ថ្ងៃទី១១ ខែមិថុនា
សន្ដបារណាបាស ជាគ្រីស្ដទូត
បុណ្យរម្លឹក
ពណ៌ក្រហម
លោកយ៉ូសែប ហៅថា “បារណាបាស” (ឈ្មោះនេះមានន័យថា “អ្នកដែលលើកទឹកចិត្ត”) មិនមែននៅក្នុងក្រុមសាវ័កទាំងដប់ពីរនាក់ទេ ក៏ប៉ុន្តែ ដោយលោកខិតខំប្រកាសដំណឹងល្អ គ្រីស្តបរិស័ទដើមដំបូងតែងហៅលោកថា “គ្រីស្តទូត” ដែរ។ ពេលលោកប្រែចិត្តគំនិតទៅជាគ្រីស្តបរិស័ទ លោកប្រគល់សម្បត្តិទាំងប៉ុន្មានរបស់លោកឱ្យក្រុមគ្រីស្តទូត។ លោកយល់ថា សាសន៍ដទៃអាចចូលក្នុងព្រះសហគមន៍បានដោយមិនបាច់កាន់តាមធម្មវិន័យនៃជនជាតិយូដាទេ គឺគ្រាន់តែឱ្យគេផ្ញើជិវិតទាំងស្រុងទៅលើព្រះយេស៊ូប៉ុណ្ណោះ។ លោកទៅរកលោកប៉ូល ហើយលោកទាំងពីរនាក់ចេញទៅប្រកាសដំណឹងល្អជាមួយគ្នា។ តាមសេចក្តីដែលគ្រីស្តបរិស័ទដើមដំបូងធ្លាប់តំណាលតៗគ្នាមក លោកទទួលមរណភាពនៅកោះគឺប្រូស ជាស្រុកកំណើតរបស់លោក។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យញែកសន្តបារណាបាស និងប្រោសលោកឱ្យបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីចាត់គាត់ទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យមានគ្រីស្តបរិស័ទជាច្រើន សុខចិត្តលះបង់អ្វីៗទាំងអស់ ដើម្បីប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តសព្វថ្ងៃនេះដែរ។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្ដទូត កក ១១,២១-២៦; ១៣,១-៣
អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់” រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួន រួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឲ្យឆ្ងាយពីអ្នកទៅ បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្ដោយឲ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ មានសេចក្ដីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឲ្យនាង” រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែងតែរួមរស់ជាមួយគ្នា ដោយឥតបានរៀបការ) បុរសនោះធ្វើឲ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្ដងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។
ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
| ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា |
| | យកជ័យជម្នះ | ។ |
| ២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីកាសង្គ្រោះ |
| ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ |
| | របស់ព្រះអង្គ | ។ |
| ៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
| ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង |
| | ចងចាំទាំងអស់ | ។ |
| មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស |
| នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ |
| | យើងគ្រប់ៗគ្នា | ។ |
| ៤ | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
| អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា |
| | ដោយតូរ្យតន្ត្រី | ។ |
| ៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
| ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ |
| | រៀងរាល់វេលា | ។ |
| ៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
| អបអរសាទរ | អង្គព្រះនាមា | ខ្ពស់លើពសុធា |
| | គ្មានអ្វីស្មើព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៨,១៩.២០
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរចេញទៅនាំមនុស្សគ្រប់ជាតិសាសន៍ឱ្យធ្វើជាសាវ័ក! ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២៧-៣២
ពេលធ្វើដំណើរទៅ ចូរប្រកាសថាព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ធ្វើឱ្យមនុស្សឃ្លង់បានជាស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ កុំរកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងថង់ឡើយ ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។នៅពេលអ្នករាល់គ្នាចូលទៅក្នុងភូមិ ឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឱ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះរហូតដល់ពេលអ្នករាល់គ្នាចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជំរាបសួរអ្នកផ្ទះនោះ ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្តីសុខសាន្តនោះសេចក្តីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្តីសុខសាន្តរបស់អ្នករាល់គ្នានឹងវិលមករកអ្នករាល់គ្នាវិញ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសន្តបារណាបាសឱ្យមានចិត្តស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ចេញទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ។ សូមទ្រង់ព្រះមេត្តាញ៉ាំងតង្វាយទាំងនេះឱ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ សូមប្រោសយើងខ្ញុំឱ្យមានចិត្តស្រឡាញ់ព្រះអង្គដូចសន្តបារណបាសនេះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រកាសដំណឹងល្អសព្វថ្ងៃនេះដូចសន្តបារណាបាសពីដើមផង។
837 Views
Post Views:
841