របៀបបង្រៀនអប់រំជំនឿ

របៀបបង្រៀនអប់រំជំនឿ

រៀបចំដោយ កញ្ញា ណន ស្រីនាង
ដើម្បីណែនាំអំពីគរុកោសល្យក្នុងការអប់រំជំនឿ។
ដើម្បីទទួលបានវីដែអូទាំងស្រុងអំពីកម្មវិធីនេះ
សូមចុចវីដេអូខាងក្រោម។

សេចក្ដីផ្តើម

ព្រះសហគមន៍ប្រគល់បេសកកម្មពន្យល់គ្រីស្តសាសនា ដល់អ្នកអប់រំជំនឿ ដែលទទួល និងជួយកំដរអ្នកស្វែងរកព្រះជាម្ចាស់។ ព្រះសហគមន៍ផ្តល់មុខងារឱ្យគាត់ជួយអ្នកស្វែងរកឱ្យស្គាល់សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដោយយល់អំពីជំនឿព្រះសហគមន៍ និងផ្ញើជីវិតទាំងស្រុងទៅលើព្រះគ្រីស្ត។ អ្នកស្វែងរកត្រូវតែយល់ច្បាស់អំពីជំនឿរបស់ព្រះសហគមន៍ ដើម្បីប្រកាសជំនឿនេះជាសាធារណៈ។ ហេតុដូច្នេះហើយ បានជាអ្នកអប់រំជំនឿត្រូវតែយកចិត្តទុកដាក់អំពីរបៀបណែនាំអ្នកស្វែងរកឱ្យបានត្រឹមត្រូវ។

អ្នកស្វែងរកម្នាក់ៗមានចរិត វប្បធម៌ ប្រវត្តិសាស្រ្ត និងបទពិសោធន៍ខាងវិញ្ញាណរៀងៗខ្លួន។ ឯអ្នកអប់រំជំនឿវិញ គាត់មានលក្ខណៈសម្បត្តិរៀងៗខ្លួនផងដែរ។ ហេតុនេះហើយ បានជាអ្នកអប់រំជំនឿមិនអាចណែនាំអ្នកស្វែងរកតាមរបៀបតែមួយដូចៗគ្នាបានឡើយ។ ក៏ប៉ុន្តែ សេចក្ដីនៃជំនឿមិនពឹងផ្អែកលើរសជាតិ យោបល់ ឬចំណេះដឹងរបស់អ្នកអប់រំជំនឿម្នាក់ៗទេ។ បើដូច្នោះ គ្រីស្តបរិស័ទនឹងវង្វេងក្នុងជំនឿក្លែងក្លាយ ហើយព្រះសហគមន៍ក៏នឹងបាក់បែកគ្នាជាមិនខាន។

តើត្រូវពន្យល់គ្រីស្តសាសនាយ៉ាងដូចម្ដេច?

១. គោលដៅក្នុងការអប់រំជំនឿ

អ្នកអប់រំជំនឿមានគោលដៅណែនាំអ្នកស្វែងរកឱ្យស្គាល់ ស្រលាញ់ និងមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត។ អ្នកអប់រំជំនឿត្រូវតែជួយអ្នកស្វែងរក ដែលបានចាប់ផ្តើមកែប្រែចិត្តគំនិតឱ្យផ្ញើជីវិតទាំងស្រុងទៅលើព្រះយេស៊ូគ្រីស្ត ពោលគឺជឿទុកចិត្តលើព្រះអង្គក្នុងគ្រប់កាលៈទេសៈ។ អ្នកអប់រំជំនឿត្រូវតែជួយអ្នកស្វែងរកឱ្យប្រកាសជំនឿត្រឹមត្រូវរបស់ព្រះសហគមន៍ តាមពាក្យសម្ដីផង តាមរបៀបរស់នៅផងដែរ។

