱ្យអ្នកដទៃនូវបទពិសោធន៍ដែលខ្លួនមាន ដើម្បីសាងគ្នាទៅវិញទៅមក។
  • សូមកត់ចំណាំ៖ ថែរក្សាអត្ថន័យដ៏សំខាន់នូវអ្វី ដែលយើងបានស្វែងយល់ក្នុងក្រុមរួមជាមួយគ្នានេះ។ ពីព្រោះព្រះវិញ្ញាណបំភ្លឺយើងឱ្យយល់អត្ថន័យបន្ថែមអំពីអ្វី ដែលយើងបានរិះគិត និងចែករំលែក នៅក្នុងដំណើរជីវិតរបស់យើងឱ្យកាន់តែស៊ីជម្រៅឡើងថែមទៀត​។

៣.៣ វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរ

វិធីសាស្រ្តអត្ថាធិប្បាយអត្ថបទព្រះគម្ពីរមានសារសំខាន់ ជួយយើងឱ្យរកឃើញអត្ថន័យស៊ីជម្រៅនៃព្រះបន្ទូល ដែលមាននៅក្នុងអត្ថបទព្រះគម្ពីរ។ អ្នកអាន និងអត្ថាធិប្បាយអត្ថបទព្រះគម្ពីរគប្បីយកចិត្តទុកដាក់ផ្តោតលើអត្ថបទទាំងស្រុង ហើយជៀសវាងកុំបញ្ចេញបញ្ចូលបន្ថែមលើសពីអ្វី ដែលមាននៅក្នុងអត្ថបទ ពីព្រោះគ្រប់អត្ថបទព្រះគម្ពីរសុទ្ធតែមានអត្ថន័យគ្រប់គ្រាន់។ ការចាំបាច់គឺត្រូវរកគន្លឹះក្នុងការឆ្លុះបញ្ចាំងឱ្យឃើញពីខ្លឹមសារដ៏សំខាន់ និងពីគោលបំណងនៃអត្ថបទ ដែលអ្នកនិពន្ធចង់ចង្អុលបង្ហាញជំនឿលើព្រះបន្ទូលព្រះជាម្ចាស់ ដូចសេចក្តីបង្រៀននៅក្នុងឯកសារព្រះបន្ទូល (DV លេខ១២) នៅខាងក្រោមនេះ៖

«ក្នុង​ព្រះ​គម្ពីរ​ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​ព្រះ​បន្ទូល​តាម​រយៈមនុស្ស និងបានប្រើពាក្យសម្តីរបស់មនុស្ស។ ហេតុនេះ អ្នក​បកស្រាយព្រះ​គម្ពីរ​ត្រូវ​ស្វែង​រក​ដោយ​ពិនិត្យ​ពិច័យ នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ទាំង​នោះ​មាន​បំណង​និយាយ​ប្រាប់ និង​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ហឫទ័យ​សម្តែងតាម​រយៈ​ពាក្យ​របស់​គេ។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​នឹង​ដឹងច្បាស់​នូវ​សេចក្តី​ដែល​ព្រះ​ជា​ម្ចាស់​ផ្ទាល់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​ឱ្យ​យើង​ស្គាល់នោះ។

