ថ្ងៃពុធ អាទិត្យទី២៧
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤
សន្ដដឺនីស និងសហជីវិន ជាមរណសាក្សី
ឬសន្តយ៉ូហាន លេអូណាឌី ជាបូជាចារ្យ
ប្រហែលនៅឆ្នាំ ២៥៨ លោកឌឺនិស ជាអភិបាលព្រះសហគមន៍មុនគេនៅក្រុងប៉ារីស (ប្រទេសបារាំង) ត្រូវអាជ្ញាធរប្រហារជិវិតរួមជាមួយលោកបូជាចារ្យអេលើថែរ និងលោកឧបដ្ឋាករូស្ទីក។
លោកយ៉ូហានលេអូណារឌី (១៥៤១-១៦០៩) បង្កើតក្រុមគ្រួសារបព្វជិតមួយ ដើម្បីការពារជំនឿនៅប្រទេសអ៊ីតាលី។ លោកក៏បានបង្កើតទេវវិទ្យាល័យដើម្បីអប់រំបូជាចារ្យសម្រាប់ប្រទេសដែលមិនទាន់មានព្រះសហគមន៍ពេញលេញនៅឡើយ។ លោកទទួលមរណភាព ពេលព្យាបាលអ្នកមានអាសន្នរោគដោយជំងឺឆ្លង។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ២,១-២.៧-១៤
បងប្អូនជាទីស្រលាញ់!
ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏ឡើងទៅក្រុងយេរូសាឡឹមម្ដងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ ខ្ញុំឡើងទៅក្រុងយេរូសាឡឹម ដូច្នេះ មកពីព្រះជាម្ចាស់បានបំភ្លឺចិត្តឱ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោកជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឱ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយត្រឡប់ទៅជាអសារឥតការវិញ។ ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារប្រកាសដំណឹងល្អដល់សាសន៍ដទៃមកឱ្យខ្ញុំ ដូចព្រះអង្គបានប្រគល់មុខងារប្រកាសដំណឹងល្អដល់សាសន៍យូដាឱ្យលោកសិលាដែរ ដ្បិតព្រះជាម្ចាស់ដែលបានប្រោសប្រទានឱ្យលោកសិលាអាចបំពេញមុខងារជាសាសនទូតសម្រាប់សានន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានឱ្យខ្ញុំអាចបំពេញមុខងារជាសាសនទូតសម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។ កាលលោកយ៉ាកុបលោកកេផាស និងលោកយ៉ូហានដែលពួកបងប្អូនចាត់ទុកដូចជាសសររបស់ព្រះសហគមន៍ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោស ដល់ខ្ញុំដូច្នេះ អស់លោកក៏ចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាបញ្ជាក់ថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅប្រកាសដំណឹងល្អដល់សាសន៍យូដា។ ពួកលោកគ្រាន់តែសុំឱ្យយើងគិតគូរដល់ជនក្រីក្រជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។ ក៏ប៉ុន្ដែ នៅពេលដែលលោកកេផាសមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ លោកយ៉ាកុបបានចាត់អ្នកខ្លះឱ្យមក។ មុនពេលដែលអ្នកទាំងនោះមកដល់ លោកកេផាសតែងបរិភោគរួមជាមួយ បងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែកពីបងប្អូនសាសន៍ដ៏ទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។ បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាស់ក៏ត្រូវគេអូសទាញឱ្យលាក់ ពុតដូចគេដែរ។ ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់ តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកកេផាសនៅមុខគេឯងទាំងអស់គ្នាថា៖«បើលោកដែលជាសាសន៍យូដា លែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឱ្យធ្វើដូចសាសន៍យូដាដូចម្ដេចកើត?»។
ទំនុកតម្កើងលេខ ១១៧ (១១៦),១-២ បទព្រហ្មគីតិ
១ | ឱ!ប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកតម្កើង | |
អស់ប្រជារាស្រ្ដកុំឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
២ | ដ្បិតព្រះអង្គមានហប្ញទ័យ | ករុណាប្រណីពេកកន្លង | |
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម ៨,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណ ដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់! ដោយព្រះវិញ្ញានេះ យើងបន្លឺសំឡេងឡើងថា៖«អប្បា!» ឱព្រះបិតា!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១-៤
មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖«ពេលអ្នករាល់គ្នាអធិដ្ឋាន ត្រូវពោលថា៖«ឱព្រះបិតាអើយ! សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ។ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ សូមអត់ទោសឱ្យយើងខ្ញុំបានរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឱ្យអស់់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ!»។