ថ្ងៃអាទិត្យ-អាទិត្យទី០១-រដូវអបអរសាទរ ប្រចាំឆ្នាំ«ខ»
ថ្ងៃអាទិត្យ អាទិត្យទី ០១
រដូវអបអរសាទរ ឆ្នាំ «ខ»
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី០៣ ខែធ្នូ ឆ្នាំ២០២៣

ថ្ងៃអាទិត្យទី១ ក្នុងរដូវនេះ ហាក់ដូចជាថ្ងៃដើមដំបូងប្រចាំឆ្នាំនៃគ្រីស្តសាសនាយើង ព្រោះយើងចាប់ផ្តើមរំឮកប្រវត្តិនៃការសង្គ្រោះរបស់មនុស្សលោកតាំងពីដើមរៀងមក។ ព្រះសហគមន៍ដាស់តឿនយើងជាគ្រីស្តបរិស័ទ ឱ្យប្រុងស្មារតីទទួលព្រះគ្រីស្តដែលយាងមកជារៀងរាល់ថ្ងៃប្រចាំជីវិតយើងនាបច្ចុប្បន្នកាលនេះ។ យើងសង្ឃឹមថា ព្រះគ្រីស្តនឹងយាងមកសង្គ្រោះមនុស្សលោកជាស្ថានពរ ព្រះអង្គនឹងបំបាត់សេចក្តីអាក្រក់គ្រប់យ៉ាង ព្រមទាំងផ្តល់សុភមង្គលដ៏ពេញលេញឱ្យមនុស្សទាំងអស់ផង។
យើងជាគ្រីស្តបរិស័ទ ត្រូវតែយកចិត្តទុកដាក់កសាងពិភពលោកថ្មីប្រកបដោយយុត្តិធម៌ និងភាតរភាព។ យើងថែរក្សាពិភពលោក ដែលព្រះជាម្ចាស់បានប្រគល់ឱ្យ និងបម្រើព្រះអង្គដោយបម្រើបងប្អូន។
ឱ! ព្រះយេស៊ូជាអម្ចាស់! សូមយាងមក!
ពាក្យអង្វរពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងប្រែផ្ទៃមេឃ និងផែនដីឱ្យបានថ្មីល្អឥតខ្ចោះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់នឹងសញ្ញាសម្គាល់បង្ហាញពីព្រះបុត្រាព្រះអង្គកំពុងយាងមក។ សូម ប្រោសយើងខ្ញុំឱ្យមានសេចក្តីក្លាហាន និងប្រុងស្មារតីជានិច្ចក្នុងការកសាងពិភពលោកថ្មី ស្របតាមព្រះហឫទ័យព្រះអង្គ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦៣,១៦-១៧.១៩; ៦៤,២-៧
បពិត្រព្រះអម្ចាស់! តាំងពីដើមរៀងមក យើងតែងហៅព្រះអង្គថា ជាព្រះបិតានិងជាព្រះដែលលោះយើងខ្ញុំ។ បពិត្រព្រះអម្ចាស់! ហេតុអ្វីបានជាព្រះអង្គបណ្តោយឱ្យយើងខ្ញុំ វង្វេងឆ្ងាយពីមាគ៌ារបស់ព្រះអង្គដូច្នេះ?ហេតុអ្វីបានជាព្រះអង្គបណ្តោយឱ្យយើងខ្ញុំមាន ចិត្តរឹងរូស មិនព្រមគោរពខ្លាចព្រះអង្គដូច្នេះ?សូមយល់ដល់យើងខ្ញុំជាអ្នកបម្រើ និងជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ហើយសូមយាងមកវិញផង!។ សូមព្រះអង្គហែកផ្ទៃ មេឃ ហើយយាងចុះមក! ព្រះអង្គយាងចុះមកហើយ! ភ្នំទាំងឡាយក៏កក្រើកនៅចំពោះ ព្រះភក្ត្ររបស់ព្រះអង្គ។ តាំងពីដើមរៀងមក គេពុំដែលឮ ពុំដែលឃើញព្រះណាប្រព្រឹត្ត បែបនេះចំពោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គឡើយ គឺមានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។ ព្រះអង្គតែងតែប្រណីសន្តោសអស់អ្នកដែលប្រព្រឹត្ត អំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។ ព្រះអង្គទ្រង់ ព្រះពិរោធ មកពីយើងខ្ញុំងាកចេញពីមាគ៌ារបស់ព្រះអង្គ។ ប៉ុន្តែព្រះអង្គគង់តែនឹងសង្គ្រោះ យើងខ្ញុំមិនខាន! យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែល យើងខ្ញុំប្រព្រឹត្តដោយស្មានថា ជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ ឈាម។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀមហើយអំពើទុច្ចរិតរបស់យើងខ្ញុំ នឹងបក់បោកនាំយើងខ្ញុំទៅ ដូចស្លឹកឈើបើុងតាមខ្យល់។ គ្មាននរណាម្នាក់អង្វរព្រះនាម ព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ត្រឡប់មកនៅជាមួយព្រះអង្គឡើយ ដ្បិតព្រះអង្គ បានលាក់ព្រះភក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្តោយឱ្យអំពើអាក្រក់របស់យើងខ្ញុំដឹកនាំ យើងខ្ញុំ។ ក៏ប៉ុន្តែ ឱព្រះអម្ចាស់អើយ! ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ! យើងខ្ញុំទាំងអស់គ្នា ប្រៀបបាននឹងដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ត របស់ព្រះអង្គ។
ទំនុកតម្កើងលេខ ៨០ (៧៩),២-៤,១៥-១៦.១៨-១៩ បទព្រហ្មគីតិ
២. | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ | |
ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ | ។ | |
ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | ||
គេរស់ដោយសុខដុម | សូមសម្តែងព្រះបារមី | ។ | |
៣. | ឱ្យពួកកុលសម្ព័ន្ធ | អេប្រាអ៊ីមឃើញស្នាដៃ | |
និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ | ។ | |
៤. | ឱ!ព្រះជាម្ចាស់អើយ | កុំកន្តើយសូមសន្តោស | |
ទតមើលដោយសប្បុរស | នោះយើងខ្ញុំរួចជីវិត | ។ | |
សូមទ្រង់បែរព្រះភក្ត្រ | ញញឹមដាក់យើងខ្ញុំពិត | ||
សង្គ្រោះឱ្យនៅជិត | កុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ | ។ | |
១៥. | ឱ! ព្រះជាម្ចាស់អើយ | កុំកន្តើយសូមទ្រង់ទត | |
ពីស្ថានសួគ៌ាមក | ជួយយើងខ្ញុំកុំខានឡើយ | ។ | |
១៦. | សូមទ្រង់ជួយរក្សា | ថែចម្ការដែលមានហើយ | |
ការពារកុំបណ្តោយ | ក្រែងថ្លោះធ្លោយខ្មាំងញាំញី | ។ | |
១៨. | សូមទ្រង់ដាក់ព្រះហស្ត | លើស្តេចនោះគង់ខាងស្តាំ | |
បុត្រមនុស្សដ៏ឧត្តម | ដែលព្រះអង្គពង្រឹងឡើង | ។ | |
១៩. | យើងខ្ញុំមិនបែកបែរ | ចិត្តងាករេពីព្រះអង្គ | |
សូមប្រោសប្រទានផង | ឱ្យយើងខ្ញុំមានជីវិត | ។ | |
ពេលខ្ញុំរស់ឡើងវិញ | ចិត្តពោរពេញនៅនែបនិត្យ | ||
គោរពបម្រើពិត | ឥតមានក្បត់ឆ្ងាយពីទ្រង់ | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតទី០១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ករ ១,៣-៩
បងប្អូនជាទីស្រឡាញ់!
