លទ្ធិអប់រំជំនឿគ្រីស្តសាសនា

លទ្ធិគ្រីស្តសាសនា
តាមព្រះសហគមន៍កាតូលិក

ឯកសារនេះអាចទាញយកអត្ថបទទាំងស្រុងជា PDF នៅខាងក្រោម និងអាចទិញជាសៀវភៅដោយ ចុចនៅទីនេះ

ទាញយក

សេចក្តី​ផ្តើម

បញ្ជីអក្សរកាត់

បញ្ជីអក្សរកាត់

AA       Apostolicam actuositatem
AG       Ad gentes
Ben      De Benedictionibus
CA       Centesimus annus
CR       Catechismus Romanus
CCEO  Corpus Canonum Ecclesiarum Orientalium
CD       Christus Dominus
CDF     Congrégation pour la doctrine de la foi
CIC      Codex Iuris Canonici
CL       Christifideles laici
COD    Conciliorum oecumenicorum decreta
CT       Catechesi tradentae
DCG    Directorium Catecheticum Generale
DeV     Dominum et Vivificantem
DH       Dignitatis Humanae
DM      Dives in misericordia
DS       Denzinger
DV       Dei Verbum
EN       Evangelii Nuntiandi
FC        Familiaris consortio
GE       Gravissimum educationis
GS       Gaudium et spes
HV       Humanae vitae
IGLH   Introductio generalis LH
IGMR  Intitutio generalis MR
IM        Inter mirifica
LE        Laborem exercens
LG       Lumen gentium
LH       Liturgie des heures
MC      Marialis cultus
MD      Mulieris dignitatem
MF       Mysterium fidei
MM      Mater et magista
MR      Missel romain
NA       Nostra aetate
OBA    Ordo baptismi adultorum
OBP     Ordo baptismi parvulorum
OCf     Ordo confirmationis
OcM    Ordo celebrandi matrimonium
OCV    Ordo consecrationis virginum
OE       Orientalium ecclesiarum
OEx     Ordo exsequiarum
off. lect. office des lectures
OICA   Ordo initiationis christinae adultorum
OP        Ordo poenitentiae
OT       Optatam totius
PC        Perfectae caritatis
PO       Presbyterorum ordinis
PP        Populorum progressio
PT        Pacem in terris
RH       Redemptor hominis
RM      Redemptoris mater
RP        Reconciliatio et poenitentia
SC        Sacrosanctum concilium
SPF      Credo du Peuple de Dieu : profession de foi solennelle
SRS      Sollicitudo rei socialis
UR       Unitatis redintegratio

បុព្វកថា លេខ១-២៥

“ឱព្រះបិតាអើយ! (...) ជីវិតអស់កល្បជានិច្ច គឺឱ្យគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និង​ឱ្យគេស្គាល់​ព្រះ​យេស៊ូគ្រីស្ត ដែលព្រះអង្គចាត់ឱ្យមក” (យហ ១៧,៣)។ “ព្រះជាម្ចាស់ជាព្រះសង្រ្គោះ​របស់​យើង (...) ព្រះអង្គសព្វព្រះហឫទ័យ​ឱ្យមនុស្សទាំងអស់បានទទួលការសង្រ្គោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់” (១ធម ២,៣-៤)។​ “ក្រៅពីព្រះយេស៊ូ គ្មាន​នរណា​ម្នាក់អាចសង្រ្គោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃ​នេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតដើម្បីសង្រ្គោះយើងនោះឡើយ” (កក ៤,១២)។

១.​ ជិវិតរបស់មនុស្ស គឺស្គាល់ និងស្រលាញ់ព្រះជាម្ចាស់

១. ព្រះជាម្ចាស់ប្រកបដោយភាពល្អឥតខ្ចោះដែលគ្មានព្រំដែន និងពោរពេញទៅដោយសុភមង្គល តាម​គម្រោងការណ៍ដ៏​សប្បុរសបំផុត ទ្រង់បានបង្កើតមនុស្ស ដោយមានសេរីភាពពេញលេញ ដើម្បីឱ្យមនុស្ស​រួម​​​ចំណែក នៅ​ក្នុង​ព្រះជន្ម​ប្រកបដោយសុភមង្គលរបស់ព្រះអង្គ។​ អាស្រ័យហេតុនេះហើយ បានជានៅ​គ្រប់​សម័យ​កាល និងគ្រប់ទិសទី ព្រះ​អង្គ​​​យាង​មក​ជិតមនុស្ស។ ព្រះអង្គត្រាស់ហៅមនុស្ស ជួយឱ្យគេ​ស្វែង​រកព្រះអង្គ ឱ្យគេស្គាល់ និង​ស្រលាញ់​​ព្រះអង្គ ​​អស់ពីកម្លាំងកាយចិត្ត។ ព្រះអង្គកោះហៅមនុស្ស​ទាំង​អស់ ដែលអំពើបាប​បាន​ខ្ចាត់​ខ្ចាយ ឱ្យរួម​រស់​ជាមួយគ្នា ក្នុងក្រុមគ្រួសារតែមួយ​របស់​ព្រះអង្គ គឺ​ព្រះសហគមន៏។​ ដល់ពេល​​កំណត់​ ព្រះអង្គ​​ក៏បានចាត់ព្រះបុត្រាព្រះអង្គ ជាព្រះសង្រ្គោះ ដើម្បីបំពេញ​គម្រោងការណ៍នេះ។ នៅ​​​ក្នុ​ង​​អង្គ​​ព្រះ​​បុត្រា​នេះ និង​ដោយសារព្រះអង្គ ហើយនៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​ដែរ ព្រះជាម្ចាស់​​​ត្រាស់​​ហៅមនុស្សឱ្យ​ទៅជា​បុត្រ​ធីតា​​​របស់​ព្រះអង្គ និងទទួមរតកនៃ​ព្រះជន្ម​​ប្រកបដោយ​សុភមង្គល​​​របស់​ព្រះអង្គ។

២. ដើម្បីឱ្យការត្រាស់ហៅនេះលាន់ឮនៅលើផែនដីទាំងមូល ព្រះគ្រីស្តបានចាត់ក្រុមគ្រីស្តទូត ដែល​ព្រះ​អង្គ​​​បានជ្រើសរើស ដោយផ្ដែផ្ដាំឱ្យទៅប្រកាសដំណឹងល្អ៖ “ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ ឱ្យ​​ធ្វើ​ជា​​សាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវ​បង្រៀន​គេ​​ឱ្យ​ប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់​គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នា ជា​រៀង​​រាល់​ថ្ងែ រហូតដល់អវសានកាលនៃពិភពលោក” (មថ ២៨,១៩-២០)។ ដោយបានទទួល​បេសកកម្ម​នេះ ក្រុម​​គ្រីស្តទូតក៏ “នាំគ្នាចេញទៅប្រកាសដំណឹងល្អ នៅគ្រប់ទីកន្លែង។ ​ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ព្រមទាំង​​បញ្ជាក់​​ព្រះបន្ទូល ដោយសម្ដែងទីសម្គាល់​ផ្សេងៗភ្ជាប់ជាមួយផង” (មក ១៦,២០)។

៣. ដោយមានជំនួយពីព្រះជាម្ចាស់ អស់អ្នកដែលបានទទួលការត្រាស់ហៅរបស់ព្រះគ្រីស្ត ហើយក៏ស្ម័គ្រចិត្តធ្វើតាម សេចក្ដីស្រលាញ់របស់ព្រះគ្រីស្តបានជំរុញឱ្យគេទៅ​ប្រកាសដំណឹងល្អ គ្រប់​​​ទីកន្លែងក្នុងពិភពលោកទាំងមូល។​ អ្នកបន្តមុខងារពីក្រុមគ្រីស្តទូតបានរក្សាទុក​កំណប់នេះ​ ដោយចិត្តស្មោះ​ត្រង់​ ហើយព្រះជាម្ចាស់បានត្រាស់ហៅអស់អ្នកដែលផ្ញើជីវិតទៅលើព្រះគ្រីស្ត​ ឱ្យបញ្ជូនកំណប់នេះ ពីជំនាន់​មួយទៅ​ជំនាន់មួយ ដោយប្រកាសជំនឿ ដោយប្រតិបត្តិតាមជំនឿនេះ ក្នុងការចែករំលែករវាងបងប្អូន និង​ដោយ​លើក​តម្កើងជំនឿនេះ ក្នុងពិធីបុណ្យ និងការអធិដ្ឋាន (កក ២,៤២)។

២. ការបញ្ជូនជំនឿ៖ ការអប់រំជំនឿ

៤. តាំងពីដើម គេហៅការអប់រំជំនឿ គឺជាការខិតខំទាំងប៉ុន្មាន ដែលព្រះសហគមន៍បានធ្វើ ដើម្បីបង្កើនសាវ័ក ដើម្បី​​ជួយមនុស្សលោកឱ្យជឿថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដើម្បីឱ្យគេមានជីវិតក្នុង​ព្រះនាម​ព្រះអង្គ ដោយសារជំនឿ​ ហើយដើម្បីជួយអប់រំ និងប្រៀនប្រដៅគេក្នុងជីវិតនេះ និងដើម្បី​កសាង​ព្រះកាយព្រះគ្រីស្ត (CT ១ ; ២)។

៥. “ពេលយើងអប់រំជំនឿ គឺយើងជួយណែនាំ ក្មេងៗ យុវជន និងមនុស្សពេញវ័យ ឱ្យ​យល់ដឹងអំពី​លទ្ធិ​នៃគ្រីស្តសាសនា តាមរបៀបរៀបរយ និងយ៉ាងច្បាស់លាស់ ដើម្បីឱ្យគេចាប់ផ្ដើមស្គាល់ការរស់នៅជា​គ្រីស្តបរិស័ទឱ្យ​​​បាន​ពេញ​​​លក្ខណៈ” (CT ១៨)។

៦. ការអប់រំជំនឿទាក់ទងនឹងគោលការណ៍ខ្លះៗ ​នៃបេសកកម្មរបស់ព្រះសហគមន៍ ក្នុងការប្រកាសដំណឹង​ល្អ ដែលមាន​លក្ខណៈ​​ដូចការ​អប់រំជំនឿ ដែលជាការត្រៀមអប់រំជំនឿ​ ឬដែលបែកចេញមកពីការអប់រំជំនឿ គឺជាការ​ប្រកាស​ដំណឹង​ល្អជា​លើក​ទីមួយ ឬជាការទេសនាប្រៀនប្រដៅដើម្បីជំរុញឱ្យគេជឿ។ ការស្វែងរកនូវគុណសម្បត្តិ ដើម្បីឱ្យគេជឿ បទពិសោធន៍​នៃការរស់នៅជាគ្រីស្តបរិស័ទ ការ​ប្រារព្ធនៃអគ្គសញ្ញា​ ការចូលរួមក្នុងព្រះសហគមន៍ និងការផ្ដល់​សក្ខីភាពរបស់គ្រីស្តទូត និងសាសនទូត (CT ១៨) ។

៧. “ការអប់រំជំនឿទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតទាំងស្រុងរបស់ព្រះសហគមន៍។​ ព្រះសហគមន៍​​រីកចម្រើន​នៅ​លើផែនដី ចំនួនមនុស្សក៏កើនឡើងនៅក្នុងព្រះសហគមន៍ អាស្រ័យទៅលើការ​អប់រំ​ជំនឿ។ លើសពីនេះ​ទៅ​ទៀត ព្រះសហគមន៍លូតលាស់ និងគាប់ព្រះហឫទ័យរបស់​ព្រះជាម្ចាស់ក៏​អាស្រ័យ​ទៅលើការអប់រំ​ជំនឿផង​ដែរ” (CT ១៣)។

៨. ក្នុងសម័យកាល ដែលព្រះសហគមន៍បានផ្លាស់ប្តូរសាជាថ្មី ក៏ជាពេលត្រូវអប់រំជំនឿ​កែលំអ យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ។ ដូច្នេះហើយ នៅវេលាដ៏ថ្លៃថ្លានៃគ្រូបាធ្យាយ មានលោកអភិបាលដ៏វិសុទ្ធបានខិតខំចូលរួមចំណែកយ៉ាងខ្លាំង ក្នុងកិច្ចបម្រើនេះ ដូចជាសន្ត ស៊ីរីល នៃយេរូសាឡឹម សន្ត យូហាន គ្រីសូស្តូម សន្ត អំប្រ័រ និង សន្ត អូគូស្តាំង និងគ្រូបាធ្យាយជាច្រើននាក់ទៀត ដែលបានទុកស្នាដៃគំរូ យ៉ាងច្រើន រហូតដល់សព្វថ្ងៃនេះ។

៩. អ្នកណែនាំអប់ជំនឿដកស្រង់គំនិតថ្មីៗជានិច្ច ក្នុងមហាសន្និបាតសកល។ មហាសន្និបាតនៅទីក្រុងត្រង់ជាគំរូគួរឱ្យកត់សម្គាល់ បានទុកការអប់រំជំនឿជា​អាទិភាព ក្នុងធម្មនុញ្ញ និងក្រិត្យក្រម ហើយជាប្រភពនៃសៀវភៅអប់រំជំនឿនៃទីក្រុងរ៉ូម ដែលជាស្នាដៃដ៏សំខាន់បំផុត ជាសេចក្ដីសង្ខេបអំពីលទ្ធិនៃគ្រីស្តសាសនា។ មហាសន្និបាតនេះ បានជំរុញឱ្យព្រះសហគមន៍ ចាត់ចែងការអប់រំជំនឿតាមរបៀបល្អត្រឹមត្រូវជាទីបំផុត ហើយបានបណ្តាលឱ្យមានសៀវភៅអប់រំជំនឿជាច្រើនត្រូវគេបោះពុម្ពផងដែរ ដោយសារលោកអភិបាលដ៏វិសុទ្ធ និងទេវវិទូជាច្រើនរូប ដូចជាសន្ត សិលា កានីស៊ីយុស សន្ត សាល បូរ៉ូមេ សន្ត តូរីប៊ីយ៉ូ ឌឺម៉ូគ្រូវេយ៉ូ ឬសន្ត រ៉ូប៊ែរ បែលឡាមីន ជាដើម ។

១០. ដូច្នេះហើយ បានជាមិនត្រូវឆ្ងល់ថា បន្ទាប់ពីមហាសន្និបាតវ៉ាទីកង់ទីពីរ ដែលសម្តេចប៉ាប ប៉ូលទីប្រាំមួយ ចាត់ទុកជាការអប់រំជំនឿដ៏សំខាន់នៃសម័យទំនើប គេបានចាប់អារម្មណ៍អំពីការអបុំរំជំនឿនៃព្រះសហគមន៍ឡើងវិញ ដូច “ក្បួនច្បាប់ទូទៅនៃការអប់រំជំនឿនៅឆ្នាំ ១៩៧១ សិក្ខាសិក្ខាសាលាសាលានៃសន្និបាតរបស់អស់លោកអភិបាលអំពីការប្រកាសដំណឹងល្អ (១៩៧៤) និងអំពីការអប់រំជំនឿ (១៩៧៧) លិខិតដាស់តឿនគ្រីស្តបរិស័ទ ដែលមកពីសិក្ខាសាលានោះ ដូចជា “Evangelii nuntiandi” (១៩៧៥) និង “Catechesi tradentae” (១៩៧៩) ផ្ដល់សក្ខីភាព។ សេក្ខសាលាវិសាមញ្ញនៃសន្និបាតរបស់អស់លោកអភិបាល នៅឆ្នាំ១៩៨៥ បានសុំឱ្យមានសៀវភៅអំពីលទ្ធិកាតូលិកទាំងមូល លើវិស័យជំនឿ និងសីលធម៌ផង។ សម្តេចប៉ាប យ៉ូហាន ប៉ូល ទីពីរ ក៏មានសំណូមពរនេះដែរ ដោយទទួលស្គាល់ថា “បំណងនេះស្របនឹងតម្រូវការពិតប្រាកដរបស់ព្រះ       សហគមន៍សកល និងព្រះសហគមន៍ភូមភាគ”។​ សម្តេចក៏បានខិតខំអស់ពីសមត្ថភាពឱ្យបំណងនៃអស់លោកអភិបាលនោះបានសម្រេច។

៣. គោលដៅរបស់សៀវភៅនេះ និងអ្នកទទួលសៀវភៅនេះ

១១. សៀវភៅនេះមានគោលដៅបង្ហាញ តាមរបៀបរៀបរយ យ៉ាងច្បាស់លាស់នូវសេចក្ដីសំខាន់ៗ និង​មូលដ្ឋាន​​គ្រឹះ​នៃលទ្ធិរបស់គ្រីស្ត​សាសនា ដែល​សម្ដៅ​ទៅលើជំនឿផង សីលធម៌ផង ដោយមានការជួយបំភ្លឺអំពីមហាសន្និបាត​វ៉ាទីកង់​ទី២ និងការ​បញ្ជូន​​បន្តទាំង​ស្រុង​នៃ​ព្រះសហគមន៍។​ សៀវភៅនេះ មានប្រភពសំខាន់ៗ ដូចជាព្រះ​គម្ពីរ​ដ៏វិសុទ្ធ គ្រូបាធ្យាយដ៏វិសុទ្ធ​នៃព្រះសហគមន៍ ពិធីបុណ្យ និងក្រុមណែនាំព្រះសហគន៍។​ យើងអាចយក​សៀវភៅនេះ​ ​ធ្វើជាគំរូសម្រាប់អប់រំជំនឿ​​ ឬ​សេចក្ដី​សង្ខេបនៃជំនឿ នៅក្នុងប្រទេសផ្សេងៗ។

១២. សៀវភៅនេះសម្រាប់បម្រើដល់តម្រូវការរបស់អ្នកអប់រំជំនឿ ជាពិសេសលោក​អភិបាល ដែល​ជា​គ្រូបាធ្យាយនៃជំនឿ និងជាគង្វាលរបស់ព្រះសហគមន៍។ យើងផ្ដល់សៀវភៅនេះជូនពួកលោកដើម្បីទុកជា​ឧបករណ៍ ក្នុង​ការ​ប្រៀន​ប្រដៅ​​ប្រជារាស្រ្តរបស់ព្រះជាម្ចាស់។​ តាមរយៈពួកលោកអភិបាល សៀវភៅ​នេះ​មាន​ប្រយោជន៍ចំពោះ​អ្នក​និពន្ធសៀវភៅ​អប់រំ​ជំនឿ លោកបូជាចារ្យ និងអ្នកណែនាំអប់រំជំនឿ ព្រមទាំងគ្រីស្តបរិស័ទ​ឯ​ទៀតៗ​​ផងដែរ។

៤. រចនាសម្ពន្ធនៃសៀវភៅនេះ

១៣. រចនាសម្ពន្ធនៃសៀវភៅនេះមានដូចទំនៀមទំលាប់បុរាណ ដែលរៀបចំការអប់រំជំនឿតាមបួន​វគ្គ៖ ធម៌​ប្រកាស​ជំនឿ (ធម៌ជឿ) អគ្គសញ្ញានៃជំនឿ របៀបរស់នៅរបស់អ្នកជឿ (ធម្មវិន័យ) និងការ​អធិដ្ឋានរបស់ អ្នកជឿ (ធម៌​ឱព្រះបិតា)។​

វគ្គទីមួយ៖ ធម៌ប្រកាសជំនឿ

១៤. ដោយសារជំនឿនិងពិធីជ្រមុជទឹក អស់អ្នកដែលជាកម្មសិទិ្ធរបស់ព្រះគ្រីស្ត ត្រូវតែប្រកាស​ជំនឿរបស់គេ​ចំពោះ​មនុស្សលោក (មថ ១០,៣២ ; រម ១០,៩)។​ សៀវភៅនេះថ្លែងអំពីព្រះជាម្ចាស់មានព្រះបន្ទូល និង​ប្រោស​ប្រទាន​​ខ្លួនព្រះអង្គឱ្យ​មនុស្សលោក ហើយថ្លែងអំ​ពី​ជំនឿ ដែលជាចម្លើយរបស់មនុស្សចំពោះព្រះជាម្ចាស់​ (ភាគទីមួយ)។​​ ធម៌ប្រកា​សជំនឿ​ជា​សេចក្ដីសង្ខេបនៃព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រោសប្រទាន​ឱ្យ​មនុស្ស​លោក ព្រះអង្គទ្រង់ជាប្រភពនៃសេចក្ដី​ល្អ​គ្រប់​យ៉ាង ជាព្រះ​សង្រ្គោះ និងជា​ព្រះដែលប្រោសឱ្យបានវិសុទ្ធ។ ​ធម៌ប្រកាស​ជំនឿ​​​នេះ​មាន​បី​ “ជំពូក” គឺផ្ញើជីវិតទៅ​លើ​​ព្រះជាម្ចាស់តែមួយ៖ ព្រះបិតាដ៏មាន​ឫទ្ធានុភាព​​សព្វ​ប្រការ ជា​ព្រះបង្កើត​ ព្រះយេស៊ូគ្រីស្តជា​ព្រះបុត្រា​របស់​ព្រះអង្គ ជាព្រះអម្ចាស់ និងជា​ព្រះ​​សង្រ្គោះ​​របស់​យើង ហើយនឹងព្រះវិញ្ញាណដ៏​វិសុទ្ធ នៅក្នុង​ព្រះសហគមន៏​ដ៏វិសុទ្ធ (ភាគទីពីរ )។

វគ្គទីពីរ៖ អគ្គសញ្ញានៃជំនឿ

១៥. វគ្គទីពីរនៃសៀវភៅនេះបរិយាយអំពីរបៀបសង្រ្គោះរបស់ព្រះជាម្ចាស់ ដែលព្រះយេស៊ូគ្រីស្ត និង​ព្រះ​​​វិញ្ញាណ​ដ៏វិសុទ្ធ បានសម្រេចតែម្តង ក្នុងកិច្ចការដ៏សក្ការៈនៃ​ពិធី​បុណ្យ​របស់​ព្រះ​សហគមន៏ (ភាគទីមួយ) ជាពិសេសនៅក្នុងអគ្គសញ្ញាទាំងប្រាំពីរ (ភាគទីពីរ )។

វគ្គទីបី៖ របៀបរស់នៅរបស់អ្នកជឿ

១៦. វគ្គទីបីនៃសៀវភៅនេះ ថ្លែងអំពីទីចុងក្រោយរបស់មនុស្ស ដែលមានលក្ខណៈ​ដូចព្រះ​ជាម្ចាស់៖ ដើម្បីទទួលបានសុភមង្គល​​​ដ៏​ពិតប្រាកដ និងផ្លូវឆ្ពោះទៅកាន់សុភមង្គលនេះ គឺត្រូវប្រព្រឹត្តកិច្ចការដោយមាន​ចិត្ត​ស្មោះត្រង់ និងសេរីភាពពេញលេញ ដោយមានធម្មវិន័យ និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយផង (ភាគទីមួយ) ហើយដោយ​ប្រពឹ្រត្ត​កិច្ចការ ដែល​ធ្វើតាមសេចក្ដីស្រលាញ់ តាមវិន័យដប់​ប្រការ​របស់​​ព្រះជាម្ចាស់ (ភាគទីពិរ )។

វគ្គទីបួន៖ ការអធិដ្ឋានរបស់អ្នកជឿ

១៧. វគ្គចុងក្រោយនៃសៀវភៅនេះ បរិយាយអំពីអត្ថន័យ​ និងសារៈសំខាន់នៃការអធិដ្ឋានក្នុងការស់នៅរបស់អ្នកជឿ (ភាគទីមួយ) ហើយ​ទី​បញ្ចប់ សៀវភៅនេះ​ផ្ដល់សេចក្ដីអធិប្បាយដ៏ខ្លីអំពីពាក្យសុំទាំងប្រាំពីរ​នៃការអធិដ្ឋាន​របស់​ព្រះ​អម្ចាស់ (ភាគទីពីរ )។ នៅក្នុងពាក្យសុំនោះ យើងទទួលអ្វីៗដ៏ល្អដែលយើងត្រូវតែសង្ឃឹម ហើយដែល​ព្រះ​បិតា​របស់យើង ​ដែលគង់​នៅ​ស្ថានបរមសុខ សព្វព្រះហឫទ័យប្រោសប្រទានមកយើង។

៥. ពាក្យណែនាំដើម្បីប្រើប្រាស់សៀវភៅនេះ

១៨. សៀវភៅនេះជាសេចក្ដីរាយការណ៍នៃលទ្ធិទាំងស្រុងរបស់ព្រះសហគមន៍កាតូលិក ។​ ដូច្នេះហើយ បាន​ជា​​​ត្រូវ​​តែ​អាន​ដោយយកចិត្តទុកដាក់នឹងឯកភាពនៃសៀវភៅនេះ។

១៩. ក្នុងកណ្ឌខ្លះ មានអត្ថបទដកស្រង់ពីព្រះគម្ពីរដ៏វិសុទ្ធ។ ត្រូវតែអានអត្ថបទនោះទាំងស្រុង ដើម្បី​ឈ្វេង​យល់​យ៉ាងច្បាស់អំពីគំនិតនៃកណ្ឌនោះ។

២០. ក្នុងកណ្ឌខ្លះ យើងប្រើអក្សរតូចៗ ជាកំណត់សម្គាល់ខាងប្រវត្តិសាស្រ្ត ឬដែលជួយពង្រឹងជំនឿ ឬអំពីអត្ថាធិប្បាយបន្ថែម ដើម្បីឱ្យងាយយល់អំពីលទ្ធិនៃគ្រីស្តសាសនា។

២១. មានការដកស្រង់អត្ថបទផ្សេងៗដោយប្រើអក្សរតូចៗដែលមានប្រភពមកពីបុព្វបុរស ពិធីបុណ្យផ្សេងៗ ក្រុមអ្នកដឹកនាំ ឬជីវប្រវត្តិរបស់សន្តបុគ្គល ដើម្បីបំពេញបន្ថែមទៅលើសេចក្តីអត្ថាធិប្បាយអំពីលទ្ធិនៃគ្រីស្តសាសនាឱ្យកាន់តែក្បោះក្បាយ។ ជារឿយៗ អត្ថបទទាំងនោះ ត្រូវបានដកស្រង់ ដើម្បីប្រើប្រាស់ក្នុងការអប់រំជំនឿ។

២២. នៅចុងបពា្ចប់នៃប្រធានបទនីមួយៗ តែងតែមានអត្ថបទយ៉ាងខ្លីៗ ដែលសង្ខេបពីអត្ថន័យសំខាន់ៗនៃការប្រៀប្រដៅ។ សេចក្ដីសង្ខេប នោះ អាចផ្ដល់គំនិតឱ្យព្រះសហគមន៍នីមួយៗប្រើប្រាស់ ដើម្បីអប់រំជំនឿ។

៦. ការកែសម្រួលជាចាំបាច់

២៣. សៀវភៅនេះសម្ដៅទៅលើលទិ្ធនៃគ្រីស្តសាសនា មានគោលដៅជួយឱ្យយល់អំពីជំនឿ​កាន់​តែ​​ជ្រៅ​ទៅៗ​ ដើម្បីឱ្យជំនឿនេះកាន់តែរីកចម្រើន ចាក់ឫសនៅក្នុងជីវិត និងផ្ដល់ពន្លឺនៃ​សក្ខីភាព (CT ២០-២២; ២៥)។

២៤. ត្រូវតែកែសម្រួលសៀវភៅនេះ ស្របតាមវប្បធម៌ សម័យកាល កម្រិត​ខាង​វិញ្ញាណ ស្ថានភាពក្នុងសង្គម និង​ក្នុង​ព្រះ​សហគមន៍ ដើម្បីបង្រៀនការអប់រំជំនឿដល់អ្នកស្វែងយល់។ ការកែសម្រួលជាចាំបាច់​ទាំងអស់នោះ​អាស្រ័យ​ទៅ​លើ​សៀវភៅ​​អប់រំជំនឿនីមួយៗ​ ជាពិសេសរបស់អ្នកណែនាំគ្រីស្តបរិស័ទ។ អ្នកបង្រៀនត្រូវតែ “ធ្វើឱ្យដូចមនុស្សទាំងអស់ ក្នុងគ្រប់កាលៈទេសៈ (...) តាមគ្រប់មធ្យោបាយទាំងអស់” (១ករ ៩,២២) ដើម្បីណែនាំគេឱ្យស្គាល់ព្រះយេស៊ូគ្រីស្ត (...)។ ជាពិសេស មិនត្រូវគិតថា អ្នកទាំងនោះមានព្រលឹងវិញ្ញាណដូចៗគ្នា ហើយយកវិធីសាស្រ្តបែបតែមួយដដែលៗ មកអប់រំទេ! ត្រូវគិតថា អ្នកខ្លះរួមរស់ជាមួយ​ព្រះយេស៊ូគ្រីស្តដូចកូនក្មេងទើបនឹងកើត អ្នកខ្លះទៀតដូចក្មេងជំទង់ ហើយមានអ្នកខ្លះទៀត ជឿដូច​មនុស្ស​ពេញវ័យ (...)។ ដោយបញ្ជូនការប្រៀនប្រដៅនៃគម្រោងការដ៏អស្ចារ្យ អំពីជំនឿ និងសីលធម៌ អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យបង្រៀនត្រូវតែប្រើពាក្យសម្ដីសមស្របទៅតាមប្រាជ្ញាស្មារតីរបស់អ្នកស្តាប់។

សេចក្ដីស្រលាញ់លើសអ្វីៗទាំងអស់

២៥. ដើម្បីបញ្ចប់បុព្វកថានេះ គួររម្លឹកគោលការណ៍សំខាន់ នៃសៀវភៅអប់រំជំនឿ នៅទីក្រុងរ៉ូម​គឺ៖

លទិ្ធ និង​ការ​ប្រៀនប្រដៅមានគោលដៅត្រូវតែចូលក្រោមសេចក្ដីស្រលាញ់ ដែលគ្មានទីបញ្ចប់ ដ្បិត​យើងអាចរាយការណ៍​អំពី​អ្វី​ដែលត្រូវតែជឿ​ សង្ឃឹម ឬប្រពឹ្រត្ត ប៉ុន្តែយើងតែងតែត្រូវធ្វើ​ឱ្យសេចក្ដី​ស្រលាញ់របស់​ព្រះអម្ចាស់នៃយើងលេចចេញមក ដើម្បីឱ្យមនុស្សគ្រប់គ្នាយល់ថា អំពើ​ល្អ​​នីមួយៗ ដែល​គ្រប់​លក្ខណៈតាមគ្រីស្តសាសនាមាន​ប្រភព ​និងទីចុងក្រោយតែមួយ គឺ​សេចក្ដីស្រលាញ់ (CR)។

វគ្គទីមួយ៖​​​​ ធម៌ប្រកាសជំនឿ

ភាគទី១៖ “ខ្ញុំជឿ” “​យើងជឿ”

ជំពូក១ លេខ២៦-៤៩

ភាគទីមួយ​៖ ​​
“ខ្ញុំជឿ”​ “​យើងជឿ”

២៦. ពេលយើងប្រកាសជំនឿ យើងចាប់ផ្ដើម​ប្រកាសថា​ “ខ្ញុំជឿ”​ ឬក៏ “យើងជឿ”។ មុននឹងរាយការណ៍អំពីជំនឿ​របស់​​​ព្រះសហគមន៍​ ដែល​​យើងប្រកាសនៅក្នុងធម៌ប្រកាសជំនឿ ដែលយើងលើកតម្កើងនៅក្នុង​ពិធីបុណ្យ​ ដែល​​​​យើង​​​អនុវត្តន៍​​នៅ​ក្នុង​ធម្មវិន័យ​​​ និងក្នុងការ​អធិដ្ឋានយើងត្រូវតែសួរខ្លួនឯងថា​ តើ “ជំនឿ” ​មានអត្ថន័យ​​យ៉ាង​​​ដូច​​មេ្ដច?​ ជំនឿ​​​ជា​​ចម្លើយរបស់មនុស្ស​ចំពោះ​​ព្រះជាម្ចាស់ ដែលសម្ដែងព្រះអង្គ​ឱ្យ​មនុស្ស​​ស្គាល់ ដែលប្រទានព្រះអង្គឱ្យមនុស្ស ព្រមទាំង​​បំភ្លឺ​​អស់អ្នក​ដែល​ស្វែងរកអត្ថន័យ​នៃដំណើរ​ជីវិត​របស់គេ។​ មនុស្សស្វែងរកព្រះជាម្ចាស់​ (ជំពូកទី​មួយ)​ ព្រះជាម្ចាស់ក៏សម្ដែងព្រះអង្គឱ្យមនុស្ស​ស្គាល់ (ជំពូកទីពីរ)​ ហើយ​មនុស្ស​ឆ្លើយតបនឹងព្រះអង្គដោយផ្ញើជីវិតទាំងស្រុងលើព្រះអង្គ (ជំពូកទីបី)។

ជំពូកទីមួយ​៖​
មនុស្សអាចស្គាល់ព្រះជាម្ចាស់បាន

១.​ មនុស្សមានបំណងប្រាថ្នាចង់ស្គាល់ព្រះជាម្ចាស់

២៧. ក្នុងជម្រៅចិត្តគេ មនុស្សមានបំណងប្រាថ្នាចង់ស្គាល់ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់បានបង្កើត​មនុស្ស​​​​​​​​សម្រាប់​​​​​​​​​ព្រះអង្គ។ ​​ព្រះជាម្ចាស់​​​​​​តែងតែទាក់ទាញមនុស្សទៅរកព្រះអង្គ​ ហើយមានតែ​ព្រះជាម្ចាស់​ទេ​ ដែល​អាច​ផ្ដល់​​សេចក្ដីពិត​ និងសេចក្ដីសុខសាន្ត ដែលមនុស្សតែងតែស្វែងរក។

មនុស្សមានកិត្តិយសដ៏ថ្លៃថ្នូរបំផុត មកពីព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យរួបរួមជាមួយព្រះអង្គ។​​​ តាំង​​​ពីពេល​​​មាន​​មនុស្ស​នៅ​លើផែនដី​​​ ព្រះអង្គអញ្ជើញ​​​មនុស្សឱ្យនិយាយសន្ទនាជាមួយព្រះអង្គ។ មនុស្សកើតមក​នៅ​​​​លើផែនដី​​​ មកពី​​​ព្រះ​​​ជា​ម្ចាស់​​បង្កើតដោយព្រះហឫទ័យស្រឡាញ់ ហើយព្រះអង្គក៏នៅតែប្រទានឱ្យមនុស្ស​​​មាន​​ជីវិតតទៅ​​​ទៀត។​​​ មនុស្សរស់យ៉ាងពេញលក្ខណៈតាមសេចក្តីពិត លុះត្រាតែខ្លួនស្ម័គ្រចិត្តទទួលព្រះហឫទ័យ​ស្រឡាញ់​​​​របស់​​​ព្រះអង្គ និងផ្ញើជីវិត​​​ទាំងស្រុងទៅលើព្រះបង្កើតរបស់ខ្លួន។ (GS ១៩,១)

២៨. នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោករហូតដល់សព្វថ្ងៃ តាមរបៀបផ្សេងៗ​​ ជំនឿនិងសាសនាបង្ហាញអំពីការ​ស្វែង​​រក​របស់​​មនុស្ស​​ចំពោះ​ព្រះជាម្ចាស់​ (សូត្រធម៌ យញ្ញបូជា ពិធីបុណ្យ ភាវនា ល។ល)។​ ទោះបី​ពាក្យ​អង្វរ​ទាំង​​នោះ​មិន​​គ្រប់​លក្ខណៈ​យ៉ាងណាក៏ដោយ ក៏យើងអាចសន្និដ្ឋានថា មនុស្សជា​ ​“សាសនា​​បុគ្គល” គឺ​មនុស្ស​ចង់មាន​ទំនាក់​ទំនង់​​ជាមួយ​​ព្រះជានិច្ច។

“ព្រះជាម្ចាស់ប្រទានឱ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឱ្យគេរស់នៅពាស​ពេញ​​លើ​ផែន​ដី​ទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឱ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឱ្យ​គេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែល​ជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះ​ជាម្ចាស់មិនគង់ឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិតរស់ មាន​ចលនា និងមានជាតិជាមនុស្ស ដោយសារ​ព្រះ​អង្គ” (កក ១៧,២៦-២៨)។

២៩. ក៏ប៉ុន្តែ មនុស្សអាច “មិន​​​យល់​​​អំពីចំណង​​​ដ៏ស្និទ្ធស្នាលយ៉ាងជ្រៅជាមួយព្រះជាម្ចាស់ ជាចំណង ផ្តល់​ជីវិតឱ្យគេ​នេះទេ” (GS ១៩,១)។ គេអាចបំភ្លេច​ មិនស្គាល់ ឬបោះបង់ចោលទំនាក់ទំនង់ដ៏ស្និទ្ធស្នាល ​និង​ជា​ចាំបាច់​ ដែល​​មានជាមួយនឹងព្រះជាម្ចាស់។​ មានមូលហេតុជាច្រើន (GS ១៩-២១) ដូចជា​ គេបះបោរទាស់នឹង​សេចក្ដី​អាក្រក់ក្នុង​ពិភព​លោក​ គេមិន​​ដឹង​មិនអើពើអំពីរឿងសាសនា​ ខ្វល់ខ្វាយអំពីរឿងលោកីយ៍​និងទ្រព្យ​សម្បត្តិ (មថ ១៣,២២) គំរូអាក្រក់របស់អ្នកជឿ គំនិត​ទូទៅ​ប្រឆាំងនិងសាសនា​​ដែលមាននៅក្នុងសង្គម ហើយទីបព្ចាប់​អំពើបាប​របស់​មនុស្ស​ដែលនាំ​ឱ្យគេ​ភ័យ​​​ខ្លាច​ព្រះជាម្ចាស់ (កណ ៣,៨-១០) និងធ្វើឱ្យគេឃ្លាតឆ្ងាយពីព្រះអង្គ (យណ ១,៣)។

៣០. “ចូរត្រេកអរសប្បាយ អស់អ្នកដែលស្វែងរកព្រះជាម្ចាស់”​ (ទន​ ១០៥,៣)។​ ទោះបីមនុស្ស​អាច​​​បំភ្លេច ឬបដិសេធមិនព្រមទទួលព្រះជាម្ចាស់យ៉ាងណាក៏ដោយ ឯព្រះអង្គវិញ ទ្រង់ក៏តែងតែត្រាស់ហៅ​មនុស្ស​គ្រប់​ៗ​រូបឱ្យ​ស្វែង​​រក​ព្រះអង្គ ដើម្បីឱ្យគេមានជីវិតនិងសេចក្ដីសុខសាន្ត។​ ប៉ុន្តែ​ ​មនុស្ស​ត្រូវតែខិតខំ​អស់ពី​ប្រាជ្ញាស្មារតី​ស្វែង​រក​ព្រះជាម្ចាស់​ដោយមានចិត្តស្មោះត្រង់​ និងមានចិត្តទូលាយ​យល់ព្រមទទួលសកី្ខភាពរបស់​អ្នក​ជឿ​​។

ឱព្រះអម្ចាស់អើយ! ព្រះអង្គខ្ពង់ខ្ពស់ណាស់ គួរឱ្យលើកតម្តើងយ៉ាងក្រៃលែង។ ព្រះអង្គប្រកបដោយ ព្រះតេជានុភាពយ៉ាងឧត្តុងឧត្តម នឹងព្រះប្រាជ្ញាញ្ញាណរកទីបំផុតគ្មាន។ រីឯមនុស្សវិញ​ ដែលជាចំណែកតូចមួយនៃការបង្កើតរបស់ព្រះអង្គ គេមានបំណងចង់លើកតម្កើងព្រះអង្គ មនុស្សនេះហើយ ដែលស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់ ដែលមានអំពើបាបជាប់ខ្លួន និងជាបន្ទាល់ថា ព្រះអង្គមិនកាន់ជើងអ្នកឆ្មើងឆ្មៃទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្ស ដែលជាចំណែកដ៏តូចមួយនៃការបង្កើត មានបំណងចង់លើកតម្កើងព្រះអង្គ។ សូម្បីតែព្រះអង្គ ក៏ទ្រង់ជំរុញឱ្យគេលើកតម្តើងនេះ ដោយរកឃើញពីភាពសប្បាយរីករាយ ក្នុងការលើកតម្កើងនេះ ដ្បិតព្រះអង្គបានបង្កើតគេ ដើម្បីព្រះអង្គ ហើយទឹកចិត្តគេមិនបានស្ងប់ទេ ដរាបណាបានសម្រាក នៅក្នុងអង្គព្រះអង្គ។

២. ផ្លូវផ្សេងៗដើម្បីស្គាល់ព្រះជាម្ចាស់

៣១. ព្រះជាម្ចាស់បានបងើ្កតមនុស្សជារូបតំណាងរបស់ព្រះអង្គ ដើម្បីឱ្យគេស្គាល់ និងស្រលាញ់ព្រះអង្គ។​ មនុស្សដែល​ស្វែងរកព្រះជាម្ចាស់មាន “ផ្លូវ” ខ្លះ ដើម្បីស្គាល់ព្រះអង្គបាន។ គេហៅផ្លូវនោះថា​ “ភស្តុតាងនៃ​ព្រះ​ជាម្ចាស់”។ តាម​​ការពិត ផ្លូវនោះមិនមែនជាភស្តុតាងតាមវិទ្យាសាស្រ្តទេ គ្រាន់តែជាទីសម្គាល់អាចនាំឱ្យមាន​ជំនឿយ៉ាងជាក់ច្បាស់​​បាន។ “ផ្លូវ”ទៅរកព្រះជាម្ចាស់មានពីរ​​ គឺពិភពលោក​ និង​មនុស្ស។

៣២. ពិភពលោក ៖ យើងអាចស្គាល់ព្រះជាម្ចាស់ជាប្រភពនិងទីបព្ចាប់នៃសកលលោក ដោយរិះគិត អំ​ពី​​​ច​ល​នា​ ការប្រែប្រួល អនិមិត្ត សណ្ដាប់ធ្នាប់ និងសោភណភាពនៃពិភពលោក។ សន្តប៉ូលមានប្រសាសន៍អំពីសាសន៍ដទៃថា៖ “អ្វីៗដែលមនុស្សលោកអាចស្គាល់អំពីព្រះជាម្ចាស់បាន​នោះ មាន​ជាក់​ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្ដែងឱ្យគេឃើញ។ លក្ខណៈដ៏​ប្រសើរបំផុតរបស់​ព្រះ​អង្គ​​​ដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ព្រះអង្គជា​ព្រះ​ជាម្ចាស់ក្ដី ព្រះអង្គបានសម្ដែងឱ្យគេឃើញ តាំងពីកំណើតពិភពលោក​មក​ម្ល៉េះ នៅពេលដែ​ល​គេរិះគិតអំពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ” (រម ១,១៩-២០) (កក ១៤,១៥.១៧ ; ១៧,២៧-២៨ ; ប្រាញ ១៣,១-៩)។ ចំណែកឯសន្ត អូគូស្តាំង មានប្រសាសន៍ថា “ចូរអ្នកសួរទៅសោភណភាពនៃផែនដី សោភណភាពនៃ សមុទ្រ សោភណភាពនៃអាកាស ដែលពង្រីកខ្លួន និងផ្សព្វផ្សាយ សួរទៅសោភណភាពនៃមេឃ (...) សួរទៅការទាំងអស់នោះទៅ ហើយពួកអ្នកនោះឆ្លើយថា៖ អ្នកឃើញទេ ពួកយើង ពិតជាស្រស់ស្អាតណាស់។ សោភណរបស់ពួកគេ គឺជាការប្រកាសមួយ (confessio)។ សោភណភាពនោះ ស្ថិតនៅក្រោមអំណាចនៃការផ្លាស់ប្តូរប្រែប្រួល តើនរណាបានធ្វើពួកគេ បើមិនព្រះជាម្ចាស់ជាប្រភពនៃសោភណភាព (Pulcher) ដែលមិនចេះប្រែប្រួក ទេឬ?”។

៣៣. មនុស្ស ៖​ មនុស្សអាចទទួលស្គាល់សេចក្ដីពិត ​និងសោភណភាព​ អាចស្គាល់អ្វីល្អ មាន​សីលធម៌​ សេរីភាព​ និងមនសិការ ហើយគេចង់បានជីវិតដែលគ្មានព្រំដែន​ និង​សេចក្ដីសុខ​សាន្ត ទើបគេសួរ​ខ្លួន​​ឯងអំពីព្រះជាម្ចាស់។​​ គេអាចយល់ឃើញថា អ្វីៗទាំងអស់នោះ បង្ហាញបញ្ជាក់អំពី​ឋានៈនៃ​ព្រលឹង​វិញ្ញាណ​របស់គេ​ ​។ មនុស្ស “មាន​​​ពូជនៃ​​​​​​ជីវិតអស់កល្បជានិច្ច​​​កប់ក្នុង​​​ខ្លួន ពូជនៃជីវិតនេះមិនគ្រាន់តែកើតតាម​ធម្មជាតិ​ទេ” (GS ១៨,១ ; ១៤,២) មានតែ​ព្រះ​ជាម្ចាស់​ទេ ​​​ជាប្រភពនៃព្រលឹងរបស់មនុស្ស។

៣៤. ពិភពលោកនិងមនុស្សមិនមែនជាប្រភពនិងទីបព្ចាប់នៃអ្វីៗទាំងអស់ទេ តែ​ចូលរួម​ចំណែក​រួម​នឹង​សភាវៈ​​ដែល​​​គ្មាន​ដើមកំណើត​និងគ្មានកំណត់ឡើយ។​​ ដូច្នេះហើយ បានជាតាមរយៈ “ផ្លូវ” ផ្សេងៗនោះ មនុស្ស​​​អាច​​​ស្គាល់នូវអ្វី​ដែល​ជាដើមហេតុនិងជាចុងក្រោយបំផុតនៃអ្វីៗទាំងអស់​ “ហើយដែលគេ​ទាំង​អស់​គ្នា​ហៅ​​ថា ​​ព្រះជាម្ចាស់” (សន្ត ថូម៉ាស នៃអាកាំង)។

៣៥. សមត្ថភាពរបស់មនុស្សនាំឱ្យគេអាចដឹងថា​ មានព្រះជាម្ចាស់។​ ប៉ុន្តែ​ ដើម្បីឱ្យ​មនុស្សអាច​ស្គាល់​ព្រះជាម្ចាស់យ៉ាងស្និទ្ធស្នាលបាន ព្រះអង្គក៏សព្វ​ព្រះហឫទ័យសម្ដែងព្រះអង្គឱ្យគេស្គាល់ ព្រមទាំងប្រោសប្រណី​ឱ្យគេ​​​​អាចទទួល​ការសម្ដែងនេះដោយសារជំនឿ។​ ក៏ប៉ុន្តែ “ភស្តុតាង” នៃព្រះជាម្ចាស់​អាចរៀប​ចំ​ចិត្តគំនិត​មនុស្ស​ឱ្យមាន​ជំនឿ និងឱ្យ​​យល់​ថា​ ជំនឿមិនប្រឆាំងនឹងបា្រជ្ញារបស់មនុស្សឡើយ។

៣. តាមព្រះសហគមន៍​ មនុស្សអាចស្គាល់ព្រះជាម្ចាស់បាន

៣៦. “ព្រះសហគមន៍ដ៏វិសុទ្ធ ដែលជាមាតារបស់យើង អះអាងនិងបង្រៀនថា “ដោយ​សារពន្លឺនៃ​ប្រាជ្ញា​របស់​​ខ្លួន មនុស្ស​​មាន​សមត្ថភាព​អាច​ស្គាល់​ព្រះ​ជា​ម្ចាស់​យ៉ាង​ជាក់ច្បាស់ ទ្រង់ដែលជា​ដើម​កំណើតនិង​ជា​ចុង​បំផុត​នៃ​អ្វីៗ​​ទាំង​អស់ តាម​រយៈ​សត្វ​លោក​ដែល​ព្រះ​អង្គ​បាន​បង្កើតមក​ ˝ (វ៉ាទីកង់ទី១ DS ៣០០៤ ; ៣០២៦ ; DV ៦)។ បើ​មនុស្ស​គ្មានសមត្ថភាព​នេះ​​ទេ គេនឹងមិនអាចទទួលព្រះជាម្ចាស់ដែលសម្ដែងព្រះអង្គបានឡើយ។​​ មនុស្សមាន​សមត្ថភាពអាចស្គាល់ព្រះជាម្ចាស់បាន ពីព្រោះគេមាន “លក្ខណៈដូចព្រះជាម្ចាស់”។

៣៧​. ប៉ុន្តែ ដោយសារលក្ខណៈផ្សេងៗរបស់គេ មនុស្សមានការលំបាកស្គាល់​ព្រះជាម្ចាស់ ដោយ​ប្រើ​ប្រោសតែ​ពន្លឺ​​នៃប្រាជ្ញារបស់ខ្លួន។ ទោះជាដោយសារកម្លាំង និងពន្លឺដែលមកពីធម្មជាតិ ប្រាជ្ញារបស់មនុស្សលោកអាចឈានទៅដល់ការស្គាល់ដ៏ពិតប្រាកដ និងច្បាស់ៗ នៃព្រះមួយអង្គ ដែលការពារ និងគ្រប់គ្រងពិភពលោក ដោយឧបការគុណរបស់ព្រះអង្គ ហើយនឹងអាចស្គាល់ច្បាប់ធម្មជាតិ ដែលជាព្រះអំណោយទានរបស់ព្រះបង្កើតនៅក្នុងព្រលឹងរបស់យើងយ៉ាងណាក៏ដោយ​ ក៏ប៉ុន្តែមានឧបសគ្គជាច្រើន ដែលរារាំងប្រាជ្ញានេះ មិនអាចប្រើប្រាស់យ៉ាងស័ក្តិសិទ្ធ និងដោយបង្កើតផល អនុភាពនៃធម្មជាតិរបស់ខ្លួន ពីព្រោះសេចក្ដីពិត ដែលទាក់ទងនឹងព្រះជាម្ចាស់ និងមនុស្សលោក ហួសធម្មជាតិ ហើយត្រូវផ្តល់ និងលះបង់ខ្លួន ដើម្បីយល់ពីសេចក្ដីពិតនេះ និងប្រតិបត្តិតាម។ ដើម្បីបានទទួលសេចក្តីពិតទាំងនោះ ស្មារតីមនុស្សរងនូវទុក្ខលំបាក ពីវិញ្ញាណទាំងអស់ ភាពស្រមើស្រមៃ និងពីបំណងអាក្រក់ ដែលមកពីអំពើបាបដើម។ ហេតុដូច្នេះហើយ បានជាមនុស្សងាយយល់ដល់ភាពក្លែងក្លាយ ឬភាពមិនពិតប្រាកដ ​នៃអ្វីៗដែលពួកគេមិនចង់ឱ្យទៅជាពិតប្រាកដ (សម្ដ៉េចប៉ាប ពីយូស ទី១២ ; DS ៣៨៧៥)។

៣៨. អាស្រ័យហេតុនេះហើយ បានជាព្រះជាម្ចាស់ត្រូវតែសម្ដែងព្រះអង្គ ដើម្បីបំភ្លឺមនុស្ស មិនគ្រាន់តែអំពីអ្វី ដែល​​​​ហួស​បា្រជ្ញា​របស់គេប៉ុណ្ណោះទេ ថែមទាំងអំពី​ “សេចក្ដីពិតខាងសាសនា និងខាងសីលធម៌ ដែលប្រាជ្ញា​មនុស្ស​​មិនអាច​​យល់​​បានទេ ដើម្បីឱ្យមនុស្សទាំងអស់អាចស្គាល់សេចក្ដីទាំងអស់នោះ ដោយគ្មានការលំបាក​ យ៉ាងច្បាស់​លាស់​​ និងដោយគ្មានការ​ភ័ន្តច្រឡំ​​ឡើយ” (DS ៣៨៧៦ ; វ៉ាទីកង់ទី១ DS ៣០០៥ ; DV ៦ ;​ សន្ត ថូម៉ាស នៃអាកាំង)។

៤. តើត្រូវនិយាយយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?

៣៩. ព្រះសហគមន៍អះអាងថា បា្រជ្ញាមនុស្សអាចស្គាល់ព្រះជាម្ចាស់បាន ទើបព្រះសហគមន៍​ជឿ​ជាក់​​ថា​ អាច​និយាយអំពីព្រះជាម្ចាស់ដល់មនុស្សទាំងអស់។​ ការ​ជឿជាក់នេះ​​នាំ​​ឱ្យព្រះសហគមន៍អាចមានទំនាក់ទំនង​ជាមួយ​​​​នឹង​​សាសនា​​​ដទៃ ទស្សនវិជ្ជា និង​វិទ្យាសាស្រ្ត ថែមទាំងជាមួយមនុស្សដែលគ្មានជំនឿផងដែរ។

៤០. ដោយសារយើងមិនអាចស្គាល់ព្រះជាម្ចាស់ទាំងស្រុងបានទេ ពាក្យសម្ដីរបស់យើងអំពីព្រះជាម្ចាស់ក៏​មាន​ព្រំដែន​ដែរ​​។ ដូច្នេះ យើង​អាច​និយាយអំពីព្រះជាម្ចាស់តាមរយៈ​សត្វ​​លោក និងតាមការយល់ដឹង និងការគិតពិ​ចារ​ណា​របស់យើង​តែប៉ុណ្ណោះ។

៤១. សត្វលោកទាំងឡាយមានលក្ខណៈម្យ៉ាងដូចព្រះជាម្ចាស់ ជាពិសេសមនុស្សដែលជាតំណាង និង​មានលក្ខណៈដូចព្រះអង្គ។​ លក្ខណៈផ្សេងៗនិងល្អៗនៃសត្វលោក (សេចក្ដីពិត សប្បុរសធម៌ និងសោភណភាព) ឆ្លុះបព្ចាំងអំពីលក្ខណៈដ៏ល្អឥតខ្ចោះឥតព្រំដែនរបស់​ព្រះជាម្ចាស់។​ ដូច្នេះហើយ បាន​​ជាយើងអាចនិយាយ​អំពី​​ព្រះជាម្ចាស់តាមលក្ខណៈល្អៗនៃ​សត្វលោក ដ្បិត “ភាពថ្កុំថ្កើងនិង​សម្រស់​​​​របស់​សត្វលោកនាំមនុស្ស​សញ្ជឹង​គិត​ដោយ​ការប្រៀបធៀបអំពីព្រះអង្គ ដែលបានបង្កើត​សត្វ​លោកទាំងអស់”​ (បា្រញ ១៣,៥)។

៤២. ព្រះជាម្ចាស់ខុសប្លែក និងហួសសត្វលោកទាំងអស់។​​ ដូច្នេះ ត្រូវតែបន្សុទ្ធពាក្យសម្ដីរបស់យើង ដែល​មាន​​​​ព្រំដែន​​ ដែលប្រើនិមិត្តរូប និងដែលមិនគ្រប់លក្ខណៈ កុំឱ្យយើងច្រឡំនឹងព្រះដ៏វិសុទ្ធបំផុត “ដែលយើង​មិន​អាច​​យល់​ ដែលយើងមិនអាចមើលឃើញ ហើយដែលយើងមិនអាចគ្រប់គ្រងបានឡើយ” (សន្ត យ៉ូហាន គ្រីសូស្តូម) ជាមួយនឹងការ​យល់ដឹងរបស់​យើង។ ពាក្យសម្ដី​យើងតែងតែស្ថិតនៅក្រោម​អាថ៌កំបាំងរបស់​ព្រះជាម្ចាស់។

៤៣. ទោះបីពាក្យសម្ដីយើងមានព្រំដែនក្ដី ក៏យើងអាចនិយាយអំពីព្រះជាម្ចាស់ម្យ៉ាងដែរ។​ យើង​អាច​ប្រៀប​ធៀប​សត្វលោកនឹងព្រះជាម្ចាស់មែន តែត្រូវរម្លឹកថា​ ព្រះជាម្ចាស់មានលក្ខណៈខុសពីសត្វលោកឆ្ងាយណាស់​ (ឡាត្រង់ទី៤) ហើយ​យើងមិនដែលអាចយល់អំពីព្រះជាម្ចាស់ទាំងស្រុងនោះបានទេ (សន្ត ថូម៉ាស នៃអាកាំង)។

សង្ខេប

៤៤. មនុស្សមានលក្ខណៈ និងទីដៅជាសាសនាបុគ្គល។ គេអាចទៅជាមនុស្សដ៏ពេញលក្ខណៈបាន​លុះត្រាតែគេស្ម័គ្រចិត្តមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដោយព្រះអង្គជាព្រះបង្កើតគេ ដូច្នេះគេត្រូវត្រឡប់ទៅរកព្រះអង្គវិញ។

៤៥. ព្រះជាម្ចាស់បានបង្កើតមនុស្ស ដើម្បីឱ្យគេរួបរួមជាមួយព្រះអង្គ ដែលជាសុភមង្គលរបស់គេ៖ “កាលណាខ្ញុំនឹងនៅក្នុងអង្គព្រះអង្គទាំងស្រុង ពេលនោះ ខ្ញុំនឹងលែងមានទុក្ខ និងឧបសគ្គ ជីវិតរបស់ខ្ញុំនឹងបានពោរពេញទៅដោយព្រះអង្គ ហើយជីវិតខ្ញុំនឹងបានពេញលក្ខណៈ” (សន្ត អូគូស្តាំង)។

៤៦. នៅពេលដែលគេស្តាប់សាររបស់សត្វលោក និងសម្លេងនៃមនសិការរបស់ខ្លួន មនុស្សអាចដឹង​ច្បាស់ថា ពិតជាមានព្រះជាម្ចាស់ ដែលជាដើមហេតុ និងគោលដៅនៃអ្វីៗទាំងអស់។

៤៧. ព្រះសហគមន៍ប្រៀនប្រដៅថា ដោយសារពន្លឺនៃប្រាជ្ញារបស់មនុស្ស សត្វលោកអាចស្គាល់យ៉ាងច្បាស់ថា ព្រះដ៏ពិតប្រាកដ មានតែមួយ ដែលជាព្រះបង្កើត និងព្រះអម្ចាស់នៃយើង (មហាសន្និបាតវ៉ាទីកង់ទី១៖ DS ៣០២៦)។

៤៨. ទោះបីជាពាក្យសម្ដី ដ៏មានកំណត់របស់យើង មិនអាចថ្លែងអាថ៌កំបាំងរបស់ព្រះអង្គបាន​ឡើយ ក៏យើង​ពិតជាអាចហៅព្រះជាម្ចាស់ ចាប់តាំងពីលក្ខណៈល្អៗនៃសត្វលោក ដែលស្រដៀងនឹងព្រះ​ដ៏​ល្អ​ឥត​ខ្ចោះគ្មានព្រំដែន ។

៤៩ . “ប្រសិនបើគ្មានអ្នកបង្កើតទេ ក៏គ្មានសត្វលោកទៀត” (GS ៣៦)។ ហេតុនេះហើយ បានជាអ្នកជឿដឹងថា សេចក្ដីស្រលាញ់របស់ព្រះគ្រីស្តជំរុញពួកគេឱ្យនាំពន្លឺនៃព្រះដ៏មានព្រះជន្មគង់នៅឱ្យបំភ្លឺដល់អស់អ្នកដែលមិនស្គាល់ ឬអ្នកបដិសេធព្រះអង្គ។

ជំពូក២ លេខ៥០-១៤១

ជំពូកទីពីរ៖​
ព្រះជាម្ចាស់យាងមករកមនុស្ស

៥០. ដោយសារប្រាជ្ញារបស់គេ មនុស្សអាចស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់លាស់ ពេលនឹកសញ្ជឹងអំពីស្នាព្រះ​ហស្ត​របស់​ព្រះអង្គ។ ​ប៉ុន្តែ​ មនុស្សមិនអាចស្គាល់ព្រះដ៏ពិតបា្រកដដោយខ្លួនឯងបានទេ គឺគេត្រូវការឱ្យ​ព្រះ​ជាម្ចាស់​​សម្ដែងព្រះអង្គ។​ ព្រះជាម្ចាស់សម្ដែងព្រះអង្ឱ្យមនុស្សស្គាល់​ដោយគ្មានអ្វី​ឬគ្មាន​នរណាបង្ខិតបង្ខំ។​ ព្រះ​ជាម្ចាស់​​សម្ដែង​អាថ៌កំបាំងរបស់​ព្រះអង្គ​​ និង​គម្រោងការដ៏សប្បុរស ​ដែល​ទ្រង់​​​បាន​​រៀបចំទុកជាមុន ក្នុងអង្គ​ព្រះ​គ្រីស្ត ​ចំពោះ​មនុស្សលោកទាំងអស់។ ព្រះអង្គសម្ដែងគម្រោងការដោយចាត់ព្រះ​បុត្រា​​ដ៏​ជា​ទីស្រលាញ់របស់ព្រះ​អង្គ​ឱ្យ​យាង​មក គឺព្រះអម្ចាស់​យេស៊ូ​គ្រីស្ត​ ហើយ​ដោយចាត់ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ឱ្យយាងមកផង​ដែរ។

ប្រការទី១៖​ ​ព្រះជាម្ចាស់សម្ដែងព្រះអង្គឱ្យមនុស្សលោកស្គាល់

១. ព្រះជាម្ចាស់សម្ដែង “គម្រោងការដ៏សប្បុរស” របស់ព្រះអង្គ

៥១. “ព្រះ​ជា​ម្ចាស់​ប្រកប​ដោយ​ព្រះ​ប្រាជ្ញា​ញាណ​​​​ និង​ដោយ​ព្រះហឫទ័យ​សប្បុរស​ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​សម្តែង​​​ព្រះអង្គ​ផ្ទាល់​ និង​សម្តែង​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​ឱ្យ​មនុស្ស​លោក​ស្គាល់។ តាម​គម្រោងការ​នេះ មនុស្ស​លោក​អាច​ចូល​ទៅ​កាន់​ព្រះ​បិតា​បាន ​ដោយ​សារ​ព្រះ​គ្រីស្តជា​ព្រះ​បន្ទូល​ប្រសូត​ជា​មនុស្ស និង​​​​ដោយ​​​​​រួម​ជា​មួយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធផង​ ​មនុស្ស​ក៏​រួម​ចំណែក​ក្នុង​សភាព​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ដែរ”​ (DV ២)។

៥២. ព្រះជាម្ចាស់ “ដែលគង់នៅក្នុងពន្លឺដែលគ្មាននរណាអាចចូលជិតបានឡើយ​”​ (១ធម ៦.១៦) ហើយដែល​បានស្ម័គ្រចិត្ត​បង្កើតមនុស្ស ទ្រង់សព្វ​ព្រះហឫទ័យឱ្យគេទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យគេទៅជាបុត្រធីតារបស់​​​​​​​​​ព្រះអង្គ នៅក្នុងអង្គព្រះបុត្រាតែមួយរបស់ព្រះអង្គ។ ដោយសម្ដែងព្រះអង្គ ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យឱ្យមនុស្សអាចឆ្លើយតបនឹងព្រះអង្គ​ ស្គាល់ ហើយស្រលាញ់ព្រះអង្គលើសពីសមត្ថភាព​របស់​គេ​​ថែម​ទៀត​ផង។

៥៣. ព្រះជាម្ចាស់ចាត់ចែងការសម្ដែងនេះ “ដោយសារព្រឹត្តិការណ៍ និងព្រះបន្ទូលដែលភ្ជាប់​ជាមួយ​គ្នា​​​យ៉ាង​ជិត​ស្និទ្ធ ដែលបំភ្លឺគ្នាទៅវិញទៅមក” (DV ២)។​​ ព្រះអង្គក៏ប្រើប្រាស់ “គរុកោសល្យ” ដ៏ពិសេស គឺព្រះជាម្ចាស់ប្រោស​​ប្រទាន​​ព្រះអ​ង្គឱ្យមនុស្ស ជាលំដាប់លំដោយ ព្រះអង្គក៏រៀបចំគេឱ្យ​ទទួល​ព្រះអង្គ​ដែល​សម្ដែង​ព្រះអង្គ​ផ្ទាល់ តាម​ដំណាក់​កាល​​​នីមួយៗ រហូតដល់ព្រះយេស៊ូគ្រីស្តជាព្រះបន្ទូលប្រសូតជាមនុស្ស។

សន្តអ៊ីរ៉េណេ នៃទីក្រុងលីយ៉ុង មានប្រសាសន៍ជាញឹកញាប់ថា គរុកោសល្យនៃព្រះជាម្ចាស់នេះ ស្ថិត​នៅក្រោមរូបភាពជាទម្លាប់សិ្នទ្ធស្នាលរវាងព្រះជាម្ចាស់ និងមនុស្ស៖ “ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានតាំងទីលំនៅនៅក្នុងខ្លួនមនុស្ស ហើយបានទៅជាបុត្រមនុស្ស ដើម្បីឱ្យមនុស្សធ្លាប់នឹងព្រះជាម្ចាស់ ហើយដើម្បីឱ្យព្រះជាម្ចាស់ធ្លាប់នឹងស្ថិតនៅក្នុងមនុស្ស តាមព្រះហឬទ័យរបស់ព្រះបិតា”។

២. ព្រះជាម្ចាស់សម្ដែងព្រះអង្គជាលំដាប់លំដោយ
ព្រះជាម្ចាស់សម្ដែងព្រះអង្គតាំងពីដើមរៀងមក

៥៤. “ព្រះជាម្ចាស់ដែលបង្កើត និងថែរក្សាអ្វីៗទាំងអស់បានគង់វង្សដោយសារព្រះបន្ទូល ព្រះអង្គ​ប្រទាន​សក្ខីភាព​​មិនឈប់ឈរអំពីព្រះអង្គ ចំពោះសត្វលោកទាំងអស់ ដែលព្រះអង្គបាន​បង្កើតមកនោះ។​​ ដោយ​ព្រះ​​អង្គ​​​សព្វព្រះហឫទ័យបើកមាគ៌ានៃការសង្រ្គោះដ៏មានកំរិតខ្ពស់ ទើបទ្រង់បាន​សម្ដែងព្រះអង្គផ្ទាល់ តាំងពី​ដើម​ដំបូងបង្អស់ ឱ្យឪពុកម្ដាយដើមស្គាល់” (DV ៣)។​ ព្រះអង្គបាន​អញ្ជើញគេឱ្យ​រួមជាមួយ​ព្រះអង្គ​យ៉ាង​ស្និទ្ធ​ស្នាលដោយប្រោសប្រណីឱ្យគេបានសុចរិត។

៥៥. ទោះបីឪពុកម្ដាយដើមបានប្រព្រឹត្តអំពើបាបយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែសម្ដែងព្រះអង្គឱ្យ​គេ​ស្គាល់។​​​ "បន្ទាប់ពីឪពុកម្ដាយដើមបានប្រព្រឹត្តអំពើបាប ព្រះអង្គប្រោសឱ្យគេងើបឡើងវិញ ដោយមានព្រះ​បន្ទូល​​​សន្យាថា នឹងរំដោះគេ ដើម្បីឱ្យគេមានសេចក្ដីសង្ឃឹមថា នឹងទទួលការ​សង្គ្រោះ។​ ព្រះអង្គនៅតែថែទាំ​មនុស្ស​​ជាតិឥតឈប់ឈរ ដើម្បីប្រោសប្រទានជិវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលស្វែងរកការសង្គ្រោះនេះ ដោយ​​​​ព្យាយាមប្រព្រឹត្តអំពើល្អ” (DV ៣)។ “ទោះបីមនុស្សលោកបានផ្ដាច់ចំណងមេត្រីភាពជាមួយព្រះអង្គ ដោយមិនព្រមគោរពតាមព្រះបញ្ជារ​បស់​ព្រះអង្គ​ក៏​ដោយ ក៏ទ្រង់នៅតែមិនបណ្ដោយឱ្យមនុស្សលោកស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់​ឡើយ (...)។ ជា​ច្រើន​លើក​ច្រើនគ្រា ព្រះអង្គចងសម្ពន្ធមេត្រីជាមួយមនុស្សលោក” (MR ធម៌អរព្រះគុណ​ទី៤)។

ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយលោកណូអេ

៥៦. នៅពេលដែលអំពើបាបបានធ្វើឱ្យឯកភាពមនុស្សជាតិបាក់បែកគ្នារួចហើយ ព្រះជាម្ចាស់ព្យាយាម​សង្គ្រោះ​​​​មនុស្ស​​លោក​ដោយសង្គ្រោះភាគីនីមួយៗ។​​ ក្រោយពីទឹកជំនន់ (កណ ៩,៩) ព្រះជាម្ចាស់ចងសម្ពន្ធមេត្រី​ជាមួយ​លោក​ណូអេ ដើម្បី​បង្ហញថា ព្រះជាម្ចាស់ចាត់ចែងការសម្ដែងឱ្យ “សាសន៍ដទៃ” គឺមនុស្សទាំងអស់ “ដែលរស់នៅតាមតំបន់ឆ្នេរ​សមុទ្របែកចេញជាស្រុក​ តាមភាសា និងបែកចេញជាជាតិសាសន៍ តាម​ពូជ​អំបូរ​រៀងៗ​​​​ខ្លួន” (កណ ​១០,៥) (កណ ១០,២០-៣១)។

៥៧. ព្រះជាម្ចាស់បានបំបែកមនុស្សលោកឱ្យចេញពីគ្នា តាមជាតិសាសន៍និងសាសនានានា ដែល​ព្រះអង្គ​បាន​​​​​ប្រគល់​ឱ្យទេវទូត​រក្សា​ទុក​ (ទក ៤,១៩ ; ៣២,៨) កុំឱ្យមនុស្សលោក ដែលរួមគ្នាក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប (ប្រាញ ១០,៥) អួតបំប៉ោង និងប្រមូលផ្តុំគ្នាជាធ្លុងតែ​មួយ ដោយពឹងលើខ្លួនឯង ដូចនៅក្នុងរឿង​បា្រសាទ​នៅ​​ទីក្រុងបាបិល (កណ ១១,៤-៦)។ ប៉ុន្តែ អំពើបាប (រម ១,១៨-២៥) តែងតែអាចនាំ​ឱ្យមនុស្ស​លោក​ជឿ​លើ​ព្រះក្លែងក្លាយ ឬភ្លើតភ្លើននឹងប្រទេសជាតិ និងអ្នក​គ្រប់​គ្រងនៃប្រទេសរបស់​ខ្លួនផង​ដែរ។

៥៨. ព្រះជាម្ចាស់ចងសម្ពន្ធមេត្រី​ជាមួយ​លោកណូអេ រហូតដល់ពេលកំណត់នៃជាតិសាសន៍នានា (លក ២១,២៤) គឺ​រហូត​​ដល់​ព្រះសហគមន៍ប្រកាស​ដំណឹងល្អដល់មនុស្សលោកទាំងអស់។​ ព្រះគម្ពីរគោរព​ជាតិ​សាសន៍​​ដទៃខ្លះផង​ដែរ​ ដូចជា “លោកអេបិល​ជា​មនុស្សសុចរិត” “ព្រះបាទមែលគីសេដែកជាបូជាចារ្យ” (កណ ១៤,១៨) ដែលជារូបដំណាង​របស់ព្រះគ្រីស្ត (ហប ៧.១៣) ឬមនុស្សសុចរិត​ដូច​ជា “លោកណូអេ លោក ​ដានីអែល ​និងលោកយ៉ូប” (អគ ១៤,១៤)។​ ដូច្នេះ ព្រះគម្ពីរបង្ហាញ​ថា អ្នកដែលរស់នៅស្របតាមសម្ពន្ធមេត្រី​របស់​​​លោកណូអេ ​ហើយដែលកំពុងរង់ចាំឱ្យព្រះគ្រីស្ត “បង្រួបបង្រួមជាធ្លុងតែមួយ​កូនចៅរបស់ព្រះជាម្ចាស់​ដែល​​បែក​ខ្ញែកគ្នា” (យហ ​១១,៥២) អាចទៅជាសន្តបុគ្គលដ៏ប្រសើរផងដែរ។

ព្រះជាម្ចាស់ត្រាស់ហៅលោកអបា្រហាំ

៥៩. ដើម្បីបង្រួបបង្រួមជាធ្លុងតែមួយមនុស្សលោកដែលបែកខ្ញែកគ្នានេះ ព្រះជាម្ចាស់ត្រាស់ហៅលោកអបា្រហាំ​ឱ្យ​ “ចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្ដាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់លោក” (កណ ១២,១) ដើម្បីឱ្យលោកអបា្រហាំទៅជា “ឪពុកនៃប្រជាជាតិដ៏ច្រើន” (កណ ១៧,៥) គឺ “ក្រុមគ្រួសារ​ទាំង​អស់​​នៅ​​លើផែនដី នឹងទទួលពរដោយសារលោក” (កណ ១២,៣) (កាឡ ៣.៨)។

៦០. ប្រជារាស្រ្តដែលនឹងចេញមកពីលោកអប្រាហាំនឹងទទួលព្រះបន្ទូលសន្យា ដែលព្រះជាម្ចាស់បាន​ប្រោស​​​​ប្រទាន​​​ឱ្យបុព្វបុរស​ ជាប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស (រម ១១.២៨) ហើយដែលទ្រង់ត្រាស់ហៅកូនចៅ​​របស់​ព្រះអង្គ ដើម្បី​​បង្រួប​បង្រួម​ នៅថ្ងៃណាមួយ ក្នុងឯកភាពនៃព្រះសហគមន៍ (យហ ១១,៥២ ; ១០,១៦)។​ ប្រជារាស្រ្តនេះនឹងទៅជាឫសគល់ ដែល​ព្រះជាម្ចាស់នឹងផ្សាំសាសន៍ដទៃ ដែលនឹងបាន​ក្លាយ​ទៅជាអ្នក​ជឿ (រម ១១,១៧-១៨.២៤)។

៦១. ពិធីបុណ្យទាំងឡាយនៃព្រះសហគមន៍តែងតែគោរពបុព្វបុរស អស់លោកព្យាការី និងបុគ្គលផ្សេងៗ​ទៀត​នៃសម្ពន្ធមេត្រី​ចាស់ និងចាត់ទុកពួកលោក ជាសន្តបុគ្គលផងដែរ ។

ព្រះជាម្ចាស់អប់រំប្រជារាស្រ្តអ៊ីស្រាអែល

៦២. បន្ទាប់ពីបុព្វបរុស ព្រះជាម្ចាស់អប់រំជនជាតិអ៊ីស្រាអែលឱ្យទៅជាប្រជារាស្រ្តរបស់ព្រះអង្គ ដោយ​សង្រ្គោះ​​គេឱ្យ​រួចផុតពីភាពជាទាសករនៅប្រទេសអេស៊ីប។​ ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយគេនៅលើភ្នំ​ស៊ីណៃ ហើយ​តាមរយៈ​លោក​ម៉ូសេ​ ទ្រង់ក៏បានប្រោសប្រទានធម្មវិន័យរបស់ព្រះអង្គ​ ដើម្បីឱ្យគេស្គាល់​ និង​បម្រើ​ព្រះអង្គ​ជាព្រះតែមួយ យ៉ាង​ពិតប្រាកដ​​ ដែលមាន​ព្រះជន្មគង់នៅ ជាព្រះបិតាដ៏សប្បុរស និងជា​ចៅក្រម​ដ៏​សុចរិត ហើយដើម្បីឱ្យគេរង់ចាំ​ព្រះ​សង្រ្គោះដែលព្រះជាម្ចាស់បានសន្យានឹងប្រោស​ប្រទាន (DV ៣)។

៦៣. ជនជាតិអ៊ីស្រាអែលជាក្រុមបូជាចារ្យរបស់ព្រះជាម្ចាស់ (សរ ១៩,៦) ជា “ប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់”​ (ទក ២៨,​១០)​​ ហើយ​ជាប្រជារាស្រ្តដែលព្រះជាម្ចាស់មានព្រះបន្ទូលមុនគេបង្អស់​ និងជាប្រជារាស្រ្តនៃ​ “រៀមច្បង”​​ ក្នុងជំនឿ​របស់​លោក​​​អប្រាហាំ។

៦៤. តាមរយៈពួកព្យាការី ព្រះជាម្ចាស់អប់រំប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យគេសង្ឃឹមថា នឹងទទួលការសង្រ្គោះ ហើយឱ្យគេ​រង់ចាំសម្ពន្ធមេត្រីថ្មី និងអស់កល្បជានិច្ច សម្រាប់មនុស្សលោកទាំងអស់ (អស ២,២-៤) ដែល​ព្រះអង្គ​នឹង​ឆ្លាក់នៅក្នុងចិត្ត (យរ ៣១,៣១-៣៤ ; ហប ១០,១៦)។​ ពួកព្យាការីប្រកាសថា ព្រះជាម្ចាស់​នឹង​សង្រ្គោះ​ប្រជារាស្រ្ត​របស់ព្រះអង្គយ៉ាង​ដាច់ស្រឡះ បន្សុទ្ធគេអំពីអំពើផិតក្បត់​ទាំង​ឡាយ (អគ ៣៦) ព្រមទាំង​សង្រ្គោះ​គ្រប់​ជាតិគ្រប់សាសន៍ផងដែរ (អស ៤៩,៥-៦ ; ៥៣,១១)។ ជាពិសេស ជនក្រីក្រ និងអ្នកតូចតាចរបស់ព្រះអម្ចាស់ ជាអ្នកសង្ឃឹមលើការសង្រ្គោះនេះ (សផ ២,៣)។​ ស្ត្រីដ៏វិសុទ្ធដូចជានាងសារ៉ា នាងរែបេកា នាង រ៉ាខែល​ នាងមីរីយ៉ាម នាងដេបូរ៉ា នាងហណ្ណា នាងយូឌីត និងនាងអេសធែរ បាន​សង្ឃឹមជានិច្ចថា ព្រះជាម្ចាស់នឹង​សង្រ្គោះ​ប្រជារាស្រ្ត​អ៊ីស្រាអែល។​ នៅក្នុងចំណោមពួកនាង ព្រះនាងម៉ារីជា​ស្រ្តី​ដ៏​ល្អវិសុទ្ធបំផុត។

៣. ព្រះគ្រីស្តយេស៊ូ “ជាស្ពានមេត្រី និងបំពេញសេចក្ដីទាំងអស់ ដែលព្រះជាម្ចាស់សម្ដែង ឱ្យ​ពេញ​លក្ខណៈ” (DV ២)
ព្រះជាម្ចាស់មានព្រះបន្ទូលគ្រប់លក្ខណៈតាមរយៈព្រះបុត្រាព្រះអង្គ

៦៥. “នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយ​ប្រើ​របៀប​​ផ្សេងៗជាច្រើនតាមរយៈពួកព្យាការី។​ គ្រានេះ ជាគ្រាចុងក្រោយបំផុត ព្រះអង្គមាន​ព្រះបន្ទូលមកយើង​តាម​រយៈ​ព្រះបុត្រា” ​(ហប ១,១-២)។​ ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់កើត​​​​ជាមនុស្ស ជាព្រះបន្ទូលតែមួយ​របស់​ព្រះបិតា ល្អឥតខ្ចោះ និងដែលមិនអាចទៅហួសបានទេ។​ នៅក្នុងអង្គ​ព្រះគ្រីស្ត ព្រះជាម្ចាស់មានព្រះបន្ទូល​គ្រប់​លក្ខណៈ​ ហើយគ្មានព្រះបន្ទូលណាមួយផ្សេងទៀត ក្រៅពីព្រះបន្ទូលនេះឡើយ។ ក្រោយពីសន្តបុគ្គលជា​ច្រើន​នាក់ សន្ត យ៉ូហាន នៃព្រះ​ឈើ​ឆ្កាង បំភ្លឺយើងយ៉ាងច្បាស់ ដោយធ្វើអត្ថាធិប្បាយអំពី ហប ១,១-២៖

លុះដល់ព្រះជាម្ចាស់បានប្រោសប្រទានព្រះបុត្រារបស់ព្រះអង្គ ដែលជាព្រះបន្ទូលរបស់ព្រះអង្គ ទ្រង់ក៏គ្មាន​ព្រះបន្ទូលណាមួយផ្សេងទៀតប្រទានឱ្យយើងឡើយ។ ដោយព្រះបន្ទូលតែមួយនោះ ព្រះអង្គមានព្រះបន្ទូល​អំពី​អ្វីៗ​ទាំង​អស់ និងតែម្តងជាការស្រេច (...) ដ្បិតតែព្រះអង្គមានព្រះបន្ទូលតាមរយៈពួកព្យាការីជាផ្នែកៗ ទ្រង់ក៏​មាន​​ព្រះ​បន្ទូល​​សព្វគ្រប់ទាំងអស់ក្នុងអង្គព្រះបុត្រា ដោយប្រោសប្រទាននូវអ្វីៗទាំងអស់ ដែលជាព្រះបុត្រា​របស់​ព្រះអង្គ។ ហេតុនេះហើយ បានជាអ្នកណាដែលចង់ទូលសួរព្រះអង្គ ឬចង់និមិត្តឃើញព្រះអង្គ ឬចង់ឱ្យព្រះអង្គ​សម្ដែង​​​​​សេចក្ដីណាម្តងទៀត អ្នកនោះមិនគ្រាន់​តែ​ធ្វើអំពើឆ្កួតលេលាទេ ថែមទាំងប្រមាថព្រះជាម្ចាស់ ដោយមិន​សម្លឹង​មើលតែព្រះគ្រីស្ត និងដោយស្វែងរកអ្វីផ្សេងមួយទៀត ឬអ្វីថ្មីមួយទៀត។

ព្រះជាម្ចាស់នឹងមិនសម្ដែងព្រះអង្គសាជាថ្មីម្ដងទៀតទេ

៦៦. “ការចាត់ចែងសម្ពន្ធមេត្រីដោយសារព្រះគ្រីស្តបែបនេះ ពិតជាសម្ពន្ធមេត្រីថ្មី និងជាស្ថាពរ ដែល​​មិន​ត្រូវ​កន្លង​ផុតទៅទេ។ មនុស្សយើងក៏មិនត្រូវរង់ចាំព្រះជាម្ចាស់សម្ដែងព្រះអង្គ សាជាថ្មី ជា​សាធារណៈទៀត​ដែរ ទំរាំ​ពេល​ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង នឹងសម្ដែងព្រះអង្គយ៉ាងរុងរឿង” (DV ៤)។​​ ក៏ប៉ុន្តែ ទោះបីព្រះជាម្ចាស់​បាន​​សម្ដែងព្រះអង្គសព្វគ្រប់អស់ហើយក្តី ព្រះអង្គមិនបានពន្យល់នូវអ្វីៗទាំងអស់នៃការសម្ដែងនេះទេ ហេតុនេះ ​គ្រីស្ត​​សាសនាត្រូវតែ​យល់​ និ​ងពន្យល់អំពីការសម្ដែង​នេះបន្តិចម្តងៗ​ជារៀង​រហូត​ទៅ។

៦៧. ពីសតវត្សមួយទៅសតវត្សមួយ ព្រះសហគមន៍ប្រកបដោយអំណាច បានទទួលស្គាល់ថា​ មនុស្សផ្សេងៗបានទទួល​សេចក្ដី​ខ្លះ​ដែលព្រះ​ជាម្ចាស់​សម្ដែងឱ្យគេស្គាល់ តែព្រះសហគមន៍មិនបញ្ចូលសេចក្ដីនោះ​ក្នុងបញ្ញត្តិ​នៃជំនឿ​ឡើយ។ សេចក្ដី​នោះ​​គ្មានមុខងារ “កែសម្រួល” ឬ “បំពេញ” ការសម្ដែងដ៏ពេញលក្ខណៈរបស់ព្រះគ្រីស្តទេ គឺគ្រាន់​តែ​ឱ្យយល់អំ​ពី​អត្ថន័យកាន់តែច្បាស់តាម​សម័យកាល​ខ្លះៗប៉ុណ្ណោះ។ គ្រីស្តបរិស័ទ ដែលមានក្រុមណែនាំព្រះសហគមន៍ជួយ​ណែនាំ ចេះរិះគិត​ពិចារណា និងទទួល ក្នុងសេចក្ដីទាំងអស់នោះ អ្វីដែលជាការត្រាស់​ហៅ យ៉ាងពិតប្រាកដ របស់​ព្រះ​គ្រីស្ត ឬរបស់​សន្ត​បុគ្គលរបស់ព្រះអង្គ ចំពោះ​​ព្រះសហគមន៍។

គ្រីស្តសាសនាមិនអាចទទួល “ការសម្ដែង” ផ្សេងទៀត ដែលមកពីសាសនាផ្សេង ឬនិកាយថ្មីៗ ហើយ​ដែលមាន​បំណង​កែសម្រួលសេចក្ដីដែលព្រះគ្រីស្តសម្ដែងឱ្យមនុស្សលោកស្គាល់ ហើយដែលព្រះគ្រីស្តបង្រ្គប់សព្វគ្រប់​អស់​​ហើយ ។

សងេ្ខប

៦៨. ដោយសារសេចក្ដីស្រលាញ់ ព្រះជាម្ចាស់បានសម្ដែងឱ្យមនុស្សស្គាល់ និងបានប្រគល់ព្រះ អង្គឱ្យមនុស្សផងដែរ។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបទៅនឹងសំណួរទាំងប៉ុន្មាន ដែលមនុស្ស សួរខ្លួនឯងអំពីអត្ថន័យ និងគោលដៅនៃជីវិតរបស់ខ្លួន ដោយចម្លើយដែលមានន័យ ជាស្ថាពរ និងពេញបរិបូណ៍។

៦៩. ព្រះជាម្ចាស់បានសម្ដែងឱ្យមនុស្សស្គាល់ ដោយផ្តល់ឱ្យគេបន្តិចម្តងៗនូវអាថ៌កំបាំងរបស់ ព្រះអង្គ​ផ្ទាល់ ដោយសារកិច្ចការផង និងដោយសារព្រះបន្ទូលផងដែរ។

៧០. ព្រះជាម្ចាស់ផ្តល់ព្រះកាយព្រះអង្គ តាមរយៈសត្វលោក លើសពីនេះទៅទៀត ព្រះអង្គបានសម្ដែងព្រះ អង្គឱ្យឪពុកម្តាយដើមរបស់យើងដឹង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ ក្រោយពីគាត់បានធ្លាក់ខ្លួនជាអ្នកបាប ព្រះអង្គមានព្រះពន្ទូលសន្យានឹងប្រទានការសង្រ្គោះ (កណ ៣,១៥) និងបានចងសម្ពន្ធមេត្រីជាមួយ។

៧១. ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីអស់កល្បជានិច្ចជាមួយលោកណូអេ និងជាមួយសត្វលោកទាំងអស់ ដែលមានជីវិត (កណ ៩,១៦)។ សម្ពន្ធមេត្រីនេះ មានរហូតដល់អវសានកាលនៃពិភពលោក។

៧២. ព្រះជាម្ចាស់បានជ្រើសតាំងលោកអប្រាហាំ និងបានចងសម្ពន្ធមេត្រីជាមួយលោក និងពូជពង្ស របស់លោក។ ព្រះអង្គបានអប់រំប្រជារាស្រ្តរបស់ព្រះអង្គ ហើយបានសម្ដែងធម្មវិន័យរបស់ព្រះអង្គឱ្យប្រជា​រាស្រ្តនេះតាមរយៈលោកម៉ូសេ។ ដោយសារព្យាការី ព្រះអង្គបានរៀបចំប្រជារាស្រ្តរបស់ព្រះអង្គឱ្យទទួលការ សង្រ្គោះ ដែលមានសម្រាប់មនុស្សលោកទាំងអស់។

៧៣. ព្រះជាម្ចាស់បានសម្ដែងឱ្យបានពេញលក្ខណៈដោយចាត់ព្រះបុត្រាផ្ទាល់របស់ព្រះអង្គ ដែល បានចងសម្ពន្ធមេត្រីរបស់ព្រះអង្គជាដារាបតរៀងទៅ។ ដោយហេតុថា​ ព្រះបុត្រានេះហើយជាព្រះបន្ទូលជាស្ថាពរនៃព្រះបិតា ទើបក្រោយពីព្រះអង្គ ព្រះជាម្ចាស់នឹងមិនសម្ដែងព្រះអង្គទៀតទេ។

ប្រកាសទី២៖ការបញ្ជូនសេចក្ដីដែលព្រះជាម្ចាស់សម្ដែងឱ្យមនុស្សលោកស្គាល់

៧៤. ព្រះជាម្ចាស់ “សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់បានទទួលការសង្រ្គោះ និងបានស្គាល់​សេចក្ដីពិត​​យ៉ាង​ច្បាស់” (១ធម ២,៤) គឺព្រះគ្រីស្តយេស៊ូ។​ ដូចេ្នះហើយ បានជាត្រូវតែប្រកាស​ព្រះគ្រីស្ត​​​​​​ឱ្យ​ប្រជាជាតិ​ទាំង​ឡាយ​​ និងមនុស្សទាំងអស់ ដើម្បីឱ្យសេចក្ដីដែលព្រះជាម្ចាស់សម្ដែងទៅ​ដល់ទីដាច់​ស្រយ៉ាល​នៃ​ផែនដី។

“ព្រះ​ជា​ម្ចាស់​បាន​សម្តែង​ព្រះ​អង្គ ដើម្បី​សង្រ្គោះ​មនុស្ស​គ្រប់​​ជាតិសាសន៍។ ដោយ​ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យ​សប្បុរស​ដដែល​ ព្រះ​អង្គ​ក៏​ចាត់​ចែងឱ្យ​សេចក្តី​ដែល​ព្រះ​អង្គ​បាន​សម្តែងនោះ ​ស្ថិតនៅ​គង់​វង្ស​​ឥត​ប្រែ​ប្រួល និង​ត្រូវ​ឱ្យគេ​បញ្ជូន​បន្តទៅមនុស្ស​នៅ​គ្រប់​ជំនាន់​​​ក្រោយ តទៅទៀត” (DV ៧)។

១. ការបញ្ជូនបន្តនៃក្រុមគ្រីស្តទូត

៧៥. “ព្រះគ្រីស្តជាអម្ចាស់ដែលបង្រ្គប់សេចក្ដីគ្រប់បែបយ៉ាង ដែលព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត​សម្ដែង ទ្រង់​បាន​​​ធ្វើឱ្យ​ដំណឹង​ល្អកើតជារូបរាងឡើង ដោយព្រះអង្គផ្ទាល់ ទ្រង់ក៏បានប្រកាស​ដំណឹង​​ល្អនេះ ដោយ​ផ្ទាល់​ព្រះឱស្ឋ​ដែរ ជាដំណឹងល្អ ដែលអស់ព្យាការីបានសន្យាទុកជាមុនមកនោះ។​ បន្ទាប់មកព្រះគ្រីស្តបញ្ជាក្រុម​គី្រស្តទូ​​ត​​​ប្រកាសដំណឹងល្អនេះដល់មនុស្សទាំងអស់ ទុកជាប្រភពនៃ​សេចក្ដី​​ពិត​គ្រប់យ៉ាង ដែល​​អាច​សង្រ្គោះ​គេ​បាន និងទុកជាក្បួននៃសីលធម៌​គ្រប់យ៉ាងដែរ ដោយ​ប្រទាន​​ព្រះអំណោយ​​​ទានទៀតផង” (DV ៧)។

ក្រុមគ្រីស្តទូតប្រកាសដំណឹងល្អ...

៧៦. តាមព្រះបញ្ជារបស់ព្រះអម្ចាស់​ ការបញ្ជូនដំណឹងល្អមានពីរបែប គឺ៖

ពីមាត់មួយទៅមាត់មួយ ៖​ “ក្រុមគ្រីស្តទូតប្រព្រឹត្តដូច្នេះ ដោយប្រកាសដំណឹងល្អ ដោយផ្ដល់គំរូ​ល្អ និង​ដោយ​បញ្ជូនការចាត់ចែងផ្សេងៗ។​ អស់លោកប្រកាសសេចក្ដីដែលគេបានស្ដាប់ពីព្រះគ្រីស្ត​ផ្ទាល់ នៅពេល​រួម​រស់​ជាមួយ​ព្រះអង្គ ដោយឃើញព្រះអង្គប្រព្រឹត្តកិច្ចការផ្សេងៗ។​ អស់លោកក៏​ប្រកាសសេចក្ដីដែល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​​​បំភ្លឺឱ្យគេដឹង” ។

ជាលាយលក្ខណ៍អក្សរ ៖ “ក្រុមគ្រីស្តទូត ឬអស់អ្នកដែលរស់នៅជាមួយពួកលោក បានកត់ត្រាទុក​ជា​​លាយ​លក្ខណ៍អក្សរនូវសេចក្ដីស្ដីអំពីការសង្រ្គោះ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធដដែលនេះ បំភ្លឺចិត្ត​គំនិត​​គេ​ឱ្យសរសេរ​ផង” (DV ៧)។

...រហូតដល់អស់អ្នកដែលទទួលមុខតំណែងពីក្រុមគ្រីស្តទូតមក

៧៧. “ក្រុមគ្រីស្តទូតបានតែងតាំងលោកអភិបាល ឱ្យបន្តមុខងារពីអស់លោក ដើម្បីរក្សាទុកដំណឹង​​​​ល្អ​នេះ​ឱ្យ​​នៅគង់វង្សជានិច្ច មិនប្រែប្រួលឡើយ និងឱ្យមានជីវិតរស់រវើក ក្នុង​ព្រះសហគមន៍។​​ ក្រុមគ្រីស្តទូត​បាន​ផ្ញើ​មុខងារបង្រៀនរបស់ខ្លួន ឱ្យអភិបាលទាំងនោះ” (DV ៧) ដ្បិត “ត្រូវរក្សាទុកសេចក្ដីដែល​ក្រុមគ្រីស្តទូត​បាន​ថ្លែងនោះ ឱ្យនៅគង់រហូតដល់អវសានកាលនៃ​ពិភព​លោក ដោយមិនអាក់ខានពេលណាឡើយ” (DV ៨)។

៧៨. គេហៅការបញ្ជូនបន្តដ៏រស់រវើក ដែលបានគ្រប់លក្ខណៈក្នុងព្រះវិញ្ញាណដ៏វិសុទ្ធនេះថា ជាការ​បញ្ជូន​បន្ត។​ ការ​បញ្ជូន​​បន្ត​នេះខុសប្លែកពីព្រះគម្ពីរដ៏វិសុទ្ធ ទោះបីការបញ្ជូនបន្តនិងព្រះគម្ពីរដ៏វិសុទ្ធនោះ​ ជាប់ពាក់​ពិ​ន​​ជាមួយគ្នា ​យ៉ាង​ស្និទ្ធ​​ស្នាល​ក៏ដោយ។​ តាមរយៈការបញ្ជូនបន្តនេះ “ព្រះសហគមន៍បង្រៀនលទិ្ធ ដោយរស់នៅ​តាម​ជំនឿ​ និង​ដោយ​​​ធ្វើ​ពិធី​គោរព​បម្រើព្រះជាម្ចាស់ ព្រះសហគមន៍បញ្ជូនបន្តលក្ខណៈសម្បត្តិ​ទាំង​ប៉ុន្មាន​របស់ខ្លួន និងអ្វីៗ​ដែល​​ខ្លួន​​ជឿ​ឱ្យមនុស្សជំនាន់ក្រោយតទៅទៀតផង” (DV ៨)។​ ​“ការប្រៀន​ប្រដៅរបស់​គ្រូបាធ្យាយ​ផ្ដល់​សក្ខីភាព​​បញ្ជាក់​ថា ការបញ្ជូនបន្តនេះមានតម្លៃដ៏ថ្លៃថ្នូរ គឺមានឥទ្ធិពលក្នុ​ងការប្រតិបតិ្ត និងក្នុងការរស់នៅ​របស់​ព្រះ​សហគមន៍ ដែល​ជឿនិងអធិដ្ឋាន” (DV ៨)។

៧៩. ហេតុដូច្នេះហើយ បានជាទំនាក់ទំនងដែលព្រះជាម្ចាស់បានកសាងដោយព្រះអង្គផ្ទាល់ តាម​រយៈ​ព្រះបន្ទូល​ព្រះ​អង្គ​ នៅ​ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ នៅតែស្ថិតក្នុងព្រះសហគមន៍​ តាមរយៈការប្រព្រឹត្តកិច្ចការ​ផ្សេងៗ៖ “ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​​កាលពីដើមមក នៅតែសន្ទនាជាមួយព្រះមហេសីនៃ​ព្រះបុត្រា​​​ដ៏​​ជាទី​ស្រលាញ់ ជានិច្ចនិរន្តរ៍។​ ព្រះ​​វិញ្ញាណ​​ដ៏វិសុទ្ធធ្វើឱ្យព្រះសូសៀងដំណឹង​ល្អ​​លាន់​​ឮក្នុងព្រះសហគមន៍ ហើយក៏លាន់ឮក្នុង​ពិភព​លោក​​​ទាំង​​មូល ដោយាសារព្រះសហគមន៍ដែរ​ ព្រះវិញ្ញាណក៏ណែនាំអ្នកជឿទាំងប៉ុន្មាន ឱ្យស្គាល់សេចក្ដីពិត​គ្រប់​​​ជំពូក​ និងប្រោសឱ្យតម្លៃ​ដ៏ថ្លៃ​ថ្នូ​រនៃព្រះបន្ទូលរបស់ព្រះគ្រីស្ត ស្ថិតនៅក្នុងខ្លួនគេយ៉ាងបរិបូរណ៍” (DV ៨)។

២. ទំនាក់ទំនងរវាងការបញ្ជូនបន្ត និងព្រះគម្ពីរដ៏វិសុទ្ធ
ប្រភពតែមួយ...

៨០. “ការបញ្ជូនបន្ត និងព្រះគម្ពីរដ៏វិសុទ្ធជាប់ពាក់ពិនគ្នា និងមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល​ជាមួយគ្នា។​ ការ​បញ្ជូន​បន្ត និងព្រះគម្ពីរដ៏វិសុទ្ធផុសចេញមកពីប្រភពតែមួយ ពោលគឺព្រះជាម្ចាស់។ ព្រះគម្ពីរ ​​និងការបញ្ជូនបន្ត​ហាក់​​​ដូច​ជារួមជាធ្លុងតែមួយ និងមានទីដៅតែមួយដែរ” (DV ៩)។​ ព្រះគម្ពីរ និងការបញ្ជូនបន្តនាំឱ្យអាថ៌កំបាំង​របស់​​​ព្រះគ្រីស្ត ស្ថិតនៅក្នុងព្រះសហគមន៍ ព្រមទាំងបង្កើតផលដ៏ល្អ ទ្រង់ដែលមានព្រះបន្ទូលសន្យាថា ​នឹងគង់នៅ​ជាមួយ​សាវ័ក “ជារៀងរាល់ថ្ងៃរហូតដល់អវសានកាល​នៃពិភព​លោក” (មថ ២៨,២០)។

...បញ្ជូនតាមរបៀបពីរយ៉ាងខុសៗគ្នា

៨១. “ព្រះគម្ពីរដ៏វិសុទ្ធជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគេកត់ត្រាទុកជាលាយលក្ខណ៍អក្សរ ក្រោម​ការ​បំភ្លឺ​នៃ​ព្រះវិញ្ញាណរបស់ព្រះអង្គ”។

“រីឯការបញ្ជូនបន្តដ៏វិសុទ្ធក៏ពាំនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលព្រះគ្រីស្តជាអម្ចាស់ និងព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​​​បានផ្ញើទុកឱ្យក្រុមគ្រីស្តទូត រួចបញ្ជូនសព្វគ្រប់ឱ្យអ្នកបន្តមុខងាររបស់អស់លោក ដើម្បីឱ្យអ្នក​បន្ត​ទាំង​នោះ រក្សាទុក បកស្រាយ និងផ្សព្វផ្សាយព្រះបន្ទូលនោះ ក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណនៃសេចក្ដីពិត នៅ​ពេល​គេប្រកាស”។

៨២. ហេតុដូច្នេះហើយ បានជាព្រះសហគមន៍ ដែលមានមុខងារបញ្ជូន និងបកស្រាយសេចក្ដីដែលព្រះ​ជាម្ចាស់សម្ដែង យោង​ជំនឿ​ដ៏មាំមួនទៅលើ “សេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានសម្ដែងនោះ ពុំមែនដោយ​សំអាងតែលើព្រះគម្ពីរ​ប៉ុណ្ណោះទេ។​ ហេតុនេះត្រូវទទួលស្គាល់ និងលើកតម្កើងការបញ្ជូនបន្ត ​និង​ព្រះគម្ពីរ ដោយ​ចិត្ត​ស្រលាញ់ និង​គោរព​ស្មើគ្នា” (DV ៩)។

ការបញ្ជូនបន្ត និងទំនៀមទំលាប់របស់ព្រះសហគមន៍

៨៣. ការបញ្ជូនបន្តដែលមកពីក្រុមគ្រីស្តទូតបញ្ជូននូវអ្វីដែលគេបានទទួលអំពីការប្រៀនប្រដៅ និងកិច្ចការរបស់ព្រះយេស៊ូ និង​អ្វី​ដែល​គេបានរៀនពីព្រះវិញ្ញាណដ៏វិសុទ្ធដែរ។ ជំនាន់ដំបូងរបស់គ្រីស្តបរិស័ទពុំទាន់មាន​សម្ពន្ធមេត្រី​ថ្មី​ទុកជាលាយ​លក្ខណ៍​អក្សរ​ឡើយ ហើយសម្ពន្ធមេត្រីថ្មីផ្ទាល់ផ្ដល់សក្ខីភាពអំពីដំណើរការនៃ​ការ​បញ្ជូន​​បន្តដ៏រស់រវើក។ “ទំនៀមទំលាប់” ខាងទេវវិទ្យា ខាងវិន័យ ឬខាងពិធីបុណ្យ ដែលបានកើតឡើងបន្តិចម្តងៗ​ នៅក្នុងព្រះសហគមន៍​ភូមិភាគ មិនមែនជាការបញ្ជូនបន្តឡើយ តែជួយសម្ដែងការបញ្ជូនបន្តនេះ តាមសម័យកាល ឬកន្លែងផ្សេងៗ។ ក្រោមពន្លឺ​នៃ​ការបញ្ជូន​បន្ត ក្រុមណែនាំព្រះសហគមន៍អាចបន្ត កែសម្រួល ឬលះបង់ទំនៀមទំលាប់នោះ​បាន។

៣. ការបកស្រាយមរតកនៃជំនឿ
ក្រុមគ្រីស្តទូតបានផើ្ញមរតកនៃជំនឿឱ្យព្រះសហគមន៍ទាំងមូល

៨៤. ក្រុមគ្រីស្តទូតបានផើ្ញ “មរតកដ៏សក្ការៈនៃជំនឿ”​ (depositum fidei ) (១ធម ៦,២០)​ ដែល​មាន​នៅ​ក្នុង​ការ​បញ្ជូនបន្ត​ និងក្នុងព្រះគម្ពិរដ៏វិសុទ្ធ ឱ្យព្រះសហគមន៍ទាំងមូល។​ “បើ​ប្រជាជន​ដ៏​វិសុទ្ធ​ទាំង​មូល​រួម​ជា​មួយ​អស់​គង្វាលរបស់​ខ្លួន ​ភ្ជាប់​ចិត្ត​ទៅនឹង​បញ្ញើ​នេះ គេមុខជា នឹងនៅ​តែព្យា​យាម ​យ៉ាង​​​ស្មោះ ស្តាប់​ការ​ប្រៀន​ប្រដៅ​របស់​​ក្រុម​គ្រីស្ត​ទូត​​ រួប​រួម​គ្នា​ទុក​ជា​បង​ប្អូន ធ្វើ​ពិធី​កាច់​នំប៉័ង និង​អធិដ្ឋាន។ ហេតុ​នេះ​ហើយ​ បាន​ជាអស់​គង្វាល​ និង​​អស់អ្នក​ជឿ ​រួម​គ្នា​ជា​​ចិត្ត​គំនិត​តែ​មួយ​យ៉ាង​ស្អិត​ល្មួតក្នុង​កិច្ចរក្សាជំនឿ​ ក្នុងកិច្ច​​​ប្រតិបត្តិ​តាម​ជំនឿ និងក្នុងការ​ប្រកាស​​ជំនឿ​ដែល​គេ​ទទួល​តមក”​ (DV ១០)។

ក្រុមណែនាំរបស់ព្រះសហគមន៍

៨៥. “ព្រះជាម្ចាស់បានផើ្ញមុខងារបកស្រាយព្រះបន្ទូលរបស់ព្រះអង្គយ៉ាងពិតបា្រកដ ទោះបីជាព្រះបន្ទូលត្រូវបាន​កត់​ត្រា​​​​ជាលាយលក្ខណ៍អក្សរក្ដី ឬបញ្ជូនបន្តមកក្ដី ឱ្យក្រុមណែនាំ​ដ៏រស់រវើក។​ មានតែក្រុមអ្នកណែនាំនោះប៉ុណ្ណោះ ដែលមានអំណាច​បកស្រាយ​​ក្នុងព្រះនាម​ព្រះយេស៊ូគ្រីស្ត” (DV ១០) គឺលោកអភិបាលរួមជាមួយ​អ្នកបន្តមុខងាររបស់​លោក​​សិលា គឺលោកអភិបាល​ព្រះសហគមន៍​នៅទីក្រុងរ៉ូម។​

៨៦. “ប៉ុន្តែ ក្រុមណែ​នាំ​នេះ គ្មានអំណាចលើស​ពីព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ទេ តែត្រូវបម្រើ​ព្រះ​បន្ទូល​ទៅ​វីញ។ ក្រុមណែនាំក៏​បង្រៀន​តែសេចក្តីដែល​គេបាន​ទទួល​ត​មក ហើយស្តាប់​ព្រះ​បន្ទូល​នេះ​ដោយ​ចិត្ត​ស្រឡាញ់​ តាម​​​​​បញ្ជា​របស់ព្រះជា​ម្ចាស់ និងដោយ​មាន​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ជួយ​ឧបត្ថម្ភ​ផង។ អស់លោកថែរក្សា​ព្រះ​បន្ទូល​យ៉ាង​​ល្អ​បំផុត និងពន្យល់​ព្រះបន្ទូលយ៉ាង​ត្រឹម​ត្រូវ ហើយ​យោងពី​បញ្ញើ​នៃជំនឿតែ​មួយ​នេះ​ នូវ​អ្វីៗ​ទាំង​ប៉ុន្មាន​​​ដែល​​​​ក្រុម​​​ណែនាំជូនឱ្យគ្រីស្តបរិស័ទជឿ ទុក​ជា​សេចក្តី​ដែល​ព្រះ​ជាម្ចាស់​បាន​សម្តែងឱ្យ​មនុស្ស​លោក​​​​ស្គាល់” (DV ១០)។

៨៧. គ្រីស្តបរិស័ទ​ ដែលរម្លឹកអំពីព្រះបន្ទូលរបស់ព្រះគ្រីស្តចំពោះក្រុមគ្រីសទូតរបស់ព្រះអង្គ គឺ “អ្នកណាស្ដាប់អ្នករាល់​គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ” (លក ១០,១៦) (LG ២០) ទទួល ដោយមានចិត្តសុភាពរាបសា ការប្រៀនប្រដៅ និង​ការ​​ណែនាំ ដែល​​គ្រូគង្វាលផ្ដល់ឱ្យគេតាមរបៀបផ្សេងៗ។

គោលការណ៍នៃជំនឿ

៨៨. ក្រុមណែនាំព្រះសហគមន៍បានទទួលអំណាចរបស់ព្រះគ្រីស្តដ៏ពេញលក្ខណៈ នៅពេលដែល​ក្រុម​​ណែ​នាំ​​​នេះ ​​កំណត់​គោលការណ៍​ គឺនៅពេលដែលក្រុមណែនាំស្នើសុំ តាមរបៀបដែលបង្ខំប្រជាជននៃ​គ្រីស្តបរិស័ទ​ឱ្យ​​ជឿ​ជា​ដាច់ខាត សេចក្ដីពិតដែលព្រះជាម្ចាស់​បានសម្ដែងមក ឬសេចក្ដីពិតដែលជាប់នឹងសេចក្ដីពិត​ដែល​ព្រះអង្គ​បាន​សម្ដែង​មក ហើយដែលមិន​អាចបំបែកគ្នាបានទេ។

៨៩. ជីវិតខាងវិញ្ញាណរបស់យើង និងគោលការណ៍ ជាប់ទាក់ទងនឹងគ្នាជាចាំបាច់។​ គោលការណ៍ដូច​ជា​ពន្លឺ​​នៅ​លើផ្លូ​វ​នៃ​ជំនឿរបស់យើង បំភ្លឺ​ និងពង្រឹងផ្លូវនេះ។ ផ្ទុយទៅវិញ បើយើង​រស់នៅ​តាម​របៀប​ត្រឹមត្រូវ បា្រជ្ញា និងចិត្តគំនិតរបស់យើងនឹងទូលាយ ដើម្បីទទួលពន្លឺនៃគោលការណ៍របស់ជំនឿ (យហ ៨,៣១-៣២)។

៩០. សេចក្ដីទាំងអស់ ដែលព្រះជាម្ចាស់សម្ដែងអំពី​អាថ៌កំបាំង​របស់​ព្រះគ្រីស្ត បង្ហាញថា គោលការណ៍​​ជាប់រួមជាមួយគ្នាយ៉ាងជិតស្និទ្ធ ​ដោយមានហេតុផលយ៉ាងច្បាស់លាស់ (វ៉ាទីកង់ទី១ DS ៣០១៦ ; LG ២៥)។​ “គោលការណ៍ដែល​ទាក់​ទងនឹងគ្នា តាមរបៀបផ្សេងៗ និងដែលរួមជាមួយគ្រឹះនៃគ្រីស្តសាសនា បង្ហាញ​​ថា សេចក្ដីពិត​នៃ​លទ្ធិ​កាតូលិក ​មាន​សណ្ដាប់ធ្នាប់​ ឬរួមគ្នាតាម “លំដាប់លំដោយ”” (UR ១១)។

 ការឈ្វេងយល់ហួសធម្មជាតិនៃជំនឿ

៩១. គ្រីស្តបរិស័ទទាំងអស់រួមចំណែក​ ក្នុងការឈ្វេងយល់ និងការបញ្ជូននៃសេចក្ដីពិត ដែល​ព្រះជាម្ចាស់​បាន​សម្ដែងមក។​ ពួកគេបានទទួលប្រេងអភិសេកនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបង្រៀនគេ (១យហ ២,២០.២៧) និង​ណែនាំ​គេឆ្ពោះទៅ​សេចក្ដីពិតគ្រប់ជំពូក (យហ ១៦,១៣)។

៩២. “គ្រីស្តបរិស័ទទាំងអស់មិនអាចវង្វេង​ជំនឿបាន​ឡើយ​ និងបង្ហាញ​បញ្ជាក់​អំពី​ព្រះ​អំណោយ​ទានពិសេសនេះ ដោយប្រជារាស្ត្រទាំងមូលយល់ស្របគ្នាអំពីជំនឿនៅពេល‍‌‍ “អស់​លោក​អភិបាល​រហូត​​​​ដល់គ្រីស្តបរិស័ទ​តូចជាងគេបំផុត” រួមគ្នាយល់ស្របទាំង​អស់គ្នាអំពីសេចក្ដីពិត ត្រង់​ជំនឿ និងត្រង់សីលធម៌” (LG ១២)។

៩៣. “ដោយសារការឈ្វេងយល់នៃជំនឿនេះ ដែលមានព្រះវិញ្ញាណនៃសេចក្ដីពិតដាស់តឿន និង​ជួយឧបត្ថម្ភ ហើយ​ក្រោមក្រុមណែនាំដ៏សក្ការៈ (...) ប្រជាជនរបស់ព្រះជាម្ចាស់ជាប់ចិត្តជានិច្ចនឹងជំនឿ ដែល​ត្រូវ​បញ្ជូន​ទៅ​សន្ត​​បុគ្គល​ម្តងជាការស្រេច ចូលនៅក្នុងជំនឿស៊ី​ជម្រៅជាងមុន ដោយបកស្រាយជំនឿ តាម​របៀប​​ត្រឹមត្រូវ​ ​ហើយដោយ​ប្រតិបតិ្ត​តាម​​ ក្នុងការរស់នៅ” (LG ១២)។

ការរីកចម្រើនក្នុងការឈ្វេងយល់នៃជំនឿ

៩៤. ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធជួយឧបត្ថម្ភ យើងអាចឈ្វេងយល់ពីសម្បត្តិសួគ៌ ​និងពាក្យសម្ដីរបស់​មរតក​​​នៃ​ជំនឿ កាន់តែចម្រើនឡើងៗ ក្នុងជីវិតព្រះសហគមន៍៖
-“ដោយអ្នកជឿស្មឹងស្នាធិ៍​ និងសិក្សា ព្រមទាំងនឹកសញ្ជឹងក្នុងចិត្ត” (DV ៨)​ ជាពិសេស​ “ការស្វែង​រក​ខាង​ទេវវិទ្យា រិះគិតឱ្យកាន់តែជ្រៅអំពីសេចក្ដីពិត ​ដែលព្រះជាម្ចាស់បានសម្ដែង​ឱ្យ​មនុស្ស​​លោកស្គាល់” (GS ​​៦២,៧)”។
-“ដោយអ្នកជឿឈ្វេងយល់ នៅក្នុងចិត្ត ពីសម្បត្តិសួគ៌កាន់តែច្បាស់ៗ (DV ៨)​។ “ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកអានព្រះបន្ទូលនោះ ក៏រីកចម្រើនរួមជាមួយគ្នា” (សន្ត គ្រេគ័រដ៏ប្រសើរ)។
-“ដោយការប្រៀនប្រដៅរបស់អស់អ្នក ដែលរួមជាមួយអ្នកបន្តមុខងារជាអភិបាល បានទទួលព្រះ​អំណោយ​​​​​​​ទានយ៉ាងច្បាស់លាស់អំពីសេចក្ដីពិត” (DV ៨)​។

៩៥. “ដូច្នេះ ត្រូវឃើញជាក់ច្បាស់ថា ការបញ្ជូនដ៏វិសុទ្ធ ព្រះគម្ពីរដ៏វិសុទ្ធ និងក្រុមណែនាំ​ព្រះសហគមន៍​ជាប់​ទាក់​ទិន​​គ្នា និងរួមគ្នា តាមព្រះជាម្ចាស់បានចាត់ចែងយ៉ាងឈ្លាសវៃ។​ ក្នុងកត្តាទាំងបី​នេះគ្មានអ្វីមួយណា ដែល​អាច​​​​​ស្ថិតសេ្ថរដោយឯកឯងទេ គឺការទាំងបីនោះរួមគ្នា​យ៉ាងសកម្មដើម្បី​សង្រ្គោះ​មនុស្សលោកតាមរបៀបរៀងៗ​ខ្លួន ក្រោម​ការឧបត្ថម្ភនៃព្រះវិញ្ញាណដ៏វិសុទ្ធតែមួយព្រះអង្គ” (DV ១០,៣)។

សង្ខេប

៩៦. ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយបភ្លឺ អ្វីៗដែលព្រះគ្រីស្តបានប្រគល់ឱ្យក្រុមគ្រីស្តទូត ពួកលោកបានបញ្ជូនដោយការទេសនា និងជា​លាយលក្ខណ៍អក្សរ ឱ្យមនុស្សគ្រប់ជំនាស់ រហូតដល់ពេលព្រះ​គ្រីស្ត​យាងត្រឡប់​មក​វិញប្រកបដោយសិរីរុងរឿង។

៩៧. “ការបញ្ជូនបន្តដ៏វិសុទ្ធ និងព្រះគម្ពីរដ៏វិសុទ្ធជាបញ្ញាត្តិជាទីសក្ការៈតែមួយនៃព្រះបន្ទូលរបស់ព្រះ ជាម្ចាស់” (DV ៨)។ ការបញ្ជូនបន្តដ៏វិសុទ្ធ និងព្រះគម្ពីរដ៏វិសុទ្ធប្រៀដូចជាកញ្ចក់។​ ក្នុងកញ្ចក់នេះ ព្រះសហគមន៍ ដែលកំពុងធ្វើដំណើរនៅនាលោកនេះ សញ្ជឹងមើលព្រះជាម្ចាស់ ដែលជាប្រភពនៃលក្ខណៈសម្បត្តិទាំងអស់របស់ខ្លួន។

៩៨ . “ព្រះ​សហគមន៍​បញ្ជូនបន្ត​លក្ខណៈសម្បត្តិ​​​របស់ខ្លួន ​និង​​​​អ្វីៗដែល​​​ខ្លួន​​​ជឿឱ្យ​មនុស្សគ្រប់​ជំនាន់​​តៗទៅទៀត ដោយ​​​​បង្រៀន​លទ្ធិ​ ​​​ដោយ​រស់​នៅ​តាម​ជំនឿ និង​ដោយ​ធ្វើ​ពិធី​គោរព​បម្រើ​ព្រះ​ជា​ម្ចាស់” (DV ៨)។

៩៩. ដោយសារការឈ្វេងយល់ហួសពីធម្មជាតិរបស់ខ្លួន ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទាំងមូលនៅតែ ទទួលព្រះអំណោយទាននៃការសម្ដែងរបស់ព្រះជាម្ចាស់ យល់អំពីព្រះអំណោយទាននេះកាន់តែស៊ីជម្រៅ និងមានរបៀបរស់នៅតាមព្រះអំណោយទាននេះផងដែរ។

១០០. ព្រះជាម្ចាស់បានប្រគល់បន្ទុកបកស្រាយព្រះបន្ទូល យ៉ាងពិតប្រាកដរបស់ព្រះអង្គ ឱ្យតែក្រុមមេដឹកនាំព្រះសហគមន៍ ឱ្យសម្ដេចប៉ាប និងឱ្យពួកលោកអភិបាលដែលរួបរួមជាមួយសម្ដេចប៉ាប។

ប្រការទី៣៖ព្រះគម្ពីរដ៏វិសុទ្ធ

១. ព្រះគ្រីស្តជាព្រះបន្ទូលតែមួយនៃព្រះគម្ពីរដ៏វិសុទ្ធ

១០១. ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសពោពេញដោយធម៌មេត្តាករុណា បានជាព្រះអង្គមានព្រះបន្ទូល ដូច​ជា​​ពាក្យ​​សម្ដីរបស់មនុស្ស ដើម្បីសម្ដែងព្រះអង្គឱ្យមនុស្សលោកស្គាល់៖ “ព្រះ​ជា​ម្ចាស់បានថ្លែងព្រះ​បន្ទូល​​តាមភាសា​របស់​មនុស្ស គឺព្រះ​​​បន្ទូល​​​​បាន​​​ដូច​ជាពាក្យ​សម្តី​មនុស្ស​យ៉ាងណា ក៏​កាល​ពី​ដើម​ព្រះ​បន្ទូល​របស់​ព្រះ​បិតា​​​ដែល​មាន​ព្រះ​ជន្ម​​គង់​នៅ​អស់​កល្ប​ជានិច្ច បានដូច​​​មនុស្សយើង គឺយក​ភាពទន់​ខ្សោយ​របស់​មនុស្ស​យើង​​យ៉ាង​នោះ​ដែរ” (DV ១៣)។

១០២. តាមរយៈពាក្យសម្ដីទាំងអស់នៃព្រះគម្ពីរដ៏វិសុទ្ធ ព្រះជាម្ចាស់មានព្រះបន្ទូលតែមួយ​ គឺព្រះបុត្រាតែមួយ​របស់​ព្រះអង្គ​។​ នៅក្នុងអង្គព្រះបុត្រានេះ ព្រះជាម្ចាស់សម្ដែងព្រះអង្គទាំងស្រុង។

សូមរម្លឹកថា គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយ ដែលលាតសន្ធឹងក្នុងព្រះគម្ពីរទាំងមូល គឺមានព្រះបុត្រាតែមួយ ដែលបន្លឺសម្លេងខ្ទរក្នុងមាត់របស់អ្នកនិពន្ធដ៏សក្ការៈ។ តាំងពីដើមដំបូងបង្អស់ ទ្រង់ជាព្រះជាម្ចាស់ រួមជា​មួយ​ព្រះ​​​ជាម្ចាស់ មិនត្រូវការព្យាង្គ ដ្បិតព្រះអង្គមិនចុះក្រោមអំណាចនៃពេលវេលាឡើយ (សន្ត អូគូស្តាំង)។

១០៣. ដោយសារហេតុនេះហើយ ព្រះសហគមន៍តែងតែគោរពព្រះគម្ពីរដ៏វិសុទ្ធជានិច្ច ដូច​ព្រះសហគមន៍​ធ្លាប់​​​​​គោរព​ព្រះកាយផ្ទាល់របស់ព្រះអម្ចាស់ផងដែរ ហើយ​ព្រះសហគមន៍នៅតែផ្ដល់នំបុ័ង​នៃ​ជីវិត យក​ពី​លើតុ​នៃ​ព្រះ​បន្ទូល​​​របស់​ព្រះជាម្ចាស់ និងពីលើតុនៃព្រះកាយព្រះគ្រីស្តផងដែរ (DV ២១)។

១០៤. ព្រះសហគមន៍តែងតែយកពីព្រះគម្ពីរដ៏វិសុទ្ធ ចំណីអាហារ និងកម្លាំងរបស់ខ្លួន (DV ២៤) ដ្បិតនៅក្នុងព្រះ​​គម្ពីរ​ដ៏វិសុ​ទ្ធនេះ ព្រះសហគមន៍មិនគ្រាន់តែទទួលយកពាក្យសម្ដីរបស់មនុស្សទេ គឺទុកជាព្រះបន្ទូល​របស់​ព្រះជាម្ចាស់ តាម​ពិត ជាព្រះបន្ទូលរបស់ព្រះអង្គមែន (១ថស ២,១៣)។​ “ដោយសារព្រះគម្ពីរដ៏វិសុទ្ធ ព្រះបិតា ​ដែលគង់នៅស្ថានបរមសុខ ​យាង​មក​ទទួល​បុត្រធីតារបស់ព្រះអង្គ ដោយព្រះហឫទ័យមេត្តាករុណា និង​យាង​មក​សន្ទនា​ជាមួយ​គេ” (DV ២១)។

២. ការបំភ្លឺ និងការបកស្រាយព្រះគម្ពីរដ៏វិសុទ្ធ

១០៥. ព្រះជាម្ចាស់ជាអ្នកនិពន្ធព្រះគម្ពីរដ៏វិសុទ្ធ​ ។​ “ព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺឱ្យកត់ត្រាទុកជា​លាយ​លក្ខណ៍​​អក្សរនូវសេចក្ដីដែលព្រះជាម្ចាស់បានសម្ដែង ហើយដែលមានរៀបរាប់ក្នុងកណ្ឌព្រះគម្ពីរ”។ “ព្រះ​សហគមន៍​កាតូលិក​​ជា​មាតាដ៏វិសុទ្ធ​របស់​យើង​ សំអាង​ទៅ​លើ​ជំនឿ​របស់​ក្រុម​គ្រីស្ត​ទូតជាគ្រឹះ ហើយ​ចាត់​គ្រប់​​ផ្នែកនៃ​កណ្ឌ​ទាំង​ប៉ុន្មានក្មុង​គម្ពីរ​សម្ពន្ធ​មេត្រី​ចាស់​ក្តី សម្ពន្ធ​មេត្រី​ថ្មីក្តី ទុកជា​សក្ការៈ​និងទុកជាសាសនាបញ្ញត្តិ​របស់ខ្លួ​ន ព្រោះ​ព្រះ​វិញ្ញាណបាន​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធឱ្យសរសេរ គឺព្រះជាម្ចាស់បាននិពន្ធកណ្ឌទាំងនោះ ហើយព្រះ​សហគមន៍​ក៏​បាន​ទទួល​កណ្ឌ​គម្ពីរ​ទាំង​នោះ​ដោយ​យល់​ដូច្នោះ​ដែរ” (DV ១១)។

១០៦. ព្រះជាម្ចាស់បានបំភ្លឺអ្នកនិពន្ធព្រះគម្ពីរដ៏វិសុទ្ធ។​ “ព្រះ​ជា​​​​ម្ចាស់​បាន​ជ្រើស​រើស​មនុស្ស​​​​ខ្លះ ដើម្បី​និពន្ធ​កណ្ឌ​គម្ពីរ​​ទាំង​នោះ គឺព្រះ​អង្គ​ឱ្យ​​​អ្នក​​​ទាំងនោះប្រើ​ចំណេះ ប្រាជ្ញា ទេពកោសល្យ និង​បច្ចេកទេស​របស់​ខ្លួន​យ៉ាង​ពិត​​​​ប្រាកដ​ ហើយ​ទ្រង់​មាន​សកម្មភាព​ក្នុង​អ្នក​ទាំង​នោះ និង​ដោយ​សារ​អ្នក​ទាំង​នោះ​ ព្រះអង្គឱ្យ​គេ​កត់​ត្រា​ទុក​ជា​លាយ​លក្ខណ៍​អក្សរ​​​​ នូវ​សេចក្តី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​​​ឱ្យគេនិពន្ធ គឺតែសេចក្តីណា ​​​ដែល​​​ព្រះអង្គសព្វព្រះហឫទ័យ​ឱ្យគេសរសេរប៉ុណ្ណោះ” (DV ១១)។​

១០៧. ​ព្រះគម្ពីរ ដែលព្រះជាម្ចាស់បានបំភ្លឺ ប្រៀនប្រដៅសេចក្ដីពិត។​ “ហេតុនេះហើយ បានជាត្រូវ​រាប់​សេចក្តី​ទាំង​​​អស់​ដែល​អ្នក​និពន្ធ និង​អ្នក​តំណាល​​​​រឿង​និទាន​បាន​កត់​ត្រា​នោះ​ ទុក​ជា​សេចក្តីដែល​ព្រះ​វិញ្ញាណ​បាន​បញ្ជាក់ ​ព្រោះ​​​​ព្រះវិញ្ញាណបានបំភ្លឺចិត្តគំនិតអ្នកនិពន្ធ។​ យើងក៏​ត្រូវ​តែ​ប្រកាស​ថា ក្នុង​កណ្ឌ​គម្ពីរ​មាន​បង្រៀន​យ៉ាង​ប្រាកដ​ម៉ឹងម៉ាត់​ យ៉ាង​ត្រឹម​ត្រូវ​ ដោយ​គ្មាន​កំហុស នូវ​សេចក្តី​​​​ពិត​​​​ដែល​ព្រះ​ជាម្ចាស់សព្វ​ព្រះ​ហឫទ័យឱ្យ​គេ​កត់​ត្រា​ទុក​​ជា​លាយ​​លក្ខណ៍​អក្សរក្នុងព្រះគម្ពីរ​ ដើម្បី​សង្រ្គោះ​យើង” (DV ១១)។

១០៨. ប៉ុន្តែ គ្រីស្តសាសនាមិនមែនជា “សាសនានៃគម្ពីរ” ទេ។​ គ្រីស្តសាសនាជាសាសនានៃ “ព្រះបន្ទូល” ​របស់​ព្រះជាម្ចាស់ “មិនមែនព្រះបន្ទូលទុកជាលាយលក្ខណ័អក្សរដូចជាមនុស្សគ​ តែព្រះបន្ទូល​រស់រវើកដែល​ប្រសូត​ជា​មនុស្ស” (សន្ត ប៊េរណា)។​ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះគ្រីស្ត ដែលជាព្រះបន្ទូលអស់កល្បជានិច្ច​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ ត្រូវតែ “បំភ្លឺចិត្តគំនិតយើង​ឱ្យ​យល់អត្ថន័យគម្ពីរ” (លក ២៤,៤៥) កុំឱ្យគម្ពីរ​គ្មាន​ជិវិត​នៅ​ឡើយ។

៣. ព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកបកស្រាយព្រះគម្ពីរ

១០៩. នៅក្នុងព្រះគម្ពីរដ៏វិសុទ្ធ ព្រះជាម្ចាស់មានព្រះបន្ទូលមកមនុស្ស តាមរបៀបរបស់មនុស្ស។​ ដូច្នេះ​ហើយ​​ បាន​​ជាត្រូវតែស្វែងរកសេចក្ដី ដែលអ្នកនិពន្ធមានបំណងនិយាយបា្រប់ និងសេចក្ដីដែល​ព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​​​សម្ដែងតាមរយៈពាក្យសម្ដីរបស់គេ (DV ១២,១)។

១១០. ត្រូវតែស្វះស្វែងរកគោលដៅដែលអ្នកនិពន្ធមានបំណងចង់បា្រប់ តាមកាលៈទេសៈនៃសម័យកាល​ និង​​​​វប្បធម៌​​​របស់​គេ​ តាម “របៀបនិពន្ធ” តាមរបៀបគិត និយាយ និងនិទានរឿង ដែលគេធ្លាប់ប្រើនៅជំនាន់​នោះ។ “អស់​លោក​​បង្ហាញ​សេចក្តី​ពិត​តាម​របៀប​ផ្សេងៗ​ពី​គ្នា ក្នុងអត្ថបទរៀប​រាប់​អំពី​ប្រវត្តិ​សាស្ត្រ​ ក្នុង​សេចក្តី​ប្រកាស​របស់​ព្យា​ការី ក្នុង​ពាក្យ​កាព្យ ឬ​ក្នុង​អត្ថបទ​និពន្ធ​តាម​របៀប​ផ្សេងៗ​ទៀត” (DV ១២,២)។

១១១. ប៉ុន្តែ ដោយសារព្រះវិញ្ញាណបំភ្លឺព្រះគម្ពីរដ៏វិសុទ្ធ ត្រូវតែបកស្រាយតាមគោលការណ៍​ផ្សេង​មួយ​ទៀត និង​សំខាន់ដូចគោលការណ៍ដើម ដើម្បីឱ្យព្រះគម្ពីររស់រវើក គឺ “ត្រូវតែអាន និងបកស្រាយព្រះគម្ពីរ ក្រោមពន្លឺ​នៃ​ព្រះ​វិញ្ញាណ ដែល​បាន​​បំភ្លឺចិត្តគំនិតអ្នកនិពន្ធឱ្យចែងជាលាយលក្ខណ៍អក្សរនេះដែរ” (DV ១២,៣)។ មហាសនិ្នបាតវ៉ាទីកង់ទី២បង្ហាញលក្ខណៈបីយ៉ាង ដើម្បីបកស្រាយព្រះគម្ពីរតាមព្រះវិញ្ញាណ ដែលបាន​បំភ្លឺ​អ្នក​និពន្ធ គឺ (DV ១២,៣)៖

១១២. ១-ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីទាំងអស់ដែលមានចែងក្នុងគម្ពីរ និងចំពោះឯកភាពនៃព្រះគម្ពីរទាំងមូល។​ ទោះបីកណ្ឌទាំងប៉ុន្មានដែលមានចែងនៅក្នុងគម្ពីរខុសពីគ្នាយ៉ាងណាក៏ដោយ ក៏ព្រះគម្ពីរ​មាន​តែ​មួយ ព្រោះព្រះជាម្ចាស់មានគម្រោងការតែមួយដែរ ដែលមានព្រះយេស៊ូជា​ស្នូល​និងជាបេះដូងបើកទទួលតាំង​ពី​បុណ្យ​ចម្លង (លក ២៤,២៥-២៧.៤៤-៤៦)។

បេះដូងរបស់ព្រះគ្រីស្តសម្ដៅលើព្រះគម្ពីរដ៏វិសុទ្ធដែលធ្វើឱ្យស្គាល់បេះដូងរបស់ព្រះគ្រីស្ត។ មុនព្រះអង្គរង​ទុក្ខលំបាក បេះដូងនេះបិទនៅឡើយ ដ្បិតព្រះគម្ពីរងងឹតនៅឡើយដែរ។ ប៉ុន្តែ ក្រោយពីព្រះអង្គបានរងទុក្ខលំបាក ព្រះ​ជាម្ចាស់​បានបើកព្រះគម្ពីរ ពីព្រោះអស់អ្នកដែលឈ្វេងយល់ព្រះគម្ពីរនេះ រិះគិតពិចារណាអំពី​របៀប​ដែលត្រូវ​បកស្រាយ​ព្យាករណ៍ទាំងអស់ (សន្ត ថូម៉ាស នៃអាកាំង)។

១១៣. ២-ត្រូវចាប់អារម្មណ៍នឹងការបញ្ជូនយ៉ាងសកម្មនៃព្រះសហគមន៍ទាំងមូល។ តាមពាក្យចាស់​របស់​​គ្រូបាធ្យាយ​​​នៃ​ព្រះសហគមន៍​នៅក្នុងការបញ្ជូនរបស់ព្រះសហគមន៍ ព្រះសហគមន៍នឹករលឹកព្រះបន្ទូល​​​​របស់​ព្រះជាម្ចាស់​ យ៉ាងសកម្ម​​ ហើយព្រះវិញ្ញាណដ៏វិសុទ្ធប្រទានការ​បកស្រាយ​​ខាងវិញ្ញាណ​របស់​ព្រះគម្ពីរឱ្យព្រះសហគមន៍​​ ​(“តាមអត្ថន័យខាងវិញ្ញាណ​ដែលព្រះវិញ្ញាណបំភ្លឺ​ព្រះសហគមន៍” (លោក​ អូរីសែន))​។​

១១៤. ៣- ត្រូវចាប់អារម្មណ៍នឹងលក្ខណៈប្រៀបធៀបនៃជំនឿផង (រម ១២,៦) ពោលគឺ​សេចក្ដីពិតនៃជំនឿ​សមហេតុ​សមផល​រួមជាមួយគ្នានៅនឹងក្នុងគម្រោងការទាំងស្រុងអំពីសេចក្ដីដែលព្រះជាម្ចាស់សម្ដែងមក។

អត្ថន័យនៃព្រះគម្ពីរ

១១៥. តាមប្រពៃណីពីបុរាណ យើងអាចយល់ឃើញថា ព្រះគម្ពីរមានអត្ថន័យ ពីរ គឺអត្ថន័យដើម និង​អត្ថន័យ​ខាង​វិញ្ញាណ។ អត្ថន័យទីពីរនេះ ចែកចេញជាន័យតូចៗបីទៀត គឺន័យសម្ដៅទៅលើព្រះគ្រីស្ត ន័យតាម​សីលធម៌ និងន័យដែលមានលក្ខណៈប្រៀបធៀប។ អត្ថន័យទាំងបួន​នេះ ផ្តល់លក្ខណៈ​សម្បត្តិ​យ៉ាង​ជ្រាលជ្រៅ​នៃ​ព្រះគម្ពីរដល់អ្នកអាន ក្នុងព្រះសហគមន៍។

១១៦. អត្ថន័យដើម គឺន័យដែលបានមកអំពីពាក្យពេចន៍នៅក្នុងព្រះគម្ពីរ ហើយដែលអ្នកស្រៅជ្រាវ​បាន​​រក​ឃើញ ដោយគោរពតាមវិន័យនៃការបកស្រាយព្រះគម្ពីរតាមរបៀបត្រឹមត្រូវ។ “អត្ថន័យទាំងអស់​ក្នុងព្រះគម្ពីរ​ដ៏វិសុទ្ធ​ពឹងផ្អែកទៅលើអត្ថន័យដើម” (សន្ត ថូម៉ាស នៃអាកាំង)។

១១៧. អត្ថន័យខាងវិញ្ញាណ ៖ ដោយសារឯកភាពនៃគម្រោងការរបស់ព្រះជាម្ចាស់ មិនគ្រាន់តែអត្ថបទនៃព្រះគម្ពីរទេ ប៉ុន្តែ សភាព និងហេតុការណ៍នានា ដែលមានចែកនៅក្នុងអត្ថបទនោះ ក៏អាចទៅជាសញ្ញាសម្គាល់ដែរ។

១-​ ន័យសម្តៅទៅលើព្រះគ្រីស្ត ៖ យើងអាចយល់យ៉ាងជ្រៅទៅក្នុងព្រឹត្តិការណ៍នានា ដែលកើតមានឡើង ដោយតាមអត្ថន័យក្នុងអង្គព្រះគ្រីស្ត ដូចជាការឆ្លងសមុទ្រក្រហម ជាសញ្ញាសម្គាល់ មួយនៃជ័យជំនះរបស់ព្រះគ្រីស្ត ហើយអំពីពិធីបុណ្យជ្រមុជទឹក (១ករ ១០,២)។

២- ន័យខាងសីលធម៌ ៖ ព្រឹត្តិការណ៍ដែលមានចែកទុកក្នុងព្រះគម្ពីរ ត្រូវណែនាំយើងឱ្យប្រព្រឹត្តកិច្ចការតាមរបៀបសុចរិត។ គេបានសរសេរព្រឹត្តិការណ៍នោះ “ដើម្បីទូន្មានពួកយើង” (១ករ ១០,១១) (ហប ៣-៤,១១)។

៣- ន័យដែលមានលក្ខណៈបៀបធៀប ៖ យើងអាចយល់សភាព និងព្រឹត្តិការណ៍ តាមអត្ថន័យអស់កល្បជានិច្ច ដែលនាំយើងឆ្ពោះទៅ (ជាភាសាក្រិក anagoge ) មាតុប្រទេសរបស់យើង។ ឧ-ហេតុនេះ ព្រះសហគមន៍នៅលើផែនដី ជាសញ្ញាសម្គាល់ នៃទីក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ។

១១៨. កំណាព្យនៅមជ្ឈិមសម័យមួយបានពន្យល់អត្ថន័យទាំងបួនថា៖

អត្ថន័យដើមឱ្យយើងដឹងអំពីហេតុការណ៍ដែលកើតមានឡើង។
អត្ថន័យសម្ដៅទៅលើព្រះគ្រីស្តឱ្យយើងដឹងថា អ្វីដែលត្រូវតែជឿ។
អត្ថន័យខាងសីលធម៌ឱ្យយើងដឹងថា អ្វីដែលត្រូវតែធ្វើតាម។
អត្ថន័យដែលមានលក្ខណៈបៀបធៀបឱ្យយើងដឹងអំពីគោលដៅ។

១១៩. “អ្នក​វិភាគគម្ពីរ​​មានភារកិច្ចខិត​ខំ​ពិនិត្យពិច័យ និង​បក​ស្រាយ​អត្ថន័យ​នៃ​ព្រះ​គម្ពីរ​ឱ្យកាន់​តែ​ជ្រៅ​ទៅៗ តាម​​គោល​ការណ៍​​​​ទាំង​នោះ ដើម្បី​ឱ្យ​ព្រះ​សហគមន៍​មាន​យោបល់​កាន់​តែ​ល្អ​ប្រសើរ​ឡើងៗ។ ដោយ​ការ​សិក្សា​របស់​​ខ្លួន អ្នកវិភាគទាំងនោះ ដូច​ជា​រៀប​ចំ​ផ្លូវ​ឱ្យ​ព្រះសហគមន៍អាច​​​វិនិច្ឆ័យបាន។ អ្វីៗ​ទាំង​អស់​ដែល​មាន​ទាក់​ទិន​នឹង​​របៀប​បក​ស្រាយ​ព្រះ​គម្ពីរ ​គឺស្ថិត​នៅ​លើ​ព្រះ​សហគមន៍ ដែលត្រូវរិះគិត​ពិចារណា​ដោះស្រាយ ព្រោះព្រះ​សហគមន៍ទទួល​មុខ​ងារបម្រើ​​​​ ពី​ព្រះ​ជា​ម្ចាស់មក និង​​ក្នុងនាមព្រះអង្គ ពោល​គឺ​រក្សា​ទុកនិង​បក​ស្រាយ​ព្រះ​បន្ទូល​របស់​​ព្រះជាម្ចាស់” (DV ១២,៣)។
ប្រសិនបើអំណាចរបស់ព្រះសហគមន៍មិនជម្រុញខ្ញុំទេ ខ្ញុំក៏ប្រហែលជាមិនជឿលើដំណឹងល្អឡើយ (សន្ត អូគូស្តាំង)។

៤. សាសនាបញ្ញត្តិនៃព្រះគម្ពីរ

១២០. ការបញ្ជូនបន្ត ដែលមកពីក្រុមគ្រីស្តទូត បានធ្វើឱ្យព្រះសហគមន៍ពិចារណា អំពីកណ្ឌណា ដែល​ត្រូវ​តែ​រាប់​បញ្ចូល ​​ក្នុងបញ្ជីកណ្ឌគម្ពីរដ៏វិសុទ្ធ (DV ៨,៣)។​ គេហៅបញ្ជីទាំងអស់នេះថា “សាសនាបញ្ញត្តិ” នៃព្រះ​គម្ពីរ។​ មាន៤៦កណ្ឌក្នុងសម្ពន្ធមេត្រី​ចាស់ និង២៧កណ្ឌក្នុងសម្ពន្ធមេត្រីថ្មី៖

កំណើតពិភពលោក សេរីភាព លេវីវិន័យ ជំរឿនប្រជាជន ទុតិយកថា យ៉ូស៊ូអា វិរបុរស នាងរូថ សាមូអែលទី១ និង​ទី​​២ ពង្សាវតារក្សត្រទី១ និងទី២ របាក្សត្រទី១ និងទី២ អែសរ៉ា នេហេមី តូប៊ីត យូឌីត អេសធែរ ម៉ាកាបាយទី១ និងទី២ យ៉ូប ទំនុកតម្កើង សុផាសិត សាស្តា បទចម្រៀងរបស់ព្រះបាទសាឡូម៉ូន ព្រះប្រាជ្ញាញ្ញាណ បេនស៊ីសរ៉ាក អេសាយ យេរេមី សំណោក បារូក អេសេគីអែល ដានីអែល ហូសេ យ៉ូអែល អម៉ូស អូបាឌី យ៉ូណាស មីកា ណាហ៊ូម ហាបាគូក សេផានី ហាកាយ សាការី ម៉ាឡាគី (សម្ពន្ធមេត្រីចាស់)។

ដំណឹងល្អតាមសន្តម៉ាថាយ សន្តម៉ាកុស សន្តលូកា និងតាមសន្តយ៉ូហាន កិច្ចការគ្រីស្តទូត លិខិតរបស់សន្តប៉ូលផ្ញើជនគ្រីស្តបរិស័ទនៅទីក្រុងរ៉ូម កូរិនថូសទី១ និងទី២ កាឡាទី អេភេសូ ភីលីព កូឡូស ថេស្សាឡូនិកទី១ និងទី២ ធីម៉ូថេ​ទី១ និងទី២ ទីតុស ភីលេម៉ូន និងហេប្រឺ លិខិតរបស់សន្តយ៉ាកុប លិខិតទាំងពីររបស់សន្តសិលា (ពេត្រុស) លិខិត​ទាំង​បីរបស់សន្តយ៉ូហាន លិខិតរបស់សន្តយ៉ូដាស និងវិវរណៈ (សម្ពន្ធមេត្រីថ្មី)។

សម្ពន្ធមេត្រីចាស់

១២១. សម្ពន្ធមេត្រីចាស់ជាវគ្គមួយ នៃព្រះគម្ពីរដ៏វិសុទ្ធ ដែលមិនអាចកាត់ចោលបានជាដាច់ខាត ។​ ព្រះ​ជាម្ចាស់​បាន​បំភ្លឺ​អ្នកនិពន្ធកណ្ឌសម្ពន្ធមេ​ត្រី​ចាស់ ដែលមានតម្លៃជានិច្ចតរៀងទៅ (DS ១៧៩​ ; ១៣៣៤-១៣៣៦ ; ១៥០១-១៥០៤) ពីព្រោះព្រះអង្គ​មិន​ដែល​ដក​ហូត​សម្ពន្ធមេត្រី​​​​​​ចាស់នៅឡើយ។

១២២. “ព្រះ​ជា​ម្ចាស់​ចាត់​ចែង​សម្ពន្ធមេត្រី​ចាស់​ ជាពិសេសសម្រាប់​រៀប​ចំ​ផ្លូវ​ថ្វាយ​ព្រះ​គ្រីស្ត ​ជា​ព្រះ​សង្រ្គោះ​នៃ​ពិភព​​លោក ​យាង​មក” (DV ១៥)។​ ទោះបីកណ្ឌគម្ពីរទាំងនោះ “មានចែងសេចក្ដី​មិនពេញលក្ខណៈ ដែល​ត្រូវ​បាត់បង់ក្ដី” (DV ១៥) យ៉ាងណាក៏ដោយ ក៏កណ្ឌទាំងនោះផ្ដល់សក្ខីភាពអំពីគរុកោសល្យ​របស់​ព្រះ​ជាម្ចាស់ ​​​ដែល​សង្រ្គោះ​មនុស្ស​លោក ដោយ​ក្ដីស្រលាញ់។ នៅក្នុងកណ្ឌគម្ពីរទាំងនោះ “មាន​ចែង​គំនិតយ៉ាង​ច្បាស់​អំពី​ព្រះ​អម្ចាស់​ មាន​បង្រៀន​សេចក្តី​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ព្រះ​អង្គ មាន​ចែង​អំពី​ប្រាជ្ញា​ញ្ញាណ​ពោរ​ពេញ​ដោយ​សប្បុរសធម៌​ចំពោះ​​ការ​រស់​នៅ​របស់​មនុស្ស​ មាន​ចែង​សេចក្ដី​អធិដ្ឋាន​មួយ​ចំនួន​ដ៏​មានតម្លៃដ៏ប្រ​សើរ​បំផុត។ នៅ​​​ទី​បញ្ចប់ក្នុង​​កណ្ឌគម្ពីរ​ទាំង​នោះ​ មាន​បង្កប់​ទុក​នូវ​គម្រោង​ការដ៏​អស្ចារ្យ​នៃ​ការ​សង្គ្រោះ​របស់​យើង​ផង” (DV ១៥)។

១២៣. គ្រីស្តបរិស័ទគោរពសម្ពន្ធមេ​ត្រី​ចាស់ដូចព្រះបន្ទូលយ៉ាងពិតប្រាកដរបស់ព្រះជាម្ចាស់។​ ព្រះសហគមន៍​តែង​​​តែ​​បដិសេធមិនព្រមឱ្យទាត់ចោលសម្ពន្ធមេ​ត្រី​ចាស់ ដោយយកលេសថា សម្ពន្ធមេ​ត្រី​ថ្មីជំនួសសម្ពន្ធមេ​ត្រី​ចាស់ (Marcionism)។

សម្ពន្ធមេ​ត្រី​ថ្មី

១២៤. “ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាឫទ្ធានុភាពរបស់ព្រះអង្គ សម្រាប់សង្រ្គោះអស់អ្នក ដែល​ផ្ញើ​ជីវិត​​​​​លើ​​ព្រះ​​អង្គ។ ព្រះបន្ទូលនេះមានចែងទុកក្នុងកណ្ឌគម្ពីរសម្ពន្ធមេត្រី​ថ្មី ហើយបង្ហាញឫទ្ធានុភាព​យ៉ាង​​ពិសេស​ក្នុងគម្ពីរ​នេះ” (DV ១៧)។​ កណ្ឌគម្ពីរទាំងនោះ សម្ដែងសេចក្ដីពិតជាស្ថាពរ​នៃសេចក្ដី ដែល​ព្រះជាម្ចាស់សម្ដែង ឱ្យ​យើង​ស្គាល់។ ព្រះយេស៊ូ​គ្រីស្ត ដែលជាព្រះបុត្រារបស់​ព្រះជាម្ចាស់ប្រសូតជាមនុស្ស កិច្ចការនិងការប្រៀនប្រដៅ​របស់​​ព្រះអង្គ ទុក្ខលំបាក​និង​សិរីរុងរឿងរបស់ព្រះអង្គ ហើយព្រះ​សហគមន៍ដើមដំបូងក្រោមកិច្ចការ​នៃ​ព្រះវិញ្ញាណ​ដ៏​​វិសុ​ទ្ធ ​​​ជា​ស្នូល​នៃកណ្ឌ​ទាំងអស់នោះ​។

១២៥. ក្នុងព្រះគម្ពីរទាំងអស់ “ដំណឹងល្អដ៏ប្រសើរបំផុត ​ព្រោះកណ្ឌគម្ពីរដំណឹងល្អផ្តល់សក្ខីភាពពិសេស ស្ដីអំពី​ជីវិត និងការប្រៀនប្រដៅរបស់ព្រះបន្ទូលប្រសូតជាមនុស្ស ដែលជាព្រះសង្រ្គោះរបស់​យើង” (DV ១៨)។

១២៦. ប្រវត្តិកណ្ឌដំណឹងល្អមានបីដំណាក់កាល គឺ៖

១- ជីវិតនិងការប្រៀនប្រដៅរបស់ព្រះយេស៊ូ ៖ “ព្រះ​សហគមន៍​បាន​ចាត់​ទុក​ ហើយ​នៅ​តែ​ចាត់​ទុក​យ៉ាង​រឹង​មាំ​ដោយ​មិន​ដែលងាក​រេ​ថា គម្ពីរ​ដំណឹង​ល្អ​ទាំង​បួន​នោះ​ បញ្ជូនបន្ត​យ៉ាង​ពិត​ប្រាដនូវ​កិច្ចការទាំង​ប៉ុន្មាន​ ដែល​ព្រះ​យេ​ស៊ូ​​ជា​ព្រះ​បុត្រា​របស់​ព្រះ​ជា​ម្ចាស់​បានប្រព្រឹត្តយ៉ាង​​​ពិតប្រាកដ និង​សេចក្តីទាំងប៉ុន្មានដែលព្រះអង្គបាន​បង្រៀន​នៅ​ពេល​ព្រះអង្គ​រស់នៅ​​​ក្នុងចំណោម​​​មនុស្សលោក ដើម្បី​សង្រ្គោះ​មនុស្ស​លោក​អស់​កល្ប​ជា​និច្ច រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​ជា​ម្ចាស់​បាន​លើក​ព្រះ​អង្គ​ឡើង​ស្ថាន​បរមសុខ” ( កក ១,១-២)។
២- ការបញ្ជូនបន្តពីមាត់មួយទៅមាត់មួយ ៖ “ក្រោយ​ពេល​ព្រះ​ជា​ម្ចាស់​បាន​លើក​ព្រះ​យេស៊ូ​ឡើង​ស្ថាន​បរម​សុខ​នោះ​ ​ក្រុម​គ្រីស្ត​ទូត​ក៏បាន​បញ្ជូន​បន្តអំពីកិច្ចការ​ទាំង​​ប៉ុន្មានដែល​ព្រះ​អម្ចាស់​យេស៊ូបាន​ប្រព្រឹត្តព្រមទាំង​សេចក្តី​ដែល​ព្រះ​អង្គមាន​ព្រះ​បន្ទូល​នោះ​ ឱ្យ​អ្នក​ដទៃ​ស្តាប់ ​ថែមទាំងនិង​យល់អត្ថន័យបាន​ជ្រៅ​ជាង​ពី​មុន​ អំពី​ព្រឹត្ត​ការណ៍​ដ៏​រុង​រឿង​របស់​ព្រះ​​គ្រីស្តដែលបានសម្តែងឱ្យពួកគេយល់​អត្ថន័យ ​ដោយមាន​ពន្លឺ​នៃ​ព្រះ​វិញ្ញាណ​នៃ​សេចក្តី​ពិត​ បំភ្លឺ​ចិត្ត​គំនិត​​របស់​​​​​គេ​ដែរ”។
៣- កណ្ឌដំណឹងល្អជាលាយលក្ខណ៍អក្សរ ៖ “ហេតុនេះហើយ អ្នក​និពន្ធ​ដ៏សក្ការៈ​សរសេរ​កណ្ឌ​គម្ពីរ​ទាំង​បួន​នោះដោយ​​​ជ្រើស​​​​រើស​ឯកសារ​ខ្លះ​ ក្នុង​ចំណោម​ឯកសារ​​ទាំង​​​ប៉ុន្មាន ​ដែល​ពួក​គេ​បាន​ស្ដាប់តៗ​ពី​គេក្តី ឬ​ជា​ឯកសារ​​ចែង​ជា​លាយ​លក្ខណ៍​អក្សរ​រួច​ជាការស្រេចក្តី​។ គេ​ក៏​សង្ខេប​ឯកសារ​ខ្លះៗទៀត ឬ​ពន្យល់​​ឯកសារខ្លះឱ្យ សមស្រប​តាម​សភាព​ការណ៍​នៃ​ព្រះ​សហគមន៍​នា​នា។ គេ​ចែងគម្ពីរ​ដូច​ជា​ធម្ម​ទេសនាម៉្យាង​ ដើម្បី​​បញ្ជូន​សេចក្តី​ដ៏​ពិត​ប្រាកដ និង​ត្រឹម​​ត្រូវអំពី​ព្រះ​យេស៊ូ ជានិច្ច” (DV ១៩)។

១២៧. ដំណឹងល្អទាំងបួនកណ្ឌ មានសារៈសំខាន់ណាស់​ សម្រាប់ព្រះសហគមន៍។​ ​ពិធីបុណ្យ​គោរព​ដំណឹងល្អ​យ៉ាង​​ពិសេស ហើយដំណឹងល្អនោះបានទាក់ទាញសន្តបុគ្គលតាំងពីដើមរៀងមកយ៉ាងអស្ចារ្យ។ គ្មានលទ្ធិណាមួយល្អប្រសើរជាង​មានតម្លៃដ៏ថ្លៃថ្នូរជាង និងល្អឥតខ្ចោះជាងអត្ថបទដំណឹងល្អទេ។ សូមមើល និងចងចាំអ្វីដែលព្រះអម្ចាស់ និងលោកគ្រូរបស់យើង​ជាព្រះគ្រីស្ត បានបង្រៀនតាមព្រះបន្ទូល និង​បានប្រព្រឹត្ត​តាម​កិច្ចការរបស់ព្រះអង្គ (សន្តី សេសារ៉េ ក្មេង)។ នៅពេលស្មឹងស្មាធិ៍ ខ្ញុំនឹកគិតដល់ដំណឹងល្អលើសពីអ្វីៗទាំងអស់។ ក្នុងដំណឹងល្អនេះ ខ្ញុំរកឃើញអ្វីដែលជាចាំបាច់សម្រាប់ព្រលឹងដ៍កម្សត់របស់ខ្ញុំ។ ខ្ញុំតែងតែរកឃើញពន្លឺថ្មីៗ អត្ថន័យលាក់កំបាំង និងអាថ៌កំបាំងផង (សន្តី ថេរេសា​ ​នៃ​​ព្រះ​កុមារ​យេស៊ូ)។

សម្ពន្ធមេត្រីចាស់ និងសម្ពន្ធមេត្រីថ្មីរួមគ្នាជាធ្លុងតែមួយ

១២៨. តាំងពីសម័យក្រុមគ្រីស្តទូតមក ហើយក្នុងការបញ្ជូនបន្តជាបន្តបន្ទាប់ ព្រះសហគមន៍តែងតែបំភ្លឺឯកភាព​នៃគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ នៅក្នុងគម្ពីរសម្ពន្ធមេត្រីទាំងពីរ ដោយប្រៀបធៀប  ព្រះរាជកិច្ច​របស់​ព្រះជាម្ចាស់ ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ជាមួយនឹងអ្វីដែលព្រះអង្គបានបំពេញ នៅពេលកំណត់បាន​គ្រប់​លក្ខណៈ នៅក្នុងអង្គព្រះបុត្រារបស់ព្រះអង្គប្រសូតជាមនុស្ស។

១២៩. ដូច្នេះហើយ បានជាគ្រីស្តបរិស័ទអានគម្ពីរសម្ពន្ធមេត្រីចាស់ក្រោមពន្លឺនៃព្រះគ្រីស្ត ដែលសោយទិវង្គត និង​មានព្រះជន្មថ្មី។ របៀបអានបែបនេះសម្ដែងនូវសេចក្ដី ដែលមិនចេះអស់មិនចេះហើយ នៃគម្ពីរ​សម្ពន្ធមេត្រី​​​ចាស់។ យើងមិនត្រូវភ្លេចតម្លៃនៃគម្ពីរសម្ពន្ធមេត្រី​ចាស់ផ្ទាល់ ដូចព្រះអម្ចាស់នៃយើងបានបញ្ជាក់ដែរ (មក ១២,២៩-៣១)។ ម្យ៉ាងទៀត ត្រូវតែអានគម្ពីរសម្ពន្ធមេត្រីថ្មី ក្រោមពន្លឺនៃគម្ពីរសម្ពន្ធមេត្រីចាស់ ដូចអ្នក​បង្រៀនគ្រីស្តបរិស័ទដើមដំបូង​តែងតែធ្វើដូច្នេះដែរ (១ករ ៥,៦-៨; ១០,១-១១)។ តាមពាក្យបុរាណ “ព្រះ​ជាម្ចាស់បង្កប់​ទុក​គម្ពីរ​សម្ពន្ធមេត្រី​ថ្មីក្នុង​គម្ពីរ​សម្ពន្ធមេត្រី​ចាស់ ហើយ​គម្ពីរ​សម្ពន្ធមេត្រី​ចាស់ក៏​ទទួល​​​អត្ថន័យ​យ៉ាង​ពេញលេញដោយសារ​គម្ពីរ​​​សម្ពន្ធមេត្រី​ថ្មី​ដែរ” (សន្ត អូគូស្តាំង)។

១៣០. របៀបអានព្រះគម្ពីរបែបនេះសម្ដែងនូវចលនានៃគម្រោងការរបស់ព្រះជាម្ចាស់ នៅពេល “ព្រះអង្គបាន​គ្រង​រាជ្យ​​លើ​អ្វីៗ​​ទាំងអស់គ្រប់ប្រការ” (១ករ ១៥,២៨)។ ហេតុនេះហើយ បានជាការត្រាស់ហៅ​របស់​បុព្វបរុស និងដំណើរឆ្ពោះទៅកាន់សេរីភាព (ឧទាហរណ៍) នៅតែមានតម្លៃក្នុងគម្រោងការរបស់ព្រះជាម្ចាស់ដ្បិត​​កណ្ឌ​នោះ ជា​ដំណាក់កាលនៃគម្រោងការនេះដែរ។

៥. ព្រះគម្ពីរដ៏វិសុទ្ធក្នុងការរស់នៅរបស់ព្រះសហគមន៍

១៣១. “ឫទ្ធានុ​ភាព​ និង​ព្រះចេស្តាបង្កប់ទុក​ក្នុង​ព្រះ​គម្ពីរ​យ៉ាងជ្រាលជ្រៅបំផុត បានជា​ព្រះ​សហគមន៍​​​អាចយក​ព្រះគម្ពីរធ្វើ​ជា​ទីពំ​នឹង​ដ៏​រឹង​មាំ​ និង​ធ្វើជា​កម្លាំងផង។ បុត្រធីតា​នៃ​ព្រះ​សហគមន៍​ក៏អាចយកគម្ពីរ ធ្វើជាកម្លាំង​នៃ​ជំនឿ​ ជា​អាហារ​របស់​គេ និងធ្វើជា​ប្រភព​ដ៏​ថ្លៃ​ថ្លា​ដែល​មិន​ចេះ​រីង​ស្ងួតនៃ​ជីវិត​ខាង​វិញ្ញាណរបស់គេទៀត​ដែរ” (DV ២១)។​ ហេតុនេះហើយ បាន​​ជា​ “ត្រូវឱ្យគ្រីស្តបរិស័ទអាចឈាន​ទៅកាន់ព្រះគម្ពីរយ៉ាង​ស្រួល​បំផុត” (DV ២២)។

១៣២. “សូម​ចាត់​ការ​សិក្សា​ព្រះគម្ពីរដ៏វិសុទ្ធ​ទុកជា​ព្រលឹង​នៃ​ទេវ​វិទ្យា។​ សូម​ឱ្យ​អស់អ្នក​បម្រើ​ព្រះ​បន្ទូល គឺ​អ្នក​សម្តែង​ធម្មទេសនា អ្នក​បង្រៀន​ក្មេងៗ​​​និងអ្នកចំណូលថ្មី​ អ្នក​បង្រៀន​គ្រីស្ត​បរិស័ទ​គ្រប់​យ៉ាង អ្នក​ធ្វើ​អត្ថា​ធិប្បាយ​ក្នុង​​ពិធី​បុណ្យ​នានា រក​ឃើញ​អាហារ​ដ៏​ឆ្ងាញ់​ពិសា​ និង​មានកម្លាំង​ដ៏វិសុទ្ធ​ យោងពី​ព្រះ​បន្ទូលដែលមានកត់​​​ត្រា​ទុក​ក្នុង​​​​​ព្រះ​គម្ពីរ​ផង” (DV ២៤)។

១៣៣. ព្រះសហគមន៍ “ដាស់តឿនគ្រីស្តបរិស័ទយ៉ាងខ្លាំងជាទីបំផុត (...) ឱ្យរៀន “ចំណេះដ៏វិសេសវិសាល​ដែល​នៅក្នុងព្រះគម្ពីរ” (ភីល ៣.៨) ដោយអានព្រះគម្ពីរជារឿយៗ​ ដ្បិត “អ្នកដែលមិន​ស្គាល់ព្រះគម្ពីរ ក៏មិន​ស្គាល់​​ព្រះគ្រីស្តដែរ”​ (សន្ត យេរ៉ូម) (DV ២៥)។

សងេ្ខប

១៣៤. “ព្រះគម្ពីរទាំងមូលជាសៀវភៅតែមួយ ហើយសៀវភៅនេះ គឺជាព្រះគ្រីស្ត ដ្បិតព្រះគម្ពីរទាំង មូលស្តីអំពីព្រះគ្រីស្ត ហើយព្រះគ្រីស្តបំពេញព្រះគម្ពីរទាំងមូល (លោកអូក នៃសន្តវិកតូរ)។

១៣៥. “ក្នុង​ព្រះ​គម្ពីរ​មាន​កត់​ត្រាទុក​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់។ ដោយ​ព្រះអង្គ​បាន​បំភ្លឺ​ចិត្តគំនិតអ្នក​និពន្ធ​ព្រះ​គម្ពីរ​ ​ដូច្នេះ ព្រះគម្ពីរ​ពិត​ជា​ព្រះ​បន្ទូល​របស់​ព្រះអង្គមែន” (DV ២៤)។

១៣៦. ព្រះជាម្ចាស់ជាអ្នកនិពន្ធព្រះគម្ពីរដ៏វិសុទ្ធ ដោយបំភ្លឺមនុស្សឱ្យនិពន្ធព្រះគម្ពីរ។ ព្រះអង្គប្រ​ព្រឹត្ត​នៅក្នុងពួកគេ និង​តាម​រយៈពួកគេ។ ដូច្នេះ ព្រះអង្គធានាថា ព្រះគម្ពីរប្រៀនប្រដៅសេចក្ដីពិតអំពីការសង្រ្គោះ

ដោយគ្មានកំហុសឡើយ (DV ១១)។

១៣៧. ដើម្បីបកស្រាយព្រះគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ ត្រូវតែយកចិត្តទុកដាក់នឹងអ្វីដែលព្រះ ជាម្ចាស់សព្វព្រះហឫទ័យសម្ដែងឱ្យដឹងដើម្បីសង្រ្គោះយើង តាមរយៈអ្នកនិពន្ធដ៏សក្ការៈ។ “យើងអាចយល់អ្វីៗដែលមកពីព្រះវិញ្ញាណ ដោយសារការណែនាំរបស់ព្រះវិញ្ញាណតែប៉ុណ្ណោះ” (លោក អូរីសែន)។

១៣៨. ព្រះសហគមន៍ទទួល និងគោរពប្រណិប័តន៍ ៤៦ កណ្ឌនៃសម្ពន្ធមេត្រីចាស់ និង ២៧ កណ្ឌនៃ​សម្ពន្ធមេត្រីថ្មី ដោយចាត់ទុកថា ព្រះវិញ្ញាណដ៏វិសុទ្ធបានជួយបំភ្លឺអ្នកនិពន្ធ។

១៣៩. គម្ពីរដំណឹងល្អទាំងបួនកណ្ឌមានសារៈសំខាន់ណាស់ ដ្បិតព្រះយេស៊ូជាស្នូលនៃកណ្ឌទាំងអស់ នោះ។

១៤០. ឯកភាពនៃសម្ពន្ធមេត្រីទាំងពីរមកពីឯកភាពនៃគម្រោងការរបស់ព្រះជាម្ចាស់ និងការសម្ដែង​របស់​ព្រះ​អង្គផងដែរ។ សម្ពន្ធមេត្រីចាស់រៀបចំសម្ពន្ធមេត្រីថ្មី ឯសម្ពន្ធមេត្រីថ្មីបំពេញសម្ព័ន្ធមេត្រីចាស់វិញ។ សម្ពន្ធមេត្រីទាំងពីរបំភ្លឺគ្នាទៅវិញទៅមក សម្ពន្ធមេត្រីទាំងពីរពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។

១៤១. “តាំង​ពី​ដើម​រៀង​មក ព្រះ​សហគមន៍​តែងតែ​គោរពប្រណិប័តន៍ព្រះ​គម្ពីរ​ជា​និច្ច ដូច​ព្រះ​សហគមន៍​ធ្លាប់​គោរព ប្រណិប័តន៍​ព្រះ​កាយ​ផ្ទាល់​របស់​ព្រះអម្ចាស់ដែរ” (DV ២១)។ ព្រះគម្ពីរ និងព្រះកាយបំប៉ុន និងណែនាំ ការរស់នៅទាំងស្រុងរបស់គ្រីស្តបរិស័ទ។ “ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាចង្កៀងបំភ្លឺជំហានទូលបង្គំ និងជាពន្លឺ បំភ្លឺផ្លូវរបស់ទូលបង្គំ” (ទន ១១៩,១០៥) (អស ៥០,៤)។

ជំពូក៣ លេខ១៤២-១៨៤

ជំពូកទីបី៖
មនុស្សឆ្លើយតបនឹងព្រះជាម្ចាស់

១៤២. “ព្រះជាម្ចាស់សម្ដែងព្រះអង្គឱ្យមនុស្សមើលឃើញ ដោយសារព្រះអង្គ​ប្រកបដោយ​ព្រះហឫទ័យ​ស្រលាញ់ដ៏ទូលំទូលាយ ទ្រង់មានព្រះបន្ទូលមករកមនុស្ស ដូចជាមករកមិត្តសម្លាញ់របស់​ព្រះអង្គ ព្រះអង្គសន្ទនា​ជាមួយ​​ពួកគេ ដើម្បីអញ្ជើញគេ និងទទួលគេឱ្យរួមចំណែកក្នុងព្រះជន្ម​ផ្ទាល់​របស់​ព្រះអង្គ” (DV ២)។​ មនុស្ស​ឆ្លើយ​តប​នឹងព្រះជាម្ចាស់ យ៉ាងត្រឹមត្រូវ​ នៅពេលគេផ្ញើជីវិត​លើ​ព្រះអង្គ។

១៤៣. ដោយសារជំនឿ មនុស្សសុខចិត្តផ្ញើប្រាជ្ញា និងបំណងទាំងស្រុងរបស់ខ្លួន ទៅលើ​ព្រះ​ជាម្ចាស់។ អស់​ពី​កម្លាំង​កាយចិត្ត មនុស្ស​​ផ្ញើ​ជីវិត​ទាំងស្រុងទៅលើព្រះជាម្ចាស់ ដែលសម្ដែងព្រះអង្គឱ្យគេស្គាល់(DV ៥)។ ព្រះ​គម្ពី​រហៅ​​​ចម្លើយរបស់​មនុស្ស​ទៅ​លើ​ព្រះជាម្ចាស់ ដែលសម្ដែងព្រះអង្គនោះថា “ការស្តាប់បង្គាប់​នៃ​ជំនឿ”។

ប្រកាសទី១៖ខ្ញុំជឿ

១. ការស្តាប់បង្គាប់នៃជំនឿ

១៤៤. តាមជំនឿ យើងស្តាប់បង្គាប់ព្រះជាម្ចាស់​ដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះបន្ទូល ដែល​យើង​​ស្ដាប់ ដ្បិតព្រះជាម្ចាស់ ដែលខ្លួនព្រះអង្គជាសេចក្ដីពិត ធានាសេចក្ដីពិត​នៃ​​ព្រះបន្ទូលនេះ។​ លោក​​អប្រាហាំជាគំរូនៃការ​ស្តាប់បង្គាប់នេះ ដែលព្រះគម្ពីរស្នើសុំឱ្យ​យើង​យកតម្រាប់តាម។​ ព្រះនាងម៉ារីធ្វើ​ឱ្យ​ការស្តាប់បង្គាប់​​នេះ​​បាន​ពេញលក្ខណៈ។

លោកអប្រាហាំ៖ “លោកឪពុករបស់អ្នកជឿទាំងឡាយ”

១៤៥. លិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺបានសរសើរជំនឿរបស់បុព្វបរុស ជាពិសេសជំនឿរបស់លោកអប្រាហាំ៖ “ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់​ ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅ​កាន់​ស្រុកមួយ ដែលលោកនឹងទទួលទុកជាមរតក។​ លោកចេញដំណើរទៅ ដោយពុំដឹងថា ត្រូវទៅទីណាផង” (ហប ១១,៨) (កណ ១២,១-៤)។ ដោយសារជំនឿ លោកបានរស់នៅដូចជាជនបរទេស និងដូចជា​បូជនីយេសក៍​ម្នាក់​នៅ​ក្នុងទឹកដីសន្យា (កណ ២៣,៤)។​ ដោយ​សារជំនឿ នាងសារ៉ាទទួលបុត្រនៃព្រះបន្ទូលសន្យា។​ ទីបញ្ចប់ ដោយសារជំនឿ លោកអប្រាហាំយកបុត្រតែមួយ​របស់​លោកធ្វើយញ្ញបូជា (ហប ១១,១៧)។

១៤៦. ហេតុនេះ លោកអប្រាហាំជារូបតំណាងនៃជំនឿ​​ ដូចមានចែងក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទ​ជាតិ​ហេប្រឺ​ថា៖ “ជំនឿ​ធ្វើឱ្យយើងមានអ្វីៗដែលយើងសង្ឃឹមថា នឹងបាន និងធ្វើឱ្យស្គាល់ជាក់ច្បាស់នូវអ្វីៗ ដែលយើងមើលពុំ​ឃើញ” (ហប ១១,១)។​ ដោយសារ “ជំនឿដ៏មាំមួន” នេះ (រម ៤,២០) (កណ ១៥,៦) លោក អប្រាហាំ​បាន​ទៅជា “ឪពុក​របស់​អស់​អ្នកដែលនឹងមានជំនឿ” (រម ៤,១១.១៨) (កណ ១៥,៥)។

១៤៧. គម្ពីរសម្ពន្ធមេត្រីចាស់ផ្ដល់សក្ខីភាពជាច្រើនអំពីជំនឿនេះ។ លិខិតផ្ញើជូនគ្រីស្តបរិស័ទ​ជាតិ​ហេប្រឺប្រកាស​ ​និង​សរសើរ​ជំនឿដ៏គួរឱ្យយកតម្រាប់តាមនៃបុព្វបុរស “ដែលបានទទួលសក្ខីភាពល្អ” (ហប ១១,២.៣៩)។​ ប៉ុន្តែ “ព្រះជាម្ចាស់គ្រោងទុកជាមុនថា នឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង”៖ ព្រះអង្គប្រោស​ប្រណី​​យើងឱ្យអាច​មាន​ជំនឿ​លើព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូ “ដែលជាដើមកំណើត​នៃជំនឿ ហើយ​ធ្វើ​ឱ្យ​ជំនឿបាន​គ្រប់​លក្ខណៈ” (ហប ១១,៤០ ; ១២,២)។

ព្រះនាងម៉ារី៖ “អ្នកដែលបានជឿមានសុភមង្គលហើយ”

១៤៨. ស្ត្រីព្រហ្មចារិនីម៉ារីបំពេញការស្តាប់បង្គាប់នៃជំនឿឱ្យបានគ្រប់លក្ខណៈ។​ ដោយសារជំនឿ​ នាង​ម៉ារី​​​​​​បានទទួលសេចក្ដី​ប្រកាស ​និងព្រះបន្ទូលសន្យាជូនដោយទេវទូតកាព្រីអែល ថែមទាំងជឿថា “គ្មានអ្វីដែលព្រះ​ជាម្ចាស់​ធ្វើមិនកើត”​ (លក ១,៣៧) (កណ ១៨,១៤) និងសុខចិត្តធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់៖ “នាងខ្ញុំជា​អ្នក​បម្រើរបស់ព្រះជាម្ចាស់ សូមឱ្យបានសម្រេចតាម​ព្រះបន្ទូល​របស់ព្រះអង្គ” (លក ១,៣៨)។​ នាង​អេលីសាបែត​បានជម្រាបនាងម៉ារីថា៖ “នាងពិតជាមានសុភមង្គល​មែន ព្រោះនាងបានជឿលើព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់” (លក ១,៤៥)។​ ដោយសារជំនឿនេះ គ្រប់ជំនាន់នឹងពោល​ថា នាងពិតជាមានសុភមង្គល​មែន (លក ១,៤៨)។

១៤៩. អស់មួយជីវិតរហូតដល់ទុក្ខលំបាកចុងក្រោយបំផុត (លក ២,៣៥) គឺនៅពេលព្រះយេស៊ូ​ ជាបុត្ររបស់​នាង​បាន​សោយ​ទិវង្គត​នៅលើឈើឆ្កាង នាងម៉ារីនៅតែមានជំនឿរឹងមាំ។​ នាងម៉ារីមិនដែលឈប់ជឿថា ព្រះ​បន្ទូល​របស់​​ព្រះជាម្ចាស់​​នឹង “កើតជារូបរាង”។​ ហេតុនេះហើយ បានជាព្រះសហគមន៍គោរពនាងម៉ារី ដ្បិតនាង​ធ្វើឱ្យ​​ជំនឿបានគ្រប់លក្ខណៈជាទីបំផុត។២. “ខ្ញុំដឹងថា ខ្ញុំបានជឿលើព្រះអង្គណា” (២ធម ១,១២)

លើព្រះជាម្ចាស់តែមួយព្រះអង្គគត់

១៥០. អ្នកជឿ រៀងៗខ្លួនភ្ជាប់ចិត្តទាំងស្រុង ទៅលើព្រះជាម្ចាស់ ហើយនៅពេលជាមួយគ្នា​ យល់ស្របនឹងសេចក្ដី​​ពិត​​គ្រប់ប្រការ ដែល​​​​​​​​ព្រះជាម្ចាស់បានសម្ដែងមក ។ ដោយសារអ្នកជឿរៀងៗខ្លួនភ្ជាប់ចិត្តទាំងស្រុងទៅ​លើ​ព្រះជាម្ចាស់ និងយល់​ស្រប​នឹងសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងមក ជំនឿរបស់គ្រីស្តបរិស័ទ​ខុស​ប្លែក​ពី​ជំនឿ​​ទៅលើ​បុគ្គលម្នាក់ គឺអ្នកណាផ្ញើជីវិតទាំងស្រុងទៅលើ​ព្រះជាម្ចាស់ និងជឿជាក់លើព្រះបន្ទូលរបស់ព្រះអង្គ អ្នក​នោះ​ធ្វើការ​​ល្អត្រឹមត្រូវ ឯនរណាមាន​ជំនឿបែបនេះទៅលើ​សត្វ​​លោកណាមួយ អ្នកនោះពិតជាធ្វើខុស និង​ឥត​បានការ (យរ ១៧,៥-៦ ; ទន ៤០,៥ ; ១៤៦,៣-៤)។

ជឿលើព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់

១៥១. ចំពោះគ្រីស្តបរិស័ទ ពេលយើងជឿលើព្រះជាម្ចាស់​ យើងក៏ជឿលើអ្នកដែលព្រះអង្គបានចាត់ឱ្យមក​ គឺ “បុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ” ជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ​ (មក ១,១១) ព្រះជាម្ចាស់​មាន​ព្រះបន្ទូលមកយើងថា ត្រូវតែស្ដាប់ព្រះបុត្រារបស់ព្រះអង្គ (មក ៩,៧)។​ ព្រះអម្ចាស់​ផ្ទាល់មានព្រះបន្ទូល​ទៅ​​ក្រុម​សាវ័ក​ថា​ “អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ ចូរជឿលើខ្ញុំផង”​ (យហ ១៤,១)។​ យើងអាចជឿលើ​ព្រះយេស៊ូ​គ្រីស្ត ព្រោះព្រះអង្គផ្ទាល់ជាព្រះជាម្ចាស់​ ជាព្រះបន្ទូលប្រសូតជា​មនុស្ស៖​ “ពុំដែលមាននរណាម្នាក់​បាន​​ឃើញ​ព្រះ​ជាម្ចាស់​ឡើយ មានតែបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិត​ព្រះបុត្រា​មាន​ព្រះ​ជន្ម​រួមជាមួយព្រះបិតា” (យហ ១,១៨)។ ដោយសារព្រះអង្គបាន “ឃើញ​ព្រះបិតា” (យហ ៦,៤៦) មាន​តែ​ព្រះ​អង្គ​ប៉ុណ្ណោះ ដែលស្គាល់ និងអាច​សម្ដែង​ព្រះបិតា​បាន (មថ ១១,២៧)។

ជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ

១៥២. យើងមិនអាចជឿលើព្រះយេស៊ូគ្រីស្តបានឡើយ បើយើងមិនរួមចំណែកក្នុងព្រះវិញ្ញាណរបស់ព្រះអង្គទេ គឺព្រះវិញ្ញាណ​ដ៏វិសុទ្ធដែលសម្ដែងឱ្យមនុស្សលោកដឹងថា ព្រះយេស៊ូគ្រីស្តជានរណា ​ដ្បិត “បើគ្មានព្រះ​វិញ្ញាណ​​​ណែ​នាំទេ ក៏គ្មាននរណាម្នាក់អាចពោលថា “ព្រះយេស៊ូជាព្រះអម្ចាស់” បានឡើយ” (១ករ ១២,៣)។​ “ព្រះ​វិញ្ញាណ​​ឈ្វេង​​យល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ទ្រង់ឈ្វេងយល់ដែរ (...) គ្មាន​នរណា​​ម្នាក់​យល់អំពីព្រះជាម្ចាស់បាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះអង្គនោះឡើយ” (១ករ ២,១០-១១)។ មានតែ​ព្រះ​ជាម្ចាស់ទេ​ ​ដែលស្គាល់ព្រះជាម្ចាស់ទាំងស្រុង។​ យើងជឿលើ ព្រះវិញ្ញាណដ៏វិសុទ្ធ ពីព្រោះព្រះអង្គជា​ព្រះ​ជាម្ចាស់។
ព្រះសហគមន៍នៅតែប្រកាសជំនឿរបស់ខ្លួនលើព្រះជាម្ចាស់តែមួយ គឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាញដ៏វិសុទ្ធ។

៣. លក្ខណៈនៃជំនឿ
ជំនឿមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់

១៥៣. នៅពេលសន្តសិលាប្រកាសថា ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែល​មានព្រះជន្ម​គង់​​នៅ ព្រះយេស៊ូមានព្រះបន្ទូលប្រកាសប្រាប់លោកថា​ “អ្នកដឹងសេចក្ដីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតា​របស់​ខ្ញុំ​ដែលគង់​នៅស្ថានបរមសុខ​បានសម្ដែងឱ្យអ្នកដឹង”​ (មថ ១៦,១៧) (កាឡ ១,១៥ ; មថ ១១,២៥)។ ជំនឿ​ជាព្រះអំណោយទាន​របស់​ព្រះជាម្ចាស់ គុណធម៌ហួសធម្មជាតិ​ ដែលព្រះអង្គប្រោសប្រទាន។ “ព្រះជាម្ចាស់​​ត្រូវ​​តែ​​​ជួយបំភ្លឺជាមុន ទើប​មនុស្ស​មានជំនឿបាន ព្រះវិញ្ញាណដ៏វិសុទ្ធត្រូវតែជួយ​គេនៅ​ខាងក្នុង គឺព្រះវិញ្ញាណ​ប្រែ​ចិត្ត​​ទៅរកព្រះជាម្ចាស់ បើក​ភ្នែកនៃវិញ្ញាណ និងប្រោសប្រទានឱ្យអស់អ្នកជឿសប្បាយ ដោយសុខចិត្ត​ជឿ​សេចក្ដីពិត។​ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​​នៅតែប្រទានព្រះអំណោយ​ទានសម្រាប់ឱ្យជំនឿនេះ កាន់តែប្រសើរឡើងៗ ដើម្បី​​​ឱ្យគេយល់​កាន់​តែ​ច្បាស់នូវសេចក្ដីដែលព្រះជាម្ចាស់បានសម្ដែងមកនោះ” (DV ៥)។

ជំនឿជាកិច្ចការរបស់មនុស្ស

១៥៤. ព្រះវិញ្ញាណដ៏វិសុទ្ធត្រូវតែប្រោសប្រណី និងជួយនៅខាងក្នុង ទើបមនុស្សអាចជឿបាន​ ប៉ុន្តែ ជំនឿជា​កិច្ចការ​​​ដ៏​​ពិតប្រាកដរបស់មនុស្សដែរ។ អ្នកដែលជឿទុកចិត្តលើព្រះជាម្ចាស់ យល់ស្របនឹង​សេចក្ដីពិត​ដែល​ព្រះអង្គ​​បាន​សម្ដែង ហើយក៏មិនប្រឆាំងនឹងសេរីភាព​​ និងប្រាជ្ញារបស់ខ្លួនទេ។​ នៅក្នុងទំនាក់ទំនងរវាងមនុស្ស យើងក៏​មិនប្រឆាំងនឹងឋានៈដ៏ថ្លែថ្នូររបស់ខ្លួន ដោយជឿនូវអ្វីៗដែលអ្នក​ផ្សេងនិយាយប្រាប់យើងអំពីខ្លួនគេ និង​​​បំណង​របស់​គេ ដោយជឿទុកចិត្តនឹងពាក្យសន្យារបស់គេ (ឧ.​ នៅពេលដែលបុរសនិងស្រ្តីម្នាក់​រៀបការ) ដើម្បីអាច​រួម​ជាមួយ​គ្នាបាន។​ ដូច្នេះហើយ បាន​ជា​យើង​ក៏មិនប្រឆាំងនឹងឋានៈដ៏ថ្លែថ្នូររបស់យើង នៅពេល​ដែល “ដោយសារ​ជំនឿ ​យើងផ្ញើប្រាជ្ញា​ និង​បំណង​ទាំងស្រុង​របស់​ខ្លួ​ន​​ទៅលើព្រះជាម្ចាស់ ដែលសម្ដែងព្រះអង្គ​” (DS ៣០០៨) ដើម្បីអាច​រួម​ជាមួយព្រះអង្គ​យ៉ាង​ស្និទ្ធ​​ស្នាល​​បានដែរ។​

១៥៥. នៅក្នុងជំនឿ ប្រាជ្ញានិងបំណងរបស់មនុស្ស​ រួមជាមួយព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់៖​ “អ្នក​​ជឿប្រព្រឹត្តកិច្ចការមួយ ​ដែលប្រាជ្ញារបស់ខ្លួនយល់ស្របនឹងសេចក្ដីពិតរបស់​ព្រះជាម្ចាស់ ក្រោមបញ្ជានៃ​បំណង​​របស់ខ្លួន ​ដែលព្រះជាម្ចាស់ជម្រុញ ដោយព្រះហឫទ័យ​ប្រោស​ប្រណី” (សន្ត ថូម៉ាស នៃអាកាំង)។

ជំនឿនិងប្រាជ្ញា

១៥៦. យើងជឿមិនមែនមកពីមូលហេតុ ថា​ ប្រាជ្ញារបស់យើងយល់ឃើញថា​ សេចក្ដីពិតដែលព្រះ​ជាម្ចាស់​​សម្ដែងមក ដូចជាពិតប្រាកដ និងអាចយល់បានទេ គឺយើងជឿដោយសារ “អំណាចរបស់​ព្រះជាម្ចាស់​​ផ្ទាល់ដែល​សម្ដែង មិនអាចភ័ន្តច្រឡំ​​ ហើយដែលគ្មានព្រះហឫទ័យបោក​បញ្ឆោត​យើងទេ”។​ “ប៉ុន្តែ ដើម្បី​ឱ្យ​ជំនឿស្របនឹងប្រាជ្ញា ព្រះជាម្ចាស់សព្វព្រះហឫទ័យថា ភស្តុតាងខាងក្រៅនៃសេចក្ដីដែលព្រះជាម្ចាស់សម្ដែង​ ជួយកំដរ​ព្រះវិញ្ញាណ​​ដ៏វិសុទ្ធ ដែលជួយមនុស្សខាងក្នុងដែរ” (DS ៣០០៩)។​ ហេតុ​នេះហើយ បានជា​ការ​អស្ចារ្យ​របស់ព្រះគ្រីស្ត​ និងរបស់​សន្ត​បុគ្គល (មក ១៦,២០ ; ហប ២,៤) ព្យាការណ៍ ការរីកចម្រើន ភាពដ៏វិសុទ្ធ ផលផ្លែ និងស្ថិរភាពនៃព្រះសហគមន៍ ជា “សញ្ញាសម្គាល់យ៉ាងច្បាស់​លាស់​នៃសេចក្ដីដែលព្រះជាម្ចាស់សម្ដែង ស្រប​នឹង​ប្រាជ្ញា​របស់​​មនុស្ស​​ទាំងអស់”​ និងជា “មូលហេតុដែលនាំឱ្យជឿ” ដែលបង្ហាញ​ថា ជំនឿមិន “ប្រឆាំង​និង​វិញ្ញាណ” ទេ (DS ៣០០៨-៣០១០)។

១៥៧. ជំនឿ ជាសេចក្ដីពិតប្រាកដមែន ប្រាកដជាងចំណេះដឹងណាមួយរបស់មនុស្ស ដ្បិតជំនឿចាក់គ្រឹះលើព្រះ​បន្ទូល​ផ្ទាល់​របស់ព្រះជាម្ចាស់ ដែលមិនអាចបោកបញ្ឆោតបានឡើយ។​ សេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងអាចដូច​ជា​មិន​សូវ​ច្បាស់លាស់ចំពោះប្រាជ្ញា និងពិសោធន៍មនុស្សលោក ប៉ុន្តែ “ពន្លឺរបស់ព្រះជាម្ចាស់បំភ្លឺ​មនុស្ស​​យ៉ាង​ច្បាស់​​ និង​ខ្លាំង​ជាង​ពន្លឺរបស់ប្រាជ្ញា” (សន្ត ថូម៉ាស នៃអាកាំង)។

១៥៨. “អ្នកជឿចង់ស្វែងយល់ ” (សន្ត អង់សេលម៍)។ ដោយសារជំនឿ​​​ អ្នកជឿចង់ស្គាល់កាន់តែច្បស់លាស់​​ព្រះអង្គណា​ដែល​​ខ្លួន​​បាន​​​ជឿ​ ​ហើយចង់ឈ្វេងយល់ឱ្យរឹតតែច្បាស់លាស់ថែមទៀតនូវសេចក្ដី ដែលព្រះអង្គបានសម្ដែង​​​​​​​មក។ ពេល​យើង​​ស្គាល់​ព្រះអង្គ​កាន់តែស៊ីជម្រៅ ជំនឿរបស់យើងក៏រីកចម្រើនឡើងៗ ពោរពេញដោយ​សេចក្ដី​ស្រលាញ់ កាន់តែ​ខ្លាំង​ទៅៗ។​ ជំនឿ “បំភ្លឺចិត្តគំនិត” (អភ ១,១៨) ដើម្បីឱ្យយើងយល់ច្បាស់​និង​យ៉ាង​សកម្មអំពីសេចក្ដីដែលព្រះជាម្ចាស់​សម្ដែង គឺគម្រោងការ​ទាំងស្រុងនៃព្រះជាម្ចាស់ និងអាថ៌កំបាំងផ្សេងៗនៃជំនឿ ហើយ​អំពី​​ទំនាក់​ទំនង​រវាងគម្រោងការ​នៃ​ព្រះអង្គ អាថ៌កំបាំងនៃជំនឿនោះ​ ជាមួយនឹងព្រះគ្រីស្តដែលជាស្នូល​នៃអាថ៌កំបាំងដែល​ព្រះ​ជាម្ចាស់​សម្ដែង។ “ព្រះវិញ្ញាណ​​ដ៏វិសុទ្ធនៅតែផ្ដល់ព្រះអំណោយទានសម្រាប់​ឱ្យជំនឿនេះ​កាន់តែ​ប្រសើរ​​ឡើងៗ ដើម្បីឱ្យ​គេ​​យល់កាន់តែច្បាស់នូវសេចក្ដី ដែលព្រះជាម្ចាស់​បាន​​​សម្ដែង​​មកនោះ” (DV ៥)។ ហេតុនេះ តាមពាក្យចាស់របស់សន្ត អូគូស្តាំង ថា “ខ្ញុំជឿដើម្បីយល់ ហើយខ្ញុំយល់ ដើម្បីជឿកាន់តែប្រសើរឡើងៗ”។

១៥៩. ជំនឿនិងវិទ្យាសាស្រ្ត ។ “ទោះបីជំនឿលើសប្រាជ្ញាយ៉ាងណាក៏ដោយ ក៏ជំនឿនិងប្រាជ្ញាមិនអាច​ប្រឆាំង​នឹង​គ្នា​បានទេ។ ដោយសារមានព្រះជាម្ចាស់តែមួយ ដែលបានសម្ដែងគម្រោងការណ៍ផ្សេងៗ​ និងប្រោស​ប្រទាន​ជំនឿ ហើយដែលបានបញ្ជុះពន្លឺនៃប្រាជ្ញានៅក្នុងវិញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់មិនអាចបដិសេធខ្លួនព្រះអង្គបានទេ​​ ដូច​ការពិតមិនអាចប្រឆាំងនឹងការពិតដែរ”។ “ហេតុ​​​នេះហើយបានជា ការ​ស្វែង​រកតាមក្បួនវិធីក្នុង​គ្រប់​វិស័យ​នៃ​ចំណះដឹងមិនដែលជំទាស់នឹងជំនឿទេ លុះត្រាតែគេស្វែងរកតាម​​​របៀប​​​បច្ចេកទេស យ៉ាងពិតប្រាកដ និង​ត្រូវ​តាមវិន័យនៃសីលធ៌។ អ្វីៗដែលស្ថិតនៅក្នុងលោកនេះ និង​​​ជំនឿ​ហូរ​​​​ចេញ​​​មកពី​​​ព្រះជាម្ចាស់តែមួយព្រះអង្គ ជា​ប្រភពតែមួយ។ លើសពីនេះទៅទៀត អ្នកខិតខំស្វែងរកទីស្ងាត់​​​កំបាំង​​​​នៃវត្ថុទាំងអស់ដោយចិត្តព្យាយាម និង​ដោយចេះបន្ទាបខ្លួន ទោះបីអ្នកនោះមិនដឹងខ្លួនក្តី ក៏ព្រះជា​​​ម្ចាស់​​​​ណែនាំគេដែរ គឺព្រះអង្គដែល​​​ទ្រទ្រង់សត្វលោក​ទាំងអស់និងប្រោសឱ្យសត្វលោកទាំងអស់មានលក្ខណៈ​​​ផ្ទាល់​​​របស់ខ្លួន” (GS ៣៦,២)។

សេរីភាពខាងជំនឿ

១៦០. “មនុស្សត្រូវតែស្ម័គ្រចិត្តឆ្លើយតបនឹងព្រះជាម្ចាស់។ ដូច្នេះហើយ បានជាគ្មាន​នរណា​ម្នាក់​អាចបង្ខិត​បង្ខំ​ម្នាក់ផ្សេងឱ្យជឿ បើអ្នកនោះមិនព្រមជឿឡើយ” (DH ១០ ; CIC ៧៤៨,២) “ព្រះជាម្ចាស់​ត្រាស់​ហៅ​មនុស្សឱ្យបម្រើ​ព្រះអង្គ​ខាង​វិញ្ញាណ​និងសេចក្ដីពិត បើព្រះជាម្ចាស់ត្រាស់ហៅមនុស្សនៅក្នុងស៊ីជម្រៅចិត្ត​គំនិត ព្រះអង្គមិនបង្ខំគេទេ (...)​ ដូច​យើង​អាចមើលឃើញនៅក្នុងអង្គព្រះគ្រីស្តយេស៊ូ” (DH ១១)។​ ព្រះគ្រីស្តបាន​​អញ្ជើញឱ្យជឿ និងឱ្យកែប្រែចិត្តគំនិត​ តែ​ព្រះអង្គ​មិនដែលបង្ខំនរណាម្នាក់ឡើយ។​ “ព្រះគ្រីស្ត​បាន​ផ្ដល់​សក្ខីភាព​ចំពោះសេចក្ដីពិត តែព្រះអង្គគ្មានព្រះហឫទ័យ​បង្ខំ​អ្នក​ប្រឆាំង​នឹង​ព្រះអង្គឡើយ។ ព្រះរាជ្យរបស់ព្រះអង្គ (...) រីកចម្រើន​ដោយសារសេចក្ដីស្រលាញ់ ដែលព្រះគ្រីស្តនៅលើ​ឈើ​ឆ្កាង​​សម្ដែង ដើម្បីទាក់ទាញមនុស្សទាំង​អស់​​​ទៅ​រក​​ព្រះអង្គ” (DH ១១)។

 ត្រូវតែជឿជាចាំបាច់

១៦១. ត្រូវតែជឿជាចាំបាច់លើព្រះយេស៊ូគ្រីស្ត និងលើព្រះអង្គណាដែលបានចាត់ព្រះអង្គឱ្យមក​​សង្រ្គោះ​យើង ដើម្បីទទួលការសង្រ្គោះនោះ ដ្បិត “បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​” ​(ហប ១១,៦) អាចទៅជាបុត្រធីតារបស់ព្រះអង្គ និងអាចទៅជា​មនុស្ស​​​សុចរិតបានឡើយ ហើយ​​គ្មាននរណា​នឹង​ទទួល​ជីវិតអស់កល្បជានិច្ច លុះត្រាតែគេបាន “ស៊ូទ្រាំរហូតដល់ទីបំផុត” (មថ ១០,២២ ; ២៤,១៣)” (DS ៣០១២ ; DS ១៥៣២)។

ត្រូវតែមានចិត្តព្យាយាម

១៦២. ជំនឿជាព្រះអំណោយទានឥតគិតថ្លែ ដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្សលោក​​ តែយើងអាច​បាត់​បង់​​​​ព្រះអំណោយ​ទានដ៏មានតម្លៃបំផុតនោះបាន។​ សន្តប៉ូលព្រមានលោកធីម៉ូថេថា៖ “ចូរពឹងផ្អែកលើ​ព្រះបន្ទូល​របស់​​​ព្រះជាម្ចាស់ ដើម្បីពុះពាប្រយុទ្ធឱ្យបានល្អប្រសើរ ដោយមានជំនឿ និងមាន​មនសិការ​ល្អ។​ អ្នកខ្លះ​លែង​មាន​​មនសិការ​ល្អនេះ បណ្ដាលឱ្យជំនឿរបស់គេលិចលង់” (១ធម ១,១៨-១៩)។ ដើម្បីរស់ រីកចម្រើន និង​ព្យាយាម​​តស៊ូរហូត​ដល់ទីបំផុត ស្របតាមជំនឿ យើងត្រូវតែ​ផ្គត់ផ្គង់​ជំនឿ​ដោយព្រះបន្ទូល​​​របស់ព្រះជាម្ចាស់ យើង​ត្រូវ​​តែ​ទូលអង្វរព្រះអម្ចាស់ឱ្យព្រះអង្គពង្រឹងជំនឿ (មក ៩,២៤ ; លក ១៧,៥ ; ២២,៣២) ឯជំនឿ​ក៏​ត្រូវតែ​ “នាំ​​​ឱ្យប្រព្រឹត្តអំពើផ្សេងៗ​ដោយ​ចិត្តស្រលាញ់” (កឡ ៥,៦) (យហ ២,១៤-២៦) សំអាងលើសេចក្ដីសង្ឃឹម (រម ១៥,១៣) និង​ចាក់​ឫសក្នុងជំនឿនៃព្រះសហគមន៍។

ជំនឿជាផលផ្លែដំបូងនៃជីវិតអស់កល្បជានិច្ច

១៦៣. ជំនឿផ្ដល់រសជាតិទុកជាមុននឹងអំណរ និងពន្លឺនៃការមើលឃើញព្រះភ័ក្ត្រព្រះជាម្ចាស់ ដែលជា​គោលដៅ​នៃ​​ការ​ធ្វើ​ដំណើរ​នៅក្នុ​ង​លោកនេះ។ យើងនឹងឃើញព្រះជាម្ចាស់ “ទល់មុខគ្នា”​​ (១ករ ​១៣,១២) យើងនឹង​ឃើញ​ព្រះអង្គ “មានសភាពយ៉ាងណា” (១យហ ៣,២) ដែរ។ ដូច្នេះហើយ បានជាជំនឿ​ជា​​ផ្លែដំបូងនៃជិវិត​អស់​កល្ប​ជា​និច្ច។

ចាប់ពីឥឡូវនេះទៅ យើងមើលឃើញព្រះពរនៃជំនឿ ដូចពន្លឺឆ្លុះក្នុងកញ្ចក់ដែរ ហាក់ដូចជាយើងបានទទួលផលដ៏​អស្ចារ្យ​​ហើយ ដែលជំនឿយើងធានាថា យើងនឹងទទួលផលនោះ នៅថ្ងៃណាមួយមែន (សន្តបាស៊ីល)។

១៦៤. ប៉ុន្តែ ឥឡូវនេះ “យើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញច្បាស់នឹងភ្នែកទេ” (២ករ ៥,៧) ហើយ​យើង​ស្គាល់ព្រះជាម្ចាស់ “ព្រាលៗដូចជាមើលក្នុងកញ្ចក់” (១ករ ១៣,១២)។​ អ្នកជឿមានពន្លឺមក​ពី​ព្រះអង្គណា​ដែល​​​គេ​បាន​ជឿ ប៉ុន្តែ ជារឿយៗ អ្នកជឿស្ថិត​នៅក្នុងភាពងងឹត។ អ្នកជឿអាចប្រឈមមុខនឹងការល្បួងដែរ។ ពិភព​លោក​ដែល​យើង​រស់នៅ ហាក់ដូចជានៅឆ្ងាយពីអ្វីដែលជំនឿសន្យាមកយើង គឺពិសោធន៍នៃសេចក្ដីអាក្រក់​​​​ទុក្ខ​លំបាក អំពើអយុត្តិធម៌ និងសេចក្ដីស្លាប់ ហាក់ដូចជាផ្ទុយប្រឆាំងនឹងដំណឹងល្អ ហើយអាចល្ប​ងអ្នក​ជឿ​ឱ្យ​បោះ​​បង់ជំនឿចោល​​បាន​ដែរ។

១៦៥. នៅពេលនោះ យើងក៏ត្រូវតែបែរមុខទៅរកសាក្សីនៃជំនឿ គឺលោកអប្រាហាំ ដែលបានជឿ និង “នៅ​តែ​មាន​សង្ឃឹម ទោះបីជាគ្មានទីសង្ឃឹមក៏ដោយ” (រម ៤,១៨) ព្រះនាងព្រហ្មចារិនីម៉ារី ដែល “នៅក្នុងបូជនីយេសចរណ៍​នៃ​ជំនឿ” (LG ៥៨) បានទៅដល់ “ភាពងងឹតនៃជំនឿ” (RM ១៨) ដោយរួមជាមួយព្រះបុត្រា​​ព្រះនាង ដែល​បានរងទុក្ខលំបាក និងបានចូលក្នុងភាពងងឹតនៃផ្នូររបស់ព្រះអង្គ ៖ “ដោយមានមនុស្សជាច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឱ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ ដែលជា​បន្ទុក​ពីលើ​យើង និងលះ​បង់​​​អំពើ​បាប​​ដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមតម្រង់ទៅមុខ តាម​ព្រះអម្ចាស់ដាក់ឱ្យយើងរត់។​ ត្រូវ​​​​សំឡឹង​មើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណៈ” (ហប ១២,១-២)។

ប្រការទី២៖យើងជឿ

១៦៦. ជំនឿជាកិច្ចការរបស់យើងរៀងៗខ្លួន គឺយើងឆ្លើយតបនឹងព្រះជាម្ចាស់​ ដែល​សម្ដែង​ព្រះអង្គទុកជាមុន​ដោយមានសេរីភាព។ ប៉ុន្តែ ជំនឿមិនមែនជាកិច្ចការរបស់យើងតែម្នាក់ឯងទេ។ គ្មាននរណាម្នាក់អាច​ជឿតែ​ម្នាក់​​​ឯងបាន​ទេ ដូចគ្មាននរណាម្នាក់អាចរស់នៅតែម្នាក់ឯងបានឡើយ។​ គ្មាននរណាបានផ្ដល់ជំនឿដល់​ខ្លួន​ឯង​ទេ ដូចគ្មាននរណា​បានផ្ដល់​ជីវិតដល់ខ្លួនឯងដែរ។​ អ្នកជឿបានទទួលជំនឿពីអ្នកដទៃ គេក៏ត្រូវតែបញ្ជូន​ជំនឿ​នេះ​​​​ដល់អ្នកដទៃដែរ។​ សេចក្ដី​​ស្រលាញ់របស់យើងចំពោះព្រះយេស៊ូ និងចំពោះ​មនុស្ស​​ជម្រុញឱ្យ​យើង​និយាយ​ប្រាប់អ្នកដទែអំ​ពី​ជំនឿ​របស់​យើង។​ អ្នកជឿម្នាក់ៗប្រៀបធៀបដូចជាក្រឡា​​មួយនៅក្នុងច្រវាក់​ដ៏ធំរបស់​អ្នក​ជឿ។​ ខ្ញុំមិនអាចជឿបានទេ ដោយគ្មាន​ជំនឿ​របស់អ្នកដទៃមកជួយគាំទ្រខ្ញុំ ហើយដោយសារជំនឿរបស់ខ្ញុំ ខ្ញុំក៏ជួយ​គាំទ្រ​ជំនឿ​របស់អ្នក​ដទែផង​ដែរ។

១៦៧. “ខ្ញុំជឿ” (ធម៌ប្រកាសជំនឿដែលមកពីក្រុមគ្រីស្តទូត) សម្ដៅទៅលើជំនឿរបស់ព្រះសហគមន៍ ដែលអ្នក​ជឿ​ម្នាក់ៗប្រកាស ជាពិសេសនៅពេលបុណ្យជ្រមុជទឹក។​ “យើងជឿ” (ធម៌ប្រកាសជំនឿ​របស់មហាសន្និបាត​សកល នៅនិសេ / កុងស្ដង់ទីណូប) សម្ដៅទៅលើជំនឿរបស់ព្រះសហគមន៍ ដែលលោកអភិបាលប្រកាស នៅ​ពេល​​​រួមគ្នាក្នុង​មហាសន្និបាត ឬ​ដែលអង្គប្រជុំ​គ្រីស្តបរិស័ទប្រកាសក្នុងពិធីបុណ្យ។ ​“ខ្ញុំជឿ” ​គឺជា​ព្រះ​​សហគមន៍ ជាមាតារបស់យើង ដែល​ឆ្លើយ​តប​នឹងព្រះជាម្ចាស់ ​ដោយសារជំនឿ ហើយដែលបង្រៀន​ឱ្យ​យើង​ចេះ​​​​​​ពោល៖ “ខ្ញុំជឿ” “យើងជឿ”។

១. “សូមព្រះអម្ចាស់ទតមើលជំនឿរបស់ព្រះសហគមន៍ព្រះអង្គ”

១៦៨. មុនដំបូង ព្រះសហគមន៍ជឿ ទើបគាំទ្រ ពង្រឹង និងទ្រទ្រង់ជំនឿរបស់ខ្ញុំ។​ មុនដំបូងព្រះសហគមន៍​ប្រកាស​​​​ព្រះអម្ចាស់គ្រប់កន្លែង (យើងច្រៀង “គឺអំពីព្រះអង្គទេតើ ដែលព្រះ​សហគមន៍​ប្រកាស​ព្រះអម្ចាស់​របស់ខ្លួន ក្នុង​សកលលោកទាំងមូល”) ហើយជាមួយព្រះសហគមន៍ ​និង​នៅក្នុងព្រះសហគមន៍ យើង​នាំគ្នាប្រកាសថា៖ “ខ្ញុំជឿ” “យើងជឿ”។​ ដោយសារព្រះសហគមន៍ យើងទទួលជំនឿ និងជីវិតថ្មី ក្នុងអង្គព្រះគ្រីស្ត នៅ​ពេល​ជ្រមុជទឹក​។​ ក្នុងក្បួនពិធីបុណ្យនៃព្រះសហគមន៍នៅទីក្រុងរ៉ូម អ្នកជ្រមុជ​ទឹកសួរទៅអ្នកស្វែងយល់ថា៖ “តើ​អ្នក​​​សុំ​អ្វី​ពីព្រះសហគមន៍?” អ្នកស្វែងយល់ឆ្លើយតបថា៖ “ជំនឿ” – “តើជំនឿផ្ដល់អ្វីដល់អ្នក?” “ជីវិតអស់​កល្ប​ជា​និច្ច” (OBA)។

១៦៩. មានតែព្រះជាម្ចាស់ដែលជួយសង្រ្គោះ ប៉ុន្តែ ដោយសារយើងទទួលជីវិតនៃជំនឿតាមរយៈព្រះសហគមន៍ ព្រះសហគមន៍ក៏ជាមាតារបស់យើង៖ “យើងជឿព្រះសហគមន៍ដូចជាមាតានៃកំណើតថ្មីរបស់យើង តែយើង​មិន​ជឿ​ព្រះសហគមន៍ដូចជាអ្នកសង្រ្គោះយើងទេ” (ហ្វូសទូស នៃរីអេស៍)។​​ ដោយសារព្រះសហគមន៍ជាមាតា​របស់​យើង ព្រះសហគមន៍ក៏ជាអ្នកអប់រំ​ជំនឿ​យើងដែរ។

២. ភាសានៃជំនឿ

១៧០. យើងមិនជឿលើរូបមន្ត ប៉ុន្តែយើងជឿលើសេចក្ដីដែលរូបមន្តនោះបញ្ជាក់ ហើយដែលជំនឿធ្វើឱ្យ​យើង​​អាច “ស្ទាបមើល” បាន។​ “កិច្ចការ (នៃជំនឿ) របស់អ្នកជឿមិនឈប់នៅក្នុងវិញ្ញាប័នទេ តែនៅ​ក្នុង​សេចក្ដី​ដែលវិញ្ញាប័ន​នោះ​​សម្ដៅទៅលើ” (សន្ត ថូម៉ាស នៃអាកាំង)។​ ប៉ុន្តែ យើងចូលមកជិតសេចក្ដីនោះដោយសាររូបមន្តនៃជំនឿ​ ដែល​អាច​សម្ដែង បញ្ចូន និងលើក​តម្កើង​ជំនឿនៅក្នុងសហគមន៍ ហើយដែលធ្វើឱ្យជំនឿនេះជ្រាបចូលក្នុង​ការ​រស់​នៅរបស់យើងដែរ។

១៧១. ព្រះសហគមន៏ ដែលជា “សសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត” (១ធម ៣,១៥) រក្សាទុកដោយ​មាន​ចិត្ត​ស្មោះ​​ត្រង់ “ជំនឿដែលព្រះជាម្ចាស់បានប្រទានដល់ជនដ៏វិសុទ្ធ ម្តងជាការស្រេច” (យដ ៣)។ គឺព្រះ​​សហគមន៍នេះហើយ ​ដែល​​នឹករលឹកដល់ព្រះបន្ទូលរបស់ព្រះគ្រីស្ត ដែលបញ្ជូនធម៌ប្រកាសជំនឿនៃក្រុមគ្រីស្តទូត ពី​ជំនាន់​​​មួយ​ទៅ​ជំនាន់​មួយ។​ ដូចម្ដាយបង្រៀនកូនៗ​របស់ខ្លួនឱ្យ​ចេះនិយាយ ទើបចេះយល់ និងទាក់ទងនឹងគ្នាយ៉ាងណា ព្រះសហគមន៍ ដែលជាមាតា​របស់យើងក៏បង្រៀនយើងភាសានៃជំនឿ ដើម្បីឱ្យយើងអាចឈាន​ចូល​ក្នុង​ការ​ឈ្វេងយល់ និង​ជីវិត​នៃជំនឿយ៉ាងនោះដែរ។

៣. ជំនឿតែមួយ

១៧២. តាំងពីច្រើនសតវត្សមកហើយ តាមរយៈភាសា វប្បធម៌ និងប្រជាជាតិទាំងប៉ុន្មាន ព្រះសហគមន៏​នៅ​តែ​ប្រកាស​​​ជំនឿតែមួយរបស់ខ្លួន ដែលព្រះសហគមន៏​បានទទួលពីព្រះអម្ចាស់តែមួយ ដែលពិធីជ្រមុជ​ទឹក​តែ​មួយ​បាន​បញ្ជូនបន្ត និងដែលបានចាក់ឫសក្នុងការជឿជាក់ថា មនុស្សទាំងអស់មានព្រះជាម្ចាស់ និងព្រះបិតា​តែមួយ (អភ ៤,៤-៦)។​ សន្ត អ៊ីរ៉េណេ នៃ លីយ៉ុង ដែលជាសាក្សីនៃជំនឿនេះ មានប្រសាសន៍ថា៖

១៧៣. “ទោះបីព្រះសហគមន៍ខ្ចាត់ខ្ចាយក្នុងពិភពលោកទាំងមូល រហូតដល់ទីដាច់ស្រយាលនៃផែនដី យ៉ាង​ណា​ក៏ដោយ ហើយដែលបានទទួលជំនឿពីក្រុមគ្រីស្តទូត និងសាវ័ករបស់ពួកលោក (...) ព្រះសហគមន៍រក្សាធម៌​ទេសនា ​និងជំនឿនេះ ដោយ​យកចិត្តទុកដាក់ ដូចជារស់នៅក្នុងផ្ទះតែមួយដែរ។ ព្រះសហគមន៏​ក៏ជឿ​តាម​របៀប​តែ​មួយ​ ដូចជាមាន​ព្រលឹង ​និង​ចិត្ត​គំនិតតែមួយ ហើយព្រះសហគមន៏​ប្រកាស ប្រៀនប្រដៅ​ និង​បញ្ជូនសេចក្ដី​នោះ ដោយមានសម្លេងតែមួយ ដូចជាមានមាត់តែមួយដែរ”។

១៧៤. “ទោះបីមានភាសាខុសប្លែកពីគ្នានៅក្នុងពិភពលោកយ៉ាងណាក៏ដោយ ក៏សេចក្ដីនៃការបញ្ជូនបន្តមាន​តែ​មួយ និង​ដូចគ្នាគ្រប់​កន្លែង។​ ព្រះសហគមន៍ដែលស្ថិតនៅប្រទេសអាឡឺម៉ង់ នៅជាតិអីបែរ ជាតិសេល្ត នៅទិស​ខាង​​កើត នៅ​​ប្រទេសអេស៊ីប ប្រទេសលីប៊ី ឬព្រះសហគមន៏​ដែលស្ថិតនៅកណ្ដាលពិភពលោក​ពុំមាន​ជំនឿ​ផ្សេង ឬ​ការបញ្ជូន​បន្តផ្សេងពីគ្នាឡើយ”។​ “ដូច្នេះហើយ បានជាសារនៃព្រះសហគមន៏ ​ពិតប្រាកដ​ និងរឹងមាំ ដ្បិត​គឺ​​នៅក្នុង​ព្រះសហគមន៍នោះហើយ ដែលមានផ្លូវនៃការសង្រ្គោះតែមួយ​ ដែលលេចឡើង នៅក្នុង​ពិភពលោក​​​ទាំង​មូល”។

១៧៥. “យើងបានទទួលជំនឿពីព្រះសហគមន៍ យើងក៏រក្សាទុកជំនឿនេះដោយយកចិត្តទុកដាក់ ដ្បិត​ក្រោម​កិច្ចការ​​នៃព្រះវិញ្ញាណដ៏វិសុទ្ធ ជំនឿនៅតែធ្វើឱ្យយើងកាន់តែ​ក្មេងទៅៗ ដូចជាបញ្ញើដ៏មានតម្លៃ​ធ្វើឱ្យ​ថូ​កាន់តែល្អប្រសើរ”។

សង្ខេប

១៧៦. ដោយសារជំនឿ មនុស្សផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ដែលសម្ដែងព្រះអង្គ។ ដោយ​សារ​ជំនឿ ប្រាជ្ញា និងឆន្ទៈមនុស្សផ្សារភ្ជាប់នឹងព្រះជាម្ចាស់ ដែលបានសម្ដែងព្រះអង្គ តាមរយៈកិច្ចការ និងព្រះបន្ទូល​របស់​ព្រះអង្គ។

១៧៧. “ជំនឿ” ទាក់ទងនឹងគោលការណ៍ពីរ គឺមនុស្ស និងសេចក្ដីពិត ពោលគឺអ្នកជឿលើសេចក្ដីពិត ដោយទុកចិត្តលើអ្នក ដែលបញ្ជាក់អំពីសេចក្ដីពិតនេះ។

១៧៨. យើងមិនត្រូវជឿលើព្រះណាផ្សេងទៀត ក្រៅពីព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

១៧៩. ជំនឿជាព្រះអំណោយទានហួសពីធម្មជាតិដែលមកពីព្រះជាម្ចាស់។ ដើម្បីជឿ មនុស្ស​ត្រូវ​ការ​ឱ្យ​ព្រះ​វិញ្ញាណដ៏វិសុទ្ធជួយសង្រ្គោះផ្នែកខាងក្នុង។

១៨០. “ជំនឿ” ជាកិច្ចការរបស់មនុស្ស ដែលដឹងខ្លួន និងដែលមានសេរីភាព ដែលទាក់ទងនឹងឋានៈដ៏ ថ្លៃថ្នូររបស់មនុស្ស។

១៨១. “ជំនឿ” ជាកិច្ចការរបស់ព្រះសហគមន៍។ ជំនឿរបស់ព្រះសហគមន៍ដើរទៅមុខ បង្កើត ជួយ និង បំប៉ុនជំនឿរបស់យើង។ ព្រះសហគមន៍ជាមាតារបស់អស់អ្នកជឿ។ “គ្មាននរណាម្នាក់អាចមានព្រះជាម្ចាស់ជា ព្រះបិតា បើគេពុំមានព្រះសហគមន៍ជាមាតាឡើយ” (សន្ត ស៊ីព្រីយ៉ាំង)។

១៨២. “យើងជឿលើអ្វីៗដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះជាសរសេរជាលាយ​លក្ខណ៍អក្សរ ឬត្រូវគេបញ្ជូន ហើយដែលព្រះសហគមន័ស្នើសុំឱ្យជឿថា មកពីព្រះជាម្ចាស់ក៏ដោយ” (SPF ២០)។

១៨៣. ត្រូវតែជឿ ដើម្បីទទួលការសង្រ្គោះ។ ព្រះអម្ចាស់ផ្ទាល់អះអាងថា៖ “អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់សង្រ្គោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស” (មក ១៦,១៦)។

១៨៤. “ជំនឿជាការដឹងរសជាតិមុននឹងស្គាល់ព្រះជាម្ចាស់ ដែលនឹងប្រោសឱ្យបានពោរពេញដោយសុភមង្គលក្នុងជីវិតខាងបរមលោក” (សន្ត ថូម៉ាស​ នៃអាកាំង)។

ភាគទី២៖ ធម៌ប្រកាសជំនឿគ្រីស្តសាសនា-សេចក្ដីសង្ខេបនៃជំនឿ

ជំពូក១ លេខ១៨៥-៤២១

ធម៌ប្រកាសជំនឿ

ធម៌ប្រកាសជំនឿរបស់គ្រីស្តទូតទាំងឡាយ

ខ្ញុំជឿលើព្រះជាម្ចាស់
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ​ និងដី
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ
ព្រះអង្គមានកំណើតដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់ប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គសោយទុក្ខលំបាកនៅជំនាន់ប៉ុនពីឡាត
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះក្នុងរូងថ្មមួយ
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងែទីបី ព្រះអង្គមានព្រះជន្មថ្មី
ព្រះអង្គយាងឡើងស្ថានបរមសុខ
គង់ខាងស្ដាំព្រះបិតា​
ដ៏មានឫទ្ធានុភាពសព្វប្រការ
ព្រះអង្គនឹងយាងមកវិញដើម្បីវិនិច័្ឆយមនុស្សទាំងរស់ទាំងស្លាប់
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ
ខ្ញុំជឿថា ព្រះសហគមន៍កាតូលិក
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ
ខ្ញុំជឿថា​មានការលើកលែងទោស
ឱ្យមនុស្សរួចពីបាប
ហើយរូបកាយមនុស្សនឹងមានជីវិតថ្មី
ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ច
អាម៉ែន។

ធម៌ប្រកាសជំនឿរបស់មហាសន្និបាតសកលនៅនីសេ / កុងស្ដង់ទីណូប ឆ្នាំ៣២៥​ និង​ ៣៨១

ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គ
ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃនិងដី
ទាំងអ្វីៗដែលមើលឃើញនិងមើលមិនឃើញ

ខ្ញុំជឿលើព្រះអម្ចាស់យេស៊ូគ្រីស្តតែមួយ
ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយមានប្រភពពីព្រះបិតា មុនកាលសម័យទាំងអស់
ព្រះអង្គជាព្រះជាម្ចាស់ចេញពីព្រះជាម្ចាស់
ជាពន្លឺចេញពីពន្លឺ
ជាព្រះជាម្ចាស់ដ៏ពិតប្រាកដចេញពីព្រះជាម្ចាស់ដ៏ពិតប្រាកដដែរ
ព្រះអង្គទទួលព្រះជន្មពីព្រះបិតា​ ហើយមិនកើតដូចសត្វលោកឡើយ
ព្រះអង្គរួមសភាពជាមួយព្រះបិតា
ហើយអ្វីៗសព្វសារពើក៏កើតមកដោយសារព្រះអង្គដែរ
ព្រះអង្គយាងមកពីស្ថានបរមសុខ ដើម្បីមនុស្សយើង និងសង្រ្គោះយើង
ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះអង្គបានទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារី
ហើយព្រះអង្គទៅជាមនុស្ស
ព្រះអង្គត្រូវគេឆ្កាងនៅជំនាន់ប៉ុនពីឡាត
ដើម្បីជាប្រយោជន៍ដល់យើង
ព្រះអង្គសោយទុក្ខលំបាក
ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះ
លុះដល់ថ្ងែទីបី ព្រះអង្គមានព្រះជន្មថ្មីស្របតាមគម្ពីរ
ព្រះអង្គយាងឡើងស្ថានបរមសុខ គង់ខាងស្ដាំព្រះបិតា​
ព្រះអង្គនឹងយាងមកវិញយ៉ាងរុងរឿង
ដើម្បីវិនិច័្ឆយមនុស្សទាំងរស់ទាំងស្លាប់
ហើយព្រះរាជ្យព្រះអង្គនឹងនៅស្ថិតស្ថេរឥតទីបញ្ចប់ឡើយ

ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលប្រទានជីវិតនិងជាអម្ចាស់
ព្រះអង្គហូរចេញពីព្រះបិតា​និងព្រះបុត្រា
ព្រះអង្គទទួលការក្រាបថ្វាយបង្គំនិងសិរីរុងរឿង
ស្មើនឹងព្រះបិតា​និងព្រះបុត្រា
ព្រះអង្គបានថ្លែងព្រះបន្ទូល
តាមរយៈអស់លោកព្យាការី

ខ្ញុំជឿលើព្រះសហគមន៍តែមួយ​ដ៏វិសុទ្ធ​ និងកាតូលិក
ដែលបន្តជំនឿពីក្រុមគ្រីស្តទូត
ខ្ញុំប្រកាសថា មានអគ្គសញ្ញាជ្រមុជទឹកតែមួយ
ដែលលើកលែងទោសឱ្យរួចពីបាប
ខ្ញុំរង់ចាំពេលដែលមនុស្សស្លាប់នឹងមានជីវិតថ្មី និងជីវិតលោកខាងមុខផង

អាម៉ែន។

ភាគទីពីរ៖
ធម៌ប្រកាសជំនឿនៃគ្រីស្តសាសនា-សេចក្ដីសង្ខេបនៃជំនឿ

១៨៥. អ្នកណាប្រកាសថា “ខ្ញុំជឿ” អ្នកនោះប្រកាសថា “ខ្ញុំយល់ស្របនឹងអ្វីដែលយើង ជឿ”។​ ពេលយើង​រួម​ជា​មួយ​​គ្នាក្នុងជំនឿ យើងក៏ត្រូវការភាសារួមដើម្បីសម្ដែងជំនឿនេះ ដែលជាក្បួនច្បាប់សម្រាប់អ្នកជឿទាំង​អស់ និង​ធ្វើ​ឱ្យគេរួមជាមួយគ្នាក្នុងធម៌ប្រកាសជំនឿតែមួយ។

១៨៦. តាំងពីដើម ព្រះសហគមន៍ដែលមកពីក្រុមគ្រីស្តទូត បានថ្លែង​ និងបញ្ជូនជំនឿផ្ទាល់ខ្លួន ដោយប្រើ​រូបមន្ត​ខ្លីៗ និងជាក្បួនច្បាប់សម្រាប់មនុស្សទាំងអស់ (រម ១០,៩ ; ១ករ ១៥,៣-៥)។​ ព្រះសហគមន៍មាន​បំណង​ចង់​ប្រមូល​​សេចក្ដី​សំខាន់ៗ​​នៃ​ជំនឿ ក្នុងសេចក្ដីសង្ខេប ដែលមានរចនាសម្ព័ន្ធដ៏ត្រឹមត្រូវ ជាពិសេសសម្រាប់បេក្ខជន​ត្រៀម​​ខ្លួន​ជ្រមុជ​ទឹក។

យើងមិនបានរៀបចំសេចក្ដីសង្ខេបនៃជំនឿតាមយោបល់របស់មនុស្ស តែយើងបានប្រមូលអ្វីៗដ៏សំខាន់ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ដើម្បីផ្ដល់ការប្រៀនប្រដៅតែមួយអំពីជំនឿទាំងស្រុងតែម្តង ហើយដូចក្នុងគ្រាប់ពូជដ៏​តូចល្អិតមានមែកជាច្រើនយ៉ាងណា យើងអាចស្គាល់សេចក្ដីទាំងអស់ដែលព្រះជាម្ចាស់សម្ដែង ក្នុងសម្ពន្ធមេត្រីចាស់ និង សម្ពន្ធមេត្រីថ្មី សេចក្ដីសង្ខេបខ្លីៗនៃជំនឿនេះក៏យ៉ាងនោះដែរ (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។

១៨៧. គេហៅសេចក្ដីសង្ខេបនៃជំនឿនោះថា​ “ធម៌ប្រកាសជំនឿ” ព្រោះសេចក្ដីនោះ សង្ខេបជំនឿ ដែល​គ្រីស្ត​បរិស័ទ​​ប្រកាស។ គេហៅសេចក្ដីនោះថា “Credo” (ខ្ញុំជឿ) ដោយសារពាក្យដំបូងនៃធម៌ប្រកាសជំនឿ៖​ “ខ្ញុំជឿ”។​ សេចក្ដីនោះមកពីពាក្យ “symbolon”។

១៨៨. ត្រូវតែគោរពតាមពាក្យ symbolon ដែលជាភាសាក្រិកមានន័យថា បំណែកមួយចំហៀងនៃវត្ថុមួយ ដែលបែកជាពីរ (ឧ- ត្រាមួយ) សម្រាប់គ្រឿងសម្គាល់។ បំណែកទាំងពីរ បើកាលណាគេយកមកដាក់បញ្ជូលគ្នាវិញ គេអាចស្គាល់អត្តសញ្ញាណនៃអ្នកដែលមានបំណែកនោះ។ ហេតុនេះ​ហើយ សេចក្ដីសង្ខេបនៃជំនឿក៏ជាសញ្ញាសម្គាល់ និងការរួបរួមជាធ្លុងមួយរវាងពួកអ្នកជឿ។ Symbolon ក៏សម្រាប់សម្គាល់សេចក្តីដកស្រង់អត្ថបទមួយ ឬការប្រមូលផ្តុំមួយ ឬក៏ជាសេចក្តីសង្ខេបត្រួសៗមួយដែរ។ សេចក្តីសង្ខេបនៃជំនឿ គឺជាការដកស្រង់សេចក្តីពិត​សំខាន់ៗនៃជំនឿ។ ដូច្នេះ សេចក្តីសង្ខេបនៃជំនឿ គឺជាចំណុចយោងទីមួយ និងជាគ្រឹះសំខាន់ក្នុងការអប់រំជំនឿ។

១៨៩. យើងប្រកាសជំនឿលើកទីមួយ នៅពេលយើងទទួលបុណ្យជ្រមុជទឹក។ “ធម៌ប្រកាស​ជំនឿ” ជាធម៌នៃ​ពិធី​ជ្រមុជទឹក​ ។​ ដោយសារយើងផ្ដល់ពិធីជ្រមុជទឹក “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”​ (មថ ២៨,១៩) សេចក្ដីពិតនៃជំនឿ ដែលយើងប្រកាសពេលទទួលបុណ្យជ្រមុជទឹក ចែកជាបីវគ្គ យោងតាម​អង្គ​ទាំង​​បី​នៃ​ព្រះត្រៃឯកដ៏វិសុទ្ធ។

១៩០. ហេតុនេះហើយ បានជាធម៌ប្រកាសជំនឿចែកជាបីវគ្គ៖ “ដំបូង ព្រះជាម្ចាស់ជាព្រះបិតា និង​ការ​បង្កើត​ដ៏​អស្ចារ្យ​នៃពិភពលោក បន្ទាប់មកព្រះជាម្ចាស់ជាព្រះបុត្រា​ និងគម្រោងការដ៏អស្ចារ្យនៃការ​សង្រ្គោះ​​របស់​មនុស្ស​លោក ទីបញ្ចប់ព្រះជាម្ចាស់ជាព្រះវិញ្ញាណដ៏វិសុទ្ធ​ ដែលជាប្រភព​ និងជាគ្រឹះនៃភាពដ៏វិ​សុទ្ធ​​របស់​យើង” (CR)។ នេះ​គឺ​ជា “ជំពូកទាំងបីនៃពិធីជ្រមុជទឹករបស់យើង” (សន្ត អ៊ីរ៉េណេ នៃលីយ៉ុង)

១៩១. “វគ្គទាំងបីនោះខុសប្លែកពីគ្នា តែទាក់ទិននឹងគ្នាផងដែរ។ គ្រូបាធ្យាយនៃព្រះសហគមន៍ធ្លាប់​ប្រៀបធៀបវគ្គ​នោះ​ដូចជាសន្លាក់។ អវយវៈរបស់យើងមានសន្លាក់ដែលបែងចែក​អវយវៈនោះ យ៉ាងណាមិញនៅ​ក្នុង​ធម៌​ប្រកាស​​​​ជំនឿនេះ យើងហៅប្រការ សេចក្ដីពិតទាំងប៉ុន្មាន ដែលយើងត្រូវតែជឿ​ តាមរបៀប​ខុសៗពីគ្នា (CR)។ តាម​​​ទំនៀមទំលាប់បុរាណ ដែលសន្ត អំប្រ័រ បានបញ្ជាក់ ធម៌​ប្រកាស​ជំនឿមានដប់​ពីរ​ប្រការ​ជា​និមិត្តរូប​នៃជំនឿដែលមកពីក្រុមគ្រីស្តទូតដប់ពីររូប។

១៩២. តាំងពីច្រើនសតវត្សមកហើយ ដោយសារតម្រូវការនៃជំនាន់នីមួយៗ មានធម៌ប្រកាសជំនឿជាច្រើន៖ ធម៌​ជឿ​នៃព្រះសហគមន៍បុរាណ​ ដែលបានមកពីក្រុមគ្រីស្តទូត (DS ១-៦៤) ធម៌ជឿនៃ “Quicumque” ឬរបស់​សន្ត​ អាថាណាស (DS ៧៥-៧៦) ធម៌ជឿនៃសន្និបាតខ្លះៗ (តូលេឌ (DS ៥២៥-៥៤១), ឡាត្រង់ (DS ៨០០-៨០២), លីយ៉ុង (DS ៨៥១-៨៦១), ត្រង់ (DS ១៨៦២-១៨៧០) ឬរបស់សម្ដេចប៉ាបខ្លះ ដូច​ជា “Fides Damasi” (DS ៧១-៧២) ឬ “ធម៌ជឿនៃប្រជាជនរបស់ព្រះជាម្ចាស់”​​ របស់សម្ដេចប៉ាបប៉ូលទី៦ (១៩៦៨)។

១៩៣. យើងមិនអាចចាត់ទុកថា ធម៌ប្រកាសជំនឿណា​មួយ ដែលមកពីតំណាក់កាលផ្សេងៗនៃជិវិតរបស់ព្រះ​សហគមន៍ គ្មាន​ប្រយោជន៍ទៀតទេ។ ធម៌ប្រកាសជំនឿទាំងអស់នោះ ជួយឱ្យយើងយោងតាមជំនឿ ដែល​មាន​តាំងពីដើម​ និង​មិន​ដែល​​ប្រែប្រួល តាមរយៈសេចក្តីសង្ខេបផ្សេងៗ ហើយជួយឱ្យយើងយល់អំ​ពីជំនឿនេះ​កាន់​តែជ្រៅទៅៗ។

នៅក្នុងចំណោមធម៌ប្រកាសជំនឿទាំងប៉ុន្មាន មានពីរសំខាន់ជាងគេ គឺ៖

១៩៤. ធម៌ប្រកាសជំនឿ ដែលបានមកពីគ្រីស្តទូតទាំងឡាយ ជាសេចក្ដីសង្ខេបនៃជំនឿដ៏ត្រឹមត្រូវរបស់ក្រុម​គ្រីស្តទូត។ ធម៌ប្រកាស​ជំនឿ​នេះ ​ជាធម៌ប្រកាសជំនឿបុរាណនៃពិធីជ្រមុជទឹករបស់ព្រះសហគន៍ នៅទី​ក្រុង រ៉ូម។ ត្រូវតែគោរពធម៌​ប្រកាស​ជំនឿ​នេះ “ជាធម៌ប្រកាសជំនឿរបស់ព្រះសហគមន៍នៅទីក្រុងរ៉ូម ដែល​​លោក​សិលា ជា​ប្រធាន​ក្រុមគ្រីស្តទូត បានស្នាក់នៅ និងបាននាំជំនឿតែមួយ” (សន្ត អំប្រ័រ)។

១៩៥. ត្រូវតែគោរពធម៌ប្រកាសជំនឿនៃមហាសន្និបាតសកលនីសេ/កុងស្តង់ទីណូប ដ្បិតធម៌ប្រកាស​ជំនឿ​នេះ​មក​​ពី​មហាសន្និបាតសកលដើមដំបូង (ឆ្នាំ​ ៣២៥ ​និង ៣៨១)។ ធម៌ប្រកាសជំនឿនេះ នៅ​តែជាធម៌​រួម​ជាមួយ​ព្រះសហគមន៍ធំៗនៃបូព៌ា និងបស្ចិមប្រទេស។

១៩៦. សេចក្ដីរាយការណ៍របស់យើងអំពីជំនឿនឹងដើរតាមធម៌ប្រកាសជំនឿ ដែលមកពីគ្រីស្តទូតទាំង​ឡាយ ​​ជាសេចក្ដីសង្ខេបបុរាណជាងគេ នៃទីក្រុងរ៉ូម។ ប៉ុន្តែ យើងនឹងបំពេញសេចក្ដីរាយការណ៍​នោះ​យោង​តាម​ធម៌​ប្រកាសជំនឿនៃមហាសន្និបាតសកល​នីសេ/កុងស្តង់ទីណូប​ ដែលពន្យល់ពីជំនឿ​យ៉ាងល្អិតល្អន់។

១៩៧. កាលបើយើងបានផ្ញើជីវិតទាំង​ស្រុង​ទៅ​លើ “គោលការណ៍នៃសេចក្ដីបង្រៀន” (រម ៦,១៧) នៅពេល​បាន​ទទួល​បុណ្យជ្រមុជទឹក សូមទទួលធម៌ប្រកាសនៃជំនឿរបស់យើង ដែលផ្ដល់ជីវិត។ ពេលយើង​សូត្រ​ធម៌ប្រកាស​ជំនឿដោយ​មានជំនឿ យើងរួមរស់ជាមួយព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​យើងក៏​រួម​​រស់ជាមួយ​ព្រះសហគមន៍ទាំងមូលដែរ។ ព្រះសហគមន៍នេះ​ហើយ ដែលបញ្ជូនបន្តជំនឿ​ ហើយគឺក្នុងព្រះ​សហគមន៍នេះហើយ ដែលយើងជឿផងដែរ៖ ធម៌ប្រកាសជំនឿជាត្រាខាងវិញ្ញាណ យើងសញ្ជឹងគិតក្នុងដួងចិត្តយើង និងរក្សាទុក​ធម៌ប្រកាសជំនឿនេះជានិច្ច។ ធម៌ប្រកាសជំនឿពិតជាកំណប់នៃព្រលឹងរបស់យើងមែន (សន្ត អំប្រ័រ)។

ជំពូកទីមួយ៖
ខ្ញុំជឿលើព្រះជាម្ចាស់ជាព្រះបិតា

១៩៨. ធម៌ប្រកាសជំនឿរបស់យើងចាប់ផ្ដើមដោយ ព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ជា “ព្រះនៅមុនគេ និង​នៅ​ក្រោយ​គេបំផុត”​ (អស៤៤,៦) ជាប្រភព និងទីចុងក្រោយនៃអ្វីៗទាំងអស់។ ធម៌ប្រកាសជំនឿ​ចាប់ផ្ដើម​ដោយ​ព្រះជាម្ចាស់​ជា ព្រះបិតា ពីព្រោះព្រះបិតាជាព្រះអង្គទីមួយនៃព្រះត្រៃឯកដ៏វិសុទ្ធបំផុត។ ធម៌​ប្រកាស​ជំនឿ​ចាប់ផ្ដើម​ដោយ​​ការ​បង្កើតមេឃនិងដី ពីព្រោះការបង្កើតជាដើមកំណើត និងជាមូលដ្ឋានគ្រឹះនៃស្នាព្រះហស្ត​ទាំងឡាយ​របស់​ព្រះជាម្ចាស់។

ប្រការទី១៖“ខ្ញុំជឿលើព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតមេឃនិងដី”

កថាខណ្ឌទី១៖ ខ្ញុំជឿលើព្រះជាម្ចាស់

១៩៩. “ខ្ញុំជឿលើព្រះជាម្ចាស់”៖​ ប្រការដំបូងនៃធម៌ប្រកាសជំនឿ ជាមូលដ្ឋានគ្រឹះនៃប្រការ​ឯទៀតៗ។ ធម៌​ប្រកាស​ជំនឿទាំងមូលថ្លែងអំពីព្រះជាម្ចាស់ ហើយថ្លែងអំពីមនុស្សលោក និងពិភពលោក​យោងតាម​ព្រះ​ជាម្ចាស់។​ ប្រការឯទៀតៗនៃធម៌ប្រកាសជំនឿទាំងអស់ពឹងផ្អែកលើប្រការទីមួយ ដូចវិន័យទាំងអស់​ពន្យល់​​វិន័យ​ទីមួយដែរ។ ប្រការឯទៀតៗធ្វើឱ្យយើងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ដូចទ្រង់បាន​សម្ដែង​​ព្រះអង្គ​ឱ្យ​មនុស្សលោកស្គាល់បន្តិចម្តងៗដែរ។ “គ្រីស្តបរិស័ទចាប់ផ្ដើមប្រកាសថា គេជឿលើ​ព្រះជាម្ចាស់” (CR)។

 ១. “ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គ”

២០០. ពាក្យនោះចាប់ផ្ដើមធម៌ប្រកាសជំនឿរបស់មហាសន្និបាតសកលនីសេ/កុងស្តង់ទីណូប។ ពេល​យើង​ប្រកាស​​ថា មានព្រះជាម្ចាស់តែមួយព្រះអង្គ យោងតាមសម្ពន្ធមេត្រីចាស់​យើងក៏ជឿ​ថា​ មានព្រះជាម្ចាស់​មែន។ ធម៌ប្រកាសជាចាំបាច់ទាំងពីរនោះមិនអាចបំបែកពីគ្នាបានឡើយ។ ព្រះ​​ជាម្ចាស់មានតែមួយព្រះអង្គ​​​​​គត់៖ “គ្រីស្តសាសនាប្រកាស​ថា សភាព សារធាតុ និងសភាវៈ របស់ព្រះជាម្ចាស់មានតែមួយ” (CR)។

២០១. ព្រះជាម្ចាស់បានសម្ដែងឱ្យជនជាតិអ៊ីស្រាអែល ជាអ្នកដែលព្រះអង្គបានជ្រើសរើស ដឹងថា ព្រះអង្គ​មាន​តែ​មួយគត់៖ “អ៊ីស្រាអែល​​​អើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិត​ជា​ព្រះ​​អម្ចាស់។ អ្នកត្រូវស្រលាញ់​ព្រះអម្ចាស់​ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ” (ទក ៦,៤-៥)។ ​​តាម​រយៈអស់លោកព្យាការី ​ព្រះជាម្ចាស់ត្រាស់ហៅជនជាតិអ៊ីស្រាអែល​និង​ប្រជាជាតិ​ទាំងអស់ ឱ្យបែរទៅរកព្រះអង្គ​ជា​ព្រះតែមួយគត់៖ “អស់អ្នកដែលនៅទីដាច់ស្រយាលនៃផែនដីអើយ! ចូរ​នាំគ្នាបែរមករកយើង យើងនឹង​សង្រ្គោះ​អ្នក​រាល់​គ្នា ដ្បិតយើងជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះ​ជាម្ចាស់​ណា​ទៀតទេ (...) មនុស្សលោកទាំង​អស់​នឹង​ក្រាប​ថ្វាយបង្គំយើង ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា នឹង​គោរព​​បម្រើយើង ដោយស្មោះ” (អស ៤៥,២២-២៤) (ភីល ២,១០-១១)។

២០២. ព្រះយេស៊ូផ្ទាល់បញ្ជាក់ថា ព្រះជាម្ចាស់ជា “ព្រះអម្ចាស់តែមួយ” ហើយត្រូវស្រលាញ់ព្រះអង្គ  “ឱ្យ​អស់​ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ” (មក ១២,២៩-៣០)។ ព្រះយេស៊ូក៏ធ្វើឱ្យ​យើង​អាចយល់ថា ព្រះអង្គ​ផ្ទាល់​ជា “ព្រះអម្ចាស់” (មក ១២,៣៥-៣៧)។ យោងតាមលក្ខណៈ​ពិសេសនៃ​គ្រីស្ត​សាសនា ​ពេល​យើង​ប្រកាសថា “ព្រះយេស៊ូជា​ព្រះអម្ចាស់” យើងមិនប្រឆាំងនឹងជំនឿលើព្រះជាម្ចាស់តែ​មួយ​គត់ទេ។​ ​ពេលយើងជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ​ ជា “ព្រះអម្ចាស់ និងផ្ដល់ជីវិត” យើងក៏មិនបំបែក​ព្រះជាម្ចាស់​តែមួយព្រះអង្គដែរ។ យើងជឿជាក់យ៉ាងម៉ត់មត់និងអះអាងតែម្តងថា មានព្រះជាម្ចាស់ពិតប្រាកដតែមួយ ធំមហិមា ដែលមិនប្រែប្រួល និង​​ដែលមិនអាច​យល់បាន ប្រកបដោយឫទ្ធានុភាពសព្វប្រការ ដែលមិនអាចរៀបរាប់បាន ព្រះបិតា និងព្រះបុត្រា និង​ព្រះវិញ្ញាណ គឺព្រះបីអង្គ ប៉ុន្តែសភាវៈ សារធាតុ និងសភាពយ៉ាងបរិសុទ្ធជាទីបំផុត (DS ៨០០)។

២. ព្រះជាម្ចាស់សម្ដែងព្រះនាមព្រះអង្គឱ្យយើងស្គាល់

២០៣. ព្រះជាម្ចាស់សម្ដែងព្រះអង្គឱ្យប្រជាជនអ៊ីស្រាអែលស្គាល់ព្រះនាមព្រះអង្គ។ នាមសំដៅទៅ​លើ​សភាវៈ និងអត្តសញ្ញាណនៃបុគ្គលម្នាក់ នហើយអត្ថន័យនៃដំណើរជីវិតរបស់គេ។ ព្រះជាម្ចាស់មានព្រះនាមដែរ។ ព្រះអង្គ​ក៏​​​មិន​មែន​ជាកម្លាំងអនាមិកទេ។​ នៅពេលយើងប្រគល់ឈ្មោះរបស់យើង យើងធ្វើឱ្យគេស្គាល់យើង ហាក់ដូច​ជា​​យើង​​ប្រគល់ខ្លួនឯងម្យ៉ាង ទើបគេអាចមកជិតយើង ស្គាល់យើងយ៉ាងស្និទ្ធស្នាល និងហៅយើង​រៀងៗខ្លួន​ដែរ។

២០៤. ព្រះជាម្ចាស់បានសម្ដែងព្រះអង្គឱ្យប្រជាជនរបស់ព្រះអង្គស្គាល់​បន្តិចម្តងៗ​តាមរយៈនាម ​ផ្សេងៗ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់បានសម្ដែងព្រះនាមព្រះអង្គឱ្យលោកម៉ូសេស្គាល់ នៅក្នុងគុម្ពបន្លា មុន​នឹង​ធ្វើ​ដំណើរ​​ទៅកាន់សេរីភាព​​ និងចងសម្ពន្ធមេត្រីនៅលើភ្នំស៊ីណៃ នៅពេលនោះព្រះជាម្ចាស់បានសម្ដែងលក្ខណៈ​ចាំបាច់របស់ព្រះអង្គ នៃគម្ពីរសម្ពន្ធមេត្រីចាស់​ និងគម្ពីរសម្ពន្ធមេត្រីថ្មីផង។

ព្រះដែលមានព្រះជន្មគង់នៅ

២០៥. ព្រះជាម្ចាស់ត្រាស់ហៅលោកម៉ូសេ ពីនៅក្នុងគុម្ពបន្លា ដែលដុតតែមិនឆេះ ព្រះអង្គមាន​ព្រះបន្ទូលទៅ​កាន់​លោកម៉ូសេថា៖ “យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និង យ៉ាកុប” (សរ ៣,៦)។ ព្រះជាម្ចាស់ជាព្រះរបស់ពួកឪពុក ព្រះដែលបានត្រាស់ហៅ និងណែនាំបុព្វបុរសក្នុងការធ្វើ​ដំណើរ​របស់​​ពួកលោក។​ ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់ ដែលមានព្រះ​ហឫទ័យអាណិតអាសូរ ហើយដែល​នឹករលឹកដល់​ពួក​លោក និងព្រះបន្ទូលសន្យារបស់ព្រះអង្គ។​ ព្រះអង្គក៏យាងមកដើម្បីរំដោះកូនចៅរបស់បុព្វបុរសនោះ​ឱ្យ​រួចពី​ភាព​ជាទាសករ។​​ ព្រះជាម្ចាស់ជាព្រះដែលហួសពីអាកាស និងហួសពេលវេលា អាច​សង្រ្គោះគេ និងសព្វ​ព្រះ​ហឫទ័យ​សង្រ្គោះ​​គេ ហើយដែលនឹងប្រើ​ឫទ្ធានុភាព​សព្វប្រការរបស់ព្រះអង្គ​ ដើម្បីឱ្យគម្រោងការនេះ​បាន​សម្រេច។

“យើងជាព្រះអម្ចាស់ដែលមានជីវិតគង់នៅ”

លោកម៉ូសេទូលព្រះអម្ចាស់ថា៖ “បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួក​គេ​ថា ព្រះ​របស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេ​សួរ​ថា៖ “ព្រះអង្គព្រះនាមអ្វី​នោះ?” តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?”។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោក​ម៉ូសេ​ថា៖ “យើងជាព្រះអម្ចាស់​ដែល​​មានជីវិតគង់នៅ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា៖ “ព្រះអម្ចាស់​ដែល​មាន​ជីវិត​គង់នៅ” ចាត់ខ្ញុំឱ្យ​ជួប​អ្នក​រាល់​គ្នា (...)។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់​កល្ប​ជានិច្ច សម្រាប់ឱ្យមនុស្សលោក​នឹក​ដល់​យើង​អស់កល្បជាអង្វែងតរៀងទៅ”។ (សរ ៣,១៣-១៥)

២០៦. ដោយសម្ដែងព្រះនាមដ៏អាថ៌កំបាំងរបស់ព្រះអង្គ YHWH (យ៉ាវ៉េ) “យើង គឺជាយើង” ​ឬ “យើងជាព្រះ​ដែល​មានជីវិតគង់នៅ”​ ឬ “យើងជាព្រះដែលមានជីវិតគង់នៅរហូត គ្មានកំណើត គ្មានចុងបញ្ចប់” ព្រះអង្គសម្ដែង​ថា ព្រះអង្គជានរណា ហើយត្រូវហៅព្រះអង្គយ៉ាងដូចម្ដេច។​ ព្រះនាមរបស់ព្រះជាម្ចាស់ជាអាថ៌កំបាំង ដូចព្រះអង្គ​ផ្ទាល់​​ជាអាថ៌កំបាំងដែរ។​ ព្រះជាម្ចាស់សម្ដែងព្រះនាមព្រះអង្គ​ផង មិនព្រមសម្ដែងព្រះនាមព្រះអង្គផង គឺ​ព្រះ​នាម​ព្រះអង្គ​សម្ដែងព្រះអង្គជាព្រះលើសពីអ្វីៗ ដែលយើងអាចយល់ ឬនិយាយប្រាប់គេ៖ ព្រះ​ជាម្ចាស់ជាព្រះដែល “មនុស្ស​លោកពិបាករកឃើញណាស់” (អស ៤៥,៥) ព្រះនាមព្រះអង្គប្លែកអស្ចារ្យណាស់ (វប ១៣,១៨) ហើយ​ព្រះអង្គ​ជាព្រះដែលយាង​មក​ជិត​​មនុស្សលោក។

២០៧. ដោយសម្ដែងព្រះនាមព្រះអង្គ ព្រះអង្គសម្ដែងភាពស្មោះត្រង់របស់ព្រះអង្គ ដែលមានតាំងពី​ដើមរៀងមកនិង​ជាដរាបតរៀងទៅ ដែលមានតាំងពីអតីតកាល (“យើងជាព្រះដែលឪពុកអ្នកតែង​គោរព​បម្រើ” សរ ៣,៦) រហូត​ដល់អនាគតកាល (“យើងនឹងនៅជាមួយអ្នក” សរ ៣,១២)។ ព្រះជាម្ចាស់ ដែលសម្ដែង​ព្រះនាម​របស់​ព្រះអង្គ​ថា “យើងមានជីវិតគង់នៅ” សម្ដែងព្រះអង្គជាព្រះ​ដែលគង់នៅជាមួយប្រជាជនរបស់ព្រះអង្គជារៀងរហូត ដើម្បី​​​សង្រ្គោះគេ។

២០៨. ពីមុខវត្តមានដ៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដែលទាក់ទាញចិត្តគំនិតផង មនុស្សយល់ឃើញថា ខ្លួនជា​អ្នក​តូច​​​ទាប។​ ពីមុខគុម្ពបន្លា លោកម៉ូសេដោះស្បែកជើង និងខ្ទប់មុខទល់មុខនឹងភាព​ដ៏វិសុទ្ធ​របស់​ព្រះ​ជាម្ចាស់។ ពី​មុខសិរីរុងរឿងរបស់ព្រះដ៏វិសុទ្ធបំផុត លោកអេសាយលាន់មាត់ថា៖ “ ស្លាប់ខ្ញុំអើយ! ខ្ញុំពិតជា​ត្រូវ​វេទនា ព្រោះ​ខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ” (អស ៦,៥)។​ ពេលឃើញទីសម្គាល់ដ៏អស្ចារ្យ ដែលព្រះ​យេស៊ូ​ប្រព្រឹត្ត លោកសិលាទូលថា៖ “ព្រះអម្ចាស់អើយ សូម​យាងឱ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្ស​បាប” (លក ៥,៨)។ ប៉ុន្តែ ព្រះជាម្ចាស់អាចលើកលែងទោសឱ្យអ្នកដែលដឹងខ្លួនថា ជាមនុស្សបាបដ្បិត​ព្រះអ​ង្គជា​ព្រះដ៏វិសុទ្ធ៖ “យើងមិន​ប្រព្រឹត្ត​តាមកំហឹងដ៏ខ្លាំងក្លារបស់យើង (...) ព្រោះយើងជាព្រះជាម្ចាស់ មិន​មែន​​​ជា​​មនុស្ស​ទេ! យើងជា​ព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក” (ហស ១១,៩)។ គ្រីស្តទូតយ៉ូហាន​នឹងមាន​ប្រសាសន៍​​​ដដែលថា៖ “ចិត្តយើង​មិនភ័យខ្លាចនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ទេ។ ហេតុនេះ ប្រសិនបើចិត្ត​គំនិត​យើង​​​​ដាក់ទោស​យើង នោះព្រះជាម្ចាស់ដែលខ្ពង់ខ្ពស់ជាងចិត្តយើង ទ្រង់ច្បាស់ជាឈ្វេងយល់ទាំងអស់ពុំខាន” (១យហ ៣,១៩-២០)។

២០៩. ប្រជាជនអ៊ីស្រាអែលមិនហ៊ានពោលព្រះនាមព្រះជាម្ចាស់ចំៗទេ ដើម្បីគោរពភាពដ៏វិសុទ្ធនៃព្រះនាមព្រះ អង្គ។ ពេល​​​​​​អាន​ព្រះគម្ពីរ គេប្រើ​ពាក្យ “ព្រះអម្ចាស់” (អដូណែ ឬ Kyrios ជាភាសាក្រិក) ជំនួសព្រះនាមព្រះជាម្ចាស់វិញ។ គ្រីស្ត​បរិស័ទ​ប្រើ​ពាក្យ​នេះ​ចំពោះ​​ព្រះយេស៊ូ ដើម្បីសម្ដែងថា ព្រះអង្គជាព្រះជាម្ចាស់៖ “ព្រះយេស៊ូជាព្រះអម្ចាស់”។

“ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងសន្តោសប្រោសប្រណី”

២១០. ក្រោយពីជនជាតិអ៊ីស្រាអែលបានប្រពឹត្តអំពើបាប ឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដើម្បីគោរពរូបគោ​មាស (សរ ៣២) ព្រះអង្គ​​សណ្ដាប់ពាក្យ​អង្វររបស់លោកម៉ូសេ និងសព្វព្រះហឫទ័យបន្តការធ្វើដំណើរក្នុងចំណោម​ប្រជាជន​មិន​ស្មោះ​ត្រង់​នេះ ទើបព្រះអង្គសម្ដែងសេចក្ដីស្រលាញ់របស់ព្រះអង្គ (សរ ៣៣,១២-១៧)។ ពេល​លោក​ម៉ូសេទូលអង្វរសូមឱ្យ​ព្រះជាម្ចាស់​សម្ដែង​សិរីរុងរឿងរបស់ព្រះអង្គឱ្យលោកឃើញ ព្រះអង្គក៏មានព្រះ​បន្ទូល​​ថា៖ “យើងនឹងសម្ដែង​សេចក្ដី​សប្បុរស (សោភណភាព) របស់យើង​ ហើយយើងប្រកាស​ឈ្មោះ​យើងជា​ព្រះ​អម្ចាស់ ​នៅចំពោះមុខ​អ្នក” (សរ ៣៣,១៨-១៩)។​ ព្រះអម្ចាស់ឆ្លងកាត់ពីមុខលោកម៉ូសេ ដែលប្រកាសថា៖​ “ព្រះអម្ចាស់ៗ ជា​ព្រះ​ប្រកបដោយដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្តោស ព្រះអង្គមាន​ព្រះ​ហឫទ័យអត់ធ្មត់ ហើយ​ពោរពេញ​ដោយធម៌មេត្តា​ករុណា និងស្មោះស្ម័គ្រជានិច្ច” (សរ ៣៤,៥-៦)។​ ពេលនោះ​ លោកម៉ូសេប្រកាសថា ព្រះអម្ចាស់​ជាព្រះ​ដែលលើកលែងទោស (សរ ៣៤,៩)។

២១១. ព្រះនាមរបស់ព្រះជាម្ចាស់ “យើងមានជីវិតគង់នៅ” ឫ “ព្រះអង្គគង់នៅ” សម្ដែងថា ទោះបី​មនុស្ស​​មិន​ស្មោះត្រង់ ប្រព្រឹត្តអំពើបាប និងសក្តិសមនឹងទទួលទោសយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ និង “សម្ដែងព្រះហឫទ័យមេត្តាករុណា រហូតដល់រាប់ពាន់ដំណ” (សរ ៣៤,៧)។ ព្រះជាម្ចាស់សម្ដែងថា​ ព្រះអង្គ​តែង​តែមានព្រះហឫទ័យអាណិតអាសូរ” (អភ ២,៤) រហូត​ដល់ប្រគល់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់។​ នៅ​ពេល​ព្រះយេស៊ូបូជាព្រះជន្មរបស់ព្រះអង្គ ដើម្បីឱ្យយើងរួចពីបាប ព្រះអង្គនឹងសម្ដែងថា ទ្រង់ផ្ទាល់មានព្រះនាម​របស់​​ព្រះជាម្ចាស់៖ “កាលណាអ្នក​រាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ” (យហ ៨,២៨)។

មានតែព្រះជាម្ចាស់ដែលមានជីវិតគង់នៅ

២១២. ពីសតវត្សមួយទៅសតវត្សមួយ ជំនឿរបស់ជនជាតិអ៊ីស្រាអែលបានរីកចម្រើន ​និងបាន​យល់​កាន់​តែ​​​ស៊ីជម្រៅ​​ទៅៗ​ ពីលក្ខណៈសម្បត្តិ ដែលមាននៅក្នុងព្រះនាមព្រះជាម្ចាស់ ។ ព្រះជាម្ចាស់មានតែមួយព្រះអង្គ ក្រៅ​ពីព្រះអង្គ គ្មានព្រះណាផ្សេងទៀតទេ (អស ៤៤,៦)។​ ពិភព​លោក និងប្រវត្តិសាស្រ្តមិនអាចផ្ទឹមនឹងព្រះអង្គបានទេ។ គឺ​ព្រះអង្គ​នេះ​ហើយ ដែល​បានបង្កើតមេឃនិងដី៖ “ផ្ទៃមេឃ និងផែនដី នឹងវិនាសសូន្យ ហើយរិចរឹលទៅដូច​សំលៀក​បំពាក់ រីឯ​ព្រះអង្គ​វិញ ព្រះអង្គនៅស្ថិតស្ថេរហូតតទៅ ព្រះអង្គនៅតែដដែល ព្រះជន្មាយុរបស់ព្រះអង្គ​គ្មាន​​ទី​បញ្ចប់ទេ” (ទន​ ១០២,២៧-២៨)។ “ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងអង្គព្រះអង្គសូម្បីតែ​ស្រមោល​នៃ​ការប្រែប្រួល​ក៏​គ្មានផង” (យក ១,១៧)។ ព្រះជាម្ចាស់ជា “ព្រះដែលមានជីវិតគង់នៅ” តាំង​ពី​ដើមរៀងមក ហើយជាដរាប​ត​រៀងទៅ ហេតុ​នេះព្រះអង្គនៅតែស្មោះស្ម័គ្រនឹងខ្លួនព្រះអង្គ និងព្រះបន្ទូលសន្យា​របស់​​ព្រះអង្គជានិច្ច។

២១៣. ពេលព្រះជាម្ចាស់សម្ដែងព្រះនាមចម្លែកប្លែកអស្ចារ្យណាស់របស់ព្រះអង្គ “យើងមានជីវិតគង់នៅ” ព្រះអង្គក៏​សម្ដែង​សេចក្ដីពិតថា មានតែព្រះជាម្ចាស់ទេ ដែលមានជីវិតគង់នៅ។ ព្រះគម្ពីរ៧០គម្ពីរ (ព្រះគម្ពីរ​បកប្រែជាភាសា​ក្រិក)​ និងការបញ្ជូនបន្តរបស់ព្រះសហគមន៍បានយល់ថា ព្រះនាមព្រះជាម្ចាស់សម្ដែង​ថា ព្រះជាម្ចាស់ជា​កំពូល​របស់​​​សភាវៈ និងភាពល្អឥតខ្ចោះទាំងអស់ ដែលគ្មានដើមកំណើត និងគ្មានទី​បញ្ចប់​​ឡើយ។​ សត្វលោកទាំងអស់​បាន​​ទទួល​ពីព្រះជាម្ចាស់អ្វីៗទាំងអស់ មានតែព្រះអង្គទេ ដែលជាសភាវៈ​ផ្ទាល់របស់ព្រះអង្គ និងបានទទួល​​លក្ខណៈជាព្រះជាម្ចាស់ ពី​​ព្រះអង្គផ្ទាល់​។

៣. ព្រះជាម្ចាស់ ដែល “មានជីវិតគង់នៅ” ជាសេក្ដីពិត និងសេចក្ដីស្រលាញ់

២១៤. ព្រះជាម្ចាស់ ដែល “មានជីវិតគង់នៅ” បានសម្ដែងឱ្យជនជាតិអ៊ីស្រាអែលដឹងថា ព្រះអង្គ​មាន “ព្រះ​ហឫទ័យ​​ពោរពេញដោយអាណិតអាសូរ និងសន្តោសប្រោសប្រណី” (សរ ៣៤,៦)។ ពាក្យទាំងពីរនោះបញ្ជាក់អំ​ពី​លក្ខណៈ​សម្បត្តិរបស់ព្រះនាមព្រះជាម្ចាស់។​ នៅក្នុងស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ ព្រះអង្គ​សម្ដែងថា​ ព្រះ​អង្គ​​​ប្រកបដោយសប្បុរសធម៌ ព្រះហទ័យប្រោសប្រណី និងសេចក្ដីស្រលាញ់ ព្រះអង្គ​​ក៏សម្ដែងទៀតថា យើង​អាច​ជឿទុកចិត្តលើព្រះអង្គ​ៗ​មិនប្រែប្រួលទេ ស្មោះស្ម័គ្រជានិច្ច និង​ជា​​សេចក្ដីពិត។ “ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះ​​ព្រះអង្គប្រកបដោយព្រះហឫទ័យមេត្តាករុណា យ៉ាងស្មោះស្ម័គ្រ” (ទន ១៣៨,២) (ទន ៨៥,១១)។ ព្រះ​អង្គ​ជា​​សេចក្ដី​ពិត ដ្បិត “ព្រះជាម្ចាស់ជាពន្លឺ គ្មានសេចក្ដីងងឹតក្នុងអង្គព្រះអង្គទាល់តែសោះ” (១យហ ១,៥)។ ព្រះ​អង្គ​​ជា “សេចក្ដីស្រលាញ់” ដូចគ្រីស្តទូតយ៉ូហាន​ប្រៀនប្រដៅ (១យហ ៤,៨)។

ព្រះជាម្ចាស់ជាសេចក្ដីពិត

២១៥. “គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត ហើយការអ្វីៗទាំងប៉ុន្មាន ដែលព្រះអង្គសម្រេច ដោយ​សុចរិត នៅស្ថិតស្ថេររហូតតទៅ” (ទន ១១៩,១៦០)។ “បពិត្រព្រះជាម្ចាស់! ព្រះ​អង្គពិតជាជា​ព្រះ​ជាម្ចាស់មែន ព្រះបន្ទូលទាំងប៉ុន្មនាសុទ្ធតែជាការពិត” (២សម ៧,២៨) ហេតុនេះ ព្រះបន្ទូលសន្យា​របស់​ព្រះ​ជាម្ចាស់តែងតែសម្រេចជានិច្ច (ទក ៧,៩)។​ ព្រះជាម្ចាស់ជាសេចក្ដីពិតផ្ទាល់ ព្រះបន្ទូលរបស់ព្រះអង្គ​មិន​​អាចបោក​បញ្ឆោតបាន​ទេ។ ហេតុនេះ យើងអាចប្រគល់ខ្លួនទៅលើសេចក្ដីពិត​ និងភាពស្មោះស្ម័គ្រនៃព្រះបន្ទូល​គ្រប់​ប្រការ​របស់​ព្រះអង្គ​ ដោយជឿទុកចិត្តទាំងស្រុងទៅលើព្រះអង្គ។ អំពើ​បាបដើមដំបូងបាន​ធ្វើ​ឱ្យ​មនុស្ស​វិនាស បាន​មក​ពីមេល្បង ដែលនាំឱ្យមនុស្ស​សង្ស័យ​ពីព្រះបន្ទូល ព្រះហឫទ័យសប្បុរស និងភាព​ស្មោះ​ស្ម័គ្រ​របស់​ព្រះ  ជាម្ចាស់។

២១៦. សេចក្ដីពិតរបស់ព្រះជាម្ចាស់បានមកពីព្រះប្រាជ្ញាញ្ញាណរបស់ព្រះអង្គ ដែលគ្រប់គ្រងសណ្ដាប់ធ្នាប់​របស់សត្វ​លោក និងពិភពលោក (ប្រាញ ១៣,១-៩)។ មានតែព្រះជាម្ចាស់ដែលបានបង្កើតមេឃនិងដី (ទន ១១៥,៥) ដូច្នេះ​ហើយ មានតែ​ព្រះអង្គទេ ដែលអាច​ប្រទាន​ឱ្យយើងស្គាល់ច្បាស់នូវអ្វីៗដែលមានក្នុងលោកនេះ ដោយមាន​ទំនាក់​​ទំនង​​ជាមួយព្រះអង្គ (ប្រាញ ៧,១៧-២១)។

២១៧. ព្រះជាម្ចាស់ជាសេចក្ដីពិត នៅពេលព្រះអង្គសម្ដែងព្រះអង្គដែរ៖ ការប្រៀនប្រដៅដែលមកពីព្រះ​ជាម្ចាស់ជា “លទិ្ធ​នៃសេចក្ដីពិត” (មគ ២,៦)។ ព្រះជាម្ចាស់នឹងចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមក ក្នុង​លោក​នេះ ដើម្បី “ផ្ដល់​​​សក្ខីភាពអំពីសេចក្ដីពិត” (យហ ១៨,៣៧)។ “យើងដឹងថា​ ​ព្រះបុត្រារបស់ព្រះជាម្ចាស់យាងមក ទ្រង់​ប្រទាន​​​ប្រាជ្ញា​ឱ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ” (១យហ ៥,២០) (យហ ១៧,៣)។

ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់

២១៨. ក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួន ជនជាតិអ៊ីស្រាអែលបានយល់ឃើញថា ព្រះជាម្ចាស់បានសម្ដែង​ព្រះអង្គឱ្យ​គេ​ស្គាល់ និងបានជ្រើសរើសគេ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដើម្បីធ្វើជាកម្មសិទ្ធ​របស់​ព្រះអង្គ ដោយសារ​មូល​ហេតុ​តែមួយ គឺសេចក្ដីស្រលាញ់របស់ព្រះអង្គ (ទក ៤,៣៧ ; ៧,៨ ; ១០,១៥)។ ដោយសារអស់​លោក​ព្យាការី​ ជនជាតិអ៊ីស្រាអែលបាន​យល់​ថា ព្រះជាម្ចាស់តែងតែសង្រ្គោះគេ (អស ៤៣,១-៧) និងលើកលែង​ទោសអំពើផិតក្បត់របស់គេ និងអំពើបាបរបស់គេផង (ហស ២) ព្រោះតែសេចក្ដីស្រលាញ់។

២១៩. សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះជនជាតិអ៊ីស្រាអែល ប្រៀបបាននឹងសេចក្ដីស្រលាញ់​របស់ឪពុក​​ចំពោះ​កូន (ហស ១១,១)។ សេចក្ដីស្រលាញ់នេះ ខ្លាំងជាងសេចក្ដីស្រលាញ់របស់ម្តាយ​ចំពោះកូនៗ។ ព្រះជាម្ចាស់​​​​ស្រលាញ់​ប្រជាជន​របស់ខ្លួនខ្លាំងជាងស្វាមីចំពោះភរិយាទៅទៀត (អស ៦២,៤-៥)។ សេចក្ដី​ស្រលាញ់​​​នេះ នឹងឈ្នះ​អំពើ​​ផិតក្បត់អាក្រក់ៗរហូតដល់ប្រទានអំណោយដែលមានតម្លៃជាងគេ៖ “ព្រះជាម្ចាស់បានស្រលាញ់​មនុស្ស​លោក​ខ្លាំងណាស់ បានជាព្រះអង្គបានប្រោសប្រទានព្រះបុត្រាតែមួយ​របស់ព្រះអង្គ” (យហ៣,១៦)។

២២០. សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ “អស់កល្បជានិច្ច” (អស ៥៤,៨)៖ “ទោះបីភ្នំធំកក្រើករំពើកក្តី សេចក្ដី​ស្រលាញ់​របស់យើងមិនឃ្លាតចេញពីអ្នកឡើយ” (អស ៥៤,១០)។ “យើងស្រលាញ់អ្នក ដោយចិត្តស្រលាញ់ ដែល​​ស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយ បានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្ត​នឹង​អ្នក​​យ៉ាង​ខ្លាំង” (យរ ៣១,៣)។

២២១. សន្តយ៉ូហាននឹងបញ្ជាក់ថែមទៀតថា៖ “ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់” (១យហ ៤,៨.១៦) គឺសភាវៈ​ផ្ទាល់​​​របស់ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់។​ ដោយចាត់ព្រះបុត្រាតែមួយរបស់ព្រះអង្គ និងព្រះ​វិញ្ញាណនៃ​សេចក្ដី​ស្រលាញ់ នៅពេលកំណត់ដ៏ពេញលក្ខណៈ ព្រះជាម្ចាស់សម្ដែងទីស្ងាត់កំបាំងដ៏ស្និទ្ធស្នាលរបស់ព្រះអង្គ គឺព្រះអង្គផ្ទាល់​ ជា​សេចក្ដី​ស្រលាញ់អស់កល្បជានិច្ចរវាងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ ហើយព្រះអង្គសព្វ​ព្រះហឫទ័យ​ឱ្យ​​យើងរួមចំណែកក្នុងសេចក្ដីស្រលាញ់នេះដែរ។

៤. តើជំនឿលើព្រះជាម្ចាស់តែមួយព្រះអង្គនាំឱ្យទទួលផលអ្វីខ្លះ?

២២២. ពេលយើងជឿលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ និងស្រលាញ់ព្រះអង្គអស់ពីចិត្តគំនិត ​យើងអាចទទួល​ផល​​ដ៏អស្ចារ្យអស់មួយជីវិត គឺ៖

២២៣. យើងស្គាល់ឋានៈដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តមភាពរបស់ព្រះជាម្ចាស់​ ៖ “ព្រះជាម្ចាស់ជាព្រះដ៏​ឧត្តមដែល​យើង​ពុំអាចស្វែងយល់បានឡើយ” (យប ៣៦,២៦)។​ ហេតុនេះហើយ បានជា “ត្រូវតែបម្រើព្រះជាម្ចាស់មុនគេបង្អស់” (សន្តី យ៉ូហាន នៃអាក)។

២២៤. យើងរស់នៅដោយអរព្រះគុណព្រះជាម្ចាស់ ៖ បើមានព្រះជាម្ចាស់តែមួយ លក្ខណៈទាំងអស់របស់​យើង និងអ្វីៗ​ទាំង​អស់ដែលយើងមាន មកពីព្រះអង្គ​​​​​​៖ “អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះ​ជាម្ចាស់​ទេតើ!” (១ករ ៤,៧)។​ “តើខ្ញុំអាចយកអ្វីមកតបស្នងនឹងព្រះគុណទាំងប៉ុន្មាន ដែលព្រះអម្ចាស់​បានសម្ដែងមកលើរូបខ្ញុំ?” (ទំន ១១៦,១២)។

២២៥. យើងស្គាល់ឋានៈដ៏ថ្លែថ្នូរពិតប្រាកដរបស់មនុស្ស ដែលរស់នៅជាមួយគ្នាជាធ្លុងតែមួយ ៖ ព្រះជាម្ចាស់​បានបង្កើតមនុស្សទាំងអស់ “ជារូបតំណាងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូច​ព្រះអង្គ​​ដែរ” (កណ ១,២៦)។

២២៦. យើងអាចប្រើប្រាស់អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតតាមរបៀបល្អត្រឹមត្រូវ ៖ ពេលយើង​ជឿលើ​ព្រះជាម្ចាស់​តែមួយ យើងប្រើប្រាស់អ្វីៗទាំងអស់ ដើម្បីទៅរកព្រះអង្គ ហើយយើងលះ​បង់​​អ្វីៗទាំងអស់​ដែល​នាំឱ្យយើងឃ្លាតឆ្ងាយពីព្រះអង្គ (មថ ៥,២៩-៣០ ; ១៦,២៤ ; ១៩,២៣-២៤)។

ឱព្រះអម្ចាស់ និងព្រះជាម្ចាស់នៃខ្ញុំអើយ! សូមយកអ្វីៗដែលធ្វើឱ្យខ្ញុំឃ្លាតឆ្ងាយពីព្រះអង្គចេញទៅ។ ឱព្រះអម្ចាស់ និង​ព្រះ​ជាម្ចាស់នៃខ្ញុំអើយ! សូមប្រទានឱ្យខ្ញុំនូវអ្វីៗដែលធ្វើឱ្យខ្ញុំមកជិតព្រះអង្គ។ ឱព្រះអម្ចាស់ និង​ព្រះ​ជាម្ចាស់​នៃ​ខ្ញុំ​អើយ! សូមឱ្យខ្ញុំលះបង់ខ្លួនឯង ដើម្បីថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ (សន្ត នីកូឡាស នៃហ្ល្វូ)។

២២៧. យើងជឿទុកចិត្តលើព្រះជាម្ចាស់គ្រប់កាលៈទេសៈ សូម្បីតែពេលមានឧបសគ្គ ៖ ពាក្យកំណាព្យ​របស់​សន្តី​ ថេរេសា នៃព្រះយេស៊ូ (ថេរេសា នៃអាវីឡា)​ សម្ដែងសេចក្ដីនេះយ៉ាងច្បាស់៖

“កុំឱ្យរន្ធត់ចិត្ត កុំឱ្យភ័យខ្លាច។​ អ្វីៗទាំងអស់បាត់បង់ទៅហើយ តែព្រះជាម្ចាស់គង់នៅជា​និច្ច។ អ្នកណាចេះ​អត់​ធ្មត់ អ្នកនោះអាចឈ្នះអ្វីៗទាំងអស់។ អ្នកណាមានព្រះជាម្ចាស់ អ្នកនោះ​មាន​អ្វីៗ​ទាំ​ង​​អស់។ មានព្រះជាម្ចាស់ គឺ​គ្រប់​គ្រាន់ហើយ។”

សង្ខេប

២២៨. “អ៊ីស្រាអែលអើយ ចូរស្តាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើងមួយព្រះអង្គគត់...” (ទក ៦,៤ ; មក ១២,២៩)។ “ចាំបាច់ត្រូវតែជាសភាវៈដ៏ខ្ពង់ខ្ពស់បំផុតតែមួយ ពោលគឺប្រៀបផ្ទឹមពុំបាន (...)។ បើមានព្រះជា ម្ចាស់ច្រើន ព្រះអង្គមិនមែនជាព្រះជាម្ចាស់ទេ” (លោក ទែរទូលីយ៉ាំង)។

២២៩. ជំនឿលើព្រះជាម្ចាស់នាំយើងឱ្យបែរទៅរកព្រះអង្គ។ មានតែព្រះអង្គទេ ដែលជាប្រភពដើម ដំបូង និងទីចុងក្រោយបំផុតរបស់យើង ហើយនាំអើយយើងមិនឱ្យស្រលាញ់អ្វី ឬនរណាផ្សេងទៀត ក្រៅពីព្រះអង្គឡើយ។

២៣០. ដោយព្រះជាម្ចាស់សម្ដែងព្រះអង្គ ព្រះអង្គនៅតែជាអាថ៌កំបាំងដែលមិនអាចថ្លែងបាន៖ “បើអ្នកយល់អំពីព្រះអង្គៗមិនមែនជាព្រះជាម្ចាស់ទេ” (សន្ត អូគូស្តាំង)។

២៣១. ព្រះនៃជំនឿរបស់យើងបានសម្ដែងព្រះអង្គដូចជា ព្រះដែលមានព្រះជន្មគង់នៅ ព្រះអង្គបាន​សម្ដែងឱ្យយើងស្គាល់ “ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្តោស” (ទក ៣៤,៦)។ សភាពផ្ទាល់របស់ព្រះជាម្ចាស់ជាសេចក្ដីពិត និងសេចក្ដីស្រលាញ់។

កថាខណ្ឌទី២៖ ព្រះបិតា

១. “ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”

២៣២. គ្រីស្តបរិស័ទទទួលពិធីជ្រមុជទឹក “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” (មថ ២៨,១៩)។ មុនដំបូង ពេលយើងសូមឱ្យគេប្រកាសជំនឿរបស់គេលើព្រះបិតា ព្រះ​បុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ គេឆ្លើយតបថា “ខ្ញុំជឿ”៖ “ជំនឿរបស់គ្រីស្តបរិស័ទទាំងអស់សំអាងលើព្រះ​ត្រៃឯក” (សន្ត សេសារ៉េ នៃ អារល៍)។

២៣៣. គ្រីស្តបរិស័ទទទួលពិធីជ្រមុជទឹក “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” តែ​មិន​ជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះបិតាផង ព្រះបុត្រាផង និងព្រះវិញ្ញាណដ៏វិសុទ្ធផងទេ (DS ៤១៥) ​ព្រោះ​មាន​ព្រះ​ជាម្ចាស់​​តែមួយ​ ​ជាព្រះបិតាប្រកបដោយឫទ្ធានុភាព ព្រះបុត្រាតែមួយរបស់ព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ គឺ​ព្រះ​ត្រៃ​ឯកដ៏វិសុទ្ធបំផុត។

២៣៤. អាថ៌កំបាំងនៃព្រះត្រៃឯកដ៏វិសុទ្ធបំផុតជាអាថ៌កំបាំងដ៏សំខាន់បំផុតនៃជំនឿ និងការរស់នៅរបស់គ្រីស្តបរិស័ទ គឺ​អាថ៌កំបាំង​របស់ព្រះជាម្ចាស់នៅក្នុងខ្លួនព្រះអង្គផ្ទាល់។ អាថ៌កំបាំងនៃព្រះ​ត្រៃឯក​ជាប្រភព និង​​បំភ្លឺអាថ៌កំបាំង​ផ្សេងៗ​នៃ​ជំនឿ ហើយជាការប្រៀនប្រដៅដ៏សំខាន់បំផុត និងជា​មូលដ្ឋាន​​គ្រឹះ​​​នៃ “សេចក្ដីពិត​ទាំង​ឡាយ​នៃជំនឿ” (DCG ៤៣)។ “ប្រវិត្តិសាស្រ្តទាំងអស់នៃការសង្រ្គោះជា​ប្រវិត្តិសាស្រ្តនៃមាគ៌ា និងមធ្យោបាយដែល​ព្រះជាម្ចាស់ ជាព្រះដ៏​ពិត​ប្រាកដតែមួយ ដែលជាព្រះបិតា ព្រះ​បុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ សម្រុះសម្រួល និងរួប​រួម​ជាមួយ​មនុស្ស ដែល​លែង​ប្រព្រឹត្តអំពើបាប” (DCG ៤៧)។

២៣៥. កថាប័ណ្ឌនេះ យើងនឹងរាយការណ៍ខ្លីៗអំពីរបៀបដែលព្រះជាម្ចាស់បានសម្ដែង​អាថ៌កាំបាំង​នៃ​ព្រះ​ត្រៃឯកដ៏ពោរពេញដោយសុភមង្គល (២.) របៀបដែលព្រះសហគមន៍បានថ្លែងលទិ្ធនៃជំនឿអំពីអាថ៌កំបាំងនេះ (៣.) ហើយទីបញ្ចប់ របៀបដែល​ព្រះ​​​ជាម្ចាស់ជាព្រះបិតាបំពេញ “គម្រោងការណ៍ដ៏សប្បុរសរបស់ព្រះអង្គ” គឺរបៀបដែល​ព្រះ​ជាម្ចាស់​បង្កើត សង្រ្គោះ​ និងធ្វើឱ្យមនុស្សបានដ៏រិសុទ្ធ តាមរយៈបេសកកម្មរបស់ព្រះបុត្រា និងព្រះ​វិញ្ញាណដ៏វិសុទ្ធ (៤.)។

២៣៦. គ្រូបាធ្យាយនៃព្រះសហគមន៍និយាយអំពី Theologia សំដៅទៅលើព្រះជន្មផ្ទាល់ដ៏លាក់កំបាំងនៃព្រះជាម្ចាស់ជាព្រះត្រៃឯក និង Oikonomia សំដៅទៅលើព្រះរាជកិច្ចរបស់ព្រះអង្គ ដែលសម្ដែងព្រះអង្គ និងប្រទានព្រះជន្មរបស់ព្រះអង្គ។ Oikonomia សម្ដែងឱ្យយើងស្គាល់នូវ Theologia ផ្ទុយទៅវិញ Theologia បំភ្លឺ Oikonomia ។ ព្រះរាជកិច្ចរបស់ព្រះជាម្ចាស់សម្ដែងឱ្យយើងដឹងថា តើព្រះអង្គជានរណា ផ្ទុយទៅវិញ សភាវៈដ៏លាក់កំបាំងរបស់ព្រះអង្គបំភ្លឺយើងឱ្យយល់អំពីព្រះរាជកិច្ចរបស់ព្រះអង្គ។ បើប្រៀធៀប ព្រះជាម្ចាស់ និងមនុស្សជារឿងដដែល គឺមនុស្សបង្ហាញខ្លួនតាមកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយកាលណាយើងស្គាល់ម្នាក់កាន់តែច្បាស់ យើងយល់អំពីកិច្ចការរបស់គេកាន់តែច្បាស់ដែរ។

២៣៧. ព្រះត្រៃឯកជាអាថ៌កំបាំងដ៏ពិតប្រាកដនៃជំនឿ គឺ “អាថ៌កំបាំងមួយនៅក្នុងចំណោមអាថ៌កំបាំង​ដែល​ព្រះ​ជាម្ចាស់​​លាក់លៀម ហើយដែលយើងអាចស្គាល់ លុះត្រាតែព្រះអង្គសម្ដែងឱ្យយើង​ស្គាល់” (SPF ១៦)។ ព្រះ​ជាម្ចាស់​​បាន​​​សម្ដែងទីសម្គាល់នៃព្រះត្រៃឯក នៅពេលព្រះអង្គបង្កើតពិភពលោក ហើយនៅពេលព្រះអង្គ​សម្ដែង​​​ព្រះអង្គ​ នៅក្នុងសម័្ពន្ធមេត្រីចាស់។ ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះត្រៃឯកដ៏វិសុទ្ធ ជាអាថ៌កំបាំង​ ដែលប្រាជ្ញា សូម្បី​តែ​ជំនឿ​របស់​ប្រជាជនអ៊ីស្រាអែលមុនពេលព្រះបុត្រារបស់ព្រះជាម្ចាស់ប្រសូតជាមនុស្ស និងមុនបេសកកម្មរបស់​ព្រះ​វិញ្ញាណ​​ដ៏​​វិសុទ្ធ មិនអាចយល់បានឡើយ។

២. ព្រះជាម្ចាស់សម្ដែងព្រះអង្គជាព្រះត្រៃឯក

ព្រះបុត្រាសម្ដែងព្រះបិតា

២៣៨. សាសនាជាច្រើនអង្វរព្រះជាម្ចាស់ជា “ព្រះបិតា”។ គេចាត់ទុកព្រះដូចជា “បិតារបស់ព្រះផ្សេងៗ​និងរបស់​​មនុស្សលោកផង”។ នៅប្រទេសអ៊ីស្រាអែល គេហៅព្រះជាម្ចាស់ជាព្រះបិតា ព្រោះព្រះអង្គបានបង្កើតពិភពលោក (ទក ៣២,៦ ; មគ ២,១០)​ លើស​ពី​​នេះទៅទៀត ព្រោះព្រះអង្គចងសម័្ពន្ធមេត្រី និង​ប្រទាន​ធម៌​វិន័យ​ឱ្យ​ជនជាតិ​អ៊ីស្រាអែល​ជា “កូនច្បង” របស់ព្រះអង្គ (សរ ៤,២២)។ គេហៅព្រះជាម្ចាស់ជា​ព្រះ​បិតា​​របស់​ព្រះមហាក្សត្រ​អ៊ីស្រាអែល​ដែរ (២សម ៧,១៤) ជាពិសេសព្រះជាម្ចាស់ជា “ឪពុករបស់អ្នកក្រីក្រ” ក្មេង​កំព្រា និងស្រ្តីមេម៉ាយ ដែលព្រះអង្គជួយ​ការពារ​ដោយក្ដីស្រលាញ់ (ទន ៦៨,៦)។

២៣៩. ភាសានិយាយនៃជំនឿសន្មតហៅព្រះជាម្ចាស់ថា​ “ព្រះបិតា” គឺសំដៅលើសភាពពីរ៖ ព្រះជាម្ចាស់ជាប្រភពដំបូងនៃអ្វីៗទាំងអស់ ដែលមានតេជានុភាពដ៏ខ្ពង់ខ្ពស់បំផុត ហើយជាមួយគ្នានេះ ព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស និងយកចិត្តទុកដាក់នឹងបុត្រធីតារបស់ព្រះអង្គដោយក្ដីស្រលាញ់។ យើងអាចប្រដូចព្រះជាម្ចាស់ ដែលស្រលាញ់ថ្នាក់ថ្នមបុត្រធីតារបស់ព្រះអង្គ ដូចជាម្តាយម្នាក់ចំពោះកូន (អស ៦៦,១៣ ; ទន ១៣១,១២) ដែលសម្ដែងថា ព្រះជាម្ចាស់យាងមកជិតមនុស្ស និងស្រលាញ់គេយ៉ាងស្និទ្ធស្នាល។ ភាសានៃជំនឿដកស្រង់ពីបទពិសោធន៍របស់ឪពុកម្តាយ ដែលជារូបដំណាងដំបូងរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្យ៉ាង។ ប៉ុន្តែ បទពិសោធន៍នេះបញ្ជាក់ថា ឪពុកម្តាយជាមនុស្សទន់ខ្សោយអាចប្រព្រឹត្តខុសពីតួនាទីជាឪពុកម្តាយពិតប្រាកដបាន។ ហេតុនេះ គួររម្លឹកថា ព្រះជាម្ចាស់ខ្ពង់ខ្ពស់បំផុតខុសប្លែកពីមនុស្ស។ ព្រះអង្គមិនមែនជាបុរស មិនមែនជាស្រ្តីដែរ ព្រះអង្គជាព្រះជាម្ចាស់។ ព្រះអង្គខ្ពង់ខ្ពស់បំផុតខុសប្លែកពីឪពុកម្តាយ (ទន ២៧,១០) ប៉ុន្តែព្រះអង្គជាប្រភព និងគំរូ (អភ ៣,១៤ ; អស ៤៩,១៥) របស់ឪពុកម្តាយទាំងឡាយ គឺគ្មាននរណាជាឪពុកដូចព្រះជាម្ចាស់ឡើយ។

២៤០. ព្រះយេស៊ូបានសម្ដែងថា​ ព្រះជាម្ចាស់ជាព្រះបិតា ដែលមានអត្ថន័យដ៏អស្ចារ្យបំផុត៖ ព្រះ​ជាម្ចាស់​ជា​ព្រះ​បិតា​​មិនគ្រាន់តែជាព្រះបង្កើតពិភពលោកទេ ព្រះអង្គជាព្រះបិតាអស់កល្បជានិច្ច ដោយសារ​​ទំនាក់​ទំនង​​ជាមួយ​​​ព្រះបុត្រាតែមួយរបស់ព្រះអង្គ ដែលជាព្រះបុត្រាដោយសារតែទំនាក់​ទំនង​​ជាមួយ​​ព្រះបិតា​របស់​ព្រះអង្គ​ដែរ៖ “ក្រៅពីព្រះបិតា គ្មាននរណាស្គាល់ព្រះបុត្រាទេ ហើយក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រា​សព្វ​ព្រះ​ហឫទ័យ​​សម្ដែងឱ្យស្គាល់នោះ ក៏គ្មាននរណាអាចស្គាល់ព្រះបិតាបានដែរ” (មថ ១១,២៧)។

២៤១. ហេតុនេះហើយ បានជាក្រុមគ្រីស្តទូតប្រកាសព្រះយេស៊ូជា “ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ ហើយ​ព្រះ​បន្ទូល​​ជា​ព្រះជាម្ចាស់។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់កាលពីដើមបង្អស់” (យហ ១,១) “ព្រះគ្រីស្តជា​តំណាង​របស់​​ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ” (កូឡ ១,១៥) “ជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និង​មាន​លក្ខណៈ​ដូចព្រះអង្គបេះបិទ” (ហប ១,៣)។

២៤២. យោងតាមការបញ្ជូនបន្តដែលមកពីក្រុមគ្រីស្តទូត ព្រះសហគមន៍បានប្រកាស នៅឆ្នាំ៣២៥ នៅ​មហាសន្និបាត​សកលដំបូងនៃទីក្រុងនិសេថា ព្រះបុត្រា “រួមសភាព” ជាមួយព្រះបិតា គឺ​ជាព្រះជាម្ចាស់​​តែ​មួយ​ជាមួយ​ព្រះអង្គ។ មហាស្និបាតសកលទីពីរ នៅទីក្រុងកុងស្តង់ទីណូប នៅ​ឆ្នាំ៣៨១ បានរក្សា​ទុក​ពាក្យសម្ដីនេះ នៅ​ក្នុងធម៌ប្រកាសជំនឿនៃនិសេ ហើយបានប្រកាសថា “ព្រះបុត្រាតែមួយ​នៃ​​ព្រះបិតា ហើយមានប្រភពពី​ព្រះ​បិតា មុនកាលសម័យទាំងអស់ ជាពន្លឺចេញពីពន្លឺ ជាព្រះជាម្ចាស់ដ៏​ពិតប្រាកដចេញពីព្រះជាម្ចាស់ដ៏ពិតប្រាកដដែរ ព្រះអង្គទទួល​ព្រះជន្ម​ពី​ព្រះបិតា​ ហើយមិនកើតដូច​សត្វ​លោក​ឡើយ ព្រះអង្គរួមសភាពជាមួយព្រះបិតា” (DS ១៥០)។

ព្រះវិញ្ញាណដ៏វិសុទ្ធសម្ដែងព្រះបិតានិងព្រះបុត្រា

២៤៣. មុនបុណ្យចម្លងរបស់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទុកជាមុនថា នឹងចាត់ “ព្រះដ៏ជួយ​ការពារ (ប៉ារ៉ាក្លេតូស - មេធាវី) គឺព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការតាំងពីកំណើតពិភពលោក (កណ ១,២) ទ្រង់មាន​​ព្រះបន្ទូល “តាមរយៈអស់លោកព្យាការី” (ធម៌ប្រកាសជំនឿនៃនីសេ/កុងស្តង់ទីណូប) គង់នៅជាមួយពួក​សាវ័ក និង​​នៅក្នុងពួកគេ​ (យហ ១៤,១៧) ដើម្បីប្រៀនប្រដៅ (យហ ១៤,២៦) និងណែ​នាំគេឆ្ពោះទៅ “សេចក្ដី​ពិត​​គ្រប់​ជំពូក” (យហ ១៦,១៣)។​ ដូច្នេះហើយ បានជាព្រះជាម្ចាស់សម្ដែងព្រះវិញ្ញាណ​ដ៏​វិសុទ្ធជា​ព្រះ​​មួយ​អង្គ​ទៀត​​ដូចព្រះយេស៊ូ និងព្រះបិតាផងដែរ។

២៤៤. បេសកកម្មនៅលើផែនដីរបស់ព្រះវិញ្ញាណដ៏វិសុទ្ធសម្ដែងប្រភពអស់កល្បជានិច្ចរបស់ព្រះអង្គ។ ទាំង​ព្រះ​បិតា ក្នុងព្រះនាមព្រះបុត្រា ទាំងព្រះបុត្រាផ្ទាល់ នៅពេលឡើងទៅឯព្រះបិតាវិញរួចហើយ ចាត់​ព្រះវិញ្ញាណ​ដ៏​​​វិសុទ្ធ​​ឱ្យ​យាងមករកក្រុមគ្រីស្តទូត និងព្រះសហគមន៍ផង (យហ ១៤,២៦ ; ១៥,២៦ ; ១៦,១៤)។​ ពេល​ព្រះ​​ជាម្ចាស់​ចាត់​ព្រះ​​វិញ្ញាណ​ដ៏វិសុទ្ធ​ឱ្យ​យាងមក ក្រោយពីព្រះយេស៊ូបានទទួលសិរីរុងរឿង (យហ ៧,៣៩) ព្រះ​អង្គ​​ក៏សម្ដែងគម្រោងការដ៏លាក់កំបាំងនៃ​ព្រះត្រៃឯកដ៏វិសុទ្ធ​បាន​គ្រប់​លក្ខណៈ។

២៤៥. មហាសន្និបាតសកលទីពីរបានប្រកាសជំនឿ ដែលមកពី​ក្រុម​គ្រីស្តទូត ​លើព្រះ​វិញ្ញាណ នៅទី​ក្រុង​​កុងស្តង់ទីណូប នៅឆ្នាំ៣៨១៖ “យើងជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រទានជីវិត និងជាអម្ចាស់​ដែល​ហូរ​ចេញ​ពីព្រះបិតា​” (DS ១៥០)។​ ព្រះសហគមន៍ទទួលស្គាល់ថា ព្រះបិតាជា “ប្រភព​និងដើម​កំណើត​នៃ​ព្រះ​ជាម្ចាស់​​ទាំង​ស្រុង” (DS ៤៩០)។ ក៏ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធមានប្រភពអស់កល្បជានិច្ច ដែលទាក់ទងនឹងប្រភពអស់កល្បជានិច្ចរបស់​ព្រះបុត្រា​​ដែរ៖ “ព្រះ​វិញ្ញាណ​​ដ៏​វិសុទ្ធ ដែលជាព្រះអង្គទីបីនៃព្រះត្រៃឯក ជាព្រះជាម្ចាស់តែមួយ​ព្រះអង្គ ដែលមាន​ឋានៈ​ស្មើ​នឹង​​ព្រះ​បិតា​​និង​​ព្រះបុត្រា ដែលមានសារធាតុ និងសភាពដូចគ្នា (...) ប៉ុន្តែ​យើងមិននិយាយ​ថា ព្រះវិញ្ញាណជា​ព្រះ​វិញ្ញាណ​​​​របស់​​ព្រះបិតាតែប៉ុណ្ណោះ ថែមទាំងជាព្រះវិញ្ញាណ​របស់​ព្រះបិតា​​ផង និងរបស់ព្រះបុត្រាផងដែរ” (DS ៥២៧)។ ធម៌ប្រកាស​ជំនឿ​របស់មហាស្និបាតកុងស្តង់ទីណូប​ប្រកាស​ថា៖ “ព្រះ​វិញ្ញាណដ៏វិសុទ្ធទទួល​ការក្រាប​ថ្វាយ​​បង្គំ និងសិរីរុងរឿង​ស្មើ​នឹងព្រះបិតា​ និង​ព្រះបុត្រា” (DS ១៥០)។

២៤៦. ការបញ្ជូនបន្តនៃធម៌ប្រកាសជំនឿ នៅបស្ចិមប្រទេសប្រកាសថា ព្រះវិញ្ញាណ “ហូរចេញពី​ព្រះបិតា ​​​និង​ព្រះបុត្រាផង (filioque )”។​ មហាស្និបាតនៃទីក្រុងហ្ល្វូរង់ នៅឆ្នាំ១៤៣៨ ពន្យល់លម្អិតថា៖ “ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​មាន​​សភាវៈពីព្រះបិតាផង​ ពីព្រះបុត្រាផង ហើយហូរចេញអស់កល្បជានិច្ចពីព្រះបិតា ដូចពីព្រះបុត្រាដែរ... ដោយសារព្រះបិតាបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាតែមួយរបស់ព្រះអង្គ​ លើកលែងតែលក្ខណៈ​ពិសេស​​​របស់ព្រះបិតា ព្រះបុត្រាក៏​បាន​ទទួល​ការ​ហូរ​ចេញ​របស់ព្រះវិញ្ញាណដ៏វិសុទ្ធនោះ ​ពីព្រះបិតាព្រះអង្គដែរ” (DS ១៣០០-១៣០១)។​​​ ​

២៤៧. ការប្រការថា ព្រះវិញ្ញាណ “ហូរចេញពី​ព្រះបិតា​​​ និង​ព្រះបុត្រាផង (filioque) មិនស្ថិតនៅក្នុងធម៌ប្រកាសជំនឿនៃទីក្រុងកុងស្តង់ទីណូបនៅឆ្នាំ៣៨១ ប៉ុន្តែ តាមប្រពៃណីបុរាណ ដែលមកពីពួកឡាតាំង​ និងពួកអាឡិចសង់ឌ្រី សម្ដេចប៉ាប សន្តឡេអុង បានប្រកាសថា ជាគោលការណ៍ នៅឆ្នាំ៤៤៧ មុនទីក្រុងរ៉ូមស្គាល់ និងទទួលនៅមហាសន្និបាតកាលសេដូន នៅឆ្នាំ៤៥១ ធម៌ប្រកាសជំនឿនៃឆ្នាំ៣៨១។ បន្តិចម្តងៗ គេធ្លាប់ប្រើប្រាស់ប្រការនេះនៃធម៌ប្រកាសជំនឿ ក្នុងពិធីបុណ្យខាងបស្ចិមប្រទេស (រវាងសតវត្សទី៨ ​និងទី១១) ប៉ុន្តែ ដោយសារពិធីបុណ្យខាងបស្ចិមប្រទេសបានបញ្ចូល filioque នេះ ក្នុងធម៌ប្រកាសជំនឿនៃនិសេ/កុងស្ដង់ទីណូប ព្រះសហគមន៍ អ័រតូដុក និងព្រះសហគមន័កាតូលិកមិនទាន់បានឯកភាពនៅឡើយ។

២៤៨. ការបញ្ជូនបន្តខាងបូព៌ាប្រទេសសម្ដែងជាមុនថា ព្រះបិតាមានប្រភពមុនព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយប្រកាសថា ព្រះវិញ្ញាណ “ហូរចេញពីព្រះបិតា” (យហ ១៥,២៦) គេអះអាងថា ព្រះវិញ្ញាណហូរចេញ ពីព្រះបិតា ដោយ ព្រះបុត្រា (AG ២)។ ការបញ្ជូនបន្តខាងបស្ចិមប្រទេសសម្ដែងជាមុនថា ព្រះបិតា​ និងព្រះបុត្រារួមសភាព ដោយប្រកាសថា ព្រះវិញ្ញាណហូរចេញពីព្រះបិតាផង ពីព្រះបុត្រាផង (filioque)។ គេនិយាយ “បែបនេះ ត្រឹមត្រូវ” (DS១៣០២) ដ្បិតដោយសារព្រះអង្គនីមួយៗរួមសភាពអស់កល្បជានិច្ច ព្រះបិតាត្រូវតែជាប្រភពដំបូងនៃព្រះវិញ្ញាណ ព្រោះព្រះអង្គជា “គោលដំបូង ដែលគ្មានគោលដំបូងទេ” (DS ១៣៣១) ដោយសារព្រះអង្គជាព្រះបិតានៃព្រះបុត្រាតែមួយ ព្រះអង្គត្រូវតែរួមជាមួយព្រះបុត្រាធ្វើជា “គោលតែមួយ ដែលហូរចេញព្រះវិញ្ញាណដ៏វិសុទ្ធ” (DS 850)។ លុះត្រាតែព្រះសហគមន៍ខាងបស្ចិមប្រទេស និងខាងបូព៌ាប្រទេស មិនរឹតគោលការណ៍របស់ខ្លួនឱ្យតឹងពេកទេ ព្រះសហគមន៍ទាំងពីរនោះក៏បំពេញគ្នាទៅវិញទៅមក។

៣. លទ្ធិនៃជំនឿអំពីព្រះត្រៃឯកដ៏វិសុទ្ធ

ការបង្កបង្កើតគោលការណ៍អំពីព្រះត្រៃឯក

២៤៩. សេចក្ដីពិត ដែលព្រះជាម្ចាស់បានសម្ដែងអំពីព្រះត្រៃឯកដ៏វិសុទ្ធ ជាគ្រឹះនៃជំនឿដ៏រស់រវើករបស់ព្រះ​សហគមន៍ តាំងពីដើមដំបូង ជាពិសេសដោយសារបុណ្យជ្រមុជទឹក។ គោលការណ៍អំពីព្រះត្រៃឯក​មាននៅ​ក្នុង​​ក្បួន​​​ច្បាប់នៃពិធីជ្រមុជទឹក ក្នុងធម៌ទេសនា ការអប់រំជំនឿ និងការអធិដ្ឋានរបស់ព្រះសហគមន៍ ហើយ​នៅក្នុង​លិខិត​​ទាំងប៉ុន្មាន ដែលមកពីក្រុមគ្រីស្តទូត ដូចពាក្យជម្រាបសួរនេះដែលពិធីអរព្រះគុណព្រះជាម្ចាស់ផ្ដល់​សកី្ខភាព​ថា៖ “សូមឱ្យបងប្អូនទាំងអស់គ្នា ប្រកប​ដោយ​ព្រះហឫទ័យប្រណីសន្តោស របស់ព្រះអម្ចាស់​យេស៊ូ  ​គ្រីស្ត សូមឱ្យបងប្អូនបានប្រកបដោយ​សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងសូមឱ្យបងប្អូនបាន​រួមរស់​ជាមួយ​គ្នា​ដោយព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ផង” (២ករ ១៣,១៣) (១ករ ១២,៤-៦ ; អភ ៤,៤-៦)។

២៥០. ពីសតវត្សមួយទៅសតវត្សមួយ តាមរយៈមហាសន្និបាតបុរាណ ដោយមាន​ទេវវិទ្យា​របស់​គ្រូបាធ្យាយ​ និងជំនឿរបស់គ្រីស្តបរិស័ទជួយគាំទ្រ ព្រះសហគមន៍បានព្យាយាមពន្យល់អំពីជំនឿលើ​ព្រះត្រៃឯក កាន់តែច្បាស់ឡើងៗ ដើម្បី​​​​​ឈ្វេងយល់អំពីជំនឿកាន់តែស៊ីជម្រៅ និងដើម្បីការពារជំនឿនោះពី​កំហុស​ផ្សេងៗផង។

២៥១. ដើម្បីបង្កើតគោលការណ៍នៃព្រះត្រៃឯក ព្រះសហគមន៍បានបង្កើតពាក្យថ្មី ដោយប្រើគំនិតខាងទស្សនវិទ្យា៖ “សារធាតុ” “បុគ្គល” “អង្គ” “ទំនាក់ទំនង”​ ជាដើម។ ធ្វើដូច្នោះ ព្រះសហគមន៍មិនបានបញ្ចុះជំនឿក្រោមប្រាជ្ញារបស់មនុស្សទេ ប៉ុន្តែបានផ្ដល់អត្ថន័យថ្មី និងយ៉ាងអស្ចារ្យដល់ពាក្យទាំងអស់នោះ ដែលសំដៅទៅលើអាថ៌កំបាំងដ៏ប្លែកអស្ចារ្យ “លើសពីអ្វីៗទាំងអស់ ដែលប្រាជ្ញាមនុស្សយើងអាចនឹកគិតដល់ទៅទៀត” (SPF ២)។

២៥២. ព្រះសហគមន៍ប្រើពាក្យ “សារធាតុ”​(ឬ “សភាវៈ” ឬ “សភាព”) សំដៅទៅលើព្រះជាម្ចាស់​ជា​ព្រះ​​តែ​មួយ​ព្រះ​អង្គ ប្រើពាក្យ “បុគ្គល” ឬ “អង្គ” សម្ដែងថា ​ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធជាអង្គខុសប្លែកពីគ្នា ហើយ​ពាក្យ​ “ទំនាក់ទំនង”​ សម្ដែង​ថា ព្រះអង្គទាំងបីអង្គខុសពីគ្នា ព្រោះតែទំនាក់ទំនងរវាងគ្នានិងគ្នា។

គោលការណ៍នៃព្រះត្រៃឯក

២៥៣. ព្រះត្រៃឯកមានតែមួយព្រះអង្គ ។​ យើងមិនប្រកាសថា មានព្រះជាម្ចាស់បីអង្គទេ តែព្រះ​ជាម្ចាស់​​តែ​មួយ ដែល​មានព្រះបីអង្គ គឺ “ព្រះបិតា ព្រះបុត្រា​ និងព្រះវិញ្ញាណដ៏វិសុទ្ធរួមសភាពជាមួយគ្នា” (DS ៤២១)។​ ព្រះទាំង​បី​អង្គ​​មិនបែង​​ចែក​ពី​លក្ខណៈជាព្រះជាម្ចាស់រវាងគ្នានិងគ្នាទេ តែព្រះអង្គនីមួយៗជាព្រះជាម្ចាស់​ទាំង​​ស្រុង៖ “ព្រះបិតា​ជា​សភាព​របស់​​ព្រះបុត្រា ព្រះបុត្រាជាសភាពរបស់ព្រះបិតា ហើយព្រះបិតា​និងព្រះបុត្រា​ជា​សភាពរបស់ព្រះវិញ្ញាណ​ដ៏វិសុទ្ធ គឺ​ព្រះជាម្ចាស់តែមួយព្រះអង្គ” (DS ៥៣០)។ ព្រះអង្គនីមួយៗមានសារធាតុ សភាវៈ ឬសភាពរបស់​ព្រះ​ជាម្ចាស់” (DS ៨០៤) ។

២៥៤. ព្រះអង្គនីមួយៗខុសប្លែកពីគ្នាទៅវិញទៅមក យ៉ាងពិតប្រាកដ​ ។ “ព្រះជាម្ចាស់មានតែមួយ ប៉ុន្តែ​ព្រះអង្គ​មិន​​មែន​តែ​​ម្នាក់​ឯង​ទេ” (DS ៧១)។​ “ព្រះបិតា” “ព្រះបុត្រា” “ព្រះវិញ្ញាណដ៏វិសុទ្ធ” មិនគ្រាន់តែជានាមសម្ដែង​លក្ខណៈ​​​ផ្សេងៗ​​ពីព្រះជាម្ចាស់ទេ ដ្បិតព្រះអង្គនីមួយៗខុសប្លែកពីគ្នាយ៉ាង​​ពិត​​​ប្រាកដ៖​ “ព្រះអង្គ​ដែល​​ជា​ព្រះបុត្រា​មិនមែនជាព្រះបិតា​ ព្រះអង្គដែលជាព្រះបិតាមិនមែន​ជា​ព្រះបុត្រា ហើយព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មិន​មែន​​​ជា​ព្រះបិតា​ ឬព្រះបុត្រាឡើយ” (DS ៥៣០)។ ព្រះអង្គខុសប្លែកពីគ្នាមកពី​ទំនាក់ទំនង​ដើម​ដំបូង​រវាង​គ្នា​និង​គ្នា៖ “ព្រះបិតាផ្ដល់​ព្រះជន្ម ព្រះបុត្រាទទួលព្រះជន្ម ហើយព្រះវិញ្ញាណ​ដ៏វិសុទ្ធ​​ហូរចេញ” (DS ៨០៤)។ ឯកភាព​នៃព្រះជាម្ចាស់មានបីដង​ ។

២៥៥. ព្រះអង្គនីមួយៗពឹងផ្អែកលើគ្នាទៅវិញទៅមក ។ ភាពខុសគ្នាយ៉ាងពិតប្រាកដរវាងព្រះអង្គនីមួយៗ ស្ថិតតែ​នៅ​ក្នុង​ទំនាក់ទំនង ដែលមានរវាងព្រះអង្គនីមួយៗ ហើយមិនបំបែកព្រះជាម្ចាស់ឡើយ៖ “ព្រះនាម​ព្រះបិតាយោង​តាម​ព្រះបុត្រា ព្រះនាមព្រះបុត្រាយោងតាមព្រះបិតា ហើយព្រះវិញ្ញាណដ៏​វិសុទ្ធ​យោង​តាមព្រះអង្គទាំងពីរនោះ។ ទោះ​បីយើងនិយាយអំពីទំនាក់ទំនងរវាងព្រះទាំងបីអង្គយ៉ាង​ណា​ក៏ដោយ ក៏យើងជឿថា មានសភាព ​ឬសារធាតុតែ​មួយ​​ដែរ” (DS ៥២៨)។ “នៅក្នុងអង្គព្រះអង្គនីមួយៗ មានសភាព​តែមួយ លើកលែងតែ​នៅពេល​ទំនាក់​ទំនង​រវាង​ព្រះអង្គ​​នីមួយៗ​ផ្សេងៗ​ពីគ្នា” (DS ១៣៣០)។​​ “ដោយសារ​ឯកភាពនោះ ព្រះបិតាស្ថិតទាំងស្រុងក្នុងព្រះបុត្រា និង​​ស្ថិត​ទាំងស្រុងក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធដែរ ព្រះបុត្រាស្ថិតទាំង​ស្រុង​​​ក្នុងព្រះបិតា និងស្ថិតទាំងស្រុងក្នុងព្រះ​វិញ្ញាណ​​ដ៏​វិសុទ្ធដែរ ហើយ​ព្រះវិញ្ញាណដ៏វិសុទ្ធស្ថិតទាំង​ស្រុង​​ក្នុងព្រះបិតា ទាំងស្រុងក្នុងព្រះបុត្រាផងដែរ” (DS ១៣៣១)។

២៥៦. សន្ត គ្រេគ័រ នៃណាស៊ីអង់ ដែលគេហៅថា​ “ទេវវិទូ”​​ ដែរ ប្រគល់សេចក្ដីសង្ខេបនៃជំនឿអំពីព្រះត្រៃឯកឱ្យអ្នកស្វែងយល់ នៅទៅក្រុងកុងស្តង់ទីណូប៖
មុនអ្វីៗទាំងអស់ សូមអ្នករាល់គ្នាជួយថែរក្សាបញ្ញត្តិដ៏ល្អប្រសើរនេះ។ ខ្ញុំរស់ តស៊ូ និងចង់ស្លាប់ចំពោះបញ្ញត្តិនេះ ដែលធ្វើឱ្យខ្ញុំរងទុក្ខលំបាកទាំងអស់ និងប្រមាថមើលងាយភាពសប្បាយភ្លើតភ្លើនសព្វគ្រប់៖ ខ្ញុំចង់និយាយអំពីធម៌ប្រកាសជំនឿលើព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។​ ខ្ញុំប្រគល់ធម៌ប្រកាសនេះ ឱ្យអ្នករាល់គ្នានៅថ្ងៃនេះ។ ដោយសារធម៌ប្រកាសជំនឿនេះ បន្តិចទៀតនេះ ខ្ញុំនឹងជ្រមុជអ្នករាល់គ្នាក្នុងទឹក ហើយលើកអ្នករាល់គ្នាចេញមកវិញ។ ខ្ញុំសូមជូនធម៌ប្រកាសនេះ ទៅអ្នករាល់គ្នា ធ្វើជាមិត្តសម្លាញ់ និងគំរូពេញមួយជីវិតរបស់អ្នករាល់គ្នា។ ខ្ញុំសូមជូនព្រះមួយព្រះអង្គប្រកបដោយតេជានុភាព ដែលមានព្រះជន្មគង់នៅតែមួយក្នុងអង្គទាំងបី ហើយដែលមានទាំងបីអង្គខុសប្លែកពីគ្នា គឺជាព្រះ ដោយគ្មានសារធាតុ ឬសភាវៈ ខុសប្លែកពីគ្នា (...) ជាព្រះជាម្ចាស់ទាំងស្រុងក្នុងព្រះទាំងបីអង្គ (...) ហើយទាំងបីអង្គរួមគ្នាជាព្រះជាម្ចាស់ (...)។ ខ្ញុំមិនទាន់បានចាប់ផ្តើមគិតទៅដល់ឯកភាព បានជាព្រះត្រៃឯកជ្រមុជខ្លួនខ្ញុំក្នុងសោភណភាពត្រចះត្រចង់របស់ព្រះអង្គ។ ខ្ញុំមិនទាន់បានចាប់ផ្តើមគិតដល់ព្រះត្រៃឯក បានជាឯកភាពអោបក្រសោបខ្លួនខ្ញុំរួចស្រេចទៅហើយដែរ។

៤. ព្រះរាជកិច្ចនិងបេសកកម្មរបស់ព្រះត្រៃឯក

២៥៧. “ឱ! ព្រះត្រៃឯកជាពន្លឺពោរពេញដោយសុភមង្គល ឱ!​​ ព្រះត្រៃឯកជាឯកភាពដ៏សំខាន់បំផុត!” (LH) ។​ ព្រះ​​​​​​ជាម្ចាស់ជាសុភមង្គល​អស់​កល្ប​ជានិ​​ច្ច ជីវិតអមតៈ និងពន្លឺដែលមិនចេះឱនថយ។ ព្រះជាម្ចាស់​ជាសេចក្ដី​ស្រលាញ់ គឺព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។​ ដោយមានសេរីភាព ព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​​​ប្រទាន​សិរីរុងរឿង​នៃព្រះជន្ម​ពោរពេញ​​ដោយ​សុភមង្គលរបស់ព្រះអង្គ។ នេះ​គឺ​ជា “គម្រោងការដ៏សប្បុរស” (អភ ១,៩) ដែល​​ព្រះអង្គបានទុកមុនកំណើតពិភពលោក នៅក្នុងព្រះបុត្រាជាទី​ស្រលាញ់​របស់ព្រះអង្គ ដោយ “តម្រូវ​​ទុក​ជាមុនឱ្យយើងធ្វើជាបុត្រធីតារបស់ព្រះអង្គ” ​(អភ ១,៤-៥) គឺ “ឱ្យ​មាន​លក្ខណៈដូចព្រះបុត្រា​របស់​ព្រះអង្គ" (រម ៨,១៥)។ គម្រោងការនេះ “មិនមែនមកពីអំពើ ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះទេ គឺ (...) ស្របតាម​ព្រះ​ហឫទ័យ​ប្រណី​​សន្តោស (...) តាំងពីមុនកាលសម័យទាំងអស់មកម្ល៉េះ” (២ធម ១,៩-១០) ដែលមកពីសេចក្ដី​ស្រលាញ់​របស់​​ព្រះត្រៃឯកតែម្តង។ គម្រោងការលាតត្រដាងនៅក្នុង​ស្នាព្រះហស្ត​នៃ​​កំណើតពិភពលោក នៅក្នុងប្រវិត្តនៃការសង្រ្គោះទាំង​អស់​ ក្រោយពីមនុស្សបានប្រព្រឹត្តអំពើបាប និង​នៅ​ក្នុងបេសកកម្មរបស់ព្រះបុត្រា និងព្រះ​វិញ្ញាណ ដែលបេសកកម្មរបស់ព្រះសហគមន៍បន្តតទៅទៀត (AG ២-៩)។

២៥៨. ការចាត់ចែងនៃការសង្រ្គោះនេះ ជាព្រះរាជកិច្ច​របស់ព្រះទាំងបីអង្គ ដ្បិត​ព្រះ​ត្រៃឯក​​មានសភាពតែមួយយ៉ាងណា ក៏ព្រះអង្គមានប្រតិបត្តិការតែមួយយ៉ាងនោះដែរ (DS ៤២១)។ “ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធមិនមែនជាគោលបីនៃសត្វលោក ប៉ុន្តែជាគោលតែមួយះ

“ (DS ១៣៣១)។​ ប៉ុន្តែ ព្រះអង្គ​នីមួយៗធ្វើការក្នុងព្រះរាជកិច្ច​តែមួយ តាមលក្ខណៈរៀងៗខ្លួន។​ ដូច្នេះហើយ បានជាព្រះសហគមន៍​ប្រកាស​​តាមសម្ពន្ធមេត្រីថ្មី​​ថា “អ្វីៗទាំងអស់មានប្រភពមកពីព្រះជាម្ចាស់ ជាព្រះបិតា អ្វីៗទាំងអស់មានសម្រាប់​ព្រះ​អម្ចាស់​​យេស៊ូគ្រីស្ត ហើយ​អ្វីៗ​ទាំងអស់ស្ថិតនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”  (DS ៤២១)។ លក្ខណៈ​រៀងៗ​ខ្លួន​របស់​ព្រះអង្គនីមួយៗ​មកពីបេសកកម្មរបស់​ព្រះបុត្រា​ដែលប្រសូតជាមនុស្ស និងពី​ព្រះអំណោយទានរបស់ព្រះវិញ្ញាណ​ដ៏​​វិសុទ្ធ។

២៥៩. ការចាត់ចែងនៃការសង្រ្គោះនេះជាព្រះរាជកិច្ចរួមផង និងជាព្រះរាជកិច្ចរបស់ព្រះមួយអង្គៗផង ហើយ​ធ្វើឱ្យមនុស្សស្គាល់លក្ខណៈរបស់ព្រះទាំងបីអង្គ និងសភាពតែមួយរបស់ព្រះអង្គទាំងនោះដែរ។​ ដូច្នេះ​ហើយ បាន​ជា​គ្រីស្តបរិស័ទរួប​រួមជាមួយព្រះមួយអង្គៗ ដោយមិនបំបែកព្រះអង្គឡើយ។ អ្នកលើកតម្កើងព្រះបិតា លើកតម្កើងព្រះអង្គ តាមរយៈព្រះគ្រីស្ត និងក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកដើរតាមព្រះគ្រីស្តដើរតាមព្រះអង្គ ព្រោះព្រះបិតា​ទាក់ទាញ​ចិ​ត្តគេ (យហ ៦,៤៤) ដោយសារព្រះវិញ្ញាណជំរុញគេផងដែរ (រម ៨,១៤)។

២៦០. ព្រះជាម្ចាស់បានតម្រូវទីបញ្ចប់បំផុតនៃការចាត់ចែងនៃការសង្រ្គោះ គឺឱ្យសត្វលោកចូលរួម​ចំណែកក្នុង​ឯកភាព​​ល្អ​​ឥត​ខ្ចោះ​​​​​នៃព្រះត្រៃឯកពោរពេញដោយសុភមង្គល (យហ ១៧,២១-២៣)។ ប៉ុន្តែ ចាប់តាំងពីឥឡូវនេះទៅ​ ព្រះជាម្ចាស់ត្រាស់ហៅយើង​ឱ្យ​​ទទួលព្រះត្រៃឯកដ៏វិសុទ្ធបំផុត៖​ “អ្នកណាស្រលាញ់ខ្ញុំ អ្នកនោះនឹង​ប្រតិបតិ្ត​តាម​​​ពាក្យខ្ញុំ។​ ព្រះបិតាខ្ញុំ​នឹង​ស្រលាញ់​អ្នកនោះ ហើយព្រះបិតានិងខ្ញុំក៏នឹងមកតាំងទីលំនៅនៅក្នុងអ្នក​នោះ​ដែរ” (យហ ១៤,២៣)។

ឱព្រះជាម្ចាស់អើយ! ព្រះត្រៃឯកដែលខ្ញុំគោរពក្រាបថ្វាយបង្គំ! សូមព្រះអង្គជួយឱ្យខ្ញុំម្ចាស់បំភ្លេចខ្លួនខ្ញុំម្ចាស់ផ្ទាល់ទាំងស្រុងទៅ ដើម្បីឱ្យខ្ញុំម្ចាស់បានតាំងនៅស្ងៀមយ៉ាងស្ងប់ស្ងាត់ជាមួយព្រះអង្គ​ ហាក់ដូចជាព្រលឹងរបស់ខ្ញុំម្ចាស់បានទៅដល់ស្ថានបរមសុខរួចហើយ។ ឱព្រះអង្គដែលមិនប្រែប្រួលអើយ! សូមកុំឱ្យគ្មានអ្វីមួយរំខានសេចក្ដីសុខសាន្តរបស់ខ្ញុំម្ចាស់ និងធ្វើឱ្យខ្ញុំម្ចាស់ឃ្លាតឆ្ងាយពីព្រះអង្គឡើយ ប៉ុន្តែ សូមឱ្យគ្រប់នាទីទាំងអស់នាំឱ្យខ្ញុំម្ចាស់ចូលក្នុងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះអង្គយ៉ាងជ្រាលជ្រៅ! សូមប្រោសប្រទានឱ្យព្រលឹងខ្ញុំម្ចាស់បានសេចក្ដីស្ងប់ផង។ សូមព្រះអង្គទុកឱ្យព្រលឹងខ្ញុំម្ចាស់ទៅជាស្ថានបរមសុខ ជាព្រះដំណាក់ដ៏ជាទីស្រលាញ់ និងជាទីកន្លែងសម្រាករបស់ព្រះអង្គផង។ សូមកុំឱ្យខ្ញុំម្ចាស់មិនដែលបោះបង់ព្រះអង្គចោលទេ ប៉ុន្តែសូមឱ្យខ្ញុំម្ចាស់បាននៅទីនោះទាំងស្រុង ដោយមានជំនឿមាំមួន ដោយក្រាបថ្វាយបង្គំព្រះអង្គ និងដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ ដែលកំពុងបង្កើតខ្ញុំម្ចាស់ (សន្តី អេលីសាបិត នៃព្រះត្រៃឯក)។

 សង្ខេប

២៦១. អាថ៌កំបាំងនៃព្រះត្រៃឯកជាអាថ៌កំបាំងដ៏សំខាន់ៗនៃជំនឿ និងការរស់នៅជាគ្រីស្តបរិស័ទ។ មាន​​​តែព្រះជាម្ចាស់ទេ ដែលអាចនាំឱ្យយើងស្គាល់ ដោយសម្ដែងព្រះអង្គជាព្រះបិតា​ ព្រះបុត្រា និងព្រះ​វិញ្ញាណដ៏វិសុទ្ធ។

២៦២. ព្រះបុត្រារបស់ព្រះជាម្ចាស់ប្រសូតជាមនុស្សសម្ដែងឱ្យយើងដឹងថា ព្រះជាម្ចាស់ជាព្រះបិតា​អស់កល្បជានិច្ច ហើយព្រះបុត្រារួមសភាពជាមួយព្រះបិតា ពោលគឺព្រះបុត្រារួមជាមួយព្រះបិតា និងនៅក្នុងអង្គ​ព្រះ​អង្គ ជាព្រះជាម្ចាស់ដដែលតែមួយព្រះអង្គគត់។

២៦៣. បេសកកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាបានចាត់ឱ្យយាងមកក្នុងព្រះនាមនៃព្រះ​បុត្រា (យហ ១៤,២៦) ហើយដែលព្រះបុត្រា បានចាត់ “ពីព្រះបិតា” (យហ ១៤,២៦) សម្ដែងថា ព្រះវិញ្ញាណរួមជាមួយព្រះបិតា និងព្រះបុត្រា ជាព្រះជាម្ចាស់តែមួយព្រះអង្គគត់។ “ព្រះវិញ្ញាណទទួលការក្រាបថ្វាយបង្គំ និងសិរីរុងរឿងស្មើនឹងព្រះបិតា និងព្រះបុត្រា”។

២៦៤. ព្រះវិញ្ញាដ៏វិសុទ្ធហួសចេញមកពីព្រះបិតា ដែលជាប្រភពដើម ដោយសារព្រះបិតា​ប្រទានព្រះ​វិញ្ញាណ​ឱ្យព្រះបុត្រាតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ ព្រះវិញ្ញាណក៏ហូសចេញមកពីព្រះបិតា និង ព្រះបុត្រាដែលរួមជាមួយគ្នាជាធ្លុងតែមួយ” (សន្ត អូគូស្តាំង)។

២៦៥. ដោយសារពិធីជ្រមុជទឹក “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ព្រះជាម្ចាស់​ត្រាស់​ហៅយើងឱ្យរួមរស់ជាមួយព្រះត្រៃឯកពោរពេញទៅដោយសុភមង្គល នៅលើផែនដីនេះក្នុងភាពងងឹតនៃ​ជំនឿ និងក្នុងពន្លឺអស់កល្បជានិច្ច ក្រោយពេលស្លាប់ (SPF ៩)។

២៦៦. “ជំនឿកាតូលិកមានដូចតទៅ៖ គឺគោរពក្រាបថ្វាយបង្គំព្រះជាម្ចាស់តែមួយក្នុងអង្គព្រះត្រៃឯក ហើយព្រះត្រៃឯកក្នុងឯកភាព ដោយមិនភ័ន្តច្រឡំអង្គនីមួយៗ ដោយមិនបែងចែក​សារធាតុឡើយ ដ្បិត​ព្រះ​បិតា​ខុសប្លែកពីព្រះបុត្រា និងព្រះវិញ្ញាណ ព្រះបុត្រាខុសប្លែកពីព្រះបិតា និងព្រះវិញ្ញាណ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ខុស​ប្លែកពីព្រះបិតា និងព្រះបុត្រា ប៉ុន្តែព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះជា​ម្ចាស់តែមួយ ដែល​មាន​សិរីរុងរឿងស្មើគ្នា ពោរពេញទៅដោយភាពថ្កុំថ្កើងអស់កល្បជានិច្ច” (Quicumque)។

២៦៧. ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធមិនអាចបែងចែកផ្តាច់ពីគ្នាបានឡើយ។​ ប៉ុន្តែ ក្នុងការ​ប្រតិបត្តិតែមួយរបស់ព្រះជាម្ចាស់ ព្រះអង្គនីមួយៗសម្ដែងលក្ខណៈផ្ទាល់នៅក្នុងអង្គព្រះត្រៃឯក ជាពិសេសក្នុង​បេសកកម្ម​​របស់​ព្រះបុត្រាប្រសូតជាមនុស្ស និងក្នុងការប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ។

កថាខណ្ឌទី៣៖ ព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ

២៦៨. ក្នុងចំណោមលក្ខណៈទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ មានតែឫទ្ធានុភាពរបស់ព្រះអង្គ ដែល​មានថ្លែង​ក្នុង​​​ធម៌ប្រកាសជំនឿ។ យើងជឿថា​ ឫទ្ធានុភាពសព្វប្រការរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុង​សកល​លោក​ទាំងមូល គឺ​ព្រះ​ជាម្ចាស់ ដែលបានបង្កើតអ្វីៗទាំងអស់ (កណ ១,១ ; យហ ១,៣) គ្រប់គ្រងលើអ្វីៗទាំងអស់ និង​អាច​ធ្វើ​អ្វីៗ​ទាំង​​អស់​​ផងដែរ។ ឫទ្ធានុភាព​សព្វ​ប្រការរបស់ព្រះអង្គប្រកបដោយសេចក្ដីស្រលាញ់ ព្រោះ​ព្រះ​ជាម្ចាស់​ជាព្រះបិតា​របស់​យើង (មថ ៦,៩) ហើយ​ឫទ្ធានុភាព​សព្វប្រការរបស់ព្រះអង្គជាអាថ៌កំបាំង ដ្បិតមាន​តែ​ជំនឿទេ ដែលអាចយល់​ឃើញ​ឫទ្ធានុភាព​​សព្វប្រការ​នេះ​បាន នៅពេលដែល “ឫទ្ធានុភាពសព្វរបស់​ព្រះជាម្ចាស់លេច​ចេញមកយ៉ាងខ្លាំង​បំផុត​​ក្នុ​ង​មនុស្សទន់ខ្សោយ” (២ករ ១២,៩) (១ករ ១,១៨)។

“ព្រះអង្គធ្វើអ្វីក៏បាន តាមតែព្រះហឫទ័យរបស់ព្រះអង្គ” ​(ទន ១១៥,៣)

២៦៩. ព្រះគម្ពីរដ៏វិសុទ្ធប្រកាសជាច្រើនលើកច្រើនសាថា​ ព្រះជាម្ចាស់មានឫទ្ធានុភាពសព្វប្រការ​ក្នុងសកល​លោក​​​​ទាំងមូល ។ ព្រះគម្ពីរហៅព្រះជាម្ចាស់ជា “​ព្រះរបស់លោកយ៉ាកុប” (កណ ៤៩,២៤ ; អស ១,២៤) “ដ៏​ខ្លាំង​ពូកែ​ជានិច្ច” “គ្មាននរណាអាច​យក​​​​​ជ័យជំនះបាន” ជា “ព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង” “ប្រកប​ដោយ​​​ព្រះ​ចេស្ដា​​​បារមី” “ជាអ្នកចំបាំងដ៏ជំនាញ” (ទន ២៤,៨-១០)។ ដោយសារព្រះ​ជាម្ចាស់​ជាព្រះបង្កើត​ ព្រះ​ជាម្ចាស់​មាន​ឫទ្ធានុភាព​​​សព្វប្រការ “នៅលើផ្ទៃមេឃនិងនៅលើផែនដី” (ទន ១៣៥៦) ។ គ្មានការអ្វីដែល​ព្រះ​ជាម្ចាស់​ធ្វើមិនកើត​​ទេ (យរ ៣២,១៧ ; លក ១,៣៧) ហើយទ្រង់ក៏ប្រគល់ស្នាព្រះហស្តរបស់​ព្រះអង្គ​​​ឱ្យនរណាក៏បាន ស្រេចតែតាមព្រះហឫទ័យ​ព្រះអង្គ (យរ ២៧,៥)។ ព្រះអង្គជាព្រះអម្ចាស់នៃសកល​លោក​ទាំងមូល ដែលធ្វើតែតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច។ ព្រះអង្គ​ជាម្ចាស់នៃប្រវត្តិសាស្ត្រគ្រប់គ្រង​លើ​ចិត្ត​គំនិត និងកាលៈទេសៈនានាតាមព្រះហឫទ័យព្រះអង្គ (អធ ៤,១៧ខ ; សភ ២១,១)៖ “ព្រះអង្គ​អាច​​ប្រើ​ព្រះ​ចេស្ដា​ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ នៅពេលណាក៏បាន។ គ្មាននរណាអាចតទល់នឹងព្រះបារមីដ៏ខ្លាំង​ក្លា​របស់​ព្រះអង្គ​​បានទេ” (ប្រាញ ១១,២៣)។

“ព្រះជាម្ចាស់អាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់” (ប្រាញ ១១,២៣)

២៧០. ព្រះជាម្ចាស់ជាព្រះបិតា ប្រកបដោយឫទ្ធានុភាពសព្វប្រការ។ លក្ខណៈទាំងពីររបស់ព្រះជាម្ចាស់នោះ ​បំភ្លឺ​គ្នាទៅវិញទៅ​មក។​ ព្រះជាម្ចាស់សម្ដែងថា ជាព្រះបិតាប្រកបដោយឫទ្ធានុភាព ដោយយកចិត្តទុកដាក់នឹង​អ្វីៗ​​ដែលយើង​ត្រូវការ (មថ ៦,៣២) ដោយប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ (“យើងនឹង​ធ្វើជា​ឪពុក​របស់អ្នករាល់​គ្នា ហើយ​​អ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រីរបស់យើងដែរ។ នេះជាព្រះបន្ទូលរបស់ព្រះ​អម្ចាស់​ដ៏​មាន​​ព្រះចេស្ដា​លើ​សអ្វីៗ​ទាំងអស់” (២ករ ៦,១៨) ហើយដោយធម៌មេត្តាករុណា​ឥត​ព្រំដែនរបស់​ព្រះ​អង្គ ដ្បិតព្រះអង្គសម្ដែងនូវឫទ្ធានុភាពដ៏​ខាំង​ក្លា​ជា​​ទី​បំផុត នៅពេលព្រះអង្គស្ម័គ្រចិត្តលើកលែងទោសឱ្យរួចពីបាប។

២៧១. ព្រះជាម្ចាស់ប្រើឫទ្ធានុភាពសព្វប្រការរបស់ព្រះអង្គ ដោយគ្មានចិត្តលម្អៀងទេ៖ “នៅក្នុងអង្គព្រះអង្គ ឫទ្ធានុភាព​​និងសភាវៈ ព្រះហឫទ័យនិងប្រាជ្ញាឆ្លាតឈ្លាសវៃ ព្រះប្រាជ្ញាញ្ញាណនិងយុត្តិធម៌ រួមជាមួយគ្នាក្នុងធ្លុងតែ​មួយ ទើបគ្មានអ្វីដែលស្ថិតក្នុងឫទ្ធានុភាព​របស់ព្រះអង្គ ដែលមិនស្ថិតក្នុង​ព្រះហឫទ័យ​ដ៏សុចរិតរបស់​ព្រះអង្គ ឬ​ប្រាជ្ញា​ឆ្លាតឈ្លាសវៃប្រកបដោយព្រះប្រាជ្ញាញ្ញាណរបស់ព្រះអង្គ” (សន្ត ថូម៉ាស នៃអាកាំង)។

ព្រះជាម្ចាស់ហាក់ដូចជាគ្មានឫទ្ធានុភាពសោះ

២៧២. ពេលយើងដកពិសោធន៍អំពីអំពើអាក្រក់ និងទុក្ខលំបាក ពិបាកជឿថា ព្រះជាម្ចាស់មានឫទ្ធានុភាព​សព្វ​ប្រការ។​ ជួនកាលព្រះជាម្ចាស់ហាក់ដូចជានៅឆ្ងាយ មិនអាចឃាត់អំពើអាក្រក់ឱ្យកើតឡើងបានទេ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​​បាន​​សម្ដែងឫទ្ធានុភាពសព្វប្រការរបស់ព្រះអង្គ នៅពេលព្រះបុត្រារបស់ព្រះអង្គបានបន្ទាប​ខ្លួន មាន​ព្រះជន្ម​​មានជីវិតថ្មី និងបានឈ្នះអំពើអាក្រក់។ ហេតុនេះ ព្រះគ្រីស្ត ដែលត្រូវគេឆ្កាង ជា “ឫទ្ធានុភាព និង​ព្រះ​ប្រាជ្ញាញ្ញាណ​​របស់​ព្រះជាម្ចាស់។ អ្វីៗដែលមនុស្សលោកយល់ថា ជាគំនិតលេលារបស់ព្រះជាម្ចាស់ នោះប្រសើរលើស​ប្រាជ្ញា​​របស់​​មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថា ជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរ​លើ​​សកម្លាំង​​របស់មនុស្សដែរ” (១ករ ១,២៤-២៥)។ ពេលព្រះជាម្ចាស់​ប្រោស​ព្រះយេស៊ូ​ឱ្យ​មានព្រះជន្មរស់​ឡើង​វិញ និងឱ្យគង់នៅខាំងស្តាំព្រះអង្គ​ នៅស្ថាន​បរមសុខ ដែលខ្ពស់ជាងអ្វីៗគ្រប់យ៉ាង ព្រះបិតាក៏ “សម្ដែង​មហិទិ្ធឫទ្ធិ​​​​​​​នៃ​​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ក្លារបស់ព្រះអង្គ” “ជាប្រយោជន៍ដល់យើងជាអ្នកជឿ” (អភ ១,១៩-២២)។

២៧៣. មានតែអ្នកជឿ​​ប៉ុណ្ណោះ ដែលអាចឈ្វេងយល់អំពីអាថ៌កំបាំងនៃឫទ្ធានុភាពសព្វប្រការរបស់ព្រះជាម្ចាស់។​ អ្នក​​​​​​​ជឿ​​​សរសើរភាពទន់ខ្សោយរបស់ខ្លួនឯង ដើម្បីឱ្យឫទ្ធានុភាពរបស់ព្រះគ្រីស្តគង់សណ្ឋិតលើពួកគេ (២ករ ១២,៩ ; ភីល ៤,១៣)។ ព្រះ​នាង​​ព្រហ្មចារិនី​​ម៉ារី​ជាគំរូដ៏ល្អប្រសើរ ដ្បិតព្រះនាងបានជឿថា​ “គ្មានការអ្វី​ដែលព្រះជាម្ចាស់ធ្វើមិន​កើត​​ឡើយ” (លក ១,៣៧) ហើយព្រះនាងបានលើកតម្កើងសរសើរ​ព្រះអម្ចាស់ថា៖ “ព្រះដ៏មានឫទ្ធានុភាពបាន​សម្ដែង​​ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមព្រះអង្គពិតជាវិសុទ្ធមែន!” (លក ១,៤៩)។

២៧៤. “ដូច្នេះហើយ បានជាគ្មានអ្វីប្រសើរជាងការជឿជាក់ ដែលបានឆ្លាក់​យ៉ាងជ្រាលជ្រៅ​នៅក្នុង​ចិត្តគំនិត​យើង​ថា “គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតឡើយ” ដើម្បីពង្រឹងជំនឿ និងសេចក្ដីសង្ឃឹម​របស់​យើងទេ ដ្បិត​អ្វីៗ​ទាំងអស់ ដែលធម៌ប្រកាសជំនឿនឹងសុំឱ្យយើងជឿ ដូចជាការ​អស្ចារ្យ​ទាំង​​ប៉ុន្មាន ទោះជាធំយ៉ាងណាក្ដី មិន​អាចយល់បានក្ដី លើសពីច្បាប់ធម្មជាតិក្ដី ក៏ប្រាជ្ញាយើងនឹងងាយ​សុខចិត្ត​ទទួល​ ដោយមិនរួញរាឡើយឱ្យតែ​ប្រាជ្ញា​នេះ រិះគិតបន្តិចបន្តួចអំពីឫទ្ធានុភាពសព្វប្រការ​របស់ព្រះជាម្ចាស់” (CR)។

សង្ខេប

២៧៥. រួមជាមួយលោកយ៉ូប យើងប្រកាសថា៖ “ទូលបង្គំទទួលស្គាល់ថា ព្រះអង្គអាចធ្វើគ្រប់កិច្ចការ​ទាំងអស់បាន ហើយគ្មានការអ្វីមួយ ដែលធ្វើឱ្យព្រះអង្គទាល់ព្រះតំរិះឡើយ” (យប ៤២,២)។

២៧៦. ដោយស្មោះនឹងសក្ខីភាពនៃព្រះគម្ពីរ ព្រះសហគមន៍ឧស្សហ៍អធិដ្ឋានទៅ “ព្រះប្រកបដោយ​ឫទ្ធានុភាព​សព្វ​ប្រការ និងអស់កល្បជានិច្ច” (“omnipotens sempiterne Deus…”) ដោយជឿជាក់ថា “គ្មានកិច្ចការណាដែល​ព្រះ​ជា​ម្ចាស់​ធ្វើមិនកើតទេ” (កណ ១៨,១៤ ; លក ១,៣៧ ; មថ ១៩,២៦)។

២៧៧. ព្រះជាម្ចាស់សម្ដែងឫទ្ធានុភាពសព្វប្រការរបស់ព្រះអង្គ ដោយប្រោសយើងឱ្យកែប្រែចិត្ត គំនិត និងដោយប្រោសប្រណីយើងឱ្យរួមមេត្រីភាពជាមួយព្រះអង្គឡើងវិញ៖ “ព្រះអង្គសម្ដែងឫទ្ធានុភាព​ដ៏​ខ្លាំង​ខ្លា​របស់ព្រះអង្គ ដោយអត់ធ្មត់ខន្តីចំពោះអ្នកបាប និងអាណិតអាសូរគេជានិច្ច...” (MR ពាក្យអធិដ្ឋានចូលថ្ងៃអាទិត្យទី២៦)។

២៧៨. បើយើងមិនជឿថា សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ តើយើង​អាចជឿថា ព្រះបិតាបានបង្កើតយើង ព្រះបុត្រាបានសង្រ្គោះយើង ហើយព្រះវិញ្ញាណដ៏វិសុទ្ធបានប្រោស​យើង​ឱ្យ​បានវិសុទ្ធ យ៉ាងដូចម្ដេចកើត?

កថាខណ្ឌទី៤៖ ព្រះបង្កើត

២៧៩. “កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី” (កណ ១,១)។ ព្រះគម្ពីរដ៏​វិសុទ្ធ​ចាប់​ផ្ដើម​​​ជាមួយសេចក្ដី​យ៉ាងឧឡារិកនោះ។ ធម៌ប្រកាសជំនឿទទួលយកសេចក្ដីនោះដែរ ដោយ​ប្រកាសថា ព្រះ​ជាម្ចាស់​​​​​ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ​ ជា “ព្រះបង្កើតផ្ទៃមេឃ និងផែនដី” “ទាំងអ្វីៗដែលមើល​ឃើញ​និង​មើលមិនឃើញ”។ ជាដំបូង យើងនឹងនិយាយអំពីព្រះបង្កើត បន្ទាប់មកអំ​ពីការបង្កើត ទីបញ្ចប់ពីអំពើបាប ដែលព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ បានស្រោចស្រង់​​​យើង។

២៨០. ការបង្កើតជាមូលដ្ឋានគ្រឹះ របស់ “គម្រោងការទាំងអស់ក្នុងការសង្រ្គោះរបស់ព្រះជាម្ចាស់” ជា “ការ​ចាប់ផ្ដើមនៃ​ប្រវត្តិ​សាស្រ្ត​នៃការសង្រ្គោះ”​ (DCG ៥១) ដែលព្រះយេស៊ូគ្រីស្តជាកំពូល។ ផ្ទុយទៅវិញ គម្រោងការដ៏អស្ចារ្យ​របស់​​​ព្រះគ្រីស្ត​បំភ្លឺជា​ស្ថាពរគម្រោងការដ៏អស្ចារ្យនៃការបង្កើត ហើយសម្ដែងទីចុងក្រោយ ដែល​ព្រះជាម្ចាស់​​បាន​​រៀប​ចំទុក​ជា​​​មុន នៅពេល “កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី” (កណ ១,១) គឺ​កាល​ពីដើម​ដំបូង​​បង្អស់ ព្រះជាម្ចាស់តម្រូវទុកជាមុននូវសិរីរុងរឿង​នៃការ​បង្កើតថ្មី​ ក្នុងអង្គព្រះគ្រីស្ត (រម ៨,១៨-២៣)។

២៨១. ហេតុដូច្នេះហើយ បានជាអត្ថបទនៃរាត្រីបុណ្យចម្លង ដែលប្រារព្ធព្រះគ្រីស្តដែលបង្កើតអ្វីៗទាំងអស់សាជាថ្មី ចាប់ផ្ដើមដោយអានកំណើតពិភពលោក។ ក្នុងពិធីបុណ្យខាងបូព៌ាប្រទេស អត្ថបទនេះជាអត្ថបទទីមួយនៃដើមបុណ្យធំៗរបស់ព្រះអម្ចាស់។ តាមសក្ខីភាពរបស់ចាស់ៗ គេបង្រៀនអ្នកស្វែងយល់ ដើម្បីពិធីបុណ្យជ្រមុជទឹក តាមផ្លូវដដែល (អេថេរី ; សន្ត អូគូស្តាំង)

១. ការអប់រំជំនឿអំពីការបង្កើត

២៨២. ការអប់រំជំនឿអំពីការបង្កើតមានសារៈសំខាន់ណាស់ ជាមូលដា្ឋនគ្រឹះនៃជីវិត​របស់​មនុស្ស និង​​​របស់គ្រីស្តបរិស័ទ ដ្បិតជាចម្លើយនៃគ្រីស្តសាសនាអំពីសំណួរសំខាន់ៗ ដែលមនុស្សគ្រប់សម័យ​កាលបាន​ចោទ​សួរខ្លួនឯងថា៖ “តើមនុស្សយើងមកពីណា? តើមនុស្សយើងទៅណា?​ តើជីវិត​មនុស្ស​មាន​ប្រភព​មក​ពី​ណា? តើជីវិតមនុស្សមានគោលដៅអ្វីខ្លះ? តើអ្វីៗទាំងអស់ ដែលមាននៅក្នុងសកល​លោក​ទាំង​មូលបានមក​ពី​ណា និងទៅ​ឯណា?” ។ សំណួរទាំងពីរនោះ ដែលទាក់ទងនឹងប្រភព និងទី​បញ្ចប់​នៃ​ជីវិត មិន​អាច​​បំបែកគ្នា​បានឡើយ។ សំណួរ​​​ទាំង​ពីរនោះមានសារៈសំខាន់ណាស់ ចំពោះអត្ថន័យ និង​គោលដៅ​នៃ​ជីវិត​ ហើយដើម្បីបំពេញ​កិច្ចការ​របស់​​យើងផងដែរ។

២៨៣. អ្នកខាងវិទ្យាសាស្រ្តបានស្រាវជ្រាវយ៉ាងច្រើនអំពីសំណួរចង់ដឹងអំពីកំណើតពិភពលោក និហមនុស្ស ដែល​នាំឱ្យ​យើង​​ដឹងអំពីអាយុកាល និងទំហំនៃសកលលោក ការប្រែប្រួលនៃរូបដែលមានជីវិត និងការកើតមកជាមនុស្ស។​ ការ​រកឃើញនេះ នាំឱ្យយើងកាន់តែស្ងើចសរសើរព្រះជាម្ចាស់ជាព្រះបង្កើតដ៏ថ្កុំថ្កើង និងអរព្រះគុណព្រះអង្គចំពោះស្នាព្រះហស្តរបស់ព្រះអង្គ ហើយចំពោះប្រាជ្ញា និងប្រាជ្ញាញ្ញាណដែលព្រះអង្គប្រទានដល់អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវ។ ពួកគេអាចនិយាយជាមួយព្រះបាទសាឡូម៉ូនថា៖ “ព្រះអង្គប្រោសប្រទានឱ្យខ្ញុំស្គាល់ច្បាស់នូវអ្វីៗដែលមានក្នុងលោកនេះ គឺឱ្យខ្ញុំស្គាល់រចនាសម្ព័ន្ធនៃពិភពលោក និងសកម្មភាពរបស់ធាតុទាំងប្រាំ (...) ដ្បិតព្រះប្រាជ្ញាញ្ញាណដែលបានបង្កើតអ្វីៗទាំងអស់បានបង្រៀនខ្ញុំ” (ប្រាញ ៧,១៧-២១)។

២៨៤. ការស្រាវជ្រាវនេះមានផលប្រយោជន៍ដ៏សំខាន់ ដោយមានសំណួរមួយបែបផ្សេងទៀត ដែលមានលក្ខណៈហួសវិស័យវិទ្យាសាស្រ្តខាងធម្មជាតិ គឺគេមិនត្រឹមតែចង់ដឹងថា តើសកលលោកបានលេចចេញជារូបរាងនៅពេលណា ឬយ៉ាងដូចម្ដេច ឬតើមនុស្សមានកំណើតនៅពេលណាតែប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវតែរកឃើញអំពីអត្ថន័យនៃដើមកំណើតនេះ៖ តើកំណើតនេះ កើតឡើងដោយភាពចៃដន្យ ឬដោយសារព្រហ្មលិខិតងងឹតងងល់ ឬដោយសារតម្រូវការអនាមិក ឬក៏ដោយអ្នកដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយប្រាជ្ញាវៀងវៃ និងសប្បុរសធម៌ ដែលគេហៅថា ព្រះជាម្ចាស់។ ប៉ុន្តែ ប្រសិនបើពិភពលោកមកពីព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌របស់ព្រះជាម្ចាស់មែន ហេតុអ្វីបានជាមានអំពើអាក្រក់? តើអំពើអាក្រក់មកពីណា?​ តើនរណាជាអ្នកទទួលខុសត្រូវលើអំពើអាក្រក់នេះ? ហើយតើយើងអាចរួចផុតពីអំពើអាក្រក់នេះបាន ឬទេ?

២៨៥. តាំងពីដើម គ្រីស្តសាសនាបានជួបប្រទះនឹងចម្លើយប្លែកៗពីគ្នាទាក់ទងនឹងសំណួរអំពីកំណើតដំបូងនេះ។ ហេតុនេះ ក្នុងសាសនា និងវប្បធម៌បុរាណ រឿងប្រឌិតជាច្រើនទាក់ទងនឹងដើមកំណើតដំបូង។ ទស្សនវិទូខ្លះបានពោលថា អ្វីៗទាំងអស់ជាព្រះជាម្ចាស់ ពិភពលោកជាព្រះជាម្ចាស់ ឬការប្រែក្លាយនៃពិភពលោកជាការប្រែក្លាយនៃព្រះជាម្ចាស់ដែរ (pantheism)។ ទស្សនវិទូខ្លះទៀតបានពោលថា ពិភពលោកជាការហួសចេញជាចំបាច់របស់ព្រះជាម្ចាស់ ដែលចេញមកពីប្រភពនេះ និងវិលត្រឡប់ទៅឯប្រភពនេះវិញ។ ទស្សនវិទូខ្លះផ្សេងទៀតបានអះអាងថា មានគោលអស់កល្បជានិច្ចពីរ គឺសេចក្ដីល្អនិងសេចក្ដីអាក្រក់ ពន្លឺនិងភាពងងឹត ដែលប្រគួតប្រឆាំងគ្នាជាអាចិន្ត្រៃយ៍ (dualism, manicheism)។ បើគិតទៅតាមយោបល់ខ្លះនោះ ពិភពលោក (យ៉ាងហោចណាស់ក៏រូបធាតុ) អាក្រក់ ដោយសារភាពអាប់ឱនមួយ ហើយត្រូវបោះបង់ចោល ឬត្រូវរំលងពិភពលោកនេះ (gnosticism)។   ទស្សនវិទូខ្លះទៀតយល់ស្របថា ព្រះជាម្ចាស់បានបង្កើតពិភពលោក ប៉ុន្តែ ព្រះជាម្ចាស់បានបង្កើតពិភពលោកដូចជាជាងនាឡិកា គឺបង្កើតរួចហើយលែងចោល (deism)។ ទីបញ្ចប់ ទស្សនវិទូខ្លះទៀតមិនទទួលស្គាល់ដើមកំណើតដ៏ខ្ពង់ខ្ពស់បំផុតនៃពិភពលោកទេ ប៉ុន្តែ គេយល់ថា ជាការប្រមូលផ្ដុំនៃវត្ថុធាតុដូចៗគ្នា ដែលមានតាំងពីដើមរៀងមក ហើយនៅជាដរាបតរៀងទៅ (materialism)។ ការខិតខំទាំងប៉ុន្មាននោះ ផ្តល់សក្ខីភាពថា មនុស្សគ្រប់សម័យកាល និងគ្រប់ទិសទីតែងតែចង់ដឹងចង់ស្គាល់អំពីកំណើតនៃពិភពលោក។ មានតែមនុស្សទេ ដែលស្វែងរកអំពីសំណួរនេះ។

២៨៦. ប្រាជ្ញារបស់មនុស្សមានសមត្ថភាពអាចឆ្លើយនឹងសំណួរទាក់ទងនឹងប្រភពនៃជីវិតបាន ព្រោះ​ពន្លឺ​នៃ​​ប្រាជ្ញា​​​​មនុស្សអាចស្គាល់ព្រះជាម្ចាស់ជាព្រះបង្កើតយ៉ាងច្បាស់ តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គ (DS ៣០២៦) ទោះបី ចំណេះ​​​ដឹងនេះអាច​ភ័ន្តច្រឡំបានដែរ។ ហេតុនេះហើយ បានជាជំនឿបញ្ជាក់ និងបំភ្លឺប្រាជ្ញា ក្នុងការឈ្វេងយល់​ដ៏​​ត្រឹមត្រូវនៃសេចក្ដី​ពិត​នេះ៖ “ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន​បង្កើត​ពិភព​លោកមក។ ដូច្នេះ អ្វីៗ​ដែល​យើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗ ដែលមាន​រូបរាង​នោះ​ឡើយ” (ហប ១១,៣)។

២៨៧. សេចក្ដីពិតអំពីការបង្កើត ដែលសំខាន់បំផុតសម្រាប់ជីវិតមនុស្សលោក បានជាព្រះជាម្ចាស់សព្វព្រះហឫទ័យ​ប្រកប​​ដោយសប្បុរសធម៌ សម្ដែងឱ្យប្រជារាស្រ្តរបស់ព្រះអង្គ នូវអ្វីដែលត្រូវស្គាល់អំពីការបង្កើតនេះ ដើម្បី​ទទួល​​​ការ​សង្រ្គោះ។ លើសពីចំណេះដឹងតាមធម្មជាតិ ដែលមនុស្សអាចមានអំពីព្រះបង្កើត (កក ១៧,២៤-២៩ ; រម ១,១៩-២០) ព្រះជាម្ចាស់បាន​សម្ដែង​បន្តិច​​ម្តងៗ​ឱ្យជនជាតិអ៊ីស្រាអែលស្គាល់គម្រោងការដ៏អស្ចារ្យ​នៃ​ការ​បង្កើត។ ព្រះជាម្ចាស់បានជ្រើសរើសបុព្វបុរស ដែលបានធ្វើឱ្យជនជាតិអ៊ីស្រាអែលចាក​ចេញពីប្រទេស​អេស៊ីប ហើយបានជ្រើសរើស​ បង្កើត និងអប់រំ​ជនជាតិ​អ៊ីស្រាអែល ព្រះអង្គក៏សម្ដែងព្រះអង្គជា​ព្រះ​ដែល​ប្រជាជាតិ​ទាំងឡាយ និងផែនដីទាំងមូល ជាកម្មសិទិ្ធ ហើយជាព្រះតែមួយដែល “បាន​បង្កើត​មេឃ​និងដី” (ទន ១១៥,១៥ ; ១២៤,៨ ; ១៣៤,៣)។

២៨៨. ហេតុនេះហើយ បានជាយើងមិនអាចបំបែកសេចក្ដីដែលព្រះជាម្ចាស់សម្ដែងអំពីការបង្កើត​ ពីសេចក្ដី ​ដែល​​​ព្រះអង្គសម្ដែង ​ពេលទ្រង់ជាព្រះតែមួយចង​​សម្ព័ន្ធ​​មេត្រី​​​​​​ជាមួយនឹងប្រជាជនរបស់ព្រះអង្គបាន​ឡើយ។ ព្រះ​ជាម្ចាស់​​​សម្ដែង​ថា ការបង្កើតជាជំហ៊ានទីមួយឆ្ពោះទៅសម្ពន្ធមេត្រីនេះ ជាសក្ខីភាពដំបូងបង្អស់ និងសម្រាប់​មនុស្ស​​ទាំងអស់ អំពី​សេចក្ដី​ស្រលាញ់ដ៏មានឫទ្ធានុភាពសព្វប្រការរបស់ព្រះអង្គ (កណ ១៥,៥ ; យរ ៣៣,១៩-២៦)។ ហេតុ​នេះ សាររបស់អស់​លោក​ព្យាការី (អស ៤៤,២៤) ពាក្យ​អធិដ្ឋាន​​នៃទំនុកតម្កើង (ទន ១០៤) ពិធីបុណ្យ និងការពិចារណានៃព្រះ​ប្រាជ្ញាញ្ញាណ​របស់​ប្រជាជន​អ៊ីស្រាអែល (សភ ៨,២២-៣១) សម្ដែងយ៉ាង​ច្បាស់​នូវសេចក្ដីពិតនៃការបង្កើត។

២៨៩. ជំពូកទាំងបីដំបូងនៃកំណើតពិភពលោកមានសារៈសំខាន់ណាស់ ក្នុងចំណោមសេចក្ដីទាំង​អស់ដែល​មាន​​​ក្នុង​ព្រះគម្ពីរដ៏វិសុទ្ធ។ អត្ថបទនោះអាចមានប្រភពផ្សេងៗខាងអក្សរសាស្រ្ត។ អ្នកនិពន្ធ ដែល​មាន​ព្រះ​ជាម្ចាស់​​ជួយបំភ្លឺ បានដាក់អត្ថបទនោះ នៅខាងមុខព្រះគម្ពីរ ទើបអត្ថបទនោះសម្ដែង​យ៉ាងឧឡារិកអំ​ពី​សេចក្ដីពិត អំពីប្រភព និងទីបញ្ចប់នៃការបង្កើត ដែលមានក្នុងព្រះជាម្ចាស់ អំពីសណ្ដាប់​ធ្នាប់ និងសប្បុរសធម៌​នៃការ​បង្កើតនេះ អំពី​ការត្រាស់ហៅរបស់មនុស្ស អំពីអំពើបាប និងសេចក្ដី​សង្ឃឹម​នៃ​ការ​សង្រ្គោះ។ ពេលយើងអាន​អត្ថបទ​នោះ ក្រោម​ពន្លឺរបស់ព្រះគ្រីស្ត នៅក្នុងឯកភាពនៃព្រះ​គម្ពីរ​ដ៏វិសុទ្ធ និងក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃ​ព្រះសហគមន៍ សេចក្ដីទាំងអស់នោះ ​ជាប្រភពដ៏​សំខាន់ ដើម្បីបង្រៀនអំពីគម្រោងការដើមដំបូង គឺការបង្កើត អំពើបាប និងព្រះ​បន្ទូល​សន្យាអំ​ពីការ​សង្រ្គោះ។

២. ការបង្កើតជាស្នាព្រះហស្តរបស់ព្រះត្រៃឯក

២៩០. “កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី”៖​ ព្រះបន្ទូលនេះអះអាងនូវ​​សេចក្ដី​​​​បី​យ៉ាង គឺព្រះជាម្ចាស់អស់កល្បជានិច្ច បានបង្កើតអ្វីៗទាំងអស់ដែល​មាន​​ក្រៅ​ពី​ព្រះអង្គ។ មាន​តែព្រះ​ជាម្ចាស់​ជា​ព្រះ​បង្កើត (កិរិយាសព្ទ “បង្កើត” - ជាភាសាហប្រឺ បារ៉ា - តែង​តែ​មាន​ប្រធាន​តែ​មួយ គឺ​ព្រះជាម្ចាស់)។ អ្វីៗ​ទាំង​អស់​ដែលនៅ (ដែលពាក្យ “មេឃនិងដី”​ សំដៅ) ពឹង​ផ្អែកទៅលើព្រះ​ជាម្ចាស់ ដែលប្រទានជីវិត។

២៩១. “កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ (...) ហើយព្រះបន្ទូលជាព្រះជាម្ចាស់ (...) អ្វីៗ​សព្វ​​សារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយ កើតមកក្រៅពីព្រះអង្គ​បង្កើត​​នោះឡើយ” (យហ ១,១-៣)។ សម្ពន្ធមេត្រីថ្មីសម្ដែងថា ព្រះជាម្ចាស់បាន​បង្កើតអ្វីៗសព្វសារពើ ដោយសារ​ព្រះបន្ទូល​អស់កល្បជានិច្ច គឺព្រះបុត្រាដ៏ជាទីស្រលាញ់របស់​ព្រះអង្គ។ គឺនៅក្នុងអង្គព្រះបុត្រានេះ បានជា​ “ព្រះ​ជាម្ចាស់​​​បាន​បង្កើតអ្វីៗសព្វសារពើ ទាំងនៅស្ថាន​បរមសុខ ទាំងនៅលើផែនដី (...) ព្រះជាម្ចាស់បានបង្កើត​ទាំង​អស់​មក ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។ ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំង​អស់​ក៏​​​​នៅ​ស្ថិតស្ថេររួមគ្នា ​ដោយសារ​ព្រះអង្គដែរ” (កូឡ ១,១៦-១៧)។ ម្យ៉ាងទៀត ព្រះសហគមន៍ជឿថា ព្រះវិញ្ញាណដ៏វិសុទ្ធក៏ជាព្រះបង្កើតដែរ ព្រះអង្គ “ប្រទានជីវិត” (ធម៌ប្រកាសជំនឿនៅនិសេ/ កុងស្ដង់ទីណូប) ជា “ព្រះ​វិញ្ញាណ ​ជាព្រះបង្កើត” និងជា “ប្រភពនៃអំពើល្អគ្រប់យ៉ាង”។

២៩២. ក្បួនជំនឿរបស់ព្រះសហគមន៍អះអាងយ៉ាងច្បាស់ថា​ ព្រះបុត្រា និងព្រះវិញ្ញាណបង្កើតពិភពលោក​រួម​​ជាមួយ​​ព្រះបិតា ដូចសម្ពន្ធមេត្រីចាស់សម្ដែងដោយលាក់លៀម (ទន ៣៣,៦ ; ១០៤,៣០ ; កណ ១,២-៣) និង​សម្ព័ន្ធ​មេត្រីថ្មីលាតត្រ​​ដាង៖ “មាន​ព្រះជាម្ចាស់តែ​មួយ​ព្រះអង្គ (...) ព្រះអង្គជាព្រះបិតា ជាព្រះជាម្ចាស់ ជាព្រះបង្កើត ជាព្រះនៃដើម​កំណើត ជា​ព្រះដែលរៀបចំនូវអ្វីៗទាំង​អស់។ ព្រះអង្គបានធ្វើអ្វីៗទាំងអស់សព្វសារពើ ដោយ​ព្រះអង្គ​ផ្ទាល់  គឺ​ដោយ​ព្រះបន្ទូលរបស់ព្រះអង្គ និង​ព្រះប្រាជ្ញាញ្ញាណរបស់ព្រះអង្គ” “ដោយព្រះបុត្រា និង​ព្រះ​វិញ្ញាណ”​ ដែលបៀបធៀបដូចជា “ព្រះហស្តរបស់​ព្រះអង្គ” (សន្ត អ៊ីរ៉េណេ)។ ការបង្កើត​ជា​ស្នា​ព្រះហស្ត​រួម​នៃ​ព្រះ​ត្រៃឯក។

៣. “ព្រះជាម្ចាស់បានបង្កើតពិភពលោកសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ”

២៩៣. ព្រះគម្ពីរ  និងការបញ្ជូនបន្តនៅតែប្រៀនប្រដៅ និងលើកតម្កើងសេចក្ដីពិតដ៏សំខាន់នេះ៖ “ព្រះជាម្ចាស់​បាន​បង្កើតពិភពលោកសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ” (DS ៣០២៥)។​ សន្ត ប៉ូណាវង់ទឿ ពន្យល់ថា ព្រះ​ជាម្ចាស់​​បាន​បង្កើត​អ្វីៗទាំងអស់ “មិនមែនដើម្បីបន្ថែមសិរីរុងរឿង ប៉ុន្តែដើម្បីសម្ដែង និងប្រទានសិរីរុងរឿងនេះ” ដ្បិតពេលព្រះជាម្ចាស់បង្កើតព្រះអង្គគ្មានមូលហេតុផ្សេងក្រៅពីសេចក្ដីស្រលាញ់ និងសប្បុរសធម៌របស់ព្រះអង្គ៖ “គន្លឹះ​​នៃ​សេចក្ដីស្រលាញ់បានបើកព្រះហស្តរបស់ព្រះអង្គ ដើម្បីផលិតសត្វលោក” (សន្ត ថូម៉ាស នៃ  អាកាំង)។ មហាសន្និបាតវ៉ាទីកង់ទីមួយពន្យល់ថា៖ ដោយសារសប្បុរសធម៌ និងអំណាចពោរពេញទៅដោយឫទ្ធានុភាពសព្វប្រការ ព្រះជាម្ចាស់តែមួយពិតប្រាកដនេះ បានបង្កើតតាំងពីកំណើតនៃពេលវេលា ដោយមិនប្រើអ្វីសោះ សត្វលោកទាំងពីរនេះ គឺសត្វលោកខាងវិញ្ញាណ និងសត្វលោកខាងរូបកាយ តាមគម្រោងការដ៏សេរី។ ព្រះអង្គបានធ្វើដូច្នោះ មិនមែនដើម្បីពង្រឹងសុភមង្គលរបស់ព្រះអង្គ ឬដើម្បីឱ្យព្រះអង្គបានគ្រប់លក្ខណៈទេ ប៉ុន្តែព្រះអង្គមានព្រះហឫទ័យសម្ដែងសប្បុរសធម៌ និងអំណាចពោរពេញទៅដោយឫទ្ធានុភាពសព្វប្រការរបស់ព្រះអង្គនេះឱ្យសត្វលោករបស់ព្រះអង្គស្គាល់ (DS ៣០០២)។

២៩៤. ព្រះជាម្ចាស់សព្វព្រះហឫទ័យសម្ដែង និងប្រទានសប្បុរសធម៌​របស់​ព្រះអង្គឱ្យសត្វលោក ដែលព្រះ​អង្គ​បានបង្កើតមក ជា​សិរីរុងរឿង​របស់​ព្រះអង្គ​ ។ ព្រះជាម្ចាស់​​​​​មានគម្រោងការទុកជាមុន “ធ្វើឱ្យយើងទៅជា​បុត្រធីតា​​របស់ព្រះអង្គ ដោយ​សារ​​​​​​​​ព្រះយេស៊ូ​គ្រីស្ត ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យ​យើង​លើក​តម្កើង​សិរីរុងរឿង​នៃព្រះ​ហឫទ័យ​​ប្រណី​សន្ដោស ដែលទ្រង់បានប្រោសប្រទានមកយើង” (អភ ១,៥-៦) ដ្បិត “សិរីរុងរឿងរបស់​ព្រះ​ជាម្ចាស់ គឺដើម្បី​ឱ្យមនុស្សមានជីវិតដ៏រស់រវើក ហើយជីវិតរបស់មនុស្ស គឺឱ្យមើល​ឃើញព្រះអង្គ៖ ដោយសារ​ព្រះជាម្ចាស់​បាន​បង្កើតអ្វីៗទាំងអស់​ ព្រះអង្គសម្ដែងព្រះអង្គ ទើបផ្ដល់​ជីវិត​​​​ដល់សត្វលោក​ទាំង​ឡាយ​នៅលើផែនដីយ៉ាងណាលើសពីនេះទៅទៀត ដោយសារព្រះបន្ទូល ព្រះជាម្ចាស់​ក៏សម្ដែង​​ព្រះអង្គទើបប្រទានជីវិតដល់អស់​អ្នកដែលមើលឃើញ​ព្រះអង្គ​យ៉ាងនោះដែរ” (សន្ត អ៊ីរ៉េណេ)។​ គោល​​ដៅ​​ចុងក្រោយរបស់ព្រះជាម្ចាស់ដែលបានបង្កើតអ្វីៗទាំងអស់ គឺឱ្យព្រះអង្គ “ដែល​ជា​ព្រះបង្កើត​សត្វ​លោក​​ទាំង​អស់” “បានគ្រងរាជ្យលើអ្វីៗទាំងអស់ គ្រប់ប្រការ​ទាំងអស់” (១ករ ១៥,២៨) ដោយ​​ប្រទាន​សិរីរុងរឿង​​របស់​ព្រះអង្គ និងសុភមង្គលរបស់យើង” (AG ២)។

៤. គម្រោងការដ៏អស្ចារ្យរបស់ការបង្កើត

ព្រះជាម្ចាស់បង្កើតប្រកបដោយព្រះប្រាជ្ញាញ្ញាណ និងសេចក្ដីស្រលាញ់

២៩៥. យើងជឿថា ព្រះជាម្ចាស់បានបង្កើតពិភពលោកប្រកបដោយព្រះប្រាជ្ញាញ្ញាណ (ប្រាញ ៩,៩)។ ពិភព​លោក​​មិន​មែន​​ជា​ផលិត​ផលនៃតម្រូវការណាមួយ ព្រហ្មលិខិត ឬចៃដន្យទេ។ យើងជឿថាពិភពលោកមកពី​ព្រះហឫទ័យ​​របស់​ព្រះជាម្ចាស់ដែលមានសេរីភាពពេញលេញ និងដែលសព្វព្រះហឫទ័យឱ្យសត្វលោក​រួម​រស់​ជាមួយ​ព្រះអង្គដោយទទួល​ព្រះជន្ម ព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌របស់ព្រះអង្គ៖ “ព្រះជាម្ចាស់​សម​នឹង​​ទទួល​​សិរីរុងរឿង ព្រះកិត្តិនាម និង​​ឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗ​ទាំង​អស់សុទ្ធតែ​កើត​មានឡើង ហើយស្ថិតស្ថេរ​នៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ” (វវ ៤,១១)។ “ឱ ព្រះអម្ចាស់អើយ! ស្នា​ព្រះហស្ត​របស់ព្រះអង្គមាន​ច្រើន​​ឥតគណនា ព្រះអង្គធ្វើ​ការទាំងអស់នោះ ប្រកបដោយព្រះប្រាជ្ញាញ្ញាណ” (ទន ១០៤,២៤)។ “ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​សប្បុរសចំពោះមនុស្សទាំងអស់ ព្រះអង្គមានព្រះហឫទ័យអាណិត​អាសូរ​​​ដល់សត្វលោកទាំង​អស់ ដែលព្រះអង្គបានបង្កើតមក” (ទន ១៤៥,៩)។

ព្រះជាម្ចាស់បង្កើត “ដោយមិនប្រើអ្វីសោះ”

២៩៦. យើងជឿថា​ ព្រះជាម្ចាស់មិនត្រូវការអ្វីមួយ ឬជំនួយណាមួយ ដើម្បីបង្កើតឡើយ (DS ៣០២២)។ ម៉្យាង​ទៀត ព្រះអង្គ​​មិន​ត្រូវការបង្កើតពិភពលោកជាចាំបាច់ដែរ (DS ៣០២៣-៣០២៤)។ ព្រះអង្គបង្កើត “ដោយមិនប្រើអ្វី”  (DS ៨០០ ; ៣០២៥) ដោយមានសេរីភាពពេញលេញ។​ តើមានអ្វីអស្ចារ្យ បើព្រះជាម្ចាស់បានបង្កើតពិភពលោកមកពីវត្ថុធាតុមួយ ដែលមានពីមុនរួចមកហើយនោះ? កាលណាគេមានសម្ភារៈ ជាងសិប្បករអាចធ្វើអ្វីក៏បាន តាមបំណងរបស់គេ។​ រីឯព្រះជាម្ចាស់សម្ដែងឫទ្ធានុភាព ពេលព្រះអង្គធ្វើអ្វីក៏បាន ដោយមិនប្រើអ្វីសោះ (សន្ត ថេអូភីល នៃអង់ទីអូស)។

២៩៧. ព្រះគម្ពីរបញ្ជាក់ថា ព្រះជាម្ចាស់បានបង្កើត “ដោយមិនប្រើអ្វីសោះ” ជាសេចក្ដីពិតដែលជំរុញ​យើង​ឱ្យ​​​សង្ឃឹម​ជានិច្ច។ ហេតុដូច្នេះហើយ បានជាមាតារបស់កូនទាំងប្រាំពីរ​លើកទឹកចិត្តគេ​ឱ្យ​ក្លាយទៅជា​មរណៈសាក្សី៖ “ម៉ែ​មិន​ដឹងថា កូន​បានមកចាប់ផ្ទៃដូចម្ដេចទេ ពុំមែនម៉ែទេ ដែលផ្ដល់វិញ្ញាណ និង​​ជីវិត​ឱ្យ​កូន! ដូចព្រះ​ជាម្ចាស់​បាន​​បង្កើត​ពិភពលោក ព្រះអង្គបានសូនរូបមនុស្សក្នុងផ្ទៃ ព្រះអង្គ​ជាប្រភព​នៃអ្វីៗទាំងអស់។ ព្រះអង្គ​នឹងប្រទាន​វិញ្ញាណ ព្រមទាំង​ជីវិតឱ្យកូន តាមព្រះហឫទ័​យមេត្តាករុណារបស់ព្រះអង្គ ព្រោះ​ឥឡូនេះ កូនសុខចិត្តបូជាជីវិត​ដោយ​​ស្រលាញ់​វិន័យរបស់ព្រះអង្គ (...) ម៉ែអង្វរកូន ចូរសម្លឹងមើល​ផ្ទៃ​មេឃ និងផែនដី ចូររំពៃមើលអ្វីៗ ដែលមាន​នៅ​​លើ​ផែន​ដី និង​ផ្ទៃ​មេឃ! ចូរទទួលស្គាល់ថា​ ព្រះជាម្ចាស់​បាន​បង្កើតអ្វីៗទាំងនោះ ដោយមិនប្រើអ្វីសោះ រីឯ​មនុស្ស​វិញ ព្រះអង្គក៏​បានបង្កើតតាមរបៀបដូច្នោះដែរ” (២មបា ៧,២២-២៣.២៨)។

២៩៨. ព្រះជាម្ចាស់អាចបង្កើតដោយមិនប្រើអ្វីយ៉ាងណា ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ​ព្រះអង្គក៏អាច​ប្រទាន​ជីវិត​​ឱ្យ​អ្នកបាប ដោយផ្ដល់ចិត្តបរិសុទ្ធឱ្យគេ (ទន ៥១,២) ហើយព្រះអង្គអាចធ្វើឱ្យរូបកាយរបស់​មនុស្ស​​ស្លាប់​បានរស់​ឡើង​វិញយ៉ាងនោះដែរ “គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឱ្យមានជីវិតថ្មី ហើយបាន​ត្រាស់​ហៅ​អ្វី​ៗ​ដែល​គ្មាន​រូបរាងឱ្យកើតមានឡើង” (រម ៤,១៧) ហើយព្រះបន្ទូលរបស់ព្រះអង្គអាច​ធ្វើ​ឱ្យ​ពន្លឺ​ចេញពី​ភាពងងឹត​​យ៉ាងណា (កណ ១,៣) ព្រះអង្គក៏អាចផ្ដល់ពន្លឺនៃជំនឿឱ្យអស់អ្នកដែលមិន​ស្គាល់ព្រះ​អង្គ​យ៉ាងនោះដែរ (២ករ ៤,៦)។

ព្រះជាម្ចាស់បង្កើតពិភពមួយប្រកបដោយសណ្ដាប់ធ្នាប់ និងល្អប្រសើរ

២៩៩. ព្រះជាម្ចាស់បង្កើតប្រកបដោយព្រះប្រាជ្ញាញ្ញាណ ទើបការបង្កើតមានសណ្ដាប់ធ្នាប់៖ “ព្រះអង្គ​ចាត់​ចែង​អ្វីៗ​ទាំងអស់ ដោយមានកំរិត និងរបៀបរៀបរយ” (ប្រាញ ១១,២០)។ ព្រះជាម្ចាស់បានបង្កើតនៅក្នុងអង្គ​ និង​ដោយ​សារព្រះបន្ទូលអស់កល្បជានិច្ច ដែល “ជារូបតំណាងរបស់ព្រះជាម្ចាស់ ដែល​យើងមើលពុំឃើញ” (កូឡ ១,១៥) សម្រាប់មនុស្សលោក ដែលជារូបតំណាងរបស់ព្រះជាម្ចាស់ (កណ ១,២៦) ហើយ​ដែល​ព្រះអង្គ​ត្រាស់​ហៅ​ឱ្យរៀងៗខ្លួនមាន​ទំនាក់ទំនងជាមួយព្រះអង្គ។ ដោយចិត្តព្យាយាម និង​សុភាព​រាបសា ដោយ​គោរព​​កោតខ្លាច​ព្រះជាម្ចាស់ និងដោយប្រាជ្ញាយើងរួមចំណែកជាមួយនឹងមានពន្លឺរបស់ព្រះជាម្ចាស់ (យប ៤២,៣) មនុស្សយើងអាច​ឈ្វេង​​យល់​នូវ​អ្វី​ដែល​​ព្រះជាម្ចាស់​មាន​​ព្រះបន្ទូល​មក​យើងតាមរយៈការបង្កើត (ទន ១៩,២- ៥)។ ការបង្កើត ដែលមក​ពី​ព្រះ​ហឫទ័យ​សប្បុរសរបស់ព្រះជាម្ចាស់ រួមចំណែកក្នុង​សប្បុរសធម៌​នោះ (“ព្រះជាម្ចាស់ទតឃើញអ្វីៗ​ទាំងអស់ ដែល​ព្រះ​អង្គបានបង្កើតមក ទ្រង់ឈ្វេងយល់ថា ល្អប្រសើរ (...) ល្អប្រសើរបំផុត” (កណ ១,៤.១០.១២.​១៨.​២១.​៣១)។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យការ​បង្កើតធ្វើជាអំណោយ​និងមរតក ដែលមនុស្សលោកត្រូវ​តែ​ថែ​រក្សា។ ជាច្រើនលើកច្រើនសា ​ព្រះសហគមន៍បាន​ជួយ​ការពារ​អះអាងថា អ្វីៗទាំងអស់​ដែលព្រះ​ជាម្ចាស់​បង្កើតសុទ្ធតែ​ល្អ​ប្រសើរ។​

ព្រះជាម្ចាស់ខ្ពង់ខ្ពស់ហួស និងលើសអ្វីដែលព្រះអង្គបង្កើត​ ហើយគង់នៅជាមួយ

៣០០. ព្រះជាម្ចាស់ប្រសើរឧត្តុង្គឧត្តមលើសស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ (បសរ ៤៣,២៨)៖ “ព្រះអង្គថ្កុំ​ថ្កើង​រុង​រឿង​​លើស​ផ្ទៃ​មេឃទៅទៀត” (ទន ៨,២) “ព្រះអង្គឧត្តុង្គឧត្តមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន” (ទន ១៤៥,៣)។ ប៉ុន្តែ ដោយសារព្រះអង្គជាព្រះបង្កើតដ៏ប្រសើរបំផុត​ ដែល​មាន​​សេរីភាពពេញលេញ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់សព្វសារពើ ព្រះអង្គគង់​នៅ​ក្នុងសត្វលោករបស់ព្រះអង្គយ៉ាង​ស្និទ្ធស្នាល៖ “ដ្បិតយើងមានជីវិតរស់ ចលនា និងមាន​ជាតិ​ជាមនុស្ស ដោយសារព្រះអង្គ”​ (កក ១៧,២៨)។​ តាមពាក្យសម្តីរបស់សន្តអូគូស្តាំង “ព្រះអង្គខ្ពស់ជាងទីខ្ពស់របស់ខ្ញុំ ស្និទ្ធស្នាលជាងទីស្និទ្ធស្នាលរបស់ខ្ញុំ”។

ព្រះជាម្ចាស់រក្សាទុក​ និងទ្រទ្រង់អ្វីដែលព្រះអង្គបង្កើត

៣០១. ពេលព្រះជាម្ចាស់បង្កើត ព្រះអង្គមិនលះបង់សត្វលោកចោលទេ។​ ព្រះអង្គមិនគ្រាន់តែផ្ដល់កំណើត និងជីវិតឱ្យ​សត្វលោកទេថែមទាំងរក្សាទុកគេនៅក្នុងអង្គព្រះអង្គគ្រប់ពេលវេលាធ្វើឱ្យគេ​អាច​ប្រព្រឹត្ត​កិច្ចការបាន និង​ទ្រទ្រង់គេរហូតដល់ទីបញ្ចប់។ ពេលយើងទទួលស្គាល់ថា យើងពឹងផ្អែកទាំងស្រុងលើព្រះបង្កើតយើង​ពោរ​ពេញ​​​​ដោយប្រាជ្ញាញ្ញាណ សេរីភាព​ អំណរសប្បាយ និងទំនុកចិត្ត។ ព្រះអង្គស្រលាញ់សត្វលោកទាំងអស់មិនស្អប់ខ្ពើមសត្វលោកណាមួយដែលព្រះអង្គបាន​បង្កើតសោះ​ឡើយ។ ប្រសិន​បើព្រះអង្គស្អប់សត្វលោកណាមួយ ព្រះអង្គមិនបង្កើតសត្វនោះទេ! ប្រសិនបើព្រះអង្គ​មិន​សព្វព្រះហឫទ័យ​បង្កើត​​ទេនោះ តើមានសត្វលោកណាអាចរស់នៅបាន? ប្រសិនបើព្រះអង្គមិនហៅ​ឱ្យ​កើតមកទេ តើសត្វលោក​នោះ​​អាចស្ថិតស្ថេរដូចម្ដេចបាន? បពិត្រព្រះអម្ចាស់ ដែលស្រលាញ់ជីវិត ព្រះអង្គ​សម្ដែងព្រះហឫទ័យសប្បុរស​ចំពោះ​សត្វលោក​ទាំងអស់ ដ្បិតសត្វលោកសុទ្ធតែជាកម្មសិទ្ធិ​របស់​ព្រះអង្គ (ប្រាញ ១១,២៤-២៦)។

៥. ព្រះជាម្ចាស់ធ្វើឱ្យគម្រោងការរបស់ព្រះអង្គបានសម្រេច៖ ឧបការគុណ

៣០២. ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ប្រកបដោយសប្បុរសធម៌ និងភាពល្អឥតខ្ចោះ ប៉ុន្តែព្រះអង្គ​មិ​ន​​បាន​បង្ហើយ​ស្នាព្រះហស្តរបស់ព្រះអង្គទេ។ ដោយសារឧបការគុណរបស់ព្រះជាម្ចាស់ ព្រះអង្គកំពុង (“in statu viae” ) បង្កើត​​អ្វីៗទាំងអស់ និង​ត្រាស់​ហៅអ្វីៗទាំង​អស់​ ឆ្ពោះទៅរកភាពល្អ​ឥតខ្ចោះជាទីបំផុត។

ដោយឧបការគុណ ព្រះជាម្ចាស់រក្សាទុក និងគ្រប់គ្រងអ្វីៗដែលព្រះអង្គបានបង្កើតមក “ព្រះ​ប្រាជ្ញាញ្ញាណលាត​ត្រដាង​​ឫទ្ធានុភាពពីជើងមេឃម្ខាងទៅជើងមេឃម្ខាង ហើយត្រួតត្រាអ្វីៗទាំងអស់ ដោយព្រះហឫទ័យសប្បុរស” (ប្រាញ ៨,១) ដ្បិត “គ្មានសត្វលោកណាមួយ ដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗ​​ទាំងអស់នៅទទេឥតបិទបាំងទាល់តែសោះ” (ហប ៤,១៣) សូម្បីតែកិច្ចការដែលសត្វលោកនឹងប្រពឹ្រត្តដោយសេរី។

៣០៣. ព្រះគម្ពីរផ្ដល់សក្ខីភាពតែមួយ៖ ព្រះជាម្ចាស់ថែរក្សាអ្វីៗទាំងអស់ភ្លាមៗ និងយ៉ាងច្បាស់លាស់ ព្រះអង្គ​ថែ​ទាំ​អ្វីៗ​​ទាំ​ង​អស់ តាំងពីរឿងតូចតាចបំផុត រហូតដល់ហេតុការដ៏ធំៗ នៃពិភពលោក និងប្រវត្តិសាស្រ្តរបស់​មនុស្ស​​​លោក។ ព្រះគម្ពីរដ៏វិសុទ្ធអះអាងយ៉ាងច្បាស់លាស់ថា ព្រះជាម្ចាស់ប្រកបដោយភាពថ្កុំថ្កើង ណែនាំអ្វីៗ​ទាំង​អស់ គ្រប់​កាលៈទេសៈ៖ “ព្រះ​របស់​យើងគង់នៅស្ថានបរមសុខ ព្រះអង្គធ្វើអ្វីៗក៏បានតាមតែព្រះហឬទ័យ​របស់​ព្រះអង្គ” (ទន ១១៥,៣) ហើយមាន​ថ្លែង​អំពីព្រះគ្រីស្តថា៖ “បើព្រះអង្គបើក គ្មាននរណាបិទបាន បើព្រះអង្គបិទ គ្មាន​នរណាបើកបាន” (វវ ៣,៧)។ “មនុស្ស​គិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែមានតែ​គម្រោងការ​របស់ព្រះ​អម្ចាស់​​ប៉ុណ្ណោះ ដែលសម្រេចជា​រូបរាង” (សភ ១៩,២១)។

៣០៤. ហេតុនេះហើយ បានជាយើងអាចយល់ឃើញថា ព្រះវិញ្ញាណដ៏វិសុទ្ធ ជាអ្នកនិពន្វសំខាន់ជាងគេនៃព្រះគម្ពីរដ៏វិសុទ្ធថ្វាយកិច្ចការនានាទៅព្រះជាម្ចាស់ ដោយមិនបាច់និយាយអំពីហេតុជាបន្តបន្ទាប់ឡើយ គឺមិនមែនជា “របៀបនិយាយ” ដើមទេ ប៉ុន្តែជារបៀបរម្លឹកថា ព្រះជាម្ចាស់មានអាទិភាពលើសអ្វីៗទាំងអស់ និងគ្រប់គ្រងនឹងប្រវត្តិសាស្រ្ត និងពិភពលោក (អស ១០,៥-១៥ ; ៤៧,៥-៧ ; ទក ៣២,៣៩ ; បសរ ១១,១៤) ដោយមិនអាក់ខានឡើយ ហើយជារបៀបអប់រំឱ្យជឿទុកចិត្តលើព្រះអង្គផង។ ការអធិដ្ឋានតាមទំនុកតម្កើងដូចជាសាលាដ៏ខ្ពង់ខ្ពស់នៃទំនុក​ចិត្តនេះ (ទន ២២ ; ៣២ ; ៣៥ ; ១០៣ ; ១៣៨)។

៣០៥. ព្រះយេស៊ូសូមឱ្យយើងលះបង់អ្វីៗទាំងអស់ទៅព្រះបិតាដែលគង់នៅស្ថានបរមសុខ ហើយ​ដែលថែ​រក្សា​​​​​​នូវ​តម្រូវការទាំងអស់នៃបុត្រធីតារបស់ព្រះអង្គ៖ “កុំខ្វល់ខ្វាយ ដោយពោលថា “យើង​នឹងមានអ្វីបរិភោគ មាន​អ្វី​​ស្លៀកពាក់? នោះឡើយ (...) ព្រះបិតាដែលគង់នៅស្ថានបរមសុខ ទ្រង់ជ្រាបនូវអ្វីៗ ដែលអ្នករាល់គ្នាត្រូវការ។ ចូរ​ស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិតរបស់ព្រះអង្គ ជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំង​នោះ​មកអ្នករាល់គ្នាថែមទៀត” (មត ៦,៣១-៣៣)។

ឧបការគុណ និងហេតុជាបន្តបន្ទាប់

៣០៦. ព្រះជាម្ចាស់គ្រប់គ្រងយ៉ាងច្បាស់លាស់​លើគម្រោងការរបស់ព្រះអង្គ។ ប៉ុន្តែ ព្រះអង្គប្រើប្រាស់សត្វ​លោក ដើម្បី​​ឱ្យ​​​គម្រោការនេះបានសម្រេចដែរ មិនមែនដោយសារព្រះអង្គទន់ខ្សោយទេ គឺមកពី​ភាពថ្កុំថ្កើង និង​សប្បុរស​ធម៌របស់ព្រះអង្គប្រកបដោយឫទ្ធានុភាពសព្វប្រការ ដ្បិតព្រះអង្គមិនគ្រាន់តែឱ្យសត្វ​លោក​មាន​ជីវិតរស់នៅទេ ថែម​​ទាំងឱ្យគេអាចប្រព្រឹត្តកិច្ចការដោយខ្លួនឯង និងធ្វើជាហេតុ និងគោល​រវាង​គ្នានិងគ្នា ទើបអាចធ្វើ​សហប្រតិបត្តិ​ការ​ជាមួយព្រះអង្គ ដើម្បីឱ្យគម្រោងការរបស់​ព្រះអង្គ​​បាន​​សម្រេច។

៣០៧. ព្រះជាម្ចាស់ប្រទានឱ្យមនុស្សលោកអាចធ្វើការរួមជាមួយឧបការគុណរបស់ព្រះអង្គ ដោយប្រោស​គេ​ឱ្យ​​ទទួល​​ខុសត្រូវ “ត្រួតត្រា” និងមានអំណាចលើផែនដី (កណ ១,២៦-២៨)។​ ហេតុដូច្នេះហើយ បាន​ជា​ព្រះ​​ជាម្ចាស់​​ប្រោសប្រទាន​មនុស្សលោក​ឱ្យទៅជាហេតុ ដែលមានប្រាជ្ញា និងសេរីភាព ដើម្បីបំពេញស្នា​ព្រះហស្ត​​នៃការបង្កើតឱ្យ​បាន​គ្រប់លក្ខណៈ ដើម្បីខ្លួនគេ​ និងបងប្អូនរបស់គេផងដែរ។ ជារឿយៗ មនុស្សលោករួម​សហប្រតិបត្តិការ​​​​​​ជាមួយ​​ព្រះបំណងរបស់ព្រះជាម្ចាស់ ដោយ​មិនដឹងខ្លួន ប៉ុន្តែ ពួកគេអាចសុខចិត្តចូលរួមក្នុង​គម្រោងការ​​របស់​ព្រះអង្គ តាមកិច្ចការ ការអធិដ្ឋាន និងទុក្ខលំបាក​របស់​គេ​ផងដែរ (កូឡ ១,២៤)។ ពេលនោះ គេក៏ក្លាយទៅជា “សហការីរបស់ព្រះជាម្ចាស់” (១ករ ៣,៩ ; ១ថស៣,២) និងរបស់ព្រះរាជ្យ​នៃ​ព្រះអង្គ (កូឡ ៤,១១)។

៣០៨. ពេលយើងជឿថា ព្រះជាម្ចាស់ជា​ព្រះ​បង្កើត យើងក៏ត្រូវតែជឿលើសេចក្ដីពិតនេះផងដែរ គឺព្រះជាម្ចាស់​ប្រព្រឹត្ត​​​​​​តាម​កិច្ចការទាំងអស់នៃសត្វលោករបស់ព្រះអង្គ។ ព្រះជាម្ចាស់ជាដើមហេតុ ដែលប្រតិបត្តិការនៅក្នុងនិង​​​​​តាម​​រយៈហេតុបន្តបន្ទាប់៖ “ដ្បិតព្រះជាម្ចាស់ទេតើ ដែលធ្វើឱ្យបង​ប្អូនមានទាំងបំណង មានទាំង​សមត្ថភាព អាច​នឹងប្រព្រឹត្តតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ” (ភីល ២,១៣) (១ករ ១២,៧)។ សេចក្ដីពិតនេះមិនបង្អាប់បង្អោន ប៉ុន្តែ ជាការលើក​តម្កើង​សេចក្ដីដ៏ថ្លៃថ្នូររបស់សត្វលោកទៅវិញ។ ព្រះជាម្ចាស់បាន​បង្កើតសត្វលោកពីគ្មានអ្វីទាំងអស់ ដោយសារឫទ្ធានុភាព ព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌ ទើបសត្វលោកធ្វើអ្វីពុំកើត បើដាច់ពីប្រភពរបស់ខ្លួន ដ្បិត “ប្រសិន​​បើ​គ្មានព្រះបង្កើតទេ ក៏គ្មានសត្វលោកដែរ” (GS ៣៦,៣) ហើយសត្វលោកនោះ​មិនអាច​ទៅ​ដល់​គោល​ដៅរបស់​ខ្លួនឡើយ បើព្រះជាម្ចាស់មិនប្រណី​សន្ដោសឡើយ​ (មថ ១៩,២៦ ; យហ ១៥,៥ ; ភីល ៤,១៣)។

ឧបការគុណ និងអំពើអាក្រក់

៣០៩. បើព្រះជាម្ចាស់ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ជាព្រះបង្កើតពិភពមួយប្រកបដោយសណ្ដាប់​ធ្នាប់ និងដ៏ល្អប្រសើរ ទ្រង់ថែរក្សាសត្វលោកទាំងអស់របស់ព្រះអង្គ ហេតុអ្វីបានជាមានអំពើអាក្រក់ដូច្នោះ? យើង​មិន​អាចឆ្លើយតបភ្លាមៗនឹងសំណួរដ៏សំខាន់ គួរឱ្យឈឺចាប់ ដែលយើងមិនអាចជៀសវាង​បាន ហើយ​ដែល​យើង​​មិន​អាច​ឈ្វេងយល់ទាំងស្រុងបានទេ។ មានតែគ្រីស្តសាសនាទាំងមូលទេ ដែលឆ្លើយតបនឹងសំណួរនេះបាន៖ សប្បុរស​ធម៌​​នៃ​ការ​បង្កើត វិនាដកម្មនៃអំពើបាប សេចក្ដីស្រលាញ់ដ៏អត់ធ្មត់របស់ព្រះជាម្ចាស់ ដែលយាងមករកមនុស្ស ដោយ​​ចង​សម្ពន្ធមេត្រីជាមួយគេ ដោយព្រះបុត្រារបស់ព្រះអង្គប្រសូតជាមនុស្ស ដោយប្រោសប្រទានព្រះវិញ្ញាណ ដោយ​​បង្រួប​បង្រួមព្រះសហគមន៍ ដោយកម្លាំងនៃអគ្គសញ្ញា ដោយត្រាស់ហៅសត្វលោកឱ្យមានសុភមង្គល ដែល​គេ​អាចសុខចិត្ត​ទទួល ឬបដិសេធមិនព្រមទទួល។ សេចក្ដីនីមួយៗនៃ​គ្រីស្តសាសនាអាច​ឆ្លើយតបនឹង​សំណួរ​ស្ដីអំពី​អំពើ​អាក្រក់នេះបាន 

៣១០. ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានបង្កើតពិភពមួយដ៏ល្អឥតខ្ចោះ ដែលគ្មានអំពើអាក្រក់អាច មកបៀត​បៀន​​​?​ ដោយសារឫទ្ធានុភាពសព្វប្រការរបស់ព្រះជាម្ចាស់ ព្រះអង្គអាចបង្កើតអ្វីមួយដ៏ល្អប្រសើរបំផុត (សន្ត ថូម៉ាស នៃអាកាំង)។​ ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌ ដែល​គ្មាន​ព្រំដែន ទ្រង់សព្វព្រះហឫទ័យបង្កើត​ពិភព​មួយ ដែលកំពុង “ធ្វើដំណើរ” ឆ្ពោះទៅភាពល្អឥតខ្ចោះជាទីបំផុត។ ក្នុង​ការ​ធ្វើដំណើរនេះ តាមគម្រោងការ​របស់​ព្រះជាម្ចាស់ សត្វលោកខ្លះត្រូវតែលេចឡើង សត្វលោកខ្លះ​ផ្សេង​​ទៀត​ត្រូវតែ​វិនាស មានទាំងភាពល្អឥតខ្ចោះ មាន​ទាំង​ភាពមិនល្អឥតខ្ចោះ មានទាំងការសាងសង់ មានទាំង​ការ​បំផ្លាញ​នៃធម្មជាតិ​ផងដែរ។ ហេតុនេះហើយ បានជា​កើតមាន​អំពើអាក្រក់រហូតដល់ព្រះជាម្ចាស់ណែនាំការ​បង្កើតឱ្យបាន​ល្អគ្រប់​លក្ខណៈ (សន្ត ថូម៉ាស នៃអាកាំង)។

៣១១. ពួកទេវទូត និងមនុស្សលោក ជាសត្វលោក ដែលមានប្រាជ្ញា​ និងសិរីភាព ត្រូវតែធ្វើដំណើរឆ្ពោះទៅ​គោល​ដៅ​ចុង​ក្រោយ​បំផុតរបស់ខ្លួន ដោយមានសេរីភាពក្នុងការជ្រើសរើស ព្រមទាំងសេចក្ដីស្រលាញ់ផង។ ដូច្នេះ ពួកគេអាច​វង្វេង​ផ្លូវ​បាន។ តាម​ការពិត ពួកគេបានប្រព្រឹត្តអំពើបាបរួចទៅហើយ ជាហេតុនាំ​ឱ្យ​​​អំពើ​បាបចូលក្នុង​ពិភព​លោក។ អំពើបាបនេះធ្ងន់ធ្ងរខ្លាំងជាងអំពើអាក្រក់ទៅ​ទៀត មិនអាចកំរិតបានទេ។ ព្រះជាម្ចាស់មិនមែនជា​ដើម​ហេតុនៃ​អំពើ​បាបទាល់តែសោះ (សន្ត អំប្រ័រ) ប៉ុន្តែ ព្រះអង្គ​​បណ្តោយឱ្យមានអំពើបាប ដោយបំ​ប្រែ​ឱ្យ​មាន​​អំពើ​ល្អ​ចេញពីអំពើបាបនោះ ដោយគោរព​សេរីភាព​នៃ​សត្វ​លោករបស់ព្រះអង្គ។ ដ្បិតព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ (...) ប្រកបដោយព្រះហឫទ័យសប្បុរសដ៏ខ្ពង់ខ្ពស់បំផុត មិនដែលឱ្យមាន​អំពើ​អាក្រក់​ណាមួយស្ថិតនៅក្នុងសត្វលោករបស់ព្រះអង្គ បើព្រះអង្គមិនអាចធ្វើឱ្យអំពើល្អ​ចេញពី​អំពើអាក្រក់​នោះ​បាន​ឡើយ (សន្ត អូគូស្តាំង)។

៣១២. ដូច្នេះហើយ បានជាបន្តិចម្តងៗ យើងអាចយល់ឃើញថា ព្រះជាម្ចាស់ ដែលមានឧបការគុណ ប្រកបដោយ​​ឫទ្ធានុភាពសព្វប្រការ អាចបំប្រែឱ្យអំពើល្អចេញមកពីអំពើអាក្រក់ ទោះជាអំពើបាប ដែល​​​​សត្វ​លោក​​បានប្រព្រឹត្តក៏ដោយ។​ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗរបស់គាត់ថា៖ “ពុំមែន​ពួកបង​ទេ គឺ​ព្រះជាម្ចាស់​វិញទេតើ ដែលចាត់ប្អូនឱ្យមកទីនេះ (...) ពួកបងបានឃុបឃិតគ្នាធ្វើ​បាបខ្ញុំ តែព្រះ​ជាម្ចាស់​បាន​ធ្វើឱ្យ​​ការនោះ ប្រែក្លាយទៅជាល្អ (...) គឺព្រះអង្គសង្រ្គោះជីវិតប្រជាជនមួយចំនួន​ធំ” (កណ ៤៥,៨ ; ៥០,២០) (តប ២,១២-១៨)។ ម្យ៉ាង​ទៀត ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោសដ៏​លើស​លប់​ (រម ៥,២០) ទ្រង់​បាន​បំប្រែឱ្យមាន​ផល​​ល្អជាទី​បំផុត ចេញពីអំពើបាបអាក្រក់ជាងគេជាទីបំផុត គឺ​ព្រះ​ជាម្ចាស់​បាន​ប្រោស​ព្រះ​បុត្រា​​របស់ព្រះអង្គ​ឱ្យ​មាន​ព្រះជន្មថ្មីដ៏រុងរឿង និងបានសង្រ្គោះ​យើង​ចាប់​ពី​ការ​មិនទទួលស្គាល់​ និងការសម្លាប់​​​ព្រះបុត្រាព្រះអង្គនេះដោយ​អំពើបាបរបស់មនុស្សទាំង​ឡាយ​​។​ ក៏ប៉ុន្តែ អំពើ​អាក្រក់មិនមែនជា​អំពើ​ល្អទេ។

៣១៣. “អ្វីៗទាំងអស់ផ្សំគ្នាឡើងដើម្បីឱ្យអស់អ្នកស្រលាញ់ព្រះជាម្ចាស់បានទទួលផលល្អ” (រម ៨,២៨)។ សក្ខីភាព​របស់សន្តបុគ្គលនៅតែបញ្ជាក់សេចក្ដីពិតនេះ៖ ហេតុនេះហើយទើបសន្តី កាតឺរីន នៅស៊ីយ៉ែន ពោលថាចំពោះ “អស់អ្នក ដែលទាស់ចិត្ត និងបះបោរប្រឆាំងនឹងអ្វីៗដែលកើតមានដល់ពួកគេ”៖ “អ្វីៗទាំងអស់កើតចេញមកពីសេចក្ដីស្រលាញ់ អ្វីៗទាំងអស់កើតឡើងដើម្បីសង្រ្គោះរបស់មនុស្សលោក ព្រះជាម្ចាស់មានព្រះហឫទ័យនេះតែមួយគត់”។ ចំណែក សន្ត ថូម៉ាស ម័រ មុនពេលលោកក្លាយទៅជាមរណៈសាក្សីបានលួងលោមកូនស្រីលោកថា៖ “បើមិនមែនជាព្រះហឫទ័យព្រះជាម្ចាស់ទេ អ្វីក៏មិនអាចកើតមានដែរ។ ទោះបីយើងយល់ថា អាក្រក់ក៏ដោយ បើជាព្រះហឫទ័យរបស់ព្រះអង្គនោះ ជាការល្អប្រសើរបំផុតសម្រាប់យើងហើយ”។ ឯលោកស្រី ជូលាន នៃន័រវិច៖ “ដោយសារព្រះជាម្ចាស់បានប្រោសប្រណីមកខ្ញុំ ខ្ញុំបានយល់ថា ត្រូវតែមានជំនឿមាំមួន ហើយជឿជាក់ថា អ្វីៗទាំងអស់សុទ្ធតែល្អ... ហើយអ្នកនឹងឃើញថា អ្វីៗទាំងអស់សុទ្ធតែល្អមែន” (“Thou shall see thyself that all MANNER of thing shall be well”)

៣១៤. យើងជឿជាក់ថា​ ព្រះជាម្ចាស់ណែនាំពិភពលោក និងប្រវត្តិសាស្រ្តមនុស្សលោក។​ ប៉ុន្តែយើងមិនសូវ​ស្គាល់​​ផ្លូវ​​​នៃ​​​ឧបការគុណ​​​​​របស់​ព្រះអង្គឡើយ។ មានតែនៅពេលចុងក្រោយបំផុត នៅពេលយើងនឹង​ឃើញ​ព្រះអង្គ “ទល់មុខគ្នា” (១ករ ១៣,១២) ទើបយើងនឹងលែងស្គាល់ព្រះអង្គព្រាលៗ ហើយយើងនឹងស្គាល់យ៉ាងច្បាស់ៗផ្លូវ​​​ដែល​ព្រះ​ជាម្ចាស់ប្រើ​ប្រាស់ ដើម្បីណែនាំសត្វលោករបស់ព្រះអង្គ តាមរយៈវិនាដកម្មនៃអំពើអាក្រក់ និងអំពើបាប រហូត​ដល់​​​​ថ្ងៃសប្ប័ទ (កណ ២,២) ​ជា​ថ្ងៃ​សម្រាក​ចុងក្រោយបំផុត ជាគោលដៅរបស់ព្រះជាម្ចា​ស់ ដែលបានបង្កើត​មេឃ​និងដី។

សង្ខេប

៣១៥. ក្នុងការបង្កើតពិភពលោក និងមនុស្ស ព្រះជាម្ចាស់បានផ្ដល់សក្ខីភាពមុនគេបង្អស់អំពីសេចក្ដី​ស្រលាញ់ប្រកបដោយឫទ្ធានុភាព និងព្រះប្រាជ្ញាញ្ញាណរបស់ព្រះអង្គ និងមានព្រះបន្ទូលប្រកាសមុនគេបង្អស់ នូវ “គម្រោងការដ៏សប្បុរស” របស់ព្រះអង្គ ដែលមានទីបញ្ចប់ក្នុងការបង្កើតថ្មីនៅក្នុងអង្គព្រះគ្រីស្ត។

៣១៦. ទោះបីយើងចាត់ទុកថា ព្រះបិតាជាអ្នកបង្កើតក៏ដោយ ក៏ត្រូវតែជឿថា ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណជាគោលការណ៍តែមួយ ដែលមិនអាចបំបែកពីគ្នាបាននៃការបង្កើតដែរ។

៣១៧. មានតែព្រះជាម្ចាស់ទេ ដែលបានបង្កើតសកលលោក ដោយគ្មានការបង្ខំ គ្មានអ្នកណែនាំ និង​ដោយ​គ្មាន​ជំនួយអ្វីណា​មួយឡើយ។

៣១៨. គ្មានសត្វលោកណាមួយមានអំណាចក្រៃលែង ដែលចំបាច់ ដើម្បី “បង្កើត” តាមន័យចំនៃ​ពាក្យ​​នេះ គឺផលិត និងផ្ដល់សភាវៈដល់អ្នកណា ដែលគ្មានសភាវៈសោះឡើយ (ត្រាស់ហៅពី “ភាពសាបសូន្យ” ឱ្យ មានជីវិត) (DS៖ ៣៦២៤)

៣១៩. ព្រះជាម្ចាស់បានបង្កើតពិភពលោក ដើម្បីសម្ដែង និងប្រទានសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីនាំសត្វលោកឱ្យរួមចំណែកក្នុងសេចក្ដីពិត សប្បុរសធម៌ និងសោភណភាពរបស់ព្រះ​អង្គ។

៣២០. ព្រះជាម្ចាស់ ដែលបានបង្កើតសកលលោក ហើយទ្រទ្រង់សកលោកនេះ ឱ្យស្ថិតនៅ ដោយសារព្រះបន្ទូលរបស់ព្រះអង្គ “ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព” (ហប ១,៣) និងដោយព្រះវិញ្ញាណរបស់ព្រះអង្គជាអ្នកបង្កើត ដែលប្រទានជីវិត។

៣២១. ឧបការគុណរបស់ព្រះជាម្ចាស់ គឺជាការណែនាំសត្វលោកទាំងអស់ ដោយព្រះប្រាជ្ញាញ្ញាណ និងសេចក្ដីស្រលាញ់ រហូតដល់ទីចុងក្រោយ​បំផុតរបស់ពួកគេ។

៣២២. ព្រះគ្រីស្តណែនាំយើងឱ្យលះបង់ខ្លួនឯងចំពោះឧបការគុណនៃព្រះបិតារបស់យើង ដែលគង់ នៅស្ថានបរមសុខ (មថ ៦,២៦-៣៤) ហើយគ្រីស្តទូតសិលាមានប្រសាសន៍ថែមទៀតថា៖ “ចូរផ្ទេរទុក្ខកង្វល់ទាំង ប៉ុន្មានរបស់បងប្អូនថ្វាយព្រះអង្គទៅ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងបងប្អូន” (១ពត្រ ៥,៧) (ទន ៥៥, ២៣)។

៣២៣. ឧបការគុណរបស់ព្រះជាម្ចាស់ប្រតិបត្តិតាមកិច្ចការរបស់សត្វលោកដែរ។ ព្រះជាម្ចាស់ប្រោសប្រទានឱ្យមនុស្សស្ម័គ្រចិត្តរួមសហការក្នុងគម្រោងការរបស់ព្រះអង្គ។

៣២៤. ព្រះជាម្ចាស់អនុញ្ញាតឱ្យមានអំពើអាក្រក់ និងអំពើបាប ជាអាថ៌កំបាំង ដែលព្រះអង្គបំភ្លឺដោយ ព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មថ្មី ដើម្បីឈ្នះអំពើអាក្រក់។ ជំនឿធ្វើឱ្យយើងជឿជាក់ថា ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យមានអំពើអាក្រក់ទេ បើព្រះអង្គមិនដកយកអំពើល្អ ចេញពីអំពើអាក្រក់ តាមផ្លូវ ដែលយើងនឹងស្គាល់ឱ្យបានច្បាស់នៅក្នុងជីវិតអស់កល្បជានិច្ចនោះ។

កថាខណ្ឌទី៥៖ មេឃនិងដី

៣២៥. ធម៌ប្រកាសជំនឿដែលមកពីក្រុមគ្រីស្តទូតប្រកាសថា ព្រះជាម្ចាស់ជា “ព្រះបង្កើតមេឃ និងដី” ហើយ​​ធម៌ប្រកាសជំនឿរបស់មហាសន្និបាតសកល នៅនិសេ/កុងស្ដង់ទីណូប ចែងយ៉ាងច្បាស់លាស់​ថា៖ “ទាំងអ្វីៗដែល​មើល​​ឃើញនិងមើលមិនឃើញ”។

៣២៦. ក្នុងព្រះគម្ពីរដ៏វិសុទ្ធ ពាក្យ “មេឃ និងដី” មានន័យថា អ្វីៗទាំងអស់សព្វសារពើ សត្វលោកទាំងអស់ ហើយ​​សម្ដែងនូវទំនាក់ទំនងរវាងមេឃ និងដី គឺ “ដី” សំដៅលើពិភពរបស់មនុស្ស​ (ទន ១១៥,៦) ឯ “មេឃ” សំដៅ​លើអាកាស​វេហាស៍​​ (ទន ១៩,២) ឬស្ថានរបស់ព្រះជាម្ចាស់៖ “ឱព្រះបិតាយើងខ្ញុំ​ដែល​គង់​នៅ​ស្ថាន​​បរម​សុខ​”​ (មថ ៥,១៦) (ទន ១១៥,៦) ហើយ “មេឃ”​ ជាសិរីរុងរឿងនៅពេលអវសានកាលនៃពិភពលោកដែរ។ ទី​​​បញ្ចប់ “មេឃ” សំដៅទៅលើ “កន្លែង” របស់សត្វ​លោក​ខាងវិញ្ញាណ គឺទេវទូត ដែលនៅជាមួយព្រះជាម្ចាស់។

៣២៧. ធម៌ប្រកាសជំនឿនៃមហាសន្និបាតទី៤ នៅទីក្រុងឡាត្រង់ អះអាងថា “កាលពីដើមដំបូងបង្អស់ ព្រះ​ជាម្ចាស់​​បាន​​បង្កើតដោយមិនប្រើអ្វី ទាំងសត្វលោកខាងរូបកាយ និងសត្វលោកខាងវិញ្ញាណពោលគឺ ពួកទេវទូត​ និង​ផែនដី ហើយព្រះអង្គបានបង្កើត​មនុស្សលោក ដែលមានទាំងរូបកាយ ទាំងវិញ្ញាណផង” (DS ៨០០)។

១. ពួកទេវទូត

ត្រូវតែជឿថា​ មានទេវទូតមែន

៣២៨. ត្រូវតែជឿថា មានសត្វលោកខាងវិញ្ញាណ ដែលគ្មានរូបកាយ ហើយដែលព្រះគម្ពីរដ៏វិសុទ្ធហៅ​ថា ទេវទូត។ សក្ខីភាពរបស់ព្រះគម្ពីរដ៏វិសុទ្ធច្បាស់ដូចសក្ខីភាពនៃការបញ្ជូនបន្តផងដែរ។

តើពួកទេវទូតជានរណា?

