ថ្ងៃចន្ទ អាទិត្យទី០២
រដូវអបអរសាទរ
ពណ៌ស្វាយ
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់ចំពោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ។ សូមតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យមានឆន្ទៈបរិសុទ្ធទៀងត្រង់ សុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះបុត្រាដែលប្រសូត្រជាមនុស្សដូចយើងខ្ញុំ គឺព្រះអង្គដែលគង់នៅ និងសោយរាជ្យជាមួយព្រះបិតានិងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។
អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ៣៥,១-១០
វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុកស្គាយឡើង! ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានឱ្យដីនេះរុងរឿង ដូចព្រៃភ្នំលីបង់ មានសោភ័ណភាពដូចព្រៃព្រឹក្សានៅភ្នំកាម៉ែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញសិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ជាព្រះនៃរបស់យើង។ ចូរជួយអ្នកដែលទន់ដៃទន់ជើង ឱ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ! ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា៖ «ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវតាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា ព្រះអង្គផ្ទាល់យាងមកសង្គ្រោះអ្នករាល់គ្នា។ ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរនៅវាលហួតហែង ។ ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួតបែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចកបែរជាមានដើមត្រែង និងដើមកក់ដុះវិញ។ នៅទីនោះនឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។
មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។ គ្មានសត្វសិង្ហសត្វសាហាវនៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលព្រះអង្គបានលោះមកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរម្ដោះនឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូនដោយស្រែកហ៊ោសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណររកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរលែងមានទៀតហើយ។
ទំនុកតម្កើងលេខ ៨៥ (៨៤) ,៩-១៤ បទកាកគតិ
| ៩ | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
| ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង |
| | ដែលមិនលេលា | ។ |
| ១០ | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
| ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា |
| | នៅលើដីយើង | ។ |
| ១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
| ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង |
| | នៅលើលោកីយ៍ | ។ |
| ១២ | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
| សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ |
| | ចុះជួយរក្សា | ។ |
| ១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
| ចំណែកផែនដី | បង្កើតផល្លា | ភោគផលផ្លែផ្កា |
| | សម្បូរមិនខ្វះ | ។ |
| ១៤ | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
| សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ |
| | សុខសាន្តរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះមហាក្សត្រជាអម្ចាស់នៃផែនដីទាំងមូលព្រះអង្គនឹងយាងមក! ព្រះអង្គនឹងរម្ដោះយើងឱ្យមានសេរីភាព។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ៥,១៧-២៦
ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្តាជន។ មានពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យអង្គុយស្តាប់ព្រះអង្គដែរ ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម ។ ព្រះយេស៊ូប្រកបដោយប្ញទ្ធានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺឱ្យបានជា។ ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ ប៉ុន្តែដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង រួចសម្រូតគាត់ចុះមកកណ្តាលចំណោមមនុស្សនៅចំពីមុខព្រះយេស៊ូ។ ព្រះយេសសសសស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ! ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ!»។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖«អ្នកនេះមានឋានៈអ្វីបានជាហ៊ោពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសមនុស្សឱ្យរួចពីបាបបាន?»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖«ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់អ្នកពិការនេះថា ព្រះជាម្ចាស់អត់ទោសអ្នករួចពីបាបហើយ ឬថា ចូរក្រោកឡើង ដើរទៅចុះ តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសមនុស្សនៅក្នុងលោកនេះ ឱ្យរួចពីបាបបាន»។
ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ»។ រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់យកគ្រែស្នែងដែលគេសែងខ្លួនមក រួចដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ គេស្លុតស្មារតីគ្រប់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ។ គេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖«ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកអស្ចារ្យមែន!»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គលើកលែងទោសឱ្យមនុស្សលោកដោយសារព្រះយេស៊ូគ្រីស្ត។ ក្រៅពីកាយ វាចា ចិត្តរបស់យើងខ្ញុំ យើងខ្ញុំគ្មានអ្វីយកមកថ្វាយតបស្នងគុណព្រះអង្គឡើយ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំ ឱ្យទៅជាតង្វាយដែលគាប់ព្រះហប្ញទ័យព្រះអង្គផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសមនុស្សលោកឱ្យបានរួចពីបាប។ ដោយព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ព្រះអង្គក៏បានប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះបុត្រាព្រះអង្គដែរ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ឱ្យសុខចិត្តអត់ទោសឱ្យអ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំផង។
643 Views
Post Views:
635