  • ១. អ្នកស្វែងរកត្រូវប្រកាសជំនឿថា ព្រះយេស៊ូរស់ឡើងវិញ ហើយព្រះជាម្ចាស់ក៏ជាព្រះត្រៃឯក៖ អ្នកស្វែងរកត្រូវតែដកពិសោធន៍ក្នុងជីវិតរបស់ខ្លួនឯងថា លោកយេស៊ូជាព្រះគ្រីស្ត គឺលោកយេស៊ូពីភូមិណាសារ៉ែតបានរស់ឡើងវីញ លោកជាព្រះបុត្រារបស់ព្រះជាម្ចាស់ប្រសូតជាមនុស្ស ព្រះអង្គគង់នៅជាមួយយើងពិតប្រាកដមែន។ បន្តិចម្តងៗ ព្រះសហគមន៍ក៏បានយល់ថា ព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលរួមជាមួយគ្នាជាធ្លុងតែមួយ។ ព្រះជាម្ចាស់មានតែមួយព្រះអង្គគត់ ទ្រង់ជាព្រះត្រៃឯក។ សេចក្ដីនៃជំនឿទាំងពីរប្រការនោះ ជាគ្រឺះមូលដ្ឋាននៃគ្រីស្តសាសនា។ ព្រះសហគមន៍ក៏ជ្រមុជអ្នកស្វែងរក ដែលរួមស្លាប់ រួមរស់ជាមួយព្រះគ្រីស្ត ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ (មថ ២៨,១៩)។
  • ២. អ្នកស្វែងត្រូវប្រកាសជំនឿរួមជាមួយព្រះសហគមន៍៖ ទោះជាអ្នកស្វែងរកមានជំនឿផ្ទាល់ខ្លួនក៏ដោយ ក៏យើងទទួលជំនឿពីគ្រីស្តបរិស័ទឯទៀតៗ នៅក្នុងព្រះសហគមន៍។ នៅពេលជ្រមុជទឹក អ្នកស្វែងរកបានទៅជាសមាជិកនៃប្រជាជនរបស់ព្រះបិតា ជាអវយវៈនៃព្រះកាយព្រះគ្រីស្ត និងជាថ្មដានៃព្រះដំណាក់នៃព្រះវិញ្ញាណដ៏វិសុទ្ធ។ អ្នកស្វែងរកមិនអាចទៅជាគ្រីស្តបរិស័ទ បើគាត់មិនចូលរួមក្នុងសកម្មភាពព្រះសហគមន៍ (ដូចជាពិធីបុណ្យ អគ្គសញ្ញា ឬការជួយអ្នកក្រីក្រ និងប្រកាសដំណឹងល្អ) បានឡើយ។

