ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ១០,៥-៧.១៣-១៦

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួក​គេទុកជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។ យើងចាត់ជនជាតិអាស្ស៊ីរីឱ្យ​ទៅធ្វើទោសប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជនដែលបានបង្កឱ្យយើងមានកំហឹង។ ពួកគេនឹងប្លន់រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកម្ទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើន​ឥតគណនា។ គេនឹកគិតថា “យើងយកជ័យជម្នះបានដោយសារកម្លាំង និងប្រាជ្ញារបស់​យើងផ្ទាល់ ដ្បិតយើងមានប្រាជ្ញាវាងវៃ។ យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានា ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។ យើងបានប្រើឫទ្ធិអំណាចរបស់យើងទម្លាក់ស្តេចជាច្រើនចុះពីបល្ល័ង្ក។ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វពីសំបុក ដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកម្រើក ឬហើបមាត់តវ៉ាឡើយ”។ មិនដែលមានពូថៅណាអួតខ្លួនថាប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោងជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមាន​ព្រនង់ណាបញ្ជាទៅដៃដែលកាន់វា ឱ្យកម្រើកឡើយ ហើយក៏មិនដែលមានដំបងណា​កាន់អ្នកដែលប្រើវាដែរ!។ ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឱ្យ​ទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឱ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ​ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។

ទំនុកតម្កើងលេខ ៩៤ (៩៣),៥-៩.១១.១៤-១៥ បទព្រហ្មគីតិ

បពិត្រព្រះជាម្ចាស់ពួកគេជិះជាន់សង្កត់
ប្រជាជនសុចរិតទាំងទឹកដីឱ្យអន្តរាយ
ពួកវាកាប់សម្លាប់ដោយសំអប់ស្រីមេម៉ាយ
អន្តោប្រវេសន៍ក្ស័យហើយប្រល័យក្មេងកំព្រា
គេថាព្រះអម្ចាស់ទតមិនច្បាស់មិនបានការ
ព្រះយ៉ាកុបនេះណាមិនបានការមិនយល់អ្វី
ពួកមនុស្សល្ងីល្ងើអើយអ្នកនេះហើយប្រាជ្ញាខ្លី
ចិត្តខ្មៅជួអប្រីយ៍មិនដឹងអីមិនចេះគិត
ព្រះអង្គបង្កើតភ្នែកឱ្យក្រឡេកមើលឆ្ងាយជិត
តើទ្រង់មិនចេះគិតមិនចេះទតអ្វីទេឬ?
១១ទ្រង់ជ្រាបគំនិតអស់របស់មនុស្សលើលោកីយ៍
គំនិតពួកគេខ្លីព្រោះពួកគេជាមនុស្សខ្លៅ
១៤ដ្បិតព្រះអង្គមិនបោះឱ្យនៅរស់ឈ្មោះតែលតោល
ព្រះអង្គក៏មិនចោលចំណែកផ្ទាល់មរតកទ្រង់
១៥ចៅក្រមនឹងកាត់ក្តីដោយប្រពៃមិនបង្អង់
អ្នកដែលមានចិត្តត្រង់តាមគន្លងយុត្តិធម៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១.២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចបានយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៥-២៧

នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថាន​បរមសុខ និងជាអម្ចាស់នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បាន​សម្តែងឱ្យមនុស្សតូចតាចយល់ការណ៍ទាំងនេះ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ!។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាក្រៅពី​ព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឱ្យស្គាល់នោះដែរ»។

137 Views

Theme: Overlay by Kaira