អំពីមជ្ឈមណ្ឌល

មជ្ឈមណ្ឌលសន្តអ៊ីរ៉េណេ

អំពីមជ្ឈមណ្ឌល

មជ្ឈមណ្ឌលសន្តអ៊ីរ៉េណេ គឺជាទីស្នាក់ការ​​កណ្តាល ដែលបំពេញ​បេសកកម្ម​​​​មិនស្វែងរក​ប្រាក់​ចំណេញ នៅ​ក្នុងក្រប​ខ័ណ្ឌ​​ព្រះ​សហ​គមន៍​​កាតូលិកកម្ពុជាទាំងបីភូមិភាគ គឺភូមិភាគ ភ្នំពេញ បាត់ដំបង និងកំពង់ចាម​។ ការងារចម្បងផ្តោតលើវិស័យអប់រំព្រះបន្ទូល និងអប់រំជំនឿ​គ្រីស្ត​សាសនា​តាមសេចក្តី​បង្រៀន​របស់​ព្រះសហគមន៍​កាតូ​លិក។

បេសកកម្ម
  • ប្រកាសព្រះបន្ទូលដល់មនុស្សទាំងឡាយ ណែនាំគេឱ្យធ្វើជាសាវ័ក ធ្វើពិធីជ្រមុជទឹក និងបង្រៀនគេឱ្យប្រតិបត្តិតាមព្រះបន្ទូល (មថ ២៨,១៨-២០)។
  • ផលិតឯកសារ បោះពុម្ពជាសៀវភៅ រូបភាព វីដេអូ និងផ្សព្វផ្សាយអំពីការអប់រំព្រះបន្ទូល និងការអប់រំជំនឿ។
  • បង្កើតកម្មវិធីបណ្តុះបណ្តាល បង្រៀន សិក្ខាសាលា និងសន្និបាតអំពីការអប់រំព្រះបន្ទូល និងការអប់រំជំនឿ។
ទស្សនវិស័យ
  • ជំនឿ សេចក្តីសង្ឃឹម និងសចក្តីស្រឡាញ់ (១ករ ១៣,១៣) គឺជាគុណតម្លៃដ៏កំពូលនៃគ្រីស្តសាសនា។ យើងចង់ឃើញគ្រីស្តបរិស័ទចម្រើនឡើង ព្រមទាំងមានធនធានក្នុងការបញ្ជូនបន្ត និងចេះផ្តល់សក្ខីភាព​អំពី​​គុណតម្លៃ​នេះនៅក្នុងជីវិតរស់នៅ​ដល់​​បង​ប្អូន​​ឯទៀតតាម​ព្រះ​អំ​ណោយ​​ទានរបស់ខ្លួន។
  • យើងចង់​ឃើញ​​​​មនុស្សទាំងឡាយបាន​ទទួល និងប្រតិបត្តិតាម​​ព្រះ​បន្ទូល​​ព្រះជាម្ចាស់​ដែលជាប្រភពនៃជីវិត។ ព្រះបន្ទូលបានប្រសូតជាមនុស្សក្នុងអង្គព្រះយេស៊ូគ្រីស្តដើម្បីសម្តែងឱ្យមនុស្សលោកស្គាល់។ ព្រះអង្គជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ដើម្បីនាំ​មនុស្ស​​​ទៅកាន់ព្រះបិតា និងដើម្បីឱ្យគេមាន​ជីវិត​ពេញ​បរិបូណ៌ (យហ ១,១៤; ១០,១០; ១៤,៦)។
រចនាសម្ពន្ធ
  • គណៈអភិបាល មានលោកអភិបាលណែនាំ១រូប និងលោកបូជាចារ្យសម្របសម្រួល១រូប។
  • គណៈកម្មការអន្តរភូមិភាគ គឺជាតំណាងតាមភូមិភាគនីមួយៗចំនួន៤រូប។
  • គណៈប្រតិបត្តិ មាននាយកប្រតិបត្តិ១រូប និងក្រុមសហការី។
អំពីប្រវត្តិសង្ខេប

