ថ្ងៃអាទិត្យ-អាទិត្យទី០៣-រដូវអបអរសាទរ «គ»

ថ្ងៃអាទិត្យអាទិត្យទី០៣
រដូវអបអរសាទរ
ពណ៌ផ្កាឈូក

ថ្ងៃអាទិត្យទី ១២ ខែធ្នូ ឆ្នាំ ២០២១

កាលពីដើម ជនជាតិយូដាតែងតែទន្ទឹមរង់ចាំ “ព្រះមែស្ស៊ី” គឺ“ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលនឹងយាងមកសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពួកគេ សង្ឃឹមថា ព្រះគ្រីស្តយាងមកតែងតាំង “ព្រះរាជ្យរបស់ព្រះជាម្ចាស់” ឬធ្វើឱ្យ “ព្រះជាម្ចាស់គ្រងរាជ្យលើមនុស្សលោក” នាំសុភមង្គលដ៏ពេញលេញមកមនុស្សលោក។
គ្រីស្តបរិស័ទជាអ្នកប្រកាសថា លោកគ្រូយេស៊ូដែលត្រូវគេឆ្កាងសម្លាប់ចោល ហើយដែលទទួលព្រះជន្មថ្មី ពិតជាព្រះគ្រីស្តនោះមែន គឺពិតជាអ្នកផ្តល់សុភមង្គលដល់ខ្លួនគេ និងដល់មនុស្សលោកផង។
ចុះហេតុអ្វីបានជាក្នុងពិភពលោកយើងនេះ នៅតែមានទុក្ខ នៅតែមានមនុស្សជរា ពិការ នៅតែមានសង្គ្រាមដូច្នេះ?
ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយយើង ទ្រង់ប្រទានឱ្យទុក្ខវេទនាគ្រប់យ៉ាងរបស់មនុស្សលោកទទួលអត្ថន័យថ្មី។ នេះជាសេចក្តីសង្ឃឹម និងអំណរសប្បាយរបស់យើង។

អត្ថបទទី១​៖ សូមថ្លែងព្រះគម្ពីរព្យការីសេផានី សផ ៣,១៤-១៨ក

ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្រែកជយឃោស! ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរអសប្បាយ និងមាន ចិត្តរីករាយឡើង! ព្រះអម្ចាស់បានលើកលែងទោសឱ្យអ្នក ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះអម្ចាស់ជាព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែលគង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។ នៅថ្ងៃនោះ គេនឹងពោលមកកាន់ក្រុងយេរូសាឡឹមថា “កុំខ្លាចអ្វីឡើយ! ក្រុងស៊ីយ៉ូនអើយ! កុំបាក់ទឹកចិត្តឱ្យសោះ!។ ព្រះអម្ចាស់ជាព្រះរបស់អ្នក ព្រះអង្គគង់ជាមួយអ្នក ព្រះអង្គជាវីរបុរសដែលមានជ័យជំនះ ព្រះអង្គមានអំណរសប្បាយជាខ្លាំង ព្រោះតែអ្នក។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់អ្នក ទ្រង់ប្រោសឱ្យអ្នកមានជីវិតថ្មី ព្រះអង្គត្រេកអរយ៉ាងខ្លាំង និងរាំសប្បាយព្រោះតែអ្នក ដូចនៅថ្ងៃពិធីបុណ្យដ៏សប្បាយ”។

ទំនុកតម្កើងរបស់ព្យាការីអេសាយ ១២, ២.៤-៦ បទពាក្យ ៧

២.ព្រះអម្ចាស់ជាព្រះសង្គ្រោះជីវិតខ្ញុំរស់ស្គាល់តែសុខ
លែងភ័យលែងខ្លាចលែងកើតទុក្ខពីនេះទៅមុខពឹងលើព្រះ ។
ដ្បិតព្រះអម្ចាស់ជាកម្លាំងខ្ញុំអាចតតាំងអាចយកឈ្នះ
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ ។
៤.ចូរអរព្រះគុណព្រះអម្ចាស់ហើយចូរប្រកាសនាមព្រះអង្គ
ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ប្រាប់ប្រជាជនផងទាំងឡាយ ។
៥.ចូរស្មូតទំនុកតម្កើងថ្វាយព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ
ដ្បិតការអស្ចារ្យច្រើនពេកក្រៃឱ្យមនុស្សលើដីបានដឹងផង ។
៦.អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយចូរកុំកន្តើយស្រែករំពង
ដោយអរសប្បាយដ្បិតព្រះអង្គវិសុទ្ធឥតហ្មងព្រះនៃយើង ។

អត្ថបទទី​ ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភល ៤,៤-៧

បងប្អូនជាទីស្រឡាញ់!
ចូរបងប្អូនអរសប្បាយដោយសារព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្តងទៀតថា ចូរអសប្បាយឡើង !។ ចូរសម្តែងឱ្យមនុស្សម្នាទាំងអស់ស្គាល់សន្តានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈត្រូវទូលព្រះជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បងប្អូនដោយអធិដ្ឋាន និងទូលអង្វរទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះសេចក្តី​សុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្សនឹងស្ថិតនៅជាប់ក្នុងចិត្តគំនិត​បងប្អូនដោយសារព្រះគ្រីស្តយេស៊ូមិនខាន។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២,៧៦;១,៧

អលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាព្យាការីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកដើរខាងមុខដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់ និងធ្វើជាសាក្សីថ្វាយព្រះពន្លឺ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ៣,១០-១៨

មហាជនដែលមកទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានតែងសួរលោកថា៖«តើយើងត្រូវធ្វើអ្វីខ្លះ?»។ លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកមានអាវពីរ ត្រូវចែកឱ្យ អ្នកដែលគ្មាន ហើយអ្នកដែលមានចំនីអាហារ ក៏ត្រូវចែកឱ្យអ្នកដែលគ្មានដែរ»។ មានអ្នកទារពន្ធខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរលោកថា៖«លោកគ្រូ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ លោកឆ្លើយទៅវិញថា៖«កុំទារពន្ធដាហួសពីកម្រិតដែលមានកំណត់ទុកនោះឡើយ»។ មានទាហានមកសួរលោកថា៖«ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖«កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឱ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់គ្នាថា ប្រហែលលោកនេះទេដែលជាព្រះគ្រីស្ត!។ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖«ខ្ញុំធ្វើពិធីជ្រមុជ ឱ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែលោកដែលមានកម្លាំងខ្លាំងជាងខ្ញុំជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ ដើម្បីអុំស្រូវយក គ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្តីវិញ លោកនឹងដុតក្នុងភ្លើងដែលឆេះពុំចេះរលត់ឡើយ»។ លោកយ៉ូហានប្រកាសដំណឹងល្អដល់ប្រជាជនដោយពាក្យដាល់តឿនជាច្រើន ទៀតផង។

167 Views
Theme: Overlay by Kaira