ក្នុង​គោល​បំណង​ចង់​ស្គាល់​គំនិត​របស់​អ្នក​និពន្ធ អ្នក​បក​ស្រាយ​ត្រូវ​ចាប់​អារម្មណ៍​នឹង​ប្រការ​ផ្សេងៗមាន “របៀប​និពន្ធ” ឬ “រចនាបទអក្សរសិល្ប៍” ជា​ដើម។ អស់​លោក​បង្ហាញ​សេចក្តី​ពិត​តាម​របៀប​ផ្សេងៗ​ពី​គ្នា ក្នុងអត្ថបទ​រៀប​រាប់​អំពី​ប្រវត្តិសាស្ត្រ ក្នុងសេចក្តី​ប្រកាស​របស់​ព្យា​ការី ក្នុង​ពាក្យ​កាព្យ ឬ​ក្នុង​អត្ថបទ​និពន្ធ​តាម​របៀប​ផ្សេងៗ​ទៀត។ ហេតុ​នេះ​ហើយ អ្នក​បកស្រាយ​ត្រូវ​ស្វះស្វែង​រក​សេចក្តី​ដែល​អ្នក​និពន្ធ​ចង់​ប្រាប់ និង​បាន​ប្រាប់ហើយ តាម​កាលៈទេសៈ តាម​សភាព​ការណ៍​នៃសម័យ​របស់​គាត់រស់នៅ តាម​អារ្យធម៌ និង​តាម​វប្បធម៌​របស់​គាត់ ព្រម​ទាំង​តាម​របៀបនិពន្ធ​ ដែល​អ្នក​ស្រុក​ធ្លាប់​ប្រើ​នៅជំនាន់​នោះ។ អ្នក​បក​ស្រាយ​ត្រូវ​យល់​យ៉ាង​ច្បាស់ ​អំពី​របៀប​ដែលអ្នក​ស្រុក​តែងគិត​គូរ​ជា​ទូទៅ​អំពី​ជីវិត អំពីរបៀប​ដែល​គេ​ធ្លាប់​និយាយ ឬ​ការតំណាលរឿង​ក្នុង​សម័យ​អ្នក​និពន្ធ​នោះ ព្រម​ទាំង​អំពី​របៀប​ដែល​មនុស្ស​រស់​នៅតាម​កន្លែង​ផ្សេងៗនៅ​សម័យ​នោះធ្លាប់​ប្រើ​ក្នុង​ការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក។ ធ្វើ​ដូច្នេះ អ្នក​បក​ស្រាយ​អាច​រក​ឃើញ​នូវ​សេចក្តី​ដែល​អ្នក​និពន្ធ​ដ៏សក្ការៈមានបំណងចង់ប្រាប់ ដោយ​ចែង​កណ្ឌជា​លាយ​លក្ខណ៍​អក្សរ។

ដោយព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ​ឱ្យ​ចែង​ជា​លាយ​លក្ខណ៍​អក្សរ ត្រូវអាន និងបកស្រាយព្រះ​គម្ពីរ​ក្រោម​ពន្លឺនៃព្រះវិញ្ញាណដែរ។ ត្រូវ​ចាប់​អារម្មណ៍យ៉ាងខ្លាំង ចំពោះសេចក្តីទាំងអស់​ដែលមាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ហើយដែលសម្តែងសេចក្តីពិតដដែលដូចគ្នាដែរ។ ត្រូវចាប់អារម្មណ៍​អំពីការបញ្ជូនបន្ត​ដ៏រស់រវើកនៃ​ព្រះសហគមន៍​ទាំងមូល និង​អំពី​លក្ខណៈ​ប្រៀប​ធៀប​នៃ​ជំនឿ​ផង។ ធ្វើ​ដូច្នេះ ទើប​អ្នក​បក​ស្រាយរក​អត្ថន័យ​ដ៏​ពិត​ប្រាកដ​នៃ​ព្រះ​គម្ពីរ​ឃើញ។ អ្នក​វិភាគគម្ពីរមានភារកិច្ចខិត​ខំ​ពិនិត្យពិច័យ និង​ពន្យល់អត្ថន័យ​នៃ​ព្រះ​គម្ពីរ​ឱ្យ​កាន់​តែ​ជ្រៅ​ទៅៗ តាម​គោល​ការណ៍ទាំង​នោះ ដើម្បី​ឱ្យ​ព្រះ​សហគមន៍​មាន​យោបល់​​កាន់​តែ​ល្អ​ប្រសើរ​ឡើងៗ។ ដោយ​ការ​សិក្សា​របស់​ខ្លួន អ្នកវិភាគទាំងនោះដូច​ជា​រៀប​ចំ​ផ្លូវ​ឱ្យ​ព្រះសហគមន៍អាចកំណត់អត្ថន័យ​ឱ្យកាន់តែច្បាស់​ឡើង​បាន។ អ្វីៗ​ទាំង​អស់​ដែល​មាន​ទាក់​ទិន​នឹង​របៀប​បក​ស្រាយ​ព្រះ​គម្ពីរ គឺស្ថិត​នៅ​លើ​ព្រះ​សហគមន៍ដែល​ត្រូវ​រិះគិត​ពិចារណា​ដោះស្រាយ ព្រោះព្រះសហគមន៍ទទួល​មុខងារបម្រើពី​ព្រះ​ជា​ម្ចាស់មក និងក្នុងនាមព្រះអង្គ ពោល​គឺ ​រក្សា​ទុក និង​បក​ស្រាយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់»