៣២៩. តាមសន្ត អូគូស្តាំង “ទេវទូត” សំដៅលើមុខងារ មិនមែនសំដៅលើសភាព។ “អ្នកសួរថា អ្វីទៅជាសភាព​នេះ? - វិញ្ញាណ។ អ្វីទៅជាមុខងារនេះ? - ទេវទូត។ តាមសភាព សត្វលោកនេះជាវិញ្ញាណ តាមមុខងារ សត្វលោក​នេះជាទេវទូត”។ ទេវទូតមានសភាពជា ​អ្នក​បម្រើ  និង អ្នក​នាំ​​សារ​​​របស់ព្រះជាម្ចាស់។ ដោយសារ​ពួក​លោក “ឃើញព្រះភ័ក្ត្ររបស់ព្រះបិតា ដែល​គង់នៅស្ថានបរមសុខ គ្រប់​ពេលវលា” (មថ ១៨,១០) ពួកលោក “តែង​​តែអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ហើយ​ស្ដាប់តាមបញ្ជារបស់​ព្រះអង្គ​​​ជានិច្ច”  (ទន ១០៣,២០) ។

៣៣០. ទេវទូតជាសត្វលោកខាងវិញ្ញាណសុទ្ធសាធ ទើបពួកលោកមានប្រាជ្ញា និងបំណង។ ពួក​លោកជាសត្វ​លោក ដែល​មានលក្ខណៈរៀងៗខ្លួន (DS ៣៨៩១) ហើយមានជីវិតអមតៈ (លក ២០,៣៦)។ សិរីរុងរឿងដ៏​ត្រចះ​ត្រចង់​​របស់​​​ពួកលោក​បញ្ជាក់​ពី​ភាពល្អឥតខ្ចោះរបស់ពួកលោកលើសសត្វលោកទាំងអស់ដែលអាចមើលឃើញ (ដន ១០,៩-១២)។

ព្រះគ្រីស្ត “ជាមួយពួកទេវទូតទាំងអស់របស់ព្រះអង្គ”

៣៣១. ព្រះគ្រីស្តជាព្រះមហាក្សត្រនៃទេវទូតទាំងឡាយ ដែលជាកម្មសិទិ្ធរបស់ព្រះអង្គ៖ “នៅពេលបុត្រមនុស្ស​យាង​មកជាមួយពួកទេវទូត ប្រកបដោយសិរីរុងរឿង...” (មថ ២៥,៣១)។ ពួកទេវទូតជាកម្មសិទិ្ធ​របស់​ព្រះអង្គ ព្រោះ​ព្រះជាម្ចាស់បានបង្កើតពួកលោកដោយសារ​ ព្រះគ្រីស្ត​ និងសម្រាប់ ព្រះគ្រីស្ត៖ “ដ្បិតព្រះជាម្ចាស់បាន​បង្កើត​​​អ្វីៗទាំងអស់សព្វសារពើ ក្នុងអង្គព្រះគ្រីស្ត ទាំងនៅស្ថានបរមសុខ ទាំង​នៅលើផែនដី ទាំងអ្វីៗដែល​មើល​ឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ្យ ទាំងអ្វីៗ​ដែលមានបារមីគ្រប់គ្រង ទាំងវត្ថុសក្តិសិទ្ធិ និងអំណាច​នានា ព្រះជាម្ចាស់បានបង្កើត ដោយសារ​ព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត” (កូឡ ១,១៦)។ ពួក​លោក​​ជា​កម្មសិទ្ធិរបស់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសពួកលោកឱ្យទៅជាអ្នកនាំសារនៃគម្រោងការ​របស់​ព្រះ​អង្គ​អំពី​​ការសង្រ្គោះ៖ “ទេវទូតទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើព្រះជាម្ចាស់។ ព្រះអង្គចាត់ពួក​លោក​​​ឱ្យ​មកបំពេញមុខងារជាប្រយោជន៍ដល់អស់អ្នក ដែលត្រូវទទួលការសង្រ្គោះទុកជាមរតក!” (ហប ១,១៤)។

៣៣២. ពួកទេវទូតនៅជាមួយយើង ពេលព្រះជាម្ចាស់បង្កើតពិភពលោក (យប ៣៨,៧) ហើយនៅក្នុងប្រវត្តិសាស្រ្ត​នៃការសង្រ្គោះ ដោយ​ប្រកាសអំ​​ពីការសង្រ្គោះ និងជួយបម្រើព្រះជាម្ចាស់ឱ្យគម្រោងការនេះបាន សម្រេច។ ពួកលោក​បិទទ្វារនៃ​សួន​​ឧទ្យានអេដែន (កណ ៣,២៤)​ ជួយការពារលោកឡុត (កណ ១៩) សង្រ្គោះនាង​ហាការ​ និង​កូន (កណ ២១,១៧) ឃាត់លោកអប្រាហាំកុំឱ្យសម្លាប់កូន (កណ ២២,១១) បញ្ជូន​ធម្មវិន័យ (កក ៧,៥៣) ណែនាំ​ប្រជាជន​របស់ព្រះជាម្ចាស់ (សរ ២៣,២០-២៣) ប្រកាសទុកជាមុនថា​ ស្រ្តីៗនឹងមានកូន (វប ១៣) និង​ពី​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ (វប ៦,១១-២៤) ជួយគាំទ្រអស់​លោក​ព្យាការី (១ពង្ស ១៩,៥) ល។ល។ ទីបញ្ចប់ ទេវទូត​កាពី្រអែល​ប្រកាសទុកជាមុនថា លោកយ៉ូហាន​បាទីស្តនឹងកើតមក ហើយព្រះយេស៊ូ​នឹងប្រសូត  (លក ១,១១.២៦)។

៣៣៣. តាំងពីព្រះយេស៊ូប្រសូតរហូតដល់ព្រះអង្គឡើងស្ថានបរមសុខ ពួកទេវទូតតែងតែគោរពក្រាបថ្វាយ​បង្គំ និង​​បម្រើ​​ព្រះអង្គជានិច្ច។ នៅពេលព្រះជាម្ចាស់ចាត់ “បុត្រច្បងឱ្យមកផែនដីនេះ” ព្រះអង្គមានព្រះបន្ទូលថា៖ “ទេវទូត​ទាំងអស់របស់ព្រះជាម្ចាស់ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា” (ហប ១,១៦)។ ពេលព្រះយេស៊ប្រសូតមក ពួក​លោក​​​ច្រៀងកោតសរសើរព្រះអង្គ រហូតដល់សព្វថ្ងៃ​ នៅក្នុងព្រះសហគមន៍៖ “សូមលើកដម្កើងសិរីរុងរឿង​របស់​ព្រះជាម្ចាស់...” (លក ២,១៤)។ ពួកលោកការពារព្រះកុមារយេស៊ូ (មថ ១,២០ ; ២,១៣.១៩) បម្រើ​ព្រះអង្គ​នៅ​វាល​រហោស្ថាន (មក ១,១២ ; មថ៤,១១) លើកទឹកចិត្ត​ព្រះអង្គនៅពេលព្រះអង្គរងទុក្ខលំបាក (លក ២២,៤៣) និងអាចជួយសង្រ្គោះព្រះអង្គពីដៃរបស់ខ្មាំង​សត្រូវ (មថ ២៦,៥៣) ដូចជនជាតិអ៊ីស្រាអែល កាលពីមុន (២មបា​ ១០,២៩-៣០​ ; ១១,៨)។ ម្យ៉ាងទៀត ពួកទេវទូត “ប្រកាសដំណឹងល្អ” (លក ២,១០) នៅពេលព្រះយេស៊ូប្រសូត (លក ២,៨-១៤) និងមានព្រះជន្មថ្មី (មក ១៦,៥-៧)។ ពួកលោកនឹងនៅជាមួយព្រះគ្រីស្ត​នៅពេល​ព្រះអង្គ​​នឹងយាងមកវិញ (កក ១,១០-១១) ដោយបម្រើព្រះអង្គ (មថ ១៣,៤១ ; ២៤,៣១)។

ទេវទូតក្នុងព្រះសហគមន៍

៣៣៤. ព្រះសហគមន៍ទទួលផលប្រយោជន៍ពីពួកទេវទូត ដែលជួយព្រះសហគមន៍​ រហូតដល់​ព្រះយេស៊ូ​យាង​មក​វិញ​ តាមរបៀបលាក់កំបាំង និង​ប្រកប​ដោយ​ឫទ្ធានុភាព (កក ៥,១៨-២០ ; ៨,២៦-២៩ ; ១០,៣-៨ ; ១២,៦-១១ ; ២៧,២៣-២៥) ។

៣៣៥. នៅក្នុងពិធីបុណ្យ ព្រះសហគមន៍រួមជាមួយពួកទេវទូត ដើម្បីក្រាបថ្វាយបង្គំព្រះដ៏វិសុទ្ធបំផុត (MR) សូម​ឱ្យពួក​លោក​មកជួយ ហើយរម្លឹកពីទេវទូតខ្លះដូចជា សន្តមីកាអែល សន្តកាព្រីអែល សន្តរ៉ាផាអែល និង​ទេវទូត​​ទាំង​ឡាយដែលជួយការពារ។

៣៣៦. ពួកទេវទូតជួយការពារ (ទន ៣៤,៨ ; ៩១,១០-១៣) មនុស្សលោកពីកំណើត (មថ ១៨,១០) រហូត​ដល់​ស្លាប់ (លក ១៦,២២) និងជួយអង្វរព្រះជាម្ចាស់​សម្រាប់​យើង (យប ៣៣,២៣-២៤)។ “មាន​ទេវទូត​មួយ​រូប​ នៅ​ក្បែរ​គ្រីស្តបរិស័ទម្នាក់ៗ ដើម្បីជួយការពា​ ថែរក្សា និងណែនាំគេទៅដល់ជីវិត” (សន្ត បាស៊ីល)។ នៅក្នុងលោកនេះ ដោយសារជំនឿ ​​គ្រីស្តបរិស័ទ​រួមជាមួយពួកទេវទូតផង មនុស្សលោកផង និងព្រះជាម្ចាស់ផង ពោរពេញទៅដោយ​សុភមង្គល។

២. ពិភពដែលមើលឃើញ

៣៣៧. ព្រះជាម្ចាស់ផ្ទាល់បានបង្កើតពិភពដែលមើលឃើញ ប្រកបដោយភាពសម្បូណ៍ ផ្សេងៗពី​គ្នា និង​មានរបៀបរៀបរយ។ ក្នុងពាក្យកំណាព្យ ដែលប្រើនិមិត្តរូបជាច្រើន ព្រះគម្ពីរបង្ហាញថា ព្រះជាម្ចាស់​បានបង្កើតអ្វីៗ​ទាំង​អស់ ដោយ “ធ្វើការ” អស់រយៈពេលប្រាំមួយថ្ងៃ និង “សម្រាក” ថ្ងៃទីប្រាំ​ពីរ (កណ ១,១-២,៤)។ អត្ថបទ​ដ៏​វិសុទ្ធ​ប្រៀន​​ប្រដៅសេចក្ដីពិត ដែលព្រះជាម្ចាស់បានសម្ដែងអំពីការ​បង្កើត ដើម្បីសង្រ្គោះយើង (DV ១១) ហើយ​ដែល​អាច​ជួយ​​យើងឱ្យ “ទទួលស្គាល់លក្ខណៈដ៏ជ្រៅ​បំផុតនៃ​សត្វ​លោកទាំងអស់ តម្លៃដ៏ថ្លៃ​ថ្នូរ និង​​​ទីដៅ​​​នៃ​​​សត្វ​លោក​​ទាំង​នោះ គឺទទួលសិរីរុងរឿងរបស់​ព្រះជាម្ចាស់” (LG ៣៦)។ ​

៣៣៨. អ្វីៗសព្វសារពើជំពាក់ជីវិតរបស់ខ្លួនទៅព្រះជាម្ចាស់ជាព្រះបង្កើត ។​ ពិភពលោកបានចាប់​ផ្ដើម​នៅ​ពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់អំពីសូន្យ។ សត្វលោកទាំង​ឡាយ ធម្មជាតិទាំងអស់ និង​​ប្រវត្តិសាស្រ្តទាំងមូលរបស់មនុស្សចាក់ឫសក្នុងហេតុការណ៍ដ៏សំខាន់នេះ គឺលោកុប្បត្តិនៃពិភពលោក និង​ពេល​វេលា (សន្ត អូគូស្តាំង)។

៣៣៩. សត្វលោកនីមួយៗមានសប្បុរសធម៌ និងភាពល្អឥតខ្ចោះរបស់ខ្លួនផ្ទាល់​ ។ អស់រយៈពេលប្រាំ​មួយ​ថ្ងៃ ដែលព្រះ​ជាម្ចាស់បង្កើតស្នាព្រះហស្តនីមួយៗ មានថ្លែងថា​៖ “ព្រះជាម្ចាស់ទតឃើញអ្វីៗទាំងអស់ ល្អប្រសើរ​បំផុត​ហើយ!”។ “ដោយព្រះជាម្ចាស់បានបង្កើត​​​អ្វីៗ​​​ទាំងអស់ អ្វីៗទាំងអស់នោះ​ត្រូវតែង​តាំង​ឱ្យនៅជាប់ស្ថិតស្ថេរតាម​សេចក្តី​​​​ពិត​​​​របស់​​​គេ និងតាមតម្លៃដ៏ថ្លៃថ្នូររបស់គេ​​​ផ្ទាល់ តាមការចាត់ចែង និងតាមក្បួនច្បាប់ពិសេសរបស់គេ” (GS ៣៦,២)។ សត្វ​លោកនីមួយៗ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យបង្កើតមក​ ដើម្បីខ្លួនគេ ឆ្លុះរស្មីនៃព្រះ​ប្រាជ្ញាញ្ញាណ និង​សប្បុរសធម៌ឥតព្រំដែនរបស់ព្រះជាម្ចាស់។ ​ហេតុនេះហើយ បានជាមនុស្សលោក​ត្រូវតែ​គោរព​សប្បុរសធម៌ផ្ទាល់​របស់​​សត្វលោកនីមួយៗ កុំឱ្យ​ប្រើ​ប្រាស់​គេតាមរបៀបមិនត្រឹមត្រូវ ដែល​ប្រមាថ​មើល​ងាយ​ព្រះបង្កើត និង​នាំ​ឱ្យ​មានផលអាក្រក់​ដល់​មនុស្សលោក និងបរិដ្ឋានរបស់គេ។

៣៤០. ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យ​ សត្វលោកនីមួយៗពឹងផ្អែកលើគ្នាទៅវិញទៅមក ។ ព្រះ​អាទិត្យ និង​ព្រះច័ន្ទ ដើមតាត្រៅ ផ្កាតូចៗ សត្វឥន្រ្ទី និងសត្វចាប... សត្វលោកទាំងអស់ផ្សេងៗពីគ្នា និងមិនស្មើគ្នា។ ​គ្មាន​សត្វលោកណាមួយមិនពឹងពាក់ទេ។​ សត្វលោកនីមួយៗពឹងពាក់គ្នា​ទៅ​​វិញទៅមក និង​បំពេញ​គ្នា​ទៅវិញទៅមក ដោយបម្រើគ្នាទៅវិញទៅមក។

៣៤១. សោភណភាពនៃសកលលោក ៖​ ព្រះជាម្ចាស់បានបង្កើតពិភពលោកប្រកបដោយសណ្ដាប់ធ្នាប់ និងភាព​សុខ​ដុមរមនា ដែលមកពីសត្វលោកទាំងឡាយផ្សេងៗពីគ្នា និងពីទំនាក់ទំនងរវាងគ្នានិងគ្នា។ មនុស្សយល់ឃើញ​បន្តិច​​ម្តងៗ​​ថា ទំនាក់ទំនាងនោះជាច្បាប់នៃធម្មជាតិ ដែលអ្នកប្រាជ្ញកោតសរសើរ។ សោភណភាពនៃសត្វលោកឆ្លុះ​សោភណភាព​​ដែលគ្មានព្រំដែនរបស់ព្រះបង្កើត។ ប្រាជ្ញា និងបំណងរបស់​មនុស្សលោកត្រូវតែគោរពសោភណភាព​នោះ។

៣៤២. សត្វលោករួមគ្នាជាលំដាប់លំដោយ  ដូចពាក្យកំណាព្យនៃកំណើតពិភពលោកបង្ហាញឱ្យដឹង គឺ​ព្រះ​ជាម្ចាស់​​បង្កើតពិភពលោកក្នុង“ប្រាំមួយថ្ងៃ”  ពីសត្វលោកមិនពេញលក្ខណៈដល់សត្វលោក​គ្រប់លក្ខណៈ។ ព្រះជាម្ចាស់ស្រលាញ់ (ទន ១៤៥,៩) និងថែរក្សាគ្រប់សត្វលោករបស់ព្រះអង្គ សូម្បីតែសត្វចាបដ៏តូចៗ។​ ក៏ប៉ុន្តែព្រះ​យេស៊ូ​មានព្រះបន្ទូលថា៖ “អ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត” (លក ១២,៦-៧) ឬ “មនុស្ស​មាន​​តម្លៃលើសចៀមឆ្ងាយណាស់!” (មថ ១២,១២)។

៣៤៣. មនុស្សជាកំពូល នៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរសម្ដែងសេចក្ដីនេះ ដោយបំបែក​ការ​បង្កើត​​​របស់​មនុស្សពីការបង្កើតរបស់សត្វលោកផ្សេង (កណ ១,២៦)។

៣៤៤. សត្វលោករួមសាមគ្គីគ្នា ដ្បិតពួកគេមានព្រះបង្កើតតែមួយ​ ដែលត្រាស់ហៅគេឱ្យទទួលសិរីរុងរឿង​របស់​​ព្រះអង្គ។ សូមលើកតម្កើងព្រះអម្ចាស់ក្នុងគ្រប់សត្វលោកទាំងអស់របស់ព្រះអង្គ ជាពិសេសព្រះអាទិត្យជាបងប្រុស ដែលព្រះអង្គចាត់ឱ្យបំភ្លឺយើងគ្រប់គ្នា ប្រកបដោយសោភណភាព រស្មីភ្លឺផ្លេកចែងចាំង ជានិមិត្តរូបនៃព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុត... សូមលើកតម្កើងព្រះអម្ចាស់នៃខ្ញុំ ចំពោះបងស្រីទឹក ដែលមានប្រយោជន៍លើសលប់ សុភាពរាបសា មានតម្លៃថ្លៃថ្លា និងបរិសុទ្ធ...
សូមលើកតម្កើងព្រះអម្ចាស់នៃខ្ញុំ ចំពោះបងស្រីផែនដី ជាមាតារបស់យើង ដែលបីបមថ្នមបំពេ និងចិញ្ចឹមយើង និងផ្តល់ផលិតផលផ្លែគ្រប់បែបយ៉ាង មានទាំងបុប្ផាចំរុះព៌ណ ស្មៅព្រៃព្រឹក្សា...
សូមលើកតម្កើង និងប្រទានពរថ្វាយព្រះអម្ចាស់នៃខ្ញុំ សូមអរព្រះគុណព្រះអង្គ និងបម្រើព្រះអង្គ ដោយមានចិត្តសុភាពរាបសាជាទីបំផុត (សន្ត ហ្រ្វង់ស័រ នៃអាស៊ីស៊ី)។

៣៤៥. ថ្ងៃសប្ប័ទជាថ្ងៃចុងក្រោយនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ។ តាមអត្ថបទដ៏វិសុទ្ធ “ព្រះជាម្ចាស់បង្ហើយ​កិច្ចការ​ដែលព្រះអង្គបានធ្វើ” “មេឃនិងដីចប់សព្វគ្រប់ហើយ” ហើយនៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់ “ឈប់សម្រាក” ប្រទានពរឱ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនេះឱ្យបានវិសុទ្ធ (កណ ២,១-៣)។ ព្រះបន្ទូល​នេះ​មាន​​ការប្រៀនប្រដៅជាច្រើន ដើម្បីការសង្រ្គោះរបស់យើងដូចជា៖

៣៤៦. ពេលព្រះជាម្ចាស់បង្កើតពិភពលោក ព្រះអង្គក៏បានដាក់គ្រឹះ និងវិន័យ ដែលនៅស្ថិតស្ថេរជានិច្ច (ហប ៤,៣-៤)។ គ្រីស្តបរិស័ទ​អាច​ពឹងផ្អែកលើគ្រឹះ និងវិន័យនោះបាន ដែលជាទីសម្គាល់ និងបញ្ចាំនៃព្រះហឫទ័យ ដែលគ្មាន​អ្វី​អាច​ប្រែប្រួលបាន នៃ​សម្ពន្ធមេត្រី​​របស់ព្រះជាម្ចាស់ (យរ ៣១,៣៥-៣៧ ; ៣៣,១៩-២៦)។ រីឯមនុស្សវិញ គេ​ត្រូវ​តែ​នៅ​ស្មោះត្រង់នឹងគ្រឹះនោះ និងគោរពវិន័យ ដែល​ព្រះជាម្ចាស់​បានឆ្លាក់ចារទុកហើយ។

៣៤៧. ព្រះជាម្ចាស់បានបង្កើតសត្វលោក ដើម្បីថ្ងៃសប្ប័ទ គឺដើម្បីឱ្យសត្វលោកលើកដម្កើង និងក្រាបថ្វាយបង្គំព្រះអង្គ។ ការលើក​តម្កើង​ព្រះ​ជាម្ចាស់ជាលក្ខណៈចាំបាច់នៃសត្វលោក (កណ ១,១៤)។ តាមក្បួនច្បាប់របស់សន្ត បេណេឌីក “គ្មានអ្វីប្រសើរជាងលើក​តម្កើង​ព្រះជាម្ចាស់” ដែលជាកិច្ចការសំខាន់ជាទីបំផុតរបស់មនុស្សលោក។

៣៤៨. ក្នុងធម្មវិន័យរបស់ជនជាតិអ៊ីស្រាអែល ថ្ងៃសប្ប័ទសំខាន់ជាងគេ។ ពេលយើងគោរពធម្មវិន័យ យើងក៏​គាប់​​ព្រះ​ប្រាជ្ញាញ្ញាណ និងព្រះបំណងរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានសម្ដែង នៅពេលព្រះអង្គបានបង្កើត​ពិភព លោក។

៣៤៩. ថ្ងៃទីប្រាំបី ៖ សម្រាប់យើង ថ្ងៃថ្មីមួយទៀតបានរះឡើង គឺថ្ងៃដែលព្រះយេស៊ូមានជីវិតថ្មី។ ថ្ងៃ​ទី​ប្រាំ​ពីរ​ ព្រះជាម្ចាស់បង្ហើយ​បង្កើតពិភពលោកទីមួយ ហើយថ្ងៃទីប្រាំបីព្រះអង្គចាប់ផ្ដើមបង្កើតសាជាថ្មីម្តងទៀត។ ហេតុ​នេះ ពេលព្រះជាម្ចាស់សង្រ្គោះមនុស្សលោក ក្នុងអង្គព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើវិញ ព្រះអង្គក៏បំពេញ​ស្នា​ព្រះ​ហស្ត​​ដំបូងរបស់ព្រះអង្គ​​ ។ ព្រះជាម្ចាស់បង្កើតពិភពលោកថ្មីនៅក្នុងអង្គ​ព្រះគ្រីស្ត គឺទ្រង់បង្រ្គប់  អត្ថន័យ ជា​កំពូល និងប្រទានសិរីរុងរឿង​​ដល់ពិភពលោក​ដំបូង (MR)​។

សង្ខេប

៣៥០. ពួកទេវទូតជាសត្វលោកខាងវិញ្ញាណ ដែលតែងតែលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយដែលជួយបម្រើព្រះអង្គក្នុងគម្រោងការសង្រ្គោះសត្វលោកឯទៀតៗ៖ “ពួកទេវទូតរួមសហការជាមួយអ្វីដែល ល្អសម្រាប់យើង” (សន្ត ថូម៉ាស នៃអាកាំង)។

៣៥១. ពួកទេវទូតស្ថិតនៅជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់របស់ពួកលោក។ ពួកលោកបម្រើព្រះអង្គជា​ពិសេសដោយជួយបំពេញបេសកកម្មរបស់ព្រះអង្គក្នុងការសង្រ្គោះមនុស្សលោក។

៣៥២. ព្រះសហគមន៍គោរពប្រណិប័តន៍ពួកទេវទូត ដែលជួយព្រះសហគមន៍នេះ​ ឱ្យធ្វើ​បូជនីយេសចរណ៍ក្នុងលោកនេះ ហើយដែលថែរក្សាគាំពារមនុស្សគ្រប់រូប។

៣៥៣. ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យសត្វលោកមានពួជសាសន៍ប្លែកៗពីគ្នា ឱ្យមានសប្បុរសធម៌ ពឹងពាក់​លើ​គ្នា​ទៅ​វិញទៅមក និងឱ្យពួកគេមានរបៀបរៀបរយ។ ព្រះអង្គបានតម្រូវទុកជាមុននូវអ្វីៗទាំង​អស់ ដើម្បី​ជាប្រយោជ​ន៍​ដល់មនុស្ស​លោក។ ព្រះអង្គតម្រូវឱ្យមនុស្ស និងអ្វីៗទាំងអស់ តាមរយៈមនុស្សឱ្យទទួលសិរី​រុង​រឿងរ​បស់​ព្រះ​អង្គ។

៣៥៤. គោលការណ៍នៃព្រះប្រាជ្ញាញ្ញាណ និងគ្រឹះមួយនៃសីលធម៌ គឺការគោរពច្បាប់ដែលមានក្នុងការបង្កើត និងទំនាក់ទំនង ដែលហូរចេញមកពីលក្ខណៈធម្មជាតិនៃអ្វីៗទាំងអស់ ។

កថាខណ្ឌទី៦៖ មនុស្សលោក

៣៥៥. “ព្រះជាម្ចាស់បានបង្កើតមនុស្ស ជារូបតំណាងរបស់ព្រះអង្គ ព្រះអង្គបានបង្កើតគេឱ្យមានលក្ខណៈ​ដូច​ព្រះអង្គ ទ្រង់បានបង្កើតគេជាបុរសជាស្រ្តី” (កណ ១,២៧)។ មនុស្សមានលក្ខណៈពិសេសក្នុងចំណោមសត្វ​លោក​​ទាំងអស់ គឺ “មនុស្សជាតំណាងរបស់ព្រះជាម្ចាស់” (១.) នៅក្នុងខ្លួនគេ គេធ្វើឱ្យពិភពខាងវិញ្ញាណ និង​ពិភព​ខាងរូបកាយរួមជាមួយគ្នា (២.) ហើយមនុស្ស “ជាបុរសជាស្រ្តី” (៣.)។ ព្រះជាម្ចាស់បានតែងតាំង​មនុស្សជា​មិត្ត​សម្លាញ់របស់ព្រះអង្គ (៤.)។

១.​ “មនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់”

៣៥៦. ក្នុងចំណោមសត្វលោកដែលមើលឃើញ មានតែមនុស្ស ដែល “អាចស្គាល់ និងស្រលាញ់ព្រះបង្កើត​របស់​គេ” (GS ១២,៣)។ “នៅលើផែនដី មនុស្សជាសត្វលោកតែមួយគត់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ​បង្កើតដើម្បី​ខ្លួន​ឯង” (GS ២៤,៣)។ មានតែមនុស្សទេ ដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យទទួលព្រះជន្មរបស់ព្រះអង្គ ដោយស្គាល់ និង​​ស្រលាញ់ព្រះអង្គ ជាមូលដ្ឋានគ្រឹះនៃឋានៈដ៏​ថ្លៃថ្នូរ​​របស់គេ។ ហេតុអ្វីក៏ព្រះអង្គបង្កើតមនុស្សលោកឱ្យមានថានៈដ៏ថ្លៃថ្នូរខ្ពង់ខ្ពស់ម៉្លេះ? ព្រះអង្គបានមើលឃើញព្រះអង្គ​ផ្ទាល់ក្នុងសត្វលោករបស់ព្រះអង្គ ដោយសេចក្ដីស្រលាញ់ដែលមិនអាចប្រៀបផ្ទឹមបាន ហើយព្រះអង្គបានជាប់ព្រះហឫទ័យនឹងសត្វលោកនេះ ដ្បិតព្រះអង្គបានបង្កើតគេដោយសារសេចក្ដីស្រលាញ់។ ដោយសារសេចក្ដីស្រលាញ់ ព្រះអង្គបានប្រទានឱ្យគេអាចភ្លក់រសជាតិនៃសម្បត្តិអស់កល្បជានិច្ចរបស់ព្រះអង្គ (សន្តី កាតឺរីន នៅស៊ីយ៉ែន)។

៣៥៧. ដោសារគេជាតំណាងរបស់ព្រះជាម្ចាស់ សត្វលោកនេះមានឋានៈជាមនុស្ស  ។ គេមិនគ្រាន់តែ​ជាវត្ថុមួយ ថែម​ទាំង​ជា​មនុស្ស​ម្នាក់ដែរ។ មនុស្សអាចស្គាល់ខ្លួនឯង ធ្វើជាម្ចាស់ការលើខ្លួនឯង ផ្ដល់ខ្លួនឯង និងរួមជាមួយ​អ្នក​ដទៃ​បាន ហើយព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យចងសម្ពន្ធមេត្រីជាមួយ​ព្រះបង្កើត​​របស់​គេដោយថ្វាយខ្លួន និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ​ ដោយក្ដីស្រលាញ់ ដែលគ្មាននរណាម្នាក់​ផ្សេង​ទៀតអាចធ្វើបាន។

៣៥៨. ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់សម្រាប់មនុស្ស ហើយបានបង្កើតមនុស្សដើម្បីបម្រើ​ និងស្រលាញ់​ព្រះអង្គ ហើយថ្វាយសត្វលោកទាំងអស់ទៅព្រះអង្គវិញ។ តើសត្វលោកណាទៅ ដែលនឹងកើតមក ដោយមានព្រះហឫទ័យប្រណីសន្តោសបែបនេះ? គឺជាមនុស្ស ជារូបដ៏ខ្ពង់ខ្ពស់ និងគួរឱ្យសរសើរ ដែលមានតម្លៃជាងសត្វលោកឯទៀតៗទាំងអស់ ចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់៖ ព្រះអង្គបានបង្កើតមេឃ ដី​ សមុទ្រ និងអ្វីៗទាំងអស់សព្វសារពើសម្រាប់មនុស្ស ហើយដើម្បីសង្រ្គោះគេ ទ្រង់បានគិតគូរយ៉ាងល្អិតល្អន់ជាទីបំផុតរហូតដល់មិនប្រោសប្រណីព្រះបុត្រាតែមួយព្រះអង្គគត់។ ព្រះជាម្ចាស់បានខិតខំឥតឈប់ឈរ ដើម្បីឱ្យមនុស្សឡើងដល់ព្រះអង្គ និងអង្គុយខាងស្តាំព្រះអង្គ (សន្ត យ៉ូហាន គ្រីសូស្តូម)។

៣៥៩. “តាមពិត ប្រសិនបើយើងចង់យល់ខ្លះៗអំពីអាថ៌កំបាំងរបស់មនុស្ស យើងត្រូវតែរិះគិតក្នុង​ពន្លឺនៃ​គម្រោងការ​​​​​ដ៏​​​​អស្ចារ្យ​របស់ព្រះ​​​បន្ទូលដែលប្រសូតជាមនុស្ស គ្មានផ្លូវផ្សេងទៀតទេ” (GS ២២,១)។ សន្តប៉ូលប្រាប់ឱ្យយើងដឹងថា មនុស្សពីរនាក់ជាប្រភពនៃមនុស្សជាតិ គឺលោកអដាំ និងព្រះគ្រីស្ត...   អដាំទីមួយត្រូវបានបង្កើតឡើង ជាមនុស្សម្នាក់ ដែលបានទទួលជីវិត អដាំទីពីរ គឺជាមនុស្សម្នាក់ខាងវិញ្ញាណ ដែលផ្តល់ជីវិត។ មនុស្សទីពីរបានបង្កើតមនុស្សទីមួយ ដោយផ្តល់ព្រលឹងឱ្យគេមានជីវិត... អដាំទីពីរបានសូនអដាំទីមួយ ធ្វើជារូបតំណាងរបស់គេ។ ចាប់តាំងពីពេលនោះមក គេបានទទួលមុខងារ និងទទួលឈ្មោះដើម្បីកុំឱ្យបាត់បង់រូបតំណាងនេះ។ អដាំទីមួយបានចាប់ផ្ដើម អដាំទីពីរនឹងមិនអាចបញ្ចប់បាន ដ្បិតអដាំទីពីរ គឺពិតជាអដាំទីមួយ ដូចខ្លួនគេពោលថា៖ “ខ្ញុំជាអ្នកទីមួយ និងជាអ្នកចុងក្រោយ” (សន្ត សិលា គ្រីសូឡូង)។

៣៦០. ដោយសារមានប្រភពតែមួយ មនុស្សជាតិឯកភាពរួមគ្នា ដ្បិតព្រះជាម្ចាស់  “ប្រទានឱ្យ​ប្រជាជាតិ​នា​នា​កើតចេញមកពីមនុស្សតែម្នាក់ ហើយឱ្យគេរស់នៅពាសពេញលើផែនដីទាំងមូល” (កក ១៧,២៦)។ គឺជាទស្សនៈដ៏អស្ចារ្យមួយ ដែលនាំឱ្យយើងមើលឃើញមនុស្សជាតិ ក្នុងឯកភាព ដែលមានប្រភពក្នុងអង្គព្រះជាម្ចាស់ (...) ក្នុងឯកភាពនៃធម្មជាតិដូចៗគ្នា ដែលផ្សំជារូបរាងកាយ និងព្រលឹងវិញ្ញាណ ក្នុងឯកភាពនៃទីបញ្ចប់ភ្លាមៗ និងបេសកកម្មរបស់គេក្នុងពិភពលោក ក្នុងឯកភាពនៃទីលំនៅរបស់គេ៖ ផែនដី សម្បត្តិទ្រព្យដែលមនុស្សលោកមានសិទ្ធប្រើប្រាស់ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍជីវិត តាមច្បាប់ធម្មជាតិ ក្នុងឯកភាពនៃទីបញ្ចប់លើសពីច្បាប់ធម្មជាតិ គឺព្រះជាម្ចាស់ផ្ទាល់ ដែលមនុស្សគ្រប់រូបត្រូវតែឈានទៅដល់ ក្នុងឯកភាពនៃមធ្យោបាយជាច្រើន ដើម្បីឈានទៅរកទីបញ្ចប់នេះ (...) ក្នុងឯកភាពនៃការលោះដែលព្រះគ្រីស្តបានធ្វើដើម្បីមនុស្សទាំងអស់ (សម្ដេចប៉ាបពីយូសទី១២ ; NA ១)។

៣៦១. “វិន័យនោះចែងថា មនុស្សរួមសាមគ្គីដោយក្ដីស្រលាញ់” (NA ១) ធានាឱ្យយើងដឹងថា ទោះ​បី​​មនុស្ស​ខុស​ប្លែក​​ពីគ្នា​ទៅវិញទៅមក មានវប្បធម៌ផ្សេងៗពី​គ្នា និងមាន​ពូជសាសន៍​ផ្សេងពីគ្នាយ៉ាងណាក៏ដោយ ក៏​មនុស្ស​​ទាំងអស់​ពិត​ជា​បងប្អូនមែន។

២. មនុស្សជាបុគ្គលតែមួយ ទាំងរូបកាយ ទាំងវិញ្ញាណ

៣៦២. មនុស្ស ដែលមានលក្ខណៈដូចព្រះជាម្ចាស់ ជាបុគ្គលដែលមានទាំងរូបកាយ ទាំងវិញ្ញាណផង។ អត្ថបទ​មគ្ពីរ​​សម្ដែង​លក្ខណៈនេះ ដោយប្រើនិមិត្តរូបខ្លះៗ ដូចជា “ព្រះអម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួច​ព្រះអង្គ​ផ្លុំ​ដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង” (កណ ២,៧)។ ដូច្នេះ ព្រះជាម្ចាស់​មាន​ព្រះបំណង បង្កើតមនុស្សទាំងមូល។

៣៦៣. នៅក្នុងព្រះគម្ពីរដ៏វិសុទ្ធ ពាក្យព្រលឹង សំដៅលើដំណើរជីវិត របស់មនុស្ស​​​ (មថ ១៦,២៥-២៦) ឬមនុស្សទាំង​ស្រុង (កក ២,៤១)។ ប៉ុន្តែ ពាក្យនេះសំដៅលើអ្វីដែលស្ថិតនៅក្នុងមនុស្សយ៉ាងជិតស្និទ្ធ (មថ ២៦,៣៨ ; យហ ១២,២៧) ដែលមានតម្លៃបំផុត  (មថ ១០,២៨ ; ២មបា ៦,៣០) និងមានលក្ខណៈពិសេសរបស់គេ គឺ​រូប​តំណាង​របស់ព្រះជាម្ចាស់៖ ពាក្យ “ព្រលឹង” បានសេក្ដីថា គោលខាងវិញ្ញាណ របស់មនុស្ស។

៣៦៤. រូបកាយរួមចំណែកក្នុងលក្ខណៈដ៏ថ្លែថ្នូររបស់មនុស្ស ដែលជា “តំណាងរបស់ព្រះជាម្ចាស់”។​ មនុស្សជា​រូបកាយ ដ្បិត​ព្រលឹងវិញ្ញាណធ្វើឱ្យរូបកាយនោះមានចលនា គឺព្រះជាម្ចាស់ត្រាស់ហៅ​មនុស្សទាំង​មូល​ឱ្យ​ ទៅ​​ជា​ព្រះដំណាក់​របស់ព្រះវិញ្ញាណ នៅក្នុងអង្គព្រះគ្រីស្ត (១ករ ៦,១៩-២០ ; ១៥,៤៤-៤៥)។ “ទោះបីមនុស្សមានរូបកាយនិងវិញ្ញាណ តែក៏ជាអង្គតែមួយដែរ។ ក្នុងឋានៈខ្លួនមានរូបកាយ មនុស្ស​​​យើងសរុបធាតុ​​និង​អ្វីៗ​​​ទាំងអស់ដែល​​​មានក្នុងពិភពលោក ដូច្នេះអ្វីៗទាំងនោះអាចលើកតម្កើងសិរីរុងរឿង​​​ព្រះបង្កើត​របស់​ខ្លួន​ដោយ​សេរី តាម​រយៈ​មនុស្ស ជាកំពូលនៃពិភពលោក។ ហេតុនេះ ហាមផ្តាច់មនុស្សយើង មិនត្រូវមាក់​ងាយ​ជីវិត​​​រូបកាយ​ជា​ដាច់​​ខាត ផ្ទុយទៅវិញ មនុស្សយើង​​​ត្រូវតែលើកតម្លៃនៃរូបកាយ និងគោរពរូបកាយដែល​​​ព្រះជា​​​ម្ចាស់​បង្កើត​មក ហើយដែលត្រូវទទួលជីវិត​​​ថ្មីដ៏រុងរឿងនៅពេលចុងក្រោយបំផុត” (GS ១៤,១)។

៣៦៥. ព្រលឹង និងរូបកាយរួមរស់ជាមួយគ្នា យ៉ាងជ្រាលជ្រៅជាទីបំផុត បានជាយើងត្រូវចាត់ទុក​ព្រលឹងដូចជា “រូបរាង” របស់រូបកាយ (DS ៩០២)​ គឺដោយសារព្រលឹងវិញ្ញាណ រូបកាយ ដែលជារូបធាតុ ជារូបកាយដ៏រស់​រវើក​របស់​​មនុស្ស។ នៅក្នុងមនុស្ស វិញ្ញាណ និងរូបធាតុ មិនមែនជាសភាពពីរទេ តែវិញ្ញាណ និងរូបកាយរួមគ្នា​​ជា​សភាព​តែមួយ។

៣៦៦. ព្រះសហគមន៍ប្រៀនប្រដៅថា ព្រះជាម្ចាស់បង្កើតព្រលឹងវិញ្ញាណនីមួយៗភ្លាមៗ (DS   ៣៨៩៦​ ; SPF ៨) មិនមែន​ឪពុកម្តាយទេ ដែលបាន “ផលិត” ព្រលឹងវិញ្ញាណ។ ព្រះសហគមន៍បង្រៀនឱ្យយើងដឹងទៀតថា ព្រលឹង​វិញ្ញាណ​មានជីវិតអមតៈ មិន​ស្លាប់​នៅពេលបែកចេញពីរូបកាយពេលមនុស្សស្លាប់ ហើយនឹងរួមរស់​ជាមួយ​​រូបកាយម្តង​ទៀត នៅពេលមនុស្ស​ទាំង​​ឡាយនឹងមានជីវិតថ្មី។

៣៦៧. ជួនកាល ព្រលឹង និងវិញ្ញាណទទួលអត្ថន័យផ្សេងពីគ្នា។​ សន្តប៉ូលទូលអង្វរព្រះជាម្ចាស់ឱ្យ “ព្រះអង្គ​ថែ​រក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយ ឱ្យបានស្អាត ឥតសៅហ្មង នៅ​ថ្ងៃ​ព្រះយេស៊ូ​​គ្រីស្តជាអម្ចាស់នៃយើងយាងមក” (១តស ៥,២៣)។ ព្រះសហគមន៍ប្រៀនប្រដៅថា ការបែងចែកនេះ​មិន​នាំ​ឱ្យព្រលឹងចែកជាពីរទេ (DS ៦៥៧) គឺ “វិញ្ញាណ” មានន័យថា ព្រះជាម្ចាស់មាន​គោលដៅឱ្យមនុស្ស​មាន​ជីវិត​អមតៈ​តាំងពីកំណើតមក (DS ៣០០៥; GS ២២,៥) ហើយព្រលឹងរបស់​គេអាចឡើង​ទៅ​​​រួម​ជាមួយ​ព្រះជាម្ចាស់​បានដែរ (DS ៣៨៩១)។

៣៦៨. ការបញ្ជូនបន្តខាងវិញ្ញាណរបស់ព្រះសហគមន៍សង្គត់ធ្ងន់ពីលើចិត្តគំនិត ដែរ គឺតាមព្រះគម្ពីរ “ទីជម្រៅចិត្ត​គំនិត” (យរ ៣១,៣៣) ជាទីលំនៅដែលមនុស្សសម្រេចផ្ញើជីវិតលើព្រះជាម្ចាស់ ឬទេ (ទក ៦,៥ ; ២៩,៣ ; អគ ៣៦,២៦ ; មថ ៦,២១ ; លក ៨,១៥ ; រម ៥,៥)។

៣. “ព្រះជាម្ចាស់បង្កើតមនុស្សជាបុរសជាស្រ្តី”

ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យមនុស្សប្រុសនិងមនុស្សស្រីស្មើគ្នាផង ខុសប្លែកពីគ្នាផង

៣៦៩. ព្រះជាម្ចាស់បានបង្កើត បុរស និងស្រ្តី គឺព្រះអង្គមានព្រះបំណង​ ឱ្យគេមានឋានៈស្មើគ្នា ដ្បិតអ្នកទាំង​ពីរ​​​ជាមនុស្ស ទោះបីខុសប្លែកពីគ្នាក្ដីសភាពមនុស្សមានបុរសនិងស្រ្តី។ ព្រះជាម្ចាស់​សព្វព្រះហឫទ័យ ​ឱ្យ​មនុស្ស​ជាបុរស ជាស្រ្តី។ សភាពការណ៍នេះល្អប្រសើរហើយ។ មនុស្សប្រុស និងមនុស្សស្រីមាន​ឋានៈ​​ថ្លៃថ្នូ​រ​បំផុត ដែលមិនអាចរលាយបាត់ទេ ហើយដែលមកពីព្រះជាម្ចាស់ ជាព្រះបង្កើតពួកគេ​តែម្តង (កណ ២,៧.២២)។​ ​មនុស្សប្រុសនិង​មនុស្ស​ស្រីជា “រូបតំណាងរបស់ព្រះជាម្ចាស់” ដោយមានឋានៈស្មើគ្នា។ អ្នកទាំងពីរ​​ឆ្លុះបញ្ចាំងនូវព្រះ​ប្រាជ្ញាញ្ញាណ​ និង​សប្បុរសធម៌របស់ព្រះជាម្ចាស់។

៣៧០. ព្រះជាម្ចាស់មិនមែនជាតំណាងរបស់មនុស្សទាល់តែសោះ។ ព្រះអង្គគ្មានលក្ខណៈជាបុរស​ជា​ស្រ្តី​ទេ ទ្រង់​​ជា​​វិញ្ញាណ​​សុទ្ធសាធដែលគ្មានភេទឡើយ។​ ប៉ុន្តែ “លក្ខណៈសម្បត្តិ” របស់មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ឆ្លុះបញ្ចាំងនូវ​ភាព​ល្អ​ឥត​ខ្ចោះ​ឥតព្រំដែនរបស់ព្រះជាម្ចាស់ គឺលក្ខណៈជា​មាតា (អស ៤៩,១៤-១៥ ; ៦៦,១៣ ; ទន ១៣១,២-៣) ជាបិតា និងជាគូស្វាមីភរិយា​​​ (ហស ១១,១-៤ ; យរ ៣,៤-១៩)។

ព្រះជាម្ចាស់បានបង្កើតមនុស្សប្រុសនិងមនុស្សស្រី “ចំពោះគ្នាទៅវិញទៅមក - អ្នកទាំងពីរ​រួមឯកភាព​ជាមួយ​គ្នា”

៣៧១. ព្រះជាម្ចាស់បានបង្កើតមនុស្សប្រុសនិងមនុស្សស្រី នៅពេលជាមួយគ្នា ហើយដើម្បីគ្នាទៅ​វិញ​​ទៅ​មក ។​ តាមអត្ថបទខ្លះនៃព្រះគម្ពីរដ៏វិសុទ្ធ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បញ្ជាក់សេចក្ដីនោះ៖ “បើ​មនុស្សប្រុសនៅ​តែ​ឯង​​ដូច្នេះ មិនស្រួលទេ។ យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយ និងបានជាគ្នា” (កណ ២,១៨)។ គ្មានសត្វ​ណា​មួយ​អាចធ្វើ “ជាគ្នា”​ នឹងមនុស្សទេ (កណ ២,១៩-២០)។ ពេលព្រះ​ជាម្ចាស់ “សូន” មនុស្សស្រីចេញពីឆ្អឹងជំនីរ​របស់​មនុស្សប្រុស ធ្វើឱ្យគេស្ញើចសរសើរ ដោយក្ដី​ស្រលាញ់ និងរួមជាមួយស្រ្តីនោះថា៖ “លើកនេះ ពិត​ជា​ឆ្អឹង​ដែល​កើតចេញពីឆ្អឹងអញ ជាសាច់ ដែលកើតចេញពីសាច់អញ” (កណ ២,២៣)។ មនុស្សប្រុសយល់ឃើញថា មនុស្ស​​ស្រីជា “ខ្លួនឯង” មួយផ្សេង​ទៀត ហើយទាំងពីរអ្នករួមរស់ជាមួយគ្នាក្នុងសភាពជាមនុស្សតែមួយ។

៣៧២. ព្រះជាម្ចាស់បានបង្កើតមនុស្សប្រុសនិងមនុស្សស្រី “ដើម្បីគ្នាទៅវិញទៅមក”។ ព្រះជាម្ចាស់​មិន​បាន​បង្កើត​គេ “មិនគ្រប់លក្ខណៈ” ឬ “តែពាក់កណ្ដាល” ទេ ព្រះអង្គបានបង្កើតគេឱ្យ​រួម​រស់​ជាមួយ​គ្នា ​ជា​ជំនួយសម្រាប់គ្នាទៅវិញទៅមក ដ្បិតពួកគេស្មើគ្នាក្នុងស​ភាព​ជាមនុស្ស​ផង (“ពិតជាឆ្អឹង​ដែល​​កើត​​ចេញ​ពីឆ្អឹង​អញ”) និងបំពេញគ្នាទៅវិញទៅមក ក្នុងសភាពជា​បុរស ​ជាស្រ្តី។ ក្នុងអាពាហ៍ពិពាហ៍ ព្រះ​ជាម្ចាស់​ផ្សំផ្គុំគេ ដើម្បី​ឱ្យគេអាចបន្តជីវិត ដោយ “ធ្វើជារូបកាយតែមួយ” (កណ ២,២៤)៖ “ចូរ​បង្កើត​កូន​ចៅ​​ឱ្យ​​​បាន​កើន​ឡើង​ច្រើនពាសពេញលើ​ផែន​ដី” (កណ ១,២៨)។ មនុស្សប្រុសនិងមនុស្សស្រី ដែលជា​ស្វាមី​ភិរយា និង​មាតាបិតា រួម​សហការយ៉ាង​ពិសេស​​ជាមួយព្រះជាម្ចាស់ ដោយបន្តជីវិតដល់កូនចៅរបស់គេ (ហស ១១,១- ៤ ; យរ ៣,៤-១៩)។

៣៧៣. តាមគម្រោងការរបស់ព្រះជាម្ចាស់ ព្រះអង្គក៏ត្រាស់ហៅមនុស្សប្រុស និងមនុស្សស្រីឱ្យ “ត្រួតត្រា” ផែន​ដី (កណ ១,២៨) ដូចជា “អ្នកបម្រើ” របស់ព្រះអង្គ។ មនុស្សមិនត្រូវត្រួតត្រាផែនដីនេះ ដូចជាអ្នកប្រើ​អំណាច​ផ្ដាច់​ការ ដែលបំផ្លាញអ្វីៗទាំងអស់ទេ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សប្រុស និងមនុស្សស្រីឱ្យ​ចូលរួម​ជាមួយ​ព្រះជាម្ចាស់ ថែរក្សាសត្វលោកផ្សេងទៀត ហើយដែល “ស្រលាញ់សត្វលោកទាំងអស់” (ប្រាញ ១១,២៤) ទើបគេទទួលខុសត្រូវលើពិភពលោក ដែលព្រះ​ជាម្ចាស់ប្រទានឱ្យមក។

៤. មនុស្សនៅស្ថានបរមសុខ

៣៧៤. ព្រះជាម្ចាស់មិនគ្រាន់តែបង្កើតមនុស្សដើមដំបូងឱ្យមានលក្ខណៈល្អប្រសើរទេ ទ្រង់​​​ក៏​​បាន​​តែង​តាំង​គេធ្វើជាមិត្តសម្លាញ់របស់ព្រះអង្គ ដោយរួមយ៉ាងសុខសាន្តជាមួយខ្លួនឯង និងជាមួយសត្វ​លោក​​ទាំង​​អស់​ដែរ។ មានតែសិរីរុងរឿងនៃការបង្កើតថ្មីនៅក្នុងអង្គព្រះគ្រីស្តទេ ដែលប្រសីរ​ជាង​​សេចក្ដី​​សុខសា​ន្ត​នេះ។

៣៧៥. ដោយបកស្រាយត្រឹមត្រូវអត្ថបទនៃព្រះគម្ពីរ ដែលប្រើនិមិត្តរូបជាច្រើន ក្រោមពន្លឺ​នៃ​សម័្ពន្ធ​មេត្រីថ្មី និងការបញ្ជូនបន្តដែលជួយបំភ្លឺ ព្រះសហគមន៍ប្រៀនប្រដៅថា ឪពុកម្តាយដើមរបស់យើង គឺ​លោក​អដាំ និង​នាងអេវ៉ា បានកើតមកដោយជាមនុស្ស “ដ៏វិសុទ្ធ និងសុចរិត តាំងពីដើម” (DS ១៥១១)។ ព្រះជាម្ចាស់ប្រោសប្រណី​ភាព​ដ៏​វិសុទ្ធ​ដើមឱ្យទាំងពីរនាក់ ដើម្បីឱ្យគេ “ទទួលព្រះជន្មរបស់​ព្រះអង្គ” (LG ២)។

៣៧៦. ព្រះជាម្ចាស់ប្រោសប្រណីមនុស្សបែបនេះ ដើម្បីជួយសម្រួលលក្ខណៈទាំងអស់នៃជីវិតរបស់​មនុស្ស​លោក។ មនុស្សមិនត្រូវស្លាប់ (កណ ២,១៧ ; ៣,១៩) ឬមិនត្រូវរងទុក្ខលំបាក (កណ ៣,១៩) ទាល់តែ​គេ​រួម​រស់​ជាមួយ​ព្រះជាម្ចាស់យ៉ាងស្និទ្ធស្នាល។​ តាមសភាពការណ៍ដើមនេះ មនុស្សទទួលសេចក្ដី​សុខ​សាន្តជាមួយ​នឹង​ខ្លួន​ឯង សេចក្ដីសុខសាន្តរវាងមនុស្សប្រុសនិងមនុស្សស្រី (កណ ២,២៥) និងសេចក្ដីសុខសាន្ត​រវាង​ប្ដីប្រពន្ធដើម​​និង​សត្វ​លោកទាំងអស់។

៣៧៧. តាំងពីដើម ព្រះជាម្ចាស់ឱ្យមនុស្ស “ត្រួតត្រា” ផែនដី បានសេចក្ដីថា មនុស្សត្រូវតែត្រួតត្រាលើខ្លួនឯង​សិន។ មនុស្សបានគ្រប់លក្ខណៈ ព្រោះមិនជាប់ជំពាក់នឹងកិលេសតណ្ហា (១យហ ២,១៦) ដែលបង្រ្កាប​គេ​ឱ្យ​មាន​ចិត្តវក់វី​នឹង​គ្រឿង​សប្បាយ មានចិត្តលោភលន់នឹងទ្រព្យសម្បត្តិលោកីយ៍ និងលើកតម្កើង​អួត​បំប៉ោង​ខ្លួ​ន​ឯង​ដោយ​គ្មាន​ហេតុ​ផលឡើយ។

៣៧៨. ព្រះជាម្ចាស់បានយកមនុស្សទៅដាក់ក្នុងសួនឧទ្យាន (កណ ២,៨) ជាសញ្ញាសម្គាល់ថា មនុស្ស​ជា​​មិត្ត​សម្លាញ់​របស់ព្រះអង្គ។​ មនុស្សនៅក្នុងសួន ដើម្បីឱ្យគេ “ភ្ជួររាស់ និងថែរក្សា” សួននោះ (កណ ២,១៥) គឺ​ព្រះជាម្ចាស់ប្រគល់ការងារឱ្យមនុស្ស ដើម្បីឱ្យមនុស្សប្រុស​និងមនុស្សស្រី​សហការជាមួយព្រះអង្គ ក្នុង​ការ​កែសម្រួលការបង្កើតដែលមើលឃើញ។ ​ដោយប្រគល់​ការងារ​ឱ្យមនុស្សធ្វើតាម ព្រះជាម្ចាស់​​មិន​​ដាក់ទោសពួកគេទេ (កណ ៣,១៧-១៩)។

៣៧៩. នៅពេលដែលឪពុកម្តាយដើមនឹងប្រព្រឹត្តអំពើបាប ភាពសុខដុមរមនា ដែលព្រះជាម្ចាស់បាន​​​គ្រោង​ទុកជាមុនសម្រាប់មនុស្ស នឹងរលាយឱ្យបាត់បង់អស់ទៅ។

សង្ខេប

៣៨០. “បពិត្រព្រះជាម្ចាស់! ព្រះអង្គបានបង្កើតមនុស្សលោកឱ្យមានលក្ខណៈដូចព្រះអង្គ ហើយបានប្រគល់សកលលោក ដើម្បីឱ្យគេគ្រប់គ្រងលើអ្វីៗទាំងអស់ ដោយបម្រើព្រះអង្គជាអ្នកបង្កើតគេ” (MR ធម៌ប្រសិទ្ធិព្រះកាយទី៤)។

៣៨១. ព្រះជាម្ចាស់តម្រូវមនុស្សទុកជាមុនឱ្យទៅជារូបតំណាងរបស់ព្រះបុត្រាប្រសូតជាមនុស្ស - "ជាតំណាងរបស់ព្រះដែលមើលមិនឃើញ” (កូឡ ១,១៥)​ - ដើម្បីឱ្យព្រះគ្រីស្តទៅជារៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន (អភ ១,៣-៦) (រម ៨,២៩)។

៣៨២. មនុស្ស “មានរូបកាយ និងវិញ្ញាណ​ តែជាអង្គតែមួយ” (GS ១៤,១)។ លទ្ធិនៃជំនឿអះអាងថា ព្រះជាម្ចាស់ផ្ទាល់បានបង្កើតព្រលឹងវិញ្ញាណ ដែលមិនចះស្លាប់។

៣៨៣. “ព្រះជាម្ចាស់មិនបានបង្កើតមនុស្សឱ្យនៅឯកឯងទេ តាំងពីដើមរៀងមក “ព្រះអង្គ​​​បង្កើត​​​​​​មនុស្ស​ជាបុរស​ជាស្រ្តី” (កណ ១,២៧)។​​​ សង្គមរបស់បុរស និងស្ត្រីជារបៀប​​​ដើមដំបូងបញ្ជាក់ថា បុគ្គលត្រូវតែ​រួប​រួម​គ្នា” (GS ១២,៤)។

៣៨៤. ព្រះជាម្ចាស់សម្ដែងឱ្យយើងដឹងថា មុនធ្លាក់ខ្លួនជាអ្នកបាប បុរស និងស្រ្តីជាបុគ្គលដ៏វិសុទ្ធ និង​សុចរិត។ ដោយសារពួកគេរួមមេត្រីភាពជាមួយព្រះជាម្ចាស់ ពួកគេរស់នៅពោរពេញដោយសុភមង្គល នៅ​ស្ថានបរមសុខ។

កថាខណ្ឌទី៧៖ មនុស្សធ្លាក់ខ្លួនជាអ្នកបាប

៣៨៥. ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសឥតព្រំដែន ហើយស្នាព្រះហស្តរបស់ព្រះអង្គក៏ល្អប្រសើរ​បំផុត។ ប៉ុន្តែ គ្មាននរណាម្នាក់អាចគេចផុតពីបទពិសោជន៍នៃទុក្ខលំបាក អំពើអាក្រក់ទាំង​ប៉ុន្មាន​ដែល​មានក្នុង​​ធម្មជាតិ - ដែលមកពីលក្ខណៈរបស់សត្វលោក ដែលមានកំណត់ព្រំដែន - ហើយ​ជាពិសេសអំពីបញ្ហានៃ​អំពើ​បាប។ តើសេចក្ដីអាក្រក់ចេញមកពីណា? សន្ត អូគូស្តាំង ធ្លាប់ចោទសួរខ្លួនឯងថា៖ “ខ្ញុំស្វែងរកថា​ តើសេចក្ដីអាក្រក់ចេញ​មក​ពីណា ប៉ុន្តែខ្ញុំមិនអាចឆ្លើយតបបានទេ” ហើយការស្វែងរកដ៏លំបាករបស់លោកនឹងមានផ្លូវចេញតែមួយ គឺនៅ​ពេល​លោកកែប្រែចិត្តគំនិតទៅរកព្រះជាម្ចាស់ដែលមានព្រះជន្មគង់​នៅ ដ្បិតមានតែ “គម្រោងការដ៏លាក់កំបាំង​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់” (១ធម ៣,១៦) ដែលអាចជួយបំភ្លឺ “គម្រោងការដ៏លាក់កំបាំងរបស់មេ​ប្រឆាំង​ព្រះជាម្ចាស់” (២ថស ២,៧)។ ពេលព្រះគ្រីស្តបានសម្ដែងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ព្រះអង្គក៏​បាន​​សម្ដែង​ការ​​លាតត្រដាងនៃសេចក្ដី​​អាក្រក់ផង និងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់​យ៉ាងក្រៃលែង​របស់​ព្រះជាម្ចាស់ផង (រម ៥,២០)។ ហេតុដូច្នេះហើយ បានជាយើងត្រូវចាត់ទុកបញ្ហាអំពីប្រភពនៃសេចក្ដីអាក្រក់ ដោយ​សម្លឹង​មើលទៅ​រកមនុស្សម្នាក់ ដែលបានទទួលជោគជ័យរួចហើយ គឺព្រះយេស៊ូគ្រីស្ត (លក ១១,២១-២២ ; យហ ១៦,១១ ; ១យហ ៣,៨)។

១. ទីណាមានបាបកាន់តែច្រើន ទីនោះព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ក៏កាន់តែមាន​ច្រើន​លើស​លប់ថែមទៀត

អំពើបាបបានកើតជារូបរាង

៣៨៦. អំពើបាបមានវត្តមានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក។ បើយើងព្យាយាមធ្វើមិនដឹងមិនឮ ឬដាក់​ឈ្មោះ​ផ្សេង​​​​ទៀត​ដល់​អំពើ​ដ៏​ងងឹតនេះ គ្មានប្រយោជន៍ទាល់តែសោះ។ ដើម្បីយល់ច្បាស់អំពីអ្វីដែលជាអំពើបាប មុន​ដំបូង​ត្រូវតែទទួលស្គាល់ចំណងដ៏ជ្រាលជ្រៅបំផុតរវាងមនុស្ស និងព្រះជាម្ចាស់ ដ្បិតក្រៅពីទំនាក់ទំនងនេះ យើង​មិន​អាច​យល់ច្បាស់អំពីសេចក្ដីអាក្រក់នៃអំពើបាប ដែលជំទាស់ និងប្រឆាំង​ព្រះជាម្ចាស់ ថែមទាំងមាន​ឥទ្ធិពល​លើ​ជីវិត និងប្រវត្តិសាស្រ្តរបស់មនុស្សលោកផងដែរ។

៣៨៧. មានតែពន្លឺរបស់ព្រះជាម្ចាស់ដែលសម្ដែងព្រះអង្គ ទើបអាចជួយបំភ្លឺយ៉ាងពិតប្រាកដអំពើបាប ជា​ពិសេស​​​​​​​​អំពើ​​បាប​ដើម។​ ប្រសិនបើព្រះជាម្ចាស់មិនសម្ដែងព្រះអង្គឱ្យយើងស្គាល់ទេ យើង​មិន​អាចយល់យ៉ាង​ច្បាស់​អំពើបាប ​ហើយយើងអាចចាត់ទុកថា អ្នកប្រព្រឹត្តអំពើបាបនេះ មកពីគេមិនបាន​លូតលាស់​បាន​គ្រប់​លក្ខណៈ ឬ​មក​ពីភាពទន់ខ្សោយខាងផ្លូវចិត្តរបស់គេ ឬគេភ័ន្តច្រឡំបានជា​ប្រព្រឹត្តិ​កំហុស ឬមកពីផលវិបាកដែល​មិន​​​​អាច​​ជៀស​​វាង​បាន​នៃរចនាសម្ព័ន្ធមិនត្រឹមត្រូវ​ នៅក្នុងសង្គម ​ល។ល។ មានតែពេល​យើង​ស្គាល់​គម្រោងការ​របស់​ព្រះជាម្ចាស់​សម្រាប់មនុស្សលោក ​ទើបយើង​យល់​ថា អ្នកប្រព្រឹត្តអំពើបាបមកពីគេបំពានសេរីភាព ដែល​ព្រះអង្គ​​​ប្រទាន​​ឱ្យសត្វលោក ដើម្បី​ឱ្យ​គេអាចស្រលាញ់ព្រះអង្គ និងស្រលាញ់គ្នាទៅវិញទៅមក។

អំពើបាបដើម ជាសេចក្ដីពិតនៃជំនឿ ដែលត្រូវតែជឿ

៣៨៨. ពេលព្រះជាម្ចាស់សម្ដែងព្រះអង្គឱ្យគេស្គាល់បន្តិចម្តងៗ    ព្រះអង្គក៏បំភ្លឺទង្វើនៃ​អំពើបាបផង ​ដែរ។ ទោះ​បី​​ប្រជាជនរបស់ព្រះជាម្ចាស់នៃសម័្ពន្ធមេត្រីចាស់ បានលើកបញ្ហា​នៃលក្ខណៈដ៏លំបាក​របស់​មនុស្ស នៅក្នុងរឿង​និទាន​​អំពីមនុស្សធ្លាក់ខ្លួនជាអ្នកបាប​ ដែលមានក្នុងកណ្ឌកំណើតពិភពលោក យ៉ាង​ណា​ក៏ដោយ ក៏ពួកគេមិនអាច​យល់​​រឿង​នេះបានច្បាស់ឡើយ ដ្បិតមានតែពន្លឺរបស់ព្រះយេស៊ូ ដែលសោយទិវង្គត និងមានព្រះជន្មថ្មី ដែលបំភ្លឺអត្ថន័យដ៏ពេញលេញរបស់រឿងនេះបាន (រម ៥,១២-២១)។ ត្រូវតែស្គាល់ព្រះគ្រីស្ត​ជាប្រភពនៃ​ការ​ប្រណីសន្ដោស ដើម្បីអាចយល់ថា លោកអដាំជាប្រភពនៃអំពើបាប។ ព្រះគ្រីស្ត​ ដែល​មាន​ព្រះជន្ម​មានជីវិតថ្មីចាត់ព្រះវិញ្ញាណ ជាព្រះជួយការពារ ឱ្យយាងមក ដើម្បី “ចោទប្រកាន់មនុស្សលោកថា គេ​យល់​​ខុសអំពីបាប” (យហ ១៦,៨) ដោយទ្រង់សម្ដែង​ព្រះសង្រ្គោះ។

៣៨៩. លទ្ធិនៃអំពើបាបដើមឆ្លុះបញ្ចាំង “ខាងក្រោយ” នូវដំណឹងល្អ គឺព្រះយេស៊ូជាព្រះសង្រ្គោះរបស់​មនុស្ស​​ទាំងអស់ ដែលគេទាំងអស់គ្នាត្រូវការ។ ដោយសារព្រះគ្រីស្តនេះ ព្រះជាម្ចាស់ប្រទាន​ឱ្យ​មនុស្សលោកទាំងអស់​អាច​ទទួល​​ការ​សង្រ្គោះបាន។ ព្រះសហគមន៍ ដែលឈ្វេងយល់អំពីព្រះគ្រីស្ត (១ករ ២,១៦) ដឹងច្បាស់ថា យើងមិនអាចផ្លាស់ប្តូរសេចក្ដី​ដែល​​ព្រះ​ជាម្ចាស់សម្ដែងអំពីអំពើបាប ដោយមិនប៉ះពាល់ដល់​គម្រោងការ​ដ៏​លាក់​​កំបាំង​របស់ព្រះគ្រីស្តបានទេ។

ធ្វើយ៉ាងដូចម្ដេច ដើម្បីអានរឿងនិទានអំពីអំពើបាបដើម?

៣៩០. ទោះបីជារឿងនិទានដែលថ្លែងអំពីអំពើបាបដើម (កណ ៣) ប្រើនិមិត្តរូបយ៉ាងណាក៏ដោយ ក៏រឿងនេះ អះអាង​ថា មានហេតុការណ៍មួយ ដែលកើត​ឡើង នៅពេលដើមដំបូង គឺនៅពេលប្រវត្តិសាស្រ្ត​របស់មនុស្ស​លោក​ចាប់ផ្ដើម (GS ១៣,១)។ ព្រះជាម្ចាស់សម្ដែង​ឱ្យ​យើង​ជឿ​ជាក់យ៉ាងច្បាស់ថា ប្រវត្តិសាស្រ្ត​​មនុស្ស​លោក​បានទទួលផលវិបាក​នៃអំពើបាបដើម ដែលឪពុកម្ដាយដើម​យើង​បានប្រព្រឹត្ត​ ដោយ​ខ្លួនឯងផ្ទាល់ (DS ១៥១៣ ; DS ៣៨៩៧)។

២. ពួកទេវទូតធ្លាក់ខ្លួនជាអ្នកបាប

៣៩១. មានសម្លេងរបស់ម្នាក់ប្រឆាំងនឹងព្រះជាម្ចាស់ (កណ ៣,១-៥) បានបោកបញ្ឆោត ដោយមាន​ចិត្ត​ច្រណែន​ឪពុកម្តាយ​ដើមធ្វើ​ឱ្យ​​គេធ្លាក់ក្នុងសេចក្ដីស្លាប់ (ប្រាញ ២,២៤)។ ព្រះគម្ពីរ និងការបញ្ជូន​បន្ត​ព្រះ​សហគមន៍យល់ឃើញថា​ អ្នក​នោះជាទេវទូតមួយ​រូប ដែលគេហៅថា សាតាំង ឬមារ (យហ ៨,៤៤​ ; វវ ១២,៩)។ ព្រះសហគមន៍បង្រៀនថា មុនដំបូង ព្រះជាម្ចាស់​បានបង្កើត​ទេវទូត​នេះ​ជា​ទេវទូតល្អ។ “ព្រះជាម្ចាស់​បាន​បង្កើត​មារ និងអារក្សផ្សេងទៀត​ជា​សត្វលោកល្អ ប៉ុន្តែពួកវាបានបណ្ដោយ​ឱ្យខ្លួន​ឯងទៅជាសត្វលោក​អាក្រក់​វិញ” (DS ៨០០)។

៣៩២. ព្រះគម្ពីរថ្លែងថា ពួកទេវទូតនោះបានប្រព្រឹត្តអំពើបាប ​ (២ពត្រ ២,៤) គឺពួកវិញ្ញាណនោះ ដែល​ព្រះ​ជាម្ចាស់បានបង្កើតនោះហើយ ដែលបានបដិសេធ ជាដាច់ខាត មិនព្រមទទួលស្គាល់ព្រះអង្គ និងព្រះរាជ្យរបស់ព្រះអង្គ​ តរៀងទៅ ដោយមានសេរីភាពពេញលេញ។ ពាក្យសម្តីរបស់​មេ​ល្បងទៅកាន់ឪពុកម្តាយដើមរបស់យើងបញ្ជាក់សេចក្ដីនេះថា៖ “អ្នកនឹង​បាន​​ដូច​​ព្រះ​ដែលស្គាល់ល្អស្គាល់​អាក្រក់​ជាមិនខាន” (កណ ៣,៥)។ “មារបានប្រព្រឹត្តអំពើបាប​តាំងពី​ដើម​ដំបូង” (១យហ ៣,៨)។ មារ “ជាឪពុកនៃ​អ្នក​កុហក” (យហ ៨,៤៤)។

៣៩៣. ព្រះជាម្ចាស់មិនអាចលើកលែងទោសឱ្យពួកវា មិនមែនមកពីព្រះជាម្ចាស់គ្មានធម៌មេត្តាករុណាទេ ប៉ុន្តែ​មក​ពី​ពួកទេវទូតបានបដិសេធព្រះជាម្ចាស់ជាដាច់ខាត និងជារៀងរហូត ។ “ក្រោយពី​ពួក​វា​​បានប្រព្រឹត្តអំពើបាប ព្រះជាម្ចាស់​មិនអាចលើកលែងទោសឱ្យពួកវាបានទេ ដូចព្រះអង្គមិនអាច​លើក​លែងទោសឱ្យ​មនុស្ស​នៅ​ពេល​​ស្លាប់​ហើយ” (សន្ត យ៉ូហាន ដាម៉ាសែន)។

៣៩៤. ព្រះគម្ពីរបញ្ជាក់អំពីឥទិ្ធពលដ៏អាក្រក់របស់មារដែលព្រះយេស៊ូហៅថា “អ្នកសម្លាប់មនុស្ស” (យហ ៨,៤៤) ​ហើយដែលបានព្យាយាមបំបែរព្រះយេស៊ូចេញពីបេសកកម្មដែលព្រះអង្គបានទទួលពីព្រះបិតា (មថ ៤,១-១១)។ “ព្រះ​​បុត្រារបស់​ព្រះជាម្ចាស់​បានយាងមក ដើម្បីរំលាយកិច្ចការរបស់មារ” (១យហ ៣,៨)។ មារបាន​បង្កើត​ផល​វិបាក​អាក្រក់ជាង​គេ​ជា​ទីបំផុត នៅពេលវាបានបោកបញ្ឆោតមនុស្សមិនឱ្យ​ធ្វើ​តាម​ព្រះហឫទ័យរបស់​​ព្រះ​ជាម្ចាស់។

៣៩៥. ប៉ុន្តែ អំណាចរបស់មារសាតាំងមានព្រំដែន។ ទោះបីមារមានអំណាច ​ព្រោះវាជា​វិញ្ញាណ​សុទ្ធសាធក៏ដោយ ក៏​វា​គ្រាន់តែជាសត្វលោកប៉ុណ្ណោះ។ វាមិនអាចឃាត់ព្រះជាម្ចាស់មិនឱ្យកសាង​ព្រះរាជ្យព្រះអង្គបានឡើយ។ ក្នុងពិភពលោក ទោះ​​​បី​សាតាំងប្រព្រឹត្តកិច្ចការប្រឆាំងនឹងព្រះជាម្ចាស់ និងព្រះរាជ្យរបស់ព្រះអង្គនៅក្នុងអង្គ​ព្រះ​គ្រីស្ត​ក្ដី ទោះបីកិច្ចការរបស់វាបង្កើតផលវិបាកដ៏អាក្រក់ ខាងផ្លូវវិញ្ញាណ ខាងផ្លូវកាយក្ដី ចំពោះ​មនុស្ស និង​សង្គម​ក្ដី ក៏ព្រះជាម្ចាស់បណ្តោយឱ្យមារប្រព្រឹត្តដូច្នោះ ដោយណែនាំប្រវត្តិសាស្រ្តរបស់ពិភពលោក និងមនុស្សលោក ប្រកប​ដោយ​ព្រះចេស្ដា និងភាពថ្នាក់ថ្នម។ យើងមិនអាចយល់មូលហេតុដែលនាំឱ្យព្រជាម្ចាស់​ឱ្យមារ​មាន​សកម្មភាព​បានទេ តែ “យើង​ដឹង​ថា ព្រះជាម្ចាស់ផ្សំអ្វីៗទាំងអស់ឡើង ដើម្បីឱ្យអស់អ្នក​ស្រលាញ់​ព្រះអង្គ​បាន​​ទទួល​ផលល្អ” (រម ៨,២៨)។

៣. អំពើបាបដើមដំបូង

មារល្បងសេរីភាពមនុស្សលោក

៣៩៦. ព្រះជាម្ចាស់បានបង្កើតមនុស្សលោកឱ្យមានលក្ខណៈដូចព្រះអង្គ ហើយបានតែងតាំងគេ​ធ្វើជាមិត្ត​សម្លាញ់​​របស់​​ព្រះអង្គ។ ក្នុងឋានៈជាសត្វលោកខាងវិញ្ញាណ មនុស្សលោកគ្រាន់តែអាចស្ម័គ្រចិត្តគោរពប្រណិប័តន៍ព្រះ​ជាម្ចាស់។ សេចក្ដី​នេះជាហេតុនាំឱ្យព្រះជាម្ចាស់ហាមមនុស្ស​លោកកុំឱ្យ​បរិភោគ​​ផ្លែ​ឈើ​ពីដើមដែលនាំឱ្យស្គាល់ល្អ​ស្គាល់​​អាក្រក់ ដ្បិត “ថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខ​ជាស្លាប់​មិន​ខាន” (កណ ២,១៧)។ ព្រះបញ្ជានេះរៀបរាប់ ដោយ​ប្រើនិមិត្តរូប កំណត់ព្រំដែន ដែលមនុស្ស មិនអាចឆ្លង​កាត់​​បាន​ ហើយ​ដែល​ក្នុងឋានៈ​ជា​សត្វលោក មនុស្ស​ត្រូវ​ទទួលស្គាល់ ដោយសេរី និងដោយ​គោរព​ជឿ​​ទុកចិត្ត​លើ​ព្រះ​ជាម្ចាស់។ មនុស្សលោកពឹងផ្អែក​លើ​ព្រះជាម្ចាស់​ជាព្រះបង្កើត គេត្រូវប្រតិបត្តិតាម​វិន័យ​របស់​ពិភព​លោក និងក្បួនច្បាប់ខាងសីលធម៌នៃសេរីភាព​។

 អំពើបាបដំបូងរបស់មនុស្សលោក

៣៩៧. មនុស្សលោក ដែលមានមារល្បងចិត្តគំនិត លែងជឿទុកចិត្តលើព្រះបង្កើតរបស់គេ (កណ ៣,១-១១) ហើយ​បំពានសេរីភាព​របស់ខ្លួន មិនប្រតិបត្តិតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាអំពើបាប​ដំបូង​របស់​មនុស្សលោក (រម ៥,១៩)។ ក្រោយ​មក រាល់ពេលដែលមនុស្សលោកប្រព្រឹត្តអំពើបាប គេមិន​ប្រតិបត្តិ​តាម​ព្រះជាម្ចាស់ និងមិន​ជឿទុកចិត្ត​លើ​ព្រះហឫទ័យ​សប្បុរសរបស់ព្រះអង្គ។

៣៩៨. នៅពេលមនុស្សបានប្រព្រឹត្តអំពើបាបដំបូង គេស្រលាញ់ខ្លួនឯងច្រើនជាងព្រះជាម្ចាស់ ហេតុដូច្នេះ​ហើយ បានជាគេប្រមាថមើលងាយព្រះជាម្ចាស់។ មនុស្សបានជ្រើសរើសខ្លួនឯង ប្រឆាំងនឹងព្រះជាម្ចាស់ ប្រឆាំង​នឹងលក្ខណៈរបស់ខ្លួនជាសត្វលោក ទើបប្រឆាំងនឹងប្រយោជន៍របស់ខ្លួនដែរ។ ព្រះជាម្ចាស់បានបង្កើត​មនុស្ស​​​ដ៏វិសុទ្ធ ក្នុងគោលបំណងឱ្យមនុស្សទៅជា “ព្រះ” ក្នុងសិរីរុងរឿងរបស់ព្រះអង្គដែរ។ ដោយសារ​មារ​បាន​បោកបញ្ឆោតគេ មនុស្សលើកខ្លួនជា “ព្រះដែលស្គាល់ល្អស្គាល់អាក្រក់” (កណ ៣,៥) ដោយ “មិនចាំបាច់ឱ្យមាន​ព្រះ​ជាម្ចាស់ មុនព្រះអង្គសព្វព្រះហឫទ័យ ហើយដោយមិនធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គផងដែរ” (សន្ត ម៉ាកស៊ីម)។

៣៩៩. ព្រះគម្ពីរបង្ហាញពីផលវិបាកដ៏អាក្រក់ នៅពេលមនុស្សដើមមិនបានប្រតិបត្តិតាមព្រះជាម្ចាស់ គឺលោក​អដាំ និងនាងអេវ៉ាបានលែងជាមនុស្សដ៏វិសុទ្ធទៀតទេ (រម ៣,២៣)។ ពួកគេភ័យខ្លាចព្រះជាម្ចាស់ (កណ ៣,៩-១០) ដែលគេបានយល់ច្រឡំថា ជាព្រះដែលចង់រក្សាទុកលក្ខណៈសម្បត្តិរបស់ព្រះអង្គ (កណ ៣,៥)។

៤០០. ដោយសារអំពើបាប មនុស្សដើមលែងរស់នៅ ក្នុងស្ថានភាពប្រកបដោយសេចក្ដីសុខសាន្ត ដែល​​មក​ពី​ភាព​ដ៏វិសុទ្ធដើមដំបូង។​ វិញ្ញាណរបស់គេលែងគ្រប់គ្រងលើរូបកាយ (កណ ៣,៦) មនុស្ស​ប្រុស​និងមនុស្ស​ស្រី​លែង​ត្រូវគ្នាទៀតទេ (កណ ៣,១១-១៣) គេមានចិត្តលោភលន់ចំពោះគ្នាទៅវិញទៅ​មក ចង់ធ្វើជា​ម្ចាស់​លើគ្នា​ទៅ​វិញ​ទៅមក (កណ ៣,១៦)។ គេលែងរស់នៅក្នុងពិភពនេះប្រកបដោយសេចក្ដីសុខសាន្តទៀត ហើយសត្វលោក ដែល​មើល​ឃើញ ចាកចេញពីគេ និងស្អប់គេវិញ (កណ ៣,១៧-១៩)។ ដោយសារមនុស្ស “អ្វីៗទាំងអស់បែរ​ទៅ​ជា​ឥត​ន័យ” (រម ៨,២០)។ ទីបញ្ចប់ មនុស្សនឹង “ត្រឡប់ទៅជាដីវិញ ដ្បិត (មនុស្ស) មានកំណើតមកពីដី” (កណ ៣,១៩)។​ សេចក្ដីស្លាប់បានចូលមកក្នុងពិភពលោក (រម ៥,១២)។

៤០១. តាំងពីពេលដែលមនុស្សបានប្រព្រឹត្តអំពើបាបដំបូងនេះ បាបបាន “រាលដាល” ក្នុងពិភពលោកទាំងមូល៖ លោក​កាអ៊ីនសម្លាប់លោកអេបិលជាប្អូនរបស់គេ (កណ ៣,៤-១៥) មនុស្សលោក​ប្រព្រឹត្តអំពើ​អាក្រក់កាន់​តែ​ច្រើន​​ឡើងៗ​ (កណ ៦,៥.១២ ; រម ១,១៨-៣២)។ យ៉ាងណាមិញ ក្នុង​ប្រវតិ្ត​សាស្រ្ត​ជនជាតិអ៊ីស្រាអែល ពួក​គេ​មិន​គោរពសម័្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ និងបំពាន​វិន័យ​របស់លោកម៉ូសេ។ សូម្បី​តែក្រោយពីព្រះគ្រីស្ត​បាន​សង្រ្គោះ​មនុស្សលោក គ្រីស្តបរិស័ទនៅតែ​ប្រព្រឹត្តអំពើបាប តាមរបៀបផ្សេងៗជាច្រើន (១ករ ១-៦ ; វវ ២-៣)។ ព្រះ​គម្ពីរ និងការ​បញ្ជូន​បន្ត​ព្រះសហគមន៍នៅតែរម្លឹកពីវត្តមាន គ្រប់សម័យ គ្រប់ទិសទី នៃអំពើបាប ក្នុង​ប្រវត្តិ​សាស្រ្ត ​មនុស្ស​លោក។

ដូច្នេះ ព្រះជា​​​ម្ចាស់​​​សម្តែងឱ្យយើងដឹងនូវអ្វី ដែលបទពិសោធន៍របស់យើងបញ្ជាក់ស្រាប់ គឺថា ប្រសិនបើ​​​មនុស្ស​​​យើង​ពិនិត្យ​​​​មើលចិត្តគំនិត​​​របស់ខ្លួន យើងមុខជានឹងឈ្វេងយល់ថា ខ្លួនលម្អៀងទៅប្រព្រឹត្ត​​​អំពើ​បាប មានតណ្ហាជាច្រើន​​​ចង់​​​​ពន្លិច​​​ស្មារតីរបស់យើង។ តណ្ហាទាំងប៉ុន្មាននេះ មិនមែនបណ្តាលមកពីព្រះ​​​បង្កើតរបស់ យើង​ដែល​​​មានព្រះហឫទ័យ​សប្បុរស​ទេ។ ជាញឹកញាប់ មនុស្សលោកមិនព្រមទទួលស្គាល់ព្រះ​​​ជាម្ចាស់​​​ទុកជាដើមកំណើត​​​របស់​​​ខ្លួនទេ។ ធ្វើដូច្នេះ​គេបាក់​បែក​​សណ្តាប់ធ្នាប់ដែលតម្រង់ខ្លួនទៅរក​​​ទីដៅ​​​បំផុត​​​នៃជីវិតរបស់គេ។​​​ ជាមួយគ្នានេះ​ ​​​មនុស្សបំបាត់ភាពសុខសាន្ត ជាមួយខ្លួនឯងផ្ទាល់ ជា​​​មួយ​​​មនុស្សឯទៀតៗនិងជាមួយសត្វលោក​​​ទាំង​​​ឡាយ (GS ១៣,១)។

ផលវិបាកនៃអំពើបាបរបស់លោកអដាំសម្រាប់មនុស្សលោកទាំងអស់

៤០២. មនុស្សទាំងឡាយជាប់បាបរបស់លោកអដាំ។ សន្តប៉ូលមានប្រសាសន៍ថា៖ “មនុស្ស​​​​​​​​​​​​​​​​​ទាំងអស់ជាប់បាប​ដោយ​​សារ​​មនុស្សតែ​ម្នាក់​មិនស្ដាប់បង្គាប់” (រម ៥,១៩)។ “តាមរយៈមនុស្សតែម្នាក់ បាបបានចូលមកក្នុង​ពិភព​លោក ហើយ​តាមរយៈបាប សេចក្ដីស្លាប់ក៏ចូលមកដែរ។​ ហេតុនេះហើយ បានជាសេចក្ដីស្លាប់​រាលដាល​ដល់​មនុស្ស​​គ្រប់ៗ​រូប ព្រោះគ្រប់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប” (រម ៥,១២)។ តាមគ្រីស្ត​ទូតប៉ូល ទោះបីមនុស្ស​ទាំង​អស់​​រួម​គ្នា​ក្នុងអំពើបាប និងសេចក្ដីស្លាប់ក៏ដោយ ក៏​មនុស្ស​ទាំងអស់រួមគ្នា​ក្នុងការ​សង្រ្គោះ​នៅក្នុង​អង្គព្រះ​គ្រីស្ត​ដែរ៖ “ដោយសារ​កំហុសរបស់មនុស្សតែ​ម្នាក់ មនុស្សទាំងអស់ត្រូវ​ជាប់​ទោសយ៉ាង​ណា ដោយសារអំពើសុចរិត​របស់​​មនុស្ស​តែម្នាក់ មនុស្សទាំង​អស់​ក៏​បាន​សុចរិត និង​ទទួល​ជីវិតយ៉ាងនោះដែរ” (រម ៥,១៨)។

៤០៣. ព្រះសហគមន៍តែងតែបង្រៀនតាមសន្តប៉ូលថា បើយើងមិននឹកគិតដល់អំពើបាបរបស់​លោកអដាំ ដែល​បានបញ្ជូនបាបមកយើង តាំងពីកំណើតមក ហើយ​ដែល​នាំឱ្យព្រលឹងបានស្លាប់ យើងក៏មិន​អាច​យល់​ទុក្ខ​លំបាក​​​ដ៏សែន​វេទនាដែល​ជិះជាន់មនុស្សលោក និងចិត្តលម្អៀងរបស់គេឱ្យប្រព្រឹត្តអំពើបាប ដែល​​ទាក់ទាញ​គេ​ទៅ​រកសេចក្ដី​ស្លាប់ (DS ១៥១២)។ ដោយសារសេចក្ដីនៃជំនឿនេះ ព្រះសហគមន៍ក៏ផ្ដល់អគ្គសញ្ញា​ជ្រមុជទឹក​ឱ្យ​រួច​ពី​បាប សូម្បីតែឱ្យក្មេងតូចៗ ដែលមិនបានប្រព្រឹត្តអំពើបាបផ្ទាល់ខ្លួនដែរ (DS ១៥១៤)។

៤០៤. តើបាបរបស់លោកអដាំក្លាយទៅជាបាបនៃកូនចៅរបស់លោកយ៉ាងដូចម្ដេច? នៅក្នុងលោកអដាំ មនុស្ស​​​​​​ជាតិ​​​​​ទាំង​អស់ដូចជា “រូបកាយតែមួយរបស់មនុស្សតែម្នាក់” (សន្ត ថូម៉ាស នៃអាកាំង)។ ដោយសារ “ឯកភាព​របស់​មនុស្សជាតិ” មនុស្សទាំង​អស់​ចូលរួមក្នុងបាបរបស់លោកអដាំ ដូចពួកគេចូលរួមក្នុងសេច្ដីសុចរិតរបស់​ព្រះ​គ្រីស្ត​ដែរ។ ក៏ប៉ុន្តែ យើងមិន​អាច​យល់ដឹងច្បាស់អំពីការបញ្ជូនអំពើបាបដើមដូចម្ដេចទេ ដែលជារឿងលាក់​កំបាំង។​ ព្រះជាម្ចាស់សម្ដែងឱ្យ​យើង​ដឹងថា លោកអដាំបានទទួលភាពដ៏វិសុទ្ធ និងបានសុចរិតដើមដំបូង មិនគ្រាន់​តែ​សម្រាប់​ខ្លួន​គេតែម្នាក់ឯងទេ គឺ​សម្រាប់មនុស្សលោកទាំងអស់៖ នៅពេលពួកគេចាញ់មេល្បង លោកអដាំ និងនាង​អេវ៉ា​​​ប្រព្រឹត្តអំពើបាបរៀងៗខ្លួន ប៉ុន្តែ​​ អំពើបាបនេះប៉ះពាល់នឹងសភាពជាមនុស្ស ដែលគេនឹងបញ្ជូន ក្នុង​លក្ខណៈ​ជា​​អ្នកបាប (DS ១៥១១-១៥១២)។ បាបនេះ​នឹង​រាលដាល​ដល់មនុស្សលោកទាំង​អស់ គឺគេ​នឹងបញ្ជូន​សភាព​ជា​មនុស្ស ដែលលែងមានភាពដ៏វិសុទ្ធ និងសេចក្ដីសុចរិត​ទៀត​ហើយ។ ហេតុដូច្នេះ ហើយបានជាគេ​ហៅ​“បាប” អំពើ​បាប​​ដើម​ដំបូង មិនមែនមកពីមនុស្សទាំងអស់បាន “ប្រព្រឹត្ត” អំពើបាប តែគេបាន “ទទួល”​ អំពើ​បាប​ដើម​ដំបូងបាន​សេចក្ដីថា បាបដើមដំបូងមានលក្ខណៈជា​សភាពការណ៍ តែមិនមែនជាកិច្ចការឡើយ។

៤០៥. ទោះបីកូនចៅលោកអដាំបានទទួលបាបដើមដំបូងតាមលក្ខណៈរៀងៗខ្លួនក៏ដោយ (DS ១៥១៣) ក៏គេ​មិន​​បានប្រព្រឹត្តកំហុស​ដោយ​ខ្លួនគេផ្ទាល់ដែរ។ មនុស្សលោកបានបាត់បង់ភាពដ៏វិសុទ្ធ និងសេចក្ដីសុចរិតដើមដំបូង ប៉ុន្តែ​ សភាពជាមនុស្សមិនខូចទាំងស្រុងទេ គឺមនុស្សលោករងអវិជ្ជា រងទុក្ខលំបាក ស្ថិតនៅក្រោមអំណាចនៃ​សេចក្ដីស្លាប់ និងមានចិត្ត​លម្អៀង​ប្រព្រឹត្តអំពើបាប (ដែលគេហៅថា “តណ្ហា”)។ បុណ្យជ្រមុជទឹក ដែល​ផ្ដល់​ព្រះ​ជន្ម​របស់ព្រះគ្រីស្ត លប់​បំបាត់​អំពើ​បាបដើមដំបូង និងធ្វើឱ្យមនុស្សវិលទៅរកព្រះជាម្ចាស់វិញ ប៉ុន្តែផល​វិបាក​នៅ​តែស្ថិត​​ក្នុងសភាពជាមនុស្ស និងបណ្តាលឱ្យគេ​ទន់​ខ្សោយ និងលម្អៀងប្រព្រឹត្តអំពើបាប​ ហើយ​ត្រាស់ហៅគេ​ឱ្យ​​​​​ប្រយុទ្ធប្រឆាំងខាងផ្លូវវិញ្ញាណ។

៤០៦. ព្រះសហគមន៍បានលម្អិតគោលការណ៍អំពីការបញ្ជូនបាបដើម នៅសតវត្សទីប្រាំក្រោយពីសន្ត អូគូស្តាំង បាន​រិះ​គិត​ពិចារណាប្រឆាំងនឹងលោក ពេឡា ហើយនៅសតវត្សទីដប់ប្រាំមួយ ដើម្បីប្រយុទ្ធ​ប្រឆាំង​និងការកែ​តម្រង់​របស់​ពួកប្រូតេស្តង់។​ លោក ពេឡា អះអាងថា ​មនុស្សអាចមានរបៀបរស់នៅល្អ​ត្រឹមត្រូវ តាមសីលធម៌ ដោយ​ពឹង​លើកម្លាំងរបស់ខ្លួនឯង និងដោយមិនត្រូវការឱ្យព្រះហឫទ័យប្រណី​សន្ដោស​របស់​ព្រះជាម្ចាស់ ​មក​ជួយ​គេឡើយ។ គិតដូច្នោះ លោកអដាំលែងជាអ្នកបាប គ្រាន់តែជាគំរូមិនល្អ​ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួក​ប្រូតេស្តង់​បង្រៀន​ថា ដោយសារអំពើបាបដើម មនុស្សជាប់បាប​ជា​ដាច់​ខាត​ ​យ៉ាងស៊ីជម្រៅជាទីបំផុត ​បណ្តាលឱ្យគេ​គ្មាន​​​សេរីភាព​​ទាល់តែសោះ។ ពួកគេច្រឡំបាបដើម ដែលមនុស្ស​បាន​ទទួលតាំងពីលោកអដាំ និងកិលេសតណ្ហា (concupiscentia ) ដែល​មនុស្ស​អាចពុះពាបាន។ ព្រះសហគមន៍បានពន្យល់ យ៉ាងច្បាស់ អំពីអត្ថន័យ​នៃអំពើ​បាប​ដើម​​ដំបូង នៅ​មហាស្និបាត​ទីពីរ នៅទីក្រុងអូរ៉ង់ នៅឆ្នាំ៥២៩ និងនៅមហាស្និបាត នៅទីក្រុងត្រង់ នៅ​ឆ្នាំ​១៥៤៦។

មនុស្សត្រូវតែប្រយុទ្ធប្រឆាំងនឹងអំពើបាប

៤០៧. លទ្ធិអំពីអំពើបាបដើមដំបូង ដែលទាក់ទងនឹងលទ្ធិអំពីការសង្រ្គោះ ជួយ​ឱ្យ​យើង​ចេះ​​​រិះគិតពិចារណាយ៉ាងច្បាស់ និងយ៉ាងត្រឹមត្រូវ អំពីស្ថានភាព​ និងសកម្មភាពរបស់មនុស្សលោក នៅ​ក្នុង​ពិភពលោក។ ដោយសា​រ​បាបរបស់ឪពុកម្តាយដើម ទោះបីមនុស្សនៅតែមានសេរីភាពយ៉ាង​ណា​ក៏​ដោយ ក៏មារគ្រប់គ្រងលើ​គេ​ម្យ៉ាង​ដែរ។​ បាបដើមដំបូងបណ្តាលឱ្យ “មនុស្សលោកក្លាយជាខ្ញុំបម្រើរបស់​អ្នក ដែលជាម្ចាស់នៃព្រះរាជ្យរបស់​សេចក្ដី​ស្លាប់ គឺមារ” (DS ១៥១១ ; ហប ២,១៤)។​ ប្រសិនបើយើងមិនដឹងថា សភាពជាមនុស្សត្រូវ​របួស ហើយ​មនុស្ស​លោកមានចិត្ត​លម្អៀង​ទៅរក​អំពើ​បាប យើងអាចប្រព្រឹត្តកំហុសជាច្រើន ក្នុងវិស័យអប់រំ នយោបាយ សង្គមកិច្ច (CA ២៥)​ និងសីលធម៌ផង។

៤០៨. ផលវិបាកនៃអំពើបាបដើមដំបូង និងអំពើបាបរបស់មនុស្សម្នាក់ៗរៀងៗខ្លួន បណ្តាលឱ្យពិភពលោក​ទាំង​មូល​​​មាន​​លក្ខណៈជាអ្នកបាប ដូចសន្តយ៉ូហានបញ្ជាក់ស្រាប់ជា “បាបរបស់មនុស្សលោក” (យហ ១,២៩) បាន​សេចក្ដី​ថា សមគមន៍របស់មនុស្ស និងរចនាសម្ព័ន្ធនៅក្នុងសង្គម មានឥទ្ធិពល​អាក្រក់ ដែលជាផលផ្លែនៃអំពើបាប​របស់​មនុស្ស​លោកលើមនុស្សម្នាក់ៗ (RP ១៦)។

៤០៩. ស្ថានភាពដ៏សែនវេទនារបស់ពិភពលោក ដែល “ស្ថិតនៅក្រោមអំណាចរបស់មារកំណាច” (១យហ ៥,១៩) (១ភត្រ ៥,៨) ធ្វើឱ្យ​មនុស្ស​ត្រូវតែប្រយុទ្ធប្រឆាំងនឹងអំពើបាបអស់មួយជីវិត៖

ប្រវត្តិសាស្រ្តមនុស្សលោកតាំងពីដើមរៀងមក សុទ្ធតែជាការប្រយុទ្ធដ៏សាហាវប្រឆាំងនឹងអំណាចនានានៃសេចក្តីងងឹត។ ព្រះអម្ចាស់មានព្រះបន្ទូលមកយើងថា ការប្រយុទ្ធនេះចាប់ផ្តើមតាំងពីដើមកំណើតពិភពលោករៀងមក នឹងនៅតែបន្ត​​​រហូតដល់ថ្ងៃចុងក្រោយបំផុត។ មនុស្សចូលក្នុងចម្បាំងនេះ ត្រូវ​​​តែប្រយុទ្ធ ដើម្បីភ្ជាប់ចិត្ត និងសេចក្តីល្អ។ មនុស្សអាចស្ងប់ក្នុងចិត្តបាន ក្រោយពីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និង​​​ដោយព្រះជាម្ចាស់ប្រោសប្រណីទៀតផង (GS ៣៧,២)។

៤. ព្រះជាម្ចាស់ “នៅតែមិនបណ្ដោយឱ្យមនុស្សស្ថិតក្រោមអំណាចនៃសេចក្ដីស្លាប់ឡើយ”

៤១០. ក្រោយពីបានធ្លាក់ខ្លួនជាអ្នកបាប ព្រះជាម្ចាស់មិនបោះបង់មនុស្សលោកចោលទេ។ ផ្ទុយទៅវិញ​ ព្រះអង្គ​​ត្រាស់​​ហៅគេ (កណ ៣,៩) និងមានព្រះបន្ទូលទុកជាមុន តាមរបៀបលាក់កំបាំង​ថា ព្រះអង្គ​នឹង​ឈ្នះ​អំពើ​​​អាក្រក់ និង​លើកមនុស្សឱ្យងើបឡើងវិញ (កណ ៣,១៥)។ អត្ថបទនេះដកស្រង់ពីកណ្ឌកំណើតពិភពលោកដូច​ជា “ដំណឹង​ល្អមុនគេ” ដែលប្រកាសប្រាប់ជាមុនថានឹងមានព្រះមេស្ស៊ីជាព្រះសង្រ្គោះនឹងមាន​ប្រយុទ្ធប្រឆាំង​រវាង​​​សត្វ​ពស់ និងស្រ្តីហើយកូនចៅរបស់នាងនឹងឈ្នះវា​ នៅពេលចុងក្រោយ​បំផុត។

៤១១. ការបញ្ជូនបន្តគ្រីស្តសាសនាយល់ថា​ អត្ថបទនេះប្រកាសអំពី “លោកអដាំថ្មី” (១ករ ១៥,២១-២២.៤៥) ដែល​ទូទាត់​​យ៉ាង​បរិបូណ៍​ចំពោះអំពើឆ្គាំឆ្គង​របស់​​លោកអដាំ (រម ៥,១៩-២០) ដោយ “ព្រះអង្គ​បាន​ដាក់​ខ្លួន ធ្វើតាម​ព្រះបញ្ជារហូត​ដល់​សោយទិវង្គត​លើ​ឈើ​ឆ្កាង” (ភីល ២,៨)។ ម្យ៉ាងទៀត គ្រូបាធ្យាយ និងបណ្ឌិត​ព្រះ​សហគមន៍​ជាច្រើន ទទួលស្គាល់ថា មាតារបស់​ព្រះគ្រីស្ត នាងម៉ារី ជាស្រ្តីម្នាក់ ដែលមានចែងនៅក្នុង​ “ដំណឹងល្អមុនគេ” ជា “នាងអេវ៉ាថ្មី”។ នាងបាន​ទៅ​ជាស្រ្តីមុនគេ ហើយតាមរបៀបតែមួយ ដែលបាន​ទទួលផល​ពី​ជ័យ​​ជម្នេះរបស់ព្រះគ្រីស្តលើអំពើបាប៖​ អស់​មួយ​ជីវិត ដោយសារព្រះហឫទ័យប្រណី​សន្ដោស​ពិសេស​របស់​ព្រះ​ជាម្ចាស់ នាងបានរួចផុតពីអំពើបាបដើមដំបូង (DS ២៨០៣) នាងមិនដែលប្រព្រឹត្តអំពើ​បាប​​ណាមួយសោះ (DS ១៥៧៣)។

៤១២. ហេតុអ្វីបានជាព្រះជាម្ចាស់មិនហាមឃាត់មនុស្សដើមដំបូងកុំឱ្យប្រព្រឹត្តអំពើបាបដូច្នេះ? សន្ត ឡេអុងដ៏ប្រសើរ ឆ្លើយតបថា៖ “ព្រះហឫទ័យប្រណីសន្ដោសដ៏ប្លែកអស្ចារ្យណាស់របស់ព្រះគ្រីស្តបាន​ប្រទានមកយើង​នូវព្រះ​អំណោយ​​​ដ៏ល្អប្រសើរជាងព្រះអំណោយ ដែលចិត្តច្រណែនរបស់មារបានដកហូតចេញ​ពី​យើង​”។​   សន្ត ថូម៉ាស នៃអាកាំង បញ្ជាក់ថា៖ “គ្មានអ្វីប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលទ្រង់ត្រាស់ហៅ​មនុស្ស​លោកឱ្យ​មាន​​ឋានៈ​ប្រសើរ​​ជាងមុន ក្រោយពីបានប្រព្រឹត្តបាប។ ព្រះជាម្ចាស់បណ្តោយឱ្យមាន​អំពើ​អាក្រក់ ដើម្បី​​ឱ្យ​មាន​អំពើ​ល្អ​ច្រើន​ជាងពីមុន​ចេញ​មកពីអំពើអាក្រក់នោះ”។​ ហេតុនេះ សន្តប៉ូលបន្ថែមថា៖ “នៅ​ទីណាមាន​អំពើ​បាប​កាន់​តែ​ច្រើន នៅទីនោះ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះជាម្ចាស់​ក៏រឹតតែមានច្រើនលើសលប់ថែមទៀត” (រម ៥,២០)។ ដូចបទ​ចម្រៀង​​ពេលបុណ្យចម្លងថ្លែងថា៖ “អំពើបាបជាកំហុសដ៏ល្អ ដ្បិត​ដោយសារកំហុស​នោះ យើង​បានទទួល​ព្រះសង្រ្គោះ​ដ៏ប្រសើរបំផុត”។

សង្ខេប

៤១៣. “ព្រះជាម្ចាស់មិនបានបង្កើតសេចក្ដីស្លាប់ទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យឱ្យសត្វលោក​បាត់​បង់ដែរ (...)។ សេចក្ដីស្លាប់ចូលមកក្នុងពិភពលោក ព្រោះតែការច្រណែនឈ្នានីសរបស់មារ” (ប្រាញ ១,១៣ ; ២,២៤)។

៤១៤. សាតាំង ឫមារ និងអារក្យឯទៀតៗជាទេវទូត ដែលធ្លាក់ខ្លួនជាអ្នកបាប ព្រោះពួកវាបានស័្មគ្រចិត្ត​បដិសេធមិនព្រមបម្រើព្រះជាម្ចាស់ និងគម្រោងការរបស់ព្រះអង្គ។ ពួកវាបានជ្រើសយកការប្រឆាំងនឹងព្រះជាម្ចាស់ ជាស្ថាពរ។ ពួកវាព្យាយាមធ្វើឱ្យមនុស្សរួមសហការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាមួយពួកវា។

៤១៥. “ព្រះជាម្ចាស់តែងតាំងឱ្យមនុស្សមានភាពសុចរិត។ ប៉ុន្តែ មារដ៏មានកលល្បិច​​​​បញ្ឆោត​មនុស្ស​​​ ​​​បណ្តាលឱ្យគេប្រើសេរីភាពរបស់ខ្លួនហួសហេតុ លើកខ្លួនប្រឆាំងជំទាស់នឹងព្រះជាម្ចាស់ និងមាន​បំណង​​​​​​​ចង់បាន​​​សេចក្តីសុខ​ដោយ​មិនត្រូវការព្រះអង្គសោះឡើយ” (GS ១៣,១)។

៤១៦. ដោយសារអំពើបាបរបស់ខ្លួន លោកអដាំ ក្នុងឋានៈជាមនុស្សដើមដំបូង បានបាត់បង់ភាព​ដ៏វិសុទ្ធ និងសេចក្ដីសុចរិត ដែលគាត់បានទទួលពីព្រះជាម្ចាស់ មិនគ្រាន់តែសម្រាប់ខ្លួនគាត់ផ្ទាល់ទេ ថែមទាំង​សម្រាប់មនុស្សទាំងអស់។

៤១៧. លោកអដាំ និងនាងអេវ៉ាបានបញ្ជូនសភាពជាមនុស្ស ដែល​ត្រូវ​របួស​ដោយ​សារអំពើបាបដំបូងនេះទៅពូជពង្យរបស់ពួកគាត់ ទើបមនុស្សលែងជាមនុស្សដ៏វិសុទ្ធ និងសុចរិតទៀតទៅ។ គេហៅស្ថាន​ភាពនេះថា “អំពើបាបដើមដំបូង”។

៤១៨. ដោយសារអំពើបាបដើមដំបូង សភាពជាមនុស្សចុះថយកម្លាំង រងអវិជ្ជា រងទុក្ខលំបាក ស្ថិត​ក្រោម​អំណាចនៃសេចក្ដីស្លាប់ និងលម្អៀងទៅរកអំពើបាប (ដែលគេហៅថា “កិលេសតណ្ហា)។

៤១៩. “ដូច្នះហើយ បានជានៅក្នុងមហាសន្និបាតនៅទីក្រុងត្រង់ យើងអះអាងថា អំពើបាបដើមដំបូង ដែលបញ្ជូលបន្តជាមួយលក្ខណៈធម្មជាតិរបស់មនុស្ស “មិនមែនដោយយកតម្រាប់តាម ប៉ុន្តែដោយរាលដាល” ទើបបាបនេះជាបាប​ “មនុស្សគ្រប់រូប”” (SPF ១៦)។

៤២០. ព្រះគ្រីស្ត ដែលបានឈ្នះអំពើបាប បានប្រោសប្រទានឱ្យយើងនូវផលដ៏ល្អជាងអ្វី ដែល​អំពើ​បាបបានយកចេញពីយើង៖ “នៅទីណាដែលមានបាបកាន់តែច្រើន នៅទីនោះព្រះហឫទ័យប្រណីសន្តោសរបស់ ព្រះជាម្ចាស់ក៏រឹតតែមានច្រើនលើសលប់ថែមទៀត” (រម ៥,២០)។

៤២១. “តាមជំនឿរបស់គ្រីស្ត​បរិស័ទ ព្រះបង្កើតបានតែងតាំង និង​​​នៅតែ​​​ថែរក្សាពិភពលោកនេះ​​​ដោយ​ព្រះ​ហឫទ័យស្រឡាញ់​​​។ ពិភព​​​លោកពិតជាធ្លាក់ក្រោមអំណាចនៃបាបកម្មរបស់មារកំណាចរួចហើយមែន ក៏ប៉ុន្តែ​ព្រះ​គ្រីស្តបានកម្ទេចអំណាចនោះ​ ដោយព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង មានព្រះជន្ម​​​ថ្មី​​​ ព្រះអង្គក៏​​​បាន​រំដោះ​ពិភព​លោក...” (GS ២,២)។

ជំពូក២ លេខ៤២២-៦៨២

ជំពូកទីពីរ៖
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត
ជាព្រះបុត្រាតែមួយនៃព្រះជាម្ចាស់

ដំណឹងល្អ៖ ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមក

៤២២. “លុះដល់ពេលកំណត់ហើយ ព្រះជាម្ចាស់ក៏ចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យមកប្រសូតចេញពីស្រ្តី ហើយ​ប្រសូតក្រោមអំណាចរបស់វិន័យផង ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមអំណាចវិន័យ​ និងឱ្យយើងទទួល​ឋានៈជាបុត្រធីតារបស់ព្រះអង្គ” (កាឡ ៤,៤-៥)។ នេះគឺជា​ “ដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់” (មក ១,‌១)​ ពោលគឺព្រះជាម្ចាស់យាងមកសួរសុខទុក្ខប្រជារាស្រ្តរបស់ព្រះអង្គ (លក ១,៦៨)។ ព្រះអង្គ​បានបំពេញព្រះបន្ទូល ដែលទ្រង់បានសន្យាឱ្យលោកអប្រាហាំ និងកូនចៅរបស់លោក (លក ១,៥៥)។ ព្រះអង្គបានធ្វើបែបនេះ លើសពីការរង់ចាំរបស់មនុស្សលោក គឺព្រះអង្គចាត់ “ព្រះបុត្រា​ដ៏ជា​ទី​ស្រលាញ់​របស់ព្រះអង្គ” (មក ១,១១) ឱ្យយាងមក។

៤២៣. យើងជឿនិងប្រកាសថា លោកយេស៊ូពីភូមិណាសារ៉ែត ជាជនជាតិយូដា កើតមកពីស្រី្តជនជាតិ​អ៊ីស្រាអែល​​ម្នាក់ នៅភូមិបេថ្លេហិម ​នៅសម័យព្រះបាទហេរ៉ូដ និងព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមអូគូស្ត។ លោក​ប្រកបអាជីវកម្មជាជាងឈើ ត្រូវបានគេឆ្កាងនៅជំនាន់លោកទេសាភិបាលប៉ុនពីឡាត នៅជំនាន់ព្រះចៅអធិរាជ  ទីបែរសោយរាជ្យ។ លោកនេះហើយជាព្រះបុត្រាអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ប្រូសតជាមនុស្ស ដែល “យាងមកពីព្រះជាម្ចាស់”​

(យហ ១៣,៣) “យាងចុះពីស្ថានបរមសុខ” (យហ ៣,១៣; ៦,៣៣) “យាងមកកើតជាមនុស្ស” (១យហ ៤,២) ​ដ្បិត “ព្រះបន្ទូល​​កើតមកជាមនុស្ស​ ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះ​អង្គ​ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា។ ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យ​​ប្រណី​សន្ដោស និងសេចក្ដីពិត (...) យើងទាំងអស់គ្នាបានទទួលពីព្រះហឫទ័យប្រណីសន្ដោស មិនចេះអស់មិនចេះ​ហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ” (យហ ១,១៤.១៦)។

៤២៤. ដោយមានព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធជំរុញ ហើយមានព្រះបិតាទាក់ទាញ យើងជឿ​ និងប្រកាសអំពីព្រះយេស៊ូថា៖ “លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ” (មថ ១៦,១៦)។ ព្រះគ្រីស្តបានសាងសង់ព្រះសហគមន៍របស់ព្រះអង្គលើថ្មដានៃជំនឿនេះ​ ដែល   សន្តសិលាបានប្រកាស (មថ ១៦,១៨; សន្ត ឡេអុងដ៏ប្រសើរ)។

នាំដំណឹងល្អអំពីព្រះជន្មដ៏បរិបូណ៍បំផុតរបស់ព្រះគ្រីស្តទៅប្រាប់សាសន៍ដទៃ” (អភ ៣,៨)

៤២៥. ពេលយើងបញ្ជូនគ្រីស្តសាសនា មុនដំបូង យើងប្រកាសអំពីព្រះយេស៊ូគ្រីស្ត ដើម្បីឱ្យគេផ្ញើជីវិតទៅ​លើ​ព្រះអង្គ។ តាំងពីដើម ក្រុមគ្រីស្តទូតមានបំណងប្រាថ្នាយ៉ាងខ្លាំងជាទីបំផុតនឹងប្រកាសព្រះគ្រីស្ត៖ “យើងខ្ញុំ​ឈប់​និយាយ​អំពីហេតុការណ៍ ដែលយើងខ្ញុំបានឃើញបានឮនោះពុំកើតទេ” (កក ៤,២០)​​ ហើយពួកលោកអញ្ជើញ​មនុស្ស​គ្រប់សម័យឱ្យចូលរួមជាមួយពួកលោក​ ដែលរួមរស់ជាមួយព្រះគ្រីស្តដោយចិត្តរីករាយ៖

ព្រះបន្ទូលដែលផ្ដល់ជីវិតគង់នៅកាលពីដើមដំបូងបង្អស់ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានប៉ះពាល់ដោយដៃយើងផ្ទាល់ (ដ្បិតជីវិតនេះបានលេចមកឱ្យយើងឃើញ ហើយយើងសូម​ផ្ដល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូនអំពីជីវិតអស់កល្បជានិច្ច ដែលបែរទៅរកព្រះបិតា និងលេចមកឱ្យ​យើង​ឃើញ​)។ យើងសូមជូនដំណឹងអំពីព្រះបន្ទូល ដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បីឱ្យ​បងប្អូន​បានចូលរួមរស់ជាមួយយើង រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រីស្ត​ជា​ព្រះបុត្រា​របស់ព្រះអង្គ។ យើងសរសេរសេចក្ដីទាំងនេះមកជូនបងប្អូន ដើម្បីឱ្យយើងមានអំណរពេញលក្ខណៈ (១យហ ១,១-៤)។

ព្រះគ្រីស្តជាស្នូលនៃការអប់រំជំនឿ

៤២៦. “ចំណុចសំខាន់ៗនៃការអប់រំជំនឿ គឺមនុស្សម្នាក់ ព្រះយេស៊ូពីភូមិណាសារ៉ែត ព្រះបុត្រាតែមួយរបស់ព្រះបិតា ​(...) ដែលបានរងទុក្ខលំបាក និងសោយទិវង្គតសម្រាប់យើង ហើយដែលមានព្រះជន្មថ្មី និងគង់នៅ​ជាមួយយើង ឥឡូវនេះនិងតរៀងទៅ (...)។ ពេលយើងអប់រំជំនឿ (...) យើងសម្ដែងគម្រោងការអស់​កល្ប​ជានិច្ចរបស់ព្រះជាម្ចាស់ នៅក្នុងអង្គព្រះគ្រីស្ត។ យើងស្វែងយល់នូវអត្ថន័យនៃកិច្ចការ ព្រះបន្ទូល និង​ទី​សម្គាល់​របស់ព្រះគ្រីស្ត”។ ពេលយើងអប់រំជំនឿ យើងមានគោលដៅតែមួយ គឺ៖ “នាំឱ្យអ្នកស្វែង​រក​រួម​រស់ជាមួយព្រះយេស៊ូគ្រីស្ត ដ្បិតមានតែព្រះអង្គទេ ដែលអាចណែនាំយើងទៅកាន់សេចក្ដីស្រលាញ់របស់​ព្រះ​បិតា នៅក្នុងអង្គព្រះវិញ្ញាណ ហើយនាំឱ្យយើងចូលរួមចំណែកនៅក្នុងជីវិតនៃព្រះត្រៃឯកដ៏វិសុទ្ធ”។

៤២៧.  “ពេលយើងអប់រំជំនឿ យើងបង្រៀនអំពីព្រះគ្រីស្តជាព្រះបន្ទូលប្រសូតជាមនុស្ស និងជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអ្វីៗផ្សេងទៀតដែលយើងបង្រៀនទាក់ទងនឹងព្រះអង្គ។ ម្យ៉ាងទៀត មានតែព្រះ   គ្រីស្តទេ ដែលជាគ្រូបង្រៀន អ្នកណែនាំប្រៀបធៀបដូចជាអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គតែប៉ុណ្ណោះ ដែលបណ្តាលឱ្យព្រះគ្រីស្ត​បង្រៀន​តាម​​រយៈ​​​​​មាត់គេ (...)។ អ្នកណែនាំគ្រប់ៗរូបត្រូវតែប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះយេស៊ូ៖ “សេចក្ដីដែល​ខ្ញុំ​បង្រៀន​មិនមែន​ចេញ​​ពី​ខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឱ្យមក” (យហ ៧,១៦)” (CT ៥)។

៤២៨. អ្នកណាដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យ “បង្រៀនព្រះគ្រីស្ត” ត្រូវតែស្វែងរក “ការមួយដ៏ប្រសើរវិសេសវិសាលបំផុត” គឺ “ស្គាល់ព្រះគ្រីស្ត”។ ត្រូវតែ “សុខចិត្តខាតបង់អ្វីៗទាំងអស់ (...) ឱ្យតែបានព្រះគ្រីស្ត និងឱ្យតែបានរួមជាមួយព្រះអង្គ” គឺ “ស្គាល់ព្រះគ្រីស្ត និងស្គាល់ឫទ្ធានុភាព ដែលបានប្រោសព្រះអង្គ  ឱ្យមានព្រះជន្មថ្មី ព្រមទាំងចូលរួមជាមួយព្រះអង្គ ដែលរងទុក្ខលំបាក ហើយឱ្យបានដូចព្រះអង្គ ដែល​សោយទិវង្គត ដើម្បីឱ្យខ្ញុំមានជីវិតថ្មី ប្រសិនបើអាចមានជីវិតថ្មីបាន” (ភីល ៣,៨-១១)។

៤២៩. ពេលយើងស្គាល់ព្រះគ្រីស្តដោយជាប់ចិត្តនឹងព្រះអង្គ យើងមានបំណងប្រាថ្នាចង់ប្រកាសព្រះអង្គ និងនាំ ឱ្យ​អ្នកដទៃសុខចិត្តផ្ញើជីវិតលើព្រះអង្គផងដែរ។​ ប៉ុន្តែ នៅពេលជាមួយគ្នានេះ យើងត្រូវការស្គាល់ជំនឿនេះកាន់​តែ​ច្បាស់​ឡើងៗ។ ហេតុនេះហើយ យោងតាមធម៌ប្រកាសជំនឿ យើងនឹងរាយការណ៍អំពីងាររបស់ព្រះយេស៊ូ គឺ​ព្រះ​គ្រីស្ត ព្រះបុត្រារបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់ (ប្រការទី២ )។ បន្ទាប់មក ធម៌ជឿប្រកាសអំពីព្រឹត្តិការណ៍ដ៏លាក់​កំបាំង​​នៃជីវិតរបស់ព្រះគ្រីស្ត គឺព្រះអង្គប្រសូតជាមនុស្ស (ប្រការទី៣ ) ព្រះអង្គសោយ​ទិវង្គត​និងមាន​ព្រះជន្ម​រស់​ឡើង​វិញ (ប្រការទី៤ និងទី៥ ) ហើយព្រះអង្គទទួលសិរីរុងរឿង (ប្រការទី៦ និងទី៧ )។

ប្រការទី២៖ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា ហើយជាអម្ចាស់នៃយើងខ្ញុំ”

១. ព្រះយេស៊ូ

៤៣០. ជាភាសាហេប្រឺ យេស៊ូ  មានន័យថា “ព្រះជាម្ចាស់សង្រ្គោះ”។ នៅពេលទេវទូតកាព្រីអែលជួនដំណឹងអំពី​កំណើតព្រះយេស៊ូ លោកថ្វាយព្រះនាមថា យេស៊ូ ដែលសម្ដែងអត្តសញ្ញាណផង​ និងបេសកកម្មរបស់ព្រះអង្គ​ផង (លក ១,៣១)។ “ក្រៅពីព្រះជាម្ចាស់តែមួយព្រះអង្គ គ្មាននរណាអាចអត់ទោសឱ្យមនុស្សរួចពីបាបបាន” (មក ២,៧) ហេតុដូច្នេះហើយ បានជាព្រះជាម្ចាស់ “នឹងសង្រ្គោះប្រជារាស្រ្តព្រះអង្គឱ្យរួចពីបាបរបស់គេ” (មថ ១,២១) នៅក្នុងអង្គព្រះយេស៊ូជាព្រះបុត្រាព្រះអង្គអស់កល្បជានិច្ចប្រសូតជាមនុស្ស។ នៅក្នុងអង្គព្រះយេស៊ូ ព្រះ​ជាម្ចាស់​សរុបប្រវត្តិសាស្រ្តនៃការសង្រ្គោះរបស់ព្រះអង្គចំពោះមនុស្សលោក។

៤៣១. ក្នុងប្រវត្តិសាស្រ្តនៃការសង្រ្គោះ ព្រះជាម្ចាស់មិនគ្រាន់តែបានរំដោះជនជាតិអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសអេស៊ីបជា “ស្រុកដែល​អ្នកធ្វើជាទាសករ” (ទក ៥,៦) ប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះគេ ឱ្យរួចពីបាបទៀតផង។ ដោយសារ​អ្នកបាបតែងតែប្រព្រឹត្តខុសនឹងព្រះជាម្ចាស់ (ទន ៥១,៦) មាន​តែព្រះអង្គទេដែលអាច​លើក​លែង​ទោស​ឱ្យពួកគេរួចពីបាបបាន (ទន ៥១,‌២)។ ហេតុនេះ ដោយយ​ល់កាន់តែច្បាស់​អំពីអំពើ​បាប​ដែល​រាល​ដាលក្នុង​សកល​លោក​ទាំងមូល និងគ្រប់​សម័យកាល ជនជាតិអ៊ីស្រាអែលត្រូវតែរក​ការ​សង្រ្គោះ ក្នុងព្រះនាម​ព្រះ​​​​ជាម្ចាស់​​​​ជា​ព្រះសង្រ្គោះ (ទន ៧៩,៩)។

៤៣២. ព្រះនាមរបស់យេស៊ូមានន័យថា ព្រះនាមរបស់ព្រះជាម្ចាស់ផ្ទាល់ ស្ថិតនៅក្នុងអង្គព្រះបុត្រាព្រះអង្គ​ប្រសូត​ជាមនុស្ស (កក ៥,៤១; ៣យហ ៧) ដើម្បីរំដោះពិភពលោកទាំងមូលឱ្យរួចពីបាបជាស្ថាពរ។ មានតែ​ព្រះនាម​របស់ព្រះជាម្ចាស់ទេ ដែលអាចនាំការសង្រ្គោះបាន (យហ ៣,៥; កក ២,២១) ហើយដែល​មនុស្ស​ទាំង​អស់​អាច​ទូលអង្វរបាន ដ្បិត​ព្រះយេស៊ូ​​ប្រសូតជាមនុស្ស ព្រះអង្គក៏រួមរស់ជាមួយមនុស្សទាំងអស់ (រម ១០,៦-១៣)។​ “ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់ អាចសង្រ្គោះមនុស្សទាល់តែសោះ” (កក ៤,១២) (កក ៩,១៤; យហ ២,៧)។

៤៣៣. មួយឆ្នាំម្ដង ពេលមហាបូជាចារ្យប្រោះឈាមនៃយញ្ញបូជានៅលើគម្របហិប ​លោក​ទូល​អង្វរក្នុង​ព្រះនាម​របស់​​ព្រះជាម្ចាស់ជាព្រះសង្រ្គោះ ដើម្បីឱ្យ​ជនជាតិ​អ៊ីស្រាអែល​​រួចពីបាប (លវ ១៦,១៥-១៦; បសរ ៥០,២០; ហប ៩,៧)។​ គម្របហិបជាកន្លែងនៃ​វត្តមាន​របស់ព្រះជាម្ចាស់ (សរ ២៥,២២; លវ ១៦,២; ជរ ៧,៨៩; ហប ៩,៥)។ ពេលសន្តប៉ូលមានប្រសាសន៍អំពីព្រះយេស៊ូថា៖ “ព្រះជាម្ចាស់បានតម្រូវឱ្យព្រះយេស៊ូ​ធ្វើ​​ជាយញ្ញបូជាសម្រាប់លោះអស់អ្នកដែលមានជំនឿឱ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ” (រម ៣,២៥) បានសេចក្ដីថា  ក្នុងសភាពជាមនុស្សរបស់ព្រះគ្រីស្ត “ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្ស​លោក ឱ្យ​​ជានានឹងព្រះអង្គ” (២ករ ៥,១៩)។

៤៣៤. ពេលព្រះយេស៊ូមានព្រះជន្មថ្មី ព្រះអង្គក៏លើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះជាម្ចាស់​ជាព្រះ​សង្រ្គោះ (យហ ១២,២៨) ដ្បិត​ចាប់ពីឥឡូវនេះតទៅ ព្រះនាមរបស់ព្រះយេស៊ូសម្ដែងឫទ្ធានុភាពសព្វប្រការរបស់ “ព្រះ​នាមដ៏ប្រសើរលើសអ្វីៗទាំងអស់” (ភីល ២,៩-១០) ឱ្យបានពេញលក្ខណៈ។ អារក្ខដ៏អាក្រក់​ខ្លាច​ព្រះនាមព្រះអង្គ (កក ១៦,១៦-១៨) ហើយក្នុងព្រះនាមព្រះអង្គ ក្រុមសាវ័កសម្ដែងហេតុអស្ចារ្យ (មក ១៦,១៧) ដ្បិត​អ្វីៗដែលពួកលោកទូលសូមពីព្រះបិតាក្នុងព្រះនាមព្រះយេស៊ូ ព្រះអង្គក៏ប្រោសប្រទានឱ្យពួកលោក (យហ១៥,១៦)។

៤៣៥. ព្រះនាមរបស់ព្រះយេស៊ូជាស្នូលនៃការអធិដ្ឋានតាមគ្រីស្តសាសនា។​ ក្នុង​ពិធី​បុណ្យ ​ពាក្យអធិដ្ឋាន​ទាំង​អស់បញ្ចប់ដោយប្រើពាក្យ “ដោយព្រះអម្ចាស់យេស៊ូគ្រីស្ត”។ “ហើយទ្រង់ (ព្រះជាម្ចាស់) ក៏ប្រទានពរដល់បុត្រ (ព្រះ​​យេស៊ូ) ព្រះនាងម៉ារី” ជាកំពូលនៃពាក្យអង្វរ “បពិត្រព្រះនាងម៉ារី”។​ ពាក្យអធិដ្ឋានខាងបូព៌ាប្រទេស ដែល​គេ​ហៅ​ថា “ពាក្យទូលអង្វរព្រះយេស៊ូ” ពោលថា៖ “ព្រះយេស៊ូគ្រីស្ត ព្រះបុត្រារបស់ព្រះជាម្ចាស់ ឱព្រះអម្ចាស់អើយ! សូមអាណិតអាសូរខ្ញុំជាអ្នកបាបផង”។ គ្រីស្តបរិស័ទជាច្រើននាក់ទទួលមរណភាពដោយពោលពាក្យ “ព្រយេស៊ូ” ដូច​សន្តីយ៉ូហាននៃអាកដែរ។

២. ព្រះគ្រីស្ត

៤៣៦. ព្រះគ្រីស្ត ជាពាក្យក្រិក ដែលមកពីពាក្យ “ព្រះមេស្ស៊ី” ជាភាសាហេប្រឺ ដែលមានន័យថា “អ្នកដែល​ព្រះ​ជាម្ចាស់ចាក់ប្រេងអភិសេក”។ ព្រះគ្រីស្តទៅជាព្រះនាមរបស់​ព្រះយេស៊ូ ព្រោះតែព្រះអង្គបំពេញ​បេសកកម្ម​របស់​ព្រះ​ជាម្ចាស់ឱ្យបានគ្រប់លក្ខណៈ។ នៅប្រទេសអ៊ីស្រាអែល ព្រះជាម្ចាស់​​ចាក់​ប្រេង​អភិសេក អស់អ្នក​ដែល​បាន​ទទួលបេសកកម្មពីព្រះអង្គ ដូចជាស្ដេច (១ពង្ស ១,៣៩) ពួកបូជាចារ្យ (សរ ២,៩; លវ ៨,១២) ហើយ​ព្យាការី​ខ្លះៗផងដែរ (១ពង្ស ១៩,១៦) ជាពិសេសព្រះមេស្ស៊ី ដែល​ព្រះ​ជាម្ចាស់នឹងចាត់ឱ្យមក​ដើម្បីតាំង​ព្រះរាជ្យ​ព្រះ​អង្គ (ទន ២,២; កក ៤,២៦-២៧)។ ព្រះវិញ្ញាណដ៏វិសុទ្ធត្រូវតែចាក់ប្រេងអភិសេក​ព្រះ  មេស្ស៊ី (អស ១១,១២) តាំងព្រះអង្គជាស្ដេច​ បូជាចារ្យ (សក ៤,១៤; ៦,១៣) និងព្យាការីផង (អស ៦១,១; លក ៤,១៦-២១)។ ដោយមានមុខងារជាបូជាចារ្យ ព្យាការី និងព្រះមហាក្សត្រ ព្រះយេស៊ូបានបំពេញ​សេចក្ដីសង្ឃឹមរបស់​ជនជាតិ​អ៊ីស្រា​អែល​​អំពី​ព្រះ​មេស្ស៊ី ។

៤៣៧. ទេវទូតបានជូនដំណឹងដល់ពួកគង្វាល អំពីកំណើតរបស់ព្រះយេស៊ូ ដូចជាកំណើតរបស់ព្រះ   មេស្ស៊ី ដែល​ព្រះជាម្ចាស់​បានសន្យាប្រទានឱ្យជនជាតិអ៊ីស្រាអែល៖ “យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះ​សង្រ្គោះ​​របស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រីស្តជាអម្ចាស់” (លក ២,១១)។ តាំងពីដើម ព្រះអង្គជា “អ្នក​ដែល​ព្រះ​បិតាបានប្រោសឱ្យបានវិសុទ្ធ​ និងចាត់ឱ្យមកក្នុងពិភពលោកនេះទៀតផង” (យហ ១០,៣៦) ព្រះ​វិញ្ញាណ​​បានប្រោសឱ្យព្រះអង្គបាន “ដ៏វិសុទ្ធ” (លក ១,៣៥) នៅក្នុងផ្ទៃនាងព្រហ្មចារិនីម៉ារី។ ព្រះជាម្ចាស់បានត្រាស់​ហៅលោកយ៉ូសែបឱ្យ “ទទួលនាងម៉ារីធ្វើជាភរិយា” នាងម៉ារីដែលមានគភ៌ដោយសារ “ព្រះវិញ្ញាណដ៏វិសុទ្ធ” (មថ ១,២០)​ ដើម្បីឱ្យព្រះយេស៊ូ “ហៅថាព្រះគ្រីស្ត” ប្រសូតពីភរិយារបស់លោក       យ៉ូសែបជាព្រះរាជវង្សរបស់​ព្រះ​បាទដាវីឌ (មថ ១,១៦) (រម ១,៣; ២ធម ២,៨; វវ ២២,១៦)។

៤៣៨. ពេលព្រះជាម្ចាស់អភិសេកព្រះយេស៊ូធ្វើជាព្រះមេស្ស៊ី ទ្រង់សម្ដែងបេសកកម្មរបស់​ព្រះគ្រីស្ត។ “តាមពិត ព្រះនាមរបស់ព្រះយេស៊ូផ្ទាល់សម្ដែងបេសកកម្មរបស់ព្រះជាម្ចាស់​នោះ ព្រោះក្នុងព្រះនាម​ព្រះអង្គ មានចែងថា អ្នក​ចាក់ប្រេងអភិសេក អ្នកទទួលប្រេងអភិសេក និងប្រេង​អភិសេក​ផ្ទាល់៖ អ្នកចាក់ប្រេង​អភិសេក គឺ​ព្រះបិតា អ្នក​ទទួលប្រេងអភិសេក គឺព្រះបុត្រា ហើយប្រេងអភិសេក គឺព្រះវិញ្ញាណ” (សន្ត អ៊ីរ៉េណេ)។ នៅលើផែនដី ព្រះជាម្ចាស់​សម្ដែង​ថា ព្រះយេស៊ូជា​ព្រះគ្រីស្ត​​អស់​កល្ប​ជានិច្ច នៅពេលលោកយ៉ូហានបាទីស្តជ្រមុជព្រះអង្គក្នុង ទឹក។ ពេលនោះ “ព្រះ​​ជាម្ចាស់​បាន​ចាក់​​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ និងឫទ្ធានុភាពអភិសេកព្រះយេស៊ូ” (កក ១០,៣៨) ដើម្បីឱ្យ “លោក​​បង្ហាញ​ខ្លួន​ឱ្យ​​ប្រជារាស្រ្ត​​អ៊ីស្រាអែល​ស្គាល់” (យហ ១,៣១)​ ​ថា ជាព្រះមេស្ស៊ីព្រះមេស្ស៊ីរបស់គេ។ ដោយសារ​កិច្ចការ និង​ព្រះ​បន្ទូល​របស់​ព្រះអង្គ គេនឹងស្គាល់​ព្រះអង្គជា “ព្រះដ៏វិសុទ្ធ​​ដែល​​ព្រះជាម្ចាស់​ចាត់ឱ្យមក” (មក ១,២៤; យហ ៦,៦៩; កក ៣,១៤) ។

៤៣៩. ជនជាតិយូដាជាច្រើន សូម្បីតែសាសន៍ដទៃខ្លះដែលជឿ និងសង្ឃឹមលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់​ដូច​គ្នា​​​ដែរ បានទទួលស្គាល់ថា ព្រះយេស៊ូមានលក្ខណៈសម្បត្តិរបស់ “បុត្រារបស់ព្រះបាទដាវីឌ” ជាព្រះមេស្ស៊ី​ ដែលព្រះជាម្ចាស់បានសន្យាប្រទានឱ្យជនជាតិអ៊ីស្រាអែល (មថ ៩,២៧)។ ព្រះយេស៊ូសុខចិត្តទទួលងារជា​ព្រះមេស្ស៊ី​ (យហ ៤,២៥-២៦) ដូចព្រះអង្គមានសិទ្ធិទទួលព្រះបរមងារនេះមែន ប៉ុន្តែព្រះអង្គប្រុងប្រយ័ត្នជានិច្ច ព្រោះ​ជនជាតិ​អ៊ីស្រាអែលភាគច្រើនគិតថា ព្រះមេស្ស៊ី​​​​​ដូច​ជា​​ស្ដេច​លោកីយ៍ (មថ ២២,៤១-៤៦; យហ ៦,១៥; លក ២៤,២១) ។

៤៤០. ព្រះយេស៊ូបានទទួលការប្រកាសជំនឿរបស់លោកសិលា ដែលទទួលស្គាល់ព្រះអង្គជាព្រះ    មេស្ស៊ី ​នៅ​ពេល​​ព្រះអង្គមានព្រះបន្ទូលទុកជាមុនថា បុត្រមនុស្សនឹងរងទុក្ខលំបាក (មថ ១៦,១៦-២៣)។ ព្រះអង្គបានសម្ដែង​យ៉ាងច្បាស់ថា ព្រះអង្គជាព្រះមេស្ស៊ី និងព្រះមហាក្សត្របែបណា នៅក្នុងអត្តសញ្ញាណដ៏ខ្ពង់ខ្ពស់បំផុត​នៃ​បុត្រមនុស្សដែល “យាងចុះពីស្ថានបរមសុខ” (យហ ៣,១៣) និងនៅក្នុងបេសកកម្មសង្រ្គោះមនុស្សលោកដូចជា អ្នកបម្រើដែលត្រូវរងទុក្ខលំបាក៖ “បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបម្រើលោកទេ គឺលោកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់” (មថ ២០,២៨) (អស ៥៣,១០-១២)។ ហេតុ​ដូច្នេះ​ហើយ   ប្រសិនបើគ្មានព្រះឈើឆ្កាងជួយបំភ្លឺទេ   យើងមិនអាចយល់ថា    ព្រះយេស៊ូជាព្រះ    ​មហាក្ស​ត្រ​យ៉ាង​ដូច​ម្ដេចបានទេ (យហ ១៩,១៩-២២; លក ២៣,៣៩-៤៣)។ លោកសិលាអាចប្រកាសពីមុខ​ប្រជាជន​របស់​ព្រះ​​ជាម្ចាស់ថា ព្រះ​យេស៊ូ​ជា​ព្រះ​មហាក្សត្រ​ នៅពេលព្រះយេស៊ូ​មាន​​ព្រះជន្មថ្មី​តែ​ប៉ុណ្ណោះ៖ “សូមអោយ​ជនជាតិ​​​​អ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់​បាន​​​​​​​​​តែង​តាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្តហើយ” (កក ២,៣៦)។

. ព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់

៤៤១.​ នៅក្នុងសម័្ពន្ធមេត្រីចាស់ ព្រះបុត្រារបស់ព្រះជាម្ចាស់ ជាងារដែលព្រះជាម្ចាស់ប្រទានឱ្យពួកទេវទូត (ទក ៣២,៨; យប ១,៦) ប្រជាជនដែលព្រះជាម្ចាស់បានជ្រើសរើស (សរ ៤,២២) កូនចៅជនជាតិអ៊ីស្រាអែល (ហស ២,១)​​ និងព្រះមហាក្សត្ររបស់គេ (២សម ៧,១៤)។ ព្រះបុត្រារបស់ព្រះជាម្ចាស់មានន័យថា ព្រះជាម្ចាស់​ប្រោសមនុស្សម្នាក់ឱ្យទៅជាបុត្រចិញ្ចឹមរបស់ព្រះអង្គ ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ។ កាលដែល​​​​​​​​​មានចែង​ថា ព្រះជាម្ចាស់បានសន្យាប្រទានព្រះមហាក្សត្រ-ព្រះមេស្ស៊ី ជា “ព្រះបុត្រារបស់​ព្រះ​ជាម្ចាស់” (១របា ១៧,១៣; ទន ២,៧) យើងមិនត្រូវសន្និដ្ឋានភ្លាមៗតាមអត្ថន័យចំៗនៃអត្ថបទនោះថា ព្រះអង្គ​មាន​ឋានៈ​​ខ្ពស់​ជាង​​មនុស្សលោក​ទេ។ ប្រហែលជាអស់អ្នកដែលបានហៅព្រះយេស៊ូថាជាព្រះមេស្ស៊ីនៃជនជាតិអ៊ីស្រាអែល (មថ ២៧,៥៤) គ្មានបំណងចង់ផ្ដល់អត្ថន័យផ្សេងពីអត្ថន័យនោះឡើយ (លក ២៣,៤៧)។

៤៤២. រីឯលោកសិលាវិញ ពេលលោកប្រកាសថា ព្រះយេស៊ូជា “ព្រះគ្រីស្ត ជា​ព្រះបុត្រារបស់ព្រះជាម្ចាស់​​​​​​​​​​​​​ដែលមានព្រះជន្មគង់នៅ” (មថ ១៦,១៧) ព្រះអង្គឆ្លើយតបយ៉ាងឱឡារិកថា “អ្នកដឹង​សេចក្ដី​នេះ មិន​មែន​ដោយ​​ខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ បានសម្ដែងឱ្យអ្នកដឹង ” (មថ ១៦,១៧)។ ក្រោយ​​ពីសន្តប៉ូលបានប្រែចិត្តគំនិត នៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស លោកថ្លែងថា៖ “ព្រះជាម្ចាស់​បាន​ជ្រើស​រើស​​ខ្ញុំទុកដោយឡែកតាំងពីក្នុងផ្ទៃម្តាយមកម្ល៉េះហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះហឫទ័យ​ប្រណីស​​ន្ដោស​របស់ព្រះអង្គ។​ នៅពេលព្រះអង្គសព្វព្រះហឫទ័យសម្ដែង​ឱ្យខ្ញុំស្គាល់​ព្រះ​បុត្រា​របស់ព្រះអង្គដើម្បី​​​​ឱ្យ​ខ្ញុំ​នាំ​ដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ” (កាឡ ១,១៥-១៦)។ “លោក​ចាប់​ផ្ដើមប្រកាសនៅ​​ក្នុងសាលាប្រជុំនានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់” (កក ៩,២០)។ តាំងពីដំបូងបង្អស់ (១ថស ១,១០)​ “ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់” ជាស្នូលនៃជំនឿ​របស់​ក្រុមគ្រីស្តទូត (យហ ២០,៣១) ដែលលោកសិលាបានប្រកាសមុនគេ និងដែលជាគ្រឹះរបស់​ព្រះ​សហគមន៍ (មថ ១៦,១៨)។

៤៤៣. តាមពិតលោកសិលាបានទទួលស្គាល់ថាព្រះយេស៊ូជាព្រះមេស្ស៊ី ជាព្រះបុត្រាដ៏ខ្ពង់ខ្ពស់បំផុតរបស់​ព្រះជាម្ចាស់ ដ្បិតព្រះយេស៊ូបានជួយឱ្យគេយល់បាន។ ចំពោះក្រុមប្រឹក្សាជាន់ខ្ពស់ពេលគេចោទសួរ​ព្រះ​យេស៊ូ​ថា៖ “បើដូច្នេះអ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?” ព្រះអង្គឆ្លើយតបនឹងគេថា៖ “អស់លោកមាន​ប្រសាសន៍​​​ត្រូវមែន គឺខ្ញុំនេះហើយ” (លក ២២,៧០) (មថ ២៦,៦៤; មក ១៤,៦១)។ តាំងពីដើមមកម្ល៉េះព្រះអង្គ​បាន​​ណែនាំខ្លួនឯងជា “ព្រះបុត្រា” ដែលស្គាល់ព្រះបិតា (មថ ១១,២៧) ខុសប្លែកពី “អ្នកបម្រើ” ដែល​ព្រះ​ជាម្ចាស់​បាន​ចាត់ឱ្យមកពីមុនៗឱ្យប្រជាជនរបស់ព្រះអង្គ (មថ ២១,៣៤-៣៦) ហើយដែលមានឋានៈលើសពីពួកទេវទូតទៅទៀត (មថ ២៤,៣៦)។ ព្រះអង្គ​បាន​ញែកខ្លួនឯងពីសាវ័ករបស់ព្រះអង្គ ដោយមិនដែលមានព្រះបន្ទូលថា “ព្រះបិតារបស់យើង” ទេ (មថ ៥,៤៨) លើកលែងតែដើម្បីបង្គាប់ឱ្យ​គេ​ថា៖ “អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅៈ ឱព្រះបិតានៃយើងខ្ញុំ” (មថ ៦,៩) ហើយ​​ព្រះអង្គបានបញ្ជាក់ពីការ​ញែកនេះ៖ “ព្រះបិតាខ្ញុំ និងព្រះបិតារបស់អ្នករាល់គ្នា” (យហ ២០,១៧)។

៤៤៤. តាមដំណឹងល្អព្រះសូរសៀងរបស់ព្រះបិតាបង្ហាញព្រះយេស៊ូថាជា “បុត្រដ៏ជាទីស្រលាញ់” (មថ ៣,១៧; ១៧,៥) របស់ព្រះអង្គនៅពេលព្រះយេស៊ូជ្រមុជទឹក និងនៅពេលព្រះអង្គប្រែទ្រង់ទ្រាយឱ្យសាវ័កឃើញ។ ព្រះ​យេស៊ូណែនាំខ្លួនជា “ព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់” (យហ ៣,១៦) ​និងបញ្ជាក់ថា ព្រះអង្គមានព្រះជន្មគង់​​នៅអស់កល្បជានិច្ចមុនសម័យកាលទាំងអស់ (យហ ១០,៣៦)។ ព្រះអង្គសូមឱ្យគេជឿ “លើព្រះនាមព្រះបុត្រា​តែមួយ​របស់​ព្រះ​ជាម្ចាស់” (យហ ៣,១៨)។ ធម៌ប្រកាសជំនឿរបស់គ្រីស្តសាសនានេះលេចចេញមករួចហើយកាលដែល​នាយ​ទាហាន​ភ្លាត់មាត់ពី​មុខ​ព្រះ​យេស៊ូនៅលើឈើឆ្កាង ថា៖ “បុរស​នេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន” (មក ១៥,៣៩) ។ មានតែពេល​ព្រះ​យេស៊ូ​សោយ​ទិវង្គត​ និងមាន​ព្រះជន្ម​រស់​ឡើង​វិញទេ ទើបអ្នកជឿអាច​ផ្តល់​អត្ថន័យពេញលេញដល់ព្រះបរមងារ “ព្រះ​បុត្រា​​របស់ព្រះជាម្ចាស់” ។

៤៤៥. យើងអាចយល់ថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ពោរពេញដោយសិរីរុងរឿង និងឫទ្ធានុភាពពេល​ព្រះអង្គមានព្រះជន្មថ្មី៖ “ព្រះជាម្ចាស់បានតែងតាំងព្រះអង្គជាព្រះបុត្រាប្រកបដោយ​ឫទ្ធានុភាព ដោយប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មី” (រម ១,៤) (កក ១៣,៣៣)។​ ក្រុមគ្រីស្តទូតនឹងប្រកាសថា៖ “យើង​​បាន​ឃើញ​សិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គ​ពោរពេញ​ទៅ​ដោយ​​ព្រះហឫទ័យប្រណីសន្ដោស និងសេចក្ដីពិត” (យហ ១,១៤)។

៤. ព្រះអម្ចាស់

៤៤៦. ពេលគេបកប្រែគម្ពីរសម្ពន្ធមេត្រីចាស់ជាភាសាក្រិក គេប្រើពាក្យ Kyrios (“ព្រះអម្ចាស់”) ដើម្បីបកប្រែព្រះ​នាម​​ដ៏ប្លែកអស្ចារ្យរបស់ព្រះជាម្ចាស់ ដែលទ្រង់បានសម្ដែងឱ្យលោកម៉ូសេ​ស្គាល់​ YHWH (សរ ៣,១៤)។​ ដូច្នេះគេធ្លាប់​ប្រើ ព្រះអម្ចាស់ ដើម្បីសម្ដែងថា ព្រះ​របស់ជនជាតិអ៊ីស្រាអែលជាព្រះជាម្ចាស់។ ក្នុងសម្ពន្ធមេត្រីថ្មីគេ​ប្រើងារ “ព្រះអម្ចាស់” សម្តៅលើព្រះបិតាផងព្រះយេស៊ូផង។ ហេតុដូច្នេះហើយ បានជាគេទទួលស្គាល់ថា ព្រះយេស៊ូ ជាព្រះជាម្ចាស់ផ្ទាល់ (១ករ ២,៨)។

៤៤៧. ពេលព្រះយេស៊ូពិភាក្សាជាមួយពួកគណៈផារីស៊ី អំពីអត្ថន័យនៃទំនុកតម្កើងលេខ ១១០ ​(មថ ​២២,​៤១​-៤៦) ព្រះយេស៊ូដូចជាទទួលស្គាល់យ៉ាងលាក់លៀមថាខ្លួនជាព្រះអម្ចាស់ ប៉ុន្តែពេលព្រះអង្គមានព្រះបន្ទូលជាមួយក្រុមគ្រីស្តទូតព្រះអង្គសម្ដែងឱ្យគេដឹងច្បាស់ថា ព្រះអង្គជាព្រះអម្ចាស់ (យហ ១៣,១៣)។ អស់មួយជីវិតព្រះ​យេស៊ូ​បង្ហាញថា ព្រះអង្គជាព្រះជាម្ចាស់ ដោយធ្វើកាយវិការគ្រប់គ្រងធម្មជាតិ ជំងឺ អារក្ខ សេចក្ដីស្លាប់ និងអំពើបាប។

៤៤៨. ជារឿយៗក្នុងដំណឹងល្អមនុស្សជាច្រើនហៅព្រះយេស៊ូជា “ព្រះអម្ចាស់”។ ងារនេះផ្ដល់សក្ខីភាពថា អ្នក​ដែល​មករកព្រះយេស៊ូ គោរព និងជឿទុកចិត្តលើព្រះអង្គ ហើយសូមឱ្យព្រះអង្គជួយសង្រ្គោះ និងព្យាបាល (មថ ៨,២; ១៤,៣០)។ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញផង អ្នកនោះទទួលស្គាល់ថា ព្រះយេស៊ូ​​ជាព្រះជាម្ចាស់ (លក ១,៤៣; ២,១១)។ ពេលគេជួបព្រះយេស៊ូដែលមានព្រះជន្មថ្មី គេក្រាប​ថ្វាយ​បង្គំព្រះអង្គ៖ “ព្រះ​អង្គ​​ពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!” (យហ ២០,២៨)។ ពេលនោះ “ព្រះអម្ចាស់” ទទួល​អត្ថន័យពិសេសតាមគ្រីស្តសាសនា គឺសម្ដែងថា គេស្រលាញ់ព្រះអង្គ​យ៉ាង​​ជិតស្និទ្ធ៖ “ព្រះអម្ចាស់ទេតើ!” (យហ ២១,៧)។

៤៤៩. ដោយប្រគល់ងារព្រះអម្ចាស់ឱ្យព្រះយេស៊ូ ធម៌ប្រកាសជំនឿដំបូងនៃព្រះសហគមន៍អះអាង តាំងពី​ដើមថា (កក ២,៣៤-៣៦) ត្រូវតែថ្វាយទៅព្រះយេស៊ូអំណាច ព្រះកិតិ្តនាម និងសិរីរុងរឿងរបស់​ព្រះជាម្ចាស់​ជា​ព្រះ​បិតា (រម ៩,៥; ទត ២,១៣; វវ ៥,១៣) ដ្បិតព្រះអង្គ “មានឋានៈជាព្រះជាម្ចាស់” (ភីល ២,៦) ហើយ​ពីព្រោះ​ព្រះបិតាបានសម្ដែងថា ព្រះយេស៊ូជាព្រះជាម្ចាស់ ដោយប្រោសព្រះអង្គឱ្យ​ក្រោកឡើង​ពីចំណោម​មនុស្ស​ស្លាប់ និងឱ្យទទួលសិរីរុងរឿងរបស់ព្រះអង្គ (រម ១០,៩; ១ករ ១២,៣; ភីល ២,៩; ១១)។

៤៥០. តាំងពីការចាប់ផ្ដើមដំបូងនៃគ្រីស្តសាសនា ព្រះសហគមន៍អះអាងថា ព្រះយេស៊ូជាព្រះអម្ចាស់ លើពិភព​លោក និងប្រវត្តិសាស្រ្ត (វវ ១១,១៥) ដើម្បីសម្ដែងថា មនុស្សលោកមិនត្រូវលះបង់សេរីភាព​ផ្ទាល់​ខ្លួន ​ក្រោម​អំណាច​​​លោកីយ៍ណាមួយ ក្រៅពីព្រះជាម្ចាស់ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រីស្ត ជាដាច់ខាត៖ ព្រះ​ចៅ​អធិរាជ​មិនមែនជា “ព្រះអម្ចាស់” ទេ (មក ១២,១៧; កក ៥,២៩)។ “ព្រះសហគមន៍ជឿថា (...) អត្ថន័យដ៏សំខាន់ និង​ទី​​​ដៅ​​​នៃ​​​ប្រវត្តិសាស្រ្តទាំងមូលរបស់មនុស្សលោក ស្ថិត​​​ក្នុងអង្គព្រះអម្ចាស់ និងក្នុងព្រះបរមគ្រូរបស់ខ្លួន” (GS ១០,២; ៤៥,២)។

៤៥១. ព្រះបរមងារជា “ព្រះអម្ចាស់”​ មានក្នុងការអធិដ្ឋាននៃគ្រីស្តសាសនា ដូចជាពេលយើងអញ្ជើញគេឱ្យអធិដ្ឋាន “សូម​ព្រះអម្ចាស់គង់ជាមួយបងប្អូន” ឬពេលអធិដ្ឋានចប់ “ដោយព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង” ឬពេលយើងអង្វរព្រះអង្គឱ្យយាងមកវិញពោរពេញដោយទំនុកចិត្ត និងក្ដីសង្ឃឹម៖ “ម៉ារ៉ាណាថា” (“ព្រះអម្ចាស់​យាងមក!”) ឬ “ម៉ារ៉ាណាថា” (ឱព្រះអម្ចាស់ សូមយាងមក!”) (១ករ ១៦,២២) “អាម៉ែន ព្រះអម្ចាស់យេស៊ូអើយ សូម​យាង​មក!” (វវ ២២,២០)។

សង្ខេប

៤៥២. ព្រះនាមរបស់ព្រះយេស៊ូមានន័យថាព្រះជាម្ចាស់សង្រ្គោះ។ គេហៅ​បុត្រ​ ដែល​ប្រសូត​ពី​ព្រហ្មចារិនីម៉ារីថាយេស៊ូ ដ្បិតបុត្រនោះនឹងសង្រ្គោះប្រជារាស្រ្តព្រះអង្គឱ្យរួចពីបាបរបស់គេ​ (មថ ១,២១)៖នៅក្រោមមេឃនេះ ក្រៅពីព្រះយេស៊ូគ្មាននរណាម្នាក់អាចសង្រ្គោះមនុស្សបានទាល់តែសោះ (កក ៤,១២)។

៤៥៣. ព្រះនាមរបស់ព្រះគ្រីស្តមានន័យថាអ្នកទទួលអភិសេក ព្រះមេស្ស៊ី។ ព្រះយេស៊ូជាព្រះគ្រីស្ត ដ្បិតព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាពអភិសេកព្រះយេស៊ូ (កក ១០,៣៨)។ ព្រះអង្គជាអ្នកដែលត្រូវយាងមក (លក ៧,១៩) ជាសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល (កក ២៨,២០)។

៤៥៤. ព្រះនាមនៃព្រះបុត្រារបស់ព្រះជាម្ចាស់មានន័យថា ទំនាក់ទំនងតែមួយ និងអស់កល្បជានិច្ចរវាង​ព្រះយេស៊ូ និងព្រះបិតារបស់ព្រះអង្គ គឺព្រះអង្គជាព្រះបុត្រាតែមួយរបស់ព្រះបិតា (យហ ១,១៤.១៨; ,១៦.១៨) និងជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ (យហ ១,១)។ ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទ ត្រូវតែជឿថា ព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះ​ជា​ម្ចាស់ (កក ៨,៣៧; ១យហ ២,២៣ )។

៤៥៥. ព្រះនាមរបស់ព្រះអម្ចាស់មានន័យថា ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលយើងប្រកាស ឬ​ទូលអង្វរព្រះយេស៊ូជាព្រះអម្ចាស់ យើងជឿថា ព្រះអង្គជាព្រះជាម្ចាស់។បើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធណែនាំទេ​នោះ ក៏គ្មាននរណាម្នាក់អាចពោលថាព្រះយេស៊ូជាព្រះអម្ចាស់ បានឡើយ (១ករ ១២,៣)។

ប្រការទី៣៖ព្រះយេស៊ូគ្រីស្តមានកំណើត​ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់ប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី

កថាខណ្ឌទី១៖ ព្រះបុត្រារបស់ព្រះជាមា្ចស់ប្រសូតជាមនុស្ស

១. ហេតុអ្វីបានជាព្រះបន្ទូលប្រសូតជាមនុស្ស?

៤៥៦. យើងឆ្លើយតបនឹងសំណួរនេះ តាមធម៌ប្រកាសជំនឿនៃមហាសន្និបាតសកលនីសេ/កុងស្តង់ទីណូប​​​​​​ ដែលប្រកាស​ថា “ព្រះអង្គយាងមកពីស្ថានបរមសុខ ដើម្បីមនុស្សយើង និងសង្រ្គោះយើង ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ព្រះអង្គបានទទួលរូបកាយពីព្រះនាងព្រហ្មចារិនីម៉ារីហើយព្រះអង្គកើតជាមនុស្ស”។

៤៥៧. ព្រះបន្ទូលប្រសូតជាមនុស្សដើម្បីសង្រ្គោះយើង ដោយសម្រុះសម្រួលយើងឱ្យជានានឹងព្រះជាម្ចាស់ ៖ “គឺព្រះជាម្ចាស់ទេតើ ដែលបានស្រលាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្ម លោះយើងឱ្យរួចពីបាបទាំងពួង” (១យហ ៤,១០)។ “ព្រះបិតាបានចាត់ព្រះបុត្រាឱ្យយាងមកសង្រ្គោះមនុស្ស​លោក” (១យហ ៤,១៤)។ “ព្រះយេស៊ូយាងមក ដើម្បីដកបាបចេញពីមនុស្សលោក” (១យហ ៣,៥)។ ពេលយើងមានជំងឺ សភាពរបស់យើងទាមទារឱ្យយើងបានជាសះស្បើយ ពេលយើងធ្លាក់ខ្លួនជាអ្នកបាប សភាពនេះទាមទារឱ្យយើងងើបឡើងវិញ ពេលយើងស្លាប់ សភាពយើងទាមទារឱ្យយើងរស់ឡើងវិញ។ យើងលែងជាម្ចាស់នៃអំពើល្អត្រូវតែសងមកយើងវិញ។ ពេលយើងជាឈ្លើយនៃភាពងងឹត ត្រូវតែយកពន្លឺមកបំភ្លឺយើង ត្រូវនាំអ្នកជួយសង្រ្គោះមករំដោះ ពេលយើងត្រូវជាប់ឃុំឃាំង ជាប់គុកច្រវាក់ ពេលយើងធ្លាក់ខ្លួនជាទាសករ ត្រូវមានអ្នកមកជួយរំដោះ។ ​តើមូលហេតុទាំងអស់នោះមិនសំខាន់ទេឬ? តើមូលហេតុនោះមិនអាចនាំឱ្យព្រះជាម្ចាស់រំជួលព្រះហឫទ័យរហូតដល់យាងចុះមកកើតជាមនុស្ស ដ្បិតជាតិជាមនុស្សស្ថិតក្នុងសភាពដ៏លំបាកវេទនាបែបនេះ ឬទេ? (សន្ត គ្រែគ័រ​ នៃនីស)។

៤៥៨. ព្រះបន្ទូលប្រសូតជាមនុស្សដើម្បីឱ្យយើងស្គាល់សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ៖ “ព្រះជាម្ចាស់ បានសម្ដែងព្រះហឫទ័យស្រលាញ់របស់ព្រះអង្គចំពោះយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះបុត្រា” (១យហ ៤,៩)។ “ព្រះជាម្ចាស់ស្រលាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ចមិនឱ្យគេវិនាសឡើយ” (យហ ៣,១៦)។

៤៥៩. ព្រះបន្ទូលប្រសូតជាមនុស្សដើម្បីធ្វើជាគំរូឱ្យយើងបានវិសុទ្ធ ៖ “ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំ...” (មថ ១១,២៩)។​ “ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់​​ព្រះបិតាបានទេ លើកលែងតែទៅតាមរយៈខ្ញុំ” (យហ ១៤,៦)។ នៅលើភ្នំដែលព្រះយេស៊ូបានប្រែទ្រង់​ទ្រាយ ព្រះបិតាបញ្ជាថា៖ “ចូរស្ដាប់ព្រះអង្គចុះ!” (មក ៩,៧) (ទក ៦,៤-៥)។ ព្រះអង្គពិតជាគំរូ​ឱ្យ​យើង​ទទួល​សុភមង្គលដ៏ពិតប្រាកដ និង​ជា​​​ក្បួន​នៃធម្មវិន័យថ្មី៖ “ចូរស្រលាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបាន​ស្រលាញ់​អ្នករាល់​គ្នា​ដែរ” (យហ ១៥,១២)។ តាមសេចក្ដីស្រលាញ់នេះ យើងក៏ត្រូវតែបូជាខ្លួនឯង ដោយដើរតាមព្រះអង្គ (មក ៨,៣៤)។

៤៦០. ព្រះបន្ទូលប្រសូតជាមនុស្សដើម្បីឱ្យ យើងចូលរួមចំណែកក្នុងព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់(២​ពត្រ​​ ១,៤)៖ “ព្រះបន្ទូលប្រសូតជាមនុស្ស ហើយព្រះបុត្រារបស់ព្រះជាម្ចាស់កើតជាបុត្រមនុស្ស ដើម្បីឱ្យ​មនុស្ស​ទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដោយរួមជាមួយព្រះបន្ទូល និងទទួលព្រះជន្មរបស់ព្រះអង្គ” (សន្ត អ៊ីរ៉េណេ)។ “ដ្បិតព្រះបុត្រារបស់ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដើម្បីឱ្យយើងទៅជាព្រះជាម្ចាស់” (សន្ត អាថាណាស)។ “ព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យឱ្យយើងរួមជាមួយព្រះជាម្ចាស់ យក​សភាព​របស់យើង ដើម្បីឱ្យព្រះអង្គទៅជាមនុស្ស និងមនុស្សទៅជាព្រះ” (សន្ត ថូម៉ាស នៃអាកាំង)។

២. ព្រះជាម្ចាស់ប្រសូតជាមនុស្ស

៤៦១. តាមប្រសាសន៍របស់សន្តយ៉ូហាន (“ព្រះបន្ទូលបានកើតមកជាមនុស្ស” (យហ ១,១៤)) ព្រះ​សហគមន៍​​ជឿ​ថា​ ព្រះបុត្រារបស់ព្រះជាម្ចាស់បានទទួលយកសភាពជាមនុស្ស ដើម្បីជួយសង្រ្គោះយើង។ ព្រះ​សហគមន៍​​​​​​ច្រៀង​គម្រោងការ​ដ៏អស្ចារ្យនេះ ដែលលិខិតរបស់សន្តប៉ូលជូនគ្រីស្តបរិស័ទនៅទីក្រុងភីលីពបញ្ជាក់៖​ ព្រះគ្រីស្តយេស៊ូមានចិត្តគំនិតយ៉ាងណា បងប្អូនត្រូវមានចិត្តគំនិតយ៉ាងនោះដែរ។ ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្ដោបក្ដាប់ឋានៈដែលស្មើនឹងព្រះជាម្ចាស់នេះទុកជាកម្មសិទិ្ធផ្ដាច់មុខរបស់​ព្រះ​អង្គ​​​ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានក្លាយទៅជាមនុស្សដូច​មនុស្ស​​ឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ ព្រះអង្គបានបន្ទាបខ្លួនធ្វើតាមព្រះបញ្ជារហូត​ដល់​សោយ​ទិវង្គត គឺសោយទិវង្គតលើឈើឆ្កាងថែមទៀតផង! (ភីល ២,៥-៨) (LH)។

៤៦២. លិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺថ្លែងអំពីគម្រោងការដ៏អស្ចារ្យនេះដូចតទៅ៖ ហេតុនេះ នៅពេលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា ព្រះអង្គ​មិន​​ចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ​ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ ព្រះអង្គមិនសព្វ​ព្រះហឫទ័យ​នឹង​​តង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ។ ដូច្នេះ ទូលបង្គំពោលថា បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ​ទូល​បង្គំ​​សូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ (ហប ១០,៥-៧ យោងតាម ទន ៤០,៧-៩)។

៤៦៣. ពេលយើងជឿថា ព្រះបុត្រារបស់ព្រះជាម្ចាស់ពិតជាកើតជាមនុស្ស យើងសម្ដែងលក្ខណៈ​ពិសេស​​​​នៃ​គ្រីស្ត​សាសនា៖ “បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានត្រង់នេះ គឺអ្នកណាប្រកាសជំនឿ​​​​​​​​ថា ព្រះ​យេស៊ូ​គ្រីស្តបានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន” (១យហ ៤,២)។ តាំងពីដើមព្រះសហគមន៍ជឿជាក់ “គម្រោង​ការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់” គឺថា “ព្រះ​គ្រីស្តយាងមកមាន​ឋានៈជា​មនុស្ស” (១ធម ​៣,១៦)។

៣. ពិតជាព្រះជាម្ចាស់មែន ពិតជាមនុស្សមែន

៤៦៤. ព្រះបុត្រារបស់ព្រះជាម្ចាស់កើតជាមនុស្សជាហេតុការណ៍តែមួយ និងយ៉ាងពិសេស។ ព្រះបុត្រាប្រសូត​ជា​មនុស្ស​មិនមែនមានន័យថា​ ព្រះយេស៊ូគ្រីស្តពាក់កណ្ដាលព្រះជាម្ចាស់​ផង ពាក់កណ្ដាលមនុស្សផង ឬព្រះអង្គ​ដូច​​​​ជា​លទ្ធផលនៃការលាយឡំមិនច្បាស់លាស់រវាងព្រះជាម្ចាស់ និង​មនុស្សឡើយ។ ដោយនៅតែមានឋានៈជាព្រះជាម្ចាស់​ ព្រះអង្គបានកើជាមនុស្សមែន។ ព្រះអង្គពិតជាព្រះជាម្ចាស់ផង ​ពិតជាមនុស្សផង។​ នៅសតវត្សដើមព្រះសហគមន៍បាន​ការពារ និងបំភ្លឺសេចក្ដីពិតនៃ​ជំនឿនេះប្រឆាំងនឹងជំនឿក្លែងក្លាយ។

៤៦៥. មុនដំបូងអ្នកជឿជំនឿក្លែងក្លាយមិនព្រមទទួលស្គាល់ថា​ ព្រះយេស៊ូពិតជាមនុស្ស ជាជាងព្រះយេស៊ូជា​ព្រះ​ជាម្ចាស់ (gnostic docetism)។ តាំងពីសម័យក្រុមគ្រីស្តទូត ព្រះសហគមន៍តែងតែសង្កត់ធ្ងន់ថា ព្រះបុត្រារបស់​ព្រះ​ជាម្ចាស់បានកើតជា​មនុស្សពិតប្រាកដមែន (១យហ ៤,២-៣; ២យហ ៧)។ ប៉ុន្តែ តាំងពីសតវត្សទីបីនៅ​មហាសន្និបាតនៃទីក្រុងអន់ទីយ៉ូក ព្រះសហគមន៍ត្រូវតែអះអាងប្រឆាំងនឹងលោកប៉ូលនៃសាមូសាតា ថាព្រះយេស៊ូ​គ្រីស្ត​​មានសភាវៈ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ គឺព្រះជាម្ចាស់មិនបានយកព្រះគ្រីស្តធ្វើជាព្រះបុត្រាចិញ្ចឹមទេ។ នៅឆ្នាំ​៣២៥ មហាសន្និបាតសកលទីមួយ នៃ​ទី​ក្រុងនិសេប្រកាសថា ព្រះបុត្រារបស់ព្រះជាម្ចាស់ “ចេញមកពី​ព្រះ​ជាម្ចាស់ មិនកើតដូចសត្វលោកទេ ហើយរួម​សភាព ​(homousios) ជាមួយព្រះបិតា”។ សេចក្ដីនេះ ប្រឆាំងនឹង​លោក​ អារីយូស ដែល​អះអាងថា “ព្រះបុត្រារបស់​ព្រះជាម្ចាស់​ចេញមក​ពី​​សូន្យ” (DS ១៣០) និង “មាន​សភាវៈ​ផ្សេង​ពី​ព្រះ​បិតា” (DS ១២៦)។

៤៦៦. ជំនឿក្លែងក្លាយរបស់លោក ណេស្តូរីយូសអះអាងថា ព្រះគ្រីស្តជាមនុស្សម្នាក់ភ្ជាប់នឹងព្រះបុត្រារបស់​ព្រះ​ជាម្ចាស់។ ផ្ទុយទៅវិញសន្ត ស៊ីរីលនៃទីក្រុងអឡិសង់ឌ្រី និងមហាសន្និបាតសកលទីបី នៅទីក្រុង អេភេសូនៅ​​ឆ្នាំ៤៣១ បានប្រកាសថា “ព្រះបន្ទូលកើតជាមនុស្ស ដោយផ្សំផ្តុំរូបកាយ​ និង​​​​ព្រលឹងមួយ​ឱ្យរួប​រួម​ជាមួយ​គ្នានៅក្នុងអង្គព្រះអង្គ” (DS ២៥០)។ ជាតិជាមនុស្សរបស់ព្រះគ្រីស្តមាន​ប្រធានបទ​តែ​មួយ គឺ​ព្រះបុត្រា​របស់​ព្រះ​ជាម្ចាស់ ទ្រង់បានទទួលយកសភាពជាមនុស្ស តាំងពីពេលផ្ទៃដំបូងមក។ ហេតុនេះ​ហើយបានជានៅឆ្នាំ៤៣១ មហាសន្និបាត​នៅ​​ទីក្រុងអេភេសូបានប្រកាសថា នាងម៉ារីពិតជាព្រះមាតារបស់ព្រះជាម្ចាស់ ដ្បិត​​​​ព្រះបុត្រា​របស់​ព្រះជាម្ចាស់កើតជាមនុស្សនៅក្នុងខ្លួននាង៖ “ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់ មិន​​មែនមក​ពីព្រះ​បន្ទូល​របស់ព្រះជាម្ចាស់បានយកសភាពរបស់ព្រះអង្គចេញពីព្រះនាងទេ។ ព្រះនាងជាព្រះមាតារបស់​ព្រះជាម្ចាស់ ដ្បិត​ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានរូបកាយដ៏សក្ការៈ និងព្រលឹងរួមជាមួយគ្នានៅក្នុងអង្គព្រះអង្គដោយសារ​​ព្រះនាង”​ (DS ២៥១)។

៤៦៧. ពួកមូនូភីស៊ីតអះអាងថា​ នៅក្នុងអង្គព្រះគ្រីស្ត សភាពជាព្រះបុត្រារបស់ព្រះជាម្ចាស់បាន​ស្រូប​សភាព​ជា​មនុស្ស។ នៅឆ្នាំ៤៥១ មហាសន្និបាតសកលទីបួននៅទីក្រុង​កាលសេដូនបានប្រកាសថា៖ តាមគ្រូបាធ្យាយដ៏វិសុទ្ធ យើងប្រកាសដោយរួមជាមួយគ្នាជាធ្លុងតែមួយថា មានព្រះបុត្រាតែមួយ គឺព្រះអម្ចាស់នៃយើង យេស៊ូគ្រីស្តអង្គតែមួយគ្រប់លក្ខណៈក្នុងឋានៈជាព្រះជាម្ចាស់ គ្រប់លក្ខណៈក្នុងឋានៈជាមនុស្ស អង្គតែមួយពិត​ប្រាកដ​​ជា​ព្រះ​​ជាម្ចាស់​ផង ពិតប្រាកដជាមនុស្សផង ដែលមានព្រលឹងនិងរូបកាយមួយ រួមសភាពជាមួយព្រះបិតា​ក្នុង​ឋានៈ​​ជាព្រះជាម្ចាស់ រួមសភាពជាមួយយើងក្នុងឋានៈជាមនុស្ស “គ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្ត​អំពើបាបសោះឡើយ” (ហប ៤,១៥)។ ព្រះអង្គចេញមកពីព្រះបិតាមុនសម័យកាលទាំងអស់​ក្នុងឋានៈជាព្រះ​ជាម្ចាស់ ហើយនៅគ្រាចុងក្រោយនេះ កើតពីព្រហ្មចារិនីម៉ារី
ជាព្រះ​មាតា​របស់​ព្រះ​ជាម្ចាស់ ក្នុងឋានៈជាមនុស្សដើម្បីយើង និងដើម្បី​​សង្រ្គោះយើង។ មានព្រះគ្រីស្តតែមួយព្រះអង្គដដែលជាព្រះអម្ចាស់ ជាព្រះបុត្រាតែមួយ ដែលយើងត្រូវស្គាល់ថា​ មានសភាពពីរ ដែល​យើង​មិន​​អាចច្រឡំបានទេ ដែលគ្មានការប្រែប្រួលសោះ ដែលមិនអាចបែងចែកបានទេ និងដែលមិនអាច​វែកញែក​បាន​ទេ។ ទោះបីសភាពទាំងពីររួមជាមួយគ្នាយ៉ាងណាក៏ដោយ ក៏សភាព​ទាំងពីរខុសប្លែកពីគ្នា តែមាន លក្ខណៈរៀងៗ​ខ្លួន ដោយរួមជាមួយគ្នាជាបុគ្គល និងអង្គតែមួយ (DS ៣០១-៣០២)។

៤៦៨. បន្ទាប់ពីមហាសន្និបាតកាលសេដូន អ្នកខ្លះជឿថា សភាពជាមនុស្សរបស់ព្រះគ្រីស្តដូចជាបុគ្គលមួយ។ នៅ​​​​ឆ្នាំ​៥៥៣ មហាសន្និបាតសកលទីប្រាំ នៅទីក្រុងកុងស្តង់ទីណូប បានប្រកាសប្រឆាំងអ្នកនោះថា៖ “មានអង្គតែមួយ (ឬបុគ្គល) ជាព្រះអម្ចាស់នៃយើងយេស៊ូគ្រីស្ត ជាព្រះមួយអង្គនៃព្រះត្រៃឯក ” (DS ៤២៤)។​ អ្វីៗ​ទាំង​អស់​​​ក្នុងសភាពជាមនុស្សរបស់ព្រះគ្រីស្ត ដូចជាការអស្ចារ្យ ទុក្ខលំបាក (DS ៤២៤) សូម្បីតែសេចក្ដីស្លាប់ ក៏មាន​ប្រធានបទ​ផ្ទាល់ (DS ២៥៥) ដែលជា​ព្រះ​​បុត្រា​របស់ព្រះជាម្ចាស់។ “អ្នកដែលត្រូវគេឆ្កាងនៅក្នុងរូបកាយ ព្រះយេស៊ូគ្រីស្តដែលជាព្រះអម្ចាស់​នៃ​យើង ជាព្រះ​ជាម្ចាស់ពិតប្រាកដ ជាព្រះអម្ចាស់នៃសិរីរុងរឿង និងព្រះមួយអង្គនៃព្រះត្រៃឯក”​ (DS ៤៣២)។

៤៦៩. ព្រះសហគមន៍ប្រកាសថា ព្រះយេស៊ូពិតជាព្រះជាម្ចាស់ផង ពិតជាមនុស្សផង ដោយមិនអាចបំបែកបាន​ទេ។ ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលកើតជាមនុស្ស ជាបងរបស់យើង ដោយនៅតែមានឋានៈជាព្រះជាម្ចាស់ គឺព្រះអម្ចាស់នៃយើង។ ពិធីបុណ្យនៃទីក្រុងរ៉ូម (LH; សន្ត ឡេអុង់ដ៏ប្រសើរ) ច្រៀងថា៖ “ព្រះអង្គនៅតែជាព្រះជាម្ចាស់ ព្រះអង្គទទួលយកសភាពជាមនុស្ស”។​ ចំណែកពិធីបុណ្យនៃសន្ត យ៉ូហាន គ្រីសូស្តូមប្រកាស និងច្រៀងថា៖ “ឱព្រះបុត្រាតែមួយ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់! ដោយសារព្រះអង្គមានព្រះជន្មអមតៈ ដើម្បីសង្រ្គោះយើង ព្រះអង្គបានប្រោសប្រណីមកចាប់កំណើតជាមនុស្សពីព្រះមាតាដ៏វិសុទ្ធនៃព្រះជាម្ចាស់ ហើយនៅតែព្រហ្មចារិនីម៉ារី ព្រះអង្គមិនប្រែប្រួលទេ បានក្លាយទៅជាមនុស្ស ហើយត្រូវគេឆ្កាង។ ឱព្រះគ្រីស្តជាព្រះជាម្ចាស់អើយ! ព្រះអង្គសោយទិវង្គត ដើម្បីកំទេចសេចក្ដីស្លាប់ ព្រះអង្គជាព្រះមួយអង្គនៃព្រះត្រៃឯកដ៏វិសុទ្ធ ដែលទទួលសិរីរុងរឿងរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ ឱព្រះអង្គអើយ! សូមយាងមកសង្រ្គោះយើងខ្ញុំផង!”។

៤. តើព្រះបុត្រារបស់ព្រះជាម្ចាស់ជាមនុស្សយ៉ាងដូចម្ដេច?

៤៧០. ពីសតវត្សមួយទៅសតវត្សមួយ ព្រះសហគមន៍បានប្រកាសថា​ ព្រះគ្រីស្តពិតជាមាន​ព្រលឹង​រួមជាមួយ​ប្រាជ្ញា បំណង និងរូបកាយ ដ្បិតនៅក្នុងព្រះជាម្ចាស់កើតជាមនុស្ស “សភាពជា​ព្រះជាម្ចាស់បានទទួលយក តែមិនបានស្រូបនឹងសភាពជាមនុស្ស” (GS ២២,២)។ ប៉ុន្តែ នៅពេលជាមួយគ្នា ព្រះសហគមន៍ត្រូវរំលឹកថា សភាព​ជា​មនុស្សរបស់ព្រះគ្រីស្តជាកម្មសិទ្ធិផ្ទាល់របស់ព្រះបុត្រារបស់ព្រះជាម្ចាស់​ ដែលបានទទួលយកសភាព​ជា​មនុស្ស​​នេះ។ អ្វីៗទាំងអស់ដែលព្រះអង្គមាន ឬប្រព្រឹត្តមកពី “ព្រះមួយអង្គនៃព្រះត្រៃឯក”។ ព្រះបុត្រារបស់ព្រះជាម្ចាស់​ប្រទាន​ឱ្យសភាពជាមនុស្សរបស់ព្រះអង្គរបៀបរស់នៅផ្ទាល់ នៅ​ក្នុងព្រះត្រៃឯក។ ហេតុនេះហើយ បានជា​ក្នុង​ព្រលឹង ដូចក្នុងរូបកាយរបស់ព្រះអង្គ ព្រះគ្រីស្តសម្ដែងព្រះត្រៃឯកតាមរបៀបជាមនុស្ស (យហ ១៤,៩-១០)៖

ព្រះបុត្រារបស់ព្រះជាម្ចាស់បានធ្វើការជាមួយដៃរបស់មនុស្ស បានគិតជាមួយប្រាជ្ញារបស់មនុស្ស បានប្រព្រឹត្តជាមួយបំណងរបស់មនុស្ស បានស្រលាញ់ជាមួយបេះដូងរបស់មនុស្ស។ ព្រះអង្គបានប្រសូតពីព្រហ្មចារិនីម៉ារី ទ្រង់​បាន​​ទៅជាមនុស្សដូចយើងដែរ មនុស្សដូចយើងបេះបិទ លើកលែងតែអំពើបាប (GS ២២,២)។

ព្រលឹង និងចំណេះដឹងរបស់ព្រះគ្រីស្តក្នុងឋានៈជាមនុស្ស

៤៧១. លោកអាពូលីនែរ ​នៃលៅឌីសេអះអាងថា ក្នុងអង្គព្រះគ្រីស្តព្រះបន្ទូលបានជំនួសព្រលឹង ឬវិញ្ញាណ។ ព្រះ​សហគមន៍បានប្រកាសប្រឆាំងនឹងកំហុសនេះថា ព្រះបុត្រាអស់កល្បជានិច្ច​បានទទួល​យកព្រលឹងប្រាជ្ញារបស់​មនុស្ស​ (DS ១៤៩)។

៤៧២. ព្រលឹងនេះ ដែលព្រះបុត្រារបស់ព្រះជាម្ចាស់បានទទួលយក មានចំណេះដឹងខាងមនុស្សយ៉ាងពិត​ប្រាកដ។ ដោយសារព្រលឹងរបស់ព្រះគ្រីស្តមកពីសភាពជាមនុស្ស ព្រលឹងនេះមានកំណត់ព្រំដែន ក្នុងពេលវេលា និងអាកាសផង។​ ហេតុនេះហើយ ដោយកើតមកជាមនុស្ស ព្រះបុត្រារបស់ព្រះជាម្ចាស់បានសុខចិត្ត “មានចម្រើនវ័យឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ” (លក ២,៥២) ព្រមទាំងសុខចិត្តរៀនបន្តិចម្តងៗ​ អំពីលក្ខណៈ​ជា​មនុស្ស ដែលយើងត្រូវរៀនតាមបទពិសោធន៍ (មក ៦,៣៨; មក ៨,២៧; យហ ១១,៣៤)។ ព្រះអង្គ​សុខចិត្ត​បន្ទាប​ខ្លួនយក “ឋានៈជាទាសករ” (ភីល២,៧)។

៤៧៣. ក៏ប៉ុន្តែ នៅពេលជាមួយគ្នានេះ ចំណេះដឹងក្នុងឋានៈជាមនុស្សនៃព្រះបុត្រារបស់ព្រះជាម្ចាស់សម្ដែងនូវឋានៈជាព្រះជាម្ចាស់របស់ព្រះអង្គដែរ (សន្ត គ្រេគ័រដ៏ប្រសើរ; DS ៤៧៥)។ “សភាពជាមនុស្ស​នៃ​ព្រះ​បុត្រា​របស់​ព្រះ​ជាម្ចាស់ មិនមែនដោយខ្លួនឯង ប៉ុន្តែដោយរួមជាមួយព្រះបន្ទូល ស្គាល់ និងសម្ដែងនៅក្នុងខ្លួន អ្វីៗ​ដែល​ព្រះ​អង្គ​ត្រូវការដឹងអំពីព្រះជាម្ចាស់” (សន្ត ម៉ាកស៊ីម)។ ហេតុនេះ ព្រះបុត្រារបស់​ព្រះជាម្ចាស់​កើត​ជា​មនុស្សស្គាល់ព្រះបិតារបស់ព្រះអង្គភ្លាមៗ និងយ៉ាងជិតស្និទ្ធ (មក​ ១៤,៣៦; មថ ១១,២៧; យហ ១,១៨)។ ចំណេះ​ដឹងក្នុងឋានៈជាមនុស្សរបស់ព្រះបុត្រាបង្ហាញទៀតថា ព្រះអង្គអាច​ឈ្វេងយល់ចិត្ត​គំនិត​ដ៏​លាក់​កំបាំង​របស់​មនុស្សបាន (មក ២,៨; យហ ២,២៥; ៦,៦១)។

៤៧៤. ដោយរួមជាមួយព្រះប្រាជ្ញាញ្ញាណរបស់ព្រះជាម្ចាស់ នៅក្នុងអង្គព្រះបន្ទូលកើតជាមនុស្ស ចំណេះដឹង​ក្នុង​ឋានៈ​​​ជាមនុស្សរបស់ព្រះគ្រីស្ត ស្គាល់ឱ្យបានពេញលក្ខណៈនូវគម្រោងការដ៏អស់កល្បជានិច្ច ដែលព្រះអង្គយាងមកសម្ដែង (មក ៨,៣១; ៩,៣១​​)។ ព្រះអង្គទទួលស្គាល់ថា មិនដឹងអំពីអ្វីៗទាំងអស់ (មក ១៣,៣២) ដ្បិតព្រះអង្គមិនបានទទួល​បេសកកម្ម​​ឱ្យ​​សម្ដែងការទាំងនោះ (កក ១,៧)។

បំណងរបស់ព្រះគ្រីស្តក្នុងឋានៈជាមនុស្ស

៤៧៥. តាមរបៀបដដែល នៅមហាសន្និបាតសកលទីប្រាំមួយ (កុងស្តង់ទីណូបទី៣ នៅឆ្នាំ៦៨១) ព្រះ​សហគមន៍​បានប្រកាសថា ព្រះគ្រីស្តមាន​បំណងពីរ និងការប្រតិបត្តិពីរ ដែលមកពីសភាពជាព្រះជាម្ចាស់ផង មកពីសភាពជា​មនុស្ស​ផង ហើយដែលមិនប្រឆាំងនឹងគ្នា តែរួមសហការជាមួយគ្នា។ ហេតុនេះ ក្នុងឋានៈជាមនុស្ស ព្រះបន្ទូលកើតជាមនុស្សមានបំណងស្ដាប់បង្គាប់ព្រះបិតារបស់ព្រះអង្គ អំពីអ្វីដែលព្រះអង្គ ក្នុងឋានៈ​ជាព្រះជាម្ចាស់ បានសម្រេចរួមជាមួយព្រះបិតា និងព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​សង្រ្គោះយើង (DS ៥៥៦-៥៥៩)។ បំណង​របស់ព្រះគ្រីស្តក្នុងឋានៈជាមនុស្ស “តាមព្រះបំណងរបស់ព្រះអង្គ ក្នុងឋានៈជាព្រះជាម្ចាស់ មិន​ប្រឆាំង​នឹងព្រះបំណងនេះទេ ប៉ុន្តែ ចុះចូលក្រោមព្រះបំណងដ៏មានឫទ្ធានុភាពសព្វ​ប្រការនេះ” (DS ៥៥៦)។

រូបកាយពិតប្រាកដរបស់ព្រះគ្រីស្ត

៤៧៦. ដោយសារព្រះបន្ទូលកើតជាមនុស្សដោយទទួលយកសភាពជាមនុស្ស​​យ៉ាងពិតប្រាក​ដរូបកាយ​ព្រះ​គ្រីស្តក៏​​​​​​មានកំណត់ដែរ (DS ៥០៤) ។ ហេតុនេះយើងអាច “គូរ” (កាឡ ៣,២) ព្រះភ័ក្រ្តរបស់​ព្រះ​យេស៊ូ​​ក្នុង​ឋានៈ​​ជាមនុស្សបាន។​ នៅមហាសន្និបាតសកលទីប្រាំមួយ (នីសេទី២ នៅឆ្នាំ៧៨៧; DS ៦០០-៦០៣) ព្រះ​សហគមន៍ទទួលស្គាល់ថា យើងអាចគូរព្រះយេស៊ូធ្វើជារូបដ៏វិសុទ្ធបាន។

៤៧៧. ជាមួយគ្នានេះដែរព្រះសហគមន៍តែងតែទទួលស្គាល់ថា​ក្នុងព្រះកាយរបស់ព្រះយេស៊ូ “យើង​អាច​មើល​​ឃើញព្រះជាម្ចាស់ដែលមើលមិនឃើញ”។ តាមពិតលក្ខណៈពិសេសនៃព្រះកាយរបស់ព្រះគ្រីស្ត​សម្ដែង​នូវ​អង្គ​នៃ​ព្រះបុត្រារបស់ព្រះជាម្ចាស់ដែលបានទទួលយករូបរាងនៃរូបកាយរបស់ព្រះអង្គក្នុងឋានៈជា មនុស្ស។ ដូច្នេះហើយបានជាយើងអាចគោរពគំនូររបស់ព្រះយេស៊ូដ្បិតអ្នកជឿដែលគោរពរូបព្រះអង្គ “គោរព​​ព្រះយេស៊ូដែលគេបានគូរ” (DS ៦០១)។

បេះដូងនៃព្រះបន្ទូលកើតជាមនុស្ស

៤៧៨. ព្រះយេស៊ូបានស្គាល់ និងស្រលាញ់យើងទាំងអស់គ្នា និងយើងម្នាក់ៗអស់មួយជីវិត និងនៅពេលរងទុក្ខលំបាកព្រះអង្គបានប្រគល់ខ្លួនព្រះអង្គសម្រាប់យើងរាល់គ្នាដែរ៖ “ព្រះបុត្រារបស់​ព្រះជាម្ចាស់​បាន​ស្រលាញ់​ខ្ញុំ​ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ” (កាឡ ២,២០)។ ព្រះអង្គបានស្រលាញ់យើងទាំងអស់គ្នា​ដោយមានបេះដូងក្នុងឋានៈជាមនុស្ស។​​​ ហេតុនេះព្រះសហគមន៍ “ចាត់ទុកថា” ដើម្បី​សង្រ្គោះយើង បេះដូង​ដ៏សក្ការៈ​របស់​ព្រះ​យេស៊ូដែលត្រូវធ្លុះធ្លាយដោយអំពើ​បាប​​របស់យើង (យហ ១៩,៣៤) “ជាទីសម្គាល់ និងនិមិត្តរូបដ៏អស្ចារ្យ... ដែលព្រះសង្រ្គោះតែងតែសម្ដែងសេចក្ដីស្រលាញ់នេះចំពោះព្រះបិតា និងមនុស្សទាំងអស់ដោយគ្មានខានឡើយ” (DS ៣៩២៤; DS ៣៨១២)។

សង្ខេប

៤៧៩. នៅពេលកំណត់របស់ព្រះជាម្ចាស់ ព្រះបុត្រាតែមួយរបស់ព្រះបិតា ព្រះបន្ទូលអស់កល្បជានិច្ច ពោលគឺព្រះបន្ទូល និងតំណាងពិតប្រាកដរបស់ព្រះបិតា បានប្រសូតជាមនុស្ស៖ ដោយមិនបានបាត់បង់សភាព​ជាព្រះជាម្ចាស់ ព្រះអង្គបានទទួលយកសភាពជាមនុស្ស។

៤៨០. ព្រះយេស៊ូគ្រីស្តពិតជាព្រះជាម្ចាស់ផង ពិតជាមនុស្សផង ហេតុនេះហើយបានជាព្រះអង្គជា​ស្ពានតែមួយរវាងព្រះជាម្ចាស់ និងមនុស្ស។

៤៨១. ព្រះយេស៊ូគ្រីស្តមានសភាពពីរ គឺសភាពជាព្រះជាម្ចាស់ផង សភាពជាមនុស្សផង ដែលមិន​លាយឡំទេ ប៉ុន្តែដែលរួមគ្នាក្នុងអង្គតែមួយនៃព្រះបុត្រារបស់ព្រះជាម្ចាស់។

៤៨២. ដោយព្រះគ្រីស្តពិតជាព្រះជាម្ចាស់ផង ពិតជាមនុស្សផង ព្រះអង្គមានប្រាជ្ញា និងឆន្ទៈ​របស់​មនុស្ស ដែលរួមជាមួយប្រាជ្ញា និងឆន្ទៈរបស់ព្រះជាម្ចាស់ ឱ្យបានពេញលក្ខណៈ ហើយដែល​រួម​ជា​មួយ​ព្រះ​បិតា និងព្រះ​វិញ្ញាណ​ដ៏វិសុទ្ធផងដែរ។

៤៨៣. ការប្រសូតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាអាថ៌កំបាំងដ៏អស្ចារ្យនៃសភាពជាព្រះជាម្ចាស់ និង​សភាព​​ជា​មនុស្ស ដែលរួមជាមួយគ្នា ក្នុងអង្គតែមួយនៃព្រះបន្ទូល។

កថាខណ្ឌទី២៖ “...ដែលមានកំណើតដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទ្រង់ប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី

១. ដែលមានកំណើតដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ...

៤៨៤. ពេលទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូដល់នាងម៉ារី “ពេលកំណត់ដល់ហើយ” (កាឡ ៤,៤) គឺព្រះជាម្ចាស់បំពេញតាមព្រះបន្ទូលសន្យាដែលទ្រង់បានរៀបចំទុកជាមុន។ ព្រះអង្គអញ្ជើញនាងម៉ារី ឱ្យប្រសូតព្រះគ្រីស្តដែលមាន “គ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់” “នៅក្នុងរូបកាយ” របស់ព្រះអង្គ (កូឡ ២,៩)។ ព្រះវិញ្ញាណប្រកដដោយឫទ្ធានុភាពឆ្លើយតបនឹងសំណួររបស់នាងម៉ារីថា៖ “តើធ្វើដូចម្ដេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនបានរួមរស់ជាមួយបុរសណាផង?” (លក ១,៣៤) គឺ “ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាង​មកសណ្ឋិត​លើ​នាង” (លក ១,៣៥)។

៤៨៥. បេសកកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធតែងតែរួមជាមួយ និងក្រោមបេសកកម្មរបស់ព្រះបុត្រា (យហ ១៦,១៤-១៥)។ ព្រះ​ជាម្ចាស់ចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមក ដើម្បីឱ្យនាងម៉ារីបានវិសុទ្ធ និងប្រោស​នាង​​ឱ្យ​មានគភ៌។ ព្រះវិញ្ញាណជា “ព្រះអម្ចាស់ដែលប្រទានជីវិត” ទ្រង់ក៏ប្រោសនាងម៉ារី​ជាមនុស្ស​ម្នាក់​ឱ្យ​ប្រសូត​​ព្រះបុត្រាអស់​កល្បជានិច្ចរបស់ព្រះបិតា។

៤៨៦. ព្រះបុត្រាតែមួយរបស់ព្រះបិតា ដែលចាប់កំណើតដូចមនុស្សម្នាក់ក្នុងផ្ទៃរបស់ព្រហ្មចារិនីម៉ារី ជា “ព្រះគ្រីស្ត” គឺ​ព្រះវិញ្ញាណដ៏វិសុទ្ធបានអភិសេកព្រះអង្គ (មថ ១,២០; លក១,៣៥)។ ទោះបីព្រះអង្គបានសម្ដែងការនេះ​បន្តិ​ចម្តងៗ​ឱ្យពួកគង្វាល (លក ២,៨-២០) ពួកហោរាចារ្យ (មថ ២,១-១២) លោកយ៉ូហានបាទីស្ត (យហ ១,៣១-៣៤) និងពួកសាវ័ក (យហ ២,១១) ឃើញយ៉ាងណាក៏ដោយ ក៏ព្រះអង្គបានទទួលអភិសេក​តាំង​ពីកំណើតមក។ ជីវិតទាំងស្រុងរបស់ព្រះយេស៊ូគ្រីស្តនឹងសម្ដែងឱ្យដឹងថា តើ “ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាពអភិសេកព្រះយេស៊ូ” (កក ១០,៣៨) យ៉ាងដូចម្ដេច។

២. ...ហើយទ្រង់ប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី

៤៨៧. អ្វីដែលព្រះសហគមន៍កាតូលិកជឿអំពីនាងម៉ារី ចាក់គ្រឹះលើអ្វីដែលព្រះសហគមន៍ជឿលើអំពីព្រះគ្រីស្ត ប៉ុន្តែអ្វីដែលព្រះសហគមន៍បង្រៀនអំពីនាងម៉ារីបំភ្លឺជំនឿរបស់ព្រះសហគមន៍លើព្រះគ្រីស្តទៅវិញ។

ព្រះជាម្ចាស់តម្រូវនាងម៉ារីទុកជាមុន

៤៨៨. “ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ” (កាឡ ៤,៤) ប៉ុន្តែព្រះអង្គសព្វព្រះហឫទ័យ ឱ្យ​សត្វលោក​មួយ​រួមសហការជាមួយព្រះអង្គដោយគ្មានបង្ខិតបង្ខំដើម្បី “ធ្វើរូបកាយមួយ” (ហប ១០,៥) ឱ្យ​ព្រះ
អង្គ។ ហេតុនេះហើយ បានជាតាំងពីមុនសម័យកាលទាំងអស់ ព្រះជាម្ចាស់បានជ្រើសរើស​ស្រ្តី​ជនជាតិ​អ៊ីស្រាអែល​ម្នាក់ គឺ​យុវនារីជនជាតិយូដា ពីភូមិណាសារ៉ែត​ នៅស្រុកកាលីឡេ “ស្រ្តីក្រមុំព្រហ្មចារីម្នាក់ឈ្មោះម៉ារី ជាគូ​ដណ្តឹង​​របស់​កំលោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ” (លក ​១,​២៦-២៧)។
ព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា​​​​​​យ៉ាងក្រៃលែង ទ្រង់សព្វព្រះហឫទ័យឱ្យមាតាដែល​ព្រះអង្គ​តម្រូវទុកជាមុន​​​សុខចិត្តធ្វើតាមព្រះបន្ទូលព្រះអង្គមុនព្រះបុត្រាប្រសូតជាមនុស្ស។ ដូចស្រ្តីម្នាក់រួមសហការ​ក្នុងកិច្ចនាំមនុស្សលោក​​​ស្លាប់​​​យ៉ាងណា ក៏ស្រ្តីម្នាក់ទៀតរួមសហការនាំឱ្យមនុស្សលោកមានជីវិតយ៉ាងនោះដែរ (LG ៥៦)។

៤៨៩. អស់រយៈពេលសម្ពន្ធមេត្រីចាស់ ស្រ្តីបរិសុទ្ធជាច្រើននាក់បានរៀបចំ បេសកកម្មរបស់នាងម៉ារី។ ពីដំបូងបង្អស់ មាន​នាងអេវ៉ា គឺទោះបីនាងមិនបានស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងប្រទានកូន​ចៅដែលនឹងឈ្នះមារ (កណ ៣,១៥) ហើយនាងនឹងទៅជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត (កណ ៣,២០)។ ដោយសារព្រះបន្ទូលសន្យានេះ ទោះបីនាងសារ៉ាអាយុចាស់ជរាយ៉ាងណាក៏ដោយ ក៏នាងមានកូនមួយ (កណ​ ១៨,១០-១៤)។ លើសសេចក្ដីរង់ចាំរបស់មនុស្ស ព្រះជាម្ចាស់ជ្រើសរើសអ្វីដែលមនុស្សលោកចាត់ទុកថា ថោកទាប និងទន់ខ្សោយ (១ករ ១,២៧) ដើម្បីបង្ហាញថាព្រះអង្គគោរពព្រះបន្ទូលសន្យារបស់ព្រះអង្គ គឺមាននាងហាណ្ណាជាមាតារបស់លោកសាមូអែល (១សម ១) នាងដេបូរាស នាងរូថ នាងយូឌីត នាងអេសធែរ និងស្រ្តីជា​ច្រើន​ផ្សេងទៀត។ “នាងម៉ារីពិតជា​​​អ្នកតូចតាច និងអ្នកសុភាពរាបសារបស់ព្រះអម្ចាស់ ដែលមានចិត្ត​សង្ឃឹមថា និង​ទទួល​ការសង្គ្រោះ​​​ដោយផ្ញើជិវិតលើព្រះអង្គ លើសអ្នកឯទៀត។ នៅទីបញ្ចប់ នាងជា​បុត្រីក្រុង​ស៊ីយ៉ូន​ដ៏​ប្រសើរ​ជាងគេ។ ​​​ក្រោយពីប្រជារាស្រ្តទន្ទឹងរង់ចាំព្រះ​​​បន្ទូលសន្យាយ៉ាងយូរអង្វែង ​ពេល​កំណត់មកដល់ហើយ” (LG ៥៥)។

តាំងពីកើត នាងម៉ារីគ្មានជំពាក់បាបកម្មអ្វី

៤៩០. “ព្រះជាម្ចាស់​​​បាន​​​ផ្គត់ផ្គង់នាងដោយព្រះ​​​អំណោយទាន តម្រូវតាមករណីកិច្ចដ៏ប្រសើរ​ដែល​នាង​ត្រូវ​បំពេញ​នោះ” (LG ៥៦) គឺឱ្យនាងម៉ារីធ្វើជាមាតានៃព្រះសង្រ្គោះ។ នៅពេលជូនដំណឹងអំពីកំណើតព្រះយេស៊ូ ទេវទូតជម្រាបនាងថា “ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ” (លក ១,២៨) ដ្បិតព្រះហឫទ័យប្រណីសន្ដោស​របស់​ព្រះជាម្ចាស់ត្រូវតែជួយគាំទ្រនាងម៉ារី ដើម្បីឱ្យនាងអាចស្ម័គ្រចិត្តផ្ញើជីវិតទាំងស្រុងចំពោះការត្រាស់ហៅ​របស់​ព្រះអង្គ។

៤៩១. ពីសតវត្សមួយទៅសតវត្សមួយ ព្រះសហគមន៍បានឈ្វេងយល់បន្តិចម្តងៗថា នាងម៉ារីដែល​“ព្រះ​អម្ចាស់​​​​គាប់ព្រះហឫទ័យ” (លក ១,២៨) ទ្រង់បានលោះនាងម៉ារីចាប់ពីផ្ទៃម្តាយ។​ ​នៅឆ្នាំ១៨៥៤ សម្ដេចប៉ាប​ពីយូ​ទី​៩​ ប្រកាស​គោលការណ៍អំពីព្រះនាងម៉ារីមិនជំពាក់បាបតាំងពីផ្ទៃនេះ៖

ដោយសារព្រះហឫទ័យប្រោសប្រណីសន្ដោស យ៉ាងពិសេសរបស់ព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព​សព្វប្រការ​ព្រហ្មចារិនី​​​​ម៉ារីដ៏មានសុភមង្គល ជាស្រ្តីនិមលមិនដែលជំពាក់បាបកម្មអ្វីឡើយ ចាប់តាំងពីផ្ទៃម្តាយមកម្ល៉េះ។​ ព្រះ​អង្គ​​​​​​​សព្វ​​​ព្រះហឫទ័យ​ធ្វើ​ដូច្នេះ ដោយសារកុសលផលបុណ្យរបស់ព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះមនុស្សលោក (DS ២៨០៣)។

៤៩២. “ចាប់តាំង​​​ពីពេលនាងចាប់ផ្ទៃដំបូង ព្រះជាម្ចាស់បាន​​​ប្រោសឱ្យ​នាងបានវិសុទ្ធ​ភ្លឺស្វាងអស្ចារ្យដាច់គេ” (LG ៥៦) ព្រោះតែព្រះគ្រីស្ត៖ “ព្រះជាម្ចាស់បានរំដោះនាងយ៉ាងអស្ចារ្យដោយឈ្វេងយល់​​​ដល់កុសលផលបុណ្យ​​​របស់​​​​ព្រះបុត្រាព្រះអង្គ” (LG ៥៣)។​ ព្រះបិតា “បានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថាន​បរម​សុខ​​មក (នាងម៉ារី) ក្នុងអង្គព្រះគ្រីស្ត” (អភ ១,៣) លើសពីសត្វលោកនានា។ “ព្រះអង្គបានជ្រើសរើស (នាងម៉ារី) ក្នុងអង្គព្រះគ្រីស្ត តាំងពីកំណើតពិភពលោកមកម្ល៉េះ ដើម្បីឱ្យ (នាង) បានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភ័ក្រ្តព្រះអង្គ” (អភ ១,៤)។

៤៩៣. គ្រូបាធ្យាយខាងបូព៌ាប្រទេស ហៅព្រះមាតារបស់ព្រះជាម្ចាស់ជា “ស្រ្តីដ៏វិសុទ្ធបំផុត” (Panaghia) ពួក​លោក​លើកតម្កើងព្រះនាង “ជាស្រ្តី​​​និមលមិនដែលជាប់ជំពាក់បាប​​​ ជាស្ត្រីព្រះ​​​វិញ្ញាណ​​​ដ៏វិសុទ្ធ​​​បាន​សូន​ និង​ជាស្រ្តី​ដែល​​ព្រះអង្គ​បានបង្កើតជាថ្មី” (LG ៥៦)។ ដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ នាងម៉ារី​មិន​ដែលប្រព្រឹត្តអំពើបាបណាមួយអស់មួយជីវិត។

សូមឱ្យបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ...”

៤៩៤. នៅពេលទេវទូតជូនដំណឹងថា​ នាងនឹងសម្រាល “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត” ដោយមិនរួមរស់ជាមួយបុរសណាមួយ ដោយសារគុណធម៌នៃព្រះវិញ្ញាណដ៏វិសុទ្ធ (លក ១,២៨-៣៧) នាងម៉ារីបាន “ប្រតិបត្តិតាមជំនឿ” (រម ១,៥) ដោយជឿជាក់ថា “គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើត” (លក ១,៣៧-៣៨)។​ “នាង​យល់ស្របនឹងព្រះបន្ទូល​របស់​​​ព្រះជាម្ចាស់ ហើយ​ក្លាយ​ទៅ​​​ជាមាតារបស់ព្រះយេស៊ូ។ នាង​សុខចិត្ត​យ៉ាង​ស្មោះស្ម័គ្រ​បំផុតធ្វើតាមព្រះ​​​ហឫទ័យ​​​​​​របស់​ព្រះជាម្ចាស់ ដែល​ចង់​​សង្គ្រោះ​មនុស្សលោក ដោយ​​​គ្មាន​​​អំពើបាបណា​មក​​រារាំង​​​នាង​ឡើយ។ នាង​ក៏​​ប្រគល់​​​​ខ្លួ​ន​​​​ទាំងស្រុង ក្នុងឋានៈជា​អ្នកបម្រើ​របស់ព្រះអម្ចាស់ សុខចិត្តថ្វាយខ្លួន​ទៅ​ព្រះ​បុត្រា​ផ្ទាល់ និង​ព្រះ​​​​​រាជ​​កិច្ច​នៃ​ព្រះបុត្រា​​​របស់នាង ដើម្បី​​​បម្រើ​​​គម្រោងការដ៏អស្ចារ្យនៃការសង្គ្រោះ រួម​ជាមួយ​​ព្រះបុត្រា​និង​ក្រោម​អំណាច​របស់​​​​ព្រះបុត្រា ដោយ​​​ព្រះ​​​ជាម្ចាស់​ដ៏មានឫទ្ធានុភាព​សព្វប្រការ​ប្រោស​ប្រណី​ផង​ដែរ” (LG ៥៦)។​ សន្ត​​​ អ៊ីរ៉េណេ មានប្រសាសន៍ថា​
«ដោយនាងម៉ារីសុខចិត្តធ្វើតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ នាងក្លាយទៅជាអ្នក​នាំ​​​​​ការ​​​​សង្គ្រោះ​​មកឱ្យ​នាងផ្ទាល់ខ្លួន និង​មកឱ្យមនុស្សលោកទាំងមូលផងដែរ»។ ហេតុនេះហើយបានជាគ្រូបាធ្យាយពីបុរាណ​ជា​​ច្រើន ចូល​​​​ចិត្ត​​​និយាយនៅពេល​ទេសនាថា “ដោយនាងម៉ារីសុខចិត្តធ្វើតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ នាង​ស្រាយ​ចំណងដែល​នាង​​​​អេវ៉ា​​បានចង ​​ដោយ​មិនព្រមធ្វើតាមព្រះបញ្ជារបស់ព្រះអង្គកាលពីពេលមុននោះ។ អ្វីដែលប្រហ្មចារិនីអេវ៉ាបានចងដោយមិនព្រមជឿ ប្រហ្មចារិនីម៉ារីបានស្រាយដោយសារជំនឿ”។ អស់​លោក​តែង​ប្រៀប​​ប្រដូចនាងម៉ារីនឹង​នាង​អេវ៉ា ហើយធ្លាប់​ហៅ​នាង​​​ម៉ារីថា “មាតារបស់មនុស្សដែលមានជីវិត” និងប្រកាស​ជា​ញឹកញាប់​ថា “​​​ដោយសារនាងអេវ៉ា សេចក្តីស្លាប់​​ចូល​មកក្នុងពិភពលោក ដោយសារនាងម៉ារី​​​ ជីវិតចូលមក​វិញ” (LG ៥៦)។​

នាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់

៤៩៥. ក្នុងដំណឹងល្អគេហៅនាងម៉ារីថា “មាតារបស់ព្រះយេស៊ូ” (យហ ២,១; ១៩,២៥) (មថ ១៣,៥៥) ហើយ​មុនបុត្រ​នាង​​កើត​មកដោយមានព្រះវិញ្ញាណជម្រុញ​ គេលើក​តម្កើងនាងជា “មាតាព្រះអម្ចាស់របស់ខ្ញុំ” (លក ១,៤៣)។ នាងម៉ារីបានប្រសូតមនុស្សម្នាក់ពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលពិតជា​បានទៅជាបុត្ររបស់នាង​ក្នុង​ឋានៈ​ជា​មនុស្ស បុត្រនេះក៏ជាព្រះបុត្រាអស់កល្បជានិច្ចរបស់ព្រះបិតា អង្គទីពីរនៃព្រះត្រៃឯក។ ដូច្នេះព្រះ​សហគមន៍​​ប្រកាស​​ថា នាងម៉ារីពិតជាព្រះមាតារបស់ព្រះជាម្ចាស់ (Theotokos) (DS ២៥១)។

នាងម៉ារីជាស្រ្តីព្រហ្មចារី

៤៩៦. ក្នុងធម៌ប្រកាសជំនឿដំបូង (DS ១០-៦៤) ព្រះសហគមន៍ប្រកាសថា ព្រះយេស៊ូបានចាប់ផ្ទៃកំណើតពីនាង​ម៉ារី ដោយសារ​តែ​ឫទ្ធានុភាព​​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះសហគមន៍បានលម្អិតទៀតថា ព្រះយេស៊ូបានចាប់ផ្ទៃ “ពីព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដោយគ្មានពូជនៃបុរសម្នាក់ឡើយ” (DS ៥០៣)។ គ្រូបាធ្យាយយល់ឃើញថា ព្រះយេស៊ូ​ប្រសូត​ពីស្រ្តីព្រហ្មចារិយម្នាក់ ជាទីសម្គាល់ថា គឺពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយាង​មកយកសភាពជា​មនុស្ស​​ដូចយើងដែរ។

ហេតុនេះ សន្ត អ៊ីញ៉ាស នៃអង់ទីអូស (ដើមសតវត្សទីពីរ)៖ “បងប្អូនជឿជាក់យ៉ាងច្បាស់ថា ព្រះអម្ចាស់នៃយើង ដែលពិតជាព្រះញាតិវង្សព្រះបាទដាវីឌ ក្នុងឋានៈជាមនុស្ស (រម ១,៣) ព្រះបុត្រារបស់​ព្រះជាម្ចាស់​តាម​ព្រះហឫទ័យ និង​ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ (យហ ១,១៣) ពិតជាបានប្រសូតពីស្រ្តីព្រហ្មចារី (...) ព្រះ​អង្គ​ពិត​ជា​បាន​ត្រូវគេបោះដែកគោលទម្លុះសាច់ ហើយ​ឆ្កាងដើម្បី​យើងមែន នៅជំនាន់លោកប៉ុនពីឡាត​(...) ព្រះ​អង្គ​ពិត​ជា​បាន​រង​ទុក្ខ​លំបាក ហើយ​ទ្រង់ពិត​​ជាមានព្រះជន្ម​​មានជីវិតថ្មី”។

៤៩៧. អ្នកនិពន្ធក័ណ្ឌគម្ពីរដំណឹងល្អ (មថ ១,១៨-២៥; លក ១,២៦-៣៨) យល់ឃើញថា ព្រះយេស៊ូប្រសូតពី​ស្រ្តី​ព្រហ្មចារីម្នាក់ មកពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលយើងមិនអាចយល់បាន ហួសពីសមត្ថភាពមនុស្ស (លក ១,៣៤)។ ពេលនិយាយអំពីនាងម៉ារីជាគូដណ្តឹងរបស់លោកយ៉ូសែប ទេវទូតមាន​ប្រសាសន៍​ទៅកាន់​លោក​ថា៖ “បុត្រ ដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ” (មថ ១,២០)។ ព្រះសហគមន៍យល់ឃើញថា ព្រះ​ជាម្ចាស់​បំពេញព្រះបន្ទូលសន្យាររបស់ព្រះអង្គ ដែលព្យាការីអេសាយបានថ្លែងជាមុន៖ “មើល៍!​ ស្រ្តីក្រមុំ​ព្រហ្មចារិយ​នឹង​​មានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយ” (អស ៧,១៤) តាមការបកប្រែជាភាសាក្រិកនៃ មថ ១,២៣។

៤៩៨. មានគេខ្វល់ខ្វាយដោយសារដំណឹងល្អរបស់សន្ត ម៉ាកុស និងលិខិតផ្សេងៗនៃសម្ពន្ធមេត្រៃថ្មី គ្មានរៀបរាប់ឱ្យដឹងទាល់តែសោះអំពីភាពជាស្រ្តីព្រហ្មចារីរបស់នាងម៉ារី។ មានគេបានចោទសួរផងដែរថា តើគ្រាន់តែជារឿងព្រេងនិទាន ឬគ្រាន់តែជាសំណេរក្នុងទេវកថា ដែលមិនគិតដល់ប្រវត្តិសាស្រ្តប៉ុណ្ណោះ។ ត្រូវតែឆ្លើយថា អ្នកមិនព្រមជឿទាំងជនជាតិយូដាទាំងសាសន៍ដទៃ (សន្ត យ៉ូស្តាំង; លោកអូរីសែន) បានជំទាស់ប្រឆាំង ចំអកឡកឡឺយយ៉ាងខ្លាំង មិនយល់ស្របនឹងអ្នកជឿថា ព្រះយេស៊ូបានប្រសូតពីស្រ្តីព្រហ្មចារីយ៍ ដូច្នេះគេជឿសេចក្ដីនេះ មិនមែនដើម្បីធ្វើតាមទេវកថានៃសាសនាដទៃ ឬដើម្បីស្របនឹងសំណេរផ្សេងៗទៀតក្នុងសម័យនោះឡើយ។ មានតែអ្នកជឿប៉ុណ្ណោះ ដែលអាចយល់អំពីអត្ថន័យនៃហេតុការណ៍នេះ “ជាចំណងដែលចងគម្រោងការទាំងអស់រវាងគ្នានិងគ្នា” (DS ៣០០៦) ក្នុងគម្រោងការទាំងស្រុងរបស់ព្រះគ្រីស្ត ពីពេលព្រះអង្គចាប់កំណើតជាមនុស្សរហូតដល់ព្រះអង្គសោយទិវង្គត និងមានព្រះជន្មថ្មី។ សន្ត អ៊ីញាស់ នៃអង់ទីអូស ផ្តល់សក្ខីភាពនៃចំណងនេះថា “ម្ចាស់នៃលោកនេះ បានធ្វើមិនដឹងថា នាងម៉ារីជាស្រ្តីព្រហ្មចារីយ៍ ហើយព្រះយេស៊ូបានប្រសូត និងបានសោយទិវង្គតឡើយ គឺជាគម្រោងការដ៏អស្ចារ្យបី ដែលលាន់ឮក្នុងភាពស្ងៀមស្ងាត់របស់ព្រះជាម្ចាស់” (អភ ១៩,១) (១ករ ២,៨)។

នាងម៉ារីនៅតែជាស្រ្តីព្រហ្មចារី

៤៩៩. ដោយសិក្សាកាន់តែជ្រៅៗនៅនាងម៉ារីជាមាតាផង ព្រហ្មចារីផង ព្រះសហគមន៍បានប្រកាសថា នាង​ម៉ារី​នៅតែពិតជាព្រហ្មចារីជាដរាបតរៀងទៅ (DS ៤២៧) សូម្បីតែនៅពេលព្រះបុត្រារបស់ព្រះជាម្ចាស់​ប្រសូតជា​មនុស្ស (DS ២៩១​; ២៩៤; ៤៤២; ៥០៣; ៥៧១; ១៨៨០)។ កំណើតរបស់ព្រះគ្រីស្ត “មិនបន្ថយ តែលើកព្រហ្មចារិយធម៌” របស់ព្រះមាតារបស់ព្រះអង្គវិញ (LG ៥៧)។ ពិធីបុណ្យព្រះសហគមន៍​សរសើរ​នាង​ម៉ារី​ជា “ស្រ្តីព្រហ្មចារិយជាដរាប” (Aeiparthenos) (LG ៥២)។

៥០០. មានគេប្រកែកប្រឆាំងសេចក្ដីនេះថា តាមព្រះគម្ពីរ ព្រះយេស៊ូមានបងប្អូន (មក ៣,៣១-៣៥; ៦,៣​ ​; ១ករ ៩,៥; កាឡ​ ១,១៩) ប៉ុន្តែព្រះសហគមន៍យល់ថា អត្ថបទទាំងនោះ​មិនសម្ដៅលើបុត្រ​ផ្សេង​របស់​ព្រហ្មចារិនី​​ម៉ារី​​ឡើយ ដ្បិតលោកយ៉ាកុប និងលោកយ៉ូសែប “បងប្អូន” របស់ព្រះយេស៊ូ (មថ ១៣,៥៥) ជាកូនរបស់​នាង​ម៉ារី ដែល​ជា​សាវ័ក​​របស់​ព្រះគ្រីស្ត (មថ ២៧,៥៦) ដែលគេហៅថា “នាងម៉ារីម្នាក់ទៀត” (មថ ២៨,១)។ ពួកគេជាបងប្អូនជី​ដូនមួយ​របស់​​ព្រះយេស៊ូ បើតាម​ពាក្យ​សម្ដីនៃសម្ពន្ធមេត្រីចាស់ (កណ ១៣,៨; ១៤,១៦; ២៩,១៥)។

៥០១. ព្រះយេស៊ូជាបុត្រតែមួយរបស់នាងម៉ារី។ ប៉ុន្តែនាងម៉ារីជាមាតាខាងវិញ្ញាណរបស់មនុស្សទាំងអស់ (យហ ១៩,២៦-២៧; វវ ១២,១៧)​ ដែល​ព្រះអ​ង្គយាងមកសង្រ្គោះ៖ “នាង​​​ប្រសូត​​​បុត្ររបស់នាង ហើយព្រះជាម្ចាស់​តែងតាំង​បុត្រ​នោះ​​ឱ្យទៅជារៀមច្បង​ក្នុង​​​​បណ្តា​​​​បងប្អូនជាច្រើន (រម ៨,២៩) ក្នុងចំណោមអ្នកជឿទាំងប៉ុន្មាន។ ដូច្នេះនាងជួយសហការ​ឱ្យ​អ្នកជឿទាំងនោះកើនឡើង ​​​និងជួយអប់រំគេដោយ​​​ស្រឡាញ់គេក្នុងឋានៈជាម្តាយ” (LG ៦៣)។

នាងម៉ារីជាមាតាព្រហ្មចារិយ តាមគម្រោងការរបស់ព្រះជាម្ចាស់

៥០២. ពេលយើងមានជំនឿ យើងអាចយល់ឃើញអំពីមូលហេតុដ៏លាក់កំបាំង ដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​​​ឱ្យព្រះបុត្រាកើតពីស្រ្តីព្រហ្មចារិយម្នាក់ ដើម្បីជួយសង្រ្គោះមនុស្សលោក។ មូលហេតុនោះទាក់ទង​​នឹង​ព្រះគ្រីស្ត បេសកកម្មរបស់ព្រះអង្គ និងការទទួលបេសកកម្មនេះដោយនាងម៉ារី សម្រាប់មនុស្សទាំងអស់៖

៥០៣. នាងម៉ារីជាស្រ្តីព្រហ្មចារិនីបង្ហាញថា ព្រះជាម្ចាស់ជាអ្នកផ្ដើមគំនិតក្នុងការប្រសូតជាមនុស្ស។​ ព្រះយេស៊ូមាន​ព្រះ​បិតា​តែ​មួយ គឺព្រះជាម្ចាស់ (លក ២,៤៨-៤៩)។ “សភាពជាមនុស្សមិនធ្វើឱ្យព្រះអង្គ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​បិតា​​ទេ (...) ព្រះអង្គជាព្រះបុត្រារបស់ព្រះបិតាក្នុងឋានៈជាព្រះជាម្ចាស់ ព្រះអង្គជាបុត្រារបស់មាតាក្នុងឋានៈជាមនុស្ស ដូច្នេះព្រះអង្គក៏ជាព្រះបុត្រារបស់ព្រះជាម្ចាស់ផងដោយសភាពទាំងពីរ” (DS ៦១៩)។

៥០៤. ព្រះយេស៊ូមានកំណើតពីព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងផ្ទៃព្រហ្មចារិនីម៉ារី ពីព្រោះព្រះអង្គជាលោក
អដាំថ្មី (១ករ ១៥,៤៥) ដែលចាប់​ផ្ដើម​ពិភពលោកថ្មី៖ “មនុស្សទីមួយកើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញ កើតមកពីស្ថាន​បរមសុខ” (១ករ ១៥,៤៧)។ ចាប់តាំងពីក្នុងផ្ទៃម្តាយមកម្ល៉េះ សភាពជាមនុស្សរបស់ព្រះគ្រីស្ត​ពោរពេញ​ដោយព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ដ្បិតព្រះជាម្ចាស់ “ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៍” (យហ​៣,៣៤)។​ “យើងបាន​​ទទួល​ព្រះហឫទ័យប្រណីសន្ដោសមិនចេះអស់មិនចេះហើយ (យហ ១,១៦) ពីគ្រប់លក្ខណៈ​សម្បត្តិ​របស់​ព្រះអង្គ”​ ដែល​ទ្រង់ជា​សិរសា​នៃមនុស្សលោកដែលព្រះអង្គបានលោះ (កូឡ ១,១៨)។

៥០៥. ដោយប្រសូតពីស្រ្តីព្រហ្មចារិយ ព្រះយេស៊ូជាលោកអដាំថ្មី​ ដែលចាប់ផ្ដើមកំណើតថ្មី នៃ​បុត្រធីតារបស់​ព្រះជាម្ចាស់ នៅ​ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធដោយសារជំនឿ។ “តើធ្វើដូចម្ដេចឱ្យការនេះកើតឡើងបាន?” (លក ១,៣៤) (យហ ៣,៩)។ “អ្នកទាំងអស់នោះ (ដែលទៅជាបុត្រធីតារបស់ព្រះជាម្ចាស់) ពុំមែនកើតពីលោហិត ពី​ចំណង់​តណ្ហា ឬ​ពីការ​ប៉ងប្រាថ្នារបស់មនុស្សឡើយ គឺ​កើតពីព្រះជាម្ចាស់ទៅវិញ” (យហ ១,១៣)។ ព្រះវិញ្ញាណ​ប្រទាន​ជីវិត​នេះ​ទាំង​ស្រុង​ទៅ​ដល់មនុស្ស ដែលប្រៀបធៀបដូចជាព្រហ្មចារិនីម្នាក់។ នាងម៉ារីជាមាតាផង ជាស្រ្តីព្រហ្មចារិយ​ផង​បំពេញ​​ការ​ត្រាស់​ហៅរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ឱ្យបានពេញលក្ខណៈ (២ករ ១១,២)។

៥០៦. នាងម៉ារីជាស្រ្តីព្រហ្មចារិយជាទីសម្គាល់នៃជំនឿរបស់នាង “ដែលមិនគួរឱ្យសង្ស័យអ្វីឡើយ” (LG ៦៣) ហើយជាទីសម្គាល់​បង្ហាញថា នាងម៉ារីថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ (១ករ ៧,៣៤-៣៥)។ គឺដោយសារជំនឿ នាងទៅជាព្រះមាតានៃព្រះ​សង្រ្គោះ។ “នាងម៉ារីមានសុភមង្គល មិនគ្រាន់តែដោយសារនាងជាមាតារបស់ព្រះគ្រីស្តប៉ុណ្ណោះទេ ថែមទាំងនាងបាន​ទទួល​​​ជំនឿ​ពីព្រះគ្រីស្តផងដែរ” (សន្ត អូគូស្តាំង)។

៥០៧. នាងម៉ារីជាមាតាផង ព្រហ្មចារីផង ព្រោះនាងជារូបតំណាងដ៏ល្អឥតខ្ចោះរបស់ព្រះសហគមន៍ (LG ៦៣)៖ “ព្រះ​សហគមន៍​ក្លាយ​ទៅជាមាតា ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលព្រះសហគមន៍បានទទួល នៅក្នុង​ ជំនឿ។ ដោយ​​សារ​​​ព្រះសហគមន៍ប្រៀនប្រដៅផង និងជ្រមុជទឹកផង ព្រះសហគមន៍ផ្ដល់ជីវិតថ្មី និងអមតៈ ​ដល់​បុត្រ​​ធីតា​​​កើត​មកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ និងពីព្រះជាម្ចាស់។ ព្រះសហគមន៍ព្រហ្មចារី ព្រោះបានថ្វាយជំនឿ​ដ៏វិសុទ្ធ ឥតសៅហ្មង​ ដល់ស្វាមី​របស់​ខ្លួន” (LG ៦៤)។

សង្ខេប

៥០៨. ក្នុងចំណោមពូជពង្យរបស់នាងអេវ៉ា ព្រះជាម្ចាស់បានជ្រើសរើសព្រហ្មចារិណីម៉ារី ដើម្បីឱ្យ​ទៅ​ជាព្រះមាតានៃព្រះបុត្រាព្រះអង្គ។ពោរពេញដោយព្រះហឫទ័យប្រោសប្រណីព្រះនាងជាផលដ៏ល្អជាង​គេ​នៃ​ការ​សង្រ្គោះ (SC ១០៣)៖ តាំងពីក្នុងផ្ទៃម្តាយមកម្ល៉េះ ព្រះនាងរួចពីអំពើបាបដើមដំបូង ហើយ​នៅ​តែ​រួច​ពី​អំពើ​បាប​​ណាមួយអស់មួយជីវិតរបស់ព្រះនាង។

៥០៩. ព្រះនាងម៉ារីពិតជាព្រះមាតារបស់ព្រះជាម្ចាស់ដ្បិតព្រះនាងជាមាតានៃព្រះបុត្រាអស់កល្ប​ជានិច្ចរបស់ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដែលជាព្រះជាម្ចាស់ផ្ទាល់។

៥១០. ព្រះនាងម៉ារីនៅតែព្រហ្មចារិនីដោយមានគភ៌ ព្រហ្មចារិនីដោយសម្រាលបុត្រ ព្រហ្មចារិនី​ដោយចិញ្ចឹមបុត្រនេះ ព្រហ្មចារិនីរហូត (សន្ត អូគូស្តាំង)៖ ព្រះនាងជាអ្នកបម្រើរបស់ព្រះអម្ចាស់ (លក ១,៣៨) អស់ពីកម្លាំងកាយចិត្ត។

៥១១. ព្រហ្មចារិនីម៉ារី ​“បានរួមសហការក្នុងការសង្គ្រោះ​​​មនុស្ស​​​​​​លោក នាងមានសេរីភាពដោយនាងផ្ញើជីវិតលើព្រះជាម្ចាស់ និង​សុខចិត្តធ្វើតាម​​​ព្រះ​​​បញ្ជា​​​ព្រះអង្គ (LG ៥៦)។ ព្រះនាងយល់ព្រមក្នុងនាមមនុស្សជាតិទាំងមូល (សន្ត ថូម៉ាស នៃអាកាំង)៖ ដោយសារព្រះនាងបានស្តាប់បង្គាប់ ព្រះនាងបានទៅជា​នាងអេវ៉ាថ្មី ជាមាតារបស់អស់អ្នកដែលមានជីវិត។

កថាខណ្ឌទី៣៖ ព្រឹត្តការណ៍ដ៏អស្ចារ្យនៃជីវិតរបស់ព្រះគ្រីស្ត

៥១២. ក្នុងចំណោមព្រឹត្តការណ៍ដ៏អស្ចារ្យនៃជីវិតរបស់ព្រះគ្រីស្ត ធម៌ប្រកាសជំនឿថ្លែងតែអំពី ព្រឹត្តការណ៍ដ៏​អស្ចារ្យ​​​នៅពេលព្រះគ្រីស្តកើតជាមនុស្ស (ព្រះយេស៊ូចាប់កំណើត និងប្រសូត) និងពេលព្រះអង្គសោយទិវង្គត និងមាន​ព្រះជន្ម​មានជីវិតថ្មី (ព្រះយេស៊ូរងទុក្ខលំបាក ត្រូវគេឆ្កាង សោយទិវង្គត គេបញ្ចុះព្រះសពព្រះអង្គក្នុងរូងថ្ម​មួយ ព្រះ​អង្គ​​​យាង​ចុះទៅស្ថានក្រោម មានព្រះជន្មថ្មី និងយាងឡើងទៅស្ថានបរមសុខ)។ គ្មានប្រការណា​មួយចែង​អំពី​ព្រឹត្តការណ៍ដ៏អស្ចារ្យនៃជីវិតដ៏លាក់កំបាំង​ និងជាសាធារណៈរបស់ព្រះយេស៊ូ ប៉ុន្តែប្រការទាំងប៉ុន្មាន​ដែល​ទាក់ទង​​​នឹងការប្រសូត ការសោយទិវង្គត និងការមាន​ព្រះជន្ម​​ថ្មីរបស់ព្រះយេស៊ូ បំភ្លឺ​ ជីវិតទាំងស្រុង របស់ព្រះអង្គ នៅ​លើ​ផែនដី​នេះ គឺ “កិច្ចការទាំងប៉ុន្មាន​ដែល​​ព្រះយេស៊ូ​បានប្រព្រឹត្ត និង (...)​ សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គ​បាន​បង្រៀន តាំងពី​ដើម​រៀងមក រហូតដល់ថ្ងៃ​ដែល​​​ព្រះជាម្ចាស់​លើកព្រះអង្គឡើងទៅស្ថានបរមសុខ” (កក ១,១-២)។

៥១៣. ​តាមកាលៈទេសៈ ការអប់រំជំនឿត្រូវសម្ដែងនូវលក្ខណៈសម្បត្តិនៃព្រឹត្តការណ៍ដ៏អស្ចារ្យទាំងអស់នៃជីវិត​របស់​​ព្រះយេស៊ូ។ ​ក្នុងសៀវភៅនេះ យើងគ្រាន់តែណែនាំអំពីកត្តារួមនឹងព្រឹត្តការណ៍ដ៏អស្ចារ្យទាំងអស់នៃជីវិត​របស់​​ព្រះគ្រីស្ត (.) ហើយអំពីព្រឹត្តការណ៍នៃជីវិតដ៏លាក់កំបាំង (.) និងជីវិតជាសាធារណៈ (.) របស់ព្រះអង្គ។

១. ជីវិតទាំងស្រុងរបស់ព្រះគ្រីស្តជាព្រឹត្តការណ៍មួយដ៏អស្ចារ្យ

៥១៤. មានរឿងជាច្រើនដែលមនុស្សចង់ដឹងអំពីព្រះយេស៊ូ ប៉ុន្តែគ្មានកត់ត្រានៅក្នុងដំណឹងល្អទេ។ គ្មានអ្វីបញ្ជាក់​អំពីការរស់នៅរបស់​​ព្រះយេស៊ូនៅភូមិណាសារ៉ែត សូម្បីតែអំពីការរស់នៅជាសាធារណៈរបស់ព្រះអង្គក៏មិនសូវមានផងដែរ (យហ ២០,៣០)។ សេចក្ដី​ដែល​មានកត់ត្រានៅ​ក្នុង​ដំណឹង​ល្អ គឺ “ក្នុងបំណងឱ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូ​ពិត​ជា​ព្រះ​​គ្រីស្ត និងពិតជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ហើយឱ្យអ្នករាល់គ្នាដែលជឿមានជីវិតដោយរួម​ជាមួយព្រះ​អង្គ” (យហ​ ២០,៣១)។

៥១៥. ក័ណ្ឌដំណឹង​ល្អត្រូវបានសរសេរដោយសារអ្នកខ្លះ ក្នុងចំណោមមនុស្សដែលមានជំនឿមុនគេ (មក​ ១,១; យហ ២១,២៤) ចង់​ចែករំលែកជំនឿ​នេះ​​​ដល់​​អ្នកដទែ ។ ដោយសារជំនឿ គេបានស្គាល់ព្រះយេស៊ូ ហើយគេ​បាន​​ផ្ដល់​ស្លាកស្នាម​នៃ​អាថ៌កំបាំងរបស់ព្រះអង្គក្នុងជីវិត​របស់​​ព្រះអង្គនៅលើផែនដីនេះ។ បន្ទាប់ពីព្រះអង្គទើបនឹងកើត (លក ២,៧) រហូតដល់ទឹកខ្មេះពេលព្រះអង្គរងទុក្ខលំបាក (មថ ២៧,៤៨) និងសំពត់ស្នបពេលព្រះ​អង្គ​​​មាន​​ព្រះជន្ម​​មានជីវិតថ្មី (យហ ២០,៧) អ្វីៗទាំងអស់ក្នុងជីវិតព្រះយេស៊ូជាសញ្ញាសម្គាល់​នៃអាថ៌កំបាំង​របស់​​ព្រះ​អង្គ។ តាម​រយៈ​​​កិច្ចការ ការអស្ចារ្យ និងព្រះបន្ទូលរបស់ព្រះយេស៊ូ ព្រះជាម្ចាស់សម្ដែងថា “គ្រប់លក្ខណៈ​សម្បត្តិ​​​របស់​​ព្រះជាម្ចាស់​​​ស្ថិត​នៅយ៉ាងពោរពេញក្នុងព្រះកាយព្រះគ្រីស្ត" (កូឡ ២,៩)។ សភាពជាមនុស្សរបស់​ព្រះ​​យេស៊ូ​​ដូច​​​ជា “អគ្គសញ្ញា” គឺ​​ទីសម្គាល់ និងឧបករណ៍បង្ហាញថា ព្រះអង្គជាព្រះជាម្ចាស់ ដែលនាំការ​សង្រ្គោះ​មក។ អ្វី​ដែល​​មើលឃើញ​ក្នុង​ជីវិត​របស់ព្រះយេស៊ូលើផែនដីនេះ ឆ្លុះបញ្ចាំងអំពីអាថ៌កំបាំងដែលមើលមិនឃើញ គឺ​ព្រះ​អង្គ​ជា​​​ព្រះបុត្រា​របស់​​ព្រះ​ជាម្ចាស់​​​​​ ដែលមានបេសកកម្មសង្រ្គោះមនុស្សលោក។

កត្តារួមនៃព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះយេស៊ូ

៥១៦. ជីវិតទាំងស្រុងរបស់ព្រះគ្រីស្តសម្ដែង ព្រះបិតា គឺព្រះបន្ទូល និងកិច្ចការរបស់ព្រះអង្គ ពេលព្រះអង្គ​នៅ​ស្ងៀម​ស្ងាត់ ឬរងទុក្ខលំបាក របៀបរស់នៅ និងរបៀបនិយាយស្ដីរបស់ព្រះអង្គ។ ព្រះយេស៊ូអាចមានព្រះបន្ទូលថា៖ “អ្នក​ណាបានឃើញខ្ញុំ អ្នកនោះក៏បានឃើញព្រះបិតាដែរ” (យហ ១៤,៩) ហើយព្រះបិតា៖ “ព្រះអង្គនេះជាបុត្រ ដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!” (លក ៩,៣៥)។ ព្រះអម្ចាស់នៃយើងបានកើតជាមនុស្ស ដើម្បីគាប់ព្រះហឫទ័យព្រះបិតា (ហប ១០,៥-៧) ព្រឹត្តិការណ៍ដ៏តូចតាចជាងគេរបស់ព្រះអង្គសម្ដែង “​សេចក្ដី​ស្រលាញ់​របស់​​ព្រះជាម្ចាស់ចំពោះយើង” (១យហ ៤,៩)។

៥១៧. ជីវិតទាំងស្រុងរបស់ព្រះគ្រីស្តជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសង្រ្គោះ ។ យើងបានទទួលការ​សង្រ្គោះ​​ ដោយសារព្រះលោហិតនៃព្រះឈើឆ្កាង (អភ ១,៧...) ប៉ុន្តែព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការសង្រ្គោះ​នេះស្ថិត​នៅ​​ក្នុង​ជីវិតរបស់ព្រះគ្រីស្តជាស្រេច គឺពេលព្រះយេស៊ូប្រសូត ព្រះអង្គបានដាក់ខ្លួនជាអ្នកក្រ ដើម្បីឱ្យ​យើង​ទៅ​​ជា​​អ្ន​ក​​​​​មាន (២ក រ៨,៩) នៅភូមិណាសារ៉ែត ពេលព្រះអង្គស្ដាប់បង្គាប់ ទ្រង់ក៏ព្យាបាល​យើងដែល​មិនចេះ​ស្ដាប់​​បង្គាប់។ ព្រះបន្ទូល​ព្រះអង្គធ្វើឱ្យអ្នកស្ដាប់បានវិសុទ្ធ (យហ ១៥,៣) ពេលព្រះអង្គប្រោសអ្នកជំងឺឱ្យ​បាន​ជា និង​ដេញ​ខ្មោច​​ចេញ​ពីមនុស្ស ទ្រង់ “បានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួល​យកជំងឺរបស់​យើង​ដែរ” (មថ​ ៨,១៧) (អស ៥៣,៤) នៅពេលព្រះអង្គមានព្រះជន្មថ្មី ព្រះអង្គប្រោសយើងឱ្យ​បាន​សុចរិត (រម ៤,២៥)។

៥១៨. ជីវិតទាំងស្រុងរបស់ព្រះគ្រីស្តសរុបនូវអ្វីៗទាំងអស់ ។ អ្វីៗទាំងអស់ដែលព្រះយេស៊ូបានប្រព្រឹត្ត សេចក្ដីទាំងអស់ដែលព្រះអង្គបានប្រៀនប្រដៅ និងទុក្ខលំបាកទាំងអស់របស់ព្រះអង្គ មានគោលដៅប្រោសមនុស្សបាបឱ្យ​​បានសុចរិតវិញ៖
ពេលព្រះយេស៊ូប្រសូតនិងកើតជាមនុស្ស ព្រះអង្គបានសរុបនៅក្នុងខ្លួនព្រះអង្គ ប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់មនុស្សលោក និងបានប្រទានឱ្យយើងបានទទួលការសង្រ្គោះ។​ អ្វីដែលយើងបានបាត់បង់ដោយសារលោកអដាំ គឺមនុស្សជារូបតំណាងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈរបស់ព្រះអង្គ យើងក៏បានទទួលវិញ នៅក្នុងអង្គ​ព្រះ​គ្រីស្ត​​​យេស៊ូ ។ ហេតុនេះហើយ បានជាព្រះយេស៊ូបានឆ្លងកាត់គ្រប់អាយុកាលនៃដំណើរជីវិត ដើម្បីប្រោសមនុស្ស​ទាំង​អស់ឱ្យរួមរស់ជាមួយព្រះជាម្ចាស់បាន (សន្ត អ៊ីរ៉េណេ)។

យើងរួមរស់ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះយេស៊ូ

៥១៩. លក្ខណៈសម្បត្តិទាំងអស់របស់ព្រះគ្រីស្ត “សម្រាប់មនុស្សទាំងអស់ ហើយជាប្រយោជន៍ដល់មនុស្ស​ម្នាក់ៗ” (RH ១១)។ ព្រះគ្រីស្តមិនបានរស់នៅសម្រាប់ខ្លួនឯង តែសម្រាប់យើង ចាប់តាំងពីពេលព្រះអង្គប្រសូត “ដើម្បី​មនុស្ស​យើង និងដើម្បីសង្រ្គោះយើង” រហូតដល់ពេលព្រះអង្គ “សោយទិវង្គតដើម្បីរំដោះបាបយើង” (១ក រ១៥,៣) និងមានព្រះជន្មថ្មី “ដើម្បីឱ្យយើងបានសុចរិត” (រម ៤,២៥)។ សព្វថ្ងៃនេះដែរព្រះអង្គក៏ “ជួយ​ការពារ (យើង) ទល់​មុខព្រះបិតា” (១យហ ២,១) “ដ្បិតព្រះអង្គមាន​ព្រះជន្មរស់នៅ​រហូត ដើម្បី​ទូល​អង្វរ​ព្រះ​ជាម្ចាស់” សម្រាប់យើង (ហប ៧,២៥)។ ដោយសារព្រះអង្គបានរស់ និងរងទុក្ខលំបាកសម្រាប់យើងតែម្តងជាការស្រេចទ្រង់ក៏ “ស្ថិតនៅចំពោះ​ព្រះភ័ក្រ្ត​ព្រះ​ជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង” (ហប ៩,២៤)។

៥២០. អស់មួយជីវិត ព្រះយេស៊ូជាគំរូសម្រាប់យើង (រម ១៥,៥; ភីល ២,៥)។ ព្រះអង្គជា “មនុស្សដ៏​ពេញ​លក្ខណៈ” (GS ៣៨) ព្រះអង្គក៏អញ្ជើញ​យើងឱ្យទៅជាសាវ័ករបស់ព្រះអង្គ និងឱ្យយើងដើរតាមព្រះអង្គ។ ដោយសារព្រះអង្គបានបន្ទាបខ្លួន យើងក៏ត្រូវតែយកតម្រាប់តាមព្រះអង្គ (យហ ១៣,១៥)។ ដោយសារ​ព្រះអង្គ​អធិដ្ឋាន ទ្រង់ក៏ទាក់ទាញយើងឱ្យអធិដ្ឋានដែរ (យហ​ ១៣​,១៥)។ ដោយសារព្រះអង្គជាអ្នកក្រ ទ្រង់ក៏​ត្រាស់​ហៅយើងឱ្យសុខចិត្តដាក់ខ្លួនជាអ្នកក្រ ហើយឱ្យយើងស្ម័គ្រចិត្តទទួលការបៀតបៀនដែរ (មថ​ ៥,១១-១២)។

៥២១. អ្វីៗដែលព្រះគ្រីស្តបានពិសោធន៍ ទ្រង់ក៏បានធ្វើដើម្បីឱ្យយើងអាចរួមរស់នៅក្នុងអង្គព្រះអង្គ ហើយ​ដើម្បី​​​​ឱ្យ​ព្រះអង្គ​​អាច​​រួមរស់នៅក្នុងខ្លួនយើងដែរ ។ “ដោយព្រះបុត្រារបស់ព្រះជាម្ចាស់ប្រសូតជាមនុស្ស​សុទ្ធ​សាធ ទ្រង់ដូច​ជា​ភ្ជាប់​ព្រះអង្គ​ជាមួយ​​​មនុស្ស​​​​​​គ្រប់ៗរូប” (GS ២២,២)។​ ព្រះអង្គត្រាស់ហៅយើង​ឱ្យ​ធ្វើ​ជា​រូបកាយ​តែមួយនៅ​ក្នុងអង្គព្រះអង្គ។ អ្វីដែលព្រះអង្គបានពិសោធន៍នៅក្នុងរូបកាយព្រះអង្គសម្រាប់យើង និងដើម្បី​ឱ្យ​យើងយក​តម្រាប់​​​តាម ទ្រង់ក៏បានប្រោសឱ្យយើងអាច​រួមរស់ជាមួយ​ព្រះអង្គដូច​អវយវៈនៃ​ព្រះកាយ​ព្រះ​អង្គ។ យើងត្រូវតែបំពេញព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះយេស៊ូបន្តទៅមុខទៀត និងទូលអង្វរព្រះអង្គជារឿយៗ សូមព្រះអង្គបង្ហើយ និងបំពេញព្រឹត្តិការណ៍នោះក្នុងខ្លួនយើង និងក្នុងព្រះសហគមន៍ផង (...) ដ្បិតព្រះបុត្រារបស់ព្រះជាម្ចាស់មានគម្រោងការឱ្យយើង និងព្រះសហគមន៍ចូលរួមចំណែកក្នុងព្រឹត្តិការណ៍នោះបន្តទៅមុខទៀត ដោយសារព្រះអង្គមានព្រះហឫទ័យប្រណីសន្តោសមកយើង ហើយឱ្យយើងបង្កើតផលតាមរយៈព្រឹត្តិការណ៍នោះ។ ហេតុនេះ ព្រះអង្គមានព្រះហឫទ័យឱ្យព្រឹត្តិការណ៍នោះ បានសម្រេចនៅក្នុងខ្លួនយើង (សន្ត យ៉ូហាន​ អើដ)។

 ២. ព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីកុមារភាព និងជីវិតដ៏លាក់កំបាំងរបស់ព្រះយេស៊ូ

ការរៀបចំ

៥២២. ព្រះបុត្រាយាងមកនៅលើផែនដីជាហេតុការណ៍ដ៏អស្ចារ្យបំផុត បានជាព្រះជាម្ចាស់សព្វព្រះហឫទ័យ​រៀប​ចំហេតុការណ៍នេះ អស់រយៈពេលជាច្រើនសតវត្ស។ ព្រះជាម្ចាស់តម្រូវឱ្យមានពិធី យញ្ញបូជា រូបតំណាង​ និង​និមិត្តរូប​​នៃ “សម្ពន្ធមេត្រីទីមួយ” (ហប ៩,១៥) ដើម្បីបានដល់ព្រះគ្រីស្ត។ ព្រះអង្គប្រកាស​ព្រះគ្រីស្ត​តាម​រយៈ​ពួក​ព្យាការី ដែលនិយាយតៗគ្នានៅប្រទេសអ៊ីស្រាអែល ហើយទ្រង់ប្រោសឱ្យសាសន៍ដទៃរង់ចាំព្រះគ្រីស្តយាងមកដែរ។

៥២៣. មុននឹងព្រះគ្រីស្តយាងមក (កក ១៣,២៤) ​ព្រះជាម្ចាស់ចាត់សន្តយ៉ូហានបាទីស្ត ឱ្យមក​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ (មថ ៣,៣)។ លោកជា “ព្យាការី​​​​នៃព្រះដ៏ខ្ពង់ខ្ពស់បំផុត” (លក ១,៧៦) ប្រសើរជាងព្យាការី​ឯ​ទៀតៗ (លក៧,២៦) ជាព្យាការីចុងក្រោយបំផុត (មថ​ ​១១​,​១៣)។ លោកចាប់ផ្ដើមដំណឹងល្អ (កក ១,២២; លក១៦,១៦) ជម្រាបព្រះគ្រីស្តនៅក្នុងផ្ទៃម្ដាយមកម្ល៉េះ (លក​ ​១,៤១) ហើយលោកត្រេកអរធ្វើជា “មិត្តសម្លាញ់​របស់​​ស្វាមី” (យហ ៣,២៩) ដែលលោកសម្ដែងជា “កូន​ចៀម​​របស់​​ព្រះជាម្ចាស់ ដែលដកបាបចេញ​ពីមនុស្ស​លោក” (យហ ១,២៩)។ លោកមកមុនព្រះយេស៊ូ “មាន​វិញ្ញាណប្រកបដោយឫទ្ធានុភាពដូចលោកអេលី” (លក ១,១៧) ហើយផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយទេសនា ជ្រមុជមនុស្សក្នុងទឹកឱ្យគេប្រែចិត្តគំនិត និងដោយ​បូជា​ជីវិត (មក ៦,១៧-២៩)។

៥២៤. ដោយប្រារព្វជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យ រដូវរង់ចាំ ព្រះសហគមនន៍រំលឹកអំពីការរង់ចាំព្រះ មេស្ស៊ីនោះ។ ដោយរួម​ជាមួយ​​​អស់​​​អ្នកដែលបានរង់ចាំអស់ពេលយ៉ាងយូរ​ព្រះសង្រ្គោះយាងមកជាលើកទីមួយ អ្នកជឿក៏ដាស់តឿនរង់ចាំ​​ព្រះ​អង្គ​​​​យាងមកវិញជាលើកទីពីរ។ ដោយប្រារព្ធកំណើត និងសេចក្ដីស្លាប់របស់លោកយ៉ូហានបាទីស្ត ដែលជា​មរណៈ​​​សាក្សីព្រះសហគមន៍ក៏រួមជាមួយលោក ដែលមានបំណងប្រាថ្នាតែមួយ គឺ “ព្រះអង្គត្រូវតែចម្រើនឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំត្រូវតែអន់ថយ” (យហ ៣,៣០)។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យព្រះយេស៊ូប្រសូត

៥២៥. ព្រះយេស៊ូប្រសូតនៅក្នុងក្រោលសត្វ ពីក្រុមគ្រូសារក្រីក្រ​ (លក ១,៤១)។ ពួកគង្វាលដ៏សាមញ្ញជាសាក្សីដំបូង​នៃ​​ហេតុការណ៍​​នេះ។ នៅក្នុងភាពក្រីក្រនេះ ព្រះជាម្ចាស់សម្ដែងសិរីរុងរឿងនៃស្ថានបរមសុខ (លក ២,៨-២០)។ ព្រះសហគមន៍នៅតែច្រៀងសិរីរុងរឿងនៃយប់នោះ។

ថ្ងៃនេះ ព្រហ្មចារិនីប្រសូតបានអ្នកដែលស្ថិតនៅអស់កល្បជានិច្ច ហើយផែនដីថ្វាយគុហាមួយដល់អ្នកដែលគ្មាននរណាអាចឈានទៅដល់បាន។ ពួកទេវទូត និងពួកគង្វាលលើកតម្កើងព្រះអង្គ ហើយពួកហោរាចារ្យមកជិតជាមួយផ្កាយ ដ្បិតព្រះអង្គប្រសូតដើម្បីយើង ព្រះកុមារតូច ជាព្រះជាម្ចាស់ ដែលស្ថិតស្ថេរអស់កល្បជានិច្ច! (កង់តាគីយង់ ឌឺ រ៉ូម៉ាណូស៍ លឺ មេលូដ)។

៥២៦ យើងត្រូវតែ “ដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗ” ដើម្បីអាចចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បាន (មថ​ ១៨,៣-៤) គឺយើងត្រូវបន្ទាបខ្លួន (មថ២ ៣,១២) ដាក់ខ្លួនជាអ្នកតូច។ លើសពីនេះទៅទៀត យើងត្រូវ “កើតជាថ្មី” (យហ ៣,៧) “កើតពីព្រះ​ជាម្ចាស់” (យហ ១,១៣)​ ដើម្បី “អាចទៅជាបុត្រធីតារបស់ព្រះជាម្ចាស់” (យហ ១,១២)។ ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​​នៃ​បុណ្យព្រះយេស៊ូប្រសូត កើតក្នុងយើង ពេលព្រះយេស៊ូ “កើតជារូបរាង” ក្នុង​​យើង (កាឡ ៤,១៩)។ បុណ្យព្រះយេស៊ូប្រសូតជាព្រឹត្តិការណ៍នៃ “ការប្ដូរដ៏អស្ចារ្យ

នេះ”៖ “ឱ ការប្ដូរដ៏អស្ចារ្យ! ព្រះជាម្ចាស់ជាព្រះបង្កើតមនុស្សលោក ដែលបានទទួលយករូបកាយ និងព្រលឹងបាន​សុខចិត្ត​​កើត​មកពីព្រហ្មចារិនីម្នាក់ ហើយបានទៅជាមនុស្ស ដោយគ្មានមនុស្សណាម្នាក់ចូលរួមចំណែក ព្រះអង្គក៏​បាន​ប្រោស​ប្រទាន​ឱ្យ​យើង​ទៅ​ជា​ព្រះ” (LH)។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃកុមារភាពរបស់ព្រះយេស៊ូ

៥២៧. ប្រាំបីថ្ងៃក្រោយពីព្រះយេស៊ូបានប្រសូត ពិធីកាត់ស្បែក របស់ព្រះអង្គ (លក ២,២១) ជាសញ្ញាសម្គាល់​បង្ហាញ​​ថា​ ព្រះអង្គជា​កូន​ចៅរបស់លោកអប្រាហាំ និងបានចូលក្នុងប្រជាជននៃសម្ពន្ធមេត្រី។ ព្រះអង្គនឹង​ប្រតិបត្តិតាម​​​ធម្មវិន័យ (កាឡ ៤,៤)​ និង​ចូលរួមក្នុងពិធីបុណ្យនៃជនជាតិអ៊ីស្រាអែល អស់មួយជីវិត។ សញ្ញាសម្គាល់នេះ ​បង្ហាញទុកជាមុននូវ “ពិធីកាត់​ស្បែក​ក្នុង​អង្គ​ព្រះគ្រីស្ត” គឺពិធីជ្រមុជទឹក (កូឡ ២,១១-១៣)។

៥២៨. បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គឱ្យសាសន៍ដទៃស្គាល់ បង្ហាញថា ព្រះយេស៊ូជាព្រះមេស្ស៊ីនៃ​ជនជាតិអ៊ីស្រាអែល ជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងជាព្រះសង្រ្គោះនៃពិភពលោក។ ដោយ​រួមជាមួយ​ពិធី​ជ្រមុជ​ទឹក​របស់​​ព្រះយេស៊ូ​នៅទន្លេយ័រដាន់ និងពិធីមង្គលការនៅភូមិកាណា (LH) បុណ្យនេះលើកតម្កើងព្រះអង្គ ដែល “ពួក​ហោរាចារ្យ” មកពីបូព៌ាប្រទេស បានក្រាបថ្វាយបង្គំ (មថ ២,១)។ “ពួកហោរាចារ្យ” ជាតំណាង​របស់អ្នក​កាន់​សាសនាដទៃ ក្នុង​តំបន់ជិតៗ ហើយព្រះសហគមន៍យល់ឃើញថា ពួកលោកជាផលផ្លែដំបូងនៃជាតិ​សាសន៍ដទៃ ដែលបានទទួល​ដំណឹង​​​ល្អ​អំពីព្រះសង្រ្គោះប្រសូតជាមនុស្ស។ ពួកហោរាចារ្យ ដែលមកដល់ទី​ក្រុង ​យេរូសាឡឹម ដើម្បី “ថ្វាយ​បង្គំ” “ព្រះ​មហាក្ស​ត្ររបស់ជនជាតិយូដា” (មថ ២,២) បានប្រាប់ឱ្យដឹងថា នៅ​​ប្រទេស​អ៊ីស្រាអែលនេះ ដោយ​មាន​ផ្កាយ​របស់​ព្រះបាទដាវីឌជួយបំភ្លឺ (ជរ ២៤,៧; វវ ២២,១៦) ពួកលោកមក រកព្រះអង្គ ដែល​នឹង​​ទៅជាព្រះ​មហាក្សត្រ​​​​របស់សាសន៍ដទៃ (ជរ ២៤,១៧-១៩)។ ពួកលោកបង្ហាញថា សាសន៍​ដទៃអាច​រក​ព្រះ​យេស៊ូ​​ឃើញ និងអាចក្រាបថ្វាយបង្គំព្រះអង្គ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងព្រះសង្រ្គោះ​នៃពិភពលោក លុះ​ត្រា​តែគេបែរមុខទៅរកជនជាតិយូដា (យហ ៤,២២) និងទទួលព្រះបន្ទូលសន្យាអំពីព្រះមេស្ស៊ីពីគេ ដែល​មានក្នុង​គម្ពីរសម្ពន្ធ​មេត្រី​ចាស់ (មថ ២,៤-៦)។ បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គឱ្យសាសន៍ដទៃស្គាល់ សម្ដែងថា “គ្រប់​ជាតិ​សាសន៍​ដ​ទៃចូលក្នុងក្រុមគ្រូសាររបស់បុព្វបរុស” ហើយទទួលឋានៈនៃជនជាតិអ៊ីស្រាអែល (Israelitica dignitas – MR)។

៥២៩. ពិធីថ្វាយព្រះឱរសយេស៊ូក្នុងព្រះវិហារ (លក ២,២២-៣៩) បង្ហាញថា ព្រះអង្គជារៀមច្បង ​ដែល​ជា​កម្មសិទ្ធិរបស់ព្រះអម្ចាស់ (សរ ១៣,១២-១៣)។ ដោយរួមជាមួយលោកតាស៊ីម៉ូន និងលោកយាយហាណ្ណា ជនជាតិអ៊ីស្រាអែលទាំងអស់​មកជួប ព្រះសង្រ្គោះរបស់គេ។ គេទទួលស្គាល់ថា ព្រះយេស៊ូជាព្រះមេស្ស៊ី ដែលគេ​ទន្ទឹង​រង់ចាំ ជា “ពន្លឺដែលនាំឱ្យ​មនុស្ស​គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ” ជា “សិរីរុងរឿងរបស់អ៊ីស្រាអែល” តែ “មាន​មនុស្ស​ជាច្រើន​នឹង​ជំទាស់​ប្រឆាំង”។ វេលាដែលលោកតាស៊ីម៉ូន​មានប្រសាសន៍​អំពីដាវ ដែល​នឹងធ្វើឱ្យនាងម៉ារី​ឈឺ​ចុក​ចាប់យ៉ាងខ្លាំង លោក​ប្រកាស​ទុកជាមុនថា ​ព្រះយេស៊ូនឹងបូជាព្រះជន្មនៅលើឈើឆ្កាង​ និងផ្ដល់​ការ​សង្រ្គោះ​​​​​​​​​ ដែលព្រះជាម្ចាស់ “បាន​ប្រទាន​មក​ឱ្យប្រជាជាតិទាំងអស់”។

៥៣០. រឿងព្រះយេស៊ូភៀសខ្លួនទៅស្រុកអេស៊ីប និងស្ដេចហេរ៉ូដចេញបញ្ជាឱ្យគេសម្លាប់ក្មេងៗ (មថ ​​​២,​១៣​​-១៨) សម្ដែងថា ភាពងងឹតប្រឆាំងនិងពន្លឺ៖ “ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្រ្តរបស់ព្រះអង្គផ្ទាល់ តែប្រជារាស្រ្តនោះពុំបានទទួលព្រះអង្គឡើយ” (យហ ១,១១)។ អស់មួយជីវិត ព្រះយេស៊ូនឹងត្រូវគេបៀត​បៀន ហើយសាវ័ករបស់ព្រះអង្គក៏ទទួលការបៀតបៀននោះ ជាមួយព្រះអង្គដែរ (យហ ១៥,២០)។ ព្រះអង្គត្រឡប់​​មកពីស្រុកអេស៊ីបវិញ (មថ ២,១៥) រំលឹកឡើងវិញអំពីដំណើរឆ្ពោះទៅកាន់សេរីភាពរបស់ជនជាតិយូដា (ហស ១១,‌១) និងណែនាំព្រះយេស៊ូថា ​ជា​អ្នករំដោះជាស្ថាពរ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃជីវិតដ៏លាក់កំបាំងរបស់ព្រះយេស៊ូ

៥៣១. អស់រយៈពេលជាច្រើនឆ្នាំ ព្រះយេស៊ូមានរបៀបរស់នៅដូចមនុស្សឯទៀតៗភាគច្រើន គឺព្រះអង្គរស់នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ តាមរបៀបសាមញ្ញ ដោយធ្វើការផ្ទាល់ដៃ ដោយកាន់សាសនាយូដា និងប្រតិបត្តិតាមធម៌ វិន័យ​​​​របស់ព្រះជាម្ចាស់ (កាឡ ៤,៤)​ ហើយដោយរស់នៅក្នុងសហគមន៍។ ដំណឹងល្អ​សម្ដែង​ឱ្យ​យើង​ដឹងអំពីការរស់នៅនេះថា ព្រះអង្គ “ធ្វើតាមឱវាទ” របស់មាតាបិតា ព្រះអង្គ “មានវ័យចម្រើនឡើង ហើយមាន​ប្រាជ្ញា​កាន់​តែ​វៀងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តនឹងមនុស្សផងទាំងពួង” (លក ២,៥១-៥២)។

៥៣២. ពេលព្រះយេស៊ូធ្វើតាមមាតាបិតា ព្រះអង្គបំពេញវិន័យទីបួនបានគ្រប់លក្ខណៈ​ និងសម្ដែងថា ព្រះអង្គ​ប្រតិបត្តិ​តាមព្រះបិតារបស់ព្រះអង្គដែលគង់នៅស្ថានបរមសុខ។ ជារៀងរាល់ថ្ងៃ ព្រះយេស៊ូធ្វើតាមលោកយ៉ូសែប និង​នាងម៉ារីយ៉ាងណា ព្រះអង្គក៏នឹងធ្វើតាមព្រះបិតានៅថ្ងៃព្រហស្បត្តិ៍ពិសិដ្ឋយ៉ាងនោះដែរ៖ “សូមកុំ ឱ្យ​សម្រេច​តាមចិត្តទូលបង្គំឡើយ...” (លក ២២,៤២)។ ដោយព្រះយេស៊ូស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃ ព្រះអង្គ​ក៏​ចាប់ផ្ដើមទូទាត់ការមិនស្ដាប់បង្គាប់របស់លោកអដាំ។

៥៣៣. ដោយសារជីវិតដ៏លាក់កំបាំងនៅភូមិណាសារ៉ែត មនុស្សគ្រប់ៗរូបអាចរួមរស់ជាមួយព្រះយេស៊ូ នៅក្នុង​ជីវិតប្រចាំថ្ងៃដែរ៖ ណាសារ៉ែតជាសាលារៀនដែលយើងចាប់ផ្ដើមយល់អំពីជីវិតរបស់ព្រះយេស៊ូ ជាសាលារៀននៃដំណឹងល្អ (...)។ ដំបូង យើង​រៀនអំពី ភាពស្ងៀមស្ងាត់ ។ សូមឱ្យយើងចូលចិត្តភាពស្ងៀមស្ងាត់ ដែលជាលក្ខណៈដ៏អស្ចារ្យ​ និង​​ជា​ចាំបាច់​នៃចិត្តគំនិត (...)។ យើងរៀនអំពីជីវិតក្នុងក្រុមគ្រូសារ ដែរ
។ សូមឱ្យណាសារ៉ែតបង្រៀន​ឱ្យ​យើង​យល់អំ​​ពី​ក្រុម​គ្រួសារ អំពីការរួមរស់ជាមួយគ្នាដោយចិត្តស្រលាញ់ ពីសោភណភាពដ៏សាមញ្ញរបស់ក្រុមគ្រួសារ ដែលជាទី​សក្ការ ដែល​​​​មិន​​អាចរំលោភបាន ​(...)។ យើងរៀនអំពីការងារ ដែរ។ ណាសារ៉េត! ឱផ្ទះរបស់ “បុត្រនៃជាងឈើ”! នៅ​ទីនេះ​យើង​​ចង់យល់ និងលើកតម្កើងវិន័យដ៏តឹងរបស់ការងារមនុស្សលោក ដែលជួយសង្រ្គោះយើង (...)។ នៅ​​ទីនេះ យើងចង់សម្ដែងការគោរពចំពោះកម្មករនៃពិភពលោកទាំងមូល និងសម្ដែងឱ្យគេស្គាល់គំរូដ៏អស្ចារ្យរបស់គេ ជាបង​របស់​​គេ ដែលមកពីព្រះជាម្ចាស់” (សម្ដេចប៉ាបប៉ូលទី៦ សុន្ទរកថានៅភូមិណាសារ៉ែត ​ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៤)។

៥៣៤. ដំណឹងល្អថ្លែងអំពីហេតុការណ៍តែមួយ ក្នុងជីវិតដ៏លាក់កំបាំងរបស់ព្រះយេស៊ូ គឺនៅពេលព្រះអង្គ ​​មានព្រះជន្មដប់ពីរព្រះវស្សា ចូលក្នុងព្រះវិហារ (លក ២,៤១-៥២) ។ នៅទីនោះយេស៊ូសម្ដែងថា ព្រះអង្គ​ថ្វាយ​ខ្លួនទាំងស្រុងចំពោះបេសកកម្ម ដែលមកពីព្រះអង្គជាបុត្ររបស់ព្រះជាម្ចាស់៖ “តើលោកឪពុក អ្នក​ម្តាយ​មិន​ជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?”។ នាងម៉ារី និងលោកយ៉ូសែប “ពុំបានយល់អត្ថន័យ​នៃ​​ព្រះបន្ទូល” នេះទេ តែពួកគាត់បានជឿព្រះបន្ទូលនេះ ហើយនាងម៉ារី “ចងចាំហេតុការណ៍ទាំងនោះ​ទុកនៅ​ក្នុង​​ចិត្ត” អស់រយៈពេលព្រះយេស៊ូមានជីវិតរស់នៅតាមរបៀបធម្មតា។

៣. ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃជីវិតជាសាធារណៈរបស់ព្រះយេស៊ូ

ពិធីជ្រមុជទឹករបស់ព្រះយេស៊ូ

៥៣៥. ព្រះយេស៊ូចាប់ផ្ដើមជីវិតជាសាធារណៈ (លក ៣,២៣) ពេលព្រះអង្គទទួលពិធីជ្រមុជទឹក ពីលោក​យ៉ូហាននៅក្នុងទន្លេ​យ័រដាន់ (កក​ ១,២២)។ លោកយ៉ូហានប្រកាស “ឱ្យមនុស្សកែប្រែចិត្តគំនិត ដោយ​ទទួល​ពិធី​ជ្រមុជទឹក” (លក ៣,៣)។​ មនុស្សជាច្រើន ដូចជាអ្នកបាប អ្នកទារពន្ធ ទាហាន (លក ៣,១០-១៤) ពួក​ផារីស៊ី ពួកសាដូស៊ី (មថ ៣,៧) និងស្រ្តីពេស្សា (មថ ២១,៣២) មករក​លោក ​​ដើម្បីទទួលពិធីជ្រមុជទឹក។ “ពេលនោះ ព្រះយេស៊ូយាងមក”។ លោកយ៉ូហានរួញរា តែព្រះយេស៊ូទទូចសុំលោក ព្រះអង្គក៏ទទួលពិធីជ្រមុជទឹក។ ពេលនោះ ព្រះវិញ្ញាណដ៏វិសុទ្ធដូចសត្វព្រាប យាងមកសណ្ឋិតលើព្រះអង្គ ហើយមានព្រះសូរសៀង​ពី​លើមេឃថា៖ “នេះជាបុត្រដ៏ជាទីស្រលាញ់របស់យើង” (មង ៣,១៣-១៧)។ ពិធី​ជ្រមុជទឹកនេះសម្ដែងថា ព្រះ​យេស៊ូ​ជាព្រះមេស្ស៊ីនៃជនជាតិអ៊ីស្រាអែល និងជាព្រះបុត្រារបស់ព្រះជាម្ចាស់។

៥៣៦. ពិធីជ្រមុជទឹករបស់ព្រះយេស៊ូសម្ដែងថា ព្រះអង្គសុខចិត្តទទួល និងចាប់ផ្ដើមបេសកកម្មរបស់ព្រះអង្គ ជា​អ្នក​បម្រើដែលរងទុក្ខលំបាក។ ព្រះអង្គសុខចិត្តឱ្យគេរាប់ព្រះអង្គក្នុងចំណោមអ្នកបាប (អស ៥៣,‌២) ទ្រង់ជា “កូន​ចៀម​​របស់ព្រះជាម្ចាស់​ ដែលដកបាបចេញពីមនុស្សលោក” (យហ ១,២៩)។ ពិធីជ្រមុជទឹកសម្ដែង​ទុក​ជា​មុន​ថា ព្រះ​យេស៊ូនឹងទទួល “ពិធីជ្រមុជ” នៅពេលសោយទិវង្គត (មក ១០,៣៨)។ ព្រះអង្គយាងមក “ស្របតាម​គ្រប់​​សេចក្ដីដែល​​​​ព្រះជាម្ចាស់បានបង្គាប់ទុកមក” (មថ ៣,១៥) គឺព្រះអង្គសម្របព្រះកាយទាំងស្រុងតាមព្រះ​ហឫទ័យ​នៃ​ព្រះ​បិតា​។ ដោយសារសេចក្ដីស្រលាញ់ ព្រះអង្គសុខចិត្តទទួលពិធីជ្រមុជក្នុងសេចក្ដីស្លាប់ ដើម្បី​ឱ្យ​​យើង​រួច​ពីបាប (មថ ២៦,៣៩) ទើបព្រះបិតាគាប់ព្រះហឫទ័យនឹងព្រះបុត្រារបស់ព្រះអង្គណាស់ (លក ៣,២២)។ ព្រះវិញ្ញាណ ដែលព្រះយេស៊ូមានគ្រប់លក្ខណៈតាំងពីផ្ទៃម្តាយ យាងមក “សណ្ឋិត” លើព្រះអង្គ (យហ ១,៣២-៣៣) (អស ១១,២) ហើយនឹងទៅជាប្រភពសម្រាប់មនុស្សលោកទាំងអស់។ ពេលព្រះយេស៊ូ​ជ្រមុជ​ទឹក “ផ្ទៃមេឃ” ដែលបាបរបស់លោកអដាំបានបិទ ក៏ “បើកចំហ” (មថ ៣,១៦) ហើយដោយសារព្រះយេស៊ូ និង​ព្រះវិញ្ញាយាងចុះមក ទឹកបានវិសុទ្ធ ទើបព្រះជាម្ចាស់ចាប់ផ្ដើមបង្កើតពិភព​លោកសាជាថ្មីម្តងទៀត។

៥៣៧. ពេលទទួលអគ្គសញ្ញាជ្រមុជទឹក គ្រីស្តបរិស័ទរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ ដែលសោយទី
វង្គត និង​មាន​ព្រះ​ជន្មមានជីវិតថ្មី។ គេត្រូវតែបន្ទាបខ្លួន ដោយទទួលស្គាល់បាបរបស់ខ្លួន ចុះក្នុងទឹករួមជាមួយព្រះយេស៊ូ ដើម្បីងើប​ឡើងជាមួយព្រះអង្គវិញ និងកើតចេញពីទឹក និងពីព្រះវិញ្ញាណសាជាថ្មី ហើយដើម្បី​បាន​ទៅ​ជា​បុត្រធីតាជាទីស្រលាញ់របស់ព្រះបិតា នៅក្នុងអង្គព្រះបុត្រា និងដើម្បី “រស់នៅតាមរបៀបថ្មី” (រម ៤,៦)។ ដោយសារពិធីបុណ្យជ្រមុជទឹក ចូរចូលក្នុងផ្នូររួមជាមួយព្រះគ្រីស្ត ដើម្បីមានជីវិតថ្មីរួមជាមួយព្រះអង្គដែរ ចូរចុះជាមួយព្រះអង្គ ដើម្បីឱ្យព្រះជាម្ចាស់លើកយើងរួមជាមួយព្រះអង្គ ចូរឡើងជាមួយព្រះអង្គវិញ ដើម្បីឱ្យព្រះជាម្ចាស់លើកតម្កើងយើងក្នុងអង្គព្រះគ្រីស្ត (សន្ត គ្រេគ័រ នៃណាស៊ីអង់)។

អ្វីៗទាំងអស់ដែលបានកើតឡើងនៅក្នុងអង្គព្រះគ្រីស្ត ធ្វើឱ្យយើងដឹងថា ក្រោយពីជ្រមុជទឹក ព្រះវិញ្ញាណដ៏វិសុទ្ធហោះសណ្ឋិតលើយើងពីលើមេឃ ហើយព្រះសូរសៀងរបស់ព្រះបិតាបានប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ (សន្ត អ៊ីលែរ)។

មារល្បួងព្រះយេស៊ូ

៥៣៨. តាមដំណឹងល្អ លុះដល់ព្រះយេស៊ូបានជ្រមុជទឹករួចហើយ ព្រះអង្គយាងទៅវាលរហោស្ថាន តែម្នាក់ឯង៖ “ព្រះ​វិញ្ញាណ​នាំព្រះអង្គទៅវាលរហោស្ថាន”​ ព្រះអង្គស្នាក់នៅទីនោះ អស់រយៈពេលសែសិបថ្ងៃ ដោយមិនសោយ​អ្វី​​ឡើយ។ ព្រះអង្គរស់នៅជាមួយសត្វព្រៃ ហើយពួកទេវទូតបម្រើព្រះអង្គ (មក ១,‌១២-១៣)។ លុះផុត​ពីពេល​នោះ​ទៅ មារសាតាំងល្បួងព្រះអង្គបីដង ដោយព្យាយាមបំបែកព្រះអង្គចេញពីព្រះបិតា។ ព្រះយេស៊ូឈ្នះការល្បួង​នោះ ដែល​​​សរុបការល្បួងរបស់លោកអដាំនៅ​សួន​អេដែន និងការល្បួងរបស់ជនជាតិអ៊ីស្រាអែលនៅវាលរហោស្ថាន ហើយ​មារថយចេញឆ្ងាយ​ពីព្រះអង្គ “រហូត​​ដល់ពេលកំណត់” (លក ៤,១៣)។

៥៣៩. អ្នកនិពន្ធដំណឹងល្អផ្ដល់អត្ថន័យដល់ព្រឹត្តិការណ៍ដ៏លាក់កំបាំងនេះ គឺព្រះយេស៊ូជាលោកអដាំថ្មី ដែលនៅ​ស្មោះ​ត្រង់ជានិច្ច មិនបានចាញ់ការល្បួងដូចលោកអដាំពីមុនទេ។ ព្រះយេស៊ូបំពេញការត្រាស់ហៅរបស់ជនជាតិអ៊ីស្រាអែល​​​ឱ្យ​បានពេញលក្ខណៈ គឺព្រះយេស៊ូសម្ដែងព្រះអង្គដូចជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែល​ប្រតិបត្តិ​តាម​ព្រះហឫទ័យរបស់ព្រះអង្គ ផ្ទុយពីមនុស្សជំនាន់មុន ដែលបានរករឿងព្រះជាម្ចាស់ អស់រយៈពេលសែសិប​ឆ្នាំ នៅ​វាលរហោស្ថាន (ទន ៩៥,១០)។ ហេតុនេះ ព្រះយេស៊ូឈ្នះមារសាតាំង ព្រះអង្គបាន “ចងមនុស្សខ្លាំងពូកែ” ដើម្បីយក​ទ្រព្យ​សម្បត្តិ​​របស់វា (មក ៣,២៧)។ ជ័យជម្នះរបស់ព្រះយេស៊ូលើមេល្បងនៅវាលរហោស្ថាន ​សម្ដែងទុកជាមុន អំពីជ័យជម្នះ​​​​របស់ព្រះយេស៊ូ នៅពេលព្រះអង្គនឹងរងទុក្ខលំបាក ហើយដែលមកពីព្រះអង្គបានប្រតិបត្តិតាមព្រះបិតា ដោយសា​រ​​សេចក្ដីស្រលាញ់។

៥៤០. ការល្បួងរបស់ព្រះយេស៊ូសម្ដែងនូវរបៀបដែលព្រះយេស៊ូជាព្រះមេស្ស៊ី គឺផ្ទុយស្រឡះនឹងអ្វីដែល​មារ​​សា​តាំង​​ស្នើសុំ​ឱ្យ​ព្រះអង្គ ហើយដែលមនុស្សទាំងអស់ចង់ឱ្យព្រះអង្គប្រព្រឹត្តតាម (មថ ១៦,២១- ២៣)។ ហេតុនេះហើយ បានជាព្រះគ្រីស្តបានឈ្នះមេល្បងដើម្បីយើង​ ៖ “ព្រះអង្គក៏រងការល្បួងគ្រប់ជំពូក ដូច​យើង​ដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ” (ហប ៤,១៥)។ ជារៀងរាល់ឆ្នាំ នៅពេលរដូវអប់រំពិសេស អស់រយៈពេលសែសិបថ្ងៃ ព្រះសហគមន៏​រួម​ជាមួយ​ព្រះយេស៊ូ នៅឯវាលរហោស្ថាន។

ព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតបង្កើយ

៥៤១. “ក្រោយពីគេបានចាប់លោកយ៉ូហានយកទៅឃុំឃាំង ​ព្រះយេស៊ូយាងទៅស្រុកកាលីឡេ​ ហើយប្រកាសដំណឹង​ល្អ​​របស់​ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា៖ ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!” (មក ១,១៤-១៥)។ “ព្រះគ្រីស្ត​​​ចាប់ផ្តើមធ្វើឱ្យព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រងរាជ្យនៅលើផែនដី ដើម្បីធ្វើឱ្យព្រះហឫទ័យរបស់ព្រះបិតា​​​កើតជា​​​រូបរាង” (LG ៣)។ ព្រះហឫទ័យរបស់ព្រះបិតា គឺ “លើកមនុស្សលោកឱ្យមានជីវិតរួមរស់ជាមួយព្រះអង្គ” (LG ២)។ ព្រះអង្គធ្វើដូច្នេះ ដោយប្រមែប្រមូលមនុស្សលោកនៅក្នុងអង្គព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត។ ព្រះជាម្ចាស់​ប្រមែ​ប្រមូលមនុស្សលោក នៅក្នុងព្រះសហគមន៏ ដែល “ជាពន្លកនិងជាដើមកំណើតនៃព្រះរាជ្យ​​របស់ព្រះអង្គ នៅលើផែនដី” (LG ៥)។

៥៤២. ព្រះគ្រីស្តជាកំពូលនៃការប្រមែប្រមូលនេះនៅក្នុង “ក្រុមគ្រួសាររបស់ព្រះជាម្ចាស់”។ ព្រះអង្គកោះហៅ​មនុស្សដោយសារព្រះបន្ទូល និងទីសម្គាល់ ដែលសម្ដែងថា ព្រះជាម្ចាស់គ្រងរាជ្យ ហើយដោយចាត់ក្រុម​សាវ័ក​ឱ្យទៅ។ ព្រះអង្គនឹងធ្វើឱ្យព្រះរាជ្យរបស់ព្រះអង្គកើតជារូបរាង ជាពិសេសនៅពេលដែលព្រះអង្គនឹង​សោយទិវង្គត និងមានព្រះជន្មថ្មី។ “រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាក់ទាញមនុស្ស​ទាំងអស់មកខ្ញុំ” (យហ ១២,៣២)។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យរួមរស់ជាមួយព្រះគ្រីស្ត (LG ៣)។

ការប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់

៥៤៣. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោកទាំងអស់ ឱ្យចូលក្នុងព្រះរាជ្យព្រះអង្គ។ ដំបូង ព្រះអង្គប្រកាស​ព្រះរាជ្យ​​នេះ​ឱ្យ​​ជនជាតិអ៊ីស្រាអែលដឹង​ (មថ ១០,៥-៧) ក្រោយមក ព្រះរាជ្យព្រះអង្គនឹងទទួល​មនុស្សគ្រប់​ជាតិ​សាសន៍ (មថ ៨,១១)។ ដើម្បីចូលក្នុងព្រះរាជ្យព្រះអង្គ ត្រូវតែទទួលព្រះបន្ទូលរបស់ព្រះយេស៊ូ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រៀបដូចជាគ្រាប់​​​ពូជម៉្យាង​​​ព្រោះក្នុងចម្ការមួយ។ អស់អ្នក​ស្តាប់​ព្រះបន្ទូលនេះ ​ដោយ​ផ្ញើ​​​ជីវិតលើព្រះអង្គ ចូល​​​រួម​​​ក្នុងក្រុមតូចរបស់ព្រះគ្រីស្ត។ បន្ទាប់មក ​គ្រាប់ពូជ​នោះ​ដុះពន្លក​​​ឡើង​​​ និងចម្រើនឡើង រហូត​ដល់​​​ពេលចម្រូត (LG ៥)។

៥៤៤. ព្រះរាជ្យជាកម្មសិទិ្ធរបស់ អ្នកក្រីក្រ និងអ្នកតូចតាច គឺអស់អ្នកដែលបានទទួលព្រះរាជ្យនេះ ដោយមាន​ចិត្តសុភាពរាបសា។ ព្រះជាម្ចាស់ចាត់ព្រះយេស៊ូឱ្យយាង “ទៅប្រាប់ជនក្រីក្រ” (លក៤,១៨) (លក ៧,២២)។ អ្នក​នោះមានសុភមង្គលដ្បិត “ពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ” (មថ ៥,៣)។ ព្រះបិតា​បានសម្ដែង​ការ​​ទាំង​នោះ​ឱ្យមនុស្ស “តូចតាច” យល់ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ (មថ ១១,២៥)។ ព្រះយេស៊ូមានរបៀបរស់នៅដូចអ្នកក្រីក្រ ពីពេលព្រះអង្គប្រសូតក្នុង​ក្រោលសត្វ​រហូតដល់ពេល​ព្រះអង្គ​សោយ​ទិវង្គតនៅលើឈើឆ្កាង។ ព្រះអង្គក៏ស្គាល់ការអត់ឃ្លាន (មថ ១១,១៨) ការស្រេចទឹក (យហ ៤,៦-៧) និងភាពក្រីក្រ (លក ៩,៥៨)។​ លើសពីនេះទៅទៀត ព្រះអង្គក៏យកអ្នកក្រីក្រគ្រប់យ៉ាងធ្វើជាតំណាងព្រះអង្គ ហើយមានព្រះ​បន្ទូលថា អ្នកណាប្រព្រឹត្តអំពើល្អចំពោះអ្នកតូចតាចនោះ អ្នកនោះអាចចូលក្នុងព្រះរាជ្យព្រះអង្គបាន (មថ ២៥,៣១-៤៦)។

៥៤៥. ព្រះយេស៊ូអញ្ជើញអ្នកបាប ឱ្យចូលរួមក្នុងព្រះរាជ្យព្រះអង្គ៖ “ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំ​មក​រក​មនុស្សបាប” (មក ២,១៧)។ ព្រះអង្គសូមឱ្យគេប្រែចិត្តគំនិត ដើម្បីឱ្យគេអាចចូលក្នុងព្រះរាជ្យបាន ប៉ុន្តែ ដោយ​​មានព្រះបន្ទូល និងដោយប្រព្រឹត្តកិច្ចការ ព្រះ​អង្គសម្ដែងនូវធម៌មេត្តាករុណាឥតព្រំដែនរបស់ព្រះបិតា​ចំពោះ​គេ (លក ១៥,១១-៣២) ដែលទ្រង់ “មានអំណរសប្បាយដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត” (លក ១៥,៧)។ ព្រះអង្គនឹងបង្ហាញភស្តុតាងអំពីសេចក្ដីស្រលាញ់នេះ ពេលព្រះអង្គនឹងបូជាព្រះជន្មព្រះអង្គផ្ទាល់ ដើម្បី “លើក​លែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប” (មថ ២៦,២៨)។

៥៤៦. ព្រះយេស៊ូត្រាស់ហៅមនុស្សលោកឱ្យចូលក្នុងព្រះរាជ្យដោយប្រើ ពាក្យប្រស្នា ជាលក្ខណៈពិសេសនៃការប្រៀនប្រដៅរបស់ព្រះអង្គ (មក ៤,៣៣-៣៤)។ តាមរយៈពាក្យប្រស្នានោះ ព្រះអង្គអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀងនៃព្រះរាជ្យ (មថ ២២,១-១៤) ប៉ុន្តែ ទ្រង់សូមឱ្យយើងសម្រេចចិត្តជាដាច់ខាត គឺដើម្បីចូលក្នុងព្រះរាជ្យត្រូវថ្វាយអ្វីៗទាំងអស់ (មថ ១៣,៤៤-៤៥) ហើយយើងមិនគ្រាន់តែត្រូវនិយាយតែមាត់ទេ ​ត្រូវផ្តល់សក្ខីភាពផង (មថ ២១,២៨-៣២)។ ពាក្យប្រស្នាប្រៀបធៀបដូចជាកញ្ចក់ចំពោះមនុស្ស គឺតើគេ​ទទួល​ព្រះ​បន្ទូល​ដូចជាដីមានថ្ម ឬដូចជាដីមានជីជាតិល្អ (មថ ១៣,៣-៩)? តើគេធ្វើអ្វីខ្លះនឹង​អំណោយ​ទាន​ដែល​គេ​បាន​​ទទួល (មថ ២៥,១៤-៣០)? ពាក្យប្រស្នាសម្ដែងដ៏លាក់កំបាំងព្រះយេស៊ូ និងវត្តមាននៃព្រះរាជ្យ​នៅលើ​ពិភព​លោក​នេះ។ ត្រូវចូលក្នុងព្រះរាជ្យ គឺត្រូវធ្វើជាសាវ័ករបស់ព្រះគ្រីស្តដើម្បី “យល់គម្រោងការដ៍លាក់កំបាំង​របស់​ព្រះរាជ្យ​នៃស្ថានបរមសុខ” (មថ ១៣,១១)។​ រីឯចំពោះអ្នកដែល “នៅខាងក្រៅ” (មក ៤,១១) វិញ គេមិន​អាច​យល់​​​​សេចក្ដីនៃពាក្យប្រស្នាទាល់តែសោះ (លក ៧,១៨-២៣)។

ទីសម្គាល់នៃព្រះរាជ្យរបស់ព្រះជាម្ចាស់

៥៤៧. ព្រះយេស៊ូមានព្រះបន្ទូលប្រកបដោយ “ភាពអស្ចារ្យ ឫទិ្ធបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ” (កក ២,២២) ដែលបង្ហាញថា ព្រះរាជ្យស្ថិតនៅក្នុងអង្គព្រះអង្គ ហើយដែលបញ្ជាក់ថា ព្រះយេស៊ូជាព្រះមេស្ស៊ី តាមព្រះបន្ទូលសន្យាទុកជាមុន​ (លក ៧,១៨-២៣)។

៥៤៨. ព្រះយេស៊ូប្រពឹ្រត្តទីសម្គាល់ ដែលផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះអង្គឱ្យយាងមក (យហ ៥,៣៦)។ ដោយសារទីសម្គាល់នោះ ព្រះយេស៊ូសូមឱ្យយើងផ្ញើជីវិតលើព្រះអង្គ (យហ ១០,៣៨)។ ព្រះអង្គ​ប្រទាន​​​ឱ្យអស់អ្នកដែលអង្វរព្រះអង្គដោយមានចិត្តជឿលើព្រះអង្គនូវអ្វីដែលគេត្រូវការ (មក ៥, ២៥-៣៤)។ ដូច្នេះ ការអស្ចារ្យពង្រឹងជំនឿលើព្រះយេស៊ូ ដែលបំពេញកិច្ចការនៃព្រះបិតា គឺការអស្ចារ្យផ្ដល់​សក្ខីភាព​ថា ព្រះអង្គជាព្រះបុត្រារបស់ព្រះ​ជាម្ចាស់ (យហ ១០,៣១-៣៨)។ ប៉ុន្តែ ដោយសារការអស្ចារ្យ
នោះ មាន​មនុស្ស​ខ្លះ​អាច “រវាតចិត្តចេញពីជំនឿ” បានដែរ (មថ ១១,៦) គឺព្រះអង្គគ្មានព្រះហឫទ័យបំពេញចិត្តមនុស្ស ដែល​ចង់​ដឹង ឬចង់បានមន្តអាគម​ទេ។ ទោះ​បី​ព្រះយេស៊ូប្រព្រឹត្តការអស្ចារ្យល្អប្រសើរយ៉ាងណាក៏ដោយ ក៏អ្នកខ្លះបោះបង់ព្រះ​អង្គ​​ចោល (យហ ១១,៤៧-៤៨) អ្នកខ្លះទៀតចោទព្រះអង្គថា ព្រះអង្គប្រព្រឹត្តការអស្ចារ្យ ព្រោះស្ដេច​ខ្មោចបាន​ប្រគល់​​អំណាច​ឱ្យព្រះអង្គ (មក ៣,​២២)។

៥៤៩. ដោយរំដោះមនុស្សខ្លះឱ្យរួចពីការអត់ឃ្លាន (យហ ៦,៥-១៥) អំពើអយុត្តិធម៌ (លក ១៩,៨)  ជំងឺ និង​សេចក្ដី​ស្លាប់ (មថ ១១,៥) ព្រះយេស៊ូបានប្រទានទីសម្គាល់នៃការសង្រ្គោះ។ ព្រះអង្គមិនមែនយាងមកដើម្បីរំដោះយើងឱ្យរួចពីអំពើអាក្រក់ទាំងឡាយ (លក ១២,១៣.១៤) ប៉ុន្តែព្រះអង្គយាងមក ​ដើម្បីរំដោះមនុស្សលោក​​​ឱ្យ​រួចពីអំពើអាក្រក់ធ្ងន់​ជាងគេ គឺអំពើបាប (យហ ៨,៣៤-៣៦) ដែលនាំឱ្យមនុស្សលោកធ្វើជាទាសករ មិន​​អាច​ធ្វើ​ជាបុត្រធីតារបស់ព្រះ​ជាម្ចាស់បាន ហើយដែលជាដើមហេតុនៃទុក្ខលំបាកទាំងអស់របស់មនុស្ស​លោក។

៥៥០. ព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមក បានសេចក្ដីថា ព្រះរាជ្យរបស់មារសាតាំងបរាជ័យដែរ (មថ ១២,២៦)៖ “បើខ្ញុំដេញ​ខ្មោចដោយព្រះ​វិញ្ញាណរបស់ព្រះជាមា្ចស់ បានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមកដល់​អ្នក​រាល់​គ្នាហើយ” (មថ ១២,​២៨)។ ពេលព្រះយេស៊ូដេញខ្មោច ព្រះអង្គរំដោះមនុស្សឱ្យ​រួចពីខ្មោច​ដែលគ្រប់​គ្រង​​លើ​ពួកគេដែរ (លក ៨,២៦-៣៩) និងជាទីសម្គាល់ទុកជាមុនថា ព្រះអង្គនឹងទទួលជោគជ័យលើ “ចៅហ្វាយ​របស់​មនុស្សលោក” (យហ ១២,៣១)។ ពេលព្រះគ្រីស្តនឹងសោយទិវង្គតលើឈើឆ្កាង ព្រះជាម្ចាស់នឹង​សោយ​រាជ្យ​ផងដែរ៖ “ព្រះជាម្ចាស់គ្រងរាជ្យលើឈើឆ្កាង”។

កូនសោនៃព្រះរាជ្យរបស់ព្រះជាម្ចាស់

៥៥១. ពេលចាប់ផ្ដើមជីវិតជាសាធារណៈ ព្រះយេស៊ូជ្រើសរើសមនុស្សដប់ពីរនាក់ ដើម្បីឱ្យគេនៅជាមួយ​ព្រះ​អង្គ និងចូលរួមក្នុងបេសកកម្មរបស់ព្រះអង្គ (មក ៣,១៣-១៩)។ ព្រះអង្គចែកអំណាចរបស់ព្រះអង្គឱ្យ​គេហើយ “ចាត់គេឱ្យចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នក ជំងឺឱ្យបានជាផង” (លក ៩,២)។ ពួកគេរួមនៅក្នុងព្រះរាជ្យព្រះគ្រីស្តជានិច្ច ដ្បិតព្រះអង្គណែនាំព្រះសហគមន៍តាមរយៈពួកគេ៖ ខ្ញុំប្រគល់ព្រះរាជ្យឱ្យអ្នករាល់គ្នាដូចព្រះបិតាបានប្រគល់មកឱ្យខ្ញុំដែរ។ ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល័្លង្ក ដើម្បីគ្រប់គ្រងលើកុលសម្ពន្ធទាំងដប់ពីរនៃជនជាតិ​អ៊ីស្រាអែល (លក ២២,២៩-៣០)។

៥៥២. លោកស៊ីម៉ូនសិលាជាប្រធានក្រុមទាំងដប់ពីរនាក់ (មក ៣,១៦)។​ ព្រះយេស៊ូបានប្រគល់ឱ្យ​លោក​មានបេសកកម្មដ៏សំខាន់បំផុត។ ដោយសារព្រះជាម្ចាស់បានសម្ដែងឱ្យលោកដឹង លោកបានប្រកាសថា៖ “លោក​​​ជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ”។ ព្រះអម្ចាស់នៃយើងបានឆ្លើយតបថា៖ “អ្នក​ឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្ដីស្លាប់ពុំមាន​អំណាច​លើព្រះសហគមន៍នេះបានឡើយ” (មថ ១៦,១៨)។ ព្រះគ្រីស្ត “ជាសិលាដ៏មានជីវិត” (១ពត្រ ២,៤) ធានាថា ព្រះ​​សហគមន៍ ដែលមានលោកសិលាជាគ្រឹះ នឹងទទួលជោគជ័យលើអំណាចនៃសេចក្ដីស្លាប់។ ដោយសារ​លោក​​សិលាបានប្រកាសជំនឿ លោកនឹងទៅជាផ្ទាំងថ្មដ៏រឹងមាំនៃព្រះសហគមន៍។ លោកមានបេសកកម្ម​ការពារ​ជំនឿ​នេះអំពីកំហុសទាំងអស់ ព្រមទាំងពង្រឹងជំនឿរបស់បងប្អូនលោកផងដែរ (លក ២២,៣២)។

៥៥៣. ព្រះយេស៊ូបានប្រគល់ឱ្យលោកសិលានូវអំណាចដ៏ពិសេស៖ “ខ្ញុំនឹងប្រគល់កូនសោព្រះរាជ្យនៃស្ថាន​បរម​​សុខ​ឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីននេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ” (មថ ១៦,១៩)។ “អំណាចនៃកូនសោ” សម្ដៅទៅលើអ្នក ដែលមានអំណាចគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ គឺព្រះសហគមន៍។ ព្រះយេស៊ូដែល​ជា “គង្វាលដ៏ល្អ” (យហ ១០,១១) បានបញ្ជាក់បន្ទុកនេះ ក្រោយពីព្រះអង្គមានព្រះជន្មថ្មី៖ “សូមថែរក្សាកូនចៀមរបស់ខ្ញុំផង” (យហ ២១,១៥-១៧)។​ អ្នកណាមានអំណាច “ចង ​និងស្រាយ” គឺមានអំណាចលើក​លែង​ទោសឱ្យរួចពីបាប កាត់ក្ដីតាមលទ្ធិនៃសាសនា និងធ្វើការសម្រេចចិត្តខាងវិន័យក្នុងព្រះសហគមន៍។ ព្រះយេស៊ូបានប្រគល់អំណាចនេះឱ្យព្រះសហគមន៍ តាមរយៈក្រុមគ្រីស្តទូត (មថ ១៨,១៨) ជាពិសេស​តាម​រយៈ​លោកសិលាតែម្នាក់គត់ ដែលបានទទួលកូនសោនៃព្រះរាជ្យពីព្រះអង្គ យ៉ាងច្បាស់លាស់។

ព្រះយេស៊ូប្រែទ្រង់ទ្រាយសម្ដែងអំពីព្រះរាជ្យទុកជាមុន

៥៥៤. ចាប់ពីថ្ងៃដែលលោកសិលាបានប្រកាសថា ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែល​មាន​ព្រះជន្មគង់នៅ លោកគ្រូយេស៊ូ “ចាប់ផ្ដើមប្រាប់ឱ្យពួកសាវ័កដឹងថា ព្រះអង្គត្រូវតែយាងទៅក្រុង​យេរូសាឡឹម រងទុក្ខលំបាកយ៉ាងខ្លាំង (...) សោយទិវង្គត តែបីថ្ងៃក្រោយ ព្រះអង្គនឹងមានព្រះជន្មថ្មី” (មថ ១៦,២១)។ លោកសិលាបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ (មថ ១៦,២២-២៣) ឯសាវ័ក​ឯទៀត​ ពួកគេមិនយល់ព្រះបន្ទូលនេះផងដែរ (មថ ១៧,២៣)។ ក្នុងកាលៈទេសៈនេះ ព្រះយេស៊ូប្រែទ្រង់ទ្រាយ (មថ ១៧,១-៨; ២ពត្រ ១,១៦-១៨) នៅ​លើ​ភ្នំខ្ពស់ ចំពោះមុខសាក្សីបីនាក់ ដែលព្រះអង្គបានជ្រើសរើស គឺលោក​សិលា លោកយ៉ាកុប និងលោក​យ៉ូហាន។​ ព្រះភ័ក្រ្ត និងព្រះពស្រ្តរបស់ព្រះយេស៊ូពោរពេញដោយពន្លឺត្រចះត្រចង់ លោកម៉ូសេ​​​​​​​ និងលោក​អេលី​លេច​មក ហើយ “មានប្រសាសន៍អំពីដំណើរ ដែល​ព្រះអង្គត្រូវសោយទិវង្គត​នៅក្រុង​យេរូសាឡឹម” (លក ៩,​៣១)។ មានពពកមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូសៀងបន្លឺពីលើមេឃថា៖ “ព្រះអង្គនេះជាបុត្រ ដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ” (លក ៩,៣៥)។

៥៥៥. ក្នុងពេលតែមួយ ព្រះយេស៊ូសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ទើបបញ្ជាក់ការប្រកាសរបស់លោក
​សិលា។ ម្យ៉ាងទៀតព្រះអង្គបង្ហាញថាដើម្បី “ចូលក្នុងសិរីរុងរឿងរបស់ព្រះអង្គ” (លក ២៤,២៦) ព្រះអង្គត្រូវតែសោយទី​​​​​វង្គតនៅលើឈើឆ្កាង នៅទីក្រុងយេរូសាឡឹម។ លោកម៉ូសេ​ និងលោកអេលីបានឃើញសិរីរុងរឿងរបស់ព្រះ​ជាម្ចាស់នៅលើភ្នំ ឯធម្មវិន័យ និងព្យាការីបានប្រកាសទុកជាមុនថា ព្រះមេស្ស៊ីត្រូវតែរងទុក្ខលំបាក (លក ២៤,២៧)។ ព្រះបិតាសព្វព្រះហឫទ័យឱ្យព្រះយេស៊ូរងទុក្ខលំបាកមែន គឺព្រះបុត្រាប្រព្រឹត្តដូចអ្នកបម្រើរបស់ព្រះជាម្ចាស់ (អស ៤២,១)។ ពពកសម្ដែងនូវវត្តមានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ៖ “ព្រះត្រៃឯកទាំងអស់លេចមក គឺព្រះបិតានៅក្នុងព្រះសូសៀង ព្រះបុត្រានៅក្នុងមនុស្ស ព្រះវិញ្ញាណនៅក្នុងពពក” (សន្ត ថូម៉ាស  នៃអាកាំង)។ ព្រះអង្គបានប្រែទ្រង់ទ្រាយនៅលើភ្នំ ហើយតាមតែគេអាចធ្វើបាន ពួកសាវ័ករបស់ព្រះអង្គបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ព្រះគ្រីស្តជាព្រះជាម្ចាស់ ដើម្បីឱ្យនៅពេលគេនឹងឃើញព្រះអង្គត្រូវគេឆ្កាង គេយល់ថា ព្រះអង្គស្ម័គ្រចិត្តរងទុក្ខលំបាក ហើយដើម្បីឱ្យគេទៅប្រកាសប្រាប់ពិភពលោកថា ព្រះអង្គពិតជារស្មីរបស់ព្រះបិតា (ពិធីបុណ្យខាងបូព៌ាប្រទេស)។

៥៥៦. មុនចាប់ផ្ដើមជីវិតជាសាធារណៈ ព្រះយេស៊ូជ្រមុជទឹក ហើយមុនសោយទិវង្គត និងមានព្រះជន្មរស់ឡើង​វិញ ព្រះអង្គក៏ប្រែទ្រង់ទ្រាយ។ ដោយសារព្រះយេស៊ូជ្រមុជទឹក ព្រះអង្គសម្ដែងឱ្យយើងដឹងអំពី “កំណើតថ្មីលើកទីមួយរបស់យើង” គឺបុណ្យជ្រមុជទឹករបស់យើង ឯពេលព្រះអង្គប្រែទ្រង់ទ្រាយ ទ្រង់សម្ដែងនូវ “​អគ្គសញ្ញា​នៃកំណើត​ទី​ពីរ” គឺយើងនឹងមានជីវិតថ្មី។ ពីពេលនេះទៅ យើងចូលរួមចំណែកក្នុងព្រះអម្ចាស់​ ដែល​មានព្រះជន្មថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រព្រឹត្តកិច្ចការ​ក្នុងអគ្គសញ្ញានានានៃ​ព្រះកាយ​ព្រះ​គ្រីស្ត។ ការប្រែទ្រង់ទ្រាយរបស់ព្រះយេស៊ូសម្ដែងថា ព្រះអង្គនឹងយាងមកវិញប្រកបដោយសិរីរុងរឿង ហើយទ្រង់នឹង “ផ្លាស់ប្តូរ​រូបកាយដ៏ថោកទាបរបស់យើងនេះ ឱ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ” (ភីល ៣,២១)។ ប៉ុន្តែ ការប្រែទ្រង់ទ្រាយរបស់ព្រះយេស៊ូរំលឹកឱ្យយើងដឹងថា “យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បី​ឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (កក ១៤,២២)។

លោកសិលាមិនទាន់បានយល់សេចក្ដីនេះ នៅពេលលោកមានបំណងចង់ស្នាក់នៅជាមួយព្រះគ្រីស្តនៅលើភ្នំ (លក ៩,៣៣)។ លោកសិលាអើយ! ព្រះអង្គបានបម្រង់ទុកបំណងនេះ នៅពេលលោកនឹងស្លាប់។ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលថា៖ ចូរចុះដើម្បីរងទុក្ខលំបាកនៅលើផែនដី ដើម្បីបម្រើនៅលើផែនដី ដើម្បីត្រូវគេប្រមាថមើលងាយ ត្រូវគេឆ្កាងនៅលើផែនដី។ ជីវិតចុះដើម្បីត្រូវគេសម្លាប់ នំបុ័ងចុះដើម្បីឃ្លាន ផ្លូវចុះដើម្បីអស់កម្លាំងក្នុងការធ្វើដំណើរ ប្រភពចុះដើម្បីស្រេកទឹក ហើយអ្នកបដិសេធមិនព្រមរងទុក្ខលំបាក (សន្ត អូគូស្តាំង)។

ព្រះយេស៊ូឡើងទៅទីក្រុងយេរូសាឡឹម

៥៥៧. “លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម” (លក ៩,៥១) (យហ ១៣,១) គឺព្រះអង្គបង្ហាញថា ព្រះអង្គយាងទៅទីក្រុង​យេរូសាឡឹម ដើម្បី​ត្រៀមខ្លួន​សោយទិវង្គត។ អស់បីដងហើយ ព្រះអង្គបានប្រកាសថា នឹងរងទុក្ខលំបាក និង​មាន​​ព្រះ​ជន្ម​​រស់​​ឡើង​វិញ (មក ៨,៣១-៣៣; ៩,៣១-៣២; ១០,៣២-៣៤)។ ពេលធ្វើដំណើរ​ទៅទីក្រុង ​យេរូសាឡឹម ព្រះអង្គមាន​ព្រះ​បន្ទូលថា៖ “មិនគួរ​ឱ្យព្យាការីស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ” (លក ១៣,៣៣)។

៥៥៨. ព្រះយេស៊ូរំលឹកអំពីព្យាការីទាំងប៉ុន្មាន​ដែលត្រូវគេសម្លាប់នៅទីក្រុងយេរូសាឡឹម (មថ ២៣,៣៧ក)។ ប៉ុន្តែ ព្រះអង្គនៅតែត្រាស់ហៅអ្នកទីក្រុងយេរូសាឡឹមឱ្យមកប្រមូលផ្តុំគ្នារួមជាមួយព្រះអង្គ៖ “ច្រើនលើកច្រើន​សា​មក​ហើយ ​ដែលខ្ញុំចង់ប្រមូលផ្តុំអ្នករាល់គ្នាដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ” (មថ ២៣,៣៧ខ)។ ពេលព្រះអង្គទតឃើញទីក្រុងយេរូសាឡឹម ទ្រង់ព្រះកន្សែង និងសម្ដែងបំណង​ប្រាថ្នា​របស់​ព្រះ​អង្គថា៖ “នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យ​នៅ​លាក់​កំបាំងនៅឡើយ អ្នកពុំបានឃើញទេ” (លក ១៩,៤២)។

ព្រះយេស៊ូយាងចូលទីក្រុងយេរូសាឡឹម

៥៥៩. តើអ្នកក្រុងយេរូសាឡឹមនឹងទទួលព្រះមេស្ស៊ីរបស់ពួកគេយ៉ាងដូចម្ដេច​? ព្រះយេស៊ូ​តែង​តែបាន​គេចផុតពី​អស់អ្នក​ដែលចង់តែងតាំងព្រះអង្គធ្វើជាស្ដេច (យហ ៦,១៥)​ ប៉ុន្តែ ព្រះអង្គជ្រើសរើសពេលវេលា និងរៀប​ចំ​យ៉ាង​ល្អិតល្អន់​អំពីពេលព្រះអង្គនឹងចូលក្នុងទីក្រុងរបស់ “ព្រះបាទដាវីឌជាព្រះអយ្យកោរបស់ព្រះអង្គ” (លក ១,៣២) (មថ ២១,១-១១)។ គេ​លើក​តម្កើងព្រះអង្គជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះអង្គដែលនាំការសង្រ្គោះមក (Hosanna​ មានន័យថា “ចូរសង្រ្គោះយើងទៅ!” “ចូរនាំការសង្រ្គោះមក!”)។ ប៉ុន្តែ “ព្រះមហាក្សត្រ​ប្រកបដោយសិរីរុងរឿង” (ទន ២៤,៧-១០) យាងចូលក្នុងទីក្រុងរបស់ព្រះអង្គដោយ “គង់នៅលើខ្នងលា” (សក ៩,៩) គឺព្រះអង្គមិនយក​ដណ្ដើម​​កូនស្រីនៃទីក្រុងស៊ីយ៉ូន ជាតំណាងព្រះសហគមន៍ព្រះអង្គ ដោយប្រើ​កល​ល្បិ​ច ឬ​​អំពើហិង្សាឡើយ តែ​ដោយ​មានចិត្តសុភាពរាបសា ដែលផ្ដល់សក្ខីភាពនៃសេចក្ដីពិត (យហ ១៨,៣៧)។ ហេតុនេះ នៅថ្ងៃនោះ ​ក្មេងៗ (មថ ២១,១៥-១៦; ទន ៨,៣) និង “អ្នកដែលពឹងផ្អែកលើព្រះជាម្ចាស់” លើកតម្កើងព្រះ​អង្គ ដូចពួក​ទេវទូត​បាន​ប្រកាស​ទៅពួកគង្វាល​ (លក ១៩,៣៨; ២,១៤)។ ពេលថ្វាយអភិបូជា ​ព្រះសហគមន៍​ច្រៀង​ពាក្យសរសើរ​របស់គេ “សូមលើកតម្កើងសិរីរុងរឿងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់” (ទន ១១៨,២៦) ក្នុងធម៌​ “ព្រះដ៍វិសុទ្ធ” មុនរំលឹកថា ព្រះ
អម្ចាស់បានសោយទិវង្គត និងមានព្រះជន្មថ្មី។

៥៦០. ព្រះយេស៊ូ ដែលយាងចូលទីក្រុងយេរូសាឡឹមបង្ហាញថា ព្រះរាជ្យរបស់ព្រះជាម្ចាស់ ដែល​ព្រះមហាក្សត្រ​-ព្រះ​មេស្សី​នឹងសម្រេចដោយសោយទិវង្គត និងមានព្រះជន្មថ្មី យាងមកដល់ហើយ។ ​ព្រះសហគមន៍​ចូល​ក្នុង​អាទិត្យពិសិដ្ឋ ដោយប្រារព្ធបុណ្យហែស្លឹក ជាបុណ្យរំលឹកព្រះយេស៊ូយាងចូលទីក្រុង យេរូសាឡឹម។

សង្ខេប

៥៦១. ជីវិតទាំងស្រុងរបស់ព្រះគ្រីស្តដូចជាមេរៀន គឺពេលព្រះអង្គនៅស្ងៀម ការអស្ចារ្យ កាយវិការ ការ​អធិដ្ឋាន​របស់​ព្រះអង្គ សេចក្ដីស្រលាញ់របស់ព្រះអង្គចំពោះមនុស្ស ធម៌ទេសនារបស់ព្រះអង្គ​ចំពោះអ្នក​តូច​តាច និងអ្នក​ក្រីក្រ ការបូជាព្រះជន្មរបស់ព្រះអង្គនៅលើឈើឆ្កាងដើម្បីសង្រ្គោះពិភពលោក ការមានព្រះជន្មថ្មី​របស់​ព្រះអង្គ អ្វីៗទាំងអស់នោះធ្វើ​ឱ្យព្រះបន្ទូលរបស់ព្រះអង្គកើតជារូបរាង និងសម្ដែង​ព្រះអង្គ​ឱ្យបាន​ពេញ​លក្ខណៈ (CT ៩)។

៥៦២. សាវ័ករបស់ព្រះគ្រីស្តត្រូវតែសម្របខ្លួនឱ្យដូចព្រះអង្គ រហូតដល់ព្រះអង្គសណ្ឋិតនៅក្នុងខ្លួនគេ (កាឡ ៤,១៩)។ហេតុនេះហើយ បានជាព្រះជាម្ចាស់បានលើក​​​យើង​​​ឱ្យចូលក្នុង​​​គម្រោងការដ៏អស្ចារ្យ​​​នៃព្រះ​​​ជន្មរបស់ព្រះគ្រីស្ត យើងធ្វើឱ្យបានដូចព្រះគ្រីស្ត រួម​​​ជាមួយព្រះអង្គ ដែលសោយទិវង្គត ហើយក៏រួមជាមួយ​ព្រះអង្គ ដែល​មានព្រះជន្ម​ថ្មី ដោយរង់ចាំឱ្យបានរួបរួមជាមួយព្រះ​​​អង្គ ដែលសោយរាជ្យ” (LG ៧)។

៥៦៣. ទោះជាគង្វាល ឬហោរាចារ្យក្តី យើងអាចឈានទៅដល់ព្រះជាម្ចាស់ លុះត្រាតែយើងលុតជង្គង់ពីមុខស្នូកសត្វនៃភូមិបេថ្លេហិម ដោយក្រាបថ្វាយបង្គំព្រះអង្គ ដែលលាក់ខ្លួនក្នុងកូនក្មេងដ៏ទន់ខ្សោយម្នាក់។

៥៦៤. ដោយចុះចូលក្រោមនាងម៉ារី និងលោកយ៉ូសែប ហើយដាក់ខ្លួនធ្វើការអស់រយៈពេលជាច្រើនឆ្នាំ នៅភូមិណាសារ៉ែត ព្រះយេស៊ូផ្តល់គំរូឱ្យយើងយល់ថា យើងអាចធ្វើជាសន្ត ឬសន្តីបុគ្គលម្នាក់ក្នុងការរស់នៅ​ប្រចាំថ្ងៃនៃក្រុមគ្រួសារ និងក្នុងការងារ។

៥៦៥. តាំងពីដំបូងនៃជីវិតជាសាធារណៈរបស់ព្រះអង្គ នៅពេលដែលព្រះអង្គជ្រមុជទឹក ព្រះយេស៊ូជាអ្នកបម្រើដែលថ្វាយខ្លួនទាំងស្រុងចំពោះព្រះរាជកិច្ចនៃការសង្រ្កោះ ដែលនឹងកើតឡើង ដោយពិធីជ្រមុជនៃ​ទុក្ខលំបាករបស់ព្រះអង្គ។

៥៦៦. ការល្បួងនៅវាលរហោស្ថានបង្ហាញថា ព្រះយេស៊ូជាព្រះមេស្ស៊ីដ៏សុភាពរាបសា ដែលឈ្នះ​សាតាំង ដោយភ្ជាប់ព្រះហឫទ័យទាំងស្រុងទៅនឹងគម្រោងការនៃការសង្រ្គោះរបស់ព្រះបិតា។

៥៦៧. ព្រះគ្រីស្តបានចាប់ផ្ដើមព្រះរាជ្យនៃស្ថានបរមសុខនៅលើផែនដីនេះ។ព្រះគ្រីស្ត​​​​​​បញ្ចាំងពន្លឺនៃព្រះ​​​រាជ្យ​​​នោះ ដោយ​ព្រះបន្ទូល ដោយស្នាព្រះហស្តផ្សេងៗ និង​​​ដោយគង់នៅជាមួយមនុស្ស​​​លោកផង” (LG ៥)។ ព្រះសហគមន៍ជាពូជ និងជាការចាប់ផ្ដើមនៃព្រះរាជ្យនេះ។ ព្រះអង្គបានប្រគល់កូនសោនៃព្រះ​សហគមន៍ឱ្យលោកសិលា។

៥៦៨. ព្រះគ្រីស្តប្រែទ្រង់ទ្រាយ ដើម្បីពង្រឹងជំនឿរបស់ក្រុមគ្រីស្តទូត មុនព្រះអង្គរងទុក្ខលំបាក។ ការ ឡើងនៅលើភ្នំដ៏ខ្ពស់រៀបចំការឡើងនៅលើភ្នំនៃទុក្ខលំបាក។ ព្រះគ្រីស្ត ដែលជាព្រះសិរសានៃព្រះសហគមន៍ សម្ដែងឱ្យយើងឃើញនូវអ្វីដែលព្រះកាយរបស់ព្រះអង្គមាន និងដែលភ្លឺចិញ្ចែងចិញ្ចាច នៅក្នុងអគ្គសញ្ញា គឺឱ្យ​​យើងសង្ឃឹមថា នឹង​ទទួលសិរីរុងរឿង” (កូឡ ១,២៧) (សន្ត ឡេអុងដ៏ប្រសើរ)។

៥៦៩. ព្រះគ្រីស្តស្ម័គ្រចិត្តឡើងនៅទីក្រុងយេរូសាឡឹម ដោយដឹងថា ព្រះអង្គនឹងសោយទិវង្គតយ៉ាង​សាហាវ ដោយសារអ្នកបាបប្រឆាំងនឹងព្រះអង្គ (ហប ១២,)

៥៧០. នៅពេលដែលព្រះយេស៊ូយាងចូលទីក្រុងយេរូសាឡឹម ព្រះអង្គបង្ហាញថា ព្រះរាជ្យយាងមកដល់ ហើយ។ ព្រះមហាក្សត្រ-ព្រះមេស្ស៊ី ដែលកូនក្មេង និងអ្នកសុភាពរាបសាទទួលស្វាគមន៍នៅក្នុងទីក្រុងរបស់ព្រះ​អង្គ នឹងសម្រេចព្រះរាជ្យនេះ ដោយសោយទិវង្គត និងមានព្រះជន្មថ្មី។

ប្រការទី៤៖ព្រះយេស៊ូគ្រីស្តបានសោយទុក្ខលំបាក នៅជំនាន់លោកប៉ុនពីឡាត ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត

ហើយព្រះសពព្រះអង្គត្រូវគេបញ្ចុះក្នុងរូងថ្មមួយ

៥៧១. គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មី ជាស្នូលនៃ​ដំណឹង​ល្អ ដែលក្រុមគ្រីស្តទូត និងព្រះសហគមន៍ត្រូវតែប្រកាសដល់ពិភពលោកទាំងមូល។ ព្រះជាម្ចាស់បានបំពេញ​គម្រោងការនៃការសង្រ្គោះ “តែម្ដងគត់” (ហប ៩,២៦) ដោយមានព្រះបុត្រារបស់ព្រះអង្គ ជាព្រះយេស៊ូ ​គ្រីស្ត​បាន​សោយ​ទិវង្គត ដើម្បីសង្រ្គោះមនុស្សលោក។

៥៧២. ព្រះសហគមន៍នៅតែស្មោះត្រង់នឹង “ការបកស្រាយនៃសេចក្ដីដែលមានចែងក្នុងគម្ពីរទាំងមូល” ដែលព្រះ​យេស៊ូ​ផ្ទាល់ព្រះអង្គបានប្រទានមុន និងក្រោយពេលព្រះអង្គសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ៖ “ព្រះគ្រីស្ត ត្រូវ​តែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ” (លក ២៤,២៦-២៧.៤៤-៤៥)។ ទុក្ខលំបាករបស់ព្រះយេស៊ូបានកើតជារូបរាង ក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដ្បិត “ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យនឹងបោះបង់ព្រះអង្គចោល” (មក ៨, ៣១) ហើយ “គេនឹងបញ្ជូនលោកទៅ​ក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឱ្យពួកនោះ ចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាង​សម្លាប់​លោក​ទៀតផង” (មថ ២០,១៩)។

៥៧៣. ដូច្នេះ អ្នកជឿអាចស្វែងយល់អំពីកាលៈទេសៈនៃសេចក្ដីស្លាប់របស់ព្រះយេស៊ូ ដែលដំណឹងល្អបានបញ្ជូន​យ៉ាង​ត្រឹម​​ត្រូវ (DV ១៩) ហើយដែលមានឯកសារខាងប្រវត្តិសាស្រ្តជួយបំភ្លឺ ដើម្បីយល់​កាន់តែច្បាស់​អំពីអត្ថន័យ​នៃ​ការ​សង្រ្គោះ។

កថាខណ្ឌទី១៖ ព្រះយេស៊ូ និងជនជាតិអ៊ីស្រាអែល

៥៧៤. លុះព្រះយេស៊ូចាប់ផ្ដើមប្រកាសដំណឹងល្អជាសាធារណៈ ពួកខាងគណៈផារីស៊ី និងពួកស្ដេច
ហេរ៉ូដ រួម​ជាមួយ​ពួក​បូជាចារ្យ និងពួកបណ្ឌិតខាងវិន័យខ្លះ ឃុបឃិតគ្នាដើម្បីធ្វើគុតព្រះអង្គ (មក ៣,៦)។ ដោយសារ​កិច្ចការ​ខ្លះរបស់ព្រះអង្គ (ដូចជាពេលព្រះអង្គដេញខ្មោចចេញពីមនុស្ស (មថ ១២,២៤) លើកលែងទោស​ឱ្យ​គេ​រួចពីបាប (មក ២,៧) ប្រោសអ្នក ជំងឺឱ្យបានជានៅថ្ងៃសប្ប័ទ (មក ៣,១-៦) បកស្រាយធម៌ វិន័យ​តាម​របៀប​​ផ្សេងពីគេ (មក ៧,១៤-២៣) ស្រលាញ់រាប់អានអ្នកទារពន្ធ និងអ្នកបាប (មក ២,១៤-១៧)) អ្នកខ្លះ​ ដែល​មានបំណងមិនល្អ ​បានសង្ស័យថា ព្រះអង្គមាន​ខ្មោច​ចូល (មក ៣,២២; យហ ៨,៤៨; ១០,២០)។ គេចោទ​ព្រះ​អង្គ​ថា ព្រះអង្គប្រមាថព្រះជាម្ចាស់ (មក ២,៧) ព្រះអង្គបញ្ឆោតប្រជាជន (យហ ៧,១២) ជាអំពើ​ឧក្រិដ្ឋ​ដែល​ធម្មវិន័យ​ដាក់ទោសដោយគប់នឹងដុំថ្មរហូតដល់ស្លាប់ (យហ ៨,៥៩)។

៥៧៥. ព្រះយេស៊ូបានប្រព្រឹត្តកិច្ចការ និងមានព្រះបន្ទូលជាច្រើន ធ្វើឱ្យមនុស្សខ្លះបាន“ជំទាស់ប្រឆាំង” (លក ២,៣៤) នឹងព្រះអង្គ។ មនុស្សទាំងអស់នោះ ជាមេដឹកនាំសាសនា​ ឬតាម​ដំណឹង​ល្អ​របស់​សន្ត​យ៉ូហាន “ជនជាតិយូដា” ច្រើន​ជាង​ប្រជាជនធម្មតា។​ ប៉ុន្តែ​ ព្រះយេស៊ូមានទំនាក់ទំនងល្អជាមួយនឹងពួកខាងគណៈផារីស៊ីដែរ គឺពួកគេប្រាប់ព្រះ​អង្គ​ទុក​​ជាមុនថា​ មានគេចង់សម្លាប់ព្រះអង្គ ព្រះយេស៊ូសរសើរពួកខាងគណៈផារីស៊ីខ្លះ ដូចជាគ្រូបណ្ឌិតខាងវិន័យក្នុង មក ១២,៣៤ ហើយទ្រង់ក៏សោយព្រះស្ងោយរួមជាមួយពួកផារីស៊ីជាច្រើនដងដែរ។ ព្រះយេស៊ូបញ្ជាក់សេចក្ដីខ្លះ​របស់មេដឹកនាំខាងសាសនានោះ ដូចជា មនុស្សស្លាប់នឹងមានជីវិតថ្មី របៀបធ្វើទាន តមអាហារ និងការអធិដ្ឋាន ទំនៀម​​ទំលាប់​នឹងសន្ទនាជាមួយព្រះជាម្ចាស់ដូចជាព្រះបិតា ហើយវិន័យសំខាន់ជាងគេអំពីសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងបងប្អូនឯទៀតៗ។

៥៧៦. ចំពោះមនុស្សជាច្រើន នៅប្រទេសអ៊ីស្រាអែល ព្រះយេស៊ូហាក់ដូចជាប្រព្រឹត្តប្រឆាំងនឹងរចនាសម័្ពន្ធដ៏​សំខាន់ៗ នៃប្រជាជនអ៊ីស្រាអែល៖
-ត្រូវតែប្រតិបតិ្តតាមធម្មវិន័យក្នុងគ្រប់ប្រការជាលាយល័ក្ខណ៍អក្សរ ហើយចំពោះពួកខាងគណៈផារីស៊ី ក្នុងការ​បកស្រាយ​​ធម្មវិន័យនេះផងដែរ។
-ព្រះវិហារនៅទីក្រុងយេរូសាឡឹមជាកន្លែងដ៏សំខាន់ និងដ៏វិសុទ្ធបំផុត ដែលមានព្រះជាម្ចាស់គង់នៅតាម​របៀប ​ពិសេស។
-ត្រូវតែជឿលើព្រះជាម្ចាស់តែមួយគត់ ដែលគ្មាននរណាម្នាក់អាចរួមចំណែកក្នុងសិរីរុងរឿងបានឡើយ។

១. ព្រះយេស៊ូ និងធម្មវិន័យ

៥៧៧. ពេលព្រះយេស៊ូចាប់ផ្តើមមានព្រះបន្ទូលអំពីសុភមង្គលដ៏ពិតប្រាកដ នៅលើភ្នំ ដែលព្រះអង្គបាន​ជួយបំភ្លឺ​ដោយ​មាន​ការប្រណីសន្តោសនៃសម័្ពន្ធមេត្រីថ្មី ធម្មវិន័យ​ដែលព្រះជាម្ចាស់ប្រោសប្រទាននៅលើភ្នំស៊ីណៃនៅក្នុង​សម័្ពន្ធ​មេត្រី​ទីមួយ ព្រះអង្គក៏ព្រមានយ៉ាងឱឡារិកថា៖ សូមកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬគម្ពីរព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើ​ឱ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញ។ ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងគម្ពីរវិន័យត្រូវលុបបំបាត់ឡើយ គឺគម្ពីរទាំងមូល នឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបញ្ញត្តិតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះ​នឹងមានឋានៈតូចជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀន​អ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ (មថ ៥,១៧-១៩)។

៥៧៨. តាមព្រះបន្ទូលរបស់ព្រះយេស៊ូផ្ទាល់ ព្រះអង្គដែលជាព្រះមេស្ស៊ីនៃជនជាតិអ៊ីស្រាអែល អ្នកធំជាង​គេក្នុង​ព្រះរាជ្យ​នៃស្ថានបរមសុខ ត្រូវតែបំពេញធម្មវិន័យដោយប្រតិបត្តិតាម ក្នុងគ្រប់ប្រការ រហូតដល់វិន័យតូចជាងគេ។ មាន​តែព្រះអង្គនេះហើយ ដែលបានប្រព្រឹត្តតាមគ្រប់លក្ខណៈ។ ជនជាតិយូដាបានសារភាពថា ពួកគេ​មិន​អាច​ប្រតិបត្តិតាមធម្មវិន័យឱ្យបានគ្រប់លក្ខណៈ ដោយមិនបំពានច្បាប់ណាមួយឡើយ។ ហេតុនេះហើយ ជា​រៀង​រាល់ឆ្នាំ​ នៅ​ពេល​គេធ្វើបុណ្យឱ្យរួចពីបាប គេអង្វរព្រះជាម្ចាស់ឱ្យព្រះអង្គលើកលេងទោសឱ្យគេ ដែល​​បានបំពានធម្មវិន័យ។ ធម្មវិន័យ និងប្រការនីមួយៗ​ជាបញ្ញត្តិតែមួយ ហើយដូចសន្តយ៉ាកុបរំលឹកយើង៖ “អ្នកណាប្រតិបត្តិតាមវិន័យទាំងមូល តែបំពានលើបញ្ញត្តិណាមួយ អ្នកនោះក៏ដូចជាខុសនឹងវិន័យទាំងមូលដែរ” (យក ២,១០)។

៥៧៩. ពួកផារីស៊ីចូលចិត្តប្រតិបត្តិតាមធម្មវិន័យទាំងស្រុង មិនគ្រាន់តែតាមចំអក្សរទេ ថែមទាំងតាមវិញ្ញាណផងដែរ។ ហេតុនះ នៅសម័យព្រះយេស៊ូ គេបាននាំជនជាតិយូដាជាច្រើនឱ្យប្រតិបត្តិតាមធម្មវិន័យយ៉ាងតឹងរឹង និងដាច់ខាត។ បើព្រះអង្គមិនព្រមជួយដោះស្រាយបញ្ហានីមួយៗដោយលម្អិតលម្អន់ធម្មវិន័យជ្រុលពេកដូច​ “ពួកអ្នកមានពុត” ព្រះអង្គក៏ត្រូវតែរៀបចំចិត្តគំនិតរបស់ប្រជាជនឱ្យយល់ថា ព្រះជាម្ចាស់នឹងធ្វើអន្តរាគមន៍យ៉ាងអស្ចារ្យ ដោយសារមនុស្សសុចរិតតែម្នាក់នឹងបំពេញធម្មវិន័យឱ្យបានគ្រប់លក្ខណៈជំនួសមនុស្សបាបទាំងឡាយ។

៥៨០. មានតែព្រះជាម្ចាស់ជាអ្នកតែងច្បាប់ ដែលកើតជាមនុស្ស នៅក្នុងអង្គព្រះបុត្រាព្រះអង្គ ក្រោមអំណាច​នៃ​ធម្មវិន័យ ដែលអាចបំពេញធម្មវិន័យបានពេញលក្ខណៈ (កាឡ ៤,៤)។ នៅក្នុងអង្គព្រះយេស៊ូ ធម្មវិន័យមិនមែន​ឆ្លាក់នៅលើផ្ទាំងថ្មទេតែ “នៅក្នុងជម្រៅចិត្ត” (យរ ៣១,៣៣) របស់អ្នកបម្រើ ដែលបានទៅជា “សម័្ពន្ធមេត្រីជាមួយប្រជាជន” (អស ៤២,៦) ដ្បិតព្រះអង្គ “នាំមកនូវការវិនិច័្ឆយពិតមែន” (អស ៤២,៣)។ ព្រះយេស៊ូបំពេញធម្មវិន័យរហូតដល់ទទួលយក “បណ្ដាសាដែលមកពីវិន័យ” (កាឡ ៣,១៣) ដែល “អស់អ្នកដែលមិនប្រតិបត្តិតាមធម្មវិន័យត្រូវបណ្ដាសា” (កាឡ ៣,១០) ដ្បិត “ព្រះគ្រីស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឱ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស​កាលនៅក្រោមសម័្ពន្ធមេត្រីទីមួយ” (ហប ៩,១៥)។

៥៨១. ជនជាតិយូដា និងមេដឹកនាំសាសនាបានចាត់ទុកព្រះយេស៊ូជា “លោកគ្រូ” (យហ ១១,២៨; ៣,២; មថ ២២,២៣-២៤.៣៤-៣៦)។​ ព្រះអង្គបានឧស្សហ៍បកស្រាយធម្មវិន័យតាមក្បួនច្បាប់របស់មេដឹកនាំ (មថ ១២,៥; ៩,១២; មក ២,២៣-២៧; លក ៦,៦-៩; យហ ៧,២២-២៣)។ ប៉ុន្តែ នៅពេលជាមួយគ្នានេះ ព្រះអង្គធ្វើឱ្យគ្រូបណ្ឌិតខាងវិន័យទាស់ចិត្ត ពីព្រោះព្រះអង្គមិនគ្រាន់តែបញេ្ជញយោបល់ដូចពួកគេតែប៉ុណ្ណោះទេ ព្រះអង្គ “មានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកបណ្ឌិតខាងវិន័យរបស់គេ” (មថ ៧,២៨-២៩)។ ក្នុងអង្គព្រះអង្គ គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ដដែល បានលាន់ឮលើភ្នំស៊ីណៃ ដើម្បីប្រទានឱ្យលោកម៉ូសេនូវធម្មវិន័យជាលាយល័ក្ខណ៍អក្សរ ហើយដែលលាន់ឮម្ដងទៀតលើភ្នំនៃធម័វិន័យថ្មីអំពីសុភមង្គលយ៉ាងពិតប្រាកដ (មថ ៥,១)។ ព្រះបន្ទូលនេះ មិនលុបបំបាត់ធម្មវិន័យទេ ប៉ុន្តែបំពេញធម្មវិន័យ ដោយព្រះជាម្ចាស់បកសក្រាយធម្មវិន័យ ជាលើកចុងក្រោយ​៖ “អ្នករាល់គ្នាធ្លាប់បានឮសេចក្ដីដែលមានចែងប្រាប់បុព្វបុរសថា (...) រីឯខ្ញុំវិញ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថា” (មថ ៥,៣៣-៣៤)។ ដោយមានព្រះបន្ទូលប្រកបដោយអំណាចដដែលនេះ ព្រះអង្គមិនព្រមនឹង “ទំនៀនទំលាប់របស់មនុស្ស” (មក ៧,៨) នៃពួកផារីស៊ី ដែល “បំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់” (មក ៧,១៣)។

៥៨២. មិនតែប៉ុណ្ណោះទេ ព្រះយេស៊ូបំពេញធម្មវិន័យអំពីភាពបរិសុទ្ធនៃចំណីអាហារ ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងជីវភាពប្រចាំថ្ងៃរបស់ជនជាតិយូដា ទ្រង់សម្ដែងនូវ “គរុកោសល្យ” របស់វិន័យនេះ ដោយបកស្រាយថា៖ “អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ (...)។ ព្រះអង្គបញ្ជាក់ថា គ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យគេមិនបរិសុទ្ធ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មានសុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស” (មក ៧,១៨-២១)។ ព្រះអង្គបានបកស្រាយធម៌ វិន័យជាលើកចុងក្រោយ ប្រកបដោយអំណាច ប៉ុន្តែគ្រូបណ្ឌិតខាងវិន័យខ្លះបានប្រឆាំងមិនព្រមទទួលយកការបកស្រាយរបស់ព្រះអង្គ ទោះបីព្រះជាម្ចាស់បញ្ជាក់អំពីការបកស្រាយរបស់ព្រះយេស៊ូ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យ​​​​ក៏ដោយ (យហ ៥,៣៦; ១០,២៥.៣៧-៣៨; ១២,៣៧) ជាពិសេសអំពីថ្ងៃសប្ប័ទ៖ ដោយឧស្សហ៍ប្រើអំណះអំណាងរបស់មេដឹកនាំសាសនា (មក ២,២៥-២៥; យហ ៧,២២-២៤) ព្រះយេស៊ូរំលឹកថា ពេលព្រះអង្គប្រោសមនុស្សឱ្យបានជាសះស្បើយ ដើម្បីបម្រើព្រះជាម្ចាស់ (មថ ១២,៥; ជរ ២៨,៩) ឬអ្នកដទៃ (លក ១៣,១៥- ១៦; ១៤,៣-៤) ទ្រង់មិនប៉ះពាល់ដល់ថ្ងៃសប្ប័ទឡើយ។

២. ព្រះយេស៊ូ និងព្រះវិហារ

៥៨៣. ដូចពួកព្យាការីមុនព្រះយេស៊ូ ព្រះអង្គក៏បានគោរពយ៉ាងខ្ជាប់ខ្ជួនព្រះវិហារនៃទីក្រុង យេរូសាឡឹម។ លោក​យ៉ូសែប និងនាងម៉ារីបានថ្វាយព្រះអង្គ សែសិបថ្ងៃក្រោយពីព្រះអង្គបានប្រសូត (លក ២,២២-៣៩)។ លុះដល់​ពេលមានព្រះជន្មាយុដប់ពីរព្រះវស្សា ព្រះអង្គសម្រេចចិត្តស្នាក់នៅក្នុងព្រះវិហារ ដើម្បីរំលឹកមាតាបិតា​ថា ព្រះអង្គ​ត្រូវ​តែ​យកចិត្តទុកដាក់នឹងកិច្ចការរបស់ព្រះបិតាព្រះអង្គ ​(លក ២,៤៦-៤៩)។ យ៉ាងហោចណាស់ មួយឆ្នាំម្តង នៅ​ពេលព្រះអង្គមានជីវិតដ៏លាក់កំបាំងនៅឡើយ ព្រះអ​ង្គយាងឡើងទៅព្រះវិហារ ដើម្បីប្រារព្ធបុណ្យចម្លង (លក ២,៤១) ហើយលុះពេលព្រះអង្គមានជីវិតជាសាធារណៈហើយ ទ្រង់ក៏​ធ្វើ បូជនីយេសចរណ៍ទៅទីក្រុងយេរូសាឡឹម សម្រាប់បុណ្យធំៗនៃជនជាតិយូដា (យហ ២,១៣-១៥; ៥,១.១៤; ៧,១.១០.១៤; ៨,២; ១០,២២-២៣)។

៥៨៤. ព្រះយេស៊ូយាងឡើងទៅព្រះវិហារជាកន្លែងដ៏ពិសេស ដើម្បីជួបព្រះជាម្ចាស់។ សម្រាប់ព្រះអង្គ ព្រះវិហារ​ជា​​ព្រះដំណាក់នៃព្រះបិតារបស់ព្រះអង្គ ជាផ្ទះសម្រាប់អធិដ្ឋាន ហើយព្រះអង្គក៏ទាស់ចិត្តថា ទីធ្លាព្រះវិហារបាន​ទៅ​ជាសំបុកចោរទៅវិញ (មថ ២១,១៣)។ ព្រះអង្គដេញអ្នកលក់ចេញពីព្រះវិហារ ដ្បិតព្រះអង្គស្រលាញ់ព្រះ​បិតា​ខ្លាំងពេក៖ “កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះ។ ពួកសាវ័កនឹកឃើញសេចក្ដី ដែលមាន​ចែង​ទុកក្នុងគម្ពីរថា៖ “មកពីទូលបង្គំស្រលាញ់ព្រះដំណាក់របស់ព្រះអង្គបានគេប្រហារជីវិតទូលបង្គំ” (ទន ៦៩,១០)”​ (យហ ២,១៦-១៧)។ ក្រោយពីព្រះអង្គមានព្រះជន្មថ្មី ក្រុមគ្រីស្តទូតនៅតែគោរពព្រះវិហារជានិច្ច (កក ២,៤៦; ៣,១; ៥,២០.២១)។

៥៨៥. ក៏ប៉ុន្តែ មុននឹងរងទុក្ខលំបាក ព្រះយេស៊ូបានប្រកាសថា ព្រះវិហារដ៏ល្អឆើតឆាយនេះនឹងត្រូវរលំបាក់​បែកអស់ លែង​មានថ្មត្រួតពីលើថ្មទៀតហើយ (មថ ២៤,១-២)។​ ព្រះយេស៊ូប្រកាសថា ព្រះវិហារនឹងធ្វើជាសញ្ញាសម្គាល់​មួយ នៅពេលចុង​ក្រោយបំផុត ដែលនឹងចាប់ផ្ដើម ពេលព្រះអង្គនឹងសោយទិវង្គត និងមានព្រះជន្មរស់​ឡើង​វិញ (មថ​ ២៤,៣)។ ប៉ុន្តែ មានអ្នកខ្លះបានពោលរឿងក្លែងក្លាយអំពីព្រះបន្ទូលនេះ ​នៅពេលមហាបូជា ចារ្យ​សួរ​ចម្លើយ​ព្រះអង្គ (មក ១៤,៥៧-៥៨) ហើយបានជេរប្រមាថព្រះអង្គ នៅពេលទ្រង់ត្រូវគេឆ្កាង (មថ ២៧,៣៩-៤០)។

៥៨៦. ព្រះយេស៊ូមិនប្រកាន់ព្រះវិហារទេ (មថ ៨,៤) គឺព្រះអង្គបានប្រៀនប្រដៅក្នុងព្រះវិហារ (យហ ១៨,២០) មាន​ព្រះហឫទ័យចង់បង់ពន្ធព្រះវិហារ រួមជាមួយលោកសិលា (មថ ១៧,២៤-២៧) ​ដែលទ្រង់ទើបតែងតាំងធ្វើជា​គ្រឹះ​នៃ​ព្រះ​សហគមន៍​ព្រះអង្គ (មថ ១៦,១៨)។​ ម្យ៉ាងទៀត ព្រះអង្គបានយកព្រះវិហារធ្វើជាតំណាង ដោយណែនាំខ្លួនថា ព្រះអង្គជាព្រះដំណាក់ជាស្ថាពររបស់ព្រះជាម្ចាស់ ក្នុងចំណោមមនុស្សលោក (យហ ២,២១)។ ហេតុ​នេះ ព្រះយេស៊ូសោយទិវង្គត (យហ ២,១៨-២២) ជាទីសម្គាល់ទុកជាមុនថា ព្រះវិហារនឹងត្រូវបាក់បែកខ្ទេច ហើយសម្ដែងសម័យថ្មីក្នុងប្រវត្តិសាស្រ្តនៃការសង្រ្គោះ៖ “ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះ ឬនៅក្រុង​យេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា” (យហ ៤,២១)។

៣. ព្រះយេស៊ូ និងជំនឿរបស់ជនជាតិអ៊ីស្រាអែលលើព្រះជាម្ចាស់តែមួយជាព្រះសង្រ្គោះ

៥៨៧. ដោយសារព្រះយេស៊ូ ធម្មវិន័យ និងព្រះវិហារបានធ្វើឱ្យមេដឹកនាំសាសនាជនជាតិ អ៊ីស្រាអែលខ្លះ​ បាន “ជំទាស់ប្រឆាំង” (លក ២,៣៤) តែពួកគេបាន “ដួលលើថ្ម” (លក ២០,១៧-១៨) នៃតួនាទីរបស់ព្រះអង្គ ក្នុងការសង្រ្គោះឱ្យរួចពីបាប ជាព្រះរាជកិច្ចរបស់ព្រះជាម្ចាស់ផ្ទាល់តែម្តង។

៥៨៨. ព្រះយេស៊ូបានធ្វើឱ្យពួកខាងគណៈផារីស៊ីទាស់ចិត្ត ដោយសោយព្រះស្ងោយជាមួយអ្នកបាប ​យ៉ាងជិតស្និត (លក ៥,៣០) ដូចពេលព្រះអង្គសោយព្រះស្ងោយជាមួយពួកគេដែរ (លក ៧,៣៦)។ ព្រះយេស៊ូមានព្រះ​បន្ទូល​​ថា៖ “ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឱ្យគេកែប្រែចិត្តគំនិត” (លក ៥,៣២) ប្រឆាំងនឹងពួកខាងគណៈផារីស៊ី ដែល “នឹកស្មានថា ខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នក​ដ​ទៃ” (លក ១៨,៩)។ លើសពីនេះទៅទៀត ព្រះអង្គបានប្រកាសប្រាប់ពួកផារីស៊ីថា ដោយសារមនុស្សលោក​ទាំង​អស់​​ជាប់​នឹង​​អំពើបាប (យហ ៨,៣៣-៣៦) នរណាអះអាងថា ខ្លួនមិនត្រូវការការសង្រ្គោះ អ្នកនោះប្រៀបដូចជា​មនុស្ស​ខ្វាក់ (យហ ១៩,៤០-៤១)។

៥៨៩. ជាពិសេស មនុស្សជាច្រើនបានទាស់ចិត្តនឹងព្រះអង្គ ព្រោះព្រះអង្គបានធ្វើឱ្យគេយល់ថា ធម៌មេត្តា​ករុណា​​របស់ព្រះអង្គចំពោះអ្នកបាប ក៏ដូចជាធម៌មេត្តាករុណារបស់ព្រះអង្គចំពោះគេដែរ (មថ ៩,​១៣)។ ព្រះអង្គ​បាន​ធ្វើឱ្យគេយល់ថា ដោយរួមតុជាមួយអ្នកបាប (លក ១៥,១-២) ព្រះអង្គក៏ទទួលគេ ក្នុងពិធីជប់លៀង​ចុង​ក្រោយ (លក ១៥,២៣-៣២)។ ប៉ុន្តែ ពេលព្រះអង្គលើកលែងទោសឱ្យអ្នកបាប មេដឹកនាំសាសនា​បាន​បែក​​ជាពីរ។​ ដោយភ័យខ្លាច​​ ពួកគេនិយាយពាក្យពិតថា៖ “ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់​ទោស​​​​​​​មនុស្សឱ្យរួចពីបាបបាន?” (មក ២,៧)។​ ដោយលើកលែងទោសឱ្យអ្នកបាប លោក​​យេស៊ូ​ប្រមាថ​ព្រះជាម្ចាស់ ព្រោះលោកជាមនុស្សដែលតាំងខ្លួនជាព្រះជាម្ចាស់ (យហ ៥,១៨; ១០,៣៣) ឬមួយ​លោក​និយាយ​ការ​ពិត ហើយ​លោក​សម្ដែង​ព្រះនាមរបស់ព្រះជាម្ចាស់ ​(យហ ១៧,៦.២៦) ដែលមានវត្តមានក្នុងចំណោមមនុស្ស​លោក។

៥៩០. ដោយសារព្រះយេស៊ូជាព្រះជាម្ចាស់ មានតែព្រះអង្គទេ ដែលអាចមានព្រះបន្ទូលដូចតទៅ៖ “អ្នកណា​មិនរួមជាមួយខ្ញុំ អ្នកនោះប្រឆាំង​នឹងខ្ញុំ” (មថ ១២,៣០) យ៉ាងណាមិញ នៅពេលព្រះយេស៊ូមានព្រះបន្ទូល​អំពីខ្លួន​ព្រះ​អង្គថា៖ “មានម្នាក់ប្រសើរជាងលោក​យ៉ូណាស​​ទៅ​ទៀត (...) ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត” (មថ ១២,៤១-៤២) ប្រសើរជាងព្រះវិហារទៅទៀត (មថ ១២,៦) ឬ​ពេលព្រះអង្គរំលឹកអំពីខ្លួនព្រះអង្គថា ព្រះបាទ​ដាវីឌ​បាន​ហៅព្រះមេស្ស៊ីជា ព្រះអម្ចាស់របស់​ព្រះអង្គ (មក ១២,៣៦-៣៧) ឬពេលព្រះអង្គមានព្រះបន្ទូលថា៖ “មុន​លោក​អប្រាហាំកើតមក ខ្ញុំមានជីវិតរួច​ស្រេចទៅ​ហើយ” (យហ ៨,៥៨) ឬ៖ “ខ្ញុំនិងព្រះបិតាជាអង្គតែមួយ” (យហ ១០,៣០)។

៥៩១. ព្រះយេស៊ូបានសុំឱ្យមេដឹកនាំសាសនា នៅទីក្រុងយេរូសាឡឹម ឱ្យផ្ញើជីវិតលើព្រះអង្គ ដោយសារ​កិច្ចការ​​ដែលព្រះអង្គប្រព្រឹត្ត (យហ ១០,៣៦-៣៨) ប៉ុន្តែត្រូវតែ “កើតជាថ្មី” (យហ ៣,៧) ដោយមានព្រះ​ហឫទ័យ​​ប្រណី​​​​សន្ដោស​របស់ព្រះជាម្ចាស់ទាក់ទាញចិត្តគំនិត (យហ ៦,១០) ដើម្បីផ្ញើជីវិតលើព្រះអង្គ។ ដោយសារ​ព្រះយេស៊ូ​ទាមទារឱ្យគេប្រែចិត្តគំនិតខ្លាំងពេក និងបំពេញព្រះបន្ទូលសន្យា​របស់ព្រះជាម្ចាស់​បែប​​នេះ យើងអាចយល់​ថា ក្រុមប្រឹក្សាជាន់ខ្ពស់បានភ័ន្តច្រឡំ ដោយសម្រេចចិត្តនឹងប្រហារជីវិតព្រះយេស៊ូ ជា​អ្នក​ប្រមាថព្រះជាម្ចាស់ (មក ៣,៦)។ សមាជិកក្រុមប្រឹក្សាប្រព្រឹត្តដូច្នេះ មកពីគេ “មិនដឹង” (លក ២៣,៣៤) គេ​មាន “ចិត្តរឹងរូស” (មក ៣,៥; រម ១១,២៥) ហើយគេ “គ្មានជំនឿ” (រម ១១,២០)។

សង្ខេប

៥៩២. ព្រះយេស៊ូមិនបានលុបបំបាត់វិន័យនៃភ្នំស៊ីណៃចោលទេ ប៉ុន្តែព្រះអង្គបានបំពេញ (មថ ៥,១៧-១៩) វិន័យបានពេញលក្ខណៈ (យហ ៨,៤៦) បានជាព្រះអង្គសម្ដែងអត្ថន័យចុងក្រោយ (មថ ៥,៣៣) នៃវិន័យនេះ ហើយព្រះអង្គក៏លោះការបំពានទាំងប៉ុន្មាន ដែលប្រឆាំងនឹងវិន័យនេះ (ហប ៩,១៥)។

៥៩៣. ព្រះយេស៊ូបានគោរពព្រះវិហារ ដោយយាងឡើងទៅធ្វើបូជនីយេចរណ៍នៃបុណ្យទាំងប៉ុន្មានៃ​សាសនា​យូដា ហើយព្រះអង្គបានស្រលាញ់ព្រះដំណាក់នៃព្រះជាម្ចាស់នេះ ដែលស្ថិតនៅក្នុងចំណោមមនុស្សលោក។ ព្រះ​វិហារតំណាងអាឋ៌កំបាំងរបស់ព្រះអង្គ។ ពេលព្រះអង្គប្រកាសទុកជាមុនថា ព្រះវិហារនឹងត្រូវគេបំផ្លាញ ព្រះអង្គមានព្រះបន្ទូលអំពីការស្លាប់របស់ព្រះអង្គផ្ទាល់ ដែលជាការចូលក្នុងយុគថ្មីនៃប្រវិត្តសាស្រ្តនៃការសង្រ្គោះ ដែលព្រះកាយព្រះអង្គនឹងទៅជាព្រះវិហារចុងក្រោយបំផុត។

៥៩៤. ព្រះយេស៊ូបានបំពេញសកម្មភាពជាច្រើន ដូចជាការលើងលែងទោសឱ្យរួចពីបាប ដែលបានសម្ដែង ព្រះអង្គជាព្រះជាម្ចាស់ ជាព្រះសង្រ្គោះផ្ទាល់ (យហ ៥,១៦-១៨)។ ជនជាតិយូដាខ្លះ ដែលមិនទទួលស្គាល់ព្រះ ជាម្ចាស់ប្រសូតជាមនុស្ស (យហ ១,១៤) ចាត់ទុកថា ព្រះអង្គជាមនុស្សដែលតាំងខ្លួនជាព្រះជាម្ចាស់ (យហ ១០,៣៣) និងបានកាត់ក្តីព្រះអង្គថា ជាអ្នកប្រមាថព្រះជាម្ចាស់។

 កថាខណ្ឌទី២៖ ព្រះយេស៊ូសោយទិវង្គតនៅលើឈើឆ្កាង

១. គេកាត់ក្ដីព្រះយេស៊ូ

មេដឹកនាំជនជាតិយូដាបាក់បែកគ្នាដោយសារព្រះយេស៊ូ

៥៩៥. ក្នុងចំណោមមេដឹកនាំសាសនា នៅទីក្រុងយេរូសាឡឹម មានលោកនីកូដេម (យហ ៧,៥០) ជាអ្នកខាង គណៈផារីស៊ី ឬ​​លោក​យ៉ូសែប ជាអ្នកស្រុកអារីម៉ាថេ ជាសាវ័កសម្ងាត់របស់ព្រះយេស៊ូ (យហ ១៩,៣៨-៣៩)។ ប៉ុន្តែ មេ​ដឹកនាំសាសនាបានបាក់បែក​គ្នា​ ដោយ​​​​សារព្រះអង្គ​​ (យហ ១៩,១៦-១៧; ១០,១៩-២១) គឺនៅ​ពេល​ព្រះ​អង្គ​ហៀប​នឹងរងទុក្ខលំបាក “មានអ្នកជាច្រើននាក់ជឿលើព្រះអង្គ” ទោះ​បី​ជំនឿ​នេះ​មិន​គ្រប់លក្ខណៈយ៉ាងណាក៏ដោយ (យហ ១២,៤២)។ ដូច្នេះ យើងមិនត្រូវឆ្ងល់ថា ក្រោយ​ពី​បុណ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធយាងមក “មានពួក បូជាចារ្យ​ដ៏​ច្រើន​លើសលប់សុខចិត្តប្រតិបត្តិតាមជំនឿ” (កក ៦,៧) ហើយ “មានបង​ប្អូនខ្លះខាង​គណៈផារីស៊ី​ដែលជឿ​ព្រះ​អម្ចាស់” (កក ១៥,៥)។​ ហេតុនេះហើយ បានជាសន្ត​យ៉ាកុបអាច​មាន​ប្រសាសន៍ទៅកាន់សន្តប៉ូលថា៖ “មាន​ជនជាតិ​យូដារាប់មឺននាក់បានជឿ ហើយបងប្អូនទាំងនោះ ជាប់ចិត្ត​នឹង​ធម្មវិន័យខ្លាំងណាស់” (កក ២០, ២១)។

៥៩៦. មេដឹកនាំសាសនានៅទីក្រុងយេរូសាឡឹមមិនបានរួបរួមគ្នាជាធ្លុងតែមួយចំពោះព្រះយេស៊ូទេ (យហ ៩,១៦; ១០,១៩)។ ពួក​​ខាងគណៈផារីស៊ី​គម្រាម​ថា នឹងបណ្ដេញអស់អ្នកដែលដើរតាមព្រះអង្គ (យហ ៩,២២)។ ចំពោះ​អស់អ្នក​ដែល​ខ្លាច​ថា “ប្រជាជនមុខតែជឿទៅលើ (ព្រះយេស៊ូ) ទាំងអស់គ្នា ហើយជនជាតិ​រ៉ូមាំង​នឹងមកបំផ្លាញព្រះវិហារ និង​បំបាត់​ជាតិសាសន៍របស់យើង​ជាមិន​ខាន” (យហ ១១,៤៨) លោក​មហាបូជាចារ្យ​ កៃផាស​មានប្រសាសន៍ទាយ​ថា៖ “បើ​​មនុស្ស​តែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្រ្តនោះ ប្រសើរជាងទុក​ឱ្យ​ជាតិទាំងមូលត្រូវវិនាស” (យហ ១១,៤៩-៥០) ។ ក្រុមប្រឹក្សា​ជាន់​ខ្ពស់​បានប្រកាសថា ព្រះយេស៊ូជាអ្នកប្រមាថព្រះជាម្ចាស់ “ត្រូវមានទោស​ដល់​ជីវិត” (មថ ២៦,៦៦) ប៉ុន្តែ ដោយ​សារ​ពួកគេគ្មានច្បាប់នឹងប្រហារជីវិតមនុស្ស (យហ ១៨,៣១) ពួក​គេ​​ប្រគល់​ព្រះ​យេស៊ូ​ឱ្យជនជាតិរ៉ូម៉ាំង ដោយ​ចោទ​ប្រកាន់​ព្រះអង្គថា ព្រះអង្គបំបះបំបោរប្រជារាស្រ្ត (លក ២៣,២)។ ហេតុនេះ គេនឹងកាត់ក្ដីព្រះអង្គរួមជាមួយលោកបារ៉ាបាស ​ដែល​ជាប់​ឃុំឃាំង ព្រោះលោកបាន “បង្ត​ចលាចល ព្រមទាំងបានសម្លាប់មនុស្សផង” (លក ២៣,​១៩)។ ពួក​មហាបូជាចារ្យ​គម្រាមលោកពីឡាតឱ្យ​បង្កើត​រឿងនយោបាយ បើលោកមិនព្រមដាក់ទោស​ប្រហារ​ជីវិត​ព្រះ​យេស៊ូ​ដែរ (យហ ១៩,១២.១៥.២១)។

ជនជាតិយូដាទាំងមូលមិនទទួលខុសត្រូវក្នុងការប្រហារជីវិតព្រះយេស៊ូឡើយ

៥៩៧. ពេលយើងចាប់អារម្មណ៍ពីកាលៈទេសៈដ៏ស្មុគ្រស្មាញ​ ដែលក័ណ្ឌ​ដំណឹង​ល្អសម្ដែងឱ្យយើងដឹងនូវ​ការ​កាត់​​ក្ដី​របស់​ព្រះយេស៊ូ ហើយទោះបីជាតួអង្គម្នាក់ៗ (លោកយូដាស ក្រុមប្រឹក្សាជាន់ខ្ពស់ លោកពីឡាត) បាន​ប្រព្រឹត្ត​អំពើ​​បាបតូច ឬធំ ដែលមានតែព្រះជាម្ចាស់ស្គាល់ យ៉ាងណាក៏ដោយ​ ក៏យើងគ្មានសិទ្ធិចោទប្រកាន់ថា ជនជាតិ​យូដា​ទាំង​មូល​​​ នៅទីក្រុងយេរូសាឡឹម ជា​អ្នកទទួលខុសត្រូវក្នុងការកាត់ក្ដីនេះឡើយ ទោះបីបណ្ដាជន ដែល​ត្រូវ​គេ​បញ្ចុះបញ្ចូល (មក ១៥,១១) បានស្រែកឡើងថា៖ “ឆ្កាងទៅៗ” ហើយទោះបី​ក្រុម​​​គ្រីស្តទូតបានស្ដី បន្ដោស​បណ្ដាជននេះ នៅ​ពេល​ពួក​លោកសុំឱ្យ​គេ​កែ​ប្រែ​ចិត្តគំនិត ពេលបុណ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាងមក (កក ២,២៣.៣៦; ៣,១៣-១៤; ៤,‌១០; ៥,៣០; ៧,៥២; ១០,៣៩; ១៣,២៧-២៨; ១ថស ២,១៤-១៥) យ៉ាង​ណា​ក៏ដោយ។ ព្រះយេស៊ូ​ផ្ទាល់​បានលើកលែងទោសឱ្យគេ នៅលើឈើឆ្កាង ហើយ​​​លោកសិលាបានទទួល​ស្គាល់​ថា ជនជាតិយូដានៅ​ទី​​ក្រុង​យេរូសាឡឹម និងពួកមេរបស់គេបាន​ប្រព្រឹត្តដូច្នោះ “ទាំងមិនដឹងខ្លួន” (កក ៣,១៧)។ ទោះបីប្រជាជន​បាន​ស្រែក​ឡើងថា៖ “យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំទទួលខុសត្រូវក្នុងការ​ប្រហារ​ជីវិត​ជននេះ!” (មថ ២៧,២៥) យ៉ាងណាក៏ដោយ ក៏យើងមិនអាចចោទប្រកាន់ជនជាតិយូដាដទៃ គ្រប់សម័យ និងគ្រប់កន្លែង បានដែរ។ ហេតុនេះហើយ បានជាព្រះសហគមន៍បានប្រកាស នៅមហាសន្និបាតវ៉ាទីកង់ទីពីរថា “យើងគ្មានសិទ្ធិចោទប្រកាន់ប្រជាជនយូដាទាំងមូល ដែលរស់នៅសម័យព្រះយេស៊ូ ​ឬជនជាតិយូដាសព្វថ្ងៃនេះថា គេបានធ្វើគុតព្រះអង្គទេ (...) មិន​ត្រូវសំអាងលើគម្ពីរ ដើម្បីប្រកាន់ថា ព្រះអង្គបានដាក់ទោសប្រជាជនយូដា ឬដាក់បណ្ដាសាគេដែរ” (NA ៤)។

មនុស្សបាបទាំងអស់ជាអ្នកទទួលខុសត្រូវនៃទុក្ខលំបាករបស់ព្រះគ្រីស្ត

៥៩៨. ​ដោយរួមជាមួយក្រុមមេដឹកនាំ និងសក្ខីភាពរបស់សន្តបុគ្គល ព្រះសហគមន៍មិនដែលភ្លេចថា “មនុស្ស​បាប​​​​ផ្ទាល់​ខ្លួន ជាអ្នកទទួលខុសត្រូវ និងដូចជាឧបករណ៍ នៃទុក្ខលំបាកទាំងប៉ុន្មានរបស់ព្រះសង្រ្គោះ” (CR)។ ដោយ​​​ចាត់ទុក​​ថា អំពើបាបរបស់យើងប៉ះពាល់នឹងព្រះគ្រីស្តផ្ទាល់ (មថ ២៥,៤៥; កក ៩,៤-៥) ព្រះសហគមន៍​មិន​​រួញរាចោទប្រកាន់ថា គឺគ្រីស្តបរិស័ទ ដែល​ធ្លាប់​ចោទ​ជនជាតិយូដាច្រើនពេក ​ជាអ្នក​ទទួល​​ខុស​ត្រូវធ្ងន់ជាងគេ ក្នុង​ការធ្វើគុត​ព្រះ​យេស៊ូ។

យើងត្រូវតែចាត់ទុកថា អស់អ្នកដែលនៅតែប្រព្រឹត្តអំពើបាបដដែល ជាអ្នកទទួលខុសត្រូវចំពោះកំហុសដ៏ធ្ងន់ធ្ងរនេះ។ ដោយសារអំពើឧក្រិដ្ឋទាំងប៉ុន្មានរបស់យើងបានធ្វើឱ្យព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានរងទុក្ខលំបាកនៅលើឈើឆ្កាង ប្រាកដជាអស់អ្នកដែលប្រព្រឹត្តអំពើបាបនានា “ឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបន្ថោកកិតិ្តយសព្រះអង្គជាសាធារណៈផង” (ហប ៦,៦)។ យើងត្រូវតែទទួលស្គាល់ថា បទឧក្រិដ្ឋរបស់យើងធ្ងន់ជាងបទឧក្រិដ្ឋរបស់ជនជាតិយូដាទៅទៀត ដ្បិតតាមសក្ខីភាពរបស់គ្រីស្តទូតប៉ូល “ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនបានឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនេះឡើយ” (១ករ ២,៨)។ ផ្ទុយទៅវិញ ចំពោះយើងវិញ យើងប្រកាសថា ស្គាល់ព្រះអង្គ ហើយនៅពេលយើងបដិសេធមិនព្រមស្គាល់ព្រះអង្គ ដោយកិច្ចការរបស់យើង ហាក់ដូចជាយើងធ្វើគត់ព្រះអង្គដោយដៃរបស់យើងផ្ទាល់ (CR)។

ពួកបិសាចមិនបានឆ្កាងព្រះអង្គទេ គឺអ្នករួមជាមួយនឹងពួកវាបានឆ្កាងព្រះអង្គ និងនៅតែឆ្កាងព្រះអង្គម្ដងទៀត ដោយត្រេកត្រអាលក្នុងអបាយមុខ និងអំពើបាប (សន្ត ហ្រ្វង់ស័រ​ នៃអាស៊ីស៊ី)។

២. ព្រះគ្រីស្តសោយទិវង្គត តាមគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់

បងប្អូនបានចាប់បញ្ជូនលោកយេស៊ូ (...) ដូចព្រះជាម្ចាស់បានកំណត់ទុក

៥៩៩. ព្រះយេស៊ូសោយទិវង្គតយ៉ាងសាហាវមិនមែនមកពីចៃដន្យ​ ឬកាលៈទេសៈដ៏អាក្រក់ទេ តែមកពី​គម្រោង​ការណ៍​ដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដូចសន្តសិលាពន្យល់ឱ្យជនជាតិយូដា នៅទីក្រុង​យេរូសាឡឹម នៅ​បុណ្យ​ព្រះវិញ្ញាណយាងមក៖ “បងប្អូនបានចាប់បញ្ជូនលោកយេស៊ូ (...) ដូចព្រះជាម្ចាស់បាន​កំណត់ទុ​ក ដោយ​ព្រះអ​ង្គ​ទ្រង់ញាណជាមុន” (កក ២,២៣)។ ប៉ុន្តែ ព្រះគម្ពីរមិនចែងថា​ អ្នកដែលបាន “ចាប់បញ្ជូន​ព្រះយេស៊ូ” (កក ៣,​១៣) ដូចជាអាយ៉ងនៃគម្រោងការណ៍ទុកជាមុនរបស់ព្រះជាម្ចាស់ឡើយ។

៦០០. ចំពោះព្រះជាម្ចាស់ គ្រប់សម័យកាលស្ថិតក្នុងពេលតែមួយ។ ដូច្នេះ ព្រះអង្គកំណត់ទុកជាមុន​គម្រោង​ការណ៍អស់កល្បជានិច្ចរបស់ព្រះអង្គ ដោយនឹកគិតដល់ចម្លើយដ៏សេរីរបស់មនុស្ស​ចំពោះព្រះហឫទ័យ​ប្រណី​សន្ដោសរបស់ព្រះអង្គ​​​​​​​​​៖ “ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និងលោកប៉ុនពីឡាត​បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះយេស៊ូជា​អ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងអភិសេក មានទាំងសាសន៍ដទៃ និង​ប្រជារាស្រ្តអ៊ីស្រាអែលសមគំនិតផង។ គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធានុភាព​ និង​ព្រះ​ប្រាជ្ញាញ្ញាណរបស់ព្រះអង្គ” (កក ៤,២៧-២៨)។ ព្រះជាម្ចាស់បានឱ្យគេប្រព្រឹត្តកិច្ចការដោយងងឹតងងល ដើម្បីគម្រោងរការណ៍របស់ព្រះអង្គអំពីការសង្រ្គោះមនុស្សលោក បានសម្រេច។

ព្រះគ្រីស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ

៦០១. ព្រះគម្ពីរបានចែងទុកជាមុន អំពីគម្រោងការណ៍របស់ព្រះជាមា្ចស់ សង្រ្គោះមនុស្សលោក ដោយសារ “អ្នក​បម្រើ​​ដ៏សុចរិត” (អស ៥៣,១១)។ តាមគម្រោងការណ៍ដ៏លាក់កំបាំងនេះ ព្រះអង្គនឹងលោះមនុស្សលោកឱ្យ​រួច​​​ពី​​ភាពជាទាសករនៃអំពើបាប។ នៅក្នុងធម៌ប្រកាសជំនឿមួយដែលសន្តប៉ូលបាន “ទទួល” ​លោក​​​​ប្រកាសថា “ព្រះគ្រីស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ ” (១ករ ១៥,៣)។ សេចក្ដី​ស្លាប់​របស់​ព្រះយេស៊ូ​ដែលសង្រ្គោះមនុស្សលោក បំពេញ​អត្ថន័យនៃពាក្យប្រកាស អំពីអ្នកបម្រើដែលរងទុក្ខលំបាក (អស ៥៣,៧-៨)។ ព្រះយេស៊ូផ្ទាល់បានពន្យល់អត្ថន័យនៃជីវិត និងសេចក្ដីស្លាប់របស់ព្រះអង្គ ក្រោមពន្លឺនៃអ្នកបម្រើ ដែលរងទុក្ខលំបាក (មត ២០,២៨)។ ក្រោយពីព្រះអង្គបានមានជីវិតថ្មី ទ្រង់ក៏បកស្រាយព្រះគម្ពីរតាមអត្ថន័យនោះ ចំពោះសាវ័កដែលធ្វើដំណើរទៅភូមិអេម៉ាអ៊ូស (លក ២៤,២៥-២៧) និងចំពោះក្រុមគ្រីស្តទូតផ្ទាល់ (លក ២៤,៤៤-៤៥)។

ព្រះជាម្ចាស់បានធ្វើឱ្យព្រះគ្រីស្តទៅជាតួបាបសម្រាប់យើង

៦០២. ហេតុនេះហើយ បានជាសន្តសិលាអាចសម្ដែងនូវ​ជំនឿដែលមកពីក្រុមគ្រីស្តទូត តាមគម្រោងការណ៍​របស់​ព្រះជាម្ចាស់អំពី​ការសង្រ្គោះ៖ “បងប្អូនជ្រាបស្រាប់ហើយថា​ ព្រះជាម្ចាស់បានលោះបងប្អូនឱ្យរួចពីរបៀបរស់នៅឥតន័យ ដែលជាដំណែលតពីបុព្វបរុសរបស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស​ឬប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ត ដែលប្រៀបបាននឹងកូន​ចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះជាមា្ចស់បានជ្រើសតាំងព្រះគ្រីស្តមុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឱ្យមនុស្សលោកឃើញ នៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន” (១ពត្រ ១,១៨-២០)។ អំពើបាបរបស់មនុស្សលោក ដែលមកពីអំពើបាបដើម ត្រូវតែស្លាប់ (រម ៥,១២)។ ដោយចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកក្នុងឋានៈជាទាសករ (ភីល ២,៧) គឺដូចមនុស្សជាតិដែលបានធ្លាក់ខ្លួនជាអ្នកបាប និងត្រូវតែស្លាប់ (រម ៨,៣) “ព្រះជាម្ចាស់បានធ្វើឱ្យព្រះគ្រីស្ត (ដែលគ្មានបាបទាល់តែសោះ) ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបាន​សុចរិតរួមជាមួយព្រះគ្រីស្តដែរ” (២ករ ៥,២១)។

៦០៣. ព្រះជាម្ចាស់មិនបានដាក់ទោសព្រះយេស៊ូ​ ដូចជាព្រះអង្គផ្ទាល់បានប្រព្រឹត្តបាបទេ (យហ ៨,៤៦) ប៉ុន្តែ ដោយរួមជាមួយព្រះបិតាក្នុងសេចក្ដីស្រលាញ់ដែលសង្រ្គោះមនុស្សលោក (យហ ៨,២៩) ព្រះអង្គក៏បានទទួលយកយើងជាអ្នកឃ្លាតឆ្ងាយពីព្រះជាមា្ចស់ដោយសារអំពើបាបរបស់យើង រហូតដល់ព្រះអង្គអាចមានព្រះបន្ទូល ក្នុងនាមយើង នៅលើឈើឆ្កាង​ថា៖ “ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?” (មក ១៥,៣៤; ទន ២២,១)។ ដោយប្រោសព្រះអង្គឱ្យបានរួមសាមគ្គីជាមួយយើងជាអ្នកបាប “ព្រះជាម្ចាស់​ពុំ​បាន​ទុក​ព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបាន​បញ្ជូន​ព្រះ​បុត្រានោះមកសម្រាប់យើងទាំងអស់គ្នា” (រម ៨,៣២) ដើម្បីសម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គវិញ ដោយ​ព្រះបុត្រារបស់ព្រះអង្គបានសោយទិវង្គត” (រម ៥,​១០)​។

ព្រះជាម្ចាស់ជាអ្នកផ្ដើមស្រលាញ់ និងសង្រ្គោះមនុស្សលោកទាំងអស់

៦០៤. ដោយប្រគល់ព្រះបុត្រាព្រះអង្គ ដើម្បីលោះបាបយើង ព្រះជាម្ចាស់សម្ដែងថា គម្រោងការណ៍របស់​ព្រះអង្គចំពោះយើង ជាគម្រោងការណ៍ដ៏សប្បុរសហួសពីគុណណាមួយរបស់យើង៖ “សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់មានដូចតទៅនេះ មិនមែនយើងទេ ដែលបានស្រលាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រលាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្ម លោះយើងឱ្យរួចពីបាប” (១យហ ៤,១០) (១យហ ៤,១៩)។ “ព្រះជាម្ចាស់បានបង្ហាញព្រះហឫទ័យស្រលាញ់របស់ព្រះអង្គចំពោះយើង គឺព្រះគ្រីស្តបានសោយទិវង្គតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ” (រម ៥,៨)។

៦០៥. ព្រះយេស៊ូបានរំលឹកសេចក្ដីស្រលាញ់នេះ ដែលមិនប្រកាន់អ្នកណាម្នាក់ឡើយ នៅចុងក្រោយនៃពាក្យ​ប្រស្នា​អំពី​​ចៀម​​ដែល​វង្វេង​បាត់៖ “រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នេះដែរ ទ្រង់មិន​សព្វ​​ព្រះ​ហឫទ័យឱ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះវិនាសបាត់បង់ឡើយ” (មថ ១៨,១៤)។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គ “បូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ ផង” (មថ ២០,២៨) គឺមានតែ​ព្រះសង្រ្គោះ​ទេ ដែលប្រគល់ខ្លួន ដើម្បីសង្រ្គោះមនុស្សជាតិទាំងមូល (រម ៥,១៨-១៩)។ តាមក្រុមគ្រីស្តទូត (២ករ ៥,១៥; ១យហ​២,២) ព្រះសហគមន៍ប្រៀនប្រ​​ដៅថា ព្រះគ្រីស្តបានសោយទិវង្គតសម្រាប់មនុស្សលោកទាំងអស់ ដោយគ្មានការលើកលែងទេ។ “ព្រះគ្រីស្ត​បាន​រងទុក្ខលំបាក សម្រាប់មនុស្សគ្រប់ៗរូប តាំងពីអតីតកាលក្ដី សម័យឥឡូវក្ដី ឬអនាគតកាលក្ដី” (DS ៦២៤)។

៣. ព្រះគ្រីស្តបានថ្វាយខ្លួនព្រះអង្គទៅព្រះបិតាដើម្បីលោះបាបរបស់យើង

ជីវិតទាំងស្រុងរបស់ព្រះគ្រីស្តជាតង្វាយថ្វាយទៅព្រះបិតា

៦០៦. ព្រះបុត្រារបស់ព្រះជាម្ចាស់ “ចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ (ព្រះបិតា) ដែល​បានចាត់ (ព្រះបុត្រា) ឱ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ (ព្រះបុត្រា) ទេ” (យហ ៦,៣៨) “នៅពេលដែល ព្រះគ្រីស្តយាងចូលក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូល (...) ថា៖ទូលបង្គំមកធ្វើតាមព្រះហឫទ័យរបស់ (ព្រះ ជាម្ចាស់)។ ព្រះយេស៊ូគ្រីស្តថ្វាយព្រះកាយរបស់ព្រះអង្គ តែម្ដងជាការស្រេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ” (ហប ១០,៥-១០)។ លុះដល់ពេលព្រះបុត្រាប្រសូតជាមនុស្សភ្លាមៗ ព្រះអង្គរួមជាមួយព្រះជាម្ចាស់ក្នុងការសង្រ្គោះមនុស្សលោក៖ “អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឱ្យមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គឱ្យបានសម្រេច” (យហ ៤,៣៤)។ ព្រះយេស៊ូបូជាព្រះជន្ម “ដើម្បីលោះមនុស្សលោកទាំងមូល” ឱ្យរួចពីបាប (១យហ ២,២) សម្ដែងថា ព្រះអង្គរួមជាមួយព្រះបិតាដោយក្ដីស្រលាញ់៖ “ព្រះបិតាស្រលាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត” (យហ ១០,១៧)។ “ឱ្យមនុស្សលោកដឹងថា ខ្ញុំស្រលាញ់ព្រះបិតា ហើយខ្ញុំសុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ” (យហ ១៤,៣១)។

៦០៧. អស់មួយជីវិត ព្រះយេស៊ូមានបំណងប្រាថ្នារួមជាមួយព្រះបិតា ក្នុងគម្រោងការណ៍សង្រ្គោះមនុស្សលោក (លក ១២,៥០; ២២,១៥) ព្រោះព្រះយេស៊ូប្រសូត ដើម្បីរងទុក្ខលំបាក និងសង្រ្គោះមនុស្ស លោក៖ “ឱព្រះបិតាអើយ! សូមសង្រ្គោះទូលបង្គំឱ្យរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្តែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាក ក្នុង​ពេលកំណត់នេះហើយ” (យហ ១២,២៧)។ “តើអ្នកមិនចង់ឱ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតា​ប្រទានមកខ្ញុំទេឬ?” (យហ ១៨,១១) ហើយនៅលើឈើឆ្កាង មុនព្រះអង្គ “បានសម្រេចសព្វគ្រប់អសស់ហើយ” (យហ ១៩,៣០) ព្រះអង្គមានព្រះបន្ទូលថា៖ “ខ្ញុំស្រេចទឹក” (យហ ១៩,២៨)។

កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក

៦០៨. ក្រោយពីបានសុខចិត្តជ្រមុជទឹកព្រះយេស៊ូ ដូចអ្នកបាបឯទៀតៗ (លក ៣,២១; មថ ៣,១៤-១៥) លោក​យ៉ូហានបាទីស្តបានឃើញ និង​បាន​​​ណែនាំព្រះអង្គជា “កូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញ​ពី​មនុស្ស​លោក” (យហ ១,២៩) (យហ ១,៣៦)។ លោក​សម្ដែងថា ព្រះយេស៊ូជាអ្នកបម្រើ ដែលរងទុក្ខលំបាក ដែល​គេដឹកទៅទីពិឃាត (អស ៥៣,៧)​ (យរ ១១,១៩) និងដែល​ទទួល​យក​​​​បាបរបស់មនុស្សទាំងអស់ (អស ៥៣,១២) ហើយជាកូនចៀមនៃបុណ្យចម្លង ដែលជានិមិត្តរូបនៃការសង្រ្គោះរបស់ជនជាតិ​អ៊ីស្រាអែល នៅ​បុណ្យ​ចម្លង​ទីមួយ (សរ ១២,៣-១៤) (យហ ១៩,៣៦; ១ករ ៥,៧)។ ជីវិតទាំងស្រុងរបស់ព្រះគ្រីស្តសម្ដែង​នូវ​បេសកកម្ម​របស់​ព្រះអង្គ គឺ “បម្រើ និងបូជាជីវិត ដើម្បីលោះ​មនុស្ស​​ទាំងអស់ផង” (មក ១០,៤៥)។

ព្រះយេស៊ូរួមជាមួយព្រះបិតាដែលស្រលាញ់ និងសង្រ្គោះមនុស្សលោក

៦០៩. ដោយរួមចិត្តគំនិតជាមួយព្រះបិតាដែលស្រលាញ់មនុស្សលោក ព្រះយេស៊ូបាន “ស្រលាញ់គេរហូតដល់​ទីបំផុត” (យហ ១៣,១) ដ្បិត “គ្មាននរណាមានសេចក្ដីស្រលាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់​ខ្លួននោះឡើយ” (យហ ១៥,១៣)។​​ ហេតុនេះ ក្នុងទុក្ខលំបាក និងសេចក្ដីស្លាប់ ជាតិជាមនុស្ស​របស់​ព្រះ​អង្គបាន​ទៅជាឧបករណ៍ដ៏សេរី​ និងដ៏ល្អឥតខ្ចោះ នៃសេចក្ដីស្រលាញ់របស់ព្រះអង្គ ក្នុងឋានៈជាព្រះជាម្ចាស់ ដែល​មាន​ព្រះហឫទ័យសង្រ្គោះមនុស្សលោកទាំងអស់ (ហប ២,១០.១៧-១៨; ៤,១៥; ៥,៧-៩)។ ព្រះអង្គ​ស្ម័គ្រចិត្ត​សុខចិត្តរងទុក្ខលំបាក និងសេចក្ដីស្លាប់ ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះបិតា និង​មនុស្សលោក ដែល​ព្រះបិតា​មាន​​ព្រះហឫទ័យសង្រ្គោះ៖ “គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូ​ប្ដូរ​ជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្តង” (យហ ១០,១៨)។ ហេតុនេះ ព្រះបុត្រារបស់​ព្រះជាម្ចាស់​មានសេរីភាព​ពេញ​លេញ នៅពេលព្រះអង្គតម្រង់ទៅសេចក្ដីស្លាប់ (យហ ១៨,៤-៦; មថ ២៦,៥៣)។

នៅពិធីជប់លៀងចុងក្រោយ ព្រះយេស៊ូស្ម័គ្រចិត្តថ្វាយព្រះជន្មទុកជាមុន

៦១០. នៅពេលរួតុជាមួយ​គ្រីស្តទូត​​​​​​​​​ដប់ពីររូប (មថ ២៦,២០) គឺ “នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូន” (១ករ ១១,២៣) ព្រះយេស៊ូបានសម្ដែងយ៉ាងច្បាស់ថា ព្រះអង្គស្ម័គ្រចិត្តថ្វាយព្រះជន្មរបស់ព្រះអង្គ ផ្ទាល់។ ថ្ងៃមុន​រង​ទុក្ខលំបាក នៅពេលព្រះយេស៊ូមានសេរីភាពនៅឡើយ ព្រះអង្គបានធ្វើឱ្យ​ពិធីជប់លៀងចុង​ក្រោយជាមួយ​ក្រុម​គ្រីស្តទូត បាន​ទៅ​ជា​​ពិធី​រំលឹកសក្ការៈបូជារបស់ព្រះអង្គចំពោះព្រះបិតា (១ករ ៥,៧) ដើម្បីសង្រ្គោះមនុស្ស​លោក៖ “នេះជារូបកាយរបស់ខ្ញុំ ដែល​ត្រូវ បូជា សម្រាប់អ្នករាល់គ្នា” (លក​ ២២,១៩) ហើយ​ “នេះជាលោហិត​របស់​ខ្ញុំ គឺលោហិតនៃសម័្ពន្ធមេត្រី​ដែល ត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប” (មថ ២៦,២៨)។

៦១១. នៅពេលនោះ ព្រះយេស៊ូបង្កើតពិធីអភិបូជា ដែលនឹងទៅជា “ពិធីនឹករលឹក” (១ករ ១១,២៥) នៃយញ្ញបូជា​របស់ព្រះអង្គ។ ព្រះយេស៊ូបញ្ចូលក្រុមគ្រីស្តទូត ទៅក្នុងតង្វាយរបស់ព្រះអង្គផ្ទាល់ ហើយសុំឱ្យគេបន្តតង្វាយនេះតទៅទៀត (លក ២២,១៩)។ ហេតុនេះ ព្រះយេស៊ូតែងតាំងក្រុមគ្រីស្តទូតឱ្យទៅ​ជាបូជា ចារ្យនៃ​សម័្ពន្ធមេត្រី​ថ្មី​​៖ “ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឱ្យគេបានវិសុទ្ធ ដោយសារ​សេចក្ដីពិត” (យហ ១៧,១៩) (DS ១៧៥២; ១៧៦៤)។

ព្រះយេស៊ូរងទុក្ខលំបាកនៅសួនកេតសេម៉ានី

៦១២. នៅសួនកេតសេម៉ានី (មថ ២៦,៤២) ដោយ “ធ្វើតាមព្រះបញ្ជារហូតដល់សោយទី​វង្គត” (ភីល ២,៨; ហប ៥,៧-៨) ព្រះយេស៊ូ​ក៏​សុខចិត្តទទួលពីព្រះហស្តរបស់ព្រះបិតា ពែងនៃសម័្ពន្ធមេត្រីថ្មី ដែល​ព្រះអង្គ​បាន​ទុក​ជា​មុន ដោយ​ថ្វាយ​​ខ្លួន (លក ២២,២០) នៅពិធីជប់លៀងចុងក្រោយ។ ព្រះយេស៊ូអធិដ្ឋាន៖ “ឱព្រះបិតាអើយ! ប្រសិន​បើបាន សូមឱ្យ​ពែង​នៃ​ទុក្ខលំបាកនេះ ចេញឆ្ងាយពីទូលបង្គំទៅ...” (មថ ២៦,៣៩)។ ព្រះយេស៊ូ​សម្ដែង​ថា ក្នុងឋានៈជាមនុស្ស ព្រះអង្គរន្ធត់​ចិ​ត្តយ៉ាងខ្លាំងចំពោះសេចក្ដីស្លាប់ ដ្បិតព្រះជាម្ចាស់តម្រូវ​សភាពជា​មនុស្ស​​​របស់ព្រះយេស៊ូ ឱ្យមាន​ជីវិត​អស់កល្បជានិច្ច ដូចមនុស្សយើងដែរ។​ ម្យ៉ាងទៀត សភាព​ជា​មនុស្ស​របស់​ព្រះ​យេស៊ូ ខុសប្លែកពីយើង ដ្បិត​ព្រះអង្គ​មិន​ជាប់បាបអ្វីឡើយ (ហប ៤,១៥) ដែលរមែងតែងតែនាំ ឱ្យស្លាប់ (រម ៥,១២)។ លើសពីនេះទៅទៀត “ម្ចាស់នៃជីវិត” (កក ៣,១៥) “អស់​​កល្បជានិច្ច" (វវ ១,១៧) (យហ ១,៤; ៥,២៦) បានទទួលយក​សភាព​ជាមនុស្ស។ ដោយសុខចិត្តធ្វើតាមព្រះហឫទ័យ​របស់​​ព្រះបិតា ក្នុង​ឋានៈ​ជាមនុស្ស (មថ ២៦,៤២) ព្រះយេស៊ូសុខចិត្តឱ្យសេចក្ដីស្លាប់របស់ព្រះអង្គ នាំការសង្រ្គោះ ដោយ “ផ្ទុក​​បាប​របស់យើង ក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់លើឈើឆ្កាង” (១ពត្រ ២,២៤)។

សេចក្ដីស្លាប់របស់ព្រះគ្រីស្តជាយញ្ញបូជាតែមួយ និងជាស្ថាពរ

៦១៣. សេចក្ដីស្លាប់របស់ព្រះគ្រីស្តជាយញ្ញបូជានៃបុណ្យចម្លង ដែលសម្រេចការសង្រ្គោះរបស់មនុស្សលោក ជា​ស្ថាពរ​ (១ករ ៥,៧​​​; យហ ៨,៣៤-៣៦) ដោយសារ “កូនចៀមដែលដកបាបចេញពីមនុស្សលោក” (យហ ១,២៩) (១ពត្រ​ ១,១៩) ហើយជា យញ្ញបូជានៃសម័្ពន្ធមេត្រីថ្មី (១ករ ១១,២៥) ​ដែល​ធ្វើ​ឱ្យ​មនុស្ស​លោក​រួម​រស់​ជាមួយនឹងព្រះជាម្ចាស់ឡើងវិញ (សរ ២៤,៨) ដោយ​សម្រុះសម្រួល​គេ​ឱ្យ​ជា​នានឹងព្រះអង្គ តាម “លោហិត (...)​ ដែលត្រូវបង្ហូរ ដើម្បីលើកលែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប” (មថ ២៦,២៨) (លវ ១៦,១៥-១៦)។

៦១៤. ព្រះគ្រីស្តបានថ្វាយយញ្ញបូជាតែមួយ ចុងក្រោយ និងលើសពីយញ្ញបូជាទាំងឡាយ (ហប ១០,១០)។ យញ្ញបូជានេះ ជាព្រះអំណោយទានដែលមកពីព្រះបិតាផ្ទាល់ព្រះអង្គ គឺព្រះបិតាប្រគល់ព្រះបុត្រារបស់​ព្រះអង្គ ដើម្បីសម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គ (១យហ ៤,១០) ហើយជាយញ្ញបូជា​នៃ​ព្រះបុត្រា​របស់​​ព្រះជាម្ចាស់កើតជាមនុស្ស ដែលថ្វាយព្រះជន្មរបស់ព្រះអង្គ (យហ ១០,១៧-១៨) ចំពោះព្រះបិតា ​នៅ​ក្នុង​អង្គ​ព្រះវិញ្ញណដ៏វិសុទ្ធ (ហប ៩,១៤) ដោយស្ម័គ្រចិត្ត និងដោយសេចក្ដីស្រលាញ់ (យហ ១៥,១៣) ដើម្បីឱ្យយើងចេះស្តាប់បង្គាប់ព្រះអង្គឡើងវិញ។

ព្រះយេស៊ូស្តាប់បង្គាប់ព្រះជាម្ចាស់ជំនួសយើង

៦១៥.​ “មនុស្សទាំងអស់ជាប់បាប ដោយសារមនុស្សតែម្នាក់ មិនបានស្តាប់បង្គាប់យ៉ាងណា ព្រះជាម្ចាស់ក៏នឹងប្រោសមនុស្សទាំងអស់ឱ្យបានសុចរិត ដោយសារមនុស្សតែម្នាក់បានស្តាប់បង្គាប់យ៉ាងនោះដែរ” (រម ៥,​១៩)។ ដោយស្ដាប់បង្គាប់រហូតដល់សោយទិវង្គត ព្រះយេស៊ូជាអ្នកបម្រើ ដែលរងទុក្ខលំបាក និងដែល “បូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ។ “ព្រះអង្គប្រោសមហាជនឱ្យបានសុចរិត ដោយទទួលយកកំហុស​របស់​​​ពួកគេ” (អស ៥៣,១០-១២)។ ព្រះអង្គបានលោះកំហុសរបស់យើង និងគាប់ព្រះហឫទ័យព្រះបិតា ដោយ​ប្រោស​យើងឱ្យរួចពីបាប (DS ១៥២៩)។

នៅលើឈើឆ្កាង ព្រះយេស៊ូធ្វើជាយញ្ញបូជា

៦១៦. ដោយសារព្រះគ្រីស្តបាន “ស្រលាញ់ (...) រហូតដល់ទីបំផុត” (យហ ១៣,១) ព្រះអង្គក៏អាចធ្វើជាយញ្ញបូជា ដើម្បីសង្រ្គោះ និងលោះបាបសម្រាប់មនុស្សលោក ហើយដែលគាប់ព្រះហឫទ័យរបស់ព្រះបិតា។ ពេល​ព្រះអង្គ​​បូជា​ព្រះជន្ម ទ្រង់បានស្គាល់ និងស្រលាញ់យើងម្នាក់ៗ (កាឡ ២,២០)។ “ព្រះហឫទ័យស្រលាញ់​របស់​ព្រះ​​គ្រីស្តបានជម្រុញយើងឱ្យយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់ នោះមនុស្ស​ទាំងអស់ក៏ដូចជាបានស្លាប់ដែរ” (២ករ ៥,១៤)។ គ្មាននរណាម្នាក់ ទោះជាដ៏វិសុទ្ធបំផុតក្ដី អាចទទួលយក​បាប​របស់មនុស្សលោកទាំងអស់ ហើយបូជាជីវិតសម្រាប់ពួកគេទាំងអស់គ្នាបានឡើយ។ ដោយសារព្រះបុត្រារបស់​ព្រះ​ជាម្ចាស់ ដែលហួសមនុស្សទាំងអស់ និងបង្រ្គប់គេ ស្ថិតនៅក្នុងអង្គព្រះគ្រីស្ត ហើយធ្វើឱ្យព្រះអង្គទៅជា​ព្រះ​សិរសា​របស់មនុស្សលោកទាំងអស់ ព្រះអង្គអាចសង្រ្គោះពួកគេទាំងអស់គ្នា បាន។

៦១៧. មហាសន្និបាតនៅទីក្រុងត្រង់ បង្រៀនយើងថា៖ “ដោយសារព្រះអង្គបានរងទុក្ខលំបាក យ៉ាង​វិសុទ្ធ នៅ​​​លើឈើឆ្កាង ទ្រង់ក៏ប្រោសយើងឱ្យបានសុចរិត” (DS ១៥២៩) គឺដោយសារ​យញ្ញ​បូជា​របស់​ព្រះ ​គ្រីស្ត​មាន​តែមួយ ព្រះអ​ង្គបានទៅជា “ប្រភពនៃការសង្រ្គោះ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច” (ហប ៥,៩)។ ព្រះ​សហគន៍គោរពព្រះឈើឆ្កាង ដោយច្រៀងថា៖ “ឱព្រះឈើឆ្កាងអើយ! ជាសេចក្ដីសង្ឃឹមតែមួយរបស់យើង!”។

យើងរួមចំណែកជាមួយព្រះគ្រីស្តដែលបូជាព្រះជន្ម

៦១៨. ព្រះគ្រីស្ត ដែលជា “ស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក” (១ធម ២,៥) បូជាព្រះជន្មតែ​មួយ​ដង នៅ​លើ​​ឈើឆ្កាង។ ប៉ុន្តែ ដោយព្រះបុត្រារបស់ព្រះជាម្ចាស់ប្រសូតជាមនុស្សសុទ្ធសាធ “ព្រះអង្គ​ដូចជា​ភ្ជាប់​ព្រះអង្គជាមួយ​​​មនុស្ស​​​​​​គ្រប់ៗរូប” (GS ២២,២) ទ្រង់ក៏ “ប្រោសឱ្យមនុស្សទាំងអស់​អាចរួមជាមួយ​ព្រះគ្រីស្ត​ដែល​សោយ​​​ទិវង្គត និង​​​មាន​​​ព្រះជន្មថ្មី តាមរបៀបដែលព្រះជាម្ចាស់ស្គាល់” (GS ២២,៥)។ ព្រះអង្គ​ត្រាស់ហៅសាវ័ករបស់ព្រះអង្គឱ្យ “លីឈើឆ្កាងរបស់ខ្លួន ហើយមកតាម” ព្រះអង្គ (មថ ១៦,២៤) ដ្បិត “ព្រះគ្រីស្តក៏បានរងទុក្ខលំបាកសម្រាប់យើងទុកជាគំរូឱ្យយើងដើរតាមកន្លងរបស់ព្រះអង្គដែរ” (១ពត្រ ២,២១)។ ព្រះអង្គមានព្រះហឫទ័យឱ្យអ្នកទទួលការសង្រ្គោះរបស់ព្រះអង្គ រួមចំណែកជាមួយព្រះអង្គ ដែលបូជាព្រះជន្ម ដើម្បី​ឱ្យរួចពីបាប (មក ១០,៣៩; យហ ២១,១៨-១៩; កូឡ ១,២៤)។ ព្រះមាតារបស់ព្រះអង្គ ដែល​រួមជាមួយព្រះអង្គយ៉ាងស្និទ្ធស្នាល ក្នុងគម្រោងការដ៏លាក់កំបាំង​នៃ​ទុក្ខ​លំបាក​របស់​ព្រះអង្គ ដែលសង្រ្គោះមនុស្ស​លោក បំពេញគម្រោងការនេះឱ្យបានគ្រប់លក្ខណៈ (លក ២,៣៥)។

ក្រៅពីឈើឆ្កាង គ្មានជណ្តើរណា ដើម្បីឡើងស្ថានបរមសុខឡើយ (សន្តី រ៉ូសា នៃទីក្រុងលីម៉ា)។

សង្ខេប

៦១៩. ព្រះគ្រីស្តបានសោយទិវង្គត ដើម្បីរំដោះបាបយើង ស្របតាមគម្ពីរ” (១ករ ១៥,៣)។

៦២០. ការសង្រ្គោះរបស់យើងហូរចេញមកពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះយើង ដ្បិតគឺ ព្រះអង្គទេតើ ដែលបានស្រលាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកបូជាព្រះជន្ម លោះ​យើងឱ្យរួចពីបាប” (១យហ ៤,១០) ។នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោក ឱ្យបានជានានឹងព្រះអង្គវិញ” (២ករ ៥,១៩)។

៦២១. ព្រះយេស៊ូស្ម័គ្រចិត្តបូជាព្រះជន្ម ដើម្បីសង្រ្គោះយើង។ ព្រះអង្គសម្ដែង និងសម្រេចព្រះ​អំណោយទាននេះ នៅពិធីជប់លៀងចុងក្រោយ៖នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា” (លក ២២,១៩)។

៦២២. ការសង្រ្គោះដែលមកពីព្រះគ្រីស្តមានដូចតទៅ៖ ព្រះអង្គយាងមកបូជាជីវិត ដើម្បីលោះមនុស្ស ទាំងអស់” (មថ ២០,២៨) ពោលគឺស្រលាញ់សាវ័ករបស់ព្រះអង្គរហូតដល់ទីបំផុត” (យហ ១៣,១) ដើម្បីឱ្យ​ពួកគេរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរស” (១ពត្រ ១,១៨) របស់ពួកគេ ។

៦២៣. ដោយស្តាប់បង្គាប់ព្រះបិតាប្រកបដោយក្ដីស្រលាញ់រហូតដល់សោយទិវង្គតលើឈើឆ្កាង (ភីល ២,៨) ព្រះយេស៊ូបំពេញបេសកកម្ម (អស ៥៣,១០) របស់អ្នកបម្រើដ៏កម្សត់ ដែលប្រោសមហាជនឱ្យបាន សុចរិត ដោយទទួលយកកំហុសរបស់ពួកគេ” (អស ៥៣,១១) (រម ៥,១៩) ។

កថាខណ្ឌទី៣៖ ព្រះសពព្រះយេស៊ូគ្រីស្តត្រូវគេបញ្ចុះក្នុងរូងថ្មមួយ

៦២៤. “ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ព្រះគ្រីស្តបានសោយទិវង្គត សម្រាប់មនុស្ស​គ្រប់ៗរូប” (ហប ២,៩)។ ក្នុងគម្រោងការសង្រ្គោះមនុស្សលោក ព្រះជាម្ចាស់បានសម្រេចឱ្យព្រះបុត្រា​របស់​ព្រះ​អង្គមិនគ្រាន់តែនឹង “សោយទិវង្គត ដើម្បីរំដោះបាបយើង” (១ករ ១៥,៣) ថែមទាំងនឹង “ស្គាល់ឱជារស​នៃ​សេចក្ដីស្លាប់” ដែរ គឺព្រះអង្គនឹងស្គាល់សភាពជាមនុស្សស្លាប់។ ព្រលឹងនិងព្រះកាយរបស់ព្រះអង្គបំបែកគ្នា នៅ​ពេល​​​ដែលព្រះអង្គ​សោយ​ទី​វង្គត នៅលើឈើឆ្កាង រហូតដល់ពេលព្រះអង្គមានព្រះជន្មថ្មី គឺព្រះ គ្រីស្ត​ស្គាល់​សភាពជាមនុស្សស្លាប់នេះ ​​​ពេល​ព្រះអង្គ នៅក្នុងផ្នូរ និងចុះទៅស្ថានក្រោម។ ព្រះគ្រីស្តត្រូវគេបញ្ចុះ នៅថ្ងៃ​សៅរ៍​ពិសិដ្ឋ (យហ ១៩,៤២) សម្ដែងថា ព្រះ​ជាម្ចាស់ឈប់សម្រាក (ហប ៤,៤-៩) ក្រោយ​ពី​បាន​សង្រ្គោះ​មនុស្ស​លោក (យហ ១៩,៣០)​ ធ្វើឱ្យសកល​លោក​ទាំង​​មូលបានសន្តិភាព (កូឡ ១,១៨-២០) ។

 ព្រះសពព្រះគ្រីស្តនៅក្នុងផ្នូរ

៦២៥. មុនបុណ្យចម្លង រហូតដល់ព្រះគ្រីស្តមានព្រះជន្មថ្មី ពោរពេញដោយសិរីរុងរឿង ព្រះអង្គក៏គង់​នៅ​ក្នុង​ផ្នូរ។ ព្រះអង្គ ដែលមាន “ជីវិត” អាចមានព្រះបន្ទូលថា៖ “យើងបានស្លាប់ តែឥឡូនេះ យើងមានជីវិតរស់ អស់កល្បជានិច្ចតរៀងទៅ” (វវ ១,១៨)៖

ព្រះជាម្ចាស់ (ជាព្រះបុត្រា) មិនបានឃាត់សេចក្ដីស្លាប់មិនឱ្យបំបែកព្រលឹងពីព្រះកាយ តាមតម្រូវការនៃ​ធ្មជាតិទេ ប៉ុន្តែព្រះអង្គបានផ្គុំព្រលឹងនិងព្រះកាយ ដោយមានព្រះជន្មថ្មី ដើម្បីឱ្យទៅជាគំនួចរវាងសេចក្ដីស្លាប់ និងជីវិត នៅក្នុងអង្គព្រះអង្គផ្ទាល់ ។​ ព្រះអង្គបានបញ្ឈប់ភាពស្អុយរលួយនៃព្រះសពព្រះអង្គ ដែលមកពីសេចក្ដីស្លាប់ ដោយ​បាន​​​ប្រមូលផ្តុំផ្នែកទាំងពីរ ដែលត្រូវបានគេបំបែក (សន្ត គ្រេគ័រ នៃនីស)។

៦២៦. ដោយសារ “ម្ចាស់នៃជីវិត” (កក ៣,១៥) ដែលយើងបានសម្លាប់ និង “ព្រះអង្គដែលមានព្រះជន្មរស់ ហើយដែលព្រះជាម្ចាស់បានប្រោស (...) ឱ្យមានព្រះជន្មថ្មី” ជាអង្គតែមួយ ព្រះបុត្រារបស់​ព្រះ​ជាម្ចាស់​បានបន្តទទួលយកព្រលឹង និងព្រះកាយរបស់ព្រះអង្គ ដែលសេចក្ដីស្លាប់បានបំបែក៖ ដោយសារព្រះគ្រីស្តបានសោយទិវង្គត ព្រលឹងបានបែកចេញពីព្រះកាយព្រះអង្គ ប៉ុន្តែ ទ្រង់ ដែលជាអង្គតែមួយ មិន​បាន​​បំបែក​ជាពីរអង្គទេ​ ដ្បិតព្រលឹង និងព្រះកាយព្រះគ្រីស្តគង់នៅតាំងពីដើម នៅក្នុងអង្គព្រះបន្ទូល ហើយពេល​ព្រះអង្គបានសោយទិវង្គត ទោះបីព្រលឹង និងព្រះកាយបានបំបែកពីគ្នាយ៉ាងណាក៏ដោយ ក៏ព្រលឹង​ និង​ព្រះកាយ​នោះ ​​នៅ​តែជាមួយព្រះបន្ទូលតែ​មួយព្រះអង្គ (សន្ត យ៉ូហាន ដាម៉ាសែន)។

ព្រះជាម្ចាស់ក៏មិនបណ្តោយឱ្យសពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ

៦២៧. សេចក្ដីស្លាប់របស់ព្រះគ្រីស្តពិតជាសេចក្ដីស្លាប់មែន ដ្បិតព្រះអង្គបានបញ្ចប់ការរស់នៅលើផែនដីនេះ។ ប៉ុន្តែ ដោយសារព្រះកាយព្រះបុត្រានៅតែរួមជាមួយព្រះអង្គ ព្រះសពព្រះអង្គមិនបានទៅដូចសពឯ ទៀតៗ ដ្បិត “ព្រះជាម្ចាស់សព្វព្រះហឫទ័យរក្សាការពារព្រះសពព្រះគ្រីស្តកុំឱ្យរលួយ” (សន្ត ថូម៉ាស នៃ អាកាំង)។ យើងអាចថ្លែងអំពីព្រះ​គ្រីស្ត​ថា៖ “គេបានដកលោកចេញពីចំណោមមនុស្ស ដែលរស់នៅលើផែនដីនេះ” (អស ៥៣,៨) ហើយ​នៅ​ពេល​ជាមួយ​គ្នានេះថា៖ “រូបកាយរបស់ទូលបង្គំក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹម (...) ដ្បិត​ព្រះ​អង្គ​នឹងមិនបោះបង់ព្រលឹងទូលបង្គំចោល នៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្តោយឱ្យ​សព​​អ្នកបម្រើរបស់ព្រះអង្គរលួយដែរ” (កក ២,២៦-២៧) (ទន ១៦,៩-១០)។ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ “នៅថ្ងៃទីបី” (១ករ ១៥,៤; លក ២៤,៤៦) (មថ ១២,៤០; យណ ២,១; ហស ៦,២) បង្ហាញ ​ភស្តុតាង​ថា ព្រះសពព្រះអង្គមិនបានរលួយទេ ដ្បិតតាមធម្មតា សពចាប់ផ្ដើមរលួយចាប់ពីថ្ងៃទីបួនទៅ (យហ ១១,៣៩)។

យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះគ្រីស្តដែរ

៦២៨. ពេលគ្រីស្តបរិស័ទទទួលពិធីជ្រមុជក្នុងទឹក គេចុះក្នុងផ្នូរ រួមស្លាប់នឹងអំពើបាប រួមរស់ជាមួយព្រះគ្រីស្ត ដើម្បី​​បាន​​ជីវិត​ថ្មី៖ “ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះគ្រីស្ត យើងដូចជាបានចូលទៅក្នុង​ផ្នូររួមជាមួយ​ព្រះ​អង្គ​​ដែរ។ ដូច្នេះ ព្រះគ្រីស្តមានព្រះជន្មថ្មី ដោយសារសិរីរុងរឿងរបស់ព្រះបិតាយ៉ាងណា យើង​ក៏រស់​តាម​​​របៀប​​ថ្មីយ៉ាងនោះដែរ” (រម ៦,៤)។

សង្ខេប

៦២៩. ព្រះយេស៊ូបានសោយទិវង្គតដើម្បីមនុស្សគ្រប់រូប (ហប ២,៩)។ គឺពិតជាព្រះបុត្រារបស់ ព្រះជាម្ចាស់ប្រសូតជាមនុស្ស ដែលបានសោយទិវង្គត និងបានត្រូវគេបញ្ចុះ។

៦៣០ នៅក្នុងផ្នូរ ព្រះគ្រីស្តនៅតែទទួលយកព្រលឹង និងព្រះកាយព្រះអង្គជានិច្ច ទោះជាសេចក្ដីស្លាប់បានបំបែកព្រលឹង និងព្រះកាយនេះចេញពីគ្នាក៏ដោយ។ ហេតុនេះហើយ បានជាព្រះ សពព្រះគ្រីស្តដែលសោយទិវង្គតពុំបានរលួយទេ” (កក ១៣,៣៧)។

ប្រការទី៥៖ព្រះយេស៊ូគ្រីស្តបានយាងចុះទៅស្ថានក្រោម

លុះដល់ថ្ងែទីបី ព្រះអង្គមានព្រះជន្មថ្មី

៦៣១. “ព្រះយេស៊ូបានយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គ​ដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ” (អភ ៤,៩-១០)។ ធម៌ប្រកាសជំនឿនៃក្រុមគ្រីស្តទូត ប្រកាស​ក្នុងប្រការតែមួយថា ព្រះគ្រីស្តបានយាងចុះទៅស្ថានក្រោម ហើយមានព្រះជន្មថ្មី នៅថ្ងៃទីបី ដ្បិត ក្នុង​បុណ្យចម្លង ទ្រង់​ក៏ធ្វើឱ្យជីវិតផុសចេញពីសេចក្ដីស្លាប់។

ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គឡើងពីស្ថានក្រោមវិញ ទ្រង់បានចាក់បង្ហូរពន្លឺដ៏សុខសាន្តរបស់ព្រះអង្គ លើមនុស្សទាំងឡាយ ហើយទ្រង់មានព្រះជន្មរស់ និងសោយរាជ្យអស់កល្បជាអង្វែងតរឿងទៅ។ អាម៉ែន (MR)។

កថាខណ្ឌទី១៖ ព្រះគ្រីស្តយាងចុះទៅស្ថានក្រោម

៦៣២. ជារឿយៗ តាមគម្ពីរសម័្ពន្ធមេត្រីថ្មី ព្រះយេស៊ូ “មានព្រះជន្មថ្មី” (កក ៣,១៥; រម ៨,១១; ១ករ ១៥,២០) បានសេចក្ដីថា មុនព្រះអង្គមានព្រះជន្មថ្មី ទ្រង់ក៏បានស្នាក់នៅស្ថានមនុស្សស្លាប់ (ហប ១៣,២០)។ ក្រុម​គ្រីស្តទូត​បានផ្ដល់អត្ថន័យ​ដំបូងអំពី “ព្រះយេស៊ូយាងចុះទៅស្ថានក្រោម” គឺព្រះយេស៊ូបាន​សោយ​ទិវង្គត​ដូច​មនុស្ស​ទាំងអស់ ហើយព្រលឹង​ព្រះអង្គបានចុះទៅជាមួយគេ នៅស្ថានមនុស្សស្លាប់។ ប៉ុន្តែ ព្រះអង្គយាង​ចុះ​ក្នុង​ឋានៈ​ជា​ព្រះសង្រ្គោះ ដោយប្រកាស​ដំណឹងល្អដល់វិញ្ញាណក័្ខន្ធដែលជាប់ឃុំឃាំង (១ពត្រ ៣,១៨-១៩)។

៦៣៣. ព្រះគម្ពីរហៅស្ថានមនុស្សស្លាប់ ដែលព្រះគ្រីស្តបានយាងចុះក្នុងឋានៈជាមនុស្សស្លាប់ ថា ស្ថានមច្ចុរាជ នរក ឬស្ថានក្រោម (ភីល ២,១០; កក ២,២៤; វវ ១,១៨; អភ ៤,៩) ដ្បិតអស់អ្នកដែលនៅទីនោះ គឺមនុស្ស​ស្លាប់​​ទាំងអស់ ទាំងទុច្ចរិត ទាំងសុចរិត (ទន ៨៩,៤៩; ១សម ២៨,១៩; អគ ៣២,១៧-៣២) មិន​អាច​មើល​ឃើញ​​ព្រះជាម្ចាស់បាន​ឡើយ (ទន ៦,៦; ៨៨,១១-១៣) រហូត​ដល់ព្រះសង្រ្គោះយាងមក។ ប៉ុន្តែ មនុស្សទុច្ចរិត និង​​មនុស្សសុចរិតនោះ មានវាសនាផ្សេងពីគ្នា ដូច​ព្រះ​យេស៊ូ​សម្ដែង​ក្នុងពាក្យប្រស្នាអំពីលោក ឡាសារ ដែល “នៅក្បែ​រលោក​អប្រាហាំ” (លក ១៦,២២-២៦) គឺ “​ពេល​​ព្រះយេស៊ូគ្រីស្ត​បានយាងចុះទៅស្ថានក្រោម ព្រះអង្គ​ក៏​រំដោះព្រលឹង​ដ៏វិសុទ្ធនោះ ដែល​កំពុងរង់​ចាំ​ព្រះ​សង្រ្គោះ​របស់គេ នៅក្បែលោកអប្រាហាំ” (CR)។ ព្រះយេស៊ូមិន​មែន​យាង​ចុះ​ទៅស្ថានក្រោម ដើម្បីរំដោះ​មនុស្ស​ធ្លាក់នរក ឬដើម្បីបំផ្លាញស្ថាននរកឡើយ (DS ១០១១; ១០៧៧) តែដើម្បីរំដោះមនុស្សសុចរិត ដែលបានស្លាប់មុនព្រះអង្គ (DS ៤៨៥; មថ ២៧,៥២-៥៣)។

៦៣៤. “សូម្បីតែមនុស្សស្លាប់ ក៏ព្រះអង្គបាននាំដំណឹងល្អទៅឱ្យគេឮដែរ” (១ពត្រ ៤,៦)។ ពេលព្រះយេស៊ូ​យាងចុះទៅស្ថានមច្ចុរាជ ព្រះអង្គបំពេញការប្រកាសដំណឹងល្អ ឱ្យបានគ្រប់លក្ខណៈ ហើយទ្រង់បង្ហើយ​ដំណាក់​​កាល​​​ចុង​​​ក្រោយ​​បំផុត ​នៃ​បេសកកម្ម​របស់ព្រះអង្គ ជាព្រះ​សង្រ្គោះ។ ដោយសារដំណាក់កាលដ៏ខ្លីនេះ ព្រះអង្គសង្រ្គោះមនុស្សលោកទាំងអស់ គ្រប់សម័យ គ្រប់កន្លែង ដ្បិតអស់អ្នកដែលព្រះអង្គបានសង្រ្គោះ ទ្រង់ក៏ប្រោស​គេឱ្យរួមចំណែកក្នុងការសង្រ្គោះដែរ។

៦៣៥. ហេតុនេះហើយ បានជាព្រះគ្រីស្តបានយាងចុះក្នុងទីជម្រៅនៃសេចក្ដីស្លាប់ (មថ ១២,៤០; រម ១០,៧; អភ ៤,៩) ដើម្បីឱ្យ “មនុស្សស្លាប់​អាចឮព្រះសូសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយ​អស់​អ្នកដែល​ឮព្រះ​សូសៀង​នោះ នឹងមានជីវិតរស់នៅ” (យហ ៥,២៥)។ ព្រះយេស៊ូជា “ម្ចាស់នៃជីវិត” (កក ៣,១៥) “ព្រះអង្គ​សោយ​ទិវង្គត ដើម្បីកំទេចមារ ដែលមាន​អំណាចលើសេចក្ដីស្លាប់ និងដើម្បីរំដោះអស់អ្នក ដែលជាប់ជាទាសករ មួយ​ជីវិត ព្រោះតែខ្លាចស្លាប់” (ហប ២,១៤-១៥)។ ឥឡូវនេះ ព្រះគ្រីស្តដែលមានព្រះជន្មថ្មី “មាន​អំណាច (...) លើស្ថានមច្ចុរាជ” (វវ ១,១៨) ហើយ “នៅពេលឮព្រះនាមព្រះយេស៊ូ” “អ្វីៗទាំងអស់ ទាំងនៅ​ស្ថាន​បរមសុខ ទាំងនៅលើផែនដី ទាំងនៅស្ថានក្រោម នាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ” (ភីល ២,១០)។

នៅថ្ងៃនេះ នៅលើផែនដី មានសភាពស្ងាត់ស្ងៀមណាស់ ជាសភាពដ៏ធំមហិមា និងសភាពឯកោយ៉ាងធំ ធេង។ មានសភាពស្ងាត់ស្ងៀមយ៉ាងខ្លាំង ដ្បិតព្រះមហាក្សត្រផ្ទុំលក់។ ផែនដីបានរញ្ជួយ ហើយបានស្ងប់ទៅវិញ ពីព្រោះព្រះជាម្ចាស់ ទ្រង់បានផ្ទុំលក់ក្នុងសាច់ ហើយព្រះអង្គបានយាងទៅដាស់អស់អ្នក ដែលសំរាន្តលង់លក់ តាំងពីយូរយារណាស់មកហើយ (...)។ ព្រះអង្គយាងទៅរកលោកអដាំ ជាបិតាដំបូងរបស់យើង ជាចៀមដែលវង្វែង។ ព្រះអង្គចង់យាងទៅសួរសុខទុក្ខអស់អ្នក ដែលស្ថិតក្នុងភាពងងឹត ក្រោមម្លប់នៃសេចក្ដីស្លាប់។ ព្រះអង្គយាងទៅរំដោះលោកអដាំ និងនាងអេវ៉ា ដែលជាប់ជាឈ្លើយជាមួយលោក ឱ្យរួចផុតពីការឈឺចាប់ ក្នុងទីឃុំឃាំង។ ព្រះអង្គ ដែលជាព្រះជាម្ចាស់របស់គេផង ព្រះបុត្រារបស់គេផង (...)។ “យើងជាព្រះជាម្ចាស់របស់អ្នក ដោយសារអ្នក យើងបានក្លាយទៅជាបុត្ររបស់អ្នក។ សូមអ្នកក្រោកឡើង អ្នកបានសំរាន្តលក់យូរណាស់មកហើយ ពីព្រោះយើងមិនបានបង្កើតអ្នកមក ឱ្យអ្នកជាប់ច្រវាក់នៅស្ថាននរកនេះទេ។ ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ទៅ យើងជាព្រះជន្មរបស់អ្នកស្លាប់”។

សង្ខេប

៦៣៦. ធម៌ជឿប្រកាសថាព្រះយេស៊ូយាងចុះទៅស្ថានក្រោមមានន័យថា ព្រះយេស៊ូពិតជាបាន​សោយទិវង្គតមែន ហើយដោយសារព្រះអង្គបានសោយទិវង្គត ដើម្បីយើង ព្រះអង្គក៏បានឈ្នះសេចក្ដីស្លាប់ និង​មារ ដែលមានអំណាចនៃសេចក្ដីស្លាប់” (ហប ២,១៤)។

៦៣៧ ពេលព្រះគ្រីស្ត សោយទិវង្គត ព្រលឹងព្រះអង្គនៅរួបរួមជាមួយព្រះអង្គក្នុងឋានៈជាព្រះជាម្ចាស់ បានយាងចុះទៅដល់ស្ថានមនុស្សស្លាប់។ ព្រះអង្គបានបើកទ្វារនៃស្ថានបរមសុខឱ្យអស់មនុស្សសុចរិត ដែលបាន ចុះមុនព្រះអង្គ។

កថាខណ្ឌទី២៖ លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មថ្មី

៦៣៨. “យើងខ្ញុំសូមជូនដំណឹងល្អនេះ ប្រាប់បងប្អូនថា ព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបរុសរបស់យើង ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មី” (កក ១៣,៣២-៣៣)។ ព្រះជន្មថ្មីរបស់ព្រះយេស៊ូជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុតនៃជំនឿយើង នៅក្នុងអង្គព្រះគ្រីស្ត ដែលសហគមន៍គ្រីស្តបរិស័ទដើមបានជឿ និងបានប្រតិបត្តិតាម ដែលការបញ្ជូនបន្តបានបញ្ជូន ដែលក័ណ្ឌដំណឹងល្អបានបញ្ជាក់ ហើយដែលព្រះ​សហគមន៍​បានប្រកាសជាផ្នែកដ៏សំខាន់បំផុតរបស់គម្រោងការដ៏អស្ចារ្យនៃបុណ្យចម្លង និងព្រះឈើឆ្កាងផងដែរ។ ព្រះគ្រីស្តមានព្រះជន្មថ្មី ដោយសារព្រះអង្គបានសោយទិវង្គត ទ្រង់ក៏បានឈ្នះសេចក្ដីស្លាប់ ហើយបានប្រទានជីវិតដល់មនុស្សស្លាប់ផងដែរ។

១. ព្រះជន្មថ្មីជាហេតុការណ៍នៃប្រវត្តិសាស្រ្តផង និងហួសប្រវត្តិសាស្រ្តផង

៦៣៩. គម្រោងការដ៏អស្ចារ្យនៃព្រះជន្មថ្មី ជាហេតុការណ៍ដ៏ពិតប្រាកដ ដែលកើត​ឡើង​នៅក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដូចមានចែងទុកនៅក្នុងគម្ពីរសម័្ពន្ធមេត្រីថ្មី។ នៅឆ្នាំ៥៦ សន្តប៉ូល​សរសេរ​ទៅជន​កូរិនថូសថា៖ “ខ្ញុំជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួល គឺថាព្រះគ្រីស្តបានសោយទិវង្គត ដើម្បី​រំដោះបាប​យើង ស្របតាមគម្ពីរ។ គេបានបញ្ចុះសពព្រះអង្គនៅក្នុងផ្នូរ ហើយព្រះអង្គមាន​ព្រះជន្មរស់ឡើង​វិញ​នៅថ្ងៃទីបី ស្របតាមគម្ពីរ។ ព្រះអង្គបានបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមគ្រីស្តទូត​ដប់ពីរ​រូប​​ឃើញ​ដែរ" (១ករ​ ១៥,៣-៤)។ គ្រីស្តទូតប៉ូលនិយាយអំពីការបញ្ជូនបន្តដ៏រស់រវើកនៃជីវិតថ្មី ដែលលោកបានទទួល​ក្រោយ​​ពីបានកែប្រែចិត្តគំនិត នៅទីក្រុងដាម៉ាស (កក ៩,៣-១៨)។

ផ្នូរទទេ

៦៤០. “ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គ ដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ទ្រង់មិនគង់នៅ​ទីនេះ​ទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មីហើយ” (លក ២៤,៥- ៦)។ ក្នុងចំណោម​ហេតុការណ៍ទាំងឡាយនៃបុណ្យចម្លង ផ្នូរទទេជាទីសម្គាល់ដំបូង។ ផ្នូរទទេនេះមិនបង្ហាញ ​ភស្តុតាង​ថា ព្រះ​គ្រីស្ត​​​មានព្រះជន្មថ្មីទេ ដ្បិតយើងអាចពន្យល់ថា ព្រះសពព្រះអង្គ​មិននៅ​ក្នុង​ផ្នូរ ដោយសារ​មូលហេតុ​ផ្សេងៗ (យហ ២០,១៣; មថ ១៨,១១-១៥) ក៏ប៉ុន្តែ ផ្នូរទទេនោះជាសញ្ញាសម្គាល់ដ៏​សំខាន់​បំផុត​ សម្រាប់​យើង​ទាំង​អស់​គ្នា។ ពេលក្រុមសាវ័កបានឃើញផ្នូរទទេ ដូចជាស្រ្តីបវិសុទ្ធ (លក ២៤,៣.២២-២៣) និង​លោក​សិលា (លក ២៤,១២) ពួកគេចាប់ផ្ដើមទទួលស្គាល់ថា ព្រះគ្រីស្តមានព្រះជន្មថ្មី។ “សាវ័ក​ដែលព្រះយេស៊ូស្រលាញ់” (យហ ២០,២) អះអាងថា​ នៅពេលចូលក្នុងផ្នូរទទេ និងឃើញ “សំពត់ស្នបនៅ​ទីនោះ” (យហ ២០,៦) លោក “ឃើញ ហើយជឿ” (យហ ២០,៨) បានសេចក្ដីថា លោកបានយល់ឃើញថា​ អវត្តមាន​​របស់ព្រះសពព្រះយេស៊ូមិនមែនមកពីកិច្ចការណាមួយរបស់មនុស្សទេ ហើយព្រះអង្គក៏មិនគ្រាន់តែ​រស់​ឡើង​​​​​​​​វិញដូចលោកឡាសារឡើយ (យហ ១១,៤៤)។

ព្រះយេស៊ូដែលមានព្រះជន្មថ្មីបង្ហាញខ្លួនឱ្យគេឃើញ

៦៤១. ក្រោយពីគេបានបញ្ចុះព្រះសពព្រះយេស៊ូ (មក ១៦,១; លក ២៤,១)​ យ៉ាងរហ័ស នៅថ្ងៃសុក្រ​ពិសិដ្ឋ មុន​ថ្ងៃសប្ប័ទ (យហ ១៩,៣១.៤២) នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងស្រ្តីបរិសុទ្ធ ដែល​ទើប​ទិញ​គ្រឿងក្រអូបយក​ទៅអប់​ព្រះ​សព​​ព្រះអង្គ​ ពួកនាងបានជួបព្រះយេស៊ូដែលមានព្រះជន្មថ្មី មុនគេបង្អស់ (មថ ២៨,៩-១០; យហ ២០,​១១-១៨)។ ហេតុនេះហើយ បានជាស្រ្តីៗជាអ្នកនាំសារដើមដំបូង អំពីព្រះ​គ្រីស្ត​ដែល​មានព្រះជន្មថ្មី សម្រាប់ក្រុមគ្រីស្តទូតផ្ទាល់ (លក ២៤,៩-១០)។ ក្រោយមក ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ឱ្យលោកសិលា​ និងគ្រីស្តទូតដប់ពីររូបឃើញ (១ករ ១៥,៥)។ លោកសិលា ដែលព្រះជាម្ចាស់​ត្រាស់​ហៅ​ឱ្យ​ពង្រឹងជំនឿរបស់បងប្អូនលោក (លក ២២,៣១-៣២) ឃើញព្រះគ្រីស្តមានព្រះជន្មថ្មី​ មុនគេ​ដោយសារលោកផ្ដល់សក្ខីភាព សហគមន៍ពោលថា៖ “ព្រះអម្ចាស់មានព្រះជន្មថ្មីពិតប្រាកដមែន ហើយ​ទ្រង់បានបង្ហាញខ្លួនឱ្យស៊ីម៉ូនឃើញ!” (លក ២៤,៣៤)។

៦៤២. អ្វីៗដែលបានកើតឡើង នៅថ្ងៃនីមួយៗ នៃបុណ្យចម្លង នាំឱ្យគ្រីស្តទូតម្នាក់ៗ ជាពិសេសលោកសិលា ឱ្យកសាងសម័យកាលថ្មី ដែលបានចាប់ផ្ដើម នៅព្រឹកបុណ្យចម្លង។ ដោយសារគេជាបន្ទាល់បញ្ជាក់ថា ព្រះ​គ្រីស្ត​មានព្រះជន្មថ្មីមែន គេទៅជាថ្មដា ដែលជាគ្រឹះនៃព្រះសហគមន៍ព្រះអង្គ។ ជំនឿរបស់​សហគមន៍​អ្នក​ជឿដើមដំបូង បានចាក់ឫសលើសក្ខីភាពរបស់មនុស្ស ដែលគ្រីស្តបរិស័ទស្គាល់ ហើយដែល​ភាគច្រើន​នៅ​តែ​រស់ក្នុងចំណោមពួកគេ។ ក្នុងចំណោម “បន្ទាល់នៃព្រះគ្រីស្តដែលមានព្រះជន្មថ្មី” (កក ១,២២) មាន​លោក​សិលា និងគ្រីស្តទូតដប់ពីររូប ថែមទាំងតាមលោកប៉ូល បងប្អូនជាងប្រាំរយនាក់ក្នុង​ពេល​ជាមួយគ្នា លោក​​យ៉ាកុប និងគ្រីស្តទូតទាំងអស់ផងដែរ (១ករ ១៥,៤-៨)។

៦៤៣. នៅពីមុខសក្ខីភាពទាំងនោះ យើងមិនអាចបកស្រាយអំពីព្រះជន្មថ្មីរបស់ព្រះគ្រីស្ត ក្រៅពីបែបផែនអង្គធាតុបានទេ ហើយក៏មិនរាប់បញ្ចូលថា ជាហេតុការណ៍ប្រវត្តិសាស្រ្តបានដែរ។ តាមហេតុការណ៍នានា ក្រុម សាវ័កបានរវាតនឹងជំនឿ ដោយសារលោកគ្រូរបស់គេបានរងទុក្ខលំបាក និងសោយទិវង្គតនៅលើឈើឆ្កាង ដែលព្រះអង្គបានប្រកាសទុកជាមុន (លក​ ២២,៣១-៣២)។ ដោយសារគេបានរំជើបរំជូលយ៉ាងខ្លាំង ពួកសាវ័ក (យ៉ាងហោចណា ក៏មានខ្លះដែរ) មិនបានជឿថា ព្រះយេស៊ូបានមានជីវិតថ្មី ភ្លាមៗទេ។ ដំណឹងល្អមិនបានប្រកាសឱ្យយើងដឹងថា សហគមន៍សាវ័កសប្បាយរីករាយទេ ប៉ុន្តែពណ៌នាថា ពួកសាវ័កអស់សង្ឃឹម (“ទឹកមុខស្រងូត”៖ លក​២៤,១៧) និងភិតភ័យ (យហ ២០,១៩) ទៅវិញ។ ដូច្នេះហើយ គេមិនបានជឿស្រ្តីៗដ៏វិសុទ្ធ ដែលត្រឡប់មកពីផ្នូរវិញ ហើយសម្ដីនាងទាំងអស់នោះ ដូចជា “រឿងផ្ដេសផ្ដាស” (លក ២៤,១១)។ ពេលព្រះយេស៊ូបង្ហាញព្រះអង្គ ឱ្យ​គ្រីស្តទូតដប់មួយរូបបានឃើញ នៅល្ងាចបុណ្យចម្លង “ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ពុំព្រមជឿអស់អ្នក ដែលបានឃើញព្រះអង្គដែលមានព្រះជន្មថ្មី” (មក ១៦,១៤)។

៦៤៤. ទោះជាស្ថិតនៅចំពោះព្រះយេស៊ូដែលមានព្រះជន្មថ្មីក៏ដោយ ក៏ពួកសាវ័កនៅតែមន្ទិលសង្ស័យថា ហេតុការណ៍នេះមិនបានកើតឡើងទេ ពួកគេជឿថា ឃើញខ្មោចមួយ (លក ២៤,៣៩)។ “សាវ័កពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង” (លក ២៤,៤១)។ លោកថូម៉ាសនឹងកើតមន្ទិលសង្ស័យដែរ (យហ ២០,២៤-២៧) ហើយតាមលោកម៉ាថាយ ពេលព្រះយេស៊ូបង្ហាញព្រះអង្គជាលើកចុងក្រោយ នៅស្រុកកាលីឡេ “មានអ្នកខ្លះនៅសង្ស័យ” (មថ ២៨,១៧)។ ដូច្នេះហើយ ការអះអាងថា ព្រះជន្មថ្មីជា “លទ្ធផល” នៃជំនឿ (ឬការជឿជាក់) របស់ក្រុមគ្រីស្តទូត គ្មានហេតុផលទេ។ ផ្ទុយទៅវិញ អស់លោកបានជឿថា ​ព្រះយេស៊ូមានព្រះជន្មថ្មីមែន មកពីពួកលោកបានជួបនឹងព្រះយេស៊ូដែលមានព្រះជន្មថ្មី ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មកជួយដែរ។

ជាតិជាមនុស្សរបស់ព្រះយេស៊ូដែលមានព្រះជន្មថ្មី

៦៤៥. ព្រះយេស៊ូ ដែលមានព្រះជន្មថ្មី មានទំនាក់ទំនងផ្ទាល់ជាមួយក្រុមសាវ័ក គឺគេអាច “ស្ទាប” (លក ២៤,៣៩) និង “រួមតុ” (លក ២៤,៣០) ជាមួយព្រះអង្គបាន។ ព្រះអង្គអញ្ជើញគេឱ្យទទួលស្គាល់ថា ព្រះអង្គ​មិន​មែនជាខ្មោចទេ (លក ២៤,៣៩) ហើយឱ្យគេយល់ឃើញថា ព្រះកាយព្រះអង្គ ដែល​មានព្រះជន្មរស់​ឡើង​វិញ ជា​ព្រះកាយ​ដដែល ដែលបានរងទុក្ខលំបាក និងត្រូវគេឆ្កាង ដ្បិតព្រះកាយនេះមានស្នាមរបួស (លក ២០,៤០; យហ ២០,២០.២៧)។ ព្រះកាយនេះ ដ៏ពិតប្រាក ដែលមានយលក្ខណៈថ្មីផងដែរ គឺ លក្ខណៈ​នៃព្រះ​កាយ​ពោរពេញដោយសិរីរុងរឿង។ ព្រះអង្គអាចទៅទីណា និងនៅពេលណាក៏បាន គ្មានព្រំដែនក្នុងទីអាកាស ឬ​ក្នុង​ពេលវេលា​ឡើយ (មថ ២៨,៩.១៦-១៧) ដ្បិតជាតិជាមនុស្សរបស់ព្រះអង្គមិនស្ថិតនៅលើផែនដីនេះទៀតទេ តែ​ស្ថិតនៅឯព្រះបិតា (យហ ២០,១៧)។ ហេតុនេះហើយ បានជាព្រះយេស៊ូដែលមាន​ព្រះជន្មថ្មី​ស្ម័គ្រចិត្តបង្ហាញខ្លួនតាមរបៀបណាក៏បាន គឺដូចជាអ្នកថែរក្សាសួន​ច្បារ (យហ ២០,១៤-១៥) ឬ “តាម​ទ្រង់ទ្រាយផ្សេងទៀត” (មក ១៦,១២) ដែលសាវ័កធ្លាប់ស្គាល់ ដើម្បីតាមមើលជំនឿរបស់គេ (យហ ២០,១៤.១៦; ២១,៤.៧)។

៦៤៦. ព្រះគ្រីស្តដែលមានព្រះជន្មថ្មីមិនត្រឡប់មករស់នៅលើផែនដីនេះ ដូចកាលពីមុនទេ ដូចពេលព្រះអង្គបានប្រោសកូនស្រីរបស់លោកយ៉ៃរ៉ូស កំឡោះម្នាក់នៅភូមិណាអ៊ីន និងលោកឡាសារ ឱ្យមានជីវិតរស់ឡើងវិញ មុនបុណ្យចម្លង។ ព្រះអង្គបានប្រព្រឹត្តការអស្ចារ្យ គឺដោយសារអំណាចរបស់ព្រះអង្គ មនុស្សទាំងអស់នោះ មានជីវិតនៅលើផែនដីនេះដូច “ធម្មតា” ប៉ុន្តែពួកគេនឹងត្រូវស្លាប់ម្តងទៀត។ ព្រះគ្រីស្តមានព្រះជន្មថ្មី​ខុសប្លែកពីគេ​ គឺក្នុងព្រះកាយព្រះអង្គដែលមានព្រះជន្មថ្មី ទ្រង់ក៏ឆ្លងពីសេចក្ដីស្លាប់​ទៅ​ជីវិតហួស​ពី​អាកាស និង​ពេល​វេលា។ ព្រះកាយព្រះគ្រីស្តដែល​មានព្រះជន្មថ្មីពោរពេញដោយឫទ្ធានុភាព​នៃព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ គឺព្រះអង្គរួមជាមួយព្រះជាម្ចាស់ក្នុងសិរីរុងរឿងរបស់ព្រះអង្គ។​ ហេតុនេះ សន្តប៉ូលអាចមាន​ប្រសាសន៍​អំពីព្រះ​គ្រីស្ត​ថា ព្រះអង្គ “គង់នៅស្ថានបរមសុខ” (១ករ ១៥,៣៥-៥០)។

ការមានព្រះជន្មថ្មីជាហេតុការណ៍ហួស និងលើសអ្វីៗទាំងអស់

៦៤៧. “ឱយប់នៃបុណ្យចម្លង! ចូរច្រៀងកោតសរសើរ! មានតែឯងទេតើ ដែលស្គាល់ពេលព្រះគ្រីស្តបានចេញពី​ចំណោម​មនុស្ស​ស្លាប់”។ គ្មាននរណាម្នាក់បានឃើញផ្ទាល់នឹងភ្នែកពេលព្រះគ្រីស្តមានជីវិតថ្មី ហើយ​គ្មានអ្នក​និពន្ធ​​ដំណឹងល្អរៀបរាប់ហេតុការណ៍នេះឡើយ។ គ្មាននរណាម្នាក់អាចនិយាយប្រាប់ថា តើព្រះ​គ្រីស្តបានរស់​ឡើង​វិញយ៉ាងដូចម្ដេច ឬតើព្រះអង្គបានឆ្លងទៅជីវិតថ្មីយ៉ាងដូចម្ដេច បានឡើយ។ ទោះបីការ​​​​រស់​ឡើង​វិញ​ ជាហេតុការណ៍នៃប្រវត្តិសាស្រ្ត ដែលយើងអាចយល់ឃើញដោយសារផ្នូរទទេ និង​ដោយសា​រ​ក្រុម​​គ្រីស្តទូត​បានជួបព្រះអង្គយ៉ាងណាក៏ដោយ ក៏ព្រះជន្មថ្មីជាហេតុការណ៍ ហួស និងលើស​ប្រវត្តិ​សា​ស្រ្ត ដែលជាគ្រឹះដ៏ សំខាន់ៗនៃជំនឿ។ ហេតុនេះហើយ បានជាព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី​មិន​​បង្ហាញ​ខ្លួនឱ្យមនុស្សលោកឃើញ (យហ ១៤,២២) គ្រាន់តែឱ្យសាវ័ករបស់ព្រះអង្គ គឺ “អស់​អ្នកដែល​បាន​​រួម​ដំណើរ​​ជាមួយព្រះអង្គ ពីស្រុកកាលីឡេ ទៅក្រុងយេរូសាឡឹម ឃើញ អស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នក​ទាំង​នោះធ្វើជាបន្ទាល់របស់ព្រះអង្គ​ នៅចំពោះមុខប្រជាជនទៀតផង” (កក ១៣,៣១)។

២. ព្រះជន្មថ្មីជាស្នាព្រះហស្តនៃព្រះត្រៃឯក

៦៤៨. ដោយសារព្រះជាម្ចាស់ផ្ទាល់បានធ្វើអន្តរាគមន៍ ក្នុងការបង្កើត និងក្នុងប្រវត្តិសាស្រ្តមនុស្សលោក ត្រូវតែ​ជឿ​ថា ព្រះគ្រីស្ត​មានព្រះជន្មថ្មី។ ក្នុងព្រះគ្រីស្តដែលមានព្រះជន្មថ្មី​ ព្រះទាំងបីអង្គ​ប្រត្តិបត្តិ​តាមរួម​​​ជាមួយ​គ្នា និងសម្ដែងលក្ខណៈពិសេសរៀងៗខ្លួន។ ឫទ្ធានុភាពរបស់ព្រះបិតា “បានប្រោសឱ្យព្រះគ្រីស្ត (ជាព្រះបុត្រាព្រះអង្គ) ឱ្យមានជីវិតថ្មី” (កក ២,២៤) ទើបបានបញ្ចូលជាតិជាមនុស្ស ព្រមទាំង​ព្រះកាយ​ព្រះ​អង្គ ក្នុងព្រះត្រៃឯក។ ព្រះជាម្ចាស់បានតែងតាំងព្រះយេស៊ូ “ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព (ដោយសារ​ព្រះ​វិញ្ញាណ​ដ៏​​វិសុទ្ធ) ដោយប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មី” (រម ១,៣-៤)។ តាមសន្តប៉ូល ព្រះ​ ជាម្ចាស់​​សម្ដែងឫទ្ធានុភាពរបស់ព្រះអង្គ (រម ៦,៤; ២ករ ១៣,៤; ភីល ៣,១០; អភ ១,១៩-២២; ហប ៧,១៦) ដោយសារកិច្ចការរបស់ព្រះវិញ្ញាណដែលបានប្រោសជាតិជាមនុស្សរបស់ព្រះយេស៊ូឱ្យ​រស់ និង​ឱ្យ​​បាន​ទទួល​សិរីរុងរឿងរបស់ព្រះអម្ចាស់។

៦៤៩. រីឯចំពោះព្រះបុត្រាវិញ ព្រះអង្គប្រោសខ្លួនព្រះអង្គឱ្យមានជីវិតថ្មី ដោយសារឫទ្ធានុភាពរបស់ព្រះអង្គផ្ទាល់។ ព្រះយេស៊ូប្រកាសថា បុត្រមនុស្សត្រូវរងទុក្ខលំបាកយ៉ាងខ្លាំង សោយទិវង្គត ហើយនឹងមានព្រះ​ជន្ម​មានជីវិតថ្មី (មក ៨,៣១)។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ “ខ្ញុំសុខចិត្តស៊ូប្តូរជីវិត ដើម្បីឱ្យបានជីវិត​នោះមកវិញ (...)។ ខ្ញុំមានអំណាចនឹងស៊ូប្តូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ” (យហ ១០,១៧-១៨)។ “យើងជឿថា ព្រះយេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះជន្មថ្មីមែន” (១ថស ៤,១៤)។

៦៥០. គ្រូបាធ្យាយរិះគិតអំពីព្រះជន្មថ្មី ដោយយល់ឃើញថា​ ព្រលឹង និងព្រះ​កាយ​​​ព្រះគ្រីស្ត ដែលសេចក្ដីស្លាប់បានបំបែក នៅតែរួមជាមួយព្រះគ្រីស្តក្នុងឋានៈជាព្រះជាម្ចាស់៖ “ដោយសារ​សភាព​​​ជាព្រះ ជាម្ចាស់មានតែមួយ និងនៅស្ថិតស្ថេរក្នុងផ្នែកទាំងពីររបស់មនុស្ស ផ្នែកទាំងពីរនោះរួមជាមួយគ្នាម្តង​ទៀត។ ហេតុនេះ សេចក្ដីស្លាប់កើតឡើងដោយសារផ្នែកទាំងពីររបស់មនុស្សត្រូវបំបែក ហើយមនុស្សមានជីវិតថ្មី ដោយសារ​ផ្នែកទាំងពីរនោះរួមជាមួយគ្នាម្តងទៀត” (សន្ត គ្រេគ័រ នៃនីស; DS ៣២៥; ៣៥៩; ៣៦៩; ៥៣៩)។

៣. តើព្រះជន្មថ្មីមានអត្ថន័យ និងសង្រ្គោះមនុស្សលោក យ៉ាងដូចម្ដេច?

