ថ្ងៃទី០៤-ខែមិនា-សន្ដកាស៊ីមៀរ

ថ្ងៃទី០២ ខែឧសភា
សន្ដកាស៊ីមៀរ
ពណ៌បៃតង

លោកកាស៊ីមៀរ (១៤៥៨-១៤៨៤) កើតក្នុងព្រះរាជវង្សស្តេចប្រទេសប៉ូឡូញ។ លោកតែង​គោរព​ប្រណិប័តន៍ព្រះនាងម៉ារីយ៉ាងខ្លាំង ហើយខិតខំជួយជ្រោមជ្រែងជនក្រីក្រ ជនកំសត់ទុគ៌តអស់​ពី​សមត្ថិភាព។ លោកទទួលមរណភាពដោយជំងឺរបេង។ លោកជាឧបការីប្រទេសប៉ូឡូញ និងលីធូអានី។

អត្ថបទទី១៖ សូមថ្លែងលិខិតគ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងភីលីព ភីល ៣,៨-១៨

ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌​វិសាល​បំផុត។ ព្រោះ​តែ​ព្រះ‌អង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម ឱ្យ​តែ​ខ្ញុំ​បាន​ព្រះ‌​គ្រីស្ត និងឱ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះ‌អង្គ។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាម​វិន័យ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះ‌ជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ​ បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​ព្រះ‌គ្រីស្ត និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឱ្យ​បាន​ដូច​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត ដើម្បី​ឱ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។ ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទី‌ដៅ ឬ​បាន​គ្រប់​លក្ខណៈហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ ដើម្បី​ចាប់​ឱ្យ​បាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់ក៏​ត្រូវ​ព្រះ‌គ្រីស្ត‌យេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។ បង‌ប្អូន​អើយ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​ទាន់​បាន​ទៅ​ដល់​ទី‌ដៅ​នៅ​ឡើយ​ទេ ខ្ញុំ​មាន​បំណង​តែ​មួយ គឺ​បំភ្លេច​អ្វីៗ​ទាំង​អស់​ដែល​ខ្ញុំ​រត់​ហួស​មក​ហើយ ដើម្បី​ផ្ចង់​ចិត្ត​ឆ្ពោះ​ទៅ​រក​អ្វីៗ​ដែល​នៅ​ខាង​មុខ។ ខ្ញុំ​រត់​តម្រង់​ទៅ​រក​ទី‌ដៅ ដើម្បី​ឱ្យ​បាន​ទទួល​រង្វាន់​ពី​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​យើង​ពី​ស្ថាន​បរម‌សុខ ឱ្យ​ទទួល​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា «មនុស្ស​គ្រប់​លក្ខណៈ» ត្រូវ​តែ​មាន​គំនិត​បែប​នេះ​ឯង។ ប្រសិន​បើ​បង‌ប្អូន​មាន​គំនិត​ផ្សេង​ត្រង់​ចំណុច​ណា​មួយ ព្រះ‌ជាម្ចាស់​មុខ​ជា​បំភ្លឺ​បង‌ប្អូន​ឱ្យ​ដឹង​មិន​ខាន។ ទោះ​បី​យើង​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ទិស‌ដៅ​ដដែល។ បង‌ប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ខ្ញុំ។ ចូរ​សម្លឹង​មើល​អស់​អ្នក​ដែល​រស់​នៅស្រប​តាម​គំរូ ដែល​យើង​បាន​ដាក់​ឱ្យ​បង‌ប្អូន​ឃើញ​នោះ​ទៅ។ ខ្ញុំ​ធ្លាប់​បាន​ជម្រាប​បង‌ប្អូន​ជា​រឿយៗ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ទៀត ខ្ញុំ​ក៏​សូម​ជម្រាប​បង‌ប្អូន​ទាំង​ទឹក​ភ្នែក​ថា មាន​បង‌ប្អូន​ជា​ច្រើន​នាក់រស់​នៅ​ជា​សត្រូវ​នឹង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ត។

ទំនុកតម្កើងលេខ ៣៤ (៣៣),២-១១ បទកាកគតិ

ខ្ញុំអរព្រះគុណអម្ចាស់ពេកពន់គ្រប់ពេលវេលា
សូមលើកតម្កើងព្រះអង្គគ្រប់គ្រាឥតមានរួញរា
ឈប់ឈរសោះឡើយ
ខ្ញុំខ្ពស់មុខព្រោះព្រះម្ចាស់សង្គ្រោះខ្ញុំមិនកន្តើយ
ចូរអ្នកទន់ទាបស្តាប់កុំព្រងើយនឹងបានធូរស្បើយ
អំណរខ្លាំងក្លា
សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពោលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងនាំគ្នីគ្នា
តម្កើងព្រះអង្គ
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ
អស់អ្នកកម្សត់និងមនុស្សទុរគតគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច
ទេវទូតរបស់ព្រះម្ចាស់ទាំងអស់ថែទាំអ្នកខ្លាច
រក្សាការពារគេក្រោមអំណាចរំដោះឱ្យរួច
ផុតពីទុក្ខភ័យ
ចូរអ្នកផ្អែកពឹងពិសោធន៍ឱ្យដឹងថាព្រះម្ចាស់ថ្លៃ
ទ្រង់មានមេត្តាសប្បុរសពេកក្រៃអស់ជនប្រុសស្រី
មានជ័យមង្គល
១០ឱប្រជារាស្រ្តរបស់ព្រះម្ចាស់ចូរកោតខ្លាចដល់
ព្រះម្ចាស់នៃយើងបានសុខឥតខ្វល់មិនជួបអំពល់
ឬខ្វះខាតអ្វី
១១អ្នកមានមុខជាជួបទុក្ខវេទនាខ្វះម្ហូបចំណី
តែអ្នកដែលស្វែងរកព្រះម្ចាស់ថ្លៃនឹងមិនខ្វះអ្វី
សុខសាន្តតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ  មថ ២២,៣៤–៤០

ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ីប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឱ្យ​ពួកខាង​គណៈ​សាឌូ‌ស៊ី​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! ក្នុង​គម្ពីរ‌វិន័យ តើ​មាន​វិន័យ​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឱ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា”  ហ្នឹង​ហើយ​ជា​វិន័យ​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ រីឯ​វិន័យ​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឱ្យបាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។ វិន័យ​ទាំង​ពីរ​នេះជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការីទាំង​អស់»។

249 Views