ខាងក្រោមនេះមានសេចក្តីអត្ថាធិប្បាយអត្ថបទព្រះគម្ពីរមួយចំនួនដើម្បីធ្វើជាគំរូ និងជាជំនួយសម្រាប់ការអាន និងបកស្រាយអត្ថបទព្រះគម្ពីរស្របតាមវិធីសាស្រ្ត៧ដំណាក់កាលខាងលើ។ សូមចុចជ្រើសរើសអត្ថបទនីមួយៗនៅខាងក្រោម៖


សេចក្តីសន្និដ្ឋាន

កម្មវិធី “អំណានព្រះបន្ទូល” ដែលយើងបានសិក្សានេះ ពិតជានាំយើងឱ្យយល់យ៉ាងច្បាស់៖

  • អំពីមូលដ្ឋាននៃព្រះគម្ពីរគ្រីស្តសាសនា
  • អំពីទំនាក់ទំនងរវាងព្រះគម្ពីរ និងព្រះបន្ទូល
  • ព្រមទាំងផ្តល់ឱ្យយើងមានបទពិសោធន៍អំពីអំណាននៃព្រះបន្ទូល ដែលយើងហៅថា តាមភាសាឡាតាំងថា Lectio Divina។

ដូចយើងបានដឹងហើយថា សេចក្តីសំខាន់នៅក្នុងជំនឿគ្រីស្តសាសនា គឺមិនមែនជាសាសនានៃព្រះគម្ពីរ តែជាសាសនានៃព្រះបន្ទូលប្រសូតជាមនុស្ស ពោលគឺ ព្រះជាម្ចាស់យកភាវៈជាមនុស្សរួមជាមួយយើងដោយមានកំណើតនៅក្នុងកាល និងអាកាស ព្រមទាំងមានប្រវត្តិសាស្រ្តជាក់ស្តែង។ ព្រះបន្ទូលមិនមែនជាមេរៀន «ដ្បិតព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ជាព្រះ‌បន្ទូល​ដ៏មានជីវិត និងមានមហិទ្ធិ‌ឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះ‌បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះ‌បន្ទូលវិនិ​ច្ឆ័យ​ឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស» (ហប ៤,១២)។

ព្រះគម្ពីរមិនមែនធ្លាក់មកពីលើមេឃ។ ព្រះគម្ពីរត្រូវតែពាក់ព័ន្ធជាមួយការបញ្ជូនបន្តដ៏វិសុទ្ធ និងអាជ្ញានុការីព្រះសហគមន៍ ដែល​ប្រៀបបាននឹងមុំសសរបី ដើម្បីទ្រទ្រង់សំណង់នៃសេចក្តីពិតរបស់ព្រះបន្ទូលឱ្យស្ថិតនៅគង់វង្ស។ ប្រសិនបើគ្មានសេចក្តីណាមួយក្នុងចំណោមបីនេះទេ នោះសេចក្តីពិតនៃព្រះបន្ទូលក៏មិនអាចស្ថិតនៅបានឡើយ។ ហេតុនេះ គ្មាននរណាអាចសំអាងលើព្រះគម្ពីរ តែមួយប៉ុណ្ណោះបានទេ ពីព្រោះព្រះគម្ពីរមុននឹងមកដល់ដៃយើងសព្វថ្ងៃ ត្រូវឆ្លងកាត់ដំណាក់កាល និងប្រវត្តិសាស្រ្តជាច្រើន។ មិនតែប៉ុណ្ណោះ ថែមទាំង​មានការរៀបចំចាត់ចែង និងការអប់រំច្បាស់លាស់។ គ្មាននរណាម្នាក់អាចថ្លែងព្រះបន្ទូលតាមការនឹកឃើញរបស់ខ្លួន ដោយ​មិននឹកគិតដល់ការបញ្ជូនបន្តតាំងពីដើមរៀងមក។ រីឯការប្រកាសព្រះបន្ទូលទៀតសោត ត្រូវតែធ្វើឡើងដោយមានទំនាក់ទំនង និងទទួលស្គាល់ពីអស់អ្នក ដែលមានបន្ទុកណែនាំព្រះសហគមន៍បន្តពីក្រុមគ្រីស្តទូត។