៦៥១. “បើព្រះគ្រីស្តមិនបានមានជីវិតថ្មីទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ” (១ករ ១៥,១៤)។ ព្រះជន្មថ្មីបញ្ជាក់នូវអ្វីៗទាំងអស់ ដែលព្រះអង្គបានប្រព្រឹត្ត និងបង្រៀន។ បើព្រះគ្រីស្តមានព្រះជន្មថ្មី ព្រះអង្គបញ្ជាក់អំពីសេចក្ដីពិតទាំងអស់ សូម្បីតែសេចក្ដីពិតលើសប្រាជ្ញារបស់​មនុស្ស​ ហើយបង្ហាញភស្តុតាង ជាដាច់ខាត អំពីអំណាចរបស់ព្រះអង្គជាព្រះជាម្ចាស់ ដែលទ្រង់បានសន្យាទុកជា​មុន។

៦៥២. ព្រះជន្មថ្មីរបស់ព្រះគ្រីស្ត បំពេញព្រះបន្ទូលសន្យា នៃសម័្ពន្ធមេ​ត្រី​​ចាស់ (លក ២៤,២៦-២៧) និងរបស់ព្រះយេស៊ូផ្ទាល់ នៅលើផែនដីនេះ (មថ ២៨,៦)។ ពាក្យសម្តី “ស្របតាម គម្ពីរ” (១ករ ១៥,៣-៤) បង្ហាញថា ព្រះជន្មថ្មីរបស់ព្រះគ្រីស្ត បំពេញសេចក្ដីប្រកាសទុកជាមុន​ទាំង​អស់​នោះ។

៦៥៣. ព្រះជន្មថ្មីរបស់ព្រះយេស៊ូបញ្ជាក់ថា ព្រះអង្គជាព្រះជាម្ចាស់ ។ ព្រះយេស៊ូមានព្រះបន្ទូលទុកជាមុនថា៖ “កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ” (យហ ៨,២៨)។ ព្រះជន្មថ្មីរបស់ព្រះគ្រីស្តដែលត្រូវគេឆ្កាងបញ្ជាក់ថា ព្រះអង្គមាន “ជីវិគង់នៅ” គឺជាព្រះបុត្រារបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់។ សន្តប៉ូលបានប្រកាសទៅកាន់ជនជាតិយូដាថា៖ “ព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបរុសរបស់យើង ព្រះអង្គបានធ្វើតាម ដើម្បី​ជា​ប្រយោជន៍ដល់យើង (...) គឺព្រះអង្គបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មី ដូចមានចែងទុកក្នុងទំនុកតម្កើងទីពីរថា៖ “ព្រះអង្គជាបុត្ររបស់យើង គឺយើងដែលបានបង្កើតព្រះអង្គមក នៅថ្ងៃនេះ” (កក ១៣,៣២-៣៣) (ទន ២,៧)។ តាមគម្រោងការអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ព្រះអង្គប្រោសព្រះគ្រីស្តឱ្យមានជីវិតថ្មី ដើម្បី​​ឱ្យ​គម្រោងការដ៏អស្ចារ្យនៃព្រះយេស៊ូប្រសូតបានគ្រប់លក្ខណៈ។

៦៥៤. បុណ្យចម្លងមានទិដ្ឋភាពពីរ គឺដោយសារព្រះយេស៊ូសោយទិវង្គត ព្រះអង្គរំដោះយើងឱ្យរួចពីបាប ​​ដោយសារ​ព្រះអង្គមានព្រះជន្មថ្មី ព្រះអង្គក៏បើកផ្លូវឱ្យយើងទទួលជីវិតថ្មី។ ​ព្រះអង្គប្រោសយើង​ឱ្យ​ទៅជាមនុស្សសុចរិត ក្នុងព្រះ​ហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ (រម ៤,២៥)។ “ដូច្នេះ ព្រះ​គ្រីស្តមានព្រះជន្ម​រស់​ឡើងវិញ (...) យ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ” (រម ៦,៤)។ ព្រះគ្រីស្ត​ដែលមាន​ព្រះជន្មថ្មី​ទទួលជោគជ័យលើ​អំពើបាប និងលើសេចក្ដីស្លាប់ ហើយប្រោសយើងឱ្យ​រួម ​ចំណែ​ក​​ក្នុង​ព្រះហឫទ័យប្រណីសន្តោស សាជាថ្មីម្តងទៀត (អភ ២,៤-៥; ១ពត្រ ១,៣)។ ព្រះ​គ្រីស្ត​ដែល​មាន​ព្រះ​ជន្មមានជីវិតថ្មី​ប្រោសយើង​ឱ្យ​ទៅ​ជាបុត្រធីតា របស់ព្រះជាម្ចាស់ ដ្បិតមនុស្សលោក ទៅជាបងប្អូនរបស់​ព្រះ​គ្រីស្ត ដូចព្រះអង្គផ្ទាល់ហៅ​សាវ័ករបស់​ព្រះអង្គ ក្រោយពីព្រះអង្គបានមានជីវិតថ្មី ថា៖ “សូមទៅប្រាប់បង​ប្អូនខ្ញុំ” (មថ ២៨,១០; យហ ២០,១៧)។​ យើង​ជាបងប្អូនមិនមែនមកពីធម្មជាតិទេ តែមកពី​ព្រះ​អំណោយទាននៃ​ព្រះ​ហឫទទ័យ​ប្រណីសន្តោស​ ដ្បិត​យើង​ទៅ​ជាបុត្រធីតារបស់ព្រះអង្គ ដោយរួមរស់ជាមួយព្រះបុត្រាតែមួយ ដែល​​បានសម្ដែងព្រះអង្គ​ឱ្យបានពេញ​លក្ខណៈ ពេលព្រះអង្គបានមានជីវិតថ្មី។

៦៥៥. ទីបញ្ចប់ ព្រះជន្មថ្មីរបស់ព្រះគ្រីស្ត ហើយព្រះគ្រីស្តដែលមានព្រះជន្មថ្មីផ្ទាល់ ជាគោល និងប្រភពនៃជីវិតថ្មីរបស់យើង ៖ “ព្រះគ្រីស្តពិតជាមានព្រះជន្មថ្មីមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មថ្មី មុនគេបង្អស់។ មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងមានជីវិតថ្មីរួមជាមួយព្រះគ្រីស្តយ៉ាងនោះដែរ” (១ករ ១៥,២០-២២)។ ដោយរង់ចាំឱ្យព្រះបន្ទូលសន្យានេះបានសម្រេច ព្រះគ្រីស្តដែលមានព្រះជន្មថ្មី រស់នៅក្នុងចិត្តគំនិតរបស់អ្នកជឿ។​ នៅក្នុងអង្គព្រះអង្គ គ្រីស្តបរិស័ទ “ស្គាល់ឱជារស​ឫទ្ធានុភាព​ទាំង​ឡាយនៃបរមលោក” (ហប ៦,៥) ហើយព្រះគ្រីស្តនាំជីវិតគេឆ្ពោះទៅឯព្រះជាម្ចាស់ (កូឡ ៣,១-៣) ដើម្បីឱ្យគេ “លែង​​រស់​សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មថ្មី សម្រាប់​គេ” (២ករ ៥,១៥)។

 សង្ខេប

៦៥៦. ជំនឿលើការមានជីវិតថ្មីមានស្នូលថា ព្រឹត្តិការណ៍នៃប្រវិត្តសាស្រ្ត ដែលក្រុមសាវ័កបានបញ្ជាក់ ថា ពួកគាត់ពិតជាបានជួបព្រះយេស៊ូដែលមានព្រះជន្មថ្មីមែន និងជាព្រឹត្តិការណ៍ដ៏អាឋ៌កំបាំង ខ្ពង់ខ្ពស់បំផុត គឺសភាពជាមនុស្សរបស់ព្រះគ្រីស្តចូលក្នុងសិរីរុងរឿងនៃព្រះជាម្ចាស់។

៦៥៧. ផ្នូរទទេរ និងសំពត់ស្នបបង្ហាញថា ព្រះសពព្រះគ្រីស្តបានរួចចាកផុតអំពីចំណងនៃសេចក្ដីស្លាប់ និង​ភាពរលួយស្អុយ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ សញ្ញាសម្គាល់នោះ រៀបចំក្រុមសាវ័កឱ្យជួបព្រះគ្រីស្ត ដែល មានព្រះជន្មថ្មី។

៦៥៨. ព្រះគ្រីស្ត ជាដើមកំណើតនៃអ្វីៗទាំងអស់ក្នុងចំណោមមនុស្សស្លាប់” (កូឡ ១,១៨) ជាគោលការណ៍នៃការមានជីវិតថ្មីរបស់យើង ចាប់តាំងពីពេលនេះទៅ ដោយប្រោសព្រលឹងយើងឱ្យបានសុចរិត (រម ៦,៤) បន្ទាប់មកទៀត ដោយប្រោសរូបកាយយើងឱ្យមានជីវិត (រម ៨,១១)។

ប្រការទី៦៖ព្រះយេស៊ូយាងឡើងស្ថានបរមសុខ

គង់ខាងស្ដាំព្រះបិតា​ដ៏មានឫទ្ធានុភាពសព្វប្រការ

៦៥៩. “កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើង ទៅស្ថាន​បរមសុខ” (មក ១៦,១៩)។ ដោយសារព្រះកាយព្រះគ្រីស្តមានលក្ខណៈថ្មី និងហួសធម្មជាតិ ជារៀងរហូត (លក ២៤,៣១) ព្រះកាយ​​ព្រះអង្គ​បាន​ទទួល​សិរីរុងរឿង នៅពេលព្រះអង្គមានព្រះជន្មថ្មី។ ប៉ុន្តែ អស់រយៈ​ពេល​​សែសិប​ថ្ងៃ​ ដែលព្រះអង្គបានបរិភោគជាមួយសាវ័ករបស់ព្រះអង្គ (កក ១០,៤១) ​ព្រមទាំងបង្រៀនគេអំពី​ព្រះរាជ្យ​ព្រះអង្គ (កក ១,៣) សិរីរុងរឿងរបស់ព្រះអង្គនៅតែលាក់លៀមក្រោមជាតិជាមនុស្សធម្មតា (មក ១៦,១២)។ ពេលព្រះយេស៊ួបង្ហាញខ្លួនជាលើកចុងក្រោយ ជាតិជាមនុស្សរបស់ព្រះអង្គចូល ជាស្ថាពរ ក្នុងសិរីរុង​រឿង​របស់ព្រះជាម្ចាស់ ដែលពពក (កក ១,៩) និងមេឃ (លក ២៤,៥១) ជានិមិត្តរូប។ ចាប់ពីឥឡូវនេះទៅ ព្រះអង្គ​គង់នៅ​ខាង​ស្តាំព្រះជាម្ចាស់ (មក ១៦,១៩)។ ព្រះអង្គនឹងបង្ហាញខ្លួនតាមរបៀបពិសេស តែមួយ និងជា​លើក​ចុងក្រោយ ឱ្យលោកប៉ូលឃើញ ដែលប្រៀប​បីខ្លួន​ដូច​ជា “កូនកើតមិនគ្រប់ខែ” (១ករ ១៥,៨) និង​​ធ្វើ​ឱ្យ​លោក​​ទៅជាគ្រីស្តទូត (១ករ​ ៩,១; កាឡ ១,៦)។

៦៦០. អស់រយៈពេលនោះ ព្រះគ្រីស្តដែលមានព្រះជន្មថ្មីលាក់លៀមសិរីរុងរឿងរបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូលដ៏លាក់កំបាំងទៅនាងម៉ារីម៉ាដាឡាថា៖ “ខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សូម​ទៅ​ប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំ ដែល​ជាព្រះរបស់អ្នករាល់គ្នាដែរ” (យហ ២០,១៧)។ ព្រះបន្ទូលនេះបង្ហាញថា ​សិរីរុងរឿងរបស់ព្រះគ្រីស្ត ដែល​មាន​ព្រះជន្ម​មានជីវិតថ្មី ខុសប្លែកពីសិរីរុងរឿងរបស់ព្រះគ្រីស្តដែលគង់ខាងស្តាំព្រះបិតា។ ពេល​ព្រះ​អង្គ​យាង​ឡើង​ទៅស្ថានបរមសុខ ជាហេតុការណ៍នៃប្រវត្តិសាស្រ្ត និងហួសប្រវត្តិសាស្រ្ត ព្រះអង្គនឹង​ឆ្លងពី​សិរីរុងរឿង​មួយទៅសិរីរុងរឿងមួយទៀត។

៦៦១. ដំណាក់កាលចុងក្រោយរួមនឹងដំណាក់កាលទី​មួយ គឺ​ពេលដែល​ព្រះអង្គយាងចុះពីលើមេឃ និងប្រសូតជាមនុស្ស។ មានតែអ្នកដែល “ចេញពីព្រះបិតា” ទេ ដែលអាច “ទៅឯព្រះ​បិតាវិញ” គឺព្រះគ្រីស្ត (យហ ១៦,២៨)។​ “ពុំដែលមាននរណាបានឡើងស្ថានបរមសុខឡើយ គឺមានតែបុត្រ​មនុស្ស​ប៉ុណ្ណោះ ដែលយាងចុះពីស្ថានបរមសុខមក” (យហ ៣,១៣) (អភ ៤,៨-១០)។ ដោយ​ពឹងតែលើកម្លាំង​ខ្លួន មនុស្ស​ជាតិមិនអាចចូលក្នុង “ព្រះដំណាក់” (យហ ១៤,២) ព្រះជន្ម និងស្ថានបរមសុខ​របស់​ព្រះបិតា​បាន​ឡើយ។ មានតែព្រះគ្រីស្តទេ ដែលអាចបើកទ្វារស្ថានបរមសុខនេះ ឱ្យមនុស្សលោក ទើប “យើង ដែលជា​អវយវៈ​របស់​ព្រះ​អង្គ មានសេចក្ដីសង្ឃឹមថា នឹង​ទៅ​​ឯព្រះអង្គ ដែលជាព្រះសិរសា និងគោលរបស់យើង” (MR)។

៦៦២. “រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីលើដី ខ្ញុំនឹងទាក់ទាញមនុស្សទាំងអស់មកឯខ្ញុំ” (យហ ១២,៣២)។ ការលើកនៅលើឈើឆ្កាង មានន័យថា និងប្រកាសទុកជាមុនថា ព្រះយេស៊ូនឹងយាងឡើងទៅស្ថាន​បរមសុខ។ ព្រះ​​​​​​​​យេស៊ូគ្រីស្តជាបូជាចារ្យតែមួយនៃសម័្ពន្ធមេត្រីថ្មី និងអស់កល្បជានិច្ច “មិនបានយាងចូលក្នុងទី សក្ការៈសង់​ឡើង ដោយស្នាដៃមនុស្ស ​(...) គឺព្រះអង្គបានយាងចូលក្នុងស្ថានបរមសុខតែម្តង។ ឥឡូវនេះ​ព្រះអង្គស្ថិត​នៅ​ចំពោះ​ព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង” (ហប ៩,២៤)។ នៅស្ថានបរមសុខ ព្រះគ្រីស្ត​ធ្វើជា​បូជាចារ្យ​ជារៀងរហូត “ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឱ្យពួកអ្នក ដែលចូល​មក​ជិត​ព្រះជាម្ចាស់” (ហប ៧,២៥)។ ដោយសារព្រះគ្រីស្តជា “មហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិ​បរលោក” (ហប ៩,១១) ព្រះអង្គជាស្នូល និងតួដ៏សំខាន់ជាងគេ នៃពិធីបុណ្យ ដែលលើកតម្កើងព្រះបិតា​នៅឯ​ស្ថាន​បរមសុខ (វវ ៤,៦-១១)។

៦៦៣. ចាប់ពីឥឡូវនេះទៅ ព្រះគ្រីស្តគង់នៅខាងស្តាំព្រះបិតា ៖ “ពាក្យថា “ខាងស្ដាំព្រះបិតា” ត្រូវតែ​គិតដល់​​សិរីរុងរឿង និងកិតិ្តយសរបស់ព្រះជាម្ចាស់ ដែលព្រះបុត្រារបស់ព្រះអង្គ ជាព្រះជាម្ចាស់ និង​រួម​សភាព​​ជាមួយព្រះបិតា មុនគ្រប់សម័យកាលទាំងអស់ បានទទួល ក្រោយពីព្រះអង្គបានកើតជាមនុស្ស និងក្រោយពី​ជាតិ​​ជាមនុស្ស​របស់ព្រះអង្គបានទទួលសិរីរុងរឿង”(សន្ត យ៉ូហាន ដាម៉ាសែន)។

៦៦៤. ព្រះគ្រីស្តគង់ខាងស្ដាំព្រះបិតា មានន័យថា ព្រះមេស្ស៊ីចាប់ផ្ដើមសោយរាជ្យ និងបំពេញ សុបិន្តនិមិត្ត​របស់​ព្យាការីដានីអែលអំពីបុត្រមនុស្ស៖ “លោកបានទទួលអំណាចគ្រប់គ្រង ព្រះកិតិ្តនាម ព្រមទាំងរាជ្យសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ច ឥតសាបសូន្យឡើយ។ រាជ្យសម្បត្តិរបស់លោកក៏មិនត្រូវរលាយដែរ” (ដន ៧,១៤)។ ចាប់ពីពេលនោះទៅ ក្រុមគ្រីស្តទូតទៅជាសាក្សីនៃ “ព្រះរាជ្យដែលគ្មានទីបញ្ចប់ឡើយ” (ធម៌​ប្រកាស​ជំនឿនៃនិសេ/​កុងស្តង់ទីណូប)។

 សង្ខេប

៦៦៥. ការយាងឡើងរបស់ព្រះគ្រីស្តបង្ហាញថា សភាពជាមនុស្សរបស់ព្រះយេស៊ូចូលទៅក្នុងព្រះ​ដំណាក់នៃស្ថានបរមសុខរបស់ព្រះជាម្ចាស់ជារៀងរហូត ហើយជាទីដែលព្រះអង្គនឹងយាងមកវិញ (កក ១,១១) ប៉ុន្តែ ជាកន្លែង លាក់​បំបាំងព្រះ​អង្គអំពីភ្នែកមនុស្សលោករហូតដល់ពេលព្រះអង្គនឹងយាងមកវិញ (កូឡ ៣,៣)។

៦៦៦. ព្រះយេស៊ូគ្រីស្ត ដែលជាព្រះសិរសារបស់ព្រះសហគមន៍ យាងចូល ក្នុងព្រះរាជ្យ​ដែលពោរពេញដោយសិរីរុងរឿងរបស់ព្រះបិតាមុនយើង ដើម្បីឱ្យពួកយើង ដែលជាសិរីរាង្គនៃព្រះកាយព្រះអង្គ រស់នៅដោយ​សង្ឃឹមថា ក្នុងថ្ងៃណាមួយ នឹងនៅក្នុងអង្គព្រះអង្គ អស់កល្បជានិច្ច។

៦៦៧. ដោយសារព្រះយេស៊ូគ្រីស្តបានយាងឡើងទៅកាន់ស្ថានលើជាការស្រេច ព្រះអង្គតែងតែ​ជួយ​អង្វរ​​ព្រះ​ជា​ម្ចាស់ ដើម្បីពួកយើង ដូចជាស្ពានមេត្រី ដែលធានាថា ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកជារៀងរហូត។

ប្រការទី៧៖ព្រះអង្គនឹងយាងមកវិញ ដើម្បីវិនិច័្ឆយមនុស្សទាំងរស់ទាំងស្លាប់

១. ព្រះអង្គនឹងយាងមកវិញ ពោរពេញដោយសិរីរុងរឿង

តាមរយៈព្រះសហគមន៍ ព្រះគ្រីស្តសោយរាជ្យហើយ

៦៦៨. “ព្រះគ្រីស្តបានសោយទិវង្គត​ និងមានព្រះជន្មថ្មី ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ ទាំងលើមនុស្សរស់” (រម ១៤,៩)។ ក្នុងជាតិជាមនុស្ស ព្រះគ្រីស្តយាងឡើងស្ថានបរមសុខ​រួមចំណែកជាមួយនឹងឫទ្ធានុភាព និងអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់​ គឺព្រះអង្គមានអំណាចលើផែនដី និងនៅលើមេឃ។ ព្រះអង្គ “ខ្ពស់ជាងវត្ថុសក្តិសិទ្ធិគ្រប់យ៉ាង​ ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទិ្ធមានបារមី គ្រប់គ្រង” ដ្បិតព្រះបិតា “បានបង្រ្កាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត” (អភ ១,២០-២១)។ ព្រះគ្រីស្តជាព្រះអម្ចាស់លើសកលលោក​ (អភ​៤,១០; ១ករ ១៥,២៤.២៧-២៨)​ និងលើប្រវត្តិសាស្រ្ត។​ ព្រះ​ជាម្ចាស់ចាត់ចែង​ឱ្យប្រវត្តិសាស្រ្តមនុស្សលោក និងសត្វលោកទាំងអស់ឱ្យ “រួមគ្នានៅក្នុងអង្គព្រះគ្រីស្ត” (អភ ១,១០) ដែលបំពេញអ្វីៗទាំងអស់។

៦៦៩. ដោយសារព្រះគ្រីស្តជាព្រះអម្ចាស់ ព្រះអង្គក៏ជាព្រះសិរសានៃព្រះសហគមន៍ ដែលជាព្រះកាយព្រះអង្គ​​ដែរ (អភ ១,២២)​។ ព្រះអង្គបានយាងឡើងស្ថានបរមសុខ និងបានទទួលសិរីរុងរឿង ព្រះអង្គ​បាន​បំពេញ​បេសកកម្ម​របស់ព្រះអង្គឱ្យបានគ្រប់លក្ខណៈ ទ្រង់ក៏ស្ថិតនៅលើផែនដី ក្នុងព្រះសហគមន៍។ ដោយសារ​ព្រះ​គ្រីស្ត​បានសង្រ្គោះមនុស្សលោក ព្រះអង្គមានអំណាចលើព្រះសហគមន៍​ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ (អភ ៤,១១-១៣)។ “ព្រះសហគមន៍​បង្ហាញ​អំពី​ព្រះគ្រីស្តគ្រងរាជ្យ យ៉ាងអាថ៌កំបាំងក្នុងលោកនេះរួចហើយ” ដែល “ជាពន្លកនិងជាដើមកំណើតនៃព្រះរាជ្យ​​​នេះនៅលើផែនដី” (LG ៣; ៥)។

៦៧០. ចាប់តាំងពីព្រះគ្រីស្តបានយាងឡើងស្ថានបរមសុខ ព្រះជាម្ចាស់បានសម្រេចគម្រោងការរបស់ព្រះ​អង្គ​រួច​ហើយ។ យើងមកដល់ “ពេលចុងក្រោយបំផុត” ហើយ (១យហ ២,១៨) (១ពត្រ ៤,៧)។ “ដូច្នេះ ជំនាន់ចុង​ក្រោយ​​បង្អស់​មក​ដល់យើងហើយ។ ពិភពលោក​​​ពិតជាបានប្រែជា​​​ថ្មី​ដោយសារព្រះគ្រីស្តរួចទៅហើយៗក៏ចាប់​ផ្តើ​មាន​​រូបរាង​ជា​មុន​​យ៉ាងពិតប្រាកដ នៅពេលឥឡូវនេះ គឺថាព្រះ​សហគមន៍តែងខ្លួនដោយភាពវិសុទ្ធ យ៉ាង​ពិត​ប្រាកដ​​​នៅ​​​​​លើ​​​ផែនដីនេះ ទោះបីភាពវិសុទ្ធនេះ​មិនទាន់ពេញ​លក្ខណៈ​​​នៅឡើយក្តី” (LG ៤៨)។ ព្រះ​​រាជ្យ​ព្រះគ្រីស្តសម្ដែងនូវវត្តមាន​​ព្រះអង្គ ​​ដែលព្រះសហគមន៍ប្រកាស (មក ១៦,២០) ​ដោយសារ​សញ្ញា​សម្គាល់​ដ៏​អស្ចារ្យ (មថ ១៦,១៧-១៨) ។

...លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រីស្ត

៦៧១. ទោះបីព្រះគ្រីស្តស្ថិតនៅក្នុងព្រះសហគមន៍រួចហើយក្ដី ក៏ព្រះអង្គមិនទាន់យាងមក​បំពេញ​​​ព្រះរាជ្យ​​ព្រះអង្គ ដោយ​គ្រងរាជ្យនៅលើផែនដី “ប្រកប​ដោយឫទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ” នៅឡើយ (លក ២១,២៧)​ (មថ ២៥,៣១) ។ ទោះបីព្រះគ្រីស្តសោយទិវង្គត និងមានព្រះជន្មថ្មី ទ្រង់បាន​ឈ្នះ​មេប្រឆាំងយ៉ាងណាក៏ដោយ ក៏វានៅតែវាយលុកព្រះរាជ្យព្រះអង្គដែរ (២ថស ២,៧)។ លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិតនៅក្រោមអំណាចរបស់​ព្រះ​គ្រីស្ត​​​ហើយ (១ករ ១៥,២៨) “ព្រះសហគមន៍​​​កំពុង​​​ធ្វើបូជានីយេសចរណ៍ ទំរាំ​​​ដល់​​​​ពេលព្រះ​ជាម្ចាស់​​នឹងបង្កើតមេឃថ្មី និងផែនដីថ្មី​ប្រកប​ដោយសេចក្តីសុចរិត។ ហេតុនេះ ទាំង​អគ្គ​សញ្ញា​របស់​ព្រះ​​​​សហគមន៍​​​​ក្តី ទាំង​​រចនាសម្ព័ន្ធរបស់ខ្លួនក្តី ក៏មាន​លក្ខណៈ​របស់លោកីយ៍មិន​​​ទៀង​​​ទាត់ដែល​ចេះ​តែ​កន្លង​ផុត​ទៅ​​ដែរ។ ព្រះសហគមន៍​រស់នៅក្នុងចំណោម​សត្វ​លោក‌​ដែល​កំពុង​តែស្រែកថ្ងូរ​និង​ឈឺចុកចាប់ដូចជាស្ត្រីដែល​ហៀប​​នឹង​​​សម្រាលកូនដោយ​ទន្ទឹងរង់ចាំសិរី​រុងរឿង​​​នៃ​បុត្រធីតារបស់ព្រះជាម្ចាស់” (LG ៤៨)។ ហេតុនេះហើយ ទើបបាន​ជា​​គ្រីស្ត​បរិស័ទអធិដ្ឋានជាពិសេសក្នុងអភិបូជា (១ករ ១១,២៦) ឱ្យ​​ព្រះគ្រីស្តយាងមកវិញ (២ពត្រ ៣,១១-១២) ដោយទូលអង្វរព្រះអង្គថា៖ “ឱព្រះ​អម្ចាស់​អើយ! សូមយាងមក!” (១ករ ១៦,២២; ​ វវ ២២,១៧.២០)។

៦៧២. មុនព្រះគ្រីស្តយាងឡើងទៅស្ថានបរមសុខ ព្រះអង្គមានព្រះបន្ទូលថា មិនទាន់ដល់ពេលកំណត់នៅឡើយ ដែល​​ព្រះអង្គ​នឹងតាំងរាជាណាចក្រប្រកបដោយសិរីរុងរឿង ដែលជនជាតិអ៊ីស្រាអែលរង់ចាំ (កក ១,៦-៧) ​ហើយ​បើ​តាម​ព្យាការី​​បាន​ថ្លែងទុកជាមុន (អស ១១,១-៩) ត្រូវនាំឱ្យមនុស្សលោកទាំងអស់ បានយុត្តិធម៌ សេចក្ដី​ស្រលាញ់ និងសន្តិភាព។ បើតាមព្រះអម្ចាស់ បច្ចុប្បន្នកាលនេះ ជាពេលរបស់ព្រះវិញ្ញាណ និងសក្ខីភាព (កក ១,៨)​ ប៉ុន្តែ​ជាពេលប្រកបដោយ “ភាពតាន់តឹង” (១​ករ ៧,២៦) និងសេចក្ដីអាក្រក់ (អភ ៥,១៦) ដែល​មិន​ត្រា​ប្រណីព្រះសហគមន៍ (១ពត្រ ៤,១៧) ហើយដែលចាប់ផ្ដើមការប្រយុទ្ធប្រឆាំងនៃថ្ងៃចុងក្រោយ (១យហ ២,១៨; ៤,៣; ១ធម ៤,១)។ ពេលវេលាបច្ចុប្បន្នកាលនេះ ជាពេលដែលយើងត្រូវតែរង់ចាំ ព្រមទាំង​ប្រុង​ស្មារតី​ជា​និច្ច (មថ ២៥,១-១៣; មក ១៣,៣៣-៣៧)។

ជនជាតិអ៊ីស្រាអែលសង្ឃឹមថា ព្រះគ្រីស្តនឹងយាងមកវិញប្រកបដោយសិរីរុងរឿង

៦៧៣. តាំងពីពេលព្រះគ្រីស្តយាងឡើងស្ថានបរមសុខ ព្រះអង្គនឹងយាងមកវិញក្នុងពេលចាប់ៗ (វវ ២២,២០) ទោះបី “ត្រង់ឯណា​វេលាដែលព្រះបិតាបានកំណត់ទុក ដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់​ដឹង​ទេ” (កក ១,៧) (មក ១៣,៣២) គឺព្រះអង្គអាចយាងមកវិញនៅពេលណាក៏បាន (មថ ២៤,៤៤; ១ថស ៥,២) ទោះបីព្រះជាម្ចាស់ “ឃាត់” ព្រះគ្រីស្ត និងទុក្ខលំបាកទាំងប៉ុន្មាន​ដែល​នឹង​មក​មុនព្រះអង្គ នៅឡើយ (២ថស ២,៣-១២)។

៦៧៤. ព្រះមេស្ស៊ីប្រកបដោយសិរីរុងរឿងអាចយាងមកវិញ នៅពេលណាក៏បានក្នុងប្រវត្តិសាស្រ្ត (រម ១១,៣១) ​គឺ​​រហូតដល់ “ជនជាតិអ៊ីស្រាអែលទាំងមូល”​ (រម ១១,២៦; មថ ២៣,៣៩) ដែលមាន “មួយចំនួនមានចិត្តរឹងរូស” (រម ១១,២៥) ដោយ “គ្មានជំនឿ” (រម ១១,២០) ចំពោះព្រះយេស៊ូ នឹងទទួលស្គាល់ព្រះអង្គ។ សន្ត​សិលា​មាន​ប្រសាសន៍ទៅកាន់ជនជាតិយូដានៅទីក្រុងយេរូសាឡឹម នៅពេលបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ថា​​​​​​​​​៖ “សូមកែប្រែ​ចិត្ត​គំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឱ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ ព្រះអម្ចាស់នឹង​ប្រទាន​​ឱ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រីស្តយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោង​ទុក​ជា​មុន។ ឥឡូវនេះ ព្រះយេស៊ូគ្រីស្តគង់នៅស្ថានបរមសុខ រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូច​ទ្រង់​មានព្រះបន្ទូលទុក តាមរយៈព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ នៅជំនាន់ដើមស្រាប់” (កក ៣,១៩-២១)។ សន្តប៉ូលបន្ថែមទៀតថា៖ “ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើឱ្យមនុស្សលោកបានជានា​នឹង​ព្រះអង្គ​វិញ​​យ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺ​ប្រាកដ​ជា​មនុស្សស្លាប់នឹងមានជីវិតថ្មីពុំខាន!” (រម ១១,១៥)។ ពេលជនជាតិអ៊ីស្រាអែលទាំងអស់ (រម ១១,១២) នឹង​ចូលក្នុងការសង្រ្គោះ ក្រោយ “សាសន៍ដទៃទាំងអស់” (រម ១១,២៥) (លក ២១,២៤) ​ប្រជារាស្រ្ត​របស់​​ព្រះជាម្ចាស់ “ឡើងដល់កំពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីទាំងអស់” (អភ ៤,១៣) រហូតដល់ “ព្រះជាម្ចាស់​បានគ្រងរាជ្យលើអ្វីៗទាំង​អស់គ្រប់ប្រការ” (១ករ ១៥,២៨)។

ព្រះសហគមន៍ប្រឈមមុខនឹងទុក្ខលំបាកចុងក្រោយ

៦៧៥. មុនព្រះគ្រីស្តនឹងយាងមកវិញ ព្រះសហគមន៍ត្រូវប្រឈមមុខនឹងទុក្ខលំបាកចុងក្រោយ ដែលនឹងធ្វើ​ឱ្យ​​​​​​អ្នកជឿមួយចំនួនធំធ្លាក់ចុះអន់ថយ (លក ១៨,១៨; មថ ២៤,១២)។ ព្រះសហគមន៍ដែលកំពុង​​​ធ្វើ​បូជនីយេសចរណ៍ នៅលើផែនដី ត្រូវគេបៀតបៀន (លក ២១,១២; យហ ១៥,១៩-២០)។ ការបៀតបៀននេះ នឹង​សម្ដែងអំពើអាក្រក់​ជាទីបំផុត ដូចជា​សាសនា​ក្លែងក្លាយ ដែលនឹងនាំឱ្យមនុស្សលោកជឿថា គេអាច​ដោះ​ស្រាយ​បញ្ហាទាំងឡាយ ដោយ​ក្បត់​សេចក្ដីពិត។ សាសនាក្លែងក្លាយធំជាងគេបំផុត គឺសាសនា​ក្លែង​ក្លាយ​របស់​មេ​ប្រឆាំង​ព្រះគ្រីស្ត បានសេចក្ដី​ថា មនុស្សលោកលើកតម្កើងខ្លួនឯងជំនួសព្រះជាម្ចាស់ និងព្រះមេស្ស៊ី​របស់​ព្រះអង្គ​ដែល​បាន​កើតជាមនុស្ស (២ថស ២,៤-១២)។

៦៧៦. ជំនឿក្លែងក្លាយប្រឆាំងនឹងព្រះគ្រីស្តនេះ មានរាល់ពេលគេចង់បំពេញសេចក្ដីសង្ឃឹមលើព្រះមេស្ស៊ី ក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដែលមានតែពេលព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សលោក នឹងបង្ហើយសេចក្ដីសង្ឃឹមនេះ។ ព្រះសហគមន៍បានបដិសេធមិនព្រមទទួលជំនឿនេះ ដែលគេហៅថា “សហស្សវត្សរ៍និយម” (DS ៣៨៣៩) ជាពិសេសខាងផ្នែកនយោបាយ ដែល “ខូចពីខាងក្នុង” (សម្ដេចប៉ាបពីយូសទី១១; GS ២០-២១)។

៦៧៧. ព្រះសហគមន៍នឹងចូលក្នុងសិរីរុងរឿងនៃព្រះរាជ្យព្រះអង្គ លុះត្រាតែព្រះសហគមន៍រួមស្លាប់រួមរស់ជាមួយ​ព្រះអម្ចាស់​​របស់ខ្លួន (វវ ១៩,១-៩)។ ព្រះជាម្ចាស់នឹងសម្រេចព្រះរាជ្យព្រះអង្គឱ្យបានគ្រប់លក្ខណៈ មិន​មែន​មក​ពី​ព្រះ​សហគមន៍​នឹង​ឈ្នះអំពើអាក្រក់ (វវ ១៣,៨) ជាលំដាប់លំដោយទេ តែមក​ពី​ព្រះ​អង្គនឹង​ទទួល​ជោគជ័យ​លើ​​អំពើ​អាក្រក់នេះ (វវ ២០,៧-១០)។​ ពេល​​​នោះ ព្រះមហេសីរបស់ព្រះអង្គនឹងយាងចុះពីលើមេឃ (វវ ២១,២-៤)។ ព្រះជាម្ចាស់នឹងទទួលជោគជ័យ លើការបះបោរនៃអំពើអាក្រក់ ដោយវិនិច្ឆ័យមនុស្សលោក (វវ ២០,១២) ក្រោយ​ពីផែនដីនេះ ដែលចេះតែប្រែប្រួល នឹងបាន​វិនាស​អន្តរាយ (២ពត្រ ៣,១២-១៣)។

២. ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ទាំងស្លាប់

៦៧៨. ដូចពួកព្យាការី (ដន ៧,១០) និងលោកយ៉ូហានបាទីស្ត (មថ ៣,៧-១២) ព្រះយេស៊ូបាន​ប្រកាស​ទុក​ជា​មុន​ថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សលោក នៅថ្ងៃចុងក្រោយ។ ពេលនោះ ព្រះជាម្ចាស់នឹងបំភ្លឺកិច្ចការ (មក ១២,៣៨-៤០) និងចិត្តគំនិតដ៏លាក់កំបាំង (លក ១២,១-៣)​ របស់មនុស្សម្នាក់ៗ ហើយព្រះអង្គ​នឹង​ដាក់​ទោស​​ដល់​​អស់អ្នកដែលមិនព្រមជឿ និងមិនព្រមទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ (មថ ១១,២០-២៤)។ កិច្ចការរបស់យើងចំពោះអ្នកដទៃនឹងសម្ដែងថា​ យើងព្រម ឬមិនព្រមទទួលព្រះហឫទ័យ​ប្រណី​សន្តោស និងសេចក្ដី​ស្រ​លាញ់របស់ព្រះជាមា្ចស់ (មថ ៥,២២)។ នៅថ្ងៃចុងក្រោយ ព្រះយេស៊ូនឹងមានព្រះបន្ទូលថា៖ “គ្រប់​ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ” (មថ ២៥,៤០)។

៦៧៩. ព្រះគ្រីស្តជាព្រះអម្ចាស់នៃជីវិតអស់កល្បជានិច្ច។​ ដោយសារព្រះអង្គជាព្រះសង្រ្គោះមនុស្សលោក ទ្រង់ក៏មានសិទ្ធិពេញទីនឹងវិនិច្ឆ័យកិច្ចការ និងចិត្តគំនិតរបស់មនុស្សលោក។ ព្រះអង្គបាន “ទទួល” សិទិ្ធនេះ ដោយសារព្រះឈើឆ្កាងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាព្រះបិតាបានប្រគល់ “អំណាចដាក់ទោសទាំងអស់​ឱ្យ​ព្រះ​បុត្រា​វិញ” (យហ ៥,២២) (យហ ៥,២៧; មថ ២៥,៣១; កក ១០,៤២; ១៧,៣១; ២ធម ៤,១)។ ក៏ប៉ុន្តែ ព្រះបុត្រាមិនមែនយាងមកដើម្បីដាក់ទោសទេ​ គឺព្រះអង្គយាងមកដើម្បីសង្រ្គោះ (យហ ៣,១៧) និងប្រទានជីវិត ដែល​ស្ថិតនៅក្នុងអង្គព្រះអង្គ (យហ ៥,២៦)។ ពេលយើងម្នាក់ៗមិនព្រមទទួលព្រះ​ហឫទ័យប្រណីសន្តោស យើង​ក៏ដាក់ទោសលើខ្លួនឯង នៅក្នុងជីវិតនេះរួចហើយ (យហ ៣,១៨) យើងក៏​ទទួលទោស​តាម​​កិច្ចការ​រៀងៗ​ខ្លួន (១ករ ៣,១២-១៥) ហើយយើងអាចធ្លាក់ស្ថាននរកជារៀងរហូត ដោយ​មិន​ព្រម​ទទួល​ព្រះ​វិញ្ញាណ​នៃសេចក្ដីស្រលាញ់ (មថ ១២,៣២)។

សង្ខេប

៦៨០. ព្រះគ្រីស្តជាអម្ចាស់សោយរាជ្យរួចស្រេចទៅហើយតាមរយៈព្រះសហគមន៍ ប៉ុន្តែអ្វីៗទាំងអស់ក្នុងលោកនេះ មិនទាន់ចុះចូលក្រោមអំណាចព្រះអង្គឡើយ។ ជ័យជំនះនៃព្រះរាជ្យនេះនឹងត្រូវរងនូវការវាយលុកចុងក្រោយ អំពីឫទ្ធិអំណាចនៃអំពើអាក្រក់ជាមិនខាន។

៦៨១. ព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក នៅអវសានកាលនៃពិភពលោក គឺជាពេលដែលព្រះ ​គ្រីស្តនឹងយាងមកពោរពេញដោយសិរីរុងរឿង ដើម្បីសម្រេចជ័យជំនះជាស្ថាពរនៃអំពើល្អលើអំពើអាក្រក់ ដែល ដូចគ្រាប់ពូជស្រូវល្អ និងស្រងែ ដែលរីកចម្រើនឡើងជាមួយគ្នាក្នុងអម្លុងប្រវិត្តសាស្រ្ត។

៦៨២. ដោយយាងមកក្នុងអវសានកាលនៃពិភពលោក ដើម្បីវិនិច្ឆ័យទោសមនុស្សទាំងរស់ទាំងស្លាប់ ព្រះគ្រីស្តពោរពេញដោយសិរីរុងរឿងនឹងសម្ដែងឱ្យយើងដឹងអំពីអាថ៌កំបាំងនៃចិត្តគំនិត និងប្រោសប្រទាន ឱ្យមនុស្សម្នាក់ៗ​ទៅតាម​អំពើរបស់គេ និងតាមការទទួល ឬការមិនព្រមទទួលការប្រោសប្រណី។

ជំពូក៣ លេខ៦៨៣-១០៦៥

ជំពូកទីបី៖​
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ

៦៨៣. “បើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធណែនាំទេនោះ គ្មាននរណាម្នាក់អាចពោលថា “ព្រះយេស៊ូជា​ព្រះអម្ចាស់​បាន​​ទេ” (១ករ ១២,៣)។ “ព្រះជាម្ចាស់បានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គឱ្យមកសណ្ឋិតក្នុង​ចិត្ត​យើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា “អប្បា! ឱព្រះបិតាអើយ!” (កាឡ ៤,៦)។ មានតែនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធទេតើ​ ទើបយើងអាចមានជំនឿបាន។ ព្រះវិញ្ញាណដ៏វិសុទ្ធត្រូវតែមកសណ្ឋិតក្នុងចិត្ត​យើង ដើម្បី​ឱ្យ​យើង​​អាច​មានទំនាក់ទំនងជាមួយព្រះគ្រីស្តបាន។ គឺព្រះវិញ្ញាណនេះហើយ ដែលយាងមក​រក​យើង និងប្រោសយើងឱ្យមានជំនឿ។ ដោយសារបុណ្យជ្រមុជទឹក ដែលជាអគ្គសញ្ញាដំបូងនៃជំនឿ ព្រះ​វិញ្ញាណ​​ដ៏វិសុទ្ធប្រទានជីវិត ដែលមានប្រភពក្នុងអង្គព្រះបិតា​ និងដែលព្រះអង្គប្រោសប្រទានក្នុងអង្គព្រះគ្រីស្ត​មក​យើង​រៀងៗខ្លួន និងយ៉ាងស្និទស្នាល នៅក្នុងព្រះសហគមន៍៖

ដោយសារពិធីជ្រមុជទឹក យើងកើតសាជាថ្មី នៅក្នុងអង្គព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះបុត្រាព្រះអង្គ នៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ អស់អ្នកដែលមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណក៏ណែនាំគេទៅកាន់​ព្រះ​បន្ទូល គឺព្រះបុត្រា។ ព្រះបុត្រាណែនាំគេទៅព្រះបិតា ហើយព្រះបិតាប្រទានឱ្យគេមានជីវិតអស់កល្បជានិច្ច។ ហេតុ​នេះហើយ បើសិនជាគ្មានព្រះវិញ្ញាណទេ យើងមិនអាចមើលឃើញព្រះបុត្រារបស់ព្រះជាម្ចាស់បានទេ ហើយ​បើគ្មានព្រះបុត្រាទេ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានដែរ ដ្បិតអ្នកណាចង់ស្គាល់ព្រះបិតា ត្រូវតែស្គាល់​ព្រះបុត្រា ហើយយើងអាចស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់​ តែតាមព្រះវិញ្ញាណដ៏វិសុទ្ធប៉ុណ្ណោះ (សន្ត​អ៊ីរ៉េណេ)។

៦៨៤. ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រណី ព្រះអង្គជាអង្គដំបូង ដែលនាំឱ្យ​យើងមានជំនឿ និងមាន​ជីវិត​ថ្មី គឺ “ឱ្យស្គាល់ព្រះបិតា​ និងព្រះយេស៊ូគ្រីស្ត ដែលព្រះអង្គចាត់ឱ្យមក” (យហ ១៧,៣)។ ប៉ុន្តែ ព្រះ​វិញ្ញាណដ៏វិសុទ្ធជាអង្គចុងក្រោយ ក្នុងការសម្ដែងអង្គនីមួយៗនៃព្រះត្រៃឯក ។​ សន្ត គ្រេគ័រ នៃណាស៊ីអង់ ជា “ទេវវិទូ” ពន្យល់ថា​ យើងស្គាល់ព្រះត្រៃឯកជាលំដាប់លំដោយបែបនេះ មកពីព្រះជាម្ចាស់មាន​គរុកោសល្យពោរ​ពេញ​​​​ដោយធម៌មេត្តាករុណា។

សម្ពន្ធមេត្រីចាស់ប្រកាសយ៉ាងច្បាស់លាស់អំពីព្រះបិតាច្រើនជាងព្រះបុត្រា។ ចំណែកឯសម្ពន្ធមេត្រីថ្មីវិញបង្ហាញឱ្យដឹងអំពីព្រះបុត្រា និងឱ្យយល់ខ្លះៗអំពីសភាពជាព្រះជាម្ចាស់នៃព្រះវិញ្ញាណ។ បច្ចុប្បន្ននេះ ព្រះវិញ្ញាណត្រូវបានលើកយកមកបង្ហាញឱ្យយើងដឹង និងធ្វើឱ្យយើងស្គាល់ព្រះអង្គច្បាស់ជាងមុន។ តាមពិតទៅ កាលដែលយើងមិនទាន់ទទួលស្គាល់ថា ព្រះបិតាជាព្រះជាម្ចាស់ មិនគួរប្រកាសអំពីព្រះបុត្រាឱ្យបើកចំហរ ហើយកាលដែលយើងមិនទាន់ជឿថា ព្រះបុត្រាជាព្រះជាម្ចាស់ មិនគួរបន្ថែមព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជានឹមម្យ៉ាងទៅទៀត បើនិយាយជ្រុលបន្តិច... គឺពន្លឺនៃព្រះត្រៃឯកនឹងភ្លឺត្រចះត្រចង់កាន់តែខ្លាំងឡើងៗតទៅមុខបន្តិចម្តងៗ “ពីសិរីរុងរឿងមួយទៅសិរីរុងរឿងមួយទៀត” (សន្ត គ្រែគ័រ នៃណាស៊ីអង់)។

៦៨៥. ពេលយើងជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ យើងក៏ប្រកាសថា ព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះមួយអង្គនៃ​ព្រះ​ត្រៃឯក​​ដ៏វិសុទ្ធ ដែលរួមសភាពជាមួយព្រះបិតា​ និងព្រះបុត្រា ទ្រង់ “ទទួលការក្រាបថ្វាយបង្គំ និងសិរីរុងរឿង ស្មើនឹង​ព្រះបិតា ​និងព្រះបុត្រា” (ធម៌ប្រកាសជំនឿនិសេ/កុងស្តង់ទីណូប)។ ហេតុនេះហើយ បានជា​យើង​បាន​និយាយអំពីអាថ៌កំបាំងនៃព្រះវិញ្ញាណដ៏វិសុទ្ធ​ ក្នុងវគ្គទាក់ទងនឹង “ទេវវិទ្យា”​ នៃព្រះត្រៃឯក។ ឥឡូវនេះ យើង​និយាយ​​អំពី​​ “តួនាទី” នៃព្រះវិញ្ញាណដ៏វិសុទ្ធ។

៦៨៦. ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការរួមជាមួយព្រះបិតា និងព្រះបុត្រា អំពីកំណើតនៃអ្វីៗទាំងអស់ រហូតដល់ទីបញ្ចប់​នៃ​​គម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះរបស់យើង។ ប៉ុន្តែ ព្រះជាម្ចាស់សម្ដែង និងប្រទានព្រះ​វិញ្ញាណ​មកយើង ដែល​យើងអាចស្គាល់ និងទទួលដូចព្រះមួយអង្គ “នៅពេលចុងក្រោយបំផុត” ដែលព្រះបុត្រា​ប្រសូតជា​មនុស្ស​ដើម្បី​សង្រ្គោះមនុស្សលោក បានចាប់ផ្ដើមហើយ​។ ហេតុនេះ គម្រោងការដ៏អស្ចារ្យ​នេះរបស់ព្រះជាម្ចាស់ ដែលព្រះគ្រីស្តជា“រៀម​ច្បង” និងជាព្រះសិរសានៃការបង្កើតពិភពលោកថ្មី នឹងអាចកើតជារូបរាង​នៅ​​​ក្នុងមនុស្សជាតិ ដោយ​​សារ​ព្រះជាម្ចាស់ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ គឺព្រះសហគមន៍ សហភាព​រវាង​ជន​ដ៏​វិសុទ្ធ​​ទាំងឡាយ ការ​លើក​លែងទោសឱ្យមនុស្សរួចពីបាប រូបកាយមនុស្សនឹងមានជីវិតថ្មី ជីវិតរស់នៅ​អស់​កល្ប​​​ជានិច្ច។

ប្រការទី៨៖ “ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ”

៦៨៧. “គ្មាននរណាម្នាក់យល់អំពីព្រះជាម្ចាស់បាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ” (១ករ ២,១១)។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលសម្ដែងព្រះអង្គ ប្រោសយើងឱ្យស្គាល់ព្រះគ្រីស្ត ជាព្រះបន្ទូលដ៏រស់រវើករបស់ព្រះអង្គ ប៉ុន្តែមិនសម្ដែងខ្លួនព្រះអង្គនោះទេ។​ ព្រះអង្គ ដែល “បានថ្លែងព្រះបន្ទូល តាមរយៈអស់​លោក​​ព្យាការី” ណែនាំយើងឱ្យស្ដាប់ព្រះបន្ទូលរបស់ព្រះបិតា ប៉ុន្តែ យើងមិនឮព្រះអង្គផ្ទាល់ទេ។​ យើងគ្រាន់​តែ​ស្គាល់​ព្រះអង្គ នៅពេលព្រះអង្គសម្ដែងឱ្យយើងស្គាល់ព្រះគ្រីស្ត និងប្រោសយើងឱ្យទទួលព្រះអង្គ នៅក្នុង​ជំនឿ។ ព្រះវិញ្ញាណនៃសេចក្ដីពិត “សម្ដែង” ព្រះគ្រីស្តឱ្យយើងស្គាល់ ប៉ុន្តែមិនថ្លែងអំពីព្រះអង្គផ្ទាល់ (យហ ១៦,១៣)។ ហេតុនេះ ដោយសារព្រះវិញ្ញាណលុបលាងខ្លួនព្រះអង្គចោល “មនុស្សលោកពុំអាច​ទទួល​ព្រះអង្គ​បាន​ទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង” រីឯអស់អ្នកដែលផ្ញើជីវិតលើ​ព្រះ​គ្រីស្តក៏​ស្គាល់​ព្រះវិញ្ញាណ ដ្បិតព្រះអង្គស្ថិតនៅជាប់នឹងគេ (យហ ១៤,១៧)។

៦៨៨. យើងអាចស្គាល់ព្រះវិញ្ញាណដ៏វិសុទ្ធ ដោយសារព្រះសហគមន៍ ដែលបានទទួល និងបញ្ជូនបន្តជំនឿ​របស់​​​ក្រុម​​គ្រីស្តទូតមក៖

  • ក្នុងព្រះគម្ពីរ ដែលព្រះអង្គបានបំភ្លឺអ្នកនិពន្ធ
  • ក្នុងការបញ្ជូនបន្ត ដែលគ្រូបាធ្យាយធ្វើជាសាក្សីរហូតដល់សព្វថ្ងៃ
  • ក្នុងក្រុមមេដឹកនាំព្រះសហគមន៍ ដែលព្រះអង្គជួយឧបត្ថម្ភ
  •  ក្នុងពិធីបុណ្យនៃអគ្គសញ្ញា តាមរយៈពាក្យសម្ដី និងនិមិត្តរូបទាំងប៉ុន្មាន ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោស​យើង​ឱ្យ​រួមជាមួយព្រះគ្រីស្ត
  • ក្នុងការអធិដ្ឋាន ដែលព្រះអង្គជួយអង្វរព្រះជាម្ចាស់សម្រាប់យើង
  • ក្នុងព្រះអំណោយទាន និងមុខងារ ដែលព្រះសហគមន៍សំអាងទៅលើ
  • ក្នុងទីសម្គាល់នៃការប្រកាសដំណឹងល្អ
  • ក្នុងសក្ខីភាពនៃសន្តបុគ្គល ដែលព្រះអង្គសម្ដែងភាពបរិសុទ្ធរបស់ព្រះអង្គ និងបន្តព្រះរាជកិច្ចនៃការ​សង្រ្គោះ។
១. បេសកកម្មរួមគ្នារបស់ព្រះបុត្រា និងព្រះវិញ្ញាណ

៦៨៩. ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះបិតា (កាឡ ៤,៦) ដែលព្រះបិតាបានចាត់ឱ្យមកក្នុងចិត្តយើង ពិត​ជា​ព្រះ​ជាម្ចាស់។ ព្រះវិញ្ញាណរួមសុភាពជាមួយព្រះបិតា​ និងព្រះបុត្រា ហើយក៏មិនអាចបំបែកចេញពីព្រះបិតា និងព្រះ​បុត្រា​បានទេ នៅក្នុងព្រះជន្មយ៉ាងស្និទ្ធស្នាលនៃព្រះត្រៃឯកផង នៅក្នុងព្រះអំណោយទានពោរពេញ​ដោយ​សេចក្ដី​ស្រលាញ់​របស់ព្រះអង្គចំពោះមនុស្សលោកផង។ ដោយក្រាបថ្វាយបង្គំព្រះត្រៃឯកដ៏វិសុទ្ធ ដែលផ្ដល់ជីវិត ដែល​រួមសុភាពជាមួយគ្នា និងដែលមិនអាចបំបែកបាន​ ជំនឿ​របស់ព្រះ​សហគមន៍ប្រកាសថា អង្គ       នីមួយៗខុស​ប្លែក​ពី​គ្នា​ផង​ដែរ។ ពេលព្រះបិតាចាត់ព្រះបន្ទូលឱ្យយាងមក ព្រះអង្គក៏ចាត់ឱ្យខ្យល់ដង្ហើម​របស់ព្រះអង្គ​ឱ្យ​យាងមកផងដែរ គឺបេសកកម្មរួមរបស់ព្រះបុត្រា និងព្រះ​វិញ្ញាណ ដែល​​ទ្រង់ខុសប្លែកពីគ្នា តែមិនអាចបំបែក​ចេញ​​ពី​គ្នា​បានទេ។ ព្រះគ្រីស្ត ដែលជារូបតំណាងដែលមើលឃើញរបស់ព្រះជាម្ចាស់ដែលមើលមិនឃើញ ជាអ្នក​លេច​ឡើង តែព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកសម្ដែងឱ្យគេស្គាល់ព្រះអង្គ។

៦៩០. ព្រះយេស៊ូជាព្រះគ្រីស្ត ដែលបានទទួល “ប្រេងអភិសេក” ដ្បិតព្រះវិញ្ញាណជាប្រេងអភិសេក ហើយអ្វីៗ​ដែលកើតឡើងចាប់ពីព្រះបុត្រាប្រសូតជាមនុស្ស មកពីព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណយ៉ាងបរិបូណ៍ (យហ ៣,៣៤)។ ពេល​ព្រះគ្រីស្តទទួលសិរីរុងរឿងរួចហើយ (យហ ៧,៣៩) ព្រះអង្គ ដែលគង់ខាងស្ដាំព្រះបិតា អាច​ចាត់​ព្រះវិញ្ញាណ​ដល់​​​​​អស់​អ្នក​ដែលជឿលើព្រះអង្គ៖ ព្រះអង្គប្រទានសិរីរុងរឿងរបស់ព្រះអង្គឱ្យគេ (យហ ១៧,២២) គឺព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​​ដែលសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ (យហ ១៦,១៤)។ បេសកកម្មរួមគ្នា​នឹង​លាត​ត្រ​ដាង​​ដល់​បុត្រធីតាទាំងអស់ ដែលព្រះបិតាបានយកមកចិញ្ចឹមក្នុងព្រះកាយព្រះគ្រីស្ត ហើយព្រះវិញ្ញាណនឹង​មាន​បេសកកម្ម​​ប្រោស​ឱ្យគេរួមជាមួយព្រះគ្រីស្ត និងមានជីវិតក្នុងអង្គព្រះអង្គដែរ។

សញ្ញានៃប្រេងអភិសេកនាំឱ្យគិតថា (...) ព្រះបុត្រា និងព្រះវិញ្ញាណមិនស្ថិតនៅឆ្ងាយពីគ្នាទេ។ តាមពិតទៅ ចន្លោះផ្ទៃរាងកាយ និងប្រេង ទោះជាវិចារណញ្ញាណ ឬក៏ការរំភើបដោយវិញ្ញាណក៏ដោយ មិនស្គាល់អ្នកនៅចន្លោះកណ្តាលណាមួយយ៉ាងណា ទំនាក់ទំនងរវាងព្រះបុត្រា និងព្រះវិញ្ញាណ កើតឡើងភ្លាមៗយ៉ាងនោះដែរ ទើបចំពោះអ្នកដែលនឹងជួបជាមួយព្រះបុត្រាដោយសារជំនឿ មុនដំបូអបង្អស់ គេត្រូវជួបជាមួយប្រេងអភិសេកជាមុន  សិន។ តាមការពិត គ្មានផ្នែកណាមួយ ដែលគ្មានវត្តមាននៃព្រះវិញ្ញាណដ៏វិសុទ្ធទេ។ ហេតុនេះ អស់អ្នកទទួលជំនឿ ត្រូវប្រកាសជំនឿរបស់ខ្លួនចំពោះព្រះអម្ចាស់ជាព្រះបុត្រា នៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះវិញ្ញាណនឹងយាងមកពីគ្រប់ទិសទី នៅពីខាងមុខអស់អ្នកដែលចូលទៅជិតព្រះអង្គដោយសារជំនឿ (សន្ត គ្រែគ័រ នៃនីស)។

 ២.​ ព្រះនាម របៀបហៅ និងនិមិត្តរូបរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះនាមរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

៦៩១. “ព្រះវិញ្ញាណដ៏វិសុទ្ធ” ជាព្រះនាមរបស់អ្នកដែលយើងក្រាបថ្វាយបង្គំ និងលើកតម្កើងសិរីរុងរឿង រួមជាមួយព្រះបិតា​ និងព្រះបុត្រាផង។ ព្រះសហគន៍បានទទួលព្រះនាមនេះ ពីព្រះអម្ចាស់ ហើយប្រកាសព្រះនាមនេះ ក្នុង​ពិធីជ្រមុជទឹកនៃបុត្រធីតាថ្មីរបស់ព្រះអង្គ (មថ ២៨,១៩)។

ពាក្យ “ព្រះវិញ្ញាណ” មកពីពាក្យ “Ruah ” ជាភាសាហេប្រឺ ដែលមានន័យថា ការដកដង្ហើម អាកាស     ខ្យល់។ ព្រះ​យេស៊ូ​ប្រើពាក្យខ្យល់ ដើម្បីឱ្យលោកនីកូដេមយល់ថា ខ្យល់របស់ព្រះជាម្ចាស់ គឺព្រះវិញ្ញារបស់ព្រះអង្គ សុទ្ធ​តែ​ថ្មីៗ ខុសប្លែកពីអ្វីៗទាំងអស់ (យហ ៣,៥-៨)។ ម្យ៉ាងទៀត ព្រះវិញ្ញាណ​ និងដ៏វិសុទ្ធ ជាលក្ខណៈ​រួមនឹង​ព្រះ​ទាំង​បី​អង្គ​ ប៉ុន្តែ ដោយ​ភ្ជាប់ពាក្យទាំងពីររួមជាមួយគ្នា ព្រះគម្ពីរ ពិធីបុណ្យ និងទេវវិទ្យា​សម្ដៅ​លើ​ព្រះ​វិញ្ញាណដ៏​វិសុទ្ធ​តែ​ប៉ុណ្ណោះ។

របៀបហៅព្រះវិញ្ញាណដ៏វិសុទ្ធ

៦៩២. ពេលព្រះយេស៊ូប្រកាស និងសន្យាថា ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក ព្រះអង្គហៅព្រះវិញ្ញាណថា “ប៉ារ៉ាក្លេតូស” គឺ “អ្នកដែលគេកោះហៅ” មេធាវី (យហ ១៤,១៦.២៦ ; ១៥,២៦ ; ១៦,៧)។ ជាធម្មតា គេបកប្រែ “ប៉ារ៉ាក្លេតូស” ដោយ “អ្នកលួងលោម” ដោយដឹងថា ព្រះយេស៊ូជាអ្នកលួងលោមដំបូង (១យហ ២,១)។ ព្រះ​អម្ចាស់​ផ្ទាល់ហៅព្រះវិញ្ញាណដ៏វិសុទ្ធ “ព្រះវិញ្ញាណនៃសេចក្ដីពិត” (យហ ១៦,១៣)។

៦៩៣. កិច្ចការគ្រីស្តទូត និងលិខិតផ្សេងៗប្រើព្រះនាមព្រះវិញ្ញាណដ៏វិសុទ្ធ តែសន្តប៉ូលហៅព្រះអង្គថា៖ ព្រះ​វិញ្ញាណ​នៃព្រះបន្ទូលសន្យា (កាឡ ៣,១៤ ; អភ ១,១៣) ព្រះវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាបុត្រ​ធីតា​របស់​ព្រះ​ជាម្ចាស់ (រម ៨,១៥ ; កាឡ ៤,៦) ព្រះវិញ្ញាណរបស់ព្រះគ្រីស្ត (រម ៨,១១) ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ (២ករ ៣,១៧) ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ (រម ៨,៩.១៤ ; ១៥,១៩ ; ១ករ ៦,១១ ; ៧,៤០) ហើយ​សន្ត​សិលា​ហៅព្រះអង្គថា ព្រះវិញ្ញាណប្រកបដោយសិរីរុងរឿង (១ពត្រ ៤,១៤)។

និមិត្តរូបនៃព្រះវិញ្ញាណដ៏វិសុទ្ធ

៦៩៤. ទឹក ៖ ទឹកជានិមិត្តរូបនៃកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងពិធីជ្រមុជទឹក ពីព្រោះក្រោយពីបានអង្វរ​ព្រះវិញ្ញាណ​ឱ្យយាងមក ទឹកទៅជាសញ្ញារបស់អគ្គសញ្ញាដ៏មានប្រសិទ្ធិភាពនៃកំណើតថ្មី។ កំណើតដំបូងរបស់យើងបាន​កើត​​ក្នុង​​ទឹក​​​​យ៉ាងណា ទឹកនៃពិធីជ្រមុជពិតជាមានន័យថា ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសយើងឱ្យកើតសាជាថ្មី ក្នុង​ព្រះ​​ជាម្ចាស់​​យ៉ាង​នោះ​ដែរ។ “យើងបានទទួលពីធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ (...) យើងក៏បានទទួល​ព្រះ​វិញ្ញាណ​​តែ​មួយ​​ដែរ” (១ករ ១២,៣)៖ ដូច្នេះ ព្រះវិញ្ញាណផ្ទាល់ជាទឹកដ៏រស់រវើក ដែលផុសចេញ​ពីព្រះគ្រីស្ត​ដែល​ត្រូវ​គេ​ឆ្កាង (យហ ១៩,៣៤ ; ១យហ ៥,៨) ដូចជាប្រភពរបស់ព្រះអង្គ ហើយផុស​ចូលនៅក្នុង​ខ្លួនដូចជា​ជីវិត​អស់​កល្ប​ជា​និច្ច (យហ ៤,១០-១៤ ; ៧,៣៨ ; សរ ១៧,១-៦ ; អស ៥៥,១ ; សក ១៤,៨ ; ១ករ ១០,៤ ; វវ ២១,៦ ; ២២,១៧)។

៦៩៥. ប្រេង ៖ ប្រេងជានិមិត្តរូបនៃកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែរ (១យហ ២២០។២៧ ; ២ករ ១,២១)។ ក្នុង​ការ​អប់រំ​ជំនឿ ប្រេងជាសញ្ញានៃអគ្គសញ្ញា​លាបថ្ងាស ប៉ុន្តែ ដើម្បីយល់យ៉ាងច្បាស់អំពីអត្ថន័យពេញលេញ​នៃនិមិត្តរូប​នេះ ត្រូវតែរំលឹកអំពីប្រេងអភិសេកដំបូងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធលើព្រះយេស៊ូ។ ព្រះគ្រីស្ត (ជាភាសា  ហេប្រឺ “ព្រះមេស្ស៊ី”) មានន័យថា “បានទទួលប្រេងអភិសេក” ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ក្នុងសម័្ពន្ធមេត្រីចាស់ (សរ ៣០,២២-៣២) មានអ្នកខ្លះបានទទួលប្រេងអភិសេកពីព្រះអម្ចាស់ ជាពិសេសព្រះបាទដាវីឌ (១សម ១៦,១៣)។ ប៉ុន្តែ ព្រះយេស៊ូបានទទួលប្រេងអភិសេកតាមរបៀបតែ​មួយ គឺជាតិ​ជាមនុស្ស​ដែលព្រះបុត្រា​ទទួល​យក បានទទួលប្រេង​​នៃព្រះវិញ្ញាណដ៏វិសុទ្ធឱ្យបានពេញលេញ។ ដោយ​សារព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះជាម្ចាស់តែងតាំងព្រះយេស៊ូជាព្រះគ្រីស្ត (លក ៤,១៨-១៩ ; អស ៦១,១)។ ​ព្រះនាង​ព្រហ្មចារិនីម៉ារីប្រសូត​ព្រះ​គ្រីស្ត​ពី​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ។ ​ តាមរយៈទេវទូត ព្រះវិញ្ញាណដ៏វិសុទ្ធប្រកាសថា ព្រះអង្គ​ជា​ព្រះគ្រីស្ត នៅពេលព្រះអង្គប្រសូត (លក ២១១) ហើយជម្រុញឱ្យលោកស៊ីម៉ូនចូលមកព្រះវិហារទៅជួបព្រះគ្រីស្តនៃព្រះអម្ចាស់ (លក ២២៦- ២៧)។ ព្រះវិញ្ញាណប្រោសព្រះគ្រីស្តឱ្យពោរពេញទៅដោយព្រះអង្គ (លក ៤,១) និងប្រកបដោយឫទ្ធានុភាព នៅ​ពេល​ព្រះអង្គ​ប្រោសអ្នក​ជង្ងឺឱ្យ​បាន​ជា និងជួយសង្រ្គោះ​មនុស្ស (លក ៦,១៩ ; ៨,៤៦)។ ព្រះវិញ្ញាណប្រោស​ព្រះយេស៊ូឱ្យ​មានព្រះជន្មរស់​ឡើង​វិញពីចំណោមមនុស្សស្លាប់ (រម ១,៤ ; ៨,១១)។ ហេតុនេះ ព្រះ​យេស៊ូ​ ដែលជា “ព្រះគ្រីស្ត” យ៉ាងពេញ​លក្ខណៈ ដោយសារជាតិជាមនុស្សរបស់ព្រះអង្គបានឈ្នះសេចក្ដីស្លាប់ (កក ២,៣៦)​ ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ​យ៉ាង​បរិបូណ៍រហូត​ដល់ “សន្តបុគ្គល” ដោយរួមជាមួយ​ជាតិ​ជា​មនុស្ស​នៃ​ព្រះ​​​បុត្រារបស់ព្រះជាម្ចាស់ នឹងទៅជា “មនុស្ស​​ពេញវ័យ ឡើងដល់កំពស់របស់ព្រះគ្រីស្ត ដែល​បំពេញ​អ្វីៗទាំង​អស់” (អភ ៤,១៣) គឺ “ព្រះគ្រីស្ត​ដ៏​ពេញ​លេញ” តាមពាក្យរបស់សន្ត អូគូស្តាំង។

៦៩៦. ភ្លើង ៖ ទឹកបង្ហាញអំពីកំណើតថ្មី និងពហុផលនៃជីវិត ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទាន ឯភ្លើងវិញ ជា​និមិត្តរូប​នៃ​​ថាមពលរបស់កិច្ចការនៃព្រះវិញ្ញាណដ៏វិសុទ្ធ​ ដែលប្រែអ្វីៗទាំងអស់។​ ដោយសារលោកអធិដ្ឋាន    ព្យាការីអេលី ដែល “ងើប​ឡើងដូចភ្លើង ពាក្យសម្ដីរបស់លោកភ្លឺដូចចន្លុះក្នុងពេលយប់” (បសរ ៤៨,១) ទាក់ទាញភ្លើងរបស់មេឃ លើយញ្ញបូជានៃភ្នំការម៉ែល​ (១ពង្ស ១៨,៣៨-៣៩) ជាតំណាងនៃព្រះវិញ្ញាណដ៏វិសុទ្ធដែលប្រែអ្វីៗដែលព្រះអង្គ​ប៉ះពាល់។ លោកយ៉ូហានបាទីស្ត ដែល “មកមុនព្រះអង្គ ហើយមានព្រះវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូច​លោក​អេលី” (លក ១,១៧) ប្រកាសថា ព្រះគ្រីស្តជាអ្នកនឹង “ជ្រមុជ (...) ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង” (លក ៣,១៦)។ ព្រះយេស៊ូនឹងមានព្រះបន្ទូលអំពីព្រះវិញ្ញាណនេះថា៖ “ខ្ញុំមកដើម្បីនាំភ្លើងមកផែនដី ប្រសិនបើ​ភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ” (លក ១២,៤៩)។ នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ព្រះអង្គ​សណ្ឋិត​លើ​​ក្រុម​សាវ័ក “ហាក់ដូចជាអណ្ដាតភ្លើង” (កក ២,៣-៤) និង​ប្រោសពួកគេឱ្យពោរពេញដោយព្រះ     អង្គ។ ការបញ្ជូនបន្ត​ខាង​វិញ្ញាណ​រំលឹកថា ភ្លើងជានិមិត្តរូបយ៉ាងច្បាស់នៃកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (សន្ត   យ៉ូហាន នៃព្រះឈើ​ឆ្កាង)៖ “កុំរារាំងសកម្មភាពរបស់​ព្រះ​​វិញ្ញាណឡើយ” (១ថស ៥,១៩)។

៦៩៧. ពពក និងពន្លឺ ៖ និមិត្តរូបទាំងពីរនេះ មិនអាចបែកញែកបានទេ នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធសម្ដែងព្រះ  អង្គ។ ​ក្នុង​សម័្ពន្ធមេត្រីចាស់ ពពក ដែលងងឹតផង ភ្លឺផង សម្ដែងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយដែលជា​ព្រះ​សង្រ្គោះ ដោយ​គ្របបាំងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ៖ ជាមួយលោកម៉ូសេ​លើភ្នំស៊ីណៃ (សរ ២៤,១៥-១៨) ​ក្នុង​ពន្លា​ជួបព្រះអង្គ (សរ ៣៣,៩-១០) ពេលជនជាតិអ៊ីស្រាអែលធ្វើដំណើរក្នុងវាលរហោស្ថាន (សរ ៤០,៣៦-៣៨) ហើយជាមួយព្រះបាទសាឡូម៉ូន ក្នុងពិធីឆ្លងព្រះវិហារ (១ពង្ស ៨,១០-១២)។​ ព្រះគ្រីស្តបំពេញរូបនោះ​ក្នុង​អង្គ​ព្រះ​វិញ្ញាណដ៏វិសុទ្ធ គឺព្រះអង្គនេះហើយដែលយាងមកសណ្ឋិតលើព្រះនាងព្រហ្មចារិនីម៉ារី និង “គ្របបាំង” នាង ដើម្បី​ឱ្យនាងសម្រាលព្រះយេស៊ូ (លក ១,៣៥)។ នៅលើភ្នំ ពេលព្រះយេស៊ូប្រែទ្រង់ទ្រាយ ព្រះវិញ្ញាណ​​ចេញ​​ពី​ពពក​ និងយាងមក “គ្របបាំង” ព្រះយេស៊ូ លោកម៉ូសេ និងលោកអេលី លោកសិលា លោកយ៉ាកុប និង​លោកយ៉ូហាន ហើយ “មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ “ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!” (លក ៩,៣៤-៣៥)។ គឺពពកដដែលនេះហើយ ដែល “មកបាំងព្រះយេស៊ូ​បាត់ពីភ្នែក” របស់​ក្រុម​សាវ័ក នៅពេលព្រះជាម្ចាស់លើកព្រះអង្គឡើងស្ថានបរមសុខ (កក ១,៩) ហើយដែលនឹងសម្ដែងថា ព្រះអង្គ​ជា​បុត្រមនុស្សពោរពេញដោយសិរីរុរឿង នៅពេលព្រះអង្គនឹងយាងមកវិញ (លក ២១,២៧)។

៦៩៨. ត្រា {សញ្ញាសម្គាល់} ជានិមិត្តរូបស្រដៀងនឹងប្រេងដែរ “ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជា​ព្រះបិតា​បាន​​​​ដៅ​សញ្ញាសម្គាល់” (យហ ៦,២៧) ហើយគឺនៅក្នុងអង្គព្រះអង្គ ដែលព្រះជាម្ចាស់ដៅសញ្ញាសម្គាល់លើយើង (២ករ ១,២២ ; អភ ១,១៣ ; ៤,៣០)។ ទេវវិទ្យាខ្លះបានប្រើនិមិត្តរូបនៃត្រា (sphragis) ដើម្បីសម្ដែងថា ប្រេង​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងតែងតាំង មិនអាចយកចេញបានទេ ហើយ​អគ្គ​សញ្ញា​​​​​​​ទាំងបីនោះ​មិន​អាចទទួលម្ដងទៀតទេ។

៦៩៩. ដៃ-ព្រះហស្ត ៖ ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជា  និងប្រទានពរដល់ក្មេងៗ (មក ១០,១៦) ដោយ​ដាក់​ព្រះ​ហស្ត​​លើពួកគេ (មក ៦,៥)។ ក្នុងព្រះនាមព្រះអង្គ ក្រុមគ្រីស្តទូតក៏នឹងធ្វើដូច្នោះដែរ (មក ១៦,១៨)។ លើស​ពី​នេះ​ទៅ​ទៀត ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ពេលក្រុមគ្រីស្តទូតធ្វើពិធីដាក់ដៃ (កក ៨,១៧-   ១៩)។ តាម​លិខិត​ផ្ញើ​ជន​គ្រីស្តបរិស័ទហេប្រឺ ពិធីដាក់ដៃស្ថិតនៅក្នុង “សេចក្ដីណាដែលមាន​ខ្លឹមសារគ្រប់​លក្ខណៈ” (ហប ៦,២)។ ពេលផ្ដល់​​អគ្គសញ្ញា ព្រះ​សហគមន៍បានទុកសញ្ញានេះ នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធប្រកបដោយឫទ្ធានុភាព​សព្វ​ប្រការ ​ក្នុងធម៌អង្វរ​ព្រះវិញ្ញាណ​​ ។

៧០០. ម្រាមដៃ-ព្រះអង្គុលី ៖ “(ព្រះយេស៊ូ) ដេញខ្មោចដោយឫទ្ធានុភាព (ព្រះអង្គុលី) របស់ព្រះជាម្ចាស់” (លក ១១,២០)។ ព្រះជាម្ចាស់បានសរសេរធម្មវិន័យរបស់ព្រះអង្គ លើបន្ទះថ្ម “ដោយព្រះអង្គុលីរបស់ព្រះអង្គ” (សរ ៣១,១៨) “លិខិតរបស់ព្រះគ្រីស្ត” ជាលិខិតដែលព្រះជាម្ចាស់បានផ្ញើមកក្រុមគ្រីស្តទូត “លិខិតនេះមិនមែនសរសេរ ដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរ នៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្តរបស់បងប្អូន” (២ករ ៣,៣)។ បទចម្រឿង “ឱព្រះវិញ្ញាណសូម​យាងមក” អង្វរព្រះវិញ្ញាណដ៏វិសុទ្ធដូចជា “ព្រះអង្គុលីនៃព្រះហស្តស្ដាំរបស់ព្រះបិតា ”។

៧០១. សត្វព្រាប ៖ ពេលទឹកជំនន់ស្រកហើយ (ជានិមិត្តរូបនៃពិធីជ្រមុជទឹក) សត្វព្រាប ដែលលោកណូអេបានលែង ត្រឡប់មកវិញ ដោយមានត្រួយអូលីវដ៏ស្រស់ក្នុងចំពុះ ជាសញ្ញាថា​ មនុស្សអាចរស់នៅលើផែនដីហើយ (កណ ៨,៨-១២)។ ពេលព្រះគ្រីស្តងើបឡើងពីទឹកនៃពិធីជ្រមុជទឹករបស់ព្រះអង្គ ព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាសត្វ​ព្រាប​យាងចុះមកសណ្ឋិតលើព្រះអង្គ (មថ ៣,១៦)។ ព្រះវិញ្ញាណយាងចុះ និងសណ្ឋិតលើ​ដួង​ចិត្ត​ដ៏​បរិសុទ្ធ​របស់​អស់​អ្នកដែលបានជ្រមុជទឹក។ នៅក្នុងព្រះវិហារខ្លះ ព្រះពន្លាដែលមានព្រះកាយព្រះគ្រីស្ត មានរូបរាងដូចជាសត្វព្រាប ព្យួរ​លើអាសនៈ។ ជាងគំនូរធ្លាប់យកសត្វព្រាបធ្វើជានិមិត្តរូបនៃព្រះវិញ្ញាណដ៏វិសុទ្ធ។

៣. ព្រះវិញ្ញាណ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានៅឡើយ

៧០២. ចាប់តាំងពីកំណើតនៃអ្វីៗទាំងអស់ រហូតដល់ “ពេលកំណត់” (កាឡ ៤,៤) ព្រះបន្ទូល និង​ព្រះវិញ្ញាណ​របស់​ព្រះ​បិតា មានបេសកកម្ម​រួមគ្នា ដែលនៅតែលាក់លៀម  ប៉ុន្តែព្រះអង្គកំពុងធ្វើការ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់​រៀបចំ​​ពេលកំណត់របស់ព្រះមេស្ស៊ី ហើយព្រះជាម្ចាស់បានសន្យារួចហើយថា​ នឹងប្រទានទាំងពីរអង្គ ដែលមិនទាន់​បាន​​​សម្ដែង​ឱ្យ​ពេញលេញ ដើម្បីឱ្យយើងអាចរង់ចាំ និងទទួលព្រះទាំងពីរអង្គ នៅពេលព្រះជាម្ចាស់នឹង​សម្ដែងព្រះទាំងពីរអង្គ​។ ហេតុនេះហើយ បានជាពេលព្រះសហគមន៍អានគម្ពីរសម័្ពន្ធមេត្រីចាស់ (២ករ ៣,១៤) ព្រះសហគមន៍ក៏ពិនិត្យពិច័យ (យហ ៥,៣៩.៤៦) អ្វីដែលព្រះវិញ្ញាណ “មានព្រះបន្ទូលតាមរយៈអស់​លោកព្យាការី” សម្ដែង​ឱ្យ​​យើងដឹង​អំពីព្រះគ្រីស្ត។

តាមជំនឿព្រះសហគមន៍ ពាក្យ “ព្យាការី” សម្ដៅទៅលើអស់អ្នកដែលព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺ ក្នុងការថ្លែងព្រះ គម្ពីរដ៏វិសុទ្ធ ទាំងសម្ពន្ធមេត្រីចាស់ ទាំងសម្ពន្ធមេត្រីថ្មីផង។ តាមប្រពៃណីនៃសាសនាយូដា យើងត្រូវបែងចែកធម្មវិន័យ (កណ្ឌទាំងប្រាំដំបូង ឬបញ្ចកណ្ឌ) គម្ពីរព្យាការី (គម្ពីរប្រវត្តិសាស្រ្ត និងគម្ពីរព្យាការី) និងកណ្ឌផ្សេងៗ (ជាពិសេសព្រះប្រាជ្ញាញាណ និងទំនុកតម្កើង) (លក ២៤,៤៤)។

ក្នុងការបង្កើត

៧០៣. ព្រះបន្ទូល និងដកដង្ហើមរបស់ព្រះជាម្ចាស់ជាប្រភពនៃការរស់នៅ និងជីវិតរបស់សត្វលោក     នីមួយៗ (ទន ៣៣,៦ ; ១០៤,៣០ ; កណ ១,២ ; ២,៧​ ; បសរ ៣,២០-២១ ; អគ ៣៧,១០)៖

ព្រះវិញ្ញាណដ៏វិសុទ្ធសោយរាជ្យ ប្រោសឱ្យបានវិសុទ្ធ និងណែនាំសត្វលោក ដ្បិតព្រះអង្គរួមសភាពជាមួយព្រះ​បិតា និងព្រះបុត្រា (...)។ ដោយសារព្រះអង្គជាព្រះជាម្ចាស់ ព្រះអង្គក៏មានអំណាចលើជីវិត និងរក្សាទុកសត្វលោក ក្នុងអង្គព្រះបិតា តាមព្រះបុត្រា។

៧០៤. “រីឯមនុស្សវិញ ព្រះជាម្ចាស់បានសូនរូបគេ ដោយព្រះហស្តព្រះអង្គផ្ទាល់ (គឺព្រះបុត្រា និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ) ហើយព្រះអង្គក៏គូររូបរាងរបស់ព្រះអង្គផ្ទាល់ លើសាច់មនុស្ស ទើបសូម្បីតែអ្វីដែលមើលឃើញ ក៏មាន​រូប​រាង​របស់ព្រះជាម្ចាស់ដែរ” (សន្ត អ៊ីរ៉េណេ)។

ព្រះវិញ្ញាណនៃព្រះបន្ទូលសន្យា

៧០៥. ទោះបីមនុស្សលោកត្រូវរបួសដោយសារបាប និងសេចក្ដីស្លាប់យ៉ាងណាក៏ដោយ ក៏គេនៅតែជា “រូប​តំណាង​​​​​របស់ព្រះជាម្ចាស់” ជារូបតំណាងរបស់ព្រះបុត្រា ប៉ុន្តែ “គ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ” (រម ៣,២៣) គេលែងមានលក្ខណៈដូចព្រះអង្គទៀតទេ។ ពេលព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោក      អប្រាហាំ ព្រះ​អ​ង្គក៏​ចាប់ផ្ដើមសង្រ្គោះមនុស្សលោក ដែលមានព្រះបុត្រានឹងទៅជាមនុស្ស (១យហ ១,៤ ; ភីល ២,៧) ដើម្បី​ឱ្យ​គេទៅជា “រូប​តំណាង” របស់ព្រះបិតាវិញ ដោយប្រទានឱ្យគេសិរីរុងរឿង និងព្រះវិញ្ញាណដែល “ផ្ដល់​ជីវិត”។

៧០៦. ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំថា និងប្រទាន​ពូជពង្ស​មកលោក ដែលជាផលផ្លែនៃជំនឿ និងឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (កណ ១៨,១-១៥ ; លក ១,២៦-៣៨.៥៤-៥៥ ; យហ ១,១២-១៣ ; រម ៤,១៦-២១)។​ ព្រះជាម្ចាស់នឹងឱ្យពរ​ដល់​ជន​ទាំង​ឡាយ​ដោយ​សារពូជពង្សរបស់លោក (កណ ១២,៣)។ ពូជពង្សនេះ គឺព្រះ​គ្រីស្ត (កាឡ ៣,១៦) ពោរពេញ​ដោយ​ព្រះ​វិញ្ញាណ ដែលនឹងធ្វើឱ្យ “កូនចៅរបស់ព្រះជាម្ចាស់ ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ” (យហ ១១,៥២)។ ដោយមានព្រះបន្ទូលសន្យាយ៉ាងមឺងម៉ាត់ (លក ១,៧៣) ព្រះជាម្ចាស់​ក៏​សុខចិត្ត​ប្រទាន​ព្រះ​បុត្រាដ៏ជាទី​ស្រលាញ់​របស់​ព្រះអង្គរួចហើយ (កណ ២២,១៧-១៩ ; រម ៨,៣២ ; យហ ៣,១៦) និង​ប្រទាន​ព្រះ​វិញ្ញាណនៃព្រះបន្ទូលសន្យា ដែល “បញ្ចាំចិត្តយើងឱ្យដឹងថា យើងនឹងទទួលមរតក នៅពេល​ព្រះអង្គ​លោះ​ប្រជារាស្រ្តរ​បស់ព្រះអង្គ” (អភ ១,១៣-១៤) (កាឡ ៣,១៤)។

ពេលព្រះជាម្ចាស់សម្ដែងព្រះអង្គ និងក្នុងធម្មវិន័យ

៧០៧. ពេលព្រះជាម្ចាស់សម្ដែងព្រះអង្គ ព្រះអង្គបំភ្លឺផ្លូវនៃព្រះបន្ទូលសន្យា ពីពួកបុព្វបរុសរហូតដល់លោកម៉ូសេ ហើយពីលោកយ៉ូស៊ូអា រហូតដល់ព្យាការីធំៗដែលសុបិននិមិត្តឃើញព្រះអង្គ។ ការបញ្ជូនបន្តនៃគ្រីស្តសាសនា​តែង​តែយល់ឃើញថា ពេលព្រះជាម្ចាស់សម្ដែងព្រះអង្គតាមបែបនោះ យើងអាចមើលឃើញ និងស្ដាប់ឮ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់ ដែលពពកនៃព្រះវិញ្ញាណដ៏វិសុទ្ធសម្ដែងផង និង “គ្របបាំង” ផង។

៧០៨. យើងអាចយល់ឃើញអំពីគរុកោសល្យរបស់ព្រះជាម្ចាស់នេះ ពេលព្រះអង្គប្រទានធម្មវិន័យ (សរ ១៩-២០ ; ទក ១-១១ ; ២៩-៣០)។ ព្រះជាម្ចាស់ប្រទានធម្មវិន័យដែលមាន “នាទីណែនាំ” ប្រជារាស្រ្ត​ទៅកាន់​ព្រះ​គ្រីស្ត (កាឡ ៣,២៤)។ ប៉ុន្តែ ដោយសារធម្មវិន័យមិនអាចសង្រ្គោះមនុស្សលោក ដែលលែង “មានលក្ខណៈ​ដូច​ព្រះជាម្ចាស់” និងលែងស្គាល់អំពីអំពើបាប (រម ៣,២០)​ មនុស្សលោកក៏ប្រាថ្នាចង់បានព្រះវិញ្ញាណដ៏វិសុទ្ធ ដូច​​ទំនុក​តម្កើងផ្ដល់សក្ខីភាពដែរ។

នៅក្នុងព្រះរាជាណាចក្រ និងនៅពេលជនជាតិអ៊ីស្រាអែលនិរទេស

៧០៩. ធម្មវិន័យ ដែលជាសញ្ញានៃព្រះបន្ទូលសន្យា និងសម័្ពន្ធមេត្រី ត្រូវតែណែនាំចិត្តគំនិត និងរចនាសម្ព័ន្ធនៃប្រជាជនដែលចេញមកពីជំនឿរបស់លោកអប្រាហាំ​។ “ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើងនោះ (...) យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ” (សរ ១៩,៥-៦) (១ពត្រ ២,៩)។  ប៉ុន្តែ  ក្រោយពីព្រះបាទដាវីឌ  ជនជាតិ    ​អ៊ីស្រាអែល​ចាញ់​ការល្បង ចង់ទៅជាព្រះរាជាណាចក្រដូចសាសន៍ដទៃផងដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹង​តែងតាំង​ព្រះ​រាជាណាចក្រ​នេះ ដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកព្រះបាទដាវីឌ (២សម ៧ ; ទន ៨៩ ; លក ១,៣២-៣៣) ហើយដែលនឹងទៅជាកម្មសិទ្ធិរបស់អស់អ្នកដែលពឹងលើព្រះអង្គ។

៧១០. ដោយសារជនជាតិអ៊ីស្រាអែលបានបំភ្លេចធម្មវិន័យ ហើយបានក្បត់សម្ពន្ធមេត្រី ទើបគេត្រូវតែស្លាប់ គឺគេត្រូវនិរទេស ហាក់ដូចជាព្រះជាម្ចាស់មិនបានសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ។ តាមពិត ព្រះជាម្ចាស់ជា​ព្រះសង្រ្គោះនៅតែស្មោះត្រង់នឹងជនជាតិអ៊ីស្រាអែល តាមរបៀបដ៏អាថ៌កំបាំង ហើយព្រះអង្គ​បានចាប់ផ្ដើមកែ​សម្រួល​​​គេ​​ឡើង​វិញ ដូច​ព្រះអង្គមានព្រះបន្ទូលសន្យាទុកជាមុន។ ប៉ុន្តែ ព្រះជាម្ចាស់នឹងកែសម្រួលគេនោះ​ តាម​ព្រះ​វិញ្ញាណ។ ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ត្រូវតែរងទុក្ខលំបាកបែបនេះ (លក ២៤,២៦) គឺគេត្រូវនិរទេស។ ការនិរទេសនេះ​ដូច​ជា​តំណាង​ទុក​ជា​មុននៃព្រះឈើឆ្កាង តាម​គម្រោងការរបស់ព្រះអង្គ ហើយអ្នក​ក្រីក្រ​ដែល​នៅ​សេស​សល់ និងដែលវិល​ត្រឡប់​មកវិញ ជាតំណាងរបស់ព្រះសហគមន៍។

ការរង់ចាំព្រះមេស្ស៊ី និងព្រះវិញ្ញាណរបស់ព្រះអង្គ

៧១១. “បន្តិចទៀត យើងនឹងធ្វើឱ្យព្រឹត្តិការណ៍ថ្មីកើតឡើង” (អស ៤៣,១៩)៖ ​ពួក​ព្យាការីនឹងធ្វើ ឱ្យ​ប្រជារាស្រ្តអ៊ីស្រាអែល​រង់ចាំ​ព្រះមេស្ស៊ីផង ព្រមទាំងប្រកាសអំពីព្រះវិញ្ញាណថ្មីផង។ ព្រះជាម្ចាស់នឹងបំពេញព​ព្យាការពីរ​​នោះ​ ក្នុងជនជាតិអ៊ីស្រាអែលមួយចំនួនតូចដែលនៅសេសសល់ ជាប្រជាជនរបស់អ្នកដែលគ្មានទីពឹង (សផ ២,៣) ដែល​ទន្ទឹង​រង់ចាំពេលព្រះអង្គយាងមក “សម្រាលទុក្ខប្រជារាស្រ្តអ៊ីស្រាអែល” និង “លោះក្រុងយេរូសាឡឹម” (លក ២,២៥.៣៨)។

យើងបានឃើញរួចហើយថា តើព្រះយេស៊ូបំពេញព្យាការទាំងប៉ុន្មាន ដែលទាក់ទងនឹងព្រះអង្គ។ នៅទីនេះ យើងគ្រាន់តែនិយាយអំពីព្យាការដែលទាក់ទងនឹងទំនាក់ទំនងរវាងព្រះមេស្ស៊ី និងព្រះវិញ្ញាណព្រះអង្គ។

៧១២. យើងអាចចាប់ផ្ដើមយល់អំពីលក្ខណៈរបស់ព្រះមេស្ស៊ី ដែលជនជាតិអ៊ីស្រាអែលរង់ចាំ នៅក្នុង    កណ្ឌ “អេម៉ានូអែល” (អស ៦-១២) (ពេល “លោកអេសាយបានឃើញសិរីរុងរឿង” របស់ព្រះគ្រីស្ត (យហ ១២,៤១)) ជាពិសេស នៅ អស ១១,១-២៖

មានខ្នែងមួយដុះចេញពីគល់របស់លោកយេសាយ មានដើមថ្មីមួយដុះចេញពីឫសរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្ដល់ប្រាជ្ញា ឱ្យចេះពិចារណា ដឹងខុសត្រូវ ព្រះវិញ្ញាណដែលផ្ដល់ការឈ្លាសវៃ និងចិត្តអង់អាច ព្រះវិញ្ញាណដែលបំភ្លឺឱ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់។

៧១៣. បទចម្រៀងរបស់អ្នកបម្រើសម្ដែងលក្ខណៈរបស់ព្រះមេស្ស៊ីយ៉ាងច្បាស់ (អស ៤២,១-៩ ; មថ ១២,១៨-២១ ; យហ ១,៣២-៣៤ ហើយ អស ៤៩,១-៦ ; មថ ៣,១៧ ; លក ២,៣២ ទីបញ្ចប់ អស ៥០,៤-១០ និង អស ៥២,១៣-៥៣,១២)។ បទចម្រៀងនោះ ពន្យល់នូវអត្ថន័យនៃទុក្ខលំបាករបស់ព្រះយេស៊ូ និងសម្ដែងនូវរបៀប ដែលព្រះអង្គនឹងបង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យប្រជាជាតិទាំងឡាយមានជីវិត គឺមិនមែនពីខាងក្រៅ តែដោយយាងមកយក “ឋានៈជាទាសករ” (ភីល ២,៧)។ ដោយសោយទិវង្គតជំនួសយើង ព្រះអង្គក៏អាចផ្ដល់ព្រះវិញ្ញាណរបស់ព្រះអង្គផ្ទាល់ ជាព្រះវិញ្ញាណនៃជីវិត។

៧១៤. ហេតុនេះហើយ បានជាព្រះគ្រីស្តចាប់ផ្ដើមប្រកាសដំណឹងល្អ តាមអត្ថបទរបស់លោកអេសាយនេះ​ ថា (លក ៤,១៨-១៩) (អស ៦១,១-២)៖

ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកឱ្យខ្ញុំនាំដំណឹងល្អទៅប្រាប់ជន​ក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្ដែងព្រហឫទ័យមេត្តាករុណា។

៧១៥. អត្ថបទរបស់ព្យាការីដែលទាក់ទងនឹងព្រះជាម្ចាស់ចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមក ជាសេចក្ដី​ប្រកាស ដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យាក្នុងដួងចិត្តប្រជារាស្រ្តរបស់ព្រះអង្គ “ដោយចិត្តស្រលាញ់ និងចិត្តស្មោះត្រង់” (អគ ១១,១៩ ; ៣៦,២៥-២៨ ; ៣៧,១-១៤ ; យរ ៣១,៣១-៣៤ ; និង យអ ៣,១-៥)​ ហើយ​ដែល​សន្ត​សិលានឹងប្រកាសថា ព្រះអង្គបានបំពេញព្រះបន្ទូលសន្យានេះ ពេលបុណ្យ​ព្រះ​​វិញ្ញាណ​ដ៏វិសុទ្ធយាងមក (កក ២,១៧-២១)។ តាមព្រះបន្ទូលសន្យានោះ “ក្នុងពេលចុងក្រោយ” ព្រះវិញ្ញាណរបស់ព្រះអម្ចាស់​នឹង​ឱ្យ​​ចិត្ត​មនុស្ស​កើតសាជាថ្មីឡើងវិញ ដោយឆ្លាក់វិន័យថ្មីនៅក្នុងគេ ព្រះអង្គនឹងប្រមូល និងសម្រុះសម្រួល​ប្រជាជាតិ ដែល​​បែក​ខ្ញែក និងបាក់បែកគ្នា ទ្រង់ក៏នឹងកែប្រែការបង្កើតដំបូង ហើយព្រះជាម្ចាស់នឹងរស់នៅជាមួយមនុស្សលោក​ក្នុង​សេចក្ដី​​សុខសាន្ត។

៧១៦. ប្រជារាស្រ្តរបស់ “ជនក្រីក្រ” (សផ ២,៣ ; ទន ២២,២៧ ; ៣៤,៣ ; អស ៤៩,១៣ ; ៦១,១) អ្នក​សុភាព​រាបសា និងអ្នកមានចិត្តស្លូតបូត ដែលផ្ញើជីវិតទាំងស្រុង ក្នុងគម្រោងការដ៏លាក់កំបាំង​នៃ​ព្រះជាម្ចាស់របស់គេ អស់អ្នកដែលរង់ចាំយុត្តិធម៌ ដែលមិនមែនមកពីមនុស្សទេ តែដែលមកពីព្រះមេស្ស៊ីវិញ ជាស្នាព្រះ​ហស្ត​​ដ៏អស្ចារ្យរបស់បេសកកម្មដ៏លាក់លៀម​នៃព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងពេលព្រះជាម្ចាស់មានព្រះ​បន្ទូល​សន្យា​នៅ​ឡើយ ដើម្បីរៀបចំផ្លូវឱ្យព្រះគ្រីស្តយាងមក។ ទំនុកតម្កើងសម្ដែងនូវលក្ខណៈនៃចិត្តគំនិតរបស់គេ ដែល​ព្រះ​វិញ្ញាណ​បានបន្សុទ្ធ និងបានបំភ្លឺ។ ក្នុងជនក្រីក្រនោះ ព្រះវិញ្ញាណរៀបចំ “ប្រជារាស្រ្តមួយជា​ស្រេច​ទុក​​​​​សម្រាប់ទទួលព្រះអម្ចាស់” (លក ១,១៧)។

៤. ព្រះវិញ្ញាណរបស់ព្រះគ្រីស្ត នៅពេលកំណត់

លោកយ៉ូហានបាទីស្ត ជាអ្នករៀបចំផ្លូវថ្វាយព្រះអម្ចាស់ ជាព្យាការី និងជាអ្នកផ្តល់ពិធីជ្រមុជទឹក

៧១៧. “ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក” (យហ ១,៦)។ លោកយ៉ូហាន “ពោរពេញ​ដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្តាយមក” (លក ១,១៥.៤១) ដោយសារព្រះគ្រីស្តផ្ទាល់ ដែលព្រះនាង ព្រហ្មចារិនីម៉ារីទើបប្រសូតពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ពេលនាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត ហាក់ដូចជាព្រះជាម្ចាស់យាងមកសួរសុខទុក្ខប្រជារាស្រ្តរបស់ព្រះអង្គដែរ (លក ១,៦៨)។

៧១៨. លោកយ៉ូហានជាលោកអេលីដែល “ត្រូវអញ្ជើញមកមុន” (មថ ១៧,១០-១៣)៖ ភ្លើងនៃព្រះវិញ្ញាណគង់នៅក្នុងលោក ហើយធ្វើឱ្យលោក “រត់ខាងមុខ” ព្រះអម្ចាស់ដែលយាងមក។ ក្នុងលោកយ៉ូហានជាអ្នក​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអម្ចាស់ ព្រះវិញ្ញាណដ៏វិសុទ្ធរៀបចំ “ប្រជារាស្រ្តមួយជា​ស្រេចទុក​សម្រាប់​​ទទួល​ព្រះ​អម្ចាស់” (លក ១,១៧)។

៧១៩. លោកយ៉ូហាន “ប្រសើរជាងព្យាការីទៅទៀត” (លក ៧,២៦)។ ក្នុងលោក ព្រះវិញ្ញាណបំពេញ​  “​ព្រះ​បន្ទូលតាមរយៈអស់លោកព្យាការី”។ លោកយ៉ូហានបញ្ចប់វគ្គនៃពួកព្យាការី ដែលលោកអេលីបានចាប់ផ្ដើម (មថ ១១,១៣-១៤)។ លោកប្រកាសថា ព្រះជាម្ចាស់ហៀបនឹងសម្រាលទុក្ខជនជាតិអ៊ីស្រាអែល លោកជា     “សម្លេង” នៃព្រះដ៏លួងលោមដែលយាងមក (យហ ១,២៣) (អស ៤០,១-៣)។​ ដូចព្រះវិញ្ញាណនៃសេចក្ដីពិត “លោក​បាន​មក​ធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ” (យហ ១,៧) (យហ ១៥,២៦ ; ៥,៣៣)។ ចំពោះលោក     យ៉ូហាន ព្រះ​វិញ្ញាណបំពេញការ “ស្រាវជ្រាវ” របស់អស់លោកព្យាការី និង “ប្រាថ្នាចង់បាន” របស់ពួកទេវទូត (១ពត្រ ១,១០-១២)៖ “អ្នកឃើញព្រះវិញ្ញាណយាងចុះមក​សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជ​ក្នុងព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ។ ខ្ញុំបានឃើញ ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន​ (...) លោក​​នេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់” (យហ ១,៣៣-៣៦)។

៧២០. ទីបញ្ចប់ ជាមួយលោកយ៉ូហានបាទីស្ត ព្រះវិញ្ញាណដ៏វិសុទ្ធចាប់ផ្ដើមទុកជាមុននូវអ្វីៗដែលព្រះអង្គនឹងធ្វើ ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះអង្គ គឺផ្ដល់ឱ្យមនុស្សមាន “លក្ខណៈដូចព្រះជាម្ចាស់” ឡើងវិញ។ លោកយ៉ូហានធ្វើពិធី​ជ្រមុជឱ្យគេកែប្រែចិត្តគំនិត ឯព្រះអង្គនឹងធ្វើពិធីជ្រមុជក្នុងទឹក និងព្រះវិញ្ញាណ ដើម្បី   ឱ្យគេកើតសាជាថ្មី (យហ ៣,៥)។

ចូរមានអំណរសប្បាយឡើង! ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ!”

៧២១. នាងម៉ារី ជាព្រះមាតាដ៏វិសុទ្ធបំផុតរបស់ព្រះជាម្ចាស់ នៅតែព្រហ្មចារី ជាស្នាព្រះហស្តរបស់​បេសកកម្ម​រួម​នៃ​ព្រះបុត្រា និងព្រះវិញ្ញាណ ក្នុងពេលកំណត់។ ជាលើកទីមួយក្នុងគម្រោងការនៃការសង្រ្គោះ​ដោយសា​រព្រះវិញ្ញាណបានរៀបចំនាងហើយ ព្រះបិតារកឃើញព្រះដំណាក់ ដែលព្រះបុត្រា និងព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ អាចរស់នៅក្នុងចំណោមមនុស្សលោកបាន។ ហេតុនេះហើយ បានជាការបញ្ជូនបន្ត​ព្រះ​សហគមន៍​បាន​អាន​​​អត្ថបទពិរោះជាងគេនៃ​ព្រះ​ប្រាជ្ញាញាណ (សុភ ៨,១-៩,៦ ; បសរ ២៤) ដោយសម្ដៅលើព្រះនាងម៉ារី គឺ​ក្នុង​ពិធី​បុណ្យ ព្រះសហគមន៍ច្រៀង និង​យកព្រះនាងម៉ារីជារូប​តំណាង​នៃ “បល្ល័ង្ករបស់ព្រះប្រាជ្ញាញាណ”។ ក្នុងនាង​ម៉ារី ព្រះវិញ្ញាណចាប់ផ្ដើមសម្ដែង “កិច្ចការដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់” ដែលព្រះអង្គនឹងបំពេញក្នុងព្រះគ្រីស្ត និង​ក្នុង​ព្រះសហគមន៍។

៧២២. ព្រះហឫទ័យប្រណីសន្តោសនៃព្រះវិញ្ញាណដ៏វិសុទ្ធបានរៀបចំ នាងម៉ារី។ ព្រះមាតារបស់ព្រះ  គ្រីស្ត​ដែល​មាន “គ្រប់លក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់” “នៅក្នុងព្រះកាយព្រះអង្គ” (កូឡ ២,៩) ត្រូវតែពោរពេញដោយព្រះ​វិញ្ញាណដ៏វិសុទ្ធ។ ដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ នាងម៉ារីមិនជំពាក់បាបតាំងពី កំណើតមក ជាសត្វលោកតូចតាចជាងគេ ដែលអាចទទួលព្រះអំណោយទានដ៏លើសលប់របស់ព្រះដ៏មាន​ឫទ្ធានុភាព​​​​​សព្វ​​ប្រការ។ ហេតុនេះ ទេវទូតកាព្រីអែលជម្រាបសួរនាងជា “បុត្រីរបស់ក្រុង​ស៊ីយ៉ូន”៖ “ចូរមានអំណរ​សប្បាយឡើង!” (សផ ៣,១៤ ; សក ២,១៤)។ ពេលនាងមាននៅក្នុងខ្លួនព្រះបុត្រា​អស់កល្បជានិច្ច បទ​ចម្រៀងរបស់នាង​ (លក ១,៤៦-៥៥) ​លើកពាក្យអរព្រះគុណរបស់ប្រជាជនព្រះជាម្ចាស់ និងរបស់​ព្រះសហគមន៍ ឡើង​ទៅកាន់​ព្រះ​បិតា ក្នុងអង្គ​ព្រះ​វិញ្ញាណដ៏វិសុទ្ធ។

៧២៣. ក្នុងនាងម៉ារី ព្រះវិញ្ញាណដ៏វិសុទ្ធសម្រេច គម្រោងការដ៏សប្បុរសរបស់ព្រះបិតា។ នាងព្រហ្មចារីប្រសូត និងសម្រាលព្រះបុត្រារបស់ព្រះជាម្ចាស់ ជាមួយ និងដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារ​ឫទ្ធានុភាព​នៃព្រះវិញ្ញាណ និងជំនឿ (លក ១,២៦-២៨ ; រម ៤,១៨-២១ ; កាឡ ៤,២៦-២៨) នាងម៉ារី​ជាស្រ្តីព្រហ្មចារីបង្កើតផលតាមរបៀបតែមួយគត់។

៧២៤. ក្នុងនាងម៉ារី ព្រះវិញ្ញាណដ៏វិសុទ្ធសម្ដែង ព្រះបុត្រារបស់ព្រះបិតា​ ដែលបានទៅជាបុត្រារបស់​ព្រហ្មចារិនី។ នាង​ជាគុម្ពោតដែលដុតមិនឆេះ ដែលព្រះជាម្ចាស់សម្ដែងព្រះអង្គជាលើកចុងក្រោយ៖ ពោរពេញដោយ​ព្រះ​វិញ្ញាដ៏​វិសុទ្ធ នាងបង្ហាញព្រះបន្ទូលក្នុងសាច់នាង ហើយសម្ដែងព្រះអង្គឱ្យអ្នកដែលគ្មានទីពឹង (លក ១,១៥-១៩) និង​ផលផ្លែ​ដំបូង​​នៃ​ជាតិ​​សាសន៍ដទៃ ស្គាល់ (មថ ២,១១)។

៧២៥. ទីបញ្ចប់ តាមរយៈនាងម៉ារី ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើឱ្យមនុស្សលោក “ដ៏ជាទីស្រលាញ់” របស់ព្រះ​ជាម្ចាស់ (លក ២,១៤) រួមរស់ជាមួយ ព្រះគ្រីស្ត ហើយអ្នកតូចតាចជាអ្នកទទួលព្រះអង្គមុនគេ គឺពួកគង្វាល ពួក​ហោរាចារ្យ លោកតាស៊ីម៉ូន នាងហណ្ណា ប្តីប្រពន្ធនៅស្រុកកាណា និងសាវ័កដំបូង។

៧២៦. នៅទីបញ្ចប់នៃបេសកកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ នាងម៉ារីទៅជា “មនុស្សស្រី” ជានាងអេវ៉ាថ្មី “មាតា​របស់​​មនុស្ស​ទាំង​អស់ដែលមានជីវិត” មាតារបស់ “ព្រះគ្រីស្តដែលមានគ្រប់លក្ខណៈសម្បត្តិ” ហើយ​ក្នុង​  ឋានៈ​នោះ នាងនៅជាមួយគ្រីស្តទូតដប់ពីររូប “រួមចិត្តគំនិតគ្នាព្យាយាមអធិដ្ឋាន” (កក ១,១៤) នៅ “ពេលចុងក្រោយ​បំផុត” ដែលព្រះវិញ្ញាណនឹងចាប់ផ្ដើម ពេលព្រះអង្គនឹងយាងមក ដោយសម្ដែងព្រះសហគមន៍។

ព្រះគ្រីស្តយេស៊ូ

៧២៧. បេសកកម្មទាំងអស់របស់ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ នៅពេលកំណត់ គឺព្រះបុត្រាបាន​ទទួលប្រេងអភិសេកនៃព្រះវិញ្ញាណរបស់ព្រះបិត តាំងពីព្រះអង្គបានកើតជាមនុស្សមក៖ ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះមេស្ស៊ី។ ត្រូវតែអានជំពូកទីពីរទាំងអស់នៃធម៌ប្រកាសជំនឿក្រោមពន្លឺនេះ។ ព្រះរាជកិច្ចទាំងអស់របស់ព្រះ​គ្រីស្ត​ជាបេសកកម្មរួមរបស់ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។​ នៅទីនេះ យើងនឹងនិយាយតែអំពីអ្វីដែលទាក់​ទង​នឹងព្រះបន្ទូលសន្យារបស់ព្រះយេស៊ូអំពីព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដែលព្រះ​​​អម្ចាស់​​ពោរពេញដោយសិរីរុងរឿងបានប្រោសប្រទាន។

៧២៨. ព្រះយេស៊ូមិនសម្ដែងព្រះវិញ្ញាណដ៏វិសុទ្ធ ឱ្យបានពេញលេញ ទាល់តែព្រះអង្គបានទទួលសិរីរុងរឿង ដោយ​សោយទិវង្គត និងមានព្រះជន្មថ្មី។ ក៏ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូល ជាសម្ងាត់ អំពី​ព្រះ​វិញ្ញាណ បន្តិច​​​ម្តងៗ ពេលព្រះអង្គបង្រៀនបណ្ដាជន​ ពេលព្រះអង្គសម្ដែងថា សាច់របស់ព្រះអង្គជា​អាហារ​​ដែល​ផ្ដល់​​ជីវិតសម្រាប់​មនុស្សលោក (យហ ៦,២៧.៥១.៦២-៦៣)។ ព្រះអង្គមានព្រះបន្ទូល ជាសម្ងាត់ ​អំពី​ព្រះ​វិញ្ញាណជាមួយ​​លោកនីកូដេម (យហ ៣,៥-៨) ស្រ្តីសាសន៍សាម៉ារី (យហ ៤,១០.១៤.២៣-២៤) និងជាមួយ​អស់​​អ្នក​ដែល​​ចូលរួមក្នុងបុណ្យបារាំ (យហ ៧,៣៧-៣៩)។ ព្រះអង្គមានព្រះបន្ទូលយ៉ាង​ច្បាស់​​លាស់​អំពី​​ព្រះវិញ្ញាណ ជាមួយក្រុមសាវ័ក ពេលព្រះអង្គប្រៀនប្រដៅគេអំពីការអធិដ្ឋាន (លក ១១,១៣) និងអំពីសក្ខីភាពដែលគេនឹង​ត្រូវ​ផ្ដល់ (មថ ១០,១៩-២០)។

៧២៩. មានតែពេលកំណត់មកដល់ ទើបជាពេលដែលព្រះយេស៊ូនឹងទទួលសិរីរុងរឿង ដែលព្រះអង្គមានព្រះបន្ទូលសន្យា ថា ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក ដ្បិតពេលព្រះអង្គនឹងសោយទិវង្គត និងមានព្រះជន្មរស់ឡើង​វិញ ព្រះជាម្ចាស់នឹងបំពេញព្រះបន្ទូលសន្យារបស់ព្រះអង្គចំពោះបុព្វបរុស (យហ ១៤,១៦-១៧.២៦)៖ ដោយ​សារព្រះយេស៊ូទូលអង្វរ​ព្រះ​បិតា ព្រះអង្គនឹងប្រទានវិញ្ញាណនៃសេចក្ដីពិត ជាព្រះជួយការពារ។ ព្រះបិតានឹងចាត់ព្រះវិញ្ញាណឱ្យមកក្នុងនាមព្រះយេស៊ូ។ ព្រះយេស៊ូនឹងចាត់ព្រះវិញ្ញាណពីព្រះបិតាមក ដ្បិតព្រះវិញ្ញាណចេញ​​មកពីព្រះបិតា។ ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមក យើងក៏នឹងស្គាល់ព្រះអង្គ ព្រះអង្គនឹងគង់នៅជាមួយយើង ជារៀងរហូត ទ្រង់ក៏នឹងស្ថិតនៅជាមួយយើង។ ព្រះវិញ្ញាណនឹងប្រៀនប្រដៅយើងអំពីអ្វីៗទាំងអស់ និងរំលឹកយើងនូវអ្វីៗដែលព្រះគ្រីស្តមានព្រះបន្ទូលមកយើង ហើយព្រះអង្គនឹងផ្ដល់សក្ខីភាពអំពីព្រះគ្រីស្ត។ ព្រះវិញ្ញាណនឹងនាំ​យើងឆ្ពោះទៅសេរីភាពគ្រប់ជំពូក និងផ្ដល់សិរីរុងរឿងដល់ព្រះគ្រីស្តផងដែរ។ រីឯចំពោះលោកីយ៍វិញ ព្រះវិញ្ញាណនឹងបញ្ជាក់ឱ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប អំពីសេចក្ដីសុចរិត និងអំពីការកាត់ទោស។

៧៣០. ទីបំផុត ពេលកំណត់របស់ព្រះយេស៊ូមកដល់ (យហ ១៣,១ ; ១៧,១)៖ ព្រះយេស៊ូប្រគល់វិញ្ញាណរបស់ព្រះអង្គក្នុងព្រះហស្តព្រះបិតា (លក ២៣,៤៦ ; យហ ១៩,៣០) ​ពេលព្រះអង្គសោយទិវង្គត។ ដោយសារព្រះអង្គ​សោយទិវង្គត ទ្រង់ក៏ឈ្នះសេចក្ដីស្លាប់ ទើប “ព្រះគ្រីស្តមានព្រះជន្មថ្មី​ដោយសារ​សិរីរុងរឿង​របស់​ព្រះ​បិតា” (រម ៦,៤) ទ្រង់ក៏ប្រោសប្រទាន ព្រះវិញ្ញាណដ៏វិសុទ្ធភ្លាម ដោយ “ផ្លុំ” លើក្រុមសាវ័ក (យហ ២០,២២)។ ចាប់​ពីពេលកំណត់នោះមក បេសកកម្មរបស់ព្រះគ្រីស្ត និងព្រះ​វិញ្ញាណទៅជាបេសកកម្មរបស់ព្រះសហគមន៍៖ “ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ” (យហ ២០,២១) (មថ ២៨,១៩ ; លក ២៤,៤៧-៤៨ ; កក ១,៨)។

៥. ព្រះវិញ្ញាណ​ និងព្រះសហគមន៍ ក្នុងពេលចុងក្រោយបំផុត

បុណ្យព្រះវិញ្ញាណយាងមក

៧៣១. ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក (ប្រាំពីរសបា្តហ៍ក្រោយពីបុណ្យចម្លង) ព្រះជាម្ចាស់សម្ដែង ផ្ដល់ និងប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះមួយអង្គ ដែលបំពេញបុណ្យចម្លងរបស់ព្រះគ្រីស្ត គឺព្រះគ្រីស្ត ជា​ព្រះអម្ចាស់ដ៏មានគ្រប់លក្ខណៈសម្បត្តិ ចាក់បង្ហូរព្រះវិញ្ញាណឱ្យបានពេញបរិបូណ៍ (កក ២,៣៦)។

៧៣២. នៅថ្ងៃនោះ ព្រះជាម្ចាស់សម្ដែងព្រះត្រៃឯកដ៏វិសុទ្ធឱ្យបានពេញលេញ។ តាំងពីថ្ងៃនោះមក ព្រះជាម្ចាស់​បើកព្រះរាជ្យ ដែលព្រះគ្រីស្តបានប្រកាស ឱ្យអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ គឺទោះបីពួកគេទន់ខ្សោយ​នៅ​ឡើយ ក៏ពួក​​គេរួមរស់ជាមួយព្រះត្រៃឯក​ដ៏​​វិសុទ្ធដោយ​​សារ​ជំនឿ។ ដោយសារព្រះវិញ្ញាណបានយាងមក និង​នៅតែយាងមក ព្រះអង្គបញ្ជូលមនុស្សលោកក្នុង “ពេលចុងក្រោយបំផុត” ជាពេលនៃព្រះសហគមន៍​ ជាព្រះរាជ្យ​ទទួលទុកជាមរតក តែ​មិនទាន់ចែកឱ្យនៅឡើយ។

យើងបានឃើញពន្លឺយ៉ាងពិតប្រាកដ យើងបានទទួលព្រះវិញ្ញាណនៃស្ថានបរមសុខ យើងបានរកឃើញជំនឿដ៏ពិត ប្រាកដ៖ យើងក្រាបថ្វាយបង្គំព្រះត្រៃឯក ដែលមើលមិនឃើញ ដ្បិតគឺព្រះត្រៃឯកនេះហើយ ដែលបាន​សង្រ្គោះ​យើង។

ព្រះវិញ្ញានដ៏វិសុទ្ធជាព្រះអំណោយទានរបស់ព្រះជាម្ចាស់

៧៣៣. “ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់” (១យហ ៤,៨.១៦) ហើយសេចក្ដីស្រលាញ់ជាព្រះអំណោយទាន​ដំបូង ដែលមានអំណោយទានផ្សេងៗទាំងអស់។ “ព្រះជាម្ចាស់បាន​ចាក់បង្ហូរ​ព្រះ​ហឫទ័យ​ស្រលាញ់របស់​ព្រះអង្គ​មក​ក្នុង​ដួងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង” (រម ៥,៥)។

៧៣៤. ដោយសារបាប យើងស្លាប់ ឬយ៉ាងហោចណាស់យើងត្រូវរបួស ផលដំបូងនៃព្រះអំណោយទានរបស់សេចក្ដីស្រលាញ់រំដោះយើងឱ្យរួចចាកពីអំពើបាប។ ពេលអស់អ្នកដែលបានជ្រមុជទឹក​រួមជាមួយ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ (២ករ ១៣,១៣) នៅ​ក្នុ​ងព្រះសហគមន៍ ព្រះជាម្ចាស់ក៏ប្រទានដល់អ្នកទាំងអស់នោះ ឱ្យ​មាន​លក្ខណៈ​របស់​ព្រះអង្គ​ឡើងវិញ ដែលគេ​បាន​បាត់បង់ដោយសារបាប។

៧៣៥. សេចក្ដីស្រលាញ់ផ្ដល់ផលផ្លែដំបូងនៃមរតកយើង (រម ៨,២៣ ; ២ករ ១,២១) គឺព្រះជន្មផ្ទាល់​របស់ព្រះ​ត្រៃឯក​ដ៏វិសុទ្ធ បានសេចក្ដីថា ស្រលាញ់ “ដូចព្រះអង្គបានស្រលាញ់យើង” (១យហ ៤,១១-១២)។ សេចក្ដី​ស្រលាញ់​នេះ (សេចក្ដីស្រលាញ់របស់ ១ករ ១៣) ជាគោលនៃជីវិតថ្មី ក្នុងអង្គព្រះគ្រីស្ត ដែលយើងអាចទទួលបាន ដ្បិតយើងបាន “ទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ” (កក ១,៨)។

៧៣៦. ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណ បុត្រធីតារបស់ព្រះជាម្ចាស់អាចបង្កើតផលបាន។ អ្នកដែល​បានបំបៅយើងនៅលើដើមទំពាំងបាយជូរដ៏ពិតប្រាកដ នឹងធ្វើឱ្យយើងបង្កើតផលនៃព្រះវិញ្ញាណ ពោលគឺ “សេចក្ដី​ស្រលាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្តោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង” (កាឡ ៥,២២-២៣)។ “យើងមានជីវិតដោយសារព្រះវិញ្ញាណ” ពេលយើងលះបង់ខ្លួនឯងចោលកាន់​តែ​ច្រើន​ទៅៗ (មថ ១៦,២៤-២៦) “យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណ” (កាឡ ៥,២៥) កាន់តែច្រើនទៅៗដែរ។

ដោយរួមរស់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គប្រោសយើងឱ្យទៅជាសត្វលោកខាងវិញ្ញាណ       ឱ្យឡើង​​ទៅស្ថានបរមសុខ ចូលក្នុង​​ព្រះរាជ្យនៃស្ថានបរមសុខ និងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ព្រះអង្គប្រោស​​យើង​ឱ្យ​ហ៊ានហៅព្រះជាម្ចាស់ថា ព្រះបិតា ឱ្យចូលរួមក្នុងសិរីរុងរឿងរបស់ព្រះគ្រីស្ត ទៅជាបុត្រធីតា​នៃ​ពន្លឺ និង​ទទួល​សិរីរុងរឿងអស់កល្ប​ជានិច្ច (សន្ត បាស៊ីល)។

ព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះសហគមន៍

៧៣៧. បេសកកម្មរបស់ព្រះគ្រីស្ត និងព្រះវិញ្ញាណដ៏វិសុទ្ធសម្រេចក្នុងព្រះសហគមន៍ ជាព្រះកាយព្រះគ្រីស្ត និងជាព្រះ​​ដំណាក់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ បេសកកម្មរួមនេះធ្វើឱ្យគ្រីស្តបរិស័ទចូលរួមជាមួយព្រះ គ្រីស្ត ដែលរួម​រស់ជាមួយព្រះបិតា ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ គឺព្រះវិញ្ញាណរៀបចំ មនុស្សលោក ដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដើម្បីទាក់ទាញគេទៅរកព្រះគ្រីស្ត។ ព្រះវិញ្ញាណសម្ដែង ព្រះអម្ចាស់ដែលមានព្រះជន្មថ្មី ទ្រង់រំលឹកឱ្យគេព្រះបន្ទូលរបស់ព្រះអង្គ និងធ្វើឱ្យគេយល់ពីអាថ៌កំបាំងរបស់ព្រះគ្រីស្ត ដែលបានសោយ​​ទិវង្គត និងមានព្រះជន្មថ្មី។ ព្រះវិញ្ញាណក៏ប្រោសឱ្យ ព្រះគ្រីស្តគង់នៅ ជាពិសេស​ក្នុង​អភិបូជា ដើម្បីឱ្យមនុស្សលោកសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងឱ្យគេរួមរស់ ជាមួយព្រះអង្គ ទើប​គេ​នឹង “បង្កើតផលបានច្រើន” (យហ ១៥,៥.៨.១៦)។

៧៣៨. ហេតុដូច្នេះហើយ បានជាបេសកកម្មរបស់ព្រះសហគមន៍មិនបន្ថែម​បេសកកម្ម​របស់​ព្រះ​គ្រីស្ត និង​ព្រះវិញ្ញាណដ៏វិសុទ្ធ តែជាអគ្គសញ្ញានៃបេសកកម្មនោះ​៖​ ព្រះជាម្ចាស់ចាត់​ព្រះសហគមន៍ទាំងមូល ​ឱ្យទៅប្រកាស និង​ផ្ដល់​សក្ខីភាព​អំពីព្រះត្រៃឯក (ប្រធានបទនៃប្រការបន្ទាប់)។

យើងទាំងអស់គ្នា ដែលបានទទួលព្រះវិញ្ញាណតែមួយដូចៗគ្នា ពោលគឺព្រះវិញ្ញាណដ៏វិសុទ្ធ យើងបានរួបរួមជាមួយគ្នា និងជាមួយព្រះជាម្ចាស់ ដ្បិតទោះជាយើងមានគ្នាច្រើន ដោយឡែកពីគ្នា ហើយទោះបីព្រះគ្រីស្តធ្វើឱ្យព្រះវិញ្ញាណនៃព្រះបិតា និងព្រះវិញ្ញាណរបស់ព្រះអង្គ គង់នៅក្នុងយើងគ្រប់ៗរូបយ៉ាងណាក៏ដោយ ក៏ព្រះវិញ្ញាណតែមួយនេះ ដែលមិនអាចបែងចែកបាន បង្រួបបង្រួមអស់អ្នកដែលខុសប្លែកពីគ្នា ដោយផ្ទាល់ (...) និងធ្វើឱ្យគេទាំងអស់គ្នាទៅជាធ្លុងតែមួយ ក្នុងអង្គព្រះអង្គ។ ជាមួយគ្នានេះដែរ ឫទ្ធានុភាពនៃជាតិជាមនុស្សដ៏វិសុទ្ធរបស់ព្រះគ្រីស្តធ្វើឱ្យអស់អ្នកដែលរួមរស់ជាមួយព្រះអង្គឱ្យទៅជារូបកាយតែមួយយ៉ាងណា ខ្ញុំគិតថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលគង់នៅក្នុងមនុស្សទាំងអស់ ជាព្រះវិញ្ញាណតែមួយ ដែលមិនអាចបែងចែកបាន បង្រួបបង្រួមគេទាំងអស់គ្នាឱ្យរួមជាមួយគ្នាជាធ្លុងខាងវិញ្ញាណតែមួយ (សន្ត ស៊ីរីល នៃអាឡិចសង់ឌ្រី)។

៧៣៩. ដោយសារព្រះវិញ្ញាណជាប្រេងអភិសេករបស់ព្រះគ្រីស្ត      ព្រះគ្រីស្តជាព្រះសិរសានៃព្រះកាយ ​ចាក់​​បង្ហូរ​ព្រះ​វិញ្ញាណ ក្នុងអវយវៈរបស់ព្រះអង្គ ដើម្បីចិញ្ចឹម ព្យាបាល និងចាត់ចែងគេតាមមុខងាររៀងៗខ្លួន ផ្ដល់ជីវិតឱ្យគេ ចាត់ឱ្យគេទៅផ្ដល់សក្ខីភាព ប្រោសគេឱ្យចូលរួមក្នុងតង្វាយរបស់ព្រះអង្គចំពោះព្រះបិតា និង​ក្នុងការជួយអង្វរព្រះអង្គចំពោះពិភពលោកទាំងមូល។ ព្រះគ្រីស្តប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះ​អង្គ ដែល​ប្រោស​ឱ្យបានវិសុទ្ធ ដល់អវយវៈនៃព្រះកាយព្រះអង្គ តាមរយៈអគ្គសញ្ញា (វគ្គទីពីរនៃសៀវភៅ​  នេះ)។

៧៤០. “ការអស្ចារ្យទាំងប៉ុន្មានរបស់ព្រះជាម្ចាស់” ដែលព្រះអង្គប្រោសប្រទានឱ្យអ្នកជឿ ក្នុង​អគ្គ​សញ្ញាព្រះ​សហគមន៍ បង្កើតផលក្នុងជីវិតថ្មី ក្នុងអង្គព្រះគ្រីស្ត តាមព្រះវិញ្ញាណ (វគ្គទីបីនៃសៀវភៅនេះ)។

៧៤១. “ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិដ្ឋានដូចម្ដេច ដើម្បីឱ្យបានសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរយើង ដោយព្រះសូរសៀង ដែលគ្មាននរណាអាចថ្លែងបាន” (រម ៨,២៦)។ ព្រះវិញ្ញាណដ៏វិសុទ្ធ ជាសិប្បករនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ជាម្ចាស់នៃការ​អធិដ្ឋាន (វគ្គទីបួននៃសៀវភៅនេះ)។

សង្ខេប

៧៤២. “បងប្អូនពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន ព្រោះព្រះអង្គបានចាត់ព្រះវិញ្ញាណនៃព្រះបុត្រា របស់ព្រះអង្គឱ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសៀងឡើងថា “អប្បា! ឱព្រះបិតា!” (កាឡ ៤,៦)។

៧៤៣. តាំងពីដើមដំបូងរហូតដល់ទីចុងក្រោយបំផុត នៅពេលដែលព្រះជាម្ចាស់ចាត់ព្រះបុត្រារបស់ ព្រះអង្គឱ្យយាងមក ព្រះអង្គក៏តែងតែចាត់ព្រះវិញ្ញាណរបស់ព្រះអង្គឱ្យយាងមកដែរ គឺយើងមិនអាចបំបែក បេសកកម្ម​របស់​ព្រះ​បុត្រា និងព្រះវិញ្ញាណដែលរួបរួមជាមួយគ្នាបានទេ។

៧៤៤. នៅពេលកំណត់ ព្រះវិញ្ញាណដ៏វិសុទ្ធបំពេញក្នុងព្រះនាងម៉ារី         ការរៀបចំទុកជាមុន​ទាំង​អស់​ឱ្យព្រះ​គ្រីស្ត​​​យាងមកក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ ដោយសារកិច្ចការនៃព្រះវិញ្ញាណដ៏វិសុទ្ធក្នុងខ្លួនព្រះ​នាង ព្រះបិតាប្រទា​ន អេម៉ានូអែល “ព្រះជាម្ចាស់គង់ជាមួយយើង” (មថ ១,២៣) ឱ្យពិភពលោក។

៧៤៥. ព្រះវិញ្ញាណដ៏វិសុទ្ធអភិសេកតែងតាំងព្រះបុត្រារបស់ព្រះជាម្ចាស់ឱ្យទៅជាព្រះគ្រីស្ត (ព្រះ មេស្ស៊ី) នៅពេលព្រះអង្គប្រសូតជាមនុស្ស (ទន ២,-៧)។

៧៤៦. ព្រះជាម្ចាស់តែងតាំងព្រះយេស៊ូដោយការសោយទិវង្គត និងមានព្រះជន្មថ្មី ឱ្យទៅជាព្រះអម្ចាស់ និង​ព្រះ​គ្រីស្តពោរពេញដោយសិរីរុងរឿង (កក ២,៣៦) ។ ដោយសារព្រះអង្គគ្រប់លក្ខណៈ ព្រះអង្គក៏ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធទៅលើក្រុមគ្រីស្តទូត និងលើព្រះសហគមន៍ផងដែរ។

៧៤៧. ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះគ្រីស្ត ជាព្រះសិរសា ចាក់បង្ហូរលើសិរីរាង្គរបស់ព្រះអង្គ កសាង ណែនាំ និងប្រោសព្រះសហគមន៍ឱ្យបានវិសុទ្ធ។ ព្រះសហគមន៍ជាអគ្គសញ្ញានៃការួបរួមរវាងព្រះត្រៃឯក និងមនុស្សលោក។

ប្រការទី៩៖ “ខ្ញុំជឿថា ព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ”

៧៤៨. ធម្មនុញ្ញគោលលទ្ធិរបស់មហាស្និបាតវ៉ាទីកង់ទីពីរ អំពីព្រះសហគមន៍ ចាប់ផ្ដើមប្រកាសថា៖ “ព្រះគ្រីស្ត​ជា​​ពន្លឺ​​បំភ្លឺ​​ប្រជាជាតិ​​នានា។ អស់លោកអភិបាល ដែលជួបជុំគ្នាក្នុងមហាសន្និបាតដ៏វិសុទ្ធនេះ សង្វាត​ចង់ផ្សព្វ​ផ្សាយ​​ពន្លឺ​​របស់ព្រះគ្រីស្ត  ដែលចែងលើមុខព្រះសហគមន៍  ដោយប្រកាសដំណឹងល្អឱ្យ​សត្វ​លោក​​​ទាំងឡាយ​បាន​ដឹង”។ មហាសន្និបាតបង្ហាញថា ប្រការនៃធម៌ប្រកាសជំនឿអំពីព្រះ​សហគមន៍ពឹងផ្អែកទាំងស្រុង​លើ​ប្រការ​ទាំងប៉ុន្មានដែលទាក់ទងនឹងព្រះគ្រីស្តយេស៊ូ។ ព្រះសហគមន៍គ្មានពន្លឺផ្សេង ក្រៅពីព្រះគ្រីស្ត គឺតាមពាក្យបុរាណ​របស់គ្រូបាធ្យាយ ព្រះសហគមន៍ប្រៀបធៀបដូចជាព្រះច័ន្ទ ដែលពន្លឺទាំងស្រុងមកពីព្រះអាទិត្យ។

៧៤៩. ប្រការអំពីព្រះសហគមន៍ ពឹងផ្អែកទាំងស្រុងលើប្រការអំពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែលមានចែងទុកជាមុន។​ “ក្រោយ​​​​​​ពីបានបង្ហាញថា ព្រះវិញ្ញាណដ៏វិសុទ្ធជាប្រភព និងជាអ្នកប្រទានភាពដ៏រិសុទ្ធនានា យើងក៏ប្រកាសថា ​ព្រះ​អង្គបានប្រទានភាពដ៏រិសុទ្ធឱ្យព្រះសហគមន៍” (CR)។ តាមគ្រូបាធ្យាយ ព្រះសហគមន៍ជាកន្លែង “ដែល ព្រះ​វិញ្ញាណរីកចម្រើន” (សន្ត អ៊ីប៉ូលីត)។

៧៥០. ពេលយើងជឿលើព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ យើងក៏ត្រូវតែជឿថា ព្រះសហគមន៍ “ដ៏វិសុទ្ធ” “កាតូលិក” “តែមួយ” និង “ដែលបន្តជំនឿពីក្រុមគ្រីស្តទូត” (ធម៌ប្រកាសជំនឿមហាសន្និបាតនិសេ/កុងស្ដង់ទីណូប)។​ ក្នុងធម៌ប្រកាសជំនឿដែលមកពីគ្រីស្តទូតទាំងឡាយ យើងប្រកាសថា យើង​ជឿថា ​ព្រះសហគមន៍ដ៏វិសុទ្ធ (“Credo [...] Ecclesiam ”) ប៉ុន្តែ យើងមិនជឿ​លើ​ព្រះសហគមន៍ កុំឱ្យច្រឡំព្រះជាម្ចាស់ និងស្នាព្រះហស្តរបស់ព្រះអង្គ ហើយដើម្បីយល់យ៉ាងច្បស់ថា ព្រះ​អំណោយ​ទាន​ទាំង​​អស់  ដែលព្រះជាម្ចាស់បានប្រទានឱ្យព្រះសហគមន៍ មកពីសប្បុរសធម៌របស់​ព្រះ​អង្គ (CR)។

កថាកណ្ឌទី១៖ ព្រះសហគមន៍តាមគម្រោងការរបស់ព្រះជាម្ចាស់
១. នាម និងរូបរបស់ព្រះសហគមន៍

៧៥១. ពាក្យ “ព្រះសហគមន៍” [ekklesia, ជាភាសាក្រិក ek-kalein  “ហៅខាងក្រៅ”] មានន័យថា៖ “ការត្រាស់​ហៅ”។ ពាក្យនេះសម្ដៅទៅលើអង្គប្រជុំនៃប្រជាជន (កក ១៩,៣៩) ដែលជាធម្មតា​ទាក់ទងនឹង      សាសនា។ ព្រះ​គម្ពីរ​សម័្ពន្ធ​មេត្រី​ចាស់ ជា​ភាសាក្រិក ឧស្សាហ៍ប្រើពាក្យនេះ ដើម្បីសម្ដៅទៅលើអង្គប្រជុំរបស់ប្រជាជន ដែលព្រះ​ជាម្ចាស់​​បាន​ជ្រើស​រើស ជាពិសេសអង្គប្រជុំនៅលើភ្នំស៊ីណៃ ដែលប្រជាជនអ៊ីស្រាអែលបានទទួលធម្មវិន័យ និង​បាន​ទៅជាប្រជាជនដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ (សរ ១៩)។ ដោយដាក់ឈ្មោះខ្លួនឯងថា “ព្រះសហគមន៍” សហគមន៍ដំបូងរបស់អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្តទទួលស្គាល់ថា ជាអ្នកបន្តអង្គប្រជុំនេះ។ នៅក្នុងព្រះ​សហគមន៍ ព្រះជាម្ចាស់ “ត្រាស់ហៅ” ប្រជាជនរបស់ព្រះអង្គពីគ្រាប់ទិសទីនៃផែនដី។ ពាក្យ Church, Kirche ដែល​មកពី Kyriake មានន័យថា “អ្នក​ដែលជាកម្មសិទ្ធិរបស់ព្រះអម្ចាស់”។

៧៥២. ក្នុងភាសារបស់គ្រីស្តបរិស័ទ ពាក្យ “ព្រះសហគមន៍” សម្ដៅទៅលើអង្គប្រជុំនៃពិធីបុណ្យផង (១ករ ១១,១៨) សហគមន៍នៅភូមិ​មួយផង​ (១ករ ១,២) ឬសហគមន៍ទាំងមូលរបស់អ្នកជឿ (១ករ ១៥,៩) ហើយយើងមិនអាចបំបែកអត្ថន័យ​ទាំងបីនោះចេញពីគ្នាបានឡើយ។ “ព្រះសហគមន៍” គឺប្រជាជន ដែលព្រះជាម្ចាស់ប្រមូលក្នុងពិភពលោកទាំងមូល។ ព្រះសហគមន៍រស់នៅក្នុងសហគមន៍ភូមិនីមួយៗ ហើយទៅជាព្រះសហគមន៍​យ៉ាង​ពេញលេញក្នុងអង្គប្រជុំខាងពិធីបុណ្យ ជាពិសេសពេលថ្វាយអភិបូជា។ ព្រះសហគមន៍រស់ដោយសារព្រះបន្ទូល និងព្រះកាយព្រះគ្រីស្ត ទើបទៅជាព្រះកាយព្រះគ្រីស្តផ្ទាល់។

និមិត្តរូបនៃព្រះសហគមន៍

៧៥៣. ក្នុងព្រះគម្ពីរដ៏វិសុទ្ធ ព្រះជាម្ចាស់សម្ដែងនូវគម្រោងការដ៏លាក់កំបាំងនៃព្រះសហគមន៍ ដោយប្រើ រូប និង​និមិត្ត​សញ្ញា​ជា​ច្រើន​​​ដែល​​ជាប់ទាក់ទិននឹងគ្នា។ ទោះបីរូបទាំងប៉ុន្មាន ដែលមានក្នុងគម្ពីរសម័្ពន្ធមេត្រីចាស់ ខុស​ប្លែក​ពីគ្នា​យ៉ាងណាក៏​ដោយ ក៏រូបទាំងអស់នោះ សម្ដៅទៅលើគំនិតតែមួយ គឺ “ប្រជាជនរបស់ព្រះជាម្ចាស់”។ ក្នុង​គម្ពីរ​សម្ពន្ធមេត្រីថ្មី (អភ ១,២២) រូបទាំងអស់នោះបានទទួលទិសដៅថ្មី ដ្បិតព្រះគ្រីស្តទៅជា “ព្រះសិរសា” របស់ប្រជាជននេះ​ (LG ៩) ដែលបាន​ទៅ​​ជាព្រះកាយព្រះអង្គវិញ។ និមិត្ត​​​សញ្ញាអំពីព្រះសហគមន៍ “ដកស្រង់​ពី​ការ​រស់​​​នៅរបស់​​​អ្នកឃ្វាលសត្វ​​​ ឬអំពីការរស់​នៅ​របស់កសិករ ឬអំពីការសាងសង់សំណង់​​​ ឬអំពីការ​​​រស់​​​នៅក្នុង​ក្រុម​គ្រួសារ និងអំពីអាពាហ៍ពិពាហ៍” (LG ៦)

៧៥៤. “ព្រះសហគមន៍ប្រៀបដូចជាក្រោលសត្វ រីឯព្រះគ្រីស្តវិញ ព្រះអង្គប្រៀបដូចជាទ្វារចេញចូលតែមួយ ដែលត្រូវ​ការ​ជាចំបាច់ (យហ ១០,១-១០)​ ។ ព្រះសហគមន៍ជាហ្វូងសត្វដែលព្រះជាម្ចាស់បានប្រកាសជាមុន​​​ថា​​​ ព្រះអង្គនឹង​ទៅ​ជាគង្វាល (អស ៤០,១១ ; អគ ៣៤,១១-៣១) ហើយទោះបីចៀមមានមនុស្សជាគង្វាលណែនាំ​​​​​ក្តី ក៏ព្រះ គ្រីស្តផ្ទាល់​ណែនាំ និងចិញ្ចឹមចៀមទាំងនោះជានិច្ច ព្រះ​​​អង្គជាគង្វាលដ៏ល្អ ជាម្ចាស់លើ​​​គង្វាលទាំងប៉ុន្មាន (យហ ១០,១១ ; ១សល ៥,៤) ព្រះអង្គបានប្តូរជីវិត ដើម្បីចៀមរបស់ខ្លួន (យហ ១៩,១១-១៥)។

៧៥៥. ព្រះសហគមន៍ប្រៀបដូចស្រែចម្ការ គឺជាស្រែចម្ការរបស់ព្រះជាម្ចាស់ (១​​​ករ ៣,៩)។ ​​​ក្នុង​ចម្ការនោះមានដើមអូលីវ​ដុះ​ឡើងតាំងពីដើមមក គឺដើមអូលីវដែលមានអស់លោកបុព្វបុរស​​​ជា​​​ឫស​​​ដ៏​​​វិសុទ្ធ។​​​ នៅដើមអូលីវនោះ ជនជាតិ​យូដា​និងសាសន៍ដទៃកំពុងសម្រុះសម្រួលគ្នា និងគង់តែនឹងស្រុះស្រួលគ្នាជាស្ថាពរ​នៅ​ថ្ងៃណាមួយមិនខាន (រម ១១, ១៣-២៦)។ ព្រះជាម្ចាស់ប្រៀបដូចជាអ្នកថែរក្សាចម្ការនៃស្ថានបរមសុខ ព្រះអង្គបានដាំដើម​ទំពាំងបាយ​ជូរ​ដែល​ទ្រង់បានជ្រើសរើសនោះ (មថ ២១,​​​៣៣-៤៣; អស ៥,១ក)។ ​​​ដើមទំពាំងបាយជូរដ៏ពិតប្រាកដ គឺព្រះ    គ្រីស្ត ព្រះ​អង្គ​​​​ប្រទានឱ្យយើងជាមែកមានជីវិត និងអាចបង្កើតផលផ្លែបាន។ ​​​ដោយសារព្រះសហគមន៍​​​ យើង​ស្ថិតនៅ​ក្នុង​ព្រះ​គ្រីស្ត បើដាច់ពីព្រះអង្គ យើង​​​ពុំ​​​អាចធ្វើអ្វីបានឡើយ (យហ ១៥,១-៥)។

៧៥៦. គម្ពីរបានចែងជារឿយៗថា ព្រះសហគមន៍ជាសំណង់របស់ព្រះ​​​ជាម្ចាស់ (១ករ​​​ ៣,៩)។​​​ ព្រះយេស៊ូជា​អម្ចាស់​បាន​ប្រៀប​ព្រះអង្គផ្ទាល់ទុកជាថ្មដែលជាងសំណង់​​​បានបោះ​​​បង់ចោល ហើយដែលត្រឡប់ទៅជាថ្មគ្រឹះ​ដ៏​សំខាន់វិញ (មថ ២១,៤២; កក ៤,១១; ១សល ២,៧; ទន​​​ ១១៧,២២)។  ក្រុមគ្រីស្តទូតបាន​សង់​ព្រះសហគមន៍លើគ្រឹះ​​​នោះ ​​​(១ករ ៣,១១) ​​​ព្រះ​​​សហគមន៍ក៏រឹងប៉ឹងនិងតភ្ជាប់គ្នាយ៉ាងមាំមួនដោយសារគ្រឹះនោះដែរ។​​​ សំណង់​​​នេះ​​​មានឈ្មោះផ្សេងៗ ពី​គ្នា ​​​គឺជាព្រះដំណាក់របស់ព្រះជាម្ចាស់ (១ធម ៣,១៥) មានក្រុម​​​គ្រួសាររបស់ព្រះអង្គរស់នៅ​​​ក្នុងដំណាក់នោះ ជា​ព្រះ​ដំណាក់របស់ព្រះជាម្ចាស់ក្នុង​​​ព្រះ​​​វិញ្ញាណ (អភ ២,១៩-២២) ជាព្រះពន្លារបស់ព្រះជាម្ចាស់ ស្ថិតនៅជាមួយមនុស្ស​​​​លោក ​​​(វវ ២១,៣) ជាពិសេស​​​ជាព្រះ​​​វិហារដ៏វិសុទ្ធ ដែលមានកន្លែងគោរពបូជា​​​សាងសង់អំពីថ្ម​​​ជា​និមិត្តរូប។ អស់គ្រូបាធ្យាយ​​​តែងតែលើកតម្កើងព្រះវិហារនេះ។ ក្បួនពិធីបុណ្យនានា​​​ក៏តែង​​​ប្រៀបផ្ទឹមយ៉ាងត្រឹមត្រូវ អំពី​ព្រះវិហារនោះ ទៅនឹងក្រុង​​​ដ៏វិសុទ្ធ គឺក្រុងយេរូសាឡឹមថ្មី។ យើងកំពុងតែរស់នៅលើផែនដីនេះ ប្រៀប​ដូច​ជា​ថ្មដែលមានជិវិត ផ្គុំគ្នាកសាង​​​សំណង់ (១ សល ២,៥០)។​​​ គ្រីស្តទូតយ៉ូហាន​​​នឹក​​​សញ្ជឹង​​​គិតអំពីទីក្រុងដ៏វិសុទ្ធ​​​ដែល​​​​ចុះពីស្ថានបរមសុខមក ទុកជាគូដណ្តឹងដែលតុបតែងខ្លួន​​​ត្រៀម​​​ទទួលស្វាមី នៅពេល​​​ព្រះជាម្ចាស់ប្រែ​ពិភព​លោកឱ្យទៅជាថ្មី (វវ ២១,១ត)។

៧៥៧. ព្រះសហគមន៍ក៏មានឈ្មោះទៀត​​​ថា “ទីក្រុងយេរូសាឡឹមនៃស្ថានលើ” និង“មាតា​​​របស់​​​យើង” (កាឡ ៤,២៦; វវ ១២,១៧)។ គេទុកព្រះសហគមន៍ដូច​​​ជាភរិយា​​​ដ៏និមលនៃ​​​កូនចៀម ដែលត្រូវគេបូជា (វវ ១៩,៧; ២១, ២ និង ៩; ២២,១៧) ​​​ជាភរិយាដែលព្រះគ្រីស្ត “បានស្រឡាញ់ និងបូជាព្រះជន្ម ​ដើម្បី​ប្រោសឱ្យ​បាន​ទៅជាវិសុទ្ធ” (អភ ៥, ២៦) ព្រះអង្គតភ្ជាប់នឹងព្រះសហគមន៍ដោយសន្ធិសញ្ញាដែល​​​មិនអាចបែកខ្ញែកពីគ្នា​​​បាន ព្រះអង្គ​នៅ​តែ “ចិញ្ចឹម​បីបាច់​ថែ​​រក្សា” ព្រះសហគមន៍ (អភ ៥,២៩)” (LG ៦)។

២. ប្រភព មូលដ្ឋានគ្រឺះ និងបេសកកម្មរបស់ព្រះសហគមន៍

៧៥៨. ដើម្បីពិនិត្យពិច័យអាថ៌កំបាំងនៃព្រះសហគមន៍ ត្រូវតែរិះគិតពិចារណាអំពីប្រភពរបស់ព្រះ   សហគមន៍នៅក្នុង​គម្រោងរការនៃព្រះត្រៃឯកដ៏វិសុទ្ធបំផុត និងអំពីការសម្រេចគម្រោងការនេះ ក្នុង​ប្រវត្តិ​សាស្រ្ត  ម​នុស្ស​លោកបន្តិចម្តងៗ។

ព្រះបិតាសព្វព្រះហឫទ័យបង្កើតព្រះសហគមន៍

៧៥៩. “ព្រះបិតាដែលមានព្រះជន្មមុនកាលសម័យទាំងអស់ ព្រះអង្គស្ម័គ្រចិត្តសម្រេច​​​គម្រោង​​ការ​​​ដ៏   អស្ចារ្យ​និងដ៏អាថ៌កំបាំង​​​ គឺបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណ​​​ និងដោយព្រះហប្ញទ័យសប្បុរស។ ព្រះអង្គក៏​​សម្រេចព្រះហឫទ័យលើកមនុស្សលោកឱ្យមានជីវិតរួមរស់ជាមួយព្រះអង្គថែមទៀត” ហើយព្រះ​ជាម្ចាស់ត្រាស់​ហៅ​​​មនុស្សទាំងអស់ឱ្យរួមរស់ជាមួយព្រះអង្គ នៅក្នុងអង្គព្រះបុត្រាព្រះអង្គ៖ “ចំពោះអស់អ្នក​ដែល​​ផ្ញើជីវិត​លើ​ព្រះ​​គ្រីស្តវិញ ព្រះបិតាសព្វព្រះហឫទ័យត្រាស់​​​ហៅគេឱ្យទៅជាព្រះសហគមន៍ដ៏វិសុទ្ធ”។​ ព្រះបិតាសព្វព្រះហឫទ័យ​សម្រេច “ក្រុមគ្រួសាររបស់ព្រះជាម្ចាស់នេះ” បន្តិចម្តងៗ តាមដំណាក់កាលនៃប្រវត្តិសាស្រ្តមនុស្ស​លោក។ “ព្រះអង្គប្រទាន​​​ដំណឹងអំពីព្រះសហគមន៍នេះ តាមនិមិត្តសញ្ញាជាច្រើន តាំងពីកំណើតពិភពលោកមក ទ្រង់​ក៏បានរៀប​​​ចំ​​​ព្រះសហគមន៍​​​នេះ យ៉ាងអស្ចារ្យតាមប្រវត្តិសាស្រ្តប្រជាជនអ៊ីស្រាអែល និងតាមសម្ពន្ធ​​​មេត្រី​ចាស់។ នៅទីបញ្ចប់ ព្រះអង្គក៏បានតែងតាំងព្រះសហគមន៍សម័យឥឡូវជាជំនាន់ចុងក្រោយបំផុត។ ព្រះ​សហគមន៍សម្តែង​​ខ្លួន ដោយព្រះបិតាបង្ហូរព្រះវិញ្ញាណ និងបានទៅជាពេញលក្ខណៈ ​ជាស្ថាពរ ​ក្នុងសិរីរុងរឿង ​នៅ​ពេល​​ចុង​ក្រោយបំផុត” (LG ២)។

 ព្រះជាម្ចាស់ប្រទានដំណឹងអំពីព្រះសហគមន៍ តាមនិមិត្តសញ្ញាជាច្រើន តាំងពីកំណើតពិភពលោកមក

៧៦០. តាមគ្រីស្តបរិស័ទដើមដំបូង “ព្រះជាម្ចាស់បានបង្កើតពិភពលោក ដើម្បីព្រះសហគមន៍” (គង្វាលអាឡិចសង់ឌ្រី ហែរម៉ាស់ ; អារីស្ទីដ ; សន្ត យូស្តាំង)។ ព្រះ​ជាម្ចាស់​បានបង្កើតពិភពលោក ដើម្បីឱ្យមនុស្សលោករួមរស់ជាមួយព្រះអង្គ ដោយ “ត្រាស់​ហៅ”​ មនុស្ស​ក្នុង​អង្គ​ព្រះ​គ្រីស្ត ហើយ “ការត្រាស់ហៅ” នេះ គឺជាព្រះសហគមន៍។ ព្រះសហគមន៍ជាទី​ចុង​ក្រោយ​នៃអ្វីៗទាំងអស់ (សន្ត​ អេពីផាន) ហើយព្រះ​ជាម្ចាស់​បណ្ដោយឱ្យមានទុក្ខលំបាក ដូចជាអំពើបាប​របស់​ទេវទូត និងរបស់មនុស្សលោក ដើម្បីទៅជាឱកាស និង​មធ្យោបាយឱ្យព្រះអង្គសម្ដែងឫទ្ធានុភាពរបស់ព្រះអង្គ និង​សេចក្ដីស្រលាញ់ដែលព្រះអង្គសព្វព្រះហឫទ័យប្រទានឱ្យមនុស្សលោក។

ព្រះបំណងរបស់ព្រះជាម្ចាស់ជាកិច្ចការមួយ គឺពិភពលោកយ៉ាងណា ព្រះអង្គក៏មានគោលដៅ​សង្រ្គោះ​​មនុស្ស​លោក គឺ​ព្រះសហគមន៍យ៉ាងនោះដែរ (សន្ត ក្លេម៉ង់ នៃអាឡិចសង់ឌ្រី)។

ព្រះជាម្ចាស់បានរៀបចំព្រះសហគមន៍ក្នុងសម័្ពន្ធមេត្រីចាស់

៧៦១. ព្រះជាម្ចាស់ចាប់ផ្ដើមប្រមូលប្រជាជនរបស់ព្រះអង្គ កាលណាអំពើបាបបំបែកមនុស្សឱ្យឃ្លាតឆ្ងាយពីព្រះអង្គ និងបាក់បែកគ្នា។ ព្រះជាម្ចាស់ប្រមូលព្រះសហគមន៍ ដើម្បីទប់ស្កាត់នឹងភាពច្របូក​ច្របល់ដែលមកពីអំពើបាប។ ព្រះជាម្ចាស់ប្រមូលព្រះសហគមន៍ជាសម្ងាត់ក្នុងចំណោមប្រជាជាតិទាំងឡាយ​​​​​៖ "ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយ ឱ្យតែគោរពកោតខ្លាចព្រះជាម្ចាស់ ហើយប្រព្រឹត្តអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន” (កក ១០,៣៥) (LG ៩ ; ១៣ ; ១៦)។

៧៦២. ព្រះជាម្ចាស់ចាប់ផ្ដើមរៀបចំ ប្រមូលប្រជាជនរបស់ព្រះអង្គ ដោយត្រាស់ហៅលោកអប្រាហាំ ដែលព្រះអង្គ​មានព្រះបន្ទូលសន្យាថា នឹងទៅជាឱពុកនៃប្រជាជាតិមួយដ៏ធំ (កណ ១២,២ ; ១៥,៥-៦) រួចព្រះអង្គជ្រើស​រើស​ជនជាតិអ៊ីស្រាអែលឱ្យទៅជាប្រជាជនរបស់ព្រះអង្គ (សរ ១៩,៥-៦ ; ទក ៧,៦)។ ដោយសារព្រះជាម្ចាស់​បានជ្រើសរើសគេ ជនជាតិអ៊ីស្រាអែលក៏ត្រូវតែទៅជាសញ្ញាសម្គាល់ថា ព្រះជាម្ចាស់សព្វព្រះហឫទ័យ ប្រមូល​​ផ្តុំជាតិសាសន៍ទាំងឡាយ (អស ២,២-៥)។ ប៉ុន្តែ ពួកព្យាការីចោទប្រកាន់ជនជាតិអ៊ីស្រាអែលថា បាន​ផ្ដាច់​​​សម័្ពន្ធមេត្រី និងប្រកាន់យកឥរិយាបទដូចជាស្រី្តពេស្យាម្នាក់ (ហស ១ ; អស ១,២-៤ ; យរ ២ ; ល។​ល)។ ពួក​គេ​ប្រកាសថា ព្រះជាម្ចាស់នឹងចងសម័្ពន្ធមេត្រីថ្មី អស់កល្បជានិច្ច (យរ ៣១,៣១-៣៤ ; អស ៥៥,៣)។ “ព្រះគ្រីស្តបាន​ចង​សម្ពន្ធ​មេត្រីថ្មីនេះហើយ” (LG ៩)។

ព្រះគ្រីស្តបានតែងតាំងព្រះសហគមន៍

៧៦៣. នៅពេលចុងក្រោយបំផុត ព្រះបុត្រាមានតួនាទីចាត់ចែងគម្រោងការនៃព្រះបិតាព្រះ​​​​​​​អង្គអំពីការសង្រ្គោះ៖ នេះ​គឺជាមូលហេតុនៃ “បេសកកម្ម” របស់ព្រះអង្គ (LG ៣ ; AG ៣)។ “ព្រះអម្ចាស់យេស៊ូ​បង្កើតព្រះសហគមន៍ដោយ​ប្រកាស​ដំណឹង​ ​​​ដែល​​​ផ្តល់អំណរសប្បាយ​​​ថា ព្រះជា​​​​​​ម្ចាស់យាងមកគ្រងរាជ្យហើយ តាម​​ព្រះបន្ទូលសន្យាជា​​​ច្រើន​​​សតវត្ស​មក” (LG ៥)។ ព្រះ​គ្រីស្ត​ចាប់ផ្ដើម​ព្រះ​រាជ្យ​នៃស្ថានបរមសុខ នៅលើផែន​ដី ដើម្បី​គាប់ព្រះហឫទ័យរបស់ព្រះបិតា។ “ព្រះសហគមន៍បង្ហាញអំពីព្រះជាម្ចាស់គ្រងរាជ្យយ៉ាងអាថ៌កំបាំងម៉្យាង ក្នុង​​​​លោកនេះរួចហើយ” (LG ៣)។

៧៦៤. “ព្រះគ្រីស្តបញ្ចាំងពន្លឺនៃព្រះ​​​រាជ្យ​​​នោះ ដោយព្រះអង្គមានព្រះបន្ទូលបង្រៀនមនុស្សលោក ដោយប្រពឹត្ត​​​ព្រះរាជកិច្ចផ្សេងៗ និង​​​ដោយគង់នៅជាមួយមនុស្ស​​​លោកផង” (LG ៥)។ ពេលយើងទទួលព្រះបន្ទូលរបស់ព្រះយេស៊ូ យើងក៏ទទួលព្រះរាជ្យផ្ទាល់ (LG ៥)។ ព្រះរាជ្យដែលទើបចាប់ផ្ដើម និងប្រៀបធៀបដូចជាគ្រាប់ពូជជា “ក្រុម​ដ៏តូច” (លក ១២,៣២) នៃអស់អ្នកដែលព្រះយេស៊ូត្រាស់ហៅឱ្យមកជាមួយ ហើយ​ដែល​ព្រះអង្គផ្ទាល់ជាគង្វាល (មថ ១០,១៦)។ ​ពួកគេជាក្រុមគ្រួសារយ៉ាងពិតប្រាកដរបស់ព្រះយេស៊ូ (មថ ១២,៤៩)។ ព្រះអង្គបានប្រៀនប្រដៅអស់អ្នកដែលនៅជាមួយព្រះអង្គឱ្យមាន “របៀបរស់នៅ” ថ្មី និងឱ្យ​គេ​អធិដ្ឋាន​តាមរបៀបផ្សេង (មថ ៥,៦)។

៧៦៥. ព្រះអម្ចាស់យេស៊ូបានចាត់ចែងសហគមន៍របស់ព្រះអង្គនូវរចនាសម័្ពន្ធ ដែលនឹងស្ថិតស្ថេររហូតដល់ទីបញ្ចប់។ ព្រះអង្គបានជ្រើសរើសគ្រីស្តទូតដប់ពីររូប ដែលមានលោកសិលាជាប្រធាន (មក ៣,១៤-១៥)។ ពួកគេជា​តំណាងរបស់កុលសម័្ពន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល (មថ ១៩,២៨ ; លក ២២,៣០) និងជាគ្រឹះ​នៃ​ទីក្រុង​យេរូសាឡឹម​ថ្មី (វវ ២១,១២-១៤)។ គ្រីស្តទូតដប់ពីររូប (មក ៦,៧) និងសាវ័កឯទៀតៗ (លក ១០,១-២) ចូល​រួម​ក្នុង​បេសកកម្ម អំណាច និង​វាសនា ​(មថ ១០,២៥) របស់ព្រះគ្រីស្ត។ តាមកិច្ចការទាំងអស់នោះ ព្រះគ្រីស្តរៀបចំ និង​សាងសង់ព្រះសហគមន៍របស់ព្រះអង្គ។

៧៦៦. ប៉ុន្តែ ព្រះសហគមន៍កើតមកពីព្រះគ្រីស្តបានបូជាព្រះជន្មទាំងស្រុង ដើម្បីសង្រ្គោះយើង ដែល​ព្រះអង្គ​បាន​ទុកជាមុនក្នុងអភិបូជា និងបានសម្រេចនៅលើឈើឆ្កាង។ “ដើមកំណើត និង​​​ការអភិវឌ្ឍន៍នៃ​ព្រះ​រាជ្យ​​​នេះ​​​ មក​ពី​ព្រះលោហិតនិង​​​ពីទឹក ដែលហូរចេញពីរបួសត្រង់​​​ឆ្អឹងជំនីរបស់ព្រះយេស៊ូ​​​ដែល​​​ត្រូវគេឆ្កាង” (LG ៣)។ “ដ្បិត​អគ្គ​សញ្ញាដ៏អស្ចារ្យរបស់ព្រះសហគមន៍ទាំងមូលបានកើតមកពីឆ្អឹងជំនីរបស់ព្រះគ្រីស្ត ដែលផ្ទំ នៅលើឈើ​ឆ្កាង” (SC ៥)។ នាងអេវ៉ាបានកើតមកពីឆ្អឹងជំនីរបស់លោកអដាំដែលដេកលង់លក់យ៉ាងណា ព្រះសហគមន៍ក៏កើត​មក​ពីឆ្អឹងជំនីរបស់ព្រះគ្រីស្តដែលសោយទិវង្គតនៅលើឈើឆ្កាងយ៉ាងនោះដែរ (សន្ត អំប្រ័រ)។

ព្រះវិញ្ញាដ៏វិសុទ្ធសម្ដែងព្រះសហគមន៍

៧៦៧. “ក្រោយពីព្រះបុត្រាបានបង្ហើយព្រះរាជកិច្ច ដែលព្រះបិតាផ្តាំឱ្យព្រះអង្គបំពេញនៅលើផែនដីសព្វគ្រប់ទៅហើយ នៅថ្ងៃបុណ្យព្រះវិញ្ញាណយាងមក ព្រះបិតាចាត់ព្រះ​​​វិញ្ញាណ​​​ដ៏វិសុទ្ធ​​​ ដើម្បីប្រោសឱ្យព្រះសហគមន៍បានវិសុទ្ធ​ជា​និច្ច” (LG ៤)។ “ពេលនោះ ព្រះសហគមន័បង្ហាញខ្លួនចំពោះមនុស្សទាំងអស់ជា        សាធារណៈ ហើយក្រុមសាវ័កចាប់​ផ្ដើមប្រកាសដំណឹងល្អ” (AG ៤)។ ដោយសារព្រះសហគមន៍ “ត្រាស់ហៅ” មនុស្សទាំងអស់ឱ្យ​ទទួល​ការ​សង្រ្គោះ ព្រះសហហគមន៍មានលក្ខណៈជាសាសនទូត ដែលព្រះគ្រីស្តចាត់ឱ្យទៅប្រកាសដំណឹងល្អ ​ដល់​ជាតិ​​សាសន៍ទាំងអស់ឱ្យធ្វើជាសាវ័ក (មថ ២៨,១៩-២០)។

៧៦៨. ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ព្រះវិញ្ញាណដ៏វិសុទ្ធ “ណែនាំព្រះសហគមន៍ដោយប្រទានព្រះ​​​អំណោយ​​​​ទាន​​​​ផ្សេងៗដែលចាត់​​​ចែងឱ្យព្រះសហគមន៍មានរចនាសម្ព័ន្ធតាមលំដាប់លំដោយ” (LG ៤)។ “ដូច្នេះ ​ព្រះ​សហគមន៍បាន​​​ទទួលព្រះអំណោយទានផ្សេងៗពីព្រះគ្រីស្តដែលបានបង្កើតព្រះសហគមន៍។ ព្រះសហគមន៍​ក៏​យក​ចិត្ត​ទុកដាក់ គោរពតាមបទបញ្ជារបស់ព្រះអង្គ ដោយចិត្តស្មោះ ពោលគឺឱ្យមានចិត្តស្រឡាញ់ ឱ្យមានចិត្ត​សុភាព​​រាបសា ឱ្យមានចិត្តលះ​​​បង់។ ព្រះសហគមន៍ក៏ទទួលបេសកកម្មប្រកាសថា ព្រះគ្រីស្ត និងព្រះជាម្ចាស់​គ្រងរាជ្យ និងមានមុខងារចាត់ចែងព្រះរាជ្យក្នុងប្រជាជាតិនានា។ ព្រះសហគមន៍ជាពន្លក​ និងជាដើមកំណើត​នៃ​ព្រះ​​រាជ្យ​​​​​នេះនៅលើផែនដី” (LG ៥)។

ព្រះជាម្ចាស់នឹងប្រោសព្រះសហគមន៍ឱ្យពេញលក្ខណៈជាស្ថាពរក្នុងសិរីរុងរឿង

៧៦៩. “ព្រះសហគមន៍​​​ (...) នឹងបានពេញលក្ខណៈជា​​​ស្ថាពរ​​​នៅក្នុង​​​សិរីរុងរឿងនៃលោកខាងមុខ” (LG ៥៨) នៅពេលព្រះគ្រីស្តនឹងយាងមកវិញ ពោរពេញដោយសិរីរុងរឿង។ រហូតដល់ពេលនោះ “ព្រះសហគមន៍ធ្វើ បូជនីយេសចរណ៍​តទៅទៀត តាមរយៈការបៀតបៀនខាងលោកីយ៍ និងការលួងលោមរបស់ព្រះជាម្ចាស់” (សន្ត អូគូស្តាំង ; LG ១៨)។ នៅ​ក្នុង​លោក​​នេះ ព្រះសហគមន៍ក៍ដឹងថា ខ្លួនត្រូវនិរទេស និងឃ្លាតឆ្ងាយពីព្រះអម្ចាស់ (២ករ ៥,៦)  ហើយសង្ឃឹមថា   ព្រះ​ជាម្ចាស់នឹងគ្រងរាជ្យឱ្យពេញលក្ខណៈ   ជា   “ពេលកំណត់ដែល​ព្រះ      ​សហគមន៍​នឹងរួបរួមជាមួយព្រះមហាក្សត្រ​​​​របស់​ខ្លួន ក្នុងសិរីរុងរឿង” (LG ៥)។ ប៉ុន្តែ ព្រះសហគមន៍ និង​តាម​រយៈ​ព្រះសហគមន៍ អស់មនុស្សលោក​​​ត្រូវរង​ទុក្ខ​លំបាក​​ជាច្រើន មុននឹងបាន​ពេញ​លក្ខណៈជា​​​ស្ថាពរ​​​នៅក្នុង​​​សិរីរុង  រឿង។ ពេលនោះ “អស់មនុស្សសុចរិតតាំង​​​ពី​​​ជំនាន់លោកអដាំមក  គឺ “តាំងពីលោក​អេបិលជា​មនុស្ស​សុចរិត​រហូតដល់អស់​​​អ្នកដែលព្រះ​​​បិតា​​​ជ្រើសរើស នៅ​ពេល​​​ចុង​ក្រោយ​គេបង្អស់” ក៏នឹងរួបរួមគ្នានៅក្បែរ​ព្រះ​បិតា​ក្នុង​​​ព្រះសហគមន៍ស ស្របតាម​សេចក្តីដែល​អស់​គ្រូ​បាធ្យាយ​​បានចែងទុកមក” (LG ២)។

៣. អាថ៌កំបាំងរបស់ព្រះសហគមន៍

៧៧០. ព្រះសហគមន៍នៅក្នុងប្រវត្តិសាស្រ្តផង ហួសប្រវត្តិសាស្រ្តផង។ មានតែអ្នកជឿប៉ុណ្ណោះទេ (CR) ដែល​អាចយល់ឃើញថា ព្រះសហគមន៍នៅលើផែនដីនេះដែលមើលឃើញ មានលក្ខណៈជាវិញ្ញាណផង ដែលនាំ​ជីវិត​របស់​ព្រះជាម្ចាស់។

ព្រះសហគមន៍មានមុខដែលមើលឃើញ និងមានលក្ខណៈជាវិញ្ញាណ

៧៧១. “ព្រះគ្រីស្តជាស្ពាន​​​មេត្រីតែមួយព្រះអង្គគត់ ព្រះអង្គនៅតែបង្កើត និងទ្រទ្រង់ព្រះ​​​សហគមន៍ដ៏វិសុទ្ធ​របស់​ព្រះ​អង្គ​​ នៅ​​​លើផែន​​​ដី ជាអង្គភាពដែលមនុស្សលោកមើលឃើញ​​​បាន។​​​​​​ ព្រះសហគមន៍ជា​​​សហគមន៍របស់មនុស្ស​ដែលមាន​ជំនឿ មានសេចក្តីសង្ឃឹម និង​​​មាន​​​​​​សេចក្តីស្រឡាញ់។ ព្រះគ្រីស្តផ្សព្វផ្សាយសេចក្តីពិត​ និងព្រះហឫទ័យ​ប្រោស​​ប្រណី​​​របស់​ព្រះអង្គ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់ដោយសារព្រះសហគមន៍”។ ព្រះសហគមន៍៖

  • ​“ជាសង្គមមួយដែលមានរបៀបរៀបរយ ដោយមានរចនាសម័្ពន្ធតាមលំដាប់លំដោយ និងជាព្រះកាយដ៍​អាឋ៌​កំបាំងរបស់ព្រះគ្រីស្តផងដែរ
  •  ជាសហគមន៍ដែលអាចមើលឃើញបានផង និងជាសហគមន៍ខាងវិញ្ញាណដែលមើលមិនឃើញផដដែរ
  • ព្រះសហគមន៍នៅលើផែនដីនេះ និងជាព្រះសហគមន៍ប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថាន​បរមសុខ”។

លក្ខណៈទាំងអស់នោះធ្វើឱ្យ “ព្រះសហគមន៍តែមួយ រួមគ្នាជាអង្គភាពតែមួយ ដែលមានផ្នែកជា​ច្រើន គឺមាន​សភាព​ជាមនុស្សផង និងមានសភាពជាព្រះជាម្ចាស់ផង” (LG ៨)។

ព្រះសហគមន៍មានលក្ខណៈផ្ទាល់ជាមនុស្សផង ជាព្រះជាម្ចាស់ផង ដែលមើលឃើញផង និងបរិបូណ៍នៃភាពដែលមើលមិនឃើញផង ពុះពារទៅដោយសកម្មភាព និងជាប់រវល់ក្នុងការស្មឹងស្មាធិ៍ ស្ថិតនៅក្នុងលោកនេះ ប៉ុន្តែស្ថិតនៅខាងក្រៅលោកនេះដែរ។ ក៏ប៉ុន្តែ អ្វីៗដែលមានលក្ខណៈជាមនុស្សក្នុងព្រះសហគមន៍ស្ថិតនៅក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ គឺអ្វីដែលមើលឃើញស្ថិតនៅក្រោមអ្វីដែលមើលមិនឃើញ អ្វីដែលមកពីសកម្មភាពស្ថិតនៅក្រោមអ្វីដែលមកពីការស្មឹងស្មាធិ៍ ហើយអ្វីដែលនៅក្នុងពិភពនេះ ស្ថិតនៅក្រោមបូរីនៃអនាគតដែលយើងស្វែងរក (SC ២)។

សុភាពរាបសា! ភាពខ្ពង់ខ្ពស់ថ្លែថ្នូរ! ជំរំនៃដើមឈើធំៗ ព្រះពន្លារបស់ព្រះជាម្ចាស់ លំនៅស្ថានលើផែនដី និងវិមាននៃស្ថានបរមសុខ ផ្ទះដីអិដ្ឋ និងទីធ្លានៃវាំងហ្លួង រូបកាយដែលត្រូវស្លាប់ និងព្រះវិហារនៃពន្លឺព្រោងព្រាយពួកអ្នកមានឫកឆ្មើងឆ្មៃប្រមាថនាង ព្រះមហេសីរបស់ព្រះគ្រីស្ត! ឱបុត្រីនៃទីក្រុងយេរូសាឡឹម នាងសម្បូរខ្មៅ ប៉ុន្តែស្រស់ស្អាត នាងមានទឹកមុខស្លេកស្លាំង ដោយនឿយហត់បានទទួលរងទុក្ខលំបាកក្នុងការនិរទេសខ្លួនយ៉ាងយូរ ប៉ុន្តែ នាងបានទទួលមកុដនៃស្ថានបរមសុខ (សន្ត បេ័រណា)។

ព្រះសហគមន៍ជាអាឋ៌កំបាំងដែលមនុស្សលោករួមរស់ជាមួយព្រះជាម្ចាស់

៧៧២. ក្នុងព្រះសហគមន៍ ព្រះគ្រីស្តបំពេញ​ និងសម្ដែងអាថ៌កំបាំងរបស់ព្រះអង្គផ្ទាល់ ដែលជាគោល​ដៅនៃ​គម្រោងការ​របស់ព្រះជាម្ចាស់ គឺ “ប្រមូលអ្វីៗទាំងអស់ (...) ឱ្យរួមគ្នាក្នុងអង្គព្រះគ្រីស្ត” (អភ ១,១០)។ សន្ត​ប៉ូល​មានប្រសាសន៍ថា “គម្រោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់” (អភ ៥,៣២) គឺព្រះគ្រីស្ត និង​ព្រះ​​សហគមន៍រួមអាពិហ៍ពិពាហ៍ជាមួយគ្នា។ ដោយសារព្រះសហគមន៍រួមជាមួយព្រះគ្រីស្ត ដូច​ស្វាមីភរិយារួម​ជាមួយ​គ្នា​ (អភ ៥,២៥-២៧) ព្រះសហគមន៍ក៏ក្លាយទៅជាអាថ៌កំបាំងផងដែរ (អភ ៣,៩-១១)។ ដោយយល់​ឃើញថា ព្រះសហគមន៍ជាអាថ៌កំបាំង សន្តប៉ូលបន្លឺសម្លេងឡើងថា៖ “ព្រះគ្រីស្តគង់នៅក្នុងបងប្អូន ព្រះអង្គ​ប្រទាន​ឱ្យបងប្អូនមានសង្ឃឹម” (កូឡ ១,២៧)។

៧៧៣. ក្នុងព្រះសហគមន៍ មនុស្សលោករួមរស់ជាមួយព្រះជាម្ចាស់ ដោយសារ “សេចក្ដីស្រលាញ់ (ដែល) មិន​​សាបសូន្យឡើយ” (១ករ ១៣,៨) ជាគោលដៅ ដែលបញ្ជាអ្វីៗដែលជាមធ្យោបាយ​ខាង​​​​អគ្គសញ្ញា ដែលមានលក្ខណៈ​របស់​លោកីយ៍ ​ដែលចេះតែកន្លងផុតទៅ ។ “រចនាសម័្ពន្ធរបស់​ព្រះសហគមន៍ស្ថិ​ត​ក្រោម​ភាព​ដ៏វិសុទ្ធ​របស់​អវយវៈ​ព្រះ​គ្រីស្ត ហើយយើងវិនិច្ឆ័យ​ភាព​​ដ៏វិសុទ្ធ តាមសេចក្ដី​ស្រលាញ់ ដែលភរិយាឆ្លើយតបនឹងអំណោយទាន​របស់​ស្វាមី” (MD ២៧)។ នាងម៉ារីដើរខាងមុខយើងទាំងអស់គ្នា ក្នុងភាពដ៏វិសុទ្ធ ដែលជាអាថ៌កំបាំងនៃព្រះ​សហគមន៍ ជា​ភរិយា “ឥតស្លាកស្នាម ឥតជ្រីវជ្រួញ” (អភ ៥,២៧)។ ហេតុនេះហើយ បានជា “ក្នុង​ព្រះ​សហគមន៍ អ្វីដែល​មាន​​លក្ខណៈ​របស់នាងម៉ារី ដើរទៅមុខអ្វីដែលមានលក្ខណៈរបស់លោកសិលា”។

ព្រះសហគមន៍ជាអគ្គសញ្ញាសកលនៃការសង្រ្គោះ

៧៧៤. ពាក្យក្រិក mysterion (អាថ៌កំបាំង) បកប្រែជាភាសាឡាតាំងថា mysterium (អាថ៌កំបាំង) និង sacramentum (អគ្គសញ្ញា)។ ក្រោយមក យើងបាន​បកស្រាយ​ពាក្យ sacramentum សម្ដៅទៅលើសញ្ញាដែលមើលឃើញ​នៃអង្គ​ភាព​​ដ៏​លាក់​លៀមនៃការសង្រ្គោះ ដែលពាក្យ mysterium  ឆ្លុះបង្ហាញ។  តាមអត្ថន័យនេះ  ព្រះ  ​គ្រីស្តផ្ទាល់​ជាអាថ៌​កំបាំង​​នៃ​ការ​សង្រ្គោះ គឺគ្មានអាថ៌កំបាំងផ្សេងក្រៅពី​ព្រះ​គ្រីស្ត (សន្ត អូគូស្តាំង)។ ព្រះរាជ​កិច្ច​នៃការសង្រ្គោះ​របស់​សភាព​ជាមនុស្សដ៏វិសុទ្ធ និងដែលប្រោស​ឱ្យ​បានវិសុទ្ធ របស់ព្រះអង្គ ជា​អគ្គសញ្ញា​​នៃការសង្រ្គោះ ដែលសម្ដែង​ខ្លួន និង​ប្រតិបត្តិ​តាមអគ្គសញ្ញារបស់ព្រះសហគមន៍ (ដែល​ព្រះសហគមន៍ខាង​បូព៌ា​ប្រទេស​ហៅថា “អាថ៌កំបាំងដ៏​វិសុទ្ធ”)។ អគ្គសញ្ញាទាំងប្រាំពីរ ជាសញ្ញា និងជាឧបករណ៍ ដែល​ព្រះវិ​ញ្ញាណដ៏វិសុទ្ធចាក់បង្ហូរព្រះហឫទ័យ​ប្រណី​សន្តោស​របស់ព្រះគ្រីស្ត ដែលជាព្រះសិរសា នៅក្នុងព្រះសហគមន៍ ដែល​ជា​ព្រះកាយព្រះអង្គ។ ដូច្នេះ ព្រះ​សហគមន៍​មាន និងផ្ដល់ការប្រណីសន្តោសដែលមើលមិនឃើញ ដែលខ្លួនសម្ដែង។ ក្នុង​អត្ថន័យប្រៀបធៀបនេះ យើង​ហៅព្រះសហគមន៍ថា “អគ្គសញ្ញា”។

៧៧៥. “ព្រះសហគមន៍រួមក្នុងអង្គព្រះគ្រីស្ត ហាក់ដូចជាអគ្គសញ្ញារបស់ព្រះគ្រីស្ត គឺជាសញ្ញាសម្គាល់​បង្ហាញព្រះ​​គ្រីស្ត​ផង និងជាមធ្យោបាយឱ្យមនុស្សរួមរស់ជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធផង។ ព្រះ       សហគមន៍ក៏ជា​មធ្យោបាយ​​​ប្រមែប្រមូលមនុស្សលោកឱ្យរួមគ្នាជាធ្លុងតែមួយដែរ” (LG ១)៖ ព្រះសហគមន៍មានគោលដៅដំបូង ធ្វើជាអគ្គសញ្ញាឱ្យមនុស្សរួមរស់ជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធ។​ មនុស្សអាចរួមរស់ជាមួយគ្នា ដ្បិតពួកគេ​រួមរស់ជាមួយព្រះជាម្ចាស់ ហេតុនេះ ព្រះសហគមន៍ជាអគ្គសញ្ញាឱ្យមនុស្សរួមគ្នាជាធ្លុងតែមួយ ។ ក្នុងព្រះសហគមន៍ មនុស្សបានចាប់ផ្ដើមរួមគ្នាជាធ្លុងតែមួយ ដ្បិតព្រះសហគមន៍ប្រមូលមនុស្ស “គ្រប់ជាតិសាសន៍ គ្រប់កុលសម័្ពន្ធ គ្រប់ប្រជាជន និងគ្រប់ភាសា” (វវ ៧,៩) ជាមួយគ្នានេះដែរ ព្រះសហគមន៍ជា “សញ្ញា និង​ឧបករណ៍” នៃឯកភាពគ្រប់លក្ខណៈនេះ ដែលត្រូវមានតទៅទៀត ។

៧៧៦. ដោយសារព្រះសហគន៍ជាអគ្គសញ្ញា ព្រះសហគមន៍ក៏ជាឧបករណ៍របស់ព្រះគ្រីស្ត។ ក្នុងព្រះហស្ត​របស់​ព្រះ​គ្រីស្ត ព្រះសហគមន៍ជាឧបករណ៍ “សម្រាប់ឱ្យព្រះគ្រីស្តលោះមនុស្សទាំងអស់” (LG ៩) ជា “អគ្គសញ្ញា​សកល​នៃការសង្រ្គោះ” (LG ៤៨) ដែលព្រះគ្រីស្ត “បង្ហាញឱ្យ​មនុស្សលោកស្គាល់​គម្រោង​ការ​ដ៏​អស្ចារ្យ​នៃ​ព្រះ​ហឫទ័យ​ស្រឡាញ់​​​​របស់​ព្រះ​ជា​ម្ចាស់​ចំពោះមនុស្ស និងនាំព្រះហឫទ័យ​ស្រឡាញ់​​​​នោះមក​​​ដល់​​​គេនាសម័យ​ឥឡូវ” (GS ៤៥,១)។ ព្រះសហគមន៍ “ជាគម្រោងការដែលមើលឃើញនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក” (សម្ដេចប៉ាបប៉ូលទី៦) ដែលសព្វព្រះហឫទ័យឱ្យមនុស្សលោកទាំងមូល​រួមគ្នាជា​ប្រជារាស្រ្ត​តែមួយរបស់ព្រះជាម្ចាស់ រួមក្នុងព្រះកាយតែមួយរបស់ព្រះគ្រីស្ត កសាងជាព្រះវិហារតែ​មួយរបស់​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ” (AG ៧)។

សង្ខេប

៧៧៧. ពាក្យ ព្រះសហគមន៍មានន័យថា ការត្រាស់ហៅ។ ពាក្យនេះ​ សម្ដៅទៅលើអស់អ្នក ដែល ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រាស់ហៅ ដើម្បីបង្កើតប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ហើយដែល ក្លាយទៅជាព្រះ​កាយ​ព្រះគ្រីស្តផ្ទាល់ ដោយទទួលព្រះ​កាយព្រះគ្រីស្ត។

៧៧៨. ព្រះសហគមន៍ជាមាគ៌ា និងជាគោលដៅនៃគម្រោងការរបស់ព្រះជាម្ចាស់៖ ការបង្កើតរៀបចំ​ព្រះសហគមន៍ទុកជាមុន សម្ពន្ធមេត្រីចាស់រៀបចំព្រះសហគមន៍ ព្រះបន្ទូល និងកាយវិការរបស់ព្រះយេស៊ូគ្រីស្ត​ជាគ្រឹះនៃព្រះសហគមន៍ ព្រះឈើឆ្កាង និងការមានព្រះជន្មថ្មីរបស់ព្រះអង្គសម្រេចព្រះសហគមន៍ ការចាក់បង្ហូរ​នៃ ព្រះវិញ្ញាណដ៏វិសុទ្ធសម្ដែងថា ព្រះសហគមន៍ជាព្រឹត្តិការណ៍ដ៏អាឋ៌កំបាំងនៃការសង្រ្គោះ។ ព្រះជាម្ចាស់​នឹង​សម្រេច​​ព្រះ​សហគមន៍នៅក្នុងសិរីរុងរឿងនៃស្ថានបរមសុខ ជាអង្គប្រជុំរបស់អស់អ្នក​ដែលព្រះអង្គបានលោះ   ឱ្យរួចពីបាប (វវ ១៤,៤)។

៧៧៩. ព្រះសហគមន៍ជាអង្គភាពដែលអាចមើលឃើញ និងខាងវិញ្ញាណ ជាសង្គមដែលបានរៀបចំតាមលម្ដាប់ លំដោយ និងជាព្រះកាយដ៏អាឋ៌កំបាំងរបស់ព្រះគ្រីស្ត។ ព្រះសហគមន៍មានតែមួយ ប្រកបដោយភាពជាមនុស្ស ផង ភាពជាព្រះជាម្ចាស់ផង។ នេះគឺជាអាឋ៌កំបាំងរបស់ព្រះសហគមន៍ ដែលមានតែជំនឿទេ ដែលអាចទទួល​ស្គាល់​បាន។

៧៨០. នៅក្នុងលោកនេះ ព្រះសហគមន៍ជាអគ្គសញ្ញានៃការសង្រ្គោះ សញ្ញាសម្គាល់ និងឧបការនៃការ រួបរួមរវាងព្រះជាម្ចាស់ និងមនុស្ស។

កថាខណ្ឌទី២៖ ព្រះសហគមន៍ជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ជាព្រះកាយព្រះគ្រីស្ត និងជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

១. ព្រះសហគមន៍ជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់

៧៨១. “​នៅគ្រប់សម័យ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ អ្នក​ណា​ក៏ដោយ ​ឱ្យ​តែ​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់ ​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​ ព្រះអង្គ​បានគាប់​ព្រះ​ហឫ​ទ័យ​នឹង​អ្នក​នោះ​ហើយ។ ក៏ប៉ុន្តែ ព្រះជាម្ចាស់សព្វ​ព្រះហឫទ័យឱ្យមនុស្សបានវិសុទ្ធ និងទទួលការសង្រោ្គះ មិនមែនដោយដាច់ឡែកពីគ្នា ​​​ឬដោយគ្មានទំនាក់ទំនង​​​ទៅ​វិញ​​ទៅមកនោះទេ តែព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្យទៅជាប្រជាជនមួយ ដែលនឹងស្គាល់ព្រះអង្គ តាមសេចក្ដីពិត និងបម្រើព្រះអង្គយ៉ាងវិសុទ្ធ។ ហេតុនេះហើយ បានជាព្រះអង្គបានជ្រើសរើសប្រជាជន អ៊ីស្រាអែល​​​ និងចងសម្ពន្ធមេត្រី​​​ជាមួយគេ ឱ្យទៅជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គបានបង្រៀនគេបន្តិចម្តងៗ (...) ហេតុការណ៍ទាំងប៉ុន្មាននោះ  គ្រាន់តែរៀបចំផ្លូវជូនសម្ពន្ធមេត្រីថ្មី និងជាប្រផ្នូលនៃ​​​សម្ពន្ធមេត្រីថ្មី​​​នោះ ដែលជា​​​សម្ពន្ធមេត្រីដ៏ពេញលក្ខណៈចងក្នុងអង្គព្រះគ្រីស្ត។ ព្រះគ្រីស្តបានចងសម្ពន្ធមេត្រីថ្មីនេះហើយ គឺជាសម្ពន្ធមេត្រីថ្មី​​​ចង​ឡើងដោយព្រះលោហិតព្រះអង្គ។ ព្រះអង្គត្រាស់ហៅមនុស្សទាំងអស់ពីក្នុងចំណោម​​​សាសន៍យូដាផង និង​ពី​ក្នុង​ចំណោមសាសន៍ដទៃផង ឱ្យរួមគ្នាជាប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ មិនមែនជា​​​ប្រជារាស្រ្តតាមសាច់ឈាមទេ តែក្នុងព្រះវិញ្ញាណវិញ” (LG ៩)។

លក្ខណៈនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់

៧៨២. ប្រជារាស្រ្តរបស់ព្រះជាម្ចាស់មានលក្ខណៈខុសប្លែកពីក្រុមសាសនា ក្រុមជាតិសាសន៍ ក្រុម​នយោបាយ​ ឬក្រុមវប្បធម៌ ទាំងអស់នៃប្រវត្តិសាស្រ្ត។ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់៖

  • ជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ៖ ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិរបស់ប្រជារាស្រ្តណាមួយទេ ប៉ុន្តែ ព្រះអង្គ​បាន​​យក​ប្រជារាស្រ្តមួយពីអស់អ្នកដែលមិនធ្លាប់ធ្វើជាប្រជារាស្រ្តមួយ មកធ្វើជាកម្មសិទ្ធិ គឺ «ពូជសាសន៍ដែល​ព្រះ​អង្គ​​បាន​​​​ជ្រើសរើស ជា​ក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ” (១ពត្រ ២,៩)។
  • យើងក្លាយទៅជាសមាជិក របស់ប្រជារាស្រ្តនេះ មិនមែនដោយកំណើតនៃរូបកាយទេ​ តែដោយកំណើតពីស្ថានលើ “ពី​ទឹក និងព្រះវិញ្ញាណ” (យហ ៣,៣-៥) គឺដោយផ្ញើជីវិតទាំងស្រុងលើព្រះគ្រីស្ត និងដោយទទួលពិធីជ្រមុជទឹក។
  • ប្រជារាស្រ្តនោះ មានអ្នកដឹកនាំ  (ព្រះសិរសា) ព្រះយេស៊ូគ្រីស្ត (ជាអ្នកទទួលប្រេងអភិសេក-ព្រះមេស្ស៊ី)៖ ដោយ​សារ​ប្រេងអភិសេកដដែល គឺព្រះវិញ្ញាណដ៏វិសុទ្ធហូរចេញពីព្រះសិរសាចូលក្នុងព្រះកាយ ប្រជារាស្រ្តនេះ ជា “ប្រជារាស្រ្ត​​របស់ព្រះមេស្ស៊ី”។
  • “ប្រជារាស្រ្តនោះមានលក្ខណៈពិសេស  គឺមានកិត្តិយសដ៏ថៃ្លថ្នូរ និងសេរីភាពនៃបុត្រធីតារបស់ព្រះជាម្ចាស់ ដោយ​​មានព្រះវិញ្ញាណដ៏វិសុទ្ធ គង់នៅក្នុងចិត្តគេ ដូច​​​ជាគង់នៅ​​​ក្នុងព្រះវិហារមួយដែរ”។
  • ច្បាប់ នៃប្រជារាស្រ្តនោះ គឺវិន័យថ្មី​​​របស់ព្រះយេស៊ូ ពោលគឺត្រូវស្រឡាញ់ដូចព្រះគ្រីស្តបានស្រឡាញ់យើងដែរ” (យហ ១៣,៣៤)។ វិន័យនេះ ជាវិន័យ “ថ្មី” នៃព្រះវិញ្ញាណដ៏វិសុទ្ធ (រម ៨,២ ; កាឡ ៥,២៥)។
  • បេសកកម្ម នៃប្រជារាស្រ្តនោះ គឺឱ្យទៅជាអំបិលសម្រាប់មនុស្សលោក និងពន្លឺសម្រាប់បំភ្លឺមនុស្សលោក (មថ ៥,១៣-១៦)។ ប្រជារាស្រ្តនោះ “ជាពូជដ៏មាន​​​កម្លាំងខ្លាំងជាងគេ​​​ អាចធ្វើឱ្យមនុស្សរួបរួមគ្នា មាន​សេចក្ដី​សង្ឃឹម និងអាចទទួលការសង្រោ្គះបានផងដែរ”។
  • “ប្រជាជននោះមានទីដៅតែមួយ គឺឱ្យព្រះជាម្ចាស់គ្រង់រាជ្យលើគេ ដូចព្រះអង្គផ្ទាល់ចាប់ផ្តើម​គ្រងរាជ្យ​នៅ​លើ​​ផែន​ដីនេះ ហើយដែលនឹងត្រូវលាតត្រដាងឱ្យបាន​​​ឆ្ងាយច្រើនជាង ​​​រហូតដល់អវសានកាលនៃពិភព​​​លោក” (LG ៩)។

ប្រជារាស្រ្តរបស់បូជាចារ្យ ព្យាការី និងព្រះមហាក្សត្រ

៧៨៣. ព្រះយេស៊ូគ្រីស្តជាអ្នកដែលព្រះបិតាបានចាក់បញ្ជូលព្រះវិញ្ញាណដ៏វិសុទ្ធ និងបានតែងតាំងជា “បូជាចារ្យ ព្យាការី​ និង​ព្រះមហាក្សត្រ”។ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទាំងមូលចូលរួមចំណែក ក្នុងមុខងារទាំងបី​នោះ របស់​ព្រះ​គ្រីស្ត ​ទទួលការខុសត្រូវប្រកាសដំណឹងល្អ និងបម្រើអ្នកដទៃ ទៅតាមមុខងាររបស់ខ្លួន (RH ១៨-២១)។

៧៨៤. យើងចូលក្នុងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដោយផ្ញើជីវិតទាំងស្រុងលើព្រះគ្រីស្ត និងដោយទទួលពិធី​ជ្រមុជ​ទឹក ទើបយើងចូលរួមក្នុងការត្រាស់ហៅតែមួយនៃប្រជារាស្រ្តនោះ គឺឱ្យទៅជាបូជាចារ្យ ៖ “ព្រះគ្រីស្តជា​អម្ចាស់ ជាមហាបូជាចារ្យជ្រើសរើសពីក្នុងចំណោមមនុស្ស បានលើក​​​ប្រជារាស្រ្តថ្មីធ្វើជា «ព្រះរាជាណាចក្រមួយ ជា​ក្រុម​​បូជាចារ្យបម្រើព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គ»។ អស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក បានកើតជា​ថ្មី និងទទួលពិធីអភិសេកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំងអស់គ្នាបាន​​​វិសុទ្ធ ​​​ដើម្បីឱ្យ​​​ទៅជាព្រះដំណាក់ខាង​ព្រះ​វិញ្ញាណ និងទៅជាក្រុមបូជាចារ្យដ៏វិសុទ្ធ” (LG ១០)។

៧៨៥. “ប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់មានចំណែកបំពេញមុខងាររបស់ព្រះគ្រីស្តជា ព្យាការី ”។ ប្រ​​​ជារា​ស្រ្ត​ជាព្យាការីដោយសារជំនឿដ៏ហួសធម្មជាតិ ជារបស់ប្រជារាស្រ្តទាំងមូល គ្រីស្តបរិស័ទធម្មតាផង ក្រុមអ្នកដឹកនាំផង ពេលគេ "ភ្ជាប់ចិត្តនឹងជំនឿ​ ដែល​​​ព្រះ​​​ជាម្ចាស់​​​បាន​​​ប្រទានមក​ប្រជាជនដ៏វិសុទ្ធតែម្តងជាការស្រេច” (LG ១២) ហើយពេលគេឈ្វេង​យល់​ឱ្យកាន់តែស៊ីជម្រៅពីជំនឿនេះ និងទៅជាសាក្សីនៃព្រះគ្រីស្តក្នុងចំណោមមនុស្សលោក។

៧៨៦. ប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះជាម្ចាស់មានចំណែកបំពេញមុខងាររបស់ព្រះគ្រីស្តជាព្រះមហាក្សត្រ​ ។ ព្រះគ្រីស្តជាព្រះមហាក្សត្រដោយទាក់ទាញមនុស្សទាំងអស់មករកព្រះអង្គ ដោយសោយទិវង្គត និងមានព្រះជន្មថ្មី (យហ ១២,៣២)។ ព្រះគ្រីស្តជាព្រះមហាក្សត្រ និងជាព្រះអម្ចាស់នៃសកលលោក បានដាក់ខ្លួនជាអ្នកបម្រើរបស់មនុស្សទាំងអស់ ដ្បិតព្រះអង្គយាងមក “មិនមែនឱ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិត ដើម្បីលោះមនុស្សទាំងអស់ផង” (មថ ២០,២៨)។ ចំពោះគ្រីស្តបរិស័ទ “គ្រងរាជ្យ គឺបម្រើ​ព្រះ​អង្គ” ជាពិសេស “អ្នកក្រីក្រ និងអ្នកកើតទុក្ខ (ដែល) ព្រះសហគមន៍ក៏ប្រដូចទៅនឹង​ព្រះភ័ក្រ្ត​របស់​ព្រះ​យេស៊ូ​ជាអ្នកក្រីក្រនិងជាអ្នករងទុក្ខ​លំបាកដែល​​​បានបង្កើត​​​ព្រះសហគមន៍”​ (LG ៥)។ ប្រជារាស្រ្តរបស់ព្រះ​ជាម្ចាស់​បំពេញ “ឋានៈរបស់ខ្លួនជាស្ដេច” ដោយរស់នៅស្របតាមព្រះគ្រីស្តដែលត្រាស់ហៅគេឱ្យបម្រើជាមួយ​ព្រះអង្គផងដែរ។

សញ្ញាព្រះឈើឆ្កាងធ្វើឱ្យអស់អ្នក ដែលបានទទួលជីវិតថ្មីក្នុងអង្គព្រះគ្រីស្ត ទៅជាស្ដេច ប្រេងអភិសេកនៃព្រះវិញ្ញាណដ៏វិសុទ្ធធ្វើឱ្យពួកគេទៅជាបូជាចារ្យ ដើម្បីឱ្យគ្រីស្តបរិស័ទខាងវិញ្ញាណទាំងឡាយ ដោយប្រើប្រាជ្ញា ទទួលស្គាល់ខ្លួនឯងថា ជាសមាជិកនៃពូជស្ដេចនោះ និងចូលរួមចំណែកក្នុងមុខងារជាបូជាចារ្យ លើកលែងតែកិច្ចបម្រើពិសេសនៃមុខងាររបស់យើងទេ។ សម្រាប់ព្រលឹងមួយ តើមានអ្វីដែលមានលក្ខណៈជាស្ដេចប្រសើរជាងការគ្រប់គ្រងរូបកាយរបស់ខ្លួន ក្នុងការគោរពប្រណិប័តន៍ព្រះជាម្ចាស់? តើមានអ្វីដែលមានលក្ខណៈជា       បូជាចារ្យប្រសើរជាងការថ្វាយខ្លួនទាំងស្រុងចំពោះព្រះអម្ចាស់? (សន្ត ឡេអុងដ៏ប្រសើរ)។

២. ព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត

ព្រះសហគមន៍រួមរស់ជាមួយព្រះយេស៊ូ

៧៨៧. ​តាំងពីដំបូងបង្អស់ ព្រះយេស៊ូបានឱ្យសាវ័កព្រះអង្គចូលរួមចំណែកជាមួយព្រះអង្គ ក្នុងសកម្មភាព​នៃ​ជីវិត​​​ព្រះអង្គ (មក ១,១៦-២០)។ ព្រះអង្គបានសម្ដែងឱ្យគេស្គាល់នូវគម្រោងការណ៍ដ៏លាក់កំបាំងនៃព្រះរាជ្យ (មថ ១៣,១០-១៧) ព្រះអង្គបានឱ្យគេចូលរួមក្នុងបេសកកម្ម អំណរសប្បាយ (លក ១០,១៧-២០) និងទុក្ខលំបាករបស់ព្រះអង្គ (លក ២២,២៨-៣០)។ ព្រះយេស៊ូមានព្រះបន្ទូលថា អស់អ្នកដែលនឹងដើរតាមព្រះអង្គ នឹងរួមរស់ជាមួយ​ព្រះអង្គ ដោយកាន់តែស្និទ្ធស្នាលទៅទៀត៖ “ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ (...)។ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក” (យហ ១៥,៤-៥) ហើយព្រះអង្គប្រកាសថា ព្រះកាយរបស់ព្រះអង្គផ្ទាល់ និងរូបកាយរបស់យើង នឹងរួមរស់ជាមួយគ្នាយ៉ាងអាថ៌កំបាំង និងយ៉ាងពិតប្រាកដផងដែរ៖ “អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ” (យហ ៦,៥៦)។

៧៨៨. ពេលសាវ័កលែងមើលឃើញវត្តមានរបស់ព្រះយេស៊ូ ព្រះអង្គមិនបានទុកគេចោលឱ្យនៅកំព្រាឡើយ (យហ ១៤,១៨)។ ព្រះអង្គមានព្រះបន្ទូលសន្យាគង់នៅជាមួយគេ រហូតដល់អវសានកាលនៃពិភពលោក (មថ ២៨,២០) ទ្រង់ក៏ចាត់ព្រះវិញ្ញាណរបស់ព្រះអង្គឱ្យយាងមកលើគេ (យហ ២០,២២)។ ដូច្នេះ គេបានរួមរស់ជាមួយព្រះយេស៊ូខ្លាំងជាងមុនទៅទៀត៖ “ដោយព្រះអង្គចែករំលែកព្រះវិញ្ញាណរបស់ព្រះអង្គឱ្យបងប្អូន​​​ ដែល​​ទ្រង់​​​​​​ប្រមែប្រមូល​ពីជាតិទាំងឡាយ ព្រះអង្គបានប្រោសឱ្យគេហាក់ដូចជាព្រះ​​​កាយ​​​ព្រះអង្គ​​​តាមរបៀបមួយដ៏​អាថ៌​កំបាំង” (LG ៧)។

៧៨៩. ពេលយើងប្រៀបធៀបព្រះសហគមន៍នឹងព្រះកាយ យើងក៏បំភ្លឺនូវចំណងយ៉ាងស្និទ្ធស្នាលរវាង​ព្រះ​សហគមន៍ និងព្រះគ្រីស្ត។ ព្រះសហគមន៍មិនគ្រាន់តែប្រមូលនៅជុំវិញព្រះអង្គ ទេ គឺព្រះសហគមន៍រួម​ឯកភាពនៅក្នុងអង្គព្រះអង្គ ក្នុងព្រះកាយព្រះអង្គ។ ត្រូវតែសង្កត់ធ្ងន់នូវលក្ខណៈទាំងបីរបស់ព្រះសហគមន៍ ជា​ព្រះ​​កាយ​ព្រះគ្រីស្ត ពោលគឺ សរីរាង្គរួមឯកភាពជាមួយគ្នា ដោយរួមរស់ជាមួយព្រះគ្រីស្ត ព្រះគ្រីស្តជាព្រះសិរសារបស់ព្រះកាយ ហើយព្រះសហគមន៍ក៏ជាភរិយារបស់ព្រះគ្រីស្ត។

រូបកាយតែមួយ

៧៩០. អ្នកជឿដែលផ្ញើជីវិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដែលទៅជាសរីរាង្គរបស់ព្រះកាយព្រះគ្រីស្ត រួម​រស់​​​​ជាមួយ​ព្រះគ្រីស្តយ៉ាងជិតស្និទ្ធ៖ “ព្រះគ្រីស្តផ្សព្វផ្សាយព្រះជន្មរបស់ព្រះអង្គក្នុងរូបកាយនេះ គឺក្នុងអស់អ្នក​ដែល​​​​ផ្ញើ​​ជីវិត​​​លើ​​​ព្រះអង្គ។ អគ្គសញ្ញា​​​នា​​​នា​​​​​​បង្រួប​​​បង្រួមគ្រីស្តបរិស័ទជាមួយនឹងព្រះគ្រីស្ត ដែលរង​​​ទុក្ខ និងដែល​​​មាន​ព្រះ​​​ជន្ម​​​មានជីវិតថ្មី ​​​​​​តាម​​​របៀបដ៏អាថ៌កំបាំងម៉្យាង ក៏ប៉ុន្តែយ៉ាងពិតប្រាកដ” (LG ៧)។ ពេលយើងទទួល​ពិធី​​ជ្រមុជទឹក យើងក៏រួមរស់យ៉ាងពិតប្រាកដ ជាមួយព្រះគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មថ្មី ហើយ​​​ជាពិសេស​ពេលយើងចូលរួមក្នុងពិធីអភិបូជា យើងក៏ចូលរួមក្នុងព្រះកាយព្រះគ្រីស្ត យ៉ាង​​​ពិត​​​ប្រាកដ​​​ដែរ គឺ​ព្រះ​អង្គ​​លើក​​​​យើងឱ្យរួបរួមជាមួយព្រះអង្គ និងឱ្យរួបរួមជាមួយគ្នាដែរ” (LG ៧)។

៧៩១. ទោះបីរូបកាយរួមឯកភាពយ៉ាងណាក៏ដោយ ក៏សរីរាង្គខុសប្លែកពីគ្នាដែរ៖ “ទោះបីមានសរីរាង្គ និងអវៈយវៈ​​​ដែលជាមុខងារផ្សេងៗជាច្រើនក្តី ក៏គេផ្គុំគ្នាកសាងព្រះកាយព្រះគ្រីស្តតែមួយដែរ។ មានព្រះវិញ្ញាណ​តែ​មួយ​ព្រះអង្គដែលចែកអំណោយទានផ្សេងៗពីគ្នា ដើម្បីជាប្រយោជន៍ដល់​​​ព្រះសហគមន៍ តាមព្រះហឫទ័យទូលំ​ទូលាយ​របស់ព្រះអង្គ និងតាមតម្រូវការ​​​ក្នុង​​​កិច្ច​​​បម្រើ”។ ព្រះកាយដ៏អាថ៌កំបាំងរបស់​ព្រះគ្រីស្ត​បង្កើត​ និង​ពង្រឹង​សេចក្តី​ស្រឡាញ់រវាង​​​គ្រីស្តបរិស័ទ​​​គ្នា​ឯង៖ “ដូច្នេះប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​រង​ទុក្ខ​លំបាក សរីរាង្គ​ទាំង​​​​​អស់​​ក៏​​​រង​ទុក្ខ​លំបាក​ជាមួយ​ដែរ‌​‌ ប្រសិនបើ​មាន​សរីរាង្គ​ណា​មួយ​បាន​សិរី​រុងរឿង​ សរីរាង្គ​ទាំងអស់​ក៏​ត្រេកអរ​សប្បាយ​​​ជាមួយ​ដែរ” (LG ៧)។ ទីបំផុត ឯកភាពនៃព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្តឈ្នះការបាក់បែក​ទាំងអស់របស់​មនុស្ស៖ “បងប្អូនទាំងអស់គ្នា ដែលបានទទួលពិធីជ្រមុជទឹក ដើម្បីបានរួមជាមួយព្រះគ្រីស្ត បងប្អូន​ក៏មានព្រះ​គ្រីស្ត​​នៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មាន​បុរស គ្មានស្រ្តីទៀតទេ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ” (កាឡ ៣,២៧-២៨)។

ព្រះគ្រីស្តជាព្រះសិរសានៃព្រះកាយនេះ

៧៩២. ព្រះគ្រីស្តជា “ព្រះសិរសានៃព្រះសហគមន៍ ដែលជាព្រះកាយព្រះអង្គ” (កូឡ ១,១៨)។ ព្រះអង្គជាគោល​ការណ៍នៃការបង្កើត និងការសង្រ្គោះ។ ព្រះអង្គ ដែលព្រះជាម្ចាស់បានលើកក្នុងសិរីរុងរឿងនៃព្រះបិតា “ជាដើម​កំណើតនៃអ្វីៗទាំងអស់” (កូឡ ១,១៨) ជាពិសេសជាដើមកំណើតនៃព្រះសហគមន៍ ដែលព្រះអង្គលាតសន្ធឹងព្រះរាជ្យព្រះអង្គ លើសអ្វីៗទាំងអស់៖

៧៩៣. ព្រះអង្គប្រោសយើងឱ្យរួមស្លាប់រួមរស់ជាមួយព្រះអង្គ ៖ សរីរាង្គទាំងអស់ត្រូវខិតខំឱ្យបានដូចព្រះ​អង្គ “រហូតទាល់តែព្រះគ្រីស្តបានកើតជារូបរាង” ក្នុងគេ (កាឡ ៤,១៩)។ “ហេតុនេះហើយ បានជាព្រះជាម្ចាស់​បាន​លើក​​​យើង​​​ឱ្យចូលក្នុង​​​គម្រោងការដ៏អស្ចារ្យ​​​នៃព្រះ​​​ជន្មរបស់ព្រះអង្គ (...) ពេល​​​យើង​​​ត្រូវរងទុក្ខលំបាក និង​ត្រូវ​គេបៀតបៀន យើងរួមជាមួយព្រះអង្គដែលរងទុក្ខលំបាកដូច​​​ដងខ្លួនរួមជាមួយក្បាល គឺយើងរួមជាមួយព្រះអង្គ​ដែល​រងទុក្ខលំបាក ដើម្បីឱ្យបានរួមជា​​​មួយ​​​ព្រះអង្គប្រកបដោយសិរីរុងរឿងដែរ” (LG ៧)។

៧៩៤   ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងរីកចម្រើន (កូឡ ២,១៩)៖ ដើម្បីឱ្យយើងរីកចម្រើនឡើងឆ្ពោះ​ទៅព្រះអង្គ ដែលជាព្រះសិរសារបស់យើង (អភ ៤,១១-១៦) ព្រះគ្រីស្តប្រទាននៅក្នុងព្រះកាយព្រះអង្គ ដែល​ជាព្រះសហគមន័ ព្រះអំណោយទាន និងកិច្ចបម្រើ ដើម្បីឱ្យយើងជួយគ្នាទៅវិញទៅមក នៅតាមផ្លូវ​នៃការ​       សង្រ្គោះ។

៧៩៥. ព្រះគ្រីស្ត​ និងព្រះសហគមន៍ ជា ព្រះគ្រីស្តគ្រប់លក្ខណៈ(Christus totus)។ ព្រះសហគមន៍រួមជាមួយ​ព្រះគ្រីស្ត​ជាអង្គតែមួយ។​ សន្តបុគ្គលដឹងខ្លួនយ៉ាងច្បាស់អំពីឯកភាពនេះ៖

សូមលើកតម្កើង និងអរព្រះគុណព្រះអង្គ ដ្បិតយើងមិនគ្រាន់តែបានជាគ្រីស្តបរិស័ទប៉ុណ្ណោះទេ ថែម​ទាំងជា​ព្រះ​គ្រីស្ត​ផងដែរ។ តើបងប្អូនយល់នូវព្រះអំណោយទាន ដែលព្រះជាម្ចាស់បានប្រោសប្រទាន គឺព្រះ​គ្រីស្ត​​ជាព្រះ​សិរសា​មកយើងទេ? សូមកោតសរសើរ និងត្រេកអរសប្បាយ យើងបានទៅជាព្រះគ្រីស្ត។ មែន​ហើយ! ដោយសារ​ព្រះ​អ​ង្គជាព្រះសិរសា ហើយយើងជាសរីរាង្គ មនុស្សទាំងមូល គឺព្រះអង្គ និងយើង (...)។​ ព្រះ​គ្រីស្តបាន​ពេញ​លក្ខណៈ គឺព្រះសិរសា និងសរីរាង្គ។ អ្វីខ្លះជាព្រះសិរសា និងសរីរាង្គ? ព្រះគ្រីស្ត និងព្រះសហគមន៍ (សន្តអូគូស្តាំង)។

ព្រះសង្រ្គោះយើងបានសម្ដែងថា​ ព្រះអង្គជាអង្គតែមួយជាមួយព្រះសហគមន៍ ដែលព្រះអង្គបានទទួលយក (សន្ត គ្រេគ័រដ៏ប្រសើរ)។

ព្រះសិរសា និងសរីរាង្គ គឺអង្គដ៏អាថ៌កំបាំងតែមួយ (សន្ត​ថូម៉ាសនៃអាកាំង)។

សន្តី យ៉ូហាន  នៃអាក សង្ខេបជំនឿនៃគ្រូបាធ្យាយដ៏វិសុទ្ធ ចំពោះអ្នកកាត់ក្ដីនាងថា៖ “មិនបាច់គិតច្រើនពេកទេ ខ្ញុំគិតថា ព្រះយេស៊ូ និងព្រះ​សហគមន៍ គឺអង្គតែមួយ”។

ព្រះសហគមន៍ជាព្រះមហេសីព្រះគ្រីស្ត

៧៩៦. ទោះបីព្រះគ្រីស្ត និងព្រះសហគមន៍ ជាព្រះសិរសា និងសិរីរាង្គនៃព្រះកាយ រួមឯកភាពជាមួយគ្នាយ៉ាងណាក៏​ដោយ ក៏ព្រះគ្រីស្ត និងព្រះសហគមន៍ខុសប្លែកពីគ្នា ក្នុងទំនាក់ទំនងរៀងៗខ្លួន ដូចនិមិត្តសញ្ញាស្វាមីភរិយាសម្ដែង​ឱ្យ​​យើងយល់។​ ពួកព្យាការីបានរៀបចំ និងលោកយ៉ូហានបាទីស្ត (យហ ៣,២៩) បានប្រកាសទុកជាមុនថា ព្រះគ្រីស្តជាព្រះស្វាមីរបស់ព្រះសហគមន៍។ ព្រះអម្ចាស់ផ្ទាល់បានបង្ហាញខ្លួនជា “កូនកំឡោះ” (មក ២,១៩)។ គ្រីស្តទូតប៉ូលណែនាំព្រះសហគមន៍ និងអ្នកជឿម្នាក់ៗ ដែលជាសរីរាង្គនៃព្រះកាយព្រះអង្គ ជាព្រះមហេសី​របស់​ព្រះ​គ្រីស្តជាព្រះអម្ចាស់ ដើម្បីឱ្យទៅជាវិញ្ញាណតែមួយជាមួយព្រះអង្គ (១ករ ៦,១៥-១៧)។ ព្រះសហគមន៍​ជាព្រះមហេសី​និមល​របស់កូនចៀមនិមល (វវ ២២,១៧) ដែលព្រះគ្រីស្តបានស្រលាញ់ ព្រះអង្គក៏បានបូជា​ព្រះ​អង្គ​សម្រាប់ព្រះសហគមន៍ “ដើម្បីប្រោសព្រះសហគមន៍បានទៅជាវិសុទ្ធ” (អភ ៥,២៦) ព្រះអង្គបានចង​សម័្ពន្ធមេត្រី​អស់កល្បជា​និច្ច​ជាមួយព្រះសហគមន៍ ដែលទ្រង់តែងតែថែរក្សាបីបាច់ដូច​ព្រះកាយព្រះអង្គ​ផ្ទាល់​ផង​ដែរ (អភ ៥,២៩)៖

នេះហើយជាព្រះគ្រីស្តគ្រប់លក្ខណៈ ព្រះសិរសា និងព្រះកាយ ជាអង្គតែមួយ ដែលមានផ្នែកជាច្រើន  (...)។ ទោះបីគឺជាព្រះសិរសា ឬសរិរាង្គ ដែលមានប្រសាសន៍ក្ដី ក៏ព្រះគ្រីស្តមានព្រះបន្ទូលដែរ។ ព្រះអង្គមាន​ព្រះបន្ទូល​ក្នុង​​ឋានៈ​ជាព្រះ​សិរសា (ex persona capitis) ឬក្នុងឋានៈជាព្រះកាយ (ex persona corporis) ​ផងដែរ។ តាមអ្វី​ដែល​មានចែង៖ “អ្នកទាំង​ពីរនឹងបានទៅជារូបកាយតែមួយ។ គម្រោងការណ៍ដ៏លាក់កំបាំងនេះ មានអត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំនិយាយសេចក្ដីនេះសម្ដៅលើព្រះគ្រីស្ត និងព្រះសហគមន៍តែប៉ុណ្ណោះ” (អភ ៥,៣១-៣២)។ ហើយព្រះ​អម្ចាស់​ផ្ទាល់ តាមដំណឹងល្អរបស់ព្រះអង្គ៖ “គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ” (មថ ១៩,៦)។ ដូចបងប្អូនបានឃើញហើយ មានបុគ្គលពីរនាក់ ខុសប្លែកពីគ្នា ក៏ប៉ុន្តែគេធ្វើជារូបកាយ​តែមួយពេល​រួមរ័ក​ជាប្តី​ប្រពន្ធ (...)។ ក្នុងឋានៈជាព្រះសិរសា ព្រះអង្គជាព្រះស្វាមី ក្នុងឋានៈជាព្រះកាយ ព្រះអង្គជាព្រះមហេសី ”។

៣. ព្រះសហគមន៍ជាព្រះវិហារនៃព្រះវិញ្ញាណដ៏វិសុទ្ធ

៧៩៧. “វិញ្ញាណយើង ពោលគឺព្រលឹងយើង មានមុខងារសម្រាប់សរីរាង្គយើងយ៉ាងណា ព្រះវិញ្ញាណដ៏​វិសុទ្ធ​ក៏​មាន​មុខងារសម្រាប់​សរិរាង្គព្រះគ្រីស្ត និងព្រះកាយព្រះគ្រីស្ត ពោលគឺព្រះសហគមន៍ យ៉ាងនោះដែរ” (សន្ត អូគូស្តាំង)។ “ដោយ​សារ​ព្រះ​វិញ្ញាណព្រះ​គ្រីស្តដូចជាដើមកំណើតដ៏សម្ងាត់ម្យ៉ាង ផ្នែកនីមួយៗនៃព្រះកាយ​ភ្ជាប់ជាមួយ​គ្នា រួមជាមួយគ្នាផង រួមជាមួយព្រះ​សិរសារបស់ខ្លួនផង ពីព្រោះព្រះអង្គស្ថិតទាំងមូលក្នុងព្រះសិរសា ទាំង​មូលក្នុងព្រះកាយ  ទាំង​មូលក្នុងសរីរាង្គ​​នីមួយៗ”   (DS ៣៨០៨)។   ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសព្រះ​សហគមន៍   ​ឱ្យ​ទៅជា “ព្រះ​វិហារ​របស់​ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់” (២ករ ៦,១៦) (១ករ ៣,១៦-១៧ ; អភ ២,២១)។

ព្រះជាម្ចាស់បានប្រទានព្រះអំណោយទានរបស់ព្រះអង្គឱ្យព្រះសហគមន៍ផ្ទាល់ (...)។ គឺនៅក្នុងព្រះសហគមន៍ ដែលព្រះអង្គបានដាក់ការរួមរស់ជាមួយព្រះគ្រីស្ត ពោលគឺព្រះវិញ្ញាណដ៏វិសុទ្ធ ជាប្រាក់កក់នៃភាពមិនអាច​ពុក​រលួយ​​បាន ជាការបញ្ជាក់អំពីជំនឿយើង និងជណ្ដើរនៃការឡើងរបស់យើងឆ្ពោះទៅព្រះជាម្ចាស់ (...) ដ្បិតនៅទីណា មានព្រះសហគមន៍ នៅទីនោះមានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ ហើយនៅទីណាមានព្រះវិញ្ញាណដ៏វិសុទ្ធ នៅទីនោះក៏មានព្រះសហគមន៍ និងព្រះអំណោយទានណាមួយផងដែរ (សន្ត អ៊ីរ៉េណេ)។

៧៩៨. ព្រះវិញ្ញាណដ៏វិសុទ្ធជា “គោលការណ៍នៃកិច្ចការដ៏សំខាន់បំផុត និងដែលនាំការសង្រ្គោះ ក្នុងផ្នែកនីមួយៗ នៃព្រះកាយ” (DS ៣៨០៨)។ ព្រះអង្គប្រតិបត្តិតាមរបៀបផ្សេងក្នុងការកសាងព្រះកាយទាំងមូល ដោយសេចក្ដី​ស្រលាញ់ (អភ ៤,៦)៖ តាមព្រះបន្ទូលព្រះជាម្ចាស់ “ដែលអាចកសាងបងប្អូនឡើងជាព្រះសហគមន៍” តាម​បុណ្យ​ជ្រមុជទឹក ព្រះអង្គក៏​កសាង​ព្រះកាយព្រះគ្រីស្ត (១ករ ១២,១៣) តាមអគ្គសញ្ញា ដែលធ្វើឱ្យសរីរាង្គ​ព្រះគ្រីស្ត​រីកចម្រើន និងព្យាបាល​​​​​​​គេ “តាមព្រះអំណោយទាន ដែលព្រះអង្គបានប្រទានឱ្យក្រុមគ្រិស្តទូត ដែលលើស​ព្រះ​អំណោយទានផ្សេងៗ” (LG ៧) តាមគុណធម៌ ដែលធ្វើឱ្យប្រព្រឹត្តសេចក្ដីល្អ ហើយតាមព្រះអំណោយ​ទាន​ពិសេស ដែលព្រះ​អង្គប្រោសឱ្យអ្នកជឿឱ្យមាន “​​​សមត្ថភាព​​​ (...) អាច​បំពេញ​មុខងារ និងទទួលបន្ទុក​ដែល​មាន​ប្រយោជន៍​សម្រាប់ឱ្យ​ព្រះសហគមន៍​​​នៅតែថ្មីជានិច្ច​​​ និងរីកចម្រើន​ទៀត​ផង” (LG   ១២)។

ព្រះអំណោយទាន

៧៩៩. ទោះជាអស្ចារ្យ សាមញ្ញ ឬតូចទាបក្ដី ផ្ទាល់ក្ដី ​ឬមិនផ្ទាល់ក្ដី ក៏ព្រះអំណោយទានមកពីព្រះហឫទ័យប្រណីសន្តោសរបស់​ព្រះ​​វិញ្ញាណ​ដ៏វិសុទ្ធ មានប្រយោជន៍ដល់ព្រះសហគមន៍ ហើយដែលព្រះជាម្ចាស់បានចាត់ចែង​សម្រាប់​​​​កសាង​ព្រះសហគមន៍ ផលប្រយោជន៍មនុស្ស និងតម្រូវការពិភពលោក។

៨០០. អ្នកដែលទទួលព្រះអំណោយទានផង និងសមាជិកព្រះសហគមន៍ផង ត្រូវតែទទួលព្រះអំណោយទាន ដោយ​​​ដឹងគុណ ដ្បិតព្រះអំណោយទានជាទ្រព្យសម្បត្តិដ៏អស្ចារ្យ នៃព្រះហឫទ័យប្រណី​សន្តោស

ដើម្បីឱ្យ​ព្រះ​សហគមន៍​ប្រកាសដំណឹងល្អយ៉ាងសកម្ម និងដើម្បីឱ្យព្រះកាយព្រះ​គ្រីស្តទាំងមូលបានវិសុទ្ធ ឱ្យតែព្រះ​អំណោយ​​ទានពិតជា​មក​ពីព្រះវិញ្ញាណដ៏វិសុទ្ធមែន ហើយអ្នកទទួលប្រតិបត្តិតាមព្រះ​អំណោយា​ទាននោះដ៏ពេញ​លេញ តាមការជម្រុញយ៉ាងពិតប្រាកដនៃព្រះវិញ្ញាណដដែលនេះ ពោលគឺតាម​សេចក្ដី​​ស្រលាញ់ ជាអ្នកវិនិច្ឆ័យ​យ៉ាង​​​ពិតប្រាកដព្រះអំណោយទាន (១ករ ១៣)។

៨០១. ហេតុនេះ ត្រូវតែរិះគិតពិចារណាយ៉ាងច្បាស់អំពីព្រះអំណោយទាន។ គ្មានព្រះអំណោយទានណាមួយ​លើក​លែង ឱ្យអ្នកទទួលយោងតាម និងស្ថិតនៅក្រោមអំណាចនៃគង្វាលព្រះសហគមន៍ឡើយ គឺ “អស់លោកគ្មាន​មុខ​ងារ​​​​រារាំង​សកម្មភាព​របស់ព្រះវិញ្ញាណ​ឡើយ​ តែមានមុខងារពិចារណា​មើល​គ្រប់​ការ​ទាំងអស់​‌ ហើយ​ស្រង់​យក​ការណា​​ដែល​ល្អ” (LG ១២) ដើម្បីឱ្យព្រះអំណោយទានទាំងអស់ ដែលផ្សេងៗពីគ្នា បំពេញគ្នាទៅវិញទៅមក និង​រួមសហការណ៍ “ដើម្បីជាប្រយោជន៍រួម” (១ករ ១២,៧)។

សង្ខេប

៨០២. “ព្រះគ្រីស្តយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឱ្យរួចផុត ពីអំពើទុចរិតគ្រប់យ៉ាង និងជំរះប្រជារាស្រ្តមួយទុកសម្រាប់ព្រះអង្គផ្ទាល់” (ទត ២,១៤) ។

៨០៣. “បងប្អូនជាពូជសាសន៍ដែលព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជា​ជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ” (១ពត្រ ២, ៩) ។

៨០៤. យើងចូលជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ដោយផ្ញើជីវិតទៅលើព្រះអង្គ និងដោយទទួលបុណ្យ ជ្រមុជទឹក។ “ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យចូលក្នុជាប្រជារាស្រ្តរបស់ព្រះអង្គ” (LG ១៣) ដើម្បី​ឱ្យ “មនុស្សទៅជាក្រុមគ្រួសារតែមួយ និងប្រជារាស្រ្តរបស់ព្រះជាម្ចាស់តែមួយ” (AG១) ក្នុងអង្គព្រះគ្រីស្ត។

៨០៥. ព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត។ ដោយសារព្រះវិញ្ញាណ និងកិច្ចការរបស់ព្រះអង្គនៅក្នុង អគ្គសញ្ញា ជាពិសេសពិធីអរព្រះគុណ ព្រះគ្រីស្តដែលបានសោយទិវង្គត និងមានព្រះជន្មថ្មីកសាងសហគមន៍​របស់អស់អ្នកជឿដូចជាព្រះកាយព្រះអង្គ។

៨០៦. ក្នុងឯកភាពនៃព្រះកាយនេះ មានសិរីរាង្គ និងមុខងារប្លែកពីគ្នា។ សិរីរាង្គទាំងអស់ជាប់ចំណង​នឹងគ្នាទៅវិញទៅមកជាពិសេសជាមួយអស់អ្នកដែលរងទុក្ខលំបាក ក្រីក្រ និងដែលត្រូវគេបៀតបៀន។

៨០៧. ព្រះសហគមន៍ជាព្រះកាយ ដែលមានព្រះគ្រីស្តជាព្រះសិរសា គឺព្រះសហគមន៍មានជីវិតពីព្រះ អង្គ នៅក្នុងអង្គព្រះអង្គ និងដើម្បីព្រះអង្គ។ ព្រះអង្គក៏រួមរស់ជាមួយព្រះសហគមន៍ និងនៅក្នុងអង្គព្រះសហគមន៍​  ផង។

៨០៨. ព្រះសហគមន៍ជាព្រះមហេសីរបស់ព្រះគ្រីស្ត គឺព្រះអង្គបានស្រលាញ់ព្រះសហគមន៍ និងបាន​បូជាព្រះជន្មសម្រាប់ព្រះសហគមន៍។ ព្រះអង្គបានប្រោសព្រះសហគមន៍ឱ្យបានវិសុទ្ធដោយសារព្រះលោហិត ព្រះអង្គ។ ព្រះអង្គបានប្រោសព្រះសហគមន៍ឱ្យទៅជាព្រះមាតាដែលបង្គើតបុត្រធីតារបស់ព្រះជាម្ចាស់។

៨០៩. ព្រះសហគមន៍ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណដូចជាព្រលឹងនៃព្រះកាយដ៏ អាឋ៌កំបាំង ជាគោលការណ៍នៃជីវិតនៃព្រះសហគមន៍ ជាគោលការណ៍នៃឯកភាពនៃព្រះសហគមន៍ ដែលមាន ព្រះអំណោយទានដ៏ច្រើនលើសលប់ផ្សេងៗពីគ្នា។

៨១០. “ហេតុនេះ​​​ហើយ បានជាមនុស្សមើលឃើញថា ព្រះសហគមន៍​ជា “ប្រជាជនមួយ​​​ដែលរួបរួមគ្នា​​​ជា​ធ្លុង​តែ​មួយមកពីព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ​​​​​​ដ៏វិសុទ្ធរួបរួមគ្នា​​​ជាធ្លុងតែមួយដែរ”” (LG ៤ សន្ត ស៊ីព្រីយ៉ាំង)។

កថាខសញ្ញាសម្គាល់ណ្ឌទី៣៖ ព្រះសហគមន៍មានតែមួយ ដ៏វិសុទ្ធ កាតូលិក និងបន្តជំនឿពីក្រុមគ្រីស្តទូត

៨១១. “នេះជាព្រះសហគមន៍តែមួយរបស់ព្រះគ្រីស្ត។ ក្នុងធម៌ប្រកាសជំនឿ យើងតែង​​​តែ​​​ប្រកាសថា ព្រះ​សហគមន៍មានតែមួយ ដ៏វិសុទ្ធ កាតូលិក និងមានជំនឿស្រប​​​តាម​​​ក្រុម​​​គ្រីស្តទូត” (LG ៨)។ គុណសព្ទ​ទាំ​ង​បួន​​នោះ ដែលជាប់ទាក់ទិននឹងគ្នា ដោយមិនអាចបំបែកបាន (DS ២៨៨៨) បង្ហាញពីលក្ខណៈសំខាន់ៗ​នៃព្រះ​សហគមន៍ និង​​បេសកកម្ម​​របស់ព្រះសហគមន៍ផងដែរ។ ព្រះសហគមន៍មិនបានទទួលលក្ខណៈនោះពីខ្លួនឯងទេ តែ​​ព្រះ​គ្រីស្ត តាមព្រះវិញ្ញាណដ៏វិសុទ្ធ ប្រោសប្រទានឱ្យព្រះសហគមន៍របស់ព្រះអង្គ បានតែមួយ ដ៏វិសុទ្ធ     កាតូលិក​ និងឱ្យ​មាន​ជំនឿស្របតាមក្រុមគ្រីស្តទូត ហើយព្រះអង្គក៏ត្រាស់ហៅព្រះសហគមន៍ឱ្យបំពេញ​លក្ខណៈ​​នីមួយៗនោះ​ទៀត​ផង។

៨១២. មានតែអ្នកជឿ ដែលអាចទទួលស្គាល់ថា លក្ខណៈព្រះសហគមន៍មានប្រភពចេញមកពីព្រះជាម្ចាស់។ ប៉ុន្តែ លក្ខណៈនោះ ដែលព្រះជាម្ចាស់សម្ដែងក្នុងប្រវត្តិសាស្រ្ត ជាសញ្ញាសម្គាល់ ចំពោះប្រាជ្ញាមនុស្សផងដែរ។ ដូច​មហាសន្និបាត​​វ៉ាទីកង់​ទី​មួយរំលឹកយើង “ដោយសារភាពដ៏វិសុទ្ធ ឯកភាពកាតូលិក និងចិត្តព្យាយាមដែល​មិន​បាន​បរាជ័យ ព្រះសហគមន៍ផ្ទាល់ជា​មូលហេតុដ៏ធំ និងជានិច្ចនិរន្តរ៍ ដែលអាចនាំឱ្យជឿ ហើយដែល​បង្ហញ​ភស្តុតាង​ដែលមិនអាចបដិសេធបានអំពី​បេសកកម្មរបស់ខ្លួន ដែលមកពីព្រះជាម្ចាស់” (DS ៣០១៣)។

១. ព្រះសហគមន៍មានតែមួយ

អាថ៌កំបាំងដ៏សក្ការៈនៃឯកភាពរបស់ព្រះសហគមន៍ (UR )

៨១៣. ព្រះសហគមន៍មានតែមួយ ដ្បិតចេញមកពីប្រភពតែមួយ ៖ “ព្រះត្រៃឯក គឺព្រះបិតា ព្រះបុត្រា​ និងព្រះ​វិញ្ញាណ ដែលរួមគ្នាជាអង្គតែមួយ ពិតជាគំរូដ៏ប្រសើរបំផុត និងគោលការណ៍ចំពោះឯកភាពរបស់ព្រះសហគមន៍” (UR ២)។ ព្រះសហគមន៍មានតែមួយ ដ្បិតអ្នកបង្កើតព្រះសហគមន៍ក៏មានតែមួយដែរ ៖ “ព្រះបុត្រាផ្ទាល់​​​ប្រសូត​​​ជាមនុស្ស ព្រះអង្គ​​ជា​​​អង្គ​​​ម្ចាស់នៃសន្តិភាព គឺព្រះអង្គបានសម្រុះ​​​សម្រួល​​​មនុស្សទាំងអស់ឱ្យ​​​បាន​​​ជានាជាមួយ​​​នឹង​​​ព្រះ​​​ជាម្ចាស់ ដោយ​​​ទ្រង់សោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គប្រមែម្រមូល​​​មនុស្ស​​​ទាំងអស់   ឱ្យរួមគ្នា​​​ជា​​​​​​ប្រជាជន​តែមួយ​​​ និងជារូបកាយតែមួយដែរ” (GS ៧៨,៣)។ ព្រះសហគមន៍មានតែមួយ ដ្បិតមានព្រលឹងតែមួយ ៖ “ព្រះ​​វិញ្ញាណគង់សណ្ឋិតក្នុងអ្នកជឿ ទ្រង់ក៏បំពេញ និងគ្រប់គ្រងព្រះសហគមន៍ទាំងមូល    ដែរ។ ព្រះវិញ្ញាណធ្វើ​ឱ្យ​អ្នកជឿទាំងប៉ុន្មានរួមចិត្តគំនិតជាមួយគ្នាយ៉ាងអស្ចារ្យ គឺធ្វើឱ្យពួកគេរួម​គ្នាយ៉ាងស្និទ្ធស្នាលជាទីបំផុតក្នុង​អង្គ​​ព្រះ​​គ្រីស្ត ទើបព្រះវិញ្ញាណជាគោលការណ៍នៃឯកភាពរបស់ព្រះសហគមន៍” (UR  ២)។​ ដូច្នេះ ព្រះសហគមន៍​ត្រូវ​តែ​​រួមជាធ្លុងតែមួយ៖

គម្រោងការដ៏អស្ចារ្យមែន! មានព្រះបិតានៃសកលលោកតែមួយ ព្រះបន្ទូលនៃសកលលោកតែមួយ និងព្រះ វិញ្ញាណ​ដ៏វិសុទ្ធតែមួយ ដដែលគ្រប់កន្លែង។ មានព្រហ្មចារិនីទៅជាមាតាតែម្នាក់ផងដែរ ហើយខ្ញុំចូលចិត្តហៅព្រះនាង​ថា ព្រះសហគមន៍ (សន្ត ក្លេម៉ង់ នៃអាឡិចសង់ឌ្រី)។

៨១៤. តាំងពីដើមរៀងមក​ ក្នុងព្រះសហគមន៍ដែលមានតែមួយ មានភាពផ្សេងពីគ្នា ជាច្រើន ដែលមកពីព្រះ​អំណោយ​​​​ទាន​ផ្សេងៗរបស់ព្រះជាម្ចាស់ និងពីមនុស្សផ្សេងៗពីគ្នាដែលទទួលព្រះអំណោយទាននោះ។ ប្រជាជាតិ និងវប្បធម៌ ខុសប្លែកពីគ្នា ប្រមូលគ្នាក្នុងឯកភាពនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់។ សមាជិកព្រះ​   សហគមន៍​​​​​​​​​​​​​​​​​​​​ក៏​មានអំណោយទាន មុខងារ ល័ក្ខណ្ឌ និងរបៀបរស់នៅផ្សេងពីគ្នា៖ “​​​ក្នុងព្រះ​​​សហគមន៍​​សាកល​​មាន​​ព្រះ​​​​​សហគមន៍​​ដោយឡែក ដែលកាន់តាម​ប្រពៃណីរបស់ខ្លួនផ្ទាល់ត្រឹមត្រូវតាមច្បាប់” (LG ១៣)។ លក្ខណៈ​សម្បត្តិ​​ដ៏ប្រសើរនៃភាពផ្សេងពីគ្នានេះមិនប្រឆាំងនឹងឯកភាពរបស់ព្រះសហគមន៍ឡើយ។ ក៏ប៉ុន្តែ អំពើបាប និង​ផល​​វិបាក​​​​​​​​របស់​អំពើ​បាបគម្រាមកំហែងអំណោយទាននៃឯកភាពឥតឈប់ឈរឡើយ។ ហេតុដូច្នេះហើយ បានជា​គ្រីស្តទូត​​ប៉ូល​ត្រូវតែ​ដាស់តឿនឱ្យ    “រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ    ដោយយកសេចក្ដីសុខសាន្ត​ធ្វើ​ជា​ចំណង   ​​ប្រា​ស្រ័យ​​ទាក់​ទងគ្នា” (អភ ៤,៣)។

៨១៥. អ្វីទៅជាចំណងនៃឯកភាព? “លើសពីនេះទៅទៀត ត្រូវមានចិត្តស្រលាញ់ ដ្បិតសេចក្ដីស្រលាញ់ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ” (កូឡ ៣,១៤)។ ប៉ុន្តែ មានចំណងដែលមើលឃើញ នៃការរួបរួមគ្នានេះ ដែលធានា​នូវ​​ឯកភាព​របស់ព្រះសហគមន៍ ដែលកំពុងធ្វើបូជនីយេចរណ៍៖

  • ព្រះសហគមន៍ប្រកាសជំនឿតែមួយ ដែលមកពីក្រុមគ្រីស្តទូត
  • ព្រះសហគមន៍ធ្វើពិធីគោរពព្រះជាម្ចាស់ដោយរួបរួមគ្នា ជាពិសេសក្នុងអគ្គសញ្ញា
  • ព្រះសហគមន៍បានទទួលមុខងារមកពីក្រុមគ្រិស្តទូត ដោយអគ្គសញ្ញាតែងតាំង ដែលរក្សាទុកនូវ​សេចក្ដី​សុខសាន្ត​រវាងបងប្អូនក្នុងមហាគ្រួសារ​របស់ព្រះជាម្ចាស់ (UR ២; LG ១៤​ ; CIC ២០៥)។

៨១៦. “នេះជាព្រះសហគមន៍តែមួយរបស់ព្រះគ្រីស្ត (...)។ ក្រោយពីព្រះយេស៊ូជាព្រះសង្រោ្គះមានព្រះជន្មរស់​ឡើង​​វិញ ព្រះអង្គបាន​​​ប្រគល់ព្រះសហគមន៍​​​នេះ​​​ឱ្យលោកសិលាឃ្វាល ផ្ញើឱ្យលោកនិងឱ្យ​​​គ្រីស្តទូតឯទៀតៗ​ផ្សព្វ​ផ្សាយ​ និងណែនាំ (...)។ ​ព្រះសហគមន៍ជាសង្គមម៉្យាង ចាត់ចែងឱ្យមានរបៀបរៀបរយក្នុងលោកបែប​នេះ គឺ​ស្ថិត​នៅ​​​​ក្នុ​​ង (subsistit in) ព្រះសហគមន៍​​​កាតូលិក​ ដែលមានអភិបាល​ព្រះសហគមន៍​ក្រុង      រ៉ូមបន្ត​មុខ​តំណែង​ពី​គ្រីស្ត​ទូត​​​​​​​​​សិលាត្រួតត្រា​​​ និងដែលមានអស់លោកអភិបាលរួបរួមជាមួយលោកត្រួតត្រាដែរ” (LG ៨)។

ក្រិត្យក្រមអំពីការប្រមែប្រមូលគ្រីស្តបរិស័ទជាធ្លុងតែមួយនៃមហាសន្និបាតវ៉ាទីកង់ទីពីរចែងថា៖ « មានតែក្នុងព្រះសហគមន៍កាតូលិករបស់ព្រះគ្រីស្តទេ ដែលជា « មធ្យោបាយទូទៅនៃការសង្រ្គោះ » អាចផ្ដល់មធ្យោបាយទាំងអស់​យ៉ាងពេញលេញឱ្យមនុស្សលោកទទួលការសង្រ្គោះ។ តាមជំនឿរបស់យើង យើងជឿថា ព្រះគ្រីស្តបានផ្ញើព្រះអំណោយទានដ៏បរិបូណ៍លើសលប់ទៅក្រុមសាសនាទូតតែមួយនេះទេ ដើម្បីបង្កើតព្រះកាយព្រះគ្រីស្តតែមួយ នៅលើផែនដីទាំងមូល។ អស់អ្នកដែលជាប់ទាក់ទងនឹងប្រជាជនរបស់ព្រះជាម្ចាស់តាមបែបណាក៏ដោយ ក៏យើង​ត្រូវរាប់ថា គេចូលរួមក្នុងព្រះកាយនេះយ៉ាងពេញលេញហើយ » (UR ៣)។

មុខរបួសនៃឯកភាព

៨១៧. តាមពិត “តាំងពីដើមដំបូងមក នៅក្នុងព្រះសហគមន៍តែមួយគត់របស់ព្រះជាម្ចាស់នេះ ​មានការបាក់បែកគ្នា។ គ្រីស្តទូតប៉ូល​ស្ដីបន្ទោសអ្នកដែលធ្វើឱ្យព្រះសហគមន៍បែកបាក់ដូច្នេះ។ នៅសតវត្សក្រោយៗមកទៀត ការបែកបាក់កើត មាន​ឡើងរឹតតែធ្ងន់ទៅទៀត មានសហគមន៍ជាច្រើនបានបែកចេញពីព្រះសហគមន៍កាតូលិក ផ្តាច់ការរួបរួមគ្នា​រហូត។ ជួនកាលកំហុសមកពីមនុស្សក្នុងព្រះសហគមន៍ទាំងសងខាង” (UR ៣)។ ការបែកបាក់ដែលធ្វើឱ្យ​ឯកភាពនៃព្រះកាយព្រះគ្រីស្តរបួស (មានការឃ្លាតចាកពីសេច្កីពិត ការក្បត់ជំនឿ និងការផ្តាច់ខ្លួនចេញពីព្រះ​សហគមន៍) មិនកើតឡើង ដោយគ្មានបាបរបស់មនុស្សលោកទេ៖

នៅទីណាមានបាប នៅទីនោះមានភាពជាច្រើនអនេក គឺមនុស្សបែកចេញពីព្រះសហគមន៍ផង ឃ្លាតចាក​ពី​សេចក្ដី​ពិត​ផង ប៉ះទង្គិចគ្នាផង ប៉ុន្តែ នៅទីណាមានគុណធម៌ នៅទីនោះមនុស្សរួមឯកភាពជាមួយគ្នា ដែលធ្វើ   ឱ្យអ្នកជឿ មានរូបកាយ និងព្រលឹងតែមួយ (លោក អូរីសែន)។

៨១៨. “បងប្អូនដែលមានឪពុកម្តាយកាន់តាមសហគមន៍ទាំងនោះ ហើយដែលខិតខំប្រតិបត្តិតាមជំនឿរបស់ខ្លួន មិនត្រូវចោទថា គេធ្វើឱ្យព្រះសហគមន៍បាក់បែកទេ! ព្រះសហគមន៍កាតូលិកគោរព ហើយស្រលាញ់ពួកគេ ក្នុងឋានៈជាបងប្អូន (...)។ ទោះជាយ៉ាងណាក៏ដោយ ក៏បងប្អូនទាំងនោះបានសុចរិតដោយសារជំនឿ ដែលពួកគេ បានទទួលក្នុងពេលទទួលបុណ្យជ្រមុជទឹក ពួកគេបានចូលរួមក្នុងព្រះកាយព្រះគ្រីស្ត ពួកគេក៏ពិតជាមានឈ្មោះ​ថា ជាគ្រីស្តបរិស័ទដែរ។ ពិតជាត្រឹមត្រូវហើយ! សមាជិកនៃព្រះសហគមន៍កាតូលិកទទួលស្គាល់គេទុកជាបងប្អូនក្នុងព្រះអម្ចាស់ដូច្នេះ” (UR ៣)។

៨១៩. មិនតែប៉ុណ្ណោះសោត “ទោះបីនៅ​​​ខាង​​​ក្រៅរចនាសម្ព័ន្ធ​នៃព្រះសហគមន៍កាតូលិក មានកត្តាជាច្រើនដែលអាច​នាំ​ឱ្យ​​​មនុស្ស​​បានវិសុទ្ធ និងស្គាល់សេចក្តីពិត” (LG ៨) គឺ “មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលចែងទុកជា​លាយលក្ខណ៍អក្សរ មានជីវិតរស់នៅក្រោមព្រះហឫទ័យប្រោសប្រណីនៃព្រះជាម្ចាស់ មានជំនឿ មានសេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ មានព្រះអំណោយទានផ្សេងៗពីព្រះវិញ្ញាណដែលស្ថិតក្នុងចិត្តគេ ព្រមទាំងមានកត្តាជាច្រើនទៀត ដែលមនុស្សអាចមើលឃើញផង” (UR ៣)។ ព្រះវិញ្ញាណព្រះគ្រីស្តយកព្រះសហគមន៍ និង​សហគមន៍នោះទុកជាមធ្យោបាយនៃការសង្រ្គោះ ដែលមានកម្លាំងមកពីព្រះហឫទ័យប្រណី      សន្តោស និងសេចក្ដី​ពិត ដែលព្រះគ្រីស្តបានប្រគល់ឱ្យព្រះសហគមន៍កាតូលិក។ សេចក្ដីល្អទាំងអស់នោះមកពីព្រះគ្រីស្ត និង​នាំទៅកាន់ព្រះអង្គ ហើយក៏មានលក្ខណៈដាស់​តឿន​មនុស្សលោកឱ្យរួមគ្នាជាធ្លុងតែមួយ ក្នុងព្រះសហគមន៍​កាតូលិក​​ផង​ដែរ (LG ៨)។

ឆ្ពោះទៅឯកភាព

៨២០. “ព្រះគ្រីស្តបានប្រោសប្រទានឯកភាពនេះ ឱ្យព្រះសហគមន៍របស់ព្រះអង្គ តាំងពីដើមរៀង  មក។ យើង​ជឿថា ឯកភាពនេះស្ថិតនៅក្នុងព្រះសហគមន៍កាតូលិក មិនអាចបាត់បង់ឡើយ។ យើងក៏សង្ឃឹមថា ឯកភាពនេះ នឹងចម្រើនឡើងជារៀងរាល់ថ្ងៃជាលំដាប់ រហូតដល់អវសានកាលនៃពិភពលោក” (UR ៤)។ ព្រះ  គ្រីស្តនៅតែ​ប្រោសប្រទានឯកភាពឱ្យព្រះសហគមន៍ ប៉ុន្តែ ព្រះសហគមន៍ត្រូវតែអធិដ្ឋានជានិច្ច និងធ្វើការដើម្បីរក្សាទុក  និងពង្រឹងឯកភាព   ដើម្បីឱ្យឯកភាព  ដែលព្រះគ្រីស្តសព្វព្រះហឫទ័យចំពោះព្រះសហគមន៍   បាន​គ្រប់លក្ខណៈ។ ហេតុនេះ ព្រះយេស៊ូផ្ទាល់បានអធិដ្ឋានមុននឹងរងទុក្ខលំបាក ហើយទ្រង់ក៏នៅតែទូលអង្វរព្រះបិតា ដើម្បី​​ឱ្យសាវ័ក​របស់ព្រះអង្គរួមជាមួយគ្នាជាធ្លុងតែមួយ៖ “សូមឱ្យគេទាំងអស់គ្នារួមជាអង្គតែ      មួយ។ ឱព្រះ​បិតា​អើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឱ្យគេរួមជា​អ​ង្គតែ​មួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឱ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឱ្យមកមែន” (យហ ១៧,២១)។ ព្រះគ្រីស្តប្រោសប្រទានឱ្យគ្រីស្តបរិស័ទប្រាថ្នាចង់បានឯកភាព ហើយព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រាស់​ហៅ​គេឱ្យរួមគ្នាជាធ្លុងតែមួយផង (UR ១)។

៨២១. ដើម្បីឱ្យគ្រីស្តបរិស័ទរួមជាមួយគ្នាជាធ្លុងតែមួយ៖

  • ព្រះសហគមន៍ត្រូវតែប្រែឱ្យបានថ្មីឡើងវិញ គ្រប់យ៉ាង ពោលគឺឱ្យបានស្មោះស្ម័គ្រកាន់តែខ្លាំង​នឹង​ការត្រាស់ហៅរបស់ព្រះ​ជាម្ចាស់។ កម្លាំងនៃចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយ ច្បាស់​ជាអាស្រ័យ​លើ​ការប្រែព្រះសហគមន៍ឱ្យបានថ្មីឡើងវិញនោះ” (UR ៦)។
  • ត្រូវតែកែប្រែចិត្តគំនិត “ដើម្បីរស់នៅឱ្យបានសមរម្យនឹងដំណឹងល្អ” (UR  ៧) ប្រសើរជាងមុន ដ្បិតពេលណាសមាជិកមិនស្រ្មោះត្រង់នឹងព្រះអំណោយទានរបស់ព្រះគ្រីស្ត ពេកនោះមានការបាក់បែកគ្នាជាពុំខាន។
  • ត្រូវតែអធិដ្ឋានរួមជាមួយគ្នា ដ្បិត “ការប្រែចិត្តគំនិត និងការរស់នៅបែបវិសុទ្ធយ៉ាងនេះ រួមជាមួយពាក្យអធិដ្ឋានជា​សាធារណៈ ​និង​ជាមួយពាក្យអធិដ្ឋានរបស់បុគ្គលម្នាក់ៗ ពិតជាដួងព្រលឹងនៃចលនាបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួប​រួម​គ្នាជាធ្លុង​តែមួយ​មែន។ យើងក៏អាចហៅការអធិដ្ឋាននេះយ៉ាងត្រឹមត្រូវថា ជាចលនាបង្រួបបង្រួម​គ្រីស្តបរិស័ទ​បែប​ព្រះ​វិញ្ញាណ” (UR ៨)។
  • គ្រីស្តបរិស័ទគ្រប់និកាយត្រូវតែស្គាល់គ្នាទៅវិញទៅមកក្នុងឋានៈជាបងប្អូន” (UR ៩)។
  • គ្រីស្តបរិស័ទ ជាពិសេសលោកបូជាចារ្យ ត្រូវតែទទួល “ការអប់រំអំពីចលនាបង្រួបបង្រួមគ្រីស្តបរិស័ទ” (UR ១០)។
  • ទេវវិទូតគ្រប់និកាយត្រូវតែសន្ទនាជាមួយគ្នា ហើយគ្រីស្តបរិស័ទនៃព្រះសហគមន៍ និងសហគមន៍នីមួយៗត្រូវតែជួបជុំគ្នាផងដែរ (UR ៤ ; ៩ ; ១១)។
  • គ្រីស្តបរិស័ទត្រូវតែរួម​សហ​ការ​ជា​មួយ​គ្នា ក្នុងគ្រប់វិស័យ ដើម្បីជួយបម្រើមនុស្សទាំងអស់ (UR ១២)។

៨២២. “ព្រះសហគមន៍ទាំងមូល ទាំងគង្វាល ទាំងគ្រីស្តបរិស័ទធម្មតា ម្នាក់ៗតាមសមត្ថភាពរៀងៗខ្លួន ត្រូវតែយក​ចិត្ត​ទុក​ដាក់នាំឱ្យគ្រីស្តបរិស័ទ​ទាំង​អស់រួបរួមគា​ជាធ្លុងតែមួយ” (UR ៥) ប៉ុន្តែ “ត្រូវតែដឹងខ្លួនថា គម្រោងការដ៏សក្ការៈនេះ គឺឱ្យគ្រីស្តបរិស័ទសម្រុះសម្រួលជាមួយគ្នា ក្នុងឯកភាពនៃព្រះសហគមន៍តែមួយរបស់ព្រះគ្រីស្ត លើសពីកម្លាំង និងសមត្ថភាពរបស់មនុស្ស”។ ហេតុនេះ យើងសង្ឃឹមទាំងស្រុងទៅក្នុងពាក្យអង្វររបស់ព្រះគ្រីស្តចំពោះព្រះសហគមន៍ ក្នុងសេចក្ដីស្រលាញ់របស់ព្រះបិតាចំពោះយើង និងក្នុងឫទ្ធិនុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធផង” (UR ២៤)។

២. ព្រះសហគមន៍ដ៏វិសុទ្ធ

៨២៣. “តាមជំនឿកាតូលិកយើង ព្រះ​​​សហគមន៍​​​ពិតជាវិសុទ្ធ ហើយក៏មិនអាច​​​លែងទៅជាវិសុទ្ធថែមទៀត​ផង។  ក្នុង​ធម៌ “សូមលើកតម្កើងសិរី​រុងរឿង” យើងធ្លាប់​​​ប្រកាសថា ព្រះគ្រីស្តជាព្រះបុត្រា ពិតជា “ព្រះដ៏វិសុទ្ធតែ​មួយ​​​ព្រះអង្គទេ” រួមជាមួយព្រះបិតា ​និង​ព្រះវិញ្ញាណ។ ព្រះអង្គបាន​ស្រឡាញ់​ព្រះ​សហគមន៍​ទុកជាព្រះមហេសី និង​​​​​​​បាន​​បូជា​​​ព្រះជន្ម​​សម្រាប់​ព្រះ​សហគមន៍ ​‌​​ដើម្បី​ប្រោស​ព្រះ​សហគមន៍ឱ្យ​បាន​ទៅជា​វិសុទ្ធ​ ទ្រង់​​បាន​ប្រោសព្រះ​សហគមន៍ឱ្យ​​ភ្ជាប់ជាមួយ​ព្រះអង្គទុកជាព្រះកាយព្រះអង្គ និងបានប្រទាន​ព្រះអំណាយទាន​នៃព្រះ​វិញ្ញាណ​យ៉ាង​បរិបូរណ៍ ដើម្បីលើក​​​តម្កើង​សិរីរុងរឿងរបស់ព្រះជាម្ចាស់” (LG ៣៩)។ ព្រះសហគមន៍ជា “ប្រជារាស្រ្តដ៏វិសុទ្ធ​របស់ព្រះជាម្ចាស់​” (LG ១២)​ ហើយសរីរាង្គព្រះសហគមន៍ជា “ជនដ៏វិសុទ្ធ” (កក ៩,១៣)។

៨២៤. ព្រះសហគមន៍រួមជាមួយព្រះគ្រីស្ត ទ្រង់ក៏ប្រោសព្រះសហគមន៍ឱ្យបានវិសុទ្ធ តាមព្រះ​អង្គ និងក្នុងអង្គព្រះអង្គ ព្រះសហគមន៍ផ្ទាល់ប្រោសមនុស្សយើងឱ្យបានវិសុទ្ធ។ “ព្រះរាជកិច្ចទាំងអស់របស់​ព្រះ​សហគមន៍មានគោលដៅប្រោសមនុស្សលោកឱ្យបានវិសុទ្ធ ក្នុងអង្គព្រះគ្រីស្ត និងលើកតម្កើងសិរីរុងរឿងរបស់​ព្រះជាម្ចាស់” (SC ១០)។ ព្រះជាម្ចាស់ក៏បានផ្ដល់ “មធ្យោបាយទាំងអស់យ៉ាង​ពេញ​លេញឱ្យ​មនុស្ស​លោក​​ទទួលការសង្រ្គោះ” (UR ៣) ក្នុងព្រះសហគមន៍នេះ។ “យើងក៏បានវិសុទ្ធ​​​ (...)​ ដោយ​ព្រះ​ជាម្ចាស់​ប្រោស​ប្រណី” (LG ៤៨)​ ក្នុងព្រះសហគមន៍នេះផងដែរ។

៨២៥. “ព្រះ​សហគមន៍តែងខ្លួនដោយភាពវិសុទ្ធហើយ យ៉ាង​ពិត​ប្រាកដ​មែន នៅ​​​លើ​​​ផែនដីនេះ ទោះបីភាពវិសុទ្ធ​នេះ​​មិនទាន់​ពេញ​លក្ខណៈ​​​នៅឡើយក្តី​” (LG ៤៨)​។ សមាជិក​ព្រះ

សហគមន៍ត្រូវតែវិសុទ្ធបានគ្រប់ លក្ខណៈ៖ “អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត ទោះជាមានឋានៈ ឬ​មាន​​បៀប​​​​​​​​រស់នៅបែប​ណាក្ដី ក៏ទទួលមធ្យោបាយយ៉ាង​​​លើសលប់ និងដ៏ប្រសើរបំផុតដែលនាំការសង្គ្រោះដល់គេ។ ព្រះ​​​​ជាម្ចាស់ត្រាស់ហៅគេម្នាក់ៗ តាមមាគ៌ារបស់​ខ្លួន​ឱ្យ​បាន​វិសុទ្ធយ៉ាង​​​ពេញលក្ខណៈ ដូចព្រះបិតាពេញលក្ខណៈ​ដូច្នោះ​ដែរ” (LG ១១)។

៨២៦. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យបានវិសុទ្ធ។​ សេចក្ដីស្រលាញ់ជាព្រលឹងនៃភាពដ៏វិសុទ្ធ​នេះ៖ “សេចក្តីស្រឡាញ់តម្រង់គ្រប់មធ្យោបាយ ដែលនាំឱ្យបានវិសុទ្ធ និងផ្តល់​​​ឱ្យមធ្យោបាយ​​​ទាំងនេះមានប្រសិទ្ធិភាព​ និងនាំ​ទៅដល់ទីដៅ” (LG ៤២)៖

បើព្រះសហគមន៍ជាអង្គភាពប្រមូលផ្ដុំសរីរាង្គខុសៗគ្នា អ្នកដែលចាំបាច់ អ្នកដែលសមរម្យជាងគេមិនខ្វះទេ។​ ព្រះសហគមន៍មានបេះដូងៗនេះកំពុងតែដុតរោលដោយសេចក្ដីស្រលាញ់។ ខ្ញុំយល់ថា មានតែសេចក្ដីស្រលាញ់ទេ ដែលធ្វើឱ្យសរីរាង្គព្រះសហគមន៍មានសកម្មភាព បើសេចក្ដីស្រលាញ់រលត់ គ្រីស្តទូតលែងប្រកាសដំណឹងល្អ មរណៈសាក្សីមិនព្រមបូជាជីវិតទៀតទេ... ខ្ញុំយល់ថា សេចក្ដីស្រលាញ់ផ្ទុកទៅដោយការត្រាស់ហៅទាំងអស់ សេចក្ដីស្រលាញ់ជាអ្វីៗទាំងអស់ ទាំងអស់ដែលគ្រប់ដណ្ដប់ គ្រប់ពេល និងគ្រប់ទីកន្លែង និយាយឱ្យខ្លីទៅ សេចក្ដីស្រលាញ់ស្ថិតនៅអស់កល្បជានិច្ច!” (សន្តី ថេរ៉ែស នៃព្រះកុមារយេស៊ូ)។

៨២៧. “ព្រះគ្រីស្តជាអ្នកដ៏វិសុទ្ធ ឥតសៅហ្មង គ្មានទោសអ្វី​​​ឡើយ ព្រះអង្គមិនដែល​ប្រព្រឹត្តអំពើបាបទាល់តែ​សោះ ព្រះអង្គយាងមករំដោះប្រជាជនឱ្យបានរួចពីបាប ព្រះសហគមន៍ក៏ដូច្នេះដែរ ​ទោះបីមានអ្នកបាបនៅក្នុងផ្ទៃព្រះ​សហគមន៍ក្តី​ ក៏ព្រះ​​​សហគមន៍នៅតែវិសុទ្ធ និងត្រូវជម្រះ​ខ្លួនជានិច្ច ហើយនៅតែបន្តខិតខំប្រែចិត្ត​​​គំនិតឱ្យបានថ្មីជា​និច្ច​​ដែរ” (LG ៨ ; UR ៣ ; ៦)។ សរីរាង្គទាំងអស់របស់ព្រះសហគមន៍ ព្រមទាំងអ្នក​ទទួលបន្ទុក​បម្រើព្រះ​សហគមន៍ ត្រូវតែ​ទទួលស្គាល់ថា​ ខ្លួនជាអ្នកបាប (១យហ ១,៨-១០)។ នៅក្នុងគេទាំងអស់គ្នា ស្រងែ​បាប​នៅ​តែ​លាយឡំ​នឹងស្រូវដំណឹងល្អរហូតដល់អវសានកាលនៃពិភពលោក (មថ ១៣,២៤-៣០)។ ដូច្នេះ ព្រះ​សហគមន៍​ប្រមែ​​ប្រមូលអ្នកបាប ដែលព្រះគ្រីស្ត​បានសង្រ្គោះ ប៉ុន្តែ អ្នកទាំងអស់នោះនៅតែដើរតាមផ្លូវនៃភាពដ៏វិសុទ្ធ៖

ព្រះសហគមន៍ដ៏វិសុទ្ធ ទាំងមានអ្នកបាបនៅក្នុងខ្លួន ដ្បិតព្រះសហគមន៍គ្មានជីវិត ក្រៅពីព្រះហឫទ័យប្រណី​សន្តោស​ទេ គឺដោយទទួលជីវិតពីព្រះសហគមន៍ សរីរាង្គព្រះសហគមន៍បានវិសុទ្ធ ដោយមិនព្រមទទួលជីវិតនោះ​ឡើយ ពួក​គេធ្លាក់ខ្លួនជាអ្នកបាប និងក្នុងភាពច្របូកច្របល់ ដែលរារាំងភាពដ៏វិសុទ្ធរបស់​ព្រះសហគមន៍មិន​អាចបំភ្លឺពួកគេបានឡើយ។ ហេតុនេះហើយ បានជាព្រះសហគមន៍រងទុក្ខលំបាក និងសោកស្តាយនូវកំហុសទាំង​នោះ។ ព្រះសហគមន៍ក៏មានអំណាចព្យាបាល​កូនៗរបស់ខ្លួន ដោយព្រះលោហិតព្រះគ្រីស្ត និងព្រះអំណោយទាន​របស់​​ព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ (SPF ១៩)។

៨២៨. ដោយប្រោសគ្រីស្តបរិស័ទឱ្យបានទៅជាសន្តបុគ្គល គឺដោយប្រកាសយ៉ាងឧឡារិកថា គ្រីស្ត​បរិស័ទ​នោះ​បានប្រតិបត្តិតាមគុណធម៌ យ៉ាងអស្ចារ្យ     និងបានរស់នៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ ​ជាម្ចាស់ ដោយ​មាន​ចិត្តភក្តី ព្រះសហគមន៍ទទួលស្គាល់នូវឫទ្ធានុភាពរបស់ព្រះវិញ្ញាណនៃភាពដ៏វិសុទ្ធ ដែលស្ថិតនៅក្នុងខ្លួន ហើយជួយគាំទ្រសេចក្ដីសង្ឃឹមរបស់គ្រីស្តបរិស័ទ ដោយផ្ដល់គំរូ  និងអ្នកជួយទូលអង្វរ​ព្រះ      ជាម្ចាស់​ឱ្យ​ពួក​គេ (LG​ ៤០ ; ៤៨-៥១)។   “សន្ត   និងសន្តីបុគ្គលតែងតែជាប្រភព    និងដើមហេតុឱ្យ​ព្រះ ​សហគមន៍​កើត​សា​​ជា​ថ្មីម្តងទៀត ក្នុងគ្រាដ៏លំបាកជាងគេនៃប្រវត្តិសាស្រ្តព្រះសហគមន៍ (CL ១៦,៣)។ “ភាពដ៏វិសុទ្ធជាប្រភព​សម្ងាត់ និងជា​ប្រដាប់​វាស់ នៃសកម្មភាពរបស់ព្រះសហគមន៍ ក្នុងការប្រកាសដំណឹងល្អ ដែលមិនអាចច្រឡំបានទេ” (CL ១៧,៣)។

៨២៩. “ព្រះសហគមន៍បានពេញលក្ខណៈហើយ គឺឥត​ស្លាកស្នាម​ ឥត​ជ្រីវ​ជ្រួញ​ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ​  ដោយ​​ព្រះនាងព្រហ្មចារីម៉ារីជាតំណាងបានពេញលក្ខណៈ។ ក៏ប៉ុន្តែ គ្រីស្តបរិស័ទនៅតែខិតខំ​ប្រឹងប្រែងឱ្យ​​​កាន់​​​​តែវិសុទ្ធ ដើម្បី​​​ឈ្នះ​​​អំពើ​​​បាប។ ​​​ហេតុនេះហើយបានជាគ្រីស្តបរិស័ទតែង​ងើប​ភ្នែកសម្លឹង​មើលនាង​ម៉ារី​​​​ជាគំរូ” (LG ៦៥)៖ ដោយរួមជាមួយនាងម៉ារី ព្រះសហគមន៍ជាអ្នកដ៏វិសុទ្ធបំផុត។

៣. ព្រះសហគមន៍កាតូលិក

តើកាតូលិកមានអត្ថន័យដូចម្ដេចខ្លះ?

៨៣០. ពាក្យ “កាតូលិក” មានន័យថា “សាកល” ពោលគឺ “ទាំងស្រុង” ឬ “យ៉ាងបរិបូរណ៍”។ ព្រះ   សហគមន៍​កាតូលិកមានអត្ថន័យពីរយ៉ាង៖

. ព្រះសហគមន៍កាតូលិក ដ្បិតមានវត្តមានរបស់ព្រះគ្រីស្តនៅក្នុងខ្លួន។ “ទីណាមានព្រះគ្រីស្តយេស៊ូ ទីនោះមានព្រះសហគមន៍កាតូលិក” (សន្តអ៊ីញ៉ាស នៃអង់ទីអូស)។ ព្រះកាយព្រះគ្រីស្តដ៏គ្រប់លក្ខណៈដែលរួមជាមួយ​ព្រះ​សិរសា (អភ ១,២២-២៣) ស្ថិត​នៅក្នុងព្រះសហគមន៍ បានសេចក្ដីថា ព្រះសហគមន៍ទទួលពីព្រះអង្គ “មធ្យោបាយ​ទាំង​អស់យ៉ាង​ពេញ​លេញ​ឱ្យ​មនុស្ស​លោកទទួលការសង្រ្គោះ » (AG ៦) ដែលព្រះអង្គសព្វព្រះហឫទ័យ គឺការ​​ប្រកាសជំនឿដ៏ស្មោះ និងយ៉ាងពេញលេញ ជីវិតខាងអគ្គសញ្ញាយ៉ាងបរិបូរណ៍ និងអ្នកទទួលមុខតំណែងតពី​ក្រុម​គ្រីស្តទូត​មក។​ ក្នុងអត្ថន័យមូលដ្ឋាន​នេះ​ ព្រះសហគមន៍បានទៅជាកាតូលិកនៅថ្ងៃបុណ្យព្រះវិញ្ញាណយាងមក ហើយ​នឹងនៅតែជាកាតូលិករហូតដល់​អវសានកាលនៃពិភពលោក (AG ៤)។

៨៣១. ព្រះសហគមន៍កាតូលិក ដ្បិតព្រះគ្រីស្តចាត់ឱ្យព្រះសហគមន៍ទៅប្រកាសដំណឹងល្អ ដល់មនុស្ស​ជាតិ ក្នុង​​សកលលោកទាំងមូល (មថ ២៨,១៩)៖

ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យចូលរួមក្នុងប្រជារាស្រ្តព្រះអង្គ។ ទោះបី​​​ប្រជារាស្រ្ត​​​នេះ​​​រួមគ្នាជា​​​ធ្លុងតែ​​​មួយ​​​​​ និងមានតែមួយគត់កី្ត ក៏ប្រជារាស្រ្តនេះមានទីដៅឱ្យរីកសុះសាយរហូតដល់ចុងកាត់មាត់នៃពិភពលោក​ទាំងមូល​​​ និង​​​នៅគ្រប់សម័យរហូតតរៀងទៅ ដើម្បីឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលបង្កើតមនុស្សជាតិ បាន​កើត​ជារូបរាង​ គឺប្រមែប្រមូលកូន​ចៅ​របស់​ព្រះអង្គ​ដែល​បែក​ខ្ញែក​គ្នា​ មក​រួប​រួម​គ្នាជា​ប្រជា​ជន​តែមួយ​ជា​ស្ថាពរ (...)។ ព្រះ​​​អម្ចាស់ផ្ទាល់ប្រោសប្រទានឱ្យប្រជារាស្រ្តរបស់ព្រះអង្គមានលក្ខណៈសកល។ ដូច្នេះដោយព្រះអំណាយទាន​​​នោះ ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់យ៉ាងស័ក្តិសិទ្ធិ និងជានិច្ចនិរន្តរ៍ ដើម្បីប្រមែប្រមូលមនុស្សជាតិទាំងមូល​​​​និង​​​អ្វីៗ​ទាំង​អស់​​​​ដ៏ល្អ​​​ប្រសើរ ដែលស្ថិតនៅក្នុងមនុស្សជាតិនោះ ឱ្យរួមគ្នាជាធ្លុងតែមួយ ក្រោមអំណាចរបស់ព្រះគ្រីស្ត​ជា​អម្ចាស់ ដោយសារព្រះវិញ្ញាណព្រះអង្គ (LG ១៣)។

ព្រះសហគមន៍ភូមិភាគនីមួយៗជាព្រះសហគមន៍កាតូលិក

៨៣២. “ព្រះសហគមន៍របស់ព្រះគ្រីស្តនេះ ​​​ពិតជាស្ថិតនៅក្នុងគ្រប់អង្គប្រជុំត្រឹមត្រូវតាមច្បាប់របស់គ្រីស្តបរិស័ទ​​​នៅតាម​​​ភូមិ​នានា បើគេរួមជាមួយគង្វាលរបស់គេ។ ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី អង្គប្រជុំទាំងនោះ ទទួលឈ្មោះថា“ព្រះ​​​សហគមន៍”​​​ (...)។ ការប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តប្រមែប្រមូល​​​គ្រីស្តបរិស័ទ​​​​​​ក្នុងព្រះសហគមន៍ទាំងនោះ គេ​​ធើ្វពិធីជប់លៀងរបស់ព្រះអម្ចាស់ (...)។ ទោះបីសហគមន៍ទាំងនេះតូច ឬក្រីក្រ​យ៉ាងណាក្តី​​​ ជួនកាលខ្ចាត់ខ្ចាយយ៉ាង​​​ណា​ក្តី ក៏ព្រះគ្រីស្តគង់នៅជាមួយដែរ គឺដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ព្រះ​សហគមន៍​តាំងឡើង​​​ជាអង្គតែមួយ​ដ៏​វិសុទ្ធ កាតូលិក និងមានជំនឿរបស់គ្រីស្តទូតជាគ្រឹះ” (LG ២៦)។

៨៣៣. ព្រះសហគមន៍ភូមិភាគ (ភូមិភាគ) ជាសហគមន៍របស់គ្រីស្តបរិស័ទដែលរួមរស់ខាងជំនឿ និងខាង​អគ្គ​សញ្ញា​​​​ជាមួយលោកអភិបាល​ ដែលបានទទួលតែងតាំងពីក្រុមគ្រីស្តទូតមក (CD ១១ ; CIC ៣៦៨-៣៦៩)។  “ព្រះ​សហគមន៍​​​​​​ភូមិភាគ​នោះ​ក៏​មាន​ការ​​​ចាត់ចែងជា​​​ព្រះ​​​សហគមន៍​​​​​​សាកល   គឺមានព្រះសហគមន៍       ​​​​​​កាតូលិកសាកល​តែ​មួយ ដោយមានព្រះ​សហគមន៍​​​​​​​​ភូមិភាគ” (LG ២៣)។

៨៣៤. ព្រះសហគមន៍ភូមិភាគជាព្រះសហគមន៍កាតូលិកមានលក្ខណៈពេញលេញ ដោយរួមរស់ជាមួយព្រះសហគមន៍​ភូមិភាគមួយ គឺព្រះសហគមន៍នៅទីក្រុងរ៉ូម ដែល “គ្រប់គ្រងដោយសេចក្ដីស្រលាញ់” (សន្ត នៃអង់ទីអូស)។ “ដ្បិត ដោយសារប្រភព​ដ៏ប្រសើរនៃ​ព្រះ​សហគមន៍នេះ ព្រះសហគមន៍នីមួយៗ គឺគ្រីស្តបរិស័ទ​ពីគ្រប់​កន្លែង ក៏ត្រូវតែរួមរស់ជាមួយព្រះសហគមន៍នេះ” (សន្ត អ៊ីរ៉េណេ)។ “ចាប់តាំងពីព្រះបន្ទូលកើត​ជាមនុស្ស​បាន​យាង​ចុះមករកយើង ព្រះសហគមន៍គ្រីស្តបរិស័ទពីគ្រប់ទិសទីបានចាត់ទុកថា ព្រះសហគមន៍ដ៏ប្រសើរ​ដែល​នៅ​ទី​នេះ (ទីក្រុងរ៉ូម) ជា​មូលដ្ឋានគ្រឹះតែមួយ ដ្បិតតាមព្រះបន្ទូលសន្យាផ្ទាល់របស់ព្រះអម្ចាស់ ទ្វារនៃឋាននរកមិន​ដែល​បានឈ្នះលើព្រះសហគមន៍នេះឡើយ” (សន្ត ម៉ាកស៊ីម)។

៨៣៥. “មិនត្រូវចាត់ទុកថា ព្រះសហគមន៍សាកលដូចជាចំនួនបូករួម ឬសហព័ន្ធរបស់ព្រះសហគមន៍ភូមិភាគទេ គឺព្រះសហគមន៍ ដែលព្រះជាម្ចាស់ត្រាស់ហៅ ហើយប្រទានបេសកកម្មឱ្យទៅជាសាកល ចាក់ឫសក្នុងវប្បធម៌ សង្គម និ​ង​​​​មនុស្សខុសប្លែកពីគ្នា ដោយទទួលយករូបរាងផ្សេងៗ ក្នុងផ្នែកផ្សេងៗនៃពិភពលោក” (EN ៦២)។ វិន័យ​ព្រះសហគមន៍ ពិធីបុណ្យ និង​ទ្រព្យសម្បត្តិខាងទេវវិទ្យា និងខាងវិញ្ញាណផ្សេងៗ ដែលជារបស់ព្រះ​សហគមន៍​ភូមិភាគ “បង្ហាញឱ្យ​ឃើញកាន់តែច្បាស់​​​ថា ព្រះសហគមន៍មានលក្ខណៈជា «កាតូលិក» គឺ​​​បំបែកមិនបានឡើយ” (LG ២៣)។

តើនរណាជាសមាជិកព្រះសហគមន៍កាតូលិក?

៨៣៦. “ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យរួបរួមគ្នាបែបសាកល ចូលក្នុងប្រជារាស្រ្តរបស់ព្រះអង្គ (...)។ ព្រះ​​ជាម្ចាស់​ប្រោសប្រណីត្រាស់ហៅគ្រីស្តបរិស័ទ​​​កាតូលិកទាំងអស់ និងអស់អ្នកដែលផ្ញើជិវិតលើព្រះគ្រីស្តតាម​របៀប​​​ផ្សេងៗ​​​​ពី​​គ្នា និងមនុស្សទាំងអស់ ឥតមានចោល​​​នរណាឡើយ ឱ្យមកទទួលការសង្គ្រោះ។ គេទាំងអស់គ្នាក៏​តម្រង់​​ទៅ​​រក​​ការ​​រួបរួមគ្នាក្នុងឯកភាពនេះតាមរបៀបផ្សេងៗពីគ្នា” (LG ១៣)។

៨៣៧. “អស់អ្នកដែលទទួលព្រះវិញ្ញាណរបស់ព្រះគ្រីស្ត ហើយសុខចិត្តទទួលស្គាល់ការចាត់ចែងទាំងស្រុងរបស់​​​ព្រះ​​​សហគមន៍​​​ និងសុខចិត្តទទួល​​​ស្គាល់មធ្យាយោបាយទាំងប៉ុន្មានសម្រាប់ចែកការសង្រោ្គះ ដូចមានចាត់ចែង​ក្នុង​ព្រះ​សហគមន៍នោះ​​​ ​​​ពិតជាចូលរួម​​​យ៉ាងពេញលេញក្នុងសង្គមនៃព្រះសហគមន៍មែន។​​​ លើសពីនេះទៅទៀត គេ​ជាប់ចំណងក្នុងព្រះសហគមន៍ជាអង្គប្រជុំដែលមើលឃើញ ដោយការ​​​ប្រកាសជំនឿ ដោយការទទួលអគ្គសញ្ញានានា ដោយការត្រួតត្រារបស់អស់លោកអភិបាល​​​ និងដោយការរួបរួមគ្នា​ ។ គេក៏រួបរួមជាមួយព្រះគ្រីស្ត ដែលណែនាំ​ព្រះ​សហគមន៍ ដោយសារ​​​អភិបាលព្រះសហគមន៍​​​​​​ក្រុងរ៉ូម និងដោយអភិបាលនានា។ ក៏ប៉ុន្តែ អ្នកចូលរួមក្នុង​ព្រះ​សហគមន៍ បើគេ​មិនទទួលការធានាថា ​​​នឹងទទួលការសង្រោ្គះ មិនព្យាយាមក្នុងសេចក្ដី​​​ស្រឡាញ់ទេ គេនៅ​ជា​សមាជិក​​នៃព្រះ​សហគមន៍ គឺខាង​​​រូបកាយ តែមិន​​​មែនខាងចិត្តទេ” (LG ១៤)។

៨៣៨. “ព្រះសហគមន៍ដឹងថា ខ្លួនមានចំណងជាច្រើនភ្ជាប់ជាមួយបងប្អូន ដែលមានឈ្មោះដ៏ប្រសើរថា ជា​គ្រីស្តបរិស័ទ ព្រោះគេបានទទួលអគ្គសញ្ញាជ្រមុជទឹក។ ទោះបីបងប្អូនទាំងនោះមិនប្រកាន់ជំនឿគ្រប់ប្រការក្ដី ឬ​មិន​​រួបរួម​ក្នុង​ឯកភាពក្រោមការដឹកនាំអភិបាលព្រះសហគមន៍​​​ក្រុងរ៉ូម ដែលបន្តមុខងារពីគ្រីស្តទូតសិលាមកក្ដី ក៏គេជាគ្រីស្ត​បរិស័ទដែរ”  (LG ១៥)។    “អស់អ្នកដែលជឿលើព្រះគ្រីស្ត    ហើយដែលបានទទួលបុណ្យជ្រមុជទឹក ​យ៉ាងត្រឹមត្រូវ ក៏រួមរស់ជាមួយព្រះសហគមន៍កាតូលិកខ្លះដែរ ទោះបីគេមិនរួមយ៉ាងពេញលេញក៏ដោយ” (UR  ៣)។ ព្រះសហគមន៍អ័រតូដុក រួមរស់ជាមួយគ្នានេះស៊ីជម្រៅបំផុត “មានខ្វះចំណុចតិចតួចតែប៉ុណ្ណោះ​ ឱ្យការរួមរស់បាន​គ្រប់លក្ខណៈ និងអាចថ្វាយអភិបូជារួមគ្នា” (សម្ដេចប៉ាបប៉ូលទី៦ ; UR ១៣-១៨)។

ព្រះសហគមន៍ និងអស់អ្នកដែលមិនមែនជាគ្រីស្តបរិស័ទ

៨៣៩. “ចំពោះបងប្អូនដែលមិនទាន់ទទួលដំណឹងល្អ ជីវិតបងប្អូនក៏មានទីដៅតម្រង់ទៅកាន់ប្រជារាស្ត្ររបស់​​ព្រះ​​​​ជា​​​ម្ចាស់​តាមរបៀបផ្សេងៗដែរ” (LG ១៦)៖

. ទំនាក់ទំនងរវាងព្រះសហគមន៍ និងប្រជាជាតិយូដា ។ ដោយពិចារណា​អំពី​គម្រោងការ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ទៅលើព្រះសហគមន៍ ព្រះសហគមន៍​ ដែលជាប្រជារាស្រ្តរបស់ព្រះ​ជាម្ចាស់ ក្នុង​សម័្ពន្ធ​មេត្រីថ្មី យល់​ឃើញ​ថា ខ្លួនជាប់ចំណង​ជាមួយប្រជាជាតិយូដា (NA ៤)​ ដែល “ព្រះជាម្ចាស់មាន​ព្រះ​បន្ទូល​មុនគេ​បង្អស់” (MR)។ ជំនឿជនជាតិយូដាផ្សេងពីសាសនាដទែ ក្រៅពីគ្រីស្តសាសនា ដ្បិតជាចម្លើយនឹងព្រះជាម្ចាស់​ដែល​សម្ដែង​ព្រះអង្គ ក្នុងសម្ពន្ធមេត្រីចាស់ហើយ។ “ព្រះជាម្ចាស់បានរាប់ (ជនជាតិយូដា) ទុកជាបុត្រធីតារបស់​ព្រះអង្គ ពួក​គេមានសិរីរុងរឿង មានសម័្ពន្ធមេត្រីនានា មានធម្មវិន័យ ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះ​បន្ទូល​សន្យា​ផ្សេងៗ មានបុព្វបរុស ហើយព្រះគ្រីស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀងផង” (រម ៩,៤-៥) ដ្បិត “កាលណាព្រះជាម្ចាស់ប្រទានព្រះអំណោយទានហើយ ព្រះអង្គមិនដកហូតវិញទេ ហើយកាល​ណា​ព្រះជាម្ចាស់ត្រាស់ហៅ ទ្រង់ក៏មិនប្រែប្រួលដែរ” (រម ១១,២៩)។

៨៤០. ដោយឡែក ពេលគិតអំពីអនាគត ប្រជារាស្រ្តនៃសម្ពន្ធមេត្រីចាស់ និងប្រជារាស្រ្តថ្មី ឆ្ពោះទៅគោលដៅតែមួយ គឺគេ​រង់​ចាំឱ្យព្រះមេស្ស៊ីយាងមក (វិញ)។ ប៉ុន្តែ អ្នកម្ខាងរង់ចាំឱ្យព្រះមេស្ស៊ី ដែលបានសោយទិវង្គត និងមានព្រះ​ជន្ម​​រស់​ឡើងវិញ ដែលគេទទួលស្គាល់ថា ជាព្រះអម្ចាស់ និងព្រះបុត្រារបស់ព្រះជាម្ចាស់ ទ្រង់នឹងយាងមកវិញ ឯ​អ្នកម្ខាង​​ទៀត ដោយមិនស្គាល់ ឬមិនព្រមទទួលស្គាល់ព្រះគ្រីស្តយេស៊ូ គេរង់ចាំ​ឱ្យព្រះមេស្ស៊ី ដែលគេមិន​ទាន់​ស្គាល់​​​ច្បាស់ យាងមកពេលអវសានកាលនៃពិភពលោក។

៨៤១. ទំនាក់ទំនងរវាងព្រះសហគមន៍  និងអ្នកកាន់សាសនាអ៊ីស្លាម ៖    “ព្រះជា​​​ម្ចាស់​​​មាន​គម្រោងការ ​សង្គ្រោះ​អស់​មនុស្ស​ណា ​ដែលទទួល​ស្គាល់​​ព្រះអង្គ ទុកជាព្រះដែលបង្កើតអី្វៗទាំងអស់ មាន​បងប្អូន​អ៊ីស្លាម​ជា​ដើម ដែល​​ប្រកាសជំនឿរបស់លោក​អាប្រាហាំ គេក្រាបថ្វាយបង្គំព្រះជាម្ចាស់តែមួយព្រះអង្គគត់ដូចយើង ជា​​ព្រះ​​ប្រកប​ដោយ​​​​​ព្រះហឫទ័យមេត្តាការុណា ជាចៅក្រម ​ដែលនឹងវិនិច្ឆ័យមនុស្សលោក ​នៅថ្ងៃចុង​ក្រោយ​បំផុត” (LG ១៦ ; NA ៣)។

៨៤២. ព្រះសហគមន៍ និងសាសនាដទៃជាប់ចំណងនឹងគ្នា អំពីប្រភព និងទីចុងក្រោយរបស់មនុស្សជាតិ៖

. ប្រជាជាតិទាំងអស់ចូលរួមជាសហគមន៍តែមួយ។​ ប្រជាជាតិទាំងអស់មានប្រភពតែមួយ ព្រោះព្រះជាម្ចាស់បាន​ប្រោសប្រទានឱ្យមនុស្សរស់នៅពាសពេញនៅលើផែនដី។ ជីវិតមនុស្សគ្រប់ៗរូបក៏មានទិសដៅតែមួយដែរ គឺរួមរស់ជាមួយព្រះជាម្ចាស់ ដែលទ្រង់មានធម៌មេត្តាករុណាសប្បុរស ថែរក្សាមនុស្សទាំងអស់ ព្រះអង្គក៏មាន​គម្រោងការណ៍ចង់សង្រ្គោះមនុស្សទាំងអស់ដែរ រហូតដល់ពេលមនុស្សទាំងអស់ ដែលទ្រង់បានជ្រើសរើស បានរួម​គ្នានៅក្នុងបុរីដ៏វិសុទ្ធរបស់ព្រះអង្គ (NA ១)។

៨៤៣. ព្រះសហគមន៍ទទួលស្គាល់ថា សាសនាដទៃស្វែងរក “តាម​ស្រមោល និងតាមនិមិត្តរូប” ព្រះជាម្ចាស់​ដែល​គេ​មិនស្គាល់ ព្រះអង្គក៏មិន​​​ស្ថិត​​​នៅឆ្ងាយពីគេដែរ ​ព្រោះ​ព្រះអង្គ​ទេ​តើ ​ដែល​បាន​ប្រទាន​ជីវិត​ ប្រទាន​ដង្ហើម និង​​​ប្រទាន​​អី្វៗសព្វគ្រប់​ទាំង​អស់​មកមនុស្ស។ ព្រះអង្គជាព្រះ​​​សង្គ្រោះ ​​​ទ្រង់សព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់​ទទួល​ការ​សង្គ្រោះ (...)។ ព្រះសហគមន៍យល់ឃើញថា អ្វីៗដ៏ល្អ និងដ៏ពិតប្រាកដ​នៅក្នុងចំណោមពួកគេ​សុទ្ធ​តែ​ជា​​អ្វី ដែលត្រៀមទទួលដំណឹងល្អ ឬទុកជាព្រះអំណោយទានរបស់​​​ព្រះ​​​អង្គ    ដែលបំភ្លឺ​ចិត្ត​គំនិតមនុស្ស ​គ្រប់ៗគ្នា ដើម្បីឱ្យ​គេ​មានជីវិត” (LG ១៦)។

៨៤៤. ក៏ប៉ុន្តែ ក្នុងការប្រតិបត្តិសាសនារបស់គេ មនុស្សលោកបបង្ហាញថា គេមានកំណត់ និងប្រព្រឹត្តកំហុស បណ្តាលឱ្យគេលែងធ្វើជារូប​តំណាងរបស់​ព្រះ​ជាម្ចាស់៖

មារកំណាចបានបញ្ឆោតមនុស្សជាច្រើន និងជា​ញឹកញាប់ឱ្យវង្វេងទៅតាមការ​រិះគិត​របស់ខ្លួន​ ហើយ​គេក៏បោះបង់​សេចក្ដី​ពិតរបស់ព្រះជាម្ចាស់ចោល បែរទៅរកការ​ភូតភរ ហើយនាំគ្នា​​គោរព​បម្រើសត្វលោកជាជាង​​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើតអ្វីៗ​ទាំងអស់​នោះ​វិញ​‌​​ ។ ​​គេរស់នៅ និងស្លាប់ក្នុងលោកនេះ ដោយមិនគោរព​បម្រើព្រះ​ណា​មួយ​​ព្រះអង្គសោះ គេមុខ​ជាអស់សង្ឃឹម (LG ១៦)។

៨៤៥. ព្រះបិតាសព្វព្រះហឫទ័យត្រាស់ហៅមនុស្សលោកទាំងអស់ ក្នុងព្រះសហគមន៍នៃព្រះបុត្រារបស់ព្រះអង្គ ដើម្បីប្រមែប្រមូលសាជាថ្មីម្ដងទៀត កូនចៅទាំងអស់របស់ព្រះអង្គ ដែលអំពើបាបបានកំចាត់កំចាយ និងបានធ្វើ​ឱ្យ​វង្វេង។ ព្រះសហគមន៍ជាកន្លែង ដែលមនុស្សលោកទាំងមូលត្រូវរួបរួមជាមួយគ្នាឡើងវិញ និងទទួលការ​សង្រ្គោះ។ ព្រះសហគមន៍ជា “ពិភពលោកដែលព្រះជាម្ចាស់បានសម្រុះសម្រូលឱ្យជានានឹងព្រះអង្គ” (សន្ត អូគូស្តាំង)។ ព្រះសហគមន៍ជានាវា ដែល “ធ្វើដំណើរក្នុងពិភពនេះ ក្រោមខ្យល់នៃព្រះវិញ្ញាណដ៏វិសុទ្ធ ដោយ​មាន​ព្រះឈើឆ្កាងរបស់ព្រះអម្ចាស់ជាក្ដោង” (សន្ត អំប្រ័រ)។ តាមការប្រៀធៀបដ៏ថ្លៃថ្លានៃគ្រូបាធ្យាយ ព្រះសហគមន៍​ដូច​ជា​សំពៅរបស់លោកណូអេ ជាសំពៅតែមួយដែលស្រោចស្រងពីទឹកជំនន់ (១ពត្រ ៣,២០-២១)។

ក្រៅពីព្រះសហគមន៍ គ្មានការសង្រ្គោះទេ

៨៤៦. តើត្រូវយល់ការអះអាងនេះ ដែលគ្រូបាធ្យាយបានប្រើជាញឹកញាប់ យ៉ាងដូចម្ដេច? បើនិយាយតាម​របៀប​​វិជ្ជមាន​ទៅ ពាក្យសម្ដីនេះមានន័យថា ការសង្រ្គោះមកពី​ព្រះគ្រីស្តជា​ព្រះសិរសា ​តាមរយៈ​ព្រះ     សហគមន៍​ជា​ព្រះកាយ​ព្រះអង្គ៖

មហាសន្និបាត​​​សំអាង​​​លើព្រះគម្ពីរ និងលើការ​​​បញ្ជូនបន្តមកបង្រៀនថា ព្រះសហគមន៍ដែលកំពង់ធ្វើដំណើរនៅ​​​លើ​​​ផែន​​​ដីនេះ មានសារៈសំខាន់​​​ជាចាំបាច់​ ដើម្បីឱ្យ​មនុស្ស​​​លោកទទួលការសង្រោ្គះ។ មានតែព្រះ គ្រីស្ត​​​មួយព្រះអង្គ​គត់​ជាស្ពានមេត្រី និងជាមាគ៌ាទៅកាន់ការសង្រោ្គះ។ ព្រះអង្គមាន​​​វត្តមានគង់នៅជាមួយយើងក្នុង​​​ព្រះកាយ​​​ព្រះអង្គ គឺ​ក្នុង​ព្រះសហគមន៍។ ព្រះអង្គបង្រៀនយើង​យ៉ាង​ច្បាស់​ថា មនុស្សត្រូវតែ​​ផ្ញើ​​​ជីវិតលើព្រះអង្គ​ និងទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹកជាចំបាច់ ព្រះ​អង្គក៏​​​បង្រៀនបញ្ជាក់យើង នៅពេលជាមួយគ្នា អំពីការចំបាច់នៃព្រះ     សហគមន៍ ព្រោះមនុស្ស​ចូល​ក្នុងព្រះ​សហគមន៍​​​​​ដោយ​​​អគ្គសញ្ញាជ្រមុជទឹកជាទ្វារ។ ហេតុនេះ អស់អ្នកដែល​បដិសេធ​មិន​ព្រម​ចូល​ព្រះ​សហគមន៍​កាតូលិក ឬ​បដិសេធ​​​​មិនព្រមព្យាយាមនៅ​​​ជាប់នឹងព្រះសហគមន៍កាតូលិក ទោះបីគេដឹងច្បាស់ថា ព្រះ​ជាម្ចាស់បានបង្កើត​ព្រះ​សហគមន៍​នេះដោយសារ​​​ព្រះយេស៊ូគ្រីស្ត ទុកជាការចំបាច់ក្ដី អ្នកទាំង​នោះ​ពុំអាចទទួល​ការ​សង្រោ្គះ​បានទេ (LG ១៤)។

៨៤៧. ការអះអាងនេះមិនសម្ដៅលើអស់អ្នកដែលមិនស្គាល់ព្រះគ្រីស្ត និងព្រះសហគមន៍របស់ព្រះអង្គ ដោយ​គេមិន​បាន​ធ្វើកំហុសផ្ទាល់ខ្លួន៖

អស់អ្នកដែលមិនស្គាល់ដំណឹងល្អរបស់ព្រះ​គ្រីស្ត និងរបស់ព្រះសហគមន៍ (ដោយគេមិនធ្វើកំហុសផ្ទាល់ខ្លួន) បើគេ​ស្វែង​រកព្រះជាម្ចាស់ដោយ​ចិត្ត​ស្មោះ និងខិតខំរស់នៅដោយប្រព្រឹត្តតាម​ព្រះហឫទ័យ​ព្រះអង្គ តាម​មនសិការ​ដែល​បង្ហាញ និងបញ្ជាឱ្យប្រព្រឹត្តនោះ​​​ អ្នក​ទាំងនោះក៏អាចឈានទៅដល់​ការសង្គ្រោះអស់​កល្ប​ជានិច្ចបានដែរ (LG ១៦ ; DS ៣៨៦៦-៣៨៧២)។

៨៤៨. “ទោះបីព្រះជាម្ចាស់អាចណែនាំមនុស្សដែលមិនទាន់ស្គាល់ដំណឹងល្អ (ដោយគេមិនធ្វើកំហុសផ្ទាល់ខ្លួន) ឱ្យ​ជឿលើព្រះអង្គបាន តាមផ្លូវដែលមានតែព្រះអង្គស្គាល់នោះ គឺឱ្យមានជំនឿ “ដែលធ្វើឱ្យមនុស្សអាចគាប់ព្រះហឫទ័យព្រះជាមា្ចស់បាន” (ហប ១១,៦) ក៏ព្រះសហគមន៍មានកាតព្វកិច្ចប្រកាសដំណឹងល្អ ហើយក៏មានសិទ្ធិនេះ មកពីព្រះជាម្ចាស់ដែរ។ ហេតុនេះហើយ បានជាព្រះសហគមន៍ត្រូវមានសកម្មភាពប្រកាសដំណឹងល្អ ទុក​ជា​​ការចាំបាច់ និងប្រើកម្លាំងខ្លាំងក្លាគ្រប់ជំពូក នៅពេលនេះ ក៏ដូចជានៅគ្រប់សម័យ” (AG ៧)។

ព្រះសហគមន៍កាតូលិកត្រូវតែប្រកាសដំណឹងល្អជាចាំបាច់

៨៤៩. ព្រះសហគមន៍បានទទួលបេសកកម្មទៅប្រកាសដំណឹងល្អ​ ។ “ព្រះជាម្ចាស់ចាត់ព្រះសហគមន៍ទៅកាន់​សាសន៍ដទៃដើម្បីទៅជា “អគ្គសញ្ញានៃការសង្រ្គោះសម្រាប់មនុស្សទាំងអស់”។ ហេតុនេះហើយ បានជាព្រះសហគមន៍ខិតខំអស់ពីសមត្ថភាពប្រកាសដំណឹងល្អឱ្យមនុស្សទាំងអស់ ស្របតាមលក្ខណៈដ៏ជ្រាលជ្រៅរបស់ខ្លួន​ផ្ទាល់​ជាព្រះសហគមន៍សាកល និងស្របតាមព្រះបញ្ជារបស់ព្រះយេស៊ូ ដែលបានបង្កើតព្រះសហគមន៍នោះ (AG ៧)​៖ “ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឱ្យ​ធ្វើជា​សាវ័ក‌​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឱ្យ​គេ​ ក្នុង​ព្រះ​នាម​ព្រះ​បិតា ​‌ព្រះ​បុត្រា ​និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ។​ ​ត្រូវ​បង្រៀន​គេឱ្យ​​ប្រតិ​បត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​​គ្នា។​ ចូរ​​ដឹង​ថា​‌ ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ‌ ​‌រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក”” (មថ ២៨,១៩-២០)។

៨៥០. ប្រភព និងគោលដៅនៃការប្រកាសដំណឹងល្អ ។ បេសកកម្មទៅប្រកាសដំណឹងល្អរបស់ព្រះ    អម្ចាស់មាន​ប្រភពចេញមកពីសេចក្ដីស្រលាញ់អស់កល្បជានិច្ចរបស់ព្រះត្រៃឯកដ៏វិសុទ្ធបំផុត៖ “ព្រះសហគមន៍ តាម​សភាព​របស់​​ខ្លួនជាព្រះសហគមន៍ នៅពេលធ្វើដំណើរក្នុងលោកនេះ មានមុខងារប្រកាសដំណឹងល្អ ព្រោះព្រះសហគមន៍​​កើតឡើងដោយព្រះជាម្ចាស់ ជាព្រះបិតាមានគម្រោងការណ៍ចាត់ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” (AG ២)។ គោលដៅចុងក្រោយនៃការប្រកាសដំណឹងល្អមានតែមួយ គឺឱ្យមនុស្សលោកចូលរួមចំណែកក្នុងការរួមរស់រវាងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណនៃសេចក្ដីស្រលាញ់ (RM ២៣)។

៨៥១. មូលហេតុនៃការប្រកាសដំណឹងល្អ ។ ព្រះសហគមន៍បានទទួលយកកាតព្វកិច្ច និងកម្លាំងទៅប្រកាស​ដំណឹង​ល្អពីសេចក្ដីស្រលាញ់ របស់ព្រះជាម្ចាស់ចំពោះមនុស្សទាំងអស់៖ “ដ្បិតព្រះហឫទ័យស្រលាញ់របស់​ព្រះ​គ្រីស្ត​ជម្រុញយើង” (២ករ ៥,១៤) (AA ៦ ; RM ១១) ដ្បិតព្រះជាម្ចាស់ “សព្វព្រះ​ហឫទ័យ​ឱ្យមនុស្សទាំងអស់បាន​ទទួលការសង្រ្គោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់” (២ធម ២,៤)។ ព្រះ​ជាម្ចាស់សព្វព្រះហឫទ័យសង្រ្គោះ​មនុស្សទាំងអស់ ដោយគេស្គាល់សេចក្ដីពិត ។ ការសង្រ្គោះស្ថិត​នៅ​ក្នុង​សេចក្ដី​ពិត។ អស់អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវិញ្ញាណនៃសេចក្ដីពិត គឺស្ថិតនៅតាមផ្លូវនៃការសង្រ្គោះរួចហើយ ប៉ុន្តែ ព្រះ​សហគមន៍ ដែលព្រះជាម្ចាស់បានប្រគល់សេចក្ដីពិតនេះ ត្រូវតែទៅជួបប្រាថ្នារបស់គេ ដើម្បីនាំ​សេចក្ដី​ពិត​នេះ​ឱ្យ​គេទទួល។ ព្រះសហគមន៍ប្រកាសដំណឹងល្អ ពីព្រោះព្រះសហគមន៍ជឿថា ព្រះជាម្ចាស់​មាន​គម្រោងការ​សង្រ្គោះ​សាកលលោកទាំងមូល។

៨៥២. ផ្លូវនៃការប្រកាសដំណឹងល្អ ។ “ព្រះវិញ្ញាណដ៏វិសុទ្ធជាអ្នកកំដរព្រះសហគមន៍ក្នុងគ្រប់កិច្ចប្រកាសដំណឹង​ល្អ” (RM ២១)។ គឺព្រះវិញ្ញាណនេះហើយ ដែលណែនាំព្រះសហគមន៍នៅតាមផ្លូវនៃការប្រកាសដំណឹងល្អ។ បេសកកម្មរបស់ព្រះសហគមន៍បន្ត និងពង្រឹងបេសកកម្មរបស់ព្រះគ្រីស្តផ្ទាល់ តាមដំណើរនៃប្រវត្តិសាស្រ្ត។ ព្រះ​បិតា​ចាត់ព្រះគ្រីស្តឱ្យមកប្រកាសដំណឹងល្អដល់ជនក្រីក្រ។ ព្រះវិញ្ញាណរបស់ព្រះគ្រីស្ត          ជម្រុញព្រះ​សហគមន៍​នោះ ឱ្យទៅតាមផ្លូវរបស់ព្រះគ្រីស្តនោះ គឺព្រះសហគមន៍ក៏ត្រូវរស់នៅក្នុងឋានៈជាជនក្រីក្រ ធ្វើតាម​បញ្ជា សុខ​ចិត្ត​​បម្រើគេ និងសុខចិត្តបូជាជីវិត។ ព្រះគ្រីស្តមានជ័យជំនះលើសេចក្ដីស្លាប់នេះ ដោយទ្រង់ទទួលព្រះជន្មរស់​ឡើង​វិញ” (AG ៥)។ ហេតុនេះហើយ បានជា “ឈាមរបស់មរណៈសក្សីជាពូជរបស់គ្រីស្តបរិស័ទ” (ទែរទូលីយ៉ាំង)។

៨៥៣. ក៏ប៉ុន្តែ ពេលកំពុងធ្វើបូជនិយេចរណ៍ ព្រះសហគមន៍ក៏ដកពិសោធន៍អំពី “សារដ៏ថ្លែថ្នូរដែលខ្លួនសម្តែង​នោះ​ ប្លែកដាច់​យ៉ាង​​​​ឆ្ងាយ​​​​ពី​​​ភាពទន់​ខ្សោយ​​​​ក្នុងឋានៈជា​មនុស្ស​របស់អស់អ្នក ដែលបាន​ទទួល​ដំណឹង​ល្អ​នេះ ទុក​ជា​បញ្ញើ​ដែរ” (GS ៤៣,៦)។ មានតែពេលធ្វើដំណើរដោយ “សោកស្ដាយទោសរបស់ខ្លួន និងកើតសាជាថ្មីម្ដងទៀត” (AG ១) ហើយ “តាម​ទ្វា​រចង្អៀត​នៃ​ឈើ​ឆ្កាង” (AG ១) ដែលប្រជារាស្រ្តរបស់ព្រះជាម្ចាស់អាចលាតសន្ធឹងព្រះរាជ្យព្រះគ្រីស្តបាន (RM ១២-២០)។ “ព្រះគ្រីស្តបានលោះមនុស្សលោកដោយព្រះអង្គរស់នៅជាជនក្រីក្រ និងដោយត្រូវ​​​គេបៀត​បៀន​យ៉ាង​ណា ព្រះ​​ជាម្ចាស់ក៏​ត្រាស់​ហៅព្រះសហគមន៍ឱ្យរស់នៅក្នុងឋានៈជាអ្នកក្រីក្រ និងត្រូវគេបៀតបៀន​​​យ៉ាងនោះ​ដែរ ដើម្បី​ចែក​រំលែកផលនៃការ​សង្រោ្គះឱ្យមនុស្សលោក” (LG ៨)។

៨៥៤. ដោយបេសកកម្មរបស់ខ្លួនផ្ទាល់ “ព្រះសហគមន៍រួមដំណើរជាមួយមនុស្សជាតិទាំងមូល និងចែង​​​រំលែក​​​ជោគ​​​វាសនា​របស់មនុស្សលោកនៅលើផែនដី។ ព្រះសហគមន៍ក៏ដូចជាមេក្នុងម្សៅ និងដូចជា​​​វិញ្ញាណនៃសង្គម​​​​​​មនុស្ស ​ដែល​ព្រះ​ជាម្ចាស់ត្រាស់ហៅឱ្យប្រែជានិច្ច ក្នុងអង្គព្រះគ្រីស្ត និងឱ្យក្លាយទៅជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់” (GS ៤០, ២)។ ដូច្នេះ ការខិតខំប្រកាសដំណឹងល្អទាមទារឱ្យមានចិត្តអត់ធ្មត់។​ ត្រូវចាប់ផ្ដើមប្រកាសដំណឹងល្អដល់ប្រជាជាតិ និង​ក្រុម ដែលមិនទាន់ជឿលើព្រះគ្រីស្ត (RM ៤២-៤៧) ហើយត្រូវចាត់តាំងសហគមន៍គ្រីស្តបរិស័ទ ដែលទៅជា “សញ្ញា​សម្គាល់អំពីព្រះជាម្ចាស់ ដែលគង់នៅក្នុងពិភពលោក” (AG ១៥) និងបង្កើតព្រះសហគមន៍ក្នុងភូមិ (RM ៤៨-៤៩)។ ត្រូវព្យាយាមឱ្យ​ដំណឹង​ល្អ​កើតស្របតាមវប្បធម៌នៃប្រជាជាតិនានា ដោយដឹងថា យើងពិត​ជានឹង​បរាជ័យមែន។ “ចំពោះមនុស្ស ក្រុមមនុស្ស និងប្រជាជនវិញ ព្រះសហគមន៍ទាក់ទងជាមួយគេ និងជ្រួត​ជ្រាប​ក្នុង​ក្រុម​គេបន្តិចម្ដងៗ និងលើកពួកគេក្នុងសេចក្ដីពេញលក្ខណៈរបស់ព្រះសហគមន៍សាកល” (AG ៦)។

៨៥៥. ក្នុងការប្រកាសដំណឹងល្អ ព្រះសហគមន៍ត្រូវខិតខំបង្រួបបង្រួមគ្រីស្តបរិស័ទឱ្យរួមគ្នាជាធ្លុងតែមួយ (RM ៥០)។ “តាមការពិត បើគ្រីស្តបរិស័ទបាក់បែកគ្នា គេមិនអាចធ្វើឱ្យព្រះសហគមន៍លក្ខណៈកាតូលិកបានពេញលេញ​ឡើយ​។ បងប្អូនទាំងនោះចូលរួមក្នុងព្រះសហគមន៍ ដោយសារបុណ្យជ្រមុជទឹក តែគេបែកចេញពីការរួមរស់ដ៏​ពេញ​លេញ។ ព្រះសហគមន៍ផ្ទាល់ក៏កាន់តែពិបាកបង្ហាញលក្ខណៈកាតូលិករបស់ខ្លួនឱ្យ​បាន​គ្រប់ជំពូក ក្នុងការរស់នៅជាធម្មតាដែរ” (UR ៤)។

៨៥៦. ក្នុងការប្រកាសដំណឹងល្អ ព្រះសហគមន៍ត្រូវមានទំនាក់ទំនង ជាមួយអស់អ្នកដែលមិនទាន់ទទួល​ដំណឹង​ល្អ​​ដោយគោរពពួកគេ ផង (RM ៥៥)។​ ក្នុងទំនាក់ទំនងនោះ អ្នកជឿអាចទទួលផលប្រយោជន៍សម្រាប់គេផ្ទាល់ ដោយ​ទទួល​ស្គា​ល់​​នូវ   ​​“អ្វីៗ​ដែលជាការ​ពិត​ប្រាកដ   និងអ្វីៗដែលព្រះជាម្ចាស់បង្កប់ទុកអំពី​ព្រះហឫទ័យ​ប្រណី      ​សន្តោស​របស់​ព្រះ​អង្គ (...) ជា​វត្តមាន​ដ៏​លាក់កំបាំងរបស់ព្រះអង្គក្នុងប្រជារាស្រ្តនេះ” (AG ៩)។​ បើគេប្រកាសដំណឹង​ល្អ​ដល់​អស់​អ្នក​ដែលមិនទាន់ស្គាល់ដំណឹងល្អនោះ ដើម្បីពង្រឹង បំពេញ និងបង្ហាញសេចក្ដីពិត ហើយនឹងសេចក្ដីល្អ ដែល​ព្រះ​ជាម្ចាស់​បាន​​​លាតត្រដាងក្នុងចំណោមមនុស្សលោក និងប្រជាជាតិនានា ដើម្បីបន្សុទ្ធគេពីកំហុស និងសេចក្ដីអាក្រក់ ហើយ “ដើម្បី លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងដើម្បីឱ្យមារបាត់បង់អំណាច ព្រមទាំង​ឱ្យមនុស្ស​លោក​បានសេចក្ដីសុខសាន្ត” (AG ៩)។

៤. ព្រះសហគមន៍មានក្រុមគ្រីស្តទូតជាគ្រឹះ

៨៥៧. ព្រះសហគមន៍មានក្រុមគ្រីស្តទូតជាគ្រឹះ បានសេចក្ដីថា៖

- ព្រះជាម្ចាស់បានកសាង និងនៅតែកសាងព្រះសហគមន៍ “ដោយមានក្រុមគ្រីស្តទូត (…) ជាគ្រឹះ” (អភ ២,២០ ; វវ ២១,១៤) ជាសាក្សីដែលព្រះគ្រីស្តផ្ទាល់បានជ្រើសរើស និងចាត់ឱ្យទៅប្រកាសដំណឹងល្អ (មថ ២៨,១៦-២០)។

- ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតនៅក្នុងខ្លួន ព្រះសហគមន៍រក្សាទុក និងបញ្ជូនការប្រៀនប្រដៅ (កក ២,៤២) អ្វីៗដ៏ល្អដែលព្រះអង្គផ្ញើទុក និងព្រះបន្ទូលដ៏ត្រឹមត្រូវ ដែលយើងបានទទួលពីក្រុមគ្រីស្តទូតមក (២ធម ១,១៣-១៤)។

- ក្រុមគ្រីស្តទូតនៅតែប្រៀនប្រដៅ ណែនាំ និងធ្វើឱ្យព្រះសហគមន៍បានវិសុទ្ធ ដោយសារអ្នកបន្ត​មុខងារ​ពី​ក្រុម​គ្រីស្តទូត ពោលគឺក្រុមលោកអភិបាល “ដោយមានក្រុមបូជាចារ្យជួយផង និងដោយរួមជាមួយលោក​អភិបាល​ដែលបន្តមុខងារពីគ្រីស្តទូតសិលាមកជាគង្វាលដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសហគមន៍” (AG ៥)។

. ឱព្រះបិតាដ៏មានជីវិតអស់កល្បជានិច្ច! ព្រះអង្គមិនលះបង់ហ្វូងចៀមរបស់ព្រះអង្គចោលទេ តែទ្រង់រក្សាទុកហ្វូង​នេះ​ដោយ​​មានក្រុមគ្រីស្តទូតដ៏មានសុភមង្គល ក្រោមឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះអង្គក៏នៅតែណែនាំហ្វូងនេះ​ ដោយមាន​​គង្វាលដដែលនោះ ដែលបន្តព្រះរាជកិច្ចរបស់ព្រះបុត្រាព្រះអង្គ រហូតដល់សព្វថ្ញៃនេះ (MR)។

បេសកកម្មរបស់ក្រុមគ្រីស្តទូត

៨៥៨. ព្រះបិតាបានចាត់ព្រះយេស៊ូឱ្យមក។ ចាប់ពីព្រះអង្គចាប់ផ្ដើមប្រកាសដំណឹងល្អ ព្រះអង្គ “បាន​ត្រាស់​ហៅ​​អស់​អ្នក​ ដែល​ព្រះអង្គ​សព្វ​ព្រះ​ហប្ញទ័យ​ជ្រើស​រើស‌​ ហើយ​អ្នក​ទាំង​នោះ​ក៏ចូល​មក​គាល់​ព្រះអង្គ។​​ ព្រះ​អង្គ​តែង​​​​តាំង​សាវ័ក​ដប់ពីរ​រូប​ឱ្យ​គេ​នៅ​ជាមួយ​ព្រះអង្គ​ និង​ដើម្បី‌​ចាត់​គេឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​​” (មក ៣,១៣-១៤)។ ពីពេលនោះទៅ ពួកគេនឹងទៅជា “ទូត” របស់ព្រះអង្គ (ជាភាសាក្រិក apostoloi បានសេចក្ដីថា “ចាត់ឱ្យ​ទៅ”)។ នៅក្នុងពួកគេ ព្រះអង្គបន្តបេសកកម្មរបស់ព្រះអង្គផ្ទាល់៖ “ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំ​ចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ” (យហ ២០,២១) (យហ ១៣,២០ ; ១៧,១៨)។ ដូច្នេះ ក្រុម​គ្រីស្តទូតមានមុខងារបន្តបេសកកម្មរបស់ព្រះអង្គផ្ទាល់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគ្រីស្តទូតដប់ពីររូបថា៖ “អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ​ដែរ” (មថ ១០,៤០) (លក ១០,១៦)។

៨៥៩. ព្រះយេស៊ូប្រោសឱ្យគេរួមក្នុងបេសកកម្មរបស់ព្រះអង្គ ដែលទ្រង់បានទទួលពីប្រះបិតា៖ ដូច “ព្រះបុត្រាមិនអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើយ” (យហ ៥,១៩.៣០) តែទ្រង់បានទទួលអ្វីៗទាំងអស់ពីព្រះបិតា ដែល​​​ចាត់ព្រះអង្គឱ្យទៅយ៉ាងណា អស់អ្នកដែលទទួលបេសកកម្ម និងអំណាចបំពេញបេសកកម្មនេះ ក៏មិន​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​គេ​ផ្ទាល់យ៉ាងនោះ​​ដែរ (យហ ១៥,៥)។ ដូច្នេះ គ្រីស្តទូតរបស់ព្រះគ្រីស្តដឹងថា ព្រះជាម្ចាស់​បាន​ប្រគល់​ឱ្យ​​គេទៅជា “អ្នកបម្រើសម្ពន្ធមេត្រីថ្មី” (២ករ ៣,៦) “អ្នកបម្រើរបស់ព្រះជាម្ចាស់” (២ករ ៦,៤) “ទូត​របស់​ព្រះ​គ្រីស្ត” (២ករ ៥,២០) “អ្នកបម្រើរបស់ព្រះ​គ្រីស្ត និងអ្នកមើលខុសត្រូវលើ​គម្រោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះ​ជាម្ចាស់” (១ករ ៤,១)។

៨៦០. ក្នុងមុខងាររបស់ក្រុមគ្រីស្តទូត មានចំណុចមួយដែលមិនអាចបញ្ជូនបានទេ គឺទៅជាអ្នកដែល​ព្រះ​ជាម្ចាស់បាន​ជ្រើសរើស ដើម្បីធ្វើជាសាក្សីអំពីព្រះអម្ចាស់ដែលមានព្រះជន្មថ្មី និងអំពីមូលដ្ឋានគ្រឹះនៃ​ព្រះ​​សហគមន៍។ ប៉ុន្តែ ក្នុងមុខងារនេះ មានចំណុចមិនប្រែប្រួលមួយ គឺព្រះគ្រីស្តមាន​ព្រះបន្ទូលសន្យាថា នឹងគង់នៅជាមួយពួកលោក រហូតដល់អវសានកាលនៃពិភពលោក (មថ ២៨,២០)។ “ព្រះគ្រីស្ត​ប្រទាន​​បេសកកម្មឱ្យក្រុម​គ្រីស្តទូត ជាបេសកកម្មដ៏វិសុទ្ធ ដែលនៅស្ថិតស្ថេរជារៀង​​​រហូតដល់អវសានកាលនៃ​​​ពិភពលោក ពីព្រោះ​អស់លោកត្រូវ​បញ្ជូន​បន្ត​​​​​​​ដំណឹងល្អឱ្យមនុស្សលោក។ ដំណឹងល្អនេះ​ពិតជា​គោល​នៃការរស់​​​នៅទាំង​​​មូល​របស់​​​ព្រះសហគមន៍​ជារៀងរហូត​។ ហេតុនេះហើយ បានជាក្រុមគ្រីស្តទូត​យកចិត្ត​ទុក​ដាក់​តែងតាំង​​​អ្នកបន្ត​មុខងារ​​​​របស់​​​​អស់​លោក​ក្នុង​ព្រះសហគមន៍” (LG ២០)។

 លោកអភិបាលជាអ្នកបន្តមុខងារក្រុមគ្រីស្តទូត

៨៦១. “អស់​លោក​​​ក៏ផ្ញើ​​​មុខ​​​ងាររបស់អស់លោក ដូចជាផ្តែផ្តាំឱ្យសហការីយ៉ាងជិតស្និទ្ធបង្ហើយកិច្ចការរបស់អស់​លោក និងពង្រឹង​​​កិច្ចការ​​​ដែល​​​អស់លោកចាប់ផ្តើមធ្វើ ទាំងប្រៀនប្រដៅគេឱ្យ​ថែរក្សា​ហ្វូងទាំង​មូល​ ព្រោះ​ព្រះ​វិញ្ញាណ​​​ដ៏​វិសុទ្ធ​បាន​ផ្ទុក​ផ្ដាក់​លោកឱ្យ​​​ឃ្វាល​ព្រះ​សហគមន៍​របស់​ព្រះជា​ម្ចាស់​។ ហេតុនេះ អស់លោកតែង​​​តាំង​មនុស្ស​​​​បែបនេះ និងផ្តាំ​​​ចាត់​​​ចែងថា ក្រោយពីអស់លោកទទួលមរណភាពទៅ មានមនុស្សផ្សេងទៀតដែលគេបាន​​​ល្បង​​​​លមើល​ រួច​ហើយទទួលមុខ​​​ងារ​​​បម្រើព្រះសហគមន៍ បន្តពីអស់លោក” (LG ២០)។

៨៦២. “ព្រះអម្ចាស់​បាន​ផ្ញើមុខងារឱ្យគ្រីស្តទូត​​​សិលាផ្ទាល់ ជា​​​គ្រីស្តទូតទីមួយក្នុងចំណោមគ្រីស្តទូតឯទៀតៗ។ មុខងារ​របស់​គ្រីស្តទូត​សិលាដែលត្រូវបញ្ជូន​​​បន្តឱ្យអ្នកបន្តមុខងាររបស់លោក នៅស្ថិតស្ថេររហូតយ៉ាងណា ក៏​បន្ទុក​​​ព្រះ​គ្រីស្ត​ផ្ញើឱ្យក្រុម​គ្រីស្តទូត​ជាគង្វាល​​​ព្រះ​​​សហគមន៍ ក៏ជាបន្ទុកដែលស្ថិតស្ថេរនៅរហូតយ៉ាងនោះដែរ ដោយ​​អស់​​លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល”។ ហេតុនេះហើយបាន​​​ជាព្រះសហគមន៍​​​បង្រៀនថា “ព្រះ​ជាម្ចាស់​​ចាត់ចែង​ក្រុមអភិបាលឱ្យបន្តមុខងារក្រុម​គ្រីស្តទូត​ក្នុង​ឋានៈជាគង្វាលព្រះ        សហគមន៍។ អ្នកណាស្តាប់​អស់​​លោកក៏ស្តាប់ព្រះ​គ្រីស្តដែរ។​ អ្នក​ណា​បដិសេធ​មិន​ទទួលអស់លោក​ ក៏​​បដិសេធ​មិន​ទទួល​ព្រះគ្រីស្តដែរ​ ហើយ​​​ថែម​ទាំងមិន​​ទទួល​ព្រះបិតា​ដែល​ចាត់ព្រះគ្រីស្តឱ្យ​មក​នោះទៀតផង” (LG  ២០)។

ចាត់ឱ្យប្រកាសដំណឹងល្អ

៨៦៣. ព្រះសហគមន៍ទាំងមូលប្រកាសដំណឹងល្អ ទាល់តែព្រះសហគមន៍ និងអស់អ្នកបន្តមុខងារពី   សន្ត​សិលា និង​​គ្រីស្តទូតឯទៀតៗ​ រួមរស់ជាមួយដើមកំណើតរបស់ព្រះសហគមន៍ តាមជំនឿ និងតាមរបៀបរស់នៅ។​ ព្រះ​សហគមន៍​​​​​​​​​​​​ទាំង​​​មូល​​មានក្រុមគ្រីស្តទូតជាគ្រឹះ ព្រោះព្រះជាម្ចាស់ “ចាត់ព្រះសហគមន៍ឱ្យទៅ” ក្នុងពិភពលោក​ទាំង​មូល ហើយ​ព្រះអង្គ​ក៏ចាត់សមាជិកម្នាក់ៗ តាមលក្ខណៈរៀងៗខ្លួន ឱ្យទៅដែរ។ “អ្នកណាជាគ្រីស្តបរិស័ទ អ្នក​នោះក៏ព្រះ​ជាម្ចាស់ចាត់ឱ្យទៅប្រកាសដំណឹងល្អដែរ”។ គេហៅ “ការប្រកាសដំណឹងល្អ” សកម្មភាព​ទាំង​ប៉ុន្មាន​នៃ​ព្រះកាយ​ដ៏អស្ចារ្យ​របស់ព្រះគ្រីស្ត” ដែល “លាតសន្ធឹងព្រះរាជ្យព្រះគ្រីស្តនៅលើផែនដី” (AA ២)។

៨៦៤. “ព្រះគ្រីស្តដែលព្រះបិតាចាត់ឱ្យទៅ ជាប្រភព និងដើមកំណើតនៃការប្រកាសដំណឹងល្អទាំងអស់របស់​​​​ព្រះសហគមន៍”។ ហេតុនេះហើយ បានជាក្រុមអ្នកបម្រើដែលទទួលអគ្គសញ្ញា​តែងតាំង ដូចគ្រិស្តបរិស័ទ​ធម្មតា​​ផង នឹងបង្កើតផលក្នុងការប្រកាសដំណឹងល្អ ទាល់តែគេរួមរស់យ៉ាងជិតស្និតជាមួយព្រះគ្រិស្តផងដែរ (យហ ១៥,៥ ; AA ៤)។ តាម​ការត្រាស់ហៅ សម័យកាលនីមួយៗ និងព្រះអំណោយ​ទានផ្សេងៗ​ពីព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ មានរបៀបជា​ច្រើន​ផ្សេង​ពីគ្នា ដើម្បីប្រកាស​ដំណឹងល្អ ប៉ុន្តែ សេចក្ដីស្រលាញ់​ ដែលហូរចេញមកពីអភិបូជា “ដូចជាព្រលឹងនៃការ​ប្រកាស​ដំណឹង​ល្អ” (AA ៣)។

៨៦៥. ក្នុងអត្តសញ្ញាណដ៏ជ្រាលជ្រៅជាទីបំផុត ព្រះសហគមន៍មានតែមួយ ដ៏វិសុទ្ធ កាតូលិក និងមានក្រុម​គ្រីស្តទូត​ជាគ្រឹះ ដ្បិត “ព្រះរាជ្យនៃស្ថានបរមសុខ” “ព្រះរាជ្យរបស់ព្រះជាម្ចាស់” (វវ ១៩,៦) ដែលព្រះជាម្ចាស់នឹង​សម្រេច​ពេល​អវសានកាលនៃពិភពលោក ស្ថិតនៅក្នុងព្រះសហគមន៍​ហើយ។​ ព្រះរាជ្យនោះបានកើត​ជារូបរាង​ហើយ ​ក្នុងអង្គ​ព្រះ​​​​គ្រីស្ត និងចម្រើនឡើងតាមរបៀបដ៏អាថ៌កំបាំង នៅក្នុងចិត្តគំនិតរបស់អស់អ្នក ដែលចូលក្នុង​ព្រះ​រាជ្យ​​​នោះ រហូតដល់ព្រះជាម្ចាស់សម្ដែងព្រះរាជ្យនោះ ឱ្យមនុស្សលោកទាំងអស់ស្គាល់ នៅពេលអវសានកាលនៃ​ពិភព​លោក។ ពេលនោះ ព្រះជាម្ចាស់នឹងបង្រួបបង្រួមមនុស្សទាំងអស់ ដែលព្រះអង្គបានលោះក្នុងអង្គព្រះអង្គ និង​​ប្រោសគេ “ឱ្យ​បាន​វិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភ័ក្រ្តព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យ​ស្រលាញ់​​យើង” (អភ ១,៤) ជាប្រជាជនតែមួយ របស់ព្រះអង្គ “កូនក្រមុំជាភរិយារបស់កូនចៀម” (វវ ២១,៩) “ជាក្រុង​ដ៏វិសុទ្ធ (...) ដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់ (...) ប្រកបដោយសិរីរុងរឿងរបស់ព្រះ​ជាម្ចាស់” (វវ ២១,១០-១១) និង “កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ  ហើយគ្រឹះទាំងនោះ​មានចារឹក​ឈ្មោះ​គ្រីស្ត​ទូត​​ទាំង​ដប់​ពីររបស់កូនចៀម” (វវ ២១,១៤)។

សង្ខេប

៨៦៦. ព្រះសហគមន៍មាន​ តែមួយ៖ ព្រះសហគមន៍មានព្រះអម្ចាស់តែមួយ ប្រកាសជំនឿតែមួយ កើត មកពីពិធីជ្រមុជទឹកតែមួយ ធ្វើជាព្រះកាយតែមួយ មានព្រះវិញ្ញាណតែមួយដែលប្រោសព្រះសហគមន៍ឱ្យមាន ជីវិត ដោយមានសេចក្ដីសង្ឃឹមតែមួយ (អភ ៤,-៥)  ថា​នៅទីចុងក្រោយបំផុត គ្មានការបាក់បែកគ្នាទៀតទេ។

៨៦៧. ព្រះសហគមន៍ ដ៏វិសុទ្ធ៖ ព្រះដ៏វិសុទ្ធបំផុតជាអ្នកបង្កើតព្រះសហគមន៍ ព្រះគ្រីស្ត ដែលជាព្រះ​ស្វាមី បានបូជាព្រះជន្មរបស់ព្រះអង្គ ដើម្បីប្រោសព្រះសហគមន៍ឱ្យបានវិសុទ្ធ ព្រះវិញ្ញាណនៃភាពដ៏វិសុទ្ធ ប្រោសព្រះសហគមន៍ឱ្យមានជីវិត។ ទោះជាព្រះសហគមន៍មានអ្នកបាបក៏ដោយ ក៏ព្រះសហគមន៍ជា  “អ្នក​ដែល​គ្មានបាប ដោយមានអ្នកបាប” ដែរ។ ភាពដ៏វិសុទ្ធរបស់ព្រះសហគមន៍ភ្លឺចិញ្ចាចចិញ្ចែងក្នុងជនដ៏វិសុទ្ធ។ នៅ​ក្នុងព្រះនាងម៉ារី ព្រះសហគមន៍ជាអ្នកពោរពេញភាពដ៏វិសុទ្ធរួចទៅហើយ។

៨៦៨. ព្រះសហគមន៍ កាតូលិក៖ ព្រះសហគមន៍ប្រកាសជំនឿទាំងស្រុង មាននៅក្នុងខ្លួន និងចាត់ចែង​មធ្យោបាយ​នៃការសង្រ្គោះឱ្យបានពេញលក្ខណៈ។ ព្រះជាម្ចាស់ចាត់ព្រះសហគមន៍ឱ្យជាតិសាសន៍នានា ប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ និងស្ថិតក្នុងគ្រប់សម័យកាលទាំងអស់។ “ព្រះសហគមន៍មាន​លក្ខណៈ​ផ្ទាល់​ជា​សាសនទូត” (AG ២)

៨៦៩. ព្រះសហគមន៍មាន ក្រុមគ្រីស្តទូតជាគ្រឹះ៖ ព្រះជាម្ចាស់បានកសាងព្រះសហគមន៍លើគ្រឹះដ៏រឹង មាំ គឺ “គ្រីស្តទូតទាំងដប់ពីររូបនៃកូនចៀម” (វវ ២១,១៤) ។ គ្មានអ្វី និងគ្មាននរណាអាច​បំផ្លាញ​ព្រះ​សហគមន៍​បាន​ឡើយ (មថ ១៦,១៨) ហើយស្ថិតក្នុងសេចក្ដីពិត ដោយមិនអាចភ័ន្តច្រឡំបានឡើយ។ ព្រះគ្រីស្តដឹកនាំព្រះ​សហគមន៍ ដោយលោកសិលា និងគ្រីស្តទូតឯទៀត ដែលនៅក្នុងអ្នកបន្តមុខងាររបស់ពួកលោក គឺសម្ដេចប៉ាប និងក្រុមលោកអភិបាលផង។

៨៧០. “នេះជាព្រះសហគមន៍តែមួយរបស់ព្រះគ្រីស្ត។ ក្នុងធម៌ប្រកាសជំនឿ យើងតែង​​​តែ​​​ប្រកាសថា ព្រះសហគមន៍ មានតែមួយ ដ៏វិសុទ្ធ កាតូលិក និងមានជំនឿស្រប​​​តាម​​​ក្រុម​​​គ្រីស្តទូត (...) ព្រះសហគមន៍នេះជាសង្គមម៉្យាងក្នុងលោកនេះ ដែលចាត់ចែងឱ្យមាន​របៀបរៀប​រយ​ គឺស្ថិតនៅ​​​ក្នុងព្រះសហគមន៍​​​កាតូលិក  ដែលមាន​សម្ដេចប៉ាបបន្ត​មុខងារពី​គ្រីស្ត​ទូត​សិលាមក​​​ និងដែលមានអស់លោកអភិបាល​​​រួបរួមជាមួយ​​​លោកក្នុងការដឹកនាំ។ទោះបីជានៅ​​​ខាង​​​ក្រៅ​រចនាសម្ព័ន្ធ​​នៃព្រះសហគមន៍មានកត្តាជាច្រើនអាចនាំឱ្យមនុស្ស​​​បាន​​​វិសុទ្ធ ​​​និង​​ស្គាល់សេចក្តីពិតក៏ដោយ” (LG ៨)។

កថាខណ្ឌទី៤៖ អ្នកផ្ញើជីវិតលើព្រះគ្រីស្ត

ក្រុមលំដាប់លំដោយ គ្រីស្តបរិស័ទធម្មតា អ្នកថ្វាយខ្លួនទាំងស្រុង

៨៧១. “អស់អ្នកដែលផ្ញើជីវិតលើព្រះគ្រីស្ត” ជាគ្រីស្តបរិស័ទដែល (...) ជា​​​ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយ​​អគ្គសញ្ញា​ជ្រមុជទឹកប្រោសឱ្យគេរួមនៅក្នុងអង្គព្រះគ្រីស្ត។ ពេលនោះ គេទទួលមុខងារ ជាបូជាចារ្យ ជា   ព្យាការី និង​ជា​ស្តេចរបស់ព្រះអង្គតាមរបៀបរបស់គេ។ គេបំពេញ​បេសកកម្មរ​​​បស់​​​ប្រជាជនគ្រីស្តបរិស័ទទាំងមូល នៅ​ក្នុង​ព្រះ​សហគមន៍​​ និងនៅក្នុងពិភពលោក តាមចំណែក​រៀងៗ​ខ្លួន” (CIC ២០៤,១; LG ៣១)

៨៧២. “សមាជិក​ប្រជារាស្រ្តនេះ មានកិត្តិយសថ្លៃថ្នូររួមគ្នា ព្រោះគេសុទ្ធតែកើតជាថ្មីក្នុងអង្គព្រះគ្រីស្ត គឺក្នុង​សកម្មភាព និងកិត្តិយស គេ​ស្មើ​គ្នា​ទាំង​​​អស់​​​យ៉ាងពិតប្រាកដ ​​​ដែលធ្វើឱ្យគេកសាងព្រះកាយព្រះគ្រីស្ត តាម​លក្ខណៈ និងមុខងាររៀងៗខ្លួន” (LG ៣២)។

៨៧៣. ព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យសរីរាង្គនៃព្រះកាយព្រះអង្គខុសប្លែកពីគ្នា ដើម្បីបម្រើឯកភាព និង​បេសកកម្ម​របស់ព្រះអង្គ ដ្បិត “មានមុខងារផ្សេងៗក្នុងព្រះសហគមន៍ ប៉ុន្តែមានបេសកកម្មតែមួយ។ ព្រះគ្រីស្ត​បានផ្ញើឱ្យក្រុមគ្រីស្តទូត និងអ្នកបន្តមុខងាររបស់គេ ទទួលបន្ទុកប្រៀនប្រដៅ ធ្វើឱ្យបានវិសុទ្ធ និងណែនាំ ក្នុងនាមព្រះអង្គ និងដោយអំណាចព្រះអង្គ។ ប៉ុន្តែ គ្រីស្តបរិស័ទធម្មតា ដែលចូលរួមចំណែកទទួលបន្ទុកជា    បូជាចារ្យ ព្យាការី និងព្រះមហាក្សត្រ ក្នុងព្រះសហគមន៍ និងក្នុងពិភពលោក ក្នុងបេសកកម្មនៃប្រជាជន​​របស់ព្រះជាម្ចាស់ ក្នុងពិភពលោកទាំងមូល” (AA ២)។ ទីបញ្ចប់ មានគ្រីស្តបរិស័ទ ដែលជាមេដឹកនាំផង គ្រីស្តបរិស័ទធម្មតាផង ដែលដោយធ្វើសច្ចាប្រណិធាន (...) ថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍ តាមរបៀបរៀងៗខ្លួន (CIC ២០៧,២)។

១. ព្រះសហគមន៍មានរចនាសម្ពន្ធតាមលំដាប់លំដោយ

ហេតុអ្វីបានជាមានមុខងារបម្រើព្រះសហគមន៍?

៨៧៤. ព្រះគ្រីស្តផ្ទាល់ជាប្រភពនៃមុខងារបម្រើក្នុងព្រះសហគមន៍។ ព្រះអង្គបានតែងតាំងអ្នកមានមុខងារបម្រើ បានប្រគល់អំណាចនិងបេសកកម្ម ទិសដៅនិងគោលដៅ ឱ្យពួកគេ។

ព្រះគ្រីស្តជាអម្ចាស់តែងតាំងមុខងារបម្រើផ្សេងៗក្នុងព្រះសហគមន៍ ដើម្បីឱ្យប្រជារាស្ត្ររបស់ព្រះជាម្ចាស់​មាន​គង្វាល​ណែនាំ និងមានមធ្យោបាយនាំឱ្យរីកចម្រើនឡើងបាន។​​​ មុខងារទាំងនោះ មានគោលដៅតែមួយ​​​គឺរក​ប្រយោជន៍ដល់​រូប​​​កាយ​​​ទាំងមូល។ អស់លោកដែលទទួលអគ្គសញ្ញាតែងតាំងជាអ្នក​​​បម្រើ មានអំណាចមកពីព្រះ​ជាម្ចាស់ គឺអស់លោកបម្រើបងប្អូន ដើម្បី​​​ណែនាំ​​​​​​អស់សមាជិកនៃប្រជារាស្តរបស់ព្រះជាម្ចាស់ (...) អាចទៅកាន់​​​ការសង្គ្រោះ (LG ១៨)។

៨៧៥. “ឱ្យគេជឿលើព្រះអង្គដូចម្ដេចកើត បើគេមិនដែលឮព្រះអង្គមានព្រះបន្ទូល? ឱ្យគេឮដូចម្ដេចកើត បើគ្មាននរណាប្រកាស? ឱ្យមានអ្នកប្រកាសដូចម្ដេចកើត បើគ្មាននរណាចាត់ឱ្យទៅប្រកាសផងនោះ?” (រម ១០,១៤-១៥)។ គ្មាននរណាម្នាក់ គ្មានបុគ្គលណាម្នាក់ ហើយគ្មានសហគមន៍ណាមួយ អាចប្រកាសដំណឹង​ល្អដល់ខ្លួនផ្ទាល់ឡើយ។ “ជំនឿមកពីសេចក្ដី ដែលយើងបានស្ដាប់” (រម ១០,១៧)។ គ្មាននរណាម្នាក់អាចផ្តល់​ដល់ខ្លួនឯងអាណត្តិ និងបេសកកម្មប្រកាសដំណឹងល្អបានទេ។ អ្នកដែលព្រះអម្ចាស់ចាត់ឱ្យទៅ និយាយ និង​ប្រព្រឹត្ត មិន​មែនមកពីអំណាចរបស់ខ្លួនឯងទេ តែដោយសំអាងទៅលើអំណាចរបស់ព្រះគ្រីស្តវិញ មិនមែនក្នុង​ឋានៈ​ជា​សមាជិក​​សហគមន៍​ឡើយ តែដោយនិយាយទៅកាន់សហគមន៍នេះ ក្នុងនាមព្រះគ្រីស្តវិញ។ គ្មាននរណា​ម្នាក់​អាច​ប្រគល់ដល់ខ្លួនឯង​​​ការប្រណីសន្តោសឡើយ គឺព្រះជាម្ចាស់ជាអ្នកប្រគល់ និងប្រទាន​ការប្រណីសន្តោស​នេះ​វិញ បានសេចក្ដីថា ព្រះគ្រីស្តត្រូវ​ប្រគល់​សិទ្ធិ និង​អំណា​ច ​ដល់​អ្នកបម្រើនៃការប្រណី         សន្តោស។ គេទទួលពីព្រះអង្គ​ បេសកកម្ម និងសមត្ថភាព (“អំណាច​​ដ៏​សក្ការៈ”) ដើម្បីធ្វើសកម្មភាព in persona Christi Capitis (ក្នុងអង្គព្រះគ្រីស្តជាព្រះសិរសា)។ ការបញ្ជូនបន្តព្រះសហគមន៍ហៅមុខងារបម្រើនេះ “អគ្គសញ្ញា” គឺដោយសារ​ព្រះ​​​អំណោយទានរបស់ព្រះជាម្ចាស់ អ្នកដែលព្រះ​គ្រីស្ត​ចាត់ឱ្យទៅ ធ្វើ និងផ្ដល់ អ្វីដែលគេមិនអាចធ្វើ និង​ផ្ដល់​ដោយ​​ខ្លួនឯងបានឡើយ។ ព្រះជាម្ចាស់​ប្រគល់​មុខងា​របម្រើ​ព្រះ​សហគមន៍ ដោយសារអគ្គសញ្ញាពិសេស។

៨៧៦. ដោយសារមុខងារបម្រើព្រះសហគមន៍មានសភាពជាអគ្គសញ្ញា អ្នកទទួលមុខងារនេះ ក៏បម្រើព្រះសហគមន៍ ។ ដោយ​សារ​គេពឹងផ្អែកទាំងស្រុងលើព្រះគ្រីស្ត ដែលប្រទានបេសកកម្ម និងអំណាច អ្នកទទួល​មុខងារ​ក្នុងព្រះសហគមន៍​ជា “ខ្ញុំបម្រើរបស់ព្រះគ្រីស្ត” (រម ១,១)  ដូចព្រះគ្រីស្ត   ដែលសព្វព្រះហឫទ័យ “យក    ​ឋានៈ​ជាទាសករ” (ភីល ២,៧)។ ដោយសារព្រះបន្ទូល និងការប្រណីសន្តោសមិនមែនមកពីគេ តែមកពី​ព្រះ​គ្រីស្ត ដែល​បានប្រគល់ឱ្យគេសម្រាប់អ្នកដទៃ គេនឹងសុខចិត្តទៅជាខ្ញុំបម្រើរបស់មនុស្សទាំងអស់ (១ករ ៩,១៩)។

៨៧៧. យ៉ាងណាមិញ ដោយសារមុខងារបម្រើព្រះសហគមន៍មានសភាពជាអគ្គសញ្ញា អ្នកទទួលមុខងារនេះរួមជាមួយគ្នា ។ ចាប់តាំងពីព្រះយេស៊ូប្រកាសដំណឹងល្អ ព្រះអម្ចាស់យេស៊តែងតាំងគ្រីស្តទូតដប់ពីររូប “ជា​ពូជនៃ​ប្រជាជន​អ៊ីស្រាអែលថ្មី និងជាដើមកំណើនៃក្រុមអភិបាល” (AG ៥)។ ព្រះយេស៊ូបានជ្រើសរើសគេ​ជាមួយ​គ្នា  ព្រះ​​អង្គក៏ចាត់ឱ្យគេទៅជាមួយគ្នាដែរ  ដោយសារគេរួមជាមួយគ្នាដូចជាបងប្អូន  គេនឹងជួយបម្រើ​គ្រីស្ត​បរិស័ទ​ទាំងអស់ឱ្យរួមរស់ជាមួយគ្នាផងដែរ។ គេនឹងបង្ហាញបញ្ជាក់ និងផ្តល់សក្ខីភាពថា ព្រះអង្គ​នីមួយៗ​រួម​រស់​ជាមួយ​គ្នា (យហ​១៧,២១-២៣)។ ហេតុនេះ លោកអភិបាលម្នាក់ៗបម្រើព្រះសហគមន៍រួមជាមួយ​ក្រុម​លោកអភិបាល ដោយ​រួម​​រស់​ជាមួយ​​​លោក​អភិបាលនៅទីក្រុងរ៉ូម ជាអ្នកបន្តមុខងារសន្តសិលា និងមេដឹកនាំក្រុមលោក​អភិបាលផង។ ឯពួកលោកបូជាចារ្យ​វិញ គេ​បម្រើ​ព្រះសហគមន៍រួមជាមួយក្រុមបូជាចារ្យនៃភូមិភាគ ក្រោមការ​ណែនាំ​​របស់លោកអភិបាលរបស់គេ។

៨៧៨. ទីបំផុត ដោយសារមុខងារបម្រើព្រះសហគមន៍មានសភាពជាអគ្គសញ្ញា អ្នកទទួលមុខងារនេះ បម្រើ​ព្រះ​សហគមន៍ដោយ ខ្លួនគេផ្ទាល់ ។ បើអ្នកបម្រើព្រះគ្រីស្តរួមរស់ជាមួយគ្នា គេក៏តែងតែប្រព្រឹត្តដោយខ្លួនគេ​ផ្ទាល់​ដែរ។ ព្រះ​គ្រីស្ត​​ត្រាស់ហៅគេម្នាក់​ៗ​ផ្ទាល់ខ្លួន៖ “អ្នក​ សុំអញ្ជើញមកតាមខ្ញុំ” (យហ ២១,២២) ដើម្បី​ទៅ​ជា​សាក្សី​ផ្ទាល់​ខ្លួន នៅ​ក្នុងបេសកកម្មរួម ដោយធ្វើជាអ្នកទទួលខុសត្រូវដោយខ្លួនឯងផ្ទាល់ ចំពោះ​អ្នក​ដែល​ផ្ដល់​បេសកកម្ម។ គេ​បម្រើ​ព្រះសហគមន៍ “ក្នុង​ខ្លួន​គេ​ផ្ទាល់” និងចំពោះមនុស្ស៖ “ខ្ញុំជ្រមុជ​ទឹក​អ្នក​ក្នុង​ព្រះ​នាម​ព្រះ​បិតា...” “ខ្ញុំលើក​លែង​ទោសឱ្យអ្នក...”។

៨៧៩. អ្នកដែលព្រះសហគមន៍ផ្តល់អគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍ ត្រូវតែបម្រើព្រះសហគមន៍​ក្នុង​នាម​ព្រះគ្រីស្ត ដោយរួមជាមួយគ្នា​ផង និង​ដោយ​ខ្លួន​គេផ្ទាល់​ផង ពោលគឺក្រុមអភិបាលរួមជាមួយមេដឹកនាំ​ក្រុម​​អភិបាល​​​ជា​​អ្នក​​បន្តមុខងារសន្ត​សិលា លោកអភិបាលទទួលការខុសត្រូវចំពោះភូមិភាគរបស់លោក ហើយ​ក្រុម​​អភិបាល​​រួម​គ្នា​ក្នុងការយកចិត្តទុកដាក់ព្រះសហគមន៍សាកល។

ក្រុមអភិបាល និងប្រធានក្រុមអភិបាល ជាសម្ដេចប៉ាប

៨៨០. ព្រះគ្រីស្តបានតែងតាំងគ្រីស្តទូតដប់ពីររូប  “ជា​ក្រុមមួយ​ដែលនៅស្ថិតស្ថេរ​ និងតែងតាំងលោកសិលា  ដែល​ព្រះអង្គបានជ្រើសរើសក្នុងចំណោមអស់លោកទាំងដប់ពីរនាក់ឱ្យ​នាំមុខគេ” (LG ១៩)។ “គ្រីស្តទូតសិលា និង​គ្រីស្តទូត​​​ឯទៀតៗរួមគ្នាជាក្រុមគ្រីស្តទូតតែមួយ ដោយព្រះអម្ចាស់តែងតាំងយ៉ាងណា អភិបាល​ព្រះសហគមន៍​ក្រុង​រ៉ូ​ម​​​​ដែល​បន្តមុខងារពីគ្រីស្តទូតសិលា និងអភិបាលទាំងប៉ុន្មានដែលបន្តមុខងារពីក្រុម​​​គ្រីស្តទូត ក៏រួម​គ្នា​ជា​ក្រុមតែមួយយ៉ាងនោះដែរ” (LG ២២)។

៨៨១. ព្រះអម្ចាស់បានប្រោសលោកស៊ីម៉ូន ដែលព្រះអង្គដាក់ឈ្មោះថា សិលា ឱ្យទៅជាផ្ទាំងសិលា​នៃព្រះសហគមន៍របស់ព្រះអង្គ។ ព្រះអង្គបានប្រគល់កូនសោឱ្យលោក (មថ ១៦,១៨-១៩) ទ្រង់ក៏តែងតាំង​លោកឱ្យទៅជាគង្វាលលើហ្វូងទាំងមូល (យហ ២១,១៥-១៧)។ “ក៏ប៉ុន្តែ ព្រះអង្គ​ប្រទានឱ្យ​លោក​សិលា​​មានបន្ទុកចង និងស្រាយ ព្រះអង្គក៏បានប្រទាន​បន្ទុកនេះយ៉ាងពិតប្រាកដឱ្យ​ក្រុម​គ្រីស្តទូត ដែលរួមជាមួយ​មេ​ដឹកនាំ​របស់គេដែរ” (LG ២២)។ បន្ទុករបស់លោកសិលានេះ និងគ្រីស្តទូតឯទៀតៗ ជាមូលដ្ឋានគ្រឹះនៃព្រះសហគមន៍។ លោកអភិបាលបន្តបន្ទុកនេះក្រោមអំណាចរបស់សម្ដេចប៉ាប។

៨៨២. សម្ដេចប៉ាប ដែលជាអភិបាលទីក្រុងរ៉ូម និងអ្នកបន្តមុខងារពីសន្តសិលា “ជាគោលអចិន្រៃ្តដែលអាចមើល​ឃើញ​ ហើយជាគ្រឹះ​បណ្តោយឱ្យអស់អភិបាលរួមគ្នាទៅ​​​វិញ​​​ទៅ​​​មក និងឱ្យគ្រីស្តបរិស័ទទាំង​អស់រួមគ្នាជា​ធ្លុង​តែមួយដែរ” (LG ២៣)។ “សម្ដេចប៉ាបមានអំណាច​​​ពេញលេញ​​​លើព្រះសហគមន៍ គឺអំណាចដ៏ខ្ពង់ខ្ពស់​បំផុត​​​​និង​សកល​​​ ដែលលោកអាច​​​បម្រើដោយសេរីជានិច្ច ព្រោះលោកទទួលបន្ទុកជាតំណាងព្រះគ្រីស្ត និងជាគង្វាល​នៃ​ព្រះ​សហគមន៍ទាំងមូល” (LG ២២)។

៨៨៣. ក្រុមលោកអភិបាល “មានអំណាច (...) លុះត្រាតែក្រុមអភិបាលនេះ ​រួមជា​មួយ​សម្ដេចប៉ាប ជាមេដឹកនាំក្រុម​អភិបាល​នោះ”​​។ ក្រុមអភិបាលនេះ “ក៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត និងមានអំណាចពេញលេញលើព្រះ​សហគមន៍​​ទាំង​​​មូល​ លុះត្រាតែក្រុម​អភិបាលនេះរួមជាមួយអភិបាលព្រះ​​​សហគមន៍ក្រុងរ៉ូម” (LG ២២)។

៨៨៤. “ក្រុមអភិបាលមានអំណាចលើព្រះសហគមន៍ទាំងមូល យ៉ាងឱឡារិក ក្នុងមហាសន្និបាតសាកល” (CIC ៣៣៧,១)។ “មានមហាសន្និបាតសាកល លុះត្រាតែ​​​អភិបាលដែល​បន្តមុខងារ​​ពី​​លោកសិលាមកបញ្ជាក់ ឬយ៉ាង​ហោច​​ណាស់ សុខចិត្តទទួល​​​មហាសន្និបាតនោះ​​​” (LG ២២)។

៨៨៥. “ដោយក្រុមអភិបាលនេះមានផ្នែកជាច្រើនផ្សេងៗពីគ្នាយ៉ាងណា ក្រុមនេះបង្ហាញបញ្ជាក់ថា ប្រជារាស្ត្រ​របស់ព្រះជាម្ចាស់ក៏មានផ្នែកជាច្រើនផ្សេងៗ​​​ពីគ្នា និងជាប្រជារាស្រ្តសាកលយ៉ាងនោះដែរ។ ​​​ដោយ​ក្រុមអភិបាល​នោះ​​​​​​​​​​រួមគ្នាក្រោមអំណាចមេដឹកនាំតែមួយយ៉ាងណា   ក្រុមនេះក៏បង្ហាញបញ្ជាក់ថា  ហ្វូងរបស់ព្រះ    ​​​គ្រីស្តរួមគ្នា​​​ជាធ្លុង​​​តែ​​មួយ​​​យ៉ាង​​​នោះ​​​ដែរ” (LG ២២)។

៨៨៦. “អភិបាលម្នាក់ៗ តាម​​​ចំណែក​​​​​​រៀង​​​ៗខ្លួន ក៏ជាគោល ​​​និងជាគ្រឹះធ្វើឱ្យព្រះសហគមន៍​​​​​​ភូមិភាគរបស់ខ្លួន រួប​រួម​គ្នាជាធ្លុងតែមួយ​ដែរ” (LG ២៣)។ “អស់លោកប្រើអំណាច តាមចំណែករៀងៗខ្លួន ក្នុងឋានៈ​ជា​គង្វាល​លើ​ផ្នែក​នៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្ញើមកអស់​លោក” (LG ២៣) ដោយមានលោកបូជាចារ្យ និងលោកឧបដ្ឋាកជួយផង។ ប៉ុន្តែ ក្នុងឋានៈជាសមាជិកក្រុមអភិបាល ម្នាក់ៗចូលរួមចំណែកក្នុងការយកចិត្តទុក​ដាក់លើព្រះសហគមន៍ទាំងឡាយ (CD ៣) "ដោយ (...) ត្រួតត្រា​ព្រះសហគមន៍​​​​​របស់ខ្លួន​​​ផ្ទាល់ ទុកជាចំណែកមួយ​​​នៃ​ព្រះសហគមន៍​​​​​សាកល អស់លោកសហការគ្នាយ៉ាងស័ក្តិសិទ្ធ ​ដើម្បីជាប្រយោជន៍​របស់​ព្រះ​កាយ​​ដ៏អាថ៏កំបាំង​​​របស់​​​​​​​​ព្រះ​​​គ្រីស្ត ដែលជាព្រះកាយរបស់ព្រះសហគមន៍ទាំងឡាយដែរ” (LG ២៣)។ ជាពិសេស គេនឹងយកចិត្តទុក​ដាក់នឹងជនក្រីក្រ អ្នកដែលត្រូវគេបៀតបៀនព្រោះតែជំនឿ និងសាសនទូត ដែលប្រកាសដំណឹងល្អលើផែនដី​ទាំងមូល។

៨៨៧. ព្រះសហគមន៍ភូមិភាគ ដែលនៅជិតគ្នា និងដែលមានវប្បធម៌ស្រដៀងគ្នា ទៅជាខេត្តព្រះ   សហគមន៍ ឬ​ក្រុម​​ធំ​ជាង ដែលគេហៅថា តំបន់។ អភិបាលនៃក្រុមនោះអាចប្រជុំគ្នាជាសន្និបាតខាងខេត្តដែរ។ “ក្រុមអភិបាល​តាម​​ប្រទេស​នីមួយៗ​​​អាចជួយ​​​សហការ​​​គ្នា​​​តាមរបៀបផ្សេងៗដែលបង្កើតផល បាន​បញ្ជាក់​ថា​គោលបំណង​នៃក្រុម​អភិបាល​​​​​ណែនាំព្រះសហគមន៍រួម កើតជារូបរាងយ៉ាងជាក់ច្បាស់ហើយ” (LG ២៣)។

ក្រុមអភិបាល និងសម្ដេចប៉ាបមានបន្ទុកបង្រៀនគ្រីស្តបរិស័ទ

៨៨៨. លោកអភិបាលរួមជាមួយលោកបូជាចារ្យ ដែលជាសហការីរបស់លោក “មានភារកិច្ចសំខាន់ជាងគេ ប្រកាស​​ដំណឹង​ល្អរបស់ព្រះជាម្ចាស់ចំពោះមនុស្សទាំងអស់” (PO ៤) តាមព្រះបញ្ជារបស់ព្រះអម្ចាស់ (មក ១៦,១៥)។ អស់លោក “ជាអ្នក​​​ប្រកាសជំនឿ ដែលនាំសាវ័កថ្មីមករកព្រះគ្រីស្ត គេក៏ជាគ្រូគួរឱ្យជឿទុកចិត្ត” នៃ​ជំនឿ​​ដែលមកពីក្រុមគ្រីស្តទូត “គឺជាគ្រូដែលទទួល​អំណាច​​​របស់​​​ព្រះ​​​គ្រីស្ត” (LG ២៥)។

៨៨៩. ដើម្បីឱ្យព្រះសហគមន៍នៅតែរក្សាទុកជំនឿដ៏បរិសុទ្ធ ដែលក្រុមគ្រីស្តទូតបានបញ្ជូន ព្រះ   គ្រីស្តសព្វ​ព្រះ​​​​​​​ហឫទ័យ​ប្រគល់ឱ្យព្រះសហគមនន៍មិនអាចភ័ន្តច្រឡំបានទេ រួមជាមួយព្រះអង្គ ដែល​ទ្រង់​ជា​សេចក្ដី​ពិត។ ដោយ “ជំនឿហួសធម្មជាតិ” ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ “ក៏ភ្ជាប់ចិត្តនឹងលទ្ធិ​នៃជំនឿ​ផ្ដាច់​មិន​បាន” ក្រោម​​ក្រុម​​មេដឹកនាំ​ដ៏រស់រវើករបស់ព្រះសហគមន៍ (LG ១២)។

៨៩០. បេសកកម្មរបស់ក្រុមមេដឹកនាំទាក់ទងនឹងលក្ខណៈជាស្ថាពររបស់សម័្ពន្ធមេត្រី ដែលព្រះជាម្ចាស់បាន​ចង ក្នុងអង្គព្រះគ្រីស្ត ជាមួយប្រជារាស្រ្តព្រះអង្គ។ ក្រុមមេដឹកនាំក៏ត្រូវតែការពារប្រជារាស្រ្តនេះ កុំ    ឱ្យគេវង្វេង​ ឬកុំ​ឱ្យមានការខ្វះខាតអ្វីឡើយ ហើយដើម្បីធានាថា គេប្រកាសជំនឿដ៏ពិតប្រាកដដោយគ្មានកំហុសឡើយ។ ក្រុម​​មេ​​ដឹក​នាំមានបន្ទុកប្រុងប្រយ័ត្នឱ្យប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងសេចក្ដីពិត ដែលនាំ​ឱ្យ​មាន​​​សេរីភាព​​ពេញទី។ ដើម្បី​បំពេញកិច្ចបម្រើនេះ ព្រះគ្រីស្តបានប្រទានឱ្យពួកគង្វាល​មានព្រះអំណោយទាន​មិន​​អាច​ភ័ន្តច្រឡំបាន ក្នុង​វិស័យ​​លទិ្ធជំនឿ និងសីលធម៌។ ពួកគេអាចប្រើព្រះអំណោយទាននេះតាមរបៀបពីរ៖

៨៩១. “សម្ដេចប៉ាបមាន​ឯក​សិទ្ធិ​​​មិនអាច​​​ភ័ន្ត​​​ច្រឡំបាន ក្នុងឋានៈលោកទទួលបន្ទុកជាមេដឹកនាំក្រុមអភិបាល និង​​​​​ក្នុងឋានៈជាគង្វាល និងជាគ្រូដ៏ខ្ពង់ខ្ពស់បំផុត​​​របស់​​​គ្រីស្តបរិស័ទទាំងឡាយ។ លោកទទួលភារកិច្ចគាំទ្រ​បងប្អូន​ក្នុ​ងជំនឿ។ នៅពេលលោកប្រកាស​​​អំពីប្រការមួយក្នុងវិស័យលទិ្ធនៃជំនឿ ​​​និងសីលធម៌ ទាំងបញ្ចេញ​​​ឯកសារ​​​​​​ជា​ស្ថាពរ លោកមិន​អាច​ភ័ន្តច្រឡំបានឡើយ” (...)។ ក្រុមអភិបាល​ក៏​មិនអាចភ័ន្តច្រឡំបានដែរ តាមព្រះបន្ទូល​សន្យា​មកព្រះសហគមន៍ថា ​​​មិនអាចភ័ន្តច្រឡំបាន នៅពេល​​​ក្រុម​អភិបាល​​បំពេញមុខ​​​ងារបង្រៀន​​​យ៉ាងខ្ពង់ខ្ពស់ រួម​ជាមួយ​សម្ដេចប៉ាបដែលបន្ត​មុខងារពីគ្រីស្តទូត​​​សិលា​មក” ជាពិសេសក្នុងមហាសន្និបាតសាកល (LG ២៥ ; DS ៣០៧៤)។ នៅពេលដែលព្រះសហគមន៍ តាមរយៈក្រុមមេដឹកនាំ ពន្យល់ “នូវអ្វីៗ

ដែលត្រូវជឿទុកជាសេចក្ដី ដែល​ព្រះ​ជាម្ចាស់បានសម្ដែងឱ្យមនុស្សលោកស្គាល់” (DV ១០) និងទុកជាសេចក្ដីប្រៀនប្រដៅរបស់​ព្រះ​គ្រីស្ត “គ្រីស្ត​បរិស័ទ​ត្រូវតែភ្ជាប់ចិត្តនឹងសេចកី្តបញ្ជាក់​គោលលទ្ធិ ដោយ​ស្តាប់បង្គាប់ក្នុងឋានៈជាអ្នកផ្ញើជីវិត​លើព្រះ​គ្រីស្ត” (LG ២៥)។ ព្រះសហគមន៍ក៏មិនអាចភ័ន្តច្រឡំបាន ក្នុងករណីថែរក្សា និងពន្យល់​​​ដោយ​ស្មោះ​​​នូវ​សេចក្តី​​​​ដែល​​​​ព្រះ​​​ជាម្ចាស់បាន​​​សម្តែងឱ្យមនុស្សលោកស្គាល់ដែរ (LG ២៥)។

៨៩២. ព្រះជាម្ចាស់ជួយឧបត្ថម្ភអ្នកបន្តមុខងារពីក្រុមគ្រីស្តទូត ដែលបង្រៀនរួមជាមួយអ្នកបន្តមុខងាររបស់​លោក​​សិលា តាមរបៀបពិសេស រួមជាមួយលោកអភិបាលទីក្រុងរ៉ូម ជាគង្វាលនៃព្រះសហគមន៍​ទាំងមូល​ដែរ។ ព្រះជាម្ចាស់​ជួយឧបត្ថម្ភពួកលោក ក្នុងឋានៈជាក្រុមមេដឹកនាំធម្មតា នៅពេល​ដែលគេបង្រៀននូវលទ្ធិ​នៃ​ជំនឿ និងសីលធម៌ ដែលនាំឱ្យយល់កាន់តែ​ច្បាស់​សេចក្ដី ដែលព្រះជាម្ចាស់បានសម្ដែងឱ្យ​មនុស្សលោក​ស្គាល់ ទោះបីគេមិនបានបញ្ជាក់គោលលទ្ធិដោយមិនអាចភ័ន្តច្រឡំបានទេ និង “ជាស្ថាពរ”។ គ្រីស្តបរិស័ទធម្មតា​ត្រូវតែ “យល់ស្របអស់ពីចិត្តគំនិត” (LG ២៥) នូវការប្រៀនប្រដៅធម្មតានេះ។ ទោះបីគ្រីស្តបរិស័ទមិន​ត្រូវភ្ជាប់​ចិត្ត​នឹងសេចកី្ត​បញ្ជាក់​​​គោល​លទ្ធិយ៉ាងណាក៏ដោយ ក៏គ្រីស្តបរិស័តត្រូវយល់ស្របនឹងសេចក្ដីនោះដែរ។

ក្រុមអភិបាល និងសម្ដេចប៉ាបមានបន្ទុកណែនាំគ្រីស្តបរិស័ទឱ្យបានវិសុទ្ធ

៨៩៣. លោកអភិបាល “ទទួលខុសត្រូវនិងចែកចាយព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ ក្នុងឋានៈ​លោក​ជា​បូជាចារ្យដ៏ខ្ពង់​ខ្ពស់​បំផុត” (LG ២៦) ជាពិសេសក្នុងអភិបូជា ដែលលោកថ្វាយដោយខ្លួនលោកផ្ទាល់ ឬដោយ​​ចាត់​ចែង​ឱ្យលោកបូជាចារ្យជាសហការីរបស់លោកថ្វាយ ដ្បិតអភិបូជាជាស្នូលនៃព្រះ       សហគមន៍​ភូមិ​ភាគ។ លោកអភិបាល និងលោកបូជាចារ្យណែនាំព្រះសហគមន៍ឱ្យបានវិសុទ្ធ ដោយអធិដ្ឋាន និងធ្វើការ ដោយ​​ប្រកាស​ព្រះបន្ទូល និងផ្ដល់អគ្គសញ្ញា។ ពួកលោកណែនាំព្រះសហគមន៍ឱ្យបានវិសុទ្ធដោយធ្វើជាគំរូ៖ “កុំប្រើអំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឱ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់​ហ្វូង​​​​​​​​ចៀម​​វិញ” (១ពត្រ ៥,៣)។ ហេតុនេះ “អស់លោកអាចឈាន​​​ទៅដល់ព្រះ​​​ជន្មរបស់ព្រះជាម្ចាស់ រួមជាមួយ​ហ្វូង​ដែល​​​ព្រះអង្គបានផ្ញើ​លើ​អស់លោក” (LG ២៦)។

 ក្រុមអភិបាល និងសម្ដេចប៉ាបមានបន្ទុកដឹកនាំព្រះសហគមន៍

៨៩៤. “អស់លោកអភិបាលទទួលបន្ទុកលើព្រះសហគមន៍តាមភូមិភាគ ក្នុងឋានៈខ្លួនជាតំណាង និងជាទូត​​​របស់​ព្រះ​​​​គ្រីស្ត។ ដូច្នេះអស់លោកណែនាំព្រះសហគមន៍ភូមិភាគដោយទូន្មាន ដោយលើកទឹកចិត្ត ដោយធ្វើជាគំរូដាក់​គេ ហើយ​​​​​​ដោយ​​​ប្រើ​​​អំណាច​​របស់លោកក្នុងឋានៈអស់លោកជាអ្នកទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើព្រះសហគមន៍” (LG ២៧)។ ប៉ុន្តែ អស់លោកមិនអាចប្រើអំណាច​​​នេះ​​​តាមអំពើ​​​ចិត្តបានទេ គឺលោកត្រូវប្រើអំណាចនេះ ​ដើម្បី​សាង​សង់គ្រីស្តបរិស័ទ ដោយបម្រើគេ ដូចម្ចាស់របស់អស់លោក (លក ២២,២៦-២៧)។

៨៩៥. “អស់លោកអភិបាលប្រើអំណាចនេះក្នុងនាមព្រះគ្រីស្ត ជាអំណាចរបស់លោកផ្ទាល់ ជាអំណាចធម្មតា​និង​​ជា​អំណាចចំលើគេ។ ក៏ប៉ុន្តែ នៅពេលប្រើអំណាចនេះ អស់លោកត្រូវអនុវត្តតាមការគ្រប់គ្រង​នៃអំណាច​ដ៏ខ្ពង់​ខ្ពស់​​បំផុតរបស់សម្ដេចប៉ាប” (LG ២៧)។ ប៉ុន្តែ មិនត្រូវចាត់ទុកអស់លោកអភិបាលជាតំណាងរបស់សម្ដេចប៉ាប​ប៉ុណ្ណោះ​ទេ ដែលអំណាចធម្មតា និងលើព្រះសហគមន៍ មិនលុបបំបាត់អំណាច​​របស់ពួកលោក តែផ្ទុយទៅវិញ ពង្រឹង និងការពារអំណាចនេះ ។ អស់លោកត្រុវប្រើអំណាចដោយរួមជាមួយព្រះសហគមន៍ទាំងមូល ដោយមានសម្ដេចប៉ាបណែនាំ។

៨៩៦. គង្វាលដ៏ល្អនឹងធ្វើជាគំរូ និងជា “រូបរាង” របស់លោកអភិបាលដែលមានបន្ទុកដឹកនាំព្រះ     សហគមន៍។ ដោយ​ដឹងខ្លួនពីភាពទន់ខ្សោយរបស់ខ្លួន “លោកអភិបាលអាច​​អធ្យាស្រ័យ​ដល់​មនុស្ស​ល្ងិតល្ងង់​ និង​មនុស្ស​​​​វង្វេង​បាន‌​។ ហេតុនេះ លោកត្រូវយកចិត្តទុកដាក់ស្តាប់អ្នកដែលស្ថិតនៅក្រោមអំណាចរបស់លោក និងយកចិត្តទុកដាក់​ស្រឡាញ់​​គេទុកជាកូនដ៏ពិត​​​ប្រាកដ” (...)។ “រីឯគ្រីស្តបរិស័ទវិញ គេត្រូវភ្ជង់ចិត្តស្រឡាញ់​អភិបាល​របស់ខ្លួន ដូច​ព្រះ​សហគមន៍ភ្ជង់ចិត្តស្រឡាញ់ព្រះគ្រីស្ត និងដូចព្រះគ្រីស្តភ្ជង់ចិត្តស្រឡាញ់ព្រះបិតា” (LG ២៧)៖

សូមទាំងអស់គ្នាដើរតាមលោកអភិបាល ដូចព្រះយេស៊ូគ្រីស្ត {ដើរតាម} ព្រះបិតារបស់ព្រះអង្គ ហើយក្រុមលោកបូជាចារ្យដើរតាមក្រុមគ្រីស្តទូតផងដែរ។ ឯចំពោះពួកលោកឧបដ្ឋាកវិញ សូមគោរពពួកលោកដូចបងប្អូនគោរព​ធម្មវិន័យរបស់ព្រះជាម្ចាស់ដែរ។ សូមកុំឱ្យនរណាម្នាក់ធ្វើអ្វីមួយ ដែលទាក់ទងនឹងព្រះសហគមន៍ ក្រៅពី​លោក​​អភិបាលឱ្យសោះ (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។

២. គ្រីស្តបរិស័ទធម្មតា

៨៩៧. “ឈ្មោះ “គ្រីស្តបរិស័ទធម្មតា” ជាគ្រីស្តបរិស័ទដែលមិនបានទទួលអគ្គសញ្ញាតែងតាំង​​​ជាអ្នកបម្រើ​​​ព្រះ​សហគមន៍ និងមិនមែនជាបព្វជិតបព្វជិតា ដែលព្រះសហគមន៍ទទួលស្គាល់ជាផ្លូវការទេ។ “គ្រីស្តបរិស័ទធម្មតា” ជាគ្រីស្ត​បរិស័ទដែលចូលក្នុង​​​ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយអគ្គសញ្ញាជ្រមុជទឹកប្រោសឱ្យគេរួមក្នុងអង្គ​ព្រះ​គ្រីស្ត។ ពេលនោះគេទទួលមុខងារ ជាបូជាចារ្យ ជាព្យាការី និងជាស្តេចរបស់ព្រះអង្គតាមរបៀបរបស់គេ។ គេ​បំពេញ​​បេសកកម្មរ​​​បស់​​​ប្រជាជនគ្រីស្តបរិស័ទទាំងមូល នៅក្នុងព្រះសហគមន៍និងនៅក្នុងពិភពលោក តាម​ចំណែក​​​​​​រៀងៗ​ខ្លួន” (LG ៣១)។

 ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតា

៨៩៨. “ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទធម្មតាឱ្យស្វែងរកព្រះរាជ្យរបស់ព្រះអង្គ ​​​​​​ដោយត្រួតត្រា​​​កិច្ចការក្នុង​លោក​​នេះ ដែលគេចាត់ចែងតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ (...)។ គ្រីស្តបរិស័ទធម្មតាទាំងនេះ មានភារកិច្ច​​​ផ្ទាល់​យ៉ាងពិសេស​​​ គឺបំភ្លឺនិង​តម្រង់​អ្វីៗ​ទាំងអស់ ក្នុងលោកីយ៍ ដែលគេរស់ភ្ជាប់ជាមួយនោះ ដើម្បី  ឱ្យ​អ្វីៗ​ទាំង​នោះ​កើត​ឡើង និងចម្រើនតាមព្រះគ្រីស្តជានិច្ច និង​​​សម្រាប់លើកតម្កើងសិរិរុងរឿងព្រះ ដែលបង្កើត និង​សង្គ្រោះ​មនុស្ស​លោក” (LG ៣១)។

៨៩៩. គ្រីស្តបរិស័ទធម្មតាត្រូវតែមានគំនិតថ្មីជាចាំបាច់ កាលបើត្រូវរកឱ្យឃើញ និងបង្កើតមធ្យោបាយ ដើម្បី​ឱ្យ​លទ្ធិនៃគ្រីស្តសាសនា និងរបៀបរស់នៅរបស់គ្រីស្តបរិស័ទ ជ្រាប​ចូល​ក្នុង​សង្គម នយោបាយ និង​សេដ្ឋកិច្ច ហើយដែលជាការធម្មតានៃជីវិតរបស់ព្រះសហគមន៍៖

គ្រីស្តបរិស័ទធម្មតាស្ថិតនៅខាងមុខនៃជីវិតព្រះសហគមន៍ ។ ដោយសារពួកគេ ព្រះសហគមន៍ជាគោលដ៏សំខាន់​ដល់​ជីវិតនៃសង្គម។ ហេតុនេះ ពួកគេត្រូវតែដឹងខ្លួនកាន់តែច្បាស់ៗថា ពួកគេមិនគ្រាន់តែជាកម្មសិទ្ធិ​របស់ព្រះ​សហគមន៍​ប៉ុណ្ណោះទេ ថែមទាំងពួកគេជាព្រះសហគមន៍ គឺសហគមន៍នៃគ្រីស្តបរិស័ទនៅលើផែនដីនេះ ដោយ​សម្ដេច​ប៉ាបជាប្រធាន​​ រួមជាមួយលោកអភិបាលជាអ្នកជួយណែនាំ។ ពួកគេជាព្រះសហគមន៍ (សម្ដេច​ប៉ាបពីយ៉ូស​ទី​១២ CL ៩)។

៩០០. ដោយសារអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាស ព្រះជាម្ចាស់ផ្ញើគ្រីស្តបរិស័ទធម្មតាឱ្យមានមុខងារ​ប្រកាស​​ដំណឹង​ល្អ ដូចគ្រីស្តបរិស័ទឯទៀតៗទាំងអស់គ្នាផងដែរ។ គ្រីស្តបរិស័ទធម្មតាមានកាតព្វកិច្ច និងមាន​សិទ្ធិ ដោយខ្លួនគេ​ផ្ទាល់ ឬដោយរួមជាសហគមន៍ ធ្វើការដើម្បីឱ្យមនុស្សទាំងអស់ នៅលើផែនដីទាំងមូល ស្គាល់ និងទទួលសាររបស់​​ព្រះ​ជាម្ចាស់អំពី​ការសង្រ្គោះ។ ជាពិសេស ពួកគេត្រូវតែប្រកាសសារនេះជាចាំបាច់ នៅ​​ពេល​ដែលមនុស្សលោកអាច​ស្ដាប់​ឮអំ​ពីដំនឹងល្អ និង​​ស្គាល់ព្រះគ្រីស្តបាន តាមរយៈពួកគេតែប៉ុណ្ណោះ។ ​ក្នុង​ព្រះ​សហគមន៍​ កិច្ចការរបស់ពួកគេពិតជាចាំបាច់ បើពួកគេមិនបំពេញកិច្ចការនេះ ពួកគង្វាលមិនអាចបង្កើត​ផលបានបរិបូរណ៍​​សោះ​ឡើយ។

គ្រីស្តបរិស័ទធម្មតាទទួលចំណែកក្នុងបន្ទុករបស់ព្រះគ្រីស្តជាបូជាចារ្យ

៩០១. “​​​ដោយគ្រីស្តបរិស័ទធម្មតា​ថ្វាយខ្លួនទៅ​ព្រះ​គ្រីស្ត និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ​​​ចាក់ប្រេងអភិសេកគេ ព្រះ​​​​​ជា​​​ម្ចាស់ត្រាស់​ហៅ​​​គ្រីស្តបរិស័ទធម្មតាឱ្យមានបេសកកម្ម​ដ៏ល្អប្រសើរ និងមានគ្រប់មធ្យាយបាយ ​​​បណ្តោយឱ្យ​​​ព្រះ​វិញ្ញាណបង្កើត​​​ផល​​​កាន់តែច្រើនឡើងៗ​នៅក្នុងខ្លួនគេ។ កិច្ចការធម្មតាទាំងអស់ ដែលគេប្រព្រឹត្ត​​​ប្រចាំថ្ងៃ ពាក្យ​អធិដ្ឋាន ​​និងកិច្ចការរបស់គេ ក្នុងឋានៈជា​គ្រីស្តទូត ការរស់នៅ​ជាគូស្វាមីភរិយា​​​ ការរស់នៅ​ក្នុងក្រុម​គ្រួសារ ការនឿយ​​​ហត់​​​ដើម្បីចិញ្ចឹមជីវិត ការសម្រាក​​​ទាំង​​​​​​រូបកាយក្ដី ទាំងចិត្តគំនិតក្ដី (លុះត្រាតែគេប្រព្រឹត្តការ​ទាំង​​​​នោះ​​​​រួមជាមួយព្រះ​​​វិញ្ញាណ​​​​​​របស់ព្រះជាម្ចាស់) សូម្បីតែទុក្ខលំបាក​​​ប្រចាំ​ជីវិត (លុះត្រាតែគេស៊ូទ្រាំដោយអត់ធ្មត់​ខន្តី) ក៏សុទ្ធតែត្រឡប់ទៅ​​​ជា «យញ្ញបូជាខាង​វិញ្ញាណជាទីគាប់់ព្រះ​​​ហឫទ័យ​​​ព្រះជាម្ចាស់ ដោយសារ​ព្រះយេស៊ូ​គ្រីស្ត»(១សល ២,៥)។​​​ ពេលគេ​​​ថ្វាយអភិបូជា គេថ្វាយតង្វាយទាំងនោះ​ទៅព្រះបិតា រួម​​​ជាមួយ​ព្រះកាយ​ព្រះអម្ចាស់ ដោយគោរព​​​ប្រណិប័តន៍។ ធ្វើដូច្នោះ គ្រីស្តបរិស័ទ​ធម្មតា ប្រសិទិ្ធ​​​ពិភពលោក​ទាំងមូល​ថ្វាយ​ទៅ​ព្រះ​បិតា និងគោរពក្រាបថ្វាយ​​​បង្គំ​​​ព្រះបិតា​​​នៅគ្រប់​ទីកន្លែង ដោយរស់នៅបែបវិសុទ្ធ” (LG ៣៤ ; LG ១០)។

៩០២. តាមរបៀបពិសេស មាតាបិតារួមចំណែកទទួលបន្ទុកណែនាំឱ្យបានវិសុទ្ធ “នៅពេលដែលគាត់មានរបៀបរស់នៅ​ជាស្វាមីភរិយារតាមលក្ខណៈជាគ្រីស្តបរិស័ទ ហើយអប់រំកូនៗតាមគ្រិស្តសាសនា (CIC ៨៣៥,៤)។

៩០៣. បើគេមានលក្ខណៈត្រឹមត្រូវ ព្រះសហគមន៍អាចទទួលគ្រីស្តបរិស័ទធម្មតាឱ្យធ្វើជាអ្នកបម្រើព្រះបន្ទូល និងអ្នកបម្រើអាសនៈ ដោយស្ថិតស្ថេរ (CIC ២៣០,១)។ “នៅពេលដែលព្រះសហគមន៍ត្រូវការ បើគ្មានអ្នក​បាន​ទទួល​​មុខងារ​បម្រើ​ព្រះសហគមន៍ ហើយទោះបីគេមិនមែនជាអ្នកបម្រើព្រះបន្ទូល និងអ្នកបម្រើអាសនៈក៏ដោយ​ ក៏គ្រីស្ត​បរិស៍ទ​​ធម្មតាអាចបំពេញមុខងារខ្លះៗដូចជាប្រកាសព្រះបន្ទូល ណែនាំការអធិដ្ឋានខាងពិធីបុណ្យ ផ្ដល់​បុណ្យ​​ជ្រមុជទឹក និងផ្ដល់ព្រះកាយដ៏វិសុទ្ធរបស់ព្រះគ្រីស្ត តាមច្បាប់ព្រះសហគមន៍” (CIC ២៣០,៣)។

គ្រីស្តបរិស័ទធម្មតាទទួលចំណែកនៃបន្ទុករបស់ព្រះគ្រីស្តជាព្យាការី

៩០៤. “ព្រះគ្រីស្តបំពេញមុខងារជាព្យាការី​​ (...)  មិនគ្រាន់តែដោយសារអស់លោកអភិបាល​ ដែលបង្រៀន​ក្នុង​ព្រះ​នាម​ព្រះអង្គ​​​ និងដែលប្រកបដោយអំណាច​របស់ព្រះអង្គ​​​ប៉ុណ្ណោះទេ តែព្រះអង្គក៏បន្តបំពេញ​មុខងារនេះ​ដោយសារ​គ្រីស្តបរិស័ទធម្មតាដែរ គឺព្រះអង្គប្រោសឱ្យ​​​គ្រីស្តបរិស័ទទាំងនោះ​​​ទៅជាសាក្សីរបស់ព្រះ   អង្គ។ ព្រះអង្គ​ប្រោសគេឱ្យមានជំនឿជ្រៅក្នុងចិត្ត​ស្របគ្នា និងប្រោសឱ្យ​គេ​អាចថ្លែងព្រះបន្ទូល​​​បាន​​​ផង​” (LG ៣៥)៖

អ្នកប្រកាសដំណឹងល្អគ្រូបៗរូប ហើយសូម្បីតែអ្នកជឿម្នាក់ៗ មានភារកិច្ចបង្រៀនអ្នកដទៃ ដើម្បីនាំគេ  ឱ្យជឿ (សន្ត ថូម៉ាស នៃអាកាំង)។

៩០៥. គ្រីស្តបរិស័ទធម្មតាបំពេញមុខងារជាព្យាការី ដោយប្រកាសដំណឹងល្អ គឺគេ “ប្រកាសដំណឹងល្អអំពី​ព្រះ​គ្រីស្ត ដោយការរស់នៅរបស់គេផ្តល់សក្ខីភាពផង និងដោយពោល​​​ពាក្យសម្តីផង”។ សម្រាប់គ្រីស្តបរិស័ទធម្មតា “ការ​ប្រកាសដំណឹង​​​ល្អ​​​នេះ មាន​លក្ខណៈ​ពិសេស និងមានប្រសិទិ្ធភាពយ៉ាងខ្លាំង ព្រោះគេប្រកាសដំណឹង​​​ល្អ ​​​ក្នុង​សភាពការណ៍​ធម្មតា​​​របស់​​​មនុស្ស​លោក” (LG ៣៥)។

ការប្រកាសដំណឹងល្អនេះ មិនគ្រាន់តែស្ថិតនៅក្នុងការរស់នៅរបស់គ្រីស្តបរិស័ទប៉ុណ្ណោះទេ គឺគ្រីស្តទូតយ៉ាងពិតប្រាកដស្វែងរកឱកាសនីមួយៗដើម្បីប្រកាសព្រះគ្រីស្ត ដល់អស់អ្នកដែលមិនជឿផង (...) ​និងដល់គ្រីស្តបរិស័ទឯ​ទៀតៗ​ផង (AA ៦)។

៩០៦. ក្នុងចំណោមគ្រិស្តបរិស័ទធម្មតា អស់អ្នកដែលអាចធ្វើបាន ហើយដែលទទួលការអប់រំ អាចជួយបង្រៀនអប់រំជំនឿ (CIC ៧៧៤ ; ៧៧៦ ; ៧៨០ ) ទេវវិទ្យាដ៏វិសុទ្ធ (CIC ២២៩) និងមធ្យោបាយទំនាក់ទំនងក្នុងសង្គម (CIC ៨២៣,១)។

៩០៧   ដោយសារកាតព្វកិច្ច បច្ចេកទេស និងកិត្តិយសដែលគេមាន គេមានសិទ្ធិ ហើយជូនកាលគេមានភារកិច្ចបញ្ចេញ​យោបល់របស់គេ ដល់ពួកគង្វាលដ៏វិសុទ្ធ​ ដើម្បីជាផលប្រយោជន៍នែព្រះសហគមន៍ ហើយផ្ដល់យោបល់នេះ​ឱ្យ​គ្រីស្តបរិស័ទ​ឯទៀតៗស្គាល់ ដោយមិនរាប់អំពីលទ្ធិនៃជំនឿដ៏ត្រឹមត្រូវ និងសីលធម៌ ហើយដោយគោរពពួកគង្វាល ទាំង​យក​ចិត្តទុក​ដាក់នូវផលប្រយោជន៍រួម និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស (CIC ២១២,៣)។

 គ្រីស្តបរិស័ទធម្មតាទទួលចំណែកនៃបន្ទុករបស់ព្រះគ្រីស្តជាព្រះមហាក្សត្រ

៩០៨. “ព្រះគ្រីស្តធ្វើ​តាម​ព្រះ​បញ្ជា​រហូត​ដល់​សោយ​ទិវង្គត (ភីល ២,៨-៩) ព្រះអង្គបានប្រគល់អំណាចនេះ ឱ្យ​ក្រុម​សាវ័ក ទ្រង់​ក៏​តែង​តាំង​គេឱ្យមានសេរីភាព ក្នុងឋានៈជាព្រះ​​​មហាក្សត្រ ដើម្បី​រំដោះគេឱ្យបានរួចពីអំណាច​នៃ​បាប​​ដែល​សោយរាជ្យ​​ក្នុងខ្លួនគេផ្ទាល់។ គេត្រូវមានចិត្តលះបង់ និងរស់នៅយ៉ាង​​​វិសុទ្ធ ទើបព្រះអង្គ​ប្រោស​គេឱ្យរួច​បាន” (LG ៣៦)។

. អ្នកណាដែលគ្រប់គ្រងរូបកាយរបស់ខ្លួន និងណែនាំព្រលឹងរបស់ខ្លួន ដោយមិនចុះក្រោមអំណាចនៃ​កិលេស​តណ្ហា ជាម្ចាស់ការលើខ្លួនឯង។ យើងអាចហៅគេថា ជាព្រះមហាក្សត្រ ព្រោះគេចេះណែនាំខ្លួនឯង។ គេ​មានសេរីភាព និង​ឯករាជ្យ ហើយគេមិនមែនជាឈ្លើយនៃតណ្ហាឡើយ (សន្ត អំប្រ័រ)។

៩០៩. “លើសពីនេះទៅទៀត ប្រសិនបើស្ថាប័ននានា និង​​​សភាពនៃការរស់នៅក្នុងពិភពលោក​​​បណ្តាលឱ្យ​ប្រព្រឹត្ត​​​​​​អំពើ​បាប​​​ សូមឱ្យ​​​គ្រីស្តបរិស័ទធម្មតារួមកម្លាំងគ្នាជួយប្រែ និងព្យាបាលស្ថាប័ន និងស្ថានភាព​ទាំងនោះឱ្យ​បាន​​​​សមគួរ ដើម្បីឱ្យ​ស្ថា​​​ប័ន ​និងស្ថានភាពទាំងនោះ បានស្របតាមក្បួននៃយុត្តិធម៌ ហើយ​ជួយមនុស្ស​ឱ្យប្រព្រឹត្ត​តាម​ព្រហ្មវិហារ​ធម៌ លែងរារាំងយុត្តិធម៌​​​ និង​​​ព្រហ្មវិហារធម៌ ដូចពីមុនទៀតឡើយ។ ប្រសិនបើគេប្រព្រឹត្តដូច្នេះ គ្រីស្ត​បរិស័ទនឹងនាំតម្លៃ​ដ៏ថ្លៃថ្នូរ​នៃ​សីលធម៌​ឱ្យជ្រាបចូល​​​ក្នុងវប្បធម៌​​​ និងក្នុងគ្រប់កិច្ចការរបស់មនុស្ស” (LG ៣៦)។

៩១០. “គ្រីស្តបរិស័ទធម្មតាអាចយល់ឃើញថា ព្រះជាម្ចាស់ត្រាស់ហៅគេ ឬព្រះសហគមន៍អាចត្រាស់ហៅគេ​ឱ្យ​​រួមសហការជាមួយពួកគង្វាល និងបម្រើព្រះសហគមន៍ ដើម្បីឱ្យព្រះសហគមន៍រីកចម្រើនឡើង និងមាន​ជីវិត ដោយមានមុខងារផ្សេងៗពីគ្នា តាមការប្រណីសន្តោស និងព្រះអំណោយទាន ដែលព្រះអម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានឱ្យគេ” (EN ៧៣)។

៩១១. ក្នុងព្រះសហគមន៍ “គ្រីស្តបរិស័ទធម្មតាអាចរួមសហការក្នុងការគ្រប់គ្រងព្រះសហគមន៍ តាមក្បួនច្បាប់” (CIC ១២៩,២)។ ហេតុនេះ គេនៅក្នុងក្រុមទីប្រឹក្សាតាមភូមិ (CIC ៤៤៣,៤) តាមភូមិភាគ (CIC ៤៦៣,១.២) និង​តាម​សហគមន៍ (CIC ៥១១ ; ៥៣៦)។ ​គេ​អាចរួមចំណែកក្នុងការទទួលខុសត្រូវលើ​ព្រះ​សហគមន៍​ណាមួយ (CIC ៥១៧,២) រួមសហការជាមួយទីប្រឹក្សាខាងសេធ្ឋកិច្ច (CIC ៤៩២,១) និងក្នុងតុលាការ​ព្រះ​សហគមន៍ (CIC ១៤២១,២) ល។​ល។

៩១២. គ្រីស្តបរិស័ទត្រូវតែ “បង្ហាត់ខ្លួនឱ្យចេះវែកញែកយ៉ាងច្បាស់នូវអ្វីៗ​​​ជាសិទ្ធិ និង​​​ជាភារកិច្ច​របស់ខ្លួនក្នុង​ឋានៈ​​ជាសមាជិកនៃព្រះសហគមន៍ និងអ្វីៗជាសិទ្ធិនិងជាភារកិច្ចរបស់​​​ខ្លួនក្នុងឋានៈជា​​​សមាជិក​​​នៃសង្គមមនុស្ស។ សូម​យកចិត្តទុកដាក់ខិតខំធ្វើឱ្យសិទ្ធិនិងភារកិច្ចទាំងពីរយ៉ាងនេះ ស៊ីសង្វាត់គ្នាទៅវិញ​ទៅ​មក​​​យ៉ាង​​​ស្រួល។​​​ ត្រូវនឹក​ជា​និច្ច​ថា មនសិការជាគ្រីស្តបរិស័ទត្រូវណែនាំគេគ្រប់វិស័យខាងលោកីយ៍ ដ្បិត​គ្មាន​កិច្ចការ​​​ណា​​​មួយរបស់​​​មនុស្ស សូម្បីតែខាងលោកីយ៍ក្ដី អាចជៀសផុតពីអំណាចរបស់ព្រះជាម្ចាស់បានសោះឡើយ” (LG ៣៦)។

៩១៣. “ដូច្នេះ គ្រីស្តបរិស័ទម្នាក់ៗជាសាក្សី​តាមព្រះ​អំណោយ​ទាន​ដែល​ខ្លួនបាន​​​ទទួល។ នៅពេលជា​​​មួយគ្នា​នេះ គេបំពេញបេសកកម្មរបស់ព្រះសហគមន៍ផ្ទាល់ “តាម​កម្រិត​នៃព្រះ​អំណោយ​ទាន​ ដែល​ព្រះគ្រីស្ត​ប្រទាន​មក” (អភ ៤,៧) (LG ៣៣)។

៣. របៀបរស់នៅជាអ្នកថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់

៩១៤. “ទោះបីរបៀបរស់នៅជាបព្វជិតបព្វជិតា ដែលប្រកាសពាក្យសច្ចាប្រណិធានកាន់តាមដំបូន្មានចែងក្នុង​គម្ពីរដំណឹងល្អ មិនចូលក្នុងរចនាសម្ព័ន្ធ​តាមលំដាប់លំដោយរបស់ព្រះសហគមន៍ក្តី ក៏របៀបរស់នៅបែបនេះជាប់​នឹង​​​​ជីវិត​​​ និងលក្ខណៈដ៏វិសុទ្ធរបស់ព្រះសហគមន៍​​​កាត់ផ្ដាច់មិនបានដែរ” (LG ៤៤)។

ដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ និងអ្នកថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់

៩១៥. ព្រះជាម្ចាស់ត្រាស់ហៅសាវ័កម្នាក់ៗរបស់ព្រះគ្រីស្ត ឱ្យប្រពឹ្រត្តតាមដំបូន្មានចែងក្នុង​គម្ពីរដំណឹងល្អ។ ដំបូន្មាន​នោះមានច្រើនផ្សេងៗពីគ្នា។ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទទាំងអស់ឱ្យបានគ្រប់លក្ខណៈ ដោយ​សារ​សេចក្ដីស្រលាញ់ គឺមានសម្រាប់អស់អ្នកដែលថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ ដោយស្ម័គ្រចិត្ត ត្រូវរស់នៅជាព្រហ្មចារី​​​ថ្វាយ​​​ព្រះ​​​ជាម្ចាស់ ដោយរក្សាភាពនូវលីវចំពោះព្រះរាជ្យ រស់នៅបែបអ្នកក្រីក្រ និង​ស្តាប់​បង្គាប់អ្នក​ដឹកនាំ។ អ្នកណាប្រកាសពាក្យសច្ចាប្រណិធានកាន់តាមដំបូន្មាន ក៏ថ្វាយខ្លួនទាំង​ស្រុង​ចំពោះ​ព្រះ​ជាម្ចាស់ (LG ៤២-៤៣ ; PC ១)។

៩១៦. ដូច្នេះ ការថ្វាយខ្លួនជាបព្វជិតបព្វជិតាជារបៀបរស់នៅ “យ៉ាងស្និតស្នាលបំផុត” ជាមួយ​ព្រះជាម្ចាស់ ដែលចាក់ឫសក្នុងបុណ្យជ្រមុជទឹក និងនាំឱ្យយើងបូជាខ្លួន​ទាំងស្រុង​ចំពោះ​ព្រះ​ជាម្ចាស់ (PC  ៥)។ ពេលថ្វាយខ្លួន អ្នកផ្ញើជីវិតទាំងស្រុងលើព្រះគ្រីស្តមានបំណងចង់ ដោយមាន​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​​ណែនាំ ដើរតាមព្រះគ្រីស្តយ៉ាងជិតស្និទ្ធ ថ្វាយខ្លួនចំពោះព្រះជាម្ចាស់ ហើយ​លើសអ្វីៗទាំងអស់ ចង់បង្ហាញ​និង​ប្រកាស​ក្នុង​ព្រះសហគមន៍សិរីរុងរឿង​នៃ​ពិភព​លោក​ថ្មី ដោយធ្វើ​តាម​​សេចក្ដី​ស្រលាញ់ដ៏គ្រប់លក្ខណៈ ក្នុងកិច្ចបម្រើព្រះរាជ្យ (CIC ៥៧៣)។

ដើមឈើធំៗបែកមែកសាខាយ៉ាងច្រើន

៩១៧. “ដំបូន្មានក្នុងគម្ពីរដំណឹងល្អចែងថា​ មាន​​​របៀប​​​រស់​​​នៅ​​​ប្លែកៗពីគ្នា កាន់តែច្រើនឡើង ប្រៀបបី​ដូច​គ្រាប់​​ពូជដែលព្រះជាម្ចាស់សាបព្រោះ កើតជា​ដើមឈើមួយបែក​​​មែក​​​សាខា​​​យ៉ាងច្រើនអស្ចារ្យ​ក្នុងចម្ការរបស់​ព្រះអម្ចាស់   គឺមានអ្នកខ្លះជាឥសី រស់នៅម្នាក់ឯង អ្នក​​ខ្លះ​នាំគ្នា​រស់នៅរួមជាមួយគ្នា   អ្នកខ្លះ​​​បង្កើតក្រុមគ្រួសារ    ​ផ្សេងៗ​ប្រកបដោយធនធានខាងវិញ្ញាណ យ៉ាងស្តុកស្តម្ភ ដែល​មានប្រយោជន៍​ដល់សមាជិក​​​ក្រុម​​​គ្រួសារ​​​​​​ទាំងនោះ​ផង និងដល់ព្រះកាយព្រះគ្រីស្តទាំងមូលផងដែរ” (LG ៤៣)។

៩១៨. “តាំងពីព្រះសហគមន៍ដើមដំបូង មានបុរសនិងស្រ្តី ដែលមានបំណងចង់ដើរតាមព្រះគ្រីស្ត ដោយធ្វើតាមដំបូន្មា​ន​ចែង​​​ក្នុងគម្ពីរដំណឹងល្អ ដោយមានសេរីភាព​ច្រើនជាង និងយកតម្រាប់តាមព្រះអង្គយ៉ាងស្មោះ ។ តាមរបៀប​រៀងៗ​​ខ្លួន គេបានថ្វាយខ្លួនចំពោះព្រះជាម្ចាស់។ ក្នុងចំណោមពួកគេ​ មានមនុស្សជាច្រើន ដោយមានព្រះវិញ្ញាណ​បានណែនាំ រស់នៅតែម្នាក់ឯង ឬបង្កើតក្រុមគ្រួសារបព្វជិតបព្វជិតា ដែលព្រះសហគមន៍ទទួលរាក់ទាក់ ហើយ​យល់ស្របនឹងរបៀបចាត់ចែងរបស់គេ” (PC ១)។

៩១៩. លោកអភិបាលនឹងខិតខំពិចារណា លើព្រះអំណោយទានថ្មីនៃរបៀបរស់នៅជាអ្នកថ្វាយខ្លួន ដែល​ព្រះ​វិញ្ញាណ​ដ៏​​​វិសុទ្ធប្រោសប្រទានឱ្យព្រះសហគមន៍របស់ព្រះអង្គ។ មានតែព្រះសហគមន៍នៅទីក្រុង     រ៉ូមទេ ដែលអាចបញ្ជាក់អំពីរបៀបរស់នៅថ្មីជាអ្នកថ្វាយខ្លួនបាន។

របៀបរស់នៅជាឥសី

៩២០. ឥសីមិនតែងតែប្រកាសពាក្យសច្ចាប្រណិធានជាសាធារុណៈឡើយ។ ពួកគេរស់នៅ “ដាច់​ដោយ​ឡែក​ពី​​លោកកីយ៍ តែម្នាក់ឯងយ៉ាងតឹងរឹងក្នុងភាពស្ងៀមស្ងាត់ ដោយអធិដ្ឋានជានិច្ច និងសោកស្ដាយអំពើបាប​របស់​​ខ្លួ​នឯង និងរបស់អ្នកដទៃ។ ពួកគេបូជាជីវិតរបស់គេ ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងការសង្រ្គោះ​នៃ​ពិភព​លោក” (CIC ៦០៣,១)

៩២១. ពួកគេបង្ហាញគេឯងរាល់គ្នាអំពីភាពខាងក្នុងនៃអាថ៌កំបាំងរបស់ព្រះសហគមន៍ គឺទំនាក់ទំនងយ៉ាងស្និត​ស្នាល​ជាមួយព្រះគ្រីស្ត។ ជីវិតរបស់ឥសី ដែលជាទីសម្ងាត់កំបាំងពីភ្នែកមនុស្សលោក ដូចជាធម្មទេសនាដ៏ស្ងៀមស្ងាត់ ចំពោះព្រះគ្រីស្ត ដែលពួកគេបានបូជាជីវិត ដ្បិតព្រះអង្គជាអ្វីៗទាំងអស់ចំពោះគេ។ ព្រះ  ជាម្ចាស់ត្រាស់ហៅគេយ៉ាង​ពិសេស គឺឱ្យគេរកឃើញសិរីរុងរឿងរបស់​ព្រះ​​គ្រី​ស្តដែលត្រូវគេឆ្កាង ក្នុងវាលរហោស្ថាន គឺក្នុងការច្បាំងប្រយុទ្ធ​​ខាងវិញ្ញាណ។

ស្រ្តីព្រហ្មចារិនីដែលថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់

៩២២.  ចាប់ពីដើមដំបូង ព្រះអម្ចាស់ត្រាស់ហៅស្រ្តីប្រហ្មចារិនីគ្រីស្តបរិស័ទឱ្យជាប់ចិត្តនឹងព្រះអង្គ ដោយ​បូជាខ្លួនទាំងស្រុងថ្វាយព្រះអង្គ (១ករ ៧,៣៤-៣៦)។ ដោយមានការយល់ស្របពីព្រះសហគមន៍ ស្រ្តីនោះ មានសេរីភាព ទាំងចិត្តគំនិត ទាំងរូបកាយ ទាំងវិញ្ញាណ បានប្តេជ្ញារស់នៅជាព្រហ្មចារិនី “ដោយ​សារ​ព្រះ​រាជ្យនៃស្ថានបរមសុខ” (មថ ១៩,១២)។

៩២៣. “ស្រ្តីព្រហ្មចារិនីខ្លះពោលថា​ ចង់ដើរតាមព្រះគ្រីស្តយ៉ាងជិតស្និទ្ធ ដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះ​ជាម្ចាស់​។ ហេតុនេះ លោកអភិបាលភូមិភាគទទួលពួកស្រ្តីនោះ ដោយធ្វើពិធីបុណ្យត្រឹមត្រូវ ព្រះគ្រីស្តជាព្រះ​បុត្រា​របស់ព្រះជាម្ចាស់យកពួកគេធ្វើ​ជាភរិយារ តាមរបៀបយ៉ាងអស្ចារ្យ ដើម្បីឱ្យពួកគេបម្រើព្រះ  សហគមន៍” (CIC ៦០៤,១)។ ដោយសារពិធីយ៉ាងឧឡារិកនេះ (Consecratio virginum) “ព្រះជាម្ចាស់ប្រោស​ស្រ្តីព្រហ្មចារិនី​ឱ្យ​ទៅជាបុគ្គលដ៏សក្ការៈ ជាសញ្ញាសម្គាល់ដ៏ខ្ពង់ខ្ពស់​នៃសេចក្ដីស្រលាញ់​របស់ព្រះសហគមន៍​ចំពោះព្រះ​គ្រីស្ត និងជារូបតំណាង​របស់​​​​ព្រះ​សហគមន៍នៃពេលចុងក្រោយបំផុត ដែលជាព្រះមហេសីនៃស្ថានបរមសុខ និង​ជារូបតំណាងរបស់ជីវិត​ក្នុង​អនាគត” (OCV)។

៩២៤. ក្រុមស្រ្តីព្រហ្មចារិនីដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់ “មានរបៀបរស់នៅស្រដៀងនឹងអស់អ្នកដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់” (CIC ៦០៤,១)​ ធ្វើឱ្យស្រ្តីនោះ ដែលរស់នៅក្នុង​លោកកីយ៍ (ឬ​បព្វជិតា​ដែលរស់នៅក្នុងអារាម) រស់នៅដោយអធិដ្ឋាន សោកស្ដាយអំពើបាបរបស់ខ្លួនឯង និង​របស់​អ្នក​ដទៃ បម្រើបងប្អូនឯទៀតៗ  និងប្រកាសដំណឹងល្អ  តាមលក្ខណៈ  និងព្រះអំណោយទាន   ដែលព្រះជាម្ចាស់បាន​ប្រោស​ប្រទាន    ​ឱ្យម្នាក់ៗ។ ស្រ្តីព្រហ្មចារិនីអាច​ប្រមូលផ្តុំគ្នាជាសហគមន៍ ដើម្បីជួយគ្នាក្នុងការរក្សាទុក​ព្រហ្មចរិយធម៌​​របស់គេយ៉ាងស្មោះស្ម័គ្រ។

របៀបរស់នៅជាបព្វជិត បព្វជីតា

៩២៥. របៀបរស់នៅជាបព្វជិតបព្វជីតាបានកើតឡើង ក្នុងព្រះសហគមន៍ដើមដំបូង នៅបូព៌ាប្រទេស (UR ១៥) ​ហើយ​​បព្វជិត​បព្វជីតាបានរស់នៅក្នុងក្រុមគ្រួសារ ដែលព្រះសហគមន៍បានតែងតាំង តាមក្បួន​ច្បាប់​ព្រះ​សហគមន៍ (CIC ៥៧៣)។ របៀប​រស់នៅជាបព្វជិតបព្វជីតាខុសប្លែកពីរបៀបរស់នៅរបស់អស់អ្នក ដែលថ្វាយ​ខ្លួន​​ទាំងស្រុងចំពោះព្រះ​ជាម្ចាស់ ដោយសារពិធីបុណ្យ ការប្រកាសពាក្យសច្ចាប្រណិធានជាសាធារណៈ ការរស់​នៅជាមួយគ្នាដូចជាបង​ប្អូន        និងដោយសារពួកគេផ្ដល់សក្ខីភាព​ដល់ព្រះគ្រីស្ត​ដែលរួមរស់​ជាមួយ​ព្រះ  ​សហគមន៍ (CIC ៦០៧)។

៩២៦. ​របៀបរស់នៅជាបព្វជិតបព្វជីតាមកពីគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ចំពោះ​ព្រះសហគមន៍ ជា​​ព្រះអំណោយទាន ដែលព្រះ​អម្ចាស់​ប្រោសប្រទាន​ដល់​ព្រះសហគមន៍។ ព្រះសហគមន៍​ផ្ដល់​ដល់គ្រីស្តបរិស័ទ ដែល​​ព្រះជាម្ចាស់ត្រាស់ហៅឱ្យប្រកាសពាក្យសច្ចាប្រណិធាន ឱ្យមានរបៀបរស់នៅដ៏ស្ថិតស្ថេរមួយ។ ហេតុនេះហើយ បានជាព្រះសហគមន៍អាចសម្ដែងព្រះគ្រីស្ត និងទទួលស្គាល់ថា ខ្លួនឯងជាព្រះមហេសីរបស់ព្រះសង្រ្គោះ ផង។ របៀបរស់នៅជាបព្វជិតបព្វជីតាជាសញ្ញាសម្គាល់នៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ផ្ទាល់ ចំពោះ​មនុស្ស​​លោក ក្នុងបច្ចុប្បន្នកាល។

៩២៧. បព្វជិតបព្វជីតាទាំងអស់ ទោះជាមានឯកសិទ្ធពិសេស ឬគ្មាន (CIC ៥៩១) រួមជាមួយសហការី​របស់លោក​អភិបាល​ ក្នុងបន្ទុករបស់លោក។ ចាប់តាំងពី​ពេលប្រកាសដំណឹងល្អដើមដំបូង វត្តមានបព្វជិតបព្វជីតាគ្រប់យ៉ាង​ជា​ចាំបាច់ ដើម្បីតែងតាំង​ព្រះសហគមន៍ និងដើម្បីឱ្យព្រះ​សហគមន៍នោះរីកចម្រើន (AG ១៨ ; ៤០)។ “ប្រវត្តិ​សាស្រ្ត​​បញ្ជាក់​នូវ​បុណ្យ​កុសលដ៏ខ្ពង់ខ្ពស់នៃក្រុមគ្រួសារបព្វជិតបព្វជីតា ក្នុងការផ្សព្វផ្សាយដំណឹងល្អ និងការ​បង្កើត​​ព្រះ​សហគមន៍​ថ្មី តាំងពីវត្តអារាមសម័យបុរាណ និងក្រុមគ្រួសារនៃមធ្យមសម័យ រហូតដល់ក្រុមគ្រួ​សារ​ទាន់​សម័យ” (RM ៦៩)។

ក្រុមគ្រិស្តបរិស័ទដែលថ្វាយខ្លួន តែរស់នៅក្នុងសង្គម

៩២៨. “ក្រុមគ្រិស្តបរិស័ទដែលថ្វាយខ្លួន តែរស់នៅក្នុងសង្គម ជាក្រុម ដែលសមាជិកខិតខំរស់នៅដោយចិត្ត​ស្រលាញ់​ឱ្យបានគ្រប់លក្ខណៈ ហើយដែលព្យាយាមធ្វើឱ្យពិភពលោកបានវិសុទ្ធ ពីខាងក្នុង” (CIC ៧១០)។

៩២៩. ដោយថ្វាយខ្លួនទាំងស្រុង និងឱ្យបានពេញលក្ខណៈ ដើម្បីឱ្យពិភពលោកបានវិសុទ្ធនោះ សមាជិក​​​​ក្រុមគ្រីស្ត​បរិស័ទ​នោះ ចូលរួម​ចំណែកក្នុងបន្ទុកប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ “ក្នុងលោកីយ៍ និង​ចាប់​​ពី​​លោកីយ៍” ដោយប្រព្រឹត្តដូចមេក្នុងម្សៅ” (PC ១១)។ ពួកគេ “ផ្ដល់សក្ខីភាពអំពីរបៀបរស់នៅ​ជាគ្រីស្តបរិស័ទ ដោយមានគោលដៅឱ្យកិច្ចការលោកីយ៍ស្របនឹងព្រះជាម្ចាស់ និងឱ្យកម្លាំងដំណឹង​ល្អ​ចូល​ជ្រាបក្នុង​ពិភព​លោក”។ ពួកគេធ្វើតាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អដោយចងចំណងដ៏សក្ការៈ និងរក្សាទុកការ​រួមរស់​ជាមួយ​គ្នាដូចជាបងប្អូន ដែលជា​លក្ខណៈ​ពិសេសនៃ “របៀបរស់នៅក្នុងសង្គម” របស់គេ (CIC ៧១៣,២)។

សហគមន៍បំពេញមុខងារជាសាសនទូត

៩៣០. រួមជាមួយក្រុមអ្នកថ្វាយខ្លួន “មានសហគមន៍បំពេញមុខងារជាសាសនទូត។ សមាជិក       សហគមន៍នោះ មិនធ្វើសច្ចាប្រណិធាន តែធ្វើតាមគោលដៅនៃសហគមន៍របស់គេទេ។ ពួកគេរស់នៅជាមួយគ្នាដូចជាបងប្អូន ហើយ​នៅតាម​​របៀប​រស់​នៅរបស់រៀងៗខ្លួន ពួកគេព្យាយាមស្រលាញ់ឱ្យបានគ្រប់លក្ខណៈ ដោយ​ធ្វើ​តាមគោលវិន័យ​ក្រុម​គ្រួសារ” (CIC ៧៣១,១)។

អ្នកថ្វាយខ្លួនមានបេសកកម្មប្រកាសថា ព្រះមហាក្សត្រកំពុងយាងមក

៩៣១. អ្នកដែលបានជ្រមុជទឹកបានថ្វាយខ្លួនចំពោះព្រះជាម្ចាស់រួចហើយ តែដោយបូជាខ្លួនថ្វាយព្រះជាម្ចាស់ ដែលគេស្រលាញ់លើសអ្វីៗទាំងអស់ អ្នកនោះថ្វាយខ្លួនយ៉ាងស្និតស្នាល ដើម្បីបម្រើព្រះជាម្ចាស់ និងដើម្បីផលប្រយោជន៍ព្រះសហគមន៍ផងដែរ។ ដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ព្រះសហគមន៍សម្ដែងព្រះគ្រីស្ត និងបង្ហាញនូវកិច្ចការយ៉ាងអស្ចារ្យរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ នៅក្នុងខ្លួន។ អស់អ្នកដែល​ប្រកាសដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អមានបេសកកម្មដំបូងបង្អស់ គឺធ្វើតាមរបៀបរស់នៅជាអ្នកថ្វាយខ្លួន។ “ប៉ុន្តែ​ ដោយសារគេបានថ្វាយខ្លួន ទើបគេប្រគល់ខ្លួនបម្រើព្រះសហគមន៍ ដូច្នះ គេត្រូវតែធ្វើការ​តាម​របៀប​ពិសេសដោយប្រកាសដំណឹងល្អ តាមលក្ខណៈពិសេសនៃក្រុមគ្រួសាររបស់គេ” (CIC ៧៨៣)។

៩៣២. ក្នុងព្រះសហគមន៍ ដែលជាអគ្គសញ្ញា ជាសញ្ញាសម្គាល់ និងឧបករណ៍នៃព្រះជន្មរបស់ព្រះជាម្ចាស់ របៀប​​រស់​នៅជាអ្នកថ្វាយខ្លួនដូចជាសញ្ញាសម្គាល់ពិសេសរបស់គម្រោងការដ៏អស្ចារ្យអំពីការសង្រ្គោះ។ ពេល​យើង​​​​ដើរតាម និងយក​តម្រាប់តាមព្រះយេស៊ូគ្រីស្ត “យ៉ាងស្និទ្ធស្នាលជាង” ពេលយើងសម្ដែង “យ៉ាង​ច្បាស់​ជាង” ថា ព្រះអង្គបាន​បន្ទាប​ខ្លួ​ន​រហូត​​ដល់សោយទិវង្គត ពេលនោះ យើងរួមរស់​យ៉ាង​ជ្រាលជ្រៅ​ជាមួយបងប្អូន​ក្នុង​សង្គម នៅក្នុងអង្គ​ព្រះ​គ្រីស្ត ដ្បិតអស់អ្នកដែលដើរតាម “ផ្លូវដ៏ចង្អៀត” នេះ ជួយដាស់តឿនបងប្អូនគេ ដោយ​ធ្វើ​ជា​គំរូសម្រាប់គេ ហើយផ្ដល់សក្ខីភាព​យ៉ាង​​អស្ចារ្យ​នោះថា “មនុស្ស​លោក​មិនអាចផ្លាស់​​​ប្រែ​​​បាន ហើយក៏មិនអាច​យក​ទៅថ្វាយព្រះជាម្ចាស់បាន ក្រៅពី​ការ​​ប្រៀន​ប្រដៅរបស់ព្រះយេស៊ូ​អំពីសុភមង្គលដ៏ពិត​​​ប្រាកដ” (LG ៣១)។

៩៣៣. ទោះជាសក្ខីភាពនេះ លាតត្រដាងជាសាធារណៈ ដូចរបៀបរស់នៅជាបព្វជិតបព្វជីតាក្ដី​ ឬដោយមិនសូវបញ្ចេញឱ្យគេដឹង​ក្ដី ឬដោយសម្ងាត់ក្ដី ក៏ព្រះគ្រីស្ត ដែលយាងមក នៅតែជាប្រភព និងទីចុងក្រោយនៃជីវិត​របស់អស់អ្នក​ដែល​ថ្វាយ​ខ្លួនដែរ៖

ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គ្មានមាតុភូមិនៅ​​​ស្ថិតស្ថេរក្នុងលោកនេះទេ (...)។ យ៉ាងណាមិញ របៀបរស់នៅជា​​បព្វជិត​បព្វជិតាបង្ហាញបញ្ជាក់យ៉ាងច្បាស់ឱ្យគ្រីស្តបិស័ទទាំងអស់ ស្គាល់អំពីសម្បត្តិសួគ៌ ដែល​​​ស្ថិតនៅក្នុង​​​លោក​​​​នេះ​រួចហើយ​​​។ ពួកគេធ្វើសាក្សីបញ្ជាក់ថា មានជីវិតថ្មីម្យ៉ាង​ស្ថិតនៅ​អស់​​​កល្បជានិច្ច ដែលព្រះ​គ្រីស្ត​បាន​បង្កើត​​​​ដោយព្រះអង្គបូជាព្រះជន្ម។ គេក៏ជូនដំណឹងអំពីជីវិតថ្មី ​​​ដែលមនុស្សត្រូវទទួល​​​នៅលោកខាងមុខ និងអំពី​សិរីរុងរឿង​នៃព្រះរាជ្យរបស់ព្រះអង្គដ៏ខ្ពង់ខ្ពស់បំផុត (LG ៤៤)។

សង្ខេប

៩៣៤. “ព្រះជាម្ចាស់បានចាត់ចែងឱ្យមាននៅក្នុងព្រះសហគមន៍ នៅក្នុងចំណោមគ្រីស្តបរិស័ទ អ្នក​បម្រើ​ដ៏សក្ការៈ ដែលគេហៅថា បូជាចារ្យ ឯអ្នកដទៃវិញ គេហៅថា គ្រីស្តបរិស័ទធម្មតា”។ ទីបញ្ចប់ មានគ្រីស្ត​បរិស័ទ ដែលជាបូជាចារ្យ ឬជាគ្រីស្តបរិស័ទធម្មតា ដែលសច្ចារធ្វើតាមដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ហើយដែល​បាន​ថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ និងបម្រើបេសកកម្មរបស់ព្រះសហគមន៍ (CIC ២០៧,១.២)

៩៣៥. ដើម្បីប្រកាសជំនឿ និងធ្វើឱ្យព្រះរាជ្យរបស់ព្រះអង្គយាងមក ព្រះគ្រីស្តចាត់ក្រុមគ្រីស្តទូត និង​​អ្នកបន្តមុខងាររបស់ពួកលោកឱ្យទៅ។ ព្រះអង្គប្រោសឱ្យពួកលោករួមចំណែកក្នុងបេសកកម្មរបស់ ព្រះអង្គ។ ពួកលោកទទួលអំណាចពីព្រះអង្គឱ្យប្រព្រឹត្តកិច្ចការក្នុងអង្គព្រះអង្គ។

៩៣៦. ព្រះអម្ចាស់បានប្រោសឱ្យសន្តសិលាទៅជាគ្រឹះដែលអាចមើលឃើញនៃព្រះសហគមន៍ព្រះ អង្គ។ ព្រះអង្គបានប្រគល់កូនសោឱ្យលោក។ លោកអភិបាលព្រះសហគមន៍នៅទីក្រុងរ៉ូម ជាអ្នកបន្តមុខងារ​លោកសិលា ជា “ប្រធានក្រុមលោកអភិបាល ជាតំណាងរបស់ព្រះគ្រីស្ត គង្វាលរបស់ព្រះសហគមន៍ទាំងមូល នៅលើផែនដីនេះ” (CIC ៣៣១)

៩៣៧. សម្តេចប៉ាប “បានទទួលអំណាចដ៏ខ្ពង់ខ្ពស់បំផុត យ៉ាងពេញលក្ខណៈ ភ្លាម និងជាសកល ពីព្រះជា​ម្ចាស់ ដើម្បីដឹកនាំព្រលឹង” (CD ២)

៩៣៨. ពួកលោកអភិបាល ដែលព្រះវិញ្ញាណដ៏វិសុទ្ធបានចាត់ចែង ជាអ្នកបន្តមុខងារក្រុមគ្រីស្តទូត។ “ពួក​លោកអភិបាល​ម្នាក់ៗតាម​​​ចំណែក​​​​​​រៀង​​​ៗខ្លួន ក៏ជាគោល​​​ និងជាគ្រឹះ ដែលធ្វើឱ្យព្រះសហគមន៍​​​​​​ភូមិភាគ​​​របស់​​​ខ្លួនរួបរួមគ្នាជាធ្លុងតែមួយ​ដែរ” (LG ២៣)

៩៣៩. ដោយមានពួកបូជាចារ្យជាសហការីរបស់ពួកលោក និងដោយមានពួកឧបដ្ឋាកផងដែរ ពួក​អភិបាល​មាន​បន្ទុកបង្រៀនជំនឿយ៉ាងត្រឹមត្រូវ ប្រារព្ធពិធីលើកតម្កើងព្រះជាម្ចាស់ ជាពិសេសពិធីអរព្រះគុណ និងណែ នាំព្រះសហគមន៍របស់ខ្លួនដូចជាគង្វាលពិតប្រាកដ។ ពួកលោកមានបន្ទុកយកចិត្តទុកដាក់លើព្រះសហគមន៍ទាំងឡាយ ជាមួយ និងក្រោមបញ្ជាសម្តេចប៉ាបដែរ។

៩៤០. “គ្រីស្តបរិស័ទធម្មតាមានលក្ខណៈពិសេស គឺរស់នៅក្នុងលោកីយ៍។ ព្រះជាម្ចាស់ត្រាស់ហៅគេ ឱ្យប្រកាសដំណឹងល្អក្នុងលោកនេះ ដូចជាមេដំបែ ដោយសារចិត្តគំនិតជាគ្រីស្តបរិស័ទដ៏រឹងមាំរបស់គេ” (AA ២)។

៩៤១. គ្រីស្តបរិស័ទធម្មតារួមចំណែកក្នុងអង្គព្រះគ្រីស្តក្នុងឋានៈជាបូជាចារ្យ៖ គេរួមរស់ជាមួយព្រះអង្គ កាន់តែខ្លាំងឡើងៗ គេធ្វើឱ្យព្រះអំណោយទាននៃពិធីជ្រមុជទឹក និងពិធីលាបថ្ងាសចម្រើនឡើង គ្រប់វិស័យទាំងអស់ គឺជីវិតផ្ទាល់ខ្លួន ក្នុងក្រុមគ្រួសារ ក្នុងសង្គម និងក្នុងព្រះសហគមន៍ ដូច្នេះហើយ បានជាគេ​សម្រេច​បានតាម​ព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលត្រាស់ហៅគ្រីស្តបរិស័ទទាំងអស់ឱ្យទៅជាសន្តបុគ្គល។

៩៤២. ដោយសារបេសកកម្មរបស់គេជាព្យាការី “ព្រះ​ជា​ម្ចាស់​ត្រាស់​ហៅ​​ឱ្យគេ​ធ្វើ​ជា​សាក្សី​អំពីព្រះ​គ្រីស្តនៅ​កណ្តាល​ចំណោម​សហគមន៍មនុស្ស​ ​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់” (GS ៤៣,៤)។

៩៤៣. ដោយសារបេសកកម្មរបស់គេជាព្រះមហាក្សត្រ គ្រីស្តបរិស័ទធម្មតាមានអំណាចដកអំពើបាប ចេញពីខ្លួនគេផង ចេញពីពិភពលោកផង ដោយលះបង់ខ្លួនឯង និងរបៀបរស់ដ៏វិសុទ្ធផង (LG ៣៦)។

៩៤៤. អ្នកថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់មានលក្ខណៈជាអ្នកសច្ចាជាសាធារណៈដំបូន្មានដែលមាន ចែងក្នុងដំណឹងល្អ គឺដាក់ខ្លួនជាអ្នកក្រ ចេះទប់ចិត្តខ្លួនឯង និងស្តាប់បង្គាប់ ដោយមានរបៀបរស់​នៅ​យ៉ាង​ស្ថិត​ស្ថេរ ដែលព្រះសហគមន៍ទទួលស្គាល់។

៩៤៥. ដោយសារពិធីជ្រមុជទឹក គ្រីស្តបរិស័ទ ជាកម្មសិទ្ធិរបស់ព្រះ​អង្គ​រួចទៅហើយ ប៉ុន្តែ​ ដោយការថ្វាយខ្លួន​ទាំង​ស្រុងចំពោះព្រះអង្គ ដែលគេស្រលាញ់លើសអ្វីៗទាំងអស់ គ្រីស្តបរិស័ទនោះ ​បម្រើព្រះជាម្ចាស់ និងព្រះសហគមន៍កាន់តែជ្រាលជ្រៅថែមទៀត។

កថាខណ្ឌទី៥៖ សហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ

៩៤៦. ក្រោយពីបានប្រកាសថា “ព្រះសហគមន៍តាតូលិកដ៏វិសទ្ធ” ធម៌ប្រកាសជំនឿដែលមកពីក្រុម  គ្រីស្តទូត​បន្ថែម​ “សហភាព​​រវាងជនដ៏វិសុទ្ធទាំងឡាយ”។ ប្រការនេះ ដូចជាពន្យល់ប្រការដើមអំពី “ព្រះសហគមន៍ដ៏វិសុទ្ធ”៖ “អ្វីទៅ​ជា​ព្រះសហគមន៍ ក្រៅពីសហគមន៍របស់ជនដ៏វិសុទ្ធទាំងឡាយ?” (នីសេតាស)។ សហភាពរវាងជនដ៏វិសុទ្ធ​ជាព្រះ​សហគមន៍។

៩៤៧. “ដោយសារអ្នកជឿធ្វើជារូបកាយតែមួយ អំពើល្អរបស់អ្នកខ្លះឆ្លងទៅអ្នកដទៃ (...)។ ដូច្នេះ ត្រូវតែជឿ​ថា មានសហភាពរវាងអំពើល្អក្នុងព្រះសហគមន៍។ ប៉ុន្តែសរីរាង្គសំខាន់ជាងគេ គឺព្រះគ្រីស្ត ដ្បិតព្រះអង្គជាព្រះសិរសា (...)។ ហេតុដូច្នេះហើយ បានជាអំពើល្អរបស់ព្រះគ្រីស្តឆ្លងទៅសរីរាង្គទាំងអស់ ដោយសារអគ្គសញ្ញារបស់ព្រះសហគមន៍” (សន្ត ថូម៉ាស នៃអាកាំង)។    “ដោយសារមានព្រះវិញ្ញាណតែមួយ    ដែលណែនាំព្រះ       ​សហគមន៍ អំពើល្អទាំងអស់ ដែលព្រះសហគមន៍បានទទួល ទៅជារបស់រួម” (CR)។

៩៤៨. ដូច្នេះហើយ បានជាពាក្យ “សហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” មានអត្ថន័យពីរ ដែលរួមជាមួយគ្នាយ៉ាងជិតស្និទ្ធ គឺ “សហភាពជាមួយនឹងអ្វីដែលវិសុទ្ធ sancta ” និង “សហភាពរវាងជនដ៏វិសុទ្ធ     sancti ”។

ក្នុងពិធីបុណ្យតាមបូព៌ាប្រទេស ប្រធានអភិបូជាប្រកាស “Sancta santis ! (អ្វីដែលដ៏វិសុទ្ធសម្រាប់ជនដ៏វិសុទ្ធ)” នៅពេលលើកតង្វាយមុនពិធីទទួលព្រះកាយ។ គ្រីស្តបរិស័ទ (sancti) ទទួលព្រះកាយព្រះលោហិតព្រះ  គ្រីស្ត (sancta) ដើម្បីបានរីកចម្រើនក្នុងការរួមរស់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ (Koinônia) និងផ្ដល់ការរួមរស់នេះដល់​មនុស្ស​​​​​​លោក។

១. សហភាពរវាងអំពើល្អខាងវិញ្ញាណ

៩៤៩. ក្នុងសហគមន៍ដើមដំបូងនៅទីក្រុងយេរូសាឡឹម ក្រុមសាវ័ក “ព្យាយាមស្តាប់សេចក្ដីបង្រៀនរបស់ក្រុម​គ្រីស្តទូត រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពីធីកាច់នំបុ័ង និងព្យាយាមអធិដ្ឋាន” (កក ២,៤២)។

. សហភាពក្នុងជំនឿ ៖ ជំនឿរបស់គ្រីស្តបរិស័ទជាជំនឿរបស់ព្រះសហគមន៍ ដែលមកពី​ក្រុម​     គ្រីស្តទូត ជាសម្បត្តិសួគ ដែលកើនឡើងពេលចែកឱ្យគេ។

៩៥០. សហភាពនៃអគ្គសញ្ញា ៖ “ផលនៃអគ្គសញ្ញាជារបស់រួម ដ្បិតអគ្គសញ្ញា ជាពិសេស​អគ្គសញ្ញា​​ជ្រមុជទឹក (ជាទ្វារដែលមនុស្សចូលក្នុងព្រះសហគមន៍) ជាចំណងដ៏សក្ការៈ ដែលធ្វើឱ្យ​មនុស្ស​រួម​ជាមួយ​គ្នា និងធ្វើឱ្យគេភ្ជាប់នឹងព្រះយេស៊ូគ្រីស្ត។ សហភាពរវាងជនដ៏វិសុទ្ធ គឺជាសហភាព​រវាង​អគ្គសញ្ញា (...)។ យើងក៏អាចប្រើពាក្យ សហភាព ដល់អគ្គសញ្ញានានា ដ្បិតអគ្គសញ្ញានានា​ធ្វើឱ្យយើង​ភ្ជាប់​នឹង​ព្រះជាម្ចាស់ (...)។ ប៉ុន្តែ ពាក្យនេះ ប្រើចំពោះអភិបូជាប្រសើរលើសអគ្គសញ្ញាឯទៀតៗ ដ្បិតក្នុង​អភិបូជា​​ មនុស្ស​រួមរស់​ជាមួយ​គ្នាយ៉ាងស្និទ្ធស្នាលជាងគេ” (CR)។

៩៥១. សហភាពនៃព្រះអំណោយទាន​ ៖ ក្នុងសហភាពព្រះសហគមន៍ ព្រះវិញ្ញាណដ៏វិសុទ្ធ “ប្រោស​ប្រទាន​ឱ្យ​​គ្រីស្ត​បរិស័ទម្នាក់​ៗគ្រប់ជាន់ថ្នាក់ (...) ព្រះអំណោយទានពិសេស” ដើម្បីកសាងព្រះសហគមន៍ (LG ១២) ហើយ “ព្រះវិញ្ញាណប្រោសប្រទានឱ្យម្នាក់ៗសម្ដែងព្រះអង្គ ដើម្បីជាផលប្រយោជន៍រួម” (១ករ ១២,  ៧)។

៩៥២. “អ្នកជឿយកទ្រព្យសម្បត្តិដាក់ជាសម្បត្តិរួមទាំងអស់(កក ៤,៣២)៖ “អ្វីដែលគ្រីស្តបរិស័ទពិតប្រាកដមាន គេត្រូវចាត់ទុកថា ជាសម្បត្តិរួម ហើយគេត្រូវត្រៀមខ្លួន និងប្រញាប់ប្រញាល់ជួយសង្រ្គោះ​ជនក្រីក្រ និងបងប្អូនដែលរងទុក្ខវេទនាជានិច្ច”។ គ្រីស្តបរិស័ទជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិរបស់​ព្រះ​អម្ចាស់ (លក ១៦,១.៣)។

៩៥៣. សហភាពក្នុងសេចក្ដីស្រលាញ់ ៖ ក្នុង sanctorum communio (សហភាពរវាងជនដ៏វិសុទ្ធទាំង​ឡាយ) “គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ” (រម ១៤,៧)។ “ប្រសិនបើមានសរីរាង្គណាមួយ​ឈឺ​ចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ។ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​ត្រេកអរ​​សប្បាយជាមួយដែរ។ បងប្អូនជាព្រះកាយរបស់ព្រះគ្រីស្ត ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាម​ចំណែក​រៀងៗខ្លួន” (១ករ ១២,២៦-២៧)។ “អ្នកមានចិត្តស្រលាញ់មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន” (១ករ ១៣,៥) (១ករ ១០,២៤)។ កិច្ចការដ៏តូចជាងគេ ដែលយើងប្រព្រឹត្តដោយមាន​ចិត្តស្រលាញ់ ​បង្កើតផល​ប្រយោជន៍​រួម ហើយ​សហភាព​​រវាងជនដ៏វិសុទ្ធទាំង​ឡាយចាក់ឫស ក្នុង​ការរួមសាមគ្គី​ជាមួយមនុស្ស​លោកទាំងអស់​នោះ។ អំពើបាបនីមួយៗ​ព្យាបាទ​​​សហភាព​នោះ។

២. ព្រះសហគមន៍នៅលើផែនដីរួមរស់ជាមួយព្រះសហគមន៍នៅស្ថានបរមសុខ

៩៥៤. សភាពការណ៍ទាំងបីនៃព្រះសហគមន៍ ៖ “ទំរាំព្រះអម្ចាស់យាង​មកប្រកប​ដោយ​សិរី​រុង​រឿង​ រួមជាមួយ​ពួក​ទេវទូត​របស់ព្រះអង្គ ​​​ និង​​​ទំរាំសេចក្ដី​ស្លាប់​ត្រូវ​រំលាយ​ចោល​​ ព្រមទាំង​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់ សាវ័ករបស់​​ព្រះ​​​​​​គ្រីស្ត​​មួយ​​​ចំនួននៅតែបន្តបូជានិយេសចរណ៍នៅលើផែនដីនេះតទៅទៀត។ មានសាវ័កមួយចំនួនទៀតផុតជិវិត នៅ​តែជម្រះ​​​ខ្លួន​​​មុននឹង​​​ជួបព្រះជាម្ចាស់។​​​ មួយចំនួន​​​ផ្សេង​​​ទៀត ស្ថិតនៅក្នុងសិរីរុងរឿងរបស់ព្រះ ជាម្ចាស់ «នៅក្នុង​ពន្លឺ​ដ៏ត្រចះ​​​​​ត្រចង់យ៉ាងពេញលេញ ឃើញ​​​ព្រះ​​​ជាម្ចាស់​​​តែមួយព្រះអ​​ង្គនិងជាព្រះត្រៃឯក»” (LG ៤៩)។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏​​​យើង​​​​​​ទាំងអស់រួបរួមគ្នាក្នុងសេចក្តីស្រឡាញ់តែមួយ​​​ចំពោះព្រះ​​​ជាម្ចាស់ ​​​និងចំពោះ​អ្នក​​ដទៃ​​​ តាមកម្រិត និងតាម​​​របៀប​​​ផ្សេងៗ នាំគ្នាច្រៀងលើកតម្កើងសិរីរុងរឿងថ្វាយព្រះជាម្ចាស់។ អស់អ្នកដែលរួប​រួម​ជាមួយព្រះគ្រីស្ត និងដែលបានទទួលព្រះ​​​វិញ្ញាណ​​​របស់ព្រះអង្គហើយ រួមគ្នាជាព្រះសហគមន៍តែមួយ និងភ្ជាប់​គ្នា​ទៅវិញទៅមក ជាអង្គភាពតែមួយ ក្នុង​​​អង្គ​​​ព្រះគ្រីស្ត (LG ៤៩)។

៩៥៥. “ដូច្នេះអស់អ្នកដែលនៅតែធ្វើ​​​ដំណើរក្នុងលោកនេះនៅឡើយ និងបងប្អូនដែល​ចែកឋានសម្រាន្តលក់​​​ក្នុង​សេចក្តី​សុខសាន្តរបស់ព្រះគ្រីស្តទៅហើយ ក៏រួបរួមគ្នាមិនបែកចេញពីគ្នាទេ។ ផ្ទុយទៅវិញ តាម​ជំនឿ​​របស់​ព្រះសហគមន៍​តាំង​​​​​ពីដើមរៀងមក ក្រុមទាំងពីររឹតតែរួមគ្នា ដោយចែកចាយសម្បត្តិខាងវិញ្ញាណ​​​ទៅ​​​វិញ​​​ទៅមក” (LG ៤៩)។

៩៥៦. សន្តបុគ្គលជួយទូលអង្វព្រះជាម្ចាស់ ៖ “អ្នកដែលនៅលោក​​​ខាងមុខ ភ្ជាប់ជាមួយព្រះគ្រីស្តយ៉ាង​ស្អិត​ល្មួត​ច្រើនជាងមុន និងជួយព្រះសហគមន៍​ទាំងមូល​​​​ ឱ្យកាន់តែវិសុទ្ធ (...)។ បងប្អូន​ទាំងនោះ ដោយសារព្រះ​​​គ្រីស្ត រួម​​ជាមួយ​ព្រះគ្រីស្ត និងក្នុងអង្គ​​​ព្រះគ្រីស្ត នៅតែជួយអង្វរព្រះបិតាឱ្យយើង ព្រមទាំងថ្វាយកុសលផលបុណ្យដែល​​​គេ​បាន​​​​សន្សំនៅលើផែនដី ដោយសារព្រះ​​​គ្រីស្តយេស៊ូជាស្ពានមេត្រីតែមួយគត់​ រវាង​ព្រះជាម្ចាស់និងមនុស្សលោក (...)។ ដោយបងប្អូនទាំងនោះយកចិត្តទុកដាក់​​​ស្រឡាញ់​​​យើងដូចបងប្អូន គាត់ជួយយើងជា​​​មនុស្ស​​​ទន់ខ្សោយ​យ៉ាង​ខ្លំាង” (LG ៤៩)។

កុំយំអី! ពេលស្លាប់ទៅ ខ្ញុំនឹងជូយបងប្អូនបានផលប្រយោជន៍ច្រើនជាងមុន ហើយខ្ញុំនឹងជួយបង​ប្អូន​យ៉ាង​ស័កិ្តសិទ្ធ​ជាងពេលដែលខ្ញុំរស់នៅ (សន្ត ដូមីនីក)។

នៅស្ថានបរមសុខ ខ្ញុំនឹងធ្វើអំពើល្អចំពោះផែនដីជានិច្ច (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។

៩៥៧. សហភាពជាមួយសន្តបុគ្គល ៖ “ក៏ប៉ុន្តែ យើងនឹកដល់សន្តបុគ្គលដោយគោរព មិនគ្រាន់​តែពី​ព្រោះ​ពួក​គាត់ជាគំរូល្អឱ្យយើងធ្វើតាម​​​ប៉ុណ្ណោះទេ តែយើងក៏ចង់ពង្រឹងការរួបរួមរបស់​ព្រះសហគមន៍​ទាំងមូលក្នុងព្រះ​វិញ្ញាណ​ថែមទៀត ដោយប្រតិបត្តិតាម​​​សេចក្តី​ស្រឡាញ់គ្នា​​​ទុកជា​​​បងប្អូន ។ បើយើងជាគ្រីស្តបរិស័ទនៅលើ​ផែន​ដី​រួបរួមគ្នា យើង​​​ឈានទៅកាន់​ព្រះគ្រីស្ត​​​ឱ្យកាន់តែជិតស្និទ្ធឡើងៗយ៉ាងណា ការរួម​សហភាពជាមួយ​សន្តបុគ្គល​ក៏​បង្រួបបង្រួមយើងជា​​​មួយ​ព្រះ​គ្រីស្ត​​​​​​​​កាន់តែ​​​ខ្លាំងឡើងយ៉ាងនោះដែរ ព្រោះព្រះហឫទ័យ​​​ប្រោសប្រណីគ្រប់យ៉ាង​របស់​ព្រះជាម្ចាស់ផ្ទាល់ និងជីវិតរបស់​ប្រជារាស្រ្ត​ព្រះអង្គ ហូរពីព្រះគ្រីស្តមកដូចជាហូរពីប្រភពនិងពី​​​ព្រះសិរសារ​របស់​ខ្លួន” (LG ៥០)៖

យើងក្រាបថ្វាយបង្គំព្រះគ្រីស្ត ពីព្រោះព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ឯមរណៈសក្សីវិញ យើងក៏ស្រលាញ់ពួកគាត់ដូចជាសាវ័ក និងអ្នកដែលយកតម្រាប់តាមព្រះអម្ចាស់។ ពិតជាត្រឹមត្រូវមែន! ដោយសារពួកគាត់បានគោរព​យ៉ាងអស្ចារ្យព្រះមហាក្សត្រ និងម្ចាស់របស់ពួកគាត់ ហេតុនេះសូមឱ្យយើងអាចធ្វើជាមិត្តសម្លាញ់ និង​សាវ័ក​​របស់ពួកគាត់យ៉ាងនោះដែរ (សន្ត ប៉ូលីកាប)។

៩៥៨. សហភាពជាមួយអ្នកដែលចែកឋាន ៖ “ព្រះសហគមន៍ទទួលស្គាល់ថា សមាជិកនៃព្រះកាយ​ដ៏​អាថ៌​កំបាំង​របស់ព្រះយេស៊ូគ្រីស្តទាំងមូល រួបរួមគ្នារួច​​​ហើយ។​​​​​​ តាំង​​​ពីដើមដំបូង​​​នៃគ្រីស្តសាសនា សមាជិក​នៃ​ព្រះ​សហគមន៍​កំពុងធ្វើដំណើរនៅនាលោកនេះ    តែងតែ​​​នឹករឭក​ដល់​​​អស់​​​អ្នក​​​ចែកឋានទៅហើយ      ដោយគោរព   ​ប្រណិ​ប័តន៍​​​យ៉ាងខ្លាំង គេធ្លាប់អង្វរព្រះជាម្ចាស់ឱ្យពួកគាត់ ដ្បិត «គំនិត​អង្វរព្រះ​ជាម្ចាស់សូម​ព្រះអង្គ​លើក​លែង​ទោស​​ឱ្យ​មនុស្ស​ស្លាប់​បានរួចពីបាប ពិត​ជា​គំនិត​ដ៏​វិសុទ្ធ​របស់​អស់អ្នក ដែលគោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ​មែន» (២មរ ១២,៤៥)” (LG ៥០)។ ពាក្យអង្វររបស់យើងសម្រាប់ពួកគាត់មិនគ្រាន់តែអាចជួយពួកគាត់ទេ ថែមទាំងធ្វើឱ្យ​ការ​ជួយ​អង្វរ​របស់​ពួកគាត់សម្រាប់យើងឱ្យបានស័ក្តិសិទ្ធិដែរ។

៩៥៩. ក្នុងមហាគ្រួសារតែមួយរបស់ព្រះជាម្ចាស់ ៖ “ប្រសិនបើយើងនិងសន្តបុគ្គលស្រឡាញ់គ្នាទៅវិញទៅមក ហើយ​នាំគ្នារួបរួមលើកតម្កើងព្រះត្រៃឯក​​​ដ៏វិសុទ្ធ​​​បំផុត ពេល​​​នោះ​យើងមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ យើង​ទាំងអស់ជាបុត្រធីតារបស់ព្រះជាម្ចាស់ រួម​​​ជាក្រុមគ្រួសារតែមួយក្នុងអង្គព្រះគ្រីស្ត” (LG ៥១)។

សង្ខេប

៩៦០. ព្រះសហគមន៍ជា “សហភាពរវាងជនដ៏វិសុទ្ធ”៖ ពាក្យសម្ដីនេះ សម្ដៅទៅលើ “អ្វីដែលដ៏វិសុទ្ធ” (sancta) ហើយជាពិសេសពិធីអរព្រះគុណ ដែលធ្វើឱ្យ “គ្រីស្តបរិស័ទ​​​រួបរួមគ្នាជាព្រះកាយតែមួយក្នុងអង្គ​​​ព្រះ​​​គ្រីស្ត” (LG ៣)។

៩៦១. ពាក្យនេះ សម្ដៅទៅលើសហភាពរវាង “ជនដ៏វិសុទ្ធ” (sancti) នៅក្នុងអង្គព្រះគ្រីស្ត ដែល “បាន​សោយទិវង្គតសម្រាប់មនុស្សទាំងអស់” ទើបអ្វីដែលម្នាក់ៗធ្វើ ឬរងទុក្ខលំបាកនៅក្នុងអង្គព្រះគ្រីស្ត និងសម្រាប់ ព្រះអង្គបង្កើតផលសម្រាប់គេទាំងអស់គ្នា។

៩៦២. “យើងជឿលើសហភាពរវាងគ្រីស្តបរិស័ទទាំងអស់ គឺអស់អ្នកដែលកំពុងធ្វើដំណើរ​នៅលើ​ផែន​ដី​នេះ អស់អ្នកស្លាប់ ដែលកំពុងជម្រះចិត្តគំនិត អស់អ្នកដែលពោរពេញដោយសុភមង្គលនៅស្ថានបរមសុខ អ្នកទាំងអស់នោះរួបរួមគ្នាធ្វើជាព្រះសហគមន៍តែមួយ ហើយយើងជឿថា ក្នុងការរួបរួមបែបនេះ សេចក្ដីស្រលាញ់ប្រកបដោយធម៌ មេត្តាករុណារបស់ព្រះជាម្ចាស់ និងរបស់ជនដ៏វិសុទ្ធទាំងអស់នោះ ចាំស្តាប់ពាក្យអង្វររបស់យើងជានិច្ច” (SPF     ៣០)។

កថាខណ្ឌទី៦៖ ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះគ្រីស្ត និងជាព្រះមាតារបស់ព្រះសហគមន៍ផង

៩៦៣. ក្រោយពីបានថ្លែងអំពី​តួនាទីរបស់ព្រហ្មចារិនីម៉ារីតាមគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត និងរបស់ព្រះ​វិញ្ញាណ​ ត្រូវរិះគិតពិចារណាអំពីតួនាទីរបស់ព្រះនាងក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះសហគមន៍។ “គេ​ទទួល​ស្គាល់​​ និង​គោរពនាងព្រហ្មចារិនី​ម៉ារីទុកជាព្រះមាតាដ៏ពិត​ប្រាកដ​​​​របស់ព្រះ​​​អម្ចាស់​​​និងជាព្រះសង្គ្រោះផង (...)។ ប្រសើរ​​​​​​ជាង​​នេះ​​ទៅទៀត នាងពិតជា ​​​“មាតានៃ​​​សរីរាង្គរបស់ព្រះគ្រីស្ត ព្រោះនាងរួមសហការដោយចិត្តស្រឡាញ់ បង្កើត​​​​​ព្រះ​សហគមន៍របស់គ្រីស្ត​​​បរិស័ទ ​​​ដែលជា​​​សរីរាង្គនៃព្រះអម្ចាស់ជាមេដឹកនាំ” (LG ៥៣)។ “នាង​ម៉ារី​ជា​ព្រះ​មាតារបស់ព្រះគ្រីស្តផង ជាព្រះមាតារបស់ព្រះសហគមន៍ផង” (សម្ដេចប៉ាបប៉ូលទី៦ ឆ្នាំ១៩៦៤)។

១. ព្រះនាងម៉ារីជាព្រះមាតាព្រះសហគមន៍

ព្រះនាងម៉ារីរួបរួមទាំងស្រុងជាមួយព្រះបុត្រារបស់ព្រះនាង

៩៦៤. តួនាទីរបស់នាងម៉ារី ចំពោះព្រះសហគមន៍ មកពីនាងរួបរួមជាមួយព្រះគ្រីស្តតែម្តង ដែលមិនអាចបំបែក​ពី​គ្នាបាន​ឡើយ។ “ព្រះនាងម៉ារី និងព្រះបុត្រាព្រះនាងរួម​គ្នាក្នុង​កិច្ច​សង្គ្រោះ​​​យ៉ាងច្បាស់ជាក់ស្តែង តាំងពីពេលព្រះគ្រីស្តចាប់​ផ្ទៃនាង​ព្រហ្មចារី​មក រហូតដល់ពេលព្រះអង្គ​សោយ​ទិវង្គត” (LG ៥៧)។ ជាពិសេស យើងអាចយល់ថា អ្នកទាំង​ពីរ​រួប​រួម​ជាមួយ​គ្នាបែប​នេះ នៅពេលព្រះអង្គរងទុក្ខលំបាក។

ពេលព្រះនាងព្រហ្មចារីនីកំពុង​ធ្វើ​បូជនិយេសចរណ៍​តាម​​ជំនឿតទៅមុខទៀត នាងរួប​​​រួម​​​ជាមួយ​​​ព្រះ​​​បុត្រាដោយចិត្តស្មោះ​រហូត​ដល់ឈើឆ្កាង គឺនាងនៅឈរក្បែរឈើឆ្កាង។ ការនេះពិតជាកើត​​​ឡើងតាមគម្រោងការ​​​របស់ព្រះ​ជាម្ចាស់​មែន ។ នាងឈឺចុកចាប់យ៉ាងសែន​​​ខ្លោចផ្សារួមជាមួយព្រះ​​​បុត្រាតែ​​​មួ​យ​​​របស់នាង នាងក៏សុខចិត្តរួម​ក្នុងសក្ការ​បូជា​របស់​ព្រះអង្គ តាមចិត្តគំនិតជាម្តាយ គឺសុខចិត្តដោយសេចក្តីស្រឡាញ់​​​ឱ្យគេយកបុត្រដែលកើត​​​ពីសាច់ឈាម​​​របស់​នាង ធ្វើយញ្ញនោះ។ នៅទីបញ្ចប់ ព្រះ​គ្រីស្ត​យេស៊ូកំពុងសោយទិង្គត​​​នៅលើឈើឆ្កាង ​​​ប្រគល់នាងឱ្យ​សាវ័កទុក​ជា​ម្តាយ ដោយមានព្រះបន្ទូលថា «អ្នក​អើយ! នេះកូនរបស់អ្នក” (យហ ១៩,២៦-២៧ ; LG    ៥៨)។

៩៦៥. ក្រោយពីព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើងស្ថានបរមសុខ នាងម៉ារី “បានជួយអង្វរ​ព្រះ     ជាម្ចាស់​ឱ្យ​ព្រះ​សហគមន៍កំពុងកើតមក” (LG ៦៩)។ ដោយរួមជាមួយក្រុមគ្រីស្តទូត និងស្រ្តីខ្លះ “យើងក៏ឃើញនាងម៉ារី​អង្វរ​ព្រះ​ជាម្ចាស់ សូមព្រះអង្គ​​​ប្រទាន​ព្រះវិញ្ញាណដែល​​​មក​​​សណ្ឋិតលើនាងរួចទៅហើយនៅពេល ទវទូត​នាំដំណឹងមកប្រាប់​នាង” (LG ៥៩)។

នាងម៉ារីរួបរួមជាមួយព្រះបុត្រារហូតដល់ព្រះជាម្ចាស់លើកនាងឡើងស្ថានបរមសុខ

៩៦៦. “នៅទីបញ្ចប់ នាង​ព្រហ្មចារី​ដ៏និមលដែលព្រះ​​​ជាម្ចាស់​​​បានការពារមិនឱ្យជំពាក់បាបខាងដើម ក្រោយពី​បាន​បង្ហើយ​ជិវិតនៅក្នុងលោក​នេះ ត្រូវព្រះ​ជាម្ចាស់លើក​​​ឡើង​​​ទាំងរូបកាយ ទាំងវិញ្ញាណ​​​ ឱ្យចូលក្នុងសិរីរុងរឿងនៃ​លោក​ខាងមុខ។ ព្រះអម្ចាស់បាន​លើក​តម្កើង​នាងទៅជា​​​ព្រះមហាក្សត្រីយានីនៃពិភពលោក​​​ ដើម្បីឱ្យនាង​បាន​ដូច​ព្រះ​បុត្រាយ៉ាងពេញលេញ គឺដូច​ព្រះបុត្រា​ដែល​ជា «ព្រះ​អម្ចាស់​លើ​អម្ចាស់​នានា» ដែល​មាន​ជ័យ​ជម្នះលើ​បាបកម្ម​​និងលើសេចក្តីស្លាប់” (LG ៥៩ ; DS៣៩០៣)។ ព្រះជាម្ចាស់លើកព្រហ្មចារិនីម៉ារីដ៏វិសុទ្ធ​ឱ្យឡើង​ស្ថាន​បរមសុខ នោះព្រះនាងចូលរួមយ៉ាងពិសេសរួមជាមួយព្រះបុត្រារបស់ព្រះនាង ដែលមាន​ព្រះជន្មរស់​ឡើង​វិញ ហើយឱ្យព្រះ​នាង​មានជីវិតថ្មីមុនគ្រីស្តបរិស័ទឯទៀតៗ៖

នៅពេលសម្រាលបុត្រ ព្រះនាងបានរក្សាព្រហ្មចារិយធម៌ទុក នៅពេលឡើងស្ថានបរមសុខ ព្រះនាងមិនបានចាកចេញពីលោកនេះទេ។ ឱព្រះមាតារបស់ព្រះជាម្ចាស់អើយ! ព្រះនាងបានទៅដល់ប្រភពនៃជីវិត ព្រះនាងដែលជា​អ្នក​​​បង្កើតព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ហើយដែលរំដោះព្រលឹងរបស់យើងពីសេចក្ដីស្លាប់ ដោយសារពាក្យអង្វរ​របស់ព្រះ​​នាង។

ព្រះនាងម៉ារីជាព្រះមាតារបស់យើងតាមការប្រោសប្រណីរបស់ព្រះជាម្ចាស់

៩៦៧. ដោយរួមចិត្តគំនិតទាំងស្រុងជាមួយនឹងព្រះហឫទ័យរបស់ព្រះបិតា ព្រះរាជកិច្ចនៃការសង្រ្គោះរបស់​ព្រះ​បុត្រា និងការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រហ្មចារិនីម៉ារីជាគំរូត្រង់ជំនឿ និងសេចក្ដីស្រលាញ់ចំពោះ​ព្រះ​សហគមន៍។ ​​​ហេតុនេះហើយបានជា “ព្រះសហគមន៍ធ្លាប់សរសើរនាងទុកជាសមាជិក​​​ដ៏ប្រសើរ​​​ជាង​​​គេ​​​បំផុត​​​តែ​មួយ​​គត់​​​​របស់​​​ព្រះសហគមន៍” (LG ៥៣) ព្រះនាង “ពិតជាគំរូដ៏អស្ចារ្យ (typus) របស់ព្រះសហគមន៍” (LG ៦៣)។

៩៦៨. ក៏ប៉ុន្តែ តួនាទីរបស់ព្រះនាងម៉ារីចំពោះព្រះសហគមន៍ និងមនុស្សលោកនៅតែបន្តទៅមុខជានិច្ច។ “​​​នាងសហការ​ក្នុង​ព្រះរាជកិច្ចនៃព្រះសង្គ្រោះ ដែលគ្មាននរណាអាច​ប្រៀបផ្ទឹមនិងនាងបាន។ ដោយនាងស្តាប់បង្គាប់ ដោយ​នាង​ផ្ញើជីវិតលើព្រះជាម្ចាស់ ដោយនាងមានសេចក្តីសង្ឃឹម ​មាន​សេចក្តីស្រឡាញ់​យ៉ាងខ្លាំង នាងសហការ​ឱ្យ​មនុស្ស​​​​លោក​​​​​ទទួលព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់វិញ។ ហេតុនេះ​ហើយ ​បានជាប្រសិន​បើ​យល់ដល់​ព្រះជាម្ចាស់​ប្រោស​ប្រណី​​​​មនុស្សលោក នាងម៉ារីពិតជាត្រឡប់ទៅជាមាតា​របស់​យើង” (LG ៦១)។

៩៦៩. “តាំងពីពេលនាងយល់ព្រមធ្វើតាមដំណឹងដែលទេវទូតជម្រាបមកនោះ នាងម៉ារីផ្ញើជីវិតលើព្រះជាម្ចាស់់ ហើយនាង​ក៏នៅតែយល់​​​ស្របតទៅទៀតដោយចិត្តរឹងប៉ឹងនៅពេលនាងឈរនៅក្បែរឈើឆ្កាង។ នាងម៉ារីមាន​តួនាទី​ជា​​​​មាតា ក្នុង​ការ​​​ចាត់ចែងព្រះ​​​ហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់ ហើយនៅតែបន្តតួនាទីនេះ​តទៅ​ទៀត​​​​ដោយ​គ្មាន​​​ឈប់​​​​​​ឈរ​​​ រហូតដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសទទួលការសង្គ្រោះជា      ស្ថាពរ។ ក្រោយ​ពីព្រះអង្គបានលើក​​​នាង​​​​​​ទៅ​ស្ថាន​​បរមសុខហើយ តួនាទីរបស់នាងក្នុងការ​​​សង្គ្រោះ​​​មិន​​​អាក់ខានឡើយ​​​ គឺនាង​នៅ​​តែជួយអង្វរព្រះជាម្ចាស់​​​ជា​​​រឿយៗ ធ្វើឱ្យយើងទទួលព្រះអំណោយទានពីព្រះអង្គតទៅទៀត ជាព្រះ​អំណោយ​ទាន​ដែលយើង​​ត្រូវការសម្រាប់​ទទួលការសង្គ្រោះ​​​អស់កល្បជា​​​និច្ច (...)។ ហេតុនេះហើយ បានជា​ព្រះ​សហគមន៍​តែង​តែអង្វរនាងព្រហ្មចារិនី ដោយ​​​យកនាម​​​ផ្សេងៗមកហៅដូចតទៅ “មេធាវី” “អ្នកជួយអង្វរ” “អ្នកប្រោស​ប្រណី” “ស្ពាន​មេត្រី” (LG ៦២)។

៩៧០. តួនាទីរបស់នាងម៉ារីជាមាតាចំពោះមនុស្ស​​​ទាំង​​​អស់ មិន​ជំទាស់ និង​មិនបណ្តាល​ឱ្យតួនាទីរបស់​ព្រះ គ្រីស្ត​ជាស្ពាន​មេត្រី​តែមួយគត់នោះអន់ខ្សោយទេ។ ផ្ទុយទៅវិញ តួនាទី​នេះកាន់តែបង្ហាញអំពីឫទ្ធិទៅវិញ។​ ឥទ្ធិពល​របស់​ព្រះ​នាងព្រហ្មចារីនីម៉ារីសម្រាប់សង្គ្រោះមនុស្សលោក (...) ហូរចេញពីព្រះគ្រីស្ត ដោយ​កុសលផល​​​បុណ្យ​​​ជាច្រើន​លើស​លប់រាប់មិនអស់។ ឥទ្ធិពលរបស់ព្រះនាងសំអាងលើព្រះគ្រីស្តជាស្ពានមេត្រី គឺនាងទទួលអ្វីៗទាំងអស់​​​ពី​​​ព្រះគ្រីស្ត និងបានអនុភាពទាំងអស់ពីព្រះអង្គ (LG ៦០)។ យើងមិនអាចលើកតម្កល់សត្វលោកណាមួយ ដែល​ព្រះ​ជាម្ចាស់​បង្កើតមក​ ឱ្យបានស្មើនឹងព្រះបន្ទូល​​​ប្រសូត​​​​ជាមនុស្ស និងជាព្រះសង្គ្រោះសោះឡើយ។ ក៏ប៉ុន្តែ ប្រជាជន​គ្រីស្ត​បរិស័ទទាំងមូលទទួលចំណែកមុខងារ​របស់​ព្រះគ្រីស្ត​ជា​មហាបូជាចារ្យតែមួយ អ្នកទទួលអគ្គសញ្ញា​តែងតាំង​ជា​អ្នកបម្រើ​ព្រះ​​​សហគមន៍ និង​ប្រជាជន​​គ្រីស្ត​បរិស័ទទទួលចំណែក តាម​​​របៀប​ផ្សេងៗ​ផងយ៉ាងណា ក៏  តួនាទី​ជា​ស្ពាន​មេត្រីរបស់ព្រះគ្រីស្ត មិនឃាត់ឱ្យសត្វលោក​សហការ​​​​ជាមួយ​ព្រះអង្គ ​​​ក្នុង​​​ការសង្គ្រោះយ៉ាងនោះ  ដែរ។ ព្រះ​ហឫទ័យ​មេត្តាករុណាគ្មានពីររបស់ព្រះជាម្ចាស់ ផ្សព្វផ្សាយដល់​សត្វ​លោក​​​ទាំងអស់ តាម​​​របៀប​​​ផ្សេងៗ​​​យ៉ាងណា ក៏​ព្រះអង្គ​ចែកចំណែកនៃតួនាទីជាស្ពានមេត្រីតែមួយឱ្យសត្វលោកយ៉ាងនោះដែរ។ ផ្ទុយទៅវិញ ការរួមចំណែកក្នុង​តួនាទី​នោះ​ដាស់​តឿនគ្រីស្តបរិស័ទជាសត្វលោក ដែលព្រះជាម្ចាស់បង្កើតមកឱ្យសហការ​តាមរបៀប​ផ្សេងៗ​ក្នុងការសង្គ្រោះ    ដោយ​សត្វលោកទាំងនោះជាចំណុះរបស់ព្រះគ្រីស្ត   ជាប្រភពតែមួយ​គត់​នៃការ    ​សង្គ្រោះ (LG ៦២)។

២. ការគោរពប្រណិប័តន៍ព្រះនាងព្រហ្មចារិនីដ៏វិសុទ្ធ

៩៧១. “អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ” (លក ១,  ៤៨)៖ “ព្រះសហគមន៍គោរពព្រះនាងព្រហ្មចារិនីដ៏វិសុទ្ធ ជាការចំណែកនៃការគោរពប្រណិប័តន៍របស់​គ្រីស្ត​សាសនា” (MC​ ៥៦)។ “ព្រះសហគមន៍គោរពប្រណិប័តន៍ព្រះនាងម៉ារីយ៉ាងពិសេស ពិតជា​​​ត្រឹម​​​ត្រូវ​​​ហើយ។​ ហេតុនេះហើយ បានជាតាំងពីច្រើនសតវត្សមកហើយ គ្រីស្តបរិស័ទតែងតែគោរពព្រះនាងព្រហ្មចារិនីម៉ារី​​​ដោយ​ថ្វាយ​ព្រះ​នាមនាង​ថា “​​​ព្រះមាតារបស់​​​ព្រះអម្ចាស់”​។​​​ គ្រីស្តបរិស័ទតែងតែ (...) សូមឱ្យព្រះ​នាងជួយការពារ អង្វរព្រះនាងឱ្យជួយក្នុងពេលមានគ្រោះ​​​កាច​នា​នា ​​​​​តាមតម្រូវការរបស់គេ។ ព្រះសហគមន៍តែងតែគោរពបម្រើ​​​ព្រះនាង​​​ម៉ារី (...) តែការគោរពបម្រើ​​​នេះ​មាន​​​​លក្ខណៈ​​​ពិសេសអស្ចារ្យប្លែកពីការគោរពអ្នកដទៃទាំងស្រុង។ ក៏ប៉ុន្តែ ការគោរពប្រណីប័តន៍នាងម៉ារីមាន​​​លក្ខណៈ​​​​ប្លែក​ទាំងស្រុង ពីការគោរពថ្វាយបង្គំក្រាបប្រណីប័តន៍ព្រះបន្ទូល ដែលប្រសូតជាមនុស្ស និងពីការ​​​គោរព​​​​​​ថ្វាយ​បង្គំក្រាបប្រណិប័តន៍ព្រះបិតានិងព្រះវិញ្ញាណដ៏វិសុទ្ធផង។ ការគោរពនាងម៉ារីមាន​ទីដៅគោរពថ្វាយ​​​បង្គំព្រះ​ជាម្ចាស់” (LG ៦៦)។ ការគោរពប្រណិប័តន៍នេះ លាតត្រដាងក្នុងពិធីបុណ្យផ្សេងៗ ដែលព្រះសហគមន៍ឧទ្ទិសដល់ព្រះនាងម៉ារី (SC ១០៣) ហើយនៅក្នុងពាក្យអង្វរចំពោះព្រះនាងម៉ារី ដូចជាផ្គាំដ៏វិសុទ្ធ ដែលជា “សេចក្ដី​សង្ខេប​នៃដំណឹង​ល្អទាំងមូល” (MC ៤២)។

៣. ព្រះនាងម៉ារីជារូបតំណាងរបស់ព្រះសហគមន៍នៅពេលចុងក្រោយបំផុត

៩៧២. ក្រោយពីបានថ្លែងអំពីព្រះសហគមន៍ អំពីប្រភព បេសកកម្ម និងគោលដៅរបស់ព្រះសហគមន៍ គួរបញ្ចប់ ដោយ​បែរ​មុខទៅរកព្រះនាងម៉ារី ដើម្បីយល់ឃើញដោយស្មឹងស្មាធិ៍នូវសភាពរបស់ព្រះសហគមន៍ តាម​គម្រោងការ​​ដ៏អស្ចារ្យ​របស់ព្រះ​ជាម្ចាស់ នៅពេលព្រះសហគមន៍ “ធ្វើបូជនិយេសចរណ៍តាមជំនឿ” ហើយនៅពេល​ព្រះ​សហគមន៍នឹងទៅជាយ៉ាងណាក្នុងមាតុភូមិ ពេលបញ្ចប់ដំណើរក្នុងលោកនេះ ដែលមានអ្នកដែលព្រះ     សហគមន៍​​គោរពដូចជាព្រះមាតានៃព្រះអម្ចាស់របស់ខ្លួន និងដូចជាព្រះមាតារបស់ខ្លួនផ្ទាល់ “ក្នុងសិរីរុងរឿង​នៃ​ព្រះ​​ត្រៃឯកដ៏វិសុទ្ធបំផុតដែលមិនអាចបំបែកបាន” និង “ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” ផង (LG    ៦៩)។

ទាំងរូបកាយ ទាំងវិញ្ញាណនៅស្ថានបរមសុខរួចហើយយ៉ាងណា ព្រះនាងក៏ជាតំណាងរបស់ព្រះ       សហគមន៍ និង​ធ្វើ​ឱ្យ​ព្រះ​សហគមន៍នៃលោកខាងមុខកើតជារូបរាងរួចហើយ សូម្បីតែនៅ​​​លើផែដីនេះយ៉ាងនោះដែរ។ ទំរាំថ្ងៃ​ព្រះ​អម្ចាស់​យាង​មក នាងបញ្ចេញពន្លឺដូចជាបញ្ចាំងសញ្ញាសម្គាល់​​​យ៉ាងនឹងនរ និងជាសញ្ញាលួងលោមនៅមុខប្រជារាស្តរបស់ព្រះជា​ម្ចាស់​កំពុង​​ធ្វើបូជនីយេសចរណ៍នៅលើផែនដីនេះ (LG ៦៨)។

សង្ខេប

៩៧៣. ដោយយល់ព្រមនឹងគម្រោងការដ៏អស្ចារ្យនៃព្រះជាម្ចាស់ប្រសូតជាមនុស្ស - នៅពេលដែល​ទេវទូត​ជូន​ដំណឹងដល់ព្រះនាង - ព្រះនាងម៉ារីរួមសហការជាមួយនឹងព្រះរាជកិច្ច ដែលបុត្រព្រះនាងត្រូវសម្រេច។ ព្រះនាងជាព្រះមាតាគ្រប់កន្លែង ដែលព្រះអង្គជាព្រះសង្រ្គោះ និងជាព្រះសិរសានៃព្រះកាយដ៏អាឋ៌កំបាំង។

៩៧៤. នៅពេលដែលព្រះនាងបានធ្វើដំណើរនៅនាលោកនេះ ព្រះជាម្ចាស់បានលើកព្រហ្មចារិនីម៉ារីដ៏ វិសុទ្ធបំផុតទាំងរូបកាយ​ ទាំងព្រលឹងឡើងទៅសិរីរុងរឿងនៃស្ថានបរមសុខ។​​ នៅទីនោះ ព្រះនាងចូលរួមក្នុង​សិរីរុងរឿងនៃព្រះបុត្រាព្រះនាង សង្ឃឹមទុកជាមុនថា សិរីរាង្គទាំងអស់នៃព្រះកាយព្រះអង្គនឹងមានជីវិតថ្មី។

៩៧៥. “យើងជឿថា ព្រះមាតាដ៏វិសុទ្ធបំផុតរបស់ព្រះជាម្ចាស់ ជានាងអេវ៉ាថ្មី មាតារបស់ព្រះសហគមន៍ បន្តតួនាទីជាមាតាចំពោះសិរីរាង្គរបស់ព្រះគ្រីស្តនៅស្ថានលើ” (SPF ១៥)។

ប្រការទី១០៖ “ខ្ញុំជឿថា ​មានការលើកលែងទោសឱ្យមនុស្សរួចពីបាប”

៩៧៦. ក្នុងធម៌ប្រកាសជំនឿដែលមកពីក្រុមគ្រីស្តទូត ជំនឿលើការលើកលែងទោសឱ្យរួចពីបាប ភ្ជាប់​នឹង​ជំនឿ​​​លើព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​ ថែមទាំងជំនឿលើព្រះសហគមន៍ និងសហភាពរវាង​ជនដ៏វិសុទ្ធ​ទាំង​ឡាយផង​ដែរ។ ដោយប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យក្រុមគ្រីស្តទូតរបស់ព្រះអង្គ ​ព្រះគ្រីស្តដែលមាន​ព្រះជន្ម​រស់​ឡើង​វិញ​ក៏បានប្រគល់អំណាចផ្ទាល់របស់ព្រះអង្គ គឺលើកលែងទោសឱ្យរួចពីបាប៖​ “ចូរទទួលព្រះវិញ្ញាណ! បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឱ្យរួចពីបាប ព្រះជាម្ចាស់ក៏លើកលែងទោសអ្នកនោះ ឱ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន” (យហ ២០,២២-២៣)។

វគ្គទីពីរនៃសៀវភៅនេះ នឹងជម្រាបអំពីការលើកលែងទោសឱ្យរួចពីបាប ដោយបុណ្យជ្រមុជទឹក អគ្គសញ្ញាលើកលែង​ទោស និងអគ្គសញ្ញាឯទៀតៗ ជាពិសេសអគ្គសញ្ញាអរព្រះគុណ។ នៅទីនេះ យើងទើបតែពន្យល់អំពីលទ្ធិមូលដ្ឋានប៉ុណ្ណោះ។

១. ពិធីជ្រមុជទឹកតែមួយ សម្រាប់ការលើកលែងទោសឱ្យរួចពីបាប

៩៧៧. តាមព្រះអម្ចាស់របស់យើង យើងអាចរួចពីបាបដោយផ្ញើជីវិតទាំអស្រុងទៅលើព្រះអង្គ និងទទួលពិធីជ្រមុជទឹក៖ “ចូរ​នាំគ្នា​ទៅ​គ្រប់ទី​កន្លែង​ក្នុង​ពិភព​លោក​ ​ហើយ​ប្រកាស​ដំណឹង​ល្អដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។​ អ្នក​​ណា​ជឿ​ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក ព្រះ​ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ​” (មក ១៦,១៥-១៦)។ បុណ្យជ្រមុជ​ទឹក​ជាអគ្គសញ្ញាដំបូង និងសំខាន់ជាងគេ នៃការលើកលែងទោសឱ្យរួចពីបាប ដ្បិតពេលយើងជ្រមុជទឹក យើង​រួមរស់ជាមួយព្រះគ្រីស្តដែលសោយទិវង្គត ដើម្បីលោះយើងឱ្យរួចពីបាប ហើយដែលមានព្រះជន្មថ្មី ដើម្បីឱ្យយើងបានសុចរិត (រម ៤,២៥) ដូច្នេះ “យើងក៏រស់នៅតាមរបៀបថ្មី” (រម ៦,៤)។

៩៧៨. “ពេលយើងប្រកាសជំនឿលើកទីមួយ ដោយទទួលបុណ្យជ្រមុជទឹកដ៏វិសុទ្ធ ដែលបន្សុទ្ធយើង​ យើង​បាន​ទទួល​ការលើកលែងទោសទាំងស្រុង និងពេញលក្ខណៈ អំពីអំពើបាបដើមដំបូងផង និងអំពីទោសដែលយើងបាន​ប្រព្រឹត្តដោយចេតនាផង ហើយយើងក៏មិនត្រូវទទួលទោសណាមួយ ដោយសារអំពើបាបទាំងនោះដែរ (...)។ ក៏ប៉ុន្តែ បុណ្យជ្រមុជទឹក ដែលមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ មិនរំដោះនរណាម្នាក់ឱ្យរួច​ផុត​ពីគុលវិបត្តិនៃធម្មជាតិទេ។ ផ្ទុយទៅវិញ យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងកិលេសតណ្ហា ដែលតែងតែញុះញង់​យើងឱ្យប្រព្រឹត្តអំពើអាក្រក់” (CR ១,១១,៣)។

៩៧៩. ក្នុងការប្រយុទ្ធប្រឆាំងនឹងកិលេសតណ្ហានោះ តើនរណាអង់អាច និងប្រុងប្រយ័ត្នល្មម នឹងជៀសវាងអំពើបាបណាមួយ? “ព្រះសហកមន៍ចាំបាច់ត្រូវតែមានអំណាចអាចលើកលែងទោសឱ្យរួចពីបាប។ បុណ្យ​ជ្រមុជ​ទឹក​​មិន​​មែនជាមធ្យោបាយតែមួយ ឱ្យព្រះសហគមន៍ប្រើកូនសោនៃព្រះរាជ្យនៃស្ថានបរមសុខ ដែលមក​ពី​ព្រះ​យេស៊ូគ្រីស្តទេ គឺព្រះសហគមន៍ត្រូវតែមាន​អំណាចអាចលើកលែង​ទោស​ឱ្យ​អ្នក​បាប​ទាំង​អស់ ទោះបីពួក​គេ​​​​ប្រព្រឹត្ត​អំពើ​បាប​រហូតដល់​ស្លាប់​យ៉ាង​ណាក៏ដោយ” (CR ១,១១,៤)។

៩៨០. អ្នកដែលជ្រមុជទឹកហើយ អាចសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងព្រះសហគមន៍បាន ដោយសារ​អគ្គ​សញ្ញា​លើកលែងទោស៖

គ្រូបាធ្យាយយល់បានត្រឹមត្រូវដោយហៅការលើកលែងទោសជា “ពិធីជ្រមុជទឹកដ៏លំបាក” (សន្ត គ្រេគ័រ នៃណាស៊ីអង់)។ ចំពោះ​អស់អ្នកដែលបាន​ប្រពឹត្តអំពើ​បាប ​ក្រោយពីបានជ្រមុជទឹកហើយ អគ្គសញ្ញាលើកលែងទោសនោះ​ជាចាំបាច់​ ដើម្បី​ទទួលការសង្រ្គោះ ដូចបុណ្យជ្រមុជទឹកជាចាំបាច់ ​ដើម្បីឱ្យ​អស់អ្នកដែល​មិនទាន់កើត​ជាថ្មីអាច​ទទួលការ​សង្រ្គោះបានផងដែរ (DS ១៦៧២) ។

២. អំណាចនៃកូនសោ

៩៨១. ក្រោយពីបានមានជីវិតថ្មី ព្រះគ្រីស្តបានចាត់ឱ្យក្រុមគ្រីស្តទូតទៅ “ប្រកាសក្នុងព្រះនាមព្រះអង្គ ឱ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឱ្យបានរួចពីបាប” (លក ២៤,៤៧)។ ក្រុមគ្រីស្តទូត និង​អ្នកបន្តមុខងាររបស់ពួកលោក មិនគ្រាន់តែបំពេញ “មុខងារ​សម្រុះសម្រួល” (២ករ ៥,១៨) នេះ ដោយ​ប្រកាសឱ្យមនុស្សលោកដឹងថា ព្រះជាម្ចាស់លើកលែងទោសឱ្យគេ ដោយសារគុណបុណ្យរបស់ព្រះគ្រីស្ត ដោយ​ត្រាស់​ហៅគេឱ្យកែប្រែចិត្តគំនិត និងឱ្យគេផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ តែប៉ុណ្ណោះទេ ថែម​ទាំងពួកលោកត្រូវធ្វើការលើកលែងទោសឱ្យរួចពីបាប ដោយសារបុណ្យជ្រមុជទឹក និង​សម្រុះ​សម្រួល​​​មនុស្សលោកឱ្យជានានឹងព្រះជាម្ចាស់ និងព្រះសហគមន៍ ដោយសារអំណាចនៃកូន​សោដែលពួក​លោក​បានទទួលពីព្រះគ្រីស្តដែរ៖

ព្រះសហគមន៍បានទទួលកូនសោនៃព្រះរាជ្យនៃស្ថានបរមសុខ ដើម្បីឱ្យការលើកលែងទោសរួចពីបាប កើត​នៅក្នុងខ្លួនព្រះសហគមន៍ ដោយសារព្រះលោហិតព្រះគ្រីស្ត និងកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រលឹង ដែលបានស្លាប់ដោយសារអំពើបាប មានជីវិតថ្មី ក្នុងព្រះសហគមន៍នេះហើយ ដើម្បី​រួមរស់ជាមួយ​ព្រះ​គ្រីស្ត ដែលមានព្រះហឫទ័យប្រណីសន្តោសសង្រ្គោះយើង (សន្ត អូគូស្តាំង)។

៩៨២. គ្មានអំពើបាបណាមួយ ទោះជាធំយ៉ាងណាក្ដី ដែលព្រះសហគមន៍ដ៏វិសុទ្ធមិនអាចលើកលែងបានទេ។ “គ្មាននរណាម្នាក់ ទោះជាកាច ឬបានធ្វើខុសយ៉ាងណាក្ដី ដែលមិនអាចសង្ឃឹម ដោយជឿទុកចិត្តថា នឹង​ទទួល​ការ​​លើកលែងទោស ឱ្យតែគេសោកស្តាយកំហុសរបស់ខ្លួនដោយចិត្តស្មោះត្រង់” (CR ១,១១,៥)។ នៅក្នុងព្រះសហគមន៍ព្រះអង្គ ព្រះគ្រីស្ត ដែល​បានសោយទិវង្គតសម្រាប់មនុស្សទាំងអស់ សព្វព្រះហឫទ័យ   ឱ្យទ្វារ​​នៃការលើកលែងទោសបើកចំហសម្រាប់អ្នកបាបណាម្នាក់ ដែលកែប្រែចិត្តគំនិត (មថ ១៨,២១-   ២២)។

៩៨៣. ពេលអប់រំជំនឿ ត្រូវតែធ្វើឱ្យគ្រីស្តបរិស័ទដឹងខ្លួនជានិច្ច​នូវព្រះអំណោយ​ទាន​ដ៏ធំធេងដែល​គ្មាន​អ្វី​អាច​ប្រដូច​​បាន ដែលព្រះគ្រីស្តដ៏មានព្រះជន្មថ្មី ប្រោសប្រទានឱ្យព្រះសហគមន៍របស់ព្រះអង្គ គឺ​បេសកកម្ម និងអំណាចលើកលែងទោសឱ្យរួចពីបាបមែន ដោយមុខងាររបស់ក្រុមគ្រីស្តទូត និងអ្នកបន្ត​មុខងារ​របស់ពួក​លោក។

ព្រះអម្ចាស់សព្វព្រះហឫទ័យឱ្យសាវ័ករបស់ព្រះអង្គមានអំណាចដ៏លើសលប់ គឺព្រះអង្គសព្វព្រះហឫទ័យឱ្យ​​​​​អ្នកបម្រើដ៏កម្សត់បំពេញក្នុងព្រះនាមព្រះអង្គនូវអ្វីៗទាំងអស់ដែលព្រះអង្គបានបំពេញ នៅពេល​​ព្រះ​អង្គ​នៅ​លើ​ផែនដីនៅឡើយ (សន្ត អំប្រ័រ)។

ពួកបូជាចារ្យបានទទួលអំណាចមួយ ដែលព្រះជាម្ចាស់មិនបានប្រទានឱ្យទេវទូត ឬអគ្គទេវទូតផង (...)​។ នៅ​ស្ថាន​លើ ព្រះជាម្ចាស់ក៏បញ្ជាក់នូវអ្វីដែលពួកបូជាចារ្យធ្វើនៅខាងលើផែនដីនេះ (សន្ត យ៉ូហាន​           គ្រីសូស្តូម)។

បើនៅក្នុងព្រះសហគមន៍ គ្មានការលើកលែងទោសឱ្យរួចពីបាបទេ​ កុំសង្ឃឹមឡើយ គ្មានសេចក្ដីសង្ឃឹម​លើជីវិតអស់កល្បជានិច្ច និងនៅលើការសង្រ្គោះអស់កល្បជានិច្ចផងដែរ។ សូមអរព្រះគុណព្រះជាម្ចាស់ ដែលបានប្រោសប្រទានព្រះអំណោយទានដ៏ថ្លៃថ្លានេះឱ្យព្រះសហគមន៍ (សន្ត អូគូស្តាំង)។

សង្ខេប

៩៨៤. ធម៌ប្រកាសជំនឿធ្វើឱ្យ “ការលើកលែងទោសឱ្យរួចពីបាប” ទាក់ទងនឹងការប្រកាសជំនឿអំពីព្រះវិញ្ញាណដ៏វិសុទ្ធ។ តាមការពិត ព្រះគ្រីស្តដែលមានព្រះជន្មថ្មីបានប្រគល់អំណាចឱ្យក្រុមគ្រីស្តទូតលើកលែងទោសរួចពីបាប នៅពេលដែលព្រះអង្គបានប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឱ្យពួកលោក។

៩៨៥. ពិធីជ្រមុជទឹកជាអគ្គសញ្ញាទីមួយ និងសំខាន់ជាងគេ ដើម្បីទទួលការលើកលែងទោសឱ្យ រួចពីបាប គឺយើងរួមស្លាប់រួមរស់ជាមួយព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី ហើយដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ​ ឱ្យយើង។

៩៨៦. ដោយសារព្រះហឫទ័យរបស់ព្រះគ្រីស្ត ព្រះសហគមន៍មានអំណាចលើកលែងទោសគ្រីស្ត​បរិស័ទ​ឱ្យរួចពីបាប ហើយជាធម្មតា ព្រះសហគមន៍ប្រតិបត្តិតាមអំណាចនេះ ដោយលោកអភិបាល និងលោក​បូជាចារ្យ​ក្នុងអគ្គសញ្ញាលើកលែងទោស។

៩៨៧. “ក្នុងការលើកលែងទោសឱ្យរួចពីបាប ពួកបូជាចារ្យ និងអគ្គសញ្ញាទាំងប៉ុន្មានជាឧបករណ៍សុទ្ធសាធ ដែលព្រះអម្ចាស់របស់យើងព្រះយេស៊ូគ្រីស្ត ដែលជាព្រះសង្រ្គោះតែមួយគត់របស់យើង សព្វព្រះហឫទ័យ ប្រើប្រាស់ ដើម្បីលុបបំបាត់អំពើសៅហ្មងរបស់យើង និងប្រោសយើងឱ្យទៅជាមនុស្សសុចរិត” (CR,១១,៦)

ប្រការទី១១៖ “ខ្ញុំជឿថា ​រូបកាយមនុស្សនឹងមានជីវិតថ្មី”

៩៨៨. ធម៌ប្រកាសជំនឿនៃគ្រីស្តសាសនា - យើងប្រកាសជំនឿទៅលើព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និង​ព្រះ​វិញ្ញាណដ៏វិសុទ្ធ ហើយយើងជឿនៅលើកិច្ចបង្កើត កិច្ចសង្រ្គោះ និងកិច្ចប្រោសឱ្យបានវិសុទ្ធ របស់ព្រះអង្គ - មានកំពូលក្នុងការប្រកាសថា មនុស្សនឹងមានជីវិតថ្មី នៅពេលអវសានកាលនៃពិភពលោក និងមានជីវិតអស់​កល្បជានិច្ច។

៩៨៩. យើងជឿជាក់ ទើបយើងសង្ឃឹមថា ព្រះគ្រីស្តពិតជាមានព្រះជន្មថ្មីពីចំណោមមនុស្សស្លាប់​ ព្រះ​អង្គ​​​​មានព្រះជន្មគង់នៅជាដរាបតរៀងទៅយ៉ាងណា ក្រោយពីបានស្លាប់ហើយ មនុស្សសុចរិតនឹងរស់នៅជាដរាប​ត​រៀង​ទៅ រួម​ជាមួយព្រះគ្រីស្តដែលមានព្រះជន្មថ្មី ហើយព្រះអង្គក៏នឹងប្រោសគេឱ្យមានជីវិតថ្មី នៅ​​​ថ្ញៃ​ចុង​ក្រោយបំផុតយ៉ាងនោះដែរ (យហ ៦,៣៩-៤០)។ យើងនឹងមានជីវិតថ្មីដោយសារព្រះត្រៃឯក​ដ៏​វិសុទ្ធបំផុត ដូចព្រះគ្រីស្ត​បានមានជីវិតថ្មីដោយសារព្រះត្រៃឯកនេះដែរ៖

ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មី សណ្ឋិត​នៅ​ក្នុង​បងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មថ្មី ទ្រង់ក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិត តាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបង​ប្អូននោះដែរ (រម ៨,១១) (១ថស ៤,‌១៤ ; ១ករ ៦,១៤ ; ២ករ ៤,១៤ ; ភីល ៣,១០-១១)។

៩៩០. ពាក្យ “សាច់” សម្ដៅលើលក្ខណៈមនុស្សលោក ដែលទន់ខ្សោយ និងដែលត្រូវតែស្លាប់ (កណ ៦,៣ ; ទន ៥៦,៥ ; អស ៤០,៦)។ “រូបកាយមនុស្សនឹងមានជីវិតថ្មី” បានសេចក្ដី​ថា ពេលស្លាប់ហើយ ព្រលឹងនឹងមានជីវិតអមតៈផង ថែមទាំង “រូបកាយដែលរមែងតែងតែស្លាប់” (រម ៨,១១) នឹងមានជីវិតថ្មីផងដែរ។

៩៩១. ត្រូវតែជឿជាចំបាច់ថា​ មនុស្សស្លាប់នឹងមានជីវិតថ្មី នេះជាចំណុចដ៏សំខាន់នៃគ្រីស្តសាសនា។ “គ្រិស្តបរិស័ទជឿជាក់ថា មនុស្សស្លាប់នឹងមានជីវិតថ្មី។ ការជឿជាក់នេះធ្វើឱ្យយើងមានជីវិត” (សន្ត          ទែរទូលីយ៉ាំង)៖

ហេតុអ្វីបានជាមានអ្នកខ្លះក្នុងចំណោមបងប្អូនបែរជាពោលថា មនុស្សស្លាប់មិនមានជីវិតថ្មីដូច្នេះ? ប្រសិនបើ​មនុស្សស្លាប់មិនមានជីវិតថ្មីទេនោះ ព្រះគ្រីស្តក៏គ្មានព្រះជន្មថ្មីដែរ ហើយបើព្រះគ្រីស្តមិនបានរស់ ឡើងវិញទេ សេចក្ដីដែលយើងប្រកាសមុខជាគ្មានន័យអ្វីសោះឡើយ ហើយជំនឿរបស់បងប្អូន ក៏គ្មានន័យអ្វីដែរ (...)។ ប៉ុន្តែ ព្រះគ្រីស្តពិតជាមានព្រះជន្មថ្មីមែន។ ក្នុងចំណោយមនុស្សស្លាប់ ព្រះអង្គមានព្រះជន្មរស់​ឡើងវិញមុនគេបង្អស់ (១ករ ១៥,១២-១៤.២០)។

១. ព្រះគ្រីស្តមានព្រះជន្មថ្មី យើងក៏នឹងមានជីវិតថ្មីដែរ
ព្រះជាម្ចាស់សម្ដែងបន្តិម្តងៗឱ្យមនុស្សដឹងថា គេនឹងមានជីវិតថ្មី

៩៩២. ព្រះជាម្ចាស់បានសម្ដែងបន្តិចម្តងៗឱ្យប្រជារាស្រ្តរបស់ព្រះអង្គដឹងថា នឹងមានជីវិតថ្មី ។ ពេល​យើង​ជឿ​​ថា ព្រះជាម្ចាស់បានបង្កើតមនុស្សទាំងស្រុង ទាំងព្រលឹង ទាំងរូបកាយផង យើងក៏ត្រូវតែជឿថា ព្រះអង្គ​ប្រោសរូបកាយមនុស្សឱ្យមានជីវិតថ្មីដែរ។ ម្យ៉ាងទៀត ព្រះជាម្ចាស់ជាព្រះបង្កើតមេឃនិងដី ជាព្រះដែល​កាន់​​សម័្ពន្ធ​មេត្រីរបស់ព្រះអង្គជាមួយលោកអប្រាហាំ និងកូនចៅរបស់លោក ដោយព្រះហឫទ័យស្មោះត្រង់​ផងដែរ។ ហេតុ​នេះ ជនជាតិអ៊ីស្រាអែលចាប់ផ្ដើមជឿថា   មនុស្សនឹងមានជីវិតថ្មី។        ក្នុងទុក្ខលំបាករបស់គេ ​​​​​​​​មរណៈសាក្សីម៉ាកាបាយប្រកាស​ថា៖

ព្រះមហាក្សត្រនៃពិភពលោកនឹងប្រោសយើងឱ្យមានជីវិតថ្មី មានជីវិតអស់កល្បជានិច្ច ព្រោះទូលបង្គំ​យើងខ្ញុំ​ស៊ូ​​ស្លា​ប់ ដើម្បីគោរពវិន័យរបស់ព្រះអង្គ (២មបា ៧,៩)។ ស៊ូស្លាប់ដោយសារដៃមនុស្ស ប្រសើរជាងនៅ​រស់ត​ទៅ​ទៀត ទូលបង្គំយើងខ្ញុំរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យមានជីវិតថ្មី (២មបា ៧,១៤) (មបា ៧,២៩ ; ដន ១២,១-១៣)។

៩៩៣. ពួកខាងគណៈផារីស៊ី (កក ២៣,៦) និងអ្នកភាគច្រើននៅសម័យព្រះអម្ចាស់ (យហ ១១,២៤) ជឿ​ហើយសង្ឃឹមថា មនុស្សនឹងមានជីវិតថ្មី។ ព្រះយេស៊ូប្រៀនប្រដៅយ៉ាងមឹងម៉ាត់ថា មនុស្សនឹងមានជីវិតថ្មី។ ចំពោះ​ពួក​ខាងគណៈសាឌូស៊ីដែលមិនជឿថា មនុស្សស្លាប់នឹងមានជីវិតថ្មីទេ ព្រះអង្គឆ្លើយតបទៅគេថា៖ “អ្នករាល់គ្នា​យល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង” (មក ១២,២៤)។ យើងជឿថា មនុស្សនឹងមានជីវិតថ្មី ដ្បិតយើងជឿថា ព្រះជាម្ចាស់ “មិនមែនជាព្រះរបស់​មនុស្ស​ស្លាប់​ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត” (មក ១២,២៧)។

៩៩៤. លើសពីនេះទៅទៀត ព្រះយេស៊ូធ្វើឱ្យជំនឿអំពីព្រះជន្មថ្មី សំអាងលើខ្លួនព្រះអង្គ ផ្ទាល់៖ “ខ្ញុំ​ហ្នឹង​ហើយដែលប្រោសមនុស្សឱ្យមានជីវិតថ្មី ខ្ញុំនឹងផ្ដល់ជីវិតឱ្យគេ” (យហ ១១,២៥)។ នៅពេលថ្ងៃចុងក្រោយបំផុត គឺព្រះយេស៊ូផ្ទាល់ខ្លួនដែលនឹងប្រោសអស់អ្នកដែលបានផ្ញើជីវិតលើព្រះអង្គ (យហ ៥,២៤-២៥ ; ៦,៤០)​ និងដែលបានពិសាសាច់ និងលោហិតរបស់ព្រះអង្គ (យហ ៦,៥៤) ឱ្យមានជីវិតថ្មី។ ចាប់ពីឥឡូវនេះ​ទៅ ព្រះអង្គក៏ប្រទានសញ្ញាសម្គាល់បញ្ជាក់អំពីព្រះបន្ទូលសន្យានេះ ដោយប្រោស​មនុស្ស​ខ្លះ​​ឱ្យ​មាន​ជីវិត​រស់​ឡើងវិញ (មក ៥,២១-៤២ ; លក ៧,១១-១៧ ; យហ ១១)។​ ធ្វើដូច្នេះ ព្រះអង្គ​ប្រកាស​ទុក​ជាមុនថា ទ្រង់នឹងមានព្រះជន្មថ្មី តាមរបៀបពិសេស។ ព្រះអង្គមានព្រះបន្ទូលអំពីព្រះជន្មថ្មី​របស់​ព្រះអង្គ ដែលជាហេតុការណ៍តែមួយ ដូចជាទីសម្គាល់របស់ព្យាការីយ៉ូណាស” (មថ ១២,៣៩) និងទី​សម្គាល់​​នៃ​ព្រះវិហារ (យហ ២,១៩-២២)៖ ព្រះអង្គប្រកាសថា  ទ្រង់នឹងមានជីវិតថ្មី​បីថ្ងៃក្រោយពីបាន​សោយ​ទី  ​វង្គត (មក ១០,៣៤)។

៩៩៥. យើងជាសាក្សីរបស់ព្រះគ្រីស្ត ពេលយើងជា “សាក្សីអំពីព្រះអង្គដែលមានព្រះជន្មថ្មី” (កក ១,២២) និងពេលយើង “បរិភោគជាមួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មថ្មី” (កក ១០,៤១)។ យើងជឿហើយសង្ឃឹមថា នឹងមានជីវិតថ្មី ដោយសារយើងបានជួបព្រះគ្រីស្តដែលមានព្រះជន្មថ្មី។ យើង​ក៏នឹងមានជីវិតថ្មីដូចព្រះអង្គ ជាមួយព្រះអង្គ និងនៅក្នុងអង្គព្រះអង្គ។

៩៩៦. តាំងពីដើមដំបូង គ្រីស្តបរិស័ទដែលជឿថា មនុស្សនឹងមានជីវិតថ្មី បានជួបប្រទះមនុស្សជាច្រើន​ ដែល​យល់​ខុស និងជំទាស់ប្រឆាំង (កក ១៧,៣២ ; ១ករ ១៥,១២-១៣)។ “ក្នុងគ្រីស្តសាសនា គ្មានចំណុចណាមួយ ក្រៅពីជីវិតថ្មីនៃរូបកាយរបស់មនុស្សទេ ដែលជួបនឹងការជំទាស់ប្រឆាំងជាងគេ” (សន្ត អូគូស្តាំង)។ ធម្មតា មនុស្សយល់ស្របថា ក្រោយពីស្លាប់ ជីវិតមនុស្សខាងវិញ្ញាណរស់នៅឡើយ។ ប៉ុន្តែ ធ្វើដូចម្ដេចឱ្យបានជឿថា រូបកាយនេះ ដែលរមែងតែស្លាប់ អាចមានជីវិតថ្មីបាន?