ព្រះសហគមន៍កាតូលិក ចាប់ពីអង្គមហាសន្និបាតវ៉ាទីកង់ទី២ (១៩៦២-១៩៦៥) បានធ្វើកំណែទម្រង់​យ៉ាង​ស៊ី​ជម្រៅទាំងទំនាក់ទំនងផ្ទៃក្នុង (Ecclesia ad intra) និងទំនាក់ទំនងខាងក្រៅ (Ecclesia ad extra)  ដើម្បីសម្របខ្លួនចូលក្នុងទំ​ព័រសករាជ​ថ្មីទំនើបនៃប្រវត្តិសាស្ត្រពិភពលោក។ អង្គមហាសន្និបាតនេះ​បាន​បង្កើតឯកសារបីប្រភេទមានចំនួន១៦ច្បាប់ ដើម្បីអនុម័តប្រើប្រាស់​ជា​ផ្លូវការនៅ​ក្នុងព្រះសហគមន៍​កាតូ​លិក​។ ចាប់តាំងពី​ពេល​នោះមក ព្រះ​សហគមន៍កាតូលិកទូទាំងពិភពលោកបានចាប់ផ្តើមយកចិត្តទុកដាក់​លើការបក​ប្រែព្រះគម្ពីរ និង​ក្បួន​​ពិធី​បុណ្យតាម​ភាសាជាតិ​សាសន៍​នីមួយៗ។ ជាពិសេស យកចិត្តទុក​ដាក់​ផ្តោតលើការ​អប់រំ​ជំនឿ​ដោយ​យោង​​​លើប្រភពមកពីព្រះគម្ពីរដែលជាព្រះ​បន្ទូល​របស់ព្រះជាម្ចាស់។

លោកអភិបាល យ៉ូសែប ឆ្មា សាឡាស់ តាំងពីនៅជានិស្សិតទេវវិទ្យាក្នុងប្រទេស​បារាំង​នៅ​ឡើយ​(១៩៥៤-១៩៦៤) លោក​បានយកចិត្តទុកដាក់​យ៉ាង​ខ្លាំងលើការអប់រំជំនឿ។ លោកបានស្រាវជ្រាវ ប្រមែ​ប្រមូល និងរៀប​ចំឯកសារប្រកបដោយគំនិតច្នៃប្រឌិតថ្មី ដើម្បីត្រៀមអប់រំជំនឿ និងបង្រៀន​ព្រះគម្ពីរ​នៅ​ពេល​​ត្រឡប់មក​ប្រទេស​​​​កម្ពុជាវិញបន្ទាប់ពីបានបញ្ចប់ការសិក្សា[1]។ នៅឆ្នាំ១៩៦៥ គឺរយៈពេល១ឆ្នាំក្រោយ​ពេល​​តែងតាំងជា​បូជា​ចារ្យ លោកឪពុក សាឡាស់ បានសហការជាមួយលោកបូជាចារ្យ រ៉េម៉ុង គូអេរ៉ុង បង្កើត​សាលាអប់រំជំនឿ​សម្រាប់​យុវជនខ្មែរនៅបាត់ដំបង មានមុខវិជ្ជាដូចជា គម្ពីរវិទ្យា សីលធម៌ ព្រះសហគមន៍វិទ្យា គរុកោសល្យ​អប់​រំ​ជំនឿ និងការបម្រើព្រះសហគមន៍[2]