២. មុខងាររបស់អ្នកអប់រំជំនឿ

  • ១. អ្នកអប់រំជំនឿត្រូវតែជួយអ្នកស្វែងរកឱ្យស្គាល់សេចក្ដីនៃជំនឿ។ បើអ្នកស្វែងរកយល់អំពីហេតុផលនៃជំនឿរបស់ព្រះសហគមន៍ គេងាយស្រួលក្នុងការជាប់នឹងជំនឿនេះ ហើយគេក៏មានជំនឿកាន់តែរឹងមាំៗ។ ហេតុនេះហើយ បានជាអ្នកអប់រំជំនឿត្រូវតែណែនាំគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដោយយកព្រះគម្ពីរ និងធម៌ប្រកាសជំនឿឱ្យបានទៅជាប្រភពក្នុងការបង្រៀននៃជំនឿ។ ធ្វើដូច្នេះ អ្នកស្វែងរកនឹងយល់អំពីជំនឿកាន់តែស៊ីជម្រៅ នឹងមានរបៀបរស់នៅកាន់តែល្អប្រសើរស្របតាមព្រះហឬទ័យព្រះជាម្ចាស់ ហើយនឹងប្រកាសដំណឹងល្អត្រឹមត្រូវចំពោះអស់អ្នក ដែលកំពុងរង់ចាំការសង្រ្គោះ។
  • ២. អ្នកអប់រំជំនឿត្រូវតែជួយអ្នកស្វែងរកឱ្យកែប្រែចិត្តគមនិត និងមានរបៀបរស់នៅស្របតាមព្រះគ្រីស្ត។ ជាធម្មតា អ្នកស្វែងរកត្រូវការពេលវេលាយ៉ាងយូរ ប៉ុន្តែ គ្មានការប្រញាប់ទេ! អ្នកស្វែងរកត្រូវតែលះបង់គំនិត ជំនឿ និងរបៀបរស់នៅចាស់ ដើម្បីបានទៅជាមនុស្សថ្មី ដោយរួមជាមួយព្រះគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ជាពិសេស អ្នកស្វែងរកត្រូវតែជួយបម្រើអ្នកដទៃក្នុងសង្គម និងប្រកាសដំណឹងល្អ តាមពាក្យសម្ដី និងរបៀបរស់នៅ។
  • ៣. អ្នកស្វែងរកមិនទៅជាគ្រីស្តបរិស័ទ ដើម្បីខ្លួនគាត់តែប៉ុណ្ណោះទេ។ គាត់ជាសមាជិកនៃប្រជាជនរបស់ព្រះជាម្ចាស់ និងជាអវយវៈនៃព្រះកាយព្រះគ្រីស្ត។ គាត់ត្រូវចូលរួមក្នុងសកម្មភាពព្រះសហគមន៍ ជាពិសេសគាត់ត្រូវតែចូលរួមក្នុងពិធីបុណ្យ និងទទួលអគ្គសញ្ញាផ្សេងៗ ជាទីសម្គាល់ និងមធ្យោបាយ ដើម្បីទទួលការសង្រ្គោះឱ្យបានពេញលេញ។​ ម្យ៉ាងទៀត អ្នកស្វែងរកត្រូវតែរៀនអធិដ្ឋាន តែម្នាក់ឯង និងរួមជាមួយគ្រីស្តបរិស័ទឯទៀតៗ។

៣. គរុកោសល្យក្នុងការបង្រៀន

ព្រះសហគមន៍ផ្ញើមុខងារផ្សេងៗដល់អ្នកអប់រំជំនឿ ដើម្បីជួយគាត់ឱ្យមានរបៀបបង្រៀនអ្នកស្វែងរកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ អ្នកអប់រំជំនឿត្រូវតែមានគរុកោសល្យក្នុងការបង្រៀន ដោយស្គាល់អ្នកស្វែងរកម្នាក់ៗឱ្យបានច្បាស់។

ត្រូវតែបង្រៀនបន្តិចម្តងៗ និងជាលំដាប់លំដោយ៖ អ្នកស្វែងរកចាប់ផ្តើមជឿ និងកែប្រែចិត្តគំនិត ដោយមានព្រះហឬទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ និងកិច្ចការព្រះសហមន៍ជួយណែនាំ។ អ្នកអប់រំជំនឿត្រូវជួយកំដរអ្នកស្វែងរកឱ្យមានជំនឿរឹងមាំ ដោយធ្វើដំណើររួមជាមួយគ្នា។ មានដំណាក់កាលផ្សេងៗពីគ្នា ដែលត្រូវតែគោរពជាលំដាប់លំដោយ៖

