ថ្ងៃទី០៥-ខែមករា-សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត


ថ្ងៃទី០៥ ខែមករា
សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជាប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រកាសថា ព្រះបុត្រាតែមួយដែលគង់ក្នុងសិរីរុងរឿងរួមជាមួយព្រះអង្គ បានប្រសូតជាមនុស្សដូចយើងខ្ញុំ ដោយសារព្រះនាងព្រហ្មចារី។ សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាងផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតយ៉ូហាន ១យហ ៣,១១-២១

ម្នាលកូនចៅជាទីស្រឡាញ់! ដំណើរដែលបងប្អូនបានទទួលតាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ យើងមិនត្រូវធ្វើដូចកាអ៊ីនដែលកើតចេញមកពីរអំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូន ដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។ បងប្អូនអើយ! ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិត ព្រោះយើងស្រឡាញ់បងប្អូន។ អ្នកណាមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្តីស្លាប់។ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតករ។ បងប្អូនដឹងស្រាប់ហើយថា ឃាតករគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ យើងស្គាល់សេចក្តីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្តេចនឹងឱ្យសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! កូនចៅអើយ! យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្តីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្តីពិតវិញ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះអង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើងនោះ ព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើងទ្រង់ឈ្វេងយល់ទាំងអស់។ កូនចៅជាទីស្រឡាញ់អើយ! ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេនោះ យើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះអង្គ។

ទំនុកតម្កើងលេខ ១០០ (៩៩),១-៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំរាឡើយណា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្តាច្រៀងហ៊ោខ្ញៀវខ្ញារ
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នាចូលកុំរួញរាដំណាក់សក្តិសម
ទាំងអរព្រះគុណព្រះម្ចាស់ឧត្តមសរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,៤១.៤៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងទទួលស្គាល់ថា ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ពិតជាព្រះមេស្ស៊ីមែន គឺព្រះអង្គនេះហើយដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៤៣-៥១

ក្រោយពីបានជួបសាវ័កដើមដំបូង ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖«សូមអញ្ជើញមកតាមខ្ញុំ»។ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអន់ដ្រេ និងលោកសិលាដែរ។ លោកភីលីព ទៅជួបលោកណាថាណាអែលហើយប្រាប់គាត់ថា៖«បុរសដែលមានចែងទុកមកក្នុងធម្មវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការីនោះ ឥឡូវនេះ យើងបានឃើញហើយ! លោកឈ្មោះយេស៊ូ ជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖«ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតបានឡើយ»។ លោកភីលីពប្រាប់គាត់ថា៖«សូមអញ្ជើញមកអ្នកនឹងឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖​«អ្នកនេះជាជនជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទូលសួរព្រះអង្គថា៖​«តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំឃើញអ្នកកាលអ្នកនៅក្រោមដើមស្វាយមុនភីលីពហៅអ្នកទៅទៀត»។ លោកណាថាណាអែលទូលព្រះអង្គថា៖«ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយក៏ពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«អ្នកជឿ មកពីអ្នកឮខ្ញុំនិយាយ​ថា ខ្ញុំឃើញអ្នកនៅក្រោមដើមស្វាយ។ ថ្ងៃក្រោយ អ្នកមុខតែនឹងឃើញការអស្ចារ្យលើសពីនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយព្រះអំណោយដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ផ្លាស់ប្តូរដ៏អស្ចារ្យនៃអភិបូជានេះ។ យើងខ្ញុំសូមចូលរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះជាអម្ចាស់ជាព្រះបិតា ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូគ្រីស្តក្នុងអភិបូជានេះ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រទានកម្លាំងចិត្តឱ្យយើងខ្ញុំ និងឱ្យយើងខ្ញុំកាន់កិរិយាត្រឹមត្រូវជារៀងរាល់ថ្ងៃផង។

312 Views