ថ្ងៃព្រហស្បតិ៍-អាទិត្យទី០៤-រដូវអប់រំពិសេស


ថ្ងៃព្រហស្បតិ៍អាទិត្យទី០៤
រដូវអប់រំពិសេស
ពណ៌ស្វាយ

ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែព្រះសណ្តាប់អ្នកដែលអង្វរព្រះអង្គដោយចិត្តសុភាពរាបសា។ សូមព្រះអង្គមេត្តាជម្រះចិត្តគំនិតយើងខ្ញុំ ដែលខិតខំធ្វើអំពើល្អក្នុងរដូវអប់រំពិសេសនេះ។ សូមប្រោសយើងខ្ញុំឱ្យផ្ចិតផ្ចង់ធ្វើតាមព្រះហប្ញទ័យព្រះអង្គ កុំឱ្យមានអ្វីមករារាំងក្នុងការរៀបចំបុណ្យចម្លងឡើយ។

សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣២,៧-១៤

លោកម៉ូសេនៅលើភ្នំស៊ីណៃជាយូរថ្ងៃ ពេលនោះព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីបបានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។ ពួកគេឆាប់ងាកចេញពីមាគ៌ាដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ​«យើងឃើញហើយថា ប្រជាជននេះសុទ្ធតែជាមនុស្សរឹងរូស។ ឥឡូវនេះ ចូរទុកឱ្យយើងលុបបំបាត់ប្រជាជននេះឱ្យវិនាសសាបសូន្យតាមកំហឹងរបស់យើង រួចយើងឱ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។ ប៉ុន្តែ លោកម៉ូសេទូលអង្វរសូមការប្រោសប្រណីពីព្រះអម្ចាស់ជាព្រះរបស់លោក ដោយមានប្រសាសន៍ថា៖ «បពិត្រព្រះអម្ចាស់ ហេតុអ្វីបានជាព្រះអង្គទ្រង់ព្រះពិរោធនឹងប្រជារាស្ត្រដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីបដោយប្ញទ្ធានុភាព និងព្រះបារមីដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមកុំឱ្យជនជាតិអេស៊ីបពោលថា ”ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឱ្យអស់ពីផែនដី”។ សូមព្រះអង្គ​ឈប់ខ្ញាល់ ហើយដូរព្រះហប្ញទ័យឈប់ធ្វើទោសប្រជារាស្ត្រព្រះអង្គទៅ។ សូមនឹកដល់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតព្រះអង្គបានសន្យាជាមួយអស់លោកយ៉ាងម៉ឺងម៉ាត់ថា យើងនឹងធ្វើឱ្យពូជពង្សរបស់អ្នករាល់គ្នាបានកើនចំនួនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកដែលយើងបានសន្យានេះដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះជាមត៌ករហូតតទៅ»។ ព្រះអម្ចាស់ក៏ដូរព្រះហប្ញទ័យលែងធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គមានព្រះបន្ទូល។

ទំនុកតម្កើងលេខ ១០៦(១០៥),៤.៦.១៩-២៣ បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់ថ្លៃពេលគាប់ព្រះទ័យរាស្ត្រព្រះអង្គ
សូមនឹកដល់ទូលបង្គំផងកុំបីបោះបង់ខ្ញុំកំព្រា
ដើម្បីឱ្យទូលបង្គំបានជួបក្តីសុខសាន្តគ្រាប់វេលា
អ្នកដែលទ្រង់ជ្រើសទុកជាគ្នាខ្ញុំសូមរួមជាមួយគេផង
ឱ្យទូលបង្គំបានខ្ពស់មុខរួមរស់សុខទុក្ខឥតមួរហ្មង
នឹងប្រជារាស្ត្រផ្ទាល់ព្រះអង្គក្នុងគ្រានេះម្តងនិងតទៅ
យើងខ្ញុំបានធ្វើអំពើបាបអាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ
ដូចបុព្វបុរសកន្លងទៅធ្វើរឿងអាស្រូវមិនទំនង
១៩លើភ្នំហូរ៉ែបគេជួបជុំយកមាសទាំងដុំនាំគ្នាជួយ
ឆ្លាក់ដាប់ដុតដំបានគោមួយគេលែងភ័យព្រួយទុកជាព្រះ
២០ពួកគេបែរជាយករូបសត្វមកទុកថ្វាយថ្វាត់ក្រាបសំពះ
ជាសត្វស៊ីស្មៅដើរពេញពាសទុកដូចជាព្រះគួរគោរព
២១ពួកគេភ្លេចថាព្រះតែមួយជាព្រះដែលជួយទាំងថ្ងៃយប់
ដោយស្នាព្រះហស្តខ្ពស់លើសលប់ពាសពេញសាយសព្វស្រុកអេស៊ីប
២២ការអស្ចារ្យទៀតដែលមាននៅក្នុងស្រុកកូនចៅប្រាហាំស្រាប់
និងស្នាព្រះហស្តដ៏ចំណាប់គួរឱ្យស្ញែងស្ញប់ឯសមុទ្រ
២៣ព្រះអង្គសម្រេចព្រះហប្ញទ័យកម្ទេចប្រល័យគេឱ្យផុត
តែលោកម៉ូសេដ៏វិសុទ្ធចេញមកក្រាបលុតអង្វរសុំ
គាត់ឃាត់ព្រះអង្គមិនឱ្យលប់តាមព្រះពិរោធដោយគំនុំ
មិនឱ្យព្រះអង្គគិតគួនគុំពួកគេនឹងយំដោយទ្រង់ខ្ញាល់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៦

បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៥,៣១-៤៧

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖ «ប្រសិនបើខ្ញុំធ្វើជាសាក្សីឱ្យខ្លួនខ្ញុំផ្ទាល់ សក្ខីភាពរបស់ខ្ញុំមិនពិតទេ។ ប៉ុន្តែ មានម្នាក់ទៀតធ្វើជាសាក្សីឱ្យខ្ញុំ ហើយខ្ញុំដឹងថា សក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំស្របតាមសេចក្តីពិត។ អ្នករាល់គ្នាបានចាត់គេឱ្យទៅសួរលោកយ៉ូហាន លោកក៏បានផ្តល់សក្ខីភាពអំពីសេចក្តីពិត។ ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។ លោកយ៉ូហាននេះ ប្រៀបបាននឹងចង្កៀងដែលកំពុងឆេះបំភ្លឺ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។ រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឱ្យខ្ញុំបង្ហើយកិច្ច​ការទាំងអំបាលម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គចាត់ខ្ញុំឱ្យមកមែន។ ព្រះបិតាដែលចាត់ខ្ញុំមក ក៏ធ្វើជាសាក្សីឱ្យខ្ញុំដែរ តែអ្នករាល់គ្នាមិនដែលបានឮព្រះសូរសៀងរបស់ព្រះអង្គ ហើយក៏មិនដែលបានឃើញព្រះភក្ត្ររបស់ព្រះអង្គផង។ អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងចិត្តទេ ព្រោះអ្នករាល់គ្នាពុំជឿអ្នកដែលព្រះបិតាចាត់ឱ្យមក។ អ្នករាល់គ្នាខំពិនិត្យពិច័យមើលគម្ពីរព្រោះនឹកស្មានថា នឹងបានជីវិតអស់កល្បជានិច្ចដោយសារគម្ពីរទាំងនេះ គឺគម្ពីរនេះហើយធ្វើជាសាក្សី​ឱ្យខ្ញុំ ប៉ុន្តែ អ្នករាល់គ្នាមិនចង់មករកខ្ញុំដើម្បីឱ្យបានជីវិតឡើយ។ ខ្ញុំមិនចង់ទទួលសិរីរុងរឿងពីមនុស្សទេ។ ម្យ៉ាងទៀត ខ្ញុំស្គាល់ចិត្តអ្នករាល់គ្នាហើយ អ្នករាល់គ្នាគ្មានចិត្តស្រឡាញ់ព្រះជាម្ចាស់សោះ។ ខ្ញុំមកក្នុងព្រះនាមព្រះបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំឡើយ។ ប្រសិនបើមានម្នាក់ទៀតមកក្នុងនាមខ្លួនគេផ្ទាល់ អ្នករាល់គ្នាមុខជាទទួលគេមិនខាន!។ តើឱ្យអ្នករាល់គ្នាអាចជឿដូចម្តេចបាន បើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែ​មួយគត់នោះ?។ កុំនឹកស្មាន​ថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នានៅចំពោះព្រះបិតាឡើយ គឺលោកម៉ូសេជាទីសង្ឃឹមរបស់អ្នករាល់គ្នាវិញទេដែលនឹងចោទប្រកាន់។ ប្រសិនបើអ្នករាល់គ្នាជឿពាក្យលោកម៉ូសេ អ្នករាល់គ្នាមុខជាជឿខ្ញុំមិនខាន ព្រោះលោកបានសរសេរទុកក្នុងគម្ពីរស្តីអំពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តីដែលលោកបានសរសេរទុកទៅហើយនោះ ធ្វើម្តេចនឹងឱ្យអ្នករាល់គ្នាជឿពាក្យរបស់ខ្ញុំបាន?»។

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គជ្រាបថាយើងខ្ញុំជាមនុស្សទន់ខ្សោយហើយ។ ដោយអនុភាពនៃសក្ការបូជារបស់ព្រះយេស៊ូដែលយើងខ្ញុំនាំគ្នានឹករំឭកក្នុងអភិបូជានេះ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួចផុតពីសេចក្តីអាក្រក់នានា សូមជួយការពារយើងខ្ញុំជានិច្ចផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំ ឱ្យរួចពីសេចក្តីអាក្រក់គ្រប់បែបយ៉ាង។ យើងខ្ញុំស្ថិតនៅក្រោមអំណាចនៃអំពើបាបនៅឡើយ សូមប្រោសយើងខ្ញុំឱ្យបានជាសះស្បើយទាំងស្រុងផង។

269 Views