ថ្ងៃសុក្រ អាទិត្យទី០៤
រដូវបុណ្យចម្លង​

ពណ៌ស

ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រព្រឹត្តតាមព្រះបន្ទូលសន្យាជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺព្រះ​អង្គ​បានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គក៏បានសង្គ្រោះយើងខ្ញុំ​ឱ្យមានសេរីភាព​ពេញ​ទី​ដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ សូម​ឱ្យយើងខ្ញុំអាចយល់គម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៣,២៦-៣៣

ក្នុងធម្មសាលាក្រុងអន់ទីយ៉ូក លោកប៉ូលមានប្រសាសន៍ថា៖ «បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូន​ដែល​គោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្តី​អំពី​ការសង្គ្រោះមកឱ្យយើង​ទាំងអស់​គ្នា​ហ្នឹង​ហើយ ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេពុំបានដឹងថា ព្រះយេស៊ូជានរណាឡើយ។ គេ​បាន​កាត់​ទោស​​ព្រះអង្គស្របទៅនឹងសេចក្តីដែលព្យាការីថ្លែងទុកមក ហើយដែលគេអាន​ជារៀងរាល់ថ្ងៃសប្ប័ទ។ ទោះបី​គេ​រក​កំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឱ្យលោកពីឡាតធ្វើគុតព្រះអង្គដែរ។ កាលគេបានធ្វើស្របនឹងសេចក្តីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសព​ព្រះអង្គ​ចុះ​ពី​ឈើឆ្កាង ទៅបញ្ចុះក្នុងផ្នូរ។ ប៉ុន្តែ ព្រះជាម្ចាស់​បានតើ​ន​ព្រះអង្គ​ឱ្យភ្ញាក់ឡើងពី​ចំណោមមនុស្សស្លាប់ ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួនឱ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គតាំងពីស្រុកាលីឡេ​រ​ហូតទៅដល់ក្រុងយេរូសាឡឹម។ ពួក​គេ​ឃើញ​ព្រះអង្គអស់រយៈជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាសាក្សីរបស់ព្រះអង្គនៅ​ចំពោះប្រជាជនទៀតផង។ រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់​បង​​ប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់សន្យា​ជា​មួយ​បុព្វបុរស​របស់យើង ព្រះអង្គ​បានធ្វើតាមដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះ​អង្គបានប្រោសព្រះយេស៊ូឱ្យក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ ដូចមាន​ចែងទុកក្នុងទំនុកតម្កើងទីពីរ​ថា “ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែល​បានបង្កើតព្រះអង្គមកនៅថ្ងៃនេះ”»។

ទំនុកតម្កើងលេខ ២, ៧-១១ បទពាក្យ ៧

ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់មានបន្ទូលច្បាស់យ៉ាងមោះមុត
ថា៖«ព្រះអង្គនេះពិតជាបុត្រដែលយើងបង្កើតនៅថ្ងៃនេះ»
បើព្រះអង្គសុំយើងនឹងផ្តល់ប្រជាជាតិដល់ទ្រង់ទាំងអស់
ឱ្យព្រះអង្គទុកជាមត៌កផែនដីទាំងអស់ជាកម្មសិទ្ធិ
ទ្រង់នឹងបង្រ្កាបមិនទុកទេឱ្យអស់ពួកគេទើបអស់ចិត្ត
ដំបងដែកវាយជនទុច្ចរិតកំពាចកំពិតដូចភាជន៍បែក
១០ស្តេចទាំងឡាយអើយឥឡូវនេះចូរគិតត្រិះរិះកុំរារែក
អស់អ្នកគ្រប់គ្រងកុំអល់អែកត្រូវចេះបែងចែកទទួលយក
១១នូវការអប់រំក៏ប្រពៃបម្រើម្ចាស់ថ្លៃដោយចូលមក
គោរពកោតខ្លាចក្រាបលុតក្រោកគាល់រកព្រះអង្គទាំងញាប់ញ័រ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤ ,៦.៩

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ អ្នកណាជឿលើព្រះអង្គ អ្នកនោះក៏ទទួលស្គាល់ព្រះបិតាដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,១-៦

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅ​កាន់ក្រុម​សាវ័កថា៖ «កុំរន្ធត់ចិត្តធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។ ក្នុងដំណាក់របស់ព្រះបិតាខ្ញុំមានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិន​បាន​ប្រាប់អ្នក​រាល់​គ្នា​ថា ខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នាឡើយ។ ពេលខ្ញុំទៅរៀបចំកន្លែងទុកឱ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹង​ត្រឡប់​មក​វិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។ ឯកន្លែងដែលខ្ញុំទៅនោះ អ្នក​រាល់​គ្នាក៏ស្គាល់ផ្លូវទៅដែរ»។ លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ធ្វើដូចម្តេចឱ្យយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើង​ខ្ញុំ​មិន​​ដឹងថាព្រះអង្គ​យាងទៅទីណាផងនោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្តីពិត និង​ជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជឿថា ព្រះយេស៊ូពិតជាផ្លូវ ជាសេចក្តីពិត និងជាជីវិតមែន។ ដោយ​ទ្រង់​សោយទិវង្គត់ ព្រះយេស៊ូបង្ហាញមាគ៌ាឆ្ពោះទៅកាន់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ។ ក្នុង​អភិបូ​ជា​នេះ សូមឱ្យយើងខ្ញុំស្ម័គ្រចិត្តបូជាជីវិតរួមស្លាប់ជាមួយព្រះយេស៊ូ ដើម្បីឱ្យរួមរស់នៅក្នុងព្រះដំណាក់ព្រះអង្គអស់កល្ប​ជានិច្ចផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ក្នុងអភិបូជានេះ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំចូលរួមយ៉ាងជិត​ស្និតក្នុង​សក្ការៈបូជារបស់ព្រះយេស៊ូជាព្រះបុត្រា។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំកុំឱ្យរន្ធត់ចិត្តឡើយ។ សូមឱ្យយើង​ខ្ញុំ​រួម​រស់ជាមួយព្រះគ្រីស្តក្នុងគ្រប់កិច្ចការប្រចាំជីវិត ដើម្បីឱ្យថ្ងៃណាមួយ យើងខ្ញុំទៅរួមរស់ជាមួយព្រះអង្គនៅស្ថាន​បរមសុខផង។

153 Views

Theme: Overlay by Kaira