ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៥
លោកអ៊ីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទេសអេស្ប៉ាញសព្វថ្ងៃ)។ លោកប្រកបការងារជាទាហាន។ ជួនជាលោកត្រូវរបួសពេលច្បាំងវាយសម្រុកទីក្រុងមួយ។ ពេលព្យាបាលមុខរបួស លោកអានគម្ពីរ ហើយទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ខ្លួន រួចលោកទៅស្មឹងស្មាធិ៍សមាធិនៅគុហារភ្នំមង់រែស ហើយប្រែចិត្តគំនិតទាំងស្រុង។ លោកចែកចាយការពិសោធន៍ខាងព្រះវិញ្ញាណឱ្យមិត្តសម្លាញ់ដើម្បី “លើកតម្កើងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់” នៅឆ្នាំ ១៥៣៤ លោកអ៊ីញ៉ាស និងមិត្ត សម្លាញ់ខ្លះធ្វើសច្ចាប្រណិធាននៅក្រុងប៉ារីស និងបម្រើព្រះជាម្ចាស់អស់មួយជីវិត។ នេះជាដើមកំណើតនៃ “សមាគមសហជីវិនរបស់ព្រះយេស៊ូ”។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៤០,១៦-២១.៣៤-៣៨
លោកម៉ូសេធ្វើតាមព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់លោក។ ជនជាតិអ៊ីស្រាអែលដំឡើងព្រះពន្លានៅថ្ងៃទីមួយនៃខែមួយ ក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ លោកម៉ូសេឱ្យគេដំឡើងព្រះពន្លាដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ គេលាតក្រណាត់គ្របពីលើព្រះពន្លា ដូចព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ លោកម៉ូសេយកបន្ទះថ្មនៃសន្ធិសញ្ញា ដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគម្របមាសមកគ្របលើហិបនោះ។ គេយកហិបទៅដាក់ក្នុងព្រះពន្លា ហើយចងវាំងនន និងបាំងហិបនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ពេលនោះ មានពពកមកគ្របបាំងលើព្រះពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ លោកម៉ូសេពុំអាចចូលទៅក្នុងព្រះពន្លាជួបព្រះអម្ចាស់បានឡើយ ព្រោះមានពពកមកគ្របបាំងលើពន្លានោះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះបន្លា។ ពេលណាពពកអណ្តែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំចេញដំណើរទៅមុខ។ ប្រសិនបើពពកមិនអណ្តែតឡើងពីព្រះពន្លាទេ ជនជាតិអ៊ីស្រាអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃគ្រប់តំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពករបស់ព្រះ អម្ចាស់ស្ថិតនៅលើព្រះពន្លានៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។ ដែលពពកអណ្តែតឡើង។
ទំនុកតម្កើងលេខ ៨៤ (៨៣),៣-៦.១១ បទព្រហ្មគីតិ
| ៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
| ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ |
| ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | |
| អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ |
| ៤ | ត្រចៀកកាំ និងចាប | ជាដរាបវានែបនិត្យ | |
| សំបុកធ្វើនៅជិត | ទីអាសនៈនៃព្រះអង្គ | ។ |
| ៥ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
| មានសុភមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ |
| ៦ | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្លប់ | |
| ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ | ។ |
| ១១ | មួយថ្ងៃដែលនៅក្នុង | វិហារទ្រង់សប្បាយក្រៃ | |
| ជាងរស់មួយពាន់ថ្ងៃ | នៅកន្លែងដទៃទៀត | ។ |
| ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | |
| ជាជាងស្នាក់នៅបៀត | ក្នុងលំនៅមនុស្សអាក្រក់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៧-៥៣
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានឡើងដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «បាទ! យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយ បានជាធម្មាចារ្យណាដែលទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅ។
1,365 Views
Post Views:
1,375