ដើមកំណើត

កំណើតមណ្ឌលអប់រំជំនឿកាតូលិក កើតឡើងក្នុងរវាងឆ្នាំ១៩៧០-១៩៧៥ ពាក់ព័ន្ធនឹងសកម្មភាព​ការងារ​របស់លោកបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ និងលោកបូជាចារ្យ យ៉ូសែប ឆ្មារ សាឡាស់ រួមជាមួយលោក ឌុល ឌីម ជាជំនួយការ។ លោកទាំងអស់គ្នាបានសហការគ្នារិះគិត ដើម្បីបង្កើតពាក្យ​ថ្មី​សម្រាប់​ការ​បកប្រែ​អត្ថ​បទ​​ព្រះគម្ពីរ​សម្ពន្ធមេត្រីចាស់នៅក្នុងពិធីបុណ្យ កណ្ឌគម្ពីរដំណឹង​ល្អ​តាមសន្តម៉ាកុស និង​សៀវភៅ​ក្រោម​ចំណង​​ជើង «ដំណើរស្វែងរកពន្លឺ»ជាដើម។ ចាប់ពីពាក់កណ្តាលឆ្នាំ១៩៧០ ការ​បណ្តុះ​​បណ្តាល​អ្នក​ណែ​នាំ​អប់រំជំនឿ​បានចាប់ផ្តើមដំណើរការនៅជ្រោយចង្វារ បន្ទាប់មកនៅព្រះវិហារសន្ត​អង់ តូន (អ៊ូឡាំពិច) និងបន្ទាប់មក​ទៀត​នៅទឹកល្អក់ ដោយមានអ្នកណែនាំអប់រំជំនឿ៥-៦នាក់។ នៅពេល​ថ្ងៃធ្វើការ និង​សិក្សា​ព្រះគម្ពីរនៅពេលរាត្រី។

នៅឆ្នាំ១៩៧៣ មណ្ឌលអប់រំជំនឿ បកប្រែ និងបោះពុម្ពបានបង្កើតឡើងនៅសាលា មីស។ កិច្ចសហការ​បកប្រែ​ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីរវាងព្រះសហគមន៍កាតូលិកនៅកម្ពុជា ជាមួយសមាគមគម្ពីរសកល United Bible Societies (UBS) បានចាប់ផ្តើមដំណើរការឡើងនៅឆ្នាំ១៩៧៤។ ប៉ុន្តែ​ ស្របពេលជាមួយគ្នា​ភ្លើង​សង្រ្គាម​កាន់​តែឆេះ​​សន្ធោស​​ន្ធៅ​ខ្លាំង​ឡើងបណ្តាលគ្រប់សកម្មភាពការងាររបស់មណ្ឌលនេះត្រូវបញ្ឈប់នៅខែមេសា ឆ្នាំ១៩៧៥។ ចាប់ពីឆ្នាំ១៩៨៤ ការងារ​បក​ប្រែ​​ព្រះគម្ពីរជា​ភាសាខ្មែរសម្រាយអន្តរនិកាយរវាងព្រះសហគមន៍កាតូលិក និងសមាគមគម្ពីរ​សកលបាន​ចាប់ផ្តើម​បន្តសកម្មភាពឡើងវិញរហូតបានបោះពុម្ពគម្ពីរសម្ពន្ធមេត្រីថ្មី២៧កណ្ឌនៅឆ្នាំ១៩៩៣ សម្ពន្ធមេត្រី​ចាស់​និងថ្មី​៦៦​កណ្ឌនៅឆ្នាំ១៩៩៧ និងសម្ពន្ធមេត្រីចាស់និងថ្មី៧៣កណ្ឌនៅឆ្នាំ១៩៩៨។

