ថ្ងៃទី២៧ សន្ដយ៉ូហាន ជាគ្រីស្ដទូត និងជាអ្នកនិពន្ធគម្ពីរ

អត្ថបទព្រះគម្ពីរ
ថ្ងៃទី២៧ ខែធ្នូ សន្ដយ៉ូហាន
ពណ៌ស
បុណ្យគោរព

សន្ដយ៉ូហាន ជាគ្រីស្ដទូត
និងជាអ្នកនិពន្ធគម្ពីរ

លោកយ៉ូហានជាកូនលោកសេបេដេ និងជាកូនសិស្សលោកយ៉ូហាបាទីស្ត។ ព្រះយេស៊ូ​ត្រាស់ហៅលោកជាមួយលោកយ៉ាកុបជាបងប្អូន និងជាមួយលោកសិលា ឱ្យដើរតាមព្រះអង្គមុនគេ។ ព្រះអង្គក៏ជ្រើសរើសលោក និងសាវ័កទាំងពីរនាក់នោះឱ្យធ្វើជាសាក្សីពិសេស នៅពេលព្រះអង្គសម្តែងសិរីរុងរឿង និងនៅពេលព្រះអង្គអធិដ្ឋានទាំងព្រួយបារម្ភនៅសួនឧទ្យាន កេតសេម៉ានី។ លោកយ៉ូហាន “សាវ័កដែលព្រះយេស៊ូស្រឡាញ់”។ នៅពេលព្រះយេស៊ូជាប់នៅលើឈើឆ្កាង ព្រះអង្គបានផ្ញើព្រះមាតាឱ្យលោកថែរក្សា។ នៅពេលលោករត់ទៅផ្នូរជាមួយលោកសិលា លោក “ឃើញហើយជឿ”។ លោកនិពន្ធគម្ពីរដំណឹងល្អ លិខិតបីច្បាប់ និងវិវរណៈ។ ក្នុងកណ្ឌគម្ពីរទាំងនេះលោកយ៉ូហាន​ចង់សម្តែងការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះយេស៊ូ ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដែលប្រទានជីវិតដ៏ពេញលេញឱ្យមនុស្សលោក។ លោកក៏រំឭកអំពីវិន័យថ្មីរបស់ព្រះអង្គដែរ។ មានតែសេចក្តីស្រឡាញ់របស់អស់អ្នកជឿទេ ដែលជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន ១យហ ១,១-៤

ព្រះបន្ទូលដែលផ្តល់ជីវិត គង់នៅកាលពីដើមដំបូងបង្អស់។ យើងបានឮព្រះបន្ទូលនេះ បានឃើញផ្ទាល់នឹងភ្នែក បានរំពឹងគិត និងបានពាល់ដោយដៃយើងផ្ទាល់ (ដ្បិតជីវិតនេះ បានលេចមកឱ្យយើងឃើញ ហើយយើងសូមផ្តល់សក្ខីភាព និងសូមជូនដំណឹងមកបងប្អូនអំពីជីវិតអស់កល្បជានិច្ច ដែលបែរទៅរកព្រះបិតា និងលេចមកឱ្យយើងឃើញ។ យើង​សូមជូនដំណឹងអំពីព្រះបន្ទូល ដែលយើងបានឃើញ និងបានឮនោះដល់បងប្អូន ដើម្បី​ឱ្យបងប្អូនបានចូលរួមរស់ជាមួយយើង។ រីឯយើងវិញ យើងក៏រួមរស់ជាមួយព្រះបិតា និងជាមួយព្រះយេស៊ូគ្រីស្តដែលជាព្រះបុត្រារបស់ព្រះអង្គ។ យើងសរសេរសេចក្តីទាំងនេះ​មកជូនបងប្អូន ដើម្បីឱ្យយើងមានអំណរពេញលក្ខណៈ។

ទំនុកតម្កើងលេខ ៩៧ (៩៦) ,១-២.៥-៦.១១-១២ បទពាក្យ ៧

១.ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ ។
២.មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់ ។
៥.ភ្នំនានាដែលនៅចំពោះភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ
ដូចជាក្រមួនត្រូវរលាយដោយកំដៅថ្ងៃនៅមិនបាន ។
៦.ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្ត្រទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់ ។
១១.មានទាំងពន្លឺបំភ្លឺមនុស្សមានចិត្តសប្បុរសសុចរិតថ្លា
ជនដែលទៀងត្រង់គ្រប់អាត្មាអរឥតឧបមាសប្បាយក្រៃ ។
១២.ឱពួកអ្នកសុចរិតទាំងឡាយចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃប្រព្រឹត្តរាល់ថ្ងៃកន្លងមក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២១,២៤

អលេលូយ៉ា! អាលេលូយ៉ា!
លោកយ៉ូហានជាសាវ័កដ៏ជាទីស្រឡាញ់បានផ្តល់សក្ខីភាពអំពីព្រះបន្ទូលដែលផ្តល់ជីវិត យើងដឹងថា សក្ខីភាពនេះពិតប្រាកដមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,២-៨

ព្រឹកថ្ងៃបុណ្យចម្លង នាងម៉ារីជាអ្នកស្រុកម៉ាដាឡា រត់មកជម្រាបលោកស៊ីម៉ូសិលា និងសាវ័កម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ថា៖«គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ យើងមិនដឹងជាគេយកទៅដាក់នៅឯណាឡើយ!»។ លោកសិលា និងសាវ័កម្នាក់ទៀតនោះក៏ចេញទៅផ្នូរ។ សាវ័កទាំងពីររត់ទៅជាមួយគ្នា តែសាវ័កម្នាក់នោះរត់លឿនជាងលោកសិលា ទៅដល់ផ្នូរមុន។ គាត់ឈ្ងោកមើលឃើញសំពត់ស្នប តែគាត់មិនបានចូលទៅក្នុងផ្នូរឡើយ។ លោកស៊ីម៉ូនសិលាដែលរត់តាមក្រោយក៏មកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើល៍សំពត់ស្នបនៅទីនោះ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ។ គាត់បានឃើញ ហើយជឿ។

ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,២០-២៤

លោកសិលាងាកមើលក្រោយ ឃើញសាវ័កដែលព្រះយេស៊ូស្រឡាញ់ដើរតាមមកដែរ។ សាវ័កនោះហើយដែលបានឱនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយ​ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?»។ កាលលោកសិលាឃើញគាត់ លោកទូលព្រះយេស៊ូថា៖«ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖«ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។ រីឯអ្នកសុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សាវ័កនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកសិលាថា សាវ័កនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា៖«ប្រសិនបើខ្ញុំចង់ឱ្យគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?» សាវ័កនោះហើយដែលបានផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថា សក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។

377 Views