  • ១. មុននឹងអ្នកស្វែងរកចូលក្នុងព្រះសហគមន៍ជាផ្លូវការ (“ជំហ៊ានទី១”) អ្នកអប់រំជំនឿត្រូវតែប្រកាស និងពន្យល់សេចក្ដីសំខាន់ៗនៃជំនឿ ពោលគឺព្រះគ្រីស្តបានសោយទិវង្គតស្របតាមព្រះគម្ពីរ និងមានព្រះជន្មគង់នៅ។ អ្នកអប់រំជំនឿត្រូវតែយល់អំពីមូលហេតុផ្សេងៗ ដែលបានណែនាំអ្នកស្វែងរកឱ្យមកសូមរៀនអប់រំជំនឿ។
  • ២. ប្រហែលជាមួយ ឬពីរឆ្នាំក្រោយមក ក្នុងពិធីចូលក្នុងព្រះសហគមន៍ អ្នកស្វែងរកទទួលព្រះគម្ពីរដំណឹងល្អទាំងបួននិងសញ្ញាឈើឆ្កាងលើខ្លួន គាត់ក៏បានទៅជាគ្រីស្តបរិស័ទរួចហើយ។ អ្នកអប់រំជំនឿត្រូវពន្យល់សេចក្ដីនៃជំនឿទាំងប៉ុន្មានរបស់ព្រះសហគមន៍ឱ្យបានពេញលេញ។
  • ៣.  ពេលរដូវអប់រំពិសេស ពោលគឺ៤០ថ្ងៃមុននឹងទទួលពិធីជ្រមុជទឹក អ្នកស្វែងរកទទួលធម៌ “ឱព្រះបិតា” និងធម៌ប្រកាសជំនឿ។ ម្យ៉ាងទៀត អ្នកអប់រំជំនឿត្រូវតែពន្យល់ពិធីផ្សេងៗ និងអគ្គសញ្ញា ដែលបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ (អគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ) ឱ្យបានច្បាស់លាស។
  • ៤. ពេលទទួលពិធីជ្រមុជទឹករួចហើយ អ្នកអប់រំជំនឿត្រូវជួយអ្នកស្វែងរកឱ្យចូលរួមក្នុងសកម្មភាពព្រះសហគមន៍ និងទទួលអគ្គសញ្ញាលើកលែងទោស។

ក្នុងដំណាក់កាលទាំងបួនខាងលើនេះ អ្នកស្វែងរកត្រូវតែជ្រើសរើសឪពុក ឬម្តាយធម៌ ដែលជាគ្រីស្តរិស័ទដ៏ល្អម្នាក់ ដើម្បីជួយគាត់ឱ្យចូលក្នុងគម្រោងការដ៏អស្ចារ្យនៃជំនឿឱ្យកាន់តែស៊ីជម្រៅ។ ឪពុក ឬម្តាយធម៌មិនមែនជាគ្រូអប់រំជំនឿទេ ប៉ុន្តែជួយកំដរអ្នកស្វែងរក ដោយបង្ហាញផ្លូវ ដើម្បីឱ្យគាត់យល់អំពីលក្ខណៈសម្បត្តិរបស់គ្រីស្តបរិស័ទ។

៤. ប្រភពផ្សេងៗក្នុងការអប់រំជំនឿ

អ្នកអប់រំជំនឿមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រភពដ៏សំខាន់ជាងគេ។ ព្រះបន្ទូលព្រះជាម្ចាស់ជាគ្រឹះមូលដ្ឋាននៃការអប់រំជំនឿ។ ហេតុនេះហើយ បានជាអ្នកអប់រំជំនឿត្រូវតែដកចេញសេចក្ដីនៃជំនឿពីការបញ្ជូនបន្ត និងពីព្រះគម្ពីរ ដែលជាបញ្ញើដ៏សក្ការៈតែមួយនៃព្រះបន្ទូល ដែលព្រះជាម្ចាស់បានប្រគល់ឱ្យព្រះសហគមន៍។ ក្នុងបញ្ញើដ៏សក្ការៈនេះ មានប្រភពផ្សេងៗពីគ្នា ដែលបំពេញគ្នាទៅវិញទៅមក ដូចជា៖

  • អត្ថបទព្រះគម្ពីរសម្ពន្ធមេត្រៃចាស់ និងសម្ពន្ធមេត្រៃថ្មី ជាពិសេសអត្ថបទដំណឹងល្អទាំងបួន ដែលរៀបរាប់អំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូគ្រីស្ត
  • អត្ថបទខាងពិធីបុណ្យ ដូចជាធម៌ប្រកាសជំនឿ ដែលសង្ខេងលទ្ធិគ្រីស្តសាសនាទាំងស្រុង និងធម៌ឱព្រះបិតា ដែលមកពីព្រះយេស៊ូគ្រីស្តផ្ទាល់
  • ការសេសេររបស់បិតាព្រះសហគមន៍ និងលទ្ធិគ្រីស្តសាសនា
  • ការផ្តល់សក្ខីភាពនៃជីវិតសន្ត/សន្តីបុគ្គល និងការរិះគិតពិចារុណានៃទេវវិជ្ជា
  • បទពិសោធន៍របស់អ្នកអប់រំជំនឿផ្ទាល់។ល។