ចាប់តាំងពីឆ្នាំ១៩៨៥ នៅក្នុងជំរំជនភៀសខ្លួនមានមនុស្សពេញវ័យជាច្រើនចូលអប់រំជំនឿ លោកបូជាចារ្យ ហ្រ្វងស្វ័រ ប៉ុងសូដ៍ និងបងស្រី ហ្ស៊ីលប៊ែត ម៉ាសុង បានរៀបចំសៀវភៅអប់រំជំនឿ ដើម្បីឆ្លើយតប​ទៅ​នឹង​តម្រូវ​ការជាបន្ទាន់នេះ។ ក្រោយព្រឹត្តិការណ៍ ចុះ​សន្ធិ​សញ្ញា​សន្តិភាព​នៅ​ទី​ក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ១៩៩១ និងការបោះ​ឆ្នោត​ឆ្នាំ១៩៩៣ ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា​ចាប់​ផ្តើមប្រសើរឡើង។ នៅខែ​ឧសភា លោក​ឪពុក ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ បានវិល​ត្រឡប់​មក​ស្នាក់​នៅ​ក្នុងព្រះវិហារ​សន្ត​យ៉ូសែប ផ្សារ​តូច ប្រទេស​កម្ពុជា​វិញ។ លោក​​បាន​បង្រៀន​ព្រះគម្ពីរ​នៅ​ទេវ​វិទ្យាល័យបាត់ដំបង និងរៀបចំសៀវភៅ​សេចក្តី​អត្ថាធិប្បាយ​ព្រះគម្ពីរ ម៉ាកុស និង​រៀប​រៀង​អត្ថបទ​ព្រះគម្ពីរ​សម្រាប់​ថ្ងៃ​អាទិត្យជាមួយក្រុមសហការី ដោយមាន​ការត្រួត​ពិនិត្យ​ពីលោក​អភិបាល ឡឺ​ ស្វែហ្វ។

ឆ្នាំ១៩៩៥ មាន​លោក​បូជាចារ្យ​ថ្មីៗ​ច្រើន​នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា។ ព្រះសហគមន៍​បានទិញ​គេហ​ដ្ឋាន​មួយនៅសង្កាត់ទួលគោក។ ក្រុមប្រឹក្សា​ភិបាល​ព្រះសហគមន៍បាន​ស្នើសុំ​លោកឪពុក ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ បើក​សាលាបង្រៀន​ភាសា​ខ្មែរ​សម្រាប់ជនបរទេស និងបំពេញការងាររបស់លោកនៅទីនោះ។ លោកនៅ​តែ​បន្ត​តែង​សេចក្តី​អត្ថាធិប្បាយ​ព្រះគម្ពីរ និង​អត្ថបទ​គម្ពីរ​ឯទៀតៗ​ជា​ច្រើន។ ឆ្នាំ១៩៩៧ លោក និង​បងស្រី ហ្ស៊ីលប៊ែត៍ បាន​ចាប់​ផ្តើម​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​អប់រំ​ជំនឿ នៅ​ខេត្ត​កំពង់ធំ បាត់ដំបង ចំការទៀង ក្រុងព្រះសីហនុ និង​កន្លែង​ផ្សេងៗ​​ទៀត​ ដើម្បីណែនាំក្រុម​យុវជន​ទៅ​ជា​អ្នក​ណែនាំ​អប់រំ​ជំនឿ។

មណ្ឌលវប្បធម៌កាតូលិកកម្ពុជា

ឆ្នាំ១៩៩៨ លោក​អភិបាល អេមីល ដេតម្ប បាន​ស្នើសូម​លោក​ឪពុក ប៉ុងសូដ៍ ផ្លាស់ប្តូរទីកន្លែង​ការងារ​ថ្មី​នៅ​ផ្ទះលេខ៥៧ ផ្លូវ១០១ សង្កាត់​បឹង​ត្របែក ជា​អតីត​រោង​ជាង​ចម្លាក់ដែល​បាន​បង្កើតឡើង​ដោយ​លោក​ឪពុក មូរីស ឡឺគូទួ (Maurice Lecoutour)។ លោក​អភិបាល អេមីល ហៅ​ផ្ទះ​នេះ​ថា មណ្ឌល​វប្បធម៌​កាតូ​លិក​​កម្ពុជា ដែលមានលោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ជាប្រធានគ្រប់គ្រង។ មណ្ឌល​នេះមាន​ថ្នាក់​បង្រៀន​ភាសា​ខ្មែរ និងមាន​បណ្ណាល័យ​​ដែល​មាន​សៀវភៅជាច្រើនជា​ភាសា​បារាំង និង​អង់គ្លេស។ ការ​បកប្រែ ព្រះគម្ពីរ ការរៀបចំ​សៀវភៅ ពិធី​បុណ្យ និង​សៀវភៅ អប់រំ​ជំនឿ បាន​បន្ត​នៅ​ទីនេះ។ តាំង​ពី​ឆ្នាំ២០០២ មណ្ឌលនេះ​បន្តបំពេញ​ការងារ​យ៉ាង​មមាញឹក​ក្នុង​ការ​និពន្ធ និង​បោះពុម្ព​សៀវភៅ​អប់រំ​ជំនឿ និង​ធ្វើ​សិក្ខា​សាលា​ផ្សេងៗ។

