ថ្ងៃអាទិត្យ-អាទិត្យទី៥-រដូវអប់រំពិសេស
អត្ថបទព្រះគម្ពីរ
ថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២
អាទិត្យទី០៥ រដូវអប់រំពិសេស
ពណ៌ស្វាយ
អប់រំពិសេស
ថ្ងៃអាទិត្យទី៥ ក្នុងរដូវអប់រំពិសេស
ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងពីការប្រៀនប្រដៅរបស់ព្យាការីពីដើម។ អស់លោកបានថ្លែងអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យលើកលែងទោសឱ្យមនុស្សលោក រំដោះគេឱ្យរួចពីចំណងនានា ព្រមទាំងចងសម្ពន្ធមេត្រីជាមួយគេដោយប្រទានព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យគេផង។
ព្រះយេស៊ូយាងមកប្រទានជីវិតថ្មីនេះឱ្យអស់អ្នកជឿ។ ព្រះអង្គយាងមកបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះបិតា ទ្រង់មិនយាងមកដាក់ទោសមនុស្សទេ។
ក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿ ត្រៀមបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១,១-៤៥ សម្រាប់ឆ្នាំ «ក» នៅទំព័រ ៣៤១ ទោះបីជាឆ្នាំ «ខ» និងឆ្នាំ «គ» ក៏ដោយ។
អត្ថបទទី១ អស ៤៣,១៦-២១
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា នឹងរំដោះប្រជាជនយូដាដែលជាប់ជាឈ្លើយ ដូចព្រះអង្គរំដោះប្រជាជនអ៊ីស្រាអែលឱ្យចេញពីស្រុកអេស៊ីបកាលពីដើម។ ដោយសារព្រះយេស៊ូ ព្រះអង្គក៏រំដោះយើងឱ្យរួចពីចំណងនានាដែរ។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៣,១៦-២១
ព្រះអម្ចាស់មានព្រះបន្ទូល គឺព្រះអង្គដែលបានញែកសមុទ្រធ្វើជាផ្លូវមួយ ព្រះអង្គធ្វើផ្លូវតូចមួយនៅកណ្តាលមហាសាគរ ព្រះអង្គក៏បានប្រមូលកងទ័ពមួយដែលមានរទេះចម្បាំង កងពលសេះ ព្រមទាំងទាហានដ៏អង់អាច ហើយធ្វើឱ្យខ្មាំងបរាជ័យក្រោកពុំរួច គឺពួកគេរលត់ទៅដូចចង្កៀងអស់ប្រេង។ ព្រះអង្គមានព្រះបន្ទូលថា៖ «កុំគិតអំពីព្រឹត្តិការណ៍ដែលកន្លងទៅហើយនោះធ្វើអ្វី ហើយក៏កុំនឹកនាអំពីហេតុការណ៍ដែលកើតមាននៅបុរាណកាលដែរ។ បន្តិចទៀត យើងនឹងធ្វើឱ្យមានព្រឹត្តិការណ៍ថ្មីមួយកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក។ តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឱ្យមានទន្លេរហូរនៅវាលហួតហែងទៀតផង។ សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងបានធ្វើឱ្យមានទឹកក្នុងវាលរហោស្ថាន និងធ្វើឱ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្តល់ទឹកឱ្យប្រជាជនដែលយើងបានជ្រើសរើស។ ប្រជាជនដែលយើងបានបង្កើតមកសម្រាប់បម្រើយើង នឹងនាំគ្នាសរសើរតម្កើងយើងតរៀងទៅ»។
ទំនុកតម្កើងលេខ ១២៦(១២៥),១-៦ បទព្រហ្មគីតិ
១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
២ | យើងសើចហ៊ោសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
ស្រែកជយឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | ||
«ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ | ។ | |
៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉្លេះទេ | |
យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភីល ៣,៨-១៤
បងប្អូនជាទីស្រឡាញ់!
ខ្ញុំចាត់ទុកឯកសិទ្ធិទាំងអស់របស់ខ្ញុំមានពីមុន ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រីស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ។ ការស្គាល់ព្រះគ្រីស្តនេះ ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឱ្យតែខ្ញុំបានព្រះគ្រីស្ត និងឱ្យតែខ្ញុំបានរួមជាមួយព្រះអង្គ។ ខ្ញុំមិនមែនសុចរិតដោយកាន់តាមធម្មវិន័យនោះឡើយ គឺបានសុចរិតដោយជឿលើព្រះគ្រីស្ត ហើយសេចក្តីសុចរិតនេះមកពីព្រះជាម្ចាស់ ជាសេចក្តីសុចរិតដែលស្ថិតនៅលើជំនឿ។ បំណងរបស់ខ្ញុំ គឺចង់ស្គាល់ព្រះគ្រីស្ត និងស្គាល់ប្ញទ្ធានុភាពដែលបានប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មី ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឱ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឱ្យខ្ញុំមានជីវិតថ្មីដ៏ពេញលេញ ប្រសិនបើអាចមានជីវិតថ្មីនោះបាន។ ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឱ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រីស្តយេស៊ូចាប់ខ្ញុំជាមុនដែរ។ បងប្អូន! ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឱ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ដែលទ្រង់បានត្រាស់ហៅយើងពីស្ថានបរមសុខ ឱ្យទទួលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
គ | បពិត្រព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យមេត្តាករុណា។ ព្រះអង្គសព្វព្រះហប្ញទ័យរំដោះមនុស្សលោកជានិច្ច។ |
ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,១-១១
ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ។ លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្តងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ ពេលនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីនាំស្ត្រីម្នាក់ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្តាលចំណោមប្រជុំជន ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ! យើងចាប់ស្ត្រីនេះបានក្នុងពេលកំពុងរួមសាហាយស្មន់។ ក្នុងធម្មវិន័យ លោកម៉ូសេបានបង្គាប់ឱ្យយើងយកដុំថ្មគប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។ ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឱ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។ ពួកគេឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ គេក៏នាំគ្នាដកខ្លួនថយម្នាក់ម្តងៗ ចាប់ផ្តើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ពេលនោះ ព្រះយេស៊ូងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ! ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅកុំប្រព្រឹត្តអំពើបាបទៀតឡើយ»។