៥. លក្ខណៈពិសេសក្នុងការអប់រំជំនឿ

  • ១. អ្នកអំប់រំជំនឿត្រូវតែណែនាំឱ្យស្គាល់ និងស្រលាញ់ព្រះយេស៊ូគ្រីស្ត៖ ព្រះគ្រីស្តមិនគ្រាន់តែបញ្ជូនបន្តព្រះបន្ទូលព្រះជាម្ចាស់ទេ ទ្រង់ក៏ជាព្រះបន្ទូលព្រះជាម្ចាស់តែម្តង។ អ្នកអប់រំជំនឿមិនបញ្ជូនបន្តសេចក្ដីនៃជំនឿប៉ុណ្ណោះទេ គាត់ក៏ជួយបញ្ជូនបន្តព្រះយេស៊ូគ្រីស្ត។ ព្រះគ្រីស្តជាគ្រឹះមូលដ្ឋាន និងជាស្នូលនៃប្រវត្តិសាស្រ្តនៃការសង្រ្គោះ។ ព្រះជាម្ចាស់បានរៀបចំអ្វីៗទាំងអស់សព្វសារពើសម្រាប់ព្រះគ្រីស្ត និងនៅក្នុងអង្គព្រះគ្រីស្ត។
  • ២. ព្រះបន្ទូលព្រះជាម្ចាស់ប្រសូតជាមនុស្សនៅក្នុងអង្គព្រះគ្រីស្ត ព្រះបន្ទូលនេះក៏ជាព្រះបន្ទូលរបស់ព្រះបិតា ដែលជួយណែនាំពិភពលោក និងមនុស្សលោក នៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលលោកយេស៊ូពីភូមិណាសារ៉ែតរស់ឡើងវិញ ក្រុមសាវ័ករបស់ព្រះអង្គបានយល់ថា លោកជាព្រះគ្រីស្ត ជាព្រះជាម្ចាស់ប្រសូតជាមនុស្ស។ បន្តិចម្តងៗ អស់លោកបានយល់ថា ព្រះជាម្ចាស់ជាព្រះត្រៃឯក ពោលគឺមានព្រះជាម្ចាស់តែមួយ ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
  • ៣. ព្រះគ្រីស្តប្រកាសដំណឹងល្អ ព្រះអង្គក៏យាងមក ដើម្បីជួយមនុស្សលោក៖ ព្រះជាម្ចាស់សព្វព្រះហឬទ័យរំដោះ និងសង្រ្គោះមនុស្សលោក។ ព្រះយេស៊ូបានប្រកាសថា ព្រះរាជព្រះជាម្ចាស់ជិតបង្ហើយហើយ ពោលគឺព្រះជាម្ចាស់ប្រែទុក្ខលំបាក និងសេចក្ដីស្លាប់របស់មនុស្សឱ្យគេបានសេចក្ដីសុខសាន្ត ដោយរួចពីបាប និងអំពើអាក្រក់។ ជាពិសេស ព្រះយេស៊ូបានប្រកាសដំណឹងល្អនេះជូនចំពោះអស់អ្នកក្រីក្រ ដែលត្រូវគេសង្កត់ជិះជាន់។
  • ៤. អ្នកស្វែងរកទទួលជំនឿពីព្រះសហគមន៍ និងប្រកាសជំនឿនេះដល់អ្នកដទៃ។ អ្នកស្វែងរកត្រូវប្រកាសជំនឿរបស់គេស្របតាមជំនឿព្រះសហគមន៍។ អ្នកអប់រំជំនឿគ្រាន់តែបញ្ជូនបន្តដំណឹងល្អ តាមអ្វីដែលសហគមន៍គ្រីស្តបរិស័ទបានទទួល យល់ ប្រាព្ធ អនុវត្ត និងប្រកាស។ អ្នកអប់រំជំនឿបញ្ចូលអ្នកស្វែងរកឱ្យចូលក្នុងព្រះសហគមន៍ ដោយរួមឯកភាពជាមួយនឹងគ្រីស្តបរិស័ទឯទៀតៗក្នុងជំនឿតែមួយ។
