ថ្ងៃសៅរ៍អាទិត្យទី០៤
រដូវអប់រំពិសេស
ពណ៌ស្វាយ

ថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ប្រសិនបើព្រះអង្គមិនជួយទេ នោះយើងខ្ញុំពុំអាចគាប់ព្រះហប្ញទ័យព្រះអង្គបានឡើយ! ហេតុនេះ សូមទ្រង់ព្រះមេត្តាសម្តែងព្រះហប្ញទ័យស្រឡាញ់ថ្នាក់ថ្នមមកយើងខ្ញុំ សូមតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំផង។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១១,១៨-២០

ព្យាការីយេរេមីទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គបានប្រទានដំណឹងមកខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយកលដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។ ឯខ្ញុំវិញ ខ្ញុំប្រៀបបីដូចកូនចៀមដ៏ស្លូតដែលគេដឹកទៅទីអត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា៖ “យើងនាំគ្នារំលំដើមឈើដែលកំពុងតែមានផ្លែនេះទៅ! យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឱ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។ បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គជាចៅក្រមដ៏សុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្សយ៉ាងច្បាស់ ខ្ញុំមុខជាឃើញព្រះអង្គរកយុត្តិធម៌ដោយដាក់ទោសពួកគេមិនខាន ខ្ញុំសូមផ្ញើរឿង ហេតុរបស់ខ្ញុំទៅលើព្រះអង្គ!»។

ទំនុកតម្កើងលេខ ៧,២-៣.១០-១២.១៨ បទពាក្យ ៧

ឱ! ព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំសូមពឹងហើយលើព្រះអង្គ
សង្រ្គោះរំដោះនិងទ្រទ្រង់រួចពីអន្លង់អ្នកបៀតបៀន
ក្រែងលោគេហែកទូលបង្គំដូចសត្វសិង្ហខាំដោយស្រេកឃ្លាន
នោះគ្មាននរណាអាចនឹងហ៊ានរំដោះឱ្យបានរួចជីវិត
១០សូមឈប់ធ្វើអំពើទុច្ចរិតជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង
បពិត្រព្រះដ៏សុចរិតថ្កើងព្រះអង្គតែងឈ្វេងយល់ចិត្តមនុស្ស
១១ព្រះអង្គជាខែលការពារខ្ញុំទ្រង់ជួយឧបត្ថម្ភនិងសង្គ្រោះ
អ្នកដែលមានចិត្តទៀងត្រង់ស្មោះបានភ្លឺត្រចះត្រចង់ជាក់
១២ព្រះម្ចាស់ជាចៅក្រមសុចរិតព្រះអង្គតែងគិតដាក់ទោសអ្នក
ប្រព្រឹត្តអាក្រក់ឥតមានអាក់គ្មាននរណាម្នាក់រួចខ្លួនទេ
១៨ខ្ញុំនឹកសរសើរតម្កើងព្រះអម្ចាស់មានហប្ញទ័យសុចរិត
ខ្ញុំនឹងច្រៀងលើកតម្កើងប្ញទ្ធិព្រះនាមបរិសុទ្ធខ្ពស់ឧត្តម

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បអង្វែងតរៀងទៅ។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៧,៤០-៥៣

នៅគ្រានោះ ព្រះយេស៊ូបង្រៀនបណ្តាជនក្នុងព្រះវិហារ។ ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ មានអ្នកខ្លះក្នុងចំណោមបណ្តាជនពោលថា៖ «លោកនេះពិតជាព្យាការីដែលយើងរង់ចាំនោះមែន!»។ អ្នកខ្លះទៀតពោលថា៖ «លោកនេះជាព្រះគ្រីស្ត»។ ប៉ុន្តែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រីស្តមិនមែនមកពីស្រុកកាលីឡេទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា ព្រះគ្រីស្តជាព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហឹម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ»។ បណ្តាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។ ក្នុងចំណោមបណ្តាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្តែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។ កងរក្សាព្រះវិហារ​វិលទៅជួបពួកមហាបូជាចារ្យ និងពួកខាងគណៈផារីស៊ីវិញ។ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំមក?»។ កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។ ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ! ក្នុងចំណោមអ្នកដឹកនាំ និងក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ មានតែបណ្តាជនដែលមិនស្គាល់ធម្មវិន័យទេដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្តាសា!»។ ក្នុងចំណោមពួកខាងគណៈ​ផារីស៊ី មានបុរសម្នាក់ឈ្មោះនីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុនមានប្រសាសន៍ថា៖ «តាមធម្មវិន័យរបស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បាន ដរាបណាយើងមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្តសិនទេនោះ»។ ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរ​ឬ? សុំលោកពិនិត្យពិច័យគម្ពីរមើល៍ គ្មានព្យាការីណាម្នាក់កើតមកពីស្រុកកាលីឡេឡើយ»។ បន្ទាប់មកម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទទួលដង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ ពេលយើងខ្ញុំចង់ឃ្លាតចាកពីព្រះអង្គ សូមទ្រង់ព្រះមេត្តាអាណិតមេត្តាតម្រង់ចិត្តគំនិតយើងខ្ញុំ ឱ្យវិលមករកព្រះអង្គវិញ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូក្នុងអភិបូជានេះ។ សូមឱ្យព្រះគ្រីស្តជម្រះចិត្តគំនិតយើងខ្ញុំ ព្រមទាំងផ្តល់កម្លាំងឱ្យយើងខ្ញុំប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហប្ញទ័យព្រះអង្គផង។

301 Views

Theme: Overlay by Kaira