មណ្ឌល​អប់រំ​ជំនឿ​កាតូលិក​កម្ពុជា

ឆ្នាំ២០០៩ លោក​ឪពុក ប៉ុងសូដ៍ បាន​ចូលនិវត្តន៍ ហើយ​លោក ដួង សាវង់ ត្រូវ​បានចាត់​តាំងតួនាទីជា​ប្រធាន​គ្រប់គ្រង​បន្ត​ការងារ​នេះ ដោយមានលោក​ឪពុក សេរ៉ាល់ វ៉ូសាំង ជាអ្នក​សម្រប​សម្រួល និង​លោក​អភិបាល អន់តូនី សាមី ជាលោកអភិបាលទទួលបន្ទុកណែនាំ​។ ចាប់តាំងពីពេលនោះមក មណ្ឌល​វប្បធម៌​កាតូលិក​​នេះបាន​ប្តូរ​ឈ្មោះ​ទៅ​ជា មណ្ឌល​អប់រំ​ជំនឿ​កាតូលិក​កម្ពុជា (Centre Catéchétique Catholique au Cambodge)។ ការផ្លាស់ប្តូរនេះ​បង្ហាញ​ពី​ការ​តម្រង់​ទិសឆ្ពោះ​ទៅ​រក​ការ​ថែ​ទាំ​ជំនឿ​គ្រីស្ត​បរិស័ទ​ឱ្យ​បាន​ជាក់​លាក់។ លោក​ឪពុក ហ្រ្វង់ស័រ អេមេល្សដាល បានចូលរួមសហការការងារដោយ​និពន្ធសៀវភៅ​ជា​ច្រើន​ក្បាល មាន​ទាំង​សៀវភៅ​សន្ត​បុគ្គល​ សៀវភៅផ្សេងៗ និងការបកប្រែវីដេអូសន្តបុគ្គលជាដើម។ ​បន្ទាប់​មក​ទៀត តាម​សំណូមពរ​របស់​លោក​អភិបាល​ អូលីវីយេ លោក​ក៏​បាន​បកប្រែ​សៀវភៅ លទ្ធិគ្រីស្តសាសនាតាម​ព្រះ​សហ​គមន៍​​កាតូលិក (La Catéchèse de l’Église Catholique) ហើយ​ទន្ទឹម​គ្នា​នោះ លោកឪពុក ប៉ុងសូដ៍ បាន​បក​ប្រែ​សៀវ​ភៅ មហា​សន្និ​បាត​វ៉ាទី​កង់​ទី២ (Concile Vatican II) បោះពុម្ពផ្សាយនៅឆ្នាំ២០១២។ ឆ្នាំ២០១៣-២០១៨ គណៈកម្មការអប់រំជំនឿបានចាត់និស្សិត៣នាក់ មានដូនជីក្រុមស្រឡាញ់ឈើឆ្កាងម្នាក់ យុវជនម្នាក់មកពីភូមិភាគបាត់ដំបង និងយុវនារីម្នាក់មកពីភូមិភាគកំពង់ចាម ទៅរៀនភាសាបារាំង និងទេវវិទ្យា​ប៉ាស្តូ​រ៉ាល់​​​នៅ​ប្រទេស​​បារាំង ដើម្បីយកចំណេះដឹងមកបម្រើ​ការងារអប់រំជំនឿនៅប្រទេសកម្ពុជាក្រោយពេលបញ្ចប់ការសិក្សា។