  • ៥. អ្នកអប់រំជំនឿត្រូវតែរំលឹកអំពីហេតុការណ៍សំខាន់ៗនៃប្រវត្តិសាស្រ្តនៃការសង្រ្គោះតាមដំណាក់កាលនីមួយៗនៃព្រះគម្ពីរ។ ជាពិសេស អ្នកអប់រំជំនឿត្រូវតែសិក្សា និងយល់អំពីប្រវត្តិសាស្រ្តរបស់ប្រជាជនអ៊ីស្រាអែលជាបុព្វបុរសខាងជំនឿរបស់យើង។ ប៉ុន្តែ អ្នកអប់រំជំនឿត្រូវតែពន្យល់ឱ្យអ្នកស្វែងរកយល់ថា ហេតុការណ៍ទាំងប៉ុន្មាននោះ ដែលបានកើឡើងយូរឆ្នាំមកហើយ នៅតែមានប្រយោជន៍ សម្រាប់អ្នកស្វែងរកសព្វថ្ងៃ។ អ្នកអប់រំជំនឿត្រូវតែជួយអ្នកស្វែងរកឱ្យយល់ថា ព្រះជាម្ចាស់នៅតែប្រប្រឹត្តកិច្ចការដ៏អស្ចារ្យក្នុងជីវិតរស់នៅរបស់មនុស្សលោកសព្វថ្ងៃផងដែរ។
  • ៦. ព្រះបន្ទូលព្រះជាម្ចាស់ប្រសូតជាមនុស្សម្នាក់ នៅប្រទេសអ៊ីស្រាអែល ២០០០ឆ្នាំមុន។ ព្រះគ្រីស្តក៏បានរស់នៅស្របតាមវប្បធម៌ របៀបរស់នៅ​ សាសនា និងអារ្យធម៌ របស់ប្រជាជនអ៊ីស្រាអែល។ ហេតុនេះហើយ បានជាអ្នកអប់រំជំនឿត្រូវតែបង្រៀនអ្នកស្វែងរក ដោយយកចិត្តទុកដាក់អំពីវប្បធម៌ សាសនាដើម អារ្យធម៌ និងលក្ខណៈពិសេសរបស់គាត់។ ជាពិសេស អ្នកអប់រំជំនឿត្រូវតែយកចិត្តទុកដាក់អំពីបទពិសោធន៍ខាងវិញ្ញាណរបស់អ្នកស្វែងរក។
  • ៧. ព្រះយេស៊ូប្រកាសដំណឹងល្អ និងបញ្ជាឱ្យក្រុមសាវ័កធ្វើតាមទាំងស្រុង។ អ្នកអប់រំជំនឿក៏ត្រូវតែបង្រៀនដំណឹងល្អទាំងមូល ដោយមិនដកចំណុចណាមួយចេញ។ អ្នកអប់រំជំនឿត្រូវតែបង្រៀនសេចក្ដីនៃជំនឿសំខាន់ៗទាំងអស់ សូម្បីតែសេចក្ដី ដែលខ្លួនគាត់មិនសូវពេញចិត្ត ឬមិនចង់អនុវត្ត ឬដែលរំខានរបៀបរស់នៅ និងគំនិតរបស់ខ្លួនគាត់ផ្ទាល់។ ម្យ៉ាងទៀត អ្នកអប់រំជំនឿត្រូវបង្រៀនសេចក្ដីទាំងអស់នៃជំនឿ បន្តិចម្តងៗ ដោយមិនភ័យខ្លាចថា អ្នកស្វែងរកអាចបដិសេធមិនទទួលសេចក្ដីខ្លះ (ឧ. ការលើកលែងទោសឱ្យខ្មាំងសត្រូវ…)។
