ថ្ងៃអាទិត្យ-អាទិត្យទី៣២-ធម្មតាប្រចាំឆ្នាំ«គ»
អាទិត្យទី៣២ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌បៃតង
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែលទី២ ២ មបា ៧,១-២.៩-១៤
មានគ្រាមួយនោះ គេចាប់ស្ត្រីម្នាក់ និងកូនទាំងប្រាំពីរនាក់របស់គាត់។ ព្រះបាទអន់ចូគូសបញ្ជាឱ្យគេយកអ្នកទាំងនោះទៅវាយនឹងរំពាត់ខ្សែតី បង្ខំឱ្យបរិភោគសាច់ជ្រូកដែលវិន័យហាមបរិភោគ។ កូនម្នាក់បានទូលស្តេច ក្នុងនាមបងប្អូនទាំងប្រាំពីរនាក់ថា៖«តើព្រះករុណាសព្វព្រះហឫទ័យចង់ដឹងអ្វីពីទូលបង្គំយើងខ្ញុំ? ទូលបង្គំយើងខ្ញុំស៊ូស្លាប់ ប្រសើរជាងប្រព្រឹត្តល្មើសនឹងវិន័យរបស់ដូនតា»។ កាលជិតផុតដង្ហើម គាត់ទូលស្តេចថា៖«ព្រះករុណាជាស្តេចពាល! ព្រះករុណាប្រហារជីវិតទូលបង្គំយើងខ្ញុំនៅពេលនេះ តែព្រះមហាក្សត្រនៃពិភពលោកនឹងប្រោសយើងឱ្យរស់ឡើងវិញ មានជីវិតអស់កល្បជានិច្ច ព្រោះទូលបង្គំយើងខ្ញុំស៊ូស្លាប់ ដើម្បីគោរពវិន័យរបស់ព្រះអង្គ»។បន្ទាប់មក គេយកកូនទីបីទៅធ្វើទារុណកម្មទៀត។ ពេលពេជ្ឈឃាដបញ្ជាឱ្យលៀនអណ្តាត គាត់ក៏ធ្វើតាមភ្លាម និងហុចដៃឱ្យគេកាត់ដោយមិនញញើត។ គាត់ប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖«ខ្ញុំទទួលអវៈយវៈទាំងនេះពីព្រះអម្ចាស់មក ខ្ញុំសុខចិត្តលះបង់អវៈយវៈនេះ ដោយគោរពវិន័យព្រះអង្គ! ខ្ញុំសង្ឃឹមថា ព្រះអង្គមុខជាប្រទានអាវៈយវៈទាំងនេះឱ្យខ្ញុំវិញមិនខាន»។ ព្រះរាជា និងរាជបរិពារទាំងអស់ងឿងឆ្ងល់យ៉ាងខ្លាំង ដោយឃើញយុវបុរសនេះមានចិត្តក្លាហាន មិនខ្លាចឈឺចុកចាប់ដូច្នេះ។ កាលយុវបុរសនោះបាត់បង់ជីវិតទៅ គេក៏នាំកូនទីបួនមកធ្វើទារុណកម្មយ៉ាងឃោរឃៅ ដូចបងៗដែរ។ ពេលជិតផុតដង្ហើម យុវបុរសនោះប្រកាសថា៖«ស៊ូស្លាប់ដោយដៃមនុស្ស ប្រសើរជាងរស់នៅតទៅទៀត ទូលបង្គំយើងខ្ញុំរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យរស់ឡើងវិញ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ រីឯព្រះករុណាវិញ មិនរស់ឡើងវិញទេ!»។
ទំនុកតម្កើងលេខ ១៧ (១៦),១.៣.៥-៦.៨.១៥ បទពាក្យ ៧
១ | ឱ! ព្រះអម្ចាស់សូមសណ្ដាប់ | ទូលបង្គំប្រាប់សំណូមពរ | |
ដ៏ល្អត្រឹមត្រូវស្រស់បវរ | សូមរកយុត្ដិធម៌ឱ្យរូបខ្ញុំ | ។ | |
សូមយកព្រះហឫទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | ||
សូមផ្ទៀងព្រះការណ៌ស្ដាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ | |
៣ | ព្រះអង្គឈ្វេងយល់ចិត្ដខ្ញុំច្បាស់ | ហើយព្រះអង្គត្រាស់ពិនិត្យនូវ | |
ល្បងលចិត្ដខ្ញុំទាំងយប់ជ្រៅ | មិនឃើញអាស្រូវឬឆ្គាំឆ្គង | ។ | |
៥ | ទូលបង្គំខំដើរតាមមាគ៌ា | នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ | |
ក៏បោះជំហានដើរតាមក្រោយ | ដោយមិនថ្លោះធ្លោយលម្អៀងបែរ | ។ | |
៦ | ឱ!ព្រះអម្ចាស់នៃខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ | |
ហៅរកព្រះម្ចាស់មិនបែកបែរ | សូមកុំងាករេផ្ទៀងព្រះកាណ៌ | ។ | |
៨ | សូមថែរក្សាទូលបង្គំ | ដូចកែវភ្នែកកុំឱ្យបង់បាត់ | |
ការពារខ្ញុំដូចបក្សីសត្វ | ក្រុងកូនកម្សត់របស់វា | ។ | |
១៥ | ចំពោះខ្ញុំវិញគឺប្រព្រឹត្ដ | តាមក្ដីសុចរិតមិនអាស្រូវ | |
ខ្ញុំឃើញព្រះភក្រ្ដទ្រង់គង់នៅ | ទើបផុតហ្មងសៅពេលភ្ញាក់ឡើង | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេស្សាឡូនិក ២ថស ២,១៦-៣,៥
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់ជាព្រះបិតានៃយើងមានព្រះហឫទ័យស្រឡាញ់យើង ប្រណីសន្ដោសយើង ដោយសម្រាលទុក្ខយើងអស់កល្បជានិច្ច និងដោយប្រទានឱ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រីស្តផ្ទាល់ជាព្រះអម្ចាស់នៃយើង និងព្រះបិតាសម្រាលទុក្ខបងប្អូន ព្រមទាំងប្រទានឱ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ។ នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានឱ្យយើងផង ដើម្បីឱ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ សូមអធិស្ឋានឱ្យយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានឱ្យបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំឱ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ យើងទុកចិត្តបងប្អូនថា បងប្អូនតែងតែប្រព្រឹត្តតាមពាក្យរំឭកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្តតាមតទៅមុខទៀតដែរ។ សូមព្រះអម្ចាស់ដឹកនាំចិត្តគំនិតបងប្អូនឱ្យស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តស៊ូទ្រាំរង់ចាំព្រះគ្រីស្ដយាងមក។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១,៥-៦
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ដ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ សូមលើកតម្កើងសិរីរុងរឿង
និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២០,២៧-៣៨
មានអ្នកខាងគណៈសាឌូស៊ីខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឱ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឱ្យបងប្រុសរបស់ខ្លួន។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់ រួចប្អូនទីបីក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឱ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត។ គេជាបុត្រធីតារបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។