ព្រះគម្ពីរបម្រើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍សម្រាប់ការសង្គ្រោះរបស់មនុស្ស ចូលក្នុងជីវិតថ្មីដ៏រុងរឿងរួមជាមួយព្រះអង្គ។ ព្រះគម្ពីរឆ្លុះបញ្ចាំងឱ្យយើងស្គាល់ព្រះបន្ទូល ដែលបានសម្តែងបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការសង្រ្គោះ ដោយមានសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានស្ថាបនាជាមួយមនុស្សលោក ពោលគឺជាមួយប្រជាជនអ៊ីស្រាអែលក្នុងសម្ពន្ធមេត្រីទី១ និងជាមួយព្រះសហគមន៍ក្នុងសម្ពន្ធមេត្រីថ្មី។ ព្រះគម្ពីរបានកត់ត្រាទុកព្រះបន្ទូល និងព្រឹត្តិការណ៍សំខាន់ៗទាំងអស់នេះ ដើម្បីឱ្យយើងជឿ និងយល់ ហើយត្រូវបញ្ជូនបន្តដល់បងប្អូនឯទៀតជាដរាបតរៀងទៅ។

ព្រះគម្ពីរពិតជាសំណេរដ៏វិសុទ្ធ និងពិតជាព្រះបន្ទូលព្រះជាម្ចាស់ ដែលបង្ហាញឱ្យស្គាល់អំពីអាថ៌កំបាំងនៃកំណើតពិភពលោក អំពីព្រះបន្ទូលចាប់កំណើតជាមនុស្ស អំពីព្រះបន្ទូលរំដោះមនុស្សឱ្យមានសេរីភាព និងលោះមនុស្សឱ្យរួចពីបាប និងអំពីព្រះបន្ទូលដែលផ្តល់នូវសេចក្តីសង្ឃឹមសម្រាប់ជីវិតថ្មីដ៏រុងរឿង ដែលជាទីដៅនៃជីវិតរបស់មនុស្សជាដើម។ ព្រះគម្ពីរមានសារប្រយោជន៍ជួយឱ្យយល់នូវសេចក្តីទាំងអស់នេះ ជាហេតុដែលគ្រីស្តបរិស័ទគប្បីអានដោយស្វែងយល់ និងអធិដ្ឋានដោយយកចិត្តទុកដាក់ ទើបព្រះបន្ទូលអាចបង្កើតផលនៅក្នុងជីវិតរបស់ខ្លួន។ ដូច្នេះ យើងគប្បីយល់ដឹង និងចេះប្រើប្រាស់ព្រះគម្ពីរឱ្យបានត្រឹមត្រូវ ដើម្បីទទួលអត្ថប្រយោជន៍នៃព្រះបន្ទូល។

«មនុស្សមិន‌មែនរស់ដោយ‌សារតែអាហារប៉ុណ្ណោះទេ
គឺរស់ដោយ‌សារគ្រប់ព្រះ‌បន្ទូលដែលចេញមកពី
ព្រះ‌ឱស្ឋរបស់ព្រះ‌ជាម្ចាស់ដែរ» (មថ ៤,៤)៕