  • ៨. ត្រូវតែបង្រៀនដោយមានរបៀបរៀបរយ៖​ មានសេចក្ដីនៃជំនឿខ្លះសំខាន់ជាងសេចក្ដីនៃជំនឿឯទៀតៗ។ ដំបូង ត្រូវតែជឿថា ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ទ្រង់គង់នៅជាមួយយើង ហើយព្រះជាម្ចាស់ជាព្រះត្រៃឯក។ ប្រការនៃជំនឿទាំងពីរនោះ ជាគ្រឹះមូលដ្ឋាននៃជំនឿទាំងស្រុងរបស់គ្រីស្តសាសនា។ ក៏ប៉ុន្តែ សេចក្ដីនៃជំនឿឯទៀតៗ (ដូចជាប្រវត្តិសាស្រ្តនៃការសង្រ្គោះ ធម៌ប្រកាសជំនឿ អគ្គសញ្ញានានា វិន័យនៃសេចក្ដីស្រលាញ់ និងធម៌ឱព្រះបិតាជាដើម) នៅតែសំខាន់ និងជួយឱ្យយល់អំពីគ្រីស្តសាសនាកាន់តែស៊ីជម្រៅ។ យើងក៏អាចចាប់ផ្តើមបង្រៀនពីសេចក្ដីណាមួយក៏បានដែរ៖ ចាប់ផ្តើមពីជីវិតរបស់ព្រះគ្រីស្ត ដើម្បីស្គាល់ព្រះជាម្ចាស់ និងយល់អំពីតម្លៃនៃជីវិតមនុស្ស ឬចាប់ផ្តើមពីបំណងប្រាថ្នារបស់មនុស្ស ដែលសួរខ្លួនឯងអំពីអត្ថន័យនៃជីវិត ដើម្បីឡើងទៅដល់ព្រះជាម្ចាស់ ឬចាប់ផ្តើមពីព្រះជាម្ចាស់ ដែលជាប្រភពនៃអ្វីៗទាំងអស់ ដើម្បីយល់អំពីព្រះគ្រីស្ត និងមនុស្ស ល។ល។ អ្នកអប់រំជំនឿត្រូវតែរិះគិតពាចារុណា ត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យអ្នកស្វែងរកយល់អំពីជំនឿឱ្យបានត្រឹមត្រូវ និងស្របតាមលក្ខណៈសម្បត្តិរបស់គាត់។

ទីបញ្ចប់ ព្រះសហគមន៍សុំឱ្យអ្នកអប់រំជំនឿជួយណែនាំ ពន្យល់ និងផ្តល់សក្ខីភាព អំពីគ្រីស្តសាសនាចំពោះអ្នកស្វែងរក ជាភារកិច្ចដ៏ថ្លៃថ្នូរ និងដ៏សំខាន់ជាទីបំផុត។ អ្នកអប់រំជំនឿគ្រាន់តែប្រកាសជំនឿ តែមិនត្រូវបង្គំអ្នកស្វែងរកឱ្យជឿ។ ជំនឿជាព្រះអំណោទានរបស់ព្រះជាម្ចាស់ចំពោះអស់អ្នក ដែលព្រះអង្គសព្វព្រះហឬទ័យ។ ម្យ៉ាងទៀត សូមឱ្យអ្នកអប់រំជំនឿកុំភ្លេចថា ព្រះហឬ័ទយប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយបំភ្លឺស្វែងរកពីខាងក្នុង បានជាអ្នកអប់រំជំនឿមិនត្រូវភ័យខ្លាចក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

2,653 Views

5 thoughts on “របៀបបង្រៀនអប់រំជំនឿ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Theme: Overlay by Kaira