តើមនុស្សស្លាប់អាចមានជីវិតថ្មីយ៉ាងដូចម្ដេច?

៩៩៧. តើរមានជីវិតថ្មីមានអត្ថន័យយ៉ាងដូចម្ដេច? ពេលស្លាប់ ព្រលឹងនិងរូបកាយបំបែកចេញពីគ្នា រូបកាយ​មនុស្ស​ក៏​រលួយ ឯព្រលឹងរបស់គេទៅជួបព្រះជាម្ចាស់ ដោយរង់ចាំឱ្យព្រះអង្គភ្ជាប់វានឹងរូបកាយ​ពោរពេញទៅ​ដោយ​សិរីរុង​រឿង​​ឡើង​វិញ។ ព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាពសព្វប្រការ នឹងប្រោសឱ្យរូបកាយយើង មានជីវិតដែល​មិន​​អាច​​រលួយបាន ដោយភ្ជាប់វានឹងព្រលឹងរបស់យើង ដោយសារគុណធម៌របស់ព្រះយេស៊ូ ដែលមាន​ព្រះជន្ម​រស់​ឡើងវិញ។

៩៩៨. តើនរណានឹងមានជីវិតថ្មី?  គឺអស់មនុស្សស្លាប់៖ “អ្នកដែលប្រព្រឹត្តអំពើល្អនឹងមានជីវិតថ្មី ដើម្បីទទួល​ជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងមានជីវិតថ្មី ដើម្បីទទួលទោស” (យហ ៥,២៩)។

៩៩៩. តើមនុស្សនឹងមានជីវិតថ្មីយ៉ាងដូចម្ដេច?  ព្រះគ្រីស្តបានមានជីវិតថ្មីជាមួយព្រះកាយរបស់ព្រះអង្គ​ផ្ទាល់៖ “ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន!” (លក ២៤,៣៩) ប៉ុន្តែ ព្រះអង្គមិនមែនមានជីវិតដូចកាលពីមុន​ឡើយ។ យ៉ាងណាមិញ នៅក្នុងអង្គព្រះអង្គ “គេទាំងអស់គ្នានឹងមានជីវិតថ្មី ដោយរូបកាយរបស់គេ ដែលគេមាន ដូចឥឡូវ​នេះ” (DS ៨០១) ប៉ុន្តែ ព្រះជាម្ចាស់នឹងផ្លាស់ប្តូររូបកាយនេះឱ្យបានដូច “ព្រះកាយ​ប្រកបដោយ​សិរីរុងរឿង” (ភីល ៣,២១) “ប្រកបដោយវិញ្ញាណ” (១ករ ១៥,៤៤)៖

ប្រហែល​ជា​មាននរណា​ម្នាក់​ចង់​សួរ​ថា៖​ «តើ​មនុស្ស​ស្លាប់​នឹង​មាន​ជីវិត​ថ្មី​បែប​ដូច​ម្ដេច?​ តើ​អ្នក​មាន​ជីវិត​ថ្មី​​នោះ​មាន​រូបកាយ​យ៉ាង​ណា?»។​ មនុស្ស​ឆោត​ល្ងង់​អើយ!‌ ​គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​ វា​មាន​ជីវិត​បាន ​លុះត្រាតែ​វា​ងាប់​សិន។‌​ ​គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ​ គ្មាន​រូបរាង​ដូច​ដើម​ដែល​នឹង​ដុះ​តាម​ក្រោយ​​ឡើយ‌​ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ​ដូចជា​គ្រាប់​ស្រូវ​ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ‌ (...)។ ចំណែក​មនុស្ស​ស្លាប់​  ដែល​​ទទួល​ជីវិត​ថ្មី​ ក៏​ដូច្នោះ​ដែរ​‌​ រូបកាយ​ដែល​គេ​កប់​ក្នុង​ដី​រមែង​តែង​តែ​រលួយ​ រីឯ​រូបកាយ​ដែល​​​ទទួល​ជីវិត​ថ្មី​​មិន​ចេះ​រលួយ​ទេ (...) ។​ ​រូបកាយ​ដែល​រមែង​តែងតែ​រលួយ​នេះ​ត្រូវតែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ‌​ ហើយ​រូបកាយ​ដែល​រមែង​តែងតែ​ស្លាប់​នេះ​ ក៏ត្រូវ​ទទួល​​ភាព​អមតៈ (១ករ ១៥,៣៥-៣៧.៤២.៤៣-៥៣)។

១០០០. យើងមិនអាចយល់ ឬនឹកគិតដល់ថា តើមនុស្សនឹងមានជីវិតថ្មី “យ៉ាងដូចម្ដេច” បានទេ គឺយើងគ្រាន់តែ​ជឿ​​ប៉ុណ្ណោះ។ ប៉ុន្តែ ពេលយើងចូលរួមថ្វាយអភិបូជា យើងក៏អាចយល់ទុកជាមុនថា ព្រះគ្រីស្តនឹង​ផ្លាស់ប្ដូរ​ទ្រង់​ទ្រាយ​​​រូបកាយរបស់យើងយ៉ាងដូចម្ដេច៖

ក្រោយពីបានទូលអង្វរព្រះជាម្ចាស់ នំបុ័ងដែលមកពីផែនដី​ លែងជានំបុ័ងធម្មតាទៀតទេ ប៉ុន្តែបានក្លាយជាអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដែលផ្សំនឹងធាតុពីរ គឺមួយដែលមកពីផែនដី មួយដែលមកពីស្ថានបរមសុខយ៉ាងណា រូបកាយរបស់យើង ដែលចូលរួមចំណែកក្នុងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត លែងរលួយទៀតទេយ៉ាងនោះដែរដ្បិតរូបកាយនេះ សង្ឃឹមថា នឹងមានជីវិតថ្មី (សន្ត អ៊ីរ៉េណេ)។

១០០១. នៅពេលណា?​ “នៅថ្ងៃចុងក្រោយបំផុត” (យហ ៦,៣៩-៤០.៤៤.៥៤ ; ១១,២៤) “នៅពេល​អវសានកាល​​នៃពិភពលោក” (LG ៤៨) ដ្បិតជីវិតថ្មីរបស់មនុស្សស្លាប់ ទាក់ទងយ៉ាងស្និតស្នាលជាមួយនឹងពេលព្រះគ្រីស្តយាងមកវិញពោរពេញដោយសិរីរុងរឿង៖

ដ្បិតនៅពេលមានស្នូរជាសញ្ញាលាន់ឮឡើង ហើយនៅពេលឮសម្លេងមហាទេវទូត និងសម្លេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ មុនដំបូង អស់អ្នកជឿលើព្រះគ្រីស្តដែលបានស្លាប់ទៅនោះ នឹងរស់​ឡើង​វិញ (១តស ៤,១៦)។

មានជីវិតថ្មីរួមជាមួយព្រះគ្រីស្ត

១០០២. បើព្រះគ្រីស្តពិតជានឹងប្រោសយើងឱ្យមានជីវិតថ្មី “នៅថ្ងៃចុងក្រោយបំផុត” យើងក៏ពិតជាបាន​រស់​ឡើង​វិញរួមជាមួយព្រះគ្រីស្តរួចហើយ ដ្បិតឥឡូវនេះ នៅលើផែនដីនេះ ដោយសារព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​ជាគ្រីស្តបរិស័ទរួមស្លាប់រួមរស់​ជាមួយព្រះគ្រីស្តដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើង​វិញ៖

ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយព្រះគ្រីស្ត ហើយដោយបងប្អូនរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនក៏មានជីវិតថ្មីរួមជាមួយព្រះអង្គដែរ ព្រោះបងប្អូនមានជំនឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែល​បានប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មថ្មី (...)។ ដូច្នេះ ប្រសិនបើបងប្អូនបានមានជីវិតថ្មីរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់នោះវិញ” (កូឡ ២,១២ ; ៣,១)។

១០០៣. ដោយសារបុណ្យជ្រមុជទឹក អ្នកជឿពិតជារួមរស់ជាមួយព្រះគ្រីស្តដែលមានព្រះជន្មថ្មី (ភីល ៣.២០) ប៉ុន្តែ ជីវិតនេះ “កប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជាម្ចាស់ដែរ” (កូឡ ៣,៣)។​ “ព្រះអង្គបានប្រោសយើងឱ្យមានជីវិតថ្មីរួមជាមួយព្រះគ្រីស្តយេស៊ូ និងឱ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយ​ព្រះ​អង្គ​ដែរ” (អភ ២,៦)។ ដោយសារយើងបានទទួលព្រះកាយព្រះអង្គ ក្នុងអភិបូជា យើងជាកម្មសិទ្ធិរបស់ព្រះ​កាយ​ព្រះគ្រីស្តរួចហើយ។ ពេលយើងនឹងរស់ឡើងវីញ នៅថ្ងៃចុងក្រោយបំផុត យើង “នឹងលេចចេញមកជាមួយព្រះគ្រីស្ត ប្រកបដោយសិរីរុងរឿងដែរ” (កូឡ ៣,៤)។

១០០៤. ដោយរង់ចាំថ្ងៃនោះ រូបកាយ និងព្រលឹងរបស់អ្នកជឿមានតម្លៃថ្លៃថ្នូរ “ជាកម្មសិទិ្ធរបស់ព្រះគ្រីស្ត” ទើប​ត្រូវ​តែគោរពរូបកាយរបស់ខ្លួន និងរូបកាយរបស់អ្នកដទៃផង ជាពិសេសពេលរងទុក្ខលំបាក៖

រីឯរូបកាយវិញ (...) គឺសម្រាប់ថ្វាយទៅព្រះជាម្ចាស់ ហើយព្រះអង្គក៏ជាម្ចាស់លើរូបកាយដែរ។ ព្រះជាម្ចាស់ដែល​បានប្រោសព្រះយេស៊ូជាអម្ចាស់ឱ្យមានព្រះជន្មថ្មី ទ្រង់ក៏នឹងប្រោសយើងឱ្យមានជីវិតរស់ឡើង​វិញ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែរ។ បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត? (...) បងប្អូនមិនមែនជាម្ចាស់លើខ្លួនឯងទៀតទេ (...)។ ហេតុនេះ ចូរប្រើរូបកាយរបស់បងប្អូន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់” (១ករ ៦,១៣-១៥.១៩-២០)។

២. រួមស្លាប់ក្នុងអង្គព្រះគ្រីស្តយេស៊ូ

១០០៥. ដើម្បីមានជីវិតថ្មីរួមជាមួយព្រះគ្រីស្ត ត្រូវតែរួមស្លាប់ជាមួយព្រះគ្រីស្ត គឺត្រូវ “ឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់” (២ករ ៥,៨)។ ពេលយើង “លាចាកលោកនេះ” (ភីល ១,២៣) គឺពេលយើងស្លាប់ ព្រលឹង និងរូបកាយបំបែកគ្នា ហើយនឹងរួបរួមគ្នាម្តងទៀត នៅពេលថ្ងៃមនុស្សស្លាប់នឹងមានជីវិតថ្មី (SPF ២៨)។

មរណភាព

១០០៦. “ពេលមនុស្សប្រឈមមុខនឹងមរណភាព លក្ខណៈដ៏អាថ៌កំបាំងនៃជីវិតមនុស្សទៅដល់កម្រិតកំពូល” (GS ១៨)។ មរណភាពខាងរូបកាយមកពីធម្មជាតិម្យ៉ាង តែចំពោះអ្នកជឿ សេចក្ដីស្លាប់ជា “លទ្ធផលនៃអំពើបាប” (រម ៦,២៣) (កណ ២,១៧)​ ឯចំពោះអស់អ្នកដែលស្លាប់ក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ  គ្រីស្ត គេរួម​ចំណែក​ក្នុង​អង្គ​ព្រះ​គ្រីស្តដែលបានសោយទិវង្គត ដើម្បីឱ្យ​អាចរួមជាមួយ​ព្រះអង្គដែលមាន​ព្រះជន្មរស់ឡើង​វិញ (រម ៦,៣-៩ ; ភីល ៣,១០-១១)។

១០០៧. មរណភាពជាទីបញ្ចប់នៃជីវិតនៅលើផែនដី ។ ពេលវេលាជាចង្វាក់នៃជីវិតរបស់យើង យើងផ្លាស់ប្តូរទៅជា​ចាស់ ហើយដូចសត្វលោកទាំងអស់នៃផែនដី សេចក្ដីស្លាប់ជាទីបញ្ចប់ធម្មតានៃជីវិត។ លក្ខណៈនៃមរណភាពជម្រុញយើងឱ្យនឹកគិតថា ត្រូវតែស្លាប់ យើងក៏រំលឹកខ្លួនឯងថា ជីវិតយើងមានពេលកំណត់ ដើម្បី​​យើង​បានសម្រេច៖

ក្នុងពេលដែលអ្នកនៅក្មេងនៅឡើយ ត្រូវនឹកដល់ព្រះអាទិកររបស់អ្នក (...)។ ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណដែលព្រះជាម្ចាស់ប្រទានឱ្យក៏នឹងវិលទៅកាន់ព្រះអង្គវិញដែរ (សស ១២,១.៧)។

១០០៨. មរណភាពជាលទ្ធផលនៃអំពើបាប ។ ដោយបកស្រាយយ៉ាងពិតប្រាកដព្រះគម្ពីរដ៏វិសុទ្ធ (កណ ២,១៧ ; ៣,៣ ; ៣,១៩) ការបញ្ជូន​បន្ត និងក្រុមណែនាំព្រះសហគមន៍បង្រៀនថា មរណភាពចូល​ក្នុង​ពិភព​លោក​ដោយ​សា​រ​​អំពើបាបរបស់មនុស្ស។ ទោះបីមនុស្សមានលក្ខណៈត្រូវតែស្លាប់យ៉ាងណាក៏ដោយ ក៏ព្រះ​ជាម្ចាស់មិន​សព្វ​ព្រះ​ហឫទ័យឱ្យគេស្លាប់ដែរ។ មរណភាពប្រឆាំងនឹងគម្រោងការរបស់ព្រះជាម្ចាស់ ជាព្រះ​បង្កើត ហើយមរណភាពចូល​ក្នុង​ពិភព​លោក ដោយសារអំពើបាប (ប្រាញ ២,២៣-២៤)។ “មនុស្ស​​​រមែងតែង​តែ​ស្លាប់​​​​ខាងរូបកាយ ព្រោះ​​​តែ​អំពើ​បាប” ហើយសេចក្ដីស្លាប់នេះ ជា “សត្រូវចុងក្រោយបង្អស់” (១ករ ១៥.២៦) របស់​មនុស្ស ដែល​ព្រះ​ជាម្ចាស់​ត្រូវ​តែឈ្នះជាពុំខាន។

១០០៩. ព្រះគ្រីស្តផ្លាស់ប្ដូរមរណភាព ។ ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់បានរងទុក្ខពីសេចក្ដីស្លាប់ ដែលជាលក្ខណៈរបស់មនុស្សដែរ។  ក៏ប៉ុន្តែ ទោះបីព្រះអង្គព្រួយព្រះហឫទ័យយ៉ាងខ្លាំងចំពោះមរណភាពក្ដី ក៏​ទ្រង់​​សុខ​ចិត្តទទួលយកសេចក្ដីស្លាប់ ដោយគាប់ព្រះហឫទ័យទាំងស្រុងនឹងព្រះបិតារបស់ព្រះអង្គ និងដោយ​គ្មានការបង្ខិតបង្ខំ។ ដោយសារព្រះយេស៊ូបានស្តាប់បង្គាប់ ព្រះអង្គក៏បានផ្លាស់ប្ដូរបណ្ដាសា​នៃមរណភាពឱ្យ​ទៅ​​ជាការប្រសិទ្ធិ​ពរទៅវិញ (រម ៥,១៩-២១)។

អត្ថន័យនៃមរណភាពតាមគ្រីស្តសាសនា

១០១០. ដោយសារព្រះគ្រីស្ត មរណភាពខាងគ្រីស្តសាសនាមានអត្ថន័យវិជ្ជមាន។ “ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះ​គ្រីស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ” (ភីល ១,២១)។ “ពាក្យនេះ គួរឱ្យជឿថា ប្រសិនបើយើងរួម​ស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់រួមជាមួយព្រះអង្គដែរ” (២ធម ២,១១)។ មរណភាពខាងគ្រីស្ត​សាសនា​មានលក្ខណៈថ្មី គឺដោយសារបុណ្យជ្រមុជទឹក គ្រីស្តបរិស័ទបាន “ស្លាប់រួមជាមួយព្រះ   គ្រីស្ត”​​ (តាម​របៀប​​អគ្គសញ្ញា) រួចហើយ ដើម្បីមានជីវិតថ្មី ហើយបើយើងស្លាប់ក្នុងព្រះហឫទ័យប្រណីសន្តោស​របស់ព្រះ​គ្រីស្ត មរណភាពខាងរូបកាយបញ្ចប់ការ​ “រួមស្លាប់ជាមួយព្រះគ្រីស្ត”​ នេះ ហើយយើង​ក៏រួមចំណែកនៅក្នុងអង្គ​ព្រះ​​អង្គ​ក្នុងកិច្ចសង្រ្គោះយើង ជាស្ថាពរ។

ឱ្យខ្ញុំស្លាប់ក្នុងអង្គព្រះគ្រីស្តប្រសើរជាងគ្រងរាជ្យនៅកន្លែងដាក់ស្រយាលនៃផែនដី។ គឺព្រះអង្គនេះហើយ ដែលខ្ញុំស្វែងរក ទ្រង់ក៏បានសោយទិវង្គតសម្រាប់យើង។ គឺព្រះអង្គនេះហើយ ដែលខ្ញុំចង់បាន ទ្រង់ក៏បានមានជីវិតថ្មីសម្រាប់​យើង។ កំណើតថ្មីរបស់ខ្ញុំជិតមកដល់ហើយ (...) សូមទុកឱ្យខ្ញុំទទួលពន្លឺដ៏បរិសុទ្ធបំផុត ពេលខ្ញុំនឹងដល់ទីនោះ ខ្ញុំក៏នឹង​ទៅ​ជា​មនុស្ស​ដ៏ពេញលក្ខណៈ (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។

១០១១. ក្នុងមរណភាព ព្រះជាម្ចាស់ត្រាស់ហៅមនុស្សមករកព្រះអង្គ។ ហេតុនេះ គ្រីស្តបរិស័ទ​អាច​មាន​បំណង​ប្រាថ្នាចំពោះមរណភាពដូចសន្តប៉ូលដែរ៖ “ខ្ញុំប្រាថ្នាចង់លាចាកលោកនេះទៅនៅជាមួយព្រះគ្រីស្ត” (ភីល ១,២៣) ហើយគេអាចផ្លាស់ប្ដូរសេចក្ដីស្លាប់របស់ខ្លួន ទៅជាការស្តាប់បង្គាប់ និងការ​ស្រលាញ់​​ព្រះបិតា ដូចព្រះ គ្រីស្តផងដែរ (លក ២៣,៤៦)៖

បំណងប្រាថ្នាខាងលោកីយ៍បានត្រូវគេឆ្កាង (...)។ ក្នុងខ្លួនខ្ញុំ មានទឹករស់រវើកដែលខ្សឹបនៅខាងក្នុងខ្ញុំថា “សូម​មក​រកព្រះបិតា” (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។

ខ្ញុំចង់ឃើញព្រះជាម្ចាស់ ហើយដើម្បីឃើញព្រះអង្គ ខ្ញុំត្រូវតែស្លាប់ (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។

ខ្ញុំមិនស្លាប់ទេ ខ្ញុំចូលក្នុងជីវិត (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។

១០១២. ពិធីបុណ្យនៃព្រះសហគមន៍សម្ដែងយ៉ាងពិសេសនូវទស្សននៃមរណភាពខាងគ្រីស្តសាសនា (១ថស ៤,១៣-១៤)៖

ឱព្រះអម្ចាស់អើយ! សម្រាប់អស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ ជីវិតមិនត្រូវបំផ្លាញទេ គឺត្រូវផ្លាស់ប្ដូរ ហើយ​ពេល​ដំណើរ​នៅលើលោកនេះនឹងត្រូវបញ្ចប់ គេមានទីលំនៅអស់កល្បជានិច្ចនៅស្ថានបរមសុខហើយ (MR)។

១០១៣. មរណភាពជាទីចុងក្រោយនៃបូជនិយេសចរណ៍លោកីយ៍របស់មនុស្ស ជាទីបញ្ចប់នៃពេលវេលាប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងធម៌មេត្តាករុណា ដែលព្រះជាម្ចាស់ប្រោសប្រទាន ដើម្បីឱ្យគេសម្រេចជីវិតលើផែនដីនេះ តាមព្រះហឫទ័យរបស់ព្រះអង្គ និងសម្រេចវាសនាចុងក្រោយរបស់ខ្លួន។ “នៅពេលដំណើរ​ជីវិត​តែ​មួយ​​របស់យើងនឹងចប់ទៅ” (LG ៤៨) យើងនឹងលែងកើតនៅក្នុងលោកនេះទៀតហើយ។ “មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង” (ហប ៩,២៧)។ គ្មាន “ការចាប់ជាតិជាថ្មី” ក្រោយពេលស្លាប់ទេ។

១០១៤. ព្រះសហគមន៍លើទឹកចិត្តយើងឱ្យត្រៀមខ្លួនជានិច្ចទទួលមរណភាព (“សូមព្រះអង្គរំដោះយើងខ្ញុំ​ឱ្យ​​​​​​​​​​​​រួច​​ផុត​ពី​មរណភាពយ៉ាងឆាប់រហ័ស ដែលមិនបានគ្រោងទុកជាមុន”៖ ពាក្យអង្វរសន្តបុគ្គលទាំងឡាយ) យើងសូមព្រះមាតារបស់ព្រះជាម្ចាស់ជួយអង្វរដល់យើងផង “វេលាដែលយើងស្លាប់” (ពាក្យអង្វរ “បពិត្រ​ព្រះនាងម៉ារី”) និងឱ្យយើងជ្រកក្រោមម្លប់សន្តយ៉ូសែបជាឧបការីនៃមរណភាពដ៏ល្អ។

ក្នុងគ្រប់កិច្ចការ គ្រប់គំនិត អ្នកត្រូវប្រព្រឹត្តដូចជាត្រូវតែស្លាប់នៅថ្ងៃនេះ។ បើមនសិការរបស់អ្នកនៅល្អ អ្នកមិនត្រូវភ័យខ្លាចនឹងសេចក្ដីស្លាប់ទេ។ គួររក្សាខ្លួនឱ្យចាកផុតពីអំពើបាបប្រសើរជាងរួចផុតពីសេចក្ដីស្លាប់។ បើអ្នកមិនទាន់ត្រៀម​ខ្លួន​នៅ​ថ្ងៃនេះ តើថ្ងៃស្អែក អ្នកនឹងទៅជាយ៉ាងណា? (“យកតម្រាប់តាមព្រះគ្រីស្ត”)។

សូមលើតម្កើងព្រះអម្ចាស់នៃខ្ញុំ ដើម្បីបងស្រីមរណភាព ដែលគ្មាននរណាម្នាក់អាចគេច​ផុត​បានទេ។ អស់អ្នកដែលស្លាប់ក្នុងអំពើបាបដ៏ធ្ងន់ ត្រូវវេទនាហើយ! អស់អ្នកដែលស្លាប់ដោយគាប់ព្រះហឫទ័យដ៏​វិសុទ្ធ​បំផុត​របស់ព្រះអង្គ ពិតជាមានសុភមង្គលហើយ ដ្បិតមរណភាពទីពីរនឹងមិនប៉ះពាល់នឹងគេទេ (សន្ត ហ្រ្វង់ស័រ នៃ   អាស៊ីស៊ី)។

សង្ខេប

១០១៥. “សាច់ជាស្នូលនៃការសង្រ្គោះ” (លោក ទែរទូលីយ៉ាំង)។ យើងជឿលើព្រះជាម្ចាស់ ជាអ្នកបង្កើត​សាច់ យើងជឿលើព្រះបន្ទូលប្រសូតជាមនុស្ស ដើម្បីលោះសាច់ យើងជឿថា សាច់ (រូបកាយ) មនុស្ស​នឹង​មាន​ជីវិត​ថ្មី ដែលបង្ហើយការបង្កើត និងសង្រ្គោះសាច់។

១០១៦. ដោយសារសេចក្ដីស្លាប់ ព្រលឹងបែកចេញពីរូបកាយ ប៉ុន្តែ នៅពេលមានជីវិតថ្មី ព្រះជាម្ចាស់នឹង ប្រទានជីវិត ដែលមិនចេះរលួយដល់រូបកាយយើង ដោយភ្ជាប់រូបកាយនេះជាមួយនឹងព្រលឹងយើង។ ព្រះគ្រីស្ត មានព្រះជន្មថ្មីអស់កល្បជានិច្ចយ៉ាងណា យើងទាំងអស់គ្នានឹងមានជីវិតថ្មីនៅថ្ងៃចុងក្រោយបំផុតយ៉ាងនោះដែរ។

១០១៧. “យើងជឿថា រូបកាយដែលជាកម្មសិទ្ធិរបស់យើងឥឡូវនេះពិតជានឹងទទួលជីវិតថ្មី” (DS    ៨៥៤)។ យើង​សាប​ព្រោះនៅក្នុងផ្នូររូបកាយមួយដែលត្រូវរលួយ ប៉ុន្តែ រូបកាយដែលមិនចេះរលួយ (១ករ ១៥,៤២) “រូបកាយ ខាងវិញ្ញាណ” (១ករ ១៥,៤៤) ទទួលជីវិតថ្មី។

១០១៨. ដោយសារអំពើបាបដើមដំបូង មនុស្សត្រូវតែ “ទទួលមរណភាពខាងរូបកាយ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​មិនបានប្រព្រឹត្តអំពើបាប គេនឹងមិនត្រូវស្លាប់ឡើយ” (GS ១៨)

១០១៩. ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ស្ម័គ្រចិត្តសោយទិវង្គត ដើម្បីយើង ដោយសុខចិត្តធ្វើ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតាព្រះអង្គ គ្រប់ជំពូក។ ដោយសារព្រះយេស៊ូបានសោយទិវង្គត ព្រះអង្គបានឈ្នះសេចក្ដីស្លាប់ ទើបមនុស្សទាំងអស់អាចទទួលការសង្រ្គោះបាន។

ប្រការទី១២៖ “ខ្ញុំជឿថា ​មានជីវិតអស់កល្បជានិច្ច”

១០២០. គ្រីស្តបរិស័ទដែលរួមស្លាប់ជាមួយព្រះយេស៊ូយល់ឃើញថា​ មរណភាពមករកគេ ហើយជាការចូលក្នុង​​ជីវិតអស់កល្បជានិច្ច។ ពេលព្រះសហគមន៍លើកលែងទោសគ្រីស្តបរិស័ទ ជាលើកចុងក្រោយ​នៅពេល​ជិត​ស្លាប់ ក្នុងព្រះនាមព្រះគ្រីស្ត ព្រះសហគមន៍ក៏បានចាក់ប្រេងពង្រឹងគេ​ និងបាន​ផ្ដល់ព្រះកាយព្រះគ្រីស្តឱ្យគេ ធ្វើ​ជា​​ចំណីអាហារ ក្នុងការធ្វើដំណើរ ហើយលួងលោមចិត្តគេដោយសម្ដីទន់ភ្លន់ថា៖

ឱព្រលឹងរបស់គ្រីស្តបរិស័ទអើយ! ចូរចាកចេញពីលោកនេះ ក្នុងព្រះនាមព្រះបិតាប្រកបដោយឫទ្ធានុភាពសព្វប្រការ ដែល​ទ្រង់បានបង្កើតអ្នក ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រានៃព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាន​រង​ទុក្ខលំបាក​ដើម្បីអ្នក ក្នុងព្រះនាមព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានត្រូវគេចាក់បង្ហូរក្នុងអ្នក។ សូមអ្នកទៅរកកន្លែង​សុខសាន្ត ហើយតាំងទីលំនៅជាមួយព្រះជាម្ចាស់ ក្នុងទីក្រុងស៊ីយ៉ូនដ៏វិសុទ្ធ ជាមួយ​ព្រហ្មចារិនី​ម៉ារី ជាព្រះមាតារបស់ព្រះជាម្ចាស់ ជាមួយសន្តយ៉ូសែប ពួកទេវទូត និងសន្តបុគ្គលទាំងឡាយទៅ (...)។ ចូរត្រឡប់ទៅ​ព្រះជាម្ចាស់ ជាព្រះបង្កើតអ្នក ដែលបានសូនអ្នកពីធូលីដី។ នៅពេលកំណត់ ព្រលឹងរបស់អ្នក​នឹង​ចាក​ចេញ​ពី​រូបកាយ​របស់អ្នក ព្រះនាងម៉ារី ពួកទេវទូត និងសន្តបុគ្គលទាំងឡាយប្រញាប់ប្រញាល់មកជួបអ្នក (...)។ សូមឱ្យអ្នកជួបទល់មុខនឹង​ព្រះសង្រ្គោះរបស់អ្នកទៅ... (OEx)។

១. ព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សម្នាក់ៗ

១០២១. មរណភាពជាទីបញ្ចប់នៃដំណើរជីវិតមនុស្ស ដែលបានទទួល ឬបានទាត់ចោលព្រះហឫទ័យប្រណី​សន្តោស ដែលព្រះជាម្ចាស់បានសម្ដែងក្នុងអង្គព្រះគ្រីស្ត (២ធម ១,៩-១០)។ គម្ពីរសម្ពន្ធមេត្រីថ្មីថ្លែង​ថា ពេល​ព្រះគ្រីស្ត​នឹងយាងមកវិញ ព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក។ ប៉ុន្តែ សម្ពន្ធមេត្រីថ្មីប្រកាស​ជា​ច្រើន​លើក​ច្រើន​សាថា ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សម្នាក់ៗភ្លាមៗក្រោយពី​បាន​ស្លាប់​ តាម​កិច្ចការ​ និងជំនឿ​របស់​គេ។ ពាក្យប្រាស្នាអំពីជនកម្សត់ឡាសារ (លក ១៦.២២) និងព្រះ​បន្ទូលរបស់ព្រះគ្រីស្ត​ដែល​ត្រូវ​គេ​ឆ្កាង​ចំពោះ​អ្នកទោស (លក ២៣,៤៣) ហើយអត្ថបទផ្សេងក្នុងសម្ពន្ធមេត្រីថ្មី (២ករ ៥,៨ ; ភីល ១,២៣ ; ហប ៩.២៧ ; ១២,២៣) ថ្លែងអំពីវាសនាចុងក្រោយបំផុតនៃព្រលឹង (មថ ១៦.២៦) ដែលអាចខុស​ប្លែកពី​បុគ្គល​ម្នាក់​ទៅ​​បុគ្គលម្នាក់។

១០២២. នៅពេលស្លាប់ហើយ ព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សម្នាក់ៗភ្លាមៗ និងអស់កល្បជានិច្ច យោងតាម​ព្រះ​គ្រី​ស្ត។ ព្រះអង្គ​បន្សុទ្ធ​​​​ព្រលឹង​អមតៈរបស់​មនុស្ស (DS ៨៥៧-៨៥៨ ; DS ១៣០៤-១៣០៦ ; DS ១៨២០) ឬបញ្ចូលព្រលឹង​នេះ​នៅស្ថាន​បរមសុខ​ភ្លាមៗ (DS ១០០០-១០០១)  ឬព្រលឹងនេះធ្លាក់ស្ថាននរក    ភ្លាមៗ ​ជា​រៀងរហូត ​(DS ១០០២)។

នៅពេលស្លាប់ ព្រះជាម្ចាស់នឹងវិនិច្ឆ័យយើងតាមសេចក្ដីស្រលាញ់ (សន្តយ៉ូហាននៃព្រះឈើឆ្កាង)

២. ស្ថានបរមសុខ

១០២៣. អស់អ្នកដែលស្លាប់ក្នុងព្រះហឫទ័យប្រណីសន្តោស និងមេត្រីភាពរបស់ព្រះជាម្ចាស់ ហើយដែល​ព្រះអង្គបាន​បន្សុទ្ធ​ឱ្យពេញលក្ខណៈរួចហើយ រួមរស់ជាមួយព្រះគ្រីស្តជាដរាបតរៀងទៅ។ ពួកគេដូចព្រះ​ជាម្ចាស់​ជារៀង​រហូត ដ្បិតពួកគេឃើញព្រះអង្គ ដែល “មានសភាពយ៉ាងណា” (១យហ ៣,២) ទល់មុខគ្នា (១ករ ១៣,១២ ; វវ ២២,៤)៖

យើងប្រកបដោយអំណាចដែលមកពីក្រុមគ្រីស្តទូត សូមកំណត់ថា ដោយគម្រោងការទូទៅរបស់ព្រះជាម្ចាស់ ព្រលឹង​នៃសន្តបុគ្គលទាំងឡាយ (...) និងរបស់គ្រីស្តបរិស័ទឯទៀតៗទាំងអស់ ដែលបានទទួលមរណភាព ក្រោយ​ពី​បាន​ទទួលបុណ្យជ្រមុជទឹកដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដែលគ្មានអ្វីត្រូវបន្សុទ្ធទៀតទេ ក្រោយពីបានស្លាប់ហើយ (...) ឬប្រសិនបើត្រូវបន្សុទ្ធអ្វីមួយផ្សេងទៀត ព្រលឹងនោះនឹងបានបង្ហើយកិច្ចការនោះ នៅក្រោយស្លាប់ (...) ហើយមុននឹងព្រលឹងនោះមានជីវិតថ្មីក្នុងរូបកាយ និងមុនព្រះជាម្ចាស់វិនិច្ឆ័យមនុស្សទាំងឡាយ តាំង​ពី​ព្រះអង្គ​បាន​​ប្រោសព្រះអម្ចាស់ និងព្រះសង្រ្គោះយេស៊ូគ្រីស្ត ឱ្យឡើងស្ថានបរមសុខ ព្រលឹងនោះ​នឹង​​ឡើង​​ទៅស្ថានបរមសុខ នៅព្រះរាជ្យនៃស្ថានបរមសុខ និងនៅសួននៃស្ថានលើជាមួយព្រះគ្រីស្ត រួមជាមួយ​សហគមន៍​​​របស់ពួក​ទេវទូត​ដ៏វិសុទ្ធ។ តាំងពីព្រះអម្ចាស់យេស៊ូគ្រីស្តបានរងទុក្ខលំបាក និងសោយទិវង្គត ព្រលឹង​នោះ​​បាន​ឃើញ និង​កំពុងតែ​​ឃើញសភាពរបស់ព្រះជាម្ចាស់ ដោយទល់នឹងមុខ និងដោយ​គ្មាន​សត្វ​លោក​ណា​មួយ​ធ្វើ​​ជាស្ពានមេត្រីឡើយ (DS ១០០០ ; LG ៤៩)។

១០២៤. គេហៅ “ស្ថានបរមសុខ” ជីវិតដ៏ពេញលក្ខណៈរួមជាមួយព្រះត្រៃឯកដ៏វិសុទ្ធបំផុត គឺមនុស្ស​រួមរស់​ជាមួយ​​ព្រះត្រៃឯក​នេះ ដោយ​​​​​​​​​ក្ដី​​​ស្រលាញ់​ដ៏រស់រវើក រួមជាមួយព្រហ្មចារិនីម៉ារី ពួកទេវទូត និងអស់អ្នកដែលមាន​សុភមង្គល។ ស្ថានបរមសុខជាទីចុងក្រោយបំផុត និងបំពេញសេចក្ដីរង់ចាំយ៉ាងជ្រាលជ្រៅរបស់មនុស្ស   ឱ្យ​បាន​ពេញលក្ខណៈ។ នៅស្ថានបរមសុខ មនុស្សក៏ស្គាល់សុភមង្គលដ៏ឧត្តុងឧត្តមបំផុត និងជាស្ថាពរ។

១០២៥. ពេលរស់នៅស្ថានបរមសុខ យើងក៏ “រួមរស់ជាមួយព្រះគ្រិស្ត” (យហ ១៤,៣ ; ភីល ១,២៣ ;  ១ថស ៤,១៧)។ អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសឱ្យរស់នៅ “ក្នុងអង្គព្រះគ្រីស្ត” ហើយរក្សាទុកបានល្អ លើសពីនេះទៅទៀត ពួកគេរកឃើញអត្តសញ្ញាណរបស់ខ្លួន និងនាមរបស់ខ្លួនគេ៖

ដ្បិតជីវិត គឺរួបរួមជាមួយព្រះគ្រីស្ត។ ទីណាព្រះគ្រីស្តគង់នៅ ទីនោះមានជីវិត ទីនោះមានព្រះរាជ្យ (សន្ត អំប្រ័រ)។

១០២៦. ដោយព្រះយេស៊ូគ្រីស្តបានសោយទិវង្គត និងមានព្រះជន្មថ្មី ព្រះអង្គបាន “បើក” ស្ថាន​បរមសុខ​​ឱ្យយើង។ អស់អ្នកដែលមានសុភមង្គលទទួល​ផលដ៏ពេញលេញនៃការសង្រ្គោះ​ដែលព្រះគ្រីស្ត​បាន​បំពេញ។ ព្រះអង្គបង្រួបបង្រួម ក្នុងសិរីរុងរឿងនៃស្ថានបរមសុខរបស់ព្រះអង្គ អស់អ្នកដែលបានផ្ញើជីវិតទៅ​លើ​ព្រះអង្គ និងដែលបានគាប់ព្រះហឫទ័យព្រះអង្គ ដោយភក្ដីភាព។ ស្ថានបរមសុខជាសហគមន៍ដ៏មាន​សុភមង្គល​របស់​អស់អ្នកដែលរួមចំណែកជាមួយព្រះអង្គយ៉ាងពេញលក្ខណៈ។

១០២៧. យើងមិនអាចនឹកគិតដល់ ឬស្រមើស្រមៃនូវអាថ៌កំបាំងដ៏អស្ចារ្យនៃការរួបរួមពេញលេញទៅដោយសុភមង្គល រវាង​ព្រះ​ជាម្ចាស់ និង​អស់អ្នកដែលនៅក្នុងអង្គព្រះគ្រីស្ត បានឡើយ។ ព្រះគម្ពីរប្រើនិមិត្តរូបដូចជាជីវិត ពន្លឺ សេចក្ដី​សុខសាន្ត ពិធីមង្គលការ ស្រាទំពាំងបាយជូរនៃព្រះរាជ្យ ព្រះដំណាក់របស់ព្រះបិតា ទីក្រុង យេរូសាឡឹម​នៅ​លើ​មេឃ ស្ថាន​បរមសុខ៖ “អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្តាប់មិនឮ និងអ្វីៗដែលចិត្ត​​មនុស្សនឹក​មិន​​​​ដល់នោះ ព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អស់អ្នកដែលស្រលាញ់ព្រះអង្គ” (២ករ ២.៩)។

១០២៨. ដោយសារព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតខុសប្លែកអំពីអ្វីៗទាំងអស់ យើងមិនអាចមើល​ឃើញព្រះអង្គបាន​ទេ លុះត្រាតែព្រះអង្គផ្ទាល់សម្ដែងអាថ៌កំបាំងរបស់ព្រះអង្គឱ្យមនុស្សលោកស្គាល់ និង​ប្រោស​​ប្រទានឱ្យគេ​មាន​សមត្ថភាពអាចមើលឃើញអាថ៌កំបាំងនេះបាន។ ព្រះសហគមន៍ហៅ “ការមើលឃើញពោរពេញ​ដោយ​សុភមង្គល”​ ការមើលឃើញព្រះ​ជាម្ចាស់​ពោរពេញដោយសិរីរុងរឿងនៃស្ថានបរមសុខនេះ ៖

អ្នកនឹងពោរពេញដោយអំណរសប្បាយ និងសុភមង្គល គឺព្រះជាម្ចាស់ត្រាស់ហៅអ្នកឱ្យមើលឃើញព្រះអង្គ ឱ្យ​​មានកិតិ្តយសចូលរួមក្នុងអំណរសប្បាយនៃការសង្រ្គោះ និងពន្លឺអស់កល្បជានិច្ច រួមជាមួយព្រះគ្រីស្ត ជាព្រះអម្ចាស់របស់អ្នក (...) ឱ្យត្រេកត្រអាលនឹងបានទទួលជីវិតអមតៈ ក្នុង​​ព្រះរាជ្យ​នៃ​ស្ថាន​​បរមសុខ រួមជាមួយ​មនុស្ស​សុចរិត និងមិត្ត​សម្លាញ់​របស់ព្រះអង្គ (សន្ត ស៊ីព្រីយ៉ាំង)។

១០២៩. ក្នុងសិរីរុងរឿងនៃស្ថានបរមសុខ មនុស្សពោរពេញដោយសុភមង្គល នៅតែបន្តគាប់ព្រះហឫទ័យរបស់ព្រះ​​ជាម្ចាស់ ចំពោះមនុស្សឯទៀតៗ និងសត្វលោកទាំងអស់ ដោយត្រេកអរសប្បាយ។ ​ពួកគេគ្រងរាជ្យ​ជាមួយ​ព្រះ​គ្រីស្ត​ហើយៗពួកគេរួមជាមួយព្រះអង្គ “គេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ” (វវ ២២,៥) (មថ ២៥,២១.២៣)។

៣. ព្រះជាម្ចាស់ជំរះមនុស្សឱ្យបានវិសុទ្ធ

១០៣០. អស់អ្នកដែលស្លាប់ក្នុងព្រះហឫទ័យប្រណីសន្តោស និងមេត្រីភាពរបស់ព្រះជាម្ចាស់ តែមិនមែនជា​មនុស្ស​​បរិសុទ្ធដ៏ពេញលក្ខណៈឡើយ ទោះបីគេដឹងថា នឹងទទួលការសង្រ្គោះយ៉ាងណាក៏ដោយ ក៏នៅពេល​ស្លាប់​​​ហើយ គេត្រូវតែស៊ូទ្រាំឱ្យព្រះជាម្ចាស់បន្សុទ្ធគេ ដើម្បីឱ្យគេចូលក្នុងអំណរសប្បាយនៃស្ថានបរមសុខ​ដែរ។

១០៣១. ព្រះសហគមន៍ហៅស្ថានភាពនេះថា កិច្ចជំរះមនុស្សបាប គឺព្រះជាម្ចាស់ ប្រោស​អស់​អ្នក​ដែល​ព្រះអង្គ​​បាន​​​ជ្រើស​រើសឱ្យបានវិសុទ្ធ ជាលើកចុងក្រោយ ។ ការបន្សុទ្ធនេះខុសប្លែកទាំងស្រុងពីស្ថាននរក។ ព្រះ​សហគមន៍​បានបង្កើតលទិ្ធអំពីកិច្ចជំរះមនុស្សបាប នៅសន្និបាតនៃទីក្រុងហ្ល្វូរង់ (DS ១៣០៤) និងទីក្រុងត្រង់ (DS ១៨២០ ; ១៥៨០)។ យោងតាម​អត្ថបទខ្លះក្នុងព្រះគម្ពីរ (១ករ ៣,១៥ ; ១ពត្រ ១,៧) ព្រះសហគមន៍ថ្លែងអំពីភ្លើងដែលធ្វើឱ្យបានវិសុទ្ធ។

និយាយអំពីអំពើបាបស្រាលៗខ្លះ ត្រូវតែជឿថា មុនព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មាន​ភ្លើង​ធ្វើ​ឱ្យ​បាន​វិសុទ្ធ តាមព្រះបន្ទូលរបស់អ្នកដែល​ជាសេចក្ដីពិត គឺបើមនុស្សលោកប្រព្រឹត្តអំពើបាប និងពោលពាក្យប្រមាថព្រះ​វិញ្ញាណ​​ដ៏វិសុទ្ធ ព្រះជាម្ចាស់នឹងមិនលើកលែងទោសឱ្យឡើយ (មថ ១២,៣១) ទោះជាក្នុងលោកនេះ ឬក្នុងបរមលោកយ៉ាងណាក៏ដោយ។ តាមព្រះបន្ទូលនេះ យើងអាចសស្និដ្ឋានថា ព្រះជាម្ចាស់អាច​លើក​លែង​ទោស​​អំពើបាបខ្លះក្នុងលោកនេះ ហើយខ្លះផ្សេងទៀតក្នុងបរមលោក (សន្ត គ្រេគ័រដ៏ប្រសើរ)។

១០៣២. ការប្រៀនប្រដៅនេះសំអាងទៅលើព្រះគម្ពីដ៏វិសុទ្ធដែលមានចែងថា ជនជាតិអ៊ីស្រាអែលទូល​អង្វរ​ព្រះ​ជាម្ចាស់​​សម្រាប់​​មនុស្ស​​ស្លាប់៖ “អាស្រ័យហេតុនេះហើយ បានជាលោក (យូដាម៉ាកាបាយ)​ សូម       ឱ្យគេ​ថ្វាយ​សក្ការ​បូជា​រំដោះ​បាប ដើម្បីសូមព្រះជាម្ចាស់លើកលែងទោសឱ្យពលទាហានដែលបាត់បង់ជីវិត” (១មបា ១២,៤៦)។ តាំង​ពីដើមដំបូង ព្រះសហគមន៍បានគោរព អធិដ្ឋាន ជាពិសេសបានថ្វាយ​អភិបូជា (DS ៨៥៦)​ សម្រាប់​​វិញ្ញាណ​ក័្ខន្ធ​មនុស្សស្លាប់   ដើម្បីឱ្យគេបានវិសុទ្ធ   និងអាចមើលឃើញព្រះជាម្ចាស់     បាន។    ព្រះ​សហគមន៍​​ទូន្មានថា គួរចែកទានសម្រាប់​អ្នក​ស្លាប់​​ និងសោកស្តាយអំពើបាបរបស់គេ​ផងដែរ។

សូមជួយសង្រ្គោះគេ និងរំលឹកគេផង។ បើយញ្ញាបូជារបស់លោកយ៉ូបបានបន្សុទ្ធកូនៗរបស់លោក (យ៉ូប ១.៥) ហេតុ​អ្វី​ត្រូវសង្ស័យថា តង្វាយរបស់យើងសម្រាប់អ្នកស្លាប់មិនអាចសម្រាលទុក្ខគេបានឡើយ? កុំរួញរាជួយ​សង្រ្គោះ​​​អស់អ្នក​ដែលបានលាចាកលោកនេះហើយៗសូមទូលអង្វរព្រះជាម្ចាស់សម្រាប់គេផង (សន្ត យ៉ូហាន     គ្រីសូស្តូម)។

៤. ស្ថាននរក

១០៣៣            យើងមិនអាចរួបរួមជាមួយព្រះជាម្ចាស់បាន បើយើងមិនស្រលាញ់ព្រះអង្គទេ។ ប៉ុន្តែ យើង​មិនអាចស្រលាញ់ព្រះជាម្ចាស់បានឡើយ បើយើងប្រព្រឹត្តអំពើបាបដ៏ធ្ងន់ប្រឆាំងនឹងព្រះអង្គ ប្រឆាំងនឹងបងប្អូន ឬ ប្រឆាំងនឹងខ្លួនឯង៖ “អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតករ។ បងប្អូនដឹងស្រាប់ហើយថា ឃាតករ​គ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ” (១យហ ៣,១៥)។ ព្រះអម្ចាស់របស់យើងព្រមានយើងថា យើងនឹង បែកចេញពីព្រះអង្គ បើយើងមិនជួយបំពេញតម្រូវការជាចាំបាច់របស់អ្នកក្រីក្រ និងអ្នកតូចតាចដែល​ជា​​បង​ប្អូន​​របស់យើង (មថ ២៥,៣១-៤៦)។ បើយើងស្លាប់ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ ដោយមិនបាន​សោក​​​ស្តាយ​បាប​នោះសោះ និងដោយមិនបានទទួលសេចក្ដីស្រលាញ់ប្រកបដោយធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ យើង​អាច​ឃ្លាតចាកពីព្រះអង្គជារៀងរហូត ដោយសារជម្រើសដ៏សេរីរបស់យើង។ គេហៅ “ស្ថាននរក” ស្ថានភាព​របស់មនុស្សដែលឃ្លាតចាកពីព្រះជាម្ចាស់ និងពីអស់អ្នកពោរពេញដោយសុភមង្គល។

១០៣៤. ព្រះយេស៊ូមានព្រះបន្ទូលជាញឹកញាប់អំពី “ភ្លើងនរកអវិចី” (មថ ៥,២២.២៩ ; ១៣,៤២.៥០ ; មក ៩,៤៣-៤៨) ដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់អស់អ្នកដែលមិនព្រមផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ និងមិន​ព្រម​​កែ​ប្រែចិត្តគំនិតឡើយ រហូតដល់ទីចុងក្រោយ។ ពូកអ្នកនោះអាចបាត់បង់ទាំងព្រលឹង ទាំងរូបកាយផង (មថ ១០,២៨)។ ព្រះយេស៊ូប្រកាសយ៉ាងហ្មត់ចត់ថា ព្រះអង្គ “នឹងចាត់ទេវទូតរបស់ព្រះអង្គឱ្យមក។    ទេវទូតទាំង​នោះ​នឹងប្រមូលពួកអ្នកដែលនាំគេឱ្យប្រព្រឹត្តអំពើបាប (...) និងយកចេញបោះទៅភ្លើងដែលឆេះសន្ធោសន្ធៅ” (មថ ១៣,៤១-៤២) ហើយទ្រង់នឹងផ្តន្ទាទោស “ពួកអ្នកត្រូវបណ្តាសាអើយ! ចូរថយចេញឱ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច” (មថ ២៥,៤១)។

១០៣៥. ព្រះសហគមន៍ប្រៀនប្រដៅថា​ មានស្ថាននរកអស់កល្បជានិច្ចមែន។ នៅពេលស្លាប់ហើយ ព្រលឹងរបស់អស់អ្នកដែលបានស្លាប់ដោយប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្លាក់ភ្លាមក្នុងស្ថាននរក និងរងទុក្ខនៃ “ភ្លើងអស់កល្បជានិច្ច” (DS ៧៦​; ៤០៩ ; ៤១១ ; ៨០១ ; ៨៥៨ ; ១០០២ ; ១៣៥១ ; ១៥៧៥ ; SPF ១២)។ អ្នក​ធ្លាក់​នរក​ទទួល​ទោស​ធ្ងន់ធំជាងគេជាទីបំផុត គឺ​គេឃ្លាតចាកពីព្រះជាម្ចាស់អស់កល្បជានិច្ច ដ្បិតព្រះអង្គ​បាន​បង្កើត​មនុស្ស​លោក ដើម្បី​​ឱ្យគេមានជីវិត និងសុភមង្គល ហើយមានតែព្រះអង្គទេ ដែលជាជីវិត និងសុភមង្គលនោះ ដែលមនុស្ស​ទន្ធឹង​រង់ចាំ។

១០៣៦. តាមពិត ព្រះគម្ពីរដ៏វិសុទ្ធ និងការប្រៀនប្រដៅរបស់ព្រះសហហគមន៍អំពីស្ថាននរកថា ជាការ ត្រាស់ហៅមនុស្សឱ្យទទួលខុសត្រូវ អំពីការប្រើប្រាស់សេរីភាពរបស់គេ ដើម្បីវាសនាអស់កល្បជានិច្ចរបស់   ខ្លួន។ នៅពេលជាមួយគ្នានេះ ព្រះគម្ពីរដ៏វិសុទ្ធ និងការប្រៀនប្រដៅព្រះសហហគមន៍ត្រាស់ហៅមនុស្សឱ្យកែប្រែចិត្តគំនិតជាប្រញាប់ ៖ “ចូរ​នាំ​គ្នា​ចូល​​តាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្តរាយធំទូលាយណាស់ ហើយផ្លូវទៅរកសេចក្ដីវិនាសក៏​ទូលាយណាស់​​ដែរ។ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ រីឯទ្វារចង្អៀតនាំទៅរកជីវិត ហើយពិបាកដើរផង។ មាន​មនុស្សតិចទេ ដែលរកផ្លូវនោះឃើញ” (មថ ៧,១៣-១៤)។

យើងមិនដឹងថ្ងៃនិងពេលកំណត់ទេ ហេតុនេះ យើងត្រូវប្រុងស្មារតី​​​ជានិច្ច ដើម្បីឱ្យព្រះបិតាសព្វព្រះ​​​ហឫទ័យ​​​រាប់​បញ្ចូល​យើងក្នុងចំណោមអស់​អ្នក​ដែល​ព្រះអង្គបាន​ប្រទាន​ពរ​ឱ្យ នៅពេលដំណើរជីវិតតែមួយរបស់យើងនឹងចប់ទៅ មិនមែន​ត្រូវ​ងារថយ​​​​ចេញអំពីព្រះបញ្ជារបស់ព្រះជាម្ចាស់ ដូចអ្នកបម្រើខ្ជិលច្រអូស ហើយ​​​ត្រូវ​​​ធ្លាក់ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច គឺត្រូវគេបោះបង់ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ‌​ ជា​កន្លែង​យំសោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទេ (LG ៤៨)។

១០៣៧            ព្រះជាម្ចាស់មិនតម្រូវទុកជាមុនឱ្យនរណាម្នាក់ធ្លាក់នរកទេ (DS ៣៩៧ ; ១៥៦៧)។ ដើម្បីធ្លាក់​នរក ត្រូវស្អប់ព្រះជាម្ចាស់ជាទីបំផុត ដោយចេតនា (អំពើបាបដ៏ធ្ងន់ធ្ងរ) ហើយនៅតែប្រព្រឹត្តអំពើ​បាប​នេះ រហូត​ដល់​ទី​ចុងក្រោយ។ ក្នុងពិធីបុណ្យអភិបូជា និងការអធិដ្ឋានប្រចាំថ្ញៃរបស់គ្រីស្តបរិស័ទ ព្រះសហគមន៍​ក៏ទូល​អង្វរ​ធម៌​​មេត្តាករុណារបស់ព្រះជាម្ចាស់ ដែល “ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ត្រូវវិនាសទេ គឺទ្រង់សព្វ​ព្រះ​​ហឫទ័យ​ឱ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ” (២ពត្រ ៣,៩)។

សូមព្រះអង្គសព្វព្រះហឫទ័យទទួលតង្វាយពីយើងខ្ញុំជាអ្នកបម្រើព្រះអង្គ រួមជាមួយក្រុមគ្រួសារទាំងមូលរបស់ព្រះអង្គ។ សូមទ្រង់ថែរក្សាយើងខ្ញុំឱ្យបានរស់នៅដោយសុខសាន្តក្នុងលោកនេះ និងប្រោសយើងខ្ញុំកុំ    ឱ្យឃ្លាតចាកពីព្រះអង្គក្នុងបរមលោក ហើយសូមទទួលយើងខ្ញុំក្នុងចំណោមសន្តបុគ្គលទាំងឡាយផង (MR)។

៥. ព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោកទាំងអស់នៅពេលចុងក្រោយបំផុត

១០៣៨. មុននឹងព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោកទាំងអស់ មនុស្សស្លាប់ទាំងអស់ “ទាំងមនុស្សសុចរិត ទាំង​​​​​មនុស្ស​ទុច្ចរិត” (កក ២៤.១៥) នឹងមានជីវិតថ្មី។ ពេលនោះជា “ពេលកំណត់ ដែលមនុស្សស្លាប់​ទាំង​ប៉ុន្មាននឹងឮ​ព្រះ​សូរ​​សៀងរបស់បុត្រ​មនុស្ស ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងមានជីវិតថ្មី ដើម្បីទទួល​ជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងមានជីវិតថ្មី ដើម្បីទទួលទោស” (យហ ៥,២៨-២៩)។ ពេលនោះ ព្រះ​គ្រីស្ត​នឹង “យាង​មកជាមួយពួកទេវទូត (...)។ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខព្រះអង្គៗ​នឹង​ញែក​​គេ​ចេញពីគ្នា ដូច​អ្នកគង្វាលញែកចៀមចេញពីពពែ គឺឱ្យចៀមនៅខាងស្តាំ ពពែនៅខាងឆ្វេង (...)។  អ្នក​ទុច្ចរិត​​នឹងត្រូវទទួល​ទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច” (មថ ២៥,៣១.៣២.៤៦)។

១០៣៩. ព្រះគ្រីស្ត ដែលជាសេចក្ដីពិត នឹងលាតត្រដាងយ៉ាងច្បាស់ ទំនាក់ទំនងយ៉ាងពិតប្រាកដ​របស់មនុស្ស​ម្នាក់ៗ​​ចំពោះ​​​ព្រះជាម្ចាស់ (យហ ១២,៤៩)។ ដោយវិនិច្ឆ័យទោសមនុស្សលោក ព្រះជាម្ចាស់នឹងសម្ដែង​នូវ​អំពើ​ល្អ​​ដែល​មនុស្ស​ម្នាក់ៗបានប្រព្រឹត្ត ឬអ្វីដែលគេមិនបានប្រព្រឹត្ត ក្នុងជីវិតនៅលើផែនដីនេះ។

ព្រះជាម្ចាស់កត់ចំនួនអំពើអាក្រក់ទាំងអស់ដែលមនុស្សទុច្ចរិតប្រព្រឹត្ត ហើយពួកគេមិនដឹងទេ។ ថ្ងៃដែល “ព្រះអង្គ​មិន​​សំងំនៅស្ងៀមឡើយ” (ទន ៥០,៣) (...) ព្រះអង្គនឹងបែរព្រះភ័ក្រ្តទៅមនុស្សទុច្ចរិត៖ “យើង​បានដាក់​ជនក្រីក្រ​ដ៏​តូចរបស់យើងនៅលើផែនដីសម្រាប់អ្នករាល់គ្នា។ យើង ដែលជាប្រធានរបស់គេ អង្គុយលើបល្ល័ង្កខាងស្តាំព្រះបិតា​របស់យើង ប៉ុន្តៃ នៅលើផែនដី សរីរាង្គយើងស្រេកឃ្លាន។ បើអ្នករាល់គ្នានឹងបានចែកឱ្យសរីរាង្គយើង អ្វីដែលអ្នករាល់គ្នាបានចែកនឹងឡើងដល់ព្រះសិរសា។   ពេលយើងដាក់ជនក្រីក្រដ៏តូចនៅលើផែនដី   យើងបានតែងតាំងគេ​ឱ្យ​ទៅជាអ្នកជួយនាំអំពើល្អរបស់អ្នករាល់គ្នា ក្នុងកំណប់យើង។ អ្នករាល់គ្នាមិនបានដាក់អ្វីក្នុងដៃគេ ហេតុនេះ អ្នក​រាល់គ្នាគ្មានអ្វីពីយើងឡើយ (សន្ត អូគូស្តាំង)។

១០៤០. ព្រះជាម្ចាស់នឹងវិនិច្ឆ័យមនុស្សទាំងអស់ ពេលព្រះគ្រីស្តនឹងយាងមកវិញ ប្រកបដោយសិរីរុង   រឿង។ មាន​តែ​ព្រះបិតាដែលស្គាល់ពេលកំណត់ មានតែព្រះអង្គដែលសម្រេចពេលព្រះអង្គនឹងឡើងសោយរាជ្យ។ តាមរយៈ​ព្រះ​​បុត្រាព្រះអង្គព្រះយេស៊ូគ្រីស្ត ព្រះអង្គនឹងមានព្រះប្ទូលសម្រេច លើប្រវត្តិសាស្រ្តទាំងមូល​របស់មនុស្ស​លោក។ យើងនឹងដឹងអំពីអត្ថន័យចុងក្រោយនៃព្រះរាជកិច្ចនៃការបង្កើត និងអំពីការចាត់ចែងនៃការសង្រ្គោះ ហើយយើងនឹងដឹងផ្លូវផ្សេងៗដ៏អស្ចារ្យ ដែលឧបការគុណរបស់ព្រះអង្គបានណែនាំសត្វលោកទាំងអស់ ឆ្ពោះ​ទៅវាសនា​ចុងក្រោយរបស់ខ្លួន។ ដោយសារព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោកទាំងអស់ ព្រះអង្គក៏និងប្រកាន់យកភាពយុត្តិធម៌របស់ព្រះអង្គយកជ័យជម្នេះលើអំពើអយុត្តិធម៌ទាំងឡាយ ដែលសត្វលោករបស់ព្រះអង្គបានប្រព្រឹត្ត ហើយ​ទ្រង់​នឹង​សម្ដែង​ថា សេចក្ដីស្រលាញ់​របស់ព្រះអង្គខ្លាំងជាងសេចក្ដីស្លាប់ (បច ៨,៦)។

១០៤១. ព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោកទាំងអស់ បានសេចក្ដីថា ព្រះអង្គត្រាស់ហៅមនុស្សលោក    ឱ្យកែប្រែ​ចិត្ត​​គំនិតរហូតដល់ “គ្រាណាដែល (ព្រះអង្គ) គាប់ព្រះហឫទ័យ (...) ថ្ងៃណាដែល (ព្រះអង្គ) សង្រ្គោះមនុស្សលោក” (២ករ ៦.២)។ ព្រះអង្គក៏ត្រាស់ហៅមនុស្សឱ្យគោរពកោតខ្លាចព្រះអង្គ រកយុត្តិធម៌នៃព្រះរាជ្យព្រះអង្គ ហើយ​ប្រកាស​ “សេចក្ដីសង្ឃឹម” (ទត ២,១៣) នៅពេលដែលព្រះអម្ចាស់នឹងយាងមកវិញ។ វេលានោះ “ប្រជាជនដ៏វិសុទ្ធ​នឹង​​លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែល​បានផ្ញើជីវិតទាំង​ស្រុងទៅលើព្រះ​អង្គក៏​នឹង​នាំគ្នា​ស្ងើច​​សរសើរ​ព្រះអង្គដែរ” (២ថស ១,១០)។

៦. យើងសង្ឃឹមផ្ទៃមេឃថ្មី និងផែនដីថ្មី

១០៤២. នៅអវសានកាលនៃពិភពលោក ព្រះរាជ្យរបស់ព្រះជាម្ចាស់នឹងបានពេញលក្ខណៈ។ ក្រោយពីព្រះ​ជាម្ចាស់នឹងបានវិនិច្ឆ័យទោសមនុស្សលោកទាំងអស់ មនុស្សសុចរិតនឹងគ្រងរាជ្យជាមួយព្រះគ្រីស្ត ជារៀងរហូត រូបកាយ និងព្រលឹងរបស់គេនឹងពោរពេញដោយសិរីរុងរឿង ហើយសាកលលោកផ្ទាល់នឹងកើតជាថ្មី៖

ពេលនោះ ព្រះសហគមន៍ “នឹងបានពេញលក្ខណៈជា​​​ស្ថាពរ​​​នៅក្នុង​​​សិរីរុងរឿងនៃលោកខាងមុខ គឺនៅពេលព្រះជា​ម្ចាស់​​​រៀបចំ​អ្វី​ៗ​ទាំង​អស់ជាថី្ម​​។ នៅពេល​​​នោះ ពិភព​លោកទាំងមូល នឹងផ្សាភ្ជាប់គ្នាយ៉ាង​ស្អិត​ល្មួតជាមួយមនុស្ស​​​ជាតិ នឹងទៅដល់ទីដៅរបស់ខ្លួនហើយៗក៏បាន​​​ពេញលក្ខណៈជាស្ថាពរក្នុង​អង្គ​ព្រះ​គ្រីស្ត​ដែរ (LG ៤៨)។

១០៤៣. ព្រះគម្ពីរដ៏វិសុទ្ធហៅថា “ផ្ទៃមេឃថ្មី និងផែនដីថ្មី” (២ពត្រ ៣,១៣) (វវ ២១,១) គឺព្រះ​ជាម្ចាស់​នឹង​ផ្លាស់​ប្តូរ​មនុស្ស​ជាតិ និងពិភពលោក សាជាថ្មីម្ដងទៀត តាមរបៀបដ៏អាថ៌កំបាំង។ ពេល​នោះ ព្រះ​ជាម្ចាស់​នឹង​សម្រេច​គម្រោងការរបស់ព្រះអង្គជាស្ថាពរ ដោយ “ប្រមូលអ្វីៗទាំងអស់ ដែល​នៅស្ថានបរមសុខ និងនៅលើ​ផែនដី ឱ្យរួមគ្នា នៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ” (អភ ១,១០)។

១០៤៤. ក្នុងសាកលលោកថ្មីនេះ (វវ ២១,៥) ជាទីក្រុងយេរូសាឡឹមនៃលោកខាងមុខ ព្រះជាម្ចាស់នឹងតាំងព្រះ​ដំណាក់​របស់ព្រះអង្គ ក្នុងចំណោមមនុស្សលោក។ “ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់​លែង​​មាន​ទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាកក៏លែងមានទៀតដែរ ដ្បិតអ្វីៗ​ដែល​កើត​មាន​​​កាលពីមុននោះ បាត់អស់ទៅហើយ” (វវ ២១,៤) (វវ ២១,២៧)។

១០៤៥. សម្រាប់មនុស្ស ដោយសារព្រះជាម្ចាស់នឹងសម្រេចគម្រោងការនេះ ព្រះអង្គក៏នឹងធ្វើ            ឱ្យមនុស្ស​ជាតិ​រួម​គ្នា​ជាធ្លុងតែមួយ ដែលព្រះអង្គសព្វព្រះហឫទ័យ តាំងពីកំណើតពិភពលោកមកម្ល៉ះ ហើយដែលព្រះ​សហគមន៍​កំពុងធ្វើដំណើរ ដូច​ជា “អគ្គសញ្ញា” (LG ១)។ អស់អ្នកដែលរួបរួមជាមួយព្រះគ្រីស្ត​នឹងទៅ​ជា​សហគមន៍​របស់​អ្នកដែលព្រះអង្គបាន​លោះ គឺទីក្រុងដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ (វវ ២១,២) “ជាកូនក្រមុំ ជាភរិយារបស់កូនចៀម” (វវ ២១,៩)។ អំពើបាប អំពើសៅហ្មង (វវ ២១,២៧) សេចក្ដីក្រអឺតក្រអោង ដែលបំផ្លាញ ឬធ្វើឱ្យសហគមន៍​មនុស្ស​ខូចខាត នឹង​មិន​ធ្វើ​ឱ្យភរិយានេះរបួសទៀតទេ។ ព្រះជាម្ចាស់នឹងប្រោស​សន្តបុគ្គលទាំង​ឡាយ​ឱ្យ​ឃើញ​ព្រះភ័ក្រ្ត​របស់ព្រះអង្គ ដែលជាប្រភពដែលគ្មានទីបញ្ចប់នៃសុភមង្គល និង​សេចក្ដីសុខ​សាន្ត​របស់​មនុស្ស ដែល​នឹង​រួម​រស់​គ្នា​ជា​ធ្លុង​តែមួយ។

១០៤៦. ឯសាកលលោកវិញ ព្រះជាម្ចាស់សម្ដែងឱ្យយើងដឹងថា មនុស្សលោក​ និងពិភពលោកមានវាសនារួម​គ្នា៖

អ្វីៗសព្វសារពើដែលព្រះអង្គ​បង្កើតមក​កំពុងតែអន្ទះអន្ទែង​ទន្ទឹងរង់ចាំ ពេល​ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​បុត្រ​ធីតា​របស់​​ព្រះ​អង្គ (...) ។ ​ពិភពលោកនៅតែមានសង្ឃឹម​ថា   ព្រះអង្គនឹងលោះឱ្យរួចផុតពីវិនាស​អន្តរាយ​ដើម្បីឱ្យ​មាន​សេរីភាព‌ (...)។ ‌យើង​ដឹងហើយថា‌ ​មកទល់ថ្ងៃនេះ​‌ ពិភពលោកទាំងមូល​កំពុងតែស្រែកថ្ងូរ​និង​ឈឺចុកចាប់ ​ដូច​ជា​ស្ត្រី​​​​ហៀបនឹងសំរាលកូន។​   មិនត្រឹមតែពិភព​លោកប៉ុណ្ណោះទេ​ សូម្បីតែយើង​ដែលបានទទួល​ព្រះអំណោយទាន​ដំបូង​​របស់ព្រះវិញ្ញាណ​ក៏ថ្ងូរ​ក្នុងចិត្ត ទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើង​ឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ​និង​លោះ​រូបកាយយើងទាំងស្រុងដែរ‌ (រម ៨,១៩-២៣)។

១០៤៧. ព្រះជាម្ចាស់មានគម្រោងការផ្លាស់ប្ដូរសាកលលោកដែលមើលឃើញ “ដើម្បីឱ្យពិភពលោកផ្ទាល់ ដែលព្រះជាម្ចាស់នឹងប្រោសឱ្យដូចក្នុងស្ថានភាពដើមដំបូង ទៅជាអ្នកបម្រើមនុស្សសុចរិត ដោយគ្មានឧបសគ្គណា​​មួយមករារាំង​ទៀតឡើយ” ។ ពិភពលោកនេះនឹងចូលរួមចំណែកសិរីរុងរឿងរបស់មនុស្សសុចរិតទាំងនោះ ក្នុង​អង្គ​ព្រះ​យេស៊ូគ្រីស្ត ដែលមានព្រះជន្មថ្មី (សន្ត អ៊ីរ៉េណេ)។

១០៤៨. “យើងមិនដឹងអំពីពេលវេលាដែលផែនដី និងមនុស្សត្រូវបញ្ចប់នៅពេលណាទេ យើងក៏មិនស្គាល់​​របៀបប្រែប្រួលនៃពិភពលោកដែរ​។ ​ សភាពការណ៍​ពិភព​លោក​នេះដែលតូ្រវបានអំណាចបាបបង្ខូច នៅ​​តែ​​​ប្រែប្រួល​។ ក៏ប៉ុន្តែ យើងបានដឹងថា ព្រះជាម្ចាស់រៀបចំដំណាក់ថ្មី និងផែនដីថ្មីសម្រាប់​​​យើង ជាផែនដីដែល យុត្តិធម៌គ្រងរាជ្យ។ បរមសុខនៅលើផែនដីថ្មីនោះ និងបំពេញ​​​នូវបំណង​របស់​មនុស្សដែល​​ចង់បានសេចក្តីសុខសាន្តយ៉ាងលើសលប់ពន់ពេក” (GS ៣៩,១)។

១០៤៩. “ប៉ុន្តែ ការរង់ចាំផែនដីថ្មី មិនបណ្តាលឱ្យយើងមិន​​​សូវអើពើនឹងថែទាំផែនដីនេះទេ ផ្ទុយទៅវិញ យើងត្រូវតែ​ភ្ញាក់ស្មារតីឡើង  ព្រោះថា រូបកាយនៃគ្រួសារថ្មីរបស់​​​មនុស្ស​​​ ចម្រើនធំឡើងនៅលើផែនដីនេះ ហើយបង្ហាញ​ការ​ព្រាង​នៃលោកខាងមុខទៀតផង។ ​​​ហេតុនេះហើយត្រូវញែកឱ្យបានច្បាស់ការអភិវឌ្ឍន៍ខាងផែនដី និងការរីកចម្រើននៃព្រះរាជ្យ​ព្រះជាម្ចាស់។ ​​​ក៏ប៉ុន្តែ ការអភិវឌ្ឍន៍ខាងផែនដី​​​មានសារៈសំខាន់ជាខ្លាំង ដើម្បី​ព្រះ​​ជាម្ចាស់គ្រងរាជ្យ  គឺការអភិវឌ្ឍន៍នោះអាចជួយឱ្យចាត់ចែងរចនាសម្ព័ន្ធនៃសង្គមមនុស្សឱ្យមាន    លក្ខណៈល្អ​​ប្រសើរ (GS ៣៩,២)។

១០៥០. “ផលដ៏ល្អបំផុតនៃធម្មជាតិ​​​យើង និងនៃការខិតខំរបស់យើង ដែលយើងបានផ្សព្វផ្សាយនៅលើផែនដី តាមព្រះបញ្ជារបស់ព្រះ​​​អម្ចាស់​​​ និងក្នុងព្រះវិញ្ញាណព្រះអង្គ យើងនឹងទទួលផលល្អទាំងនោះនៅពេលក្រោយ  ជាផលដែល​​​​​​បរិសុទ្ធផុតពីភាពសៅហ្មង​​​នានា ភ្លឺត្រចះត្រចង់និងផ្លាស់ទ្រង់ទ្រាយ នៅពេលព្រះគ្រីស្តនឹងប្រគល់​ថ្វាយ​ព្រះ​បិតា “ព្រះរាជ្យ​​​ដែលស្ថិតស្ថេរអស់កល្បជានិច្ច និងជាសកល” (GS ៣៩,៣)។ ក្នុងជីវិតអស់កល្បជានិច្ចនោះ ព្រះជាម្ចាស់នឹង “គ្រងរាជ្យ​លើអ្វីៗទាំងអស់ គ្រប់ប្រការទាំងអស់” (១ករ ១៥,២៨)។

ជីវិតដែលនៅស្ថិតស្ថេរ និងយ៉ាងពិតប្រាកដ គឺព្រះបិតា តាមរយៈព្រះបុត្រា និងក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ចាក់​បង្ហូរ​​ព្រះអំណោយទានដែលមកពីស្ថានបរមសុខ លើ​យើង​ទាំង​​អស់​គ្នា ដោយគ្មានអាក់ខានទាល់តែសោះ។ ដោយសារ​ធម៌​មេត្តា​ករុណារបស់ព្រះអង្គ យើងក៏ជាមនុស្សបាន​ទទួលព្រះបន្ទូលសន្យា ​ដែលមិនអាច​សាបសូន្យទៅបាន នៃ​ជីវិត​អស់កល្បជានិច្ច (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។

សង្ខេប

១០៥១. មនុស្សម្នាក់ៗក្នុងព្រលឹងអមតៈរបស់ខ្លួនទទួលរង្វាន់ ឬទោសអស់កល្បជានិច្ច នៅពេលស្លាប់​ហើយ ដោយមានព្រះគ្រីស្ត ជាអ្នកកាត់ក្តីវិនិច្ឆ័យគេទាំងរស់ទាំងស្លាប់ ។

១០៥២. “យើងជឿថា ព្រលឹងរបស់អស់អ្នក ដែលស្លាប់នៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត  (...) ជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ នៅឯស្ថានលើ។ ថ្ងៃនៃការមានជីវិតថ្មី ជាថ្ងៃដែលព្រលឹងទាំង អស់នោះនឹងរួមជាមួយរូបកាយរបស់ខ្លួនឡើងវិញ សេចក្ដីស្លាប់នឹងចុរចាញ់ជាស្ថាពរ” (SPF ២៨)។

១០៥៣. “យើងជឿថា អស់អ្នកដែលប្រមូលគ្នានៅជាមួយព្រះយេស៊ូ និងព្រះនាងម៉ារី នៅស្ថានបរមសុខ បង្កើតព្រះសហគមន៍នៃស្ថានលើ។ នៅទីនោះ ពួកគេពោរពេញដោយសុភមង្គលមើលឃើញព្រះជាម្ចាស់ ក្នុងសភាពរបស់ព្រះអង្គ។ តាមថ្នាក់ប្លែកៗពីគ្នា ពួកគេរួមជាមួយពួកទេវទូតដ៏វិសុទ្ធ ក្នុងការ​គ្រប់​គ្រងរបស់​ព្រះ​គ្រីស្តប្រកបដោយសិរីរុងរឿង ដោយជួយអង្វរសម្រាប់យើង និងដោយជួយរំលែកភាពទន់ខ្យោយរបស់យើងដូចបង ប្អូនបង្កើត” (SPF ២៩)។

១០៥៤. អស់អ្នកដែលទទួលមរណភាពក្នុងការប្រោសប្រណី និងមេត្រីភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែ ដែល មិនបានជម្រះចិត្តគំនិតឱ្យបានពេញលក្ខណៈ ទោះជាពួកគេនឹងទទួលការសង្រ្គោះក៏ដោយ ក៏ក្រោយពីបាន​ទទួល​មរណភាព ពួកគេត្រូវជម្រះចិត្តគំនិត ដើម្បីទទួលភាពដ៏វិសុទ្ធជាចាំបាច់ ដើម្បីចូលក្នុងអំណរសប្បាយរបស់ ព្រះជាម្ចាស់។

១០៥៥. ដោយសារ “សហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” ព្រះសហគមន៍ផ្តាំផ្ងើអ្នកស្លាប់ចំពោះធម៌មេត្តា​ករុណារបស់ព្រះជាម្ចាស់ ហើយថ្វាយពាក្យអង្វរសម្រាប់គេ ជាពិសេសអភិបូជាដ៏វិសុទ្ធ។

១០៥៦. ដោយយកតម្រាប់តាមព្រះគ្រីស្ត ព្រះសហគមន៍ព្រមានគ្រីស្តបរិស័ទអំពី “សេចក្ដីស្លាប់អស់​កល្ប​ជានិច្ចដ៏គួរ​ឱ្យសោយសោក” (DCG ៦៩) ដែលគេហៅថា “នរក”។

១០៥៧. ទោសធ្ងន់ជាងគេនៃនរក គឺឱ្យមនុស្សបែកចេញពីព្រះជាម្ចាស់អស់កល្បជានិច្ច។ មនុស្ស​អាច​មាន​ជីវិត និងសុភមង្គលពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ ព្រះជាម្ចាស់បង្កើតមនុស្ស ដើម្បីឱ្យគេមានជីវិត និង សុភមង្គលនេះ ហើយមនុស្សក៏រង់ចាំជីវិត នឹងសុភមង្គលនេះដែរ។

១០៥៨. ព្រះសហគមន៍ទូលអង្វរព្រះជាម្ចាស់កុំឱ្យនរណាម្នាក់ធ្លាក់នរក៖ “ឱព្រះអម្ចាស់អើយ! សូមកុំឱ្យទូលបង្គំឃ្លាតឆ្ងាយពីព្រះអង្គ”។​ គ្មាននរណាអាចសង្រ្គោះខ្លួនឯងពិតមែន ប៉ុន្តែ “ព្រះជាម្ចាស់សព្វព្រះ ហឫទ័យឱ្យមនុស្សទាំងអស់ទទួលការសង្រ្គោះ” (១ធម ២,៤) ហើយចំពោះព្រះអង្គ “គ្មានអ្វីដែលព្រះអង្គ ធ្វើមិនកើតទេ” (មថ ១៩,២៦)។

១០៥៩. “ព្រះសហគមន៍នៅទីក្រុងរ៉ូមដ៏វិសុទ្ធបំផុតជឿ និងប្រកាសយ៉ាងម៉ឺងម៉ាត់ថា នៅពេលដែលព្រះ ជាម្ចាស់វិនិច្ឆ័យទោស មនុស្សទាំងអស់ ព្រមទាំងរូបកាយផ្ទាល់របស់គេ នឹងឈរមុខតុលាការរបស់ព្រះគ្រីស្ត ដើម្បីឱ្យព្រះអង្គកាត់ក្ដី” (DS ៨៥៩ ; DS​ ១៥៤៩)។

១០៦០. នៅអវសានកាលនៃពិភពលោក ព្រះរាជ្យរបស់ព្រះជាម្ចាស់បានគ្រប់លក្ខណៈ។ នៅពេល នោះ មនុស្សសចរិតនឹងសោយរាជ្យរួមជាមួយព្រះគ្រីស្ត ជាដរាបតរៀងទៅ ទាំងរូបកាយ ទាំងព្រលឹងប្រកបដោយ សិរីរុងរឿង ហើយព្រះជាម្ចាស់នឹងប្រែសកលលោក។ នៅពេលនោះ ព្រះជាម្ចាស់នឹង “គ្រងរាជ្យលើអ្វីៗទាំងអស់ គ្រប់ប្រការ” (១ករ ១៥,២៨) ក្នុងជីវិតអស់កល្បជានិច្ច។

“អាម៉ែន”

១០៦១. ដូចកណ្ឌចុងក្រោយនៃព្រះគម្ពីរដ៏វិសុទ្ធ (វវ ២២,២១) ពាក្យហេប្រឺ អាម៉ែន សម្រាប់បញ្ចប់ធម៌ប្រកាសជំនឿ ។ ជាញឹក​​ញយ ពាក្យនេះបញ្ចប់ពាក្យអង្វរនៃសម្ពន្ធមេត្រីថ្មីដែរ។ យ៉ាងណាមិញ ព្រះសហគមន៍បញ្ចប់​ពាក្យអង្វរ​ដោយ​ប្រើពាក្យ “អាម៉ែន”។

១០៦២. ជាភាសាហេប្រឺ អាម៉ែន មានមូលសព្ទដូចពាក្យ “ជឿ”។ មូលសព្ទនេះសម្ដែងទៅលើភាពរឹងមាំ ភាពស្មោះ​ត្រង់ និងភក្តីភាព។ ហេតុនេះ យើងអាចយល់ថា “អាម៉ែន” សម្ដៅលើភក្តីភាពរបស់ព្រះជាម្ចាស់សម្រាប់យើង និង​ទំនុកចិត្ត​របស់យើងចំពោះព្រះអង្គ។

១០៦៣. ក្នុងព្យាការីអេសាយមានចែងថា “ព្រះជាម្ចាស់នៃសេចក្ដីពិត” ឬតាមន័យចំ “ព្រះជាម្ចាស់នៃអាម៉ែន” ពោល​គឺ ព្រះជាម្ចាស់ជាព្រះគោរពព្រះបន្ទូលសន្យារបស់ព្រះអង្គ៖ “នៅក្នុងស្រុក អ្នកណាចង់ជូនពរ ត្រូវជូនពរក្នុង​នាម​ព្រះជាម្ចាស់នៃអាម៉ែន (ដ៏ពិតប្រាកដ)” (អស ៦៥,១៦)។ ព្រះអម្ចាស់របស់យើងឧស្សាហ៍ប្រើពាក្យ “អាមែន” (មថ ៦,២.៥.១៦) ពេលខ្លះជាពីរដង (យហ ៥,១៩) ដើម្បីបញ្ជាក់ថា ការប្រៀនប្រដៅរបស់ព្រះអង្គមិនប្រែប្រួល​ឡើយ ហើយអំណាចរបស់ព្រះអង្គចាក់ឫសលើសេចក្ដីពិតរបស់ព្រះជាម្ចាស់។

១០៦៤. ដូច្នេះហើយ បានជា “អាម៉ែន” ចុងក្រោយនៃធម៌ប្រកាសជំនឿលើកយកមកវិញ​ និងបញ្ជាក់ពាក្យខាងដើម “ខ្ញុំ​ជឿ”។ ពេលយើងជឿ យើងថា “អាម៉ែន” ចំពោះព្រះបន្ទូល ព្រះបន្ទូលសន្យា និងព្រះរាជបញ្ជារបស់​ព្រះ​ជាម្ចាស់ គឺយើងផ្ញើជីវិតទាំងស្រុងទៅលើព្រះដែលជា “អាម៉ែន” ប្រកបដោយសេចក្ដីស្រាលញ់ឥតព្រំដែន និង​ភក្តីភាព​ដ៏​ល្អ​ឥតខ្ចោះ។ គ្រីស្តបរិស័ទនឹងរស់នៅជារៀងរាល់ថ្ងៃតាមជំនឿ (“អាម៉ែន”) នៃធម៌ប្រកាសជំនឿនៃពិធីជ្រមុជ​ទឹក​របស់​យើង៖

សូមឱ្យធម៌ជឿរបស់អ្នកដូចជាកញ្ចក់។ ចូរឆ្លុះខ្លួន ដើម្បីដឹងថា តើអ្នកជឿអ្វីដែលអ្នកប្រកាស ហើយចូរ​មាន​ចិត្ត​សប្បាយរីករាយ ជារៀងរាល់ថ្ងៃ ព្រោះតែជំនឿរបស់អ្នក (សន្ត អូគូស្តាំង)។

១០៦៥. ព្រះយេស៊ូគ្រីស្តផ្ទាល់ជា “ព្រះអាម៉ែន” (វវ ៣,១៤)។ ព្រះអង្គជា “អាម៉ែន” ជាស្ថាពរ នៃសេចក្ដីស្រលាញ់របស់​ព្រះបិតាចំពោះយើង ព្រះអង្គក៏ទទួលយក និងបង្ហើយការ “អាម៉ែន” របស់យើងចំពោះព្រះបិតា​៖ “ព្រះគ្រីស្តបានធ្វើឱ្យព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសម្រេចសព្វគ្រប់ទាំងអស់។ ហេតុនេះហើយ បាន​ជាយើងពោលពាក្យ “អាម៉ែន” ទៅកាន់ព្រះជាម្ចាស់ តាមរយៈព្រះគ្រីស្ត ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ” (២ករ ១,២០)។

ឱព្រះបិតាដ៏មានតេជានុភាពសព្វប្រការ គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង បានជាយើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

អាម៉ែន។

វគ្គទីពីរ៖​​​​ ការលើកតម្កើងគម្រោងការ​​ដ៏អស្ចារ្យ​នៃគ្រីស្តសាសនា

ភាគទី១៖ ការចាត់ចែងនៃអគ្គសញ្ញា

ជំពូក១ លេខ១០៦៦-១១៣៤
ហេតុអ្វីបានជាមានពិធីបុណ្យ?

១០៦៦. ក្នុងធម៌ប្រកាសជំនឿ ព្រះសហគមន៍ប្រកាសអំពីគម្រោងការក៏លាក់កំបាំងនៃព្រះត្រៃឯក និង “ព្រះ​​បំណង​​​ដ៏សប្បុរស” (អភ ១,៩) របស់ព្រះអង្គ លើសត្វលោកទាំងអស់ គឺព្រះបិតាបំពេញ “គម្រោងការដ៏លាក់​កំបាំង​នៃព្រះហឫទ័យរបស់ព្រះអង្គ” ដោយប្រគល់ព្រះបុត្រាដ៏ជាទីស្រលាញ់ និងព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ ដើម្បី​សង្រ្គោះ​ពិភពលោក និងដើម្បីសិរីរុងរឿងនៃព្រះនាមព្រះអង្គ។ នេះគឺជាគម្រោងការដ៏លាក់កំបាំង​នៃ​ព្រះ​គ្រីស្ត (អភ ៣,៤) ដែល​ព្រះជាម្ចាស់បានសម្តែង និងបានសម្រេចនៅក្នុងប្រវត្តិសាស្រ្តតាមផែនការណ៍ តាម “គម្រោង​ការ”​ ច្បាស់​លាស់ ដែលសន្តប៉ូលហៅថា “ការចាត់ចែងគម្រោងការដែលលាក់ទុក” (អភ ៣,៩) ហើយ​ដែល​​ប្រពៃណី​​នៃ​គ្រូបាធ្យាយនឹងហៅថា “ការចាត់ចែងនៃព្រះបន្ទូលប្រសូតជាមនុស្ស” ឬ “ការចាត់​ចែង​នៃ​ការ​សង្រ្គោះ”។

១០៦៧. “ព្រះគ្រីស្តជាព្រះអម្ចាស់បានរំដោះមនុស្សលោកជាសូរេច និងលើក​តម្កើង​សិរីរុង​រឿង​​​របស់​​​ព្រះជាម្ចាស់​​​យ៉ាងពេញលក្ខណៈ​​​ទៀតផង ​ដោយមានកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ នៅក្នុងប្រជាជន​នៃ​សម្ពន្ធ​មេត្រី​ចាស់បានរៀបចំទុកជាមុន។ ព្រះគ្រីស្តបានបំពេញព្រឹត្តិការ​ណ៍ដ៏អស្ចារ្យនេះ ដោយគម្រោងការដ៏អស្ចារ្យនៃ​បុណ្យ​ចម្លង គឺព្រះអង្គបានរងទុក្ខលំបាក មាន​ព្រះ​ជន្មថ្មីពីក្នុងចំនោមមនុស្សស្លាប់ និងបាន​យាង​ទៅ​ស្ថាន​លើ​យ៉ាង​រុង​រឿង។ ​ដោយសារព្រឹត្តិការ​ណ៍ដ៏​អស្ចារ្យនេះ ​ព្រះអង្គ “បានកម្ទេច​បំផ្លាញអំណាច​នៃ​សេចក្កី​ស្លាប់​របស់​​​មនុស្សយើងដោយទ្រង់​សោយ​ទិវង្គត ហើយទ្រង់​ក៏កែ​ទម្រង់​ជីវិតឱ្យ​បាន​ជាថ្មីឡើងវិញ ដោយទ្រង់​មាន​ព្រះជន្មថ្មី​​​”។ “​ព្រះសហគមន៍ទាំងមូល ដែលជាអគ្គសញ្ញាដ៏ប្រសើរអស្ចារ្យ​​​យ៉ាងក្រៃលែង” ក៏កើតចេញ​មក​ពីរមុខ​​​របួស​​​ត្រង់ចន្លោះឆ្អឹងជំនីររបស់ព្រះអង្គដែលផ្ទុំលក់លើឈើឆ្កាង។ ​ស្នាព្រះហស្តដ៏អស្ចារ្យដែល​ព្រះ​ជា​ម្ចាស់​​​បាន​ប្រព្រឹត្តក្នុង​​​ចំណោម​ប្រជារាស្រ្តនៃ​សម្ពន្ធមេត្រីចាស់ ក៏សុទ្ធសឹងតែជាប្រផ្នូល​អំពីព្រឹត្តិការ​ណ៍ដ៏អស្ចារ្យ​នេះដែរ” (SC ៥)។ ហេតុនេះហើយ បានជាក្នុងពិធីបុណ្យ ព្រះសហគមន៍លើកតម្កើង​ជាពិសេសគម្រោងការ​ដ៏​អស្ចារ្យ​​របស់​ព្រះគ្រីស្ត ដែលបានបំពេញព្រះរាជកិច្ចនៃការសង្រ្គោះរបស់​យើង ដោយ​សោយ​ទិវង្គត និង​មាន​ព្រះ​ជន្ម​ថ្មី។

១០៦៨. ក្នុងពិធីបុណ្យ ព្រះសហគមន៍ប្រកាស និងលើកតម្កើងគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត​នេះ ដើម្បីឱ្យគ្រីស្តបរិស័ទរួមជាមួយព្រះអង្គ និងផ្ដល់សក្ខីភាពអំពីព្រះអង្គក្នុងពិភពលោក​៖
ដោយសារពិធីបុណ្យនានា ជាពិសេសដោយសារសក្ការបូជាអរព្រះគុណ (ពោលគឺអភិបូជា) “ព្រះជាម្ចាស់​រំដោះ​​យើង”។ ពិធីបុណ្យទាំងនោះក៏ជួយយ៉ាងខ្ពង់ខ្ពស់បំផុតឱ្យគ្រីស្តបរិស័ទប្រកាសជំនឿតាមការរស់នៅរបស់ គេ និងសម្តែងឱ្យអ្នកដទៃស្គាល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ​ព្រមទាំងស្គាល់លក្ខណៈ​ដ៏ពិតប្រាកដ​របស់​ព្រះ​​​​សហគមន៍ទៀតផង (SC ២)។

​តើពាក្យ “ពិធីបុណ្យ” មានអត្ថន័យយ៉ាងដូចម្ដេច?

១០៦៩. តាមអត្ថន័យដើម ពាក្យ “ពិធីបុណ្យ” មានន័យថា “កិច្ចការជាសាធារណៈ” “កិច្ចបម្រើពី ឬចំពោះ​ប្រជាជន”។ តាមប្រពៃណីនៃគ្រីស្តសាសនា ពាក្យនេះ មានន័យថា ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ចូលរួមចំណែក ក្នុង “កិច្ចការរបស់ព្រះជាម្ចាស់” (យហ ១៧,៤)។ តាមពិធីបុណ្យ ព្រះគ្រីស្ត ជាព្រះសង្រ្គោះ​ និងជាមហាបូជាចារ្យ បន្តព្រះរាជកិច្ចសង្រ្គោះយើង ក្នុងព្រះសហគមន៍ ជាមួយព្រះសហគមន៍ និងតាមរយៈព្រះ​សហគមន៍៖

១០៧០. ក្នុងសម្ពន្ធមេត្រីថ្មី គេប្រើពាក្យ “ពិធីបុណ្យ” មិនគ្រាន់តែដើម្បីសម្ដៅលើពិធីលើកតម្កើងព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះទេ (កក ១៣,២ ; លក ១,២៣) ថែមទាំងសម្តៅលើការប្រកាសដំណឹងល្អ (រម ១៥,១៦ ; ភីល ២,១៤-១៧.៣០) និងកិច្ចការនៃសេចក្ដីស្រលាញ់ដែរ (រម ១៥,២៧ ; ២ករ ៩,១២  ភីល ២,២៥)។ ក្នុង​ស្ថាន​ការណ៍​​​ទាំងអស់នោះ ពិធីបុណ្យសម្តៅទៅលើកិច្ចបម្រើរបស់ព្រះជាម្ចាស់ និងរបស់មនុស្សលោក។ ក្នុងពិធីបុណ្យ ព្រះ​សហគមន៍ជាអ្នកបម្រើ ដូចព្រះអម្ចាស់របស់ខ្លួន ដែលមានតែព្រះអង្គជាអ្នកប្រារព្ធ (ហប ៨,២.៦) ដោយរួម​ចំណែក​ជាមួយព្រះអង្គក្នុងមុខងារជាបូជាចារ្យ (ពិធី) ជាព្យាការី (ការប្រកាស) និងជាព្រះមហាក្សត្រ (កិច្ច​បម្រើ​នៃ​ធម៌​មេត្តាករុណា)៖

ហេតុ​​​​​​នេះ​​​ហើយបានជាត្រូវចាត់ទុកយ៉ាងត្រឹមត្រូវថា ព្រះយេស៊ូគ្រីស្ត​ពិតជាបំពេញមុខងារ​ជា​បូជាចារ្យ​​ដោយ​​​​សារ​​​​ពិធី​​​​​​បុណ្យនានា។ ដោយព្រះយេស៊ូគ្រីស្ត​បំពេញមុខងារជាបូជាចារ្យ​នោះ ព្រះអង្គ​ក៏សម្តែង​ថា ព្រះអង្គ​ប្រោស​​​មនុស្ស​ឱ្យ​​​​​បាន​វិសុទ្ធ តាមសញ្ញាសម្គាល់​​​ដែល​​​អាចមើលឃើញ ហើយព្រះអង្គប្រោស​គេ​​​ឱ្យ​​បាន​វិសុទ្ធ តាម​របៀប​​​​​​​​ប្លែកៗពីគ្នា ស្របតាមសញ្ញានីមួយៗទាំងនោះ​​​ផង។ ដោយព្រះ​យេស៊ូ​គ្រីស្ត​បំពេញមុខងារ​ជា​បូជាចារ្យនោះ ព្រះ​កាយដ៏អាថ៌កំបាំងរបស់ព្រះអង្គ គឺទាំងព្រះសិរសារ ទាំងសិរីរាង្គ ​នាំគ្នា​គោរព​បម្រើ​ព្រះ​ជា​ម្ចាស់​យ៉ាង​សាធារណៈ និងយ៉ាងពេញលេញ។ ហេតុនេះហើយ បានជាគ្រប់ពិធីបុណ្យនានា​ជា​ព្រះ​រាជកិច្ច​របស់ព្រះគ្រីស្ត​​ជា​បូជាចារ្យ​ផង និង​ជាកិច្ចរបស់ព្រះកាយព្រះអង្គ​ផង ពោលគឺរបស់ព្រះសហគមន៍ ជាកិច្ច​សក្ការៈ​ដ៏ប្រសើរ​ឧត្តុង្គ​បំផុត គ្មាន​​កិច្ចដ៏​សក្ការៈ​ណា​​មួយផ្សេងទៀតរបស់​ព្រះសហគមន៍ ស័ក្កិសិទ្ធិដូច ឬមានកម្រិត ដូចបានឡើយ (SC ៧)។

ពិធីបុណ្យដូចជាប្រភពនៃជីវិត

១០៧១. ពិធីបុណ្យជាព្រះរាជកិច្ចរបស់ព្រះគ្រីស្តផង ជាកិច្ចការនៃព្រះសហគមន៍ របស់​ព្រះ​អង្គ​ផង។ ពិធី​បុណ្យ​សម្រេច និងសម្តែងព្រះសហគមន៍ ដូចជាសញ្ញាសម្គាល់ ដែលបង្ហាញអំពីការរួបរួមជាមួយ​ព្រះ​ជាម្ចាស់ និងមនុស្សលោក ដោយសារព្រះគ្រីស្ត។ ពិធីបុណ្យធ្វើឱ្យគ្រីស្តបរិស័ទចូលរួមក្នុងជីវិតថ្មីនៃសហគមន៍ បាន​សេចក្ដី​ថា គ្រីស្តបរិស៍ទទាំងអស់ត្រូវតែចូលរួមចំណែកក្នុងពិធីបុណ្យ “ដោយដឹងខ្លួន គឺយល់អត្ថន័យ ចូលរួមយ៉ាងសកម្ម  និងតាមរបៀបអាច​បង្កើតផលបានទៀតផង” (SC ១១)។

១០៧២. “ពិធីបុណ្យនានាពុំមែនជាសកម្មភាពទាំងមូលរបស់ព្រះសហគមន៍ទេ” (SC ៩)៖ ត្រូវតែប្រកាស​ដំណឹង​​ល្អ ត្រូវជឿ និងកែប្រែចិត្តគំនិតជាមុនសិន ទើបពិធីបុណ្យអាចផ្តលបានផលដ៏ល្អក្នុងជីវិត​របស់​​គ្រីស្ត​បរិស័ទ ពោល​គឺ​ឱ្យគេ​រស់នៅតាមរបៀបថ្មីក្នុងអង្គព្រះវិញ្ញាណ ឱ្យគេចូលរួមក្នុងបេសកកម្ម​របស់​ព្រះ​សហគមន៍ ហើយឱ្យគេជួយ​បម្រើព្រះសហគមន៍ឱ្យរួមគ្នាជាធ្លុងតែមួយ។

ការអធិដ្ឋាន និងពិធីបុណ្យ

១០៧៣. ពេលប្រាព្ធពិធីបុណ្យ យើងចូលរួមចំណែកក្នុងការអធិដ្ឋានរបស់ព្រះគ្រីស្ត ចំពោះព្រះបិតា ក្នុង​អង្គ​ព្រះ​វិញ្ញាណ​​​ដ៏វិសុទ្ធ។ ពិធីបុណ្យជាប្រភព និងទីចុងក្រោយនៃការអធិដ្ឋាននីមួយៗនៃគ្រីស្តសាសនា។ ដោយ​សារ​​ពិធី​បុណ្យ ​មនុស្សមានទឹកចិត្តចាក់ឫសយ៉ាងមាំមួន (អភ ៣,១៦-១៧) ​“ក្នុង​សេចក្ដី​ស្រលាញ់ដែល​ព្រះបិតា​បាន​ស្រលាញ់​​យើង” (អភ ២,៤) ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ។ ការ​អធិដ្ឋាននីមួយៗប្រារព្ធ និង​រម្លឹក​ឡើងវិញ “កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់” ដដែលនេះ “គ្រប់ពេលវេលា តាមការណែនាំ​របស់​ព្រះ​វិញ្ញាណ” (អភ ៦,១៨)។

ការអប់រំជំនឿ និងពិធីបុណ្យ

១០៧៤. “សកម្មភាពគ្រប់យ៉ាងរបស់ព្រះសហគមន៍ពិតជាតម្រង់ទៅកាន់ពិធីបុណ្យនានា​ទុកជាកំពូល និង​ជាប្រភពនៃឬទ្ធានុភាពទាំងស្រុងរបស់ព្រះសហគមន៍ដែរ” (SC ១០)។ ដូច្នេះហើយ បានជាពិធីបុណ្យជា​ឱកាស​ដ៏​ពិសេស ដើម្បី​អប់រំជំនឿ​ប្រជាជន​​របស់ព្រះជាម្ចាស់។ “ការអប់រំជំនឿជាប់ទាក់ទិននឹងកិច្ចការខាងពិធីបុណ្យ និង​ខា​ងអគ្គសញ្ញា ដ្បិត​ក្នុង​អគ្គ​សញ្ញា ជាពិសេសក្នុងអភិបូជា ព្រះគ្រីស្តយេស៊ូបញ្ចេញសកម្មភាពយ៉ាង​ពេញលេញ ដើម្បី​​ផ្លាស់ប្តូរ​មនុស្ស​លោក” (សម្ដេចប៉ាប យ៉ូហាន​​ ប៉ូលទី២, CT ២៣)។

១០៧៥. ការអប់រំជំនឿខាងពិធីបុណ្យមានគោលដៅបញ្ចូលគ្រីស្តបរិស័ទក្នុងគម្រោងការ​ដ៏លាក់​​បាំង​របស់​ព្រះគ្រីស្ត (“mystagogie”) ដោយចាប់ផ្តើមអំពីអ្វីដែលមើលឃើញដល់អ្វីដែលមើលមិនឃើញ អំពីអ្វីដែលជា សញ្ញាសម្គាល់ដល់គោលដៅនៃសញ្ញាសម្គាល់នេះ អំពី “អគ្គសញ្ញា” ដល់ “គម្រោងការដ៏លាក់កំបាំង”។ សៀវភៅ​អប់រំជំនឿតាមភូមិភាគ ​និងតាមតំបន់ ត្រូវតែយកចិត្តទុកដាក់នឹងការអប់រំជំនឿបែបនេះ។ សៀវភៅនេះ ​ចង់​បម្រើ​ព្រះ​សហគមន៍ទាំងមូល ក្នុងការប្រារព្ធពិធី ទៅតាមវប្បធម៌ផ្សេងៗពីគ្នា (SC ៣-៤) នឹងណែនាំអំពី​អ្វី​ដែល​ជា មូលដ្ឋានគ្រឹះ និង​​​ជា​លក្ខណៈ​រួម​នៃព្រះសហគមន៍ទាំងមូល ដែលទាក់ទងនឹងពិធីបុណ្យ ដូចជាគម្រោង​ការ​ដ៏លាក់កំបាំង និង​ដូច​​​ជាពិធីលើកតម្កើង (ភាគទីមួយ ) ហើយនឹងណែនាំអំពីអគ្គសញ្ញាទាំងប្រាំពីរ និងពិធី​ផ្សេងៗទៀត (ភាគទីពីរ )។

 ភាគទីមួយ​៖
ការចាត់ចែងនៃអគ្គសញ្ញា

១០៧៦. ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក គឺជាថ្ងៃដែលព្រះជាម្ចាស់សម្តែងព្រះ​សហគមន៍​ឱ្យ​ពិភព​លោក​​ស្គាល់ ដោយទ្រង់​ចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ (SC ៦ ; LG ២)។ ព្រះអំណោយ​ទាន​របស់​ព្រះ​វិញ្ញាណ​ចាប់​ផ្តើម​វេលាថ្មី​ក្នុង​ការ “សម្ដែងគម្រោងការដ៏លាក់កំបាំង” គឺវេលានៃព្រះសហគមន៍ ដែលមានព្រះគ្រីស្តសម្ដែង ប្រោស​ឱ្យ​ស្ថិត​នៅ​ និងផ្តល់ព្រះរាជកិច្ចននៃការសង្រ្គោះ តាមរយៈពិធីបុណ្យ “រហូតដល់ព្រះអង្គយាង​មក​​វិញ” (១ករ ១១,២៦)។ ចាប់ពីវេលានៃព្រះសហគមន៍នេះទៅ ព្រះគ្រីស្តមានព្រះជន្មគង់នៅ និងបញ្ចេញសកម្មភាព​ក្នុង​​ព្រះ​​សហគមន៍​ព្រះ​អង្គ និង​ជាមួយព្រះសហគមន៍នេះ តាមរបៀបថ្មី ដែលជាលក្ខណៈពិសេសនៃវេលានេះ។ ព្រះ​អង្គ​​មានសកម្មភាព​តាមរយៈអគ្គសញ្ញា ដែលការបញ្ជូនបន្តរួមនៃបស្ចិម និងបូព៌ាប្រទេស ហៅថា “ការចាត់​ចែង​នៃ​​អគ្គ​សញ្ញា”។ ការ​ចាត់​ចែងនេះ គឺជាការផ្តល់ (ឬ “ការសម្ដែង”) ផលនៃគម្រោងការ​របស់​ព្រះ​គ្រីស្ត​​ដែល​​សោយ​​ទី​វង្គត និង​មានព្រះជន្មថ្មី ក្នុងពិធីបុណ្យ “ផ្នែកអគ្គសញ្ញា” នៃព្រះ​សហគមន៍។

ហេតុនេះហើយ បានជាមុនដំបូងត្រូវតែបំភ្លឺ “ការសម្ដែងនៃអគ្គសញ្ញា” នេះ (ជំពូកទីមួយ ) ដើម្បី​ឱ្យ​សភាព និងលក្ខណៈចាំបាច់នៃពិធីបុណ្យ លេចឡើងឱ្យកាន់តែច្បាស់ (ជំពូកទីពីរ )។

 ជំពូកទីមួយ​៖​
ព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីព្រះយេស៊ូគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មីក្នុងវេលានៃព្រះសហគមន៍

ប្រការទី១៖​ ​ពិធីបុណ្យជាព្រះរាជកិច្ចនៃព្រះត្រៃឯក

១. ព្រះបិតាជាប្រភព និងទីចុងក្រោយនៃពិធីបុណ្យ

១០៧៧. “សូមលើកតម្កើងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបាន ប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គបានជ្រើស រើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម្ល៉េះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភ័ក្រ្តព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រលាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របតាមព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បី​ឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ” (អភ ១,៣-៦)។

១០៧៨. ការប្រទានពរជាកិច្ចការរបស់ព្រះជាម្ចាស់ ដែលផ្តល់ជីវិត ហើយដែលព្រះបិតាជាប្រភព។ ការ​ប្រទាន​​ពររបស់ព្រះអង្គជាព្រះបន្ទូលផង ជាព្រះអំណោយទានផង (bene-dictio, eu-logia )។ បើ​និយាយ​​អំពី​មនុស្សវិញ ពាក្យនេះ សម្ដៅថា មនុស្សក្រាបថ្វាយបង្គំ និងផ្ញើជីវិតទាំងស្រុងចំពោះព្រះជាម្ចាស់ ជាអ្នក​បង្គើត​គេ ដោយ​អរព្រះគុណព្រះអង្គផង។

១០៧៩. ចាប់តាំងពីកំណើតរហូតដល់អវសានកាលនៃពិភពលោក ព្រះរាជកិច្ចទាំងមូលរបស់ព្រះ​ជាម្ចាស់​​ជា ព្រះពរមួយ ។​ ចាប់តាំងពីពាក្យកំណាព្យនៃកំណើតដំបូងនៃពិភពលោករហូតដល់បទចម្រៀងនៃទី​ក្រុង​យេរូសាឡឹមនៅស្ថានបរមសុខ អ្នកនិពន្ធ ដែលព្រះវិញ្ញាណដ៏វិសុទ្ធបានជួយបំភ្លឺ ប្រកាសអំពីគម្រោងការនៃ​ការ​​សង្រ្គោះ​ដូចជាព្រះពរមួយដ៏អស្ចារ្យយ៉ាងក្រៃលែងរបស់ព្រះជាម្ចាស់។

១០៨០. តាំងពីដើមដំបូងបង្អស់ ព្រះជាម្ចាស់ប្រទានពរដល់សត្វលោកទាំងអស់ ជាពិសេសដល់មនុស្ស​ប្រុស និងមនុស្សស្រី។ សម្ពន្ធមេត្រីជាមួយលោកណូអេ និងជាមួយសត្វលោកទាំងអស់ធ្វើឱ្យព្រះពរដែល​បង្កើត​ផលនេះបានកើតជាថ្មី ទោះបីអំពើបាបរបស់មនុស្សលោកបានបណ្តាលដីឱ្យ “ត្រូវបណ្តាសា” ក៏ដោយ។ ក៏ប៉ុន្តែ ចាប់តាំងពីលោកអប្រាហាំ ព្រះពររបស់ព្រះជាម្ចាស់ជ្រាបចូលក្នុងប្រវត្តិសាស្រ្តមនុស្សលោក ដែលតម្រង់​ទៅ​រកសេចក្ដីស្លាប់ ដើម្បីឱ្យប្រវត្តិសាស្រ្តនេះងើបឡើងទៅរកមាគ៌ានៃជីវិតវិញ ឡើងទៅឯប្រភពរបស់ខ្លួន៖ ប្រវត្តិ​សាស្រ្ត​នៃ​ការ​សង្រ្គោះ​ចាប់ផ្តើម ដោយសារជំនឿរបស់ “លោកឪពុករបស់អស់អ្នកជឿ” ដែល​បាន​ទទួល​ព្រះ​ពរ។

១០៨១. ព្រះជាម្ចាស់សម្ដែងព្រះពរទាំងប៉ុន្មានរបស់ព្រះអង្គតាមហេតុការណ៍ដ៏គួរឱ្យសរសើរ និង​ដែលជួយសង្រ្គោះផង៖ កំណើតរបស់លោកអ៊ីសាក ការចាកចេញពីប្រទេសអេស៊ីប (បុណ្យចម្លង និងដំណើរ​ឆ្ពោះ​ទៅ​​កាន់សេរីភាព) ព្រះអំណោយទាននៃទឹកដីសន្យា ការជ្រើសរើសព្រះបាទដាវីឌ វត្តមានរបស់ព្រះជាម្ចាស់​ក្នុង​​ព្រះវិហាររបស់ព្រះអង្គ ការនិរទេសដែលបន្សុទ្ធប្រជាជន និងការត្រឡប់មកវិញរបស់ប្រជាជន ដែល “នៅ​សេស​​សល់”។ ធម៌វិន័យ ព្យាការី និងទំនុកតម្កើង ដែលជាគ្រឹះនៃពិធីបុណ្យរបស់ប្រជាជនដែលព្រះជាម្ចាស់បាន​ជ្រើស​​រើស រម្លឹកព្រះពរ​របស់ព្រះអង្គនោះ ហើយឆ្លើយតបនឹងព្រះពរទាំងអស់នោះ ដោយលើកតម្កើង និង​អរ​ព្រះ​គុណ​​ព្រះ​អង្គ។

១០៨២. ក្នុងពិធីបុណ្យព្រះសហគមន៍ ព្រះជាម្ចាស់សម្ដែង និងប្រោសប្រទានព្រះពររបស់ព្រះអង្គឱ្យ​បាន​​ពេញ​​លក្ខណៈ៖ គ្រីស្តបរិស័ទទទួលស្គាល់ និងក្រាបថ្វាយបង្គំព្រះបិតាដូចជាប្រភព​ និងទីចុងក្រោយ​របស់​ព្រះពរទាំងឡាយនៃការបង្កើត និងការសង្រ្គោះ។ ក្នុងព្រះបន្ទូលប្រសូតជាមនុស្ស ដែលសោយទិវង្គត និងមាន​ព្រះ​​ជន្មថ្មី ដើម្បីយើង ព្រះអង្គប្រោសប្រទានព្រះពរគ្រប់បែបយ៉ាងឱ្យយើង ហើយនៅក្នុងអង្គព្រះ​គ្រីស្ត ព្រះអង្គចាក់បង្ហូរ ក្នុងចិត្តយើង ព្រះអំណោយទាន ដែលសរុបអំណោយទានឯទៀតៗ គឺព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

១០៨៣. ដូច្នេះហើយ បានជាយើងអាចយល់អំពីលក្ខណៈពីរយ៉ាងនៃពិធីបុណ្យខាង​គ្រីស្ត​សាសនា ដែល​ជា​​ចម្លើយ​ខាងជំនឿ និងខាងសេចក្ដីស្រលាញ់ចំពោះ “ព្រះពរខាងវិញ្ញាណ” ដែលព្រះបិតា​ប្រោស​ប្រទាន​មកយើង។ ព្រះសហគមន៍​ ដែលរួមជាមួយព្រះអម្ចាស់របស់ខ្លួន និង “ក្រោមកិច្ចការនៃព្រះវិញ្ញាណដ៏វិសុទ្ធ” (លក ១០,២១) ប្រទានពរដល់ព្រះបិតា “ចំពោះព្រះអំណោយទានដ៏ប្រសើរបំផុតពុំអាចថ្លែងបានរបស់ព្រះអង្គ” (២ករ ៩,១៥) ដោយក្រាបថ្វាយបង្គំ សរសើរ និងអរព្រះគុណព្រះអង្គ។ ម្យ៉ាងទៀត ព្រះសហគមន៍នៅតែថ្វាយ “តង្វាយនៃអំណោយទានរបស់ខ្លួនផ្ទាល់" ចំពោះព្រះបិតា រហូតដល់ព្រះបំណងរបស់​ព្រះជាម្ចាស់បានសម្រេច ហើយ​អង្វរព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកសណ្ឋិតលើព្រះសហគមន៍ លើគ្រីស្តបរិស័ទ និងលើ​ពិភព​លោកទាំងមូល រួមជាមួយព្រះគ្រីស្តជាបូជាចារ្យ ដែលបានសោយទិវង្គត និងមាន​ព្រះ​ជន្មថ្មី និង​ដោយ​សារឫទ្ធានុភាពនៃព្រះវិញ្ញាណ ដើម្បីឱ្យព្រះពរទាំងអស់នោះ បង្កើត​ផល​នៃជីវិត “ដើម្បី​ឱ្យ​យើង​លើក​តម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ” (អភ ១,៦)។

២. ព្រះរាជកិច្ចរបស់ព្រះគ្រីស្តក្នុងពិធីបុណ្យ
ព្រះគ្រីស្តដែលបានទទួលសិរីរុងរឿង...

១០៨៤. ចាប់ពីពេលនេះទៅ ដោយ “គង់នៅខាងស្តាំព្រះបិតា” និងដោយចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងព្រះកាយ​ព្រះ​អង្គ ដែល​ជាព្រះសហគមន៍ ព្រះគ្រីស្តមានសកម្មភាពតាមរយៈអគ្គសញ្ញា ដែលព្រះអង្គ​បានចាត់​ចែង ដើម្បីប្រោស​ប្រទានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។ អគ្គសញ្ញាជាសញ្ញា (ពាក្យសម្តី និងកិច្ចការ) ដែលវិញ្ញាណ​មនុស្សយើងក្នុង​បច្ចុប្បន្ន​កាល​ អាចដឹងបាន ។ អគ្គសញ្ញាបំពេញ​ព្រះហឫទ័យ​ប្រណី​​សន្តោស ដែល​អគ្គសញ្ញានោះសម្ដៅទៅលើ យ៉ាងស័ក្តិសិទ្ធិ ដោយសារកិច្ចការរបស់ព្រះគ្រីស្ត និងឫទ្ធានុភាពនៃព្រះវិញ្ញា​ដ៏​វិសុទ្ធ​ផង។

១០៨៥. ក្នុងពិធីបុណ្យព្រះសហគមន៍ ព្រះគ្រីស្តបង្ហាញ និងសម្រេចជាពិសេសបុណ្យចម្លងរបស់ព្រះ​អង្គ។ នៅលើផែនដី ព្រះយេស៊ូប្រកាសដោយសារការប្រៀនប្រដៅរបស់ព្រះអង្គ និងគ្រោងទុកជាមុនដោយសារ កិច្ចការរបស់ព្រះអង្គ ថា ទ្រង់នឹងសោយទិវង្គត និងមានព្រះជន្មថ្មី។ ពេលកំណត់របស់ព្រះអង្គមកដល់ហើយ (យហ ១៣,១ ; ១៧,១) ទ្រង់ក៏ទទួលហេតុការណ៍តែមួយនៃប្រវត្តិសាស្រ្ត ដែលមិនចេះកន្លងផុតទៅ គឺ​ព្រះ​យេស៊ូសោយទិវង្គត ត្រូវគេបញ្ចុះ មានព្រះជន្មថ្មីពីចំណោមមនុស្សស្លាប់ ហើយគង់ខាងស្តាំព្រះបិតា “ម្តងជាការស្រេច” (រម ៦,១០ ; ហប ៧,២៧ ; ៩,១២)។ ហេតុការណ៍នេះ ជាហេតុការណ៍ដ៏ពិតប្រាកដ ដែល​បានកើតឡើងក្នុងប្រវត្តិសាស្រ្តមនុស្សយើង ប៉ុន្តែជាហេតុកាណ៍តែមួយ៖ ហេតុការណ៍ផ្សេងៗទៀតនៃប្រវត្តិ​សា​ស្រ្ត​​​កើត​​ឡើង​តែម្តង ហើយចេះតែកន្លងផុតទៅក្នុងអតីតកាល។ ផ្ទុយទៅវិញ បុណ្យចម្លងរបស់ព្រះគ្រីស្តមិន​អាច​​ស្ថិត​នៅ​ក្នុងអតីតកាលតែប៉ុណ្ណោះទេ ដ្បិតដោយសោយទិវង្គត ព្រះអង្គបានបំផ្លាញសេចក្ដីស្លាប់។ ​អ្វីៗ​ទាំង​អស់​​​ដែលជាលក្ខណៈរបស់ព្រះគ្រីស្ត អ្វីៗទាំងអស់ដែលព្រះអង្គបានប្រព្រឹត្ត និងអ្វីៗទាំងអស់ដែលទ្រង់​បាន​​​រង​ទុក្ខ​​លំបាក ដើម្បីមនុស្សទាំងអស់ចូលរួមចំណែកក្នុងព្រះជន្មអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយ​ស្ថិត​លើ​គ្រប់​សម័យកាលទាំងអស់ ដើម្បីឱ្យមានវត្តមានក្នុងបច្ចុប្បន្នកាលនេះ។ ហេតុការណ៍នៃព្រះឈើឆ្កាង និង​ការ​មាន​ព្រះជន្មថ្មីស្ថិតនៅជានិច្ច ហើយទាក់ទាញអ្វីៗទាំងអស់ឆ្ពោះទៅជីវិត។

...ចាប់តាំងពីព្រះសហគមន៍របស់ក្រុមគ្រីស្តទូត...

១០៨៦. “ព្រះបិតាចាត់ព្រះគ្រីស្តឱ្យយាងមកយ៉ាងណា ​ព្រះគ្រីស្តផ្ទាល់ក៏ចាត់ក្រុមគ្រីស្តទូត​របស់​ព្រះ​អង្គ​ឱ្យទៅយ៉ាងនោះដែរ។ គ្រីស្តទូតទាំងនោះ​ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យ​ប្រកាស​ដំណឹង​ល្អ​ដល់សត្វលោកទាំងអស់ គឺជូនដំណឹងថា ដោយព្រះបុ្រតារបស់ព្រះជាម្ចាស់សោយទិវង្គត ​និងមានព្រះជន្មថ្មី ព្រះ​អង្គបានរំដោះយើងឱ្យរួចពីអំណាចរបស់មារសាតាំង និងបាន​រំដោះ​យើងឱ្យរួចពីសេចក្តីស្លាប់ ព្រម​ទាំង​ចម្លងយើងចូលក្នុងព្រះរាជ្យ​នៃព្រះបិតារបស់ព្រះអង្គ។ មិនតែប៉ណ្ណោះសោត គឺព្រះគ្រីស្តចាត់ក្រុមគ្រីស្តទូត​​​ឱ្យប្រព្រឹត្តតាមកិច្ចសង្រ្គោះដែលអស់លោកប្រកាសនោះទៀតផង ​ដោយអស់លោក​ថ្វាយ​សក្ការ​បូជា​អរ​ព្រះគុណ និងធ្វើអគ្គសញ្ញានានាដែលជាស្នូល​នៃពិធីបុណ្យ​ទាំងអស់” (SC ៦)។

១០៨៧. ហេតុនេះហើយ បានជាព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី ប្រគល់ឱ្យ​ក្រុមគ្រីស្តទូត​អំណាច​របស់ព្រះអង្គ ដែលអាចប្រោសឱ្យបាន​វិសុទ្ធ ដោយប្រោសប្រទានព្រះ​វិញ្ញាណដ៏វិសុទ្ធឱ្យពួកលោក (យហ ២០,២១-២៣) គឺពួកលោកក្លាយទៅជាសញ្ញាសម្គាល់ខាងផ្នែកអគ្គសញ្ញារបស់ព្រះគ្រីស្ត។ ដោយសារ​ឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដដែលនេះ ពួកលោកប្រគល់អំណាចនេះឱ្យអ្នកបន្តមុខងាររបស់ពួក​លោក។ “ការបន្តមុខងារពីក្រុមគ្រីស្តទូត” នេះ ជារចនាសម្ពន្ធនៃជីវិតខាងផ្នែកពិធីបុណ្យរបស់ព្រះសហគមន៍ទាំង មូល ហើយការបន្តមុខងារផ្ទាល់នេះជា “អគ្គសញ្ញា” ដែលយើងបញ្ជូនដោយអគ្គសញ្ញាតែងតាំង។

...មានវត្តមានស្ថិតនៅក្នុងពិធីបុណ្យនៃផែនដី​...

១០៨៨. “ព្រះគ្រីស្តនៅតែមានវត្ថមានក្នុងព្រះសហគមន៍ជានិច្ច ​ជាពិសេសនៅពេលព្រះសហគមន៍ធ្វើពិធី​បុណ្យ​ផ្សេងៗ ដើម្បីឱ្យព្រះអង្គបង្ហើយព្រះរាជកិច្ចដ៏ប្រសើរបំផុតនោះឱ្យបានជាស្ថាពរ។ ​ព្រះអង្គគង់នៅ​ក្នុង​សក្ការ​បូជានៃអភិបូជា គឺ​ក្នុងរូបបូជាចារ្យជាអ្នកបំពេញមុខងារបម្រើ។ “ព្រះអង្គដែលថ្វាយខ្លួននៅ​ពេលនេះ​ដោយ​សារ​មុខ​ងារបម្រើរបស់បូជាចារ្យ ក៏ជាព្រះអង្គដដែលបានបូជាព្រះជន្មនៅលើឈើឆ្កាងដែរ”។ ព្រះអង្គ​គង់​នៅ​តាម​​កម្រិតដ៏ខ្ពង់ខ្ពស់បំផុត ក្នុងរូបសញ្ញានំ និងស្រា ថ្វាយក្នុងអគ្គសញ្ញាអរព្រះគុណ។ ព្រះអង្គក៏​គង់​នៅ​តាម​អគ្គសញ្ញានានា ​ដោយសារឬទ្ធានុភាពរបស់ព្រះអង្គ។ នៅពេលនរណាម្នាក់ធ្វើអគ្គសញ្ញាជ្រមុជ​ទឹកជូន​គេ  គឺព្រះ​គ្រីស្ត​ហើយផ្ទាល់ជ្រមុជទឹកជូនគេហើយ។ ព្រះអង្គគង់​​​នៅ​​​ តាម​​​ព្រះបន្ទូលព្រះអង្គ ដ្បិតពេល​ណាគេអាន​ព្រះ​គម្ពីរ​នៅ​ក្នុងព្រះសហគមន៍ ពេលនោះ គឺព្រះអង្គផ្ទាល់មានព្រះបន្ទូលហើយ។ ពេល​ព្រះ​សហគមន៍​ទូល​អង្វរ និង​ស្មូត​ទំនុក​តម្កើង ព្រះអង្គក៏គង់នៅទីនោះដែរ ព្រោះព្រះអង្គមានព្រះបន្ទូលសន្យាថា៖ “នៅទីណា​មាន​ពីរ ឬបីនាក់​ជួប​ជុំ​គ្នា​ក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ” (មថ ១៨,២០)” (SC ៧)។

១០៨៩. “ព្រះគ្រីស្តរួបរួមជាមួយនឹងព្រះសហគមន៍គ្រប់ពេលវេលា ដើម្បីបង្ហើយ​ព្រះរាជ​កិច្ច​ដ៏​ប្រសើរ​បំផុត​នេះ គឺនាំមនុស្សឱ្យលើកតម្កើងសិរីរុងរឿងរបស់​ព្រះជាម្ចាស់​យ៉ាងពេញលេញ ព្រម​ទាំង​ប្រោស មនុស្ស​ឱ្យ​​បានវិសទ្ធផង។ ព្រះគ្រីស្តរួបរួមជាមួយនឹង​ព្រះសហគមន៍ ជាព្រះមហេសីដ៏​ជា​ទីស្រឡាញ់របស់ព្រះអង្គ ព្រះ​សហគមន៍អង្វរព្រះ​​​អម្ចាស់​​​​​​​​​របស់ខ្លួន ហើយគោរព​បម្រើថ្វាយបង្ខំព្រះបិតាដែល​មានព្រះ​ជន្មគង់នៅជានិច្ច​និរន្ត ដោយ​សារព្រះអង្គ” (SC ៧)។

... ដែលចូលរួមចំណែកក្នុងពិធីបុណ្យនៃស្ថានបរមសុខ

១០៩០. “ពេលយើងចូលរួមធ្វើពិធីបុណ្យនានាក្នុងលោកនេះ យើងក្រេបជញ្ជក់ជាមុន​នូវរស​ជាតិ​នៃ​ពិធី​បុណ្យនានា នៅបុរីយេរូសាឡឹមដ៏វិសុទ្ធនៃលោកខាងមុខ​។ យើងកំពុងតែយាត្រាធ្វើបូជនីយេសចរណ៍​ក្នុង​លោក​នេះ​​តម្រង់​ទៅបូរីនោះ ជាបូរីព្រះគ្រីស្តគង់ខាងស្តាំព្រះបិតា ក្នុងឋានៈជាអ្នកបម្រើព្រះវិហារដ៏សក្ការៈ និងព្រះពន្លា​ដ៏​ពិត​ប្រាកដ។ យើងក៏​ច្រៀងបទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់រួមជាមួយ​កងកម្លាំងនៃស្ថាន​​​បរមសុខ​​​ដែរ។ ដោយ​នឹក​គោរពសន្តបគ្គលទាំងឡាយ យើង​សង្ឃឹមថា​ នឹង​បានចូលរួមជាមួយដែរ។ យើងក៏ទន្ទឹងរង់ចាំ​ព្រះ​​​​យេស៊ូ​​គ្រីស្ត ជាព្រះអម្ចាស់នៃយើង ទុកជាព្រះសង្រ្គោះ រហូត​ដល់ពេលព្រះអង្គដែលជាជីវិតរបស់យើង សម្តែង​​ព្រះ​​​​អង្គមក។ នៅពេលនោះ យើងក៏នឹងលេចធ្លោឡើងមក រួមជាមួយព្រះអង្គ​ប្រកប​ដោយ​សិរី​រុង​រឿង​ដែរ” (SC ៨)។

៣. ព្រះវិញ្ញាដ៏វិសុទ្ធ និងព្រះសហគមន៍ ក្នុងពិធីបុណ្យ

១០៩១. ក្នុងពិធីបុណ្យ ព្រះវិញ្ញាណដ៏វិសុទ្ធជាគ្រូណែនាំប្រជាជនរបស់ព្រះជាម្ចាស់ឱ្យផ្ញើជីវិតទាំង​ស្រុង​លើព្រះអង្គ និងជាសិប្បករនៃ “ស្នាព្រះហស្តរបស់ព្រះជាម្ចាស់” ដែលជាអគ្គសញ្ញានៃសម្ពន្ធមេត្រីថ្មី។ ព្រះ​វិញ្ញាណ ដែលគង់នៅក្នុង​ព្រះសហគមន៍​ មានព្រះ​ហឫទ័យ និងព្រះរាជកិច្ចប្រោសយើងឱ្យរួមរស់ជាមួយព្រះ​គ្រីស្ត​ដែលមានព្រះជន្មថ្មី។ នៅពេលដែលព្រះអង្គជួបក្នុងចិត្តយើងចម្លើយនៃជំនឿ ដែលព្រះអង្គ​បាន​ជំរុញ​យើងក៏រួមសហករជាមួយព្រះអង្គយ៉ាងពិតប្រាកដ។ ដោយសារជំនឿ ពិធីបុណ្យក្លាយទៅ​ជា​កិច្ចការ​រួម​របស់​​ព្រះវិញ្ញាណដ៏វិសុទ្ធផង និងព្រះ​សហគមន៍ផងដែរ។

១០៩២. ព្រះវិញ្ញាណដ៏​វិសុទ្ធ​មាន​សកម្មភាព​តាមរបៀបដដែល ដូចនៅក្នុងវេលាផ្សេងទៀតនៃ​ការចាត់​ចែង​​អំពីការសង្រ្គោះ ក្នុងការសម្ដែងអគ្គសញ្ញានៃគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត គឺព្រះអង្គរៀបចំព្រះ​សហគមន៍ឱ្យជួបព្រះអម្ចាស់របស់ខ្លួន ព្រះអង្គរម្លឹក និងសម្ដែងព្រះគ្រីស្តឱ្យអង្គប្រជុំផ្ញើជីវិតលើព្រះអង្គ ដោយ​ឫទ្ធានុភាពដែលប្រែអ្វីៗទាំងអស់ ព្រះអង្គ​ប្រោសគម្រោងការដ៏លាក់កំបាំង​របស់ព្រះគ្រីស្ត​ឱ្យ​​​ស្ថិត​​នៅ​ក្នុងព្រះសហគមន៍បច្ចុប្បន្នកាលនេះ ទីបំផុតព្រះវិញ្ញាណនៃឯកភាពបង្រួប​បង្រួមព្រះ​​សហគមន៍​ជា​មួយ​​នឹង​ជីវិត និងបេសកកម្មរបស់ព្រះគ្រីស្ត។

ព្រះវិញ្ញាណដ៏វិសុទ្ធរៀបចំយើងឱ្យទទួលព្រះគ្រីស្ត

១០៩៣. ព្រះវិញ្ញាណប្រោសនិមិត្តសញ្ញានៃសម្ពន្ធមេត្រីចាស់ ឱ្យកើតជារូបរាង ក្នុងការចាត់ចែង​ខាង​ផ្នែក​​អគ្គសញ្ញា។ ដោយសារព្រះជាម្ចាស់ “បានរៀប​​​ចំ​​​ព្រះសហគមន៍របស់ព្រះគ្រីស្ត​​​យ៉ាងអស្ចារ្យតាម​ប្រវត្តិសាស្រ្ត​ប្រជាជន​អ៊ីស្រាអែល និងតាមសម្ពន្ធ​​​មេត្រីចាស់” (LG ២) ពិធីបុណ្យព្រះសហគមន៍រក្សាទុកចំណុចខ្លះនៃពិធីរបស់ សម្ពន្ធមេត្រីចាស់ ដោយចាត់ទុកថា ជាផ្នែកពេញសិទ្ធិ ដែលមិនអាចជំនួសបាន នៃពិធីបុណ្យរបស់ខ្លួនផ្ទាល់៖

- ជាពិសេសការអានសម្ពន្ធមេត្រីចាស់
- ការស្មត្រទំនុកតម្កើង
- ហើយជាពិសេសទៅទៀត ការរម្លឹកឡើងវិញនៃហេតុការណ៍ដែលជួយសង្រ្គោះ និងតថភាពដ៏មានន័យ ដែល​គម្រោងការរបស់ព្រះគ្រីស្តបានបំពេញ (ព្រះបន្ទូលសន្យានិងសម្ពន្ធមេត្រី ដំណើរឆ្ពោះ​ទៅកាន់សេរីភាព​និង​បុណ្យ​ចម្លង ព្រះរាជ្យនិងព្រះវិហារ ការនិរទេសនិងការត្រឡប់មកវិញ)។

១០៩៤. ការអប់រំជំនឿនៃបុណ្យចម្លងរបស់ព្រះអម្ចាស់ (លក ២៤,១៣-៤៩) ការអប់រំជំនឿរបស់ក្រុម​គ្រីស្ត​ទូត និងរបស់គ្រូបាធ្យាយព្រះសហគមន៍សំអាងទៅលើភាពសុខដុមនៃសម្ពន្ធមេត្រីទាំងពីរនោះ (DV ១៤-១៦)។ ការអប់រំជំនឿនេះ សម្ដែងអត្ថន័យចំដែលសម្ពន្ធមេត្រីចាស់លាក់ទុក គឺគម្រោងការដ៏លាក់​កំបាំង​​របស់​ព្រះ​គ្រីស្ត។ ការអប់រំជំនឿនេះ សម្ដែងភាពថ្មោងថ្មីនៃព្រះគ្រីស្តចាប់តាំងពីនិមិត្តសញ្ញា ដែល​ប្រកាស​ព្រះអង្គ​ទុកជា​មុន​ក្នុង​ហេតុការណ៍ ព្រះបន្ទូល និងនិមិត្តរូបនៃសម្ពន្ធមេត្រីដំបូង។ ដោយការអានឡើងវិញ ក្នុងអង្គ​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិតតាមរយៈព្រះគ្រីស្តនេះ ព្រះជាម្ចាស់សម្ដែងនិមិត្តសញ្ញានោះឱ្យយើងស្គាល់ (២ករ ៣,១៤-១៦)។ ដូច្នេះ​​ ទឹកជំនន់ និងសំពៅរបស់លោកណូអេ ពពក និងការឆ្លងសមុទ្រក្រហម គ្រោង​ទុក​ជា​មុន​ការសង្រ្គោះ​ដោយ​ពិធី​បុណ្យជ្រមុជទឹក (១ពត្រ ៣,២១) ហើយ​ទឹកនៃផ្ទាំងថ្មជានិមិត្តសញ្ញានៃ​ព្រះ​អំណោយ​​ទានផ្នែក​វិញ្ញាណ​របស់​ព្រះ​​គ្រីស្ត (១ករ ១០,១-៦)។ ឯនំម៉ាណានៅវាលរហោស្ថានវិញ​ ជានិមិត្តរូបឱ្យដឹង​ជា​មុនអំពីអភិបូជាដែលជា “អាហារ​ដ៏ពិតប្រាកដចុះពីស្ថានបរមសុខមក” (យហ ៦,៣២)។

១០៩៥. ហេតុនេះហើយ បានជាពិសេសពេលរដូវរង់ចាំ រដូវអប់រំពិសេស និងរាត្រីបុណ្យចម្លង ព្រះ​សហគមន៍​អាន និងរួមជាមួយហេតុការណ៍ដ៏អស្ចារ្យរបស់ប្រវត្តិសាស្រ្តនៃការសង្រ្គោះឡើងវិញ ក្នុង​ “បច្ចុប្បន្ន​កាល” នៃពិធីបុណ្យរបស់ខ្លួន។ ប៉ុន្តែ ការអប់រំជំនឿត្រូវតែជួយគ្រីស្តបរិស័ទឱ្យយល់ច្បាស់ “ខាង​វិញ្ញាណ” អំពី​ការ​ចាត់ចែងនៃការសង្រ្គោះ ដូចពិធីបុណ្យព្រះសហគមន៍សម្ដែងឱ្យយើងដឹង និងឱ្យ​យើង​រួម​ជា​មួយផង។

១០៩៦. ពិធីបុណ្យខាងសាសនាយូដា និងពិធីបុណ្យខាងគ្រីស្តសាសនា ។ បើយើងស្គាល់កាន់តែច្បាស់អំពីជំនឿ និងសាសនារបស់ប្រជាជនយូដា ដែលគេនៅតែប្រកាស និងប្រតិបត្តិតាមរហូតមកដល់សព្វថ្ងៃនេះ យើងក៏អាច​យល់​​​អំពី​​​លក្ខណៈ​ខ្លះ​នៃពិធីបុណ្យរបស់គ្រីស្តសាសនាកាន់តែច្បាស់ជាងមុនដែរ។ សម្រាប់ជនជាតិយូដា និង​គ្រីស្ត​បរិស័ទ ព្រះគម្ពីរដ៏វិសុទ្ធជាផ្នែកចាំបាច់នៃពិធីបុណ្យ គឺដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លើយតបនឹង​ព្រះ​បន្ទូល​​នេះ ការលើក​តម្កើងសរសើរ និងការជួយអង្វរសម្រាប់មនុស្សទាំងរស់ ទាំងស្លាប់ ហើយដើម្បីឱ្យធម៌​មេត្តាករុណា​របស់ព្រះជាម្ចាស់យាងមកជួយ។ ក្នុងរចនាសម្ពន្ធរបស់ខ្លួនផ្ទាល់ ពិធីលើកតម្កើងព្រះបន្ទូល មាន​ប្រភព​​ចេញ​មកពីការអធិដ្ឋានរបស់ជនជាតិ​យូដា។ ការអធិដ្ឋានតាមពេលកំណត់ និងអត្ថបទផ្សេងៗទៀត ហើយ​មូលដ្ឋាន​គ្រឹះ​នៃការអធិដ្ឋានដ៏ប្រសើរខ្លះរបស់យើង ព្រមទាំង “ឱព្រះបិតានៃយើងខ្ញុំ” មានក្នុងការអធិដ្ឋានរបស់​ជនជាតិ​​យូដា​ដែរ។ គំរូខ្លះរបស់ប្រពៃណីខាងពិធីបុណ្យនៃជនជាតិយូដាបំភ្លឺ​ធម៌​អរព្រះគុណផងដែរ។ យើង​អាច​យល់​កាន់តែច្បាស់អំពីទំនាក់ទំនង និងភាពផ្សេងពីគ្នា នៃពិធីបុណ្យខាង​សាសនា​យូដា និងខាងគ្រីស្តសាសនា ក្នុងបុណ្យ​ធំៗ​នៃពិធីបុណ្យប្រចាំឆ្នាំ ដូចជាបុណ្យចម្លង។ គ្រីស្តបរិស័ទ និងជនជាតិយូដាប្រារព្ធពិធីបុណ្យចម្លង គឺ​បុណ្យ​ចម្លង​​នៃ​ប្រវត្តិ​សាស្រ្ត សម្រាប់ជនជាតិយូដា ដែលកំពុងរង់ចាំអនាគត បុណ្យចម្លង​ដែល​បាន​​កើតឡើងរួច​ហើយ​​ក្នុង​ព្រះ​​គ្រីស្ត​ដែល​បាន​សោយ​ទិវង្គត និងមានព្រះជន្មថ្មី សម្រាប់គ្រីស្តបរិស័ទ ទោះបីពួកគេនៅ​តែ​រង់​​ចាំ​ឱ្យ​​បុណ្យ​ចម្លង​នេះ​​បាន​សម្រេចឱ្យបានគ្រប់លក្ខណៈយ៉ាងណាក៏ដោយ។

១០៩៧. ក្នុងពិធីបុណ្យនៃសម្ពន្ធមេត្រីថ្មី  កិច្ចការខាងពិធីបុណ្យនីមួយៗ ជាពិសេសការប្រារព្ធពិធីអភិបូជា និងអគ្គសញ្ញានានា ដូចជាការជួបជុំគ្នានៃព្រះគ្រីស្តនិងព្រះសហគមន៍។ អង្គប្រជុំខាងពិធីបុណ្យរួមជាមួយគ្នា​ជាធ្លុងតែ​មួយ មកពី “ការរួបរួមនៃព្រះវិញ្ញាណដ៏វិសុទ្ធ” ដែលបង្រួបបង្រួមបុត្រធីតារបស់ព្រះជាម្ចាស់​ក្នុងព្រះកាយ​តែ​​មួយ​របស់​ព្រះ​គ្រីស្ត។ អង្គប្រជុំនេះ ជាអង្គប្រជុំដ៏ប្រសើរក្រៃលែងសម្រាប់មនុស្សជាតិ ទាំងផ្នែងពូជសាសន៍ វប្បធម៌ និង​សង្គមផង។

១០៩៨. អង្គប្រជុំត្រូតែរៀបចំខ្លួន ឱ្យជួបនឹងព្រះអម្ចាស់របស់ខ្លួន និងទៅជា “ប្រជាជនដែលបាន ត្រៀមខ្លួនទុកជាមុន”។ ការរៀបចំចិត្តគំនិតនេះ ជាកិច្ចការរួមរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ និងអង្គប្រជុំ ជាពិសេស​របស់​អស់អ្នកដែលបានទទួលមុខងារបម្រើព្រះសហគមន៍។ ការប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធមាន​ព្រះ​ហឫទ័យជំរុញឱ្យជឿ កែប្រែចិត្តគំនិត និងឱ្យភ្ជាប់នឹងព្រះហឫទ័យរបស់ព្រះបិតា។ ត្រូវតែត្រៀម ខ្លួនតាមបែបនេះ ដើម្បីនឹងអាចទទួលព្រះអំណោយទានផ្សេងៗទៀត ដែលពិធីផ្ទាល់ផ្តល់ឱ្យ និងដើម្បី​អាច​ទទួល​​ផល​នៃ​ជីវិតថ្មី ដែលពិធីនេះនឹងបង្កើតនៅពេលក្រោយ។

ព្រះវិញ្ញាណរម្លឹកនូវគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត

១០៩៩. ក្នុងពិធីបុណ្យ ព្រះវិញ្ញាណ​ និងព្រះសហគមន៍រួមសហការជាមួយគ្នា ដើម្បីសម្តែងព្រះគ្រីស្ត និង​ព្រះ​រាជកិច្ច​របស់​ព្រះអង្គអំពីការសង្រ្គោះ ។ ពិធីបុណ្យជាការនឹករលឹក អំពីគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ  ជាពិសេស​ក្នុង​ពិធីអភិបូជា និងតាមលក្ខណៈប្រៀបធៀបក្នុងអគ្គសញ្ញាផ្សេងទៀត។ ព្រះវិញ្ញាណដ៏វិសុទ្ធជាការ​ចង​ចាំដ៏រស់រវើកនៃព្រះសហគមន៍ (យហ ១៤,២៦)។

១១០០. ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ។ ជាដំបូង ព្រះវិញ្ញាណរម្លឹកឱ្យអង្គប្រជុំ​នូវ​អត្ថន័យ​នៃ​ហេតុការណ៍ដ៏​អស្ចារ្យនៃការសង្រ្គោះ ដោយផ្តល់ជីវិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលព្រះអង្គប្រកាស ដើម្បីឱ្យគ្រីស្តបរិស័ទទទួល និងប្រតិបតិ្តតាម៖

ព្រះគម្ពីរដ៏វិសុទ្ធមានមុខងារសំខាន់ណាស់ក្នុងការប្រារព្វពិធីបុណ្យ ។ គេដកស្រង់ពីព្រះគម្ពីរអត្ថបទ​ដែល​យើង​អាន ហើយដែលធម្មទេសនាពន្យល់ ព្រមទាំងទំនុកតម្កើងដែលយើងស្មូត្រ។ ការអធិដ្ឋានផ្សេងៗ និងបទ​ចម្រៀង​បាន​ផុសចេញក្រោមពន្លឺនៃព្រះគម្ពីរ ហើយកិច្ចការ និងនិមិត្តរូបក៏ទទួលអត្ថន័យពីព្រះគម្ពីរផងដែរ (SC ២៤)។

១១០១. ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទានឱ្យអ្នកអាន និងអ្នកស្តាប់ ចេះ​យល់​អត្ថន័យ​ខាង​វិញ្ញាណ​នៃ​​ព្រះបន្ទូលរបស់ព្រះជាម្ចាស់​ តាមចិត្តគំនិតរៀងៗខ្លួន។ តាមរយៈពាក្យសម្តី កិច្ចការ និងនិមិត្តរូប ដែល​មាននៅក្នុងពិធីមួយ ព្រះអង្គប្រោសគ្រីស្តបរិស័ទ និងអ្នកទទួលមុខងារបម្រើព្រះសហគមន៍ ឱ្យមាន​ទំនាក់​ទំនងដ៏រស់រវើកជាមួយព្រះគ្រីស្ត ដែលជាព្រះបន្ទូល និងជារូបតំណាងរបស់ព្រះបិតា ដើម្បីឱ្យពួកគេអាច​ប្រតិបតិ្តក្នុងការរស់នៅរបស់ពួកគេនូវអត្ថន័យ ដែលគេស្តាប់ឮ មើលឃើញ និងប្រព្រឹត្ត ក្នុងពិធីនេះ។

១១០២. “ព្រះបន្ទូលនៃការសង្រ្កោះពង្រឹងជំនឿក្នុងចិត្តគ្រីស្តបរិស័ទ ព្រះបន្ទូលនេះ ផ្តល់កំណើត និងការលូតលាស់ឱ្យគ្រីស្តបរិស័ទរួបរួមជាមួយគ្នា” (PO ៤)។ ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់​មិន​គ្រាន់​​តែ​ជា​​ការ​​ប្រៀន​ប្រដៅប៉ុណ្ណោះទេ គឺត្រូវតែជឿ ដោយថ្វាយខ្លួន និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ដើម្បី​ឱ្យ​​សម្ពន្ធ​​មេ​ត្រី​រវាងព្រះជាម្ចាស់ និងប្រជារាស្រ្តរបស់ព្រះអង្គកើតជារូបរាង។ ព្រះវិញ្ញាណដ៏វិសុទ្ធដដែលនោះ ​ប្រោស​​​ប្រទាន​ឱ្យ​ជឿ ពង្រឹងជំនឿនេះ និងធ្វើឱ្យជំនឿនេះរីកចម្រើននៅក្នុងសហគមន៍។ អង្គប្រជុំរួបរួមគ្នា​ជា​ធ្លុង​តែ​​មួយដោយសារជំនឿ។

១១០៣. ធម៌នឹករលឹក ។ ពិធីបុណ្យតែងតែសំអាងទៅលើកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងប្រវត្តិ​សាស្រ្ត។ “ព្រះអង្គ​ចាត់​ចែង​ការ​សម្តែង​នេះ ដោយសារព្រឹត្តិ​ការណ៍ ​និង​ព្រះ​បន្ទូល​ដែល​ភ្ជាប់​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ (...) រីឯ​ព្រះ​បន្ទូលវិញ​ ​ប្រកាស​អំពី​ស្នា​ព្រះ​ហស្ត​ទាំង​នោះ និង​បកស្រាយគម្រោងការ​ដ៏​​​អស្ចារ្យ​​​​ដែលកប់​ទុក​ក្នុង​​ស្នា​ព្រះ​ហស្ត​ទាំងនោះ​ដែរ” (DV ២)។ ក្នុងពិធីលើកតម្កើងព្រះបន្ទូល ព្រះវិញ្ញាណដ៏វិសុទ្ធ “រម្លឹក” អង្គ​ប្រជុំ​នូវ​អ្វីៗ​ទាំងអស់ដែលព្រះគ្រីស្តបានប្រព្រឹត្តចំពោះយើង។ ពិធីលើកតម្កើង “នឹករម្លឹក” នូវកិច្ចការ​ដ៏អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់ ក្នុងធម៌​នឹករលឹកវែង ឬខ្លីក្ដី ទៅតាមលក្ខណៈនៃកិច្ចការខាងពិធីបុណ្យ និង​ប្រពៃណី​របស់​ព្រះ​សហគមន៍​នា​នា។ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលដាស់តឿនការចងចាំរបស់ព្រះសហគមន៍ ជំរុញព្រះសហគមន៍ឱ្យ​អរ​ព្រះ​គុណ និងសរសើរព្រះជាម្ចាស់ (សេចក្ដីចុងក្រោយសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់)

ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្តឱ្យមានវត្តមានសព្វថ្ងៃនេះ

១១០៤. ពិធីបុណ្យខាងគ្រីស្តសាសនាមិនគ្រាន់តែរម្លឹកនូវហេតុការណ៍ ដែលបានសង្រ្គោះយើងប៉ុណ្ណោះ ទេ ថែមទាំងធ្វើឱ្យហេតុការណ៍ទាំងអស់នោះមានវត្តមានសព្វថ្ងៃផង។ យើងប្រារព្ធគម្រោងការដ៏​លាក់​​កំបាំង​របស់​ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មី ប៉ុន្តែ យើងមិនធ្វើឱ្យ​គម្រោង​ការ​នេះ​កើត​ឡើង​​វិញ​ទេ​ គឺយើងប្រារព្ធពិធីទាំងប៉ុន្មាននោះឡើងវិញ ហើយក្នុងពិធីនីមួយៗ​ព្រះជាម្ចាស់​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ដែលប្រោសគម្រោងការតែមួយនេះឱ្យមានវត្តមានសព្វថ្ងៃ។

១១០៥. ដោយសារពិធីអង្វរព្រះវិញ្ញាណ លោកបូជាចារ្យទូលអង្វរព្រះបិតាឱ្យព្រះអង្គចាត់ព្រះវិញ្ញាណ ដែលប្រោសឱ្យបានវិសុទ្ធ ដើម្បីឱ្យតង្វាយក្លាយទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ហើយ ដើម្បីឱ្យគ្រីស្តបរិស័ទផ្ទាល់ក្លាយទៅជាតង្វាយដ៏រស់រវើកថ្វាយព្រះជាម្ចាស់ នៅពេលដែលពួកគេទទទួល​ព្រះ​កាយ និងព្រះលោហិតនោះ។

១១០៦. រួមជាមួយធម៌នឹករលឹក ពិធីអង្វរព្រះវិញ្ញាណជាស្នូលនៃពិធីខាងអគ្គសញ្ញានីមួយៗជាពិសេស ពិធីថ្វាយអភិបូជា៖

អ្នកសួរថា តើនំបុ័ងក្លាយទៅជាព្រះកាយព្រះគ្រីស្ត ហើយស្រាក្លាយជា (...) ព្រះលោហិតព្រះ​គ្រីស្ត​យ៉ាង​ដូច​ម្ដេច? ​ខ្ញុំ​ប្រាប់​អ្នកថា៖ ព្រះវិញ្ញាណដ៏វិសុទ្ធយាងមក និងបំពេញកិច្ចការនេះ ដែលលើសពីពាក្យសម្តី ឬគំនិតទាំង​អស់ (...)។ គ្រាន់តែឮថា មកពីព្រះវិញ្ញាណដ៏វិសុទ្ធ ដូចព្រះអម្ចាស់ តាមរយៈព្រះអង្គ និងនៅក្នុងអង្គព្រះអង្គ ប្រសូត​ជា​មនុស្ស​ពី​ព្រហ្មចារីយ៍​ដ៏វិសុទ្ធ និងពីព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ បានហើយ (សន្ត យ៉ូហាន ដាម៉ាសែន)។

១១០៧. ក្នុងពិធីបុណ្យ ឫទ្ធានុភាពដែលប្រែអ្វីៗទាំងអស់នៃព្រះវិញ្ញាណដ៏វិសុទ្ធ ប្រោសព្រះរាជ្យឱ្យ យាង​​មក និង​គម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះបានសម្រេច យ៉ាងឆាប់រហ័ស។ ដោយរង់ចាំ និងសង្ឃឹម ព្រះ​អង្គ​​​ប្រោស​យើងទុកជាមុនឱ្យរួមជាមួយព្រះត្រៃឯកដ៏វិសុទ្ធបានពេញលក្ខណៈ។ ព្រះវិញ្ញាណ​ ដែលព្រះ​បិតា​បាន​​​ចាត់​ឱ្យយាងមកស្របតាមពិធីអង្វររបស់ព្រះសហគមន៍ ព្រះអង្គប្រទានជីវិតដល់អស់អ្នកដែលទទួល​ព្រះ​អង្គ ហើយ​ទ្រង់ក៏ “បញ្ចាំចិត្តយើងឱ្យដឹងថា​ យើងនឹងទទួលមត៌ក” (អភ ១,១៤ ; ២ករ ១,២២)។

ព្រះវិញ្ញាណដ៏វិសុទ្ធដែលប្រោសឱ្យរួមជាមួយគ្នាជាធ្លុងតែមួយ

១១០៨. ក្នុងគ្រប់កិច្ចការខាងពិធីបុណ្យ បេសកកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធមានគោលដៅចុងក្រោយ​ឱ្យ​យើងរួមរស់ជាមួយព្រះគ្រីស្ត ដើម្បីធ្វើជាព្រះកាយព្រះអង្គ។ ព្រះវិញ្ញាណដ៏វិសុទ្ធដូចជាជ័រ​នៃដើម​ទំពាំង​បាយ​​ជូររបស់ព្រះបិតា ដែលបង្កើតផលក្នុងមែកវា (យហ ១៥,១-១៧ ; កាឡ ៥,២២)។ ក្នុងពិធីបុណ្យ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ និងព្រះសហគមន៍រួមសហការជាមួយគ្នាយ៉ាងស្និទ្ធស្នាលជាទីបំផុត។ ព្រះវិញ្ញាណ ដែល​ប្រោស​​ឱ្យរួមរស់ជាមួយ​គ្នាជាធ្លុងតែមួយ ​​គង់​នៅ​ក្នុងព្រះសហគមន៍ផ្តាច់មិនបាន ហេតុនេះ ព្រះសហគមន៍ជា​អគ្គ​សញ្ញា​​ដ៏​ប្រសើររបស់ព្រះជាម្ចាស់ ដែលបង្រួប​បង្រួម​​បុត្រធីតារបស់ព្រះអង្គដែលខ្ចាត់ខ្ចាយ។ ក្នុងពិធីបុណ្យ ព្រះវិញ្ញាណបង្កើតផលផ្លែឱ្យយើងចេះរួមរស់​ជាមួយ​​ព្រះ​ត្រៃ​ឯកដ៏វិសុទ្ធ និងរួមរស់ជាមួយគ្នាដូចជាបងប្អូន ដែល​មិនអាចបំបែកពីគ្នាបានឡើយ (១យហ ១,៣-៧)។

១១០៩. ពិធីអង្វរព្រះវិញ្ញាណជាការទូលអង្វរឱ្យអង្គប្រជុំរួមរស់ជាមួយនឹងគម្រោងការដ៏លាក់កំបាំង របស់ព្រះគ្រីស្តឱ្យបានពេញលក្ខណៈដែរ។ “ព្រះហឫទ័យប្រណី​សន្តោសរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់ សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ជាព្រះបិតា និងការរួមរស់ជាមួយគ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធផង” (២ករ ១៣,១៣) ត្រូវ​តែស្ថិតនៅជាមួយយើងជារៀងរហូត និងបង្កើតផលលើសពីពិធីបុណ្យអភិបូជាទៅទៀត។ ដូច្នេះ ព្រះ​សហគមន៍ទូលអង្វរព្រះបិតាឱ្យព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យទ្រង់ប្រោស​ការរស់នៅ​​របស់​គ្រីស្ត​​បរិស័ទឱ្យបានទៅជាតង្វាយដ៏រស់រវើកថ្វាយព្រះជាម្ចាស់ ដោយប្រែ​ពួកគេឱ្យ​ទៅជារូប​តំណាងខាង​វិញ្ញាណ​របស់​ព្រះគ្រីស្ត ដើម្បីឱ្យព្រះសហគមន៍រួមរស់ជាមួយគ្នាជាធ្លុងតែមួយ ហើយដើម្បី​ឱ្យ​យើង​ចូល​រួម​ចំណែក​ក្នុង​បេសកកម្មរបស់ព្រះអង្គ ដោយផ្ដល់សក្ខីភាព និងបម្រើដោយក្ដីស្រលាញ់។

សង្ខេប

១១១០. ក្នុងពិធីបុណ្យព្រះសហគមន៍ យើងប្រទានពរ និងក្រាបថ្វាយបង្គំព្រះជាម្ចាស់ ដែលជាប្រភព​នៃ​ព្រះអំណោយទានទាំងឡាយនៃការបង្កើត និងការសង្រ្គោះ ដែលបានប្រទានពរឱ្យយើងនៅក្នុងអង្គព្រះ បុត្រា​ព្រះ​អង្គ ដើម្បីប្រទានព្រះវិញ្ញាណ ដែលប្រោសយើងឱ្យទៅជាបុត្រធីតា។

១១១១. ព្រះរាជកិច្ចរបស់ព្រះគ្រីស្តក្នុងពិធីបុណ្យជាព្រះរាជកិច្ចខាងអគ្គសញ្ញា ដ្បិតឫទ្ធានុភាពនៃព្រះ វិញ្ញាណដ៏វិសុទ្ធប្រោសគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះឱ្យមានវត្តមាន ដ្បិតព្រះកាយព្រះអង្គ ដែលជាព្រះ សហគមន៍ ដូចជាអគ្គសញ្ញា (សញ្ញាសម្គាល់ និងឧបករណ៍) ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានគម្រោងការដ៏​អស្ចារ្យនៃការសង្រ្គោះ ដ្បិតតាមរយៈកិច្ចការខាងពិធីបុណ្យ ព្រះសហគមន៍ដែលធ្វើដំណើរចូលរួមក្នុងពិធី​បុណ្យ​នៃ​ស្ថានបរមសុខរួចទៅហើយ។

១១១២. បេសកកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធក្នុងពិធីបុណ្យព្រះសហគមន៍ គឺរៀបចំអង្គប្រជុំឱ្យជួបព្រះ​គ្រីស្ត រម្លឹក និងសម្ដែងព្រះគ្រីស្តឱ្យអង្គប្រជុំជឿ ធ្វើឱ្យព្រះរាជកិច្ចនៃការសង្រ្គោះរបស់ព្រះគ្រីស្តមាន​វត្តមានសព្វថ្ងៃ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ដែលប្រែអ្វីៗទាំងអស់ ហើយធ្វើឱ្យការរួបរួមក្នុងព្រះ​សហគមន៍បង្កើតផល។

ប្រការទី២៖​ ​ព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីព្រះយេស៊ូគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មថ្មី ក្នុងអគ្គសញ្ញានៃព្រះសហគមន៍

១១១៣. ពិធីអភិបូជា និងអគ្គសញ្ញានានាជាស្នូលនៃការរស់នៅទាំងស្រុងរបស់ព្រះ​សហគមន៍ផ្នែក​ពិធី​បុណ្យ។ ក្នុងព្រះសហគមន៍ មានអគ្គសញ្ញាប្រាំពីរ គឺអគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាអរ​ព្រះគុណ (អភិបូជា) អគ្គសញ្ញាលើកលែងទោស អគ្គសញ្ញាលាបប្រេងអ្នកជម្ងឺ អគ្គសញ្ញាតែងតាំង និងអគ្គ​សញ្ញា​អាពាហ៍​ពិពាហ៍ (DS ៨៦០ ; ១៣១០ ; ១៦០១)។ ក្នុងប្រការនេះ​ យើងនឹងថ្លែងអំពីលទ្ធិនៃ​លក្ខណៈរួម​របស់​អគ្គ​សញ្ញា​​ទាំង​ប្រាំ​ពីរនៃព្រះសហគមន៍។ យើងនឹងថ្លែងអំពីលក្ខណៈរួមទាក់ទងនឹងពិធីបុណ្យនៅជំពូកទី២ ហើយអំពី​លក្ខណៈរៀងៗខ្លួននៃអគ្គសញ្ញានីមួយៗនៅជំពូកទី៣។

១. អគ្គសញ្ញារបស់ព្រះគ្រីស្ត

១១១៤. “ដោយភ្ជាប់នឹងលទ្ធិនៃព្រះគម្ពីរដ៏វិសុទ្ធ ប្រពៃណីផ្សេងៗដែលមកពីក្រុមគ្រីស្តទូត ​(...) និង​​ចិត្ត​គំនិត​តែ​មួយរបស់ពួកលោកអភិបាល” យើងប្រកាសថា “ព្រះអម្ចាស់នៃយើង គឺព្រះយេស៊ូគ្រីស្តបានតែងតាំង​អគ្គសញ្ញា​ទាំង​អស់​នៃធម៌វិន័យថ្មី” (DS ១៦០០-១៦០១)។

១១១៥. ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូ ក្នុងជីវិតដ៏លាក់កំបាំង និងជាសាធារណៈរបស់ព្រះអង្គ​បាន​ជួយសង្រ្គោះរួចទៅហើយ។ ព្រះបន្ទូល និងកិច្ចការទាំងអស់នោះគ្រោងទុកជាមុននូវ​ឫទ្ធានុភាព​នៃ​បុណ្យ​ចម្លង​របស់ព្រះអង្គ ប្រកាស និងរៀបចំនូវ​អ្វីៗ​ដែលព្រះអង្គនឹងប្រោសប្រទានឱ្យព្រះសហគមន៍ នៅ​ពេល​ដែលអ្វីៗទាំងអស់នឹងបានសម្រេច។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃជីវិតរបស់ព្រះគ្រីស្តជាមូលដ្ឋាន​គ្រឹះនៃ​អ្វី​ដែល​ព្រះ​គ្រីស្ត​ប្រោស​ប្រទានសព្វថ្ងៃ  ក្នុង​អគ្គ​​​​សញ្ញា តាមរយៈអ្នកទទួលមុខងារ​បម្រើព្រះ​សហគមន៍ ដ្បិត “អ្វីដែល​មើល​ឃើញ​​នៅ​ក្នុង​អង្គ​ព្រះសង្រ្គោះយើង ស្ថិតនៅក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ” (សន្ត ឡេអុងដ៏ប្រសើរ)។

១១១៦. អគ្គសញ្ញា ជា “ឫទ្ធានុភាពចេញពី” (លក ៥,១៧ ; ៦,១៩ ; ៨,៤៦) ព្រះកាយព្រះគ្រីស្ត ដែល នៅ​តែ​មានព្រះជន្មគង់នៅ និងដែលប្រោសឱ្យមានជីវិត ជាកិច្ចការនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រតិបត្តិក្នុង​ព្រះ​កាយ​​ព្រះ​អង្គជាព្រះសហគមន៍ ហើយជា “ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់” ក្នុងសម្ពន្ធមេត្រីថ្មី និង​អស់​កល្បជា​និច្ច។

២. អគ្គសញ្ញារបស់ព្រះសហគមន៍

១១១៧. ដោយមានព្រះវិញ្ញាណណែនាំ “ក្នុងសេចក្ដីពិតគ្រប់ជំពូក” (យហ ១៦,១៣) ព្រះសហគមន៍បាន ទទួល​ស្គាល់បន្តិចម្តងៗកំណប់នេះ ដែលព្រះគ្រីស្តបានប្រោសប្រទានឱ្យ ហើយព្រះសហគមន៍ ដែលជាអ្នក​បម្រើ​ដ៏​​ស្មោះ​ត្រង់នៃគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ (មថ ១៣,៥២ ; ១ករ ៤,១) បានបញ្ជាក់អំពី “ការ​សម្ដែង” នៃអគ្គសញ្ញានោះ ដូចព្រះសហគមន៍បានធ្វើអំពីបញ្ញត្តិនៃព្រះគម្ពីរដ៏វិសុទ្ធ និងលទ្ធិនៃជំនឿដែរ។ ហេតុ​នេះហើយ បានជាពីសតវត្សមួយទៅសតវត្សមួយ ព្រះសហគមន៍បានយល់ឃើញថា ក្នុងចំណោមពិធី បុណ្យផ្សេងៗ មានពិធីបុណ្យប្រាំពីរ ដែលព្រះអម្ចាស់បានតែងតាំងជាអគ្គសញ្ញា។

១១១៨. អគ្គសញ្ញា “មកពី” ព្រះសហគមន៍បានសេចក្ដីថា អគ្គសញ្ញាកើតមាន “តាមរយៈ” និង “សម្រាប់” ព្រះសហគមន៍។ អគ្គសញ្ញាកើតមាន “តាមរយៈ” ព្រះសហគមន៍ ដ្បិតព្រះសហគមន៍​ជាអគ្គសញ្ញានៃ​កិច្ចការ​របស់​ព្រះ​​គ្រីស្ត ដែលមានសកម្មភាពក្នុងព្រះសហគមន៍ ដោយសារបេសកកម្មរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ អគ្គ​សញ្ញា​កើត​មាន “សម្រាប់” ព្រះសហគមន៍ ជាអគ្គសញ្ញាដែល “បង្កើតព្រះសហគមន៍” (សន្ត អូគូស្តាំង ; សន្ត ថូម៉ាស នៃ​អាកាំង) ដ្បិត​អគ្គសញ្ញា ជាពិសេសអភិបូជា សម្ដែង និងផ្តល់ឱ្យមនុស្ស​លោក​នូវគម្រោងការ​ដ៏អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់ ជា​​សេចក្ដីស្រលាញ់ គឺមួយជាបីអង្គ។

១១១៩. ដោយទុកព្រះគ្រីស្តជាព្រះសិរសា “ដូចជាបុគ្គលដ៏អាថ៌កំបាំងតែមួយ” (សន្ត ពីយូសទី១២) ព្រះសហគមន៍មានសកម្មភាពក្នុងអគ្គសញ្ញាដូចជា “សហគមន៍ដែលសុទ្ធតែជាបូជាចារ្យ” ដែលមាន “រចនាសម្ពន្ធ​ដ៏មាន​របៀប​​រៀប​រយ” (LG ១១) គឺដោយអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាស ប្រជាជនដែលសុទ្ធតែជាបូជាចារ្យ​មានសិទ្ធិអាចប្រារព្ធពិធីបុណ្យ។ ម្យ៉ាងទៀត គ្រីស្តបរិស័ទខ្លះ “ដែលមានកិត្តិយសទទួល​អគ្គសញ្ញាតែងតាំងជាទី សក្ការៈ គឺគេ​ទទួល​​​ការ​​​តែងតាំងក្នុងនាមព្រះគ្រីស្ត ដើម្បីទៅជាគង្វាលរបស់ព្រះសហគមន៍ ដោយផ្សព្វផ្សាយ​ព្រះ​​បន្ទូល និងដោយព្រះជា​ម្ចាស់ប្រោសប្រណីផង” (LG ១១)។

១១២០. អ្នកទទួលមុខងារបម្រើព្រះសហគមន៍ ឬលោកបូជាចារ្យ “សម្រាប់បម្រើ ” (LG ១០) ត្រូវ​បម្រើ​គ្រីស្ត​បរិស័ទ ឯទៀតៗដែលសុទ្ធតែជាបូជាចារ្យដោយសារអគ្គសញ្ញាជ្រមុជទឹក។ ហេតុនេះហើយ បានជា ក្នុង​អគ្គ​សញ្ញា ពិតជាព្រះគ្រីស្តដែលមានសកម្មភាព តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់ព្រះសហគមន៍។ ព្រះ​ជាម្ចាស់​បាន​ប្រគល់បេសកកម្មសង្រ្គោះមនុស្សលោក ដែល​ព្រះបិតាបានប្រទានឱ្យ​ព្រះបុត្រារបស់ព្រះអង្គប្រសូត​ជា​មនុស្ស ឱ្យ​ក្រុម​គ្រីស្តទូត និងអ្នកបន្តមុខងារពីអស់លោក​ គឺអស់លោកទទួលព្រះវិញ្ញាណរបស់ព្រះយេស៊ូ ដើម្បីមាន​សកម្មភាពក្នុងព្រះនាមព្រះអង្គ និងក្នុងអង្គព្រះអង្គផង (យហ ២០,២១-២៣ ; លក ២៤,៤៧ ; មថ ២៨,១៨-២០)។ ហេតុនេះ អ្នកទទួលមុខងារបម្រើព្រះសហគមន៍ជាចំណង​ខាងអគ្គសញ្ញាដែល​ចង​កិច្ចការ​នៃ​ពិធី​បុណ្យជាមួយនឹងពាក្យសម្តី និងកិច្ចការរបស់ក្រុមគ្រីស្តទូត ហើយតាមរយៈពួកលោក ជាមួយព្រះបន្ទូល និង​កិច្ចការរបស់ព្រះគ្រីស្ត ដែលជាប្រភព និងជាគ្រឹះនៃអគ្គសញ្ញា។

១១២១. ដោយមិនរាប់អំពីព្រះហឫទ័យ​ប្រណី​សន្តោសរបស់ព្រះជាម្ចាស់ អគ្គសញ្ញាទាំងបីនៃ​ពិធី​ជ្រមុជ​ទឹក លាបថ្ងាស និងតែងតាំង ផ្តល់ លក្ខណៈ ខាងអគ្គសញ្ញា ឬ “ត្រា” ដែលធ្វើឱ្យគ្រីស្តបរិស័ទ​ចូលរួម​ចំណែក​ក្នុង​អង្គព្រះគ្រីស្តជាបូជាចារ្យ និងទៅជាសមាជិកព្រះសហគមន៍តាមលក្ខណៈ និងមុខងារផ្សេងៗ។ គឺព្រះវិញ្ញាណ​ដែល​​ប្រោសគ្រីស្តបរិស័ទឱ្យរួមជាមួយព្រះគ្រីស្ត និងព្រះសហគមន៍ តាមបែបនេះ ដែលមិនអាច​លុប​បំបាត់​បាន​ទេ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦០៩) ហើយដែលស្ថិតនៅក្នុងពួកគេជារៀងរហូត ដូច​ជា​លក្ខណៈ​​វិជ្ជមានដែល​នាំ​​ឱ្យ​ព្រះ​ជាម្ចាស់ប្រោសប្រណី ដូចជាព្រះបន្ទូលសន្យារបស់​ព្រះ​អង្គ ដែល​ធានា​ការពារ​ថែ​រក្សា​ពួកគេ ដែល​ទ្រង់​​ត្រាស់​ហៅឱ្យលើកតម្កើងព្រះអង្គ និងបម្រើព្រះ​សហគមន៍ផង។ ដូច្នេះ យើងមិន​អាច​ផ្តល់​​អគ្គសញ្ញា​នោះ​ម្តង​​ទៀត​បាន​ទេ។

៣. អគ្គសញ្ញានៃជំនឿ

១១២២. ព្រះគ្រីស្តបានចាត់ក្រុមគ្រីស្តទូតឱ្យទៅ “ប្រកាស ក្នុងនាមព្រះអង្គ ឱ្យមនុស្ស​គ្រប់​ជាតិ​សាសន៍​កែប្រែចិត្តគំនិត ដើម្បីបានរួចពីបាប” (លក ២៤,៤៧)។ “ចូរចេញទៅនាំមនុស្សគ្រប់ជាតិ​សាសន៍​ឱ្យ​ធ្វើ​ជា​សាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះ​វិញ្ញាណដ៏វិសុទ្ធ” (មថ ២៨,១៩)។ បេសកកម្មជ្រមុជក្នុងទឹក ទើបបេសកកម្មខាងអគ្គសញ្ញា រួមជាមួយបេសកកម្ម​ប្រកាសដំណឹងល្អ ដ្បិតអគ្គសញ្ញានេះត្រូវរៀបចំឡើងដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជំនឿ

ជាដំបូង ព្រះបន្ទូលរបស់ព្រះដ៏មានព្រះជន្មគង់នៅប្រមូលប្រជាជនរបស់ព្រះអង្គ (...)។ អ្នកទទួល​មុខ​ងារ​បម្រើ​ព្រះសហគមន៍ខាងអគ្គសញ្ញាចាំបាច់ត្រូវតែប្រកាសព្រះបន្ទូល ដ្បិតអគ្គសញ្ញានោះ ជាអគ្គសញ្ញានៃជំនឿ ហើយ​​​ជំនឿនេះ ត្រូវការព្រះបន្ទូល​ ដើម្បីកើតមក និងរីកចម្រើន (PO ៤)។

១១២៣. “អគ្គសញ្ញាមានគោលដៅនាំឱ្យគ្រីស្តបរិស័ទបានវិសុទ្ធ កសាងព្រះកាយព្រះគ្រីស្ត ​និងគោរព​បម្រើព្រះ​ជាម្ចាស់ទៀតដែរ។ ប៉ុន្តែ ដោយអគ្គសញ្ញាមានលក្ខណៈជាសញ្ញាសម្គាល់ ក៏អគ្គសញ្ញានានាទាក់ទិននឹង​ការ​អប់រំ​ជំនឿ​ដែរ។ ដោយមានប្រើពាក្យ និងវត្ថុផ្សេងៗ អគ្គសញ្ញាមិនគ្រាន់តែបញ្ចាក់ជំនឿប៉ុណ្ណោះទេ ​ប៉ុន្តែ​អគ្គ​សញ្ញា​​ក៏បំប៉នជំនឿ ពង្រឹងជំនឿ និងបង្ហាញបញ្ជាក់ជំនឿអ្នកទទួលនោះថែមទៀតផង។ ​ហេតុនេះហើយបាន​ជា​យើង​ធ្លាប់ហៅអគ្គសញ្ញាថា “អគ្គសញ្ញានៃជំនឿ”” (SC ៥៩)។

១១២៤. ព្រះសហគមន៍មានជំនឿមុនគ្រីស្តបរិស័ទ និងអញ្ជើញពួកគេឱ្យជឿផងដែរ។ ពេលព្រះ​សហគមន៍​ប្រារព្ធអគ្គសញ្ញា ព្រះសហគមន៍ប្រកាសជំនឿដែលមកពីក្រុមគ្រីស្តទូត។ ហេតុនេះ គេធ្លាប់និយាយ តាម​ពាក្យបុរាណថា៖ “Lex orandi, Lex credendi ” (ឬ “Legem credendi Lex statuat supplicandi ” តាម លោក ព្រ័សពែរ នៃ អគីទែណ [សតវត្សទី៥])។ វិន័យនៃការអធិដ្ឋានជាវិន័យនៃជំនឿ ព្រះសហគមន៍ជឿដូចព្រះ សហគមន៍អធិដ្ឋានដែរ។ ពិធីបុណ្យជាចំណុចសំខាន់ៗនៃការបញ្ជូនបន្តដ៏វិសុទ្ធ និងដ៏រស់រវើក (DV ៨)។

១១២៥. ហេតុនេះហើយ បានជាអ្នកទទួលមុខងារបម្រើព្រះសហគមន៍ ឬសហគមន៍មិនអាចផ្លាស់ប្តូរ ឬ ប្រើតាមរបៀបខុស ពិធីខាងអគ្គសញ្ញាណាមួយឡើយ។ សូម្បីតែអំណាចដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះសហគមន៍ក៏មិន អាចផ្លាស់ប្តូរពិធីបុណ្យតាមអំពើចិត្តដែរ គ្រាន់តែដោយស្តាប់បង្គាប់ទៅតាមជំនឿ និងដោយគោរពប្រណិប័តន៍​គម្រោងការ​​ដ៏​អស្ចារ្យ​នៃ​ពិធី​បុណ្យ​ប៉ុណ្ណោះ។

១១២៦. ដោយឡែក ដោយសារអគ្គសញ្ញាសម្ដែង និងពង្រឹងព្រះសហគមន៍ឱ្យរួមរស់ជាធ្លុងតែមួយ ក្នុង​ជំនឿ Lex orandi ជាលក្ខណៈចាំបាច់មួយនៃក្រុមសន្ទនា ដែលមានគោលដៅបង្រួបបង្រួមគ្រីស្ត​បរិស័ទ​ឱ្យរួមជាមួយគ្នាជាធ្លុងតែមួយ (UR ២ ; ១៥)។

៤. អគ្គសញ្ញានៃការសង្រ្គោះ

១១២៧. ពេលប្រារព្ធអគ្គសញ្ញាតាមរបៀបសមរម្យនិងទៅតាមជំនឿ អគ្គសញ្ញាផ្តល់ការប្រោសប្រណីទៅ​តាម​គោលបំណង (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦០៥-១៦០៦)។ អគ្គសញ្ញាមានប្រសិទ្ធិភាព  ពីព្រោះ​ព្រះ​​គ្រីស្ត​​ផ្ទាល់​ចូល​រួម​ក្នុង​​អគ្គសញ្ញានោះ៖ គឺព្រះអង្គនេះហើយ ដែលជ្រមុជទឹក គឺព្រះអង្គនេះ ដែលមាន​សកម្មភាព​ក្នុងអគ្គសញ្ញា​របស់​ព្រះ​អង្គ ដើម្បីប្រទានការប្រោសប្រណី ដែលអគ្គសញ្ញាសម្ដៅទៅលើ។ ព្រះបិតា​តែង​តែទទួលយកពាក្យ​អង្វ​រ​នៃ​ព្រះ​សហគមន៍របស់ព្រះបុត្រាព្រះអង្គ ដែលសម្ដែងនូវ​ជំនឿ​របស់​ខ្លួន​ទៅ​​លើ​ឫទ្ធានុភាព​របស់​ព្រះវិញ្ញាណ​ ក្នុងពាក្យអង្វរឱ្យ​ព្រះ​វិញ្ញាណយាង​មក​​​នៃ​អគ្គ​សញ្ញា​នីមួយៗ។ ដូចភ្លើងប្រែអ្វីៗ​ទាំង​​​អស់​យ៉ាងណា ព្រះវិញ្ញាណ​ដ៏​វិសុទ្ធក៏ប្រែ​អ្វី​ដែល​នៅ​ក្រោម​ឫទ្ធានុភាព​របស់ព្រះអង្គ ឱ្យ​ទៅជា​ព្រះជន្ម​របស់​ព្រះ​ជាម្ចាស់។

១១២៨. នេះគឺជាការអះអាងរបស់ព្រះសហគមន៍ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦០៨)៖ អគ្គ​សញ្ញា​មាន​សកម្មភាព ex opere operato (តាមន័យចំ៖ “ដោយសារតែកិច្ចការដែលត្រូវគេបំពេញ”) ពោលគឺ ដោយសារព្រះរាជកិច្ច​នៃ​ការសង្រ្គោះរបស់ព្រះគ្រីស្ត ដែលបានកើតឡើងម្តងជាការស្រេច បានសេចក្ដីថា គឺជា​“ឫទ្ធានុភាព​​របស់​ព្រះ​ជា​ម្ចាស់​ដែលសម្រេច​អគ្គសញ្ញានានា មិនមែនសេចក្ដីសុចរិតរបស់មនុស្ស ដែលផ្តល់ ឬ​ទទួល​អគ្គសញ្ញានោះទេ” (សន្ត ថូម៉ាស នៃអាកាំង)។ លុះដល់​គេប្រារព្ធ​អគ្គសញ្ញាណាមួយ​ស្រប​តាម​បំណង​របស់​ព្រះ​សហគមន៍ ឫទ្ធានុភាព​របស់​ព្រះ​គ្រីស្ត និងរបស់ព្រះវិញ្ញាណព្រះអង្គមានសកម្មភាពក្នុង និងតាមរយៈ​អគ្គ​សញ្ញានេះ ដោយ​មិន​រាប់​អំពី​ភាព​ដ៏​វិសុទ្ធ​ផ្ទាល់របស់អ្នកផ្តល់អគ្គសញ្ញាឡើយ។ ក៏ប៉ុន្តែ ផលផ្លែនៃ​អគ្គ​សញ្ញា​អាស្រ័យ​ទៅ​លើ​ចិត្ត​គំនិត​របស់​អ្នក​ទទួល​ដែរ។

១១២៩. ព្រះសហគមន៍អះអាងថា សម្រាប់អ្នកជឿ អគ្គសញ្ញានៃសម្ពន្ធមេត្រី​ថ្មី​ជា​ការ​ចាំបាច់​ដើម្បី​ទទួល​ការ​សង្រ្គោះ (មហា​​សន្និបាត​នៅទីក្រុងត្រង់)។ “ការប្រោសប្រណីខាងអគ្គសញ្ញា” ជាការប្រោសប្រណីរបស់​ព្រះ​វិញ្ញាដ៏​​វិសុទ្ធ ដែល​ព្រះគ្រីស្តប្រោសប្រទាន ហើយដែលមានលក្ខណៈពិសេសតាមអគ្គសញ្ញានីមួយៗ។ ព្រះ​វិញ្ញាណ​ព្យាបាល និង​ប្រែអស់អ្នកដែលទទួលព្រះអង្គ ដោយប្រោស​គេឱ្យរួមជាមួយ​ព្រះបុត្រា​របស់​ព្រះ​ជាម្ចាស់។ ផល​ផ្លៃ​នៃ​ជីវិត​ខាង​​អគ្គសញ្ញា គឺព្រះវិញ្ញាណប្រោសគ្រីស្តបរិស័ទឱ្យទៅជាព្រះ (២ពត្រ ១,៤) ដោយ​​​​ប្រោស​គេ​ឱ្យ​រួម​ជា​មួយព្រះបុត្រាតែមួយ ជាព្រះសង្រ្គោះ។

៥. អគ្គសញ្ញានៃជីវិតអស់កល្បជានិច្ច

១១៣០. ព្រះសហគមន៍លើកតម្កើងគម្រោងការដ៏អស្ចារ្យនៃព្រះអម្ចាស់របស់ខ្លួន “រហូតដល់ព្រះអង្គយាង​មក​​វិញ” ហើយរហូតដល់ “ព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់គ្រប់ប្រការ” (១ករ ១១,២៦ ; ១៥,២៨)។ ចាប់តាំងពីសម័យរបស់ក្រុមគ្រីស្តទូត ដោយព្រះ​វិញ្ញាណស្រែកថ្ងូរក្នុងព្រះសហគមន៍ ព្រះអង្គ​ទាក់​ទាញ​ពិធី​បុណ្យ​ទៅ​ទី​​ចុងក្រោយរបស់ខ្លួន៖ “ម៉ារ៉ាណាថា!” (១ករ ១៦,២២)។ ហេតុនេះ ពិធីបុណ្យ​ចូល​រួម​ចំណែក​ក្នុង​​បំណង​​ប្រាថ្នារបស់ព្រះយេស៊ូ៖ “ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លងនេះជាមួយអ្នករាល់គ្នា​ណាស់! (...) លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់នៅក្នុងព្រះរាជ្យព្រះជាម្ចាស់” (លក ២២,១៥-១៦)។​ ក្នុង​អគ្គ​សញ្ញា​របស់ព្រះគ្រីស្ត ព្រះសហគមន៍ទទួលប្រាកកក់នៃមរតករបស់ខ្លួនហើយ ព្រះសហគមន៍ក៏ចូលរួមចំណែក​ក្នុង​​​ជីវិតអស់កល្បជានិច្ច “ទាំងទន្ទឹងរង់ចាំសុភមង្គលតាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្ត​ជាព្រះជាម្ចាស់ដ៏ឧត្តមបំផុត និងជាព្រះសង្រ្គោះនៃយើងយាងមកប្រកបដោយសិរីរុងរឿង” (ទត ២,១៣)។ “ព្រះ វីញ្ញាណ និងភរិយាថ្មោងថ្មីពោលឡើងថា៖ សូមព្រះអង្គយាងមក! (...) ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក!” (វវ ២២,១៧.២០)។

សន្ត ថូម៉ាសសង្ខេបលក្ខណៈផ្សេងៗនៃសញ្ញាសម្គាល់របស់អគ្គសញ្ញា៖ “អគ្គសញ្ញា​ជា​សញ្ញា​សម្គាល់​ដែល​រម្លឹក​ឡើងវិញនូវអ្វីដែលបានកើតជាមុន គឺទុក្ខលំបាករបស់ព្រះគ្រីស្ត ដែលសម្ដែងនូវ​អ្វីដែលកើតឡើងនៅក្នុង​ខ្លួន​យើង​ដោយសារទុក្ខលំបាករបស់ព្រះគ្រីស្ត គឺការប្រោសប្រណី ហើយដែលប្រកាសទុកជាមុនសិរីរុងរឿង ដែល​នឹង​យាង​មកក្នុងអនាគត”។

សង្ខេប

១១៣១. អគ្គសញ្ញាជាសញ្ញាដ៏មានប្រសិទ្ធិភាពនៃព្រះហឫទ័យប្រណីសន្តោស ដែលព្រះគ្រីស្តបានចាត់​ចែង និង​បានប្រគល់ឱ្យព្រះសហគមន៍ ហើយដែលផ្តល់ព្រះជន្មរបស់ព្រះជាម្ចាស់ឱ្យយើង។ ពិធីដែល​មើល​ឃើញ ដែលប្រាព្ធអគ្គសញ្ញា សម្ដៅ និងសម្រេចព្រះអំណោយទានផ្សេងៗនៃអគ្គសញ្ញានីមួយៗ។ អគ្គសញ្ញា​បង្កើត​ផលចំពោះអស់អ្នកដែលទទួលអគ្គសញ្ញានោះ ដោយមានចិត្តគំនិតត្រឹមត្រូវ។

១១៣២. ព្រះសហគមន៍ប្រារព្ធអគ្គសញ្ញា ដូចជាសហគមន៍ដែលសុទ្ធតែជាបូជាចារ្យ ដែលមាន​គ្រីស្ត​បរិស័ទ​ជាបូជាចារ្យ និងអស់អ្នកដែលមានមុខងារបម្រើព្រះសហគមន៍។

១១៣៣. ព្រះវិញ្ញាណដ៏វិសុទ្ធរៀបចំឱ្យទទួលអគ្គសញ្ញា ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជំនឿ ដែលទទួលព្រះបន្ទូលក្នុងចិត្តគំនិតត្រឹមត្រូវ។ នៅពេលនោះ អគ្គសញ្ញាពង្រឹង និងសម្ដែងជំនឿ។

១១៣៤. ផលនៃជីវិតខាងអគ្គសញ្ញាជាផលរបស់រៀងៗខ្លួនផង របស់ព្រះសហគមន៍ផង។ សម្រាប់គ្រីស្ត បរិស័ទគ្រប់រូប ផលនេះ ជាការរស់នៅដើម្បីព្រះជាម្ចាស់ក្នុងអង្គព្រះគ្រីស្តយេស៊ូ ម្យ៉ាងទៀត សម្រាប់ព្រះ​សហគមន៍ ផលនេះ ធ្វើឱ្យព្រះសហគមន៍រីកចម្រើនក្នុងសេចក្ដីស្រលាញ់ និងក្នុងបេសកកម្មផ្តល់សក្ខីភាព។

ជំពូក២ លេខ១១៣៥-១២០៩

ជំពូកទីពីរ​៖​

ពិធីលើកតម្កើងបុណ្យចម្លងខាងអគ្គសញ្ញា

១១៣៥. ការអប់រំខាងពិធីបុណ្យតម្រូវយើងឱ្យយល់អំពីការចាត់ចែងខាងអគ្គសញ្ញា (ជំពូកទីមួយ)។ ពន្លឺនេះ សម្ដែងឱ្យយើងស្គល់ភាពថ្មោងថ្មីនៃពិធីលើកតម្កើង នៃការចាត់ចែងនេះ ។ ដូច្នេះ ក្នុងជំពូកនេះ យើងនឹងថ្លែងអំពីពិធីលើកតម្កើងអគ្គសញ្ញានៃព្រះសហគមន៍។ យើងនឹងរិះគិតអំពីអ្វីដែលមានលក្ខណៈ​រូមរបស់​ពិធី​​នៃអគ្គសញ្ញាទាំងប្រាំពីរ តាមភាពផ្សេងពីគ្នានៃប្រពៃណីខាងពិធីបុណ្យ ហើយបន្ទាប់មក យើងនឹងថ្លៃងអំពីអ្វី​ដែល​​មាន​លក្ខណៈ​រៀងៗ​ខ្លួន។ ការអប់រំមូលដ្ឋានគ្រឹះនៃពិធីលើកតម្កើងខាង​អគ្គសញ្ញានឹងឆ្លើយ​តបទៅនឹង​សំណួរ​​​ដើមដំបូង ដែល​គ្រីស្តបរិស័ទធ្លាប់សួរ៖

- តើនរណាលើកតម្កើង?
- តើត្រូវលើកតម្កើងយ៉ាងដូចម្ដេច?
- តើត្រូវលើកតម្កើងនៅពេលណា?
- តើត្រូវលើកតម្កើងនៅឯណា?

ប្រការទី១៖​ ​ការប្រារព្ធពិធីបុណ្យព្រះសហគមន៍

១. តើនរណាលើកតម្កើង?

១១៣៦. ពិធីបុណ្យជា​ “កិច្ចការ” របស់ “ព្រះគ្រីស្តទាំងស្រុង ” (Christus totus)។ ចាប់ពីឥឡូវនេះទៅ អស់​អ្នកដែលប្រារព្ធ​ពិធី​បុណ្យ ហួសពីសញ្ញាសម្គាល់ផ្សេងៗ ស្ថិតនៅក្នុងពិធីបុណ្យនៃស្ថាន​បរមសុខ​រួច​ទៅ​ហើយ។ នៅ​ទី​នោះ គេរួបរួមធ្វើបុណ្យ​ជាមួយ​គ្នា​យ៉ាង​សប្បាយរីករាយ។

 អ្នកណែនាំពិធីបុណ្យនៃស្ថានបរមសុខ

១១៣៧. វិវរណៈរបស់សន្តយ៉ូហាន ដែលយើងអានក្នុងពិធីបុណ្យព្រះសហគមន៍ សម្ដែងឱ្យយើងដឹង ថា “នៅស្ថានបរមសុខ មានបល្ល័ង្កមួយ ហើយមានព្រះមួយអង្គគង់នៅលើបល្លង្កនេះ” (វវ ៤,២) គឺ “ព្រះជាម្ចាស់” (អស ៦,១) (អគ ១,២៦-២៨) ហើយកូនចៀម “ឈរ ដូចជាយញ្ញបូជា” (វវ ៥,៦) (យហ ១,២៩) គឺព្រះគ្រីស្ត ដែលត្រូវគេឆ្កាង និងដែលមានព្រះជន្មថ្មី ជាមហាបូជាចារ្យតែមួយរបស់ទីសក្ការៈដ៏ពិតប្រាកដ (ហប ៤,១៤-១៥ ; ១០,១៩-២១ ល។ល) ព្រះដដែល “ដែលប្រោសប្រទាន និងដែលថ្វាយខ្លួន” (សន្ត យ៉ូហាន គ្រីសូស្តូម) ទីបំផុតទន្លេដែលមានទឹកផ្តល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់” (វវ ២២,១) ជានិមិត្តរូបដ៏ប្រសើរឧត្តមបំផុតនៃព្រះវិញ្ញាណដ៏វិសុទ្ធ (យហ ៤,១០-១៤ ; វវ ២១,៦)។

១១៣៨. ឫទ្ធិអំណាចនៃស្ថានបរមសុខ (វវ ៤-៥ ; អស ៦,២-៣) សត្វលោកទាំងអស់ (សត្វមានជីវិតបួន) អ្នកបម្រើនៃសម្ពន្ធមេត្រីចាស់ និងថ្មី (ព្រឹទ្ធាចារ្យទាំងម្ភៃបួននាក់) ប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ (មនុស្សមួយ សែន​បួនម៉ឺនបួនពាន់នាក់) (វវ ៧,១-៨ ; ១៤,១) ជាពិសេសមរណសាក្សី “ដែលគេបានប្រហារជីវិត ព្រោះ​តែ​ព្រះ​បន្ទូលរបស់ព្រះជាម្ចាស់” (វវ ៦,៩-១១) ហើយព្រះមាតាដ៏វិសុទ្ធបំផុតរបស់ព្រះជាម្ចាស់ (ស្រ្តី (វវ ១២) ភរិយា​របស់​កូនចៀម (វវ ២១,៩)) ទីបំផុត “មហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ ដែល​មក​ពី​គ្រប់​ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា” (វវ ៧,៩) អ្នកទាំងអស់នោះ ដែលព្រះ​គ្រីស្ត​បាន “បង្រួបបង្រួម” ចូលរួមចំណែកក្នុងការបម្រើពិធីលើកតម្កើងព្រះជាម្ចាស់ និងដើម្បីឱ្យគម្រោង​ការ​របស់​ព្រះអង្គ​បានសម្រេច។

១១៣៩. ព្រះវិញ្ញាណ និងព្រះសហគមន៍ធ្វើឱ្យយើងចូលរួមចំណែកក្នុងពិធីបុណ្យនៃស្ថានបរមសុខ​នេះ នៅពេលដែលយើងលើកតម្កើងគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ ក្នុងអគ្គសញ្ញានានា។

អ្នកណែនាំពិធីបុណ្យខាងអគ្គសញ្ញា

១១៤០. សហគមន៍ ទាំងមូល ដែលជាព្រះកាយព្រះគ្រីស្ត រួបរួមជាមួយប្រធានរបស់ខ្លួន លើកតម្កើងព្រះ ជាម្ចាស់។ “កិច្ចតាមពិធីបុណ្យនានា មិនមែនជាកិច្ចឯកជនរបស់គ្រីស្តបរិស័ទម្នាក់ៗទេ ប៉ុន្តែពិតជា​ពិធី​លើក​តម្កើ​ង​រួម​របស់ព្រះសហគមន៍ ដែលជា “អគ្គសញ្ញា​សម្តែង​អំពី​ការរួបរួមគ្នាជាធ្លុងតែមួយ” ពោលគឺជាប្រជារាស្រ្ត​ដ៏​វិសុទ្ធ​ដែល​ជូបជុំគ្នា និង​ដែលមានរបៀបរៀបរយតាមលំដាប់លំដោយ ក្រោមការណែនាំរបស់ក្រុមអភិបាល។ ហេតុ​នេះ​ហើយ​ បានជាពិធីបុណ្យនានាទាក់ទិននឹងព្រះកាយនៃព្រះសហគមន៍ទាំងមូល ​សម្តែងព្រះកាយនេះឱ្យ​គេ​ឃើញ ហើយក៏មានឥទ្ធិពលលើព្រះកាយនោះទៀតផងដែរ។ ប៉ុន្តែ ពិធីបុណ្យទាំងនោះ​មានទំនាក់​​ទំនង​នឹង​សិរីរាង្គ​នីមួយៗ តាមរបៀបផ្សេងៗពីគ្នា គឺតាមការតែងតាំងផ្សេងៗ តាមមុខងារ​ផ្សេងៗ និង​តាម​របៀប​គេ​ចូល​រួម ក្នុង​ពិធីទាំងនោះទៀតផង” (SC ២៦)។ ហេតុនេះហើយ បានជា “តាមលក្ខណៈពិសេសនៃពិធីនីមួយៗ ពេល​ណា​ពិធីនានាអាចប្រព្រឹត្តទៅដោយរួប​រួមគ្នាបាន ដោយមានគ្រីស្ត បរិស័ទចូលរួមជារឿយៗ និងយ៉ាងសកម្មផង​នោះ ប្រសិន​បើអាចធ្វើបាន ត្រូវគូសបញ្ជាក់ថា ត្រូវចូលចិត្តប្រព្រឹត្តតពិធីរួមនោះ ជាងធ្វើពិធីម្នាក់ឯងជាឯកជន​ទៅ​ទៀត ដែល​ហាក់ដូចជាពិធីផ្ទាល់ខ្លួនតែម្តង” (SC ២៧)។

១១៤១. អង្គប្រជុំ ដែលលើកតម្កើងព្រះជាម្ចាស់ ជាសហគមន៍របស់អស់អ្នក ដែលទទួលអគ្គសញ្ញា​ជ្រមុជ​ទឹក  “ដែល​បានកើតជាថ្មី និងបានទទួលពិធីអភិសេកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំងអស់គ្នាបាន​​​វិសុទ្ធ ​​​ដើម្បីឱ្យ​​​ទៅជា​ព្រះ​ដំណាក់ខាងព្រះវិញ្ញាណ និងទៅជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយនូវកិច្ចការទាំងប៉ុន្មាន ដែលគេធ្វើ​​​ជា​​​រៀង​រាល់​ថ្ងៃទៅព្រះជាម្ចាស់ ទុកជាសក្ការបូជាខាងព្រះវិញ្ញាណ” (LG ១០)។ ពួកគេជា “ក្រុមបូជាចារ្យ” ដោយ​ទទួល​ចំណែក​​រួម​ជាមួយព្រះគ្រីស្ត ដែលជាមហាបូជាចារ្យតែមួយព្រះអង្គគត់ (LG ១០ ; ៣៤ ; PO ២)៖

“ព្រះសហគមន៍ ជាមាតា មានបំណងប្រាថ្នាចង់ណែនាំគ្រីស្តបរិស័ទទាំងអស់ ឱ្យចូលរួមក្នុងពិធី​បុណ្យ​នានា​យ៉ាងពេញលេញ ដោយដឹងខ្លួនយល់អត្ថន័យ និងយ៉ាងសកម្មទៀតផង។ របៀបចូលពីធីបុណ្យ​បែប​នោះ ពិត​ជា​​​​ស្របតាម​​​លក្ខណៈផ្ទាល់នៃពិធីបុណ្យទាំងនោះ។ ដោយគ្រីស្តបរិស័ទ​ទទួលអគ្គសញាជ្រមុជទឹក គេ​ទៅជា “ពូជ​សាសន៍​មួយ​​​ដែល​​​ព្រះអង្គបានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍​ដ៏វិសុទ្ធ ជា​ប្រជា​រាស្រ្ត​ ​ដែល​​​​ព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ” (១ពត្រ ២,៩)” (SC ១៤)។

១១៤២. ប៉ុន្តែ “សិរីរាង្គនីមួយៗមានមុខងារខុសៗគ្នាៗ” (រម ១២,៤)។ ព្រះជាម្ចាស់ត្រាស់ហៅសមាជិក ខ្លះ ក្នុងនិងតាមរយៈព្រះសហគមន៍ ឱ្យបម្រើសហគមន៍តាមរបៀបពិសេស។ អគ្គសញ្ញាតែងតាំងជ្រើសរើស និងញែកអ្នកបម្រើនោះ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធប្រោសគេឱ្យមានសិទ្ធិប្រតិបត្តិក្នុងអង្គព្រះគ្រីស្តជាព្រះ​សិរសាដើម្បីបម្រើសមាជិកទាំងអស់របស់ព្រះសហគមន៍ (PO ២ ; ១៥)។ អ្នកដែលទទួល​អគ្គសញ្ញា​តែងតាំង​ជា​អ្នក​​​​បម្រើដូចជា “រូបតំណាង” របស់ព្រះគ្រីស្តជាបូជាចារ្យ។ ដោយសារអគ្គសញ្ញារបស់ព្រះសហគមន៍សម្ដែងខ្លួន​ឱ្យ​ពេញលក្ខណៈក្នុងពិធីអភិបូជា អ្នកទទួលមុខងារជាលោកអភិបាលលេចឡើងពេលលោកធ្វើអធិបតី​ក្នុង​អភិបូជា ហើយរួមជាមួយលោក អស់លោកបូជាចារ្យ និងអស់លោកឧបដ្ឋាកផងដែរ។

១១៤៣. ដើម្បីបម្រើមុខងាររបស់គ្រីស្តបរិស័ទដែលសុទ្ធតែជាបូជាចារ្យ មានអ្នកទទួលមុខងារពិសេស  ផ្សេង​​ទៀត ដែល​មិន​​បាន​ទទួលអគ្គសញ្ញាតែងតាំង ហើយដែលលោកអភិបាលសម្រេចមុខងាររបស់គេនោះ តាម​ប្រពៃណី​​ខាង​​ពិធី​បុណ្យ និងតាមតម្រូវការរបស់ព្រះសហគមន៍ផង។ “អ្នកបម្រើអាសនៈ អ្នកប្រកាសអត្ថបទគម្ពីរ អ្នក​អតា្ថធិប្បាយពិធី និងអស់សមាជិកក្រុមច្រៀង​ គឺសុទ្ធតែបំពេញមុខងារបម្រើពិធីបុណ្យយ៉ាងពិតប្រាកដកមែន” (SC ២៩)។

១១៤៤. ហេតុនេះហើយ បានជាក្នុងពិធីលើកតម្កើងខាងអគ្គសញ្ញា អង្គប្រជុំទាំងមូលជា “អ្នក​ប្រារព្ធ” ម្នាក់ៗ​​តាម​មុខងាររៀងៗខ្លួន ប៉ុន្តែ ក្នុង “ឯកភាពនៃព្រះវិញ្ញាណ” ដែលមានសកម្មភាពក្នុង​មនុស្សគ្រប់ៗរូប។ “ពេល​ធ្វើពិធីបុណ្យផ្សេងៗ ទោះលោកដែលមានមុខងារបម្រើក្កី ទោះគ្រីស្តបរិស័ទក្កី ​ក៏ម្នាក់ៗត្រូវតែប្រព្រឹត្តតាម​​​តួនាទីរបស់ខ្លួនផ្ទាល់ គឺត្រូវបំពេញភារកិច្ចទាំងមូលរបស់ខ្លួន ប៉ុន្តែត្រូវបំពេញតែភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ ស្រប​​​តាម​​​​​​​លក្ខណៈពិធី​​​នោះ និងតាមសេចក្កីណែនាំពិធីបុណ្យទៀតផងដែរ” (SC ២៨)។

២. តើត្រូវលើកតម្កើងយ៉ាងដូចម្ដេច?
សញ្ញាសម្គាល់ និងនិមិត្តរូប

១១៤៥. ពិធីបុណ្យខាងអគ្គសញ្ញាមានសញ្ញាសម្គាល់ និងនិមិត្តរូបជាច្រើន។ តាមគរុកោសល្យរបស់ព្រះ​ជាម្ចាស់ជាព្រះ​​សង្រ្គោះ អត្ថន័យនៃសញ្ញាសម្គាល់ និងនិមិត្តរូបទាំងអស់នោះ ចាក់ឫសក្នុងស្នាព្រះហស្តនៃ​ការ​បង្កើត និងក្នុង​វប្បធម៌​របស់មនុស្សលោក បញ្ជាក់ក្នុងហេតុការណ៍នៃសម្ពន្ធមេត្រីចាស់ និងលាតត្រដាងឱ្យ​បាន​ពេញលក្ខណៈ​ក្នុងព្រះរាជកិច្ច និងក្នុងអង្គព្រះគ្រីស្ត។

១១៤៦. សញ្ញាសម្គាល់នៃពិភពលោករបស់មនុស្ស ។​ ក្នុងជីវិតរបស់មនុស្ស សញ្ញាសម្គាល់ និង​និមិត្តរូប​មាន​សារៈសំខាន់។ ដោយសារមនុស្សជាបុគ្គលខាងរូបកាយផង ខាងវិញ្ញាណផង គេសម្ដែង និង​ទទួល​តថភាព​ខាងវិញ្ញាណតាមរយៈសញ្ញាសម្គាល់ និងនិមិត្តរូបដែលមានរូបរាង។ ដោយសារមនុស្សរស់នៅក្នុងសង្គម គេត្រូវ​ការ​សញ្ញាសម្គាល់និងនិមិត្តរូប ដើម្បីទាក់ទងជាមួយអ្នកដទៃ ដូចជាមួយព្រះជាម្ចាស់ផងដែរ តាមភាសា កាយវិការ និងកិច្ចការ។

១១៤៧. ព្រះជាម្ចាស់មានព្រះបន្ទូលមកមនុស្សតាមរយៈការបង្កើតដែលអាចមើលឃើញ។ ព្រះជាម្ចាស់​សម្ដែងសកលលោកឱ្យប្រាជ្ញាមនុស្សឈ្វេងយល់នូវស្នាកស្នាមនៃព្រះអង្គជាព្រះបង្កើតគេ​ (ប្រាញ ១៣,១ ; រម ១,១៩-២០ ; កក ១៤,១៧)។ ពន្លឺនិងភាពងងឹត ខ្យល់និងភ្លើង ទឹកនិងដី ដើមឈើនិងផ្លែផ្កា សំដៅ​ទៅ​លើ​ព្រះ​ជាម្ចាស់ ជានិមិត្តរូបនៃភាពថ្កុំថ្កើងរបស់ព្រះអង្គផង ដែលទ្រង់ជិតដិតនឹងមនុស្សផង។

១១៤៨. ដោយសារតថភាព ដែលវិញ្ញាណអាចដឹងបាន ជាសត្វលោក តថភាពនោះអាចសម្ដែងនូវ​កិច្ចការរបស់ព្រះជាម្ចាស់ ដែលប្រោសមនុស្សឱ្យបានវិសុទ្ធ និងសម្ដែងនូវកិច្ចការរបស់មនុស្ស ដែល​ថ្វាយ​បង្គំព្រះជាម្ចាស់។ យ៉ាងណាមិញ សញ្ញាសម្គាល់ និងនិមិត្តរូបនៃការរស់នៅក្នុងសង្គមរបស់មនុស្ស៖ លាង​និង​លាប កាច់នំបុ័ងនិងប្រទានពែង អាចសម្ដែងនូវវត្តមានរបស់ព្រះជាម្ចាស់ដែលប្រោសឱ្យបានវិសុទ្ធ និងការ​ដឹង​គុណរបស់មនុស្សលោកចំពោះព្រះជាម្ចាស់ជាព្រះបង្កើតពួកគេ។

១១៤៩. សាសនាសំខាន់ៗនៃមនុស្សជាតិផ្តល់សក្ខីភាពថា ពិធីខាងសាសនា ដែលប្រើនិមិត្តរូបជាច្រើន មាន​អត្ថន័យទាក់ទងនឹងសកលលោកទាំងមូល ។ ពិធីបុណ្យព្រះសហគមន៍បានកំណត់ទុកជាមុន បញ្ជូល និងធ្វើឱ្យចំណុច​ខ្លះៗនៃសកលលោក និងវប្បធម៌របស់មនុស្សបាន​វិសុទ្ធ ដោយផ្តល់ឱ្យចំណុច​នោះមាន​សេចក្ដី​ថ្លៃថ្នូរ ព្រោះ​បាន​ទៅ​ជាសញ្ញាសម្គាល់នៃការប្រណីសន្តោស និងរបស់ពិភពលោក​ថ្មីក្នុង​អង្គ​ព្រះយេស៊ូ​គ្រីស្ត។

១១៥០. សញ្ញាសម្គាល់នៃសម័្ពន្ធមេត្រី ។ ប្រជារាស្រ្ត ដែលព្រះជាម្ចាស់បានជ្រើសរើស ទទួលពីព្រះអង្គ សញ្ញាសម្គាល់ និងនិមិត្តរូបផ្សេងៗពីគ្នាដើម្បីប្រារព្ធពិធីបុណ្យរបស់គេ គឺគេមិនគ្រាន់តែប្រារព្ធសកលលោក និង​កាយ​វិការនៃសង្គមប៉ុណ្ណោះទេ ប៉ុន្តែ គេប្រារព្ធសញ្ញាសម្គាល់នៃសម័្ពន្ធមេត្រី និងនិមិត្តរូបនៃកិច្ចការដ៏អស្ចារ្យ​របស់​ព្រះ​​ជាម្ចាស់​ចំពោះគេ។ ក្នុងចំណោមសញ្ញាសម្គាល់ខាងពិធីបុណ្យនៃសម័្ពន្ធមេត្រីចាស់នោះ យើង​អាច​ថ្លែង​អំពី​ពិធីកាត់​ស្បែក ការចាក់ប្រេងអភិសេកស្តេច និងបូជាចារ្យ ពិធីដាក់ដៃ យញ្ញបូជា ហើយជាពិសេសបុណ្យចម្លង។ ព្រះសហគមន៍ចាត់ទុកថា សញ្ញាសម្គាល់ទាំងអស់នោះសម្ដែងទុកជាមុននូវអគ្គសញ្ញានៃសម័្ពន្ធមេត្រីថ្មី។

១១៥១. ព្រះគ្រីស្តបានទទួលយកសញ្ញាសម្គាល់នោះ ។ ពេលទេសនា ព្រះអម្ចាស់យេស៊ូឧស្សហ៍ប្រើ សញ្ញាសម្គាល់នៃការបង្កើត ដើម្បីឱ្យគេស្គាល់គម្រោងការដ៏អស្ចារ្យនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ (លក ៨,១០)។ ព្រះអង្គប្រោសឱ្យបានជាសះស្បើយ ឬបញ្ជាក់អំពីធម្មទេសនារបស់ព្រះអង្គ ដោយប្រើ​សញ្ញា​សម្គាល់​​ដែលមានរូបរាង ឬកាយវិការជានិមិត្តរូប (យហ ៩,៦ ; មក ៧,៣៣-៣៥ ; ៨,២២-២៥)។ ព្រះអង្គផ្តល់​អត្ថន័យ​ថ្មីដល់ហេតុការណ៍ និងសញ្ញាសម្គាល់នៃសម័្ពន្ធមេត្រីចាស់ ជាពិសេសអំពីដំណើរឆ្ពោះទៅកាន់សេរីភាព និង​បុណ្យចម្លង (លក ៩,៣១ ; ២២,៧-២០) ដ្បិតព្រះអង្គផ្ទាល់ជាអត្ថន័យនៃសញ្ញាសម្គាល់ទាំងអស់នោះ។

១១៥២. សញ្ញាសម្គាល់ខាងអគ្គសញ្ញា ។​ ចាប់តាំងពីបុណ្យព្រះវិញ្ញាណយាងមក  ព្រះវិញ្ញាណដ៏វិសុទ្ធ​ប្រោសឱ្យបានវិសុទ្ធ តាមរយៈសញ្ញាសម្គាល់ខាងអគ្គសញ្ញារបស់ព្រះសហគមន៍ព្រះអង្គ។ អគ្គសញ្ញារបស់ ព្រះសហគមន៍មិនលុបបំបាត់ទេ ប៉ុន្តែបន្សុទ្ធ និងទទួលយកលក្ខណៈសម្បត្តិនៃសញ្ញាសម្គាល់ និងនិមិត្តរូបរបស់ សកលលោក និងរបស់ការរស់នៅក្នុងសង្គម។ ម្យ៉ាងទៀត អគ្គសញ្ញានោះ បំពេញនិមិត្តសញ្ញានៃ​សម្ពន្ធ​មេ​ត្រី​ចាស់ ហើយ​សំដៅ និងបំពេញការសង្រ្គោះដែលព្រះគ្រីស្តបានសម្រេច ព្រមទាំងសម្ដែង​ទុកជាមុនសិរីរុងរឿងនៃ​ស្ថាន​បរមសុខ។

ពាក្យសម្ដី និងកិច្ចការ

១១៥៣. ក្នុងពិធីបុណ្យខាងអគ្គសញ្ញា បុត្រធីតារបស់ព្រះជាម្ចាស់ដូចជាជួបជុំជាមួយនឹងព្រះបិតារបស់​គេ ក្នុងអង្គព្រះគ្រីស្ត និងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយទាំងអស់គ្នាដូចជាសន្ទនាជាមួយគ្នា តាមរយៈកិច្ចការ និង​ពាក្យ​សម្តី។ ទោះបីកិច្ចការដែលជានិមិត្តរូបដូចជាភាសាមួយរួចស្រេចទៅហើយក្ដី ក៏ព្រះបន្ទូល​របស់​ព្រះ​ជាម្ចាស់ និង ចម្លើយ​នៃ​​ជំនឿ​​​ ត្រូវតែកំដរ និងធ្វើឱ្យកិច្ចការនោះមានជីវិត ដើម្បីឱ្យពូជនៃព្រះរាជ្យបង្កើតផល​ក្នុង​ដី​ដ៏​មាន​ជីជាតិល្អ។ កិច្ចការខាងពិធីបុណ្យសំដៅនូវអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្ដែង គឺព្រះជាម្ចាស់យាង​មក​​រក​​​មនុស្ស​ដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់ ហើយប្រជារាស្រ្តរបស់ព្រះអង្គឆ្លើយតបនឹងព្រះអង្គ។

១១៥៤. ពិធីលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាផ្នែកដ៏សំខាន់បំផុតនៃពិធីបុណ្យខាងអគ្គសញ្ញា។ ដើម្បីចិញ្ជឹមជំនឿរបស់គ្រីស្តបរិស័ទ ត្រូវតែលើកតម្កើងសញ្ញាសម្គាល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ សៀវភៅ នៃព្រះបន្ទូល (សៀវភៅអត្ថបទគម្ពីរ ឬសៀវភៅដំណឹងល្អ) ការគោរពសៀវភៅនេះ (ក្បួនហែ កំញាន ពន្លឺ) កន្លែង ប្រកាស (តុព្រះបន្ទូល) ត្រូវតែអានឱ្យគេស្តាប់ឮ និងអាចឈ្វេងយល់បាន ធម្មទេសនារបស់អ្នកទទួលមុខងារ បម្រើព្រះសហគមន៍ ដែលបន្តការប្រកាសនៃព្រះបន្ទូលនេះ ហើយចម្លើយរបស់អង្គប្រជុំ (សេចក្ដីអបអរសាទរ ទំនុកតម្កើងដើម្បីស្មឹងស្មាធិ៍ ពាក្យសូត្រធម៌ ធម៌ប្រកាសជំនឿ)។

១១៥៥. ពាក្យសម្តីនិងកិច្ចការខាងពិធីបុណ្យ ដែលជាសញ្ញាសម្គាល់ និងការប្រៀនប្រដៅ មិនអាចបំបែក​ពី​គ្នាបានឡើយ ពីព្រោះពាក្យសម្តីនិង​កិច្ចការ​នោះ បំពេញអ្វីដែលពាក្យសម្តីនិង​កិច្ចការ​នោះសំដៅទៅលើ។ ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធមិនគ្រាន់តែប្រោសប្រទានឱ្យឈ្វេងយល់ព្រះបន្ទូលរបស់ព្រះ​ជាម្ចាស់ ដោយជំរុញ​ឱ្យជឿ​ទេ តាមរយៈអគ្គសញ្ញា ព្រះអង្គក៏សម្រេច “កិច្ចការដ៏អស្ចារ្យ” របស់ព្រះជាម្ចាស់ ដែលព្រះបន្ទូលបាន​ប្រកាស​ទុក​ជា​មុន គឺព្រះវិញ្ញាណប្រទានព្រះរាជកិច្ចរបស់ព្រះបិតាដែលព្រះបុត្រាដ៏ជាទីស្រលាញ់បានសម្រេច ហើយប្រោស​ព្រះ​រាជកិច្ច​នេះឱ្យមានវត្តមានសព្វថ្ងៃ។

បទចម្រៀងនិងតន្រី្ត

១១៥៦. “ព្រះសហគមន៍សកលមានប្រពៃណីដ៏យូរអម្លុងអំពីភ្លេងដ៏សក្ការៈ ហើយបាន​ប្រមូល​បទ​ភ្លេង​ជា​ច្រើ​ន​ទុក​ជា​កំណប់ដ៏មានតម្លៃខ្ពង់ខ្ពស់បំផុត រកអ្វី​មក​ប្រៀបផ្ទឹមពុំបាន ជាកំណប់ប្រសើរជាងសិល្បៈឯទៀតៗ​ទាំង​អស់។ ការណ៍នេះជាពិសេសមកពីភ្លេងដ៏សក្ការៈ​ភ្ជាប់នឹងពាក្យសម្តី គឺជាផ្នែកដែលត្រូវការ​ជាចាំ​បាច់​នៃ​ពីធី​បុណ្យ​នា​នាដ៏ឧឡារិត ហើយក៏ពិតជាផ្នែកមួយក្នុងពិធីបុណ្យទាំងនោះទៀតផង” (SC ១១២)។ ការតែងបទចម្រៀង និង​​ការ​ច្រៀងទំនុកតម្កើងដែលព្រះវិញ្ញាណបានបំភ្លឺ ដោយ​ឧស្សហ៍​មានឧបករណ៍ភ្លេងជួយកំដរ ជាប់ទាក់​ទិន​យ៉ាង​ស្និទ្ធ​ស្នាលនឹងពិធីបុណ្យនៃសម្ពន្ធមេត្រីចាស់។ ព្រះ​សហគមន៍​បន្ត និងអភិវឌ្ឍប្រពៃណីនេះ៖ “ចូរនិយាយ​គ្នា​ទៅ​វិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរ​ព្រះ​ជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និង​លើក​តម្កើងព្រះអម្ចាស់ឱ្យអស់ពីចិត្ត” (អភ ៥,១៩) (កូឡ ៣,១៦-១៧)។ “អ្នកណាច្រៀង អ្នកនោះ​អធិដ្ឋាន​ពីរ​ដង” (សន្ត អូគូស្តាំង)។

១១៥៧. បទចម្រៀងនិងតន្រី្តបំពេញមុខងាររបស់ខ្លួនជាសញ្ញាសម្គាល់ តាមរបៀបកាន់តែប្រសើរ នៅ​ពេល​​ដែល “ជាប់ទាក់ទិននឹងកិច្ចការខាងពិធីបុណ្យយ៉ាងស្និទ្ធស្នាល” (SC ១១២) តាមលក្ខណៈ​សំខាន់ៗ​បី​យ៉ាង៖ សោភណភាពនៃការអធិដ្ឋាន ការចូលរួមចំណែករបស់អង្គប្រជុំ ដោយមានចិត្តគំនិតតែមួយ និងតាមពេល​កំណត់ ហើយលក្ខណៈយ៉ាង​ឧឡារិក​នៃពិធីបុណ្យ។ បទចម្រៀងនិងតន្រី្តនោះ ចូលរួមចំណែកក្នុងគោលដៅ​ចុង​ក្រោយ​នៃពាក្យសម្តី និង​កិច្ចការ​ខាងពិធីបុណ្យ គឺឱ្យព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង និងឱ្យគ្រីស្ត​បរិស័ទ​​បានវិសុទ្ធ (SC ១១២)៖

ខ្ញុំស្រក់ទឹកភ្នែក វេលាដែលបានឮបទចម្រៀងដ៏ពិរោះស្រទន់ដែលលេចចេញពីក្នុងព្រះសហគមន៍​របស់​បង​ប្អូន! គួរឱ្យរំភើបអ្វីម្ល៉េះទេ! បទចម្រៀងនោះ ហូរចូលក្នុងត្រចៀកខ្ញុំ ហើយបញ្ជូនសេចក្ដីពិតទៅក្នុងចិត្តខ្ញុំ។ ពេល​នោះ សេចក្ដី​អាណិតអាសូរយ៉ាងធំធេងមួយបានផុសចេញនាំយកទឹកភ្នែកមកស្រោចស្រប់ផែនថ្ពាល់ខ្ញុំ ប៉ុន្តែ​ទឹក​ភ្នែក​នោះ​ធ្វើ​ឱ្យខ្ញុំពេញចិត្តណាស់! (សន្ត អូគូស្តាំង)។

១១៥៨. បើសញ្ញាសម្គាល់ផ្សេងៗ (បទចម្រៀង តន្រ្តី ពាក្យសន្តី និងកិច្ចការ) ចេញមក​ពី​ទ្រព្យ​សម្ប​ត្តិ​ខាង​វប្បធម៌ ពិសេសនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដែលលើកតម្កើងព្រះអង្គ សញ្ញាសម្គាល់ទាំងអស់នោះ​ពិត​ជា​បង្ហាញអំពីព្រះជាម្ចាស់ និងបង្កើតផលបានច្រើន (SC ១១៩)។ ហេតុនេះហើយ បានជា “គួរគាំទ្រ​បទ​ភ្លេង​សាស​នា​​ជាប្រជាប្រិយ ក្នុង​ពិធី​គោរព​ប្រណិប័តន៍តាមប្រជាប្រីយ និងពិធីដ៏សក្ការៈ ​ហើយ​ក្នុង​ពិធី​បុណ្យនា​នា​ទៀត ស្រប​តាមសេចក្កីណែនាំ និងប​ទ​បញ្ជា​ព្រះសហគមន៍។ ធ្វើដូច្នេះ ​ទើបគ្រីស្តបរិស័ទអាចបន្លឺ​សម្លេង​ឡើង​បាន” (SC ១១៨)។ ក៏ប៉ុន្តេ “អត្ថបទ​ដែល​ត្រូវ​ភ្ជាប់នឹងសាច់ភ្លេង ត្រូវស្របតាមលទ្ធិកាតូលិក មិន​តែ​ប៉ុណ្ណោះ​សោត គឺ​ត្រូវ​ជ្រើសរើស​អត្ថបទ​យោង​ចេញ​ពី​ព្រះ​គម្ពីរ ឬពីប្រភពនៃពិធីបុណ្យឯទៀតៗផង” (SC ១២១)។

រូបភាពដ៏វិសុទ្ធ

១១៥៩. ជាធម្មតា រូបជាទីសក្ការៈ ជារូបនៃពិធីបុណ្យ តំណាងព្រះគ្រីស្ត ។​ រូបនេះមិនអាចតំណាងព្រះ ជាម្ចាស់ដែលមើលមិនឃើញ និងដែលមិនអាចយល់បានទេ។ ដោយសារព្រះបុត្រារបស់ព្រះជាម្ចាស់បានប្រសូត ជាមនុស្ស ការ “ចាត់ចែង” ថ្មីនៃរូបភាពនោះបានចាប់ផ្តើម៖

កាលពីមុន យើងមិនអាចយករូបភាពមួយតំណាងឱ្យព្រះជាម្ចាស់ដែលគ្មានព្រះកាយ ឬព្រះ​ភ័ក្ត្រ​បាន​ទេ។ ប៉ុន្តែ​ ដោយសារព្រះអង្គបានសម្ដែងព្រះអង្គឱ្យយើងមើលឃើញក្នុងសាច់ ហើយដោយសារព្រះអង្គបាន​រស់​​​នៅ​ជា​មួយ​មនុស្សលោក ខ្ញុំអាចធ្វើរូបមួយនឹងអ្វីដែលខ្ញុំបានឃើញពីព្រះជាម្ចាស់ (...)។ ដោយគ្មាន​អ្វី​មក​បាំង​មុខ​ខ្ញុំឡើយ ព្រះអង្គបើកព្រះភ័ក្រ្ត​ឱ្យយើង​​មើលឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ (សន្ត យ៉ូហាន ដាម៉ាសែន)។

១១៦០. សិប្បករគ្រីស្តបរិស័ទបញ្ជូនតាមរូបភាពសារនៃដំណឹងល្អ ដែលព្រះគម្ពីរដ៏វិសុទ្ធបញ្ជូនដោយ​ពាក្យ​សម្ដី។ រូបភាព និងពាក្យសម្តីបំភ្លឺគ្នាទៅវិញទៅមក៖

និយាយឱ្យខ្លីអំពីធម៌ប្រកាសជំនឿរបស់យើង យើងរក្សាទុកប្រពៃណីទាំងអស់របស់ព្រះសហគមន៍ ដែល​ជា​លាយ​​លក្ខណ៍​អក្សរ ឬមិនមែនជាលាយលក្ខណ៍អក្សរ ហើយដែលត្រូវគេបញ្ជូនដោយគ្មានការផ្លាស់ប្តូរ។ ក្នុង​ចំណោម​ប្រពៃណី​​ទាំង​អស់​នោះ ប្រពៃណី​មួយ​តំណាងដោយរូបភាព ដែលស្របនឹង​ធម្មទេសនា​នៃ​ប្រវត្តិ​របស់​ដំណឹង​ល្អ ដោយជឿថា ព្រះ​ជាម្ចាស់​ជាព្រះ​បន្ទូល​ប្រសូត​ជា​មនុស្សពិតប្រាកដមែន មិនមែន​តាមលក្ខណៈ​ខាង​ក្រៅ​ទេ។ ប្រពៃណីនេះ មាន​ប្រយោជន៍ ដ្បិតអ្វី​ដែល​បំភ្លឺគ្នាទៅវិញទៅមកមានអត្ថន័យមួយជាពីរ (មហាសន្និ​បាត​នៅទី​ក្រុង​និសេ ឆ្នាំ៧៨៧)។

១១៦១. សញ្ញាសម្គាល់ទាំងអស់នៃពិធីបុណ្យសំអាងទៅលើព្រះគ្រីស្ត ដូចរូបភាពដ៏វិសុទ្ធរបស់ព្រះ​មាតា ដ៏វិសុទ្ធរបស់​ព្រះ​​ជាម្ចាស់ និងរូបរបស់សន្តបុគ្គលផងដែរ។ តាមការពិត រូបភាពទាំងអស់នោះ មានន័យថា ព្រះ គ្រីស្តទទួលសិរីរុងរឿងនៅក្នុងពួកគាត់។ រូបភាពនោះបង្ហាញ “មនុស្សជាច្រើនឥតគណនាជាបន្ទាល់” (ហប ១២,១) ដែលនៅតែចូលរួមចំណែកក្នុងការសង្រ្គោះនៃពិភពលោក ហើយដែលយើងរួបរួមជាមួយ ជាពិសេសក្នុង​ពិធីបុណ្យខាងអគ្គសញ្ញា។ តាមរយៈរូបភាពរបស់ពួកគាត់ មនុស្ស ដែល “ជាតំណាងព្រះជាម្ចាស់” ដែលព្រះអង្គ​បានប្រែឱ្យមាន “លក្ខណៈដូចព្រះអង្គ” (រម ៨,២៩ ; ១យហ ៣,២) សម្ដែងខ្លួនឱ្យយើងជឿ សូម្បី​តែ​ពួក​ទេវទូត ក៏ព្រះ​គ្រីស្ត​បាន​បង្រួបបង្រួមដែរ ៖

តាមលទ្ធិរបស់បុព្វបុរសដ៏វិសុទ្ធរបស់យើង ដែលព្រះជាម្ចាស់បានបំភ្លឺ ហើយតាមការបញ្ជូនបន្តនៃព្រះ សហគមន៍កាតូលិក ដែលយើងដឹងថា ជាការបញ្ជូនបន្តរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលតាំងទីលំនៅក្នុងព្រះ សហគមន៍នេះ យើងកំណត់ឱ្យច្បាស់លាស់ និង​យ៉ាងត្រឹមត្រូវថា រូបភាពដ៏វិសុទ្ធដ៏គួរឱ្យគោរព ដូចជា​តំណាង​ទាំងប៉ុន្មាននៃព្រះឈើឆ្កាងដ៏មានតម្លៃ និងដែលផ្តល់ជីវិត ទោះជាត្រូវលាប ឬជារំលេចពណ៌ក្ដី ក៏ត្រូវដាក់ ក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ លើប្រដាប់ប្រដានិងសំលៀកបំពាក់ដ៏សក្ការៈ លើជញ្ជាំងនិងលើផ្ទាំងគំនូរ នៅក្នុងផ្ទះក្ដី និងនៅតាមផ្លូវក្ដី ហើយទោះបីជារូបនៃព្រះអម្ចាស់របស់យើង ព្រះជាម្ចាស់​ជា​ព្រះសង្រ្គោះ គឺព្រះ​យេស៊ូ​​គ្រីស្ត ឬរូបនៃស្រ្តីរបស់យើង គឺព្រះមាតាដ៏វិសុទ្ធ និងដ៏បរិសុទ្ធបំផុត របស់ព្រះជាម្ចាស់ រូប​របស់ពួកទេវទូតដ៏វិសុទ្ធ ហើយរបស់សន្តបុគ្គល និងមនុស្សសុចរិតទាំងអស់ (មហាសន្និបាតនៅទៅក្រុងនិសេ៖ DS ៦០០)។

១១៦២. “សោភណភាព និងពណ៌នៃរូបភាពជំរុញខ្ញុំឱ្យអធិដ្ឋាន ដូចជាបុណ្យនាំឱ្យសប្បាយ​ភ្នែក ដូចទស្សនីយភាពនៃជនបទជំរុញចិត្តគំនិតខ្ញុំឱ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់” (សន្ត យ៉ូហាន ដាម៉ាសែន)។ ការមើលឃើញរូបដ៏វិសុទ្ធ រួបរួមជាមួយនឹងការស្មឹងស្មាធិ៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង​​បទ​ចម្រៀង​ក្នុង​ពិធីបុណ្យ ចូលក្នុងភាពសុខដុមនៃសញ្ញាសម្គាល់របស់ពិធីលើកតម្កើង ដើម្បីឱ្យ​គម្រោង​ការ ដែល​យើង​ប្រារព្ធ​ជ្រាបចូលក្នុងចិត្តគំនិត និងបញ្ចេញក្នុងជីវិតថ្មីរបស់គ្រីស្តបរិស័ទ។

៣. តើត្រូវលើកតម្កើងនៅពេលណា?
វេលានៃពីធីបុណ្យ

១១៦៣. “ព្រះសហគមន៍ជាព្រះមាតាដ៏វិសុទ្ធរបស់យើងយល់ឃើញថា ​មានភារកិច្ច​លើក​តម្កើង​កិច្ច​សង្គ្រោះ ​ដែលព្រះគ្រីស្តជាព្រះស្វាមីបានសម្រេច ដោយចាត់ចែងពិធីនឹករលឹក តាមថ្ងៃកំណត់ក្នុង​អំឡុង​ពេល​អស់​​មួយ​ឆ្នាំតៗគ្នាមក។ រៀងរាល់ថ្ងៃអាទិត្យ នៅថ្ងៃដែលព្រះសហគមន៍ហៅថា “ថ្ងៃរបស់ព្រះអម្ចាស់” ព្រះ​សហគមន៍នឹករលឹកដល់ព្រះអម្ចាស់មានព្រះជន្មថ្មី ដូចព្រះសហគមន៍ធ្លាប់លើកតម្កើង​មួយឆ្នាំ​ម្តងៗ ទាំង​នឹក​រឮក​ដល់​ព្រះអង្គរងទុក្ខលំបាកដ៏ប្រសើរនៅពេលជាមួយគ្នាផង ក្នុងឱកាសបុណ្យចម្លង ជាពិធីយ៉ា​ង​ឧឡារិក​ជាង​គេ​បំផុត។ ​ក្នុងអម្លុងពេលអស់មួយឆ្នាំ ព្រះសហគមន៍លាតព្រឹត្តិការណ៍ដ៏អស្ចារ្យ​ដែលព្រះ​គ្រីស្តបានសម្រេច​ (...)។ ដោយលើក​តម្កើង​ព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្តដែលលោះរំដោះយើងដូច្នេះ ព្រះ​​សហគមន៍​ក៏​បើក​ឱ្យ​គ្រីស្ត​បរិស័ទ​នូវ​កំណប់​ដ៏ថ្លៃថ្នូរ​នៃអនុភាព និងនៃកុសលផលបុណ្យនៃព្រះអម្ចាស់របស់ខ្លួន។ ធ្វើដូច្នេះ ព្រឹត្តិការណ៍​​​ដ៏​អស្ចារ្យ​ទាំងនោះហាក់ដូចជាមានវត្ថមានតាមពេលវេលាតៗទៅ ​ហើយ​គ្រីស្តបរិស័ទអាចភ្ជាប់នឹង​ព្រឹត្តិការណ៍​​ដ៏​អស្ចារ្យ​ទាំងនោះ និងបានពោរពេញដោយព្រះហឬទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ដែល​សង្គ្រោះ​គេ” (SC ១០២)។

១១៦៤. ចាប់តាំងពីធម៌វិន័យរបស់លោកម៉ូសេ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់បានប្រារព្ធបុណ្យផ្សេងៗ​តាម​ពេល​កំណត់ពីបុណ្យចម្លងមក ដើម្បីរម្លឹកនូវ​កិច្ចការដ៏គួរឱ្យស្ងើចសរសើរ​របស់ព្រះ​ជាម្ចាស់ជា​ព្រះ​សង្រ្គោះ ដើម្បីអរព្រះគុណព្រះអង្គ ដើម្បីចងចាំកិច្ចការនោះ និងដើម្បីបង្រៀនឱ្យអ្នកជំនាន់ថ្មីប្រតិបត្តិតាម។ ក្នុងវេលានៃព្រះសហគមន៍ ដែលមានក្នុងចន្លោះបុណ្យចម្លងរបស់ព្រះគ្រីស្ត ដែលបានកើតឡើងម្តងជាការស្រេច និងរហូតដល់បុណ្យចម្លងនេះបានសម្រេចក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ពិធីបុណ្យ ដែលយើងប្រារព្ធនៅថ្ងៃ​កំណត់ ទទួល​ភាព​ថ្មោង​ថ្មីនៃគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត។

១១៦៥. នៅពេលដែលព្រះសហគមន៍លើកតម្កើងគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត មានពាក្យ មួយបន្ទរទៅនឹងការអធិដ្ឋានរបស់ព្រះសហគមន៍ គឺ “នៅថ្ងៃនេះ! ” ជាសម្លេងខ្ទរ​នៃការ​អធិដ្ឋាន​ដែល​ព្រះ​អម្ចាស់​បាន​បង្រៀនឱ្យចេះ (មថ ៦,១១) នឹងការត្រាស់ហៅនៃព្រះវិញ្ញាណដ៏វិសុទ្ធ (ហប ៣,៧-៤,១១)។ “ថ្ងៃនេះ” របស់ព្រះជាម្ចាស់ដែលមានព្រះជ្មនគង់នៅ ហើយដែលត្រាស់ហៅមនុស្សលោកឱ្យចូលរួមជាមួយព្រះអង្គ ជា “ពេល​​កំណត់” នៃបុណ្យចម្លងរបស់ព្រះយេស៊ូដែលឆ្លងកាត់ និងទទួលយកប្រវត្តិសាស្រ្តទាំងមូល៖

ជីវិតបានលាតសន្ធឹងលើសត្វលោកទាំងអស់ ហើយពួកគេពោរពេញដោយពន្លឺដ៏ធំល្វឹងល្វើយ បូព៌ានៃបូព៌ា ឈានចូលពាសពេញសកលលោក ហើយអ្នកដែល “គង់នៅមុនផ្កាយព្រឹក” និងមុនផ្កាយទាំងអស់ ដែលមាន​ជីវិត​អមតៈ​​ដ៏​ខ្ពង់ខ្ពស់បំផុត គឺព្រះគ្រីស្តដ៏ប្រសើរភ្លឺចាំងលើសត្វលោកទាំងអស់ច្រើនជាងព្រះអាទិត្យ។ ហេតុនេះហើយ បានជាសម្រាប់យើង ដែលផ្ញើជីវិតទៅលើព្រះអង្គ មានថ្ងៃនៃពន្លឺដ៏យូរអង្វែង និងអស់កល្បជានិច្ច ដែលមិនចេះ​រលត់ គឺបុណ្យចម្លងដ៏អាថ៌កំបាំង (សន្ត អ៊ីប៉ូលីត)។

ថ្ងៃរបស់ព្រះអម្ចាស់

១១៦៦. “ព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង រៀងរាល់ថ្ងៃទីប្រាំបី ​ដែល​យើង​តែង​ហៅយ៉ាងត្រឹមត្រូវថា ”ថ្ងៃរបស់ព្រះអម្ចាស់” ព្រោះជាថ្ងៃព្រះគ្រីស្តមានព្រះជន្មថ្មី តាមក្រុម​គ្រីស្តទូត​បាន​បញ្ជូន​បន្តមក” (SC ១០៦)។ ថ្ងៃដែលព្រះគ្រីស្តមានព្រះជន្មថ្មីជា “ថ្ងៃទីមួយនៃសប្តាហ៍” ដែលរម្លឹក​ថ្ងៃ​ទី​មួយ​នៃ​ការ​បង្កើត ហើយជា “ថ្ងៃទីប្រាំបី” ដែលព្រះគ្រីស្ត ក្រោយពី​បាន “ផ្ទំសម្រាក” នៃថ្ងៃសប្ប័ទដ៏ប្រសើរ ចាប់ផ្តើមថ្ងៃ “ដែល​ព្រះអម្ចាស់បង្កើត” “ថ្ងៃដែលគ្មានពេលល្ងាច” (ពិធីបុណ្យ​ខាងបូព៌ាប្រទេស)។ “ពិធីជប់លៀង​របស់ព្រះ​អម្ចាស់” ជាស្នូលនៃថ្ងៃនេះ ដ្បិតនៅពេលនោះ សហគមន៍​​ទាំងមូលរបស់គ្រីស្តបរិស័​ទ​ជួប​ព្រះ​អម្ចាស់​ដែល​មាន​ព្រះ​ជន្មថ្មី ហើយដែលអញ្ជើញគេ​ឱ្យ​រួមតុបរិភោគអាហារជាមួយព្រះអង្គ (យហ ២១,១២ ; លក ២៤,៣០)៖

ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃនៃជីវិតថ្មី និងថ្ងៃរបស់គ្រីស្តបរិស័ទ ជាថ្ងៃរបស់យើង។ ហេតុនេះ គេហៅថ្ងៃនោះថា ថ្ងៃរបស់ព្រះអម្ចាស់ ដ្បិតថ្ងៃនោះ ព្រះអម្ចាស់ដែលបានជោគជ័យ បានឡើងទៅឯព្រះបិតា។ បើ​សាសន៍​​ដទៃហៅថ្ងៃនោះថា ថ្ងៃនៃព្រះអាទិត្យ យើងក៏ប្រកាសថា ថ្ងៃនោះជាថ្ងៃនៃព្រះអាទិត្យដែរ ពីព្រោះថ្ងៃនេះ ពន្លឺ​នៃពិភព​លោក​បានរះឡើង ថ្ងៃនេះ ព្រះអាទិត្យនៃសេច្ដីសុចរិត ដែលរស្មីផ្តល់ការសង្រ្គោះ បានលេចឡើង (សន្ត យេរ៉ូម)។

១១៦៧. ថ្ងៃអាទិត្យជាថ្ងៃដ៏ប្រសើររបស់អង្គប្រជុំ ដែលគ្រីស្តបរិស័ទប្រមូលផ្តុំគ្នា។ “នៅថ្ងៃអាទិត្យនោះ គ្រីស្ត​បរិស័ទត្រូវតែជួបជុំគ្នាជាធ្លុងតែមួយ។ ដោយស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ​និងចូលរួមថ្វាយអភិបូជា គ្រីស្ត​បរិស័ទនាំគា្ននឹករលឹកដល់ព្រះអម្ចាស់យេស៊ូរងទុក្ខលំបាកមានជីវិតថ្មី។ ​គ្រីស្តបរិស័ទក៏​អរ​ព្រះគុណ​ព្រះ​បិតា​ដែល “បានប្រោសគេឱ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រីស្តឱ្យមានព្រះជន្មថ្មី។ ដូច្នេះ យើង​មាន​សេចក្តី​សង្ឃឹមដែលមិនចេះសាប​សូន្យឡើយ”” (SC ១០៦)។

“ឱព្រះគ្រីស្តអើយ! នៅពេលដែលយើងស្មឹងស្មាធិ៍អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះជាម្ចាស់បានបំពេញ នៅថ្ងៃអាទិត្យនៃជីវិតថ្មីដ៏វិសុទ្ធរបស់ព្រះអង្គ យើងថ្លែងថា៖ សូមលើកតម្កើងថ្ងៃអាទិត្យ ដ្បិតនៅថ្ងៃ​នោះ ព្រះ​ជាម្ចាស់​​បាន​ចាប់​​ផ្តើម​​បង្កើត (...) បានសង្រ្គោះពិភពលោក (...) និងបានប្រោសមនុស្សជាតិឱ្យកើតសាជាថ្មី (...)។ នៅថ្ងៃនោះ មេឃនិងដីបានអបអរសាទរ ហើយសកលោកទាំងមូលពោរពេញទៅដោយពន្លឺ ។ សូមលើក​តម្កើង​​​ថ្ងៃអាទិត្យ ដ្បិតនៅ​ថ្ងៃ​នោះ ទ្វារនៃ​ស្ថានបរមសុខបានបើកចំពោះលោកអដាំ ហើយអស់អ្នកដែល​ត្រូវនិរទេស​ឱ្យ​ចូល​ទៅក្នុងវិញ ដោយគ្មានការភិតភ័យ (ពិធីបុណ្យនៅអង់ទីអូស)។

ឆ្នាំពិធីបុណ្យ

១១៦៨. ចាប់តាំងពីត្រៃទិវានៃបុណ្យចម្លង ដូចជាប្រភពនៃពន្លឺ វេលាថ្មីនៃជីវិតថ្មីបំភ្លឺឆ្នាំពិធី​បុណ្យ​ទាំង​មូល។ បន្តិចម្តងៗ ពីម្ខាងមួយទៅម្ខាងមួយទៀត នៃប្រភពនេះ ពិធីបុណ្យផ្លាស់ប្តូរឆ្នាំទាំងមូល ដែល​ពិតជា “ឆ្នាំ​ដែល​ព្រះ​អម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណា” (លក ៤,១៩)។ ព្រះជាម្ចាស់​មាន​ព្រះរាជ​កិច្ច​សង្រ្គោះ​មនុស្ស​លោក តាមពេលវេលា ប៉ុន្តែ ចាប់តាំងពីពេលដែល​ព្រះជាម្ចាស់បានសម្រេចការសង្រ្គោះនេះ ក្នុង​បុណ្យ​ចម្លង​របស់​ព្រះយេស៊ូ ហើយបានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ទីចុងក្រោយ​នៃ​ប្រវត្តិសាស្រ្ត​ដូច​ជា​បាន​មក​ដល់​ហើយៗ​ព្រះ​រាជ្យរបស់ព្រះជាម្ចាស់ចូលក្នុងពេលវេលានៃយើង។

១១៦៩. ហេតុនេះហើយ បានជាបុណ្យចម្លង មិនគ្រាន់តែជាបុណ្យមួយក្នុងចំណោមបុណ្យឯទៀតៗទេ គឺ​ជា “បុណ្យនៃបុណ្យទាំងឡាយ” “ពិធីយ៉ាងឧឡារិកជាទីបំផុត” ដូចអភិបូជាជាអគ្គសញ្ញានៃអគ្គសញ្ញា (អគ្គ សញ្ញាដ៏ប្រសើរ)។ សន្ត អាថាណាស ហៅបុណ្យចម្លងជា “ថ្ងៃអាទិត្យដ៏ប្រសើរ” ដូចបូព៌ាប្រទេសហៅសប្តាហ៍​ពិសិដ្ឋ​ថា “សប្តាហ៍ដ៏ប្រសើរ”។ គម្រោងការដ៏អស្ចារ្យនៃជីវិតថ្មី ដែលព្រះគ្រីស្តបានបំផ្លាញសេចក្ដីស្លាប់ ជ្រាប​ចូលក្នុងពេលវេលាដ៏ចាស់ជរារបស់យើងជាមួយ​នឹងថាមពលដ៏ខ្លាំងខ្លារ​ហូតដល់អ្វីៗទាំងអស់​ស្ថិតក្រោម​អំណាច​​​របស់​ព្រះអង្គ។

១១៧០. នៅហាសន្និបាតនៅនីសេ (ឆ្នាំ ៣២៥) ព្រះសហគមន៍ទាំងអស់បានព្រមព្រៀងគ្នា ដើម្បីឱ្យបុណ្យ ចម្លងរបស់គ្រីស្តសាសនាត្រូវប្រារព្ធនៅថ្ងៃអាទិត្យក្រោយថ្ងៃច័ន្ទពេញបូណ៌មី (១៤ នីសាន់) នៃនិទាយរដូវ។ សម្ដេច ប៉ាបគ្រែគ័រទី១៣ ក្នុងឆ្នាំ១៥៨២ បានកែប្រតិទិននៅបស្ចិមប្រទេស ដែលនាំឱ្យមានការខុសគ្នាជាច្រើនថ្ងៃ បើ ប្រៀបធៀបនឹងប្រតិទិននៃបូព៌ាប្រទេស។ ឥឡូវនេះ ព្រះសហគមន៍ខាងបស្ចិម និងបូព៌ាប្រទេស ខិតខំឱ្យមាន​ការព្រមព្រៀងគ្នា ដើម្បីប្រារព្ធពិធីបុណ្យព្រះយេស៊ូមានព្រះជន្មថ្មី ក្នុងថ្ងៃជាមួយគ្នាតែមួយ។

១១៧១. លក្ខណៈផ្សេងៗនៃព្រឹត្តិការណ៍តែមួយរបស់ព្រះយេស៊ូដែលសោយទិវង្គត និងមាន​ព្រះជន្ម​រស់​ឡើង​វិញ លាតសន្ធឹងក្នុងឆ្នាំពិធីបុណ្យ ជាពិសេសសម្រាប់បុណ្យៗដែលទាក់ទងនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យអំពីព្រះ ជាម្ចាស់ចាប់កំណើតជាមនុស្ស (បុណ្យទេវទូតជូនដំណឹងទៅព្រះនាងម៉ារី បុណ្យព្រះយេស៊ូប្រសូត និងបុណ្យ​ព្រះ​យេស៊ូសម្ដែងព្រះអង្គឱ្យសាសន៍ដទៃស្គាល់) ដែលរម្លឹកថា ព្រះជាម្ចាស់បានចាប់ផ្តើមសង្រ្គោះយើង ហើយ​ដែលផ្តល់ផលផ្លែដំបូងនៃព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះយេស៊ូដែលសោយទិវង្គត និងមាន​ព្រះជន្ម​រស់ថ្មី។

ពិធីបុណ្យគោរពសន្តបុគ្គលប្រចាំឆ្នាំ

១១៧២. “ដោយព្រះសហគមន៍លើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងប៉ុន្មានរបស់ព្រះគ្រីស្ត ក្នុង​អម្លុង​ពេល​អស់មួយឆ្នាំ ដូចេ្នះ ព្រះសហគមន៍ក៏គោរពព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់ ដោយមានសេចក្កី​ស្រឡាញ់​​​យ៉ាងពិសេសចំពោះព្រះនាង ​ព្រោះព្រះនាងភ្ជាប់ជាមួយបុត្ររបស់ព្រះនាងក្នុង​កិច្ច​សង្រ្គោះរបស់​បុត្រ​នោះ​ដោយ​​ចំណង​ដែលមិនអាចស្រាយបាន។ ពេលព្រះសហគមន៍សម្លឹងមើលព្រះនាងម៉ារី ព្រះសហគមន៍​សរសើរ និង​លើកតម្កើងផលដ៏ប្រសើរជាងគេបំផុតរបស់ព្រះគ្រីស្តដែលលោះរំដោះមនុស្សលោក​។ ម្យ៉ាងទៀត ពេល​ព្រះ​សហគមន៍​​សម្លឹងមើល​ព្រះនាង ព្រះសហគមន៍ក៏នឹករំពឹងគិតដោយអំណរហាក់ដូចជាសម្លឹង​មើល​ក្នុងរូប​ដ៏និមល​បំផុត​នោះ នូវអ្វីៗ​ដែល​ខ្លួនប្រាថ្នាចង់បាន ហើយសង្ឃឹមថា នឹងបានទាំងអស់ដូចព្រះ​នាង​ដែរ” (SC ១០៣)។

១១៧៣. ពេលព្រះសហគមន៍ធ្វើពិធីនឹកថ្ងៃខួបនៃមរណសាក្សី និងរបស់សន្តបគ្គលឯទៀតៗ ក្នុងពិធី​បុណ្យ​ប្រចាំឆ្នាំ “ព្រះសហគមន៍ក៏ប្រកាសនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង ដោយសន្តបុគ្គលទាំងនោះ​រង​ទុក្ខ​រួម​ជាមួយព្រះគ្រីស្ត គេក៏បានទទួលសិរីរុងរឿងរួមជាមួយព្រះគ្រីស្តដែរ។ ព្រះសហគមន៍ក៏បង្ហាញ​សន្តបុគ្គល​ទុក​ជា​គំរូឱ្យ​គ្រីស្តបរិស័ទយកតម្រាបធ្វើតាម គឺគំរូដែលទាក់ទាញមនុស្សទាំងអស់ទៅរកព្រះបិតា ដោយ​សារ​ព្រះ​គ្រីស្ត។ កុសលផលបុណ្យរបស់សន្តបុគ្គលទាំងនោះ ​ក៏ធ្វើឱ្យ​ព្រះជាម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ព្រះ​សហគមន៍​ទៀត​ផង” (SC ១០៤)។

ពិធីបុណ្យតាមពេលកំណត់

១១៧៤. គម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត ដែលប្រសូតជាមនុស្ស សោយទិវង្គត និងមានព្រះជន្ម ថ្មី ដែលយើងលើកតម្កើងក្នុងពិធីអភិបូជា ជាពិសេសក្នុងអង្គប្រជុំនៃថ្ងៃអាទិត្យ ជ្រាបចូល និងប្រែពេល វេលាប្រចាំថ្ងៃ ដោយប្រារព្ធពិធីពេលកំណត់ “ពិធីរបស់ព្រះជាម្ចាស់” (SC IV)។ ព្រះសហគមន៍បានចាត់​ចែង​ពិធី​នេះ “ដើម្បីឱ្យ​មនុស្ស​លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ​ទាំងយប់​ទាំងថ្ងៃ” (SC ៨៤) ស្រប​តាមពាក្យបណ្តាំ​ដែល​​មកពីក្រុមគ្រីស្តទូតថា “ត្រូវតែអធិដ្ឋានជានិច្ច” (១ថស ៥,១៧ ; អភ ៦,១៨)។ ពិធីនេះជា “ពិធីលើក​តម្កើង​សិរីរុង​រឿង​ព្រះ​ជាម្ចាស់​ជាសាធារណៈរបស់ព្រះសហគមន៍” (SC ៩៨) ដោយមានគ្រីស្តបរិស័ទ (អ្នកទទួល​តែង​តាំង បព្វជិត និង​គ្រីស្ត​​បរិស័ទធម្មតា) បំពេញ​មុខ​ងារ​ជា​បូជាចារ្យរបស់អស់អ្នកដែលបានជ្រមុជទឹក។ នៅពេល​នោះ “ពិត​ជា​ព្រះ​សហគមន៍​ជា​ភរិយាបន្លឺព្រះសូរសំឡេងឡើង​និយាយសន្ទនាជាមួយព្រះគ្រីស្ត​ជា​ព្រះ​​ស្វាមីមែន ឬ​បើ​ពោល​ឱ្យ​បាន​ល្អជាងនេះទៅទៀត គឺព្រះគ្រីស្តរួមជាមួយព្រះកាយព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះបិតា” (SC ៨៤)។

១១៧៥. ពិធីបុណ្យតាមពេលកំណត់មានគោដៅ ឱ្យទៅជាការអធិដ្ឋាននៃប្រជាជនទាំងអស់របស់ព្រះជាម្ចាស់។ ក្នុង​ពិធីបុណ្យនេះ “ព្រះគ្រីស្តយេស៊ូនៅតែបន្តបំពេញមុខងារជាមហាបូជាចារ្យនេះ ​ដោយសារព្រះសហគមន៍” (SC ៨៣)។ ម្នាក់ៗ​ចូលរួមចំណែកក្នុងពិធីនេះ តាមមុខងាររៀងៗខ្លួនក្នុងព្រះសហគមន៍ និងតាមកាលៈទេសៈប្រចាំជីវិត គឺ​លោក​​បូជាចារ្យ ដែលមានមុខងារប្រកាសដំណឹងល្អ ហើយពីព្រោះព្រះជាម្ចាស់ត្រាស់​ហៅពួកលោក​ឱ្យ​អធិដ្ឋាន​​ដោយមិន​រសាយ​ចិត្ត និងបម្រើព្រះបន្ទូល (SC ៨៦ ; ៩៦ ; PO ៥) បព្វជិតបព្វជិតា ដែលបាន​ទទួល​ព្រះ​អំណោយ​ទាន​​ថ្វាយ​ខ្លួន​ទាំងស្រុង (SC ៩៨) ហើយនឹងគ្រីស្តបរិស័ទទាំងអស់ទៅតាមលទ្ធភាពរបស់ខ្លួន៖ “អស់​លោក​គង្វាលត្រូវយកចិត្តទុកដាក់ចាត់ចែងពិធីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់រួបរួមគ្នាក្នុងព្រះវិហារ ​គឺពិធី​នៅ​ម៉ោង​​​សំខាន់ៗ ជាពិសេសពិធីលើកតម្កើងពេលល្ងាច នៅថ្ងៃអាទិត្យ និងនៅថ្ងៃបុណ្យឧឡារិក។ ​យើង​ផ្តែ​ផ្តាំ​ឱ្យ​គ្រីស្ត​បរិស័ទធម្មតា សូត្រធម៌ពិធីបុណ្យតាមពេលកំណត់ រួបរួមជាមួយបូជាចារ្យក៏បាន ឬរួបរួម​ជាមួយគ្នាក៏បាន ឬម្នាក់​ឯង​ក៏បានដែរ” (SC ១០០)។

១១៧៦. ការប្រារព្ធពិធីបុណ្យ តាមពេលកំណត់ មិនគ្រាន់តែទាមទារឱ្យសម្លេងស្របនឹងចិត្តគំនិត ​ប៉ុណ្ណោះ​ទេ ថែមទាំងឱ្យ “ខិតខំរៀនឱ្យ​មានចំណេះ​កាន់តែ​ជ្រៅៗ អំពីពិធីបុណ្យនានា និងអំពី​ព្រះ​គម្ពីរ ជាពិសេស​ស្គាល់អត្ថន័យទំនុកតម្កើង”(SC ៩០)។

១១៧៧. បទចម្រៀង និងពាក្យសូត្រធម៌នៃពិធីបុណ្យតាមពេលកំណត់បញ្ចូលទំនុកតម្កើងក្នុងវេលានៃ ព្រះសហគមន៍ ដោយសម្ដែងជានិមិត្តរូបវេលានៃថ្ងៃ វេលានៃពិធីបុណ្យ ឬបុណ្យដែលគេលើកតម្កើង។ ម្យ៉ាង​ទៀត ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ពេលកំណត់ (ជាមួយនឹងចម្លើយដែលមានបន្តបន្ទាប់ព្រះបន្ទូល​នេះ) ហើយនៅពេលកំណត់ខ្លះ ការអានគ្រូបាធ្យាយ និងគ្រូខាងវិញ្ញាណ សម្ដែងយ៉ាង​ជ្រាល​ជ្រៅនូវ​អត្ថន័យ​នៃ​ព្រឹត្តិ​ការណ៍​ដែលគេប្រារព្ធ ជួយឱ្យឈ្វេងយល់ទំនុកតម្កើង និង​រៀបចំ​ចិត្ត​គំនិត​ឱ្យ​ធ្វើ​សមាធិ​យ៉ាង​ស្ងៀម​ស្ងាត់។ ដូច្នេះ Lectio divina ដែលយើងអាន និងស្មឹងស្មាធិ៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ព្រះ​បន្ទូល​នេះ​ទៅជា​សេចក្ដីអធិដ្ឋាន ចាក់ឫសក្នុងពិធីបុណ្យ។

១១៧៨. ពិធីបុណ្យតាមពេលកំណត់ ដែលបន្តពិធីអភិបូជាម្យ៉ាង មិនលុបចោលពិធី​ផ្សេងៗទៀតនៃ​ប្រជាជន​​របស់ព្រះជាម្ចាស់ ជាពិសេសការក្រាបថ្វាយបង្គំ និងការគោរពព្រះកាយព្រះគ្រីស្តទេ ផ្ទុយទៅវិញ ពិធី​បុណ្យតាមពេលកំណត់បំពេញពិធីផ្សេងៗទាំងអស់នោះ។

៤. តើត្រូវលើកតម្កើងនៅឯណា?

១១៧៩. ការគោរព “ដោយវិញ្ញាណ និងសេចក្ដីពិត” (យហ ៤,២៤) នៃសម័្ពន្ធមេត្រីថ្មីមិនជាប់ទាក់ទិននឹង កន្លែងតែមួយទេ។ ព្រះជាម្ចាស់បានប្រគល់ផែនដីដ៏វិសុទ្ធទាំងមូលឱ្យបុត្រធីតារបស់មនុស្សលោក។ អ្វីដែល សំខាន់ នៅពេលដែលគ្រីស្តបរិស័ទប្រមូលផ្តុំគ្នាក្នុងកន្លែងតែមួយ គឺ “ថ្មដ៏មានជីវិត” ដែលផ្តុំគ្នាឡើង ដើម្បី “កសាងព្រះដំណាក់របស់ព្រះវិញ្ញាណ” (១ពត្រ ២,៤-៥)។ ព្រះកាយព្រះគ្រីស្តដែលមានព្រះជន្មថ្មី ជាព្រះដំណាក់ខាងវិញ្ញាណដែលទឹកដ៏មានជីវិតផុសឡើង។ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធបានបង្រួបបង្រួម​យើង​ជាមួយព្រះគ្រីស្ត “យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ” (២ករ ៦,១៦)។

១១៨០. ពេលមានសេរីភាពខាងសាសនាយ៉ាងពេញលេញ (DH ៤) គ្រីស្តបរិស័ទកសាងអាគារ ដើម្បី​លើកតម្កើងព្រះជាម្ចាស់។ ព្រះវិហារដែលមើលឃើញមិនគ្រាន់តែជាកន្លែងប្រជុំប៉ុណ្ណោះទេ ប៉ុន្តែ ព្រះវិហារនោះ​សម្ដែងនូវព្រះសហគមន៍ដ៏មានជីវិតនៅកន្លែងនេះ ជាព្រះដំណាក់របស់ព្រះជាម្ចាស់ ដែលបានសម្រុះសម្រួល​មនុស្សលោករួមជាមួយព្រះគ្រីស្ត។

១១៨១. “យើងគោរពព្រះដំណាក់នៃការអធិដ្ឋាន ដើម្បីជួយគាំទ្រ និងលើកទឹកចិត្តគ្រីស្ត​បរិស័ទ។ នៅ​ក្នុង​ព្រះ​ដំណាក់​នេះ យើងប្រាព្ធពិធីអភិបូជា និងរក្សាទុកនូវព្រះកាយព្រះគ្រីស្ត គ្រីស្តបរិស័ទជួបជុំ​គ្នា យើងគោរព​វត្តមាន​​នៃ​​ព្រះបុត្រារបស់ព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់យើង ដែលត្រូវបូជាសម្រាប់យើងលើអាសនៈ​នៃ​សក្ការៈ​​បូជា។ ដំណាក់​នៃការអធិដ្ឋាននេះ ត្រូវតែស្អាត សមស្របនឹងការអធិដ្ឋាន និងពិធីអភិបូជា” (PO ៥ ; SC ១២២-១២៧)។ ក្នុង “ព្រះ​ដំណាក់របស់ព្រះជាម្ចាស់” នេះ សេចក្ដីពិត និងភាពសុខដុមនៃសញ្ញាសម្គាល់ត្រូវ​សម្ដែង​​ព្រះគ្រីស្ត ដែលមានវត្តមានគង់នៅ និងមានសកម្មភាពក្នុងកន្លែងនេះ” (SC ៧)៖

១១៨២. អាសនៈ នៃសម្ពន្ធមេត្រីថ្មីជាព្រះឈើឆ្កាងនៃព្រះអម្ចាស់ (ហប ១៣,១០)។ អគ្គសញ្ញានៃព្រឹត្តិការណ៍ ដ៏អស្ចារ្យរបស់ព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មថ្មីហូរចេញពីព្រះឈើឆ្កាងនោះ។ លើអាសនៈ ដែលជាស្នូលនៃព្រះវិហារ ព្រះជាម្ចាស់ប្រោសឱ្យសក្ការបូជានៃព្រះឈើឆ្កាងមានវត្តមានខាង​អគ្គ​សញ្ញា។ អាសនៈ​នេះ ជាតុរបស់ព្រះអម្ចាស់ដែរ ដែលព្រះអង្គអញ្ជើញប្រជាជនរបស់ព្រះអង្គឱ្យចូលរួម (IGMR ២៥៩)។ ក្នុងពិធីបុណ្យខាងបូព៌ាប្រទេសខ្លះ អាសនៈជានិមិត្តរូបនៃផ្នូរ (ព្រះគ្រីស្តពិតជាបានសោយទិវង្គត ហើយ​ពិតជាមាន​ព្រះ​ជន្មថ្មីមែន)។

១១៨៣. ត្រូវដាក់ព្រះពន្លា “ក្នុងកន្លែងដ៏សមរម្យបំផុតនៃព្រះវិហារ ដោយគោរពយ៉ាងជ្រាលជ្រៅ” (MF)។ សភាព​សមរម្យ កន្លែង និងសុវត្ថិភាពរបស់ព្រះពន្លា (SC ១២៨)​ ត្រូវជំរុញយើងឱ្យក្រាបថ្វាយបង្គំព្រះអម្ចាស់ ដែល​មានវត្តមានដ៏ពិត​ប្រាកដក្នុងអគ្គសញ្ញាដ៏វិសុទ្ធនៃអាសនៈ។

ជាធម្មតា យើងរក្សាទុក និងគោរពប្រេងគ្រីស្មា (មីរ៉ូន) ដែលជាប្រេងអភិសេកសញ្ញាសម្គាល់​ខាងអគ្គ​សញ្ញា​នៃ​ព្រះ​​អំណោយ​ទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងកន្លែងដ៏មានសុវត្ថិភាពនៃទីសក្ការៈ។ យើងអាចបន្ថែម​ប្រេង​​លាប​អ្នកត្រៀមខ្លួនជ្រមុជទឹក និងប្រេងលាបអ្នកជម្ងឺដែរ។

១១៨៤. កៅអី  (ទីតាំង) របស់លោកអភិបាល ឬលោកបូជាចារ្យ “ត្រូវសម្ដែងនូវមុខងាររបស់អ្នកអធិបតីអង្គប្រជុំ ដែលដឹកនាំការអធិដ្ឋាន” (IGMR ២៧១)។

តុព្រះបន្ទូល ៖ “សេចក្ដីថ្លៃថ្នូរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាមទារឱ្យមានកន្លែងមួយ ក្នុងព្រះវិហារ ដែល​​ជួយប្រកាសព្រះបន្ទូលនេះ ហើយដែលគ្រីស្តបរិស័ទងាយចាប់អារម្មណ៍ ពេលពិធីលើកតម្កើងព្រះ​បន្ទូល” (IGMR ២៧២)។

១១៨៥. ប្រជាជនរបស់ព្រះជាម្ចាស់ចាប់ផ្តើមជួបជុំគ្នា​ដោយអគ្គសញ្ញាជ្រមុជទឹក។ ដូច្នះ ព្រះវិហារត្រូវតែមាន​កន្លែងមួយសម្រាប់ពិធីបុណ្យជ្រមុជទឹក ហើយជួយរម្លឹកពាក្យសន្យានៃពិធីនេះ (ទឹកព្រះពរ)។

ការរស់នៅសាជាថ្មីរបស់គ្រីស្តបរិស័ទទាមទារឱ្យគេកែប្រែចិត្តគំនិត ។​ ដូច្នេះ ត្រូវតែមានកន្លែង​សមរម្យដើម្បីទទួលអ្នកបាប ដែលចង់ទទួលអគ្គសញ្ញាលើកលែងទោស។

ព្រះវិហារត្រូវតែជាកន្លែងដែលជំរុញឱ្យស្មឹងស្មាធិ៍ និងអធិដ្ឋានដោយស្ងៀមស្ងាត់ ដែលបន្តការ​អធិដ្ឋាន​ដ៏​ប្រសើរនៃអភិបូជា ហើយដែលធ្វើការអធិដ្ឋាននេះជ្រាបចូលក្នុងចិត្តគំនិតផង។

១១៨៦. ទីបំផុត ព្រះវិហារមានអត្ថន័យសំដៅទៅលើគ្រាចុងក្រោយបំផុត។ ដើម្បីចូលក្នុងព្រះដំណាក់​របស់​ព្រះជាម្ចាស់ ត្រូវតែឈានចូលតាមមាត់ទ្វារមួយ  ជានិមិត្តរូបបង្ហាញថា ព្រះជាម្ចាស់ត្រាស់ហៅ​មនុស្សលោក​ដែល​​ត្រូវ​របួសដោយសារ​អំពើបាបឱ្យចូលក្នុងពិភពលោកនៃជីវិតថ្មី។ ព្រះវិហារដែលមើល​ឃើញ​ជា​និមិត្តរូប​នៃ​ព្រះដំណាក់របស់ព្រះបិតា។ ប្រជាជនរបស់ព្រះជាម្ចាស់កំពុងដើរឆ្ពោះទៅព្រះដំណាក់នេះ ដែលព្រះបិតា “នឹងជូត ទឹកភ្នែកចេញអស់ពីភ្នែករបស់គេ” (វវ ២១,៤)។ ហេតុនេះហើយ បានជាព្រះវិហារជាដំណាក់របស់បុត្រធីតាទាំង អស់ របស់ព្រះជាម្ចាស់ ដែលបើកទូលាយ និងទទួលគេយ៉ាងរាក់ទាក់។

សង្ខេប

១១៨៧. ពិធីបុណ្យជាព្រះរាជកិច្ចរបស់ព្រះគ្រីស្តទាំងស្រុង ទាំងព្រះសិរសា ទាំងព្រះកាយ។ មហា​បូជាចារ្យ​យើងតែងតែប្រារព្ធពិធីបុណ្យនេះក្នុងពិធីបុណ្យនៃស្ថានបរមសុខ រួមជាមួយព្រះមាតាដ៏វិសុទ្ធរបស់ព្រះ ជាម្ចាស់ ក្រុមគ្រីស្តទូត សន្តបុគ្គលទាំងឡាយ និងមហាជនដែលបានចូលក្នុងព្រះរាជ្យហើយ។

១១៨៨. ក្នុងពិធីបុណ្យ អង្គប្រជុំទាំងមូលជា “អ្នកប្រារព្ធ” ទៅតាមមុខងាររបស់ខ្លួន។ គ្រីស្តបរិស័ទសុទ្ធ​តែជាបូជាចារ្យមកពីគេជាព្រះកាយព្រះគ្រីស្ត។ ប៉ុន្តែ គ្រីស្តបរិស័ទខ្លះ ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដើម្បី ធ្វើជាតំណាងរបស់ព្រះគ្រីស្តជាព្រះសិរសានៃព្រះកាយ។

១១៨៩. ក្នុងពិធីបុណ្យ មានសញ្ញាសម្គាល់ និងនិមិត្តរូបផ្សេងៗ ដែលដកស្រងពីការបង្កើត (ពន្លឺ ទឹក ភ្លើង) ជីវិតរបស់មនុស្ស (លាង ចាក់ប្រេង កាច់នំប៉័ង) និងប្រវិត្តនៃការសង្រ្គោះ (ពិធីនៃបុណ្យចម្លង)។ ធាតុនៃ​សកលលោក ពិធីរបស់មនុស្ស និងកាយវិការដែលរម្លឹកអំពីព្រះជាម្ចាស់ទាំងអស់នោះ ត្រូវបញ្ចូល​ក្នុង​ពិភព​នៃ​ជំនឿ ហើយ​ឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធទទួលយកធាតុ ពិធី និងកាយវិការទាំងអស់នោះ ដែល​ក្លាយទៅជាសកម្មភាពសង្រ្គោះ និងប្រោសឱ្យបានវិសុទ្ធរបស់ព្រះគ្រីស្ត។

១១៩០. ពិធីបុណ្យលើកតម្កើងព្រះបន្ទូលជាផ្នែកដ៏សំខាន់នៃពិធីបុណ្យ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគេប្រកាស និងជំនឿដែលឆ្លើយតបនឹងព្រះបន្ទូលនេះ សម្ដែងអត្ថន័យនៃពិធីបុណ្យនេះ។

១១៩១. ចម្រៀង និងតន្រី្តទាក់ទងយ៉ាងជិតស្និទនឹងកិច្ចការខាងពិធីបុណ្យ។ លក្ខណផ្សេងៗ ដើម្បី ប្រើប្រាស់ចម្រៀង និងតន្រ្តីយ៉ាងត្រឹមត្រូវ មានដូចតទៅ៖ សោភណភាពនៃការអធិដ្ឋាន ការចូលរួមនៃអង្គប្រជុំ ដោយមានចិត្តថ្លើមតែមួយ និងលក្ខណៈដ៏សក្ការៈនៃពិធីបុណ្យ។

១១៩២. រូបភាពដ៏វិសុទ្ធ ដែលមានក្នុងព្រះវិហារយើង​ និងនៅក្នុងផ្ទះយើង មានគោលដៅដាស់តឿន និង​​​​​បំប៉នជំនឿរបស់យើងក្នុងគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត។ តាមរយៈរូបរបស់ព្រះគ្រីស្ត​និងរបស់កិច្ចការ​ព្រះអង្គអំពី​ការ​សង្រ្គោះ គឺព្រះអង្គនេះហើយ ដែលយើងក្រាបថ្វាយបង្គំ។ តាមរយៈរូបដ៏វិសុទ្ធនៃ​ព្រះ​មាតា​ដ៏វិ​សុទ្ធ​របស់ព្រះ​ជាម្ចាស់ ពួកទេវទូត និងជនដ៏វិសុទ្ធ យើងគោរពប្រណិប័តន៍មនុស្ស ដែលគំនូរនោះជាតំណាង។

១១៩៣. ថ្ងៃអាទិត្យ “ថ្ងៃរបស់ព្រះអម្ចាស់” ជាថ្ងៃសំខាន់ជាងគេ ដើម្បីប្រារព្ធពិធីអរព្រះគុណ ដ្បិតថ្ងៃនេះ ជាថ្ងៃនៃការមានព្រះជន្មថ្មី។ ថ្ងៃនេះ ជាថ្ងៃនៃអង្គប្រជុំ ដែលលើកតម្កើងព្រះជាម្ចាស់ ជាថ្ងៃនៃក្រុមគ្រួសារ ជាថ្ងៃនៃ អំណរសប្បាយ ថ្ងៃសម្រាកពីការងារ។ ថ្ងៃនេះ ជាថ្ងៃ “គ្រឹះ និងស្នូលនៃឆ្នាំពិធីបុណ្យ” (SC ១០៦)។

១១៩៤. ព្រះសហគមន៍ “លាតសន្ធឹងគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្តអស់មួយឆ្នាំ ចាប់តាំងពីព្រះ យេស៊ូប្រសូតជាមនុស្ស រហូតដល់ព្រះអង្គយាងឡើងស្ថានបរមសុខ ថ្ងៃព្រះវិញ្ញាណយាងមក និងថ្ងៃដែលយើង​រង់​ចាំ​​ពោរពេញដោយសេចក្ដីសង្ឃឹមឱ្យព្រះអម្ចាស់យាងសោយរាជ្យ” (SC ១០២)។

១១៩៥. ដោយនឹករលឹកដល់ជនដ៏វិសុទ្ធ ជាពិសេសព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ បន្ទាប់មកក្រុម​គ្រីស្តទូត មរណសាក្សី និងសន្តបុគ្គលឯទៀត នៅថ្ងៃកំណត់នៃឆ្នាំពិធីបុណ្យ ព្រះសហគមន៍នៅលើផែនដីបង្ហាញ ថា ព្រះសហគមន៍រួមជាមួយនឹងពិធីបុណ្យនៃស្ថានបរមសុខ លើកតម្កើងព្រះគ្រីស្ត ដែលបានសម្រេចការសង្រ្គោះ ក្នុងសិរីរាង្គប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ហើយគំរូរបស់ពួកលោកដាស់តឿនព្រះសហគមន៍ឱ្យធ្វើ ដំណើរ​ទៅកាន់ព្រះបិតា។

១១៩៦. គ្រីស្តបរិស័ទដែលប្រារព្ធពិធីពេលកំណត់រួមជាមួយព្រះគ្រីស្ត ជាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ យើង ដោយសូត្រធម៌ទំនុកតម្កើង រិះគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចៀង និងប្រទានពរ ដើម្បីបញ្ចូលទៅក្នុង​ការ​អធិដ្ឋានជានិច្ច និងជាសកលរបស់ព្រះអង្គ ដែលលើកតម្កើងព្រះបិតា និងទូលអង្វរឱ្យ ព្រះអង្គចាត់​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធយាងមក​លើពិភពលោកទាំងមូល។

១១៩៧. ព្រះគ្រីស្តជាព្រះវិហារពិតប្រាកដរបស់ព្រះជាម្ចាស់ “ព្រះដំណាក់​ដែល​សិរីរុងរឿង​របស់​ព្រះ​អង្គ​គង់​នៅ” ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ គ្រីស្តបរិស័ទក្លាយទៅជាព្រះវិហារនៃព្រះ​វិញ្ញាណដ៏វិសុទ្ធ ថ្មដ៏មានជីវិត ដែលកសាងព្រះសហគមន៍។

១១៩៨. ក្នុងការរស់នៅលើផែនដី ព្រះសហគមន៍ត្រូវការកន្លែង ដែលសហគមន៍អាចជួបជុំគ្នាបាន គឺព្រះ វិហារយើង ដែលអាចមើលឃើញ កន្លែងដ៏វិសុទ្ធ ដែលតំណាងទីក្រុងដ៏វិសុទ្ធ ទីក្រុងយេរូសាឡឹមនៃស្ថានបរមសុខ ដែលយើងកំពុងធ្វើដំណើរដូចបូជនីយេសក៍។

១១៩៩. ក្នុងព្រះវិហារនោះ ព្រះសហគមន៍លើកតម្កើងជាសាធារណៈនូវសិរីរុងរឿងនៃព្រះត្រៃឯកដ៏វិសុទ្ធ ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងច្រៀងសរសើរព្រះអង្គ អធិដ្ឋាន និងថ្វាយពិធីសក្ការៈរបស់ព្រះគ្រីស្ត ដែល គង់នៅក្នុងចំណោមអង្គប្រជុំខាងអគ្គសញ្ញា។ ព្រះវិហារនោះ ជាកន្លែង ដើម្បីស្មឹងស្មាធ និងអធិដ្ឋានតែម្នាក់ឯងផង ដែរ។

ប្រការទី២៖​ ​ពិធីបុណ្យខុសប្លែកពីគ្នា គម្រោងការដ៏អស្ចារ្យតែមួយ

ប្រពៃណីខាងពិធីបុណ្យក្នុងព្រះសហគមន៍កាតូលិក

១២០០. ពីសហគមន៍ដំបូងនៅទីក្រុងយេរូសាឡឹមរហូតដល់អវសានកាលនៃពិភពលោក ព្រះសហគមន៍ របស់ព្រះជាម្ចាស់ ដែលនៅស្មោះត្រង់នឹងជំនឿដែលមកពីក្រុមគ្រីស្តទូត លើកតម្កើងគម្រោងាការដ៏អស្ចារ្យតែមួយ អំពីព្រះយេស៊ូដែលសោយទិវង្គតនិងមានព្រះជន្មថ្មី។ ​គេលើកតមកើងគម្រោងការ​ដ៏​អស្ចារ្យមាន​តែ​មួយ​នេះ ប៉ុន្តែគេប្រារព្ធពិធីបុណ្យតាមរបៀបខុសប្លែកពីគ្នា។

១២០១. លក្ខណៈសម្បត្តិប្រសើរខ្ពង់ខ្ពស់ ដែលស្ទង់មិនបាន របស់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត​ បានជាគ្មានប្រពៃណីខាងពិធីបុណ្យណាមួយអាចសម្ដែងគម្រោងការនេះឱ្យបានពេញលក្ខណៈឡើយ។ ប្រវត្តិ នៃកំណើត និងការអភិវឌ្ឍរបស់ពិធីទាំងអស់នោះ ផ្តល់សក្ខីភាពថា ព្រះសហគមន៍ទាំងអស់បំពេញគ្នាទៅវិញទៅ​មក។ នៅពេលដែលព្រះសហគមន៍នោះបានប្រារព្ធប្រពៃណីខាងពិធីបុណ្យនោះ ដោយរួបរួមជាមួយគ្នាត្រង់ជំនឿ និងត្រង់អគ្គសញ្ញានៃជំនឿ ព្រះសហគមន៍នោះ បានទទួលពីគ្នាទៅវិញទៅមក ហើយរីកចម្រើនដោយគោរពការ​បញ្ជូន​បន្ត និងបេសកកម្មរួមនៃព្រះសហគមន៍ទាំងមូល (EN ៦៣-៦៤)។

១២០២. ប្រពៃណីផ្សេងៗខាងពិធីបុណ្យបានកើតមក ដោយសារបេសកកម្មរបស់ព្រះសហគមន៍តែម្តង។ ព្រះសហគមន៍នៅក្នុងតំបន់ និងដែលមានវប្បធម៌តែមួយ បានចាប់ផ្តើមលើកតម្កើងគម្រោងការរបស់ព្រះគ្រីស្ត តាម​លក្ខណៈពិសេស និងវប្បធម៌ផ្ទាល់ខ្លួន៖ ក្នុងការបញ្ជូនបន្តរបស់ “បញ្ញត្តិនៃជំនឿ” (២ធម ១,១៤) ក្នុង​និមិត្តរូបផ្សេងៗនៃពិធីបុណ្យ ក្នុងការចាត់ចែងឱ្យរួបរួមគ្នាដូចជាបងប្អូន ក្នុងការឈ្វេងយល់ខាងទេវវិទ្យានៃ​គម្រោងការ​ដ៏​លាក់​កំបាំង​​ទាំង​អស់  ហើយក្នុងលក្ខណៈផ្សេងៗរបស់សន្តបុគ្គល។ ហេតុនេះ ជីវិតខាងពិធីបុណ្យ​របស់ព្រះ​សហគមន៍​មួយ សម្ដែងនូវព្រះគ្រីស្ត ដែលជាពន្លឺ និងជាការសង្រ្គោះរបស់ប្រជាជាតិទាំងអស់ ឱ្យ​ប្រជាជន និង​វប្បធម៌មួយ ដែលព្រះជាម្ចាស់បានចាត់ព្រះសហគមន៍នេះឱ្យទៅ ហើយ​ដែល​ព្រះសហគមន៍​នេះ​ចាក់​ឫស។ ព្រះ​​សហគមន៍កាតូលិក គឺព្រះសហគមន៍អាចរាប់បញ្ជូលក្នុងឯកភាព​របស់ខ្លួន លក្ខណៈ​សម្បត្តិពិត​ប្រាកដ​នៃ​វប្បធម៌ទាំងអស់ ដោយបន្សុទ្ធវប្បធម៌ទាំងអស់នោះ (LG ២៣ ; UR ៤)។

១២០៣. ប្រពៃណីខាងពិធីបុណ្យ ឬពិធីដែលព្រះសហគមន៍ប្រើប្រាស់សព្វថ្ងៃ បានមកពីក្បួនឡាតាំង (ជាពិសេស​ក្បួន​រ៉ូម៉ាំង ជាមួយនឹងពិធីផ្សេងៗទៀតរបស់ព្រះសហគមន៍តាមស្រុកនានា ដូចជាពិធីរបស់សន្ត អំប្រ័រ ឬរបស់​ក្រុម​គ្រួសារ​បព្វជិតខ្លះទៀត) ហើយនឹងពិធីខាងប៊ីសង់ អាឡិចសង់ឌ្រី ឬកូប ខាង​ស៊ីរី អារមេនី ម៉ារូនីត និង​កាល់ដេ។ “មហា​សន្និបាតដ៏វិសុទ្ធសូមប្រកាសថា របបពិធីបុណ្យផ្សេងៗដែលព្រះសហគមន៍ជា​​​ព្រះមាតាដ៏វិសុទ្ធរបស់យើង​តែងតែទទួលស្គាល់យ៉ាងត្រឹមត្រូវតាមច្បាប់រួចហើយ សុទ្ធតែមានសិទ្ធិ និងមានតម្លៃ​​​ដ៏ថ្លៃ​​​ថ្នូរ​​​ស្មើគ្នា។ ​នៅពេល​អនាគត ព្រះសហគមន៍ក៏មានបំណងចង់រក្សាទុក និងជួយលើកស្ទួយរបបពិធីបុណ្យ​​​ទាំងនោះឱ្យរីកចម្រើន​គ្រប់​បែបយ៉ាងទៀតផង” (SC ៤)។

ពិធីបុណ្យ និងវប្បធម៌

១២០៤. ការប្រារព្ធពិធីបុណ្យត្រូវស្របនឹងទេពកោសល្យ និងវប្បធម៌របស់ប្រជាជាតិនានា (SC ៣៧-៤០)។ “ដើម្បីឱ្យជាតិសាសន៍ទាំងអស់បានស្គាល់គម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ហើយឱ្យគេជឿ និងស្តាប់តាម” (រម ១៦,២៦) ត្រូវតែប្រកាស លើកតម្កើង និងទទួលគម្រោងការនេះ ក្នុងវប្បធម៌ទាំងអស់ ទើប​វប្បធម៌នោះ មិន​ត្រូវ​លុប​បំបាត់ទេ ប៉ុន្តែឱ្យព្រះអង្គលោះ និងបំពេញវប្បធម៌នោះវិញ (CT ៥៣)។ បុត្រធីតា​ដ៏​រាប់​មិនអស់អាចចូលទៅឯព្រះបិតារបស់គេបាន ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅក្នុងព្រះវិញ្ញាណ​តែមួយ ដោយសារ និងតាមវប្បធម៌របស់គេផ្ទាល់ ដែលព្រះគ្រីស្តបានទទួលយក និងបានកែប្រែ។

១២០៥. “ក្នុងពិធីបុណ្យ ជាពិសេសក្នុងអគ្គសញ្ញា មានផ្នែកមួយដែលមិនអាចផ្លាស់ប្តូរបាន ដ្បិតមកពី​ព្រះ​ជាម្ចាស់ ដែលព្រះសហគមន៍ត្រូវរក្សាទុក ហើយមានផ្នែកខ្លះៗ ដែលយើងអាចផ្លាស់ប្តូរបាន ដែល​ព្រះ​សហគមន៍​មានអំណាច ហើយពេលខ្លះមានភារកិច្ច សម្របផ្នែកនោះតាមវប្បធម៌របស់ជាតិសាសន៍ ដែល​ទើប​នឹង​ទទួល​ដំណឹងល្អ” (សម្ដេចប៉ាប យ៉ូហាន ប៉ូល ទី២ ; SC ២១)។

១២០៦. “ពិធីបុណ្យផ្សេងៗពីគ្នាអាចធ្វើឱ្យព្រះសហគមន៍រីកចម្រើន ប៉ុន្តែអាចបង្កើតភាពតានតឹង ធ្វើឱ្យគ្រីស្តបរិស័ទមិនយល់ចិត្តគ្នា សូម្បីតែព្រះសហគមន៍អាចបាក់បែកគ្នាដែរ។ ក្នុងវិស័យនេះ ត្រូវ​តែ​យល់​ឱ្យច្បាស់ថា ភាពផ្សេងពីគ្នាមិនអាចបង្ខូចឯកភាពបានឡើយ។ ព្រះសហគមន៍អាចមានពិធីបុណ្យ​ផ្សេងៗ​ពីគ្នា លុះត្រាតែពិធីទាំងអស់នោះស្របតាមជំនឿរួម អគ្គសញ្ញាដែលព្រះសហគមន៍បានទទួលពី​ព្រះ​គ្រីស្ត និង​រួប​រួម​ជា​មួយនឹងក្រុមលំដាប់លំដោយ។ ត្រូវតែប្រែចិត្តគំនិត និងលះបង់ទំនៀមទម្លាប់ ដែលខុស​ពី​ជំនឿ​កាតូលិក ដើម្បីស្របតាមវប្បធម៌”(សម្ដេចប៉ាប យ៉ូហាន ប៉ូល ទី២ ; SC ២១)។

សង្ខេប

១២០៧. គួរប្រារព្ធពិធីបុណ្យក្នុងវប្បធម៌នៃប្រជាជាតិ ដែលព្រះសហគមន៍ស្ថិតនៅ ដោយមិនចុះចូលនឹង វប្បធម៌នេះ។ ម្យ៉ាងទៀត ពិធីបុណ្យផ្ទាល់បង្កើត និងអប់រំវប្បធម៌។

១២០៨. ប្រពៃណីផ្សេងៗខាងពិធីបុណ្យ ឬពិធីដែលព្រះសហគមន៍ទទួលស្គាល់ត្រឹមត្រូវ ព្រោះ​ពិធីនោះសំដៅ និងបញ្ជូនគម្រោងការដ៏អស្ចារ្យរបស់ព្រះគ្រីស្ត សម្ដែងអំពីព្រះសហគមន៍សកល។

១២០៩. លក្ខណដែលធានាឯកភាពក្នុងប្រពៃណីផ្សេងៗនៃពិធីបុណ្យ គឺធ្វើតាមការបញ្ជូនបន្ត ដែលមក​ពី​ក្រុម​គ្រីស្តទូត ពោលគឺការរួបរួមក្នុងជំនឿ និងអគ្គសញ្ញាដែលយើងបានទទួលពីក្រុមគ្រីស្តទូត។ អ្នកបន្តមុ​ខ​ងារ​របស់​ក្រុមគ្រីស្តទូតបង្ហាញ​ និងធានាការរួបរួមនេះ។

ភាគទី២៖ អគ្គសញ្ញាទាំងប្រាំពីរនៃព្រះសហគមន៍

ជំពូក១ លេខ១២១០-១៤១៩

ភាគទីពីរ​៖
អគ្គសញ្ញាទាំងប្រាំពីរនៃព្រះសហគមន៍

១២១០. ព្រះគ្រីស្តបានតែងតាំងអគ្គសញ្ញានៃធម៌វិន័យថ្មី។ អគ្គសញ្ញានោះមានប្រាំពីរ គឺអគ្គសញ្ញា​ជ្រមុជ​ទឹក អគ្គ​សញ្ញាលាបថ្ងាស អគ្គសញ្ញាអរព្រះគុណ (អភិបូជា) អគ្គសញ្ញាលើកលែងទោស អគ្គសញ្ញាលាបប្រេង​អ្នក​ជម្ងឺ អគ្គ​សញ្ញា​តែងតាំង និងអគ្គសញ្ញាអាពាហ៍ពិពាហ៍។ អគ្គសញា​ទាំង​ប្រាំ​ពីរប៉ះពាល់នឹងដំណាក់កាល និង​វេលា​សំខាន់ៗ​​​នៃជីវិតរបស់គ្រីស្តបរិស៍ទ៖ អគ្គសញ្ញានោះ ផ្តល់កំណើត និងធ្វើឱ្យលូតលាស់ ជួយព្យាបាល និង​ផ្តល់​បេសកកម្ម​ដល់ជីវិតខាងជំនឿរបស់គ្រីស្តបរិស័ទ។ ហេតុនេះ ដំណាក់​កាល​នៃជីវិតខាងធម្មជាតិ និងដំណាក់​កាល​​នៃ​​ជីវិត​ខាងវិញ្ញាណស្រដៀងគ្នា (សន្ត ថូម៉ាស នៃអាកាំង)។

១២១១. យោងតាមលក្ខណៈប្រៀធៀបនេះ យើងនឹងបរិយាយអំពីអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្ត​បរិស័ទ​ពេញលេញ (ជំពូកទីមួយ ) បន្ទាប់មកអំពីអគ្គសញ្ញាជួយព្យាបាល (ជំពូកទីពីរ) ទីបំផុតអំពីអគ្គសញ្ញា ដែលជួយគ្រីស្តបរិស័ទឱ្យរួបរួមគ្នា និងជួយគេក្នុងបេសកកម្មរបស់ខ្លួន (ជំពូកទីបី )។ ការរៀបចំនេះ មាន​របៀប​ផ្សេងទៀត  ប៉ុន្តែ ដោយរៀបចំអគ្គសញ្ញាបែបនេះ យើងអាចយល់ឃើញថា អគ្គសញ្ញាដូចជាសព៌ាង្គកាយ ដែលអគ្គសញ្ញានីមួយៗ​មានតួនាទីដ៏សំខាន់។ ក្នុងសព៌ាង្គកាយនេះ ពិធីអរព្រះគុណជាអគ្គសញ្ញាសំខាន់បំផុត ដ្បិត​ពិធីនេះជា “អគ្គសញ្ញានៃ​អគ្គ​សញ្ញា”​ គឺ “អគ្គសញ្ញាឯទៀតៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អភិបូជា​ដូច​ជា​ទី​ចុង​ក្រោយ​​របស់អគ្គសញ្ញានោះ” (សន្ត ថូម៉ាស​ នៃ​អាកាំង)។

 ជំពូកទីមួយ​៖​
អគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ

១២១២. ការរស់នៅជាគ្រីស្តបរិស័ទចាក់ឫស លើអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ គឺ​មាន​អគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ (អភិបូជា)។ “យើងអាចប្រៀបធៀបម្យ៉ាង ការចូល​រួម​ចំណែក ក្នុង​សភាព​ជា​ព្រះជាម្ចាស់ ដែល​ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត​បានប្រោសប្រទានឱ្យ​មនុស្ស​​លោក ជាមួយនឹង​ប្រភព ការលូតលាស់ និងការទ្រទ្រង់នៃជីវិតខាងធម្មជាតិ។ គ្រីស្តបរិស័ទ ដែល​បាន​កើត​ជាថ្មី​ដោយ​សារ​​អគ្គ​សញ្ញា​​ជ្រមុជទឹក ទទួល​​កម្លាំងពីអគ្គសញ្ញាលាបថ្ងាស និងទទួលនំបុ័ងនៃជីវិត​អស់កល្បជា​និច្ចក្នុង​​អគ្គ​សញ្ញា​អរព្រះ​គុណ។ ហេតុ​នេះ ហើយបានជាដោយសារអគ្គសញ្ញាបង្ហាត់​ឱ្យទៅជាគ្រីស្តបរិស័ទ​ពេញ​លេញ គ្រីស្តបរិស័ទ​តែង​តែ​ទទួល​លក្ខណៈ​​សម្បត្តិ​​នៃព្រះជន្មរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ ហើយ​ដើ​រ​ឆ្ពោះទៅភាពល្អ​​ឥត​ខ្ចោះ​នៃសេចក្ដី​ស្រលាញ់” (សម្ដេចប៉ាប ប៉ូលទី៦)។

ប្រការទី១៖​ ​អគ្គសញ្ញាជ្រមុជទឹក

១២១៣. អគ្គសញ្ញាជ្រមុជទឹកដ៏វិសុទ្ធជាមូលដ្ឋានគ្រឹះនៃការរស់នៅទាំងស្រុងរបស់គ្រីស្តបរិស័ទ ជាខ្លោង​ទ្វារនៃជីវិតក្នុងអង្គព្រះវិញ្ញាណ (vitae spiritualis ianua ) និងជាទ្វារដែលបើកឱ្យទទួលអគ្គសញ្ញាឯទៀតៗ។ ដោយ​សារអគ្គសញ្ញាជ្រមុជទឹក យើងរួចពីបាប និងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងក្លាយទៅជាសិរីរាង្គរបស់​ព្រះ​គ្រីស្ត និងចូលក្នុងព្រះសហគមន៍ ដោយរួមចំណែកក្នុងបេសកកម្មរបស់ព្រះសហគមន៍ (មហាសន្និបាត​នៅទី​ក្រុង​ហ្ល្វូរង់៖ DS ១៣១៤ ; CIC ២០៤,១ ; ៨៤៩ ; CCEO ៦៧៥,១)៖ “អគ្គសញ្ញាជ្រមុជទឹកជាអគ្គសញ្ញានៃ កំណើតថ្មីដោយសារទឹក និងក្នុងព្រះបន្ទូល” (CR ២,២,៥)។

១. តើគេហៅអគ្គសញ្ញានេះយ៉ាងដូចម្ដេច?

១២១៤. គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាជ្រមុជទឹក  ដ្បិតពិធីជ្រមុជក្នុងទឹក (baptizein ជាភាសាក្រិក) ដែលជាពិធីសំខាន់បំផុតនៃអគ្គសញ្ញានេះ ជានិមិត្តរូបថា អ្នកស្វែងយល់ត្រូវបញ្ចុះក្នុងសេចក្ដីស្លាប់របស់ព្រះគ្រីស្ត ហើយមានជីវិតថ្មីរួមជាមួយព្រះអង្គ (រម ៦,៣-៤ ; កូឡ ២,១២)​។ គេបាន “កើតសាជាថ្មី” (២ករ ៥,១៧ ; កាឡ ៦,១៥)។

១២១៥. គេហៅអគ្គសញ្ញានេះថា “ការលាងជំរះឱ្យបានកើតជាថ្មី និងការប្រទានឱ្យមានជីវិតថ្មី ដោយ​សារព្រះវិញ្ញាណដ៏វិសុទ្ធ” (ទត ៣,៥) ដ្បិតអគ្គសញ្ញានេះ​សំដៅ និងសម្រេចកំណើតពីទឹក និងពី​ព្រះ​វិញ្ញាណនេះ ដែលជាចាំបាច់ដើម្បីចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ (យហ ៣,៥)។

១២១៦. “គេហៅការមុជទឹកនេះ ថា ការបំភ្លឺចិត្តគំនិត  ដ្បិតព្រះជាម្ចាស់បំភ្លឺអស់អ្នកដែលទទទួលការអប់រំ (ជំនឿ) នេះ...” (សន្ត យូស្តាំង)។ ដោយបានទទួលក្នុងអគ្គសញ្ញាជ្រមុជទឹកព្រះបន្ទូល “ជាពន្លឺដ៏ពិតប្រាកដ ដែល បំភ្លឺ​មនុស្សគ្រប់ៗរូប” (យហ ១,៩) អ្នកដែលបានជ្រមុជទឹក “ដែលទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់” (ហប ១០,៣២) បានក្លាយទៅជា “បុត្រធីតានៃពន្លឺ” (១ថស ៥,៥) ហើយបានទៅជា “ពន្លឺ” ផ្ទាល់ខ្លួន (អភ ៥,៨)៖

អគ្គសញ្ញាជ្រមុជទឹកជាព្រះអំណោយទាន ដ៏ប្រសើរជាទីបំផុត នៃព្រះអំណោយទានផ្សេងទៀត របស់ព្រះ​ជាម្ចាស់ (...)។ យើងហៅអគ្គសញ្ញានេះថា អំណោយ ការប្រោសប្រណី អភិសេក ការបំភ្លឺចិត្តគំនិត សំលៀកបំពាក់​ដែល​មិន​អាច​​រលួយបាន កំណើតថ្មី ត្រា និងអ្វីៗទាំងអស់ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុត។ អំណោយ ដ្បិតយើង​ផ្តល់​​អគ្គ​សញ្ញា​​នេះដល់អស់អ្នកដែលគ្មានយកអ្វីមកសោះ ការប្រោសប្រណី ដ្បិតយើងផ្តល់អគ្គសញ្ញានេះដល់​មនុស្ស​គ្រប់រូប ទោះ​ជា​​មាន​ទោសក៏ដោយ ជ្រមុជទឹក ដ្បិតអំពើបាបត្រូវបញ្ចុះក្នុងទឹក អភិសេក ដ្បិតអគ្គសញ្ញា​ដ៏​សក្ការៈ​នេះ​ធ្វើ​ឱ្យ​គេ​ទៅ​ជាស្តេច ការបំភ្លឺចិត្តគំនិត ដ្បិតអគ្គសញ្ញានេះជាពន្លឺដ៏ចិញ្ចាចចិញ្ចែង សម្លៀកបំពាក់ ដ្បិតអគ្គ​សញ្ញានេះបាំងការអៀន​ខ្មាស់​របស់​យើង ការ​មុជ​ទឹក ដ្បិតអគ្គសញ្ញានេះលាង ត្រា ដ្បិតអគ្គសញ្ញា​នេះ​ការពារ​យើង និងជាសញ្ញាថា ព្រះជាម្ចាស់​ជា​ព្រះ​​អម្ចាស់ (សន្ត គ្រែគ័រ នៃណាស៊ីអង់)។

 ២. ពិធីជ្រមុជទឹកក្នុងការចាត់ចែងនៃការសង្រ្គោះ

និមិត្តរូបទុកជាមុននៃអគ្គសញ្ញាជ្រមុជទឹកក្នុងសម្ពន្ធមេត្រីចាស់

១២១៧. ក្នុងពិធីបុណ្យនៃរាត្រីបុណ្យចម្លង នៅពេលពិធីប្រសិទ្ធពរលើទឹក ព្រះសហគមន៍រម្លឹកយ៉ាង​ឧឡារិកនូវហេតុការណ៍ដ៏អស្ចារ្យនៃប្រវត្តិសាស្រ្តអំពីការសង្រ្គោះ​ ដែលរៀបចំទុកជាមុនគម្រោងការដ៏អស្ចារ្យនៃ អគ្គ​សញ្ញា​ជ្រមុជទឹក៖

បពិត្រព្រះអម្ចាស់! ដោយសារឫទ្ធានុភាពរបស់ព្រះអង្គៗតែងតែប្រព្រឹត្តការអស្ចារ្យ ដោយសារអគ្គសញ្ញា ផ្សេងៗ ហើយតាំងពីដើមរៀងមក ព្រះអង្គសព្វព្រះហឫទ័យប្រើទឹកដែលព្រះអង្គបានបង្កើតមក ដើម្បីសម្ដែងជាមុន អំពីព្រះហឫទ័យប្រោសប្រណីរបស់ព្រះអង្គតាមអគ្គសញ្ញាជ្រមុជទឹក (MR)។

១២១៨. តាំងពីកំណើតពីភពលោកមកម្ល៉េះ ទឹកដែលព្រះជាម្ចាស់បង្កើតដូចជាសត្វលោក​ដ៏សុភាព​រាបសា និង​គួរ​ឱ្យ​សរសើរ ជាប្រភពនៃជីវិត ដែលបង្កើតជីវិត។ ក្នុងព្រះគម្ពីរដ៏វិសុទ្ធ ព្រះវិញ្ញាណ​របស់​ព្រះ​ជាម្ចាស់ “នៅ​រេរាពីលើផ្ទៃទឹក” (កណ ១,២)៖

កាលពីដើមដំបូងបង្អស់ ព្រះវិញ្ញាណព្រះអង្គរេរាលើទឹក ដើម្បីឱ្យទឹកបាន​ទទួលឫទ្ធានុភាព​ដែល​ប្រោស​ឱ្យបានវិសុទ្ធ (MR)។

១២១៩. ព្រះសហគមន៍បានយល់ឃើញថា សំពៅរបស់លោកណូអេជានិមិត្តរូបអំពីការសង្រ្គោះ ដោយ​សារ​អគ្គសញ្ញាជ្រមុជទឹក។ តាមការពិត “មានមនុស្សមួយចំនួនតូច ប្រាំបីនាក់តែប៉ុណ្ណោះ ដែល​បាន​រួច​ជីវិត​ដោយ​សារ​ទឹក” (១ពត្រ ៣,២០)៖

ដោយទឹកជំនន់លិចផែនដី ព្រះអង្គបង្ហាញសញ្ញាសម្គាល់អំពីអគ្គសញ្ញាជ្រមុជទឹក ដែលផ្តល់ឱ្យ​មនុស្ស​កើត​ជាថ្មី ព្រោះទឹកបានបំផ្លាញអំពើអាក្រក់គ្រប់យ៉ាង និងចាប់ផ្ដើមប្រោសឱ្យបានសុចរិត (MR)។

១២២០. បើទឹកទន្លេជានិមិត្តរូបនៃជីវិត ទឹកសមុត្រជានិមិត្តរូបនៃសេចក្ដីស្លាប់។ ហេតុនេះហើយ បានជា ទឹកអាចសំដៅទៅលើគម្រោងការដ៏អស្ចារ្យនៃព្រះឈើឆ្កាង។ ដោយសារនិមិត្តរូបនេះ ពេលយើងទទួល​អគ្គ​សញ្ញា​ជ្រមុជទឹក យើងរួមស្លាប់ជាមួយព្រះគ្រីស្ត។

១២២១. ការឆ្លងកាត់សមុទ្រក្រហម ដែលពិតជារំដោះជនជាតិអ៊ីស្រាអែលឱ្យរួចពីទាសភាពនៅ​ប្រទេស​​​​អេស៊ីប ប្រកាសទុកជាមុនថា អគ្គសញ្ញាជ្រមុជទឹករំដោះឱ្យរួចពីបាប៖

ព្រះអង្គបានប្រោសពូជពង្សរបស់លោកអប្រាហាំឱ្យដើរឆ្លងកាត់សមុទ្រក្រហម ដើម្បីឱ្យប្រជាជន អ៊ីស្រាអែលដែលរួចពីកណ្តាប់ដៃខ្មាំងសត្រូវនេះ ធ្វើជានិមិត្តរូបនៃប្រជារាស្រ្តនៃបុត្រធីតារបស់ព្រះជាម្ចាស់ (MR)។

១២២២. ទីបំផុត ការឆ្លងកាត់ទន្លេយ័រដាន់ជានិមិត្តរូបទុកជាមុននៃអគ្គសញ្ញាជ្រមុជទឹក។ ពេលនោះ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទទួលព្រះអំណោយទាននៃទឹកដី ដែលព្រះអង្គបានសន្យាដល់ពូជពង្សរបស់លោក អប្រាហាំ ហើយដែលតំណាងជីវិតអស់កល្បជានិច្ច។ ព្រះបន្ទូលសន្យានៃមរតកដ៏ល្អប្រសើរនេះកើតជារូបរាង ក្នុងសម្ពន្ធមេត្រីថ្មី។

ពិធីជ្រមុជទឹករបស់ព្រះគ្រីស្ត

១២២៣. ព្រះគ្រីស្តយេស៊ូបំពេញនិមិត្តរូបទាំងប៉ុន្មាននៃសម្ពន្ធមេត្រីចាស់។ ព្រះអង្គចាប់ផ្តើមជីវិតជា​សាធារណៈរបស់ព្រះអង្គ ក្រោយពីបានទទួលពិធីជ្រមុជទឹកពីសន្ត យ៉ូហាន បាទីស្ត ក្នុងទន្លេយ័រដាន់ (មថ ៣,១៣) ហើយក្រោយពីបានមានព្រះជន្មថ្មី ព្រះអង្គផ្តល់បេសកកម្មនេះទៅក្រុមគ្រិស្តទូត៖ “ចូរចេញទៅនាំមនុស្ស គ្រប់​​ជាតិ​សាសន៍​ឱ្យធ្វើជាសាវ័ក ហើយធ្វើពិធីជ្រមុជទឹកឱ្យគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះ​វិញ្ញាណ​​ដ៏​វិសុទ្ធ។ ត្រូវបង្រៀនគេឱ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា” (មថ ២៨,១៩-២០) (មក ១៦,១៥-១៦)។

១២២៤. ព្រះអម្ចាស់នៃយើងបានស័្មគ្រចិត្តទទួលពិធីជ្រមុជទឹកពីសន្ត យ៉ូហាន ដែលមានសម្រាប់អ្នក​បាប ដើម្បី “ស្របតាមសេចក្ដីសុចរិតដែលព្រះជាម្ចាស់បានបង្គាប់ទុក” (មថ ៣,១៥)។ កាយវិការរបស់ព្រះយេស៊ូនេះ សម្ដែងឱ្យយើងដឹងថា ព្រះអង្គ “បានលះបង់អ្វីៗទាំងអស់” (ភីល ២,៧)។ ព្រះវិញ្ញាណដែលរេរាលើទឹកនៃការ បង្កើតដំបូងយាងចុះមកសណ្ឋិតលើព្រះគ្រីស្ត ដើម្បីចាប់ផ្តើមការបង្កើតថ្មី ហើយព្រះបិតាសម្ដែង​ឱ្យ​យើង​ដឹង​ថា ព្រះ​​យេស៊ូជា “ព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ” (មថ ៣,១៦-១៧)។

១២២៥. ព្រះគ្រីស្តបានបើកប្រភពនៃពិធីជ្រមុជទឹកឱ្យមនុស្សទាំងអស់ក្នុងបុណ្យចម្លងរបស់ព្រះអង្គ។ តាមការពិត ព្រះអង្គមានព្រះបន្ទូលអំពីទុក្ខលំបាកដែលព្រះអង្គនឹងរងនៅទីក្រុងយេរូសាឡឹម ដូចជា “ពិធី​ជ្រមុជ” ដែល​ព្រះអង្គត្រូវតែទទួល (មក ១០,៣៨) (លក ១២,៥០)។ ព្រះលោហិត និងទឹកដែលហូរចេញពីឆ្អឹង ជំនីរបស់ព្រះយេស៊ូដែលត្រូវឆ្កាង (យហ ១៩,៣៤) ជានិមិត្តសញ្ញានៃពិធីជ្រមុជទឹក និងពិធីអរព្រះគុណ ដែល​ជាអគ្គសញ្ញានៃជីវិតថ្មី (១យហ ៥,៦-៨)៖ ហេតុនេះ យើងអាច “កើតពីទឹក និងពីព្រះវិញ្ញាណ” ដើម្បីចូល​ក្នុង​ព្រះ​រាជ្យរបស់ព្រះជាម្ចាស់ (យហ ៣,៥)។

ចូរគិតថា តើអ្នកជ្រមុជនៅឯណា តើពិធីជ្រមុជទឹកមកពីណា ក្រៅពីព្រះឈើឆ្កាងនៃព្រះគ្រីស្ត ក្រៅពី​មរណ​​ភាព​របស់ព្រះគ្រីស្ត? គម្រោងការដ៏លាក់កំបាំងទាំងមូលស្ថិតនៅទីនោះ គឺព្រះអង្គបានរងទុក្ខលំបាកសម្រាប់​អ្នក។ អ្នក​រួច​ពី​បាប ក្នុងអង្គព្រះអង្គ អ្នកបានទទួលការសង្រ្គោះក្នុងអង្គព្រះអង្គ (សន្ត អំប្រ័រ)។

ពិធីជ្រមុជទឹកក្នុងព្រះសហគមន៍

១២២៦. លុះដល់ថ្ងៃព្រះវិញ្ញាណយាងមក ព្រះសហគមន៍បានប្រារព្ធ និងផ្តល់អគ្គសញ្ញាជ្រមុជទឹកដ៏​​វិសុទ្ធ។ សន្តសិលាប្រកាសចំពោះបណ្តាជនដែលរំជួលចិត្ត ដោយសារធម្មធម្មទេសនាទេសនារបស់លោក ថា៖ “សូម​បងប្អូន​កែ​ប្រែ​ចិត្តគនិត ហើយម្នាក់ៗត្រូវ​ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ដើម្បីឱ្យព្រះ​ជាម្ចាស់​​លើក​លែង​ទោស​បងប្អូនឱ្យរួចពី​បាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយ​ទាន​របស់​ព្រះ​ជាម្ចាស់” (កក ២,៣៨)។ ក្រុមគ្រីស្តទូត និងសហការីរបស់ពួកលោក​ ផ្តល់ពិធីជ្រមុជទឹក​ដល់អស់​អ្នក​​ដែលផ្ញើ​ជីវិត​លើ​ព្រះយេស៊ូ គឺជនជាតិយូដា អស់អ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងសាសន៍ដទៃ (កក ២,៤១ ; ៨,១២-១៣ ; ១០,៤៨ ; ១៦,១៥)។ ពិធីជ្រមុជទឹក​តែងតែជាប់ទាក់ទិននឹងជំនឿ៖ សន្ត ប៉ូល ​មាន​ប្រសាសន៍​​ទៅកាន់ឆ្មាំ​គុក​របស់គាត់នៅភីលីពថា៖ “សូមជឿលើព្រះអម្ចាស់យេស៊ូទៅ នោះព្រះជាម្ចាស់​នឹង​សង្រ្គោះ​លោក ព្រមទាំង​សង្រ្គោះ​ក្រុមគ្រួសាររបស់លោកផងដែរ” ហើយ “ឆ្មាំគុក និងក្រុមគ្រួសាររបស់​គាត់ក៏​បាន​ទទួល​​ពិធីជ្រមុជទឹក​ភ្លាម” (កក ១៦,៣១-៣៣)។

១២២៧. តាមគ្រីស្តទូតប៉ូល ដោយសារពិធីជ្រមុជទឹក អ្នកជឿរួមស្លាប់ជាមួយព្រះគ្រីស្ត គេចូលទៅក្នុងផ្នូរ និង​មានជីវិតថ្មីជាមួយព្រះអង្គ៖

យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក ដើម្បីរួមជាមួយព្រះគ្រីស្តយេស៊ូនោះ គឺយើង​បាន​ជ្រមុជ​រួម​ជាមួយព្រះអង្គដែលសោយទិវង្គត។ ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះអង្គ យើង​ដូច​ជា​បាន​ចូលទៅក្នុងផ្នូររួមជាមួយព្រះអង្គដែរ។ ដូច្នេះ ព្រះគ្រីស្តមានព្រះជន្មថ្មី ដោយសារសិរីរុង​រឿង​របស់​ព្រះ​បិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ (រម ៦,៣-៤) (កូឡ២,១២)។

អស់អ្នកដែលបានទទួលពិធីជ្រមុជទឹក “មានព្រះគ្រីស្តជាប់ជាមួយដែរ” (កាឡ ៣,២៧)។ ដោយ សារព្រះវិញ្ញាណដ៏វិសុទ្ធ ពិធីជ្រមុជទឹកបន្សុទ្ធ ធ្វើឱ្យបានវិសុទ្ធ និងធ្វើឱ្យទៅជាសុចរិត (១ករ ៦,១១ ; ១២,១៣)។

១២២៨. អ្នកទទួលពិធីជ្រមុជទឹកដូចជាមុជទឹក ហើយ “ពួជដែលមិនចេះរលួយ”​ នៃព្រះបន្ទូលរបស់ព្រះ​ជាម្ចាស់ផ្តល់ជីវិត​ (១ពត្រ ១,២៣ ; អភ ៥,២៦)។ និយាយអំពីពិធីជ្រមុជទឹក សន្ត អូគូស្តាំងមានប្រសាសន៍ថា៖ “ព្រះបន្ទូលយាងមកជួបវត្ថុធាតុ ហើយក្លាយទៅជាអគ្គសញ្ញា”។

៣. តើព្រះសហគមន៍ប្រារព្ធអគ្គសញ្ញាជ្រមុជទឹកយ៉ាងដូចម្ដេច?

ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ

១២២៩. តាំងពីសម័យក្រុមគ្រីស្តទូតមកម្ល៉េះ យើងក្លាយទៅជាគ្រីស្តបរិស័ទដោយដើរតាមផ្លូវមួយ ដែល​មានដំណាក់កាលជាច្រើន។ យើងអាចដើរតាមផ្លូវនេះ យឺតៗ ឬលឿន ក៏បានដែរ។ ផ្លូវនេះ មានចំណុចសំខាន់ៗ ខ្លះៗ​ដូចជាការប្រកាសព្រះបន្ទូល ការទទួលដំណឹងល្អដែលនាំឱ្យកែប្រែចិត្តគំនិត ការប្រកាសជំនឿ ពិធី​ជ្រមុជទឹក ការចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ការទទួលព្រះកាយព្រះគ្រីស្ត។

១២៣០. ការបង្ហាត់នេះ បានផ្លាស់ប្តូរជាច្រើនដងតាមសតវត្ស និងតាមកាលៈទេសៈ។ នៅសតវត្សដំបូងនៃព្រះ​សហគមន៍ ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទបានរីកចម្រើនច្រើន។ អ្នកស្វែងយល់ ត្រូវរៀបចំខ្លួនយ៉ាងយូរ ដោយ​មាន​ពិធីជួយត្រៀមខ្លួនជាបន្តបន្ទាប់ ជាដំណាក់កាលខាងពិធីបុណ្យនៃផ្លូវរបស់អ្នកស្វែងយល់ រហូតដល់​ពួក​គេ​​ទទួលអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ។

១២៣១. នៅទីនោះពិធីជ្រមុជទឹករបស់កូនក្មេងបានទៅជាពិធីធម្មតានៃពិធីប្រារព្ធអគ្គសញ្ញានេះ ពិធីនេះ បាន​ក្លាយ​ទៅ​​​ជាកិច្ចការតែមួយដែលសង្ខេបយ៉ាងខ្លីដំណាក់កាលទាំងប៉ុន្មាន មុននឹងទៅជាគ្រីស្តបរិស័ទពេញលេញ។ ពិធី​ជ្រមុជ​​ទឹក​​របស់កូនក្មេង​ទាមទារឱ្យមានការបង្ហាត់ក្រោយពីបានជ្រមុជទឹក គឺមិនគ្រាន់តែបង្រៀន​គេ​ក្រោយ​ពីបានជ្រមុជទឹកប៉ុណ្ណោះទេ ថែមទាំងឱ្យការប្រោសប្រណីនៃពិធីជ្រមុជទឹករីកចម្រើន​ក្នុងខ្លួនអ្នក​ដែល​បាន​ជ្រមុជ​​ទឹកដែរ។ នេះគឺជាតួនាទីរបស់ការអប់រំជំនឿ

១២៣២. ចំពោះព្រះសហគមន៍ខាងបស្ចិមប្រទេស មហាសន្និបាតវ៉ាទីកង់ទីពីរបានកែឡើងវិញ “ក្បួនបង្ហាត់​មនុស្ស​ពេញ​វ័យឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ ដោយមានដំណាក់កាលប្លែកពីគ្នាជាច្រើន” (SC ៦៤) ដែល​ពិធីផ្សេងៗ​មាន​​នៅ​ក្នុង “Ordo initiationis christinae adultorum (១៩៧២)។ ម្យ៉ាងទៀត នៅក្នុង​ប្រទេស​ដែលមានមនុស្ស​ជាច្រើនមិនស្គាល់ព្រះគ្រីស្ត “​ក្រៅពីពិធីបញ្ចូលគ្រីស្តសានាតាមប្រពៃណីយើងនេះ មហាសន្និបាត​បាន​អនុញ្ញាតឱ្យទទួលកត្តាខ្លះៗដកស្រង់ពីពិធីផ្សេងៗបញ្ចូល​សាសនា​​តាមប្រពៃណីរបស់គេ ដូចមានឃើញ​ប្រជាជន​​នីមួយៗ​​តែង​តែប្រប្រឹត្តនោះ។ យើងអាច​សម្រួល​ពិធី​ទាំង​នោះឱ្យ​បាន​ស្រប​តាម​ពិធី​គ្រីស្ត​សាសនា​បាន។” (SC ៦៥ ;​ SC ៣៧-៤០)។

១២៣៣. ដូច្នេះហើយ បានជាសព្វថ្ងៃនេះ ក្នុងពិធីទាំងអស់ខាងបស្ចិម និងបូព៌ាប្រទេស ការបង្ហាត់មនុស្សពេញវ័យ​ឱ្យ​ទៅជាគ្រីស្តបរិស័ទពេញលេញចាប់ផ្តើមដោយពិធីចូលព្រះសហគមន៍ រហូតដល់ការ​ប្រារព្ធតែម្តងគត់​​អគ្គ​សញ្ញា​​​ទាំងបី គឺអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ (AG ១៤ ; CIC ៨៥១ ; ៨៦៥ ; ៨៦៦)។ ក្នុង​ពិធីខាងបូព៌ាប្រទេស ការបង្ហាត់កូនក្មេងចាប់ផ្តើមនៅពេលដែលគេជ្រមុជទឹក ដែលមានអគ្គសញ្ញាលាបថ្ងាស និង​អរ​ព្រះគុណ​ជាបន្តបន្ទាប់ភ្លាមៗនោះ ឯខាងបស្ចិមប្រទេសវិញ មានការអប់រំជំនឿអស់រយៈពេលជាច្រើនឆ្នាំ ដែលបញ្ចប់ដោយអគ្គសញ្ញាលាបថ្ងាស និងអរព្រះគុណ ដែលជាចំណុច​កំពូល​នៃ​ការ​បង្ហាត់​ឱ្យ​ទៅជា​គ្រីស្ត​បរិស័ទ​ពេញលេញ (CIC ៨៥១ ; ៨៦៨)។

ការអប់រំដោយអគ្គសញ្ញា

១២៣៤. យើងអាចយល់ឃើញយ៉ាងច្បាស់អំពីអត្ថន័យ និងព្រះអំណោយទានរបស់អគ្គសញ្ញាជ្រមុជទឹក តាម​រយៈ​​ពិធីផ្សេងៗនៃពិធីបុណ្យនេះ។ ដោយចូលរួមចំណែកយ៉ាងសកម្មក្នុងកាយវិការ និងពាក្យសម្តីនៃពិធី​បុណ្យ​​នេះ គ្រីស្តបរិស័ទចាប់ផ្តើមយល់អំពីលក្ខណៈសម្បត្តិដែលអគ្គសញ្ញានេះសម្តៅ និងសម្រេច​ចំពោះអ្នក​ជ្រមុជ​​ទឹកគ្រប់រូប។

១២៣៥. នៅពេលចាប់ផ្តើមពិធីបុណ្យសញ្ញាឈើឆ្កាង ជាស្លាកស្នាមរបស់ព្រះគ្រីស្តលើអ្នក ដែលនឹង​ទៅ​ជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយសម្តៅទៅលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ដែលបាន​សង្រ្គោះ​យើង​នៅ​លើឈើឆ្កាង។

១២៣៦. ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំភ្លឺបេក្ខជន និងអង្គប្រជុំ អំពីសេចក្ដីពិតដែលព្រះ​ជាម្ចាស់​សម្តែងឱ្យស្គាល់ ហើយជំរុញឱ្យផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ដែលមិនអាចបំបែកពីអគ្គ សញ្ញាជ្រមុជទឹកបានឡើយ។ តាមការពិត ពិធីជ្រមុជទឹកជា “អគ្គសញ្ញានៃជំនឿ” តាមរបៀបពិសេស ដ្បិតដោយ សារអគ្គសញ្ញានេះ យើងចូលក្នុងជីវិតនៃជំនឿខាងអគ្គសញ្ញា។

១២៣៧. ដោយសារពិធីជ្រមុជទឹកមានន័យថា ព្រះជាម្ចាស់រំដោះអ្នកស្វែងយល់ឱ្យរួចពីអំពើបាប និង​ពី​មារ​កំណាច យើងធ្វើពិធីបណ្តេញខ្មោច លើបេក្ខេជន។ យើងចាក់ប្រេង ឬដាក់ដៃលើគេ ហើយគេលះ​បង់​មារ​ចោលយ៉ាងច្បាស់លាស់។ ដោយសារគេបានត្រៀមខ្លួនបែបនេះ គេអាចប្រកាសជំនឿរបស់ព្រះសហគមន៍ ដែល​យើងនឹង “ប្រគល់ឱ្យ” គេដោយសារពិធីជ្រមុជទឹក (រម ៦,១៧)។

១២៣៨. យើងប្រសិទ្ធពរលើទឹក ដោយពាក្យអង្វរឱ្យព្រះវិញ្ញាណយាងមក (នៅវេលាដដែល ឬនៅ​រាត្រី​បុណ្យចម្លង)។​ ព្រះសហគមន៍ទូលអង្វរព្រះជាម្ចាស់ឱ្យឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ​យាងចុះ​ក្នុង​ទឹក​នេះ ដោយសារព្រះបុត្រារបស់ព្រះអង្គ ដើម្បីឱ្យអស់អ្នកដែលនឹងជ្រមុជ “កើតពីទឹក និងពីព្រះវិញ្ញាណ” (យហ ៣,៥)។

១២៣៩. បន្ទាប់មក មានពិធីសំខាន់បំផុត នៃអគ្គសញ្ញា គឺពីធីជ្រមុជទឹក តែម្តង ដែលសម្តែង និងសម្រេច​ថា អ្នក​ជ្រមុជ​ទឹកបានស្លាប់នឹងអំពើបាប ហើយបានចូលក្នុងព្រះជន្មនៃព្រះត្រៃឯកដ៏វិសុទ្ធបំផុត ដោយរួមស្លាប់​រួម​រស់​ជាមួយព្រះគ្រីស្ត។ ការជ្រមុជក្នុងទឹកបីដងសម្តែងយ៉ាងច្បាស់លាស់ពិធីជ្រមុជទឹក ប៉ុន្តែ តាំងពីបុរាណកាល យើង​​​អាចចាក់ទឹកបីដងលើក្បាលរបស់អ្នកដែលជ្រមុជទឹក។

១២៤០. ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស ពេលចាក់ទឹកបីដងនោះ​ អ្នកទទួលមុខងារ​បម្រើព្រះ​សហគមន៍​មាន​ប្រសាសន៍​ថា៖ “ឈ្មោះ ខ្ញុំជ្រមុជអ្នក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ក្នុង​ពិធី​បុណ្យ​ខាងបូព៌ាប្រទេស ដោយអ្នកស្វែងយល់បែរមុខទៅខាងបូព៌ា លោកបូជាចារ្យមានប្រសាសន៍ថា៖ “អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ ឈ្មោះ ទទួលពិធីច្រមុជទឹក ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ហើយ​រាល់​ពេលលោកអង្វរព្រះមួយព្រះអង្គនៃព្រះត្រៃឯក លោកជ្រមុជគេក្នុងទឹក និងលើកគេឡើងវិញ។

១២៤១. ការចាក់ប្រេងគ្រីស្មា ជាប្រេងក្រអូបដែលលោកអភិបាលបានប្រសិទ្ធពរ សម្តែងនូវព្រះ​អំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធចំពោះអ្នកដែលបានជ្រមុជទឹក។ គេបានក្លាយទៅជាគ្រីស្តបរិស័ទ គឺគេ បានទទួលការ “អភិសេក” នៃព្រះវិញ្ញាណដ៏វិសុទ្ធ រួមចំណៃកជាមួយព្រះគ្រីស្ត ដែលបានទទួលការអភិសេកជា​បូជាចារ្យ ជាព្យាការី​ និងជាព្រះមហាក្សត្រ (OBP ៦២)។

១២៤២. ក្នុងពិធីបុណ្យនៃព្រះសហគមន៍ខាងបូព៌ាប្រទេស ពិធីចាក់ប្រេងក្រោយពីបានជ្រមុជទឹកជាអគ្គ សញ្ញាគ្រីស្មា (លាបថ្ងាស)។ ក្នុងពិធីបុណ្យខាងបស្ចិមប្រទេស ពិធីនេះប្រកាសទុកជាមុនថា លោកអភិបាលនឹង ចាក់ប្រេងគ្រីស្មាម្តងទៀត ពោលគឺអគ្គសញ្ញាលាបថ្ងាសដែលដូចជា “បញ្ជាក់” និងបង្ហើយពិធីអភិសេកពេល​ជ្រមុជ​ទឹក។

១២៤៣. ពិធីបំពាក់អាវសឆើតឆាយ ជានិមិត្តរូបថា អ្នកដែលបានជ្រមុជទឹក “មានព្រះគ្រីស្ត​ជាប់​ជាមួយ​” (កាឡ ៣,២៧) គឺគេបានមានជីវិតថ្មីជាមួយព្រះគ្រីស្ត។ ទៀន ដែលយើងអុជទៅនឹងទៀនព្រះជ័យ សម្តែងថា ព្រះគ្រីស្តបានបំភ្លឺអ្នកពន្លកថ្មី។ ក្នុងព្រះគ្រីស្ត អ្នកដែលបានជ្រមុជទឹកជា “ពន្លឺនៃពិភពលោក” (មថ ៥,១៤) (ភីល ២,១៥)។ អ្នកដែលបានជ្រមុជទឹកថ្មីនេះ បានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ក្នុងអង្គព្រះបុត្រាតែមួយ។ គេអាចសូត្រធម៌សេចក្ដីអធិដ្ឋាននៃបុត្រធីតារបស់ព្រះជាម្ចាស់៖ ឱព្រះបិតានៃយើងខ្ញុំ។

១២៤៤. ពិធីទទួលព្រះកាយព្រះលោហិតជាលើកទីមួយ ។ ដោយសារគេបានទៅជាបុត្រធីតារបស់ព្រះ ជាម្ចាស់ និងបានបំពាក់អាវនៃពិធីមង្គលការ អ្នកពន្លកថ្មីអាចចូលរួមក្នុង​ “ពិធីមង្គលការរបស់កូនចៀម” ហើយ​ទទួល​អាហារនៃជីវិតថ្មី គឺព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ ព្រះសហគមន៍ខាងបូព៌ា​ប្រទេស​រក្សាទុក​ឯកភាព​នៃពិធីបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទ ដោយជូនព្រះកាយព្រះលោហិតព្រះគ្រីស្ត​ដល់អស់អ្នកដែលបាន​ជ្រមុជ​ទឹក និងបានទទួលអគ្គសញ្ញាលាបថ្ងាស សូម្បីតែដល់កូនក្មេងដែរ ដោយរម្លឹកអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់៖ “ទុក​ឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ” (មក ១០,១៤)។ ព្រះសហគមន៍ខាងបស្ចិមប្រទេស​ ដែលមាន​តែ​អ្នក​ចេះដឹងខ្លួនអាចទទួលព្រះកាយព្រះគ្រីស្ត សម្ដែងថា អគ្គសញ្ញាអរព្រះគុណតាមអគ្គសញ្ញាជ្រមុជទឹក ដោយ យកកូនក្មេងដែលទើបបានជ្រមុជទឹកទៅជិតអាសនៈដើម្បីសូត្រធម៌ឱព្រះបិតានៃយើងខ្ញុំ។

១២៤៥. ពិធីប្រទានពរយ៉ាងឧឡារិក បញ្ចប់ពិធីជ្រមុជទឹក។ នៅពេលដែលមានកូនក្មេងទើបកើតបាន​ជ្រមុជ​ទឹក យើងប្រទានពរដល់ម្តាយរបស់កូននេះតាមរបៀបពិសេស។

៤. តើអ្នកណាអាចទទួលពិធីជ្រមុជទឹកបាន?

១២៤៦. “អ្នកណាដែលមិនទាន់បានទទួលពិធីជ្រមុជទឹកអាចទទួលពិធីជ្រមុជទឹក ហើយមានតែអ្នកនោះ ដែល​អាចទទួលបាន” (CIC ៨៦៤)។

ពិធីជ្រមុជទឹករបស់មនុស្សពេញវ័យ

១២៤៧. តាំងពីដើមដំបូងនៃព្រះសហគមន៍ ក្នុងកន្លែងដែលយើងទើបតែប្រកាសដំណឹងល្អ ពិធីជ្រមុជទឹក​របស់មនុស្សពេញវ័យជាស្ថានភាពធម្មតា។ ដូច្នេះ ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ (ការត្រៀមខ្លួន​​ទទួល​ពិធីជ្រមុជទឹក) មានសារៈសំខាន់។ ការបង្ហាត់នេះ ត្រូវតែណែនាំឱ្យផ្ញើជីវិតលើព្រះជាម្ចាស់ និង​ឱ្យ​មាន​​របៀប​រស់​នៅតាមគ្រីស្តសាសនា ហើយ​រៀបចំឱ្យ​ទទួល​ព្រះអំណោយទាន​របស់ព្រះ​ជាម្ចាស់​ក្នុង​អគ្គ​សញ្ញា​ជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ។

១២៤៨. ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទ ឬការអប់រំអ្នកស្វែងយល់ មានគោលដៅឱ្យអ្នក​នោះ កែ​ប្រែ​ចិត្តគំនិត និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ដោយឆ្លើយតបនឹងព្រះជាម្ចាស់ និងដោយ​រួបរួម​ជាមួយ​​នឹង​សហគមន៍មួយ។ “ការ​អប់រំជំ​នឿនោះ (...) ជាការ​ហ្វឹក​ហ្វឺនឱ្យ​​គេរស់​នៅ​បែបជាគ្រីស្តបរិស័ទក្នុងគ្រប់វិស័យ​ប្រចាំ​ជីវិត (...)។ សាវ័ក​របស់ព្រះគ្រីស្តរួបរួមជាមួយព្រះបរមគ្រូ ដោយទទួលការអប់រំ និង​ហ្វឹកហ្វឺន​ផងដែរ។ ហេតុ​នេះ​ហើយ​បាន​ជាត្រូវណែនាំអ្នកទទួលការអប់រំជំនឿទាំងនោះ ឱ្យ​ចូលក្នុងគម្រោងការដ៏អស្ចារ្យ​នៃការ​សង្គ្រោះ​យ៉ាង​សមរម្យ និងត្រូវបង្ហាត់គេឱ្យរស់នៅស្របតាមបែបដំណឹងល្អ​ទៀតផង។ ត្រូវណែនាំគេដោយពិធីផ្សេងៗ​តាម​ពេល​វេលា​ជាលំដាប់លំដោយ ឱ្យចូលរួមក្នុងរបៀបរស់នៅតាមជំនឿ ឱ្យចូលរួមក្នុងពិធី​បុណ្យ​នា​នា​នៃ​ព្រះ​​សហគមន៍ ព្រមទាំងឱ្យ​គេមាន​ចិត្តស្រឡាញ់ ស្របតាមប្រជារាស្ត្ររបស់ព្រះជាម្ចាស់ផង” (AG ១៤ ; OICA ១៩​ និង ៩៨)។

១២៤៩. “អ្នកស្វែងយល់ក៏នៅក្នុងព្រះដំណាក់ព្រះ​គ្រីស្តរួចហើយដែរ។ ជារឿយៗ គេរស់នៅដោយមាន​ជំនឿ​មាំមួន មានចិត្តសង្ឃឹម និងមានចិត្តស្រឡាញ់ផង” (AG ១៤)។ “ព្រះ​សហគមន៍​ដែលប្រៀបដូចជាម្តាយ ក៏ចាប់ផ្តើមយកចិត្តទុក​​​ដាក់​​​នឹងគេ ថ្នាក់​ថ្នម​ថែទាំគេក្នុងឋានៈជាកូនចៅ ដោយចិត្ត​ស្រឡាញ់​ដែរ” (LG ១៤ ; CIC ២០៦ ; ៧៨៨,៣)។

ពិធីជ្រមុជទឹករបស់កូនក្មេង

១២៥០. សភាពជាមនុស្សត្រូវរបួសដោយសារអំពើបាប ដូច្នេះហើយ បានជាពេលកើតមក សូម្បីតែ​កូន​ក្មេង​ត្រូវ​តែកើតជាថ្មីក្នុងអគ្គសញ្ញាជ្រមុជទឹកដែរ (DS ១៥១៤) ដើម្បីឱ្យរួចពីអំណាចនៃភាពងងឹត និងចូលក្នុង​សេរីភាព​នៃបុត្រ​ធីតារបស់ព្រះជាម្ចាស់ (កូឡ​១,១២-១៤) ដែលព្រះអង្គត្រាស់ហៅមនុស្សទាំងអស់។ យើង អាចយល់ឃើញយ៉ាងជាក់ច្បាស់អំពីព្រះអំណោយដ៏ឥតគិតថ្លៃនៃការសង្រ្គោះ ក្នុងពិធីជ្រមុជទឹករបស់កូនក្មេង។ បើមិនផ្តល់ពិធីជ្រមុជទឹកដល់កូនក្មេងក្រោយពីបានកើតមកទេ ព្រះសហគមន៍ និងឪពុកម្តាយនឹងមិនផ្តល់ឱ្យ កូនក្មេងនេះបានទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលជាព្រះអំណោយទានដ៏លើសលប់ក្រៃលែង (CIC ៨៦៧ ; CCEO ៦៨១ ; ៦៨៦)។

១២៥១. ឪពុកម្តាយជាគ្រីស្តបរិស័ទត្រូវទទួលស្គាល់ថា ទំនៀមទំលាប់នេះស្របនឹងតួនាទីរបស់គេ ដែល​ព្រះជាម្ចាស់បានប្រគល់ឱ្យ គឺឱ្យគេចិញ្ចឹមកូន (LG ១១ ; ៤១ ; GS ៤៨ ; CIC ៨៦៨)។

១២៥២. ទំនៀមទំលាប់ជ្រមុជទឹកកូនក្មេងជាប្រពៃណីដ៏យូរអង្វែងរបស់ព្រះសហគមន៍។ គេបញ្ជាក់យ៉ាងច្បាស់អំពី ប្រពៃណីនេះតាំងពីសតវត្សទីពីរ។ ក៏ប៉ុន្តែ គេអាចផ្តល់​ពិធី​ជ្រមុជ​​ទឹកដល់កូនក្មេង (CDF) ​តាំង​ពីសម័យក្រុម​គ្រីស្ត​ទូត គឺនៅ​ពេល “ក្រុមគ្រួសារទាំងមូល” បានទទួលពិធីជ្រមុជទឹក (កក ១៦,១៥.៣៣ ; ១៨,៨ ; ១ករ​១,១៦) ។

ជំនឿ និងពិធីជ្រមុជទឹក

១២៥៣. ពិធីជ្រមុជទឹកជាអគ្គសញ្ញានៃជំនឿ (មក ៦,១៦)។ ប៉ុន្តែ អ្នកជឿត្រូវការសហគមន៍របស់អ្នកជឿ ឯទៀតៗ។ គ្រីស្តបរិស័ទម្នាក់ៗអាចជឿតែក្នុងជំនឿរបស់ព្រះសហគមន៍ប៉ុណ្ណោះ។ មិនបាច់ឱ្យអ្នកស្វែងយល់ មានជំនឿគ្រប់លក្ខណៈ និងមាំមួនទេ ឱ្យតែគេចាប់ផ្តើមមានជំនឿដែលនឹងរីកចម្រើន បានហើយ។ យើងសួរ​ទៅ​​អ្នកស្វែងយល់ ឬបងធម៌របស់គេថា៖ “តើអ្នកសុំអ្វីពីព្រះសហគមន៍?” ហើយគេឆ្លើយថា៖ “ជំនឿ!”។

១២៥៤. ជំនឿត្រូវតែរីកចម្រើនក្រោយពី មនុស្សបានជ្រមុជទឹក ទោះជាកូនក្មេង ឬមនុស្សពេញវ័យយ៉ា​ង​ណា​ក៏​ដោយ។ ហេតុនេះហើយ បានជារៀងរាល់ឆ្នាំ នៅក្នុងរាត្រីបុណ្យចម្លង ព្រះសហគមន៍រម្លឹកពាក្យសន្យា​នៃ​ពិធី​​ជ្រមុជ​​ទឹក​ឡើង​​វិញ។ ការត្រៀមខ្លួនឱ្យជ្រមុជទឹករៀបចំតែឱ្យចូលក្នុងជីវិតថ្មីប៉ុណ្ណោះ។ ពិធីជ្រមុជ​ទឹក​ជា​ប្រភព​​​នៃ​ជីវិត​ថ្មីក្នុងអង្គព្រះគ្រីស្ត ហើយជីវិតទាំងស្រុងរបស់គ្រីស្តបរិស័ទផុសចេញពីព្រះអង្គ។

១២៥៥. ដើម្បីឱ្យព្រះអំណោយទាននៃពិធីជ្រមុជទឹកអាចរីកចម្រើនបាន ឪពុកម្តាយត្រូវតែជួយ ដូច​ឪពុក​ម្តាយ​​ធម៌ ដែរ។ ឪពុកម្តាយធម៌ត្រូវតែជាមនុស្សដែលមានជំនឿរឹងមាំ ដែលអាច និងត្រៀមខ្លួន​ជួយ​អ្នក​ដែល​ទើប​ជ្រមុជ​ទឹក ទោះជាកូនក្មេង ឬមនុស្សពេញវ័យក្ដី នៅតាមផ្លូវរបស់គេ​ ក្នុងការរស់នៅជាគ្រីស្តបរិស័ទ (CIC ៨៧២-៨៧៤)។ តួនាទីរបស់ពួកគេពិតជាមុខងារនៃព្រះសហគមន៍ (officium ) (SC ៦៧)។ ព្រះ​សហគមន៍​ទាំងមូលទទួលខុសត្រូវ ក្នុងការលាតសន្ធឹង និងការរក្សាទុកព្រះអំណោយទានដែល​មក​ពី​ពិធី​ជ្រមុជ​ទឹក។

៥. តើអ្នកណាអាចផ្តល់ពិធីជ្រមុជទឹកបាន?

១២៥៦. ជាធម្មតា អ្នកផ្តល់ពិធីជ្រមុជទឹក គឺមានលោកអភិបាល និងលោកបូជាចារ្យ ហើយនៅក្នុងព្រះ សហគមន៍ខាងបស្ចិមប្រទេស លោកឧបដ្ឋាកផងដែរ (CIC ៨៦១,១ ; CCEO ៦៧៧,១)។ បើមានការចាំបាច់ ទោះជាអ្នកមិនបានទទួលពិធីជ្រមុជទឹកក៏ដោយ ក៏អាចផ្តល់ពិធីជ្រមុជទឹកបាន លុះត្រាតែគេមានបំណង​ផ្តល់​ពិធីនេះ គឺមានបំណងចង់ធ្វើអ្វីដែលព្រះសហគមន៍ធ្វើពេលផ្តល់ពិធីជ្រមុជទឹក ដោយ​ព្រះ​នាម​ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះសហគមន៍យល់ឃើញថា ព្រះជាម្ចាស់មាន​ព្រះ​ហឫទ័យ​​សង្រ្គោះ​មនុស្ស​ទាំងអស់ (១ធម ២,៤) ហើយពិធីជ្រមុជទឹកជាការចាំបាច់ដើម្បីទទួលការសង្រ្គោះផងដែរ (មក ១៦,១៦)។

 ៦. ចាំបាច់ត្រូវតែទទួលពិធីជ្រមុជទឹក

១២៥៧. ព្រះអម្ចាស់ផ្ទាល់អះអាងថា ចាំបាច់ត្រូវតែទទួលពិធីជ្រមុជទឹកដើម្បីទទួលការសង្រ្គោះ (យហ ៣,៥)។ ហេតុនេះ ព្រះអង្គបានបញ្ជាក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អ និងផ្តល់ពិធីជ្រមុជទឹកដល់គ្រប់ជាតិ សាសន៍ទាំងអស់ (មថ ២៨,២០ ; DS ១៦១៨ ; LG ១៤ ; AG ៥)។ អស់អ្នកដែលបានទទួលដំណឹងល្អ ហើយ​ដែលអាចសុំទទួលអគ្គសញ្ញានេះ ចាំបាច់ត្រូវតែទទួលពិធីជ្រមុជទឹក ដើម្បីទទួលការសង្រ្គោះ (មក ១៦,១៦)។ ព្រះ​សហគមន៍​មិនស្គាល់មធ្យោបាយ​ផ្សេង​ទៀត​ក្រៅពីពិធី​ជ្រមុជ​ទឹកទេ ដើម្បីធានាថា នឹងចូលក្នុង​បរមសុខ​អស់​កល្ប​ជានិច្ច។ ហេតុនេះ ព្រះសហគមន៍ប្រុងប្រយ័ត្នមិន​ធ្វេសប្រហែសនឹងបេសកកម្ម ដែលខ្លួនបាន​ទទួល​ពី​ព្រះ​អម្ចាស់ គឺឱ្យអស់អ្នកដែលអាចទទួលពិធីជ្រមុជទឹក “កើតពីទឹក និងពីព្រះវិញ្ញាណ”។ ព្រះជាម្ចាស់​បាន​ជាប់​ចំណង​​ការសង្រ្គោះជាមួយនឹងអគ្គសញ្ញាជ្រមុជទឹក ប៉ុន្តែព្រះអង្គផ្ទាល់មិនជាប់ចំណងនឹងអគ្គសញ្ញា​នា​នា​របស់​ព្រះ​អង្គ​ឡើយ ។

១២៥៨. តាំងពីដើមរៀងមក ព្រះសហគមន៍ជឿជាក់យ៉ាងម៉ឹងម៉ាត់ថា អស់អ្នកដែលស្លាប់ ដោយសារ​ជំនឿ ទោះបីមិនបានទទួលពិធីជ្រមុជទឹកក៏ដោយ ក៏ដូចជាបានទទួលជ្រមុជទឹកដោយសារពួកគេបានស្លាប់ដើម្បី និង ដោយរួបរួ​ម​ជាមួយព្រះគ្រីស្ត។ ទោះជាមិនមែនជាអគ្គសញ្ញាក៏ដោយ ក៏ពិធីជ្រមុជក្នុងឈាម និង​បំណង​ប្រថ្នា​ចង់​បាន​ទទួល​ពិធីជ្រមុជទឹក បង្កើតផលនៃពិធីជ្រមុជទឹកដែរ ។

១២៥៩. ចំពោះអ្នកស្វែងយល់ ដែលស្លាប់មុននឹងទទួលពិធីជ្រមុជទឹក ហើយប្រាថ្នាយ៉ាងច្បាស់លាស់ ចង់បានទទួលពិធីនេះ ដោយសោកស្តាយចំពោះអំពើបាបរបស់ខ្លួន និងព្យាយាមរស់នៅក្នុងសេចក្ដី​ស្រលាញ់ បំណង​​​​​​នេះ ធានា​ថា នឹងទទួលការសង្រ្គោះ ដែលគេមិនបានទទួលតាមអគ្គសញ្ញា។

១២៦០. “ដោយព្រះគ្រីស្តសោយទិវង្គតដើម្បីមនុស្សទាំងអស់ និងដោយព្រះជាម្ចាស់កំណត់ទីដៅតែមួយ ឱ្យជីវិតមនុស្ស​យ៉ាងពិតមែននោះ ពោលគឺឱ្យរួមរស់ជាមួយព្រះអង្គ យើងត្រូវតែយល់ថា ព្រះ​​​វិញ្ញាណ​​ដ៏​វិសុទ្ធ​ប្រោសឱ្យមនុស្សទាំងអស់​អាចរួមជាមួយព្រះគ្រីស្តដែលសោយ​​​ទិវង្គត និង​​​មាន​​​ព្រះជន្មថ្មី តាម​របៀបដែលព្រះជាម្ចាស់ស្គាល់” (GS ២២ ; LG ១៦ ; AG ៧)។ អ្នកណា ដែលមិនស្គាល់ដំណឹងល្អរបស់ព្រះ គ្រីស្ត និងព្រះសហគមន៍របស់ព្រះអង្គ ប៉ុន្តែដែលស្វែងរកសេចក្ដីពិត និងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាម​អ្វី​ដែលគេដឹង អាចទទួលការសង្រ្គោះបាន។ យើងអាចស្មានថា បុគ្គលបែបនោះ មានបំណងប្រាថ្នា​យ៉ាង​ច្បាស់​លាស់នឹងទទួលពិធីជ្រមុជទឹក បើគេបានដឹងជាមុនថា ចាំបាច់ត្រូវតែទទួលពិធីនេះ ដើម្បីទទួលការ​សង្រ្គោះ។

១២៦១. ឯកូនក្មេងដែលស្លាប់ដោយមិនបានទទួលពិធីជ្រមុជទឹក ព្រះសហគមន៍គ្រាន់តែអាចថ្វាយពួកវា ទៅ​ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដូចព្រះសហគមន៍ធ្វើក្នុងពិធីបញ្ចុះសពសម្រាប់ពួកវា។ តាមការពិត ធម៌​មេត្តាករុណាដ៏លើសលប់របស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យឱ្យមនុស្សទាំងអស់ទទួលការ​សង្រ្គោះ (១ធម ២,៤) និងសេចក្ដីថ្នាក់ថ្នមរបស់ព្រះយេស៊ូចំពោះកូនក្មេង ដែលមានព្រះបន្ទូលថា៖ “ទុកឱ្យក្មេងៗមក​រកខ្ញុំចុះ កុំឃាត់ពួកវាឡើយ” (មក ១០,១៤) ធ្វើឱ្យយើងអាចសង្ឃឹមថា កូនក្មេងដែលស្លាប់ដោយមិនបាន ទទួលពិធីជ្រមុជទឹកអាចដើរតាមផ្លូវឆ្ពោះទៅការសង្រ្គោះផងដែរ។ ហេតុនេះ ព្រះសហគមន៍រម្លឹកថា មិនត្រូវ​ឃាត់ ក្មេងៗដែលមករកព្រះគ្រីស្តតាមព្រះអំណោយទាននៃពិធីជ្រមុជទឹកដ៏វិសុទ្ធឡើយ។

៧. ព្រះអំណោយទានរបស់ពិធីជ្រមុជទឹក

១២៦២. ចំណុតខ្លះៗ ដែលវិញ្ញាណអាចដឹងខ្លួននៃពិធីអគ្គសញ្ញា សម្ដែងនូវផលផ្សេងៗនៃពិធី​ជ្រមុជ​ទឹក។ ការជ្រមុជក្នុងទឹកជានិមិត្តរូបថា អ្នកជ្រមុជស្លាប់ ត្រូវបន្សុទ្ធ និងកើតជាថ្មី។ ផលសំខាន់ៗទាំងពីរ នៃពិធីនេះ គឺព្រះវិញ្ញាណដ៏វិសុទ្ធប្រោសអ្នកជ្រមុជឱ្យរួចពីអំពើបាប ហើយឱ្យគេកើតជាថ្មី (កក ២,៣៨ ; យហ ៣,៥)។

ឱ្យរួចពីបាប...

១២៦៣. ដោយសារពិធីជ្រមុជទឹក ព្រះជាម្ចាស់លើកលែងទោសចំពោះអំពើបាបទាំងអស់ ទាំង​អំពើ​បាប​ដើម​ដំបូង ទាំងអំពើបាបដែលអ្នកជ្រមុជទឹកបានប្រព្រឹត្តផ្ទាល់ខ្លួន ទាំងទោសនៃអំពើបាបផងដែរ (DS ១៣១៦)។ តាមការពិត ចំពោះអស់អ្នកដែលកើតជាថ្មី គ្មាននៅសេសសល់អ្វី ដែលនឹង​រារាំង​គេមិន​ឱ្យ​ចូល​ក្នុង​ព្រះ​រាជ្យរបស់ព្រះជាម្ចាស់ ទោះជាអំពើបាបរបស់លោកអដាំមក្ដី អំពើបាបរបស់គេផ្ទាល់ខ្លួនក្ដី ឬ​ផល​នៃ​អំពើ​បាប ដែលធ្ងន់ជាងគេអាចនាំមនុស្សឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ក្ដី។

១២៦៤. ក៏ប៉ុន្តែ ផលវិបាកខ្លះៗនៃអំពើបាបស្ថិតនៅក្នុងអ្នកដែលជ្រមុជទឹក ដូចជាទុក្ខលំបាក ជម្ងឺ សេចក្ដី ស្លាប់ ​ឬភាពទន់ខ្សោយដែលមកពីធម្មជាតិ (ដែលទាក់ទងនឹងចរិត...) ហើយលក្ខណៈមានចិត្តលម្អៀងចង់ ប្រព្រឹត្តអំពើបាប ដែលការបញ្ជូនបន្តហៅថា កិលេសតណ្ហា ដែលប្រៀធៀបនឹង “ប្រភពនៃបាប” (fomes peccati)៖ “ព្រះជាម្ចាស់បានទុកកិលេសតណ្ហាដើម្បីឱ្យយើងតស៊ូ ប៉ុន្តែ កិលេសតណ្ហាមិនអាចធ្វើបាបដល់​អស់អ្នកដែលតស៊ូដោយចិត្តក្លាហាន ដែលមិនព្រមចូលដៃជាមួយទេ និងដោយ​មានព្រះហឫទ័យប្រណី​សន្តោស​របស់ព្រះគ្រីស្តជួយ”។ លើសពីនេះទៅទៀត “គេនឹងទទួលភួងជ័យ លុះត្រាតែគេប្រយុទ្ធ​ត្រឹម​ត្រូវ​តាម​ក្បួន” (២ធម ២,៥)។ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥១៥)។

កើតជាថ្មី

១២៦៥. ពិធីជ្រមុជទឹកមិនគ្រាន់តែបន្សុទ្ធអំពីអំពើបាបទាំងអស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពន្លកថ្មី “កើត ជាថ្មី” (២ករ ៥,១៧) ឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ (កាឡ ៤,៥-៧) ដែល “រួបរួមជាមួយព្រះអង្គ” (២ពត្រ ១,៤) ជាសិរីរាង្គរបស់ព្រះគ្រីស្ត (១ករ ៦,១៥ ; ១២,២៧) ទទួលមរតករួមជាមួយព្រះអង្គ (រម ៨,១៧) និងជា ព្រះដំណាក់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ (១ករ ៦,១៩)។

១២៦៦. ព្រះត្រៃឯកដ៏វិសុទ្ធបំផុតប្រោសប្រទានអ្នកដែលជ្រមុជទឹកឱ្យបានទៅជាវិសុទ្ធ និង​ឱ្យ​បានទៅជាមនុស្សសុចរិត ៖
- ទើបគេអាចផ្ញើជីវិតលើព្រះជាម្ចាស់ សង្ឃឹមលើព្រះអង្គ និងស្រលាញ់ព្រះអង្គ ដោយគុណធម៌ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន
- ទើបគេអាចមានរបៀបរស់នៅ និងប្រតិបត្តិតាមព្រះវិញ្ញាណដ៏វិសុទ្ធ ដោយព្រះអំណោយទានរបស់ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ
- ទើបគេអាចប្រព្រឹត្តអំពើល្អ ដោយគុណធម៌នៃសីលធម៌ ។

ហេតុនេះហើយ បានជារបៀបរស់នៅហួសធម្មជាតិរបស់គ្រីស្តបរិស័ទចាក់ឫសក្នុងអគ្គសញ្ញាជ្រមុជទឹកដ៏វិសុទ្ធ។

ព្រះជាម្ចាស់បង្រួបបង្រួមយើងក្នុងព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត

១២៦៧. ពិធីជ្រមុជទឹកធ្វើឱ្យយើងទៅជាសិរីរាង្គនៃព្រះកាយព្រះគ្រីស្ត។ “ហេតុនេះ (...) យើងជា​សិរីរាង្គរបស់គ្នាទៅវិញទៅមក” (អភ ៤,២៥)។ ពិធីជ្រមុជទឹកធ្វើឱ្យយើងរួមជាមួយព្រះសហគមន៍ ។ ប្រជាជនតែមួយរបស់ព្រះជាម្ចាស់នៃសម័្ពន្ធមេត្រីថ្មី ដែលហួសព្រំដែនខាងធម្មជាតិរបស់ប្រជាជាតិនានា ​វប្បធម៌ ជាតិសាសន៍ និងភេទ កើតមកពីពិធីជ្រមុជទឹក៖ “យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំ​គ្នា​ឡើង​ជាព្រះកាយតែមួយ ហើយយើងសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ” (១ករ ១២,១៣)។

១២៦៨. អ្នកដែលជ្រមុជទឹកបានទៅជា “ថ្មដ៏មានជីវិត” ដើម្បី “កសាងព្រះដំណាក់របស់ព្រះវិញ្ញាណធ្វើ ជាក្រុមបូជាចារ្យដ៏វិសុទ្ធ” (១ពត្រ ២,៥)។ ដោយសារពិធីជ្រមុជទឹក ពួកគេរួបរួមជាមួយព្រះគ្រីស្តក្នុងឋានៈជា​បូជាចារ្យ ក្នុងបេសកកម្មរបស់ព្រះអង្គជាព្យាការី និងជាព្រះមហាក្សត្រ ពួកគេជា “ពួជសាសន៍ដែលព្រះជាម្ចាស់​បានជ្រើសរើស ជាក្រុមបូជាចារ្យរបស់ព្រះមហាក្សត្រ ជាជាតិសាសន៍ដ៏វិសុទ្ធ ជាប្រជារាស្រ្តដែលព្រះជាម្ចាស់បាន​យក​​​មកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ ដើម្បីឱ្យបងប្អូនប្រកាសដំណឹង​អំពីស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​​ដែល​បានហៅបងប្អូនឱ្យចេញពីទីងងឹតមកកាន់ពន្លឺដ៏រុងរឿងរបស់ព្រះអង្គ” (១ពត្រ ២,៩)។ ដោយ​សារ​ពិធី​ជ្រមុជទឹក អ្នកដែលជ្រមុជរួមជាមួយគ្រីស្តបរិស័ទឯទៀតៗដែលសុទ្ធតែជាបូជាចារ្យ ។

១២៦៩. ដោយសារគេបានទៅជាសមាជិកព្រះសហគមន៍ អ្នកដែលជ្រមុជមិនមែនជាកម្មសិទ្ធិរបស់ខ្លួន​ឯងទៀតទេ (១ករ ៦,១៩) ប៉ុន្តែ គេជាកម្មសិទ្ធិរបស់អ្នកដែលសោយទិវង្គត និងមានព្រះជន្មថ្មី ដើម្បីយើង (២ករ ៥,១៥)។ ហេតុនេះ គេត្រូវគោរពចុះចូលអ្នកដទៃ (អភ ៥,២១ ; ១ករ ១៦,១៥-១៦) បម្រើគេ (យហ ១៣,១២-១៥) ក្នុងសហភាពរបស់ព្រះសហគមន៍ “ទុកចិត្ត និងស្តាប់បង្គាប់” អ្នកដឹកនាំព្រះសហគមន៍ (ហប ១៣,១៧) ព្រមទាំង “គោរព (ពួកលោក) ដោយចិត្តស្រលាញ់” (១ថស ៥,១២-១៣)។ ពិធីជ្រមុជទឹកនាំឱ្យ​ទៅជា​អ្នក​ទទួល​ខុសត្រូវ និងមានភារកិច្ចយ៉ាងណា អ្នកដែលជ្រមុជទឹកក៏មានសិទ្ធិនៅក្នុងព្រះសហគមន៍យ៉ាងនោះដែរ ពោលគឺទទួល​អគ្គសញ្ញា ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឱ្យព្រះសហគមន៍ជួយ​គាំទ្រគេខាង​វិញ្ញាណ​ផង​ដែរ (LG ៣៧ ; CIC ២០៨-២២៣)។

១២៧០. “(អ្នកជ្រមុជទឹក) កើតជាថ្មីនិងទៅជាបុត្រ​​​ធីតា​​​របស់ព្រះបិតា គេត្រូវតែប្រកាសនៅចំពោះមុខ​មនុស្ស​លោក​​នូវជំនឿ​ដែលគេ​បានទទួលពីព្រះជាម្ចាស់ ដោយ​​​សារព្រះ​​​សហគមន៍” (LG ១១) ហើយចួលរួម ចំណែកក្នុងសកម្មភាពនៃប្រជាជនរបស់ព្រះជាម្ចាស់ក្នុងការប្រកាសដំណឹងល្អ (LG ១៧ ; AG ៧,២៣)។

ចំណងនៃអគ្គសញ្ញាចងគ្រីស្តបរិស័ទឱ្យរួបរួមជាមួយគ្នាជាធ្លុងតែមួយ

១២៧១. ដោយសារពិធីជ្រមុជទឹកជាមូលដ្ឋានគ្រឹះ គ្រីស្តបរិស័ទរួបរួមគ្នាជាធ្លុងតែមួយ ហើយជាមួយអស់ អ្នក​ដែលមិនទាន់រួបរួមជាមួយព្រះសហគមន៍កាតូលិកឱ្យបានពេញលក្ខណៈដែរ៖ “អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​​គ្រីស្ត​ ហើយ​បាន​ទទួល​អគ្គសញ្ញាជ្រមុជ​ទឹក​យ៉ាង​ត្រឹម​ត្រូវ ក៏គេ​រួបរួម​ម៉្យាងជា​មួយ​ព្រះ​សហគមន៍​កាតូលិក​ដែរ ទោះ​បី​គេ​មិនរួប​រួម​យ៉ាង​​ពេញ​លក្ខណៈក្ដី (...)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​ទាំង​នោះ​ ពិត​ជា​​មនុស្ស​​សុចរិត​ដោយគេផ្ញើជីវិតលើព្រះគ្រីស្ត គេ​បាន​ទទួល​ជំនឿនោះនៅពេលគេទទួល​អគ្គសញ្ញា​ជ្រមុ​ជ​ទឹក គេ​ចូល​​រួម​ក្នុង​ព្រះ​កាយ​ព្រះ​គ្រីស្ត​ ​គេ​ក៏​ពិត​ជា​មាន​ឈ្មោះ​ថា ជា​គ្រីស្ត​បរិស័ទ​ដែរ” (UR ៣)។ “ ហេតុនេះ ពីធី​ជ្រមុជ​ទឹក​ពិតជាចំណងនៃឯកភាពខាងអគ្គសញ្ញា  ដែលចងអស់អ្នកដែលកើតជាថ្មីដោយសារពិធីនោះ” (UR ២២)។

ស្នាមខាងវិញ្ញាណដែលមិនអាចរលុបឡើយ...

១២៧២ ដោយសារពិធីជ្រមុជទឹក អ្នកជ្រមុជរួបរួមជាមួយព្រះគ្រីស្ត និងមានលក្ខណៈ​ដូច​​ព្រះ​​​គ្រីស្ត​​​ដែរ (រម ៨,២៩)។ ពិធីជ្រមុជទឹកដូចជាវាយត្រាខាងវិញ្ញាណដែលមិនអាចរលុបទេ (character) ជាសញ្ញាសម្គាល់ថា គេ​ជា​​កម្មសិទិ្ធរបស់ព្រះគ្រីស្ត។ អំពើបាប​ណាមួយ​មិនអាច​លុប​បំបាត់​ស្នាម​នេះ​ទេ ទោះបី​អំពើ​បាប​​ឃាត់​ពិធី​ជ្រមុជ​ទឹក​មិនឱ្យបង្កើតផលបានក៏ដោយ (DS ១៦០៩-១៦១៩)។ យើងផ្តល់​ពិធី​ជ្រមុជ​​ទឹក​ម្តង​ជាការស្រេច យើង​ក៏​មិនអាចផ្តល់ពិធីនេះម្តងទៀតបានដែរ។

១២៧៣. ដោយសារពិធីជ្រមុជទឹក អ្នកដែលជ្រមុជរួបរួមជាមួយព្រះសហគមន៍ គ្រីស្តបរិស័ទបានទទួល​សញ្ញា​សម្គាល់ខាងអគ្គសញ្ញា ដែលតម្រង់ពួកគេក្នុងពិធីបុណ្យខាងគ្រីស្តសាសនា (LG ១១)។ ពិធីជ្រមុជទឹកធ្វើ ឱ្យ​គ្រីស្តបរិស័ទអាចបម្រើព្រះជាម្ចាស់ ដោយចូលរួមចំណែកយ៉ាងសកម្មក្នុងពិធីបុណ្យដ៏វិសុទ្ធនៃព្រះ​សហគមន៍ ហើយធ្វើឱ្យពួកគេទៅជាបូជាចារ្យ ដោយមានរបៀបរស់នៅដ៏វិសុទ្ធ ដោយ​ចិត្ត​ស្រលាញ់​យ៉ាង​ស័ក្តិ​សិទ្ធិ (LG ១០)។

១២៧៤. “ត្រារបស់ព្រះអម្ចាស់ ” (“Dominicus character ”) (សន្ត អូគូស្តាំង) ជាត្រា​ដែល​ព្រះ​វិញ្ញា​ណ​ដ៏​វិសុទ្ធ​បានដៅចំណាំយើង “ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង” (អភ ៤,៣០) (អភ ១,១៣-១៤ ; ២ករ ១,២១-២២)។ “តាមការពិត ពិធីជ្រមុជទឹកជាត្រានៃជីវិតអស់កល្ប​ជា​និច្ច” (សន្ត អ៊ីរ៉េណេ)។ គ្រីស្តបរិស័ទម្នាក់​ដែល​​នឹង “រក្សាទុកត្រា” រហូតដល់ទីបំផុត ពោលគឺនៅតែស្មោះត្រង់នឹង​លក្ខ័ណ​នៃ​ពិធី​ជ្រមុ​ជ​ទឹក​របស់​គេនឹង​អាច​ទៅបរមសុខ “ដោយមានសញ្ញាសម្គាល់នៃជំនឿ” ជាជំនឿនៃពិធីជ្រមុជទឹករបស់គេ ដោយ​រង់​ចាំ​ឃើញព្រះ​​ជាម្ចាស់​យ៉ាងសប្បាយ (ដែលសម្រេចជំនឿ​យ៉ាង​ពេញ​លេញ) និងដោយរង់​ចាំ​ឱ្យ​មនុស្សមាន​ជីវិត​ថ្មី។

សង្ខេប

១២៧៥. ត្រូវតែទទួលអគ្គសញ្ញាបី ដើម្បីបានទៅជាគ្រីស្តបរិស័ទពេញសិទ្ធ គឺអគ្គសញ្ញាជ្រមុជទឹក ដែល ចាប់ផ្ដើមជីវិតថ្មី អគ្គសញ្ញាលាបថ្ងាស ដែលពង្រឹងជីវិតថ្មីនេះ និងអគ្គសញ្ញាអរព្រះគុណ ដែលបំប៉នសាវ័កជាមួយ នឹងព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដើម្បីបានក្លាយទៅជាព្រះគ្រីស្ត។

១២៧៦. ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឱ្យ​ធ្វើជា​សាវ័ក‌​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឱ្យពួក​គេ​ក្នុង​​ព្រះ​នាម​ព្រះ​បិតា​‌ ព្រះ​បុត្រា ​និង​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ។ ​ត្រូវ​បង្រៀន​ពួកគេ​ឱ្យ​​ប្រតិ​បត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ ដែល​​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា” (មថ ២៨,១៩-២០)។

១២៧៧. ពិធីជ្រមុជទឹកផ្តល់ឱ្យគ្រីស្តបរិស័ទមានជីវិតថ្មីក្នុងអង្គព្រះគ្រីស្ត។ តាមព្រះហឫទ័យ របស់​ព្រះ​អម្ចាស់ យើងត្រូវតែទទួលពិធីជ្រមុជទឹក ដើម្បីទទួលការសង្រ្គោះ ដូចជាព្រះសហគមន៍ផ្ទាល់ ដែលនាំឱ្យ​យើង​ទទួល​ពិធីជ្រមុជទឹក។

១២៧៨. ពិធីសំខាន់បំផុតនៃបុណ្យជ្រមុជទឹក គឺជ្រមុជបេក្ខជនក្នុងទឹក ឬចាក់ទឹកលើក្បាលគាត់ ដោយ ទូលអង្វរព្រះត្រៃឯកដ៏វិសុទ្ធបំផុត ពោលគឺព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

១២៧៩ . ផលនៃពិធីជ្រមុជទឹក ឬការប្រណីសន្តោសនៃពិធីជ្រមុជទឹក មានច្រើន គឺការរំដោះឱ្យរួចពី បាបដើមដំបូង និងឱ្យរួចពីបាបផ្ទាល់ខ្លួនទាំងប៉ុន្មាន កំណើតឱ្យជីវិតថ្មី ដែលធ្វើឱ្យមនុស្សទៅជាបុត្រ​ធីតារបស់ព្រះបិតា សិរីរាង្គរបស់ព្រះគ្រីស្ត និងព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ គ្រីស្តបរិស័ទចូលរួមក្នុងព្រះ សហគមន៍ ជាព្រះកាយព្រះគ្រីស្ត ហើយចូលរួមក្នុងឋានៈរបស់ព្រះគ្រីស្តជាបូជាចារ្យផងដែរ។

១២៨០. ពិធីជ្រមុជទឹកដៅសញ្ញានៃវិញ្ញាណមួយ ដែលមិនអាចរលុបបាន នៅក្នុងព្រលឹង ជាលក្ខណៈ ដែលញែកអ្នកជ្រមុជទឹកឱ្យគោរពប្រណិប័តន៍គ្រីស្តសាសនា។ ដោយសារលក្ខណៈនេះ យើង​មិន​អាច​ផ្តល់​ពិធី​​ជ្រមុជ​ទឹក​ម្តង​ទៀតបានឡើយ។

១២៨១. អស់អ្នកដែលទទួលមរណភាពដោយសារជំនឿ គឺអ្នកស្វែងយល់ និងអស់អ្នក ដែលមានព្រះ​ហឫទ័យប្រណីសន្តោសជំរុញ ទោះបីគេមិនស្គាល់ព្រះសហគមន៍ ប៉ុន្តែដែល​ស្វែងរកព្រះជាម្ចាស់ដោយមាន​ចិត្ត​ស្មោះ និងខិតខំធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ទទួលការសង្រ្គោះ ទោះបីគេមិនបានទទួលពិធីជ្រមុជ​ទឹក​ក៏​ដោយ (LG ១៦)។

១២៨២. តាំងពីដើមរៀងមក យើងផ្តល់ពិធីជ្រមុជទឹកដល់កូនក្មេង ដ្បិតពិធីនេះ ជាព្រះអំណោយទាន​នៃ​ព្រះ​ហឫទ័យប្រណីសន្តោសរបស់​ព្រះ​ជាម្ចាស់ ដែលមិនទាមទារឱ្យមនុស្សមានបុណ្យទេ។ កូនក្មេងជ្រមុជទឹក ក្នុងជំនឿនៃព្រះសហគមន៍។ ពេលចូលក្នុងជីវិតជាគ្រីស្តបរិស័ទ យើងទទួលសេរីភាពយ៉ាងពិតប្រាកដ។

១២៨៣. រីឯក្មេង ដែលស្លាប់ ដោយមិនបានជ្រមុជទឹក ពិធីបុណ្យព្រះសហគមន៍អញ្ជើញយើង ឱ្យជឿ​ទុក​ចិត្តលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ និងអង្វរព្រះអង្គឱ្យគេទទួលការសង្រ្គោះ។

១២៨៤. បើមានករណីចាំបាច់ នរណាម្នាក់ក៏អាចផ្តល់ពិធីជ្រមុជទឹកបាន ឱ្យតែគេមានបំណងធ្វើអ្វី​ដែលព្រះសហគមន៍ធ្វើ ហើយឱ្យគេចាក់ទឹកលើក្បាលបេក្ខជនដោយពោលថា៖ ខ្ញុំជ្រមុជអ្នកក្នុងព្រះនាមព្រះ​បិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ

ប្រការទី២៖​ ​អគ្គសញ្ញាលាបថ្ងាស

១២៨៥. រួមជាមួយអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាអរព្រះគុណ អគ្គសញ្ញាលាបថ្ងាសជា “អគ្គ សញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ”។ ត្រូវតែរក្សាទុកឯកភាពរបស់អគ្គសញ្ញាទាំងបីនោះ។ ដូច្នេះ ត្រូវ​​ពន្យល់ឱ្យគ្រីស្តបរិស័ទដឹងថា ត្រូវតែទទួលអគ្គសញ្ញានេះ ដើម្បីឱ្យព្រះអំណោយទាននៃពិធីជ្រមុជ​ទឹក​បាន​សម្រេច (OCf)។ តាមការពិត “ដោយសារអគ្គសញ្ញាលាបថ្ងាស ចំណងរវាងគ្រីស្តបរិស័ទនិងព្រះសហគមន៍ កាន់​​​តែ​ប្រសើរ​ឡើង គេក៏ទទួលកម្លាំងពិសេសរបស់​​​ព្រះ​​​វិញ្ញាណដ៏វិសុទ្ធ និងទទួលភារកិច្ចផ្សព្វផ្សាយជំនឿ​ ព្រម​ទាំង​​​ការពារជំនឿនេះផង ដោយពាក្យសម្តី និងដោយការ​​​ប្រតិបត្តិតាមជំនឿនេះដែរ ក្នុងឋានៈខ្លួនជាសាក្សី​ដ៏ពិត​ប្រាក​ដ​​​​របស់ព្រះគ្រីស្ត” (LG ១១ ; OCf)។

១. ការលាបថ្ងាសក្នុងការចាត់ចែងនៃការសង្រ្គោះ

១២៨៦. ក្នុងសម័្ពន្ធមេត្រីចាស់ ពួកព្យាការីបានប្រកាសថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងយាងមក​សណ្ឋិតលើព្រះមេស្ស៊ី ដែលគេទន្ទឹងរង់ចាំ (អស ១១,២) ដើម្បីបេសកកម្មរបស់ព្រះអង្គ (លក ៤,១៦-២២ ; អស ៦១,១)។ ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះសណ្ឋិតលើព្រះយេស៊ូ នៅពេលដែលព្រះអង្គទទួលពិធីជ្រមុជទឹកពីលោក យ៉ូហានជាសញ្ញាសម្គាល់បញ្ជាក់ថា គឺព្រះអង្គនេះហើយ ដែលយាងមក ដែលជាព្រះមេស្ស៊ី ជាព្រះបុត្រារបស់ ព្រះជាម្ចាស់ (មថ ៣,១៣-១៧ ; យហ ១,៣៣-៣៤)។ ដោយបានចាប់កំណើតពីព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះយេស៊ូក៏រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាប្រទានឱ្យព្រះអង្គ “យ៉ាងបរិបូណ៍” (យហ ៣,៣៤) ឱ្យ​​បាន​ពេញ​លក្ខណៈ ​អស់​មួយជីវិត និងក្នុងបេសកកម្មទាំងស្រុងរបស់ព្រះអង្គ។

១២៨៧. ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំមានព្រះបំណងប្រោសប្រទានព្រះវិញ្ញាណយ៉ាងបរិបូណ៍នេះ ឱ្យព្រះ​មេស្ស៊ី​តែ​ប៉ុណ្ណោះ​ទេ គឺប្រទានឱ្យប្រជាជនទាំងមូល (អគ ៣៦,២៥-២៧ ; យហ ៣,១-២)។ ជាច្រើនលើក ច្រើនសា ព្រះគ្រីស្តមានព្រះបន្ទូលសន្យានឹងចាក់បង្ហូរព្រះវិញ្ញាណ (លក ១២,១២ ; យហ ៣,៥-៨ ; ៧,៣៧-៣៩ ; ១៦,៧-១៥ ; កក ១,៨) ព្រះអង្គក៏បានបំពេញទៅតាមព្រះបន្ទូលនេះ នៅថ្ងៃបុណ្យចម្លង (យហ ២០,២២) បន្ទាប់​មក តាមរបៀបច្បាស់លាស់ នៅថ្ងៃបុណ្យព្រះវិញ្ញាណយាងមក (កក ២,១-៤)។ ពោរពេញដោយ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ក្រុមគ្រីស្តទូតចាប់​ផ្តើម​​ប្រកាស “កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់” (កក ២,១១) ហើយលោក​សិលា​ប្រកាសថា ការចាក់បង្ហូរ​នៃ​ព្រះ​​វិញ្ញាណ​នេះ ជាសញ្ញាសម្គាល់ថា ព្រះរាជ្យរបស់ព្រះជាម្ចាស់​បាន​ចាប់​ផ្តើម​ហើយ (កក ២,១៧-១៨)។ អស់​អ្នក​​​ដែល​​​បានជឿ​លើធម្មទេសនារបស់ក្រុមគ្រីស្តទូត ហើយដែលបានទទួលពិធី​ជ្រមុជ​ទឹក បានទទួល​ព្រះអំណោយ​ទាន​​របស់​ព្រះវិញ្ញាណដ៏វិសុទ្ធ (កក ២,៣៨)។

១២៨៨. “ចាប់តាំងពីពេលនេះមក ក្រុមគ្រីស្តទូតផ្តល់ព្រះ​អំណោយ​ទានរបស់ព្រះវិញ្ញាណឱ្យពន្លក​ថ្មី​ដោយ​ដាក់ដៃលើពួកគេ ដើម្បីបំពេញព្រះបំណងរបស់ព្រះគ្រីស្ត។ ព្រះអំណោយទាននេះ បំពេញ​​ព្រះ​អំណោយទាននៃពិធីជ្រមុជទឹកឱ្យបានពេញលក្ខណៈ (កក ៨,១៥-១៧ ; ១៩,៥-៦)។ ហេតុនេះហើយ បានជា​ក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ចាប់ផ្តើមមានលទ្ធិអំពីពិធីជ្រមុជទឹក និងអំពីពិធីដាក់ដៃ ក្នុងការ​បង្ហាត់ជាលើកដំបូង​ឱ្យ​​ទៅ​​ជា​គ្រីស្ត​បរិស័ទ (ហប ៦,២)។ ការបញ្ជូនបន្តនៃព្រះសហគមន៍កាតូលិកសម្គាល់​យ៉ាង​ត្រឹមត្រូវថា ពិធី​ដាក់​ដៃដូចជាប្រភពនៃអគ្គសញ្ញាលាបថ្ងាស ដែលបន្តព្រះអំណោយទាននៃបុណ្យព្រះ​វិញ្ញាណ​យាង​មកម្យ៉ាង (សម្ដេច​ប៉ាប ប៉ូលទី៦)។

១២៨៩.  ភ្លាមៗនោះ គេចាប់ផ្តើមលាបប្រេងក្រអូប (គ្រីស្មា) រួមជាមួយពិធីដាក់ដៃ ដើម្បីសម្ដែងនូវព្រះ អំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ពិធីលាបប្រេងនេះ សម្ដែងនូវឈ្មោះថា “គ្រីស្តបរិស័ទ” ដែលមានន័យ ថា​ “អ្នកដែលបានទទួលអភិសេក” គឺព្រះគ្រីស្តផ្ទាល់ ដែល “ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ​អភិសេក​ព្រះ​អង្គ” (កក ១០,៣៨)។ ពិធីលាបប្រេងមានរហូតដល់សព្វថ្ងៃ ទាំងនៅបស្ចិម​ប្រទេស ទាំងនៅ​បូព៌ា​ប្រទេស។ ហេតុនេះ នៅបូព៌ាប្រទេស គេហៅអគ្គសញ្ញានេះថា អគ្គ​សញ្ញាគ្រីស្មា ឬពិធីលាបប្រេងគ្រីស្មា ឬមីរ៉ូន បានសេចក្ដី​ថា​ គ្រិស្មា។ នៅ​បស្ចិម​ប្រទេស  អគ្គសញ្ញាលាបថ្ងាសបញ្ជាក់ អគ្គសញ្ញាជ្រមុជទឹក ដែលបញ្ចប់ការ​បង្ហាត់​ឱ្យ​ទៅ​​ជាគ្រីស្ត​បរិស័ទ​ពេញ​លេញ ហើយពង្រឹងការប្រណីសន្តោសនៃពិធីជ្រមុជទឹក ដែលជាផលនៃព្រះ​វិញ្ញាណដ៏​វិសុទ្ធ។

ប្រពៃណីពីរ៖ បស្ចិម​ និងបូព៌ាប្រទេស

១២៩០. នៅសតវត្សដើម អគ្គសញ្ញាលាបថ្ងាស និងអគ្គសញ្ញាជ្រមុជទឹកធ្វើជាពិធីតែមួយ ដូចជា “អគ្គ​សញ្ញា​ពីរ​ជា​មួយ” តាម​ពាក្យ​សម្តី​របស់​សន្ត ស៊ីព្រីយ៉ាំង។ ក្នុងចំណោមមូលហេតុផ្សេងៗ ដោយសារមានពិធីជ្រមុជទឹករបស់​កូន​ក្មេង​​កាន់តែច្រើនៗគ្រប់ពេលវេលា ដោយសារមានព្រះសហគមន៍ (តាមភូមិ) កាន់តែច្រើនៗ ដែល​ធ្វើ​​ឱ្យភូមិ​ភាគ​​កាន់តែធំៗ លោកអភិបាលក៏មិនអាចដឹកនាំពិធីជ្រមុជទឹកទាំងអស់បានឡើយ។ នៅបស្ចិមប្រទេស គេចាប់​ផ្តើម​​​បំបែ​កអគ្គសញ្ញាទាំងពីរ ពីព្រោះគេចង់ទុកឱ្យលោកអភិបាលបង្ហើយអគ្គសញ្ញាជ្រមុជទឹក។ ព្រះ​សហគមន៍​ខាង​​​បូព៌ាប្រទេសបានរក្សាទុកឯកភាពនៃអគ្គសញ្ញាទាំងពីរនោះ ទើបលោកបូជាចារ្យដែលផ្តល់​ពិធី​ជ្រមុជ​ទឹកជា​អ្នក​​​ផ្តល់​អគ្គសញ្ញាលាបថ្ងាសផងដែរ។ ប៉ុន្តែ លោកត្រូវតែប្រើ “មីរ៉ូន” ដែលលោក​អភិបាលបានប្រសិទ្ធពរ (CCEO ៦៩៥,១ ; ៦៩៦,១)។

១២៩១. ទំនៀមទម្លាប់មួយនៃព្រះសហគមន៍នៅទីក្រុងរ៉ូមបានជួយអភិវឌ្ឍប្រពៃណីនៃបស្ចិមប្រទេស ដោយ​​​គេ​​បាន​​លាបប្រេងពីរដង ក្រោយពីបានផ្ដល់អគ្គសញ្ញាជ្រមុជទឹក៖ ពេលពន្លកថ្មីជ្រមុជក្នុងទឹករួច​ហើយ លោក​បូជាចារ្យ​​​លាបប្រេងម្តង បន្ទាប់មក លោកអភិបាលលាបប្រេងម្តងទៀតលើថ្ងាសរបស់អ្នកដែលជ្រមុជទឹកថ្មីនោះ (សន្ត អ៊ីប៉ូលីត)។ ពិធីលាបប្រេងគ្រីស្មាដំបូង ដែលលោកបូជាចារ្យផ្តល់ឱ្យ នៅជាប់នឹងពិធីជ្រមុជទឹក ​សម្តែងថា អ្នកដែលជ្រមុជទឹករួមជាមួយព្រះគ្រីស្តក្នុងមុខងារជាព្យាការី ជាបូជាចារ្យ និងជាព្រះ​មហាក្សត្រ។ បើគេ​ផ្តល់​ពិធី​​ជ្រមុជទឹកដល់មនុស្សពេញវ័យ មានពិធីលាបប្រេងតែម្តងក្រោយពីបានជ្រមុជទឹក គឺ​អគ្គ​សញ្ញាលាបថ្ងាស។

១២៩២. របៀបប្រតិបត្តិរបស់ព្រះសហគមន៍ខាងបូព៌ាប្រទេសបញ្ជាក់យ៉ាងច្បាស់ អំពីឯកភាពនៃការ​បង្ហាត់​​​ឱ្យ​ទៅ​ជា​គ្រីស្តបរិស័ទពេញលេញ។ ឯចំពោះព្រះសហគមន៍ខាងបស្ចិមប្រទេសវិញ សម្ដែងយ៉ាងច្បាស់ថា គ្រីស្ត​បរិស័ទ​​ថ្មី​រួប​រួមជាមួយលោកអភិបាលរបស់គេ ដែលជាអ្នកធានា ហើយដែលជាអ្នកបម្រើឱ្យព្រះ​សហគមន៍​របស់​​លោករួប​​រួម​ជា​​មួយ​គ្នាជាធ្លុងតែមួយ បានទៅជាកាតូលិក និងមកពីក្រុមគ្រីស្តទូត គឺជាប់ចំណងនឹងព្រះ​សហគមន៍​របស់​​ព្រះ​គ្រីស្ត។

២. សញ្ញាសម្គាល់ និងពិធីនៃអគ្គសញ្ញាលាបថ្ងាស

១២៩៣. ក្នុងពិធីនៃអគ្គសញ្ញានេះ ត្រូវវែកញែកសញ្ញាសម្គាល់នៃប្រេងអភិសេក អំពីអ្វីដែលអភិសេក​សម្ដែង និងសម្ដៅ គឺត្រា ខាងវិញ្ញាណ។

តាមព្រះគម្ពីរ និងពីបុរាណកាល ប្រេងអភិសេក មានអត្ថន័យជាច្រើន៖ ប្រេងជា​សញ្ញា​នឹងជីវិតដ៏ពេញបរិបូណ៍ (ទក ១១,១៤ ល។ល) និងពោរពេញដោយអំណរសប្បាយ (ទន ២៣,៥ ; ១០៤,១៥) ប្រេងបន្សុទ្ធ (លាបប្រេងមុន និងក្រោយបានមុជទឹក) ធ្វើឱ្យទន់ភ្លន់ (ប្រេងរបស់កីឡាករ) ជា​សញ្ញា​នៃ​ការព្យាបាល ដ្បិតប្រេងបន្ទន់ខ្ទាំ និងដំបៅ (អស ១,៦ ; លក ១០,៣៤) ហើយ​នាំឱ្យ​មាន​សោភណភាព​ត្រចះ​ត្រចង់ សុខភាពល្អ និង​កម្លាំងមាំមួន។

១២៩៤. យើងអាចយល់ឃើញថា អត្ថន័យនៃប្រេងអភិសេកទាំងអស់នោះ មាននៅក្នុងអគ្គសញ្ញាដែរ។ យើងលាបប្រេងអ្នកស្វែងយល់មុនពិធីជ្រមុជទឹក ដើម្បីបន្សុទ្ធគេ និងពង្រឹងកម្លាំងរបស់គេ យើងលាបប្រេងអ្នក​ជម្ងឺ ដើម្បីព្យាបាល និងសម្រាលទុក្ខគេ។ យើងលាបប្រេងគ្រីស្មាក្រោយពីបានជ្រមុជទឹក ក្នុងអគ្គ​សញ្ញា​លាប​ថ្ងាស និងតែងតាំង ជាសញ្ញាសម្គាល់ថា យើងទុកអ្នកទទួលអគ្គសញ្ញានោះសម្រាប់ឧទិ្ទសដល់ព្រះជាម្ចាស់។ ដោយ​សារអគ្គសញ្ញាលាបថ្ងាស គ្រីស្តបរិស័ទ គឺអស់អ្នកដែលបានទទួលប្រេងអភិសេក ចូលរួមចំណែកច្រើន​ជាង​មុន​ក្នុងបេសកកម្មរបស់ព្រះយេស៊ូគ្រីស្ត ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធដែលសណ្ឋិតយ៉ាងបរិបូណ៍លើព្រះអង្គ ដើម្បីឱ្យជីវិតទាំងស្រុងរបស់ពួកគេភាយ “ក្លិនក្រអូបរបស់ព្រះគ្រីស្ត” (២ករ ២,១៥)។

១២៩៥. ដោយសារពិធីលាបប្រេងនេះ អ្នកដែលទទួលអគ្គសញ្ញាលាបថ្ងាសក៏ទទួល “ស្នាម” ជាត្រា​ នៃ​ព្រះ​វិញ្ញាណដ៏វិសុទ្ធ។ ត្រាជានិមិត្តរូបនៃបុគ្គលម្នាក់ (កណ ៣៨,១៨ ; បច ៨,៦) ​អំណាច​របស់គេ (កណ ៤១,៤២) ជា​និមិត្តរូបថា បុគ្គលនេះជាម្ចាស់លើវត្ថុមួយ (ទក ៣២,៣៤) -ហេតុនេះ មេទ័ពធ្លាប់បោះត្រាលើ​ទាហាន​របស់គេ ហើយម្ចាស់វាយត្រាលើទាសកររបស់ខ្លួន-។ ត្រាបញ្ជាក់ឯកសារខាងច្បាប់ (១ពង្ស ២១,៨) ឬុឯកសារផ្សេងទៀត (យរ ៣២,១០) ហើយអាចធ្វើឱ្យឯកសារនេះទៅជាឯកសារសម្ងាត់ (អស ២៩,១១)។

១២៩៦. ព្រះគ្រីស្តផ្ទាល់មានព្រះបន្ទូលថា បានទទួលត្រានៃព្រះបិតារបស់ព្រះអង្គ (យហ ៦,២៧)។ ឯ គ្រីស្តបរិស័ទ ក៏បានទទួលត្រាដែរ៖ “ព្រះជាម្ចាស់បានដៅចំណាំសញ្ញាសម្គាល់ (ត្រា) របស់ព្រះអង្គលើយើង និង​ប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងផងដែរ” (២ករ ១,២២) (អភ ១,១៣ ; ៤,៣០)។ ត្រានៃព្រះវិញ្ញាណដ៏​វិសុទ្ធនេះ បញ្ជាក់ថា យើងជាកម្មសិទ្ធិទាំងស្រុងរបស់ព្រះគ្រីស្ត និងត្រូវបម្រើព្រះអង្គជានិច្ច ប៉ុន្តែ ត្រានេះ បញ្ជាក់​ដែរ​ថា ព្រះជាម្ចាស់នឹងជួយការពារថែរក្សាយើងនៅគ្រាលំបាកចុងក្រោយបំផុត (វវ​ ៧,២-៣ ; ៩,៤ ; អគ ៩, ៤-៦)។

ពិធីបុណ្យនៃអគ្គសញ្ញាលាបថ្ងាស

១២៩៧. វេលាសំខាន់មួយមុននឹងប្រារព្ធពិធីអគ្គសញ្ញាលាបថ្ងាស ប៉ុន្តែដែលជាផ្នែកមួយនៃពិធីនេះម្យ៉ាង គឺ​វេលា ដែល​យើងប្រសិទ្ធពរលើប្រេងគ្រីស្មា ។ ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ នៅក្នុងអភិបូជាគ្រីស្មា លោក​អភិបាល​ប្រសិទ្ធពរ​លើប្រេងគ្រីស្មាសម្រាប់ភូមិភាគទាំងមូលរបស់លោក។ ក្នុងព្រះសហគមន៍ខាងបូព៌ាប្រទេស មានតែ​លោកព្រឹទ្ធាចារ្យដែលអាចប្រសិទ្ធពរលើប្រេង៖

ក្នុងពិធីបុណ្យស៊ីរីយ៉ាកនៅអង់ទីអូស ពាក្យអង្វរឱ្យព្រះវិញ្ញាណយាងមកសណ្ឋិតលើប្រេងគ្រីស្មាដ៏​វិសុទ្ធ (មីរ៉ូន) មានដូច​តទៅ៖ “ឱព្រះបិតាអើយ! (...) សូមព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើពួកយើង និងលើ​ប្រេង​​នេះ ដែលនៅខាងមុខយើង ហើយសូមទ្រង់ប្រសិទ្ធពរលើប្រេងនេះ ដើម្បីឱ្យប្រេងនេះបានទៅជា សម្រាប់​អស់​​អ្នកដែលនឹងត្រូវចាក់ និងត្រូវដៅចំណាំ ដូចជាមីរ៉ូនដ៏វិសុទ្ធ មីរ៉ូនរបស់បូជាចារ្យ មីរ៉ូនរបស់ព្រះ​មហាក្សត្រ ប្រេងអភិសេក​នៃ​អំណរសប្បាយ សំលៀកបំពាក់នៃពន្លឺ អាវនៃការសង្រ្គោះ អំណោយខាងវិញ្ញាណ ដែល​ប្រោស​​ព្រលឹង និងរូបកាយ ឱ្យបានវិសុទ្ធ សុភមង្គលដែលមិនអាចរលួយបាន ត្រាដែលមិនអាចរលុបបាន ខែល​​នៃ​​ជំនឿ និងមួកដ៏គួរឱ្យរន្ធត់ប្រឆាំងនឹងកលល្បិចទាំងប៉ុន្មានរបស់មារសាតាំង”។

១២៩៨. ពេលយើងប្រារព្ធអគ្គសញ្ញាលាបថ្ងាសដោយឡែកពីអគ្គសញ្ញាជ្រមុជទឹក ដូចនៅក្នុងក្បួនពិធីបុណ្យនៃទី​ក្រុង​រ៉ូម ពិធី​​បុណ្យនៃអគ្គសញ្ញាចាប់ផ្ដើមដោយរម្លឹកពាក្យសន្យានៃពិធីជ្រមុជទឹកឡើងវិញ ហើយអ្នកដែលហៀប​នឹង​ទទួល​​អគ្គ​សញ្ញាលាបថ្ងាសប្រកាសជំនឿរបស់គេ។ ហេតុនេះហើយ បានជាយើងអាចយល់ឃើញ​យ៉ាង​ច្បាស់​ថា អគ្គ​សញ្ញា​លាបថ្ងាសបន្តអគ្គសញ្ញាជ្រមុជទឹក (SC ៧១)។ ពេលមនុស្សពេញវ័យម្នាក់ទទួលពិធីជ្រមុជទឹក គេ​ទទួល​​អគ្គ​សញ្ញាលាបថ្ងាសភ្លាមៗ និងចូលរួមក្នុងអគ្គសញ្ញាអរព្រះគុណ (CIC ៨៦៦)។

១២៩៩. ក្នុងក្បួនពិធីបុណ្យនៃទីក្រុងរ៉ូម លោកអភិបាលលាតដៃលើអស់អ្នកដែលទទួលអគ្គសញ្ញាលាប​ថ្ងាស ជាកាយវិការ ដែលមកពីសម័យក្រុមគ្រីស្តទូត ហើយដែលបង្ហាញព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ បន្ទាប់មក លោក​អភិបាលអង្វរព្រះវិញ្ញាណឱ្យទ្រង់យាងមក៖

បពិត្រព្រះជាម្ចាស់ដ៏មានព្រះហឫទ័យសប្បុរសក្រៃលែង! ព្រះអង្គជាព្រះបិតារបស់ព្រះយេស៊ូ ជាព្រះគ្រីស្ត និងជា​​ព្រះ​អម្ចាស់នៃយើងខ្ញុំ។ សូមព្រះអង្គទតមើលបងប្អូនដែលទើបបានជ្រមុជទឹកនោះ។ ដោយសារពិធីជ្រមុជ​ទឹក ព្រះអង្គក៏បានប្រោសបងប្អូនទាំងនោះឱ្យរួចផុតពីបាបនានា។ ព្រះអង្គបានប្រោស​បង​ប្អូន​ទាំង​នោះឱ្យ​កើត​​ជាថ្មីដោយសារទឹក និងព្រះវិញ្ញាណផងដែរ។ សូមទ្រង់ព្រះមេត្តាចាក់បង្ហូរព្រះវិញ្ញាណរបស់ព្រះអង្គលើបងប្អូន​ទាំង​នោះ​​តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ សូមទ្រង់ប្រទានព្រះវិញ្ញាណដែលសណ្ឋិតលើព្រះបុត្រាព្រះអង្គ គឺ​ព្រះ​យេស៊ូ។ ព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឈ្លាសវៃ ឱ្យចេះពិចារណាដឹងខុសត្រូវ ព្រះវិញ្ញាណដែល​ផ្តល់​ឱ្យ​មានយោបល់ល្អ និងផ្តល់កម្លាំង ព្រះវិញ្ញាណដែលបំភ្លឺចិត្តគំនិតឱ្យស្គាល់ និងគោរពប្រណិប័តន៍​ព្រះ​បិតា សូម​ឱ្យ​គេចេះគោរពកោតខ្លាចព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជា​ព្រះ​អម្ចាស់​​នៃយើងខ្ញុំ។

១៣០០. បន្ទាប់មក មានពិធីសំខាន់បំផុត នៃអគ្គសញ្ញា។ ក្នុងពិធីខាងបស្ចិមប្រទេស “គេទទួលអគ្គ​សញ្ញាលាបថ្ងាស នៅពេលដែលយើងលាបប្រេងគ្រីស្មាលើថ្ងាស ដោយដាក់ដៃ ហើយមានប្រសាសន៍ថា៖ “ខ្ញុំដៅ​អ្នក​​ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់”” (សម្តេចប៉ាប ប៉ូលទី៦)។ ក្នុងព្រះ សហគមន៍ខាងបូព៌ាប្រទេស ក្រោយពីបានអង្វព្រះវិញ្ញាណឱ្យយាងមក គេលាបប្រេងមីរ៉ូន លើផ្នែកសំខាន់ៗ នៃរូបកាយដូចជា ថ្ងាស ភ្នែក ច្រមុះ ត្រចៀក បបូរមាត់ ទ្រូង ខ្នង ដៃ និងជើង ដោយមានប្រសាសន៍ថា៖ “សញ្ញា​សម្គាល់របស់ព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះអំណោយទាន”។

១៣០១. គ្រីស្តបរិស័ទ និងលោកអភិបាលធ្វើកាយវិការមួយ សម្តែង និង​បញ្ជាក់​ថា ពួកគេរួបរួមជាមួយគ្នា ដើម្បី​បញ្ចប់ពិធីនៃអគ្គសញ្ញា (សន្ត អ៊ីប៉ូលីត)។

៣. ផលនៃអគ្គសញ្ញាលាបថ្ងាស

១៣០២. តាមពិធីបុណ្យ ការចាក់បង្ហូរនៃព្រះវិញ្ញាណដ៏វិសុទ្ធឱ្យបានពេញលេញជាផលនៃអគ្គសញ្ញា លាបថ្ងាស ដូចព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណឱ្យក្រុមគ្រីស្តទូត នៅថ្ងៃបុណ្យព្រះវិញ្ញាណយាងមក។

១៣០៣. តាមការពិត អគ្គសញ្ញាលាបថ្ងាសធ្វើឱ្យរីកចម្រើន និងពង្រឹងព្រះអំណោយទានរបស់អគ្គ សញ្ញាជ្រមុជទឹក។ អគ្គសញ្ញានេះ៖
- ធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ យ៉ាងជ្រាលជ្រៅ បណ្តាលឱ្យយើងអាច​ពោលថា៖ “អប្បា! ឱព្រះបិតាអើយ!” (រម ៨,១៥)
- ធ្វើឱ្យយើងអាចរួមរស់យ៉ាងខ្ជាប់ខ្លួនជាមួយព្រះគ្រីស្ត
- ពង្រឹងព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ
- ធ្វើឱ្យយើងជាប់ចំណងជាមួយព្រះសហគមន៍បានល្អប្រសើរជាងមុន (LG ១១)
- ផ្តល់កម្លាំងពិសេសនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីផ្សព្វផ្សាយ និងការពារជំនឿ តាមពាក្យសម្តី និងតាមកិច្ចការ ដូច​​ជាសាក្សីពិតប្រាកដរបស់ព្រះគ្រីស្ត និងដើម្បីប្រកាសដោយចិត្តក្លាហានព្រះនាមព្រះគ្រីស្ត កុំឱ្យយើងខ្មាស​នឹងព្រះឈើឆ្កាងជាដរាបតរៀងទៅ (DS ១៣១៩ ; LG ១១​ ; ១២)៖

ចូររម្លឹកថា អ្នកបានទទួលសញ្ញាខាងវិញ្ញាណ គឺព្រះវិញ្ញាណនៃប្រាជ្ញាឈ្លាសវៃ ដែលនាំឱ្យចេះ​ពិចារណា​ដឹងខុសត្រូវ ព្រះវិញ្ញាណដែល​ផ្តល់​ឱ្យ​មានយោបល់ល្អ និងផ្តល់កម្លាំង ព្រះវិញ្ញាណដែល​បំភ្លឺ​ចិត្ត​គំនិត​ឱ្យស្គាល់ និងគោរពប្រណិប័តន៍ព្រះបិតា ព្រះវិញ្ញាណដែលនាំ​ឱ្យ​គោរពកោតខ្លាចព្រះអង្គ ហើយចូររក្សា​ទុក​អ្វី​ដែលអ្នកបានទទួល។ ព្រះជាម្ចាស់ជាព្រះបិតាបានដៅចំណាំអ្នកដោយសញ្ញាសម្គាល់របស់ព្រះអង្គ ព្រះគ្រីស្រ្តជា​ព្រះ​​អម្ចាស់​​បានអភិសេកអ្នក ហើយបានបញ្ចាំព្រះវិញ្ញាណក្នុងចិត្តរបស់អ្នក (សន្ត អំប្រ័រ)។

១៣០៤. ដូចអគ្គសញ្ញាជ្រមុជទឹកដែលអគ្គសញ្ញាលាបថ្ងាសបង្ហើយ យើងផ្តល់​អគ្គ​សញ្ញា​លាប​ថ្ងាស​តែ​ម្តង​ប៉ុណ្ណោះ។ អគ្គសញ្ញាលាបថ្ងាសដៅចំណាំក្នុងព្រលឹងស្នាមខាងវិញ្ញាណដែលមិនអាចរលុប ជា “លក្ខណៈ​ពិសេស”​ (DS ១៦០៩) ជាសញ្ញាសម្គាល់ថា ព្រះយេស៊ូគ្រីស្តបានដៅចំណាំគ្រីស្តបរិស័ទម្នាក់ពីត្រានៃព្រះ​វិញ្ញាណ​ព្រះអង្គ ដោយ​ផ្តល់​ឫទ្ធានុភាព​ពីស្ថានលើ ដើម្បីឱ្យគេទៅជាសាក្សីរបស់ព្រះអង្គ (លក ២៤,៤៨-៤៩)។

១៣០៥. “លក្ខណៈពិសេស” ពង្រឹងឋានៈជាបូជាចារ្យរបស់គ្រីស្តបរិស័ទ ដែលសុទ្ធតែជាបូជាចារ្យតាំងពី​អគ្គ​​សញ្ញា​ជ្រមុជទឹក ឱ្យកាន់តែល្អប្រសើរ ហើយ “អ្នកដែលទទួលអគ្គសញ្ញាលាប​ថ្ងាសទទួល​ឫទ្ធានុភាព​អាចប្រកាសជំនឿរបស់ព្រះគ្រីស្តជាសាធារុណៈ ហាក់ដូចជាគេបានទទួលបន្ទុកមួយ (quasi ex officio ) (សន្ត ថូម៉ាស នៃអាកាំង)។

៤. តើនរណាអាចទទួលអគ្គសញ្ញានេះបាន?

១៣០៦. អស់អ្នកដែលបានជ្រមុជទឹកហើយៗមិនទាន់បានទទួលអគ្គសញ្ញាលាបថ្ងាស អាច និងត្រូវតែ​ទទួលអគ្គសញ្ញាលាបថ្ងាស (CIC ៨៨៩,១)។ ដោយសារអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណរួម ឯកភាពជាមួយគ្នា “គ្រីស្តបរិស័ទជាចាំបាច់ត្រូវតែទទួលអគ្គសញ្ញានេះ ក្នុងពេលសមរម្យ” (CIC ៨៩០) ដ្បិតបើ គ្មានអគ្គសញ្ញាលាបថ្ងាស និងអរព្រះគុណទេ អគ្គសញ្ញាជ្រមុជទឹកពិតជាត្រឹមត្រូវ ហើយមានប្រសិទ្ធិភាព ប៉ុន្តែ អ្នក​​ដែលបានជ្រមុជទឹកមិនទាន់ជាគ្រីស្តបរិស័ទពេញលេញនៅឡើយ។

១៣០៧. ប្រពៃណីខាងបស្ចិមប្រទេសស្នើសុំឱ្យមាន “អាយុគ្រប់គ្រាន់” ដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស។ ក៏​ប៉ុន្តែ បើមានគ្រោះថ្នាក់ដល់ជីវិត យើងត្រូវតែផ្តល់អគ្គសញ្ញាលាបថ្ងាសដល់កូនក្មេង ទោះបីពួកវាមិនទាន់គ្រប់អាយុ​ក៏ដោយ (CIC ៨៩១ ; ៨៨៣,៣)។

១៣០៨. ទោះជាមានពេលខ្លះ យើងធ្លាប់និយាយអំពីអគ្គសញ្ញាលាបថ្ងាសថា ជាអគ្គសញ្ញារបស់ “គ្រីស្ត បរិស័ទចាស់ទុំ” យ៉ាងណាក៏ដោយ ក៏យើង​មិន​ត្រូវ​ច្រឡំអាយុ​ពេញវ័យ​នៃ​ជំនឿ​ជាមួយ​នឹង​អាយុ​ពេញ​វ័យ​ខាង​ធម្មជាតិ ឬយើងមិនត្រូវភ្លេចថា ព្រះ​ជាម្ចាស់ប្រោសប្រទានព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹក ដោយមិន​រាប់​​បាបបុណ្យ ហើយដែលមិនត្រូវការឱ្យយើង “បញ្ជាក់” ដើម្បីឱ្យព្រះអំណោយទាន​នេះមាន​ប្រសិទ្ធិ​ភាព​ទេ។ សន្ត ថូម៉ាស​ នៃអាកាំងរម្លឹកថា៖

អាយុនៃកាយមិនអាចធ្វើឱ្យព្រលឹងខូចខាតទេ។ ហេតុនេះ ទោះជាស្ថិតនៅក្នុងកុមារភាពក៏ដោយ មនុស្សអាចទទួលអាយុខាងវិញ្ញាណឱ្យបានពេញលក្ខណៈ ដូចមានចែងទុកក្នុងកណ្ឌព្រះប្រាជ្ញាញ្ញាណ (៤,៨)៖ អាយុ​​​ជីវិត ដែលមានតម្លៃ មិនមែនមកពីមានអាយុវែង ហើយរស់បានយូរឆ្នាំនោះទេ”។ ហេតុនេះហើយ បាន​ជា​កុមារ កុមារី​ជាច្រើនបានតស៊ូដោយចិត្តក្លាហានរហូតដល់បង្ហូរឈាម ដើម្បីព្រះគ្រីស្ត ដោយសារ​ឫទ្ធានុភាព​នៃ​ព្រះ​វិញ្ញាណ​​ដ៏​វិសុទ្ធ (សន្ត ថូម៉ាស នៃអាកាំង)។

១៣០៩. ក្នុងការការត្រៀមខ្លួន ទទួលអគ្គសញ្ញាលាបថ្ងាស ត្រូវតែមានគោលដៅណែនាំគ្រីស្តបរិស័ទ​ឱ្យ​​រួមរស់ជាមួយព្រះគ្រីស្តយ៉ាងស្និទ្ធស្នាលជាងមុន ឱ្យស្គាល់ព្រះវិញ្ញាណដ៏វិសុទ្ធ កិច្ចការ អំណោយ​ទាន និង​ការត្រាស់ហៅរបស់ព្រះអង្គ យ៉ាងជិតស្និទ្ធជាងមុន ដើម្បីអាចទទួលការខុសត្រូវប្រកាសដំណឹងល្អ ក្នុង​ការ​រស់​នៅ​ជាគ្រីស្តបរិស័ទ។ ហេតុនេះ អ្នកណែនាំអប់រំជំនឿ​ឱ្យ​បេក្ខជន​ទទួលអគ្គសញ្ញាលាប​ថ្ងាស​ត្រូវ​តែ​ខិត​ខំ​ដាស់​តឿន​គេឱ្យដឹងថា គេជាកម្មសិទ្ធិនៃព្រះសហគមន៍របស់ព្រះយេស៊ូគ្រីស្ត ទាំងព្រះសហគមន៍សកល ទាំង​សហគមន៍​​តាម​ភូមិ។ សហគមន៍តាមភូមិនេះទទួលការ​ខុសត្រូវយ៉ាងពិសេសក្នុង​ការរៀបចំ​មនុស្សដែល​នឹង​ទទួល​អគ្គ​​សញ្ញា​លា​បថ្ងាស (OCf)។

១៣១០. ត្រូវតែរួមរស់ជាមួយព្រះជាម្ចាស់ឱ្យបានពេញលេញ ដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស។ គួរ​ទទួល​អគ្គសញ្ញាលើកលែងទោស ដែលបន្សុទ្ធយើង មុននឹងទទួលព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។ ត្រូវ​​តែ​អធិដ្ឋានយ៉ាងជ្រាលជ្រៅបំផុត ដើម្បីត្រៀមខ្លួន ដោយ​មាន​ចិត្ត​សុភាពរាបសា ដើម្បីទទួលឫទ្ធានុភាព និង​ព្រះអំណោយទាន​ផ្សេងៗ​នៃ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ (កក ១,១៤)។

១៣១១. បេក្ខជនគួរស្វែងរកជំនួយខាងវិញ្ញាណរបស់ឪពុកម្តាយធម៌ ដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស ដូចចំពោះអគ្គសញ្ញាជ្រមុជទឹកផងដែរ។ ឪពុកម្តាយធម៌នៃអគ្គសញ្ញាលាបថ្ងាស​គួរតែ​ជា​ឪពុក​ម្តាយ​ធម៌​នៃ​អគ្គ​សញ្ញា​​​ជ្រមុជ​ទឹកដែរ ដើម្បីបញ្ជាក់នូវឯកភាពនៃអគ្គសញ្ញាទាំងពីរនោះ (OCf; CIC ៨៩៣,១.២)។

៥. អ្នកមានមុខងារផ្តល់អគ្គសញ្ញាលាបថ្ងាស

១៣១២. ជាធម្មតា អ្នកមានមុខងារ ផ្តល់អគ្គសញ្ញាលាបថ្ងាស គឺជាលោកអភិបាល (LG ២៦)។

នៅបូព៌ាប្រទេស ជាធម្មតា លោកបូជាចារ្យដែលផ្តល់ពិធីជ្រមុជទឹកជាអ្នកដែលផ្តល់អគ្គសញ្ញា លាបថ្ងាសក្នុងពិធីបុណ្យតែមួយ។ ក៏ប៉ុន្តែ លោកធ្វើដូច្នេះជាមួយនឹងប្រេងគ្រីស្មា ដែលលោកព្រឹទ្ធាចារ្យ ឬលោក អភិបាលបានប្រសិទ្ធ ដែលសម្ដែងនូវឯកភាពដែលមកពីក្រុមគ្រីស្តទូតរបស់ព្រះសហគមន៍ ដែលអគ្គសញ្ញាលាប ថ្ងាសពង្រឹងចំណង។ ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស យើងប្រតិបត្តិតាមវិន័យដដែលនេះ ក្នុងពិធីជ្រមុជ​ទឹករបស់មនុស្សពេញវ័យ ឬនៅពេលដែលយើងទទួលគ្រីស្តបរិស័ទម្នាក់ឱ្យរួបរួមជាមួយព្រះសហគមន៍ឱ្យ​បានពេញលេញ នៅពេលដែលគេមកពីសហគមន៍គ្រីស្តបរិស័ទផ្សេង ដែលមិនបានទទួលអគ្គសញ្ញា​លាប​ថ្ងាស​តាម​ក្បួន​ច្បាប់ព្រះសហគមន៍ (CIC ៨៨៣,២)។

១៣១៣. ក្នុងពិធីខាងបស្ចិមប្រទេស ជាធម្មតា អ្នកមានមុខងារផ្តល់អគ្គសញ្ញាលាបថ្ងាសជាលោក​អភិបាល (CIC ៨៨២)។ ទោះបីជាលោកអភិបាលអាចអនុញ្ញាតឱ្យលោកបូជាចារ្យផ្តល់អគ្គសញ្ញាលាបថ្ងាស (CIC ៨៨៤,២) ដោយសារមូលហេតុសំខាន់ៗយ៉ាងណាក៏ដោយ ក៏លោកអភិបាលគួរផ្តល់អគ្គសញ្ញានេះដោយ ខ្លួនលោកផ្ទាល់ ដោយសារអត្ថន័យផ្ទាល់នៃអគ្គសញ្ញានេះ និងដោយមិនភ្លេចថា យើងបានបំបែកអគ្គសញ្ញានេះ​ពី​អគ្គ​សញ្ញាជ្រមុជទឹក ដើម្បីឱ្យលោកអភិបាលអាចផ្តល់ជូនអស់អ្នកដែលត្រូវទទួល។ លោកអភិបាលជាអ្នក បន្ត​មុខងារពីក្រុមគ្រីស្តទូត ពួកលោកបានទទួលអគ្គសញ្ញាតែងតាំងឱ្យបានពេញលក្ខណៈ ហេតុនេះហើយ បាន​ជាពេលលោកអភិបាលផ្តល់អគ្គសញ្ញានេះ លោកបញ្ជាក់ថា អស់អ្នកដែលទទួលអគ្គសញ្ញានេះរួបរួម​​យ៉ាង​ស្និទ្ធ​​ស្នាលជាង​មុន​ជាមួយព្រះសហគមន៍ រួមជាមួយក្រុមគ្រីស្តទូត និងរួមរស់ក្នុងបេសកកម្មផ្តល់សក្ខីភាពអំពីព្រះ​គ្រីស្ត​​ផងដែរ។

១៣១៤. បើគ្រីស្តបរិស័ទម្នាក់ជិតស្លាប់ លោកបូជាចារ្យណាម្នាក់ត្រូវតែផ្តល់អគ្គសញ្ញាលាបថ្ងាសឱ្យគេ (CIC ៨៨៣,៣)។ ព្រះសហគមន៍គ្មានបំណងឱ្យបុត្រធីតាណាម្នាក់របស់ខ្លួនចាកចេញពីលោកនេះ បើ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធមិនទាន់បានប្រោសគេឱ្យបានគ្រប់លក្ខណៈ ដោយ​សារ​ព្រះអំណោយ​ទាន​យ៉ាង​បរិបូណ៍​​របស់​ព្រះ​គ្រីស្ត។

សង្ខេប

១៣១៥ . “ក្រុម​គ្រីស្តទូត ​នៅ​ក្រុង​យេរូសាឡឹម​ បាន​ឮ​ដំណឹង​ថា​ អ្នក​ស្រុក​សាម៉ារី​នាំគ្នា​ទទួល​ព្រះ​បន្ទូល​របស់​ព្រះជា​ម្ចាស់​ ‌ក៏​ចាត់​លោក​សិលា​ និង  លោក​យ៉ូហាន​ឱ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។​  លុះ​ទៅ​ដល់​ស្រុក​សាម៉ារី​ គ្រីស្តទូត​ទាំង​ពីរ​ក៏​ទូល​អង្វរ​ព្រះជា​ម្ចាស់​សុំ​ឱ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ ដ្បិត​ព្រះ​វិញ្ញាណ​ពុំ​ទាន់​​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​នៅ​ឡើយ​ទេ​ គឺគេ​គ្រាន់តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក‌​ក្នុង​ព្រះនាម​ព្រះ​អម្ចាស់​យេស៊ូ​ប៉ុណ្ណោះ។​  ពេល​នោះ​‌លោក​សិលា​ និង​លោក​យ៉ូហាន​បាន​ដាក់​ដៃ​លើ​គេ​‌‌ ហើយ​គេ​ក៏បាន​ទទួល​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ” (កក ៨,១៤-១៧)។

១៣១៦. ពិធីលាបថ្ងាសធ្វើឱ្យព្រះអំណោយទាននៃពិធីជ្រមុជទឹកបានពេញលក្ខណៈ គឺអគ្គសញ្ញានេះ ផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងចាក់ឫសយ៉ាងជ្រៅក្នុងពួជពង្សជាបុត្រធីតារបស់ព្រះជាម្ចាស់ ឱ្យ​យើង​រួមជាមួយព្រះគ្រីស្តយ៉ាងស្និតស្នាល ជាប់ចំណងនឹងព្រះសហគមន៍យ៉ាងមាំមួន ចូលរួមក្នុង​បេសកកម្ម​របស់​ព្រះ​សហគមន៍ច្រើនជាងមុន និងជួយឱ្យយើងផ្តល់សក្ខីភាពអំពីគ្រីស្តសាសនាតាមពាក្យសម្ដីផង និងតាម​កិច្ច​ការ​ផងដែរ។

១៣១៧. ដូចពិធីជ្រមុជទឹកដែរ​ ពិធីលាបថ្ងាសដៅសញ្ញាសម្គាល់មួយនៃវិញ្ញាណ ដែលមិនអាចរលុបបាន ក្នុង​​ព្រលឹងគ្រីស្តបរិស័ទ ហេតុនេះ មួយជីវិតនេះ យើងអាចទទួលអគ្គសញ្ញានេះ តែម្តងប៉ុណ្ណោះ។

១៣១៨. ក្នុងបូព៌ាប្រទេស គេផ្តល់អគ្គសញ្ញានេះក្រោយពីបានជ្រមុជទឹកភ្លាមៗ ក្រោយមក គេចូលរួមក្នុង ពិធីអរព្រះគុណ ជាប្រពៃណីដែលបញ្ជាក់ថា អគ្គសញ្ញាទាំងបីបង្ហាត់ឱ្យគេ​ទៅជាគ្រីស្តបរិស័ទពេញលេញ​ ឯក ភាពជាមួយគ្នា។ ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស យើងផ្តល់អគ្គសញ្ញានេះ នៅពេលដែលបេក្ខជនចេះ​ទទួល​​ខុស​ត្រូវ ហើយយើងទុកឱ្យលោកអភិបាលប្រារព្ធអគ្គសញ្ញានេះ ដើម្បីបង្ហាញថា អគ្គសញ្ញានេះ​ពង្រឹង​ចំណងជាមួយព្រះសហគមន៍។

១៣១៩. បេក្ខជនណាម្នាក់ ដែលចង់ទទួលពិធីលាបថ្ងាស និងដែលចេះទទួលខុសត្រូវ ត្រូវប្រកាសជំនឿ ទទួលការលើកលែងទោស មានបំណងចង់ទទួលអគ្គសញ្ញា និងត្រៀមខ្លួនបំពេញតួរនាទីរបស់ខ្លួនជា​សាវ័ក និង​ជា​សាក្សីរបស់ព្រះគ្រីស្ត ក្នុងព្រះសហគមន៍ផង ក្នុងសង្គមផង។

១៣២០. ពិធីសំខាន់បំផុតនៃពិធីលាបថ្ងាស គឺការចាក់ប្រេងគ្រីស្មាលើថ្ងាសរបស់គ្រីស្តបរិស័ទ (នៅបូព៌ា ប្រទេសលើវិញ្ញាណឯទៀត) ដោយមានអ្នកទទួលមុខងារបម្រើដាក់ដៃ ដោយពោលថា៖ ខ្ញុំដៅ​អ្នក​​ដោយព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ដែលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ក្នុងពិធីបុណ្យនៅទីក្រុងរ៉ូម សញ្ញា​សម្គាល់​របស់​ព្រះ​វិញ្ញាណដ៏​      វិ​សុទ្ធ​ជាព្រះអំណោយទានក្នុងពិធីខាងបូព៌ាប្រទេស។

១៣២១. នៅពេលដែលយើងប្រារព្ធពិធីលាបថ្ងាសដាច់ឡែកពីពិធីជ្រមុជទឹក យើងបង្ហាញថា ពិធីទាំងពីរ ជាប់ចំណងនឹងគ្នា ដោយរម្លឹកអំពីពាក្យសន្យានៃពិធីជ្រមុជទឹក។ យើងប្រារព្ធពិធីលាបថ្ងាស នៅពេលដែលថ្វាយ អភិបូជា បញ្ជាក់អំពីឯកភាពនៃអគ្គសញ្ញាទាំងបីបង្ហាត់គេឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ។

ប្រការទី៣៖​ ​អគ្គសញ្ញាអរព្រះគុណ

១៣២២. ពិធីអរព្រះគុណដ៏វិសុទ្ធបញ្ចប់ការបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ។ អស់អ្នក​ដែល​អគ្គ​​​សញ្ញា​​ជ្រមុជ​​ទឹកត្រូវបានលើកឡើងឱ្យមានឋានៈជាបូជាចារ្យ ហើយដែលបានរួមរស់ជាមួយព្រះគ្រីស្ត ដោយសារអគ្គសញ្ញាលាបថ្ងាស អ្នកទាំងអស់នោះ ចូលរួមចំណែកជាមួយសហគមន៍​ទាំង​មូល​ក្នុង​សក្ការបូជា​ផ្ទាល់​របស់​ព្រះ​អម្ចាស់ ដោយសារអគ្គសញ្ញាអរព្រះគុណ។

១៣២៣. “នៅពិធីជប់លៀងចុងក្រោយ គឺនៅពេលយប់ដែលព្រះយេស៊ូត្រូវគេបញ្ជូន ព្រះសង្រ្គោះ​របស់​យើង​តែងតាំងសក្ការបូជាអរព្រះគុណ គឺបូជាព្រះកាយនិងព្រះលោហិតរបស់ព្រះអង្គ ដើម្បីបន្តសក្ការបូជាឰដ៏ឈើ​ឆ្កាងតរៀងទៅរហូតដល់ព្រះអង្គយាងមក។ ព្រះអង្គក៏ផ្ញើទុកឱ្យព្រះសហគមន៍ជាភរិយាដ៏​ជាទី​ស្រឡាញ់នឹក​រលឹក​អំពីព្រះអង្គបូជាព្រះជន្ម និងមានព្រះជន្មថ្មីដែរ គឺព្រះអង្គផ្ញើទុកនូវអគ្គសញ្ញានៃ​សេចក្តី​ស្រឡាញ់នេះ ជា​សញ្ញា​សម្គាល់អំពីព្រះសហគមន៍រួបរួមគ្នាជាធ្លុងតែមួយ ជាចំណងនៃសេចក្តីស្រឡាញ់ ជាពិធីជប់លៀង​នៃ​បុណ្យ​ចម្លង។ ក្នុងពិធីជប់លៀងនៃបុណ្យចម្លងនោះ គ្រីស្តបរិស័ទយើងបរិភោគព្រះគ្រីស្តទុកជាអាហារ។​ យើងទទួល​ព្រះ​ហឬទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់​យ៉ាងពេញ​​បរិបូណ៍ ហើយយើងក៏ទទួល​ព្រះ​អំណោយ​ទាន​ដើម​ដំបូង​ដែល​បញ្ចាំចិត្តឱ្យ​​​ដឹង​​​ថា​​​​​​ យើងមុខជានឹងទទួល​សិរីរុង​​រឿងនៅពេលអនាគតពុំខាន” (SC ៤៧)។

១. ពិធីអរព្រះគុណជាប្រភព និងជាកំពូលនៃការរស់នៅក្នុងព្រះសហគមន៍

១៣២៤. ពិធីអរព្រះគុណ “ជាប្រភព និងជាកំពូលនៃការរស់នៅទាំងស្រុងរបស់គ្រីស្តបរិស័ទ” (LG ១១)។ “អគ្គសញ្ញាឯទៀតៗ ព្រមទាំងមុខងារទាំងអស់នៃព្រះសហគមន៍ ទាក់ទង និងស្ថិតក្រោមអំណាចនៃពិធីអរព្រះ​គុណ ដ្បិតក្នុងពិធីអរព្រះគុណដ៏វិសុទ្ធ មានកំណប់ខាងវិញ្ញាណទាំងស្រុងរបស់ព្រះសហគមន៍ ពោលគឺព្រះគ្រីស្ត​ផ្ទាល់ ដែល​ជាបុណ្យចម្លងរបស់ពួកយើង” (PO ៥)។

១៣២៥. “អគ្គសញ្ញាអរព្រះគុណសម្ដែង និងសម្រេចការរួមរស់ក្នុងព្រះជន្មរបស់ព្រះជាម្ចាស់ និងឯកភាព​នៃ​ប្រជារាស្រ្តរបស់ព្រះអង្គ ដែលធ្វើឱ្យព្រះសហគមន៍មានសភាពជាព្រះសហគមន៍។ ក្នុងអគ្គសញ្ញានេះ មានកំពូលនៃកិច្ចការដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឱ្យបានវិសុទ្ធ នៅក្នុងអង្គព្រះគ្រីស្តផង​ ហើយមាន​ការ​​គោរពប្រណិប័តន៍ នៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ដែលមនុស្សលោកថ្វាយចំពោះព្រះគ្រីស្ត និង​នៅ​ក្នុង​អង្គ​ព្រះ​​អង្គ​ចំពោះព្រះបិតា” (CdR)។

១៣២៦. ទីបញ្ចប់ ដោយសារពិធីបុណ្យអរព្រះគុណ យើងរួបរួមជាមួយនឹងពិធីបុណ្យនៃស្ថានបរមសុខ​ហើយៗយើងប្រារព្ធទុកជាមុនជីវិតអស់កល្បជានិច្ច នៅពេលដែល “ព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ គ្រប់ប្រការ” (១ករ ១៥,២៨)។

១៣២៧. និយាយឱ្យខ្លីទៅ អគ្គសញ្ញាអរព្រះគុណជាសេចក្ដីសង្ខេប និងបូកសរុបជំនឿរបស់យើង​៖ “របៀប​​គិតរបស់យើងសម្របទៅនឹងពិធីអរព្រះគុណ ហើយពិធីអរព្រះគុណវិញ បញ្ជាក់អំពីរបៀបគិតរបស់យើង” (សន្ត អ៊ីរ៉េណេ)។

២. តើគេហៅអគ្គសញ្ញានេះយ៉ាងដូចម្ដេច?

១៣២៨. របៀបហៅផ្សេងៗដែលគេធ្លាប់ប្រើសម្ដែងនូវលក្ខណៈសម្បត្តិដ៏ប្រសើរបំផុតនៃអគ្គសញ្ញានេះ។ របៀបហៅនីមួយៗបំភ្លឺលក្ខណៈខ្លះៗនៃអគ្គសញ្ញានេះ។ គេហៅអគ្គសញ្ញានេះថា៖

អរព្រះគុណ ដ្បិតយើងអរព្រះគុណព្រះជាម្ចាស់។ ពាក្យ eucharistein (លក ២២,១៩ ; ១ករ ១១,២៤) និង eulogein (មថ ២៦,២៦ ; មក ១៤,២២) រម្លឹកពិធីប្រទានពរនៃសាសនាយូដា ដែលប្រកាស ​-ជាពិសេសក្នុងពិធីជប់លៀង- ស្នាព្រះហស្តរបស់ព្រះជាម្ចាស់៖ ការបង្កើត ការសង្រ្គោះ និងការប្រោស​ឱ្យ​បាន​វិសុទ្ធ។

១៣២៩. ពិធីជប់លៀរបស់ព្រះអម្ចាស់  (១ករ ១១,២០) សំដៅទៅលើពិធីជប់លៀងចុងក្រោយ របស់ព្រះ អម្ចាស់ជាមួយក្រុមសាវ័ក មុននឹងរងទុក្ខលំបាក ដែលប្រារព្ធទុកជាមុនពិធីជប់លៀងមង្គលការរបស់កូនចៀម (វវ ១៩,៩) នៅទីក្រុងយេរូសាឡឹមនៅស្ថានបរមសុខ។

ពិធីកាច់នំបុ័ង ដ្បិតព្រះយេស៊ូបានប្រើពិធីនេះ ដែលជាលក្ខណៈពិសេសនៃម្ហូបអាហារ​របស់​ជនជាតិ​យូដា នៅពេលដែលព្រះអង្គប្រទានពរ និងចែកនំបុ័ងក្នុងឋានៈជាម្ចាស់ផ្ទះ (មថ ១៤,១៩ ; ១៥,៣៦ ; មក ៨,៦.១៩) ជាពិសេសនៅពិធីជប់លៀងចុងក្រោយ (មថ ២៦,២៦ ; ១ករ ១១,២៤)។ ដោយ​សារ​កាយវិការ​នេះ ក្រុមសាវ័កនឹងទទួលស្គាល់ព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មថ្មី (លក ២៤,១៣-៣៥) ហើយ​គ្រីស្តបរិស័ទដើមនឹងហៅអភិបូជារបស់គេតាមពាក្យសម្តីនេះដែរ (កក ២,៤២.៤៦ ; ២០,៧.១១)។ ដោយសារ​ពាក្យ​សម្តីនេះ គ្រីស្តបរិស័ទចង់បង្ហាញ​ថា អស់អ្នកដែលទទួលទាននំបុ័ងតែមួយ ដែលត្រូវកាច់ គឺព្រះគ្រីស្ត អ្នក​នោះ​រួបរួមជាមួយព្រះអង្គ ហើយ​ធ្វើ​ជា​រូប​កាយ​តែមួយក្នុងអង្គព្រះអង្គ (១ករ ១០,១៦-១៧)។

អង្គប្រជុំអរព្រះគុណ (synaxis) ដ្បិតអង្គប្រជុំរបស់គ្រីស្តបរិស័ទ ដែលសម្ដែងព្រះសហគមន៍​ឱ្យ​មើល​ឃើញ ជាអ្នកប្រារ្ធពិធីអរព្រះគុណ (១ករ ១១,១៧-៣៤)។

១៣៣០. ធម៌នឹករលឹក នៃទុក្ខលំបាក និងជីវិតថ្មីរបស់ព្រះអម្ចាស់។

សក្ការបូជាដ៏វិសុទ្ធ ដ្បិតអគ្គសញ្ញានេះ ធ្វើឱ្យសក្ការបូជាតែមួយរបស់ព្រះគ្រីស្តជាព្រះ សង្រ្កោះមានវត្តមានសព្វថ្ងៃ ព្រមទាំងបង្រួបបង្រួមតង្វាយរបស់ព្រះសហគមន៍ ឬសក្ការបូជាដ៏វិសុទ្ធនៃអភិបូជា យញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់” (ហប ១៣,១៥) (ទន ១១៦,១៣.១៧) យញ្ញបូជាខាងវិញ្ញាណ (១ពត្រ ២,៥) យញ្ញបូជាដ៏បរិសុទ្ធ (មគ​ ១,១១) និងដ៏វិសុទ្ធ ដ្បិតយញ្ញបូជានេះ សម្រេច​សព្វ​គ្រប់​យញ្ញ​បូជា​ទាំង​អស់​នៃសម្ពន្ធមេត្រីចាស់។

ពិធីបុណ្យដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ដ្បិតពិធីបុណ្យទាំងអស់របស់ព្រះសហគមន៍បានពេញ លក្ខណៈដោយសារការប្រារព្ធអគ្គសញ្ញានេះ។ តាមអត្ថន័យដដែលនេះ យើងហៅអគ្គសញ្ញានេះថា​ ពិធី​លើក​តម្កើង​គម្រោងការដ៏លាក់កំបាំងដ៏វិសុទ្ធ ។ យើងនិយាយអំពីអគ្គសញ្ញាដ៏វិសុទ្ធបំផុត ដែរ​ ដ្បិតអគ្គសញ្ញានេះ ជា​អគ្គ​សញ្ញា​នៃ​អគ្គ​សញ្ញា​​ទាំងអស់។ អគ្គសញ្ញាដ៏វិសុទ្ធបំផុត សម្តៅទៅលើព្រះកាយព្រះគ្រីស្តដែល​យើង​ទុកនៅក្នុង​ព្រះ​ពន្លា។

១៣៣១. អគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដ្បិតដោយសារអគ្គសញ្ញានេះ យើងរួមរស់ជាមួយព្រះគ្រីស្ត ដែល ប្រោសយើងឱ្យចូលរួមចំណែកក្នុងព្រះកាយ​ ព្រះលោហិតព្រះអង្គ ដើម្បីឱ្យទៅជារូបកាយតែមួយ (១ករ ១០,១៦-១៧)។ យើងហៅអគ្គសញ្ញានេះថា វត្ថុដ៏វិសុទ្ធ៖ ta hagia ; sancta (Const. Ap. ; ឌីដាខែ) -ដែល​ជា​អត្ថ​ន័យ​ដំបូងនៃសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ ដែលមាននៅក្នុងធម៌ប្រកាសជំនឿរបស់ក្រុមគ្រីស្រ្តទូត- នំបុ័ងនៃទេវទូត នំបុ័ងនៃស្ថានបរមសុខ ថ្នាំនៃជីវិតអមតៈ (សន្ត អ៊ីញ៉ាស អង់ទីអូស)...