តាំងពីសម័យលោកឪពុក ហ្រ្វង់ស្វ័រ ប៉ុងសូដ៍ ជាមួយបងស្រី ហ្ស៊ីលប៊ែត បាន​បម្រើ​ការងារផ្នែកអប់រំជំនឿ​នៅ​ជំរំជនភៀសខ្លួន​អស់​រយៈ​ពេលប្រមាណ២៥ឆ្នាំ និងការបន្តមុខងារគ្រប់គ្រងរបស់លោក ដួង សាវង់ រួមជា​មួយ​នឹងក្រុម​សហ​ការី​អស់រយៈពេល១០ឆ្នាំបន្តទៀត នាំឱ្យមណ្ឌល​អប់រំជំនឿ​នេះសម្រេច​បាននូវ​សមិ​​ទ្ធិផលជាច្រើន ទាំង​ឯក​​សារ​សម្រាប់​ការអប់រំជំនឿ ពិធីបុណ្យ និងព្រះគម្ពីរ ដែលព្រះ​សហ​គមន៍​​កាតូលិក​កម្ពុជា​កំពុង​ប្រើប្រាស់​រហូត​​ដល់​​សព្វថ្ងៃ។

មណ្ឌល​អប់រំ​ជំនឿ​កាតូលិក​សន្តអ៊ីរ៉េណេ

ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ មណ្ឌលនេះបានផ្លាស់ប្តូរ លោក កាន់ ប៊ុយ ជាប្រធានគ្រប់គង​បន្តការ​ងារ​ពីលោក ដួង សាវង់។ ចំណែក​ឯ​លោក​ឪពុក ហ្រ្វង់ស័រ អេមេល្សដាល ជាអ្នកសម្របសម្រួល និងលោកឪពុក ប្រ៊ុយណូ កូសម៍ ​ទទួល​បន្ទុកណែនាំ។ ឆ្នាំ២០២១ គឺជាសម័យកាលមួយដែលប្រទេសកម្ពុជាក៏ដូចជាពិភពលោក​ទាំងមូលកំពុងជួប​ប្រទះ​នឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលបានកើតតាំង​ពីដើមឆ្នាំ២០២០។ នៅប្រទេសកម្ពុជាបម្រាមជួប​ជុំ​មនុស្សច្រើននាក់បានធ្វើឡើងទូទាំងប្រទេសរហូតមានបម្រាម​គោចរចាប់ពីខែមីនា ឆ្នាំ២០២១ និងការបិទផ្ទប់នៅខែមេសា ឆ្នាំដដែល។ ខែឧសភា នៅឆ្នាំដដែល គណៈ​កម្មការ​អប់រំជំនឿ​កាតូលិក​អន្តរ​ភូមិភាគ​នៅកម្ពុជាបាន​ជ្រើសរើស​សន្ត​អ៊ីរ៉េណេ​ជា​ឧបការី​សម្រាប់ មណ្ឌល​អប់​រំ​ជំនឿកាតូលិកកម្ពុជា ដោយប្តូរ​ឈ្មោះមណ្ឌលនេះទៅជា “មជ្ឈមណ្ឌល​អប់រំ​ជំនឿ​កាតូលិក​សន្តអ៊ីរ៉េណេ​នៅ​កម្ពុជា​” ឬហៅកាត់ថា “មណ្ឌលសន្តអ៊ីរ៉េណេ”។