ឯកសារយោង

ឯកសារជាភាសាខ្មែរ

  • ព្រះគម្ពីរភាសាខ្មែរសម្រាយអន្តរនិកាយ បោះពុម្ពលើកទី១ ប៉ារីស ឆ្នាំ១៩៩៨
  • មហាសន្និបាតវ៉ាទីកង់ទី២ ធម្មនុញ្ញគោលលទ្ធិអំពីព្រះជាម្ចាស់សម្តែងព្រះអង្គឱ្យមនុស្សលោកស្គាល់ “ព្រះបន្ទូលព្រះជាម្ចាស់” ប្រែសម្រួលដោយលោកបូជាចារ្យហ្រ្វង់ស្វ័រ ប៉ុងសូដ៍ បោះពុម្ពដោយមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា ភ្នំពេញ ឆ្នាំ២០១២
  • លទ្ធិអប់រំជំនឿគ្រីស្តសាសនាតាមព្រះសហគមន៍កាតូលិក ប្រែសម្រួលដោយលោកបូជាចារ្យហ្រ្វង់ស្វ័រ អេមេស្សដាល និងអ្នកស្រីហែម ឌី បោះពុម្ពដោយមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា ភ្នំពេញ ឆ្នាំ២០១២
  • ព្រះត្រៃឯក ប្រែសម្រួលដោយលោកបូជាចារ្យហ្រ្វង់ស្វ័រ អេមេស្សដាល បោះពុម្ពដោយមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា ភ្នំពេញ ឆ្នាំ២០១៥
  • ដើមកំណើតគម្ពីរសម្ពន្ធមេត្រីថ្មី ហ្រ្វង់ស្វ័រ ប៉ុងសូដ៍បោះពុម្ពដោយព្រះសហគមន៍កាតូលិកកម្ពុជា ភ្នំពេញ ឆ្នាំ១៩៩៧

ឯកសារជាភាសាបរទេស

  1. Magistère (អាជ្ញានុការីព្រះសហគមន៍)
  • La Bible, TOB Édition intégrale, Paris, Édition du Cerf et Société biblique française, 1991
  • Le Concile du Vatican II, Constitution dogmatique sur la Révélation divine Dei Verbum, 18 novembre 1965
  • Exhortation apostolique, Pape Benoît XVI, Exhort. apost. post-synodale. sur la Parole de Dieu dans la vie et dans la mission de l’Église, Verbum Domini, 30 septembre 2010
  • Lettre Encyclique :
    • Pape Benoît XVI, Encycl. sur l’amour chrétien, Deus caritas est, 25 décembre 2005
  • Commission Biblique Pontificale :
    • Catéchisme de l’Eglise Catholic, Paris, Édition du Mame/Plon, 1992
    • La foi des Catholique, Catéchèse fondamentale, Paris, Édition du Centurion, 1984
  1. ទេវវិទ្យាបច្ចុប្បន្ន
  • Christoph  THEOBALD, La révélation… (Tout simplement), Paris, Édit. de l’Atelier, 2001
  • Paul Beauchamp, Parler d’Écritures Saintes, Paris, Éditions du seuil, 1987
  • Cahiers Évangile, Interpréter les Écritures no 175, Paris, Édition du Cerf, 2016
  • Maurice Blondel, “Histoire et dogme”, les lacunes philosophiques de l’exégèse moderne. Extrait de la ‘Quinzaine’ des 16 janvier, 1er et 16 février 1904.
  • Cardinal Joseph Ratzinger, La Parole de Dieu, Paris, Parole et Silence, 2008
  • François Varillon, Joie de croire, Joie de vivre, Paris, 21e Edition du Centurion, 1981
  • John Paul I Biblical Center, Basic Bible Seminar, Vigan City, Silver Jubilee Edition, 2006
  1. ប្រភពផ្សេងៗ
2,399 Views

One thought on “អំណានព្រះបន្ទូល

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Theme: Overlay by Kaira