១៣៣២. អភិបូជាដ៏វិសុទ្ធ ដ្បិតពិធីចាត់គ្រីស្តបរិស័ទឱ្យទៅ (missio ) បញ្ចប់ពិធីបុណ្យ ដែលព្រះ​ជា​ម្ចាស់​បានសម្រេចគម្រោងការនៃការសង្រ្គោះ។ ព្រះអង្គចាត់ឱ្យគ្រីស្តបរិស័ទទៅ ដើម្បីគាប់ព្រះ ហឫទ័យ​របស់​ព្រះ​អង្គក្នុងជីវិតប្រចាំថ្ងៃ។

៣. អគ្គសញ្ញាអរព្រះគុណក្នុងការចាត់ចែងនែការសង្រ្គោះ

សញ្ញាសម្គាល់នៃនំបុ័ង និងស្រា

១៣៣៣. ដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ត និងដោយសារពាក្យអង្វរឱ្យព្រះវិញ្ញាណយាងមក នំបុ័ង និងស្រាក្លាយទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ នេះជាស្នូលនៃពិធីអរព្រះគុណ។ ព្រះសហគមន៍ ដែល​ស្មោះ​ត្រង់នឹងព្រះបញ្ជារបស់ព្រះអម្ចាស់ នៅតែធ្វើអ្វីដែល​ព្រះអង្គបានធ្វើមុន​នឹងរងទុក្ខ​លំបាក ​ព្រះ​សហគមន៍​​​ក៏ធ្វើដូច្នេះ ដើម្បីរម្លឹកដល់ព្រះអង្គ រហូតដល់ពេលទ្រង់នឹងយាងមកវិញពោរពេញដោយសិរីរុងរឿង៖ “ព្រះអង្គ​យក​នំបុ័ងមកកាន់...” “ព្រះអង្គលើកពែងស្រាទំពាំងបាយជូរឡើង...”។ ដោយក្លាយទៅជាព្រះកាយ និង​ព្រះ​លោហិតព្រះគ្រីស្ត តាមរបៀបអាថ៌កំបាំង សញ្ញាសម្គាល់នៃនំបុ័ង និងស្រា នៅតែសម្ដែងសប្បុរសធម៌នៃការ បង្កើត។ ហេតុនេះ ពេលថ្វាយតង្វាយ យើងអរព្រះគុណព្រះជាម្ចាស់ ដើម្បីនំបុ័ង និងស្រា (ទន ១០៤,១៣-១៥) ជាផលផ្លៃនៃ “ការងាររបស់មនុស្សលោក” ប៉ុន្តែ មុនដំបូង “ផលផ្លែនៃទឹកដី” និង “ដើមទំពាំងបាយជូរ” ដែល​ជា​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ជាព្រះបង្កើត។ ព្រះសហគមន៍យល់ឃើញថា កាយវិការ​របស់​លោក​មែល​គីសេដែក​ជាព្រះមហាក្សត្រ និងជាបូជាចារ្យ ដែល “យកនំបុ័ង និងស្រា” (កណ ១៤,១៨) ជានិមិត្តរូបទុកជា​មុន​នៃ​តង្វាយរបស់ខ្លួន (MR)។

១៣៣៤. ក្នុងសម័្ពន្ធមេត្រីចាស់ គេថ្វាយនំបុ័ង និងស្រាធ្វើជាយញ្ញបូជា ក្នុងចំណោមផលផ្លែដំបូងនៃផែនដី ដើម្បីអរព្រះគុណព្រះជាម្ចាស់ជាព្រះបង្កើត។ ប៉ុន្តែ ក្នុងកាលៈទេសៈនៃដំណើរឆ្ពោះទៅកាន់សេរីភាព នំបុ័ង និង​ស្រានោះ ទទួលអត្ថន័យថ្មី៖ នំបុ័ងឥតមេ ដែលជនជាតិអ៊ីស្រាអែលបរិភោគជារៀងរាល់ឆ្នាំ រម្លឹកថា គេបានចាក​ចេញពីប្រទេសអេស៊ីបយ៉ាងប្រញាប់ប្រញាល់ នំម៉ាណាតែងតែរម្លឹកឱ្យជនជាតិអ៊ីស្រាអែលដឹងថា គេរស់​ដោយ​​សារ​អាហា​រនៃ​ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ទក ៨,៣)។​ ទីបញ្ចប់ នំបុ័ងប្រចាំថ្ងៃជាផលផ្លែនៃទឹកដីសន្យា ដែលធានាថា ព្រះជាម្ចាស់គោរពព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ “ពែងនៃព្រះពរ” (១ករ ១០,១៦) នៅ​ទី​បញ្ចប់នៃពីធីជប់លៀងនៃបុណ្យចម្លងរបស់ជនជាតិយូដា មិនគ្រាន់តែសម្ដែងនូវភាពសប្បាយរីករាយនៃស្រា​ ទំ​ពាំង​​​បាយ​ជូទេ ថែមទាំងបង្ហាញថា ពួកគេរង់ចាំគ្រាចុងក្រោយបំផុត ជាគ្រាដែលព្រះសង្រ្គោះ​នឹងប្រោស​ទីក្រុង​យេរូសាឡឹម​ឡើងវិញដែរ។ ព្រះយេស៊ូបានតែងតាំងអភិបូជារបស់ព្រះអង្គ ដោយផ្តល់អត្ថន័យថ្មី និងជាស្ថាពរ​ដល់​ការប្រទាន​ពរ​លើ​​នំបុ័ង និងលើពែង​ ។

១៣៣៥. នៅពេលដែលព្រះយេស៊ូប្រទានព្រះពរ កាច់ និងចែកនំបុ័ងឱ្យបណ្តាជនតាមរយៈ​ក្រុម​សាវ័ក ការអស្ចារ្យនោះជានិមិត្តរូបទុកជាមុននំបុ័ងតែមួយ និងយ៉ាងបរិបូណ៍ នៃពិធីអរព្រះគុណរបស់ព្រះអង្គ (មថ ១៤,​១៣-២១ ; ១៥,៣២-៣៩)។ សញ្ញានៃទឹកប្រែជាស្រានៅភូមីកាណា (យហ ២,១១) ប្រកាស​ទុក​ជា​មុន​ពេល​កំណត់​នៃសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយសម្តែងថា ពិធីមង្គលការបានសម្រេច នៅក្នុងព្រះរាជ្យព្រះបិតា  ដែល​គ្រីស្តបរិស័ទនឹងពិសាស្រាថ្មី (មក១៤,២៥) ដែលបានក្លាយទៅជាព្រះលោហិតព្រះគ្រីស្ត។

១៣៣៦. ពេលព្រះយេស៊ូនមានព្រះបន្ទូលជាលើកទីមួយអំពីអភិបូជា ក្រុមសាវ័កទាស់ចិត្ត ដូចពេលព្រះ អង្គមានព្រះបន្ទូលថា នឹងរងទុក្ខលំបាកដែរ៖ “ពាក្យទាំងនេះ ទាស់ត្រចៀកណាស់! តើនរណាអាចទ្រាំស្តាប់​បាន?” (យហ ៦,៦០)។ អភិបូជា និងព្រះឈើឆ្កាងដូចជាថ្មជំពប់ចិត្ត ជាគម្រោងការដ៏អស្ចារ្យតែមួយ ដែលនៅតែ​បណ្តាលឱ្យមនុស្សទាស់ទែងគ្នា។ “ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរ ឬ?” (យហ ៦,៦៧)៖ សំណួររបស់ព្រះអម្ចាស់នេះលាន់ឮគ្រប់សម័យ ដូចជាព្រះអង្គអញ្ជើញយើងឱ្យយល់ឃើញថា មានតែ “ព្រះ បន្ទូលរបស់ព្រះអង្គ (ដែល) ផ្តល់ជីវិតអស់កល្បជានិច្ច” (យហ ៦,៦៨) ហើយឱ្យយើងយល់ឃើញថា ពេល​យើង​ទទួលព្រះអំណោយទាននៃអភិបូជារបស់ព្រះអង្គដោយមានជំនឿ យើងក៏ទទួលព្រះអង្គផ្ទាល់ផងដែរ។

ការតែងតាំងពិធីអរព្រះគុណ

១៣៣៧. ដោយព្រះអម្ចាស់ស្រលាញ់មិត្តសម្លាញ់របស់ព្រះអង្គ ទ្រង់ក៏ស្រលាញ់ពួកគេរហូតដល់ទីបំផុត។ ព្រះ​អង្គជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅឯព្រះបិតាវិញ។ ពេលកំពុងបរិភោគ​អាហារ ព្រះអង្គលាងជើងពួកគេ ហើយទ្រង់ប្រទានវិន័យនៃសេចក្ដីស្រលាញ់ឱ្យពួកគេ (យហ ១៣,១-១៧)។ ដើម្បី​​បញ្ចាំសេចក្ដីស្រលាញ់នេះ ដើម្បីកុំឱ្យឃ្លាតឆ្ងាយពីមិត្តសម្លាញ់របស់ព្រះអង្គ ហើយដើម្បីឱ្យពួកគេ អាចចូលរួមចំណែកក្នុងបុណ្យចម្លងរបស់ព្រះអង្គ ទ្រង់ក៏តែងតាំងអភិបូជាជាពិធីនឹករលឹកថា ព្រះអង្គសោយទិវង្គត និងមានព្រះជន្មថ្មី ហើយព្រះអង្គបានបញ្ជាក្រុមគ្រីស្តទូតឱ្យពួកគេ​លើកតម្កើងព្រះអង្គរហូតដល់​ព្រះអង្គ​នឹង​យាងមកវិញ។ ព្រះអង្គក៏បាន “តែងតាំងពួកលោកឱ្យទៅជាបូជាចារ្យនៃសម្ពន្ធមេត្រីថ្មី” (មហាសន្និ​បាតនៅទីក្រុងត្រង់៖ DS ១៧៤០)។

១៣៣៨. គម្ពីរសហចក្ខុ និងសន្តប៉ូលជម្រាបឱ្យយើងដឹងថា ព្រះយេស៊ូបានតែងតាំងអភិបូជា ឯសន្តយ៉ូហានវិញ លោក​​រៀបរាប់នូវព្រះបន្ទូលរបស់ព្រះយេស៊ូក្នុងធម្មសាលានៃទីក្រុងកាផានុម ជាព្រះបន្ទូលដែលរៀបចំការតែងតាំងពិធីអរ​ព្រះ​គុណ៖ ព្រះគ្រីស្តសម្ដែងព្រះអង្គឱ្យយើងដឹងថា ព្រះអង្គជានំបុ័ងនៃជីវិត ដែលចុះពីស្ថានបរមសុខមក (យហ ៦)។

១៣៣៩. ព្រះយេស៊ូបានជ្រើសរើសវេលានៃបុណ្យចម្លង ដើម្បីបំពេញព្រះបន្ទូលរបស់ព្រះអង្គ នៅទីក្រុង កាផានុម គឺប្រទានឱ្យក្រុមសាវ័កនូវព្រះកាយ និងព្រះលោហិតព្រះអង្គ៖

លុះ​ដល់​ថ្ងៃ​បុណ្យ​នំបុ័ង​ឥតមេ​ ជា​ថ្ងៃ​ដែល​គេត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ​បូជា​សម្រាប់​បុណ្យ​ចម្លង‌។ ព្រះ​យេស៊ូ​​បាន​ចាត់​លោក​សិលា​និង​លោក​យ៉ូហាន​ឱ្យ​ទៅ​មុន​ ដោយ​មាន​ព្រះ​បន្ទូល​ថា៖​ “ចូរ​ទៅ​រៀបចំ​ពិធី​ជប់​លៀង​សម្រាប់​​យើង​ នៅ​ក្នុង​ពេល​បុណ្យ​ចម្លង” (...)។ អ្នក​ទាំង​ពីរក៏​ចេញ​ទៅ​‌ (...)។ គេរៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។ លុះ​ដល់​ពេល​កំណត់​ហើយ​ ព្រះយេស៊ូ​ក៏រួម​តុ​ជាមួយ​ក្រុម​គ្រីស្ត​ទូត ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖​ “មុន​ពេល​ខ្ញុំ​រ​​ង​​ទុក្ខ​លំបាក‌​ ខ្ញុំចង់​បរិភោគ​ម្ហូប​អាហារ​ក្នុង​ឱកាស​បុណ្យ​ចម្លង​នេះ​ ជាមួយ​អ្នក​រាល់គ្នា​ណាស់!។​ ខ្ញុំសុំ​ប្រាប់​អ្នក​រាល់​គ្នា​​ថា​ ខ្ញុំ​នឹង​មិន​បរិភោគ​ម្ហូប​អាហារ​បុណ្យ​ចម្លង​នេះ​ទៀត​ទេ​ លុះត្រា​តែ​ពិធី​បុណ្យ​នេះ​បាន​សម្រេច​សព្វ​គ្រប់​ នៅ​ក្នុង​ព្រះ​​រាជ្យ​ព្រះជា​ម្ចាស់” (...)។ បន្ទាប់​មក​ព្រះអង្គ​យក​នំបុ័ង​មក​កាន់​ អរព្រះ​គុណ​ព្រះជា​ម្ចាស់​ រួច​ព្រះអង្គ​កាច់​ប្រទាន​ឱ្យពួក​​គេដោយ​មាន​ព្រះ​បន្ទូល​ថា៖​ “នេះ​ជារូប​កាយ​ខ្ញុំ​ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើដូច្នេះ​ ដើម្បី​នឹក​រំព្ញក​ដល់​​ខ្ញុំ”។ ​លុះ​​ជប់​លៀង​រួច​ហើយ​ ‌ព្រះអង្គ​ធ្វើតាម​បែប​ដដែល​ ទ្រង់​យក​ពែង​មក​កាន់​ ទាំង​មាន​ព្រះ​បន្ទូល​ថា៖​ “នេះ​ជា​ពែង​នៃ​សម្ពន្ធ​មេត្រីថ្មី​‌ ចង​ឡើង​ដោយ​សារ​លោហិត​ខ្ញុំ​ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់គ្នា” (លក ២២,៧-២០) (មថ ២៦,១៧-២៩ ; មក ១៤,១២-២៥ ; ១ករ ១១,២៣-២៦)។​

១៣៤០. ដោយប្រារព្ធពិធីជប់លៀងចុងក្រោយជាមួយក្រុមគ្រីស្តទូតរបស់ព្រះអង្គ នៅពេលបុណ្យ​ចម្លង ព្រះយេស៊ូបានផ្តល់អត្ថន័យជាស្ថាពរដល់បុណ្យចម្លងនៃជនជាតិយូដា។ តាមការពិត ពិធីជប់លៀង​ចុង​ក្រោយ​​រៀបចំទុកជាមុនបុណ្យចម្លងថ្មី ជាការចម្លងរបស់ព្រះយេស៊ូឆ្ពោះទៅព្រះបិតារបស់ព្រះអង្គ ដោយសោយ​ទី​វង្គត និង​មាន​​ព្រះជន្មថ្មី។ អភិបូជាលើកតម្កើងបុណ្យចម្លងនេះ សម្រេចសព្វគ្រប់បុណ្យ​ចម្លង​នៃ​ជន​ជាតិ​យូដា និងប្រារព្ធទុកជាមុនបុណ្យចម្លងចុងក្រោយរបស់ព្រះសហគមន៍ក្នុងសិរីរុងរៀងនៃព្រះរាជ្យ។

ធ្វើដូច្នេះដើម្បីនឹករលឹកដល់ខ្ញុំ

១៣៤១. ព្រះយេស៊ូបញ្ជាឱ្យយកតម្រាប់តាមកាយវិការ និងព្រះបន្ទូលរបស់ព្រះអង្គ “រហូតដល់ព្រះអង្គ​យាង​មក​វិញ” មិនគ្រាន់តែដើម្បីរម្លឹកដល់ព្រះអង្គ និងអ្វីដែលព្រះអង្គបានប្រព្រឹត្តទេ ប៉ុន្តែ ព្រះអង្គមាន​ព្រះបន្ទូល​អំពី​​ពិធី​បុណ្យ ដោយក្រុមគ្រីស្តទូត និងអ្នកបន្តក្រុមនេះ ដែលនឹករលឹក ព្រះគ្រីស្ត ជីវិតរបស់ព្រះអង្គ ហើយ​នឹក​រលឹក​ថា ព្រះ​អង្គបានសោយទិវង្គត មានព្រះជន្មថ្មី និងជួយអង្វរព្រះបិតា។

១៣៤២. តាំងពីដើមដំបូង ព្រះសហគមន៍ស្មោះត្រង់នឹងព្រះបញ្ជារបស់ព្រះអម្ចាស់។ មានចែងទុកអំពី ព្រះ​សហគមន៍នៅទីក្រុងយេរូសាឡឹមថា៖

សាវ័ក​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​គ្រីស្តទូត​ រួមរស់​ជាមួយ​គ្នា​ជា​បងប្អូន ​‌ធ្វើ​ពិធី​កាច់​នំ​បុ័ង​ និង​ព្យាយាម​អធិស្ឋាន (...)។ ជា​រៀង​រាល់​ថ្ងៃ​ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះ​វិហារ ធ្វើ​ពិធី​កាច់​នំ​បុ័ង​នៅ​តាម​ផ្ទះ​ ព្រមទាំង​បរិភោគ​អាហារ​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ និង​ដោយ​ចិត្ត​ស្មោះ​ស​ផង (កក​ ២,៤២.២៦)។

១៣៤៣. គ្រីស្តបរិស័ទជួបជុំគ្នាធ្វើ “ពិធីកាច់នំបុ័ង” (កក ២០,៧) ជាពិសេស “ថ្ងៃទីមួយនៃសប្តាហ៍” គឺថ្ងៃ អាទិត្យ​ ជាថ្ងៃដែលព្រះយេស៊ូមានព្រះជន្មថ្មី។ ចាប់តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ យើងនៅ តែថ្វាយអភិបូជា ទើបមានអភិបូជាគ្រប់ព្រះសហគមន៍ ជាមួយនឹងរចនាសម្ពន្ធមូលដ្ឋាន​ដដែល។ អភិបូជាជាស្នូល​នៃ​ការរស់នៅក្នុងព្រះសហគមន៍។

១៣៤៤. ហេតុនេះហើយ បានជាពីពិធីបុណន្យមួយទៅពិធីបុណ្យមួយទៀត ដោយប្រកាសថា ព្រះយេស៊ូ​បាន​សោយទិវង្គត និងមានព្រះជន្មថ្មី “រហូតដល់ព្រះអង្គយាងមកវិញ” (១ករ ១១,២៦) ប្រជារាស្រ្ត របស់ព្រះជាម្ចាស់ដែលកំពុងធ្វើបូជនីយេសចរណ៍ “ដើរទៅ​មុខ​​តាមទ្វារចង្អៀតនៃឈើឆ្កាង” (AG ១) ឆ្ពោះទៅ ពិធីជប់លៀងនៃស្ថានបរមសុខ នៅពេលដែលអស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសនឹងរួមតុនៃព្រះរាជ្យ។

៤. ពិធីបុណ្យនៃអគ្គសញ្ញាអរព្រះគុណ

អភិបូជាគ្រប់សម័យកាល

១៣៤៥. តាំងពីសតវត្សទីពីរ សន្ត យូស្តាំង ជាមរណសាក្សី ផ្តល់សក្ខីភាពអំពីកិច្ចសំខាន់ដែលគ្រីស្ត​បរិស័ទ​ត្រូវប្រតិបត្តិក្នុងពិធីបុណ្យអរព្រះគុណ។ កិច្ចនោះ នៅតែមានដដែលរហូតដល់សព្វថ្ងៃ សម្រាប់ព្រះ​សហគមន៍​សំខាន់ៗ។ នៅឆ្នាំ ១៥៥ ដើម្បីពន្យល់ឱ្យព្រះចៅអធិរាជ អង់តូនីន ជាអ្នកគោរពប្រណិប័តន៍ (១៣៨-១៦១) នូវអ្វីដែល​គ្រិស្ត​បរិស័ទ​ធ្វើ សន្ត យូស្តាំងសរសេរសេចក្ដីនោះថា៖

នៅថ្ងៃដែលគេហៅថា ថ្ងៃអាទិត្យ គ្រីស្តបរិស័ទទាំងអស់ ព្រមទាំងអ្នកនៅទីក្រុងក្ដី អ្នកនៅស្រុកស្រែក្ដី មក​ជួ​ប​ជុំគ្នា។ ពួកគេអានសេចក្ដីដែលក្រុមគ្រីស្តទូតបានសរសេរទុក និងសេចក្ដីប្រៀនប្រដៅរបស់ពួក​ព្យាការី។ គេ​អាន​យ៉ាងយូរបំផុតតាមលទ្ធភាពរបស់ពួកគេ។ កាលណាអ្នកអាន អានចប់ អ្នកអធិបតីជំរុញ និង​ដាស់តឿន​ឱ្យ​​​យកតម្រាប់តាមសេចក្ដីដ៏ប្រសើរទាំងអស់នោះ។ បន្ទាប់មក យើងទាំងអស់គ្នាក្រោកឡើង ហើយ​អធិដ្ឋាន​រួមគ្នា ដើម្បី​ខ្លួនឯង (...) និងដើម្បីអ្នកដទៃ គ្រប់ទីកន្លែងដែលពួកគេនៅ ដើម្បីឱ្យយើង​ទៅជាមនុស្សសុចរិត ទាំងរបៀបរស់នៅ និង​កិច្ចការផងទាំងពួង ព្រមទាំងគោរពបទបញ្ជាដោយចិត្តស្មោះ ហើយដើម្បីបានទទួលការ​សង្រ្គោះ​អស់កល្ប​ជា​និច្ច។ លុះដល់អធិដ្ឋានរួច យើងធ្វើកាយវិការជាសញ្ញាថា យើងសម្រុះសម្រួលនឹងគ្នា។ បន្ទាប់​មក​​ទៀត គេ​យក​នំបុ័ង ហើយពែងដាក់ស្រានិងទឹកលាយគ្នាឱ្យអ្នកអធិបតីរបស់បងប្អូន។ លោកទទួល​យក​អំណោយ​នោះ កោត​​សរសើរ និង​លើកតម្កើងសិរីរុងរឿងរបស់ព្រះបិតានៃសកលលោក ដោយព្រះនាមព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​លោក​អរព្រះគុណ (ជាភាសាក្រិក eucharistian ) យ៉ាងយូរ ដ្បិតព្រះជាម្ចាស់​បាន​ប្រោស​យើងឱ្យ​សម​នឹងអំណោយនោះ។ លុះដល់លោកអធិដ្ឋាន និងអរព្រះគុណរួច គ្រីស្តបរិស័ទអបអរសាទរ ដោយ​ថ្លែងថា អាម៉ែន។ នៅពេលដែលអ្នកអធិបតីបានអរព្រះគុណ និងប្រជាជនបានឆ្លើយតបរួច អស់អ្នកដែល​យើង​ហៅ​ថា ឧបដ្ឋាក​ចែកនំបុ័ង ស្រា និងទឹក “ដែលព្រះជាម្ចាស់បានប្រែ” ទៅដល់អស់អ្នកដែលកំពុងចូលរួម ហើយ​​​ពួក​លោក​យកទៅ​ជូនអស់អ្នកដែល​មិន​បាន​ចូលរួម។

១៣៤៦. ពិធីបុណ្យអរព្រះគុណប្រារព្ធតាមកិច្ចដែលត្រូវប្រតិបត្តិដដែល ពីសតវត្សមួយទៅសតវត្សមួយ ​រហូត​ដល់សព្វថ្ងៃ ដោយមានវេលាសំខាន់ៗពីរ ដែលរួមឯកភាពជាមួយគ្នា៖

- ការជួបជុំគ្នា ពិធីលើកតម្កើងព្រះបន្ទូល ជាមួយនឹងការអានអត្ថបទ ធម្មទេសនា និងសេចក្ដីអង្វរសកល

ពិធីអរព្រះគុណដ៏វិសុទ្ធ ដោយមានការថ្វាយតង្វាយ ធម៌អរព្រះគុណ ការប្រសិទ្ធពរ និងពិធីទទួលព្រះកាយ​ព្រះ​លោហិតព្រះគ្រីស្ត។

ពិធីលើកតម្កើងព្រះបន្ទូល និងពិធីអរព្រះគុណដ៏វិសុទ្ធ រួមជាមួយគ្នាធ្វើជា “កិច្ចគោរព​បម្រើ​ព្រះ​ជាម្ចាស់​តែមួយគត់” (SC ៥៦) ដ្បិតតុនៃអភិបូជាជាតុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង តុនៃព្រះកាយ​ព្រះ​អម្ចាស់​ផងដែរ (DV ២១)។

១៣៤៧. តើចលនានេះ មិនមែនជាចលនានៃពិធីជប់លៀងនៃបុណ្យចម្លងរបស់ព្រះយេស៊ូ ដែល​មាន​ព្រះជន្មថ្មី ជាមួយក្រុមសាវ័កទេឬ? នៅកំពុងធ្វើដំណើរ ព្រះអង្គពន្យល់គម្ពីរឱ្យពួកគេ បន្ទាប់មក ព្រះអង្គចូល​​រួម​​តុជាមួយពួកគេ ទ្រង់ “យកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឱ្យគេ” (លក ២៤,១៣-៣៥)។

ចលនានៃពិធីបុណ្យ

១៣៤៨. ទាំងអស់គ្នាជួបជុំគ្នា ។ គ្រីស្តបរិស័ទនាំគ្នាចូលក្នុងកន្លែងតែមួយដើម្បីថ្វាយអភិបូជា។ ព្រះគ្រីស្ត​ផ្ទាល់ជាព្រះសិរសា ជាតួឯកនៃពិធីអរព្រះគុណ។ ព្រះអង្គជាមហាបូជាចារ្យនៃសម័្ពន្ធមេត្រីថ្មី។ ដោយយើង​មើល​មិន​ឃើញ​ ព្រះអង្គជាអ្នកអធិបតីនៃពិធីអរព្រះគុណទាំងអស់។ លោកអភិបាល ឬលោកបូជាចារ្យ (ដែល​ប្រព្រឹត្ត​ក្នុងអ​ង្គ​ព្រះ​គ្រីស្ត​ជាព្រះសិរសា ) ជាតំណាងរបស់ព្រះអង្គ ដោយណែនាំអង្គប្រជុំ ទេសនាក្រោយ​ពីបា​ន​អាន​អត្ថបទ ទទួល​តង្វាយ និងសូត្រធម៌អរព្រះគុណដ៏វិសុទ្ធ។ ទាំងអស់គ្នា ចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យ តាម​របៀប​រៀងៗខ្លួន៖ អ្នក​អាន អ្នកយកតង្វាយមក​ថ្វាយ អ្នកជូនព្រះកាយព្រះលោហិតព្រះគ្រីស្ត ហើយប្រជាជន​ទាំង​មូល គេចូលរួម​ផង​​ដែរ ​ដោយពោលពាក្យ អាម៉ែន ។

១៣៤៩. ក្នុងពិធីលើកតម្កើងព្រះបន្ទូល មាន “សេចក្ដីប្រៀនប្រដៅរបស់ពួកព្យាការី” ពោល​គឺ​សម័្ពន្ធ​មេ​ត្រី​ចាស់ និង “សេចក្ដី​ដែល​ក្រុម​គ្រីស្តទូតបានទុក” ពោលគឺលិខិតរបស់ពួកលោក និងកណ្ឌ​ដំណឹងល្អ។ ក្រោយពី​ធម៌​ទេសនា ដែលដាស់តឿនឱ្យចាត់ទុកថា ព្រះបន្ទូលនេះ ពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ២,៥) ព្រមទាំង​ឱ្យប្រតិបត្តិតាម មានសេចក្ដីអង្វរសកលសម្រាប់មនុស្សទាំងអស់ តាមពាក្យសម្តីរបស់គ្រីស្តទូត​ប៉ូល​ថា៖ “ជា​បឋម ​ ខ្ញុំ​សូម​ផ្ដែផ្ដាំ​ឱ្យទូល​សូម​ព្រះ​ជា​ម្ចាស់‌​ អធិដ្ឋាន ​​អង្វរ និង​អរ​ព្រះ​គុណព្រះអង្គ​ សម្រាប់​មនុស្ស​ទាំង​អស់​ផង។​ ‌សម្រាប់​ស្ដេច​ និង​អ្នក​កាន់​អំណាច​គ្រប់​ៗ​រូប‌‌‌​ ដើម្បី​ឱ្យ​យើង​រស់នៅ​បាន​សុខ​ក្សេមក្សាន្ត​គ្មាន​ចលាចល​‌ ទាំង​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ អស់​ពី​ចិត្ត​ និង​មាន​ជីវិត​ថ្លៃថ្នូរ” (១ធម ២,១-២)។

១៣៥០. ពិធីថ្វាយតង្វាយ ៖ ពេលនោះ ជួនកាលជាក្បួនដង្ហែ យើងយកនំបុ័ង និងស្រាទៅដល់អាសនៈ ដែល​លោកបូជាចារ្យនឹងថ្វាយជា​សក្ការបូជា ក្នុងព្រះនាមព្រះគ្រីស្ត

ហើយដែលនឹងទៅជាព្រះកាយ និងព្រះ​លោហិត​ព្រះអង្គ។ កាយវិការនេះ ជាកាយវិការផ្ទាល់របស់ព្រះគ្រីស្ត នៅពិធីជប់លៀងចុងក្រោយ ពេលព្រះអង្គ “យកនំបុ័ង និងពែងមកកាន់”។ “មានតែព្រះសហគមន៍ ដែលថ្វាយសក្ការបូជាដ៏បរិសុទ្ធនេះ ចំពោះព្រះជាម្ចាស់​ជា​ព្រះ​បង្កើត ដោយថ្វាយអ្វីដែលមកពីការបង្កើតរបស់ព្រះអង្គ ព្រមទាំងអរព្រះគុណព្រះអង្គផង” (សន្ត អ៊ីរ៉ែណេ ; មគ ១,១១)។ ពិធីថ្វាយតង្វាយទៅដល់អាសនៈទទួលយកកាយវិការរបស់ព្រះបាទមែលគីសេដែក ហើយប្រគល់​អំណោយ​របស់​ព្រះ​បង្កើតក្នុងព្រះហស្តរបស់ព្រះគ្រីស្ត។ គឺព្រះអង្គនេះហើយ ដែល​ប្រោស​យញ្ញបូជា​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ព្យាយាម​ថ្វាយ ឱ្យបានគ្រប់លក្ខណៈ ក្នុងសក្ការបូជារបស់ព្រះអង្គ។

១៣៥១. តាំងពីដើមដំបូង គ្រីស្តបរិស័ទយកអំណោយ​របស់​ពួក​គេ រួមជាមួយនំបុ័ង និងស្រា ដើម្បី​ចែក​រំលែក​ដល់អស់អ្នក​ ដែលមានតម្រូវការ។ ទំនៀមទំលាប់នៃការរៃប្រាក់ (១ករ ១៦,១) ដែលមានរហូតដល់សព្វ​ថ្ងៃ យកតម្រាប់តាមព្រះគ្រីស្ត ដែលបានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមាន (២ករ ៨,៩)៖

អស់អ្នកដែលមាន ហើយដែលចង់ចែកទានតាមលទ្ធភាព ដែលខ្លួនបានកំណត់ទុកជាមុន។ យើងយកអ្វី​ដែល​​បាន​ទទួលជូនអ្នកអធិបតី ហើយលោកជួយសង្រ្គោះក្មេងកំព្រា និងស្រ្តីមេម៉ាយ អស់អ្នកដែលមានជម្ងឺ ឬមូល ហេតុ​ផ្សេងៗធ្វើឱ្យគេខ្វះខាត អ្នកជាប់គុក អន្តោប្រវេសន៍ និយាយឱ្យខ្លី លោកជួយសង្រ្គោះអស់អ្នកដែល​មាន​តម្រូវការ (សន្ត យូស្តាំង)។

១៣៥២. ធម៌អរព្រះគុណដ៏វិសុទ្ធ ៖ ធម៌អរព្រះគុណដ៏វិសុទ្ធ ជាធម៌ប្រសិទ្ធពរ ដែលជាស្នូលនិងកំពូល​នៃ​ពិធី​បុណ្យ៖

ក្នុងធម៌ប្រារព្ធ ព្រះសហគមន៍អរព្រះគុណព្រះបិតា តាមរយៈព្រះគ្រីស្ត ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ សម្រាប់​ស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ ដោយសារព្រះអង្គបានបង្កើត សង្រ្គោះ និងប្រោសមនុស្សលោកឱ្យ​បានវិសុទ្ធ។ សហគមន៍ទាំងមូលរួមជាមួយសេចក្ដីសរសើរឥតឈប់ឈរ ដែលព្រះសហគមន៍នៅស្ថានបរមសុខ អស់ទេវទូត និងសន្តបុគ្គលទាំងឡាយច្រៀងថ្វាយទៅព្រះដ៏វិសុទ្ធបំផុត។

១៣៥៣. ក្នុងពិធីអង្វរព្រះវិញ្ញាណ ព្រះសហគមន៍ទូលសូមព្រះបិតាឱ្យព្រះអង្គចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះ អង្គ (ឬ ឫទ្ធានុភាពរបស់ព្រះអង្គ (MR)) ឱ្យយាងមកសណ្ឋិតលើនំបុ័ង និងស្រា ដើម្បីឱ្យនំ និងស្រានោះ​បាន​ទៅ​ជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត ដោយសារ​ឫទ្ធានុភាពរបស់ព្រះអង្គ ហើយដើម្បី​ឱ្យ​អស់​អ្នក​ដែលចូលរួមក្នុងពិធីអភិបូជាក្លាយទៅជារូបកាយ និងវិញ្ញាណតែមួយ (ប្រពែណីពិធីបុណ្យខ្លះដាក់ពាក្យអង្វរ​ព្រះ​វិញ្ញាណ​ក្រោយពីធម៌នឹករលឹក)។

ក្នុងពិធីរម្លឹកការតែងតាំងពិធីអរព្រះគុណឡើងវិញ ឫទ្ធានុភាពនៃព្រះបន្ទូល និងកិច្ចការរបស់ព្រះគ្រីស្ត ព្រមទាំង​ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រោសនំបុ័ង និងស្រាឱ្យបានទៅជាព្រះកាយ និងព្រះលោហិតព្រះ​គ្រីស្ត ជា​សក្ការ​បូជាដែលព្រះអង្គបានថ្វាយនៅលើឈើឆ្កាងម្តងជាការស្រេច។

១៣៥៤. ក្នុងធម៌នឹករលឹក ដែលមានបន្ទាប់មក ព្រះសហគមន៍រម្លឹកថា ព្រះយេស៊ូបានរងទុក្ខលំបាក មាន​ព្រះ​ជន្ម​ថ្មី ហើយនឹងយាងមកវិញពោរពេញដោយសិរីរុងរឿង។ ព្រះសហគមន៍​ថ្វាយ​ទៅ​ព្រះ​បិតា​សក្ការ​បូជា​របស់ព្រះបុត្រា​ព្រះ​អង្គ ដែលសម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គ។

ក្នុងការជួយអង្វរសម្រាប់អ្នកដទៃ ព្រះសហគមន៍សម្ដែងថា យើងថ្វាយអភិបូជារួមជាមួយព្រះសហគមន៍ ទាំងមូលនៅស្ថានបរមសុខ និងនៅលើផែនដី ទាំងអ្នករស់ ទាំងអ្នកស្លាប់ ដោយរួមជាមួយពួកគង្វាលព្រះ​សហគមន៍ គឺសម្ដេចប៉ាប លោកអភិបាលនៃភូមិភាគនេះ ក្រុមបូជាចារ្យ និងពួកឧបដ្ឋាករបស់លោក ព្រមទាំង​ពួក​លោក​អភិបាល និងព្រះសហគមន៍របស់អស់លោក ក្នុងពិភពលោកទាំងមូល។

១៣៥៥. ពេលទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្ត ក្រោយពីសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ និងពិធីកាច់នំបុ័ង គ្រីស្តបរិស័ទទទួល “នំបុ័ងនៃស្ថានបរមសុខ” និង “ពែងនៃការសង្រ្គោះ” គឺព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដែលបានបូជាព្រះអង្គ “សម្រាប់ឱ្យមនុស្សលោកមានជីវិត” (យហ ៦,៥១)៖

ដោយសារ “ព្រះជាម្ចាស់បានប្រែ” (eucharisted) នំបុ័ង និងស្រានេះ “យើងហៅអាហារនេះថា អរព្រះ គុណ (Eucharist) ហើយគ្មាន នរណាម្នាក់អាចទទួលបានទេ បើគេមិនជឿលើសេចក្ដីពិត ដែលយើងបង្រៀន បើ គេមិនបានមុជទឹក ដើម្បីរួចពី​បាប ហើយបើគេមិនរស់តាមវិន័យរបស់ព្រះគ្រីស្ត” (សន្ត យូស្តាំង)។

៥. សក្ការ

បូជាខាងអគ្គសញ្ញា៖ អរព្រះគុណ នឹករលឹក វត្តមាន

១៣៥៦. គ្រីស្តបរិស័ទថ្វាយអភិបូជាតាំងពីដើមដំបូង ហើយតាមរបៀបដែលត្រូវប្រតិបត្តិ និងដែល​មិនបាន​ផ្លាស់ប្តូរ ទោះ​បីសម័យកាល និងពិធីបុណ្យផ្សេងៗ ពីព្រោះយើងដឹងថា យើងជាប់ចំណង​នឹង​ព្រះ​បញ្ជា​របស់​ព្រះអម្ចាស់​មុន​នឹងព្រះអង្គរងទុក្ខលំបាក៖ “ធ្វើដូច្នេះ ដើម្បីនឹករលឹកដល់ខ្ញុំ” (១ករ ១១,២៤-២៥)។

១៣៥៧. យើងគោរពព្រះបញ្ជារបស់ព្រះអម្ចាស់នេះ ដោយនឹករលឹកយញ្ញបូជារបស់ព្រះអង្គ ។ យើង​ថ្វាយ​ចំពោះព្រះបិតា អ្វីដែលព្រះអង្គផ្ទាល់បានប្រទានមកយើង គឺអំណោយនៃការបង្កើតរបស់ព្រះអង្គ នំបុ័ង និងស្រា ដែលបានក្លាយទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយសារព្រះបន្ទូលរបស់ព្រះគ្រីស្ត៖ ហេតុនេះ ព្រះគ្រីស្តពិតជាមានវត្តមាន តាមរបៀបអាថ៌កំបាំង។
១៣៥៨. ដូច្នេះ ត្រូវតែចាត់ទុកពិធីអរព្រះគុណដូចជា៖
- ពិធីអរព្រះគុណកោតសរសើរលើកតម្កើងព្រះបិតា
- ពិធីនឹករលឹកយញ្ញបូជារបស់ព្រះគ្រីស្ត និងរបស់ព្រះកាយព្រះអង្គ
- វត្តមានរបស់ព្រះគ្រីស្ត ដោយសារឫទ្ធានុភាពរបស់ព្រះបន្ទូលព្រះអង្គ និងរបស់ព្រះវិញ្ញាណ ព្រះអង្គ។

ពិធីអរព្រះគុណកោតសរសើរលើកតម្កើងព្រះបិតា

១៣៥៩. ពិធីអរព្រះគុណ ជាអគ្គសញ្ញានៃការសង្រ្គោះរបស់យើង ដែលព្រះគ្រីស្តបានសម្រេចនៅ​លើ​​ឈើឆ្កាង ជាយញ្ញបូជាកោតសរសើរអរព្រះគុណព្រះជាម្ចាស់ ដើម្បីស្នាព្រះហស្តនៃការបង្កើត។ ក្នុងអភិបូជា យើង​ថ្វាយ​ចំពោះព្រះបិតាសត្វលោកទាំងអស់ដែលព្រះជាម្ចាស់ស្រលាញ់ តាមរយៈព្រះយេស៊ូ​ដែល​បាន​សោយ​ទី​វង្គត និង​មាន​ព្រះជន្មថ្មី។ តាមរយៈព្រះគ្រីស្ត ព្រះសហគមន៍អាច​ថ្វាយ​យញ្ញ​បូជា​កោតសរសើរអរព្រះ​គុណ ដើម្បីអ្វីៗទាំងអស់ដ៏សប្បុរស ស្រស់បំព្រង និងយ៉ាងត្រឹមត្រូវ ដែលព្រះជាម្ចាស់បានធ្វើក្នុងការបង្កើត និង​ដើម្បីមនុស្សជាតិ។

១៣៦០. ពិធីអរព្រះគុណជាយញ្ញាអរព្រះគុណព្រះបិតា ព្រះសហគមន៍ក៏ប្រទានពរ ដើម្បីអរព្រះគុណ​ព្រះ​ជា​ម្ចាស់​សម្រាប់​អ្វីៗដ៏ល្អ ដែលព្រះអង្គបានធ្វើ ដោយបង្កើត សង្រ្គោះ និងប្រោសមនុស្សលោកឱ្យបានវិសុទ្ធ។ អត្ថន័យ​​​ដំបូង​នៃ​អភិបូជា គឺ “អរព្រះគុណ”។

១៣៦១. ពិធីអរព្រះគុណជាយញ្ញាកោតសរសើរ ​ព្រះសហគមន៍​ក៏ច្រៀងលើក​តម្កើង​សិរីរុង​រឿង​របស់​ព្រះ​ជាម្ចាស់ ក្នុង​នាមសត្វលោកទាំងអស់។ យើងអាចសរសើរព្រះអង្គ តាមរយៈព្រះគ្រីស្តតែប៉ុណ្ណោះ៖ ព្រះអង្គបង្រួប​បង្រួម​​គ្រីស្ត​បរិស័ទជាមួយព្រះអង្គ ក្នុងការលើកតម្កើង និងការជួយអង្វររបស់ព្រះអង្គ ទើបយើង​កោតសរសើរ​ព្រះ​បិតា  ដោយ ព្រះគ្រីស្ត ជាមួយ ព្រះអង្គ និងនៅក្នុង ព្រះអង្គ។

ពិធីនឹករលឹកសក្ការបូជារបស់ព្រះគ្រីស្ត និងរបស់ព្រះកាយព្រះអង្គជាព្រះសហគមន៍

១៣៦២. ពិធីអរព្រះគុណជាពិធីនឹករលឹកបុណ្យចម្លងរបស់ព្រះគ្រីស្ត ធ្វើឱ្យសក្ការបូជាតែមួយរបស់​ព្រះ​អង្គ​​មាន

វត្តមានសព្វថ្ងៃ និងថ្វាយសក្ការបូជានេះតាមរបៀបអគ្គសញ្ញា ក្នុងពិធីបុណ្យព្រះសហគមន៍​ ដែលជាព្រះ កាយ​ព្រះអង្គ។ ក្នុងធម៌អរព្រះគុណដ៏វិសុទ្ធទាំងអស់ មានសេចក្ដីអធិដ្ឋានមួយ ដែលគេហៅថា ធម៌នឹករលឹក ក្រោយ​ពីព្រះបន្ទូលអំពីការតែងតាំងអភិបូជា។

១៣៦៣. តាមអត្ថន័យនៃព្រះគម្ពីរដ៏វិសុទ្ធ ក្នុងធម៌នឹករលឹក យើងមិនគ្រាន់តែ​នឹកគិតដល់ហេតុការណ៍ទាំង ប៉ុន្មានអំពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែយើងប្រកាសកិច្ចការដ៏អស្ចារ្យ​ដែល​ព្រះជាម្ចាស់​បាន​បញ្ចេញសម្រាប់​មនុស្ស​លោក (សរ ១៣,៣)។ ដោយលើកតម្កើងហេតុការណ៍ទាំងនោះ ហេតុការណ៍ទាំងនោះ​ក៏មាន​វត្តមាន​សព្វ​ថ្ងៃ​ម្យ៉ាង។ ជនជាតិ​អ៊ីស្រាអែល​យល់ការរំដោះចេញពីប្រទេសអេស៊ីបតាមរបៀបនេះ៖ រាល់ពេលគេប្រារព្ធបុណ្យ​ចម្លង ហេតុការណ៍​ទាំង​ប៉ុន្មាននៃដំណើរឆ្ពោះទៅកាន់សេរីភាពមានវត្តមានសព្វថ្ងៃ ក្នុងការចងចាំរបស់អ្នកជឿ ដើម្បី​ឱ្យពួក​គេ​ប្រតិបត្តិ​តាម។

១៣៦៤. ធម៌នឹករលឹកទទួលអត្ថន័យថ្មីក្នុងសម័្ពន្ធមត្រីថ្មី។ ពេលព្រះសហគមន៍ថ្វាយអភិបូជា​ ព្រះ​សហគមន៍នឹករឹលកបុណ្យចម្លងរបស់ព្រះគ្រីស្ត ហើយបុណ្យចម្លងនេះមានវត្តមានសព្វថ្ងៃ៖ សក្ការបូជាដែល ព្រះគ្រីស្តបានថ្វាយនៅលើឈើឆ្កាងម្តងជាការស្រេចមានវត្តមានរហូត (ហប ៧,២៤-២៥)៖ “គ្រប់ពេល​ព្រះ​សហគមន៍​ថ្វាយអភិបូជា គឺថ្វាយ​​​សក្ការបូជារបស់​​​ព្រះយេស៊ូ ដែលបូជាព្រះជន្មនៅលើឈើឆ្កាង ព្រះអង្គលោះ​យើង ព្រោះនៅលើឈើឆ្កាងគេបានបូជាព្រះគ្រីស្តជាយញ្ញរបស់យើងក្នុងឱកាសបុណ្យចម្លង” (LG ៣)។

១៣៦៥. ដោយសារពិធីអរព្រះគុណជាពិធីនឹករលឹកដល់បុណ្យចម្លងរបស់ព្រះគ្រីស្ត ពិធីអរព្រះគុណក៏ជា​សក្ការ​បូជា ​ផង​ដែរ។ ព្រះបន្ទូលដែលតែងតាំងអភិបូជាសម្ដែងលក្ខណៈជាយញ្ញ​បូជានៃពិធី​អរ​ព្រះគុណ ៖ “នេះ​ជា​រូបកាយ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា” ហើយ “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចង​ឡើង​ដោយ​សារលោហិត​របស់​ខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា” (លក ២២,១៩-២០)។ ក្នុងពិធីអរព្រះគុណ ព្រះ​គ្រីស្ត​ប្រទាន​ព្រះ​កាយ​នោះ ដែលព្រះ​អង្គ​បាន​ប្រគល់សម្រាប់យើងនៅលើឈើឆ្កាង ព្រះលោហិតនោះ ដែល​ព្រះ​អង្គ​បាន “បង្ហូរ ដើម្បី​លើក​លែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប” (មថ ២៦,២៨)។

១៣៦៦. ដូច្នេះហើយ បានជាពិធីអរព្រះគុណជាសក្ការបូជា ដ្បិតដោយសារពិធីអរព្រះគុណ​ សក្ការ​បូជា​នៃ​​ឈើ​​ឆ្កាង​មាន​វត្តមាន ដ្បិតពិធីអរព្រះគុណនឹករលឹក សក្ការបូជានេះ ហើយដ្បិតពិធីអរព្រះគុណទទួលនិង​ប្រតិបត្តិ​តាម​ផលផ្លែនៃសក្ការបូជានេះ៖

(ព្រះគ្រីស្ត) ជាព្រះ និងជាអម្ចាស់នៃយើង ថ្វាយព្រះកាយព្រះអង្គចំពោះព្រះជាម្ចាស់​ជាព្រះបិតា​ម្តង​ជា​ការ​ស្រេច ដោយសោយទិវង្គតដូចជាអ្នកជួយអង្វរ លើអាសនៈនៃព្រះឈើឆ្កាង ដើម្បីឱ្យ (មនុស្សលោក) រួចពីបាបអស់​កល្បជានិច្ច។ ក៏ប៉ុន្តែ សេចក្ដីស្លាប់របស់ព្រះ​អង្គមិនបញ្ចប់​មុខងារ​របស់​ព្រះ​អង្គ​ក្នុង​ឋានៈជាបូជាចារ្យ​ទេ​ (ហប ៧, ២៤.២៧)។ នៅពិធីជប់លៀងចុងក្រោយ “នៅយប់ដែល (ព្រះអង្គ) ត្រូវគេចាប់បញ្ជូនទៅឆ្កាង” (១ករ​ ១១,២៣) ព្រះអង្គសព្វព្រះឫទ័យផ្ញើទុកឱ្យព្រះសហគមន៍ (ជាព្រះមហេសីដ៏ជាទីស្រលាញ់របស់ព្រះអង្គ) សក្ការ​បូជា​​​ដែល​មើលឃើញ (តាមការទាមទាររបស់ធម្មជាតិមនុស្ស) ដែលតំណាង​ឱ្យសក្ការ​បូជាបង្ហូរឈាម​ដែល​​​​នឹង​កើត​ឡើង​ម្តង​ជា​ការ​ស្រេចនៅលើឈើឆ្កាង ដែលគេនឹករលឹករហូតដល់គ្រាចុងក្រោយបំផុត (១ករ ១១,​២៣)។ សក្ការ​បូជា​នេះ​​​នឹងជួយសង្រ្គោះយើងឱ្យរួចពីបាប ដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃ (មហាសន្និបាត​នៅ​ទី​​ក្រុងត្រង់៖ DS ១៧៤០)។

១៣៦៧. សក្ការបូជារបស់ព្រះគ្រីស្ត និងសក្ការបូជារបស់ព្រះសហគមន៍មានតែមួយដដែល ៖ “មាន​យញ្ញតែមួយដដែល គឺព្រះអង្គដដែលដែលប្រោសប្រទានឥឡូវនេះតាមមុខងាររបស់លោកបូជាចារ្យ ហើយដែល​បាន​បូជាព្រះអង្គនៅលើឈើឆ្កាង។ មានតែរបៀបថ្វាយប៉ុណ្ណោះដែលផ្លាស់ប្តូរ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧៤៣)។​ “សក្ការបូជារបស់ព្រះជាម្ចាស់ ដែលមានក្នុងអភិបូជា ព្រះគ្រីស្តដដែលនេះ ដែលបានបូជា ព្រះអង្គម្តងហើយនៅលើអាសនៈនៃឈើឆ្កាង ដោយបង្ហូរឈាម ហើយដែលគង់នៅ និងថ្វាយព្រះអង្គ ដោយមិន បង្ហូរឈាម” (សន្ត អ៊ីញ៉ាស)។

១៣៦៨. ពិធីអរព្រះគុណជាសក្ការបូជារបស់ព្រះសហគមន៍ដែរ ។ ព្រះសហគមន៍ ដែលជា​ព្រះ​កាយ​ព្រះ​គ្រីស្ត ចូលរួមចំណែកក្នុងតង្វាយនៃប្រធានរបស់ខ្លួន។ ដោយរួបរួមជាមួយព្រះអង្គ ព្រះសហគមន៍ថ្វាយខ្លួនទាំង​ស្រុង​ដែរ។ ព្រះសហគមន៍រួបរួមជាមួយព្រះអង្គ ក្នុងការជួយអង្វររបស់ព្រះអង្គសម្រាប់មនុស្សទាំងអស់។ ក្នុង​ពិធី​អរ​ព្រះ​គុណ សក្ការបូជារបស់ព្រះគ្រីស្តក៏ក្លាយទៅជាយញ្ញបូជានៃសិរីរាង្គរបស់ព្រះកាយព្រះអង្គដែរ។ ការរស់នៅ​របស់​គ្រីស្តបរិស័ទ ពាក្យ​សរសើរ ទុក្ខលំបាក ការអធិដ្ឋាន និងការងាររបស់គេ រួបរួមជាមួយព្រះគ្រីស្តដែលថ្វាយ​ខ្លួន​​ទាំង​ស្រុង ហើយទទួលតម្លៃថ្មីនោះ។ សក្ការបូជារបស់ព្រះគ្រីស្តលើអាសនៈផ្តល់ឱ្យ​គ្រីស្តបរិស័ទ​គ្រប់​ជំនាន់​​អាច​រួមជា​មួយ​តង្វាយ​របស់​ព្រះអង្គបាន។

ក្នុងទីបញ្ចុះសព គ្រីស្តបរិស័ទឧស្សាហ៍គូរព្រះសហគមន៍ដូចជាស្រ្តីម្នាក់ ដែលលាតត្រដាងដៃ កំពុង​អធិដ្ឋាន។ ដូចព្រះគ្រីស្តបានលាតត្រដាងព្រះហស្តនៅលើឈើឆ្កាងយ៉ាងណា ដោយព្រះអង្គ ជាមួយព្រះអង្គ និង​ក្នុង​​អង្គ​ព្រះ​អង្គ ព្រះសហគមន៍ក៏ថ្វាយខ្លួន និងជួយអង្វរសម្រាប់មនុស្សលោកយ៉ាងនោះដែរ។

១៣៦៩. ព្រះសហគមន៍ទាំងមូលរួបរួមជាមួយតង្វាយ និងការជួយអង្វររបស់ព្រះគ្រីស្ត ។ ដោយទទួល​បន្ទុករបស់លោកសិលានៅក្នុងព្រះសហគមន៍ សម្ដេចប៉ាប ចូលរួមចំណែកក្នុងពិធីអរព្រះគុណទាំងអស់។ ក្នុង​ពិធីអរព្រះគុណទាំងអស់នោះ យើងបញ្ជេញឈ្មោះរបស់លោក ដែលជាសញ្ញាសម្គាល់ និងជាអ្នកបម្រើនៃ​ឯកភាព​របស់​ព្រះ​​​សហគមន៍​សកល។ លោកអភិបាល នៃភូមិភាគដែលយើងថ្វាយអភិបូជា រមែងតែងតែ​ជាអ្នក​ទទួល​ខុស​ត្រូវ​នៃ​​អភិបូជា ទោះបីជាលោកបូជាចារ្យ ម្នាក់ធ្វើ​អ្នកអធិបតីយ៉ាងណាក៏ដោយ។ យើងបញ្ជេញនាម​របស់​លោក ដើម្បី​បង្ហាញ​​ថា លោកជាប្រធាននៃព្រះសហគមន័ តាមភូមិភាគនោះ រួមជាមួយពួកលោកបូជាចារ្យ និង​ពួកឧបដ្ឋាក ផង​​ដែរ។ សហគមន៍ជួយអង្វរសម្រាប់អស់អ្នក ដែលមានមុខងារបម្រើព្រះសហគមន៍ ដែលថ្វា​យ​អភិបូជាសម្រាប់ និង​​ជាមួយសហគមន៍នេះ៖អភិបូជាមួយដែលត្រឹមត្រូវ គឺជាអភិបូជាដែលលោកអភិបាល ឬអ្នកដែលលោកអភិបាលបានជ្រើសរើស ជាអ្នកអធិបតី (សន្ត អ៊ីញ៉ាស អង់ទូអូស)។ដោយសារមុខងាររបស់លោកបូជាចារ្យ យញ្ញបូជាខាងវិញ្ញាណរបស់គ្រីស្តបរិស័ទបានសម្រេច ដោយរួប​រួម​​​ជា​មួយនឹង​​សក្ការបូជារបស់ព្រះគីស្ត ជាស្ពានមេត្រីតែមួយ ដែលលោកបូជាចារ្យថ្វាយក្នុងអភិបូជា ក្នុង​នាមព្រះ​សហគមន៍​ទាំងមូល តាមរបៀបដែលមិនបង្ហូរឈាម និងតាមលក្ខណៈជាអគ្គសញ្ញា រហូតដល់​ព្រះអម្ចាស់ផ្ទាល់​យាង​មក​វិញ (PO ២)។

១៣៧០. សមាជិកដែលស្ថិតនៅលើផែនដី ព្រមទាំងសមាជិកដែល​នៅ​ក្នុង​សិរីរុង​រឿង​នៃ​ស្ថានបរមសុខ​ផង ក៏រួបរួមជាមួយតង្វាយរបស់ព្រះគ្រីស្តដែរ៖ ព្រះសហគមន៍ថ្វាយអភិបូជា ដោយរួបរួម​ជាមួយ​ព្រះ​នាង​ព្រហ្មចារិនីម៉ារីដ៏វិសុទ្ធបំផុត ដោយនឹកគិតដល់ព្រះនាង ព្រមទាំងសន្ត និងសន្តីបុគ្គលទាំងឡាយ។ ក្នុង​ពិធី​អរ​ព្រះ​គុណ ព្រះសហគមន៍ និងព្រះនាងម៉ារី ហាក់ដូចជានៅក្បែរឈើឆ្កាង ដោយរួបរួមជាមួយតង្វាយ និង​ការ​ជួយ​អង្វរ​របស់​​​ព្រះ​គ្រីស្ត។

១៣៧១. យើងថ្វាយអភិបូជាសម្រាប់គ្រីស្តបរិស័ទ “ដែលស្លាប់នៅក្នុងអង្គព្រះគ្រីស្ត ហើយដែលមិនទាន់ ត្រូវបន្សុទ្ធឱ្យពេញលេញនៅឡើយ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS១៧៤៣) ដើម្បីឱ្យពួកគេអាច​ចូលក្នុងពន្លឺ និងសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ត៖

ចូរបញ្ចុះសពនេះ នៅកន្លែងណាក៏បាន! កុំខ្វល់នឹងវា​ធ្វើអី្វ! អ្វីដែលខ្ញុំសុំ គឺឱ្យកូនៗនឹកគិតដល់ខ្ញុំ នៅ​អាសនៈរបស់ព្រះអម្ចាស់ នៅគ្រប់កន្លែង (សន្ត ម៉ូនីក មុនទទួលមរណភាព ចំពោះសន្ត អូគូស្តាំង និង​ប្អូន​លោក)។

បន្ទាប់មក យើងអធិដ្ឋាន (ក្នុងធម៌អរព្រះគុណដ៏វិសុទ្ធ) សម្រាប់បុព្វបុរសដ៏វិសុទ្ធ និងលោកអភិបាលដែល កំពុងសម្រាន្តលក់ ហើយជាទូទៅដើម្បីអស់អ្នកដែលបានចូលដំណេកមុនយើង ដោយជឿថា នឹងបានផល​ប្រយោជន៍ដ៏ប្រសើរសម្រាប់ព្រលឹង ដែលយើងអង្វរព្រះជាម្ចាស់ ចំពោះមុខយញ្ញបូជាដ៏វិសុទ្ធ និងគួរឱ្យគោរព កោត​ខ្លាច (...)។ ដោយជួយអង្វរព្រះជាម្ចាស់សម្រាប់អស់អ្នកដែលកំពុងដេកលក់ ទោះជាអ្នកបាបក្ដី (...) យើង​ថ្វាយ​ចំពោះ​ព្រះគ្រីស្តដែលបូជាព្រះជន្ម ដើម្បីលោះបាបយើង សូមឱ្យព្រះជាម្ចាស់ ដែលជាមិត្តសម្លាញ់​របស់​​មនុស្ស​លោក សព្វព្រះហឫទ័យនឹងពួកគេ និងពួកយើងផង (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។

១៣៧២. សន្ត អូគូស្តាំងសង្ខេបបានយ៉ាងអស្ចារ្យលទិ្ធនេះ ដែលជំរុញយើងឱ្យចូលរួមចំណែកកាន់ តែជ្រៅៗក្នុងសក្ការបូជានៃព្រះសង្រ្គោះយើង ដែលយើងលើកតម្កើងក្នុងពិធីអរព្រះគុណ៖

យើងថ្វាយចំពោះព្រះជាម្ចាស់បូរី ដែលព្រះអង្គបានលោះទាំងស្រុងនេះ ពោលគឺអង្គប្រជុំ និងសហភាព​របស់​ជនដ៏វិសុទ្ធ ដូចជាយញ្ញបូជាសកល ដោយមហាបូជាចារ្យ ដែលយករូបរាងជាទាសករ រហូតដល់បូជាព្រះជន្ម សម្រាប់យើង ដោយរងទុក្ខលំបាក ដើម្បីឱ្យយើងទៅជាព្រះកាយនៃប្រធានដ៏អស្ចារ្យនេះ (...)។ នេះគឺជាយញ្ញ បូជារបស់គ្រីស្តបរិស័ទ៖ “យើងមានគ្នាច្រើនរួបរួមជាមួយព្រះកាយតែមួយក្នុងអង្គព្រះគ្រីស្ត” (រម ១២,៥)។ ព្រះ សហគមន៍នៅតែបូជាយញ្ញនេះ ក្នុងអគ្គសញ្ញានៃអាសនៈ ដែលគ្រីស្តបរិស័ទស្គាល់យ៉ាងច្បាស់ ហើយដែលបង្ហាញ ថា​ ក្នុងអ្វីៗដែលព្រះសហគមន៍ថ្វាយ ព្រះសហគមន៍ក៏ថ្វាយទាំងខ្លួនឯងផង។

វត្តមានរបស់ព្រះគ្រីស្ត ដោយសារឫទ្ធានុភាពនៃព្រះបន្ទូលព្រះអង្គ និងឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ

១៣៧៣. “ព្រះគ្រីស្តយេស៊ូបានសោយទិវង្គត ទ្រង់មានព្រះជន្មថ្មី គង់ខាងស្តាំព្រះបិតា និងទូល អង្វរឱ្យយើង” (រម ៨,៣៤) ព្រះអង្គគង់នៅក្នុងស្រហគមន៍តាមរបៀបផ្សេងៗពីគ្នា (LG ៤៨)៖ ក្នុង​ព្រះបន្ទូលព្រះអង្គ ក្នុងការអធិដ្ឋានរបស់ព្រះសហគមន៍ “នៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ” (មថ ១៨,២០) ក្នុងជនក្រីក្រ អ្នកជម្ងឺ អ្នកទោស (មថ ២៥,៣១-៤៦) ក្នុងអគ្គសញ្ញាដែលព្រះអង្គជាអ្នកបង្កើត ក្នុង​អភិបូជា ជាពិសេសក្នុងអ្នកអធិបតី។ ប៉ុន្តែ “ព្រះអង្គគង់នៅតាមរបៀបដ៏ល្អប្រសើរជាទីបំផុត ក្នុងព្រះកាយ និង​ព្រះ​លោហិត​ព្រះអង្គ ” (SC ៧)។

១៣៧៤. របៀបគង់នៅរបស់ព្រះគ្រីស្តក្នុងព្រះកាយ ព្រះលោហិតព្រះគ្រីស្តមានតែមួយ។ វត្តមាននេះ លើកអភិបូជាឱ្យលើសអគ្គសញ្ញាឯទៀតៗ បណ្តាលឱ្យពិធីអរព្រះគុណក្លាយទៅជា “ភាពល្អឥតខ្ចោះនៃ​ជីវិត​ខាងវិញ្ញាញ និងគោលដៅចុងក្រោយរបស់អគ្គសញ្ញាទាំងអស់” (សន្ត ថូម៉ាស​ នៃអាកាំង)។ ក្នុងអគ្គសញ្ញា​អរ​ព្រះ​គុណ​ដ៏​វិសុទ្ធ​បំផុត “សារធាតុ ព្រះកាយ និងព្រះលោហិត រួបរួមជាមួយព្រលឹង និងសភាពជា​ព្រះជាម្ចាស់​របស់​ព្រះ​​អម្ចាស់​នៃ​យើងព្រះយេស៊ូគ្រីស្ត ទើបព្រះគ្រីស្តទាំងស្រុងពិតជា គង់នៅ យ៉ាងពិតប្រាកដ (មហាសន្និបាត​នៅទី​ក្រុង​ត្រង់ ; DS ១៦៥១)។ “យើងហៅវត្តមាននេះ “ពិតប្រាដក” ដោយមិនរាប់អំពីវត្តមានឯទៀតៗ ដែល “ពិត​ប្រាកដ” ដែរ គឺ​តាម​របៀបល្អប្រសើរ ដ្បិតវត្តមាននេះស្ថិតដោយសារធាតុ ដោយសារវត្តមាននេះ ព្រះគ្រីស្ត ជា​ព្រះ​ជាម្ចាស់ និងជាមនុស្ស ដែលគង់នៅទាំងស្រុង” (MF ៣៩)។

១៣៧៥. ព្រះគ្រីស្តគង់នៅក្នុងអគ្គសញ្ញាដោយប្រែ នំបុ័ង និងស្រា ដោយព្រះកាយ និងព្រះលោហិតព្រះ អង្គ។ គ្រូបាធ្យាយព្រះសហគមន៍បានប្រកាសយ៉ាងម៉ឹងម៉ាត់នូវជំនឿព្រះសហគមន៍លើប្រសិទ្ធិភាពនៃព្រះបន្ទូល ព្រះគ្រីស្ត និងកិច្ចការរបស់ព្រះវិញ្ញាណ ដើម្បីបំពេញកិច្ចការនេះ។ ហេតុនេះ សន្ត យ៉ូហាន គ្រីសូស្តូម មាន​ប្រសាសន៍​​ថា៖

មិនមែនមនុស្ស ដែលធ្វើឱ្យតង្វាយទៅជាព្រះកាយព្រះលោហិតព្រះគ្រីស្តទេ គឺព្រះគ្រីស្តផ្ទាល់ ដែល​ត្រូវ​​គេឆ្កាងសម្រាប់យើង។ លោកបូជាចារ្យ ជាតំណាងរបស់ព្រះគ្រីស្ត បញ្ជេញពាក្យសម្តីនោះ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​ជាអ្នកប្រទានប្រសិទ្ធិភាព និងប្រណីសន្តោស។ ព្រះគ្រីស្តមានព្រះបន្ទូលថា នេះជារូបកាយរបស់ខ្ញុំ ។ ព្រះ​បន្ទូល​នេះ ប្រែតង្វាយ។

ឯ សន្ត អំប្រ័រ មានប្រសាសន៍ថា៖

សូមជឿជាក់ច្បាស់ថា ការអស្ចារ្យនេះ មិនមែនមកពីធម្មជាតិទេ ប៉ុន្តែមកពីការប្រសិទ្ធពរ ហើយឫទ្ធានុភាព នៃការប្រសិទ្ធពរខ្លាំងជាងកម្លាំងធម្មជាតិ ដ្បិតដោយសារការប្រសិទ្ធពរ ធម្មជាតិផ្ទាល់ផ្លាស់ប្តូរ (...)។ តើព្រះ​បន្ទូលព្រះគ្រីស្ត ដែលអាចបង្កើតដោយមិនប្រើអ្វីសោះ មិនអាចផ្លាស់ប្តូរអ្វីៗទាំងអស់ទេឬ? ដ្បិតការបង្កើតអ្វី​មួយមិនងាយជាងការផ្លាស់ប្តូរវាឡើយ។

១៣៧៦. មហាសន្និបាតនៅទីក្រុងត្រង់សង្ខេបជំនឿកាតូលិកដោយប្រកាសថា៖ “ដោយសារព្រះគ្រីស្ត ជា​ព្រះសង្រ្គោះយើង មានព្រះបន្ទូលថា នំបុ័ងដែលព្រះអង្គថ្វាយពិតជាព្រះកាយរបស់ព្រះអង្គ ព្រះសហគមន៍ក៏ តែងតែបានជឿជាក់ថា (ដែលមហាន្និបាតដ៏វិសុទ្ធប្រកាសម្តងទៀត)៖ ដោយការប្រសិទ្ធពរលើនំបុ័ង និងស្រា សារធាតុទាំងស្រុងរបស់នំបុ័ង​ផ្លាស់ប្តូរទៅជាសារធាតុទាំងស្រុងនៃព្រះកាយព្រះគ្រីស្ត ជាព្រះអម្ចាស់នៃយើង ហើយ​​សារ​ធាតុទាំងស្រុងនៃស្រាទៅជាសារធាតុទាំងស្រុងនៃព្រះលោហិតព្រះអង្គ។ ព្រះសហគមន៍ហៅយ៉ាង​ត្រឹម​ត្រូវ​ការផ្លាស់ប្តូរនេះថា ការផ្លាស់ប្តូរសារធាតុ (DS ១៦៤២)។

១៣៧៧. វត្តមានរបស់ព្រះគ្រីស្តក្នុងអគ្គសញ្ញាអរព្រះគុណ ចាប់ផ្តើមចាប់តាំងពីការប្រសិទ្ធពរ រហូតដល់នៅពេលសេសសល់ព្រះកាយ និងព្រះលោហិត។ ព្រះគ្រីស្តគង់នៅទាំងស្រុងក្នុងព្រះកាយ និង​ព្រះ​លោហិត និងគង់នៅទាំងស្រុងក្នុងគ្រប់ផ្នែកនៃព្រះកាយ និងព្រះលោហិតនេះ ដូច្នេះ ពិធី​កាច់​នំបុ័ង​មិន​បំបែក​ព្រះ​គ្រីស្ត​ឡើយ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៤១)។

១៣៧៨. ការថ្វាយបង្គំព្រះកាយព្រះលោហិតព្រះគ្រីស្ត ។ ក្នុងពិធីអភិបូជា យើងសម្តែងនូវជំនឿរបស់​យើង​ថា ព្រះគ្រីស្តពិតជាគង់នៅក្នុងព្រះកាយព្រះលោហិតព្រះអង្គ ដោយ (ឧទាហរណ៍) លុតជង្គង់ ឬ​ឱនកាយ ជា​សញ្ញា​សម្គាល់​ថា យើងថ្វាយបង្គំព្រះអម្ចាស់។ “ព្រះសហគមន៍កាតូលិកថ្វាយបង្គំ និងនៅតែថ្វាយបង្គំអគ្គសញ្ញា​អរព្រះគុណ មិនគ្រាន់តែពេលថ្វាយអភិបូជាប៉ុណ្ណោះទេ ថែមទាំងក្រៅពិធីបុណ្យផងដែរ គឺដោយរក្សាទុក​យ៉ាង​ថ្នាក់ថ្នមជាទីបំផុតព្រះកាយព្រះគ្រីស្ត ដោយតាំងព្រះកាយឱ្យគ្រីស្តបរិស័ទគោរពយ៉ាងឧឡារិក ហើយ​ដោយ​ហែ​​ព្រះកាយព្រះអង្គផង” (MF ៥៦)។

១៣៧៩. ដំបូង យើងត្រូវការព្រះពន្លាដ៏វិសុទ្ធសម្រាប់រក្សាទុកព្រះកាយព្រះគ្រីស្ត ដើម្បីជូនទៅអ្នកជម្ងឺ និងអស់អ្នក ដែលមិនបានមកថ្វាយអភិបូជា។ ដោយជឿយ៉ាងជ្រាលជ្រៅដល់​វត្តមានដ៏ពិតប្រាកដរបស់​ព្រះគ្រីស្ត​ក្នុង​ព្រះ​កាយ​ព្រះ​អង្គ ព្រះ​សហគមន៍បានឈ្វេងយល់នូវអត្ថន័យនៃការថ្វាយ​បង្គំយ៉ាងស្ងៀមស្ងាត់នូវព្រះអម្ចាស់ដែលគង់​នៅ​ក្នុង​ព្រះ​កាយព្រះអង្គ។ ហេតុនេះហើយ បានជាត្រូវដាក់ព្រះបន្លានៅកន្លែងដ៏សមរម្យនៃព្រះវិហារ ត្រូវធ្វើព្រះ​ពន្លាតាម​របៀប​​ដែលព្រះពន្លានេះ បញ្ជាក់ និងសម្ដែងសេចក្ដីពិតនៃវត្តមានដ៏ពិតប្រាកដ​របស់​ព្រះគ្រីស្ត​ក្នុង​អគ្គ​សញ្ញា​ដ៏​វិសុទ្ធ។

១៣៨០. ព្រះគ្រីស្តសព្វព្រះហឫទ័យគង់នៅក្នុងព្រះសហគមន៍តាមរបៀបតែមួយនេះ គឺជាការ​សមរម្យ​ណាស់។ ដោយសារព្រះគ្រីស្តបានចាកចេញពីមិត្តសម្លាញ់របស់ព្រះអង្គដោយរូបរាងដែលមើលឃើញ ព្រះអង្គក៏ សព្វព្រះហឫទ័យគង់នៅជាមួយយើង តាមអគ្គសញ្ញា។ ដោយសារព្រះគ្រីស្តបានបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បី​សង្រ្គោះយើង ព្រះអង្គក៏សព្វព្រះហឫទ័យឱ្យយើងមានការនឹករលឹកនៃសេចក្ដីស្រលាញ់ ដែលព្រះអង្គ បានស្រលាញ់យើង “រហូតដល់ទីបំផុត” (យហ ១៣,១) គឺរហូតដល់បូជាព្រះជន្ម។ វត្តមានខាងអគ្គសញ្ញា ព្រះអង្គស្ថិតក្នុងចំណោមយើង តាមរបៀបអាថ៌កំបាំង ដូចជាអ្នកដែលបានស្រលាញ់យើង និងបានបូជាព្រះជន្ម សម្រាប់យើង (កាឡ ២,២០) ហើយព្រះអង្គនៅតែគង់នៅជាមួយយើងតាមសញ្ញាសម្គាល់ដែលសម្ដែង និងផ្តល់ សេចក្ដីស្រលាញ់នេះ៖

ព្រះសហគមន៍ និងពិភពលោកត្រូវការពិធីថ្វាយបង្គំព្រះកាយព្រះគ្រីស្ត។ ព្រះយេស៊ូរង់ចាំយើងក្នុងអគ្គ សញ្ញានៃសេចក្ដីស្រលាញ់នេះ។ កុំបដិសេធមិនព្រមចំណាយពេលវេលា ដើម្បីជួបព្រះអង្គក្នុងការថ្វាយបង្គំ ក្នុងការ ស្មឹងស្មាធិ៍ពោរពេញដោយជំនឿ ដោយត្រៀមខ្លួននឹងព្យាបាលកំហុសធ្ងន់ និងទោសនៃពិភពលោក។ សូមកុំឱ្យ​យើងឈប់ថ្វាយបង្គំឡើយ (សម្ដេចប៉ាប យ៉ូហាន ប៉ូល ទី២)។

១៣៨១. “សន្តថូម៉ាសមានប្រសាសន៍ថា “យើងមិនដឹងអំពីវត្តមាន​នៃព្រះកាយ​យ៉ាង​ពិត​ប្រាកដ​របស់ព្រះ​គ្រីស្ត និងព្រះលោហិតយ៉ាងពិតប្រាកដរបស់ព្រះគ្រីស្តក្នុងអគ្គសញ្ញា ដោយវិញ្ញាណទេ ប៉ុន្តែដោយសារតែជំនឿ ប៉ុណ្ណោះ ដែលសំអាងលើអំណាចរបស់ព្រះជាម្ចាស់”។ ហេតុនេះ ដោយអធិប្បាយអត្ថបទរបស់សន្ត លូកា ២២,១៩៖ “នេះជារូបកាយរបស់ខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា” សន្ត ស៊ីរីល ប្រកាសថា៖ “កុំសួរខ្លួនឯងថា តើជាការពិតឬ ប៉ុន្តែសូមទទួលដោយមានជំនឿថា ជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គ ដែលជាសេចក្ដី​ពិត មិនចេះកុហកទេ”” (សម្ដេចប៉ាប ប៉ូលទី៦)។

ឱព្រះជាម្ចាស់ ដែលលាក់លៀមអើយ! ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដែលពិតជាគង់នៅក្នុងនំបុ័ង និងស្រា។ ចិត្តទូលបង្គំចុះចូលទាំងស្រុងក្រោមអំណាចព្រះអង្គ ដ្បិតពេលទូលបង្គំមើលឃើញព្រះអង្គ ទូលបង្គំ​រន្ធត់​ចិត្តណាស់។ ចក្ខុវិញ្ញាណ ជីវ្ហាវិញ្ញាណ កាយវិញ្ញាណ មិនអាចដឹងអំពីព្រះអង្គទេ អ្វីៗដែល​យើងឮ ត្រូវតែជឿទុកចិត្ត ខ្ញុំ​ម្ចាស់​ជឿលើព្រះបន្ទូលទាំងអស់នៃព្រះបុត្រារបស់ព្រះជាម្ចាស់ គ្មានអ្វីពិតជាងព្រះបន្ទូលនៃសេចក្ដីពិតនេះទេ។

៦. ពិធីជប់លៀងនៃបុណ្យចម្លង

១៣៨២. អភិបូជាជាពិធីនឹករលឹកសក្ការបូជាឥតឈប់ឈរនៃព្រះឈើឆ្កាងផង ជា​ពិធីជប់​លៀង​ដ៏​សក្ការៈ​ដែល​​យើងរួប​រួមជាមួយព្រះកាយ និងព្រះលោហិតព្រះ​អម្ចាស់​ផង ដោយមិនអាចបំបែកពីគ្នាបាន។ ក៏ប៉ុន្តែ ពិធី​អភិបូជា​​តម្រង់​ឱ្យគ្រីស្តបរិស័ទរួបរួមយ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត ដោយទទួល​ព្រះ​កាយ​​ព្រះ​លោហិត​ព្រះ​អង្គ។ ពេលយើងទទួលព្រះកាយព្រះលោហិតព្រះអង្គ យើងក៏ទទួលព្រះគ្រីស្តផ្ទាល់ ដែល​បាន​បូជាព្រះ​ជន្ម​សម្រាប់​​យើង។

១៣៨៣. អាសនៈ ដែលអង្គប្រជុំជួបជុំគ្នាជុំវិញដើម្បីថ្វាយអភិបូជា តំណាងលក្ខណៈទាំងពីរនៃគម្រោង ការណ៍ដ៏អស្ចារ្យតែមួយ គឺអាសនៈនៃយញ្ញបូជា និងតុរបស់ព្រះអម្ចាស់។ លើសពីនេះទៅទៀត អាសនៈ​នៃ​គ្រីស្ត​សាសនា​ជានិមិត្តរូបរបស់ព្រះគ្រីស្តផ្ទាល់ ដែលគង់នៅកណ្តាលអង្គប្រជុំរបស់គ្រីស្តបរិស័ទ ដូចជាយញ្ញដែលយើង ថ្វាយដើម្បីសម្រុះសម្រួលយើងផង ហើយដូចជាចំណីអាហារនៃស្ថានបរមសុខដែលប្រគល់ខ្លួនមកយើងផង។ សន្ត អំប្រ័រ មានប្រសាសន៍ថា “អ្វីទៅជាអាសនៈរបស់ព្រះគ្រីស្ត ក្រៅពីតំណាងនៃព្រះកាយព្រះគ្រីស្ត?”

ម្យ៉ាង​ទៀត “អាសនៈតំណាងព្រះកាយ (ព្រះគ្រីស្ត) ហើយព្រះកាយព្រះគ្រីស្តគង់នៅលើអាសនៈ”។ ពិធី​បុណ្យ​សម្ដែង​ឯកភាព​​នៃយញ្ញបូជា និងការទទួលព្រះកាយ ក្នុងសេចក្ដីអធិដ្ឋានជាច្រើន។ ហេតុនេះ ព្រះសហគមន៍​នៅ​ទី​ក្រុង​រ៉ូម​អង្វរ​នៅ​ក្នុងធម៌អរព្រះគុណដ៏វិសុទ្ធថា៖

ឱព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ! យើងខ្ញុំសូមឱនកាយអង្វរព្រះអង្គ សូមមេត្តាឱ្យទេវទូត​នាំ​យក​សក្ការបូជានេះ ទៅថ្វាយព្រះអង្គទៅលើអាសនៈឯស្ថានបរមសុខ នៅចំពោះព្រះភ័ក្រ្តនៃ​ព្រះដ៏ខ្ពង់​ខ្ពស់​បំផុត។ សូម​ឱ្យយើងខ្ញុំ ដែលទទួលព្រះកាយព្រះលោហិតដ៏វិសុទ្ធនៃព្រះបុត្រា ដោយរួមរស់ជាមួយតុ​សក្ការៈ​នេះ បាន​​​​ពោរ​ពេញ​ដោយព្រះហឫទ័យប្រណីសន្តោស និងព្រះពរយ៉ាងបរិបូណ៍។

សូមអ្នករាល់គ្នាយកពិសាចុះ៖ ការទទួលព្រះកាយ

១៣៨៤. ព្រះអម្ចាស់ជំរុញយើងឱ្យទទួលព្រះអង្គក្នុងអគ្គសញ្ញាអរព្រះគុណ៖ “ខ្ញុំសុំ​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​ ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​ពិសា​សាច់​ និង​លោហិត​របស់​បុត្រ​មនុស្ស​ទេ​ អ្នក​រាល់គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ” (យហ ៦,៥៣)។

១៣៨៥. យើងក៏ត្រូវរៀបចំខ្លួន នឹងទទួលព្រះកាយព្រះលោហិតព្រះអង្គ ដើម្បីឆ្លើយតបនឹងព្រះយេស៊ូ។ សន្ត ប៉ូល ដាស់តឿនយើងឱ្យពិនិត្យចិត្តគំនិតយើង៖ “ប្រសិន​បើ​អ្នក​ណា​ពិសា​នំបុ័ង​ និង​ពិសា​ស្រាពី​ពែង​របស់​ព្រះ​អម្ចាស់​ ដោយ​មិន​សមរម្យ​ អ្នក​នោះ​នឹង​មាន​កំហុស​ ចំពោះ​ព្រះ​កាយ​និង‌​ព្រះ​លោហិត​របស់​ព្រះអម្ចាស់។​ ដូច្នេះ​ម្នាក់​ៗ​ត្រូវ​ពិនិត្យ​ពិច័យ​ មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន‌​ សឹម​ពិសា​នំបុ័ង‌​ និង​ពិសាស្រា​ពី​ពែង​នេះ​ ដ្បិត​អ្នក​ណា​ពិសា​នំបុ័ង​‌ និង​ពិសាស្រា​ពី​ពែង​នោះ​ដោយ​មិន​បាន​យល់​ដល់​ព្រះ​កាយ​របស់​ព្រះអម្ចាស់​ទេ‌​ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់” (១ករ​១១,២៧-២៩)។‌ អ្នកណាយល់ថា ខ្លួនបានប្រព្រឹត្តអំពើបាបធ្ងន់ អ្នកនោះត្រូវទទួលអគ្គសញ្ញា​លើកលែងទោស មុននឹងទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត។

១៣៨៦. នៅពីមុខអគ្គសញ្ញាដ៏ខ្ពង់ខ្ពស់នេះ គ្រីស្តបរិស័ទត្រូវនិយាយដូចនាយទាហាន (មថ ៨,៨) ដោយ​បន្ទាប​ខ្លួន ព្រមទាំងមានជំនឿថា៖ “Domine, non sum dignus, ut intres sub tectum meum, sed tantum dic verbum, et sanabitur anima mea ” (“ឱព្រះអម្ចាស់អើយ! ខ្ញុំមិនសមនឹងទទួលព្រះអង្គទេ តែសូមព្រះអង្គ​មានព្រះបន្ទូលតែមួយព្រះឱស្តមក នោះព្រលឹងខ្ញុំនឹងបានជាសះស្បើយ”)។ ក្នុងពិធីបុណ្យដ៏ប្រសើររបស់សន្ត យ៉ូហាន គ្រីសូស្តូម គ្រីស្តបរិស័ទអធិដ្ឋានដោយមានចិត្តគំនិតដដែល៖

ឱព្រះបុត្រារបស់ព្រះជាម្ចាស់ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសទូលបង្គំឱ្យរួមរស់ជាមួយព្រះអង្គ ក្នុង​ពិធី​ជប់លៀងដ៏អាថ៌កំបាំងរបស់ព្រះអង្គ ដ្បិតទូលបង្គំនឹងមិនប្រាប់ទីសម្ងាត់ដល់ខ្មាំងសត្រូវរបស់ព្រះអង្គ ហើយ​ក៏​​នឹង​មិន​ថើបព្រះអង្គដូចលោកយូដាសទេ។ ប៉ុន្តែ ដូចចោរម្នាក់ដែលជាប់ឈើឆ្កាងជាមួយព្រះអង្គ ទូលបង្គំស្រែក​ឡើង​ថា៖ ឱព្រះអម្ចាស់អើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ។

១៣៨៧. គ្រីស្តបរិស័ទ​ត្រូវ​តម​អាហារ​តាម​ច្បាប់​ព្រះ​សហគមន៍​របស់ពួកគេ (CIC ៩១៩) ដើម្បី​រៀបចំ​ខ្លួន​ឱ្យ​ទទួល​អគ្គសញ្ញានេះ ដោយសមរម្យ។ ត្រូវតែមានអាកប្បកិរិយា (កាយវិការ សំលៀកបំពាក់) ត្រឹមត្រូវ ដែលសម្ដែង​ថា យើងគោរពយ៉ាងឧឡារិកចំពោះព្រះគ្រីស្តដែលទៅជាភ្ញៀវយើង ពោរពេញទៅដោយអំណរសប្បាយ ។

១៣៨៨. បើពួកគេមានលក្ខណៈត្រឹមត្រូវ គ្រីស្តបរិស័ទ​គួរទទួលព្រះកាយព្រះលោហិតព្រះគ្រីស្តរាល់ពេល ពួកគេចូលរួមអភិបូជា ស្របតាមអត្ថន័យផ្ទាល់នៃអគ្គសញ្ញាអរព្រះគុណ៖ “យើងផ្តែផ្តាំដាស់តឿនយ៉ាងខ្លាំង ឱ្យ​​គ្រីស្តបរិស័ទ​ចូលរួមអភិបូជាតាមរបៀបដ៏ល្អប្រសើរជាងគេ គឺដោយទទួលព្រះកាយរបស់​ព្រះ​អម្ចាស់ ក្រោយ​ពីបូជាចារ្យបានទទួលនោះ ក្នុងសក្ការបូជានោះ” (SC ៥៥)។

១៣៨៩. តាមព្រះសហគមន៍ គ្រីស្តបរិស័ទ “ត្រូវតែចូលរួមអភិបូជារាល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ” (OE ១៥) ហើយទទួលព្រះកាយព្រះលោហិតព្រះគ្រីស្ត យ៉ាងហោចណាស់មួយឆ្នាំម្តង ជាពិសេសនៅពេលរដូវបុណ្យ ចម្លង (CIC ៩២០) ដោយបានទទួលអគ្គសញ្ញាលើកលែងទោស។ ប៉ុន្តែ ព្រះសហគមន៍ជំរុញគ្រីស្តបរិស័ទ ឱ្យទទួលព្រះកាយព្រះលោហិតដ៏វិសុទ្ធរាល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ឬច្រើនជាងនេះទៅទៀត សូម្បីតែ​ជា​រៀង​រាល់ថ្ងៃក៏បានដែរ។

១៣៩០. ដោយសារវត្តមានខាងអគ្គសញ្ញារបស់ព្រះគ្រីស្តក្នុងនំបុ័ង និងស្រា ទោះបីយើងទទួលតែនំបុ័ង យ៉ាង​ណាក៏ដោយ ក៏យើងនឹងទទួលផលទាំងស្រុងនៃអគ្គសញ្ញាអរព្រះគុណ។ ដោយសារមូលហេតុផ្សេងៗ របៀបទទួលព្រះកាយនេះ បានទៅជាទំនៀមទំលាប់ នៃពិធីបុណ្យខាងបស្ចិមប្រទេស។ “យើងគួរ​ទទួល​ព្រះកាយ និងព្រះលោហិត ដើម្បីធ្វើជាសញ្ញាសម្គាល់យ៉ាងច្បាស់នៃពិធីជប់លៀង” (IGMR ២៤០)។ របៀបនេះ ជា​របៀប​ធម្មតានៅពិធីបុណ្យខាងបូព៌ាប្រទេស។

ផលនៃការទទួលព្រះកាយព្រះលោហិត

១៣៩១. ពេលយើងទទួលព្រះកាយព្រះលោហិត យើងបង្កើនការរួបរួមជាមួយព្រះគ្រីស្ត ។ ពេលយើង ទទួលព្រះកាយព្រះគ្រីស្ត យើងរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “អ្នក ណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ” (យហ ៦,៥៦)។ ជីវិតក្នុងអង្គព្រះគ្រីស្តចាក់ឫសក្នុងពិធីជប់លៀងនៃអភិបូជា៖ “ព្រះបិតាបានចាត់ខ្ញុំឱ្យមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំក៏នឹងមានជីវិត ដោយសារខ្ញុំយ៉ាងនោះដែរ” (យហ ៦,៥៧)៖

ក្នុងពិធីបុណ្យរបស់ព្រះអម្ចាស់ នៅពេលដែលគ្រីស្តបរិស័ទទទួលព្រះកាយព្រះ​បុត្រា ពួកគេប្រកាស​ចំពោះ​គ្នា​ទៅវិញទៅមកដំណឹងល្អថា ព្រះជាម្ចាស់បានប្រោសប្រទានជីវិតហើយ ដូចនៅពេលដែលទេវទូត​មាន​ប្រសាសន៍ទៅនាងម៉ារី នៃម៉ាដាឡាថា៖ “ព្រះគ្រីស្តមានព្រះជន្មថ្មី!”។ ឥឡូវ​នេះ​អ្នកណាផ្ញើជីវិតលើ​ព្រះ​គ្រីស្ត អ្នកនោះមានជីវិត និងមានជីវិតថ្មី (ពិធីបុណ្យនៅអង់ទីអូស)។

១៣៩២. អ្វីដែលចំណីអាហារបង្កើតក្នុងរូបកាយយើងយ៉ាងណា ព្រះកាយព្រះលោហិតបង្កើតផលក្នុង​ជីវិត​ខាងវិញ្ញាណ​​យើងយ៉ាងនោះដែរ។ ការទទួលសាច់របស់ព្រះគ្រីស្តដែលមានព្រះជន្មថ្មី “ដែលព្រះវិញ្ញាណ​ដ៏វិសុទ្ធប្រោសឱ្យមានជីវិត ហើយដែលធ្វើឱ្យមានជីវិតរស់រវើក” (PO ៥) រក្សាទុក ពង្រឹង និង​ប្រោស​ឱ្យ​ ព្រះ​អំណោយទាន ដែលយើងបានទទួលនៅពិធីជ្រមុជទឹក មានជីវិតថ្មីឡើងវិញ។ ព្រះ​កាយ​ព្រះ​គ្រីស្ត ដែល​ជា​នំ​បុ័ង​នៃ​បូជនីយេសចរណ៍​យើង ត្រូវចិញ្ចឹម​ជីវិត​របស់​គ្រីស្តបរិស័ទ ដើម្បីឱ្យជីវិតនេះ​រីក​ចម្រើន​រហូតដល់ស្លាប់។ នៅ​​ពេល​​នោះ យើងនឹងទទួលព្រះកាយជាលើកចុងក្រោយ។

១៣៩៣. ពេលយើងទទួលព្រះកាយ យើងឃ្លាតឆ្ងាយពីបាប ។ ព្រះកាយព្រះគ្រីស្តដែលយើងទទួលជា ព្រះកាយដែល “ត្រូវបូជាសម្រាប់យើង” ហើយព្រះលោហិតដែលយើងពិសា “ត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់ ឱ្យរួចពីបាប”។ ហេតុនេះ ហើយបានជាអគ្គសញ្ញាអរព្រះគុណមិនអាចបង្រួបបង្រួមយើងជាមួយព្រះគ្រីស្ត ដោយមិនបានបន្សុទ្ធយើងឱ្យរួចពីបាបដែលយើងបានប្រព្រឹត្ត ព្រមទាំងការពាររក្សាយើង​ឱ្យ​​រួចពីបាបនៅ​ពេល​អនាគតបានឡើយ៖

“រៀងរាល់ពេលដែលបងប្អូនពិសានំបុ័ង និងពិសាស្រាពែងនេះ បងប្អូន​ប្រកាស​អំពី​ព្រះអម្ចាស់​សោយ​ទី​វង្គត រហូតដល់ព្រះអង្គយាងមកវិញ” (១ករ ១១,២៦)។ ពេលយើងប្រកាសថា ព្រះអម្ចាស់បានសោយទិវង្គត យើង​ក៏ប្រកាសថា បានរួចពីបាប។ បើរាល់ពេលព្រះលោហិតព្រះអង្គត្រូវបង្ហូរ ព្រះលោហិតនេះត្រូវបង្ហូរដើម្បីឱ្យរួចពី​បាប ខ្ញុំក៏ត្រូវតែទទួលព្រះលោហិតនេះជានិច្ច ដើម្បីឱ្យព្រះលោហិតនេះប្រោសខ្ញុំឱ្យរូចពីបាបជានិច្ច។ ខ្ញុំតែង តែ​ប្រព្រឹត្តអំពើបាបជានិច្ច ខ្ញុំក៏តែងតែត្រូវមានថ្នាំព្យាបាលជានិច្ចដែរ (សន្ត អំប្រ័រ)។

១៣៩៤. ចំណីអាហារខាងផ្លូវកាយពង្រឹងកម្លាំងឡើងវិញយ៉ាងណា អគ្គសញ្ញាអរព្រះគុណពង្រឹងសេចក្ដី ស្រលាញ់ ដែលក្នុងជីវិតប្រចាំថ្ងៃ កាន់តែខ្សោយទៅៗ ហើយសេចក្ដីស្រលាញ់ថ្មីនេះលុបបំបាត់អំពើបាបស្រាលៗ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៣៨)។ ដោយប្រទានព្រះអង្គមកយើង ព្រះគ្រីស្តពង្រឹងសេចក្ដីស្រលាញ់ របស់យើង ហើយប្រោសយើងឱ្យអាចផ្តាច់ចំណងឥតសណ្តាប់ធ្នាប់ចំពោះសត្វលោក ព្រមទាំងឱ្យយើង​អាចចាក់ឫសក្នុងអង្គព្រះអង្គ៖

ព្រះគ្រីស្តសោយទិវង្គត ដើម្បីយើងដោយសារសេចក្ដីស្រលាញ់ នៅពេលយើងនឹករលឹកដល់ព្រះអង្គ សោយ​​​ទិវង្គត ពេលថ្វាយ​​សក្ការបូជា យើងទូលសូមឱ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកប្រទានសេចក្ដីស្រលាញ់​​មក​​​យើង។ ដោយសារសេចក្ដីស្រលាញ់នេះ ព្រះគ្រីស្តសព្វព្រះឫទ័យសោយទិវង្គតដើម្បីយើងៗអង្វរឱ្យ​អាច​ចាត់​ទុកថា លោកីយ៍ត្រូវឆ្កាង​ដើម្បីយើង ហើយយើងក៏ត្រូវឆ្កាងដើម្បីលោកីយ៍ដែរ (...) ដោយបានទទួលព្រះ​អំណោយទាននៃសេចក្ដីស្រលាញ់ ចូររម្ងាប់អំពើបាប ហើយរួមរស់ជាមួយព្រះជាម្ចាស់ (សន្ត ហ្វូលគង់ នៃរូស្ភ) ។

១៣៩៥. ដោយសារសេចក្ដីស្រលាញ់ដដែល ដែលអគ្គសញ្ញាអរព្រះគុណបង្កាត់ក្នុងចិត្តយើង អគ្គសញ្ញា​នេះ ការពាររក្សាយើងឱ្យរួចពីអំពើបាបធ្ងន់ នៅពេលអនាគត។ បើយើងចូលរួមចំណែកក្នុងជីវិតព្រះគ្រីស្តកាន់ តែច្រើនឡើងៗ បើយើងរីកចម្រើនក្នុងមេត្រីភាពរបស់ព្រះអង្គកាន់តែច្រើនឡើងៗ យើងក៏កាន់តែពិបាក​ឃ្លាត​ឆ្ងាយ​ពីព្រះអង្គដោយប្រព្រឹត្តអំពើបាបធ្ងន់ដែរ។ ព្រះជាម្ចាស់មិនតម្រង់អគ្គសញ្ញាអរព្រះគុណ ដើម្បីលើកលែង ទោសអំពើបាបធ្ងន់ទេ ព្រោះជាលក្ខណៈពិសេសនៃអគ្គសញ្ញាលើកលែងទោសវិញ។ អគ្គសញ្ញាអរព្រះគុណមាន លក្ខណៈពិសេសថា ជាអគ្គសញ្ញារបស់អស់អ្នកដែលរួបរួមជាមួយព្រះសហគមន៍យ៉ាងពេញលេញ។

១៣៩៦. ឯកភាពនៃព្រះកាយដ៏អាថ៌កំបាំង៖ អគ្គសញ្ញាអរព្រះគុណកសាងព្រះសហគមន៍ ។ អស់អ្នក​ដែលទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តរួបរួមជាមួយព្រះអង្គយ៉ាងស្និទ្ធស្នាល ទើបព្រះអង្គបង្រួបបង្រួមគ្រីស្ត បរិស័ទទាំងអស់ក្នុងរូបកាយតែមួយ គឺព្រះសហគមន៍។ ព្រះកាយព្រះគ្រីស្តប្រោសឱ្យជាថ្មីឡើងវិញ និង​ពង្រឹង​ការ​រួបរួមជាមួយព្រះសហគមន៍នេះ ដែលអគ្គសញ្ញាជ្រមុជទឹកបានសម្រេចហើយ កាន់តែជ្រៅៗ។ ក្នុងពិធីជ្រមុជ ទឹក ព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យធ្វើជារូបកាយតែមួយ (១ករ​១២,១៣)។ ពិធីអរព្រះគុណ​សម្រេច​ការ​ត្រាស់​ហៅនេះ៖ “ ពេល​យើង​លើក​ពែង​ឡើង​ ដើម្បី​អរ​ព្រះ​គុណ​ព្រះជាម្ចាស់​‌‌ ‌យើង​រួប​រួម​ជាមួយ​ព្រះ​លោហិត​របស់​ព្រះគ្រីស្ត​‌ រីឯ​ពេល​​យើង​កាច់​នំបុ័ង‌‌​ យើង​រួប​រួម​ជាមួយ​ព្រះ​កាយ​របស់​ព្រះគ្រីស្ត​ដែរ។‌​ ​ ដោយមាន​នំបុ័ង​តែមួយ​ប៉ុណ្ណោះ​ យើង​ដែល​មាន​គ្នា​ច្រើន​ ក៏រួប​​រួម​គ្នា​ជា​រូបកាយ​តែមួយ​ដែរ​ ព្រោះ​យើង​ទាំងអស់​គ្នា​​ទទួល​ចំណែក​ពី​នំបុ័ង​តែមួយ​នោះ” (១ករ ១០,១៦-១៧)។

បើបងប្អូនជាព្រះកាយព្រះគ្រីស្ត និងជាសិរីរាង្គរបស់ព្រះអង្គ អគ្គសញ្ញា ដែលនៅលើតុនៃព្រះអម្ចាស់ ជា អគ្គសញ្ញារបស់បងប្អូន ហើយបងប្អូនក៏ទទួលអគ្គសញ្ញារបស់បងប្អូន។ បងប្អូនឆ្លើយថា “អាម៉ែន” (“ពិតមែន​ហើយ!”) ចំពោះអ្វីដែលបងប្អូនទទួល ហើយបងប្អូនយល់ស្របដោយឆ្លើយតប។ អ្នកឮពាក្យនេះ “ព្រះកាយព្រះ​គ្រីស្ត” ហើយអ្នកឆ្លើយថា “អាម៉ែន”។ ចូរអ្នកទៅជាសិរីរាង្គនៃព្រះកាយព្រះគ្រីស្ត ដើម្បីឱ្យចម្លើយរបស់អ្នកពិតជា ត្រឹមត្រូវមែន (សន្ត អូគូស្តាំង)។

១៣៩៧. អគ្គសញ្ញាអរព្រះគុណជំរុញឱ្យជួយជនក្រីក្រ ៖ យើងត្រូវតែទទួល​ស្គាល់​ព្រះ​គ្រីស្ត​ក្នុង​អ្នក​ក្រី​ក្រ​ជាង​គេជាបងប្អូនរបស់ព្រះអង្គ ដើម្ពីទទួល ក្នុងសេចក្ដីពិត ព្រះកាយ​ព្រះលោហិតព្រះ​គ្រីស្ត​ដែល​ត្រូវ​បូជា​សម្រាប់​​យើង (មថ ២៥,៤០)៖

អ្នកបានទទួលព្រះលោហិតព្រះអម្ចាស់ ហើយអ្នកមិនចេះទទួលស្គាល់ប្អូនរបស់អ្នក។ អ្នកប្រឡាក់តុនេះ ដោយគិត​ថា មិនសមនឹងចែកម្ហូបអាហាររបស់អ្នកចំពោះអ្នកដែលព្រះជាម្ចាស់បានអញ្ជើញមករួមតុនេះ។ ព្រះ​ជា​ម្ចាស់​បាន​រំដោះអ្នកឱ្យរួចពីអំពើបាបទាំងអស់របស់អ្នក ទ្រង់ក៏បានអញ្ជើញអ្នកឱ្យរួមតុ ហើយអ្នក​គ្មាន​ចិត្ត​មេត្តា​​ករុណា (សន្ត យ៉ូហាន គ្រីសូស្តូម)។

១៣៩៨. អគ្គសញ្ញាអរព្រះគុណ និងឯកភាពរវាងគ្រីស្តបរិស័ទ ។ ពីមុខអាថ៌កំបាំងដ៏ខ្ពង់ខ្ពស់នេះ សន្ត អូគូស្តាំង ស្រែងឡើងថា៖ “ឱអគ្គសញ្ញានៃការគោរពប្រណិប័តន៍! ឱអគ្គសញ្ញានៃឯកភាព! ឱចំណងនៃសេចក្ដី ស្រលាញ់!​ ”។ ការបាក់បែកគ្នាក្នុងព្រះសហគមន៍ ដែលផ្តាច់គ្រីស្តបរិស័ទមិនឱ្យរួមតុនៃ​ព្រះអម្ចាស់​ជាធ្លុង​តែមួយ​ធ្វើ​ឱ្យឈឺចាប់យ៉ាងណា សេចក្ដីអង្វររបស់ព្រះអម្ចាស់ជំរុញអស់អ្នកដែលផ្ញើ​ជីវិតលើព្រះអង្គឱ្យរួម​ជា​មួយ​គ្នា​​ជា​ធ្លុង​តែ​មួយក៏​យ៉ាងនោះដែរ។

១៣៩៩. ព្រះសហគមន៍ខាងបូព៌ាប្រទេស ដែលមិនសូវរួបរួមជាមួយព្រះសហគមន័កាតូលិក ថ្វាយអភិបូជាដោយ​សេចក្ដី​ស្រលាញ់​យ៉ាង​ជ្រាល​ជ្រៅ។ “ទោះបីព្រះសហគមន៍ទាំងនោះបែកចេញពីយើងក្ដី ក៏ (...) ព្រះ​​សហគមន៍​​ទាំងនោះមានអគ្គសញ្ញា​ដ៏ពិតប្រាកដ ជាពិសេសឱ្យមានអភិបាលតៗគ្នាតាំង​ពីក្រុម​គ្រីស្ត​ទូត​​រៀង​មក -មុខងារ​ជា​បូជាចារ្យ និងពិធីអរព្រះគុណ ដែលជាកត្តាឱ្យពួកគេរួបរួមជាមួយយើង​យ៉ាង​ជិតស្និទ្ធ” (UR ១៥)។ “យើង​អាច និងគួរ​រួប​រួមធ្វើពិធីដ៏សក្ការៈជាមួយគ្នា​បានខ្លះទៅ តាមកាលៈទេសៈត្រឹមត្រូវ និង​ដោយមានការ​អនុញ្ញាត​អំពី​អភិបាល​ព្រះសហគមន៍” (UR ១៥ ; CIC ៨៤៤,៣)។

១៤០០. សហគមន៍ដែលបានមកពីការកែតម្រង់ ហើយដែលបែកចេញពីព្រះសហគមន៍កាតូលិក “ជាពិសេស​ព្រោះ​​​គេ​គ្មាន​អគ្គ​សញ្ញាតែងតាំង គេមិនរក្សាទុកសភាពដើម​នៃគម្រាងការដ៏អស្ចារ្យ​នៃពិធីអរព្រះគុណទេ” (UR ២២)។ ហេតុនេះហើយ បានជាព្រះសហគមន៍កាតូលិក​មិន​អាច​ឱ្យយើងរួមរស់​ជាមួយ​គេក្នុង​ពិធី​អរ​ព្រះគុណ​បាន​​ឡើយ។ ក៏ប៉ុន្តែ “ពេលសហគមន៍ទាំងនោះ នឹករលឹកទៅដល់ពីធីជប់លៀងដ៏វិសុទ្ធ អំពីព្រះអម្ចាស់​សោយ​ទិវង្គត និង​មានព្រះ​ជន្មថ្មី គេប្រកាសថា ជិវិតដ៏ពិតប្រាកដមានន័យថា រួមរស់ជា​មួយ​ព្រះ​គ្រីស្ត និងរង់ចាំ​ឱ្យ​​​​​​​​​​​​​​ព្រះ​អង្គ​យាងមកវិញ ប្រកបដោយសិរីរុងរឿងផង” (UR ២២)។

១៤០១. នៅពេលដែលមានការចាំបាច់ធ្ងន់ធ្ងរ តាមអភិបាលភូមិភាគវិនិច្ឆ័យ អ្នកដែល​ទទួល​មុខងារ​បម្រើ​ព្រះសហគមន៍កាតូលិកអាចផ្តល់អគ្គសញ្ញា (អរព្រះគុណ លើកលែងទោស លាបប្រេងអ្នកជម្ងឺ) ដល់គ្រីស្ត បរិស័ទឯទៀតៗដែលមិនរួបរួមជាព្រះសហគមន៍កាតូលិកយ៉ាងពេញលេញ ប៉ុន្តែដែលសូមឱ្យទទួលអគ្គ សញ្ញានោះ ដោយគ្មាននរណាបង្ខំ។ ពួកគេត្រូវតែសម្ដែងជំនឿនៃព្រះសហគមន៍កាតូលិក ដែលទាក់ទងនឹងអគ្គ​សញ្ញា​នោះ​ ហើយឱ្យគេបានត្រៀមខ្លួនទុកជាមុនផង (CIC ៨៤៤,៤)។

៧. ពិធីអរព្រះគុណ បញ្ចាំសិរីរុងរឿងដែលនឹងយាងមក

១៤០២. ក្នុងសេចក្ដីអធិដ្ឋានពីបុរាណកាល ព្រះសហគមន៍លើកតម្កើងគម្រោងការណ៍ដ៏អស្ចារ្យនៃពិធី អរព្រះគុណ៖ “ឱពិធីជប់លៀងដ៏សក្ការៈ ដែលព្រះគ្រីស្តជាចំណីអាហាររបស់យើង ដែលយើងរម្លឹកដល់ទុក្ខ​លំបាករបស់ព្រះអង្គ ដែលព្រះហឫទ័យប្រណីសន្តោសឈានចូលក្នុងព្រលឹងយើង ហើយដែលព្រះជាម្ចាស់ បញ្ចាំសិរីរុងរឿងដែលនឹងយាងមក”។ បើពិធីអរព្រះគុណជាពិធីនឹករលឹកបុណ្យចម្លងរបស់ព្រះអម្ចាស់ បើយើង​ទទួល “ព្រះពរទាំងឡាយនៃស្ថានបរមសុខ និងព្រះហឫទ័យប្រណីសន្តោស” (MR) ដោយទទួល​ព្រះ​កាយ​ព្រះ​លោហិត​​ព្រះ​គ្រីស្ត ពិធីអរព្រះគុណក៏ជាការប្រារព្ធទុកជាមុនសិរីរុងរឿងនៃស្ថានបរមសុខដែរ។

១៤០៣. ក្នុងពិធីជប់លៀងចុងក្រោយ ព្រះអម្ចាស់ផ្ទាល់បានបំបែរមុខសាវ័ករបស់ព្រះអង្គឆ្ពោះទៅ​បុណ្យ​ចម្លង​ដែលនឹងសម្រេចពេញលក្ខណៈក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់៖ “ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ អំណើះ​​តទៅ‌​ខ្ញុំ​នឹង​​មិន​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ឡើយ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ជាមួយ​​អ្នក​រាល់​គ្នា​ នៅ​​ក្នុង​ព្រះ​រាជ្យនៃ​ព្រះបិតា​ខ្ញុំ” (មថ ២៦,២៩) (លក ២២,១៨ ; មក ១៤,២៥)។ ជារៀងរាល់ពេល​ដែល​ព្រះ​សហគមន័ថ្វាយអភិបូជា ព្រះសហគមន៍ក៏រម្លឹកនូវព្រះបន្ទូលសន្យានេះ ហើយបែរមុខទៅរក “អ្នក ដែល​ជិត​មក​ដល់​ហើយ” (វវ ១,៤)។ ពេលអធិដ្ឋាន ព្រះសហគមន៍អង្វរឱ្យព្រះអង្គយាងមក “ម៉ារ៉ាណថា” (១ករ ១៦,២២) “ឱ​ព្រះ​អម្ចាស់យេស៊ូអើយ! សូមយាងមក” (វវ ២២,២០) “សូមឱ្យព្រះហឫទ័យប្រណី​សន្តោស​របស់​ព្រះ​អង្គ​យាង​មក ហើយឱ្យលោកីយ៍នេះកន្លងផុតទៅ!” (ឌីដាខែ)។

១៤០៤. ព្រះសហគមន៍ដឹងថា ចាប់ពីពេលនេះទៅ ​ព្រះអម្ចាស់យាងមកក្នុងពិធីអរព្រះគុណរបស់​ព្រះ

​​អង្គ ហើយព្រះអង្គគង់នៅកណ្តាលពួកយើងផង។ ក៏ប៉ុន្តែ វត្តមាននេះ​ ហាក់ដូចជាលាក់លៀមដែរ។ ហេតុនេះ យើង​ថ្វាយ​អភិបូជាដោយ “មានសង្ឃឹមយ៉ាងមាំថា នឹងបានបរមសុខ ហើយយើងខ្ញុំក៏រង់ចាំ​ព្រះយេស៊ូគ្រីស្ត​ជាព្រះ​សង្រ្គោះទ្រង់យាងត្រឡប់មកវិញ” (សេចក្ដីអធិដ្ឋានក្រោយពីធម៌ឱព្រះបិតានៃយើងខ្ញុំ) ដោយ “សង្ឃឹមថា នឹង​បាន​​ពោរពេញដោយសិរីរុងរឿងរបស់ព្រះអង្គជានិច្ចនិរន្តរ៍។ នៅពេលព្រះអង្គជូតទឹកភ្នែកយើងខ្ញុំ ពេលនោះ យើង​ខ្ញុំ​​នឹងមើលឃើញព្រះភ័ក្រ្តព្រះជាម្ចាស់យ៉ាងជាក់ស្តែង ហើយយើងខ្ញុំនឹងបានវិសុទ្ធ ដូចព្រះអង្គ អស់​កល្ប​ជា​និច្ច​ដែរ។ យើងខ្ញុំលើកតម្កើងព្រះអង្គឥតឈប់ឈររួមជាមួយព្រះគ្រីស្តជាព្រះអម្ចាស់នៃយើងខ្ញុំ” (MR ធម៌​អរ​ព្រះ​គុណ​ដ៏វិសុទ្ធទី៣)។

១៤០៥. មានតែអគ្គសញ្ញាអរព្រះគុណដែលបញ្ចាំឱ្យច្បាស់នូវសេចក្ដីសង្ឃឹមយ៉ាងមាំថា នឹងបានផ្ទៃ​

មេឃ និងផែនដីថ្មីប្រកបដោយយុត្តិធម៌ (១ពត្រ ៣,១៣)។ ជារៀងរាល់ពេលយើងថ្វាយគម្រោងការណ៍ដ៏អស្ចារ្យ នេះ “យើងរួចពីបាប” ហើយ “យើងកាច់នំបុ័ងតែមួយ ជាថ្នាំអមតៈ ថ្នាំព្យាបាលកុំឱ្យស្លាប់ ប៉ុន្តែឱ្យយើង រួមរស់ជាមួយព្រះយេស៊ូគ្រីស្តជាដរាបតរៀងទៅ” (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។

សង្ខេប

១៤០៦. ព្រះយេស៊ូមានព្រះបន្ទូលថា៖ ខ្ញុំនេះ​ហើយ​ជាអាហារ​ ដែល​មាន​ជីវិត​ចុះ​មក​ពី​ស្ថាន​បរម​សុខ។​ អ្នក​ណា​បរិភោគ​អាហារ​នេះ ​នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច (...) អ្នក​ណា​ពិសា​សាច់​និង​លោហិត​របស់ខ្ញុំ​ អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជានិច្ច‌‌​ (...) អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ​‌ ហើយ​ខ្ញុំក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ (យហ ៦,៥១.៥៤.៥៦)។

១៤០៧ . ពិធីអរព្រះគុណជាស្នូល និងជាកំពូលនៃជីវិតព្រះសហគមន៍ ដ្បិតក្នុងពិធីនេះ ព្រះគ្រីស្តប្រោស ព្រះសហគមន៍ព្រះអង្គ និងសមាជិកទាំងអស់របស់ព្រះអង្គឱ្យចូលរួមក្នុងសក្ការៈបូជាកោតសរសើរ និងអរព្រះ គុណ ដែលព្រះអង្គបានថ្វាយម្តងជាការស្រេចនៅលើឈើឆ្កាងទៅព្រះបិតារបស់ព្រះអង្គ។ ដោយសារសក្ការៈបូជា នេះ ព្រះអង្គចាក់បង្ហូរព្រះអំណោយទាននៃការសង្រ្គោះលើព្រះកាយព្រះអង្គ គឺព្រះសហគមន៍។

១៤០៨. ពិធីបុណ្យអរព្រះគុណតែងតែមានដូចតទៅ៖ ការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិធី​អរ​ព្រះ​​គុណព្រះជាម្ចាស់ជាព្រះបិតា ចំពោះព្រះអំណោយទានទាំងអស់របស់ព្រះអង្គ ជាពិសេសចំពោះ​ព្រះ​អំណោយ​ទាន​នៃ​ព្រះ​បុត្រាព្រះអង្គ ពិធីប្រសិទ្ធពរលើនំប៉័ង និងស្រា និងការចូលរួមក្នុងពិធីជប់លៀង ដោយទទួល​ព្រះ​កាយ និង​ព្រះលោហិតព្រះអម្ចាស់។ ចំណច់ទាំងអស់នោះ ជាកិច្ចការតែមួយនៃពិធីបុណ្យ។

១៤០៩ . ពិធីអរព្រះគុណជាការនឹករលឹកបុណ្យចម្លងរបស់ព្រះគ្រីស្ត ពោលគឺព្រះរាជកិច្ចនៃការសង្រ្គោះ ដែលជីវិត សេចក្ដីស្លាប់ និងព្រះជន្មថ្មីរបស់ព្រះគ្រីស្តបានសម្រេច ហើយដែលពិធីបុណ្យធ្វើឱ្យមានវត្តមានសព្វថ្ងៃ។

១៤១០. គឺព្រះគ្រីស្តផ្ទាល់ ជាមហាបូជាចារ្យអស់កល្បជានិច្ចនៃសម្ពន្ធមេត្រីថ្មី ដែលថ្វាយសក្ការៈបូជា ដោយ​ប្រព្រឹត្តតាម រយៈអ្នកមានមុខងារបម្រើ។ គឺព្រះគ្រីស្តដដែលនេះ ដែលស្ថិតនៅក្នុងនំប៉័ង និងស្រា និងដែល​ជា​តង្វាយនៃសក្ការៈបូជា។

១៤១១. មានតែពួកបូជាចារ្យ ដែលបានទទួលពិធីតែងតាំងយ៉ាងត្រឹមត្រូវទេ ដែលអាចថ្វាយពិធី​អរ​ព្រះ​គុណ និង ប្រសិទ្ធពរលើនំប៉័ង និងស្រា ដើម្បីឱ្យទៅជាព្រះកាយ ព្រះលោហិតព្រះអម្ចាស់បាន។

១៤១២. សញ្ញាសម្គាល់សំខាន់ជាងគេនៃអគ្គសញ្ញាអរព្រះគុណជានំប៉័ងនៃស្រូវសាលី និងស្រាទំពាំង​បាយ​ជូរ ដែលយើងអង្វរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយលោកបូជាចារ្យពោលពាក្យនៃការប្រសិទ្ធពរ ដែលព្រះ​យេស៊ូ​មានព្រះបន្ទូលនៅពិធីជប់លៀងចុងក្រោយ៖ នេះជាព្រះកាយ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា (...) នេះជាពែងនៃព្រះលោហិតរបស់ខ្ញុំ...

១៤១៣. ដោយសារការប្រសិទ្ធពរ នំប៉័ង និងស្រាប្រែជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត។ នៅក្នុង នំប៉័ង និងស្រា ដែលត្រូវប្រសិទ្ធពរ ព្រះគ្រីស្តផ្ទាល់ ដែលមានព្រះជន្មពោរពេញដោយសិរីរុងរឿង មានវត្តមានពិត​ប្រាកដមែន និងដោយសារធាតុ រួមជាមួយព្រះកាយ និងព្រះលោហិតព្រះអង្គ ព្រលឹង និងសភាពជា​ព្រះ​ជា​ម្ចាស់​របស់​ព្រះអង្គផងដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៤០ ; ១៦៥១)។

១៤១៤. ដោយសារពិធីអរព្រះគុណជាសក្ការៈបូជា យើងថ្វាយពិធីនេះ ដើម្បីលោះអំពើបាបរបស់មនុស្ស ទាំងរស់ទាំងស្លាប់ ហើយដើម្បីទទួលព្រះអំណោយទានខាងវិញ្ញាណ ឬខាងលោកីយ៍អំពីព្រះជាម្ចាស់។

១៤១៥. នរណាចង់ទទួលព្រះកាយព្រះគ្រីស្តត្រូវតែបានទទួលការលើកលែងទោស។ ប្រសិនបើនរណា​ម្នាក់​ដឹងខ្លួនថា បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ គេមិនអាចទទួលព្រះកាយបានទេ ទាល់តែគេ​បានទទួល​អគ្គសញ្ញា​លើក​​លែង​ទោស​ជាមុនសិន។

១៤១៦. ការទទួលព្រះកាយ ព្រះលោហិតដ៏វិសុទ្ធរបស់ព្រះគ្រីស្តធ្វើឱ្យអ្នកទទួលរួបរួមជាមួយព្រះ​អម្ចាស់ស្និតស្នាលជាងមុន ប្រោសគេឱ្យរួចពីបាបស្រាលៗ និងការពារគេកុំឱ្យប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ។ ដោយសារចំណងនៃសេចក្ដីស្រលាញ់រវាងអ្នកទទួល និងព្រះគ្រីស្តខ្លាំងជាងមុន ការទទួលអគ្គសញ្ញានេះ ពង្រឹង ឯកភាពព្រះសហគមន៍ ដែលជាព្រះកាយដ៏អាឋ៌កំបាំងរបស់ព្រះគ្រីស្ត។

១៤១៧. ព្រះសហគមន៍ជំរុញគ្រីស្តបរិស័ឱ្យទទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្ត រាល់ពេលគេ​ចូល​រួម​​អភិបូជា។ គេត្រូវទទួលព្រះកាយ ព្រះលោហិតព្រះអង្គយ៉ាងហោចណាស់មួយឆ្នាំម្តង។

១៤១៨. ដោយសារព្រះគ្រីស្តផ្ទាល់គង់នៅក្នុងអគ្គសញ្ញានៃអាសនៈ ត្រូវតែគោរពព្រះអង្គដោយក្រាប​ថ្វាយ​បង្គំ។ ពេលយើងសួរសុខទុក្ខអគ្គសញ្ញាដ៏វិសុទ្ធបំផុត យើងបង្ហាញភស្តុតាងថា យើងដឹងគុណព្រះអង្គ ជា សញ្ញាថា យើងស្រលាញ់ព្រះអង្គ ហើយជាភារកិច្ចចំពោះព្រះគ្រីស្តជាព្រះអម្ចាស់យើង” (MF)

១៤១៩. ព្រះគ្រីស្ត ដែលបានឆ្លងពីលោកនេះទៅព្រះបិតា ក្នុងពិធីអរព្រះគុណ ព្រះអង្គបញ្ចាំសិរីរុងរឿង​ឱ្យយើង ត្រូវតែទទួលនៅក្បែរព្រះអង្គ៖ ការចូលរួមក្នុងសក្ការៈបូជាដ៏វិសុទ្ធបធ្វើឱ្យយើងមានចិត្ត ដូច​ព្រះ​ហឫទ័យ​ព្រះអង្គ ជួយគាំទ្រកម្លាំងយើងនៅពេលធ្វើបូជនីយេចរណ៍នៅក្នុងជីវិតនេះ ធ្វើឱ្យយើងចង់​បាន​ជីវិត​អស់​កល្បជានិច្ច និងធ្វើឱ្យយើងរួមជាមួយព្រះសហគមន៍នៃស្ថានបរមសុខ ព្រហ្មចារិនីម៉ារីដ៏វិសុទ្ធ និង​ជន​ដ៏​វិសុទ្ធ​ទាំងឡាយ។

ជំពូក២ លេខ១៤២០-១៥៣២

ជំពូកទីពីរ​៖​
អគ្គសញ្ញានៃការព្យាបាល

១៤២០. ដោយសារអគ្គសញ្ញាបង្ហាត់អោយទៅជាគ្រីស្តបរិស័ទពេញលេញ មនុស្សទទួលជីវិតថ្មីរបស់ព្រះ គ្រីស្ត។ ប៉ុន្តែ ជីវិតនេះ នៅក្នុង “ឆ្នាំងដី” (២ករ ៤,៧)។ ឥឡូវ ជីវិតនេះ “កប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជា ម្ចាស់” (កូឡ ៣,៣)។ យើងស្ថិតនៅក្នុង “ជម្រកមួយដែលត្រូវរលួយសូន្យទៅ” ដដែល (២ករ ៥,១) ត្រូវរងទុក្ខលំបាក ធ្លាក់ខ្លួនឈឺ និងស្លាប់។ យើងក៏អាចបាត់បង់ជីវិតថ្មីនៃបុត្រធីតារបស់ព្រះជាម្ចាស់ដោយសារអំពើបាបដែរ។

១៤២១. ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាគ្រូពេទ្យនៃព្រលឹង និងរូបកាយរបស់យើង ព្រះអង្គដែលបានលើក​លែងទោសអោយមនុស្សខ្វិនដៃខ្វិនជើង និងប្រោសអោយគេបានជា (មក ២,១-១២) ទ្រង់សព្វព្រះហឫទ័យ អោយព្រះសហគមន៍ព្រះអង្គបន្តព្រះរាជកិច្ចនៃការព្យាបាល និងការសង្រ្គោះរបស់ព្រះអង្គ ដោយឫទ្ធានុភាពនៃ​ព្រះ​​វិញ្ញាណ​ដ៏​វិសុទ្ធ សូម្បីតែចំពោះសិរីរាង្គ​របស់​ព្រះអង្គផ្ទាល់ ។ នេះគឺជាគោលដៅរបស់​អគ្គសញ្ញាទាំង​ពី​រ​ដើម្បី​ព្យា​បាល ពោលគឺអគ្គសញ្ញាលើកលែងទោស និងអគ្គសញ្ញាលាងប្រេងអោយអ្នកជម្ងឺ។

ប្រការទី៤៖​ ​អគ្គសញ្ញាលើកលែងទោស និងសម្រុះសម្រួល

១៤២២. “អស់អ្នកដែលទទួលអគ្គសញ្ញាលើកលែងទោស គឺទទួលការលើកលែង​​ទោស​​ពី​​ព្រះ​​​​ជា​ម្ចាស់​​ប្រកប​​ដោយ​ព្រះហឫទ័យ​​​​មេត្តាករុណា ចំពោះបទដែលគេបានប្រព្រឹត្តខុសនឹងព្រះហឫទ័យព្រះអង្គ។​​​ នៅពេល​ជា​មួយ​គ្នានោះ គេ​​​ស្រុះ​​​ស្រួលជាមួយព្រះសហគមន៍ដែលត្រូវរបួសដោយបាប​​​របស់គេ។ ព្រះសហគមន៍​ក៏​ជួយ​អោយ​គេ​ប្រែចិត្តគំនិត ដោយមានសេចក្ដីស្រឡាញ់ ដោយធ្វើជាគំរូល្អអោយគេ និងដោយអធិដ្ឋានទៀតផង” (LG ១១)។

១. តើគេហៅអគ្គសញ្ញានេះយ៉ាងដូចម្ដេច?

១៤២៣. គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញានៃការកែប្រែចិត្តគំនិត ដ្បិតដោយសារអគ្គសញ្ញានេះ យើងក៏ ឆ្លើយតបចំពោះព្រះយេស៊ូដែលត្រាស់ហៅយើងអោយកែប្រែចិត្តគំនិត (មក ១,១៥) ហើយយើងត្រឡប់មករក ព្រះបិតាវិញ (លក ១៥,១៨) ដែលកាលពីមុនអំពើបាបបាននាំយើងអោយឃ្លាតឆ្ងាយ។

គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញានៃការសោកស្តាយចំពោះអំពើបាបដែលខ្លួនបានប្រព្រឹត្ត ដ្បិតដោយសារអគ្គសញ្ញានេះ គ្រីស្តបរិស័ទដែលបានប្រព្រឹត្តអំពើបាប ​ចាប់ផ្តើមកែប្រែចិត្តគំនិត សោកស្តាយ និង​ទូទាត់​កំហុស​របស់ខ្លួន ដោយរួបរួមជាមួយព្រះសហគមន៍។

១៤២៤. គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញានៃការសារភាព ដ្បិតគេចាំបាច់ត្រូវតែទទួលស្គាល់ និង​សារភាព បាបចំពោះលោកបូជាចារ្យម្នាក់។ តាមអត្ថន័យជ្រៅ ដោយសារអគ្គសញ្ញានេះ យើង “ទទួលស្គាល់” លើក​​តម្កើង កោត​សរសើរភាពដ៏វិសុទ្ធនៃព្រះជាម្ចាស់ និងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះអ្នកបាបដែរ។

គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាលើកលែងទោស ដ្បិតដោយសារពិធីលើកលែងទោសរបស់ លោកបូជាចារ្យក្នុងព្រះនាមព្រះជាម្ចាស់ ព្រះអង្គក៏ប្រោសប្រទានអោយអ្នកបាបនូវ “ការលើកលែងទោស និង​សេចក្ដី​​សុខ​សាន្ត” (OP)។

គេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាសម្រុះសម្រួល ដ្បិតអគ្គសញ្ញានេះផ្តល់ សេចក្ដីស្រលាញ់​របស់​ព្រះជាម្ចាស់អោយអ្នកបាប ដែលព្រះអង្គសម្រុះសម្រួល៖ “ទុកអោយព្រះជាម្ចាស់​សម្រុះសម្រួល​បង​ប្អូន​អោយ​ជានានឹងព្រះអង្គវិញទៅ” (២ករ​៥,២០)។ អ្នកដែលទទួលសេចក្ដីស្រលាញ់​ប្រកប​ដោយ​ធម៌​មេត្តា​ករុណា​របស់ព្រះជាម្ចាស់ត្រៀមខ្លួននឹងឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអម្ចាស់៖ “ចូរទៅសម្រុះសម្រួល​នឹង​បង​ប្អូនរបស់អ្នកជា​មុន​សិន” (មថ ៥,២៤)។

២. ហេតុអ្វីបានជាមានអគ្គសញ្ញាលើកលែងទោសក្រោយពីពិធីជ្រមុជទឹក?

១៤២៥. “ព្រះជាម្ចាស់លាងសម្អាតបងប្អូន ប្រោសប្រទានអោយបងប្អូនបានវិសុទ្ធ ព្រមទាំងអោយបងប្អូន បានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង រួចស្រេចទៅ​ហើយ” (១ករ ៦,១១)។ ត្រូវដឹងខ្លួនអំពីភាពថ្កុំថ្កើងនៃព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រោសប្រទានក្នុងអគ្គ​សញ្ញាបង្ហាត់អោយទៅជាគ្រីស្តបរិស័ទពេញលញ ដើម្បីឈ្វេងយល់ថា អ្នកដែល “មានព្រះគ្រីស្តស្ថិតនៅ​ជាប់​ជា​មួយ” (កាឡ ៣,២៧) មិនអាចប្រព្រឹត្តអំពើបាបទៀតទេ។ ប៉ុន្តែ នៅពេលជាមួយគ្នានេះ គ្រីស្តទូត​សន្ត​យ៉ូហាន​មាន​​ប្រសាសន៍ថា៖ “ប្រសិនបើយើងពោលថា យើងគ្មានបាបសោះ នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដី​ពិត​ក៏​​មិនស្ថិតនៅក្នុងយើងដែរ” (១យហ ១,៨) ហើយព្រះអម្ចាស់ផ្ទាល់បានប្រៀនប្រដៅយើងអោយអធិដ្ឋាន៖ “សូម​អភ័យទោសអោយយើងខ្ញុំ” (លក ១១,៤) ដោយដឹងច្បាស់ថា ព្រះជាម្ចាស់នឹងអភ័យទោសអោយយើង លុះ​ត្រា​តែ​​យើងលើកលែងទោសអោយគ្នាទៅវិញទៅមក។

១៤២៦. ដោយសារយើងបានកែប្រែចិត្តគំនិត ទៅរកព្រះគ្រីស្ត យើងបានកើតជាថ្មីក្នុងពិធីជ្រមុជទឹក យើង​បាន​ទទួលព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ និងបានទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តធ្វើជា​អាហារ យើងក៏​បានទៅជា “វិសុទ្ធ និងឥតសៅហ្មងចំពោះព្រះភ័ក្ត្រព្រះអង្គ” (អភ ៥,២៧)។ ក៏ប៉ុន្តែ ជីវិតថ្មី​ដែល​យើង​បាន​ទទួលក្នុងការបង្ហាត់អោយទៅជាគ្រីស្តបរិស័ទមិនបានរលុបភាពទន់ខ្សោយនៃធម្មជាតិមនុស្ស ឬចិត្ត​លោភលន់ចង់​ប្រព្រឹត្តអំពើបាប ដែលការបញ្ជូនបន្តហៅថាកិលេសតណ្ហា ដែលស្ថិតនៅជាប់នឹងអ្នកជ្រមុជទឹក ដើម្បី​​អោយគេបង្ហាញនូវការប្រយុទ្ធក្នុងការរស់នៅជាគ្រីស្តបរិស័ទ ដោយ​មានព្រះហឫទ័យប្រណី​សន្តោស​របស់​ព្រះ​​គ្រីស្តជួយ (DS ១៥១៥)។ ការប្រយុទ្ធនេះ ជាការកែប្រែចិត្តគំនិត អោយទៅបានវិសុទ្ធ​ និងទទួលជីវិតអស់​កល្ប​ជានិច្ច ដែលព្រះអម្ចាស់តែងតែត្រាស់ហៅយើង (DS ១៥៤៥ ; LG ៤០)។

៣. ការកែប្រែចិត្តគំនិតរបស់អ្នកជ្រមុជទឹក

១៤២៧. ព្រះយេស៊ូត្រាស់ហៅអោយកែប្រែចិត្តគំនិត។ ការត្រាស់ហៅនេះ ជាផ្នែកដ៏ចាំបាច់នៃការ​ប្រកាសព្រះរាជ្យ៖ “ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែ​ប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ” (មក ១,១៥)។ ដំបូង តាមធម្មទេសនាព្រះសហគមន៍  ការត្រាស់ហៅនេះ​ សម្ដៅ​​ទៅលើអស់អ្នកដែលមិនទាន់ស្គាល់ព្រះគ្រីស្ត និងដំណឹងល្អរបស់ព្រះអង្គ។ ហេតុនេះ ពិធីជ្រមុជទឹក​គឺជា​ការ​កែប្រែចិត្តគំនិត ដើមដំបូង និងសំខាន់ជាងគេដែរ។ ដោយសារយើងផ្ញើជីវិតទាំងស្រុងលើដំណឹងល្អ និង​ទទួល​អគ្គសញ្ញាជ្រមុជទឹក (កក ២,៣៨) យើងលះបង់អំពើអាក្រក់ និងទទួលការសង្រ្គោះ ពោលគឺយើងរួច ពី​បាប​ទាំងអស់ និងទទួលព្រះអំណោយទាននៃជីវិតថ្មី។

១៤២៨. ក៏ប៉ុន្តែ ការត្រាស់ហៅរបស់ព្រះគ្រីស្តនៅតែលាន់ឮក្នុងការរស់នៅរបស់គ្រីស្តបរិស័ទ។ ការកែ ប្រែចិត្តគំនិតជាលើកទីពីរនេះ ជាកិច្ចការដែលមិនអាចផ្អាកបាន សម្រាប់ព្រះសហគមន៍ទាំងមូល ដែល “មាន​អ្នក​បាប​នៅក្នុងផ្ទៃ” ដូច្នេះ “ព្រះសហគមន៍វិសុទ្ធផង ត្រូវបន្សុទ្ធខ្លួនឯងផង” ហើយត្រូវតែខិតខំកែប្រែអោយ​បាន​ថ្មី​ជា​និច្ច” (LG ៨)។ ការខិតខំកែប្រែចិត្តគំនិតមិនគ្រាន់តែជាកិច្ចការរបស់មនុស្សទេ ប៉ុន្តែជាចលនា​នៃ “ចិត្ត​សោក​ស្តាយ” (ទន ៥១,១៩) ដែលព្រះហឫទ័យប្រណីសន្តោសទាក់ទាញ និងជម្រុញ (យហ ៦,៤៤ ; ១២,៣២) អោយកែប្រែ ដើម្បីឆ្លើយតបនឹងសេចក្ដីស្រលាញ់ប្រកបដោយធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ដែលបាន​ស្រលាញ់​​យើង (១យហ ៤,១០)។

១៤២៩. ក្រោយពីបានបដិសេធបីដងមិនព្រមទទួលស្គាល់ម្ចាស់របស់ខ្លួន សន្តសិលា ដែលកែប្រែ​ចិត្ត​គំនិត​ ផ្តល់សក្ខីភាពថា ការកែប្រែចិត្តគំនិតមិនគ្រាន់តែជាកិច្ចការរបស់មនុស្សទេ គឺដោយសារ​ព្រះ​យេស៊ូប្រកប​ដោយ​ធម៌មេត្តាករុណាឥតព្រំដែន ទតឃើញលោកៗស្រក់ទឹកភ្នែកសោកស្តាយបាបរបស់ខ្លួន (លក ២២,៦១) ហើយ​​ក្រោយពីព្រះយេស៊ូមានព្រះជន្មថ្មី លោកក៏បានបញ្ជាក់ជាបីដងថា ស្រលាញ់ព្រះអង្គ (យហ ២១,១៥-១៧)។ ការកែប្រែចិត្តគំនិតជាលើកទីពីរមានលក្ខណៈរួម  ដែរ ដូចជាពេលដែល​ព្រះអម្ចាស់​ត្រាស់​ហៅ​ព្រះ​សហគមន៍​មួយទាំងមូល៖ “ចូរកែប្រែចិត្តគំនិត!” (វវ ២,៥.១៦)។

និយាយអំពីការកែប្រែចិត្តគំនិតទាំងពីរ សន្ត អំប្រ័រ មានប្រសាសន៍ថា នៅក្នុងព្រះសហគមន៍ “មានទឹក និងទឹកភ្នែក គឺទឹកនៃពិធីជ្រមុជទឹក និងទឹកភ្នែកនៃការសោកស្តាយបាប”។

៤. ការសោកស្តាយយ៉ាងពិតប្រាកដ

១៤៣០. ដូចចំពោះព្យាការីកាលពីមុន ព្រះយេស៊ូត្រាស់ហៅអោយកែប្រែចិត្តគំនិត និងសោកស្តាយអំពើ​បាប មិនមែនដោយប្រព្រឹត្តកិច្ចការខាងក្រៅ ដូចជា “បាវកាន់ទុក្ខ និងផេះ” ការតមអាហារ និងការលត់ដុំខ្លួនទេ ប៉ុន្តែ ដោយកែប្រែដល់ទីជម្រៅនៃចិត្តគំនិត ព្រមទាំងសោកស្តាយបាបយ៉ាងពិតប្រាកដ ។ បើមិនកែប្រែចិត្តគំនិ​ត​យ៉ាងពិត​ប្រាកដ​ទេ យើងក៏នៅតែកុហក និងមិនបានផលឡើយ ផ្ទុយទៅវិញ បើយើងកែប្រែចិត្តគំនិត​យ៉ាង​ពិត​ប្រាកដ យើង​បញ្ជាក់អាកប្បកិរិយានេះ ដោយបញ្ចេញសញ្ញាសម្គាល់អាចមើលឃើញ និងកិច្ចការដែល​បង្ហាញ​ថា យើង​សោក​​ស្តាយ​អំពើ​បាបរបស់​ខ្លួន (យហ ២,១២-១៣ ; អស ១,១៦-១៧ ; មថ ៦,១-៦.១៦-១៨)។

១៤៣១. ពេលយើងកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដ យើងតម្រែតម្រង់ការរស់នៅរបស់យើងឡើងវិញ ទាំង​ស្រុង យើង​ត្រឡប់ទៅរកព្រះជាម្ចាស់វិញអោយអស់ពីចិត្ត យើងលែងប្រព្រឹត្តអំពើបាបនោះទៀត យើងស្អប់​ខ្បើមអំពើអាក្រក់ទាំងអស់ដែលយើងបានប្រព្រឹត្ត។ នៅពេលជាមួយគ្នានេះ យើងប៉ងប្រាថ្នា និងប្តេជ្ញាចិត្ត​ផ្លាស់​ប្តូរ​ជីវិត ដោយសង្ឃឹមលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ និងជឿទុកចិត្តថា ព្រះហឫទ័យប្រណីសន្តោសរបស់​ព្រះ​អង្គនឹងយាងមកជួយយើងផងដែរ។ ការកែប្រែចិត្តគំនិតយ៉ាងពិតប្រាកដ​នេះ នាំមកជាមួយនូវការឈឺចាប់ និង​ទុក្ខព្រួយ ដែលជាកិច្ចសង្រ្គោះយើង ដែលគ្រូបាធ្យាយហៅថា animi cruciatus (ទុក្ខព្រួយ​នៃ​វិញ្ញាណ) compunctio cordis (ចិត្តសោកស្តាយ) (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៦-១៦៧៨ ; ១៧០៥ ; CR ២,៥,៤)។

១៤៣២. ចិត្តមនុស្សមានៈ និងរឹងរូស។ ព្រះជាម្ចាស់ត្រូវតែប្រោសប្រទានអោយមនុស្សមានចិត្តគំនិតថ្មី (អគ ៣៦,២៦-២៧)។ ការកែប្រែចិត្តគំនិតមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលប្រោស​យើង​អោយ​ត្រឡប់មករកព្រះអង្គវិញ៖ “ព្រះអម្ចាស់អើយ! សូមនាំយើងខ្ញុំអោយវិលត្រលប់មកវិញ នោះ​យើងខ្ញុំ​នឹង​វិលត្រឡប់មកវិញ” (សណ ៥,២១)។ ព្រះជាម្ចាស់ប្រោសប្រទានកម្លាំងអោយចាប់ផ្តើមសាជាថ្មី។ ពេល យើងយល់ឃើញភាពថ្កុំថ្កើងនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ចិត្តគំនិតយើងជំទាស់នឹងអំពើបាបដែលគួរ​អោយ​​ស្អប់​ខ្ទើម ហើយយើងចាប់ផ្តើមញញើតពុំហ៊ានប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើ​បាប និង​ឃ្លាត​ឆ្ងាយពីព្រះអង្គទៀត​ផង។ មនុស្សកែប្រែចិត្តគំនិត នៅពេលដែលមើលឃើញ អ្នកដែល​អំពើ​បាប​យើង​បាន​ចាក់​ទម្លុះ (យហ ១៩,៣៧ ; សក ១២,១០)៖

ចូរមើលឃើញព្រះលោហិតព្រះគ្រីស្ត ហើយឈ្វេងយល់អោយច្បាស់ថា ព្រះលោហិតនេះ មានតម្លៃដ៏ លើស​​​​លប់ចំពោះព្រះបិតាព្រះអង្គ ដ្បិតដោយសារព្រះលោហិតបានត្រូវបង្ហូរដើម្បីសង្រ្គោះយើង ព្រះអង្គក៏បានទុក អោយ​ពិភពលោកទាំងមូលកែប្រែចិត្តគំនិត ដោយព្រះហឫទ័យប្រណីសន្តោស (សន្ត ក្លេម៉ង់ នៅទៅក្រុង​រ៉ូម)។

១៤៣៣. ចាប់តាំងពីបុណ្យចម្លង ព្រះវិញ្ញាណដ៏វិសុទ្ធ “បញ្ជាក់អោយមនុស្សលោកដឹងថា គេយល់ខុសអំពី បាប” (យហ ១៦,៨-៩) ពោលគឺពិភពលោកមិនបានជឿលើអ្នកដែលព្រះបិតាបានចាត់អោយមក។ ប៉ុន្តែ ព្រះ វិញ្ញាណដដែលនេះ ដែលសម្ដែងនូវអំពើបាប ជាព្រះលួងលោម (យហ ១៥,២៦) ដែលព្រះហឫទ័យប្រណី​សន្តោស​ប្រទានអោយមនុស្សអាចសោកស្តាយអំពើបាប និងអាចកែប្រែចិត្តគំនិតបាន (កក ២,៣៦-៣៨ ; សម្ដេច​ប៉ាប យ៉ូហាន ប៉ូលទី២ ; DV ២៧-៤៨)។

៥. របៀបផ្សេងៗនៃការសោកស្តាយអំពើបាបក្នុងការរស់នៅជាគ្រីស្តបរិស័ទ

១៤៣៤. គ្រីស្តបរិស័ទអាចសោកស្តាយអំពើបាបរបស់ខ្លួនតាមរបៀបខុសប្លែកពីគ្នា។ ព្រះគម្ពីរ និងគ្រូបាធ្យាយ​សង្កត់​លើចំណត់បី គឺការតមអាហារ ការអធិដ្ឋាន និងការធ្វើទាន (តប ១២,៨ ; មថ ៦,១-១៨) ដែលសម្ដែង​នូវការកែប្រែ​ចិត្ត​​គំនិត ចំពោះខ្លួនឯង ចំពោះព្រះជាម្ចាស់ និងចំពោះអ្នកដទៃ។ ព្រះជាម្ចាស់បន្សុទ្ធយើងអោយ​បាន​ពេញ​លេញ​ ពេល​យើង​ទទួល​ពិធី​ជ្រមុជ​​ទឹក ឬពេលយើងស្លាប់ដូចជាមរណសាក្សី ប៉ុន្តែ ព្រះគម្ពីរ និងគ្រូបាធ្យាយ​បន្ថែម​​​ទៀត​ថា យើងអាចទទួលការលើក​លែង​​ទោសពេលយើងខិតខំស្រុះស្រួលជាមួយបងប្អូន ពេលយើង​ស្រក់​ទឹកភ្នែក​សោក​ស្តាយ​អំពើបាបរបស់ខ្លួន ពេល​យើង​ចង់​​ជួយសង្រ្គោះបងប្អូន (យក ៥,២០) នៅពេលដែលសន្ត​បុគ្គល​ជួយ​អង្វរ​ព្រះជាម្ចាស់សម្រាប់យើង ឬ​ពេល​យើ​ង​ប្រព្រឹត្ត​តាម​សេចក្ដីស្រលាញ់ ដែល “រមែងគ្របបាំង​អំពើ​បាប​​ដ៏​ច្រើន​លើស​លប់” (១ពត្រ ៤,៨)។

១៤៣៥. យើងកែប្រែចិត្តគំនិតក្នុងជីវិតប្រចាំថ្ងៃ ដោយស្រុះស្រួលគ្នា ដោយចង់រំដោះទុក្ខ​អ្នក​ក្រីក្រ ដោយការពារ​ច្បាប់ និង​​​យុត្តិធម៌ (អម ៥,២៤ ; អស ១,១៧) ដោយសារភាពភាពកំហុសចំពោះបងប្អូន ដោយជួយ​កែលំអ​គ្នា​ទៅ​វិញ​​ទៅមក ដោយរំលឹករបៀបរស់នៅឡើងវិញ ដោយពិនិត្យមនសិការ ដោយ​មានអ្នកជួយ​ណែនាំវិញ្ញាណ ដោយ​សុខ​​ចិត្តរងទុក្ខលំបាក និងដោយស៊ូទ្រាំទទួលការបៀតបៀនដោយសារយុត្តិធម៌។ ពេល​យើង​លី​ឈើ​ឆ្កាង​ជារៀង​រាល់​ថ្ងៃ ដើរតាមព្រះ​យេស៊ូ យើងដើរតាមផ្លូវនៃការលើកលែងទោសជាពុំខាន (លក ៩,២៣)។

១៤៣៦. អគ្គសញ្ញាអរព្រះគុណ និងការសោកស្តាយអំពើបាបរបស់ខ្លួន ។ ​ការកែប្រែចិត្តគំនិត និងការសោកស្តាយ​​អំពើបាបមានប្រភព និងចំណីអាហារចេញមកពីពិធីអរព្រះគុណ ពីព្រោះនៅក្នុងពិធីនេះ សក្ការបូជារបស់ព្រះគ្រីស្ត ដែល​​បានសម្រុះសម្រួលយើងអោយជានានឹងព្រះជាម្ចាស់ មានវត្តមានសព្វថ្ងៃ។ ដោយសារពិធីនេះ អស់អ្នក​ដែល​រួបរួម​ជាមួយព្រះគ្រីស្តទទួលចំណីអាហារ និងកម្លាំង។ ពិធីអរព្រះគុណជា “ថ្នាំបន្សាប ដែល​រំដោះយើង​អោយ​រួច​ពី​កំហុស​ប្រចាំថ្ងៃ និងជួយ​ការពារយើងអោយចាកផុតពីការប្រព្រឹត្តអំពើបាបធ្ងន់” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៣៨)។

១៤៣៧. ការអានព្រះគម្ពីរដ៏វិសុទ្ធ ការអធិដ្ឋានតាមពេលកំណត់ ការសូត្រធម៌ ឳព្រះបិតានៃយើងខ្ញុំ ឬពិធី​ណាមួយ ដោយ​មានចិត្តស្មោះ ជ្រមុញយើងអោយកែប្រែចិត្តគំនិត សោកស្តាយអំពើបាបរបស់ខ្លួន និងជួយ​យើង​អោយ​ទទួល​ការ​អភ័យ​ទោសពីអំពើបាបរបស់យើង។

១៤៣៨. វេលា និងថ្ងៃនៃការសោកស្តាយអំពើបាប នៅឆ្នាំពិធីបុណ្យ (រាល់ថ្ងៃសុក្រនៃរដូវអប់រំពិសេស ដើម្បីសញ្ជឹង​គិត​ដល់​ព្រះយេស៊ូដែលបានសោយទិវង្គត) ជាវេលាដ៏ប្រសើរ ក្នុងព្រះសហគមន៍ ដើម្បីសោកស្តាយអំពើបាប (SC ១០៩-១១០ ; CIC ១២៤៩-១២៥៣ ; CCEO ៨៨០-៨៨៣)។ ក្នុងវេលានោះ គួរប្រព្រឹត្តលំហាត់ខាងវិញ្ញាណ ពិធីលើកលែងទោស បូជនីយេចរណ៍ ដើម្បីបង្ហាញថា យើងសោកស្តាយអំពើបាប គួរស្ម័គ្រចិត្តតមអាហារ ធ្វើទាន ចែករំលែកទ្រព្យសម្បត្តិ (ដល់ជន​ក្រីក្រ ឬដើម្បីជួយប្រកាសដំណឹងល្អ)។

១៤៣៩. ព្រះយេស៊ូបានរៀបរាប់យ៉ាងអស្ចារ្យនូវចលនានៃការកែប្រែចិត្តគំនិត និងការសោកស្តាយអំពើបាប ក្នុង​ពាក្យប្រស្នាអំពី “កូនវង្វេង” ដែល “ឪពុកពោរពេញដោយធម៌មេត្តាករុណា” ជាតួឯក (លក ១៥,១១-២៤)៖ កូន​ភ្លើតភ្លើននឹងសេរីភាពក្លែងក្លាយ លះបង់ផ្ទះឪពុក ជួបប្រទះនឹងទុក្ខវេទនាដ៏ខ្លាំងខ្លាក្រោយពីបានបំផ្លាញទ្រព្យ​សម្បត្តិ​អស់ កូនខ្មាស់គេណាស់ ពេលគាត់ត្រូវថែរក្សាជ្រូក ជាពិសេសពេលគាត់ចង់ចំអែតក្រពះនឹងចំណីដែលគេ​ដាក់​អោយជ្រូកស៊ីនោះ គាត់រិះគិតក្នុងចិត្តអំពីម្ហូបអាហារហូហៀរដែលគាត់ធ្លាប់បរិភោគនៅផ្ទះឪពុក គាត់សោក​ស្តាយ​អំពើបាប និងសម្រេចចិត្តទទួលស្គាល់កំហុសរបស់ខ្លួនចំពោះឪពុក គាត់ត្រឡប់មកវិញ ឪពុករាក់ទាក់​ទទួល​គាត់ ដោយអំណរសប្បាយ៖ អ្វីៗទាំងអស់នោះជាលក្ខណៈពិសេសនៃការកែប្រែចិត្តគំនិត។ សំលៀកបំពាក់​ល្អៗ​បំផុត ចិញ្ចៀន និងពិធីជប់លៀងជានិមិត្តរូបនៃជីវិតថ្មី បរិសុទ្ធ ពោរពេញដោយអំណរនេះ ជាជីវិត​នៃមនុស្ស​ដែល​វិល​​ត្រឡប់មករកព្រះជាម្ចាស់ និងក្រុមគ្រួសាររបស់ព្រះអង្គ ដែលជាព្រះសហគមន៍។ មានតែព្រះគ្រីស្ត ដែល​ស្គាល់​ទី​ជម្រៅ​នៃសេចក្ដីស្រលាញ់នៃព្រះបិតារបស់ព្រះអង្គ ដែលអាចសម្ដែងអោយយើងដឹងអំពី​ធម៌​មេត្តា​ករុណា​ដ៏ជ្រាល​ជ្រៅ​ជា​ទី​បំផុត យ៉ាងសាមញ្ញៗ និងប្រកបដោយសោភណភាព។

៦. អគ្គសញ្ញាលើកលែងទោស និងសម្រុះសម្រួល

១៤៤០. ពេលយើងប្រព្រឹត្តអំពើបាប យើងធ្វើបាបព្រះជាម្ចាស់ និងឃ្លាតឆ្ងាយពីព្រះអង្គ។ ម្យ៉ាងទៀត យើងលែងរួបរួមជាមួយព្រះសហគមន៍។ ហេតុនេះ ហើយបានជាពេលយើងកែប្រែចិត្តគំនិត យើងទទួលកា​រ​លើក​​​លែងទោសពីព្រះជាម្ចាស់ និងស្រុះស្រួលជាមួយនឹងព្រះសហគមន៍។ អគ្គសញ្ញាលើកលែងទោសសម្ដែង និង​​សម្រេច​​ការទាំងពីរនោះតាមពិធីបុណ្យ។

មានតែព្រះជាម្ចាស់ទេ​ ដែលលើកលែងទោសអោយរួចពីបាប

១៤៤១. មានតែព្រះជាម្ចាស់ទេ ​ដែលអាចលើកលែងទោសអោយរួចពីបាប (មក ២,៧)។ ដោយសារព្រះ យេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះពន្ទូលអំពីព្រះអង្គផ្ទាល់៖ “បុត្រមនុស្សមានអំណាចលើក​លែង​​ទោសអោយមនុស្សនៅលើផែនដីនេះរួចពីបាបបាន” (មក ២,១០) ហើយព្រះអង្គប្រតិបត្តិតាម​អំណាច​របស់​ព្រះជាម្ចាស់នេះ៖ “ខ្ញុំអភ័យទោសអោយអ្នកបានរួចពីបាបហើយ!” (មក ២,៥ ; លក ៧,៤៨)។ លើស​ពីនេះ​ទៅ​ទៀត ដោយសារព្រះអង្គប្រកបដោយអំណាចរបស់ព្រះជាម្ចាស់ ទ្រង់ក៏ប្រទានអំណាចនេះអោយមនុស្ស ដើម្បី​​អោយ​គេប្រតិបត្តិតាមក្នុងព្រះនាមព្រះអង្គ (យហ ២០,២១-២៣)។

១៤៤២. ព្រះគ្រីស្តសព្វព្រះហឫទ័យអោយព្រះសហគមន៍ទាំងមូល ក្នុងការអធិដ្ឋាន ការរស់នៅ និងក្នុង​កិច្ចការ ជាសញ្ញាសម្គាល់ និងជាឧបករណ៍នៃការលើកលែងទោស និងការសម្រុះសម្រួល ដែលព្រះអង្គ​បាន​ទទួល​ដោយបង្ហូរព្រះលោហិតព្រះអង្គ។ ក៏ប៉ុន្តែ ព្រះអង្គបានប្រគល់អំណាចនៃការលើកលែងទោសអោយក្រុម គ្រីស្តទូត។ ក្រុមនេះមាន “មុខងារសម្រុះសម្រួលមនុស្សម្នាអោយជានានឹងព្រះអង្គវិញ” (២ករ ៥,១៨)។ ព្រះ​អង្គ​ចាត់​គ្រីស្តទូតអោយទៅ “ក្នុងព្រះនាមព្រះគ្រីស្ត” ហើយតាមរយៈពួកលោក “ព្រះជាម្ចាស់ផ្ទាល់” ដាស់តឿន និងអង្វរ៖ “ទុកអោយព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនអោយជានានឹងព្រះអង្គវិញ” (២ករ ៥,២០)។

ការសម្រុះសម្រួលជាមួយនឹងព្រះសហគមន៍

១៤៤៣. នៅក្នុងជីវិតជាសាធារណៈរបស់ព្រះអង្គ ព្រះយេស៊ូមិនគ្រាន់តែលើកលែងទោសអោយរួចពីបាប ប៉ុណ្ណោះទេ ថែមទាំងបានសម្ដែងនូវផលនៃការលើកលែងទោសនេះ គឺព្រះអង្គបានបញ្ចូលអ្នកបាប ដែលបាន​ឃ្លាត​ឆ្ងាយ ឬត្រូវដេញចេញ អោយចូល​ក្នុងសហគមន៍នៃប្រជាជនរបស់ព្រះជាម្ចាស់វិញ។ ​​ព្រះយេស៊ូ​ប្រទាន​សញ្ញា​សម្គាល់យ៉ាងច្បាស់អំពីការសម្រុះសម្រួលនេះ ដោយទទួលអ្នកបាបអោយរួមតុជាមួយព្រះអង្គ។ លើស​ពី​​នេះ​​ទៅទៀត ព្រះអង្គ​យាង​មក​រួម​តុជាមួយ​ពួក​គេ ដែលជាកាយវិការ​សម្ដែង​យ៉ាង​អស្ចារ្យ​អំពីការ​លើក​លែង​ទោស​នៃ​ព្រះ​ជាម្ចាស់ (លក ១៥) និង​ការត្រឡប់​មក​វិញ​ក្នុង​ប្រជាជន​របស់​ព្រះជាម្ចាស់ (លក ១៩,៩)។

១៤៤៤. ដោយប្រគល់អំណាចរបស់ព្រះអង្គផ្ទាល់ ដល់ក្រុមគ្រីស្តទូតអោយលើកលែងទោស​រួច​ពី​បាប ព្រះ​អម្ចាស់ប្រទានអំណាចសម្រុះសម្រួលអ្នកបាបជាមួយព្រះសហគមន៍អោយពួកលោកផងដែរ។ ព្រះបន្ទូល យ៉ាងឧឡារិករបស់ព្រះគ្រីស្តចំពោះលោកស៊ីម៉ូនសិលា សម្ដែងលក្ខណៈពិសេសនៃមុខងារនេះរបស់ពួកលោក៖ “ខ្ញុំនឹង​ប្រគល់​កូន​សោ​ព្រះ​រាជ្យ​នៃ​ស្ថាន​បរម​សុខអោយ​​អ្នក។‌​ អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែនដី​នេះ​ ព្រះ​ជា​ម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម​សុខ ​ហើយ​អ្វីៗ​ ដែល​អ្នក​ស្រាយ​នៅ​លើ​ផែន​ដី​‌ ព្រះ​ជា​ម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម​សុខ​ដែរ” (មថ​១៦,១៩)។ “ព្រះអង្គដែល​ប្រទានអោយលោកសិលាមានបន្ទុកចងនិងស្រាយ ព្រះអង្គក៏បានប្រទាន​បន្ទុក​នេះ​​យ៉ាងពិតប្រាកដអោយ​ក្រុម​គ្រីស្តទូត ដែលរួមជាមួយមេដឹកនាំរបស់គេដែរ” (មថ​​​ ១៨,១៨ ; ២៨,១៦-២០) (LG ២២)។

១៤៤៥. ពាក្យចង និងស្រាយ មានន័យថា៖ នរណាដែលអ្នករាល់គ្នានឹងដេញពីការរួបរួមរបស់អ្នករាល់​គ្នា អ្នកនោះក៏នឹងត្រូវដេញពីការរួបរួមជាមួយព្រះជាម្ចាស់ដែរ ឯនរណាដែលអ្នករាល់គ្នានឹងទទួលក្នុងការរួបរួមរបស់​អ្នក​រាល់គ្នាឡើងវិញ ព្រះជាម្ចាស់ក៏នឹងទទួលអ្នកនោះអោយរួបរួមជាមួយព្រះអង្គដែរ។ ការសម្រុះសម្រួលជាមួយ​ព្រះ​សហគមន៍មិនអាចបំបែកចេញពីការសម្រុះសម្រួលជាមួយនឹងព្រះជាម្ចាស់បានទេ

អគ្គសញ្ញានៃការលើកលែងទោស

១៤៤៦. ព្រះគ្រីស្តបានតែងតាំងអគ្គសញ្ញាលើកលែងទោស សម្រាប់អ្នកបាបទាំងអស់របស់ព្រះ​សហគមន៍​ព្រះអង្គ ជាពិសេសអស់អ្នកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ដែលបានជ្រមុជទឹករួចហើយៗ ដែល​បាន​បាត់បង់ព្រះអំណោយទាននៃអគ្គសញ្ញាជ្រមុជទឹក និងបានធ្វើអោយការរួបរួមក្នុងព្រះសហគមន៍ត្រូវ​របួស។ អគ្គ​សញ្ញាលើកលែងទោសផ្តល់អោយពួកគេអាចកែប្រែចិត្តគំនិត និងទទួលព្រះហឫទ័យប្រណីសន្តោសរបស់​ព្រះជាម្ចាស់ ដែលប្រោសអោយទៅជាមនុស្សសុចរិតវិញ។ គ្រូបាធ្យាយព្រះសហគមន៍ថ្លែងអំពី​អគ្គ​សញ្ញា​នេះ ដូច​ជា “ក្តារទីពីរ (សម្រាប់សង្រ្គោះ) ក្រោយពីការលិចលង់ ដែល​ជាការបាត់បង់​ព្រះ​អំណោយ​ទាន​នៃ​ព្រះ​ហឫទ័យ​ប្រណី​​ស​ន្តោស” (លោក ទែរទូលីយ៉ាំង)។

១៤៤៧. ពីសតវត្សមួយទៅសតវត្សមួយ របៀបដែលព្រះសហគមន៍បានអនុវត្តអំណាចដែលព្រះអម្ចាស់បាន​ប្រោសប្រទាននេះ បានផ្លាស់ប្តូរជាច្រើនលើកច្រើនសា។ ក្នុងអម្លុងសតវត្សដើម ការសម្រុះសម្រួលរបស់​គ្រីស្ត​បរិស័ទ ដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរណាស់ ក្រោយពីបានជ្រមុជទឹក (ដូចជាការគោរពព្រះក្លែងក្លាយ បទ​សម្លាប់​មនុស្ស ឬអំពើផិត​ក្បត់) ទាក់ទងនឹងវិន័យយ៉ាងតឹងរ៉ឹង គឺអ្នកបាបត្រូវតែសោកស្តាយអំពើ​បាបរបស់ខ្លួន​ជា​សាធា​រណៈ អស់រយៈពេលជាច្រើនឆ្នាំ មុននឹងអាចទទួលការលើកលែងទោស។ គេកម្រអាចចូលក្នុង “ក្រុមអ្នក​បាប” ក្នុងតំបន់ខ្លះតែម្តង ក្នុងមួយជីវិត (ដោយទាក់ទងនឹងអំពើបាបធ្ងន់ធ្ងរ​ខ្លះតែ​ប៉ុណ្ណោះ)។ នៅសតវត្សទី​ប្រាំ​ពីរ ដោយ​មានការបញ្ជូនបន្តនៃវត្តអារាមខាងបូព៌ា​ប្រទេសជួយបំភ្លឺ សាសនទូតជនជាតិអៀរឡង់ នៅទ្វីបអឺរ៉ុប ធ្វើ​អោយ​​អ្នក​​បាបមិនបាច់ប្រព្រឹត្តកិច្ចការជាច្រើន យូរអង្វែង និង​ជាសា​ធារណៈ ដែលបង្ហាញថា អ្នកនោះសោក​ស្តាយ​​អំពើ​បា​បរបស់ខ្លួន មុន​នឹង​សម្រុះសម្រួលជាមួយនឹងព្រះសហគមន៍ទេ។ ចាប់ពីពេលនោះមក គេផ្តល់​អគ្គ​សញ្ញា​តាម​របៀប​លាក់សម្ងាត់រវាងអ្នកបាប និងលោកបូជាចារ្យ។ តាមការអនុវត្តរបៀបថ្មីនេះ យើងអាចផ្តល់អគ្គ​សញ្ញា​​នេះ​ម្តង​ទៀត និងបើកផ្លូវអោយយើងទទួលអគ្គសញ្ញានេះយ៉ាងទៀងទាត់។ ម្យ៉ាងទៀត យើងអាចបញ្ចូលក្នុង ពិធី​​តែមួយ​ការ​លើក​លែងទោសអំពើបាបធ្ងន់ធ្ងរ និងអំពើបាបស្រាលៗផងដែរ។ ព្រះសហគមន៍​អនុវត្ត​អគ្គ​សញ្ញា​លើក​លែង​​ទោស​តាម​របៀប​នេះ​រហូត​ដល់​សព្វថ្ងៃ។

១៤៤៨. តាមរយៈការផ្លាស់ប្តូរទាំងប៉ុន្មាននៃវិន័យ និងពិធីនៃអគ្គសញ្ញានេះ ពីសតវត្សមួយទៅសតវត្ស មួយ យើងពិនិត្យឃើញរចនាសម្ព័ន្ធមូលដ្ឋាន ដដែល។ រចនាសម្ព័ន្ធនេះ មានចំណុចពីរសំខាន់ គឺសកម្មភាព របស់​មនុស្សដែលកែប្រែចិត្តគំនិត ក្រោមកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (ការសោកស្តាយ ការសារភាព ការទូទាត់) ម្យ៉ាងទៀត ជាកិច្ចការរបស់ព្រះជាម្ចាស់ តាមរយៈព្រះសហគមន៍។ តាមរយៈលោកអភិបាល និង​លោកបូជាចារ្យ ព្រះសហគមន៍ ដែលផ្តល់ការលើកលែងទោសក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ហើយកំណត់នូវ​របៀប​ទូទាត់ អង្វរសម្រាប់អ្នកបាប និងសោកស្តាយអំពើបាបរួមជាមួយគេដែរ។ ហេតុនេះហើយ បានជាអ្នកបាប​បានជាសះស្បើយ និងរួបរួមក្នុងព្រះសហគមន៍ឡើងវិញ។

១៤៤៩. ពិធីលើកលែងទោស ដែលយើងធ្លាប់ប្រើក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស បង្ហាញចំណុច សំខាន់ៗនៃអគ្គសញ្ញានេះ គឺព្រះបិតានៃធម៌មេត្តាករុណាជាប្រភពនៃការលើកលែងទោស ព្រះអង្គសម្រុះសម្រួល អ្នកបាបដោយសារបុណ្យចម្លងរបស់ព្រះបុត្រាព្រះអង្គ និងព្រះអំណោយទាននៃព្រះវិញ្ញាណព្រះអង្គ ហើយតាម រយៈការអធិដ្ឋាន និងមុខងាររបស់ព្រះសហគមន៍៖
សូមព្រះបិតាជាអម្ចាស់បង្ហាញធម៌មេត្តាករុណាអោយអ្នកបានស្គាល់។ ដោយ​ព្រះយេស៊ូ​ជា​ព្រះ​បុត្រា​បាន​សោយទិវង្គត និងមានព្រះជន្មថ្មី ព្រះបិតាបានសម្រុះសម្រួលមនុស្សលោកអោយជានានឹងព្រះអង្គ ទ្រង់ក៏បាន ចាត់ព្រះវិញ្ញាណដ៏វិសុទ្ធអោយយាងមកដែរ ដើម្បីរួចពីបាប។ តាមរយៈព្រះសហគមន៍ សូម​ព្រះ​អង្គ​ព្រះមេត្តា​លើក​លែង​ទោសអោយអ្នក និងប្រទានសេចក្ដីសុខសាន្តអោយអ្នកផងដែរ។ រីឯខ្ញុំវិញ ខ្ញុំសូមលើកលែងទោសអោយអ្នក ដោយ​ព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

៧. កិច្ចការរបស់អ្នកបាប

១៤៥០. “ការលើកលែងទោសដូចជាបង្ខំអ្នកបាបអោយសុខចិត្តប្រតិបត្តិតាមចំណុចទាំងអស់ គឺ មានចិត្ត​សោក​ស្តាយ សារភាពដោយវាចា ហើយមានអាកប្បកិរិយាចេះបន្ទាបខ្លួន និងចង់​ទូទាត់​អំពើ​បាប​របស់​ខ្លួន ដោយ​បង្កើត​ផលអោយបានច្រើន” (CR ២,៥,២១ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៣)។

ការសោកស្តាយអំពើបាប

១៤៥១. ក្នុងចំណោមកិច្ចការរបស់អ្នកបាប ការសោកស្តាយបាបសំខាន់ជាងគេ។ “ព្រលឹងអ្នក​សោក​ស្តាយ​ ឈឺចាប់ និងស្អប់អំពើបាបដែលខ្លួនបានប្រព្រឹត្ត ព្រមទាំងបេ្តជ្ញាចិត្តមិនប្រព្រឹត្តអំពើបាប ក្នុងអនាគត​ទៀត​ទេ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៦)។

១៤៥២. កាលបើការសោកស្តាយបណ្តាលមកពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែលយើងស្រលាញ់​លើស​អ្វីៗទាំងអស់ គេហៅថា “គ្រប់លក្ខណៈ” (ការសោកស្តាយនៃសេចក្ដីស្រលាញ់)។ ការសោកស្តាយ​នេះ លើកលែងទោសពីអំពើបាបស្រាលៗ ហើយអាចផ្តល់ការលើកលែងទោសនៃអំពើបាបធ្ងន់ធ្ងរ បើយើងបេ្តជ្ញា ចិត្តចង់ទទួលអគ្គសញ្ញាលើកលែងទោសយ៉ាងឆាប់រហ័ស (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៧)។

១៤៥៣. ការសោកស្តាយ “មិនគ្រប់លក្ខណៈ” ក៏ជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ដែរ ដោយព្រះ​វិញ្ញាណដ៏វិសុទ្ធជម្រុញ។ ការសោកស្តាយនេះ​ មកពីយើងគិតថា អំពើបាបគួស្អប់ខ្ទើម ឬយើងខ្លាចធ្លាក់​ឋាននរក ឬយើងខ្លាចទទួលបាបកម្ម (យើងសោកស្តាយព្រោះយើងខ្លាច)។ វិបត្តិដ៏ខ្លាំងខ្លានៃមនសិការនេះ អាច​ផ្តើម​អោយ​មាន​ការវិវត្តិន៍ខាងផ្លូវចិត្ត ដែលកិច្ចការនៃព្រះហឫទ័យប្រណីសន្តោសនឹងបង្ហើយ ដោយទទួលអគ្គសញ្ញាលើក​លែង​ទោស។ ការសោកស្តាយមិនគ្រប់លក្ខណៈនេះ មិនអាចផ្តល់ការ​លើក​លែងទោសអោយរួចពីបាបធ្ងន់ធ្ងរទេ ប៉ុន្តែជួយអោយរៀបចំខ្លួនទទួលការលើកលែងទោសនេះ ក្នុងអគ្គសញ្ញា (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៨)។

១៤៥៤. គួររៀបចំខ្លួនទទួលអគ្គសញ្ញានេះ ដោយរិះគិតពិចារណា ក្រោមពន្លឺនៃព្រះបន្ទូលរបស់ព្រះ​ជា​ម្ចាស់។ ការអប់រំខាងសីលធម៌នៃដំណឹងល្អ និងលិខិតផ្សេងៗរបស់គ្រីស្តទូត ផ្តល់អត្ថបទជាច្រើន ដែលអាចជួយយើងបាន មាន​ដូចជា សុន្ទរកថានៅលើភ្នំ ឬការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូត (រម ១២១៥ - ១ករ​ ១២-១៣ ; កាឡ ៥ ; អភ ៤-៦)។

ការសារភាពបាប

១៤៥៥. ជាធម្មតា យើងអាចយល់ឃើញថា ការសារភាពបាបរំដោះយើង និងជួយយើង​អោយ​សម្រុះ​ស្រួល​ជាមួយនឹងអ្នកដទៃ។ ដោយសារភាព មនុស្សប្រឈមមុខនឹងអំពើបាប ដែលខ្លួនបានប្រព្រឹត្ត គេទទួល​ការ​ខុសត្រូវ ទើបគេបើកចិត្តអោយព្រះជាម្ចាស់ និងការរួបរួមក្នុងព្រះសហគមន៍ឡើងវិញ ដើម្បីអោយមាន​អនាគត​ថ្មី។

១៤៥៦. ការសារភាពចំពោះលោកបូជាចារ្យម្នាក់ ជាចំណុចដ៏សំខាន់ នៃអគ្គសញ្ញាលើកលែងទោស៖ “ពេលសារភាព អ្នកបាបត្រូវរៀបរាប់អំពើបាបធ្ងន់ធ្ងរទាំងអស់ ដែលគេដឹងខ្លួន ក្រោយពីបានរិះគិតពិចារណាយ៉ាង ត្រឹមត្រូវ ទោះបីជាអំពើបាបនោះគ្មាននរណាដឹងសោះក៏ដោយ ហើយទោះបីគេបានប្រព្រឹត្តបាប​ប្រឆាំង​នឹង​វិន័យ​ទាំង​ពីរចុងក្រោយនៃវិន័យដប់ប្រការតែប៉ុណ្ណោះក៏ដោយ (សរ​ ២០,១៧ ; មថ ៥,២៨) ដ្បិតជូនកាល​អំពើ​បាប​នោះ ធ្វើ​អោយ​ព្រលឹង​របួស និងគ្រោះថ្នាក់ច្រើនជាងអំពើបាបដែលយើងបានប្រព្រឹត្តចំពោះមុខអ្នកដទៃ” (មហា​សន្និបាត​​នៅទី​ក្រុង​ត្រង់៖ DS ១៦៨០)៖
នៅពេលដែលគ្រីស្តបរិស័ទខិតខំសារភាពអំពើបាបទាំងអស់ ដែលពួកគេនឹកគិតដល់ យើង​មិន​អាច​សង្ស័យ​ថា ពួកគេយកអំពើបាបទាំងនោះទៅថ្វាយចំពោះធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ អស់អ្នកដែល​ប្រព្រឹត្ត​តាម​របៀបផ្សេង ហើយមានបំណងលាក់អំពើបាបខ្លះ ព្រះហឫទ័យដ៏សប្បុរសរបស់ព្រះជាម្ចាស់ក៏មិនអាចដកអ្វី​តាម​រយៈលោកបូជាចារ្យបានឡើយ ដ្បិត “បើអ្នកជម្ងឺអៀមខ្មាស់បង្ហាញដំបៅរបស់ខ្លួនអោយលោក​គ្រូពេទ្យឃើញ លោកមិនអាចព្យាបាលអ្វីដែលលោកមិនដឹងទេ” (សន្ត យេរ៉ូម ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៨០)។

១៤៥៧. តាមច្បាប់ព្រះសហគមន៍ “គ្រីស្តបរិស័ទណាដែល​ដល់អាយុចេះដឹង​ខ្លួន​ត្រូវ​សារភាព​អំពើបាប​ធ្ងន់​ធ្ងរ​ដែល​ខ្លួន​ដឹង យ៉ាងហោចណាស់មួយឆ្នាំម្តង” (DS ១៦៨៣, ១៧០៨)។ អ្នកដែលដឹងខ្លួនថា បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ មិនអាចទទួលព្រះកាយដ៏វិសុទ្ធរបស់ព្រះគ្រីស្ត ដោយ​មិ​​នបានទទួលអគ្គសញ្ញាលើកលែងទោសបានទេ ទោះបី​អ្នក​នោះ​សោកស្តាយអំពើបាបខ្លាំងយ៉ាងណាក៏ដោយ លើកលែងតៃមានមូលហេតុសំខាន់ៗដើម្បី​ទទួលព្រះកាយ​ព្រះ​គ្រីស្ត ហើយគេមិនអាចជួបលោកបូជាចារ្យ (CIC ៩១៦ ; CCEO ៧១១)។ កូនក្មេងត្រូវទទួល​អគ្គ​សញ្ញា​លើក​លែងទោស មុននឹងទទួលព្រះកាយដ៏វិសុទ្ធរបស់ព្រះគ្រីស្តជាលើកទីមួយ (CIC ៩១៤)។

១៤៥៨. ព្រះសហគមន៍ផ្ដែផ្តាំអោយសារភាពអំពើបាបប្រចាំថ្ងៃ (អំពើបាបស្រាលៗ) ទោះបីជាការ​មិន​​ចាំ​បាច់​ក៏ដោយ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៨០ ; CIC ៩៨៨,២)។ តាមការពិត ការសារភាព​បាប​ស្រាលៗយ៉ាងទៀងទាត់ជួយយើងអោយអប់រំមនសិការរបស់ខ្លួន ប្រយុទ្ធប្រឆាំងនឹងកិលេសតណ្ហា ទុកអោយព្រះ គ្រីស្តព្យាបាលយើង ដើម្បីអោយមានការរីកចម្រើនកនៃជីវិតខាងវិញ្ញាណ។ ដោយឧស្សហ៍ទទួលព្រះអំណោយ​ទាន​នៃធម៌មេត្តាករុណារបស់ព្រះបិតាតាមរយៈអគ្គសញ្ញានេះ ព្រះអង្គក៏ជម្រុញយើងអោយមានចិត្តមេត្តាករុណា​ដូច​ព្រះអង្គផងដែរ (លក ៦,៣៦)៖
អ្នកដែលសារភាពអំពើបាបរបស់ខ្លួន គឺបានសហការជាមួយព្រះជាម្ចាស់រួចហើយ។ ព្រះជាម្ចាស់ចោទ ប្រកាន់អំពើបាបរបស់អ្នក បើអ្នកចោទប្រកាន់អំពើបាបនោះដែរ គឺអ្នកចូលរួមជាមួយព្រះជាម្ចាស់។ ដូច្នេះ គេអាច​និយាយថា មនុស្ស និងអ្នកបាប ជាតថភាពពីរ ពោលគឺពេលអ្នកឮគេនិយាយអំពីមនុស្ស នោះព្រះ​ជាម្ចាស់​ជា​អ្នក​ធ្វើ ពេលអ្នកឮគេ​និយាយ​អំពី​អ្នក​បាប នោះមនុស្សជាអ្នកធ្វើ។ ចូរបំផ្លាញអ្វីៗដែលអ្នកបានធ្វើ ដើម្បី​អោយ​ព្រះ​ជាម្ចាស់សង្រ្គោះអ្វីៗដែលព្រះអង្គ​បាន​ធ្វើ (...)។ ពេលអ្នកផ្តើមស្អប់អ្វីដែលអ្នកបានធ្វើ នោះ​កិច្ចការ​ដ៏ល្អ​របស់​អ្នក​ចាប់​ផ្ដើមហើយ ដ្បិតអ្នកចោទប្រកាន់កិច្ចការដ៏អាក្រក់របស់អ្នក។ យើងចាប់ផ្តើមប្រព្រឹត្តកិច្ចការដ៏ល្អ គឺយើង​សារភាព​​កិច្ចការដ៏អាក្រក់។ អ្នកប្រព្រឹត្ត តាមសេចក្ដីពិតនោះ អ្នកនឹង​ចូលមកក្នុងពន្លឺ (សន្ត អូគូស្តាំង)។

ការទូទាត់

១៤៥៩. អំពើបាបជាច្រើនធ្វើអោយអ្នកដទៃខូចខាត។ ត្រូវតែព្យាយាមទូទាត់អំពើបាបនោះ (ឧទាហរណ៍ សង​អ្វីដែលយើងបានលួច លើកកិតិ្តយសរបស់អ្នកដែលត្រូវនិយាយបង្កាច់ឡើងវិញ ព្យាបាលមុខរបួស)។ យុត្តិធម៌ទាមទារការទូទាត់នេះ។ លើសពីនេះទៅទៀត អំពើបាបធ្វើអោយអ្នកបាបផ្ទាល់ត្រូវរបួស និងធ្លាក់ទន់ ខ្សោយ ព្រមទាំងទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងអ្នកដទៃផងដែរ។ ការលើកលែងទោសដកអំពើបាបចេញ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាទាំងអស់ ដែលបណ្តាលមកពីអំពើបាបនោះបានទេ (មហាសន្និបាតនៅទីក្រុងត្រង់ ៖ DS ១៧១២)។ ពេលងើបពីអំពើបាបមកវិញ អ្នកបាបត្រូវមានសុខភាពខាងវិញ្ញាណឡើងវិញ។ ដូច្នេះ គេត្រូវ ធ្វើអ្វីមួយទៀត ដើម្បីជុសជួលអំពើបាបរបស់ខ្លួន គឺគេត្រូវ “ទូទាត់” តាមរបៀបត្រឹមត្រូវ ឬ “ជុសជួល” អំពើបាប របស់ខ្លួន។ គេហៅការទូទាត់នេះថា “ការទទួលទោស” ដែរ។

១៤៦០. ពេលលោកបូជាចារ្យបង្ខំអោយទទួលទោស លោកត្រូវតែយកចិត្តទុកដាក់នឹងស្ថានភាពរបស់ អ្នកបាប ព្រមទាំងព្យាយាមអោយគេរីកចម្រើនខាងវិញ្ញាណផងដែរ។ ការទទួលទោសនេះ ត្រូវសមស្របនឹង​លក្ខណៈ​​នៃ​បា​ប​ដែលគេបានប្រព្រឹត្ត។ យើងអាចអធិដ្ឋាន ថ្វាយតង្វាយមួយ ជួយអ្នកក្រីក្រ ឬអ្នកជម្ងឺ បម្រើ​អ្នក​ដ​ទៃ ស័្មគ្រ​ចិត្ត​តមអាហារ ធ្វើយញ្ញបូជា ជាពិសេសសុខចិត្តលីឈើឆ្កាងដោយចិត្តអត់ធ្មត់។ ការទទួល​ទោស​ទាំង​អស់​​បែបនេះ ជួយ​យើង​អោយរួបរួមជាមួយព្រះគ្រីស្ត ពីព្រោះមានតៃព្រះអង្គទេ ដែលបានទទួលទោសសម្រាប់​បាប​របស់​យើង (រម ៣,២៥ ; ១យហ ២,១-២) ម្តងជាការស្រេច។ ទោសទាំង​អស់នោះធ្វើអោយយើងអាច​ទទួល​មរតក​រួម​ជាមួយព្រះគ្រីស្ត​ដែល​មាន​ព្រះជន្មថ្មី “ដ្បិតយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដែរ” (រម ៨,១៧) (មហាសន្និបាតនៅ​ទី​ក្រុង​ត្រង់៖ DS ១៦៩០)៖

ប៉ុន្តែ យើងទូទាត់អំពើបាបរបស់ខ្លួនតែតាមរយៈព្រះយេស៊ូគ្រីស្តប៉ុណ្ណោះ៖ គិតអំពីខ្លួនឯង យើងមិន​អាច​ធ្វើ​អ្វីដោយខ្លួនឯងបានទេ គឺ “យើងអាចធ្វើបានទាំងអស់រួមជាមួយព្រះអង្គ ដែលជាអ្នកប្រទានកម្លាំងអោយ​យើង” (ភីល ៤,១៣)។ ហេតុនេះ មនុស្សគ្មានអ្វីដែលអាចលើកតម្កើងខ្លួនឯង ប៉ុន្តែ “សិរីរុងរឿង” ទាំងអស់របស់ យើងស្ថិតនៅក្នុងអង្គព្រះគ្រីស្ត (...) យើងទូទាត់ក្នុងអង្គព្រះអង្គ ដោយ “ប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា (យើង) បាន​កែ​ប្រែ​ចិត្តគំនិត” (លក ៣,៨)។ អំពើល្អទាំងនោះ មានកម្លាំងមកពីព្រះគ្រីស្ត យើងថ្វាយអំពើល្អ​នោះ​ចំពោះ​ព្រះ​បិតា​​តាម​រយៈ​ព្រះគ្រីស្ត ហើយព្រះបិតាគាប់ព្រះហឫទ័យនឹងតង្វាយនោះ ដោយសារព្រះគ្រីស្តផងដែរ (មហា​សន្និ​បាត​នៅ​ទី​ក្រុង​ត្រង់៖ DS ១៦៩១)។

៨. អ្នកមានមុខងារផ្តល់អគ្គសញ្ញានេះ

១៤៦១. ដោយសារព្រះគ្រីស្តបានប្រគល់មុខងារសម្រុះសម្រួលអោយក្រុមគ្រីស្តទូត (យហ ២០,២៣ ; ២ករ ៥,១៨) លោកអភិបាល ជាអ្នកបន្តមុខងារនេះ ហើយពួកបូជាចារ្យ ជាសហការីរបស់លោក បន្ត​បម្រើ​មុខងារ​នេះ​តទៅទៀត។ តាមការពិត ដោយសារអគ្គសញ្ញាតែងតាំង លោកអភិបាល និង​លោក​បូជាចារ្យ​មាន​អំណាច​លើក​លែងទោសអំពើបាបទាំងអស់ “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏​វិសុទ្ធ”។

១៤៦២. ការលើកលែងទោសស្រុះស្រួលអ្នកបាបជាមួយនឹងព្រះជាម្ចាស់ និងជាមួយព្រះសហគមន៍​ផង​​ដែរ។ តាំងពីបុរាណកាលមក គេចាត់ទុកយ៉ាងត្រឹមត្រូវលោកអភិបាល ជាប្រធានដែលអាច​មើល​ឃើញ​​នៃ​​ព្រះ​សហគមន៍​ភូមិ​ភាគថា ជាអ្នកមានអំណាច និងមុខងារសម្រុះសម្រួល៖ លោកជាអ្នកសម្រុះសម្រួលនៃវិន័យនៃ​ការ​លើក​លែងទោស (LG ២៦)។ បូជាចារ្យ ជាសហការីរបស់លោក មានអំណាចនេះ លុះត្រាតែពួកលោកបាន​ទទួល​​បន្ទុក​ពី​លោក​អភិបាល (ឬពីមេក្រុមគ្រួសារបព្វជិត) ឬពីសម្ដេចប៉ាប តាមច្បាប់ព្រះសហគមន៍ (CIC ៨៤៤ ;​ ៩៦៧-៩៦៩ ; ៩៧២ ; CCEO ៧២២,៣-៤)។

១៤៦៣. អំពើបាបខ្លះធ្ងន់ធ្ងរណាស់អាចនាំអោយមានការបណ្ដេញចេញពីព្រះសហគមន៍ ដែលជា​ទោស​ធ្ងន់​ជាង​គេ​​ក្នុង​ព្រះ​សហគមន៍ ដែលឃាត់មិនអោយទទួលអគ្គសញ្ញា និងសិទ្ធិខ្លះក្នុងព្រះសហគមន៍ ហើយដែលមានតែសម្ដេចប៉ាប លោកអភិបាលភូមិភាគ និងលោកបូជាចារ្យដែលបានទទួលការអនុញ្ញាតទេ ដែលអាចផ្តល់​ការ​លើក​លែងទោសបាន (CIC ១៣៣១ ; ១៣៥៤-១៣៥៧ ; CCEO ១៤៣១ ; ១៤៣៤ ; ១៤២០)។ បើមានគ្រោះថ្នាក់ដល់ជីវិត លោក​បូជាចារ្យ​ណាម្នាក់ ទោះបីគ្មានសិទ្ធិផ្តល់អគ្គសញ្ញាលើកលែងទោសក៏ដោយ ក៏អាចលើកលែងទោសទាំងប៉ុន្មាន (CIC ៩៧៦ ; CCEO ៧២៥) និងទទួលយកអ្នកបាបអោយចូលក្នុងព្រះសហគមន៍ឡើងវិញបានដែរ។

១៤៦៤. លោកបូជាចារ្យត្រូវលើកទឹកចិត្តគ្រីស្តបរិស័ទអោយទទួលអគ្គសញ្ញាលើកលែងទោស ព្រមទាំង មានពេលទំនេរផ្តល់អគ្គសញ្ញានេះ រាល់ពេលគ្រីស្តបរិស័ទសូមទទួលអគ្គសញ្ញានេះ តាមរបៀបសមគួរ (CIC ៩៨៦ ; CCEO ៧៣៥ ; PO ១៣)។

១៤៦៥. ក្នុងពេលដែលផ្តល់អគ្គសញ្ញាលើកលែងទោស លោកបូជាចារ្យបំពេញមុខងារជាគង្វាល​ដ៏​សប្បុរស ដែលស្វែងរកកូនចៀមវង្វេង ឬជាជនជាតិសាម៉ារីដ៏ល្អ ដែលរុំរបួស ឬជាបិតាដែលរង់ចាំកូនវង្វេង ទទួល​យ៉ាង​រាក់ទាក់ ពេលកូនត្រឡប់មកវិញ ឬជាចៅក្រមដ៏សុចរិតដែលមិនកាន់ជើងនរណាម្នាក់ ហើយដែល​វិនិច្ឆ័យ​តាមរបៀប​ត្រឹមត្រូវ និងប្រកបទៅដោយធម៌មេត្តាករុណាផង។ និយាយអោយខ្លីទៅ លោកបូជាចារ្យជា​សញ្ញា​សម្គាល់ និង​ជាឧបការណ៍នៃសេចក្ដីស្រលាញ់ពោរពេញទៅដោយ​ធម៌មេត្តាករុណារបស់​ព្រះជាម្ចាស់ចំពោះ​អ្នក​បាប។

១៤៦៦. លោកបូជាចារ្យដែលផ្តល់អគ្គសញ្ញាលើកលែងទោសមិនមែនជាគ្រូទេ គឺលោកជាអ្នកបម្រើនៃ ការលើកលែងទោសដែលមកពីព្រះជាម្ចាស់។ អ្នកទទួលមុខងារផ្តល់អគ្គសញ្ញានេះត្រូវរួមចិត្តគំនិតនឹងគោល បំណង និងសេចក្ដីស្រលាញ់របស់ព្រះគ្រីស្ត (PO ១៣)។ លោកត្រូវតែស្គាល់អោយច្បាស់អាកប្បកិរិយារបស់ គ្រីស្តបរិស័ទ មានបទពិសោធន៍ចំពោះបញ្ហារបស់មនុស្ស ចេះគោរពថ្នាក់ថ្នមអ្នកបាប លោកក៏ត្រូវស្រលាញ់​សេចក្ដី​​ពិត ស្មោះត្រង់នឹងក្រុមដឹកនាំព្រះសហគមន៍ ហើយណែនាំអ្នកបាបអោយជាសះស្បើយ និងអោយគេ​ចាស់​ទុំ​យ៉ាងពេញលេញ ដោយអំណត់។ លោកត្រូវអធិដ្ឋាន និងសោកស្តាយបាបចំពោះអ្នកបាប ដោយអង្វរធម៌ មេត្តា​ករុណា​របស់ព្រះអម្ចាស់។

១៤៦៧. បូជាចារ្យដែលបំពេញមុខងារដ៏ប្រសើរនេះ ត្រូវចេះថ្នក់ថ្នម ព្រមទាំងគោរពមនុស្ស ព្រះ​សហគមន៍​​ប្រកាស​ថា លោកបូជាចារ្យណាម្នាក់ ដែលផ្តល់អគ្គសញ្ញាលើកលែងទោស ត្រូវតែរក្សាការសម្ងាត់ជា ដាច់​ខាត​អំពី​អំពើបាបដែលអ្នកបាបបានសារភាព បើពុំដូច្នោះទេ ត្រូវទទួលទោសដ៏ធ្ងន់ធ្ងរណាស់ (CIC ១៣៨៨,១ ; CCEO ១៤៥៦)។ ម្យ៉ាងទៀត លោកមិនអាចប្រើចំណេះដឹងអំពីការរស់នៅរបស់អ្នកបាបទេ។ គេ​ហៅ​សម្ងាត់​ ដែលគ្មានករណីលើកលែងនោះ ថាជា “ត្រានៃអគ្គសញ្ញា” ពីព្រោះអគ្គសញ្ញា “បោះត្រា” ពីលើអ្វីៗ​ដែល​អ្នកបាបបានសារភាពចំពោះលោកបូជាចារ្យ។

៩. ផលនៃអគ្គសញ្ញានេះ

១៤៦៨. “ការលើកលែងទោសមានប្រសិទ្ធភាពបញ្ចូលយើង ក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ ជាម្ចាស់ឡើងវិញ និងបង្រួបបង្រួមយើងជាមួយព្រះអង្គដូចជាមិត្តសម្លាញ់ពីរនាក់” (CR ២,៥,១៨)។ អគ្គសញ្ញា នេះ​មានគោលដៅ និងបង្កើតផលជា ការសម្រុះសម្រួលជាមួយព្រះជាម្ចាស់ ។ ចំពោះអស់អ្នកដែលទទួលអគ្គ សញ្ញាលើកលែងទោស ដោយមានចិត្តសោកស្តាយ “នឹងមានអារម្មណស្ងប់ និងមនសិការល្អ ហើយព្រះ ជាម្ចាស់នឹងលួងលោមចិត្តគេយ៉ាងខ្លាំង” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៧៤)។ តាមការពិត អគ្គ​សញ្ញា​សម្រុះសម្រួលជាមួយព្រះជាម្ចាស់ពិតជានាំអោយ “វិញ្ញាណមានជីវិតថ្មី” ផ្តល់សេចក្ដីថ្លៃថ្នូរ និងផលដ៏ល្អ​នៃ​ជីវិត​របស់​បុត្រធីតាព្រះជាម្ចាស់​ ​ជាពិសេសមេត្រីភាពជាមួយព្រះជាម្ចាស់។

១៤៦៩. អគ្គសញ្ញានេះសម្រុះសម្រួលយើងជាមួយនឹងព្រះសហគមន៍ ។​ អំពើបាបទំលុះ ឬ​បំបែក​ការរួប​រួម​គ្នាជាបងប្អូន។ អគ្គសញ្ញាលើកលែងទោសជុសជួល ឬកែលំអការរួបរួមគ្នានេះឡើងវិញ។ តាមអត្ថន័យនេះ អគ្គសញ្ញានេះមិនគ្រាន់តែព្យាបាលអ្នកដែលចូលក្នុងសហគមន៍ឡើងវិញប៉ុណ្ណោះទេ ថែមទាំងបង្កើតផលដ៏​រស់​រវើក លើព្រះសហគមន៍ដែលត្រូវរបួសដោយសារបាបនៃសមាជិកម្នាក់របស់ខ្លួនទៀតផង (១ករ​១២,២៦)។ អ្នក​បាប​​ដែល​ត្រូវបានលើកលែងទោស ហើយចូលរួបរួមក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយឡើងវិញ ដោយ​ផ្លាស់​​ប្តូរ​សេចក្ដី​ល្អខាងវិញ្ញាណរវាងសមាជិកទាំងអស់នៃព្រះកាយ​ព្រះគ្រីស្ត ទោះជានៅធ្វើបូជនីយេសចរណ៍ ឬ​នៅ​​ក្នុង​មាតុភូមិនៃស្ថានបរមសុខហើយក៏ដោយ ក៏អគ្គសញ្ញានេះពង្រឹងអ្នកបាបដែរ (LG ៤៨-៤៩)។

ត្រូវរំលឹកថា ការសម្រុះសម្រួលជាមួយព្រះជាម្ចាស់បង្កើតផលម្យ៉ាងដូចជា កា​រស​ម្រុះសម្រួល​ផ្សេង​ទៀត​នឹង​ព្យាបាល​ការបាក់បែកផ្សេងៗដែលមកពីអំពើបាប។ អ្នកបាបសម្រុះសម្រួលជាមួយនឹងខ្លួនឯង​ក្នុងជម្រៅ​ចិត្ត​គេទទួលយកសេចក្ដីពិតផ្នែកខាងក្នុងឡើងវិញ គេសម្រុះសម្រួលជាមួយបងប្អូនដែលគេបានប្រមាថ ឬបញ្ឈឺចិត្ត គេសម្រុះសម្រួល​ជាមួយព្រះសហគមន៍ គេសម្រុះសម្រួលជាមួយពិភពលោកទាំងមូល (RP ៣១)។

១៤៧០. ក្នុងអគ្គសញ្ញានេះ​ ដោយអ្នកបាបពឹកផ្អែកលើធម៌មេត្តាករុណាលើព្រះជាម្ចាស់ គេ​រៀប​ចំ​ទុក​ជា​មុនការវិនិច្ឆ័យ ម្យ៉ាង ដែលគេនឹងទទួលនៅពេលចុងក្រោយបំផុត។ ដ្បិតគឺពេលនេះ ក្នុងលោកនេះហើយ ដែល យើង​អាចជ្រើសរើសរវាងជីវិត និងសេចក្ដីស្លាប់ ហើយមានតែដើរតាមមាគ៌ានៃការកែប្រែចិត្តគំនិតទេ ទើបយើង អាច​ចូលក្នុងព្រះរាជ្យបាន លើកលែងតែមានអំពើបាបធ្ងន់ធ្ងរប៉ុណ្ណោះ (១ករ ៥,១១ ; កាឡ ៥,១៩-២១ ; វវ ២២​,​១៥)។ ដោយកែប្រែចិត្តគំនិតផ្ញើជីវិតលើព្រះគ្រីស្ត អ្នកបាបឆ្លងពីសេចក្ដីស្លាប់ទៅរកជីវិត ហើយ “មិនត្រូវទទួល​ទោស​​ឡើយ” (យហ ៥,២៤)។

១០. បុណ្យកុសលសម្រាប់អនុគ្រោះ

១៤៧១. លទ្ធិ និងការអនុវត្តន៍បុណ្យកុសលសម្រាប់អនុគ្រោះក្នុងព្រះសហគមន៍ទាក់ទងយ៉ាងស្និទ្ធិស្នាលជាមួយ​នឹង​ផល​នៃ​អគ្គ​​សញ្ញាលើកលែងទោស។

អ្វីទៅជាបុណ្យកុសលសម្រាប់អនុគ្រោះ?

“ដោយសារបុណ្យកុសលសម្រាប់អនុគ្រោះ ព្រះសហគមន៍លើកទោសក្នុងលោកនេះនៃអំពើបាប ដែល​កំហុសបានត្រូវលុប​រួចហើយ។ គ្រីស្តបរិស័ទអាចទទួលការលើកលែងទោសនេះ តាមល័ក្ខខ័ណ្ឌផ្សេងៗ ដោយ​សារ​អំណាចនៃព្រះសហគមន៍ ដែលមានឋានៈជាអ្នកផ្តល់ការលើកទោសនេះ ចែក និងអនុវត្ត កំណប់នៃ​ការ​ទូទាត់​របស់​ព្រះគ្រីស្ត និងសន្តបុគ្គល”។

“បុណ្យកុសលនោះអាចរំដោះទោសនៃអំពើបាបក្នុងលោកនេះបានមួយផ្នែក ឬទាំងស្រុង។”។ យើងអាច​ផ្តល់​បុណ្យ​កុសល​នោះសម្រាប់អ្នករស់ ឬអ្នកស្លាប់ (សម្ដេចប៉ាប ប៉ូលទី៦)។

ទោសនៃអំពើបាប

១៤៧២. ដើម្បីយល់អំពីលទ្ធិនេះ និងការអនុវត្តន៍នៃព្រះសហគមន៍ ត្រូវតែយល់ថា អំពើបាបមានផលវិបាកពីរ​ ។ អំពើ​បាបធ្ងន់ធ្ងរធ្វើអោយយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ទើបយើងមិនអាចទទួលជីវិតអស់​កល្បជានិច្ច​បាន​ទេ។ គេហៅផលវិបាកនេះថាជា “ទោសអស់កល្បជានិច្ច” នៃអំពើបាប។  ម្យ៉ាងទៀត អំពើបាបណា ទោះជាស្រាលក្ដី នាំ​យើង​អោយ​ជាប់ចំណងនឹងសត្វលោក ដែលត្រូវបន្សុទ្ធទាំងក្នុងលោកនេះ ឬនៅពេលស្លាប់ក្នុងស្ថានភាព ដែល​គេ​ហៅថា កិច្ចជំរះអោយបានវិសុទ្ធ។ ការបន្សុទ្ធនេះ​ រំដោះយើងអោយរួចពីអ្វីដែលគេហៅថា “ទោសក្នុង​លោក​នេះ” នៃអំពើបាប។ យើងមិនត្រូវគិតថា ព្រះជាម្ចាស់សងសឹកដោយដាក់ទោសទាំងពីនោះទេ ប៉ុន្តែទោសទាំងពីរនោះ​បណ្តាល​កើតចេញមកពីអំពើបាបផ្ទាល់តែម្តង។ ការកែប្រែចិត្ត​គំនិតដោយក្ដីស្រលាញ់​យ៉ាងពិតប្រាកដ​អាច​បន្សុទ្ធ​អ្នក​បាបអោយពេញលេញ ទើបគ្មានទោសណាមួយនៅសេសសល់ទៀតទេ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧១២-១៧១៣ ; ១៨២០)។

១៤៧៣. ការលើកលែងទោសអោយរួចពីបាប និងការរួបរួមជាមួយព្រះជាម្ចាស់ឡើងវិញ បណ្តាលអោយមាន​ការ​លើកទោស​អស់កល្បជានិច្ចនៃអំពើបាប។ ប៉ុន្តែ ទោសក្នុងលោកនេះនៅសេសសល់។ គ្រីស្តបរិស័ទត្រូវតែខិតខំ សុខ​​ចិត្ត​ទទួលទោសក្នុងលោកនេះដែលមកពីអំពើបាប ដូចជាព្រះអំណោយទាន ដោយស៊ូ​ទ្រាំរង​ទុក្ខលំបាក​ទាំង​ប៉ុន្មាន ដោយ​ចិត្តអត់ធ្មត់ ដោយប្រឈមមុខនឹងសេចក្ដីស្លាប់ នៅពេលកំណត់។ គេត្រូវព្យាយាមលះ​បង់ចោល “កិរិយាមារយាទ​​ដែលគេធ្លាប់កាន់ពីដើម” ដើម្បីបាន “កើតជាថ្មីឡើងវិញ” (អភ ៤,២៤) ដោយប្រព្រឹត្ត តាម​ធម៌​មេត្តា​ករុណា និងសេចក្ដីស្រលាញ់ ព្រមទាំងអធិដ្ឋាន និងសោកស្តាយបាបផងដែរ។

ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ

១៤៧៤. គ្រីស្តបរិស័ទ ដែលខិតខំបន្សុទ្ធខ្លួនអោយរួចពីបាបរបស់ខ្លួន និងអោយបានវិសុទ្ធ​ដោយ​មាន​ព្រះ​ហឫទ័យ​ប្រណីសន្តោស​របស់​ព្រះជាម្ចាស់ជួយ មិនមែនមានតែម្នាក់ឯងទេ។ “ជីវិតនៃបុត្រធីតារបស់ព្រះជាម្ចាស់ជាប់ចំណង​យ៉ាង​​អស្ចារ្យ​ក្នុង​អង្គព្រះគ្រីស្ត និងតាមរយៈព្រះគ្រីស្ត រួមជាមួយជីវិតបងប្អូនគ្រីស្តបរិស័ទឯទៀតៗ ក្នុង​ឯក​ភាព​ដែលហួស​ធម្មជាតិនៃព្រះកាយដ៏អាថ៌កំបាំងរបស់ព្រះគ្រីស្ត ដូចក្នុងខ្លួនបុគ្គលដ៏អាថ៌កំបាំងម្នាក់ដែរ” (សម្ដេចប៉ាប ប៉ូលទី​៦)។

១៤៧៥. ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ “មានចំណងនៃសេចក្ដីស្រលាញ់ដ៏ស្ថិតស្ថេរជានិច្ច និងការផ្លាស់​ប្តូរ​នៃសេចក្ដីល្អទាំងអស់យ៉ាងបរិបូណ៍ រវាងគ្រីស្តបរិស័ទ - អស់អ្នកដែលចូលក្នុងមាតុភូមិនៃស្ថានបរមសុខ អស់​អ្នក​​ដែលត្រូវជំរះអោយបានវិសុទ្ធ ឬអស់អ្នកដែលនៅតែធ្វើបូជនីយេសចរណ៍នៅលើផែនដី។ ក្នុងការផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ​នេះ ភាពដ៏វិសុទ្ធរបស់ម្នាក់ឆ្លងដល់អ្នកដទៃ ហួសពីការខូចខាត ដែលអំពើបាបរបស់ម្នាក់បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​​​ដទៃទៅ​​ទៀត។ ហេតុនេះហើយ បាន​ជាសហភាព​រវាងជន​ដ៏វិសុទ្ធ​ទាំងឡាយ​អាចជួយ​អ្នក​បាប​អោយ​បាន​វិសុទ្ធ​ចាកផុតពី​ទោសនៃ អំពើ​បាបលឿនជាង និងដោយមានប្រសិទ្ធិភាពខ្លាំងជាង។

១៤៧៦. គេហៅសេចក្ដីល្អខាងវិញ្ញាណនៃសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយថា កំណប់នៃព្រះសហគមន៍  “ដែលមិន​មៃនជាចំនួនបូកសរុបនៃសេចក្ដីល្អនោះ ដូចជាទ្រព្យសម្បត្តិប្រមូលបានពីមួយសតវត្សទៅមួយសតវត្សទេ ប៉ុន្តែ ជា​​សម្បត្តិដែលមានតម្លៃជាអនេក ចាយមិនចេះអស់ ចំពោះព្រះជាម្ចាស់ ជា​បុណ្យកុស​លរបស់​ព្រះគ្រីស្ត​ជាអម្ចាស់​នៃ​យើង ដែលព្រះអង្គ​បាន​ថ្វាយដើម្បីអោយមនុស្សជាតិរួចពីបាប និងអាចរួបរួមជាមួយព្រះបិតាបាន។ ការទូទាត់ និងបុណ្យកុសលនៃ ការ​សង្រ្គោះរបស់ព្រះអង្គស្ថិតយ៉ាងបរិបូណ៍នៅក្នុងអង្គព្រះគ្រីស្តជាព្រះសង្រ្គោះរបស់យើង” (ហប ៧,២៣-២៥ ; ៩,១១-២៨)។

១៤៧៧. “ពាក្យអង្វរ និងកិច្ចការដ៏ល្អរបស់ព្រះនាងព្រហ្មចារិនីម៉ារីពោរពេញទៅដោយសុភមង្គល និងរបស់​សន្ត​បុគ្គល​​ទាំង​ឡាយ ដែលព្រះឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តបានប្រោសអោយបានវិសុទ្ធ ដែលបានដើរ​តាម​ព្រះ​អង្គ ហើយ​​​ដែល​បានបំពេញកិច្ចការជាទីគាប់ព្រះហឫទ័យព្រះបិតា ជាកំណប់ដ៏មានតម្លៃខ្ពង់ខ្ពស់បំផុត ដែល​​​​​​​​​​មិនអាចវាស់បាន និងថ្មីជានិច្ច ចំពោះ​ព្រះ​ជាម្ចាស់​។ ដូច្នេះ ដោយ​ពួក​គាត់​បាន​ធ្វើការ​ដើម្បី​សង្រ្គោះខ្លួន​ឯង ពួក​គាត់បានរួមសហការក្នុងការ​សង្រ្គោះនៃបងប្អូនរបស់ពួកគាត់ ក្នុងឯកភាពនៃព្រះកាយដ៏អាថ៌កំបាំង” (សម្ដេច​ប៉ាប ប៉ូលទី៦)។

ទទួលការអនុគ្រោះពីព្រះជាម្ចាស់តាមរយៈព្រះសហគមន៍

១៤៧៨. ព្រះយេស៊ូគ្រីស្តអនុញ្ញាតអោយព្រះសហគមន៍មានអំណាចចង និងស្រាយ ហើយក៏​អាច​ផ្តល់​បុណ្យ​កុសលសម្រាប់អនុគ្រោះចំពោះគ្រីស្តបរិស័ទម្នាក់ និងបើកកំណប់នៃបុណ្យកុសលរបស់ព្រះគ្រីស្ត និងសន្តបុគ្គល ដើម្បី​​អោយព្រះបិតាលើកលែងទោសក្នុងលោកនេះដែលគ្រីស្តបរិស័ទនោះ ជំពាក់ដោយសារអំពើបាបរបស់ខ្លួន។ ហេតុនេះ ហើយបានជាព្រះសហគមន៍មិនគ្រាន់តែចង់ជួយគ្រីស្តបរិស័ទម្នាក់នោះទេ ថែមទាំងចង់ជម្រុញគេ​អោយ​អធិដ្ឋាន សោក​ស្តាយបាប​ និង​បំពេញកិច្ចការនៃសេចក្ដីស្រលាញ់ (សម្ដេចប៉ាប ប៉ូលទី៦ ; មហាសន្និបាត​នៅទី​ក្រុង​ត្រង់៖ DS ១៨៣៥)។

១៤៧៩. គ្រីស្តបរិស័ទ ដែលចែកស្ថានកំពុងតែជំរះអោយបានវិសុទ្ធ ពួកគេជាសមាជិកនៃសហភាពរវាងជនដ៏វិសុទ្ធ​ទាំងឡាយដែរ ដូច្នេះ យើងអាចជួយគេ ដោយទទួលបុណ្យកុសលសម្រាប់អនុគ្រោះគេ ទើងគេ​អាច​រួច​ពី​ទោសក្នុង​លោក​នេះ ដែលគេជំពាក់ដោយសារអំពើបាបរបស់ពួកគេ។

១១. ពិធីបុណ្យនៃអគ្គសញ្ញាលើកលែងទោស

១៤៨០. ដូចអគ្គសញ្ញាឯទៀតៗ ការលើកលែងទោសជាកិច្ចការខាងពិធីបុណ្យ។ ជាធម្មតា ចំណុច​សំខាន់ៗនៃពិធីបុណ្យ មានដូចតទៅ៖ លោកបូជាចារ្យជម្រាបសួរ និងប្រទានពរ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីជួយបំភ្លឺចិត្តគំនិត និងជម្រុញអោយសោកស្តាយអំពើបាប ដោយដាស់តឿនអោយកែប្រែចិត្តគំនិត។ បន្ទាប់មក អ្នកបាបទទួលស្គាល់អំពើបាបរបស់ខ្លួន និងសារភាពចំពោះលោកបូជាចារ្យ លោកក៏សូមអោយអ្នក​បាប​ទូទាត់អំពើបាប (អ្នកបាបត្រូវតែសុខចិត្តធ្វើតាម) ហើយលោកលើកលែងទោសអ្នកបាប។ ទីបញ្ចប់ទាំង​អស់​គ្នា​​​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់ ហើយលោកប្រទានពរដោយចាត់គ្រីស្តបរិស័ទអោយទៅ។

១៤៨១. ពិធីបុណ្យខាងបូព៌ាប្រទេសផ្តល់ការលើកលែងទោសដោយមានសេចក្ដីផ្សេងៗ ដែលសម្ដែងយ៉ាង​អស្ចារ្យ​គម្រោង​ការ​ដ៏​អស្ចារ្យនៃការលើកលែង​ទោស៖ “សូមព្រះដែលបានលើកលែងទោសអោយព្រះបាទ​ដាវីឌ តាមរយៈ​ព្យាការី​ណា​ថាន នៅពេលព្រះអង្គបានសារភាពអំពើបាបរបស់ព្រះអង្គ ព្រះដែលបានលើកលែងទោសអោយលោក​សិលា​នៅ​ពេល​លោកបានស្រក់ទឹកភ្នែកយ៉ាងសែនអាម៉ាស ព្រះដែលបានលើកលែងទោសអោយស្រី្តពេស្សា​នៅ​ពេល​នាងបាន​ស្រក់​ទឹកភ្នែកលើព្រះបាទាព្រះអង្គ ព្រះដែលបានលើកលែងទោសអោយផារីស៊ីម្នាក់ និងកូនវង្វេង សូម​ព្រះដដែលនេះ លើកលែងទោសអោយអ្នក នៅក្នុងលោកនេះ និងនៅក្នុងបរមលោក តាមរយៈខ្ញុំជាអ្នកបាប ហើយ​សូមព្រះអង្គកោះហៅអ្នកអោយមកតុលាការដ៏គួរអោយភិតភ័យរបស់ព្រះអង្គ ដោយមិនថ្កោលទោសអ្នក ព្រះ​អង្គដែល​ទទួលព្រះពរអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន”។

១៤៨២. អគ្គសញ្ញាលើកលែងទោសអាចមាននៅក្នុងពីធីបុណ្យរួម ។​ ក្នុងពិធីនេះ យើងរៀប​ចំរួម​ជាមួយ​គ្នាអោយ​សារភាព និងអរព្រះគុណចំពោះការលើកលែងទោសដែលយើងបានទទួល។ ទីនេះ ការសារភាព​អំពើ​បាប​ផ្ទាល់​ខ្លួន និងការលើកលែងទោសម្នាក់ៗត្រូវរាប់ចញ្ចូលក្នុងពិធីបុណ្យលើតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមាន​ការ​អានអត្ថបទ និង​ធម៌ទេសនា ការពិនិត្យមនសិការជាមួយគ្នា ការសុំរួមជាមួយគ្នាអោយទទួលការលើក​លែង​ទោស​រួម ការសូត្រធម៌ ឳព្រះបិតានៃយើងខ្ញុំ និងការអរព្រះគុណរួម។ ពិធីបុណ្យរួមនេះ បញ្ចាក់យ៉ាងច្បាស់ថា ការ លើក​លែងទោសទាក់ទងនឹងព្រះសហគមន៍។ ទោះបីយើងប្រារព្វអគ្គសញ្ញានេះ តាមរបៀបណាក៏ដោយ ក៏អគ្គ​សញ្ញា​លើកលែងទោសតែងតែជាកិច្ចការខាងពិធីបុណ្យដែរ ដែលជាកិច្ចការរបស់ព្រះសហគមន៍ និងកិច្ចការ​ជា​សាធារណៈផងដែរ (SC ២៦-២៧)។

១៤៨៣. បើមានការចាំបាច់ដ៏ធ្ងន់ធ្ងរ យើងអាចផ្តល់អគ្គសញ្ញាលើកលែងទោស ក្នុងពិធីបុណ្យរួម ដោយមានគ្រីស្ត បរិស័ទទាំងអស់សារភាព និងទទួលការលើកលែងទោសរួមជាមួយគ្នា ដូចជានៅពេលដែលមានគ្រោះថ្នាក់ដល់ ជីវិត ឬនៅពេលដែលលោកបូជាចារ្យគ្មានពេលទំនេរល្មមដើម្បីស្តាប់អ្នកបាបម្នាក់ម្តងៗ ឬនៅពេលដែលមានអ្នក​បាប​ច្រើន គ្មានលោកបូជាចារ្យគ្រប់គ្រាន់ ដើម្បីស្តាប់អ្នកបាបម្នាក់ៗក្នុងពេលដ៏សមរម្យ ទាល់តែអ្នកបាប ដែល​គ្មានកំហុសពីខ្លួនគេផ្ទាល់ នឹងមិនបានទទួលអគ្គសញ្ញា ឬព្រះកាយព្រះគ្រីស្តជាយូរមកហើយ។ ក្នុងករណីនេះ គ្រីស្តបរិស័ទនៅតែអាចសារភាពអំពើបាបផ្ទាល់ខ្លួន​ តាមបំណងរបស់គេ ដើម្បី​អោយការ​លើក​លែង​ទោស​មាន​ប្រសិទ្ធិភាព (CIC ៩៦២,១)។ លោកអភិបាលភូមិភាគជាអ្នកសម្រេចតាមល័ក្ខខ័ណ្ឌផ្សេងៗថា តើយើង​អាច​ផ្តល់​ការ​​​លើក​លែង​ទោសរួមជាមួយគ្នាបាន ឬទេ (CIC ៩៦១,២)។ ទោះ​បីមានគ្រីស្តបរិស័ទ​ជាច្រើន​ក្នុង​ឳកាស​បុណ្យ​ធំៗ ឬ​​បូជនីយេសចរណ៍យ៉ាងណាក៏ដោយ ក៏មិនមែនជាករណីចាំបាច់ឡើយ (CIC ៩៦១,១)។

១៤៨៤. “ការសារភាពរបស់ម្នាក់ៗចំពោះអំពើបាបទាំងអស់ ដោយមានការលើកលែងទោស ជា​មធ្យោ​បាយធម្មតាតែមួយ ដែលគ្រីស្តបរិស័ទអាចសម្រុះសម្រួលជាមួយនឹងព្រះជាម្ចាស់ និងព្រះសហគមន៍ លើក​លែង​តែគេមានមូលហេតុខាងផ្លូវកាយ ឬខាងផ្លូវចិត្តមិនអាចអោយគេសារភាពបានឡើយ” (OP ៣១) ដ្បិត​ព្រះ​គ្រីស្ត​មានសកម្មភាពក្នុងអគ្គសញ្ញានិមួយៗ ព្រះអង្គមានព្រះបន្ទូលផ្ទាល់ចំពោះអ្នកបាបម្នាក់ៗ៖ “កូនអើយ! ខ្ញុំអភ័យ​ទោស​អោយអ្នកបានរួចពីបាប” (មក ២,៥)។ ព្រះអង្គជាគ្រូពេទ្យ ដែលឈ្ងោកមើលអ្នក​ជម្ងឺ​ម្នាក់ៗ​ដែល​ត្រូវ​ការ​ព្រះ​អង្គ (មក ២,១៧) ដើម្បីអោយបានជាសះស្បើយ ព្រះអង្គក៍ប្រោសគេអោយក្រោកឡើង និងបញ្ចូល​គេ​ក្នុង​សហគមន៍​ជាបងប្អូន។ ដូច្នេះហើយ បានជាការសារភាពផ្ទាល់ខ្លួន​ជារ​បៀប​ដ៏មានន័យ​ជាង​គេ​នៃ​ការ​សម្រុះ​សម្រួល​​​ជាមួយព្រះជាម្ចាស់ និងជាមួយព្រះសហគមន៍។

សង្ខេប

១៤៨៥. នៅល្ងាចថ្ងៃបុណ្យចម្លង ព្រះអម្ចាស់យេស៊ូបង្ហាញព្រះអង្គអោយក្រុមគ្រីស្តទូតឃើញ ហើយ​មាន​ព្រះ​បន្ទូលថា៖ “ចូរទទួល​ព្រះវិញ្ញាណ!។​​   បើអ្នករាល់គ្នាលើកលែង​ទោសអ្នកណាម្នាក់អោយរួចពីបាប​‌ព្រះជាម្ចាស់​ក៏​នឹង​​លើក​លែង​ទោស​អ្នក​នោះ​អោយ​រួច​ពី​បាប​ដែរ។​‌ ផ្ទុយទៅវិញ​‌ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា​អ្នក​នោះ​មុខ​ជា​ត្រូវជាប់ទោស​មិនខាន” (យហ ២០,២២-២៣)។

១៤៨៦. អគ្គសញ្ញាផ្ទាល់ គឺជាអគ្គសញ្ញាដែលគេហៅថា អគ្គសញ្ញានៃការកែប្រែចិត្តគំនិត នៃការសារភាព នៃ​ការ​​ទទួល​​ទោស ឬនៃការសម្រុះសម្រួល ផ្តល់ការលើកលែងទោសចំពោះអំពើបាប ដែល​យើង​ប្រព្រឹត្ត​ក្រោយពី​បាន​ជ្រមុជ​ទឹកហើយ។

១៤៨៧. នរណាប្រព្រឹត្តអំពើបាបបង្ខូចកិត្តិយស​ និងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ឋានៈរបស់ខ្លួនគេ​ផ្ទាល់ជាមនុស្ស ដែលព្រះជាម្ចាស់ត្រាស់ហៅអោយទៅជាបុត្រធីតារបស់ព្រះអង្គ និងប្រយោជន៍​ខាង​វិញ្ញាណ​របស់​ព្រះសហគមន៍ ដែលគ្រីស្តបរិស័ទម្នាក់ៗត្រូវតែជាថ្មដ៏មានជីវិត។

១៤៨៨. ចំពោះអ្នកជឿ គ្មានអំពើអាក្រក់ណាអាក្រក់ជាងអំពើបាប ហើយគ្មានអ្វីហុច​ផល​អាក្រក់​ជាង​នោះ​ចំពោះអ្នកបាបផ្ទាល់ ចំពោះព្រះសហគមន៍ និងចំពោះពិភពលោកទាំងមូលទៀតទេ។

១៤៨៩. យើងត្រឡប់ទៅរួមជាមួយព្រះជាម្ចាស់ ក្រោយពីបានឃ្លាតឆ្ងាយពីព្រះអង្គដោយសារអំពើបាប មកពីចលនានៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ពោរពេញដោយធម៌មេត្តករុណា ដែលព្រួយប្រាម្ភចំពោះការសង្រ្គោះមនុស្ស។ ត្រូវតែសុំព្រះអំណោយទានដ៏មានតម្លៃនេះសម្រាប់ខ្លួនឯង ដូច​សម្រាប់​អ្នក​ដទៃផង​ដែរ។

១៤៩០. ដើម្បីត្រឡប់ទៅរកព្រះជាម្ចាស់វិញ ដែលគេហៅថា ការកែប្រែចិត្តគំនិត យ់ងត្រូវតែឈឺចាប់ និងស្អប់ ខ្ពើមចំពោះអំពើបាប ដែលយើងបានប្រព្រឹត្ត ព្រមទាំងសន្យាយ៉ាងម៉ឺងម៉ាត់ថា មិនប្រព្រឹត្ត​អំពើ​បាប​ទៀត​ទេ។ ដូច្នេះ ការកែប្រែចិត្តគំនិតប៉ះពាល់ដល់អតីតកាលផង និងអនាគតកាលផង។ អ្នកដែលកែប្រែចិត្ត​គំនិត​សង្ឃឹម​លើធម៌មេត្តា​ករុណារបស់ព្រះជាម្ចាស់។

១៤៩១. អ្នកបាបត្រូវបង្ហាញអំពីកិច្ចការបី ហើយលោកបូជាចារ្យត្រូវលើកលែងទោស ដើម្បីអោយមាន​អគ្គ​សញ្ញាលើកលែងទោស។ កិច្ចការទាំងបីរបស់អ្នកបាប គឺការសោកស្តាយ ការសារភាពចំពោះលោកបូជាចារ្យ និងពាក្យសម្ដីចង់ទូទាត់អំពើបាប។

១៤៩២. មូលហេតុដែលមកពីជំនឿត្រូវជម្រុញអោយសោកស្តាយ។ បើយើងសោកស្តាយ ដោយសារ​សេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ការសោកស្តាយនេះ បាន “គ្រប់លក្ខណៈ”។ បើមានមូលហេតុផ្សេង ការ សោកស្តាយនេះ “មិនគ្រប់លក្ខណៈ” ទេ។

១៤៩៣. អ្នកដែលចង់សម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងព្រះសហគមន៍ត្រូវទទួលសារភាពចំពោះ​លោក​បូជាចារ្យអំពើបាបធ្ងន់ធ្ងរ ដែលគេមិនទាន់បានសារភាព ហើយដែលគេនឹកឃើញ​ក្រោយ​ពី​បាន​រិះ​គិត​ពិចារណាច្បាស់លាស់។ ទោះបីមិនចាំបាច់ក៏ដោយ ក៏ព្រះសហគមន៍ជម្រុញអោយសារភាព​អំពើ​បាប​ស្រាល​ដែរ។

១៤៩៤. លោកបូជាចារ្យស្នើសុំអោយអ្នកបាបប្រព្រឹត្តកិច្ចការខ្លះ​ ដើម្បី “ទូទាត់” ការខូចខាត ដែលមកពី​អំពើបាប និងដើម្បីធ្វើតាមទម្លាប់ផ្ទាល់របស់សាវ័កព្រះគ្រីស្ត។

១៤៩៥. មានតែពួកបូជាចារ្យទេ ដែលបានទទួលពីអំណាចព្រះសហគមន៍អោយលើកលែងទោស​អោយ​រួច​ពីបាប។

១៤៩៦. ផលខាងវិញ្ញាណនៃអគ្គសញ្ញាលើកលែងទោស​មានដូចតទៅ៖

  • ការសម្រុះសម្រួលជាមួយព្រះជាម្ចាស់ ដែលនាំអោយអ្នកបាបទទួលការប្រោសប្រណីឡើងវិញ
  • ការសម្រុះសម្រួលជាមួយព្រះសហគមន៍
  • ការលើកទោសអស់កល្បជានិច្ច ដែលមកពីអំពើបាបធ្ងន់ធ្ងរ
  • ការលើកទោសក្នុងលោកនេះ​ ដែលមកពីអំពើបាប
  • សេចក្ដីសុខសាន្ត និងសេចក្ដីស្ងប់ក្នុងចិត្ត ព្រមទាំងការលួងលោមខាងវិញ្ញាណផងដែរ
  • ការពង្រឹងកម្លាំងខាងវិញ្ញាណ ដើម្បីប្រយុទ្ធក្នុងនាមជាគ្រីស្តបរិស័ទ។

១៤៩៧. ការសារភាពរៀងៗខ្លួននៃអំពើបាបធ្ងន់ធ្ងរទាំងអស់ ព្រមទាំងការទទួលការលើកលែងទោសជា មធ្យោបាយធម្មតាតែមួយ ដើម្បីសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងព្រះសហគមន៍។

១៤៩៨. គ្រីស្តបរិស័ទអាចទទួលការលើកលែងទោសក្នុងលោកនេះ ដែលមកពីអំពើបាប ដោយសារ​បុណ្យកុសល ដែលគេអនុគ្រោះដល់ខ្លួនេង និងដល់ព្រលឹងដែលស្ថិតនៅស្ថានជម្រះផង។

ប្រការទី៥៖​ ​អគ្គសញ្ញាលាបប្រេងអោយអ្នកជម្ងឺ

១៤៩៩. “ដោយអស់លោកបូជាចារ្យលាបប្រេងអោយអ្នកជម្ងឺ និងដោយអស់លោកអធិដ្ឋានអង្វរព្រះ​ជាម្ចាស់ ព្រះ​សហគមន៍​ទាំងមូល​​​ផ្ញើអ្នកជម្ងឺទៅលើព្រះអម្ចាស់យេស៊ូដែលបានរងទុក្ខលំបាក និងដែលមាន​ព្រះ​ជន្មថ្មី សូមព្រះអង្គសម្រាលទុក្ខគេ និងសង្រោ្គះ​​​គេផង។ លើសពីនេះទៅទៀត ព្រះសហគមន៍​ដាស់​តឿន​​អ្នក​ជម្ងឺ​ទាំង​​នោះអោយស័្មគ្រចិត្តរួមជាមួយ​​​ព្រះគ្រីស្តដែលរងទុក្ខលំបាក និងដែលសោយទិវង្គត ដើម្បី​អោយ​គេ​ជួយ​ប្រជារាស្រ្ត​របស់ព្រះជាម្ចាស់តាមចំណែករបស់ខ្លួន” (LG ១១)។

១. មូលដ្ឋានគ្រឹះនៃពិធីលាបប្រេងក្នុងការចាត់ចែងនៃការសង្រ្គោះ

ជម្ងឺក្នុងជីវិតរបស់មនុស្សលោក

១៥០០. ជម្ងឺ និងទុក្ខលំបាកតែងតែជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនៃជីវិតរបស់មនុស្សលោក។ ដោយសារជម្ងឺ មនុស្សដកពិសោធន៍ថា គេគ្មានអំណាច ហើយគេមានកំណត់ព្រំដែន និងទីបញ្ចប់។ ជម្ងឺណាមួយអាច​ធ្វើអោយ​យើង​នឹកគិតដល់សេចក្ដីស្លាប់។

១៥០១. ជម្ងឺអាចនាំយើងអោយព្រួយចិត្ត គិតតែពីខ្លួនឯង ជូនកាលអស់សង្ឃឹម និងបះបោរប្រឆាំង នឹងព្រះជាម្ចាស់។ ប៉ុន្តែ ជម្ងឺអាចនាំបុគ្គលម្នាក់អោយរីកចម្រើន ជួយអោយគេរីះគិតពិចារណាអំពីអ្វីដែលមិន​សូវ​សំខាន់ក្នុងជីវិតរបស់គេ ដើម្បីបែរទៅរកអ្វីដែលសំខាន់ៗវិញ។ ជារឿយៗ ជម្ងឺជម្រុញអោយស្វែងរកព្រះ​ជាម្ចាស់ អោយត្រឡប់ទៅរកព្រះអង្គវិញ។

 អ្នកជម្ងឺពីមុខព្រះជាម្ចាស់

១៥០២. ពេលធ្លាក់ខ្លួនឈឺ មនុស្សនៃសម័្ពន្ធមេត្រីចាស់ បែរមុខទៅរកព្រះជាម្ចាស់។ គេត្អូញត្អែរអំពីជម្ងឺ របស់គេពីមុខព្រះជាម្ចាស់ (ទន ៣៨) ហើយគេអង្វរព្រះអង្គ ដែលជាម្ចាស់នៃជីវិត និងសេចក្ដីស្លាប់ អោយគេ​បាន​ជាសះស្បើយ (ទន ៦,៣ ; អស ៣៨)។ ដោយសារគេឈឺ គេចាប់ផ្តើមដើរតាមផ្លូវនៃការកែប្រែចិត្តគំនិត (ទន ៣៨,៥ ; ៣៩,៩.១២) ហើយការលើកលែងទោសរបស់ព្រះជាម្ចាស់ចាប់ផ្តើមប្រោសគេអោយបានជា (ទន ៣២,៥ ; ១០៧,២០ ; មក ២,៥-១២)។ ជនជាតិអ៊ីស្រាអែលដកពិសោធន៍ថា ជម្ងឺជាប់ចំណងនឹងអំពើបាប និងអំពើ​អាក្រក់តាមរបៀបអាថ៌កំបាំង ហើយបើយើងស្មោះត្រង់នឹងព្រះជាម្ចាស់ យើងក៏មានជីវិតឡើងវិញ៖ “យើងជាព្រះ​អម្ចាស់ ដែល​ប្រោសអ្នករាល់គ្នាអោយបានជា” (សរ ១៥,២៦)។ ព្យាការីឈ្វេងយល់ថា ទុក្ខលំបាកអាចជួយសង្រ្គោះអ្នកដទៃអំពីអំពើបាបរបស់គេដែរ (អស ៥៣,១១)។ ទីបំផុត លោក​អេសាយ​ប្រកាស​ថា ក្នុងគ្រាណា​មួយ នៅ​ទីក្រុងស៊ីយ៉ូន​ ព្រះជាម្ចាស់នឹងលើកលែងទោសកំហុសទាំងឡាយ និង​ប្រោស​អ្នក​ជម្ងឺ​ទាំង​អស់អោយបានជា (អស ៣៣,២៤)។

ព្រះគ្រីស្តជាគ្រូពេទ្យ

១៥០៣. ធម៌មេត្តាករុណារបស់ព្រះគ្រីស្តចំពោះអ្នកជម្ងឺ និងការព្យាបាលរបស់ព្រះអង្គចំពោះជនពិការគ្រប់​ប្រភេទ (មថ ៤,២៤) ជាសញ្ញាសម្គាល់យ៉ាងច្បាស់ថា “ព្រះជាម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ” (លក ៧,១៦) ហើយព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ព្រះយេស៊ូមិនគ្រាន់តែ​មាន​អំណាច​ព្យាបាល​ទេ ថែមទាំងលើកលែងទោសអោយរួចពីបាបដែរ (មក ២,៥-១២)។ ព្រះអង្គយាងមកព្យាបាលព្រលឹង និងរូបកាយរបស់មនុស្សទាំងស្រុង។ ព្រះអង្គជាគ្រូពេទ្យ ដែលអ្នកជម្ងឺត្រូវការ (មក ២,៧)។ ធម៌មេត្តាករុណា របស់ព្រះអង្គចំពោះអស់អ្នកដែលរងទុក្ខលំបាកធំធេងណាស់ បានជាព្រះអង្គយកគេធ្វើជាតំណាងរបស់ព្រះអង្គ៖ “កាលយើងមានជម្ងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង” (មថ ២៥,៣៦)។ ពីសតវត្សមួយទៅសតវត្សមួយ​សេចក្ដី​ស្រលាញ់ដ៏ពិសេសចំពោះ អ្នកពិការតែងតែដាស់តឿនគ្រីស្តបរិស័ទអោយយកចិត្តទុកដាក់ចំពោះអស់អ្នក ដែលរងទុក្ខលំបាកខាងផ្លូវចិត្ត ឬខាងផ្លូវកាយ។ សេចក្ដីស្រលាញ់នេះ ជាប្រភពនៃការខិតខំឥតឈប់ឈរ ដើម្បី​សម្រាលទុក្ខគេ។

១៥០៤. ជារឿយៗ ព្រះយេស៊ូសុំអ្នកជម្ងឺអោយជឿ (មក ៥,៣៤.៣៦ ; ៩,២៣)។ ព្រះអង្គប្រើសញ្ញា សម្គាល់ដើម្បីព្យាបាល ដូចជាទឹកមាត់ និងការដាក់ដៃ (មក ៧,៣២-៣៦ ; ៨,២២-២៥) ភក់ និងការជំរះខ្លួន (យហ ៩,៦ត)។ អ្នកជម្ងឺចង់ពាល់ព្រះអង្គ (មក ១,៤១ ; ៣,១០ ; ៦,៥៦) ដ្បិត “មានឫទ្ធានុភាពចេញពីព្រះអង្គ មកប្រោសគេអោយជាគ្រប់ៗគ្នា” (លក ៦,១៩)។ ហេតុនេះហើយ បានជាក្នុងអគ្គសញ្ញា ព្រះគ្រីស្តនៅតែ “ពាល់” យើងដើម្បីប្រោសយើងអោយបានជា។

១៥០៥. ព្រះគ្រីស្តរំជួលព្រះហឫទ័យដោយឃើញថា មនុស្សរងទុក្ខលំបាកខ្លាំងណាស់ ទើបព្រះអង្គក៏មិន​គ្រាន់​តែទុកអោយអ្នកជម្ងឺពាល់ព្រះកាយតែប៉ុណ្ណោះទេ ថែមទាំងទទួលយកភាពវេទនារបស់ពួកគេ៖ “ព្រះអង្គ បានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជម្ងឺរបស់យើងដែរ” (មថ ៨,១៧) (អស ៥៣,៤)។ ព្រះអង្គមិនបានប្រោសអ្នកជម្ងឺទាំងអស់អោយបានជាឡើយ។ ការព្យាបាលរបស់ព្រះអង្គជាសញ្ញា សម្គាល់ថា ព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកហើយ ហើយប្រកាសការព្យាបាលជាដាច់ខាត គឺជ័យជម្នះលើ អំពើបាប និងលើសេចក្ដីស្លាប់ដោយសារបុណ្យចម្លងរបស់ព្រះអង្គ។ នៅលើឈើឆ្កាង ព្រះគ្រីស្តបានទទួលយក​ អំពើអាក្រក់លើខ្លួនព្រះអង្គ ហើយបាន “ដកបាបចេញពីមនុស្សលោក” (យហ ១,២៩) ដែលជម្ងឺគ្រាន់តែជាផល​វិបាក។ ដោយសារព្រះអង្គបានរងទុក្ខលំបាក និងសោយទិវង្គតនៅលើឈើឆ្កាង ព្រះគ្រីស្តបានផ្តល់អត្ថន័យថ្មី​ដល់ទុក្ខលំបាក គឺទុក្ខលំបាកអាចធ្វើអោយយើងរួមរស់ជាមួយព្រះអង្គ និងរួបរួមក្នុងការរងទុក្ខលំបាករបស់ព្រះអង្គ ដើម្បីសង្រ្គោះមនុស្សលោក។

“ចូរប្រោសអ្នកជម្ងឺអោយបានជាសះស្បើយ...”

១៥០៦. ព្រះគ្រីស្តសូមអោយក្រុមសាវ័កដើរតាមព្រះអង្គ ដោយលីឈើឆ្កាងរបស់ខ្លួន (មថ​១០,៣៨)។ ក្នុងពេលដើរតាមព្រះអង្គ ពួកគេផ្លាស់ប្តូរចិត្តគំនិតអំពីជម្ងឺ និងអំពីអ្នកជម្ងឺផងដែរ។ ព្រះយេស៊ូ​ប្រោសពួកគេ​អោយ​រួមជាមួយព្រះអង្គ ដោយដាក់ខ្លួនជាអ្នកក្រ និងបម្រើអ្នកដទៃ។ ព្រះអង្គប្រោស​ពួកគេ​អោយ​រួម​ចំណែក​ក្នុង​មុខងា​រ​នៃធម៌មេត្តាករុណា និងការព្យាបាលរបស់ព្រះអង្គ៖ “ពួក​សាវ័ក​ក៏​ចេញ​ទៅ​ប្រកាសអោយ​មនុស្ស​ម្នា​ប្រែ​ចិត្ត​គំនិត។​ គេ​បាន​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស​ ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺជា​ច្រើន​នាក់​ ដើម្បី​ប្រោស​គេអោយ​បាន​ជា​សះ​ស្បើយ” (មក ៦,១២-១៣)។

១៥០៧. ព្រះអម្ចាស់ដែលមានព្រះជន្មថ្មីចាត់គេអោយទៅម្តងទៀត (“ក្នុងនាមយើង (...) ប្រសិន​​​​បើគេ​ដាក់ដៃ​លើ​អ្នក​ជំងឺ‌​ អ្នក​ជំងឺ​នឹង​បាន​ជា​សះ​ស្បើយ”៖ មក ១៦,១៧-១៨) ហើយសញ្ញាសម្គាល់ ដែល ព្រះសហគមន៍ធ្វើក្នុងព្រះនាមព្រះអង្គបញ្ជាក់ថា ព្រះអង្គពិតជាបានចាត់គេអោយទៅ (កក ៩,៣៤ ; ១៤,៣)។ សញ្ញាសម្គាល់នោះ សម្ដែងតាមរបៀបពិសេសថា ព្រះយេស៊ូពិតជា “ព្រះជាម្ចាស់ដែលសង្រ្គោះ” (មថ​ ១,២១ ; កក ៤,១២)។

១៥០៨. ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានអោយអ្នកខ្លះចេះព្យាបាលតាមព្រះអំណោយទានពិសេស (១ករ ១២,៩.២៨.៣០) ដើម្បីសម្ដែងឫទ្ធានុភាពនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តដែលមានព្រះជន្មថ្មី។ ទោះបីយើងអធិដ្ឋានអស់ពីចិត្តក៏ដោយ ក៏ជូនកាលយើងមិនអាចព្យាបាលជម្ងឺទាំងអស់ដែរ។ ហេតុ​នេះ ហើយ​បាន​ជាសន្តប៉ូលត្រូវរៀនពីព្រះអម្ចាស់ថា៖ “ការប្រណិសន្តោសរបស់យើង គឺល្មមគ្រប់គ្រាន់សម្រាប់ អ្នកហើយ ដ្បិត​ឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុតក្នុងមនុស្សទន់ខ្សោយ” (១ករ ១២,៩) ហើយ​ទុក្ខលំបាកដែលត្រូវស៊ូទ្រាំអាចមានអត្ថន័យថា៖ “​ខ្ញុំ​រងទុក្ខ​លំបាក​ក្នុង​រូបកាយ​ដូច្នេះ​‌ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​​ព្រះគ្រីស្ត‌‌​​សម្រាប់​ព្រះ​កាយ​របស់​ព្រះអង្គ​ដែល​ជា​ព្រះ​សហគមន៍” (កូឡ ១,២៤)។

១៥០៩. “ចូរមើលអ្នកជម្ងឺអោយបានជា!” (មថ ១០,៨)។ ព្រះសហគមន៍បានទទួលបន្ទុកនេះពីព្រះ​អម្ចាស់ ហើយព្យាយាមបំពេញបន្ទុកនេះ ដោយថែទាំអ្នកជម្ងឺផង អធិដ្ឋានសម្រាប់គេផងដែរ។ ព្រះសហគមន៍ជឿ លើវត្តមានដែលផ្តល់ជីវិតរបស់ព្រះគ្រីស្ត ដែលជាគ្រូពេទ្យនៃព្រលឹង និងរូបកាយ។ វត្តមាននេះមានសកម្មភាព​ពិសេសតាមរយៈអគ្គសញ្ញា ជាពិសេសតាមរយៈអគ្គសញ្ញាអរព្រះគុណ ជានំបុ័ងដែលផ្តល់ជីវិតអស់កល្បជានិច្ច (យហ ៦,៥៤.៥៨) ហើយដែលសន្តប៉ូលនិយាយប្រាប់យើងថា ទាក់ទងនឹងសុខភាពខាងរូបកាយ (១ករ ១១,៣០)។

១៥១០. ក៏ប៉ុន្តែ ព្រះសហគមន៍នៅសម័យក្រុមគ្រីស្តទូតស្គាល់ពិធីពិសេសសម្រាប់អ្នកជម្ងឺ ដែលសន្ត​យ៉ាកុបបញ្ជាក់៖ “ក្នុងចំណោមបងប្អូន​ បើនរណាមានជម្ងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក ដើម្បី​អោយលោកទាំងនោះអធិដ្ឋាន និងលាបប្រេងអោយគាត់ក្នុងព្រះនាមព្រះអម្ចាស់។ សេចក្ដី​អធិដ្ឋាន​ដែល​ផុស​ចេញមកពីជំនឿនឹងសង្រ្គោះអ្នកជម្ងឺនេះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ។ ប្រសិនបើ គាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើកលែងទោសអោយ” (យក ៥,១៤-១៥)។ ការបញ្ជូនបន្តបានទទួល​ស្គាល់ថា ពិធីនេះជាអគ្គសញ្ញាក្នុងចំណោមអគ្គសញ្ញាទាំងប្រាំពីរនៃព្រះសហគមន៍ (DS ២១៦ ; ១៣២៤-១៣២៥ ; ១៦៩៥-១៦៩៦ ; ១៧១៦-១៧១៧)។

អគ្គសញ្ញាមួយសម្រាប់អ្នកជម្ងឺ

១៥១១. ព្រះសហគមន៍ជឿនិងប្រកាសថា ក្នុងចំណោមអគ្គសញ្ញាទាំងប្រាំពីរ មានអគ្គសញ្ញាពិសេស​ដើម្បីសម្រាលទុក្ខអស់អ្នកជម្ងឺ គឺការលាបប្រេងអោយពួកគេ៖

ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើងបានតែងតាំងការលាបប្រេងដ៏វិសុទ្ធអោយអ្នកជម្ងឺនេះ ដូចជាអគ្គសញ្ញានៃ សម្ព័ន្ធមេត្រីថ្មីដោយមានព្រះបន្ទូលយ៉ាងពិតប្រាកដ និងយ៉ាងច្បាស់។ ក្រោយពីសន្តម៉ាកុស (មក ៦,១៣) សន្ត​យ៉ាកុបជាគ្រីស្តទូត និងបងប្អូនរបស់ព្រះអម្ចាស់ផ្តែផ្តាំគ្រីស្តបរិស័ទអោយធ្វើពិធីលាបប្រេងនេះ (យក ៥,១៤-១៥ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៥)។

១៥១២. ក្នុងប្រពៃណីខាងពិធីបុណ្យ នៅបូព៌ា និងបស្ចិមប្រទេសផងដែរ តាំងពីបុរាណកាល មានផ្តល់សក្ខីភាពថា គេបានលាបប្រេងលើអ្នកជម្ងឺជាមួយនឹងប្រេងព្រះពរ។ ពីសតវត្សមួយទៅសតវត្សមួយ គេបានលាបប្រេង​តែលើ​អស់អ្នកដែលហៀបនឹងស្លាប់ប៉ុណ្ណោះ។ ដោយសារមូលហេតុនេះ គេបានហៅពិធីនេះថា “ពិធីលាបប្រេង​ចុង​ក្រោយ​បំផុត”។ ទោះជាយ៉ាងណាក៏ដោយ ពិធីបុណ្យមិនដែលភ្លេចអង្វរព្រះអម្ចាស់អោយអ្នកជម្ងឺបានជាសះស្បើយ បើ​ការ​ព្យាបាល នេះ​អាចសង្រ្គោះគេបាន (DS ១៦៩៦)។

១៥១៣. ធម្មនុញ្ញក្រុមគ្រីស្តទូត “Sacram unctionem infirmorum” (“ពិធីលាបប្រេងដ៏វិសុទ្ធអោយ​អ្នក​ជម្ងឺ”) នៅថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ១៩៧២ ក្រោយពីមហាសន្និបាតវ៉ាទីកង់ទីពីរ (SC ៧៣) បានចាត់ចែងថា នៅក្នុង​ពិធី​​នៃ​បស្ចិម​ប្រទេស ចាប់​ពី​ពេល​នេះ​ទៅ ត្រូវធ្វើដូចតទៅ៖

ត្រូវផ្តល់អគ្គសញ្ញាលាបប្រេងដល់អ្នកជម្ងឺធ្ងន់ធ្ងរ ដោយលាបប្រេងព្រះពរ (ប្រេងអូលីវ ឬប្រេងផ្សេងទៀត ចេញមកពីរុក្ខជាតិ) លើថ្ងាស និងលើដៃ ដោយមានប្រសាសន៍តែម្តងថា៖ “តាមរយៈពិធីលាបប្រេងដ៏វិសុទ្ធនេះ សូមអោយព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណា លើកទឹកចិត្តអ្នក ដោយព្រះហឫទ័យប្រណីសន្តោសនៃព្រះ វិញ្ញាណ​ដ៏វិសុទ្ធ។ ហេតុនេះ ដោយព្រះអង្គបានរំដោះអ្នកពីអំពើបាបទាំងអស់ សូមព្រះអង្គសង្រ្គោះអ្នក និងប្រោស អ្នកអោយក្រោកឡើង” (CIC ៨៤៧,១)។

២. តើនរណាទទួល និងនរណាផ្តល់អគ្គសញ្ញានេះ?

នៅពេលដែលមានអ្នកជម្ងឺធ្ងន់ធ្ងរ...

១៥១៤. ការលាបប្រេងអោយអ្នកជម្ងឺ “មិនមែនអគ្គសញ្ញាសម្រាប់គ្រីស្ត​បរិស័ទ ​ដែលជិតនឹងស្លាប់ទេ ដូច្នេះ គ្រីស្តបរិស័ទដែលចាប់ផ្តើមវ័យចំណាស់ ឬចាស់ជរា ឬមានជំងឺទម្ងន់ គួរទទួល​អគ្គសញ្ញានេះ” (SC ៧៣)។

១៥១៥. ប្រសិនបើអ្នកជម្ងឺណាម្នាក់ ដែលបានទទួលប្រេង ជាសះស្បើយ ហើយបើគេធ្លាក់ខ្លួនឈឺយ៉ាង​ធ្ងន់​​ធ្ងរម្តង​ទៀត គេអាចទទួលអគ្គសញ្ញានេះម្តងទៀតបាន។ នៅពេលមានជម្ងឺដដែល យើងអាចផ្តល់អគ្គសញ្ញា​ម្តងទៀត បើជម្ងឺកាន់តែដុនដាបទៅៗ។ គួរទទួលពិធីលាបប្រេងអោយអ្នកជម្ងឺនៅពេលត្រូវវះកាត់ ឬចាស់ជរា ដែល​សុខភាពកាន់តែទន់ខ្សោយ។

“ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក...”

១៥១៦. មានតែលោកបូជាចារ្យប៉ុណ្ណោះ (លោកអភិបាល និងលោកព្រឹទ្ធាចារ្យ) ដែលជាអ្នកទទួល​មុខងារ​លាប​​ប្រេង​អោយអ្នកជម្ងឺបាន (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៧ ; ១៧១៩ ; CIC ១០០៣ ; CCEO ៧៣៩,១)។  គ្រូគង្វាលមានភារកិច្ចប្រៀនប្រដៅគ្រីស្តបរិស័ទអំពីផលដ៏ល្អនៃអគ្គសញ្ញានេះ។ គ្រីស្ត​បរិស័ទ​ត្រូវតែ លើកទឹកចិត្តអ្នកជម្ងឺអោយគេសូមលោកបូជាចារ្យផ្តល់អគ្គសញ្ញានេះ។ អ្នកជម្ងឺ​ត្រូវ​តែ​រៀប​ចំ​ខ្លួន​អោយ​ទទួលអគ្គសញ្ញា​​​នេះ តាមរបៀបសមគួរ និងដោយមានគង្វាល និងសហគមន៍ទាំងមូលរបស់គេ មកសួរ​សុខ​ទុក្ខគេ ព្រម​ទាំង​អធិដ្ឋាន និងយកចិត្តទុកដាក់លើគេដូចជាបងប្អូន។

៣. តើគេប្រារព្ធអគ្គសញ្ញានេះយ៉ាងដូចម្ដេច?

១៥១៧. ដូចអគ្គសញ្ញាឯទៀតៗដែរ ពិធីលាបប្រេងជាពិធីបុណ្យរួម (SC ២៧) ទោះជាពិធីនេះ​កើតមាន​ក្នុង​​​ក្រុមគ្រួសារ នៅមន្ទីរពេទ្យ នៅព្រះសហគមន៍ សម្រាប់អ្នកជម្ងឺតែម្នាក់ ឬសម្រាប់ក្រុមអ្នកពិការក៏ដោយ។ គួរ​ប្រារព្ធ​ពិធីនេះរួមជាមួយនឹងអគ្គសញ្ញាអរព្រះគុណ ដែលជាពិធីនឹករលឹកបុណ្យចម្លងរបស់ព្រះអម្ចាស់។ តាម​កាលៈ​ទេសៈ យើងអាចផ្តល់អគ្គសញ្ញាលើកលែងទោសមុនអគ្គសញ្ញាលាបប្រេងនេះ និងបន្ទាប់មកថ្វាយ​អភិ​បូ​ជា។ ដោយសារពិធីអរព្រះគុណជាអគ្គសញ្ញានៃបុណ្យចម្លងរបស់ព្រះគ្រីស្ត អគ្គសញ្ញាអរព្រះគុណគួរជាអគ្គសញ្ញា​ចុង​​ក្រោយ​នៃការធ្វើដំណើរដ៏សែនឆ្ងាយនៅលើលោកនេះ ជា “ស្បៀងអាហារ” ដើម្បី “ឆ្លង” ឆ្ពោះទៅជីវិតអស់​កល្ប​ជា​និច្ច។

១៥១៨. ពាក្យសម្ដី និងអគ្គសញ្ញាមិនអាចបំបែកពីគ្នាបានឡើយ។ ពិធីលើកតម្កើងព្រះបន្ទូល ដោយមាន ពិធីលើកលែងទោសទុកជាមុន បើកពិធីបុណ្យ។ ព្រះបន្ទូលរបស់ព្រះគ្រីស្ត និងសក្ខីភាពរបស់ក្រុមគ្រីស្តទូតដាស់ តឿន​ជំនឿរបស់អ្នកជម្ងឺ និងរបស់សហគមន៍ដើម្បីទូលអង្វរឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះអម្ចាស់។

១៥១៩. ពិធីលើកតម្កើងអគ្គសញ្ញានេះ មានចំណច់សំខាន់ៗដូចតទៅ៖ “ព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍” (យក ៥,១៤) ដាក់ដៃ - យ៉ាងស្ងៀមស្ងាត់ - លើអ្នកជម្ងឺ ពួកលោកអធិដ្ឋានសម្រាប់អ្នកជម្ងឺតាមជំនឿរបស់ព្រះ​សហគមន៍ (យក ៥,១៥) គឺពិធីពិសេសនៃអគ្គសញ្ញានេះ អង្វរអោយព្រះវិញ្ញាណយាងមក។ បន្ទាប់មក ពួកលោក លាបប្រេង (ដែលលោកអភិបាលបានប្រទានពរ) អោយអ្នកជម្ងឺ។ កិច្ចការខាងពិធីបុណ្យនោះបង្ហាញថា អគ្គសញ្ញានេះផ្តល់ព្រះអំណោយទានអ្វីខ្លះ។

 ៤. ផលនៃពិធីអគ្គសញ្ញានេះ

១៥២០. ព្រះអំណោយទានពិសេសពីព្រះវិញ្ញាណដ៏វិសុទ្ធ ។ ព្រះអំណោយទានដំបូងនៃអគ្គសញ្ញានេះ ​គឺ​ព្រះវិញ្ញាណ​សម្រាលទុក្ខអ្នកជម្ងឺ អោយទទួលសេចក្ដីស្ងប់ និងសេចក្ដីក្លាហាន ដើម្បីជំរះលើជម្ងឺ ដែលមាន​សភាព​ធ្ងន់​ធ្ងរ និងរោគរបស់មនុស្សចាស់ជរា។ ព្រះអំណោយទាននេះ បានមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ដែល​ប្រោស​អ្នក​ជម្ងឺ​​​អោយ​ផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់សាជាថ្មី និងពង្រឹងប្រឆាំងនឹងការល្បួងរបស់​មារ ដែល​នាំ​អោយ​អ្នក​ជម្ងឺ​បាក់ទឹកចិត្ត និងភ័យខ្លាចចំពោះសេចក្ដីស្លាប់ (ហប ២,១៥)។ ដោយឫទ្ធានុភាពនៃ​ព្រះវិញ្ញាណរបស់ព្រះអង្គ ព្រះ​អម្ចាស់មានព្រះហឫទ័យជួយដឹកនាំព្រលឹងអ្នកជម្ងឺអោយបានជាផង ព្រមទាំងរូបកាយផងដែរ បើ​ព្រះ​អង្គ​សព្វ​ព្រះហឫទ័យ (មហាសន្និបាតនៅទីក្រុងហ្វ្លូរង់ ៖ DS ១៣២៥)។ ម្យ៉ាងទៀត “ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះអង្គនឹងលើកលែងទោសអោយ” (យក ៥,១៥) (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧១៧)។

១៥២១. អ្នកជម្ងឺរួមរស់ជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក ។ ដោយសារព្រះអំណោយទាននៃអគ្គសញ្ញា នេះ អ្នកជម្ងឺទទួលកម្លាំង និងអំណោយទានអោយរួមរស់យ៉ាងស្និទ្ធស្នាលជាមួយព្រះគ្រីស្ត ដែលរងទុក្ខលំបាក៖ ព្រះជាម្ចាស់ប្រោសគេតាមរបៀបម្យ៉ាង ដើម្បីទុកអោយគេបង្កើតផល ដោយចូល​រួម​ក្នុង​ទុក្ខលំបាក​នៃព្រះ​សង្រ្គោះ។ ទុក្ខលំបាក ដែលមកពីអំពើបាបដើមដំបូង ទទួលអត្ថន័យថ្មី គឺដោយសារការ​រងទុក្ខលំបាក អ្នកជម្ងឺ​រួម​ចំណែក​ក្នុងព្រះរាជកិច្ចនៃការសង្រ្គោះរបស់ព្រះយេស៊ូ។

១៥២២. ព្រះអំណោយទានរបស់ព្រះសហគមន៍ ។​ អ្នកជម្ងឺដែលទទួលអគ្គសញ្ញានេះ “ដោយស័្មគ្រចិត្តរួម រស់ជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក និងសោយទិវង្គត” “​ជួយ​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់​តាម​ចំណែក​របស់​ខ្លួន” (LG ១១)។ ដោយប្រារព្ធអគ្គសញ្ញានេះ ព្រះសហគមន៍ជួយអង្វរព្រះជាម្ចាស់សម្រាប់អ្នកជម្ងឺ នៅក្នុង​សហភាព​រវាងជនដ៏វិសុទ្ធទាំងឡាយ ចំណែកឯអ្នកជម្ងឺវិញ ដោយសារព្រះអំណោយទាននៃអគ្គសញ្ញានេះ គេ ជួយ​តាមចំណែករបស់ខ្លួនអោយព្រះសហគមន៍បានវិសុទ្ធ និងអោយមនុស្សលោកបានសេចក្ដីសុខ ដែលព្រះ សហគមន៍​រងទុក្ខលំបាក និងថ្វាយខ្លួនចំពោះព្រះជាម្ចាស់ជាព្រះបិតា តាមរយៈព្រះគ្រីស្ត។

១៥២៣. អ្នកជម្ងឺរៀបចំខ្លួនដើម្បីឆ្លងពីលោកនេះទៅបរមលោក ។ បើគេផ្តល់អគ្គសញ្ញាលាបប្រេងដល់​អស់អ្នកដែលមានជម្ងឺ ឬភាពពិការធ្ងន់ធ្ងរយ៉ាងណា ត្រូវតែផ្តល់អគ្គសញ្ញានេះដល់អស់អ្នក ដែលហៀបនឹង​ចេញ​ពី​លោក​នេះយ៉ាងនោះដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៨) ទើបគេហៅអគ្គសញ្ញានេះថាជា sacramentum exeuntium (អគ្គសញ្ញានៃផ្លូវចេញ)។ ពិធីលាបប្រេងអោយអ្នកជម្ងឺជាកិច្ចដើម្បីបង្ហើយ​អោយ​យើង​រួមជាមួយព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មី ដូចពិធីជ្រមុជទឹកបានចាប់ផ្តើម។ ពិធីនេះ បញ្ចប់ការលាបប្រេងដ៏វិសុទ្ធផ្សេងៗ ដែលជាដំណាក់កាលនៃជីវិតរបស់គ្រីស្តបរិស័ទ៖ ពិធីលាបប្រេង​នៃ​អគ្គ​សញ្ញាជ្រមុជទឹកបានប្រោសយើងអោយកើតជាថ្មី ពិធីលាបប្រេងនៃអគ្គសញ្ញាលាបថ្ងាសបានផ្តល់កម្លាំង ដើម្បី​ច្បាំងប្រយុទ្ធក្នុងជីវិតនេះ។ ពិធីលាបប្រេងចុងក្រោយនេះ ផ្តល់កំពែងដ៏រឹងមាំ ដើម្បីការប្រយុទ្ធចុង​ក្រោយ​មុន​​នឹង​ចូល​​ក្នុង​ព្រះដំណាក់របស់ព្រះបិតា (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៦៩៤)។

៥. អគ្គសញ្ញាចុងក្រោយរបស់គ្រីស្តបរិស័ទ

១៥២៤. លើសពីពិធីលាបប្រេងអ្នកជម្ងឺ ព្រះសហគមន៍ផ្តល់អគ្គសញ្ញាអរព្រះគុណ សម្រាប់អស់អ្នកដែល នឹងលាចាកពីលោកនេះ។ ការទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្ត នៅពេលគេកំពុងឆ្លងឆ្ពោះទៅរកព្រះបិតា មានអត្ថន័យពិសេស។ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ការទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តជាពូជនៃ​ជីវិ​ត​អស់​​កល្ប​​ជានិច្ច និងជាឫទ្ធានុភាព​អោយមានជីវិតថ្មី៖ “អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមាន​ជីវិត​អស់​កល្ប​ជា​និច្ច ហើយខ្ញុំក៏នឹងប្រោសគេអោយមានជីវិតថ្មី នៅថ្ងៃចុងក្រោយបំផុតផងដែរ” (យហ ៦,៥៤)។ អគ្គសញ្ញាអរព្រះគុណ ជាអគ្គសញ្ញារបស់ព្រះគ្រីស្តដែលសោយទិវង្គត និងមានព្រះជន្មថ្មី ជា​អគ្គសញ្ញានៃ​ការ​ចម្លង​ពីសេចក្ដីស្លាប់ដល់ជីវិត ពីលោកនេះទៅឯព្រះបិតា (យហ ១៣,១)។

១៥២៥. ហេតុនេះហើយ បានជាដូចអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណរួមជាមួយគ្នា​ក្នុងឯកភាព ដែលគេហៅថា “អគ្គសញ្ញាបង្ហាត់អោយទៅជាគ្រីស្តបរិស័ទពេញលេញ” យ៉ាងណា យើងអាច​និយាយ​ថា នៅពេលជីវិតគ្រីស្តបរិស័ទជិតបញ្ចប់ហើយ អគ្គសញ្ញាលើកលែងទោស លាបប្រេងអោយអ្នកជម្ងឺ និង​អរ​​ព្រះ​គុណជា “អគ្គសញ្ញាដែលរៀបចំអោយ​ចូល​ក្នុង​មាតុភូមិ” ឬជាអគ្គសញ្ញាដែលបញ្ចប់ការធ្វើដំណើរ។

សង្ខេប

១៥២៦. “ក្នុងចំណោមបងប្អូន តើនរណាមានជម្ងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក ដើម្បី អោយលោកទាំងនោះអធិដ្ឋានអោយគាត់ និងលាបប្រេងអោយ ក្នុងព្រះនាមព្រះអម្ចាស់។ ពាក្យអធិដ្ឋាន ដែល​ផុសចេញមកពីជំនឿនឹងសង្រ្គោះអ្នកជម្ងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់អោយក្រោកឡើងវិញ។ ប្រសិន​បើ​​​​គាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើងលែងទោសអោយគាត់” (យក ៥,១៤-១៥)។

១៥២៧. អគ្គសញ្ញាលាបប្រេងអោយអ្នកជម្ងឺមានគោលដៅផ្តល់ព្រះអំណោយទានពិសេស ដល់គ្រីស្ត​បរិស័ទ ដែលជួបប្រទះនឹងទុក្ខលំបាកដោយសារជម្ងឺធ្ងន់ធ្ងរ ឬដោយជរាពាធ។

១៥២៨. វេលាសមគួរ ដើម្បីទទួលប្រេងដ៏វិសុទ្ធ គឺនៅពេលដែលគ្រីស្តបរិស័ទជិតស្លាប់ ដោយសារគេឈឺ ឬចាស់ជរា។

១៥២៩. រាល់ពេលដែលគ្រីស្តបរិស័ទមានជម្ងឺជាទម្ងន់ គេអាចទទួលប្រេងដ៏វិសុទ្ធ។ បើជម្ងឺដុន​ដាប​ទៅៗ​ គេអាចទទួលប្រេងម្តងទៀត ទោះបីគេបានទទួលម្តងហើយក៏ដោយ។

១៥៣០. មានតែពួកបូជាចារ្យ (និងលោកអភិបាល) ទេ ដែលអាចផ្ដល់អគ្គសញ្ញាលាបបង្រេអ្នក​ជម្ងឺ។ ដើម្បី​ផ្តល់​អគ្គសញ្ញានេះ ពួកលោកប្រើប្រេង ដែលលោកអភិបាលបានប្រទានពរ ឬក្នុងករណីចាំបាច់ ដែល​លោក​បូជាចារ្យ​ផ្ទាល់​បានប្រទានពរ។

១៥៣១. ពិធីសំខាន់នៃអគ្គសញ្ញានេះ គឺការលាបប្រេងលើថ្ងាស និងដៃរបស់អ្នកជម្ងឺ (ក្នុងក្បួនពិធីនៃទី​ក្រុង​​រ៉ូម) ឬលើផ្នែកផ្សេងនៃរូបកាយ (ក្នុងបូព៌ាប្រទេស)។ ម្យ៉ាងទៀត លោកបូជាចារ្យត្រូវអង្វរព្រះជាម្ចាស់ ដើម្បី​ទទួលព្រះអំណោយទានពិសេសនៃអគ្គសញ្ញានេះដែរ។

១៥៣២. ព្រះអំណោយទានពិសេសនៃអគ្គសញ្ញានេះមានផលដូចតទៅ៖

  • អ្នកជម្ងឺរួបរួមជាមួយព្រះគ្រីស្តដែលរងទុក្ខលំបាក ដើម្បីផលប្រយោជន៍របស់ខ្លួនគេផ្ទាល់ និង​របស់​ព្រះ​សហគមន៍​​ផង
  • ការលួងលោមចិត្ត សេចក្ដីសុខសាន្ត សេចក្ដីក្លាហាន ដើម្បីស៊ូទ្រាំដូចជាគ្រីស្តបរិស័ទទុក្ខលំបាកទាំងប៉ុន្មាន ដែល​មក​ពីគេឈឺ ឬគេជរា
  • ការលើកលែងទោសអោយរួចពីបាប បើអ្នកជម្ងឺមិនបានទទួលអគ្គសញ្ញាលើកលែងទោស
  • ការព្យាបាល បើអាចសង្រ្គោះគេបាន
  • អោយគេត្រៀមខ្លួន នឹងឆ្លងទៅកាន់ជីវិតអស់កល្បជានិច្ច។
ជំពូក៣ លេខ១៥៣៣-១៦៩០

ជំពូកទីបី​៖​
អគ្គសញ្ញាបម្រើគ្រីស្តបរិស័ទឱ្យរួបរួមគ្នា

១៥៣៣. អគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស និងអរព្រះគុណ ជាអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទ ពេញលេញ។ ព្រះជាម្ចាស់ត្រាស់ហៅសាវ័កទាំងអស់របស់​ព្រះគ្រីស្ត ​ឱ្យ​បានវិសុទ្ធ និងឱ្យទៅ​ប្រកាស​​ដំណឹងល្អ ​ក្នុងពិភពលោកទាំងមូល ហើយព្រះអង្គចាក់គ្រឹះនៃការត្រាស់ហៅរួមនេះ ​លើអគ្គ​សញ្ញា​ទាំង​បី​នោះ។ អគ្គសញ្ញានោះ ផ្តល់ព្រះអំណោយទានចាំបាច់ ដើម្បីឱ្យបូជនីយេសក៍ ដែលធ្វើដំណើរក្នុងលោកនេះ​ឆ្ពោះ​ទៅ​មាតុភូមិ មាន​របៀបរស់នៅ​ស្រប​តាម​ព្រះវិញ្ញាណ។

១៥៣៤. អគ្គសញ្ញាពីរផ្សេងទៀត គឺអគ្គសញ្ញាតែងតាំង និងអគ្គសញ្ញាអាពាហ៍ពិពាហ៍ មានគោលដៅជួយ​សង្រ្គោះ​អ្នក​ដទៃ។ ទោះបីអគ្គសញ្ញានោះ ជួយសង្រ្គោះខ្លួនឯងយ៉ាងណាក៏ដោយ ក៏អគ្គសញ្ញានោះជួយសង្រ្គោះ ខ្លួន​ឯងដោយបម្រើអ្នកដទៃដែរ។ អគ្គសញ្ញានោះ ផ្តល់បេសកកម្មពិសេសក្នុងព្រះសហគមន៍ និងជួយកសាង ប្រជារាស្រ្តរបស់ព្រះជាម្ចាស់។

១៥៣៥. ក្នុងអគ្គសញ្ញានោះ អស់អ្នកដែលព្រះជាម្ចាស់បានញែក ដោយអគ្គសញ្ញាជ្រមុជទឹក និងលាប​ថ្ងាស​​រួចស្រេចទៅហើយ (LG ១០) ដើម្បីទៅជាបូជាចារ្យដូចគ្រីស្តបរិស័ទឯទៀតៗសុទ្ធជាបូជាចារ្យ អ្នក​នោះ​ដែល​អាច​ទទួលមុខងារ ពិសេស។ ព្រះជាម្ចាស់ញែក អស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង ដើម្បីទៅជា “គង្វាល​របស់​ព្រះ​​សហគមន៍ ដោយសារព្រះបន្ទូល និងដោយបានទទួលការប្រោសប្រណីផង” (LG ១១) ក្នុង​ព្រះនាម​ព្រះ​គ្រីស្ត។ ចំពោះ “គូស្វាមីភរិយាជាគ្រីស្តបរិស័ទ មាន​​​អគ្គសញ្ញា​​​​ដ៏​ពិសេសមួយ​​​ផ្តល់​កម្លាំង​ដល់​ពួក​គេ ដែល​ហាក់ដូច​ជា​ញែក​ ពួកគេដើម្បីឱ្យគេអាច​​​បំពេញ​​​ភារកិច្ចរបស់​ខ្លួន​យ៉ាងសមរម្យ” (GS ៤៨,២)។

ប្រការទី៦៖​ ​អគ្គសញ្ញាតែងតាំង

១៥៣៦. ដោយសារអគ្គសញ្ញាតែងតាំង ព្រះសហគមន៍នៅតែប្រព្រឹត្តបេសកកម្ម​ ដែលព្រះគ្រីស្ត​បាន​ប្រគល់​​ឱ្យក្រុមគ្រីស្តទូត រហូតដល់អវសានកាលនៃពិភពលោក។ ហេតុនេះ អគ្គសញ្ញានេះ ជាអគ្គសញ្ញា​របស់​អស់​អ្នក​ដែលបានទទួលមុខងារបម្រើព្រះសហគមន៍ តាំងពីក្រុមគ្រីស្តទូតមក។ អគ្គសញ្ញានេះ មានបីថ្នាក់ គឺថ្នាក់​ជា​អភិបាល ថ្នាក់ជាបូជាចារ្យ និងថ្នាក់ជាឧបដ្ឋាក។

(អំពីការតែងតាំង និងបេសកកម្មរបស់អ្នកដែលបានទទួលមុខងារបម្រើព្រះសហគមន៍ ដោយព្រះគ្រីស្ត សូម​​អានលេខ ៨៧១ត។ នៅទីនេះ យើងអធិប្បាយអំពីរបៀបបញ្ជូនមុខងារនេះតាមអគ្គសញ្ញាប៉ុណ្ណោះ។)

១. ហេតុអ្វីបានជាគេហៅអគ្គសញ្ញានេះថា អគ្គសញ្ញាតែងតាំង (Orders)?

១៥៣៧. នៅសម័យជនជាតិរ៉ូម៉ាំង ពាក្យ ក្រុម (order) សម្ដៅទៅលើក្រុមដែលសង្គមស៊ីវីលបានចាត់ចែង ជា​ពិសេសក្រុមរបស់មេដឹកនាំ។ Ordinatio  (តែងតាំង) មានន័យថា ការបញ្ចូលក្នុង ordo (ក្រុម) មួយ។ ក្នុង​ព្រះ​សហគមន៍ មានក្រុម ដែលតាំងពីបុរាណកាល និងយោងតាមព្រះគម្ពីរដ៏វិសុទ្ធ (ហប ៥,៦; ៧,១១; ទន ១១០,៤)  ការ​បញ្ជូនបន្តហៅថា taxeis (ជាភាសាក្រិក) ordines ៖ ហេតុនេះហើយ បានជាមាន​ចែង​ក្នុង​ពិធី​បុណ្យ​ថា ordo episcoporum (ក្រុមអភិបាល) ordo presbyterium (ក្រុមបូជាចារ្យ) ordo diaconorum (ក្រុម​ឧបដ្ឋាក)។ មានក្រុមផ្សេងទៀតដែលគេហៅ ordo ដែរ ដូចជាក្រុមអ្នកស្វែងយល់ ក្រុមព្រហ្មចារី ក្រុមស្វាមី ក្រុម​ស្រ្តីមេម៉ាយ ជាដើម។

១៥៣៨. គេបញ្ចូលនរណាម្នាក់ក្នុងក្រុមណាមួយនៃព្រះសហគមន៍នោះ តាមពិធីមួយ ដែលគេហៅថា Ordinatio ជាកិច្ចការខាងសាសនា និងខាងពិធីបុណ្យ ដែលជាការប្រសិទ្ធ ការប្រទានពរ ឬអគ្គសញ្ញាមួយ។ សព្វថ្ងៃ គេទុក​ពាក្យ Ordinatio សម្រាប់កិច្ចការខាងអគ្គសញ្ញា ដែលបញ្ចូលនរណាម្នាក់ ក្នុងក្រុមអភិបាល ក្រុមបូជាចារ្យ និងក្នុងក្រុមឧបដ្ឋាក ដែលមិនគ្រាន់តែជាការបោះឆ្នោត ការតែងតាំង ការប្រគល់សិទ្ធិ ការចាត់ចែង ដោយសហគមន៍​ប៉ុណ្ណោះ​ទេ ដ្បិតពិធីនេះប្រគល់ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រគល់ “អំណាចដ៏ពិសិដ្ឋ” (sacra potestas – LG ១០) ដែលបានមកពីតែព្រះគ្រីស្តផ្ទាល់ប៉ុណ្ណោះ តាម​រយៈ​ព្រះសហគមន៍ព្រះអង្គ។ គេហៅពិធី​តែង​តាំងនេះ consecratio (ពិធីប្រសិទ្ធពរ) ដ្បិតដោយសារពិធីនេះ ព្រះ​គ្រីស្ត​ញែក និងទុកសម្រាប់ឧទ្ទិសដល់ព្រះសហគមន៍របស់ព្រះអង្គ។ ពិធីដាក់ដៃ របស់លោកអភិបាល ដោយ​មាន​ធម៌ប្រសិទ្ធពរ ជាសញ្ញាសម្គាល់ដែលមើលឃើញនៃការប្រសិទ្ធពរនេះ។

២. អគ្គសញ្ញាតែងតាំងក្នុងការចាត់ចែងនៃការសង្រ្គោះ

មុខងារជាបូជាចារ្យក្នុងសម្ព័ន្ធមេត្រីចាស់

១៥៣៩. ព្រះជាម្ចាស់បានចាត់ចែងប្រជារាស្រ្ត ដែលព្រះអង្គបានជ្រើសរើស ឱ្យទៅជា “អាណាចក្រ បូជាចារ្យ និងជាប្រជាជាតិដ៏វិសុទ្ធ” (សរ ១៩,៦) (អស ៦១,៦)។ ប៉ុន្តែ នៅក្នុងប្រជារាស្រ្តអ៊ីស្រាអែល ព្រះ​ជាម្ចាស់ជ្រើសរើសកុលសម្ព័ន្ធលេវី ក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីរ ដើម្បីបម្រើពិធីបុណ្យ (ជរ ១,៤៨-៥៣)។ ព្រះជាម្ចាស់ផ្ទាល់ជាមរតករបស់ពួកគេ (យស ​១៣,៣៣)។ ពិធីពិសេសមួយបានបញ្ជាក់ប្រភពនៃ​ក្រុម​បូជាចារ្យ​នៃសម្ព័ន្ធមេត្រីចាស់ (សរ ២៩,១-៣០; លវ ៨)។ ក្នុងពិធីនេះ ព្រះជាម្ចាស់តែងតាំងពួកបូជាចារ្យ “សម្រាប់​ទាក់​ទង​​ជា​​មួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះ បាបមនុស្ស” (ហប ៥,១)។

១៥៤០. ទោះបីពួកបូជាចារ្យនោះ  ដែលព្រះជាម្ចាស់បានតែងតាំង ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ (មគ ២,៧-៩) ហើយដើម្បីឱ្យរួបរួមជាមួយព្រះអង្គឡើងវិញ ដោយយញ្ញបូជា និងការអធិដ្ឋានយ៉ាងណា​ក៏​ដោយ​ ក៏ពួកគេមិនអាច​សង្រ្គោះ​បានទេ ពីព្រោះពួកគេតែងតែត្រូវបូជាយញ្ញ មិនអាចធ្វើឱ្យ​វិសុទ្ធ​ជា​ស្ថាពរ​បាន​ឡើយ (ហប ៥,៣; ៧,២៧; ១០,១-៤)។ មានតែយញ្ញបូជារបស់ព្រះគ្រីស្តទេ ដែល​អាច​សង្រ្គោះ និង​ប្រោស​ឱ្យ​បានវិសុទ្ធ​ជា​ស្ថាពរ។

១៥៤១. ក៏ប៉ុន្តែ ពិធីបុណ្យព្រះសហគមន៍យល់ឃើញថា មុខងារជាបូជាចារ្យរបស់លោកអារ៉ូន កិច្ចបម្រើ​របស់​ក្រុមលេវី និងការតែងតាំង “ព្រឹទ្ធាចារ្យ”​ ចិតសិបនាក់ (ជរ ១១,២៤-២៥) ជានិមិត្តរូបទុកជាមុនរបស់​ក្រុម​បូជាចារ្យ​នៃសម្ព័ន្ធមេត្រីថ្មី។ ហេតុនេះ ហើយបានជាក្នុងពិធីខាងបស្ចិមប្រទេស ក្នុងធម៌ប្រារព្ធ​ប្រសិទ្ធ​ពរ​​នៃពិធី​តែង​​តាំង​លោក​អភិបាល ព្រះសហគមន៍អង្វរ៖

ឱព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងខ្ញុំ (...) ក្នុងអម្លុងសម័យ​សម្ព័ន្ធមេត្រី​ចាស់ ព្រះអង្គចាប់ផ្តើមឱ្យព្រះសហគមន៍កើតជារូបរាង។ តាំងពីដើមរៀងមក ព្រះអង្គបានតម្រង់ប្រជាជន ដែល​ចេញ​មក​​ពី​​លោក​​អប្រាហាំ ឱ្យទៅជាប្រជាជនដ៏វិសុទ្ធ។ ព្រះអង្គបានតែងតាំងមេដឹកនាំ និងបូជាចារ្យ ហើយទ្រង់​តែ​ង​​តែ​ជួយ​បម្រើ​ទី​សក្ការៈ​របស់ព្រះអង្គជានិច្ច...

  • ក្នុងពិធីតែងតាំងលោកបូជាចារ្យ ព្រះសហគមន៍អង្វរ៖

ឱព្រះអម្ចាស់ជាព្រះបិតាដ៏វិសុទ្ធបំផុត (...) ដូចមានក្នុងសម្ព័ន្ធមេត្រីចាស់ស្រាប់ ព្រះអង្គបាន​តែងតាំង​ពួក​មហា​បូជាចារ្យ ដើម្បី​ដឹកនាំប្រជាជន ហើយព្រះអង្គក៏បានជ្រើសរើស​មនុស្ស​ផ្សេង​ទៀត ដើម្បីឱ្យពួកគេ​ចូល​រួម​ក្នុងកិច្ច​បម្រើ​របស់ពួកលោក និង​ជួយ​ពួកលោកឱ្យបំពេញក្នុងមុខងារនោះ ហាក់ដូចជាព្រះអង្គប្រកាសទុកជា​មុន​​អំពី​អគ្គ​សញ្ញា។ ហេតុ​នេះ​ហើយ បាន​ជាព្រះអង្គបានប្រោសប្រទានឱ្យមនុស្សប្រុសចិតសិបនាក់​ពោរពេញ​ដោយ​​​ប្រាជ្ញា​ញ្ញាណ ព្រះ​វិញ្ញា​ណ​ដែល​​​ព្រះអង្គបានប្រោសប្រទានឱ្យលោកម៉ូសេ ហើយ​ទ្រង់​បានធ្វើឱ្យ​កូន​ចៅ​របស់​លោក​អារ៉ូន​​ចូល​រួមក្នុង​ពិធី​ប្រសិទ្ធពរ ដែលឪពុករបស់ពួកគេបានទទួល។

  • ឯក្នុងធម៌ប្រសិទ្ធពរក្នុងការតែងតាំងលោកឧបដ្ឋាក ព្រះសហគមន៍ប្រកាសថា៖

ឱព្រះបិតាដ៏វិសុទ្ធបំផុត (...) ដើម្បីកសាងព្រះវិហារថ្មីនេះ (ព្រះសហគមន៍) ព្រះអង្គបានតែងតាំងអ្នកបម្រើ ដែលមានថ្នាក់ផ្សេងពីគ្នា គឺលោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក ដែលសុទ្ធតែមានមុខងារបម្រើ​ព្រះ​អង្គ ដូចកាលពីមុនក្នុងសម្ព័ន្ធមេត្រីចាស់ ព្រះអង្គបានញែកកូនចៅនៃកុលសម្ព័ន្ធលេវី ដែលទ្រង់ជាមរតករបស់ពួក​​គេ ដើម្បី​​​បម្រើ​ព្រះ​ដំណាក់ព្រះអង្គ។

ព្រះគ្រីស្តជាបូជាចារ្យតែមួយ

១៥៤៤. ព្រះគ្រីស្តយេស៊ូ ដែលជា “ស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក” (១ធម ២,៥) បំពេញ​និមិត្តរូបទុកជាមុនទាំងអស់របស់ក្រុមបូជាចារ្យនៃសម្ព័ន្ធមេត្រីចាស់។ ការបញ្ជូនបន្តនៃគ្រីស្តសាសនាចាត់​ទុក ព្រះបាទមែលគីសេដែក “ជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត” (កណ ១៤,១៨) ដូចជានិមិត្តរូបទុកជាមុន របស់ព្រះគ្រីស្តជាបូជាចារ្យ ជា “មហាបូជាចារ្យតាមរបៀបព្រះបាទមែលគីសេដែក” (ហប ៥,១០; ៦,២០) “ដ៏​វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង” (ហប ៧,២៦) ដែល “ដោយសារតង្វាយតែមួយគត់ ព្រះគ្រីស្តធ្វើឱ្យអស់អ្នក​ដែល​ទ្រង់បានឱ្យវិសុទ្ធហើយនោះ បានគ្រប់លក្ខណៈរហូតទៅ” (ហប ១០,១៤) ពោលគឺ​ដោយសារ​សក្ការ​បូជា​តែមួយនៃព្រះឈើឆ្កាង។

១៥៤៥. ព្រះគ្រីស្តបានសង្រ្គោះមនុស្សលោក ដោយសារសក្ការបូជាតែមួយ ម្តងជាការស្រេច។ ក៏ប៉ុន្តែ សក្ការបូជានេះ មានវត្តមានក្នុងពិធីអភិបូជានៃព្រះសហគមន៍ ដូចចំពោះមុខងារជាបូជាចារ្យរបស់ព្រះគ្រីស្តផងដែរ ដែលមានវត្តមានតាមរយៈក្រុមបូជាចារ្យជាអ្នកបម្រើ។ ទោះបីមានក្រុមបូជាចារ្យនេះយ៉ាងណាក៏ដោយ ក៏ព្រះ​គ្រីស្ត​នៅតែជាបូជាចារ្យតែមួយគត់ដែរ៖ “ហេតុនេះហើយ បានជាព្រះគ្រីស្តជាបូជាចារ្យដ៏ពិតប្រាកដតែមួយ ចំណែកឯបូជាចារ្យ​​​​ឯ​ទៀត គ្រាន់តែជាអ្នកបម្រើព្រះអង្គប៉ុណ្ណោះ” (សន្ត ថូម៉ាស នៃអាកាំង)។

យើងអាចចូលរួមចំណែកពីរយ៉ាងក្នុងមុខងារជាបូជាចារ្យរបស់ព្រះគ្រីស្ត

១៥៤៦. ព្រះគ្រីស្តជាមហាបូជាចា្យ និងជាស្ពានមេត្រីតែមួយ ដែលបានធ្វើឱ្យព្រះសហគមន៍ទៅជា “រាជា​ណា​ចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះអង្គ” (វវ ១,៦; ៥,៩-១០; ១ពត្រ ២,៥.៩)។ សហគមន៍ទាំងមូលរបស់អ្នកជឿជាក្រុមបូជាចារ្យ។ គ្រីស្តបរិស័ទជាបូជាចារ្យដោយចូលរួមចំណែក តាម​ការ​ត្រាស់​ហៅរបស់ខ្លួន ក្នុងបេសកកម្មរបស់ព្រះគ្រីស្តជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។ ដោយ​សារ​អគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស ព្រះជាម្ចាស់ “ប្រសិទ្ធពរឱ្យពួកគេទៅជា (...) ក្រុមបូជាចារ្យ​ដ៏​វិសុទ្ធ” (LG ១០)។

១៥៤៧. គ្រីស្ត​បរិស័ទ​ទាំងអស់សុទ្ធតែជាបូជាចារ្យរួម ប៉ុន្តែ មានគ្រីស្តបរិស័ទខ្លះ ជាអភិបាល ឬជា​បូជាចារ្យ​​សម្រាប់បម្រើព្រះសហគមន៍តាមលំដាប់លំដោយ។ ទោះ​​​បី “ឋានៈជាបូជាចារ្យ​​​ទាំង​​​ពីរបែបនោះ​ទទួល​ចំណែក​​ពី​ព្រះ​គ្រីស្ត​​ជាបូជាចារ្យ​​​តែមួយព្រះ​​​អង្គគត់ តាមរបៀបរបស់ខ្លួន” (LG ១០) យ៉ាងណាក៏ដោយ ក៏ឋានៈ​​​​ជា​​បូជាចារ្យ​​ទាំ​ង​ពីរ​​នោះ​ប្លែក​​ពីគ្នាទាំងស្រុង ប៉ុន្តែ “ជាប់ទាក់ទិននឹងគ្នា” (LG ១០) ផងដែរ។ គ្រីស្តបរិស័ទ​ទៅ​ជា​បូជាចារ្យ ដោយ​សារពិធីជ្រមុជទឹក ដោយរស់នៅក្នុងជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ និងដោយ​រស់​នៅ​តាម​ព្រះវិញ្ញាណដ៏វិសុទ្ធ ឯអ្នកទទួលមុខងារជាបូជាចារ្យទៅជាបូជាចារ្យដោយបម្រើគ្រីស្តបរិស័ទឯទៀតៗ​ដែល​សុទ្ធ​តែជាបូជាចារ្យ។ ឋានៈជាបូជាចារ្យសម្រាប់បម្រើស្ថិតនៅក្រោមឋានៈជាបូជាចារ្យរបស់គ្រីស្តបរិស័ទទាំងអស់ ហើយជា មធ្យោបាយ មួយ ដែលព្រះគ្រីស្តប្រើ ដើម្បីកសាង និងណែនាំព្រះសហគមន៍របស់ព្រះអង្គ។ ហេតុនេះ​ហើយ បាន​​ជា​ព្រះសហគមន៍បញ្ជូនមុខងារជាបូជាចារ្យសម្រាប់បម្រើតាមរយៈអគ្គសញ្ញាពិសេស គឺអគ្គសញ្ញាតែង​តាំង។

ក្នុងអង្គព្រះគ្រីស្តជាព្រះសិរសា...

១៥៤៨. ក្នុងកិច្ចបម្រើព្រះសហគមន៍របស់អ្នកទទួលអគ្គសញ្ញាតែងតាំង ព្រះគ្រីស្តផ្ទាល់មានវត្តមាន ក្នុង​ព្រះសហគមន៍ព្រះអង្គ ក្នុងឋានៈជាព្រះសិរសានៃព្រះកាយព្រះអង្គ គង្វាលនៃហ្វូងចៀមរបស់ព្រះអង្គ មហា​ បូជាចារ្យនៃសក្ការបូជាដែលសង្រ្គោះមនុស្សលោក ម្ចាស់នៃសេចក្ដីពិត។ ព្រះសហគមន៍ថ្លែងថា ដោយសារអគ្គ សញ្ញាតែងតាំង លោកបូជាចារ្យបំពេញកិច្ចការបម្រើ in persona Christi Capitis (ក្នុងអង្គព្រះ​គ្រីស្ត​ជា​ព្រះ​សិរសា) (LG ១០; ២៨; SC ៣៣; CD ១១; PO ២; ៦)៖

តាមការពិតទៅ អ្នកបម្រើទទួលមុខងាររបស់លោកបូជាចារ្យដដែល គឺព្រះគ្រីស្តយេស៊ូ។ តាមការពិត អ្នកបម្រើនេះ ហាក់ដូចជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់បំផុត ដោយសារពិធីតែងតាំងជាបូជាចារ្យ ដែលខ្លួនបាន​ទទួល លោកទទួល​អំណាចបំពេញកិច្ចការ ដោយសារឫទ្ធានុភាពរបស់ព្រះគ្រីស្ត ដែលខ្លួនលោកជាតំណាង (virtute ac persona ipsius Christi ) (សម្ដេចប៉ាប ពីយូសទី១២)។

ព្រះគ្រីស្តជាប្រភពនៃក្រុមបូជាចារ្យទាំងអស់ ដ្បិតអស់លោកបូជាចារ្យនៃធម្មវិន័យចាស់ ជាតំណាង​របស់​ព្រះ​​គ្រីស្ត ឯអស់លោកបូជាចារ្យនៃធម្មវិន័យថ្មី បំពេញសកម្មភាពក្នុងអង្គព្រះគ្រីស្ត (សន្ត ថូម៉ាស​ នៃអាកាំង)។

១៥៤៩. ដោយសារមុខងារបម្រើព្រះសហគមន៍ ជាពិសេសរបស់លោកអភិបាល និងលោកបូជាចារ្យ យើងអាចមើលឃើញវត្តមានរបស់ព្រះគ្រីស្ត ដែលជាមេដឹកនាំព្រះសហគមន៍ ក្នុងចំណោមសហគមន៍របស់អ្នក​ជឿ (LG ២១)។ តាមពាក្យសម្តីដ៏ពិរោះរបស់សន្ត អ៊ីញ៉ាស នៃអង់ទីអូស លោកអភិបាលជា typos tou Patros គឺលោកជារូបដ៏រស់រវើករបស់ព្រះជាម្ចាស់ជាព្រះបិតា។

១៥៥០. ទោះបីវត្តមានរបស់ព្រះគ្រីស្ត ស្ថិតនៅក្នុងអ្នកទទួលមុខងារបម្រើព្រះសហគមន៍យ៉ាងណា​ក៏​ដោយ ក៏យើង​មិនត្រូវយល់ថា ព្រះជាម្ចាស់ការពារអ្នកបម្រើនេះ ពីភាពទន់ខ្សោយរបស់មនុស្ស ចិត្តលោភលន់ កំហុស ឬអំពើបាបឡើយ។ ឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធមិនទទួលខុសត្រូវលើកិច្ចការ​ទាំងអស់​របស់​​អ្នកបម្រើនោះឡើយ។ ព្រះវិញ្ញាណធានាថា ទោះបីអ្នកបម្រើប្រព្រឹត្តបាបក៏ដោយ ក៏អគ្គសញ្ញានៅតែបង្កើត​ផល​ដែរ ប៉ុន្តែ មានកិច្ចការជាច្រើនផ្សេងទៀត ដែលភាពជាមនុស្សរបស់អ្នកបម្រើបង្កើតផលវិបាក ដែលមិនស្រប​នឹង​ដំណឹង​ល្អ ហើយដែលអាចព្យាបាទព្រះសហគមន៍មិនឱ្យបង្កើតផលផ្លែបានឡើយ។

១៥៥១. ក្រុមបូជាចារ្យនោះ មានមុខងារបម្រើ ។ “ព្រះអម្ចាស់បានផ្ញើបន្ទុក ដែលជាកិច្ចបម្រើ ដ៏ពិត​ប្រាកដ​នេះ​ ឱ្យគង្វាល​នៃ​ប្រជា​រាស្រ្តរបស់​​​ព្រះ​​​អង្គ” (LG ២៤) សំអាងទៅលើព្រះគ្រីស្ត និងមនុស្សលោក។ កិច្ច​​បម្រើនេះ ពឹងផ្អែកទាំង​ស្រុង​លើព្រះគ្រីស្ត ដែលជាបូជាចារ្យតែមួយ ហើយព្រះជាម្ចាស់បាន​តែងតាំង​កិច្ច​បម្រើ​នេះ ចំពោះមនុស្សលោក និងព្រះសហគមន៍។ អគ្គសញ្ញាតែងតាំងផ្តល់ “អំណាចដ៏ពិសិដ្ឋ” ដែលជាអំណាច​របស់​ព្រះគ្រីស្តតែម្តង។ យើងត្រូវប្រតិបត្តិតាមអំណាចនេះ ដោយយកតម្រាប់តាមព្រះគ្រីស្ត ដែល​បាន​ទៅជា​អ្នក​បម្រើ​របស់​មនុស្សទាំងអស់ (មក ១០,៤៣-៤៥) ដោយសារសេចក្ដីស្រលាញ់។ “ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាង​ច្បាស់​ថា បើយើងថែទាំហ្វូងចៀមរបស់ព្រះអង្គ យើងក៏បង្ហាញភស្តុតាងថា យើងស្រលាញ់ព្រះអង្គដែរ” (សន្ត យ៉ូហាន គ្រីសូស្តូម; យហ ២១,១៥-១៧)។

... “ក្នុងនាមព្រះសហគមន៍ទាំងមូល”

១៥៥២. អ្នកទទួលតែងតាំងជាបូជាចារ្យសម្រាប់បម្រើព្រះសហគមន៍ មិនគ្រាន់តែមានមុខងារតំណាង ព្រះ​គ្រីស្ត ជាព្រះសិរសាព្រះសហគមន៍ ចំពោះអង្គប្រជុំរបស់គ្រីស្តបរិស័ទប៉ុណ្ណោះទេ គឺលោកមានសកម្មភាពក្នុង នាមព្រះសហគមន៍ទាំងមូល នៅពេលដែលលោកថ្វាយការអធិដ្ឋានរបស់ព្រះសហគមន៍ចំពោះព្រះជាម្ចាស់ ហើយ​ជាពិសេសនៅពេលដែលលោកថ្វាយអភិបូជា (LG ១០)។

១៥៥៣. “ក្នុងនាមព្រះសហគមន៍ទាំងមូល ” ពុំមានន័យថា ពួកបូជាចារ្យជាប្រតិភូនៃសហគមន៍ឡើយ។ ការអធិដ្ឋាន និងតង្វាយរបស់ព្រះសហគមន៍មិនអាចបែកចេញពីការអធិដ្ឋាន និងតង្វាយរបស់ព្រះគ្រីស្ត ដែលជា​មេ​ដឹកនាំរបស់ព្រះសហគមន៍ឡើយ គឺនៅក្នុង និងតាមរយៈព្រះសហគមន៍ យើងគោរពប្រណិប័តន៍ព្រះគ្រីស្ត​តែ​មួយ​អង្គ។ គឺព្រះសហគមន៍ទាំងមូល ក្នុងឋានៈជាព្រះកាយព្រះគ្រិស្ត ដែលអធិដ្ឋាន និងថ្វាយខ្លួន ចំពោះព្រះ​ជាម្ចាស់​​ជាព្រះបិតា “ដោយព្រះគ្រីស្ត ជាមួយ​​ព្រះ​អង្គ និងក្នុងអង្គព្រះអង្គ” រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង។ ព្រះ​​កាយ​ទាំងមូល caput et membra (ព្រះសិរសា និងអវយវៈ) អធិដ្ឋាន និងថ្វាយខ្លួន អាស្រ័យហេតុនេះហើយ បាន​ជាគេហៅអស់អ្នកដែលជាអ្នកបម្រើពិសេសក្នុង​ព្រះកាយនេះជា អ្នកបម្រើរបស់ព្រះគ្រីស្តផង របស់ព្រះ​សហគមន៍​ផង។ ដោយសារអ្នកទទួលការតែងតាំងជាបូជាចារ្យសម្រាប់បម្រើជាតំណាងរបស់ព្រះគ្រីស្ត គេអាចធ្វើ​ជាតំណាងរបស់ព្រះសហគមន៍ផងដែរ។

៣. លំដាប់ថ្នាក់ទាំងបីនៃអគ្គសញ្ញាតែងតាំង

១៥៥៤. “មានគ្រីស្តបរិស័ទខ្លះ បំពេញមុខងារបម្រើ ដែលព្រះជាម្ចាស់បានតែងតាំងក្នុងព្រះសហគមន៍ តាម​​លំដាប់ថ្នាក់ផ្សេងៗ ដែលគ្រីស្តបរិស័ទតាំងពីដើមរៀងមកធ្លាប់​​​ហៅ​​​ថា អភិបាល បូជាចារ្យ និង ឧបដ្ឋាក” (LG ២៨)។ លទ្ធិនៃព្រះសហគមន៍កាតូលិក ដែលមានសម្ដែងក្នុងពិធីបុណ្យ ក្រុមមេដឹកនាំ និងរបៀបប្រតិបត្តិដ៏ស្ថិត​ស្ថេររបស់ព្រះសហគមន៍ ទទួលស្គាល់ថា យើងអាចចូលរួមចំណែកក្នុងឋានៈជាបូជាចារ្យរបស់ព្រះគ្រីស្តជា​អ្នក​បម្រើបានពីរថ្នាក់ គឺឋានៈជាអភិបាល ឋានៈជាបូជាចារ្យ។ ឯលោកឧបដ្ឋាក ត្រូវជួយ និងបម្រើពួកលោក​វិញ។ ហេតុ​នេះ​ហើយ បានជាសព្វថ្ងៃ ពាក្យsacerdos (បូជាចារ្យ) សម្ដៅទៅលើលោកអភិបាល និងលោក​បូជាចារ្យ ប៉ុន្តែ ​មិន​សម្ដៅ​ទៅលើលោកឧបដ្ឋាកឡើយ។ ក៏ប៉ុន្តែ លទ្ធិនៃព្រះសហគមន៍កាតូលិកបង្រៀនថា កិច្ចការ ខាងអគ្គសញ្ញា​មួយ ដែលគេហៅថា “តែងតាំង” ពោលគឺអគ្គសញ្ញាតែងតាំង ធ្វើឱ្យលោកអភិបាល និងលោក បូជាចារ្យ​ចូល​រួម​ចំណែកក្នុងថ្នាក់ជាបូជាចារ្យ ហើយធ្វើឱ្យឧបដ្ឋាកចូលរួមចំណែកក្នុងថ្នាក់ជាអ្នកបម្រើ។

សូមអ្នករាល់គ្នាគោរពពួកលោកឧបដ្ឋាកដូចព្រះយេស៊ូគ្រីស្ត ដូចអ្នករាល់គ្នាគោរពលោកអភិបាលផងដែរ ដែល​​ជា​រូប​តំណាងរបស់ព្រះបិតា ហើយសូមគោរពពួកបូជាចារ្យដូចជាព្រឹទ្ធសភារបស់ព្រះជាម្ចាស់ និងអង្គប្រជុំ​របស់​ក្រុម​គ្រីស្ត​ទូត៖ បើគ្មានពួកលោកទេ យើងមិនអាចនិយាយអំពីព្រះសហគមន៍បានឡើយ (សន្ត អ៊ីញ៉ាស នៃ​អង់ទីអូស)។

ការតែងតាំងជាអភិបាលជាអគ្គសញ្ញាតែងតាំងពេញបរិបូណ៍

១៥៥៥. “តាំងពី​ដើម​ដំបូងមក ក្នុងចំណោមមុខងារបម្រើព្រះ​សហគមន៍ ​​​មុខងារដ៏​​​សំខាន់​​​ជាង​​​គេ​​​ គឺ​មុខងារ​​ជាអភិបាល ដូចការបញ្ជូនបន្តធ្វើជាសាក្សីស្រាប់។ អស់លោក​ដែល​ទទួល​មុខងារជា​​​អភិបាលមានខ្សែ​តាំង​​ពីដើមដំបូងរៀងមកម៉្លេះ អស់លោកប្រៀបដូចជាខ្នែង​ដែល​គេផ្សាំមក បន្តពូជ​ជាគ្រីស្តទូតរហូតមក” (LG ២០)។

១៥៥៦. “ព្រះគ្រីស្តបានចាក់បង្ហូរព្រះវិញ្ញណដ៏វិសុទ្ធ ដែលយាងមកសណ្ឋិតលើក្រុមគ្រីស្តទូត​យ៉ាង​ពិសេស​ ​​​ដើម្បីឱ្យ​អស់​​​លោកអាចបំពេញបន្ទុកដ៏ខ្ពង់ខ្ពស់ទាំងនេះ។ រីឯក្រុម​​​គ្រីស្តទូតក៏បញ្ជូន​បន្ត​​​ព្រះអំណោ​ទាន​ខាងវិញ្ញាណនេះឱ្យ​​​សហការីរបស់អស់លោក ដោយពិធីដាក់ដៃលើគាត់ រហូតដល់មកយើងសព្វថ្ងៃ” (LG ២១)។

១៥៥៧. “មហាសន្និបាតដ៏វិសុទ្ធបង្រៀនថា ដោយអគ្គសញ្ញាតែងតាំងជាអភិបាល អស់លោកទទួល​មុខងារ​​ជា​បូជាចារ្យយ៉ាង​​​ពេញលក្ខណៈ ។​​​ ប្រពៃណីខាងពីធីបុណ្យរបស់ព្រះសហគមន៍ និងគ្រូបាធ្យាយ​តែង​តែ​បញ្ជាក់​​ថា ពេល​លោកអភិបាល​ទទួល​​​អគ្គសញ្ញាតែងតាំងជាអភិបាល លោកទទួលមុខងារជាបូជាចារ្យ​យ៉ាងខ្ពង់​ខ្ពស់​​បំផុត និងទទួល​មុខងារជា​បូជាចារ្យ​​​​​យ៉ាងពេញកម្រិត (summa) ” (LG ២១)។

១៥៥៨. “អគ្គសញ្ញាតែងតាំងជាអភិបាលផ្តល់ឱ្យលោកមានបន្ទុកណែនាំគេឱ្យបានវិសុទ្ធ ព្រមទាំង​ឱ្យ​​​លោក​មាន​​​បន្ទុក​​​បង្រៀន ​​​និងត្រួតត្រាព្រះសហគមន៍ (...) ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​​ប្រទានព្រះ​អំណោយ​ទាន​ដល់​​អស់​​លោក ដោយសារ​​​ពីធីដាក់ដៃ និងដោយពាក្យ​​​ក្នុងពីធីប្រសិទ្ធពរ ព្រមទាំង​ចាក់​លក្ខណៈ​ដ៏ពិសិដ្ឋនៅក្នុង​​​លោក​​​​ទៀត​ផង។ ហេតុនេះហើយ បានជាអស់លោកអភិបាល​​​​ពិតជា​តំណាង​របស់​ព្រះគ្រីស្ត​ផ្ទាល់ ​ដែលព្រះ​អង្គ​ជា​​ព្រះ​​​បរម​​​គ្រូ​​​ ជាគង្វាល និងជាមហាបូជាចារ្យ។​​​ អស់លោកក៏​​​បំពេញមុខ​​​ងាររបស់​ព្រះអង្គដែរ (in Eius persona agant ) (LG ២១)។ “ហេតុនេះហើយ បានជាដោយសារព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ លោក​អភិបាល​​បានទៅជាព្រះបរមគ្រូដ៏ពិតប្រាកដនៃជំនឿ ជាមហាបូជាចារ្យ និងជាគង្វាល” (CD ២)។

១៥៥៩. “គ្រីស្តបរិស័ទម្នាក់ចូលក្នុង​ក្រុមអភិបាល ដោយអគ្គសញ្ញាតែងតាំងជាអភិបាល និងដោយ​​​រួប​រួម​ជា​​​​មួយមេដឹកនាំនៃក្រុមអភិបាល ព្រមទាំង​ដោយរួបរួមជាមួយអភិបាលឯទៀតៗដែរ” (LG ២២)។ របៀបប្រតិបត្តិ ពីបុរាណកាលរបស់ព្រះសហគមន៍ ដែលធ្លាប់ហៅអភិបាលជាច្រើនឱ្យចូលរួមចំណែកក្នុងអគ្គសញ្ញាតែងតាំង ជាអភិបាលថ្មីសម្ដែងលក្ខណៈនៃក្រុមអភិបាលដែលតែងតែរួបរួមជាមួយគ្នា (LG ២២)។ សព្វថ្ងៃ ដោយសារ លោកអភិបាលនៅទីក្រុងរ៉ូមជាចំណងដ៏ខ្ពង់ខ្ពស់បំផុត ដែលអាចមើលឃើញនៃការរួបរួមគ្នារវាងព្រះ​សហគមន៍​តាមភូមិភាគ ក្នុងព្រះសហគមន៍តែមួយ ហើយដោយសារលោកធានាសេរីភាពរបស់ព្រះសហគមន៍ទាំងអស់នោះ លោកក៏ត្រូវតែធ្វើអន្តរាគមន៍ពិសេស ដើម្បីឱ្យពិធីតែងតាំងលោកអភិបាលម្នាក់បានត្រឹមត្រូវតាមច្បាប់។

១៥៦០. លោកអភិបាលម្នាក់ៗ ក្នុងឋានៈជាតំណាងព្រះគ្រីស្ត មានបន្ទុកដឹកនាំព្រះសហគមន៍ភូមិភាគ ដែលគេបានប្រគល់ឱ្យលោក ប៉ុន្តែ នៅពេលជាមួយគ្នានេះ លោករួបរួមជាមួយបងប្អូនលោកជាអភិបាល ក្នុងការ យកចិត្តទុកដាក់លើព្រះសហគមន៍ទាំងឡាយ ៖ “ទោះបីលោកអភិបាលម្នាក់ៗជាគង្វាលពិសេស សម្រាប់​​តែហ្វូងចៀមរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ដោយ​សារព្រះជាម្ចាស់បានតែងតាំងលោកឱ្យបន្ត​មុខងា​រ​របស់​ក្រុមគ្រីស្តទូត លោករួមសាមគ្គីក្នុងការទទួលខុសត្រូវបេសកកម្មរបស់ព្រះសហគមន៍ដែរ” (សម្ដេចប៉ាប ពីយូសទី១២; LG ២៣; CD ៤; ៣៦; ៣៧; AG ៥; ៦; ៣៨)។

១៥៦១. អ្វីៗទាំងអស់ដែលយើងទើបនឹងបរិយាយពន្យល់ថា ពិធីអរព្រះគុណ ដែលមានលោកអភិបាល​ធ្វើ​​ជា​​​អធិបតី មានអត្ថន័យយ៉ាងពិសេស គឺសម្ដែងថា ព្រះសហគមន៍រួបរួមគ្នា នៅជុំវិញអាសនៈ ក្រោមការដឹក​នាំ​របស់​​អ្នក ដែលជារូបតំណាងរបស់ព្រះគ្រីស្ត ជាគង្វាលដ៏ល្អ និងព្រះសិរសានៃព្រះសហគមន៍ព្រះអង្គ (SC ៤១; LG ២៦)។

អគ្គសញ្ញាតែងតាំងលោកបូជាចារ្យជាសហការីរបស់លោកអភិបាល

១៥៦២. “ព្រះបិតា​បាន​ប្រសិទ្ធព្រះគ្រីស្តឱ្យបាន​វិសុទ្ធ​ ហើយ​ចាត់ព្រះអង្គឱ្យ​យាងមក​ក្នុង​ពិភព​លោក​​តាម​រយៈក្រុមគ្រីស្តទូត ព្រះគ្រីស្ត​​​ក៏បានប្រោស​​​ឱ្យអស់លោកអភិបាលដែលបន្តមុខងារពី​ក្រុមគ្រីស្តទូត​មក បានវិសុទ្ធ​​​រួមជាមួយព្រះអង្គ​​​ និងទទួលបេសកកម្មរួមជាមួយព្រះអង្គដែរ។ ​​​រីឯក្រុមអភិបាលវិញ អស់លោក​បាន​​បញ្ជូន​បន្ត យ៉ាងត្រឹម​​​ត្រូវនូវបន្ទុកនៃមុខងារ​​​របស់អស់លោក​​​ឱ្យគ្រីស្តបរិស័ទផ្សេងៗតទៅ​ទៀតក្នុងព្រះ​សហគមន៍ តាមកម្រិត​​​​ផ្សេង​​​ៗ” (LG ២៨)។ “ព្រះសហគមន៍បញ្ជូនបន្តមុខងារបម្រើរបស់​លោកអភិបាល​ទៅ​ដល់​លោក​បូជាចារ្យដែរ តាមកម្រិតទាបជាង។ អស់លោកត្រូវគេតែងតាំងជាក្រុមបូជាចារ្យ​ដូច្នេះ​ ដើម្បី​ទៅជា​សហការី​របស់​​ក្រុមអភិបាល ក្នុងកិច្ចបំពេញបេសកកម្មជាគ្រីស្តទូត ដែលព្រះគ្រីស្តបានផ្ញើទុកឱ្យក្រុមអភិបាល” (PO ២)។

១៥៦៣. “អស់លោកបូជាចារ្យមានមុខងារភ្ជាប់ជាមួយនឹងក្រុមលោកអភិបាល។ ហេតុនេះហើយ បានជា បូជាចារ្យចូលរួមចំណែកក្នុងអំណាចរួមរបស់ព្រះគ្រីស្តផ្ទាល់ ដែលព្រះអង្គសាងសង់ព្រះកាយព្រះអង្គផង ​ប្រោស​ឱ្យ​ព្រះ​កាយ​​នេះបានវិសុទ្ធ និងត្រួតត្រាព្រះកាយនេះទៀតផង។ ហេតុនេះហើយ ព្រះសហគមន៍ផ្ញើ​មុខងារ​ជា​បូជាចារ្យ ដោយសារអគ្គសញ្ញាដ៏ពិសេសមួយ គឺដោយអគ្គសញ្ញាតែងតាំង ថ្វីដ្បិតអស់លោក​ត្រូវ​ទទួល​​អគ្គសញ្ញា​បង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញជាមុនសិនក៏ដោយ។ ដោយសារអគ្គសញ្ញាតែងតាំងនេះ ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធលាបប្រេងអភិសេក ដៅចំណាំអស់លោកឱ្យមានលក្ខណៈពិសេស គឺព្រះអង្គ​ប្រោស​ឱ្យ​អស់​លោកបានដូចព្រះគ្រីស្តជាមហាបូជាចារ្យ ដើម្បីឱ្យអស់លោកមាន​សមត្ថភាពអាច​ប្រព្រឹត្ត​កិច្ច​ក្នុង​នាម​ព្រះ​គ្រីស្ត​ផ្ទាល់​ជាព្រះសិរសា” (PO ២)។

១៥៦៤. “ទោះបី​​​​បូជាចារ្យមិន​​​ទទួលបន្ទុកពេញលេញជាបូជាចារ្យ​​​ដ៏ខ្ពង់​​​ខ្ពស់បំផុតក្តី ទោះបីបូជាចារ្យ នៅ​ពេល​​​ប្រើអំណាចស្ថិតនៅក្រោម​​​អភិបាលក្ដី ក៏បូជាចារ្យរួបរួមជាមួយ​​​លោក​​​អភិបាល​ក្នុងឋានៈ​លោកជាបូជាចារ្យ។ ដោយ​​​អស់លោកទទួលអគ្គសញ្ញាតែងតាំងជាអ្នកបម្រើឱ្យបានដូចព្រះគ្រីស្តជា​​​មហា​បូជាចារ្យ​​​ដ៏​ខ្ពង់ខ្ពស់ ដែល​ស្ថិត​​នៅ​អស់កល្បជានិច្ច (ហប ៥,១-១០; ៧,២៤; ៩,១១-២៨) ព្រះអង្គបានប្រសិទ្ធអស់​លោក​​បូជាចារ្យ ដើម្បីឱ្យប្រកាសដំណឹងល្អ ឱ្យទៅ​​​ជាគង្វាលរបស់គ្រីស្តបរិស័ទ និងគោរពបម្រើ​ព្រះ​ជាម្ចាស់​​ក្នុងឋានៈ​ជាបូជាចារ្យនៃសម្ពន្ធមេត្រី​​​ថ្មីយ៉ាងពិតប្រាកដ ” (LG ២៨)។

១៥៦៥. ដោយសារអគ្គសញ្ញាតែងតាំង លោកបូជាចារ្យចូលរួមចំណែកក្នុងបេសកកម្មសកល ដែលព្រះ គ្រីស្តបានប្រគល់ឱ្យក្រុមគ្រីស្តទូត។ ព្រះអំណោយទានខាងវិញ្ញាណ ដែលពួកលោកបានទទួលក្នុងអគ្គសញ្ញា តែងតាំងរៀបចំពួកលោក មិនគ្រាន់តែឱ្យបំពេញបេសកកម្មតូច ដែលមានកំណត់ទេ គឺបេសកកម្មសង្រ្គោះ “រហូត​ដល់ស្រុកដាច់​ស្រយាល​នៃ​ផែ​នដី” (PO ១០) “ដោយ​ត្រៀមខ្លួនអស់ពីចិត្តឱ្យទៅប្រកាសដំណឹងល្អ កន្លែង​ណាក៏បាន” (OT ២០)។

១៥៦៦. “អស់លោកបំពេញ​​​បន្ទុកដ៏ពិសិដ្ឋ​​​របស់អស់លោកយ៉ាងពិសេសក្នុងពីធីអរព្រះគុណ គឺនៅពេល​នោះ អស់​លោកប្រព្រឹត្តកិច្ចការ​​​ក្នុងព្រះនាមព្រះគ្រីស្ត និងជំនួសព្រះអង្គ ហើយប្រកាសគម្រោងការដ៏អស្ចារ្យរបស់​ព្រះ​អង្គ។ អស់​លោក​​ប្រមូលពាក្យអង្វររបស់គ្រីស្តបរិស័ទឱ្យរួបរួមជាមួយ​​​សក្ការបូជានៃម្ចាស់របស់គេ។ អស់លោកធ្វើ​ឱ្យ​​សក្ការបូជាតែ​មួយ​គត់​របស់ព្រះគ្រីស្ត ដែលបានបូជាព្រះជន្មទុកជា​​​យញ្ញបូជាឥត​សៅហ្មង​ថ្វាយ​ទៅព្រះបិតា​ម្តងជាការស្រេច ស្ថិតនៅកន្លែង នៅពេលអស់លោកថ្វាយអភិបូជាផង” (LG ២៨)។ អ្នកទទួល​មុខងារ​​ជាបូជាចារ្យ​សម្រាប់​បម្រើព្រះសហគមន៍ប្រមូលកម្លាំងរបស់ខ្លួនទាំងអស់ចេញពីសក្ការបូជាតែមួយនេះ (PO ២)។

១៥៦៧. “អស់លោកបូជាចារ្យជាសហការីដ៏ឈ្លាសវៃរបស់ក្រុមអភិបាល ក្នុងឋានៈជាអ្នកជួយ ​និងជា​ឧបករណ៍។ អស់លោកបូជា​​​ចារ្យបម្រើប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយរួបរួមជាមួយអភិបាលរបស់​ខ្លួន ជាក្រុម​​​បូជាចារ្យ តែមួយ ដែលមានមុខងារផ្សេងៗពីគ្នា។ នៅគ្រប់កន្លែងដែលមានសហគមន៍គ្រីស្តបរិស័ទ អស់លោក​ប្រៀប​បី​​​ដូច​​​ជា​​​វត្តមាន​​​របស់លោកអភិបាល ដោយពួកលោករួមសហការជាមួយលោកអភិបាលដោយទុកចិត្ត និង​ដោយ​​មាន​​ចិត្តទូលំទូលាយ ព្រមទាំងសុខចិត្ត​​​ទទួលចំណែកនៃបន្ទុក និងចិត្តស្រឡាញ់របស់លោក។ ពួក​លោក​យក​ចិត្តទុក​ដាក់​​បម្រើ​​​គ្រីស្ត​បរិស័ទជារៀងរាល់ថ្ងៃ តាមបន្ទុក និងចិត្តស្រឡាញ់នោះ” (LG ២៨)។ ពួកបូជាចារ្យ​ត្រូវតែប្រតិបត្តិ តាមមុខងាររបស់ខ្លួន ដោយពឹងផ្អែកលើលោកអភិបាល និងដោយរួបរួមជាមួយលោក។ នៅពេល​ពួក​លោក​ទទួលការ​តែងតាំង ពួកលោកសន្យាស្តាប់បង្គាប់លោកអភិបាល ហើយនៅទីចុងក្រោយនៃពិធីបុណ្យ ពួក​លោកឱបលោកអភិបាល ជាសញ្ញាសម្គាល់បង្ហាញថា លោកអភិបាលចាត់ទុកពួកលោកដូចជាសហការី ជា​កូន ជាបងប្អូន និងជាមិត្តសម្លាញ់របស់លោក ហើយពួកគេត្រូវតែស្រលាញ់ និងស្តាប់បង្គាប់លោកវិញ។

១៥៦៨. “ដោយបូជាចារ្យទាំងអស់ទទួលអគ្គសញ្ញាតែងតាំង អស់លោកចូល​ក្នុង​ក្រុមបូជាចារ្យ ហើយក៏​ភ្ជាប់​ជាមួយគ្នាយ៉ាងជិតស្និទ្ធទុកជាបងប្អូន ដែលទទួល​អគ្គសញ្ញាតែងតាំងជាបូជាចារ្យតែមួយដូចគ្នាដែរ។ អស់​លោក​​​ក៏រួមគ្នាយ៉ាងពិសេស ជាក្រុមបូជាចារ្យតែមួយគត់ ស្ថិត​ក្រោមអំណាចអភិបាលភូមិភាគដែល​អស់លោក​បម្រើ” (PO ៨)។ តាមទំនៀមទំលាប់នៃពិធីបុណ្យ បន្ទាប់ពីលោកអភិបាល ពួកលោកបូជាចារ្យដាក់ដៃលើ​បេក្ខជន នៅក្នុងពិធីតែងតាំង ដើម្បីសម្ដែងថា ពួកលោកបូជាចារ្យរួមជាមួយគ្នាជាធ្លុងតែមួយ។

អគ្គសញ្ញាតែងតាំងជាឧបដ្ឋាក “ដើម្បីបម្រើ”

១៥៦៩ . “ក្នុងរចនាសម្ពន្ធនៃមុខងារបម្រើព្រះសហគមន៍តាមលំដាប់លំដោយ ក្រុមឧបដ្ឋាកស្ថិត​នៅកម្រិត​ទាប​​ជាងគេ​ លោកអភិបាល​​​ដាក់ដៃ​​​លើ​​​គេ ​​​“មិនមែនដើម្បីឱ្យទៅជាបូជាចារ្យទេ តែឱ្យគេបម្រើ” (LG ២៩; CD ១៥)។ ក្នុងអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក មានតែលោកអភិបាល ដែលធ្វើពិធីដាក់ដៃ ដើម្បីបង្ហាញថា លោក ឧបដ្ឋាកជាប់ចំណងយ៉ាងពិសេសនឹងលោកអភិបាលក្នុងកិច្ចការនៃ “កិច្ចបម្រើ” របស់លោក (សន្ត អ៊ីប៉ូលីត)។

១៥៧០. ក្រុមឧបដ្ឋាកចូលរួមចំណែកយ៉ាងពិសេសក្នុងបេសកកម្ម និងព្រះហឫទ័យប្រណីសន្តោសរ​បស់​ព្រះ​គ្រីស្ត (LG ៤១; AA ១៦)។ អគ្គសញ្ញាតែងតាំងដៅចំណាមពួកលោក ដូចជាមានស្លាកស្នាម (“លក្ខណៈ”) ដែល​គ្មាន​​នរណា​ម្នាក់អាចលុបបំបាត់បានឡើយ ហើយដែលធ្វើឱ្យពួកលោករួមរស់ជាមួយព្រះគ្រីស្ត ដែល​បាន​ទៅ​ជា “ឧបដ្ឋាក” គឺអ្នកបម្រើរបស់មនុស្សទាំងអស់ (មក ១០,៤៥; លក ២២,២៧; សន្ត ប៉ូលីកាប)។ ក្រុមឧ​បដ្ឋាក​មានមុខងារជួយលោកអភិបាល និងលោក​បូជាចារ្យក្នុងការ​លើកតម្កើងគម្រោងការ​ដ៏អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់ ជាពិសេសអភិបូជា ចែកព្រះកាយព្រះគ្រីស្ត ជួយបម្រើអគ្គសញ្ញាអាពាហ៍ពិពាហ៍ និង​ប្រទាន​ពរ​ដល់​គូ​ស្វាមី​ភរិយា ប្រកាសដំណឹងល្អ និងទេសនា ណែនាំពិធីបញ្ចុះសព និងចូលរួមក្នុងក្រុមសង្ហារៈផ្សេងៗ (LG    ២៩; SC ៣៥,៤; AG ១៦)។

១៥៧១. ចាប់តាំងពីមហាសន្និបាតទីពីរនៅវ៉ាទីកង់ ព្រះសហគមន៍ខាងបស្ចិមប្រទេសបានតែងតាំងមុខងារជា​ឧបដ្ឋាក​​​ឡើងវិញ “តាម​​​កម្រិតផ្ទាល់ និងទុកជា​មុខងារ​អចិន្ត្រៃយ៍ក្នុងរចនាសម្ពន្ធ តាមលំដាប់លំដោយ​នៃ​ព្រះ​សហគមន៍” (LG ២៩) ឯព្រះសហគមន៍ខាងបូព៌ាប្រទេសតែងតែរក្សាទុកមុខងារនេះជានិច្ច។ មុខងារជាឧបដ្ឋាក​អចិន្រៃ្តយ៍ នេះ ដែលយើងអាចប្រគល់ទៅមនុស្សប្រុសដែលមានភរិយាហើយ ដូចជាទ្រព្យសម្បត្តិសំខាន់សម្រាប់​ព្រះសហគមន៍។ តាមការពិត អ្នកដែលបំពេញមុខងារនេះ ពិតជាអ្នកបម្រើគេ ក្នុងកិច្ចការខាងពិធីបុណ្យ ឬក្នុងការ​ប្រកាស​​ដំណឹងល្អ ក្នុងកិច្ចការខាងសង្គម ឬកិច្ចការដែលសម្ដែងសេចក្ដីស្រលាញ់ នៅក្នុងព្រះសហគមន៍។ គួរ “ពង្រឹង​កម្លាំងបុរសទាំងនោះ ដោយធ្វើពិធីដាក់ដៃលើគេ ជាពិធីក្រុមគ្រីស្តទូតបញ្ចូនបន្តមក។ អស់លោកក៏ត្រូវរួបរួម​យ៉ាង​ជិតស្និទ្ធនឹងអាសនៈ ពោលគឺក្នុងអភិបូជា ដើម្បីឱ្យអស់លោកអាចបំពេញមុខងារបម្រើរបស់ខ្លួន យ៉ាង​សកម្ម​ជាង តាមព្រះជាម្ចាស់ប្រណីសន្តោសដល់អស់លោក ដោយសារអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក” (AG ១៦)។

៤. ពិធីប្រារព្ធអគ្គសញ្ញានេះ

១៥៧២. ពិធីប្រារព្ធអគ្គសញ្ញាតែងតាំងលោកអភិបាល លោកបូជាចារ្យ ឬលោកឧបដ្ឋាកជាកិច្ចការសំខាន់​ណាស់ សម្រាប់​ព្រះ​សហគមន៍ភូមិភាគ គ្រីស្តបរិស័ទត្រូវតែបានចូលរួមឱ្យបានច្រើន។ គួរប្រារព្ធពិធីនេះ យ៉ាង​ឧឡារិក នៅថ្ងៃ​អាទិត្យ ក្នុងព្រះវិសាលវិហារ។ អគ្គសញ្ញាតែងតាំងទាំងបីរបស់លោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក មានរចនាសម្ព័ន្ធដូចគ្នា ហើយស្ថិតក្នុងពិធីអរព្រះគុណ។

១៥៧៣. ពិធីសំខាន់ៗ នៃអគ្គសញ្ញាតែងតាំងសម្រាប់ថ្នាក់ទាំងបី គឺលោកអភិបាលដាក់ដៃលើ ក្បាលរបស់បេក្ខជន ហើយធម៌ប្រសិទ្ធពរអង្វរព្រះជាម្ចាស់ឱ្យព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះ​អំណោយ​ទាន​ផ្សេងៗតាមមុខងាររបស់បេក្ខជន (សម្ដេងប៉ាប ពីយូស​ទី១២៖ DS ៣៨៥៨)។

១៥៧៤. ដូចអគ្គសញ្ញាឯទៀតៗ មានពិធីផ្សេងៗទៀតក្នុងពិធីលើកតម្កើង។ ពិធីនោះ ផ្លាស់ប្តូរខ្លាំងណាស់តាម ប្រពែណី​នៃពិធីបុណ្យផ្សេងៗ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែរួបរួមគ្នាក្នុង​ការ​សម្ដែង​លក្ខណៈផ្សេងៗ​នៃ​ព្រះ​​អំណោយ​ទានរបស់អគ្គសញ្ញា​នានាដែរ។ ហេតុ​នេះ ពិធី​ដើមដំបូងនៃ​​ពិធី​បុណ្យខាងបស្ចិមប្រទេស (ការណែនាំ​បេក្ខជន ការត្រាស់ហៅគាត់ សេចក្ដីផ្តើម​របស់​​លោក​​អភិបាល ការសួរ​ចម្លើយ​បេក្ខជន ពិធីអង្វរសន្តបុគ្គលទាំង​ឡាយ) បញ្ជាក់ថា យើងបានជ្រើសរើស​បេក្ខជន​​ស្រប​តាមទំនៀមទំលាប់របស់ព្រះសហគមន៍ ហើយរៀបចំពិធី​ប្រសិទ្ធ​​ពរ​យ៉ាង​ឧឡារិក។ បន្ទាប់​មក ពិធី​ផ្សេងៗ​ទៀតសម្ដែង និងបញ្ចប់ តាមរបៀបជានិមិត្តរូប នូវ​គម្រោងការ​ដ៏​អស្ចារ្យ​​ដែលទើបនឹងកើតឡើង គឺសម្រាប់លោកអភិបាល និងលោក​បូជាចារ្យ ពិធី​ចាក់​​ប្រេង​​គ្រីស្មា ដែលជាសញ្ញា​សម្គាល់​​​ពិសេស​របស់​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ដើម្បី​​​​ឱ្យមុខងាររបស់ពួកលោកបង្កើតផល ការប្រគល់ក័ណ្ឌ​គម្ពីរ​ដំណឹង​​​ល្អ ចិញ្ចៀន មួក និង​ដំបង​​​ឱ្យ​លោក​អភិបាល ជាសញ្ញាសម្គាល់ថា លោកមានបេសកកម្ម​ប្រកាស​ព្រះ​បន្ទូល​​​របស់ព្រះជាម្ចាស់ លោក​​ស្មោះ​​ត្រង់​នឹងព្រះសហគមន៍ ដែលជាព្រះមហេសីរបស់ព្រះគ្រីស្ត លោក​ទទួល​បន្ទុក​ធ្វើ​​ជា​គង្វាល​នៃ​ហ្វូង​​ចៀមរបស់​ព្រះ​អម្ចាស់។​ យើងប្រគល់ចាន់ និងពែងទៅលោកបូជាចារ្យ ជា “តង្វាយរបស់ប្រជា​រាស្រ្ត​​ដ៏វិសុទ្ធ” ដែល​លោក​ត្រូវ​ថ្វាយ​ចំពោះ​​ព្រះ​ជាម្ចាស់ ហើយយើងប្រគល់ក័ណ្ឌគម្ពីរដំណឹងល្អដល់លោកឧបដ្ឋាក ដែល​ទើបនឹងទទួលបេសកកម្ម​ប្រកាស​​ដំណឹង​ល្អ។

៥. តើអ្នកណាអាចប្រគល់អគ្គសញ្ញានេះ?

១៥៧៥. ព្រះគ្រីស្តជ្រើសរើសក្រុមគ្រីស្តទូត ហើយ​ប្រោសពួកលោកឱ្យចូលរួមចំណែកក្នុងបេសកកម្ម និង​អំណាចរបស់ព្រះអង្គ។ ដោយគង់ខាងស្តាំព្រះបិតា ព្រះអង្គមិនបោះបង់ហ្វូងចៀមរបស់ព្រះអង្គ​ចោល​ទេ ប៉ុន្តែ រក្សា​ការពារហ្វូងចៀមនេះ ដោយសារក្រុមគ្រីស្តទូត។ សព្វថ្ងៃនេះ ព្រះអង្គក៏នៅ​តែ​ណែ​នាំ​ហ្វូង​ចៀម​នេះ ដោយ​ចាត់​ចែងឱ្យមានគង្វាលបន្តមុខងារពីក្រុមគ្រីស្តទូតមក (MR ធម៌ប្រារព្ធរបស់ក្រុមគ្រីស្តទូត​ទី​១)។ ហេតុ​​នេះ​ហើយ បានជាព្រះគ្រីស្ត “ប្រទាន” ឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត អ្នកខ្លះ​ផ្សេង​ទៀត​ទៅ​ជា​គង្វាល (អភ ៤,១១)។ ព្រះអង្គនៅតែមានសកម្មភាពតាមរយៈលោកអភិបាល (LG ២១)។

១៥៧៦. ដោយសារអគ្គសញ្ញាតែងតាំងជាអគ្គសញ្ញារបស់អ្នក ដែលទទួលមុខងារបម្រើតាំងពីក្រុម​គ្រីស្ត​ទូត លោក​​​អភិបាលក្នុងឋានៈជាអ្នកបន្តមុខងារក្រុមគ្រីស្តទូត ត្រូវតែបញ្ជូន “ព្រះអំណោយទានខាងវិញ្ញាណ” (LG ២១) “ពូជជាគ្រីស្តទូត” (LG ២០)។ លោកអភិបាល ដែលទទួលតែងតាំងយ៉ាងត្រឹមត្រូវ ពោលគឺដែលមាន​ខ្សែ​រយៈ​ក្នុងការបន្តដតំណែង​​តាំង​ពីសម័យក្រុមគ្រីស្តទូតមក ​មានសិទ្ធិផ្តល់អគ្គសញ្ញាតែងតាំង​ទាំងបីថ្នាក់បាន​យ៉ាង​ត្រឹម​ត្រូវ (DS ៧៩៤ និង ៨០២; CIC ១០១២; CCEO ៧៤៤; ៧៤៧)។

៦. តើអ្នកណាអាចទទួលអគ្គសញ្ញានេះ?

១៥៧៧. “មានតែមនុស្សប្រុស (vir ) ម្នាក់ ដែលបានជ្រមុជទឹក ដែល​អាច​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ដ៏​វិសុទ្ធ​​បានយ៉ាង​ត្រឹម​ត្រូវ” (CIC ១០២៤)។ ព្រះអម្ចាស់យេស៊ូបានជ្រើសរើសមនុស្សប្រុស (viri ) ដើម្បី​បង្កើត​ក្រុម​គ្រីស្ត​ទូត​ដប់​ពីរ​នាក់ (មក ៣,១៤-១៩; លក ៦,១២-១៦) ហើយក្រុមគ្រីស្តទូតបានធ្វើតាមព្រះអង្គ​ នៅពេល​ពួក​លោក​​បាន​ជ្រើស​រើសសហការី (១ធម ៣,៣-១៣; ២ធម ១,៦; ទត ១,៥-៩) ដើម្បីបន្តមុខងាររបស់ពួកលោក (សន្ត ក្លេម៉ង់ នៅរ៉ូម)។ ក្រុមអភិបាល ដោយមានពួកបូជាចារ្យរួមជាមួយក្នុងឋានៈជាបូជាចារ្យ ធ្វើឱ្យក្រុមគ្រីស្ត​ទូតដប់ពីររូប​មានវត្តមានសព្វថ្ងៃ រហូតដល់ព្រះគ្រីស្តយាងមកវិញ។ ព្រះសហគមន៍ទទួលស្គាល់ថា ខ្លួនឯង​ជាប់​ទាក់​ទិននឹងជម្រើសនេះរបស់ព្រះអម្ចាស់ផ្ទាល់។ ហេតុនេះហើយ បានជាយើងមិនអាច​ផ្តល់​អគ្គ​សញ្ញា​តែង​តាំង​ដល់មនុស្សស្រីបានឡើយ (MD ២៦-២៧; CDF)។

១៥៧៨. គ្មាននរណាម្នាក់មានសិទ្ធិ ទទួលអគ្គសញ្ញាតែងតាំងឡើយ។ តាមការពិត គ្មាននរណាម្នាក់​តាំង​ខ្លួន​ឯងឱ្យបំពេញមុខងារនេះទេ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅ ទើបបំពេញបាន (ហប ៥,៤)។ អ្នកដែល​គិតថា ព្រះជាម្ចាស់ត្រាស់ហៅគាត់ឱ្យទទួលមុខងារជាបូជាចារ្យ ត្រូវតែបន្ទាបខ្លួនក្រោមអំណាចរបស់ព្រះ សហគមន៍ ដែលជាអ្នកទទួលខុសត្រូវ និងដែលមានសិទ្ធិហៅនរណាម្នាក់ឱ្យទទួលអគ្គសញ្ញាតែងតាំង។ ដូចព្រះអំណោយទានផ្សេងៗទៀតដែរ អគ្គសញ្ញានេះ ជាព្រះអំណោយទានលើសអំពីកុសលកម្មរបស់ខ្លួន។

១៥៧៩. ព្រះសហគមន៍ខាងបស្ចិមប្រទេសជ្រើសរើសអស់អ្នកដែលទទួលអគ្គសញ្ញាតែងតាំង លើកលែង​តែ​ឧបដ្ឋាកអចិន្តៃ្រយ៍ ក្នុងចំណោមគ្រីស្តបរិស័ទភេទប្រុស ដែលនៅលីវ ហើយដែលមានបំណងចង់រក្សាទុក ភាព​នៅលីវ “ដើម្បីរព្រះរាជ្យនៃស្ថានបរមសុខ” (មថ ១៩,១២)។ ព្រះជាម្ចាស់ត្រាស់ហៅពួកគេឱ្យបូជា​ជីវិត​ទាំង​ស្រុង​​ចំពោះព្រះអម្ចាស់ និង “កិច្ចការរបស់ព្រះអម្ចាស់” (១ករ ៧,៣២) ពួកគេក៏​ថ្វាយ​ខ្លួន​ទាំង​ស្រុង​ចំពោះ​ព្រះជាម្ចាស់ និងមនុស្សលោក។ ភាពនៅលីវជាសញ្ញាសម្គាល់នៃជីវិតថ្មីនេះ ដែលអ្នកទទួលមុខងារបម្រើ​ព្រះ​​​សហគមន៍​បានថ្វាយ​ខ្លួន។ ពេលយើងទទួលភាពនៅលីវនេះ ដោយចិត្តសប្បាយរីករាយ យើងប្រកាស​ព្រះ​រាជ្យ​របស់ព្រះជាម្ចាស់ ដូច​​ពន្លឺព្រះអាទិត្យបំភ្លឺមនុស្សលោកដែរ (PO ១៦)។

១៥៨០. ក្នុងព្រះសហគមន៍ខាងបូព៌ាប្រទេស តាំងពីច្រើនសតវត្សមកហើយ គេអនុវត្តតាមវិន័យប្លែកពីគេ​មួយ៖ គេជ្រើសរើសលោកអភិបាលក្នុងចំណោមមនុស្សនៅលីវតែប៉ុណ្ណោះ ប៉ុន្តែគេអាចផ្តល់អគ្គសញ្ញាតែងតាំង​ជា​ឧបដ្ឋាក និងជាបូជាចារ្យដល់មនុស្សប្រុសដែលមានភរិយារួចហើយ។ របៀបប្រតិបត្តិនេះ គេ​ចាត់ទុកថា ត្រឹម​ត្រូវ​តាំងពីយូរហើយ ពួក​បូជាចារ្យទាំងនោះ បង្កើតផលជាច្រើនចំពោះសហគមន៍របស់ពួកលោក (PO ១៦)។ ម្យ៉ាងទៀត ក្នុងព្រះសហគមន៍​ខាង​បូព៌ាប្រទេស លោកបូជាចារ្យនៅលីវមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ហើយមាន​បូជាចារ្យ​ជាច្រើនស្ម័គ្រចិត្តនៅលីវ ដើម្បី​ព្រះរាជ្យរបស់ព្រះជាម្ចាស់។ នៅបូព៌ា ដូចនៅបស្ចិមប្រទេស អ្នក​ណា​ដែល​​បាន​ទទួលអគ្គ​សញ្ញាតែង​តាំង​មិន​អាចរៀបការទៀតទេ។

៧. ផលនៃអគ្គសញ្ញាតែងតាំង

អគ្គសញ្ញាតែងតាំងមិនអាចរលុបបានទេ

១៥៨១. ដោយសារព្រះអំណោយទានពិសេសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ អគ្គសញ្ញានេះ​ធ្វើឱ្យរួម​រស់​​ជា​មួយព្រះគ្រីស្ត ដើម្បីទៅជាឧបករណ៍របស់ព្រះគ្រីស្តសម្រាប់ព្រះសហគមន៍ព្រះអង្គ។ ដោយសារពិធីតែងតាំង យើងអាចប្រតិបត្តិក្នុងឋានៈជាតំណាងព្រះគ្រីស្ត ជាព្រះសិរសាព្រះសហគមន៍ ក្នុងមុខងារទាំងបីរបស់ព្រះអង្គជា បូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។

១៥៨២. ដូចចំពោះអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាស យើងចូលរួមចំណែកក្នុងមុខងាររបស់ព្រះគ្រីស្ត តែមួយដងគត់។ អគ្គសញ្ញាតែងតាំងមានលក្ខណៈខាងវិញ្ញាណដែលមិនអាចរលុបបាន ហើយយើងមិនអាច​ផ្តល់​អគ្គសញ្ញានេះម្តងទៀង ឬផ្តល់អគ្គសញ្ញានេះសម្រាប់តែមួយរយៈទេ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៧៦៧; LG ២១; ២៨; ២៩; PO ២)។

ដោយសារមូលហេតុត្រឹមត្រូវ យើងអាចរំដោះបន្ទុករបស់មនុស្សម្នាក់ ដែលបានទទួលអគ្គសញ្ញាតែងតាំង​យ៉ាង​ត្រឹមត្រូវ អំពីភារកិច្ច និង​កិច្ចការ ដែលទាក់ទងនឹងមុខងាររបស់គេ ឬយើងអាចហាមឃាត់គេមិន​ឱ្យ​ប្រតិបត្តិតាម (CIC ២៩០-២៩៣; ១៣៣៦,១.៣.៥; ១៣៣៨,២) ប៉ុន្តែ គេមិនអាចត្រឡប់ទៅជា​គ្រីស្ត​បរិស័ទ​ធម្មតា (តាមន័យចំ) បានទៀតឡើយ ដ្បិតគេបានទទួលលក្ខណៈនៃអគ្គសញ្ញាជាដរាប។ ការត្រាស់ហៅ និង​បេសកកម្ម ដែលគេបានទទួលនៅថ្ងៃពិធីតែងតាំង ធ្វើឱ្យគេមានលក្ខណៈពិសេសជាអចិន្រ្តៃយ៍។

១៥៨៤. ទីបញ្ចប់ ដោយសារព្រះគ្រីស្តមានសកម្មភាព និងជួយសង្រ្គោះ តាមរយៈអ្នក​ទទួលអគ្គសញ្ញា​បម្រើ​​ព្រះ​សហគមន៍ ទោះបីអ្នកនោះមិនសមនឹងឋានៈរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ព្រះ​គ្រីស្ត​នៅ​តែ​មាន​សកម្មភាព​ដែរ (មហាស​ន្និ​បាត​នៅទីក្រុងត្រង់៖

DS ១៦១២; DS ១១៥៤)។ សន្ត អូគូស្តាំងបញ្ជាក់យ៉ាង​ច្បាស់​ថា៖​

ចំពោះអ្នកបម្រើក្រអឺតក្រអោង ត្រូវតែរាប់វាជាមួយនឹងមារកំណាច ប៉ុន្តែ ព្រះអំណោយទានរបស់ព្រះគ្រីស្ត មិនត្រូវខូចទេ ពីព្រោះអ្វីដែលហូរចេញមកពីព្រះអង្គរក្សាទុកភាពបរិសុទ្ធ អ្វីដែលឆ្លងកាត់តាមព្រះអង្គនៅតែថ្លាយង់ ហើយ​ទៅដល់ដីមានជីជាតិល្អ (...)។ តាមការពិត គុណធម៌ខាងវិញ្ញាណរបស់អគ្គសញ្ញាដូចជាពន្លឺ គឺអស់អ្នកដែល ត្រូវបំភ្លឺទទួលពន្លឺនេះយ៉ាងពេញលេញ ហើយទោះបីពន្លឺនេះឆ្លងកាត់មនុស្សកខ្វក់ក្ដី ក៏ពន្លឺនេះមិនកខ្វក់ដែរ។

ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

១៥៨៥. ព្រះអំណោយទានពិសេសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធចំពោះអគ្គសញ្ញានេះ គឺអ្នកទទួលមុខងារ​បម្រើរួមរស់ជាមួយព្រះគ្រីស្តក្នុងឋានៈជាបូជាចារ្យ ជាព្រះបរមគ្រូ និងជាគង្វាល។

១៥៨៦. សម្រាប់លោកអភិបាល ព្រះអំណោយទាននេះ ជាព្រះអំណោយទានផ្តល់កម្លាំង (តាម​ធម៌​ប្រសិទ្ធ​ពរអភិបាល ក្នុងពិធីខាងបស្ចិមប្រទេស៖ “ព្រះវិញ្ញាណ ដែលប្រោសឱ្យទៅជាមេដឹកនាំ”) គឺណែនាំ និង​ការពារដោយកម្លាំង និងដោយការប្រុងប្រយ័ត្ន ព្រះសហគមន៍របស់លោក ដូចជាឪពុក និងគង្វាលម្នាក់ ដោយ​ស្រលាញ់​មនុស្សទាំងអស់ជាពិសេសអ្នកក្រីក្រ អ្នកជម្ងឺ និងអស់អ្នកដែលមានតម្រូវការ (CD ១៣​ និង ១៦)។ ព្រះ​អំណោយទាននេះ ជម្រុញលោកឱ្យប្រកាសដំណឹងល្អដល់មនុស្សទាំងអស់ ឱ្យទៅជាគំរូនៃហ្វូងចៀម របស់លោក ឱ្យដើរមុខពួកគេនៅលើមាគ៌ាឆ្ពោះទៅភាពដ៏វិសុទ្ធ ដោយធ្វើជាតំណាងរបស់ព្រះគ្រីស្តជាបូជាចារ្យ និងយញ្ញបូជាក្នុងពិធីអរព្រះគុណ និងដោយមិនខ្លាចបូជាជីវិតសម្រាប់ចៀមរបស់ខ្លួនទេ៖

ឱព្រះបិតាដែលស្គាល់ចិត្តគំនិតអើយ! សូមប្រទានឱ្យអ្នកបម្រើ ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស​​ឱ្យ​ទៅ​ជា​លោកអភិបាល ឱ្យលោកណែនាំហ្វូងចៀមដ៏វិសុទ្ធរបស់ព្រះអង្គ។ សូម​ឱ្យ​លោក​ធ្វើ​ជា​បូជាចារ្យ​ដ៏​ខ្ពង់​ខ្ពស់​ឥត​សៅហ្មង និង ដោយបម្រើព្រះអង្គទាំងថ្ងៃទាំងយប់។ សូម​ឱ្យ​លោកគាប់ព្រះហឫទ័យព្រះអង្គ និង​ថ្វាយ​​តង្វាយ​នៃព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ។ ដោយសារវិញ្ញាណ​នៃ​បូជាចារ្យដ៏ខ្ពង់ខ្ពស់ សូមឱ្យលោក​មាន​អំណាច​លើកលែងទោសអំពើបាប តាមការបង្គាប់របស់ព្រះអង្គ សូម​ឱ្យ​លោកចែកបន្ទុកផ្សេងៗ​តាម​បញ្ជា​របស់​ព្រះអង្គ ហើយសូមឱ្យលោកស្រាយចំណងទាំងប៉ុន្មាន ដោយសារអំណាចដែលព្រះអង្គបានប្រទាន​ឱ្យ​ក្រុម​គ្រីស្ត​ទូត។ សូមឱ្យលោកជាទីគាប់ព្រះហឫទ័យ ដោយសារភាព​ថ្នាក់​ថ្នម និងចិត្តបរិសុទ្ធរបស់លោក ដោយ​ថ្វាយ​​ទឹកអប់ដ៏ក្រអូបឈ្ងុយ តាមរយៈព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត... (សន្ត អ៊ីប៉ូលីត)។

១៥៨៧. ពាក្យអង្វរពិសេស នៅប៊ីសង់ សម្ដែងនូវព្រះអំណោយទាននៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។ ដោយដាក់ដៃ លោកអភិបាល មានប្រសាសន៍ថា៖

ឱព្រះអម្ចាស់អើយ! សូមព្រះអង្គបំពេញព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដល់អ្នកដែលព្រះអង្គ​សព្វ​ព្រះហឫទ័យលើកឡើងឱ្យមានឋានៈជាបូជាចារ្យ ដើម្បីឱ្យគេសមនឹងឈរពីមុខអាសនៈ ប្រកាស​ដំណឹង​​ល្អនៃព្រះរាជ្យព្រះអង្គ បំពេញមុខងារជាអ្នកបម្រើព្រះបន្ទូលរបស់ព្រះអង្គជាសេចក្ដីពិត ថ្វាយតង្វាយ និង​យញ្ញ​​បូជាខាង​វិញ្ញាណ ជ្រមុជទឹកប្រជារាស្រ្តរបស់ព្រះអង្គឱ្យកើតជាថ្មី ទើបប្រជារាស្រ្តនេះ អាចចូលគាល់​ព្រះជា​ម្ចាស់​ដ៏​ប្រសើរ ជាព្រះសង្រ្គោះ គឺព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយរបស់ព្រះអង្គ នៅថ្ងៃព្រះអង្គ​សោយ​រាជ្យ។ សូម​ឱ្យ​គេ​​ទទួលរង្វាន់ពីព្រះហឫទ័យសប្បុរសឥតព្រំដែនរបស់ព្រះអង្គ ចំពោះការគ្រប់គ្រង​ដ៏ស្មោះ​ត្រង់​របស់​​គេ។

១៥៨៨. ឯឧបដ្ឋាកវិញ “តាមព្រះអំណោយទាន​នៃអគ្គ​សញ្ញាតែងតាំងជាអ្នកបម្រើ គេទទួល​​​កម្លាំងបម្រើ​​​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ ដោយបម្រើក្នុងពិធីបុណ្យ ដោយ​ប្រកាសព្រះបន្ទូល និងដោយសម្តែង​​​សេចក្ដី​​​ស្រឡាញ់ ទាំង​រួប​រួម​ជាមួយលោកអភិបាល និងក្រុម​បូជាចារ្យរបស់លោក” (LG ២៩)។

១៥៨៩. ដោយឈ្វេងយល់អំពីព្រះអំណោយទាន និងបន្ទុកដ៏ប្រសើរបំផុតនៃមុខងារជាបូជាចារ្យ គ្រូ​បណ្ឌិតដ៏វិសុទ្ធបានយល់ឃើញឱ្យច្បាស់ថា ត្រូវកែប្រែចិត្តគំនិតជាប្រញាប់ ដើម្បី​ជីវិត​ទាំង​ស្រុង​របស់​អស់​លោក​ស្រប​​តាម​អ្នក​ដែលអគ្គសញ្ញាធ្វើឱ្យគេទៅជាអ្នកបម្រើ។ ហេតុនេះហើយ បានជាកាលនៅ​ជា​បូជាចារ្យ​វ័យ​​ក្មេង​នៅឡើយ សន្ត គ្រែគ័រ នៅណាស៊ីអង់ បន្លឺសម្លេងឡើងថា៖

ត្រូវតែបរិសុទ្ធមុននឹងចង់ឱ្យអ្នកដទៃបរិសុទ្ធ។ ត្រូវតែរៀន ដើម្បីបង្រៀន។ ត្រូវតែទៅជាពន្លឺ ដើម្បី​បំភ្លឺ។ ត្រូវ​តែ​​មក​ជិតព្រះជាម្ចាស់ ដើម្បីឱ្យគេទៅជិតព្រះអង្គ។ ត្រូវតែវិសុទ្ធ ដើម្បីឱ្យគេវិសុទ្ធ។ ត្រូវតែ​ណែនាំ​ដោយ​​ដឹកដៃ និងជួយផ្តល់យោបល់ ដោយប្រាជ្ញា។ ខ្ញុំដឹងថា យើងជាអ្នកបម្រើរបស់អ្នកណា យើងមានកម្រិតណា ហើយអ្នកណាជាទិសដៅរបស់យើង។ ខ្ញុំស្គាល់ភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ និងភាពទន់ខ្សោយរបស់មនុស្ស ប៉ុន្តែ ខ្ញុំ​ស្គាល់កម្លាំងរបស់គេដែរ។ (អ្វីទៅជាបូជាចារ្យ?) លោកជាអ្នកការពារសេចក្ដីពិត លោក​ឈរ​ឡើង​ជា​មួយ​ទេវទូត លោកថ្វាយសិរីរុងរឿងជាមួយអគ្គទេវទូត លោកធ្វើឱ្យយញ្ញបូជាឡើងទៅលើអាសនៈនៃស្ថានបរមសុខ លោករួប​រួមជាមួយព្រះគ្រីស្តជាបូជាចារ្យ លោកកែលំអមនុស្សលោកឡើងវិញ លោកធ្វើ​ឱ្យ​គេ​ទៅ​ជា​តំណាង​របស់​​​ព្រះ​ជាម្ចាស់​​ឡើងវិញ លោកបង្កើតគេម្តងទៀត ដើម្បីបរមលោក ទីបញ្ចប់​ព្រះ​ជាម្ចាស់ប្រោស​លោក​ឱ្យ​ទៅ​ជា​ព្រះ ហើយ​​លោក​​ធ្វើឱ្យគេទៅជាព្រះដែរ

ឯលោកបូជាចារ្យដ៏វិសុទ្ធនៃភូមិអារ្សមានប្រសាសន៍ថា៖ “គឺលោកបូជាចារ្យ ដែលបន្តកិច្ចការនៃការ​សង្រ្គោះនៅលើ​ផែន​ដី...”។ “ប្រសិនបើយើងនឹងយល់ឱ្យច្បាស់អំពីអ្វីដែលជាបូជាចារ្យនៅលើផែនដីនេះ យើង​នឹង​ស្លាប់ មិនមែន​ដោយ​​សារ​ការ​ភ័យ​ខ្លាច​​ទេ ប៉ុន្តែដោយសារសេចក្ដីស្រលាញ់...”។ “មុខងារជាបូជាចារ្យ ដូចជា​សេចក្ដី​​ស្រលាញ់​នៃ​ព្រះ​​ហឫទ័យ​របស់​ព្រះ​​​យេស៊ូ”។

សង្ខេប

១៥៩០. សន្តប៉ូលមានប្រសាសន៍ទៅកាន់លោកធីម៉ូថេ ជាសាវ័ករបស់លោក ថា៖ “ខ្ញុំសូមរំលឹកដាស់​តឿន​អ្នក ថា ចូរធ្វើឱ្យព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលអ្នកបានទទួល ដោយខ្ញុំដាក់ដៃលើនោះ មាន​សកម្មភាពឡើងវិញ” (២ធម ១,៦) ហើយ “ប្រសិនបើបងប្អូនណាម្នាក់ចង់បានមុខងារជាអភិបាល គាត់មាន​បំណង​បំពេញមុខងារដ៏ប្រសើរហើយ” (១ធម ៣,១)។ លោកមានប្រសាសន៍ចំពោះលោកទីតុសថា៖ “ ខ្ញុំ​ទុក​ប្អូន​ឱ្យ​នៅ​កោះ​ក្រែត‌​ ដើម្បី​ចាត់ចែង​កិច្ចការ​ដែល​នៅ​សល់​ ឱ្យ​មាន​របៀប​រៀបរយ ​និង​តែងតាំង​ព្រឹទ្ធាចារ្យ នៅ​តាម​ក្រុង​នីមួយៗ​ដូច​ខ្ញុំ​បាន​ផ្តាំ​រួច​ហើយ​” (ទត ១,៥)។

១៥៩១. ព្រះសហគមន៍ទាំងមូលជាប្រជាជនសុទ្ធតែជាបូជាចារ្យ។ ដោយសារពិធីជ្រមុជទឹក គ្រីស្តបរិស័ទ ទាំងអស់រួមចំណែកក្នុងឋានៈជាបូជាចារ្យរបស់ព្រះគ្រីស្ត។ គេហៅការចូលរួមនេះថា “គ្រីស្តបរិស័ទសុទ្ធ​តែ​ជា​បូជាចារ្យ”។ ពីលើនេះ ហើយដើម្បីបម្រើគ្រីស្តបរិស័ទទាំងនោះ មានអ្នកចូលរួមក្នុងបេសកកម្ម​របស់ព្រះគ្រីស្ត ដែលអគ្គសញ្ញាតែងតាំងប្រគល់ឱ្យ មុខងារជាអ្នកបម្រើក្នុងព្រះនាម និងនៅក្នុងអង្គ​ព្រះគ្រីស្ត ​ជាព្រះ​សិរសា​ក្នុង​ចំណោមសហគមន៍។

១៥៩២.  មុខងារបម្រើព្រះសហគមន៍ប្លែកពីឋានៈជាបូជាចារ្យធម្មតារបស់គ្រីស្តបរិស័ទ ដ្បិតមុខងារនេះ ផ្តល់ អំណាចដ៏សក្ការៈដើម្បីបម្រើគ្រីស្តបរិស័ទ។ ពួកលោកមានភារកិច្ចបម្រើប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ដោយ​បង្រៀន (munus docendi) ប្រារព្ធពិធីបុណ្យ  (munus liturgicum) និង​ដឹក​នាំ​ព្រះ​សហគមន៍ (munus regendi)

១៥៩៣. តាំងពីដើមមក គេប្រគល់មុខងារឱ្យអ្នកបម្រើព្រះសហគមន៍តាមបីថ្នាក់ គឺ៖ លោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក។ រចនាសម្ព័ន្ធនាំអ្នកបម្រើព្រះសហគមន៍ ដែលបានតែងតាំងហើយ មិនអាចជំនួសគ្នាបាន គឺបើពុំមានអភិបាល បូជាចារ្យ និងឧបដ្ឋាកទេ យើង​មិនអាច​និយាយ​អំពី​ព្រះ​សហគមន៍​បាន​​​​ឡើយ (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។

១៥៩៤. លោកអភិបាលទទួលអគ្គសញ្ញាតែងតាំងពេញលក្ខណៈ ដែលបញ្ចូលលោកក្នុងក្រុម​លោកអភិបាល និងធ្វើឱ្យលោកទៅជាប្រធានដែលអាចមើលឃើញនៃព្រះសហគមន៍ពិសេស ដែលគេ ប្រគល់ឱ្យលោក។ ដោយលោកជាអ្នកបន្តមុខងារក្រុមគ្រីស្តទូត និងជាសមាជិកក្រុមលោកអភិបាល លោក​ត្រូវ​​រួមចំណែក ក្នុងការទទួលខុសត្រូវដែលមកពីក្រុមគ្រីស្តទូត និងក្នុងបេសកកម្មព្រះសហគមន៍ទាំងមូល ក្រោម​អំណាច​របស់សម្ដេចប៉ាប ជាអ្នកបន្តមុខងារអំពីលោកសិលា។

១៥៩៥. ពួកបូជាចារ្យរួមជាមួយពួកអភិបាលក្នុងឋានៈជាបូជាចារ្យ ហើយជាមួយគ្នានេះដែរ ត្រូវការ​ពួក​លោក ដើម្បីបំពេញមុខងារជាបូជាចារ្យ។ ព្រះជាម្ចាស់ត្រាស់ហៅពួកលោកឱ្យជាសហការីដ៏ ឈ្លាស​វៃ​របស់​ពួក​អភិបាល ពួកលោកបង្កើតក្រុមលោកបូជាចារ្យរួមជាមួយលោកអភិបាល ដោយមានបន្ទុក​ទទួល​ខុស​ត្រូវ​លើ​ព្រះ​សហគមន៍ពិសេស។ ពួកលោកទទួល បន្ទុកដឹកនាំសហគមន៍មួយ ឬមុខងារ​ពិសេស​​មួយ ពីលោកអភិបាល។

១៥៩៦. ពួកឧបដ្ឋាកជាអ្នកទទួលពិធីតែងតាំង ដើម្បីបំពេញមុខងារផ្សេងៗរបស់ព្រះសហគមន៍ក្នុងការ​បម្រើ។ ពួកលោកមិនទទួលឋានៈជាបូជាចារ្យទេ ប៉ុន្តែពិធីតែងតាំងប្រគល់ឱ្យ​ពួកលោកមុខងារ​សំខាន់ៗ​ក្នុង​ការបម្រើព្រះបន្ទូល ពិធីបុណ្យ ការដឹកនាំព្រះ​សហគមន៍ និងការបម្រើអ្នកដទៃដោយក្តីស្រលាញ់ ជាមុខងារដែល​ពួកលោកត្រូវប្រតិបត្តិក្រោមអំណាចលោកអភិបាលរបស់ពួកលោក។

១៥៩៧. គេប្រគល់អគ្គសញ្ញាតែងតាំងដោយដាក់ដៃ និងសេចក្ដីអធិដ្ឋានយ៉ាងឧឡារិក ដែលទូលសុំអង្វរ ព្រះជាម្ចាស់សម្រាប់បេក្ខជននូវព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលលោកត្រូវការដើម្បីបំពេញ​មុខងាររបស់ខ្លួន។ ពិធីតែងតាំងផ្តល់លក្ខណៈខាងអគ្គសញ្ញាដែលមិនអាចរលុបបានឡើយ។

១៥៩៨. ព្រះសហគមន៍ប្រគល់អគ្គសញ្ញាតែងតាំងឱ្យតែបុរស (viris) ដែលបានជ្រមុជទឹក ហើយ​ដែល​ព្រះសហគមន៍ទទួលស្គាល់ថា មានសមត្ថភាពអាចបំពេញមុខងារនេះពិតប្រាកដមែន។ ព្រះ​សហគមន៍មាន​​អំណាច​ទទួលខុសត្រូវ និងមានសិទ្ធិត្រាស់ហៅនរណាម្នាក់ឱ្យទទួលពិធីតែងតាំង។

១៥៩៩. ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស គេប្រគល់អគ្គសញ្ញាតែងតាំងធ្វើជាបូជាចារ្យឱ្យតែ បេក្ខជន ដែលស្ម័គ្រចិត្តនៅលីវ ហើយដែលបង្ហាញ បំណងប្រាថ្នាថា ចង់នៅលីវ ជាសាធារណៈ ដោយសារ​សេចក្ដីស្រលាញ់ចំពោះព្រះរាជ្យរបស់ព្រះជាម្ចាស់ និងដើម្បីបម្រើមនុស្សលោក។

១៦០០. ពួកអភិបាលមានមុខងារប្រគល់អគ្គសញ្ញាតែងតាំងទាំងបីលំដាប់ថ្នាក់។

ប្រការទី៧៖​ ​អគ្គសញ្ញាអាពាហ៍ពិពាហ៍

១៦០១. “ដោយសម្ព័ន្ធ​មេត្រីជាគូស្វាមី​ភរិយា ​បុរស​និងស្រ្តីរួមរស់​ជា​មួយ​គ្នាអស់មួយជីវិត។ លក្ខណៈ​ផ្ទាល់​នៃ​​សហគមន៍នេះ ​មានគោលដៅតម្រង់ទៅរកផលប្រយោជន៍គូស្វាមីភរិយា ការបន្តពូជ និងការអប់រំកូន។ ព្រះ​គ្រីស្ត​ជាព្រះអម្ចាស់​បាន​លើក​សម័្ពន្ធមេត្រី​រវាងគ្រីស្តបរិស័ទនេះឱ្យមានឋានៈជាអគ្គសញ្ញា” (CIC ១០៥៥,១)។​

១. អាពាហ៍ពិពាហ៍ក្នុងគម្រោងការរបស់ព្រះជាម្ចាស់

១៦០២. ព្រះគម្ពីរដ៏វិសុទ្ធចាប់ផ្តើមដោយព្រះជាម្ចាស់បង្កើតមនុស្សជាបុរស ជាស្រ្តី ជាតំណាងរបស់ព្រះ​ជាម្ចាស់ និង​មានលក្ខណៈដូចព្រះអង្គដែរ (កណ ១,២៦-២៧) ហើយព្រះគម្ពីរបញ្ចប់លើសុបិននិមិត្តអំពី “ពិធី​មង្គលការ​របស់​កូនចៀម” (វវ ១៩,៧.៩)។ ពីសេចក្ដីផ្ដើមរហូតដល់សេចក្ដីបញ្ចប់ ព្រះគម្ពីរថ្លៃងអំពី “គម្រោងការ​ដ៏​លាក់កំបាំង” នៃ​អាពាហ៍ពិពាហ៍ អំពីការតែងតាំង និងអត្ថន័យដែលព្រះជាម្ចាស់បាន​ប្រទានឱ្យ​អាពាហ៍ពិពាហ៍ អំពី​ប្រភព និង​ទី​ដៅ​នៃអាពាហ៍ពិពាហ៍។ ក្នុង​អម្លុង​ប្រវត្តិ​សាស្រ្ត​នៃ​ការសង្រ្គោះ មានចែងទុក​នៅ​​ក្នុង​គម្ពីរថា គូស្វាមីភរិយា​បាន​​ជួបប្រទះនឹង​ការ​លំ​បាក​ផ្សេងៗដែលមកពីអំពើបាប និងបានកើតជាថ្មី “ក្នុង​អង្គ​ព្រះ​អម្ចាស់” (១ករ ៧,៣៩) គឺក្នុង​សម័្ពន្ធ​មេត្រី​ថ្មី​រវាង​​ព្រះគ្រីស្ត និងព្រះសហគមន៍ (អភ ៥,៣១-៣២)។

អាពាហ៍ពិពាហ៍ក្នុងការចាត់ចែងនៃការបង្កើត

១៦០៣. “គូស្វាមីភរិយា ពិតជាសហគមន៍​ដ៏ជ្រាលជ្រៅ​ម៉្យាង ដោយអ្នកទាំង​ពីររួមរស់ជាមួយគ្នា​និង​ស្រឡាញ់​​គ្នា។ ព្រះជាម្ចាស់ជាអ្នកបង្កើត​តែង​​​តាំង​​​សហគមន៍នេះ និងប្រទានឱ្យសហគមន៍នេះ​មានវិន័យ​ផ្ទាល់” (GS ៤៨,១)។ លក្ខណៈផ្ទាល់របស់មនុស្សប្រុស និងមនុស្សស្រី មកពីព្រះហស្តរបស់ព្រះបង្កើត ហើយ​ព្រះ​​អង្គ​ត្រាស់​ហៅ​គេ​ឱ្យ​រៀបការ។ ទោះបីមានការផ្លាស់ប្តូរជាច្រើន អស់រយៈពេលជាច្រើនសតវត្សមកហើយ​ក្ដី តាម​វប្បធម៌ រចនាសម្ព័ន្ធ​ក្នុង​សង្គម និងតាមអាកប្បកិរិយាខាងវិញ្ញាណផ្សេងៗយ៉ាងណាក្ដី អាពាហ៍ពិពាហ៍​មិន​សុទ្ធ​តែជាការតាក់តែងរបស់​​មនុស្ស​ទេ។ ទោះបីមានលក្ខណៈផ្សេងៗពីគ្នាក៏ដោយ ក៏យើងមិនត្រូវភ្លេចលក្ខណៈ​រួម និងជាអចិន្ត្រៃយ៍ផង​ដែរ។ ទោះ​បីជា​មនុស្ស​នៅគ្រប់ទីកន្លែង​​​មិនចាប់អារម្មណ៍ចំពោះ​កិត្តិយស​ដ៏​ថ្លៃថ្នូរ​នៃ​អាពាហ៍ពិពាហ៍​​យ៉ាងណាក៏​ដោយ (GS ៤៧,២) ក៏វប្បធម៌ទាំងអស់ទទួលស្គាល់ថា អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ដ៏​ប្រសើរដែរ ដ្បិត “សន្តិភាព​​​​​របស់​បុគ្គល​ម្នាក់ៗ និងសន្តិភាពរបស់សង្គម  ភ្ជាប់​​​យ៉ាង​ជិត​ស្និទ្ធនឹងការរីកចម្រើន​នៃ​សហគមន៍​​គូស្វាមី​ភរិយា និងរបស់សហគមន៍ក្រុមគ្រួសារ” (GS ៤៧,១)។

១៦០៤. ព្រះជាម្ចាស់ ដែលបានបង្កើតមនុស្សដោយសារសេចក្ដីស្រលាញ់ ទ្រង់ក៏បានត្រាស់ហៅគេ​ឱ្យ​ស្រលាញ់ ដែលជាការត្រាស់ហៅមូលដ្ឋានចំពោះមនុស្សគ្រប់រូបតាំងពីកំណើតមកម្ល៉េះ ដ្បិតព្រះ​ជាម្ចាស់ បានបង្កើតមនុស្សជាតំណាង និងមានលក្ខណៈរបស់ព្រះអង្គ (កណ ១,២៧) ដែលមានព្រះអង្គ​ផ្ទាល់​ជា​សេចក្ដី​ស្រលាញ់ (១យហ ៤,៨.១៦)។ ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរស ជាស្រ្តី សេចក្ដី​ស្រលាញ់​របស់​គេ​ចំពោះ​គ្នា​ទៅវិញទៅមក និងដែលមិនអាចផ្តាច់បាន ក្លាយទៅជាតំណាងនៃសេចក្ដីស្រលាញ់ដ៏ខ្ពង់ខ្ពស់ជាទីបំផុត របស់ព្រះអង្គចំពោះមនុស្សលោក។ ចំពោះព្រះបង្កើត សេចក្ដីស្រលាញ់នេះ ល្អណាស់ ល្អប្រសើរបំផុត (កណ ១,៣១)។​ ព្រះជាម្ចាស់ប្រទានព្រះពរដល់សេចក្ដីស្រលាញ់នេះ ក្នុងគោលដៅឱ្យបង្កើតផល និងឱ្យ​បាន​សម្រេចក្នុង​ការ​ថែ​ទាំ​ពិភពលោក៖ “ ព្រះជាម្ចាស់បានប្រទានពរឱ្យគេ ​គឺ​ព្រះអង្គមានព្រះបន្ទូលថា៖​ “ចូរបង្កើត​កូន​​ចៅ​ឱ្យ​​​បាន​កើន​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី​ហើយត្រួតត្រាផែនដី” (កណ ១,២៨)។

១៦០៥. ព្រះគម្ពីរដ៏វិសុទ្ធអះអាងថា ព្រះជាម្ចាស់បានបង្កើតមនុស្សប្រុស និងមនុស្សស្រីដើម្បីគ្នាទៅវិញ ទៅមក៖ “បើមនុស្សប្រុសនៅតែម្នាក់ឯងដូច្នេះ មិនស្រួលទេ”។ ព្រះជាម្ចាស់ប្រទានស្រ្តី ជា “សាច់ដែលកើតចេញ​មក​ពី​សាច់” របស់គេ ពោលគឺខ្លួនគេផ្សេងម្នាក់ទៀត មនុស្សម្នាក់ដែលមានឋានៈស្មើនឹងគេ ជិតស្និទ្ធនឹងគេជា​ទី​បំផុត ដូចជា “អ្នកជំនួយ” ជា​តំណាងរបស់ “ព្រះជាម្ចាស់ដែលយាងមកជួយយើង” (ទន ១២១,២)។ “ ‌ហេតុនេះ ​បុរស​ចាក​ចេញ​ពី​ឪពុកម្តាយ​ទៅ​​រួមរស់ជាមួយភរិយារបស់ខ្លួន ​ហើយអ្នកទាំងពីរក្លាយ​ទៅ​ជា​រូប​កាយ​តែ​មួយ” (កណ ២,១៨-២៥)។ ព្រះអម្ចាស់ផ្ទាល់បង្ហាញថា បុរស និងស្រ្តីត្រូវរួមរស់ជាមួយគ្នា ដោយមិនអាចបំបែក​ពី​គ្នា​បាន​ឡើយ ដោយទ្រង់​រំលឹកអំពីគម្រោងការដំបូងរបស់ព្រះបង្កើត៖ “គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូប​កាយ​តែមួយវិញ” (មថ ១៩,៦)។

អាពាហ៍ពិពាហ៍ក្រោមអំណាចនៃអំពើបាប

១៦០៦. មនុស្សគ្រប់ៗរូបដកពិសោធន៍អំពីអំពើអាក្រក់ នៅជុំវិញខ្លួន និងនៅក្នុងខ្លួនឯងផង។ បទ​ពិសោធន៍​​នេះ ស្ថិតនៅក្នុងទំនាក់ទំនងរវាងបុរស និងស្រ្តីដែរ។ តាំងពីដើមដំបូងបង្អស់ គូស្វាមីភរិយា​ឈ្លោះទាស់​ទែង​គ្នា ចង់​ធ្វើ​ជាម្ចាស់លើគ្នាទៅវិញទៅមក គ្មានភក្ដីភាពនឹងគ្នា ច្រណែនគ្នា និងអាចជំទាស់​រហូត​ដល់​ស្អប់​គ្នា និងបែកចេញពី​គ្នា​ទៀតផង។ ភាពច្របូកច្របល់នេះ អាចលេចឡើងខ្លាំង ឬតិច ជួនកាលអាចពុះពារបាន ឬមិនបាន ទៅតាមវប្បធម៌ តាមសម័យ​កាល ឬតាមបុគ្គល ប៉ុន្តែភាពច្របូកច្របល់នេះហាក់ដូចជាមានលក្ខណៈ​សកល។

១៦០៧. បើតាមជំនឿ ភាពច្របូកច្របល់នេះ ដែលយើងយល់ឃើញយ៉ាងឈឺចាប់ មិនមែនមក​ពី​លក្ចណៈ របស់បុរស និងស្រី្ត ឬពីលក្ខណៈនៃទំនាក់ទំនងរវាងពួកគេទេ ប៉ុន្តែមកពីអំពើបាប ។ អំពើបាបដើម​ដំបូង​​ផ្តាច់​ទំនាក់​ទំនងជាមួយព្រះជាម្ចាស់ ហើយបង្កើតផលវិបាកដំបូងថា បុរស​ និងស្រ្តីដែល​ដើម​ដំបូង​រួប​រួម​ជាមួយ​គ្នា ផ្តាច់​​ទំនាក់​ទំនងរវាងគ្នានឹងគ្នា។ គេចោទប្រកាន់គ្នា (កណ​ ៣,១២) ​គេលែង​ទាក់​ទាញគ្នា (ការទាក់​ទាញ​គ្នា​ជា​ព្រះ​​អំណោយ​ទាន​ដែល​មកពីព្រះជាម្ចាស់ - កណ ២,២២) ដើម្បីធ្វើជាម្ចាស់លើ​គ្នាទៅ​វិញ​ទៅមក ហើយ​​គេ​​មាន​ចិត្ត​លោភលន់ (កណ ៣,១៦ខ)។ នៅពេលស្រ្តីមានផ្ទៃពោះ នាងសម្រាលកូនដោយឈឺចុកចាប់ ឯ​បុរស​វិញ គេ​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិតដោយបង្ហូរញើស (កណ ៣,១៦-១៩)។

១៦០៨. ក៏ប៉ុន្តែ ទោះបីមានភាពច្របូកច្របល់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែរក្សាសណ្តាប់ធ្នាប់ នៃការបង្កើត។ ដើម្បីព្យាបាលមុខរបួសនៃអំពើបាប បុរស និងស្រី្តត្រូវការជំនួយនៃ​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះ​ជាម្ចាស់ ដែលព្រះអង្គពោរពេញទៅដោយធម៌មេត្តាករុណាឥតព្រំដែន​ មិន​ដែល​បដិសេធក្នុងការ​ប្រទាន​ទេ (កណ ៣,២១)។ បើព្រះជាម្ចាស់មិនយាងមកជួយទេ បុរស និងស្រី្ត​មិនអាចរួមរស់ជាមួយគ្នា តាម​គម្រោងការ “ដើមដំបូងបង្អស់” របស់ព្រះជាម្ចាស់បានឡើយ។

អាពាហ៍ពិពាហ៍ក្រោមគរុកោសល្យនៃធម្មវិន័យ

១៦០៩. ព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាមិនបានបោះបង់មនុស្សបាបចោល។ ទោះបី​ព្រះ​អង្គដាក់​ទោសអ្នកបាប ដូចជាស្រ្តីសម្រាលកូនដោយ “ឈឺចុកចាប់” (កណ ៣,១៦) ឬបុរសរកស៊ី​ចិញ្ចឹម​ជីវិត “ដោយ​​បង្ហូរ​ញើស” (កណ ៣,១៩) យ៉ាងណាក៏ដោយ ក៏ទោសទាំងអស់នោះ ដូចជា​ថ្នាំ​ព្យា​បាល​ផល​​វិបាក​នៃអំពើ​បាប​ដែរ។ ក្រោយពីមនុស្សបានធ្លាក់ខ្លួនជាអ្នកបាប អាពាហ៍ពិពាហ៍ជួយមនុស្សកុំឱ្យគិតតែពីខ្លួនឯង កុំ​ឱ្យ​គេ​ភ្លើត​ភ្លើននឹងការសប្បាយផ្ទាល់ខ្លួន ប៉ុន្តែឱ្យគេបើកចិត្តទូលាយចំពោះគូរបស់ខ្លួន ឱ្យគេចេះជួយគ្នា​ទៅ​វិញ​​​​ទៅ​មក ឱ្យ​គេចេះប្រគល់ខ្លួនចំពោះគ្នាទៅវិញ​​​ទៅមក។

១៦១០. ក្រោមគរុកោសល្យនៃធម្មវិន័យចាស់ មនុស្សបានយល់ឃើញថា អាពាហ៍ពិពាហ៍​ទាម​ទារ​ឱ្យ​បុរស​មានភរិយាតែមួយ ឬស្រ្តីមានស្វាមីតែមួយ ហើយគូស្វាមីភរិយា​មិន​​អាចបំបែកពីគ្នាបានឡើយ។ បុព្វបុរស និងស្ដេចនៅតែអាចមានភរិយាច្រើន​ ក៏ប៉ុន្តែធម្មវិន័យ ដែលលោកម៉ូសេបានទទួល ​មានគោលដៅការពារស្រ្តី​ប្រឆាំង​​នឹងការគ្រប់គ្រងតាមអំពើចិត្តរបស់បុរស ទោះបីតាមធម្មវិន័យនេះ លោកម៉ូសេអនុញ្ញាតឱ្យបុរស​លែង​ភរិយា ដោយសារមនុស្សមាន “ចិត្តរឹងរូស” (មថ ១៩,៨; ទក ២៤,១) យ៉ាងណាក៏ដោយ។

១៦១១. ដោយឈ្វេងយល់ថា សម័្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយជនជាតិអ៊ីស្រាអែលដូចជាសេចក្ដី ស្រលាញ់តែមួយដ៏ស្មោះភក្តីរវាងគូស្វាមីភរិយា (ហស ១-៣; អស ៥៤; ៦២; យរ ២-៣; ៣១; អគ ១៦; ២៣) ពួកព្យាការីបានរៀបចំចិត្តគំនិត​របស់ប្រជាជនដែលព្រះជាម្ចាស់បានជ្រើសរើស​ឱ្យយល់កាន់តែ​ស៊ី​ជម្រៅ​​ថា បុរស​ត្រូវតែមានភរិយាតែមួយ ឬស្រ្តីមានស្វាមីតែមួយ ហើយគូស្វាមីភរិយា​មិន​​អាចបំបែកពីគ្នាបានឡើយ (មគ ២,១៣-១៧)។ ក័ណ្ឌគម្ពីរនាងរូថ និងលោកតូប៊ីត ផ្តល់សក្ខីភាពដ៏គួរឱ្យរំភើបអំពីអត្ថន័យ​ដ៏ខ្ពង់ខ្ពស់​នៃ​អាពាហ៍​ពិពាហ៍ អំពីភក្ដីភាព និងអំពីសេចក្ដីថ្នាក់ថ្នមរបស់គូស្វាមីភរិយា។ ការបញ្ជូនបន្តតែងតែយល់ឃើញថា បទ​​ចម្រៀង​​ព្រះ​បាទ​សាឡូម៉ូន ដែលបង្ហាញអំពីសេចក្ដីស្រលាញ់របស់មនុស្សលោក ឆ្លុះបញ្ចាំងសេចក្ដី​ស្រលាញ់​របស់​​​​ព្រះ​ជាម្ចាស់ ដែល “មានកម្លាំងដូចសេចក្ដីស្លាប់” និងដែល “ទន្លេទាំងប៉ុន្មានពុំអាចពន្លិច” បានឡើយ (បច ៨,៦-៧)។

អាពាហ៍ពិពាហ៍នៅក្នុងអង្គព្រះអម្ចាស់

១៦១២. សម្ព័ន្ធមេត្រីជាគូស្វាមីភរិយារវាងព្រះជាម្ចាស់ និងប្រជារាស្រ្តអ៊ីស្រាអែលបានរៀបចំសម្ព័ន្ធមេត្រី​ថ្មី និងអស់កល្បជានិច្ច ដែលព្រះបុត្រារបស់ព្រះជាម្ចាស់បានរួបរួមម្យ៉ាងជាមួយមនុស្សជាតិទាំងស្រុង ដែលព្រះ​អង្គ​បានសង្រ្គោះ ដោយ​ប្រសូតជាមនុស្ស និងដោយបូជាព្រះជន្ម (GS ២២) ហេតុនេះ​ព្រះអង្គបានរៀបចំ “ពិធី​មង្គល​​ការ​​របស់​កូន​ចៀម” (វវ ១៩,៧.៩)។

១៦១៣. ពេលចាប់ផ្តើមជីវិតជាសាធារណៈ ព្រះយេស៊ូធ្វើសញ្ញាសម្គាល់ដំបូងរបស់ព្រះអង្គ - ដោយ​សារ​ពាក្យ​សុំរបស់ព្រះមាតា - នៅក្នុងពិធីមង្គលការមួយ (យហ ២,១-១១)។​ ព្រះសហគមន៍ចាត់ទុកថា វត្តមាន​របស់​ព្រះ​យេស៊ូក្នុងពិធីមង្គលការនៅភូមិកាណាមានសារៈសំខាន់ណាស់។ ព្រះសហគមន៍យល់ឃើញថា វត្តមាននេះ បញ្ជាក់ថា អាពាហ៍ពិពាហ៍ជាកិច្ចប្រពៃណាស់ និងប្រកាសថា ចាប់ពីពេលនេះទៅ អាពាហ៍​ពិ​ពាហ៍​​ជា​សញ្ញា​សម្គាល់​ដ៏មាន​ប្រសិទ្ធ​ភាពនៃវត្តមានរបស់ព្រះគ្រីស្ត។

១៦១៤. ក្នុងធម៌ទេសនារបស់ព្រះអង្គ ព្រះយេស៊ូបានប្រៀនប្រដៅយ៉ាងច្បាស់នូវអត្ថន័យដំបូងនៃការ​រួប​រួម​រវាងបុរស​ និងស្រ្តី តាមព្រះហឫទ័យដើមដំបូងរបស់ព្រះបង្កើត។ លោកម៉ូសេ​អនុញ្ញាតឱ្យ​បុរសលែងភរិយា ពី​ព្រោះមនុស្សមានចិត្តរឹងរូស (មថ ១៩,៨) ប៉ុន្តែ គូស្វាមីភរិយាមិនអាចបំបែកពីគ្នាបានឡើយ ដ្បិត​ព្រះជាម្ចាស់​ផ្ទាល់​បានចងសម្ព័ន្ធមេត្រីនេះ៖ “មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ” (មថ ១៩,៦)។

១៦១៥. ដោយសារព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ថា គូស្វាមីភរិយាមិនអាចបំបែកពីគ្នាបាន មនុស្ស​ខ្លះ​​បានគិតថា ការទាមទារបែបនេះធ្វើមិនកើតឡើយ (មថ ១៩,១០)។ ក៏ប៉ុន្តែ ព្រះយេស៊ូមិនបានដាក់​បន្ទុក​ធ្ងន់​ជ្រុលជាងធម៌វិន័យរបស់លលោកម៉ូសេ លើគូស្វាមីភរិយា (មថ ១១,២៩-៣០)។ ដោយព្រះអង្គយាងមករៀបចំ​ឡើង​​​​វិញសណ្តាប់ធ្នាប់នៃការបង្កើត ដែលអំពើបាបបានធ្វើឱ្យច្របូកច្របល់ ព្រះអង្គ​ប្រទានកម្លាំងផ្ទាល់ និង​ការ​​ប្រណីសន្តោស ដើម្បីឱ្យគូស្វាមីភរិយាអាចរៀបការ តាមលក្ខណៈថ្មីនៃព្រះរាជ្យរបស់ព្រះជាម្ចាស់។ ដោយ​ដើរ​តាមព្រះគ្រីស្ត ដោយលះបង់ផលប្រយោជន៍ផ្ទាល់ និងដោយលីឈើឆ្កាងលើខ្លួនឯង (មក ៨,៣៤) គូស្វាមី​ភរិយា​នឹងអាច “យល់” (មថ ១៩,១១) អត្ថន័យដំបូងនៃអាពាហ៍ពិពាហ៍ និងប្រតិបត្តិតាម ដោយមាន​ជំនួយ​អំពី​ព្រះ​គ្រីស្ត។ ព្រះអំណោយទាននៃអាពាហ៍ពិពាហ៍របស់​គ្រីស្ត​បរិស័ទ​នេះ ជាផល​ផ្លែ​នៃ​​ព្រះ​ឈើ​ឆ្កាង​របស់​ព្រះ​គ្រីស្ត ដែល​ជាប្រភពនៃជីវិតរបស់គ្រីស្តបិរស័ទ។

១៦១៦. គ្រីស្តទូតប៉ូលធ្វើឱ្យយើងយល់អំពីអត្ថន័យនេះ ដោយមានប្រសាសន៍ថា៖ “ ចំពោះ​បងប្អូន​ដែល​​មាន​ប្រពន្ធ​វិញ‌​ ចូរ​ស្រឡាញ់​ភរិយា​ដូច​ព្រះគ្រីស្ត​បាន​ស្រឡាញ់​ព្រះ​សហគមន៍​ដែរ​ ព្រះអង្គ​បូជា​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់​សម្រាប់​ព្រះ​សហគមន៍​ ‌​ដើម្បី​ប្រោសឱ្យ​ព្រះ​សហគមន៍​បាន​ទៅជា​វិសុទ្ធ” (អភ ៥,២៥-២៦) ហើយ​​​លោកបន្ថែម​ភ្លាមថា៖ “‌​ហេតុនេះ​ហើយ ​បាន​ជា​បុរស​ត្រូវ​ចាកចេញ​ពី​ឪពុក​ម្ដាយ​ ទៅ​រួមរស់​ជាមួយ​ភរិយា​របស់​ខ្លួន​ ហើយ​អ្នក​ទាំងពីរ​នឹង​បាន​ទៅជា​រូបកាយ​តែមួយ ‌​​គម្រោងការ​ដ៏​លាក់​កំបាំង​នេះ​ មាន​អត្ថន័យជ្រាល​ជ្រៅ​ណាស់‌​ ខ្ញុំ​និយាយ​សេចក្ដី​​នេះ​សម្ដៅ​លើ​ព្រះគ្រីស្ត​ និង​ព្រះ​សហគមន៍​តែ​ប៉ុណ្ណោះ” (អភ ៥,៣១-៣២)។

១៦១៧. សេចក្ដីស្រលាញ់ជាគូស្វាមីភរិយារវាងព្រះគ្រីស្ត និងព្រះសហគមន៍ដៅចំណាម​ជីវិត​ទាំង​ស្រុង​របស់​​គ្រីស្ត​បរិស័ទ។ ពិធីជ្រមុជទឹក ដែលបញ្ចូលក្នុងប្រជាជនរបស់ព្រះជាម្ចាស់ ជាអាថ៌កំបាំងដ៏អស្ចារ្យ​នៃ​អាពាហ៍​ពិពាហ៍​ស្រេចទៅហើយ ហាក់ដូចជាពិធីជម្រះឱ្យបានស្អាតបរិសុទ្ធ មុននឹងពិធីជប់លៀងនៃពិធីមង្គលការ ដែល​ជាពិធី​អរ​ព្រះ​គុណ។ ឯអាពា​ហ៍ពិពាហ៍របស់គ្រីស្តបរិស័ទទៅជាសញ្ញាសម្គាល់ដ៏មានប្រសិទ្ធភាព និងទៅជា​អគ្គ​​សញ្ញា​នៃ​សម័្ពន្ធ​មេត្រីរវាងព្រះគ្រីស្ត និងព្រះសហគមន៍។ ដោយសារអាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទសម្ដៅ និង​​ផ្តល់​ការ ប្រណី​សន្តោស​ អាពាហ៍​ពិពាហ៍​នេះ ជាអគ្គសញ្ញាដ៏ពិតប្រាកដនៃសម្ព័ន្ធមេត្រីថ្មី (DS ១៨០០; CIC ១០៥៥,២)។

ព្រហ្មចារិយភាពដើម្បីព្រះរាជ្យ

១៦១៨. ព្រះគ្រីស្តជាស្នូលនៃការរស់នៅរបស់គ្រីស្តបរិស័ទ។ ចំណងជាមួយព្រះអង្គ​សំខាន់ជាងចំណង​ឯ​ទៀតៗ ដូចជាចំណងជាមួយក្រុមគ្រួសារ ឬចំណងនៅក្នុងសង្គម (លក ១៤,២៦; មក ១០,២៨-៣១)។ ចាប់​តាំង​ពីព្រះសហគមន៍ដើមដំបូង មានបុរស និងស្រ្តី មិនព្រមរៀបការ ដើម្បីដើរតាមកូនចៀមនៅគ្រប់ទីកន្លែងទាំង​អស់ (វវ ១៤,៤) ដើម្បីខ្វល់ខ្វាយនឹងព្រះអម្ចាស់ ដើម្បីបានគាប់ព្រះហឫទ័យព្រះអង្គ (១ករ ៧,៣២) និង​ដើម្បី​រត់​ទៅ​​ទទួល​ព្រះ​ស្វាមី (មថ ២៥,៦)។ ព្រះគ្រីស្តផ្ទាល់អញ្ជើញអ្នកខ្លះឱ្យដើរតាមព្រះអង្គ តាម​របៀប​រស់​នៅ​បែប​នេះ ដែលព្រះអង្គនៅតែជាគំរូ៖

អ្នក​ខ្លះ​មិន​អាច​រៀប​ការ​បាន តាំងពី​កំណើត​មក។​‌ អ្នកខ្លះ​ទៀត​មិន​អាច​រៀប​ការ​បាន​ មក​ពី​ត្រូវ​គេ​ក្រៀវ។‌​ រី​ឯ​​​អ្នកខ្លះ​ទៀត​មិន​រៀបការ​ មកពី​យល់​ដល់​ព្រះ​រាជ្យ​នៃ​ស្ថាន​បរម​សុខ។​ ‌អ្នក​ណា​មាន​ប្រាជ្ញា‌‌‌​ ចូរ​យក​ពាក្យ​នេះ​ទៅ​រិះ​គិត​​ឱ្យ​​យល់​ចុះ​! (មថ ១៩,១២)។

១៦១៩. ព្រហ្មចារិយភាព ដើម្បីព្រះរាជ្យនៃស្ថានបរមសុខ មកពីព្រះអំណោយទាននៃពិធីជ្រមុជទឹក ជា​សញ្ញា​​សម្គាល់ដ៏មានឫទ្ធានុភាព ដែលបង្ហាញថា ចំណងជាមួយព្រះគ្រីស្តសំខាន់លើសអ្វីៗទាំងអស់។ ព្រហ្មចារី​ទន្ធឹង​រង់ចាំឱ្យព្រះអង្គយាងមកវិញ និងជាសញ្ញាសម្គាល់រំលឹកថា អាពាហ៍ពិពាហ៍ក្នុងលោកនេះ​ចេះ​តែ​កន្លង​ផុត​​ទៅហើយ (មក ១២,២៥; ១ករ ៧,៣១)។

១៦២០. ទាំងអគ្គសញ្ញាអាពាហ៍ពិពាហ៍ ទាំងព្រហ្មចារិយភាពដើម្បីព្រះរាជ្យ មកពីព្រះអម្ចាស់ផ្ទាល់។ គឺ​ព្រះ​អង្គនេះហើយ ដែលផ្តល់អត្ថន័យដល់កិច្ចការទាំងពីរនោះ និងប្រទានការប្រណីសន្តោសជាចាំបាច់ ដើម្បីអាច​ប្រតិបត្តិតាម​ព្រះហឫទ័យរបស់ព្រះអង្គ (មថ ១៩,៣-១២)។ ការលើកតម្លៃនៃព្រហ្មចារិយភាពដើម្បីព្រះរាជ្យ (LG ៤២; PC ១២; OT ១០) និងអត្ថន័យនៃអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនាមិនអាចបំបែកពីគ្នាបាន និងបំពេញ​គ្នា​ទៅវិញទៅមក៖

បើយើងប្រមាថអាពាហ៍ពិពាហ៍ យើងក៏បញ្ចុះតម្លៃនៃសិរីរុងរឿងរបស់ព្រហ្មចារិយភាពដែរ។ បើ​យើង​លើក​តម្កើងអាពាហ៍ពិពាហ៍ យើងក៏លើកកិត្តិយសនៃព្រហ្មចារិយភាពដែរ (...) ដ្បិតអ្វីដែលហាក់ដូចជាល្អបើប្រៀប​ធៀប​នឹង​សេចក្ដី​អាក្រក់ មិនអាចទៅជាសេចក្ដីល្អពេញលក្ខណៈឡើយ ប៉ុន្តែអ្វីដែលល្អជាងសេចក្ដីល្អដែលមិនអាច​ប្រកែកបាន ជាសេចក្ដីល្អតែម្តង (សន្ត យ៉ូហាន គ្រីសូស្តូម; FC ១៦)។

២. ការប្រារព្ធពិធីអាពាហ៍ពិពាហ៍

១៦២១. ក្នុងពិធីនៃបស្ចិមប្រទេស ជាធម្មតា គ្រីស្តបរិស័ទកាតូលិកពីរនាក់រៀបការក្នុងពេលថ្វាយអភិបូជា ដ៏វិសុទ្ធ ដ្បិតអគ្គសញ្ញាទាំងអស់ភ្ជាប់ចំណងនឹងបុណ្យចម្លងរបស់ព្រះគ្រីស្ត (SC ៦១)។​ ពិធីនឹករលឹកនៃ​សម្ព័ន្ធ​មេត្រី​ថ្មី ដែលព្រះគ្រីស្តបានរួបរួមជាដរាបជាមួយព្រះសហគមន៍ ជាព្រះមហេសីដ៏ជាទីស្រលាញ់របស់ព្រះអង្គ សម្រេច​ក្នុងពិធីអរព្រះគុណ។ ព្រះអង្គក៏បានបូជាព្រះជន្មដើម្បីព្រះមហេសីនេះ (LG ៦)។ ដូច្នេះហើយ បានជា គូស្វាមីភរិយាគួរចងសម្ព័ន្ធមេត្រីប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក ដោយថ្វាយខ្លួនទាំងស្រុង រួមជាមួយ​នឹង​សក្ការ​បូជារ​បស់​ព្រះ​គ្រីស្តចំពោះព្រះសហគមន៍ព្រះអង្គ ដែលមានវត្តមានក្នុងអភិបូជា ហើយដោយ​ទទួល​ព្រះ​កាយ​ព្រះ​លោហិត​ព្រះគ្រីស្ត ដើម្បីឱ្យពួកគេ “ធ្វើជារូបកាយតែមួយ” ក្នុងអង្គព្រះគ្រីស្ត (១ករ ១០,១៧)។

១៦២២. “ដោយសារពិធីអាពាហ៍ពិពាហ៍ជាកិច្ចការខាងអគ្គសញ្ញា ដែលធ្វើឱ្យបានវិសុទ្ធ ពិ​ធី​នេះ (...) ត្រូវតែត្រឹមត្រូវ សមរម្យ និងត្រូវបង្កើតផល” (FC ៦៧)។ ដូច្នេះ គូដណ្តឹងគួររៀបចំខ្លួនប្រារព្ធពិធីអាពាហ៍ពិពាហ៍ ដោយទទួលអគ្គសញ្ញាលើកលែងទោស។

១៦២៣. ក្នុងព្រះសហគមន៍ខាងបស្ចិមប្រទេស ជាធម្មតា យើងចាត់ទុក គូស្វាមីភរិយា ក្នុងឋានៈជាអ្នក បម្រើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ផ្តល់អគ្គសញ្ញាអាពាហ៍ពិពាហ៍ឱ្យគ្នាទៅវិញទៅមក ដោយ សម្ដែងចំពោះព្រះសហគមន៍ថា ពួកគេយល់ព្រមរៀបការជាមួយគ្នា។ ក្នុងពិធីបុណ្យខាងបូព៌ាប្រទេស ក្រោយ​ពី​បាន​ទទួល​ពាក្យសន្យារបស់​គូ​ស្វាមី​ភរិយា អ្នកបម្រើនៃអគ្គសញ្ញា (ដែលគេហៅថា “ពិធីអភិសេក”) ជាលោក​បូជាចារ្យ ឬ​លោក​អភិបាល អភិសេកស្វាមី និងភរិយា​ជា​បន្ត​បន្ទាប់ ជាសញ្ញាសម្គាល់ថា ពួកគេបាន​ចង​សម្ព័ន្ធ​មេត្រី។

១៦២៤. ក្នុងពិធីបុណ្យផ្សេងៗ មានសេចក្ដីអធិដ្ឋាន និងពាក្យអង្វរជាច្រើន​ឱ្យ​ព្រះ​ជាម្ចាស់​ប្រោស​ប្រទាន​ព្រះ​ហឫទ័យប្រណីសន្តោស និងប្រទានព្រះពរដល់គូស្វាមីភរិយាថ្មី ជាពិសេសដល់ភរិយា។ ក្នុងពាក្យ​អង្វរ​​នៃ​អគ្គ​សញ្ញានេះ គូស្វាមីភរិយាទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាការរួបរួមពោរពេញដោយសេចក្ដីស្រលាញ់​រវាង​​ព្រះ​គ្រីស្ត និងព្រះសហគមន៍ (អភ ៥,៣២)។ ព្រះវិញ្ញាណជាត្រានៃសម្ព័ន្ធមេត្រីរបស់គេ ជាប្រភព​​ឥតរីងស្ងួត​នៃ​​សេចក្ដី​ស្រលាញ់របស់គេ ជាកម្លាំងដើម្បីឱ្យគេនៅភក្ដីនឹងគ្នាជានិច្ច។

៣. ការយល់ព្រមឱ្យរៀបអាពាហ៍ពិពាហ៍

១៦២៥. គូស្រករនៃអាពាហ៍ពិពាហ៍ជាបុរសម្នាក់ និងជាស្រ្តីម្នាក់ ដែលបានជ្រមុជទឹក មានសេរីភាពក្នុង​ការ​​រៀប​អាពាហ៍ពិពាហ៍ ហើយដែលបង្ហាញថា ពួកគេយល់ព្រមរៀបការជាមួយគ្នា។ “មានសេរីភាព” មាន​ន័យ​ថា៖

  • គ្មានការបង្ខិតបង្ខំ
  • គ្មានច្បាប់ធម្មជាតិ ឬច្បាប់របស់ព្រះសហគមន៍រារាំងគេមិនឱ្យរៀបការឡើយ។

១៦២៦. ព្រះសហគមន៍ចាត់ទុកថា គូស្វាមីភរិយាត្រូវតែយល់ព្រមរៀបការជាមួយគ្នា។ ការយល់ព្រម​នេះ ជាផ្នែកដ៏ចាំបាច់ដែល “បង្កើតអាពាហ៍ពិពាហ៍” (CIC ១០៥៧,១)។ ប្រសិនបើគូស្រករមិនយល់ព្រមទេ គ្មាន​អាពាហ៍ពិពាហ៍ឡើយ។

១៦២៧. “ពេលគូស្វាមីភរិយាប្រគល់ខ្លួនទៅវិញទៅមក និងទទួលគ្នាទៅវិញទៅមក អ្នកទាំងពីរ​ពិត​ជា​ប្រព្រឹត្ត​​កិច្ច​​​មួយ​​​. ដែលមាន​​​លក្ខណៈ​​​មនុស្សជាតិ​​​សុទ្ធសាធ” (GS ៤៨,១; CIC ១០៥៧,២)៖  “បងយក​អូន​ធ្វើ​ជា​​ភរិយាបង - អូនយកបងធ្វើជាស្វាមីអូន” (OcM ៤៥)។​ ពេលអ្នកទាំងពីរ “ធ្វើជារូបកាយតែមួយ” (កណ ២,២៤; មក ១០,៨; អភ ៥,៣១) ពួកគេបំពេញពាក្យសន្យានេះ ដែលចងគូស្វាមីភរិយាជាមួយគ្នា។

១៦២៨. គូស្រករម្នាក់ៗត្រូវមានបំណងរៀបការជាមួយគ្នា ដោយគ្មានអំពើហិង្សា ឬការបំភ័យ​ធ្ងន់​ធ្ងរ​ណា​មួយ​ពីខាងក្រៅឡើយ (CIC ១១០៣)។ គ្មាននរណាម្នាក់អាចជំនួសគូស្រករបាន (CIC ១០៥៧,១)។ បើ​គ្មាន​​សេរីភាព​នេះទេ អាពាហ៍ពិពាហ៍មិនត្រឹមត្រូវឡើយ។

១៦២៩. ហេតុនេះហើយ បានជា (ឬដោយសារមូលហេតុផ្សេងទៀត ដែលធ្វើឱ្យ​អាពាហ៍ពិពាហ៍​ដូច​ជា​មិន​បាន​កើត​ឡើង (CIC ១០៩៥-១១០៧) ក្រោយពីតុលាការរបស់​ព្រះសហគមន៍  ដែល​មាន​សមត្ថកិច្ច​ បាន​ពិនិត្យ​​ពិច័យ​​ស្ថានការណ៍ ព្រះសហគមន៍អាចសម្រេចថា អាពាហ៍ពិពាហ៍ “គ្មានតម្លៃ” ពោលគឺអាពាហ៍ពិពាហ៍មិន​ដែល​បាន​កើត​ឡើង។ ក្នុងករណីនេះ គូស្រករមានសេរីភាពរៀបការ។ ប៉ុន្តែ បើពួកគេ​បាន​រួប​រួម​ជាមួយគ្នា ឬជាមួយនរណា​ម្នាក់​ផ្សេង​ទៀត​ពីមុនមក ពួកគេត្រូវគោរពភារកិច្ចដែលមកពីការរួបរួមនេះ (CIC ១០៧១)។

១៦៣០. លោកបូជាចារ្យ (ឬលោកឧបដ្ឋាក) ដែលចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ទទួលពាក្យសន្យារបស់​គូស្វាមីភរិយា ក្នុងនាមព្រះសហគមន៍ និងប្រទានព្រះពររបស់ព្រះសហគមន៍។ វត្តមានរបស់អ្នកបម្រើព្រះ​សហគមន៍ (និងរបស់សាក្សីផងដែរ) សម្ដែងឱ្យមើលឃើញថា អាពាហ៍ពិពាហ៍ជារឿងដែលទាក់ទងនឹង​ព្រះ សហគមន៍។

១៦៣១. ហេតុនេះហើយ បានជាធម្មតា ព្រះសហគមន៍សុំ​ឱ្យគ្រីស្ត​បរិស័ទ​រៀប​ការ​តាម​ពិធី​បុណ្យ​ខាង​ព្រះ​សហគមន៍ (មហាសន្និបាតនៅទៅក្រុងត្រង់៖ DS ១៨១៣-១៨១៦; CIC ១១០៨)។ មូលហេតុ​ជា​ច្រើន​ពន្យល់​ឆន្ទះនេះ៖

  • អគ្គសញ្ញាអាពាហ៍ពិពាហ៍ជាកិច្ចការនៃពិធីបុណ្យ។ ហេតុនេះហើយ បានជាគួរប្រារព្ធពិធីអាពាហ៍​ពិពាហ៍​ក្នុង​ពិធី​បុណ្យសាធារណៈរបស់ព្រះសហគមន៍
  • អាពាហ៍ពិពាហ៍ត្រូវបញ្ចូលក្នុងordo (ក្រុម) នៃព្រះសហគមន៍ បង្កើតសិទិ្ធ និងភារកិច្ចក្នុងព្រះសហគមន៍ រវាង គូស្វាមីភរិយា និងចំពោះកូនៗផងដែរ
  • ដោយសារអាពាហ៍ពិពាហ៍ជារបៀបរស់នៅក្នុងព្រះសហគមន៍ ត្រូវតែដឹងច្បាស់អំពីអាពាហ៍ពិពាហ៍ (ទើបចាំបាច់ ត្រូវតែមានសាក្សី)
  • លក្ខណៈជាសាធារណៈនៃការយល់ព្រមជាកិច្ចការពារនូវពាក្យសន្យានេះ ដែលគូស្វាមីភរិយាបាន​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និងជួយគេឱ្យនៅស្មោះត្រង់នឹងពាក្យ​សន្យានេះ​ដែរ។

១៦៣២. គូស្វាមីភរិយាត្រូវតែត្រៀមខ្លួនមុននឹងរៀបការ​ ដើម្បីឱ្យពួកគេមានសេរីភាព និងទទួលវ​ខុស​ត្រូវចុះកិច្ចសន្យារវាងគ្នានឹងគ្នា ហើយ​ដើម្បី​ឱ្យសម្ព័ន្ធមេត្រី​មាន​គ្រឹះ​ដ៏រឹងមាំដែលមាន​លក្ខណៈជា​មនុស្ស​សុទ្ធ​សាធ និងដែលមកពីគ្រីស្តសាសនាផង ៖

យកតម្រាប់មាតាបិតាជាគំរូ ប្រតិបត្តិតាមការប្រៀនប្រដៅរបស់លោក និងក្រុមគ្រួសារ​ជាផ្លូវដ៏ពិសេស​នៃ​ការ​ត្រៀមនេះ។

  • តួនាទីរបស់ពួកគង្វាល និងសហគមន៍របស់គ្រីស្តបរិស័ទ ដែលជា “ក្រុម​គ្រួសារ​របស់​ព្រះ​ជាម្ចាស់” ​ចាំ​បាច់​ត្រូវតែបញ្ជូនបន្តឧត្តមគតិអំពីអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ ដែលមានលក្ខណៈជាមនុស្សសុទ្ធសាធ និងដែល​មក​ពីគ្រីស្តសាសនាផង (CIC ១០៦៣) ជាពិសេសនៅសម័យបច្ចុប្បន្ននេះ យុវជនជាច្រើនមានបទពិសោធន៍ថា ក្រុម​​គ្រួសារបែកបាក់គ្នា មិនអាចបញ្ជូនបន្តឧត្តមគតិនោះបានឡើយ៖
  • ត្រូវបង្ហាត់យុវជន​​​ឱ្យទាន់​​​ពេលវេលា និងតាមតម្រូវការ អំពីកិត្តិយសដ៏ថ្លៃថ្នូរនៃសេចក្តី​ស្នេហាជា​គូ​ស្វាមី​ភរិយា អំពីតួនាទី និងអំពី​​​ការអនុវត្តផងដែរ។​​​ ដូច្នេះ យុវជន ដែលទទួលការអប់រំអំពីព្រហ្មចរិយធម៌ ដល់​ពេលកំណត់ គេអាច​​​រៀបអាពាហ៍ពិពាហ៍ រស់នៅជាគូស្វាមីភរិយា ក្រោយពីបានរស់នៅ​យ៉ាង​ថ្លៃថ្នូរ​តាំង​ពី​ពេល​ភ្ជាប់​ពាក្យមក (GS ៤៩,៣)។

អាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទកាតូលិក នឹងគ្រីស្តបរិស័ទនិកាយផ្សេង - អាពាហ៍ពិពាហ៍​រវាង​គ្រីស្ត​បរិស័ទកាតូលិក និងអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ

១៦៣៣. ក្នុងប្រទេសជាច្រើន គ្រីស្តបរិស័ទកាតូលិកច្រើនរៀបការជាមួយគ្រីស្តបរិស័ទខាងនិកាយផ្សេង ។ គូ​ស្វាមី​​ភរិយា និងពួកគង្វាលត្រូវតែយកចិត្តទុកដាក់នឹងស្ថានភាពនេះ ជាពិសេសនៅពេលដែលគ្រិស្តបិរស័ទកាតូលិក​​​​​​​​​​រៀប​ការ​ជាមួយអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ

១៦៣៤. ទោះបីគូស្វាមីភរិយាកាន់និកាយផ្សេងពីគ្នាយ៉ាងណាក៏ដោយ ក៏គេអាចរៀបការបាន បើ​​គេ​ចែក​រំលែក​នូវ​​​អ្វីៗ​ដែលម្នាក់ៗបានទទួលក្នុងសហគមន៍របស់ខ្លួន ហើយបើគេរៀនពីគ្នាទៅវិញទៅ​មក​​​​​​​​អំពី​របៀបដែលរៀងៗ​ខ្លួន​​​ជា​​​​គ្រីស្ត​​​បរិស័ទផងដែរ។ ប៉ុន្តែ យើងមិនត្រូវយល់ខុសអំពីការលំបាកផ្សេងៗដែលកើតឡើង នៅពេល​ដែល​គ្រីស្ត​បរិស័ទ​​កាតូលិក​រៀបការជាមួយគ្រីស្តបរិស័ទខាងនិកាយផ្សេងទៀតដែរ។ ការលំបាកនោះ មកពី​ព្រះ​សហគមន៍​​មិន​ទាន់​​បាន​ដោះស្រាយការបាក់បែករវាងគ្រីស្តបរិស័ទនៅឡើយ។ គូស្វាមីភរិយាអាច​ទទួល​វិនាដកម្ម​នៃ​​ការបាក់​បែក​រវាង​​គ្រីស្ត​បរិស័ទក្នុងក្រុមគ្រួសាររបស់គេផ្ទាល់។ នៅពេលដែលគ្រីស្តបរិស័ទកាតូលិកម្នាក់រៀបការ​ជាមួយអ្នក​ដែល​​​មិនមែនជាគ្រីស្តបរិស័ទ ការលំបាកនោះអាចកាន់តែដុនដាបទៅ។ គំនិតផ្សេងគ្នាអំពីជំនឿ អំពី​អាពាហ៍ពិពាហ៍ ឬ​គំនិតខាង​សាសនាផ្សេងគ្នា អាចបង្កើតភាពតាន់តឹងក្នុងការរស់នៅជាគូស្វាមីភរិយា ជា​ពិសេសចំពោះ​ការ​អប់​រំ​​​ កូនៗ​។ ពេលនោះ គូ​ស្វាមី​​​​ភរិយា​អាចចាញ់ការល្បួង មិនខ្វល់ខ្វាយនឹងសាសនាឡើយ។

១៦៣៥. តាមច្បាប់ព្រះសហគមន៍ខាងបស្ចិមប្រទេស នៅពេលគ្រីស្តបរិស័ទកាតូលិករៀបការជាមួយគ្រីស្តបរិស័ទ​និកាយផ្សេង គេត្រូវការការអនុញ្ញាតជាក់លាក់ ពីអាជ្ញាធរព្រះសហគមន៍ (CIC ១១២៤)។ នៅពេលដែល​គ្រីស្ត​​បិរស័ទកាតូលិករៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ គេត្រូវឱ្យ​មាន​​​ការលើកលែង​ជាក់លាក់ ដើម្បីឱ្យអាពាហ៍ពិពាហ៍ត្រឹមត្រូវ (CIC ១០៨៦)។ ព្រះសហគមន៍ផ្តល់ការអនុញ្ញាត ឬការលើក​លែង​នោះ លុះត្រាតែភាគីទាំងពីរស្គាល់ និងមិនទាត់ចោលគោលដៅ និងលក្ខណៈ​សំខាន់ៗនៃអាពាហ៍ពិពាហ៍ ហើយ​​​ភាគី​កាតូលិកសុខចិត្តទទួលភារកិច្ចផ្តល់ពិធីជ្រមុជទឹកឱ្យកូនៗ និងអប់រំពួកគេក្នុងព្រះសហគមន៍កាតូលិក (CIC ១១២៥)។

១៦៣៦. ក្នុងតំបន់ជាច្រើន ដោយសារក្រុមអន្តរនិកាយ នៅពេលគ្រីស្តបរិស័ទកាតូលិករៀបការ​ជាមួយ​គ្រីស្ត​បរិស័ទ​ខាង​និកាយផ្សេង សហគមន៍គ្រីស្តបរិស័ទបានចាត់ចែងឱ្យមានក្រុមរួម ដែលមានមុខងារជួយ​គូស្វាមី​ភរិយា​ឱ្យ​​​​​​រ​ស់​នៅតាមស្ថានភាពពិសេសរបស់គេក្រោមពន្លឺនៃជំនឿ ហើយដើម្បីជួយពុះពារភាពតាន​តឹង​ទាំង​ប៉ុន្មាន ដែល​​​កើតមក​​ពីភារកិច្ចរបស់គូស្វាមីភរិយាចំពោះគ្នាទៅវិញទៅមក និងចំពោះសហគមន៍របស់គេ។ ក្រុមនោះ ក៏ត្រូវ​លើក​​ទឹក​ចិត្តគូស្វាមីភរិយាឱ្យគោរពគ្នាទៅវិញទៅមកទោះបីគេខុសប្លែកពីគ្នាក៏ដោយ។

១៦៣៧. ក្នុងពេលដែលគ្រីស្តបរិស័ទកាតូលិករៀបការជាមួយអ្នកដែលមិនមែនជាគ្រីស្តបរិស័ទ ស្វាមី​កាតូលិក​មាន​មុខងារ​ពិសេស៖ “ដ្បិត​ព្រះជាម្ចាស់​ប្រោស​ស្វាមី​ដែល​មិន​ជឿ​ឱ្យ​បាន​វិសុទ្ធ​ដោយសារ​ភរិយា​ ហើយ​ព្រះអង្គ​ក៏​ប្រោស​​ភរិយា​ដែល​មិន​ជឿ​ឱ្យ​បាន​វិសុទ្ធ​ ​ក៏​ដោយសារ​ស្វាមី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ” (១ករ ៧,១៤)។ បើព្រះ​ជាម្ចាស់​ ដែលប្រោសអ្នកមិនជឿឱ្យបានវិសុទ្ធ ប្រោសគេឱ្យស្ម័គ្រចិត្តកែប្រែចិត្តគំនិតជឿលើគ្រីស្តសាសនា គូ​​ស្រករ​ដែ​លជឿ និងព្រះសហគមន៍ពិតជាត្រេកអរណាស់។ គូស្រករដែលស្រលាញ់គ្នាដោយស្មោះ ដែល​ប្រតិបត្តិគុណធម៌ខាងក្រុមគ្រួសារ ដោយចិត្តសុភាពរាបសា និងដោយអំណត់ និងដែលអធិដ្ឋាន អាចរៀប​ចំ​គូ​ស្រករ​ដែលមិនជឿឱ្យទទួលព្រះហឫទ័យប្រណីសន្តោសដើម្បីកែប្រែចិត្តគំនិត។

៤. ផលនៃអគ្គសញ្ញាអាពាហ៍ពិពាហ៍

១៦៣៨. “ដោយសារគូស្វាមីភរិយារៀបអាពាហ៍ពិពាហ៍យ៉ាងត្រឹមត្រូវ ជាចំណង ដែលចងពួកគេ ជានិច្ច​និរន្តរ៍តរៀងទៅ។ ម្យ៉ាងទៀត ក្នុងអាពាហ៍ពិពាហ៍តាមគ្រីស្តសាសនា ព្រះជាម្ចាស់ពង្រឹងកម្លាំង និងដូចជា​ញែក​គូ​ស្វាមី​ភរិយា ដោយសារអគ្គ​សញ្ញាពិសេស ដើម្បីបំពេញភារកិច្ច និងរបៀរស់នៅយ៉ាងថ្លៃថ្នូរ” (CIC ១១៣៤)។

ចំណងនៃអាពាហ៍ពិពាហ៍

១៦៣៩. ព្រះជាម្ចាស់ផ្ទាល់ចងពាក្យសន្យា ដែលគូស្វាមីភរិយាប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក និង​ទទួល​ពីគ្នា​ទៅ​​វិញ​ទៅ​មក (មក ១០,៩)។ “ស្ថាប័នម៉្យាងកើតមកពីសម្ព័ន្ធមេត្រីរវាងពួកគេ គឺ​​​អាពាហ៍ពិពាហ៍​​​ដែល​ធម្មវិន័យ​របស់​​​ព្រះជាម្ចាស់​​​បញ្ជាក់ ហើយសូម្បីតែសង្គមមនុស្សក៏ទទួលស្គាល់ដែរ” (GS  ៤៨,១)។ សម្ព័ន្ធ​មេត្រី​រវាង​គូស្វាមី​ភរិយាត្រូវរាប់បញ្ចូលក្នុងសម្ព័ន្ធមេត្រីរបស់ព្រះជាម្ចាស់ជាមួយមនុស្សលោក៖ “ព្រះហឫទ័យ​ស្រលាញ់​​របស់​​ព្រះ​ជាម្ចាស់បានលើកយក​​​សេចក្តីស្រឡាញ់ដ៏ពិត​ប្រាកដរបស់គូស្វាមីភរិយាឱ្យចូលរួមជាមួយ” (GS     ៤៨​,​​២​)​។​

១៦៤០. ព្រះជាម្ចាស់ផ្ទាល់ចាត់ចែងចំណងអាពាហ៍ពិពាហ៍ ដូច្នេះហើយ ទើបគ្រីស្តបរិស័ទ​ដែល​បាន​រៀប​ការ  និងបានរួមបវេណីរួចហើយ មិនអាចបំបែកពីគ្នាបានឡើយ។ ចំណងនេះ ដែលចេញ​មកពីកិច្ចការដ៏​សេរី​របស់​​គូ​ស្វាមី​​ភរិយា ដែលបានរួមបវេណីហើយ មិនអាចដកហូតវិញបាន ហើយបង្កើតសម្ព័ន្ធមេត្រី ដែល​ព្រះ​ហឫទ័យ​​ភក្ដី​​​ភាព​​របស់ព្រះជាម្ចាស់ធានា។ ព្រះសហគមន៍ពុំមានអំណាចសម្រេចប្រឆាំងនឹងការចាត់ចែង​នៃព្រះ​ប្រាជ្ញា​​ញ្ញាណ​​​​របស់ព្រះជាម្ចាស់នេះបានឡើយ (CIC ១១៤១)។

ព្រះអំណោយាទាននៃអគ្គសញ្ញាអាពាហ៍ពិពាហ៍

១៦៤១. “តាមរបៀរស់នៅរបស់ខ្លួន និងតាមឋានៈរបស់ខ្លួន គ្រីស្តបរិស័ទជាគូស្វាមីភរិយា ទទួ​ល​ព្រះ​អំ​ណោយ​​​ទាន​​​ផ្ទាល់ក្នុងប្រជារាស្រ្តរបស់​ព្រះជាម្ចាស់” (LG ១១)។ ព្រះអំណោយទានពិសេស​នៃអគ្គ​សញ្ញា​អាពា​ហ៍ពិពាហ៍​នេះ មានគោលដៅកែលំអសេចក្ដីស្រលាញ់រវាងគូស្វាមីភរិយាឱ្យកាន់តែល្អប្រសើរ និងជួយ​គេ​ឱ្យ​​រួមរស់ជាមួយគ្នា ដោយ​​មិន​បំបែកពីគ្នា។ ដោយសារព្រះអំណោយទាននេះ “គូស្វាមីភរិយា​ជួយ​គ្នា​ទៅ​វិញ​ទៅ​​មកឱ្យ​ទៅជា​ជន​ដ៏​វិសុទ្ធ តាមការ​រស់នៅជាគូស្វាមីភរិយា ដោយបង្កើតកូន ​​​និងអប់រំពួកវា” (LG ១១)។

១៦៤២. ព្រះគ្រីស្តជាប្រភពនៃព្រះអំណោយទាននេះ ។ “​​​កាលពីដើម​​​ ព្រះជាម្ចាស់​ចង​សម្ព័ន្ធ​មេត្រី​ប្រកប​ដោយ​ព្រះហឫទ័យស្រឡាញ់ ​​​និងមានចិត្តភក្តី​ជាមួយ​​​ប្រជារាស្រ្តព្រះអង្គយ៉ាងណា សព្វថ្ងៃព្រះសង្គ្រោះ​​​របស់​មនុស្ស​​​​​​​​​​លោក​ជាព្រះស្វាមីនៃព្រះសហគមន៍​​​ ក៏យាងម​​កជួប​​​គូស្វាមីភរិយាជាគ្រីស្តបរិស័ទដោយ​​​សារ​​​អគ្គ​​​សញ្ញា​​​អាពាហ៍​ពិពាហ៍​​យ៉ាងនោះដែរ” (GS  ៤៨,២)។ ព្រះអង្គគង់នៅជាមួយពួកគេ ប្រទានកម្លាំងឱ្យពួក​គេដើរ​តាម​ព្រះអង្គ ដោយ​លី​ឈើឆ្កាងលើខ្លួនឯង ទ្រង់ឱ្យគេងើបឡើងវិញក្រោយពីបានជំពប់ដួល ឱ្យគេលើកលែង​ទោស​ឱ្យគ្នា​ទៅវិញ​ទៅ​មក ឱ្យគេជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក (កាឡ ៦,២) ឱ្យគេ “គោរព​ចុះ​ចូល​គ្នាទៅវិញទៅមក ដោយ​កោត​ខ្លាចព្រះគ្រីស្ត” (អភ ៥,២១) និងឱ្យគេស្រលាញ់គ្នាទៅវិញទៅ​មក ដោយ​សេចក្ដី​ស្រលាញ់ហួសពី​ធម្មជាតិ ចេះថ្នាក់ថ្នមគ្នា និងបង្កើតផល។ ក្នុងក្ដីអំណរដែលមកពីសេចក្ដីស្រលាញ់ និងពី​ជីវិ​ត​ក្នុង​ក្រុម​គ្រួសារ​របស់​​គេ ព្រះ​អង្គប្រទានឱ្យគេស្គាល់រសជាតិ​ទុក​ជា​មុន​នៃ​ពិធី​មង្គល​ការ​នៃ​កូន​ចៀម ​នៅ​ក្នុង​​លោក​នេះរួច​ហើយ៖

តើខ្ញុំនឹងយកកម្លាំងចេញមកពីណា ដើម្បីរៀបរាប់យ៉ាងត្រឹមត្រូវអំពីសុភមង្គលនៃអាពាហ៍ពិពាហ៍ តាមព្រះ សហគមន៍ ដែលតង្វាយបញ្ជាក់ ដែលពិធីថ្វាយព្រះពរចង? ពួកទេវទូតប្រកាស ហើយព្រះបិតាដែលគង់​នៅស្ថាន​បរម​សុខ​​បញ្ជាក់សុភមង្គលនេះ (...)។ គូស្វាមីភរិយាជាគ្រីស្តបរិស័ទ ដែលរួបរួមគ្នាក្នុងសេចក្ដីសង្ឃឹមតែមួយ ក្នុង​បំណង​​ប្រាថ្នាតែមួយ ក្នុងវិន័យតែមួយ ក្នុងកិច្ចបម្រើតែមួយ ពិតជាល្អប្រសើរណាស់! ទាំងពីរនាក់ជាបុត្រធីតា​របស់​ព្រះ​​បិតា​​តែ​មួយ ជាអ្នក​បម្រើ​របស់ម្ចាស់តែមួយ។ គ្មានអ្វីបំបែកគេ ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ ផ្ទុយទៅវិញ គេ​ពិត​ជា​បុគ្គល​​​ពីរ​នាក់ក្នុងរូបកាយតែមួយ។ នៅទីណារូបកាយមានតែមួយ នៅទីនោះមានចិត្តតែមួយដែរ (លោក ទែរទូលីយ៉ាំង; FC ១៣)។

៥. សិទ្ធិ និងភារកិច្ចនៃសេចក្ដីស្រលាញ់ជាគូស្វាមីភរិយា

១៦៤៣. “ផ្នែកទាំងអស់នៃបុគ្គលម្នាក់ - រូបកាយនិងសភាវគតិ អារម្មណ៍និងមនោសញ្ចេតនា វិញ្ញាណ​និង​ឆន្ទៈ - ត្របាញ់ចូលគ្នាជាសេចក្ដីស្រលាញ់របស់គូស្វាមីភរិយា។ សេចក្ដីស្រលាញ់នេះ តម្រង់ឱ្យ​គូស្វាមីភរិយា​ទៅ​​ជា​បុគ្គល​តែ​ម្នាក់ ដោយរួបរួមជាមួយគ្នាមិនគ្រាន់តែខាងផ្លូវកាយទេ ជាពិសេសដោយមាន​ចិត្តគំនិតតែមួយ។ សេចក្ដី​​ស្រលាញ់​នេះ ទាមទារឱ្យគូស្វាមីភរិយាប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមកជានិច្ចនិរន្តរ៍ ដោយមិនអាច​បំបែក​ពី​គ្នា​បាន​ឡើយ និងដោយមានចិត្តភក្ដី និងដោយបង្កើតផលផ្លែ ។ សេចក្ដីស្រលាញ់នេះ មានលក្ខណៈ​របស់​​សេចក្ដី​​ស្រលាញ់ជាគូស្វាមីភរិយាខាងធម្មជាតិ ប៉ុន្តែ មានអត្ថន័យថ្មី ដែលមិនត្រឹមតែបន្សុទ្ធ និងពង្រឹង​លក្ខណៈ​​នោះ​ទេ ថែម​ទាំងលើកលក្ខណៈនោះរហូតដល់ទៅជាឧត្តមគតិរបស់គ្រីស្តសាសនាផ្ទាល់” (FC ១៣)។

គូស្វាមីភរិយារួមជាមួយគ្នា ដោយមិនអាចបំបែកពីគ្នាបានឡើយ

១៦៤៤. សេចក្ដីស្រលាញ់របស់គូស្វាមីភរិយាទាមទារឱ្យសហគមន៍របស់គេរួមជាមួយគ្នា ដោយមិន​អាច​បំបែក​ពីគ្នាបានឡើយ៖ “គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ” (មថ ១៩,៦)។ “ព្រះ​ជាម្ចាស់ត្រាស់ហៅគេឱ្យរីកចម្រើនជានិច្ច ក្នុងការរួបរួមជាមួយគ្នា ដោយគោរពពាក្យសន្យា​នៃ​អាពាហ៍ពិពាហ៍ ក្នុង​​​ជីវិ​ត​ប្រចាំ​ថ្ងៃ គឺប្រគល់ខ្លួនទាំងស្រុងចំពោះគ្នាទៅវិញទៅមក” (FC ១៩)។ ការរួបរួមជាមួយព្រះយេស៊ូគ្រីស្ត​ដែល​ផ្តល់​អគ្គសញ្ញាអាពាហ៍ពិពាហ៍បញ្ជាក់ បន្សុទ្ធ និងបំពេញការរួបរួមនេះ ដែលមាន​លក្ខណៈជាមនុស្សសុទ្ធ​សាធ។ ការ​រស់នៅដោយមានជំនឿតែមួយ និងការទទួលពិធីអរព្រះគុណរួមជាមួយគ្នា​ពង្រឹង​ការរួបរួម​ជាមួយ​គ្នា​នេះ។

១៦៤៥. “ពេលគូស្វាមីភរិយាស្នេហាគ្នាយ៉ាងពេញលក្ខណៈ នោះបុរស​​​​​​និងស្រ្តីមាន​​​កិត្តិយសថ្លៃថ្នូរ និង​មាន​​ឋានៈ​ស្មើ​គ្នា។​​​ សមភាពនេះ បង្ហាញយ៉ាងច្បាស់ថា ត្រូវមាន​​​គូ​​​ស្រករតែមួយគត់​ដូច​ព្រះ​អម្ចាស់​បាន​បញ្ជាក់ស្រាប់ហើយ” (GS ៤៩,២)។ បើបុរសមានភរិយាច្រើន ឬស្រ្តីមានស្វាមីច្រើន គេប្រឆាំងនឹងកិត្តិយស ដ៏ថ្លៃថ្នូរស្មើគ្នានេះ និងសេចក្ដីស្រលាញ់ជាគូស្វាមីភតិយាដែលមានតែមួយចំពោះគ្នា (FC ១៩)។

ភក្តីភាពនៃសេចក្ដីស្រលាញ់ជាគូស្វាមីភរិយា

១៦៤៦. សេចក្ដីស្រលាញ់ជាគូស្វាមីភរិយទាមទារឱ្យគូស្វាមីភរិយាមានចិត្តភក្ដី ដែលមិនអាចរំលោភ​បាន​ឡើយ ដ្បិតពួកគេប្រគល់ខ្លួនចំពោះគ្នាទៅវិញទៅមក។ សេចក្ដីស្រលាញ់មានជាស្ថាពរ មិនអាចបញ្ចប់​បាន​ឡើយ។ “គេ​​​ដឹងខ្លួនថា គេរួបរួមគ្នាដោយចិត្តថ្លើមតែមួយ និងរួបរួម​​​គ្នាកាន់​​​តែជិតស្និទ្ធ​​​ ដោយប្រគល់ខ្លួនទៅវិញ​​​ទៅ​មក ដោយ​រួមបវេណី និងទាមទារឱ្យគូស្វាមីភរិយា មានចិត្តភក្តីទាំងស្រុង មិនអាចបំបែក​​​បានឡើយ” (GS ៤៨,១)។

១៦៤៧. មូលហេតុដ៏សំខាន់នៃការទាមទារនេះ ស្ថិតនៅក្នុងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់​ចំពោះ​​សម័្ពន្ធមេត្រីរបស់ព្រះអង្គ ឬរបស់ព្រះគ្រីស្តចំពោះព្រះសហគមន៍ព្រះអង្គ។ ដោយសារអគ្គសញ្ញា​អាពាហ៍​ពិពាហ៍ គូស្វាមីភរិយាអាចធ្វើជាតំណាង និងអាចផ្ដល់សក្ខីភាពចំពោះភក្ដីភាពនេះ។ ដោយសារអគ្គសញ្ញា អាពាហ៍ពិពាហ៍ដែលមិនអាចរំលាយបាន ទទួលអត្ថន័យថ្មី និងស៊ីជម្រៅបំផុត។

១៦៤៨. ប្រហែលជាមានអ្នកខ្លះគិតថា យើងមិនអាចរួមរស់ជាមួយម្នាក់ផ្សេងទៀត​អស់​មួយ​ជីវិត​បាន​ឡើយ។ ហេតុ​នេះហើយ បានជាត្រូវតែប្រកាសដំណឹងល្អថា ព្រះជាម្ចាស់ស្រលាញ់យើង​ដោយ​សេចក្ដី​ស្រលាញ់​ជា​ស្ថាពរ ដែលមិនអាចដកហូតបានឡើយ។ គូស្វាមីភរិយាទទួលចំណែកក្នុងសេចក្ដីស្រលាញ់នេះ ដែលជួយ​ទ្រទ្រង់​គេ ហើយបើគេនៅភក្ដីនឹងគ្នា គេអាចធ្វើជាសាក្សីនៃសេចក្ដីស្រលាញ់ដ៏ស្មោះស្ម័គ្រ​របស់ព្រះ​ជាម្ចាស់​បាន។ ព្រះ​សហគមន៍​គួរគាំទ្រ និងដឹងគុណចំពោះគូស្វាមីភរិយា ដែលផ្តល់សក្ខីភាពអំពីសេចក្ដីស្រលាញ់នេះ ជា​រឿយៗ​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក (ដោយមាន​ព្រះ​ហឫទ័យ​ប្រណីសន្តោស​របស់​ព្រះ​ជាម្ចាស់ជួយគេផង) (FC ២០)។

១៦៤៩. ប៉ុន្តែ ទោះជាយ៉ាងណាក៏មានអ្នកខ្លះដែរ ស្ថិតនៅក្នុងស្ថានភាពដែលមិនអាចរស់នៅជាមួយគ្នា ក្រោយពី បានរៀបអាពាហ៍ពិពាហ៍រួច បណ្តាលមកអំពីមូលហេតុផ្សេងៗ។ ក្នុងករណីនោះ ព្រះសហគមន៍អនុញ្ញាតឱ្យ​ស្វាមី​​ភរិយាបែកគ្នា ដោយរាងកាយ និងលែងរស់នៅជាមួយគ្នា។ ស្វាមីភរិយានៅតែជាប្តីប្រពន្ធចំពោះព្រះភ័ក្រ្តព្រះ​ជា​ម្ចាស់ ក៏ប៉ុន្តែមិនអាចរៀបការម្តងទៀតទេ។ ក្នុងស្ថានភាពដ៏លំបាកនេះ មានតែការសម្រុះសម្រួលគ្នាទេ ទើបជា ដំ​ណោះស្រាយដ៏ប្រសើរ ប្រសិនជាអាចធ្វើទៅរួច។ ព្រះជាម្ចាស់ត្រាស់ហៅព្រះសហគមន៍ឱ្យរួមចំណែកជាមួយ អ្នកទាំងអស់នោះ ដើម្បីឱ្យពួកគេរស់នៅក្នុងសភាពជាគ្រីស្តបរិស័ទ មានភក្តីភាពចំពោះចំណងអាពាហ៍ពិពាហ៍ ដែលមិនអាចបំបែកចេញពីគ្នា។

១៦៥០. សព្វថ្ងៃនេះ មានគ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសជាច្រើន ដែលលែងលះគ្នា ហើយដែល​រៀប​អាពា​ហ៍ពិពា​ហ៍ម្តង​ទៀត តាមច្បាប់រដ្ឋបវេណី។ ព្រះសហគមន៍នៅតែប្រកាន់​តាមព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូ​គ្រីស្ត​ថា៖ “ប្រសិន​​បើ​ស្វាមី​​ណា​លែង​ភរិយា‌​ ហើយ​ទៅ​រៀប​ការ​នឹង​ស្ត្រី​ម្នាក់​ទៀត‌​ ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​​ខ្លួន។​ រីឯ​ភរិយា​​ណា​​ដែល​​លែង​ស្វាមី​ ហើយ​ទៅ​រៀប​ការ​នឹង​បុរស​ម្នាក់​ទៀត​ ‌‌ស្ត្រីនោះ​ក៏បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​​ដែរ” (មក ១០,១១-១២) ដូច្នេះ បើអាពាហ៍ពិពាហ៍ដំបូងត្រឹមត្រូវ ​ព្រះ​សហគមន៍ក៏មិនអាចទទួល​ស្គាល់ចំណង​អាពាហ៍​​ពិពាហ៍​​ថ្មីទេ។ ប្រសិន​បើអ្នកដែលបានលែងលះគ្នា ហើយទៅរៀបការម្តងទៀតតាមច្បាប់រដ្ឋបវេណី នោះពួក​គេ​ស្ថិត​នៅក្នុងស្ថាន ភាពដែលផ្ទុយនឹងវិន័យរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ ពួកគេ​មិនអាចទទួលព្រះ​កាយ​ព្រះ​លោហិត​ព្រះគ្រី​ស្ត ក្នុងស្ថានភាពបែបនេះទេ។ ដូចគ្រានេះដែរ  ពួកគេមិនអាចទ​ទួល​ភារកិច្ច​ណាមួយ​ក្នុង​ព្រះ​សហគមន៍បានឡើយ។ ព្រះសហគមន៍អាចផ្តល់អគ្គសញ្ញាលើកលែងទោស ទាល់តែអ្នកទាំងអស់​នោះ​សោក​ស្តាយ​​បានរំលោភបំពានលើ សញ្ញាសម្គាល់នៃសម័្ពន្ធមេត្រី និងភក្តីភាពចំពោះព្រះគ្រីស្ត ហើយប្តេជ្ញាថា នឹងរស់នៅ​ដោយ​មិនរួមរ័ក្សជាមួយគ្នាជា ដាច់ខាត។

១៦៥១. ចំពោះគ្រីស្តបរិស័ទ ដែលរស់នៅក្នុងស្ថានភាពបែបនេះ ហើយនៅតែរក្សាជំនឿ និងមានបំណងអប់រំកូនៗ ទៅតាមគ្រីស្តសាសនា ពួកបូជាចារ្យ និងសហគមន៍ទាំងមូលត្រូវតែបង្ហាញនូវការយកចិត្តទុកដាក់ទៅលើពួកគេ កុំ ឱ្យពួកគេយល់ថា ពួកគេបែកចេញពីព្រះសហគមន៍ ដែលពួកគេអាច និងត្រូវរួមចំណែក ក្នុងឋានៈជាអ្នកដែល​បានជ្រមុជទឹក៖

ត្រូវអញ្ជើញពួកគេមកស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ចូលរួមថ្វាយអភិបូជា ព្យាយាមអធិដ្ឋានជានិច្ច ចូលរួម ធ្វើវិភាគទាន និងចូលរួមក្នុងសកម្មភាពព្រះសហគមន៍ក្នុងការរកយុត្តិធម៌ អប់រំកូនៗតាមគ្រីស្តសាសនា សោក​ស្តាយអំពើបាបរបស់ខ្លួន និងអង្វរព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ពីមួយថ្ងៃទៅមួយថ្ងៃ (FC ៨៤)។

ត្រូវតែយល់ព្រមបន្តពូជ (សមិទ្ធិផល)

១៦៥២. “លក្ខណៈនៃ​អាពាហ៍ពិពាហ៍និងលក្ខណៈនៃសេចក្តីស្រឡាញ់របស់គូស្វាមីភរិយា តម្រង់ទិសទៅ​រក​ការ​​​​​បន្តពូជ និងទៅឱ្យការអប់រំកូន ដែលហាក់ដូចជាគោលដៅដ៏កំពូល​​​នៃអាពាហ៍ពិពាហ៍ និង​នៃ​សេចក្តី​ស្រឡាញ់​ជាគូស្វាមីភរិយា” (GS ៤៨,១)៖

កូនៗជាអំណោយទានដ៏​​​ប្រសើរ​​​បំផុតនៃការរួមរស់ជាគូស្វាមីភរិយា ហើយក៏ជួយផ្តល់សេចក្តីសុខ​ដល់​ឪពុក​ម្តាយ​យ៉ាងខ្លាំង​​​ដែរ។ ព្រះជាម្ចាស់មានព្រះបន្ទូល​​​ដោយផ្ទាល់ព្រះអង្គថា “បើ​មនុស្សប្រុសនៅតែឯង ​មិនស្រួល​ទេ ” (កណ ២,​​​១៨)​​​។​​​ តាំងពីដើមរៀងមក ព្រះ​​​អង្គ​​​បង្កើតមនុស្សជាបុរសនិងជាស្រ្តី (មថ ១៩,៤) ព្រះអង្គក៏សព្វ​ព្រះ​ហឫទ័យឱ្យមនុស្សទទួល​​​ចំណែក​​​ពិសេស​​​ក្នុងកិច្ចបង្កើតរបស់ព្រះអង្គ ហេតុនេះហើយបានជា​​​ព្រះអង្គប្រទានព​រ​ឱ្យ​បុរសនិង​​​ស្រ្តី​​​ថា៖ “ចូរបង្កើតកូនចៅ​ឱ្យបាន​កើន​ច្រើន​ឡើង” (កណ ១,២៨)។​​​ ដូច្នេះ ស្នេហាដ៏ពិតប្រាកដ តាម​​ការយល់​​​ឃើញ​​​យ៉ាង​​​ត្រឹមត្រូវ ដូចរចនាសម្ពន្ធនៃ​​​ក្រុមគ្រួសារដែលហូរមកពីស្នេហានោះ​​​ ក៏តម្រង់ទៅជួយ​ឱ្យ​គូ​​​​ស្វាមីភរិយា​​​មាន​​​ចិត្ត​​​ទូលាយ​​​សហការជាមួយព្រះហឫទ័យស្រឡាញ់របស់ព្រះបង្កើត និងរបស់ព្រះសង្រ្គោះ គឺព្រះ​អង្គ​មាន​​​បំណង​​​ចង់ពង្រីក​​​មហាគ្រួសារ​​​របស់ព្រះអង្គ និងឱ្យមហាគ្រួសារនោះកាន់តែប្រសើរឡើងៗ ដោយ​សារ​ពួកគេ (GS ៥០,១)។

១៦៥៣. ផលនៃសេចក្ដីស្រលាញ់ជាគូស្វាមីភរិយាលាតសន្ធឹងដល់ផលនៃជីវិតខាងសីលធម៌ ជីវិតខាង​វិញ្ញាណ និងការស់នៅហួសធម្មជាតិ ដែលឪពុកម្តាយបញ្ជូនបន្តដល់កូនៗរបស់គេ ដោយសារការអប់រំ។ ឪពុក​ម្តាយ​ជា​គ្រូអប់រំដំបូង និងសំខាន់ជាងគេ នៃកូនៗ (GE ៣)។ តាមអត្ថន័យនេះ មុខងារ​សំខាន់ជាង​គេ​របស់​គូស្វាមីភរិយា និងក្រុមគ្រួសារ គឺបម្រើជីវិត (FC ២៨)។

១៦៥៤. គូស្វាមីភរិយា ដែលព្រះជាម្ចាស់មិនបានប្រោសប្រទានឱ្យមានកូន អាចមានការរស់នៅជាគូ ស្វាមីភរិយាពោរពេញដោយអត្ថន័យ តាមលក្ខណៈជាមនុស្សសុទ្ធសាធផង និងតាមគ្រីស្តសាសនាផងដែរ។ ពួក គេអាចបង្កើតផលផ្លែបានច្រើន ដោយស្រលាញ់ និងជួយអ្នកដទៃ និងដោយសុខចិត្តលះបង់ខ្លួនឯងផងដែរ។

៦. ក្រុមគ្រួសារជាព្រះសហគមន៍ដ៏តូចមួយ

១៦៥៥. ព្រះគ្រីស្តសព្វព្រះហឫទ័យប្រសូត និងចម្រើនឡើងក្នុងចំណោមក្រុមគ្រួសារដ៏វិសុទ្ធរបស់លោក យ៉ូសែប និងនាងម៉ារី។ ព្រះសហគមន៍ជា “ក្រុមគ្រួសាររបស់ព្រះជាម្ចាស់”។ តាំងពីដើមដំបូង អស់អ្នក “រួបរួមជា​មួយក្រុមគ្រួសារ” របស់ពួកគេ ដែលបានទៅជាអ្នកជឿ (កក ១៨,៨) ជាស្នូលនៃព្រះសហគមន៍។ នៅពេលដែល​ពួក​​គេកែប្រែចិត្តគំនិត ពួកគេប៉ងប្រាថ្នាឱ្យ “ក្រុមគ្រួសារ” ទាំងអស់របស់ពួកគេទទួលការសង្រ្គោះផងដែរ (កក ១៦,៣១ និង ១១,១៤)។ ក្រុមគ្រួសារដែលបានទៅជាអ្នកជឿដូចជាកោះដ៏តូចៗនៃរបៀបរស់នៅជាគ្រីស្តបរិស័ទ​ក្នុង​ចំណោមមនុស្សលោកដែលមិនជឿ។

១៦៥៦. សព្វថ្ងៃនេះ ក្នុងលោកដែលមិនស្គាល់ជំនឿ ឬជូនកាលដែលប្រឆាំងនឹងជំនឿ ក្រុមគ្រួសារជាអ្នក​ជឿមានសារៈសំខាន់ណាស់ ដូចជាក្រុមតូចៗដែលមានជំនឿដ៏រស់រវើក និងដែលបំភ្លឺមនុស្សលោក។ ហេតុនេះ​ហើយ បានជាតាមពាក្យបុរាណមួយ មហាសន្និបាតវ៉ាទីកង់ទីពីរហៅក្រុមគ្រួសារ Ecclesia domestica (ព្រះ​សហគមន៍​ដ៏តូច) (LG ១១; FC ២១) ។ “ឪពុកម្តាយជាអ្នក​ប្រកាស​​ជំនឿមុនគេដល់កូនរបស់ខ្លួន​​​​​​ដោយពាក្យ​សម្តី និង​​​ដោយ​​​ធ្វើជាគំរូដល់កូន (​...)។ ឪពុកម្តាយបម្រើព្រះជាម្ចាស់ដែលត្រាស់ហៅកូនម្នាក់ៗ ឱ្យ​​បំពេញ​មុខងារ​​របស់​ខ្លួន ជា​ពិសេសត្រាស់ហៅឱ្យទៅជា​​​បូជាចារ្យ” (LG ១១)។

១៦៥៧. ឪពុកម្តាយ កូនៗ និងសមាជិកទាំងអស់របស់ក្រុមគ្រួសារបំពេញមុខងារ​ជាបូជាចារ្យ​ដែល​មក​ពី​អគ្គ​សញ្ញាជ្រមុជទឹក តាមរបៀបយ៉ាងពិសេស “ដោយ​ទទួលអគ្គសញ្ញានានា ដោយអធិដ្ឋាន ដោយអរព្រះគុណ ដោយរស់នៅ​​​យ៉ាងវិសុទ្ធទុកជាសក្ខីភាព ដោយលះបង់ និងដោយប្រព្រឹត្តតាមសេចក្ដីស្រឡាញ់យ៉ាងសកម្មដែរ” (LG ១០)។ ដូច្នេះ ក្រុមគ្រួសារដូចជាសាលារៀនខាងគ្រីស្តសាសនាដើមដំបូង និងដូចជា “សាលាអប់រំមនុស្ស​ឱ្យ​រីកចម្រើន” (GS ៥២,១)។ នៅទីនេះ យើងរៀនឱ្យមានចិត្តព្យាយាម អំពីអំណរដែលបានមកពីការងារ អំពីសេចក្ដីស្រលាញ់ដូចជាបងប្អូន អំពីការលើកលែងទោស ទោះជាត្រូវតែលើកលែងទោសម្តងទៀត ហើយជា​ពិសេសយើងរៀនលើកតម្កើងព្រះជាម្ចាស់ ដោយអធិដ្ឋាន និងបូជាជីវិត។

១៦៥៨. ​ត្រូវតែនឹករលឹកដល់អស់អ្នកដែលរស់នៅតែម្នាក់ឯង  ដោយសារល័ក្ខខ័ណ្ឌនៃការរស់នៅរបស់​គេ​ - ជារឿយៗផ្ទុយនឹងឆន្ទៈរបស់ខ្លួន - ដែលនៅជិតស្និទ្ធនឹងព្រះយេស៊ូ ហើយដែលព្រះសហគមន៍ ជាពិសេស​ពួក​​គង្វាលគួរយកចិត្តទុកដាក់ជាប្រញាប់។ ក្នុងចំណោមពួកគេ មនុស្សជាច្រើនគ្មានក្រុមគ្រួសារ ជូនកាលដោយសារ ជីវភាពក្រីក្រ។ អ្នកខ្លះរស់នៅតាមដំណឹងល្អ ដោយបម្រើព្រះជាម្ចាស់ និងអ្នកដទៃ​ និងគួរឱ្យ​យក​តម្រាប់​តាម។ ត្រូវតែបើកទ្វារនៃ “ព្រះសហគមន៍ដ៏តូច” និងមហាគ្រួសារដែលជាព្រះសហគមន៍ ឱ្យ​ពួក​គេ​ទាំង​អស់​គ្នា។ “គ្មាននរណាម្នាក់ពុំមានក្រុមគ្រួសារនៅក្នុងលោកនេះទេ។ ព្រះសហគមន៍ជាផ្ទះ និងជាក្រុមគ្រួសារ​របស់​មនុស្ស​ទាំងអស់ ពិសេសអស់អ្នកដែល “នឿយហត់ និងមានបន្ទុកធ្ងន់” (មថ ១១,២៨)” (FC ៨៥)។

សង្ខេប

១៦៥៩. សន្តប៉ូលមានប្រសាសន៍ថា​៖ “ ចំពោះ​បងប្អូន​ដែល​មាន​ប្រពន្ធ​វិញ‌​ ចូរ​ស្រឡាញ់​ភរិយា​ ដូច​ព្រះគ្រីស្ត​បាន​ស្រឡាញ់​ព្រះ​សហគមន៍​ដែរ (...)‌​​ គម្រោងការ​ដ៏​លាក់​កំបាំង​នេះ​ មាន​អត្ថន័យ​ជ្រៅ​ណាស់‌​ ខ្ញុំ​និយាយ​សេចក្ដី​នេះ​សំដៅ​លើ​ព្រះគ្រីស្ត​ និង​ព្រះ​សហគមន៍​តែ​ប៉ុណ្ណោះ” (អភ ៥,២៥.៣២)។

១៦៦០. ព្រះជាម្ចាស់ជាអ្នកបង្កើតសម្ព័ន្ធមេត្រីជាគូស្វាមីភរិយា ដោយមានបុរស និងស្រ្តីធ្វើជា​សហគមន៍​​ដ៏ជិតស្និទ្ធ ដោយអ្នកទាំង​ពីររួមរស់ជាមួយគ្នា​និង​ស្រឡាញ់​​គ្នា ហើយទ្រង់បានប្រទានវិន័យនេះឱ្យសហគមន៍​នេះផ្ទាល់។  លក្ខណៈ​​​សហគមន៍នេះ ​មានគោលដៅតម្រង់ទៅរកផលប្រយោជន៍គូស្វាមីភរិយា ក្នុងការ​បន្ត​ពូជ និង​​ការអប់រំកូន។ ព្រះ​គ្រីស្ត​ជាព្រះអម្ចាស់​បាន​លើក​សម័្ពន្ធមេត្រី​រវាងគ្រីស្តបរិស័ទនេះ​ឱ្យ​មាន​ឋានៈ​ជា​អគ្គ​សញ្ញា (GS ៤៨,១; CIC ១០៥៥,១)។

១៦៦១. អគ្គសញ្ញាអាពាហ៍ពិពាហ៍សម្ដៅទៅលើការរួបរួមរវាងព្រះគ្រីស្ត និងព្រះសហគមន៍។ អគ្គសញ្ញា នេះ ផ្តល់ឱ្យគូស្វាមីភរិយាអាចស្រលាញ់គ្នា ដូចព្រះគ្រីស្តបានស្រលាញ់ព្រះសហគមន៍ផងដែរ។ ព្រះ​អំណោយទាននៃអគ្គសញ្ញានេះធ្វើឱ្យសេចក្ដីស្រលាញ់រវាងគូស្វាមីភរិយាកាន់តែប្រសើរៗ ពង្រឹងឯកភាពរបស់​គេ ដែលមិនអាចរលាយបាន និងធ្វើឱ្យគេទៅជាជនដ៏វិសុទ្ធនៅលើផ្លូវនៃជីវិតអស់កល្បជានិច្ច (មហាសន្និបាត​នៅ​ទៅ​ក្រុងត្រង់៖ DS ១៧៩៩)។

១៦៦២. អាពាហ៍ពិពាហ៍កើតឡើងនៅពេលដែលគូស្រករទាំងពីរយល់ព្រមរៀបការ ពោលគឺគេមាន​បំណង​ចង់ ប្រគល់គ្នាទៅវិញទៅមកជាស្ថាពរ ក្នុងគោលដៅចង​សម្ព័ន្ធមេត្រីពោរពេញ​ដោយ​សេចក្ដី​ស្រលាញ់​ដ៏​ស្មោះ​ដែលបង្កើតផល។

១៦៦៣. ដោយសារអាពាហ៍ពិពាហ៍ចាត់ចែងគូស្រករឱ្យមានលក្ខណៈរស់នៅជាសាធារណៈក្នុងព្រះ​សហគមន៍ គួរប្រាព្ធពិធីអាពាហ៍ពិពាហ៍ជាសាធារណៈ ដូចពិធីបុណ្យ ចំពោះមុខលោកបូជាចារ្យ (ឬសាក្សីពិត ប្រាកដរបស់ព្រះសហគមន៍) សាក្សី និងអង្គប្រជុំគ្រីស្តបរិស័ទ។

១៦៦៤. ដើម្បីរៀបអាពាហ៍ពិពាហ៍ គូស្រករត្រូវតែរួមឯកភាព​ និងយល់ព្រមឱ្យបន្តពួជ។ ម្យ៉ាងទៀត អាពាហ៍ពិពាហ៍មិនអាចរលាយបានដែរ។ ការមានភរិយា (ឬស្វាមី) ជាច្រើនប្រឆាំងនឹងឯកភាពនៃអាពាហ៍ពិពាហ៍ ការលែងលះបំបាក់បំបែកអ្វីដែលព្រះជាម្ចាស់បានផ្សំផ្គុំ ហើយបើគូស្រករមិនព្រមបង្កើតផល គេមិនអាចទទួល “ព្រះអំណោយទានដ៏ប្រសើរ” នៃអាពាហ៍ពិពាហ៍ គឺកូនក្មេង (GS ៥០,១)។

១៦៦៥. បើគូស្រកររៀបការជាមួយម្នាក់ផ្សេងទៀត នៅពេលដែលគូស្រករឯទៀតនៅតែមានជីវិត គេ ប្រឆាំងនឹងគម្រោងការ និងវិន័យរបស់ព្រះជាម្ចាស់ ដែលព្រះគ្រីស្តបានប្រៀនប្រដៅ។ គេមិនបែកចេញពីព្រះ សហគមន៍ទេ ប៉ុន្តែគេមិនអាចទទួលព្រះកាយព្រះលោហិតព្រះគ្រីស្តបានឡើយ។ គេនឹងរស់នៅតាមគ្រីស្ត សាសនាដោយអប់រំកូនក្នុងជំនឿ។

១៦៦៦. ក្រុមគ្រួសារជាគ្រីស្តបរិស័ទជាកន្លែង ដែលកូនក្មេងទទួលការប្រកាសជំនឿជាលើកទីមួយ។ ហេតុនេះហើយ បានជាគេហៅយ៉ាងត្រឹមត្រូវក្រុមគ្រួសារនេះថា “ព្រះសហគមន៍ដ៏តូច” ជាសហគមន៍ពោរពេញ ដោយព្រះអំណោយទាន ដែលមានការអធិដ្ឋាន ជាសាលានៃគុណធម៌របស់មនុស្ស និងសេចក្ដីស្រលាញ់នៃគ្រីស្ត សាសនា។

ជំពូកទីបួន៖​
ពិធីលើកតម្កើងផ្សេងទៀត

ប្រការទី១៖​ ​អនុសញ្ញា

១៦៦៧. “ព្រះសហគមន៍ជាមាតាដ៏វិសុទ្ធ ក៏តែងតាំងអនុសញ្ញាផ្សេងៗ ដែល​ជា​សញ្ញាសម្គាល់ដ៏សក្ការៈ ស្រដៀង​​នឹងអគ្គសញ្ញាម៉្យាង សម្តែងជាពិសេសអំពីផលខ្លះខាងព្រះវិញ្ញាណ ដែលគ្រី​ស្ត​បរិស័ទ​ទទួល​ដោយ​ពាក្យ​អង្វរ​របស់ព្រះសហគមន៍។ ដោយអនុសញ្ញា​ទាំងនោះ ​មនុស្ស​មានចិត្តចង់ទទួ​ល​ផល​ដ៏​សំខាន់​ជាងគេនៃអគ្គ​សញ្ញា ហើយក៏បានវិសុទ្ធតាមសភាពការណ៍ផ្សេងៗប្រចាំជីវិតនៅរបស់គេ” (SC ៦០)។

លក្ខណៈពិសេសនៃអនុសញ្ញា

១៦៦៨. ព្រះសហគមន៍តែងតាំងអនុសញ្ញា ដើម្បីឱ្យមុខងារបម្រើព្រះសហគមន៍ របៀបរស់នៅខ្លះ កាលៈទេសៈផ្សេងៗនៃជីវិតរបស់គ្រីស្តបរិស័ទ និងការប្រើប្រាស់របស់របរដែលមានប្រយោជន៍ចំពោះមនុស្ស ឱ្យបានវិសុទ្ធ។ តាមការសម្រេចចិត្តរបស់លោកអភិបាល អនុសញ្ញាអាចបំពេញតម្រូវការ វប្បធម៌ និងប្រវត្តិ​សាស្រ្តពិសេសរបស់ប្រជាជនគ្រីស្តបរិស័ទនៃតំបន់ ឬសម័យណាមួយ។ ក្នុងអនុសញ្ញានានា តែងតែមានសេចក្ដី អធិដ្ឋាន ជារឿយៗមានកាយវិការមួយ ដូចជាពិធីដាក់ដៃ សញ្ញាឈើឆ្កាង ការប្រោះទឹកវិសុទ្ធ (ដែលរំលឹកអំពីពិធី ជ្រមុជទឹក)។

១៦៦៩. អនុសញ្ញាមកពីឋានៈជាគ្រីស្តបរិស័ទដែសបានជ្រមុជទឹក ដែលសុទ្ធតែជាបូជាចារ្យ គឺព្រះ​ជា​ម្ចាស់​​ត្រាស់​​ហៅ​គ្រីស្តបរិស័ទឱ្យទៅជា “ព្រះពរ” (កណ ១២,២) និងឱ្យប្រទានពរ (លក ៦,២៨; រម ១២,១៤; ១ពត្រ ៣,៩)។ ហេតុនេះហើយ បានជាគ្រីស្តបរិស័ទធម្មតាអាចណែនាំពិធីខ្លះ (SC ៧៩; CIC ១១៦៨)។ បើ​ពិធីមួយទាក់ទងកាន់តែច្រើននឹងការរស់នៅក្នុងព្រះសហគមន៍ និងខាងអគ្គសញ្ញា អ្នកទទួលមុខ​ងារ​បម្រើព្រះ​សហគមន៍ (អភិបាល បូជាចារ្យ ឬឧបដ្ឋាក) (Ben ១៦; ១៨) ត្រូវធ្វើអធិបតី។

១៦៧០. អនុសញ្ញាមិនផ្តល់ព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធដូចអគ្គសញ្ញាទេ ប៉ុន្តែ ដោយសារ​ការអធិដ្ឋានរបស់ព្រះសហគមន៍ អនុសញ្ញារៀបចំឱ្យទទួលការប្រណីសន្តោស និងឱ្យរួមសហការជាមួយ​ផង។ “ចំពោះគ្រីស្តបរិស័ទដែលរកព្រះជាម្ចាស់ដោយចិត្តទៀងត្រង់ ពិធីផ្សេងៗនៃអគ្គសញ្ញា ​និងអនុសញ្ញានានា នាំ​ឱ្យ​ស្ទើតែគ្រប់ព្រឹត្តិការណ៍ប្រចាំការរស់នៅរបស់គេបានវិសុទ្ធ ​ដោយព្រះហឬទ័យប្រណីសន្តោស ដែល​ហូរ​ចេញ​មកពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង ពោលគឺពីព្រះគ្រីស្តរងទុក្ខលំបាក សោយទិវង្គត ​និងមានព្រះជន្ម​ថ្មី។ គឺព្រះគ្រីស្តនេះហើយ ដែលប្រោសឱ្យអគ្គសញ្ញា និងអនុសញ្ញាទាំង​ប៉ុន្មាន​មានអនុភាព។ វត្ថុស្ទើតែ​ទាំង​អស់​ដែលមនុស្សប្រើប្រាស់យ៉ាងត្រឹមត្រូវ ក៏អាច​តម្រង់ទៅ​រក​គោលដៅតែមួយនេះ គឺធ្វើឱ្យមនុស្យបានវិសុទ្ធ និង​លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់” (SC ៦១)។

អនុសញ្ញាផ្សេងៗ

១៦៧១. ក្នុងចំណោមអនុសញ្ញា មានពិធីប្រទានព្រះពរ (ដល់មនុស្ស តុ វត្ថុ កន្លែង)។ ពិធីប្រទានពរនា​នា​ដូច​ជា​ការ​​លើក​តម្កើងព្រះជាម្ចាស់ និងពាក្យអង្វរឱ្យព្រះអង្គប្រោសប្រទានព្រះអំណោយទានផងដែរ។ ព្រះ​ជាម្ចាស់​ជា​ព្រះ​បិតាប្រទានព្រះពរ “គ្រប់យ៉ាងផ្នែកខាងវិញ្ញាណ” (អភ ១,៣) ដល់គ្រីស្តបរិស័ទ ក្នុងអង្គព្រះគ្រីស្ត។ ហេតុ​នេះ​ហើយ បានជាព្រះសហគមន៍ប្រទានពរ ដោយអង្វរព្រះនាមព្រះយេស៊ូ និងជាធម្មតាដោយធ្វើសញ្ញាដ៏​វិសុទ្ធ​នៃ​ព្រះ​ឈើ​ឆ្កាងរបស់ព្រះគ្រីស្ត។

១៦៧២. ព្រះពរខ្លះមានឥទ្ធិពលខ្លាំងណាស់ គឺមានគោលដៅញែក មនុស្សខ្លះចំពោះព្រះជាម្ចាស់ និងទុក​វត្ថុ ឬ​កន្លែង​ខ្លះសម្រាប់ពិធីបុណ្យ។ ក្នុងចំណោមព្រះពរចំពោះមនុស្ស - ដែលមិនត្រូវច្រឡំនឹងអគ្គសញ្ញាតែង​តាំង - មាន​ព្រះ​ពរលើប្រធានអារាម ការញែកប្រសិទ្ធព្រហ្មចារិនី ពិធីធ្វើពាក្យសច្ចាប្រណិធាន ហើយព្រះពរចំពោះមុខងារខ្លះៗ​ក្នុង​ព្រះ​សហគមន៍ (អ្នកអានព្រះបន្ទូល អ្នកបម្រើអាសនៈ អ្នកណែនាំអប់រំជំនឿ ជាដើម)។ ឯព្រះពរ ដែល​ទាក់​ទង​នឹង​វត្តុ មានពិធីឧទិ្ទស ឬពិធីឆ្លងព្រះវិហារ ឬអាសនៈ ពិធីព្រះពរប្រេង ចាន ពែង និងសំលៀកបំពាក់ដ៏​សក្ការៈ ជួង ជា​ដើម។

១៦៧៣. មានពិធីដេញខ្មោច នៅពេលដែលព្រះសហគមន៍ប្រកបដោយអំណាច សុំជាសាធារណៈ ក្នុង​ព្រះ​នាម​ព្រះ​​យេស៊ូ​​គ្រីស្ត ឱ្យព្រះជាម្ចាស់ការពារមនុស្សម្នាក់ ឬវត្ថុណាមួយ ប្រឆាំងនឹងមារសត្រូវ ឬឱ្យចាកផុតពី​អំណាច​របស់​​វា។ ព្រះ​យេស៊ូបានប្រតិបត្តិតាម (មក ១,២៥ត) ហើយព្រះអង្គបានប្រគល់អំណាច និងបន្ទុក​ដេញ​ខ្មោច​ឱ្យ​​​ព្រះ​សហគមន៍ (មក ៣,១៥; ៦,៧.១៣; ១៦,១៧)។​ តាមរបៀបសាមញ្ញ យើងធ្វើ​ពិធី​ដេញ​ខ្មោច​ក្នុង​អគ្គ​សញ្ញា​ជ្រមុជទឹក។ ដោយមានការអនុញ្ញាតពីលោកអភិបាល មានតែលោកបូជាចារ្យទេ ដែលអាច​ធ្វើ​ពិធី​ដេញ​ខ្មោច​យ៉ាង​ឧឡារិក ដែលគេហៅថា “មហាពិធីដេញខ្មោច”។ ត្រូវប្រតិបត្តិតាមដោយប្រុងប្រយ័ត្ន និងដោយ​គោរព​យ៉ាង​តឹង​រ៉ឹង វិន័យរបស់ព្រះសហគមន៍។ ពិធីនេះ មានគោលដៅដេញខ្មោច ឬរំដោះឱ្យរួចពីមារ ដោយសារអំណាច​ខាង​​​វិញ្ញាណ ដែលព្រះយេស៊ូបានប្រគល់ឱ្យព្រះសហគមន៍របស់ព្រះអង្គ។ ប៉ុន្តែ យើងមិនត្រូវច្រឡំនឹង​ជម្ងឺ​ផ្លូវ​ចិត្ត​ខ្លះ ដែលជាសមត្ថកិច្ចរបស់គ្រូពេទ្យ។ ដូច្នេះ មុនធ្វើពិធីដេញខ្មោច ត្រូវតែដឹងច្បាស់ថា តើ​ករណីនោះមក​ពី​វត្តមាន​របស់មារ ឬមកពីជម្ងឺណាមួយ?