នៅចុងខែមីនា លោក ធីបូ អាស្ទីង (Thibault Hastings) ជា​អ្នកស្ម័គ្រចិត្តបារាំងបានបំពេញការងាររយៈពេល២ខែ ដើម្បី​ជួយកសាងគេហ​ទំព័រឈ្មោះ Catholic Faith Cambodia (www.catholicfaithcambodia.org) សម្រាប់​មណ្ឌល​សន្តអ៊ីរ៉េណេ​​និងដាក់ឱ្យដំណើរការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ ដើមខែវិច្ឆិកា ឆ្នាំ២០២១ លោក កាន់ ប៊ុយ បានបង្កើត Application នៅលើទូរស័ព្ទដៃឆ្លាតវៃមានឈ្មោះថា Catholic Faith Cambodia នៅលើ Play Store ប្រព័ន្ធ Android និងខែមិថុនា ឆ្នាំ២០២២ នៅលើ App Store ប្រព័ន្ធ iOS​។ កម្មវិធីនេះមានមុខងារបីសំខាន់ៗគឺ ព្រះគម្ពីរ ពិធីបុណ្ និងអប់រំជំនឿ។ ក្នុងនោះមានអត្ថបទព្រះគម្ពីរនៅក្នុងប្រតិទិនពិធីបុណ្យប្រចាំថ្ងៃ និងប្រចាំឆ្នាំ ព្រមទាំងកម្មវិធីអធិដ្ឋានតាមពេលកំណត់។ ក្រៅពីនោះ ក៏មានឯកសារសំខាន់របស់ព្រះសហគមន៍ ដូចជាមហាសន្និបាតវ៉ាទីកង់ទី២ លទ្ធិអប់រំជំនឿ និងឯកសារសម្តេចប៉ាបជាដើម។ ជាពិសេសទៀតមានបណ្ណាគារសន្តអ៊ីរ៉េណេ ដើម្បីចែកចាយសៀវភៅទាំងអស់តាម Online ដែលគេអាចបញ្ជាទិញបានដោយផ្ទាល់។
Web-Application នេះពិតជាមានអត្ថប្រយោជន៍ច្រើនទាក់ទងនឹងសកម្មភាពការងាររបស់មណ្ឌលសន្តអ៊ីរ៉េណេ ដើម្បីចែករំលែកព័ត៌មាន និងផ្សព្វផ្សាយការអប់រំជំនឿកាតូលិកជាសាធារណៈបានយ៉ាងងាយស្រួល និងទូលំទូលាយប្រកបដោយប្រសិទ្ធភាព។


[1] យោងលើឯកសារមណៈសាក្សី WOT121។
[2] ប្រវត្តិព្រះសហគមន៍កម្ពុជា ភ្នំពេញ ១៩៩២ ទំ. ១៧៧  និងឯកសារមរណសាក្សី BIO13។
អំពីសន្តអ៊ីរ៉េណេ

សន្តអ៊ីរ៉េណេ គឺជាទេវវិទូរ ជាគ្រូបាធ្យាយ និងជាបិតាព្រះសហគមន៍ដ៏ឧត្តមម្នាក់​។ ទេវវិទ្យារបស់លោក​មាន​ឥទ្ធិពលយ៉ាងខ្លាំង ដែលព្រះសហគមន៍នៅតែយកមករិះគិត​ ដើម្បីបន្តអប់រំជំនឿរហូតដល់សព្វថ្ងៃ។ ឈ្មោះ​អ៊ីរ៉េណេ ឬអេរ៉េណាអ៊ូស (Εἰρηναῖος) ក្នុងភាសាក្រិកមានន័យថា សន្តិភាព។ លោកកើតនៅឆ្នាំ១៣០ នៃគ.ស នៅទីក្រុងស្មៀណា ប្រទេសទួគីសព្វថ្ងៃ និងបានទទួលការបណ្តុះបណ្តាល​ពីលោកប៉ូលីកាព​​ ជាសាវ័ក​របស់ គ្រីស្តទូតយ៉ូហាន ដែលជាអ្នកនិពន្ធគម្ពីរ​ដំណឹងល្អ។ លោកបានបំពេញមុខងារ​ជាអភិបាលទី២ បន្ត​ពី​លោក ប៉ូតាំង នៅទីក្រុង លុកដឺនូម ក្នុងចក្រភពរ៉ូម៉ាំង ឬទីក្រុង លីយ៉ុង ប្រទេស​បារាំងសព្វថ្ងៃ រហូតដល់ទទួល​មរណភាពនៅឆ្នាំ២០២ នៃគ.ស។

