ថ្ងៃអាទិត្យ-អាទិត្យទី០៦-រដូវបុណ្យចម្លង«ឆ្នាំខ»
ថ្ងៃអាទិត្យ អាទិត្យទី០៦
រដូវបុណ្យចម្លង«ឆ្នាំខ»
ពណ៌ស
ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យបង្រួបបង្រួមមនុស្សដែលបាក់បែកគ្នា ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចរស់នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១០,២៥-២៦.៣៤-៣៥.៤៤-៤៨
ពេលលោកសិលាមកដល់ក្រុងសេសារេ លោកគ័រនេល្យូស ជានាយទាហានរ៉ូមុំាងចេញទៅទទួល។ គាត់ក្រាបចុះទៀបជើងលោកសិលា។ ប៉ុន្តែ លោកសិលាចាប់គាត់ឱ្យក្រោកឡើង ទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ ពេលនោះ លោកសិលាចាប់ផ្តើមមានប្រសាសន៍ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទូទៅឥតរើសមុខឡើយ។ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយ ឱ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន»។ លោកសិលាកំពុងមានប្រសាសន៍នៅឡើយ ស្រាប់តែព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមកសណ្ឋិតលើអស់អ្នកដែលស្តាប់ព្រះបន្ទូល។ ពួកអ្នកជឿសាសន៍យូដា ដែលមកជាមួយលោកសិលាងឿងឆ្ងល់ណាស់ ដោយព្រះជាម្ចាស់បានចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឱ្យសាសន៍ដទៃដែរ ព្រោះគេបានឮសាសន៍ដទៃទាំងនោះនិយាយភាសាចម្លែកអស្ចារ្យ ព្រមទាំងលើកតម្កើងព្រះជាម្ចាស់ផង។ ពេលនោះ លោកសិលាមានប្រសាសន៍ថា៖ «គ្មាននរណាអាចឃាត់យើងមិនឱ្យធ្វើពិធីជ្រមុជទឹកជូនអស់អ្នកដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដូចជាយើងបានទទួលដែរនោះទេ!»។ លោកក៏បញ្ជាឱ្យគេធ្វើពិធីជ្រមុជទឹកជូនអ្នកទាំងនោះ ក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត។ បន្ទាប់មក ពួកគេសុំឱ្យលោកស្នាក់នៅជាមួយគេបានយូរថ្ងៃបន្តិចទៀត។
ទំនុកតម្កើងលេខ ៩៨ (៩៧), ១-៦ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្ដា | |
យកជ័យជំនះ | ។ | ||
២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
របស់ព្រះអង្គ | ។ | ||
៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង |
ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
ចងចាំទាំងអស់ | ។ | ||
មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
យើងគ្រប់ៗគ្នា | ។ | ||
៤ | មនុស្សទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
ដោយតូរ្យតន្ត្រី | ។ | ||
៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ | |
រៀងរាល់វេលា | ។ | ||
៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
អបអរសាទរ | អង្គមហាក្សត្រា | ខ្ពស់លើលោកា | |
គ្មានអ្វីស្មើព្រះ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី០១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៤,៧-១០
បងប្អូនជាទីស្រឡាញ់!
យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តីស្រឡាញ់កើតមកពីព្រះជាម្ចាស់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពី ព្រះជាម្ចាស់ ហើយក៏ស្គាល់ព្រះជាម្ចាស់ដែរ។ រីឯអ្នកដែលមិនចេះស្រឡាញ់ មិនបានស្គាល់ព្រះជាម្ចាស់ទេ ដ្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គក្នុងចំណោមយើង គឺព្រះអង្គបានចាត់ព្រះបុត្រាតែមួយគត់របស់ព្រះអង្គ ឱ្យយាងមកក្នុងលោកនេះ ដើម្បីឱ្យយើងមានជីវិតដោយសារព្រះបុត្រា។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ មានដូចតទៅនេះ មិនមែនយើងទេដែលបានស្រឡាញ់ព្រះអង្គ គឺព្រះអង្គទេតើដែលបានស្រឡាញ់យើង និងបានចាត់ព្រះបុត្រារបស់ព្រះអង្គ ឱ្យយាងមកបូជាព្រះជន្ម លោះយើងឱ្យរួចពីបាបផង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៣,៣៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ផ្តាំឱ្យកាន់វិន័យថ្មី គឺ “អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,៩-១៧
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ខ្ញុំបាននិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឱ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។ វិន័យរបស់ខ្ញុំ មានដូចតទៅនេះ គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មាននរណាមានសេចក្តីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្តីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងហើយដែរ។ មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ព្រមទាំងឱ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឱ្យអ្នករាល់គ្នាពុំខាន។ រីឯសេចក្តីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះអង្គ រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណយាងមកញ៉ាំងតង្វាយទាំងនេះឱ្យបានគាប់ហឫទ័យព្រះអង្គ និងឱ្យបានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទានជីវិតថ្មីឱ្យយើងខ្ញុំដែលជឿសង្ឃឹមលើព្រះអង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍ក៏ទទួលឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ដោយព្រះអង្គប្រោសព្រះយេស៊ូ ឱ្យមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គក៏ប្រទានជីវិតថ្មីឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យបង្ហាញសេចក្តីពិតដល់យើងខ្ញុំផង។ សូមព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យរស់នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួន ជាបុត្រធីតារបស់ព្រះអង្គផង។