ពិធីប្រជាប្រិយ

១៦៧៤. ក្រៅពីពិធីបុណ្យនៃអគ្គសញ្ញា និងអនុសញ្ញា ការអប់រំជំនឿត្រូវយកចិត្តទុកដាក់ទៅលើលក្ខណៈ នៃការគោរពប្រណិប័តន៍ចំពោះព្រះជាម្ចាស់របស់គ្រីស្តបរិស័ទ និងទៅតាមជំនឿដែលមានលក្ខណៈប្រជាប្រិយ។ គ្រប់សម័យកាលទាំងអស់ ប្រជាជនគ្រីស្តបរិស័ទបានសម្ដែងចេញជំនឿរបស់ខ្លួន តាមលក្ខណៈផ្សេងៗ រួម​ជាមួយអគ្គសញ្ញានៃព្រះសហគមន៍ ដូចជាការគោរពបូជាចំពោះសរីរធាតុ ទស្សនកិច្ចទៅទីកន្លែងសក្ការៈនានា បូជនីយេសចរណ៍ ក្បួនដង្ហែផ្សេងៗ ផ្លូវដើរឈើឆ្កាង របាំសាសនា ផ្គាំ បន្តោង ជាដើម (មហាសន្និបាតនៅទីក្រុង​នីសេទី២៖ DS ៦០១; ៦០៣; មហានសន្និបាតនៅទីក្រុងត្រង់៖ DS ១៨២២)។

១៦៧៥. ការថ្វាយងបង្គំទាំងអស់នោះបន្តជីវិតនៃពិធីបុណ្យព្រះសហគមន៍ ប៉ុន្តែមិនជំនួសពិធីបុណ្យនោះទេ៖ “ត្រូវ​ធ្វើ​ឱ្យ​ការថ្វាយបង្គំនោះ​ស្របតាមរដូវនានានៃ​ពិធីបុណ្យ​ ដើម្បីឱ្យសមស្របនឹងពិធីបុណ្យ ដើម្បីឱ្យ​ហូរ​ចេញ​មកពីពិធីបុណ្យ និងដើម្បីបញ្ចូលប្រជាជនក្នុងពិធីបុណ្យ ពីព្រោះ​ជាការពិត ដោយ​សារ​ខ្លឹម​សារ​របស់​ពិធី​បុណ្យ​ល្អ​ប្រសើរ ជាងការ​ថ្វាយ​បង្គំ​នោះ​ផងដែរ” (SC ១៣)។

១៦៧៦. ត្រូវតែរិះគិតពិចារណាក្នុងព្រះសហគមន៍ ដើម្បីគាំទ្រ និងជួយទៅដល់ពិធីប្រជាប្រិយ និង​​តាម​កាលៈ​ទេសៈដើម្បីបន្សុទ្ធ និងកែតម្រូវអត្ថន័យខាងសាសនា ដែលមានក្នុងពិធីទាំងអស់នោះ ដើម្បីឱ្យអស់អ្នកដែល ប្រារព្ធពិធីទាំងអស់នោះ ស្គាល់អាឋ៌កំបាំងរបស់ព្រះគ្រីស្តកាន់តែច្បាស់លាស់។ ការប្រតិបត្តិពិធីប្រជាប្រិយស្ថិតនៅ ក្រោមការវិនិច្ឆ័យរបស់លោកអភិបាល និងទៅតាមល័ក្ខខ័ណ្ឌទូទៅរបស់ព្រះសហគមន៍។

. ជាធម្មតា ពិធីប្រជាប្រិយជាសំណុំនៃគុណសម្បត្តិ ដែលរួមជាមួយការយល់ដឹងរបស់គ្រីស្តសាសនា និង​ដែល​​ឆ្លើយ​តបនឹងសំណួរសំខាន់ៗនៃជីវិតរបស់មនុស្សលោក។ ការយល់ដឹងដ៏ត្រឹមត្រូវរបស់ប្រជាជន​កាតូលិក​សង្ខេប​​អ្វីដ៏សំខាន់ចំពោះការរស់នៅ ទើបធ្វើឱ្យព្រះជាម្ចាស់និងមនុស្ស ព្រះគ្រីស្តនិងព្រះនាងម៉ារី វិញ្ញាណ​និង​​រូបកាយ ព្រះ​អំណោយទាននិងរចនាសម្ព័ន្ធ បុគ្គលនិងសហគមន៍ ជំនឿនិងមាតុភូមិ ប្រាជ្ញានិងអារម្មណ៍ រួបរួម​ជា​មួយ​​គ្នា តាម​របៀប​បង្កបង្កើត។ ការយល់ដឹងនេះ គឺជាមនុស្សនិយមរបស់គ្រីស្តបរិស័ទ ដែលអះអាងជាដាច់ខាត​ថា មនុស្ស​​គ្រប់ៗ​រូបមានឋានៈដ៏ថ្លៃថ្នូរជាបុត្រធីតារបស់ព្រះជាម្ចាស់ ដែលធ្វើឱ្យមនុស្សរួមជាមួយគ្នាដូច​ជា​បង​ប្អូន​ ដែល​​បង្រៀន​ឱ្យជួបធម្មជាតិ ដូចជាឱ្យយល់អំពីការងារ ហើយដែលផ្តល់មូលហេតុឱ្យរស់នៅប្រកប​ដោយ​​សេចក្ដី​រីករាយ និងអារម្មណ៍ស្រស់ស្រាយ ទោះជាស្ថិតក្នុងការលំបាកយ៉ាងណាក៏ដោយ។ ការយល់ដឹងនេះ ក៏ជួយ​​ឱ្យ​ប្រជាជនចេះរិះគិតិចារណា និងចេះវិនិច្ឆ័យនៅពេលដែលព្រះសហគមន៍បម្រើដំណឹងល្អ ឬនៅពេល​ដែល​គេ​​ប្រើ​​​ដំណឹងល្អ ដើម្បីផលប្រយោជន៍ផ្សេង (EN ៤៨)។

សង្ខេប

១៦៧៧. គេហៅអនុសញ្ញាសញ្ញាសម្គាល់ដ៏សក្ការៈ ដែលព្រះសហគមន៍បានចាត់ចែង ហើយដែលមាន​គោលដៅរៀបចំមនុស្សលោកឱ្យទទួលផលនៃអគ្គសញ្ញា និងធ្វើឱ្យកាលៈទេសៈផ្សេងៗនៃជីវិតបានទៅជា វិសុទ្ធ។

១៦៧៨. ក្នុងចំណោមអនុសញ្ញា ពិធីប្រទានពរមានសារៈសំខាន់។ ក្នុងការប្រទានពរ មានការលើកតម្កើង ព្រះជាម្ចាស់ ដើម្បីកិច្ចការ និងព្រះអំណោយទានរបស់ព្រះអង្គ ហើយមានការជួយទូកអង្វររបស់ព្រះសហគមន៍ ដើម្បីឱ្យមនុស្សលោកអាចប្រើប្រាស់ព្រះអំណោយទានរបស់ព្រះជាម្ចាស់តាមលក្ខណៈនៃដំណឹងល្អ។

១៦៧៩. ជីវិតជាគ្រីស្តបរិស័ទបំប៉ុននឹងពិធីបុណ្យផង​ និងអស់ពិធីប្រជាប្រិយឯទៀតៗ ដែលចាក់ឫសក្នុង​វប្បធម៌​ផ្សេងៗ។  ដោយយកចិត្តទុកដាក់បំភ្លឺពិធីទាំងអស់នោះតាមពន្លឺនៃជំនឿ ព្រះសហគមន៍លើកទឹកចិត្ត​ឱ្យមានពិធីប្រជាប្រិយ ដែលសម្ដែងថា មនុស្សចេះរិះគិតអំពីរបៀបប្រកាសដំណឹងល្អ និងមានការយល់ដឹង ដែលបន្ថែមលក្ខណៈសម្បត្តនៃជីវិតជាគ្រីស្តបរិស័ទ។

ប្រការទី២៖​ ​ពិធីបញ្ចុះសព

១៦៨០. អគ្គសញ្ញាទាំងអស់ ជាពិសេសអគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ មាន​គោលដៅជាបុណ្យចម្លងចុងក្រោយនៃបុត្រធីតារបស់ព្រះជាម្ចាស់ គឺបុណ្យចម្លង ដែលធ្វើឱ្យគេចូលទៅក្នុង​ជីវិត​​នៃ​ព្រះ​រាជ្យ ដោយសារសេចក្ដីស្លាប់។ នៅពេលនោះ អ្វីដែលគេប្រកាសដោយមានជំនឿ និងក្នុងសេចក្ដី​សង្ឃឹម “ខ្ញុំរង់ចាំពេលដែលមនុស្សស្លាប់នឹងទទួលជីវិតថ្មី និងជីវិតក្នុងលោកខាងមុខផង” (ធម៌ប្រកាសជំនឿ​នៅ​និសេ​ / កុង​ស្ដង់​​ទីណូប) បាន​សម្រេចរួចហើយ។

១. បុណ្យចម្លងចុងក្រោយរបស់គ្រីស្តបរិស័ទ

១៦៨១. គម្រោងការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង គឺព្រះគ្រីស្ត ដែលជាទីសង្ឃឹម​តែ​មួយ​របស់​យើង ទ្រង់​សោយ​ទិវង្គត និងមាន​ព្រះ​ជន្មថ្មី សម្ដែងនូវ​អត្ថន័យនៃសេចក្ដីស្លាប់តាមគ្រីស្តសាសនា។ គ្រីស្តបរិស័ទ ដែល​ស្លាប់​នៅ​ក្នុងអង្គព្រះគ្រីស្តយេស៊ូ “ឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់” (២ករ ៥,៨)។

១៦៨២. ចំពោះគ្រីស្តបរិស័ទ ថ្ងៃនៃសេចក្ដីស្លាប់ជាថ្ងៃចុងក្រោយនៃជីវិតខាងអគ្គសញ្ញា បង្ហើយកំណើតថ្មី របស់គេ ដែលបានចាប់ផ្តើមនៅពិធីជ្រមុជទឹក។ ពេលនោះ គ្រីស្តបរិស័ទចាប់ផ្តើម “មានលក្ខណៈ” ជាស្ថាពរ “របស់ព្រះបុត្រា” ដែលអភិសេកនៃព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទាន ហើយគេចូលរួមចំណែកក្នុងពិធីជប់លៀង នៃព្រះរាជ្យ ដែលពិធីអរព្រះគុណប្រារព្ធទុកជាមុន ទោះបីជាគេត្រូវជម្រះចិត្តគំនិតទឿតនៅឡើយ ដើម្បីអាច​បំពាក់សំលៀកបំពាក់នៃពិធីមង្គលការ។

១៦៨៣. ព្រះសហគមន៍ ក្នុងឋានៈជាមាតា ដែលបានជួយគ្រិស្តបរិស័ទផ្នែកអគ្គសញ្ញា នៅពេលធ្វើ បូជនិយេសចរណ៍នៅលើលោកនេះ កំដរគេនៅទីចុងក្រោយនៃការធ្វើដំណើរ ដើម្បីប្រគល់គេ “ក្នុងព្រះហស្ត​របស់​ព្រះបិតា”។ ព្រះសហគមន៍ថ្វាយបុត្រនៃការប្រោសប្រណីរបស់ព្រះអង្គទៅព្រះបិតា នៅក្នុងអង្គព្រះគ្រីស្ត បញ្ចុះ​ពូជនៃរូបកាយទៅក្នុងដី ដោយសង្ឃឹមថា និងទទួលជីវិតថ្មីពោរពេញទៅដោយសិរីរុងរឿង (១ករ ១៥,៤២-៤៤)។ តង្វាយនេះបានពេញលក្ខណៈក្នុងពិធីអភិបូជា ពិធីព្រះពរដែលមានពីមុន និងពីខាងក្រិយជាអនុសញ្ញា។

២. ការប្រារព្ធពិធីបញ្ចុះសព

១៦៨៤. ពិធីបញ្ចុះសពមិនប្រគល់អគ្គសញ្ញា ឬអនុសញ្ញាឱ្យអ្នកស្លាប់ទេ ដ្បិតគេបាន “ឆ្លង” ហួសពី​ការចាត់​ចែង​នៃ​អគ្គសញ្ញាទៅហើយ។ ក៏ប៉ុន្តែ ពិធីនោះ នៅតែជាពិធីបុណ្យរបស់ព្រះសហគមន៍ (SC ៨១-៨២)។ មុខងារ​របស់​ព្រះ​សហគមន៍មានគោលដៅដើម្បីបង្ហាញថា យើងរួបរួមជាមួយអ្នកស្លាប់ ហើយដើម្បីឱ្យ សហគមន៍ ចូល​រួម​ចំណែក​ក្នុងពិធីបញ្ចុះសព និងប្រកាសជីវិតអស់កល្បជានិច្ចឱ្យសហគមន៍នេះផងដែរ។

១៦៨៥. ពិធីផ្សេងៗនៃពិធីបញ្ចុះសពបង្ហាញថា ចំពោះគ្រីស្តសាសនា សេចក្ដីស្លាប់ដូចជាការចម្លង មួយ ស្របតាម ស្ថានភាព និងប្រពៃណីនៃតំបន់នីមួយៗសូម្បីតែពណ៌នៃពិធីបុណ្យ (SC ៨១)។

១៦៨៦. Ordo exsequiarum (Oex) នៃពិធីបុណ្យនៅទីក្រុងរ៉ូមស្នើសុំឱ្យមានពិធីបីយ៉ាង តាមកន្លែងទាំងបី នៃពិធីបញ្ចុះសព (ផ្ទះ ព្រះវិហារ ទីបញ្ចុះសព) និងតាមបំណងរបស់ក្រុមគ្រួសារ ប្រពៃណីនៃតំបន់នីមួយៗ វប្បធម៌ និងប្រពៃណីប្រជាប្រីយ៍ផងដែរ។ ពិធីនេះ ដូចប្រពៃណីខាងពិធីបុណ្យឯទៀតៗ ហើយមានបួនវគ្គសំខាន់ៗ៖

១៦៨៧. ការទទួលនៃសហគមន៍ ។ ពិធីបុណ្យចាប់ផ្តើមដោយការគោរពគ្នាតាមរបៀបជំនឿ។ ​សម្ដី “លួងលោម” (តាម​អត្ថន័យ​របស់សម្ព័ន្ធមេត្រីថ្មី៖ ឫទ្ធានុភាព​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ប្រកប​ដោយ​សេចក្ដីសង្ឃឹម) (១ថស ៤,១៨) ទទួល​ញាតិ​មិត្តរបស់អ្នកស្លាប់​។​ សហគមន៍ ដែលកំពុងអធិដ្ឋាន ប្រជុំគ្នា និងរង់ចាំ “ព្រះបន្ទូល​នៃ​ជីវិត​អស់​កល្ប​ជានិច្ច”។ មរណភាព​របស់សមាជិកម្នាក់នៃសហគមន៍ (ឬថ្ងៃខួប ថ្ងៃទីប្រាំពីរ ឬថ្ងៃទីសែសិប) គឺជាព្រឹត្តិការណ៍​មួយ ដែល​ត្រូវ​តែ​ធ្វើឱ្យនឹកគិតដល់ហួសពី “លោកនេះ” និងទាក់ទាញគ្រីស្តបរិស័ទឱ្យផ្ញើជីវិតទៅលើព្រះ​គ្រីស្ត ដែល​មាន​ព្រះ​ជ​ន្មថ្មី។

១៦៨៨. នៅពេលពិធីបញ្ចុះសព ត្រូវតែរៀបចំដោយយកចិត្តទុកដាក់ពិធីលើកតម្កើងព្រះបន្ទូល ដ្បិតនៅក្នុងអង្គ​ប្រជុំអាចមានអ្នកខ្លះ ឬមិត្តភ័ក្តិរបស់អ្នកស្លាប់ ដែលមិនមែនជាគ្រីស្តបរិស័ទ។ ជាពិសេសធម៌ទេសនាត្រូវតែ “ជៀសវាងកុំឱ្យសរសើរអ្នកស្លាប់” (Oex ៤១) ប៉ុន្តែ ត្រូវបំភ្លឺអាថ៌កំបាំង​នៃ​សេចក្ដី​ស្លាប់​តាម​គ្រីស្ត​សាសនា​ក្នុង​ពន្លឺ​របស់​ព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី។

១៦៨៩. អភិបូជា ។​ នៅពេលប្រារព្ធពិធីក្នុងព្រះវិហារ ពិធីអរព្រះគុណសម្ដែងលក្ខណៈជាការចម្លងនៃសេចក្ដីស្លាប់​តាម​គ្រីស្ត​សាសនា (Oex ១)។ នៅពេលនោះ ព្រះសហគមន៍បង្ហាញថា ខ្លួនរួបរួមជាមួយអ្នកស្លាប់ គឺដោយ​ថ្វាយ​ទៅព្រះបិតា ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ សក្ការបូជារបស់ព្រះគ្រីស្តដែលបានសោយទិវង្គត និងបានទទួលព្រះជន្មថ្មី ព្រះ​សហគមន៍ក៏ទូលសុំឱ្យបុត្ររបស់ខ្លួនរួចពីបាប និងផលវិបាករបស់បាប ហើយឱ្យគេចូលរួមតុ​ក្នុង​ព្រះ​រាជ្យឱ្យបានពេញលក្ខណៈ (Oex ៥៧)។ តាមរយៈពិធីអរព្រះគុណនេះ សហគមន៍របស់គ្រីស្តបរិស័ទ ជាពិសេសក្រុមគ្រួសាររបស់អ្នកស្លាប់ រៀនរួមរស់ជាមួយអ្នកដែល “ដេកលក់ក្នុងអង្គព្រះអម្ចាស់” ដោយទទួលព្រះ​កាយព្រះគ្រីស្ត ដែលអ្នកស្លាប់ជាសិរីរាង្គដ៏រស់រវើក ហើយដោយទូលអង្វរព្រះជាម្ចាស់ដើម្បីគាត់ និងជាមួយគាត់។

១៦៩០. ព្រះសហគមន៍ “ផ្ញើផ្តាំអ្នកស្លាប់ថ្វាយទៅព្រះជាម្ចាស់” គឺ “លា សមាជិករបស់ខ្លួន​ម្នាក់ ​មុន​នឹងបញ្ចុះ​សព​របស់​គេ” (Oex ១០)។ ប្រពៃណីនៅប៊ីសង់លាអ្នកស្លាប់ដោយថើបគេ៖

ដោយសារពិធីសុំលាហើយនេះ “យើងច្រៀងដោយសារគេចាកចេញពីជីវិតនេះ និងគេបែកចេញពី​យើង ប៉ុន្តែ យើងរួបរួមជាមួយគ្នាផងដែរ។ ទោះបីយើងស្លាប់យ៉ាងណាក៏ដោយ ក៏យើងមិនបែកពីគ្នាដែរ ដ្បិតយើង​ទាំង​អស់​គ្នា ធ្វើដំណើរតាមផ្លូវតែមួយ ហើយយើងនឹងនៅក្នុងកន្លែងតែមួយដែរ។ យើងនឹងមិនដែលបែកពីគ្នាទេ ដ្បិត​យើង​រស់ ដើម្បីព្រះគ្រីស្ត ហើយឥឡូនេះយើងរួមរស់ជាមួយព្រះគ្រីស្ត ដោយដើរឆ្ពោះទៅព្រះអង្គ (...) យើងទាំង​អស់​គ្នានឹង​នៅក្នុងអង្គព្រះគ្រីស្ត” (សន្ត ស៊ីម៉ូន នៃថេស្សាឡូនិក)។

វគ្គទីបី៖​​​​ ការរស់នៅក្នុងអង្គព្រះគ្រីស្ត

ភាគទី១៖ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោក​ឱ្យរស់នៅក្នុងអង្គព្រះវិញ្ញាណ

ជំពូក១ លេខ១៦៩១-១៨៧៦

១៦៩១. “គ្រីស្តបរិស័ទអើយ! ចូរទទួលស្គាល់ឋានៈដ៏ថ្លៃថ្នូររបស់ខ្លួន! ដោយសារអ្នកមានលក្ខណៈជាព្រះជាម្ចាស់រួមជាមួយព្រះអង្គ ចាប់ពីឥឡូវនេះទៅ កុំប្រព្រឹត្តអំពើសៅហ្មងដូចកាលពីមុនទៀតទេ។ ចូររម្លឹកថា អ្នកជា​កម្មសិទ្ធិរបស់ប្រធានណា ហើយអ្នកជាសមាជិករបស់ព្រះកាយណា។ ចូររម្លឹកថា ព្រះជាម្ចាស់បានដកអ្នកចេញពីអំណាចនៃភាពងងឹត ដើម្បីផ្ទេរអ្នកឱ្យចូលក្នុងពន្លឺ និងក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” (សន្ត ឡេអុងដ៏ប្រសើរ)។

១៦៩២. ធម៌ប្រកាសជំនឿបានប្រកាសតម្លៃដ៏វិសេសបំផុត នៃព្រះអំណោយទានរបស់ព្រះជាម្ចាស់ ចំពោះ​មនុស្ស​​​ ក្នុងស្នាព្រះហស្តនៃការបង្កើតរបស់ព្រះអង្គ ហើយលើសពីនេះទៅទៀត ដោយសារព្រះអង្គបានសង្រ្គោះ និងប្រោស​មនុស្សឱ្យបានវិសុទ្ធ។ អ្វីដែលអ្នកជឿប្រកាស អគ្គសញ្ញាក៏ផ្តល់ឱ្យ គឺ “ដោយសារអគ្គសញ្ញាដែលធ្វើឱ្យគេកើតជាថ្មី” គ្រីស្តបរិស័ទបានក្លាយទៅជា “បុត្រធីតារបស់ព្រះជាម្ចាស់” (យហ ១,១២ ; ១យហ ៣,១) គេ “មានលក្ខណៈជាព្រះជាម្ចាស់រួមជាមួយព្រះអង្គ” (២ពត្រ ១,៤)។ ដោយទទួលស្គាល់ ក្នុងជំនឿ ឋានៈថ្មីរបស់គេ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទ “ឱ្យមានរបៀបរស់នៅស្របតាមដំណឹងល្អរបស់ព្រះគ្រីស្ត” (ភីល ១,២៧)។ ដោយសារអគ្គសញ្ញា និងការអធិដ្ឋាន គេទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត និងព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលនាំគេឱ្យអាចប្រតិបត្តិតាម។

១៦៩៣. ព្រះគ្រីស្តយេស៊ូតែងតែគាប់ព្រះហឫទ័យរបស់ព្រះបិតា (យហ ៨,២៩)។ ព្រះអង្គតែងតែរួបរួមជាមួយព្រះបិតាយ៉ាងពេញលក្ខណៈ។ យ៉ាងណាមិញ ព្រះជាម្ចាស់អញ្ជើញសាវ័ករបស់ព្រះអង្គឱ្យរស់នៅដោយគោរពព្រះបិតា ដែល “ទតឃើញនៅក្នុងទីស្ងាត់កំបាំង” (មថ ៦,៦) ដើម្បីឱ្យ “បានគ្រប់លក្ខណ៍ដូចព្រះបិតាដែលគង់នៅស្ថានបរមសុខគ្រប់លក្ខណ៍យ៉ាងនោះដែរ” (មថ ៥,៤៨)។

១៦៩៤. ដោយរួមជាមួយព្រះគ្រីស្ត ដោយសារអគ្គសញ្ញាជ្រមុជទឹក (រម ៦,៥) គ្រីស្តបរិស័ទ “បានស្លាប់រួចផុតពីអំណាចបាប ហើយមានជីវិតរស់សម្រាប់ព្រះជាម្ចាស់ ក្នុងអង្គព្រះគ្រីស្តយេស៊ូ” (រម ៦,១១) ទើបគេចូលរួមចំណែកក្នុងព្រះជន្មថ្មីរបស់ព្រះអង្គ (កូឡ ២,១២)។ ដោយដើរតាមព្រះគ្រីស្ត និងដោយស្ថិតនៅជាប់នឹង​ព្រះអង្គ (យហ ១៥,៥) គ្រីស្តបរិស័ទអាច “យកតម្រាប់តាមព្រះជាម្ចាស់ ដូចជាបុត្រធីតាដ៏ជាទីស្រលាញ់ ហើយរស់នៅដោយមានចិត្តស្រលាញ់” (អភ ៥,១) ដោយមានចិត្តគំនិត ពាក្យសម្តី និងកិច្ចការ ដូច “ចិត្តគំនិតរបស់ព្រះគ្រីស្តយេស៊ូ” ដែរ (ភីល ២,៥) ហើយដោយយកតម្រាប់តាមព្រះអង្គ (យហ ១៣,១២-១៦)។

១៦៩៥. “ព្រះជាម្ចាស់បានប្រោសប្រទាន (គ្រីស្តបរិស័ទ) ឱ្យបានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង” (១ករ ៦,១១) ព្រះអង្គក៏បាន “ប្រោសប្រទាន គេឱ្យបានវិសុទ្ធ និងត្រាស់ហៅគេឱ្យទៅជាសន្តបុគ្គល” (១ករ ១,២) គ្រីស្តបរិស័ទបានក្លាយទៅជា “ព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ” (១ករ ៦,១៩)។ “ព្រះវិញ្ញាណនៃព្រះបុត្រា” នេះ បង្រៀនគេឱ្យចេះអង្វរព្រះបិតា (កាឡ ៤,៦) ដែលទ្រង់បានទៅជាជីវិតរបស់គេ ធ្វើឱ្យគេប្រតិបត្តិតាម (កាឡ ៥,២៥) ដើម្បី “បង្កើតផលនៃព្រះវិញ្ញាណ” (កាឡ ៥,២២) គឺគេប្រព្រឹត្តកិច្ចការដោយក្ដីស្រលាញ់។ ដោយព្យាបាលមុខរបួសនៃអំពើបាប ព្រះវិញ្ញាណដ៏វិសុទ្ធ “ប្រោសយើងផ្នែកខាងក្នុងឱ្យក្លាយជាថ្មី ដើម្បីកែប្រែគំនិតប្រាជ្ញា និងវិញ្ញាណឱ្យបានថ្មីដែរ” (អភ ៤,២៣) ព្រះអង្គក៏បំភ្លឺយើង និងពង្រឹងកម្លាំងយើង ដើម្បីរស់នៅ “ដូចជាពន្លឺ” (អភ ៥,៨) ដោយសារ “សេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់យ៉ាង” (អភ ៥,៩)។

១៦៩៦. មាគ៌ារបស់ព្រះគ្រីស្ត “នាំទៅរកជីវិត” មាគ៌ាផ្ទុយនឹងផ្លូវរបស់ព្រះអង្គ “នាំទៅរកសេចក្ដីវិនាស” (មថ ៧,១៣) (ទក ៣០,១៥-២០)។ ប្រស្នានៃដំណឹងល្អអំពីមាគ៌ាទាំងពីរ តែងតែស្ថិតនៅក្នុងការអប់រំជំនឿរបស់ព្រះសហគមន៍ គឺសម្ដែងឱ្យយើងដឹងថា ការសម្រេចចិត្តខាងសីលធម៌សំខាន់ណាស់ ដើម្បីសង្រ្គោះយើង។ “មានមាគ៌ាពីរ មួយជាមាគ៌ានៃជីវិត មួយទៀតជាមាគ៌ានៃសេចក្ដីស្លាប់ ប៉ុន្តែមាគ៌ាទាំងពីរប្លែកពីគ្នាខ្លាំងណាស់” (ឌីដាខែ)។

១៦៩៧. ក្នុងការអប់រំជំនឿ ត្រូវតែបង្ហាញឱ្យច្បាស់អំណរ និងការទាមទារនៃមាគ៌ារបស់ព្រះគ្រីស្ត (CT ២៩)។ ក្នុងអង្គព្រះអង្គ ការអប់រំជំនឿនៃ “ជីវិតថ្មី” (រម ៦,៤) មានដូចតទៅ៖
- ការអប់រំជំនឿអំពីព្រះវិញ្ញាណដ៏វិសុទ្ធ ជាគ្រូផ្នែកខាងក្នុងនៃរបៀបរស់នៅតាមព្រះគ្រីស្ត ជាភ្ញៀវដ៏ទន់ភ្លន់ និងជា​មិត្តសម្លាញ់ ដែលបំភ្លឺ ណែនាំ កែលំអ និងពង្រឹងរបៀបរស់នៅនេះ
- ការអប់រំជំនឿអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដ្បិតយើងទទួលការសង្រ្គោះដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ម្យ៉ាងទៀត កិច្ចការយើងអាចបង្កើតផលសម្រាប់ជីវិតអស់កល្បជានិច្ចក៏ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គដែរ
- ការអប់រំជំនឿអំពីសុភមង្គលយ៉ាងពិតប្រាកដ ដ្បិតសុភមង្គលយ៉ាងពិតប្រាកដសង្ខេបមាគ៌ារបស់ព្រះគ្រីស្ត ជាផ្លូវតែមួយឆ្ពោះទៅសុភមង្គលអស់កល្បជានិច្ច ដែលចិត្តមនុស្សលោកប្រាថ្នាចង់បាន
- ការអប់រំជំនឿអំពីអំពើបាប និងអំពីការលើកលែងទោស ពីព្រោះបើមនុស្សមិនទទួលស្គាល់ថា ខ្លួនជាអ្នកបាបទេ គេមិនអាចស្គាល់សេចក្ដីពិតអំពីខ្លួនឯងបានឡើយ ដែលជាលក្ខខណ្ឌដើម្បីប្រព្រឹត្តយ៉ាងត្រឹមត្រូវ ហើយ​​បើព្រះជាម្ចាស់មិនប្រោសប្រទានការលើកលែងទោសទេ មនុស្សមិនអាចទ្រាំទ្រសេចក្ដីពិតនេះបានឡើយ
- ការអប់រំជំនឿអំពីគុណធម៌របស់មនុស្សលោក ដើម្បីចាប់អារម្មណ៍អំពីសោភណភាពនៃអ្វីដ៏ល្អ ដែលទាក់ទាញចិត្តគំនិត
- ការអប់រំជំនឿអំពីគុណធម៌នៃគ្រីស្តសាសនា គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ ដោយយកតម្រាប់តាមគំរូរបស់សន្តបុគ្គល
- ការអប់រំជំនឿនៃធម្មវិន័យនៃសេចក្ដីស្រលាញ់ ក្នុងវិន័យដប់ប្រការ
- ការអប់រំជំនឿនៃព្រះសហគមន៍ ដ្បិតជីវិតរបស់គ្រីស្តបរិស័ទអាចរីកចម្រើន លាតសន្ធឹង និងផ្តល់ខ្លួន ក្នុងការផ្លាស់ប្តូរជាច្រើន “នៃសេចក្ដីល្អខាងវិញ្ញាណ” ក្នុង “សហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ”។

១៦៩៨. ព្រះយេស៊ូគ្រីស្តតែងតែជាគំរូដំបូង និងសំខាន់ជាងគេបំផុតនៃការអប់រំជំនឿនេះ ព្រះអង្គដែលព្រះអង្គផ្ទាល់ជា “ផ្លូវ ជាសេចក្ដីពិត និងជាជីវិត” (យហ ១៤,៦)។ ដោយសម្លឹងមើលព្រះអង្គក្នុងជំនឿ  គ្រីស្តបរិស័ទអាចសង្ឃឹមថា ព្រះអង្គផ្ទាល់នឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គក្នុងខ្លួនគេ ហើយដោយស្រលាញ់ព្រះអង្គដូចព្រះអង្គបានស្រលាញ់គេដែរ គេអាចប្រព្រឹត្តកិច្ចការសមស្របនឹងឋានៈរបស់ខ្លួន៖

ខ្ញុំសូមអង្វរឱ្យចាត់ទុកថា ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងពិតជាប្រធានរបស់យើង ហើយអ្នករាល់គ្នាជាសមាជិករបស់ព្រះអង្គ។ ព្រះអង្គជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដូចប្រធានជាកម្មសិទ្ធិរបស់សមាជិកដែរ។ អ្វីៗដែលជារបស់ព្រះអង្គក៏ជារបស់អ្នករាល់គ្នាដែរ គឺចិត្តគំនិត បេះដូង ព្រះកាយ ព្រលឹង និងសមត្ថភាពទាំងអស់របស់ព្រះអង្គ ហើយអ្នករាល់គ្នាត្រូវតែប្រើប្រាស់ដូចជារបស់អ្នកផ្ទាល់ ដើម្បីបម្រើ កោតសរសើរ ស្រលាញ់ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាជាកម្មសិទ្ធិរបស់ព្រះអង្គ ដូចសមាជិកជាកម្មសិទ្ធិរបស់ប្រធានដែរ។ ហេតុនេះហើយ បានជាព្រះអង្គប៉ងប្រាថ្នាខ្លាំងណាស់ក្នុងការប្រើប្រាស់អ្វីៗទាំងអស់ដែលមានក្នុងខ្លួនអ្នករាល់គ្នា ដើម្បីកិច្ចបម្រើ និងសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គ ដូចរបស់របរដែលជាកម្មសិទ្ធិរបស់ព្រះអង្គដែរ (សន្ត យ៉ូហាន អើដ)។ ជីវិតខ្ញុំ គឺព្រះគ្រីស្ត (ភីល ១,២១)។

ភាគទីមួយ​៖ ​​
ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោក
ឱ្យរស់នៅក្នុងអង្គព្រះវិញ្ញាណ

១៦៩៩. ជីវិតរស់នៅក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធបំពេញការត្រាស់ហៅរបស់មនុស្ស (ជំពូកទីមួយ )។ ជីវិតនេះ ប្រកបដោយសេចក្ដី​ស្រលាញ់របស់ព្រះជាម្ចាស់ និងសាមគ្គីភាពរវាងមនុស្ស (ជំពូកទីពីរ )។ ព្រះជាម្ចាស់ប្រោសប្រទានជីវិតនេះ ដូចជាការសង្រ្គោះមួយ (ជំពូកទីបី )។

ជំពូកទីមួយ៖​
ឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស

១៧០០. ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាង និងមានលក្ខណៈដូចព្រះអង្គ មនុស្ស​មានឋានៈដ៏ថ្លៃថ្នូរ (ប្រការទី១)។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យមានសុភមង្គលយ៉ាងពិតប្រាកដ ដើម្បីបំពេញឋានៈដ៏ថ្លៃថ្នូររបស់គេ​ (ប្រការទី២)។ មនុស្សក៏ត្រូវតែស្ម័គ្រចិត្តបំពេញលក្ខណៈរបស់ខ្លួន (ប្រការទី  ៣)។ ដោយសារកិច្ចការដែលគេប្រព្រឹត្តដោយចេតនា (ប្រការទី៤) មនុស្សប្រតិបត្តិតាម ឬមិនប្រតិបត្តិតាមអ្វីដ៏ល្អប្រសើរដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យា ហើយដែលមនសិការបញ្ជាក់ (ប្រការទី៥)។ មនុស្សលោកកសាងខ្លួនឯង និងរីកចម្រើនផ្នែកខាងក្នុង គឺគេធ្វើឱ្យជីវិតខាងវិញ្ញាណទៅជាសម្ភារៈនៃការលូតលាស់របស់គេ (ប្រការទី  ៦)។ ដោយមានព្រះហឫទ័យប្រណីសន្តោសជួយឧបត្ថម្ភ គេរីកចម្រើនក្នុងគុណធម៌ (ប្រការទី៧ ) ចៀសវាងអំពើបាប ហើយបើគេបានប្រព្រឹត្តបាប គេថ្វាយខ្លួន ដូចកូនពៅវង្វេង (លក ១៥,១១-៣១) ចំពោះធម៌មេត្តាករុណានៃព្រះបិតារបស់យើងដែលគង់នៅស្ថានបរមសុខ (ប្រការទី៨ )។ ដូច្នេះ គេឈានទៅដល់ភាពល្អឥតខ្ចោះនៃសេចក្ដីស្រលាញ់។

ប្រការទី១៖​ មនុស្សលោកជារូបតំណាងរបស់ព្រះជាម្ចាស់

១៧០១. “​​​ពេលព្រះគ្រីស្តសម្តែងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះបិតា​​​ និងអាថ៌កំបាំងនៃព្រះហឫទ័យ​​​​ស្រឡាញ់របស់ព្រះអង្គ ទ្រង់​ក៏សម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំគេឱ្យស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់ខ្លួន តាមព្រះជាម្ចាស់​​​បានកំណត់​ទុក” (GS ២២,១)។ ក្នុងអង្គព្រះគ្រីស្ត ដែលជា “រូបតំណាងរបស់ព្រះជាម្ចាស់ដែលយើងមើលពុំឃើញ” (កូឡ ១,១៥) (២ករ ៤,៤) ព្រះជាម្ចាស់បានបង្កើតមនុស្សលោកដូចជា “តំណាង និងមានលក្ខណៈ” របស់ព្រះបង្កើត។ ក្នុងអង្គព្រះគ្រីស្ត ដែលជាព្រះសង្រ្គោះ ព្រះជាម្ចាស់បានប្រោសមនុស្ស ដែលអំពើបាបដើមបានបង្ខូច ឱ្យមានលក្ខណៈដូចព្រះអង្គឡើងវិញ ដោយទ្រង់បាន​កែលក្ខណៈនេះក្នុងសោភណភាពដើម ហើយបានបន្ថែមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គថែមទៀតផង (GS ២២,២)។

១៧០២. មនុស្សគ្រប់ៗរូបមានលក្ខណៈដូចព្រះជាម្ចាស់។ លក្ខណៈនេះ ភ្លឺចិញ្ចាចចិញ្ចែង ពេលមនុស្សរួបរួមជាមួយគ្នា ដូចព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធរួបរួមជាមួយគ្នាផងដែរ (សូមអានជំពូកទីពីរ)។

១៧០៣. ដោយមាន “ព្រលឹងវិញ្ញាណអមតៈ” (GS ១៤) មនុស្ស “ជាសត្វលោកតែមួយគត់ដែលព្រះអង្គសព្វព្រះហឫទ័យបង្កើតដើម្បី​​​ខ្លួនឯង” (GS ២៤,៣)។ តាំងពីគេនៅក្នុងផ្ទៃមកម្ល៉េះ ព្រះជាម្ចាស់មានព្រះហឫទ័យឱ្យមនុស្សលោកទទួលសុភមង្គលអស់កល្បជានិច្ច។

១៧០៤. មនុស្សទទួលចំណែកក្នុងពន្លឺ និងឫទ្ធានុភាពនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ដោយ​សារប្រាជ្ញា មនុស្សអាចយល់អំពីរបៀបរៀបរយនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានចាត់ចែង។ ដោយសារបំណងរបស់ខ្លួន មនុស្សអាចទៅរកសុភមង្គលដ៏ពិតប្រាកដ ដោយខ្លួនឯង។ មនុស្សទៅជាបានពេញលក្ខណៈដោយ “ស្វះស្វែងរក និងស្រឡាញ់សេចក្តីពិត ​និងអ្វីដែលល្អប្រសើរ” (GS ១៥,២)។

១៧០៥. ដោយសារព្រលឹង ឫទ្ធានុភាពខាងវិញ្ញាណ ឫទ្ធានុភាពនៃប្រាជ្ញា និងឫទ្ធានុភាពនៃបំណងរបស់ខ្លួន មនុស្សមានសេរីភាព “ជាសញ្ញាសម្គាល់ពិសេសបញ្ជាក់ថា មនុស្សមាន​​​លក្ខណៈ​​​ដូចព្រះជាម្ចាស់” (GS ១៧)។

១៧០៦. ដោយសារប្រាជ្ញា មនុស្សស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលជំរុញ “ឱ្យប្រព្រឹត្ត​អំពើល្អ និងចៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់” (GS ១៦)។ ម្នាក់ៗត្រូវតែធ្វើតាមក្បួនវិន័យ ដែលលាន់ឮក្នុងមនសិការ ហើយដែលបំពេញក្នុងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ។ ការរស់នៅប្រកបដោយសីលធម៌បញ្ជាក់អំពីឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។

១៧០៧. “មារដ៏មានកលល្បិច​ជាងគេបញ្ឆោតមនុស្ស​​​ ​​​បណ្តាល​ឱ្យគេប្រើសេរីភាពរបស់ខ្លួនហួសហេតុ” (GS ១៣,១)។ មនុស្សបានចាញ់ការល្បួង និងបានប្រព្រឹត្តអំពើអាក្រក់។ មនុស្សនៅតែប្រាថ្នាចង់បានអ្វីដ៏ល្អ ប៉ុន្តែធម្មជាតិរបស់ខ្លួនត្រូវអំពើបាបដើមដំបូងធ្វើឱ្យរបួស។ មនុស្សមានចិត្តលម្អៀងប្រព្រឹត្តអំពើអាក្រក់ និងអាចប្រព្រឹត្តកំហុសផងដែរ៖

ហេតុនេះ យើងយល់ឃើញថា មនុស្សបាក់បែកពីខាងក្នុង។ ការរស់នៅរបស់មនុស្សយើង ទោះជា​​​ការ​​​​​​រស់​​​នៅរបស់​បុគ្គលម្នាក់ៗក្តី ជាការរស់នៅរួមក្តី ជាការប្រយុទ្ធដ៏ឃោរឃៅ គឺសេចក្តីល្អប្រយុទ្ធ​​​និង​​​សេចក្តី​​​អាក្រក់ ពន្លឺប្រយុទ្ធ​និង​ភាពងងឹត (GS ១៣,២)។

១៧០៨. ដោយសារព្រះអង្គបានរងទុក្ខលំបាក ព្រះគ្រីស្តបានរំដោះយើងឱ្យរួចពីមារសាតាំង និងពីអំពើបាប។ ដោយសារបុណ្យកុសលព្រះអង្គៗក៏បានប្រទានជីវិតថ្មីក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គកែលំអឡើងវិញនូវអ្វីៗដែលអំពើបាបបានបំផ្លាញក្នុងខ្លួនយើង។

១៧០៩. អ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះគ្រីស្តក្លាយទៅជាបុត្រធិតារបស់ព្រះជាម្ចាស់ ដែលផ្លាស់ប្តូរគេ ដោយប្រោសប្រទានគេឱ្យអាចយកតម្រាប់តាមព្រះគ្រីស្ត អាចប្រព្រឹត្តកិច្ចការត្រឹមត្រូវ និងប្រតិបត្តិតាមអ្វីដែលល្អ។ ដោយរួបរួមជាមួយព្រះសង្រ្គោះរបស់ខ្លួន សាវ័កឈានទៅរកភាពល្អឥតខ្ចោះនៃសេចក្ដីស្រលាញ់ គឺភាពដ៏វិសុទ្ធ។ ដោយព្រះហឫទ័យប្រណីសន្តោសបានរៀបចំ ការរស់នៅតាមសីលធម៌រីកចម្រើនឱ្យពេញលក្ខណៈក្នុងជីវិតអស់កល្បជានិច្ច ក្នុងសិរីរុងរឿងនៃស្ថានបរមសុខ។

សង្ខេប

១៧១០. “ព្រះគ្រីស្តសម្តែងឋានៈរបស់មនុស្សយ៉ាងពេញលេញ និងនាំឱ្យគេស្គាល់តម្លៃដ៏ថ្លៃថ្នូររបស់​ខ្លួន តាមព្រះជាម្ចាស់​​​បានកំណត់​ទុក” (GS ២២,១)។

១៧១១ . ចាប់តាំងពីផ្ទៃម្តាយមកម្ល៉េះ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សមានព្រលឹងខាងវិញ្ញាណ ប្រាជ្ញា និង​ឆន្ទៈ បែរទៅរកព្រះអង្គ និងឱ្យទទួលសុភមង្គលអស់កល្បជានិច្ច។ មនុស្សបានល្អឥតខ្ចោះ ដោយ “ស្វះ​ស្វែង​រកស្រឡាញ់សេចក្តីពិត​ និងអ្វីដ៏ល្អប្រសើរ” (GS ១៥,២)។

១៧១២. នៅក្នុងខ្លួនមនុស្ស សេរីភាពដ៏ពិតប្រាកដ “ជាសញ្ញាសម្គាល់ពិសេសបញ្ជាក់ថា មនុស្សមាន​​​លក្ខណៈ​​​​​ដូចព្រះជាម្ចាស់” (GS ១៧)។

១៧១៣ . មនុស្សត្រូវតែធ្វើតាមវិន័យខាងសីលធម៌ ដែលជំរុញគេ “ឱ្យប្រព្រឹត្ត​អំពើល្អ និង​ជៀសវាង​មិន​ឱ្យប្រព្រឹត្តអំពើអាក្រក់” (GS ១៦)។ វិន័យនេះ លាន់ឮក្នុងមនសិការរបស់ខ្លួន។

១៧១៤ . មនុស្សដែលត្រូវរបួសដោយសារអំពើបាបដើមដំបូងអាចប្រព្រឹត្តខុស និងមានចិត្តលម្អៀង​ប្រព្រឹត្តអំពើអាក្រក់ ក្នុងការប្រើប្រាស់សេរីភាពរបស់ខ្លួន។

១៧១៥. នរណាផ្ញើជីវិតទៅលើព្រះគ្រីស្តមានជីវិតថ្មីក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ ការរស់នៅតាម​សីលធម៌ ដោយមានការប្រោសប្រណីជួយឱ្យរីកចម្រើន និងបានពេញលេញ ត្រូវតែសម្រេចក្នុងសិរីរុងរឿង នៃ​ស្ថាន​បរមសុខ។

ប្រការទី២៖​ ព្រះជាម្ចាស់ត្រាស់ហៅយើងឆ្ពោះទៅរកសុភមង្គលយ៉ាងពិតប្រាកដ

១. សុភមង្គលយ៉ាងពិតប្រាកដ

១៧១៦. សុភមង្គលយ៉ាងពិតប្រាកដជាស្នូលនៃធម៌ទេសនារបស់ព្រះយេស៊ូ។ ពេលព្រះអង្គប្រកាសអំពីសុភមង្គលនេះ ព្រះអង្គយកព្រះបន្ទូលសន្យា ដែលព្រះជាម្ចាស់បានប្រោសប្រទានឱ្យប្រជាជនរបស់ព្រះអង្គតាំងពីលោកអប្រាហាំ មកវិញ។ ព្រះអង្គបំពេញព្រះបន្ទូលសន្យានោះ សំដៅទៅលើព្រះរាជ្យនៃស្ថានបរមសុខ គឺមិនគ្រាន់តែជាការកាន់កាប់ដីប៉ណ្ណោះទេ។

អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ​ខ្សត់​ អ្នក​នោះ​មាន​សុភមង្គលហើយ  ដ្បិត​ពួកគេ​បាន​ទទួល​ព្រះ​រាជ្យនៃ​ស្ថាន​​បរមសុខ! អ្នក​ណា​មាន​ចិត្ត​ស្លូត​បូត‌‌ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួកគេ​នឹង​ទទួល​ផែនដី​ទុក​ជា​មត៌ក! អ្នក​ណា​សោក​សៅ‌ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ​ជា​ម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ! អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ​ជា​ម្ចាស់​នឹង​ប្រទានឱ្យពួកគេ​បាន​ឆ្អែត! អ្នក​ណា​មាន​ចិត្ត​មេត្តា​ករុណា‌‌ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ​ជា​ម្ចាស់​នឹង​សម្ដែង​ព្រះ​ហឫទ័យមេត្តា​​ក​​រុណា​ដល់​ពួកគេ​វិញ! អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួកគេ​នឹង​ឃើញ​ព្រះ​ជា​ម្ចាស់! អ្នក​ណា​កសាង​សន្តិភាព‌‌ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួកគេ​នឹង​មាន​ឈ្មោះ​ជា​បុត្ររបស់​ព្រះ​ជា​ម្ចាស់! អ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះតែ​បាន​ធ្វើ​តាម​សេចក្ដី​សុច​រិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ​រាជ្យនៃ​ស្ថាន​បរមសុខ! ប្រសិន​បើ​មាន​​គេ​ត្មះ​តិះ​ដៀល ​បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​​​​​ឈ្មោះ​អ្នក​រាល់គ្នា ព្រោះ​តែ​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​មាន​សុភមង្គល​ហើយ!  ចូរត្រេក​អរ​សប្បាយ​រីក​រាយ​ឡើង ​ព្រោះ​អ្នក​រាល់គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ នៅ​​ស្ថាន​បរម​សុខ ​ដ្បិត​ពួក​ព្យាការី ដែលទៅ​រស់​នៅ​មុន​​អ្នក​រាល់​គ្នា​  ក៏​ត្រូវ​គេ​បៀត​បៀន​ដូច្នោះ​​ដែរ (មថ ៥,៣-១២)។

១៧១៧. ព្រះបន្ទូលនេះឆ្លុះបញ្ចាំងអំពីព្រះភក្រ្តព្រះយេស៊ូគ្រីស្ត និងរៀបរាប់សេចក្ដីស្រលាញ់របស់ព្រះអង្គ។ ព្រះបន្ទូលនេះ សម្ដែងការត្រាស់ហៅរបស់គ្រីស្តបរិស័ទ ដែលរួមជាមួយព្រះអង្គក្នុងសិរីរុងរឿងនៃទុក្ខលំបាក និងការទទួលព្រះជន្មថ្មីរបស់ព្រះអង្គ។ ព្រះបន្ទូលនេះ បំភ្លឺកិច្ចការ និងអាកប្បកិរិយាពិសេសនៃការរស់នៅជាគ្រីស្តបរិស័ទ។ ព្រះបន្ទូលនេះ គាំទ្រសេចក្ដីសង្ឃឹមក្នុងពេលត្រូវគេបៀតបៀន និងប្រកាសព្រះពរ និងរង្វាន់ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រទានឱ្យសាវ័ករួចមកហើយតាមលក្ខណៈដ៏លាក់កំបាំង។ ជីវិតរបស់ព្រហ្មចារិនីម៉ារី និងសន្តបុគ្គលទាំងឡាយចាប់ផ្តើមបំពេញព្រះបន្ទូលនេះ។

២. មនុស្សប្រាថ្នាចង់បានសុភមង្គល

១៧១៨. ព្រះបន្ទូលនេះ ឆ្លើយតបនឹងបំណងប្រាថ្នារបស់មនុស្ស ដែលតែងតែចង់បានសុភមង្គល។ បំណង​ប្រាថ្នានេះ ​មកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បានដាក់បំណងនេះក្នុងចិត្តមនុស្ស ​ដើម្បីទាក់ទាញគេទៅរកព្រះអង្គ ដែលមានតែព្រះអង្គទេ ដែលអាចបំពេញបំណងប្រាថ្នានេះបាន៖

យើងទាំងអស់គ្នាប្រាកដជាចង់រស់នៅដោយសប្បាយរីករាយ ហើយជាតិជាមនុស្ស មនុស្ស​ទាំងអស់យល់ព្រមនឹងសំណូមពរនេះ មុននឹងបានស្តាប់សព្វគ្រប់ហើយ (សន្ត អូគូស្តាំង)។

តើខ្ញុំម្ចាស់ស្វែងរកព្រះអម្ចាស់យ៉ាងដូចម្តេច? នៅពេលដែលខ្ញុំម្ចាស់ស្វែងរកព្រះរបស់ខ្ញុំ ខ្ញុំម្ចាស់ក៏ស្វែងរកជីវិតដ៏ពេញលេញ សូមឱ្យខ្ញុំម្ចាស់ស្វែងរកព្រះអង្គ ដើម្បីឱ្យព្រលឹងខ្ញុំម្ចាស់រស់ ដ្បិតរូបកាយខ្ញុំម្ចាស់រស់ដោយសារព្រលឹង ហើយព្រលឹងខ្ញុំម្ចាស់រស់ដោយសារព្រះអង្គ (សន្ត អូគូស្តាំង)។

មានតែព្រះជាម្ចាស់ទេ ដែលធ្វើឱ្យឆ្អែតស្កប់ស្កល់ (សន្ត ថូម៉ាស នៃអាកាំង)។

១៧១៩. សុភមង្គលយ៉ាងពិតប្រាកដសំដៅទៅលើការរស់នៅរបស់មនុស្សលោក ជាទីចុងក្រោយបំផុតនៃកិច្ចការមនុស្ស គឺព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យទទួលសុភមង្គលរបស់ព្រះអង្គផ្ទាល់។ ព្រះជាម្ចាស់ត្រាស់ហៅយើងម្នាក់ៗផង ព្រះសហគមន៍ទាំងមូលផង ជាប្រជាជនថ្មីរបស់អស់អ្នក ដែលបានទទួលព្រះបន្ទូលសន្យា និងប្រតិបត្តិតាមដោយមានជំនឿ។

៣. សុភមង្កលយ៉ាងពិតប្រាកាដតាមគ្រីស្តសាសនា

១៧២០. សម្ពន្ធមេត្រីថ្មីប្រើពាក្យសម្តីផ្សេងៗដើម្បីកំណត់សុភមង្គល ដែលព្រះជាម្ចាស់ត្រាស់ហៅមនុស្ស គឺនៅពេលព្រះរាជ្យរបស់ព្រះជាម្ចាស់នឹងយាងមក (មថ ៤,១៧) នៅពេលយើងនឹងឃើញព្រះជា ម្ចាស់៖ “អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួកគេ​នឹងមើល​ឃើញ​ព្រះ​ជា​ម្ចាស់!” (មថ ៥,៨) (១យហ ៣,២ ; ១ករ ១៣,១២) ការចូលក្នុងអំណររបស់ព្រះអម្ចាស់ (មថ ២៥,២១.២៣) ការចូលក្នុងថ្ងៃសម្រាករបស់ព្រះជាម្ចាស់ (ហប ៤,៧-១១)៖

នៅទីនោះ យើងនឹងសម្រាក ហើយយើងនឹងឃើញ។ យើងនឹងឃើញ ហើយយើងនឹងស្រលាញ់។ យើងនឹងស្រលាញ់ ហើយយើងនឹងកោតសរសើរ។ នេះគឺជាទីចុងក្រោយ ដែលគ្មានទីចុងក្រោយទេ ហើយ តើយើងមានទីចុងក្រោយអ្វីក្រៅពីទៅដល់ព្រះរាជ្យដែលគ្មានទីចុងក្រោយ? (សន្ត អូគូស្តាំង)។

១៧២១. ព្រះជាម្ចាស់បានបង្កើតយើង ដើម្បីស្គាល់ បម្រើ និងស្រលាញ់ព្រះអង្គ រហូតទៅដល់ស្ថានបរមសុខ។ សុភមង្គលយ៉ាងពិតប្រាកដធ្វើឱ្យយើងមានលក្ខណៈជាព្រះជាម្ចាស់រួមជាមួយព្រះអង្គ (១ពត្រ ១,៤) ហើយធ្វើឱ្យយើងរួមចំណែកក្នុងជីវិតអស់កល្បជានិច្ច (យហ ១៧,៣)។ ដោយសារសុភមង្គលនេះ មនុស្សចូលក្នុងសិរីរុងរឿងរបស់ព្រះគ្រីស្ត (រម ៨,១៨) និងក្នុងព្រះជន្មនៃព្រះត្រៃឯកផងដែរ។

១៧២២. សុភមង្គលនេះហួសប្រាជ្ញា និងកម្លាំងរបស់មនុស្ស ប៉ុន្តែមកពីព្រះអំណោយទានរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ បានជាគេហៅសុភមង្គលនេះថា ហួសធម្មជាតិ ដូចព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដែលរៀបចំមនុស្សឱ្យចូលរួមក្នុងសុភមង្គលរបស់ព្រះជាម្ចាស់។

“អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួកគេ​នឹង​ឃើញ​ព្រះ​ជា​ម្ចាស់!”។ តាមការពិត ដោយសារភាពថ្កុំថ្កើង និងសិរីរុងរឿងដែលមិនអាចថ្លែងបាន “គ្មាននរណាអាចមើលឃើញព្រះជាម្ចាស់ បើគេមិនស្លាប់ទេ” ដ្បិតយើងមិនអាចយល់ព្រះបិតាបាន ប៉ុន្តែដោយសារសេចក្ដីស្រលាញ់ និងសប្បុរសធម៌របស់ព្រះអង្គចំពោះមនុស្ស ហើយដោយសារឫទ្ធានុភាពរបស់ព្រះអង្គៗប្រោសប្រទានឱ្យអស់អ្នកដែលស្រលាញ់ព្រះអង្គឱ្យអាចមើលឃើញព្រះអង្គបាន (...) “ដ្បិតអ្វីដែលមនុស្សធ្វើមិនកើត ព្រះជាម្ចាស់អាចធ្វើឱ្យកើតឡើង”” (សន្ត អ៊ីរ៉េណេ)។

១៧២៣.  ដោយសារព្រះជាម្ចាស់មានព្រះបន្ទូលសន្យាប្រទានសុភមង្គលដ៏ពិតប្រាកដ យើងត្រូវធ្វើការសម្រេចចិត្តយ៉ាងសំខាន់បំផុត។ ព្រះបន្ទូលនេះ អញ្ជើញយើងឱ្យជម្រះចិត្តពីកិលេសតណ្ហា និងឱ្យស្វះស្វែងរកសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់។ ព្រះបន្ទូលនេះ បង្រៀនយើងឱ្យយល់ថា សុភមង្គលដ៏ពិតប្រាកដមិនស្ថិតនៅលើទ្រព្យសម្បត្តិ ឬលើសុខុមាលភាព លើកិត្តិនាម ឬលើអំណាច ហើយមិនស្ថិតនៅលើកិច្ចការណាមួយរបស់មនុស្ស ទោះជាមានផលប្រយោជន៍ ដូចជាវិទ្យាសាស្រ្ត បច្ចេកទេស សិល្បៈ ឬសត្វលោកណាមួយក៏ដោយ ប៉ុន្តែសុភមង្គលដ៏ពិតប្រាកដនេះ ស្ថិតនៅលើព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជាប្រភពនៃអ្វីៗដ៏ល្អប្រសើរ និងសេចក្ដីស្រលាញ់គ្រប់យ៉ាង៖

សព្វថ្ងៃនេះ ទ្រព្យសម្បត្តិជាព្រះដ៏ធំ ។ បណ្តាជនទាំងអស់ថ្វាយបង្ខំព្រះនេះ ដោយមិនបានគិតពិចារណាឡើយ។ គេវាស់សុភមង្គលតាមទ្រព្យសម្បត្តិ ហើយគេវិនិច្ឆ័យកិត្តិយសតាមទ្រព្យសម្បត្តិនេះដែរ   (...)។ អ្វីៗទាំងអស់នោះ មកពីការជឿជាក់ថា ដោយសារទ្រព្យសម្បត្តិ យើងអាចធ្វើអ្វីៗទាំងអស់។ ដូច្នេះ សព្វថ្ងៃ ទ្រព្យសម្បត្តិជាព្រះក្លែងក្លាយមួយ ហើយកិត្តិយសជាព្រះក្លែងក្លាយមួយទៀត (...)។ កិត្តិយសធ្វើឱ្យគេស្គាល់ និងកោតសរសើរក្នុងពិភពលោក (ដូចជាតារាចម្រៀង) ថាជា អ្វីដ៏ល្អ អ្វីដ៏ល្អប្រសើរបំផុត ដែលត្រូវតែគោរពផងដែរ (លោន ន្យូម៉ាន)។

១៧២៤. វិន័យដប់ប្រការ ព្រះបន្ទូលរបស់ព្រះយេស៊ូអំពីសុភមង្គលយ៉ាងពិតប្រាកដ និងការប្រៀនប្រដៅរបស់ក្រុមគ្រីស្តទូតរៀបរាប់ឱ្យយើងស្គាល់ផ្លូវ ដែលនាំឱ្យទៅព្រះរាជ្យនៃស្ថានបរមសុខ។ យើងដើរតាមផ្លូវនេះ ពីមួយជំហានទៅមួយជំហានទៀត តាមកិច្ចការប្រចាំថ្ងៃ ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធជួយឧបត្ថម្ភផង។ ដោយមានព្រះបន្ទូលរបស់ព្រះគ្រីស្ត បន្តិចម្តងៗ យើងបង្កើតផលក្នុងព្រះសហគមន៍ដើម្បីសិរីរុងរឿងរបស់ព្រះជាម្ចាស់ (មថ ១៣,៣-២៣)។

សង្ខេប

១៧២៥. ព្រះបន្ទូលរម្លឹកឡើងវិញអំពីសុភមង្គលយ៉ាងពិតប្រាកដ គឺជាព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ តាំងពីលោក​អប្រាហាំ ហើយព្រះអង្គនឹងបំពេញព្រះបន្ទូលសន្យានោះ នៅឯព្រះរាជ្យនៃស្ថានបរមសុខ។ សុភមង្គល​យ៉ាង​ពិត​ប្រាកដបំពេញបំណងប្រាថ្នាចង់បានសុភមង្គល ដែលព្រះជាម្ចាស់បានដាក់ក្នុងចិត្តមនុស្ស។

១៧២៦. ព្រះបន្ទូលអំពីសុភមង្គលយ៉ាងពិតប្រាកដបង្រៀនឱ្យយើងដឹងថា គោលដៅចុងក្រោយបំផុត ដែលព្រះជាម្ចាស់ត្រាស់ហៅយើង គឺព្រះរាជ្យ ការមើលឃើញព្រះជាម្ចាស់ ការរួមចំណែកក្នុងសភាពជាព្រះជាម្ចាស់ ជីវិតអស់កល្បជានិច្ច ឱ្យយើងទៅជាបុត្រធីតារបស់ព្រះអង្គ ការសម្រាកក្នុងអង្គព្រះអង្គ។

១៧២៧ . សុភមង្គលយ៉ាងពិតប្រាកដនៃជីវិតអស់កល្បជានិច្ចជាព្រះអំណោយទានរបស់ព្រះជាម្ចាស់។ នេះជាសុភមង្គល ដែលមានលក្ខណៈហួសធម្មជាតិ ដូចជាការប្រោសប្រណីដែលណែនាំយើងឱ្យទទួលជីវិតនេះដែរ។

១៧២៨ . ព្រះបន្ទូលអំពីសុភមង្គលយ៉ាងពិតប្រាកដធ្វើឱ្យយើងត្រូវតែជ្រើសរើសជាដាច់ខាតអំពីទ្រព្យ សម្បត្តិលោកីយ៍ ហើយជម្រះចិត្តគំនិតយើង ដើម្បីឱ្យយើងចេះស្រលាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់។

១៧២៩. សុភមង្គលយ៉ាងពិតប្រាកដនៃស្ថានបរមសុខជាលក្ខ័ណសម្រាប់ថ្លឹងថ្លែងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ លោកីយ៍ស្របតាមវិន័យរបស់ព្រះជាម្ចាស់។

ប្រការទី៣៖​សេរីភាពរបស់មនុស្ស

១៧៣០. ព្រះជាម្ចាស់បានបង្កើតមនុស្សដែលមានប្រាជ្ញា គឺមនុស្សមានឋានៈដ៏ថ្លៃថ្នូរអាចផ្តើម និងគ្រប់គ្រងកិច្ចការរបស់ខ្លួនបាន។ “ព្រះជាម្ចាស់ប្រទានឱ្យមនុស្សធ្វើជាម្ចាស់លើសេចក្ដីសម្រេចរបស់ខ្លួន” (បសរ ១៥,១៤) ដើម្បីឱ្យគេអាចស្វះស្វែងរកព្រះបង្កើតរបស់ខ្លួន ដោយខ្លួនឯង ហើយដើម្បីឱ្យបានគ្រប់លក្ខណៈ ពោរពេញដោយសុភមង្គល ដោយស្ម័គ្រចិត្តភ្ជាប់នឹងព្រះអង្គ។

មនុស្សមានប្រាជ្ញា ដូច្នេះ គេមានលក្ខណៈដូចព្រះជាម្ចាស់ មានសេរីភាព និងជាម្ចាស់លើអំពើរបស់ខ្លួន (សន្ត អ៊ីរ៉ែណេ)។

១. សេរីភាព និងការទទួលខុសត្រូវ

១៧៣១. សេរីភាពជាអំណាច ដែលចាក់ឫសក្នុងប្រាជ្ញា និងឆន្ទៈ ឱ្យប្រព្រឹត្ត ឬមិនប្រព្រឹត្ត ធ្វើនេះ ឬធ្វើនោះ ស្ម័គ្រចិត្តបំពេញកិច្ចការដោយខ្លួនឯង។ ដោយសារសេរីភាព មនុស្សម្នាក់ៗជាម្ចាស់លើខ្លួនឯង។ សេរីភាពជាកម្លាំងរបស់មនុស្ស ដែលធ្វើឱ្យគេរីកចម្រើន ក្នុងសេចក្ដីពិត និងសប្បុរសធម៌ ឱ្យបានពេញលេញ។ មនុស្សមានសេរីភាពបានគ្រប់លក្ខណៈ នៅពេលដែលគេប្រើសេរីភាព ដើម្បីព្រះជាម្ចាស់ជាសុភមង្គលយ៉ាងពិតប្រាកដរបស់យើង។

១៧៣២. ដរាបណាមនុស្សមិនបានតម្រូវសេរីភាព ឱ្យស្ថិតនៅក្រោមអ្វីដ៏ល្អប្រសើរបំផុតរបស់ខ្លួន គឺព្រះជាម្ចាស់ ដរាបនោះមនុស្សអាចជ្រើសរើសរវាងអំពើល្អ ឬអំពើអាក្រក់ ដូច្នេះអាចរីកចម្រើនក្នុងភាពល្អឥតខ្ចោះ ឬប្រព្រឹត្តអំពើបាប។ សេរីភាពជាលក្ខណៈពិសេសនៃកិច្ចការមនុស្សលោក ហើយជាប្រភពនៃការកោតសរសើរ ឬការស្តីបន្តោស អំពើបុណ្យកុសល ឬអំពើអកុសល។

១៧៣៣. បើយើងប្រព្រឹត្តអំពើល្អកាន់តែច្រើន យើងក៏មានសេរីភាពកាន់តែច្រើនដែរ។ យើងមានសេរីភាពយ៉ាងពិតប្រាកដ នៅពេលយើងបម្រើអ្វីដ៏ល្អ និងយុត្តិធម៌តែប៉ុណ្ណោះ។ ពេលយើងជ្រើសរើសការមិនស្តាប់បង្គាប់ និងការប្រព្រឹត្តអំពើអាក្រក់ យើងបំពានសេរីភាព និងទៅជា “ខ្ញុំបម្រើនៃអំពើបាប” (រម ៦,១៧)។

១៧៣៤. សេរីភាពនាំឱ្យមនុស្សទៅជាអ្នកទទួលខុសត្រូវ នៃកិច្ចការរបស់ខ្លួន លុះត្រាតែគេស្ម័គ្រចិត្តប្រពឹត្តកិច្ចការនោះ។ ពេលយើងរីកចម្រើនក្នុងគុណធម៌ ការស្គាល់អ្វីដែលល្អ និងការហ្វឹងហាត់ផ្លូវចិត្ត បង្កើននូវការគ្រប់គ្រងលើឆន្ទៈរបស់ខ្លួន។

១៧៣៥. អវិជ្ជា ការធ្វេសប្រហែស អំពើហិង្សា ការភ័យខ្លាច ទំនៀមទម្លាប់ កិលេសតណ្ហា និងកត្តា ផ្សេងៗខាងចិត្តវិទ្យា ឬដែលមកពីសង្គម អាចបន្ថយ ឬលុបបំបាត់ ការទម្លាក់ទោស និងការទទួលខុសត្រូវលើកិច្ចការណាមួយ។

១៧៣៦. មនុស្សទទួលខុសត្រូវលើកិច្ចការណាមួយ​ ដែលខ្លួនបានប្រព្រឹត្តផ្ទាល់៖

ហេតុនេះហើយ បានជាព្រះអម្ចាស់សួរទៅកាន់លោកអដាំ ក្រោយពីលោកបានប្រព្រឹត្តអំពើបាប នៅសួន​ច្បារថា៖ “ម្តេចក៏អ្នកធ្វើដូច្នេះ?” (កណ ៣,១៣) លោកកាអ៊ីនក៏ដូច្នោះដែរ (កណ ៤,១០) ឬនៅពេលដែលព្យាការីណាថានសួរព្រះបាទដាវីឌ ក្រោយពីព្រះអង្គបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងភរិយារបស់លោកអ៊ូរី និងបានសម្លាប់លោក (២សម ១២,៧-១៥)។

យើងគ្មានចេតនាដោយផ្ទាល់នឹងប្រព្រឹត្តកិច្ចការមួយ ដែលខូចខាតមកពីការធ្វេសប្រហែសរបស់យើង ដែលគួរតែយកចិត្តទុកដាក់ធ្វើ។ ឧទាហរណ៍ដូចជាគ្រោះថ្នាក់មួយបណ្តាលមកពីយើងមិនស្គាល់ច្បាប់ចរាចរណ៍។

១៧៣៧. យើងអាចអធ្យាស្រ័យចំពោះអំពើមួយ ដែលគេបានប្រព្រឹត្តដោយអចេតនា ដូចស្រ្តីជាម្តាយម្នា្កក់អស់កម្លាំងហេវហត់ ដោយគ្មានគោលបំណង ដោយបានថែទាំជម្ងឺកូន។ យើងមិនអាចទម្លាក់ទោសទេ បើគេគ្មានបំណងបង្កើតផលវិបាកនេះ គោលដៅ ឬមធ្យោបាយ ដូជមនុស្សម្នាក់ស្លាប់ដោយសង្រ្គោះមនុស្សម្នាក់ទៀត។ យើងអាចទម្លាក់ទោសលើមនុស្សម្នាក់ ដែលប្រព្រឹត្តខុសដោយដឹងផលវិបាកជាមុន និងមានលទ្ធភាពអាចគេចផុតពីផលវិបាកនេះបាន ដូចអ្នកបើកបររថយន្តបុកមនុស្សម្នាក់ស្លាប់ ព្រោះស្រវឹងស្រា។

១៧៣៨. យើងប្រើសេរីភាពក្នុងទំនាក់ទំនងរវាងមនុស្ស។ មនុស្សម្នាក់ៗ ដែលព្រះជាម្ចាស់បានបង្កើតជារូបតំណាងរបស់ព្រះអង្គ មានសិទ្ធិធម្មជាតិឱ្យមានសេរីភាព និងការទទួលខុសត្រូវ។ មនុស្សទាំងអស់ត្រូវតែគោរពសិទ្ធិមនុស្សគ្រប់រូប។ ដោយសារមនុស្សមានឋានៈដ៏ថ្លៃថ្នូរ គេត្រូវតែមានសិទ្ធិប្រព្រឹត្តតាមសេរីភាពរបស់ខ្លួន ជាពិសេសក្នុងកិច្ចសីលធម៌ និងកិច្ចសាសនា (DH ២)។ សង្គមត្រូវតែទទួលស្គាល់ និងការពារសិទ្ធិនេះ ក្នុងគ្រប់ខ័ណ្ឌនៃផលប្រយោជន៍រួម និងរបៀបរៀបរយសាធារណៈ (DH ៧)។

២. សេរីភាពរបស់មនុស្សក្នុងការចាត់ចែងការសង្រ្គោះ

១៧៣៩. សេរីភាព និងអំពើបាប​ ។ ទោះបីមនុស្សមានសេរីភាពក៏ដោយ ក៏គេមានកំណត់ព្រំដែន និងអាចប្រព្រឹត្តកំហុសផងដែរ។ មនុស្សបានស្ម័គ្រចិត្តប្រព្រឹត្តបាប។ ដោយបដិសេធមិនព្រមគម្រោងការពោរពេញដោយសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ មនុស្សបានយល់ច្រឡំខ្លួនឯង គេក្លាយទៅជាខ្ញុំបម្រើនៃអំពើបាប ហើយក្លាយទៅជាទាសករនៃអ្វីៗផ្សេងទៀតជាច្រើន។ តាំងពីដើមដំបូង ប្រវត្តិសាស្រ្តរបស់មនុស្សលោកផ្តល់​សក្ខីភាពថា ដោយសារគេប្រើសេរីភាពមិនត្រឹមត្រូវ មនុស្សរងទុក្ខវេទនា និងត្រូវគេសង្កត់​សង្កិន​ជិះ​ជាន់។

១៧៤០. ការគម្រាមកំហេងលើសេរីភាព ។​ ទោះបីមនុស្សយើងមានសេរីភាពក៏ដោយ ក៏យើងពុំមានសិទ្ធិនិយាយ ឬធ្វើតាមអំពើចិត្តដែរ។ ពេលយើងអះអាងថា “មនុស្ស ដែលជាប្រធាននៃសេរីភាព ពឹងផ្អែកលើខ្លួនឯង ដោយមានគោលដៅបំពេញផលប្រយោជន៍ផ្ទាល់ ក្នុងការគ្រប់គ្រងធនធាននៅលើផែនដី” គឺយើងនិយាយកុហក។ ម្យ៉ាងទៀត ជារឿយៗគេមិនទទួលស្គាល់ ឬគេឧស្សហ៍បំពានលក្ខខណ្ឌនៃរបៀបសេដ្ឋកិច្ច សង្គម នយោបាយ ឬវប្បធម៌ ដែលចាំបាច់ត្រូវតែប្រតិបត្តិ។ ស្ថានភាពយ៉ាងងងឹតងងល់ និងយ៉ាងអយុត្តិធម៌ទាំងនេះ រារាំងមិនឱ្យជីវិតខាងសីលធម៌ ហើយជំរុញទាំងអ្នករឹងមាំ ទាំងអ្នកទន់ខ្សោយ ឱ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងសេចក្ដីស្រលាញ់។ ដោយឃ្លាតឆ្ងាយពីសីលធម៌ មនុស្សបំផ្លាញសេរីភាពរបស់ខ្លួន ទៅជាខ្ញុំបម្រើរបស់ខ្លួនឯង ផ្តាច់មេត្រីភាពជាមួយនឹងបងប្អូន និងបះបោរប្រឆាំងនឹងសេចក្ដីពិតរបស់ព្រះជាម្ចាស់ផងដែរ។

១៧៤១. ការរំដោះ និងការសង្រ្គោះ ។​ ដោយសារព្រះឈើឆ្កាងដ៏រុងរឿង ព្រះគ្រីស្តបានសង្រ្គោះមនុស្សទាំងអស់។ ព្រះអង្គបានលោះគេចេញពីអំពើបាប ដែលធ្វើឱ្យគេជាខ្ញុំបម្រើ។ “  ព្រះ​គ្រីស្ត​បាន​រំដោះ​យើង​ឱ្យ​មាន​សេរីភាព​ពិត​ប្រាកដ” (កាឡ ៥,១)។ នៅក្នុងអង្គព្រះអង្គ យើងរួបរួមជាមួយនឹង “សេចក្ដីពិត ដែលរំដោះយើងឱ្យមានសេរីភាព” (យហ ៨,៣២)។ ព្រះជាម្ចាស់បានប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដូចគ្រីស្តទូតប៉ូលប្រៀនប្រដៅថា “នៅ​ទី​ណា​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ​នៅ​ទី​នោះក៏​មាន​សេរីភាព​ដែរ” (២ករ ៣,១៧)។ ចាប់តាំងពីឥឡូវនេះទៅ ដោយសារ “សេរីភាពនៃបុត្រធិតារបស់ព្រះជាម្ចាស់” (រម ៨,២១) យើងមានសិរីរុង  រឿង។

១៧៤២. សេរីភាព និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ។​ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តមិនប្រជាំងនឹងសេរីភាពរបស់យើងទេ នៅពេលដែលសេរីភាពនេះ ស្របតាមសេចក្ដីពិត និងអ្វីដ៏ល្អដែលព្រះជាម្ចាស់បានដាក់បញ្ចូលក្នុងចិត្តមនុស្ស។ ផ្ទុយទៅវិញ ដូចបទពិសោធន៍នៃគ្រីស្តសាសនាផ្តល់សក្ខីភាព ជាពិសេសក្នុងការអធិដ្ឋាន បើយើងធ្វើតាមព្រះហឫទ័យប្រណីសន្តោស យើងពង្រឹងសេរីភាព និងមានទំនុកចិត្តក្នុងគ្រាលំបាក ដូចជាការគាបសង្កត់ និងការបង្ខិតបង្ខំដែលមកពីខាងក្រៅ។ ដោយសារការប្រោសប្រណីសន្តោស ព្រះវិញ្ញាណដ៏វិសុទ្ធអប់រំយើងឱ្យមានសេរីភាពខាងវិញ្ញាណ ដើម្បីឱ្យយើងទៅជាសហការីនៃព្រះរាជកិច្ចរបស់ព្រះអង្គក្នុងព្រះសហគមន៍ និងក្នុងពិភពលោកផងដែរ៖

ឱព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យសប្បុរស ហើយដែលមានឫទ្ធានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាដកឧបសគ្គទាំងប៉ុន្មាន ដែលរារាំងផ្លូវយើងខ្ញុំមិនឱ្យប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ សូមប្រោសយើងខ្ញុំឱ្យអាចបម្រើព្រះអង្គដោយចិត្តស្មោះជានិច្ចផង (MR ពាក្យអធិដ្ឋានចូលថ្ងៃអាទិត្យទី៣២ប្រចាំឆ្នាំ)។

សង្ខេប

១៧៤៣ . “ព្រះជាម្ចាស់ប្រទានឱ្យមនុស្សធ្វើជាម្ចាស់លើសេចក្ដីសម្រេចរបស់ខ្លួន” (បសរ ១៥,១៤)។ ដើម្បីឱ្យគេអាចស្ម័គ្រចិត្តភ្ជាប់នឹងព្រះបង្កើតរបស់ខ្លួន ហើយបានទៅជាល្អឥតខ្ចោះ (GS ១៧,១)។

១៧៤៤ . សេរីភាពជាអំណាច ដែលត្រូវប្រព្រឹត្ត ឬមិនត្រូវប្រព្រឹត្ត ហើយត្រុវបំពេញកិច្ចការដោយខ្លួនឯង។ មនុស្សមានសេរីភាពគ្រប់លក្ខណៈ នៅពេលដែលគេប្រើសេរីភាព ដើម្បីព្រះជាម្ចាស់ ដែលជាសុភមង្គលយ៉ាងពិតប្រាកដ។

១៧៤៥ . សេរីភាពជាលក្ខណៈនៃកិច្ចការរបស់មនុស្ស។ សេរីភាពធ្វើឱ្យមនុស្សទទួលខុសត្រូវលើកិច្ច

ការទាំងប៉ុន្មាន ដែលខ្លួនស្ម័គ្រចិត្តប្រព្រឹត្ត។ មនុស្សជាម្ចាស់ផ្ទាល់នៃកិច្ចការ ដែលខ្លួនស្ម័គ្រចិត្តធ្វើ។

១៧៤៦ . អវិជ្ជា អំពើហិង្សា ការភ័យខ្លាច និងកត្តាផ្សេងៗខាងចិត្តវិទ្យា ឬដែលមកពីសង្គម អាចបន្ថយ ឬលុបបំបាត់ ការទម្លាក់ទោស និងការទទួលខុសត្រូវលើកិច្ចការណាមួយ។

១៧៤៧ . ដោយសារមនុស្សមានឋានៈដ៏ថ្លៃថ្នូរ គេត្រូវតែមានសិទ្ធិប្រព្រឹត្តតាមសេរីភាពរបស់ខ្លួន ជា​ពិសេស​ក្នុងកិច្ចសីលធម៌ និងកិច្ចសាសនា។  ក៏ប៉ុន្តែ ទោះបីមនុស្សយើងមានសេរីភាពក៏ដោយ ក៏គេ​ពុំ​មាន​សិទ្ធិ​និយាយ ឬធ្វើតាមទំនើងចិត្តដែរ។

១៧៤៨ . “ព្រះគ្រីស្តបានរំដោះយើងឱ្យមានសេរីភាពពិតប្រាកដ” (កាឡ ៥,១)។

ប្រការទី៤៖​សីលធម៌នៃកិច្ចការរបស់មនុស្ស

១៧៤៩. ដោយសារមនុស្សមានសេរីភាព គេមានសីលធម៌ផងដែរ។ នៅពេលដែលគេប្រព្រឹត្តកិច្ចការដោយមានសេរីភាព មនុស្សដូចជាឪពុកនៃកិច្ចការរបស់ខ្លួន ។ យើងអាចវិនិច្ឆ័យកិច្ចការរបស់មនុស្ស ពោលគឺកិច្ចការដែលយើងស្ម័គ្រចិត្តជ្រើសរើសក្រោយពីបានរិះគិតពិចារណា។ កិច្ចការទាំងអស់នោះ ល្អ ឬអាក្រក់។

១. ប្រភពនៃសីលធម៌

១៧៥០. សីលធម៌នៃកិច្ចការរបស់មនុស្សអាស្រ័យទៅលើ៖
- កម្មវត្ថុដែលយើងជ្រើសរើស
- គោលដៅ ឬគោលបំណង
- កាលៈទេសៈនៃកិច្ចការនោះ
កម្មវត្ថុ គោលបំណង និងកាលៈទេសៈជា “ប្រភព” ឬផ្នែក របស់សីលធម៌នៃកិច្ចការមនុស្ស។

១៧៥១. កម្មវត្ថុ ដែលយើងជ្រើសរើសជាអ្វីដ៏ល្អ ដែលយើងមានបំណងប្រព្រឹត្ត ដោយចេតនា។ កម្មវត្ថុនេះ ជាគោលនៃកិច្ចការរបស់មនុស្ស។ កម្មវត្ថុដែលយើងជ្រើសរើសជាលក្ខណៈពិសេសនៃសីលធម៌របស់កិច្ចការ ដោយមិនរាប់ពីបំណង តាមអ្វីដែលប្រាជ្ញាទទួលស្គាល់ និងវិនិច្ឆ័យថា តើកម្មវត្ថុនេះ ស្រប ឬមិនស្របតាមអ្វីដ៏ល្អយ៉ាងពិតប្រាកដ​ឬទេ។ យើងអាចស្គាល់អ្វីដ៏ល្អ ឬអ្វីដ៏អាក្រក់តាមក្បួនសីលធម៌ ដែលមនសិការបញ្ជាក់ដែរ។

១៧៥២. ប្រឈមនឹងកម្មវត្ថុ គោលបំណង ស្ថិតនៅខាងអ្នកដែលប្រព្រឹត្តកិច្ចការ។ ដោយសារគោលបំណងស្ថិតនៅក្នុងប្រភពនៃកិច្ចការដែលយើងមានបំណងប្រព្រឹត្ត ហើយកំណត់កិច្ចការតាមគោលដៅ គោលបំណងនេះជាផ្នែកដ៏សំខាន់មួយ ដើម្បីវិនិច្ឆ័យថា តើកិច្ចការនេះត្រឹមត្រូវ ឬទេ។ គោលដៅជាផ្នែកដំបូងនៃគោលបំណង ហើយសំដៅទៅលើទីដៅដែលយើងចង់ ដើម្បីបំពេញកិច្ចការនេះ។ គោលបំណងជាចលនានៃបំណងឆ្ពោះទៅគោលដៅ គឺតម្រូវទៅទីចុងក្រោយនៃកិច្ចការ។ គោលបំណងតម្រង់នូវអ្វីដ៏ល្អនៃកិច្ចការដែលយើងប្រព្រឹត្ត។ គោលបំណងនេះមិនគ្រាន់តែជាទីដៅនៃកិច្ចការនីមួយៗទេ ប៉ុន្តែអាចតម្រូវកិច្ចការជាច្រើនឆ្ពោះទៅគោលដៅតែមួយ។ ឧទាហរណ៍ ពេលយើងបម្រើនរណាម្នាក់ ដើម្បីជួយគេ  យើងអាចប្រព្រឹត្តកិច្ចការនេះ ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ដែលជាគោលដៅចុងក្រោយនៃកិច្ចការទាំងអស់របស់យើង។ គោលបំណងជាច្រើនអាចជំរុញឱ្យប្រព្រឹត្តកិច្ចការតែមួយដែរ ដូចជានៅពេលដែលយើងជួយនរណាម្នាក់ ដើម្បីបានទទួលអ្វីមួយវិញ ឬដើម្បីអួតបំប៉ោងខ្លួនឯង។

១៧៥៣. គោលបំណងល្អ (ឧ- ជួយអ្នកដទៃ) មិនអាចធ្វើឱ្យអាក្បកិរិយាអាក្រក់ (ដូចជាការនិយាយកុហក ឬការនិយាយដើមគេ) ទៅជាល្អ ឬត្រឹមត្រូវ។ គោលដៅមិនធ្វើឱ្យមធ្យោបាយក្លាយជាត្រឹមត្រូវ។ ហេតុនេះហើយ បានជាយើងមិនអាចផ្តន្ទាទោសមនុស្សម្នាក់ ដែលគ្មានទោស ដើម្បីសង្រ្គោះប្រជាជនឡើយ។ ផ្ទុយទៅវិញ គោលបំណងអាក្រក់ (ដូចជាអួតបំប៉ោងខ្លួនឯង) ធ្វើឱ្យកិច្ចការ ដែលអាចជាកិច្ចការល្អ (ដូចជាការធ្វើទាន​ - មថ ៦,២-៤) ទៅជាអាក្រក់វិញ។

១៧៥៤. កាលៈទេសៈ ព្រមទាំងផល ជាផ្នែកបន្តបន្ទាប់នៃកិច្ចការរបស់សីលធម៌។ កាលៈទេសៈនោះជួយបង្កើន ឬបន្ថយលក្ខណៈល្អ ឬលក្ខណៈអាក្រក់នៃកិច្ចការរបស់មនុស្ស (ឧ- ចំនួនប្រាក់ដែលគេលួច)។ កាលៈទេសៈនោះ អាចកាត់បន្ថយ ឬធ្វើឱ្យការទទួលខុសត្រូវរបស់អ្នកដែលបានប្រព្រឹត្តរឹតតែធ្ងន់ធ្ងរ (ដូចជានៅពេលដែលយើងប្រព្រឹត្តកិច្ចការណាមួយ ដោយខ្លាចស្លាប់)។ កាលៈទេសៈផ្ទាល់មិនអាចផ្លាស់ប្តូរលក្ខណៈត្រឹមត្រូវ ឬទេ នៃកិច្ចការផ្ទាល់ ហើយមិនអាចធ្វើឱ្យកិច្ចការអាក្រក់ទៅជាល្អ ឬត្រឹមត្រូវឡើយ។

២. អំពើល្អ និងអំពើអាក្រក់

១៧៥៥. កម្មវត្ថុ គោលដៅ និងកាលៈទេសៈត្រូវតែល្អ ដើម្បីឱ្យកិច្ចការបានល្អតាមសីលធម៌ ។ បើមានគោលដៅអាក្រក់ កិច្ចការក៏អាក្រក់ដែរ ទោះបីកម្មវត្ថុនៃកិច្ចការនេះល្អ (ដូចជាអធិដ្ឋាន និងតមអាហារ “ដើម្បីឱ្យគេសរសើរ”)។

កម្មវត្ថុដែលយើងជ្រើសរើស អាចនាំឱ្យកិច្ចការទាំងមូលទៅជាអាក្រក់។ យើងមិនអាចជ្រើសរើសអាក្បកិរិយាខ្លះ - ដូចជាអំពើប្រាសចាកសីលធម៌ - ដ្បិតអំពើនោះតែងតែជាអំពើអាក្រក់។

១៧៥៦. ដូច្នេះហើយ បានជាមិនត្រូវវិនិច្ឆ័យ តើកិច្ចការត្រឹមត្រូវ ឬទេ តាមតែគោលបំណងដែលជំរុញឱ្យប្រព្រឹត្តកិច្ចការនោះ ឬតាមកាលៈទេសៈ (ឥទ្ធិពលនៃសង្គម ការបង្ខិតបង្គំ ការចាំបាច់ ជាដើម)។ មានកិច្ចការខ្លះ ដែលតែងតែខុសច្បាប់ ដោយសារកម្មវត្ថុរបស់កិច្ចការនោះ (ដោយមិនរាប់អំពីកាលៈទេសៈ ឬគោលបំណង) ដូចជាការដាក់បណ្តាសាលើព្រះជាម្ចាស់ ការប្រព្រឹត្តខុសនឹងសម្បថ ការសម្លាប់មនុស្ស និងការប្រព្រឹត្តអំពើផិតក្បត់។ យើងមិនអាចប្រព្រឹត្តអំពើអាក្រក់ ដើម្បីឱ្យអំពើល្អចេញមកពីអំពើអាក្រក់នេះបានឡើយ។

សង្ខេប

១៧៥៧. កម្មវត្ថុ គោលបំណង និងកាលៈទេសៈជា “ប្រភព” ទាំងបីរបស់សីលធម៌នៃកិច្ចការមនុស្ស។

១៧៥៨. កម្មវត្ថុដែលយើងជ្រើសរើសជាលក្ខណៈពិសេសនៃសីលធម៌របស់កិច្ចការ ដោយមិនរាប់អំពី​បំណង តាមអ្វីដែលប្រាជ្ញាទទួលស្គាល់ និងវិនិច្ឆ័យថា តើកម្មវត្ថុនេះ ស្រប ឬមិនស្របតាមអ្វីដ៏ល្អយ៉ាងពិតប្រាកដ​ឡើយ។

១៧៥៩ . “យើងមិនអាចដោះសារអំពើអាក្រក់ ដែលយើងបានប្រព្រឹត្តដោយមានគោលបំណងល្អបានឡើយ” (សន្ត ថូម៉ាស នៃអាកាំង)។ គោលដៅមិនធ្វើឱ្យមធ្យោបាយក្លាយជាត្រមត្រូវបានទេ។

១៧៦០. កម្មវត្ថុ គោលដៅ និងកាលៈទេសៈត្រូវតែល្អ ដើម្បីឱ្យកិច្ចការបានល្អតាមសីលធម៌ ។

១៧៦១. យើងមិនអាចជ្រើសរើសអាក្បកិរិយាខ្លះ ដ្បិតអំពើនោះតែងតែជាអំពើអាក្រក់។ យើងមិនអាច​ប្រព្រឹត្ត​អំពើអាក្រក់ ដើម្បីឱ្យអំពើល្អចេញមកពីអំពើអាក្រក់នេះបានឡើយ។

ប្រការទី៥៖​សីលធម៌នៃតណ្ហា

១៧៦២. មនុស្សជាប់ទាក់ទងនឹងសុភមង្គលយ៉ាងពិតប្រាកដ តាមកិច្ចការ ដែលខ្លួនប្រព្រឹត្តដោយចេតនា ៖ តណ្ហា និងអារម្មណ៍របស់គេអាចរៀបចំគេ និងជួយគេឱ្យទទួលសុភមង្គលនេះ។

១. តណ្ហា

១៧៦៣. ពាក្យ “តណ្ហា” មកពីបេតិកភ័ណ្ឌនៃគ្រីស្តសាសនា។ អារម្មណ៍ ឬតណ្ហាសំដៅទៅលើការរំជួលចិត្ត ឬចលនាខាងផ្លូវចិត្ត ដែលជំរុញឱ្យប្រព្រឹត្ត ឬមិនប្រព្រឹត្ត អ្វីដែលយើងយល់ ឬនឹកស្មានថាជាការល្អ ឬជាការអាក្រក់។

១៧៦៤. តណ្ហាជាធាតុផ្សំខាងធម្មជាតិនៃចិត្តមនុស្ស ជាទីចម្លង និងចំណងរវាងជីវិតខាងផ្លូវចិត្ត និងជីវិតខាងវិញ្ញាណ។ ព្រះអម្ចាស់នៃយើងសម្ដែងថា ចលនានៃតណ្ហាផុសចេញពីចិត្តមនុស្ស (មក ៧,២១)។

១៧៦៥. តណ្ហាមានច្រើន។ តណ្ហាសំខាន់ជាងគេបំផុតជាសេចក្ដីស្រលាញ់។ អ្វីដ៏ល្អទាក់ទាញ និង  ជំរុញឱ្យស្រលាញ់។ អ្នកមានចិត្តស្រលាញ់ប្រាថ្នាចង់បានអ្វីដ៏ល្អ ដែលគេពុំទាន់មាន ហើយសង្ឃឹមថា នឹងបានទទួល។ ចលនានេះ បញ្ចប់ក្នុងការសប្បាយ និងអំណរ ដែលមកពីគេបានទទួលអ្វីដ៏ល្អនេះ។ អ្នកខ្លាចក្រែងអ្វីដ៏អាក្រក់ ស្អប់ ខ្ពើម និងភ័យខ្លាចអ្វីដ៏អាក្រក់ក្នុងអនាគត ។ ចលនានេះ បញ្ចប់ក្នុងការព្រួយចិត្តដោយសារវត្តមាននៃអ្វីដ៏អាក្រក់ ឬក្នុងកំហឹងដែលប្រឆាំងនឹងអ្វីដ៏អាក្រក់នេះ។

១៧៦៦. “អ្នកមានចិត្តស្រលាញ់ចង់បានអ្វីដ៏ល្អសម្រាប់នរណាម្នាក់ផ្សេងទៀត” (សន្ត ថូម៉ាស​ នៃ    អាកាំង)។ តណ្ហាទាំងអស់ផ្សេងទៀតផុសចេញមកពីចលនាដំបូងនៃចិត្តមនុស្សទៅរកអ្វីដ៏ល្អ។ យើងស្រលាញ់តែអ្វីៗដ៏ល្អទេ (សន្ត អូគូស្តាំង)។ “តណ្ហាអាក្រក់បើសេចក្ដីស្រលាញ់អាក្រក់ តណ្ហាល្អបើសេចក្ដីស្រលាញ់ល្អ” (សន្ត អូគូស្តាំង)។

២. តណ្ហា និងជីវិតប្រកបដោយសីលធម៌

១៧៦៧. តណ្ហាផ្ទាល់មិនល្អ ឬមិនអាក្រក់ឡើយ។ យើងអាចវិនិច្ឆ័យតណ្ហាតាមសីលធម៌ លុះត្រាតែតណ្ហាពិតជាមកពីប្រាជ្ញា និងបំណង។ តណ្ហាចេតនា “បើយើងមានបំណងធ្វើតាម ឬយើងមិនប្រឆាំងនឹងធ្វើតាម” (សន្ត ថូម៉ាស នៃអាកាំង)។ ប្រាជ្ញាត្រូវតែគ្រប់គ្រងលើតណ្ហា ដើម្បីឱ្យមនុស្សបានគ្រប់លក្ខណៈខាងសីលធម៌ (សន្ត ថូម៉ាស នៃអាកាំង)។

១៧៦៨. ភាពដ៏វិសុទ្ធ ឬសីលធម៌របស់មនុស្សមិនអាស្រ័យទៅលើអារម្មណ៍ដ៏សំខាន់ឡើយ។ [...] តណ្ហាល្អ នៅពេលដែលតណ្ហានោះជួយឱ្យធ្វើកិច្ចការល្អ ផ្ទុយទៅវិញតណ្ហាអាក្រក់ នៅពេលដែលតណ្ហានោះជួយឱ្យធ្វើកិច្ចការអាក្រក់។ បំណងត្រឹមត្រូវតម្រង់ចលនាខាងផ្លូវចិត្ត (ដែលបំណងនេះទទួលយក)ឆ្ពោះទៅអ្វីដ៏ល្អ និងសុភមង្គលដ៏ពិតប្រាកដ។ បំណងអាក្រក់ចាញ់តណ្ហាឥតសណ្តាប់ធ្នាប់ និងធ្វើឱ្យតណ្ហានោះកាន់តែខ្លាំងឡើងៗ។ គុណធម៌ អាចតម្រូវអារម្មណ៍ផ្សេងៗ ឯបាបធម៌ អាចបង្ខូចអារម្មណ៍ទាំងអស់នោះ។

១៧៦៩. ក្នុងការរស់នៅជាគ្រីស្តបរិស័ទ ព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់បំពេញព្រះរាជកិច្ចរបស់ព្រះអង្គ ដោយទទួលយកមនុស្សទាំងមូល ព្រមទាំងការឈឺចាប់ ការភ័យខ្លាច ការព្រួយចិត្តរបស់គេ ដូចក្នុងពេលដែលព្រះអម្ចាស់រងទុក្ខលំបាកផងដែរ។ ក្នុងអង្គព្រះគ្រីស្ត អារម្មណ៍របស់មនុស្សអាសម្រេចឱ្យបានពេញលក្ខណៈ ក្នុងសេចក្ដីស្រលាញ់ និងសុភមង្គលយ៉ាងពិតប្រាកដ។

១៧៧០. មនុស្សបានគ្រប់លក្ខណៈខាងសីលធម៌ នៅពេលដែលបំណងជំរុញគេឱ្យទៅរកអ្វីដ៏ល្អថែមទាំងនៅពេលដែលចិត្តថ្លើមជំរុញគេផងដែរ ដូចទំនុកតម្កើងបញ្ជាក់ថា៖ “ទូលបង្គំបន្លឺសម្លេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅ អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត” (ទន ៨៤,៣)។

សង្ខេប

១៧៧១. ពាក្យ “តណ្ហា” សម្តៅទៅលើការរំជួលចិត្ត ឬអារម្មណ៍។ តាមរយៈការរំជួលចិត្ត មនុស្សអាចយល់ ឬនឹកស្មានថាជាការល្អ ឬជាការអាក្រក់។

១៧៧២. តណ្ហាសំខាន់ជាងគេ គឺសេចក្ដីស្រលាញ់ និងការស្អប់ បំណងប្រាថ្នា និងការភ័យខ្លាច អំណរ ការព្រួយចិត្ត និងកំហឹង។

១៧៧៣. តណ្ហាជាចលនាខាងផ្លូវចិត្ត មិនល្អ ឬមិនអាក្រក់ឡើយ។ យើងអាចវិនិច្ឆ័យតណ្ហាតាមសីលធម៌ លុះត្រាតែតណ្ហាពិតជាមកពីប្រាជ្ញា និងបំណង។

១៧៧៤. គុណធម៌ អាចតម្រូវអារម្មណ៍ផ្សេងៗ ឯបាបធម៌ អាចបង្ខូចអារម្មណ៍ទាំងអស់នោះ។

១៧៧៥. មនុស្សបានគ្រប់លក្ខណៈខាងសីលធម៌ នៅពេលដែលបំណងជំរុញឱ្យរកអ្វីដ៏ល្អជាមួយនឹង “ចិត្តគំនិត” គេផងដែរ។

ប្រការទី៦៖​មនសិការខាងសីលធម៌

១៧៧៦. “នៅពេលមនុស្សយើងរិះគិត យើងមុខជានឹងរកឃើញក្បួនវិន័យដែលខ្លួនមិនបានកំណត់ខ្លួន​​​ឯង កប់​​​នៅខាង​ជម្រៅនៃ​មនសិការរបស់ខ្លួន   គឺជាក្បួនវិន័យដែលយើងត្រូវតែអនុវត្តតាម។ សម្លេងនេះនៅតែជំរុញ​​​យើងឱ្យមានចិត្ត​​​ស្រឡាញ់ ឱ្យប្រព្រឹត្ត​អំពើល្អ និងចៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់ លាន់ឮក្នុងជម្រៅចិត្តនៅពេល​​​ត្រូវការ (...)។​​​ ព្រះជាម្ចាស់ជារក្បួន​​​វិន័យ​​​នោះក្នុងចិត្តមនុស្ស (...)។​​​ ក្នុងមនុស្ស មនសិការជាមណ្ឌលដ៏ស្ងាត់កំបាំងជាងគេ ជាទីកន្លែងដ៏សក្ការៈដែល​​​មនុស្សនៅ​​​តែម្នាក់ឯងជាមួយព្រះ​​​ជាម្ចាស់ ជាកន្លែងព្រះសូរសៀងរបស់ព្រះអង្គលាន់់ឮឡើង” (GS ១៦)។

១. ការវិនិច្ឆ័យនៃមនសិការ

១៧៧៧. ដោយស្ថិតនៅក្នុងចិត្តមនុស្ស មនសិការជំរុញគេ (រម ២,១៤-១៦) នៅពេលត្រូវការ ឱ្យប្រព្រឹត្តអំពើល្អ និងចៀសវាងមិនឱ្យប្រព្រឹត្តអំពើអាក្រក់ឡើយ។ មនសិការវិនិច្ឆ័យជម្រើសផ្សេងៗ ដោយយល់ស្របនឹងជម្រើសល្អ និងចោទប្រកាន់ជម្រើសអាក្រក់ (រម ១,៣២)។ មនសិការបញ្ជាក់នូវអំណាចនៃសេចក្ដីពិត តាមអ្វីដ៏ល្អប្រសើរបំផុត ដែលទាក់ទាញមនុស្ស និងបញ្ជាគេឱ្យប្រតិបត្តិតាម។ នៅពេលដែលគេស្តាប់មនសិការ មនុស្សដែលចេះរិះគិតពិចារណា អាចឮព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។

១៧៧៨. ដោយសារមនសិការ ប្រាជ្ញាមនុស្សវិនិច្ឆ័យនូវសីលធម៌នៃកិច្ចការណាមួយ ដែលគេកំពុងធ្វើ ឬដែលគេបានប្រព្រឹត្តរួចហើយ។ គ្រប់កិច្ចការ និងពាក្យសម្តី មនុស្សត្រូវតែធ្វើតាមអ្វីដែលខ្លួនដឹងថា សុចរិត និងត្រឹមត្រូវ។ ដោយសារមនសិការ មនុស្សទទួល និងស្គាល់បទបញ្ជានៃធម្មវិន័យរបស់ព្រះជាម្ចាស់៖

មនសិការជាក្បួនវិន័យនៃវិញ្ញាណយើង ប៉ុន្តែ មនសិការហួសវិញ្ញាណយើង។ មនសិការបញ្ជាយើង បានសេចក្ដីថា ការទទួលខុសត្រូវ ភារកិច្ច ការភ័យខ្លាច និងសេចក្ដីសង្ឃឹម (...)។ មនសិការជាអ្នកនាំសាររបស់អ្នក ដែលមានព្រះបន្ទូលមកយើងតាមរយៈស្បៃ ប្រៀនប្រដៅ និងណែនាំយើង ក្នុងពិភពនៃធម្មជាតិ ដូចក្នុងពិភពនៃការប្រណីសន្តោសផងដែរ។​ មនសិការជាសហការីដំបូងនៃសហការីទាំងអស់របស់ព្រះគ្រីស្ត (លោក ន្យូម៉ាន)។

១៧៧៩. មនុស្សម្នាក់ៗត្រូវតែដឹងខ្លួនសមល្មម ដើម្បីស្តាប់ឮ និងធ្វើតាមសម្លេងនៃមនសិការរបស់ខ្លួន។ ជាចាំបាច់មនុស្សត្រូវតែរិះគិតពិចារណាក្នុងជម្រៅចិត្ត ជាពិសេសក្នុងលោកនេះដែលការរស់នៅឧស្សាហ៍ជំរុញយើងមិនឱ្យរិះគិតពិចារណាឡើងវិញអំពីខ្លួនឯងទេ៖

ចូរទៅរកមនសិការរបស់ខ្លួន ចូរសួរមនសិការទៅ (...)។ ចូរបងប្អូនត្រឡប់ទៅក្នុងខ្លួនវិញ ហើយក្នុងអ្វីៗទាំងអស់ដែលបងប្អូនធ្វើ ចូរសម្លឹងមើលសាក្សីដ៏ប្រសើរ គឺព្រះជាម្ចាស់ (សន្ត អូគូស្តាំង)។

១៧៨០. ឋានៈដ៏ថ្លៃថ្នូររបស់មនុស្សទាមទារឱ្យមានមនសិការត្រឹមត្រូវ ។ ដោយសារមនសិការ យើងយល់ឃើញគោលការណ៍នៃសីលធម៌ យើងអនុវត្តគោលការណ៍នោះ ក្នុងកាលៈទេសៈ ដោយបានរិះគិតពិចារណាអំពីមូលហេតុ និងសេចក្ដីល្អផ្សេងៗ ទីបញ្ចប់យើងវិនិច្ឆ័យកិច្ចការដែលយើងត្រូវប្រព្រឹត្ត ឬកិច្ចការដែលយើងបានប្រព្រឹត្តរួចហើយ។ ការវិនិច្ឆ័យដោយរិះគិតពិចារណា នៃមនសិការទទួលស្គាល់សេចក្ដីពិតអំពីអ្វីដ៏ល្អខាងសីលធម៌ ដែលក្បួនវិន័យនៃប្រាជ្ញាបានប្រកាស។ នរណាដែលប្រតិបត្តិតាមការវិនិច្ឆ័យនេះ ជាមនុស្សម្នាក់ដែលចេះរិះគិតពិចារណា។

១៧៨១. ដោយសារមនសិការ យើងទទួលខុសត្រូវ នូវលើកិច្ចការដែលយើងប្រព្រឹត្ត។ បើមនុស្សប្រព្រឹត្តអំពើអាក្រក់ ការវិនិច្ឆ័យដ៏ត្រឹមត្រូវនៃមនសិការអាចធ្វើជាសាក្សី ក្នុងខ្លួនគេ នៃសេចក្ដីពិតសកលនៃអ្វីដ៏ល្អ ហើយ​ជាមួយគ្នានេះ មនសិការជាសាក្សីនៃលក្ខណៈអាក្រក់នៃជម្រើសរបស់គេដែរ។ ការវិនិច្ឆ័យនៃមនសិការកត់ទុកជាមុននូវសេចក្ដីសង្ឃឹមលើធម៌មេត្តាករុណា គឺដោយបញ្ជាក់ថា យើងបានប្រព្រឹត្តកំហុស ការវិនិច្ឆ័យនេះរម្លឹកយើងថា ត្រូវសូមការលើកលែងទោស ត្រូវប្រព្រឹត្តអំពើល្អ និងត្រូវប្រតិបត្តិតាមគុណធម៌តទៅទៀតជានិច្ចនិរន្តរ៍ ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយឧបត្ថម្ភផងដែរ៖

ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះភក្រ្ត​ព្រះ​អង្គ​ទេ។​ ‌ហេតុនេះ ​ប្រសិន​បើ​ចិត្ត​គំនិត​​យើង​ដាក់​ទោស​យើង​‌នោះ​ ព្រះជាម្ចាស់​ដែល​ធំជាង​ចិត្ត​របស់​យើង​ ទ្រង់​ឈ្វេង​យល់​ទាំង​អស់ (១យហ ៣,១៩-២០)។

១៧៨២. មនុស្សមានសិទ្ធិប្រព្រឹត្តតាមមនសិការ និងសេរីភាពរបស់ខ្លួន ដើម្បីសម្រេចចិត្តបំពេញកិច្ចការខាងសីលធម៌រៀងៗខ្លួន។ “យើងមិនអាចបង្ខិតបង្ខំមនុស្សឱ្យប្រតិបត្តិប្រឆាំងនឹងមនសិការរបស់ខ្លួនទេ។ ប៉ុន្តែ យើងមិនអាចរារាំងគេមិនឱ្យប្រតិបត្តិតាមមនសិការរបស់ខ្លួនដែរ ជាពិសេសក្នុងកិច្ចការទាង់ទងនឹងសាសនា” (DH ៣)។

២. ការអប់រំមនសិការ

១៧៨៣. ត្រូវតែអប់រំមនសិការ និងបំភ្លឺការវិនិច្ឆ័យនៃសីលធម៌។ ពេលយើងអប់រំមនសិការឱ្យបានល្អ មនសិការនេះ ត្រឹមត្រូវ និងស្របតាមសេចក្ដីពិត។ មនសិការវិនិច្ឆ័យតាមប្រាជ្ញាស្របតាមអ្វីដ៏ល្អពិតប្រាកដ ដែលព្រះប្រាជ្ញាញ្ញាណរបស់ព្រះបង្កើតសព្វព្រះហឫទ័យ។ ដោយសារមនុស្សស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាន ហើយដោយសារអំពើបាបល្បួងគេឱ្យធ្វើតាមការវិនិច្ឆ័យរបស់ខ្លួនជាជាងការប្រៀនប្រដៅដ៏ត្រឹមត្រូវ ជាចាំបាច់មនុស្សត្រូវតែ​អប់រំមនសិការ។

១៧៨៤. អស់មួយជីវិត មនុស្សមានមុខងារអប់រំមនសិការ។ ចាប់តាំងពីឆ្នាំដំបូង មនសិការបំភ្លឺកូនក្មេងឱ្យស្គាល់ និងអនុវត្តតាមក្បួនវិន័យដែលស្ថិតក្នុងជម្រៅចិត្ត ហើយដែលមនសិការទទួលស្គាល់។ ត្រូវតែអប់រំដោយរិះគិតពិចារណា គឺត្រូវបង្រៀនគុណធម៌ កុំឱ្យភ័យខ្លាច កុំឱ្យគិតតែអំពីខ្លួនឯង កុំឱ្យអួតបំប៉ាង កុំឱ្យអស់សង្ឃឹមពេលបានប្រព្រឹត្តអំពើបាប កុំឱ្យវក់នឹងអំពើបាប ដែលមកពីភាពទន់ខ្សោយ និងកំហុសរបស់មនុស្ស។ ការអប់រំមនសិការធានាសេរីភាព និងបង្កើតសន្តិភាពក្នុងចិត្ត។

១៧៨៥. ក្នុងការអប់រំមនសិការ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាពន្លឺនៅលើផ្លូវយើង។ ត្រូវតែទទួលព្រះបន្ទូលនេះដោយជឿ ដោយអធិដ្ឋាន និងដោយប្រតិបត្តិតាម។ ម្យ៉ាងទៀត ត្រូវតែរិះគិតពិចារណាអំពីមនសិការរបស់ខ្លួន ស្របតាមព្រះឈើឆ្កាងរបស់ព្រះអម្ចាស់។ ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមានសក្ខីភាព ឬដំបូន្មានរបស់អ្នកដទៃ និងការប្រៀនប្រដៅរបស់ព្រះសហគមន៍ជួយណែនាំយើង (DH ១៤)។

៣. ត្រូវតែជ្រើសរើសតាមមនសិការរបស់ខ្លួន

១៧៨៦. ពេលត្រូវជ្រើសរើសធ្វើកិច្ចការប្រកបដោយសីលធម៌ មនសិការអាចវិនិច្ឆ័យត្រឹមត្រូវស្របតាមប្រាជ្ញា និងធម្មវិន័យរបស់ព្រះជាម្ចាស់ ផ្ទុយទៅវិញមនសិការអាចវិនិច្ឆ័យខុស ដែលធ្វើឱ្យឃ្លាតឆ្ងាយពីប្រាជ្ញា និងពីធម្មវិន័យរបស់ព្រះជាម្ចាស់។

១៧៨៧. ជួនកាល មនុស្សប្រឈមមុខនឹងស្ថានភាព ពិបាកវិនិច្ឆ័យ និងពិបាកសម្រេចចិត្ត។ ប៉ុន្តែ គេត្រូវស្វែងរកអ្វីដ៏ល្អ និងត្រឹមត្រូវជានិច្ច និងរិះគិតពិចារណាអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលធម្មវិន័យរបស់ព្រះអង្គសម្ដែង។

១៧៨៨. ហេតុនេះ មនុស្សខិតខំបកស្រាយបទពិសោជន៍ និងសញ្ញាសម្គាល់នៃពេលវេលា ដោយរិះគិតពិចារណា ស្តាប់ដំបូន្មានរបស់អ្នកដទៃ និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះអំណោយទានរបស់ព្រះអង្គជួយឧបត្ថម្ភផង។

១៧៨៩. មានវិន័យខ្លះត្រូវអនុវត្តក្នុងករណីទាំងអស់៖
- យើងមិនអាចធ្វើអំពើអាក្រក់ ដើម្បីទទួលផលល្អបានឡើយ
- “បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ” (មថ ៧,១២) (លក ៦,៣១ ; តប ៤,១៥)
- ត្រូវគោរពអ្នកដទៃជានិច្ច និងគោរពមនសិការរបស់គេផងដែរ ដោយចិត្តស្រលាញ់៖ “  ដោយ​បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បងប្អូន​ឯទៀត​ៗ​ និង​ដោយ​ធ្វើ​អំពើ​ដែល​នាំ​ឱ្យ​ទាស់​នឹង​ស្មារតី​របស់​គេ​នោះ​ បងប្អូន​ក៏​ដូចជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ​គ្រីស្ត​ផ្ទាល់​តែម្ដង” (១ករ ៨,១២)។ “ប្រសិនបើយើងមិន (...) ប៉ះពាល់របស់ណាដែលធ្វើឱ្យបងប្អូនជំពប់ចិត្តបាត់ជំនឿ នោះជាការល្អប្រពៃហើយ” (រម ១៤,២១)។

៤. ការវិនិច្ឆ័យខុស

១៧៩០. មនុស្សត្រូវធ្វើតាមការវិនិច្ឆ័យដ៏ច្បាស់លាស់នៃមនសិការរបស់ខ្លួនជានិច្ច។ បើគេសម្រេចប្រព្រឹត្តប្រឆាំងនឹងការវិនិច្ឆ័យនេះ គេនឹងផ្តន្ទាទោសខ្លួនឯង។ ប៉ុន្តែ ជួនកាលមនុស្សមិនដឹងមិនស្គាល់ ហើយ វិនិច្ឆ័យខុសកិច្ចការដែលគេបានប្រព្រឹត្ត ឬដែលគេនឹងប្រព្រឹត្ត។

១៧៩១. ជារឿយៗ ការមិនដឹងមិនស្គាល់នេះ បណ្តាលមកពីការមិនទទួលខុសត្រូវរបស់ខ្លួនឯងផ្ទាល់។ ហេតុនះ នៅពេលដែល “មនុស្សមិនរវីរវល់ស្វែងរកសេចក្តីពិត និងអ្វីដ៏ល្អ​ប្រសើរ ហើយ​មានទម្លាប់​​​ប្រព្រឹត្តអំពើបាប យូរៗទៅ មនសិការ​របស់គេហាក់ដូចជាខ្វាក់” (GS ១៦)។ ក្នុងករណីនេះ មនុស្សទទួលខុសត្រូវលើអំពើបាបដែលខ្លួនប្រព្រឹត្ត។

១៧៩២. បើយើងមិនស្គាល់ព្រះគ្រីស្ត និងដំណឹងល្អរបស់ព្រះអង្គ បើយើងយកតម្រាប់តាមគំរូដ៏អាក្រក់របស់អ្នកដទៃ បើយើងជាឈ្លើយនៃតណ្ហា បើយើងទាមទារឱ្យមនសិការពឹងលើខ្លួនឯង បើយើងបដិសេធមិនព្រមទទួលអំណាច និងការប្រៀនប្រដៅរបស់ព្រះសហគមន៍ បើយើងមិនព្រមកែប្រែចិត្តគំនិត និងប្រព្រឹត្តតាមសេចក្ដីស្រលាញ់ទេ នោះយើងអាចភ័ន្តច្រឡំក្នុងការវិនិច្ឆ័យចំពោះអាកប្បកិរិយាប្រកបដោយសីលធម៌។

១៧៩៣. ផ្ទុយទៅវិញ បើយើងមិនអាចឈ្នះអវិជ្ជាបាន ឬក៏យើងវិនិច្ឆ័យខុស ដោយគ្មានការទទួលខុសត្រូវ យើងមិនអាចផ្តន្ទាទោសអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់បានឡើយ។ ក៏ប៉ុន្តែ អំពើនេះ នៅតែជាអំពើអាក្រក់ ជាការខ្វះខាត ឥតសណ្តាប់ធ្នាប់មួយ។ ដូច្នេះ យើងត្រូវតែខិតខំកែលំអមនសិការអំពីកំហុសរបស់ខ្លួន។

១៧៩៤. ជំនឿដ៏ពិតប្រាកដបំភ្លឺមនសិការដ៏ល្អ និងត្រឹមត្រូវ ដ្បិតសេចក្ដីស្រលាញ់ “ផុសចេញពីចិត្តបរិសុទ្ធ ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត” (១ធម ១,៥) (១ធម ៣,៩ ; ២ធម ១,៣ ; ១ពត្រ ៣,២១ ; កក ២៤,១៦)៖

មនសិការទៀងត្រង់កាន់តែ​​​ខ្លាំងយ៉ាង​​​ណា  បុគ្គល ឬក្រុមមនុស្សអាចសម្រេច​​​​សេចក្តីឱ្យ​កាន់​​​តែ​​​​ច្បាស់ និងឱ្យបាន​ស្របតាមច្បាប់សីលធម៌ ​​​ដែល​​​មិនអាចប្រកែកបាន (GS ១៦)។

សង្ខេប

១៧៩៥. “ក្នុងខ្លួនមនុស្ស មនសិការជាមណ្ឌលដ៏ស្ងាត់កំបាំងជាងគេ ជាទីកន្លែងដ៏សក្ការៈដែល​​​មនុស្សនៅ​​​តែម្នាក់ឯងជាមួយព្រះ​​​ជាម្ចាស់ ជាកន្លែងដែលព្រះអង្គបន្លឺព្រះសូរសៀង” (GS ១៦)។

១៧៩៦. ដោយសារមនសិការ ប្រាជ្ញាមនុស្សវិនិច្ឆ័យនូវសីលធម៌នៃកិច្ចការណាមួយ។

១៧៩៧ . ចំពោះមនុស្សដែលបានប្រព្រឹត្តអំពើអាក្រក់ ការវិនិច្ឆ័យនៃមនសិការ​កត់​ទុក​ជា​មុនថា អាចកែ​ប្រែចិត្តគំនិត ដោយមាន​សេចក្ដី​សង្ឃឹម​។

១៧៩៨ . ពេលយើងអប់រំមនសិការបានល្អ មនសិការនេះ ត្រឹមត្រូវ និងស្របតាមសេចក្ដីពិត។ មនសិការធ្វើការវិនិច្ឆ័យតាមប្រាជ្ញា សមស្របតាមអ្វីដ៏ល្អពិតប្រាកដ ដែលព្រះប្រាជ្ញាញ្ញាណរបស់ព្រះបង្កើត​សព្វ​ព្រះ​ហឫទ័យ។ មនុស្សម្នាក់ៗត្រូវតែរកមធ្យោបាយអប់រំមនសិការរបស់ខ្លួន។

១៧៩៩. ពេលត្រូវជ្រើសរើសធ្វើកិច្ចការប្រកបដោយសីលធម៌ មនសិការអាចវិនិច្ឆ័យ​ត្រឹម​ត្រូវ​សមស្រប​តាម​ប្រាជ្ញា និងធម្មវិន័យរបស់ព្រះជាម្ចាស់ ផ្ទុយទៅវិញ មនសិការអាចវិនិច្ឆ័យខុស ដែលធ្វើឱ្យឃ្លាតឆ្ងាយពីប្រាជ្ញា និង​ពី​ធម្មវិន័យរបស់ព្រះជាម្ចាស់។

១៨០០ . មនុស្សត្រូវធ្វើតាមការវិនិច្ឆ័យដ៏ច្បាស់លាស់នៃមនសិការរបស់ខ្លួនជានិច្ច។

១៨០១. ជួនកាលមនុស្សមិនដឹងមិនស្គាល់ ហើយវិនិច្ឆ័យខុស។ ការមិនដឹងមិនស្គាល់នេះ បណ្តាល​មក​ពី​ការ​មិនទទួលខុសត្រូវខ្លួនឯងផ្ទាល់។

១៨០២. ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាពន្លឺបំភ្លឺជំហានរបស់យើង។ យើងត្រូវតែស្វែងយល់អំពីព្រះបន្ទូលនេះ ដោយសារជំនឿ និងដោយការអធិដ្ឋាន ហើយត្រូវតែអនុវត្តតាមផងដែរ។ ហេតុនេះហើយ បានជាយើងត្រូវអប់រំមនសិការខាងសីលធម៌។

ប្រការទី៧៖​គុណធម៌

១៨០៣. “សូម​បងប្អូន​គិតតែ​អំពី​អ្វីៗ​ដែល​ពិត​ ដែល​ថ្លៃថ្នូរ​ សុចរិត​ បរិសុទ្ធ​ គួរ​ឱ្យស្រឡាញ់​ គួរ   ឱ្យ​គោរព​ និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ​ គួរឱ្យ​កោត​សរសើរ” (ភីល ៤,៨)។

គុណធម៌ ជាទម្លាប់មោះមុតឱ្យប្រព្រឹត្តអ្វីដ៏ល្អ។ ដោយសារគុណធម៌ មនុស្សមិនគ្រាន់តែប្រព្រឹត្តអំពើល្អទេ ថែមទាំងបានពេញលក្ខណៈផងដែរ។ មនុស្សដែលមានគុណធម៌តម្រង់ទៅរកអ្វីដ៏ល្អអស់ពីកម្លាំងកាយចិត្ត គេចង់បានអ្វីដ៏ល្អ និងប្រព្រឹត្តកិច្ចការដ៏ល្អផងដែរ។

គោលដៅនៃជីវិតប្រកបដោយគុណធម៌ គឺថា មានលក្ខណៈដូចព្រះជាម្ចាស់ (សន្ត គ្រែគ័រ​ នៃនីស)។

១. គុណធម៌របស់មនុស្ស

១៨០៤. គុណធម៌របស់មនុស្ស ជាអាកប្បកិរិយាមោះមុត ទម្លាប់នឹងន និងភាពល្អឥតខ្ចោះនៃប្រាជ្ញាឈ្លាសវៃ និងឆន្ទៈក្នុងការចាត់ចែងកិច្ចការ និងតណ្ហារបស់យើង ហើយណែនាំរបៀបរស់នៅរបស់យើងតាមប្រាជ្ញា និងជំនឿ។ ដោយសារគុណធម៌នោះ មនុស្សងាយស្រួលទៅរករបៀបរស់នៅប្រកបដោយសីលធម៌ និងអំណរសប្បាយ។ មនុស្សដែលមានគុណធម៌ គឺជាមនុស្សដែលប្រតិបត្តិតាមអ្វីដែលល្អៗ ដោយមានសេរីភាពពេញលេញ។

មនុស្សមានគុណធម៌មកពីគេប្រតិបត្តិតាម។ គុណធម៌ជាផល និងជាពន្លកនៃអំពើល្អ ដែលមានសីលធម៌ល្អ។ គុណធម៌នោះ រៀបចំកម្លាំងទាំងអស់របស់មនុស្សឱ្យរួបរួមក្នុងសេចក្ដីស្រលាញ់​របស់ព្រះជាម្ចាស់។

គុណធម៌សំខាន់ៗ

១៨០៥. គុណធម៌បួនមានតួនាទីសំខាន់ៗ។ ហេតុនេះហើយ បានជាគេហៅគុណធម៌នោះថាជា “គុណធម៌សំខាន់ៗ” ដែលមានគុណធម៌ផ្សេងៗទៀតស្ថិតនៅជាមួយ។ មានការចេះរិះគិតពិចារណា សេចក្ដីសុចរិត សេចក្ដីក្លាហាន និងការចេះទប់ចិត្ត។ “តើមាននរណាស្រលាញ់សេចក្ដីសុចរិតឬទេ? គុណធម៌ល្អគ្រប់យ៉ាងសុទ្ធតែជាស្នាព្រះហស្តរបស់ព្រះប្រាជ្ញាញ្ញាណ គឺព្រះអង្គបង្រៀនឱ្យចេះស្កប់ចិត្ត ចេះរិះគិតពិចារណា មានសេចក្ដីសុចរិត និងចិត្តក្លាហាន” (ប្រាញ ៨,៧)។ អត្ថបទគម្ពីរផ្សេងទៀតសរសើរគុណធម៌នោះ ដែលគេហៅតាមរបៀបផ្សេងៗ។

១៨០៦. អ្នកចេះរិះគិតពិចារណា រៀបចំប្រាជ្ញាឱ្យរិះគិតគ្រប់កាលទេសៈអំពីអ្វីដ៏ល្អយ៉ាងពិតប្រាកដ ហើយជ្រើសរើសមធ្យោបាយត្រឹមត្រូវ ដើម្បីបំពេញអ្វីដ៏ល្អនេះ។ “មនុស្សឆ្លាតមិនធ្វើអ្វីដោយឥតគិតពិចារណាឡើយ” (សុភ ១៤,១៥)។ “​ត្រូវ​គិត​ឱ្យ​វែង​ឆ្ងាយ​ និង​ភ្ញាក់​ស្មារតី​ឡើង​ ទើប​អធិដ្ឋានកើត” (១ពត្រ ៤,៧)។ ក្រោយពីលោក អារីសតូត សន្ត ថូម៉ាស សរសេរថា៖ “អ្នកចេះរិះគិតពិចារណាចេះបំពេញកិច្ចការតាមវិន័យត្រឹមត្រូវ”។ មនុស្សចេះរិះគិតពិចារណាមិនអៀនបៀន មិនភ័យខ្លាច មិនប្រើកលល្បិច ឬមិនលាក់លៀម    ឡើយ។ គេហៅគុណធម៌នេះថា auriga virtutum៖ គុណធម៌នេះ ណែនាំគុណធម៌ផ្សេងៗទៀត ដោយប្រុងប្រយ័ត្ន។ មនុស្សដែលមិនថ្វេសប្រហែសវិនិច្ឆ័យក្រោយពីបានរិះគិតពិចារណា។ អ្នកចេះរិះគិតពិចារណាសម្រេច និងណែនាំអាក្បកិរិយារបស់ខ្លួនតាមការវិនិច្ឆ័យនេះ។ ដោយសារគុណធម៌នេះ យើងប្រតិបត្តិតាមគោលការណ៍សីលធម៌ដោយគ្មានកំហុសចំពោះករណីពិសេស ហើយយើងលែងសង្ស័យអំពីអ្វីដ៏ល្អដែលត្រូវបំពេញ និងអ្វីដ៏អាក្រក់ដែលត្រូវចៀសវាង។

១៨០៧. អ្នកសុចរិត មានបំណងមោះមុតដ៏ស្ថិតស្ថេរ ដើម្បីថ្វាយទៅព្រះជាម្ចាស់ និងផ្តល់ដល់អ្នកដទៃនូវអ្វីៗដែលត្រូវតែថ្វាយ និងផ្តល់ឱ្យ។ គេហៅសេចក្ដីសុចរិតចំពោះព្រះជាម្ចាស់ថាជា “គុណធម៌នៃសាសនា”។ ចំពោះមនុស្សវិញ​ សេចក្ដីសុចរិតនាំឱ្យចេះគោរពសិទ្ធិរបស់មនុស្ស និងបង្កើតភាពសុខដុមក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា ដែលលើកទឹកចិត្តឱ្យមានយុត្តិធម៌ចំពោះមនុស្ស និងចំពោះផលប្រយោជន៍រួម។ ក្នុងគម្ពីរដ៏វិសុទ្ធ អ្នកសុចរិតប្លែកពីគេ ព្រោះចិត្តគំនិត និងរបៀបរស់នៅរបស់គាត់ត្រឹមត្រូវ និងទៀងត្រង់ចំពោះអ្នកដទៃ។ “ពេលវិនិច្ឆ័យទោស ​កុំកាត់ក្តីដោយអយុត្តិ​ធម៌ ​កុំរើសមុខនរណាឱ្យសោះ​   គឺកុំយោគយល់​អ្នកតូច​  ឬ  អ្នកធំ  ​តែត្រូវវិនិច្ឆ័យឱ្យជនរួមជាតិ​របស់អ្នក ដោយ​យុត្តិធម៌

” (លវ ១៩,១៥)។ “បងប្អូន​ដែល​ជា​ម្ចាស់​ ចូរ​ប្រព្រឹត្ត​អំពើ​ណា​ដែល​សុចរិត ​និង​យុត្តិធម៌​ដល់​ទាសករ​របស់​ខ្លួន​ ដោយ​ដឹង​ថា​ បងប្អូន​ផ្ទាល់‌​  ក៏​មាន​ម្ចាស់​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរមសុខដែរ” (កូឡ ៤,១)។

១៨០៨. អ្នកមានចិត្តក្លហាន មានចិត្តមោះមុតដ៏ស្ថិតស្ថេរនៅតែទៅរកអ្វីដ៏ល្អ ទោះបីមានទុក្ខលំបាកយ៉ាងណាក៏ដោយ។ សេចក្ដីចិត្តក្លាហានពង្រឹងការសម្រេចចិត្តឱ្យតស៊ូប្រឆាំងនឹងការល្បួង និងពុះពារឧបសគ្គក្នុងការរស់នៅប្រកបដោយសីលធម៌។ អ្នកមានចិត្តក្លាហានអាចជម្នះការភ័យខ្លាច សូម្បីតែសេចក្ដីស្លាប់ ហើយអាចប្រឈមមុខទល់នឹងសេចក្ដីលំបាក និងការបៀតបៀនផងដែរ។ អ្នកមានចិត្តក្លាហានអាចលះបង់ និងបូជាជីវិត ដើម្បីមូលហេតុដ៏ត្រឹមត្រូវ។ “ព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ​ខ្ញុំច្រៀងថ្វាយព្រះអង្គ   ព្រះអង្គសង្គ្រោះខ្ញុំ” (ទន ១១៨,១៤)។ “​អ្នក​រាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ​ប៉ុន្តែ ​ចូរ​តាំងចិត្តក្លាហានឡើង!​  ‌ខ្ញុំបានឈ្នះលោកនេះ” (យហ ១៦,៣៣)។

១៨០៩. អ្នកចេះទប់ចិត្ត ចេះតមការសប្បាយ និងនាំឱ្យមានលំនឹងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនៃលោកនេះ។ គុណធម៌នេះ នាំឱ្យគេចេះគ្រប់គ្រងកិលេសតណ្ហា និងការប៉ងប្រាថ្នាដោយមានកំណត់ព្រំដែនតាមសេចក្ដីទៀងត្រង់។ អ្នកចេះទប់ចិត្តតម្រូវចិត្តថ្លើមទៅរកអ្វីដ៏ល្អ នឹងន និង “មិនបណ្តោយតាមសន្ទុះចិត្តលោភលន់ និងតណ្ហាឡើយ” (បសរ ៥,២) (បសរ ៣៧,២៧-៣១)។ គម្ពីរសម្ពន្ធមេត្រីចាស់ឧស្សហ៍សរសើរអ្នកចេះទប់ចិត្តថា៖ “មិនបណ្តោយខ្លួនទៅតាមតណ្ហា ហើយមិនធ្វើតាមចិត្តប៉ងប្រាថ្នារបស់កូនឡើយ” (បសរ ១៨,៣០)។ ក្នុងសម្ពន្ធមេត្រីថ្មី គេហៅអ្នកចេះទប់ចិត្តនេះថាជា អ្នកមាន “ចិត្តធ្ងន់” ចេះ “ស្កប់ស្កល់”។ “ត្រូវរស់នៅក្នុងលោកនេះ ដោយមានចិត្តធ្ងន់ សុចរិត និងគោរពប្រណិប័តន៍ព្រះជាម្ចាស់” (តទ ២,១២)។

យើងមានរបៀបរស់នៅត្រឹមត្រូវនៅពេលដែលយើងស្រលាញ់ព្រះជាម្ចាស់អស់ពីចិត្ត អស់ពីព្រលឹង និងដោយប្រព្រឹត្តកិច្ចការទាំងអស់ចំពោះព្រះអង្គ។ យើងថ្វាយទៅព្រះអង្គសេចក្ដីស្រលាញ់សុទ្ធសាធ (ដោយចេះស្កប់ចិត្ត) ដែលគ្មានវេទនាអាចមករញ្ជួយ (ដែលមកពីចិត្តក្លាហាន) ដែលធ្វើតាមតែព្រះអង្គ (នេះគឺជាសេចក្ដីសុចរិត) ហើយដែលប្រុងស្មារតី កុំឱ្យចាញ់កលល្បិច និងភាពកុហកឡើយ (នេះគឺជាការចេះរិះគិតពិចារណា) (សន្ត អូគូស្តាំង)។

គុណធម៌ និងការប្រណីសន្តោស

១៨១០. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់បន្សុទ្ធ និងលើកគុណធម៌ ដែលមកពីការអប់រំ ដោយបំពេញកិច្ចការដោយចេតនា និងដោយការខិតខំព្យាយាមប្រតិបត្តិតាមជានិច្ច។ ដោយមានព្រះជាម្ចាស់ជួយ គុណធម៌ពង្រឹងចរិតឱ្យរឹងមាំ និងធ្វើឱ្យយើងប្រព្រឹត្តអ្វីដ៏ល្អដោយងាយស្រួល។ អ្នកមានគុណធម៌រីករាយនឹងប្រតិបត្តិតាម។

១៨១១. មនុស្សដែលត្រូវរបួសដោយសារអំពើបាប មិនងាយប្រព្រឹត្តតាមសីលធម៌ទេ។ ព្រះគ្រីស្តបានប្រោសប្រទានព្រះអំណោយទានសង្រ្គោះយើង និងព្រះហឫទ័យប្រណីសន្តោស ដែលយើងត្រូវការ ដើម្បីព្យាយាមស្វែងរកគុណធម៌។ ជានិច្ចកាលម្នាក់ៗត្រូវតែទូលសូមព្រះហឫទ័យប្រណីសន្តោសនៃពន្លឺ និងកម្លាំងនេះ ទទួលអគ្គសញ្ញា រួមសហការជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ហើយធ្វើតាមព្រះអង្គដែលត្រាស់ហៅយើងឱ្យស្រលាញ់អ្វីដ៏ល្អ និងចៀសវាងអំពើអាក្រក់។

២. គុណធម៌ដែលព្រះជាម្ចាស់ប្រទាន

១៨១២. គុណធម៌របស់មនុស្សចាក់ឫសក្នុងគុណធម៌ដែលព្រះជាម្ចាស់ប្រទាន ហើយដែលតម្រូវសមត្ថភាពរបស់មនុស្សឱ្យទទួលចំណែកក្នុងសភាពជាព្រះជាម្ចាស់ (២ពត្រ ១,៤) ដ្បិតមនុស្សទទួលគុណធម៌អំពីព្រះជាម្ចាស់ផ្ទាល់។ គុណធម៌នោះ រៀបចំការរស់នៅរបស់គ្រីស្តបរិស័ទឱ្យមានទំនាក់ទំនងជាមួយនឹងព្រះត្រៃឯក មានព្រះជាម្ចាស់ជាព្រះមួយអង្គ និងជាព្រះត្រៃអង្គ ជាប្រភព មូលហេតុ និងគោលដៅ។

១៨១៣. គុណធម៌ដែលមកពីព្រះជាម្ចាស់ជាមូលដ្ឋាន ណែនាំ និងបញ្ជាក់លក្ខណៈពិសេសរបស់កិច្ចការប្រកបដោយសីលធម៌របស់គ្រីស្តបរិស័ទ។ គុណធម៌នោះ ជាប្រភពរបស់គុណធម៌ឯទៀតៗ និងធ្វើឱ្យគុណធម៌ឯទៀតៗស្ថិតនៅយូរអង្វែង។ ព្រះជាម្ចាស់ចាក់បង្ហូរគុណធម៌នោះក្នុងព្រលឹងរបស់គ្រីស្តបរិស័ទ ដើម្បីឱ្យគេអាចប្រព្រឹត្តដូចបុត្រធីតារបស់ព្រះអង្គ ហើយឱ្យគេស័ក្តិសមនឹងទទួលជីវិតអស់កល្បជានិច្ច។ ដោយសារគុណធម៌នោះ ព្រះជាម្ចាស់បញ្ចាំចិត្តយើងនូវវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ទៅតាមសមត្ថភាពមនុស្ស។ គុណធម៌ដែលមកពីព្រះជាម្ចាស់មានបីយ៉ាង គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ (១ករ ១៣,១៣)។

ជំនឿ

១៨១៤. ជំនឿជាគុណធម៌ដែលមកពីព្រះជាម្ចាស់។ ដោយសារជំនឿ យើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ជឿលើព្រះបន្ទូលរបស់ព្រះអង្គ និងសេចក្ដីដែលព្រះអង្គបានសម្ដែងឱ្យយើងដឹង ហើយដែលព្រះសហគមន៍ដ៏វិសុទ្ធស្នើសុំឱ្យជឿ ដ្បិតព្រះអង្គផ្ទាល់ជាសេចក្ដីពិត។ ដោយសារជំនឿ “មនុស្សស្ម័គ្រចិត្តផ្ញើ​ជីវិត​ទាំង​ស្រុងទៅ​លើ​ព្រះ​ជា​ម្ចាស់” (DV ៥)។ ហេតុនេះហើយ បានជាអ្នកជឿស្វែងរកចង់ស្គាល់ និងប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ “ព្រះជាម្ចាស់ប្រោសប្រទានឱ្យមនុស្សសុចរិតដោយសារជំនឿ និងឱ្យគេប្រតិបត្តិតាមជំនឿ” (រម ១,១៧)។ ជំនឿដ៏រស់រវើក “នាំឱ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រលាញ់” (កាឡ ៥,៦)។

១៨១៥. ព្រះអំណោយទាននៃជំនឿស្ថិតនៅក្នុងខ្លួនអ្នក ដែលមិនបានប្រព្រឹត្តបាបប្រឆាំងនឹងជំនឿនេះឡើយ (មហាសន្និបាតនៅទៅក្រុងត្រង់៖ DS ១៥៤៥)។ ប៉ុន្តែ “ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ គឺជាជំនឿស្លាប់” (យប ២,២៦)៖ បើគ្មានសេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ទេ ជំនឿមិនធ្វើឱ្យគ្រីស្តបរិស័ទរួបរួមជាមួយព្រះគ្រីស្តបានពេញលក្ខណៈទេ ហើយមិនធ្វើឱ្យគេទៅជាសិរីរាង្គដ៏រស់រវើកនៃព្រះកាយព្រះអង្គឡើយ។

១៨១៦. សាវ័ករបស់ព្រះគ្រីស្តមិនគ្រាន់តែត្រូវរក្សាជំនឿទុក និងរស់ដោយសារជំនឿនេះទេ ថែមទាំងគេត្រូវតែប្រកាស និងផ្តល់សក្ខីភាពអំពីជំនឿនេះ ដោយចិត្តក្លាហាន និងផ្សព្វផ្សាយជំនឿនេះផងដែរ៖ “​​​គ្រីស្តបរិស័ទទាំងអស់ត្រូវប្រុងខ្លួន​​​នឹងប្រកាស​​​ជំនឿ​​​លើព្រះគ្រីស្ត​ នៅ​ចំពោះ​​មុខ​មនុស្ស​​​លោក។ នៅពេលមានគេបៀតបៀនធ្វើបាប​ព្រះសហគមន៍ គ្រីស្តបរិស័ទត្រូវសុខចិត្តដើរ​​​តាម​​​ព្រះអង្គរ​ហូ​ត​ដល់​ឈើឆ្កាង ព្រោះព្រះសហគមន៍នៅតែជួបការ​​​បៀតបៀន​​​​​​​ពុំខាន​​​​​ឡើយ” (LG ៤២ ; DH ១៤)។ ត្រូវតែបម្រើគេ និងផ្តល់សក្ខីភាពនៃជំនឿ ដើម្បីទទួលការសង្រ្គោះ៖ “អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំនៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​បិតា​របស់ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម​សុខ។ ​រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក​ ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​បិតា​របស់​ខ្ញុំ​  ដែល​គង់​នៅ​ស្ថាន​បរម​សុខ​ដែរ” (មថ ១០,៣២-៣៣)។

សេចក្ដីសង្ឃឹម

១៨១៧. សេចក្ដីសង្ឃឹមជាគុណធម៌ដែលព្រះជាម្ចាស់ប្រទាន។ ដោយសារសេចក្ដីសង្ឃឹម យើងប៉ងប្រាថ្នាចង់បានព្រះរាជ្យនៃស្ថានបរមសុខ និងជីវិតអស់កល្បជានិច្ច ដូចជាសុភមង្គលរបស់យើង ដោយផ្ញើជីវិតទាំងស្រុងលើព្រះបន្ទូលសន្យារបស់ព្រះគ្រីស្ត និងដោយពឹងផ្អែកលើព្រះហឫទ័យប្រណីសន្តោសនៃព្រះវិញ្ញាណដ៏វិសុទ្ធ មិនមែនលើកម្លាំងរបស់ខ្លួនឯងទេ។ “ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម​ ដែល​យើង​ប្រកាស​នោះ  ឱ្យ​បាន​ខ្ជាប់ខ្ជួន‌​ កុំឱ្យ​រង្គើ​ឡើយ​ ដ្បិត​ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​សន្យា​យ៉ាងណា‌‌​ ទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ” (ហប ១០,២៣)។ “‌​ព្រះជាម្ចាស់​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌​‌ ដោយ​សារ​ព្រះយេស៊ូ​គ្រីស្ត​ ជា​ព្រះ​សង្គ្រោះ​របស់​យើង​ ​ដើម្បីឱ្យ​យើង​បាន​សុចរិត ​ដោយ​សារ​ព្រះហឫទ័យ​ប្រោស​ប្រណី​​របស់​ព្រះអង្គ​ និងឱ្យ​យើង​បាន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ ជា​មត៌ក​ តាម​សេចក្ដី​សង្ឃឹម​របស់​យើង” (តទ ៣,៦-៧)។

១៨១៨. សេចក្ដីសង្ឃឹមជាគុណធម៌ ដែលបំពេញបំណងប្រាថ្នាចង់បានសុភមង្គល ដែលព្រះជាម្ចាស់បានដាក់ក្នុងចិត្តមនុស្សគ្រប់ៗរួប។ គុណធម៌នេះ ទទួលយកការសង្ឃឹមទាំងប៉ុន្មាន ដែលជំរុញមនុស្សឱ្យមានសកម្មភាព បន្សុទ្ធការសង្ឃឹមនោះស្របតាមព្រះរាជ្យនៃស្ថានបរមសុខ ការពារមនុស្សកុំឱ្យបាក់ទឹកចិត្ត ជួយគាំទ្រមនុស្សេតែលតោល និងពង្រីកចិត្តឱ្យរង់ចាំសុភមង្គលអស់កល្បជានិច្ច។ សន្ទះនៃសេចក្ដីសង្ឃឹមការពារមនុស្សមិនឱ្យគិតតែពីប្រយោជន៍ខ្លួនឯង និងនាំឱ្យស្គាល់សុភមង្គលនៃសេចក្ដីស្រលាញ់។

១៨១៩. សេចក្ដីសង្ឃឹមនៃគ្រីស្តសាសនាទទួលយក និងបំពេញសេចក្ដីសង្ឃឹមនៃប្រជារាស្រ្តដែលព្រះជាម្ចាស់បានជ្រើសរើស ដែលមានប្រភព និងយកតម្រាប់តាមសេចក្ដីសង្ឃឹមរបស់លោកអប្រាហាំ ដែលកូនអ៊ីសាកបានបំពេញព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ហើយដែលយញ្ញបូជាបានបន្សុទ្ធ (កណ ១៧,៤-៨ ; ២២,១-១៨)។ “ ទោះបី​គ្មានអ្វីជាទីសង្ឃឹមក៏ដោយ ​ក៏លោកអប្រាហាំនៅ​តែមានសង្ឃឹម​ និង​មានជំនឿ‌​ ហើយលោកក៏បាន​ទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន‌” (រម ៤,១៨)។

១៨២០. សេចក្ដីសង្ឃឹមនៃគ្រីស្តសាសនាលាតសន្ធឹង តាំងពីពេលដែលព្រះយេស៊ូចាប់ផ្ដើមទេសនា ក្នុងការប្រកាសសុភមង្គលយ៉ាងពិតប្រាកដ។ សុភមង្គលយ៉ាងពិតប្រាកដ លើកសេចក្ដីសង្ឃឹមរបស់យើងឆ្ពោះទៅលើមេឃដូចជាទឹកដីសន្យាថ្មី ហើយបង្ហាញផ្លូវតាមរយៈការលំបាកទាំងប៉ុន្មាន ដែលរង់ចាំសាវ័ករបស់ព្រះយេស៊ូ។ ប៉ុន្តែ ដោយសារគុណបុណ្យរបស់ព្រះយេស៊ូគ្រីស្ត និងទុក្ខលំបាករបស់ព្រះអង្គ ព្រះជាម្ចាស់រក្សាយើងទុកក្នុង “ សេចក្ដីសង្ឃឹមមិនធ្វើឱ្យយើង​ខកចិត្តឡើយ‌” (រម ៥,៥)។ សេចក្ដីសង្ឃឹមជា “យុថ្កានៃព្រលឹង” ដ៏ជាប់មាំមួន​ “ដែល​ចូល​ (...) ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​ព្រះ​យេស៊ូ​បាន​យាង​ចូល​ទៅ​មុន” (ហប ៦,១៩-២០)។ សេចក្ដីសង្ឃឹមជាអាវុធដែលការពារយើងក្នុងការច្បាំងប្រយុទ្ធក្នុងការសង្រ្គោះ៖ “​យើង​ត្រូវតែ​ចេះ​ប៉ាន់​ប្រមាណ​ដោយ​យក​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវ​ក្រោះ​ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ​ មក​ពាក់​ធ្វើ​ជា​មួក​ដែក‌​” (១ថស ៥,៨)។ ​សេចក្ដីសង្ឃឹមផ្តល់សេចក្ដីរីករាយ ទោះជាលំបាកយ៉ាងណាក៏ដោយ៖ “ចូរសប្បាយរីករាយ‌‌ដោយចិត្ត​សង្ឃឹម។​ ចូរកាន់ចិត្តអត់ធ្មត់‌ក្នុងពេលមានទុក្ខ​លំបាក​” (រម ១២,១២)។ ការអធិដ្ឋានសម្ដែង និងបំប៉នសេចក្ដីសង្ឃឹម ជាពិសេសក្នុងសេចក្ដីអធិដ្ឋាន “ឱព្រះបិតានៃយើងខ្ញុំ” ដែលជាសេក្ដីសង្ខេបនៃអ្វីៗទាំងអស់ ដែលសេចក្ដីសង្ឃឹមធ្វើឱ្យយើងប៉ងប្រាថ្នា។

១៨២១. ដូច្នះហើយ បានជាយើងអាចសង្ឃឹមនឹងបានសិរីរុងរឿងនៃស្ថានបរមសុខ ដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យាចំពោះអស់អ្នកដែលស្រលាញ់ (រម ៨,២៨-៣០) និងគាប់ព្រះហឫទ័យព្រះអង្គ (មថ ៧,២១)។ គ្រប់កាលៈទេសៈ ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែសង្ឃឹម “ស៊ូទ្រាំរហូតដល់ចុងបញ្ចប់” (មថ ១០,២២ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥៤១) និងទទួលអំណរនៃស្ថានបរមសុខ ដែលជារង្វាន់អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ចំពោះកិច្ចការដ៏ល្អ ដែលយើងបានប្រព្រឹត្ត ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត។ ដោយមានសេចក្ដីសង្ឃឹម ព្រះសហគមន៍អង្វរព្រះជាម្ចាស់ឱ្យ “មនុស្សទាំងអស់ទទួលការសង្រ្គោះ” (១ធម ២,៤) និងមានបំណងប្រាថ្នាចង់រួបរួមជាមួយព្រះគ្រីស្ត ជាព្រះស្វាមីរបស់ខ្លួន ក្នុងសិរីរុងរឿងនៃស្ថានបរមសុខ៖

ឱព្រលឹងអើយ ចូរសង្ឃឹមទៅ! អ្នកមិនស្គាល់ពេលកំណត់ទេ។ ចូរប្រុងស្មារតីដោយយកចិត្តទុកដាក់ អ្វីៗទាំងអស់ចេះតែកន្លងផុតទៅយ៉ាងលឿន ទោះបីអ្វីដែលច្បាស់លាស់ហាក់ដូចជាគួរឱ្យសង្ស័យ និងពេលវេលាដ៏ខ្លីហាក់ដូចជាយូរ ដោយសារអ្នកមិនចេះអត់ធ្មត់ក៏ដោយ។ ចូរនឹកគិតថា អ្នកកាន់តែច្បាំង នោះអ្នកនឹងកាន់តែបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះរបស់អ្នក ហើយ នៅថ្ងៃណាមួយ អ្នកនឹងត្រេកអរសប្បាយកាន់តែខ្លាំងឡើងៗជាមួយនឹងព្រះដ៏ជាទីស្រលាញ់របស់អ្នក ក្នុងសុភមង្គល និងអំណរសប្បាយ ដែលគ្មានទីបញ្ចប់ឡើយ(សន្តី ថេរេសានៃព្រះយេស៊ូ)។

សេចក្ដីស្រលាញ់

១៨២២. សេចក្ដីស្រលាញ់ជាគុណធម៌ដែលជាព្រះអំណោយទាន។ ដោយសារសេចក្ដីស្រលាញ់ យើងស្រលាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់ ដើម្បីព្រះអង្គផ្ទាល់ ហើយយើងស្រលាញ់អ្នកដទៃ ដូចខ្លួនឯង ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។

១៨២៣. ព្រះយេស៊ូបានធ្វើឱ្យសេចក្ដីស្រលាញ់ទៅជាវិន័យថ្មី (យហ ១៣,៣៤)។ ដោយស្រលាញ់មិត្តសម្លាញ់របស់ព្រះអង្គ “រហូតដល់ទីបំផុត” (យហ ១៣,១) ព្រះអង្គក៏សម្ដែងសេចក្ដីស្រលាញ់របស់ព្រះបិតា ដែលព្រះអង្គទទួល។ ដោយស្រលាញ់គ្នាទៅវិញទៅមក សាវ័កយកតម្រាប់តាមសេចក្ដីស្រលាញ់របស់ព្រះយេស៊ូ ដែលពួកគេទទួលទុកក្នុងខ្លួន។ ហេតុនេះហើយ បានជាព្រះយេស៊ូមានព្រះបន្ទូលថា៖ “ខ្ញុំបាន​ស្រឡាញ់អ្នករាល់គ្នា​ ដូចព្រះបិតាស្រឡាញ់ខ្ញុំ​ដែរ។ ​ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិត​នៅជាប់នឹងអ្នករាល់គ្នាចុះ” (យហ ១៥,៩) ឬ៖ “  វិន័យរបស់ខ្ញុំ‌មានដូចតទៅនេះ​ គឺអ្នករាល់​គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក​ដូចខ្ញុំបានស្រឡាញ់​អ្នករាល់គ្នាដែរ” (យហ ១៥,១២)។

១៨២៤. សេចក្ដីស្រលាញ់ ដែលជាផលនៃព្រះវិញ្ញាណ និងដែលបំពេញធម្មវិន័យឱ្យបានគ្រប់លក្ខណៈ គឺជាការប្រតិបត្តិតាមធម្មវិន័យ របស់ព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្តព្រះអង្គ៖ “​ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិត​នៅជាប់នឹងអ្នករាល់គ្នាចុះ។   បើអ្នករាល់គ្នា​ប្រតិបត្តិតាមវិន័យរបស់ខ្ញុំ​អ្នករាល់គ្នាពិតជាទុក​សេចក្តី​ស្រឡាញ់របស់ខ្ញុំ (យហ ១៥,៩-១០) (មថ ២២,៤០ ; រម ១៣,៨-១០)។

១៨២៥. ព្រះគ្រីស្តបានសោយទិវង្គត ដោយសារសេចក្ដីស្រលាញ់របស់ព្រះអង្គចំពោះយើង ក្នុងគ្រាដែលយើងនៅជា “សត្រូវ” របស់ព្រះអង្គនៅឡើយ (រម ៥,១០)។ ព្រះអម្ចាស់សូមយើងឱ្យស្រលាញ់ដូចព្រះអង្គ រហូតដល់ស្រលាញ់ខ្មាំងសត្រូវ របស់យើង (មថ ​៥,៤៤) ឱ្យយើងទៅជាបងប្អូនរបស់អ្នកដទៃ (លក ១០,២៧-៣៧) ស្រលាញ់កូនក្មេង (មក ៩,៣៧) និងជនក្រីក្រដូចព្រះអង្គផ្ទាល់ (មថ ២៥,៤០.៤៥)។

គ្រីស្តទូតប៉ូលរៀបរាប់អំពីសេចក្ដីស្រលាញ់យ៉ាងអស្ចារ្យ៖ “ អ្នក​មាន​ចិត្ត​ស្រឡាញ់​តែង​តែ​អត់​ធ្មត់‌​ ជួយ​ធុរៈ​គេ​ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។​ អ្នក​មាន​ចិត្ត​ស្រឡាញ់‌​មិន​វាយ​ឫក​ខ្ពស់​ មិន​អួតអាង​ឡើយ។​  អ្នក​មាន​ចិត្ត​ស្រឡាញ់​ មិន​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មិន​មួម៉ៅ​ មិន​ចង​គំនុំ​ មិន​អបអរ​នឹង​អំពើ​ទុច្ចរិត​ទេ​ តែ​រីករាយ​នឹង​សេចក្ដី​ពិត​វិញ។​   អ្នក​មាន​ចិត្ត​ស្រឡាញ់​ អត់​ឱន​គ្រប់​កាលៈទេសៈ​ ជឿ​គ្រប់​កាលៈទេសៈ​ សង្ឃឹម​​គ្រប់​កាលៈទេសៈ ហើយ​ទ្រាំទ្រ​គ្រប់​កាលៈទេសៈ” (១ករ ១៣,៤-៧)។

១៨២៦. គ្រីស្តទូតប៉ូលបន្ថែមទៀតថា៖ “បើសិនជាខ្ញុំគ្មានសេចក្ដីស្រលាញ់ទេ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់” ហើយទោះបីខ្ញុំមានព្រះអំណោយទានពិសេស ចេះបម្រើគេ ទោះបីខ្ញុំមានគុណធម៌... “បើសិនជាខ្ញុំគ្មានសេចក្ដីស្រលាញ់ទេនោះ ក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ” (១ករ ១៣,១-៤)។ សេចក្ដីស្រលាញ់ជាគុណធម៌ដ៏ប្រសើរលើសគុណធម៌ឯទៀតៗទាំងអស់។ សេចក្ដីស្រលាញ់ជាគុណធម៌ទីមួយនៃគុណធម៌ដែលមកពីព្រះជាម្ចាស់៖ “​‌ឥឡូវ​នេះ​មានគុណធម៌​បី​យ៉ាង​ស្ថិតនៅ​ ‌គឺ​ជំនឿ​ សេចក្ដី​សង្ឃឹម‌​ សេចក្ដី​ស្រឡាញ់។​ ប៉ុន្តែ​ក្នុងចំណោមគុណធម៌បីយ៉ាងនោះ មានតែសេចក្ដី​ស្រឡាញ់ទេ ដែល​ប្រសើរ​ជាង​គេ​បំផុត” (១ករ​ ១៣,១៣)។

១៨២៧. សេចក្ដីស្រលាញ់ជំរុញ និងណែនាំឱ្យប្រតិបត្តិតាមគុណធម៌ទាំងអស់។ សេចក្ដីស្រលាញ់ “ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ” (កូឡ ៣,១៤) ជារូបរាងនៃគុណធម៌ គឺរៀបចំគុណធម៌រវាងគ្នានិងគ្នា ជាប្រភព និងទីចុងក្រោយនៃការប្រព្រឹត្តគុណធម៌នោះតាមគ្រីស្តសាសនា។ សេចក្ដីស្រលាញ់ទទួលយក បន្សុទ្ធ និងលើកកម្លាំងរបស់មនុស្សឱ្យចេះស្រលាញ់ ដូចព្រះជាម្ចាស់ស្រលាញ់យើងឱ្យបានពេញលក្ខណៈ និងហួសធម្មជាតិ។

១៨២៨. ការប្រតិបត្តិតាមសីលធម៌ ដោយមានសេចក្ដីស្រលាញ់ណែនាំ ផ្តល់សេរីភាពខាងវិញ្ញាណឱ្យគ្រីស្តបរិស័ទ ដែលជាបុត្រធីតារបស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទមិនឈរចំពោះព្រះជាម្ចាស់ដូចជាទាសករ ដែលភិតភ័យ ឬដូចជាអ្នកស៊ីឈ្នូលគេ ដោយរង់ចាំប្រាក់ឈ្នូលគេទេ ប៉ុន្តែ ដូចជាបុត្រ ដែលឆ្លើយតបនឹង “ព្រះជាម្ចាស់ដែលបានស្រលាញ់យើងជាមុន” (១យហ ៤,១៩)៖

យើងគេចផុតអំពីសេចក្ដីអាក្រក់ ព្រោះយើងខ្លាចទទួលទោស ហើយយើងដូចជាទាសករ ឬមួយយើងចង់បានរង្វាន់ ហើយយើងដូចជាអ្នកស៊ីឈ្នូលច្បាំងឱ្យគេ ឬម្យ៉ាងទៀតយើងស្តាប់បង្គាប់ ដើម្បីសេចក្ដីល្អផ្ទាល់ខ្លួន និងសេចក្ដីស្រលាញ់របស់អ្នកដែលបញ្ជា (...) ហើយយើងប្រៀបបីដូចជាបុត្រធីតា (សន្ត បាស៊ីល)។

១៨២៩. អ្នកមានចិត្តស្រលាញ់បង្កើតផល ដូចជាអំណរ សេចក្ដីសុខសាន្ត និងធម៌មេត្តាករុណា អ្នកមានចិត្តស្រលាញ់យោគយល់ និងចេះជួយកែលំអគ្នាទៅវិញទៅមកដូចជាបងប្អូន អ្នកមានចិត្តស្រលាញ់ចេះអធ្យាស្រ័យ ធ្វើឱ្យគេស្រលាញ់វិញ មិនគិតអំពីផលប្រយោជន៍ផ្ទាល់ មានចិត្តទូលាយ រាប់រកអ្នកដទៃ ដោយរួបរួមជាមួយគ្នា៖

កិច្ចការទាំងអស់របស់យើងបញ្ចប់ក្នុងសេចក្ដីស្រលាញ់យ៉ាងស្មោះ។​ ទីបំផុត យើងរត់សំដៅទៅរកសេចក្ដីស្រលាញ់នេះ។ ពេលជួបហើយ យើងក៏សម្រាកក្នុងសេចក្ដីស្រលាញ់នេះ (សន្ត អូគូស្តាំង)។

៣. ព្រះអំណោយទាន និងផលនៃព្រះវិញ្ញាណដ៏វិសុទ្ធ

១៨៣០. ព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជួយគាំទ្រជីវិតប្រកបដោយសីលធម៌របស់គ្រីស្តបរិស័ទ។ ព្រះអំណោយទាននោះ គឺជាលក្ខណៈអចិន្រ្តៃយ៍ ដែលធ្វើឱ្យមនុស្សស្តាប់បង្គាប់ការជំរុញរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

១៨៣១. ព្រះអំណោយទាន ទាំងប្រាំពីរនៃព្រះវិញ្ញាណដ៏វិសុទ្ធ គឺប្រាជ្ញា ការឈ្លាសវៃ ការចេះផ្តល់ដំបូន្មាន ចិត្តអង់អាច ការចេះដឹង ការគោរពប្រណិប័តន៍ និងការគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះបាទដាវីឌមានព្រះអំណោយទានទាំងអស់នោះពេញលក្ខណៈ (អស ១១,១-  ២)។ ព្រះអំណោយទាននោះ បំពេញ និងណែនាំគុណធម៌របស់អស់អ្នកដែលទទួលព្រះអំណោយទាននោះ ឱ្យបានពេញលក្ខណៈ។ ព្រះអំណោយទាននោះ ធ្វើឱ្យគ្រីស្តបរិស័ទឆាប់ស្តាប់តាមការជំរុញរបស់ព្រះជាម្ចាស់។

សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំទូលបង្គំឱ្យដើរក្នុងមាគ៌ាដែលគ្មានឧបសគ្គ (ទន ១៤៣,១០)។

អស់អ្នក ដែល​ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ​ សុទ្ធតែជា​បុត្រធីតារបស់ព្រះជាម្ចាស់ (...)។ ប្រសិន​បើ​យើងពិតជាបុត្រធីតាមែន​ នោះយើងមុខជាទទួល​មត៌កពុំខាន។‌ ​យើងនឹងទទួលមត៌កពីព្រះជាម្ចាស់​គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ត (រម ៨,១៤.១៧)។

១៨៣២. ផល នៃព្រះវិញ្ញាណ គឺជាភាពល្អឥតខ្ចោះដែលព្រះវិញ្ញាណបង្កើតក្នុងខ្លួនយើងដូចជាផលផ្លែដំបូងនៃសិរីរុងរឿងអស់កល្បជានិច្ច។ តាមការបញ្ជូនបន្តរបស់ព្រះសហគមន៍ មានផលដប់ប្រាំពីរ៖ “សេចក្ដី​ស្រឡាញ់‌​ អំណរ​ សេចក្ដី​សុខសាន្ត​ ចិត្ត​អត់ធ្មត់‌​ ចិត្ត​សន្ដោស​មេត្តា‌ ចិត្ត​សប្បុរស‌​ ចិត្ត​ស្លូត​បូត​ ចេះយោគយល់ ភក្ដីភាព ចេះបន្ទាបខ្លួនឯង ចេះតមការសប្បាយ ចេះ​ទប់​ចិត្ត​ខ្លួន​ឯង” (កាឡ​ ២២-២៣ តាមគម្ពីរ៧០)។

សង្ខេប

១៨៣៣. គុណធម៌ ជាទម្លាប់មោះមុតឱ្យប្រព្រឹត្តអ្វីដ៏ល្អ។

១៨៣៤. គុណធម៌របស់មនុស្សជាទម្លាប់នឹងននៃប្រាជ្ញាឈ្លាសវៃ និងឆន្ទៈក្នុងការចាត់ចែងកិច្ចការ និង​តណ្ហា​របស់យើង ហើយដឹកនាំរបៀបរស់នៅរបស់យើងតាមប្រាជ្ញា និងជំនឿ។ “គុណធម៌សំខាន់ៗ” ដែលមានគុណធម៌​ផ្សេងៗទៀតស្ថិតនៅជាមួយ មានការចេះរិះគិតពិចារណា សេចក្ដីសុចរិត សេចក្ដីក្លាហាន និងការ​ចេះ​ទប់​ចិត្ត។

១៨៣៥. អ្នកចេះរិះគិតពិចារណា រៀបចំប្រាជ្ញាឱ្យរិះគិតគ្រប់កាលទេសៈអំពីអ្វីដ៏ល្អយ៉ាងពិតប្រាកដ ហើយជ្រើសរើសមធ្យោបាយត្រឹមត្រូវ ដើម្បីបំពេញអ្វីដ៏ល្អនេះ។

១៨៣៦. អ្នកសុចរិតមានបំណងមោះមុតដ៏ស្ថិតស្ថេរ ដើម្បីថ្វាយទៅព្រះជាម្ចាស់ និងផ្តល់ដល់អ្នក​ដ ទៃ នូវ អ្វីៗ​ដែលត្រូវតែថ្វាយ និងផ្តល់ឱ្យ។

១៨៣៧. អ្នកមានចិត្តក្លាហានមានចិត្តមោះមុតដ៏ស្ថិតស្ថេរ ដើម្បីទៅរកអ្វីដ៏ល្អ ទោះបីមានទុក្ខលំបាក​យ៉ាង​ណា​ក៏​ដោយ។

១៨៣៨ . អ្នកចេះទប់ចិត្តចេះតមការសប្បាយ និងនាំឱ្យមានលំនឹងក្នុង​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​នៃ​លោក​នេះ។

១៨៣៩. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់បន្សុទ្ធ និងលើកគុណធម៌ ដែលមកពីការអប់រំ ដោយបំពេញកិច្ចការដោយចេតនា និងដោយការខិតខំព្យាយាមប្រតិបត្តិតាមជានិច្ច។

១៨៤០. គុណធម៌ដែលព្រះជាម្ចាស់ប្រទាន រៀបចំការរស់នៅរបស់គ្រីស្តបរិស័ទឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​នឹងព្រះត្រៃឯកដ៏វិសុទ្ធ។ គុណធម៌នោះ មានព្រះជាម្ចាស់ជាប្រភព ជាមូលហេតុ និងជាគោលដៅ និងដើម្បី​ព្រះអង្គ ដែលអ្នកជឿស្គាល់ សង្ឃឹម និងស្រលាញ់។

១៨៤១. គុណធម៌ដែលព្រះជាម្ចាស់ប្រទានមានបីយ៉ាង គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់។ គុណធម៌​នោះ ជាប្រភពរបស់គុណធម៌ឯទៀតៗ និងធ្វើឱ្យគុណធម៌ឯទៀតៗស្ថិតនៅយូរអង្វែង។

១៨៤២ . ដោយសារជំនឿ យើងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ ជឿលើព្រះបន្ទូលរបស់ព្រះអង្គ និង​សេចក្ដី​ដែលព្រះអង្គបានសម្ដែងឱ្យយើងដឹង ហើយដែលព្រះសហគមន៍ដ៏វិសុទ្ធស្នើសុំឱ្យជឿ។

១៨៤៣. ដោយសារសេចក្ដីសង្ឃឹម យើងប្រាថ្នាចង់បាន និងរង់ចាំពីព្រះជាម្ចាស់ ដោយជឿទុកចិត្តលើ ព្រះអង្គយ៉ាងមោះមុតនូវជីវិតអស់កល្បជានិច្ច និងព្រះអំណោយទានផ្សេងៗ ដែលសមនឹងទទួលក្នុងជីវិតនេះ។

១៨៤៤ . ដោយសារសេចក្ដីស្រលាញ់ យើងស្រលាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់ ហើយ​យើងស្រលាញ់អ្នកដទៃដូចខ្លួនឯង ដោយសារសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ សេចក្ដីស្រលាញ់នេះ “ធ្វើឱ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ” (កូឡ ៣,១៤) និងជារូបរាងនៃគុណធម៌ទាំងអស់។

១៨៤៥. ព្រះអំណោយទានទាំងប្រាំពីរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ប្រោស​ប្រទាន​ឱ្យ​គ្រីស្ត​ប​រិស័ទ គឺប្រាជ្ញា ភាពឈ្លាសវៃ ការចេះផ្តល់ដំបូន្មាន ចិត្តអង់អាច ការចេះដឹង ការគោរពប្រណិប័តន៍ និងការ​គោរព​កោតខ្លាចព្រះជាម្ចាស់។

ប្រការទី៨៖​អំពើបាប

១. ធម៌មេត្តាករុណា និងអំពើបាប

១៨៤៦. ដំណឹងល្អ គឺជាការសម្ដែង តាមរយៈព្រះយេស៊ូគ្រីស្ត នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ចំពោះអ្នកបាប (លក ១៥)។ ទេវទូតជនដំណឹងល្អនេះទៅប្រាប់លោកយ៉ូសែបថា៖ “​លោក​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នះ​នឹង​សង្គ្រោះ​ប្រជា​រាស្ត្រ​ព្រះ​អង្គ​ឱ្យ​រួច​ពី​បាប​របស់​គេ” (មថ​ ១,២១)។ យ៉ាងណាមិញ ពិធីអរព្រះគុណជាអគ្គសញ្ញានៃការសង្រ្គោះ៖ “នេះ​ជា​លោហិត​របស់ខ្ញុំ​ គឺ​លោហិត​នៃ​សម្ពន្ធ​មេត្រី ​ដែល​ត្រូវ​បង្ហូរ​ ដើម្បី​លើក​លែង​ទោស​មនុស្ស​ទាំង​អស់ឱ្យ​រួចពី​បាប” (មថ ២៦,២៨)។

១៨៤៧. “ព្រះជាម្ចាស់បានបង្កើតយើងដោយយើងមិនបានចូលរួមក្នុងការបង្កើតនេះឡើយ ប៉ុន្តែ ព្រះអង្គមិនសព្វព្រះហឫទ័យសង្រ្គោះយើង បើយើងមិនចូលរួមចំណែកក្នុងការសង្រ្គោះនេះឡើយ” (សន្ត អូគូស្តាំង)។ ត្រូវតែសារភាពកំហុសរបស់យើង ដើម្បីបានទទួលធម៌មេត្តាករុណារបស់ព្រះអង្គ។ “‌​ប្រសិន​បើ​យើង​ពោលថា “យើងគ្មានបាបសោះ” គឺយើងបញ្ឆោតខ្លួនយើង សេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួន​យើង‌ទេ។ ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង​ នោះ​ព្រះ​ជា​ម្ចាស់​ ដែល​មាន​ព្រះ​ហឫទ័យ​ស្មោះស្ម័គ្រ ​និង​សុចរិត ទ្រង់​នឹង​អត់​ទោស​យើង​ឱ្យ​រួច​ពី​បាប​ ព្រមទាំង​ជម្រះ​យើង​ឱ្យ​បាន​បរិសុទ្ធ​ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង” (១យហ ១,៨- ៩)។

១៨៤៨. ដូចសន្តប៉ូលមានប្រសាសន៍៖ “​នៅ​ទីណាដែលមានបាបកាន់តែច្រើន ​‌នៅទីនោះ​‌ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់​ក៏រឹត​តែមានច្រើនលើសលប់ថែមទៀត”។ ប៉ុន្តេ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ត្រូវតែរកឃើញអំពើបាប ដើម្បីបំពេញកិច្ចការរបស់ខ្លួន គឺដើម្បីកែប្រែចិត្តគំនិតយើង និងប្រោសប្រទាន “សេចក្ដីសុចរិត ដើម្បីឱ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច​‌‌តាម​រយៈព្រះយេស៊ូគ្រីស្ត​ជាអម្ចាស់នៃយើង” (រម ៥,២០-២១)។ ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រូពេទ្យ ដែលស្ទាបស្ទង់ដំបៅមុនរំដំបៅនេះ គឺតាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណព្រះអង្គៗក៏បំភ្លឺអំពើបាបយ៉ាងច្បាស់ៗ៖

ត្រូវតែបំភ្លឺអំពើបាប ដើម្បីកែប្រែចិត្តគំនិត។ ការវិនិច្ឆ័យនៃមនសិការស្ថិតក្នុងការកែប្រែចិត្តគំនិតនេះ។ យើងអាចយល់ឃើញថា ព្រះវិញ្ញាណនៃសេចក្ដីពិតៗជាប្រព្រឹត្តកិច្ចការក្នុងជម្រៅចិត្តមនុស្ស ហើយនៅពេលជាមួយគ្នានេះ ព្រះអំណោយទានថ្មីនៃព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីស្រលាញ់ក៏ចាប់ផ្តើមដែរ៖ “ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធ”។ ហេតុនេះ ក្នុងការបំភ្លឺអំពើបាបនេះ យើងរកឃើញព្រះអំណោយទានពីរ គឺមនសិការប្រតិបត្តិតាមសេចក្ដីពិត ហើយយើងដឹងច្បាស់ថា នឹងបានទទួលការសង្រ្គោះ។ ព្រះវិញ្ញាណនៃសេចក្ដីពិតជាព្រះដ៏ជួយការពារ (DeV ៣១)។

២. អ្វីទៅជាអំពើបាប?

១៨៤៩. អ្នកប្រព្រឹត្តអំពើបាបប្រព្រឹត្តកំហុសប្រឆាំងនឹងប្រាជ្ញា សេចក្ដីពិត និងមនសិការត្រឹមត្រូវ។ គេមិនចេះស្រលាញ់យ៉ាងពិតប្រាកដ ចំពោះព្រះជាម្ចាស់ផង ចំពោះអ្នកដទៃផង ដោយសារគេជាប់ជំពាក់នឹងរបស់របរ       ផ្សេងៗ។ អំពើបាបធ្វើឱ្យធម្មជាតិមនុស្ស និងសាមគ្គីភាពរវាងមនុស្សត្រូវរបួស។ អំពើបាបជា “ពាក្យសម្ដី កិច្ចការ ឬសេចក្ដីប្រាថ្នាប្រឆាំងនឹងវិន័យអស់កល្បជានិច្ច” (សន្ត អូគូស្តាំង ; សន្ត ថូម៉ាស នៃអាកាំង)។

១៨៥០. អ្នកប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ “ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថា ជាអំពើបាប” (ទន ៥១,៦)។ អំពើបាបប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះយើង ហើយធ្វើឱ្យយើងឃ្លាតឆ្ងាយពីសេចក្ដីស្រលាញ់នេះ។ ដូចអំពើបាបដើម អ្នកបាបមិនស្តាប់បង្គាប់ បះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដោយមានបំណងក្លាយទៅជា “ដូចព្រះ” ដែលស្គាល់ និងកំណត់អ្វីល្អ អ្វីអាក្រក់ (កណ ៣,៥)។ អ្នកបាប “ស្រលាញ់ខ្លួនឯងរហូតដល់ប្រមាថព្រះជាម្ចាស់” (សន្ត អូគូស្តាំង)។ ដោយលើកតម្កើងអួតបំប៉ោងខ្លួនឯង អ្នកបាបផ្ទុយស្រឡះនឹងព្រះយេស៊ូដែលស្តាប់បង្គាប់ព្រះជាម្ចាស់ និងបំពេញការសង្រ្គោះ (ភីល ២,៦-៩)។

១៨៥១. ទុក្ខលំបាករបស់ព្រះគ្រីស្ត ដែលនឹងឈ្នះអំពើបាប សម្តែងយ៉ាងច្បាស់នូវអំពើហិង្សានៃអំពើបាប ដែលមានគ្រប់បែបយ៉ាង៖ មេដឹកនាំ និងប្រជាជនមិនព្រមជឿ ស្អប់ព្រះអង្គជាទីបំផុត គេទាត់ចោល និងសើចចំអកឱ្យព្រះអង្គ លោកពីឡាតកំសាក ទាហានឃោឃៅ លោកយូដាសក្បត់ព្រះយេស៊ូ លោកសិលាបដិសេធមិនស្គាល់ព្រះអង្គ ក្រុមសាវ័កបោះបង់ព្រះអង្គចោល។ ក៏ប៉ុន្តែ ពេលនោះ ជាពេលនៃភាពងងឹត និងជាពេលរបស់ចៅហ្វាយនៃលោកីយ៍ (យហ ១៤,៣០) សក្ការបូជារបស់ព្រះគ្រីស្តទៅជាប្រភពដ៏លាក់កំបាំង ដែលការលើកលែងទោសនៃអំពើបាបរបស់យើងនឹងផុសចេញមក។

៣. អំពើបាបផ្សេងៗទៀត

១៨៥២. អំពើបាបមានច្រើនប្រភេទ។ ព្រះគម្ពីរផ្តល់បញ្ជីជាច្រើនអំពីអំពើបាប។ ក្នុងលិខិតផ្ញើជូន    គ្រីស្តបរិស័ទនៅកាឡាទី  កិច្ចការរបស់លោកីយ៍ប្រឆាំងនឹងផលនៃព្រះវិញ្ញាណ៖ “យើង​ស្គាល់​ច្បាស់​នូវ​អំពើបាប​ផ្សេងៗ​ ដែល​កើត​ចេញ​មកពី​លោកីយ៍​ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌‌​  អំពើ​សៅហ្មង​‌​     កាម​គុណ​ថោក​ទាប   ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ​ វិជ្ជា​ធ្មប់​ ឈ្លោះ​ប្រកែក​គ្នា‌​ បាក់​បែក​គ្នា​ ច្រណែន​គ្នា‌​ កំហឹង​ឃោរឃៅ​ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា‌​ ប្រកាន់​បក្ស​ពួក​‌   ឈ្នានីស​គ្នា‌​ ​ស៊ី​ផឹក​ជ្រុល   ‌និង​អំពើ​ផ្សេងៗ​ទៀត ​ដែល​ស្រដៀងគ្នា។‌​ ខ្ញុំ​សូម​ជម្រាបឱ្យ​បងប្អូន​ដឹង​ជាមុន​ ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា‌​ អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ​ ពុំ​អាច​ទទួល​ព្រះ​រាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ” (៥,១៩-២១) (រម ១,២៨-៣២ ; ១ករ ៦,៩-១០ ; អភ ៥,៣-៥ ; កូឡ ៣,៥-៨ ; ១ធម ១,៩-១០ ; ២ធម ៣,២-៥)។

១៨៥៣. យើងអាចបែងចែកអំពើបាបតាមគោលដៅ ដូចជាការប្រព្រឹត្តរបស់មនុស្ស ឬតាមគុណធម៌ដែលអំពើបាបប្រឆាំង ឬតាមបទបញ្ជាដែលអំពើបាបជំទាស់។ យើងអាចរៀបចំអំពើបាបតាមអំពើនោះទាក់ទងនឹងព្រះជាម្ចាស់ អ្នកដទៃ ឬខ្លួនឯង។ យើងអាចបែងបែកអំពើបាបខាងវិញ្ញាណ ឬខាងផ្លូវកាយ ខាងគំនិត ខាងពាក្យសម្តី ខាងកិច្ចការ ឬដោយការខកខាន។ តាមការប្រៀនប្រដៅរបស់ព្រះអម្ចាស់ អំពើបាបចាក់ឫសក្នុងចិត្តមនុស្ស ក្នុងបំណងដ៏សេរីរបស់គេ៖ “​គំនិត​អាក្រក់​ ការ​កាប់​សម្លាប់ ​‌អំពើ​ផិត​ក្បត់ ​កាម​គុណ​ថោក​ទាប ​ការ​លួច​ប្លន់‌ ​ពាក្យ​កុហក‌ ​ពាក្យ​ត្មះ​តិះ​ដៀល​ សុទ្ធ​តែ​ចេញ​មកពី​ចិត្ត​មនុស្ស​ទាំង​អស់‌​​ ​ដែល​ធ្វើឱ្យ​មនុស្ស​សៅហ្មង” (មថ ១៥,១៩-២០)។ ចិត្តក៏ជាជំរំនៃសេចក្ដីស្រលាញ់ ជាគោលនៃអំពើដ៏ល្អ និងបរិសុទ្ធ ហើយដែលអំពើបាបធ្វើឱ្យរបួស។

៤. អំពើបាបធ្ងន់ (ដែលនាំឱ្យស្លាប់) និងអំពើបាបស្រាល

១៨៥៤. ត្រូវតែចាត់ទុកអំពើបាបថា តើអំពើបាបធ្ងន់ ឬស្រាល? ដូចក្នុងព្រះគម្ពីរ (១យហ ៥,១៦-១៧) ការបញ្ជូនបន្តនៃព្រះសហគមន៍បែងចែកអំពើបាបធ្ងន់ និងអំពើបាបស្រាល។ បទពិសោធន៍របស់មនុស្សបញ្ជាក់ការបែងចែកនេះ។

១៨៥៥. អំពើបាបធ្ងន់ បំផ្លាញសេចក្ដីស្រលាញ់ក្នុងចិត្តមនុស្ស ដោយប្រព្រឹត្តបទល្មើសធ្ងន់ប្រឆាំងនឹងធម្មវិន័យរបស់ព្រះជាម្ចាស់។ អំពើបាបនេះ ធ្វើឱ្យមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ដែលជាទីចុងក្រោយបំផុត និងសុភមង្គលយ៉ាងពិតប្រាកដរបស់គេ ដោយស្រលាញ់របស់របរមួយច្រើនជាងព្រះអង្គ។

អំពើបាបស្រាល មិនបំផ្លាញសេចក្ដីស្រលាញ់ទេ ទោះបីអំពើបាបនេះ ប្រឆាំងនឹងសេចក្ដីស្រលាញ់ និងធ្វើឱ្យសេចក្ដីស្រលាញ់របួសក៏ដោយ។

១៨៥៦. ដោយសារអំពើបាបធ្ងន់វាយលុកសេចក្ដីស្រលាញ់ជាគោលការណ៍សំខាន់ៗ អ្នកប្រព្រឹត្តអំពើបាបធ្ងន់ត្រូវការធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ និងកែប្រែចិត្តគំនិត ដោយទទួលអគ្គសញ្ញាលើកលែងទោស៖

នៅពេលដែលបំណងស្វែងរកអ្វីមួយផ្ទុយនឹងសេចក្ដីស្រលាញ់ ដែលជាទីចុងក្រោយបំផុត គោលដៅផ្ទាល់នៃអំពើបាបនោះនាំឱ្យស្លាប់ (...) ទោះជាប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ (ដូចជាការប្រមាថព្រះអង្គ ការក្បត់ព្រះអង្គ ជាដើម) ឬប្រឆាំងនឹងសេចក្ដីស្រលាញ់របស់អ្នកដទៃ (ដូចជាការសម្លាប់មនុស្ស ការប្រព្រឹត្តអំពើផិតក្បត់ ជាដើម) (...)។ ផ្ទុយទៅវិញនៅពេលដែលបំណងរបស់អ្នកបាបទៅរកអ្វីមួយដ៏អាក្រក់ ប៉ុន្តែដែលមិនប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងអ្នកដទៃ (ដូចជាពាក្យសម្ដីមិនត្រឹមត្រូវ ការសើចឥតប្រយោជន៍ ជាដើម) អំពើបាបនោះ ជាអំពើបាបស្រាល (សន្ត ថូម៉ាស​ នៃអាកាំង)។

១៨៥៧. បាបធ្ងស់មានលក្ខខណ្ឌបីយ៉ាង៖ “អំពើបាបធ្ងន់ គឺជាអំពើបាប ដែលមានគោលដៅជាអំពើធ្ងន់ ហើយដែលអ្នកប្រព្រឹត្តដោយដឹងខ្លួនច្បាស់ និងដោយចេតនា” (RP ១៧)។

១៨៥៨. ចម្លើយរបស់ព្រះយេស៊ូចំពោះអ្នកមានម្នាក់ កំណត់វិន័យដប់ប្រការចំពោះអំពើបាបធ្ងន់ ៖ “កុំ​សម្លាប់​មនុស្ស‌​ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ​កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ​ កុំ​និយាយ​កុហក​ធ្វើឱ្យ​គេ​មាន​ទោស ​កុំកេង​ប្រវ័ញ្ច​យក​សម្បត្តិ​នរណាឱ្យ​សោះ​ ចូរ​គោរព​មាតា​បិតា” (មក ១០,១៩)។ ទម្ងន់នៃអំពើបាប ធ្ងន់ ឬ  ស្រាល៖ ការសម្លាប់មនុស្សធ្ងន់ជាងការលួច។ ម្យ៉ាងទៀត អំពើបាបធ្ងន់ ឬស្រាល អាស្រ័យទៅលើអ្នក ដែលរងអំពើបាបដែរ៖ ពេលយើងប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងឪពុកម្តាយ យើងប្រព្រឹត្តអំពើបាបធ្ងន់ជាងអំពើហិង្សាប្រឆាំងនឹងនរណាម្នាក់ផ្សេងទៀត។

១៨៥៩. យើងប្រព្រឹត្តអំពើបាបធ្ងន់ ក្នុងពេលដែលមានស្មារតីភ្លឺស្វាង និងក្នុងពេលដែលយើងយល់ស្របទាំងស្រុង ដោយដឹងច្បាស់ថា ជាអំពើអាក្រក់ ប្រឆាំងនឹងធម្មវិន័យរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត ដោយ​យល់ព្រមប្រព្រឹត្តអំពើនេះ ដោយចេតនា ហើយជាជម្រើសខ្លួនផ្ទាល់។ បើយើងប្រព្រឹត្តអំពើនេះ ដោយធ្វើមិនដឹង ឬដោយមានចិត្តរឹងរូស យើងរឹតតែប្រព្រឹត្តអំពើបាបនេះ ដោយចេតនាទៅទៀត។

១៨៦០. បើយើងប្រព្រឹត្តអំពើបាបធ្ងន់ដោយមិនដឹងខ្លួន និងដោយអចេតនា យើងមិនអាចទទួលខុសត្រូវបានឡើយ ប៉ុន្តែ មនុស្សទាំងអស់ត្រូវតែស្គាល់គោលការណ៍នៃក្បួនវិន័យខាងសីលធម៌ ដែលព្រះជាម្ចាស់បានចារទុកក្នុងចិត្តមនុស្សគ្រប់រូប។ ចលនាខាងផ្លូវចិត្ត និងតណ្ហា ការគាបសង្កត់របស់អ្នកដទៃ ឬបញ្ហា     ផ្សេងៗខាងផ្លូវចិត្តអាចនាំឱ្យមនុស្សប្រព្រឹត្តអំពើបាបដោយអចេតនា ឬដោយបង្ខិតបង្ខំ។ អំពើបាបធ្ងន់ជាងគេ គឺជាអំពើបាបដែលយើងប្រព្រឹត្ត ដោយដឹងច្បាស់ និងដោយចង់ប្រព្រឹត្តអំពើអាក្រក់។

១៨៦១. ដោយសារមនុស្សមានសេរីភាព គេអាចប្រព្រឹត្តអំពើបាបដែលនាំឱ្យស្លាប់ ឬគេអាចជ្រើសរើសសេចក្ដីស្រលាញ់ផងដែរ។ អំពើបាបបណ្តាលឱ្យបាត់បង់សេចក្ដីស្រលាញ់ និងព្រះហឫទ័យប្រណី   សន្តោសរបស់ព្រះជាម្ចាស់ដែលប្រោសឱ្យបានវិសុទ្ធ។ បើយើងមិនសោកស្តាយអំពើបាបនេះ ហើយបើព្រះជាម្ចាស់មិនលើកលែងទោសឱ្យទេ យើងត្រូវបណ្តេញចេញពីព្រះរាជ្យរបស់ព្រះគ្រីស្ត និង    ទទូលសេចក្ដីស្លាប់នៃស្ថាននរក ដ្បិតយើងមានសេរីភាពអាចជ្រើសរើសធ្វើកិច្ចការផ្សេងៗ ជាដរាបតរៀងទៅ ដោយមិនថយក្រោយឡើយ។ ក៏ប៉ុន្តែ បើយើងអាចវិនិច្ឆ័យថា កិច្ចការណាមួយធ្ងន់មែន យើងត្រូវតែទុកឱ្យសេចក្ដីសុចរិត និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់វិនិច្ឆ័យមនុស្សវិញ។

១៨៦២. យើងប្រព្រឹត្តអំពើបាបស្រាល នៅពេលដែលយើងមិនធ្វើតាមក្បួនវិន័យនៃសីលធម៌ក្នុងកិច្ចការដ៏តូចមួយ ឬនៅពេលដែលយើងមិនស្តាប់បង្គាប់ក្បួនវិន័យនៃសីលធម៌ក្នុងកិច្ចការធ្ងន់មួយ ប៉ុន្តែដោយមិនដឹងខ្លួន ឬដោយអចេតនា។

១៨៦៣. ពេលយើងប្រព្រឹត្តអំពើបាបស្រាល យើងលែងចេះស្រលាញ់ឱ្យបានគ្រប់លក្ខណៈ យើងជាប់ចិត្តនឹងរបស់របរឥតសណ្តាប់ធ្នាប់ ព្រលឹងយើងមិនរីកចម្រើនក្នុងការប្រព្រឹត្តគុណធម៌ និងអំពើល្អប្រកបដោយសីលធម៌ទេ ហើយយើងសមនឹងទទួលទោសក្នុងលោកនេះ។ បើយើងប្រព្រឹត្តអំពើបាបស្រាល ដោយចេតនា និងដោយមិនកែប្រែចិត្តគំនិត យើងអាចប្រព្រឹត្តអំពើបាបធ្ងន់បន្តិចម្តងៗ។ ក៏ប៉ុន្តែ ទោះបីយើងប្រព្រឹត្តអំពើបាបស្រាលយ៉ាងណាក៏ដោយ ក៏យើងមិនប្រឆាំងនឹងព្រះហឫទ័យ និងមេត្រីភាពរបស់ព្រះជាម្ចាស់ គឺយើងមិនផ្តាច់សម្ពន្ធមេត្រីជាមួយនឹងព្រះអង្គឡើយ។ យើងអាចទូទាត់អំពើបាបស្រាល ដោយមានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជួយឧបត្ថម្ភផង។ “ទោះបីយើងប្រព្រឹត្តអំពើបាបស្រាលយ៉ាងណាក៏ដោយ ក៏ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់នៅតែប្រោសយើងឱ្យបានវិសុទ្ធជានិច្ច និងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ ហើយព្រះអង្គនៅតែស្រលាញ់យើង និងប្រទានសុភមង្គលអស់កល្បជានិច្ចមកយើង” (RP ១៧)៖

មនុស្សមិនអាចចៀសផុតពីអំពើបាបស្រាលបានទេ ទាល់តែគេនៅក្នុងលោកីយ៍នៅឡើយ។ ប៉ុន្តែ អំពើបាបនោះ ដែលគេហៅថា ស្រាល កុំគិតថា គ្មានផលវិបាកឱ្យសោះ៖ បើអ្នកគិតថា អំពើនោះគ្មានផលវិបាកទេ ពេលអ្នកថ្លឹងអំពើនោះ ចូរញាក់ដៃជើង ពេលអ្នករាប់អំពើនោះ។ របស់ស្រាលៗជាច្រើននឹងក្លាយជាដុំធំមួយ តំណក់ទឹកជាច្រើនបំពេញទន្លេមួយ គ្រាប់ជាច្រើនក្លាយគំនរមួយ។ បើអញ្ចឹង អ្វីទៅជាសេចក្ដីសង្ឃឹមរបស់យើង? មុនដំបូង ត្រូវតែសារភាព... (សន្ត អូគូស្តាំង)។

១៨៦៤.  “​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​វិញ​ ព្រះអង្គ​មិន​លើក​លែង​ទោស​សោះ​ឡើយ​ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់​កល្ប​ជានិច្ច” (មក ៣,២៩) (មថ​ ១២,៣២ ; លក ១២,១០)។ ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់គ្មានកំណត់ព្រំដែនទេ ប៉ុន្តែ អ្នកដែលបដិសេធដោយចេតនាមិនព្រមទទួលធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ មិនកែប្រែចិត្តគំនិត ហើយបោះបង់ចោលការលើកលែងទោសនៃអំពើបាបរបស់ខ្លួន និងការសង្រ្គោះដែលព្រះវិញ្ញាណដ៏វិសុទ្អប្រោសប្រទាន (DeV ៤៦)។ ចិត្តរឹងរូសបែបនេះ នាំឱ្យធ្លាក់នរកបាន។

៥. អំពើបាបរាលដាល

១៨៦៥. បើយើងប្រព្រឹត្តអំពើបាប យើងនឹងរឹតតែប្រព្រឹត្តអំពើបាបតទៅទៀត។ អំពើបាបបង្កើតបាបធម៌ ដោយប្រព្រឹត្តអំពើដដែលៗ។ ដូច្នេះ យើងមានចិត្តលម្អៀងមិនត្រឹមត្រូវ ដែលធ្វើឱ្យមនសិការយើងងងឹត។ យើងលែងចេះគិតពិចារណាអំពីអ្វីដ៏ល្អ និងអី្វដ៏អាក្រក់។ ហេតុនេះហើយ បានជាយើងចេះតែប្រព្រឹត្តអំពើបាប​ច្រើនឡើងៗ ប៉ុន្តែ អំពើបាបនោះមិនអាចបំផ្លាញមូលដ្ឋានគ្រឹះនៃមនសិការបានឡើយ។

១៨៦៦. យើងអាចរៀបបាបធម៌ជាក្រុមទៅតាមគុណធម៌ដែលបាបធម៌នោះប្រឆាំង ឬយោងតាមអំពើបាបមូលដ្ឋាន ដែលបទពិសោធន៍របស់គ្រីស្តបរិស័ទបានបែងចែក តាមសន្ត យ៉ូហាន កាស៊ីអ៊ាំង និងសន្ត គ្រែគ័រដ៏ប្រសើរ។ គេហៅអំពើបាបនោះថា ជាអំពើបាបមូលដ្ឋាន ពីព្រោះអំពើបាបនោះបង្កើតអំពើបាប និងបាបធម៌ផ្សេងៗទៀត។ មានចិត្តក្រអឺតក្រទម ចិត្តកំណាញ់ ចិត្តលោភលន់ កំហឹង ចិត្តមិនបរិសុទ្ធ ចិត្តល្មោភស៊ី សេចក្ដីខ្ជិលច្រអូស ឬអារម្មណ៍រីងស្ងួត។

១៨៦៧. ការបញ្ចូនបន្តនៃការអប់រំជំនឿរម្លឹកយើងថា មានអំពើបាបស្រែកលាន់ឮពីដីឡើងដល់លើមេឃ ដូចជាឈាមរបស់លោកអេបិល (កណ ៤,១០) អំពើបាបរបស់អ្នកក្រុងសូដុម (កណ ១៨,២០ ; ១៩,១៣) ទុក្ខលំបាករបស់ប្រជាជននៅស្រុកអេស៊ីប (សរ ៣,៧-១០) ពាក្យតម្អូញរបស់ជនបរទេស ស្រ្តីមេម៉ាយ និងក្មេងកំព្រា (សរ ២២,២០-២២) អំពើអយុត្តិធម៌ចំពោះកម្មករ (ទក ២៤,១៤-១៥ ; យក ៥,៤)។

១៨៦៨. អំពើបាបជាអំពើរបស់មនុស្សម្នាក់ៗផ្ទល់ខ្លួន។ ម្យ៉ាងទៀត យើងទទួលខុសត្រូវចំពោះអំពើបាបដែលអ្នកដទៃប្រព្រឹត្ត គឺនៅពេលដែលយើងរួមសហការជាមួយគេ
- ដោយចូលរួមចំណែកជាមួយគេតែម្តង និងដោយចេតនា
- ដោយបញ្ជាគេ ទូន្មានគេ សរសើរគេ ឬយល់ស្របនឹងគេ
- ដោយមិនបាច់ឱ្យគេដឹង ឬដោយមិនរារាំងគេមិនឱ្យប្រព្រឹត្ត នៅពេលដែលយើងត្រូវតែធ្វើដូច្នេះ
- ដោយការពារពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់

១៨៦៩. ហេតុនេះហើយ បានជាអំពើបាបធ្វើឱ្យមនុស្សទៅជាដៃគូនឹងគ្នាទៅវិញទៅមក ហើយធ្វើឱ្យកិលេសតណ្ហា អំពើហិង្សា និងអយុត្តិធម៌គ្រងរាជ្យរវាងគ្នានិងគ្នា។ អំពើបាបបង្កើតស្ថានភាពក្នុងសង្គម និងស្ថានបនប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ “រចនាសម្ពន្ធនៃអំពើបាប” សម្ដែង និងជាផលវិបាកនៃអំពើបាបរបស់មនុស្សម្នាក់ៗផ្ទាល់ ហើយជំរុញជនរងគ្រោះឱ្យប្រព្រឹត្តអំពើអាក្រក់ដែរ។ ក្នុងអត្ថន័យប្រៀបធៀប រចនាសម្ពន្ធនោះ ជា “អំពើបាបនៃសង្គម” (RP ១៦)។

សង្ខេប

១៨៧០. “ព្រះជាម្ចាស់បានបណ្តោយឱ្យមនុស្សទាំងអស់មិនស្តាប់បង្គាប់ព្រះអង្គ ដើម្បីសម្ដែងព្រះហឫទ័យមេត្តាករុណាដល់មនុស្សទាំងអស់” (រម ១១,៣២)។

១៨៧១. អំពើបាបជា “ពាក្យ កិច្ចការ ឬសេចក្ដីប្រាថ្នាផ្ទុយនឹងវិន័យអស់លក្បជានិច្ច” (សន្តអូគូស្តាំង)។​អ្នក​ប្រព្រឹត្តអំពើបាបជំទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកបាបប្រឆាំងនឹងព្រះជាម្ចាស់ មិនស្តាប់​បង្គាប់​ព្រះ​អង្គ ផ្ទុយស្រឡះនឹងព្រះយេស៊ូដែលស្តាប់បង្គាប់ព្រះជាម្ចាស់។

១៨៧២. អំពើបាបជាកិច្ចការប្រឆាំងនឹងប្រាជ្ញា។ អំពើបាបធ្វើឱ្យធម្មជាតិមនុស្ស និងសាមគ្គីភាព​រវាង​មនុស្ស​ត្រូវរបួស។

១៨៧៣. អំពើបាបចាក់ឫសក្នុងចិត្តមនុស្ស។ ជាធម្មតា យើងបែងចែកប្រភេទនៃអំពើបាប ហើយយើង​ដឹង​ថា អំពើបាបធ្ងន់ ឬស្រាល តាមគោលដៅ។

១៨៧៤. បើយើងស្ម័គ្រចិត្ត ពោលគឺដោយដឹង និងដោយចង់ ប្រព្រឹត្តអ្វីមួយប្រឆាំងនឹងធម្មវិន័យរបស់ព្រះ ជាម្ចាស់ ហើយ ប្រឆាំងនឹងទីចុងក្រោយរបស់មនុស្ស គឺយើងប្រព្រឹត្តអំពើបាប ដែលនាំឱ្យស្លាប់។ អំពើបាបនេះ បំផ្លាញ​សេចក្ដីស្រលាញ់ក្នុងខ្លួនយើង។ បើគ្មានសេចក្ដីស្រលាញ់នោះទេ យើងមិនអាចទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ​បាន​ឡើយ។ បើយើងមិនសោកស្តាយអំពើបាបនេះ យើងអាចទទួលសេចក្ដីស្លាប់អស់កល្បជានិច្ច។

១៨៧៥ . អំពើបាបស្រាលបង្ខូចសីលធម៌ ប៉ុន្តែសេចក្ដីស្រលាញ់អាចទូទាត់អំពើបាបនេះ។ អំពើបាបនេះ មិនបំផ្លាញសេចក្ដីស្រលាញ់ឡើយ។

១៨៧៦ . បើយើងប្រព្រឹត្តអំពើបាប ទោះជាស្រាលក៏ដោយ ក៏យើងនឹងបង្កើតបាបធម៌ ដែលមានអំពើ​បាបមូលដ្ឋានដែរ។

ជំពូក២ លេខ១៨៧៧-១៩៤៨

ជំពូកទីពីរ៖​
សហគមន៍មនុស្ស

១៨៧៧. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សលោកឱ្យសម្ដែងរូបតំណាងរបស់ព្រះអង្គ និងបានទៅជារូបតំណាងនៃព្រះបុត្រាតែមួយរបស់ព្រះបិតា។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សគ្រប់រូប ដ្បិតព្រះអង្គត្រាស់ហៅ មនុស្សរាល់គ្នាឱ្យទទួលសុភមង្គលរបស់ព្រះអង្គៗក៏ត្រាស់ហៅសហគមន៍ទាំងមូលរបស់មនុស្សផងដែរ។

ប្រការទី១៖​មនុស្ស និងសង្គម

១. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យរួមរស់ជាមួយគ្នា

១៨៧៨. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឆ្ពោះទៅទីដៅតែមួយ គឺព្រះអង្គផ្ទាល់។ ពេលមនុស្សរួបរួមគ្នាក្នុងសេចក្ដីពិត និងសេចក្ដីស្រលាញ់ គឺគេរួបរួមគ្នាម្យ៉ាង ដូចព្រះបិតា​​​ ព្រះបុត្រា និងព្រះវិញ្ញាណរួបរួមគ្នាដែរ (GS ២៤,៣)។ សេចក្ដីស្រលាញ់ចំពោះអ្នកដទៃមិនអាចបំបែកពីសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់បានឡើយ។

១៨៧៩. មនុស្សត្រូវការរស់នៅក្នុងសង្គម។ ការ​​​រស់នៅ​ក្នុងសង្គម​​​មិន​​​មែនជាសេចក្ដីបន្ថែមលើលក្ខណៈនៃជីវិតមនុស្សទេ ប៉ុន្តែជាការទាមទាររបស់ធម្មជាតិ។ មនុស្សរីកចម្រើនគ្រប់វិស័យ នឹងអាចឈានទៅដល់ទីដៅរបស់ខ្លួនបាន ដោយមាន​​​ទំនាក់ទំនងជាមួយអ្នកដទៃ ដោយជួយបម្រើគ្នាទៅវិញទៅមក និង​ដោយនិយាយ​​​សន្ទនាជាមួយមនុស្សទុកជាបងប្អូន (GS ២៥,១)។

១៨៨០. សង្គម គឺជាសំណុំនៃមនុស្សជាច្រើន ដែលទាក់ទងគ្នា ដូចសរីរាង្គកាយ ដោយគោលការណ៍នៃឯកភាពមួយ ដែលលើសពីបុគ្គលម្នាក់ៗ។ សង្គមមួយជាអង្គប្រជុំដែលមើលឃើញ និងដែលមានលក្ខណៈខាងវិញ្ញាណ ហើយដែលស្ថិតស្ថេរយូរអង្វែង គឺសង្គមទទួលយកអតីតកាលផង រៀបចំអនាគតកាលផង។ ដោយសារសង្គម មនុស្សម្នាក់ៗទៅជា “អ្នកទទួលមរតក” ទទួល “ព្រះអំណោយទាន” ដែលធ្វើឱ្យអត្តសញ្ញាណរបស់ខ្លួនរីកចម្រើន ហើយគេត្រូវអភិវឌ្ឍន៍ផលនៃព្រះអំណោយទាននោះ (លក ១៩,១៣.១៥)។ មនុស្សម្នាក់ៗត្រូវតែបម្រើសង្គម ដែលខ្លួនជាសមាជិក និងគោរពអាជ្ញាធរ ដែលទទួលខុសត្រូវលើផលប្រយោជន៍រួម។

១៨៨១. សហគមន៍នីមួយៗមានគោលដៅរបស់ខ្លួន ហើយត្រូវគោរពតាមគោលការណ៍ ប៉ុន្តែ “មនុស្ស ពិតជា និងត្រូវជាដើមកំណើត ជាប្រធានបទ និងជាទីដៅនៃស្ថាប័នសង្គមទាំងអស់” (GS ២៥,១)។

១៨៨២. សង្គមខ្លះ ដូចជាក្រុមគ្រួសារ និងទីក្រុងដែលជាការរស់នៅជាមួយគ្នាស្របតាមលក្ខណៈរបស់មនុស្សតែម្តង។ មនុស្សត្រូវការសង្គមនោះជាចាំបាច់។ ត្រូវតែលើកទឹកចិត្តឱ្យបង្កើតសហគមន៍ និងស្ថាប័ន “ដែលមានគោលដៅខាងសេដ្ឋកិច្ច ខាងវប្បធម៌ ខាងសង្គម ខាងកីឡា ខាងល្បែងកំសាន្ត ខាងវិជ្ជាជីវៈ ខាងនយោបាយ ក្នុងសហគមន៍ខាងនយោបាយផង ដូចក្នុងពិភពលោកទាំងមូលផងដែរ” (MM ៦០) ដើម្បីឱ្យមនុស្សជាច្រើនចូលរួមចំណែកក្នុងការរស់នៅក្នុងសង្គម។ “ការប្រមូលផ្តុំគ្នាបង្កើតសង្គម ” នេះ សម្ដែងចិត្តលម្អៀងរបស់មនុស្សឱ្យប្រមូលគ្នាជាសហគមន៍ ដើម្បីបំពេញគោលដៅ ដែលសមត្ថភាពរបស់ម្នាក់ៗមិនអាចធ្វើបាន។ ការប្រមូលផ្តុំគ្នាបង្កើតសង្គមនេះ ធ្វើឱ្យលក្ខណៈសម្បត្តិរបស់មនុស្សរីកចម្រើន ជាពិសេសការផ្តើមគំនិត និងការទទួលខុសត្រូវ។ ការប្រមូលផ្តុំគ្នាបង្កើតសង្គមនេះ ជួយធានាសិទ្ធិរបស់មនុស្សផងដែរ (GS ២៥,២ ; CA ១២)។

១៨៨៣. ក៏ប៉ុន្តែ ការប្រមូលផ្តុំគ្នាបង្កើតសង្គមអាចបង្កើតវិបត្តិខ្លះផងដែរ។ បើរដ្ឋអំណាចធ្វើអន្តរាគមន៍ច្រើនពេក សេរីភាព និងការផ្តើមគំនិតរបស់មនុស្សអាចថយក្រោយបាន។ លទ្ធិព្រះសហគមន៍បានបង្កើតគោលការណ៍មួយ ដែលគេហៅថាគោលការណ៍នៃជំនួស ។​ តាមគោលការណ៍នេះ “សង្គមដែលមានកម្រិតខ្ពស់មិនត្រូវធ្វើអន្តរាគមន៍ក្នុងការរស់នៅខាងក្នុងនៃសង្គមដែលមានកម្រិតទាប ដោយដកសមត្ថភាពរបស់ខ្លួនចេញបានទេ ប៉ុន្តែសង្គមដែលមានកម្រិតខ្ពស់ត្រូវតែគាំទ្រសង្គមដែលមានកម្រិតទាប ក្នុងពេលជាចាំបាច់ និងជួយសង្គមនេះឱ្យចាត់ចែងកិច្ចការរបស់ខ្លួនជាមួយនឹងផ្នែកផ្សេងៗ ដែលមានក្នុងសង្គមនេះ ដើម្បីផលប្រយោជន៍រួម” (CA ៤៨ ; សម្ដេចប៉ាបទី១១)។

១៨៨៤. ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យក្តោបក្តាប់អំណាចទាំងអស់ សម្រាប់តែព្រះអង្គប៉ុណ្ណោះទេ គឺព្រះអង្គប្រគល់ឱ្យសត្វលោកនីមួយៗមុខងារដែលខ្លួនអាចប្រតិបត្តិ តាមសមត្ថភាពនៃលក្ខណៈរបស់ខ្លួនផ្ទាល់។ ការរស់នៅក្នុងសង្គមត្រូវតែយកតម្រាប់តាមរបៀបគ្រប់គ្រងនេះ។ របៀបគ្រប់គ្រងពិភពលោករបស់ព្រះជាម្ចាស់ ផ្តល់សក្ខីភាពថា ព្រះអង្គពិតជាគោរពសេរីភាពរបស់មនុស្ស ដែលគួរបំភ្លឺប្រាជ្ញារបស់អស់អ្នកដែលគ្រប់គ្រងសហគមន៍មនុស្ស។ ពួកគេត្រូវតែប្រព្រឹត្តដូចអ្នកបម្រើនៃឧបការគុណរបស់ព្រះជាម្ចាស់។

១៨៨៥. គោលការណ៍នៃជំនួសប្រឆាំងនឹងសមូហភាពនិយមគ្រប់បែបយ៉ាង និងបង្ហាញកំណត់ព្រំដែននៃអន្តរាគមន៍របស់រដ្ឋអំណាច។ គោលការណ៍នេះ តម្រង់ទិសឱ្យទំនាក់ទំនងរវាងមនុស្ស និងសង្គមរួបរួមជាមួយគ្នាបានល្អប្រសើរ ហើយតម្រង់ទិសឱ្យការចាត់ចែងរបៀបរៀបរយអន្តរជាតិយ៉ាងពិតប្រាកដផងដែរ។

២. ការកែប្រែចិត្តគំនិត និងសង្គម

១៨៨៦. សង្គមជាចាំបាច់ ដើម្បីឱ្យការត្រាស់ហៅរបស់មនុស្សបានសម្រេច។ ដើម្បីឈានទៅដល់គោលដៅនេះ គេត្រូវតែគោរពលំដាប់លំដោយដ៏ត្រឹមត្រូវនៃគុណធម៌ ដែលធ្វើឱ្យលក្ខណៈខាងរូបកាយ និងដែលកើតពីសភាវគតិចុះចូលក្រោមលក្ខណៈខាងក្នុង និងខាងវិញ្ញាណ” (CA ៣៦)៖
ជាដំបូង ត្រូវចាត់ទុកការរស់នៅក្នុងសង្គមថា មានលក្ខណៈខាងវិញ្ញាណ។ តាមការពិត ដោយសារការរស់នៅក្នុងសង្គមនេះ យើងផ្លាស់ប្តូរចំណេះដឹងក្នុងពន្លឺនៃសេចក្ដីពិត យើងគោរពសិទ្ធិ និងបំពេញភារកិច្ច យើងជំរុញគ្នាទៅវិញទៅមកទៅរកអ្វីដែលល្អ យើងរួបរួមគ្នាក្នុងការប្រើប្រាស់សោភណភាព។ ការរស់នៅក្នុងសង្គមជាលក្ខណៈអចិន្រៃ្តយ៍ ដើម្បីផ្តល់ដល់អ្នកដទៃលក្ខណៈសម្បត្តិរបស់ខ្លួនឯង ហើយជាបំណងរួមឱ្យរីកចម្រើនខាងវិញ្ញាណជានិច្ចនិរន្តរ៍ផង។ នេះគឺជាគុណសម្បត្តិដែលត្រូវតែណែនាំ និងតម្រង់សកម្មភាពខាងវប្បធម៌ ជីវិតខាងសេដ្ឋកិច្ច ការចាត់ចែងនៅក្នុងសង្គម ចលនា និងរបបខាងនយោបាយ ការតែងច្បាប់ ហើយការសម្ដែងឯទៀតៗនៃការរស់នៅក្នុងសង្គម ដើម្បីឱ្យសង្គមលូតលាស់ជានិច្ច (PT ៣៥)។

១៨៨៧. បើយើងច្រឡំមធ្យោបាយ និងគោលដៅ (CA ៤១) ពោលគឺយើងចាត់ទុកថា មធ្យោបាយជាគោលដៅចុងក្រោយបំផុត ឬយើងចាត់ទុកថា មនុស្សគ្រាន់តែជាមធ្យោបាយសុទ្ធសាធ ដើម្បីបានគោលដៅមួយ យើងបង្កើតរចនាសម្ព័ន្ធអយុត្តិធម៌ “ដែលធ្វើឱ្យយើងមិនអាចប្រតិបត្តិតាមគ្រីស្តសាសនា ស្របតាមបទបញ្ជារបស់ព្រះជាម្ចាស់ជាអ្នកតែងច្បាប់” (សម្ដេចប៉ាប ពីយូសទី១២)។

១៨៨៨. ដូច្នេះ មនុស្សត្រូវតែប្រើសមត្ថភាពខាងវិញ្ញាណ​ និងខាងសីលធម៌ ហើយត្រូវតែកែប្រែចិត្តគំនិត ជានិច្ច ដើម្បីបានទទួលការផ្លាស់ប្តូរក្នុងសង្គម ដែលបម្រើមនុស្សពិតមែន។ ទោះបីយើងផ្តល់អាទិភាពដល់ការកែប្រែចិត្តគំនិតយ៉ាងណាក៏ដោយ ក៏យើងមិនលុបបំបាត់ទេ ផ្ទុយទៅវិញយើងចាំចាច់ត្រូវតែកែប្រែស្ថាប័ន និងលក្ខខណ្ឌនៃការរស់នៅដែលបណ្តាលឱ្យប្រព្រឹត្តអំពើបាបដើម្បីឱ្យស្ថាប័ន និងលក្ខខណ្ឌនោះដើម្បីឱ្យសមរម្យត្រឹមត្រូវតាមយុត្តិធម៌ និងជំរុញឱ្យប្រព្រឹត្តអ្វីដ៏ល្អ ជាជាងបង្កើតឧបសគ្គ (LG   ៣៦)។

១៨៨៩. បើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មិនជួយសង្រ្គោះទេ មនុស្សមិនអាច “រកឃើញផ្លូវចង្អៀតរវាងភាពកំសាកដែលចាញ់អំពើអាក្រក់ និងការប្រើអំពើហិង្សា ដើម្បីប្រយុទ្ធអំពើអាក្រក់។ តាមការពិត អ្នកប្រើអំពើហិង្សាពង្រឹងអំពើអាក្រក់” (CA ២៥)។ ផ្លូវនេះ ជាផ្លូវនៃសេចក្ដីស្រលាញ់ ពោលគឺសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ។​ សេចក្ដីស្រលាញ់ជាវិន័យសំខាន់ជាងគេក្នុងសង្គម គឺអ្នកមានចិត្តស្រលាញ់គោរពអ្នកដទៃ និងសិទ្ធិរបស់គេ ហើយទាមទារឱ្យប្រតិបត្តិតាមយុត្តិធម៌។ មានតែសេចក្ដីស្រលាញ់ទេ ដែលធ្វើឱ្យយើងអាចប្រតិបត្តិតាមយុត្តិធម៌បាន។ សេចក្ដីស្រលាញ់នាំឱ្យគេហ៊ានបូជាជីវិត៖ “អ្នក​ដែលខិត​ខំ​រក្សា​ជីវិត​របស់​ខ្លួន​ នឹង​បាត់​បង់​ជីវិត​ រីឯ​អ្នក​ដែល​បាត់​បង់​ជីវិត​ នឹង​បាន​រួច​ជីវិត​វិញ” (លក ១៧,៣៣)។

សង្ខេប

១៨៩០. ពេលមនុស្សរួបរួមគ្នាក្នុងសេចក្ដីពិត និងសេចក្ដីស្រលាញ់ គឺគេរួបរួមគ្នាម្យ៉ាង ដូចព្រះបិតា​​​ ព្រះបុត្រា និងព្រះវិញ្ញាណរួបរួមគ្នាដែរ។

១៨៩១. ដើម្បីគោរពលក្ខណៈធម្មជាតិរបស់ខ្លួន មនុស្សត្រូវការរស់នៅក្នុងសង្គម។ សង្គមខ្លះ ដូចជាក្រុមគ្រួសារ និងការរស់នៅក្នុងទីក្រុង ដែលសមស្របតាមលក្ខណៈធម្មជាតិរបស់មនុស្ស។

១៨៩២. មនុស្សពិតជា និងត្រូវជាដើមកំណើត ជាប្រធានបទ និងជាទីដៅនៃស្ថាប័នសង្គមទាំងអស់” (GS ២៥,១)។

១៨៩៣. ត្រូវតែលើកទឹកចិត្តឱ្យមនុស្សចូលរួមក្នុងសហគមន៍ និងស្ថាប័ននានា ដែលគេជ្រើសរើស។

១៨៩៤. តាមគោលការណ៍នៃការជំនួសរដ្ឋអំណាច ឬសង្គមដែលមានកម្រិតខ្ពស់ណាមួយ មិនត្រូវធ្វើអន្តរាគមន៍ក្នុងការផ្តើមគំនិត​ និងការទទួលខុសត្រូវ របស់មនុស្ស​ ឬសង្គមកណ្តាលឡើយ។

១៨៩៥. សង្គមត្រូវលើកទឹកចិត្តមនុស្សឱ្យប្រតិបត្តិតាមគុណធម៌ ដោយមិនរារាំងគេ។ សង្គមត្រូវតែគោរព​​តាមលំដាប់លំដោយដ៏ត្រឹមត្រូវនៃឧត្តមគតិ។

១៨៩៦ . នៅទីណាអំពើបាបបង្ខូចបរិយាកាសក្នុងសង្គម ត្រូវតែសុំឱ្យមនុស្សកែប្រែចិត្តគំនិត និង​ឱ្យព្រះជាម្ចាស់ប្រោសប្រណី។ សេចក្ដីស្រលាញ់ជំរុញឱ្យកែតម្រង់សង្គមយ៉ាងត្រឹមត្រូវ។ យើងមិនអាច ដោះស្រាយបញ្ហាក្នុងសង្គម បើពុំមានដំណឹងល្អបានឡើយ (CA ៣)។

ប្រការទី២៖​ការរួមចំណែកក្នុងការរស់នៅក្នុងសង្គម

១. អំណាច

១៨៩៧. “បើគ្មានមនុស្សប្រកបដោយអំណាចតាមច្បាប់ ដែលជួយការពារស្ថាប័ន និងយកចិត្តទុកដាក់នឹងផលប្រយោជន៍រួម តាមរបៀបត្រឹមត្រូវ ការរស់នៅក្នុងសង្គមមិនអាចមានរបៀបរៀបរយ និងពហុផលបានឡើយ” (PT ៤៦)។
គេហៅ “អាជ្ញាធរ” លក្ខណៈសម្បត្តិរបស់មនុស្ស ឬស្ថានប៍នដែលតែងច្បាប់ និងបទបញ្ជា ដើម្បីឱ្យអ្នកដទៃស្តាប់បង្គាប់។

១៨៩៨. សហគមន៍មនុស្សនីមួយៗត្រូវការអាជ្ញាធរ ដើម្បីគ្រប់គ្រងសហគមន៍នោះ (សម្ដេច​​ប៉ាប ឡេអុងទី១៣)។ អាជ្ញាធរនេះចាក់ឫសក្នុងលក្ខណៈជាមនុស្ស ជាចាំចាច់ដើម្បីឱ្យមនុស្សរួមជាមួយគ្នាក្នុងសង្គម ហើយមានតួនាទីការពារថែរក្សាប្រយោជន៍រួមនៅក្នុងសង្គម តាមតែអាចធ្វើបាន។

១៨៩៩. របៀបរៀបរយនៃសីលធម៌ទាមទារឱ្យមានអាជ្ញាធរ។ អំណាចនេះ មកពីព្រះជាម្ចាស់៖ “មនុស្ស​គ្រប់​ៗរូប​ត្រូវ​ស្តាប់​បង្គាប់​អាជ្ញាធរ‌​​ ដ្បិត​អំណាច​ទាំងឡាយ​សុទ្ធតែមកពីព្រះជាម្ចាស់​ គឺព្រះអង្គបានតែងតាំងឱ្យមានអំណាចទាំងនោះឡើង។ ដូច្នេះ​ អ្នកដែលប្រឆាំ​​ងនឹងអាជ្ញាធរ ​‌ក៏ដូចជាប្រឆាំងនឹង​របៀបរៀបរយ​ដែលព្រះជាម្ចាស់បានចាត់ចែង​នោះដែរ‌‌ ​ហើយអ្នក ដែលប្រឆាំង ​មុខជាធ្វើឱ្យ​ខ្លួនមានទោសមិនខានឡើយ (រម ១៣,១-២)​ (១ពត្រ ២,១៣-១៧)។

១៩០០. មនុស្សទាំងអស់ត្រូវតែស្តាប់បង្គាប់ គឺផ្តល់កិត្តិយសដ៏ត្រឹមត្រូវដល់អាជ្ញាធរ ត្រូវគោរព និងដឹងគុណ ដោយចិត្តសប្បុរស អស់អ្នកដែលបានទទួលបន្ទុកនេះ តាមគុណរបស់គេ។សម្តេចប៉ាបសន្តក្លេម៉ងនៅទីក្រុងរ៉ូមបានសរសេរសេចក្ដីអង្វរបុរាណជាងគេនៃព្រះសហគមន៍ ដើម្បីអាជ្ញាធរនយោបាយ៖
“ឱព្រះអម្ចាស់អើយ! សូមប្រោសប្រទានឱ្យគាត់មានសុខភាព សន្តិភាព ឱ្យគាត់ចេះរួមគ្នាជាធ្លុងតែមួយ និងហើយគាត់មានស្ថិរភាព ដើម្បីឱ្យគាត់ប្រតិបត្តិតាមអំណាចដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គបានបញ្ជូនឱ្យគាត់។ គឺព្រះអង្គនេះហើយ ជាអម្ចាស់ ជាព្រះមហាក្សត្រនៃស្ថានបរមសុខ ដែលប្រទានឱ្យបុត្រមនុស្សនូវសិរីរុងរឿង កិត្តិយស និងអំណាចនៅលើផែនដី។ សូមព្រះអម្ចាស់ណែនាំការគ្រប់គ្រងរបស់គាត់ តាមអ្វីដ៏ល្អ តាមអ្វីគាប់ព្រះហឫទ័យព្រះអង្គ ដើម្បីឱ្យគាត់ប្រតិបត្តិតាមអំណាច ដែលព្រះអង្គបានប្រទានឱ្យគាត់ដោយគោរពប្រណិប័តន៍ព្រះអង្គ ពោរពេញដោយសេចក្ដីសុខសាន្ត និងដោយមានចិត្តស្លូតបូត ហើយដើម្បីឱ្យព្រះអង្គសព្វព្រះហឫទ័យនឹងគាត់ផង។

១៩០១. ទោះបីព្រះជាម្ចាស់បានតែងតាំងអំណាច តាមរបៀបរៀបរយរបស់ព្រះអង្គ យ៉ាងណាក៏ដោយ ក៏ “ចំពោះការ​កំណត់របបនយោបាយ និងការជ្រើស​​​រើស​​​អ្នកដឹកនាំប្រទេសវិញ ត្រូវតែឱ្យប្រជាពលរដ្ឋ​​​ជ្រើសរើស​​​ដោយ​​​សេរី តាម​បំណងរបស់គេទៅចុះ” (GS ៧៤,៣)។
យើងអាចមានរបបនយោបាយប្លែកៗពីគ្នាជាច្រើន លុះត្រាតែរបបទាំងអស់នោះស្វែងរកផលប្រយោជន៍ដ៏ត្រឹមត្រូវឱ្យសហគមន៍ដែលទទួលយករបបនោះ។ របបដែលមានលក្ខណៈប្រឆាំងនឹងធម្មវិន័យធម្មជាតិ របៀបរៀបរយជាសាធារណៈ និងសិទ្ធិមនុស្សជាគ្រឹះ មិនអាចសម្រេចប្រយោជន៍រួមរបស់ប្រជាជាតិ ដែលរបបនោះដឹកនាំដោយបង្ខិតបង្ខំ។

១៩០២. អាជ្ញាធរមិនត្រូវតែងច្បាប់ខាងសីលធម៌ដោយខ្លួនផ្ទាល់ទេ។ អាជ្ញាធរមិនត្រូវត្រួតត្រាបែបផ្ដាច់ការទេ ប៉ុន្តែត្រូវប្រព្រឹត្តដើម្បីផលប្រយោជន៍រួម “ហាក់ដូចជាកម្លាំងខាងវិញ្ញាណ ដែលសំអាង​​​លើសេរីភាព​​​ និងលើគំនិតរបស់​​​មនុស្សទទួលខុសត្រូវ” (GS ៧៤,២)៖
ច្បាប់ទាំងមូលរបស់មនុស្សមានលក្ខណៈជាច្បាប់ លុះត្រាតែការតែងច្បាប់នេះ ស្របតាមប្រាជ្ញា ដែលយល់ថាត្រឹមត្រូវ។ ដូច្នេះ ការតែងច្បាប់យកកម្លាំងរបស់ខ្លួនចេញមកពីធម្មវិន័យអស់កល្បជានិច្ច។ ក្នុងករណីដែលច្បាប់ឃ្លាតចេញពីប្រាជ្ញា ត្រូវតែប្រកាសថា ច្បាប់នេះមិនត្រឹមត្រូវទេ ដ្បិតប្រឆាំងនឹងលក្ខណៈរបស់ធម្មវិ  ន័យ។ ការតែងច្បាប់បែបនេះ ដូចជាអំពើហិង្សាម្យ៉ាង (សន្ត ថូម៉ាស នៃអាកាំង)។

១៩០៣. អាជ្ញាធរប្រព្រឹត្តត្រឹមត្រូវ​ លុះត្រាតែគេស្វែងរកប្រយោជន៍រួមរបស់ក្រុម ដែលគេគ្រប់គ្រង ហើយបើគេប្រើមធ្យោបាយត្រឹមត្រូវតាមច្បាប់សីលធម៌ ដើម្បីបានផលប្រយោជន៍នេះ។ បើមេដឹកនាំអនុម័តច្បាប់អយុត្តិធម៌ ឬបើគេចាត់វិធានការប្រឆាំងនឹងរបៀបរៀបរយនៃសីលធម៌ យើងមានសិទ្ធិមិនស្តាប់បង្គាប់ឡើយ។ “ក្នុងករណីនេះ អាជ្ញាធរលែងជាអាជ្ញាធរ និងធ្លាក់ខ្លួនទៅជាសង្កត់សង្កិនជិះជាន់មនុស្សទៅវិញ” (PT  ៥១)។

១៩០៤. “អំណាច និងសមត្ថកិច្ចផ្សេងៗគួរប្រឆាំងនឹងអំណាចនីមួយៗ ដើម្បីឱ្យអំណាចនោះស្ថិតក្នុងកំណត់ព្រំដែនដ៏ត្រឹមត្រូវ។ ស្របតាមគោលការណ៍នៃ “នីតិរដ្ឋ” ច្បាប់ជាអ្នកកាន់អំណាច មិនមែនបំណងផ្តាច់ការរបស់មនុស្សឡើយ” (CA ៤៤)។

២. ផលប្រយោជន៍រួម

១៩០៥. ផលប្រយោជន៍របស់ម្នាក់ៗពិតជាទាក់ទងនឹងផលប្រយោជន៍រួម ស្របតាមលក្ខណៈរបស់មនុស្ស ដែលរស់នៅក្នុងសង្គម។ ត្រូវកំណត់ផលប្រយោជន៍រួមយោងតាមមនុស្សម្នាក់ៗ៖
កុំរស់នៅតែម្នាក់ឯង ដូចជាមនុស្សតែលតោល ហាក់ដូចជាព្រះជាម្ចាស់បានប្រោសអ្នករាល់គ្នាឱ្យបានសុចរិតរួចហើយ ប៉ុន្តែ ចូរប្រមូលផ្តុំគ្នា ដើម្បីស្វែងរកប្រយោជន៍រួម (លោក បាណាបាស)។

១៩០៦. ពាក្យ “ប្រយោជន៍រួម” មានន័យថា “លក្ខណៈទាំងប៉ុន្មានក្នុងសង្គម ដែលហុចឱ្យទាំង​​​ក្រុម​​​ផ្សេងៗ ព្រមទាំងសមាជិកនីមួយៗនៃក្រុមទាំងនោះ អាច​​​បានពេញលក្ខណៈគ្រប់គ្រាន់ និងធូរធារ” (GS ២៦,១)។ ក្នុងការរស់នៅ មនុស្សទាំងអស់ចាប់អារម្មណ៍នឹងផលប្រយោជន៍រួម។ មនុស្សម្នាក់ៗជាពិសេសអស់អ្នក កាន់អំណាច ត្រូវប្រុងប្រយ័ត្ន ដើម្បីបានប្រយោជន៍រួម។ ផលប្រយោជន៍រួមមានលក្ខណៈចាំបាច់បីយ៉ាង

១៩០៧. មុនដំបូងត្រូវតែគោរពសិទ្ធិបុគ្គលនីមួយៗ ។ ​ក្នុងនាមនៃប្រយោជន៍រួម អាជ្ញាធរត្រូវតែគោរពសិទ្ធិមនុស្សជាគ្រឹះ ដែលមិនអាចលក់ដូរបានទេ។ សង្គមត្រូវឱ្យសមាជិករបស់ខ្លួនម្នាក់ៗបំពេញការត្រាស់ហៅរបស់ខ្លួន។ ជាពិសេសប្រយោជន៍រួមស្ថិតនៅក្នុងលក្ខខណ្ឌគោរពសេរីភាពពីកំណើត ដែលជាចាំបាច់ ដើម្បីឱ្យការត្រាស់ហៅរបស់មនុស្សរីកចម្រើន៖ “មានសិទ្ធិធ្វើតាមមនសិការដ៏ត្រឹមត្រូវរបស់ខ្លួន មាន​​​សិទ្ធការពារជីវភាពផ្ទាល់ខ្លួន  និងមានសេរីភាព​ត្រឹម​ត្រូវមានសេរីភាពខាងសាសនាជាដើម” (GS ២៦,២)។

១៩០៨. ទីពីរ ប្រយោជន៍រួមទាមទារឱ្យមនុស្សរស់នៅក្នុងសង្គមប្រកបដោយសុខុមាលភាព ហើយ​ឱ្យក្រុមរបស់ខ្លួនរីករចម្រើន ។ ការអភិវឌ្ឍន៍ជាសេចក្ដីសង្ខេបនៃភារកិច្ចទាំងអស់នៃសង្គម។ ក្នុងនាមប្រយោជន៍រួម អាជ្ញាធរពិតជាត្រូវតែសម្រេចិត្តរវាងប្រយោជន៍បុគ្គលផ្សេងៗ ប៉ុន្តែ ត្រូវរកមធ្យោបាយធ្វើយ៉ាងណាឱ្យមនុស្សអាច​​​ឈាន​​​ទៅដល់អ្វីៗដែលខ្លួនត្រូវការ ​​​ដើម្បីរស់នៅ​​​សមរម្យ​នឹងឋានៈខ្លួនជាមនុស្សដ៏ពិតប្រាកដ។ ឧ- ឱ្យគេមានចំណីអាហារ សម្លៀកបំពាក់ ផ្ទះនៅ សិទ្ធិជ្រើសរើស​​​របៀប​រស់នៅ សិទ្ធិក្នុងការបង្កើតក្រុមគ្រួសារ ជាដើម (GS ២៦,២)។

១៩០៩. ត្រូវឱ្យមានសន្តិភាព គឺឱ្យមានរបៀបរៀបរយដ៏ត្រឹមត្រូវយូរអង្វែង និងប្រកបដោយ សុវត្តិភាពត្រឹមត្រូវ ដើម្បីបានប្រយោជន៍រួម។ ដូច្នេះ អាជ្ញាធរត្រូវតែធានាសន្តិសុខ នៅក្នុងសង្គម និងចំពោះសមាជិកម្នាក់ៗរបស់សង្គមនេះ ដោយប្រើមធ្យោបាយត្រឹមត្រូវ។ ម្យ៉ាងទៀត ដោយសារប្រយោជន៍រួមម្នាក់ៗ និងទាំងអស់គ្នាមានសិទ្ធិការពារខ្លួនឯងផងដែរ។

១៩១០. បើសហគមន៍មនុស្សនីមួយៗមានផលប្រយោជន៍រួមដែលជាអត្តសញ្ញាណរបស់ខ្លួន សហគមន៍នយោបាយ ក៏បំពេញប្រយោជន៍រួមឱ្យបានពេញលក្ខណៈ។ រដ្ឋអំណាចត្រូវតែការពារ និងពង្រឹងផលប្រយោជន៍រួមនៃសង្គមស៊ីវិល ប្រជាពលរដ្ឋ និងរបស់ក្រុមកណ្តាល។

១៩១១. មនុស្សពឹងផ្អែកលើគ្នាទៅវិញទៅមកកាន់តែច្រើនឡើងៗរហូតដល់ផែនដីទាំងមូល។ ត្រូវតែមានប្រយោជន៍រួមសកល ដើម្បីឱ្យក្រុមគ្រួសារមនុស្ស ដែលប្រមូលផ្តុំសត្វលោកដែលមានឋានៈខាងធម្មជាតិស្មើគ្នា រួមឯកភាពជាមួយគ្នា។ ដោយសារប្រយោជន៍រួមសកលនេះ សហគមន៍ប្រជាជាតិត្រូវតែផ្គត់ផ្គង “នូវតម្រូវការនានារបស់មនុស្ស ក្នុងវិស័យ​​​សង្គម ពោលគឺផ្គត់ផ្គង់ស្បៀងអាហារ សុខាភិបាល ការអប់រំ... ហើយក៏ត្រូវមានសមត្ថភាពអាចប្រឈម​​​មុខនឹង​​​សភាពការណ៍ពិសេសដែលកើតក្នុងតំបន់ខ្លះ ឧ- ជួយ​​​សម្រាល​​​ទុក្ខជនភៀសខ្លួនដែលខ្ចាត់ខ្ចាយក្នុងពិភពលោកទាំងមូល ឬផ្តល់ជំនួយដល់ជនអន្តោប្រវេសន៍​​​និងក្រុមគ្រួសារ​​​គេផង” (GS ៨៤, ២)។

១៩១២. ប្រយោជន៍រួមតែងតែតម្រូវឱ្យមនុស្សរីកចម្រើនជានិច្ច៖ “វត្ថុ​​​ត្រូវ​​​ស្ថិត​​​​នៅក្រោម​​​ចំណុះរបស់បុគ្គល បុគ្គលមិនត្រូវស្ថិតនៅ​​​ក្រោមចំណុះរបស់វត្ថុទេ” (GS ២៦,៣)។ របៀបរៀបរយនេះ មានសេចក្ដីពិតជាមូលដ្ឋាន ដែលមានរបៀបរៀបរយយ៉ាងត្រឹមត្រូវ និងមានជីវិតដោយសារសេចក្ដីស្រលាញ់។

៣. ការទទួលខុសត្រូវ និងការចូលរួមចំណែក

១៩១៣. មនុស្សចូលរួមចំណែកក្នុងសង្គម នៅពេលដែលគេស្ម័គ្រចិត្តចូលរួមដោយចិត្តសប្បុរសក្នុងការផ្លាស់ប្តូរសង្គម។ មនុស្សទាំងអស់ចាំបាច់ត្រូវតែរួមចំណែក តាមមុខងារ និងតួនាទីរបស់ខ្លួន ដើម្បីពង្រឹងប្រយោជន៍រួម។ ភារកិច្ចនេះ មកពីលក្ខណៈនៃឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។

១៩១៤. ជាដំបូង មនុស្សរួមចំណែក នៅពេលដែលខ្លួនគេផ្ទាល់ទទួលខុសត្រូវ លើវិស័យផ្សេងៗ គឺដោយផ្គត់ផ្គងអប់រំក្រុមគ្រួសាររបស់ខ្លួន ដោយសារមនសិការក្នុងការងារ មនុស្សរួមចំណែកក្នុងប្រយោជន៍អ្នកដទៃ និងរបស់សង្គម (CA ៤៣)។

១៩១៥. ប្រជាពលរដ្ឋត្រូវព្យាយាមចូលរួមយ៉ាងសកម្មក្នុងការរស់នៅជាសាធារណៈ ។ របៀបនៃការចូលរួមចំណែកនេះ អាចផ្លាស់ប្តូរពីប្រទេសមួយទៅប្រទេសមួយ ឬពីវប្បធម៌មួយទៅវប្បធម៌មួយ។ “ត្រូវសរសើរប្រជាជាតិខ្លះ ដែលដឹក​​​នាំប្រជាពលរដ្ឋជាច្រើនឱ្យរួមចំណែកក្នុងកិច្ចការរដ្ឋ ដោយមានសេរីភាពយ៉ាងពិតប្រាកដ” (GS ៣១,៣)។

១៩១៦. ដូចភារកិច្ចខាងសីលធម៌ឯទៀតៗ ភាគ៌ាក្នុងសង្គមត្រូវតែកែប្រែចិត្តគំនិត ជានិច្ច ដើម្បីឱ្យមនុស្សទាំងអស់រួមចំណែកក្នុងការប្រព្រឹត្តប្រយោជន៍រួម។ ត្រូវតែដាក់ទោសយ៉ាងម៉ឹងម៉ាត់លើអស់អ្នកដែលបន្លំ និងប្រើកលល្បិចផ្សេងៗ ដើម្បីគេចពីច្បាប់ និងកាតព្វកិច្ចរបស់សង្គម ដែលផ្ទុយស្រឡះនឹងការទាមទាររបស់យុត្តិធម៌។ ត្រូវតែយកចិត្តទុកដាក់នឹងការលូតលាស់របស់ស្ថាប័ន ដែលធ្វើឱ្យលក្ខខណ្ឌនៃជីវភាពរបស់មនុស្សបានប្រសើរឡើង (GS ៣០,១)។

១៩១៧. អស់អ្នកដែលមានបន្ទុកប្រកបដោយអំណាច ត្រូវតែពង្រឹងគុណធម៌ ដែលទាក់ទាញទំនុកចិត្តរបស់សមាជិកនៃក្រុមនានា ហើយជំរុញគេឱ្យបម្រើអ្នកដទៃ។ ការចូលរួមចំណែកចាប់ផ្ដើមក្នុងការអប់រំ និងវប្បធម៌។ “គួរឱ្យនឹកយ៉ាង​​​ត្រឹមត្រូវថា អនាគត​ស្ថិតនៅលើអស់អ្នកដែលផ្តល់ឱ្យមនុស្សតំណក្រោយៗ ​​​មានមូលហេតុអាចរស់នៅ និងសង្ឃឹមបាន” (GS ៣១,៣)។

សង្ខេប

១៩១៨. អំណាចទាំងឡាយសុទ្ធតែមកពីព្រះជាម្ចាស់ គឺព្រះអង្គបានតែងតាំងឱ្យមានអំណាចទាំងនោះឡើង” (រម ៣១,១)។

១៩១៩. សហគមន៍មនុស្សទាំងអស់ត្រូវការអាជ្ញាធរ ដើម្បីឱ្យសង្គមនេះបន្តតទៅទៀត និងរីកចម្រើន​ផង។

១៩២០. “សហគមន៍នយោបាយ និងរដ្ឋអំណាចមានគ្រឹះយ៉ាងជាក់ច្បាស់ ទៅតាមលក្ខណៈរបស់មនុស្ស។ បើដូច្នេះមែន សហគមន៍​នយោបាយនិងរដ្ឋអំណាចក៏ហូរមក​​​ពីរបៀប​​​រៀប​​​រយដែលព្រះជាម្ចាស់បានតែងតាំងហើយនោះដែរ” (GS ៧៤,៣)។

១៩២១. អាជ្ញាធរប្រព្រឹត្តត្រឹមត្រូវ​ លុះត្រាតែគេស្វែងរកប្រយោជន៍រួមរបស់សង្គម។ អាជ្ញាធរត្រូវតែប្រើ មធ្យោបាយត្រឹមត្រូវតាមសីលធម៌ ដើម្បីបានផលប្រយោជន៍នោះ។

១៩២២. យើងអាចមានរបបនយោបាយប្លែកៗពីគ្នាជាច្រើន លុះត្រាតែរបបទាំងអស់នោះស្វែងរកផលប្រយោជន៍ដ៏ត្រឹមត្រូវឱ្យសហគមន៍ដែលទទួលយករបបនោះ។

១៩២៣. រដ្ឋអំណាចត្រូវប្រតិបត្តិតាមសីលធម៌ និងធានាឱ្យអាចប្រព្រឹត្តតាមសេរីភាព។

១៩២៤. “ពាក្យប្រយោជន៍រួម មានន័យថាលក្ខណៈទាំងប៉ុន្មានក្នុងសង្គម ដែលហុចផលឱ្យទាំង​​​ក្រុម​​​ផ្សេងៗ ទាំងសមាជិកនីមួយៗនៃក្រុមទាំងនោះ អាច​​​បានពេញលក្ខណៈកាន់តែពេញលេញ​​​និង​​​កាន់​​តែងាយស្រួល” (GS ២៦,១)។

១៩២៥. ផលប្រយោជន៍រួមមានលក្ខណៈចាំបាច់បីយ៉ាង ៖ ការគោរព និងការលើកទឹកចិត្តសិទ្ធិគ្រឹះរបស់មនុស្ស​ សេចក្ដីសុខសាន្ត និងការអភិវឌ្ឍន៍នៃទ្រព្យខាងវិញ្ញាណ និងខាងលោកីយ៍របស់សង្គមសន្តិភាព និងសន្តិសុខរបស់ក្រុម និងសមាជិកក្រុមនោះ។

១៩២៦. ត្រូវតែស្វែករកផលប្រយោជន៍រួមស្របតាមឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។ ម្នាក់ៗត្រូវតែយកចិត្តទុកដាក់ជំរុញ និងគាំទ្រស្ថាប័នដែលធ្វើឱ្យលក្ខខណ្ឌនៃការរស់នៅរបស់មនុស្សរីកចម្រើន។

១៩២៧. រដ្ឋអំណាចត្រូវតែការពារ និងពង្រឹងផលប្រយោជន៍រួមនៃសង្គមស៊ីវិល។ ត្រូវតែចាត់ចែងសង្គម អន្តរជាតិ ដើម្បីបានផលប្រយោជន៍ក្រុមគ្រួសារទាំងមូលរបស់មនុស្ស។

ប្រការទី៣៖​យុត្តិធម៌នៅក្នុងសង្គម

១៩២៨. មានយុត្តិធម៌នៅក្នុងសង្គមនៅពេលដែលសង្គមនេះបំពេញល័ក្ខ​​​​​ខ័ណ្ឌ ដែលផ្តល់ឱ្យសហគមន៍ និងបុគ្គលម្នាក់ៗអាចទទួលអ្វីដែលគេមានសិទ្ធិទទួល តាមលក្ខណៈ និងការត្រាស់ហៅរបស់គេរៀងៗខ្លួន។ យុត្តិធម៌ក្នុងសង្គមទាក់ទងនឹងប្រយោជន៍រួម និងការប្រព្រឹត្តអំណាច។

១. ការគោរពមនុស្សទុកជាបុគ្គល

១៩២៩. មានតែនៅពេលដែលសង្គមគោរពឋានៈដ៏ថ្លៃថ្នូរបំផុតរបស់មនុស្ស ទើបអាចមានយុត្តិធម៌ក្នុងសង្គមបាន។ មនុស្សជាគោលដៅចុងក្រោយបំផុតនៃសង្គម។ សង្គមចុះក្រោមមនុស្ស៖
ព្រះបង្កើតបានប្រគល់ឱ្យយើងការពារ និងលើកកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស។ ក្នុងកាលៈទេសៈទាំងអស់នៃប្រវត្តិសាស្រ្ត បុរស និងស្រ្តីពិតជាទទួលខុសត្រូវ និងជំពាក់ចិត្តចំពោះភារកិច្ចនេះយ៉ាងមោះមុត (SRS ៤៧)។

១៩៣០. បើយើងគោរពមនុស្សទុកជាបុគ្គល យើងក៏ត្រូវតែគោរពសិទ្ធិដែលហូរចេញពីកិត្តិយសដ៏ថ្លៃថ្នូររបស់គេទុកជាសត្វលោក។ សង្គមត្រូវតែគោរពសិទ្ធិទាំងអស់នោះ​ ដែលកើតឡើងមុនសង្គមទៅទៀត។ សិទ្ធិនោះ ជាមូលដ្ឋានគ្រឹះខាងសីលធម៌នៃអំណាចនីមួយៗ គឺបើសង្គមណាមួយប្រមាថ ឬបដិសេធមិនព្រមទទួលស្គាល់សិទ្ធិទាំងអស់នោះក្នុងការតែងច្បាប់ទេ សង្គមនោះ មិនត្រូវតាមសីលធម៌សោះ (PT ៦៥)។ បើអំណាចណាមួយមិនគោរពសិទ្ធិទាំងអស់នោះ អាជ្ញាធរមិនអាចអាងលើកម្លាំង ឬអំពើហិង្សា ដើម្បីឱ្យប្រជាពលរដ្ឋស្តាប់បង្គាប់គេបានឡើយ។ ព្រះសហគមន៍ត្រូវរម្លឹក ហើយវែកញែកសិទ្ធិទាំងអស់នោះចំពោះមនុស្សគ្រប់គ្នា ដែលមានឆន្ទៈល្អ ដើម្បីកុំឱ្យមានការទាមទារសិទ្ធិហូសហេតុ ឬក្លែងក្លាយ។

១៩៣១. ដើម្បីគោរពមនុស្សទុកជាបុគ្គល ត្រូវតែអនុវត្តតាមគោលការណ៍ “សូមឱ្យមនុស្សគ្រប់គ្នារាប់អានអ្នកដទៃ ដោយគ្មានលើកលែង ទុកដូចជា “ខ្លួនឯងម្នាក់ទៀត”  គឺសូមនឹកគិតដល់ការរស់នៅរបស់គេ នឹកគិតដល់អ្វីៗដែលគេត្រូវការ ដើម្បីមាន​​​ជីវភាព​​​យ៉ាងថ្លៃថ្នូរ” (GS ២៧,១)។ គ្មានច្បាប់ណាមួយអាចលុបបំបាត់ការភ័យខ្លាច ការវិនិច្ឆយជាមុន ការអួតបំប៉ោង និងការគិតតែពីខ្លួនឯង ដែលជាឧបសគ្គមិនឱ្យកសាងសង្គមដែលមនុស្សរាប់អានគ្នាដូចបងប្អូនពិតៗ។ មនុស្សលែងកាន់អាកប្បកិរិយាទាំងអស់នោះ នៅពេលដែលគេស្រលាញ់មនុស្សម្នាក់ៗទុកជា “បងប្អូន”។

១៩៣២. ត្រូវតែប្រញាប់តាំងខ្លួនជាបងប្អូនរបស់អ្នកដទៃ និងបម្រើគេយ៉ាងសកម្ម ជាពិសេសចំពោះមនុស្សកម្សត់ទុរគត ទោះជាវិស័យណាក៏ដោយ។ “គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត​អំពើ​ទាំង​នោះ​ ចំពោះ​អ្នក​តូច​តាច​ជាង​គេ​បំផុត​ម្នាក់ ​​​​ដែល​​​​ជា​បងប្អូន​របស់​យើង​នេះ​ ‌អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ” (មថ ២៥,៤០)។

១៩៣៣. អស់អ្នកដែលគិត ឬប្រព្រឹត្តតាមរបៀបផ្សេងពីយើងក៏មានភារកិច្ចដដែលនេះដែរ។ ព្រះគ្រីស្តប្រៀនប្រដៅយើងរហូតដល់សូមព្រះជាម្ចាស់លើកលែងទោសឱ្យគេ និងបង្ហាញ​​​​​​វិន័យ​​​អំពីសេចក្តីស្រឡាញ់ ជាវិន័យនៃធម្មវិន័យថ្មី រហូតដល់ស្រឡាញ់ខ្មាំងសត្រូវទាំង​​​អស់ទៀតផង (មថ ៥,៤៣-៤៤)។ បើយើងស្អប់ខ្មាំងសត្រូវក្នុងឋានៈជាមនុស្ស យើងមិនអាចទទួលសេរីភាពនៃដំណឹងល្អបានទេ ប៉ុន្តែ បើយើងស្អប់អំពើអាក្រក់ដែលគេបានប្រព្រឹត្តក្នុងឋានៈជាសត្រូវ យើងអាចទទួលសេរីភាពនេះបាន។

២. មនុស្សស្មើគ្នាផង ខុសប្លែកគ្នាផង

១៩៣៤. មនុស្សទាំងអស់សុទ្ធតែមានវិញ្ញាណចេះគិតគូរ។​​​ ព្រះជាម្ចាស់បង្កើតមនុស្សឱ្យមានលក្ខណៈដូចព្រះអង្គ។ គេមានសភាព​​​តែ​​​មួយ​​​ និងដើមកំណើតតែមួយដែរ។ ដោយសារសក្ការបូជារបស់ព្រះអង្គ ព្រះគ្រីស្តបានលោះគេទាំងអស់គ្នា។​​​ ព្រះជាម្ចាស់ក៏ត្រាស់ហៅគេឱ្យរួមចំណែកក្នុងសុភមង្គលតែមួយ គឺសុភមង្គលរបស់ព្រះជាម្ចាស់៖ ហេតុនេះហើយ បានជាមនុស្សទាំងអស់មានកិត្តិយសស្មើគ្នា។

១៩៣៥. មនុស្សទាំងអស់ស្មើគ្នា ជាពិសេសដោយសារកិត្តិយសដ៏ថ្លៃថ្នូររបស់ខ្លួន និងសិទ្ធិដែលហូរចេញមកពីកិត្តិយសនេះ៖

ការរើសអើងទាំងអស់ ដែលទាក់ទងនឹងភេទ ពូជសាសន៍ ពណ៌សម្បុរស្បែក ឋានៈក្នុងសង្គម ភាសា ឬសាសនា ត្រូវតែបំបាត់ ពីព្រោះជាអំពើ ដែល​​​ផ្ទុយ​​​នឹងព្រះបំណងនៃព្រះជាម្ចាស់ (GS ២៩,២)។

១៩៣៦. ក្នុងលោកនេះ មនុស្សកើតមកដោយគ្មានអ្វីៗទាំងអស់ ដែលចាំបាច់អភិវឌ្ឍជីវិតរបស់ខ្លួន ទាំង​ផ្លូវកាយ ទាំងផ្លូវចិត្ត។ គេត្រូវការអ្នកដទៃ។ មនុស្សប្លែកពីគ្នាតាមវ័យ តាមសមត្ថភាពខាងផ្លូវកាយ តាមប្រាជ្ញា តាមសីលធម៌ តាមអ្វីដែលខ្លួនបានទទួល តាមទ្រព្យសម្បត្តិ (GS ២៩,២)។ ព្រះជាម្ចាស់មិនបានចែក “ព្រះអំណោយទាន” ឱ្យមនុស្សស្មើគ្នាឡើយ (មថ ២៥,១៤-៣០ ; លក ១៩,១១-២៧)។

១៩៣៧. ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យមនុស្សប្លែកពីគ្នា និងឱ្យម្នាក់ៗទទួលពីអ្នកដទៃនូវអ្វីដែលខ្លួនត្រូវការ ហើយព្រះអង្គឱ្យអស់អ្នកដែលមាន “ព្រះអំណោយទាន” ផ្ដល់ផលផ្លែនៃព្រះអំណោយទាននោះឱ្យអស់អ្នកដែលត្រូវការ។ ដោយសារមនុស្សប្លែកពីគ្នា មនុស្សត្រូវតែមានចិត្តសប្បុរស ចេះយោគយល់គ្នាទៅវិញទៅមក និងចែករំលែកដល់អ្នកដទែ ហើយទទួលវប្បធម៌នានាពីគ្នាទៅវិញទៅមកផងដែរ៖
យើងមិនប្រទានគុណធម៌ទាំងអស់ឱ្យម្នាក់ៗស្មើគ្នាឡើយ (...)។ មានគុណធម៌ជាច្រើន ដែលយើងចែកទៅឱ្យអ្នកនេះខ្លះ អ្នកនោះខ្លះ តាមរបៀបណាក៏ដោយ (...)។ ចំពោះអ្នកនេះ យើងប្រទានសេចក្ដីស្រលាញ់ ចំពោះអ្នកនោះ សេចក្ដីសុចរិត ចំពោះអ្នកនេះទៀត ឱ្យគេចេះបន្ទាបខ្លួន ចំពោះអ្នកនោះទៀត ជំនឿដ៏រស់រវើក (...)។ ឯទ្រព្យសម្បត្តិលោកីយ៍ ដែលជាចាំបាច់សម្រាប់ជីវភាពមនុស្ស យើងមិនបានចែកឱ្យស្មើគ្នាទេ ហើយយើងមិនសព្វព្រះហឫទ័យឱ្យម្នាក់ៗមានអ្វីដែលខ្លួនត្រូវការជាចាំបាច់ ដើម្បីឱ្យមនុស្សមានឱកាសនឹងបំពេញសប្បុរសធម៌ចំពោះគ្នាទៅវិញទៅមក (...)។ យើងសព្វព្រះហឫទ័យឱ្យមនុស្សត្រូវការគ្នាទៅវិញទៅមក ហើយឱ្យគេទៅជាអ្នកបម្រើរបស់យើង ដើម្បីចែកព្រះអំណោយទាន ដែលគេបានទទួលពីយើង (សន្តី កាតឺរីន នៅស៊ីយ៉ែន)។

១៩៣៨. ម្យ៉ាងទៀត មានបុរស និងស្រ្តីរាប់លាននាក់មិនស្មើគ្នាដោយសារមូលហេតុផ្សេងទៀតដ៏អាក្រក់ ហើយដែលផ្ទុយស្រឡះនឹងដំណឹងល្អ៖
មនុស្សមានកិត្តិយសដ៏ថ្លៃថ្នូរស្មើគ្នា  ហេតុនេះត្រូវ​​​ទាម​​​ទារ​ឱ្យមនុស្សមានជីវភាពត្រឹមត្រូវ និងតាមលក្ខណៈរបស់ខ្លួនជាមនុស្សកាន់តែខ្លាំងឡើងៗ។ ​សេដ្ឋកិច្ច និងសង្គមកិច្ច មានភាពខុសគ្នាឆ្ងាយហួសហេតុពេកនៃសមាជិក ឬប្រជាជន ដែលជាក្រុមគ្រួសារតែមួយ ជាហេតុនាំឱ្យកើតរឿងអាស្រូវ។ ភាពមិនស្មើគ្នាជ្រុលហួសហេតុនេះ នាំមកនូវឧបសគ្គ ដែលរាំងស្ទះកិច្ចការសង្គម រារាំងសមភាព ជំទាស់នឹងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស  ជំទាស់នឹងសន្តិភាព​​​ក្នុងសង្គមជាតិ​​​ និង​​​អន្តជាតិផងដែរ (GS ២៩,៣)។

៣. សាមគ្គីភាពរបស់មនុស្ស

១៩៣៩. ដោយសារមនុស្សរួបរួមជាមួយគ្នាដូចជាបងប្អូន ហើយដោយសារគ្រីស្តសាសនា គេត្រូវរួមសាមគ្គីនឹងគ្នាទុកជាមិត្តសម្លាញ់ និងស្រលាញ់គ្នាក្នុងសង្គម។សព្វថ្ងៃ មនុស្សជាច្រើនប្រព្រឹត្តកំហុស ដោយភ្លេចនិយមន័យរបស់សាមគ្គីភាព និងសេចក្ដីស្រលាញ់រវាងមនុស្ស ដែលមកពីសហគមន៍ដើម និងមានភាពស្មើគ្នាតាំងពីកំណើត ចេះគិតគូ ទោះបីជាសមាជិកនៃប្រជាជាតិណាមួយក៏ដោយ ហើយដែលមកពីព្រះយេស៊ូគ្រីស្តបានថ្វាយសក្ការបូជានៅលើឈើឆ្កាងចំពោះព្រះបិតារបស់ព្រះអង្គដែលគង់នៅស្ថានបរមសុខ ដើម្បីលោះមនុស្សលោកទាំងអស់ឱ្យរួចពីបាប (សម្ដេចប៉ាប ពីយូសទី១២)។

១៩៤០. ជាដំបូង មនុស្សរួមសាមគ្គីនឹងគ្នា ក្នុងការចែកទ្រព្យសម្បត្តិ និងការផ្តល់ប្រាក់បៀវត្សនែការងារ។ ម្យ៉ាងទៀត ដោយសារគេរួមសាមគ្គីនឹងគ្នា មនុស្សត្រូវតែខិតខំពង្រឹងរបៀបរៀបរយក្នុងសង្គមឱ្យកាន់តែប្រកបដោយយុត្តិធម៌ ដែលនឹងកាត់បន្ថយភាពតាន់តឹង និងដែលជាភាពងាយស្រួលក្នុងការដោះស្រ័យទំនាស់។

១៩៤១. មានតែនៅពេលដែលមនុស្សរួមសាមគ្គីនឹងគ្នាគ្រប់បែបយ៉ាង ទើបអាចដោះស្រាយបញ្ហាក្នុងសង្គម និងខាងសេដ្ឋកិច្ច គឺឱ្យជនក្រីក្ររួមសាមគ្គីរវាងគ្នានឹងគ្នា ឱ្យអ្នកមាននិងអ្នកក្ររួបរួមគ្នា ឱ្យកម្មកររួមជាមួយគ្នា ឱ្យថៅកែនិងបុគ្គលិកក្នុងសហគ្រាសរួមសាមគ្គីគ្នា ឱ្យមានសាមគ្គីភាពរវាងប្រជាជាតិ និងប្រជាជននានា។ របៀបរៀបរយខាងសីលធម៌ទាមទារឱ្យមានសាមគ្គីភាពអន្តរជាតិ។ សន្តិភាពក្នុងពិភពលោកពឹងផ្អែកលើសាមគ្គីភាពនេះម្យ៉ាងដែរ។

១៩៤២. មនុស្សត្រូវរួមសាមគ្គីគ្នា មិនគ្រាន់តែដោយចែករំលែកទ្រព្យសម្បត្តិលោកីយ៍ប៉ុណ្ណោះទេ។ ដោយ​ចែករំលែកសម្បត្តិនៃវិញ្ញាណដែលមកពីជំនឿ ព្រះសហគមន៍បានជួយអភីវឌ្ឍទ្រព្យសម្បត្តិលោកីយ៍ និងបានបើកផ្លូវថ្មីថែមទៀតផង។ ហេតុនេះហើយ បានជាពីសតវត្សមួយទៅសតវត្សមួយ ព្រះអម្ចាស់បានបញ្ជាក់ព្រះបន្ទូលរបស់ព្រះអង្គថា៖ “ចូរ​ស្វែង​រក​ព្រះ​រាជ្យ​របស់​ព្រះ​ជា​ម្ចាស់ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​សិន ទើប​ព្រះអង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់គ្នា​ថែម​ទៀត” (មថ ៦,៣៣)។តាំងពីពីរពាន់ឆ្នាំមកហើយ ចិត្តគំនិតដែលបានជំរុញ និងនៅតែជំរុញឱ្យបង្កើតលក្ខខណ្ឌក្នុងសង្គម ដើម្បីឱ្យមនុស្សទាំងអស់អាចមានជីវភាពរស់នៅសមគួរនឹងឋានៈរបស់ខ្លួន និងរបស់គ្រីស្តសាសនា នៅតែស្ថិតក្នុងព្រលឹងព្រះសហគមន៍ជានិច្ច។ ចិត្តគំនិតនេះ ជំរុញបឱ្យបព្វជិតទៅជាកសិករ ឱ្យរំដោះទាសករ ឱ្យព្យាបាលអ្នកជម្ងឺ ឱ្យនាំសារនៃជំនឿ នៃអារ្យធម៌ នៃវិទ្យាសាស្រ្ត សម្រាប់មនុស្សគ្រប់ជំនាន់ និងប្រជាជាតិទាំងឡាយ (សម្ដេងប៉ាប ពីយូសទី១២)។

សង្ខេប

១៩៤៣. មានយុត្តិធម៌នៅក្នុងសង្គមនៅពេលដែលសង្គមនេះ បំពេញល័ក្ខ​​​​​ខ័ណ្ឌដែលផ្តល់ឱ្យ​​​​​​​​សហគមន៍ និងបុគ្គលម្នាក់ៗ អាចទទួលនូវអ្វីដែលគេមានសិទ្ធិទទួល។

១៩៤៤. ការគោរពបុគ្គល គឺចាត់ទុកអ្នកដទៃដូចជា ខ្លួនឯងម្នាក់ទៀត។ ត្រូវតែគោរពសិទ្ធិមូល​ដ្ឋាន ដែលមកពីឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។

១៩៤៥. មនុស្សទាំងអស់ស្មើគ្នា ជាពិសេសដោយសារថានៈដ៏ថ្លៃថ្នូររបស់ខ្លួន និងសិទ្ធិដែលហូរចេញមក​ពី​កិត្តិយស​នេះ។

១៩៤៦. តាមគម្រោងការរបស់ព្រះជាម្ចាស់ មនុស្សប្លែកពីគ្នា ដ្បិតព្រះអង្គសព្វ​ព្រះហឫទ័យ​ឱ្យ​យើង​ត្រូវ​ការពឹងពាក់គ្នាទៅវិញទៅមក។ ដោយសារមនុស្សប្លែកពីគ្នា គេត្រូវតែស្រលាញ់គ្នា។

១៩៤៧. មនុស្សមានថានៈដ៏ថ្លៃថ្នូរស្មើគ្នា  ហេតុនេះត្រូវ​​​ខិតខំកាត់​បន្ថយ​ភាព​អយុត្តិធម៌​ដ៏​ជ្រុលហួសហេតុ​ពេក​ក្នុង​សង្គម និងខាងសេដ្ឋកិច្ច។ ឋានៈដ៏ថ្លៃថ្នូរនេះ ជំរុញឱ្យបំបាត់ភាពមិនស្មើគ្នាដ៏អាក្រក់។

១៩៤៨ . សាមគ្គីភាពជាគុណធម៌នៃគ្រីស្តសាសនា ដែលចែករំលែកទ្រព្យសម្បត្តិខាងវិញ្ញាណ​ច្រើន​ជាង​ទ្រព្យ​សម្បត្តិ​លោកីយ៍ទៅទៀត។

ជំពូក៣ លេខ១៩៤៩-២០៥១

ជំពូកទីបី៖​
ការសង្រ្គោះរបស់ព្រះជាម្ចាស់៖
ធម្មវិន័យ និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ

១៩៤៩. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យទទួលសុភមង្គលយ៉ាងពិតប្រកដ។ ដោយសារអំពើបាបធ្វើឱ្យគេត្រូវរបួស មនុស្សត្រូវការឱ្យព្រះជាម្ចាស់សង្រ្គោះគេ។ ព្រះគ្រីស្តប្រោសប្រទានការសង្រ្គោះនេះ ដោយសារធម្មវិន័យដែលណែនាំគេ និងដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ដែលជួយគាំទ្រគេផងដែរ៖
សូម​បងប្អូន​ខំប្រឹង​ធ្វើការ​ ដោយ​គោរព​កោត​ខ្លាច​ និង​ញាប់ញ័រ‌‌‌​ស្រប​តាម​ការ​សង្គ្រោះ​ ដែល​បងប្អូន​បាន​ទទួល ដ្បិត​ព្រះជាម្ចាស់​ទេ​តើ​ដែល​ធ្វើ​ឱ្យ​បងប្អូន​មាន​ទាំង​បំណង​ មាន​ទាំង​សមត្ថភាព‌​អាច​នឹង​ប្រព្រឹត្ត​តាម​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ (ភីល ២,១២-១៣)។

ប្រការទី១៖​ធម្មវិន័យខាងសីលធម៌

១៩៥០. ធម្មវិន័យខាងសីលធម៌ជាស្នាព្រះហស្តនៃព្រះប្រាជ្ញាញ្ញាណរបស់ព្រះជាម្ចាស់។ តាមអត្ថន័យនៃព្រះគម្ពីរ ធម្មវិន័យនេះ ហាក់ដូចជាដំបូន្មានរបស់ឪពុកម្នាក់ ដូចជាគរុកោសល្យរបស់ព្រះជាម្ចាស់។ ធម្មវិន័យនេះ បង្គាប់មនុស្សឱ្យដើរតាមផ្លូវ និងបទបញ្ជា ដែលនាំគេឆ្ពោះទៅសុភមង្គលយ៉ាងពិតប្រាកដ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ធម្មវិន័យនេះ ហាមមិនឱ្យដើរតាមផ្លូវអាក្រក់ ដែលបណ្តាលឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងសេចក្ដីស្រលាញ់របស់ព្រះអង្គ។ ធម្មវិន័យនេះ ម៉ឹងម៉ាត់ក្នុងបទបញ្ជាផងគួរ ឱ្យស្រលាញ់ក្នុងសេចក្ដីសន្យាផង។

១៩៥១. ធម្មវិន័យជាក្បួនច្បាប់ ដែលអាជ្ញាធរត្រឹមត្រូវ បានតែង ដើម្បីប្រយោជន៍រួម។ ព្រះបង្កើតប្រកបដោយឫទ្ធានុភាព ព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌ បានចាត់ចែងរបៀបរៀបរយស្របតាមប្រាជ្ញានៃសត្វលោកនានា ដើម្បីជាប្រយោជន៍ និងជាទីចុងក្រោយរបស់គេ។ ធម្មវិន័យអស់កល្បជានិច្ចជាសេចក្ដីពិតដំបូង និងចុងក្រោយបំផុតនៃវិន័យឯទៀតៗទាំងអស់។ ប្រាជ្ញាប្រកាស និងតែងតាំងធម្មវិន័យដូចជាការរួមចំណែកក្នុងឧបការគុណរបស់ព្រះដ៏មានព្រះជន្មគង់នៅ ជាព្រះបង្កើត និងជាព្រះសង្រ្គោះរបស់មនុស្សទាំងអស់៖ “អ្វីទៅជាធម្មវិន័យ? គឺជាការតែងតាំងប្រាជ្ញាឱ្យមានរបៀបរៀបរយ” (សម្ដេចប៉ាប ឡេអុងទី១៣)។នៅក្នុងចំណោមសត្វលោកទាំងអស់ដែលមានជីវិត មានតែមនុស្សទេ ដែលអាចលើកតម្កើងខ្លួនឯងថា ខ្លួនឯងសមនឹងបានទទួលធម្មវិន័យពីព្រះជាម្ចាស់៖ ព្រោះមនុស្សជាសត្វប្រកបដោយប្រាជ្ញា ដែលអាចយល់ និងចេះរិះគិតពិចារណា និងមានរបៀបរស់នៅដោយប្រើសេរីភាព និងប្រាជ្ញាក្រោមអំណាចរបស់ព្រះដែលបានប្រោសប្រទានអ្វីៗទាំងអស់ឱ្យគាត់ (លោក ទែរទូលីយ៉ាំង)។

១៩៥២. ធម្មវិន័យខាងសីលធម៌មានច្រើនបែប ដែលមានទំនាក់ទំនងជាមួយគ្នាដែរ៖ ធម្មវិន័យអស់កល្បជានិច្ច ដែលជាប្រភពនៃវិន័យឯទៀតៗទាំងអស់ក្នុងអង្គព្រះជាម្ចាស់ ធ្មវិន័យធម្មជាតិ ធម្មវិន័យដែលព្រះអង្គបានសម្ដែងឱ្យយើងស្គាល់ ដែលមានធម្មវិន័យចាស់ និងធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អ ទីបញ្ចប់មានច្បាប់នៃសង្គម និងរបស់ព្រះសហគមន៍។

១៩៥៣. ព្រះគ្រីស្តបំពេញធម្មវិន័យខាងសីលធម៌បានពេញលក្ខណៈ។ ធម្មវិន័យនេះ មានឯកភាពក្នុងអង្គព្រះអង្គដែរ។ ព្រះយេស៊ូគ្រីស្តផ្ទាល់ជាផ្លូវឆ្ពោះទៅភាពល្អឥតខ្ចោះ។ ព្រះអង្គជាគោលដៅនៃធម្មវិន័យ ដ្បិតមានតែព្រះអង្គទេ ដែលបង្រៀន និងប្រទានសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់៖ “ព្រះគ្រីស្តជាគោល​ដៅរបស់វិន័យ ​‌‌ដើម្បីឱ្យអស់អ្នកជឿ​បាន​សុចរិត” (រម ១០,៤)។

១. ធម្មវិន័យខាងសីលធម៌តាមធម្មជាតិ

១៩៥៤. មនុស្សរួមចំណែកក្នុងព្រះប្រាជ្ញាញ្ញាណ​ និងសប្បុរសធម៌នៃព្រះបង្កើត ដែលប្រគល់ឱ្យគេចេះធ្វើជាម្ចាស់លើខ្លួនឯង និងមានសមត្ថភាពអាចគ្រប់គ្រងលើខ្លួនឯងបាន ដើម្បីទៅរកសេចក្ដីពិត និងអ្វីដ៏ល្អ។ ធម្មវិន័យធម្មជាតិសម្ដែងថា មនុស្សប្រកបដោយសីលធម៌តាំងពីដើមដំបូង ដែលនាំឱ្យគេចេះរិះគិតពិចារណាអំពីអ្វីដ៏ល្អ និងអ្វីដ៏អាក្រក់ អំពីសេចក្ដីពិត និងសេចក្ដីកុហក៖
ព្រះជាម្ចាស់បានសរសេរ និងចារធម្មវិន័យធម្មជាតិក្នុងព្រលឹងរបស់មនុស្សទាំងអស់ និងរបស់មនុស្សម្នាក់ៗដ្បិតវិន័យនេះ ជាប្រាជ្ញារបស់មនុស្ស ដែលបញ្ជាឱ្យធ្វើល្អ និងហាមមិនឱ្យប្រព្រឹត្តអំពើបាបឡើយ (...)។ ប៉ុន្តែបទបញ្ជានៃប្រាជ្ញាមនុស្សនេះ មិនអាចមានអំណាចដូចធម្មវិន័យទេ បើបទបញ្ជានេះ មិនមែនជាសម្លេង និងជាអ្នកកណ្តាលរបស់ប្រាជ្ញាដ៏ខ្ពង់ខ្ពស់បំផុត ដែលវិញ្ញាណ និងសេរីភាពរបស់យើង ត្រូវស្ថិតនៅក្រោមអំណាច (សម្ដេចប៉ាបឡេអុងទី១៣)។

១៩៥៥. “ធម្មវិន័យរបស់ព្រះជាម្ចាស់ និងធម្មវិន័យធម្មជាតិ” (GS ៨៩,១) បង្ហាញឱ្យមនុស្សស្គាល់ផ្លូវ ដែលគេត្រូវដើរ ដើម្បីប្រព្រឹត្តអំពើល្អ និងទៅដល់គោលដៅរបស់គេ។ ធម្មវិន័យធម្មជាតិប្រកាសបទបញ្ជាដំបូង និងសំខាន់ៗ ដែលគ្រប់គ្រងជីវិតខាងសីលធម៌ ហើយមានគោលការណ៍សំខាន់ៗថា ត្រូវតែមានបំណងប្រាថ្នាចង់បានព្រះជាម្ចាស់ និងស្ថិតនៅក្រោមអំណាចព្រះអង្គ ដែលជាប្រភព និងចៅក្រមនៃអ្វីៗទាំងអស់ដ៏ល្អ ហើយត្រូវតែរាប់អ្នកដទៃដូចខ្លួនឯងផងដែរ។ វិន័យដប់ប្រការសម្ដែងបទបញ្ជាផ្សេងៗនៃធម្មវិន័យនេះ។ គេហៅធម្មវិន័យនេះថា ធម្មវិន័យធម្មជាតិ មិនមែនយោងតាមលក្ខណៈរបស់សត្វលោកដែលគ្មានប្រាជ្ញាទេ ប៉ុន្តែដោយសារប្រាជ្ញា ដែលប្រកាសធម្មវិន័យនេះ ជាកម្មសិទ្ធិនៃធម្មជាតិផ្ទាល់របស់មនុស្ស។
តើគេចារវិន័យទាំងអស់នោះនៅឯណាទៅ ក្រៅពីសៀវភៅនៃពន្លឺនេះ ដែលគេហៅថាជាសេចក្ដីពិត? នៅទីនោះហើយ ដែលព្រះជាម្ចាស់បានសរេសរវិន័យត្រឹមត្រូវទាំងអស់ នៅទីនោះហើយ ដែលវិន័យនេះឆ្លងក្នុងចិត្តមនុស្ស ដែលបំពេញសេចក្ដីសុចរិត។ វិន័យនេះ មិនចេញពីគេទេ ប៉ុន្តែដាក់ស្នាមលើគេ ដូចជាត្រា ដែលឆ្លងពីចិញ្ចៀនទៅលើក្រមួន តែមិនចេញពីចិញ្ចៀនឡើយ (សន្ត អូគូស្តាំង)។ ធម្មវិន័យធម្មជាតិជាពន្លឺនៃប្រាជ្ញាឈ្លាសវៃដែលព្រះជាម្ចាស់បានដាក់ក្នុងខ្លួនយើងតែប៉ុណ្ណោះ។ ដោយ​​​​​សារវិន័យនេះ យើងដឹងថា ត្រូវតែធ្វើអ្វីខ្លះ ហើយត្រូវចៀសវាងអ្វីខ្លះដែរ។ ព្រះជាម្ចាស់បានប្រទានពន្លឺ ឬ វិន័យនេះ ឱ្យសត្វលោក (សន្ត ថូម៉ាស​ នៃអាកាំង)។

១៩៥៦. ប្រាជ្ញាបានតែងតាំងធម្មវិន័យធម្មជាតិ ដែលស្ថិតក្នុងចិត្តមនុស្សម្នាក់ៗ ដែលជាបទបញ្ជាសកល ហើយមានអំណាចសម្រាប់មនុស្សទាំងអស់។ ធម្មវិន័យនេះ សម្ដែងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស និងជាមូលដ្ឋានរបស់សិទិ្ធ និងភារកិច្ចគ្រឹះរបស់គេ៖
មានវិន័យពិតប្រាកដមែន គឺប្រាជ្ញាដ៏ត្រឹមត្រូវ។ វិន័យនេះ ស្របតាមធម្មជាតិ ស្ថិតក្នុងមនុស្សទាំងអស់ មិនប្រែប្រួល និងអស់កល្បជានិច្ច។ បញ្ជានៃវិន័យនេះ ដូចជាភារកិច្ច ការហាមប្រាមនៃវិន័យនេះ ធ្វើឱ្យឃ្លាតឆ្ងាយពីកំហុស (...)។ បើយើងជំនួសវិន័យនេះដោយវិន័យផ្ទុយ យើងនឹងប្រព្រឹត្តអំពើសៅហ្មង។ យើងត្រូវតែអនុវត្តតាមបទបញ្ជានីមួយៗ និងគ្មាននរណាអាចលុបវិន័យនេះចោលបានឡើយ (លោក ស៊ីសេរ៉ូន)។

១៩៥៧. មានរបៀបអនុវត្តធម្មវិន័យធម្មជាតិជាច្រើន។ យើងអាចរិះគិតពិចារណាស្របតាមលក្ខខណ្ឌនៃជីវភាព ទីកន្លែង សម័យ និងកាលៈទេសៈ ប៉ុន្តែទោះជាមានវប្បធម៌ជាច្រើនផ្សេងពីគ្នាយ៉ាងណាក៏ដោយ ក៏ធម្មវិន័យធម្មជាតិដូចជាក្បួន ដែលធ្វើឱ្យមនុស្សជាប់ចំណងជាមួយគ្នាដែរ ហើយទោះបីមនុស្សតែងតែប្លែកពីគ្នាក៏ដោយ ក៏ធម្មវិន័យនេះ ដូចជាបង្ខំគេឱ្យមានគោលការណ៍រួម។

១៩៥៨. ធម្មវិន័យធម្មជាតិមិនប្រែប្រួល (GS ១០) ស្ថិតនៅជាអចិន្ត្រៃយ៍ ទោះជាប្រវត្តិសាស្រ្តផ្លាស់ប្តូរជានិច្ចក៏ដោយ។ ធម្មវិន័យនេះ នៅតែស្ថិតស្ថេរក្រោមចរន្តនៃគំនិត និងរបៀបរស់នៅ ហើយជួយឱ្យគំនិត និងរបៀបរស់នៅទាំងអស់នោះរីកចម្រើន។ បទបញ្ជា ដែលសម្ដែងធម្មវិន័យនេះ នៅតែមានតម្លៃជានិច្ច។ ទោះបីយើងបដិសេធមិនព្រមទទួលស្គាល់គោលការណ៍នៃធម្មវិន័យធម្មជាតិតក៏ដោយ ក៏យើងមិនអាចបំផ្លាញ ឬដកធម្មវិន័យនេះចេញពីចិត្តមនុស្សបានឡើយ។ ធម្មវិន័យធម្មជាតិតែងតែផុសឡើងក្នុងជីវិតរបស់មនុស្ស និងរបស់សង្គម៖
ឱព្រះអម្ចាស់អើយ! ធម្មវិន័យរបស់ព្រះអង្គ ហើយធម្មវិន័យដែលព្រះអង្គបានដាក់ក្នុងចិត្តមនុស្ស ពិតជាដាក់ទោសលើអ្នកលួចមិនខាន។ ទោះបីយើងមានចិត្តរឹងរូសក៏ដោយ ក៏យើងមិនអាចលុបបំបាត់វិន័យនេះបានឡើយ (សន្ត អូគូស្តាំង)។

១៩៥៩. ធម្មវិន័យធម្មជាតិជាស្នាព្រះហស្តដ៏ល្អប្រសើរបំផុតនៃព្រះបង្កើត ហើយផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមនុស្សអាចកសាងអាគ៌ានៃក្បួនវិន័យខាងសីលធម៌ ដើម្បីនឹងណែនាំគេ។ ធម្មវិន័យធម្មជាតិជាមូលដ្ឋានខាងសីលធម៌ជាចាំបាច់ ដើម្បីកសាងសហគមន៍មនុស្សផងដែរ។ ទីបំផុត ធម្មវិន័យធម្មជាតិផ្តល់មូលដ្ឋានជាចាំបាច់ ដើម្បីតែងច្បាប់សម្រាប់សង្គម។ [...]

១៩៦០. មនុស្សទាំងអស់មិនអាចយល់ភ្លាមៗ និងច្បាស់លាស់នូវបទបញ្ជានៃធម្មវិន័យធម្មជាតិឡើយ។ ក្នុងស្ថានភាពបច្ចុប្បន្ន ព្រះជាម្ចាស់ត្រូវតែប្រោសប្រទានព្រះហឫទ័យប្រណីសន្តោស និងសម្ដែងព្រះអង្គឱ្យមនុស្ស ដែលជាអ្នកបាប ស្គាល់ ដើម្បីឱ្យមនុស្សទាំងអស់អាចស្គាល់សេចក្ដីពិតខាងសាសនា និងខាងសីលធម៌ “ដោយងាយស្រួល ដោយដឹងយ៉ាងម៉ឹងម៉ាត់ និងដោយគ្មានកំហុសឡើយ” (សម្ដេចប៉ាប ពីយូទី១២៖ DS ៣៨៧៦)។

២. ធម្មវិន័យចាស់

១៩៦១. ព្រះជាម្ចាស់ ដែលជាព្រះបង្កើត និងជាព្រះសង្រ្គោះរបស់យើង បានជ្រើសរើសជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្រ្តរបស់ព្រះអង្គ ហើយបានសម្ដែងធម្មវិន័យរបស់ព្រះអង្គឱ្យគេស្គាល់។ ធ្វើដូច្នេះ ព្រះអង្គបានរៀបចំឱ្យព្រះគ្រីស្តយាងមក។ ធម្មវិន័យរបស់លោកម៉ូសេសម្ដែងសេចក្ដីពិតជាច្រើន ដែលប្រាជ្ញាអាចឈ្វេងយល់បាន។ ព្រះជាម្ចាស់ប្រកាស និងបញ្ជាក់បន្ថែមឱ្យស្គាល់សេចក្ដីពិតទាំងអស់នោះ នៅក្នុងសម្ពន្ធមេត្រីនៃការសង្រ្គោះ។

១៩៦២. ធម្មវិន័យចាស់ជាសភាពដំបូងនៃធម្មវិន័យ ដែលព្រះជាម្ចាស់សម្ដែងឱ្យយើងស្គាល់។  វិន័យដប់ប្រការសង្ខេបបទបញ្ជាខាងសីលធម៌នៃវិន័យនេះ។ បទបញ្ជានៃវិន័យដប់ប្រការជាមូលដ្ឋានគ្រឹះនៃការត្រាស់ហៅរបស់មនុស្ស ដែលជារូបតំណាងរបស់ព្រះជាម្ចាស់ ហាមមិនឱ្យប្រព្រឹត្តអ្វីដែលប្រឆាំងនឹងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ ហើយសង្កត់ធ្ងន់លើអ្វីដែលសំខាន់ៗ។ វិន័យដប់ប្រការ​ គឺជាពន្លឺចំពោះមនសិការរបស់មនុស្សទាំងអស់ ដើម្បីសម្ដែងឱ្យគេស្គាល់ការត្រាស់ហៅ និងមាគ៌ារបស់ព្រះជាម្ចាស់ ហើយដើម្បីការពារគេអំពីអ្វីដ៏អាក្រក់៖
ព្រះជាម្ចាស់បានចារលើបន្ទះថ្មនៃធម្មវិន័យនូវអ្វីដែលមនុស្សមិនបានអានក្នុងចិត្តគេ (សន្ត អូគូស្តាំង)។

១៩៦៣. តាមប្រពៃណីនៃគ្រីស្តសាសនា វិន័យដ៏វិសុទ្ធ (រម ៧,១២) ខាងវិញ្ញាណ (រម ៧,១៤) និងដ៏ល្អប្រសើរ (រម ៧,១៦) មិនទាន់គ្រប់លក្ខណ៍ទេ។ ដូចគ្រូបង្រៀនម្នាក់ (កាឡ ៣,២៤) វិន័យចាស់បង្ហាញអំពីអ្វីដែលត្រូវតែធ្វើ ប៉ុន្តែមិនផ្តល់កម្លាំង និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីបំពេញអ្វីដែលត្រូវតែធ្វើនេះឡើយ។ ដោយសារអំពើបាប ដែលវិន័យចាស់នេះ មិនអាចដកចេញបាន វិន័យនេះ ហាក់ដូចជានាំឱ្យក្លាយទៅជាទាសករ។ តាមសន្ត ប៉ូល វិន័យចាស់ មានមុខងារបង្ហាញអំពើបាប ឱ្យយើងដឹងថា ចិត្តមនុស្ស “លោភលន់” (រម ៧)។ ក៏ប៉ុន្តែ វិន័យចាស់នៅតែជាដំណាក់កាលដំបូងនៅលើផ្លូវឆ្ពោះទៅព្រះរាជ្យ។ វិន័យចាស់រៀបចំប្រជារាស្រ្តរបស់ព្រះជាម្ចាស់ និងគ្រីស្តបរិស័ទម្នាក់ៗឱ្យកែប្រែចិត្តគំនិត និងឱ្យផ្ញើជីវិតទៅលើព្រះជាម្ចាស់ជាព្រះសង្រ្គោះ។ ធម្មវិន័យចាស់ផ្តល់ការប្រៀនប្រដៅ ដែលនៅស្ថិតស្ថេរជានិច្ច ដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។

១៩៦៤. ធម្មវិន័យចាស់រៀបចំដំណឹងល្អ ។​ “ធម្មវិន័យដូចជាព្យាការីប្រកបដោយគរុកោសល្យ” (សន្ត អ៊ីរ៉ែណេ)។ ធម្មវិន័យដូចជាព្យាការី និងប្រផ្នូលអំពីព្រះគ្រីស្ត ដែលនឹងប្រោសឱ្យរួចពីបាប ហើយផ្តល់រូប និងនិមិត្តរូបដល់គម្ពីរសម្ពន្ធមេត្រីថ្មី ដើម្បីសម្ដែងរបៀបរស់នៅតាមព្រះវិញ្ញាណ។ ទីបញ្ចប់ កណ្ឌនៃគម្ពីរព្រះប្រាជ្ញាញ្ញាណ និងគម្ពីរព្យាការីបំពេញវិន័យចាស់ និងតម្រូវវិន័យនេះឆ្ពោះទៅសម្ពន្ធមេត្រីថ្មី និងព្រះរាជ្យនៃស្ថានបរមសុខ។ ក្រោមរបបនៃសម្ពន្ធមេត្រីចាស់ មនុស្សខ្លះប្រតិបត្តិតាមសេចក្ដីស្រលាញ់ និងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដែលប៉ងប្រាថ្នាចង់បានព្រះបន្ទូលសន្យាខាងវិញ្ញាណ និងអស់កល្បជានិច្ច។ អ្នកនោះជាប់នឹងធម្មវិន័យថ្មី។ ផ្ទុយទៅវិញ ក្រោមរបបនៃសម្ពន្ធមេត្រីថ្មី មនុស្សខ្លះនាលោកីយ៍នេះ នៅតែឃ្លាតឆ្ងាយពីភាពឥតខ្ចោះនៃធម្មវិន័យថ្មី។ ក្នុងសម្ពន្ធមេត្រីថ្មីដែរ យើងត្រូវតែបំភ័យឱ្យគេខ្លាចទទួលទោស និងសន្យាថា គេនឹងបានទទួលរង្វាន់ខាងលោកីយ៍ ដើម្បីជំរុញគេឱ្យប្រព្រឹត្តអំពើល្អ។ យ៉ាងណាក៏ដោយ ទោះបីធម្មវិន័យចាស់ទូន្មានឱ្យចេះស្រលាញ់គ្នាយ៉ាងណាក៏ដោយ ក៏វិន័យនេះ មិនផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែល “ជាសេចក្ដីស្រលាញ់ ដែលព្រះជាម្ចាស់បានចាក់បង្ហូរ​ក្នុង​ចិត្ត​យើង” ដែរ (រម ៥,៥) (សន្ត ថូម៉ាស នៃអាកាំង)។

៣. ធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អ

១៩៦៥. ធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អធ្វើឱ្យធម្មវិន័យរបស់ព្រះជាម្ចាស់ ជាធម្មវិន័យធម្មជាតិ ដែលព្រះអង្គបានសម្ដែងឱ្យយើងស្គាល់ បានគ្រប់លក្ខណៈ នៅក្នុងលោកនេះ។ ធម្មវិន័យថ្មី ឬធម្មវិន័យនៃដំណឹងល្អជាស្នាព្រះហស្តរបស់ព្រះគ្រីស្ត ដែលព្រះអង្គសម្ដែង នៅពេលទ្រង់ទេសនាលើភ្នំ។ វិន័យនេះ ជាស្នាព្រះហស្តរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែរ ហើយដែលក្លាយទៅជាវិន័យនៃសេចក្ដីស្រលាញ់នៅក្នុងចិត្ត៖ “បន្តិច​ទៀត​យើង​នឹង​ចង​សម្ពន្ធ​មេត្រី​មួយ​ថ្មី​ជា​មួយ​ពូជ​ពង្ស​របស់​អ៊ីស្រាអែល​ (...)។ យើង​នឹង​ដាក់​វិន័យ​របស់​យើងក្នុង​ប្រាជ្ញា​របស់​ពួកគេ យើង​នឹង​ចារ​វិន័យ​ទាំង​នោះ​ទុកនៅ​ក្នុង​ចិត្ត​របស់​ពួកគេ យើង​នឹង​បាន​ទៅ​ជា​ព្រះ​របស់​ពួកគេ​‌‌ ហើយ​គេ​ជា​ប្រជារាស្ត្រ​របស់​យើង” (ហប ៨,៨-១០) (យរ ៣១,៣១-៣៤)។

១៩៦៦. ធម្មវិន័យថ្មីជាព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យគ្រីស្តបរិស័ទ ដោយផ្ញើជីវិតលើព្រះគ្រីស្ត។ វិន័យនេះ ប្រតិបត្តិតាមសេចក្ដីស្រលាញ់ ប្រើ​ធម៌ទេសនារបស់ព្រះអម្ចាស់ ដើម្បីប្រៀនប្រដៅយើងអំពីអ្វីដែលត្រូវតែធ្វើ ហើយប្រើអគ្គសញ្ញាដើម្បីឱ្យយើងអាចប្រព្រឹត្តតាម៖
អ្នកដែលចង់សញ្ជឹងគិត ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងដោយរិះគិតពិចារណាយ៉ាងច្បាស់ អំពីធម៌ទេសនា ដែលព្រះអម្ចាស់នៃយើង បានប្រកាសនៅលើភ្នំ ដូចយើងអានក្នុងដំណឹងល្អ តាមសន្តម៉ាថាយ អ្នកនោះពិតជានឹងរកឃើញបញ្ញត្តិដ៏គ្រប់លក្ខណ៍នៃការរស់នៅជាគ្រីស្តបរិស័ទ (...)។ បទបញ្ជាទាំងអស់ ដែលអាចណែនាំយើងឱ្យរស់នៅដូចជាគ្រីស្តបរិស័ទ ស្ថិតក្នុងធម៌ទេសនានេះ (សន្ត អូគូស្តាំង)។

១៩៦៧. ធម្មវិន័យនៃដំណឹងល្អ “បំពេញ” (មថ ៥,១៧-១៩) លម្អិតលម្អន់ ហួសវិន័យចាស់ និងធ្វើ  ឱ្យវិន័យចាស់បានគ្រប់លក្ខណៈ។ ក្នុងធម៌ទេសនាអំពីសុភមង្គលយ៉ាងពិតប្រាកដ វិន័យថ្មីបំពេញព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដោយលើកព្រះបន្ទូលនោះឆ្ពោះទៅ “ព្រះរាជ្យនៃស្ថានបរមសុខ”។ ព្រះជាម្ចាស់ប្រទានវិន័យថ្មីឱ្យអស់អ្នកដែលសុខចិត្តទទួលសេចក្ដីសង្ឃឹមថ្មីនេះ ដោយមានជំនឿ គឺជនក្រីក្រ អស់អ្នកដែលចេះបន្ទាបខ្លួន ជនកម្សត់ទុរគត អស់អ្នកដែលមានចិត្តបរិសុទ្ធ អស់អ្នកដែលត្រូវគេបៀតបៀនដោយសារព្រះគ្រីស្ត។ ធ្វើដូច្នេះ វិន័យថ្មីបង្ហាញមាគ៌ាផ្សេងៗដ៏គួរឱ្យឆ្ងល់នៃព្រះរាជ្យ។

១៩៦៨. វិន័យថ្មីបំពេញបទបញ្ជា នៃធម្មវិន័យ។ ធម៌ទេសនារបស់ព្រះអម្ចាស់ មិនលុបបំបាត់ ឬបញ្ចុះតម្លៃបទបញ្ជខាងសីលធម៌នៃវិន័យចាស់ទេ ប៉ុន្តែ ស្រាយបំភ្លឺនូវសេចក្ដីអាឋ៌កំបាំង និងការទាមទារថ្មីៗ បន្ថែមទៀត ដែលសម្ដែងប្រាប់យើងអំពីសេចក្ដីពិតទាំងអស់របសព្រះជាម្ចាស់ និងមនុស្ស។ ធម៌ទេសនានោះ មិនបន្ថែមបញ្ញត្តិថ្មីពីក្រៅទៀតទេ ប៉ុន្តែកែតម្រង់គ្រឹះនៃកិច្ចការនានា គឺចិត្តគំនិតមនុស្ស។ នៅក្នុងចិត្តនេះហើយ ដែលមនុស្សជ្រើសរើសរវាងភាពបរិសុទ្ធ និងភាពមិនបរិសុទ្ធ (មថ ១៥,១៨-១៩) ទីនោះជាកន្លែងបង្កើតជំនឿ សេចក្ដីសង្ឃឹម សេចក្ដីស្រលាញ់ និងគុណធម៌ឯទៀតៗ។ ដូច្នេះ ដំណឹងល្អនាំធម្មវិន័យឱ្យបានគ្រប់លក្ខណ៍ ដោយយកតម្រាប់តាមព្រះបិតានៃស្ថានបរមសុខ ដែលគ្រប់លក្ខណ៍យ៉ាងនោះដែរ (មថ ៥,៤៨) ដោយលើកលែងទោសឱ្យខ្មាំងសត្រូវ និងដោយអធិដ្ឋានសម្រាប់អ្នកបៀតបៀន តាមលំនាំព្រះជាម្ចាស់ដែលពោរពេញទៅដោយសប្បុរសធម៌ដូច្នោះដែរ (មថ ៥,៤៤)។

១៩៦៩. អ្នកកាន់វិន័យថ្មីប្រតិបត្តិតាមកិច្ចការនៃសាសនា គឺធ្វើទាន អធិដ្ឋាន តមអាហារ ដោយឧទ្ទិសទៅដល់ “ព្រះបិតាដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង” ដោយមិនចង់ឱ្យ “អ្នកដទៃឃើញ” (មថ ៦,១-៦ ; ១៦-១៨)។ អ្នកកាន់វិន័យថ្មីអធិដ្ឋានដោយសូត្រធម៌ ឱព្រះបិតានៃយើងខ្ញុំ (មថ ៦,៩-១៣)។

១៩៧០. វិន័យថ្មីជំរុញយើងឱ្យជ្រើសរើសចូលតាម “ទ្វារចង្អៀត” (មថ ៧,១៣-១៤) ហើយ    ឱ្យយើងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ (មថ ៧,២១-២៧) ដែលមានសេចក្ដីថា៖ “បើ​អ្នក​រាល់គ្នា​ចង់ឱ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ ធម្ម​វិន័យ​និង​‌គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង” (មថ ៧,១២) (លក ៦,៣១)។

ធម្មវិន័យនៃដំណឹងល្អទាំងមូលស្ថិតនៅក្នុង “វិន័យថ្មី ” របស់ព្រះយេស៊ូ (យហ ១៣,៣៤) គឺឱ្យយើងស្រលាញ់គ្នាទៅវិញទៅមកដូចព្រះអង្គបានស្រលាញ់យើងដែរ (យហ ១៥,១២)។

១៩៧១. ត្រូវតែបង្រួបបង្រួមការអប់រំខាងសីលធម៌របស់ក្រុមគ្រីស្តទូត ដូចជា រម ១២-១៥ ; ១ករ ១២-១៣ ; កូឡ ៣-៤ ; អភ ៤-៥ ល។ល ជាមួយនឹងធម៌ទេសនារបស់ព្រះអម្ចាស់។ លទ្ធិនេះ បញ្ជូនការប្រៀបប្រដៅរបស់ព្រះអម្ចាស់ក្រោមការចាត់ចែងគ្រប់គ្រងរបស់ក្រុមគ្រីស្តទូត ជាពិសេសដោយការសម្ដែងគុណធម៌ ដែលហូរចេញមកពីជំនឿទៅលើព្រះគ្រីស្ត ហើយដែលសេចក្ដីស្រលាញ់ ជាព្រះអំណោយទានសំខាន់ជាងគេនៃព្រះវិញ្ញាណដ៏វិសុទ្ធ ណែនាំ។ “ចូរមានចិត្តស្រឡាញ់​ដោយឥតលាក់ពុត (...)។‌ ចូរស្រឡាញ់​រាប់អានគ្នាទៅវិញទៅមក​ទុកដូចជាបងប្អូន​បង្កើត (...)។ ចូរសប្បាយរីករាយ‌‌ដោយចិត្ត​សង្ឃឹម។​ ចូរកាន់ចិត្តអត់ធ្មត់‌ក្នុងពេលមានទុក្ខ​លំបាក។ ​ចូរព្យាយាមអធិដ្ឋាន។‌  ត្រូវជួយ​ទំនុកបំរុងប្រជាជនដ៏វិសុទ្ធ ដែលខ្វះខាត​ព្រម​ទាំងទទួលភ្ញៀវ‌ដោយរាក់ទាក់ផង” (រម ១២,៩-១៣)។ ការប្រៀនប្រដៅនេះ បង្រៀនយើងឱ្យរិះគិតពិចារណា ក្រោមពន្លឺនៃទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគ្រីស្ត និងព្រះសហគមន៍ (រម ១៤ ; ១ករ ៥-១០)។

១៧៩២. គេហៅវិន័យថ្មីថាជាវិន័យនៃសេចក្ដីស្រលាញ់ ដ្បិតដោយសារវិន័យនេះ យើងប្រព្រឹត្តដោយសេចក្ដីស្រលាញ់ ដែលព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហូរ ជាជាងប្រព្រឹត្តដោយភ័យខ្លាច។ គេហៅវិន័យថ្មីនេះថាជាវិន័យនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដ្បិតវិន័យនេះ ផ្តល់ឫទ្ធានុភាពនៃព្រះហឫទ័យប្រណីសន្តោស ដើម្បីឱ្យយើងប្រព្រឹត្តតាមជំនឿ និងតាមអគ្គសញ្ញា។ គេហៅវិន័យនេះថាជាវិន័យដែលផ្តល់សេរីភាព (យក ១,២៥ ; ២​,១២) ដ្បិតវិន័យនេះ រំដោះយើងឱ្យរួចពីពិធីផ្សេងៗ និងក្បួនច្បាប់នៃវិន័យចាស់ និងជំរុញយើងឱ្យប្រព្រឹត្តដោយសារសេចក្ដីស្រលាញ់ ទីបំផុតធ្វើឱ្យយើងលែងជាអ្នកបម្រើ “ដែលមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ត” ដើម្បីទៅជាមិត្តសម្លាញ់របស់ព្រះគ្រីស្ត ដ្បិត “អ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងដែរ” (យហ ១៥,១៥) ឬជាកូនដែលត្រូវទទួលមត៌កពីឪពុក (កាឡ ៤,១-៧.២១-៣១ ; រម ៨,១៥)។

១៩៧៣. វិន័យថ្មីមិនគ្រាន់តែមានបទបញ្ជាទេ ថែមទាំងមានដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ។ ជាធម្មតាយើងវែកញែកបទបញ្ជារបស់ព្រះជាម្ចាស់ជាមួយនឹងដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ តាមសេចក្ដីស្រលាញ់ ដែលធ្វើឱ្យការរស់នៅរបស់គ្រីស្តបរិស័ទបានពេញលក្ខណៈ។ បទបញ្ជាមានគោលដៅឱ្យបោះបង់ចោលអ្វីដែលប្រឆាំងនឹងសេចក្ដីស្រលាញ់។ ដំបូន្មានមានគោលដៅវែកញែកអ្វីដែលអាចរារាំងសេចក្ដីស្រលាញ់មិនឱ្យរីកចម្រើន ទោះបីអ្វីៗទាំងអស់នោះមិនប្រឆាំងនឹងសេចក្ដីស្រលាញ់ក៏ដោយ។

១៩៧៤. ដំបូន្មានចែងក្នុងគម្ពិរដំណឹងល្អសម្ដែងថា អ្នកមានចិត្តស្រលាញ់បានគ្រប់លក្ខណៈដ៏រស់រវើក។ អ្នកមានចិត្តស្រលាញ់មិនស្កប់ចិត្តទេ បើមិនបានឱ្យថែមទៀត។ ដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អបញ្ជាក់ឫទ្ធានុភាពនៃសេចក្ដីស្រលាញ់ ដែលដាស់តឿនយើងខាងវិញ្ញាណ។ វិន័យថ្មីបានគ្រប់លក្ខណ៍ ដោយសារបទបញ្ជាអំពីសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ ឯដំបូន្មានវិញ បង្ហាញផ្លូវខ្លីជាងគេ មធ្យោបាយស្រួលជាងគេ ដែលត្រូវអនុវត្ត តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ៖

(ព្រះជាម្ចាស់) មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ធ្វើតាមដំបូន្មានទាំងអស់ទេ គ្រាន់តែអនុវត្តដំបូន្មានដែលស័ក្តិសមតាមលក្ខណៈពិសេសរបស់មនុស្ស តាមសម័យកាល តាមឱកាស និងតាមកម្លាំង តាមសេចក្ដីស្រលាញ់ទាមទារ ដ្បិតសេចក្ដីស្រលាញ់នេះ ជាព្រះមហាក្សត្រិយានីនៃគុណធម៌ទាំងអស់ផ្សេងទៀត នៃបទបញ្ជាទាំងអស់ នៃដំបូន្មានទាំងអស់ ហើយនិយាយឱ្យចំទៅ គឺវិន័យ និងកិច្ចការទាំងអស់នៃគ្រីស្តសាសនាដែលផ្តល់ឋានៈ កម្រិត ពេលវេលា និងតម្លៃ ឱ្យអ្វីៗទាំងអស់នោះ (សន្ត ហ្រ្វង់ស័រ នៅសាឡ)។

សង្ខេប

១៩៧៥. តាមព្រះគម្ពីរ ធម្មវិន័យដូចជាដំបូន្មានរបស់ព្រះជាម្ចាស់ទុកជាឪពុកម្នាក់ ដែលប្រៀនប្រដៅ​មនុស្សឱ្យដើរតាមផ្លូវ ដែលនាំឱ្យទទួលសុភមង្គលដ៏ពិតប្រាកដ ដែលព្រះអង្គបានសន្យា និងដែលហាម ប្រាមមិនឱ្យដើរតាមមាគ៌ានៃអំពើអាក្រក់។

១៩៧៦. “ដោយសារធម្មវិន័យ ប្រាជ្ញាចុះចូលក្រោមផលប្រយោជន៍រួម ដែលអ្នកមានបន្ទុកដឹកនាំ​សហគមន៍ ជាអ្នកថ្លែង” (សន្ត ថូម៉ាស នៃអាកាំង)។

១៩៧៧ . ព្រះគ្រីស្តជាទីចុងក្រោយនៃធម្មវិន័យ (រម ១០,៤)។ មានតែព្រះអង្គទេ ដែលបង្រៀន និង​ប្រទានសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។

១៩៧៨ . ដោយសារធម្មវិន័យធម្មជាតិ មនុស្សរួមចំណែកក្នុងព្រះប្រាជ្ញាញ្ញាណ និងសប្បុរសធម៌របស់ព្រះ ជាម្ចាស់ ហើយជារូបតំណាងរបស់ព្រះអង្គជាព្រះបង្កើតរបស់ខ្លួន។ ធម្មវិន័យនេះ សម្ដែងឋានៈដ៏ថ្លៃថ្នូររបស់ មនុស្ស និងជាមូលដ្ឋាននៃសិទ្ធិ និងភារកិច្ចគ្រឹះរបស់គេ។

១៩៧៩ . ធម្មវិន័យធម្មជាតិមិនប្រែប្រួល ស្ថិតស្ថេរជាអចិន្ត្រៃយ៍ ក្នុងប្រវត្តិសាស្រ្ត។ បទបញ្ជា ដែល​សម្ដែង​ធម្ម​វិន័យនេះ នៅតែមានតម្លៃជានិច្ច។ ធម្មវិន័យធម្មជាតិផ្តល់មូលដ្ឋានជាចាំបាច់ ដើម្បីតែងក្បួនសីលធម៌ និង​ច្បាប់​សម្រាប់សង្គម។

១៩៨០. ធម្មវិន័យចាស់ជាសភាពដំបូងនៃធម្មវិន័យ ដែលព្រះជាម្ចាស់សម្ដែងឱ្យយើងស្គាល់។ វិន័យ​ដប់​ប្រការសង្ខេបបទបញ្ជាខាងសីលធម៌នៃវិន័យនេះ។

១៩៨១. ធម្មវិន័យរបស់លោកម៉ូសេមានសេចក្ដីពិត ដែលមនុស្សអាចយល់បាន។ ព្រះជាម្ចាស់បាន សម្ដែងធម្មវិន័យនេះឱ្យមនុស្សស្គាល់ ដ្បិតពួកគេមិនបានអានធម្មវិន័យនេះក្នុងចិត្តគេ។

១៩៨២. ធម្មវិន័យចាស់រៀបចំដំណឹងល្អ។

១៩៨៣. ធម្មវិន័យថ្មីមកពីព្រះហឫទ័យប្រណីសន្តោសនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រតិបត្តិតាមសេចក្ដី ស្រលាញ់ ហើយដែលយើងទទួលដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះគ្រីស្ត។ ធម៌ទេសនានៅលើភ្នំសម្ដែងធម្ម​វិន័យនេះ ដែលប្រើប្រាស់អគ្គសញ្ញា ដើម្បីផ្តល់ព្រះអំណោយទាននៃវិន័យនេះឱ្យយើង។

១៩៨៤ . ធម្មវិន័យនៃដំណឹងល្អបំពេញ  លើសពីវិន័យចាស់ និងធ្វើឱ្យវិន័យ​ចាស់បាន​គ្រប់​លក្ខណៈ គឺ សុភមង្គលដ៏ពិតប្រាកដអំពីព្រះរាជ្យនៃស្ថានបរមសុខបំពេញព្រះបន្ទូលសន្យា ហើយធម្មវិន័យនេះ ​បំពេញ​បទ​បញ្ជា​នៃ​ធម្មវិន័យចាស់ ដោយកែតម្រង់ចិត្តគំនិត ជាគ្រឹះនៃកិច្ចការទាំងអស់។

១៩៨៥. ធម្មវិន័យថ្មីជាវិន័យនៃសេចក្ដីស្រលាញ់ វិន័យនៃការប្រោសប្រណី វិន័យដែលផ្តល់សេរីភាព។

១៩៨៦. វិន័យថ្មីមិនគ្រាន់តែមានបទបញ្ជាទេ ថែមទាំងមានដំបូន្មានចែងក្នុងគម្ពីរដំណឹងល្អ ។ “តាម​គម្ពីរ​ដំណឹង​ល្អ ព្រះអម្ចាស់ប្រទានដំបូន្មានច្រើនឱ្យក្រុមសាវ័កកាន់។ ព្រះសហគមន៍បានវិសុទ្ធ​​​យ៉ាង​​​ពិសេស​ដោយ​គ្រីស្ត​បរិស័ទកាន់​​​តាម​​​ដំបូន្មានទាំងនោះ” (LG ៤២)។

ប្រការទី២៖​ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោសនិងប្រោសមនុស្សលោកឱ្យបានសុចរិត

១. ព្រះជាម្ចាស់ប្រោសមនុស្សលោកឱ្យបានសុចរិត

១៩៨៧. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ អាចប្រោសយើងឱ្យបានសុចរិត ពោលគឺឱ្យយើងរួចពីបាប ដោយ “ផ្ញើជីវិតលើព្រះយេស៊ូគ្រីស្ត” (រម ៣,២២) និងដោយសារអគ្គសញ្ញាជ្រមុជទឹកផងដែរ (រម ៦,៣-៤)៖
ប្រសិនបើយើងរួមស្លាប់ជាមួយ​ព្រះគ្រីស្ត‌‌ ​យើងក៏ជឿថា ​យើងនឹងមានជីវិតរួមជា​មួយព្រះអង្គដែរ  ព្រោះយើងដឹងថា ​ព្រះគ្រីស្ត ​ដែលមានព្រះជន្មថ្មីនោះ‌​ ទ្រង់លែងសោយទិវង្គត ​ហើយ​មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ​  ដ្បិតព្រះអង្គបានសោយទិវង្គតនោះ ​គឺសោយ​ទិវង្គតឱ្យបានរួចផុតពីអំណាចបាប​ម្តងជា​សូរេច។​ឥឡូវនេះ‌ ​ព្រះអង្គមានព្រះជន្មរស់នោះ ​គឺរស់សម្រាប់ព្រះជាម្ចាស់។​   រីឯបងប្អូនវិញក៏​ដូច្នោះដែរ ​ចូរចាត់ទុកថាខ្លួនបានស្លាប់  រួចផុតពី​អំណាចបាប ​ហើយបងប្អូនមានជីវិតរស់​សម្រាប់​ព្រះជាម្ចាស់‌‌‌​    ដោយរួមជាមួយព្រះគ្រីស្តយេស៊ូ (រម ៦,៨-១១)។

១៩៨៨. ដោយសារឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ យើងរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ត ដោយស្លាប់ឱ្យរួចផុតពីអំពើបាប ហើយយើងក៏រួមចំណែកជាមួយព្រះអង្គ ដែលមានព្រះជន្មថ្មី ដោយកើតជាថ្មីផងដែរ។ យើងជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត​ គឺព្រះសហគមន៍ (១ករ ១២) យើងជាមែកជាប់នឹងដើមទំពាំងបាយជូរ គឺព្រះអង្គផ្ទាល់ (យហ ១៥,១-៤)៖
យើងរួមជាមួយព្រះជាម្ចាស់ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ដោយសារព្រះវិញ្ញាណរួមជាមួយផង យើងក៏រួមជាមួយព្រះជាម្ចាស់ដែរ (...)។ ហេតុនេះ អស់អ្នក ដែលព្រះវិញ្ញាណគង់នៅជាមួយ ទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ (សន្ត អាថាណាស)។

១៩៨៩. ស្នាព្រះហស្តដំបូងនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ គឺការកែប្រែចិត្តគំនិត ដែលធ្វើឱ្យយើងបានទៅជាសុចរិត ស្របតាមព្រះបន្ទូលរបស់ព្រះយេស៊ូ នៅពេលព្រះអង្គចាប់ផ្ដើមប្រកាសដំណឹងល្អ៖ “ចូរ​ប្រែចិត្ត​គំនិត ​‌ដ្បិត​ព្រះ​រាជ្យនៃ​ស្ថាន​បរម​សុខ​នៅ​ជិត​បង្កើយ​ហើយ!” (មថ ៤,១៧)។ ដោយព្រះហឫទ័យប្រណីសន្តោសជំរុញគេ មនុស្សទៅរកព្រះជាម្ចាស់ និងឃ្លាតឆ្ងាយអំពីអំពើបាប ដូច្នេះ គេទទួលការលើកលែងទោស និងទទួលសេចក្ដីសុចរិតដែលមកពីស្ថានលើ។ “ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត គឺព្រះអង្គលើកលែងទោសឱ្យគេ ប្រោសគេឱ្យបានវិសុទ្ធ និងកែចិត្តគំនិតរបស់គេឡើងវិញផងដែរ” (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥២៨)។

១៩៩០. ដោយសារព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត មនុស្សឃ្លាតឆ្ងាយអំពីអំពើបាប ដែលប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះអង្គ ហើយប្រោសចិត្តមនុស្សឱ្យបានបរិសុទ្ធ។ ព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ក្រោយពីធម៌មេត្តាករុណារបស់ព្រះអង្គបានលើកលែងទោសឱ្យគេ។ ពេលមនុស្សទៅជាសុចរិត គេសម្រុះសម្រួលឱ្យជានានឹងព្រះជាម្ចាស់ បានរួចពីបាប និងជាសះស្បើយផង    ដែរ។

១៩៩១. ជាមួយគ្នានេះដែរ ពេលមនុស្សទៅជាសុចរិត គេទទួលសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ដោយផ្ញើជីវិតទៅលើព្រះគ្រីស្ត។ នៅទីនេះ សេចក្ដីសុចរិតសំដៅទៅលើសេចក្ដីស្រលាញ់ដ៏ត្រឹមត្រូវរបស់ព្រះជាម្ចាស់។ ដោយសារយើងទៅជាមនុស្សសុចរិត ព្រះជាម្ចាស់ចាក់បង្ហូរជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ក្នុងចិត្តយើង ហើយយើងអាចប្រតិបត្តិតាមព្រះហឫទ័យរបស់ព្រះអង្គបានដែរ។

១៩៩២. ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដោយសារគុណបុណ្យនៃទុក្ខលំបាករបស់ព្រះគ្រីស្ត ដែលបានបូជាព្រះជន្មនៅលើឈើឆ្កាង ដូចជាយញ្ញបូជាដ៏មានព្រះជន្មដ៏វិសុទ្ធ និងដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដែលព្រះលោហិតបានលោះអំពើបាបរបស់មនុស្សទាំងអស់។ ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត តាមរយៈពិធីជ្រមុជទឹក ជាអគ្គសញ្ញានៃជំនឿ។ ព្រះជាម្ចាស់ប្រោសយើង ឱ្យបានសុចរិត ដូចព្រះអង្គសុចរិតផងដែរ ដោយសារឫទ្ធានុភាពនៃធម៌មេត្តាករុណារបស់ព្រះអង្គ។ យើងទៅជាមនុស្សសុចរិត ដើម្បីសិរីរុងរឿងនៃព្រះជាម្ចាស់ និងរបស់ព្រះគ្រីស្ត និងដើម្បីទទួលព្រះអំណោយទាននៃជីវិតអស់កល្បជានិច្ច (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥២៩)៖
ឥឡូវនេះ ​ព្រះជាម្ចាស់សម្ដែងឱ្យយើង​ដឹង​អំពីរបៀបព្រះអង្គប្រោសមនុស្សឱ្យបាន​សុចរិត‌ ​គឺព្រះអង្គមិនគិតអំពីវិន័យទេ ​ដូចធម្ម​វិន័យ ​និង​គម្ពីរព្យាការី បានបញ្ជាក់ទុកស្រាប់។ ព្រះជាម្ចាស់ប្រោសអ្នក ដែលជឿលើព្រះ​យេស៊ូគ្រីស្តឱ្យបានសុចរិត​ គឺព្រះអង្គធ្វើដូច្នេះ​ចំពោះអស់អ្នកដែលជឿ។ ​មនុស្សទាំងអស់មិន​ខុសគ្នាត្រង់ណាឡើយ សុទ្ធតែបាន​ប្រព្រឹត្តអំពើបាបគ្រប់គ្នា ​ហើយគ្មានសិរីរុងរឿងរបស់​ព្រះជាម្ចាស់នៅជាមួយ តែព្រះជាម្ចាស់ប្រោស​គេឱ្យបានសុចរិត ​ដោយឥតគិតពីកុសលបុណ្យដែល​គេសន្សំនោះទេ ​គឺព្រះអង្គប្រោសគេឱ្យបាន​សុចរិត​តាមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះ​អង្គ ​ដោយព្រះយេស៊ូគ្រីស្តលោះគេ។  ព្រះជា​ម្ចាស់​បាន​តម្រូវឱ្យ​ព្រះយេស៊ូ​ធ្វើ​ជា​យញ្ញបូជា​សម្រាប់លោះអស់អ្នក ដែលមានជំនឿឱ្យរួចពី​បាប​ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ​ធ្វើ​ដូច្នេះ ​ព្រះអង្គបង្ហាញរបៀប ដែលព្រះអង្គប្រោស​មនុស្សឱ្យបានសុចរិត ​គឺពីដើម​ព្រះអង្គពុំបាន​ដាក់​ទោស​មនុស្ស​លោក ​ដែល​ប្រព្រឹត្ត​អំពើ​បាប‌  ក្នុងគ្រា​ដែល​ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់​ដល់គេនោះទេ។ ​ឥឡូវនេះ​ព្រះអង្គសព្វព្រះហឫ​ទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្សឱ្យបានសុចរិត ​ដើម្បីសម្ដែងថា ព្រះអង្គសុចរិត‌ ​ហើយ​ទ្រង់​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូឱ្យ​បានសុចរិតផងដែរ​ (រម ៣,២១-២៦)។

១៩៩៣. ពេលមនុស្សទៅជាសុចរិត ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ និងសេរីភាពរបស់មនុស្សរួមសហការជាមួយគ្នា ។ មនុស្សសុខចិត្តជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលអញ្ចើញគេឱ្យកែប្រែចិត្តគំនិត ហើយរួមសហការ ដោយមានចិត្តស្រលាញ់ ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលថៃរក្សាការពារគេ៖
នៅពេលដែលព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺចិត្តមនុស្ស មនុស្សត្រូវមានសកម្មភាព ដើម្បីទទួលការបំភ្លឺនេះ ក៏គេអាចបដិសេធមិនព្រមទទួលក៏បានដែរ ប៉ុន្តែ គេក៏មិនអាចស្ម័គ្រចិត្តទៅរកសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ បើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់មិនមកជួយគេផងដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥២៥)។

១៩៩៤. ពេលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ព្រះអង្គក៏បង្ហាញសេចក្ដីស្រលាញ់របស់ព្រះអង្គយ៉ាងអស្ចារ្យជាទីបំផុត ដែលព្រះគ្រីស្តបានសម្ដែងឱ្យយើងស្គាល់ ហើយដែលព្រះវិញ្ញាណដ៏វិសុទ្ធបានប្រោសប្រទានឱ្យ។ សន្ត អូគូស្តាំង គិតថា “ពេលព្រះជាម្ចាស់ប្រោសអ្នកបាបឱ្យបានសុចរិត ព្រះអង្គក៏ប្រព្រឹត្តកិច្ចការដ៏អស្ចារ្យខ្លាំងជាងពេលព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដីទៅទៀត” ដ្បិត “ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត និងសង្រ្គោះគេជាដរាបតរៀងទៅ”។ លោកគិតថា ពេលព្រះជាម្ចាស់ប្រោសអ្នកបាបឱ្យបានសុចរិត ព្រះអង្គសម្ដែងធម៌មេត្តាករុណាខ្លាំងជាងពេលព្រះអង្គបង្កើតទេវទូតទៀតផង។

១៩៩៥. ព្រះវិញ្ញាណដ៏វិសុទ្ធជាគ្រូក្នុងជម្រៅចិត្តមនុស្ស។ នៅពេលដែលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ព្រះអង្គបង្កើត “មនុស្សផ្នែកខាងក្នុងជម្រៅចិត្ត” (រម ៧,២២ ; អភ ៣,១៦) បានសេចក្ដីថា ព្រះអង្គប្រោសមនុស្សទាំងមូលឱ្យបានវិសុទ្ធ
ពីដើម ​បង​ប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូនឱ្យធ្វើ​ជាខ្ញុំបម្រើនៃអំពើសៅហ្មង​ និង​អំពើទុយ៌ស ​ដែលនាំ​ឱ្យប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងណា ​ឥឡូវនេះ ​ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន​ធ្វើជា​ខ្ញុំបម្រើនៃសេចក្ដីសុចរិត‌​ដើម្បីឱ្យបងប្អូនបាន​វិសុទ្ធយ៉ាងនោះដែរ (...)។ ឥឡូវនេះ ​បងប្អូនបានរួចពីអំណាច​បាប‌​មកបម្រើព្រះជាម្ចាស់វិញ ​បងប្អូនទទួលផល​ ដែលធ្វើឱ្យបងប្អូនទៅជាវិសុទ្ធ ដើម្បីឱ្យ​មានជីវិតអស់កល្បជានិច្ច​ (រម ៦,១៩.២២)។

២. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់

១៩៩៦. ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិតមកពីព្រះអង្គប្រណីសន្តោសយើង។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស បានសេចក្ដីថា ព្រះអង្គប្រទានព្រះអំណោយទានសង្រ្គោះយើង ដើម្បីឱ្យ យើងអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ គឺឱ្យយើងក្លាយទៅជាបុត្រធីតារបស់ព្រះអង្គ (យហ ១,១២-១៨) (រម ៨,១៤-១៧) មានលក្ខណៈជាព្រះជាម្ចាស់ (២ពត្រ ១,៣-៤) និងឱ្យយើងទទួលជីវិតអស់កល្បជានិច្ច (យហ ១៧,៣)។

១៩៩៧. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រោសយើង ឱ្យទទួលព្រះជន្មរបស់ព្រះជាម្ចាស់ ប្រោសយើងឱ្យចូលរួមជាមួយព្រះត្រៃឯកយ៉ាងស្និទ្ធស្នាល គឺដោយសារពិធីជ្រមុជទឹក គ្រីស្តបរិស័ទរួមចំណែកក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ជាព្រះសិរសានៃព្រះកាយព្រះអង្គ។ ដូច “បុត្រម្នាក់” យើងអាចហៅព្រះជាម្ចាស់ថា “ព្រះបិតា” រួមជាមួយព្រះបុត្រាតែមួយ។ យើងទទួលជីវិតពីព្រះវិញ្ញាណ ដែលចាក់បង្ហូរសេចក្ដីស្រលាញ់ ហើយដែលបង្កើតព្រះសហគមន៍។

១៩៩៨. ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យទទួលជីវិតអស់កល្បជានិច្ច ជាការត្រាស់ហៅហួសធម្មជាតិ ដែលពឹងផ្អែកទាំងស្រុងលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដ្បិតមានតែព្រះអង្គទេ ដែលអាចសម្ដែងព្រះអង្គ និងប្រទានព្រះកាយព្រះអង្គផ្ទាល់។ ទោះបីមនុស្ស ឬសត្វលោកណាមួយមានបំណងយ៉ាងណាក៏ដោយ ក៏គេពុំមានសមត្ថភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ឆ្លើយតបនឹងព្រះជាម្ចាស់ ដែលត្រាស់ហៅគេឡើយ (១ករ ២,៧-៩)។

១៩៩៩. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្តជាព្រះអំណោយទាន ដែលព្រះជាម្ចាស់ប្រទានមកយើង ដោយប្រោសព្រះជន្មរបស់ព្រះអង្គ ដែលព្រះវិញ្ញាណចាក់បង្ហូរក្នុងព្រលឹងយើង ដើម្បីឱ្យព្រលឹងនេះ បានរួចពីបាប និងបានវិសុទ្ធ គឺជាព្រះហឫទ័យប្រណីសន្តោស ដែលប្រោសយើងឱ្យបានវិសុទ្ធ ឱ្យបានមានលក្ខណៈជាព្រះជាម្ចាស់ ដែលយើងទទួលក្នុងពិធីជ្រមុជទឹក។ ព្រះហឫទ័យប្រណីសន្តោសនេះ ជាប្រភពក្នុងខ្លួនយើង ដែលនាំឱ្យយើងវិសុទ្ធ (យហ ៤,១៤ ; ៧,៣៨-៣៩)៖
ប្រសិន​បើ​នរ​ណា​ម្នាក់រួប​រួម​ជា​មួយ​ព្រះគ្រីស្ត អ្នក​នោះ​នឹងបាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំងអស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ អ្វីៗ​ទាំងនោះ​កើត​មក​ពី​ព្រះជាម្ចាស់ ដែល​សម្រុះសម្រួល​យើង ឱ្យ​ជានា​នឹង​ព្រះអង្គ​វិញ ដោយ​សារ​ព្រះគ្រីស្ត ហើយ​ប្រទានឱ្យ​យើង​មាន​មុខងារសម្រុះសម្រួល​មនុស្សម្នា ឱ្យ​ជានា​នឹង​ព្រះអង្គ​វិញ​ដែរ (២ករ ៥,១៧-១៨)។

២០០០. ដោយព្រះជាម្ចាស់ប្រោសប្រណីយើងឱ្យបានវិសុទ្ធ ព្រះអង្គប្រទានព្រះអំណោយទានជាអចិន្រ្តៃយ៍ ដ៏ស្ថិតស្ថេរ និងហួសធម្មជាតិ ដែលធ្វើឱ្យព្រលឹងអាចរួមជាមួយព្រះជាម្ចាស់បាន និងប្រព្រឹត្តដោយសារសេចក្ដីស្រលាញ់របស់ព្រះអង្គ។ ត្រូវតែវែកញែកការប្រណីសន្តោសជាអចិន្រ្តៃយ៍ ដើម្បីឱ្យយើងរស់នៅ និងប្រព្រឹត្តតាមអ្វីដែលព្រះជាម្ចាស់ត្រាស់ហៅយើង ពីការប្រណីសន្តោសដ៏អស្ចារ្យ ដែលព្រះជាម្ចាស់ប្រោសប្រទានមកយើង ដើម្បីឱ្យយើងកែប្រែចិត្តគំនិត ឬដែលព្រះអង្គប្រោសយើងឱ្យបានវិសុទ្ធ។

២០០១. នៅពេលដែលមនុស្សរៀបចំខ្លួនទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ តាមពិតព្រះអង្គបានប្រោសប្រណីគេរួចទៅហើយ។ យើងត្រូវការព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ជាចាំបាច់ ដើម្បីជំរុញ និងទ្រទ្រង់យើងឱ្យរួមសហការជាមួយព្រះអង្គ ដែលប្រោសយើងឱ្យបានសុចរិត ដោយ​សារ​ជំនឿ និងប្រោសយើងឱ្យបានវិសុទ្ធ ដោយសារសេចក្ដីស្រលាញ់។ ព្រះជាម្ចាស់បង្ហើយកិច្ចការ ដែលព្រះអង្គចាប់ផ្តើមនៅក្នុងខ្លួនយើង ដ្បិត “ព្រះអង្គចាប់ផ្ដើម ដោយធ្វើតាមរបៀបដែលយើងចង់ ព្រះអង្គក៏បង្ហើយកិច្ចការនោះ ដោយរួមសហការជាមួយនឹងបំណងយើង ដែលព្រះអង្គបានកែរួចហើយ” (សន្ត អូគូស្តាំង)៖
តាមពិតយើងធ្វើការដែរ ប៉ុន្តែយើងគ្រាន់តែធ្វើការជាមួយព្រះជាម្ចាស់ ដែលទ្រង់ធ្វើការ ដ្បិត​ធម៌មេត្តាករុណារបស់ព្រះអង្គធ្វើការមុនយើង ដើម្បីឱ្យយើងបានជាសះស្បើយ។ ធម៌មេត្តាករុណាធ្វើការពីក្រោយយើងថែមទៀត ដើម្បីឱ្យយើងបានជីវិត ក្រោយពីបានជាសះស្បើយ។ ធម៌មេត្តាករុណាធ្វើការមុនយើង ដើម្បីត្រាស់ហៅយើង និងធ្វើការពីក្រោយយើង ដើម្បីឱ្យយើងទទួលសិរីរុងរឿង។ ធម៌មេត្តាករុណធ្វើការមុន ដើម្បីឱ្យយើងគោរពប្រណិប័តន៍ព្រះអង្គ និងធ្វើការក្រោយដើម្បីឱ្យយើងរួមជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច ដ្បិតបើព្រះអង្គមិនគង់ជាមួយយើងទេ យើងធ្វើអ្វីមិនកើតឡើយ (សន្ត អូគូស្តាំង)។

២០០២. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ផ្ដើមត្រាស់ហៅមនុស្ស ឱ្យស័្មគ្រចិត្តឆ្លើយ​​តបនឹងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ ដោយប្រគល់ឱ្យគេមានសេរីភាព និងអាចស្គាល់ និងស្រលាញ់ព្រះអង្គ។ ព្រលឹងរួបរួមជាមួយសេចក្ដីស្រលាញ់ ដោយមានសេរីភាពពេញលេញតែប៉ុណ្ណោះ។ ព្រះជាម្ចាស់ប៉ះពាល់ភ្លាមៗ និងជំរុញចិត្តមនុស្សតែម្តង។ ព្រះអង្គបានដាក់បំណងប្រថ្នាចង់បានសេចក្ដីពិត និងអ្វីដ៏ល្អក្នុងចិត្តមនុស្ស ហើយមានតែព្រះអង្គទេ ដែលអាចបំពេញបំណងប្រាថ្នានេះ។ ព្រះបន្ទូលសន្យាអំពី “ជីវិតអស់កល្បជានិច្ច” បំពេញបំណងប្រាថ្នានេះ លើសពីសេចក្ដីសង្ឃឹមទៀតទៀត៖
ព្រះអង្គបានសម្រាកនៅថ្ងៃទីប្រាំពីរ ក្រោយពីបានបង្កើតអ្វីៗទាំងអស់ ដែលជាស្នាព្រះហស្តដ៏ល្អប្រសើរបំផុតរបស់ព្រះអង្គ ដើម្បីមានព្រះបន្ទូលមកយើងទុកជាមុន តាមរយៈគម្ពីររបស់ព្រះអង្គថា យើងនឹងសម្រាកនៅថ្ងៃសប្ប័ទនៃជីវិតអស់កល្បជានិច្ច នៅក្នុងអង្គព្រះអង្គ ក្រោយពីបានប្រព្រឹត្តកិច្ចការ “ដ៏ល្អប្រសើរបំផុត” (ដ្បិតមកពីព្រះអង្គផ្ទាល់) របស់យើង (សន្ត អូគូស្តាំង)។

២០០៣. ដោយសារព្រះហឫទ័យប្រណីសន្តោស ព្រះជាម្ចាស់ប្រោសប្រទានព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសយើងឱ្យបានសុចរិត និងឱ្យបានវិសុទ្ធ។ ម្យ៉ាងទៀត ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រទានឱ្យយើងព្រះអំណោយទានផ្សេងៗ ដែលព្រះវិញ្ញាណប្រទានយើង ដើម្បីឱ្យយើងរួមជាមួយព្រះអង្គក្នុងព្រះរាជកិច្ចរបស់ព្រះអង្គ គឺដើម្បីឱ្យយើងរួមសហការក្នុងការសង្រ្គោះអ្នកដទៃ និងឱ្យព្រះសហគមន៍ ជាព្រះកាយព្រះគ្រីស្ត រីកចម្រើនផងដែរ។ ព្រះអំណោយទានទាំងអស់នោះជាព្រះអំណោយទានខាងអគ្គសញ្ញា ។ ម្យ៉ាងទៀត ព្រះជាម្ចាស់ក៏ប្រណីសន្តោសយ៉ាងពិសេស ដែលសន្ត ប៉ូលហៅជាភាសាក្រិកថា ព្រះអំណោយទាន (LG ១២)។ ទោះជាព្រះអំណោយទានអស្ចារ្យ ដូចជាអាចប្រព្រឹត្តការអស្ចារ្យ ឬអាចនិយាយភាសាចម្លែកក៏ដោយ ក៏ព្រះជាម្ចាស់ប្រទានព្រះអំណោយទាន ដើម្បីជួយបម្រើព្រះហឫទ័យប្រណីសន្តោសដែលប្រោសឱ្យបានវិសុទ្ធ ហើយដើម្បីផលប្រយោជន៍រួមរបស់ព្រះសហគមន៍។​ ព្រះអំណោយទានជួយបម្រើសេចក្ដីស្រលាញ់ ដែលកសាងព្រះសហគមន៍ (១ករ ១២)។

២០០៤. ក្នុងចំណោមព្រះអំណោយទានពិសេស ត្រូវតែរំលឹកអំពីព្រះអំណោយទាន ដែលជួយឱ្យអាចទទួលបន្ទុក និងបំពេញមុខងារដែលមានប្រយោជន៍សម្រាប់ព្រះសហគមន៍៖
យើងមាន​ព្រះអំណោយទានប្លែកៗពីគ្នា‌ ​ស្របតាមព្រះហឫ​ទ័យប្រណីសន្តោស ​ដែលព្រះជាម្ចាស់ប្រទានមក​យើង។​ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយ​ទានខាងថ្លែងព្រះបន្ទូល ​ត្រូវថ្លែងឱ្យស្រប​តាមជំនឿ‌។ អ្នកណាទទួលព្រះអំណោយទាន​ខាងបម្រើ‌ ​ចូរបម្រើទៅ‌។ ​‌អ្នកណាទទួលព្រះអំណោយ​ទានខាងបង្រៀន‌ ​ចូរបង្រៀនទៅ។ ‌អ្នកដែល​លើកទឹកចិត្តបងប្អូន‌ ​ចូរលើកទឹកចិត្តគេទៅ។ ​អ្នក​ដែលចែកទ្រព្យរបស់ខ្លួន​ចូរចែកដោយចិត្ត​ស្មោះសរ។ ​អ្នកដែលដឹកនាំ​ ចូរដឹកនាំដោយចិត្ត​ខ្នះខ្នែង។ ​អ្នកដែលចែកទានដល់ជនក្រីក្រ‌​ ចូរចែក​ឱ្យគេដោយចិត្តត្រេកអរ (រម ១២,៦-៨)។

២០០៥. ដោយសារព្រះហឫទ័យប្រណីសន្តោសហួសធម្មជាតិ យើងមិនអាចដកបទពិសោធន៍អំពីព្រះហឫទ័យប្រណីសន្តោសនេះបានទេ។ មានតែតាមជំនឿទេ ដែលយើងអាចស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ដូច្នេះ យើងមិនអាចពឹងផ្អែកលើអារម្មណ៍ ឬលើកិច្ចការផ្សេងៗរបស់យើង ដើម្បីសន្និដ្ឋានថា ព្រះជាម្ចាស់បានប្រោសយើងឱ្យបានសុចរិត និងបានសង្រ្គោះយើង (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥៣៣-១៥៣៤)។ ក៏ប៉ុន្តែ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់៖ “អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត” (មថ​ ៧,២០) បើយើងនឹកគិតដល់កិច្ចការដ៏ល្អរបស់ព្រះជាម្ចាស់ក្នុងជីវិតយើង និងក្នុងជីវិតរបស់ជនដ៏វិសុទ្ធ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ពិតជាមានសកម្មភាពក្នុងខ្លួនយើង ហើយជំរុញយើងឱ្យផ្ញើជីវិត និងពឹងផ្អែកលើព្រះអង្គកាន់តែច្រើនឡើងៗ។ ហេតុនេះហើយ បានជានៅពេលដែលចៅក្រមនៃតុលាការព្រះសហគមន៍ ដែលចង់ចាប់កំហុសគាត់ ដោយសួរគាត់ថា តើគាត់ស្ថិតក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ឬទេ សន្តី យ៉ូហាន នៃអាក ឆ្លើយតបថា៖ “បើខ្ញុំមិននៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ទេ សូមឱ្យព្រះអង្គប្រណីសន្តោសខ្ញុំ ហើយបើខ្ញុំនៅក្នុងព្រះហឫទ័យប្រណីសន្តោសមែន សូមឱ្យព្រះអង្គទុកខ្ញុំនៅជាមួយផង”។

៣. បុណ្យកុសល

ជនដ៏វិសុទ្ធទាំងឡាយលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ​។ នៅពេលព្រះអង្គលើកតម្កើងបុណ្យកុសលរបស់គេ ព្រះអង្គក៏លើកតម្កើងព្រះអំណោយទានផ្ទាល់របស់ព្រះអង្គ (MR ធម៌ប្រារព្ធសន្តបុគ្គល)។

២០០៦. ជាធម្មតាពាក្យ “បុណ្យកុសល” សំដៅទៅលើរង្វាន់ទោស ដែលសហគមន៍ ឬសង្គមត្រូវតែផ្តល់ឱ្យសមាជិករបស់ខ្លួនម្នាក់ ដែលបានប្រព្រឹត្តអំពើល្អ ឬអាក្រក់។ បុណ្យកុសលទាក់ទងនឹងគុណធម៌នៃយុត្តិធម៌ ដែលទាមទារឱ្យមានភាពស្មើគ្នា។

២០០៧. មនុស្សគ្មានសិទ្ធិ គ្មានបុណ្យកុសលចំពោះព្រះជាម្ចាស់ឡើយ គឺព្រះជាម្ចាស់ និងយើងមិនស្មើគ្នាទាល់តែសោះ ដ្បិតយើងបានទទួលអ្វីៗទាំងអស់ពីព្រះអង្គ ដែលជាព្រះបង្កើតយើង។

២០០៨. ក្នុងជីវិតរបស់គ្រីស្តបរិស័ទ មនុស្សមានបុណ្យកុសលចំពោះព្រះជាម្ចាស់ ដ្បិតព្រះជាម្ចាស់ស្ម័គ្រចិត្តឱ្យមនុស្សរួមជាមួយព្រះអង្គក្នុងព្រះរាជកិច្ចនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ។​ ព្រះជាម្ចាស់ជាព្រះបិតាជំរុញមនុស្ស បន្ទាប់មក មនុស្សស្ម័គ្រចិត្តប្រព្រឹត្តកិច្ចការ ដោយរួមសហការជាមួយព្រះអង្គ ហេតុនេះបុណ្យកុសលនៃអំពើល្អមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់សិន មុននឹងមកពីគ្រីស្តបរិស័ទ។ តាមពិត បុណ្យកុសលរបស់មនុស្សត្រឡប់ទៅរបស់ព្រះជាម្ចាស់ផ្ទាល់ ដ្បិតគេប្រព្រឹត្តអំពើល្អនៅក្នុងអង្គព្រះគ្រីស្ត ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធថែទាំ និងជួយសង្រ្គោះផង។

២០០៩. ដោយសារយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺយើងមានលក្ខណៈជាព្រះជាម្ចាស់ ដោយ សារព្រះអង្គប្រោសប្រណីយើង យើងបានបុណ្យកុសលយ៉ាងពិតប្រាកដ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រណីសន្តោសប្រទានសិទ្ធិឱ្យយើង គឺសិទ្ធិនៃសេចក្ដីស្រលាញ់ ដែលធ្វើឱ្យយើងទទួល “មរតករួមជាមួយព្រះគ្រីស្ត” ហើយសមនឹងទទួល “មរតកនៃជីវិតអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា” (មហាន្និបាតនៅទីក្រុងត្រង់៖ DS ១៥៤៦)។ បុណ្យកុសលនៃអំពើល្អរបស់យើងជាព្រះអំណោយទាននៃសប្បុរសធម៌របស់ព្រះជាម្ចាស់ (មហាន្និបាតនៅទីក្រុងត្រង់៖ DS ១៥៤៨)។ “ព្រះហឫទ័យប្រណីសន្តោសបានប្រតិបត្តិមុនយើង ឥឡូវនេះ យើងថ្វាយអ្វីដែលយើងជំពាក់ (...)។ បុណ្យកុសលជាព្រះអំណោយទានរបស់ព្រះជាម្ចាស់” (សន្ត អូគូស្តាំង)។

២០១០. ព្រះជាម្ចាស់ប្រណីសន្តោសយើងទៅតាមកម្រិត គ្មាននរណាម្នាក់ស័ក្តិសមនឹងទទួលព្រះហឫទ័យប្រណីសន្តោសដំបូង ដែលប្រោសយើងឱ្យកែប្រែចិត្តគំនិត ទទួលការលើកលែងទៅស និងប្រោសយើងឱ្យបានសុចរិត។ បន្ទាប់ពី ព្រះវិញ្ញាណដ៏វិសុទ្ធ និងសេចក្ដីស្រលាញ់ជួយណែនាំ យើងស័ក្ដិសមនឹងទទួល ព្រះអំណោយទាន ដែលមានប្រយោជន៍ដើម្បីឱ្យយើង និងអ្នកដទៃ បានវិសុទ្ធ ដើម្បីឱ្យព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីស្រលាញ់រីកចម្រើនក្នុងខ្លួនយើង និងដើម្បីឱ្យយើងអាចទទួលជីវិតអស់កល្បជានិច្ច។ យើងអាចទទួលព្រះអំណោយទានខាងលោកីយ៍ ដូចជាសុខភាព មេត្រីភាព តាមព្រះប្រាជ្ញាញ្ញាណរបស់ព្រះជាម្ចាស់។ ការអធិដ្ឋានរបស់គ្រីស្តបរិស័ទមានគោលដៅទទួលព្រះអំណោយទានទាំងអស់នោះ ហើយការអធិដ្ឋាននេះ  ផ្តល់ព្រះហឫទ័យប្រណីសន្តោស ដែលយើងត្រូវការ ដើម្បីប្រព្រឹត្តអំពើបុណ្យកុសល។

២០១១. នៅក្នុងខ្លួនយើង សេចក្ដីស្រលាញ់របស់ព្រះគ្រីស្តជាប្រភពនៃបុណ្យកុសលទាំងអស់ ចំពោះព្រះជាម្ចាស់។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រោសយើងឱ្យរួមជាមួយព្រះគ្រីស្ត ដោយចិត្តស្រលាញ់យ៉ាងសកម្ម ធ្វើឱ្យអំពើរបស់យើងហួសធម្មជាតិ ទើបមានបុណ្យកុសលចំពោះព្រះជាម្ចាស់ ដូចចំពោះមនុស្សផងដែរ។ ជនដ៏វិសុទ្ធតែងតែយល់ឃើញថា បុណ្យកុសលរបស់គាត់ជាព្រះអំណោយទានសុទ្ធសាធនៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ ក្រោយពីបាននិរទេសនៅលើផែនដីនេះ ខ្ញុំម្ចាស់សង្ឃឹមថា​ នឹងរួបរួមជាមួយព្រះអង្គ នៅក្នុងមាតុភូមិ ប៉ុន្តែខ្ញុំម្ចាស់មិនចង់បានបុណ្យកុសលសម្រាប់ស្ថានបរមសុខទេ ខ្ញុំម្ចាស់ចង់ធ្វើការសម្រាប់តែសេចក្ដីស្រលាញ់របស់ព្រះអង្គប៉ុណ្ណោះ (...)។ នៅពេលល្ងាចនៃជីវិតនេះ ខ្ញុំម្ចាស់នឹងឈរដៃទទេខាងមុខព្រះអង្គ ពីព្រោះខ្ញុំមិនស័ក្ដិសូមឱ្យព្រះអង្គរាប់កិច្ចការរបស់ខ្ញុំម្ចាស់ទេ។ អំពើទាំងអស់របស់យើងសុទ្ធតែប្រឡាក់ចំពោះព្រះនេត្រារបស់ព្រះអង្គ។ ដូច្នេះ ខ្ញុំចង់ស្លៀកពាក់សេចក្ដីសុចរិត របស់ព្រះអង្គផ្ទាល់ និងទទួលព្រះអង្គផ្ទាល់ ពីសេចក្ដីស្រលាញ់ របស់ព្រះអង្គ ជាដរាបតរៀងទៅ (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។

៤. ភាពដ៏វិសុទ្ធរបស់គ្រីស្តសាសនា

២០១២. “យើងដឹងទៀតថា‌ ​អ្វីៗទាំងអស់ផ្សំគ្នាឡើង ​ដើម្បីឱ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់​បាន​ទទួលផលល្អ (...) ‌ដ្បិត​អស់អ្នកដែលព្រះអង្គបានជ្រើសរើស ​ទ្រង់ក៏បាន​តម្រូវទុកជាមុន​ឱ្យគេមានលក្ខណៈដូចព្រះ​បុត្រារបស់ព្រះអង្គដែរ‌ ​ដើម្បីឱ្យព្រះបុត្រា​បានទៅជារៀមច្បង​ ក្នុងបណ្តាបងប្អូនជាច្រើន។‌ អស់​អ្នក​ ដែល​ព្រះអង្គ​បាន​តម្រូវទុក​ជាមុន​នោះ​ ទ្រង់ក៏បានត្រាស់ហៅ ​ហើយអ្នក ដែលព្រះអង្គបាន​ត្រាស់ហៅនោះ ​ទ្រង់ក៏ប្រោសគេឱ្យបានសុចរិត​ រីឯ​អស់​អ្នក​ ដែល​ព្រះអង្គ​ប្រោស​ឱ្យ​បាន​សុចរិតនោះ ​ទ្រង់ក៏​ប្រទានឱ្យគេមានសិរីរុងរឿងដែរ (រម ៨,២៨-៣០)។

២០១៣. “អស់អ្នកដែលផ្ញើជិវិតលើព្រះគ្រីស្ត ទោះជា​គេ​រស់នៅតាម​​​របៀប​​​​​​ណា​ក្តី ឬមានឋានៈណាក្តី ក៏ព្រះជាម្ចាស់ត្រាស់ហៅគេឱ្យរស់យ៉ាងពេញលក្ខណៈជាគ្រីស្តបរិស័ទ និងឱ្យមាន​សេចក្តី​ស្រឡាញ់យ៉ាងពេញលក្ខណៈដែរ” (LG ៤០)។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ឱ្យទៅជាជនដ៏វិសុទ្ធ៖ “ព្រះបិតា​របស់​អ្នក​រាល់គ្នាដ៏ខ្ពង់ខ្ពស់បំផុត​គ្រប់​លក្ខណ៍​យ៉ាង​ណា‌​ សូមឱ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ” (មថ ៥,៤៨)។ ​​​គ្រីស្តបរិស័ទ​​​ត្រូវយក​កម្លាំង ​ដែលខ្លួន​បានទទួល​តាម​កម្រិត​នៃ​ព្រះអំណោទាន​​​របស់​ព្រះគ្រីស្តមកប្រើដើម្បីឱ្យបាន​​​វិសុទ្ធ​​​គ្រប់​​​​​​លក្ខណៈ។ (...) ដោយបំពេញព្រះ​​​ហឫទ័យព្រះ​​​បិតា​​​ក្នុង​​​គ្រប់ប្រការ និងបូជាកម្លាំងចិត្តកម្លាំងកាយលើកតម្កើង​សិរីរុងរឿង​របស់​ព្រះបិតា ​​​និង​​​បម្រើអ្នកដទៃផង។ ធ្វើ​​​ដូ​​​ច្នេះទើបលក្ខណៈវិសុទ្ធនៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់​នឹងបង្កើតផលផ្លែ​ជាច្រើន ដូច​របៀបរស់នៅ​​​របស់​​​សន្តបុគ្គលជាច្រើនអនេក ដែលប្រវត្តិសាស្រ្តព្រះសហគមន៍​​​ជា​​​សាក្សីស្រាប់ (LG ៤០)។

២០១៤. យើងរីកចម្រើនខាងវិញ្ញាណ ដោយរួមជាមួយព្រះគ្រីស្តកាន់តែជិតស្និទ្ធឡើងៗ។ គេហៅការរួបរួមជាមួយព្រះអង្គនេះថា ការរួបរួម​ “ដ៏អាថ៌កំបាំង” ដ្បិតយើងរួមចំណែកក្នុងអាថ៌កំបាំងរបស់ព្រះគ្រីស្ត ដោយសារអគ្គសញ្ញា - ជា “អាថ៌កំបាំងដ៏វិសុទ្ធ” - និងក្នុងអាថ៌កំបាំងនៃព្រះត្រៃឯក ដោយសារព្រះអង្គដែរ។ ព្រះជាម្ចាស់ត្រាស់ហៅយើងទាំងអស់គ្នាឱ្យរួមយ៉ាងស្និទ្ធស្នាលជាមួយព្រះអង្គ ទោះបីព្រះអង្គប្រទានព្រះអំណោយទានពិសេស ឬសញ្ញាសម្គាល់ដ៏អស្ចារ្យនៃជីវិតដ៏អាថ៌កំបាំងនេះ ឱ្យអ្នកខ្លះតែប៉ុណ្ណោះ ដើម្បីសម្ដែងព្រះអំណោយទាន ដែលព្រះអង្គប្រទានសម្រាប់មនុស្សទាំងអស់យ៉ាងណាក៏ដោយ។

២០១៥. យើងត្រូវតែដើរតាមផ្លូវនៃឈើឆ្កាង ដើម្បីឱ្យបានវិសុទ្ធគ្រប់លក្ខណៈ។ បើយើងមិនលះបង់ និងមិនតស៊ូខាងវិញ្ញាណទេ យើងមិនអាចទៅជាជនដ៏វិសុទ្ធបានឡើយ (២ធម ៤)។ យើងរីកចម្រើនខាងវិញ្ញាណ លុះត្រាតែយើងធ្វើទុក្ករកិរិយា និងលត់ដំខ្លួន ដើម្បីរស់នៅក្នុងសន្តិភាព និងអំណរសប្បាយនៃសុភមង្គលយ៉ាងពិតប្រាកដ៖
អ្នកដែលឡើង ទៅពីដំណាក់កាលដំបូងទៅដំណាក់កាលដំបូង ដោយមិនចេះឈប់ តាមរយៈដំណាក់កាលដំបូង ដែលគ្មានទីបញ្ចប់ឡើយ។ អ្នកណាឡើងតែងតែប្រាថ្នាចង់បានអ្វីដែលខ្លួនស្គាល់ហើយ (សន្ត គ្រែគ័រ នៃនីស)។

២០១៦. បុត្រធីតានៃព្រះមាតារបស់យើង ជាព្រះសហគមន៍ដ៏វិសុទ្ធ សង្ឃឹមថា ព្រះជាម្ចាស់ជាព្រះបិតារបស់គេនឹងប្រោសប្រណីគេឱ្យមានចិត្តព្យាយាមរហូតដល់ទីបំផុត ហើយនឹងផ្តល់រង្វាន់ ដើម្បីកិច្ចការដ៏ល្អ ដែលគេបានប្រព្រឹត្តរួមជាមួយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ ព្រមទាំងរួមរស់ជាមួយព្រះយេស៊ូផងដែរ (មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៥៧៦)។ ដោយរក្សាទុកក្បួនជីវិតដដែល អ្នកជឿរួបរួមក្នុង “សេចក្ដីសង្ឃឹមដ៏គ្មានទីបញ្ចប់” ជាមួយអស់អ្នក ដែលធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ប្រមូលផ្តុំក្នុង “​ក្រុង​ដ៏​វិសុទ្ធ ជា​ក្រុង​យេរូសាឡឹម​ថ្មី‌ ​ចុះ​ពី​ស្ថាន​បរម​សុខ‌​ គឺ​ចុះ​មក​ពី​ព្រះជាម្ចាស់‌​ ទាំងតុប​តែង​ខ្លួន​ដូច​ភរិយា​ថ្មោងថ្មី​រង់ចាំ​ទទួល​ស្វាមី” (វវ ២១,២) ។

សង្ខេប

២០១៧. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសយើងឱ្យបានសុចរិត។ ដោយ​ផ្ញើ​ជីវិតលើព្រះយេស៊ូគ្រីស្ត និងដោយសារអគ្គសញ្ញាជ្រមុជទឹក យើងរួមរស់ជាមួយព្រះគ្រីស្ត ដែលសោយទិវង្គត និងមានព្រះជន្មថ្មី ព្រះវិញ្ញាណប្រោសយើងឱ្យរួមចំណែកក្នុងព្រះជន្មរបស់ព្រះអង្គ។

២០១៨ . នៅពេលដែលមនុស្សទៅជាសុចរិត ឬកែប្រែចិត្តគំនិត គេបានផលពីរយ៉ាង គឺដោយមានព្រះ ហឫទ័យប្រណីសន្តោសជំរុញគេ មនុស្សបែរទៅរកព្រះជាម្ចាស់ និងឃ្លាតឆ្ងាយពីអំពើបាប ទើបទទួលការលើក លែងទោស និងសេចក្ដីសុចរិតនៃស្ថានលើ។

២០១៩. នៅពេលដែលព្រះជាម្ចាស់ប្រោសមនុស្សឱ្យបានសុចរិត ព្រះអង្គលើកលែងទោសឱ្យគេ ប្រោសគេឱ្យបានវិសុទ្ធ និងកែចិត្តគំនិតរបស់គេឡើងវិញ។

២០២០. ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ដោយសារគុណបុណ្យនៃទុក្ខលំបាករបស់ព្រះគ្រីស្ត ដែលបានបូជាព្រះជន្មនៅលើឈើឆ្កាង។ ព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិតតាមពិធីជ្រមុជទឹក។ ព្រះ​ជា​ម្ចាស់​ប្រោសយើងឱ្យបានសុចរិត ដូចព្រះអង្គសុចរិតផងដែរ។ យើងទៅជាមនុស្សសុចរិត ដើម្បី​សិរីរុងរឿង​នៃ​ព្រះ​ជាម្ចាស់ និងរបស់ព្រះគ្រីស្ត និងដើម្បីទទួលព្រះអំណោយទាននៃជីវិតអស់កល្បជានិច្ច។ ពេល​ព្រះ​ជា​ម្ចាស់​ប្រោស​មនុស្សឱ្យបានសុចរិត ព្រះអង្គក៏បង្ហាញធម៌មេត្តាករុណារបស់ព្រះអង្គយ៉ាងអស្ចារ្យជាទីបំផុត។

២០២១. ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស បានសេចក្ដីថា ព្រះអង្គប្រទានព្រះអំណោយ​ទាន​សង្រ្គោះ​យើង ដើម្បីឱ្យយើងអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ គឺឱ្យយើងទៅជាបុត្រធីតា​របស់ព្រះអង្គ។ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ប្រោសយើងឱ្យ​ចូល​រួម​ជាមួយ​ព្រះត្រៃ​ឯក​យ៉ាង​ស្និទ្ធ​ស្នាល។

២០២២. ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់រៀបចំ និងជំរុញមនុស្សឱ្យស្ម័គ្រចិត្ត​ឆ្លើយ​តប​នឹងព្រះអង្គ។ ដោយព្រះជាម្ចាស់ប្រោសប្រណី ព្រះអង្គក៏បំពេញចិត្តគំនិតមនុស្សយ៉ាងជ្រាលជ្រៅចំពោះសេរីភាព ហើយត្រាស់ហៅគេឱ្យស្ម័គ្រចិត្តរួមសហការជាមួយព្រះអង្គ ព្រមទាំងប្រោសសេរីភាពនេះឱ្យបានពេញ​លេញ។

២០២៣. ដោយព្រះជាម្ចាស់ប្រោសប្រណីយើងឱ្យបានវិសុទ្ធ ព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះ អង្គឱ្យយើង ដែលព្រះវិញ្ញាណដ៏វិសុទ្ធចាក់បង្ហួរក្នុងព្រលឹងយើង ដើម្បីប្រោសព្រលឹងនេះឱ្យបានជាសះ​ស្បើយពីអំពើបាប និងឱ្យបានវិសុទ្ធផងដែរ។

២០២៤. ដោយព្រះជាម្ចាស់ប្រោសប្រណីយើងឱ្យបានវិសុទ្ធ យើងអាច “គាប់ព្រះហឫទ័យរបស់ព្រះ ជាម្ចាស់”។​ ព្រះអំណោយទាន ដែលមកពីព្រះហឫទ័យពិសេសនៃព្រះវិញ្ញាណដ៏វិសុទ្ធ ស្ថិតនៅក្រោមព្រះ​ហឫទ័យប្រណីសន្តោសដែលប្រោសឱ្យបានវិសុទ្ធ ហើយមានគោលដៅ គឺផលប្រយោជន៍រួមរបស់ព្រះ​សហគមន៍។ ព្រះជាម្ចាស់ប្រណីសន្តោសយ៉ាងអស្ចារ្យជាច្រើនលើកច្រើនសា តាមរបៀបប្លែកពីព្រះហឫទ័យជាអចិន្ត្រៃយ៍ ដែលស្ថិតក្នុងខ្លួនយើងជារៀងរហូត។

២០២៥. យើងមានបុណ្យកុសលចំពោះព្រះជាម្ចាស់ ព្រោះតែព្រះអង្គមានគម្រោងការឱ្យមនុស្សចូល រួមក្នុងព្រះរាជកិច្ចដ៏ប្រោសប្រណីរបស់ព្រះអង្គ។ ជាដំបូង បុណ្យកុសលមកពីព្រះហឫទ័យប្រណីសន្តោសរបស់ ព្រះជាម្ចាស់ ក្រោយមក មកពីមនុស្សរួមសហការជាមួយព្រះអង្គ។ បុណ្យកុសលរបស់មនុស្សមកពីព្រះជាម្ចាស់។

២០២៦. ដោយសារយើងជាបុត្រធីតារបស់ព្រះជាម្ចាស់​ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណ​ដ៏​វិសុទ្ធអាចប្រោសប្រទានបុណ្យកុសលពិតប្រាកដឱ្យយើង តាមសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ ចំពោះព្រះជាម្ចាស់ ក្នុងខ្លួន​យើង សេចក្ដីស្រលាញ់ជាប្រភពសំខាន់បំផុតនៃបុណ្យកុសល។

២០២៧ . គ្មាននរណាម្នាក់សមនឹងទទួលព្រះហឫទ័យប្រណីសន្តោសដើមដំបូង ដែលបានប្រោសយើង ឱ្យកែប្រែចិត្តគំនិតឡើយ។ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយណែនាំ យើងស័ក្ដិសមនឹងទទួលព្រះ​អំណោយ​ទាន ដែលមានប្រយោជន៍ ដើម្បីឱ្យយើង និងអ្នកដទៃ អាចមានជីវិតអស់កល្បជានិច្ច ដូចទ្រព្យសម្បត្តិ​លោកីយ៍ចាំបាច់ផងដែរ។

២០២៨. “ព្រះជាម្ចាស់ត្រាស់ហៅអស់អ្នក ដែលផ្ញើជីវិតទៅលើព្រះគ្រីស្ត ឱ្យរស់យ៉ាងពេញលក្ខណៈ​ជាគ្រីស្តបរិស័ទ និងឱ្យមាន​សេចក្តី​ស្រឡាញ់យ៉ាងពេញលក្ខណៈដែរ” (LG ៤០)។ “ភាពល្អឥតខ្ចោះរបស់ គ្រីស្តសាសនាមានព្រំដែនតែមួយគត់ គឺគ្មានកំណត់ព្រំដែនឡើយ” (សន្ត គ្រែគ័រ នៃនីស)។

២០២៩. “បើ​អ្នក​ណា​ចង់​ដើរ​តាម​ខ្ញុំ​ ត្រូវ​លះ​បង់​ខ្លួន​ឯង​ចោល​ ត្រូវ​លី​ឈើឆ្កាង​របស់​ខ្លួន​ ហើយ​មក​តាម​ខ្ញុំ​ចុះ​” (មថ ១៦,២៤)។

ប្រការទី៣៖​ព្រះសហគមន៍ជាមាតាអប់រំយើង

២០៣០. គ្រីស្តបរិស័ទបំពេញការត្រាស់ហៅរបស់ខ្លួន ក្នុងព្រះសហគមន៍ ដោយរួបរួមជាមួយគ្រីស្តបរិស័ទទាំងអស់។ គេទទួលពីព្រះសហគមន៍ការប្រៀនប្រដៅនៃ “វិន័យរបស់ព្រះគ្រីស្ត” (កាឡ ៦,២) ដែលមានក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេទទួលពីព្រះសហគមន៍ព្រះអំណោយទាននៃអគ្គសញ្ញា ដែលទ្រទ្រង់គេនៅតាម “ផ្លូវ”។ គេរៀនពីព្រះសហគមន៍ឱ្យយកតម្រាប់តាមជនដ៏វិសុទ្ធ ដែលព្រះនាងព្រហ្មចារិនីម៉ារីដ៏វិសុទ្ធបំផុតជារូបតំណាង និងជាប្រភព ដែលផ្តល់សក្ខីភាព ក្នុងប្រពៃណីខាងវិញ្ញាណ និងប្រវត្តិដ៏យូរអង្វែង និងដែលពិធីបុណ្យលើកតម្កើង។

២០៣១. ការរស់នៅខាងសីលធម៌ដូចជាពិធីបុណ្យខាងវិញ្ញាណ ។​ យើង “ថ្វាយខ្លួនទៅព្រះអង្គទុកជាយញ្ញបូជាដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់” (រម ១២,៣) ក្នុងព្រះកាយព្រះគ្រីស្ត ដែលយើងជាសរីរាង្គ ដោយរួបរួមក្នុងតង្វាយនៃពិធីអរព្រះគុណរបស់ព្រះអង្គ។ ក្នុងពិធីបុណ្យ និងពិធីប្រារព្ធអគ្គសញ្ញានានា ការអធិដ្ឋាន និងការប្រៀនប្រដៅប្រមូលផ្តុំគ្នា រួមជាមួយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត ដើម្បីបំភ្លឺ និងបំប៉នកិច្ចការរបស់គ្រីស្តបរិស័ទ។ ដូចការរស់នៅទាំងស្រុងរបស់គ្រីស្តបរិស័ទ ពិធីអភិបូជាជាប្រភព និងជាកំពូលនៃការរស់ប្រកបដោយសីលធម៌។

១. ការរស់នៅប្រកបដោយសីលធម៌ និងក្រុមមេដឹកនាំព្រះសហគមន៍

២០៣២. ព្រះសហគមន៍ ដែលជា “សសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត” (១ធម ៣,១៥) “បានទទួលព្រះបញ្ជាដ៏ឧឡារិករបស់ព្រះគ្រីស្តពីក្រុមគ្រីស្ត​ទូត ឱ្យ​​​ប្រកាសសេចក្ដីពិតអំពីការសង្គ្រោះ” (LG ១៧)។ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រះសហគមន៍ត្រូវប្រកាសគោលការណ៍នៃសីលធម៌ សូម្បីតែគោលការណ៍ដែលទាក់ទងនឹងរបៀបរៀបរយក្នុងសង្គមផងដែរ ហើយត្រូវវិនិច្ឆយអ្វីៗនៅលើផែនដី ដើម្បីការពារសិទ្ធិគ្រឹះរបស់មនុស្ស និងការសង្រ្គោះរបស់ព្រលឹង” (CIC ៧៤៧)។

២០៣៣. ក្រុមគង្វាលជាអ្នកដឹកនាំព្រះសហគមន៍ បង្រៀនសីលធម៌ ក្នុងការអប់រំជំនឿ និងក្នុងធម៌ទេសនា ដោយស្នាដៃរបស់ទេវវិទូ និងរបស់អ្នកនិពន្ធខាងវិញ្ញាណជួយផងដែរ។ ហេតុនេះហើយ បានជាក្រោមការណែនាំ និងការប្រុងប្រយ័ត្នរបស់ពួកគង្វាល “បញ្ញាត្តិ” នៃសីលធម៌ខាងគ្រីស្តសាសនា ពោលគឺក្បួនច្បាប់ បទបញ្ជា និងគុណធម៌ពិសេសៗជាច្រើន ដែលមកពីជំនឿលើព្រះគ្រីស្ត និងដែលសេចក្ដីស្រលាញ់ផ្តល់ជីវិត បានបញ្ជូនពីជំនាន់មួយទៅជំនាន់មួយទៀត។ តាមប្រពៃណី វិន័យដប់ប្រការ ដែលប្រកាសគោលការណ៍នៃការរស់នៅប្រកបដោយសីលធម៌សម្រាប់មនុស្សទាំងអស់ ជាមូលដ្ឋាននៃការអប់រំជំនឿនេះ រួមជាមួយធម៌ប្រកាសជំនឿ និងសេចក្ដីអធិដ្ឋាន “ឱព្រះបិតានៃយើងខ្ញុំ”។

២០៣៤. សម្ដេចប៉ាប និងអស់លោក ដែល “ជាគ្រូគួរឱ្យទុកចិត្ត គឺជា​​​គ្រូដែល​​​​ទទួល​​​​អំណាច​​​របស់​​​ព្រះ​​​គ្រីស្ត។ អស់លោកប្រកាសជំនឿឱ្យប្រជារាស្រ្ត ដែលព្រះជាម្ចាស់​​​បានផ្ញើ​​​ទុក​​​មកឱ្យអស់លោក គឺជំ​នឿ ​​​​ដែល​​​បំភ្លឺ និង​​​ណែនាំចិត្តគំនិត និង​​​កិរិយាមាយាទរបស់គេ” (LG ២៥)។ ការដឹកនាំធម្មតា និងសកលរបស់សម្ដេចប៉ាប និងអស់លោកអភិបាល ដែលរួបរួមជាមួយសម្ដេច ប្រៀនប្រដៅសេចក្ដីពិតដែលត្រូវតែជឿ សេចក្ដីស្រលាញ់ដែលត្រូវអនុវត្ត និងសុភមង្គលយ៉ាងពិតប្រាកដដែលត្រូវតែសង្ឃឹមចំពោះគ្រីស្តបរិស័ទ។

២០៣៥. ក្រុមមេដឹកនាំរួមចំណែកក្នុងអំណាចរបស់ព្រះគ្រីស្ត តាមកម្រិតខ្ពង់ខ្ពស់ជាទីបំផុត ដោយឯកសិទ្ធិមិនអាចភ័ន្តច្រឡំបាន។ ក្រុមមេដឹកនាំមិនអាចភ័ន្តច្រឡំបាន អំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់សម្ដែងឱ្យមនុស្សលោកស្គាល់ (LG ២៥) អំពីវិស័យទាំងអស់នៃលទ្ធិ ព្រមទាំងលទ្ធិនៃសីលធម៌ ដែលជាចាំបាច់ ដើម្បីរក្សា ពន្យល់ និងអនុវត្តសេចក្ដីពិតនៃជំនឿដែលជួយសង្រ្គោះ (CDF)។

២០៣៦. ម្យ៉ាងទៀត ក្រុមមេដឹកនាំមានអំណាចលើបទបញ្ជាពិសេសនៃធម្មវិន័យធម្មជាតិ ដ្បិតព្រះបង្កើតសព្វព្រះហឫទ័យឱ្យយើងត្រូវអនុវត្តតាម ដើម្បីទទួលការសង្រ្គោះ។ ដោយរំលឹកវិន័យធម្មជាតិ ក្រុមមេដឹកនាំព្រះសហគមន៍បំពេញមុខងាររបស់ខ្លួន ក្នុងឋានៈជាព្យាការី គឺប្រកាសឱ្យមនុស្សលោកស្គាល់   ឋានៈយ៉ាងពិតប្រាកដរបស់ខ្លួន ហើយរំលឹកគេអំពីភារកិច្ចរបស់ខ្លួនចំពោះព្រះជាម្ចាស់ (DH ១៤)។

២០៣៧. ក្រុមមេដឹកនាំបង្រៀនធម្មវិន័យរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានផ្ញើទុកឱ្យព្រះសហគមន៍ ឱ្យគ្រីស្តបរិស័ទ ដូចជាមាគ៌ានៃជីវិត និងសេចក្ដីពិត។ ដូច្នេះ គ្រីស្តបរិស័ទមានសិទ្ធិ (CIC ២១៣) ទទួលបទបញ្ជារបស់ព្រះជាម្ចាស់ ដែលជួយសង្រ្គោះ គឺដែលជម្រះឱ្យគិតត្រឹមត្រូវ ហើយដែលព្យាបាលប្រាជ្ញារបស់មនុស្សដែលត្រូវរបួស ដោយមានព្រះហឫទ័យប្រណីសន្តោសជួយផងដែរ។ គ្រីស្តបរិស័ទមានភារកិច្ច អនុវត្តធម្មនុញ្ញ និងក្រឹត្យវិន័យនៃអាជ្ញាធរត្រឹមត្រូវរបស់ព្រះសហគមន៍។ ទោះបីមាគ៌ាទាំងអស់នោះទាក់ទងនឹងកិរិយាមាយាទយ៉ាងណាក៏ដោយ ក៏ត្រូវតែស្តាប់បង្គាប់ដោយមានចិត្តស្រលាញ់ដែរ។

២០៣៨. ព្រះសហគមន៍ត្រូវការឱ្យពួកគង្វាលធ្វើការអស់ពីចិត្តថ្លើម ព្រះសហគមន៍ក៏ត្រូវការវិទ្យាសាស្រ្តរបស់ទេវវិទូ គ្រីស្តបរិស័ទទាំងអស់ និងមនុស្សដែលមានឆន្ទៈល្អឱ្យចូលរួម ក្នុងកិច្ចការប្រៀនប្រដៅ និងអនុវត្តសីលធម៌នៃគ្រីស្តសាសនា។ ជំនឿ និងការអនុវត្តន៍ដំណឹងល្អផ្តល់ឱ្យម្នាក់ៗបទពិសោធន៍នៃជីវិត “ក្នុងអង្គព្រះគ្រីស្ត” ដែលបំភ្លឺគេ និងនាំគេឱ្យអាចគិតពិចារណាអំពីអ្វីដែលមកពីព្រះជាម្ចាស់ និងអ្វីដែលមកពីមនុស្ស ទៅតាមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ (១ករ ២,១០-១៥)។ ហេតុនេះហើយ បានជាព្រះវិញ្ញាណដ៏វិសុទ្ធអាចប្រើអ្នកតូចតាចជាងគេ ដើម្បីបំភ្លឺអ្នកប្រាជ្ញ និងអ្នកដែលមានឋានៈដ៏ខ្ពង់ខ្ពស់។

២០៣៩. អ្នកទទួលមុខងារបម្រើត្រូវតែប្រតិបត្តិតាម ដោយមានចិត្តចង់បម្រើអ្នកដទៃដូចជាបងប្អូន និងចង់បម្រើព្រះសហគមន៍អស់ពីចិត្តថ្លើម ក្នុងព្រះនាមព្រះអម្ចាស់ (រម ១២,៨.១១)។ នៅពេលជាមួយគ្នានេះ មនសិការរបស់ម្នាក់ៗរិះគិតពិចារណាអំពីកិច្ចការរៀងខ្លួន ត្រូវចៀសវាងមិនឱ្យគិតតែអំពីខ្លួនឯងប៉ុណ្ណោះ គឺគេត្រូវគិតអំពីប្រយោជន៍រួមឱ្យអស់ពីសមត្ថភាព ដែលធម្មវិន័យខាងសីលធម៌សម្ដែង ពោលគឺធម្មវិន័យធម្មជាតិ និងធម្មវិន័យដែលព្រះជាម្ចាស់បានសម្ដែងឱ្យយើងស្គាល់ ដែលជាវិន័យរបស់ព្រះសហគមន័ និងការប្រៀនប្រដៅរបស់ក្រុមមេដឹកនាំអំពីសីលធម៌។ មនសិការរបស់រៀងៗខ្លួនមិនត្រូវប្រឆាំងនឹងប្រាជ្ញា ធម្មវិន័យខាងសីលធម៌ ឬក្រុមមេដឹកនាំព្រះសហគមន៍ឡើយ។

២០៤០. ហេតុនេះហើយ បានជាគ្រីស្តបរិស័ទអាចរាប់ខ្លួនឯងទុកជាបុត្រធីតារបស់ព្រះសហគមន៍ កាន់តែខ្លាំងឡើងៗ។ គំនិតនេះមកពីព្រះអំណោយទានធម្មតានៃបុណ្យជ្រមុជទឹក ដែលបានបង្កើតយើងក្នុងផ្ទៃព្រះសហគមន៍ និងបានធ្វើឱ្យយើងទៅជាសរីរាង្គនៃព្រះកាយព្រះគ្រីស្ត។ ដោយយកចិត្តទុកដាក់លើយើងដូចជាមាតា ព្រះសហគមន៍ផ្តល់ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់មកយើង ដែលឈ្នះអំពើបាបទាំងអស់របស់យើង ហើយដែលប្រតិបត្តិយ៉ាងពិសេសក្នុងអគ្គសញ្ញាលើកលែងទោស។ ដូចមាតាម្នាក់ដែលថែទាំកូនៗរបស់ខ្លួន ព្រះសហគមន៍ផ្តល់ចំណីអាហារនៃព្រះបន្ទូល និងពិធីអរព្រះគុណព្រះអម្ចាស់ ក្នុងពិធីបុណ្យរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ។

២. បទបញ្ជារបស់ព្រះសហគមន៍

២០៤១. បទបញ្ជាព្រះសហគមន៍ស្ថិតក្នុងការរស់នៅប្រកបដោយសីលធម៌ ដែលទាក់ទងនឹងពិធីបុណ្យ។ ពិធីបុណ្យជួយបំប៉នការរស់នៅខាងសីលធម៌នេះ។ ត្រូវតែគោរពវិន័យទាំងអស់នោះ ដែលអាជ្ញាធរព្រះសហគមន៍តាក់តែង ដើម្បីឱ្យគ្រីស្តបរិស័ទអធិដ្ឋាន មានរបៀបរស់នៅស្របតាមសីលធម៌ និងស្រលាញ់ព្រះជាម្ចាស់ និងអ្នកដទៃកាន់តែច្រើនឡើងៗ៖

២០៤២. វិន័យទីមួយសុំឱ្យគ្រីស្តបរិស័ទចូលរួមក្នុងពិធីអរព្រះគុណនៃព្រះសហគមន័នៅថ្ងៃរម្លឹកព្រះអម្ចាស់មានព្រះជន្មថ្មី (CIC ១២៤៦-១២៤៨ ; CCEO ៨៨១,១.២.៤)។
វិន័យទីពីរសុំឱ្យគ្រីស្តបរិស័ទរៀបចំខ្លួននឹងថ្វាយអភិបូជា ដោយទទួលអគ្គសញ្ញាលើកលែងទោស ដែលបន្តកិច្ចការនៃពិធីជ្រមុជទឹក ដែលគ្រីស្តបរិស័ទបានចាប់ផ្តើមកែប្រែចិត្តគំនិត និងទទួលការលើកលែងទោស (CIC ៩៨៩ ; CCEO ៧១៩)។
វិន័យទីបីសុំឱ្យគ្រីស្តបរិស័ទទទួលព្រះកាយ ព្រះលោហិតព្រះគ្រីស្តយ៉ាងហោចណាស់មួយឆ្នាំម្តង ក្នុងឱកាសបុណ្យចម្លង ដែលជាប្រភព និងជាស្នូលនៃពិធីបុណ្យខាងគ្រីស្តសាសនា (CIC ៩២០ ; CCEO ៧០៨ ; ៨៨១,៣)។

២០៤៣. វិន័យទីបួនសុំឱ្យគ្រីស្តបរិស័ទចូលរួមក្នុងពិធីបុណ្យសំខាន់ៗ ដែលលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ព្រហ្មចារិនីម៉ារី និងសន្តបុគ្គល (CIC ១២៤៦ ; CCEO ៨៨១,១.៤ ; ៨៨០,៣)។
វិន័យទីប្រាំសុំឱ្យគ្រីស្តបរិស័ទតមអាហារ និងលត់ដំខ្លួន ដើម្បីរៀបចំខ្លួនថ្វាយពិធីបុណ្យផ្សេងៗ ដើម្បីជួយយើងឱ្យគ្រប់គ្រងកិលេសតណ្ហា និងឱ្យមានសេរីភាព (CIC ១២៤៩-១២៥១ ; CCEO ៨៨២)។
ទីបញ្ចប់ គ្រីស្តបរិស័ទត្រូវតែជួយឧបត្ថម្ភព្រះសហគមន៍តាមសមត្ថភាពរបស់រៀងៗខ្លួន (CIC    ២២២)។

៣. របៀបរស់នៅប្រកបដោយសីលធម៌ និងសក្ខីភាពសម្រាប់អ្នកដទៃ

២០៤៤. គ្រីស្តបរិស័ទត្រូវតែមានចិត្តស្មោះស ដើម្បីប្រកាសដំណឹងល្អ និងដើម្បីបេសកកម្មនៃព្រះសហគមន៍ក្នុងពិភពលោក ។ សក្ខីភាពនៃរបៀបរស់នៅរបស់គ្រីស្តបរិស័ទត្រូវបញ្ជាក់សារនៃការសង្រ្គោះ និងសម្ដែងឱ្យមនុស្សលោកដឹងថា សារនេះពោរពេញដោយកម្លាំងនៃសេចក្ដីពិត និងពោរពេញដោយពន្លឺ។ “សក្ខីភាពនៃរបៀបរស់នៅរបស់គ្រីស្តបរិស័ទ និងកិច្ចការដែលគេប្រព្រឹត្ត ដោយមានចិត្តគំនិតហួសធម្មជាតិ មានឫទ្ធានុភាពអាចទាក់ទាញមនុស្សឱ្យផ្ញើជីវិតទៅលើព្រះជាម្ចាស់បាន” (AA ៦)។

២០៤៥. ដោយសារគេជាសរីរាង្គនៃព្រះកាយ ដែលព្រះគ្រីស្តជាព្រះសិរសា (អភ ១,២២) គ្រីស្តបរិស័ទជួយកសាងព្រះសហគមន៍ ដោយមានជំនឿ និងសីលធម៌យ៉ាងរឹងមាំ។ ព្រះសហគមន៍រីកចម្រើន និងលូតលាស់ ដោយសារគ្រីស្តបរិស័ទវិសុទ្ធ (LG ៣៩) រហូតដល់យើង “​ទៅ​ជា​មនុស្ស​ពេញវ័យ​ ដល់​កម្ពស់​របស់​ព្រះគ្រីស្ត ​ដែល​បំពេញ​អ្វីៗ​ទាំង​អស់” (អភ ៤,១៣)។

២០៤៦. ដោយមានរបៀបរស់នៅស្របតាមព្រះគ្រីស្ត គ្រីស្តបរិស័ទធ្វើឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកដល់ “ជាព្រះរាជ្យនៃយុត្តិធម៌ សេចក្ដីពិត និងសេចក្ដីសុខសាន្ត” (MR ធម៌ប្រារព្ធនៃព្រះគ្រីស្តជាព្រះមហាក្សត្រ)។ ក៏ប៉ុន្តែ គេមិនបោះបង់ចោលភារកិច្ចរបស់គេនៅលើផែនដីនេះទេ គេបំពេញភារកិច្ចនោះដោយមានចិត្តអត់ធ្មត់ និងពោរពេញដោយសេចក្ដីស្រលាញ់ ដោយមានចិត្តស្មោះត្រង់នឹងម្ចាស់របស់គេផង។

សង្ខេប

២០៤៧. នៅពេលដែលយើងរស់នៅតាមសីលធម៌ យើងគោរពប្រណិប័តន៍ព្រះជាម្ចាស់។ ពិធីបុណ្យ និង​ការប្រារព្ធអគ្គសញ្ញាបំប៉នកិច្ចការរបស់គ្រីស្តបរិស័ទ។

២០៤៨. បទបញ្ជារបស់ព្រះសហគមន៍ទាក់ទងនឹងជីវិតខាងសីលធម៌ និងជីវិតជាគ្រីស្តបរិស័ទ ដោយរួម ជាមួយនឹងពិធីបុណ្យ និងយកពិធីបុណ្យនេះធ្វើជាអាហារ។

២០៤៩. ជាធម្មតា ពួកគង្វាលព្រះសហគមន៍ដឹកនាំព្រះសហគមន៍ខាងសីលធម៌ ដោយការអប់រំជំនឿ និង​ដោយ​ទេសនា ដោយយកវិន័យដប់ប្រការជាគ្រឹះ ដែលចែងអំពីគោលការណ៍​នៃការរស់នៅ​ប្រកប​ដោយ​សីលធម៌​សម្រាប់​​មនុស្សទាំង​អស់។

២០៥០. សម្ដេចប៉ាប និងពួកអភិបាល ដែលជាគ្រូបណ្ឌិតដ៏ពិតប្រាកដ ទេសនាចំពោះប្រជារាស្រ្តរបស់ ព្រះជាម្ចាស់អំពីជំនឿ ដែលត្រូវតែជឿ និងអនុវត្តក្នុងរបៀបរស់នៅ។ ម្យ៉ាងទៀត ពួកលោកត្រូវតែជួយដោះស្រាយ បញ្ហាខាងសីលធម៌ ដែលមកពីធម្មវិន័យធម្មជាតិ និងពីប្រាជ្ញា។

២០៥១. ក្រុមមេដឹកនាំមិនអាចភាន់ច្រឡំ អំពីវិស័យទាំងអស់នៃលទ្ធិព្រមទាំងលទ្ធិនៃសីលធម៌ ដែល​ជា​ចាំបាច់ ដើម្បីរក្សា ពន្យល់ និងអនុវត្តសេចក្ដីពិតនៃជំនឿដែលជួយសង្រ្គោះបានទេ។

ភាគទី២៖ វិន័យដប់ប្រការ

ជំពូក១ លេខ២០៥២-២១៩៥

សេរីភាព ២០,២-១៧

យើងព្រះអម្ចាស់ ​ជាព្រះរបស់អ្នក​យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ​ជាស្រុកដែល​អ្នកធ្វើ​ជាទាសករ។​
មិនត្រូវគោរពព្រះណាផ្សេង​ក្រៅពីយើង​ឡើយ។
មិនត្រូវឆ្លាក់រូបអ្វី ​ឬ​យកវត្ថុដែលជាតំណាង​អ្វីមួយ​នៅលើមេឃ ​នៅលើផែនដី ​ឬ​នៅក្នុងទឹក​ក្រោមដី​ធ្វើជាព្រះឡើយ។
មិនត្រូវក្រាបថ្វាយ​បង្គំរូបព្រះទាំងនោះ ​ឬ​គោរពបំរើរូបទាំងនោះឡើយ។  ​ យើងជាព្រះអម្ចាស់​ជាព្រះរបស់អ្នក ​យើងមិន​ចង់​ឱ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង  ក្រៅពីយើងឡើយ។ ​ប្រសិនបើនរណាក្បត់​ចិត្តយើង​  យើងនឹងដាក់ទោសគេ​ចាប់ពីឪពុក​រហូតដល់កូនចៅបីបួនតំណ​    ផ្ទុយទៅវិញ​យើង​នឹងសម្ដែងសេចក្តីសប្បុរស​រហូតដល់មួយពាន់តំណ​ចំពោះអស់អ្នក ដែលស្រឡាញ់ ​និង​ប្រតិបត្តិតាម​បញ្ជារបស់យើង ។
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់​ជាព្រះ​របស់អ្នក ទៅប្រើឥតបានការនោះឡើយ ​ដ្បិត​ព្រះអម្ចាស់នឹង​មិន​អត់​អោន​ឱ្យ​អ្នក​ ដែល​យក​ព្រះ​នាម​របស់​ព្រះអង្គ​ទៅប្រើ​ឥតបានការ​របៀប​នេះ​ជា​ដាច់ខាត។
ចូររម្លឹកថ្ងៃសប្ប័ទ ​ហើយញែកថ្ងៃនោះជា​ថ្ងៃដ៏វិសុទ្ធ។    ​  អ្នកមានពេលប្រាំមួយថ្ងៃ  សម្រាប់​បំពេញកិច្ចការទាំងប៉ុន្មាន ដែលអ្នកត្រូវធ្វើ​    តែ​ថ្ងៃទីប្រាំពីរ​ជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់​ជាព្រះ​នៃអ្នក។​ ដូច្នេះ​នៅថ្ងៃនោះ​ទាំងអ្នក  ទាំងកូន​ប្រុសកូនស្រីរបស់អ្នក ទាំងអ្នកបំរើប្រុសស្រី ​ទាំង​សត្វពាហនៈ ​និង​ជនបរទេស ដែលរស់នៅជាមួយ​អ្នក  មិនត្រូវធ្វើការអ្វីឡើយ  ដ្បិតក្នុងរយៈពេល​ប្រាំមួយថ្ងៃ  ​ព្រះ អម្ចាស់បានបង្កើតផ្ទៃមេឃ​ ផែនដី ​សមុទ្រ  ​និង  ​របស់សព្វសារពើ ដែលស្ថិតនៅទីទាំង​នោះ។ ​នៅថ្ងៃទីប្រាំពីរ​  ព្រះអង្គសម្រាកហេតុនេះ​ហើយ ​បាន​ជា​ព្រះអម្ចាស់​ប្រទានពរ​ដល់​ថ្ងៃសប្ប័ទ​ ហើយ​ញែកថ្ងៃនោះ  ជាថ្ងៃដ៏វិសុទ្ធ។
ចូរគោរពមាតា បិតារបស់អ្នក​ ដើម្បីឱ្យ​អ្នកមានអាយុយឺនយូរ​នៅលើដីដែលព្រះអម្ចាស់​ជាព្រះនៃអ្នក  ប្រទានដល់អ្នក។
កុំសម្លាប់មនុស្ស។
កុំប្រព្រឹត្តអំពើផិតក្បត់​។
កុំលួចប្លន់គេ។
កុំធ្វើសាក្សីក្លែងក្លាយ​ដែលនាំឱ្យអ្នក​ដទៃ​មាន​ទោស។
កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ ​កុំ​លោភលន់ចង់បានប្រពន្ធគេ ​ឬ​ក៏លោភលន់ចង់​បានអ្នកបម្រើប្រុស ​អ្នកបម្រើស្រី​គោ​លា ​ឬ  ​អ្វី​ផ្សេងទៀត ដែលជារបស់គេឡើយ។

ទុតិយកថា ៥,៦-២១

យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក​ យើង​បាននាំអ្នកចាកចេញពីស្រុកអេស៊ីប  ​ ជាស្រុកដែល​អ្នក​ធ្វើជាទាសករ។
មិនត្រូវគោរពព្រះណាផ្សេង​ក្រៅពីយើង​ឡើយ។
មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់​ជាព្រះ​របស់អ្នក  ទៅប្រើឥតបានការនោះឡើយ។
ចូរគោរពថ្ងៃសប្ប័ទ ​ហើយញែកថ្ងៃនោះ​ទុកជាថ្ងៃដ៏វិសុទ្ធ។
ចូរគោរពមាតា បិតារបស់អ្នក។
កុំសម្លាប់មនុស្ស។
កុំប្រព្រឹត្តអំពើផិតក្បត់​។
កុំលួចប្លន់គេ។
កុំធ្វើសាក្សីក្លែងក្លាយ​នាំឱ្យអ្នកដទៃ​មាន​ទោស។
កុំលោភលន់ចង់បានប្រពន្ធគេ
កុំប៉ងប្រាថ្នា​ចង់បាន... ឬអ្វី​ផ្សេងទៀតរបស់គេឡើយ។

សង្ខេប

ត្រូវក្រាបថ្វាយបង្គំ និងស្រលាញ់ព្រះតែមួយគត់។
ត្រូវគោរពព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ មិនត្រូវប្រមាថព្រះអង្គ និងមិនត្រូវស្បថឥតបានការ។
ត្រូវគោរពថ្ងៃរបស់ព្រះអម្ចាស់ ដោយបម្រើព្រះជាម្ចាស់អស់ពីចិត្ត។
ត្រូវគោរពមាតា បិតា និងប្រធានរបស់អ្នក។
កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើអាក្រក់ កុំស្អប់ ឬខឹងគេឡើយ។
ត្រូវមានចិត្តបរិសុទ្ធ និងគ្រប់គ្រងខ្លួនឯង។
កុំនិយាយដើមគេ កុំកុហកគេឡើយ។
ចូរមានចិត្តគំនិត និងប្រាថ្នាបរិសុទ្ធ។
កុំលោភលន់ចង់បានទ្រព្យគេ ដោយប្រើកលល្បិចឡើយ។

ភាគទីពីរ​៖ ​​
វិន័យដប់ប្រការ

“លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វី...?”

