ថ្ងៃពុធ អាទិត្យទី២៥
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរសុភាសិត សុភ ៣០,៥-៩

ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់​គួរឱ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារ​អស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។ កុំយកអ្វីមកបន្ថែមពីលើព្រះបន្ទូលរបស់​ព្រះអង្គឡើយ ក្រែងលោព្រះអង្គស្ដីបន្ទោសថា អ្នកជាមនុស្សកុហស។ ឧិព្រះអង្គម្ចាស់​អើយ! ទូលបង្គំសូមសេចក្ដីពីរយ៉ាងពីព្រះអង្គ សូមប្រោសប្រទានតាមសំណូមពរ​របស់ទូលបង្គំ មុនពេលទូលបង្គំស្លាប់។ សូមកុំបណ្ដោយឱ្យទូលបង្គំចេះពោលពាក្យ​កុហកបោកប្រាស។ សូមកុំឱ្យទូលបង្គំក្រពេក ឬក៏មានពេកដែរ គឺសូមប្រទានឱ្យ​ទូលបង្គំមានអាហារបរិភោគគ្រប់គ្រាន់តែប៉ុណ្ណោះបានហើយ។ ប្រសិនបើទូលបង្គំមាន​ទ្រព្យច្រើនពេក ក្រែងលោទូលបង្គំវងេ្វងឆ្ងាយពីព្រះអង្គ ដោយពោលថា “តើព្រះអម្ចាស់​ជានរណា?” ឬបើទូលបង្គំក្រពេក ទូលបង្គំបែរជាលួចគេ ហើយបង្អាប់ព្រះនាមព្រះ​របស់ទូលបង្គំ។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,២៩.៧២.៨៩..១០១.១០៤.១៦៣ បទពាក្យ ៧

២៩សូមឱ្យខ្ញុំចៀសចាកចេញផុតឆ្ងាយពីពាក្យភូតភរប្ញស្យា
សូមជួយបង្ហាញក្ដីករុណាវិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់
៧២ធ​ម្មវិន័យដែលព្រះអង្គបានប្រកាសឱ្យកាន់មានតម្លៃ
ប្រសើរជាងមាសពេជ្រចរណៃជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់
៨៩បពិត្រព្រះម្ចាស់ព្រះបន្ទូលគង់វង្សមុតមូលមិនខ្ចាយខ្ចាត់
នៅស្ថានបរមសុខមិនរលត់អស់កល្បរហូតតរៀងទៅ
សូមដូរបទកាកគតិ
១០១ខ្ញុំគេចឱ្យឆ្ងាយពីផ្លូវអន្ដរាយអាក្រក់ទាំងអស់
គេចចេញឱ្យផុតប្រព្រឹត្តតាមព្រះបន្ទូលអម្ចាស់
នៅជាប់ស្ថិតស្ថេរ
១០៤គឺធម្មវិន័យរបស់ម្ចាស់ថ្លៃធើ្វឱ្យខ្ញុំត្រង់
ចេះពិចារណារិះគិតឥតឆ្គងស្អប់ផ្លូវសៅហ្មង
វៀចវេរបោកប្រាស
សូមដូរបទពាក្យ៧
១៦៣ខ្ញុំស្អប់ខ្ពើមការបោកកុហសភូតភរគម្រក់ខ្លាំងអនេក
ដ្បិតខ្ញុំស្រឡាញ់នឹកឃ្លានស្រេកធម្មវិន័យពេកព្រះអង្គថ្លៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់ក៏មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១-៦

ព្រះយេស៊ូត្រាស់ហៅសាវ័កដប់ពីរនាក់មកជួបជុំគ្នា ហើយព្រះអង្គប្រទានប្ញទ្ធានុភាព និងអំណាចឱ្យគេបណ្ដេញអារក្សទាំងអស់ ព្រមទាំងមើលជំងឺផ្សេងៗឱ្យបានជា។ ព្រះអង្គចាត់គេឱ្យចេញទៅប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នក​ជំងឺឱ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី​ ចំណីអាហារ ឬប្រាក់កាសក្ដី​ ហើយក៏មិនត្រូវយកអាវបន្លាស់ទៅដែរ។ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះ​នោះ រហូតដល់ពេលអ្នករាល់គ្នាចេញ​ពីស្រុកនោះទៅ។ បើភូមណាគេមិនព្រមទទួល​អ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុក​ជាសញ្ញាព្រមានគេ »។ សាវ័កនាំគ្នាចេញទៅ ធើ្វដំណើរពីភូមិមួយទៅភូមិមួយ ទាំង​ប្រកាសដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឱ្យបានជាផង។

114 Views

Theme: Overlay by Kaira