ថ្ងៃអាទិត្យ-អាទិត្យទី៣៤-ធម្មតាប្រចាំឆ្នាំ«គ»
អាទិត្យទី៣៤ រដូវធម្មតា «គ»
ថ្ងៃអាទិត្យ
ពណ៌ស
បុណ្យឱឡារិក
ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្ស
ត្រនៃពិភពលោក
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាម៉ូអែលទី ២ ២សម ៥,១-៣
កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រាអែល នាំគ្នាមកគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ហើយទូលថា៖«ទូលបង្គំយើងខ្ញុំទាំងអស់គ្នា ក៏ជាសាច់សារលោហិតរបស់ព្រះករុណាដែរ។ កាលពីមុន នៅគ្រាដែលព្រះបាទសាអ៊ូលគ្រងរាជ្យលើពួកទូលបង្គំ ព្រះករុណាធ្លាប់ដឹកនាំកងទ័ពអ៊ីស្រាអែលចេញទៅធ្វើសឹក ហើយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណាថា «អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្ដរបស់យើង អ្នកនឹងដឹកនាំពួកគេ»។ ដូច្នេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលចូលមកគាល់ព្រះរាជានៅក្រុងហេប្រូន។ ព្រះបាទដាវីឌចងសម្ពន្ធមេត្រីជាមួយព្រឹទ្ធាចារ្យទាំងនោះ ចំពោះព្រះភក្រ្ដព្រះអម្ចាស់នៅក្រុងហេប្រូន រួចពួកគេចាក់ប្រេងអភិសេកព្រះបាទដាវីឌធ្វើជាស្ដេចរបស់ជនជាតិអ៊ីស្រាអែល។
ទំនុកតម្កើងលេខ ១២២ (១២១),១-៧ បទកាកគតិ
១ | គេប្រាប់ខ្ញុំថា | យើងនាំគ្នីគ្នា | ទៅព្រះដំណាក់ |
ទីដែលព្រះជា | អម្ចាស់គង់ស្នាក់ | ល្អឥតមានអាក់ | |
ខ្ញុំសប្បាយក្រៃ | ។ | ||
២ | យេរូសាឡឹម | ភក្រ្ដអ្នកប៉ប្រិម | ឥតមានទើសទាស់ |
យើងនាំគ្នាឈាន | ជើងចូលដល់ដី | ដល់ទ្វារបុរី | |
នៃអ្នកហើយណា | ។ | ||
៣ | យេរូសាឡឹម | ជាក្រុងមួយធំ | សែនស្រស់សងា្ហ |
ដែលសង់ឡើងបាន | រឹងមាំអស្ចារ្យ | កំពែងពាំងការ | |
ល្អព័ទ្ធជុំជិត | ។ | ||
៤ | គ្រប់កុលសម្ព័ន្ធ | នានារួសរាន់ | នាំគ្នាមកស្ថិត |
ច្រៀងលើកតម្កើង | ព្រះម្ចាស់មានឫទ្ធិ | តាមច្បាប់នៃជាតិ | |
ជនអ៊ីស្រាអែល | ។ | ||
៥ | ទីនេះក៏មាន | បល្ល័ង្កថ្កើងថ្កាន | នៃរាជ្យវង្សដែល |
ជាស្ដេចដាវីឌ | បារមីក្រាស់ក្រែល | គ្រប់គ្រងក្រវែល | |
រាស្ដ្រដោយយុត្ដិធម៌ | ។ | ||
៦ | សូមព្រះអម្ចាស់ | ប្រណីសន្ដោស | សន្ដិភាពបវរ |
ដល់ក្រុងសាឡឹម | ឱ្យអ្នកស្មោះសរ | ស្រឡាញ់ក្រុងល្អ | |
រស់នៅសុខសាន្ដ | ។ | ||
៧ | ឱ្យអ្នករស់ក្នុង | កំពែងទីក្រុង | បានសុខក្សេមក្សាន្ដ |
សូមឱ្យវិមាន | ក្នុងក្រុងប៉ុន្មាន | ជួបតែសុខសាន្ដ | |
ឥតមានទុក្ខភ័យ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡូ ១,១២-២០
បងប្អូនជាទីស្រឡាញ់!
ចូរអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតាដោយចិត្ដរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសឱ្យយើងរួចពីបាប។ ព្រះគ្រីស្ដជាតំណាងរបស់ព្រះជាម្ចាស់ដែលមនុស្សមើលពុំឃើញ ព្រះអង្គជារៀមច្បងរបស់សត្វលោកទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ដ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងអ្វីៗដែលមនុស្សមើលឃើញ ទាំងអ្វីៗដែលមនុស្សមើលមិនឃើញ ទាំងទេវតា ទាំងម្ចាស់ទឹកម្ចាស់ដី ទាំងវត្ថុសក្ដិសិទ្ធិ និងអំណាចនានា។ ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសាររពើដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ។ ព្រះគ្រីស្ដមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗសព្វសារពើក៏នៅស្ថិតស្ថេររួមគ្នាដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍។ ព្រះគ្រីស្ដជាដើមកំណើតនៃជីវិតថ្មី។ ព្រះអង្គជារៀមច្បងដែលមានព្រះជន្មរស់ឡើងវិញមុនគេ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យគ្រប់លក្ខណសម្បត្ដិរបស់ព្រះអង្គស្ថិតនៅក្នុងព្រះគ្រីស្ដ។ ព្រះជាម្ចាស់ បានសម្រុះសម្រួលអ្វីៗសព្វសារពើនៅលើផែនដី និងនៅលើមេឃឱ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រីស្ដ និងសម្រាប់ព្រះគ្រីស្ដ គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្ដិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យរបស់ព្រះបាទដាវីឌជាបិតារបស់យើង!
គឺជាព្រះរាជ្យនៃសម័យថ្មី! សូមកោតសរសើរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះជាម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២៣,៣៥-៤៣
គេទើបបានឆ្កាងព្រះយេស៊ូ។ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖«គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រីស្ដរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឱ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ពួកទាហារក៏ចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយទាំងពោលថា៖«បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ នៅពីលើព្រះអង្គមានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ អ្នកទោសម្នាក់ដែលជាប់ឆ្កាង ពោលប្រមាថព្រះយេស៊ូថា៖«បើអ្នកជាព្រះគ្រីស្ដមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។ ប៉ុន្ដែ អ្នកទោសម្នាក់ទៀតស្ដីឱ្យអ្នកនោះថា៖«ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ដ។ រីឯលោកវិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ បន្ទាប់មក គាត់ទូលព្រះអង្គថា៖«ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ថ្ងៃនេះ អ្នកបានទៅនៅស្ថានបរមសុខជាមួយខ្ញុំ»។