២០៥២.​ “លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អអ្វីខ្លះ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?”។ ព្រះយេស៊ូឆ្លើយតបនឹងយុវបុរសម្នាក់ ដែលសួរនឹងសំណួរនេះ ថា ត្រូវតែទទួលស្គាល់ថា មានតែព្រះជាម្ចាស់ “ល្អ សប្បុរស” ជាអ្នកដ៏ល្អប្រសើរជាទីបំផុត និងជាប្រភពនៃអ្វីៗទាំងអស់ដ៏ល្អ”។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ “បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ” ហើយព្រះអង្គប្រកាសវិន័យ ដែលទាក់ទងនឹងសេចក្ដីស្រលាញ់ចំពោះអ្នកដទៃ៖ “កុំ​សម្លាប់​មនុស្ស​ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់‌​ កុំលួច​ទ្រព្យ​សម្បត្តិ​គេ​‌ កុំ​និយាយ​កុហក​ធ្វើឱ្យគេ​មាន​ទោស​ ចូរ​គោរព​មាតា​បិតា​”។ ទីបញ្ចប់ ព្រះយេស៊ូសង្ខេបវិន័យទាំងអស់នោះ តាមរបៀបវិជ្ជមាន៖ “ចូរ​ស្រឡាញ់​បងប្អូន​ឯទៀត ​ដូចអ្នក​ស្រឡាញ់​ខ្លួន​ឯង​ដែរ” (មថ ១៩,១៦-១៩)។

២០៥៣. បន្ទាប់ពីចម្លើយទីមួយនេះ ព្រះយេស៊ូបន្ថែមចម្លើយមួយទៀត គឺ៖ “បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ​ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ​ហើយ​ចែក​ឱ្យ​ជន​ក្រីក្រ​ទៅ​‌​ ធ្វើ​ដូច្នេះ ​ទើបអ្នក​បាន​សម្បត្តិ​សួគ៌​ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!” (មថ ១៩,២១)។ ចម្លើយនេះ មិនលុបបំបាត់ចម្លើយទីមួយឡើយ។ ត្រូវប្រតិបត្តិតាមវិន័យ ដើម្បីដើរតាមព្រះយេស៊ូគ្រីស្ត។ ព្រះអង្គមិនលុបបំបាត់ធម្មវិន័យទេ (មថ ៥,១៧) ប៉ុន្តែព្រះអង្គអញ្ជើញមនុស្សឱ្យយល់ឃើញថា ព្រះគ្រូរបស់ខ្លួនបំពេញធម្មវិន័យឱ្យបានគ្រប់លក្ខណៈ។ ក្នុងដំណឹងល្អតាមសន្តម៉ាកុស សន្តម៉ាថាយ និងសន្តលូកា រឿងដែលព្រះយេស៊ូត្រាស់ហៅយុវបុរសជាអ្នកមានឱ្យដើរតាមព្រះអង្គ ដោយស្តាប់បង្គាប់ព្រះអង្គដូចជាសាវ័កម្នាក់ និងដោយប្រតិបត្តិតាមវិន័យ ស្ថិតនៅក្នុងការត្រាស់ហៅឱ្យដាក់ខ្លួនជាអ្នកក្រ និងឱ្យរក្សាព្រហ្មចរិយធម៌ (មថ ១៩,៦-១២.២១.២៣-២៩)។ យើងមិនអាចបំបែកដំបូន្មានដែលមានចែងក្នុងដំណឹងល្អចេញពីធម្មវិន័យបានឡើយ។

២០៥៤. ព្រះយេស៊ូបានលើកយកវិន័យដប់ប្រការឡើងវិញ ប៉ុន្តែ ព្រះអង្គបានសម្ដែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រតិបត្តិក្នុងវិន័យជាលាយលក្ខណ៍អក្សរ។ ព្រះអង្គបានប្រកាស “សេចក្ដីសុចរិតប្រសើរជាងសេចក្ដីសុចរិតរបស់ពួកធម្មចារ្យ និងពួកគណៈផារីស៊ី” (មថ​ ៥,២០) ដូចព្រះអង្គបានប្រកាសសេចក្ដីសុចរិតរបស់សាសន៍ដទៃផងដែរ (មថ ៥,៤៦-៤៧)។ ព្រះអង្គបានលាតសន្ធឹងការទាមទារទាំងប៉ុន្មាននៃធម្មវិន័យ។ “អ្នករាល់​គ្នា​ធ្លាប់​ឮ​សេចក្ដីដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស​ថា “កុំ​សម្លាប់​មនុស្ស”​ (...)   រីឯ​ខ្ញុំ​វិញ‌ ​ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ” (មថ ៥,២១-២២)។

២០៥៥. នៅពេលដែលយើងទូលសួរព្រះអង្គថា៖ “ក្នុងធម្ម​វិន័យ​ តើ​មាន​វិន័យ​ណា​សំខាន់​ជាង​គេ?” (មថ ២២,៣៦) ព្រះយេស៊ូឆ្លើយតបថា៖ “ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នក​ឱ្យ​អស់​ពីចិត្ត​គំនិត‌​ អស់​ពី​ស្មារតី​ និង‌​អស់ពី​ប្រាជ្ញា ហ្នឹង​ហើយ​ជា​វិន័យ​ទី​មួយ​ដែល​សំខាន់​ជាង​គេ​បំផុត។​ រីឯ​វិន័យ​ទីពីរ​ក៏​សំខាន់​ដូចគ្នា​ដែរ​ គឺ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯទៀត​ ​ដូចអ្នក​ស្រឡាញ់​ខ្លួន​ឯង។​ វិន័យ​ទាំង​ពីរ​នេះ​ជា​ឫស​គល់​របស់​ធម្ម​វិន័យ​  និង‌​គម្ពីរ​ព្យាការី​ទាំង​អស់” (មថ ​២២,៣៧-៤០) (ទក ៦,៥ ; លវ​ ១៩,១៨)។ ត្រូវបកស្រាយវិន័យដប់ប្រការក្រោមពន្លឺនៃវិន័យទាំងពីរនោះ ជាវិន័យតែមួយនៃសេចក្ដីស្រលាញ់ ដែលបំពេញធម្មវិន័យឱ្យបានគ្រប់លក្ខណៈ៖
វិន័យដែលចែង​ថា  កុំប្រព្រឹត្តអំពើផិតក្បត់ ​កុំសម្លាប់មនុស្ស​ កុំ​លួចទ្រព្យសម្បត្តិគេ‌ ​កុំមានចិត្តលោភលន់ ​និង‌​វិន័យឯទៀតៗ‌‌សង្ខេបមកជាវិន័យតែមួយនេះ​ថា​‌ ចូរស្រឡាញ់បងប្អូនឯទៀត ដូចអ្នក​ស្រឡាញ់​​​ខ្លួនឯងដែរ។   អ្នកមានចិត្ត​ស្រឡាញ់‌​មិនដែលប្រព្រឹត្តអាក្រក់ដល់បងប្អូន​ឯទៀតឡើយ ​ដូច្នេះសេចក្ដីស្រឡាញ់នាំឱ្យ​ប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ (រម ១៣,៩-១០)។

វិន័យដប់ប្រការក្នុងព្រះគម្ពីរដ៏វិសុទ្ធ

២០៥៦. ពាក្យ “វិន័យដប់ប្រការ” មានអត្ថន័យចំថា “ព្រះបន្ទូលទាំងដប់” (សរ ៣៤,២៨ ; ទក ៤,១៣ ; ១០,៤)។ ព្រះជាម្ចាស់បានសម្ដែងព្រះបន្ទូលទាំងដប់នោះឱ្យប្រជារាស្រ្តរបស់ព្រះអង្គស្គាល់ នៅលើភ្នំដ៏វិសុទ្ធ។ ព្រះអង្គបានសរសេរព្រះបន្ទូលនោះ “ដោយព្រះអង្គុលីរបស់ព្រះអង្គផ្ទាល់” (សរ ៣១,១៨ ; ទក ៥,២២) ខុសពីបទបញ្ជាឯទៀតៗដែលលោកម៉ូសេបានសរសេរ (ទក ៣១,៩.២៤)។ ព្រះបន្ទូលនោះ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏ប្រសើរក្រៃលែង ហើយត្រូវបានគេបញ្ចូលក្នុងកណ្ឌសេរីភាព (សរ ២០,១-១៧) និងក្នុងកណ្ឌទុតិយកថា (ទក ៥,៦-២២)។ ចាប់តាំងពីសម្ពន្ធមេត្រីចាស់ គម្ពីរដ៏វិសុទ្ធយោងទៅតាម “ព្រះបន្ទូលទាំងដប់” (ហស ៤,២ ; យរ ៧,៩ ; អគ ១៨,៥-៩) ប៉ុន្តែសម្ពន្ធមេត្រីថ្មីនៅក្នុងអង្គព្រះយេស៊ូគ្រីស្តសម្ដែងអត្ថន័យដ៏ពេញលក្ខណៈរបស់ព្រះបន្ទូលនោះ។

២០៥៧. ត្រូវយល់ថា វិន័យដប់ប្រការស្ថិតក្នុងកា​លៈទេសៈនៃដំណើរឆ្ពោះទៅកាន់សេរីភាព ដែលជាហេតុការណ៍ដ៏អស្ចារ្យ ជាស្នូលនៃសម្ពន្ធមេត្រីចាស់ គឺព្រះជាម្ចាស់រំដោះព្រះជារាស្រ្តរបស់ព្រះអង្គ។ ទោះជាគេសរសេរបទបញ្ជាអវិជ្ជមាន ការហាមប្រាម ឬបទបញ្ជាវិជ្ជមាន (ដូចជា “ចូរគោរពមាតាបិតា”) ក៏ដោយ ក៏ “ព្រះបន្ទូលទាំងដប់” បង្ហាញលក្ខខណ្ឌនៃជីវិត ដែលព្រះជាម្ចាស់បានរំដោះឱ្យរួចពីអំពើបាប។ វិន័យដប់ប្រការជាផ្លូវនៃជីវិត៖
ខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ​ឱ្យស្រឡាញ់​ព្រះអម្ចាស់  ជាព្រះរបស់អ្នក ​  ​ហើយដើរតាមមាគ៌ា​របស់ព្រះអង្គ  ​កាន់តាមបទបញ្ជា  ​ក្រឹត្យវិន័យ ​និង​ច្បាប់របស់ព្រះអង្គ។ ​ធ្វើដូច្នេះ   ទើបអ្នករស់រាន​មានជីវិត ​និង​កើនចំនួនច្រើនឡើង​ (ទក ៣០,១៦)។ យើងអាចយល់ឃើញឫទ្ធានុភាព ដែលជួយរំដោះនៃវិន័យដប់ប្រការនេះ ក្នុងបទបញ្ជាអំពីថ្ងៃសប្ប័ទជាថ្ងៃសម្រាក ដែលមានសម្រាប់ជនបរទេស និងទាសករផងដែរ៖
អ្នកត្រូវនឹកចាំថា ​អ្នកធ្លាប់ធ្វើជា​ទាសករ នៅស្រុកអេស៊ីប ​ហើយព្រះអម្ចាស់​ជាព្រះ​របស់អ្នកបាននាំអ្នកចាកចេញពីទីនោះ ​ដោយប្ញទ្ធិ​បារមី​ និង​តេជានុភាពរបស់ព្រះអង្គ។​ ហេតុនេះ​ហើយបានជាព្រះអម្ចាស់​ជាព្រះរបស់អ្នក​បង្គាប់​ឱ្យអ្នកគោរពថ្ងៃសប្ប័ទ (ទក ៥,១៥)។

២០៥៨. “ព្រះបន្ទូលទាំងដប់” សង្ខេប និងប្រកាសធម្មវិន័យរបស់ព្រះជាម្ចាស់៖ “​នេះហើយជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែង​មកកាន់ក្រុមជំនុំទាំងមូល ​ដោយបន្លឺព្រះសូរសៀង​ខ្លាំងៗ​ នៅលើភ្នំពីក្នុងភ្លើង ​ពពក​និង​អ័ព្ទ។ ​ព្រះអង្គពុំមាន​ព្រះបន្ទូល​អ្វីបន្ថែម​ពីលើនេះ​ទៀត​ទេ ​ព្រះអង្គ​បាន​ចារ​ព្រះបន្ទូល​ទាំងនោះ​នៅលើ​បន្ទះថ្ម​ពីរ ​រួចប្រគល់មកឱ្យខ្ញុំ” (ទក ៥,២២)។ ហេតុនេះហើយបានជាគេហៅបន្ទះថ្មទាំងពីរនោះថា “សន្ធិ​សញ្ញា” (សរ​២៥,១៦)។ តាមពិត ប្រការនៃសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ និងប្រជារាស្រ្តរបស់ព្រះអង្គស្ថិតក្នុងបន្ទះថ្មទាំងពីរនោះ។ ត្រូវតែដាក់ “បន្ទះថ្មជាសន្ធិ​សញ្ញា” (សរ ៣១,១៨ ; ៣២,១៥ ; ៣៤,២៩) នោះក្នុង “ហិប” (សរ ២៥,១៦ ; ៤០,១-២)។

២០៥៩. ព្រះជាម្ចាស់ប្រកាស “ព្រះបន្ទូលទាំងដប់” នៅពេលដែលព្រះអង្គសម្ដែងព្រះអង្គឱ្យគេឃើញ (“ ព្រះអម្ចាស់​មានព្រះបន្ទូល​នៅចំពោះមុខអ្នករាល់គ្នានៅលើភ្នំ​ពីកណ្តាលភ្នក់ភ្លើង”៖ ទក ៥,៤)។ ព្រះជាម្ចាស់សម្ដែងព្រះអង្គផ្ទាល់ សិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងព្រះបន្ទូលទាំងដប់នោះផងដែរ។ ក្នុងការប្រទានវិន័យទាំងដប់ប្រការនេះ ព្រះអង្គបានប្រទានព្រះអង្គផ្ទាល់ និងព្រះហឫទ័យដ៏វិសុទ្ធផងដែរ។ ដោយសម្ដែងព្រះហឫទ័យរបស់ព្រះអង្គៗក៏សម្ដែងព្រះអង្គឱ្យប្រជារាស្រ្តរបស់ព្រះអង្គស្គាល់។

២០៦០. ព្រះអំណោយទាននៃវិន័យដប់ប្រការ និងធម្មវិន័យជាផ្នែកនៃសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយប្រជារាស្រ្តរបស់ព្រះអង្គ។ តាមកណ្ឌនៃដំណើរឆ្ពោះទៅកាន់សេរីភាព ព្រះជាម្ចាស់សម្ដែង “ព្រះបន្ទូលទាំងដប់” ចន្លោះពេលដែលព្រះអង្គស្នើសុំសម្ពន្ធមេត្រី (សរ ១៩) និងទីបញ្ចប់នៃសម្ពន្ធមេត្រី (សរ ២៤) ក្រោយពីប្រជារាស្រ្តបានសន្យា “ប្រព្រឹត្ត” តាមព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ ហើយ “ប្រតិបត្តិតាម” (សរ ២៤,៧)។ ព្រះជាម្ចាស់ប្រគល់វិន័យដប់ប្រការក្រោយពីបានរម្លឹកនូវសម្ពន្ធមេត្រីតែប៉ុណ្ណោះ (“ព្រះអម្ចាស់ ​ជាព្រះនៃយើង​បាន​ចងសម្ពន្ធមេត្រីជាមួយដូនតារបស់យើងនៅលើភ្នំ​ហូរែប”៖ ទក ៥,២)។

២០៦១. វិន័យដប់ប្រការទទួលអត្ថន័យពេញលេញនៅក្នុងសម្ពន្ធមេត្រី។ តាមព្រះគម្ពីរ ការប្រតិបត្តិតាមសីលធម៌របស់មនុស្សមានអត្ថន័យពេញលេញ នៅក្នុង និងតាមរយៈសម្ពន្ធមេត្រី។ ព្រះបន្ទូលទីមួយនៃ “ព្រះបន្ទូលដប់ប្រការ” រម្លឹកថា ព្រះជាម្ចាស់ស្រលាញ់ប្រជារាស្រ្តរបស់ព្រះអង្គ៖
ព្រះជាម្ចាស់បានដាក់ទោសមនុស្សលោក ដែលបានប្រព្រឹត្តអំពើបាប ដោយប្រោសគេឱ្យចេញពីស្ថានបរមសុខនៃសេរីភាពទៅធ្វើជាឈ្លើយនៃលោកីយ៍នេះ ហេតុនេះឃ្លាទីមួយនៃវិន័យដប់ប្រការដែលជាព្រះបន្ទូលដំបូងនៃធម្មវិន័យរបស់ព្រះជាម្ចាស់ស្តីអំពីសេរីភាព៖ “យើងព្រះអម្ចាស់ ​ជាព្រះរបស់អ្នក ​យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ​ជាស្រុកដែល​អ្នកធ្វើ​ជាទាសករ” (សរ​ ២០,២ ; ទក ៥,៦) (លោក អូរីសែន)។

២០៦២. ព្រះជាម្ចាស់ប្រកាសធម្មវិន័យ ក្រោយពីបានរម្លឹកអំពីសេចក្ដីស្រលាញ់របស់ព្រះអង្គ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ពោលគឺដោយសារសម្ពន្ធមេត្រី យើងជាកម្មសិទ្ធិរបស់ព្រះអង្គ ទើបយើងត្រូវតែគោរពវិន័យរបស់ព្រះអង្គ។ ការរស់នៅតាមសីលធម៌ជាចម្លើយ ចំពោះព្រះអម្ចាស់ ដែលស្រលាញ់យើងមុន។ ដោយរស់នៅតាមសីលធម៌ យើងតបស្នងព្រះគុណព្រះជាម្ចាស់ លើកតម្កើង និងអរព្រះគុណព្រះអង្គ ហើយយើងរួមសហការជាមួយនឹងគម្រោងការរបស់ព្រះអង្គក្នុងប្រវត្តិសាស្រ្ត។
២០៦៣. លើសពីនេះទៅទៀត ដោយសារក្នុងកាតព្វកិច្ចទាំងប៉ុន្មាន ព្រះជាម្ចាស់មានព្រះបន្ទូលផ្ទាល់ (“យើងជាព្រះអម្ចាស់”) ទៅកាន់មនុស្សម្នាក់ផ្សេងទៀត (“អ្នក”) ព្រះអង្គក៏បញ្ជាក់សម្ពន្ធមេត្រី​ និងការសន្ទនារវាងព្រះអង្គ និងមនុស្ស។ ក្នុងវិន័យទាំងអស់របស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះបន្ទូលទៅកាន់តែមនុស្សម្នាក់ៗ ។ ព្រះអង្គក៏សម្ដែងឱ្យមនុស្សម្នាក់ៗដឹងអំពីព្រះហឫទ័យព្រះអង្គ ជាមួយគ្នានេះដែរ ព្រះអង្គមានព្រះបន្ទូលឱ្យប្រជារាស្រ្តទាំងមូល។ ព្រះអម្ចាស់បញ្ជាឱ្យយើងស្រលាញ់ព្រះជាម្ចាស់ និងបង្រៀនឱ្យយើងប្រព្រឹត្តតាមយុត្តិធម៌ចំពោះអ្នកដទៃ ដើម្បីឱ្យទៅជាមនុស្សសុចរិត និងសក្តិសមនឹងព្រះជាម្ចាស់។ ហេតុនេះ ដោយសារវិន័យដប់ប្រការ ព្រះជាម្ចាស់រៀបចំមនុស្សឱ្យក្លាយទៅជាមិត្តសម្លាញ់របស់ព្រះអង្គ ហើយឱ្យគេមានចិត្តគំនិតតែមួយជាមួយអ្នកដទៃ (...)។ យើងជាគ្រីស្តបរិស័ទត្រូវអនុវត្តវិន័យដប់ប្រការនោះផងដែរ។ ដោយសារព្រះអម្ចាស់ប្រសូតជាមនុស្ស ព្រះអង្គមិនបានលុបបំបាត់ទេ ប៉ុន្តែព្រះអង្គបានធ្វើឱ្យវិន័យដប់ប្រការនោះបានចម្រើនឡើង។

វិន័យដប់ប្រការក្នុងការបញ្ជូនបន្តនៃព្រះសហគមន៍

២០៦៤. ស្របតាមព្រះគម្ពីរ និងដោយយកតម្រាប់តាមព្រះយេស៊ូ ការបញ្ជូនបន្តព្រះសហគមន៍បានទទួលស្គាល់ថា វិន័យដប់ប្រការមានសារៈសំខាន់ ហើយមានអត្ថន័យសំខាន់ណាស់។

២០៦៥. ចាប់តាំងពីជំនាន់សន្តអូគូស្តាំងមក “វិន័យដប់ប្រការ” មានសារៈសំខាន់ណាស់ក្នុងការអប់រំជំនឿរបស់អ្នកស្វែងយល់ និងគ្រីស្តបរិស័ទ។ នៅសតវត្សទី១៥ យើងចាប់ផ្តើមសម្ដែងវិន័យដប់ប្រការជាពាក្យកាព្យ ស្រួលចាំ និងតាមរបៀបវិជ្ជមានរហូតដល់សព្វថ្ងៃនេះ។ ជារឿយៗ សៀវភៅអំពីលទ្ធិនៃគ្រីស្តសាសនាបានស្តីអំពីសីលធម៌តាមលំដាប់លំដោយនៃ “វិន័យដប់ប្រការ”។

២០៦៦. ក្នុងប្រវត្តិសាស្រ្ត យើងបានចែក និងបានរៀបចំវិន័យដប់ប្រការតាមរបៀបផ្សេងៗ។ សៀវភៅនេះ ដែលធ្វើតាមការរៀបចំរបស់សន្តអូគូស្តាំង បានទៅជាប្រពៃណីនៃព្រះសហគមន៍កាតូលិក និងសហគមន៍​ខាងលូធែរផងដែរ។ គ្រូបាធ្យាយក្រិកបានចែកវិន័យដប់ប្រការតាមរបៀបផ្សេង ដែលមានក្នុងព្រះសហគមន័អ័រតូដុក និងសហគមន៍ដែលមកពីការកែតម្រង់។

២០៦៧. វិន័យដប់ប្រការប្រកាសថា ត្រូវស្រលាញ់ព្រះជាម្ចាស់ និងអ្នកដទៃ។ វិន័យទាំងបីដំបូងទាក់ទងនឹងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ឯវិន័យប្រាំពីរទៀត ទាក់ទងនឹងសេចក្ដីស្រលាញ់ចំពោះអ្នកដទៃ។សេចក្ដីស្រលាញ់មានវិន័យពីរ ដែលព្រះអម្ចាស់មានព្រះបន្ទូលថា បំពេញធម្មវិន័យ និងព្យាការីទាំងអស់យ៉ាងណា (...) វិន័យដប់ប្រការចែកជាតុពីរយ៉ាងនោះដែរ។ វិន័យបីប្រការត្រូវគេសរសេរលើតុមួយ វិន័យប្រាំពីរប្រការលើតុមួយទៀត (សន្ត អូគូស្តាំង)។

២០៦៨. មហាសន្និបាតនៅទីក្រុងត្រង់ប្រៀនប្រដៅថា គ្រីស្តបរិស័ទ និងមនុស្សសុចរិតត្រូវតែប្រតិបត្តិតាមវិន័យដប់ប្រការ (DS ១៥៦៩-១៥៧០)។ មហាសន្និបាតនៅទីក្រុងវ៉ាទីកង់អះអាងថា៖ “ព្រះជាម្ចាស់ប្រទានឱ្យ​​​អស់​​​លោក​​​អភិបាល ក្នុងឋានៈជាអ្នកបន្តមុខងារពីក្រុមគ្រីស្តទូតមក មានបេសកកម្មបង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​​​​ និង​​​ប្រកាស​ដំណឹងល្អដល់សត្វលោកទាំងឡាយ ដើម្បីឱ្យមនុស្សលោកទាំងអស់ទទួលការ​​​សង្គ្រោះ​​​ដោយ​ផ្ញើជីវិតលើ​ព្រះគ្រីស្ត ដោយ​ទទួលអគ្គសញ្ញាជ្រមុជទឹក និងដោយប្រព្រឹត្តតាមវិន័យ​​​ទាំង​​​ប៉ុន្មាន” (LG ២៤)។

ឯកភាពនៃវិន័យដប់ប្រការ

២០៦៩. យើងមិនអាចបំបែកវិន័យដប់ប្រការបានឡើយ។ “ព្រះបន្ទូល” នីមួយៗពឹងទៅលើព្រះបន្ទូលផ្សេងៗទៀត និងព្រះបន្ទូលទាំងអស់ផង។ តុទាំងពីរបំភ្លឺគ្នាទៅវិញទៅមក ហើយឯកភាពជាមួយគ្នា។ បើយើងប្រព្រឹត្តល្មើសប្រការតែមួយ យើងក៏ប្រព្រឹត្តល្មើសវិន័យទាំងអស់ផងដែរ (យក ២,១០-១១)។ យើងមិនអាចសរសើរអ្នកដទៃ​ បើយើងមិនលើកតម្កើងព្រះជាម្ចាស់ជាអ្នកបង្កើតគេទេ។ យើងមិនអាចក្រាបថ្វាយបង្គំព្រះជាម្ចាស់ បើយើងមិនស្រលាញ់មនុស្សទាំងអស់ជាសត្វលោករបស់ព្រះអង្គឡើយ។ វិន័យដប់ប្រការធ្វើឱ្យការរស់នៅដើម្បីព្រះជាម្ចាស់ និងការរស់នៅក្នុងសង្គមឯកភាពជាមួយគ្នា។

វិន័យដប់ប្រការ និងច្បាប់ធម្មជាតិ

២០៧០. យើងស្គាល់វិន័យដប់ប្រការ ដ្បិតព្រះជាម្ចាស់បានសម្ដែងព្រះអង្គឱ្យយើងស្គាល់។ វិន័យដប់ប្រការបង្រៀនយើងឱ្យស្គាល់សភាពពិតប្រាកដរបស់មនុស្សផងដែរ។ វិន័យដប់ប្រការបំភ្លឺភារកិច្ចចាំបាច់ និងសិទ្ធិគ្រឹះ ដែលជាលក្ខណៈនៃមនុស្សជាតិ។ វិន័យដប់ប្រការមាននៅក្នុងច្បាប់ដ៏សំខាន់នៃធម្មជាតិ៖
តាំងពីដើមរៀងមក ព្រះជាម្ចាស់បានបណ្តុះច្បាប់ធម្មជាតិក្នុងចិត្តមនុស្ស។ វិន័យដប់ប្រការគ្រាន់តែជាសេចក្ដីរម្លឹកប៉ុណ្ណោះ (សន្ត អ៊ីររ៉ែណេ)។

២០៧១. ទោះជាមិនពិបាកយល់ក៏ដោយ ក៏ព្រះជាម្ចាស់បានសម្ដែងវិន័យនេះ ដើម្បីឱ្យយល់យ៉ាងច្បាស់ និងយ៉ាងពិតប្រាកដ អំពីច្បាប់ធម្មជាតិ។ មនុស្ស ដែលជាអ្នកបាប ត្រូវការឱ្យព្រះអង្គសម្ដែងវិន័យដប់ប្រការ៖

ព្រះជាម្ចាស់ត្រូវតែពន្យល់ឱ្យបានពេញលេញវិន័យដប់ប្រការ ពីព្រោះអំពើបាបបានធ្វើឱ្យពន្លឺនៃប្រាជ្ញាបានងងឹតងងល់ និងធ្វើឱ្យឆន្ទៈងាករេខុសផ្លូវ (សន្ត ប៉ូណាវង់តឿ)។
យើងស្គាល់វិន័យរបស់ព្រះជាម្ចាស់ ដោយសារការសម្ដែងរបស់ព្រះអង្គ ដែលព្រះសហគមន៍ណែនាំឱ្យយើងស្គាល់ និងដោយសារសម្លេងនៃមនសិការ។

ត្រូវតែប្រតបត្តិតាមវិន័យដប់ប្រការ

២០៧២. ដោយសារវិន័យដប់ប្រការសម្ដែងឱ្យយើងស្គាល់ភារកិច្ចរបស់មនុស្ស ចំពោះព្រះជាម្ចាស់ និងអ្នកដទៃ ដែលជាភារកិច្ចដ៏សំខាន់ គឺយើងមិនអាចផ្លាស់ប្តូរវិន័យដប់ប្រការនោះបានទេ ហើយយើងត្រូវតែប្រតិបត្តិតាមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គ្មាននរណាម្នាក់អាចគេចផុតពីការប្រតិបត្តិតាមវិន័យដប់ប្រការនោះបានឡើយ។ ព្រះជាម្ចាស់បានចារវិន័យដប់ប្រការក្នុងចិត្តគំនិតមនុស្សគ្រប់រូប។

២០៧៣. បើយើងធ្វើតាមបទបញ្ជា គឺយើងមានភារកិច្ច មិនជាធ្ងន់ធ្ងរប៉ុន្មានទេ។ ឧ- វិន័យទីប្រាំហាមប្រាមមិនឱ្យជេរប្រមាថគេ ប៉ុន្តែ អំពើនេះ ខុសធ្ងន់ អាស្រ័យទៅលើកាលៈទេសៈ និងគោលបំណងរបស់អ្នកដែលប្រព្រឹត្តអំពើនេះ។

បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ”

២០៧៤. ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ ខ្ញុំនេះហើយជា​ដើមទំពាំងបាយជូរ ​អ្នករាល់គ្នាជាមែក។ ​អ្នកណា​ស្ថិតនៅជាប់នឹងខ្ញុំ​ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ​ទើបអ្នកនោះបង្កើតផលបានច្រើន។ ​បើដាច់ពីខ្ញុំ ​អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ” (យហ ១៥,៥)។ ផលក្នុងព្រះបន្ទូលនេះ សំដៅទៅលើភាពដ៏វិសុទ្ធនៃជីវិតរបស់ម្នាក់ដែលរួបរួមជាមួយព្រះគ្រីស្ត។ នៅពេលដែលយើងផ្ញើជីវិតទៅលើព្រះគ្រីស្ត រួបរួមក្នុងព្រឹត្តការណ៍ដ៏អស្ចារ្យរបស់ព្រះអង្គ និងរក្សាទុកវិន័យរបស់ព្រះអង្គ ព្រះសង្រ្គោះផ្ទាល់យាងមកគង់នៅក្នុងខ្លួនយើង ដើម្បីស្រលាញ់ព្រះបិតា និងបងប្អូនរបស់ព្រះអង្គ គឺព្រះបិតា និងបងប្អូនរបស់យើង។ ដោយសារព្រះវិញ្ញាណ ព្រះអង្គផ្ទាល់ក្លាយទៅជាក្បួនវិន័យដ៏រស់រវើក និងដែលស្ថិតក្នុងខ្លួនយើង នៃកិច្ចការរបស់យើង។ “ វិន័យរបស់ខ្ញុំ‌មានដូចតទៅនេះ ​គឺអ្នករាល់​គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ​ដូចខ្ញុំបានស្រឡាញ់​អ្នករាល់គ្នាដែរ” (យហ ១៥,១២)។

សង្ខេប

២០៧៥ . “តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អអ្វី​ខ្លះ​ ដើម្បី​ឱ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច ?- បើអ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត​‌ ត្រូវ​ប្រតិបត្តិ​តាម​វិន័យទៅ” (មថ ១៩,១៦-១៧)។​

២០៧៦. ដោយប្រតិបត្តិតាម និងដោយទេសនា ព្រះយេស៊ូបានបញ្ជាក់ថា វិន័យដប់ប្រការនៅតែមានតម្លៃ ជានិច្ច។

២០៧៧. ព្រះជាម្ចាស់ប្រោសប្រទានព្រះអំណោយទាននៃវិន័យដប់ប្រការក្នុងសម្ពន្ធមេត្រី ដែលព្រះអង្គ ចងជាមួយប្រជារាស្រ្តព្រះអង្គ។ បទបញ្ជារបស់ព្រះជាម្ចាស់ទទួលអត្ថន័យពិតប្រាកដក្នុង និងតាមសម្ពន្ធមេត្រី នេះ។

២០៧៨. ស្របតាមព្រះគម្ពីរ និងស្របតាមព្រះយេស៊ូ ដែលជាគំរូ ការបញ្ជូនបន្តព្រះសហគមន៍បានទទួល ស្គាល់ថា វិន័យដប់ប្រការមានសារៈសំខាន់ណាស់ និងមានអត្ថន័យជ្រាលជ្រៅណាស់។

២០៧៩. វិន័យដប់ប្រការជាសំណុំមួយ ដែល “ព្រះបន្ទូល” នីមួយៗ ឬ “បទបញ្ជា” នីមួយៗ សំដៅទៅលើ​សំណុំនោះ។ បើយើងបំពានបទបញ្ជាតែមួយ យើងបំពានធម្មវិន័យទាំងមូលដែរ (យក ២,១០-១១)។

២០៨០. វិន័យដប់បប្រការផ្ទុកទៅដោយធម្មវិន័យធម្មជាតិយ៉ាងពិសេស។ យើងស្គាល់វិន័យដប់ប្រការ មកពី ព្រះជាម្ចាស់បានសម្ដែងឱ្យយើងស្គាល់ និងមកពីប្រាជ្ញារបស់មនុស្សផងដែរ។

២០៨១. វិន័យដប់ប្រការថ្លៃងអំពីភារកិច្ចដ៏សំខាន់។ ក៏ប៉ុន្តែ បើយើងធ្វើតាមបទបញ្ជា គឺយើងមានភារកិច្ច មិនជាធ្ងន់ធ្ងរប៉ុន្មានទេ។

២០៨២. អ្វីដែលព្រះជាម្ចាស់បញ្ជា ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គជួយឱ្យធ្វើបានសម្រេច។

ជំពូកទីមួយ៖​

“ត្រូវស្រលាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក

ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា”

២០៨៣. ព្រះយេស៊ូបានសង្ខេបភារកិច្ចរបស់មនុស្សចំពោះព្រះជាម្ចាស់ ដោយមានព្រះបន្ទូលថា៖ “ត្រូវ​​ស្រលាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” (មថ​២២,៣៧) (លក ១០,២៧៖ “អស់ពីកម្លាំង”)។ ព្រះបន្ទូលនេះ ស្ថិតក្រោយការត្រាស់ហៅយ៉ាងឧឡារិក៖ “អ៊ីស្រាអែលអើយ ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើង” (ទក ៦,៤)។

ព្រះជាម្ចាស់បានស្រលាញ់មនុស្សមុនគេស្រលាញ់ព្រះអង្គ។ ព្រះបន្ទូលទីមួយនៃ “ព្រះបន្ទូលទាំងដប់” រម្លឹកនូវសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ជាព្រះតែមួយអង្គគត់។ បន្ទាប់មក ធម្មវិន័យពន្យល់ចម្លើយនៃសេចក្ដីស្រលាញ់ ដែលព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យថ្វាយទៅព្រះអង្គវិញ។

ប្រការទី១៖​វិន័យទីមួយ

យើងព្រះអម្ចាស់ ​ជាព្រះរបស់អ្នក ​យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ​ជាស្រុកដែល​អ្នកធ្វើ​ជាទាសករ។​   មិនត្រូវគោរពព្រះណាផ្សេង​ក្រៅពីយើង​ឡើយ។   មិនត្រូវឆ្លាក់រូបអ្វី ​ឬ​យកវត្ថុដែលជាតំណាង​អ្វីមួយ​នៅលើមេឃ​នៅលើផែនដី ​ឬ​នៅក្នុងទឹក​ក្រោមដី​ធ្វើជាព្រះឡើយ។​    មិនត្រូវក្រាបថ្វាយ​បង្គំរូបព្រះទាំងនោះ ​ឬ​គោរពបំរើរូបទាំងនោះឡើយ (សរ ២០,២-៥) (ទក ៥,៦-៩)។  ​ក្នុងគម្ពីរមានចែងថា “អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះ” (មថ​ ៤,១០)។

១. “ចូរកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយគោរពបម្រើព្រះអង្គ”

២០៨៤. ព្រះជាម្ចាស់សម្ដែងព្រះអង្គឱ្យគេស្គាល់ ដោយរម្លឹកអំពីកិច្ចការដែលពោរពេញទៅដោយឬទ្ធានុភាព ដ៏សប្បុរស និងដែលជួយរំដោះរបស់ព្រះអង្គ ក្នុងប្រវត្តិរបស់អ្នកដែលព្រះអង្គមានព្រះបន្ទូលមកថា៖ “យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើទាសករ”។ វិន័យទីមួយស្ថិតក្នុងព្រះបន្ទូលទីមួយ៖ “ចូរកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយគោរពបម្រើព្រះអង្គ (...)។ មិនត្រូវជំពាក់ចិត្តជាមួយព្រះឯទៀតៗ” (ទក ៦,១៣-១៤)។ ជាដំបូង ព្រះជាម្ចាស់ត្រាស់ហៅ និងទាមទារយ៉ាងត្រឹមត្រូវឱ្យមនុស្សទទួលស្គាល់ និងក្រាបថ្វាយបង្គំព្រះអង្គ។

២០៨៥. មុនដំបូង ព្រះជាម្ចាស់ជាព្រះតែមួយគត់ និងជាព្រះដ៏ពិតប្រាកដសម្ដែងសិរីរុងរឿងរបស់ព្រះអង្គឱ្យជនជាតិអ៊ីស្រាអែលស្គាល់ (សរ ១៩,១៦-២៥ ; ២៤,១៥-១៨)។ ដោយសារព្រះជាម្ចាស់សម្ដែងព្រះអង្គៗក៏សម្ដែងការត្រាស់ហៅ និងសេចក្ដីពិតរបស់មនុស្សឱ្យមនុស្សស្គាល់ផងដែរ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យសម្ដែងព្រះអង្គ ដោយបំពេញកិច្ចការស្របតាមលក្ខណៈរបស់គេ គឺ “ជារូបតំណាង និងមានលក្ខណៈដូចព្រះជាម្ចាស់”៖
លោកទ្រីផូនអើយ! តាំងពីដើមដំបូង និងជាដរាបតរៀងទៅ គ្មានព្រះណាផ្សេងទៀតទេ ក្រៅពីព្រះដែលបានបង្កើត និងប្រតិស្ឋានសកលលោក។ យើងមិនគិតថា ព្រះរបស់យើងខុសប្លែកពីព្រះរបស់អ្នករាល់គ្នា    ឡើយ។ ព្រះអង្គជាព្រះដដែល ដែលបាននាំបុព្វបុរសរបស់អ្នករាល់គ្នាឱ្យចាកចេញពីស្រុកអេស៊ីប “ដោយឬទ្ធានុភាពដ៏ខ្លាំងខ្លារបស់ព្រះអង្គ”។ យើងមិនជឿសង្ឃឹមលើព្រះណាផ្សេងទេ គ្មានព្រះណាផ្សេងទេ ប៉ុន្តែយើងជឿសង្ឃឹមលើព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាព្រះរបស់អ្នករាល់គ្នាដែរ (សន្ត    យ៉ស្តាំង)។

២០៨៦. “ជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ ស្ថិតនៅក្នុងវិន័យទីមួយ។ បើនិយាយអំពីព្រះជាម្ចាស់ យើងយល់ថា ជាសភាវៈដ៏ស្ថិតស្ថេរ ដែលមិនប្រែប្រួល ដដែលជានិច្ច ស្មោះត្រង់ និងសុចរិត ល្អឥតខ្ចោះ។ ដូច្នេះហើយ យើងត្រូវទទួលព្រះបន្ទូលរបស់ព្រះអង្គជានិច្ច និងផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គផងដែរ។ ព្រះអង្គជាព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ដ៏ល្អសប្បុរស ដែលប្រព្រឹត្តអំពើល្អដោយគ្មានព្រំដែន។ តើនរណាមិនជឿ និងសង្ឃឹមលើព្រះអង្គ? ដោយគិតពិចារណាអំពីសប្បុរសធម៌ និងការថ្នាក់ថ្នម ដែលព្រះអង្គបានចាក់បង្ហូរលើពួកយើង តើនរណាមិនស្រលាញ់ព្រះអង្គ? ដូច្នេះហើយ បានជាក្នុងព្រះគម្ពីរដ៏វិសុទ្ធ ព្រះអង្គមានព្រះបន្ទូលមុន ឬក្រោយបទបញ្ជារបស់ព្រះអង្គថា “យើងជាព្រះអម្ចាស់”” (CR ៣,២,៤)។

ជំនឿ

២០៨៧. ប្រភពនៃការរស់នៅប្រកបដោយសីលធម៌របស់យើង ស្ថិតនៅក្នុងជំនឿចំពោះព្រះជាម្ចាស់ ដែលសម្ដែងឱ្យយើងដឹងអំពីសេចក្ដីស្រលាញ់របស់ព្រះអង្គ។ សន្ត ប៉ូល មានប្រសាសន៍ថា “ការស្តាប់បង្គាប់នៃជំនឿ” (រម ១,៥ ; ១៦,២៦) ជាភារកិច្ចដំបូងបង្អស់។ លោកបន្ថែមទៀតថា “ការមិនស្គាល់ព្រះជាម្ចាស់” នាំឱ្យប្រព្រឹត្តអំពើខុសសីលធម៌ (រម ១,១៨-៣២)។ យើងមានភារកិច្ចចំពោះព្រះជាម្ចាស់ គឺផ្ញើជីវិតលើព្រះអង្គ និងផ្តល់សក្ខីភាពអំពីព្រះអង្គ។

២០៨៨. វិន័យទីមួយសុំឱ្យយើងបំប៉ន និងរក្សាជំនឿរបស់យើង ដោយមិនធ្វេសប្រហែស និងដោយប្រុងស្មារតី ហើយសុំឱ្យយើងបោះបង់ចោលអ្វីៗទាំងអស់ដែលប្រឆាំងនឹងជំនឿ។ យើងអាចប្រព្រឹត្តអំពើបាបប្រឆាំងនឹងជំនឿតាមរបៀបផ្សេងៗពីគ្នាដូចជា៖
យើងអាចសង្ស័យដោយចេតនា ដោយមិនរវីរវល់ ឬបដិសេធមិនព្រមទទួលស្គាល់ថា អ្វីដែលព្រះជាម្ចាស់បានសម្ដែង និងអ្វីដែលព្រះសហគមន៍ស្នើសុំឱ្យជឿ ជាការពិត។ យើងសង្ស័យដោយអចេតនា នៅពេលដែលយើងនៅស្ទាក់ស្ទើរក្នុងការផ្ញើជីវិតលើព្រះជាម្ចាស់ មិនចេះពុះពារឧបសគ្គផ្សេងៗ ដែលទាក់ទងនឹងជំនឿ ឬនៅពេលដែលយើងមានចិត្តអន្ទះសា ដោយសារជំនឿមិនទាន់ច្បាស់លាស់នៅឡើយ។ បើយើងសង្ស័យដោយមានបំណងសង្ស័យ យើងអាចវង្វេងខាងជំនឿបានដែរ។

២០៨៩. យើងមិនព្រមជឿ នៅពេលដែលយើងមិនរវីរវល់នឹងសេចក្ដីពិត ដែលព្រះជាម្ចាស់បានសម្ដែងឱ្យយើងស្គាល់ ឬនៅពេលដែលយើងបដិសេធមិនព្រមទទួលសេចក្ដីពិតនេះ។ “ក្រោយពីបានទទួលពិធីជ្រមុជទឹក យើងឃ្លាតចាកពីសេចក្ដីពិត នៅពេលដែលយើងប្រឆាំងជាដាច់ខាតនឹងសេចក្ដីពិត ដែលត្រូវតែជឿ ឬនៅពេលដែលយើងសង្ស័យជាដាច់ខាតអំពីសេចក្ដីពិតនេះ។ យើងអាចក្បត់ជំនឿ ផងដែរ គឺយើងបោះបង់ជំនឿចោល។ យើងអាចបែកចេញពីព្រះសហគមន៍ ដោយមិនព្រមស្តាប់បង្គាប់សម្ដេចប៉ាប ឬមិនព្រមរួបរួមជាមួយសមាជិកព្រះសហគមន៍ ដែលស្ថិតក្រោមអំណាចរបស់សម្ដេច” (CIC ៧៥១)។

សេចក្ដីសង្ឃឹម

២០៩០. នៅពេលដែលព្រះជាម្ចាស់សម្ដែងព្រះអង្គ និងត្រាស់ហៅគេ មនុស្សមិនអាចឆ្លើយនឹងសេចក្ដីស្រលាញ់របស់ព្រះអង្គឱ្យបានគ្រប់លក្ខណៈដោយពឹងលើកម្លាំងរបស់ខ្លួនឯងបានឡើយ។ គេត្រូវសង្ឃឹមថា ព្រះជាម្ចាស់នឹងប្រទានឱ្យគេអាចស្រលាញ់ព្រះអង្គវិញ និងអាចប្រតិបត្តិតាមវិន័យនៃសេចក្ដីស្រលាញ់។ សេចក្ដីសង្ឃឹម គឺជាការរង់ចាំដោយជឿទុកចិត្ត ឱ្យព្រះជាម្ចាស់ប្រទានព្រះពរ និងឱ្យយើងនឹងមើលឃើញព្រះអង្គដោយមានសុភមង្គលពេញលេញ។ ការភ័យខ្លាចប្រព្រឹត្តអំពើខុសឆ្គងចំពោះសេចក្ដីស្រលាញ់របស់ព្រះអង្គ ដែលនាំឱ្យមានទោស ក៏ជាសេចក្ដីសង្ឃឹមដែរ។

២០៩១. វិន័យទីមួយក៏សំដៅលើអំពើបាបប្រឆាំងនឹងសេចក្ដីសង្ឃឹម ដែលជាភាពអស់សង្ឃឹម និងការអួតបំប៉ោងផងដែរ៖
មនុស្សអាចលែងសង្ឃឹម ថា ព្រះជាម្ចាស់នឹងជួយសង្រ្គោះគេ ឬនឹងលើកលែងទោសឱ្យគេ។ ភាពអស់សង្ឃឹមប្រឆាំងនឹងសប្បុរសធម៌ សេចក្ដីសុចរិតរបស់ព្រះអង្គ ដ្បិតព្រះអម្ចាស់គោរពព្រះបន្ទូលសន្យា និងធម៌មេត្តាករុណារបស់ព្រះអង្គជានិច្ច។
យើងអាចអួតបំប៉ោង តាមរបៀបពីរយ៉ាង គឺយើងអាចអួតបំប៉ោងអំពីសមត្ថភាពរបស់ខ្លួន (យើងសង្ឃឹមថា អាចសង្រ្គោះខ្លួនឯង ដោយមិនបាច់ព្រះជាម្ចាស់យាងមកជួយ) ឬយើងស្មានថា ព្រះជាម្ចាស់នឹងសង្រ្គោះយើង ដោយមិនបាច់កែប្រែចិត្តគំនិត ឬព្រះអង្គនឹងប្រទានសិរីរុងរឿងមកយើង ដោយមិនបាច់ខិតខំប្រព្រឹត្តអំពើល្អ។

សេចក្ដីស្រលាញ់

២០៩៣. បើយើងជឿលើសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ព្រះអង្គត្រាស់ហៅយើង ហើយយើងក៏មានភារកិច្ចត្រូវតែឆ្លើយតបនឹងសេចក្ដីស្រលាញ់នេះ ដោយចិត្តស្រលាញ់យ៉ាងស្មោះ។ វិន័យទីមួយបញ្ជា   ឱ្យយើងស្រលាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់ និងស្រលាញ់សត្វលោកទាំងអស់ ដើម្បីព្រះអង្គ និងដោយសារព្រះអង្គ (ទក ៦,៤-៥)។

២០៩៤. យើងអាចប្រព្រឹត្តអំពើបាប ប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ តាមរបៀបផ្សេងៗ៖ យើងអាចមិនអើពើ គឺមិនរវីរវល់ ឬបដិសេធមិនព្រមទទួលសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ មិនទទួលស្គាល់ថា សេចក្ដីស្រលាញ់របស់ព្រះអង្គថ្នាក់ថ្នម មិនព្រមទទួលស្គាល់ឫទ្ធានុភាពនៃសេចក្ដីស្រលាញ់។ មិនចេះដឹងគុណ នៅពេលដែលយើងភ្លេច ឬមិនព្រមទទួលស្គាល់សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ និងស្រលាញ់ព្រះអង្គវិញ ដូចព្រះអង្គបានស្រលាញ់យើង។ មិនសូវខ្នះខ្នែង នៅពេលដែលយើងស្ទាក់ស្ទើរ ឬមិនរវីរវល់ឆ្លើយតបនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ យើងក៏អាចបដិសេធមិនព្រមថ្វាយខ្លួនចំពោះសេចក្ដីស្រលាញ់ផងដែរ។ ខ្ជិលច្រអូស ខាងវិញ្ញាណ នៅពេលដែលយើងបដិសេធមិនព្រមទទួលអំណរ ដែលមកពីព្រះជាម្ចាស់ និងស្អប់ខ្ពើមអ្វីដ៏ល្អ ដែលមកពីព្រះអង្គ។ អាចស្អប់ ព្រះជាម្ចាស់ មកពីចិត្តក្រអឺតក្រអោង គឺប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ មិនព្រមទទួលស្គាល់សប្បុរសធម៌របស់ព្រះអង្គ និងដាក់បណ្តាសាព្រះអង្គ ដែលហាមប្រាមមិនឱ្យប្រព្រឹត្តអំពើបាប និងដែលផ្ដន្ទាទោសផងដែរ។

២. “មិនត្រូវគោរពព្រះណាផ្សេង​ក្រៅពីព្រះជាម្ចាស់​ឡើយ”

២០៩៥. គុណធម៌ដែលព្រះជាម្ចាស់ប្រទាន គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ ធ្វើឱ្យគុណធម៌ខាងសីលធម៌កើតជារូបរាង និងមានជីវិត។ ហេតុនេះ សេចក្ដីស្រលាញ់ជំរុញយើងឱ្យថ្វាយព្រះជាម្ចាស់នូវអ្វីដែលយើងជំពាក់ព្រះអង្គ ដ្បិតយើងជាសត្វលោក។ គុណធម៌នៃសាសនា រៀបចំយើងឱ្យកាន់កិរិយាមាយាទនេះ។

ការក្រាបថ្វាយបង្គំ

២០៩៦. ការក្រាបថ្វាយបង្គំជាកិច្ចការទីមួយរបស់គុណធម៌នៃសាសនា។ ពេលយើងក្រាបថ្វាយបង្គំព្រះជាម្ចាស់ យើងទទួលស្គាល់ថា ព្រះអង្គជាព្រះ ជាព្រះបង្កើត ជាព្រះសង្រ្គោះ ជាព្រះអម្ចាស់ និងជាអ្នកគ្រប់គ្រងលើអ្វីៗទាំងអស់ ព្រះអង្គជាសេចក្ដីស្រលាញ់ដែលគ្មានព្រំដែន និងពោរពេញដោយធម៌មេត្តាករុណា។ ដូចមានចែងទុកក្នុងទុតិយកថា (ទក ៦​,១៣) ព្រះយេស៊ូមានព្រះបន្ទូលថា៖ “អ្នក​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ​អម្ចាស់ ​ជា​ព្រះ​របស់​អ្នក ​និង​គោរព​បម្រើ​តែ​ព្រះអង្គ​មួយ​ប៉ុណ្ណោះ” (លក ៤,៨)។

២០៩៧. យើងក្រាបថ្វាយបង្គំព្រះជាម្ចាស់ ដោយគោរពកោតខ្លាចព្រះអង្គ នៅក្រោមអំណាចរបស់ព្រះអង្គ និងទទួលស្គាល់ថា បើគ្មានព្រះជាម្ចាស់ទេ សត្វលោកដូចជា “សាបសូន្យ”។ យើងក្រាបថ្វាយបង្គំព្រះជាម្ចាស់ នៅពេលដែលយើងលើកតម្កើងសរសើរព្រះអង្គ និងបន្ទាបខ្លួនឯង ដូចព្រះនាងម៉ារី ដោយទទួលស្គាល់ថា ព្រះអង្គបានប្រព្រឹត្តការអស្ចារ្យ ហើយព្រះនាមរបស់ព្រះអង្គបានវិសុទ្ធ (លក ១,៤៦-៤៩)។ ពេលយើងក្រាបថ្វាយបង្គំព្រះជាម្ចាស់ ជាព្រះតែមួយអង្គគត់ យើងលែងគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួន យើងរួចអំពីអំពើបាប និងអំពីអំណាចលោកីយ៍។

ការអធិដ្ឋាន

២០៩៨. ការអធិដ្ឋានបំពេញជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ ដែលវិន័យទីមួយបញ្ជាឱ្យប្រតិបត្តិ។ ដោយវិញ្ញាណឡើងទៅឯព្រះជាម្ចាស់ យើងគោរពក្រាបថ្វាយបង្គំព្រះជាម្ចាស់ គឺយើងលើកតម្កើងកោតសរសើរ អរព្រះគុណ ជួយអង្វរ និងទូលសុំអង្វរព្រះអង្គ។ ចាំបាច់ត្រូវតែអធិដ្ឋាន ដើម្បីអាចស្តាប់បង្គាប់បទបញ្ជារបស់ព្រះជាម្ចាស់។ “ត្រូវតែអធិដ្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ” (លក ១៨,១)។

យញ្ញបូជា

២០៩៩. យើងធ្វើតាមរបៀបត្រឹមត្រូវ នៅពេលដែលយើងថ្វាយយញ្ញបូជាចំពោះព្រះជាម្ចាស់ ជាសញ្ញាសម្គាល់ថា យើងក្រាបថ្វាយបង្គំ អរព្រះគុណ ទូលអង្វរ និងរួបរួមជាមួយព្រះអង្គ៖ “កិច្ចការណា ដែលយើងប្រព្រឹត្ត ដើម្បីរួមរស់ជាមួយព្រះជាម្ចាស់ ហើយដើម្បីទទួលសុភមង្គល ជាយញ្ញបូជាដ៏ពិតប្រាកដ” (សន្ត អូគូស្តាំង)។

២១០០. យញ្ញបូជាត្រូវតែបង្ហាញចិត្តគំនិត ដើម្បីទៅជាការបូជាដ៏ពិតប្រាកដ៖ “យញ្ញបូជា ដែលព្រះអង្គសព្វព្រះហឫទ័យឱ្យទូលបង្គំថ្វាយ គឺចិត្តសោកស្តាយ...” (ទន ៥១,១៩)។ ជារឿយៗ ព្យាការីនៃសម្ពន្ធមេត្រីចាស់បានបន្ទោសអស់អ្នក ដែលធ្វើយញ្ញបូជា ដោយមិនរវីរវល់នឹងព្រះជាម្ចាស់ (អម ៥,២១-២៥) ឬដោយមិនស្រលាញ់អ្នកដទៃ (អស ១,១០-២០)។ ព្រះយេស៊ូរម្លឹកពាក្យសម្ដីរបស់ព្យាការីហូសេ៖ “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” (មថ ៩,១៣ ; ១២,៧) (ហស ៦,៦)។ មានយញ្ញបូជាល្អឥតខ្ចោះតែមួយ គឺយញ្ញបូជា ដែលព្រះគ្រីស្តបានថ្វាយនៅលើឈើឆ្កាង ដើម្បីសេចក្ដីស្រលាញ់ចំពោះព្រះបិតា និងដើម្បីសង្រ្គោះយើង (ហប ៩,១៣-១៤)។ ដោយរួមជាមួយយញ្ញបូជារបស់ព្រះអង្គ យើងអាចធ្វើឱ្យជីវិតរបស់យើងបានក្លាយទៅជាយញ្ញបូជាចំពោះព្រះជាម្ចាស់។

ពាក្យសន្យា និងពាក្យសច្ចា

២១០១. ក្នុងកាលៈទេសៈផ្សេងៗ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យថ្វាយពាក្យសន្យា ចំពោះព្រះអង្គ។ មានពាក្យសន្យាក្នុងអគ្គសញ្ញាជ្រមុជទឹក លាបថ្ងាស អាពាហ៍ពិពាហ៍ និងតែងតាំង។ ដោយរៀងៗខ្លួន គ្រីស្តបរិស័ទអាចសន្យាប្រព្រឹត្តកិច្ចការណាមួយ អធិដ្ឋាន ធ្វើទាន ឬធ្វើបូជនីយេសចរណ៍ ចំពោះព្រះជាម្ចាស់។ បើយើងគោរពពាក្យសន្យាចំពោះព្រះជាម្ចាស់ យើងបង្ហាញថា​ យើងគោរពព្រះអង្គដូចជាព្រះដ៏ឧត្តុង្គឧត្តមបំផុត និងស្រលាញ់ព្រះអង្គជាព្រះដ៏ស្មោះត្រង់។

២១០២. “ដោយសារគុណធម៌នៃសាសនា យើងអាចសច្ចា ពោលគឺយើងសន្យាអ្វីដ៏ល្អប្រសើរ ដែលយើងអាចធ្វើបាន ចំពោះព្រះជាម្ចាស់ ដោយចេតនា និងដោយមានសេរីភាពពេញលេញ” (CIC ១១៩១,១)។ ដោយសារពាក្យសច្ចា គ្រីស្តបរិស័ទថ្វាយខ្លួនចំពោះព្រះជាម្ចាស់ ឬសន្យាចំពោះព្រះអង្គថា នឹងប្រព្រឹត្តកិច្ចការដ៏ល្អមួយ។ ដោយបំពេញពាក្យសច្ចារបស់​ខ្លួន គេតបស្នងព្រះអង្គ អ្វីដែលគេបានសន្យា និងបានញែកចំពោះព្រះអង្គ។ កណ្ឌកិច្ចការគ្រីស្តទូតបង្ហាញថា សន្តប៉ូលរវល់នឹងបំពេញបំណន់ ដែលលោកបានបន់ (កក ១៨,១៨ ; ២១,២៣-២៤)។ ព្រះសហគមន៍ទទួលស្គាល់ថា ពាក្យសច្ចាប្រព្រឹត្តតាមដំបូន្មានចែងក្នុងដំណឹងល្អ មានតម្លៃដ៏លើសលប់ (CIC ៦៥៤)៖
ព្រះ​​​សហគមន៍​​​ជា​​​ព្រះមាតារបស់យើង មានអំណរដោយគ្រីស្តបរិស័ទមួយចំនួនធំ ទាំងបុរស ​ទាំងស្រ្តី​ ស្ម័គ្រចិត្តតាម​​​ព្រះអង្គកាន់តែជិតស្និទ្ធិ និងបង្ហាញឱ្យកាន់តែច្បាស់ថា ព្រះសង្គ្រោះបានលះបង់អ្វីៗ​ទាំងអស់។ អ្នកទាំង​​​នោះ​​​មានសេរីភាពជាបុត្រធីតារបស់ព្រះជាម្ចាស់ សុខចិត្តរស់នៅតាមរបៀបជាអ្នកក្រីក្រ និង​សុខ​ចិត្ត​ស្តាប់​​​បង្គាប់អ្នកណែនាំ ជាជាងធ្វើតាមបំណងរបស់ខ្លួន។ ក្នុងករណីទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ ​ត្រូវ​សុខ​​ចិត្តស្ថិតនៅក្រោមអំណាចមនុស្សដូចគ្នា​​​ ព្រោះតែ​​​ព្រះ​​​ជាម្ចាស់ ហួសពីបញ្ជារបស់ព្រះអង្គទៅទៀត ដើម្បីឱ្យ​​​បាន​កាន់​តែដូចព្រះគ្រីស្ត ដែលស្តាប់តាមបញ្ជាព្រះបិតា (LG ៤២)។ ក្នុងករណីខ្លះ ព្រះសហគមន៍អាចអនុញ្ញាតឱ្យរួចពីពាក្យសច្ចា និងពាក្យសន្យា ដោយមានមូលហេតុត្រឹមត្រូវ (CIC ៦៩២ ; ១១៩៦-១១៩៧)។

សង្គមត្រូវតែគោរពសាសនា និងសិទ្ធិសេរីភាពក្នុងការកាន់សាសនាណាក៏បាន

២១០៤. “មនុស្សទាំងអស់ត្រូវតែស្វែងរកសេចក្ដីពិត ជាពិសេសអំពីព្រះជាម្ចាស់ និងព្រះសហគមន៍ព្រះអង្គ ហើយនៅពេលដែលគេបានរកឃើញសេចក្ដីពិតនេះ គេត្រូវតែប្រកាន់សេចក្ដីពិតនេះ ដោយចិត្តស្មោះត្រង់” (DH ១)។ ភារកិច្ចនេះ​ ហូរចេញមកពី “លក្ខណៈផ្ទាល់របស់មនុស្ស” (DH ២)។​ ទោះបីត្រូវតែបំពេញភារកិច្ចនេះក៏ដោយ ក៏យើងត្រូវតែ “គោរពយ៉ាងស្មោះ” សាសនាផ្សេងៗ ដែល “ឧស្សហ៍នាំកាំរស្មីនៃសេចក្ដីពិត ដែលបំភ្លឺមនុស្សទាំងអស់” ដែរ (NA ២)។ យ៉ាងណាមិញ សេចក្ដីស្រលាញ់ជំរុញគ្រីស្តបរិស័ទឱ្យ “ប្រព្រឹត្តដោយចិត្តស្រលាញ់ ដោយរិះគិតពិចារណា ដោយចិត្តអត់ធ្មត់ ចំពោះអស់អ្នកដែលស្ថិតក្នុងភាពកំហុស និងដែលមិនស្គាល់ជំនឿ” (DH ១៤)។

២១០៥. មនុស្សគ្រប់ៗរូប និងសង្គមនីមួយៗ ត្រូវតែគោរពព្រះជាម្ចាស់តាមរបៀបពិតប្រាកដ យោងតាម “ប្រពៃណីនៃលទិ្ធកាតូលិកអំពីភារកិច្ចខាងសីលធម៌របស់មនុស្ស និងរបស់សង្គមចំពោះសាសនាដ៏ពិតប្រាកដ និងចំពោះព្រះសហគមន៍តែមួយរបស់ព្រះគ្រីស្ត” (DH ១)។ ដោយព្រះសហគមន៍តែងតែប្រកាសដំណឹងល្អដល់មនុស្សលោក ធ្វើឱ្យគ្រីស្តបរិស័ទអាច “បញ្ចូលគំនិតនៃគ្រីស្តសាសនាក្នុងចិត្តគំនិត របៀបរស់នៅ ច្បាប់ និងរចនាសម្ពន្ធនៃសហគមន៍ ដែលគេរស់នៅ” (AA ១៣)។ ក្នុងសង្គម គ្រីស្តបរិស័ទមានភារកិច្ចគោរព និងដាស់តឿនមនុស្សគ្រប់ៗរូបឱ្យស្រលាញ់សេចក្ដីពិត និងអ្វីដែលល្អ។ ពួកគេត្រូវធ្វើឱ្យមនុស្សស្គាល់សាសនាដ៏ពិតប្រាកដ ដែលស្ថិតក្នុងព្រះសហគមន៍កាតូលិក ដែលមកពីក្រុមគ្រីស្តទូត (DH ១)។ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទឱ្យទៅជាពន្លឺនៃពិភពលោក (AA ១៣)។ ដូច្នេះ ព្រះសហគមន៍សម្ដែងថា ព្រះគ្រីស្តសោយរាជ្យលើសត្វលោកទាំងអស់ ជាពិសេសលើសង្គមរបស់មនុស្ស (សម្ដេចប៉ាប ឡេអុងទី១៣ ; ពីយូសទី១១)។

២១០៦.  “ក្នុងរឿងទាក់ទងនឹងសាសនា យើងមិនអាចបង្ខិតបង្ខំនរណាម្នាក់ឱ្យប្រព្រឹត្តប្រឆាំងនឹងមនសិការរបស់ខ្លួន ហើយក្នុងកំណត់ត្រឹមត្រូវ យើងមិនអាចរារាំងគេមិនឱ្យប្រព្រឹត្តតាមមនសិការរបស់ខ្លួនគេផ្ទាល់ ឬជាសាធារណៈ តែម្នាក់ឯង ឬរួមជាមួយអ្នកដទៃទេ” (DH ១)។ សិទ្ធិនេះ ចាក់ឫសក្នុងលក្ខណៈផ្ទាល់របស់មនុស្ស ដែលឋានៈដ៏ថ្លៃថ្នូរ ធ្វើឱ្យគេផ្ជាប់ខ្លួន ដោយសេរី ទៅនឹងសេចក្ដីពិតដ៏ឧត្តុង្គឧត្តមក្រៃលែងលើសលោកនេះ របស់ព្រះជាម្ចាស់។ ហេតុនេះហើយ បានជា “សិទ្ធិនេះ នៅតែស្ថិតនៅក្នុងអស់អ្នក ដែលមិនស្វែងរកសេចក្ដីពិត ហើយដែលមិនផ្ជាប់ខ្លួននឹងសេចក្ដីពិតនេះ” (DH ២)។

២១០៧. “ប្រសិនបើច្បាប់សង្គមទទួលស្គាល់សហគមន៍ខាងសាសនាណាមួយយ៉ាងពិសេស ដោយសារប្រជាជាតិខ្លះស្ថិតក្នុងកាលៈទេសៈពិសេស ជាមួយគ្នានេះដែរ គេចាំបាច់ត្រូវតែទទួលស្គាល់ និងគោរពសិទ្ធិសេរីភាពនៃការកាន់សាសនាណាមួយរបស់ប្រជាពលរដ្ឋទាំងអស់ និងក្រុមគ្រួសារខាងសាសនានានាផងដែរ” (DH ៦)។

២១០៨. ទោះបីយើងមានសិទ្ធិកាន់សាសនារបស់ខ្លួនយ៉ាងណាក៏ដោយ ក៏យើងមិនអាចផ្ជាប់ខ្លួននឹងអ្វីដែលខុសទេ (សម្ដេចប៉ាប ឡេអុងទី១៣) ឬយើងពុំមានសិទ្ធិប្រព្រឹត្តខុសដែរ (សម្ដេបប៉ាប ពីយូសទី១២)។ សិទ្ធិសេរីភាពកាន់សាសនាណាមួយ ជាសិទិ្ធធម្មជាតិរបស់មនុស្ស ដែលមានសេរីភាពក្នុងសង្គម ដែលបានកំណត់យ៉ាងត្រឹមត្រូវ ពោលគឺរដ្ឋអំណាចមិនអាចគាបសង្កត់ជនរណាម្នាក់ ក្នុងរឿងទាក់ទងនឹងសាសនាបានឡើយ។ ច្បាប់នៃសង្គមត្រូវតែទទួលស្គាល់សិទ្ធិខាងធម្មជាតិនេះ ដើម្បីឱ្យសិទ្ធិនេះ បានទៅជាសិទ្ធិនៅក្នុងសង្គម (DH  ២)។

២១០៩. សិទ្ធិសេរីភាពខាងសាសនាមិនអាចឱ្យហួសហេតុពេក ឬគ្រាន់តែកំណត់ដោយ (សម្ដេចប៉ាប ពីយូសទី៦) “របៀបរៀបរយសាធារណៈ” ដែលបង្កើតឡើង តាមលក្ខ័ណវិជ្ជមាន ឬលក្ខ័ណធម្មជាតិនោះទេ (សម្ដេចប៉ាប ពីយូសទី៩)។ ត្រូវតែមាន “ព្រំដែនជាក់លាក់” នៅតាមស្ថានភាពក្នុងសង្គមនីមួយៗ ដោយប្រុងប្រយ័ត្ន តាមតម្រូវការនៃប្រយោជន៍រួម។ បន្ទាប់មក អាជ្ញាធរក្នុងសង្គមក៏ត្រូវតែបញ្ជាក់ “ព្រំដែនដ៏ត្រឹមត្រូវ” នោះ តាម “ក្បួនច្បាប់ស្របតាមរបៀបរៀបរយខាងសីលធម៌ដោយគ្មានលម្អៀង” (DH ៧)។

៣. “អ្នកមិនត្រូវគោរពព្រះណាផ្សេងទៀតក្រៅពីយើងបានឡើយ”

២១១០. វិន័យទីមួយហាមប្រាមមិនឱ្យគោរពព្រះណាផ្សេងទៀត ក្រៅពីព្រះអម្ចាស់ ដែលបានសម្ដែងព្រះអង្គឱ្យប្រជារាស្រ្តរបស់ខ្លួនស្គាល់។ វិន័យនេះ ប្រឆាំងនឹងអបីយជំនឿ និងការមិនចេះគោរពប្រណិប៍តន៍ព្រះជាម្ចាស់។ អបីយជំនឿជាការកាន់សាសនាហួសហេតុ។ ឯការមិនចេះគោរពសាសនាវិញ ជាបាបធម៌មួយផ្ទុយនឹងគុណធម៌នៃសាសនា។

អបីយជំនឿ

២១១១. អបីយជំនឿជាការប្រព្រឹត្តខុសនឹងរបៀបអនុវត្តន៍សាសនា។ អបីយជំនឿអាចនាំយើងឱ្យគោរពប្រណិប័តន៍ព្រះដ៏ពិតប្រាកដ តាមរបៀបមិនត្រឹមត្រូវ ឧ­­-នៅពេលដែលយើងគិតថា ការបំពេញកិច្ចការខ្លះ - ទោះជាត្រឹមត្រូវ ឬចាំបាច់ក៏ដោយ - ដូចជាមន្តអាគម។ យើងធ្លាក់ក្នុងអបីយជំនឿ នៅពេលដែលយើងគិតថា ការអធិដ្ឋាន ឬអគ្គសញ្ញាមានប្រសិទ្ធិភាព ទោះបីយើងពុំមានជំនឿក៏ដោយ (មថ ២៣,១៦-២២)។

ការគោរពព្រះក្លែងក្លាយ

២១១២. វិន័យទីមួយហាមប្រាមមិនឱ្យគោរពព្រះច្រើន ។ វិន័យនេះ ទាមទារមិនឱ្យមនុស្សជឿលើព្រះណាផ្សេងក្រៅពីព្រះជាម្ចាស់ មិនឱ្យគោរពកោតខ្លាចព្រះផ្សេងពីព្រះតែមួយព្រះអង្គគត់។ ព្រះគម្ពីរដ៏វិសុទ្ធតែងតែរម្លឹកថា ត្រូវតែបោះបង់ចោល “ព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់ ដែលជាស្នាដៃរបស់មនុស្ស” “ព្រះទាំងនោះ មានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ”... ព្រះក្លែងក្លាយទាំងអស់នោះ នាំយើងឱ្យបានទៅជាឥតបានការ៖ “អស់អ្នកដែលបានសូនធ្វើរូបព្រះក្លែងក្លាយ ហើយផ្ញើជីវិតលើព្រះទាំងនោះ និងក្លាយដូចជារូបព្រះទាំងនោះដែរ” (ទន ១១៥,៤-៥.៨) (អស ៤៤,៩-២០ ; យរ ១០,១-១៦ ; ដន ១៤,១-៣០ ; បារ ៦ ; ប្រាញ ១៣,១-១៥,១៩)។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជា “ព្រះដ៏មានព្រះជន្មគង់នៅ” (យស ៣,១០ ; ទន ៤២,៣ ជាដើម) ដែលធ្វើឱ្យមានជីវិត ហើយដែលបានបំពេញកិច្ចការក្នុងប្រវត្តិសាស្រ្ត។

២១១៣. ការគោរពព្រះក្លែងក្លាយមិនគ្រាន់តែសំដៅទៅលើព្រះក្លែងក្លាយនៃសាសន៍ដទៃឡើយ ប៉ុន្តែ តែងតែជាការល្បួងសម្រាប់អ្នកជឿជានិច្ច គឺរាល់ពេលមនុស្សទុកសត្វលោកជាព្រះជំនួសព្រះជាម្ចាស់ ទោះជាព្រះក្លែងក្លាយក្ដី ឬអរក្សក្ដី (ឧ-ការគោរពមារសាតាំង) អំណាចក្ដី ការសប្បាយក្ដី ពូជសាសន៍ក្ដី បុព្វបុរសក្ដី រដ្ឋក្ដី ទ្រព្យសម្បត្តិក្ដី។ល។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង និងគោរពបម្រើទ្រព្យសម្បត្តិទុកជាព្រះផងបាន” (មថ ៦,២៤)។ មរណៈសាក្សីជាច្រើនបានស្លាប់ ដើម្បីកុំឱ្យក្រាបថ្វាយបង្គំ “សត្វតិរច្ឆាន” (វវ ១៣-១៤) ហើយបដិសេធមិនព្រមទទួលស្គាល់សូម្បីតែធ្វើហាក់ដូចជាគោរពបម្រើវាក៏ដោយ។ អ្នកគោរពព្រះក្លែងក្លាយមិនព្រមទទួលស្គាល់ថា ព្រះជាម្ចាស់ជាព្រះអម្ចាស់តែមួយព្រះអង្គគត់ ទើបមិនអាចរួបរួមជាមួយព្រះអង្គបានឡើយ (កាឡ ៥,២០ ; អភ ៥,៥)។

២១១៤. នៅពេលដែលគេថ្វាយបង្គំព្រះតែមួយអង្គគត់ មនុស្សប្រមូលផ្តុំខ្លួនឯងជាបុគ្គលតែមួយ។ វិន័យដែលបញ្ជាឱ្យក្រាបថ្វាយបង្គំព្រះអម្ចាស់តែមួយធ្វើឱ្យជីវិតមនុស្សងាយស្រួល និងសង្រ្គោះគេកុំឱ្យខ្ចាត់ខ្ចាយឥតព្រំដែន។ ការគោរពព្រះក្លែងក្លាយបង្ខូចសាសនាបុគ្គលពីកំណើតរបស់មនុស្ស។ អ្នកគោរពព្រះក្លែងក្លាយរាប់អ្វីៗទាំងអស់ទុកជាព្រះ ជាជាងព្រះជាម្ចាស់ផ្ទាល់ (លោក អូរីសែន)។

ការទាយ និងមន្តអាគម

២១១៥. ព្រះជាម្ចាស់អាចបង្ហាញអំពីអនាគតកាលឱ្យព្យាការីរបស់ព្រះអង្គ ឬសន្តបុគ្គលផ្សេងទៀតស្គាល់។ ក៏ប៉ុន្តែ គ្រីស្តបរិស័ទត្រឹមត្រូវត្រូវតែផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ដោយពុំមានចិត្តចង់ស្គាល់អនាគតជានិច្ច។ យ៉ាងណាមិញ អ្នកមិនចេះគិតគូមិនអាចទទួលខុសត្រូវបានឡើយ។

២១១៦. ត្រូវតែបោះបង់ចោលរបៀបទាយ គ្រប់ប្រភេទ៖ ការសុំឱ្យមារសាតាំង ឬអារក្សមកជួយ ការហៅរកខ្មោច ឬរបៀបទាយផ្សេងទៀត ដើម្បី “ស្គាល់” អនាគត (ទក ១៨,១០ ; យរ ២៩,៨)។ ការទស្សន៍ទាយតាមខែឆ្នាំកំណើត តាមតារាសាស្រ្ត ការទស្សន៍ទាយតាមបាតដៃ ការបកស្រាយប្រផ្នូល និងជោគ ការទស្សន៍ទាយទុកជាមុននូវព្រឹត្តិការណ៍ផ្សេងៗ និងការទៅរកគ្រូទាយ ទាំងអស់នេះ សម្ដែងថា យើងចង់គ្រប់គ្រងពេលវេលា ប្រវតិ្តសាស្រ្ត និងមនុស្ស ហើយនៅពេលជាមួយគ្នានេះ យើងចង់រួមចិត្តគំនិតជាមួយអំណាចដ៏លាក់កំបាំង។ ការប្រតិបត្តិទាំងអស់នោះ ប្រឆាំងនឹងកិត្តិយស និងការគោរពកោតខ្លាច ដោយចិត្តស្រលាញ់ ដែលយើងជំពាក់ព្រះជាម្ចាស់។

២១១៧. មន្តអាគម អំពើ ផ្សេងៗ ដែលយើងប្រើ ដើម្បីគ្រប់គ្រងអំណាចដ៏លាក់កំបាំង ដើម្បីឱ្យវាបម្រើយើង និងដើម្បីបានទទួលអំណាចហួសធម្មជាតិលើអ្នកដទៃ - ទោះជាយើងចង់ជួយគេឱ្យបានជាសះស្បើយក៏ដោយ - គឺជាទង្វើផ្ទុយនឹងគុណធម៌នៃសាសនាខ្លាំងណាស់។ ត្រូវតែដាក់ទោសធ្ងន់លើអស់អ្នកដែលប្រតិបត្តិតាមអំពើទាំងអស់នោះ ជាពិសេសនៅពេលដែលគេចង់ធ្វើបាបអ្នកដទៃ ឬនៅពេលដែលគេសុំឱ្យអារក្សមកជួយ។ យើងមិនអាចពាក់ខ្សែកាថាបានដែរ។ ជារឿយៗ ត្រូវតែប្រើរបៀបទាយ ឬអំពើមន្តអាគម ដើម្បីហៅរកខ្មោច ។ ហេតុនេះ ព្រះសហគមន៍ហាមប្រាមគ្រីស្តបរិស័ទមិនឱ្យប្រតិបត្តិតាម។ ទោះជាយើងប្រើប្រាស់របៀបព្យាបាលតាមប្រពែណីក៏ដោយ ក៏យើងមិនអាចហៅរកឫទ្ធិបារមីដ៏អាក្រក់ ឬឆ្លៀតថា អ្នកដទៃចាប់ជឿ បានឡើយ។

ការមិនគោរពសាសនា

២១១៨. វិន័យទីមួយរបស់ព្រះជាម្ចាស់ហាមប្រាមមិនឱ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងសាសនា គឺសាកល្បងព្រះជាម្ចាស់ តាមពាក្យសម្តី ឬតាមកិច្ចការ ការប្រមាថព្រះអង្គ និងការលក់ ឬការទិញព្រះអំណោយទានរបស់ព្រះអង្គ (ស៊ីម៉ូនី)។

២១១៩. យើងសាកល្បងព្រះជាម្ចាស់ នៅពេលដែលយើងសាកលមើល តាមពាក្យសម្តី ឬតាមកិច្ចការ សប្បុរសធម៌ និងឫទ្ធានុភាពសព្វប្រការរបស់ព្រះអង្គ។ ហេតុនេះ មារសាតាំងចង់ឱ្យព្រះយេស៊ូទម្លាក់ព្រះកាយចុះពីព្រះវិហារ ហើយបង្គំព្រះជាម្ចាស់ឱ្យធ្វើអន្តរាគមន៍ (លក ៤,៩)។ ព្រះយេស៊ូប្រឆាំងនឹងមារដោយប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ “កុំសាកល្បងព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយ” (ទក ៦,១៦)។ ពេលយើងសាកល្បងព្រះជាម្ចាស់បែបនេះ យើងមិនគោរពកោតខ្លាច និងមិនជឿទុកចិត្តព្រះជាម្ចាស់ជាព្រះបង្កើត និងជាព្រះអម្ចាស់របស់យើងទេ។ ពេលនោះ យើងសង្ស័យជានិច្ចអំពីសេចក្ដីស្រលាញ់ ឧបការគុណ និងឫទ្ធានុភាពរបស់ព្រះអង្គ (១ករ ១០,៩ ; សរ ១៧,២-៧ ; ទន ៩៥,៩)។

២១២០. យើងប្រមាថព្រះជាម្ចាស់ នៅពេលដែលយើងប្រមាថ ឬមិនគោរពតាមរបៀបគួរសមអគ្គសញ្ញា កិច្ចការផ្សេងៗខាងពិធីបុណ្យ មនុស្ស វត្ថុ និងកន្លែងដែលត្រូវឧទ្ទិសដល់ព្រះជាម្ចាស់។ ពេលយើងប្រមាថព្រះជាម្ចាស់ យើងប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលយើងប្រមាថពិធីអរព្រះគុណ ដ្បិតក្នុងអគ្គសញ្ញានេះ ព្រះកាយព្រះគ្រីស្តគង់ផ្ទាល់នៅជាមួយសារធាតុ (CIC ១៣៦៧ ; ១៣៧៦)។

២១២១. គេហៅស៊ីម៉ូនី (កក ៨,៩-២៤) ការលក់ ឬការទិញព្រះអំណោយទានខាងវិញ្ញាណរបស់ព្រះជាម្ចាស់។ លោកសិលាឆ្លើយនឹងលោកស៊ីម៉ូន ដែលចង់ទិញអំណាចខាងវិញ្ញាណរបស់ក្រុមគ្រីស្តទូតថា៖ “ចូរឱ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ! អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន” (កក ៨,២០)។ លោកសិលាធ្វើដូច្នេះស្របតាមព្រះបន្ទូលរបស់ព្រះយេស៊ូថា៖ “អ្នករាល់គ្នាបានទទួលអំណាច ដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ” (មថ ១០,៨) (អស ៥៥,  ១)។ យើងមិនអាចយកព្រះអំណោយទានខាងវិញ្ញាណមកប្រើ ដូចជាម្ចាស់ម្នាក់បានឡើយ ដ្បិតព្រះជាម្ចាស់ជាប្រភពនៃព្រះអំណោយទានទាំងអស់នោះ។ យើងអាចទទួលព្រះអំណោយទានទាំងអស់នោះពីព្រះជាម្ចាស់ ដោយឥតបង់ថ្លៃឡើយ។

២១២២. “ក្រោយពីជំនួយ ដែលមេដឹកនាំព្រះសហគមន៍បានកំណត់ទុកជាមុន អ្នកបម្រើព្រះសហគមន៍មិនអាចសុំអ្វី ដើម្បីផ្តល់អគ្គសញ្ញា ហើយត្រូវប្រុងប្រយ័ត្នដើម្បីឱ្យជនក្រីក្រអាចទទួលជំនួយពីអគ្គសញ្ញាបាន ទោះបីពួកគេក្រីក្រយ៉ាងណាក៏ដោយ” (CIC ៨៤៨)។ មេដឹកនាំកំណត់ “ជំនួយ” នោះតាមគោលការណ៍ថា ប្រជាជនគ្រីស្តបរិស័ទត្រូវជួយចិញ្ចឹមជីវិតរបស់អ្នកបម្រើព្រះសហគមន៍។ “អ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ” (មថ ១០,   ១០)។ (លក ១០,៧ ; ១ករ ៩,៥-១៨ ; ១ធម ៥,១៧-១៨)។

លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់

២១២៣. “មនុស្សសម័យឥឡូវមិន​​​យល់​​​អំពីចំណង​​​ដ៏ស្និទ្ធស្នាល យ៉ាងជ្រាលជ្រៅ ជាមួយព្រះជាម្ចាស់ ដែលជាចំណងផ្តល់ជីវិតឱ្យគេទេ។​​​ មានអ្នកខ្លះលះបង់​​​ចំណង​​​នេះ​​​យ៉ាងជាក់​ស្តែង​ថែមទៀតផង បានជាការបដិសេធថាគ្មានព្រះ​​​ជាម្ចាស់ទាល់តែសោះ ជាបញ្ហានៅក្នុងចំណោម​​​បញ្ហាដ៏ធ្ងន់ធ្ងរជាងគេ​នៅ​សម័យឥឡូវនេះ” (GS ១៩,១)។

២១២៤. ទ្រឹស្តីហៅថា “លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់” មានប្រភេទផ្សេងពីគ្នាជាច្រើន។​ ក្នុងចំណោមទ្រឹស្តីទាំងអស់នោះ អ្នកកាន់លទ្ធិសម្ភារៈនិយមកំណត់តម្រូវការ និងបំណងប្រាថ្នារបស់ខ្លួន ឱ្យអាកាស និងវេលាតែប៉ុណ្ណោះ។ អ្នកកាន់លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ ហើយជាមនុស្សពឹងលើខ្លួនឯងយល់ខុសថា “មនុស្សជាទីដៅ​របស់ខ្លួនផ្ទាល់ មានតែមនុស្សទេ ដែលបង្កើត និងណែនាំប្រវត្តិសាស្រ្ត​​​របស់​​​ខ្លួនបាន” (GS​ ២០‌,១)។ លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ មានរបៀបផ្សេងមួយទៀត ដែលរង់ចាំការរំដោះរបស់មនុស្ស ដែលជាការរំដោះខាងវិស័យសេដ្ឋកិច្ច និងសង្គម។ លទ្ធិនេះ “ជំទាស់នឹងសាសនា ដែលនាំឱ្យមនុស្សពឹងផ្អែកលើសេចក្ដីសង្ឃឹម ដែលជាការបោកបញ្ឆោតថា គេនឹងមានជីវិតនៅលោកខាងមុខ បណ្តាលឱ្យមនុស្សមិនរវីរវល់នឹងសាងសង់​​​ពិភព​​​លោក​​​នៅ​​​លើផែនដីនេះ” (GS ២០,២)។

២១២៥. ដោយសារអ្នកកាន់លទ្ធិនេះ លះបង់ ឬបដិសេធថាគ្មានព្រះជាម្ចាស់ ពួកគេប្រព្រឹត្តអំពើបាបប្រឆាំងនឹងគុណធម៌នៃសាសនា (រម ១,១៨)។ យើងអាចបន្ថយការផ្តន្ទាទោសនេះ តាមគោលបំណង និងតាមកាលៈទេសៈផងដែរ។ ក្នុងដើមកំណើត និងការផ្សព្វផ្សាយនៃលទ្ធិបដិសេធគ្មានព្រះជាម្ចាស់ “អ្នកជឿ​​​ត្រូវទទួលកំហុសរបស់ខ្លួន។​​​ ជួនកាលអ្នកជឿធ្វេសប្រហែសនឹងការអប់រំជំនឿរបស់ខ្លួន​​ ឬគេពន្យល់​​​ជំនឿ​​​របស់ខ្លួន​តាម​របៀបមិនត្រឹមត្រូវនាំឱ្យវង្វេង ឬគេកាន់សាសនាមិនត្រឹមត្រូវ​​​ កាន់តាមសីលធម៌មិនបានល្អ ឬខុសសីលធម៌ក្នុងសង្គម។ យើងអាចនិយាយថា គេលាក់ព្រះភក្ត្រដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ និងលាក់អត្ថន័យ​​​សាសនាជាជាងគេធ្វើឱ្យមនុស្ស​លោកស្គាល់” (GS ១៩,៣)។

២១២៦. ជារឿយៗ អ្នកកាន់លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់មានគំនិតខុសចង់ឱ្យមនុស្សពឹងលើខ្លួនឯង រហូតដល់បដិសេធមិនព្រមពឹងផ្អែកលើព្រះជាម្ចាស់ (GS ២០,១)។ ក៏ប៉ុន្តែ “ការទទួលស្គាល់ព្រះជាម្ចាស់មិនជំទាស់នឹងតម្លៃដ៏ថ្លៃថ្នូររបស់មនុស្សត្រង់ណាសោះ​​​ឡើយ ដ្បិត​តម្លៃដ៏ថ្លៃថ្នូរនេះ មកពីព្រះជាម្ចាស់ផ្ទាល់ គឺព្រះ​​​អង្គនេះ​​​ហើយជាគ្រឹះនៃតម្លៃដ៏ថ្លៃថ្នូរនេះ និងធ្វើឱ្យតម្លៃដ៏ថ្លៃថ្នូរនេះ​​​បាន​​​ពេញលក្ខណៈ” (GS ២១,៣)។ “ព្រះសហគមន៍​​​ដឹងច្បាស់ថា សាររបស់ខ្លួន​​​ត្រូវនឹង​​​ជម្រៅ​ចិត្តដ៏អាថ៌កំបាំងរបស់មនុស្ស” (GS ២១,៧)។

លទ្ធិប្រកាសថាមិនអាចស្គាល់ព្រះណាសោះ

២១២៧. ទ្រឹស្តីហៅថា “លទ្ធិប្រកាសថាមិនអាចស្គាល់ព្រះណាសោះ” មានប្រភេទផ្សេងពីគ្នាជាច្រើន។ ក្នុងករណីខ្លះ​ អ្នកកាន់លទ្ធិនេះមិនព្រមបដិសេធថាគ្មានព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ គេអះអាងថា មានសភាវៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមិនអាចសម្ដែងខ្លួនឱ្យមនុស្សលោកស្គាល់ ហើយដែលគ្មាននរណាម្នាក់អាចនិយាយពន្យល់បានផងដែរ។ ក្នុងករណីផ្សេងទៀត អ្នកកាន់លទ្ធិនេះ​ មិនប្រកាសថា​ មានព្រះជាម្ចាស់ទេ ដោយអះអាងថាយើងមិនអាចបង្ហាញភស្តុតាងថាមានព្រះជាម្ចាស់ យើងមិនអាចអះអាង ឬបដិសេធថាមានព្រះជាម្ចាស់បានដែរ។

២១២៨. ជួនកាល អ្នកកាន់លទ្ធិប្រកាសថាមិនអាចស្គាល់ព្រះណាសោះអាចស្វែងរកព្រះជាម្ចាស់ម្យ៉ាង ប៉ុន្តែគេអាចមិនរវីរវល់នឹងព្រះអង្គ អាចគេចវេសពីសំណួរដ៏សំខាន់នៃដំណើរជីវិតរបស់មនុស្ស ឬអាចខ្ជិលច្រអូសក៏បានដែរ។ ជាញឹកញយ អ្នកកាន់លទ្ធិប្រកាសថាមិនអាចស្គាល់ព្រះណាសោះ ដូចជាប្រកាន់លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ទុកជាទ្រឹស្តី។

៤. “អ្នកមិនត្រូវឆ្លាក់រូបអ្វី...”

២១២៩. ព្រះជាម្ចាស់ហាមប្រាមមិនឱ្យដៃមនុស្សឆ្លាក់រូបអ្វីអំពីព្រះអង្គ។ កណ្ឌទុតិយកថាពន្យល់ថា៖ “នៅ​ថ្ងៃ​ដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់អ្នករាល់គ្នាពីក្នុងភ្លើង  នៅភ្នំហូរែប   ​អ្នករាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះ​អង្គ​មាន​ភិន​ភាគ​បែប​ណា​ឡើយ​ ហេតុនេះតោងប្រយ័ត្នស្មារតី  ​   ក្រែង​លោអ្នករាល់គ្នា​ធ្វើ​ខ្លួនឱ្យមានបាប​ដោយ​ឆ្លាក់រូបព្រះក្លែងក្លាយ​ជារូបតំណាងព្រះណាមួយ...” (ទក ៤,១៥-១៦)។ ព្រះដែលបានសម្ដែងព្រះអង្គឱ្យជនជាតិអ៊ីស្រាអែលស្គាល់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ “អ្វីៗទាំងអស់សុទ្ធតែជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់” ប៉ុន្តែនៅពេលជាមួយគ្នានេះ “ព្រះអង្គប្រសើរលើសអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក” (បសរ ៤៣,២៧-២៨)។ “គឺព្រះអង្គនេះហើយដែលជាប្រភពនៃសម្រស់ ព្រះអង្គបានបង្កើតធម្មជាតិទាំងនោះ” (ប្រាញ ១៣,៣)។

២១៣០. ក៏ប៉ុន្តែ ចាប់តាំងពីសម្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់បានបញ្ជា ឬអនុញ្ញាតឱ្យគេចាត់ចែងរូបភាពខ្លះ ដែលនឹងនាំឆ្ពោះទៅការសង្រ្គោះ តាមរបៀបជានិមិត្តរូប ដោយសារព្រះបន្ទូលប្រសូតជាមនុស្ស ដូចជារូបពស់ភ្លើង (ជរ ២១,៤-៩ ; ប្រាញ ១៦,៥-១៤ ; យហ ៣,១៤-១៥) ហិបនៃសម្ពន្ធមេត្រី និងខេរូប៊ីម (សរ ២៥,១០-២២ ; ១ពង្ស ៦,២៣-២៨ ; ៧,២៣-២៦)។

២១៣១. ដោយរិះគិតអំពីព្រឹត្តការណ៍ដ៏អស្ចារ្យនៃព្រះបន្ទូលប្រសូតជាមនុស្ស មហានន្និបាតសកលទីប្រាំពីរនៅទីក្រុងនីសេ (ឆ្នាំ៧៨៧) បានប្រកាសថា គ្រីស្តបរិស័ទអាចគោរពប្រណិប័តន៍រូបភាពដ៏វិសុទ្ធ គឺរូបរបស់ព្រះគ្រីស្តផង រូបរបស់ព្រះមាតារបស់ព្រះជាម្ចាស់ ទេវទូត និងសន្តបុគ្គលទាំងឡាយផងដែរ។ ដោយប្រសូតជាមនុស្ស ព្រះបុត្រារបស់ព្រះជាម្ចាស់បានបង្កើត “ការចាត់ចែង” ថ្មីនៃរូបភាពផ្សេងៗ។

២១៣២. នៅពេលដែលគ្រីស្តបរិស័ទគោរពប្រណិប័តន៍រូបភាព គេមិនប្រឆាំងនឹងវិន័យទីមួយ ដែលហាមប្រាមមិនឱ្យគោរពព្រះក្លែងក្លាយឡើយ។ តាមការពិត “លើកកិត្តិយសចំពោះរូបភាពមួយ គឺផ្ដល់កិតិ្តយសដល់គំរូដើម” (សន្ត បាស៊ីល) ហើយនរណាគោរពរូបមួយ គឺគោរពរូបបុគ្គលដែលគេបានគូ” (មហាសន្និបាតនៅទីក្រុងនីសេទី២៖ DS ៦០១ ; មហាសន្និបាតនៅទីក្រុងត្រង់៖ DS ១៨២១-១៨២៥ ; មហាសន្និបាតវ៉ាទីកង់ទី២៖ SC ១២៦ ; LG ៦៧)។ កិត្តិយសដែលយើងថ្លែងចំពោះរូបដ៏វិសុទ្ធជា “ការគោរពកោតខ្លាច” មិនមែនជាការថ្វាយបង្គំទេ ដែលយើងទុកសម្រាប់ព្រះជាម្ចាស់តែប៉ុណ្ណោះ៖
ចំពោះសាសនា ការគោរពបូជាមិនសំដៅទៅលើការគោរពរូបភាពផ្ទាល់ដូចព្រះពិតទេ ប៉ុន្តែយើងទុករូបភាព​​ទាំងនោះជាអ្នកនាំផ្លូវទៅរកព្រះជាម្ចាស់ ដែលយាងមកចាប់កំណើតជាមនុស្ស។ ដូច្នេះហើយ ចលនានេះជាការគោរពចំពោះព្រះពិត (ដែលតំណាងដោយរូបភាពទាំងនោះ) ខណៈដែលចិត្តយើងមិនសំដៅត្រឹមតែលើរូបភាពតំណាងនោះ (សន្ត ថូម៉ាស នៃអាកាំង)។

សង្ខេប

២១៣៣. “ត្រូវស្រលាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” (ទក ៦,៥)។

២១៣៤. វិន័យទីមួយត្រាស់ហៅមនុស្សឱ្យផ្ញើជីវិតទៅលើព្រះជាម្ចាស់ ឱ្យសង្ឃឹមទៅលើព្រះអង្គ និងឱ្យស្រលាញ់ព្រះអង្គលើសអ្វីៗទាំងអស់។

២១៣៥. “អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ជាព្រះរបស់អ្នក” (មថ ៤,១០)។ នៅពេលដែលយើងថ្វាយបង្គំព្រះជាម្ចាស់ អង្វរព្រះអង្គ គោរពប្រណិប័តន៍ព្រះអង្គ បំពេញពាក្យសន្យា និងពាក្យសច្ចាដែលយើងបានធ្វើចំពោះព្រះអង្គ យើងប្រព្រឹត្តកិច្ចការ ដែលជាគុណធម៌នៃសាសនា ដែលទាក់ទងនឹងការស្តាប់បង្គាប់វិន័យទីមួយ។

២១៣៦. មនុស្សម្នាក់ៗ និងសង្គមមនុស្សមានភារកិច្ចគោរពប្រណិប័តន៍ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។

២១៣៧. មនុស្ស “មានសិទ្ធិប្រតិបត្តិតាមសាសនាជាឯកជន ឬជាសាធារណៈ” (DH ១៥)។

២១៣៨. អបីយជំនឿជាការប្រព្រឹត្តខុសពីរបៀបគោរពប្រណិប័តន៍ព្រះដ៏ពិតប្រាកដ។ ការគោរព​ព្រះ​ក្លែង​ក្លាយ ការទាយ និងមន្តអាគមក៏មកពីអបីយជំនឿដែរ។

២១៣៩. ការសាកល្បងព្រះជាម្ចាស់ ការប្រមាថព្រះអង្គ និងស៊ីម៉ូនីជាអំពើបាប ដែលវិន័យទីមួយហាមយប្រព្រឹត្ត។

២១៤០. មនុស្សកាន់លទ្ធិបដិសេធថាគ្មានព្រះជាម្ចាស់ជាអ្នកប្រព្រឹត្តបាបដោយប្រឆាំងនឹងវិន័យទីមួយ។

២១៤១. ការគោរពប្រណិប័តន៍រូបភាពដ៏វិសុទ្ធចាក់ឫសលើព្រឹត្តការណ៍ដ៏អស្ចារ្យដែលថា​ ព្រះជាម្ចាស់ប្រសូត​ជាមនុស្ស។ ការគោរពរូបភាពនោះមិនប្រឆាំងនឹងវិន័យទីមួយឡើយ។

ប្រការទី២៖​វិន័យទីពីរ

មិនត្រូវយកព្រះនាមរបស់ព្រះអម្ចាស់ ​ជាព្រះ​របស់អ្នក  ទៅប្រើឥតបានការនោះឡើយ (សរ ២០,៧ ; ទក៥,១១)។

អ្នករាល់គ្នាធ្លាប់បានឮសេចក្ដី ដែលមានថ្លែងប្រាប់បុព្វបុរសថា៖ “កុំបំភ្លេចពាក្យសម្បថឱ្យសោះ”(...)។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឱ្យសោះ (មថ ៥,៣៣-៣៤)។

១. ព្រះនាមរបស់ព្រះអម្ចាស់ដ៏វិសុទ្ធ

២១៤២. វិន័យទីពីរបញ្ជាឱ្យគោរពព្រះនាមរបស់ព្រះអម្ចាស់ ។ ដូចវិន័យទីមួយ វិន័យនេះ ទាក់ទងនឹងគុណធម៌នៃសាសនា ហើយតម្រង់យើងឱ្យពោលតែក្នុងរឿងដ៏វិសុទ្ធប៉ណ្ណោះ។

២១៤៣. ក្នុងចំណោមព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដែលទ្រង់សម្ដែងព្រះអង្គឱ្យយើងស្គាល់ មានព្រះបន្ទូលដ៏ពិសេសមួយ គឺព្រះអង្គសម្ដែងព្រះនាមរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រគល់ព្រះនាមរបស់ព្រះអង្គចំពោះអស់អ្នក ដែលផ្ញើជីវិតទៅលើព្រះអង្គ។ ព្រះអង្គសម្ដែងព្រះអង្គឱ្យគេស្គាល់អាថ៌កំបាំងផ្ទាល់របស់ព្រះអង្គ។ ព្រះអំណោយទាននៃព្រះនាមមកពីព្រះអង្គជឿទុកចិត្តលើមនុស្សយ៉ាងស្និទ្ធស្នាល។ “ព្រះនាមព្រះអម្ចាស់ដ៏វិសុទ្ធ”។ ហេតុនេះហើយបានជាមនុស្សមិនអាចបំពានលើព្រះនាមព្រះអង្គបាន។ មនុស្សត្រូវចងចាំព្រះនាមព្រះអង្គដោយស្ងៀមស្ងាត់ ក្រាបថ្វាយបង្គំព្រះអង្គដោយចិត្តស្រលាញ់ (សក ២,១៧)។ មនុស្សនឹងប្រើព្រះនាមព្រះអង្គក្នុងការនិយាយ ដើម្បីប្រទានពរ កោតសរសើរ និងលើកតម្កើងព្រះនាមព្រះអង្គតែប៉ុណ្ណោះ (ទន ២៩,២ ; ៩៦,២; ១១៣,១-២)។

២១៤៤. នៅពេលដែលយើងគោរពព្រះនាមព្រះជាម្ចាស់ យើងបង្ហាញថា ត្រូវគោរពអាថ៌កំបាំងរបស់ព្រះអង្គផ្ទាល់ និងអ្វីៗទាំងអស់ជាទីសក្ការៈដែលទាក់ទងនឹងព្រះនាមព្រះអង្គ។ ការដឹងខ្លួនអំពីអ្វីដែលជាទីសក្ការៈ មកពីគុណធម៌នៃសាសនា៖
ការភ័យខ្លាចចំពោះអ្វីដែលជាទីសក្ការៈ តើជាអារម្មណ៍របស់គ្រីស្តបរិស័ទ ឬទេ? មិនបាច់រារែកចិត្តទេ។ នោះជាអារម្មណ៍នៃយើងរាល់គ្នា ប្រសិនបើយើងនឹងឃើញព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទឹកចិត្តនោះ កាន់តែមានកម្រិតខ្លាំងក្លាថែមទៀត។ កាលណាយើង “ដឹងខ្លួន” និងជឿថា ព្រះអង្គគង់នៅក្បែយើង ពេលនោះយើងត្រូវតែមានអារម្មណ៍នោះ តែបើយើងគ្មានអារម្មណ៍នោះទេ យើងមិនដឹងខ្លួន យើងមិនជឿថា ព្រះអង្គគង់នៅក្បែយើង (លោក ន្យូមាន)។

២១៤៥. គ្រីស្តបរិស័ទត្រូវផ្តល់សក្ខីភាពអំពីព្រះនាមព្រះអម្ចាស់ ដោយប្រកាសជំនឿរបស់ខ្លួន និងដោយមិនភ័យខ្លាច (មថ ១០,៣២ ; ១ធម ៦,១២)។ ត្រូវតែក្រាបថ្វាយបង្គំ និងគោរពកោតខ្លាចព្រះនាមរបស់ព្រះអម្ចាស់នៃយើង គឺព្រះយេស៊ូគ្រីស្ត ក្នុងធម៌ទេសនា និងការអប់រំជំនឿ។

២១៤៦. វិន័យទីពីរហាមបំពានព្រះនាមរបស់ព្រះជាម្ចាស់ ពោលគឺមិនឱ្យប្រើប្រាស់តាមរបៀបមិនសមគួរព្រះនាមរបស់ព្រះជាម្ចាស់ របស់ព្រះយេស៊ូគ្រីស្ត របស់ព្រហ្មចារិនីម៉ារី និងនាមរបស់សន្តបុគ្គលទាំងអស់ផងដែរ។

២១៤៧. ពាក្យសន្យា ដែលយើងធ្វើចំពោះអ្នកដទៃក្នុងព្រះនាមព្រះជាម្ចាស់ ជាការយកកិត្តិយស ភក្តីភាព សេចក្ដីពិត និងអំណាចរបស់ព្រះអង្គទៅបញ្ចាំ។ ត្រូវតែគោរពពាក្យសន្យាទាំងអស់នោះស្របតាមយុត្តិធម៌។ បើយើងមិនស្មោះត្រង់នឹងពាក្យសន្យានោះ ​យើងបំពានព្រះនាមរបស់ព្រះជាម្ចាស់ ហើយយើងហាក់ដូចជាធ្វើឱ្យព្រះជាម្ចាស់ជាអ្នកកុហក (១យហ​ ១,១០)។

២១៤៨. ការជេរប្រមាថព្រះជាម្ចាស់ ជំទាស់នឹងវិន័យទីពីរតែម្តង។ យើងជេរប្រមាថព្រះជាម្ចាស់ នៅក្នុងចិត្ត ឬសម្តីខាងក្រៅដោយស្អប់ ស្តីបន្ទោស សាកល្បង និយាយដើម មិនចេះគោរពព្រះអង្គ និងបំពានព្រះនាមព្រះអង្គ។ សន្តយ៉ាកុបស្តីបន្ទោសអស់អ្នក ដែល “បានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់ (ពួកគេ)” (យហ ២,៧)។ យើងមិនអាចជេរប្រមាថព្រះសហគមន៍របស់ព្រះគ្រីស្ត សន្តបុគ្គល ព្រមទាំងវត្ថុដ៏វិសុទ្ធបានឡើយ។ ម្យ៉ាងទៀត យើងមិនអាចប្រើព្រះនាមរបស់ព្រះជាម្ចាស់ ដើម្បីលាក់បំបាំងអំពើឧក្រិដ្ឋ សង្កត់សង្កិនប្រជាជនឱ្យធ្វើជាទាសករ ធ្វើទារុណកម្ម ឬប្រហារជីវិតមនុស្សបានឡើយ។ ការបំពានព្រះនាមព្រះជាម្ចាស់ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋជាហេតុនាំឱ្យបោះបង់សាសនាចោល។នៅពេលដែលយើងជេរប្រមាថព្រះជាម្ចាស់ យើងមិនគោរពព្រះជាម្ចាស់ និងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ គឺយើងប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ (CIC ១៣៦៩)។

២១៤៩. នៅពេលដែលយើងជេរគេ ដោយប្រើព្រះនាមរបស់ព្រះជាម្ចាស់ ទោះបីយើងពុំមានបំណងប្រមាថព្រះអង្គក៏ដោយ ក៏យើងមិនចេះគោរពព្រះអម្ចាស់ដែរ។ វិន័យទីពីរហាមប្រាមមិនឱ្យយើងយកព្រះនាមរបស់ព្រះជាម្ចាស់ប្រើក្នុងអំពើមន្តអាគម ។ ព្រះនាមរបស់ព្រះជាម្ចាស់ប្រសើរណាស់ នៅទីណាយើងយកព្រះនាមព្រះអង្គប្រើ ដោយគោរពព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះនាមរបស់ព្រះជាម្ចាស់ដ៏វិសុទ្ធ នៅទីណាយើងយកព្រះនាមព្រះអង្គប្រើ ដោយគោរពកោតខ្លាចព្រះអង្គ និងដោយខ្លាចធ្វើបាបព្រះអង្គ (សន្ត អូគូស្តាំង)។

២. ការយកព្រះនាមព្រះអម្ចាស់ប្រើដោយឥតបានការ

២១៥០. វិន័យទីពីរហាមពោលពាក្យសម្បថក្លែងក្លាយ ។ នៅពេលដែលយើងស្បថ យើង​យកព្រះជាម្ចាស់ធ្វើជាសាក្សីនៃអ្វីដែលយើងអះអាង។ យើងយកសេចក្ដីពិតរបស់ព្រះជាម្ចាស់មកបញ្ចាំសេចក្ដីពិតរបស់ខ្លួនយើងផ្ទាល់។ ពាក្យសម្បថ គឺជាការបញ្ចាំព្រះនាមរបស់ព្រះអម្ចាស់។ “ចូរកោតខ្លាចព្រះអម្ចាស់  ជា​ព្រះរបស់អ្នក ​ហើយគោរពបំរើព្រះអង្គ ​និងស្បថ​ក្នុងព្រះនាមព្រះអង្គតែមួយប៉ុណ្ណោះ” (ទក ៦,១៣)។

២១៥១. ការហាមពោលពាក្យសម្បថជាភារកិច្ចចំពោះព្រះជាម្ចាស់។ ក្នុងឋានៈជាព្រះបង្កើត និងជាព្រះអម្ចាស់ ព្រះជាម្ចាស់ជាក្បួននៃសេចក្ដីពិតទាំងអស់។ ពាក្យសម្តីរបស់មនុស្សយល់ស្រប ឬប្រឆាំងនឹងព្រះជាម្ចាស់ជាសេចក្ដីពិតផ្ទាល់។ នៅពេលដែលយើងស្បថតាមសេចក្ដីពិត និងយ៉ាងត្រឹមត្រូវ ពាក្យសម្បថបំភ្លឺពាក្យសម្តីរបស់មនុស្សយោងតាមសេចក្ដីពិតរបស់ព្រះជាម្ចាស់។ ពេលយើងស្បថក្លែងក្លាយ យើងហាក់ដូចជាសុំឱ្យព្រះជាម្ចាស់ផ្តល់សក្ខីភាពអំពីពាក្យកុហកមួយ។

២១៥២. អ្នកណាដែលស្បថ ដោយគ្មានបំណងគោរពពាក្យសម្បថនេះ ឬដែលមិនគោរពពាក្យសម្បថរបស់ខ្លួន ក្រោយពីបានស្បថរួចហើយ អ្នកនោះ ជាអ្នកក្បត់ពាក្យសម្បថ ។ អ្នកក្បត់ពាក្យសម្បថមិនគោរពព្រះអម្ចាស់យ៉ាងធ្ងន់ធ្ងរ។ បើគេស្បថដើម្បីប្រព្រឹត្តកិច្ចការដ៏អាក្រក់ណាមួយគេប្រឆាំងនឹងភាពដ៏វិសុទ្ធនៃព្រះនាមរបស់ព្រះជាម្ចាស់។

២១៥៣. ​ព្រះយេស៊ូបានប្រកាសវិន័យទីពីរក្នុងធម្មទេសនានៅលើភ្នំ៖ “អ្នក​រាល់គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី ដែល​ថ្លែង​ប្រាប់​បុព្វ​បុរសថា៖ “កុំ​បំភ្លេច​ពាក្យ​សម្បថឱ្យសោះ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ​អម្ចាស”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា កុំ​ស្បថ​ឱ្យ​សោះ​ (...)។ ត្រូវ​និយាយឱ្យ​ទៀង​ទាត់ បើ “មែន” ឱ្យ​ប្រាកដ​ជា “មែន” បើ‌ “ទេ” ឱ្យ​ប្រាកដ​ជា “ទេ”។ រីឯ​ពាក្យ​ពន្លើស​‌សុទ្ធតែ​មកពី​មារ​កំណាច​ទាំង​អស់” (មថ ៥,៣៣-៣៤.៣៧)។ (យក ៥,១២)។ ព្រះយេស៊ូប្រៀនប្រដៅថា ពាក្យសម្បថណាមួយយោងតាមព្រះជាម្ចាស់ ហើយពាក្យសម្តីនីមួយៗត្រូវគោរពវត្តមានរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតរបស់ព្រះអង្គ។ យើងត្រូវប្រើព្រះជាម្ចាស់ក្នុងពាក្យសម្តី ដោយប្រុងប្រយ័ត្ន ដើម្បីគោរពដោយយកចិត្តទុកដាក់វត្តមានរបស់ព្រះអង្គ ដែលយើងបញ្ជាក់ ឬប្រមាថក្នុងការអះអាងនីមួយៗរបស់យើង។

២១៥៤. តាមសន្តប៉ូល (២ករ ១,២៣ ; កាឡ ១,២០) ព្រះសហគមន៍បានយល់ថា ព្រះបន្ទូលរបស់ព្រះយេស៊ូមិនជំទាស់នឹងពាក្យសម្បថ នៅពេលដែលយើងស្បថ ដើម្បីមូលហេតុសំខាន់ និងត្រឹមត្រូវ (ដូចជាពីមុខតុលាការ)។ “ត្រូវតែពោលពាក្យសម្បថ គឺការយកព្រះនាមរបស់ព្រះជាម្ចាស់ប្រើធ្វើជាសាក្សីនៃសេចក្ដីពិត ដោយសេចក្ដីពិត ដោយរិះគិតពិចារណា និងតាមយុត្តិធម៌” (CIC ១១៩៩,១)។

២១៥៥. ភាពដ៏វិសុទ្ធនៃព្រះនាមរបស់ព្រះជាម្ចាស់ទាមទារឱ្យយើង​មិនយកព្រះនាមព្រះអង្គប្រើ ដើម្បី​រឿងមិនសំខាន់ទេ។​ យ៉ាងណាមិញ យើងមិនត្រូវពោលពាក្យសម្បថ ក្នុងកាលៈទេសៈ ដែលអាចនាំឱ្យគេគិតថា យើងយល់ស្របនឹងអំណាច ដែលទាមទារឱ្យយើងស្បថ ដោយអយុត្តិធម៌។ នៅពេលដែលអាជ្ញាធរមិនត្រឹមត្រូវទាមទារឱ្យយើងពោលពាក្យសម្បថ យើងអាចបដិសេធមិនព្រមស្បថ។ យើងត្រូវបដិសេធស្បថ នៅពេលដែលគេសុំឱ្យយើងស្បថ ក្នុងគោលដៅផ្ទុយនឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស ឬផ្ទុយនឹងការរួបរួមរបស់ព្រះសហគមន៍។

៣. ឈ្មោះរបស់គ្រីស្តបរិស័ទ

២១៥៦. យើងប្រគល់អគ្គសញ្ញាជ្រមុជទឹក “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” (មថ ២៨,១៩)។ ក្នុងពិធីជ្រមុជទឹក ព្រះនាមព្រះអម្ចាស់ធ្វើឱ្យមនុស្សបានវិសុទ្ធ ហើយគ្រីស្តបរិស័ទទទួលឈ្មោះរបស់ខ្លួនក្នុងព្រះសហគមន៍។ ឈ្មោះនេះ អាចជាឈ្មោះរបស់សន្តបុគ្គលម្នាក់ ពោលគឺសាវ័កម្នាក់ ដែលមានភក្ដីភាពគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ ការយកសន្តបុគ្គលម្នាក់មកជាគំរូអំពីសេចក្ដីស្រលាញ់ធានាថាគាត់ជួយអង្វរព្រះជាម្ចាស់ដើម្បីយើង។ “ឈ្មោះនៃពិធីជ្រមុជទឹក” អាចសម្ដែងគម្រោងការដ៏អស្ចារ្យ ឬគុណធម៌មួយនៃគ្រីស្តសាសនាផងដែរ។ “ឪពុកម្តាយ បងធម៌ និងលោកបូជាចារ្យជាអ្នកទទួលខុសត្រូវ ត្រូវប្រុងប្រយ័ត្នកុំឱ្យគេដាក់ឈ្មោះមួយខុសនឹងអត្ថន័យនៃគ្រីស្តសាសនា” (CIC ៨៥៥)។

២១៥៧. គ្រីស្តបរិស័ទចាប់ផ្ដើមភារកិច្ចប្រចាំថ្ងៃ ដោយអធិដ្ឋាន និងកិច្ចការរបស់ខ្លួន ដោយធ្វើសញ្ញាឈើឆ្កាង “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាម៉ែន”។ គ្រីស្តបរិស័ទថ្វាយកិច្ចការប្រចាំថ្ងៃទៅសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងទូលអង្វរឱ្យព្រះហឫទ័យប្រណីសន្តោសរបស់ព្រះសង្រ្គោះជួយគេឱ្យអាចប្រព្រឹត្តកិច្ចការ ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាបុត្រធីតារបស់ព្រះបិតា។ សញ្ញាឈើឆ្កាងពង្រឹងកម្លាំងរបស់យើងក្នុងការល្បួង និងក្នុងគ្រាលំបាក។

២១៥៨. ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗតាមឈ្មោះរបស់ខ្លួន (អស ៤៣,១ ; យហ ១០,៣)។ ឈ្មោះរបស់មនុស្សម្នាក់ៗជាទីសក្ការៈ និងជារូបដ៏វិសុទ្ធរបស់បុគ្គលម្នាក់។ ត្រូវតែគោរពឈ្មោះរបស់គេ ជាសញ្ញាសម្គាល់នៃឋានៈដ៏ថ្លៃថ្នូររបស់គេ។

២១៥៩. ឈ្មោះដែលយើងបានទទួលជាឈ្មោះសម្រាប់ជីវិតអស់កល្បជានិច្ច។ ក្នុងព្រះរាជ្យ លក្ខណៈដ៏លាក់កំបាំង និងតែមួយរបស់មនុស្សម្នាក់ៗ ដែលបំពាក់ព្រះនាមរបស់ព្រះជាម្ចាស់ នឹងបំភ្លឺចិញ្ចាចចិញ្ចែងក្នុងពន្លឺ។ “អ្នកណា​មាន​ជ័យជំនះ​ (...) នៅ​លើ​ដុំ​ក្រួស​នោះ​ មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី​ ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ​វៀរលែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ​” (វវ ២,១៧)។ “  ខ្ញុំ​មើល​ទៅ ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​‌​ ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ នៅ​ជាមួយ​ព្រះអង្គ‌‌​ អ្នក​ទាំង​នោះ ​មាន​ព្រះនាម​កូន​ចៀម​ និង​ព្រះនាម​ព្រះបិតា​របស់​ព្រះអង្គ​ចារ​នៅ​លើ​ថ្ងាស” (វវ ១៤,១)។

សង្ខេប

២១៦០. “បពិត្រព្រះអម្ចាស់អើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿងពាសពេញលើផែនដីទាំងមូល” (ទន ៨,២)។

២១៦១. វិន័យទីពីរបញ្ជាឱ្យគោរពព្រះនាមព្រះអម្ចាស់ ព្រោះជាព្រះនាមដ៏វិសុទ្ធ។

២១៦២. វិន័យទីពីរហាមមិនឱ្យប្រើព្រះនាមព្រះជាម្ចាស់តាមរបៀបមិនត្រឹមត្រូវ។ ​ការ​ជេរ​ប្រមាថ​មានន័យថា យើងប្រើ​ព្រះនាមរបស់ព្រះជាម្ចាស់ របស់ព្រះយេស៊ូគ្រីស្ត របស់ព្រហ្មចារិនីម៉ារី និង​ជន​ដ៏​វិសុទ្ធទាំងឡាយ តាមរបបៀបមិនត្រឹមត្រូវ។           

២១៦៣. ពេលយើងស្បថក្លែងក្លាយ យើងហាក់ដូចជាសុំឱ្យព្រះជាម្ចាស់ផ្តល់សក្ខីភាពចំពោះពាក្យកុហកមួយ។ ក្បត់ពាក្យសម្បថ គឺមិនគោរពព្រះអម្ចាស់យ៉ាងធ្ងន់ធ្ងរ ព្រះអង្គដែលតែងតែគោរពព្រះបន្ទូលសន្យា របស់ព្រះអង្គជានិច្ច។

២១៦៤. “មិនត្រូវស្បថដោយយកព្រះបង្កើត ឬសត្វលោកជាសាក្សី លុះត្រាតែជាសេចក្ដីពិត ជាចាំបាច់ និងដោយគោរពព្រះអង្គ ឬសត្វលោកន៉” (សន្ត អ៊ីញ៉ាស)។

២១៦៥. ក្នុងពិធីជ្រមុជទឹក គ្រីស្តបរិស័ទទទួលនាមរបស់ខ្លួនក្នុងព្រះសហគមន៍។ មាតាបិតា ឪពុកម្តាយ​ធម៌ និងលោកបូជាចារ្យនឹងខិតខំដាក់ឈ្មោះឱ្យតាមគ្រីស្តសាសនា។ ការយកសន្តបុគ្គលម្នាក់មកជាគំរូអំពីសេចក្ដីស្រលាញ់ ធានាថា គាត់អធិដ្ឋាន ដើម្បីយើង។

២១៦៦. គ្រីស្តបរិស័ទចាប់ផ្ដើមការអធិដ្ឋាន និងកិច្ចការរបស់ខ្លួន ដោយធ្វើសញ្ញាឈើឆ្កាង “ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ អាម៉ែន”

២១៦៧. ព្រះជាម្ចាស់ត្រាស់ហៅម្នាក់ៗតាមឈ្មោះរបស់ខ្លួន (អស ៤៣,១)។

ប្រការទី៣៖​វិន័យទីបី

ចូររម្លឹកថ្ងៃសប្ប័ទ ​ហើយញែកថ្ងៃនោះ ជា​ថ្ងៃដ៏វិសុទ្ធ។    ​  អ្នកមានពេលប្រាំមួយថ្ងៃ  សម្រាប់​បំពេញកិច្ចការទាំងប៉ុន្មាន ដែលអ្នកត្រូវធ្វើ​    តែ​ថ្ងៃទីប្រាំពីរ​ ជាថ្ងៃសប្ប័ទរបស់ព្រះអម្ចាស់ ​ជាព្រះ​នៃអ្នក។​ ដូច្នេះ ​នៅថ្ងៃនោះ​អ្នកមិនត្រូវធ្វើការអ្វីឡើយ (សរ ២០,៨-១០) (ទក ៥,១២-១៥)។
ព្រះ​ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស​ ដើម្បី​ឱ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ទេ។​ ហេតុ​នេះ​ហើយ ​បាន​ជា​បុត្រ​មនុស្សជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ (មក ២,២៧-២៨)។

១. ថ្ងៃសប្ប័ទ

២១៦៨. វិន័យទីបីនៃវិន័យដប់ប្រការរម្លឹកដល់ភាពដ៏វិសុទ្ធនៃថ្ងៃសប្ប័ទ៖ “ក្នុងរយៈពេលប្រាំមួយថ្ងៃ   ​អ្នករាល់គ្នាអាចធ្វើ​ការបាន ​ប៉ុន្តែ  ​ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ  ​គឺថ្ងៃ​សំរាក   ​ដែលត្រូវែញកទុកជាថ្ងៃសក្ការៈ​ថ្វាយព្រះ​អ ម្ចាស់” (សរ ៣១,១៥)។

២១៦៩. យោងតាមសេចក្ដីនេះ ព្រះគម្ពីរដ៏វិសុទ្ធរម្លឹកដល់ការបង្កើត ៖ “ដ្បិតក្នុងរយៈពេល​ប្រាំមួយថ្ងៃ  ​ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ​ផែនដី​សមុទ្រ  ​និងវត្ថុសព្វសារពើ ដែលស្ថិតនៅទីទាំង​នោះ។ ​នៅថ្ងៃទីប្រាំពីរ​  ព្រះអង្គសំរាក។ ​ហេតុនេះ​ហើយ ​បាន​ជា​ព្រះអម្ចាស់​ប្រទានពរ​ដល់​ថ្ងៃ​សប្ប័ទ​ហើយ​ញែកថ្ងៃនោះ  ជាថ្ងៃដ៏វិសុទ្ធ” (សរ ២០,១១)។

២១៧០. ព្រះគម្ពីរសម្ដែងទៀតថា ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃនឹករលឹកដល់ការរំដោះរបស់ជនជាតិអ៊ីស្រាអែល ឱ្យរួចផុតពីទាសភាពនៅប្រទេសអេស៊ីប៖ “អ្នកត្រូវនឹកចាំថា ​អ្នកធ្លាប់ធ្វើជា​ទាសករនៅស្រុកអេស៊ីប ​ហើយព្រះអម្ចាស់​ ជាព្រះ​របស់អ្នក បាននាំអ្នកចាកចេញពីទីនោះ​ ដោយប្ញទ្ធិ​បារមី​ និង​តេជានុភាពរបស់ព្រះអង្គ។ ​ហេតុនេះ​ហើយ បានជាព្រះអម្ចាស់ ​ជាព្រះរបស់អ្នក ​បង្គាប់​ឱ្យអ្នកគោរពថ្ងៃសប្ប័ទ” (ទក ៥,១៥)។

២១៧១. ព្រះជាម្ចាស់បានប្រគល់ថ្ងៃសប្ប័ទឱ្យជនជាតិអ៊ីស្រាអែល ដើម្បីឱ្យគេរក្សាថ្ងៃនេះទុកជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី ដែលមិនអាចផ្តាច់បាន (សរ ៣១,១៦)។ ថ្ងៃសប្ប័ទជាថ្ងៃសម្រាប់ព្រះអម្ចាស់ យើងត្រូវរក្សាទុកថ្ងៃដ៏វិសុទ្ធនេះ ដើម្បីលើកតម្កើងព្រះជាម្ចាស់ លើកតម្កើងស្នាព្រះហស្តរបស់ព្រះអង្គ ដែលបានបង្កើតអ្វីៗទាំងអស់ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដើម្បីជួយសង្រ្គោះជនជាតិអ៊ីស្រាអែល។

២១៧២. ព្រះជាម្ចាស់ប្រតិបតិ្តយ៉ាងណា មនុស្សក៏ត្រូវប្រតិបត្តិយ៉ាងនោះដែរ។ បើព្រះជាម្ចាស់បាន “ឈប់ធ្វើការ ហើយសំរាក” ថ្ងៃទីប្រាំពីរ (សរ ៣១,‌៧) មនុស្សក៏ត្រូវតែ “ឈប់ធ្វើការ ហើយសំរាក” និងទុកឱ្យអ្នកដទៃ ជាពិសេសជនក្រីក្រ “បានសម្រាក” (សរ ២៣,១២)។ ថ្ងៃសប្ប័ទបញ្ឈប់ការងារប្រចាំថ្ងៃ និងផ្តល់ការសម្រាក។ ថ្ងៃនេះជាថ្ងៃប្រឆាំងនឹងការបង្ខិតបង្ខំនៃការងារ និងការទុកប្រាក់កាស់ជាធំ (ណហ ១៣,១៥-២២ ; ២របា ៣៦,២១)។

២១៧៣. តាមដំណឹងល្អ ជាញឹកញយ គេចោទប្រកាន់ព្រះយេស៊ូថា ព្រះអង្គមិនគោរពវិន័យនៃថ្ងៃសប្ប័ទឡើយ។ ប៉ុន្តែ ព្រះយេស៊ូតែងតែគោរពភាពដ៏វិសុទ្ធនៃថ្ងៃនេះ (មក ១,២១ ; យហ​ ៩,១៦)។ ព្រះអង្គប្រកបដោយអំណាចបកស្រាយវិន័យនេះតាមអត្ថន័យយ៉ាងពិតប្រាកដ៖ “ព្រះ​ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស​ ដើម្បីឱ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ” (មក ២,២៧)។ ព្រះគ្រីស្តប្រកបដោយធម៌មេត្តាករុណាអនុញ្ញាតខ្លួនព្រះអង្គឱ្យ “នៅថ្ងៃសប្ប័ទ ធ្វើ​អំពើ​ល្អ​​ជាជាង​ធ្វើ​អំពើ​អាក្រក់ ​សង្គ្រោះ​មនុស្សជាជាង​ប្រហារ​ជីវិត​ចោល” (មក ៣,៤)។ ថ្ងៃសប្ប័ទជាថ្ងៃរបស់ព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណា និងថ្ងៃនៃកិត្តិយសរបស់ព្រះជាម្ចាស់ (មថ ១២,៥ ; យហ ៧,២៣)។ “បុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ” (មក ២,២៨)។

២. ថ្ងៃរបស់ព្រះអម្ចាស់

ថ្ងៃនេះ​ជាថ្ងៃដែលព្រះអម្ចាស់​បានបង្កើតមក យើងនាំគ្នា​សប្បាយរីករាយ​នៅថ្ងៃនេះ! (ទន ១១៨,  ២៤)។

ថ្ងៃដែលព្រះគ្រីស្តមានព្រះជន្មថ្មី៖ ថ្ងៃនៃការបង្កើតថ្មី

២១៧៤. ព្រះយេស៊ូមានព្រះជន្មថ្មីពីក្នុងចំណោមមនុស្សស្លាប់ “ថ្ងៃទីមួយនៃសបា្តហ៍” (មថ ២៨,១ ; មក ១៦,២ ; លក ២៤,១ ; យហ ២០,១)។ ដោយសារថ្ងៃនេះជា “ថ្ងៃទីមួយ” ថ្ងៃដែលព្រះគ្រីស្តមានព្រះជន្មថ្មីធ្វើឱ្យនឹកឃើញដល់ការបង្កើតទីមួយ។ ដោយសារថ្ងៃនេះ ជា “ថ្ងៃទីប្រាំបី” ក្រោយពីថ្ងៃសប្ប័ទ (មក ១៦,១ ; មថ ២៨,១) ថ្ងៃនេះ សម្តៅទៅលើការបង្កើតថ្មី ដែលព្រះគ្រីស្តបានចាប់ផ្តើម ដោយមានព្រះជន្មថ្មី។ សម្រាប់គ្រីស្តបរិស័ទ ថ្ងៃនេះបានក្លាយទៅជាថ្ងៃទីមួយនៃថ្ងៃឯទៀតៗ បុណ្យទីមួយនៃបុណ្យឯទៀតៗ ថ្ងៃរបស់ព្រះអម្ចាស់ (Hè kuriakè hèmera, dies dominica ) “ថ្ងៃអាទិត្យ”៖
យើងទាំងអស់គ្នាជួបជុំគ្នានៅថ្ងៃនៃព្រះអាទិត្យ ពីព្រោះជាថ្ងៃទីមួយ [ក្រោយពីថ្ងៃសប្ប័ទរបស់ជនជាតិយូដា ប៉ុន្តែ ជាថ្ងៃទីមួយដែរ] ដែលព្រះជាម្ចាស់ ដកទាញយករូបធាតុចេញមកពីភាពងងឹត ទ្រង់បានបង្កើតពិភពលោក ហើយនៅថ្ងៃដដែលនេះ ព្រះយេស៊ូគ្រីស្ត ជាព្រះសង្រ្គោះរបស់យើង មានព្រះជន្មថ្មីក្នុងចំណោមមនុស្សស្លាប់ (សន្ត យូស្តាំង)។

ថ្ងៃអាទិត្យជាថ្ងៃបំពេញថ្ងៃសប្ប័ទ

២១៧៥. ថ្ងៃអាទិត្យប្លែកពីថ្ងៃសប្ប័ទ ដែលជាថ្ងៃសៅរ៍ ជារៀងរាល់សបា្តហ៍ ហើយជាថ្ងៃដែលគ្រីស្តបរិស័ទគោរពព្រះជាម្ចាស់។ ក្នុងបុណ្យចម្លងរបស់ព្រះគ្រីស្ត ថ្ងៃអាទិត្យជាថ្ងៃបំពេញសេចក្ដីពិតខាងវិញ្ញាណនៃថ្ងៃសប្ប័ទរបស់ជនជាតិយូដា និងជាថ្ងៃដែលប្រកាសទុកជាមុនថា មនុស្សលោកនឹងសម្រាកក្នុងអង្គព្រះជាម្ចាស់អស់កល្បជានិច្ច។ ការគោរពធម្មវិន័យជាការត្រៀមទុកជាមុននូវព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះគ្រីស្ត ហើយអ្វីដែលគេប្រតិបត្តិក្នុងធម្មវិន័យនេះសម្ដែងលក្ខណៈខ្លះរបស់ព្រះគ្រីស្ត (១ករ ១០,១១)៖
អស់អ្នកដែលរស់នៅតាមទម្លាប់ចាស់ឈានទៅរកសេចក្ដីសង្ឃឹមថ្មី មិនព្រមគោរពថ្ងៃសប្ប័ទទៀតទេ បែរទៅជាគោរពថ្ងៃរបស់ព្រះអម្ចាស់ ដែលជីវិតរបស់យើងទទួលព្រះពរ​ (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។

២១៧៦. ពិធីលើកតម្កើងនៅថ្ងៃអាទិត្យគោរពតាមវិន័យនៃសីលធម៌ ដែលធម្មជាតិបានចារក្នុងជម្រៅចិត្តមនុស្ស គឺ “គោរពព្រះជាម្ចាស់តាមពិធីខាងក្រៅ ដែលមើលឃើញ ជាសាធារណៈ និងទៀងទាត់ ធ្វើជាសញ្ញាសម្គាល់នៃសប្បុរសធម៌សកលរបស់ព្រះអង្គចំពោះមនុស្សលោក” (សន្ត ថូម៉ាស នៃអាកាំង)។ ពិធីគោរពនៃថ្ងៃអាទិត្យបំពេញវិន័យខាងសីលធម៌នៃសម្ពន្ធមេត្រីចាស់ ទៅតាមចង្វាក់ និងគំនិតដដែល និងដោយលើកតម្កើងព្រះជាម្ចាស់ ជាព្រះបង្កើត និងជាព្រះសង្រ្គោះនៃប្រជារាស្រ្តរបស់ព្រះអង្គ រៀងរាល់ថ្ងៃអាទិត្យ។

ពិធីអរព្រះគុណនៃថ្ងៃអាទិត្យ

២១៧៧. ពិធីលើកតម្កើងព្រះជាម្ចាស់នៅថ្ងៃអាទិត្យ និងពិធីអរព្រះគុណព្រះអម្ចាស់ជាស្នូលនៃការរស់នៅរបស់ព្រះសហគមន៍។ “តាមការបញ្ជូនបន្តដែលមកពីក្រុមគ្រីស្តទូត ថ្ងៃអាទិត្យជាថ្ងៃលើកតម្កើងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃបុណ្យចម្លង។ ព្រះសហគមន៍ទាំងមូលត្រូវតែគោរពថ្ងៃនេះទុកជាថ្ងៃបុណ្យសំខាន់ជាងគេ” (CIC ១២៤៦,១)។ “ជាមួយគ្នានេះដែរ ត្រូវតែគោរពថ្ងៃបុណ្យព្រះអម្ចាស់នៃយើងព្រះយេស៊ូគ្រីស្តប្រសូត ថ្ងៃបុណ្យព្រះគ្រីស្តសម្ដែងព្រះអង្គឱ្យសាសន៍ដទៃស្គាល់ ថ្ងៃបុណ្យព្រះជាម្ចាស់លើកព្រះយេស៊ូឡើងលើ ថ្ងៃបុណ្យព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ថ្ងៃបុណ្យព្រះនាងម៉ារីដ៏វិសុទ្ធជាព្រះមាតារបស់ព្រះជាម្ចាស់ ថ្ងៃបុណ្យព្រះនាងម៉ារីមិនជំពាក់បាបតាំងពីកំណើត ថ្ងៃបុណ្យព្រះនាងម៉ារីឡើងស្ថានបរមសុខ ថ្ងៃបុណ្យសន្តយ៉ូសែប សន្តគ្រីស្តទូតសិលា និងប៉ូល និងសន្តបុគ្គលទាំងឡាយ” (CIC ១២៤៦,១)។

២១៧៨. អង្គប្រជុំរបស់គ្រីស្តបរិស័ទប្រតិបត្តិតាមរបៀបនេះតាំងពីសម័យក្រុមគ្រីស្តទូត (កក ២,៤២-៤៦)។ លិខិតផ្ញើទៅគ្រីស្តបរិស័ទជាតិហេប្រឺរម្លឹកថា៖ “មិន​ត្រូវ​លះ​បង់​ការ​ប្រជុំ​គ្នា​ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះទេ​ ផ្ទុយ​ទៅ​វិញ​ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ឱ្យ​រឹតតែ​ខ្លាំង​ឡើង‌‌‌‌” (ហប ១០,២៥)។
ការបញ្ជូនបន្តចងចាំពាក្យដាស់តឿន ដែលនៅតែមានតម្លៃរហូតដល់សព្វថ្ងៃ៖ “មកទាន់ពេលនៅព្រះវិហារ មកជិតព្រះអម្ចាស់ និងសារភាពអំពើបាបរបស់ខ្លួន សម្ដែងសេចក្ដីសោកស្តាយក្នុងការអធិដ្ឋាន (...)។ ចូលរួមក្នុងពិធីបុណ្យដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ បញ្ចប់ការអធិដ្ឋានរបស់ខ្លួន ហើយមិនចាកចេញមុនលោកបូជាចារ្យបានប្រទានពរ  (...)។ យើងធ្លាប់ប្រាប់គេជាច្រើនដងមកហើយ៖ ព្រះជាម្ចាស់បានប្រទានថ្ងៃនេះ ដើម្បីអធិដ្ឋាន និងសម្រាក។ ថ្ងៃនេះ ជាថ្ងៃដែលព្រះជាម្ចាស់បានបង្កើត។ ចូរយើងនាំគ្នាកោតសរសើរ និងសប្បាយរីករាយនៅថ្ងៃនេះ!”។

២១៧៩ . “សហគមន៍ក្នុងភូមិមួយ ជាសហគមន៍របស់គ្រីស្តបរិស័ទមួយចំនូន ដែលនៅស្ថិតស្ថេរក្នុងព្រះសហគមន៍នៅតំបន់មួយ មានលោកបូជាចារ្យម្នាក់ជាអ្នកទទួលខុសត្រូវ ដែលជាគង្វាលពិសេសរបស់សហគមន៍នេះ ក្រោមអំណាចរបស់លោកអភិបាលភូមិភាគ” (CIC ៥១៥,១)។ សហគមន៍ក្នុងភូមិជាកន្លែង ដែលពិធីប្រារព្ធអភិបូជាប្រមូលគ្រីស្តបរិស័ទទាំងអស់ជារៀងរាល់ថ្ងៃអាទិត្យ។ សហគមន៍ក្នុងភូមិបង្រៀនគ្រីស្តបរិស័ទអំពីពិធីបុណ្យធម្មតា ប្រមូលប្រជាជននេះក្នុងការប្រារព្ធពិធីបុណ្យ បង្រៀនលទ្ធិនៃការសង្រ្គោះរបស់ព្រះគ្រីស្ត និងប្រតិបត្តិតាមសេចក្ដីស្រលាញ់របស់ព្រះអម្ចាស់ក្នុងការបំពេញកិច្ចការល្អៗ៖
អ្នកមិនអាចអធិដ្ឋាននៅផ្ទះ ដូចនៅក្នុងព្រះសហគមន៍ ដែលមានគ្រីស្តបរិស័ទមួយចំនូនដ៏ធំស្រែកអង្វរព្រះជាម្ចាស់ដោយមានចិត្តគំនិតតែមួយទេ។ មានអ្វីប្រសើរជាង វិញ្ញាណរួបរួមគ្នា ព្រលឹងយល់ចិត្តថ្លើមគ្នា ដែលជាចំណងនៃសេចក្ដីស្រលាញ់ និងសេចក្ដីអធិដ្ឋានរបស់លោកបូជាចារ្យ (សន្ត យ៉ូហាន គ្រីសូស្តូម)។

ត្រូវតែគោរពថ្ងៃអាទិត្យ

២១៨០. បទបញ្ជារបស់ព្រះសហគមន៍បញ្ជាក់យ៉ាងល្អិតល្អន់ធម្មវិន័យរបស់ព្រះអម្ចាស់៖ “គ្រីស្តបរិស័ទត្រូវតែប្រារព្ធពិធីអភិបូជានៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យសំខាន់ៗ” (CIC ១២៤៧)។ “អ្នកណាប្រារព្ធពិធីអភិបូជា គឺជាអ្នកដែលចូលរួមប្រារព្ធពិធីអភិបូជាតាមរបៀបកាតូលិក នៅថ្ងៃបុណ្យ ឬល្ងេចមុនថ្ងៃមុនបុណ្យ” (CIC ១២៤៨,១)។

២១៨១. ពិធីអរព្រះគុណនៃថ្ងៃអាទិត្យជាគ្រឹះ និងជាប្រដាប់វាស់របៀបប្រតិបត្តិរបស់គ្រីស្តបរិស័ទ។ ហេតុនេះ គ្រីស្តបរិស័ទត្រូវតែចូលរួមក្នុងពិធីអរព្រះគុណនៅថ្ងៃបុណ្យសំខាន់ៗ លើកលែងតែមានមូលហេតុត្រឹមត្រូវ (ដូចជាជម្ងឺ ការថែទាំកូនក្មេង) ឬដោយសារគេបានទទួលការអនុញ្ញាតពីគង្វាលរបស់គេ (CIC ១២៤៥)។ អស់អ្នកដែលមិនគោរពភារកិច្ចនេះ ដោយចេតនា ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរ។

២១៨២. ការចូលរួមក្នុងពិធីលើកតម្កើងអរព្រះគុណព្រះជាម្ចាស់នៅថ្ងៃអាទិត្យ គឺជាសក្ខីភាពថា យើងជាកម្មសិទ្ធិដ៏ភក្តីរបស់ព្រះគ្រីស្ត និងរបស់ព្រះសហគមន៍របស់ព្រះអង្គ។ ពេលនោះ គ្រីស្តបរិស័ទបញ្ជាក់ថា គេរួបរួមគ្នាក្នុងជំនឿ និងសេចក្ដីស្រលាញ់។ ពួកគេរួបរួមគ្នា ដើម្បីផ្តល់សក្ខីភាពចំពោះភាពដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ហើយបង្ហាញនូវសេចក្ដីសង្ឃឹមដែលថានឹងទទួលការសង្រ្គោះ។ ពួកគេលើកទឹកចិត្តគ្នាទៅវិញទៅមកក្រោមការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

២១៨៣. “ប្រសិនបើពួកគេមិនអាចចូលរួមក្នុងពិធីអរព្រះគុណ ដោយសារគ្មានអ្នកបម្រើដ៏សក្ការៈ ឬដោយសារមូលហេតុសំខាន់ផ្សេងទៀត គ្រីស្តបរិស័ទគួរចូលរួមក្នុងពិធីលើកតម្កើងព្រះបន្ទូល (បើមាន) ក្នុងព្រះវិហារតាមភូមិ ឬក្នុងកន្លែងដ៏សក្ការៈផ្សេងទៀត តាមច្បាប់ដែលលោកអភិបាលភូមិភាគបានរៀបចំទុកជាមុន ឬឱ្យពួកគេអធិដ្ឋានមួយរយៈដ៏សមគួរ តែម្នាក់ឯង ឬក្នុងក្រុមគ្រួសារ ឬតាមកាលៈទេសៈជាមួយក្រុមគ្រួសារឯទៀត” (CIC   ១២៤៨,២)។

ថ្ងៃអរព្រះគុណ និងផ្អាកធ្វើការ

២១៨៤. “  នៅ​ថ្ងៃទីប្រាំពីរ ​ព្រះជាម្ចាស់បង្ហើយកិច្ចការដែល​ព្រះអង្គបានធ្វើ​ គឺក្រោយពីបានបញ្ចប់កិច្ចការ​ទាំងនោះមក ​ព្រះអង្គក៏ឈប់សំរាកនៅថ្ងៃទីប្រាំ​ពីរ” (កណ ២,២)។ ដូចព្រះជាម្ចាស់ដែរ ការងារ និងការសម្រាកជាចង្វាក់នៃជីវិតរបស់មនុស្ស។ ការរៀបចំឱ្យមានថ្ងៃរបស់ព្រះអម្ចាស់ជួយឱ្យមនុស្សទាំងអស់អាចមានពេល​​​សម្រាក និង​​​ពេល​​​លំហែអារម្មណ៍គ្រប់គ្រាន់ ដើម្បីឱ្យគេមានជីវិតរស់នៅតាមក្រុមគ្រួសារ តាមវប្បធម៌ តាមសង្គម និងតាមសាសនាទៀតផង (GS ៦៧,៣)។

២១៨៥. ថ្ងៃអាទិត្យ និងថ្ងៃបុណ្យសំខាន់ៗ គ្រីស្តបរិស័ទមិនត្រូវធ្វើការ ឬមានសកម្មភាព ដែលរារាំងមិនឱ្យគេលើកតម្កើងព្រះជាម្ចាស់ ទទួលអំណរពិសេសនៃថ្ងៃរបស់ព្រះអម្ចាស់ បំពេញកិច្ចការនៃធម៌មេត្តាករុណា លំហែវិញ្ញាណ​ និងរាងកាយតាមរបៀបសមរម្យ (CIC ១២៤៧)។ យើងអាចមិនបានសម្រាកនៅថ្ងៃអាទិត្យ ដោយសារមូលហេតុចាំបាច់ដែលមកពីក្រុមគ្រួសារ ឬដោយសារប្រយោជន៍រួមដ៏សំខាន់ក្នុងសង្គម។ គ្រីស្តបរិស័ទត្រូវយកចិត្តទុកដាក់កុំឱ្យមូលហេតុត្រឹមត្រូវទាំងនោះ បណ្តាលឱ្យមានទម្លាប់អាក្រក់ចំពោះសាសនា ជីវិតក្រុមគ្រួសារ និងសុខភាព។ អ្នកស្រលាញ់សេចក្ដីពិត ត្រូវលំហែអារម្មណ៍តាមរបៀបត្រឹមត្រូវ ដោយសារសេចក្ដីស្រលាញ់វិញទាមទារការងារត្រឹមត្រូវ (សន្ត អូគូស្តាំង)។

២១៨៦. គ្រីស្តបរិស័ទដែលមានពេលលំហែអារម្មណ៍ត្រូវនឹកដល់បងប្អូនរបស់គេ ដែលមានតម្រូវការ និងសិទ្ធិដូចគ្នាដែរ ហើយដែលមិនអាចឈប់សម្រាកបាន ដោយសារភាពក្រីក្រ និងភាពវេទនា។ ជាធម្មតា ថ្ងៃអាទិត្យ គ្រីស្តបរិស័ទធ្វើអំពើល្អ និងជួយបម្រើអ្នកជម្ងឺ ជនពិការ មនុស្សចាស់ជរា។ គ្រីស្តបរិស័ទនឹងធ្វើឱ្យថ្ងៃអាទិត្យបានវិសុទ្ធ ដោយចំណាយពេលវេលាថែទាំក្រុមគ្រួសារ និងអ្នកជុំវិញខ្លួនគេ ដោយសារថ្ងៃផ្សេងៗទៀតគេគ្មានពេល។ ថ្ងៃអាទិត្យជាថ្ងៃសម្រាប់រិះគិតពិចារណា នៅស្ងៀមស្ងាត់ ដើម្បីពង្រឹងវប្បធម៌ និងនឹកសញ្ចឹងគិតដើម្បីឱ្យជីវិតខាងក្នុងរបស់គ្រីស្តបរិស័ទរីកចម្រើន។

២១៨៧. ត្រូវតែខិតខំរួបរួមគ្នា ដើម្បីធ្វើឱ្យថ្ងៃអាទិត្យ និងថ្ងៃបុណ្យបានវិសុទ្ធ។ គ្រីស្តបរិស័ទម្នាក់ៗត្រូវចៀសវាងកុំបង្ខំអ្នកដទៃ ដោយគ្មានការចាំបាច់ ឱ្យធ្វើអ្វីមួយ ដែលរារាំងគេមិនឱ្យគោរពថ្ងៃរបស់ព្រះអម្ចាស់។ នៅពេលដែលទម្លាប់ (កីឡា ភោជនីយដ្ឋាន។ល។) និងការចាំបាច់នៅក្នុងសង្គម (សេវាកម្មសាធារណៈ។ល។) ទាមទារឱ្យអ្នកខ្លះធ្វើការនៅថ្ងៃអាទិត្យ ម្នាក់ៗទទួលខុសត្រូវរក្សាទុកពេលវេលាល្មម ដើម្បីលំហែអារម្មណ៍។ គ្រីស្តបរិស័ទត្រូវយកចិត្តទុកដាក់ ដោយចេះទប់ខ្លួន និងដោយក្ដីស្រលាញ់ ចៀសវាងអំពើហិង្សា ដែលមកពីការកម្សាន្តខ្លះ។ ទោះបីមានការចាំបាច់ខាងសេដ្ឋកិច្ច រដ្ឋអំណាចត្រូវយកចិត្តទុកដាក់ផ្តល់ពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋសម្រាក និងលើកតម្កើងព្រះជាម្ចាស់។ ថៅកែមានភារកិច្ចដដែលចំពោះបុគ្គលិករបស់ខ្លួនដែរ។

២១៨៨. ដោយគោរពសេរីភាពខាងសាសនា និងផលប្រយោជន៍រួម គ្រីស្តបរិស័ទត្រូវតែធ្វើឱ្យសង្គមទទួលស្គាល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យរបស់ព្រះសហគមន៍ដូចជាថ្ងៃសម្រាកស្រមច្បាប់។ ពួកគេត្រូវតែធ្វើជាគំរូសាធារណៈសម្រាប់មនុស្សទាំងអស់ ដោយអធិដ្ឋាន គោរព និងទទួលអំណរ ដោយការពារប្រពៃណីរបស់គេ ដែលជាការរួមចំណែកដ៏ថ្លៃថ្លាមួយ ដើម្បីឱ្យសង្គមមនុស្សបានរីកចម្រើនផ្នែកវិញ្ញាណ។ បើច្បាប់ប្រទេស ឬមូលហេតុផ្សេងៗ បង្ខំឱ្យធ្វើការថ្ងៃអាទិត្យ សូមឱ្យយើងនឹកគិតថា ថ្ងៃនេះជាថ្ងៃនៃការរំដោះរបស់យើង ដែលធ្វើឱ្យយើងបានចូលរួមក្នុង “ពិធីជប់លៀង” ក្នុង “អង្គប្រជុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ” (ហប ១២,២២-២៣)។

សង្ខេប

២១៨៩ . “ចុររម្លឹកថ្ងៃសប្ប័ទ ហើយញែកថ្ងៃនេះ ជាថ្ងៃដ៏វិសុទ្ធ” (ទក ៥,១២)។ “ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈថ្វាយព្រះអម្ចាស់” (សរ ៣១,១៥)។

២១៩០. ថ្ងៃសប្ប័ទតំណាងឱ្យថ្ងៃចុងក្រោយនៃការបង្កើតពិភពលោក ហើយជំនួសដោយថ្ងៃអាទិត្យ ដែលរម្លឹកនូវការបង្កើតថ្មី ចាប់ផ្តើមដោយព្រះជន្មថ្មីរបស់ព្រះគ្រីស្ត។

២១៩១. ព្រះសហគមន៍ប្រារព្ធថ្ងៃដែលព្រះគ្រីស្តមានព្រះជន្មថ្មីនៅថ្ងៃទីប្រាំបី ដែលគេហៅយ៉ាងត្រឹមត្រូវ ថា ថ្ងៃរបស់ព្រះអម្ចាស់ ឬថ្ងៃអាទិត្យ (SC ១០៦)។

២១៩២. “ព្រហសហគមន៍ទាំងមូលត្រូវគោរពថ្ងៃអាទិត្យ ដែលជាថ្ងៃបុណ្យសំខាន់បំផុត” (CIC ១២៤៦,១)។ “គ្រីស្តបរិស័ទត្រូវប្រារព្ធពិធីអភិបូជានៅថ្ងៃអាទិត្យ និងថ្ងៃបុណ្យសំខាន់ៗ” (CIC ១២៤៧)។

២១៩៣. “ថ្ងៃអាទិត្យ និងថ្ងៃបុណ្យសំខាន់ៗគ្រីស្តបរិស័ទមិនត្រូវធ្វើការ ឬមានសកម្មភាព ដែលរារាំងមិនឱ្យគេលើកតម្កើងព្រះជាម្ចាស់ ទទួលអំណរពិសេសនៃថ្ងៃរបស់ព្រះអម្ចាស់ លំហែវិញ្ញាណ​ និងរាងកាយតាមរបៀបសមរម្យ (CIC ១២៤៧)។

 ២១៩៤ . “ការរៀបចំឱ្យមានថ្ងៃរបស់ព្រះអម្ចាស់ជួយឱ្យមនុស្សទាំងអស់អាចមានពេល​​​សម្រាក និង​​​ពេល​​​​​លំហែអារម្មណ៍គ្រប់គ្រាន់ ដើម្បីឱ្យគេមានជីវិតរស់នៅតាមក្រុមគ្រួសារ តាមវប្បធម៌ តាមសង្គម និងតាមសាសនាទៀតផង” (GS ៦៧,៣)។

 ២១៩៥. បើមិនចាំបាច់ទេ គ្រីស្តបរិស័ទម្នាក់ៗត្រូវជៀសវាងបង្ខំអ្នកដទៃមិនអាចគោរពថ្ងៃព្រះអ​ម្ចាស់។

ជំពូក២ លេខ២១៩៦-២៥៥៧

ជំពូកទីពីរ៖
ត្រូវស្រលាញ់បងប្អូនឯទៀត
ឱ្យបានដូចស្រលាញ់ខ្លួនឯង

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ “ចូរស្រលាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រលាញ់អ្នករាល់គ្នាដែរ” (យហ ១៣,៣៤)។

២១៩៦. ដោយសារមានគេបានសួរអំពីវិន័យទីមួយ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយតបថា៖ “នេះ​ជា​វិន័យ​ទីមួយ៖​ “អ៊ីស្រា​អែល​អើយ​ ចូរ​ស្តាប់!‌ ​មាន​តែ​ព្រះ​អម្ចាស់​ ជា​ព្រះ​របស់​យើង​មួយ​ព្រះអង្គ​គត់​ ដែល​ពិត​ជា​ព្រះ​អម្ចាស់។​ ត្រូវ​ស្រឡាញ់​ព្រះ​អម្ចាស់​ ជា​ព្រះ​របស់​អ្នក​ឱ្យ​អស់​ពី​ចិត្ត​គំនិត​ អស់ពី​ស្មារតី​‌ អស់​ពី​ប្រាជ្ញា‌​ និង​អស់ពី​កម្លាំង​កាយ”។​  រីឯ​វិន័យ​ទីពីរ​បានមាន​ចែង​ថា​ “ត្រូវ​ស្រឡាញ់​បងប្អូន​ឯទៀតៗ​ឱ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។​ គ្មាន​វិន័យ​ណា​សំខាន់​ជាង​វិន័យ​ទាំងពីរ​នេះ​ទេ” (មក ១២,២៩-៣១)។ គ្រីស្តទូតប៉ូលរម្លឹកថា៖ “មិនត្រូវជំពាក់អ្វីនរណា‌ក្រៅពីជំពាក់សេចក្ដី​ស្រឡាញ់គ្នាទៅវិញទៅមកទេ ​ដ្បិតអ្នក​ណាស្រឡាញ់អ្នកដទៃ ​‌អ្នកនោះប្រតិបត្តិតាមគម្ពីរ​វិន័យសព្វគ្រប់ហើយ​‌   ព្រោះវិន័យដែល​​ចែង​ថា “កុំប្រព្រឹត្តអំពើផិតក្បត់​ កុំសម្លាប់មនុស្ស​ កុំ​លួចទ្រព្យសម្បត្តិគេ‌​ កុំមានចិត្តលោភលន់ ” ​និង‌​វិន័យឯទៀតៗ‌‌សង្ខេបមកជាវិន័យតែមួយនេះ​ថា​‌ “ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូច​ស្រឡាញ់ខ្លួនឯងដែរ”។​   អ្នកមានចិត្ត​ស្រឡាញ់‌​មិនដែលប្រព្រឹត្តអំពើអាក្រក់ដល់បងប្អូន​ឯទៀតៗឡើយ។ ​ដូច្នេះ‌ សេចក្ដីស្រឡាញ់នាំឱ្យ​ប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ” (រម ១៣,៨-១០)។

ប្រការទី៤៖​វិន័យទីបួន

ចូរគោរពមាតាបិតារបស់អ្នក​ ដើម្បីឱ្យ​អ្នកមានអាយុយឺនយូរ​នៅលើដីដែលព្រះអម្ចាស់​ជាព្រះនៃអ្នក  ប្រទានដល់អ្នក (សរ ២០,១២)។ ព្រះអង្គធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់ (លក ២,៥១)។ ព្រះអម្ចាស់យេស៊ូផ្ទាល់បានរម្លឹកកម្លាំងនៃ “វិន័យរបស់ព្រះជាម្ចាស់” (មក ៧,៨-១៣)។ គ្រីស្តទូតប៉ូលប្រៀនប្រដៅថា៖ “ កុមារាកុមារី!​ ចូរ​ស្ដាប់​បង្គាប់​មាតា​បិតា​ ដោយ​យល់​ដល់​ព្រះអម្ចាស់​  ​ធ្វើ​ដូច្នេះទើប​ត្រឹម​ត្រូវ។‌​   “ចូរ​គោរព​មាតាបិតា​” (នេះ​ជា​វិន័យ​ទី​មួយ‌ ​ដែល​មាន​ទាំង​ព្រះបន្ទូល​សន្យា​ជាប់​មក​ជាមួយ​ផង)​ ‌​ដើម្បីឱ្យបាន​សេចក្ដី​សុខ​   និងមាន​អាយុ​វែង​នៅ​លើ​ផែន​ដី​នេះ” (អភ ៦,១-៣)។

២១៩៧. វិន័យទីបួនបើកវគ្គទីពីរ ហើយបង្ហាញអំពីសេចក្ដីស្រលាញ់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យថា ក្រោយពីព្រះអង្គត្រូវគោរពមាតាបិតាដែលយើងជំពាក់ជីវិត ហើយដែលបានអប់រំយើងឱ្យស្គាល់ព្រះជាម្ចាស់។ ត្រូវលើកកិត្តិយស និងគោរពអស់អ្នកដែលព្រះជាម្ចាស់បានប្រគល់អំណាចរបស់ព្រះអង្គដើម្បីផលប្រយោជន៍យើង។

២១៩៨. បទបញ្ជានេះ សម្ដែងតាមរបៀបវិជ្ជមាន​នូវភារកិច្ចផ្សេងៗដែលយើងត្រូវបំពេញ​ ហើយប្រកាសទុកជាមុនវិន័យបន្តបន្ទាប់ដែលទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ ទ្រព្យសម្បត្តិនៃផែនដី ពាក្យសម្ដី ដែលត្រូវគោរពយ៉ាងពិសេស។ បទបញ្ជានេះ ជាគ្រឹះមួយនៃលទ្ធិសង្គមរបស់ព្រះសហគមន៍។

២១៩៩. វិន័យទីបួនសំដៅលើទំនាក់ទំនងរវាងកូន និងមាតាបិតា ពីព្រោះជាទំនាក់ទំនងរបស់មនុស្សទាំងអស់លើសកលលោក។ វិន័យនេះ ទាក់ទងនឹងញាតិសន្តានទាំងអស់ក្នុងគ្រួសារ ដែលត្រូវលើកកិត្តិយស ត្រូវស្រលាញ់ និងដឹងគុណជីដូនជីតា និងបុព្វបុរស។ វិន័យនេះ លាតសន្ធឹងរហូតដល់ភារកិច្ចរបស់សិស្សចំពោះគ្រូ បុគ្គលិកចំពោះថៅកែ អ្នកក្រោមបង្គាប់ចំពោះចៅហ្វាយនាយ ប្រជាពលរដ្ឋចំពោះមាតុភូមិ និងចំពោះអស់អ្នកដែលគ្រប់គ្រងមាតុភូមិនេះ។
វិន័យនេះ ទាក់ទងនឹងភារកិច្ចរបស់មាតាបិតា អាណាព្យាបាល គ្រូ ចៅហ្វាយនាយ ចៅក្រម អ្នកគ្រប់គ្រង និងអស់អ្នកប្រកបដោយអំណាចលើអ្នកដទៃ ឬលើសហគមន៍របស់មនុស្សផងដែរ។

២២០០. បើយើងប្រតិបត្តិតាមវិន័យទីបួន យើងនឹងទទួលរង្វាន់៖ “  ចូរគោរពមាតាបិតារបស់អ្នក​ ដើម្បីឱ្យ​អ្នកមានអាយុយឺនយូរ​នៅលើដី ដែលព្រះអម្ចាស់​ជាព្រះនៃអ្នក  ប្រទានដល់អ្នក (សរ ២០,១២ ; ទក ៥,១៦)។ បើយើងគោរពវិន័យនេះ យើងនឹងទទួលផលនៅលើលោកនេះ ដូចជាសន្តិភាព និងភាពរុងរឿងព្រមទាំងផលខាងវិញ្ញាណផងដែរ។ ផ្ទុយទៅវិញ ការមិនប្រតិបត្តិតាមវិន័យនេះបណ្តាលឱ្យមានការខូចខាតជាច្រើនចំពោះសហគមន៍ និងមនុស្សផងទាំងពួង។

​១. ក្រុមគ្រួសារតាមគម្រោងការរបស់ព្រះជាម្ចាស់

សភាពរបស់ក្រុមគ្រួសារ

២២០១. សហគមន៍គ្រួសារកើតឡើង ដោយការព្រមព្រៀងរបស់គូស្វាមីភរិយា។ អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារត្រូវបានរៀបចំ ដើម្បីផលប្រយោជន៍របស់គូស្វាមីភរិយា ការបន្តពូជពង្ស និងការអប់រំកូនចៅ។ សេចក្ដីស្រលាញ់រវាងគូស្វាមីភរិយា និងការបន្តពូជមានទំនាក់ទំនង និងការទទួលខុសត្រូវសំខាន់ៗរវាងសមាជិកនៃក្រុមគ្រួសារផ្ទាល់។

២២០២. បុរសនិងស្រ្តីដែលរួបរួមគ្នាជាគូស្វាមីភរិយា និងកូនៗបង្កើតជាគ្រួសារមួយ។ កិច្ចការនេះរដ្ឋអំណាចមិនបាច់ទទួលស្គាល់ទេ។ ត្រូវតែចាត់ទុកថា ក្រុមគ្រួសារជាគំរូធម្មតាសម្រាប់របៀបផ្សេងៗក្នុងការធ្វើជាឪពុកម្តាយ។

២២០៣. ដោយបង្កើតបុរស​ និងស្រ្តីព្រះជាម្ចាស់បានចាត់ចែងក្រុមគ្រួសាររបស់មនុស្ស ហើយបានប្រទានរចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះដល់ក្រុមគ្រួសារនេះ។ សមាជិករបស់ក្រុមគ្រួសារមានឋានៈស្មើគ្នា។ ក្រុមគ្រួសារទទួលខុសត្រូវមានសិទ្ធិ និងភារកិច្ចផ្សេងៗដើម្បីជាប្រយោជន៍ដល់សមាជិករបស់ខ្លួន និងរបស់សង្គមផងដែរ។

ក្រុមគ្រួសារគ្រីស្តបរិស័ទ

២២០៤. “ក្រុមគ្រួសារគ្រីស្តបរិស័ទបង្ហាញ និងសម្រេចយ៉ាងពិសេសការរួបរួមជាមួយគ្នាក្នុងព្រះសហគមន៍ ហេតុនេះត្រូវតែហៅក្រុមគ្រួសារនេះថាជាព្រះសហគមន៍ដ៏តូចមួយ(FC ២១ ; LG ១១)។ ក្រុមគ្រួសារគ្រីស្តបរិស័ទជាសហគមន៍នៃជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់។ ដូចព្រះគម្ពីរសម្ពន្ធមេត្រីថ្មីបង្ហាញ (អភ ៥,២១-៦,៤ ; កូឡ ៣,១៨­-២១ ; ១ពត្រ ៣,១-៧) ក្រុមគ្រួសារគ្រីស្តបរិស័ទមានសារៈសំខាន់ពិសេសក្នុងព្រះសហគមន៍ ។

២២០៥. ក្រុមគ្រួសារគ្រីស្តបរិស័ទជាការរួបរួមជាមួយមនុស្សជាស្លាកស្នាម និងរូបតំណាងនៃការរួបរួមរបស់ព្រះបិតា និងព្រះបុត្រាក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ។ សកម្មភាពបន្តពូជ និងអប់រំកូនរបស់ក្រុមគ្រួសារគ្រីស្តបរិស័ទឆ្លុះបញ្ចាំងស្នាព្រះហស្តរបស់ព្រះបិតាជាអ្នកបង្កើត។ ព្រះជាម្ចាស់ត្រាស់ហៅក្រុមគ្រួសារគ្រីស្តបរិស័ទឱ្យចែករំលែកការអធិដ្ឋាន និងសក្ការបូជារបស់ព្រះគ្រីស្ត។ ដោយអធិដ្ឋានជាប្រចាំថ្ងៃ និងដោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្រុមគ្រូសារពង្រឹងសេចក្ដីស្រលាញ់។ ក្រុមគ្រួសារគ្រីស្តបរិស័ទប្រកាសដំណឹងល្អ ជាសាសនទូត។

២២០៦. ទំនាក់ទំនងនៅក្នុងក្រុមគ្រួសារនាំឱ្យមានមនោសញ្ចេតនា សេចក្ដីស្រលាញ់ និងប្រយោជន៍ផ្សេងៗ ដែលជាពិសេសមកពីមនុស្សគោរពគ្នាទៅវិញទៅមក។ ក្រុមគ្រួសារជាសហគមន៍ពិសេស ដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យ “គូស្វាមីភរិយាចែករំលែកគំនិតរបស់ខ្លួន ហើយឱ្យឪពុក​​​ម្តាយ​​​យកចិត្ត​​​ទុក​​​ដាក់រួមសហការក្នុងកិច្ចអប់រំកូនៗផងដែរ” (GS ៥២,១)។

២. ក្រុមគ្រួសារ និងសង្គម

២២០៧. ក្រុមគ្រួសារជាកោសិកាដំបូងនៃការរស់នៅក្នុងសង្គម ។ ក្រុមគ្រួសារជាសហគមន៍ធម្មជាតិ ដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យបុរស និងស្រ្តីប្រគល់គ្នាទៅវិញទៅមក ក្នុងសេចក្ដីស្រលាញ់ និងដោយ    ផ្តល់ជីវិត។ អំណាច ស្ថិរភាព និងទំនាក់ទំនងក្នុងក្រុមគ្រួសារជាគ្រឹះនៃសេរីភាព សុវត្តិភាព និងការរួមគ្នាជាបងប្អូននៅក្នុងសង្គម។ ក្រុមគ្រួសារជាសហគមន៍ ដែល ចាប់តាំងពីកុមារភាពមក យើងអាចរៀនអំពីសីលធម៌ ចាប់ផ្តើមលើកតម្កើងព្រះជាម្ចាស់ និងរៀនប្រើសេរីភាពយ៉ាងត្រឹមត្រូវ។ ការរស់នៅជាក្រុមគ្រួសារបង្រៀនឱ្យចេះរស់នៅក្នុងសង្គម។

២២០៨. ក្រុមគ្រួសារត្រូវតែមានរបៀបរស់នៅ ដើម្បីឱ្យសមាជិករបស់ខ្លួនរៀនយកចិត្តទុកដាក់ទៅលើយុវជន និងចាស់ជរា អ្នកជម្ងឺ ឬអ្នកពិការ និងជនក្រីក្រ។ ជួនកាល មានក្រុមគ្រួសារជាច្រើន មិនអាចផ្តល់ជំនួយបែបនេះឡើយ។ នៅពេលនោះ មនុស្ស ក្រុមគ្រួសារផ្សេងទៀត និងសង្គម ត្រូវតែជួយផ្គត់ផ្គង់ទៅតាមតម្រូវការរបស់គេ៖ “រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ជាព្រះបិតាវិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្រ្តីមេម៉ាយ ដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការថែរក្សាខ្លួនឱ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ” (យក ១,២៧)។

២២០៩. រដ្ឋអំណាចត្រូវចាត់វិធានការត្រឹមត្រូវ ដើម្បីការពារ និងគាំទ្រក្រុមគ្រួសារ។ នៅទីណាក្រុមគ្រួសារមិនអាចបំពេញមុខងាររបស់ខ្លួន ក្រុមឯទៀតនៃសង្គមត្រូវតែជួយ និងគាំទ្រក្រុមគ្រួសារនោះ។ តាមគោលការណ៍នៃជំនួស សហគមន៍ធំជាងត្រូវប្រុងប្រយ័ត្នកុំយកដណ្តើមអំណាច ឬលូកដៃចូលក្នុងការរស់នៅរបស់ក្រុមគ្រួសារនោះ។

២២១០. ក្រុមគ្រួសារសំខាន់សម្រាប់ការរស់នៅ និងសុខុមាលភាពនៃសង្គម (GS ៤៧,១) ទើបត្រូវទទួលខុសត្រូវយ៉ាងពិសេសក្នុងការគាំទ្រ និងការពង្រឹងអាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ។ សូមឱ្យរដ្ឋអំណាចចាត់ទុកថា ជាភារកិច្ចដ៏ធ្ងន់ធ្ងរមួយដែល “ត្រូវទទួលស្គាល់ និងការពារលក្ខណៈ​​​ដ៏ពិតប្រាកដនៃការរស់នៅជាគូស្វាមីភរិយា និងជាក្រុមគ្រួសារ ការពារសីលធម៌សាធារណៈ និង​ជួយឱ្យ​​​ក្រុម​​​គ្រួសារមានជីវភាពធូរធាន” (GS ៥២,២)។

២២១១. សហគមន៍ខាងនយោបាយមានភារកិច្ចលើកកិត្តិយស និងគាំទ្រក្រុមគ្រួសា ដោយធានា៖
- សេរីភាពក្នុងការបង្កើតក្រុមគ្រួសារ មានកូន និងចិញ្ចឹមថែរក្សាគេទៅតាមសីលធម៌ និងសាសនារបស់ខ្លួន
- ការពារស្ថិរភាពនៃចំណងរវាងស្វាមីភរិយា និងស្ថាប័ននៃក្រុមគ្រួសារ
- សេរីភាពប្រកាស និងបញ្ជូនជំនឿរបស់ខ្លួន អប់រំកូនក្នុងសាសនានេះ រួមជាមួយមធ្យោបាយ និងស្ថាប័នចាំបាច់
- សិទ្ធិមានកម្មសិទ្ធិឯកជន សេរីភាពបង្កើត មានការងារ មានលំនៅដ្ឋាន មានសិទ្ធិចាកចេញពីស្រុក
- តាមស្ថាប័ននៃប្រទេសនីមួយៗ មានសិទ្ធិទទួលការព្យាបាល ទទួលការឧបត្ថម្ភសម្រាប់មនុស្សចាស់ជរា និងទទួលវិភាជន៍គ្រួសារ
- ការពារសុវត្តិភាព ជាពិសេសប្រឆាំងនឹងគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀន ការជួញដូរមនុស្ស និងរោគញៀនស្រា ជាដើម
-​ សេរីភាពបង្កើតសហគមន៍ជាមួយក្រុមគ្រួសារផ្សេងទៀត ហើយអាចជាតំណាងចំពោះមុខអាជ្ញាធរស៊ីវីល (FC ៤៦)។

២២១២. វិន័យទីបួនបំភ្លឺទំនាក់ទំនងឯទៀតៗនៅក្នុងសង្គម ។ រវាងបងប្អូនបង្កើតយើងៗឃើញកូនរបស់ឪពុកម្តាយយើង ក្នុងបងប្អូនជីដូនមួយយើងៗឃើញកូនចៅនៃបុព្វបុរសយើង ក្នុងប្រពលរដ្ឋយើងៗឃើញកូននៃមាតុភូមិយើង ក្នុងអស់អ្នកដែលជ្រមុជទឹក យើងឃើញកូននៃមាតាយើង គឺព្រះសហគមន៍ ហើយក្នុងមនុស្សណាម្នាក់ យើងឃើញបុត្រធិតារបស់អ្នកដែលសព្វព្រះហឫទ័យឱ្យយើងហៅថា “ព្រះបិតានៃយើង”។ ដូច្នេះ ទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ ដូចជាទំនាក់ទំនងជាមួយបងប្អូន។ អ្នកដទៃមិនមែនជា “បុគ្គលណាម្នាក់” នៃសង្គមមនុស្សទេ ប៉ុន្តែជា “មនុស្សម្នាក់” ដែលគួរចាប់អារម្មណ៍ និងគោរពយ៉ាងពិសេស ដ្បិតយើងស្គាល់ដើមកំណើតរបស់គាត់។

២២១៣. មនុស្ស បង្កើតសហគមន៍មនុស្ស។ យើងគ្រប់គ្រងសហគមន៍ទាំងអស់នោះឱ្យបានល្អ មិនគ្រាន់តែនៅពេលដែលយើងធានាសិទ្ធិ និងបំពេញភារកិច្ច ព្រមទាំងគោរពកិច្ចសន្យាប៉ុណ្ណោះទេ ថែមទាំងត្រូវតែមានទំនាក់ទំនងត្រឹមត្រូវរវាងចៅហ្វាយនិងបុគ្គលិក អ្នកគ្រប់គ្រងនិងប្រជាពលរដ្ឋ ដែលចេះយល់ចិត្តគ្នាទៅវិញទៅមក ស្របតាមឋានៈដ៏ថ្លែថ្នូររបស់មនុស្ស ដែលមានបំណងប្រាថ្នាចង់បានយុត្តិធម៌ និងរស់នៅជាមួយគ្នាដូចបងប្អូន។

៣. ភារកិច្ចនៃសមាជិកក្រុមគ្រួសារ

ភារកិច្ចរបស់កូនៗ

២២១៤. ព្រះជាម្ចាស់ជាព្រះបិតា ជាប្រភពនៃក្រុមគ្រួសារ (អភ ៣,១៤) និងជាមូលដ្ឋានគ្រឹះនៃកិត្តិយសជាឪពុកម្តាយ។ ការគោរពរបស់កូនចំពោះឪពុកម្តាយ ទោះជាអនិតិជន ឬជាមនុស្សពេញវ័យក៏ដោយ (សុភ ១,៨ ;​ តប ៤,៣-៤) កើតមកពីចំណងនៃសេចក្ដីស្រលាញ់ខាងធម្មជាតិរវាងពួកគេ។ បទបញ្ជារបស់ព្រះជាម្ចាស់សុំឱ្យកូនៗគោរពមាតាបិតា (សរ ២០,១២)។

២២១៥. ការគោរពមាតាបិតា មកពីយើងដឹងគុណ អ្នកដែលបានបង្កើតកូន ដោយផ្តល់ជីវិត ដោយសារសេចក្ដីស្រលាញ់ និងការងាររបស់គាត់ និងបានជួយឱ្យគេមានវ័យចម្រើនឡើង មានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ “ចូរលើកកិត្តិយសរបស់ឪពុក ដោយស្មោះអស់ពីចិត្ត កុំបំភ្លេចការឈឺចាប់របស់ម្តាយនៅពេលបង្កើតអ្នកមកនោះឡើយ។ ចូរនឹកចាំថា កូនមានជីវិតដោយសារគាត់ទាំងពីរ។ តើកូនត្រូវធ្វើយ៉ាងណាដើម្បីតបស្នងសងគុណគាត់?” (បសរ ៧,២៧-២៨)។

២២១៦. យើងបង្ហាញថា យើងគោរពមាតាបិតា ដោយធ្វើតាម និងស្តាប់បង្គាប់ គាត់យ៉ាងពិតប្រាកដ។ “ កូនអើយ! ​ចូរស្តាប់ឱវាទរបស់ឪពុក ​កុំចោល​ដំបូន្មានរបស់ម្តាយ (...)   ពេលកូនទៅណាមកណា ​ដំបូន្មាននោះ នាំផ្លូវកូន​ ការពារកូន ក្នុងពេលដេក ​ហើយសារស័ព្ទជាមួយ​កូន  នៅពេលកូនភ្ញាក់” (សុភ ៦,២០-២២)។ “ កូន​មាន​ប្រាជ្ញា  តែង​តែ​ស្តាប់ពាក្យទូន្មានរបស់ឪពុក ​រីឯកូន​ព្រហើន​មិនព្រមស្តាប់ការស្តីប្រដៅទេ” (សុភ ១៣,១)។

២២១៧. វេលាដែលកូនរស់នៅជាមួយឪពុកម្តាយ កូនត្រូវតែស្តាប់បង្គាប់ឱវាទរបស់គាត់ ដែលចង់ឱ្យកូនបានល្អសម្រាប់ខ្លួនឯង ឬសម្រាប់ក្រុមគ្រួសារ។ “‌​កុមារា​កុមារី​ ចូរ​ស្ដាប់​បង្គាប់​មាតាបិតា​ ក្នុង​គ្រប់​កិច្ចការ​ទាំងអស់‌​។ ធ្វើ​ដូច្នេះ ​ទើប​គាប់​ព្រះ​ហឫទ័យ​ព្រះអម្ចាស់” (កូឡ ៣,២០) (អភ ៦,១)។ ក្មេងៗត្រូវតែស្តាប់បង្គាប់ឱវាទត្រឹមត្រូវរបស់គ្រូអប់រំ និងអស់អ្នកដែលឪពុកម្តាយបានប្រគល់ឱ្យថែមទៀតផង។ ប៉ុន្តែ ប្រសិនបើកូនយល់ឃើញថា មិនគួរស្តាប់បង្គាប់ឱវាទដ៏អាក្រក់ សូមកុំធ្វើតាមឡើយ។ ពេលធំពេញវ័យ កូនត្រូវតែបន្តគោរពឪពុកម្តាយ។ ពួកគេត្រូវយកចិត្តទុកដាក់នឹងបំណងរបស់គាត់ សូមដំបូន្មានពីគាត់ និងទទួលយកការស្តីបន្ទោសដ៏ត្រឹមត្រូវរបស់គាត់។ ពេលកូនទៅជាមនុស្សពេញវ័យ គេអាចលែង   ស្តាប់បង្គាប់ឪពុកម្តាយ ប៉ុន្តែគេនៅតែត្រូវគោរពគាត់ជាដរាប។ តាមការពិត ការគោរពនេះ ចាក់ឫសក្នុងការគោរពកោតខ្លាចព្រះជាម្ចាស់ ដែលជាព្រះអំណោយទានមួយនៃព្រះវិញ្ញាណដ៏វិសុទ្ធ។

២២១៨. វិន័យទីបួនរម្លឹកឱ្យកូន ដែលក្លាយទៅជាមនុស្សពេញវ័យ ថា គេទទួលខុសត្រូវចំពោះឪពុកម្តាយ ។ តាមសមត្ថភាព ពួកគេត្រូវតែផ្តល់ជំនួយខាងសម្ភារៈ និងខាងវិញ្ញាណ នៅពេលដែលឪពុកម្តាយចាស់ជរា ឈឺ ឯកោ ឬពិបាកចិត្ត។ ព្រះយេស៊ូរម្លឹកអំពីភារកិច្ចនេះ (មក ៧,១០-១២)។ ព្រះ​អម្ចាស់​ប្រទានឱ្យ​ឪពុក​មាន​អំណាច​លើ​កូន  ព្រះ​អង្គ​ក៏​ប្រទាន​ឱ្យ​ម្តាយ​មាន​សិទ្ធិ​លើ​កូន​​ប្រុស​​ដែរ។ កូន​ណា​គោរព​ឪពុក កូន​នោះ​លោះ​បាប​របស់​ខ្លួន។ កូន​ដែល​លើក​តម្កើង​កិត្តិយស​របស់​ម្តាយ ​ដូច​ជាការ​សន្សំ​ទ្រព្យ​សម្បតិ្ត​ទុក។ កូន​ ដែល​គោរព​ឪពុក នឹង​បាន​អំណរ​សប្បាយ​ពី​កូនរបស់​ខ្លួន​វិញ​ពុំខាន ហើយនៅ​ថៃ្ង​ដែល​គេ​អង្វរ​ព្រះ​អម្ចាស់  ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​គេ។ កូន​ណា​លើក​តម្កើង​កិតិ្តយស​របស់​ឪពុក កូន​នោះ​នឹង​មាន​អាយុ​យឺន​យូរ។ កូន​ដែល​ប្រតិ​បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់​នឹង​ធើ្វឱ្យ​ម្តាយ​ស្ងប់​ចិត្ត (បសរ ៣,២-៦)។ កូន​អើយ! ចូរ​ផ្គត់​ផ្គង់ឱ្យឪ​ពុកអ្នក​ក្នុង​ពេល​ដែល​គាត់​ចាស់​ជរា ហើយកុំ​ធើ្វ​ឱ្យ​គាត់​កើត​ទុក្ខ​នៅ​ពេល​គាត់​ នៅ​មាន​ជីវិត។ ទោះ​បី​គាត់​វងេ្វង​ស្មារតី​ក្កី​ ចូរ​អាណិត​មេត្តា​ដល់​គាត់​ផង​ ក្នុង​ពេល​កូន​ពេញ​កម្លាំង​ កុំ​មើល​ងាយ​គាត់ឱ្យ​សោះ (...)។ អ្នក​ណា​បោះ​បង់​ចោល​ឪពុក​របស់​ខ្លួន អ្នក​នោះ​ដូច​ជា​ប្រមាថ​ព្រះ​ជាម្ចាស់ ហើយ​អ្នក​ណា​ធើ្វ​ឱ្យ​ម្តាយ​ពិបាក​ចិត្ត ​ព្រះ​អម្ចាស់​នឹង​ដាក់​បណ្តាសា​អ្នក​នោះ (បសរ ៣,១២-១៣.១៦)។

២២១៩. នៅពេលដែលយើងគោរពមាតាបិតា ការរស់នៅក្នុងក្រុមគ្រួសារស្រណុកសុខស្រួល។ ម្យ៉ាងទៀត យើងក៏ត្រូវគោរពបងប្អូនបង្កើត ផងដែរ។ ការគោរពមាតាបិតាបំភ្លឺក្រុមគ្រួសារទាំងមូល។ “  ចៅរមែងធ្វើឱ្យជីតាមានកិត្តិយស ​រីឯកូន​បានខ្ពស់មុខ  ព្រោះតែឪពុកផងដែរ” (សុផ ១៧,៦)។​ “  ចូរ​បន្ទាប​ខ្លួន‌​ មាន​ចិត្ត​ស្លូត​បូត‌​ និង​ចេះ​អត់ធ្មត់​ ព្រមទាំង​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​សេចក្ដី​ស្រឡាញ់” (អភ ៤,២)។

២២២០. ឯគ្រីស្តបរិស័ទវិញ គេដឹងគុណយ៉ាងពិសេសចំពោះអស់អ្នក ដែលបានផ្តល់ព្រះអំណោទាននៃជំនឿ ព្រះអំណោយទាននៃពិធីជ្រមុជទឹក និងការរស់នៅក្នុងព្រះសហគមន៍ ដូចជាឪពុកម្តាយ សមាជិកផ្សេងនៃក្រុមគ្រួសារ លោកតា លោកយាយ ពួកគង្វាល គ្រូអប់រំជំនឿ គ្រូផ្សេងទៀត ឬមិត្តភ័ក្តិ។ “ខ្ញុំ​ក៏​នៅ​នឹក​ចាំ​អំពី​ជំនឿ​ឥត​លាក់លៀម​ពុត​របស់​ប្អូន​​ គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស​ជា​ជីដូន​ និង​អ្នកស្រី​អឺនីស​ជា​ម្ដាយ​របស់​ប្អូន​ ធ្លាប់​មាន​មុន​ប្អូន​​‌ ខ្ញុំ​ជឿ​ជាក់​ថា​‌ ប្អូន​ក៏​មាន​ជំនឿ​នេះ​ដែរ” (២ធម ១,៥)។

ភារកិច្ចរបស់មាតាបិតា

២២២១. សេចក្ដីស្រលាញ់របស់គូស្វាមីភរិយាមិនគ្រាន់តែបង្កើតផល ដោយបន្តពូជប៉ុណ្ណោះទេ ប៉ុន្តែត្រូវអប់រំកូនខាងសីលធម៌ និងខាងវិញ្ញាណផង។ “តួនាទីរបស់មាតាបិតាក្នុងការអប់រំ សំខាន់ណាស់ ដែលគេស្ទើរតែមិនអាចជំនួសគាត់បានឡើយ” (GE ៣)។ ឪពុកម្តាយមានសិទ្ធិ និងភារកិច្ចអប់រំសំខាន់ៗ មិនអាចផ្ទេរបានឡើយ (FC ៣៦)។

២២២២. ឪពុកម្តាយត្រូវមើលឃើញទុកកូនរបស់ខ្លួនដូចជាបុត្រធីតារបស់ព្រះជាម្ចាស់ និងគោរពគេដូចជាបុគ្គលម្នាក់ ។ គាត់អប់រំកូនឱ្យបំពេញធម្មវិន័យរបស់ព្រះជាម្ចាស់ ដោយខ្លួនគាត់ផ្ទាល់ស្តាប់បង្គាប់ព្រះហឫទ័យរបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ។

២២២៣. មាតាបិតាជាអ្នកទទួលខុសត្រូវដំបូងនៃការអប់រំកូនរបស់គាត់។ គាត់ផ្តល់សក្ខីភាពអំពីការទទួលខុសត្រូវនេះ ដោយបង្កើតក្រុមគ្រួសារមួយ ទៅតាមច្បាប់ក្បួនដោយការថ្នាក់ថ្នម ការលើកលែងទោស ការគោរព   ភក្តីភាព និងការបម្រើគ្នាទៅវិញទៅមកដោយមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួន។ ក្រុមគ្រួសារជាកន្លែង ដើម្បីអប់រំគុណធម៌ ពោលគឺត្រូវបង្រៀនឱ្យចេះលះបង់ខ្លួនឯង ឱ្យចេះរិះគិតពិចារណាត្រឹមត្រូវ ឱ្យចេះទប់ចិត្តខ្លួនឯង ដើម្បីឱ្យមានសេរីភាពយ៉ាងពិតប្រាកដ។ ឪពុកម្តាយនឹងបង្រៀនកូនឱ្យចេះដាក់ខ្លួនទៅតាមលក្ខ័ណផ្លូវកាយ លក្ខ័ណដែលជាសភាវគតិនៃសភាពខាងក្នុង និងខាងវិញ្ញាណ” (CA ៣៦)។ ពួកគាត់មានភារកិច្ចយ៉ាងធ្ងន់ធ្ងរ ដើម្បីធ្វើជាគំរូដ៏ល្អដល់កូនៗ។ ពួកគាត់អាចណែនាំ និងកែលំអកូនៗឱ្យបានល្អប្រសើរ ដោយទទួលស្គាល់គុណវិបត្តិរបស់ខ្លួនគាត់ផ្ទាល់៖ “អ្នក​ស្រឡាញ់​កូន​ប្រុស​របស់​ខ្លួន​ខ្លាំង តែង​តែ​វាយ​វា​នឹង​រំពាត់​ជា​ញឹក​ញាប់។ ដល់​ពេល​ចាស់ អ្នក​នោះ​នឹង​បាន​សប្បាយ​ដោយ​សារ​កូន​ពុំខាន” (បសរ ៣០,១)។ “  រីឯ​អ្នក​ដែល​ជា​ឪពុក​វិញ‌​ កុំ​ធ្វើ​ឱ្យ​កូន​របស់​ខ្លួន​មួម៉ៅ​ឡើយ​ ‌ប៉ុន្តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន​ប្រដៅ​ និង​ដំបូន្មាន‌​ ស្រប​តាម​ព្រះ​អម្ចាស់” (អភ ៤,៦)។

២២២៤. ក្រុមគ្រួសារជាកន្លែងធម្មជាតិ ដើម្បីបង្ហាត់មនុស្សឱ្យចេះសាមគ្គី និងចេះទទួលខុសត្រូវក្នុងសហគមន៍។ មាតាបិតានឹងបង្រៀនកូនកុំឱ្យចូលដៃក្នុងរឿងអាស្រូវ ឬក្នុងអំពើថោកទាប ដែលគម្រាមកំហែងសហគមន៍មនុស្ស។

២២២៥. ដោយសារព្រះអំណោយទាននៃអគ្គសញ្ញាអពាហ៍ពិពាហ៍ មាតាបិតាបានទទួលខុសត្រូវ និងទទួលឯកសិទ្ធិក្នុងការប្រកាសដំណឹងល្អចំពោះកូន ។​ គាត់នឹងបង្ហាត់បង្រៀនគេ តាំងពីក្មេង ឱ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃជំនឿ។ ចំពោះកូន គាត់ជា “សាក្សីដំបូង” (LG ១១) នៃជំនឿនេះ។ គាត់នឹងដឹកនាំឱ្យគេចូលរួមចំណែកក្នុងការរស់នៅរបស់ព្រះសហគមន៍ តាំងពីក្មេងមកដែរ។ របៀបរស់នៅក្នុងក្រុមគ្រួសារអាចបំប៉នចិត្តគំនិតគេ ដែលនឹងជួយគាំទ្រគេអស់មួយជីវិត។

២២២៦. មាតាបិតាត្រូវតែអប់រំជំនឿ តាំងពីកូននៅតូច។ នៅពេលដែលសមាជិកក្រុមគ្រួសារជួយគ្នាឱ្យរីកចម្រើនក្នុងជំនឿ ដោយផ្តល់សក្ខីភាពជារបៀបរស់នៅស្របតាមដំណឹងល្អ។ ការអប់រំជំនឿក្នុងក្រុមគ្រួសារកើតមុន ជួយកំដរ និងធ្វើឱ្យរបៀបប្រៀនប្រដៅជំនឿផ្សេងៗទៀតរីកចម្រើន។ មាតាបិតាមានបេសកកម្មបង្រៀនកូនឱ្យចេះអធិដ្ឋាន និងឱ្យយល់អំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ចំពោះគេ ជាបុត្រធីតារបស់ព្រះអង្គ (LG ១១)។ ព្រះសហគមន៍តាមភូមិជាសហគមន៍នៃពិធីអរព្រះគុណ និងជាស្នូលនៃជីវិតខាងពិធីបុណ្យរបស់ក្រុមគ្រួសារគ្រីស្តបរិស័ទ ហើយជាកន្លែងពិសេស ដើម្បីអប់រំជំនឿកូន និងឪពុកម្តាយ។

២២២៧. ឯកូនៗវិញ គេនឹងជួយឱ្យឪពុកម្តាយរីកចម្រើនក្នុងភាពដ៏វិសុទ្ធ (GS ៤៨,៤)។ ពួកគេនឹងផ្តល់ឱ្យគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស និងដោយមិនធុញទ្រាន់ក្នុងការលើកលែងទោស ដែលមកពីការឈ្លោះប្រកែក អំពើអយុត្តធម៌ និងការបោះបង់ចោលគ្នា។ សេចក្ដីស្រលាញ់រវាងបងប្អូនផ្តល់គំនិតថា គេគួរលើកលែងទោសគ្នាទៅវិញទៅមក ឯសេចក្ដីស្រលាញ់របស់ព្រះគ្រីស្តសុំឱ្យគេលើកលែងទោសគ្នាទៅវិញទៅមក (មថ ១៨,២១-២២ ; លក ១៧,៤)។

២២២៨. មាតាបិតាគោរព និងស្រលាញ់តាំងពីកូននៅតូច ដោយយកចិត្តទុកដាក់ និងពុំធ្វេសប្រហែសក្នុងការចិញ្ចឹមកូន ហើយដោយបំពេញតម្រូវការខាងផ្លូវកាយ និងខាងវិញ្ញាណ ។​ នៅពេលដែលកូនកំពុងចម្រើនវ័យ មាតាបិតានៅតែគោរពកូន និងបូជាខ្លួនសម្រាប់កូនដដែល ដោយអប់រំកូនឱ្យប្រើប្រាជ្ញា និងសេរីភាពរបស់គេតាមរបៀបត្រឹមត្រូវ។

២២២៩. មាតាបិតាជាអ្នកទទួលខុសត្រូវដំបូងបង្អស់ក្នុងការអប់រំកូន គាត់មានសិទ្ធិជ្រើសរើសសាលារៀន ស្របតាមជំនឿរបស់ខ្លួន។ សិទ្ធិនេះ ជាសិទ្ធិមូលដ្ឋាន។ តាមសមត្ថភាពរបស់ខ្លួន មាតាបិតាមានភារកិច្ចជ្រើសរើសសាលារៀនណា ដែលនឹងជួយគាត់ឱ្យបានល្អប្រសើរ ក្នុងមុខងារជាអ្នកអប់រំ និងជាគ្រីស្តបរិស័ទ (GE​៦)។ រដ្ឋអំណាចត្រូវតែធានាសិទ្ធិរបស់ឪពុកម្តាយនេះ និងឱ្យគេអាចប្រតិបត្តិតាមយ៉ាងពិតប្រាកដ។

២២៣០. ដោយក្លាយទៅជាមនុស្សពេញវ័យ កូនមានភារកិច្ច និងសិទិ្ធជ្រើសរើសវិជ្ជាជីវៈ និងសម្រេចចិត្តក្នុងការរស់នៅរបស់ពួកគេ ។ គេនឹងទទួលយកការទទួលខុសត្រូវថ្មីនេះ ដោយជឿទុកចិត្តលើឪពុកម្តាយ ហើ​យដោយសុំ និងទទួលយោបល់ និងដំបូន្មានរបស់គាត់។ មាតាបិតានឹងប្រុងប្រយ័ត្នកុំបង្ខិតបង្ខំកូនឱ្យជ្រើសរើសវិជ្ជាជីវៈ ឬគូរស្រករ។ ប៉ុន្តែគាត់អាចជួយផ្តល់យោបល់ដ៏ល្អត្រឹមត្រូវ ជាពិសេសនៅពេលដែលកូនគិតគូរអំពីការកសាងគ្រួសារ។

២២៣១. អ្នកខ្លះមិនរៀបការ ដើម្បីថែរក្សាឪពុកម្តាយ ឬបងប្អូនបង្កើត ឬពីព្រោះគេបូជាខ្លួនចំពោះវិជ្ជាជីវៈ ឬដើម្បីមូលហេតុត្រឹមត្រូវផ្សេងទៀត។ ពួកគេអាចជួយឱ្យក្រុមគ្រួសាររបស់មនុស្សរីកចម្រើនខ្លាំងណាស់។

៤. ក្រុមគ្រួសារ និងព្រះរាជ្យ

២២៣២. ទោះជាចំណងក្រុមគ្រួសារសំខាន់យ៉ាងណាក៏ដោយ ក៏មិនសំខាន់លើសអ្វីៗទាំងអស់ដែរ។ កូនចម្រើនវ័យរិះគិតពិចារណា មានឯករាជ្យជាមនុស្ស និងខាងវិញ្ញាណយ៉ាងណា គេក៏យល់ការត្រាស់ហៅពិសេស ដែលមកពីព្រះជាម្ចាស់ កាន់តែច្បាស់ និងកាន់តែខ្លាំងឡើងៗយ៉ាងនោះដែរ។ មាតាបិតានឹងគោរពការត្រាស់ហៅ និងជួយកូនឱ្យឆ្លើយតបនឹងការត្រាស់ហៅនេះ។ ត្រូវតែយល់ឱ្យច្បាស់ថា ការត្រាស់ហៅដំបូងរបស់គ្រីស្តបរិស័ទ គឺដើរតាមព្រះយេស៊ូ (មថ ១៦,២៥)៖ “អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយ ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស ​កូន​ស្រី​របស់​ខ្លួន​  ខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ‌​ ក៏​មិន​សម​នឹង​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ដែរ” (មថ ១០,៣៧)។

២២៣៣. បើយើងក្លាយទៅជាសាវ័ករបស់ព្រះយេស៊ូ គឺយើងសុខចិត្តឆ្លើយតបនឹងព្រះអង្គ ដែលអញ្ជើញយើងឱ្យទៅជាកម្មសិទ្ធិនៃក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ឱ្យរស់នៅស្របតាមរបៀបរស់នៅរបស់ព្រះអង្គ៖ “​អ្នក​ណា​ធ្វើ​តាម​ព្រះ​ហឫ​ទ័យ​របស់​ព្រះបិតា​ខ្ញុំ​ ដែល​គង់​នៅ​ស្ថាន​បរមសុខ អ្នក​នោះ​ហើយ​ជា​បងប្អូន​ប្រុស​ស្រី​  និង​  ជា​ម្ដាយ​របស់​ខ្ញុំ” (មថ ១២,៤៩-៥០)។

ឪពុកម្តាយនឹងទទួល ហើយគោរពដោយអំណរ និងដោយអរព្រះគុណព្រះជាម្ចាស់ ចំពោះការត្រាស់ហៅរបស់ព្រះអម្ចាស់ឱ្យកូនណាម្នាក់របស់គាត់ ដើរតាមព្រះអង្គ ដោយធ្វើជាព្រហ្មចារីយ៍ដើម្បីព្រះរាជ្យ ដោយថ្វាយខ្លួនជាបព្វជិតបព្វជិតា ឬដោយធ្វើជាបូជាចារ្យ។

៥. អាជ្ញាធរក្នុងសង្គមស៊ីវីល

២២៣៤. វិន័យទីបួនរបស់ព្រះជាម្ចាស់បញ្ជាឱ្យយើងលើកកិត្តិយសអស់អ្នក ដែលបានទទួលពីព្រះជាម្ចាស់នូវអំណាចនៅក្នុងសង្គម ដើម្បីផលប្រយោជន៍យើង។ វិន័យនេះ បំភ្លឺភារកិច្ចរបស់អស់អ្នកដែលកាន់អំណាចក៏ដូចជាអស់អ្នកដែលទទួលប្រយោជន៍ពីអំណាចនេះ។

ភារកិច្ចរបស់អាជ្ញាធរស៊ីវីល

២២៣៥. អស់អ្នកដែលកាន់អំណាច ត្រូវប្រើអំណាចដូចជាអ្នកបម្រើ៖ “បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើធំ​ជាង​គេ​ ក្នុង​ចំណោម​អ្នក​រាល់គ្នា​‌ ត្រូវ​ឱ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់គ្នា​វិញ” (មថ ២០,២៦)។ យើងដឹងថា គេកាន់អំណាចប្រកបដោយសីលធម៌ បើអំណាចនេះ មកពីព្រះជាម្ចាស់ និងមានលក្ខណៈត្រឹមត្រូវ ហើយតាមគោលដៅពិសេសរបស់អំណាចនេះ។ គ្មាននរណាម្នាក់អាចបញ្ជា ឬចាត់ចែងអ្វីដែលប្រឆាំងនឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងប្រឆាំងនឹងធម្មវិន័យធម្មជាតិបានឡើយ។

២២៣៦. ការប្រើប្រាស់អំណាចមានគោលដៅបម្រើឧត្តមគតិតាមលំដាប់លំដោយ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សេរីភាព និងការទទួលខុសត្រូវរបស់មនុស្សទាំងអស់។ មេដឹកនាំនឹងបំពេញភារកិច្ចនេះតាមយុត្តិធម៌ប្រកបដោយប្រាជ្ញាញ្ញាណ ដោយយកចិត្តទុកដាក់តាមតម្រូវការ និងការរួមចំណែករបស់មនុស្សម្នាក់ៗ ដើម្បីឱ្យបានសេចក្ដីសុខសាន្ត និងសន្តិភាព។ ពួកគេប្រុងប្រយ័ត្នកុំឱ្យក្បួនច្បាប់ និងសេចក្ដីសម្រេចរបស់គេក្លាយទៅជាការល្បួង ដោយតាំងប្រយោជន៍ផ្ទាល់ខ្លួនប្រឆាំងនឹងប្រយិជន៍រួម (CA ២៥)។

២២៣៧. រដ្ឋអំណាច ត្រូវតែគោរពសិទ្ធិគ្រឹះរបស់មនុស្ស ការពារយុត្តិធម៌ ដោយគោរពសិទ្ធិរបស់មនុស្សម្នាក់ៗជាពិសេសសិទ្ធិរបស់ក្រុមគ្រួសារ និងជនក្រីក្រ។ រដ្ឋអំណាចអាច និងត្រូវតែ ផ្តល់សិទ្ធិខាងនយោបាយដល់ប្រជាពលរដ្ឋ ដើម្បីប្រយោជន៍រួម។ រដ្ឋអំណាចមិនអាចផ្អាកសិទ្ធិនោះ ដោយគ្មានមូលហេតុត្រឹមត្រូវ និងមិនសមស្របតាមយុត្តិធម៌ បានឡើយ។ ការគោរពសិទ្ធិខាងនយោបាយ មានគោលដៅឱ្យបានប្រយោជន៍ដល់ជាតិ និងដល់សហគមន៍មនុស្ស។

ភារកិច្ចរបស់ប្រជាពលរដ្ឋ

២២៣៨. អស់អ្នកដែលស្ថិតក្រោមការដឹកនាំរបស់អាជ្ញាធរ ត្រូវចាត់ទុកមេដឹកនាំដូចជារូបតំណាងរបស់ព្រះជាម្ចាស់ ដែលបានតែងតាំងគេជាអ្នកបម្រើនៃព្រះអំណោយទានរបស់ព្រះអង្គ (រម ១៣,១-២)៖  “ សូម​គោរព​ចុះចូល​អំណាច​នានា​ នៅ​លើ​ផែន​ដី​នេះ​ ដោយ​យល់​ដល់​ព្រះអម្ចាស់‌​ (...)  ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ហឫទ័យឱ្យ​បងប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ​ ដោយ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អឱ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរីភាព​ ‌ក៏​ប៉ុន្តែ‌​កុំ​ប្រើ​សេរីភាព​នេះ‌​ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ​ គឺ​ត្រូវ​ប្រព្រឹត្តឱ្យ​សម​នឹង​ឋានៈ​បងប្អូន​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់” (១ពត្រ ២,១៣.១៦)។ ពួកអ្នកដឹកនាំមានសិទ្ធិជួនកាលមានភារកិច្ចស្តីបន្ទោសយ៉ាងត្រឹមត្រូវចំពោះអ្វីដែលពួកគេគិតថា អាចបង្ខូចឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងផលប្រយោជន៍របស់សហគមន៍ដើម្បីរួមសហការយ៉ាងស្មោះត្រង់ជាមួយអាជ្ញាធរ។

២២៣៩. ប្រជាពលរដ្ឋមានភារកិច្ច រួមសហការជាមួយអាជ្ញាធរស៊ីវីល ដើម្បីប្រយោជន៍របស់សង្គម តាមសេចក្ដីពិត ដោយយុត្តិធម៌ រួមសាមគ្គី និងប្រកបដោយសេរីភាព។ សេចក្ដីស្រលាញ់ និងការចេះដឹងគុណជំរុញឱ្យស្រលាញ់ និងបម្រើមាតុភូមិ ។ ក្នុងសហគមន៍ខាងនយោបាយ ប្រជាពលរដ្ឋត្រូវមានតួនាទីបម្រើប្រយោជន៍រួម ក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃអាជ្ញាធររបស់ខ្លួន។

២២៤០. ការចុះចូលក្រោមអាជ្ញាធរ និងការទទួលខុសត្រូវរួម ដើម្បីប្រយោជន៍រួម តម្រូវឱ្យយើងបង់ពន្ធ បោះឆ្នោត និងការពារប្រទេសជាតិ៖ ត្រូវជូនលោកទាំងនោះ​នូវអ្វីដែលបងប្អូនត្រូវ​ជូន ​‌‌គឺបង់អាករទៅលោកណា ​ដែលបងប្អូនត្រូវ​បង់ ​បង់ពន្ធទៅលោកណា ដែលបងប្អូនត្រូវបង់​ពន្ធ‌ ​កោតខ្លាចលោកណា ដែលបងប្អូនត្រូវកោត​ខ្លាចគោរពលោកណាដែលបងប្អូនត្រូវ​គោរព (រម ១៣,៧)។ គ្រីស្តបរិស័ទស្ថិតក្នុងមាតុភូមិរបស់ខ្លួន ប៉ុន្តែគេរស់នៅដូចជាជនបរទេស។ គេបំពេញភារកិច្ចទាំងអស់របស់ប្រជាពលរដ្ឋ និងទទួលបន្ទុកទាំងអស់របស់ខ្លួន ដូចជាជនបរទេសដែរ (...)។ គេស្តាប់បង្គាប់ច្បាប់ ហើយរបៀបរស់នៅរបស់គេប្រសើរជាងច្បាប់ទាំងអស់នោះទៅទៀត (...)។ ព្រះជាម្ចាស់បានតែងតាំងគេឱ្យទទួលមុខងារដ៏ប្រសើរបំផុត បានជាគេមិនអាចរត់ចោលជួរបានឡើយ (លិខិតជនចំពោះលោកឌីអូក្នេត)។ គ្រីស្តទូតប៉ូលដាស់តឿនយើងឱ្យទូលអង្វរ និងអរព្រះគុណព្រះជាម្ចាស់ ដើម្បីព្រះរាជា និងអស់អ្នកដែលកាន់អំណាចគ្រប់ៗរូប “ដើម្បីឱ្យយើង​រស់នៅ​បាន​សុខ​ក្សេមក្សាន្ត​ គ្មាន​ចលាចល​‌ ដោយ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់អស់​ពី​ចិត្ត ​និង​មាន​ជីវិតយ៉ាង​ថ្លៃថ្នូរ” (១ធម ២,២)។

២២៤១. ប្រជាជាតិជឿនលឿនត្រូវតែទទួលជនបរទេស ដែលមកជ្រកកោន ដើម្បីរស់រានមានជីវិត ដែលគេមិនអាចរកឃើញក្នុងប្រទេសរបស់ខ្លួន។ រដ្ឋអំណាចនឹងប្រុងប្រយ័ត្នក្នុងការគោរពសិទ្ធិធម្មជាតិ ដែលធ្វើឱ្យម្ចាស់ផ្ទះត្រូវការពារភ្ញៀវរបស់ខ្លួន។ ដើម្បីផលប្រយោជន៍រួម អាជ្ញាធរអាចតម្រូវឱ្យជនបរទេសគោរពតាមលក្ខ័ណ និងច្បាប់ ជាពិសេសអ្នកទាំងអស់នោះ ត្រូវគោរពភារកិច្ចរបស់ខ្លួនជាជនអន្តោប្រវេស៍ចំពោះប្រទេស ដែលគេមកជ្រកកោន ហើយដឹងគុណចំពោះបេតិកភ័ណ្ឌដែលជាសម្ភារៈ និងវិញ្ញាណ ហើយគោរពច្បាប់ និងបង់ពន្ធជូនប្រទេសនោះ។

២២៤២. ប្រជាពលរដ្ឋមិនត្រូវធ្វើតាមបទបញ្ជារបស់អាជ្ញាធរស៊ីវីល នៅពេលដែលបទបញ្ជានោះប្រឆាំងនឹងសីលធម៌ សិទ្ធិគ្រឹះរបស់មនុស្ស ឬការប្រៀនប្រដៅរបស់ដំណឹងល្អ។ យើងអាចបដិសេធមិនព្រមស្តាប់បង្គាប់ អាជ្ញាធរស៊ីវីល នៅពេលដែលការទាមទាររបស់គេប្រឆាំងនឹងមនសិការត្រឹមត្រូវ ពីព្រោះយើងត្រូជ្រើសរើសបម្រើព្រះជាម្ចាស់ ឬបម្រើសហគមន៍នយោបាយ។ “អ្វីៗ​ដែល​ជា​របស់​ព្រះ​ចៅ​អធិ​រាជ​ ‌ចូរ​ថ្វាយ​ទៅ​ព្រះ​ចៅ​អធិ​រាជ​វិញ​ទៅ​ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ​ជា​ម្ចាស់​ ចូរ​ថ្វាយ​ទៅ​ព្រះ​ជា​ម្ចាស់​វិញ​ដែរ” (មថ ២២,   ២១)។ “យើងខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះជា​ម្ចាស់​ជាជាង​ស្ដាប់​បង្គាប់​មនុស្ស” (កក ៥,២៩)។ ប្រសិនបើរដ្ឋអំណាចបំពានសមត្ថកិច្ចរបស់ខ្លួន បែរជាជិះជាន់ប្រជាជន សូមប្រជាពលរដ្ឋ​​ កុំរួញរាធ្វើកិច្ចការដែល​​​ប្រយោជន៍​​​រួម​​​ ទាមទារយ៉ាងជាក់ច្បាស់។​ ក៏ប៉ុន្តែ ប្រជាជនមានច្បាប់អនុញ្ញាតការពារសិទ្ធិរបស់ខ្លួន និងសិទិ្ធប្រជាពលរដ្ឋ​​​ដែល​​​ត្រូវ​​​រង​​​គ្រោះ​​​ដោយរដ្ឋអំណាចជិះជាន់នោះ។ ប៉ុន្តែ ត្រូវគោរពព្រំដែននៃធម្មវិន័យធម្មជាតិ និងធម្មវិន័យនៃដំណឹងល្អ​​​ផង​​​ដែរ (GS៧៤,៥)។

២២៤៥. អ្នកតស៊ូ ប្រឆាំងនឹងការជិះជាន់របស់រដ្ឋអំណាច មិនអាចប្រើកម្លាំងសាស្រ្តាវុធបានឡើយ លើកលែងតែគេស្ថិតនៅក្នុងស្ថានភាពដូចល័ក្ខ័ណ្ឌខាងក្រោមនេះរួមចូលគ្នា៖
១- នៅពេលដែលមានការបំពានសិទ្ធិគ្រឹះយ៉ាងច្បាស់ ធ្ងន់ធ្ងរ និងយ៉ាងយូរ
២- អស់មធ្យោបាយក្នុងការដោះស្រាយ
៣- ដោយមិនបង្កើតភាពច្របូកច្របល់អាក្រក់ជាងមុន
៤- ដោយសង្ឃឹមយ៉ាងច្បាស់ថា អាចទទួលជ័យជំនះបាន
៥- ដោយគ្មានមធ្យោបាយណាប្រសើរជាងនេះ។

សហគមន៍ខាងនយោបាយ និងព្រះសហគមន៍

២២៤៤. ស្ថាប័នទាំងអស់មានទស្សនវិស័យលើមនុស្ស និងដំណើរជីវិតរបស់គេ ​ដោយស្ថាប័នវិនិច្ឆយ បែងចែកតម្លៃទៅតាមលំដាប់លំដោយ និងឥរិយាបទ ដែលគេប្រកាន់យក។ សង្គមភាគច្រើនបានរៀបចំ     ស្ថាប័នរបស់ខ្លួន ដោយគិតថា មនុស្សប្រសើរជាងវត្ថុនានា។ មានតែសាសនាដែលព្រះជាម្ចាស់បានសម្ដែងឱ្យយើងដឹងទេ ដែលបានទទួលស្គាល់ថា ព្រះជាម្ចាស់ ដែលជាព្រះបង្កើត និងព្រះសង្រ្គោះ ជាប្រភព និងជាទីដៅរបស់មនុស្ស។ ព្រះសហគមន៍អញ្ជើញរដ្ឋអំណាចឱ្យវិនិច្ឆយ និងសម្រេចតាមពន្លឺនៃសេចក្ដីពិតអំពីព្រះជាម្ចាស់ និងមនុស្សនេះ៖

សង្គមដែលមិនស្គាល់ ឬបដិសេធពន្លឺនេះ ដោយគិតថា ខ្លួនមិនពឹងផ្អែកលើព្រះជាម្ចាស់ ដោយស្វែងរកគំនិត និងទីដៅរបស់ខ្លួន ដោយខ្លួនគេផ្ទាល់ ឬតាមមនោគមវិជ្ជាផ្សេងៗ មិនព្រមទទួលស្គាល់ថា មានលក្ខណៈដែលមិនចេះលម្អៀងអំពីអ្វីល្អ និងអ្វីអាក្រក់ សង្គមនោះ កាន់អំណាចផ្តាច់ការលើមនុស្ស និងដំណើរជីវិតរបស់គេ ដោយលាតត្រដាង ឬលាក់លៀម ដូចប្រវត្តិសាស្រ្តធ្លាប់បង្ហាញស្រាប់ (CA ៤៥ ; ៤៦)។

២២៤៥. ដោយសារបន្ទុក និងសមត្ថកិច្ចរបស់ខ្លួន ព្រះសហគមន៍ គឺជាសញ្ញាសម្គាល់ផង និងអ្នកការពារលក្ខណៈដ៏ខ្ពង់ខ្ពស់របស់មនុស្សផង។ មិនត្រូវច្រឡំព្រះសហគមន៍នឹងសហគមន៍នយោបាយឡើយ។  “ព្រះសហគមន៍គោរព និងលើកស្ទួយសេរីភាពខាងនយោបាយផង ហើយជួយឱ្យប្រជាពលរដ្ឋមានការទទួលខុសត្រូវផង” (GS ៧៦,៣)។

២២៤៦. ព្រះសហគមន៍មានបេសកកម្ម “វិនិច្ឆយតាមសីលធម៌ សូម្បីតែក្នុងវិស័យទាក់ទិននឹង​​​នយោបាយផង​​​ដែរ នៅពេលដែលសិទ្ធិមូលដ្ឋានរបស់មនុស្ស ឬការសង្រ្គោះរបស់ព្រលឹង​ទាមទារ។ ព្រះសហគមន៍ត្រូវប្រើគ្រប់មធ្យោបាយស្របតាមដំណឹងល្អ និងមធ្យោបាយទាំងអស់ ដើម្បីឱ្យបានសេចក្ដីសុខគ្រប់គ្នាទៅតាមស្ថានភាព​ និងតាមកាលៈទេសៈ” (GS ៧៦,៥)។

សង្ខេប

២២៤៧. “ចូរគោរពមាតាបិតា” (ទក ៥,១៦ ; មក ៧,១០)។

២២៤៨. តាមវិន័យទីបួន ព្រះជាម្ចាស់សព្វព្រះហឫទ័យថា ក្រោយពីព្រះអង្គ យើងគោរពមាតាបិតា និង​អស់អ្នកដែលព្រះអង្គបានប្រគល់អំណាច ដើម្បីប្រយោជន៍យើង។

២២៤៩. សហគមន៍គ្រួសារកើតឡើង ដោយសម្ពន្ធមេត្រី និងការព្រមព្រៀងរបស់គូស្វាមីភរិយា។ អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារត្រូវបានរៀបចំ ដើម្បីផលប្រយោជន៍របស់គូស្វាមីភរិយា ការបន្តពូជពង្ស និងការអប់រំកូនចៅ។

២២៥០ . “សន្តិភាពរបស់បុគ្គលម្នាក់ៗ និងសន្តិភាពរបស់សង្គម  ទាំងសង្គមមនុស្ស ទាំងសង្គមនៃព្រះសហគមន៍ ភ្ជាប់​​​យ៉ាងជិត​ស្និទ្ធនឹងការចម្រើននៃសហគមន៍គូស្វាមីភរិយា  និងការចម្រើននៃសហគមន៍ក្រុមគ្រួសារ” (GS ៤៧,១)។

២២៥១. កូនៗត្រូវតែគោរពមាតាបិតា ដោយចេះដឹងគុណ ស្តាប់បង្គាប់យ៉ាងត្រឹមត្រូវ និងជួយពួកគាត់ផង​ដែរ​។ ការគោរពមាតាបិតានាំមកនូវភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ។

២២៥២. មាតាបិតាជាអ្នកទទួលខុសត្រូវដំបូងនៃការអប់រំកូន ឱ្យមានជំនឿ ឱ្យចេះអធិដ្ឋាន និងប្រតិបត្តិតាមគុណធម៌ទាំងឡាយ។ ពួកគាត់មានភារកិច្ចបំពេញតាមតែអាចធ្វើបានទៅតាមតម្រូវការខាងផ្លូវកាយ និងខាងផ្លូវ ចិត្តនៃកូនៗរបស់គាត់ ។

២២៥៣. មាតាបិតាត្រូវគោរព និងជំរុញឱ្យកូនៗបំពេញតាមការត្រាស់ហៅរបស់ពួកគេ។ ពួកគាត់នឹងនិកឃើញឡើងវិញ និងបង្រៀនថា មុនដំបូង ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិសុទ្ធឱ្យដើរតាមព្រះយេស៊ូ។

២២៥៤. រដ្ឋអំណាចត្រូវតែគោរពសិទ្ធិគ្រឹះរបស់មនុស្ស និងលក្ខ័ណក្នុងការគោរពសេរីភាពរបស់គេ។

២២៥៥. ប្រជាពលរដ្ឋមានភារកិច្ចរួមសហការជាមួយរដ្ឋអំណាច ដើម្បីកសាងសង្គមប្រកបដោយ សេចក្ដីពិត យុត្តិធម៌ សាមគ្គីភាព និងសេរីភាព។

២២៥៦. តាមមនសិការរបស់ខ្លួន ប្រជាពលរដ្ឋមិនត្រូវធ្វើតាមបទបញ្ជារបស់អាជ្ញាធរ នៅពេលដែលបទ បញ្ជានោះប្រឆាំងនឹងការទាមទារនៃសីលធម៌។ ត្រូវស្តាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្តាប់បង្គាប់មនុស្ស” (កក ៥,២៩)។

២២៥៧ . ស្ថាប័នទាំងអស់ត្រូវប្រកាន់យកការវិនិច្ឆយ និងឥរិយាបទទៅតាមទស្សនវិស័យរបស់មនុស្ស និងដំណើរជីវិតរបស់គេ។ បើគ្មានពន្លឺនៃដំណឹងល្អអំពីព្រះ ជាម្ចាស់ និងមនុស្សទេ សង្គមទាំងនោះងាករេយ៉ាងងាយទៅរកអំណាចផ្តាច់ការ។

ប្រការទី៥៖​វិន័យទីប្រាំ

កុំសម្លាប់មនុស្ស (សរ ២០,១៣)

អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស​ថា “កុំ​សម្លាប់​មនុស្ស” អ្នកណាសម្លាប់គេ ​អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស។   រីឯ​ខ្ញុំ​វិញ‌ ​ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​ដែរ (មថ ៥,២១-២២)។

២២៥៨. “ជីវិតរបស់មនុស្សដ៏សក្ការៈ ដ្បិតតាំងពីកំណើតមក ជីវិតនេះ មានស្នាមនៃកិច្ចបង្កើតរបស់ព្រះជាម្ចាស់ និងស្ថិតស្ថេរជានិច្ច ក្នុងទំនាក់ទំនងពិសេសជាមួយព្រះបង្កើតរបស់ខ្លួន ដែលជាទីដៅតែមួយរបស់ខ្លួន។ មានតែព្រះជាម្ចាស់ទេ ដែលជាម្ចាស់នៃជីវិតតាំងពីកំណើតរហូតដល់ទីចុងក្រោយ ពោលគឺគ្មាននរណាអាចទាមទារដើម្បីខ្លួនឯងនូវសិទ្ធិបំផ្លាញមនុស្សដែលគ្មានទោសម្នាក់បានឡើយ” (CDF)។

១.​ ការគោរពជីវិតរបស់មនុស្ស

សក្ខីភាពរបស់ប្រវត្តិសាស្រ្តដ៏វិសុទ្ធ

២២៥៩. ក្នុងរឿងរបស់លោកកាអ៊ីន ដែលសម្លាប់លោកអេបិលជាប្អូន (កណ ៤,៨-១២) ព្រះគម្ពីរសម្ដែងឱ្យដឹងថា តាំងពីដើមដំបូងនៃប្រវត្តិសាស្រ្តរបស់មនុស្សលោក មនុស្សមានកំហឹង និងមានចិត្តលោភលន់នៅក្នុងខ្លួន ជាផលវិបាកនៃអំពើបាបដើមដំបូង។ មនុស្សបានក្លាយទៅជាខ្មាំងសត្រូវរបស់មនុស្ស។ ព្រះជាម្ចាស់ចោទប្រកាន់ឃាតកម្មបងប្អូនឯងនេះ៖ “ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? ​សម្រែកឈាមប្អូនរបស់អ្នក​បានលាន់ឮពីដី​ឡើងមក​ដល់យើង។   ឥឡូវនេះ   អ្នកត្រូវបណ្តាសា ហើយ​អ្នក​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ដី ​ដែល​បាន​ស្រូប​យក​ឈាម​ប្អូនរបស់អ្នក ​ជាឈាមដែលអ្នកបានបង្ហូរ​ដោយ​ផ្ទាល់ដៃ” (កណ ៤,១០-១១)។

២២៦០. សម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្សលោកតែងតែរម្លឹកថា ព្រះជាម្ចាស់បានប្រោសប្រទានជីវិតឱ្យមនុស្ស ហើយមនុស្សចេះតែប្រព្រឹត្តអំពើហិង្សា៖

(...) យើងឱ្យ​មនុស្សសងជីវិត​នៅពេលណាដែលគេសម្លាប់​មនុស្សដូចគ្នា​ដែរ។ អ្នកណាបង្ហូរឈាមមនុស្ស​ អ្នកនោះមុខជាត្រូវមនុស្សបង្ហូរឈាមវិញមិនខាន ដ្បិត​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក   ​មក ​ជាតំណាងរបស់ព្រះអង្គ (កណ ៩,៥-៦)។

សម្ពន្ធមេត្រីចាស់ចាត់ទុកឈាមជាសញ្ញាសម្គាល់ដ៏ពិសិដ្ឋនៃជីវិត (លវ ១៧,១៤)។ ចាំបាច់ត្រូវប្រៀនប្រដៅសេចក្ដីនេះគ្រប់សម័យកាល។

២២៦១. ព្រះគម្ពីរបរិយាយយ៉ាងល្អិតល្អន់ការហាមប្រាមនៃវិន័យទីប្រាំនេះ៖ “មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតទេ” (សរ ២៣,៧)។ ឃាតកម្មដោយចេតនាលើមនុស្សម្នាក់ ដែលគ្មានទោស ជាអំពើប្រឆាំងនឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស វិន័យនៃសេចក្ដីស្រលាញ់ និងប្រឆាំងនឹងភាពដ៏វិសុទ្ធរបស់ព្រះបង្កើតយ៉ាងធ្ងន់ធ្ងរ។ វិន័យដែលហាមប្រាមឃាតកម្មនេះជាវិន័យសកល គឺមនុស្សទាំងអស់ គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងក៏ត្រូវតែប្រតិបត្តិតាម។

២២៦២. ពេលដែលព្រះអង្គទេសនានៅលើភ្នំ ព្រះអម្ចាស់រម្លឹកបទបញ្ជានេះ៖ “កុំសម្លាប់មនុស្ស” (មថ ៥,២១) ហើយមានព្រះបន្ទូលបន្ថែមទៀតថា មិនត្រូវខឹង ស្អប់ និងសងសឹកគេឡើយ។ លើសពីនេះទៅទៀត ព្រះគ្រីស្តសុំឱ្យសាវ័ករបស់ព្រះអង្គបែរថ្ពាល់ម្ខាងទៀតឱ្យគេទះ (មថ ៥,២២-៣៩) និងស្រលាញ់ខ្មាំងសត្រូវរបស់ខ្លួន (មថ ៥,៤៤)។ ព្រះអង្គផ្ទាល់មិនបានការពារខ្លួនឯង ហើយមានព្រះបន្ទូលមកលោកសិលា ឱ្យស៊កដាវទៅក្នុងស្រោមវិញ (មថ ២៦,៥២)។

ការការពារខ្លួនឯងយ៉ាងត្រឹមត្រូវ

២២៦៣. ការការពារមនុស្ស និងសង្គមយ៉ាងត្រឹមត្រូវមិនមែនជាករណីលើកលែងចំពោះការហាមប្រាម មិនឱ្យប្រព្រឹត្តឃាតកម្មដោយចេតនាលើមនុស្សម្នាក់ ដែលគ្មានទោសឡើយ។ “កិច្ចការពារខ្លួនឯងអាចបង្កើតផលពីរយ៉ាង៖ មួយសម្រាប់រក្សាជីវិតខ្លួនឯង មួយទៀតការស្លាប់របស់អ្នកធ្វើបាប (...)។ យើងចង់បានផលតែមួយ ឯផលផ្សេងទៀតវិញ យើងមិនចង់បានឡើយ” (សន្ត ថូម៉ាស​ នៃអាកាំង)។

២២៦៤. សេចក្ដីស្រលាញ់ចំពោះខ្លួនឯងជាគោលការណ៍ដ៏សំខាន់នៃសីលធម៌។ ដូច្នេះ យើងមានសិទ្ធិធ្វើឱ្យគេគោរពជីវិតយើងបាន។ អ្នកការពារជីវិតរបស់ខ្លួនគ្មានទោសប្រព្រឹត្តអំពើឃាតកម្មទេ ទោះបីគេសម្លាប់អ្នកធ្វើបាបគេក៏ដោយ៖ ប្រសិនបើយើងប្រើអំពើហិង្សាលើសពីតម្រូវការ ដើម្បីការពារខ្លួន យើងខុសច្បាប់។ ប៉ុន្តែ ប្រសិនបើយើងប្រយុទ្ធអំពើហិង្សាតាមរបៀបត្រឹមត្រូវ យើងនឹងស្រមច្បាប់ (...)។ ទោះបីយើងប្រព្រឹត្តកិច្ចការនេះ ដើម្បីការពារខ្លួនយ៉ាងណាក៏ដោយ ក៏យើងអាចទទួលការសង្រ្គោះបានដែរ ដ្បិតយើងត្រូវរក្សាជីវិតរបស់ខ្លួនឯងច្រើនជាងយើងត្រូវរក្សាជីវិតអ្នកដទៃ (សន្ត ថូម៉ាស នៃអាកាំង)។

២២៦៥. ការការពារខ្លួនឯងមិនគ្រាន់តែជាសិទ្ធិប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចដ៏សំខាន់ចំពោះអ្នកដែលទទួលខុសត្រូវលើជីវិតអ្នកដទៃ លើផលប្រយោជន៍រួមរបស់ក្រុមគ្រួសារ ឬរបស់សង្គម។

២២៦៦. បើយើងចង់ការពារប្រយោជន៍រួមនៃសង្គម យើងត្រូវតែឃាត់អ្នកធ្វើបាបមិនឱ្យធ្វើបាបទៀត។ ការប្រៀនប្រដៅរបស់ព្រះសហគមន៍តាំងពីដើមដំបូងបានទទួលស្គាល់ថា រដ្ឋអំណាចត្រឹមត្រូវមានសិទ្ធិ និងភារកិច្ចផ្ទន្តាទោសទៅតាមកំហុស ទោះជាទោសប្រហារជីវិតក៏ដោយក្នុងករណីដ៏ធ្ងន់ធ្ងរជាទីបំផុត។ យ៉ាងណាមិញ អ្នកកាន់អំណាចមានសិទ្ធិប្រើកម្លាំងសាស្រ្តាវុធ ដើម្បីវាយច្រានអ្នកឈ្លានពានទឹកដី ដែលអ្នកកាន់អំណាចនោះបានទទួលបន្ទុក។ ការដាក់ទោស មានផលដំបូងទូទាត់ភាពច្របូកច្របល់ដែលមកពីកំហុស។ នៅពេលដែលអ្នកទោសស្ម័គ្រចិត្តទទួលទោសនេះ គេទូទាត់ទោសរបស់ខ្លួន។ ម្យ៉ាងទៀត ការដាក់ទោសជាកិច្ចការពាររបៀបរៀបរយសាធារណៈ និងសុវត្តិភាពរបស់មនុស្ស។ ទីបំផុត ការដាក់ទោសជាថ្នាំពេទ្យ ដែលជួយឱ្យអ្នកទោសទទួលការសង្រ្គោះ (លក ២៣,៤០-៤៣)។

២២៦៧. បើមធ្យោបាយមិនបង្ហូរឈាមល្មមគ្រប់គ្រាន់ ដើម្បីការពារជីវិតមនុស្សប្រឆាំងនឹងអ្នកធ្វើបាប ក្នុងកិច្ចការពាររបៀបរៀបរយសាធារណៈ និងសុវត្តិភាពមនុស្ស អាជ្ញាធរនឹងមិនប្រើមអ្យោបាយផ្សេងទៀតទេ ដ្បិតមធ្យោបាយនោះស្របតាមលក្ខខណ្ឌនៃប្រយោជន៍រួម និងស្របតាមឋានៈដ៏ថ្លៃថ្នូររបស់មនុស្សហើយ។

ឃាតកម្មដោយចេតនា

២២៦៨. វិន័យទីប្រាំហាមមិនឱ្យសម្លាប់មនុស្សដោយផ្ទាល់ខ្លួន និងដោយចេតនា ។​ ឃាតកម្មបែបនេះ ជាអំពើបាបធ្ងន់ធ្ងរណាស់។ ឃាតកៈ និងអស់អ្នកដែលរួមសហការដោយចេតនាក្នុងការសម្លាប់មនុស្ស ប្រព្រឹត្តអំពើបាបមួយ ដែលស្រែកអង្វរឱ្យមេឃសងសឹក (កណ ៤,១០)។ ការសម្លាប់កូនឯង (GS ៥១,៣) ការសម្លាប់បងប្អូនឯង ការសម្លាប់ឪពុកឯង និងការសម្លាប់គូស្វាមីភរិយាឯងជាឃាតកម្មដ៏ធ្ងន់ធ្ងរជាទីបំផុត ដ្បិតអំពើនេះ ជាការបំបាក់បំបែកចំណងធម្មជាតិ។ ទោះបីរដ្ឋអំណាចបញ្ជា    ឱ្យប្រព្រឹត្តឃាតកម្ម ដើម្បីបន្សុទ្ធពូជ ឬដើម្បីអនាម័យក៏ដោយ ក៏យើងមិនអាចសម្លាប់នរណាម្នាក់បានឡើយ។

២២៦៩. វិន័យទីប្រាំហាមមិនឱ្យធ្វើអ្វីក្នុងគោលបំណងសម្លាប់មនុស្សម្នាក់ដោយប្រយោល។ វិន័យ​​​នៃសីលធម៌ហាមប្រថុយជីវិតរបស់មនុស្សម្នាក់ ដោយគ្មានមូលហេតុសំខាន់ ព្រមទាំងហាមបដិសេធជួយមនុស្សម្នាក់ ដែលរងគ្រោះថ្នាក់។ ពេលសង្គមមនុស្សសុខចិត្តឱ្យកើតទុរ្កិក្យ ដោយមិនខិតខំជួយសង្រ្គោះ សង្គមនោះ ប្រព្រឹត្តអំពើអយុត្តិធម៌ដ៏អាស្រូវ និងកំហុសដ៏ធ្ងន់។ អ្នករកស៊ីខុសច្បាប់ ដែលអំពើរបស់គេបណ្តាលឱ្យអ្នកដទៃ ដែលជាបងប្អូន អត់ឃ្លាន និងស្លាប់ គឺជាអ្នកប្រព្រឹត្តអំពើឃាតកម្ម មិនត្រូវអត់ឱនឡើយ (អម ៨,៤-១០)។ យើងមិនអាចផ្តន្ទាទោសការសម្លាប់មនុស្សដោយអចេតនា បាន។ ប៉ុន្តែ យើងប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ បើយើងបានប្រព្រឹត្តកិច្ចការជ្រុលពេក ដែលបាននាំឱ្យមានមនុស្សស្លាប់ ទោះបីយើងគ្មានបំណងចង់សម្លាប់គេយ៉ាងណាក៏ដោយ។

ការរំលូតកូន

២២៧០. ត្រូវតែគោរព​ និងការពារជីវិតមនុស្សលើសពីអ្វីៗទាំងអស់តាំងពីក្នុងផ្ទៃម្តាយមកម្ល៉េះ។ គេត្រូវទទួលស្គាល់សិទ្ធិមនុស្ស ចាប់តាំងពីគ្រាដំបូងបង្អស់នៃការរស់នៅរបស់គេ​។ ក្នុងចំណោមសិទ្ធិនោះ មនុស្សដែលគ្មានទោសណាម្នាក់មានសិទ្ធិរស់រានមានជីវិត (CDF)។

យើងស្គាល់អ្នក​តាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្តាយម៉្លេះ​។ យើងក៏បាញែកអ្នកទុក​សម្រាប់យើង​តាំងពីមុនពេល ដែលអ្នកកើតចេញពីផ្ទៃម្តាយដែរ (យរ ១,៥)។

នៅពេលទូលបង្គំកកើតឡើងក្នុងទីលាក់កំបាំង ​គឺនៅក្នុងផ្ទៃមាតា រូបកាយរបស់ទូលបង្គំមិនបានលាក់បំបាំងនឹងព្រះអង្គទេ (ទន ១៣៩,១៥)។

២២៧១. តាំងពីសតវត្សទីមួយ ព្រះសហគមន៍បញ្ជាក់ថា ការរំលូតកូនដោយចេតនាជាអំពើខុសសីលធម៌។ ការប្រៀនប្រដៅនេះ មិនបានផ្លាស់ប្តូរ ហើយនៅស្ថិតស្ថេរនៅឡើយ។ ការរំលូតកូនដោយផ្ទាល់ ដើម្បីបញ្ឈប់ ឬដើម្បីជាមធ្យោបាយ គឺជាអំពើខុសសីលធម៌ដ៏ធ្ងន់ធ្ងរណាស់៖

កុំរំលូតកូនក្នុងផ្ទៃ ហើយកុំសម្លាប់កូនទើបនឹងកើត (ឌីដាខែ ; លោកបាណាបាស)។

ព្រះជាម្ចាស់ ជាម្ចាស់នៃជីវិត បានប្រគល់ឱ្យមនុស្សនូវមុខងារដ៏ប្រសើរដើម្បីបម្រើជីវិត ហើយមនុស្សត្រូវតែបំពេញមុខងារនេះ តាមរបៀបសមរម្យនឹងខ្លួនគេ។ ដូច្នេះ ត្រូវរក្សាជីវិតដោយយកចិត្តទុកដាក់ជាទីបំផុត តាំងពីក្នុងផ្ទែម្តាយមកម្ល៉េះ។ ការរំលូតកូន និងការសម្លាប់កូនជាអំពើឃាតកម្មដ៏អាក្រក់ជាទីបំផុត (លិខិតជូនចំពោះលោកឌីអូក្នេត ; លោកទែរទូលីយ៉ាំង)។

២២៧២. បើយើងរួមសហការក្នុងការរំលូតកូន យើងប្រព្រឹត្តអំពើបាបធ្ងន់។ អ្នកប្រព្រឹត្តអំពើបាបប្រឆាំងនឹងជីវិតមនុស្សនេះ ត្រូវបណ្តេញចេញពីព្រះសហគមន៍។ “នរណារំលូតកូន បើកូនស្លាប់មែន អាចត្រូវបណ្តេញចេញពីព្រះសហគមន៍latae sententiae ” (CIC ១៣៩៨) “ដោយសារតែបានប្រព្រឹត្តទោសនេះ” (CIC ១៣១៤) ហើយស្របតាមលក្ខខណ្ឌច្បាប់ (CIC ១៣២៣-១៣២៤)។ ព្រះសហគមន៍នៅតែមានធម៌មេត្តាករុណា ប៉ុន្តែបង្ហាញថា ឃាតកម្មនេះ ធ្ងន់ធ្ងរណាស់ ហើយបង្កើតការខូចខាន ដែលមិនអាចកែបាន សម្រាប់កូនដែលត្រូវសម្លាប់ សម្រាប់ឪពុកម្តាយវា និងសម្រាប់សង្គមទាំងមូលផងដែរ។

២២៧៣. មនុស្សទាំងអស់មានសិទ្ធិរស់រានមានជីវិត ជាសិទ្ធិដែលមិនអាចទិញលក់បាន ជាផ្នែកចាំបាច់នៃសង្គមស៊ីវីល និងជាច្បាប់នៃសង្គមនេះ៖
“សង្គមស៊ីវីល និងរដ្ឋអំណាចត្រូវតែទទួលស្គាល់ និងគោរពសិទ្ធិ ដែលមិនអាចទិញលក់របស់មនុស្ស។ សិទ្ធិមនុស្សមិនពឹងផ្អែកលើមនុស្ស ឬលើមាតាបិតា ហើយមិនមែនមកពីសង្គម ឬរដ្ឋអំណាចសុខចិត្តផ្តល់ឱ្យឡើយ។ សិទ្ធិទាំងអស់នោះ ជាកម្មសិទ្ធិនៃធម្មជាតិមនុស្ស ជាផ្នែករបស់មនុស្ស ដែលមានកិច្ចបង្កើតជាប្រភព។ ក្នុងចំណោមសិទ្ធិមូលដ្ឋានទាំងអស់នោះ មានសិទ្ធិរស់រានមានជីវិត និងសិទិ្ធគោរពកាយ តាំងពីក្នុងផ្ទៃម្តាយរហូតដល់ស្លាប់” (CDF)។

“ក្នុងវេលាដែលច្បាប់វិជ្ជមានមិនឱ្យមនុស្សមួយចំនូនបានទទួលការការពារ ដែលច្បាប់ស៊ីវីលតម្រូវឱ្យរដ្ឋអំណាចចាប់ផ្តើមមិនទទួលស្គាល់ថា មនុស្សទាំងអស់ស្មើគ្នាចំពោះច្បាប់ឡើយ។ វេលាដែលរដ្ឋមិនប្រើកម្លាំង ដើម្បីបម្រើសិទ្ធិប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកទន់ខ្យោយជាងគេ មូលដ្ឋានគ្រឹះនៃរដ្ឋអំណាចត្រឹមត្រូវមួយចុះទន់ខ្យោយ (...)។ អ្នកដែលបំពានសិទ្ធិដោយចេតនាត្រូវទទួលទោសតាមច្បាប់ព្រហ្មទ័ណ្ឌ ពីព្រោះច្បាប់ត្រូវការពារកូនតាំងពីក្នុងផ្ទៃម្តាយ” (CDF)។

២២៧៤. ត្រូវចាត់ទុកចា អំប្រ៊ីយ៉ុងជាមនុស្សម្នាក់តាំងពីក្នុងផ្ទែម្តាយមកម្ល៉េះ ហេតុនេះ ត្រូវការពារ ថែទាំ និងព្យាបាលអំប្រ៊ីយ៉ុងដូចចំពោះមនុស្សម្នាក់ផ្សេងទៀត តាមអ្វីដែលយើងអាចធ្វើបាន។

ការវិនិច្ឆយរោគមុនកំណើត ត្រឹមត្រូវតាមសីលធម៌ “បើយើងគោរពជីវិតរបស់អំប្រ៊ីយ៉ុង និងគភ៌ ហើយបើយើងវិនិច្ឆយ ដើម្បីការពារ ឬព្យាបាលវា (...)។ ការវិនិច្ឆយរោគមុនកំណើតខុសសីលធម៌ខ្លាំងណាស់ នៅពេលដែលយើងគិតទុកជាមុនថា ក្រោយពីបានទទួលលទ្ធផល នឹងរំលូតកូន ។ ការវិនិច្ឆយ​មិនអាចទៅជាការកាត់ទោសប្រហារជីវិតបាន” (CDF)។

២២៧៥. “ត្រូវចាត់ទុកថា ការធ្វើអន្តរាគមន៍លើអំប្រ៊ីយ៉ុងត្រូវច្បាប់ លុះត្រាតែការធ្វើអន្តរាគមន៍នោះ គោរពជីវិតរបស់ភ្រួណ ហើយមិនអាចនាំឱ្យអំប្រ៊ីយ៉ុងមានគ្រោះថ្នាក់ ប៉ុន្តែ មានគោលដៅព្យាបាល កែលំអសុខភាព ឬជួយឱ្យអំប្រ៊ីយ៉ុងរស់រានមានជីវិត” (CDF)។
“បើយើងផលិតអំប្រ៊ីយ៉ុង ក្នុងគោលដៅប្រើវាដូចជាថ្នាំព្យាបាល យើងខុសសីលធម៌” (CDF)។“ការធ្វើអន្តរាគមន៍ខ្លះ លើបេតិកភ័ណ្ឌក្រូមូសូម ឬខាងពន្ធុ ដោយគ្មានគោលដៅព្យាបាល ប៉ុន្តែ ដោយចង់ផលិតមនុស្សតាមភេទ ឬតាមគុណភាពដែលគ្រោងទុកជាមុន ការប្រើប្រាស់ទាំងអស់នោះ ផ្ទុយនឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងអត្តសញ្ញាណតែមួយ ដែលមិនអាចបង្កើតជាថ្មីបានរបស់គេ” (CDF)។

ការជួយមនុស្សឱ្យចែកឋានយ៉ាងស្រួល

២២៧៦. ត្រូវតែគោរពយ៉ាងពិសេសដល់អស់អ្នក ដែលមានកម្លាំងចុះទន់ខ្សោយ ។ ត្រូវតែជួយទ្រទ្រង់អ្នកជម្ងឺ ឬអ្នកពិការ ដើម្បីឱ្យគេមានរបៀបរស់នៅដូចធម្មតា តាមតែអាចធ្វើបាន។

២២៧៧. ទោះជាមានមូលហេតុ និងមធ្យោបាយយ៉ាងណាក៏ដោយ ក៏គេហៅការជួយមនុស្សឱ្យចែកឋានយ៉ាងស្រួលថា ជាការសម្លាប់អ្នកពិការ អ្នកជម្ងឺ ឬអ្នកជិតស្លាប់។ ការជួយមនុស្សឱ្យចែកឋានយ៉ាងស្រួលខុសនឹងសីលធម៌។ ឧ- នៅពេលដែលយើងបំពេញកិច្ចការ ឬយើងខានបំពេញកិច្ចការ ក្នុងគោលបំណងសម្លាប់គេ ដើម្បីបំបាត់ការឈឺចាប់ ជាឃាតកម្មដ៏ធ្ងន់ធ្ងរ ផ្ទុយនឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងការគោរពព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះបង្កើតគេ។ ទោះបីយើងបានវិនិច្ឆយមិនត្រឹមត្រូវ ហើយទោះបីយើងមានបំណងល្អយ៉ាងណាក៏ដោយ កិច្ចការនេះ នៅតែជាឃាតកម្ម ដែលត្រូវតែហាមមិនឱ្យប្រព្រឹត្តជារៀងរហូត។

២២៧៨. យើងអាចឈប់ប្រើប្រាស់ថ្នាំព្យាបាលថ្លៃពេក ដែលអាចនាំឱ្យមានគ្រោះថ្មាក់ដ៏ចម្លែកខុសធម្មតា ឬដែលមិនស្របនឹងលទ្ធផលដែលយើងរង់ចាំ គឺយើងមិនព្រមនឹងព្យាបាលរោគ ដែលមិនអាចជាសះស្បើយ។ ធ្វើដូច្នោះ យើងមិនចង់សម្លាប់គេទេ ប៉ុន្តែ យើងទទួលស្គាល់ថា មិនអាចឃាត់សេចក្ដីស្លាប់បានឡើយ។ បើគេមានសមត្ថកិច្ច និងសមត្ថភាព អ្នកជម្ងឺជាអ្នកត្រូវសម្រេច។ បើគេគ្មានសមត្ថកិច្ច និងសមត្ថភាពនោះទេ អាណាព្យាបាលត្រូវសម្រេច ដោយគោរពបំណង និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់អ្នកជម្ងឺជានិច្ច។

២២៧៩. ទោះបីសេចក្ដីស្លាប់ជិតមកដល់ហើយក៏ដោយ យើងមិនអាចឈប់ថែទាំអ្នកជម្ងឺដូចធម្មតាបាន។ យើងអាចប្រើថ្នាំបំបាត់ការឈឺចាប់ ដើម្បីសម្រាលទុក្ខអ្នកជម្ងឺ ទោះបីការប្រើថ្នាំនោះអាចសង្ខេបជីវិតគេក៏ដោយ។ ការប្រើប្រាស់ថ្នាំនោះ អាចស្របតាមឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស លុះត្រាតែយើងមិនចង់សម្លាប់គេ គឺសេចក្ដីស្លាប់មិនមែនជាទីដៅ ឬមធ្យោបាយទេ គ្រាន់តែយើងដឹងទុកជាមុនថា​មិនអាចគេចផុតពីសេចក្ដីស្លាប់នេះបានឡើយ។ ត្រូវតែលើកទឹកចិត្តការថែទាំអ្នកជម្ងឺ ដោយរៀបចំគេឱ្យស្លាប់តាមស្រួលពោរពេញដោយសេចក្ដីស្រលាញ់។

អត្តឃាតកម្ម

២២៨០. ម្នាក់ៗត្រូវទទួលខុសត្រូវលើជីវិតរបស់ខ្លួនឯងចំពោះព្រះជាម្ចាស់ជាអ្នកប្រទានឱ្យ។ គឺព្រះអង្គនេះហើយ ដែលជាម្ចាស់ដ៏ខ្ពង់ខ្ពស់នៃជីវិតនេះ។ យើងត្រូវតែទទួលជីវិតដោយចេះដឹងគុណ និងរក្សាជីវិតដើម្បីកិត្តិយសរបស់ព្រះអង្គ និងដើម្បីសង្រ្គោះព្រលឹងរបស់យើង។ យើងគ្រាន់តែជាអ្នកថែទាំជីវិតប៉ុណ្ណោះ មិនមែនជាម្ចាស់នៃជីវិត ដែលព្រះជាម្ចាស់បានប្រគល់ឱ្យយើងទេ។ ដូច្នេះ យើងមិនអាចប្រើជីវិតតាមអំពើចិត្តរបស់ខ្លួនឯងបានឡើយ។

២២៨១. អត្តឃាតកម្មប្រឆាំងនឹងទំនោរចិត្តរបស់មនុស្សដែលចង់រក្សា និងបន្តជីវិតរបស់ខ្លួន។ អ្នកសម្លាប់ខ្លួនឯងប្រឆាំងនឹងសេចក្ដីស្រលាញ់ចំពោះខ្លួនឯងធ្ងន់ធ្ងរណាស់។ គេប្រឆាំងនឹងសេចក្ដីស្រលាញ់ចំពោះអ្នកដទៃដែរ ពីព្រោះគេបំបែកចំណងសាមគ្គីភាពជាមួយនឹងក្រុមគ្រួសារ ជាតិ និងសង្គមមនុស្ស ដែលយើងនៅតែជំពាក់ចិត្ត។ អត្តឃាតកម្មប្រឆាំងនឹងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។

២២៨២. បើសម្លាប់ខ្លួនក្នុងគោលដៅធ្វើជាគំរូសម្រាប់អ្នកដទៃ ជាពិសេសយុវជន អត្តឃាតកម្មកាន់តែជាអំពើអាស្រូវយ៉ាងធ្ងន់ធ្ងរថែមទៀត។ បើយើងជួយម្នាក់ឱ្យសម្លាប់ខ្លួន យើងខុសនឹងវិន័យខាងសីលធម៌។

អ្នកសម្លាប់ខ្លួនអាចមានជម្ងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ អាចថប់បារម្ភ ឬខ្លាចមិនហ៊ានប្រឈមមុខនឹងទុក្ខលំបាក ឬទារុណកម្ម។ ពេលនោះ យើងមិនអាចផ្តន្ទាទោសអ្នកសម្លាប់ខ្លួនខ្លាំងពេកទេ។

២២៨៣. ទោះបីគេបានសម្លាប់ខ្លួនក៏ដោយ ក៏យើងត្រូវសង្ឃឹមថា គេអាចទទួលការសង្រ្គោះបានដែរ។ ព្រះជាម្ចាស់អាចនាំឱ្យគេសោកស្តាយអំពើរបស់គេ តាមរបៀបដែលមានតែព្រះអង្គទេ ដែលស្គាល់។ ព្រះសហគមន៍ទូលអង្វរព្រះជាម្ចាស់សម្រាប់អស់អ្នកដែលបានសម្លាប់ខ្លួន។

២. ការគោរពឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស

ការគោរពព្រលឹងរបស់អ្នកដទៃ៖ អំពើអាស្រូវ

២២៨៤. យើងប្រព្រឹត្តអំពើអាស្រូវ នៅពេលដែលយើងមានអាកប្បកិរិយា ឬឥរិយាបថ ដែលនាំអ្នកដទៃឱ្យប្រព្រឹត្តអំពើអាក្រក់។ អ្នកដែលប្រព្រឹត្តអំពើអាស្រូវជាមេល្បងអ្នកដទៃ។ គេប្រឆាំងនឹងគុណធម៌ និងភាពស្មោះត្រង់។ គេអាចនាំបងប្អូនគេឱ្យស្លាប់ខាងវិញ្ញាណ។ អ្នកប្រព្រឹត្តអំពើអាស្រូវ ប្រព្រឹត្តអំពើអាក្រក់ដ៏ធ្ងន់ធ្ងរ បើគេនាំអ្នកដទៃឱ្យប្រព្រឹត្តអំពើអាក្រក់ ដោយចេតនា ឬបើគេមិនបាននាំអ្នកដទៃឱ្យចៀសវាងប្រព្រឹត្តអំពើអាក្រក់។

២២៨៥. អំពើអាស្រូវជាអំពើបាបដ៏ធ្ងន់ធ្ងរ ដែលមកពីអំណាចរបស់អ្នកប្រព្រឹត្ត ឬភាពទន់ខ្សោយរបស់អ្នកទទួលរង។ ព្រះអម្ចាស់នៃយើងបានដាក់បណ្តាសាថា៖ “អ្នក​ណា​នាំ​អ្នក​តូច​តាច​ម្នាក់​ ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះ​ ឱ្យ​ប្រព្រឹត្ត​អំពើ​បាប​ ចំពោះ​អ្នក​នោះ​ ប្រសិន​បើ​គេ​យក​ត្បាល់ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់​ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រឱ្យ​​លង់​ទឹក​ ប្រសើរ​ជាង​ទុក​គាត់ឱ្យ​នៅ​រស់!” (មថ ១៨,៦) (១ករ ៨,១០-១៣)។ អំពើអាស្រូវធ្ងន់ធ្ងរ នៅពេលដែលអ្នកប្រព្រឹត្តជាអ្នក ដែលមានមុខងារប្រៀនប្រដៅ និងបង្រៀនអ្នកដទៃ។ ព្រះយេស៊ូស្តីបន្ទោសពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ី ដោយប្រៀបធៀបពួកគេនឹងចចក ដែលក្លែងខ្លួនជាចៀម (មថ ៧,១៥)។

២២៨៦. ច្បាប់ ឬស្ថាប័ននានា ការនិយម ឬគំនិតទូទៅក្នុងសង្គមអាចបង្កើតរឿងអាស្រូវ។
ឧ- អស់អ្នកដែលចាត់ចែងច្បាប់ ឬរចនាសម្ពន្ធក្នុងសង្គម ដែលនាំឱ្យមានទម្លាប់ ឬការប្រតិបត្តិសាសនាឱ្យទៅជាអាក្រក់ ឬអស់អ្នក “ដែលចាត់ចែងលក្ខខណ្ឌនៃការរស់នៅក្នុងសង្គម ដែលនាំឱ្យគ្រីស្តបរិស័ទមិនអាចប្រតិបត្តិតាមធម្មវិន័យ ដោយចេតនា ឬ ដោយអចេតនាក្ដី” (សម្ដេចប៉ាប ពីយូសទី១២) អ្នកទាំងអស់នោះប្រព្រឹត្តអំពើអាស្រូវ។ យ៉ាងណាមិញ ថៅកែដែលបង្កើតបទបញ្ជាជំរុញឱ្យមានការលួចបន្លំ គ្រូដែលធ្វើឱ្យសិស្ស “មួម៉ៅ” (អភ ៦,៤ ; កូឡ ៣,២១) ឬអស់អ្នកដែលប្រើប្រាស់គំនិតទូទៅក្នុងសង្គម ដើម្បីបំបែរគេពីឧត្តមគតិនៃសីលធម៌។

២២៨៧. អ្នកដែលប្រើអំណាចរបស់ខ្លួន ក្នុងលក្ខខណ្ឌ ដែលនាំឱ្យប្រព្រឹត្តអំពើអាក្រក់ ឬអំពើអាស្រូវ និងទទួលខុសត្រូវលើអំពើអាក្រក់ ដែលគេបានជំរុញឱ្យគេប្រព្រឹត្ត ដោយផ្ទាល់ ឬដោយប្រយោល​។ “មាន​មូល​ហេតុ​ជាច្រើន​ ដែល​តែងតែ​បណ្តាលឱ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប។​ ប៉ុន្តែ ​អ្នក​ណា​នាំគេឱ្យ​ប្រព្រឹត្ត​អំពើ​បាប​ អ្នក​នោះ​ត្រូវ​វេទនា​ហើយ” (លក ១៧,១)។

ការគោរពសុខភាព

២២៨៨. ជីវិត និងសុខភាពខាងផ្លូវកាយជាព្រះអំណោយទានដ៏ថ្លៃថ្នូរ ដែលព្រះជាម្ចាស់បានប្រគល់ឱ្យ។ យើងត្រូវតែថែរក្សាជីវិត និងសុខភាពយ៉ាងត្រឹមត្រូវ ដោយយកចិត្តទុកដាក់អំពីតម្រូវការរបស់អ្នកដទៃ និងប្រយោជន៍រួម។ សង្គមត្រូវតែជួយថែទាំសុខភាព របស់ប្រជាពលរដ្ឋ ដើម្បីទទួលលក្ខខណ្ឌនៃជីវិភាពរស់នៅ ដែលនាំឱ្យរីកចម្រើន៖ ចំណីអាហារ និងសម្លៀកបំពាក់ ទីលំនៅ ថ្នាំព្យាបាល ការរៀនសូត្រជាមូលដ្ឋាន ការងារ សង្គមកិច្ច។

២២៨៩. អ្នកប្រតិបត្តិតាមសីលធម៌ គោរពជីវិតខាងផ្លូវកាយ ប៉ុន្តែជីវិតខាងផ្លូវកាយនេះ មិនមែនលើសអ្វីៗទាំងអស់។ សីលធម៌ប្រឆាំងនឹងគំនិតរបស់សាសន៍ដទៃ ដែលថ្វាយបង្គំរូបកាយ ដោយបូជាអ្វីៗទាំងអស់ចំពោះរូបកាយ ដោយគោរពដូចជាព្រះក្លែងក្លាយរូបកាយល្អឥតខ្ចោះ និងជ័យជំនះខាងកីឡា។ ដោយសារគំនិតនេះញែកអ្នកខ្លាំងពូកែពីមនុស្សទន់ខ្សោយ គំនិតនេះអាចបង្ខូចទំនាក់ទំនងរវាងមនុស្ស។

២២៩០. គុណធម៌ចេះទប់ចិត្តខ្លួន​ឯងឱ្យចៀសវាងភាពជ្រុលជ្រួស ផឹកស្រា ជក់បារី និងប្រើថ្នាំព្យាបាល ជ្រុលពេក។ អស់អ្នកដែលបើកបរដោយស្រវឹងស្រា ឬដែលបើកបរលឿនពេក បណ្តាលឱ្យអ្នកដទៃ និងខ្លួនឯងមានគ្រោះថ្នាក់ នៅលើផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស ប្រព្រឹត្តអំពើបាប។

២២៩១. ការប្រើប្រាស់គ្រឿងញៀន បំផ្លាញសុខភាព និងជីវិតមនុស្ស។ ក្រៅពីដើម្បីព្យាបាល ការប្រើប្រាស់គ្រឿងញៀនជាអំពើបាប។ ការផលិតគ្រឿងញៀនដោយលួចលាក់ និងការលក់ដូរគ្រឿងញៀនជាអំពើអាស្រូវ ហើយជំរុញឱ្យប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរណាស់ខុសនឹងសីលធម៌។

ការគោរពមនុស្ស និងការស្រាវជ្រាវខាងវិទ្យាសាស្រ្ត

២២៩២. ការពិសោធន៍វិទ្យាសាស្រ្ត វេដសាស្រ្ត ឬខាងចិត្តសាស្រ្តលើមនុស្ស ឬក្រុមមនុស្សអាចជួយព្យាបាលអ្នកជម្ងឺ និងធ្វើឱ្យសុខភាពសាធារណៈរីកចម្រើន។

២២៩៣. ការស្រាវជ្រាវវិទ្យាសាស្រ្តមូលដ្ឋាន ដូចការស្រាវជ្រាវដើម្បីអនុវត្តន៍ បង្ហាញយ៉ាងច្បាស់ថា មនុស្សជាម្ចាស់នៃសត្វលោក។ វិទ្យាសាស្រ្ត និងបច្ចេកទេសជាធនធានដ៏មានតម្លៃ នៅពេលដែលយើងប្រើវិទ្យាសាស្រ្ត និងបច្ចេកទេសនោះ ដើម្បីបម្រើមនុស្ស និងធ្វើឱ្យគេចម្រើនគ្រប់លក្ខណៈ ដើម្បីជលប្រយោជន៍មនុស្សទាំងអស់។ ក៏ប៉ុន្តែ វិទ្យាសាស្រ្ត និងបច្ចេកទេសទាំងនោះ មិនអាចបង្ហាញអត្ថន័យនៃការរស់នៅនិងការរីកចម្រើនរបស់មនុស្សបានឡើយ។ វិទ្យាសាស្រ្ត និងបច្ចេកទេសស្ថិតនៅក្រោមមនុស្សដែលជាប្រភព និងការរីកចម្រើនរបស់វិទ្យាសាស្រ្ត និងបច្ចេកទេសនោះ។ ហេតុនេះហើយ បានជាមនុស្ស និងឧត្តមគតិខាងសីលធម៌បង្ហាញទីដៅនៃវិទ្យាសាស្រ្ត និងបច្ចេកទេសដោយដឹងថាវិទ្យាសាស្រ្ត និងបច្ចេកទេសនោះមានដែនកំណត់ព្រំដែនផងដែរ។

២២៩៤. យើងមិនអាចអះអាងថា ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការអនុវត្តន៍នៃការស្រាវជ្រាវនេះមិនប៉ះពាល់ដល់សីលធម៌។ ម្យ៉ាងទៀត ​យើងមិនអាចតម្រូវឱ្យការស្រាវជ្រាវនោះ ទៅតាមប្រសិទ្ធិភាពនៃបច្ចេកវិទ្យាដើម្បីបម្រើប្រយោជន៍អ្នកខ្លះច្រើនជាងអ្នកខ្លះផ្សេងទៀត ឬអាក្រក់ជាងនេះទៅទៀត ដើម្បីបម្រើមនោគមវិជ្ជា។ ដូច្នេះហើយ អត្ថន័យនៃវិទ្យាសាស្រ្ត និងបច្ចេក ទេស ត្រូវតែគោរព ដោយគ្មានលក្ខខណ្ឌដល់លក្ខណៈគ្រឹះនៃសីលធម៌ ត្រូវបម្រើមនុស្ស សិទ្ធិរបស់គេ និងអ្វីៗដែលល្អយ៉ាងពិតប្រាកដសម្រាប់គេ ស្របតាមគម្រោងការ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

២២៩៥. ទោះបីយើងស្រាវជ្រាវ និងធ្វើបទពិសោធន៍លើមនុស្សយ៉ាងណាក៏ដោយ ក៏យើងមិនអាចសម្រេចកិច្ចការ ដែលប្រឆាំងនឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងធម្មវិន័យនៃសីលធម៌បានដែរ។ ទោះជាមានការយល់ព្រមអំពីមនុស្សដែលត្រូវពិសោធក៏ដោយ ក៏យើងមិនអាចធ្វើកិច្ចការបែបនេះដែរ។ ពិសោធន៍លើមនុស្សខុសសីលធម៌ បើការពិសោធន៍នោះ នាំឱ្យមានការប្រថុយជីវិត ឬរូបកាយ និងចិត្តគំនិតរបស់មនុស្សខ្លាំងពេក ដែលមិនអាចចៀសវាងបាន។ លើសពីនេះទៅទៀត ពិសោធលើមនុស្សមិនស្របតាមឋានៈដ៏ថ្លៃថ្នូររបស់មនុស្សទេ បើសាមីខ្លួនគេ ឬអាណាព្យាបាលគេមិនយល់ព្រម។

២២៩៦. ការផ្ទេរសរីរាង្គ ខុសសីលធម៌ បើគ្មានការយល់ព្រមពីអ្នកផ្តល់ ឬអាណាព្យាបាលគេ។ ការផ្ទេរសរីរាង្គស្របតាមសីលធម៌ បើអ្នកផ្តល់ប្រថុយកាយ និងចិត្តស្របតាមអ្វីដែលល្អចំពោះអ្នកទទួល។ ក្នុងករណីនេះ គួសរសើរអ្នកផ្តល់ដែរ។ យើងមិនអាចកាត់អវយវៈ ឬសម្លាប់មនុស្សម្នាក់ ទោះបីយើងប្រព្រឹត្តបែបនេះ ដើម្បីពន្យាសេចក្ដីស្លាប់របស់មនុស្សផ្សេងទៀតក៏ដោយ។

ការគោរពមនុស្សខាងផ្លូវកាយ

២២៩៧. ការចាប់ពង្រត់ និងការចាប់យកជាចំណាប់ខ្មាំង បណ្តាលឱ្យមានការភ័យរន្ធត់តក់ស្លុត ហើយគាបសង្កត់ជនរងគ្រោះយ៉ាងខ្លាំង ដោយគម្រាមកំហែង។ អំពើទាំងអស់នោះ ខុសសីលធម៌។ ភេរវកម្ម ដែលគម្រាមកំហែង ធ្វើឱ្យរបួស និងសម្លាប់ ដោយងងឹតងងល់ផ្ទុយនឹងច្បាប់ និងសេចក្ដីស្រលាញ់ខ្លាំងណាស់។ ការធ្វើទារុណកម្ម ដែលប្រើអំពើហិង្សាខាងផ្លូវកាយ ឬខាងផ្លូវចិត្ត ដើម្បីឱ្យគេសារភាព ដើម្បីផ្តន្ទាអ្នកទោស បំភ័យអ្នកប្រឆាំង និងដើម្បីបំពេញចិត្តស្អប់ ផ្ទុយនឹងការគោរពសិទ្ធិ និងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស។ ក្រៅពីដើម្បីព្យាបាល និងថែទាំ ការកាត់អវយវៈ ឬការធ្វើឱ្យលែងមានកូន ដោយចេតនា របស់មនុស្សដែលគ្មានទោសជាអំពើផ្ទុយនឹងធម្មវិន័យនៃសីលធម៌ (DS ៣៧២២)។

២២៩៨. ក្នុងអតីតកាល រដ្ឋាភិបាលត្រឹមត្រូវបានប្រព្រឹត្តរបៀបយ៉ាងសាហាវ ដើម្បីរក្សាវិន័យ និងរបៀបរៀបរយ។ ជារឿយៗ ពួកគង្វាលព្រះសហគមន៍មិនបានតវា ហើយបានយកបទបញ្ជានៃច្បាប់នៅទីក្រុងរ៉ូមអំពីការធ្វើទារុណកម្មមក អនុវត្តក្នុងតុលាការរបស់គេផ្ទាល់។ ទន្ទឹងនឹងទង្វើដ៏គួសោកស្តាយទាំងអស់នោះ ព្រះសហគមន៍តែងតែប្រៀនប្រដៅថា ត្រូវតែអធ្យាស្រ័យ និងមានធម៌មេត្តាករុណា។ ព្រះសហគមន៍បានហាមប្រាមពួកមេដឹកនាំសាសនាមិនឱ្យបង្ហូរឈាម។ សព្វថ្ងៃ យើងយល់ច្បាស់ថា​ ការប្រព្រឹត្តអំពើសាហាវទាំងអស់នោះ ជាការមិនចាំបាច់ ដើម្បីរក្សារបៀបរៀបរយសាធារណៈ ហើយមិនស្របតាមសិទ្ធិដ៏ត្រឹមត្រូវរបស់មនុស្សទេ។ ផ្ទុយទៅវិញ ការដូច្នោះ អាចបង្ខូចអ្វីៗទាំងអស់។ ត្រូវតែធ្វើការ លុបបំបាត់ទង្វើទាំងអស់នោះចោលចេញ។ ត្រូវតែទូលអង្វរព្រះជាម្ចាស់សម្រាប់ជនរងគ្រោះ និងសម្រាប់ពេជ្ឈឃាតរបស់គេផងដែរ។

ការគោរពអ្នកស្លាប់

២២៩៩. ត្រូវយកចិត្តទុកដាក់ និងថែទាំអ្នកជិតស្លាប់ ដើម្បីជួយគេឱ្យរស់វេលាចុងក្រោយយ៉ាងថ្លៃថ្នូរ និងយ៉ាងស្ងប់។ អ្នកជិតស្និតគួរជួយនឹងអធិដ្ឋានឱ្យ ហើយនឹងយកចិត្តទុកដាក់ ក្នុងពេលវេលាដ៍សមគួរ ឱ្យអ្នកជម្ងឺទទួលអគ្គសញ្ញា ដើម្បីរៀបចំឱ្យគេជួបព្រះដែលមានព្រះជន្មគង់នៅ។

២៣០០. ត្រូវគោរពសាកសពរបស់អ្នកស្លាប់ ដោយចិត្តស្រលាញ់ ដោយជឿ និងសង្ឃឹមថា គេនឹងទទួលជីវិតថ្មី។ ការបញ្ចុះសពជាកិច្ចការ ដែលសម្ដែងធម៌មេត្តាករុណាចំពោះរូបកាយ (តប ១,១៦-១៨) ហើយលើកកិត្តិយសនៃបុត្រធីតារបស់ព្រះជាម្ចាស់ ដែលជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

២៣០១. យើងអាចវះពិនិត្យសព ដើម្បីធ្វើការសើបអង្កេតតាមច្បាប់ ឬដើម្បីការស្រាវជ្រាវខាងវិទ្យាសាស្រ្ត។ យើងអាចផ្តល់សរីរាង្គក្រោយពីបានចែកឋាន ជាអំពើដែលគួរឱ្យកោតសរសើរ។ព្រះសហគមន៍អនុញ្ញាតឱ្យបូជាសពបើការបូជានេះមិននាំឱ្យសង្ស័យថារូបកាយនឹងរស់ឡើងវិញ (CIC ១១៧៦,៣)។

៣. ការរក្សាសន្តិភាព

សន្តិភាព

២៣០២. ដោយរម្លឹកបទបញ្ជាថា៖ “កុំសម្លាប់មនុស្ស” (មថ ៥,២១) ព្រះអម្ចាស់នៃយើងសុំឱ្យមានសន្តិភាពនៅក្នុងចិត្ត ហើយប្រឆាំងនឹងកំហឹង ដែលនាំឱ្យមានការកាប់សម្លាប់ និងសម្អប់។ ​កំហឹង និងសម្អប់ជាទង្វើខុសសីលធម៌៖ កំហឹង ជាបំណងចង់សងសឹក។ “បើយើងមានបំណងចង់សងសឹក ដោយសារអំពើអាក្រក់របស់អ្នកដែលត្រូវផ្តន្ទាទោសយើងខុសច្បាប់” ប៉ុន្តែ យើងអាចបង្ខំគេឱ្យទូទាត់អំពើរបស់គេ “ដើម្បីឱ្យគេកែប្រែចិត្តគំនិត និងដើម្បីគោរពយុត្តិធម៌” (សន្ត ថូម៉ាស នៃអាកាំង)។ បើយើងខឹងរហូតដល់ចង់សម្លាប់អ្នកដទៃ ឬធ្វើឱ្យគេរបួសធ្ងន់ យើងប្រឆាំងនឹងសេចក្ដីស្រលាញ់ដ៏ធ្ងន់ធ្ងរ គឺយើងប្រព្រឹត្តអំពើបាបដែលនាំឱ្យស្លាប់។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទាទោស​” (មថ ៥,២២)។

២៣០៣. ការស្អប់ ដោយចេតនា ប្រឆាំងនឹងសេចក្ដីស្រលាញ់។ ពេលមនុស្សស្អប់អ្នកដទៃ រហូតដល់ចង់ធ្វើបាបគេ គេប្រព្រឹត្តអំពើបាប។ យើងប្រព្រឹត្តអំពើបាបធ្ងន់ នៅពេលដែលយើងស្អប់អ្នកដទៃ ដោយមានបំណងចង់ធ្វើបាបយ៉ាងធ្ងន់ធ្ងរ។ “រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា ​ព្រម​ទាំង​ទូល​អង្វរ​ព្រះ​ជា​ម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​ឱ្យ​អស់​អ្នក ដែល​បៀតបៀន​អ្នក​រាល់គ្នា​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​ធីតា​របស់​ព្រះបិតា​ដែល​គង់​នៅ​ស្ថាន​បរម​សុខ” (មថ ៥,៤៤-៤៥)។

២៣០៤. ត្រូវតែមានសន្តិភាព ដើម្បីគោរពជីវិតមនុស្ស និងដើម្បីឱ្យជីវិតនេះរីកចម្រើន។ សន្តិភាពមិនគ្រាន់តែមានន័យថា គ្មានសង្រ្គាមទេក៏មិនគ្រាន់តែឱ្យកម្លាំងអាវុធរបស់គូបដិបក្ខស្មើគ្នាទេ។​ សន្តិភាពអាចកើតឡើងនៅ​​​លើ​​​ផែន​​​​​​ដី​បាន លុះត្រាតែរដ្ឋអំណាចរក្សាទុកសេចក្តីសុខសាន្តរបស់មនុស្ស។ មនុស្ស​​​ក៏ត្រូវតែអាចមានទំនាក់ទំនងរវាងគ្នានិងគ្នា ដោយសេរីដែរ។  ត្រូវតែ​​​គោរព​​ឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងប្រជាជាតិនានា។ មនុស្សម្នាក់ៗត្រូវ​​​ព្យាយាមរាប់​​​រកអ្នកដទៃទុកជាបងប្អូន​​​ទៀត​​​ផង។ សន្តិភាពជា “សេចក្ដីសុខសាន្តដោយមានរបៀបរៀបរយ” (សន្ត អូគូស្តាំង)។ សន្តិភាពជាកិច្ចការនៃភាពយុត្តិធម៌ (អស ៣២,១៧) និងផលនៃសេចក្ដីស្រលាញ់ (GS ៧៨,១-២)។

២៣០៥. សន្តិភាពនៅលើផែនដីជារូបតំណាង និងផលនៃសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ត ជា “ព្រះអម្ចាស់នៃសេចក្ដីសុខសាន្ត” (អស ៩,៥)។ ដោយសារព្រះអង្គបានសោយទិវង្គតនៅលើព្រះឈើឆ្កាងព្រះអង្គបាន “កំចាត់សម្អប់ចោល” (អភ ២,១៦) (កូឡ ១,២០-២២) ព្រះអង្គបានសម្រុះសម្រួលមនុស្សជាមួយព្រះជាម្ចាស់ ហើយបានប្រោសព្រះសហគមន៍ព្រះអង្គឱ្យទៅជាអគ្គសញ្ញានៃឯកភាពរបស់មនុស្សលោក ដែលរួមជាមួយព្រះជាម្ចាស់ផង។ “គឺព្រះគ្រីស្តនេះហើយ ដែលជាសន្តិភាពរបស់យើង” (អភ ២,‌១៤)។ ព្រះអង្គមានព្រះបន្ទូលថា “អ្នកណាកសាង សន្តិភាព អ្នកនោះមានសុភមង្គលហើយ” (មថ ៥,៩)។

២៣០៦. អស់អ្នកដែលបោះបង់ចោលអំពើហិង្សាដែលបង្ហូរឈាម ហើយដែលរក្សាការពារសិទ្ធិមនុស្សដោយប្រើមធ្យោបាយការពារអ្នកទន់ខ្សោយទៅតាមលទ្ធភាពអាចធ្វើបាន ផ្តល់សក្ខីភាពដល់សេចក្ដីស្រលាញ់នៃដំណឹងល្អ លុះត្រាតែគេមិនបង្ខូចសិទ្ធិ និងភារកិច្ចរបស់អ្នកដទៃ និងរបស់​​​​​​សហគមន៍ផង​ដែរ។ គេបញ្ជាក់យ៉ាងត្រឹមត្រូវថា ការប្រើអំពើហិង្សាធ្វើឱ្យជីវិតមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្តប្រថុយនឹងគ្រោះថ្នាក់ ព្រមទាំងកម្ទេចអ្វីៗទាំងអស់ និងសម្លាប់មនុស្សជាច្រើន (GS ៧៨,៥)។

ត្រូវចៀសវាងសង្រ្គាម

២៣០៧. វិន័យទីប្រាំហាមប្រាមមិនឱ្យបំផ្លាញជីវិតមនុស្សដោយចេតនា។ សង្រ្គាមនាំឱ្យមានអំពើអាក្រក់ និងអំពើអយុត្តិធម៌ជាច្រើន ព្រះសហគមន៍ជំរុញគ្រីស្តបរិស័ទម្នាក់ៗឱ្យអធិដ្ឋាន និងបំពេញកិច្ចការ ដើម្បីឱ្យសប្បុរសធម៌របស់ព្រះជាម្ចាស់រំដោះយើងឱ្យរួចពីទាសភាពនៃសង្រ្គាម ដែលមានតាំងពីយូរអង្វែងមកហើយ (GS ៨១,៤)។

២៣០៨. ប្រជាពលរដ្ឋ និងអ្នកគ្រប់គ្រងម្នាក់ៗត្រូវតែធ្វើយ៉ាងណាដើម្បីចៀសវាងឱ្យផុតពីសង្រ្គាម។ ក៏ប៉ុន្តែ “ដរាបណាគ្មានអំណាចអន្តរជាតិដែលមាន​​​សមត្ថកិច្ច​​​​ និងមានកងទ័ពគ្រប់គ្រាន់ទេ សង្រ្គាមអាចនឹងផ្ទុះឡើង។ ប៉ុន្តែរដ្ឋាភិបាលនានាមានសិទ្ធិ​ដ៏ត្រឹមត្រូវ​នឹងការពារ​​​ប្រទេស​​​របស់ខ្លួនបាន លុះត្រាតែគេបានប្រើគ្រប់លទ្ធភាពដោះស្រាយបញ្ហាដោយសន្តិវិធីជាមុនសិន” (GS ៧៩,៤)។

២៣០៩. ត្រូវតែរិះគិតដោយយកចិត្តទុកដាក់អំពីលក្ខខណ្ឌដ៏ត្រឹមត្រូវ ដើម្បីការពារខ្លួនដោយប្រើកម្លាំងយោធា ។ ការសម្រេចចិត្តបែបនេះសំខាន់ណាស់ ត្រូវតែបញ្ចូលក្នុងលក្ខខណ្ឌដ៏តឹងរ៉ឹង។ ត្រូវតែមានលក្ខខណ្ឌបួនយ៉ាង៖
- អ្នកឈ្លានពានចំពោះប្រទេសជាតិ ឬសហគមន៍ប្រជាជាតិ មានរយៈពេលយូរ ធ្វើឱ្យមានការខូចខាតយ៉ាងជាក់ស្ដែង
- មិនអាចប្រើមធ្យោបាយណាទៀត ដើម្បីបញ្ចប់ការខូចខាតនេះ ឬមធ្យោបាយទាំងអស់នោះ គ្មានប្រសិទ្ធិភាព
- ត្រូវតែមានលក្ខខណ្ឌយ៉ាងច្បាស់ថា អាចទទួលជោគជ័យ
- ការប្រើអាវុធមិនត្រូវនាំឱ្យមានផលវិបាក និងភាពច្របូកច្របល់អាក្រក់ជាងអំពើអាក្រក់ ដែលយើងចង់បំបាត់ចោលឡើយ។ ត្រូវគិតគូរឱ្យមែនទែនដល់ការវិនាសអន្តរាយ ដែលបណ្តាលមកពីវិធីសាស្រ្តទំនើបៗ។ ចំណុចទាំងអស់នោះ ស្របតាមលទ្ធិបុរាណអំពី “សង្រ្គាមដ៏ត្រឹមត្រូវ”។ អស់អ្នកដែលទទួលបន្ទុកយកចិត្តទុកដាក់នឹងប្រយោជន៍រួម ត្រូវតែវិនិច្ឆយលក្ខខណ្ឌទាំងអស់នោះ ដោយប្រុងប្រយ័ត្ន។

២៣១០. ក្នុងករណីនេះ រដ្ឋអំណាចមានសិទ្ធិ និងភារកិច្ចបង្ខិតបង្ខំឱ្យប្រជាពលរដ្ឋការពារប្រទេសជាតិ ។ អស់លោកអ្នកដែលប្តេជ្ញាចិត្តបម្រើមាតុភូមិក្នុងឋានៈជាទាហាន សូមចាត់ខ្លួនជាអ្នកបម្រើសន្តិសុខ និង​​​​បម្រើ​​​សេរីភាព​​​របស់ប្រជាជាតិនានាដែរ។ ប្រសិនបើគេបំពេញកិច្ចការនេះយ៉ាងត្រឹមត្រូវ គេពិតជាបម្រើប្រយោជន៍ជាតិ និងជួយថែរក្សា​​​សន្តិភាពមែន (GS ៧៩,៥)។

២៣១១. រដ្ឋអំណាចនឹងយកចិត្តទុកដាក់យ៉ាងត្រឹមត្រូវចំពោះអស់អ្នក ដែលបដិសេធមិនព្រមកាន់អាវុធ ដោយសារមនសិការរបស់ខ្លួន។ ប៉ុន្តែ អ្នកទាំងអស់នោះក៏នៅតែត្រូវបម្រើសហគមន៍មនុស្សតាមរបៀបផ្សេងទៀត (GS ៧៩,៣)។

២៣១២. ព្រះសហគមន៍ និងប្រាជ្ញាមនុស្សប្រកាសថា ត្រូវតែអនុវត្ត ធម្មវិន័យនៃសីលធម៌ជានិច្ច ទោះបីមានសង្រ្គាមយ៉ាងក៏ដោយ​ ។ “ប្រសិនបើសង្គ្រាមគួរឱ្យផ្ទុះឡើង កុំនឹកស្មានថា ពេល​នោះ​គូបដិបក្ខអាចប្រព្រឹត្តអ្វីៗ​​​តាមអំពើចិត្តបាន” (GS ៧៩,៤)។

២៣១៣. ត្រូវតែគោរព និងយកចិត្តទុកដាក់ដោយចិត្តមនុស្សធម៌ចំពោះអស់អ្នកដែលមិនកាន់អាវុធទាហានដែលត្រូវរបួស និងឈ្លើយសង្រ្គាមផងដែរ។ អ្នកធ្វើការប្រឆាំងនឹងសិទ្ធិមនុស្ស ប្រឆាំងនិងគោលការណ៍សកលអំពីសិទ្ធិនោះ ជាឧក្រិដ្ឋជន ដូចអ្នកបញ្ជាឱ្យធ្វើការទាំងនោះផងដែរ ។ អ្នកស្តាប់បង្គាប់ដោយ​​​មិនរិះគិត មិនអាចលើកលែងទោសទាល់តែសោះ។ ហេតុនេះ ការប្រល័យពូជសាសន៍​​​មួយទាំងមូល ប្រល័យ​​ជាតិមួយ ឬប្រល័យជនជាតិភាគតិច ជាអំពើបាបដែលនាំឱ្យស្លាប់។ តាមសីលធម៌ យើងត្រូវតែប្រឆាំងនឹងអស់អ្នក ដែលបញ្ជាឱ្យប្រល័យពូជសាសន៍។

២៣១៤. “ប្រតិបត្តិការសឹក ដែលមានគោលដៅទៅបំផ្លាញក្រុងទាំងមូល និងតំបន់ដ៏ធំមួយ និងប្រជាជនតំបន់នោះ ពិតជាអំពើឧក្រិដ្ឋធំទាស់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រឆាំងនឹងមនុស្សជាតិ ដែលត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ” (GS ៨០,៤)។  សង្គ្រាមទំនើបអាចបណ្តាលឱ្យមានគ្រោះកាចពិសេស ព្រោះសង្គ្រាមបែបនោះហុចឱកាសឱ្យអ្នកដែលមានអាវុធ​​​វិទ្យាសាស្រ្ត​​​​​​​​​ទំនើបជាងគេ ជាពិសេសអាវុធបរមាណូ អាវុធជីវវិទ្យា ឬអាវុធគីមី ប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនោះបាន។

២៣១៥. មនុស្សជាច្រើនយល់ឃើញថាការប្រមូលទុកអាវុធកាន់តែច្រើនឡើងៗ​ ជារបៀបឃាត់កុំឱ្យមានសង្រ្គាម។ គេគិតថាជា​​​មធ្យោបាយយ៉ាងស័ក្តិសិទ្ធិ​​​ ធានា​​​សន្តិភាពម៉្យាងរវាងប្រជាជាតិនានា។ ​​​វិធីឃាត់សង្គ្រាមបែបនេះមិនសូវស្របតាមសីលធម៌ឡើយ។ ការប្រណាំងប្រជែងខាងសព្វាវុធ មិនធានាសន្តិភាពពិតប្រាកដឡើយ។ ការ​​​ប្រណាំង​​​​​​ប្រជែង​​​នេះ​​​ មិនអាចលុបបំបាត់មូលហេតុបណ្តាលឱ្យកើតសង្គ្រាមទេ ផ្ទុយទៅវិញការប្រណាំងប្រជែងនេះ អាច​​​បណ្តាលឱ្យមូល​​​ហេតុទាំងនោះកាន់តែដុនដាបទៅៗ។ ប្រទេសខ្លះចាយវាយ​ធនធាន​របស់ខ្លួនយ៉ាងសម្បើមអស្ចារ្យមក​​​បង្កើត​​​អាវុធថ្មីៗ ប៉ុន្តែគេមិនអាចជួយមនុស្សដែលរងទុក្ខ​ក្នុងពិភព​លោកទាំងមូលបានគ្រប់គ្រាន់ទេ (PP ៥៣)។ ការប្រណាំងប្រជែងនេះ រារាំងមិនឱ្យប្រជាជននានាអភិវឌ្ឍបានឡើយ។ ការកាន់អាវុធលើសពីតម្រូវការ បង្កើនទំនាស់ និងអាចបណ្តាល​ឱ្យមានការ​​​​រាលដាលដល់តំបន់ផ្សេងៗទៀតក្នុងពិភពលោក។

២៣១៦. ការផលិត និងជំនួញសាស្រ្តវុធ ប៉ះពាល់ដល់ប្រយោជន៍រួមនៃប្រជាជាតិនានា និងរបស់សហគមន៍អន្តរជាតិ។ ដូច្នេះរដ្ឋអំណាចមានសិទ្ធិ និងភារកិច្ចត្រួតត្រាការផលិត និងជំនួញសាស្រ្តវុធនោះ។ ការស្វែងរកប្រយោជន៍ឯកជន ឬប្រយោជន៍រួម ដោយគិតខ្លី មិនអាចដោះសាកិច្ចការ ដែលបង្កើតអំពើហិង្សា នាំឱ្យប្រជាជាតិទាស់ទែងគ្នា និងបណ្តាលឱ្យច្បាប់អន្តរជាតិវិនាស។

២៣១៧. អំពើអយុត្តិធម៌ ស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពសង្គមមិនស្មើគ្នា​​​ហួសហេតុ ចិត្ត​​​ច្រណែនឈ្នានីស ការមិនទុកចិត្តគ្នា ចិត្តក្រអឺតក្រអោងរវាងមនុស្ស និងប្រជាជាតិ គម្រាមកំហែងសន្តិភាពឥតឈប់ឈរ និងបង្កើតសង្រ្គាម។ អ្វីៗទាំងអស់ដែលយើងធ្វើដើម្បីយកជ័យជំនះលើភាពច្របូកច្របល់ទាំងអស់នោះ ជាការចូលរួមជួយកសាងសន្តិភាព​ និងចៀសវាងមិនឱ្យកើតសង្រ្គាម៖ ដោយយើងដឹងថា មនុស្សជាអ្នកបាប គ្រោះថ្នាក់នៃសង្រ្គាមគម្រាមគំហែងយើងជានិច្ច​​​រហូតដល់​​​ពេលព្រះ​​​គ្រីស្ត​​​យាងមកវិញ។ ក៏ប៉ុន្តែ បើមនុស្សរួបរួមគ្នាដោយសេចក្តី​​​ស្រឡាញ់​​​ ហើយយក​​​ឈ្នះលើ​​​អំពើបាប មនុស្សក៏អាចឈ្នះអំពើ​​​ហិង្សាបានដែរ រហូតដល់ព្រះបន្ទូលព្រះជាម្ចាស់ “ពួកគេនឹងយកដាវរបស់ខ្លួនមក​​​រំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែង​​​មករំលាយធ្វើជាកណ្តៀវ។​​​ ប្រជា​ជាតិមួយឈប់ច្បាំងនឹងប្រជាជាតិ​​​មួយទៀត ហើយគេក៏លែងហាត់រៀន​​​ធ្វើ​​​សង្រ្គាមទៀតដែរ”​​​ (អស ៤,២) (GS ៧៨,៦) កើតជារូបរាង។

សង្ខេប

២៣១៨. “ព្រះជាម្ចាស់ក្តាប់ព្រលឹងសត្វលោកទាំងអស់នៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គដែរ” (យប ១២,១០)។

២៣១៩ . តាំងពីក្នុងផ្ទៃម្តាយរហូតដល់ពេលស្លាប់ ជីវិតមនុស្សថ្លៃថ្នូរណាស់ ដ្បិតព្រះជាម្ចាស់សព្វព្រះ​ហឫទ័យបង្កើតមនុស្ស ដើម្បីខ្លួនគេ ព្រះអង្គបានបង្កើតមនុស្សជារូបតំណាង និងមានលក្ខណៈរបស់ព្រះដ៏មាន ព្រះជន្មគង់នៅ ជាព្រះដ៏វិសុទ្ធ។

២៣២០. ការសម្លាប់មនុស្សម្នាក់ជាការប្រឆាំងយ៉ាងធ្ងន់ធ្ងរនឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងភាពដ៏វិសុទ្ធ របស់ព្រះជាម្ចាស់ជាអ្នកបង្កើត។

២៣២១. ទោះបីជាយើងមិនអាចសម្លាប់មនុស្សយ៉ាងណាក៏ដោយ ក៏យើងអាចឃាត់អ្នកធ្វើបាបមិនឱ្យធ្វើបាបទៀតដែរ។ ការការពារខ្លួនឯងជាភារកិច្ចសំខាន់សម្រាប់អ្នកដែលទទួលខុសត្រូវលើជីវិតអ្នកដទៃ ឬលើ​ផលប្រយោជន៍រួម។

២៣២២. តាំងពីក្នុងផ្ទៃម្តាយមកម្ល៉េះ កូនក្មេងមានសិទ្ធិក្នុងការរស់នៅ។ ការរំលូតកូនដោយផ្ទាល់ ដើម្ប បញ្ឈប់ ឬដើម្បីជាមធ្យាបាយ គឺជាអំពើ គួរឱ្យស្អប់ខ្ពើម” (GS ២៧,៣) ប្រឆាំងនឹងវិន័យសីលធម៌យ៉ាងធ្ងន់    ធ្ងរ។ ព្រះសហគមន៍ដាក់ទោសគ្រីស្តបរិស័ទណា ដែលប្រព្រឹត្តបទល្មើសនេះ ឱ្យដេញចេញពីព្រះសហគមន៍។

២៣២៣ . ត្រូវចាត់ទុកថា អំប្រ៊ីយ៉ុងជាមនុស្សម្នាក់តាំងពីការកកើតមកម្ល៉េះ ហេតុនេះ ត្រូវការពារ ថែទាំ និងព្យាបាលអំប្រ៊ីយ៉ុងដូចមនុស្សឯទៀតតាមអ្វីដែលអាចធ្វើបាន។

២៣២៤. ទោះជាមានមូលហេតុ និងមធ្យោបាយយ៉ាងណាក៏ដោយ ក៏ការជួយ​មនុស្ស​ឱ្យ​ចែក​ឋាន​យ៉ាង​ស្រួលជាការសម្លាប់មនុស្សដែរ។ ការជួយមនុស្សឱ្យចែកឋានយ៉ាងស្រួលប្រឆាំងយ៉ាងធ្ងន់ធ្ងរនឹងឋានៈដ៏ថ្លៃថ្នូរ របស់​មនុស្ស និងមិនគោរពព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលជាព្រះបង្កើតរបស់មនុស្ស។

២៣២៥. អត្តឃាតកម្មប្រឆាំងយ៉ាងធ្ងន់ធ្ងរនឹងយុត្តិធម៌ សេចក្ដីសង្ខឹម និងសេចក្ដីស្រលាញ់។ វិន័យទីប្រាំ ហាមមិនឱ្យសម្លាប់ខ្លួន។

២៣២៦. អំពើអាស្រូវជាកំហុសធ្ងន់ធ្ងរ នៅពេលដែលយើងមានបំណងនាំអ្នកដទៃឱ្យប្រព្រឹត្តបាប ដោយសារកិច្ចការដែលត្រូវធ្វើ ឬដោយសារការខកខានមិនបានធ្វើ។

២៣២៧. ដោយសារសង្រ្គាមនីមួយៗនាំឱ្យមានការវិនាស និងអយុត្តិធម៌ យើងត្រូវតែព្យាយាម​ដោះស្រាយយ៉ាងណា តាមរបៀបត្រឹមត្រូវ កុំឱ្យមានសង្រ្គាម។ ព្រះសហគមន៍អង្វរថា៖ សូមព្រះអម្ចាស់រំដោះយើងខ្ញុំឱ្យចាកផុត​ពី​ទុរិ្ភក្ស អន្តរាយគ្រប់បែបយ៉ាង និងសង្រ្គាម

២៣២៨. ព្រះសហគមន៍ និងប្រាជ្ញាមនុស្សប្រកាសថា សីលធម៌នៅតែមានតម្លៃជានិច្ចក្នុងពេល​សង្រ្គាម។ ការប្រព្រឹត្តប្រឆាំងនឹងសិទ្ធិមនុស្ស ប្រឆាំងនិងគោលការណ៍សកលអំពីសិទ្ធិនោះ ជាឧក្រិដ្ឋកម្ម។

២៣២៩ . ការប្រណាំងប្រជែងឱ្យ​​​បានអាវុធ​​​កាន់តែពូកែ និងកាន់តែ​​​​ច្រើន​​​ឡើង ​​​ពិតជា​​​មុខរបួស​យ៉ាង​ធ្ងន់​ធ្ងរបំផុតរបស់មនុស្សជាតិ និងបណ្តាលឱ្យមានអយុត្តិធម៌ដល់អ្នក​ក្រីក្រ​ តាម​​​របៀបដែលទ្រាំ​​​មិន​​​បាន។

២៣៣០. “អ្នក​ណា​កសាង​សន្តិភាព‌‌ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​​​​​​​​​​​ពួកគេ​​នឹង​​​មាន​ឈ្មោះ​ជា​បុត្រ​របស់​​ព្រះ​ជា​ម្ចាស់!(មថ ៥,៩)។

ប្រការទី៦៖​វិន័យទីប្រាំមួយ

កុំប្រព្រឹត្តអំពើផិតក្បត់ (សរ ២០,១៤ ; ទក ៥,១៨)។

អ្នក​រាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់”។ ​រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា‌ ​“អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ​ហើយ​មាន​ចិត្ត​ស្រើប​ស្រាល​ចង់​រួម​បវេណី​ជាមួយ​នាង‌ អ្នក​នោះ​ដូចជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជាមួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ” (មថ ៥,២៧-២៨)។

១. ព្រះជាម្ចាស់បង្កើតមនុស្សជាបុរស ជាស្រ្តី...

២៣៣១. “ព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់។ ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធរួបរួមជាមួយគ្នាដោយស្រលាញ់គ្នាទៅវិញទៅមក យ៉ាងអាថ៌កំបាំង នៅក្នុងអង្គព្រះអង្គផ្ទាល់។ ដោយបង្កើតមនុស្សប្រុស និងមនុស្សស្រីជាតំណាងរបស់ព្រះអង្គ ព្រះជាម្ចាស់ត្រាស់ហៅ មនុស្សលោក (ទើបព្រះអង្គប្រោសប្រទានគេឱ្យមានសមត្ថភាព និងចេះទទួលខុសត្រូវ) ឱ្យស្រលាញ់ និងឱ្យរួបរួមជាមួយគ្នា។” (FC ១១)។

“ព្រះជាម្ចាស់បានបង្កើតមនុស្ស​ជាតំណាងរបស់ព្រះអង្គ (...) ព្រះអង្គបានបង្កើតគេ​ជាបុរសជាស្ត្រី” (កណ ១,២៧)។ “ចូរបង្កើតកូនចៅ​ឱ្យ​បាន​កើន​ច្រើន​ឡើង​” (កណ ១,២៨)។ “នៅថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្ស​ ព្រះអង្គ​បានបង្កើតគេឱ្យមានលក្ខណៈ    ដូចព្រះជា​ម្ចាស់​។‌  ព្រះអង្គបង្កើតគេជាបុរស  ជាស្ត្រី​ និង​ប្រទានពរ​ឱ្យគេ ​ហើយនៅថ្ងៃដែលព្រះអង្គបង្កើតគេ​មកនោះ ​ទ្រង់ហៅគេថា  ​ “មនុស្ស”” (កណ ៥,១-២)។

២៣៣២. ជីវិតខាងផ្លូវភេទ ប៉ះពាល់នឹងផ្នែកទាំងអស់របស់មនុស្ស ក្នុងឯកភាពនៃរូបកាយ និងព្រលឹងរបស់គេ។ ជាពិសេស ជីវិតខាងផ្លូវភេទទាក់ទងនឹងជីវិតខាងផ្លូវចិត្ត សមត្ថភាពអាចស្រលាញ់ និងបង្កើតកូន ហើយជាទូទៅ គុណសម្បត្តិអាចរួបរួមជាមួយអ្នកដទៃ។

២៣៣៣. មនុស្សម្នាក់ៗទាំងបុរស ទាំងស្រ្តី ត្រូវតែទទួលស្គាល់ និងសុខចិត្តអត្តសញ្ញាណ ខាងផ្លូវភេទរបស់ខ្លួន។ បុរស​ និងស្រ្តីខុសប្លែកពីគ្នា និងបំពេញគ្នាទៅវិញទៅមក ខាងផ្លូវកាយ ខាងផ្លូវចិត្ត និងខាងផ្លូវវិញ្ញាណ ដើម្បីផលប្រយោជន៍នៃការរស់នៅជាគូស្វាមីភរិយា និងឱ្យការរស់នៅក្នុងក្រុមគ្រួសាររីកចម្រើន។ សេចក្ដីសុខសាន្តរបស់គូស្វាមីភរិយា និងរបស់សង្គមអាស្រ័យទៅលើរបៀប ដែលបុរស និងស្រ្តីបំពេញគ្នា ត្រូវការគ្នា និងពឹងផ្អែកលើគ្នាទៅវិញទៅមក។

២៣៣៤. “ដោយបង្កើតមនុស្សជាបុរស ជាស្រ្តី ព្រះជាម្ចាស់ប្រោសប្រទានឱ្យពួកគេមានឋានៈដ៏ថ្លៃថ្នូរស្មើគ្នា” (FC ២២ ; GS ៤៩,២)។ “មនុស្សជាបុគ្គលម្នាក់ ទាំងបុរស ទាំងស្រ្តី ដ្បិតព្រះជាម្ចាស់បានបង្កើតទាំងពីរនាក់ជាតំណាង និងមានលក្ខណៈដូចជាបុគ្គលនៃព្រះជាម្ចាស់ផងដែរ” (MD​ ៦)។

២៣៣៥. ដោយបុរស និងស្រ្តីមានឋានៈដ៏ថ្លៃថ្នូរស្មើគ្នា ទោះជាខុសប្លែកពីគ្នាក៏ដោយ ក៏ជាតំណាងនៃឫទ្ធានុភាព និងមេត្តាករុណារបស់ព្រះជាម្ចាស់។ ការរួមរស់របស់បុរស និងស្រ្តី ជាគូស្វាមីភរិយាជារបៀបយកតម្រាប់តាមសប្បុរសធម៌នៃព្រះជាម្ចាស់ ដែលបង្កើតផលបានច្រើន៖ “ ‌ហេតុនេះ ​បុរសចាកចេញពីឪពុកម្តាយ​ទៅ​រួមរស់ជាមួយភរិយារបស់ខ្លួន ​ហើយអ្នកទាំងពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” (កណ ២,២៤)។ មនុស្សគ្រប់ជំនាន់ចេញមកពីការរួមរស់បែបនេះ (កណ ៤,១-២.២៥-២៦ ; ៥,១)។

២៣៣៦. ព្រះយេស៊ូយាងមក ដើម្បីកែលំអសត្វលោកឡើងវិញ ស្របតាមគម្រោងការដ៏បរិសុទ្ធដើមដំបូងរបស់ព្រះជាម្ចាស់។ ក្នុងធម្មទេសនានៅលើភ្នំ ព្រះអង្គបកស្រាយគម្រោងការរបស់ព្រះជាម្ចាស់យ៉ាងតឹងរ៉ឹង៖ “អ្នក​រាល់គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់”។ ​រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់គ្នា​ថា‌ ​“អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ​ហើយ​មាន​ចិត្ត​ស្រើប​ស្រាល​ចង់​រួម​បវេណី​ជាមួយ​នាង‌ អ្នក​នោះ​ដូចជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជាមួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ” (មថ ៥,២៧-២៨)។ “មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ” (មថ ១៩,៦)។ ការបញ្ជូនបន្តព្រះសហគមន៍បានយល់ឃើញថា វិន័យទីប្រាំមួយសំដៅទៅលើជីវិតខាងផ្លូវភេទទាំងមូលរបស់មនុស្ស។

២. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យចេះទប់ខ្លួន

២៣៣៧. មនុស្សដែលចេះទប់ខ្លួន គឺជាមនុស្សម្នាក់ ដែលមានជីវិតខាងផ្លូវភេទល្អប្រសើរ ទើបរូបកាយ និងវិញ្ញាណរបស់គេរួមឯកភាពជាមួយគ្នាផ្នែកខាងក្នុង។ ជីវិតខាងផ្លូវភេទ ដែលបង្ហាញថា មនុស្សជាផ្នែកនៃពិភពខាងផ្លូវកាយ និងខាងជីវសាស្រ្ត ក្លាយទៅជារបស់ខ្លួនឯងផ្ទាល់ និងមានលក្ខណៈជាមនុស្សសុទ្ធសាធ នៅពេលដែលបុរស និងស្រ្តីមានទំណាក់ទំនងពីម្នាក់ទៅម្នាក់ ប្រគល់ខ្លួនឯងទៅវិញទៅមក ទាំងស្រុង និងគ្មានកំណត់ពេលវេលា។ គុណធម៌នៃការចេះទប់ខ្លួនទាក់ទងនឹងមនុស្សទុកជាបុគ្គលតែម្នាក់គត់ និងការផ្តល់ខ្លួនឯងទាំងស្រុង។

មនុស្សជាបុគ្គលតែម្នាក់គត់

២៣៣៨. អ្នកដែលចេះទប់ខ្លួនរក្សាទុកឫទ្ធានុភាពទាំងស្រុងនៃជីវិត​ និងសេចក្ដីស្រលាញ់ ដែលព្រះជាម្ចាស់បានដាក់បញ្ចូលនៅក្នុងខ្លួនគេ ទើបមនុស្សជាបុគ្គលតែម្នាក់គត់។ អ្នកចេះទប់ខ្លួនប្រឆាំងនឹងឥរិយាបថ ដែលនឹងធ្វើឱ្យគេរបួស។ គេមិនចេះអត់អោនឱ្យនរណាម្នាក់ ដែលរស់នៅរបៀបខ្លួនមួយជីវិតពីរ ឬការនិយាយខុសពីការធ្វើ (មថ ៥,៣៧)។

២៣៣៩. អ្នកចង់ចេះទប់ខ្លួនត្រូវតែរៀនឱ្យចេះគ្រប់គ្រងលើខ្លួនឯង  ដែលជាគរុកោសល្យនៃសេរីភាពរបស់មនុស្ស។ ត្រូវតែជ្រើសរើសឱ្យច្បាស់ រវាងការគ្រប់គ្រងលើតណ្ហារបស់ខ្លួន ដើម្បីបានសេចក្ដីសុខ ឬការបណ្តែតបណ្តោយខ្លួនឱ្យទៅជាឈ្លើយនៃតណ្ហាទាំងអស់នោះ ហើយត្រូវវេទនា (បសរ ១,២២)។ “កិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្សទាម​​​ទារឱ្យអនុវត្តតាមការជ្រើសរើសប្រកប​​​​ដោយមនសិការ និងដោយ​សេរីភាព គឺ​​​ជឿជាក់​​​ដោយខ្លួនឯងផ្ទាល់យ៉ាងជ្រៅក្នុងចិត្ត មិនមែនដោយ​​​​​​តណ្ហាពុះកញ្រ្ជាល ឬ ដោយការបង្ខិតបង្ខំឡើយ។ ប្រសិនបើមនុស្សរំដោះខ្លួនឱ្យរួចផុតពីទាសភាពនៃ​​​តណ្ហា​​​ទាំងអស់ គេមុខជាបានកិត្តិយសនេះ ដោយ​​ការ​ជ្រើសរើស​យកអំពើល្អ ដោយគ្មានការបង្ខិតបង្ខំ។​​​ ពេលនោះគេ​​​ចាប់ផ្តើម​​​ធ្វើ​​​ដំណើរទៅកាន់វាសនារបស់ខ្លួន និងប្រើ​​​ប្រាជ្ញាដ៏វាងវៃ​ ដើម្បី​​​ខិតខំយ៉ាងពិតប្រាកដ​​​រកមធ្យោបាយ​​​ទៅកាន់វាសនានោះ” (GS ១៧)។

២៣៤០. អ្នកណាចង់គោរពពាក្យសន្យានៃពិធីជ្រមុជទឹករបស់ខ្លួន ហើយតស៊ូប្រឆាំងនឹងការល្បួង អ្នកនោះត្រូវប្រុងប្រយ័ត្នក្នុងការប្រើមធ្យោបាយ គឺគេត្រូវស្គាល់ខ្លួនឯង ធ្វើទុក្ករកិរិយាស្របតាមកាលៈទេសៈ ស្តាប់បង្គាប់គោរពតាមបទបញ្ជារបស់ព្រះជាម្ចាស់ ប្រតិបត្តិតាមគុណធម៌នៃសីលធម៌ និងកុំបំភ្លេចអធិដ្ឋានដោយភក្តីភាព។ “ការចេះទប់ខ្លួនរៀបចំយើងឡើងវិញ និងនាំយើងឱ្យទៅជាបុគ្គលតែម្នាក់គត់ ពីព្រោះយើងបានបាត់បង់ឯកភាពរបស់ខ្លួន ដោយមានការបែងចែក (សន្ត អូគូស្តាំង)។

២៣៤១. គុណធម៌នៃការចេះទប់ខ្លួនស្ថិតក្រោមគុណធម៌សំខាន់ៗនៃការចេះទប់ចិត្ត ដែលមានគោលដៅនាំឱ្យគ្រប់គ្រងតណ្ហា និងចិត្តថ្លើមមនុស្ស ដោយប្រាជ្ញា។

២៣៤២. ត្រូវតែខិតខំយ៉ាងយូរ ដើម្បីអាចគ្រប់គ្រងខ្លួនឯងបាន។ គេមិនអាចខិតខំតែម្តងហើយបានសម្រេចទេ។ ត្រូវតែខិតខំជានិច្ច អស់មួយជីវិត (ទត ២,១-៦)។ នៅក្នុងវ័យខ្លះ ត្រូវតែខិតខំយ៉ាងខ្លាំង ដើម្បីចេះទប់ខ្លួន ជាពិសេសក្នុងវ័យកុមារភាព និងក្នុងវ័យជំទង់ ជាអាយុដែលត្រូវបង្កើតបុគ្គលិកលក្ខណៈរបស់  ខ្លួន។

២៣៤៣. មនុស្សត្រូវតែលូតលាស់ ដើម្បីចេះទប់ខ្លួន ប៉ុន្តែក្នុងរយៈពេលនោះ មនុស្សត្រូវឆ្លងកាត់គុណវិបត្តិ និងអំពើបាបជារឿយៗ។ “ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សសុចរិត ដែលចេះទប់ខ្លួន កសាងខ្លួនឯង ដោយសារជម្រើសរើសជាច្រើន ដែលគេជ្រើសដោយសេរី។ ហេតុនេះ គេស្គាល់ ស្រលាញ់ និងបំពេញអ្វីដ៏ល្អស្របតាមសីលធម៌ទៅតាមដំណាក់កាលនៃការលូតលាស់” (FC ៣៤)។

២៣៤៤. មនុស្សគ្រប់រូបត្រូវចេះទប់ខ្លួន ដោយខិតខំសិក្សាផ្នែកវប្បធម៌ ផង ដ្បិត “ការរីកចម្រើនរបស់បុគ្គលនីមួយៗ ​​​និងការ​អភិវឌ្ឍន៍​​​​​​សង្គម​​​ ជំពាក់ជំពិនគ្នាទៅវិញទៅមក” (GS ២៥,១)។ អ្នកចេះទប់ខ្លួនត្រូវតែគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិក្នុងការទទួលព័ត៌មាន និងការអប់រំ ដែលគោរពលក្ខណៈសីលធម៌ និងវិញ្ញាណនៃជីវិតមនុស្ស។

២៣៤៥. ការចេះទប់ខ្លួនជាគុណធម៌នៃសីលធម៌។ ការចេះទប់ខ្លួនជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដែលប្រោសប្រណីមនុស្ស ហើយជាផលនៃកិច្ចការខាងវិញ្ញាណ (កាឡ ៥,២២)។ ដោយសារទឹកនៃពិធីជ្រមុជទឹក ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឱ្យអ្នក ដែលកើតសាជាថ្មីអាចយកតម្រាប់តាមភាពបរិសុទ្ធរបស់ព្រះគ្រីស្ត (១យហ ៣,៣)។

ត្រូវតែប្រគល់ខ្លួនឯងទាំងស្រុង

២៣៤៦. សេចក្ដីស្រលាញ់តំណាងឱ្យគុណធម៌ឯទៀតៗទាំងអស់។ ក្រោមឥទ្ធិពលនៃសេចក្ដីស្រលាញ់ ការចេះទប់ខ្លួនប្រៀបដូចជាសាលា ដែលមនុស្សរៀនប្រគល់ខ្លួនឯង។ ការគ្រប់គ្រងលើខ្លួនឯងស្ថិតនៅក្រោមការប្រគល់ខ្លួនឯង។ ការចេះទប់ខ្លួនដឹកនាំអ្នក ដែលប្រតិបត្តិតាម ឱ្យក្លាយទៅជាសាក្សីនៃភក្ដីភាព និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ចំពោះអ្នកដទៃ។

២៣៤៧. គុណធម៌នៃការចេះទប់ខ្លួនរីកចម្រើនក្នុងមេត្រីភាព ហើយបង្ហាញឱ្យសាវ័កដឹងថា តើត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីដើរតាម និងយកតម្រាប់តាមអ្នកដែលបានជ្រើសរើសយើង ដូចជាមិត្តសម្លាញ់ (យហ ១៥,១៥) និងដែលបានប្រគល់ខ្លួនទាំងស្រុងចំពោះយើង ហើយដែលធ្វើឱ្យយើងចូលរួមចំណែកក្នុងឋានៈជាព្រះជាម្ចាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងប្រទានជីវិតអមតៈដល់អ្នកចេះទប់ខ្លួន។ ការចេះទប់ខ្លួនស្តែងចេញមកអំពីចំណងមេត្រីភាពចំពោះអ្នកដទៃ ។ ​មេត្រីភាពរវាងមនុស្សភេទដូចគ្នា ឬភេទផ្សេងពីគ្នា ជាអំពើដ៏ល្អប្រសើររបស់មនុស្សទាំងអស់ ហើយនាំឱ្យវិញ្ញាណរួបរួមគ្នា។

របៀបផ្សេងៗនៃការចេះទប់ខ្លួន

២៣៤៨. ព្រះជាម្ចាស់ត្រាស់ហៅអស់អ្នកដែលបានជ្រមុជទឹកឱ្យចេះទប់ខ្លួន។ គ្រីស្តបរិស័ទ “មានព្រះគ្រីស្តជាប់ជាមួយ” (កាឡ ៣,៣៧)។ ព្រះអង្គជាគំរូសម្រាប់អស់អ្នកដែលចង់ចេះទប់ខ្លួន។ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទទាំងអស់ឱ្យមានរបៀបរស់នៅ ដោយចេះទប់ខ្លួន តាមស្ថានភាពពិសេសរបស់គេ។ នៅពេលដែលជ្រមុជទឹក គ្រីស្តបរិស័ទបានសន្យារស់នៅក្នុងសេចក្ដីស្រលាញ់ដោយចេះទប់ចិត្ត។

២៣៤៩. “តាមស្ថានភាពរបស់ខ្លួន មនុស្សត្រូវទប់ខ្លួន ទៅជាអ្នកខ្លះព្រហ្មចារីយ៍ ឬញែកខ្លួនឱ្យនៅលីវជានិច្ច ដែលជាមធ្យោបាយដ៏ប្រសើរ ដើម្បីថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ អ្នកខ្លះទៀត រស់នៅតាមច្បាប់សីលធម៌កំណត់ ដោយរួមរស់ជាមួយគ្នាជាគូស្វាមីភរិយា ឬនៅលីវ” (CDF)។  ព្រះជាម្ចាស់ត្រាស់ហៅគូស្វាមីភរិយាឱ្យចេះទប់ខ្លួន ក្នុងការរស់នៅជាគូស្វាមីភរិយា ឯអ្នកនៅលីវវិញ ព្រះអង្គក៏ត្រាស់ហៅគេឱ្យចេះទប់ខ្លួន ដោយតមការរួមសង្វាស៖ គុណធម៌នាំការចេះទប់ខ្លួនមានបី គឺមួយរបស់ភរិយា មួយរបស់ស្រ្តីមេម៉ាយ ទីបី គឺព្រហ្មរីយភាព។ យើងមិនសរសើររបៀបណាមួយ ដោយមិនសរសើររបៀបឯទៀតៗ។ ហេតុនេះ វិន័យរបស់ព្រះសហគមន៍ល្អប្រសើរណាស់ (សន្ត អំប្រ័រ)។

២៣៥០. ព្រះជាម្ចាស់ត្រាស់ហៅគូដណ្ដឹង ទាំងសងខាងឱ្យចេះទប់ខ្លួន ដោយតមការរួមបវេណី។ គេនឹងយល់ឃើញថា បើគេទប់ខ្លួន គេនឹងគោរពគ្នាទៅវិញទៅមក គេនឹងស្គាល់ភក្តីភាព ដោយសង្ឃឹមថា នឹងទទួលគ្នាទៅវិញទៅមក ដោយសារព្រះជាម្ចាស់។ គេនឹងបំរុងទុកកាយវិការទន់ភ្លន់ ដែលបង្ហាញអំពីស្នេហាពីសេសចំពោះគ្នាទៅវិញទៅមក ក្រោយពេលរៀបអាពាហ៍ពិពាហ៍។ គេនឹងជួយគ្នាទៅវិញទៅមកឱ្យរីកចម្រើនក្នុងការចេះទប់ខ្លួន។

អំពើបាបប្រឆាំងនឹងការចេះទប់ខ្លួន

២៣៥១. មនុស្សងប់ងល់នឹងកាមគុណ នៅពេលដែលគេភ្លើតភ្លើនប្រាថ្នាចង់បានការសប្បាយខាងផ្លូវភេទ ដោយឥតមានរបៀបរៀបរយ។ ការសប្បាយខាងផ្លូវភេទគ្មានរបៀបរៀបរយតាមសីលធម៌ នៅពេលដែលគេស្វែងរកការសប្បាយនេះ ដើម្បីការសប្បាយផ្ទាល់ ដោយគ្មានបំណងបង្កើតកូន ឬរួបរួមជាមួយអ្នកផ្សេងឡើយ។

២៣៥២. មនុស្សលេងប្រដាប់ភេទដោយខ្លួនឯង នៅពេលដែលគេស្រើបស្រាលអារម្មណ៍ផ្លូវភេទ ដោយចេតនា ដើម្បីបានសប្បាយខាងផ្លូវភេទ។ “តាមប្រពៃណីដែលនៅស្ថិតស្ថេរជានិច្ចនិរន្តរ៍ មេដឹកនាំព្រះសហគមន៍ ព្រមទាំងគ្រីស្តបរិស័ទ អះអាងដោយមិនរួញរាថា ការលេងប្រដាប់ភេទដោយខ្លួនឯងជាការប្រព្រឹត្តផ្ទាល់ខ្លួន និងគ្មានរបៀបរៀបរយ”។ “ទោះជាមូលហេតុអ្វីក៏ដោយ ក៏ការប្រើប្រាស់ប្រដាប់ភេទ ដោយចេតនា ក្រៅពីការរួមរ័កជាគូស្វាមីភរិយា ជាអំពើប្រឆាំងនឹងគោលដៅនៃការរួមរ័ក”។ គេស្វែងរកការសប្បាយខាងផ្លូវភេទ ក្រៅពី “ទំនាក់ទំនងខាងផ្លូវភេទ ប្រកបដោយសីលធម៌​ ដែលជាការផ្តល់ឱ្យគ្នាទៅវិញទៅមក និងការបង្កើតកូន ដោយសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដ” (CDF)។ ដើម្បីឱ្យការវិនិច្ឆយបានត្រឹមត្រូវ ចំពោះការទទួលខុសត្រូវ ផ្នែកសីលធម៌របស់មនុស្សម្នាក់ៗ និងដើម្បីស្គាល់គោលបំណងរបស់ព្រះសហគមន៍ គេត្រូវគិតថា មានអ្នកខ្លះមិនទាន់ចាស់ទុំខាងផ្លូវចិត្តមានទម្លាប់អាក្រក់ ឬអន្ទះអន្ទែង​ ឬកត្តាផ្សេងៗទៀតផ្នែកចិត្ត ឬសង្គម ដែលនាំឱ្យសីលធម៌របស់គេធ្លាក់ចុះ។

២៣៥៣. ការរួមសង្វាសក្រៅពីចំណងនៃអាពាហ៍ពិពាហ៍ រវាងបុរស និងស្រ្តី ដែលនៅទំនេរ ប្រឆាំងខ្លាំងណាស់នឹងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស និងការរួមសង្វាសរបស់មនុស្ស ដើម្បីប្រយោជន៍របស់គូស្វាមីភរិយា ការបង្កើត និងការអប់រំកូន។ ម្យ៉ាងទៀត ការរួមភេទក្រៅចំណងនៃអាពាហ៍ពិពាហ៍ជារឿងអាស្រូវនៅពេលដែលទាក់ទងនឹងយុវជន។

២៣៥៤. រឿងអាសអាភាស លាតត្រដាងដោយចេតនានូវការរួមរ័ក (ពិតប្រាកដ ឬក្លែងក្លាយ) របស់ដៃគូ ដើម្បីឱ្យអ្នកដទៃឃើញ។ រឿងអាសអាភាសប្រឆាំងនឹងការចេះទប់ខ្លួន ដែលជាការបង្ខូចលក្ខណៈនៃការរួមសង្វាសជាគូស្វាមីភរិយា ដែលជាការប្រគល់ខ្លួនយ៉ាងស្និទ្ធស្នាលរបស់គូស្វាមីភរិយាចំពោះគ្នាទៅវិញទៅមក។ រឿងអាសអាភាសបង្ខូចឋានៈដ៏ថ្លៃថ្នូររបស់អស់អ្នកដែលប្រតិបត្តិតាម (តួរ អ្នកជំនួញ អ្នកមើល) ដ្បិតម្នាក់ៗក្លាយទៅជាវត្ថុសប្បាយចំពោះអ្នកដទៃ និងនាំឱ្យមានផលចំណេញខុសច្បាប់។ អ្នកទាំងនោះហាក់ដូចជានៅក្នុងពិភពក្លែងក្លាយ។ រឿងអាសអាភាសជាអំពើបាបធ្ងន់ធ្ងរ។ រដ្ឋអំណាចត្រូវឃាត់មិនឱ្យគេផលិត និងចែកសម្ភារៈទាក់ទងនឹងរឿងអាសអាភាស។

២៣៥៥. ពេស្យាចារ បង្ខូចឋានៈដ៏ថ្លៃថ្នូររបស់អ្នកដែលលក់ខ្លួន ដែលហាក់ដូចជាវត្ថុសប្បាយម្យ៉ាង។ អ្នកដែលបង់ថ្លៃប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរប្រឆាំងនឹងខ្លួនឯង គឺគេមិនចេះទប់ខ្លួន ផ្តាច់ពាក្យសន្យានៃពិធីជ្រមុជទឹក និងបង្ខូចរូបកាយរបស់ខ្លួន ដែលជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធ (១ករ៦,១៥-២០)។ ពេស្យាចារជាអម្រែតនាំឱ្យសង្គមអាប់ឱន។ ជាធម្មតា ស្រ្តីជាពេស្យា ប៉ុន្តែ អាចមានបុរស ​កូនក្មេង និងក្មេងវ័យជំទង់ផងដែរ (ក្នុងករណីចុងក្រោយទាំងពីរនោះ មានអំពើបាបផង រឿងអាស្រូវផង)។ ទោះបីពេស្យាចារតែងតែជាអំពើបាបក៏ដោយ ក៏ភាពវេទនា គម្រាមកំហែង ការគាបសង្កត់របស់សង្គមអាចជួយដោះសារអ្នកប្រព្រឹត្តអំពើនេះ។

២៣៥៦. គេហៅការរំលោភ ការរួមភេទជាមួយនរណាម្នាក់ ដោយប្រើអំពើហិង្សា។ ការរំលោភប្រឆាំងនឹងយុត្តិធម៌ និងសេចក្ដីស្រលាញ់។ ការរំលោភបង្ខូចមនុស្សគ្រប់រូប ដែលមានសិទ្ធិឱ្យត្រូវគេគោរព ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត និងសេរីភាព។ ការរំលោភអាចបង្ខូចអ្នករងគ្រោះអស់មួយជីវិត។ ការរំលោភជាអំពើបាបផ្ទាល់។ បើឪពុកម្តាយ (សូមអានអំពីការស្មន់) ឬគ្រូអប់រំ ជាអ្នករំលោភកូនក្មេង ដែលយើងបានប្រគល់ឱ្យគេ គេធ្វើអំពើបាបធ្ងន់ធ្ងរណាស់។

ការចេះទប់ខ្លួន និងលក្ខណៈនៃអ្នកស្រលាញ់ភេទដូចគ្នា

២៣៥៧. លក្ខណៈនៃអ្នកស្រលាញ់ភេទដូចគ្នាសំដៅទៅលើទំនាក់ទំនងរវាងបុរស ឬស្រ្តី ដែលមានបំណងប្រាថ្នាចង់រួមរ័កចំពោះមនុស្សភេទដូចគ្នា។ ពួកមនុស្សប្រភេទនេះ មានរបៀបខុសប្លែកពីគ្នាខ្លាំងណាស់តាមសម័យកាល និងតាមវប្បធម៌។ យើងមិនទាន់ចេះពន្យល់អំពីមូលហេតុនៃលក្ខណៈចិត្តសាស្រ្តនេះបាន     ឡើយ។ តាមព្រះគម្ពីរដ៏វិសុទ្ធ លក្ខណៈនេះជាអំពើសៅហ្មងដ៏ធ្ងន់ធ្ងរ (កណ​១៩,១-២៩ ; រម ១,២៤-២៧ ; ១ករ ៦,៩ ; ១ធម ១,១០)។ ដោយអាងលើព្រះគម្ពីរ ការបញ្ជូនបន្តតែងតែប្រកាសថា “ការរួមសង្វាសនឹងភេទដូចគ្នាមានលក្ខណៈផ្ទាល់ឥតរបៀបរៀបរយ” (CDF) ជាអំពើប្រឆាំងនឹងធម្មវិន័យធម្មជាតិ។ អំពើទាំងអស់នោះ មិនផ្តល់ជីវិតឡើយ។ មិនមែនជាការបំពេញគ្នាខាងផ្លូវភេទ និងខាងផ្លូវចិត្តយ៉ាងពិតប្រាកដឡើយ។ ទោះជាយ៉ាងណា ក៏យើងមិនយល់ស្របដែរ។

២៣៥៨. បុរស និងស្រ្តីមិនតិចទេដែលចង់រួមរ័កជាមួយមនុស្សភេទដូចគ្នា។ ពួកគេមិនជ្រើសរើសលក្ខ័ណៈទេ ដែលនាំឱ្យគេភាគច្រើនរងទុក្ចលំបាក។ ត្រូវទទួលពួកគេដោយគោរព ដោយធម៌មេត្តាករុណា និងដោយយកចិត្តទុកដាក់។ ត្រូវចៀសវាងកុំរើសអើងឡើយ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់នោះឱ្យសម្រេចព្រះហឫទ័យរបស់ព្រះអង្គក្នុងជីវិតរបស់គេ ហើយប្រសិនបើអ្នកនោះជាគ្រីស្តបរិស័ទ ព្រះអង្គក៏ត្រាស់ហៅឱ្យបង្រួបបង្រួមទុក្ខលំបាកទាំងប៉ុន្មាន ដែលគេជួបប្រទះ ដោយសារលក្ខណៈរបស់ខ្លួន ក្នុងសក្ការបូជារបស់ព្រះអម្ចាស់នៅលើឈើឆ្កាង។

២៣៥៩. ព្រះជាម្ចាស់ត្រាស់ហៅមនុស្ស ដែលស្រលាញ់ភេទដូចគ្នានេះ ឱ្យចេះទប់ខ្លួន។ ដោយ​សារ​​ការគ្រប់គ្រងលើខ្លួនឯង ដោយសារសេរីភាពខាងក្នុង ជួនកាលដោយមានមិត្តភ័ក្ដជួយគាំទ្រផង ដោយអធិដ្ឋានផង ដោយព្រះអំណោយទាននៃអគ្គសញ្ញាផង និងដោយប្តេជ្ញាចិត្ត គេអាចទៅជាមនុស្សគ្រប់លក្ខណ៍បន្តិចម្តងៗ។

៣. សេចក្ដីស្រលាញ់របស់គូស្វាមីភរិយា

២៣៦០. ជីវិតខាងផ្លូវភេទស្ថិតក្រោមសេចក្ដីស្រលាញ់របស់បុរស និងស្រ្តីជាគូស្វាមីភរិយា។ ក្នុងជីវិតជាគូស្រករ ការរួមបវេណីយ៉ាងស្និទ្ធស្នាលរបស់គូស្វាមីភរិយាក្លាយទៅជាសញ្ញាសម្គាល់ និងកិច្ចសន្យាបញ្ចាំថា គូស្វាមីភរិយាមានវិញ្ញាណរួបរួមគ្នា។ អគ្គសញ្ញាធ្វើឱ្យចំណងនៃអាពាហ៍ពិពាហ៍រវាងគ្រីស្តបរិស័ទបានវិសុទ្ធ។

២៣៦១. “ជីវិតខាងផ្លូវភេទ ដែលបុរស​និង​ស្រ្តីប្រគល់គ្នាទៅវិញទៅមក ដោយការរួមរ័ក មិនមែនជាសភាពជីវសាស្រ្តសុទ្ធសាធទេ ប៉ុន្តែជាសភាពសិ្នទ្ធស្នាលបំផុតរវាងមនុស្ស និងមនុស្ស។ ជីវិតខាងផ្លូវភេទមានលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ លុះត្រាតែមានលក្ខណៈជាសេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ ដែលបុរស​ និងស្រ្តីប្រគល់ខ្លួនទាំងស្រុងចំពោះគ្នាទៅវិញទៅមករហូតដល់ថ្ងៃស្លាប់” (FC ១១)។ លោក​តូប៊ី​ពោល​ទៅ​កាន់​នាង​សារ៉ា​ថា៖ “​ក្រោក​ឡើង​អូន! យើង​នាំ​គ្នា​អធិដ្ឋាន ទូល​អង្វរ​ព្រះ​អម្ចាស់​នៃ​យើង សូមព្រះ​អង្គ​អាណិត​មេត្តា និង​សង្គ្រោះ​យើង​ផង!”។ ​នាង​ក្រោក​ឡើង​ ហើយ​អ្នក​ទាំង​ពីរ​នាំ​គ្នា​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះ​អង្គ​សង្គ្រោះ​ពួក​គេ។ លោក​តូប៊ីយ៉ា​ទូល​អង្វរ​ថា៖ “បពិត្រ​ព្រះជាម្ចាស់​នៃ​បុព្វ​បុរស​របស់​យើង​ខ្ញុំ! យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​អង្គ! សូមឱ្យ​មនុស្ស​គ្រប់​ជំនាន់ ក្រោយៗ​ទៀត នាំ​គ្នា​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះ​អង្គ​ ជា​ដរាប​ត​រៀង​ទៅ។ សូមឱ្យ​ផ្ទៃ​មេឃ​និង​អ្វី​ៗ​សព្វ​សារ​ពើ​នៅ​លើ​ផែន​ដី​នេះ នាំ​គ្នា​លើក​តម្កើង​ព្រះ​អង្គ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ​ព្រះ​អង្គ​បាន​បង្កើត​លោក​អដាំ ហើយ​ព្រះ​អង្គ​ក៏​បាន​បង្កើត​នាង​អេវ៉ា​ជា​ភរិយាឱ្យ​ជួយ និង​បាន​ជា​គ្នា គឺ​អ្នក​ទាំង​ពីរ​នេះ​ហើយ ដែល​ផ្ដល់​កំណើត​ឱ្យ​មនុស្ស​ជាតិ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖ បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ស្រួល​ទេ! យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឱ្យ​ជួយ និង​បាន​ជា​គ្នា។ ​បពិត្រ​ព្រះ​អម្ចាស់ ឥឡូវ​នេះ ខ្ញុំ​រៀប​ការ​ជាមួយ​នាង មិន​មែន​មាន​បំណង​បំពេញ​តណ្ហា​ទេ គឺ​ដើម្បី​ឱ្យ​ស្រប​តាម​ធម្មវិន័យ! ហេតុនេះ​សូម​ទ្រង់​ព្រះ​មេត្តា​អាណិត​អាសូរ​ដល់​យើង​ខ្ញុំ​ទាំង​ពីរ​នាក់! សូម​ឱ្យ​យើង​ខ្ញុំ​ទាំង​ពីរ​នាក់ បាន​រស់​នៅ​ជាមួយ​គ្នា​រហូត​ដល់​ចាស់​ជរា​ផង!”។ ​បន្ទាប់មក​អ្នក​ទាំង​ពីរ​ឆ្លើយ​ព្រម​គ្នា​ថា៖ “អាម៉ែន! អាម៉ែន!”  ហើយ​ក៏​រួម​ដំណេក​ជាមួយ​គ្នា នៅ​យប់​នោះ​ទៅ (តប ៨,៤-៩)។

២៣៦២. “កាយវិការទាំងប៉ុន្មាន ដែលគូស្វាមីភរិយា​​​ប្រព្រឹត្ត​ ​​ដោយសេចក្ដីស្នេហា​​​ដ៏បរិសុទ្ធនោះ ពិតជាកិច្ចដ៏ល្អប្រកបដោយគុណធម៌ និង​​​សមរម្យ​​​ថ្លៃថ្នូរទៀតផង។ ប្រសិន​​​បើគូស្វាមីភរិយា​​​ស្នេហា​​​​​​គ្នាតាមលក្ខណៈជាមនុស្សយ៉ាងពិតប្រាកដ កាយវិការទាំងនោះ ទៅជាសញ្ញា​​​សម្គាល់បង្ហាញ​​​អំពីការប្រគល់ខ្លួន​​​ទៅ​​​វិញ​​​ទៅមក និងជួយសម្រួលការប្រគល់ខ្លួននោះទៀតផង” (GS ៤៩,២)។ ជីវិតខាងផ្លូវភេទជាប្រភពនៃអំណរសប្បាយ៖ ព្រះបង្កើត (...) បានសម្រេចដោយផ្ទាល់ព្រះអង្គថា ក្នុងការបង្កើតកូន គូស្វាមីភរិយាបានសប្បាយទាំងផ្លូវកាយផង ផ្លូវវិញ្ញាណផង។ ដូច្នេះ គូស្វាមីភរិយាមិនធ្វើអ្វីអាក្រក់ ដោយស្វែងរកការសប្បាយនេះ និងដោយបំពេញកិច្ចការនោះ។ គេសុខចិត្តធ្វើតាមអ្វីដែលព្រះបង្កើតបានតម្រង់ទិសទុកឱ្យគេ។ ក៏ប៉ុន្តែ គូស្វាមីភរិយាត្រូវតែចេះទប់ខ្លួន ដោយកំណត់ព្រំដែនត្រឹមត្រូវ (សម្ដេចប៉ាប ពីយូសទី១២)។

២៣៦៣. ដោយគូស្វាមីភរិយារួមរស់ជាមួយគ្នា ពួកគេបំពេញគោលដៅទាំងពីរនៃអាពាហ៍ពិពាហ៍ គឺប្រយោជន៍របស់គូស្វាមីភរិយាផ្ទាល់ និងការបន្តជីវិត។ យើងមិនអាចបំបែកអត្ថន័យទាំងពីរ ឬគុណសម្បត្តិនៃអាពាហ៍ពិពាហ៍នោះ ដោយមិនបង្ខូចជីវិតខាងវិញ្ញាណរបស់គូស្វាមីភរិយា ឬផលប្រយោជន៍របស់គូស្វាមីភរិយា និងអនាគតក្រុមគ្រួសារបានឡើយ។ ហេតុនេះ សេចក្ដីស្រលាញ់របស់បុរស និងស្រ្តីជាគូស្វាមីភរិយាទាមទារឱ្យគូស្រករមានចិត្តភក្ដី និងបង្កើតផល។

ភក្តីភាពរបស់គូស្វាមីភរិយា

២៣៦៤. “គូស្វាមីភរិយាពិតជាសហគមន៍ដ៏ជិតស្និទ្ធម៉្យាង ដោយអ្នកទាំងពីររួមរស់ជាមួយគ្នានិងស្រឡាញ់គ្នា។ ព្រះបង្កើតតែង​​​តាំងសហគមន៍នេះ និងប្រទានវិន័យសម្រាប់សហគមន៍នេះផ្ទាល់ជាសហគមន៍សង់ឡើងលើសម្ពន្ធមេត្រី​​​រវាង​​​គូស្វាមី​​​ភរិយា គឺអ្នក​​​ទាំងពីរសន្យាថា ម្នាក់ៗយល់ព្រមរស់នៅជាគូស្វាមីភរិយា។  ពាក្យសន្យានេះពុំអាចរលុបបានឡើយ” (GS ៤៨,១)។ អ្នកទាំងពីរប្រគល់គ្នាទាំងស្រុង និងជាស្ថាពរចំពោះគ្នាទៅវិញទៅមក។ គេមិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ​ គឺជា​រូប​កាយ​តែ​មួយ។ សម្ពន្ធមេត្រី ដែលគូស្វាមីភរិយាបានចងដោយស្ម័គ្រចិត្ត ទាមទារឱ្យពួកគេរួបរួមគ្នា មិនអាចបំបែកពីគ្នាបានឡើយ (CIC ១០៥៦)។ “​មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូស្រករ​ ដែល​ព្រះជា​ម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ” (មក ១០,៩) (មថ ១៩,១-១២ ; ១ករ ៧,១០- ១១)។

២៣៦៥. អ្នកស្មោះភក្ដីសម្ដែងថា គេគោរពតាមពាក្យដែលបានសន្យា។ ព្រះជាម្ចាស់មិនដែលបំភ្លេចព្រះបន្ទូលសន្យាទេ។ អគ្គសញ្ញាអាពាហ៍ពិពាហ៍បញ្ចូលបុរស និងស្រ្តីក្នុងភក្តីភាពរបស់ព្រះគ្រីស្តចំពោះព្រះសហគមន៍ព្រះអង្គ។ ដោយចេះទប់ខ្លួន គូស្វាមីភរិយាផ្តល់សក្ខីភាពអំពីគម្រោងការដ៏អស្ចារ្យនេះចំពោះពិភពលោក។ សន្ត យ៉ូហាន គ្រីសូស្តូមបញ្ចេញគំនិតថា កូនកំលោះគួរថ្លែងទៅកាន់កូនក្រមុំដោយពាក្យសម្តីនេះ៖ “បងបានឱបអូន ហើយបងស្រលាញ់អូន បងស្រលាញ់អូនខ្លាំងជាងជីវិតបងទៅទៀត ដ្បិតជីវិតក្នុងលោកនេះ គ្មានតម្លៃសោះ ហើយបងស្រមៃចង់នៅជាមួយអូនអស់មួយជីវិតនេះ ទើបយើងអាចដឹងច្បាស់ថា យើងនឹងមិនបែកពីគ្នាក្នុងជីវិតខាងបរមលោកទេ (...)។ បងស្រលាញ់អូនលើសអ្វីៗទាំងអស់ ហើយគ្មានអ្វីពិបាកជាងការមិនដឹងចិត្តអូនឡើយ”។

សមិទ្ធិផលរបស់គូស្វាមីភរិយា

២៣៦៦. សមិទ្ធិផលជាព្រះអំណោយទាន ជាទីដៅមួយនៃអាពាហ៍ពិពាហ៍ ដ្បិតជាធម្មតា សេចក្ដីស្រលាញ់របស់គូស្វាមីភរិយាបង្កើតផល។ កូនមិនមែនមកពីខាងក្រៅបន្ថែមខ្លួនដល់សេចក្ដីស្រលាញ់របស់គូស្វាមីភរិយាចំពោះគ្នាទៅវិញទៅមក។ កូនផុសចេញមកពីការប្រគល់គ្នាទៅវិញទៅមកផ្ទាល់ ជាផលនៃការប្រគល់គ្នានេះ។ ហេតុនេះ ព្រះសហគមន៍ “ដែលការពារជីវិត” (FC ៣០) ប្រៀនប្រដៅថា “កិច្ចជាគូស្វាមីភរិយាត្រូវតែសុខចិត្តបន្តជីវិត” (HV ១១)។ “មេដឹកនាំព្រះសហគមន៍បានថ្លែងជាច្រើនដងហើយថា សិទ្ធិនេះ ចាក់ឫសលើចំណងរវាងអត្ថន័យទាំងពីរនៃកិច្ចជាគូស្វាមីភរិយា គឺឱ្យគូស្វាមីភរិយារួមរស់ជាមួយគ្នា និងឱ្យគេបន្តពូជ។ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ចំណងនេះ មិនអាចបំបែកបានទេ ហើយមនុស្សមិនអាចបំបែកចំណងនេះដោយផ្ទាល់បានឡើយ” (HV ១២)។

២៣៦៧. ព្រះជាម្ចាស់ត្រាស់ហៅគូស្វាមីភរិយាឱ្យផ្តល់ជីវិត គឺពួកគេចូលរួមចំណែកក្នុងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ជាព្រះបង្កើត និងជាព្រះបិតាផង (អភ ៣,១៤ ; មថ ២៣,៩)។ “គូស្វាមីភរិយា​​​មានភារកិច្ចបន្តជីវិត ហើយអប់រំកូន ដោយផ្ទាល់។ ត្រូវចាត់ទុកថា ភារកិច្ចនេះជាបេសកកម្មផ្ទាល់​​​របស់អ្នក​​​ទាំងពីរ។ គូស្វាមីភរិយា​​​ដឹងខ្លួនថា គេជាសហការីរបស់ព្រះជាម្ចាស់ ជាព្រះបង្កើត ហាក់​​​ដូច​​​ជា​​​បកស្រាយព្រះហឫទ័យនេះឱ្យអ្នកដទៃស្គាល់។ ហេតុនេះហើយ បានជាគេត្រូវបំពេញបន្ទុកបន្តពូជ​​​ ទាំង​​​​​​​​​ទទួលការខុស​​​ត្រូវក្នុងឋានៈជាមនុស្សផង និងជាគ្រីស្តបរិស័ទផង” (GS ៥០,២)។

២៣៦៨. ចំណុចពិសេសនៃការទទួលខុសត្រូវនេះទាក់ទងនឹងការពន្យារកំណើត​ ។ គូស្វាមីភរិយាអាចចង់ពន្យារកំណើត ដើម្បីមូលហេតុត្រឹមត្រូវ។ ពួកគេត្រូវតែពិនិត្យថា បំណងប្រាថ្នារបស់គេ មិនមែនមកពីគេគិតតែអំពីខ្លួនឯងទេ ប៉ុន្តែ មកពីគេចង់ធ្វើជាឪពុកម្តាយ ដោយទទួលការខុសត្រូវ និងដោយមានចិត្តទូលំទូលាយ។ ម្យ៉ាងទៀត គេ​នឹងមានឥរិយាបទស្របតាមទិសដៅនៃសីលធម៌៖ ពេលគូស្វាមីភរិយាត្រូវសម្រួលស្នេហានឹងការបន្តជីវិត ក្នុងឋានៈជាអ្នកទទួលខុសត្រូវ​​​នោះ ត្រូវនឹកគិតថា ចរិយាសីលធម៌ មិនអាស្រ័យតែលើចិត្តគំនិតដ៏ស្មោះត្រង់របស់គេ ឬមិនអាស្រ័យលើការថ្លឹងថ្លែង​​​មូលហេតុ​​​ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែត្រូវ​​​សម្រេចតាម​​​លក្ខណៈធម្មជាតិ​​​របស់បុគ្គល និងការប្រព្រឹត្តរបស់គេទៅវិញ ដែលជាលក្ខ័ណនៃការគោរព​​​អត្ថន័យស្នេហា​​​របស់គូស្វាមីភរិយា ដែលប្រគល់ខ្លួនឱ្យគ្នាទៅវិញទៅមក និងអត្ថន័យនៃកិច្ចបន្តជីវិត ស្របតាមលក្ខណៈ​​​ខ្លួនគេ​​​ជាមនុស្ស ក្នុងបរិយាកាសនៃសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។ ​​​ប្រសិនបើគូស្វាមីភរិយាមិនចេះទប់ខ្លួនដោយចិត្តស្មោះទេ  គេមិនអាចសម្រេចផែនការនេះឡើយ (GS ៥១, ៣)។

២៣៦៩. “ដោយរក្សាលក្ខណៈសំខាន់ៗទាំងពីរនោះ គឺការរួមរស់ជាមួយគ្នា និងការបន្តពូជ កិច្ចជាគូស្វាមីភរិយានៅតែរក្សាអត្ថន័យទាំងស្រុងជាសេចក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ ដែលមានទីដៅដ៏ខ្ពង់ខ្ពស់បំផុតឱ្យមនុស្សទៅជាឪពុក” (HV ១២)។

២៣៧០. ការតមរួមភេទតាមរដូវ របៀបពជាន្យារកំណើត ដែលស្ថិតនៅលើការមើលឃើញខ្លួនឯង និងការរួមបវេណីនៅគ្រាដែលមិនអាចបង្កើតផល (HV ១៦) ស្របតាមលក្ខណៈដែលប្រកែកមិនបាននៃសីលធម៌។ វិធីសាស្រ្តទាំងនោះ គោរពរូបកាយរបស់គូស្វាមីភរិយា ជំរុញឱ្យមានភាពទន់ភ្លន់ យល់ចិត្តគ្នា និងនាំឱ្យស្គាល់សេរីភាពយ៉ាងពិតប្រកាដ។ ក៏ប៉ុន្តែ “សកម្មភាពណា មានគោលដៅ ឬជាមធ្យោបាយ មិនអាចបន្តពូជ មានលក្ខណៈផ្ទាល់ជាសកម្មភាពអាក្រក់ ដែលអាចមានមុន ឬក្រោយពេលគូស្វាមីភរិយារួមបវេណី” (HV​ ១៤)។ ជាធម្មតាពាក្យថា គូស្វាមីភរិយាប្រគល់ខ្លួនទាំងស្រុងចំពោះគ្នាទៅវិញទៅមក ប៉ុន្តែ ការពន្យារកំណើត ដែលមានលក្ខណៈផ្ទុយ ដោយប្រកែកមិនបាន គឺនៅពេលនោះ ពួកគេមិនប្រគល់ខ្លួនទាំងស្រុងចំពោះគ្នាទៅវិញទៅមកដូចសម្ដី។ ពួកគេមិនគ្រាន់តែបដិសេធមិនព្រមផ្តល់ជីវិតទេ ថែមទាំងកុហកសេចក្ដីពិតខាងក្នុងនៃសេចក្ដីស្រលាញ់ជាគូស្វាមីភរិយា ដែលសម្ដែងថា មនុស្សម្នាក់ៗត្រូវប្រគល់ខ្លួនឯងទាំងស្រុង។ ការពន្យារកំណើត ដោយប្រើមធ្យោបាយធម្មជាតិប្លែកពីគ្នា បើគិតអំពីលក្ខណៈជាមនុស្ស និងអំពីសីលធម៌ ឆ្លុះបញ្ចាំងគំនិតពីរយ៉ាងអំពីមនុស្ស និងជីវិតខាងផ្លូវភេទ ដែលមិនអាចសម្រួលគ្នាបានឡើយ (FC ៣២)។

២៣៧១. “សូមឱ្យមនុស្សទាំងអស់ជ្រាបយ៉ាងច្បាស់ថា មិនត្រូវនឹកគិតអំពីជិវិតមនុស្ស និងអំពីបន្ទុកបន្តពូជនោះ​​ ​​​ត្រឹមតែនៅលោកនេះប៉ុណ្ណោះទេ ហើយក៏គ្មានទំហំ និងអត្ថន័យយ៉ាងពេញលេញត្រឹមតែក្នុង​​​លោកនេះដែរ។ ត្រូវរិះគិតអំពី​​​ជិវិតមនុស្ស និងបន្ទុកនៃការបន្តពូជ ដោយនឹកជានិច្ចដល់វាសនាអស់កល្បជា​​​និច្ច​​​របស់មនុស្សវិញ ” (GS ៥១,៤)។

២៣៧២. រដ្ឋអំណាចទទួលខុសត្រូវចំពោះសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ។ ហេតុនេះ រដ្ឋអំណាចមានសិទ្ធិធ្វើអន្តរាគមន៍ ដើម្បីតម្រូវចំនួនរបស់មនុស្ស។ រដ្ឋអំណាចអាចធ្វើអន្តរាគមន៍ ដោយផ្តល់ព័ត៌មាន ដែលប្រកែកមិនបាន និងដោយគោរព ប៉ុន្តែ រដ្ឋអំណាចមិនអាចធ្វើអន្តរាគមន៍តាមរបៀបផ្តាច់ការ ឬដោយការបង្ខិតបង្ខំឡើយ។ រដ្ឋអំណាចមិនអាចជំនួសគូស្វាមីភរិយា ដែលជាអ្នកទទួលខុសត្រូវដំបូងនៃការបន្តពូជ និងការអប់រំកូនរបស់គេទេ (HV ២៣ ; PP ៣៧)។ រដ្ឋអំណាចគ្មានសិទ្ធិជំរុញឱ្យប្រើមធ្យោបាយពន្យារកំណើតខុសសីលធម៌បានឡើយ។

កូនជាព្រះអំណោយទាន

២៣៧៣. ព្រះគម្ពីរដ៏វិសុទ្ធ និងប្រពៃណីព្រះសហគមន៍យល់ឃើញថា ក្រុមគ្រួសារដែលមានកូនច្រើន ជាសញ្ញាសម្គាល់ថា ព្រះជាម្ចាស់ប្រទានពរ ហើយឪពុកម្តាយមានចិត្តទូលាយផងដែរ (GS ៥០,២)។

២៣៧៤. គូស្វាមីភរិយា ដែលយល់ឃើញថា មិនអាចបន្តពូជ ឈឺចាប់ខ្លាំងណាស់។ លោកអប្រាមទូលអង្វរព្រះជាម្ចាស់ថា៖ “បពិត្រព្រះជាអម្ចាស់ ទ្រង់ប្រទានអ្វីមកទូលបង្គំ ក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន” (កណ ១៥,២)។ លោកស្រីរ៉ាខែលស្រែកអង្វរលោកយ៉ាកុបជាស្វាមីថា៖ “សូមឱ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន” (កណ ៣០,១)។

២៣៧៥. ត្រូវតែលើកទឹកចិត្តដល់ការស្រាវជ្រាវ ដែលមានគោលដៅក្នុងការជួយព្យាបាលបុរស និងស្រ្តីអារ ក្នុងករណីដែលការស្រាវជ្រាវនោះ “បម្រើមនុស្ស បម្រើសិទ្ធិរបស់គេដែលមិនអាចលក់ទិញបាន ហើយបម្រើផលប្រយោជន៍ទាំងស្រុង និងយ៉ាងពិតប្រាកដរបស់គេ ស្របតាមគម្រោងការ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់” (CDF)។

២៣៧៦. បច្ចេកទេស ដែលធ្វើឱ្យលក្ខណៈជាមាតាបិតាបែកចេញពីគ្នា ដោយសារអន្តរាគមន៍របស់អ្នកផ្សេង (ការផ្តាល់ទឹកកាម ឬការផ្តល់បុប្ឆាណ្ឌ ឬការខ្ចីស្បួន) ជាកិច្ចដែលគ្មានគុណធម៌សោះ។ បច្ចេកទេសនោះ (ការបញ្ចូល និងពហុផលសិប្បនិមិ្មត ដែលមកពីអ្នកផ្សេង) បង្ខូចសិទ្ធិរបស់កូន ដែលនឹងកើតពីឪពុកម្តាយ ដែលខ្លួនស្គាល់ និងដែលភ្ជាប់គ្នាដោយចំណងនៃអាពាហ៍ពិពាហ៍។ បច្ចេកទេសនោះក្បត់ “សិទ្ធិផ្តាច់មុខឱ្យក្លាយទៅជាបិតាតាមរយៈមាតា និងក្លាយទៅជាមាតាតាមរយៈបិតាតែប៉ុណ្ណោះ” (CDF)។

២៣៧៧. យើងមិនអាចផ្តន្ទាទោសគូស្វាមីភរិយាខ្លាំងពេកទេ ក្នុងពេលដែលពួកគេប្រើបច្ចេកទេសទាំងអស់នោះ (ការបញ្ចូល និងពហុផលសិប្បនិមិ្មត ដែលមកពីមាតាបិតាពិតប្រាកដ) ប៉ន្តែ បច្ចេកទេសនោះ មិនស្របតាមសីលធម៌ឡើយ។ បច្ចេកទេសនោះ បំបែកការរួមភេទ ពីការបន្តពូជ។ កិច្ចគ្រឹះនៃការរស់នៅរបស់កូន លែងទៅជាកិច្ចការ ដែលពីរនាក់ប្រគល់គ្នាទៅវិញទៅមកទៀតទេ ប៉ុន្តែ “គឺត្រូវពេទ្យ និងជីវវិទូទៅវិញទេ​ ដែលជាអ្នកប្រគល់ជីវិត និងអត្តសញ្ញាណនៃអំប្រ៊ីយ៉ុង ដែលជាហេតុធ្វើឱ្យបច្ចេកទេសគ្រប់គ្រងលើប្រភព និងវាសនារបស់មនុស្ស។ ទំនាក់ទំនងនៃការគ្រប់គ្រងបែបនេះ មានលក្ខណៈប្រឆាំងផ្ទាល់នឹងកិត្តិយសដ៏ថ្លៃថ្នូរ និងស្មើគ្នារបស់ឪពុកម្តាយ និងកូន” (CDF)។ “នៅពេលដែលយើងមិនចង់ឱ្យកិច្ចជាគូស្វាមីភរិយាបន្តពូជ ពោលគឺកាយវិការពិសេសរបស់គូស្វាមីភរិយាដែលរួមរស់ជាមួយគ្នា ការបន្តពូជនេះ គ្មានលក្ខណៈផ្ទាល់របស់ខ្លួនឡើយ (...)។ មានតែនៅពេលដែលយើងគោរពចំណងរវាងអត្ថន័យនៃកិច្ចជាគូស្វាមីភរិយា និងឯកភាពរបស់មនុស្សទេ ទើបការបន្តពូជស្របតាមកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស” (CDF)។

២៣៧៨. គូស្វាមីភរិយាគ្មានសិទ្ធិទាមទារ ឱ្យមានកូន ព្រោះកូនជាព្រះអំណោយទាន របស់ព្រះជាម្ចាស់។ “ព្រះអំណោយទានដ៏ល្អប្រសើរបំផុតរបស់អាពាហ៍ពិពាហ៍” ជាមនុស្សម្នាក់។ យើងមិនអាចចាត់ទុកថាកូនដូចជាវត្ថុ ដែលជាកម្មសិទ្ធិមួយឡើយ។ បើគិតដូច្នោះ ត្រូវតែទទួលស្គាល់ “សិទ្ធិទាមទារឱ្យមានកូន”។ ក្នុងវិស័យនេះ មានតែកូនទេ ដែលមានសិទ្ធិយ៉ាងពិតប្រាកដ គឺសិទ្ធិដែលជាផលដ៏ពិសេសនៃសេចក្ដីស្រលាញ់ របស់ឪពុកម្តាយវា ព្រមទាំងសិទ្ធិ​ ដែលត្រូវគេគោរពដូចមនុស្សម្នាក់តាំងពីក្នុងផ្ទែម្តាយមកម្ល៉េះ” (CDF)។

២៣៧៩. ដំណឹងល្អបង្ហាញឱ្យយើងដឹងថា ទោះបីស្វាមីភរិយាមិនអាចបន្តពូជយ៉ាងណាក៏ដោយ ក៏គេអាចផ្តល់អត្ថន័យថ្មីដល់ជីវិតដែរ។ ក្រោយពីបានព្យាយាមព្យាបាលខ្លួនគេ តាមរបៀបត្រឹមត្រូវ គូស្វាមីភរិយា ដែលនៅតែមិនអាចបន្តពូជ នឹងរួបរួមជាមួយព្រះអម្ចាស់នៅលើឈើឆ្កាង ដែលជាប្រភពនៃសមិទ្ធិផលខាងវីញ្ញាណ។ គេអាចបង្ហាញថា គេមានចិត្តទូលាយ ដោយយកកូនកំព្រាមកចិញ្ចឹម ឬដោយជួយបម្រើអ្នកដទៃ។

៤. អំពើបាបប្រឆាំងនឹងកិត្តិយសដ៏ថ្លៃថ្នូរជាគូស្វាមីភរិយា

២៣៨០. អំពើផិតក្បត់ ។ ពាក្យនេះ មានន័យថា គូស្វាមីភរិយាគ្មានភក្តីភាព។ អំពើផិតក្បត់ គឺនៅពេលដែលដៃគូទាំងពីរ ដែលយ៉ាងហោចណាស់មានម្នាក់បានរៀបការរួចហើយ រួមសង្វាសជាមួយគ្នា ទោះជារយៈពេលខ្លីក៏ដោយ។ ព្រះគ្រីស្តផ្តន្ទាទោសអំពើផិតក្បត់ ទោះជាការប៉ុនប៉ងក៏ដោយ (មថ ៥,២៧-២៨)។ វិន័យទីប្រាំមួយ និងសម្ពន្ធមេត្រីថ្មីហាមប្រាមអំពើផិតក្បត់ជាដាច់ខាត (មថ ៥,៣២ ; ១៩,៦ ; មក ១០,១១ ; ១ករ ៦,៩-១០)។ ពួកព្យាការីប្រកាសថា ជាអំពើបាបធ្ងន់ធ្ងរ ហើយយល់ឃើញថា អំពើផិតក្បត់មានទោសស្មើនឹងការគោរពព្រះក្លែងក្លាយ (ហស ២,៧ ; យរ ៥,៧ ; ១៣,២៧)។

២៣៨១. អំពើផិតក្បត់ជាអំពើអយុត្តិធម៌។ នរណាប្រព្រឹត្តអំពើផិតក្បត់ អ្នកនោះមិនគោរពពាក្យសន្យារបស់ខ្លួន។ គេបង្ខូចចំណងជាគូស្វាមីភរិយា ដែលជាសញ្ញាសម្គាល់នៃសម្ពន្ធមេត្រី បំពានសិទ្ធិរបស់គូស្រករ និងបង្ខូចអាពាហ៍ពិពាហ៍ ដោយរំលោភកិច្ចសន្យា ដែលជាគ្រឹះនៃអាពាហ៍ពិពាហ៍។ គេអាចធ្វើឱ្យកូន ដែលត្រូវការឱ្យឪពុកម្តាយរួបរួមគ្នាយ៉ាងសុខសាន្ត ត្រូវគេរបួស។

ការលែងលះគ្នា

២៣៨២. ព្រះអម្ចាស់យេស៊ូសង្កត់ធ្ងន់លើគម្រោងការដើមដំបូងរបស់ព្រះបង្កើត ដែលសព្វព្រះហឫទ័យឱ្យគូស្វាមីភរិយាមិនអាចបំបែកពីគ្នាបានឡើយ (មថ ៥,៣១-៣២ ; ១៩,៣-៩ ; មក ១០,៩ ; លក ១៦,១៨ ; ១ករ ៧,១០-១១)។ ព្រះអង្គលុបបំបាត់ធម្មវិន័យចាស់ ដែលអនុគ្រោះអ្នកប្រព្រឹត្តអំពើផិតក្បត់ (មថ ១៩,៧-៩)។ “ឫទ្ធានុភាពមនុស្ស ឬមូលហេតុណាក៏បាន (លើលែងតែសេចក្ដីស្លាប់) មិនអាចបំបែកគូស្វាមីភរិយាគ្រីស្តបរិស័ទកាតូលិក ដែលបានចុះកិច្ចសន្យារៀបអាពាហ៍ពិពាហ៍ និងដែលបានរួមបវេណីរួចហើយ” (CIC ១១៤១)។

២៣៨៣. គូស្វាមីភរិយាអាចបែកពីគ្នា ដោយជាប់ចំណងនៃអាពាហ៍ពិពាហ៍ ក្នុងករណីត្រឹមត្រូវតាមច្បាប់ព្រះសហគមន៍ (CIC ១១៥១-១១៥៥)។ យើងអាចអនុគ្រោះគូស្វាមីភរិយា ដែលត្រូវតែលែងលះ ដើម្បីធានាសិទ្ធិត្រឹមត្រូវខ្លះ ដូចជាការថែទាំកូន ឬការការពារធនធាន។ ដោយធ្វើតាមច្បាប់សង្គមតែប៉ុណ្ណោះ ការលែងលះបែបនេះ មិនខុសសីលធម៌ឡើយ។

២៣៨៤. ការលែងលះ ប្រឆាំងនឹងវិន័យធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ពេលលែងលះ គូស្វាមីភរិយាបំបែកកិច្ចសន្យា ដែលគេបានចុះដោយស្ម័គ្រចិត្តថានឹងរួមរស់ជាមួយគ្នារហូតដល់ពេលស្លាប់។ ការលែងលះបង្ខូចសម្ពន្ធមេត្រីនៃការសង្រ្គោះ ដែលមានអគ្គសញ្ញាអាពាហ៍ពិពាហ៍ជាសញ្ញាសម្គាល់។ បើគូស្រកររៀបការម្តងទៀត ទោះជាច្បាប់សង្គមទទួលស្គាល់អាពាហ៍ពិពាហ៍ថ្មីនេះក៏ដោយ ការផ្តាច់នេះ រឹតតែធ្ងន់ធ្ងរទៅទៀត ដោយគូស្រករដែលបានរៀបការម្តងទៀតប្រព្រឹត្តអំពើផិតក្បត់ជាសាធារណៈនិងជាអចិន្រៃយ៍៖ ក្រោយពីបានលែងលះប្រពន្ធរួចហើយ បុរសជាស្វាមីនោះ ទៅរួមរស់ជាមួយស្រ្តីផ្សេងទៀត បុរសនោះប្រព្រឹត្តអំពើផិតក្បត់ ដ្បិតគេធ្វើឱ្យស្រ្តីនោះប្រព្រឹត្តអំពើផិតក្បត់ ហើយស្រ្តីដែលរស់នៅជាមួយគេប្រព្រឹត្តអំពើផិតក្បត់ ដ្បិតស្រ្តីនេះ បានទាក់ទាញស្វាមីរបស់ស្រ្តីម្នាក់ផ្សេងទៀត (សន្ត បាស៊ីល)។

២៣៨៥. ការលែងលះជាអំពើប្រាសចាកសីលធម៌ ដ្បិតក្រុមគ្រួសារ និងសង្គមច្របូកច្របល់ ដែលជាហេតុបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់គូស្រករដែលត្រូវគេបោះបង់ចោល និងចំពោះកូនដែលត្រូវរបួសចិត្ត។ ម្យ៉ាងទៀត ជារឿយៗ ឪពុកម្តាយដណ្តើមកូនគ្នា។ ទីបំផុត ការលែងលះរាលដាលដូចជាជម្ងឺដំបៅក្នុងសង្គម។

២៣៨៦. គូស្រករម្នាក់អាចទៅជាជនរងគ្រោះ ដែលគ្មានទោសពៃរ៍នៃការលែងលះ ដែលច្បាប់សង្គមបានប្រកាស។ ពេលនោះ គូស្រករនេះ មិនខុសសីលធម៌ឡើយ។ គូស្រករ ដែលបានខិតខំដោយចិត្តស្មោះ ដោយមានភក្តីភាពចំពោះអគ្គសញ្ញាអាពាហ៍ពិពាហ៍ ហើយត្រូវគេបោះបង់ចោលដោយអយុត្តិធម៌ ខុសប្លែកឆ្ងាយណាស់ពីគូស្រករ ដែលបានបំផ្លាញអាពាហ៍ពិពាហ៍ស្របច្បាប់ព្រះសហគមន៍ ដោយកំហុសធ្ងន់ធ្ងររបស់ខ្លួនផ្ទាល់។

អំពើបាបផ្សេងទៀតប្រឆាំងនឹងកិត្តិយសដ៏ថ្លៃថ្នូរជាគូស្វាមីភរិយា

២៣៨៧. យើងអាចយល់វិនាដកម្មរបស់អស់អ្នក ដែលប្រាថ្នាចង់កែប្រែចិត្តគំនិតស្របតាមដំណឹងល្អ ហើយដែលត្រូវលែងលះជាមួយនឹងស្រ្តីម្នាក់ ឬច្រើននាក់ ដែលជាគូស្រកររបស់គេអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក៏ប៉ុន្តែ តាមច្បាប់សីលធម៌មនុស្សប្រុសមិនអាចមានភរិយាច្រើននាក់ បានឡើយ។ ការមានភរិយាច្រើនប្រឆាំងនឹងសេចក្តីស្រឡាញ់ជាគូស្វាមីភរិយាខ្លាំងណាស់ ដែលជាការបដិសេធនឹងគម្រោងការរបស់ព្រះជាម្ចាស់ ដែលបានសម្ដែងឱ្យយើងស្គាល់តាំងពីដើមដំបូង ហើយផ្ទុយនឹងកិត្តិយសដ៏ថ្លៃថ្នូររបស់ស្រ្តី និងបុរសដែលស្មើគ្នា ហើយដែលបានប្រគល់ខ្លួនទាំងស្រុង ក្នុងអាពាហ៍ពិពាហ៍ ដោយមានសេចក្ដីស្រលាញ់ចំពោះគ្នាតែមួយ” (FC ១៩ ; GS​ ៤៧,២)។ ដើម្បីភាពយុត្តិធម៌ គ្រីស្តបរិស័ទដែលធ្លាប់មានភរិយាច្រើន ត្រូវតែគោរពភារកិច្ចរបស់ខ្លួនចំពោះអតីតភរិយា និងកូន។

២៣៨៨. ការស្មន់ សំដៅទៅលើទំនាក់ទំនងផ្លូវភេទរវាងញាតិ ឬញាតិពន្ធដល់កម្រិត ដែលត្រូវហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ (លវ ១៨,៧-២០)។ សន្ត ប៉ូលប្រឆាំងនឹងកំហុសដ៏ធ្ងន់ធ្ងរនេះណាស់​៖ “  មាន​លេច​ឮ​ នៅ​គ្រប់​ទី​កន្លែង​ថា​     ក្នុង​ចំណោម​បងប្អូន​ មាន​កើត​រឿង​កាម​គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ​    (...)។ គឺ​មាន​ម្នាក់​រួមរ័ក​ជាមួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន (...)។ ​ក្នុង​ព្រះនាម​ព្រះ​អម្ចាស់​យេស៊ូ​ (...) ត្រូវ​តែ​បញ្ជូន​ជន​បែប​នោះ​ទៅ​មារ​សាតាំង​ ក្នុង​គោល​បំណង​ធ្វើឱ្យ​និស្ស័យ​លោកីយ៍​របស់​គេ​វិនាស​បាត់​បង់” (១ករ ៥,១.៤-៥)។ ការស្មន់បង្ខូចទំនាក់ទំនងក្នុងក្រុមគ្រួសារ និងធ្វើឱ្យមនុស្សអន់ថយទៅជាសត្វវិញ។

២៣៨៩. អំពើខាងផ្លូវភេទ ដែលមនុស្សពេញវ័យប្រព្រឹត្តចំពោះកូនក្មេង ឬក្មេងវ័យជំទង់ ដែលគេត្រូវថែរក្សា ដូចជាការស្មន់ម្យ៉ាងផងដែរ។ ពេលនោះ ពួកគេមិនគ្រាន់តែប្រព្រឹត្តអំពើបាបប៉ុណ្ណោះទេ ថែមទាំងបំផ្លាញយ៉ាងអាស្រូវទាំងរូបកាយ ទាំងចិត្តរបស់យុវជន ដែលនឹងត្រូវរបួសអស់មួយជីវិត។ ម្យ៉ាងទៀត ពួកគេរំលោភការទទួលខុសត្រូវក្នុងការអប់រំរបស់ខ្លួនផងដែរ។

២៣៩០. មានស្នេហាដោយសេរី នៅពេលដែលបុរស និងស្រ្តីរួមរស់ជាមួយគ្នាខាងផ្លូវភេទ ដោយបដិសេធមិនព្រមឱ្យច្បាប់ទទួលស្គាល់ការរួមរស់បែបនេះជាសាធារណៈ។ តាមការពិត ពាក្យសម្តីនេះ ជាការបោកបញ្ឆោត៖ នៅពេលដែលគូស្រករមិនព្រមរួមរស់ជាមួយគ្នាអស់មួយជីវិត ពួកគេបង្ហាញថា គេមិនទុកចិត្តលើគ្នាទៅវិញទៅមក គេមិនទុកចិត្តលើខ្លួនឯង ឬលើអនាគតឡើយ។ តើការរួមរស់របស់ពួកគេមានអត្ថន័យអ្វីខ្លះ? ពាក្យសម្ដីសំដៅទៅលើស្ថានភាពផ្សេងៗពីគ្នា គឺការរួមស្នេហា ការបដិសេធមិនព្រមរៀបការ ដោយគេមិនអាចភ្ជាប់ខ្លួនក្នុងកិច្ចសន្យាយូរអង្វែង (FC ៨១)។ ស្ថានភាពទាំងអស់នោះ ប្រឆាំងនឹងកិត្តិយសដ៏ថ្លៃថ្នូររបស់អាពាហ៍ពិពាហ៍ បំផ្លាញលទ្ធិផ្ទាល់អំពីក្រុមគ្រួសារ ធ្វើឱ្យភក្ដីភាពអន់ថយ។ ស្ថានភាពទាំងអស់នោះប្រឆាំងនឹងវិន័យនៃសីលធម៌ គឺមានតែគូស្វាមីភរិយាទេ ដែលអាចរួមបវេណីបាន។ បើយើងរួមរ័ក ក្រៅពីអាពាហ៍ពិពាហ៍យើងប្រព្រឹត្តអំពើបាបធ្ងន់ ហើយយើងមិនអាចទទួលព្រះកាយព្រះគ្រីស្តបានឡើយ។

២៣៩១. សព្វថ្ងៃមនុស្សជាច្រើនទាមទារឱ្យមាន “សិទ្ធិសាកល្បង ” មុនរៀបការ។ ទោះបីជាអ្នកទាំងអស់នោះ ដែលរួមរ័កមុនពេលកំណត់ មានពាក្យសម្ដីយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏ “ពាក្យសម្តីនោះមិនអាចធានាទំនាក់ទំនងស្មោះត្រង់ និងភក្ដីភាពរវាងបុរស និងស្រ្តី ហើយជាពិសេសមិនអាចការពារគេកុំឱ្យមានចិត្តសាវ៉ា ធ្វើតាមទំនើងចិត្តបាន” (CDF)។ ការរួមសង្វាសត្រឹមត្រូវខាងសីលធម៌ នៅពេលដែលបុរស និងស្រ្តីរួមរស់ជាមួយគ្នាជាស្ថាពរតែប៉ុណ្ណោះ។ សេចក្ដីស្រលាញ់របស់មនុស្សទាមទារឱ្យមនុស្សប្រគល់ខ្លួនឯងទាំងស្រុងចំពោះគ្នាទៅវិញទៅមក ដោយមិន “សាកល្បង” ឡើយ។

សង្ខេប

២៣៩២ . “តាំងពីកំណើតមក ព្រះជាម្ចាស់ត្រាស់ហៅមនុស្សគ្រប់ៗរូបឱ្យស្រលាញ់” (FC ១១)។

២៣៩៣. ដោយបង្កើតមនុស្សជាបុរស និងជាស្រ្តី ព្រះជាម្ចាស់ប្រទានឱ្យទាំងពីរនាក់មានឋានៈស្មើគ្នា។ មនុស្ស​​ម្នាក់ៗទាំងបុរស ទាំងស្រ្តី ត្រូវតែទទួលស្គាល់ និងសុខចិត្តទទួលយកអត្តសញ្ញាណខាងផ្លូវភេទរបស់ខ្លួន។

២៣៩៤. ព្រះគ្រីស្តជាគំរូឱ្យចេះទប់ខ្លួន។ ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទម្នាក់ៗឱ្យចេះទប់ខ្លួ​ន តាមស្ថានភាពពិសេសរបស់គេ។

២៣៩៥. មនុស្សដែលចេះទប់ខ្លួន គឺជាមនុស្ស ដែលមានជីវិតខាងផ្លូវភេទល្អប្រសើរ។ ដើម្បីចេះទប់ ខ្លួន ត្រូវតែរៀនគ្រប់គ្រងលើខ្លួនឯង។

២៣៩៦. ក្នុងចំណោមអំពើបាបប្រឆាំងនឹងការចេះទប់ខ្លួន មានការលេងប្រដាប់ភេទដោយខ្លួនឯង ការ រួម​សង្វាសក្រៅពីចំណងនៃអាពាហ៍ពិពាហ៍ ចូលចិត្តរឿងអាសអាភាស និងការរួមសង្វាសជាមួយមនុស្ស ភេទដូចគ្នា។

២៣៩៧. ដោយសារគូស្វាមីភរិយាបានចងសម្ពន្ធមេត្រី គេត្រូវស្រលាញ់គ្នាដោយភក្តីភាព។ សម្ពន្ធមេត្រី នេះ ធ្វើឱ្យអាពាហ៍ពិពាហ៍របស់ពួកគេមិនអាចរលាយបានឡើយ។

២៣៩៨. ការបន្តពួជពង្សជាអ្វីមួយដ៏ល្អ ជាព្រះអំណោយទាន និងជាទីដៅមួយនៃអាពាហ៍ពិពាហ៍។ គូស្វាមីភរិយារួមចំណែកជាមួយព្រះជាម្ចាស់ជាព្រះបិតា ដោយផ្តល់ជីវិត។

២៣៩៩. មាតាបិតាដែលជាអ្នកទទួលខុសត្រូវអាចពន្យារកំណើតបាន ប៉ុន្តែ ទោះជាមូលហេតុត្រឹម​ត្រូវយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចប្រើប្រាស់មធ្យោបាយខុសសីលធម៌បានដែរ (ដូចជាការធ្វើស្រ្តី ឬបុរស ឱ្យទៅជាអារ ឬការប្រើថ្នាំពន្យារកំណើត)។

២៤០០. អំពើផិតក្បត់ ការលែងលះគ្នា ការមានប្តី ឬប្រពន្ធជាច្រើន និងការរួមរ័ក្សជាមួយគ្នាដោយសេរីជាអំពើខុស យ៉ាងធ្ងន់ធ្ងរនឹងឋានៈនៃអាពាហ៍ពិពាហ៍។

ប្រការទី៧៖​វិន័យទីប្រាំពីរ

កុំលួចប្លន់គេ (សរ ២០,១៥ ; ទក ៥,១៩)

កុំលួចទ្រព្យសម្បត្តិគេ (មថ ១៩,១៨)

២៤០១. វិន័យទីប្រាំពីរហាមប្រាមមិនឱ្យយក ឬរក្សាទុកទ្រព្យសម្បត្តិរបស់អ្នកដទៃ ដោយអយុត្តិធម៌ ហើយមិនឱ្យប្រព្រឹត្តអំពើបាបចំពោះអ្នកដទៃទាក់ទងនឹងទ្រព្យសម្បត្តិរបស់គេ តាមរបៀបណាមួយក៏ដោយ។   វិន័យនេះ ផ្ដែផ្តាំឱ្យមានយុត្តិធម៌ និងសេចក្ដីស្រលាញ់ ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនៃផែនដី និងផលផ្លែនៃការងាររបស់មនុស្ស។ ដើម្បីប្រយោជន៍រួម វិន័យនេះ សុំឱ្យគោរពទីដៅសកលនៃទ្រព្យសម្បត្តិ និងកម្មសិទ្ធិឯកជន។ គ្រីស្តបរិស័ទមានរបៀបរស់នៅដោយខិតខំប្រើប្រាស់ទ្រព្យសម្បត្តិនៃលោកនេះ តាមព្រះបន្ទូលនៃព្រះជាម្ចាស់ ដោយស្រលាញ់អ្នកដទៃ ដូចជាបងប្អូន។

១. ទីដៅសកល និងកម្មសិទ្ធិឯកជននៃទ្រព្យសម្បត្តិ

២៤០២. តាំងពីដើមដំបូង ព្រះជាម្ចាស់បានប្រគល់ឱ្យមនុស្សលោកមានមុខងារត្រួតត្រា ថែរក្សាផែនដី ​និងភោគទ្រព្យសម្បត្តិនៃផែនដី ហើយឱ្យគេបង្កើតផលបានច្រើន (កណ ១,២៦-២៩)។ ព្រះជាម្ចាស់បានតម្រូវភោគសម្បត្តិដែលមានក្នុងពិភពលោកនេះឱ្យមនុស្សជាតិទាំងមូល។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានបែងចែកផែនដីរវាងមនុស្សទាំងអស់ ដើម្បីឱ្យជីវិតរបស់គេបានសុខសាន្ត ទោះជាមានការខ្វះខាត និងអំពើហិង្សាគម្រាមកំហែងក៏ដោយ។ ការយកទ្រព្យសម្បត្តិធ្វើជាកម្មសិទ្ធិរបស់ខ្លួនត្រឹមត្រូវ ដើម្បីធានាសេរីភាព និងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស ដើម្បីជួយមនុស្សម្នាក់ៗឱ្យបំពេញតម្រូវការជាមូលដ្ឋានរបស់ខ្លួន និងតម្រូវការរបស់អស់អ្នក ដែលគេទទួលខុសត្រូវផងដែរ។​ ការយកទ្រព្យសម្បត្តិនេះ ត្រូវបង្ហាញថា មនុស្សទាំងអស់សាមគ្គីគ្នា។

២៤០៣. ទោះបីមនុស្សមានសិទ្ធិឱ្យមានកម្មសិទ្ធិឯកជន ដោយធ្វើការ ឬដោយបានទទួលកម្មសិទ្ធិនេះជាមរតក ឬជាអំណោយយ៉ាងណាក៏ដោយ ក៏មិនត្រូវភ្លេចថា តាំងពីដើមដំបូង ព្រះជាម្ចាស់បានប្រទានផែនដីសម្រាប់មនុស្សជាតិទាំងមូលដែរ។ ទោះបីការគាំទ្រនៃទ្រព្យសម្បត្តិរួមទាមទារឱ្យគោរពកម្មសិទ្ធិឯកជន ការគោរពសិទ្ធិនេះ និងការប្រើប្រាស់សិទ្ធិនេះយ៉ាងណាក៏ដោយ ក៏ទីដៅសកល របស់ទ្រព្យសម្បត្តិនៅតែសំខាន់ណាស់ដែរ។

២៤០៤. “​​​ពេល​​​មនុស្ស​​​ម្នាក់​ប្រើ​ប្រាស់​ភោគ​ទ្រព្យរបស់ខ្លួន​ ​មិន​ត្រូវ​ចាត់ទុកថា ភោគ​ទ្រព្យ​ដែលខ្លួន​មាន​ត្រឹម​ត្រូវ​តាម​ច្បាប់នោះ ជាកម្មសិទ្ធរបស់ខ្លួន​ម្នាក់​ឯង​ទេ​ តែ​ត្រូវចាត់ទុកថា ភោគ​ទ្រព្យ​​ទាំង​នោះ ជាកម្មសិទ្ធរួម      ទៅវិញ។ ហេតុនេះ គាត់មិនគ្រាន់តែអាចប្រើ​​​ប្រាស់​​​ភោគ​​​​ទ្រព្យ​ទាំងនោះ​បាន តែមនុស្ស​ឯ​ទៀតៗ ក៏​អាច​ប្រើ​ប្រាស់​​បានដែរ” (GS ៦៩,១)។ កម្មសិទ្ធិឯកជនធ្វើឱ្យម្ចាស់វាទៅជាអ្នកចាត់ចែងនៃឧបការគុណ ដើម្បីឱ្យកម្មសិទ្ធិនេះ បង្កើតផល ហើយដើម្បីផ្តល់ផលទាំងអស់នោះឱ្យអ្នកដទៃ ជាពិសេសបងប្អូនរបស់គេ។

២៤០៥. ផលិតផលរូបី ឬអរូបីក្ដី ដូចជាដី ឬរោងចក្រ ចំណេះជ្រៅជ្រះ ឬសិល្បៈ ទាមទារឱ្យម្ចាស់វាថែទាំវា ដើម្បីបានផលប្រយោជន៍ដល់មនុស្សភាគច្រើន។ ម្ចាស់នៃរបស់របរប្រើប្រាស់ ដើម្បីបំពេញតម្រូវការរបស់មនុស្ស ត្រូវប្រើវាដោយចេះទប់ចិត្ត និងដោយទុកផ្នែកដ៏ល្អជាងគេសម្រាប់ភ្ញៀវ អ្នកជម្ងឺ និងជនក្រីក្រ។

២៤០៦. អាជ្ញាធរខាងនយោបាយ​ មានសិទ្ធិ និងមានភារកិច្ចសម្រេចក្នុងការប្រើប្រាស់កម្មសិទ្ធិឯកជនដើម្បីប្រយោជន៍រួម។

២. ការគោរពបុគ្គល និងទ្រព្យសម្បត្តិរបស់គេ

២៤០៧. ការគោរពកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស ខាងផ្នែកសេដ្ឋកិច្ច ទាមទារឱ្យចេះទប់ចិត្តខ្លួនឯង កុំឱ្យជាប់ជំពាក់នឹងទ្រព្យសម្បត្តិលោកីយ៍ ឱ្យមានភាពយុត្តិធម៌ ដើម្បីរក្សាសិទ្ធិរបស់អ្នកដទៃ និងប្រគល់ឱ្យគេអ្វីដែលគេមានសិទ្ធិទទួល ហើយឱ្យរួមសាមគ្គី តាមវិន័យនៃសេចក្ដីស្រលាញ់ និងតាមព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់ “​​ដែល​មាន​សម្បត្តិ​សួគ៌​ជាច្រើន ហើយទ្រង់​បាន​បន្ទាប​ព្រះ​កាយ មក​ជា​អ្នក​ក្រ ព្រោះតែ​យើង ដើម្បី​ឱ្យយើង​បាន​ទៅ​ជា​អ្នក​មាន ដោយ​ភាព​ក្រីក្រ​របស់​ព្រះអង្គ” (២ករ ៨,៩)។

ការគោរពទ្រព្យសម្បត្តិអ្នកដទៃ

២៤០៨. វិន័យទីប្រាំពីរហាមប្រាមមិនឱ្យលួចគេ ពោលគឺការរំលោភទ្រព្យសម្បត្តិអ្នកដទៃ នៅពេលដែលម្ចាស់វាមិនយល់ព្រមប្រគល់ឱ្យ ដោយមានមូលហេតុត្រឹមត្រូវ។ យើងមិនលួច បើយើងគិតថា ម្ចាស់ទ្រព្យសម្បត្តិច្បាស់យល់ព្រមប្រគល់ឱ្យ ឬបើការមិនយល់ព្រមនេះប្រឆាំងនឹងប្រាជ្ញា និងទីដៅសកលនៃទ្រព្យសម្បត្តិឡើយ។ ឧ- នៅពេលដែលត្រូវប្រើប្រាស់ទ្រព្យសម្បត្តិអ្នកដទៃ ដើម្បីបំពេញតម្រូវការជាចាំបាច់ (ចំណីអាហារ ជម្រក សម្លៀកបំពាក់ ជាដើម) (GS ៦៩,១)។

២៤០៩. របៀបយក និងរក្សាទុកទ្រព្យសម្បត្តិអ្នកដទៃ ដោយអយុត្តិធម៌ ទោះជាមិនប្រឆាំងនឹងច្បាប់សង្គមក៏ដោយ ក៏ផ្ទុយនឹងវិន័យទីប្រាំពីរដែរ។ ឧ- នៅពេលដែលយើងរក្សាទុករបស់របរដែលគេឱ្យយើងខ្ចី ឬរបស់ដែលគេបាត់ ការធ្វើជំនួញដោយលួចបន្លំគេ (ទក ២៥,១៣-១៦) ការបើកប្រាក់ខែមិនគ្រប់ចំនួន (ទក ២៤,១៤-១៥​ ; យក ៥,៤) ការតំឡើងថ្លៃ ព្រោះគេមិនស្គាល់តម្លៃពិតប្រាកដ ឬព្រោះគេជាជនមានគ្រោះភ័យទុរគត (អម ៤,៤-៦)។ អំពើខុសសីលធម៌មានទៀតដូចជាការកេងកម្រៃផ្លាស់ប្តូរតម្លៃទ្រព្យសម្បត្តិ ដើម្បីកេងប្រវ័ញ្ចគេ ការសូកប៉ានអស់អ្នក ដែលត្រូវធ្វើការសម្រេចចិត្តតាមច្បាប់ ការប្រើប្រាស់របស់របរនៃសហគ្រាស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ការធ្វើការមិនល្អ ការគេចពន្ធ ការធ្វើសែក និងវិក័យប័ត្រក្លែងក្លាយ ការចាយលុយឥតឧបមា ការខ្ជះខ្ជាយ។ ការបង្ខូចកម្មសិទ្ធិឯកជន ឬកម្មសិទ្ធិសាធារណៈ ដោយចេតនា ខុសធម្មវិន័យនៃសីលធម៌ ហើយទាមទារឱ្យទូទាត់ការខូចខាត។

២៤១០. ត្រូវតែគោរពពាក្យសន្យា និងកិច្ចសន្យា យ៉ាងតឹងរ៉ឹង លុះត្រុវតែពាក្យសន្យា និងកិច្ចសន្យាទាំងអស់នោះត្រឹមត្រូវ។ ការរស់នៅខាងសេដ្ឋកិច្ច និងក្នុងសង្គមអាស្រ័យទៅលើតម្លៃនៃកិច្ចសន្យារវាងបុគ្គល ឬនីតិបុគ្គល។ ឧ- កិច្ចសន្យាលក់ និងទិញ កិច្ចសន្យាជូល និងកិច្ចសន្យាការងារ។ ត្រូវតែចុះកិច្ចសន្យា និងប្រតិបត្តិតាមយ៉ាងត្រឹមត្រូវ។

២៤១១. កិច្ចសន្យាអាស្រ័យទៅលើភាពយុត្តិធម៌រវាងគ្នានឹងគ្នា ដែលឱ្យមានការផ្លាស់ប្តូររវាងបុគ្គល និងបុគ្គល ដោយគោរពសិទ្ធិគ្នាទៅវិញទៅមកយ៉ាងត្រឹមត្រូវ។ ភាពយុត្តិធម៌រវាងគ្នានិងគ្នាបង្ខំបុគ្គលឱ្យគោរពកិច្ចសន្យាយ៉ាងម៉ត់ចត់ ទាមទារឱ្យរក្សាសិទ្ធិកម្មសិទ្ធិ សងបំណុល និងបង់វិភាគទាន ដែលជាកាតព្វកិច្ចតាមកិច្ចសន្យា។

ត្រូវតែវែកញែកយុត្តិធម៌រវាងគ្នានិងគ្នា និងយុត្តិធម៌តាមច្បាប់ ដែលទាក់ទងនឹងអ្វីដែលប្រជាពលរដ្ឋក្នុងការជំពាក់ចំពោះសហគមន៍ និងយុត្តិធម៌ក្នុងការបែងចែក ដែលតម្រូវទៅតាមអ្វីដែលសហគមន៍ជំពាក់ប្រជាពលរដ្ឋទៅតាមការជួយជ្រោបជ្រែង និងតម្រូវការរបស់ពួកគេ។

២៤១២. ដើម្បីឱ្យមានយុត្តិធម៌រវាងគ្នានិងគ្នា គេត្រូវទូទាត់អំពើអយុត្តិធម៌ ដែលគេបានប្រព្រឹត្ត ហើយសងទ្រព្យសម្បត្តិដែលគេបានលួចឱ្យម្ចាស់ដើមរបស់វាវិញ៖ ព្រះយេស៊ូកោតសរសើរលោកសាខេ ដែលសន្យាថា៖ “បពិត្រ​ព្រះ​អម្ចាស់!​ ទូល​បង្គំ​នឹង​ចែក​ទ្រព្យ​សម្បត្តិ​របស់​ទូល​បង្គំ​ ចំនួន​ពាក់​កណ្តាល​ដល់​មនុស្ស​ក្រីក្រ​ ហើយ​ប្រសិន​បើ​ទូល​បង្គំ​ទារពន្ធ​ពីអ្នក​ណា​ហួសកម្រិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​ មួយ​ជា​បួន” (លក ១៩,៨)។ អស់អ្នកដែលបានយកទ្រព្យសម្បត្តិអ្នកដទៃតាមរបៀបណាក្ដីត្រូវតែឱ្យគេវិញ ឬឱ្យរបស់ដែលមានតម្លៃស្មើគ្នា ឬឱ្យប្រាក់វិញ បើទ្រព្យសម្បត្តិដែលគេបានលួចបានបាត់។​ ជាមួយគ្នានេះដែរ ត្រូវសងទាំងផលកម្រៃ ដែលម្ចាស់គេត្រូវទទួលបាន បើទ្រព្យនោះមិនត្រូវលួច។ អស់អ្នកដែលបានចូលរួមក្នុងការលួច - តាមរបៀបណាក្ដី - ហើយដែលបានទទួលផល ដោយដឹងខ្លួន ត្រូវតែសងទ្រព្យសម្បត្តិនេះវិញ តាមការទទួលខុសត្រូវ និងផលចំណេញរបស់គេ។ ឧ- អស់អ្នកដែលបានបញ្ជាឱ្យគេលួច ឬបានជួយឱ្យគេលួច ឬបានលក់ទ្រព្យសម្បត្តិដែលគេលួច។

២៤១៣. ល្បែងស៊ីសង (ការលេងបៀ ជាដើម) ឬការភ្នាល់ មិនប្រឆាំងនឹងយុត្តិធម៌ ដោយផ្ទាល់ឡើយ។ ល្បែងទាំងអស់នោះ ខុសសីលធម៌នៅពេលដែលអ្នកលេងអន្តរាយអស់ទ្រព្យសម្បត្តិលុយកាក់ ដើម្បីចិញ្ចឹមខ្លួនឯង និងកូនចៅ។ ការវក់នឹងល្បែងនាំឱ្យគេក្លាយទៅជាឈ្លើយនៃល្បែងយ៉ាងធ្ងន់ធ្ងរ។ បើយើងភ្នាល់មិនត្រឹមត្រូវ ឬបើយើងលេងបន្លំ គឺប្រព្រឹត្តខុសសីលធម៌ធ្ងន់ លើកលែងតែការខូចខាតស្រាលណាស់ បានជាអ្នកខាតបង់មិនអាចចាត់ទុកជាធំដុំឡើយ។

២៤១៤.  វិន័យទីប្រាំពីរហាមប្រាមមិនឱ្យប្រព្រឹត្តអំពើ ឬមុខរបរ ដែលនាំឱ្យប្រើប្រាស់មនុស្សដូចជាទាសករ មិនគោរពកិត្តិយសដ៏ថ្លៃថ្នូររបស់គេ ទិញ លក់ និងផ្លាស់ប្តូរគេដូចទំនិញ ទោះជាដើម្បីប្រយោជន៍ផ្ទាល់ មនោគមវិជ្ជា មុខជំនួញ និងមូលហេតុផ្តាច់ការក៏ដោយ។ ការបង្អាច់បង្អោនមនុស្សឱ្យទៅជាវត្ថុប្រើប្រាស់ ឬឱ្យទៅជាប្រភពនៃការចំណេញ សុទ្ធតែជាអំពើប្រឆាំងនឹងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស និងសិទ្ធិមូលដ្ឋានរបស់គេ។ សន្តប៉ូលបញ្ជាឱ្យគ្រីស្តបរិស័ទម្នាក់ដែលជាម្ចាស់របស់ទាសករឱ្យគិតថា ពួកគេ “  មិន​មែន​ទាសករ​ទៀត​ទេ​ គឺ​ជា​បងប្អូន​ជាទី​ស្រឡាញ់​ទៅវិញ​ (...) ហើយ​​រឹតតែ​ជាទី​ស្រឡាញ់​ថែម​ទៀត‌‌‌​ ទាំង​ខាង​លោកីយ៍‌‌‌​ ទាំង​ខាង​ព្រះ​អម្ចាស់” (ភល ១៦)។

ការគោរពពិភពលោកទាំងមូល

២៤១៥. វិន័យទីប្រាំពីរសុំឱ្យគោរពពិភពលោកទាំងមូល។ សត្វ ដូចជារុក្ខជាតិ និងរបស់របរទាំងអស់ដែលគ្មានវិញ្ញាណ មានទីដៅតម្រង់ឆ្ពោះរកប្រយោជន៍រួមនៃមនុស្សជាតិតាំងអតីតកាល បច្ចប្បុន្នកាល និងអនាគតកាលផងដែរ (កណ ១,២៨-៣១)។ ការប្រើប្រាស់ធនធានខនិច រុក្ខជាតិ និងសត្វនៃសកលលោកត្រូវតែគោរពសីលធម៌។ ព្រះជាម្ចាស់មិនឱ្យមនុស្សត្រួតត្រាលើរបស់របរដែលគ្មានវិញ្ញាណ និងលើសត្វលោកតាមរបៀបផ្តាច់ការទេ ប៉ុន្តែមនុស្សត្រូវតែគិតគូរដល់គុណភាពនៃការរស់នៅរបស់អ្នកដទៃ ជាពិសេសរបស់អ្នកជំនាន់ក្រោយៗ។ ត្រូវតែគោរពពិភពលោកទាំងមូល ដូចជាគោរពព្រះជាម្ចាស់ដែរ (CA ៣៧-៣៨)។

២៤១៦. សត្វ ជាសត្វលោករបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ថៃទាំវា ដោយសារឧបករគុណរបស់ព្រះអង្គប្រកបដោយធម៌មេត្តាករុណា (មថ ៦,២៦)។ ដោយសារពួកវារស់នៅ ពួកវាលើកតម្កើង និងកោតសរសើរព្រះអង្គ (ដន ៣,៥៧-៥៨)។ ហេតុនេះហើយ បានជាមនុស្សត្រូវតែថែរក្សាពួកវា។ ត្រូវរម្លឹកថា សន្តបុគ្គល ដូចជាសន្តហ្រង់ស័រ នៃអាស៊ីស៊ី ឬ    សន្តភីលីព​ ណេរី បានថែទាំសត្វយ៉ាងថ្នាក់ថ្នម។

២៤១៧. ព្រះជាម្ចាស់បានប្រគល់ឱ្យរូបតំណាងរបស់ព្រះអង្គថែទាំសត្វ (កណ ២,១៩-២០ ; ៩,១-៤)។ ដូច្នេះ មនុស្សអាចប្រើប្រាស់សត្វ ធ្វើជាចំណីអាហារ និងធ្វើសម្លៀកបំពាក់បាន។ យើងអាចបង្ហាត់សត្វឱ្យជួយមនុស្សក្នុងការងារ និងការលំហែកំសាន្តរបស់គេបានដែរ។ មនុស្សអាចយកសត្វមកធ្វើការពិសោធន៍វេជ្ជសាស្រ្ត ឬវិទ្យាសាស្រ្ត ដែលច្បាប់សីលធម៌ចាត់ទុកថា ត្រឹមត្រូវ ដ្បិតការពិសោធន៍ទាំងអស់នោះ ជួយព្យាបាល ឬសង្រ្គោះមនុស្ស។

២៤១៨. ការធ្វើឱ្យសត្វឈឺចាប់ និងការខ្ជះខ្ជាយជីវិតរបស់វាឥតប្រយោជន៍ ជាការប្រឆាំងនឹងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស ព្រមទាំងការចាយប្រាក់កាស ដែលយើងអាចប្រើ ដើម្បីជួយសម្រាលទុក្ខវេទនារបស់មនុស្ស មិនសមរម្យផងដែរ។ យើងអាចស្រលាញ់សត្វ ប៉ុន្តែយើងមិនត្រូវបង្វែរសេចក្ដីស្រលាញ់ចំពោះមនុស្ស ដើម្បីពួកវាបានឡើយ។

៣. លទ្ធិសង្គមនៃព្រះសហគមន៍

២៤១៩. “សេចក្តី ​​​​ដែលព្រះគ្រីស្ត​បាន​សម្តែងមក ជួយយើង​​​យ៉ាងខ្លាំងឱ្យ​​​យល់ច្បាស់​​​អំពីរបៀប​នៃការរស់នៅក្នុងសង្គម” (GS ២៣,‌១)។ ដំណឹងល្អសម្ដែងឱ្យព្រះសហគមន៍ស្គាល់សេចក្ដីពិតរបស់មនុស្សយ៉ាងពេញលេញ។ នៅពេលដែលព្រះសហគមន៍បំពេញបេសកកម្មរបស់ខ្លួនប្រកាសដំណឹងល្អ ព្រះសហគមន៍បញ្ជាក់ឱ្យមនុស្សស្គាល់ ក្នុងព្រះនាមព្រះគ្រីស្ត នូវកិត្តិយសដ៏ថ្លៃថ្នូរ និងទីដៅរបស់ខ្លួនឱ្យរួបរួមជាមួយអ្នកដទៃ។ ព្រះសហគមន៍បង្រៀនឱ្យមនុស្សស្គាល់ការទាមទារនៃយុត្តិធម៌ និងសន្តិភាពស្របតាមព្រះប្រាជ្ញាញ្ញាណរបស់ព្រះជាម្ចាស់។

២៤២០. ព្រះសហគមន៍វិនិច្ឆយខាងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ស្របតាមសីលធម៌ “ប្រសិនបើសិទ្ធិមូលដ្ឋានរបស់មនុស្ស ឬការសង្រ្គោះនៃព្រលឹង​ទាមទារ” (GS ៧៦,៥)។ ព្រះសហគមន៍មានបេសកកម្មប្លែកពីបេសកកម្មរបស់អាជ្ញាធរនយោបាយ ខាងផ្នែកសីលធម៌ គឺព្រះសហគមន៍គិតគូរដល់ប្រយោជន៍រួមនៃលោកនេះ ដើម្បីឱ្យការចាត់ចែងនោះបានល្អប្រសើរបំផុត ដែលជាទីដៅចុងក្រោយរបស់យើង។ ព្រះសហគមន៍ខិតខំជំរុញឱ្យកាន់ឥរិយាបទត្រឹមត្រូវក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិនៃផែនដី និងក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ចផង និងខាងសង្គមផង។

២៤២១. លទ្ធិសង្គមរបស់ព្រះសហគមន៍បានអភិវឌ្ឍ នៅសតវត្សទី១៩ នៅពេលដែលដំណឹងល្អបានជួបប្រទះនឹងសង្គមឧស្សាហកម្មទំនើប ព្រមទាំងរចនាសម័្ពន្ធថ្មីដើម្បីផលិតរបស់របរប្រើប្រាស់ គំនិតនៃសង្គមថ្មី រដ្ឋ និងអំពីអំណាច របៀបថ្មីនៃការងារ និងកម្មសិទ្ធិ។ ការអភីវឌ្ឍន៍លទ្ធិសង្គមព្រះសហគមន៍ ខាងសេដ្ឋកិច្ច និងសង្គម បង្ហាញអំពីតម្លៃជាអចិន្ត្រៃយ៍នៃការប្រៀនប្រដៅរបស់ព្រះសហគមន៍ និងអត្ថន័យពិតប្រាកដនៃការបញ្ជូនបន្ត ដែលនៅតែរស់រវើក និងសកម្ម (CA ៣)។

២៤២២. នៅក្នុងការប្រៀនប្រដៅនេះ មានលទ្ធិ ដែលវិវត្តតាមការបកស្រាយរបស់ព្រះសហគមន៍អំពីព្រឹត្តិការណ៍ផ្សេងៗនៃប្រវត្តិសាស្រ្ត ក្រោមពន្លឺនៃព្រះបន្ទូលទាំងមូល ដែលព្រះគ្រីស្តយេស៊ូបានសម្ដែងមក ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយណែនាំ (SRS ១ ; ៤១)។ ការប្រៀនប្រដៅបំភ្លឺការរស់នៅរបស់គ្រីស្តបរិស័ទយ៉ាងណា មនុស្សដែលមានឆន្ទៈល្អក៏ងាយទទួលការប្រៀនប្រដៅយ៉ាងនោះដែរ។

២៤២៣. លទ្ធិសង្គមរបស់ព្រះសហគមន៍លើកយកគោលការណ៍ខ្លះ មកធ្វើការពិចារណា ដកស្រង់លក្ខណៈវិនិច្ឆយ និងផ្តល់ទីដៅខ្លះ ដើម្បីប្រតិបត្តិតាម៖ ប្រព័ន្ធណាដែលទំនាក់ទំនងក្នុងសង្គមអាស្រ័យទាំងស្រុងទៅលើកត្តាខាងសេដ្ឋកិច្ច ប្រឆាំងនឹងលក្ខណៈជាមនុស្សសុទ្ធសាធ និងកិច្ចការរបស់គេផងដែរ (CA ២៤)។

២៤២៤. តាមសីលធម៌យើងត្រូវបដិសេធលទ្ធិមួយ ដែលទុកផលកម្រៃជាគោលដៅចុងក្រោយនៃសកម្មភាពសេដ្ឋកិច្ច។ ចិត្តលោភលន់មិនចេះស្កប់ស្កល់ចង់បានលុយតែងតែនាំមកនូវផលអាក្រក់ជានិច្ច ហើយជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតនៃទំនាស់ជាច្រើន ដែលបង្ខូចរបៀបរៀបរយក្នុងសង្គម (GS ៦៣,៣ ; LE ៧ ; CA ៣៥)។ ប្រព័ន្ធមួយ “ដែល​មិនអើពើ​នឹង​សិទ្ធិមូលដ្ឋានរបស់មនុស្ស និង​សិទ្ធិ​របស់​ក្រុម​ ហើយបែរជាមានបំណងចង់​​​​បង្កើន​ផលិតផលជា​សមូហភាពវិញ” (GS ៦៥,២) ជាប្រពន្ធ័ដែលប្រឆាំងនឹងកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស។ របៀបប្រតិបត្តិណា ដែលចាត់ទុកមនុស្សជាមធ្យោបាយសុទ្ធសាធ ដើម្បីបានចំណេញ ជារបៀបដែលធ្វើឱ្យមនុស្សទៅជាទាសករ គោរពលុយដូចជាព្រះក្លែងក្លាយ និងជួយឱ្យទ្រឹស្តីបដិសេធថាគ្មានព្រះជាម្ចាស់រាលដាល។ “អ្នក​រាល់គ្នាមិន​អាច​គោរព​បម្រើ​ព្រះ​ជា​ម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យ​សម្បត្តិ ទុក​ជា​ព្រះ​ផង​បាន​ឡើយ” (មថ ៦,២៤ ; លក ១៦,១៣)។

២៤២៥. ព្រះសហគមន៍បានបដិសេធមិនព្រមទទួលមនោគមវិជ្ជាផ្តាច់ការ និងមនោគមវិជ្ជាបដិសេធថាគ្មានព្រះជាម្ចាស់ ដូចជាលទ្ធិ “កុម្មុយនិស្ត” និងលទ្ធិ “សង្គមនិយម” នៅសម័យឥឡូវនេះទេ។ ម្យ៉ាងទៀត ព្រះសហគមន៍ប្រឆាំងនឹងរបៀបប្រតិបត្តិរបស់លទ្ធិមូលធននិយម ដែលគិតតែអំពីខ្លួនឯង (ឯកត្តនិយម) និងផ្តល់អាទិភាពដល់ច្បាប់នៃទីផ្សារលើសការងាររបស់មនុស្ស (CA ១០ ; ១៣ ; ៤៤)។ ការគ្រប់គ្រងសេដ្ឋកិច្ច ដោយធ្វើគម្រោងប្រមូលផ្តុំបង្ខូចគ្រឹះនៃទំនាក់ទំនងក្នុងសង្គម ឯការគ្រប់គ្រងសេដ្ឋកិច្ច ដោយប្រើច្បាប់នៃទីផ្សារមិនស្របតាមយុត្តិធម៌ក្នុងសង្គម “ដ្បិតមនុស្សមានតម្រូវការជាច្រើន ដែលទីផ្សារមិនអាចបំពេញបានឡើយ” (CA ៣៤)។ ត្រូវតែផ្តល់ដំបូន្មានថា ត្រូវគ្រប់គ្រងលើទីផ្សារ និងលើការបង្កើតគំនិតថ្មីខាងសេដ្ឋកិច្ច តាមរបៀបត្រឹមត្រូវ និងតាមលំដាប់លំដោយត្រឹមត្រូវនៃឧត្តមគតិ ដើម្បីប្រយោជន៍រួម។

៤. សកម្មភាពខាងសេដ្ឋកិច្ច និងយុត្តិធម៌ក្នុងសង្គម

២៤២៦. ការអភិវឌ្ឍន៍សកម្មភាពខាងសេដ្ឋកិច្ច និងការបង្កើនផលិតផលមានគោលដៅបំពេញតម្រូវការរបស់មនុស្ស។ ជីវិតនៃសេដ្ឋកិច្ចមិនគ្រាន់តែមានទីដៅក្នុងការបង្កើនផលិតផល ហើយបង្កើនប្រាក់ចំណេញ និងអំណាចប៉ុណ្ណោះទេ ជីវិតនៃសេដ្ឋកិច្ចនេះ ត្រូវបម្រើបុគ្គល មនុស្សទាំងស្រុងផង និងសហគមន៍មនុស្សទាំងមូលផងដែរ។ ត្រូវដឹកនាំបំពេញសកម្មភាពខាងសេដ្ឋកិច្ច តាមវិធីសាស្រ្តរបស់វាផ្ទាល់ ដោយប្រតិបត្តិក្នុងដែនកំណត់នៃវិន័យសីលធម៌ត្រឹមត្រូវទៅតាមយុត្តធម៌នៃសង្គម ដើម្បីឆ្លើយតបនឹងគម្រោងការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស (GS ៦៤)។

២៤២៧. ការងាររបស់មនុស្ស មកពីមនុស្ស ដែលព្រះជាម្ចាស់បានបង្កើតជារូបតំណាងរបស់ព្រះអង្គ ហើយដែលព្រះអង្គត្រាស់ហៅឱ្យបន្តកិច្ចបង្កើត ដោយត្រួតត្រាលើផែនដី និងដោយរួមជាមួយគ្នា និងចំពោះគ្នាទៅវិញទៅមក (កណ ១,២៨ ; GS ៣៤ ; CA ៣១)។ ដូច្នេះ មនុស្សមានភារកិច្ចធ្វើការ៖ “អ្នកណា​មិន​ព្រម​ធ្វើការ‌​ អ្នកនោះ​ក៏​មិន​ត្រូវ​បរិភោគ​ដែរ” (២ថស ៣,១០) (១ថស ៤,១១)។ ការងារលើកតម្កើងព្រះអំណោយទានរបស់ព្រះបង្កើត និងសមត្ថភាពដែលមនុស្សបានទទួលពីព្រះអង្គ។ ការងារអាចជួយសង្រ្គោះមនុស្សផងដែរ។ ដោយធ្វើការយ៉ាងលំបាក (កណ​៣,១៤-១៩) ជាមួយព្រះយេស៊ូ ជាជាងឈើនៃភូមិណាសារ៉ែត និងជាអ្នកត្រូវគេឆ្កាងលើភ្នំលលាក្បាល មនុស្សរួមសហការជាមួយព្រះបុត្រារបស់ព្រះជាម្ចាស់ ក្នុងកិច្ចសង្រ្គោះរបស់ព្រះអង្គម្យ៉ាងដែរ។ គេបង្ហាញថា គេជាសាវ័ករបស់ព្រះគ្រីស្ត ដោយលីឈើឆ្កាង ក្នុងសកម្មភាព ដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យគេបំពេញ ជារៀងរាល់ថ្ងៃ (LE ២៧)។ ការងារអាចទៅជាមធ្យោបាយ ដើម្បីបានវិសុទ្ធ និងឱ្យតថភាពនៃផែនដីមានជីវិតរស់រវើក ក្នុងព្រះវិញ្ញាណរបស់ព្រះគ្រីស្ត។

២៤២៨. មនុស្សធ្វើការងារ និងបំពេញផ្នែកមួយនៃសមត្ថភាពរបស់លក្ខណៈជាមនុស្ស។ តម្លែដ៏សំខាន់ៗនៃការងារស្ថិតក្នុងមនុស្សផ្ទាល់ ដែលជាប្រភព និងទីដៅនៃការងារ។ ព្រះជាម្ចាស់បានបង្កើតការងារ ដើម្បីបម្រើមនុស្ស ហើយមិនមែនបង្កើតមនុស្ស ដើម្បីបម្រើការងារឡើយ។មនុស្សម្នាក់ៗអាចដកស្រងមធ្យោបាយក្នុងការងារ ដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនឯង និងរបស់បងប្អូនផង ហើយដើម្បីជួយបម្រើសហគមន៍មនុស្សផងដែរ។

២៤២៩. មនុស្សម្នាក់ៗមានសិទ្ធិផ្តើមគំនិតថ្មី ដើម្បីសេដ្ឋកិច្ច ហើយនឹងប្រើប្រាស់ព្រះអំណោយទានរបស់ខ្លួនតាមរបៀបត្រឹមត្រូវ ដើម្បីជួយឱ្យមនុស្សទាំងអស់បានសម្បូណ៍ហូរហៀរ និងដើម្បីទទួលផលដ៏ត្រឹមត្រូវនៃការខិតខំទាំងប៉ុន្មានរបស់ខ្លួន។ គេនឹងប្រុងប្រយ័ត្នគោរពតាមបទបញ្ជា ដែលអាជ្ញាធរត្រឹមត្រូវបានតាក់តែង ដើម្បីប្រយោជន៍រួម (CA ៣២ ; ៣៤)។

២៤៣០. ការរស់នៅទាក់ទងនឹងសេដ្ឋកិច្ច ជាហេតុនាំឱ្យមានផលប្រយោជន៍ផ្សេងៗពីគ្នា ដែលប្រឆាំងនឹងគ្នាជាច្រើនលើកច្រើនសា។ ហេតុនេះហើយ បានជាមានជំទាស់ជាច្រើន កើតឡើង ដែលជាលក្ខណៈពិសេសនៃការរស់នៅទាក់ទងនឹងសេដ្ឋកិច្ចនេះ (LE ១១)។ គេត្រូវខិតខំកាត់បន្ថយជំទាស់ទាំងអស់នោះ ដោយការចរចារ ដែលគោរពសិទ្ធិ និងកាតព្វកិច្ចរបស់ដៃគូនីមួយៗនៃសង្គម គឺអ្នកទទួលខុសត្រូវសហគ្រាស តំណាងបុគ្គលិក ដូចជាក្រុមសហជីព ហើយជួនកាលរដ្ឋអំណាចផងដែរ។

២៤៣១. ការទទួលខុសត្រូវរបស់រដ្ឋាភិបាល ។​ “សកម្មភាពខាងសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចនៃទីផ្សារ មិនអាចកើតមានទេ បើគ្មានស្ថានប័ន ច្បាប់ ឬនយោបាយ។ ត្រូវតែធានាសេរីភាពរបស់បុគ្គលនីមួយៗ និងរបស់កម្មសិទ្ធិ ដោយមិនគិតអំពីស្ថិរភាពរបស់រូបិយវត្ថុ និងសេវាកម្មសាធារណៈប្រកបដោយប្រសិទ្ធិភាព។ រដ្ឋាភិបាលមានភារកិច្ចចាំបាច់ការពារការធានាទាំងអស់នោះ ដើម្បីឱ្យអ្នកធ្វើការអាចទទួលផលនៃការងាររបស់គេ ហើយឱ្យគេយល់ថា គេត្រូវបានជំរុញឱ្យបំពេញការងារនោះ ដោយប្រសិទ្ធិភាព និងចិត្តស្មោះត្រង់ទៀតផង    (...)។ រដ្ឋអំណាចមានភារកិច្ចពិនិត្យមើល និងដឹកនាំការអនុវត្តសិទ្ធិមនុស្សក្នុងវិស័យសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ក្នុងវិស័យនេះ ស្ថានប័ន ក្រុម និងសហគមន៍ផ្សេងៗ ដែលមានក្នុងសង្គម ជាអ្នកទទួលខុសត្រូវមុនរដ្ឋាភិបាលទៅទៀត” (CA ៤៨)។

២៤៣២. អ្នកទទួលខុសត្រូវនៃសហគ្រាស ទទួលខុសត្រូវលើប្រតិបត្តិការ ដែលសេដ្ឋកិច្ច និងបរិស្ថានទាំងអស់នៃសហគ្រាសខ្លួនចំពោះសង្គម (CA ៣៧)។ ពួកគេត្រូវគិតអំពីប្រយោជន៍របស់មនុស្ស មិនគ្រាន់តែគិតអំពីការបង្កើនប្រាក់ចំណេញ ប៉ុណ្ណោះទេ។ ប៉ុន្តែ​ ការចំណេញក៏ជាចាំបាច់ណាស់ដែរ។ ការចំណេញអាចបង្កើតវិនិយោគ ដែលធានាអនាគតរបស់សហគ្រាស និងបង្កើតការងារផងដែរ។

២៤៣៣. ត្រូវតែផ្តល់ការងារ និងវិជ្ជាជីវៈចំពោះមនុស្សគ្រប់រូប ដោយមិនរើសអើងអយុត្តិធម៌​ ទោះជាបុរស ឬស្រ្តី មនុស្សមានសុខភាពល្អ ឬជនពិការ អ្នករស់ក្នុងស្រុក ឬជនអន្តោប្រវេសន៍ក៏ដោយ (LE ១៩ ; ២២-២៣)។ សង្គមត្រូវតែជួយប្រជាពលរដ្ឋឱ្យមានការងារ និងមុខរបរ ទៅតាមកាលៈទេសៈ។

២៤៣៤. បៀវត្សត្រឹមត្រូវ ជាផលដ៏ត្រឹមត្រូវនៃការងារ។ បើយើងបដិសេធមិនព្រមឱ្យ ឬទុកមិនឱ្យបៀវត្ស យើងអាចប្រព្រឹត្តអំពើអយុត្តិធម៌ធ្ងន់ធ្ងរ (លវ ១៩,១៣ ; ទក ២៤,១៤-១៥ ; យក ៥,៤)។ ដើម្បីផ្តល់បានប្រាក់ខែត្រឹមត្រូវ ត្រូវតែគិតគូរអំពីតម្រូវការ និងការរួមចំណែករបស់គេ។ “​​​​​​ប្រាក់ឈ្នួលការងារត្រូវធានាឱ្យមនុស្សមានធនធានល្មម ឱ្យសាមីខ្លួន និងក្រុម​​​គ្រួសារ ​​​អាចរស់នៅយ៉ាងសមគួរ ក្នុង​​​សង្គម ក្នុងវិស័យវប្បធម៌​​​ និងក្នុងវិស័យវិញ្ញាណ ទៅតាមមុខងាររបស់គេ តាមសមត្ថភាពក្នុងការផលិតផល តាមស្ថានភាពនៃសហគ្រាស និងដល់ប្រយោជ​​​ន៏រួមផង” (GS ៦៧,២)។ ការចុះកិច្ចព្រមព្រៀងលើចំនួនប្រាក់បៀវត្សទាំងសងខាងមិនគ្រប់គ្រាន់ ដើម្បីដោះសាតារមសីលធម៌ឡើយ។

២៤៣៥. ការធ្វើកូដកម្ម ត្រឹមត្រូវនៅពេលដែលគេគ្មានមធ្យោបាយផ្សេងទៀត ឬជាមធ្យោបាយចាំបាច់ ដើម្បីទាមទារយកផលប្រយោជន៍សមស្របតាមការងាររបស់គេ។ ការធ្វើកូដកម្មមិនត្រឹមត្រូវ បើមានអំពើហិង្សា ឬមានគោលដៅ ដែលមិនទាក់ទងនឹងលក្ខខណ្ឌការងារ ឬប្រឆាំងនឹងប្រយោជន៍រួម។

២៤៣៦. ការមិនបង់វិភាគទាន ជាអំពើខុសសីលធម៌ មិនត្រឹមត្រូវទេ បើគេមិនព្រមបង់វិភាគទានចំពោះស្ថានប័ននៃសុវត្តិភាពក្នុងសង្គម ដែលអាជ្ញាធរត្រឹមត្រូវបានកំណត់ទុក។
ការបាត់បង់ការងារ ដោយសារគ្មានការងារធ្វើតែងតែប៉ះពាល់នឹងកិត្តិយសដ៏ថ្លៃថ្នូររបស់ជនរងគ្រោះ និងគម្រាមលំនឹងនៃជីវិត។ មនុស្សដែលបាត់បង់ការងារមិនគ្រាន់តែទទួលរងការខូចខាតផ្ទាល់ខ្លួនទេ ថែមទាំងមានការគម្រាមកំហែងជាច្រើនចំពោះក្រុមគ្រួសាររបស់គេដែរ។

៥. យុត្តិធម៌ និងសាមគ្គីភាពរវាងប្រជាជាតិនានា

២៤៣៧. ក្នុងសង្គមអន្តរជាតិ ដោយសារធនធាន និងមធ្យោបាយខាងសេដ្ឋកិច្ចមិនស្មើគ្នា ស្ថានភាពនេះ បង្កើត “ប្រឡាយ” (SRS ១៤) ពិតប្រាកដមួយ រវាងប្រជាជាតិនានា។ ម្ខាង មានអស់អ្នក ដែលកាន់កាប់ និងអភិវឌ្ឍមធ្យោបាយនៃការលូតលាស់ ម្ខាងទៀត មានអស់អ្នក ដែលជំពាក់គេកាន់តែច្រើនឡើងៗ។

២៤៣៨. សព្វថ្ងៃមានមូលហេតុផ្សេងៗ ខាងសាសនា ខាងនយោបាយ ខាងសេដ្ឋកិច្ច និងខាងហិរញ្ញវត្ថុ ដែលធ្វើឱ្យ “បញ្ហាសង្គមទៅជាមានលក្ខណៈអន្តរជាតិ” (SRS ៩)។ ប្រជាជាតិ ដែលនយោបាយពឹងផ្អែកលើគ្នាទៅវិញទៅមក ត្រូវតែរួមសាមគ្គីជាមួយគ្នាជាចាំបាច់​។ រឹតតែចាំបាច់លើសនេះទៅទៀត គេត្រូវការសាមគ្គីភាពនេះ នៅពេលដែលត្រូវតែបង្រ្កាប “មូលហេតុអាក្រក់” ដែលរារាំងប្រទេសមិនទាន់ជឿនលឿនមិនឱ្យអភិវឌ្ឍ (SRS ១៧ ; ៤៥)។ “ដោយពិចារណាម្តងទៀតអំពីអាទិភាព និងអំពីកម្រិតនៃឧត្តមគតិ” (CA២៨) ត្រូវតែខិតខំរួបរួមប្រមូលផ្តុំប្រើប្រាស់ធនធាន ដើម្បីអភិវឌ្ឍសីលធម៌ វប្បធម៌ និងសេដ្ឋកិច្ច ជំនួសប្រព័ន្ធហិរញ្ញវត្ថុ ដែលយកការប្រាក់ហួសប្រមាណ (CA ៣៥) ជំនួសទំនាក់ទំនងនៃពាណិជ្ជកម្មមិនស្មោះត្រង់រវាងប្រជាជាតិ និងជំនួសការប្រណាំងប្រជែងគ្រឿងសព្វាវុធ។

២៤៣៩. ប្រជាជាតិដែលមានធនធានស្តុកស្តម្ភ ទទួលខុសត្រូវខាងសីលធម៌យ៉ាងធ្ងន់ធ្ងរចំពោះប្រជាជាតិ ដែលមិនអាចអភិវឌ្ឍដោយខ្លួនឯង ឬដោយសារព្រឹត្តការណ៍ប្រវត្តិសាស្រ្តដ៏អាក្រក់បានរារាំងប្រទេសនោះ មិនឱ្យអភិវឌ្ឍ។ ប្រជាជាតិដែលមានធនធានស្តុកស្តម្ភមានភារកិច្ចរួមសាមគ្គី និងស្រលាញ់ប្រជាជាតិដែលមានធនធានតិចជាង។ ភារកិច្ចនេះ មានភាពយុត្តិធម៌ បើភាពសម្បូរសប្បាយរបស់ប្រជាជាតិជាអ្នកមាននោះ បានមកអំពីខ្លួនមិនបានបង់ប្រាក់ត្រឹមត្រូវតាមកម្រៃ។

២៤៤០. ជំនួយផ្តល់ការជួយ ជាចម្លើយត្រឹមត្រូវចំពោះតម្រូវការជាបន្ទាន់ ខុសពីស្ថានភាពធម្មតា ដែលបណ្តាលមកពីគ្រោះធម្មជាតិ ជម្ងឺរាតត្បាត ជាដើម។ ប៉ុន្តែ ជំនួយនេះ មិនគ្រប់គ្រាន់ ដើម្បីជុសជួលការខូចខាតដ៏ធ្ងន់ធ្ងរ ដែលមកពីស្ថានភាពក្រីក្រ ឬដើម្បីបំពេញតម្រូវការផ្សេងៗអស់រយៈពេលយូរទេ។ លើសពីនេះទៅទៀត ត្រូវតែកែលំអស្ថានប័ន អន្តរជាតិខាងសេដ្ឋកិច្ច និងខាងហិរញ្ញវត្ថុ ដើម្បីឱ្យស្ថានប័នទាំងអស់នោះលើកស្ទួយទំនាក់ទំនងត្រឹមត្រូវជាមួយប្រទេសទាំងប៉ុន្មាន ដែលមិនទាន់ជឿនលឿន (SRS ១៦)។ ត្រូវតែគាំទ្រការខិតខំរបស់ប្រទេសក្រីក្រ ដែលធ្វើការ ដើម្បីភាពរីកចម្រើន និងដើម្បីរំដោះខ្លួនឯង (CA ២៦)។ ត្រូវតែប្រតិបត្តិតាមលទ្ធិនេះតាមរបៀបពិសេសបំផុតក្នុងវិស័យកសិកម្ម។ អ្នកក្រីក្រភាគច្រើនជាកសិករ ជាពិសេសក្នុងប្រទេស ដែលមិនទាន់អភិវឌ្ឍ។

២៤៤១. ការស្គាល់ព្រះជាម្ចាស់ និងការស្គាល់ខ្លួនឯង កាន់តែច្បាស់ឡើងៗ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ទាំងស្រុងរបស់សហគមន៍មនុស្ស ។​ ការអភិវឌ្ឍន៍នេះ បង្កើនសម្ភារៈកាន់តែច្រើនឡើងៗ ដើម្បីបម្រើមនុស្ស និងសេរីភាពរបស់គេ។ ការអភិវឌ្ឍន៍នេះ បន្ថយភាពវេទនា និងការកេងប្រវ័ញ្ចន៍ ហើយជួយឱ្យមានការគោរពអត្តសញ្ញាណខាងវប្បធម៌ និងការបើកចិត្តទូលាយចំពោះអ្វីដែលខ្ពង់ខ្ពស់បំផុត (SRS ៣២)។

២៤៤២. ពួកគង្វាលព្រះសហគមន៍គ្មានមុខងារធ្វើអន្តរាគមន៍ផ្ទាល់ ក្នុងកិច្ចការនយោបាយ និងចាត់ចែងការរស់នៅក្នុងសង្គមទេ។ មុខងារនេះ ជាមុខងាររបស់គ្រីស្តបរិស័ទធម្មតា ដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យប្រតិបត្តិដោយខ្លួនឯង រួមជាមួយប្រជាពលរដ្ឋដូចគ្នាផងដែរ។ កិច្ចការសង្គមអាចមានច្រកចេញយ៉ាងច្រើន ប៉ុន្តែ ត្រូវយកប្រយោជន៍រួមជាធំ ស្របតាមសារនៃដំណឹងល្អ និងការប្រៀនប្រដៅរបស់ព្រះសហគមន៍។ គ្រីស្តបរិស័ទធម្មតាត្រូវតែ “ធ្វើឱ្យតថភាពនៅក្នុងលោកនេះ មានជីវិតរស់រវើក ដោយចិត្តខ្នះខ្នែងនៃគ្រីស្តបរិស័ទ ហើយដោយមានរបៀបរស់នៅដូចជាអ្នកកសាងសន្តិភាព និងយុត្តិធម៌” (SRS ៤៧ ; SRS ៤២)។

៦. សេចក្ដីស្រលាញ់ចំពោះជនក្រីក្រ

២៤៤៣. ព្រះជាម្ចាស់ប្រទានពរដល់អស់អ្នក ដែលមកជួយអ្នកក្រីក្រ ហើយស្តីបន្ទោសអស់អ្នក ដែលគេចចេញឆ្ងាយពីគេ៖ “​អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឱ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ” (មថ ៥,៤២)។​ “អ្នក​រាល់គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញដោយ​ឥត​គិត​ថ្លៃ​ដែរ” (មថ ១០,៨)។ ព្រះយេស៊ូគ្រីស្តនឹងទទួលស្គាល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសតាមអំពើ ដែលគេបានប្រព្រឹត្តចំពោះអ្នកក្រីក្រ (មថ ២៥,៣១-៣៦)។ នៅពេលដែល “​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រី​ក្រ” (មថ ១១,៥) (លក ៤,១៨) ជាសញ្ញាសម្គាល់នៃវត្តមានរបស់ព្រះគ្រីស្ត។

២៤៤៤. “សេចក្ដីស្រលាញ់របស់ព្រះសហគមន៍ចំពោះជនក្រីក្រ (...) ជាប្រពៃណីដ៏ស្ថិតស្ថេរនៃព្រះសហគមន៍ (CA ៥៧)។ ដំណឹងល្អអំពីសុភមង្គលយ៉ាងពិតប្រាកដ (លក ៦,២០-២២) ភាពក្រីក្ររបស់ព្រះយេស៊ូ (មថ ៨,២០) និងការចាប់អារម្មណ៍របស់ព្រះអង្គចំពោះអ្នកក្រីក្រ (មក ១២,៤១-៤៤) ជួយបំភ្លឺសេចក្ដីស្រលាញ់នេះ។ សេចក្ដីស្រលាញ់ចំពោះអ្នកក្រីក្រជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលថា ត្រូវតែធ្វើការ ដើម្បី “​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត” (អភ ៤,២៨)។ សេចក្ដីស្រលាញ់នេះ មិនគ្រាន់តែទាក់ទងនឹងភាពក្រីក្រខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងរបៀបផ្សេងៗទៀតជាច្រើននៃភាពក្រីក្រ ដូចជាភាពក្រីក្រខាងវប្បធម៌ និងខាងសាសនា (CA ៥៧)។

២៤៤៥. សេចក្ដីស្រលាញ់ចំពោះជនក្រីក្រមិនអាចប្រដូចនឹងការស្រលាញ់ទ្រព្យសម្បត្តិហួសហេតុ ឬការប្រើប្រាស់ទ្រព្យនោះ ដើម្បីតែបុគ្គលខ្លួនឯង៖ ពួកអ្នកមានអើយ! ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន! ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្តៀរស៊ីដែរ។ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះ ធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ឥតបើកប្រាក់ឈ្នូលឱ្យពួកកម្មករដែលច្រូតកាត់ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ។ មើល៍! សម្រែកអ្នកច្រូតទាំងនោះ បានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល។ អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៍សប្បាយ ថ្កុំថ្កើង រុងរឿង ហើយអ្នករាល់គ្នាបំពេញបំណងចិត្តខ្លួនយ៉ាងឆែ្អតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពមបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ (យក ៥,១-៦)។

២៤៤៦. សន្ត យ៉ូហាន គ្រីសូស្តូម ប្រមានយ៉ាងតឹងរ៉ឹងថា៖ “ពេលណាយើងមិនធ្វើឱ្យអ្នកក្រីក្រមានចំណែកក្នុងទ្រព្យសម្បត្តិរបស់ខ្លួន ពេលនោះយើងលួចប្លន់​ និងប្រហារជីវិតគេ។ យើងមិនរក្សាទុកទ្រព្យសម្បត្តិរបស់ខ្លួនឯងទេ យើងរក្សាទុកទ្រព្យសម្បត្តិរបស់គេ”។ “ត្រូវបំពេញការទាមទារនៃយុត្តិធម៌ជាមុនសិន ក្រែងលោយើងធ្វើទានក្នុងនាមសេចក្ដីស្រលាញ់ ហើយគេថាទាននោះ ស្របតាមយុត្តិធម៌តែប៉ុណ្ណោះ” (AA ៨)៖ នៅពេលដែលយើងចែកឱ្យអ្នកក្រីក្ររបស់របរចាំបាច់ យើងគ្មានចិត្តសប្បុរសទេ ប៉ុន្តែ យើងសងគេអ្វីដែលជារបស់គេ។ យើងបំពេញភារកិច្ចនៃយុត្តិធម៌ច្រើនជាងយើងប្រព្រឹត្តកិច្ចការនៃសេចក្ដីស្រលាញ់ (សន្ត គ្រេគ័រដ៏ប្រសើរ)។

២៤៤៧. ដោយសារកិច្ចការនៃធម៌មេត្តាករុណា យើងជួយអ្នកដទៃ ទៅតាមតម្រូវការខាងផ្លូវកាយ និងខាងផ្លូវចិត្តរបស់គេ (អស ៥៨,៦-៧ ; ហប ១៣,‌៣)។ កិច្ចការនៃធម៌មេត្តាករុណាខាងវិញ្ញាណ មានដូចជាបង្រៀន ផ្តល់ដំបូន្មាន លួងលោម លើកទឹកចិត្ត លើកលែងទោស ស៊ូទ្រាំដោយចិត្តអត់ធ្មត់។ កិច្ចការនៃធម៌មេត្តាករុណាខាងផ្លូវកាយ មានដូចជាផ្តល់អាហារដល់អ្នកស្រេកឃ្លាន ផ្តល់ជម្រកដល់ជនអនាថា ផ្តល់សម្លៀកបំពាក់ដល់អ្នកខ្លួនទទេ សួរសុខទុក្ខអ្នកជម្ងឺ និងអ្នកទោស បញ្ចុះសពអ្នកស្លាប់ (មថ ២៥,៣១-៤៦)។ ក្នុងចំណោមកិច្ចការទាំងអស់នោះ ការធ្វើទានដល់ជនក្រីក្រ (តប ៤,៥-១១ ; បសរ ១៧,២២) ផ្តល់សក្ខីភាពខ្លាំងណាស់អំពីសេចក្ដីស្រលាញ់ចំពោះអ្នកដទៃទុកជាបងប្អូន ហើយជារបៀបប្រតិបត្តិតាមយុត្តិធម៌ ដែលគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ (មថ ៦,២-៤)៖ អ្នក​ណា​មាន​អាវ​ពីរ​ ត្រូវ​ចែកឱ្យ​អ្នក​ដែល​គ្មាន​‌ ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ​‌ក៏​ត្រូវ​ចែកឱ្យ​អ្នក​គ្មាន​ដែរ (លក ៣,១១)។ ចូរ​យក​អ្វីៗ​នៅ​ក្នុង​ចាន​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ​ទៅ ​នោះ​ប្រដាប់​ប្រដា​ទាំង​អស់​នឹង​បាន​ស្អាត​បរិសុទ្ធសម្រាប់ឱ្យ​អ្នក​រាល់​គ្នា​ប្រើ​ប្រាស់ (លក ១១,៤១)។ ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា៖ “សូមអញ្ជើញទៅដោយសុខសាន្ត សូមឱ្យបានកក់ក្តៅ សូមបរិភោគឱ្យបានឆ្អែត!” តែមិនឱ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី” (យក ២,១៥-១៦) (១យហ ៣,១៧)។

២៤៤៨. “ដោយមានបែបផែនផ្សេងៗពីគ្នា ដូចជាការខ្វះខាតខាងសម្ភារៈ ការសង្កត់សង្កិនជិះជាន់ ពិការភាពខាងផ្លូវកាយ និងខាងផ្លូវចិត្ត ហើយទីបញ្ចប់មរណភាព ភាពវេទនារបស់មនុស្ស ជាសញ្ញាសម្គាល់ជាក់ច្បាស់នៃភាពទន់ខ្សោយរបស់មនុស្ស តាំងពីអំពើបាបដើមដំបូង និងអំពីតម្រូវការនៃការសង្រ្គោះ។ ហេតុនេះហើយ បានជាភាពវេទនារបស់មនុស្សនេះ បានទាក់ទាញធម៌មេត្តាករុណារបស់ព្រះគ្រីស្ត ជាព្រះសង្រ្គោះ ដែលសព្វព្រះហឫទ័យទទួលយកភាពវេទនានេះ និងឱ្យ “អ្នកតូចតាចជាងគេបំផុត” ទៅជារូបតំណាងរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាតាំងពីដើមដំបូង ព្រះសហគមន៍ស្រលាញ់ អស់អ្នកដែលត្រូរងទុក្ខវេទនាច្រើនជាងគេ ។ ទោះបីសមាជិកច្រើនរបស់ព្រះសហគមន៍មិនបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងក៏ដោយ ក៏ព្រះសហគមន៍តែងតែធ្វើការឱ្យជួយសម្រាលទុក្ខ ការពារ និងរំដោះអ្នកទាំងអស់នោះដែរ។ ព្រះសហគមន៍បានសម្រាលទុក្ខពួកគេ ដោយប្រព្រឹត្តកិច្ចការនៃសេចក្ដីស្រលាញ់ជាច្រើនអនេក ដែលនៅតែចាំបាច់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា” (CDF)។

២៤៤៩. ក្នុងសម្ពន្ធមេត្រីចាស់ហើយ បទបញ្ជាគ្រប់ប្រភេទ (ឆ្នាំនៃធម៌មេត្តាករុណា ការហាមប្រាមមិនឱ្យខ្ចីដោយយកការប្រាក់ និងមិនឱ្យទទួលរបស់បញ្ចាំ ការបង់ពន្ធសម្រាប់ព្រះវិហារ ការបើកប្រាក់ឈ្នូលកម្មករប្រចាំថ្ងៃជារឿងរាល់ថ្ងៃ សិទ្ធិរើសសន្សំកួរស្រូវដែលជ្រុះនៅលើដី) ឆ្លើយតបនឹងពាក្យដាស់តឿននៃកណ្ឌទុតិយកថា៖ “  នៅ​ក្នុងស្រុក  តែងតែមានអ្នកក្រជានិច្ច ​ហេតុនេះ​ហើយ ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ឱ្យ​មាន​ចិត្ត​ទូលាយ​ដល់បងប្អូនរបស់អ្នក​ដែលក្រីក្រកំសត់ទុគ៌ត  នៅ​ក្នុងស្រុក” (ទក ១៥,១១)។ ព្រះយេស៊ូយកព្រះបន្ទូលនេះទុកជាព្រះបន្ទូលរបស់ព្រះអង្គដែរ៖ “អ្នកក្រីក្រនៅជាមួយ​អ្នករាល់គ្នារហូត ​រីឯខ្ញុំវិញ​ ខ្ញុំមិននៅជាមួយអ្នក​រាល់គ្នា​រហូតទេ” (យហ ១២,៨)។ ព្រះអង្គមិនលុបបំបាត់ពាក្យដាស់តឿនបុរាណ៖ “អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុគ៌ត យកស្បែកជើងមួយគូទៅដូរយក​ជនក្រីក្រ...” (អម ៨,៦) ប៉ុន្តែ ព្រះអង្គអញ្ជើញយើងឱ្យទទួលស្គាល់វត្តមានរបស់ព្រះអង្គក្នុងជនក្រីក្រ ដែលជាបងប្អូនរបស់ព្រះអង្គ (មថ ២៥,៤០)៖ ថ្ងៃដែលម្តាយរបស់គាត់ស្តីបន្ទោសថាគាត់ទទួលអ្នកក្រីក្រ និងជនពិការឱ្យស្នាក់នៅក្នុងផ្ទះ សន្តី រូស នៅលីម៉ា ប្រាប់ម្តាយថា៖ “នៅពេលដែលយើងជួយបម្រើអ្នកក្រីក្រ និងអ្នកជម្ងឺ យើងក៏ជួយបម្រើព្រះយេស៊ូដែរ។ យើងមិនត្រូវធុញទ្រាន់នឹងជួយអ្នកដទៃទេ ដ្បិតនៅក្នុងខ្លួនគេ យើងបម្រើព្រះយេស៊ូ”។

សង្ខេប

២៤៥០. “កុំលួចទ្រព្យសម្បត្តិគេ” (ទក ៥,១៩)។ ពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពុំអាច​ទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ” (១ករ ៦,១០)។

២៤៥១. វិន័យទីប្រាំពីរបញ្ជាឱ្យអនុវត្ត ក្នុងការគ្រប់គ្រងទ្រព្យ​សម្បត្តិ​លោកីយ៍ និងផលនៃការងារមនុស្សលោក ដោយយុត្តិធម៌ និងដោយសេចក្ដីស្រលាញ់។

២៤៥២. ព្រះជាម្ចាស់ទុកទ្រព្យសម្បត្តិនៃពិភពលោកឱ្យមនុស្សជាតិទាំងមូល។ ទោះបីច្បាប់តម្រូវឱ្យមនុស្ស​​មានកម្មសិទ្ធិឯកជនយ៉ាងណាក៏ដោយ ក៏មិនត្រូវភ្លេចថា ព្រះជាម្ចាស់​ប្រទាន​ផែន​ដី​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូលដែរ។

២៤៥៣. វិន័យទីប្រាំពីរហាមលួចគេ។ ការលួចជាការរំលោភទ្រព្យសម្បត្តិអ្នកដទៃ នៅពេល​ដែល​​ម្ចាស់វាមិនយល់ព្រមប្រគល់ឱ្យដោយមានមូលហេតុត្រឹមត្រូវ។

២៤៥៤. បើយើងយក ឬប្រើតាមរបៀបមិនត្រឹមត្រូវទ្រព្យសម្បត្តិរបស់គេ យើងប្រឆាំងនឹងវិន័យទីប្រាំពីរ។ ត្រូវទូទាត់អំពើអយុត្តិធម៌ ដែលបានប្រព្រឹត្ត។ ត្រូវសងទ្រព្យសម្បត្តិដែល​បាន​លួច​ឱ្យ​ម្ចាស់​ដើម​របស់​វា​វិញ។

២៤៥៥. ច្បាប់សីលធម៌ហាមប្រាមប្រព្រឹត្តអំពើ ឬមុខរបរ ដែលនាំឱ្យ​ប្រើប្រាស់​មនុស្ស​ដូច​ជា​ទាសករ ទិញ លក់ និងផ្លាស់ប្តូរគេដូចទំនិញ ទោះជាដើម្បីប្រយោជន៍ផ្ទាល់ និងមូលហេតុផ្តាច់ការក៏ដោយ។

២៤៥៦. ការគ្រប់គ្រង ដែលព្រះជាម្ចាស់ប្រគល់ឱ្យមនុស្សលើធនធានខនិច រុក្ខជាតិ និងសត្វ​នៃ​សកល​លោកត្រូវតែគោរពសីលធម៌ ព្រមទាំងអ្នកជំនាន់ក្រោយៗដែរ។

២៤៥៧. ព្រះជាម្ចាស់ប្រគល់សត្វឱ្យមនុស្សត្រួតត្រាដោយយកចិត្តទុកដាក់។ ពួកវាអាចបំពេញតម្រូវ ការដ៏ត្រឹមត្រូវរបស់មនុស្សបាន។

២៤៥៨. ព្រះសហគមន៍វិនិច្ឆយខាងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ស្របតាមសីលធម៌ ប្រសិន​បើសិទ្ធិ​មូល​ដ្ឋាន​របស់មនុស្ស ឬការសង្រ្គោះនៃព្រលឹង​ទាមទារ។​ ព្រះសហគមន៍គិតគូរដល់ប្រយោជន៍រួមនៃលោកនេះ ដើម្បី​ឱ្យ​ការចាត់ចែងនោះបានល្អប្រសើរបំផុត ដែលជាទីដៅចុងក្រោយរបស់យើង។

២៤៥៩ . មនុស្សខ្លួនេងជាអ្នកបង្កើត ជាស្នូល និងជាទិសដៅនៃជីវិតខាងសេដ្ឋកិច្ច និងការរស់នៅ​ក្នុង​សង្គម។ ចំណុចសំខាន់បំផុតនៃយុត្តិធម៌ក្នុងសង្គម គឺឱ្យទ្រព្យដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្ស ទាំងអស់ពិតជាមកដល់មនុស្សទាំងអស់មែន តាមភាពយុត្តិធម៌ និងដោយមានសេចក្ដីស្រលាញ់ជួយផងដែរ។

២៤៦០. តម្លៃដ៏ខ្ពង់ខ្ពស់នៃការងារមកពីមនុស្សខ្លួនឯង ដែលជាអ្នកបង្កើត និងជាទិសដៅនៃការងារ។ តាម ការងាររបស់ខ្លួន មនុស្សរួមចំណែកក្នុងស្នាព្រះហស្តនៃការបង្កើតពិភពលោក។ ដោយរួមរស់ជាមួយព្រះគ្រីស្ត ការងារអាច ជួយសង្រ្គោះមនុស្ស។

២៤៦១. ការអភិវឌ្ឍន៍ពិតប្រាកដជាការអភិវឌ្ឍន៍របស់មនុស្សទាំងស្រុង។ គឺជាការជួយមនុស្សឱ្យមាន​សមត្ថភាអាចឆ្លើយតបនឹងទិសដៅរបស់ខ្លួន ដែលជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ (CA ២៩)។

២៤៦២. ការធ្វើទានចំពោះអ្នកក្រីក្រផ្តល់សក្ខីភាព អំពីសេចក្ដីស្រលាញ់ចំពោះអ្នកដទៃទុកជាបងប្អូន ហើយជារបៀបប្រតិបត្តិតាមយុត្តិធម៌ ដែលគាប់ព្រះឫទ័យព្រះជាម្ចាស់។

២៤៦៣. ក្នុងចំណោមមហាជនដែលគ្មានអាហារ គ្មានជម្រក គ្មានទីលំនៅ តើធ្វើដូចម្ដេចកុំឱ្យស្គាល់លោកឡាសារ ជាអ្នកសុំទានក្នុងពាក្យប្រស្នា (លក ១៦,១៩-៣១) ? តើធ្វើដូចម្ដេចកុំឱ្យស្តាប់ព្រះបន្ទូលព្រះយេស៊ូថា៖ អ្នករាល់គ្នាក៏ដូចជា មិនបានប្រព្រឹត្តចំពោះយើងដែរ” (មថ ២៥,៤៥) ?

ប្រការទី៨៖​វិន័យទីប្រាំបី

កុំធ្វើសាក្សីក្លែងក្លាយ​ដែលនាំឱ្យអ្នក​ដទៃ​មាន​ទោស (សរ​២០,១៦)។ អ្នក​រាល់គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី ដែល​មាន​ថ្លែង​ប្រាប់​បុព្វ​បុរស​ថា៖ “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ​អម្ចាស់” (មថ​៥,៣៣)។

២៤៦៤. វិន័យទីប្រាំបីហាមមិនឱ្យបង្ខូចសេចក្ដីពិតក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ បទបញ្ជានៃសីលធម៌នេះ ហូរចេញមកពីលក្ខណៈនៃប្រជាជនដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ត្រាស់ហៅឱ្យទៅជាសាក្សីនៃព្រះរបស់គេ ដែលជាសេចក្ដីពិត ហើយដែលសព្វព្រះហឫទ័យនឹងសេចក្ដីពិត។ អំពើបាបប្រឆាំងនឹងសេចក្ដីពិតបង្ហាញថា យើងមិនព្រមកាន់សីលធម៌ តាមពាក្យសម្តី ឬតាមកិច្ចការ គឺអ្នកប្រព្រឹត្តអំពើទាំងអស់នោះ ក្បត់ព្រះជាម្ចាស់យ៉ាងជាក់ច្បាស់ ទើបកម្ទេចគ្រឹះនៃសម្ពន្ធមេត្រី។

១. ការរស់នៅក្នុងសេចក្ដីពិត

២៤៦៥. គម្ពីរសម្ពន្ធមេត្រីចាស់បញ្ជាក់ថា ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីពិត ។ ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត (សុភ ៨,៧ ; ២សម ៧,២៨)។ ធម្មវិន័យព្រះអង្គជាសេចក្ដីពិត (ទន ១១៩,១៤២)។ “ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ” (ទន ១១៩,៩០) (លក ១,៥០)។ ដោយសារព្រះជាម្ចាស់ “សុចរិតឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ” (រម ៣,៤) ព្រះអង្គត្រាស់ហៅសមាជិកប្រជាជនព្រះអង្គឱ្យរស់នៅក្នុងសេចក្ដីពិត (ទន ១១៩,៣០)។

២៤៦៦. ព្រះយេស៊ូគ្រីស្តបានសម្ដែងសេចក្ដីពិតទាំងស្រុងរបស់ព្រះជាម្ចាស់។ ព្រះអង្គ “ពោរពេញទៅដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីពិត” (យហ ១,១៤) ព្រះអង្គ “ជាពន្លឺបំភ្លឺពិភពលោក” (យហ ៨,១២) ព្រះអង្គក៏ជាសេចក្ដីពិត (យហ ១៧,១៧)។ “អស់អ្នកដែលជឿលើ (ព្រះអង្គ) មិនស្ថិតនៅក្នុងភាពងងឹតឡើយ” (យហ ១២,៤៦)។ សាវ័ករបស់ព្រះយេស៊ូ “ស្ថិតនៅជាប់នឹងព្រះបន្ទូលព្រះអង្គ” ដើម្បីស្គាល់ “សេចក្ដីពិត ដែលរំដោះឱ្យមានសេរីភាព” (យហ ៨,៣២) ហើយដែលប្រោសឱ្យបានវិសុទ្ធ (យហ ១៤,៦)។ អ្នកណាដើរតាមព្រះយេស៊ូរស់នៅក្នុងអង្គ “ព្រះវិញ្ញាណនៃសេចក្ដីពិត” (យហ ១៤,១៧) ដែលព្រះបិតាចាត់ឱ្យយាងមកក្នុងព្រះនាមព្រះអង្គ (យហ ១៤,២៦) ហើយដែល “នាំឱ្យស្គាល់សេចក្ដីពិតគ្រប់ប្រការ” (យហ ១៦,   ១៣)។ ព្រះយេស៊ូបង្រៀនក្រុមសាវ័ករបស់ព្រះអង្គឱ្យស្រលាញ់សេចក្ដីពិ ដោយគ្មានលក្ខខណ្ឌ៖ “ត្រូវ​និយាយ   ឱ្យ​ទៀង​ទាត់ បើ “មែន” ឱ្យ​ប្រាកដ​ជា “មែន” បើ‌​ “ទេ” ឱ្យ​ប្រាកដ​ជា “ទេ”” (មថ ៥,៣៧)។

២៤៦៧. មនុស្សមានលក្ខណៈធម្មជាតិទៅរកសេចក្ដីពិត។ គេត្រូវលើកតម្កើង និងបញ្ជាក់សេចក្ដីពិត៖ “ដោយសារកិត្តិយសដ៏ថ្លៃថ្នូររបស់ខ្លួន មនុស្សទាំងអស់ (ដ្បិតពួកគេជាបុគ្គល) (...) មានលក្ខណៈធម្មជាតិរបស់ខ្លួន និងកាតព្វកិច្ចទៅតាមសីលធម៌ ក្នុងការស្វែងរកសេចក្ដីពិត ជាដំបូងសេចក្ដីពិតទាក់ទងនឹងសាសនា។ នៅពេលដែលគេស្គាល់សេចក្ដីពិត គេក៏ជាប់ចិត្តនឹងសេចក្ដីពិតនេះ និងកំណត់ការរស់នៅទាំងស្រុងរបស់គេ តាមការទាមទារនៃសេចក្ដីពិត” (DH  ២)។

២៤៦៨. គេហៅការប្រកាន់ភ្ជាប់នូវការពិត  គឺជាភាពស្មោះត្រង់ដែលសម្ដែងចេញមកតាមរយៈកិច្ចការ ឬពាក្យសម្តី។ សេចក្ដីពិត ឬការប្រកាន់ភ្ជាប់នូវការពិត ជាគុណធម៌ ដែលយើងបង្ហាញចេញមកដោយប្រព្រឹត្តតែកិច្ចការពិត និងពោលតែពាក្យសម្តីពិត ដោយរក្សាខ្លួនមិនប្រើល្បិច កលក្លែងបន្លំ និងលាក់ពុតឡើយ។

២៤៦៩. “មនុស្សមិនអាចរស់នៅជាមួយគ្នា បើគេមិនទុកចិត្ត លើគ្នាទៅវីញទៅមក ពោលគឺបើគេមិនសម្ដែងការពិត” (សន្ត ថូម៉ាស នៃអាកាំង)។ គុណធម៌នៃសេចក្ដីពិតផ្តល់ឱ្យអ្នកដទៃអ្វីដែលត្រូវសងគេ។ ការប្រកាន់ភ្ជាប់នូវការពិតជាផ្លូវកណ្តាលរវាងអ្វីដែលត្រូវចេញមកប្រាប់ និងការសម្ងាត់ដែលត្រូវរក្សាទុក គឺត្រូវតែមានចិត្តស្មោះត្រង់ និងចេះលាក់រឿងសម្ងាត់។ “មនុស្សម្នាក់ត្រូវសម្ដែងការពិតទៅមនុស្សម្នាក់ទៀត ដោយស្មោះត្រង់” (សន្ត ថូម៉ាស នៃអាកាំង)។

២៤៧០. សាវ័ករបស់ព្រះគ្រីស្តសុខចិត្ត “រស់នៅក្នុងសេចក្ដីពិត” ពោលគឺដោយរស់នៅយ៉ាងសាមញ្ញ ដែលមានព្រះអម្ចាស់ជាគំរូ និងដោយស្ថិតនៅជាប់នឹងសេចក្ដីពិត។ “ប្រសិន​បើ​យើង​ពោល​ថា​ យើង​រួម​រស់​ជាមួយ​ព្រះអង្គ‌‌​ តែ​យើង​បែរ​ជា​រស់​ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ​‌ យើង​និយាយ​កុហក​ហើយ​‌ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ” (១យហ ១,៦)។

២. ផ្តល់សក្ខីភាពអំពីសេចក្ដីពិត

២៤៧១. ពីមុខលោកពីឡាត ព្រះយេស៊ូប្រកាសថា ព្រះអង្គយាងមក “ក្នុងលោកនេះ ដើម្បីផ្តល់សក្ខីភាពអំពីសេចក្ដីពិត” (យហ ១៨,៣៧)។ គ្រីស្តបរិស័ទ “មិនត្រូវខ្មាសនឹងផ្តល់សក្ខីភាពអំពីព្រះអម្ចាស់” (២ទម ១,៨)។ ក្នុងស្ថានភាពដែលទាមទារឱ្យបញ្ជាក់ជំនឿ គ្រីស្តបរិស័ទត្រូវប្រកាសជំនឿនេះ យ៉ាងច្បាស់លាស់ ដូចសន្ត ប៉ូល ចំពោះចៅក្រមរបស់លោកផងដែរ។ គ្រីស្តបរិស័ទត្រូវតែរក្សា “ចិត្តស្អាតបរិសុទ្ធគ្រប់ជំពូក ចំពោះព្រះជាម្ចាស់ និងចំពោះមនុស្សលោក” (កក ២៤,១៦)។

២៤៧២. ភារកិច្ចរបស់គ្រីស្តបរិស័ទឱ្យចូលរួម ក្នុងការរស់នៅរបស់ព្រះសហគមន៍ ជំរុញគេឱ្យប្រព្រឹត្ត ដូចជាសាក្សីនៃដំណឹងល្អ និងសាក្សីនៃកាតព្វកិច្ចដែលហូរចេញមកពីដំណឹងល្អ។ សក្ខីភាពនេះ បញ្ជូនជំនឿតាមពាក្យសម្ដីផង តាមកិច្ចការផង។ សក្ខីភាពនេះ ជាកិច្ចការស្របតាមយុត្តិធម៌ ដែលតែងតាំង ឬធ្វើឱ្យគេស្គាល់សេចក្ដីពិត (មថ ១៨,១៦)៖ ទោះជារស់នៅកន្លែងណាក៏ដោយ ក៏គ្រីស្តបរិស័ទមានភារកិច្ចបង្ហាញ​បញ្ជាក់ថា គេបានកើតជាថ្មីដោយរួបរួមជាមួយព្រះគ្រីស្ត។ ​នៅពេលគេទទួលអគ្គ​សញ្ញាជ្រមុជទឹក គេក៏បានទទួលកម្លាំងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដោយ​អគ្គ​សញ្ញា​លាប​ថ្ងាសដែរ។ គេផ្តល់សក្ខីភាពនេះ ដោយធ្វើជាគំរូក្នុងការរស់នៅ និងពោលតែពាក្យពិត (AG ១១)។

២៤៧៣. មរណសាក្សី ផ្តល់សក្ខីភាពដ៏អស្ចារ្យជាទីបំផុតអំពីសេចក្ដីពិតនៃជំនឿ គឺគាត់ផ្តល់សក្ខីភាពរហូតដល់ទទួលមរណភាព។ មរណសាក្សីផ្តល់សក្ខីភាពអំពីព្រះគ្រីស្ត ដែលបានសោយទិវង្គត និងទទួលព្រះជន្មថ្មី ដោយរួបរួមជាមួយព្រះអង្គក្នុងសេចក្ដីស្រលាញ់។ គាត់ផ្ដល់សក្ខីភាពអំពីសេចក្ដីពិតនៃជំនឿ និងអំពីលទ្ធិនៃគ្រីស្តសាសនា។ គាត់ស៊ូស្លាប់ ដោយក្លាហាន។ “ទុកឱ្យខ្ញុំទៅជាចំណីសត្វសាហាវចុះ។ សត្វទាំងអស់នោះ នឹងជួយខ្ញុំឱ្យទៅជួបព្រះជាម្ចាស់” (សន្ត អ៊ីញ៉ាស នៃអង់ទីអូស)។

២៤៧៤. ដោយការយកចិត្តទុកដាក់ជាទីបំផុត ព្រះសហគមន៍បានទទួលយកអនុស្សាវរីយន៍របស់អស់អ្នក ដែលទៅដល់ទីបញ្ចប់ ដើម្បីបញ្ជាក់ជំនឿរបស់គេ និងដែលគេហៅថា កិច្ចការរបស់មរណសាក្សី។ អនុស្សវរីយទាំងនោះ ជាឯកសារដើមនៃសេចក្ដីពិតសរសេរដោយអក្សរឈាម៖ តើការសប្បាយនៃលោកីយ៍នេះ នឹងអំណាចទាំងប៉ុន្មាននៅលើផែនដីនេះ មានប្រយោជន៍អ្វីសម្រាប់ខ្ញុំ? ការបាត់បង់ជីវិត ដើម្បីជួបព្រះគ្រីស្តយេស៊ូ ប្រសើរជាងគ្រប់គ្រងពិភពលោកទាំងមូល។ ខ្ញុំស្វែងរកតែព្រះគ្រីស្តប៉ុណ្ណោះទេ គឺព្រះអង្គដែលសោយទិវង្គត ព្រោះតែយើង។ ខ្ញុំចង់បានតែព្រះអង្គទេ គឺព្រះអង្គដែលមានជីវិតថ្មីសម្រាប់យើង។ ពេលខ្ញុំកើតសាជាថ្មីមកដល់ហើយ... (សន្ត អ៊ីញ៉ាស​ នៃអង់ទីអូស)។ ខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលផ្តល់កិត្តិយសឱ្យខ្ញុំក្នុងថ្ងៃនេះ វេលានេះ សមនឹងបញ្ចូលខ្ញុំក្នុងចំណោមមរណសាក្សីរបស់ព្រះអង្គ (...)។ ព្រះអង្គជាព្រះនៃភក្ដីភាព និងសេចក្ដីពិត ទ្រង់បានរក្សាព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ខ្ញុំសូមកោតសរសើរ អរព្រះគុណ និងលើកតម្កើងសិរីរុងរឿងព្រះអង្គ​ ដើម្បីព្រះអំណោយទាននេះ និងអ្វីៗទាំងអស់ តាមរយៈមហាបូជាចារ្យអស់កល្បជានិច្ច ដែលគង់នៅស្ថានបរមសុខ គឺព្រះយេស៊ូគ្រីស្ត ជាបុត្រដ៏ជាទីស្រលាញ់របស់ព្រះអង្គ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយព្រះគ្រីស្ត ដែលគង់នៅជាមួយព្រះអង្គ រួមជាមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន (សន្ត ប៉ូលីកាប)។

៣. អំពើបាបប្រឆាំងនឹងសេចក្ដីពិត

២៤៧៥. សាវ័ករបស់ព្រះគ្រីស្តបាន “ពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ” (អភ ៤,២៤)។ ពួកគាត់បាន “ឈប់និយាយកុហក” ពួកគាត់ត្រូវ “លះបង់អំពើអាក្រក់គ្រប់យ៉ាង ល្បិចកិច្ចកលទាំងប៉ុន្មាន ការលាក់ពុត ចិត្តច្រណែនឈ្នានីស និងការនិយាយដើមគេជាដើម” (១ពត្រ ២,១)។

២៤៧៦. សក្ខីភាពក្លែងក្លាយ និងសម្បថបំពាន ។​ នៅពេលដែលយើងពោលពាក្យសម្តីប្រឆាំងនឹងការពិត ជាសាធារណៈ យើងប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ។។ ពីមុខតុលាការ ពាក្យសម្តីនេះ ទៅជាសក្ខីភាពក្លែងក្លាយ (សុភ ១៩,៩)។ នៅពេលស្បថ គេហៅថា សម្បថបំពាន។ របៀបប្រព្រឹត្តទាំងអស់នោះ ធ្វើឱ្យគេដាក់ទោសមនុស្សម្នាក់ដែលគ្មានកំហុស ឬលើកលែងអ្នកមានទោស ឬធ្វើឱ្យគេដាក់ទោសលើអ្នកជាប់ចោទច្រើនជាងមុនទៅទៀត (សុភ ១៨,៥)។ សក្ខីភាពក្លែងក្លាយនោះ នាំឱ្យចៅក្រមមិនអាចកាត់ក្តីបានយុត្តិធម៌ឡើយ។

២៤៧៧. យើងមិនអាចប្រកាន់ឥរិយាបទ ឬពោលពាក្យសម្តីណា​មួយ ដែលមិនគោរពកេរ្តិ៍ឈ្មោះ របស់នរណាម្នាក់បានឡើយ (CIC ២២០)៖ អ្នកប្រព្រឹត្តខុសដូចខាងក្រោមនេះ ជាអ្នកប្រព្រឹត្តអំពើបាប៖
- ជនបុរេវិនិច្ឆយ ជាអ្នក ដែលទទួលស្គាល់គុណវិបត្តិផ្លូវចិត្តរបស់អ្នកដទៃថា ជាការពិត ដោយមិនបានពិនិត្យមើលយ៉ាងល្អិតល្អន់ ទោះជាសម្ងាត់ក៏ដោយ
- អ្នកនិយាយដើមគេ ជាអ្នក ដែលលាតត្រដាងគុណវិបត្តិ និងកំហុសរបស់អ្នកដទៃ ឱ្យគេស្គាល់ ដោយគ្មានមូលហេតុត្រឹមត្រូវ (បសរ ២១,២៨)
- អ្នកនិយាយបង្អាប់បង្អោនគេ ជាអ្នក ដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ ដោយភូតកុហក ធ្វើឱ្យគេវិនិច្ឆយខុសចំពោះអ្នកនេះ។

២៤៧៨. ម្នាក់ៗនឹងប្រុងប្រយ័ត្នក្នុងការបកស្រាយចិត្តគំនិត ពាក្យសម្ដី និងកិច្ចការរបស់អ្នកដទៃ តាមរបៀបវិជ្ជមាន និងតាមតែអាចធ្វើបាន ដើម្បីចៀសវាងកុំឱ្យមានបុរេវិនិច្ឆយ៖ គ្រីស្តបរិស័ទដ៏ល្អម្នាក់ត្រូវតែប្រញាប់ទទួលសំណើររបស់អ្នកដទៃ ជាជាងដាក់ទោសគេ។ បើយើងមិនអាចទទួលសំណើរនេះបានទេ យើងត្រូវសួរគេថា តើគេយល់សំណើរនេះយ៉ាងដូចម្ដេង ហើយបើគេយល់ខុស សូមឱ្យយើងជួយកែគេដោយចិត្តស្រលាញ់។ បើមិនគ្រប់គ្រាន់ទេ សូមឱ្យរកមធ្យោបាយត្រឹមត្រូវទាំងអស់ ដើម្បីឱ្យគេទទួលការសង្រ្គោះ ដោយយល់ច្បាស់អំពីសំណើរនោះ (សន្ត អ៊ីញ៉ាស)។

២៤៧៩. ការនិយាយដើមគេ​ និងការបង្អាប់បង្អោនគេ បំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អ្នកដទៃ ។​ កិត្តិយសជាសក្ខីភាពរបស់សង្គមចំពោះឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស ហើយមនុស្សគ្រប់ៗរូបមានសិទ្ធិធម្មជាតិឱ្យទទួលកិត្តិយសឱ្យមានកេរ្តិ៍ឈ្មោះល្អ និងឱ្យគេគោរព។ ហេតុនេះ ការនិយាយដើមគេ​ និងការបង្អាប់បង្អោនគេ ជាការបង្ខូចគុណធម៌នៃយុត្តិធម៌ និងសេចក្ដីស្រលាញ់។

២៤៨០. យើងមិនអាចពោលពាក្យសម្ដី ឬប្រកាន់ឥរិយាបទ ដែលលើកទឹកចិត្ត និងបញ្ជាក់អ្នកដទៃក្នុងកិច្ចការ និងអាក្បកិរិយាដ៏អាក្រក់របស់គេ ដោយបញ្ជោរ បញ្ចើចបញ្ចើ ឬផ្គាប់ចិត្តគេ បានឡើយ។ ការបញ្ចើចបញ្ចើគេជាកំហុសធ្ងន់ ធ្វើឱ្យយើងទៅជាដៃគូនៃបាបធម៌ ឬអំពើបាបធ្ងន់។ ទោះបីយើងចង់ជួយបម្រើគេ ឬទោះបីយើងជាមិត្តភ័ក្តគេយ៉ាងណាក៏ដោយ ក៏យើងមិនអាចប្រើពាក្យសម្ដីពីរដែរ។ ការបញ្ចើចបញ្ចើគេជាអំពើស្រាលនៅពេលដែលយើងគ្រាន់តែចង់ផ្គាប់ចិត្តគេ ចៀសវាងអំពើអាក្រក់ បំពេញតម្រូវការចាំបាច់ណាមួយ ឬទទួលផលប្រយោជន៍ត្រឹមត្រូវ។

២៤៨១. អ្នកអួតបំប៉ោងខ្លួនឯង ប្រព្រឹត្តអំពើបាបប្រឆាំងនឹងសេចក្ដីពិត។ យ៉ាងណាមិញ អ្នកចំអកឡកឡឺយឱ្យគេ គឺអ្នកដែលបង្អាប់បង្អោនគេ ដោយអាកប្បកិរិយាមើលងាយ ក្នុងបំណងចង់ធ្វើបាបគេ។

២៤៨២. “ពាក្យកុហក គឺការបំភ្លៃមិននិយាយការពិតក្នុងគោលបំណងបោកបញ្ឆោតអ្នកដទៃ” (សន្ត អូគូស្តាំង)។ ព្រះអម្ចាស់ចោទប្រកាន់ពាក្យកុហកដូចជាកិច្ចការរបស់មារសាតាំង៖ “អ្នក​រាល់គ្នា​ជាកូន​ចៅ​របស់​មារ​សាតាំង‌ (...) ​វាមិន​កាន់​តាម​សេចក្តី​ពិត​ទេ​ ព្រោះ​គ្មាន​សេចក្តី​ពិតនៅ​ក្នុង​ខ្លួន​វា​សោះ។​ ពេល​វា​និយាយ​កុហក​‌ នោះ​វា​និយាយ​ចេញ​ពី​គំនិត​វា​ផ្ទាល់​ ​ព្រោះ​វា​ជា​មេកុហក​ ហើយ​ជា​ឪពុក​នៃ​អ្នក​កុហក” (យហ ៨,៤៤)។

២៤៨៣. ពាក្យកុហកប្រឆាំងនឹងសេចក្ដីពិតទាំងស្រុង។ ពេលយើងភូតកុហក យើងនិយាយពាក្យសម្ដី ឬធ្វើសកម្មភាពប្រឆាំងនឹងសេចក្ដីពិត ដើម្បីបញ្ឆោតអ្នកដែលមានសិទ្ធិស្គាល់សេចក្ដីពិតនេះ។ ដោយបង្ខូចទំនាក់ទំនងរវាងមនុស្សចំពោះសេចក្ដីពិត និងអ្នកដទៃ ពាក្យកុហកប្រឆាំងនឹងទំនាក់ទំនងមូលដ្ឋានរវាងមនុស្ស និងពាក្យសម្ដីរបស់គេ ចំពោះព្រះអម្ចាស់។

២៤៨៤. ពាក្យកុហកធ្ងន់ ឬស្រាល អាស្រ័យទៅលើលក្ខណៈនៃសេចក្ដីពិត ដែលពាក្យកុហកបង្ខូច អាស្រ័យទៅលើកាលៈទេសៈ បំណងរបស់អ្នកកុហក ការខូចខាតនៃជនរងគ្រោះ។ ការកុហកខ្លួនឯងជាអំពើបាបស្រាល ប៉ុន្តែពាក្យកុហកជាអំពើបាប ដែលបណ្តាលឱ្យស្លាប់ នៅពេលដែលអ្នកកុហកប្រឆាំងនឹងគុណធម៌នៃយុត្តិធម៌ និងសេចក្ដីស្រលាញ់យ៉ាងខ្លាំង។

២៤៨៥. ពាក្យកុហកទាំងអស់សុទ្ធតែជាអំពើបាប។ អ្នកកុហកបង្ខូចពាក្យសម្ដី ដែលមានមុខងារផ្តល់ឱ្យអ្នកដទៃនូវសេចក្ដីពិត ដែលយើងស្គាល់។ គេមានបំណងចង់បោកបញ្ឆោតអ្នកដទៃ ដោយភូតកុហកប្រឆាំងនឹងសេចក្ដីពិត ហើយផ្ទុយនឹងយុត្តិធម៌ និងសេចក្ដីស្រលាញ់។ ត្រូវមានទោសខ្លាំងជាងនេះទៅទៀត នៅពេលដែលបំណងចង់បញ្ឆោតគេ បង្កើតផលវិបាក ដល់អស់អ្នក ដែលបានឃ្លាតឆ្ងាយពីការពិត។

២៤៨៦. ពាក្យកុហក (ដ្បិតពាក្យកុហកបំពានគុណធម៌នៃការប្រកាន់ភ្ជាប់នូវការពិត) ជាអំពើហិង្សាពិតប្រាកដចំពោះអ្នកដទៃ។ ពាក្យកុហកធ្វើឱ្យគេបាត់បង់សមត្ថភាព ដែលជាលក្ខខណ្ឌ ដើម្បីវិនិច្ឆយ និងសម្រេចចិត្ត។ ពាក្យកុហកជាពូជធ្វើឱ្យមានការបាក់បែកគ្នាបណ្តាលឱ្យមានផលវិបាកបានច្រើន។ ពាក្យកុហកជារឿងអាក្រក់សម្រាប់សង្គមទាំងអស់ ធ្វើឱ្យមនុស្សលែងទុកចិត្តគ្នាទៅវិញទៅមក និងបំផ្លាញទំនាក់ទំនងក្នុងសង្គម។

២៤៨៧. នរណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយុត្តិធម៌ និងសេចក្ដីពិត ត្រូវតែទូទាត់ ទោះជាគេបានទទួលការលើកលែងទោសយ៉ាងក៏ដោយ។ បើគេមិនអាចទូទាត់អំពើបាបជាសាធារណៈ ត្រូវតែទូទាត់ជាសម្ងាត់។ បើជនរងគ្រោះមិនអាចទទួលសំណងជាប្រាក់កាស ត្រូវតែទូទាត់ខាងផ្លូវចិត្ត ក្នុងនាមនៃសេចក្ដីស្រលាញ់។ ភារកិច្ចទូទាត់ទាក់ទងនឹងអំពើបាប ដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ។ ត្រូវតែទូទាត់ខាងផ្លូវចិត្ត ជួនកាលដោយសម្ភារៈ តាមការខូចខាត។

៤. ការគោរពសេចក្ដីពិត

២៤៨៨. ទោះបីយើងមានសិទ្ធិទទួលសេចក្ដីពិត យ៉ាងណាក៏ដោយ ក៏យើងមិនអាចទាមទារទទួលសិទិ្ធនេះគ្រប់កាលៈទេសៈបាន។ ម្នាក់ៗត្រូវសម្រាប់ការរស់នៅរបស់ខ្លួន តាមវិន័យនៃដំណឹងល្អអំពីសេចក្ដីស្រលាញ់ចំពោះអ្នកដទៃ ទុកជាបងប្អូន។ វិន័យនេះ សុំឱ្យរិះគិតពិចារណា តាមកាលៈទេសៈ ថា តើត្រូវសម្ដែងការពិតចំពោះអ្នកណា ដែលសុំទទួលការពិតនេះ ឬទេ?