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តដល់បងប្អូន!។ ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ព្រោះព្រះអង្គបានប្រណីសន្តោសដល់បងប្អូន ដោយប្រោសបងប្អូនឱ្យរួមជាមួយព្រះគ្រីស្តយេស៊ូ។ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានអ្វីៗសព្វគ្រប់ទាំងអស់យ៉ាងបរិបូរណ៌ ទាំងព្រះបន្ទូល ទាំងស្គាល់ព្រះអង្គ។ ក៏ផ្តល់សក្ខីភាពចំពោះព្រះគ្រីស្តយ៉ាងខ្ជាប់ខ្ជួនដែរ។ ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់របស់យើងខ្ញុំសម្តែងព្រះអង្គនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។ ព្រះអង្គនឹងធ្វើឱ្យបងប្អូនបានខ្ជាប់ខ្ជួន រហូតដល់ទីបំផុតឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើងយាងមកដល់។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គត្រាស់ហៅបងប្អូនឱ្យរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទំន ៨៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ!ព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ សូមយាងមកសង្គ្រោះយើងខ្ញុំផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាកុស មក ១៣,៣៣-៣៧
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័ក អំពីដំណើរនិវត្តន៍របស់ព្រះអង្គដូចតទៅ៖ «អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេ។ ដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីឱ្យមែនទែន! ដ្បិតពេលកំណត់នោះ ប្រៀបបាននឹងបុរសម្នាក់ដែលចេញដំណើរពីផ្ទះ។ គាត់ទុកឱ្យពួកអ្នកបម្រើមើលខុសត្រូវក្នុងផ្ទះ ដោយចែកមុខងារឱ្យរៀងៗខ្លួន ព្រមទាំងបង្គាប់ឱ្យអ្នកយាមផ្ទះប្រុងស្មារតីផង។ អ្នករាល់គ្នាក៏ត្រូវប្រុងស្មារតីដូច្នោះដែរ ដ្បិតអ្នករាល់គ្នាពុំដឹងថា ម្ចាស់ផ្ទះនឹងវិលមកវិញនៅពេលណាឡើយ មិនដឹងជាយប់ពាក់កណ្តាលអធ្រាត្រ ពេលមាន់រងាវ ឬពេលព្រលឹមទេ ក្រែងលោកត្រឡប់មកវិញដោយមិនបានដំណឹងមុន ហើយឃើញអ្នករាល់គ្នាកំពុងតែដេកលក់។ ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នានេះ ខ្ញុំក៏ចង់និយាយប្រាប់អ្នកឯទៀតៗគ្រប់គ្នាដែរ គឺថា «ចូរប្រុងស្មារតី!»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានអ្វីៗទាំងអស់ឱ្យយើងខ្ញុំប្រើប្រាស់។ យើងខ្ញុំសូមយកប្រាក់ ធូប ផ្កា នំ និងស្រាមកថ្វាយព្រះអង្គវិញ ទាំងអរព្រះគុណ ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុគ្រោះ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះជាម្ចាស់ជាព្រះបិតា ដែលមានព្រះជន្មគង់នៅជានិច្ច! យើងខ្ញុំសូមថ្លែងអំណរ ព្រះគុណ និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជា អម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តយាងមកក្នុងលោកនេះម្តងរួចហើយ។ នៅពេលនោះ ទ្រង់បាន ប្រសូតជាមនុស្ស មានសាច់ មានឈាមដូចយើងខ្ញុំ ព្រះអង្គបានធ្វើតាមព្រះបំណងរបស់ ព្រះបិតាក្នុងគ្រប់ប្រការ រហូតដល់បូជាព្រះជន្មនៅលើឈើឆ្កាង។ ព្រះបិតាបានប្រោសឱ្យព្រះយេស៊ូទទួលសិរីរុងរឿងជាព្រះគ្រីស្ត និងជាអម្ចាស់ ដូច្នេះ ទ្រង់បើកផ្លូវឱ្យយើងខ្ញុំ ទៅស្ថានបរមសុខ។ ព្រះគ្រីស្តនឹងយាងមកម្តងទៀត ប្រកបដោយសិរីរុងរឿង ដើម្បី ប្រទានសុភមង្គលដ៏ពេញលេញ ដែលយើងខ្ញុំទន្ទឹងរង់ចាំទទួលដោយចិត្តសង្ឃឹម។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គល ទាំងឡាយដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖“ព្រះដ៏វិសុទ្ធ!”
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះ លោហិតរបស់ព្រះគ្រីស្ត ធ្វើជាអាហារសម្រាប់យើងខ្ញុំដែលកំពុងធ្វើដំណើរក្នុងលោកដ៏មិន ទៀងទាត់នេះ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គមកណែនាំយើងខ្ញុំ ឱ្យជាប់ចិត្តស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ក្នុងការប្រើប្រាស់អ្វីៗទាំងអស់ផង។