នៅស.វទី២ នៃគ.ស ព្រះសហគមន៍ចាប់ផ្តើមរីកចម្រើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែ ស្របពេលជាមួយគ្នា មានកិច្ចការជាច្រើនដែលព្រះសហគមន៍​ពុំទាន់បានចាត់ចែងនៅឡើយ ដូចជាការ​បញ្ជាក់​អំពីគោលលទ្ធិនៃជំនឿ ការអនុម័តគម្ពីរសាសនបញ្ញត្តិ ពោលគឺការកំណត់បញ្ជីកណ្ឌគម្ពីរ​ជាផ្លូវ​ការជា​ដើម​។ ដោយសារហេតុនេះហើយ ទើបមានក្រុមគណៈតូចៗខ្លះៗ​កើតឡើងឯករាជ្យជ្រុល​និយម ដូចជាក្រុម​មួយ​​ដែលគេហៅថា ក្រុមចំណេះនិយម (Gnosticism)។ លោកអ៊ីរ៉េណេ​បានចំណាយកម្លាំង​យ៉ាងច្រើន ដើម្បី​ប្រឆាំង​ទៅនឹងគណៈតូចៗ​ទាំងនោះ។ ស្នាដៃដ៏មានសារសំខាន់បំផុតរបស់លោក គឺសំណេរដែលមាន​ចំណង​ជើងថា សេចក្តីប្រឆាំងអ្នកវង្វេងជំនឿ (Against Heresies)។ លោកអ៊ីរ៉េណេក៏បានដើរតួនាទីយ៉ាងសំខាន់​ក្នុង​​ការបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ។

ឆ្នាំ២០២១ គណៈកម្មការអប់រំជំនឿកាតូលិកអន្តរភូមិភាគនៅកម្ពុជា បានជ្រើសរើសសន្តអ៊ីរ៉េណេជាឧបការីសម្រាប់មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា ដោយប្តូរឈ្មោះមណ្ឌលនេះទៅជា “មជ្ឈមណ្ឌលអប់រំជំនឿកាតូលិកសន្តអ៊ីរ៉េណេនៅកម្ពុជា”។

នៅថ្ងៃទី២១​ ខែមករា ឆ្នាំ២០២២ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានចេញក្រឹត្យមួយតែងតាំង សន្តអ៊ីរ៉េណេជា បណ្ឌិតព្រះសហគមន៍ដែលមានចំណងជើងថា បណ្ឌិតខាងបង្រួបបង្រួមព្រះសហគមន៍ជាធ្លុងតែមួយ (Doctor Unitatis)

  • ព្រះសហគមន៍កាតូលិកប្រារព្ធបុណ្យសន្តអ៊ីរ៉េណេ នៅថ្ងៃទី២៨ ខែមិថុនា។
  • ព្រះសហគមន៍អ័រតូដុកប្រារព្ធ នៅថ្ងៃទី២៣ ខែសីហា។

សន្តអ៊ីរ៉េណេ​

ព្រះជាម្ចាស់សម្តែងសិរីរុងរឿងនៅពេលមនុស្សមានជីវិតរស់រវើក ហើយមនុស្សមានជីវិតរស់រវើកនៅពេលជួបព្រះជាម្ចាស់។

គេហទំព័រពាក់ព័ន្ធ
Related Websites

2,402 Views
Theme: Overlay by Kaira