២៤៨៩. ត្រូវតែឆ្លើយតបនឹងអ្នក ដែលសុំទទួលព័ត៌មាន ឬគមនាគមន៍ ដោយចិត្តស្រលាញ់ និងដោយគោរពសេចក្ដីពិត។ ផលប្រយោជន៍ និងសុវត្តិភាពរបស់អ្នកដទៃ ការគោរពជីវិតឯកជន ប្រយោជន៍រួមជាមូលហេតុល្មម ដើម្បីលាក់បាំងអ្វីដែលមិនគួរដឹង ឬដើម្បីកុំបញ្ចេញឱ្យដឹងខ្លាំងពេក។ ជាញឹកញយ ត្រូវតែលាក់រឿងសម្ងាត់ កុំឱ្យកើតរឿងអាស្រូវ។ បើគេសួរ ត្រូវចេះថ្លឹងថ្លែងថា គួរប្រាប់ ឬមិនគួរប្រាប់ (បសរ ២៧,១៦ ; សុភ ២៥,៩-១០)។

២៤៩០. ការសម្ងាត់នៃអគ្គសញ្ញាលើកលែងទោស ជាការសម្ងាត់ជាទីសក្ការៈ ដែលមិនអាចក្បត់ជាដាច់ខាត។ “មិនអាចបំពានការសម្ងាត់នៃអគ្គសញ្ញាបាន ហេតុនេះហើយ បានជាលោកបូជាចារ្យមិនអាចក្បត់អ្នកសារភាពតាមពាក្យសម្តីក្តី ឬតាមរបៀបផ្សេងក្ដី ជាដាច់ខាត ទោះរឿងអ្វីក៏ដោយ ឬមូលហេតុអ្វីក៏ដោយ” (CIC​ ៩៨៣,១)។

២៤៩១. ត្រូវតែរក្សាទុកការសម្ងាត់នៃវិជ្ជាជាវៈ - ដូចជារឿងសម្ងាត់របស់អ្នកនយោបាយ ទាហាន គ្រូពេទ្យ អ្នកច្បាប់ - ឬរឿងសម្ងាត់ផ្សេងទៀត លើកលែងតែការរាំងខ្ទប់ការសម្ងាត់បណ្តាលឱ្យមានអន្តរាយយ៉ាងធ្ងន់ធ្ងរណាស់ ចំពោះអ្នកប្រគល់ ឬអ្នកទទួលការសម្ងាត់នេះ ឬអ្នកផ្សេងទៀត ហើយយើងអាចចៀសវាងការខូចខាតនោះ ដោយសម្ដែងការពិតតែប៉ុណ្ណោះ។ ទោះបីគេមិនបានប្រគល់ព័ត៌មានជាសម្ងាត់យ៉ាងណាក៏ដោយ ក៏ព័ត៌មាន ដែលអាចធ្វើបាបនរណាម្នាក់ ដោយគ្មានមូលហេតុត្រឹមត្រូវ មិនត្រូវផ្សព្វផ្សាយឱ្យគេដឹងឡើយ។

២៤៩២. ម្នាក់ៗត្រូវតែចេះទប់ខ្លួន ក្នុងឯកជនរបស់មនុស្ស។ អ្នកទទួលខុសត្រូវលើទំនាក់ទំនងត្រូវសម្របតាមការទាមទារនៃប្រយោជន៍រួម និងការគោរពសិទ្ធិឯកជនផង។ ត្រូវតែផ្តន្ទាទោសលើការជ្រូតជ្រែងនៃព័ត៌មានក្នុងជីវិតឯកជនរបស់អ្នក ដែលមានសកម្មភាពនយោបាយ ឬសាធារណៈ លុះត្រាតែព័ត៌មាននេះ បង្ខូចការរស់នៅដ៏ស្និទ្ធស្នាល និងសេរីភាពរបស់គេ។

៥. ការប្រើប្រាស់មធ្យោបាយទំនាក់ទំនងក្នុងសង្គម

២៤៩៣. ក្នុងសង្គមទំនើប មធ្យោបាយទំនាក់ទំនងមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន និងការលើកស្ទួយវប្បធម៌ និងរបស់ការបណ្តុះបណ្តាល។ តួនាទីនេះ រីកចម្រើនតាមការអភិវឌ្ឍន៍បច្ចេកទេស មានលក្ខណៈទូលំទូលាយទៅតាមព័ត៌មានដែលត្រូវបញ្ជូន និងទៅតាមឥទ្ធិពលនៃព័ត៌មានលើមតិសាធារណៈ។

២៤៩៤. ការផ្សព្វផ្សាយព័ត៌មានត្រូវបម្រើផលប្រយោជន៍រួម (IM ១១)។ សង្គមមានសិទ្ធិទទួលព័ត៌មាន ដែលចាក់ឫសលើសេចក្ដីពិត សេរីភាព យុត្តិធម៌ និងសាមគ្គីភាព៖ ដើម្បីគោរពសិទ្ធិនេះ តាមរបៀបត្រឹមត្រូវ ទាមទារឱ្យការផ្សព្វផ្សាយផ្តល់ការពិតអំពីកម្មវត្ថុរបស់ខ្លួន (ដោយគោរពការទាមទារនៃយុត្តិធម៌ និងសេចក្ដីស្រលាញ់) និងពេញលេញទៅតាមរបៀបត្រឹមត្រូវ និងគួរសម ពោលគឺឱ្យមានការគោរពវិស័យសីលធម៌ទាំងអស់ គោរពសិទ្ធិ និងឋានៈដ៏ថ្លៃថ្នូររបស់មនុស្ស ក្នុងការយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាននោះ (IM ៥)។

២៤៩៥. “សមាជិកសង្គមទាំងអស់ចាំបាច់ត្រូវតែបំពេញភារកិច្ចរបស់ខ្លួនលើវិស័យនេះ ដោយយុត្តិធម៌ និងសេចក្ដីពិត។ ពួកគេនឹងប្រើមធ្យោបាយគមនាគមន៍ក្នុងសង្គម ដើម្បីជួយបង្កើត និងផ្សព្វផ្សាយយោបល់សាធារណៈដ៏ល្អ” (IM ៨)។ សាមគ្គីភាពលេចឡើងជាផលនៃទំនាក់ទំនងពិតប្រាកដ និងត្រឹមត្រូវ ហើយផលនៃការផ្សព្វផ្សាយដោយសេរីនៃគំនិតផ្សេងៗ ដែលជួយ និងគោរពអ្នកដទៃ។

២៤៩៦. មធ្យោបាយគមនាគមន៍ក្នុងសង្គម (ជាពិសេសប្រពន័្ធព័ត៌មាន) អាចធ្វើឱ្យអ្នកប្រើប្រាស់ទៅជាអសកម្ម គឺឱ្យគេទៅជាអ្នកប្រើប្រាស់ មិនសូវចាប់អារម្មណ៍នឹងសារ និងទស្សនីយភាពនានា។ អ្នកប្រើប្រាស់នឹងបង្ខំខ្លួនឯងឱ្យចេះទប់ខ្លួន និងកាន់វិន័យ ចំពោះប្រព័ន្ធព័ត៌មាន។ ពួកគេនឹងបំភ្លឺមនសិការយ៉ាងត្រឹមត្រូវ ដើម្បីងាយតស៊ូប្រឆាំងនឹងឥទ្ធិពលអាក្រក់។

២៤៩៧. ការទទួលខុសត្រូវក្នុងអាជីពជាអ្នកសារព័ត៌មាន គឺភារកិច្ចផ្សព្វផ្សាយបម្រើសេចក្ដីពិត និងមិនប្រឆាំងនឹងសេចក្ដីស្រលាញ់។ ពួកគេនឹងខិតខំគោរពលក្ខណៈនៃទង្វើផ្សេងៗ និងកំណត់ការវិនិច្ឆយចំពោះជនគ្រប់រូបស្មើៗគ្នា។ ពួកគេត្រូវចៀសវាងបង្ខូចកេរ្តិ៍ឈ្មោះ។

២៤៩៨. “អាជ្ញាធរស៊ីវិល មានភារកិច្ចពិសេស ដើម្បី​ប្រយោជន៍រួម។ រដ្ឋអំណាចត្រូវតែការពារសេរីភាពយ៉ាងពិតប្រាកដ និងយ៉ាងត្រឹមត្រូវនៃព័ត៌មាន” (IM ១២)។ ដោយតែងច្បាប់ និងដោយពិនិត្យលើការអនុវត្តន៍ច្បាប់ រដ្ឋអំណាចនឹងធានាថា ការប្រើប្រាស់សារព័ត៌មាន តាមរបៀបមិនត្រឹមត្រូវ មិន “បង្កើតការខូចខាតធ្ងន់ធ្ងរចំពោះកិរិយាមាយាទនៃសាធារណជន និងការអភិវឌ្ឍន៍សង្គម” ទេ (IM ១២)។ ពួកគេនឹងដាក់ទោសលើការបំពានសិទ្ធិបង្ខូចកេរ្តិ៍ឈ្មឡរបស់មនុស្សម្នាក់ៗ និងអំពីការសម្ងាត់នៃជីវិតឯកជនរបស់គេ។ ពួកគេនឹងផ្តល់ព័ត៌មាន ដែលទាក់ទងនឹងប្រយោជន៍រួម ឬនឹងឆ្លើយតបនឹងការព្រួយបារម្មណ៍ដ៏ត្រឹមត្រូវនៃប្រជាជន ទាន់ពេល និងដោយចិត្តស្មោះ។ គ្មានអ្វីអាចដោះសាឱ្យការយកព័ត៌មានក្លែងក្លាយ ដើម្បីបោកបញ្ឆោតគំនិតសាធារណជន ដោយការផ្សព្វផ្សាយ។ អន្តរាគមន៍ទាំងអស់នោះ នឹងមិនបង្ខូចសេរីភាពរបស់បុគ្គល និងក្រុមឡើយ។

២៤៩៩. សីលធម៌ដាក់ទោសលើរដ្ឋផ្តាច់ការ ដែលមានរបៀបក្លែងសេចក្ដីពិត គ្រប់គ្រងយោបល់សាធារណៈដោយសារព័ត៌មាន “បោកបញ្ឆោត” ជនជាប់ចោទ និងសាក្សីនៃការកាត់ក្តីជាសាធារណៈ ហើយស្មានថា អាចការពារបៀបផ្តាច់ការរបស់ខ្លួន ដោយបង្ក្រាបអ្វីៗទាំងអស់ ដែលគេចាត់ទុកថា ជា “គំនិតមិនត្រឹមត្រូវ”។

៦. សេចក្ដីពិត សោភណភាព និងសិល្បៈជាទីសក្ការៈ

២៥០០. អ្នកប្រព្រឹត្តអំពើល្អត្រេកអរសប្បាយខាងវិញ្ញាណ និងសោភណភាពផ្លូវចិត្តផងដែរ។ យ៉ាងណាមិញ អ្នកប្រតិបត្តិតាមសេចក្ដីពិតទទួលអំណរ និងភាពថ្កុំថ្កើងនៃសោភណភាពខាងវិញ្ញាណ។ សេចក្ដីពិតផ្ទាល់ស្រស់ស្អាត។ មនុស្សប្រកបដោយប្រាជ្ញាឈ្លាសវៃចាំបាច់ត្រូវតែប្រើពាក្យសម្ដីពិត ដែលបញ្ជាក់នូវប្រាជ្ញា ចំណេះដឹងអំពីសភាពការណ៍ ដែលព្រះជាម្ចាស់បានបង្កើត និងសភាពការណ៍ដែលហូរចេញមកពីព្រះអង្គ ប៉ុន្តែ មនុស្សអាចសម្ដែងសេចក្ដីពិត តាមរបៀបផ្សេងទៀត ដែលបំពេញគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលត្រូវតែនិយាយអំពីអ្វីដែលពិបាកនឹងនិយាយចេញមកដូចជា ជម្រៅចិត្តមនុស្ស ការលើកព្រលឹងឡើង និងអាថ៌កំបាំងរបស់ព្រះជាម្ចាស់។ មុននិងសម្ដែងព្រះអង្គឱ្យមនុស្សស្គាល់តាមពាក្យសម្ដីនៃសេចក្ដីពិត ព្រះជាម្ចាស់សម្ដែងព្រះអង្គឱ្យគេស្គាល់តាមភាសាសកលនៃពិភពលោក ជាស្នាព្រះហស្តនៃព្រះបន្ទូល និងព្រះប្រាជ្ញាញាណរបស់ព្រះអង្គ៖ សណ្ដាប់ធ្នាប់ និងភាពសុខដុមរមនានៃសកលលោក - ដែលកូនក្មេង និងអ្នកស្រាវជ្រាវរកឃើញ - “ភាព​ថ្កុំ​ថ្កើង និង​សម្រស់​របស់​សត្វ​លោក នាំ​មនុស្ស​ឱ្យ​សញ្ជឹង​គិត ដោយ​ការ​ប្រៀប​ធៀប ​អំពី​ព្រះ​អង្គ​ ដែល​បាន​បង្កើត​សត្វ​លោក​ទាំង​អស់នោះ” (ប្រាញ ១៣,៥) ដ្បិត “គឺ​ព្រះ​អង្គ​នេះហើយ ​ដែល​ជា​ប្រភព​នៃ​សម្រស់ ​ព្រះ​អង្គ​បាន​បង្កើត​ធម្ម​ជាតិ​ទាំង​នោះ” (ប្រាញ ១៣,៣)។ ព្រះ​ប្រាជ្ញា​ញាណ​ជា​ខ្យល់​ដង្ហើម​របស់​ព្រះ​ជា​ម្ចាស់​ ប្រកប​ដោយ​ឫទ្ធា​នុភាព និង​ជា​រស្មី​ដ៏​វិសុទ្ធ​ចេញ​មក​ពី​សិរី​រុងរឿង​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។  ដូច្នេះ​ គ្មាន​ភាព​សៅ​ហ្មង​ណា​អាច​ចូល​ក្នុង​ព្រះ​ប្រាជ្ញា​ញាណ​បាន​ឡើយ។ ព្រះ​ប្រាជ្ញា​ញាណ​ជា​រស្មី​នៃ​ពន្លឺ ​ដែល​នៅ​ស្ថិត​ស្ថេរ​អស់​កល្ប​ជានិច្ច ជា​កញ្ចក់​ដ៏​ភ្លឺថ្លា​ឆ្លុះ​បញ្ចាំង​មហិទ្ធិ​ឫទ្ធិ​របស់​ព្រះ​ជា​ម្ចាស់ និង​ជា​តំណាង​នៃ​ព្រះ​ហឫទ័យ​សប្បុរសរបស់​ព្រះ​អង្គ (ប្រាញ ៧,២៥-២៦)។ ព្រះ​ប្រាជ្ញា​ញាណភ្លឺ​ជាង​ពន្លឺ​ព្រះ​អាទិត្យ និង​កញ្ចុំ​ផ្កាយ​ទាំង​ឡាយ​ទៅ​ទៀត បើ​ប្រៀប​ផ្ទឹម​នឹង​បន្លឺ​ថ្ងៃ ព្រះ​អង្គ​ភ្លឺ​ហួស​ប្រមាណ។ យប់​រមែង​ផ្ទេរ​កន្លែង​ទៅឱ្យ​ថ្ងៃ​  ផ្ទុយ​ទៅ​វិញ ព្រះ​ប្រាជ្ញា​ញាណ​ឈ្នះ​សេចក្តី​អាក្រក់​ជានិច្ច (ប្រាញ ៧,២៩-៣០)។ ខ្ញុំ​​ចាប់​ចិត្ត​នឹង​សម្រស់​របស់​ព្រះ​ប្រាជ្ញា​ញាណ (ប្រាញ ៨,២)។

២៥០១. “ព្រះជាម្ចាស់បានបង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ” (កណ​១,២៦) មនុស្សក៏សម្ដែងទំនាក់ទំនងយ៉ាងពិតប្រាកដរបស់ខ្លួនចំពោះព្រះជាម្ចាស់ ដោយសោភណភាពនៃស្នាដៃខាងសិល្បៈរបស់គេ។ តាមការពិត សិល្បៈ បញ្ចេញលក្ខណៈរបស់មនុស្សសុទ្ធសាធ បង្ហាញទ្រព្យសម្បត្តិផ្នែកខាងក្នុងដ៏សម្បូណ៍ហូរហៀររបស់មនុស្ស លើសពីការចង់បំពេញតម្រូវការចាំបាច់ជាលក្ខណៈរួមរបស់សត្វលោកទាំងអស់។ ដោយមកពីព្រះអំណោយទានដែលព្រះបង្កើតបានប្រោសប្រទាន និងពីការខិតខំរបស់មនុស្សផ្ទាល់ សិល្បៈដូចជាប្រាជ្ញាញ្ញាណម្យ៉ាង ដែលបង្រួបបង្រួមចំណេះដឹង និងជំនាញ (ប្រាញ ៧,១៧) ដើម្បីឱ្យចក្ខុវិញ្ញាណ និងសោតវិញ្ញាណអាចមើលឃើញ និងអាចស្តាប់ឮ សេចក្ដីពិតអំពីសភាពការណ៍មួយ។ ដូច្នេះ សិល្បៈស្រដៀងគ្នានឹងសកម្មភាពរបស់ព្រះជាម្ចាស់ក្នុងពិភពលោក លុះត្រាតែសេចក្ដីពិត និងសេចក្ដីស្រលាញ់របស់សត្វលោកបំភ្លឺសិល្បករ។ ដូចសកម្មភាពឯទៀតៗរបស់មនុស្សដែរ សិល្បៈមិនមែនជាទីចុងក្រោយរបស់មនុស្សទេ ប៉ុន្តែសិល្បៈមានគោលដៅ និងទទួលតម្លៃដោយបម្រើទីចុងក្រោយបំផុតរបស់មនុស្ស (សម្ដេចប៉ាប ពីយូសទី១២)។

២៥០២. សិល្បៈជាទីសក្ការៈ​ ពិតប្រាកដ និងថ្លៃថ្នូរ នៅពេលដែលសិល្បៈនេះស្របតាមលក្ខណៈរបស់ខ្លួន គឺនាំឱ្យគិត និងលើកតម្កើង ក្នុងជំនឿ និងដោយក្រាបថ្វាយបង្គំ សិរីរុងរឿងនៃអាថ៌កំបាំងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់ ជាសោភណភាពដ៏ថ្កុំថ្កើងដែលមិនអាចមើលឃើញនៃសេចក្ដីពិត និងសេចក្ដីស្រលាញ់ ដែលព្រះគ្រីស្តបានសម្ដែងមក ទ្រង់ក៏ “ជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ” (ហប ១,៣) ដែល “គ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ស្ថិតនៅយ៉ាងពេញលេញក្នុងរូបកាយព្រះអង្គ” (កូឡ ២,៩) និងជាសោភណភាពខាងវិញ្ញាណ ដែលឆ្លុះបញ្ចាំងដោយព្រះនាងព្រហ្មចារិនីម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់ដ៏វិសុទ្ធបំផុត ទេវទូត និងសន្តបុគ្គល។ សិល្បៈជាទីសក្ការៈយ៉ាងពិតប្រាកដជំរុញមនុស្សឱ្យក្រាបថ្វាយបង្គំ ទូលអង្វរ និងស្រលាញ់ព្រះជាម្ចាស់ជាព្រះបង្កើត និងជាព្រះសង្រ្គោះ ជាព្រះដ៏វិសុទ្ធ ដែលប្រោសឱ្យបានវិសុទ្ធ។

២៥០៣. ហេតុនេះហើយ បានជាពួកលោកអភិបាលត្រូវតែប្រុងប្រយ័ត្នដោយខ្លួនឯងផ្ទាល់ ឬតាមរយៈអ្នកដទៃលើកស្ទួយសិល្បៈជាទីសក្ការៈ ទាំងថ្មី ទាំងបុរាណ ទាំងអស់ ហើយយកគ្រប់លំនាំចិត្តទុកដាក់យកចេញពីពិធីបុណ្យ និងពីព្រះវិហារ អ្វីៗទាំងអស់ដែលមិនស្របតាមសេចក្ដីពិតនៃជំនឿ និងសោភណភាពយ៉ាងពិតប្រាកដនៃសិល្បៈជាទីសក្ការៈ (SC ១២២-១២៧)។

សង្ខេប

២៥០៤. “កុំធ្វើសាក្សីក្លែងក្លាយ​ដែលនាំឱ្យអ្នក​ដទៃ​មាន​ទោស” (សរ​២០,១៦)។ សាវ័ករបស់ព្រះគ្រីស្ត បាន ពាក់ជីវិតថ្មីដ៏សុចរិត និងវិសុទ្ធមកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើតស្របតាមព្រះហឫទ័យ របស់ព្រះអង្គ” (អភ ៤,២៤)។

២៥០៥. សេចក្ដីពិត ឬការប្រកាន់ខ្ជាប់នូវការពិត ជាគុណធម៌ ដែលយើងបង្ហាញ​ចេញ​មក​ដោយ​ប្រព្រឹត្ត​តែ​កិច្ចការពិត និងពោលតែពាក្យសម្តីពិត ដោយរក្សាខ្លួនមិនប្រើល្បិច កលក្លែងបន្លំ និងលាក់ពុតឡើយ។

២៥០៦. គ្រីស្តបរិស័ទ មិនត្រូវខ្មាស់នឹងផ្តល់សក្ខីភាពអំពីព្រះអម្ចាស់” (២ធម ១,៨) តាមកិច្ចការ​ផង ពាក្យសម្ដីផង។ មរណសាក្សី ផ្តល់សក្ខីភាពដ៏អស្ចារ្យជាទីបំផុតអំពីសេចក្ដីពិតនៃជំនឿ គឺគាត់ផ្តល់សក្ខីភាព​រហូត​ដល់​ទទួលមរណភាព។

២៥០៧. ដើម្បីគោរពកេរ្តិ៍ឈ្មោះរ និងកិត្តិយសរបស់គេ យើងមិនអាចប្រកាន់ឥរិយាបទ ឬពោលពាក្យ​សម្តី​ណា​​មួយ ដោយនិយាយដើមគេ ឬដោយបង្អាប់បង្អោនគេឡើយ។

២៥០៨. ពាក្យកុហក គឺការបំភ្លៃមិននិយាយការពិតក្នុងគោលបំណងបោកបញ្ឆោតអ្នកដទៃ ដែលមាន​សិទ្ធិនឹងទទួលសេចក្ដីពិត។

២៥០៩. នរណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងសេចក្ដីពិត ត្រូវតែទូទាត់អំពើនេះ។

២៥១០. វិន័យសំខាន់បំផុតអំពីសេចក្ដីស្រលាញ់ជួយយើងឱ្យរិះគិតពិចារណាតាមកាលៈទេសៈថា តើ ត្រូវសម្ដែងសេចក្ដីពិត ឬទេ ចំពោះអ្នកដែលសុំទទួលសេចក្ដីពិតនេះ។

២៥១១. “យើងមិនអាចរំលោភការសម្ងាត់នៃអគ្គសញ្ញាបានទាល់តែសោះ” (CIC ៩៨៣,១)។ ត្រូវតែរក្សា​ទុក​ការសម្ងាត់នៃវិជ្ជាជីវៈ។ ព័ត៌មានសម្ងាត់ ដែល​អាច​ធ្វើបាបនរណាម្នាក់ ហើយដែលគេបានប្រគល់ មិន​ត្រូវ​ផ្សព្វ​ផ្សាយឱ្យគេដឹងឡើយ។

២៥១២ . សង្គមមានសិទ្ធិទទួលព័ត៌មាន ដែលចាក់ឫសលើសេចក្ដីពិត សេរីភាព យុត្តិធម៌ និងសាមគ្គី​ភាព។ គួរបង្ខំខ្លួនឯងឱ្យចេះទប់ខ្លួន និងកាន់វិន័យ ចំពោះប្រព័ន្ធព័ត៌មាន។

២៥១៣. វិចិត្រសិល្បៈ​ ជាពិសេសសិល្បៈជាទីសក្ការៈ មានទិសដៅមួយ គឺខិតខំបង្ហាញ​តាមស្នាដៃសិល្បៈនូវសោភណភាពជាអនន្តរបស់ព្រះជាម្ចាស់។ គេកោតសរសើរព្រះជាម្ចាស់ និងលើកតម្កើង​សិរីរុងរឿងរបស់ព្រះអង្គ ដោយ​ជួយ​មនុស្ស ទៅរកព្រះជាម្ចាស់តាមសិល្បៈរបស់គេ” (SC ១២២)។

ប្រការទី៩៖​វិន័យទីប្រាំបួន

កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ ​កុំ​លោភលន់ចង់បានប្រពន្ធគេ ​ឬ​ក៏លោភលន់ចង់​បានអ្នកបំរើប្រុស ​អ្នកបំរើស្រី​ គោ​លា​ ឬ  ​អ្វី​ផ្សេងទៀតដែលជារបស់គេឡើយ (សរ ២០,១៧)។

​អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ​ហើយ​មាន​ចិត្ត​ស្រើប​ស្រាល​ចង់​រួម​បវេណី​ជាមួយ​នាង‌ អ្នក​នោះ​ដូចជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជាមួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ (មថ ៥,២៨)។

២៥១៤. ចំពោះសន្តយ៉ូហាន អ្វីៗនៅក្នុងលោកីយ៍នេះ ចែកជាបំណងចិត្តលោភលន់ ឬតណ្ហាបីប្រភេទ គឺមានចិត្តលោភលន់របស់មនុស្ស ចិត្តលោភលន់ចង់បានអ្វីដែលភ្នែកមើលឃើញ និងអំនួតព្រោះទ្រព្យសម្បត្តិ (១យហ ២,១៦)។ តាមប្រពៃណីនៃការអប់រំជំនឿកាតូលិក វិន័យទីប្រាំបួនហាមប្រាមមិនឱ្យមានចិត្តលោភលន់របស់មនុស្ស ឯវិន័យទីដប់ ហាមប្រាមមិនឱ្យមានចិត្តចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃ។

២៥១៥. តាមអត្ថន័យដើម “កិលេសតណ្ហា” សំដៅទៅលើបំណងប្រាថ្នារបស់មនុស្ស។ ទេវវិទ្យានៃគ្រីស្តសាសនា បានផ្តល់អត្ថន័យពិសេសដល់កិលេសតណ្ហា គឺចលនានៃចិត្តស្រើបស្រាល ដែលជំទាស់នឹងប្រាជ្ញារបស់មនុស្ស។ ចំពោះគ្រីស្តទូតប៉ូល កិលេសតណ្ហាសំដៅទៅលើ “បំណងចិត្តលោភលន់របស់លោកីយ៍” ដែលជំទាស់នឹង “វិញ្ញាណ” (កាឡ ៥,១៦.១៧.២៤) ហើយដែលមកពីអំពើបាបដើមដំបូង (កណ ៣,១១)។ តណ្ហានាំមនុស្សឱ្យវង្វេងមិនដឹងខុសត្រូវ ហើយជំរុញគេឱ្យប្រព្រឹត្តអំពើបាប ទោះជាតណ្ហាផ្ទាល់មិនមែនជាអំពើបាបក៏ដោយ (មហាសន្និបាតនៅទៅក្រុងត្រង់៖ DS ១៥១៥)។

២៥១៦. ដោយមនុស្សជាសត្វលោក ដែលមានការបែងចែកជាពីរ គឺវិញ្ញាណ​ និងរូបកាយ ដូច្នេះ នៅក្នុងខ្លួនមនុស្សមានភាពតាន់តឹងម្យ៉ាង ដែលប្រឆាំងគ្នារវាង “វិញ្ញាណ” និង “បំណងចិត្តលោភលន់”។ ប៉ុន្តែ  តាមការពិត ការប្រឆាំងគ្នានេះ ជាមរតក និងជាផលនៃអំពើបាប ហើយនៅពេលជាមួយគ្នានេះ បញ្ជាក់អំពើបាបនេះ។ អស់អ្នកដែលប្រយុទ្ធខាងវិញ្ញាណដកពិសោធន៍ថា បំណងចិត្តលោភលន់ប្រយុទ្ធប្រឆាំងនឹងវិញ្ញាណ៖ គ្រីស្តទូតប៉ូលមិនប្រមាថ ឬផ្តន្ទាទោសរូបកាយ ដែលរួមជាមួយនឹងព្រលឹងវិញ្ញាណ និងជាលក្ខណៈសម្បត្តិរបស់មនុស្សទេ ផ្ទុយទៅវិញ លោកថ្លែងអំពីស្នាដៃ ឬលក្ខណៈនឹងន - គុណធម៌ និងបាបធម៌ - ល្អ ឬអាក្រក់ តាមច្បាប់សីលធម៌ ដែលជាផលនៃការស្តាប់បង្គាប់ (ក្នុងករណីទីមួយ) ឬផលនៃការជំទាស់ប្រឆាំង (ក្នុងករណីទីពីរ) ចំពោះកិច្ចសង្រ្គោះនៃព្រះវិញ្ញាណដ៏វិសុទ្ធ ។ ហេតុនេះហើយ បានជាគ្រីស្តទូតប៉ូលសរសេរថា៖ “  ប្រសិនបើ​យើង​មាន​ជីវិត​ដោយ​សារ​ព្រះ​វិញ្ញាណ​មែន​ យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះវិញ្ញាណ​ដែរ” (កាឡ ៥,២៥) (សម្ដេចប៉ាប យ៉ូហាន ប៉ូលទីពីរ)។

១. ការជម្រះចិត្តគំនិតឱ្យបានបរិសុទ្ធ

២៥១៧. ចិត្តគំនិតជាមូលដ្ឋានគ្រឹះនៃលក្ខណៈសម្បត្តិរបស់មនុស្សខាងសីលធម៌៖ “​គំនិត​អាក្រក់​ ការ​កាប់​សម្លាប់ ​‌អំពើ​ផិត​ក្បត់ ​កាម​គុណ​ថោក​ទាប ​ការ​លួច​ប្លន់‌ ​ពាក្យ​កុហក‌ ​ពាក្យ​ត្មះ​តិះ​ដៀល​ សុទ្ធ​តែ​ចេញ​មកពី​ចិត្ត​មនុស្ស​ទាំង​អស់‌​” (មថ ១៥,១៩)។ ត្រូវតែប្រយុទ្ធប្រឆាំងនឹងបំណងចិត្តលោភលន់ ដោយជម្រះចិត្តគំនិតឱ្យបានបរិសុទ្ធ និងដោយទប់ចិត្តខ្លួនឯង៖ ចូររស់នៅយ៉ាងសាមញ្ញ កុំប្រព្រឹត្តអំពើបាបសោះ នោះអ្នកនឹងដូចជាកូនក្មេង ដែលមិនស្គាល់អំពើអាក្រក់ដែលបំផ្លាញជីវិតមនុស្ស (គង្វាល ហែរម៉ាស)។

២៥១៨. ព្រះយេស៊ូមានព្រះបន្ទូលថា៖ “អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ​ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់” (មថ ៥,៨)។ “អ្នកណាមានចិត្តបរិសុទ្ធ” សំដៅទៅលើអស់អ្នកដែលបានថ្វាយប្រាជ្ញាឈ្លាសវៃ និងបំណងឆន្ទៈរបស់គេចំពោះព្រះជាម្ចាស់ ដែលទាមទារឱ្យមនុស្សបានវិសុទ្ធ ជាពិសេសក្នុងវិស័យបីយ៉ាង គឺសេចក្ដីស្រលាញ់ (១ធម ៤,៣-៩ ; ២ធម ២,២២) ការចេះទប់ខ្លួនខាងផ្លូវភេទ ដោយចិត្តស្មោះត្រង់ (១ថស ៤,៧ ; កូឡ ៣,៥ ; អភ ៤,១៩) ការស្រលាញ់រាប់អានសេចក្ដីពិត និងជំនឿត្រឹមត្រូវ (ទត ១,៥ ; ១ធម ១,៣-៤ ; ២ធម ២,២៣-២៦)។ ចិត្តបរិសុទ្ធ រូបកាយបរិសុទ្ធ និងជំនឿបរិសុទ្ធជាប់ទាក់ទិននឹងគ្នា៖ គ្រីស្តបរិស័ទត្រូវតែជឿលើប្រការទាំងប៉ុន្មាននៃធម៌ប្រកាសជំនឿ “ដោយជឿ គេស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយស្តាប់បង្គាប់ព្រះអង្គ គេមានរបៀបរស់នៅត្រឹមត្រូវ ដោយមានរបៀបរស់នៅត្រឹមត្រូវ គេជម្រះចិត្តគំនិត ដោយជម្រះចិត្តគំនិត គេយល់អំពីអ្វីដែលគេជឿ” (សន្ត អូគូស្តាំង)។

២៥១៩. ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាចំពោះអស់អ្នក ដែលមាន “ចិត្តបរិសុទ្ធ” ថា គេនឹងឃើញព្រះអង្គទល់មុខគ្នា ហើយគេនឹងមានលក្ខណៈដូចព្រះអង្គដែរ (១ករ ១៣,២ ; ១យហ ៣,២)។ ត្រូវតែមានចិត្តបរិសុទ្ធជាមុនសិន ទើបអាចមើលឃើញព្រះជាម្ចាស់បាន។ ចាប់ពីថ្ងៃនេះទៅ បើយើងមានចិត្តបិរិសុទ្ធ និងទទួលអ្នកដទៃដូចជា “បងប្អូន” យើងអាចមើលឃើញដូច ព្រះជាម្ចាស់ទតឃើញដែរ។ យើងអាចយល់ឃើញថា រូបកាយមនុស្ស គឺរូបកាយយើង និងរូបកាយអ្នកដទៃ ជាព្រះដំណាក់របស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលសម្ដែងសោភណភាពរបស់ព្រះជាម្ចាស់។

២.  ត្រូវតែតស៊ូដើម្បីមានចិត្តបរិសុទ្ធ

២៥២០. ពិធីជ្រមុជទឹកផ្តល់ឱ្យអ្នកទទួលព្រះអំណោយទានជម្រះអំពើបាបទាំងអស់របស់ខ្លួន។ ប៉ុន្តែ អ្នកដែលបានជ្រមុជទឹកត្រូវតែបន្តទប់ទល់ប្រឆាំងនឹងកិលេសតណ្ហា និងចិត្តលោភលន់។ ដោយមានព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រណីសន្ដោស គេអាចធ្វើបាន៖
- ដោយសារគុណធម៌ និងអំណោយទាននៃការចេះទប់ខ្លួន ដ្បិតអ្នកចេះទប់ខ្លួនអាចស្រលាញ់យ៉ាងស្មោះ ដោយគ្មានចិត្តលម្អៀងឡើយ
- ដោយមានបំណងបរិសុទ្ធ ដែលរកទីដៅពិតប្រាកដរបស់មនុស្ស គឺអ្នកជ្រមុជទឹកស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងចង់ប្រតិបត្តិតាមគ្រប់វិស័យ (រម ១២,២ ; កូឡ ១,១០)
- ដោយមានការមើលឃើញបរិសុទ្ធ ផ្នែកខាងក្នុង និងផ្នែកខាងក្រៅផង ដោយគ្រប់គ្រងអារម្មណ៍ និងដំណើរចិត្ត ដោយមិនព្រមចូលដៃក្នុងគំនិតមិនបរិសុទ្ធ ដែលជំរុញឱ្យឃ្លាតឆ្ងាយពីបទបញ្ជារបស់ព្រះជាម្ចាស់៖ “ពេលឃើញ (...) មនុស្សឆោតល្ងង់នាំគ្នា (...) ស្រើបស្រាល” (ប្រាញ ១៥,៥)។
- ដោយ អធិដ្ឋាន ៖ ពីមុនខ្ញុំនឹកស្មានថា ខ្ញុំអាចតមរួមភេទដោយពឹងលើកម្លាំងរបស់ខ្លួន (...) ប៉ុន្តែខ្ញុំគ្មានកម្លាំងនោះទេ។ ខ្ញុំឆោតល្ងង់ណាស់ដោយមិនដឹងថា គ្មាននរណាអាចតមរួមភេទបាន បើព្រះអង្គមិនសព្វព្រះហឫទ័យប្រោសប្រទានឡើយ។ ព្រះអង្គនឹងប្រោសប្រទានឱ្យខ្ញុំពិតប្រាកដមែន បើខ្ញុំបានស្រែកទូលអង្វរព្រះអង្គ ហើយបើខ្ញុំបានផ្ញើកង្វល់នេះទៅលើព្រះអង្គ ដោយមានជំនឿមាំមួន (សន្ត អូគូស្តាំង)។

២៥២១. អ្នកមានចិត្តបរិសុទ្ធត្រូវចេះអៀនខ្មាស ។​ ការអៀនខ្មាសជាផ្នែកដ៏ពេញលេញនៃការទប់ចិត្តខ្លួនឯង។ ការអៀនខ្មាសការពារភាពស្និទ្ធស្នាលរបស់មនុស្ស។ អ្នកខ្មាសអៀនមិនព្រមសម្ដែងអ្វីដែលត្រូវលាក់លៀម។ ការអៀនខ្មាសស្ថិតនៅក្រោមការទប់ខ្លួន និងបញ្ជាក់អំពីសេចក្ដីថ្នាក់ថ្នមនៃការទប់ខ្លួន ។ ការអៀនខ្មាសដឹកនាំការមើលឃើញ និងកាយវិការស្របតាមកិត្តិយសដ៏ថ្លៃថ្នូររបស់មនុស្ស ដែលរួមរស់ជាមួយគ្នា។

២៥២២. អ្នកអៀនខ្មាសការពារអាថ៌កំបាំង និងស្នេហារបស់ខ្លួន ចេះអត់ធ្មត់ និងចេះទប់ខ្លួនផងដែរ។ បុរស និងស្រ្តី ដែលមានការអៀនខ្មាស ចេះរង់ចាំក្នុងទំនាក់ទំនងស្នេហាមុននឹងប្រគល់គ្នាទៅវិញទៅមក។ អ្នកចេះអៀនខ្មាសបន្ទាបខ្លួន ស្លៀកពាក់សមរម្យ ចេះនៅស្ងៀម ឬចេះទប់មាត់ នៅពេលត្រូវការ។

២៥២៣. ការអៀនខ្មាស ទាក់ទងនឹងអារម្មណ៍ផង រូបកាយផង។ អ្នកអៀនខ្មាសតវានឹងការផ្សព្វផ្សាយ ដែលបើកចំហរូបកាយមនុស្សឱ្យគេមើលឃើញ ឬតវាប្រឆាំងនឹងសារព័ត៌មានខ្លះ ដែលបណ្តាលឱ្យលាតត្រដាងអ្វីៗទាំងអស់ ដែលគួរលាក់ទុក។ ការអៀនខ្មាសជំរុញឱ្យមានរបៀបរស់នៅ ដែលអាចតស៊ូប្រឆាំងនឹងការនិយមតាមការសម័យ ឬប្រឆាំងនឹងមនោគមវិជ្ជាទូទៅ។

២៥២៤. មានរបៀបខ្មាសអៀនជាច្រើនតាមវប្បធម៌នានា ប៉ុន្តែ គ្រប់កន្លែង ការអៀនខ្មាសបង្ហាញកិត្តិយសដ៏ថ្លៃថ្នូរខាងវិញ្ញាណ ដែលជាលក្ខណៈពិសេសរបស់មនុស្ស។ ការអៀនខ្មាសកើតមកជាមួយនឹងកំណើតមនសិការរបស់មនុស្ស។ បើយើងបង្រៀនកូនក្មេង និងយុវជនឱ្យចេះខ្មាសអៀន យើងក៏បង្រៀនគេឱ្យចេះគោរពមនុស្សផងដែរ។

២៥២៥. តាមគ្រីស្តសាសនា ត្រូវតែជម្រះបរិយាកាសសង្គម គឺទាមទារឱ្យមធ្យោបាយគមនាគមន៍ក្នុងសង្គមផ្តល់ព័ត៌មានដែលគោរពមនុស្ស និងដែលនាំឱ្យចេះទប់ខ្លួន។ អ្នកមានចិត្តបរិសុទ្ធចៀសវាងទស្សនកម្មវិធីស្រើបស្រាល។

២៥២៦. អស់អ្នកដែលធ្វើតាមអំពើចិត្ត យល់ខុសអំពីសេរីភាពរបស់មនុស្ស។​ វិន័យនៃសីលធម៌ត្រូវតែអប់រំមនុស្ស ដើម្បីឱ្យគេកសាងសេរីភាពរបស់ខ្លួន។ ត្រូវតែសុំអ្នកទទួលខុសត្រូវក្នុងការអប់រំឱ្យបង្រៀនយុវជនដោយគោរពសេចក្ដីពិត គុណសម្បត្តិនៃចិត្តគំនិត និងឋានៈដ៏ថ្លៃថ្នូរខាងសីលធម៌ និងខាងវិញ្ញាណរបស់មនុស្ស។

២៥២៧. “ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ត​កែលំអការរស់នៅ និង​វប្បធម៌​របស់​មនុស្ស​បាបឱ្យ​​​​​បាន​ថ្មីជា​និច្ច។ ដំណឹង​ល្អ​នេះ ​ត​ទល់ប្រឆាំង​នឹងគំនិតវង្វេង​ ព្រមទាំង​ប្រការអាក្រក់​គ្រប់​យ៉ាង ​ដែលបណ្តាល​មក​ពី​កិលេស​តណ្ហាបញ្ឆោតមនុស្សឥតឈប់ឈរឱ្យ​ប្រព្រឹត្ត​អំពើ​បាប។  ដំណឹង​ល្អ​នេះ​ ក៏នៅ​តែ​ជម្រះ ​និងលើកសីលធម៌​ប្រ​ជា​ជន​នានា ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង។ ដោយ​ព្រះ​សហគមន៍​ទទួល​សម្បត្តិសួគ៌​ពី​ព្រះ​ជា​ម្ចាស់​មក ព្រះ​សហគមន៍​ហាក់ដូចជា​អាចប្រោសអរិយធម៌ ពីខាងក្នុង ធ្វើឱ្យគុណសម្បត្តិ​ខាងវិញ្ញាណ និងទេពកោសល្យផ្ទាល់របស់​ប្រជាជននីមួយៗ និងការរស់នៅក្នុង​សម័យនីមួយៗអាច​​បង្កើតផលបាន។ ព្រះ​សហគមន៍​ពង្រឹងគុណសម្បត្តិនិង​ទេពកោសល្យ​ទាំងនោះឱ្យបាន​រឹង​ប៉ឹង​ និងប្រោសឱ្យ​បាន​ពេញលក្ខណៈ ព្រម​ទាំងឱ្យមានកម្លាំង​ថ្មី​ដោយ​រួមរស់​ក្នុង​អង្គ​ព្រះ​គ្រីស្ត” (GS ៥៨,៤)។

សង្ខេប

២៥២៨. “​អ្នក​ណា​មើល​ស្ត្រី​ម្នាក់ ហើយ​មាន​ចិត្ត​ស្រើប​ស្រាល​ចង់​រួម​បវេណី​ជាមួយ​នាង‌ អ្នក​នោះ​ដូចជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជាមួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ” (មថ ៥,២៨)។

២៥២៩. វិន័យទីប្រាំបួននាំឱ្យប្រុងប្រយ័ត្ននឹងចិត្តលោភលន់ ឬតណ្ហា។

២៥៣០. ត្រូវតែប្រយុទ្ធប្រឆាំងនឹងបំណងចិត្តលោភលន់ ដោយជម្រះចិត្តគំនិតឱ្យបានបរិសុទ្ធ និង​ដោយ​ទប់ចិត្តខ្លួនឯង។

២៥៣១. អ្នកមានចិត្តបរិសុទ្ធនឹងមើលឃើញព្រះជាម្ចាស់៖ ចាប់ពីថ្ងៃនេះទៅ បើយើងមានចិត្តបរិសុទ្ធ យើងអាចមើលឃើញអ្វីៗទាំងអស់ដូចព្រះជាម្ចាស់ទតឃើញដែរ។

២៥៣២. អ្នកមានចិត្តបរិសុទ្ធត្រូវតែអធិដ្ឋាន ចេះទប់ខ្លួន មានបំណងបរិសុទ្ធ និងមើលឃើញអ្វីៗទាំងអស់ឱ្យបានបរិសុទ្ធ។

២៥៣៣. អ្នកមានចិត្តបរិសុទ្ធត្រូវចេះអៀនខ្មាស អត់ធ្មត់ មិនចេះអួតអាងខ្លួន និងនឹងនួន។ ការអៀនខ្មាស​ការពារ​ភាពស្និទ្ធស្នាលរបស់មនុស្ស។

ប្រការទី១០៖​វិន័យទីដប់

កុំលោភលន់ចង់បាន (...)  ​ អ្វី​ដែលជារបស់គេឡើយ (សរ ២០,១៧)។ ​កុំប៉ងប្រាថ្នា​ចង់បានផ្ទះរបស់អ្នកដទៃ ​ឬ​ក៏ចង់បានស្រែចំការ ​អ្នកបំរើប្រុស ​អ្នកបំរើស្រី ​គោ​លា​ ឬ  ​របស់អ្វី​ផ្សេងទៀតរបស់គេឡើយ (ទក ៥,២១)។ ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា​ ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ (មថ ៦,២១)។

២៥៣៤. វិន័យទីដប់បំពេញវិន័យទីប្រាំបួន ដែលទាក់ទងនឹងចិត្តលោភលន់របស់មនុស្ស។ វិន័យទីដប់ហាមប្រាមមិនឱ្យលោភលន់នឹងទ្រព្យសម្បត្តិអ្នកដទៃ ជាឫសគល់នៃការលួច ការដណ្តើមយក និងការគៃបន្លំ ដែលវិន័យទីប្រាំពីរហាមប្រាម។ “ចិត្តលោភលន់ចង់បានអ្វីៗដែលភ្នែកមើលឃើញ” (១យហ ២,១៦) បណ្តាលឱ្យប្រើអំពើហិង្សា និងឱ្យប្រព្រឹត្តអំពើអយុត្តធម៌ ដែលវិន័យទីប្រាំហាមឃាត់ (មីក ២,២)។ ចិត្តលោភលន់ និងអំពើថោកទាបមានប្រភពចេញមកពីចិត្តគោរពព្រះក្លែងក្លាយ ដែលបទបញ្ជាទាំងបីដំបូងនៃធម្មវិន័យមិន    ឱ្យប្រព្រឹត្ត (ប្រាញ ១៤,១២)។ វិន័យទីដប់សំដៅទៅលើគោលបំណងនៃចិត្តគំនិត ហើយសង្ខេបរួមបទបញ្ជាទាំងអស់នៃធម្មវិន័យជាមួយវិន័យទីប្រាំបួន។

១. ចិត្តលោភលន់របស់លោកីយ៍

២៥៣៥. ចិត្តស្រើបស្រាលជំរុញយើងឱ្យប្រាថ្នាចង់បានអ្វីដ៏ល្អ ដែលយើងគ្មាន។ ឧ- យើងចង់ពិសារបាយពេលឃ្លាន ឬចង់កក់ក្តៅពេលរងា។ ការប្រាថ្នាទាំងអស់នោះ មានលក្ខណៈផ្ទាល់ដ៏ល្អ ប៉ុន្តែ ជាញឹកញយ បំណងទាំងអស់នោះ មិនស្របតាមប្រាជ្ញា និងជំរុញយើងឱ្យចង់បានអ្វីដែលមិនមែនជារបស់យើង ឬអ្វីដែលជារបស់អ្នកដទៃ។

២៥៣៦. វិន័យទីដប់ហាមប្រាមមិនឱ្យមានចិត្តលោភលន់ និងប្រាថ្នាចង់បានទ្រព្យសម្បត្តិលោក័យ៍ ដោយគ្មានផែនកំណត់។ វិន័យនេះ ហាមមិនឱ្យមានបំណងចង់ប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងអ្នកដទៃ ដើម្បីទ្រព្យសម្បត្តិលោកីយ៍របស់គេឡើយ៖ នៅពេលដែលធម្មវិន័យថ្លែងថា៖ “កុំលោភលន់ឡើយ” វិន័យនេះ មានន័យថា ត្រូវតែឃ្លាតឆ្ងាយពីអ្វីដែលមិនមែនជារបស់យើង ដ្បិតការស្រេកឃ្លានចង់បានទ្រព្យសម្បត្តិអ្នកដទៃធំធេងណាស់ គ្មានព្រំដែន និងមិនអាចរលត់បានឡើយ។ ហេតុនេះ មានចែងទុកមកថា៖ “ អ្នកមានចិត្តកំណាញ់ចង់បានប្រាក់មិនចេះឆ្អែតឡើយ” (បសរ ៥,៩) (CR ៣,៣៧)។

៣៥៣៧. អ្នកប្រាថ្នាចង់បានរបស់របរអ្នកដទៃមិនបំពានវិន័យនេះទេ លុះត្រាតែគេប្រើមធ្យោបាយសុចរិត។ តាមប្រពែណី ការអប់រំជំនឿបង្ហាញយ៉ាងច្បាស់លាស់ថា “អស់អ្នកដែលត្រូវតែទប់ទល់នឹងចិត្តលោភលន់ដ៏ទុច្ចរិតរបស់គេ”។ ដូច្នេះ “ត្រូវតែដាស់តឿនគេឱ្យប្រតិបត្តិតាមបទបញ្ជានេះ”៖ មាន (...) អ្នកលក់ ដែលចង់ឱ្យមានការអត់ឃ្លាន ឬឱ្យទំនិញឡើងថ្លៃ ហើយដែលសោកស្តាយថា មិនមែនមានតែគេម្នាក់ទេ ដើម្បីលក់ និងទិញ។ បើមានតែគេម្នាក់ គេនឹងអាចលក់បានថ្លៃជាង និងទិញបានថោកជាង។ មានអស់អ្នកដែលចង់ឱ្យអ្នកដទៃវេទនា ដើម្បីបានចំណេញ ដោយលក់ទៅគេ ឬទិញមក (...)។ មានគ្រូពេទ្យដែលចង់ឱ្យអ្នកដទៃធ្លាក់ខ្លួនឈឺ មានមេធាវីដែលទាមទារឱ្យអ្នកដទៃឈ្លោះប្រកែកគ្នា ដើម្បីឱ្យមានការកាត់ក្ដីជាច្រើន និងសំខាន់ៗ... (CR ៣,៣៧)។

២៥៣៨. វិន័យទីដប់ទាមទារឱ្យយើងកំចាត់ការច្រណែនឈ្នានីស ចេញពីក្នុងចិត្ត។ នៅពេលដែលព្យាការីណាថានចង់ឱ្យព្រះបាទដាវីឌសោកស្តាយអំពីបាបរបស់ព្រះអង្គ គាត់និទានរឿងអំពីអ្នកក្រីក្រម្នាក់ ដែលមានកូនចៀមតែមួយ ដែលគេស្រលាញ់ដូចជាកូនស្រីខ្លួនឯង និងអ្នកមាន ដែលច្រណែនឈ្នានីសចង់បានកូនចៀមរបស់អ្នកក្រីក្រនេះ ហើយលួចកូនចៀមនេះ ទោះបីខ្លួនមានហ្វូងចៀមរាប់មិនអស់យ៉ាងក៏ដោយ (២សម ១២,១-៤)។ ចិត្តច្រណែនឈ្នានីសនាំឱ្យប្រព្រឹត្តអំពើអាក្រក់ធំជាងគេជាទីបំផុត (កណ ៤,៣-៧ ; ១ពង្ស ២១,១-២៩)។ សេចក្តី​ស្លាប់​ចូល​មក​ក្នុង​ពិភព​លោក ព្រោះ​តែ​ការ​ច្រណែន​ឈ្នានីស​របស់​មារ (ប្រាញ ២,  ២៤)៖ យើងច្បាំងនឹងគ្នាទៅវិញទៅមក ហើយការច្រណែនឈ្នានីសបំពាក់អាវុធឱ្យយើងច្បាំងគ្នា (...)។ បើគេទាំងអស់គ្នាចេះតែបំផ្លាញព្រះកាយព្រះគ្រីស្ត តើបានប្រយោជន៍អ្វីទៅ (...)?  យើងកំពុងតែធ្វើឱ្យព្រះកាយព្រះគ្រីស្តអស់កម្លាំង (...)។  យើងប្រកាសថា យើងជាអវយវៈនៃសរីរាង្គតែមួយ ហើយយើងខាំហែកស៊ីគ្នាដូចសត្វសាហាវ (សន្ត យ៉ូហាន គ្រីសូស្តូម)។

២៥៣៩. ការច្រណែនឈ្នានីសជាបាបធម៌ដ៏ធំ។ ពេលយើងមានចិត្តច្រណែនឈ្នានីស យើងព្រួយចិត្តដោយឃើញទ្រព្យសម្បត្តិអ្នកដទៃ ហើយយើងចង់បានទ្រព្យសម្បត្តិនោះមកជាកម្មសិទ្ធរបស់យើង ទោះជាតាមរបៀបទុច្ចរិតក៏ដោយ។ នៅពេលដែលយើងចង់ធ្វើបាបអ្នកដទៃយ៉ាងខ្លាំង យើងប្រព្រឹត្តអំពើបាប ដែលនាំឱ្យស្លាប់៖ តាមសន្ត អូគូស្តាំង ការច្រណែនឈ្នានីសជា “អំពើបាបរបស់មារសាតាំងផ្ទាល់”។ “ការស្អប់ ការនិយាយដើម ការបង្អាប់បង្អោន ត្រេកអរពេលអ្នកដទៃវេទនា និងការកើតទុក្ខពេលគេបានជោគជ័យ មកពីការច្រណែនឈ្នានីស” (សន្ត គ្រេគ័រដ៏ប្រសើរ)។

២៥៤០. នៅពេលដែលយើងច្រណែនឈ្នានីស យើងព្រួយចិត្ត មិនព្រមទទួលសេចក្ដីស្រលាញ់។ គ្រីស្តបរិស័ទត្រូវតែតស៊ូប្រឆាំងនឹងចិត្តច្រណែនឈ្នានីស ដោយមានចិត្តទូលាយ។ ដោយសារចិត្តច្រណែនច្រើនកើតមកពីចិត្តអំនួតគ្រីស្តបរិស័ទនឹងហ្វឹកហាត់ក្នុងការរស់នៅដោយបន្ទាបខ្លួន៖ អ្នករាល់គ្នាចង់ឱ្យព្រះជាម្ចាស់ទទួលសិរីរុងរឿង ដោយសារអ្នករាល់គ្នា ឬទេ? ចូរត្រេកអរនឹងបងប្អូនរបស់អ្នករាល់គ្នាដែលរីកចម្រើន នោះព្រះជាម្ចាស់នឹងទទួលសិរីរុងរឿង ដោយសារអ្នករាល់គ្នាវិញ។ គេនឹងលើកតម្កើងព្រះជាម្ចាស់ ដ្បិតអ្នកបម្រើរបស់ព្រះអង្គបានឈ្នះការច្រណែនឈ្នានីស ដោយត្រេកអរចំពោះអំពើល្អរបស់អ្នកដទៃ (សន្ត យ៉ូហាន គ្រីសូស្តូម)។

២. បំណងនៃព្រះវិញ្ញាណ

២៥៤១. ការចាត់ចែងនៃធម្មវិន័យ និងរបស់ការប្រោសប្រណីបង្វែរចិត្តមនុស្សពីការលោភលន់ និងការច្រណែនឈ្នានីស គឺបង្ហាត់មនុស្សឱ្យប្រាថ្នារកអ្វីដ៏ល្អជាទីបំផុត និងបង្រៀនគេឱ្យយល់អំពីបំណងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបំពេញចិត្តមនុស្ស។ តាំងពីដើមដំបូង ព្រះជាម្ចាស់នៃព្រះបន្ទូលសន្យាតែងតែព្រមានមនុស្សកុំឱ្យចាញ់ការល្បួងនឹងអ្វីដែល “មានរសជាតិ​ឆ្ងាញ់ពិសា ​គួរឱ្យគយគន់ ​ហើយថែមទាំង​អាចធ្វើឱ្យមានប្រាជ្ញាទៀតផង” (កណ ៣,៦)។

២៥៤២. វិន័យ ដែលព្រះជាម្ចាស់បានប្រគល់ឱ្យជនជាតិអ៊ីស្រាអែល មិនគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកស្តាប់បង្គាប់បានទៅជាមនុស្សសុចរិតទេ ផ្ទុយទៅវិញ វិន័យក្លាយទៅជាឧបករណ៍នៃ “ចិត្តលោភលន់” (រម ៧,   ៧)។ ឆន្ទៈ និងការធ្វើ មិនស្របគ្នាទេ (រម ៧,១០) ដូចវិន័យរបស់ព្រះជាម្ចាស់ ដែលជា “វិន័យនៃគំនិតប្រាជ្ញា” និងវិន័យផ្សេងទៀត ដែល “ធ្វើឱ្យខ្ញុំជាប់ជាឈ្លើយរបស់បាប ដែលស្ថិតនៅក្នុងសរីរាង្គកាយរបស់ខ្ញុំ” (រម ៧,២៣) ប្រយុទ្ធប្រឆាំងនឹងគ្នាដែរ។

២៥៤៣. “ឥឡូវនេះ ​ព្រះជាម្ចាស់សម្ដែងឱ្យយើង​ដឹង​អំពីរបៀប ដែលព្រះអង្គប្រោសមនុស្សឱ្យបាន​សុចរិត‌ ​គឺព្រះអង្គមិនគិតអំពីវិន័យទេ​ ដូចធម្ម​វិន័យ ​និង​គម្ពីរព្យាការី​បានបញ្ជាក់ទុកស្រាប់។   ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿ​លើព្រះ​យេស៊ូគ្រីស្តឱ្យបានសុចរិត​ គឺព្រះអង្គធ្វើដូច្នេះ​ ចំពោះអស់អ្នកដែលជឿ” (រម ៣,២១-២២)។ ហេតុនេះ អស់​អ្នក​ដែលផ្ញើជីវិតទៅលើ​ព្រះ​គ្រីស្ត​​ “សុទ្ធ​តែ​បាន​ឆ្កាង​តណ្ហា​ និង​បំណង​របស់​លោកីយ៍​នោះ​ចោល​ហើយ” (កាឡ ៥,២៤)។ ព្រះវិញ្ញាណណែនាំគេ ហើយគេក៏ដើរតាមបំណងរបស់ព្រះអង្គ (រម ៨,២៧)។

៣. ការដាក់ខ្លួនជាអ្នកក្រ

២៥៤៤. ព្រះយេស៊ូសុំឱ្យសាវ័ករបស់ព្រះអង្គស្រលាញ់ព្រះអង្គលើសអ្វីៗទាំងអស់ និងលើសមនុស្សទាំងអស់ ហើយស្នើសុំឱ្យគេ “លះបង់អ្វីទាំងអស់” (លក ១៤,៣៣) ព្រោះតែព្រះអង្គ និងដំណឹងល្អ (មក ៨,៣៥)។ មុនព្រះអង្គរងទុក្ខលំបាក ព្រះយេស៊ូបានសុំឱ្យពួកគេយកតម្រាប់តាមស្រ្តីមេម៉ាយកម្សត់ម្នាក់ នៅទីក្រុងយេរូសាឡឹម ដែលបានថ្វាយអ្វីៗទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត (លក ២១,៤)។ ចាំបាច់ត្រូវតែលះបង់ទ្រព្យសម្បត្តិ ដើម្បីចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ។

២៥៤៥. អស់អ្នកដែលផ្ញើជីវិតទៅលើព្រះគ្រីស្តត្រូវ “យកចិត្តទុកដាក់ធើ្វជាម្ចាស់នៃតណ្ហារបស់ខ្លូន កុំឱ្យ​​​ការ​​​ប្រើប្រាស់​សម្បត្តិ​​លោកកីយ៍ និងចិត្តលោភ​​​លន់ផ្ទុយពី​​​ចិត្តគំនិតរបស់អ្នកដាក់ខ្លួនជាអ្នកក្រីក្រ តាម​​​ដំណឹង​​​ល្អ បណ្តាលឱ្យគេងាររេចេញអំពីការស្វែងរកសេចក្តី​​​ស្រឡាញ់​​​ដ៏ពេញលក្ខណៈ” (LG ៤២)។

២៥៤៦. “អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ​ខ្សត់ អ្នក​នោះ​មាន​សុភមង្គលហើយ” (មថ ៥,៣)។ ព្រះយេស៊ូសម្ដែងសុភមង្គលយ៉ាងពិតប្រាកដ ជាពិភពពោរពេញដោយសេចក្ដីសុខសាន្ត សោភណភាព និងសន្តិភាព។ ព្រះអង្គត្រេកអរនឹងអំណរសប្បាយរបស់អ្នកក្រីក្រ ដែលជាព្រះរាជ្យរួចទៅហើយ (លក ៦,២០)៖ ព្រះបន្ទូលហៅ “អ្នកក្រខ្សត់” អ្នកដែលស្ម័គ្រចិត្តបន្ទាបខ្លួន និងស្ម័គ្រចិត្តលះបង់ ហើយគ្រីស្តទូតប៉ូលយកភាពក្រីក្ររបស់ព្រះជាម្ចាស់ធ្វើជាគំរូ ពេលលោកមានប្រសាសន៍ថា៖ “ព្រះអង្គបានដាក់ខ្លួនជាអ្នកក្រ ព្រោះតែបងប្អូន” (២ករ ៨,៩) (សន្ត គ្រេគ័រ នៃនីស)។

២៥៤៧. ព្រះអម្ចាស់អាណិតអាសូរអ្នកមាន ដ្បិតពួកគេទទួលការសម្រាលទុក្ខ ក្នុងទ្រព្យសម្បត្តិសម្បូរហូរហៀរ (លក ៦,២៤)។ “អ្នកក្រអឺតក្រអោងស្វែងរកអំណាចលោកីយ៍ ឯអ្នកដែលដាក់ខ្លួនជាអ្នកក្រស្វែងរកព្រះរាជ្យនៃស្ថានបរមសុខ” (សន្ត អូគូស្តាំង)។ បើយើងបណ្តោយខ្លួន ក្នុងឧបករគុណនៃព្រះបិតា ដែលគង់នៅស្ថានបរមសុខ យើងមិនបាច់ព្រួយប្រារម្មណ៍អំពីអនាគតឡើយ (មថ ៦,២៥-៣៤)។ អ្នកជឿទុកចិត្តលើព្រះជាម្ចាស់នឹងទទួលសុភមង្គលរបស់អ្នកក្រខ្សត់ គឺគេនឹងឃើញព្រះជាម្ចាស់។

៤. ខ្ញុំចង់ឃើញព្រះជាម្ចាស់

២៥៤៨. បំណងប្រាថ្នានៃសុភមង្គលយ៉ាងពិតប្រាកដ រំដោះមនុស្សឱ្យលះបង់ទ្រព្យសម្បត្តិលោកីយ៍។​សុភមង្គលនេះ ជាសុភមង្គលពេញលក្ខណៈ នៅពេលឃើញព្រះជាម្ចាស់។ “ព្រះបន្ទូលសន្យាថានឹងបានឃើញព្រះជាម្ចាស់មានតម្លៃលើសពីសុភមង្គលណាទៅទៀត។ ព្រះគម្ពីរបានចែងថា៖ មើលឃើញ គឺបានទទួល។ នរណាដែលឃើញព្រះជាម្ចាស់ អ្នកនោះមានអ្វីៗទាំងអស់ តាមបំណង” (សន្ត គ្រេគ័រ នៃនីស)។

២៥៤៩. ប្រជាជនដ៏វិសុទ្ធត្រូវតែតស៊ូ រួមជាមួយព្រះហឫទ័យប្រណីសន្តោសដែលមកពីខាងលើ ដើម្បីទទួលទ្រព្យសម្បត្តិដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងប្រទាន។ អស់អ្នកដែលផ្ញើជីវិតទៅលើព្រះគ្រីស្តត្រូវតែរងាប់ចិត្តលោភលន់ ដើម្បីបានទទួល និងឃើញព្រះជាម្ចាស់ ហើយរួបរួមជាមួយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ គេឈ្នះលើការល្បួងនៃការសប្បាយ និងអំណាច។

២៥៥០. នៅតាមផ្លូវឆ្ពោះទៅភាពល្អឥតខ្ចោះនេះ ព្រះវិញ្ញាណ និងព្រះមហេសីត្រាស់ហៅអស់អ្នកដែលស្តាប់ព្រះសូរសៀងរបស់ព្រះអង្គក្នុងការរួបរួមដ៏ពេញលក្ខណៈជាមួយព្រះជាម្ចាស់ (វវ​ ២២,១៧)៖ នៅទីនោះ សិរីរុងរឿងដ៏ពិតប្រាកដនឹងស្ថិតនៅ។ គ្មាននរណានឹងលើកតម្កើងម្នាក់ផ្សេងទៀត ដោយបន្លំ ឬដោយបញ្ឆោរទេ។ គេនឹងមិនបដិសេធកិត្តិយសដ៏ពិតប្រាកដរបស់អស់អ្នកដែលសក្តិសមនឹងទទួល ឬមិនផ្តល់កិត្តិយសនោះដល់អ្នកមិនសក្តិសមទេ។ ទោះជាយ៉ាងណា អ្នកទាំងនោះ មិនហ៊ានទាមទារទេ។ នៅទីនោះ មានតែអ្នកសក្តិសមទេ ដែលនឹងអាចចូលបាន ពីព្រោះទីនោះ ជាកន្លែងដែលសន្តិភាពដ៏ពិតប្រាកដនឹងគ្រងរាជ្យ ហើយគ្មាននរណានឹងជំទាស់នឹងខ្លួនឯង ឬនឹងអ្នកដទៃឡើយ។ ព្រះជាម្ចាស់ផ្ទាល់នឹងទៅជារង្វាន់នៃគុណធម៌។ ព្រះអង្គដែលបានប្រទានគុណធម៌ ហើយដែលមានព្រះបន្ទូលសន្យាចំពោះខ្លួនព្រះអង្គថា នឹងទៅជារង្វាន់ដ៏ល្អប្រសើរបំផុត លើសពីអ្វីៗទាំងអស់៖ “យើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយឱ្យអ្នករាល់គ្នាធ្វើជាប្រជារាស្រ្តរបស់យើង” (លវ ២៦,១២)... ពាក្យរបស់គ្រីស្តទូតប៉ូលមានអត្ថន័យដូចគ្នា៖ “ដើម្បីឱ្យព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់គ្រប់ប្រការ” (១ករ ១៥,២៨)។ ព្រះអង្គផ្ទាល់ជាបំណងប្រាថ្នាធំបំផុត ដែលយើងគយគន់ដោយស្ញើចសរសើរគ្មានទីបញ្ចប់។ ព្រះអំណោយទាននេះ សេចក្ដីស្រលាញ់នេះ មុខងារនេះ មុខជានឹងទៅជារបស់មនុស្សទាំងអស់ ដូចជីវិតអស់កល្បជានិច្ចផងដែរ” (សន្ត អូគូស្តាំង)។

សង្ខេប

២៥៥១. “ទ្រព្យ​សម្បត្តិ​អ្នក​នៅ​កន្លែង​ណា​ ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ” (មថ ៦,២១)។

២៥៥២. វិន័យទីដប់ហាមមិនឱ្យមានប្រាថ្នាចង់បានទ្រព្យសម្បត្តិលោក័យ៍ ដោយគ្មានដែនកំណត់ហួសហេតុ។

២៥៥៣. ពេលយើងមានចិត្តច្រណែនឈ្នានីស យើងព្រួយចិត្តដោយឃើញទ្រព្យសម្បត្តិអ្នកដទៃ ហើយ​​យើង​ចង់បានទ្រព្យសម្បត្តិនោះមកជាកម្មសិទ្ធរបស់ខ្លួនយើង។ ការច្រណែនឈ្នានីសជាបាបធម៌មូលដ្ឋាន។

២៥៥៤. គ្រីស្តបរិស័ទប្រយុទ្ធប្រឆាំងនឹងចិត្តច្រណែនឈ្នានីស ដោយមានចិត្តទូលាយ ដោយចេះដាក់ ខ្លួន និងដោយពឹងផ្អែកទាំងស្រុងទៅលើឧបការគុណរបស់ព្រះជាម្ចាស់។

២៥៥៥. អស់អ្នកដែលរួមជាមួយព្រះគ្រីស្ត សុទ្ធតែបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់ លោកីយ៍នោះចោលហើយ” (កាឡ ៥,២៤)។ ព្រះវិញ្ញាណណែនាំពួកគេ ហើយគេធ្វើតាមព្រះបំណងប្រាថ្នា​របស់​ព្រះអង្គ។

២៥៥៦. ត្រូវតែលះបង់ទ្រព្យសម្បត្តិ ដើម្បីចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អស់អ្នកដែលដាក់ខ្លួន ជាអ្នកក្រក្សត់មានសុភមង្គលហើយ!

២៥៥៧. កមានបំណងប្រាថ្នាមានប្រសាសន៍ថា៖ ខ្ញុំចង់ឃើញព្រះជាម្ចាស់។ ទឹកនៃជីវិតអស់កល្បជា​និច្ចបំពេញការស្រេកទឹកព្រះជាម្ចាស់ (យហ ៤,១៤)។

វគ្គទីបួន៖​​​​ ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ

ភាគទី១៖ ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ​

ជំពូក១ លេខ២៥៥៨-២៦៤៩

ភាគទីមួយ​៖ ​​
ការអធិដ្ឋានក្នុងការរស់នៅជាគ្រីស្តបរិស័ទ

២៥៥៨. ក្នុងធម៌ប្រកាសជំនឿ ព្រះសហគមន៍ប្រកាស“គម្រោងការដ៏លាក់កំបាំងនៃជំនឿ” (វគ្គទីមួយ) ព្រះសហគមន៍ប្រារព្ធ​គម្រោងការ​​នេះក្នុងពិធីបុណ្យនៃអគ្គសញ្ញា (វគ្គទីពីរ) ដើម្បីឱ្យការរស់នៅរបស់គ្រីស្តបរិស័ទស្របតាមព្រះគ្រីស្ត ក្នុង​​អង្គ​ព្រះ​​វិញ្ញាណដ៏វិសុទ្ធ និងដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា (វគ្គទីបី )។​ គ្រីស្ត​បរិស័ទ​ត្រូវ​តែ​ជឿ​ ប្រារព្ធ និងទទួលជីវិតពីគម្រោងការនេះ ដោយមានទំនាក់ទំនងដ៏រស់រវើក និងផ្ទាល់ខ្លួនជាមួយ​ព្រះ​​ដ៏​មានព្រះ​ជន្មរស់ និងជាព្រះដ៏ពិតប្រាកដ។ ទំនាក់ទំនងនេះ គឺជាការអធិដ្ឋាន។

អ្វីទៅជាការអធិដ្ឋាន?

ចំពោះខ្ញុំ ការអធិដ្ឋាន គឺជាការរំភើបចិត្ត ជាការនឹកគិតដល់ស្ថានលើ ជាការអរព្រះគុណព្រះជាម្ចាស់ដោយចិត្តស្រលាញ់ ទោះជាពេលកំពុងរងទុក្ខលំបាកក្ដី ត្រេកអរសប្បាយក្ដី (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។

ការអធិដ្ឋានជាព្រះអំណោយទានរបស់ព្រះជាម្ចាស់

១៥៥៩. “ការអធិដ្ឋាន គឺជាការលើកព្រលឹងឡើងទៅឯព្រះជាម្ចាស់ ឬយើងអាចទូលសូមឱ្យព្រះអង្គប្រោសប្រទាន​នូវ​អ្វី​​សមរម្យ” (សន្ត យ៉ូហាន ដាម៉ាសែន)។ តើយើងអធិដ្ឋានយ៉ាងដូចម្ដេច? ដោយមានចិត្តអំនួត និងដោយចង់​បានជានិច្ច ឬដោយមានចិត្តសុភាពរាបសា ព្រមទាំងសោក​ស្តាយចំពោះ​អំពើ​បាប​​របស់​ខ្លួន (ទន ១៣០,១)? អ្នក​ដែល​បន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ (លក ១៨,៩-១៤)។ ត្រូវតែដាក់ខ្លួន ដើម្បីចាក់គ្រឹះទៅក្នុងការ​អធិដ្ឋាន។ “យើង​ពុំដឹង​អធិដ្ឋាន​ដូចម្ដេច ដើម្បី​ឱ្យបានសមរម្យនោះទេ” (រម ៨,២៦)។ ពេលយើងដាក់ខ្លួន យើង​អាច​ទទួល​ព្រះអំណោយ​ទាន​ដោយឥតគិត​ថ្លៃ​នៃការអធិដ្ឋាន។ មនុស្សលោកជាអ្នកសូមទានព្រះជាម្ចាស់ (សន្ត អូគូស្តាំង)។

២៥៦០. “ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់!” (យហ ៤,១០)។ ព្រះជាម្ចាស់សម្ដែងនូវ​ភាពអស្ចារ្យនៃការអធិដ្ឋាន នៅជិតអណ្តូង ដែលយើងមករកទឹក៖ ទីនោះ ព្រះគ្រីស្តយាងមកជួបមនុស្ស​ណា​ម្នាក់ ព្រះ​អង្គយាងមករកយើងមុនគេ ហើយទ្រង់ជាអ្នកសុំទឹកទទួលទាន។ ព្រះយេស៊ូស្រេកទឹក ព្រះអង្គក៏សូម​ទឹក​​ពី​យើង​មកពីទីជម្រៅព្រះហឫទ័យព្រះជាម្ចាស់ ដែលទ្រង់ប្រាថ្នាចង់បានយើង។ ទោះជាដឹងឬមិនដឹងក្ដី​ ពេល​អធិដ្ឋាន ព្រះបំណងប្រាថ្នារបស់ព្រះជាម្ចាស់ និងបំណងប្រាថ្នារបស់យើងបានជួបគ្នា ។ ព្រះជាម្ចាស់ត្រូវការយើងៗត្រូវការព្រះអង្គ (សន្ត អូគូស្តាំង)។

២៥៦១. “នាងមុខជាសុំទឹកពីលោក ហើយលោកនឹងឱ្យទឹកដល់នាងវិញពុំខាន” (យហ ៤,១០)។ ពាក្យអង្វរ​យើងបែរទៅជាចម្លើយវិញ ជាចម្លើយដល់ពាក្យទំនួញនៃព្រះដ៏មានព្រះជន្មរស់៖ “គេបោះបង់យើងដែលជាប្រភព​ទឹកហូរ បែរទៅជាជីកអណ្តូង ជីកស្រះដែលតែងតែប្រេះស្រាំមិនអាចទុកទឹកបានទៅវិញ” (យរ ២,‌៣)។ ពាក្យ​អង្វរ​​យើង​នេះ ជា​ចម្លើយនៃជំនឿចំពោះព្រះបន្ទូលសន្យាឥតគិតថ្លៃរបស់ព្រះសង្រ្គោះ (យហ ៧,៣៧-៣៩ ; អស ១២,៣ ; ៥១,១) ហើយជាចម្លើយនៃសេចក្ដីស្រាលាញ់ចំពោះព្រះបុត្រាតែមួយដែលស្រេកទឹក (យហ ១៩,២៨ ; សក ១២,១០ ; ១៣,១)។

ពេលអធិដ្ឋាន ព្រះជាម្ចាស់ និងមនុស្សយើងចងសម្ពន្ធមេត្រីជាមួយគ្នា

២៥៦២. តើការអធិដ្ឋានរបស់មនុស្សកើតមកពីណា? ទោះជាគេអធិដ្ឋានដោយធ្វើកាយវិការក្ដី ឬប្រើពាក្យសម្តីក្ដី មនុស្ស​ទាំងមូលជាអ្នកអធិដ្ឋាន។ ប៉ុន្តែ ដើម្បីដឹងថា​ ការអធិដ្ឋានផុសចេញពីកន្លែងណា មានពេលខ្លះ ព្រះគម្ពីរថ្លែងថា​ ការអធិដ្ឋានចេញពី​​ព្រលឹង ឬពីវិញ្ញាញ ហើយ ជារឿយៗ ព្រះគម្ពីរថ្លែងថា ការអធិដ្ឋានកើតចេញពីចិត្ត (ជាងមួយពាន់ដង)។ ចិត្តយើង ជាអ្នកអធិដ្ឋាន។ បើចិត្ត​យើង​​នៅឆ្ងាយពី​ព្រះ​​ជាម្ចាស់ ការអធិដ្ឋានពិតជាឥតបានការសោះឡើយ។

២៥៦៣. ចិត្តជាដំណាក់ដែលខ្ញុំនៅ (ដែលខ្ញុំ “ចុះ” តាមពាក្យសម្តីនៃជនជាតិយូដា ឬតាមព្រះគម្ពីរ)។ ចិត្តយើងជា​ស្នូលដ៏លាក់កំបាំង ដែលប្រាជ្ញាយើង និងអ្នកដទៃមិនអាចយល់បាន។ មានតែព្រះវិញ្ញាណរបស់ព្រះ​ជាម្ចាស់ទេ ដែលអាចស្ទង់ និងស្គាល់ចិត្តយើងបាន។ ចិត្តយើងជាកន្លែងសម្រាប់ការសម្រេច ដែលស្ថិតនៅក្នុងទីជម្រៅក្រៃលែង ជាកន្លែងនៃ​សេចក្ដី​ពិត ជាកន្លែងដែល​យើងជ្រើសរើសជីវិត ឬសេចក្ដីស្លាប់ ហើយជាកន្លែងដែលយើង​ជួបព្រះជាម្ចាស់ ដ្បិតដោយសារយើងជារូប​តំណាង​​របស់ព្រះអង្គ យើងក៏រស់នៅដោយមានទំនាក់ទំនង​ជាមួយព្រះអង្គ និងជាមួយអ្នកដទៃ ពោលគឺចិត្តជាកន្លែងនៃសម្ពន្ធមេត្រី។

២៥៦៤. ការអធិដ្ឋានតាមគ្រីស្តសាសនាជាសម្ពន្ធមេត្រីរវាងព្រះជាម្ចាស់ និងមនុស្ស នៅក្នុង​អង្គ​ព្រះ  ​​​គ្រីស្ត។ ការអធិដ្ឋាននេះជាកិច្ចការរបស់ព្រះជាម្ចាស់ផង កិច្ចការរបស់មនុស្សផង ហើយការអធិដ្ឋាន​ផុស​​ចេញ​ពី​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធផង ផុសចេញពីចិត្តយើងផង បាញ់ឆ្ពោះទៅឯព្រះបិតា ដោយរួមជាមួយព្រះបំណង​របស់ព្រះ​បុត្រា​​ជា​ព្រះ​​ជាម្ចាស់ដែលប្រសូតជាមនុស្ស។

ពេលអធិដ្ឋាន ព្រះជាម្ចាស់ និងមនុស្សយើងរួមរស់ជាមួយគ្នា

២៥៦៥. ក្នុងសម័្ពន្ធមេត្រីថ្មី ពេលអធិដ្ឋាន បុត្រធីតារបស់ព្រះជាម្ចាស់មានទំនាក់ទំនងដ៏រស់រវើក រួមជាមួយព្រះបិតា​ដែលប្រកបដោយសប្បុរសធម៌ឥតព្រំដែន រួមជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត និងរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផង។ ក្នុងព្រះរាជ្យព្រះអង្គ ព្រះជាម្ចាស់ប្រោសប្រណីឱ្យ “ព្រះត្រៃឯកដ៏វិសុទ្ធទាំងស្រុង​រួបរួម​ជាមួយ​វិញ្ញាណទាំងស្រុង” (សន្ត គ្រែគ័រ នៃណាស៊ីអង់)។ ដូច្នេះ ពេលអធិដ្ឋាន ហាក់ដូចជាបង្កើតទំនៀម​ទំលាប់ឱ្យយើងឈរពីមុខព្រះដ៏ខ្ពង់ខ្ពស់បំផុត ដោយរួមរស់ជាមួយព្រះអង្គ។ យើងអាចរួមរស់ជាមួយព្រះ​អង្គបែបនេះ​ជា​និ​ច្ចបាន ​ដោយសារបុណ្យជ្រមុជទឹក យើងបានទៅជាបុគ្គលតែម្នាក់ជាមួយនឹង​ព្រះគ្រីស្ត (រម​ ៦,៥)។ យើង​អធិដ្ឋាន​តាម​គ្រីស្ត​សាសនា ពេលយើងរួមរស់ជាមួយព្រះគ្រីស្ត ហើយ​ការអធិដ្ឋាននេះ​លាតសន្ធឹង​ក្នុង​ព្រះ​សហគមន៍​ ដែល​ជា​ព្រះ​កាយព្រះគ្រីស្ត។ ទំហំនៃការអធិដ្ឋានជាសេចក្ដី​ស្រាញ់របស់ព្រះគ្រីស្ត (អភ ៣,១៨-២១)។

ជំពូកទីមួយ៖​
ព្រះជាម្ចាស់សម្ដែងឱ្យមនុស្សលោក
ដឹងអំពីការអធិដ្ឋាន
ព្រះអង្គត្រាស់ហៅមនុស្សលោកទាំងអស់ឱ្យអធិដ្ឋាន

២៥៦៦. មនុស្សលោកស្វែងរកព្រះជាម្ចាស់ ។ ដោយសារព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ ព្រះអង្គក៏​ត្រាស់​ហៅសត្វ​លោកទាំងអស់ពីភាពសាបសូន្យឱ្យមានជីវិតរស់នៅ។ ដោយព្រះអង្គប្រទាន “សិរីរុងរឿងនិង​កិតិ្តយស​ដល់​​គេ​ទុក​ជាមកុដរាជ្យ” (ទន ៨,៦) បន្ទាប់ពីទេវទូត មនុស្សអាចទទួលស្គាល់ថា “ព្រះនាមរបស់ព្រះ​អង្គថ្កុំថ្កើង​រុង​រឿងពាសពេញលើផែនដីទាំងមូល” (ទន ៨,២)។ ទោះបីគេបានបាត់បង់លក្ខណៈសម្បត្តិ​របស់​ព្រះ​ជាម្ចាស់​​ដោយ​​សារ​អំពើបាបរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏មនុស្សលោកនៅ​តែជារូបតំណាង​របស់ព្រះជាម្ចាស់ដែល​ជា​អ្នក​​បង្កើត​​​គេ​ដែរ។ មនុស្សរក្សាទុកបំណងប្រាថ្នាចង់បានព្រះដែលត្រាស់ហៅគេ​​  ឱ្យមានជីវិតរស់នៅ។ សាសនា​ទាំង​​​ឡាយ​​ផ្ដល់​​សក្ខីភាពថា មនុស្សលោកស្វែងរកព្រះជាម្ចាស់ជាចាំបាច់ (កក ១៧,២៧)។

២៥៦៧. ព្រះជាម្ចាស់ជាអ្នកត្រាស់ហៅមនុស្សលោកមុនគេបង្អស់ ។ ទោះបីមនុស្សលោកបំភ្លេចព្រះជាម្ចាស់ជា​អ្នក​បង្កើតគេ ឬលាក់ខ្លួនឆ្ងាយពីព្រះភ័ក្រ្តព្រះអង្គក្ដី រត់ទៅរកព្រះក្លែងក្លាយ ឬចោទប្រកាន់ព្រះអង្គថា បាន​បោះ​​​បង់​​គេចោលក្ដី ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដរមែងតែងតែត្រាស់ហៅមនុស្សម្នាក់ៗ​​ឱ្យ​ជួបព្រះអង្គយ៉ាងលាក់កំបាំង ក្នុងការអធិដ្ឋាន។ ក្នុងការអធិដ្ឋាន ព្រះដ៏ស្មោះត្រង់តែងតែស្រលាញ់មនុស្ស​មុន​គេ ឯមនុស្សវិញ គេគ្រាន់តែឆ្លើយតបនឹងព្រះអង្គ។​ ក្នុងការអធិដ្ឋាន បន្តិចម្តងៗ ព្រះជាម្ចាស់​សម្ដែង​ព្រះអង្គ​ឱ្យ​​មនុស្ស​ស្គាល់ និងសម្ដែងមនុស្សឱ្យគេស្គាល់ខ្លួនឯងផងដែរ ហាក់ដូចជាព្រះជាម្ចាស់ និងមនុស្ស​ត្រាស់​ហៅ​​​គ្នា​ទៅវិញទៅមក និងចងសម័្ពន្ធមេត្រីជាមួយគ្នា។ តាមរយៈពាក្យសម្តី និងកិច្ចការ ព្រះជាម្ចាស់សម្ដែងរឿងសម័្ពន្ធមេត្រីនេះ ដែលជាប់ចិត្តមនុស្ស ក្នុងប្រវត្តិសាស្រ្តទាំងមូលនៃការសង្រ្គោះ។

ប្រការទី១៖​ក្នុងសម័្ពន្ធមេត្រីចាស់

២៥៦៨. ក្នុងសម័្ពន្ធមេត្រីចាស់ ព្រះជាម្ចាស់សម្ដែងឱ្យយើងដឹងអំពីការអធិដ្ឋាន ចាប់តាំងពីពេលដែលមនុស្សលោកធ្លាក់ខ្លួនជាអ្នកបាប រហូត​ដល់ពេល​​​​ព្រះ​​អង្គ​​​​ប្រោសគេឱ្យងើបឡើងវិញ ហើយចាប់តាំងពីពេលដែលព្រះអង្គហៅបុត្រធីតាដំបូងរបស់ព្រះអង្គ ដោយ​រំជួល​​ព្រះ​​ហឫទ័យថា៖ “អ្នកនៅឯណា? (...) ម្ដេចក៏នាងធ្វើដូច្នេះ?” (កណ ៣,៩.១៣) រហូតដល់ពេលដែលព្រះ​បុត្រា​​តែ​មួយ​ឆ្លើយ​តបនឹងព្រះអង្គ ដោយ​​យាងចូលក្នុងពិភពលោក (“បពិត្រព្រះជាម្ចាស់ ឥឡូវនេះទូលបង្គំមកធ្វើតាមព្រះ​ហឫទ័យ​​របស់​ព្រះអង្គហើយ” ហប ១០,៥-៧)។ ដូច្នះហើយ ទើបការអធិដ្ឋានត្រូវបានចងភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តរបស់មនុស្សលោក។ ក្នុងហេតុការណ៍ទាំងឡាយនៃប្រវត្តិសាស្រ្ត ការ​អធិដ្ឋានជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស។

ស្នាព្រះហស្តនៃការបង្កើតភិពភលោកជាប្រភពនៃការអធិដ្ឋាន

២៥៦៩. ជាដំបូង ការអធិដ្ឋានចេញមកពីស្នាព្រះហស្តនៃការបង្កើតភិពភលោក។ ជំពូកដំបូងទាំងប្រាំបួន​នៃកណ្ឌ​កំណើត​​ពិភព​​​លោក​រៀប​រាប់អំ​​ពី​​ទំ​នាក់ទំនងរបស់មនុស្សលោកជាមួយព្រះជាម្ចាស់ ពេលលោកអេបិលយក​កូនសត្វ​ដែល​​កើតមុនគេ​បង្អស់​ក្នុង​​ហ្វូងសត្វ​របស់​លោក​មកថ្វាយព្រះអង្គ (កណ​ ៤,៤) ពេលលោកអេណុស​គោរពថ្វាយ​បង្គំ​ព្រះ​​អង្គ​​ដោយ​​​ហៅ​ព្រះ​អង្គ​ថា “ព្រះអម្ចាស់” (កណ ៤,២៦) ឬពេលជនជាតិ អ៊ីស្រាអែល “ដើរតាម​មាគ៌ា​របស់​ព្រះ​​ជាម្ចាស់” (កណ ៥,២៤)។ តង្វាយ​របស់​លោក​ណូអេ “គាប់ព្រះហឫទ័យ” ព្រះជាម្ចាស់ ព្រះអង្គ​ប្រទានព្រះ​ពរ​ដល់​​លោក ហើយប្រទានព្រះពរដល់សត្វលោក​ទាំង​អស់តាមរយៈលោក (កណ​ ៨,២០-៩,១៧) ដ្បិត​លោកមានចិត្ត​សុចរិត និងទៀងត្រង់ គឺលោក “ដើរតាម​មាគ៌ា​របស់​ព្រះជាម្ចាស់” (កណ ៦,៩)។ ក្នុងសាសនា​ទាំង​ឡាយ ​មនុស្សសុចរិតជាច្រើន​អធិដ្ឋាន​តាម​​របៀប​​ដ៏​ត្រឹមត្រូវនេះ ។​​ ក្នុងសម្ពន្ធមេត្រីដែលមិនអាចផ្ដាច់បានជាមួយសត្វលោក (កណ ៩,៨-១៦) ព្រះជាម្ចាស់តែងតែត្រាស់​ហៅមនុស្សលោកឱ្យអធិដ្ឋានដល់ព្រះអង្គ។ ប៉ុន្តែ ព្រះជាម្ចាស់សម្ដែងនូវការអធិដ្ឋានឱ្យមនុស្សលោក ជា​ពិសេស​​ចាប់​តាំង​ពី​លោកអប្រាហាំ​ដែលជាឪពុកពួក​យើង​។

ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាចំពោះលោកអប្រាហាំ និងជំនឿបានក្លាយទៅជាពាក្យអធិដ្ឋាន

២៥៧០. វេលាដែលព្រះជាម្ចាស់ត្រាស់ហៅលោកអប្រាហាំឱ្យចាកចេញ លោកក៏ប្រតិបត្តិ “តាមព្រះបន្ទូលរបស់ព្រះអម្ចាស់” (កណ ១២,៤) គឺចិត្តលោក “គោរពតាមព្រះបន្ទូល” ស្ដាប់បង្គាប់ព្រះអង្គ។ ក្នុងការអធិដ្ឋាន ចាំបាច់ត្រូវតែស្តាប់​ព្រះជាម្ចាស់ និងសម្រេច​តាម​ព្រះ​​អង្គ​​​ពីជម្រៅចិត្តរបស់ខ្លួន ពាក្យសម្តីមិនសូវសំខាន់ទេ។​ ប៉ុន្តែ មុនដំបូងបង្អស់ លោកអប្រាហាំអធិដ្ឋាន ដោយ​​បំពេញ​​កិច្ចការ។​ ដោយលោកជាមនុស្សម្នាក់មិនសូវចេះនិយាយស្ដី លោកតែងតែសង់អាសនៈថ្វាយចំពោះព្រះអម្ចាស់ ក្នុង​ដំណាក់​​កាល​​​នីមួយៗ​នៃ​ការ​ធ្វើ​ដំណើរ​។ ក្រោយមក លោកត្រូវតែអធិដ្ឋានដោយសម្តី ​​ត្អូញ​​ត្អែរ​​ម្យ៉ាង ដើម្បីឱ្យព្រះជាម្ចាស់រម្លឹកដល់ព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលហាក់ដូចជាមិនបានគោរពឡើយ (កណ ១៥,២-៣)។ ហេតុនេះហើយ បានជាតាំងពីដំបូងបង្អស់ ការអធិដ្ឋានហាក់ដូចជាវិនាដកម្មមួយ ដែលល្បងលមើលចិត្តមនុស្សថា ​តើគេជឿថា ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់ជានិច្ច​ឬទេ។

២៥៧១. ក្រោយពីបានផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់ (កណ ១៥,៦) ដោយដើរតាមមាគ៌ារបស់ព្រះអង្គ និង​ដោយ​ចង​សម្ពន្ធមេត្រីជាមួយព្រះអង្គ (កណ ១៧,១-២) បុព្វបុរសយើងត្រៀមខ្លួននឹងទទួលភ្ញៀវដ៏លាក់កំបាំង ក្នុងជំរំលោក គឺលោករាក់ទាក់នឹងព្រះជាម្ចាស់នៅក្រោមដើមជ្រៃលោកតាម៉ាមរ៉េ ដែលសម្ដែងទុកជាមុនថា ព្រះ​បុត្រាយ៉ាងពិតប្រាកដនៃព្រះបន្ទូលសន្យានឹងយាងមក (កណ ១៨,១-១៥ ; លក ១,២៦-៣៨)។ ចាប់ពីពេល​នោះមក ក្រោយពីបានស្គាល់គម្រោងការរបស់ព្រះអង្គ លោកអប្រាហាំមានចិត្តគំនិតស្របនឹងព្រះហឫទ័យមេត្តាករុណានៃព្រះអម្ចាស់របស់លោក ចំពោះមនុស្សលោក ហើយលោកក៏មានសេចក្ដីក្លាហានហ៊ានជួយអង្វរព្រះអង្គជំនួសពួកគេ (កណ ១៨,១៦-៣៣)។

២៥៧២. ដើម្បីបន្សុទ្ធជំនឿរបស់លោកជាលើកចុងក្រោយ ព្រះជាម្ចាស់សូមឱ្យលោក ជាអ្នក “ទទួល​ព្រះ​​​​​​​​​​បន្ទូល​​​សន្យា” (ហប ១១,១៧) យកកូន ដែលព្រះអង្គបានប្រោសប្រទាន ទៅធ្វើយញ្ញបូជា។ ជំនឿ​របស់​លោក​មិន​រវាទសោះឡើយ៖ “ព្រះជាម្ចាស់ផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើយញ្ញបូជា” (កណ ២២,៨) ដ្បិត “លោក​យល់​​ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឱ្យមានជីវិតថ្មីបាន” (ហប ១១,១៩)។ ហេតុ​នេះហើយ បានជាព្រះជាម្ចាស់ប្រោសលោកឪពុករបស់អស់អ្នកជឿឱ្យមានលក្ខណៈដូចព្រះបិតា​​ ដែល​មិន​បានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា (រម ៨,៣២)។ ពេលអធិដ្ឋាន ព្រះជាម្ចាស់ប្រោសមនុស្សឱ្យមានលក្ខណៈដូចព្រះអង្គឡើងវិញ និងធ្វើឱ្យ​គេរួម​ចំណែកក្នុងឫទ្ធានុភាពនៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ដែលសង្រ្គោះប្រជាជាតិទាំងឡាយ (រម ៤,១៦-២១)។

២៥៧៣. ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាម្តងទៀតចំពោះលោកយ៉ាកុប ជាជីតារបស់កុលសម័្ពន្ធទាំងដប់ពីរនៃ​ជនជាតិអ៊ីស្រាអែល (កណ ២៨,១០-២២)។ មុននឹងជួបអេសាវជាបងប្រុស លោកក៏ប្រយុទ្ធប្រឆាំងអស់មួយយប់​នឹង “បុរស” ដ៏អាថ៌កំបាំងម្នាក់ ដែលបដិសេធមិនព្រមប្រាប់ឈ្មោះរបស់ខ្លួន តែប្រទានពរដល់លោក មុន​នឹង​​​ចាកចេញទៅពេលព្រឹកព្រលឹម។ ចំពោះការបញ្ជូនបន្តខាងវិញ្ញាណរបស់ព្រះសហគមន៍ រឿង​នេះ​​​​​​​បង្ហាញ​ថា អ្នកអធិដ្ឋានដូចជាអ្នកច្បាំងក្នុងជំនឿ​ នឹងទទួលជោគជ័យ បើមានចិត្តព្យាយាម (កណ ៣២,២៥-៣១ ; លក ១៨,១-៨)។

លោកម៉ូសេជាស្ពានមេត្រីជួយអង្វរព្រះជាម្ចាស់សម្រាប់អ្នកដទៃ

២៥៧៤. ពេលព្រះបន្ទូលសន្យាចាប់ផ្ដើមកើតឡើង (បុណ្យចម្លង ដំណើរឆ្ពោះទៅកាន់សេរីភាព ព្រះអំណោយទាន​នៃធម្មវិន័យ និងទីបញ្ចប់នៃសម័្ពន្ធមេត្រី) ការអធិដ្ឋានរបស់លោកម៉ូសេឆ្លុះបញ្ចាំងការអធិដ្ឋានរបស់ “ស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់ និងមនុស្សលោក គឺព្រះគ្រីស្តយេស៊ូ” ដែលជួយអង្វរព្រះជាម្ចាស់សម្រាប់មនុស្សលោក (១ធម ២,៥)។

២៥៧៥. នៅទីនេះដដែល ព្រះជាម្ចាស់យាងមកមុនគេបង្អស់។ ព្រះអង្គត្រាស់ហៅលោកម៉ូសេ ពីគុម្ពោតដែលដុតតែ​មិន​ឆេះ (សរ ៣,១-១០)។ ហេតុការណ៍នេះនឹងទៅជារូបរាងនៃការអធិដ្ឋានក្នុងការបញ្ជូនបន្តខាងវិញ្ញាណរបស់​ជនជាតិយូដា និងគ្រីស្តបរិស័ទផង។ បើ “ព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប” ត្រាស់ហៅលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ បានសេចក្ដីថា ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ ដែលសព្វព្រះហឫទ័យ​ឱ្យមនុស្សលោកមានជីវិត។ ព្រះជាម្ចាស់សម្ដែងព្រះអង្គ ដើម្បីសង្រ្គោះគេ ប៉ុន្តែព្រះអង្គមិនសង្រ្គោះគេដោយ​ខ្លួនព្រះអង្គតែប៉ុណ្ណោះទេ ហើយទ្រង់ក៏មិនបង្ខំគេផងដែរ គឺព្រះជាម្ចាស់ត្រាស់ហៅលោកម៉ូសេឱ្យ​ទៅ ដើម្បីឱ្យលោករួមចំណែកក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ និងក្នុងព្រះរាជកិច្ចនៃការសង្រ្គោះរបស់ព្រះអង្គ។ ហាក់ដូចជាព្រះជាម្ចាស់អង្វរលោកម៉ូសេឱ្យចូលរួមក្នុងបេស​ក​កម្ម​​នេះ។ ក្រោយពីបានពិភាក្សាយ៉ាងយូរ បំណងលោក​ម៉ូសេក៏​​ស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្នកសង្រ្គោះ។ ប៉ុន្តែ ក្នុងការសន្ទនានេះ ដែលព្រះជាម្ចាស់សម្ដែងព្រះអង្គ លោក​ម៉ូសេក៏រៀនអធិដ្ឋានផងដែរ គឺលោកគេចវេះ ប្រកែក ជាពិសេសលោកសុំ ហើយដោយសារលោក​ចេះ​តែសុំ ព្រះ​អម្ចាស់​ក៏សម្ដែងព្រះនាមដ៏ឧត្តុង្គឧត្តមមិនអាចថ្លែងបាន ព្រមទាំងកិច្ចការដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គផង។

២៥៧៦. ពេលនោះ “ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន” (សរ ៣៣,១១)។ លោកម៉ូសេអធិដ្ឋានតាមរបៀបស្មឹងស្មាធិ៍ ដែលនាំឱ្យគាត់ទៅជាអ្នកបម្រើដ៏ស្មោះត្រង់នឹងបេសកកម្មរបស់ខ្លួនជានិច្ច។ គាត់ “សន្ទនា” ជារឿយៗ និងយ៉ាងយូរជាមួយព្រះអម្ចាស់ ដោយឡើងលើភ្នំ ដើម្បីស្ដាប់ និងអង្វរព្រះអង្គ ដោយចុះពីលើភ្នំទៅរកប្រជាជន ដើម្បីនាំព្រះបន្ទូលនៃព្រះជាម្ចាស់របស់លោក និងដើម្បីទៅណែនាំប្រជាជនទាំងនោះផង។ “ម៉ូសេមានចិត្តស្មោះត្រង់​ចំពោះ​កិច្ចការ​ក្នុងព្រះដំណាក់របស់យើងទាំងមូល។ យើងនិយាយទៅកាន់ម៉ូសេ ដោយផ្ទាល់មាត់ យើងសម្ដែងឱ្យ​ម៉ូសេ​ឃើញ ដោយឥតប្រើប្រស្នា ហើយម៉ូសេអាចមើលយើងឃើញ” (ជរ ១២,៧-៨) ដ្បិត “លោកម៉ូសេ​សុភាព​រាបសា​ជាងគេ​បំផុត ក្នុងចំណោមមនុស្សនៅលើផែនដីនេះ” (ជរ ១២,៣)។

២៥៧៧. ក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយព្រះដ៏ស្មោះត្រង់ ប្រកបដោយព្រះហឫទ័យអត់ធ្មត់ និង​ពោ​រ​ពេញទៅដោយធម៌មេត្តាករុណានេះ (សរ ៣៤,៦) លោកម៉ូសេបានស្រង់កម្លាំង ដើម្បីជួយអង្វរព្រះអង្គ ដោយចិត្ត​ព្យាយាម។ លោកមិនទូលអង្វរសម្រាប់ខ្លួនលោកផ្ទាល់ទេ តែសម្រាប់ប្រជាជនដែលព្រះជាម្ចាស់បានលោះ។ លោក​ម៉ូសេ​ជួយ​អង្វរព្រះអង្គ ពេលជនជាតិអ៊ីស្រាអែលប្រយុទ្ធច្បាំងនឹងជនជាតិអាម៉ាឡេក (សរ ១៧,៨-១៣) ឬដើម្បី​ឱ្យ​​នាង​មៀរីយ៉ាមបានជាសះស្បើយ (ជរ ១២,១៣-១៤)។ ប៉ុន្តែ លោកម៉ូសេជួយទូលអង្វរព្រះជាម្ចាស់ឱ្យគេ “គ្រប់​ពេល​វេលា” (ទន ១០៦,៣) ដើម្បីសង្រ្គោះប្រជាជន ដែលបានក្បត់ព្រះអង្គ (សរ ៣២,១-៣៤,៩)។ លោកម៉ូសេ​អធិដ្ឋាន ដោយប្រើអំណះអំណាង (ការជួយទូលអង្វរគឺជាការប្រយុទ្ធលាក់កំបាំងមួយ) ដែលនឹងជួយអ្នកអធិដ្ឋាន ​ប្រជាជន​យូដា ឬក្នុងព្រះសហគមន៍ ឱ្យមានចិត្តក្លាហាន ពីព្រោះព្រះជាម្ចាស់ជាសេចក្ដីស្រលាញ់ ដូច្នេះ​ព្រះ​អង្គ​សុចរិត និង​ស្មោះត្រង់ ព្រះអង្គក៏មិនអាចក្បត់ខ្លួនឯងដែរ ព្រះអង្គត្រូវតែរម្លឹកដល់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដោយសារ​សិរីរុង​រឿងរបស់ព្រះអង្គ ទ្រង់ក៏​មិន​អាច​បោះ​បង់ចោលប្រជាជននេះ ដែលជាតំណាង​របស់​ព្រះ​អង្គបានឡើយ។

ព្រះបាទដាវីឌទូលអង្វរព្រះជាម្ចាស់

២៥៧៨. ការអធិដ្ឋានរបស់ប្រជាជននៃព្រះជាម្ចាស់នឹងរីកចម្រើន ក្រោមម្លប់នៃព្រះដំណាក់របស់ព្រះអង្គ ពោលគឺ​ហិប​​នៃសម្ពន្ធមេត្រី និងក្រោយមក ព្រះវិហារ។ មុនដំបូង អ្នកណែនាំប្រជាជន ដូចជាពួកគង្វាល និងពួកព្យាការី នឹង​បង្រៀន​​គេឱ្យ​ចេះអធិដ្ឋាន។ នាងហាណ្ណាជាម្តាយបានបង្រៀនកុមារសាមូអែលឱ្យចេះប្រកាន់ឥរិយាបទ “ចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់​” (១សម ១,៩-១៨)។ កុមារសាមូអែលបានរៀនស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីលោកបូជាចារ្យហេលី៖ “សូមមានព្រះបន្ទូលមកចុះ ទូលបង្គំជាអ្នកបម្រើរង់ចាំស្ដាប់ព្រះអង្គហើយ” (១សម ៣,៩-១០)។ ក្រោយមក ​លោកសាមូអែលនឹងយល់ឃើញថា ត្រូវតែតស៊ូទាំងរងទុក្ខលំបាក ដើម្បីជួយទូល​អង្វរ​​ព្រះ​ជាម្ចាស់៖ “ចំពោះរូប​ខ្ញុំ​វិញ ដាច់ខាតខ្ញុំ​មិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរឱ្យអ្នករាល់គ្នា ហើយនឹងណែនាំ​អ្នក​រាល់គ្នា ឱ្យដើរតាមផ្លូវល្អ និងទៀងត្រង់មិនខានឡើយ” (១សម ១២,២៣)។

២៥៧៩. ព្រះបាទដាវីឌជាព្រះមហាក្សត្រដែល “ជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់” ជាគង្វាលដែល​អធិដ្ឋានសម្រាប់ប្រជារាស្រ្តរបស់ខ្លួន និងក្នុងនាមប្រជាជននោះ។ ព្រះអង្គគោរពតាមព្រះហឫទ័យព្រះជាម្ចាស់ ពោលពាក្យ​សរសើរ និងពោល​ពាក្យ​សោកស្ដាយ ដែលនឹងទៅជាគំរូឱ្យប្រជារាស្រ្តអធិដ្ឋានតាមផង។ ដោយសារព្រះអង្គ​បាន​​​​​​​ទទួល​​​ប្រេង​អភិសេក ព្រះអង្គអធិដ្ឋាន ដោយភ្ជាប់នឹងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដោយមាន​ចិត្ត​ស្មោះ​ត្រង់ (១សម ៧,១៨-២៩) ជឿទុកចិត្ត និងត្រេកអរសប្បាយ ចំពោះព្រះជាម្ចាស់ដែលជាព្រះមហាក្សត្រ និងជា​ព្រះ​​អម្ចាស់​​តែ​មួយ។ ក្នុងទំនុកតម្កើង ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ ព្រះបាទដាវីឌជាព្យាការីដើមដំបូង​នៃការ​អធិដ្ឋាន​របស់ជនជាតិយូដា និងគ្រីស្តបរិស័ទ។ ការអធិដ្ឋាននៃព្រះគ្រីស្ត ដែលជាព្រះមេស្ស៊ីដ៏ពិតប្រាកដ និងជាព្រះ​បុត្រារបស់ព្រះបាទដាវីឌ​នឹងសម្ដែង ហើយនឹងបំពេញអត្ថន័យនៃការអធិដ្ឋាននោះ។

២៥៨០. ព្រះវិហារនៃទីក្រុងយេរូសាឡឹម ជាព្រះដំណាក់នៃការអធិដ្ឋាន ​កសាងដោយព្រះបាទសាឡូម៉ូនជាព្រះបុត្រារបស់ព្រះបាទដាវីឌ។ ពេលឧទិ្ទសព្រះវិហារ ការអធិដ្ឋានរម្លឹកអំពីព្រះបន្ទូលសន្យា និងសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ វត្តមានដ៏សកម្មនៃព្រះនាមព្រះអង្គក្នុងចំណោមប្រជារាស្រ្តព្រះអង្គ និង​កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់សេរីភាព។ ពេលនោះ ព្រះមហាក្សត្រលើកព្រះហស្ត​ឡើងទៅលើមេឃ ហើយទូលអង្វរព្រះអម្ចាស់សម្រាប់ព្រះកាយព្រះអង្គ សម្រាប់ប្រជារាស្រ្តទាំងមូល និងសម្រាប់អ្នកជំនាន់​ក្រោយផងដែរ សូមឱ្យព្រះជាម្ចាស់លើកលែងទោសអំពើបាបរបស់គេ និងប្រោសប្រទានតាមតម្រូវការរបស់គេជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គជាព្រះតែមួយគត់ និងដើម្បីឱ្យអ្នកទាំងនោះផ្ញើជីវិតទាំង​ស្រុង​ទៅលើព្រះអង្គ។

លោកអេលី និងពួកព្យាការី ជំរុញប្រជាជនឱ្យកែប្រែចិត្តគំនិត

២៥៨១. ចំពោះប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ព្រះវិហារជាកន្លែងអប់រំឱ្យចេះអធិដ្ឋាន ពោលគឺជាកន្លែងធ្វើ​បូជនីយេសចរណ៍ ធ្វើបុណ្យ យញ្ញបូជា ថ្វាយតង្វាយ ធូប នំបុ័ង ដែលជាសញ្ញាសម្គាល់ទាំងអស់នៃភាពដ៏វិសុទ្ធ និងសិរីរុង​រឿង​របស់​ព្រះ​ដ៏ខ្ពង់ខ្ពស់បំផុត និងយ៉ាងជិតស្និត ដែលត្រាស់ហៅគេឱ្យអធិដ្ឋាន។ ប៉ុន្តែ ជារឿយៗ ពិធីដដែលៗបណ្ដាលឱ្យ​ប្រជារាស្រ្តគោរពព្រះជាម្ចាស់តាមតែលើបបូរមាត់ប៉ុណ្ណោះ។ ដូច្នេះហើយ បានជាមុន និង​ក្រោយ​ប្រជារាស្រ្តក្លាយជាឈ្លើយនៃសឹកសង្រ្គាម ព្រះជាម្ចាស់ផ្ដល់បេសកកម្ម ឱ្យពួកព្យាការីអប់រំគេឱ្យផ្ញើជីវិតទាំងស្រុងលើព្រះអង្គ ព្រមទាំង​កែ​ប្រែចិត្តគំនិតផង។

២៥៨២. លោកអេលីជាឪពុករបស់ពួកព្យាការី ពីពូជពង្សរបស់ “អស់អ្នកដែលស្វែងរកព្រះជាម្ចាស់” អស់អ្នក​ដែល​ចង់ជួប​ព្រះភក្ត្រព្រះអង្គ (ទន ២៤,៦)។ ឈ្មោះរបស់លោកអេលី គឺ “ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ” ជាចម្លើយ​ទុកជាមុនរបស់ប្រជារាស្រ្តចំពោះការអធិដ្ឋានរបស់លោកលើភ្នំការម៉ែល (១ពង្ស ១៨,៣៩)។ លោក​យ៉ាកុបជំរុញយើងឱ្យអធិដ្ឋានដូចលោកអេលីដោយពោល​​​​​​​​​​​ “ពាក្យទូលអង្វររបស់មនុស្សសុចរិតមាន​ប្រសិទ្ធិភាពខ្លាំងណាស់” (យប ៥,១៦ខ-១៨)។

២៥៨៣. ក្រោយពីបានរៀនពីធម៌មេត្តាករុណា​ នៅមាត់ជ្រោះកេរីត លោកបង្រៀនស្រ្តីមេម៉ាយ​​ នៅភូមិ​សារិបតា ឱ្យផ្ញើជីវិតទាំងស្រុងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយលោកបញ្ជាក់ជំនឿនេះ​ ដោយទទូចទូលអង្វរព្រះជាម្ចាស់ដោយមានចិត្តព្យាយាម គឺព្រះអង្គប្រោសឱ្យកូនស្ត្រីនោះឱ្យរស់ឡើងវិញ (១ពង្ស ១៧,៧-២៤)។ ពេលធ្វើយញ្ញបូជាលើភ្នំការម៉ែល ជាហេតុការណ៍ដែលនឹងបញ្ជាក់ជំនឿយ៉ាងពិតប្រាកដនៃប្រជារាស្រ្តរបស់ព្រះ​ជាម្ចាស់។ នៅពេលលោកអេលីទូលអង្វរសម្រាប់ឱ្យ ភ្លើងរបស់ព្រះអង្គដុតយញ្ញទាំងមូល គឺ “នៅពេលដែលយើងថ្វាយតង្វាយ​ល្ងាច”៖ “ព្រះអម្ចាស់អើយ សូមមេត្តាឆ្លើយតបមកទូលបង្គំ​​ ផង!”។ ពិធីបុណ្យខាងបូព៌ាប្រទេសតែងតែរម្លឹកយកពាក្យ​អធិដ្ឋានរបស់លោកអេលីនោះឡើងវិញ (១ពង្ស ១៨,២០-៣៩)។​ ទីបំផុត ដោយដើរតាមផ្លូវនៃវាលរហោស្ថាន ឆ្ពោះទៅកន្លែងដែលព្រះដ៏មានព្រះជន្មរស់ និងជាព្រះដ៏ពិត​ប្រាកដ បានសម្ដែងព្រះអង្គឱ្យប្រជារាស្រ្តរបស់ព្រះអង្គស្គាល់ លោកអេលីចូលទៅស្នាក់ក្នុងគុហា ដូចលោក​ម៉ូសេ រហូតដល់ព្រះជាម្ចាស់ដ៏លាក់កំបាំងយាងមក (១ពង្ស ១៩,១-១៤ ; សរ​ ៣៣,១៩-២៣)។ ប៉ុន្តែ​ ព្រះ​ជាម្ចាស់នឹងសម្ដែងព្រះអង្គឱ្យបានពេញលក្ខណៈដល់អស់អ្នកដែលស្វែងរកព្រះភ័ក្រ្តព្រះអង្គ នៅពេលដែលព្រះយេស៊ូនឹងប្រែទ្រង់​ទ្រាយ (លក ៩,៣០-៣៥)។ មនុស្សលោកស្គាល់សិរីរុងរឿងរបស់ព្រះជាម្ចាស់ វេលាដែលព្រះគ្រីស្តត្រូវគេឆ្កាង និងមានព្រះជន្ម​រស់ឡើង​វិញ (២ករ ៤,៦)។

២៥៨៤. ដោយអស់លោកព្យាការីនៅជាមួយព្រះជាម្ចាស់ផ្ទាល់ ពួកលោកទទួលកម្លាំង និងពន្លឺអំពីព្រះអង្គ ​ដើម្បី​បំពេញបេសកកម្ម។ គេអធិដ្ឋានមិនមែនដើម្បីគេចពីលោកដ៏មិនទៀងទាត់នេះទេ តែដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលខ្លះ គេពិភាក្សា ឬត្អូញត្អែរ ប៉ុន្តែគេតែងតែជួយទូលអង្វរព្រះជាម្ចាស់ ជាព្រះ  អម្ចាស់នៃប្រវត្តិសាស្រ្ត ឱ្យព្រះអង្គយាងមកសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ដោយរង់ចាំ និងរៀបចំឱ្យព្រះអង្គយាងមក (អម ៧,២.៥ ; អស ៦,៥.៨.១១ ;​ យរ ១,៦ ;​ ១៥,១៥-១៨ ; ២០,៧-១៨)។

អង្គប្រជុំរបស់អ្នកជឿអធិដ្ឋានដោយស្មូតទំនុកតម្កើង

២៥៨៥. តាំងពីព្រះបាទដាវីឌរហូតដល់ព្រះមេស្ស៊ីយាងមក កណ្ឌគម្ពីរដ៏វិសុទ្ធមានសេចក្ដីអធិដ្ឋាន ដែលផ្ដល់​សក្ខីភាពថា​ ប្រជារាស្រ្តអ៊ីស្រាអែលបានចូលក្នុងការអធិដ្ឋាន សម្រាប់ខ្លួនឯងផង សម្រាប់អ្នកដទៃផង កាន់តែស៊ី​ជម្រៅ​ទៅៗ (អរ ៩,៦-១៥ ; នហ ១,៤-១១ ;​ យណ ២,៣-១០ ;​ តប ៣,១១-១៦ ; យឌ ៩,២-១៤)។ បន្តិច​​ម្តងៗ គេបានប្រមូលសេចក្ដីអធិដ្ឋាននោះ ដែលគេហៅថា ទំនុកតម្កើង (ឬ “ពាក្យសរសើរ”) ហើយសរសេរចូលក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ចំនួនប្រាំកណ្ឌ ដែលជាសេចក្ដីអធិដ្ឋានដ៏កំពូល។

២៥៨៦. ក្នុងឱកាសបុណ្យធំៗនៅទីក្រុងយេរូសាឡឹម ឬជារៀងរាល់ថ្ងៃសប្ប័ទក្នុងធម្មសាលា ប្រជារាស្រ្ត​របស់​ព្រះ​ជាម្ចាស់ជួបជុំគ្នាស្មូត្រទំនុកតម្កើង ដើម្បីអធិដ្ឋាន។ គេអធិដ្ឋានបែបនេះតែម្នាក់ឯង ឬជាមួយគ្នា ដើម្បីអ្នកអធិដ្ឋានផង និងមនុស្សទាំងអស់គ្នាផង។ ការអធិដ្ឋានបែបនេះ កើតចេញពីទឹកដីដ៏វិសុទ្ធ និងពី  សហគមន៍​ជនជាតិយូដាដែលខ្ចាត់ខ្ចាយក្នុងពិភពលោក រហូតដល់សត្វលោកទាំងអស់។ ពេលអធិដ្ឋានបែបនេះ គេ​រម្លឹកអំ​​ពីហេតុការណ៍របស់ព្រះសង្រ្គោះ​ ក្នុងអតីតកាល រហូតដល់អវសានកាលនៃ​ប្រវត្តិ​សាស្រ្ត គឺគេរម្លឹកពីព្រះបន្ទូល​សន្យារបស់ព្រះជាម្ចាស់ ដែលបានកើតចេញជារូបរាងហើយៗគេរង់ចាំព្រះមេស្ស៊ី ដែលនឹងបំពេញព្រះ​បន្ទូល​សន្យានោះឱ្យបានពេញលក្ខណៈ។ ព្រះគ្រីស្តបានអធិដ្ឋាន និងបានបំពេញទំនុកតម្កើង ដែល​នៅតែជាចាំបាច់ ក្នុងការអធិដ្ឋានរបស់ព្រះសហគមន៍ (IGLH ១០០-១០៩)។

២៥៨៧. ក្នុងកណ្ឌទំនុកតម្កើង ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាពាក្យអង្វររបស់មនុស្សលោក។​ ក្នុង​កណ្ឌផ្សេងៗ​នៃគម្ពីរសម្ពន្ធមេត្រីចាស់ “ពាក្យសម្ដីប្រកាសស្នាព្រះហស្ត (របស់ព្រះជាម្ចាស់ចំពោះ​មនុស្ស​លោក) ហើយ​​​​​សម្ដែងគម្រោងការដ៏លាក់កំបាំង ដែលស្ថិតនៅក្នុងស្នាព្រះហស្តនោះ” (DV ២)។ ក្នុងកណ្ឌទំនុកតម្កើង ពាក្យសម្ដីរបស់អ្នកនិពន្ធសម្ដែងនូវស្នាព្រះហស្តរបស់ព្រះជាម្ចាស់ជាអ្នកសង្រ្គោះ។ ព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺស្នាព្រះហស្តរបស់ព្រះជាម្ចាស់ និងចម្លើយរបស់មនុស្សលោក ដែលព្រះគ្រីស្តនឹងផ្សំផ្តុំគ្នា។ ក្នុងអង្គព្រះគ្រីស្ត ទំនុក​តម្កើងនៅតែបង្រៀនយើងឱ្យចេះអធិដ្ឋាន។

២៥៨៨. ពិធីបុណ្យព្រះវិហារ និងចិត្តរបស់មនុស្ស បង្ហាញថា មានទំនុកតម្កើងខុសប្លែក​ពី​គ្នាជាច្រើនយ៉ាង​ គឺមានបទចម្រៀងលើកតម្កើងព្រះជាម្ចាស់ ពាក្យទូលអង្វរព្រះអង្គពេលរងទុក្ខលំបាក ពាក្យអរព្រះគុណព្រះអង្គ ពាក្យ​​ទូល​អង្វរ​របស់​មនុស្សម្នាក់ ឬរបស់សហគមន៍ បទចម្រៀងរបស់ស្ដេច ឬបទចម្រៀងសម្រាប់ធ្វើ​បូជនីយេសចរណ៍ ពាក្យ​រិះ​គិតពិចារណារបស់អ្នកប្រាជ្ញ។ ទំនុកតម្កើងទាំងអស់នោះដូចជាកញ្ចក់ ដែលឆ្លុះ​ភាព​អស្ចារ្យ​របស់ព្រះជាម្ចាស់ ក្នុងប្រវត្តិសាស្រ្តនៃប្រជារាស្រ្តរបស់ព្រះអង្គ និងស្ថានភាពទាំង​ប៉ុន្មានដែលអ្នក​ និពន្ធ​ទំនុកតម្កើង​​បានឆ្លងកាត់។ ទោះបីទំនុកតម្កើងមួយអាចឆ្លុះបញ្ចាំង​ហេតុការណ៍ណា​មួយ​អំពីអតីតកាល​យ៉ាង​ណា​​ក៏ដោយ ក៏​មនុស្សគ្រប់សម័យកាល គ្រប់កាលៈទេសៈ អាចស្មូត្របទទំនុកតម្កើងនេះ ដោយ​សេចក្ដីពិត​បាន​ដែរ។

២៥៨៩. ទំនុកតម្កើងមានលក្ខណៈខ្លះដូចគ្នា គឺមនុស្សស្មូត្រទំនុកតម្កើងដោយមានចិត្តសាមញ្ញ និង​ដោយ​មិនបានគិតទុកជាមុន ព្រះបំណងប្រាថ្នារបស់ព្រះជាម្ចាស់ផ្ទាល់ តាមរយៈ និងជាមួយ អ្វីៗ​ទាំងអស់ដ៏​ល្អប្រសើរក្នុងការបង្កើតសត្វលោកទាំងឡាយរបស់ព្រះអង្គ ស្ថានភាពដ៏លំបាករបស់អ្នកជឿ ដែលខ្មាំងសត្រូវ និង​ការ​ល្បង​ជា​ច្រើនមកបៀតបៀន ដោយសារសេចក្ដីស្រលាញ់របស់គេចំពោះព្រះជាម្ចាស់ ហើយ​ដែលរង់ចាំ​ព្រះ​ដ៏​ស្មោះ​​ត្រង់ ដោយជឿជាក់ថា ព្រះអង្គស្រលាញ់គេ និងដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។ ក្នុងបទ​ទំនុក​តម្កើង គេតែងតែសរសើរលើកតម្កើងព្រះជាម្ចាស់ ហេតុនេះហើយ បានជាគេហៅកណ្ឌនោះយ៉ាងត្រឹមត្រូវថា​៖ “ពាក្យ​សរសើរ”។ គេប្រើកណ្ឌនេះ ក្នុងពិធីបុណ្យរបស់អង្គប្រជុំ ដែលត្រាស់ហៅមនុស្សឱ្យអធិដ្ឋាន និងច្រៀង​ចម្លើយ​របស់គេ៖ “Hallelou-Ya!” (អាលេលូយ៉ា) “ចូរសរសើរលើកតម្កើងព្រះអម្ចាស់!”។ អ្វីទៅដែលប្រសើរជាងទំនុកតម្កើង? ហេតុនេះហើយ បានជាព្រះបាទដាវីឌមានព្រះបន្ទូលយ៉ាងត្រឹមត្រូវថា៖ “ចូរសរសើរព្រះអម្ចាស់ ដ្បិតទំនុកតម្កើងជាការល្អប្រសើរ៖ សូមឱ្យព្រះរបស់យើងទទួលពាក្យសរសើរយ៉ាងពិរោះ!”។ ត្រឹមត្រូវហើយ! ដ្បិតទំនុកតម្កើងជាពរជ័យរបស់ប្រជាជន ជាពាក្យសរសើររបស់អង្គប្រជុំចំពោះព្រះ​ជាម្ចាស់ ជាការទះដៃរបស់មនុស្សទាំងអស់ ជាពាក្យសម្តីរបស់សាកលលោកទាំងមូល ជាធម៌ប្រកាសជំនឿ​យ៉ាង​ពិរោះ... (សន្ត អំប្រ័រ)។

សង្ខេប

២៥៩០. “ការអធិដ្ឋាន គឺជាការលើកព្រលឹងឡើងទៅឯព្រះជាម្ចាស់ ឬយើងអាចទូលសូមឱ្យព្រះអង្គប្រោសប្រទាននូវអ្វី​​សមរម្យ” (សន្ត យ៉ូហាន ដាម៉ាសែន)

២៥៩១. ព្រះជាម្ចាស់ត្រាស់ហៅមនុស្សម្នាក់ៗឱ្យជួបព្រះអង្គយ៉ាងអាថ៌កំបាំង ក្នុងការអធិដ្ឋាន។ ក្នុងប្រវិត្តសាស្រ្តទាំងអស់នៃការសង្រ្គោះ ហាក់ដូចជាព្រះជាម្ចាស់ និងមនុស្សត្រាស់ហៅគ្នាទៅវិញទៅមក។

២៥៩២. ការអធិដ្ឋានរបស់លោកអប្រាហាំ និងលោកយ៉ាកុបដូចជាការប្រយុទ្ធនៃជំនឿក្នុងការជឿទុកចិត្តលើភក្តីភាពរបស់ព្រះជាម្ចាស់ និងការដឹងច្បាស់ថា អ្នកមានចិត្តព្យាយាមនឹងយកជ័យជំនះ។

២៥៩៣. ការអធិដ្ឋានរបស់លោកម៉ូសេឆ្លើយតបនឹងព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ដើម្បីសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ។ ការអធិដ្ឋាននេះតម្រង់ទុកជាមុននឹងការជួយអង្វររបស់ព្រះគ្រីស្តយេស៊ូ ដែលជាស្ពានមេត្រីតែមួយ។

២៥៩៤. ការអធិដ្ឋាននៃប្រជារាស្រ្តរបស់ព្រះជាម្ចាស់រីកចម្រើនក្រោមម្លប់នៃព្រះដំណាក់របស់ព្រះជាម្ចាស់ ជាហិបនៃសម្ពន្ធមេត្រី និងជាព្រះវិហារ ក្រោមការដឹកនាំនៃពួកគង្វាល ជាពិសេសព្រះបាទដាវីឌ និងពួកព្យាការីផងដែរ។

២៥៩៥ . ពួកព្យាការីដាស់តឿនឱ្យកែប្រែចិត្តគំនិត ហើយជួយអង្វរព្រះជាម្ចាស់ ដើម្បីប្រជារាស្រ្ត ព្រមទាំងស្វះស្វែងរកខ្នះខ្នែងព្រះភក្ត្ររបស់ព្រះជាម្ចាស់។

២៥៩៦.ទំនុកតម្កើងជាស្នាដែនៃការអធិដ្ឋានក្នុងសម្ពន្ធមេត្រីចាស់ ហើយមានលក្ខ័ណពីរដែលមិនអាចបែកពីគ្នាបានឡើយ គឺជាការអធិដ្ឋានរបស់បុគ្គលម្នាក់ៗ និងរបស់សហគមន៍ផង។ ទំនុកតម្កើងលាតសន្ធឹងដល់ប្រវិត្តសាស្រ្តទាំងមូល ដោយរម្លឹកឡើងវិញនូវព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលបានកើតជារូបរាងរួចទៅហើយ ហើយដោយសង្ឃឹមថា ព្រះមេស្ស៊ីនឹងយាងត្រឡប់មកវិញ។

២៥៩៧. ទំនុកតម្កើងជាផ្នែកដ៏សំខាន់ និងជាអចិន្តៃ្រយ៍នៃការអធិដ្ឋានរបស់ព្រះសហគមន៍។ ត្រូវតែស្មូតទំនុកតម្កើងនៅក្នុងអង្គព្រះគ្រីស្ត ដែលជាអ្នកបំពេញទំនុកតម្កើងនោះ។ ទំនុកតម្កើងសមស្របតាមមនុស្សគ្រប់រូប នៅគ្រប់ជំនាន់។

ប្រការទី២៖​នៅពេលកំណត់ដ៏ពេញលក្ខណៈ

២៥៩៨. ព្រះបន្ទូលដែលប្រសូតជាមនុស្ស និងដែលគង់នៅក្នុងចំណោមយើង សម្ដែងនូវការ​អធិដ្ឋាន​​ឱ្យ​​បានពេញលក្ខណៈ។ ពេលយើងស្វែងយល់របៀបអធិដ្ឋានរបស់ព្រះអង្គ តាម​រយៈសេចក្ដី​ដែល​សាក្សី​របស់​​ព្រះអង្គប្រកាសក្នុងដំណឹងល្អ​ គឺយើងចូលជិតព្រះអម្ចាស់ដ៏វិសុទ្ធយេស៊ូ ដូចចូលជិត​គុម្ពោត​ដែល​ដុតតែមិនឆេះដែរ ពោលគឺត្រូវនឹកសញ្ជឹងគិតអំពីព្រះអង្គផ្ទាល់ពេលទ្រង់អធិដ្ឋាន ហើយ​ស្ដាប់​ព្រះអង្គ​បង្រៀន​​ឱ្យចេះអធិដ្ឋាន ដើម្បីដឹងថា តើព្រះអង្គទទួលពាក្យទូលអង្វររបស់យើងយ៉ាងដូចម្ដេច។

ព្រះយេស៊ូអធិដ្ឋាន

២៥៩៩. ព្រះបុត្រារបស់ព្រះជាម្ចាស់  ដែលជាបុត្រនៃព្រហ្មចារិនី បានរៀនអធិដ្ឋាន ក្នុងឋានៈជា​មនុស្ស។ ព្រះអង្គបានរៀនអធិដ្ឋានពីព្រះមាតារបស់ព្រះអង្គ ដែលចងចាំហេតុការណ៍ដ៏អស្ចារ្យរបស់ព្រះដ៏មាន​ឫទ្ធានុភាព​​​​សព្វប្រការ ព្រមទាំងត្រិះរិះពិចារណាថែមទៀត (លក ១,៤៩ ; ២,១៩ ; ២,៥១)។ ព្រះអង្គ​រៀន​អធិដ្ឋាន​​តាមរបៀបរបស់ប្រជារាស្រ្តព្រះអង្គ នៅធម្មសាលានៃភូមិណាសារ៉ែត និងនៅព្រះវិហារទីក្រុង​យេរូសាឡឹម។ ប៉ុន្តែ ការអធិដ្ឋានរបស់ព្រះអង្គផុសចេញពីប្រភពដ៏ស្ងាត់កំបាំង ដូចព្រះអង្គមានព្រះបន្ទូល​ នៅពេលដែល​​​ទ្រង់​​មាន​ព្រះ​​​​ជន្ម​ដប់ពីរវស្សាថា៖ “កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូន” (លក ២,៤៩)។ ពេលនោះ ព្រះជាម្ចាស់​ចាប់ផ្ដើមសម្ដែងនូវការអធិដ្ឋានឱ្យបានពេញលក្ខណៈ គឺការអធិដ្ឋានរបស់បុត្រធីតា ដែលព្រះ​បិតា​រង់ចាំពីបុត្រធីតារបស់ព្រះអង្គ ហើយដែលព្រះបុត្រាតែមួយផ្ទាល់នឹងអនុវត្ត ក្នុងឋានៈជាមនុស្ស រួម​ជាមួយ​មនុស្សលោក និងដើម្បីពួកគេទៀតផង។

២៦០០. គម្ពីរដំណឹងល្អតាមសន្តលូកាបញ្ជាក់នូវកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ និងអត្ថន័យនៃការអធិដ្ឋាន របស់ព្រះគ្រីស្ត នៅលើផែនដីនេះ។ ព្រះយេស៊ូអធិដ្ឋាន មុន ពេលដ៏សំខាន់នៃបេសកកម្មរបស់ព្រះអង្គ​ គឺមុន​ព្រះ​បិតាផ្ដល់សក្ខីភាពអំពីព្រះអង្គ ពេលព្រះអង្គជ្រមុជទឹក (លក ៣,២១) និងពេលដែលព្រះអង្គប្រែទ្រង់ទ្រាយ (លក ៩,២៨) ហើយព្រះយេស៊ូអធិដ្ឋានមុននឹងបំពេញគម្រោងការដ៏សប្បុរសរបស់ព្រះបិតា ដោយរងទុក្ខ​លំបាក (លក ២២,៤១-៤៤)។ ព្រះយេស៊ូអធិដ្ឋានមុនពេលដ៏សំខាន់​នៃបេសកកម្មរបស់ក្រុមគ្រីស្តទូត គឺមុនពេលជ្រើសរើសគ្រីស្តទូតដប់ពីររូប និងតែងតាំងពួកលោក​ (លក ៦,១២) មុនពេលលោកសិលាប្រកាសថា ព្រះអង្គជា “ព្រះ​គ្រីស្ត​របស់ព្រះជាម្ចាស់” (លក ៩,១៨-២០) ហើយព្រះអង្គអធិដ្ឋាន ដើម្បីកុំឱ្យប្រធានក្រុមគ្រីស្តទូតចាញ់ការល្បួង (លក​ ២២,៣២)។ ដោយ​សារព្រះយេស៊ូអធិដ្ឋាន មុនហេតុការណ៍ទាំងប៉ុន្មានដែលព្រះបិតាសូមឱ្យព្រះអង្គបំពេញដើម្បី​សង្រ្គោះ​​​​មនុស្ស​លោក ក្នុង​ឋានៈ​ជាមនុស្ស ព្រះអង្គក៏ថ្វាយខ្លួនទាំងស្រុង ដោយចិត្តសុភាពរាបសា ចំពោះ​ព្រះ​​ហឫទ័យ​ដ៏សប្បុរស​របស់​ព្រះ​បិតា។

២៦០១. “មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ មានសាវ័កម្នាក់​ទូលព្រះអង្គថា៖ “បពិត្រព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋានផង” (លក ១១,១)។ មុនដំបូង សាវ័ក​ប្រាថ្នា​ចង់អធិដ្ឋាន ដោយសារគេនឹកគិតដល់ម្ចាស់របស់ខ្លួនអធិដ្ឋាន។ ពេលនោះ គេអាចរៀនអធិដ្ឋានពីម្ចាស់​នៃ​ការអធិដ្ឋាន។ ពេលគេនឹកសញ្ជឹងគិតដល់ព្រះបុត្រា និងស្ដាប់ព្រះបន្ទូលព្រះអង្គ បុត្រធីតារៀនទូលអង្វរ​ព្រះ​​បិតា។

២៦០២. ជារឿយៗព្រះយេស៊ូគង់នៅដាច់ឡែកពីគេ តែម្នាក់ឯង ឡើងលើភ្នំ ដើម្បីអធិដ្ឋានពេលយប់ (មក ១,៣៥ ; ៦,៤៦ ; លក ៥,១៦)។ ដោយសារព្រះអង្គប្រសូតជាមនុស្ស ទ្រង់​ក៏​ទទួល​​យកមនុស្សលោកទាំងអស់ ក្នុងការអធិដ្ឋានរបស់ព្រះអង្គ ហើយថ្វាយពួកគេចំពោះព្រះបិតា ដោយថ្វាយព្រះកាយព្រះអង្គ។ ដោយសារ​ព្រះ​អង្គ ជាព្រះបន្ទូលកើតជាមនុស្ស ព្រះអង្គអធិដ្ឋានក្នុងឋានៈជាមនុស្ស និងរួមសុខរួមទុក្ខជាមួយនឹង “បងប្អូន” របស់​ព្រះអង្គ (ហប ២.១២)។ ព្រះអង្គទទួលយកភាពទន់ខ្សោយរបស់មនុស្ស​ ដើម្បីរំដោះ​គេ​ឱ្យរួច​ពី​ភាព​ទន់​ខ្សោយនោះ (ហប ២,១៥ ; ៤,១៥)។ ហេតុនេះហើយ បានជាព្រះបិតាបានចាត់ព្រះអង្គឱ្យយាងមក។ ដូច្នេះ ព្រះ​​បន្ទូល និងកិច្ចការរបស់ព្រះអង្គសម្ដែងយ៉ាងច្បាស់នូវការអធិដ្ឋាន “ជាសម្ងាត់” របស់ព្រះអង្គ។

២៦០៣. អ្នកនិពន្ធគម្ពីរដំណឹងល្អ​បានរក្សាទុក​ពាក្យអង្វរពីរយ៉ាងរបស់ព្រះគ្រីស្ត។ ពាក្យអង្វរទាំងពីរនោះ​ចាប់​ផ្ដើម​ដោយការ​អរ​ព្រះ​​គុណព្រះជាម្ចាស់។ ក្នុងពាក្យអង្វរទីមួយ (មថ ១១,២៥-២៧ និង លក ១០,២១-២២) ព្រះ​យេស៊ូ​​ប្រកាសជំនឿលើព្រះបិតា ទទួលស្គាល់ និងប្រទានព្រះពរដល់ព្រះអង្គ ដ្បិតព្រះអង្គបានលាក់គម្រោងការដ៏​អស្ចារ្យ​នៃព្រះរាជ្យកុំឱ្យអ្នកដែលស្មានថា ខ្លួនជាអ្នកប្រាជ្ញនិងចេះដឹង ស្គាល់គម្រោង​​ការ​នេះ ប៉ុន្តែទ្រង់បាន​សម្ដែងគម្រោងការនេះ​​ឱ្យ “អ្នកតូចតាច” (អស់អ្នកដែលគ្មានទីពឹង) ស្គាល់។ ព្រះយេស៊ូរំជួល​ព្រះ​ហឫទ័យ “ឱព្រះបិតា​អើយ!” គឺព្រះអង្គសម្ដែងនូវទីជម្រៅព្រះហឫទ័យរបស់ព្រះអង្គ ដែលជាប់នឹងព្រះហឫទ័យ​របស់​​ព្រះបិតា ដូចពេល​ព្រះ​មាតា​បានសម្រេចធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលព្រះអង្គចាប់​ផ្ទៃ​ព្រះ​នាង ហើយព្រះអង្គក៏សម្ដែងទុក​ជា​មុននូវព្រះបន្ទូលរបស់ព្រះអង្គ​ចំពោះព្រះបិតា​ពេលទ្រង់នឹង​រងទុក្ខ​លំបាក។ ព្រះយេស៊ូអធិដ្ឋាន បានសេចក្ដី​ថា ក្នុងឋានៈជាមនុស្ស ព្រះអង្គជ្ជាប់នឹង “គម្រោងការ​ដ៏លាក់​កំបាំង” នៃព្រះហឫទ័យរបស់ព្រះបិតា (អភ ១,៩)។

២៦០៤. សន្តយ៉ូហានជាអ្នកថ្លែងនូវពាក្យអង្វរទីពីររបស់ព្រះអង្គ គឺមុនពេលលោកឡាសាររស់ឡើងវិញ (យហ ១១,៤១-៤២)។ នៅទីនោះ​ដែរ ព្រះ​យេស៊ូអរព្រះគុណព្រះជាម្ចាស់មុនប្រោសលោកឱ្យរស់ឡើងវិញ៖ “បពិត្រ​​ព្រះ​បិតា ទូលបង្គំសូមអរ​ព្រះ​គុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ” បានសេចក្ដីថា ព្រះបិតា តែងតែសណ្ដាប់សំណូមពររបស់ព្រះអង្គ។ ព្រះយេស៊ូបន្ថែមទៀតថា៖ “ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះ​សណ្ដាប់ទូលបង្គំជានិច្ច” បានសេចក្ដីថា ចំពោះព្រះយេស៊ូវិញ ទ្រង់ក៏តែងតែ សុំ ជានិច្ច។ ហេតុនេះ ដោយ​សារ​ព្រះយេស៊ូអរព្រះគុណព្រះបិតា ព្រះអង្គក៏សម្ដែងឱ្យយើងដឹងថា​ តើត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីសុំ គឺមុន ព្រះ​ជាម្ចាស់ប្រទានព្រះអំណោយទាន ព្រះយេស៊ូភ្ជាប់ចិត្តនឹងអ្នកដែលប្រទានព្រះអំណោយទាននោះ ជាអ្នក​ដែល​ប្រទានខ្លួនផ្ទាល់។ អ្នកប្រទានព្រះអំណោយទានមានតម្លៃជាងអំណោយ​​ ព្រះ​អង្គក៏ជា “កំណប់” ហើយព្រះបុត្រាព្រះអង្គភ្ជាប់ចិត្តនឹងព្រះអង្គ។ ព្រះជាម្ចាស់ប្រទានព្រះអំណោយទាន​នោះ “ថែមទៀត” (មថ ៦,២១.៣៣)។ ពាក្យអង្វររបស់ព្រះយេស៊ូក្នុងឋានៈជាបូជាចារ្យ​ ជាសេចក្ដីអធិដ្ឋានយ៉ាងពិសេស ក្នុងការចាត់ចែងគម្រោងការនៃ​ការ​សង្រ្គោះ។ យើងនឹងវិភាគសេចក្ដីអធិដ្ឋាននេះ ក្នុងទីចុងក្រោយនៃភាគទីមួយ។ សេចក្ដីអធិដ្ឋាននេះ​បង្ហាញ​នូវ​ពាក្យ​​អង្វរនៃមហាបូជាចារ្យរបស់យើងបច្ចុប្បន្នកាលនេះ ហើយជាមួយគ្នានេះដែរ ក្នុងនោះ មាន​អ្វីៗ​​ដែលព្រះអង្គបង្រៀនឱ្យយើងស្គាល់អំពីធម៌ឱព្រះបិតា ដែលយើងនឹងវិភាគក្នុងភាគទីពីរ។

២៦០៥. ពេលកំណត់មកដល់ គឺជាពេលដែលព្រះយេស៊ូបំពេញគម្រោការដ៏សប្បុរសនៃព្រះបិតា ព្រះអង្គនាំយើងឱ្យ​យល់​ពីទីជម្រៅមិនអាចស្ទង់បាននៃការអធិដ្ឋានរបស់ព្រះអង្គក្នុងឋានៈជាព្រះបុត្រា មិនគ្រាន់តែមុនពេលព្រះអង្គថ្វាយព្រះកាយព្រះអង្គទាំងស្រុងដោយស្ម័គ្រចិត្ត (“ឱព្រះបិតាអើយ! សូមកុំឱ្យ សម្រេចតាមចិត្តទូលបង្គំឡើយ គឺឱ្យសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ” លក ២២,៤២) ថែមទាំងរហូតដល់ព្រះបន្ទូលចុងក្រោយ របស់ព្រះអង្គនៅលើឈើឆ្កាងទៀតផងដែរ។ នៅទីនោះ ព្រះអង្គថ្វាយខ្លួនទាំងស្រុង បានសេចក្ដីថា ទ្រង់​អធិដ្ឋានតែម្តង​ (“ឱ​ព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឱ្យអ្នកទាំងនោះផង ដ្បិតគេមិនដឹងថា គេកំពុងធ្វើអ្វីឡើយ” លក ២៣,៣៤)។ “ខ្ញុំសូមប្រាប់ឱ្យអ្នកដឹងយ៉ាងច្បាស់ថា ថ្ងៃនេះ អ្នកនឹងបានទៅនៅស្ថាន​បរមសុខជាមួយខ្ញុំ” (លក ២៣,៤៣) “អ្នកអើយ! នេះកូនរបស់អ្នក (...) នេះហើយ ម្តាយរបស់អ្នក” (យហ ១៩,២៦-២៧) “ខ្ញុំស្រេចទឹក” (យហ ១៩,២៨) “ឱព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?” (មក ១៥,៣៤) (ទន ២២,២) “ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!” (យហ ១៩,៣០) “ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ” (លក ២៣,៤៦) រហូតដល់ព្រះអង្គ “បន្លឺព្រះសូរសៀងយ៉ាងខ្លាំង” ហើយប្រគល់វិញ្ញាណទៅព្រះបិតាវិញ (មក ១៥,៣៧ ; យហ ១៩,៣០ខ)។

២៦០៦. ព្រះសូរសៀងយ៉ាងខ្លាំងរបស់ព្រះបន្ទូលកើតជាមនុស្សនេះ សរុបនូវទុក្ខលំបាកទាំងអស់របស់មនុស្សលោកគ្រប់សម័យកាល ដែលជាទាសករនៃអំពើបាប និងសេចក្ដីស្លាប់ ហើយសរុបសំណូមពរ និងពាក្យជួយអង្វរទាំងអស់ក្នុងប្រវត្តិ​សាស្រ្តនៃការសង្រ្គោះ។ ព្រះបិតាទទួលយកពាក្យអង្វរទាំងអស់នោះ ហើយព្រះ​​អង្គ​ក៏​ធ្វើឱ្យសំណូមពរនោះបានសម្រេច លើសពីសេចក្ដីសង្ឃឹមទៅទៀត ដោយប្រោសព្រះបុត្រាព្រះអង្គឱ្យមានព្រះជន្មថ្មីថ្មី។ ហេតុនេះ​ហើយ បាន​ជាព្រះជាម្ចាស់សម្រេចវិនាដកម្មនៃការអធិដ្ឋាន ក្នុងការចាត់ចែងគម្រោងការអំពីការបង្កើត និង​ការ​​​សង្រ្គោះ។ កណ្ឌទំនុកតម្កើងផ្ដល់កូនសោនៃវិនាដកម្មនេះ ក្នុងអង្គព្រះគ្រីស្ត។ ក្នុងថ្ងៃនេះ ជាថ្ងៃដែលព្រះ​យេស៊ូ​​រស់​ឡើងវិញ ព្រះបិតាមានព្រះបន្ទូលថា​៖ “អ្នកជាបុត្ររបស់យើង! គឺយើងដែលបាន​បង្កើតអ្នកនៅ​ថ្ងៃនេះ។ បើអ្នកសុំ យើងនឹងប្រគល់ប្រជាជាតិនានាឱ្យអ្នកទុកជាមរតក ហើយយើងនឹងប្រគល់​ផែនដីទាំង​មូល​​ឱ្យអ្នកទុកជាកម្មសិទិ្ធដែរ” (ទន ២,៧-៨) (កក ១៣,៣៣)។ ដោយប្រើពាក្យគួរឱ្យរំភើប លិខិតផ្ញើទៅគ្រីស្តបរិស័ទជាតិហេប្រឺបង្ហាញថា សេចក្ដីអធិដ្ឋានរបស់ព្រះ​យេស៊ូ​​​បាន​សង្រ្គោះមនុស្សលោក ដោយជោគជ័យ៖ “កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះ​អង្គ​បាន​បន្លឺសម្លេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ សូមព្រះជាម្ចាស់ ដែលអាចសង្រ្គោះព្រះអង្គឱ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូល​អង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្រ្គោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់​​​​​​​​​អស់​អ្នក​ដែលស្ដាប់បង្គាប់ព្រះអង្គ” (ហប ៥,៧-៩)។

ព្រះយេស៊ូបង្រៀនឱ្យចេះអធិដ្ឋាន

២៦០៧. ពេលព្រះយេស៊ូអធិដ្ឋាន ព្រះអង្គក៏បង្រៀនយើងឱ្យចេះអធិដ្ឋានដែរ។ ការអធិដ្ឋានរបស់ព្រះ​អង្គ​ចំពោះ​ព្រះបិតារបស់ព្រះអង្គ នាំយើងឱ្យមានទំនាក់ទំនងជាមួយនឹងព្រះបិតាដែរ។ ប៉ុន្តែ ដំណឹងល្អផ្ដល់​ដំបូន្មានមួយយ៉ាងច្បាស់របស់ព្រះយេស៊ូអំពីការអធិដ្ឋាន។ បន្តិចម្តងៗ ព្រះអង្គណែនាំយើងឆ្ពោះទៅកាន់ព្រះបិតា។ ពេលព្រះអង្គមានព្រះបន្ទូលទៅកាន់បណ្ដាជន​ដែល​​ដើរតាមព្រះអង្គ ទ្រង់ចាប់ផ្ដើមមានព្រះបន្ទូលអំពីការអធិដ្ឋានតាមសម័្ពន្ធមេត្រីចាស់ ដែលគេស្គាល់ រួចហើយព្រះអង្គ​មាន​ព្រះ​​បន្ទូលអំពីព្រះរាជ្យ ដែលកំពុងយាងមក និងដែលធ្វើឱ្យអ្វីៗទាំងអស់កើតមានសាជាថ្មី។ បន្ទាប់មក ព្រះ​​អង្គ​មាន​ព្រះបន្ទូលជាពាក្យប្រាស្នាអំពីភាពថ្មោងថ្មីនៃព្រះរាជ្យនោះ។ ​ទីបំផុត ព្រះអង្គមានព្រះបន្ទូលអំពីព្រះបិតា និង​ព្រះ​វិញ្ញាណដ៏វិសុទ្ធ ដោយមិនលាក់លៀមអ្វីសោះ ឱ្យក្រុមសាវ័ក ដែលនឹងត្រូវបង្រៀនអ្នកដទៃ ក្នុង​ព្រះ​សហគមន៍។

២៦០៨. លុះព្រះអង្គបង្រៀនគេនៅលើភ្នំ ព្រះយេស៊ូមានព្រះបន្ទូលសង្កត់ធ្ងន់ថា ត្រូវតែកែប្រែចិត្តគំនិត គឺត្រូវ​សម្រុះ​សម្រួលជាមួយបងប្អូនមុននឹងថ្វាយតង្វាយលើអាសនៈ (មថ ៥,២៣-២៤) ស្រលាញ់ខ្មាំងសត្រូវ និង​ទូល​អង្វរព្រះជាម្ចាស់សម្រាប់អស់អ្នកដែលបៀតបៀនយើង (មថ ៥,៤៤-៤៥) ទូលទៅកាន់ព្រះបិតា “ក្នុង​ទី​ស្ងាត់​កំបាំង” (មថ ៦,៦) មិនពោលពាក្យច្រំដែលៗឥតប្រយោជន៍ (មថ ៦,៧) អត់ទោសឱ្យអ្នកដទៃយ៉ាងពិតប្រាកដ (មថ ៦,១៤-១៥) ហើយត្រូវមានចិត្តបរិសុទ្ធ និងស្វែងរកព្រះរាជ្យរបស់ព្រះអង្គ (មថ ៦,២១.២៥.៣៣)។ ត្រូវកែប្រែចិត្តគំនិតដោយសារតែព្រះបិតា ព្រោះយើងជាបុត្រធីតារបស់ព្រះអង្គ។

២៦០៩. ពេលយើងប្តេជ្ញាកែប្រែចិត្តគំនិត យើងរៀនអធិដ្ឋានក្នុងជំនឿ ។ ពេលយើងជឿ យើងជាប់ចិត្តនឹងព្រះជាម្ចាស់ដូចបុត្រធីតារបស់ព្រះអង្គ លើសពីអ្វីដែលយើងអាចយល់ឃើញបាន។ យើងអាចមានជំនឿបាន ដ្បិតព្រះបុត្រាជាទីស្រលាញ់បើកផ្លូវឱ្យយើងឆ្ពោះទៅព្រះបិតា។ ព្រះអង្គអាចសុំយើងឱ្យ “ស្វែង​រក” និង “គោះទ្វារ” ដ្បិតព្រះអង្គផ្ទាល់ជាទ្វារ និងជាផ្លូវ (មថ ៧,៧-១១.១៣-១៤)។

២៦១០. ព្រះយេស៊ូទូលអង្វរព្រះបិតា និងអរព្រះគុណព្រះអង្គមុននឹងទទួលព្រះអំណោយទានរបស់ព្រះអង្គ​យ៉ាងណា ព្រះអង្គក៏បង្រៀនយើងឱ្យមានចិត្តក្លាហាន​ដូចបុត្រធីតាយ៉ាងពិតប្រាកដរបស់ព្រះអង្គ​យ៉ាង​នោះ​​ដែរ៖ “អ្វីក៏​ដោយ ឱ្យតែអ្នកអធិដ្ឋានសុំ ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ” (មក ១១,២៤)។ នេះ​ជា​កម្លាំងនៃការអធិដ្ឋាន “ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ” (មក ៩,២៣) ដែលមិនស្ទាក់ស្ទើរ (មថ ២១,២២)។ ព្រះយេស៊ូព្រួយព្រះហឫទ័យដោយឃើញថា បងប្អូនរបស់​ព្រះអង្គ “គ្មានជំនឿបែបនេះ” (មក ៦,៦) និងសាវ័ករបស់ព្រះអង្គមាន “ជំនឿតិច” (មថ ៨,២៦)​ តែព្រះអង្គសរសើរនាយទាហានរ៉ូម៉ាំង (មថ ៨,១០) និងស្រ្តីសាសន៍កាណានម្នាក់ (មថ ១៥,២៨) ដែលមាន “ជំនឿមាំមួនណាស់”។

២៦១១. ពេលអធិដ្ឋានដោយមានជំនឿពិតប្រាកដ មិនគ្រាន់តែពោលថា “ព្រះអម្ចាស់ៗអើយ” ប៉ុណ្ណោះទេ គឺ​ត្រូវសម្របចិត្តប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះបិតា (មថ ៧,២១)។ ព្រះយេស៊ូត្រាស់ហៅពួកសាវ័កឱ្យអធិដ្ឋាន ដើម្បីរួមសហការក្នុងគម្រោងការរបស់ព្រះជាម្ចាស់ (មថ ៩,៣៨​ ; លក ១០,២ ; យហ ៤,៣៤)។

២៦១២. ក្នុងអង្គព្រះយេស៊ូ “ព្រះរាជ្យព្រះជាម្ចាស់យាងមកជិតបង្កើយហើយ” ព្រះអង្គត្រាស់ហៅ  ឱ្យកែប្រែចិត្តគំនិត និងឱ្យប្រុងស្មារតី ផងដែរ។ ពេលអធិដ្ឋាន សាវ័កប្រុងប្រៀបនឹងទទួលព្រះដ៏មានព្រះជន្មគង់នៅ ដោយ​នឹកទៅដល់​ពេលព្រះអង្គយាងមក បន្ទាបខ្លួនជាមនុស្ស ព្រមទាំងសង្ឃឹមថា ព្រះអង្គនឹងយាងមកវិញពោរពេញ​ដោយសិរីរុងរឿង (មក ១៣ ; លក ២១,៣៤-៣៦)។ ដោយរួមរស់ជាមួយម្ចាស់របស់ខ្លួន ក្រុមសាវ័ប្រយុទ្ធប្រឆាំងក្នុងការអធិដ្ឋាន ប្រុងប្រយ័ត្នកុំឱ្យចាញ់ការល្បងឡើយ (លក ២២,៤០.៤៦)។

២៦១៣. សន្តលូកាបញ្ជូនពាក្យប្រាស្នាសំខាន់ៗអំពីការអធិដ្ឋាន៖

ប្រាស្នាទីមួយស្ដីអំពី “មិត្តសម្លាញ់ម្នាក់” (លក ១១,៥-១៣) ព្រះយេស៊ូអញ្ជើញយើងឱ្យទទូចសុំដោយមានចិត្តព្យាយាម៖ “ចូរគោះទ្វារ (...) នោះព្រះជាម្ចាស់នឹងបើកទ្វារឱ្យអ្នករាល់គ្នា”។ ចំពោះអ្នកដែលអធិដ្ឋានបែបនេះ ​ព្រះ​បិតា​ដែលគង់នៅស្ថានបរមសុខ “នឹងប្រទាន​អ្វីៗ​ដែលអ្នកនោះត្រូវការ” ជាពិសេសព្រះវិញ្ញាណដ៏វិសុទ្ធ ដែល​សរុប​ព្រះ​អំណោយ​ទានទាំងអស់។ ប្រាស្នាទីពីរស្តីអំពី “ស្រ្តីមេម៉ាយម្នាក់” (លក ១៨,១-៨) ត្រូវតែអធិដ្ឋានជា​និ​ច្ចដោយមិនរសាយចិត្ត ដោយមានចិត្តអត់ធ្មត់ និងដោយមានជំនឿ ។ “ប៉ុន្តែ ពេលបុត្រមនុស្សមកដល់ តើ​លោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?”។ ក្នុងប្រាស្នាទីបីអំពី “បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ” (លក ១៨,៩-១៤) ត្រូវតែបន្ទាបខ្លួនពេលអធិដ្ឋាន។​ “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាអ្នកបាបផង”។ ព្រះសហគមន៍នៅតែអធិដ្ឋាន ដោយពាក្យដដែលនោះ៖ “Kyrie Eleison! ”​។

២៦១៤. ពេលព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់ ​ឱ្យក្រុមសាវ័កដឹង​អំពីគម្រោងការដ៏លាក់កំបាំង​​នៃការ​អធិដ្ឋាន​ចំពោះ​ព្រះបិតា ព្រះអង្គសម្ដែងឱ្យពួកគេនឹងយល់ថា ត្រូវអធិដ្ឋានយ៉ាងដូចម្ដេច នៅពេលព្រះអង្គពោរ​ពេញ​​​​​ដោយ​សិរីរុងរឿង​ នឹង​យាង​​ត្រឡប់ទៅឯព្រះបិតាវិញ។ ឥឡូវនេះ អ្វីដែលថ្មី គឺ “ទូលសុំក្នុងព្រះនាមព្រះអង្គ ” (យហ ១៤,១៣)។ បើយើងផ្ញើជីវិតទៅលើព្រះអង្គ យើងក៏នឹងស្គាល់ព្រះបិតា ដ្បិតព្រះយេស៊ូ “ជាផ្លូវ ជាសេចក្ដី​ពិត និងជាជីវិត” (យហ ១៤,៦)។ ពេល​យើងជឿ គឺយើងនឹងបង្កើតផលក្នុងសេចក្ដីស្រលាញ់ ពោលគឺរក្សាទុកព្រះបន្ទូល និង​​វិន័យ​របស់ព្រះអង្គ ស្ថិតនៅជាមួយព្រះអង្គ ក្នុងអង្គព្រះបិតា ដែលស្រលាញ់យើង នៅក្នុងអង្គព្រះគ្រីស្ត រហូត​ដល់ព្រះអង្គ​ស្ថិត​នៅក្នុងយើង។ ក្នុងសម្ពន្ធមេត្រីថ្មីនេះ យើងជឿជាក់ថា ព្រះជាម្ចាស់នឹង​ប្រោស​ប្រទាន​តាម​​ពាក្យ​សុំ​របស់​យើង ដ្បិតយើងទូលអង្វរព្រះអង្គ ដោយពឹងផ្អែកទៅលើការអធិដ្ឋានរបស់ព្រះយេស៊ូ (យហ ១៤,១៣-១៤។

២៦១៥. លើសពីនេះទៅទៀត អ្វីដែលព្រះបិតាប្រទានមកយើង នៅពេលដែលយើងអធិដ្ឋានរួមនឹងព្រះយេស៊ូ គឺ “ព្រះ​ដ៏​ជួយ​​ការពារ (...) ឱ្យទ្រង់គង់នៅជាមួយអ្នករាល់គ្នា ជាដរាបតរៀងទៅ (...) ជាព្រះវិញ្ញាណនៃសេចក្ដីពិត” (យហ ១៤,១៦-១៧)។ ព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបអធិដ្ឋានថ្មីនោះ ពេលពិធីជប់លៀងចុងក្រោយ (យហ ១៤,២៣-២៦ ; ១៥,៧.១៦ ; ១៦,១៣-១៥ ; ១៦,២៣-២៧)។ ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ គ្រីស្ត​បរិស័ទ​អធិដ្ឋានរួមជាមួយព្រះបិតា ដោយក្ដីស្រលាញ់ មិនគ្រាន់តែតាមរយៈព្រះគ្រីស្តប៉ុណ្ណោះទេ ថែម​ទាំង​នៅក្នុងអង្គព្រះគ្រីស្តផងដែរ ៖ “មកទល់ពេលនេះ អ្នករាល់គ្នាពុំ​ទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នា​នឹង​បាន​ទទួល ហើយអ្នករាល់គ្នានឹងមាន​អំណរពេញ​លក្ខណៈ” (យហ ១៦,២៤)។

ព្រះយេស៊ូទទួលពាក្យអង្វររបស់យើង

២៦១៦. ពេលព្រះយេស៊ូគង់នៅលើផែនដីនេះ ព្រះអង្គទទួលពាក្យអង្វរ តាមរយៈសញ្ញាសម្គាល់ ដែលសម្ដែងទុកជាមុននូវឫទ្ធានុភាពរបស់ព្រះអង្គ ដែលសោយទិវង្គត និងមានព្រះជន្មថ្មី។ ព្រះយេស៊ូទទួលពាក្យអង្វរពីអ្នកជឿ ទោះបីគេប្រើពាក្យសម្តីក្ដី (មនុស្សឃ្លង់ (មក ១,៤០-៤១) លោកយៃរ៉ូស (មក ៥,៣៦) ស្រ្តីសាសន៍កាណាន (មក ៧,២៩) អ្នកទោសដែលត្រូវគេឆ្កាង (លក ២៣,៣៩-៤៣)) ឬគេនៅស្ងៀមក្ដី (បុរសបួននាក់ដែលសែងមនុស្សខ្វិន (មក ២,៥) ស្រ្តីមានជម្ងឺធ្លាក់ឈាម ដែលពាល់ព្រះពស្រ្តរបស់ព្រះអង្គ (មក ៥,២៨) ទឹកភ្នែក និងទឹកអប់របស់ស្រ្តីមានបាប (លក ៧,៣៧-៣៨))។ ប្រពៃណីនៃការអធិដ្ឋានចំពោះ ព្រះយេស៊ួ (“ព្រះរាជវង្សព្រះបាទដាវីឌអើយ! ឱព្រះយេស៊ូអើយ! សូមអាណិតមេត្តាទូលបង្គំផង!”) បានយកពាក្យ​សុំរបស់មនុស្សខ្វាក់ឡើងវិញ​៖ “ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!” (មថ ៩,២៧) ឬ “ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង” (មក ១០,៤៨)។ ទោះបីព្រះអង្គប្រោសអ្នកជម្ងឺឱ្យបានជាសះស្បើយក្ដី ឬលើកលែងទោសឱ្យអ្នកបាបក្ដី ក៏ព្រះយេស៊ូតែងតែទទួលពាក្យអង្វររបស់អស់អ្នកដែលអង្វរព្រះអង្គដោយមានជំនឿ៖ “សូមទៅឱ្យបានសុខសាន្ត ជំនឿរបស់អ្នកបានសង្រ្គោះអ្នកហើយ!”។ សន្ត អូគូស្តាំង សង្ខេបចំណុចទាំងបីនៃការអធិដ្ឋានរបស់ព្រះយេស៊ូបានយ៉ាងអស្ចារ្យ៖ “ព្រះអង្គអង្វរព្រះជាម្ចាស់សម្រាប់យើង​ក្នុងឋានៈជាបូជាចារ្យ ទ្រង់អង្វរសម្រាប់យើងក្នុងឋានៈជាអ្នកដឹកនាំយើង យើងក៏អង្វរព្រះអង្គក្នុង​ឋានៈជាព្រះជាម្ចាស់របស់យើង។ សូមទទួលស្គាល់សម្លេងយើងក្នុងអង្គព្រះអង្គ និងសម្លេងរបស់ព្រះអង្គនៅក្នុងខ្លួនយើងផងដែរ” (IGLH ៧)។

ការអធិដ្ឋានរបស់ប្រហ្មចារិនីម៉ារី

២៦១៧. ព្រះជាម្ចាស់សម្ដែងនូវការអធិដ្ឋានរបស់នាងម៉ារីឱ្យយើងស្គាល់ នៅពេលចាប់ផ្ដើមកំណត់ដ៏ពេញលក្ខណៈ។ មុនព្រះបុត្រាប្រសូតជាមនុស្ស និងមុនព្រះអង្គចាត់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ នាងម៉ារីអធិដ្ឋាន ដោយរួមសហការជាមួយនឹងគម្រោងការដ៏សប្បុរសនៃព្រះបិតា ពេលទេវទូតមកជួនដំណឹងថា ព្រះគ្រីស្តនឹងចាប់ផ្ទៃនាង (លក ១,៣៨) ពេលបុណ្យព្រះវិញ្ញាណយាងមក ដើម្បីបង្កើតព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្ត (កក ១,១៤)។ ដោយសារជំនឿ អ្នកបម្រើដ៏សុភាពរបស់ព្រះជាម្ចាស់ទទួលព្រះអំណោយទានរបស់ព្រះអង្គ ដែលព្រះអង្គទ្រង់រង់ចាំតាំងពីពេលព្រះអង្គបាន​បង្កើតពិភពលោកមកម្ល៉េះ។ អ្នកដែលជា “ទីគាប់ព្រះហឫទ័យ” របស់ព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ឆ្លើយតបនឹងព្រះអង្គ ដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ៖ “នាងខ្ញុំជាអ្នកបម្រើរបស់ព្រះជាម្ចាស់ សូមឱ្យបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ”។ “Fiat ” ជាពាក្យអធិដ្ឋានរបស់គ្រីស្តបរិស័ទ ពោលគឺថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គ ដ្បិតទ្រង់ជាកម្មសិទ្ធិរបស់យើង។

២៦១៨. ដំណឹងល្អសម្ដែងឱ្យយើងដឹងថា តើនាងម៉ារីអធិដ្ឋាន និងជួយអង្វរព្រះជាម្ចាស់ដោយមានជំនឿយ៉ាងដូចម្ដេច។ នៅភូមិកាណា (យហ ២,១-១២) ព្រះមាតារបស់ព្រះយេស៊ូអង្វរព្រះបុត្រាព្រះនាងសម្រាប់តម្រូវការនៃពីធីមង្គលការ ជាទីសម្គាល់នៃពិធីមង្គលការផ្សេង គឺពិធីមង្គលការរបស់កូនចៀម ដែលបូជាព្រះកាយ និងព្រះលោហិតព្រះអង្គ តាមការទូលអង្វរព្រះសហគមន៍ ដែលជាព្រះមហេសីព្រះអង្គ។ នៅកាលកំណត់នៃសម្ពន្ធមេត្រីថ្មី នៅក្បែរឈើឆ្កាង (យហ ១៩,២៥-២៧) ព្រះយេស៊ូទទួលពាក្យអង្វររបស់នាងម៉ារី ជាស្រ្តី ជានាងអេវ៉ាថ្មី ជា “មាតាយ៉ាងពិតប្រាកដរបស់អស់អ្នកដែលមានជីវិត” ។

២៦១៩. ហេតុនេះហើយ បានជាទំនុកតម្កើងរបស់ព្រះនាងម៉ារី (លក ១,៤៦-៥៥) (Magnificat ជាភាសាឡាតាំង ឬ Mégalinaire សម្រាប់ពិធីបុណ្យខាងបូព៌ាប្រទេស) ជាទំនុកតម្កើងនៃព្រះមាតារបស់ព្រះជាម្ចាស់​និងរបស់ព្រះសហគមន៍ផង ជាទំនុកតម្កើងរបស់បុត្រីនៃទីក្រុងស៊ីយ៉ូន និងរបស់ប្រជារាស្រ្តថ្មីនៃព្រះជាម្ចាស់ផង ដើម្បីអរព្រះគុណព្រះជាម្ចាស់ដែលប្រោសប្រទានព្រះអំណោយទានដ៏ច្រើនលើសលប់ ក្នុងការជួយសង្រ្គោះ​​មនុស្សលោក ហើយជាទំនុកតម្កើងរបស់ “ជនក្រីក្រ” ដែល ព្រះជាម្ចាស់បំពេញសេចក្ដីសង្ឃឹម និងព្រះបន្ទូលសន្យា ដែលព្រះអង្គបានប្រោសប្រទាន “ចំពោះលោកអប្រាហាំនិងពូជពង្សរបស់លោកជានិច្ចតរៀងទៅ”។

សង្ខេប

២៦២០. ក្នុងសម្ពន្ធមេត្រីថ្មី គំរូដ៏ល្អឥតខ្ចោះអំពីការអធិដ្ឋានស្ថិតក្នុងការអធិដ្ឋានរបស់ព្រះយេស៊ូចំពោះព្រះ បិតា។ ជារឿយៗ ព្រះយេស៊ូអធិដ្ឋានតែម្នាក់ឯង ក្នុងទីស្ងាត់កំបាំង ដោយភ្ជាប់សេចក្ដីស្រលាញ់ទៅនឹងព្រះហឫទ័យ របស់ព្រះបិតា រហូតដល់ព្រះឈើឆ្កាង ដោយជឿជាក់ថា ព្រះបិតានឹងទទួលពាក្យអង្វររបស់ព្រះអង្គមិនខានឡើយ។

២៦២១. ក្នុងការប្រៀនប្រដៅ ព្រះយេស៊ូបង្រៀនក្រុមសាវ័ករបស់ព្រះអង្គឱ្យ​អធិដ្ឋាន​ដោយជម្រះចិត្ត ដោយមានជំនឿមាំមួន ដោយចិត្តព្យាយាម និងចិត្តក្លាហានផង។ ព្រះអង្គត្រាស់ហៅពួកគេ ឱ្យប្រុងស្មារតី និងអញ្ចើញគេឱ្យទូលសុំអង្វរព្រះជាម្ចាស់ក្នុងព្រះនាមព្រះអង្គ។ ព្រះយេស៊ូគ្រីស្តផ្ទាល់ទទួល ពាក្យអង្វរ ដែលយើងទូលទៅព្រះអង្គ។

២៦២២. នៅពេលដែលព្រះនាងសុខចិត្តគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ (Fiat) និងលើកតម្កើង​សរសើរ​ព្រះ​អង្គ (Magnificat) ការអធិដ្ឋានរបស់ព្រហ្មចារិនីម៉ារីមានលក្ខណៈថា ព្រះនាងថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ដោយផ្ញើ ជីវិតទាំងស្រុងទៅលើព្រះអង្គ។

ប្រការទី៣៖​ក្នុងព្រះសហគមន៍

២៦២៣. ថ្ងៃបុណ្យព្រះវិញ្ញាណយាងមក ព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណនៃព្រះបន្ទូលសន្យា លើក្រុមសាវ័ក ដែល “រួមប្រជុំទាំងអស់គ្នា ក្នុងកន្លែងតែមួយ” (កក ២,១) និងដែលកំពុងរង់ចាំព្រះអង្គ ដោយ “រួមចិត្តគំនិតគ្នា ព្យាយាមអធិដ្ឋាន” (កក ១,‌៤)។ ព្រះវិញ្ញាណ ដែលប្រៀនប្រដៅ និងរម្លឹកព្រះសហគមន៍អំពីព្រះបន្ទូលទាំងឡាយរបស់ព្រះយេស៊ូ (យហ ១៤,២៦) នឹងបង្រៀនឱ្យចេះអធិដ្ឋានផងដែរ។

២៦២៤. ក្នុងសហគមន៍ដំបូងនៃទីក្រុងយេរូសាឡឹម អ្នកជឿ “ព្យាយាមស្តាប់ការបង្រៀនរបស់ក្រុមគ្រីស្តទូត រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និងព្យាយាមអធិដ្ឋាន” (កក ២,៤២)។ ព្រះសហគមន៍ក៏អធិដ្ឋានតាមរបៀបនេះ ដោយចាក់ឫសលើជំនឿដែលបានមកពីក្រុមគ្រីស្តទូត និងបញ្ជាក់ដោយសេចក្ដីស្រលាញ់ ហើយដែលមានអភិបូជាធ្វើជាចំណីអាហារ ដើម្បីពង្រឹងការអធិដ្ឋាននេះ។

២៦២៥. គ្រីស្តបរិស័ទអធិដ្ឋានដោយស្ដាប់ និងអានសេចក្ដីអធិដ្ឋានក្នុងព្រះគម្ពីរ ជាពិសេសទំនុកតម្កើង ដែលព្រះគ្រីស្តបំពេញ និងផ្ដល់​អត្ថន័យសម្រាប់សព្វថ្ងៃ (លក ២៤,២៧.៤៤)។ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលរម្លឹកឱ្យព្រះសហគមន៍នឹកគិតដល់ព្រះគ្រីស្ត ណែនាំព្រះសហគមន៍ឆ្ពោះទៅកាន់សេចក្ដីពិតគ្រប់ប្រការបណ្តាលឱ្យព្រះសហគមន៍បង្កើតសេចក្ដីអធិដ្ឋានថ្មី ដែលនឹងសម្ដែងគម្រោងការដ៏លាក់កំបាំង ដែលមិនអាចស្ទង់បាន របស់ព្រះគ្រីស្ត ដែលមានកិច្ចការក្នុងជីវិត អគ្គសញ្ញា និងបេសកកម្មរបស់ព្រះសហគមន៍ព្រះអង្គ។ ពាក្យសម្ដីនោះនឹងវិវឌ្ឍន៍ក្នុងប្រពៃណីសំខាន់ៗនៃពិធីបុណ្យ និងខាងវិញ្ញាណ។ របៀបអធិដ្ឋានផ្សេងៗ ដែលមានក្នុងបញ្ញាតិ្តនៃព្រះគម្ពីរ តាមការបញ្ជូនបន្តរបស់ក្រុមគ្រីស្តទូត នៅតែជាគំរូឱ្យគ្រីស្តបរិស័ទអធិដ្ឋាន។

១. ការប្រទានពរ និងការថ្វាយបង្គំ

២៦២៦. ការប្រទានពរ បង្ហាញចលនាដ៏ជ្រាលជ្រៅនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ។ ក្នុងការប្រទានពរ ព្រះជាម្ចាស់និងមនុស្សជួបជុំគ្នា គឺព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងចម្លើយរបស់មនុស្ស ត្រាស់ហៅគ្នា និងរួមជាមួយគ្នា។ ដោយសារពិធីប្រទានពរ មនុស្សឆ្លើយតបនឹងព្រះអំណោយទានរបស់ព្រះជាម្ចាស់។ ដោយសារព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស មនុស្សអាចប្រទានពរដល់ព្រះអង្គដែលទ្រង់ជាប្រភពនៃព្រះពរទាំងឡាយវិញ។

២៦២៧. មានពេលខ្លះ យើងប្រទានពរដល់ព្រះជាម្ចាស់ដែលបានប្រទានព្រះពរដល់យើង គឺព្រះគ្រីស្ត យកការប្រទានពរឡើងទៅឯព្រះបិតា ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធ (អភ ១,៣-១៤ ; ២ករ ១,៣-៧ ; ១ពត្រ ១,៣-៩) រីឯ​ពេលខ្លះទៀត ព្រះជាម្ចាស់ប្រទានព្រះពរដល់យើង តាមរយៈព្រះគ្រីស្ត ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះពីព្រះបិតា (២ករ ១៣,១៣ ; រម ១៥,៥-៦ ; អភ ៦,២៣-២៤)។

២៦២៨. មនុស្សថ្វាយបង្គំ ព្រះជាម្ចាស់ ដោយទទួលស្គាល់ថា ខ្លួនឯងជាសត្វលោក ឯព្រះជាម្ចាស់ជាអ្នកបង្កើតគេ។ ពេលថ្វាយបង្គំព្រះជាម្ចាស់ យើងលើកតម្កើងភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអម្ចាស់ដែលបានបង្កើតយើង (ទន ៩៥,១-៦) និងឫទ្ធានុភាពសព្វប្រការនៃព្រះសង្រ្គោះដែលរំដោះយើងឱ្យរួចពីបាប។ វិញ្ញាណយើងលំទោនក្រាបថ្វាយបង្គំចំពោះ “ព្រះមហាក្សត្រប្រកបដោយសិរីរុងរឿង” (ទន ២៤,៩-១០) ហើយយើងគោរពយ៉ាងស្ងៀមស្ងាត់ចំពោះព្រះដ៏ខ្ពង់ខ្ពស់ជានិច្ចនិរន្តរ៍ (សន្ត អូគូស្តាំង)។ ពេលយើងក្រាបថ្វាយបង្គំព្រះដ៏វិសុទ្ធបំផុត និងជាទីស្រលាញ់ យើងបន្ទាបខ្លួន និងហ៊ានទូលអង្វរព្រះអង្គដោយចិត្តក្លាហាន។

២. ការអធិដ្ឋានដោយទូលអង្វរព្រះជាម្ចាស់

២៦២៩. ក្នុងសម្ពន្ធមេត្រីថ្មី មានពាក្យជាច្រើនរៀបរាប់អំពីការទូលអង្វរព្រះជាម្ចាស់ ដូចជាសូម ទាមទារ ទទូចអង្វរ អង្វរ ស្រែកទូល ស្រែកហៅ សូម្បីតែ “តស៊ូដោយទូលអង្វរ” (រម ១៥,៣០ ; កូឡ ៤,១២) ក៏មានដែរ។ ប៉ុន្តែ ជាធម្មតា យើងហៅការអធិដ្ឋានបែបនេះថា ពាក្យទូលអង្វរ។ សេចក្ដីអធិដ្ឋាននេះសម្ដែង ឱ្យយើងយល់ថា យើងគ្រាន់តែជាសត្វលោក យើងមិនមែនជាប្រភព ឬទីបញ្ចប់របស់ខ្លួនឯងទេ យើងមិនអាចគ្រប់គ្រងឧបសគ្គទាំងប៉ុន្មានដែលយើងជួបប្រទះ ឬយើងមិនមែនជាម្ចាស់នៃទីចុងក្រោយរបស់យើងឡើយ។ ម្យ៉ាងទៀត ចំពោះយើងជាគ្រីស្តបរិស័ទ យើងដឹងថា ​យើងជាអ្នកបាប ឃ្លាតឆ្ងាយពីព្រះបិតារបស់ យើង។ ពេលយើងទូលអង្វរព្រះជាម្ចាស់ យើងហាក់ដូចជាត្រឡប់ទៅឯព្រះអង្គវិញ។

២៦៣០. ក្នុងសម្ពន្ធមេត្រីថ្មី ពុំសូវមានពាក្យទំនួញ ដូចនៅក្នុងសម្ពន្ធមេត្រីចាស់ទេ ដ្បិតឥឡូវនេះ ក្នុងអង្គព្រះ  គ្រីស្តដែលមានព្រះជន្មថ្មី ព្រះសហគមន៍សុំអង្វរព្រះជាម្ចាស់ ដោយមានសេចក្ដីសង្ឃឹម ទោះបីយើងនៅតែរង់ចាំ ហើយយើងត្រូវតែកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃយ៉ាងណាក៏ដោយ។ ពាក្យ​សុំអង្វររបស់គ្រីស្តបរិស័ទផុសចេញពីប្រភពដ៏ជ្រាលជ្រៅ គឺតាមសន្តប៉ូល ពិភពលោកទាំងមូលស្រែកថ្ងូរ  “ដូចជាស្រ្តីដែលហៀបនឹងសម្រាលកូន” (រម ៨,២២) យើងក៏ថ្ងូរក្នុងចិត្តដែរ ដោយទន្ទឹងរង់ចាំព្រះជាម្ចាស់​ (...) លោះរូបកាយយើងទាំងស្រុង (...) ដ្បិតយើងបានទទួលការសង្រ្គោះ តែក្នុងសេចក្ដីសង្ឃឹមប៉ុណ្ណោះ” (រម ៨,២៣-២៤)។ ម្យ៉ាងទៀង ព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ក៏ស្រែកថ្ងូរ ហើយ “យាងមកជួយយើង ដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិដ្ឋានដូចម្ដេច” (រម ៨,២៦)។

២៦៣១. ពេលយើងសូមអង្វព្រះជាម្ចាស់រឱ្យលើកលែងទោស ឱ្យយើង (ដូចអ្នកទារពន្ធ៖ “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាអ្នកបាបផង!” លក ១៨,១៣) យើងចាប់ផ្ដើមអធិដ្ឋាន តាមរបៀបត្រឹមត្រូវ និងចិត្តបរិសុទ្ធ។ យើងបន្ទាបខ្លួនដោយជឿទុកចិត្តលើព្រះជាម្ចាស់ ទើបយើងរួមរស់ជាមួយព្រះបិតា និងព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត និងជាមួយអ្នកដទៃផងដែរ (១យហ ១,៧-២,២២)។ ហេតុនេះ “អ្វីៗក៏ដោយឱ្យតែយើងទូលសុំ យើងមុខជាទទួលពីព្រះអង្គមិនខាន” (១យហ ៣,២២)។ យើងចាប់ផ្ដើមថ្វាយអភិបូជា ឬអធិដ្ឋានម្នាក់ឯង ដោយសូមអង្វរព្រះជាម្ចាស់លើកលែងទោសឱ្យយើង។

២៦៣២. តាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ (មថ ៦,១០.៣៣ ; លក ១១,២.១៣) គ្រីស្តបរិស័ទអធិដ្ឋានដោយមានបំណងប្រាថ្នា និងដោយស្វែងរក ឱ្យព្រះរាជ្យព្រះជាម្ចាស់យាងមកដល់ ។ ត្រូវតែទូលសូមតាមលំដាប់លំដោយ ពោលគឺសូមឱ្យព្រះរាជ្យព្រះអង្គយាងមក ក្រោយមកសូមអ្វីជាចាំបាច់ដើម្បីទទួលព្រះរាជ្យនេះ ​និងដើម្បីរួមសហការជាមួយព្រះអង្គឱ្យព្រះរាជ្យនេះយាងមក។ សហគមន៍ដែលមកពីក្រុមគ្រីស្តទូតអធិដ្ឋានឱ្យយើងរួមសហការក្នុងបេសកកម្មរបស់ព្រះគ្រីស្ត និងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាបេសកកម្មរបស់ព្រះសហគមន៍បច្ចុប្បន្ន (រម ១០,១ ; អភ ១,១៦-២៣ ; ភីល ១,៩-១១ ; កូឡ ១,៣-៦ ; ៤,៣-៤.១២)។ ការអធិដ្ឋានរបស់សន្តប៉ូល ដែលជាគ្រីស្តទូតដ៏គ្រប់លក្ខណៈ បង្ហាញឱ្យយើងដឹងថា ត្រូវតែអធិដ្ឋានដោយនឹកគិតដល់ព្រះសហគមន៍ទាំងឡាយ។ ដោយអធិដ្ឋាន អស់អ្នកដែលបានជ្រមុជទឹកធ្វើការឱ្យព្រះរាជ្យព្រះជាម្ចាស់យាងមក។

២៦៣៣. ពេលយើងចូលរួមចំណែក ក្នុងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែលសង្រ្គោះមនុស្សលោក យើងអាចទូលសូមអង្វរសម្រាប់តម្រូវការណាមួយ ក៏បាន។ ពេលយើងទូលអង្វរព្រះជាម្ចាស់ក្នុងព្រះនាមព្រះគ្រីស្ត ព្រះអង្គដែលបានទទួលយកអ្វីៗទាំងអស់ ដើម្បីលោះអ្វីៗទាំងអស់ ទទួលសិរីរុងរឿង (យហ ១៤,១៣)។ ហេតុនេះ ដោយជឿទុកចិត្តថា ព្រះជាម្ចាស់នឹងទទួលពាក្យអង្វររបស់យើង លោកយ៉ាកុប (យក ១,៥-៨) និងលោកប៉ូលដាស់តឿនយើងឱ្យអធិដ្ឋានគ្រប់កាលៈទេសៈ (អភ ៥,២០ ; ភីល ៤,៦-៧ ; កូឡ ៣,១៦-១៧ ; ១ថស ៥,១៧-១៨)។

៣. ការជួយអង្វរឱ្យអ្នកដទៃ

២៦៣៤. ពេលយើងជួយអង្វរព្រះជាម្ចាស់ យើងអធិដ្ឋានដូចព្រះយេស៊ូអធិដ្ឋានផងដែរ។ មានតែព្រះអង្គទេ ដែលជួយអង្វរព្រះបិតាចំពោះមនុស្សលោក ជាពិសេសចំពោះអ្នកបាប (រម ៨,៣៤ ; ១យហ ២,១ ; ១ធម ២,៥-៨)។ ព្រះអង្គ “អាចសង្រ្គោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឱ្យពួកគេ” (ហប ៨,២៥)។ ព្រះវិញ្ញាញផ្ទាល់ “ជួយទូលអង្វរឱ្យយើង (...) រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណជួយទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់” (រម ៨,២៦-២៧)។

២៦៣៥. តាំងពីសម័យលោកអប្រាហាំមក អ្នកដែលមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់ទូលអង្វរព្រះអង្គសម្រាប់អ្នកដទៃ។ ក្នុងព្រះសហគមន៍ យើងជួយទូលអង្វរ ដោយរួមចំណែកជាមួយព្រះគ្រីស្ត គឺជាការសម្ដែងឱ្យឃើញអំពីការរួបរួមគ្នារវាងជនដ៏វិសុទ្ធទាំងឡាយ។ អ្នកដែលជួយអង្វរមិន “គិតពីប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវគិតដល់ប្រយោជន៍អ្នកដទៃវិញ” (ភីល ២,៤) រហូតដល់អធិដ្ឋានសម្រាប់អស់អ្នកដែលធ្វើបាបគាត់ (កក ៧,៦០ ; លក ២៣,២៨.៣៤)។

២៦៣៦. សហគមន៍គ្រីស្តបរិស័ទដំបូងបានអធិដ្ឋានបែបនេះយ៉ាងជ្រាលជ្រៅជាទីបំផុត (កក ១២,៥ ; ២០,៣៦ ; ២១,៥ ; ២ករ ៩,១៤)។ គ្រីស្តទូតប៉ូលធ្វើឱ្យគេរួមចំណែកក្នុងមុខងាររបស់លោកអំពីដំណឹងល្អ (អភ ៦,១៨-២០ ; កូឡ ៤,៣-៤ ; ១ថស ៥,២៥) ប៉ុន្តែ លោកជួយអង្វរឱ្យគេផងដែរ (២ថស ១,១១ ; កូល ១,៣ ; ភីល ១,៣-៤)។ គ្រីស្តបរិស័ទជួយអង្វរព្រះជាម្ចាស់សម្រាប់មនុស្សទាំងអស់ ដោយឥតព្រំដែនឡើយ៖ “សម្រាប់មនុស្សទាំងអស់ (...) សម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប” (១ធម ២,១) សម្រាប់អ្នកបៀតបៀនគេ (រម ១២,១៤) និងដើម្បីឱ្យអស់អ្នកដែលមិនព្រមទទួលដំណឹងល្អអាចទទួលការសង្រ្គោះបានដែរ (រម ១០,១)។

៤. ការអធិដ្ឋានដោយអរព្រះគុណព្រះជាម្ចាស់

២៦៣៧. ព្រះសហគមន៍អធិដ្ឋានដោយអរព្រះគុណព្រះជាម្ចាស់ ជាពិសេសពេលថ្វាយអភិបូជា ព្រះសហគមន៍សម្ដែងខ្លួនឯង និងក្លាយទៅជាខ្លួនឯងកាន់តែខ្លាំងឡើងៗ។ ក្នុងព្រះរាជកិច្ចនៃការសង្រ្គោះ ព្រះ  គ្រីស្តរំដោះសត្វលោកឱ្យរួចពីបាប និងពីសេចក្ដីស្លាប់ ដើម្បីបង្កើតគេសាជាថ្មី និងប្រោសឱ្យគេត្រឡប់ឯព្រះបិតាវិញ ដើម្បីសិរីរុងរឿងរបស់ព្រះអង្គ។ សរីរាង្គនៃព្រះកាយរួមចំណែកក្នុងកិច្ចអរព្រះគុណនៃអ្នកដឹកនាំរបស់គេ។

២៦៣៨. ដូចពេលទូលសុំអង្វរព្រះជាម្ចាស់ យើងអាចអរព្រះគុណព្រះអង្គចំពោះហេតុការណ៍ ឬ តម្រូវការណាមួយដែរ។ ជារឿយៗ សន្តប៉ូលចាប់ផ្ដើម និងបញ្ចប់លិខិតរបស់លោក ដោយអរព្រះគុណព្រះជាម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់យេស៊ូជានិច្ចផងដែរ។ “ចូរអរព្រះគុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់ដ្បិតព្រះអង្គសព្វព្រះហឫទ័យឱ្យបងប្អូន ដែលរួមជាមួយព្រះគ្រីស្តយេស៊ូធ្វើដូច្នេះឯង” (១ថស ៥,​ ១៨)។ “ចូរព្យាយាមអធិដ្ឋាន ហើយប្រុងស្មារតីក្នុងការអធិដ្ឋាននេះ ព្រមទាំងអរព្រះគុណព្រះជាម្ចាស់ផង” (កូឡ ៤,២)។

៥. ការអធិដ្ឋានដោយសរសើរលើកតម្កើងព្រះជាម្ចាស់

២៦៣៩. ពេលយើងសរសើរលើកតម្កើងព្រះជាម្ចាស់ យើងទទួលស្គាល់ភ្លាមថា ព្រះជាម្ចាស់ ជាព្រះដ៏ពិតប្រាកដមែន។ យើងច្រៀងសរសើរព្រះជាម្ចាស់ ដើម្បីព្រះអង្គ យើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ លើសពីអ្វីដែលព្រះអង្គធ្វើសម្រាប់យើង ដ្បិតព្រះអង្គមានព្រះជន្មគង់នៅ។ យើងចូលរួមជាមួយអស់អ្នកដ៏មានចិត្តបរិសុទ្ធ ដែលស្រលាញ់ព្រះជាម្ចាស់ក្នុងជំនឿ មុននឹងបានឃើញព្រះអង្គប្រកបដោយសិរីរុងរឿងទៅទៀត។ ដោយសារយើងសរសើរលើកតម្កើងព្រះជាម្ចាស់ ព្រះវិញ្ញាណយាងមករួមជាមួយវិញ្ញាណយើង ដើម្បីផ្ដល់សក្ខីភាពឱ្យយើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់ (រម ៨,១៦) ហើយព្រះអង្គផ្ដល់សក្ខីភាពចំពោះព្រះបុត្រាតែមួយ ដែលបានប្រោសយើងឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ និងប្រោសយើងឱ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ពេលយើងសរសើរលើកតម្កើងព្រះជាម្ចាស់ យើងយកសេចក្ដីអធិដ្ឋានទាំងឡាយនាំទៅឯព្រះអង្គ ដែលជាប្រភព និងទីបញ្ចប់នៃការអធិដ្ឋានទាំងអស់នោះ៖ “មានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់​ព្រះអង្គ” (១ករ ៨,៦)។

២៦៤០. ជារឿយៗ ក្នុងដំណឹងល្អ សន្តលូកាសរសើរ និងលើកតម្កើងព្រះជាម្ចាស់ចំពោះការអស្ចារ្យរបស់ព្រះគ្រីស្ត និងចំពោះកិច្ចការគ្រីស្តទូត ដែលជាកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធផង ពោលគឺសហគមន៍នៃទីក្រុងយេរូសាឡឹម (កក ២,៤៧) អ្នកពិការដែលលោកសិលា​ និងលោកយ៉ូហានបានព្យាបាល (កក ៣,៩) បណ្តាជនដែលលើកតម្កើងព្រះជាម្ចាស់ (កក ៤,២១) សាសន៍ដទៃនៅស្រុកពីស៊ីឌី ដែល “សប្បាយរីករាយជាខ្លាំង” ហើយដែល “នាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់” (កក ១៣,៤៨)។

២៦៤១. “ចូរស្មូត្រទំនុកតម្កើងឆ្លើយឆ្លងគ្នា ដើម្បីសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះជាម្ចាស់ឱ្យអស់ពីចិត្ត” (អភ​៥,១៩ ; កូឡ ៣,១៦)។ ដូចអ្នកនិពន្ធគម្ពីរសម្ពន្ធមេត្រីថ្មី ដែលព្រះវិញ្ញាណបានបំភ្លឺ សហគមន៍គ្រីស្តបរិស័ទដំបូងអានកណ្ឌទំនុកតម្កើងឡើងវិញ ដោយច្រៀងគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត។ ក្នុងព្រះវិញ្ញាណដែលប្រោសអ្វីៗទាំងអស់ឱ្យទៅជាថ្មី ពួកគេថ្លែងបទចម្រៀង ដោយនឹកគិតដល់ហេតុការណ៍ដ៏អស្ចារ្យតែមួយ ដែលព្រះជាម្ចាស់បានបំពេញក្នុងអង្គព្រះបុត្រាព្រះអង្គ គឺព្រះអង្គប្រសូតជាមនុស្ស ឈ្នះសេចក្ដីស្លាប់ មានព្រះជន្មថ្មី និងយាងឡើងទៅគង់ខាងស្ដាំព្រះបិតា (ភីល ២,៦-១១ ; កូឡ ១,១៥-២០ ; អភ ៥,១៤ ; ១ធម ៣,១៦ ; ៦,១៥-១៦ ; ២ធម ២, ១១-១៣)។ យើងលើកតម្កើងសរសើរព្រះជាម្ចាស់ ដោយសារព្រះអង្គបានសង្រ្គោះមនុស្សលោកយ៉ាងអស្ចារ្យបែបនេះ (អភ ១,៣-១៤ ; រម ១៦,២៥-២៧ ; អភ ៣,២០-២១ ; យដ ២៤-២៥)។

២៦៤២. បទចម្រៀងនៃពិធីបុណ្យនៅស្ថានបរមសុខ (វវ ៤,៨-១១ ; ៥,៩-១៤ ; ៧,១០-១២) និងពាក្យទូលអង្វររបស់ “ពួកសាក្សី” (មរណៈសក្សី វវ ១០,៦) លើកតម្កើង “អ្វីដែលត្រូវកើតជារូបរាងក្នុងពេលឆាប់ៗ” គឺ វិវរណៈ។ ពួកព្យាការី និងសន្តបុគ្គល ហើយអស់អ្នកដែលត្រូវគេកាត់ក ដើម្បីផ្ដល់សក្ខីភាពចំពោះព្រះយេស៊ូ (វវ ១៨,២៤) មហាជនដ៏ច្រើនកុះករ ដែលបានប្រឈមមុខនឹងទុក្ខលំបាក ហើយដែលចូលក្នុងព្រះរាជ្យមុនយើង ច្រៀងកោតសរសើរសិរីរុងរឿងរបស់អ្នកដែលអង្គុយលើបល្ល័ង្គ និងរបស់កូនចៀមផង (វវ​១៩,១-៨)។ ដោយរួមរស់ជាមួយពួកលោកទាំងអស់នោះ ព្រះសហគមន៍នៅលើផែនដីក៏ច្រៀងបទចម្រៀងនោះដែរ ដោយផ្ញើជីវិតលើព្រះជាម្ចាស់ និងដោយរងទុក្ខលំបាកផង។ ពេលយើងអធិដ្ឋានទូលសុំអង្វរ និងជួយអង្វរព្រះជាម្ចាស់ ទោះជាយ៉ាងណា ក៏យើងសង្ឃឹមជឿជាក់ជានិច្ច ព្រមទាំងអរព្រះគុណ “ព្រះបិតាដែលបង្កើតពន្លឺ” ដែលជាប្រភពនៃ “គ្រប់អំណោយដ៏ល្អវិសេស” (យប ១,១៧)។ ជំនឿទៅជាពាក្យសរសើរដ៏វិសុទ្ធ។

២៦៤៣. អគ្គសញ្ញាអរព្រះគុណប្រមូលរបៀបអធិដ្ឋានទាំងអស់នោះ គឺជា “តង្វាយដ៏វិសុទ្ធ” នៃព្រះកាយទាំងស្រុងរបស់ព្រះគ្រីស្ត ដើម្បី “លើកតម្កើងព្រះនាមព្រះអង្គ” (មគ ១,១១) ហើយតាមប្រពៃណីនៃបស្ចិម និងបូព៌ាប្រទេសជា “យញ្ញបូជានៃពាក្យសរសើរ” ព្រះជាម្ចាស់។

សង្ខេប

២៦៤៤ . ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបង្រៀនព្រះសហគមន៍ និងរម្លឹកឡើងវិញនូវព្រះបន្ទូល​ទាំងអស់របស់ព្រះយេស៊ូ អប់រំព្រះសហគមន៍ឱ្យចេះអធិដ្ឋាន តាមរបៀបផ្សេងៗគ្នា ដោយលើកការយកពាក្យសម្តី ដែលមាននៅក្នុងការប្រទានពរ ការទូលអង្វរ ការជួយអង្វរ ការអរព្រះគុណ និងការ​កោតសរសើរលើតម្កើងព្រះជាម្ចាស់ជានិច្ច។

២៦៤៥ . ដោយសារព្រះជាម្ចាស់ប្រទានពរដល់គេ ចិត្តមនុស្សអាចប្រទានពរដល់អ្នកដែលជាប្រពភពនៃ ព្រះពរទាំងអស់វិញ។

២៦៤៦. យើងទូលអង្វរព្រះជាម្ចាស់ ដើម្បីការលើងលែងទោស ស្វែងរកព្រះរាជ្យ ព្រមទាំងតម្រូវការដ៏ពិត ប្រាកដ។

២៦៤៧. យើងអាចជួយអង្វរព្រះជាម្ចាស់ ដើម្បីអ្នកដទៃ។ ការអធិដ្ឋានបែបនេះ គ្មានព្រំដែនទេ ហើយ​លាត​សន្ធឹងរហូតដល់ខ្មាំងសត្រូវ។

២៦៤៨. យើងអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់អំណរ និងទុក្ខព្រួយណាមួយ ហេតុការណ៍ និងតម្រូវការ​ណា​មួយ ដោយរួមចំណែកជាមួយព្រះគ្រីស្ត។ ការថ្លៃងអំណរគុណនេះ ត្រូវតែបំពេញអស់មួយជីវិត៖ “ចូរអរព្រះ​គុណព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់” (១ថស ៥,១៨)។

២៦៤៩. ពេលយើងកោតសរសើរលើកតម្កើងព្រះជាម្ចាស់ យើងបែរមុខទៅរកព្រះអង្គ។ យើងច្រៀង​ដើម្បីព្រះអង្គ យើងលើកតម្កើងសិរីរុងរឿងព្រះអង្គ លើសពីអ្វីដែលព្រះអង្គបានប្រព្រឹត្ត គឺដោយសារព្រះអង្គជាព្រះ ជាម្ចាស់។

ជំពូក២ លេខ២៦៥០-២៦៩៦

ជំពូកទីពីរ៖​
ការបញ្ជូនបន្តនៃការអធិដ្ឋាន

២៦៥០. យើងមិនគ្រាន់តែអធិដ្ឋាននៅគ្រាដែលចិត្តយើងជំរុញឱ្យអធិដ្ឋានទេ គឺត្រូវតែមានបំណងចង់អធិដ្ឋាន ដើម្បីអធិដ្ឋាន។ ម្យ៉ាងទៀត យើងមិនគ្រាន់តែត្រូវស្គាល់សេចក្ដីដែលព្រះគម្ពីរចែងទុកអំពីការអធិដ្ឋានទេ ថែមទាំងយើងត្រូវតែរៀនអធិដ្ឋានផងដែរ។ ក្នុង “ព្រះសហគមន៍ដែលជឿនិងអធិដ្ឋាន” (DV ៨) ព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនបុត្រធីតារបស់ព្រះជាម្ចាស់ឱ្យចេះអធិដ្ឋាន តាមរយៈការបញ្ជូនបន្តដ៏រស់រវើក (ការបញ្ជូនបន្តដ៏វិសុទ្ធ)។

២៦៥១. ការបញ្ជូនបន្តនៃការអធិដ្ឋានតាមគ្រីស្តសាសនា បង្ហាញថា ការបញ្ជូនបន្តនៃជំនឿរីកចម្រើន ជាពិសេសដោយសារអ្នកជឿធ្វើការស្មឹងស្មាធិ៍ និងសិក្សា ចងចាំទុកក្នុងចិត្តគេនូវកិច្ចការ និងព្រះបន្ទូលអំពីការចាត់ចែងនៃការសង្រ្គោះ និងដោយយល់អំពីសម្បត្តិសួគ៌កាន់តែច្បាស់ (DV ៨)។

ប្រការទី១៖​ប្រភពនៃការអធិដ្ឋាន

២៦៥២. ព្រះវិញ្ញាណដ៏វិសុទ្ធជា “ទឹកដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច” (យហ ៤,១៤) ក្នុងចិត្តរបស់អ្នកអធិដ្ឋាន។ ព្រះវិញ្ញាណបង្រៀនយើងឱ្យទទួលព្រះអង្គ នៅក្នុងប្រភពផ្ទាល់តែម្តង គឺព្រះគ្រីស្ត។ ក្នុងការរស់នៅជាគ្រីស្តបរិស័ទ ព្រះគ្រីស្តរង់ចាំយើងនៅឯប្រភពផ្សេងៗ ដើម្បីប្រទានឱ្យយើងនូវព្រះវិញ្ញាណដ៏វិសុទ្ធ៖

ព្រះបន្ទូលរបស់ព្រះជាម្ចាស់

២៦៥៣. ព្រះសហគមន័ “ដាស់តឿនគ្រីស្តបរិស័ទទាំងអស់យ៉ាងខ្លាំងជាទីបំផុត (...) ឱ្យ​រៀន “ចំណេះ​ដ៏​វិសេស​វិសាល​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ត˝ (ភល ៣,៨) ដោយ​អាន​ព្រះ​គម្ពីរ​ជា​រឿយៗ​” ប៉ុន្តែ “ត្រូវ​អាន​ព្រះ​គម្ពីរ​ផងនិង​អធិដ្ឋាន​ផង ទើប​មនុស្ស​និង​ព្រះ​ជា​ម្ចាស់​អាច​សន្ទនា​ជាមួយ​គ្នា​បាន ដ្បិត “ពេល​ណា​យើង​អធិដ្ឋាន​ ពេល​នោះ​យើងនិយាយ​ទូល​ព្រះ​អង្គ ហើយ​ពេល​​យើង​អាន​ព្រះ​បន្ទូល​ យើងស្តាប់ព្រះអង្គ (សន្ត អំប្រ័រ ; DV ២៥) ។

២៦៥៤. យោងតាម មថ ៧,៧ គ្រូបាធ្យាយខាងវិញ្ញាណសង្ខេបអំពីលក្ខណៈរបស់អ្នកដែលអានព្រះបន្ទូលដោយអធិដ្ឋាន៖ “ចូរស្វែងរកដោយខិតខំអាន នោះអ្នកនឹងរកឃើញដោយការស្មឹងស្មាធិ៍ ចូរគោះទ្វារដោយអធិដ្ឋាន នោះការសញ្ជឹងគិតនឹងបើកទ្វារឱ្យអ្នក” (សន្ត គីង នៃចារត្រឺ)។

ពិធីបុណ្យព្រះសហគមន៍

២៦៥៥. បេសកកម្មរបស់ព្រះគ្រីស្ត និងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ គឺប្រកាស និងផ្ដល់គម្រោងការដ៏លាក់កំបាំងអំពីការសង្រ្គោះ ក្នុងពិធីបុណ្យនៃអគ្គសញ្ញារបស់ព្រះសហគមន៍ ព្រមទាំងប្រោសឱ្យគម្រោងការនេះកើតជារូបរាងដូចសព្វថ្ងៃនេះផង។ គម្រោងការនេះនៅតែបន្តក្នុងចិត្តរបស់អ្នកអធិដ្ឋាន។ ជួនកាលគ្រូបាធ្យាយខាងវិញ្ញាណប្រៀបធៀបចិត្តទៅនឹងអាសនៈមួយ។ ពេលយើងអធិដ្ឋាន យើងរំលឹកឡើងវីញ​ និងរក្សាទុកពិធីបុណ្យក្នុងទីជម្រៅចិត្តមុន​ និងក្រោយការប្រារព្ធពិធីបុណ្យនេះ។ ទោះបីយើងអធិដ្ឋាន “ក្នុងទីស្ងាត់កំបាំង” (មថ ៦,៦) យ៉ាងណាក៏ដោយ ក៏ការអធិដ្ឋានតែងតែជាការអធិដ្ឋានរបស់ព្រះសហគមន៍ រួមជាមួយព្រះត្រៃឯកដ៏វិសុទ្ធ (IGLH ៩)។

គុណធម៌នៃព្រះជាម្ចាស់

២៦៥៦. យើងចូលក្នុងការអធិដ្ឋានដូចយើងចូលរួមក្នុងពិធីបុណ្យដែរ គឺតាមទ្វារចង្អៀតនៃជំនឿ ។ តាមរយៈសញ្ញាសម្គាល់នៃវត្តមានរបស់ព្រះអង្គ យើងស្វែងរក និងប្រាថ្នាចង់ជួបព្រះភ័ក្ត្រព្រះអម្ចាស់ យើងចង់ស្ដាប់និងរក្សាទុកព្រះបន្ទូលរបស់ព្រះអង្គ។

២៦៥៧. ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបង្រៀនយើងឱ្យប្រារព្ធពិធីបុណ្យ ដោយរង់ចាំព្រះគ្រីស្ត អប់រំយើងឱ្យចេះអធិដ្ឋានដោយមានសេចក្ដីសង្ឃឹម ជានិច្ច។ ផ្ទុយទៅវិញ ​ការអធិដ្ឋានរបស់ព្រះសហគមន៍ និងការអធិដ្ឋានផ្ទាល់ខ្លួនផ្ដល់សេចក្ដីសង្ឃឹមដល់យើង។ ជាពិសេស ទំនុកតម្កើង ដែលប្រើពាក្យជាច្រើន​ផ្សេងៗពីគ្នា និងយ៉ាងច្បាស់លាស់ បង្រៀនឱ្យយើងសង្ឃឹមទៅលើព្រះជាម្ចាស់ជានិច្ច៖ “ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលអង្វររបស់ខ្ញុំ” (ទន ៤០,២)។ “សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹមប្រោសបងប្អូន ដែលមានជំនឿឱ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឱ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ” (រម ១៥,១៣)។

២៦៥៨. “សេចក្ដីសង្ឃឹមមិនអាចធ្វើឱ្យយើងខកចិត្តឡើយ ព្រោះព្រះជាម្ចាស់បានចាក់បង្ហូរព្រះហឫទ័យស្រលាញ់ របស់ព្រះអង្គមកក្នុងចិត្តយើង ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកយើង” (រម ៥,៥)។ ការអធិដ្ឋាន ដែលមានពិធីបុណ្យហ្វឹកហ្វឺន ដកស្រង់អ្វីៗទាំងអស់អំពីសេចក្ដីស្រលាញ់ ដែលព្រះគ្រីស្តស្រលាញ់យើង ហើយដែលព្រះអង្គទ្រង់ប្រោសប្រទានឱ្យយើងអាចឆ្លើយតបបាន ដោយស្រលាញ់ដូចព្រះអង្គបានស្រលាញ់​យើងដែរ។ សេចក្ដីស្រលាញ់ជាប្រភពនៃការអធិដ្ឋាន អ្នកណាដកស្រង់ពីសេចក្ដីស្រលាញ់នេះ អ្នកនោះឡើងទៅដល់កម្រិតកំពូលនៃការអធិដ្ឋាន។​ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រលាញ់ព្រះអង្គ ហើយទូលបង្គំមានបំណងប្រាថ្នាតែមួយ គឺស្រលាញ់ព្រះអង្គរហូតដល់ផុតដង្ហើម។ ឱព្រះជាទីស្រលាញ់នៃទូលបង្គំអើយ! ទូលបង្គំស្រលាញ់ព្រះអង្គ ហើយទូលបង្គំសុខចិត្តស្លាប់ដោយស្រលាញ់ព្រះអង្គជាជាងរស់នៅដោយមិនបានស្រលាញ់ព្រះអង្គ។ បពិត្រព្រះអម្ចាស់! ទូលបង្គំស្រលាញ់ព្រះអង្គ ហើយទូលបង្គំសូមអង្វរឱ្យទូលបង្គំស្រលាញ់ព្រះអង្គអស់កល្បជានិច្ច (...)។ ឱព្រះនៃទូលបង្គំ! បើអណ្តាតនៃទូលបង្គំមិនអាចទូលព្រះអង្គគ្រប់ពេលវេលាថា ទូលបង្គំស្រលាញ់ព្រះអង្គ នោះទូលបង្គំចង់ឱ្យចិត្តទូលបង្គំទូលព្រះអង្គថាទូលបង្គំស្រលាញ់ព្រះអង្គ រាល់ពេលទូលបង្គំដកដង្ហើម (សន្ត​ យ៉ូហានម៉ារី វីយ៉ាណេ)។

នៅថ្ងៃនេះ

២៦៥៩. មានពេលខ្លះ យើងរៀនអធិដ្ឋាន ដោយស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ និងដោយរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មថ្មី ប៉ុន្តែ គ្រប់ពេលវេលា ក្នុងកិច្ចការនិ មួយៗជារៀងរាល់ថ្ងៃ ព្រះជាម្ចាស់ប្រោសប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងអធិដ្ឋាន។ ការប្រៀនប្រដៅរបស់ព្រះយេស៊ូអំពីការអធិដ្ឋាន ដូចការប្រៀនប្រដៅរបស់ព្រះអង្គអំពីឧបការគុណ (មថ ៦,១១.៣៤)៖ ពេលវេលាស្ថិតនៅក្នុងព្រះហស្តរបស់ព្រះបិតា យើងជួបព្រះអង្គក្នុងបច្ចុប្បន្នកាលនេះ មិនមែនម្សិលមិញ ឬថ្ងៃស្អែកទេ គឺនៅថ្ងៃនេះ៖ “ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ” (ទន ៩៥,៧-៨)។

២៦៦០. ការអធិដ្ឋានក្នុងកិច្ចការទាំងឡាយនៃការរស់នៅប្រចាំថ្ងៃ និងគ្រប់ពេលវេលា ជាទីសម្ងាត់នៃព្រះរាជ្យព្រះជាម្ចាស់ ដែលព្រះអង្គសម្ដែងឱ្យអ្នក “តូចតាច” អ្នកបម្រើរបស់ព្រះគ្រីស្ត និងអស់អ្នកដែលពឹងផ្អែកលើព្រះអង្គ ស្គាល់។ ជាការត្រឹមត្រូវ និងការល្អប្រសើរណាស់ បើយើងអធិដ្ឋានឱ្យព្រះរាជ្យប្រកបដោយយុត្តិធម៌ និងសេចក្ដីសុខសាន្តយាងមកណែនាំប្រវិត្តសាស្រ្តនៃពិភពលោក ប៉ុន្តែត្រូវតែអធិដ្ឋានក្នុងស្ថានភាពដ៏សាមញ្ញតាមការរស់នៅប្រចាំថ្ងៃផងដែរ។ របៀបអធិដ្ឋានទាំងអស់អាចទៅជាមេក្នុងម្សៅដែលព្រះអម្ចាស់ប្រដូចនឹងព្រះរាជ្យព្រះអង្គ (លក ១៣,២០-២១)។

សង្ខេប

២៦៦១. ព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនឱ្យបុត្រធិតារបស់ព្រះជាម្ចាស់ចេះអធិដ្ឋាន ដោយសារការបញ្ជូន បន្តដ៏រស់រវើក។

២៦៦២. ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិធីបុណ្យរបស់ព្រះសហគមន៍ គុណធម៌នៃជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់ជាប្រភពនៃការអធិដ្ឋាន។

ប្រការទី២៖​ផ្លូវនៃការអធិដ្ឋាន

២៦៦៣. ក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន ព្រះសហគមន៍នីមួយៗស្នើសុំឱ្យអ្នកជឿអធិដ្ឋាន តាមកាលៈទេសៈនៃប្រវិត្តសាស្រ្ត សង្គម និងវប្បធម៌ផង គឺមានពាក្យសម្តី បទចម្រៀង កាយវិការ រូបរាង។ ក្រុមណែនាំ (DV ១០) ត្រូវតែពិចារណាថា តើផ្លូវនៃការអធិដ្ឋាននោះនៅស្មោះត្រង់នឹងការបញ្ជូនបន្តនៃជំនឿដែលមកពីក្រុមគ្រីស្តទូត។ ពួកគង្វាល និងអ្នកណែនាំអប់រំជំនឿត្រូវតែពន្យល់អំពីអត្ថន័យនៃការអធិដ្ឋាននោះយោងតាមព្រះយេស៊ូគ្រីស្ត។

ទូលអង្វរព្រះបិតា

២៦៦៤. ដើម្បីអធិដ្ឋានតាមលំនាំគ្រីស្តសាសនា គ្មានផ្លូវផ្សេងក្រៅពីព្រះគ្រីស្តឡើយ។ ទោះបីយើងអធិដ្ឋានតែម្នាក់ឯង ឬជាមួយគ្នាក្ដី ដោយប្រើពាក្យសម្ដី ឬក្នុងទីជម្រៅចិត្តក្ដី យើងឡើងទៅឯព្រះបិតា លុះត្រាតែយើងអធិដ្ឋាន “ក្នុងព្រះនាម” របស់ព្រះយេស៊ូ។ ដូច្នេះ ភាពដ៏វិសុទ្ធជាមនុស្សរបស់ព្រះយេស៊ូជាផ្លូវ ដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រើ ដើម្បីបង្រៀនយើងឱ្យអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ជាព្រះបិតារបស់យើង។

ទូលអង្វរព្រះយេស៊ូ

២៦៦៥. បំប៉នដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពិធីបុណ្យនានា ការអធិដ្ឋានរបស់ព្រះសហគមន៍បង្រៀនឱ្យយើងចេះអធិដ្ឋានដល់ព្រះអម្ចាស់យេស៊ូ។ ទោះជាធម្មតាព្រះសហគមន៍ទូលអង្វរព្រះបិតាយ៉ាងណាក៏ដោយ ក៏ព្រះសហគមន៍ទូលអង្វរព្រះគ្រីស្ត នៅក្នុងប្រពៃណីពិធីបុណ្យខ្លះដែរ។ តាមសម័យកាលព្រះសហគមន៍ និងសម្ពន្ធមេត្រីថ្មី ទំនុកតម្កើងខ្លះទូលអង្វរព្រះគ្រីស្ត ដូចតទៅ​​​​​​​​​​​​​៖ ព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ ព្រះសង្រ្គោះ កូនចៀមរបស់ព្រះជាម្ចាស់ ព្រះមហាក្សត្រ ព្រះបុត្រាដ៏ជាទីស្រលាញ់ ព្រះបុត្រារបស់ព្រហ្មចារិនី គង្វាលដ៏ល្អ ជីវិតរបស់យើង ពន្លឺរបស់យើង សេចក្ដីសង្ឃឹមរបស់យើង ជីវិតដ៏រុងរឿងរបស់យើង មិត្តសម្លាញ់របស់មនុស្សលោក...

២៦៦៦. ប៉ុន្តែ ព្រះនាមដែលមានអ្វីៗទាំងអស់ គឺព្រះនាមដែលព្រះបុត្រារបស់ព្រះជាម្ចាស់ទទួល ពេលព្រះអង្គប្រសូតជាមនុស្ស គឺយេស៊ូ។ បបូរមាត់មនុស្សមិនហ៊ានពោលព្រះនាមរបស់ព្រះជាម្ចាស់ទេ (សរ ៣,១៤ ; ៣៣,១៩-២៣) ប៉ុន្តែ ដោយព្រះអង្គទទួលយកភាពជាមនុស្ស ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រគល់ព្រះនាមព្រះអង្គមកយើង ហើយយើងអាចទូលអង្វរព្រះនាមព្រះអង្គបាន៖ “ព្រះយេស៊ូ” “YHWH សង្រ្គោះ” (មថ ១,២១)។ ព្រះនាមរបស់ព្រះយេស៊ូមានអត្ថន័យគ្រប់គ្រាន់ ពោលគឺព្រះជាម្ចាស់ផង មនុស្សលោកផង និងការចាត់ចែងក្នុងការបង្កើតផង និងការសង្រ្គោះផង។ ពេលយើងអធអិដ្ឋាន “ព្រះយេស៊ូ” យើងទូលអង្វរព្រះអង្គ ហៅរកព្រះអង្គក្នុងខ្លួនយើង។ វត្តមានរបស់ព្រះអង្គស្ថិតនៅក្នុងព្រះនាមព្រះអង្គ ហើយមានតែព្រះនាមព្រះអង្គទេ​ ដែលសម្ដែងវត្តមាននេះ។ ព្រះយេស៊ូមានព្រះជន្មថ្មី ហើយអ្នកណាអង្វរព្រះនាមព្រះអង្គ អ្នកនោះទទួលព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រលាញ់ព្រះអង្គ និងបានបូជាព្រះជន្មសម្រាប់ព្រះអង្គ (រម ១០,១៣ ; កក ២,២១ ; ៣,១៥-១៦ ; កាឡ ២,២០)។

២៦៦៧. ប្រពៃណីនៃការអធិដ្ឋាននៅបស្ចិម និងបូព៌ាប្រទេស បានអភិវឌ្ឍរបៀបអធិដ្ឋានដោយទូលអង្វរព្រះនាមរបស់ព្រះយេស៊ូ។ ជាធម្មតា តាមប្រពៃណីខាងវិញ្ញាណដែលមកពីស៊ីណៃ ស៊ីរី និងអធុស យើងទូលអង្វរព្រះអង្គដូចតទៅ៖ “ព្រះយេស៊ូជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ជាព្រះអម្ចាស់ សូមអាណិតអាសូរយើងខ្ញុំជាអ្នកបាប!”។ ក្នុងការទូលអង្វរនេះ បទចម្រៀងចំពោះព្រះគ្រីស្តរបស់ ភីល ២,៦-១១​ លាយឡំជាមួយនឹងពាក្យអង្វររបស់អ្នកទារពន្ធ និងពួកអ្នកសូមទានពន្លឺ (មក ១០,៤៦-៥២ ; លក ១៨,១៣)។ ដោយពោលពាក្យអង្វរនេះ ចិត្តមនុស្សស្របតាមទុក្ខវេទនារបស់មនុស្សលោក និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ជាព្រះសង្រ្គោះពួកគេ។

២៦៦៨. ការទូលអង្វរក្នុងព្រះនាមព្រះយេស៊ូជាមធ្យោបាយដ៏សាមញ្ញ ដើម្បីអធិដ្ឋានដោយមិនឈប់ឈរឡើយ។ ពេលយើងសូត្រធម៌ពាក្យទូលអង្វរនេះ ដោយយកចិត្តទុកដាក់ យើងមិននិយាយ “ច្រំដែលៗ” ទេ (មថ ៦,៧) តែយើង “ចងចាំទុកព្រះបន្ទូលយ៉ាងស្មោះអស់ពីចិត្តរហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ” (លក ៨,១៣)។ យើងអាចសូត្រធម៌ពាក្យទូលអង្វរនេះ “គ្រប់ពេលវេលា” ដ្បិតពេលនោះ យើងរវល់តែស្រលាញ់ព្រះជាម្ចាស់ ដែលជាអ្នកប្រែកិច្ចការណាមួយក្នុងអង្គព្រះគ្រីស្តយេស៊ូ។

២៦៦៩. ព្រះសហគមន៍អធិដ្ឋានដោយគោរពព្រះបេះដូងរបស់ព្រះយេស៊ូ ដូចព្រះសហគមន៍ទូលអង្វរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គដែរ។ ព្រះសហគមន៍ថ្វាយបង្គំព្រះបន្ទូលប្រសូតជាមនុស្ស និងព្រះបេះដូងរបស់ព្រះអង្គ ដែលអំពើបាបយើងបានចាក់ទម្លុះ ដោយសារសេចក្ដីស្រលាញ់របស់ព្រះអង្គចំពោះមនុស្សលោក ។ គ្រីស្តបរិស័ទចូលចិត្តដើរតាមព្រះសង្រ្គោះ នៅលើផ្លូវឈើឆ្កាងតាមដំណាក់កាលនីមួយៗ ពីការកាត់ក្ដីព្រះយេស៊ូដល់ការបញ្ចុះសពព្រះអង្គ។ ព្រះអង្គបានសង្រ្គោះមនុស្សលោកដោយសារព្រះឈើឆ្កាងដ៏វិសុទ្ធរបស់ព្រះអង្គ។

ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមក

២៦៧០. “បើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា “ព្រះយេស៊ូជាព្រះអម្ចាស់” បានទេ” (១ករ ១២,៣)។ រាល់ពេលយើងអធិដ្ឋានព្រះយេស៊ូ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលមានព្រះហឫទ័យប្រណីសន្តោសយាងមកជួយណែនាំ ទាក់ទាញយើងនៅលើផ្លូវនៃការអធិដ្ឋាន។ ដោយសារព្រះអង្គបង្រៀន​យើងឱ្យចេះអធិដ្ឋានដោយរំលឹកយើងអំពីព្រះគ្រីស្ត ហេតុអ្វីបានជាយើងមិនអធិដ្ឋានចំពោះព្រះអង្គផ្ទាល់? ហេតុនេះ ព្រះសហគមន៍អញ្ជើញយើងឱ្យអធិដ្ឋានព្រះវិញ្ញាណដ៏វិសុទ្ធជារៀងរាល់ថ្ងៃ ជាពិសេសពេលចាប់ផ្ដើម និងបង្ហើយកិច្ចការសំខាន់ណាមួយ។​ បើយើងមិនថ្វាយបង្គំព្រះវិញ្ញាណ តើព្រះអង្គប្រោសខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ ក្នុងពិធីជ្រមុជទឹកយ៉ាងដូចម្ដេច? បើយើងថ្វាយបង្គំព្រះអង្គ ហេតុអ្វីបានជាយើងមិនគោរពព្រះអង្គដាក់ដោយឡែកពីព្រះបិតា និងពីព្រះបុត្រាផង? (សន្ត គ្រែគ្រ័រ នៃណាស៊ីអង់)។

២៦៧១. ជាធម្មតា យើងទូលអង្វរព្រះវិញ្ញាណ ដោយទូលអង្វរព្រះបិតា​ តាមរយៈព្រះគ្រីស្តជាព្រះអម្ចាស់នៃយើង ដើម្បីឱ្យព្រះអង្គប្រោសប្រទានព្រះវិញ្ញាណដែលជួយលួងលោម (លក ១១,១៣)។ ព្រះយេស៊ូទទូចសូមឱ្យយើងអធិដ្ឋានក្នុងព្រះនាមព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូលសន្យានឹងប្រទានព្រះវិញ្ញាណនៃសេចក្ដីពិត (យហ ១៤,១៧ ; ១៥,២៦ ; ១៦,១៣)។ ប៉ុន្តែ សេចក្ដីអធិដ្ឋានដ៏សាមញ្ញមកពីទំនៀមទំលាប់បុរាណ “ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមក” ហើយប្រពៃណីខាងពិធីបុណ្យនីមួយៗបានអភិវឌ្ឍពាក្យអង្វរនេះក្នុងបទចម្រៀង៖​ ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមកបំពេញចិត្តគ្រីស្តបរិស័ទ ហើយសូមបង្កាត់ភ្លើងនៃសេចក្ដីស្រលាញ់របស់ព្រះអង្គផង (បុណ្យព្រះវិញ្ញាណយាងមក)។ ព្រះមហាក្សត្រនៃស្ថានបរមសុខ ព្រះវិញ្ញាណដែលជួយលួងលោម ព្រះវិញ្ញាណនៃសេចក្ដីពិត ដែលគង់នៅគ្រប់កន្លែង និងបំពេញអ្វីៗទាំងអស់ ជាកំណប់នៃអំពើល្អគ្រប់យ៉ាង និងប្រភពនៃជីវិត សូមយាងមក តាំងទីលំនៅក្នុងចិត្តយើងខ្ញុំ។ ឱព្រះដ៏សប្បុរសអើយ! សូមបន្សុទ្ធយើងខ្ញុំ ហើយសូមសង្រ្គោះយើងខ្ញុំផង (ពិធីបុណ្យខាងបូព៌ាប្រទេស)។

២៦៧២. ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលអភិសេកខ្លួនយើងទាំងស្រុង ជាម្ចាស់ខាងក្នុងនៃការអធិដ្ឋានរបស់គ្រីស្តសាសនា។ ព្រះអង្គជាសិប្បករនៃការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន។ ទោះបីមានរបៀបអធិដ្ឋាន និងអ្នកអធិដ្ឋានច្រើនផ្សេងពីគ្នាយ៉ាងក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយដែលយាងមកគង់នៅជាមួយអ្នកអធិដ្ឋាននីមួយៗ និងជាមួយមនុស្សទាំងអស់ផងដែរ។ គ្រីស្តបរិស័ទអធិដ្ឋានរួមគ្នាក្នុងព្រះសហគមន៍ដោយរួមរស់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ។

យើងរួមរស់ជាមួយព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់

២៦៧៣. ពេលអធិដ្ឋាន ព្រះវិញ្ញាណដ៏វិសុទ្ធបង្រួបបង្រួមយើងជាមួយព្រះបុត្រាតែមួយក្នុងភាពជាមនុស្សរបស់ព្រះអង្គពោរពេញដោយសិរីរុងរឿង។ តាមរយៈភាពជាមនុស្ស និងក្នុងភាពជាមនុស្សនេះ យើងអធិដ្ឋានក្នុងព្រះសហគមន៍រួមជាមួយព្រះមាតារបស់ព្រះយេស៊ូ (កក ១,១៤)។

២៦៧៤. តាំងពីពេលព្រះនាងម៉ារីបានយល់ព្រមគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺតាំងពីពេលទេវទូតជូនដំណឹងអំពីព្រះយេស៊ួរហូតដល់ព្រះអង្គត្រូវគេឆ្កាង ព្រះនាងម៉ារីទៅជាមាតារបស់បងប្អូននៃព្រះបុត្រាព្រះនាង “ដែលមិនទាន់​​​បង្ហើយ​​​បូជនិយេសចរណ៍​​​នៅលើផែនដីនេះនៅឡើយ ហើយដែលប្រឈមមុខ​នឹង​គ្រោះកាចនិង​​​ទុក្ខលំ​បាក​ផ្សេងៗជាច្រើន” (LG ៦២)។ ព្រះយេស៊ូ ជាស្ពានមេត្រីតែមួយ ជាផ្លូវនៃការអធិដ្ឋានរបស់យើង ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះអង្គ និងមាតារបស់យើង ឆ្លុះបញ្ចាំងព្រះអង្គ គឺព្រះនាង “បង្ហាញផ្លូវ” (Hodoghitria ) ហើយតាមប្រពៃណីខាងបស្ចិម និងបូព៌ាប្រទេស ព្រះនាងជាសញ្ញាសម្គាល់របស់ព្រះអង្គ។

២៦៧៥. ដោយព្រះនាងម៉ារីរួមសហការយ៉ាងពិសេសជាមួយកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះសហគមន៍បានអភិវឌ្ឍការអធិដ្ឋានចំពោះព្រះមាតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ដោយសំដៅការអធិដ្ឋាននោះទៅលើព្រះគ្រីស្តដែលព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះអង្គសម្ដែងព្រះអង្គ។ ក្នុងបទចម្រៀងរាប់មិនអស់ដែលសម្ដែងនូវការអធិដ្ឋាននេះ ចលនាពីរឆ្លាស់គ្នា គឺមួយ “លើកតម្កើង” ព្រះអម្ចាស់សម្រាប់ “កិច្ចការដ៏អស្ចារ្យ” ដែលព្រះអង្គបានប្រព្រឹត្តចំពោះអ្នកបម្រើដ៏សុភាពរាបសារបស់ព្រះអង្គ និងចំពោះមនុស្សលោកទាំងអស់ តាមរយៈនាង ហើយមួយទៀត ប្រគល់ឱ្យព្រះមាតារបស់ព្រះយេស៊ូ នូវពាក្យទូលអង្វរ និងពាក្យសរសើរនៃបុត្រធីតារបស់ព្រះជាម្ចាស់ដ្បិតឥឡូវនេះ ព្រះនាងស្គាល់ភាពជាមនុស្ស ដែលព្រះបុត្រារបស់ព្រះជាម្ចាស់យកមកធ្វើជាមហេសី។

២៦៧៦. ចលនាទាំងពីរនៃការអធិដ្ឋានចំពោះព្រះនាងម៉ារីនោះ មានក្នុងសេចក្ដីអធិដ្ឋាន “Ave Maria ” (អាវេ ម៉ារីយ៉ា ឬបពិត្រព្រះនាងម៉ារី)​៖ បពិត្រព្រះនាងម៉ារី (សូមព្រះនាងមានអំណរសប្បាយ)” ៖ ការអធិដ្ឋានចំពោះព្រះនាងម៉ារីចាប់ផ្ដើម ដោយមានទេវទូតកាព្រីអែលជម្រាបសួរព្រះនាងម៉ារី ពោលគឺតាមរយៈទេវទូតរបស់ព្រះអង្គ ព្រះជាម្ចាស់ផ្ទាល់ជម្រាបសួរព្រះនាងម៉ារី។ សេចក្ដីអធិដ្ឋានយើងហ៊ានយកពាក្យនេះឡើងវិញ ដោយមើលឃើញព្រះនាងម៉ារីដូចព្រះជាម្ចាស់បានទតមើលអ្នកបម្រើដ៏សុភាពរបស់ព្រះអង្គ និងដោយចិត្តរីករាយ ដូចព្រះជាម្ចាស់ត្រេកសប្បាយដោយសារព្រះនាងដែរ (លក ១,៤៨)។ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ព្រះអង្គគង់ជាមួយនាង” ៖ ពាក្យទាំងពីររបស់ទេវទូតបំភ្លឺគ្នាទៅវិញទៅមក។ ព្រះនាងម៉ារីពោរពេញដោយព្រះហឫទ័យប្រណីសន្តោស ដ្បិតព្រះអម្ចាស់គង់ជាមួយព្រះនាង។ ព្រះជាម្ចាស់ប្រោស​ប្រណីព្រះនាង គឺព្រះអង្គជាប្រភពនៃសេចក្ដីសុខសាន្តគ្រប់យ៉ាង គង់នៅជាមួយព្រះនាង។ “ក្រុងស៊ីយ៉ូនអើយ! ចូរបន្លឺសម្លងដោយអំណរទៅ! (...) ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់យាងមកគង់ជាមួយអ្នកហើយ” (សផ ៣,១៤.១៧ក)។ ព្រះនាងម៉ារី ដែលមានព្រះអម្ចាស់ផ្ទាល់តាំងទីលំនៅក្នុងខ្លួនព្រះនាង ជាតំណាងនៃទីក្រុងស៊ីយ៉ូន ស្ពាននៃសម្ពន្ធមេត្រី កន្លែងដែលសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅ ព្រះនាងជា “ព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សលោក” (វវ​ ២១,៣)។ ព្រះនាងម៉ារីជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះនាងក៏ថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គដែលយាងមកគង់នៅក្នុងខ្លួនព្រះនាង ហើយដែលព្រះនាងនឹងផ្ដល់ដល់មនុស្សលោក។ ព្រះអង្គបានប្រទានពរដល់ព្រះនាងលើសស្រ្តីទាំងឡាយ ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ”៖ ក្រោយពីពាក្យជម្រាបសួររបស់ទេវទូត សូមឱ្យយើងយកពាក្យជម្រាបសួររបស់នាងអេលីសាបិត។ “ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ” (លក ១,៤១) នាងអេលីសាបិតជាម្នាក់មុនគេ ក្នុងចំណោមអ្នកប្រកាសតៗគ្នាថា ព្រះនាងម៉ារីពោរពេញដោយសុភមង្គល (លក ១,៤៨)៖ “នាងពិតជាមានសុភមង្គលមែន” (លក ១,៤៥)។ ព្រះជាម្ចាស់ប្រទានពរដល់ព្រះនាងម៉ារី “លើសស្រ្តីទាំងឡាយ” ដ្បិតព្រះនាងបានជឿថា ព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងកើតជារូបរាង។ ដោយសារជំនឿរបស់លោក លោកអប្រាហាំបានក្លាយទៅជាពរសម្រាប់ “ប្រជាជាតិទាំងឡាយ” (កណ​១២,៣)។ ដោយសារជំនឿរបស់ព្រះនាង ព្រះនាងម៉ារីបានក្លាយទៅជាមាតារបស់អ្នកជឿ ដោយសារព្រះនាង ប្រជាជាតិទាំងឡាយទទួលព្រះអង្គដែលជាព្រះពរផ្ទាល់របស់ព្រះជាម្ចាស់៖ “ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះព្រះនាង”។

២៦៧៧. ឱសន្តីម៉ារី ជាមាតានៃព្រះអម្ចាស់ សូមជួយទូលអង្វរព្រះអង្គឱ្យយើងខ្ញុំផង” ៖ យើងត្រេកអរសប្បាយរួមជាមួយនាងអេលីសាបិត៖ “តើរូបខ្ញុំមានឋានៈអ្វី បានជាមាតានៃព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?” (លក ១,៤៣)។ ដោយសារព្រះនាងផ្ដល់ព្រះយេស៊ូជាបុត្ររបស់ព្រះនាងមកយើង ព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់ និងជាមាតារបស់យើងផង។ យើងអាចប្រគល់កង្វល់ និងសំណូមពរទាំងអស់របស់យើងឱ្យព្រះនាង។ ព្រះនាងអធិដ្ឋានសម្រាប់យើង ដូចព្រះនាងបានអធិដ្ឋានសម្រាប់ខ្លួនព្រះនាងដែរ៖ “សូមឱ្យបានសម្រេចតាមព្រះបន្ទូលរបស់ព្រះអង្គចុះ” (លក ១,៣៨)។ ដោយពឹងលើការអធិដ្ឋានរបស់ព្រះនាង យើងថ្វាយខ្លួនទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ រួមជាមួយព្រះនាងផងដែរ៖ “សូមឱ្យព្រះហឫទ័យព្រះអង្គបានសម្រេច”។ សូមទូលអង្វរព្រះអង្គឱ្យយើងខ្ញុំជាអ្នកបាប ពេលនេះ និងនៅពេលស្លាប់” ៖ ដោយសូមឱ្យ ព្រះនាងម៉ារីជួយអង្វរសម្រាប់យើង យើងទទួលស្គាល់ថា​ យើងជាអ្នកបាប ហើយយើងសូមទូលអង្វរ “មាតានៃសេចក្ដីមេត្តាករុណា” ដ៏វិសុទ្ធបំផុត។ យើងថ្វាយខ្លួនចំពោះព្រះនាង “ឥឡូវនេះ” នៅថ្ងៃនេះ ហើយយើងពង្រឹងទំនុកចិត្តចំពោះព្រះនាងរហូតដល់ “ពេលស្លាប់”។ សូមឱ្យព្រះនាងមកជិតយើង ដូចកាលព្រះនាងនៅជាមួយព្រះបុត្រាព្រះនាងនៅពេលព្រះអង្គត្រូវគេឆ្កាង ហើយនៅពេលយើងនឹងឆ្លងពីលោកនេះទៅបរមលោក សូមឱ្យព្រះនាងទទួលយើងដូចមាតាយើង (យហ ១៩,២៧) ដើម្បីណែនាំយើងទៅគាល់ព្រះបុត្រាព្រះនាង គឺព្រះយេស៊ូ នៅស្ថានបរមសុខផង។

២៦៧៨. នៅបស្ចិមប្រទេស មជ្ឈិមសម័យបានអភិវឌ្ឍការអធិដ្ឋានដោយសូត្រផ្គាំជំនួសពិធីតាមពេលកំណត់។ នៅ​​បូព៌ាប្រទេស របៀបសូត្រនៃ អាកាធីស្ត និងប៉ារ៉ាក្លីស៊ីស នៅតែជិតស្និទ្ធជាមួយនឹងពិធីបទចម្រៀងនៃព្រះ សហគមន៍ប៊ីសង់ទីន ឯប្រពៃណីនៃព្រះសហគមន៍អារមេនីន កូប និងស៊ីរីយ៉ាកវិញ ពួកគេចូលចិត្តបទចម្រៀងប្រជាប្រីយចំពោះព្រះមាតារបស់ព្រះជាម្ចាស់។ ប៉ុន្តែ ក្នុងអាវេ ម៉ារីយ៉ា ថេអូតូគីយ៉ា គឺបទចម្រៀងរបស់សន្ត អេហ្វ្រេម ឬរបស់សន្ត គ្រែគ័រ នៃណារ៉ែក គ្រឹះរបស់ប្រពៃណីនៃការអធិដ្ឋាននៅតែដដែល។

២៦៧៩. ព្រះនាងម៉ារីជាអ្នកអធិដ្ឋានដ៏គ្រប់លក្ខណៈ ជារូបតំណាងរបស់ព្រះសហគមន៍។ ពេលយើងទូលអង្វរព្រះនាង យើងជាប់ជាមួយព្រះនាងក្នុងគម្រោងការរបស់ព្រះបិតា ដែលចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកសង្រ្គោះមនុស្សលោកទាំងអស់។ យើងទទួលព្រះមាតារបស់ព្រះយេស៊ូ ដែលជាមាតារបស់អស់អ្នកដែលមានជីវិត នៅផ្ទះយើង ដូចសាវ័កដែលព្រះយេស៊ូស្រលាញ់ (យហ ១៩,២៧)។ យើងអាចអធិដ្ឋានរួមជាមួយព្រះនាងម៉ារី និងអធិដ្ឋានព្រះនាងផងដែរ។ ការអធិដ្ឋានរបស់ព្រះនាងម៉ារីជួយគាំទ្រការអធិដ្ឋានរបស់ព្រះសហគមន៍ ដែលរួមជាមួយព្រះនាងម៉ារីក្នុងសេចក្ដីសង្ឃឹម (LG ៦៨-៦៩)។

សង្ខេប

២៦៨០. ជាធម្មតា យើងទូលអង្វរព្រះបិតា។ យ៉ាងណាមិញ យើងអាចទូលអង្វរព្រះយេស៊ូ ជាពិសេស​ដោយអង្វរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ៖ “ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ឱព្រះអម្ចាស់អើយ! សូមអាណិតអាសូរយើងខ្ញុំផង!”

២៦៨១. “បើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធណែនាំទេនោះ គ្មាននរណាម្នាក់អាចពោលថា៖ “ព្រះយេស៊ូ​ជា​ព្រះ​អម្ចាស់” បានដែរ (១ករ ១២,៣)។ ព្រះសហគមន៍អញ្ចើញយើងឱ្យអង្វរព្រះវិញ្ញាណដ៏វិសុទ្ធដូចជាម្ចាស់ខាង​ក្នុងនៃការអធិដ្ឋានតាមគ្រីស្តសាសនា។

២៦៨២. ដោយសារព្រះសហគមន៍រួមសហការយ៉ាងពិសេសជាមួយនឹងកិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះសហគមន៍ចូលចិត្តអធិដ្ឋាន ជាមួយព្រហ្មចារិនីម៉ារី ដើម្បីកោតសរសើរព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះ ជាម្ចាស់បានប្រព្រឹត្តក្នុងខ្លួនព្រះនាង ហើយដើម្បីប្រគល់ពាក្យអង្វរ និងពាក្យសរសើរទៅព្រះអង្គ រួមជាមួយព្រះនាងផងដែរ។

ប្រការទី៣៖​អ្នកណែនាំអធិដ្ឋាន

សាក្សីរាប់មិនអស់

២៦៨៣. មនុស្សជាច្រើនធ្វើជាបន្ទាល់បានចូលក្នុងព្រះរាជ្យមុនយើង (ហប ១២,១) ជាពិសេសអស់អ្នកដែលព្រះសហគមន៍ទទួលស្គាល់ថា ជា “សន្តបុគ្គល” ដែលបានចូលរួមចំណែកក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន ដែលជាគំរូក្នុងការរស់នៅរបស់គេ ដោយបានសរសេរសេចក្ដីអធិដ្ឋានជាច្រើនទុកឱ្យយើង និងដែលមាននៅរហូតដល់សព្វថ្ងៃនេះ។ ពួកគាត់មើលឃើញព្រះជាម្ចាស់ សរសើរលើកតម្កើងព្រះអង្គ ហើយនៅតែបីបាច់ថែរក្សាអស់អ្នកដែលរស់នៅលើផែនដីនៅឡើយ។ ដោយបាន “ចូលមកសប្បាយរួមជាមួយ” ម្ចាស់របស់ពួកគាត់ ម្ចាស់នេះបាន “តាំងពួកគាត់ឱ្យមើលខុសត្រូវលើកិច្ចការធំៗ” (មថ ២៥,២១)។ ដោយសារពួកគាត់ជួយអង្វរព្រះជាម្ចាស់សម្រាប់យើង ពួកគាត់ក៏បម្រើគម្រោងការរបស់ព្រះអង្គ។ យើងអាច ហើយយើងត្រូវសូម​ឱ្យពួកគាត់ជួយទូលអង្វរព្រះជាម្ចាស់សម្រាប់យើង និងសម្រាប់ពិភពលោកទាំងមូលផង។

២៦៨៤. ចំណេះវិជ្ជាខាងវិញ្ញាណ ជាច្រើនបានអភិវឌ្ឍ ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ ក្នុងអំឡុងប្រវត្តិសាស្រ្តព្រះសហគមន៍។ ព្រះអំណោយទានផ្ទាល់របស់សាក្សីម្នាក់នៃសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក បានត្រូវគេបញ្ជូន ដូចជា “វិញ្ញាណ” របស់លោកអេលីចំពោះលោកអេលីសេ (២ពង្ស ២,៩) និងចំពោះលោកយ៉ូហានបាទីស្ត (លក ១,១៧) ដើម្បីឱ្យសាវ័កខ្លះ អាចទទួលវិញ្ញាណនោះបានដែរ (PC ២)។ ចំណេះវិជ្ជាខាងវិញ្ញាណស្ថិតនៅក្នុងចលនាផ្សេងៗ ខាងពិធីបុណ្យ និងខាងទេវវិទ្យា ហើយផ្តល់សក្ខីភាពថា ជំនឿបានសមស្របនឹងវប្បធម៌ និងប្រវត្តិសាស្រ្តនៃសង្គមនីមួយៗ។ ចំណេះវិជ្ជាខាងវិញ្ញាណនៃគ្រីស្តសាសនាចូលរួមចំណែក ក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន ហើយពិតជាជួយណែនាំគ្រីស្តបរិស័ទមែន។ ដោយមានចំណេះវិជ្ជាច្រើនផ្សេងៗពីគ្នា ចំណេះវិជ្ជាទាំងអស់នោះឆ្លុះបញ្ចាំងនូវពន្លឺបរិសុទ្ធតែមួយនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ “ព្រះវិញ្ញាណពិតជាទីលំនៅនៃសន្តបុគ្គល ហើយសន្តបុគ្គលម្នាក់ជាព្រះដំណាក់ផ្ទាល់នៃព្រះវិញ្ញាណ ដ្បិតព្រះអង្គស្នាក់នៅជាមួយព្រះជាម្ចាស់ ហើយគេហៅព្រះវិញ្ញាណនេះថា ជាព្រះវិហាររបស់ព្រះអង្គ” (សន្ត បាសីល)។

អ្នកបម្រើនៃការអធិដ្ឋាន

២៦៨៥. ក្រុមគ្រួសារគ្រីស្តបរិស័ទ ជាកន្លែងដំបូង ដើម្បីជួយអប់រំឱ្យចេះអធិដ្ឋាន។ ដោយចាក់ឫសលើអគ្គសញ្ញាអាពាហ៍ពិពាហ៍ ក្រុមគ្រួសារនេះ ជា “ព្រះសហគមន៍នៅផ្ទះ” ដែលបុត្រធីតារបស់ព្រះជាម្ចាស់រៀនអធិដ្ឋាន “រួមជាមួយព្រះសហគមន៍” ហើយរៀនមានចិត្តព្យាយាមក្នុងការអធិដ្ឋាន។ ជាពិសេសក្មេងៗ ការអធិដ្ឋានប្រចាំថ្ងៃក្នុងក្រុមគ្រួសារ ផ្តល់សក្ខីភាពមុនគេបង្អស់នៃការចងចាំដ៏រស់រវើករបស់ព្រះសហគមន៍ ដែលព្រះវិញ្ញាណដ៏វិសុទ្ធបានរៀបចំបន្តិចម្តងៗ។

២៦៨៦. អ្នកទទួលមុខងារបម្រើព្រះសហគមន៍ ជាអ្នកទទួលខុសត្រូវក្នុងការអប់រំបងប្អូនរបស់គេក្នុងអង្គព្រះគ្រីស្តឱ្យចេះអធិដ្ឋានផងដែរ។ ពួកគេជាអ្នកបម្រើរបស់គង្វាលដ៏ល្អ ត្រូវបានតែងតាំងដើម្បីណែនាំប្រជាជនរបស់ព្រះជាម្ចាស់ឱ្យទៅរកប្រភពដ៏រស់រវើកនៃការអធិដ្ឋាន គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិធីបុណ្យ ការរស់នៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការអនុវត្តដំណឹងល្អគ្រប់កាលៈទេសៈនៃជីវិតប្រចាំថ្ងៃ (PO ៤-៦)។

២៦៨៧. បព្វជិត ជាច្រើនបានបូជាជីវិតទាំងស្រុងចំពោះការអធិដ្ឋាន។ តាំងពីវាលរហោស្ថាននៃប្រទេសអេស៊ីប មានឥសី និងលោកសង្ឃ ទាំងបុរស ទាំងស្រី្ត បានចំណាយពេលវេលា ដើម្បីកោតសរសើរព្រះជាម្ចាស់ និងជួយអង្វរព្រះអង្គដើម្បីប្រជាជនរបស់ព្រះអង្គ។ បើគេមិនអធិដ្ឋានទេ អ្នកថ្វាយខ្លួនចំពោះព្រះជាម្ចាស់ មិនអាចឈានទៅមុខ ឬរីកចម្រើនបានឡើយ។ ការអធិដ្ឋានជាប្រភពដ៏រស់រវើកនៃការស្មឹងស្មាធិ៍ និងជីវិតខាងវិញ្ញាណរបស់ព្រះសហគមន៍។

២៦៨៨. ពេលយើងអប់រំជំនឿ ក្មេងៗ យុវជន និងមនុស្សពេញវ័យ យើងចង់ឱ្យគេត្រិះរិះគិតពិចារណាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអធិដ្ឋានរៀងៗខ្លួន ឱ្យគេយល់អំពីអត្ថន័យបច្ចុប្បន្ននៃព្រះបន្ទូលនេះក្នុងពិធីបុណ្យ ហើយឱ្យគេទុកព្រះបន្ទូលនេះនៅក្នុងដួងចិត្ត ដើម្បីបង្កើតផលក្នុងជីវិតថ្មី។ ពេលយើងអប់រំជំនឿ យើងអាចឆ្លៀតឱកាសឈ្វេងយល់អំពីរបៀបអធិដ្ឋាននៃប្រជាជនទូទៅ និងជួយអប់រំគេដែរ (CT ៥៤)។ យើងអាចបង្រៀនគេឱ្យចេះចាំរត់មាត់ធម៌អធិដ្ឋានសំខាន់ៗ ដើម្បីជួយឱ្យគេអធិដ្ឋាន ប៉ុន្តែ យើងក៏បង្រៀនអំពីអត្ថន័យនៃធម៌អធិដ្ឋាននោះផងដែរ (CT ៥៥)។

២៦៨៩. សព្វថ្ងៃ ក្រុមអធិដ្ឋាន ឬ “សាលារៀនអធិដ្ឋាន” ជាសញ្ញាសម្គាល់បង្ហាញថា​ ការអធិដ្ឋានកើតសាជាថ្មីឡើងវិញនៅក្នុងព្រះសហគមន៍ ហើយជំរុញឱ្យការអធិដ្ឋានរីកចម្រើនឡើង លុះត្រាតែយើងសំអាងលើប្រភពដ៏ពិតប្រាកដនៃការអធិដ្ឋានតាមគ្រីស្តសាសនា។ កង្វល់ក្នុងការរួបរួមជាធ្លុងមួយ គឺជាសញ្ញាសម្គាល់នៃការអធិដ្ឋានយ៉ាងពិតប្រាកដនៅក្នុងព្រះសហគមន៍។

២៦៩០. ព្រះវិញ្ញាណដ៏វិសុទ្ធប្រោសប្រទានឱ្យគ្រីស្តបរិស័ទខ្លះ នូវព្រះអំណោយទាន ដែលជាប្រាជ្ញា ជំនឿ ហើយនឹងឱ្យគេចេះរិះគិតពិចារណា ដើម្បីផលប្រយោជន៍រួម គឺការអធិដ្ឋាន (ការជួយណែនាំខាងវិញ្ញាណ )។ បុរសស្រ្តីទាំងនោះ ដែលបានទទួលព្រះអំណោយទាននេះ ជាអ្នកបម្រើដ៏ពិតប្រាកដនៃការបញ្ជូនបន្តដ៏រស់រវើកនៃការអធិដ្ឋាន៖ ហេតុដូច្នេះហើយ បានជាសន្ត យ៉ូហាន នៃព្រះឈើឆ្កាង ណែនាំថា ព្រលឹងណាដែលចង់ឈានទៅមុខក្នុងភាពល្អឥតខ្ចោះ ត្រូវតែ “ចាត់ទុកយ៉ាងច្បាស់ថា តើព្រលឹងនេះត្រូវប្រគល់ខ្លួនទៅក្នុងដៃណា ដ្បិតម្ចាស់មានលក្ខណៈយ៉ាងណា សាវ័កក៏មានលក្ខណៈយ៉ាងនោះដែរ ឪពុកមានលក្ខណៈយ៉ាងណា កូនក៏មានលក្ខណៈយ៉ាងនោះដែរ”។ ម្យ៉ាងទៀត៖ “អ្នកណែនាំវិញ្ញាណកមិនគ្រាន់តែត្រូវមានប្រាជ្ញា និងចេះប្រុងប្រយ័ត្នប៉ុណ្ណោះទេ តែត្រូវមានបទពិសោធន៍ផងដែរ (...)។ បើអ្នកណែនាំវិញ្ញាណគ្មានបទពិសោធន៍នៃជីវិតខាងវិញ្ញាណទេ គេមិនអាចណែនាំព្រលឹង ដែលព្រះជាម្ចាស់ត្រាស់ហៅបានទេ សូម្បីតែយល់អំពីព្រលឹងនោះក៏គេមិនយល់ផង”។

កន្លែងល្អៗដើម្បីអធិដ្ឋាន

២៦៩១. ព្រះវិហារ ដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ ជាកន្លែងផ្ទាល់នៃការអធិដ្ឋានតាមពិធីបុណ្យ​សម្រាប់សហគមន៍តាមភូមិ។ ព្រះវិហារជាកន្លែងពិសេស ដើម្បីគោរពក្រាបថ្វាយបង្គំព្រះកាយព្រះគ្រីស្ត ជាវត្តមានដ៏ពិតប្រាកដរបស់ព្រះអង្គ។ របៀបអធិដ្ឋានអាស្រ័យទៅលើទីកន្លែងអធិដ្ឋាន៖
- ដើម្បីអាចអធិដ្ឋានតែម្នាក់ឯង យើងអាចរៀបចំ “កន្លែងអធិដ្ឋានដ៏តូចមួយ” ដោយមានព្រះគម្ពីរដ៏វិសុទ្ធ និងរូបភាពផ្សេងៗ ដើម្បីឱ្យ “នៅក្នុងទីស្ងាត់កំបាំង” រួមជាមួយព្រះបិតារបស់យើង (មថ​ ៦,៦)។ ក្នុងក្រុមគ្រួសារគ្រីស្តបរិស័ទ កន្លែងដ៏តូចមួយនេះ ជំរុញឱ្យអធិដ្ឋានរួមគ្នា។
- ក្នុងតំបន់ដែលមានអារាមកាតូលិក ព្រះជាម្ចាស់ត្រាស់ហៅលោកសង្ឃទាំងអស់នោះ ឱ្យអធិដ្ឋានតាមពេលកំណត់រួមជាមួយគ្រីស្តបរិស័ទធម្មតា ហើយជួយឱ្យម្នាក់ៗអធិដ្ឋានរៀងៗខ្លួនយ៉ាងជ្រាលជ្រៅបំផុត (PC ៧)។
- បូជនីយេចរណ៍ធ្វើឱ្យនឹកគិតដល់ការធ្វើដំណើររបស់យើងនៅលើផែនដីឆ្ពោះទៅស្ថានបរមសុខ ដែលជាទំនៀមទំលាប់ធ្វើឱ្យការអធិដ្ឋានកើតសាជាថ្មីឡើងវិញ។ ចំពោះបូជនីយេសក៍ដែលស្វែងរកប្រភពដ៏រស់រវើកនៃកម្លាំងថ្មី បូជនីយដ្ឋានជាទីលំនៅដ៏អស្ចារ្យ ដើម្បីអធិដ្ឋាន “រួមជាមួយព្រះសហគមន៍”។

សង្ខេប

២៦៩២. ក្នុងការអធិដ្ឋាន ព្រះសហគមន៍ដែលកំពុងធ្វើដំណើរ រួមសហការជាមួយការអធិដ្ឋានរបស់ជនដ៏វិសុទ្ធ។ ព្រះសហគមន៍សូមឱ្យពួកគាត់ជួយអង្វរព្រះអង្គ។

២៦៩៣. ចំណេះវិជ្ជាខាងវិញ្ញាណនៃគ្រីស្តសាសនាផ្សងេៗរួមចំណែកក្នុងការបញ្ជូនបន្តដ៏រស់រវើកនៃការ អធិដ្ឋាន ហើយពិតជាជួយដឹកនាំជីវិតខាងវិញ្ញាណមែន។

២៦៩៤ . ក្រុមគ្រួសារគ្រីស្តបរិស័ទជាកន្លែងដំបូង ដើម្បីជួយអប់រំឱ្យចេះអធិដ្ឋាន។

២៦៩៥ . អ្នកទទួលមុខងារបម្រើព្រះសហគមន៍ អ្នកថ្វាយខ្លួន ការអប់រំជំនឿ ក្រុមអធិដ្ឋាន “ការជួយណែ​នាំខាងវិញ្ញាណ” ជួយគាំទ្រការអធិដ្ឋានក្នុងព្រះសហគមន៍។

២៦៩៦. ទីកន្លែងល្អៗដើម្បីអធិដ្ឋាន មានកន្លែងអធិដ្ឋានផ្ទាល់ខ្លួន ឬសម្រាប់ក្រុមគ្រួសារ អារាម បូជនីយដ្ឋាន ហើយជាពិសេសព្រះវិហារ ដែលជាកន្លែងពិសេស ដើម្បីអធិដ្ឋានខាងពិធីបុណ្យ សម្រាប់សហគមន៍គ្រីស្តបរិស័ទ និងជាកន្លែងពិសេស ដើម្បីក្រាបថ្វាយបង្គំ។

ជំពូក៣ លេខ២៦៩៧-២៧៥៨

ជំពូកទីបី៖
ជីវិតនៃការអធិដ្ឋាន

២៦៩៧. អ្នកអធិដ្ឋានមានជីវិតថ្មី។ ត្រូវតែអធិដ្ឋានគ្រប់ពេលវេលា។ ប៉ុន្តែយើងភ្លេចអ្នកដែលជាជីវិតរបស់យើង និងជាអ្វីៗទាំងអស់ចំពោះយើង។ ហេតុនេះ តាមប្រពៃណីនៃទុតិយកថា និងពួកព្យាការី គ្រូបាធ្យាយខាងវិញ្ញាណសង្គត់ធ្ងន់លើការអធិដ្ឋានដូចជា “ការនឹករឭកទៅដល់ព្រះជាម្ចាស់” ដាស់តឿនឱ្យ  “ចងចាំព្រះអង្គជានិច្ច ក្នុងដួងចិត្តយើង”៖ “យើងត្រូវតែនឹកគិតដល់ព្រះជាម្ចាស់ច្រើនជាងយើងដកដង្ហើមទៅទៀត” (សន្ត គ្រែគ័រ នៃណាស៊ីអង់)។ ប៉ុន្តែ យើងមិនអាចអធិដ្ឋាន “គ្រប់ពេលវេលា” ទេ បើយើងមិនអធិដ្ឋានទៅតាមពេលកំណត់ខ្លះ គឺជាពេលដ៏ល្អនៃការអធិដ្ឋាន។

២៦៩៨. ការបញ្ជូនបន្តនៃព្រះសហគមន៍ស្នើសុំឱ្យគ្រីស្តបរិស័ទអធិដ្ឋានតាមពេលកំណត់ ដើម្បី  ឱ្យបានអធិដ្ឋានជាប្រចាំ។ កាលកំណត់ជារៀងរាល់ថ្ងៃ គឺអធិដ្ឋានពេលព្រឹក និងពេលល្ងាច មុន និងក្រោយពិសារបាយទៅតាមរយៈពេលកំណត់ទុក។ ជាពិសេស ត្រូវតែអធិដ្ឋាននៅថ្ងៃអាទិត្យ ដែលមានអភិបូជាជា  ស្នូល។ វគ្គនៃពិធីបុណ្យ និងបុណ្យធំៗផ្សេងៗជួយឱ្យគ្រីស្តបរិស័ទអធិដ្ឋានជារៀងរាល់ឆ្នាំ។

២៦៩៩. ព្រះអម្ចាស់ណែនាំមនុស្សគ្រប់រូបតាមផ្លូវ និងតាមរបៀប ដែលគាប់ព្រះហឫទ័យព្រះអង្គ។ គ្រីស្តបរិស័ទម្នាក់ៗឆ្លើយតបនឹងព្រះអង្គតាមប្ដេជ្ញាចិត្ត និងដោយអធិដ្ឋានតាមរបៀបរៀងៗខ្លួន។ ក៏ប៉ុន្តែ ការបញ្ជូនបន្តនៃព្រះសហគមន៍បានទុករបៀបបីយ៉ាង ដើម្បីអធិដ្ឋាន គឺអធិដ្ឋានតាមពាក្យសម្ដី ការស្មឹងស្មាធិ៍ និងការធ្វើសមាធិ។ របៀបអធិដ្ឋានទាំងបីនោះ មានលក្ខណៈរួម គឺការសម្រឹងទ្រឹងគិត។ ដោយពេលអធិដ្ឋានតាមរបៀបទាំងបីនោះ យើងប្រុងស្មារតីរក្សាទុកនូវព្រះបន្ទូល និងស្ថិតនៅជាប់នឹងព្រះជាម្ចាស់ យើងក៏ទទួលបានផលល្អៗ។

ប្រការទី១៖​របៀបអធិដ្ឋាន

១. ការអធិដ្ឋានតាមពាក្យសម្តី

២៧០០. ដោយសារព្រះបន្ទូលរបស់ព្រះអង្គ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកមនុស្ស។ ការអធិដ្ឋានរបស់យើងកើតជារូបរាង តាមរយៈពាក្យសម្តី ក្នុងដួងចិត្ត ឬដោយមាត់។ ប៉ុន្តែ សំខាន់ជាងគេ គឺឱ្យយើងចាប់អារម្មណ៍នឹងអ្នក ដែលយើងនិយាយសន្ទនាជាមួយ ក្នុងការអធិដ្ឋាន។ “ព្រះជាម្ចាស់ទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់យើងមិនអាស្រ័យទៅលើពាក្យច្រើន ឬតិចទេ ប៉ុន្តែអាស្រ័យទៅលើការប្រឹងប្រែងរបស់យើង” (សន្ត យ៉ូហាន គ្រីសូស្តូម)។

២៧០១. ការអធិដ្ឋានតាមពាក្យសម្តីជាលក្ខណៈសំខាន់ៗនៃការរស់នៅជាគ្រីស្តបរិស័ទ។ ដោយសារក្រុមសាវ័កបានឃើញម្ចាស់របស់គេអធិដ្ឋាននៅស្ងៀមស្ងាត់ គេបានសុំឱ្យលោកបង្រៀនគេឱ្យចេះអធិដ្ឋាន។ ពេលនោះ ម្ចាស់បានបង្រៀនធម៌ឱព្រះបិតា ជាការអធិដ្ឋានតាមពាក្យសម្តី។ ព្រះយេស៊ូមិនគ្រាន់តែសូត្រធម៌ពិធីបុណ្យនៃធម្មសាលាទេ ដំណឹងល្អបង្ហាញឱ្យយើងដឹងថែមទៀតថា ពេលអធិដ្ឋាន ព្រះអង្គបន្លឺសម្លេង ពីពេលព្រះអង្គប្រទានពរលើកតម្កើងព្រះបិតាដោយត្រេកអរសប្បាយ (មថ ១១,២៥-២៦) រហូតដល់ពេលព្រះអង្គរងទុក្ខលំបាកនៅសួនកេតសេម៉ានីផងដែរ (មក ១៤,៣៦)។

២៧០២. តាមការពីត ធម្មជាតិរបស់មនុស្សយើងទាមទារឱ្យវិញ្ញាណស្របនឹងការអធិដ្ឋាននៅក្នុងដួងចិត្ត។ យើងជារូបកាយផង ជា​វិញ្ញាណផង ហើយយើងត្រូវការបញ្ជេញអារម្មណ៍របស់យើងទៅខាងក្រៅ។ យើងត្រូវតែអធិដ្ឋានអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យពាក្យអង្វររបស់យើងអាចមានប្រសិទ្ធភាព។

២៧០៣. ព្រះជាម្ចាស់ទាមទារឱ្យយើងអធិដ្ឋានតាមពាក្យសម្តីដែរ។ ព្រះអង្គស្វែងរកអ្នកដែលថ្វាយបង្គំព្រះអង្គតាមវិញ្ញាណ និងតាមសេចក្ដីពិត ហេតុនេះ ត្រូវតែអធិដ្ឋានពីទីជម្រៅនៃព្រលឹង។ ព្រះអង្គមានព្រះហឫទ័យចង់ឱ្យរូបកាយ និងការអធិដ្ឋានខាងក្នុងដួងចិត្តស្របគ្នា ដ្បិតពេលយើងអធិដ្ឋានតាមបែបនេះ យើងថ្វាយអ្វីៗដែលជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។

២៧០៤. ដោយសារការអធិដ្ឋានតាមពាក្យសម្តីស្ថិតនៅខាងក្រៅចិត្ត ជាលក្ខណៈរបស់មនុស្សលោក ការអធិដ្ឋាននេះ ជាការអធិដ្ឋាននៃប្រជាជនទូទៅ ប៉ុន្តែ ទោះបីយើងអធិដ្ឋាននៅខាងក្នុងដួងចិត្តក៏ដោយ ក៏យើងមិនត្រូវបំភ្លេចការអធិដ្ឋានតាមពាក្យសម្តីដែរ។ យើងចាប់ផ្ដើមអធិដ្ឋាននៅក្នុងចិត្ត លុះត្រាតែយើងដឹងខ្លួនថា យើងសន្ទនាជាមួយព្រះជាម្ចាស់ (សន្តី ថេរេសា នៃព្រះកុមារយេស៊ូ)។ ពេលនោះ ការអធិដ្ឋានតាមពាក្យ  សម្តីក៏ក្លាយទៅជារបៀបដំបូងនៃការស្មឹងស្មាធិ៍។

 ២. ការស្មឹងស្មាធិ៍

២៧០៥. ពេលយើងស្មឹងស្មាធិ៍ គឺយើងស្វែងរក។ វិញ្ញាណចង់ឈ្វេងយល់អំពីមូលហេតុ និងរបៀបរស់នៅជាគ្រីស្តបរិស័ទ ដើម្បីភ្ជាប់នឹងព្រះជាម្ចាស់ និងគាប់ព្រះហឫទ័យព្រះអង្គ។ ត្រូវតែប្រុងស្មារតី ប៉ុន្តែ យើងពិបាកគ្រប់គ្រងខ្លួនឯង។ ធម្មតា យើងជួយខ្លួនឯង ដោយអានសៀវភៅ ហើយគ្រីស្តបរិស័ទមានសៀវភៅជាច្រើនមែនដូចជា៖ ព្រះគម្ពីរដ៏វិសុទ្ធ ជាពិសេសដំណឹងល្អ រូបភាពដ៏វិសុទ្ធ អត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ឬអត្ថបទពេលកំណត់ សៀវភៅនៃគ្រូបាធ្យាយ សៀវភៅនៃចំណេះវិជ្ជាខាងវិញ្ញាណ “សៀវភៅ” ដ៏ប្រសើរនៃពិភពលោក និងប្រវត្តិសាស្រ្ត “ទំព័រ” នៃជីវិតប្រចាំថ្ងៃ។

២៧០៦. ពេលយើងស្មឹងស្មាធិ៍ទៅដល់អ្វីដែលយើងអាន យើងទទួលយកសេចក្ដីនោះ ដោយប្រៀបធៀបនឹងខ្លួនឯង។ ពេលនោះយើងបើកសៀវភៅផ្សេងទៀត គឺសៀវភៅនៃជីវិត។ យើងឆ្លងពីគំនិតដល់ជីវិតពិតប្រាកដ។ ដោយមានចិត្តសុភាពរាបសា និងដោយមានជំនឿ យើងរកឃើញចលនា ដែលរំជើបរំជួលចិត្ត ហើយយើងអាចរិះគិតពិចារណាអំពីចលនានោះ។ ត្រូវតែដឹងអំពីសេចក្ដីពិត ដើម្បីឈានទៅដល់ពន្លឺ៖ “ឱព្រះអម្ចាស់អើយ! តើព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំធ្វើអ្វី?”។

២៧០៧. អ្នកណែនាំខាងវិញ្ញាណមានច្រើនផ្សេងៗពីគ្នាយ៉ាងណា របៀបស្មឹងស្មាធិ៍ក៏មានច្រើនផ្សេងៗពីគ្នាយ៉ាងនោះដែរ។ ប្រសិនបើគ្រីស្តបរិស័ទម្នាក់មិនឧស្សហ៍ស្មឹងស្មាធិ៍ទេ គេដូចជាដីទាំងបីដំបូងនៃពាក្យប្រស្នាអំពីអ្នកសាបព្រោះ (មក ៤,៤-៧.១៥-១៩)។ ប៉ុន្តែ របៀបមួយគ្រាន់តែដូចជាអ្នកណែនាំម្នាក់ អ្វីដែលសំខាន់ គឺទៅមុខ រួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ នៅលើផ្លូវតែមួយនៃការអធិដ្ឋាន គឺព្រះគ្រីស្តយេស៊ូ។

២៧០៨. ដើម្បីស្មឹងស្មាធិ៍ ត្រូវតែប្រើចិត្តគំនិត យើងត្រូវស្រមើស្រមៃ រំភើបចិត្ត និងមានបំណងប្រាថ្នាផង គឺយើងត្រូវប្រមូលអ្វីៗទាំងអស់នោះ ដើម្បីពង្រឹងជំនឿ កែប្រែចិត្តគំនិត និងពង្រឹងបំណងប្រាថ្នាដើរតាមព្រះគ្រីស្ត។ គ្រីស្តបរិស័ទព្យាយាមស្មឹងស្មាធិ៍អំពី “ព្រឹត្តិការណ៍ដ៏អស្វារ្យរបស់ព្រះគ្រីស្ត” ដូចក្នុងការ Lectio divina ឬពេលសូត្រផ្គាំ។ របៀបស្មឹងស្មាធិ៍បែបនេះ មានតម្លៃលើសលប់ ប៉ុន្តែ ត្រូវអធិដ្ឋានយ៉ាងជ្រាលជ្រៅតទៅទៀត គឺស្គាល់ព្រះអម្ចាស់យេស៊ូដោយក្ដីស្រលាញ់ រហូតដល់រួមរស់ជាមួយព្រះអង្គ។

៣. ការធ្វើសមាធិ

២៧០៩. អ្វីទៅជាការធ្វើសមាធិ? សន្តី ថេរេសាឆ្លើយថា៖ “តាមគំនិតខ្ញុំ ការធ្វើសមាធិគ្រាន់តែជាការនិយាយសន្ទនា ជារឿយៗ និងយ៉ាងស្និទ្ធស្នាល ជាមួយនឹងព្រះជាម្ចាស់ដូចជាមិត្តសម្លាញ់ពីរនាក់ ដែលយើងដឹងថា ទ្រង់ស្រលាញ់យើង”។

អ្នកធ្វើសមាធិស្វែងរក “ម្ចាស់ចិត្តរបស់ខ្លួន” (បច ១,៧) (បច ៣,១-៤) គឺព្រះយេស៊ូ ហើយនៅក្នុងព្រះអង្គ គឺព្រះបិតា។ យើងស្វែងរកព្រះអង្គ ដ្បិតពេលយើងមានបំណងប្រាថ្នាចង់បានព្រះអង្គ យើងចាប់ផ្ដើមស្រលាញ់ព្រះអង្គ។ យើងស្វែងរកព្រះអង្គក្នុងជំនឿសុទ្ធសាធ ជាជំនឿដែលធ្វើឱ្យយើងកើតពីព្រះអង្គ និងរួមរស់ជាមួយព្រះអង្គផង។ ពេលធ្វើសមាធិ យើងអាចស្មឹងស្មាធិ៍បានដែរ ប៉ុន្តែ យើងទៅរកសម្លឹងព្រះអម្ចាស់។

២៧១០. បើយើងចង់ធ្វើសមាធិ ត្រូវតែជ្រើសរើស នៅពេលណា និងអស់រយៈពេលប៉ុន្មាន ។ ការជ្រើសរើសនេះ សម្ដែងនូវឆន្ទៈ និងទីស្ងាត់កំបាំងនៃដួងចិត្តយើង។ យើងមិនធ្វើសមាធិនៅពេលទំនេរទេ គឺយើងចំណាយពេលវេលា ដើម្បីព្រះអម្ចាស់ ដោយមានឆន្ទៈដ៏រឹងមាំថា មិនផ្លាស់ប្តូរចិត្តគំនិត ទោះបីមានការលំបាកផ្សេងៗក្នុងការធ្វើសមាធិយ៉ាងក៏ដោយ។​ មានពេលខ្លះ យើងមិនអាចស្មឹងស្មាធិ៍បានទេ ប៉ុន្តែ យើងអាចធ្វើសមាធិគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនរាប់អំពីសុខភាព ការងារ ឬអារម្មណ៍ឡើយ។ ចិត្តគំនិតជាកន្លែងជួបព្រះអម្ចាស់ ដោយពឹងផ្អែក និងផ្ញើជីវិតទៅលើព្រះអង្គ។

២៧១១. យើងចូលធ្វើសមាធិ ដូចយើងចូលក្នុងពិធីបុណ្យអភិបូជាដែរ គឺយើង “ប្រមូល” អារម្មណ៍សម្រឹងទាំងកាយ ទាំងចិត្ត ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយណែនាំ និងយាងមកសណ្ឋិតក្នុងចិត្តយើង ដែលជាព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះវិញ្ញាណដាស់តឿនយើងឱ្យជឿ ដើម្បីឱ្យយើងត្រៀមខ្លួននឹងជួបព្រះអង្គ ដែលរង់ចាំយើង ដើម្បីឱ្យយើងទទួលស្គាល់សេចក្ដីពិត និងវិលត្រឡប់ទៅរកព្រះអង្គវិញ ដែលស្រលាញ់យើង ដើម្បីឱ្យយើងថ្វាយខ្លួនទាំងស្រុងទៅលើព្រះអង្គ ដូចជាតង្វាយដែលត្រូវបន្សុទ្ធ និងកែប្រែផង។

២៧១២. អ្នកធ្វើសមាធិអធិដ្ឋានដូចជាបុត្ររបស់ព្រះជាម្ចាស់ ដូចជាអ្នកបាបដែលព្រះអង្គលើកលែងទោស ហើយដែលសុខចិត្តទទួលសេចក្ដីស្រលាញ់របស់ព្រះអង្គ និងចង់ឆ្លើយតបនឹងសេចក្ដីស្រលាញ់នេះ ដោយស្រលាញ់ច្រើនជាងមុនទៅទៀត (លក ៧,៣៦-៥០ ; ១៩,១-១០)។ ប៉ុន្តែគេដឹងថាសេចក្ដីស្រលាញ់របស់គេ ជាសេចក្ដីស្រលាញ់ ដែលព្រះវិញ្ញាណចាក់បង្ហូរក្នុងចិត្តគេ ដ្បិតអ្វីៗទាំងអស់មកពីព្រះហឫទ័យប្រោសប្រណីរបស់ព្រះជាម្ចាស់។ ពេលធ្វើសមាធិ យើងថ្វាយខ្លួន ដោយមានចិត្តសុភាពរាបសារ និងដោយពឹងផ្អែកលើព្រះអង្គ ឆ្ពោះទៅព្រះហឫទ័យស្រលាញ់របស់ព្រះបិតា ដោយរួមជាមួយព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ កាន់តែជ្រៅទៅៗ។

២៧១៣. ការធ្វើសមាធិជារបៀបសាមញ្ញបំផុត ក្នុងការអធិដ្ឋាន។ ការធ្វើសមាធិជាព្រះអំណោយទាន ដែលបានមកពីព្រះឫទ័យប្រណីសន្តោសរបស់ព្រះអង្គ យើងអាចធ្វើសមាធិ ដោយមានចិត្តសុភាពរាសា និងដោយពឹងផ្អែកទាំងស្រុងលើព្រះអង្គ តែប៉ុណ្ណោះ។ ក្នុងការធ្វើសមាធិ ព្រះជាម្ចាស់ចងសម្ពន្ធមេត្រី ជាមួយយើង ក្នុងជម្រៅចិត្តយើង (យរ ៣១,៣៣)។ ពេលធ្វើសមាធិ យើងរួមរស់ជាមួយ ព្រះអង្គ គឺព្រះត្រៃឯកប្រោសមនុស្សលោក ដែលជារូបតំណាងរបស់ព្រះអង្គ ឱ្យ “មានលក្ខណៈដូចព្រះអង្គ” ដែរ។

២៧១៤. ការធ្វើសមាធិជាពេលដ៏ល្អៗ នៃការអធិដ្ឋាន។ ពេលធ្វើសមាធិ ព្រះបិតាប្រោសយើង “ឱ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ។ ព្រះគ្រីស្តគង់នៅក្នុងចិត្តយើងដោយជំនឿ ដើម្បីឱ្យយើងបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រលាញ់” (អភ ៣,១៦-១៧)។

២៧១៥. ពេលធ្វើសមាធិ យើងសម្លឹងមើល ព្រះយេស៊ូដោយផ្ញើជីវិតទៅលើព្រះអង្គ។ ដូចកសិករនៃភូមិអារស៍ម្នាក់មានប្រសាសន៍ទៅកាន់លោកបូជាចារ្យដ៏វិសុទ្ធរបស់គាត់ នៅពេលកំពុងអធិដ្ឋានពីមុខព្រះ  ពន្លា៖ “ខ្ញុំសម្លឹងមើលព្រះអង្គ ហើយព្រះអង្គក៏សម្លឹងទតមកខ្ញុំវិញដែរ”។ យើងចាប់អារម្មណ៍នឹងព្រះអង្គ ទើបយើងលះបង់ “ខ្លួនឯង” ចោល។ ការទតឃើញរបស់ព្រះអង្គបន្សុទ្ធចិត្តគំនិតយើង។ ពន្លឺរបស់ព្រះយេស៊ូបំភ្លឺចិត្តគំនិតយើង ហើយបង្រៀនយើងឱ្យមើលឃើញអ្វីៗទាំងអស់ក្នុងពន្លឺនៃសេចក្ដីពិត និងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សទាំងអស់។   ពេលធ្វើសមាធិ   យើងក៏សម្លើងមើលព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះ  ​​​​​​គ្រីស្តផង ទើបយើងរៀន “ស្គាល់ព្រះអម្ចាស់ពីខាងក្នុង” ដើម្បីឱ្យកាន់តែស្រលាញ់ និងដើរតាមព្រះអង្គប្រសើរជាងមុន (សន្ត អ៊ីញាស់)។

២៧១៦. ពេលធ្វើសមាធិ យើងស្តាប់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យ៉ាងសកម្ម គឺយើងស្តាប់បង្គាប់ព្រះអង្គដោយផ្ញើជីវិតលើព្រះអង្គ យើងទទួលព្រះបន្ទូលហើយគោរពតាមដូចអ្នកបម្រើ និងភ្ជាប់ព្រះបន្ទូលព្រះអង្គដោយក្តីស្រលាញ់ដូចជាកូនម្នាក់។ យើងក៏ចូលរួមចំណែកជាមួយព្រះបុត្រា និងព្រះនាងម៉ារី ​ដែលតែងតែផ្គាប់តាមព្រះហឫទ័យព្រះបិតា នឹងបានក្លាយទៅជាអ្នកបម្រើព្រះអង្គ។

២៧១៧. ពេលធ្វើសមាធិ យើងនៅស្ងៀមស្ងាត់ ។ ភាពស្ងៀមស្ងាត់នេះ ជា “និមិត្តិរូបនៃពិភពលោកថ្មីដែលកំពុងយាងមក” (សន្ត អ៊ីសាក នៃនីនីវេ)​​ ឬ “សេចក្ដីស្រលាញ់ដ៏ស្ងៀមស្ងាត់” (សន្ត​ យ៉ូហាន នៃព្រះឈើឆ្កាង)។ ក្នុងការធ្វើសមាធិ ពាក្យសម្តីមិនមែនជាសុន្ទរកថាទេ ប៉ុន្តែ ពាក្យសម្តីដូចជាទងស្មៅតូចៗដែលផ្គត់ផ្គង់ភ្លើងនៃសេចក្ដីស្រលាញ់។ ក្នុងភាពស្ងៀមស្ងាត់នេះ ដែលមនុស្ស “រាយមាយ” ទ្រាំមិនបាន ព្រះបិតាមានព្រះបន្ទូលមកយើងអំពីព្រះបុត្រារបស់ព្រះអង្គ ដែលប្រសូតជាមនុស្ស រងទុក្ខលំបាក សោយទិវង្គត និងមានព្រះជន្មថ្មី ហើយព្រះវិញ្ញាណនៃព្រះបិតាប្រោសយើងឱ្យចូលរួមចំណែកក្នុងការអធិដ្ឋានរបស់ព្រះយេស៊ូ។

២៧១៨. ពេលធ្វើសមាធិ យើងរួមរស់ក្នុងការអធិដ្ឋានរបស់ព្រះគ្រីស្ត លុះត្រាតែការអធិដ្ឋាននេះ ធ្វើឱ្យយើងចូលរួមចំណែកក្នុងអាថ៌កំបាំងរបស់ព្រះអង្គ។ ក្នុងអភិបូជា ព្រះសហគមន៍ប្រារព្ធអាថ៌កំបាំងរបស់ព្រះគ្រីស្ត ហើយព្រះវិញ្ញាណដ៏វិសុទ្ធធ្វើឱ្យអាថ៌កំបាំងនេះ ស្ថិតក្នុងការធ្វើសមាធិ ដើម្បីឱ្យសេចក្ដីស្រលាញ់សម្ដែងចេញមកជាសកម្មភាពក្នុងការបម្រើ។

២៧១៩. ពេលធ្វើសមាធិ យើងរួមរស់ជាមួយព្រះជាម្ចាស់ ដោយក្ដីស្រលាញ់។ ​ការធ្វើសមាធិនាំឱ្យមនុស្សជាច្រើនទទួលជីវិត ខណៈដែលអ្នកទាំងនោះសុខចិត្តស្នាក់នៅក្នុងភាពងងឹត ដោយមានជំនឿ។ ក្នុងរាត្រីនៃបុណ្យចម្លង មានយប់នៃទុក្ខលំបាក និងទីបញ្ជុះសព។ ព្រះវិញ្ញាណរបស់ព្រះយេស៊ូ (មិនមែនជា “មនុស្សទន់ខ្យោយ” ទេ) ធ្វើឱ្យអ្នក ដែលតាំងសមាធិ ស្គាល់ពេលកំណត់ទាំងបីនោះរបស់ព្រះយេស៊ូ។ ដូច្នេះ ត្រូវតែសុខចិត្ត “ស៊ូទ្រាំប្រុងស្មារតីរយៈពេលមួយម៉ោងជាមួយព្រះអង្គ” (មថ ២៦,៤០)។

សង្ខេប

២៧២០. ព្រះសហគមន៍អញ្វើញគ្រីស្តបរិស័ទឱ្យអធិដ្ឋានយ៉ាងទៀងទាត់ គឺអធិដ្ឋានប្រចាំថ្ងៃ អធិដ្ឋាន​តាមពេលកំណត់ អភិបូជាថ្ងៃអាទិត្យ ពិធីបុណ្យប្រចាំថ្ងៃផ្សេងៗ។

២៧២១. ការបញ្ជូនបន្តនៃគ្រីស្តសាសនាមានរបៀបអធិដ្ឋានសំខាន់ៗបីយ៉ាង គឺអធិដ្ឋានតាមពាក្យសម្ដី ការស្មឹងស្មាធិ៍ និងការធ្វើសមាធិ។ របៀបអធិដ្ឋានទាំងបីនោះ មានលក្ខណៈរួម គឺការសម្រឹងទ្រឹងគិត។

២៧២២. ការអធិដ្ឋានតាមពាក្យសម្ដី ចាក់ឫសលើការរួបរួមរវាងរូបកាយ និងវិញ្ញាណ តាមធម្មជាតិ​មនុស្ស ធ្វើ​ឱ្យរូបកាយរួបរួមជាមួយការអធិដ្ឋានក្នុងដួងចិត្ត ដោយយកព្រះគ្រីស្តជាគំរូ ដែលអង្វរព្រះបិតារបស់ព្រះអង្គ និងដែលបង្រៀនធម៌ឪព្រះបិតាដល់សាវ័ករបស់ព្រះអង្គ។

២៧២៣. អ្នកស្មឹងស្មាធិ៍ជាអ្នកស្វែងរក គេត្រូវតែប្រើចិត្តគំនិត ស្រមើស្រមៃ រំភើបចិត្ត និងមានបំណង​ប្រាថ្នា​ផង។ ការស្មឹងស្មាធិ៍មានគោលដៅឱ្យអ្នកស្មឹងស្មាធិ៍ប្រឈមមុខនឹងអ្វីដែលកើតឡើងយ៉ាងពិតប្រាកដ ក្នុងជីវិត ក្រោមពន្លឺនៃជំនឿ។

២៧២៤. ការធ្វើសមាធិជារបៀបសាមញ្ញបំផុត ក្នុងការអធិដ្ឋាន។ អ្នកធ្វើសមាធិសម្លឹងមើល ព្រះយេស៊ូ​ដោយ​ផ្ញើ​​ជីវិតទៅលើព្រះអង្គ ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្រលាញ់យ៉ាងស្ងៀមស្ងាត់។ ពេល​ធ្វើសមាធិ យើងរួមរស់ក្នុងការអធិដ្ឋានរបស់ព្រះគ្រីស្ត លុះត្រាតែការអធិដ្ឋាននេះ ធ្វើឱ្យ​យើង​ចូល​រួម​ចំណែក​ក្នុងអាថ៌កំបាំងរបស់ព្រះអង្គ។

ប្រការទី២៖​ត្រូវតែតស៊ូដើម្បីអធិដ្ឋាន

២៧២៥. ការអធិដ្ឋានកើតមកពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ដូច្នេះយើងត្រូវតាំងចិត្ត  ឱ្យមាំមួន ខិតខំជានិច្ច ដើម្បីអធិដ្ឋាន ឬទេ។ អ្នកអធិដ្ឋានដ៏ល្បីៗក្នុងសម្ពន្ធមេត្រីចាស់ មុនព្រះគ្រីស្ត ដូចជាព្រះមាតារបស់ព្រះជាម្ចាស់ និងសន្តបុគ្គលទាំងអស់ រួមជាមួយព្រះអង្គ បង្រៀនឱ្យយើងចេះតស៊ូក្នុងការអធិដ្ឋាន។ តើត្រូវតស៊ូប្រឆាំងនឹងនរណាខ្លះ? គឺត្រូវប្រឆាំងនឹងខ្លួនឯងផង និងមេល្បួង ដែលប្រើកលល្បិចគ្រប់យ៉ាងមិនឱ្យមនុស្សអធិដ្ឋាន និងឱ្យគេបង្វែរចិត្តគំនិតងារចេញឆ្ងាយពីព្រះជាម្ចាស់។ យើងអធិដ្ឋានដូចយើងរស់ ដ្បិតយើងរស់ដូចយើងអធិដ្ឋានដែរ។ ប្រសិនបើយើងមិនចង់គោរពតាមព្រះវិញ្ញាណរបស់ព្រះគ្រីស្តទេ យើងក៏មិនអាចអធិដ្ឋានក្នុងព្រះនាមព្រះអង្គដែរ។ ការ “ប្រយុទ្ធច្បាំងខាងវិញ្ញាណ” នៃជីវិតថ្មីរបស់គ្រីស្តបរិស័ទមិនអាចបំបែកចេញពីការប្រយុទ្ធច្បាំងនៃការអធិដ្ឋានបានឡើយ។

១. ការប្រឆាំងតបនឹងការអធិដ្ឋាន

២៧២៦. ក្នុងការប្រយុទ្ធដើម្បីអធិដ្ឋាន យើងត្រូវប្រឈមមុខនឹងគំនិតខុស អំពីការអធិដ្ឋាន ដែលមកពីខ្លួនយើង ឬពីអ្នកដទៃ។ ពេលខ្លះ យើងគិតថា ការអធិដ្ឋានគ្រាន់តែជាមធ្យោបាយខាងចិត្តវិទ្យា ពេលខ្លះ យើងគិតថា ធ្វើការអធិដ្ឋាន ដើម្បីបានរសាយក្នុងចិត្ត ហើយពេលខ្លះទៀត យើងគិតថា ត្រូវមានអាកប្បកិរិយា ឬសម្ដីសំដៅគោរពក្នុងពិធីផ្សេងៗ។ ក្នុងជម្រៅចិត្តគ្រីស្តបរិស័ទជាច្រើននាក់គិតថា គេមិនអាចអធិដ្ឋានបានទេ ព្រោះរវល់ពេក៖ គេគ្មានពេលទំនេរឡើយ។ ពួកគេបាក់ទឹកចិត្តយ៉ាងឆាប់រហ័ស ដ្បិតគេមិនដឹងថា ការអធិដ្ឋានមិនគ្រាន់តែមកពីខ្លួនគេទេ ថែមទាំងមកពីព្រះវិញ្ញាណដ៏វិសុទ្ធផងដែរ។

២៧២៧. យើងត្រូវតែប្រឈមមុខនឹងការយល់ឃើញ នៃ “លោកីយ៍” នេះ ដែលចូលក្នុងជម្រៅចិត្តយើង កាលណាយើងមិនបានប្រុងស្មារតី។ ឧទាហរណ៍៖
- មនុស្សទូទៅគិតថា ការពិតមកអំពីការត្រិះរិះដោយប្រាជ្ញា និងវិទ្យាសាស្រ្ត។ ប៉ុន្តែ ការអធិដ្ឋានជាអាថ៌កំបាំងលើសពីប្រាជ្ញា និងជម្រៅចិត្តយើង។
- គេគិតថា ការអធិដ្ឋាន មិនបានផលិតអ្វីសោះ ដែលនាំឱ្យចំណេញ គឺគ្មានប្រយោជន៍ឡើយ។
- មានតែការសប្បាយ និងផាសុកភាពទេ ដែលជាលក្ខ័ណនៃការពិត អ្វីដ៏ល្អប្រសើរ និងប្រកបដោយសោភ័ណ  ភាព។ ក៏ប៉ុន្តែ ការអធិដ្ឋាន ជា “សេចក្ដីស្រលាញ់នៃសោភ័ណភាព” ជាប់ចិត្តនឹងសិរីរុងរឿងនៃព្រះដ៏មានព្រះជន្មរស់ ជាព្រះដ៏ពិតប្រាកដ។
- គេគិតថា អ្នកអធិដ្ឋានចង់ចាកចេញពីលោកនេះ។ ប៉ុន្តែ អ្នកអធិដ្ឋានតាមគ្រីស្តសាសនាមិនស្អប់ជីវិត ផ្ទុយទៅវិញ គឺគេចង់ប្រែពិភពលោកនេះឱ្យបានល្អប្រសើរ។

២៧២៨. ទីបំផុតយើងត្រូវតស៊ូប្រឆាំងនឹងអ្វីដែលយើងគិតថា ជាបរាជ័យក្នុងការអធិដ្ឋាន របស់យើង៖ យើងបាក់ទឹកចិត្ត ដ្បិតយើងមានអារម្មណ៍រីងស្ងួត យើងព្រួយចិត្តថា យើងមិនបានថ្វាយអ្វីៗទាំងអស់ចំពោះព្រះអម្ចាស់ ដ្បិតយើងមាន “ទ្រព្យសម្បត្តិស្តុកស្តម្ភណាស់” (មក ១០,២២) យើងខកចិត្ត ដ្បិតព្រះជាម្ចាស់មិនឆ្លើយនឹងបំណងយើង យើងវាយឫកក្រអឺតក្រអោង ឬយើងស្មានថា យើងមានបាបច្រើនពេកដើម្បីអធិដ្ឋាន​ល។ល។ ទីបញ្ចប់ យើងតែងតែសួរខ្លួនឯងថា៖ ហេតុអ្វីត្រូវអធិដ្ឋាន? ដើម្បីឈ្នះឧបសគ្គទាំងអស់នោះ ត្រូវតែតស៊ូដោយមានចិត្តសុភាពរាបសា ជឿទុកចិត្តលើខ្លួនឯង និងលើព្រះជាម្ចាស់ ដោយមានចិត្តព្យាយាមផង។

២. ត្រូវប្រុងស្មារតីដោយមានចិត្តសុភាពរាបសា
ត្រូវប្រឈមមុខនឹងការលំបាកក្នុងការអធិដ្ឋាន

២៧២៩. ធម្មតា ពេលអធិដ្ឋាន យើងមានអារម្មណ៍រាយមាយ ។ ក្នុងការអធិដ្ឋានតាមពាក្យសម្តី យើងមិនបានចាប់អារម្មណ៍អំពីពាក្យ និងអត្ថន័យនៃពាក្យនោះ។ ពេលអធិដ្ឋានក្នុងពិធីបុណ្យ ឬពេលស្មឹងស្មាធិ៍ ឬធ្វើសមាធិ យើងអាចបំភ្លេចព្រះជាម្ចាស់ផងដែរ។ ពេលនោះ យើងមិនបាច់ចាប់អារម្មណ៍អំពីគំនិតរាយមាយទេ គឺត្រូវតែប្រមូលអារម្មណ៍ឡើងវិញ។ ពេលយើងនឹកគិតដល់រឿងអ្វីមួយ យើងអាចដឹងថា យើងចាប់អារម្មណ៍នឹងរឿងនេះ ច្រើនជាងព្រះជាម្ចាស់។ ពេលនោះ យើងគួរភ្ញាក់ខ្លួនឡើងវិញ និងថ្វាយចិត្តគំនិតទៅព្រះជាម្ចាស់ ដោយក្ដីស្រលាញ់ ដើម្បីឱ្យព្រះអង្គបន្សុទ្ធចិត្តគំនិតនេះ។ ការប្រយុទ្ធច្បាំងនៅកន្លែងណា ចិត្តរបស់យើងក៏នៅកន្លែងនោះដែរ (មថ ៦,២១.២៤)។

២៧៣០. និយាយតាមរបៀបវិជ្ជមាន ត្រូវប្រុងស្មារតី ប្រឆាំងនឹងចិត្តលោភលន់របស់យើង ដែលចង់គ្រប់គ្រងអ្វីៗទាំងអស់។ ពេលព្រះយេស៊ូមានព្រះបន្ទូលសង្កត់ធ្ងន់ថា ត្រូវប្រុងស្មារតី បានសេចក្ដីថា ព្រះអង្គជិតមកដល់ហើយ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចុងក្រោយ៖ “នៅថ្ងៃនេះ”។ ព្រះស្វាមីមកពាក់កណ្តាលអធ្រាត្រ” យើងមិនត្រូវពន្លត់ពន្លឺនៃជំនឿទេ៖ “ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូលដែលព្រះអង្គថ្លែងថា​ “ចូរស្វែងរកយើង” នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភ័ក្រ្តព្រះអង្គហើយ!” (ទន ២៧,៨)។

២៧៣១. អស់អ្នកដែលចង់អធិដ្ឋានដោយចិត្តស្មោះ អាចជួបប្រទះនឹងការលំបាកផ្សេងមួយទៀត គឺពេលអធិដ្ឋាន គេអាចមានចិត្តរីងស្ងួត ។ ពេលធ្វើសមាធិ យើងអាចអស់ចិត្តហើយ គ្មានអារម្មណ៍អធិដ្ឋានតទៅទៀត មិនចង់នឹកគិតដល់អ្វីសោះ សូម្បីតែរឿងនៃវិញ្ញាណក៏ដោយ​ គឺជាពេលនៃជំនឿបរិសុទ្ធ ស្ថិតនៅជាប់ជាមួយព្រះយេស៊ូ ពេលព្រះអង្គរងទុក្ខលំបាក និងសោយទិវង្គត។ “គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើគ្រាប់នោះងាប់ វានឹងបង្កើតផលបានច្រើន” (យហ ១២,២៤)។ បើការរីងស្ងួតមកពីយើងមិនបានចាក់ឫស ដ្បិតព្រះបន្ទូលបានធ្លាក់លើដីមានថ្ម នោះត្រូវតស៊ូ ដើម្បីកែប្រែចិត្តគំនិត (លក ៨,៦.១៣)។

ត្រូវប្រឈមមុខនឹងការល្បួងក្នុងការអធិដ្ឋាន

២៧៣២. ការល្បួងដែលមានជាធម្មតា ហើយដែលពិបាករកឃើញ មកពីយើងមានជំនឿតិចតួច ។ ការល្បួងនេះមិនមែនមកពីយើងមិនជឿលើព្រះជាម្ចាស់ទេ តែមកពីយើងស្រលាញ់រឿងផ្សេងៗច្រើនជាងព្រះអង្គ។ ពេលចាប់ផ្ដើមអធិដ្ឋាន យើងនឹកគិតដល់អំពីការងារ ឬរឿងផ្សេងៗជាច្រើនជំពូក ដែលត្រូវប្រញាប់ដោះស្រាយ ជាចាំបាច់។ ម្តងទៀត យើងត្រូវប្រឈមមុខនឹងការពិតថា តើយើងស្រលាញ់អ្វីខ្លះច្រើនជាងគេ? ព្រះជាម្ចាស់ ឬរឿងទាំងអស់នោះ? ពេលខ្លះ យើងបែរមុខទៅរកព្រះអម្ចាស់ សូមឱ្យព្រះអង្គយាងមកជួយ​ ប៉ុន្តែ តើយើងជឿថា ព្រះអង្គអាចជួយយើងមែន ឬទេ? ពេលខ្លះទៀត យើងទុកព្រះអង្គជាសម័្ពន្ធមិត្ត ប៉ុន្តែ យើងនៅតែពឹងលើខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ជំនឿតិចតួចរបស់យើងបង្ហាញថា យើងមិនទាន់បានបន្ទាបខ្លួននៅឡើយទេ៖ “បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ ” (យហ ១៥,៥)។

២៧៣៣. មានការល្បួងមួយទៀត មកពីយើងពឹងលើខ្លួនឯងខ្លាំងពេក ទើបយើងអាចបាក់ទឹកចិត្ត។ គ្រូបាធ្យាយពន្យល់ថា ពេលយើងលែងលត់ដំខ្លួន ឬប្រុងស្មារតី ឬពេលយើងលែងស្វែងយល់អំពីចិត្តខ្លួនឯង យើងក៏អាចបាក់ទឹកចិត្តបាន៖ “វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែខ្លួនគេនៅខ្សោយពេក” (មថ ២៦,៤១)។ ការបាក់ទឹកចិត្តនេះ ដែលធ្វើឱ្យយើងឈឺចាប់ ផ្ទុយនឹងការអាងលើខ្លួនឯងខ្លាំង​​​​ពេក។ អ្នកដែលចេះបន្ទាបខ្លួនមិនឆ្ងល់អំពីភាពវេទនារបស់ខ្លួន ផ្ទុយទៅវិញ ភាពវេទនានេះ នាំគេឱ្យជឿទុកចិត្តច្រើនជាងមុន និងចេះតស៊ូដោយមានចិត្តព្យាយាម។

៣. ជឿលើព្រះជាម្ចាស់ដូចជឿលើឪពុក

២៧៣៤. យើងដឹងថា យើងជឿទុកចិត្តលើព្រះជាម្ចាស់ដូចកូនម្នាក់ជឿលើឪពុក ពេលយើងរងទុក្ខវេទនា (រម ៥,៣-៥)។ ការលំបាកធំជាងគេ មកពីពេលយើងទូលអង្វរ ព្រះជាម្ចាស់ សម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃ។ អ្នកខ្លះឈប់អធិដ្ឋាន ពីព្រោះគេស្មានថា ព្រះជាម្ចាស់មិនទទួលសំណូមពររបស់គេទេ។ ពេលនោះ ត្រូវតែសួរសំណួរពីរ៖ ហេតុអ្វីបានជាយើងគិតថា ព្រះជាម្ចាស់មិនបានទទួលពាក្យអង្វររបស់យើង? តើព្រះជាម្ចាស់ទទួលពាក្យអង្វររបស់យើងយ៉ាងដូចម្ដេច ឬតើការអធិដ្ឋានរបស់យើងមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?

ហេតុអ្វីបានជាយើងត្អូញត្អែរថា ព្រះជាម្ចាស់មិនទទួលពាក្យអង្វររបស់យើង?

២៧៣៥. មុនដំបូង យើងឆ្ងល់ដោយសង្កេតឃើញថា ពេលយើងលើកតម្កើង ឬអរព្រះគុណព្រះជាម្ចាស់ ដើម្បីព្រះអំណោយទានទូទៅរបស់ព្រះអង្គ យើងមិនសូវរវល់នឹងដឹងថា តើការអធិដ្ឋានរបស់យើងជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ ឬទេ។ ផ្ទុយទៅវិញ យើងទាមទារឱ្យបានឃើញលទ្ធផលនៃពាក្យអង្វររបស់យើង។ តើយើងគិតថា ព្រះជាម្ចាស់ជានរណា ឬជាអ្វី នៅពេលយើងអធិដ្ឋាន៖ មធ្យោបាយមួយដែលយើងគួរប្រើប្រាស់ ឬព្រះបិតានៃព្រះអម្ចាស់របស់យើង ព្រះយេស៊ូគ្រីស្ត?

២៧៣៦. តើយើងជឿជាក់ច្បាស់ថា “យើងពុំដឹងអធិដ្ឋានដូចម្ដេច ដើម្បីឱ្យបានសមនោះឡើយ” (រម ៨,២៦)? តើយើងទូលអង្វរព្រះជាម្ចាស់អំពី “អ្វីដែលល្អត្រឹមត្រូវ” ហើយឬនៅ? ព្រះបិតារបស់យើងជ្រាបនូវអ្វីៗដែលយើងត្រូវការ មុនយើងទូលព្រះអង្គទៅទៀត (មថ ៦,៨) ប៉ុន្តែ ព្រះអង្គរង់ចាំឱ្យយើងទូលសូមព្រះអង្គ ដ្បិតសេចក្ដីថ្លៃថ្នូរនៃបុត្រធីតារបស់ព្រះអង្គស្ថិតនៅក្នុងសេរីភាពរបស់គេ ហើយត្រូវតែអធិដ្ឋាន ដោយមានព្រះវិញ្ញាណនៃសេរីភាពរបស់ព្រះអង្គ ដើម្បីឱ្យស្គាល់ព្រះបំណងរបស់ព្រះអង្គយ៉ាងពិតប្រាកដ (រម ៨,២៧)។

២៧៣៧. “បងប្អូនមានចិត្តលោភលន់ តែមិនបានដូចបំណងប្រាថ្នាទេ (...) បងប្អូនក៏នៅតែមិនបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ” (យក ៤,២-៣ សូមអាន យក ៤,១-១០ ; ១,៥-៨ ; ៥,១៦)។ បើយើងទូលសូមដោយមានចិត្តពីរ ដោយ “ក្បត់ចិត្ត” (យក ៤,៤) ព្រះជាម្ចាស់មិនអាចទទួលពាក្យអង្វររបស់យើងបានទេ ដ្បិតព្រះអង្គមានព្រះហឫទ័យប្រទានអ្វីដែលល្អសម្រាប់យើង ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងមានជីវិត។ “តើបងប្អូនស្មានថា សេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រលាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឱ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ” (យក ៤,៥)។ ព្រះរបស់យើង “ប្រច័ណ្ឌ” នឹងយើង ជាសញ្ញាសម្គាល់ថា ព្រះអង្គស្រលាញ់យើងយ៉ាងពិតប្រាកដ។ សូមឱ្យយើងចូលក្នុងបំណងប្រាថ្នានៃព្រះវិញ្ញាណព្រះអង្គទៅ នោះព្រះជាម្ចាស់នឹងទទួលពាក្យអង្វររបស់យើងហើយ៖ កុំពិបាកចិត្ត បើអ្នកទូលសុំហើយ តែអ្នកមិនបានទទួលអ្វីៗពីព្រះជាម្ចាស់ទេនោះ គឺមកពីព្រះអង្គមានព្រះហឫទ័យចង់ប្រទានឱ្យអ្នកបាននូវអ្វីៗដែលល្អប្រសើរ លើសពីបំណងប្រាថ្នារបស់អ្នកទៅទៀត ឱ្យតែអ្នកស្ថិតនៅជាមួយព្រះអង្គក្នុងការអធិដ្ឋាន ដោយចិត្តព្យាយាម (លោក អេវ្រ៉ាក)។ ព្រះអង្គមានព្រះហឫទ័យឱ្យការអធិដ្ឋានពង្រឹងបំណងប្រាថ្នារបស់យើង។ ហេតុនេះ ព្រះអង្គរៀបចំយើងឱ្យទទួលអ្វីដែលព្រះអង្គសព្វព្រះហឫទ័យប្រទានមកយើង (សន្ត អូគូស្តាំង)។

តើការអធិដ្ឋានរបស់យើងមានប្រសិទ្ធភាពយ៉ាងដូចម្ដេច?

២៧៣៨. ការអធិដ្ឋានក្នុងការចាត់ចែងគម្រោងការនៃការសង្រ្គោះសម្ដែងឱ្យយើងដឹងថា ជំនឿពឹងផ្អែកទៅលើសកម្មភាពររបស់ព្រះជាម្ចាស់ក្នុងប្រវត្តិសាស្រ្ត។ សកម្មភាពតែមួយររបស់ព្រះអង្គ ដែលជំរុញយើងឱ្យជឿទុកចិត្តលើព្រះអង្គដូចកូនជឿលើឪពុក គឺទុក្ខលំបាក និងការមានព្រះជន្មថ្មីរបស់ព្រះបុត្រាព្រះអង្គ។ ពេលយើងជាគ្រីស្តបរិស័ទអធិដ្ឋាន យើងរួមសហការជាមួយនឹងឧបការគុណ និងគម្រោងការដ៏សប្បុរសរបស់ព្រះអង្គចំពោះមនុស្សលោក។

២៧៣៩. សន្តប៉ូលជឿទុកចិត្តលើព្រះជាម្ចាស់ យ៉ាងក្លាហាន (រម ១០,១២-១៣) ដោយចាក់ឫសលើការអធិដ្ឋាននៃព្រះវិញ្ញាណក្នុងខ្លួនយើង និងលើសេចក្ដីស្រលាញ់របស់ព្រះបិតា ដែលបានប្រគល់ព្រះបុត្រាតែមួយរបស់ព្រះអង្គមកយើង (រម ៨,២៦-៣៩)។ មុនដំបូង ព្រះជាម្ចាស់ទទួលពាក្យអង្វររបស់យើង ដោយប្រែចិត្តគំនិតយើង។

២៧៤០. ការអធិដ្ឋានរបស់ព្រះយេស៊ូធ្វើឱ្យការអធិដ្ឋាននៃគ្រីស្តបរិស័ទមានប្រសិទ្ធភាព។ ព្រះយេស៊ូជាគំរូនៃការអធិដ្ឋាននេះ ព្រះអង្គអធិដ្ឋានក្នុងខ្លួនយើង និងជាមួយយើងផងដែរ។ ដោយសារព្រះបុត្រាតែងតែស្វែងរកអ្វីដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះបិតា ហេតុអ្វីបានជាបុត្រធីតាជាប់ចិត្តនឹងព្រះអំណោយទានរបស់ព្រះជាម្ចាស់ច្រើនជាងព្រះអង្គផ្ទាល់?

២៧៤១. ព្រះយេស៊ូអធិដ្ឋានសម្រាប់យើង ជំនួសយើង និងដើម្បីយើងផងដែរ។ ព្រះអង្គបានប្រមូលយកពាក្យទូលអង្វរទាំងឡាយរបស់យើង នៅលើឈើឆ្កាង ហើយព្រះបិតាបានទទួលពាក្យអង្វរទាំងអស់នោះ ដោយប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មី។ ហេតុនេះហើយ បានជាព្រះអង្គនៅតែជួយអង្វរព្រះបិតាសម្រាប់យើង (ហប ៥,៧ ; ៧,២៥ ; ៩,២៤)។ បើយើងអធិដ្ឋានរួមជាមួយព្រះយេស៊ូ ដោយជឿទុកចិត្តលើព្រះអង្គ ជាដាច់ខាត និងដោយមានចិត្តក្លាហានដូចកូនចំពោះឪពុក យើងអាចទទួលអ្វីៗទាំងអស់ ដែលយើងទូលសូមក្នុងព្រះនាមព្រះអង្គ ហើយលើសពីអ្វីៗទាំងអស់នោះទៅទៀត យើងក៏អាចទទួលព្រះវិញ្ញាណដ៏វិសុទ្ធផ្ទាល់ ដែលសរុបនូវព្រះអំណោយទានទាំងអស់។

៤. ត្រូវព្យាយាមស្រលាញ់

២៧៤២.  “ត្រូវអធិដ្ឋានជានិច្ច” (១​ថស ៥,១៧) “ត្រូវអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតា គ្រប់ពេលវេលា និងគ្រប់កិច្ចការ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង” (អភ ៥,២០) “ចូរអធិដ្ឋានគ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងសេចក្ដីអធិដ្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតី ទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុត សម្រាប់ប្រជាជនដ៏វិសុទ្ធទាំងអស់” (អភ ៦,១៨)។ “ព្រះជាម្ចាស់មិនបានបញ្ជាឱ្យយើងធ្វើការ ឱ្យប្រុងស្មារតី និងតមអាហារជានិច្ចទេ តែត្រូវតែអធិដ្ឋានជានិច្ច” (លោក អេវ្រ៉ក)។ មានតែសេចក្ដីស្រលាញ់ទេ ដែលអាចជំរុញយើងឱ្យអធិដ្ឋាន ដោយមានចិត្តព្យាយាមជានិច្ច។ ត្រូវតែអធិដ្ឋានដោយស្រលាញ់ ដោយសុភាពរាបសា ដោយជឿទុកចិត្ត និងដោយមានចិត្តព្យាយាម ហើយត្រូវប្រយុទ្ធប្រឆាំងកុំឱ្យខ្ជិលច្រអូសឡើយ។ សេចក្ដីស្រលាញ់នេះ បើកចិត្តឱ្យទូលាយអំពីសេចក្ដីនៃជំនឿបីយ៉ាង ដែលជួយបំភ្លឺ និងផ្តល់ជីវិតដល់យើង គឺ៖

២៧៤៣. យើងតែងតែអាចអធិដ្ឋានបាន ៖ ព្រះគ្រីស្តដែលមានព្រះជន្មថ្មី “គង់នៅ” ជាមួយគ្រីស្តបរិស័ទ “ជារៀងរាល់ថ្ងៃ” (មថ ២៨,២០) ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ (លក ៨,២៤)។ ពេលវេលាយើងស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់៖

ទោះជាយើងនៅផ្សារក្ដី​ ដើរលេងម្នាក់ឯងក្ដី អង្គុយលក់ដូរ ឬទិញអីវ៉ាន់ក្ដី សូម្បីតែកំពុងធ្វើម្ហូប ក៏យើងអាចអធិដ្ឋានយ៉ាងខ្លឺៗនិងជ្រាលជ្រៅផងដែរ (សន្ត យ៉ូហាន គ្រីសូស្តូម)។

២៧៤៤. យើងត្រូវតែអធិដ្ឋានជាចាំបាច់ ។ បើយើងមិនបណ្តោយឱ្យព្រះវិញ្ញាណណែនាំយើងទេនោះ យើងនឹងធ្លាក់ទៅជាខ្ញុំបម្រើនៃអំពើបាបម្តងទៀត (កាឡ ៥,១៦-២៥)។ បើចិត្តយើងនៅឆ្ងាយពីព្រះវិញ្ញាញដ៏វិសុទ្ធ តើព្រះអង្គអាចជា “ជីវិតរបស់យើង” យ៉ាងដូចម្ដេចបាន?

គ្មានអ្វីប្រសើរជាងការអធិដ្ឋានទេ៖ បើយើងអធិដ្ឋាន យើងអាចធ្វើអ្វីដែលមិនអាចធ្វើបាន។ ការអធិដ្ឋានប្រែអ្វី​ដែលពិបាកឱ្យបានងាយស្រួល។ អ្នកអធិដ្ឋានមិនអាចប្រព្រឹត្តអំពើបាបបានទេ (សន្ត យ៉ូហាន គ្រីសូស្តូម)។

អ្នកដែលអធិដ្ឋានប្រាកដជាសង្រ្គោះខ្លួនឯង អ្នកដែលមិនអធិដ្ឋានប្រាកដជាធ្លាក់នរក (សន្ត អាលផូស នៃលីគូរី)។

២៧៤៥. យើងមិនអាចបំបែកការអធិដ្ឋានចេញពីការរស់នៅជាគ្រីស្តបរិស័ទបានទេ ដ្បិតប្រការទាំងពីរដូចគ្នានោះ មកពីសេចក្ដីស្រលាញ់ និងការលះបង់តែមួយដដែល ដែលមកពីសេចក្ដីស្រលាញ់ គឺឱ្យយើងស្របនឹងគម្រោការដ៏សប្បុរសរបស់ព្រះបិតា ដោយក្ដីស្រលាញ់ ដូចកូនចំពោះឪពុក ឱ្យយើងរួមរស់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសយើងឱ្យដូចព្រះគ្រីស្តយេស៊ូ កាន់តែខ្លាំងឡើងៗ ឱ្យយើងស្រលាញ់មនុស្សទាំងអស់ ដោយសេចក្ដីស្រលាញ់ដែលព្រះយេស៊ូបានស្រលាញ់យើងដែរ៖ “អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឱ្យអ្នករាល់គ្នាពុំខាន។ រីឯសេចក្ដីបង្គាប់របស់ខ្ញុំនោះ គឺអ្នករាល់គ្នាត្រូវស្រលាញ់គ្នាទៅវិញទៅមក” (យហ ១៥,១៦-១៧)។

អ្នកអធិដ្ឋានជានិច្ច គឺអ្នកដែលអធិដ្ឋានផង ធ្វើអំពើល្អផង ហើយធ្វើអំពើល្អផង អធិដ្ឋានផង។ ពេលនោះ យើងអាចយល់ឃើញថា ព្រះបន្ទូលដែលថ្លែងថា “ត្រូវតែអធិដ្ឋានជានិច្ច” អាចសម្រេចបាន (លោក អូរីសែន)។

ការអធិដ្ឋានរបស់ព្រះយេស៊ូនៅពេលកំណត់មកដល់ហើយ

២៧៤៦. លុះពេលកំណត់មកដល់ហើយ ព្រះយេស៊ូទូលអង្វរព្រះបិតា (យហ ១៧)។ ការអធិដ្ឋានរបស់ព្រះអង្គ (ជាការអធិដ្ឋានវែងជាងគេ ក្នុងដំណឹងល្អ) ប្រមូលការចាត់ចែងទាំងមូលនៃការបង្កើត និងការសង្រ្គោះ ដូចការសោយទិវង្គត និងជីវិតថ្មីរបស់ព្រះអង្គ។ ការអធិដ្ឋានរបស់ព្រះយេស៊ូនៅពេលកំណត់នៅតែជាការអធិដ្ឋានរបស់ព្រះអង្គ ដូចជាបុណ្យចម្លងរបស់ព្រះអង្គ ដែលបានកើត “ម្តងជាការស្រេច” ដែលនៅតែមានវត្តមានក្នុងពិធីបុណ្យនៃព្រះសហគមន៍ព្រះអង្គដែរ។

២៧៤៧. ការបញ្ជូនបន្តនៃគ្រីស្តសាសនាហៅការអធិដ្ឋាននេះថា ជាការអធិដ្ឋានរបស់ព្រះយេស៊ូ “ក្នុងឋានៈជាបូជាចារ្យ” ដែលជាមហាបូជាចារ្យរបស់យើង ដែលមិនអាចបំបែកចេញពីយញ្ញបូជារបស់ព្រះអង្គបានទេ ដែលជា “ចម្លង” (បុណ្យចម្លង) របស់ព្រះអង្គ ឆ្ពោះទៅកាន់ព្រះបិតា ដែល “ថ្វាយ” ព្រះកាយទាំងស្រុងចំពោះព្រះបិតា (យហ ១៧,១១.១៣.១៩)។

២៧៤៨. ក្នុងការអធិដ្ឋាននៃបុណ្យចម្លងនេះ ដែលជាយញ្ញបូជា ព្រះអង្គ “ប្រមូល” អ្វីៗទាំងអស់ក្នុងអង្គព្រះអង្គ (អភ ១,១០) គឺព្រះជាម្ចាស់ និងពិភពលោក ព្រះបន្ទូល និងភាពទន់ខ្សោយរបស់មនុស្ស ជីវិតអស់កល្បជានិច្ច និងពេលវេលា សេចក្ដីស្រលាញ់ដែលប្រគល់ខ្លួន និងអំពើបាបដែលក្បត់សេចក្ដីស្រលាញ់នេះ សាវ័កដែលនៅជាមួយព្រះអង្គ និងសាវ័កដែលនឹងជឿលើព្រះអង្គ ដោយសារសក្ខីភាពរបស់គេ ការបន្ទាបខ្លួន និងសិរីរុងរឿង។ ការអធិដ្ឋាននេះ ជាការអធិដ្ឋាននៃឯកភាព។

២៧៤៩. ព្រះយេស៊ូបានបំពេញអ្វីៗទាំងអស់ដែលជាព្រះរាជកិច្ចរបស់ព្រះបិតា ហើយការអធិដ្ឋាន ដូចយញ្ញបូជារបស់ព្រះអង្គ លាតសន្ធឹងរហូតដល់អវសានកាលនៃពិភពលោក។ ការអធិដ្ឋាននៃពេលកំណត់បំពេញសម័យកាលទាំងអស់ឱ្យបានសម្រេច។ ព្រះយេស៊ូ ជាព្រះបុត្រា ដែលព្រះបិតាបានប្រគល់អ្វីៗទាំងអស់ ថ្វាយខ្លួនទាំងស្រុងចំពោះព្រះបិតា។ ជាមួយគ្នានេះ ព្រះអង្គសម្ដែងព្រះអង្គ ដោយមានសេរីភាពដ៏ខ្ពង់ខ្ពស់បំផុត (យហ ១៧,១១.១៣.១៩.២៤) ដោយមានអំណាច ដែលព្រះបិតាបានប្រគល់ឱ្យលើសសត្វលោកទាំងឡាយ។ ព្រះបុត្រា ដែលបានបន្ទាបខ្លួនជាអ្នកបម្រើ ជាព្រះអម្ចាស់ ជា Pantocratôr ។    មហាបូជាចារ្យនៃយើងដែលទូលអង្វរសម្រាប់យើង ជាមហាបូជាចារ្យដែលទូលអង្វរនៅក្នុងខ្លួនយើង ហើយជាព្រះជាម្ចាស់ដែលទទួលពាក្យអង្វររបស់យើងផងដែរ។

២៧៥០. នៅពេលយើងចូលក្នុងព្រះនាមដ៏វិសុទ្ធនៃព្រះអម្ចាស់យេស៊ូ យើងអាចទទួលសេចក្ដីអធិដ្ឋានពីខាងក្នុង ដែលព្រះអង្គបង្រៀនឱ្យយើងស្គាល់ គឺ “ឱព្រះបិតានៃយើងខ្ញុំ!”។ ការអធិដ្ឋានរបស់ព្រះអង្គក្នុងឋានៈជាបូជាចារ្យជួយបំភ្លឺពាក្យសូមអង្វរនៃធម៌នេះ៖ ឱ្យគេស្គាល់ព្រះនាមព្រះបិតា (យហ ១៧,៦.១១. ១២.២៦) ឱ្យព្រះរាជ្យព្រះអង្គយាងមកដល់ (សិរីរុងរឿង - យហ ១៧,១.៥.១០.២៤.២៣-២៦) ឱ្យព្រះហឫទ័យ និងគម្រោងការអំពីការសង្រ្គោះរបស់ព្រះអង្គបានសម្រេច (យហ ១៧,២.៤.៦.៩.​១១.​១២.​២៤) ហើយឱ្យយើងរួចចាកផុតពីអំពើអាក្រក់ (យហ ១៧,១៥)។

២៧៥១. ទីបំផុត ក្នុងការអធិដ្ឋាននេះ ព្រះយេស៊ូសម្ដែងឱ្យយើងស្គាល់ព្រះបិតា និងព្រះបុត្រា (យហ ១៧,៣.៦-១០.២៥) ដែលមិនអាចបំបែកចេញពីគ្នាបានឡើយ ហើយដែលជាអាថ៌កំបាំងនៃការអធិដ្ឋានផ្ទាល់។

សង្ខេប

២៧៥២ . យើងត្រូវតែខិតខំអធិដ្ឋានជានិច្ច ប្រយុទ្ធប្រឆាំងនឹងខ្លួនឯង និងកលល្បិចនៃ​មេ​ល្បួង​ផង។ ការប្រយុទ្ធ ដើម្បីអធិដ្ឋានមិនអាចបំបែកចេញពីការ “ប្រយុទ្ធនៃវិញ្ញាណ” បានឡើយ ដែល​ជាការ​ចាំ​បាច់ ដើម្បីរស់នៅជាប្រចាំតាមព្រះវិញ្ញាណរបស់ព្រះគ្រីស្ត។ យើងអធិដ្ឋានដូចយើងរស់ ដ្បិតយើង​រស់​ដូច​យើង​អធិដ្ឋានដែរ។

២៧៥៣. ក្នុងការប្រយុទ្ធដើម្បីអធិដ្ឋាន យើងត្រូវប្រឈមមុខនឹងការយល់ឃិញខុស ដែលមកពីខ្លួនយើង ឬពីអ្នកដទៃ យើងត្រូវតស៊ូប្រឆាំងនឹងអ្វីដែលយើងគិតថា ជាបរាជ័យក្នុងការអធិដ្ឋាន។ ដើម្បីជំនះលើការសង្យ័យទាំងប៉ុន្មាន ដែលនាំឱ្យយើងគិតថា មិនចាំ​បាច់អធិដ្ឋាន ឬមិនអាចអធិដ្ឋាន យើងត្រូវតែតស៊ូដោយមានចិត្តសុភាពរាបសា ជឿជាក់លើខ្លួនឯង និងលើព្រះជាម្ចាស់ ដោយមានចិត្តព្យាយាមផង។

២៧៥៤ . ការលំបាកខ្លាំងជាងគេក្នុងពេលអធិដ្ឋាន កើតមាននៅពេលដែលយើងមានអារម្មណ៍រាយមាយ ឬមានចិត្តរីង​ស្ងួត។  ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ត្រូវតែផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ កែប្រែចិត្តគំនិត និងប្រុង ស្មារតី។

២៧៥៥ . ជាធម្មតា មានការល្បួងពីរដែលគម្រាមការអធិដ្ឋាន គឺយើងមានជំនឿតិចតួច ឬយើងបាក់ទឹក​ចិត្ត បានសេចក្ដីថា ពេលយើងលែងលត់ដំខ្លួន ឬប្រុងស្មារតី ឬពេលយើងលែងស្វែងយល់អំពីចិត្តខ្លួនឯង យើងក៏អាចបាក់ទឹកចិត្តបាន។

២៧៥៦. យើងអាចពិបាកជឿទុកចិត្តលើព្រះជាម្ចាស់ដូចកូនម្នាក់លែងជឿលើឪពុក ពេលយើងមានអារម្មណ៍ថា ព្រះអង្គមិនបានទទួលពាក្យអង្វររបស់យើង។ ដំណឹងល្អអញ្ចើញយើងឱ្យសួរខ្លួនឯងថា តើការអធិដ្ឋានរបស់​យើងស្របតាមព្រះបំណងប្រាថ្នារបស់ព្រះវិញ្ញាណ ឬទេ?

២៧៥៧ . “ត្រូវតែអធិដ្ឋានជានិច្ច” (១ថស ៥,១៧)។ យើងតែងតែអាចអធិដ្ឋានបាន។ តាមការពិត ត្រូវតែ អធិដ្ឋានជាចាំបាច់។ យើងមិនអាចបំបែកការអធិដ្ឋានពីការរស់នៅជាគ្រីស្តបរិស័ទបានឡើយ។

២៧៥៨. ការអធិដ្ឋានរបស់ព្រះយេស៊ូ ដែលគេហៅយ៉ាងត្រឹមត្រូវថា “ពាក្យអធិដ្ឋានក្នុងឋានៈជាបូជាចារ្យ” (យហ ១៧) សរុបគម្រោងការដ៏អស្ចារ្យទាំងមូលអំពីការបង្កើត និងការសង្រ្គោះ ហើយជាដើមកំណើតនៃសេចក្ដី សុំនៃធម៌ឱព្រះបិតានៃយើងខ្ញុំ។

ភាគទី២៖ សេចក្ដីអធិដ្ឋានរបស់ព្រះយេស៊ូជាព្រះអម្ចាស់

លេខ២៧៥៩-២៨៦៥

ភាគទីពីរ៖ ​​
សេចក្ដីអធិដ្ឋានរបស់ព្រះយេស៊ូជាព្រះអម្ចាស់៖
“ឱព្រះបិតានៃយើងខ្ញុំ!”

២៧៥៩. “មានមួយថ្ងៃនោះ ព្រះយេស៊ូបានអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ មាន​​សាវ័ក​ម្នាក់​​ទូលព្រះអង្គថា៖ បពិត្រព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន ដូចលោកយ៉ូហានបាន​បង្រៀនសិស្សរបស់លោកនោះផង” (លក ១១,១)។ ព្រះអម្ចាស់មានព្រះបន្ទូលតបនឹងសំណូមពរនេះ ដោយ​ប្រគល់ឱ្យក្រុមសាវ័ក និងព្រះសហគមន៍របស់ព្រះអង្គនូវសេចក្ដីអធិដ្ឋានសំខាន់ៗជាងគេបំផុតនៃគ្រីស្តសាសនា។ សន្ត លូកាសង្ខេបសេចក្ដីអធិដ្ឋាននេះ ក្នុងអត្ថបទដ៏ខ្លីមួយ (ប្រាំសំណូមពរ​ - លក ១១,២-៤) ឯសន្ត ម៉ាថាយផ្តល់អត្ថបទមួយដ៏វែងជាង (ប្រាំពីរសំណូមពរ - មថ ៦,៩-១៣)។ ប្រពៃណីនៃពិធីបុណ្យព្រះសហគមន៍បានរក្សាទុកអត្ថបទរបស់សន្តម៉ាថាយ៖ (មថ ៦,៩-១៣)។

ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ!
សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ
សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់
សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ
សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ
សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ
សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ
តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។

២៧៦០. តាំងពីដើម ទំនៀមទំលាប់ខាងពិធីបុណ្យបានបញ្ចប់សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ដោយលើកតម្កើងព្រះអង្គ។ ក្នុងសៀវភៅដែលមានចំណងជើងថា “ឌីដាខែ” (៨,២)៖ “ដ្បិតព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ”។ ធម្មនុញ្ញដែលមកពីក្រុមគ្រីស្តទូត (៧,២៤,១) បន្ថែម “ព្រះអង្គគ្រងរាជ្យ” ដោយចាប់ផ្ដើម ជាសេចក្ដីដែលពិធីបុណ្យគ្រប់និកាយបានរក្សាទុក។ ប្រពៃណីខាងបូព៌ាប្រទេសបន្ថែម “ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ក្រោយពីសិរីរុងរឿង។ ក្បួនពិធីបុណ្យនៃទីក្រុងរ៉ូមលម្អិតសំណូមពរចុងក្រោយ ដោយបន្ថែម “ទន្ទឹងរង់ចាំសុភមង្គលតាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្ត (...) យាងមកប្រកបដោយសិរីរុងរឿង” (ទត ២,១៣) បន្ទាប់មក អង្គប្រជុំលើកតម្កើងព្រះជាម្ចាស់ តាមសេចក្ដីបញ្ចប់នៃធម្មនុញ្ញដែលមកពីក្រុមគ្រីស្តទូត។

ប្រការទី១៖​“សេចក្ដីសង្ខេបនៃដំណឹងល្អទាំងមូល”

២៧៦១. “សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យពិតជាសេចក្ដីសង្ខេបនៃដំណឹងល្អទាំងមូល” (លោក ទែរ​ទូលី​យ៉ាំង)។ “លុះដល់ព្រះអម្ចាស់បានប្រគល់ការអធិដ្ឋាននេះ ព្រះអង្គបន្ថែមថា៖ “ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានឱ្យ” (លក ១១,៩)។ ម្នាក់ៗអាចទូលអង្វរសេចក្ដីអធិដ្ឋានផ្សេងៗ ទៅស្ថានលើ តាមតម្រូវការរបស់ខ្លួនឯង ប៉ុន្តែត្រូវចាប់ផ្ដើមដោយសូត្រសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ ដែលនៅតែជាសេចក្ដីអធិដ្ឋានគ្រឹះសំខាន់បំផុត” (លោក ទែរទូលីយ៉ាំង)។

១. ស្នូលនៃព្រះគម្ពីរ

២៧៦២. ក្រោយពីបានបង្ហាញថា ទំនុកតម្កើងជាចំណីអាហារសំខាន់បំផុតនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ ដែលប្រមូលផ្តុំគ្នាក្នុងសំណូមពរនៃធម៌ “ឱព្រះបិតានៃយើងខ្ញុំ” សន្តអូគូស្តាំងសន្និដ្ឋានថា៖

សូមអានសេចក្ដីអធិដ្ឋានទាំងអស់ដែលមានក្នុងព្រះគម្ពីរ ខ្ញុំគិតថា បងប្អូនមិនអាចរកឃើញអ្វីមួយផ្សេងទៀត ដែលមិនស្ថិតនៅក្នុងសេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យឡើយ។

២៧៦៣. ព្រះគ្រីស្តបំពេញព្រះគម្ពីរទាំងមូល (ធម្មវិន័យ ព្យាការី និងទំនុកតម្កើង) (លក ២៤,៤៤) នេះជា “ដំណឹងល្អ”។ សន្ត ម៉ាថាយសង្ខេបការប្រកាសដំណឹងល្អដំបូងបង្អស់របស់ព្រះអង្គ នៅលើភ្នំ (មថ ៥-៧) ហើយធម៌ “ឱព្រះបិតានៃយើងខ្ញុំ” ជាស្នូលនៃការប្រកាសនេះ។ កាលៈទេសៈទាំងអស់នោះ ជួយបំភ្លឺសំណូមពរនីមួយៗនៃសេចក្ដីអធិដ្ឋានដែលព្រះអម្ចាស់បានប្រទានឱ្យ៖

សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យជាសេចក្ដីអធិដ្ឋានដ៏ល្អឥតខ្ចោះ (...)។ ក្នុងសេចក្ដីអធិដ្ឋាននេះ យើងមិនគ្រាន់តែសូមអ្វីដែលយើងអាចមានបំណងប្រាថ្នាតាមរបៀបត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងតាមលំដាប់លំដោយសម្រាប់ទៅតាមបំណងរបស់យើងផង។ ហេតុនេះ សេចក្ដីអធិដ្ឋាននេះ មិនគ្រាន់តែបង្រៀនឱ្យយើងចេះសុំទេ ថែមទាំងអប់រំយើងខាងផ្លូវចិត្តដែរ (សន្ត ថូម៉ាស អាកាំង)។

២៧៦៤. ធម៌ទេសនានៅលើភ្នំជាលទ្ធិនៃជីវិត សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យជាការអធិដ្ឋាន ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ប្រែបំណងប្រាថ្នារបស់យើង ជាចលនាខាងក្នុងចិត្ត ដែលណែនាំជីវិតយើង។ ព្រះយេស៊ូបង្រៀនជីវិតថ្មីនេះ តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយបង្រៀនយើងឱ្យសូមជីវិតថ្មីនេះ ដោយការអធិដ្ឋាន។ បើយើងអធិដ្ឋានតាមរបៀបត្រឹមត្រូវ ជីវិតរបស់យើងក្នុងអង្គព្រះគ្រីស្តក៏នឹងបានត្រឹមត្រូវដែរ។

២. “សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់”

២៧៦៥. ពាក្យសម្តី “សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យ” (ពោលគឺ “សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់”) ដែលមកពីប្រពៃណី មានន័យថា ព្រះអម្ចាស់យេស៊ូបង្រៀន និងប្រទានការអធិដ្ឋានចំពោះព្រះបិតានៃយើង គឺពិតជាការអធិដ្ឋានតែមួយគត់ “របស់ព្រះអម្ចាស់”។ តាមការពិត តាមសេចក្ដីអធិដ្ឋាននេះ ព្រះបុត្រាតែមួយប្រទានឱ្យ​យើងនូវព្រះបន្ទូលដែលព្រះបិតាបានប្រទានឱ្យព្រះអង្គ (យហ ១៧,៧)​​​​​​​៖ ព្រះអង្គជាគ្រូបង្រៀនឱ្យយើងចេះអធិដ្ឋាន។ ម្យ៉ាងទៀត ដោយសារព្រះអង្គជាព្រះបន្ទូលប្រសូតជាមនុស្សដូច្នេះ ព្រះអង្គឈ្វេងយល់តម្រូវការនៃបងប្អូនរបស់ព្រះអង្គដែលជាមនុស្ស ហើយសម្ដែងឱ្យយើងស្គាល់៖ ព្រះអង្គជាគំរូនៃការអធិដ្ឋានរបស់យើង។

២៧៦៦. ប៉ុន្តែ ព្រះយេស៊ូមិនឱ្យយើងប្រើពាក្យច្រំដែលរត់មាត់ទេ (មថ ៦,៧ ; ១ពង្ស ១៨,២៦-  ២៩)។ ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណដ៏វិសុទ្ធបង្រៀនបុត្រធីតារបស់ព្រះជាម្ចាស់ឱ្យចេះអធិដ្ឋានចំពោះព្រះបិតារបស់គេ ដោយពាក្យសម្តី។ ព្រះយេស៊ូមិនគ្រាន់តែប្រទានពាក្យសម្តីនៃការអធិដ្ឋានរបស់យើងចំពោះព្រះបិតាទេ​ ថែមទាំងប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ដែលធ្វើឱ្យពាក្យសម្តីនោះ បានទៅជា “វិញ្ញាណ និងជីវិត” (យហ ៦,៦៣)។ លើសពីនេះទៅទៀត ព្រះបិតា “បានចាត់ព្រះវិញ្ញាណនៃព្រះបុត្រារបស់ព្រះអង្គឱ្យមកសណ្ឋិតក្នុងចិត្តយើង គឺព្រះវិញ្ញាណនេះហើយ ដែលបន្លឺព្រះសូរសផងឡើងថា “អប្បា! ឱព្រះបិតា!”” (កាឡ ៤,៦) បានសេចក្ដីថា យើងពិតជាអាចអធិដ្ឋានដូចបុត្រធីតារបស់ព្រះជាម្ចាស់   មែន។ ដោយសារការអធិដ្ឋាន យើងថ្វាយបំណងប្រាថ្នាយើងទៅឯព្រះជាម្ចាស់ គឺព្រះបិតាដដែល ដែល “ឈ្វេងយល់ចិត្តមនុស្ស ទ្រង់ជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឱ្យប្រជាជនដ៏វិសុទ្ធស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់” (រម ៨,២៧)។ ការអធិដ្ឋានចំពោះព្រះបិតាជ្រួតជ្រាបក្នុងបេសកកម្មដ៏អស្ចារ្យនៃព្រះបុត្រា និងព្រះវិញ្ញាណ។

៣. ការអធិដ្ឋានរបស់ព្រះសហគមន៍

២៧៦៧. តាំងពីដើមដំបូង ព្រះសហគមន៍បានទទួល និងបានរស់នៅតាមព្រះអំណោយទាននៃព្រះបន្ទូលរបស់ព្រះអម្ចាស់ និងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលមិនអាចបំបែកចេញពីគ្នាបាន ហើយដែលផ្តល់ជីវិតក្នុងចិត្តអ្នកជឿ។ សហគមន៍ដំបូងសូត្រសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ “មួយថ្ងៃបីដង” (ឌីដាខែ) ជំនួស “ពិធីប្រទានពរទាំងដប់ប្រាំបី” តាមទំនៀមទំលាប់នៃពិធីបុណ្យរបស់ជនជាតិយូដា។

២៧៦៨. តាមការបញ្ជូនបន្តដែលមកពីក្រុមគ្រីស្តទូត សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ចាក់ឫសក្នុងសេចក្ដី​​អធិដ្ឋាននៃពិធីបុណ្យ។

ព្រះអម្ចាស់បង្រៀនយើងឱ្យអធិដ្ឋានរួមគ្នាចំពោះបងប្អូនយើងទាំងអស់ ដ្បិតព្រះអង្គពុំមានព្រះបន្ទូលថា “ឱព្រះបិតានៃខ្ញុំ” ដែលគង់នៅស្ថានបរមសុខទេ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា ឱព្រះបិតានៃ “យើងខ្ញុំ” ដើម្បីឱ្យការអធិដ្ឋានរបស់យើងមានព្រលឹងតែមួយ ចំពោះព្រះកាយទាំងមូលនៃព្រះសហគមន៍ (សន្ត  យ៉ូហាន គ្រីសូស្តូម)។

ក្នុងប្រពៃណីខាងពិធីបុណ្យទាំងអស់ សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ជាផ្នែកសំខាន់បំផុតនៃការអធិដ្ឋានតាមពេលកំណត់។ អគ្គសញ្ញាទាំងបីដំបូងនៃគ្រីស្តសាសនាបង្ហាញបញ្ជាក់ថា សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ពិតជាសេចក្ដីអធិដ្ឋាននៃព្រះសហគមន៍មែន៖

២៧៦៩. ក្នុងអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញា លាបថ្ងាស ពីធីបញ្ជូន (traditio ) ធម៌ “ឱព្រះបិតានៃយើងខ្ញុំ” មានន័យថា កំណើតថ្មីនៃជីវិតដែលជាព្រះជាម្ចាស់។ ដោយសារគ្រីស្តបរិស័ទអធិដ្ឋាន ដោយនិយាយសន្ទនាជាមួយព្រះជាម្ចាស់ ដោយព្រះបន្ទូលផ្ទាល់របស់ព្រះជាម្ចាស់ “អស់អ្នកដែលកើតជាថ្មី (...) ដោយព្រះបន្ទូលរបស់ព្រះដែលមានព្រះជន្មគង់នៅ” (១ពត្រ ១,២៣) រៀនអង្វរព្រះបិតារបស់គេ តាមតែព្រះបន្ទូល ដែលព្រះអង្គតែងតែទទួលជានិច្ច។ គេអាចអង្វរព្រះជាម្ចាស់បែបនេះ ពីព្រោះឥឡូវនេះ ប្រេងអភិសេកនៃព្រះវិញ្ញាណដ៏វិសុទ្ធគង់សណ្ឋិតនៅក្នុងចិត្ត ត្រចៀក បបូរមាត់ រូបកាយទាំងមូលរបស់គេ។ ហេតុនេះហើយ បានជាអធិប្បាយភាគច្រើននៃគ្រូបាធ្យាយអំពីធម៌ “ឱព្រះបិតានៃយើងខ្ញុំ” សម្ដៅទៅលើអ្នកស្វែងយល់ និងពន្លកថ្មី។ ពេលព្រះសហគមន៍សូត្រធម៌សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ គឺប្រជាជននៃ “អស់អ្នកដែលទើបកើតមក” ដែលតែងតែអធិដ្ឋាន និងទទួលធម៌មេត្តាករុណាជានិច្ច (១ពត្រ ២,១-១០)។

២៧៧០. ក្នុងពិធីបុណ្យនៃអភិបូជា សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ជាការអធិដ្ឋាននៃព្រះសហគមន៍ទាំង  មូល។ នៅពេលនោះ ព្រះជាម្ចាស់សម្ដែងអត្ថន័យពេញលេញ និងប្រសិទ្ធភាពនៃសេចក្ដីអធិដ្ឋាននេះ។ សេចក្ដីអធិដ្ឋាននេះ ស្ថិតនៅរវាងធម៌អរព្រះគុណ និងពិធីទទួលព្រះកាយ ប្រមូលសំណូមពរ និងពាក្យជួយអង្វរទាំង​ឡាយ ដែលធម៌ “គឺដោយព្រះគ្រីស្ត ជាមួយព្រះគ្រីស្ត និងក្នុងអង្គព្រះគ្រីស្ត ជាដើម” បានសរុប ហើយគោះទ្វារនៃ​ពិធីជប់លៀងនៃព្រះរាជ្យ ដែលយើងប្រកាសទុកជាមុនពេលទទួលព្រះកាយព្រះគ្រីស្ត។

២៧៧១. ក្នុងអគ្គសញ្ញាអរព្រះគុណ សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់សម្ដែងថា សំណូមពរនឹងសម្រេច នៅពេលអវសានកាលនៃពិភពលោក ។ សេចក្ដីអធិដ្ឋាននេះ ជាសេចក្ដីអធិដ្ឋាននៃ “ពេលចុងក្រោយបំផុត” ជាពេលនៃការសង្រ្គោះ ដែលបានចាប់ផ្ដើម ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធ ហើយដែលនឹងបញ្ចប់នៅពេលព្រះអម្ចាស់នឹងយាងមកវិញ។ សំណូមពរចំពោះព្រះបិតានៃយើងខ្ញុំ ផ្ទុយពីសេចក្ដីអធិដ្ឋាននៃសម្ពន្ធមេត្រីចាស់ ពឹងផ្អែកលើគម្រោងការដ៏អស្ចារ្យនៃការសង្រ្គោះ ដែលបានកើតជារូបរាងរួចហើយ ម្តងជាការស្រេច ក្នុងអង្គព្រះគ្រីស្ត ដែលបានសោយទិវង្គត និងមានព្រះជន្មថ្មី។

២៧៧២. សេចក្ដីសង្ឃឹមផុសចេញពីជំនឿដែលមិនចេះប្រែប្រួលនេះ ហើយលើកសំណូមពរទាំងប្រាំ​ពីរ​នីមួយៗ ដែលសម្ដែងនូវពាក្យត្អូញត្អែរនៃបច្ចុប្បន្នកាល ជាពេលនៃភាពអត់ធ្មត់ និងការរង់ចាំ ជាពេលដែល “ព្រះជាម្ចាស់ពុំទាន់បានសម្ដែងឱ្យយើងដឹងនៅឡើយ អ្វីដែលយើងនឹងទៅជាយ៉ាងណាៗនោះទេ” (១យហ ៣,២) (កូឡ ៣,៤)។ អគ្គសញ្ញាអរព្រះគុណ និងធម៌ “ឱព្រះបិតានៃយើងខ្ញុំ” មាន “រហូតដល់ព្រះអម្ចាស់យាងមកវិញ” (១ករ ១១,២៦)។

សង្ខេប

២៧៧៣. ដើម្បីឆ្លើយតបនឹងក្រុមសាវ័ក  (“បពិត្រព្រះអម្ចាស់ សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន” លក ១១,‌១)  ព្រះយេស៊ូប្រគល់ឱ្យគេនូវសេចក្ដីអធិដ្ឋានសំខាន់ៗជាងគេបំផុតនៃគ្រីស្តសាសនា។

២៧៧៤. សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យពិតជាសេចក្ដីសង្ខេបនៃដំណឹងល្អទាំងមូល (លោក ទែរ​ទូលី​យ៉ាំង) ជាសេចក្ដីអធិដ្ឋានដ៏ល្អឥតខ្ចោះ (សន្ត ថូម៉ាស នៃអាកាំង)។ សេចក្ដីអធិដ្ឋាននេះ ជាស្នូលនៃព្រះគម្ពីរ។

២៧៧៥. គេហៅសេចក្ដីអធិដ្ឋាននេះថា “សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យ” ដ្បិតសេចក្ដីអធិដ្ឋាននេះមកពីព្រះ យេស៊ូ ជាម្ចាស់ និងគំរូឱ្យយើងអធិដ្ឋាន។

២៧៧៦. សេចក្ដីអធិដ្ឋាននៃថ្ងៃអាទិត្យជាការអធិដ្ឋានយ៉ាងពិសេសរបស់ព្រះសហគមន៍ ជាផ្នែកសំខាន់បំផុតនៃការអធិដ្ឋានតាមពេលកំណត់ និងរបស់អគ្គសញ្ញាបង្ហាត់ឱ្យទៅជាគ្រីស្តបរិស័ទពេញលេញ គឺពិធី​ជ្រមុជទឹក ពិធីលាបថ្ងាស និងពិធីអរព្រះគុណ។ ក្នុងអគ្គសញ្ញាអរព្រះគុណ សេចក្ដីអធិដ្ឋាននេះ​សម្ដែងថា សំណូមពរនឹងសម្រេច នៅពេលអវសានកាលនៃពិភពលោក ដោយជឿសង្ឃឹមលើព្រះអម្ចាស់ “រហូតដល់ព្រះអង្គ នឹងយាងមកវិញ” (១ករ ១១,២៦)។

ប្រការទី២៖​“ឱព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ”

១. “ត្រូវហ៊ានចូលនៅជិតព្រះជាម្ចាស់ពោរពេញដោយទំនុកចិត្ត”

២៧៧៧. ក្នុងពិធីបុណ្យអភិបូជានៃទីក្រុងរ៉ូម គេសូមឱ្យអង្គប្រជុំសូត្រធម៌ “ឱព្រះបិតានៃយើងខ្ញុំ” ដោយមានចិត្តក្លាហាន។ ពិធីបុណ្យខាងបូព៌ាប្រទេសប្រើពាក្យសម្តីស្រដៀងគ្នា៖ “ហ៊ានដោយជឿទុកចិត្ត” “សូមព្រះអង្គប្រោសឱ្យយើងសមនឹង”។ ពីមុខគម្ពោតដែលដុតតែមិនឆេះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ “កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ” (សរ ៣,៥)។ មានតែព្រះយេស៊ូទេ ដែលអាចឆ្លងកាត់កន្លែងដ៏វិសុទ្ធនេះ ព្រះអង្គបាន “ប្រោសមនុស្សឱ្យបានបរិសុទ្ធផុតពីអំពើបាបរួចហើយ” (ហប ១,៣) នាំយើងជួបព្រះភ័ក្រ្តព្រះបិតា៖ “ខ្ញុំនៅឯនេះ រួមជាមួយនឹងកូនចៅ ដែលព្រះជាម្ចាស់ប្រទានឱ្យខ្ញុំ” (ហប ២,១៣)៖

ការដឹងខ្លួនថា យើងជាទាសករ នឹងជម្រុញយើងឱ្យខ្មាស់អៀន លក្ខណៈរបស់យើងនៅលើផែនដីនេះ នឹងរលាយជាធូលីដី បើគ្មានឫទ្ធានុភាពរបស់ព្រះបិតានៃយើងផ្ទាល់ និងព្រះវិញ្ញាណនៃព្រះបុត្រាព្រះអង្គ ដែលមកជម្រុញយើងឱ្យស្រែកឡើងថា៖ “អប្បា ឱព្រះបិតា!” (រម ៨,១៥)។ (...) តើយើងជាមនុស្សទន់ខ្សោយ ដែលត្រូវស្លាប់ហ៊ានស្រែកហៅព្រះអង្គដូច្នេះទេ? (សន្ត សិលា គ្រីសូឡូង)។

២៧៧៨. ក្នុងពិធីបុណ្យខាងបស្ចិម និងបូព៌ាប្រទេស ឫទ្ធានុភាពនៃព្រះវិញ្ញាណនេះ សម្ដែងឱ្យយើងសូត្រសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ដោយប្រើពាក្យសម្តីដ៏ល្អៗនៃគ្រីស្តសាសនា គឺ parrhésia បានសេចក្ដីថា មានចិត្តសាមញ្ញដែលមិនចេះវៀចវៃ ជឿទុកចិត្តព្រះជាម្ចាស់ដូចកូនចំពោះឪពុក មានចិត្តរឹងប៉ឹងសង្ឃឹមទៅលើព្រះអង្គដោយត្រេកអរ មានចិត្តក្លហាន និងសុភាពរាបសា ដឹងខ្លួនដោយជឿជាក់ថា ព្រះជាម្ចាស់ស្រលាញ់យើង (អភ ៣,១២ ; ហប ៣,៦ ; ៤,១៦ ; ១០,១៩ ; ១យហ ២,២៨ ; ៣,២១ ; ៥,១៤)។

២. “ឱព្រះបិតាអើយ!”

២៧៧៩. មុននឹងឈានទៅដល់សេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ គួរបន្សុទ្ធចិត្តយើងឱ្យចេញផុតពីគំនិតក្លែងក្លាយនៃ “លោកីយ៍នេះ”។ យើងត្រូវមានចិត្តសុភាពរាបសា ទទួលស្គាល់ថា “គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះឫទ័យសម្ដែងឱ្យស្គាល់នោះទេ” ពោលគឺ “អ្នកតូចតាច” (មថ ១១,២៥-២៧)។ យើងក៏ត្រូវបន្សុទ្ធចិត្ត យើងឱ្យចេញផុតពីគំនិតនៃមាតាបិតា ដែលមកពីប្រវត្តិ ឬពីវប្បធម៌ផ្ទាល់ខ្លួន ដែលមានឥទ្ធិពលលើទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់។ ព្រះជាម្ចាស់ជាព្រះបិតានៃយើងហួស និងលើសគំនិតនៃពិភពលោក។ ពេលយើងដាក់ចិត្តនៅលើព្រះជាម្ចាស់ ឬប្រឆាំងនឹងព្រះអង្គ ហាក់ដូចជាយើងបង្កើតព្រះក្លែងក្លាយ ដែលយើងត្រូវក្រាបថ្វាយបង្គំ ឬត្រូវបំផ្លាញ។ ពេលយើងអធិដ្ឋានព្រះបិតា យើងចូលក្នុងអាថ៌កំបាំងរបស់ព្រះអង្គ ទៅតាមសភាពរបស់ព្រះអង្គ និងទៅតាមអ្វីៗដែលព្រះបុត្រាបានសម្ដែងឱ្យយើងស្គាល់៖

ព្រះជាម្ចាស់មិនដែលសម្ដែងពាក្យសម្តី “ព្រះជាម្ចាស់ជាព្រះបិតា” ឱ្យនរណាស្គាល់ឡើយ។ ពេលលោកម៉ូសេផ្ទាល់ទូលសួរថា តើព្រះអង្គជានរណា លោកក៏បានឮព្រះនាមផ្សេងមួយទៀត។ ចំពោះយើង ព្រះបុត្រាបានសម្ដែងព្រះនាមព្រះអង្គក្នុងអង្គព្រះអង្គ ដ្បិតព្រះនាមនេះ សម្ដៅទៅលើព្រះនាមថ្មី គឺព្រះបិតា (លោក ទែរទូលីយ៉ាំង)។

២៧៨០. យើងអាចទូលអង្វរព្រះជាម្ចាស់ដូចជា “ព្រះបិតា” ដ្បិតព្រះបុត្រាកើតជាមនុស្ស និងព្រះវិញ្ញាណព្រះអង្គសម្ដែងព្រះអង្គឱ្យយើងស្គាល់។ អ្វីដែលមនុស្សលោកមិនអាចនឹកគិតដល់ ឬពួកទេវទូតមិនអាចយល់ឃើញបានទេ ពោលគឺទំនាក់ទំនងរវាងព្រះបុត្រាចំពោះព្រះបិតា (យហ ១,១) ព្រះវិញ្ញាណនៃព្រះបុត្រាធ្វើឱ្យយើងអាចចូលរួមចំណែកបានដែរ ដោយជឿថា ព្រះយេស៊ូជាព្រះគ្រីស្ត ហើយយើងកើតមក​ពីព្រះជាម្ចាស់ (១យហ ៥,១) ។

២៧៨១. ពេលយើងអធិដ្ឋានព្រះបិតា យើងរួមរស់ជាមួយព្រះអង្គ និងជាមួយព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត (១យហ ១,៣)។​ ពេលនោះ យើងស្គាល់ និងទទួលស្គាល់ព្រះអង្គ ដោយរំភើបចិត្តកាន់តែខ្លាំងទៅៗ។ តាមការពិត ពេលយើងពោលពាក្យសម្តីដំបូងនៃសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ យើងលើកតម្កើងព្រះបិតាមុននឹងអង្វរព្រះអង្គ ដ្បិតសិរីរុងរឿងរបស់ព្រះជាម្ចាស់ គឺឱ្យយើងទទួលស្គាល់ថា ព្រះអង្គជា​ “ព្រះបិតា” ជាព្រះដ៏ពិតប្រាកដ។ យើងអរព្រះគុណព្រះអង្គ ដែលបានសម្ដែងព្រះនាមព្រះអង្គឱ្យយើងស្គាល់ ដែលបានប្រោសយើងឱ្យជឿលើព្រះអង្គ ហើយដែលគង់នៅក្នុងខ្លួនយើង។

២៧៨២. យើងអាចក្រាបថ្វាយបង្គំព្រះបិតា ពីព្រោះព្រះអង្គបានប្រោសយើងឱ្យកើតសាជាថ្មី និងឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ នៅក្នុងអង្គព្រះបុត្រាតែមួយរបស់ព្រះអង្គ៖ ដោយសារពិធីបុណ្យជ្រមុជទឹក ព្រះអង្គប្រោសយើងឱ្យរួបរួមក្នុងព្រះកាយព្រះគ្រីស្ត ហើយដោយសារប្រេងអភិសេកនៃព្រះវិញ្ញាណព្រះអង្គ ដែលហូរពីព្រះសិរសាដល់អវយវៈ ព្រះអង្គប្រោសយើងឱ្យទៅជា “ព្រះគ្រីស្ត”៖

តាមការពិត ព្រះជាម្ចាស់ ដែលបានតម្រូវយើងទុកជាមុនឱ្យទៅជាបុត្រធីតា បានប្រោសយើងឱ្យសមស្របទៅនឹងព្រះកាយពោរពេញដោយសិរីរុងរឿងរបស់ព្រះគ្រីស្ត។ ដូច្នេះ ចាប់តាំងពីពេលនេះទៅ បងប្អូន ដែលរួមចំណែកជាមួយព្រះគ្រីស្ត គេត្រូវហៅថា “ព្រះគ្រីស្ត” (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។

មនុស្សលោកថ្មី ដែលបានកើតជាថ្មី ហើយដែលព្រះហឫទ័យប្រណីសន្តោសប្រោសឱ្យរួមជាមួយព្រះជាម្ចាស់វិញ ពោលថា “ឱព្រះបិតា!” ដ្បិតគេបានក្លាយទៅជាបុត្រធីតា (សន្ត ស៊ីព្រីយ៉ាំង)។

២៧៨៣. ហេតុនេះហើយ បានជាដោយសារសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ ព្រះជាម្ចាស់សម្ដែងឋានៈរបស់យើងឱ្យយើងស្គាល់ ដូចព្រះអង្គសម្ដែងព្រះបិតាឱ្យយើងស្គាល់ផងដែរ (GS ២២,១)៖

ឱមនុស្សអើយ! អ្នកមិនហ៊ានលើកមុខឡើងទៅលើទេ អ្នកឈ្ងិកមើលដី ស្រាប់តែអ្នកបានទទួលការប្រោសប្រណីពីព្រះគ្រីស្ត គឺព្រះអង្គបានលើកលែងទោសឱ្យអ្នករួចពីអំពើបាបទាំងអស់។ ទៅពីអ្នកបម្រើអាក្រក់ អ្នកបានក្លាយទៅជាបុត្រដ៏ល្អ (...)។ ចូរងើបមុខមើលទៅព្រះបិតា ដែលបានលោះអ្នកដោយសារព្រះបុត្រារបស់ព្រះអង្គ ហើយចូរពោលថា៖ ឱព្រះបិតានៃយើងខ្ញុំ (...)។ ប៉ុន្តែ កុំទាមទារសិទ្ធពិសេសណាមួយឱ្យសោះ។ ដោយឡែក ព្រះអង្គជាព្រះបិតានៃព្រះគ្រីស្តមួយអង្គគត់ ឯយើងវិញ ព្រះអង្គបានបង្កើតយើង។ ដោយមានការប្រោសប្រណីជួយឧបត្ថម្ភ ចូរអ្នកពោលថា៖ ឱព្រះបិតានៃយើងខ្ញុំ ដើម្បីបានសមជាបុត្រធីតារបស់ព្រះអង្គ​ (សន្ត អំប្រ័រ)។

២៧៨៤.  ទោះបីព្រះជាម្ចាស់ប្រោសយើងឱ្យទៅជាបុត្រធីតា ដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់របស់ព្រះអង្គយ៉ាងណាក៏ដោយ ក៏យើងត្រូវតែកែប្រែចិត្តគំនិតជានិច្ច និងរស់នៅតាមរបៀបថ្មី ។ ពេលយើងអធិដ្ឋានព្រះបិតារបស់យើង យើងត្រូវតែ៖

- មានបំណងប្រាថ្នាយកតម្រាប់តាមព្រះអង្គ ៖ ព្រះជាម្ចាស់បានបង្កើតយើងជារូបតំណាងរបស់ព្រះអង្គ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គប្រោសយើងឱ្យមានលក្ខណៈរបស់ព្រះអង្គវិញ យើង​ក៏ត្រូវតែឆ្លើយតបនឹងព្រះអង្គ។

ត្រូវតែរំលឹកថា ពេលយើងហៅព្រះជាម្ចាស់ “ព្រះបិតានៃយើងខ្ញុំ” យើងក៏ត្រូវមានរបៀបរស់នៅដូចបុត្រធីតារបស់ព្រះជាម្ចាស់ (សន្ត ស៊ីពី្រយ៉ាំង)។

អ្នករាល់គ្នាមិនអាចហៅព្រះបិតារបស់អ្នករាល់គ្នា ជាព្រះដ៏ពោរពេញដោយសប្បុរសធម៌ បើអ្នករាល់គ្នានៅតែមានចិត្តអាក្រក់ ដ្បិតពេលនោះ អ្នករាល់គ្នាគ្មានសញ្ញាសម្គាល់នៃសប្បុរសធម៌របស់ព្រះបិតាដែលគង់នៅស្ថានបរមសុខឡើយ (សន្ត យ៉ូហាន គ្រីសូស្តូម)។

ត្រូវតែមើលឃើញសោភ័ណភាពនៃព្រះបិតាជានិច្ច ហើយសោភ័ណភាពនេះជ្រួតជ្រាបក្នុងព្រលឹងយើង (សន្ត គ្រែគ័រ នៃនីស)។

  • មានចិត្តសុភាពរាបសាដោយជឿទុកចិត្តលើព្រះអង្គ ដែលធ្វើឱ្យយើងត្រឡប់ទៅជា “ដូចក្មេងតូចៗ” (មថ ១៨,៣) ដ្បិតព្រះបិតាសម្ដែងព្រះអង្គឱ្យ “អ្នកតូចតាច” ស្គាល់ (មថ ១១,២៥)។

ត្រូវមើលឃើញព្រះជាម្ចាស់តែប៉ុណ្ណោះ ដូចជាភ្នក់ភ្លើងដ៏ធំនៃសេចក្ដីស្រលាញ់។ ព្រលឹងរលាយនៅក្នុងភ្លើងនេះ ពោរពេញទៅដោយសុភមង្គលដ៏វិសុទ្ធ ហើយនិយាយសន្ទនាជាមួយព្រះជាម្ចាស់ ដូចព្រះបិតារបស់ខ្លួនឯង យ៉ាងស្និទស្នាល និងថ្នាក់ថ្នមជាទីបំផុត (សន្ត យ៉ូហាន កាស៊ីយ៉ាំង)។

ព្រះបិតានៃយើងខ្ញុំ៖ ព្រះនាមនេះ ជម្រុញយើងឱ្យអធិដ្ឋានដោយក្ដីស្រលាញ់ និងមេត្រីភាព (...) ដោយសង្ឃឹមថា យើងនឹងទទួលអ្វីដែលយើងនឹងសូម (...)។ តើព្រះអង្គអាចបដិសេធអ្វីខ្លះចំពោះពាក្យអង្វរនៃបុត្រធីតារបស់ព្រះអង្គ នៅពេលដែលព្រះអង្គបានទុកគេជាបុត្រធីតាហើយនោះ? (សន្ត អូគូស្តាំង)។

៣. ព្រះបិតា “យើងខ្ញុំ”

២៧៨៦. ព្រះបិតា “យើងខ្ញុំ” ទាក់ទងនឹងព្រះជាម្ចាស់។ គុណសព្ទនេះ មិនសម្ដែងថា ព្រះបិតាជាកម្មសិទ្ធរបស់យើងទេ ប៉ុន្តែ សម្ដែងថា យើងមានទំនាក់ទំនងថ្មីៗជាមួយនឹងព្រះជាម្ចាស់។

២៧៨៧. ពេលយើងពោលថា “ព្រះបិតានៃយើងខ្ញុំ” យើងទទួលស្គាល់ថា ព្រះបន្ទូលសន្យាប្រកបដោយសេចក្ដីស្រលាញ់របស់ព្រះអង្គ ដែលពួកព្យាការីបានប្រកាសទុកជាមុន បានកើតជារូបរាងហើយ ក្នុងសម្ពន្ធមេត្រីថ្មី និងអស់កល្បជានិច្ច ក្នុងអង្គព្រះគ្រីស្ត គឺយើងបានទៅជាប្រជាជន “របស់” ព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គជាព្រះ “របស់” យើង។ យើងមានទំនាក់ទំនងថ្មីជាមួយព្រះជាម្ចាស់ យើងក៏ជាកម្មសិទ្ធរវាងគ្នានិងគ្នា ដោយមិនគិតអំពីប្រយោជន៍ផ្ទាល់៖ យើងត្រូវឆ្លើយនឹង “ព្រះហឫទ័យប្រណីសន្តោស និងសេចក្ដីពិត” (យហ ១,១៧) ដែលព្រះជាម្ចាស់បានប្រោសប្រទានមកយើងតាមរយៈព្រះយេស៊ូគ្រីស្ត ដោយសេចក្ដីស្រលាញ់ និងភក្តីភាព (ហស ២,២១-២២ ; ៦,១-៦)។

២៧៨៨. ដោយសារសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ជាសេចក្ដីអធិដ្ឋាននៃប្រជាជនរបស់ព្រះអង្គ “នៅពេលចុងក្រោយបំផុត” ពាក្យ “យើងខ្ញុំ” សម្ដែងថា យើងជឿជាក់ និងសង្ឃឹមយ៉ាងច្បាស់លាស់ ក្នុងព្រះបន្ទូលសន្យាចុងក្រោយរបស់ព្រះជាម្ចាស់ គឺក្នុងទីក្រុងយេរូសាឡឹមថ្មី ព្រះអង្គនឹងមានព្រះបន្ទូលទៅអ្នកដែលមានជ័យជំនះថា៖ “យើងនឹងធ្វើជាព្រះរបស់គេ ហើយគេធ្វើជាបុត្រធីតារបស់យើង” (វវ ២១,៧)។

២៧៨៩. ដោយអធិដ្ឋានព្រះបិតានៃ “យើងខ្ញុំ” យើងសម្ដៅទៅលើព្រះបិតារបស់ព្រះអម្ចាស់នៃយើង គឺព្រះយេស៊ូគ្រីស្ត។ យើងមិនបំបែកព្រះជាម្ចាស់ទេ ដ្បិតព្រះបិតាជា “ប្រភព និងដើមហេតុ” នៃជាតិជាព្រះជាម្ចាស់ ប៉ុន្តែ យើងប្រកាសថា​ ព្រះបុត្រាទទួលព្រះជន្មពីព្រះអង្គ ហើយព្រះវិញ្ញាណដ៏វិសុទ្ធហូរចេញពីព្រះអង្គផងដែរ។ យើងក៏មិនច្រឡំព្រះអង្គនីមួយៗផងដែរ ដ្បិតយើងប្រកាសថា យើងរួមរស់ជាមួយព្រះបិតា និងព្រះបុត្រាព្រះអង្គព្រះយេស៊ូគ្រីស្ត ក្នុងអង្គព្រះវិញ្ញាណតែមួយរបស់អង្គទាំងពីរព្រះអង្គ។ ព្រះត្រៃឯកដ៏វិសុទ្ធរួមសភាពជាមួយគ្នា និងមិនអាចបំបែកចេញពីគ្នាបានទេ។ ពេលយើងអធិដ្ឋានព្រះបិតា យើងក្រាបថ្វាយបង្គំ និងលើកតម្កើងព្រះអង្គ រួមជាមួយព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

២៧៩០. មានព្រះជាម្ចាស់តែមួយ ហើយអស់អ្នក ដែលបានកើតសាជាថ្មីពីទឹក និងពីព្រះវិញ្ញាណព្រះអង្គ (១យហ ៥,១ ; ១យហ ៣,៥) ដោយបានផ្ញើជីវិតទាំងស្រុងទៅលើព្រះបុត្រាតែមួយរបស់ព្រះអង្គ ទទួលស្គាល់ថា ព្រះនេះ ជាព្រះបិតា។ ក្នុងព្រះសហគមន៍ ព្រះជាម្ចាស់ និងមនុស្សរួមរស់ជាមួយគ្នាសាជាថ្មី គឺព្រះសហគមន៍រួបរួមជាមួយព្រះបុត្រាតែមួយ ដែលបានក្លាយទៅជា “រៀមច្បងក្នុងបណ្តាបងប្អូនជាច្រើន” (រម ៨,២៩) ព្រះសហគមន៍រួមរស់ជាមួយព្រះបិតាតែមួយ ក្នុងអង្គព្រះវិញ្ញាណដ៏វិសុទ្ធតែមួយ (អភ ៤,៤-៦)។ ពេលអធិដ្ឋានព្រះបិតា “យើងខ្ញុំ” គ្រីស្តបរិស័ទគ្រប់ៗរូបអធិដ្ឋាន ដោយរួមរស់ជាមួយព្រះជាម្ចាស់ និងដោយរួមរស់ជាមួយគ្នាផង៖ “អ្នកជឿទាំងអំបាលម៉ានមានចិត្តថ្លើមតែមួយ” (កក ៤,៣២)។

២៧៩១. ហេតុនេះហើយ ទោះជាគ្រីស្តបរិស័ទបាក់បែកគ្នាយ៉ាងណាក៏ដោយ ក៏សេចក្ដីអធិដ្ឋានចំពោះព្រះ​បិតានៃ “យើងខ្ញុំ” នៅតែជាសម្បត្តិរួម ហើយជាការត្រាស់ហៅចំពោះគ្រីស្តបរិស័ទគ្រប់ៗរូប គឺដោយសារគេរួមជាមួយគ្នាដោយផ្ញើជីវិតទៅលើព្រះគ្រីស្ត និងដោយទទួលពិធីជ្រមុជទឹក គេក៏ត្រូវតែចូលរួមចំណែកក្នុងការអធិដ្ឋានរបស់ព្រះយេស៊ូ ដើម្បីឱ្យសាវ័កព្រះអង្គរួមគ្នាជាធ្លុងតែមួយ (UR ៨ ; ២២)។

២៧៩២. ទីបំផុត បើយើងអធិដ្ឋានព្រះបិតា “យើងខ្ញុំ” ដោយសេចក្ដីពិត យើងលែងគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដ្បិតសេចក្ដីស្រលាញ់ដែលយើងទទួល រំដោះយើងឱ្យរួចពីគិតបែបនេះ។ “យើងខ្ញុំ” ក្នុងសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់មិនប្រកាន់អ្នកណាឡើយ។ ដើម្បីពោល “យើងខ្ញុំ” ដោយសេចក្ដីពិត (មថ ៥,២៣-  ២៤ ; ៦,១៤-១៦) យើងក៏ត្រូវតែលែងជំទាស់ និងបាក់បែកគ្នា។

២៧៩៣. បើគេមិននឹកគិតដល់ អស់អ្នកដែលព្រះអង្គបានប្រគល់ព្រះបុត្រាដ៏ជាទីស្រលាញ់របស់ព្រះអង្គ គ្រីស្តបរិស័ទមិនអាចអធិដ្ឋានព្រះបិតានៃ “យើងខ្ញុំ” ឡើយ។ សេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់គ្មានព្រំដែនទេ ការអធិដ្ឋានរបស់យើងក៏មិនអាចមានព្រំដែនដែរ (NA ៥)។ ពេលយើងអធិដ្ឋានព្រះបិតានៃ “យើងខ្ញុំ” យើងចូលក្នុងសេចក្ដីស្រលាញ់ដែលព្រះគ្រីស្តបានសម្ដែងឱ្យយើងស្គាល់ គឺយើងអធិដ្ឋានរួមជាមួយ និងសម្រាប់អស់អ្នកដែលមិនទាន់ស្គាល់ព្រះអង្គ ដើម្បីឱ្យគេ​ “រួបរួមជាប្រជាជនតែមួយ” (យហ ១១,៥២)។ ព្រះជាម្ចាស់តែងតែណែនាំអ្នកអធិដ្ឋានដ៏ល្បីឱ្យខ្វល់ខ្វាយអំពីមនុស្សលោកទាំងអស់ និងពិភពលោកទាំងមូល គឺពេលយើងហ៊ានសូត្រធម៌ព្រះបិតានៃ “យើងខ្ញុំ” ព្រះអង្គពង្រីកការអធិដ្ឋានរបស់យើងឱ្យទូលំទូលាយ និងពោរពេញដោយសេចក្ដីស្រលាញ់។

៤. “ដែលគង់នៅស្ថានបរមសុខ”

២៧៩៤. ពាក្យសម្ដីដែលមកពីព្រះគម្ពីរនេះ មិនសម្ដៅទៅលើកន្លែង (“ទីតាំង”) ទេ ប៉ុន្តែ សម្តៅទៅលើស្ថានភាពមួយ។ យ៉ាងណាមីញ ពាក្យសម្តីនេះ មិនសម្ដែងថា ព្រះជាម្ចាស់គង់នៅឆ្ងាយពីយើងទេ ប៉ុន្តែ ព្រះអង្គពោរពេញដោយភាពថ្កុំថ្កើងដ៏ខ្ពង់ខ្ពស់ជាទីបំផុត។ ព្រះបិតារបស់យើងមិនគង់ “នៅកន្លែងផ្សេង” ទេ យើងមិនអាចយល់ឃើញដល់ភាពដ៏វិសុទ្ធដ៏លើសលប់ឥតផ្ទឹមរបស់ព្រះអង្គបានឡើយ។ ដោយសារព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធបំផុត ព្រះអង្គក៏គង់នៅជិតអ្នកដែលមានចិត្តសោកសង្រេង និងសុភាពរាបសា៖

ត្រូវតែយល់ថា ពាក្យសម្ដី “ព្រះបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខ” សម្ដៅទៅលើចិត្តរបស់មនុស្សសុចរិត ដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់។ យ៉ាងណាមីញ អ្នកអធិដ្ឋាននឹងប៉ងប្រាថ្នាចង់ឱ្យព្រះជាម្ចាស់យាងមកគង់នៅក្នុងចិត្តគេ (សន្ត អូគូស្តាំង)។

“ស្ថានបរមសុខ” អាចសម្ដៅទៅលើអស់អ្នកដែលជារូបដំណាងនៃបរមលោក ហើយដែលមានព្រះជាម្ចាស់គង់នៅ និងយាងកំសាន្ត (សន្ត ស៊ីរីល នៃទីក្រុងយេរូសាឡឹម)។

២៧៩៥. និមិត្តរូបនៃស្ថានបរមសុខធ្វើឱ្យយើង នឹកគិតដល់គម្រោងការដ៏អស្ចារ្យនៃសម្ពន្ធមេត្រី ដែលយើងទទួលក្នុងពេលអធិដ្ឋាន។ ព្រះអង្គគង់នៅស្ថានបរមសុខ ដែលជាព្រះដំណាក់របស់ព្រះអង្គ ព្រះដំណាក់របស់ព្រះបិតាក៏ជា “មាតុភូមិ” របស់យើងដែរ។ អំពើបាបបាននិរទេសយើងចេញពីទឹកដីនៃសម្ពន្ធមេត្រី (កណ ៣) ពេលយើងកែប្រែចិត្តគំនិត ធ្វើឱ្យយើងត្រឡប់ទៅឯព្រះបិតា គឺស្ថានបរមសុខវិញ (យរ ៣,១៩.៤,១ក ; លក ១៥,១៨.២១)។ ក្នុងអង្គព្រះគ្រីស្ត មេឃ និងដីសម្រុះសម្រួលនឹងគ្នា (អស ៤៥,៨ ; ទន ៨៥,២) ដ្បិតព្រះបុត្រា “យាងចុះពីស្ថានបរមសុខ” តែមួយព្រះអង្គ ហើយទ្រង់ក៏ប្រោសយើងឱ្យឡើងទៅស្ថានបរមសុខ រួមជាមួយព្រះអង្គវិញ ដោយសារព្រះឈើឆ្កាង ដោយព្រះអង្គមានព្រះជន្មថ្មី និងយាងឡើងស្ថានបរមសុខ (យហ ១២,៣២ ; ១៤,២-៣ ; ១៦,២៨ ; ២០,១៧ ; អភ ៤,៩-១០ ; ហប ១,៣ ; ២,១៣)។

២៧៩៦. ពេលព្រះសហគមន៍អធិដ្ឋាន “ព្រះបិតាដែលគង់នៅស្ថានបរមសុខ” ព្រះសហគមន៍ប្រកាសថា យើងជាប្រជាជនរបស់ព្រះជាម្ចាស់ ដែល “អង្គុយលើបល្ល័ង្កនៅស្ថានបរមសុខរួមជាមួយព្រះគ្រីស្តយេស៊ូ” (អភ ២,៦) “កប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជាម្ចាស់” (កូឡ ៣,៣) ជាមួយគ្នានេះ “យើងតែងតែត្អូញត្អែរ    សង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត គឺឱ្យតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន” (២ករ ៥,២) (ភីល ៣,២០ ; ហប ១៣,១៤)៖

គ្រីស្តបរិស័ទរស់នៅក្នុងលោកីយ៍ ប៉ុន្តែពួកគេមិនរស់នៅតាមលោកីយ៍ទេ។ ពួកគេរស់នៅលើផែនដី តែពួកគេជាប្រជារាស្រ្តនៃស្ថានបរមសុខ (លិខិតផ្ញើជូនលោកឌីយ៉ូញ៉ែត)។

សង្ខេប

២៧៩៧. គួរមានចិត្តសាមញ្ញ និងស្មោះត្រង់ ជឿទុកចិត្ត ដោយមានចិត្តសុភាពរាបសា និងដោយ​ត្រេក​អរ ដើម្បីអធិដ្ឋានធម៌ឱព្រះបិតានៃយើងខ្ញុំ។

២៧៩៨. យើងអាចទូលអង្វរព្រះជាម្ចាស់ដូចជា “ព្រះបិតា” ដ្បិតព្រះបុត្រាកើតជាមនុស្ស បាន​សម្ដែង​ព្រះ​អង្គ​ឱ្យយើងស្គាល់។​ ម្យ៉ាងទៀត ដោយសារពិធីជ្រមុជទឹក យើងចូលរួមក្នុងអង្គព្រះគ្រីស្ត និងទៅ​ជា​បុត្រ​ធីតា​របស់​ព្រះ​ជា​ម្ចាស់។

២៧៩៩. សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ធ្វើឱ្យយើងរួបរួមជាមួយព្រះបិតា និងព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្ត។ ជាមួយគ្នានេះ សេចក្ដីអធិដ្ឋាននេះ សម្ដែងឱ្យយើងស្គាល់ខ្លួនឯង (GS ២២,១)។

២៨០០. នៅពេលដែលយើងអធិដ្ឋានព្រះបិតាយើង យើងមានបំណង​យក​តម្រាប់​តាម​ព្រះអង្គ​ និង​មាន​ចិត្ត​សុភាពរាបសាដោយជឿទុកចិត្តលើព្រះអង្គ។

២៨០១. ពេលយើងពោលថា “ព្រះបិតានៃយើងខ្ញុំ” យើងអង្វរសម្ពន្ធមេត្រីថ្មីក្នុងអង្គព្រះយេស៊ូគ្រីស្ត ការរួប​រួម​ជាមួយព្រះត្រៃឯកដ៏វិសុទ្ធ និងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ ដែលលាតសន្ធឹងពេញពិភពលោកទាំងមូល តាមរយៈព្រះសហគមន៍។

២៨០២. “ដែលគង់នៅស្ថានបរមសុខ” មិនសម្ដៅទៅលើកន្លែងទេ ប៉ុន្តែសម្ដៅទៅលើភាពថ្កើងថ្កុំខ្ពង់ខ្ពស់ បំផុតរបស់ព្រះជាម្ចាស់ និងវត្តមានរបស់ព្រះអង្គក្នុងចិត្តមនុស្សសុចរិត។ ស្ថានបរមសុខ ជាព្រះដំណាក់របស់ព្រះ បិតា ជាមាតុភូមិយ៉ាងពិតប្រាកដ ដែលយើងតម្រង់ទៅ ហើយដែលជាកម្មសិទ្ធិរបស់យើងរួចទៅហើយ។

ប្រការទី៣៖​សំណូមពរទាំងប្រាំពីរ

២៨០៣. ក្រោយពីបានប្រោសយើងឱ្យជួបព្រះជាម្ចាស់ជាព្រះបិតានៃយើង ដើម្បីក្រាបថ្វាយបង្គំ ស្រលាញ់ និងលើកតម្កើងព្រះអង្គ ព្រះវិញ្ញាណធ្វើឱ្យយើងទូលអង្វរព្រះអង្គដោយសំណូមពរទាំងប្រាំពីរ គឺសូមឱ្យព្រះអង្គប្រទានពរប្រាំពីរដង។ សំណូមពរទាំងបីដំបូង ដែលទាក់ទងនឹងព្រះជាម្ចាស់ទាក់ទាញឱ្យយើងទៅរកសិរីរុងរឿងរបស់ព្រះបិតា រីឯសំណូមពរទាំងបួនចុងក្រោយ ហាក់ដូចជាផ្លូវឆ្ពោះទៅកាន់ព្រះអង្គ ថ្វាយភាពវេទនារបស់យើងចំពោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ (ទន ៤២,៨)។

២៨០៤. សំណូមពរដំបូងនាំយើងឆ្ពោះទៅព្រះជាម្ចាស់ ដើម្បីព្រះអង្គ៖ ព្រះនាមរបស់ព្រះអង្គ ព្រះរាជ្យរបស់ព្រះអង្គ ព្រះហឫទ័យរបស់ព្រះអង្គ ! ពេលយើងស្រលាញ់យ៉ាងពិតប្រាកដ យើងនឹកគិតដល់អ្នកដែលយើងស្រលាញ់សិន។ ក្នុងសំណូមពរទាំងបីនោះ យើងមិននិយាយអំពីខ្លួនឯងទេ តែ “បំណងប្រាថ្នាដ៏ខ្លាំង” “សេចក្ដីតាន់តឹង” ផ្ទាល់របស់ព្រះបុត្រាជាទីស្រលាញ់ចំពោះសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គ ដែលប្រោសយើង (លក ២២,១៤ ; ១២,៥០)៖ “សូមឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ (...) សូមឱ្យព្រះរាជ្យយាងមកដល់ (...) សូមឱ្យព្រះហឫទ័យបានសម្រេច (...)៖ យញ្ញបូជារបស់ព្រះគ្រីស្តជាព្រះសង្រ្គោះបានទទួលសំណូមពរទាំងបីនោះហើយ ប៉ុន្តែ ឥឡូវនេះ យើងទូលសូមអង្វរព្រះអង្គ ដោយសង្ឃឹមថា ព្រះអង្គនឹងបំពេញសំណូមពរនោះឱ្យបានពេញលក្ខណៈ រហូតដល់ព្រះជាម្ចាស់គ្រង់រាជ្យលើអ្វីៗទាំងអស់គ្រប់ប្រការ (១ករ​ ១៥,២៨)។

២៨០៥. សំណូមពរទាំងបួនចុងក្រោយមានដូចក្នុងធម៌ប្រសិទ្ធព្រះកាយនៃអភិបូជា គឺយើងថ្វាយការរង់ចាំទាំងប៉ុន្មានរបស់យើង ហើយយើងទាក់ទាញព្រះបិតានៃធម៌មេត្តាករុណា។ សំណូមពរចេញមកពីយើង ហើយមានប្រយោជន៍សម្រាប់យើងចាប់តាំងពីឥឡូវនេះទៅ នៅក្នុងលោកនេះ៖ “សូមប្រទានឱ្យយើង (...) សូមលើកលែងទោសឱ្យយើង (...) កុំបណ្តោយឱ្យយើង (...) សូមរំដោះយើងខ្ញុំ ”។ សុះណូមពរទីបួន និងទីប្រាំទាក់ទងនឹងការរស់នៅរបស់យើង ដើម្បីឱ្យព្រះអង្គជួយចិញ្ចឹម ឬឱ្យទ្រង់ជួយព្យាបាលពីអំពើបាប។ រីឯសំណូមពរទាំងពីរចុងក្រោយទាក់ទងនឹងការប្រយុទ្ធរបស់យើង ដើម្បីឱ្យជីវិតទទួលជោគជ័យ ជាការប្រយុទ្ធនៃការអធិដ្ឋានផ្ទាល់។

២៨០៦. ដោយសារសំណូមពរទាំងបីដំបូង ព្រះជាម្ចាស់ពង្រឹងជំនឿរបស់យើង ហើយប្រទានសេចក្ដីសង្ឃឹម និងសេចក្ដីស្រលាញ់មកយើង។ យើងជាសត្វលោក នៅតែប្រព្រឹត្តអំពើបាប យើងក៏ត្រូវតែសុំសម្រាប់យើង គឺសម្រាប់មនុស្សលោកទាំងអស់ក្នុងពិភពលោកទាំងមូល គ្រប់ជំនាន់ ដែលយើងថ្វាយចំពោះសេចក្ដីស្រលាញ់ដ៏ឥតព្រំដែននៃព្រះរបស់យើង ដ្បិតព្រះបិតារបស់យើងបំពេញគម្រោងការរបស់ព្រះអង្គសង្រ្គោះយើង និងពិភពលោកទាំងមូល តាមរយៈព្រះនាមនៃព្រះគ្រីស្តរបស់ព្រះអង្គ និងការសោយរាជ្យនៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ។

១. “សូមឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ”

២៨០៧. តាមភាសាដើម ត្រូវបកប្រែថា “សូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ”។ ប្រធាននៃពាក្យ “ឱ្យបានវិសុទ្ធ” មិនមែនជាមនុស្សទេ​ (មានតែព្រះជាម្ចាស់ដែលប្រោសឱ្យបានវិសុទ្ធ) តែត្រូវតែយល់ថា សូមឱ្យមនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ ហើយសូមឱ្យគេគោរពព្រះជាម្ចាស់ដូចជាព្រះដ៏វិសុទ្ធមែន។ ហេតុនេះ ក្នុងការក្រាបថ្វាយបង្គំ យើងអាចយល់សំណូមពរនេះ ដូចជាពាក្យសរសើរ ឬពាក្យអរព្រះគុណព្រះជាម្ចាស់ (ទន ១១១,៩​ ; លក ១,៤៩)។ ប៉ុន្តែ ព្រះយេស៊ូបង្រៀនឱ្យយើងសូត្រសំណូមពរនេះ ដូចជាការសុំ បំណងប្រាថ្នា ការរង់ចាំ ដែលព្រះជាម្ចាស់ និងមនុស្សចូលរួមជាមួយគ្នា។ ចាប់តាំងពីសំណូមពរដំបូងចំពោះព្រះបិតា យើងចូលក្នុងអាឋ៌កំបាំងដ៏ស្និទ្ធស្នាលនៃភាពជាព្រះជាម្ចាស់របស់ព្រះអង្គ ហើយក្នុងវិនាដកម្មនៃការសង្រ្គោះជាតិជាមនុស្សរបស់យើង។ ពេលយើងទូលសុំព្រះជាម្ចាស់ឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ យើងចូល “ក្នុងគម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គតាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន” ដើម្បីឱ្យយើង “បានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះ  ភ័ក្រ្តព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រលាញ់យើង” (អភ ១,៩.៤)។

២៨០៨. នៅពេលដ៏សំខាន់ៗនែការចាត់ចែងរបស់ព្រះជាម្ចាស់ ព្រះអង្គសម្ដែងព្រះនាមព្រះអង្គឱ្យយើងស្គាល់ ប៉ុន្តែព្រះអង្គសម្ដែងព្រះនាមព្រះអង្គ ដោយបំពេញព្រះរាជកិច្ចរបស់ព្រះអង្គ។ ក៏ប៉ុន្តែ ព្រះរាជកិច្ចនេះ កើតជារូបរាងនៅក្នុងខ្លួនយើង និងដើម្បីយើង ដរាបណាព្រះនាមព្រះអង្គបានវិសុទ្ធនៅក្នុងខ្លួនយើង និងតាមរយៈយើង។

២៨០៩. ភាពដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ជាកន្លែងសំខាន់ នៃអាឋ៌កំបាំងអស់កល្បជានិច្ចរបស់ព្រះអង្គដែលមិនអាចឈានទៅដល់បាន។ ព្រះគម្ពីរហៅសិរីរុងរឿង គឺជារស្មីនៃភាពថ្កុំថ្កើងរបស់ព្រះអង្គ ក្នុងការបង្កើតពិភពលោក និងក្នុងប្រវត្តិសាស្រ្តមនុស្សលោក (ទន ៨ ; អស ៦,៣)។ ដោយព្រះជាម្ចាស់បានធ្វើឱ្យមនុស្ស “ជាតំណាង និងមានលក្ខណៈដូចព្រះអង្គ” (កណ ១,២៦) ព្រះអង្គ “ប្រទានសិរីរុងរឿងដល់គេទុកជាមកុដរាជ្យ” (ទន ៨,៦) ប៉ុន្តែ ដោយសារមនុស្សប្រព្រឹត្តអំពើបាប គេ “គ្មានសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅជាមួយ” (រម ៣,២៣)។ ហេតុនេះ ព្រះជាម្ចាស់នឹងសម្ដែងភាពដ៏វិសុទ្ធរបស់ព្រះអង្គ ដោយសម្ដែង និងប្រទានព្រះនាមព្រះអង្គ “ដើម្បីឱ្យបានដូចព្រះអង្គដែលបង្កើតមនុស្សជាថ្មី” (កូឡ ៣,១០)។

២៨១០. ព្រះជាម្ចាស់មានព្រះបន្ទូលសន្យា និងស្បថ ចំពោះលោកអប្រាហាំ (ហប ៦,១៣) ប៉ុន្តែ ព្រះអង្គមិនសម្ដែងព្រះនាមព្រះអង្គឱ្យលោកស្គាល់ទេ។ ព្រះអង្គចាប់ផ្ដើមសម្ដែងព្រះនាមព្រះអង្គឱ្យលោកម៉ូសេស្គាល់ (សរ ៣,១៤) ហើយទ្រង់លារត្រដាងព្រះនាមព្រះអង្គចំពោះប្រជាជនទាំងមូលដោយសង្រ្គោះពួកគេពីជនជាតិអេស៊ីប៖ “ព្រះអង្គមានជ័យជំនះដ៏ត្រចះត្រចង់” (សរ ១៥,១)។ តាំងពីព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីលើភ្នំស៊ីណៃ ប្រជាជននេះ ជាប្រជាជន “របស់ព្រះអង្គផ្ទាល់” ហើយពួកគេត្រូវក្លាយទៅជា “ប្រជាជាតិដ៏វិសុទ្ធ” (ឬជាភាសាហេប្រឺ “ដែលបូជាជីវិត” ជាពាក្យតែមួយ - សរ​១៩,៥-៦)​ ដ្បិតព្រះនាមរបស់ព្រះជាម្ចាស់ស្ថិតក្នុងចំណោមពួកគេ។

២៨១១. ក៏ប៉ុន្តែ ទោះបីជាព្រះជាម្ចាស់ដ៏វិសុទ្ធប្រោសប្រទានធម្មវិន័យដ័វិសុទ្ធម្តងហើយ និងម្តងទៀត (លវ ១៩,២៖ “អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ”) ហើយទោះបីជាព្រះអម្ចាស់មានព្រះហឫទ័យអត់ធ្មត់ “ដោយសារព្រះនាមព្រះអង្គ” យ៉ាងណាក៏ដោយ ក៏ប្រជាជនបង្វែរចិត្តគំនិតពីព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ហើយ “បានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់ព្រះអង្គក្នុងចំណោមប្រជាជាតិទាំងឡាយ” (អគ ២០ ; ៣៦) ដែរ។ ហេតុនេះហើយ បានជាមនុស្សសុចរិតនៃសម្ពន្ធមេត្រីចាស់ អ្នកក្រីក្រ ដែលត្រឡប់មកពីនិរទេសវិញ និងពួកព្យាការីឆេះឆួលក្នុងចិត្តចំពោះព្រះនាមព្រះអង្គ។

២៨១២. ទីបំផុត ព្រះជាម្ចាស់សម្ដែង និងប្រទានឱ្យយើងស្គាល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ​ នៅក្នុងអង្គព្រះយេស៊ូ ដែលកើតជាមនុស្ស ដើម្បីសង្រ្គោះយើង (មថ ១,២១ ; លក ១,៣១) គឺព្រះយេស៊ូសម្ដែងព្រះនាមព្រះអង្គតាមកិច្ចការ ព្រះបន្ទូល និងយញ្ញបូជារបស់ព្រះអង្គ (យហ ៨,២៨ ; ១៧,៨ ; ១៧,១៧-១៩)។ ព្រះនាមព្រះអង្គជាស្នូលនៃសេចក្ដីអធិដ្ឋានរបស់ព្រះយេស៊ូក្នុងឋានៈជាបូជាចារ្យ៖ “បពិត្រព្រះបិតាដ័វិសុទ្ធ (...) ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់ពួកគេ ដើម្បីឱ្យពួកគេបានវិសុទ្ធដោយសារសេចក្ដីពិត” (យហ ១៧,១៩)។ ដោយសារព្រះយេស៊ូផ្ទាល់ “ប្រោសព្រះនាមព្រះអង្គឱ្យបានវិសុទ្ធ” (អគ ២០,៣៩ ; ៣៦,២០-២១) ព្រះអង្គ “សម្ដែង” ព្រះនាមរបស់ព្រះបិតា (យហ ១៧,៦)។ លុះដល់ពេលព្រះយេស៊ូបានសោយទិវង្គត និងមានព្រះជន្មថ្មីហើយ ព្រះបិតាប្រទានឱ្យព្រះអង្គព្រះនាមប្រសើរលើសអ្វីៗទាំងអស់ គឺព្រះយេស៊ូជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ជាព្រះបិតា    (ភីល ២,៩-១១)។

២៨១៣. ក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក “ព្រះជាម្ចាស់លាងសំអាតបងប្អូន ប្រោសប្រទានឱ្យបងប្អូនបានវិសុទ្ធ ព្រមទាំងឱ្យបងប្អូនបានសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ត តាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចទៅហើយ” (១ករ ៦,១១)។ ព្រះបិតានៃយើង “ត្រាស់ហៅយើងឱ្យបានវិសុទ្ធ” (១ថស ៤,៧) ក្នុងគ្រប់កិច្ចការទាំងអស់ “គឺព្រះអង្គនេះហើយ ដែលបានប្រោសឱ្យបងប្អូនឱ្យមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ដែលបានវិសុទ្ធសម្រាប់យើង” (១ករ ១,៣០) ព្រះនាមរបស់ព្រះអង្គត្រូវបានវិសុទ្ធក្នុងខ្លួនយើង និងតាមរយៈយើង ដើម្បីសិរីរុងរឿរបស់ព្រះអង្គ និងជីវិតរបស់យើងផង   ដែរ។ ហេតុនេះហើយ បានជាសំណូមពរដំបូងរបស់យើងសំខាន់ណាស់។

តើនរណាអាចធ្វើឱ្យព្រះជាម្ចាស់បានវិសុទ្ធ ដ្បិតគឺព្រះអង្គផ្ទាល់ដែលប្រោសឱ្យបានវិសុទ្ធ? ប៉ុន្តែ ដោយទទួលយកព្រះបន្ទូលនេះ “អ្នករាល់គ្នាត្រូវតែវិសុទ្ធសម្រាប់យើង ដ្បិតយើងជាព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ” (លវ ២០,២៦) សូមឱ្យយើង បានវិសុទ្ធដោយពិធីជ្រមុជទឹក យើងនឹងព្យាយាមឱ្យទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ គ្រប់ពេល ពីព្រោះរៀងរាល់ថ្ងៃ យើងតែងតែប្រព្រឹត្តខុស ហើយយើងត្រូវជម្រះអំពើបាបយើង ដោយបានវិសុទ្ធជារៀងរហូត (...)។ ដូច្នេះ យើងយកការអធិដ្ឋានធ្វើជាទីពឹង ដើម្បីឱ្យភាពដ៏វិសុទ្ធរបស់ព្រះអង្គស្ថិតនៅក្នុងខ្លួនយើង (សន្ត ស៊ីព្រីយ៉ាំង)។

២៨១៤. ព្រះនាមរបស់ព្រះជាម្ចាស់បានវិសុទ្ធនៅក្នុងចំណោមប្រជាជាតិនាន គឺអាស្រ័យទៅលើការរស់នៅ និងការអធិដ្ឋានរបស់យើង ដែលមិនអាចបំបែកចេញពីគ្នាបានឡើយ៖

យើងសូមឱ្យព្រះជាម្ចាស់ប្រោសព្រះនាមព្រះអង្គឱ្យបានវិសុទ្ធ ដ្បិតព្រះអង្គសង្រ្គោះ និងប្រោសសត្វលោកទាំងអស់ឱ្យបានវិសុទ្ធ ដោយសារភាពដ័វិសុទ្ធ (...) គឺព្រះនាមដែលប្រទានការសង្រ្គោះដល់ពិភពលោកដែលវង្វេង ប៉ុន្តែយើងសូមឱ្យព្រះជាម្ចាស់ប្រោសព្រះនាមព្រះអង្គនេះឱ្យបានវិសុទ្ធ ក្នុងខ្លួនយើង ដោយសារការរស់នៅរបស់យើង ដ្បិតបើយើងមានការរស់នៅត្រឹមត្រូវ ព្រះនាមព្រះអង្គបានវិសុទ្ធ ប៉ុន្តែ បើរបៀបរស់នៅរបស់យើងមិនត្រឹមត្រូវទេ គឺយើងប្រមាថព្រះនាមព្រះអង្គ តាមពាក្យសម្តីរបស់គ្រីស្តទូតប៉ូល៖ “ព្រោះតែអ្នករាល់គ្នា បានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់” (រម ២,២៤ ; អគ ៣៦,២០-  ២២)។ ដូច្នេះ យើងអធិដ្ឋានឱ្យសមនឹងភាពដ៏វិសុទ្ធក្នុងព្រលឹងយើង ដូចព្រះនាមដ៏វិសុទ្ធនៃព្រះជាម្ចាស់ដូច្នេះដែរ (សន្ត សិលា គ្រីសូឡូង)។

ពេលយើងនិយាយថា “សូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ” គឺយើងសូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធក្នុងខ្លួនយើង ដែលយើងនៅក្នុងអង្គព្រះអង្គ ហើយនៅក្នុងអ្នកដទៃ ដែលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់នៅតែរង់ចាំនៅឡើយ ដើម្បីឱ្យយើងសម្របតាមវិន័យដែលបង្ខំឱ្យអធិដ្ឋានចំពោះមនុស្សទាំងអស់ សូម្បីតែខ្មាំងសត្រូវរបស់យើងដែរ។ ហេតុនេះហើយ បានជាយើងមិននិយាយចំៗថា៖ សូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ “នៅក្នុងខ្លួនយើង” ដ្បិតយើងសូមឱ្យព្រះនាមព្រះអង្គបានវិសុទ្ធក្នុងមនុស្សទាំងអស់ (សន្ត ទែរទូលីយ៉ាំង)។

២៨១៥. សំណូមពរនេះ ដែលមានសំណូមពរផ្សេងៗ ក៏ដូចជាសំណូមពរទាំងប្រាំមួយប្រការ ត្រូវបានទទួលដោយការអធិដ្ឋានរបស់ព្រះគ្រីស្ត ។ ការអធិដ្ឋានដល់ព្រះបិតាជាការអធិដ្ឋានរបស់យើង លុះត្រាតែយើងអធិដ្ឋាន “ក្នុងនាម ” នៃព្រះយេស៊ូ (យហ ១៤,១៣ ; ១៥,១៦ ; ១៦,២៤.២៦)។ ក្នុងឋានៈជាបូជាចារ្យ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង” (យហ ១៧,១១)។

២. “សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់”

២៨១៦. ក្នុងសម្ពន្ធមេត្រីថ្មី យើងអាចបក្របែពាក្យ Basilea បានបីយ៉ាង គឺ “នៃព្រះមហាក្សត្រ” “ព្រះរាជាណាចក្រ” ឬ “រាជ្យ”។ ព្រះរាជ្យរបស់ព្រះជាម្ចាស់យាងដល់មុនយើង បានយាងចូលជិតក្នុងអង្គព្រះបន្ទូលប្រសូតជាមនុស្ស ដែលត្រូវគេប្រកាសតាមរយៈដំណឹងល្អទាំងមូល ហើយបានយាងមកពេលព្រះគ្រីស្តសោយទិវង្គត និងមានព្រះជន្មថ្មី។ ពិធីជប់លៀងចុងក្រោយ និងអភិបូជាជាវេលាដែលព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមក។ ព្រះរាជ្យព្រះអង្គស្ថិតនៅក្នុងចំណោមយើង។ ព្រះរាជ្យនឹងយាងមកប្រកបដោយសិរីរុងរឿង នៅពេលព្រះគ្រីស្តនឹងថ្វាយព្រះរាជ្យនេះ ទៅឯព្រះបិតារបស់ព្រះអង្គវិញ៖

ប្រហែលជាព្រះរាជ្យរបស់ព្រះជាម្ចាស់ជាព្រះគ្រីស្តផ្ទាល់ ដែលយើងទន្ធឹងរង់ចាំជារៀងរាល់ថ្ងៃ ចង់ឱ្យព្រះអង្គយាងមកគ្រងរាជ្យយ៉ាងឆាប់រហ័ស។ ព្រះអង្គជាជីវិតថ្មីរបស់យើង ដ្បិតយើងនឹងមានជីវិតថ្មីក្នុងអង្គព្រះអង្គយ៉ាងណា ព្រះអង្គអាចជាព្រះរាជ្យរបស់ព្រះជាម្ចាស់ ដ្បិតយើងនឹងគ្រងរាជ្យក្នុងអង្គព្រះអង្គយ៉ាងនោះដែរ (សន្ត ស៊ីព្រីយ៉ាំង)។

២៨១៧. ការសុំនេះ គឺជា “Maranatha ” (ម៉ារ៉ាណាថា) ព្រះសូរសៀងរបស់ព្រះវិញ្ញាណ​ និងរបស់ព្រះមហេសី៖ “ឱព្រះអម្ចាស់យេស៊ូអើយ! សូមយាងមក”៖

ទោះបីជាការអធិដ្ឋាននេះ មិនបានជម្រុញឱ្យយើងសុំព្រះរាជ្យនេះយាងមកដល់ក៏ដោយ ក៏យើងនៅតែទទូចទូលអង្វរព្រះអង្គបំពេញសេចក្ដីសង្ឃឹមរបស់យើង។ ក្រោមអាសនៈ ព្រលឹងនៃមរណៈសាក្សីទូលអង្វរព្រះអម្ចាស់យ៉ាងខ្លាំងៗថា៖ “ឱព្រះអម្ចាស់អើយ! តើពេលណាព្រះអង្គរកយុត្តិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?” (វវ ៦,១០)។ តាមការពិត ពួកគាត់ត្រូវតែទទួលយុត្តិធម៌ នៅពេលអវសានកាលនៃពិភពលោក។ ឱព្រះអម្ចាស់អើយ! សូមឱ្យព្រះរាជ្យព្រះអង្គយាងមកយ៉ាងឆាប់រហ័ស (លោក ទែរទូលីយ៉ាំង)។

២៨១៨. ក្នុងសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ យើងសូមឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមក នៅពេលដែលព្រះគ្រីស្តនឹងយាងមកវិញ (ទត ២,១៣) ប៉ុន្តែបំណងប្រាថ្នានេះ មិនបង្វែរចិត្តគំនិតរបស់ព្រះ    សហគមន៍អំពីបេសកកម្មរបស់ខ្លួន នៅក្នុងលោកនេះទេ ផ្ទុយទៅវិញជម្រុញឱ្យព្រះសហគមន៍បំពេញបេសកកម្មនេះ ដ្បិតតាំងពីបុណ្យព្រះវិញ្ញាណយាងមក ព្រះវិញ្ញាណរបស់ព្រះអម្ចាស់មានព្រះរាជកិច្ចឱ្យព្រះរាជ្យយាងមក ទ្រង់ “បន្តការសង្រ្គោះរបស់ព្រះបុត្រាក្នុងលោកនេះ និងប្រទានឱ្យមនុស្សលោកបានវិសុទ្ធយ៉ាងពេញលេញ” (MR ធម៌អរព្រះគុណទី៤)។

២៨១៩. “ព្រះរាជ្យរបស់ព្រះជាម្ចាស់អាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ” (រម ១៤,១៧)។ ពេលកំណត់ចុងក្រោយរបស់យើងនោះ ជាពេលនៃព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបង្ហូរ។ ហេតុនេះ ហើយបានជា “ជីវិតខាងលោកីយ៍” និងព្រះវិញ្ញាណបានចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងគ្នាជាដាច់ខាត (កាឡ ៥,១៦-២៥)៖

ដោយរិះគិតពិចារណាក្នុងអង្គព្រះវិញ្ញាណ គ្រីស្តបរិស័ទត្រូវតែវិភាគឱ្យល្អិតល្អន់រវាងការលូតលាស់នៃព្រះរាជ្យរបស់ព្រះជាម្ចាស់ និងការរីកចម្រើននៃវប្បធម៌ និងសង្គម ដែលគេរស់នៅ។ ការវែកញែកនេះ មិនមែនជាការបំបែកគ្នាឡើយ។ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សឱ្យមានជីវិតអស់កល្បជានិច្ច មិនលុបបុះបាត់ ប៉ុន្តែពង្រឹងភារិច្ចរបស់គេឱ្យអនុវត្តថាមពល និងមធ្យោបាយ ដែលគេបានទទួលពីព្រះបង្កើត ដើម្បីបម្រើយុត្តិធម៌ និងសន្តិភាពក្នុងលោកនេះ (GS ២២ ; ៣២ ; ៣៩ ; ៤៥ ; EN ៣១)។

២៨២១. សំណូមពរនេះត្រូវបានលើកយកមក និងទទួលយក ក្នុងសេចក្ដីអធិដ្ឋានរបស់ ព្រះយេស៊ូ (យហ ១៧,១៧-២០) ហើយស្ថិតនៅក្នុងអភិបូជាដោយមានប្រសិទ្ធភាព។ សំណូមពរនេះ បង្កើតផលផ្លែក្នុងជីវិតថ្មី តាមសុភមង្គលយ៉ាងពិតប្រាកដ (មថ ៥,១៣-១៦ ; ៦,២៤ ; ៧,១២-១៣)។

៣. សូមឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដីដូចនៅលើមេឃ”

២៨២២. ព្រះបិតារបស់យើងសព្វព្រះហឫទ័យឱ្យ “មនុស្សទាំងអស់បានទទួលការសង្រ្គោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់” (១ធម ២,៣-៤)។ ព្រះអង្គ “សម្ដែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ត្រូវវិនាសឡើយ” (២ពត្រ ៣,៩) (មថ ១៨,១៤)។ វិន័យរបស់ព្រះអង្គ ដែលសរុបនូវវិន័យទាំងអស់ផ្សេងទៀត និងសម្ដែងព្រះបំណងទាំងស្រុងរបស់ព្រះអង្គ គឺឱ្យ “យើងស្រលាញ់គ្នាទៅវិញទៅមក ដូចព្រះអង្គបានស្រលាញ់យើងដែរ” (យហ ១៣,៣៤) (១យហ ៣ ; ៤ ; លក ១០,២៥-៣៧)។

២៨២៣. “ព្រះអង្គបានប្រោសឱ្យយើង ស្គាល់គម្រោងការដ៏លាក់កំបាំងនៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន (...) គឺប្រមូលអ្វីៗទាំងអស់ (...) ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែកក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការណ៍របស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ” (អភ ១,៩-១១)។ យើងទូលអង្វរឱ្យគម្រោងការដ៏សប្បុរសនេះបានសម្រេចនៅលើផែនដី ដូចដែលបានសម្រេចនៅលើមេឃរួចមកហើយ។

២៨២៤. បំណងរបស់ព្រះគ្រីស្ត ក្នុងឋានៈជាមនុស្ស បានបំពេញព្រះហឫទ័យរបស់ព្រះបិតាឱ្យបានគ្រប់លក្ខណៈ និងម្តងជាការស្រេច។ ពេលចូលមកដល់ក្នុងពិភពលោក ព្រះយេស៊ូមានព្រះបន្ទូលថា៖ “បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ទូលបង្គំសូមធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ” (ហប ១០,៧ ; ទន ៤០,៧)។ មានតែព្រះយេស៊ូដែលអាចមានព្រះបន្ទូលថា៖ “ខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច” (យហ ៨,២៩)។ នៅពេលជិតសោយទិវង្គត ព្រះអង្គសុខចិត្តគាប់ព្រះហឫទ័យនេះទាំងស្រុងដោយអធិដ្ឋានថា៖ “សូមកុំឱ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺសូមឱ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ” (លក ២២,៤២; យហ ៤,៣៤; ៥,៣០; ៦,៣៨)។ ហេតុនេះហើយ បានជាព្រះយេស៊ូ “បានបូជាព្រះជន្ម ព្រោះតែបាបរបស់យើង” (កាឡ ១,៤)។ “ព្រះយេស៊ូគ្រីស្តថ្វាយព្រះកាយរបស់ព្រះអង្គ ម្ដងជាការស្រេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយ បានជាព្រះអង្គប្រោសយើងឱ្យបានសុចរិត” (ហប ១០,១០)។

២៨២៥. “ថ្វីដ្បិតតែព្រះយេស៊ូជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គក៏បានរៀនស្តាប់បង្គាប់ដោយរងទុក្ខលំបាក” (ហប ៥,៨)។ យ៉ាងណាមិញ យើង ដែលជាសត្វលោក និងអ្នកបាប បានក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ យើងទូលសូមព្រះបិតារបស់យើងឱ្យបំណងយើងរួបរួមក្នុងព្រះហឫទ័យរបស់ព្រះបុត្រា ដើម្បីគាប់ព្រះហឫទ័យព្រះអង្គ រួបរួមក្នុងគម្រោងការរបស់ព្រះអង្គក្នុងការសង្រ្គោះ ដើម្បីឱ្យពិភពលោកមានជីវិត។ យើងមិនអាចធ្វើបានជាដាច់ខាត ប៉ុន្តែបើយើងរួមរស់ជាមួយព្រះយេស៊ូ និងដោយឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គ យើងអាចថ្វាយបំណងរបស់យើង និងជ្រើសរើសអ្វីដែលព្រះបុត្រាតែងតែជ្រើសរើស ដើម្បីគាប់ព្រះហឫទ័យព្រះបិតា (យហ ៨,២៩)៖

ដោយភ្ជាប់នឹងព្រះគ្រីស្ត យើងអាចទៅជាវិញ្ញាណតែមួយជាមួយព្រះអង្គ ទើបអាចបំពេញព្រះហឫទ័យព្រះអង្គបាន ហេតុនេះ ព្រះហឫទ័យនេះ នឹងទៅជាល្អឥតខ្ចោះ នៅលើផែនដី​ ដូចនៅស្ថានបរមសុខ (លោក អូរីសែន)។

សូមចាត់ទុកថា តើព្រះយេស៊ូបង្រៀនយើងឱ្យបន្ទាបខ្លួន ដោយធ្វើឱ្យយើងយល់ឃើញថា សេចក្ដីសុចរិតរបស់យើងមិនពឹងលើកម្លាំងរបស់យើងតែប៉ុណ្ណោះទេ តែលើព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែរ។ ព្រះអង្គបង្គាប់ឱ្យគ្រីស្តបរិស័ទគ្រប់ៗរូបដែលអធិដ្ឋាន ឱ្យអធិដ្ឋានសម្រាប់ផែនដីទាំងមូល ដ្បិតព្រះអង្គគ្មានព្រះបន្ទូលថា “សូមឱ្យព្រះហឫទ័យបានសម្រេច” ក្នុងខ្លួនខ្ញុំ ឬក្នុងខ្លួនយើងទេ តែ “នៅលើផែនដីទាំងមូល” ដើម្បីឱ្យកំហុសត្រូវបញ្ចៀសចេញទៅ ដើម្បីសេចក្ដីពិតសោយរាជ្យ ដើម្បីអំពើអបាយមុខត្រូវបំផ្លាញ ដើម្បីគុណធម៌រីកចម្រើន ហើយដើម្បីឱ្យផែនដីមិនខុសពីស្ថានបរមសុខទៀតទេ   (សន្ត យ៉ូហាន គ្រីសូស្តូម)។

២៨២៦. បើយើងអធិដ្ឋាន យើងអាច “ពិចារណាឃើញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ” (រម ១២,២​ ; អភ ៥,១៧) និងបានទទួល “ចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យនេះ” (ហប ១០,៣៦)។ ព្រះយេស៊ូបង្រៀនយើងថា យើងចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនតាមពាក្យសម្តីទេ តែដោយ “ធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខ” (មថ ៧,២១)។

២៨២៧. “ព្រះជាម្ចាស់ស្ដាប់តែពាក្យរបស់អ្នកដែលប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ” (យហ ៩,៣១; ១យហ ៥,១៤)។​ ការអធិដ្ឋានរបស់ព្រះសហគមន៍ ក្នុងព្រះនាមព្រះអម្ចាស់របស់ខ្លួន ជាពិសេសក្នុងអភិបូជា មានឫទ្ធានុភាព ការអធិដ្ឋាននេះ គឺជាការរួបរួមគ្នាជួយអង្វរដល់ព្រះមាតាដ៏វិសុទ្ធបំផុតរបស់ព្រះជាម្ចាស់ (លក ១,៣៨.៤៩) និងដល់សន្តបុគ្គលទាំងអស់ ដែល “ជាទីគាប់ព្រះហឫទ័យ” របស់ព្រះអម្ចាស់ ព្រោះពួកគាត់តែងតែគាប់ព្រះហឫទ័យព្រះអង្គ៖

ដោយមិនបង្ខូចសេចក្ដីពិត យើងអាចបកប្រែសេចក្ដីអធិដ្ឋាន “សូមឱ្យព្រះហឫទ័យបានសម្រេចនៅលើផែនដី​ដូចនៅលើមេឃ” ដោយអធិដ្ឋានដូច្នេះថា៖ ក្នុងព្រះសហគមន៍ដូចជាក្នុងព្រះអម្ចាស់នៃយើងព្រះយេស៊ូគ្រីស្ត ក្នុងព្រះមហេសីដែលជាគូដណ្តឹងរបស់ព្រះអង្គដូចជាក្នុងព្រះស្វាមីដែលបានបំពេញព្រះហឫទ័យរបស់ព្រះបិតា (សន្ត អូគូស្តាំង)។

៤. សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ”

២៨២៨. “សូមប្រទានមកយើងខ្ញុំ ”៖ ទំនុកចិត្តរបស់បុត្រធីតា ដែលរង់ចាំអ្វីៗទាំងអស់ពីព្រះបិតារបស់គេ ពិតជាល្អណាស់! “ព្រះអង្គប្រទានឱ្យព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឱ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ” (មថ ៥,៤៥) ហើយព្រះអង្គប្រទាន“ចំណីអាហារតាមពេលកំណត់” (ទន ១០៤,២៧) ឱ្យអស់អ្នកដែលមានជីវិត ។ ព្រះយេស៊ូបង្រៀនយើងឱ្យពោលសំណូមពរនេះ ដែលលើកតម្កើងសិរីរុងរឿងរបស់ព្រះបិតានៃយើង ដ្បិតយើងទទួលស្គាល់ថា ព្រះអង្គមានសប្បុរសធម៌យ៉ាងលើសលប់។

២៨២៩. “សូមប្រទានមកយើងខ្ញុំ” សម្ដែងនូវសម្ពន្ធមេត្រី គឺយើងជាកម្មសិទ្ធរបស់ព្រះអង្គ ហើយព្រះអង្គក៏ជាកម្មសិទ្ធរបស់យើង ដើម្បីយើងផង។ ប៉ុន្តែ “យើង” នេះ ទទួលស្គាល់ថា ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ហើយយើងអធិដ្ឋានចំពោះព្រះអង្គដើម្បីគេទាំង់អស់គ្នា ដោយរួមសាមគ្គីជាមួយនឹងតម្រូវការ និងទុក្ខលំបាករបស់គេ។

២៨៣០. “អាហារដែលយើងខ្ញុំត្រូវការ ”។ ព្រះបិតា ដែលប្រទានជីវិតមកយើង ត្រូវតែប្រទានអាហារជាចាំបាច់ដើម្បីជីវិត អ្វីៗសព្វសារពើ “ដ៏ល្អសមរម្យ” ខាងសម្ភារៈផង ខាងវិញ្ញាណផង។ ពេលទេសនានៅលើភ្នំ ព្រះយេស៊ូសង្កត់ធ្ងន់លើទំនុកចិត្តដែលរួមសហការជាមួយនឹងឧបការគុណនៃព្រះបិតារបស់យើង (មថ ៦,២៥-៣៤)។ ព្រះអង្គមិនសូមឱ្យយើងខ្ជិលច្រអូសទេ (២ថស ៣,៦-១៣) ប៉ុន្តែព្រះអង្គមានព្រះហឫទ័យចង់រំដោះយើងឱ្យរួចពីកង្វល់ណាមួយ គឺឱ្យយើងជឿទុកចិត្តលើព្រះជាម្ចាស់ ដូចកូនជឿទុកចិត្តឪពុក៖

ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាប្រទានអ្វីៗទាំងអស់ថែមទៀត ចំពោះអស់អ្នកដែលស្វែងរកព្រះរាជ្យ និងសេចក្ដីសុចរិតរបស់ព្រះអង្គ។ តាមពិត អ្វីៗទាំងអស់ជាកម្មសិទ្ធរបស់ព្រះជាម្ចាស់៖ អ្នកណាមានព្រះជាម្ចាស់ជាកម្មសិទ្ធ ហើយស្ថិតនៅក្នុងអង្គព្រះអង្គ អ្នកនោះគ្មានខ្វាស់ខាតអ្វីឡើយ (សន្ត ស៊ីព្រីយ៉ាំង)។

២៨៣១. ក៏ប៉ុន្តែ​ ដោយសារ​មានអ្នកខ្លះឃ្លានដោយគ្មានចំណីអាហារគ្រប់គ្រាន់ សំណូមពរនេះ មានអត្ថន័យជ្រាលជ្រៅមួយបែបទៀត។ ដោយសារវិនាដកម្មនៃការអត់ឃ្លានក្នុងពិភពលោក ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទ ដែលអធិដ្ឋានតាមសេចក្ដីពិត ឱ្យទទួលខុសត្រូវយ៉ាងពិតប្រាកដចំពោះបងប្អូនគេ តាមឥរិយាបថរៀងៗខ្លួន ដោយរួមសាមគ្គីជាមួយក្រុមគ្រួសាររបស់មនុស្សលោក។ យើងមិនអាចបំបែកសំណូមពរនៃការអធិដ្ឋានរបស់ព្រះអម្ចាស់នេះ ពីពាក្យប្រស្នាអំពីជនកម្សត់ម្នាក់ឈ្មោះឡាសារ (លក ១៦,១៩-៣១) និងអំពីការវិនិច្ឆ័យមនុស្សលោកនៅពេលចុងក្រោយបំផុត (មថ ២៥,៣១-៤៦) បានឡើយ។

២៨៣២. ព្រះរាជ្យរបស់ព្រះជាម្ចាស់ត្រូវលើកផែនដី ដូចមេលើកម្សៅ ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ត (AA ៥)។ ព្រះរាជ្យនេះ ត្រូវសម្ដែងដោយចាត់ចែងយុត្តិធម៌ក្នុងទំនាក់ទំនងរវាងគ្នានិងគ្នា នៅក្នុងសង្គម នៅក្នុងសេដ្ឋកិច្ច ហើយនៅក្នុងទំនាក់ទំនងអន្តរជាតិ ដោយមិនភ្លេចថា គ្មានរចនាសម្ពន្ធត្រឹមត្រូវទេ បើគ្មានអ្នកចង់ក្លាយទៅជាមនុស្សសុចរិត។

២៨៣៣. យើងសុំឱ្យព្រះជាម្ចាស់ប្រទាន “អាហាររបស់យើង” គឺមួយ សម្រាប់មនុស្សជាច្រើន។ សុភមង្គលយ៉ាងពិតប្រាកដត្រាស់ហៅឱ្យចែករំលែក គឺឱ្យយើងផ្តល់ និងចែករំលែកសម្បត្តិលោកីយ៍ និងសម្បត្តិសួគ៌ ដោយគ្មានការបង្ខិតបង្ខំ ប៉ុន្តែដោយក្ដីស្រលាញ់ ដើម្បីឱ្យភាពសម្បូណ៌សប្បាយរបស់អ្នកខ្លះជួយបំពេញតម្រូវការរបស់អ្នកផ្សេងទៀត ដែលខ្វះខាត (២ករ ៨,១-១៥)។

២៨៣៤. “ចូរអធិដ្ឋាន និងធ្វើការ” (សន្ត បេណេឌីក)។ “ចូរអធិដ្ឋានហាក់ដូចជាអ្វីៗទាំងអស់ពឹងផ្អែកលើព្រះជាម្ចាស់ ហើយធ្វើការហាក់ដូចជាអ្វីៗទាំងអស់ពឹងផ្អែកលើខ្លួនឯង”។ ដោយបានបំពេញការងាររបស់យើង ចំណីអាហារនៅតែជាព្រះអំណោយទាននៃព្រះបិតារបស់យើង។ បើយើងសុំចំណីអាហារនេះ ពីព្រះអង្គ ដោយអរព្រះគុណព្រះអង្គផង យើងក៏ប្រព្រឹត្តល្អដែរ។ នេះជាអត្ថន័យនៃការប្រទានពរលើតុ ក្នុងក្រុមគ្រួសារគ្រីស្តបរិស័ទ។

២៨៣៥. សំណូមពរនេះ ដែលនាំឱ្យទៅជាការទទួលខុសត្រូវ ដែលទាក់ទងទៅនឹងការអត់ឃ្លានមួយទៀត​របស់មនុស្សលោក គឺ “មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ព្រះបន្ទូល ដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែរ” (ទក ៨,៣ ; មថ​ ៤,៤) ពោលគឺព្រះបន្ទូល និងខ្យល់ដង្ហើមរបស់ព្រះអង្គ។ គ្រីស្តបរិស័ទត្រូវតែខិតខំអស់ពីសមត្ថភាព ដើម្បី “ប្រកាសដំណឹងល្អប្រាប់ជនក្រីក្រ”។ មានការអត់ឃ្លាននៅលើផែនដី “មិនមែនការអត់ឃ្លានខាងអាហារ ឬការស្រេកទឹកនោះទេ ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់” (អម ៨,១១)។ ហេតុនេះហើយ បានជាសំណូមពរទីបួននេះ មានអត្ថន័យពិសេសខាងគ្រីស្តសាសនា ដែលទាក់ទងនឹងនំបុ័ងនៃជីវិត គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវទទួលដោយមានជំនឿ និងព្រះកាយព្រះគ្រីស្តដែលយើងទទួលក្នុងអភិបូជា (យហ ៦,២៦-៥៨)។

២៨៣៦. “នៅថ្ងៃនេះ ” ក៏ជាពាក្យសម្ដែងនូវទំនុកចិត្តដែរ។ ដោយសារយើងពឹងផ្អែកលើខ្លួនឯងច្រើនពេក ព្រះអម្ចាស់ក៏បង្រៀនយើងឱ្យជឿទុកចិត្ត (មថ ៦,៣៤ ; សរ ១៦,១៩) ។ ដោយសារសំណូមពរនេះ ទាក់ទងនឹងព្រះបន្ទូល និងព្រះកាយរបស់ព្រះបុត្រាព្រះអង្គ “នៅថ្ងៃនេះ” មិនគ្រាន់តែសម្ដៅទៅលើពេលវេលារបស់យើង ដែលរមែងតែងតែស្លាប់ទេ គឺជាថ្ងៃនៃព្រះជាម្ចាស់៖

បើអ្នកទទួលអាហារជារៀងថ្ងៃសម្រាប់អ្នក រាល់ថ្ងៃ គឺជាថ្ងៃនេះ។ បើព្រះគ្រីស្តជាកម្មសិទ្ធរបស់អ្នក នៅថ្ងៃនេះ ព្រះគ្រីស្តមានព្រះជន្មថ្មីសម្រាប់អ្នកជារៀងរាល់ថ្ងៃដែរ។ តើយ៉ាងដូចម្តេច? “ព្រះអង្គជាបុត្ររបស់យើង! គឺយើងបង្កើតព្រះអង្គនៅថ្ងៃនេះ” (ទន ២,៧)។ នៅថ្ងៃនេះ ពោលគឺនៅពេលដែលព្រះគ្រីស្តមានព្រះជន្មថ្មី (សន្ត      អំប្រ័រ)។

២៨៣៧. “នៃថ្ងៃនេះ ”៖ នៅក្នុងសម្ពន្ធមេត្រីថ្មី គេមិនប្រើពាក្យ épiousios នេះ ក្រៅពីក្នុងសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ឡើយ។ ពាក្យនេះ សម្តៅទៅលើ “នៅថ្ងៃនេះ” (សរ ១៦,១៩-២១) ដើម្បីលើកទឹកចិត្តយើងឱ្យជឿទុកចិត្ត “ដោយមិនរួញរា” និងសម្តៅទៅលើអ្វីដែលជាចាំបាច់ ដើម្បីចិញ្ចឹមជីវិត គឺអ្វីដែលយើងត្រូវការដើម្បីរស់ (១ធម ៦,៨)។ តាមន័យចំ (épiousios ៖ “លើសអ្វីដែលជាចាំបាច់”) ពាក្យនេះ សម្តៅទៅលើ​  នំបុ័ងនៃជីវិត គឺព្រះកាយព្រះគ្រីស្ត ជា “ថ្នាំផ្តល់ជីវិតអមតៈ” (សន្ត អ៊ីញាស់នៃអង់ទីអូស) បើគ្មានថ្នាំសោះ យើងក៏គ្មានជីវិតក្នុងខ្លួនឡើយ (យហ ៦,៥៣-៥៦)។ ទីបញ្ចប់ តាមន័យនៃស្ថានលើ ពាក្យនេះ សម្ដែងថា “ថ្ងៃនេះ” ជាថ្ងៃនៃព្រះអម្ចាស់ ជាថ្ងៃនៃពិធីជប់លៀងនៃព្រះរាជ្យ ដែលយើងប្រារព្ធទុកជាមុនក្នុងអភិបូជា និងដែលផ្តល់រសជាតិទុកជាមុននៃព្រះរាជ្យដែលកំពុងយាងមក។ ហេតុនេះ គួរប្រារព្ធពិធីបុណ្យអភិបូជាជា “រៀងរាល់ថ្ងៃ”។

អភិបូជាជានំបុ័ង ជាអាហារប្រចាំថ្ងៃរបស់យើង។ គុណធម៌ពិសេសនៃអាហារនេះ ជាកម្លាំងបង្រួបបង្រួម គឺអភិបូជាបង្រួបបង្រួមយើងជាមួយនឹងព្រះកាយនៃព្រះសង្រ្គោះ ហើយប្រោសឱ្យយើងទៅជាសរីរាង្គរបស់ព្រះអង្គ ដើម្បីឱ្យយើងក្លាយទៅជាអ្វីដែលយើងបានទទួល (...)។ អាហារប្រចាំថ្ងៃនេះ មាននៅក្នុងអត្ថបទ ដែលអ្នករាល់គ្នាស្តាប់ជារៀងរាល់ថ្ងៃនៅព្រះសហគមន៍ ហើយនៅក្នុងបទចម្រៀងដែលយើង និងអ្នករាល់គ្នាច្រៀង។ អ្វីៗទាំងអស់នោះ ជាការចាំបាច់ដើម្បីបូជនិយេសចរណ៍របស់យើង (សន្ត អូគូស្តាំង)។

ព្រះបិតាដែលគង់នៅស្ថានបរមសុខដាស់តឿនយើងឱ្យសុំនំបុ័ងនៃស្ថានបរមសុខ ដូចបុត្រធីដានោះដែរ (យហ ៦,៥១)។ ព្រះគ្រីស្ត “ផ្ទាល់ជានំបុ័ង ដែលត្រូវបានសាបព្រោះក្នុងស្រ្តីព្រហ្មចារិនី ត្រូវបានលើកក្នុងសាច់ ត្រូវបានលាយច្របាច់ក្នុងទុក្ខលំបាក ត្រូវបានដុតក្នុងភ្លើងនៃទីបញ្ចុះសព ត្រូវបានទុកបម្រុងក្នុងព្រះសហគមន៍ ត្រូវបានថ្វាយទៅដល់អាសនៈ ហើយដែលផ្តល់អាហារនៃស្ថានបរមសុខចំពោះគ្រីស្តបរិស័ទជារៀងរាល់ថ្ងៃ” (សន្ត សិលា គ្រីសូឡូង)។

៥. “សូមអត់ទោសឱ្យយើងខ្ញុំផង ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំដែរ”

២៨៣៨. សំណូមពរនេះ គួរឱ្យឆ្ងល់។ បើមានតែវគ្គទីមួយនៃឃ្លានេះ -“សូមអត់ទោសឱ្យយើងខ្ញុំ”- យើងអាចបញ្ជូលសំណូមពរនេះ ក្នុងសំណូមពរទាំងបីដំបូងនៃសេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់ ដ្បិតយញ្ញបូជារបស់ព្រះគ្រីស្តមាន “ដើម្បីឱ្យរួចពីបាប”។ ប៉ុន្តែ តាមវគ្គទីពីរនៃឃ្លានេះ ព្រះជាម្ចាស់នឹងទទួលសំណូមពររបស់យើង លុះត្រាតែយើងបានឆ្លើយតបនឹងការទាមទារមួយ។ សំណូមពរយើងសម្តៅទៅលើអនាគត យើងក៏ត្រូវឆ្លើយតបមុន ពាក្យមួយម៉ាត់ដែលជាចំណងរវាងវគ្គទាំងពីរនោះ គឺ “ដូច”។

“សូមអត់ទោសឱ្យយើងខ្ញុំផង”

២៨៣៩. យើងបានចាប់ផ្តើមអធិដ្ឋានដល់ព្រះបិតារបស់យើង ដោយជឿទុកចិត្ត និងមានចិត្តក្លាហាន។ ដោយអង្វរឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ (ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ) យើងបានសូម  ឱ្យយើងបានវិសុទ្ធកាន់តែច្រើនឡើងៗ។ ប៉ុន្តែ ទោះបីយើងពាក់អាវសឆើតឆាយនៃពិធីជ្រមុជទឹកយ៉ាងណាក៏ដោយ ក៏យើងចេះតែប្រព្រឹត្តអំពើបាប និងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដែរ។ ឥឡូវនេះ តាមសំណូមពរថ្មីនេះ យើងត្រឡប់មករកព្រះអង្គវិញ ដូចកូនវង្វេង (លក ១៥,១១-៣២) ហើយយើងទទួលស្គាល់ថា យើងជាអ្នកមានបាប ដូចអ្នកទារពន្ធ (លក ១៨,១៣)។ សំណូមពររបស់យើងចាប់ផ្តើមដោយ “សារភាព” នូវទុក្ខវេទនារបស់យើងផង និងធម៌មេត្តាករុណារបស់ព្រះអង្គផង។ យើងមានសេចក្ដីសង្ឃឹមយ៉ាងមាំមួន ដ្បិត “ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឱ្យរួចពីបាប” (កូល ១,១៤ ; អភ ១,៧)។ យើងឃើញសញ្ញាសម្គាល់ដ៏ស័ក្តសិទ្ធ ដោយគ្មានទីសង្ស័យថា ព្រះអង្គបានលើកលែងទោសឱ្យយើង ក្នុង​អគ្គសញ្ញានៃព្រះសហគមន៍របស់ព្រះអង្គ (មថ ២៦,២៨ ; យហ ២០,២៣)។

២៨៤០. ក៏ប៉ុន្តែ ធម៌មេត្តាករុណាដ៏លើសលប់នេះ មិនអាចជ្រាបចូលក្នុងចិត្តយើងបានទេ ដរាបណាយើងមិនបានលើកលែងទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងឡើយ។ គួរឱ្យភ័យខ្លាចណាស់!។ សេចក្ដីស្រលាញ់ ដូចព្រះកាយព្រះគ្រីស្ត មិនអាចបំបែកបាន គឺយើងមិនអាចស្រលាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញ បើយើងមិនស្រលាញ់បងប្អូនដែលខ្លួនមើលឃើញទេ (១យហ ៤,២០)។ ដោយមិនព្រមលើកលែងទោសឱ្យបងប្អូនយើង ចិត្តយើងបិទជិត មានៈរឹងរូស ដែលសេចក្ដីស្រលាញ់ និងធម៌មេត្តាករុណារបស់ព្រះបិតាមិនអាចជ្រៀតចូលបានឡើយ ប៉ុន្តែ ដោយបានសារភាពអំពើបាបរបស់ខ្លួន ចិត្តយើងក៏បើកយ៉ាងទូលាយចំពោះព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ។

២៨៤១. សំណូមពរនេះសំខាន់ណាស់។ ព្រះអម្ចាស់មានព្រះបន្ទូលឡើងវិញ ដោយសារតែសំណូមពរនេះហើយដែលព្រះអង្គអធិប្បាយយ៉ាងលម្អិតក្នុងសុន្ទរកថានៅលើភ្នំ (មថ ៦,១៤-១៥ ; ៥,២៣-២៤ ; មក ១១,២៥)។ មនុស្សលោកមិនអាចបំពេញការទាមទារដ៏សំខាន់បំផុតអំពីអាថ៌កំបាំងនៃសម្ពន្ធមេត្រីនេះទេ ប៉ុន្តែ “គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតឡើយ”។

... “ដូចយើងខ្ញុំលើកលែងទោសឱ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំដែរ”

២៨៤២. “ដូច” នេះមានច្រើនក្នុងការប្រៀនប្រដៅរបស់ព្រះយេស៊ូ៖ “អ្នករាល់គ្នានឹងបានគ្រប់លក្ខណ៍ “ដូច” ព្រះបិតាដែលគង់នៅស្ថានបរមសុខបានគ្រប់លក្ខណ៍ដែរ” (មថ ៥,៤៨) “ត្រូវលើកលែងទោសឱ្យអ្នកដទៃ “ដូច” ព្រះជាម្ចាស់លើកលែងទោសឱ្យអ្នករាល់គ្នាដែរ” (លក ៦,៣៦) “ខ្ញុំឱ្យវិន័យថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រលាញ់គ្នាទៅវិញទៅមក “ដូច” ខ្ញុំបានស្រលាញ់អ្នករាល់គ្នាដែរ” (យហ ១៣,៣៤)។ បើយើងយកតម្រាប់តាមព្រះជាម្ចាស់ពីខាងក្រៅ យើងមិនអាចគោរពវិន័យរបស់ព្រះអម្ចាស់បានទេ គឺត្រូវចូលរួមចំណែកឱ្យ “អស់ពីដួងចិត្ត” ក្នុងភាពដ៏វិសុទ្ធ ធម៌មេត្តាករុណា និងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់នៃយើង។ មានតែព្រះវិញ្ញាណ “ជាជីវិតរបស់យើង” (កាឡ ៥,២៥) ប៉ុណ្ណោះទេ ដែលអាចនាំយើងឱ្យរួមចិត្តគំនិតជាមួយព្រះគ្រីស្តយេស៊ូ (ភីល ២,១.៥)។ ពេលនោះ យើងអាច “លើកលែងទោសដល់គ្នាទៅវិញទៅមក “ដូច” ព្រះជាម្ចាស់បានលើកលែងទោសឱ្យយើងក្នុងអង្គព្រះគ្រីស្តដែរ” (អភ ៤,៣២)។

២៨៤៣. ហេតុនេះហើយ បានជាព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីការលើកលែងទោសកើតចេញជាសេចក្ដីស្រលាញ់រហូតដល់ទីបំផុត (យហ ១៣,១)។ ព្រះបន្ទូលចុងក្រោយក្នុងពាក្យប្រស្នាអំពីអ្នកបម្រើមិនព្រមអត់ទោសឱ្យគេ ដែលបញ្ចប់ដោយការប្រៀនប្រដៅរបស់ព្រះអម្ចាស់ឱ្យចេះរួបរួមគ្នា ក្នុងព្រះ    សហគមន៍ (មថ ១៨,២៣-៣៦) មានដូចតទៅ៖ “បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ”។ តាមការពិត អ្វីៗទាំងអស់ត្រូវចង និងស្រាយ នៅក្នុង “ជម្រៅចិត្ត”។ យើងមិនអាចធ្វើជាមិនដឹងខ្លួន និងបំភ្លេចកំហុសបានទេ ប៉ុន្តែ អ្នកដែលផ្ញើជីវិតទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ អាចមានចិត្តមេត្តាករុណា និងជួយទូលអង្វរព្រះជាម្ចាស់ដើម្បីអ្នកដែលបានប្រពឹ្រត្តខុសនឹងខ្លួនបាន។

២៨៤៤. គ្រីស្តបរិស័ទអធិដ្ឋានរហូតដល់ “លើកលែងទោសឱ្យខ្មាំងសត្រូវ ” (មថ ៥,៤៣-៤៤)។ ការអធិដ្ឋាននេះ ធ្វើឱ្យសាវ័កក្លាយទៅជាដូចម្ចាស់របស់ខ្លួន។ ការលើកលែងទោសជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតនៃការអធិដ្ឋានរបស់គ្រីស្តបរិស័ទ ហើយមានតែចិត្តដែលស្របនឹងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ទេ ដែលអាចទទួលព្រះអំណោយទាននៃការអធិដ្ឋាននេះ។ ការលើកលែងទោសផ្តល់សក្ខីភាពថា ក្នុងលោកយើងនេះ សេចក្ដីស្រលាញ់ខ្លាំងជាងអំពើបាបទៅទៀត។ មរណៈសាក្សីពីម្សិលមិញ និងនៅថ្ងៃនេះ ទទួលសក្ខីភាពរបស់ព្រះយេស៊ូនេះ។ ដើម្បីឱ្យបុត្រធីតារបស់ព្រះជាម្ចាស់សម្រុះសម្រួលជាមួយនឹងព្រះបិតារបស់គេ និងរវាងគ្នានឹងគ្នា (២ករ ៥,១៨-២១)​ ចាំបាច់ត្រូវតែមានការលើកលែងទោស (សម្ដេចប៉ាប យ៉ូហាន ប៉ូលទី២ DM ១៤)។

២៨៤៥. ការលើកលែងទោសដែលមកពីព្រះជាម្មាស់នេះ គ្មានកំណត់ គ្មានព្រំដែនឡើយ (មថ ១៨,២១-២២ ; លក ១៧,៣-៤)។ តាមការពិត បើនិយាយអំពីកំហុស (“បាប” តាម លក​១១,៤ ឬ “ខុស” តាម មថ ៦,១២) យើងតែងតែដូចជាកូនបំណុល៖ “មិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រលាញ់គ្នាទៅវិញទៅមកនោះឡើយ” (រម ១៣,៨)។ ព្រះត្រៃឯកដ៏វិសុទ្ធ ដែលមានព្រះទាំងបីអង្គរួបរួមជាមួយគ្នាជាធ្លុងតែមួយ ជាប្រភព​ និងលក្ខណៈ នៃសេចក្ដីពិតរបស់ទំនាក់ទំនងណាមួយ (១យហ ៣,១៩-២៤)។ យើងអាចដកពិសោធន៍អំពីទំនាក់ទំនងនេះ ក្នុងពេលអធិដ្ឋាន ជាពិសេសពេលថ្វាយអភិបូជា (មថ ៥,២៣-២៤)។

ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់អស់អ្នកដែលបំបែកអ្នកដទៃឡើយ ព្រះអង្គដេញគេចេញពីអាសនៈ ដើម្បីឱ្យគេសម្រុះសម្រួលជាមួយនឹងបងប្អូនរបស់គេសិន ព្រះអង្គមានព្រះហឫទ័យឱ្យយើងអធិដ្ឋាន ដើម្បីសន្តិភាព។ ព្រះជាម្ចាស់មានភារកិច្ចដ៏ល្អបំផុត គឺឱ្យប្រជាជនដ៏ស្មោះត្រង់មានសន្តិភាព ហើយចេះរួបរួមគ្នាជាធ្លុងតែមួយ ក្នុងអង្គព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ (សន្តស៊ីព្រីយ៉ាំង)។

៦. “សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ”

២៨៤៦. សំណូមពរនេះ ជាឫសគល់នៃសំណូមពរខាងដើម ដ្បិតដោយសារយើងចាញ់ការល្បួង យើងក៏ប្រព្រឹត្តអំពើបាប។ យើងសូមព្រះបិតាកុំ “បណ្តោយឱ្យ” យើងចាញ់ការល្បួងឡើយ។ ពាក្យក្រិកនេះ ពិបាកបកប្រែជាពាក្យតែមួយម៉ាត់ណាស់ គឺមានន័យថា “កុំឱ្យចូលក្នុង” (មថ ២៦,៤១) “កុំឱ្យចាញ់ការល្បួងឡើយ”។ “គ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឱ្យធ្វើអំពើអាក្រក់បានឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ” (យក ១,១៣) ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យចង់រំដោះយើងឱ្យរួចពីការល្បួង។ យើងសូមព្រះអង្គកុំបណ្តោយឱ្យយើងដើរតាមផ្លូវដែលបណ្តាលឱ្យប្រព្រឹត្តអំពើបាប។ យើងបានចូលក្នុងការប្រយុទ្ធរវាង “សាច់ និងវិញ្ញាណ”។ យើងសូមព្រះវិញ្ញាណដែលជួយត្រិះរិះពិចារណា និងជួយផ្តល់កម្លាំងផង។

២៨៤៧. ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើឱ្យយើងចេះត្រិះរិះពិចារណា រវាងទុក្ខវេទនា ដែលជាចាំបាច់ដើម្បីឱ្យមនុស្សខាងក្នុង (លក ៨,១៣-១៥ ; កក ១៤,២២ ; ២ធម ៣,១២) អាចរីកចម្រើន និងចេះ “ស៊ូទ្រាំ” (រម ៣,៣-៥) និងការល្បួង ដែលបង្កើតអំពើបាប បណ្តាលឱ្យស្លាប់ (យក ១,១៤-១៥)។ យើងក៏ត្រូវតែចេះបែងបែករវាង “ត្រូវមេល្បួង” និង “យល់ព្រមតាមការល្បួង”។ ទីបញ្ចប់ ពេលរិះគិតពិចារណា យើងអាចដឹងអំពីសម្តីភូតភរនៃមេល្បួង គឺការល្បួងហាក់ដូចជា “មានរសជាតិឆ្ងាញ់ពិសា គួរឱ្យគយគន់ ថែមទាំងអាចធ្វើឱ្យមានប្រាជ្ញាទៀតផង” (កណ ៣,៦) តាមការពិត ផលផ្លែនៃការល្បួងនេះជាសេចក្ដីស្លាប់ទៅវិញ។

ព្រះជាម្ចាស់គ្មានព្រះហរទ័យបង្ខិតបង្ខំយើងឱ្យប្រព្រឹត្តអំពើល្អទេ ព្រះអង្គមានព្រះហ​ឫទ័យឱ្យមនុស្សមានសេរីភាព (...)។ មានពេលខ្លះ ការល្បួងល្អណាស់។ គ្រប់ៗគ្នា ព្រមទាំអយើងផងដែរ មិនបានដឹងថា ព្រលឹងយើងបានទទួលអ្វីពីព្រះអង្គទេ ប៉ុន្តែ ការល្បួងសម្ដែងឱ្យយើងស្គាល់ ដើម្បីបង្រៀនយើងឱ្យស្គាល់ខ្លួនឯង ដែលនាំឱ្យយល់អំពីភាពវេទនារបស់យើង ហេតុនេះ យើងក៏ត្រូវតែអរព្រះគុណព្រះជាម្ចាស់ ដើម្បីសេចក្ដីល្អដែលការល្បួងបានសម្ដែង (លោក អូរីសែន)។

២៨៤៨. យើងក៏ត្រូវតែសម្រេចក្នុងជម្រៅចិត្ត “កុំឱ្យចាញ់ការល្បួង”៖ “ទ្រព្យសម្បត្តិអ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ (...) គ្មានអ្នកណាម្នាក់អាចបម្រើម្ចាស់ពីរបានទេ” (មថ ៦,២១.២៤)។ “ប្រសិនបើយើងមានជីវិតដោយសារព្រះវិញ្ញាណមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ” (កាឡ ៥,២៥)។ ព្រះបិតាប្រទានកម្លាំងឱ្យយើង “យល់ស្របនឹង” ព្រះវិញ្ញាណដ៏វិសុទ្ធ។ “គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ទ្រង់មិនបណ្តោយឱ្យមារល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឱ្យបងប្អូនចេញរួច និងឱ្យបងប្អូនអាចទ្រាំទ្របាន” (១ករ ១០,១៣)។

២៨៤៩. ក៏ប៉ុន្តែ មានតែពេលអធិដ្ឋានទេ ដែលយើងអាចប្រយុទ្ធ និងទទួលជោគជ័យនេះបាន។ ដោយសារព្រះអង្គបានអធិដ្ឋាន ព្រះយេស៊ូបានឈ្នះមេល្បួង តាំងពីដើមដំបូង (មថ ៤,១-១១) និងក្នុងការប្រយុទ្ធចុងក្រោយពេលរងទុក្ខលំបាក (មថ ២៦,៣៦-៤៤)។ ព្រះគ្រីស្តប្រោសយើងឱ្យរួមជាមួយព្រះអង្គក្នុងការប្រយុទ្ធ និងទុក្ខលំបាករបស់ព្រះអង្គ ក្នុងសំណូមពរចំពោះព្រះបិតានេះ។ ព្រះអង្គរំលឹកឱ្យច្បាស់ថា ត្រូវប្រុងស្មារតី ដោយរួមរស់ជាមួយព្រះអង្គ (មក ១៣,៩.២៣.៣៣-៣៧ ; ១៤,៣៨ ; លក ១២,៣៥-៤០)។ ពេលប្រុងស្មារតី យើង “មើលចិត្តគំនិត” ហើយព្រះយេស៊ូសូមទូលអង្វរឱ្យព្រះបិតា “ថែរក្សា (យើង) ដោយព្រះនាមព្រះអង្គ” (យហ ១៧,១១)។ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះហឫទ័យឱ្យយើងប្រុងស្មារតីជានិច្ច (១ករ ១៦,១៣ ; កូឡ ៤,២ ; ១ថស ៥,៦ ; ១ពត្រ ៥,៨)។ សំណូមពរនេះ មានអត្ថន័យដ៏សំខាន់ជាទីបំផុត បើនិយាយអំពីការល្បួងចុងក្រោយនៃការប្រយុទ្ធរបស់យើងនៅលើផែនដី គឺយើងសូមឱ្យមានចិត្តព្យាយាមរហូតដល់ទីចុងក្រោយ ៖ “យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី (...) អ្នកនោះមានសុភមង្គលហើយ!” (វវ ១៦,១៥)។

៧. “តែសូមរំដោះយើងខ្ញុំឱ្យរួចផុតពីមារកំណាចផង”

២៨៥០. ព្រះយេស៊ូអធិដ្ឋានដោយទទួលយកសំណូមពរចុងក្រោយចំពោះព្រះបិតារបស់យើង៖ “ទូលបង្គំមិនអង្វរព្រះអង្គឱ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្តាការពារគេពីអំណាចមារកំណាចវិញ” (យហ ១៧,១៥)។ សំណូមពរនេះ ទាក់ទងនឹងយើងម្នាក់ៗ ប៉ុន្តែ គឺ “យើង” នេះហើយ ដែលអធិដ្ឋាន ដោយរួមជាមួយព្រះសហគមន៍ទាំងមូល ដើម្បីរំដោះក្រុមគ្រួសាររបស់មនុស្សលោកទាំងមូល។ សេចក្ដីអធិដ្ឋានរបស់ព្រះអម្ចាស់តែងតែធ្វើឱ្យយើងបើកចិត្តឱ្យទូលាយ នឹកគិតដល់ការចាត់ចែងនៃការសង្រ្គោះ។ យើងពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងវិនាដកម្មនៃអំពើបាប និងសេចក្ដីស្រលាញ់ យើងក៏ត្រឡប់ទៅជារួមសាមគ្គី ក្នុងព្រះកាយព្រះគ្រីស្ត “ក្នុងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ” (RP ១៦)។

២៨៥១. តាមសំណូមពរនេះ អំពើអាក្រក់មិនមែនជារឿងអរូបីទេ តែជាបុគ្គលម្នាក់ គឺសាតាំង មារកំណាច ទេវទូតដែលប្រឆាំងនឹងព្រះជាម្ចាស់។ “មារ” (dia-bolos ) ជាអ្នកដែល “ប្រយុទ្ធប្រឆាំងនឹង” គម្រោងការរបស់ព្រះជាម្ចាស់ និង “ព្រះរាជកិច្ចនៃការសង្រ្គោះ” ដែលព្រះគ្រីស្តបានសម្រេច។

២៨៥២. “តាំងពីដើមរៀងមក វាបានសម្លាប់មនុស្ស ហើយមិនប្រកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក គឺវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហក ហើយជាឪពុកនៃអ្នកកុហក” (យហ ៨,៤៤) “សាតាំងដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឱ្យវង្វេង” (វវ ១២,៩) ដោយសារវា អំពើបាប និងសេចក្ដីស្លាប់បានចូលក្នុងពិភពលោក ហើយសត្វលោកទាំងអស់ “នឹងរួចចាកពីអំពើបាប និងសេចក្ដីស្លាប់” ពេលវានឹងបរាជ័យ (MR ធម៌អរព្រះគុណទី៤)។ “យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ការពារអ្នកនោះ ហើយមារកំណាចពុំអាចយាយីគេបានឡើយ។ យើងដឹងថា​ យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច” (១យហ ៥,១៨-១៩)៖

ព្រះអម្ចាស់ដែលបានដកយកអំពើបាបរបស់បងប្អូនចេញ ហើយដែលបានលើកលែងទោសកំហុសរបស់បងប្អូន ទ្រង់អាចថែរក្សាការពារបងប្អូនពីកលល្បិចរបស់មារ ដែលប្រយុទ្ធប្រឆាំងនឹងបងប្អូន ដើម្បីឱ្យខ្មាំងសត្រូវ ដែលធ្លាប់បង្កើតកំហុស មិនអាចបង្អើលបងប្អូនបានឡើយ។ អ្នកផ្ញើជីវិតលើព្រះជាម្ចាស់ មិនខ្លាចនឹងមារកំណាចទេ។ “ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?” (រម ៨,៣១) (សន្ត អំប្រ័រ)។

២៨៥៣. នៅពេលកំណត់ព្រះយេស៊ូស្ម័គ្រចិត្តប្រគល់ព្រះកាយព្រះអង្គទៅសេចក្ដីស្លាប់ ដើម្បីប្រទានព្រះជន្មព្រះអង្គមកយើង ព្រះអង្គក៏ឈ្នះ “ចៅហ្វាយរបស់លោកីយ៍” នេះ (យហ ១៤,៣១)។ ពេលនោះ ជាពេលព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក ហើយចៅហ្វាយនៃលោកីយ៍នេះ “ត្រូវបេណ្ដញចេញទៅក្រៅ” (យហ ១២,៣១; វវ ១២,១១)។ “វាដេញតាមស្រ្តី” (វវ ១២,១៣-១៦) ប៉ុន្តែ វាមិនអាចយាយីនាងទេ៖ នាងអេវ៉ាថ្មី “ជាទីគាប់ព្រះហឫទ័យ” ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានរួចពីអំពើបាប និងភាពស្អុយរលួយនៃសេចក្ដីស្លាប់ (ព្រះនាង ម៉ារីជាព្រះមាតាដ៏វិសុទ្ធបំផុតនៃព្រះជាម្ចាស់ ដែលនៅព្រហ្មចារីយ មិនដែលជំពាក់បាបតាំងពីកំណើត ហើយដែលព្រះអង្គបានលើកឡើងទៅស្ថានបរមសុខ)។ “វាក្តៅក្រហាយនឹងស្រ្តីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកប្រឆាំងនឹងកូនចៅរបស់នាងដែលនៅសេសសល់” (វវ ១២,១៧)។ ហេតុនេះហើយ បានជាព្រះវិញ្ញាណ និងព្រះសហគមន៍អង្វរថា៖ “ព្រះអម្ចាស់យេស៊ូអើយ សូមយាងមក!” (វវ ២២,១៧.២០) ដ្បិតពេលព្រះអង្គនឹងយាងមក យើងនឹងរួចពីមារកំណាច។

២៨៥៤. ដោយសូមឱ្យរួចផុតពីមារកំណាច យើងអង្វរសុំឱ្យយើងរួចពីទុក្ខវេទនាទាំងឡាយដែលមារកំណាចនេះបង្កើត ក្នុងបច្ចុប្បន្នកាល អតីតកាល និងអនាគតកាលផងដែរ ។ តាមសំណូមពរចុងក្រោយនេះ ព្រះសហគមន៍ទទួលយកទុក្ខវេទនាទាំងអស់នៃពិភពលោកថ្វាយទៅឯព្រះបិតា។ ដើម្បីឱ្យចាកផុតពីទុក្ខវេទនាដែលបៀតបៀនមនុស្សលោក ព្រះសហគមន៍ទូលអង្វរសុំព្រះអំណោយទានដ៏មានតម្លៃ គឺសន្តិភាព ហើយឱ្យខ្លួនអាចរង់ចាំដល់ពេលព្រះគ្រីស្តយាងត្រឡប់មកវិញ ដោយចិត្តព្យាយាម។ ដោយអធិដ្ឋានបែបនេះ ព្រះសហគមន៍ប្រារព្ធទុកជាមុនសូមឱ្យព្រះជាម្ចាស់សរុបមនុស្សទាំងអស់ និងអ្វីៗទាំងអស់ ក្នុងអង្គព្រះគ្រីស្តដែល “មានអំណាចលើសេចក្ដីស្លាប់ និងលើស្ថានមច្ចុរាជ” (វវ ១,១៨) ដែលជាម្ចាស់នៃអ្វីៗទាំងអស់ ព្រះអង្គ “ដែលមានព្រះជន្មគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយកំពុងតែយាងមក” (វវ ១,៨) (វវ ១,៤)៖ ឱព្រះអម្ចាស់យើងខ្ញុំអើយ សូមព្រះអង្គទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យរួចពីអន្តរាយគ្រប់បែបយ៉ាង សូមទ្រង់ប្រោសប្រទានឱ្យយើងខ្ញុំរស់នៅបានសេចក្ដីសុខសាន្ត និងរួចចាកពីអំពើបាបជានិច្ច កុំឱ្យយើងខ្ញុំជួបប្រទះនឹងទុក្ខលំបាកណាឡើយ។ យើងខ្ញុំសង្ឃឹមយ៉ាងមាំថា នឹងបានបរមសុខ ហើយយើងខ្ញុំក៏រង់ចាំព្រះយេស៊ូគ្រីស្តជាព្រះសង្រ្គោះ ទ្រង់យាងត្រឡប់មកវិញដែរ (MR)។

សេចក្ដីចុងក្រោយសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់

២៨៥៥. សេចក្ដីចុងក្រោយសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ “ដ្បិតព្រះអង្គគ្រងរាជ្យ ទ្រង់មានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ” យកសំណូមពរទាំងបីដើមចំពោះព្រះបិតារបស់យើង គឺជាការលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ ឱ្យព្រះរាជ្យព្រះអង្គយាងមកដល់ និងឱ្យព្រះហឫទ័យពោរពេញដោយឫទ្ធានុភាពសង្រ្គោះមនុស្សលោកបានសម្រេច។ ប៉ុន្តែ ឥឡូវនេះ យើងសុំដោយក្រាបថ្វាយបង្គំ និងអរព្រះគុណព្រះជាម្ចាស់ ដូចនៅក្នុងពិធីបុណ្យនៃស្ថានបរមសុខ (វវ ១,៦ ; ៤,១១ ; ៥,១៣)។ ចៅហ្វាយលោកីយ៍នេះបានប្រើកលល្បិចយកងារទាំងបីនោះ (រាជ្យ ឫទ្ធិ និងសិរីរុងរឿង) (លក ៤,៥-៦) ឯព្រះគ្រីស្តវិញ ជាព្រះអម្ចាស់ប្រគល់ងារទាំងបីនោះ ថ្វាយព្រះបិតារបស់ព្រះអង្គ និងជាព្រះបិតារបស់យើងវិញ រហូតដល់ព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះបិតា ទំរាំដល់ព្រះអង្គបានបំពេញការសង្រ្គោះ ហើយព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ គ្រប់ប្រការ (១ករ ១៥,២៤-២៨)។

២៨៥៦. “ពេលសូត្រធម៌រួចហើយ អ្នកពោល អាម៉ែន ដែលមានន័យថា “សូមឱ្យបានសម្រេច” (លក ១,៣៨) ដើម្បីបញ្ជាក់អំពីសេចក្ដីនៃការអធិដ្ឋាន ដែលព្រះជាម្ចាស់បានបង្រៀនមកយើង” (សន្ត ស៊ីរីលនៃទីក្រុងយេរូសាឡឹម)។

សង្ខេប

២៨៥៧. ក្នុងធម៌ឱព្រះបិតា សំណូមពរទាំងបីដំបូងសម្ដៅទៅលើសិរីរុងរឿងរបស់ព្រះបិតា គឺឱ្យព្រះ នាមបានវិសុទ្ធ ឱ្យព្រះរាជ្យយាងមកដល់ និងឱ្យបំណងប្រាថ្នារបស់ព្រះជាម្ចាស់បានសម្រេច។ តាម​សំណូមពរបួនទៀត យើងបង្ហាញឱ្យព្រះអង្គដឹងអំពីបំណងប្រាថ្នាយើង គឺយើងសុំឱ្យព្រះអង្គជួយ​ចិញ្ជឹម​ជីវិតរបស់យើង ឬព្យាបាលជីវិតនេះឱ្យរួចពីបាប ហើយសំណូមពរនោះ ទាក់ទងនឹងការប្រយុទ្ធរបស់ យើង ដើម្បីឱ្យសេចក្ដីល្អយកជ័យជំនះលើសេចក្ដីអាក្រក់។

២៨៥៨. ដោយទូលសុំព្រះជាម្ចាស់ឱ្យ “ព្រះនាមព្រះអង្គបានវិសុទ្ធ” យើងចូលក្នុងគម្រោងការរបស់ ព្រះអង្គ គឺឱ្យព្រះនាមព្រះអង្គបានវិសុទ្ធ ដូចដែលព្រះអង្គបានសម្ដែងឱ្យលោកម៉ូសេស្គាល់ ហើយបន្ទាប់មក​ នៅក្នុងអង្គព្រះយេស៊ូ តាមរយៈយើង និងនៅក្នុងយើង ដូចក្នុងប្រជាជាតិនានា​ និងមនុស្សម្នាក់ៗ។

២៨៥៩. ដោយសារសំណូមពរទីពីរ ព្រះសហគមន៍មានគោលដៅពិសេសឱ្យព្រះគ្រីស្តយាងមកវិញ និងឱ្យព្រះរាជ្យរបស់ព្រះជាម្ចាស់យាងមកជាស្ថាពរ។ ព្រះសហគមន៍ទូលអង្វរព្រះជាម្ចាស់ ដើម្បីឱ្យព្រះ​រាជ្យរីកចម្រើនក្នុងការរស់នៅ “ប្រចាំថ្ងៃ” នៃជីវិតរបស់យើង។

២៨៦០. សំណូមពរទីបី យើងទូលអង្វរព្រះបិតាសូមព្រះអង្គបង្រួបបង្រួមបំណងរបស់យើងទៅនឹងបំណងរបស់ព្រះបុត្រាព្រះអង្គ ដើម្បីបំពេញគម្រោងការរបស់ព្រះអង្គក្នុងការសង្រ្គោះពិភពលោក។

២៨៦១. សំណូមពរទីបួន រួម​ជាមួយ​បង​ប្អូន​យើងៗពោលថា “សូមប្រទានមកយើងខ្ញុំ” មានន័យថា យើង​ជឿទុកចិត្តលើព្រះបិតា របស់យើងដែលគង់នៅស្ថានបរមសុខ ដូចកូនជឿឪពុកដែរ។ “អាហារ” សម្ដៅទៅលើចំណីអាហារ ដែលយើងទាំងអស់គ្នាត្រូវការ ដើម្បីចិញ្ជឹមជីវិត និងសម្ដៅទៅលើនំប៉័ងនៃ ជីវិតផង គឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះកាយព្រះគ្រីស្ត។ យើងទទួលអាហារនេះ ក្នុង “ថ្ងៃនេះ” របស់ព្រះជាម្ចាស់ ដូចជាចំណីអាហារជាចាំបាច់ដ៏សំខាន់ (ណាស់) នៃពិធីជប់លៀងនៃព្រះរាជ្យ ដែលពិធីអរព្រះគុណតំណាងទុកជាមុន។

២៨៦២. សំណូមពរទីប្រាំអង្វរធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ចំពោះអំពើបាបរបស់យើង។ ធម៌​មេត្តា​ករុណា​នេះ អាចជ្រាបចូលក្នុងដួងចិត្តយើង លុះត្រាតែយើងបានលើកលែងទោសឱ្យខ្មាំងសត្រូវរបស់យើង ដូចព្រះ គ្រីស្ត និងដោយយកព្រះអង្គជាជំនួយ។

២៨៦៣. ដោយពោលថា សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយយើងទូលសុំអង្វរព្រះជា ម្ចាស់សូមព្រះអង្គជួយកុំឱ្យយើងដើរតាមផ្លូវនៃអំពើបាប។ សំណូមពរនេះ អង្វរព្រះវិញ្ញាណ ដែលចេះដឹងខុសត្រូវ ជាព្រះវិញ្ញាណដែលប្រទានកម្លាំង។ យើងអង្វរសុំឱ្យយើងចេះប្រុងស្មារតី មានការ​ព្យាយាមរហូតដល់ទីបញ្ចប់។

២៨៦៤. សំណូមពរចុងក្រោយ “សូមរំដោះយើងឱ្យរួចពីមារកំណាច” គ្រីស្តបរិស័ទ រួម​ជា​មួយ​ព្រះ​សហគមន៍​ អង្វរព្រះជា​ម្ចាស់ឱ្យសម្ដែងជ័យជំនះរបស់ព្រះគ្រីស្តលើ “ចៅហ្វាយរបស់លោកីយ៍នេះ” លើមារ​សាតាំង ជាទេវទូតប្រឆាំងនឹងព្រះជាម្ចាស់ និងគម្រោងការរបស់ព្រះអង្គអំពីការសង្រ្គោះ។

២៨៦៥. ពាក្យចុងក្រោយ “អាម៉ែន” យើងបង្ហាញថា​ យើងយល់ព្រម “ Fiat” ចំពោះសំណូមពរទាំង​ប្រាំពីរ៖ “សូមឱ្យបានសម្រេច...”។

2,852 Views
Theme: Overlay by Kaira