ថ្ងៃអាទិត្យ អាទិត្យទី១១
រដូវធម្មតា«ឆ្នាំខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គពិតជាកម្លាំងការពារអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ សូមទ្រង់ព្រះមេត្ដាគាំទ្រយើងខ្ញុំជានិច្ចផង! សូមទ្រង់ព្រះមេត្ដាប្រោសប្រទានកម្លាំង និងសេចក្ដីក្លាហានឱ្យយើងខ្ញុំ ដើម្បីប្រព្រឹត្ដកិច្ចការណាដែលគាប់ព្រះហឫទ័យព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ១៧,២២-២៤
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកាច់ពន្លកមួយពីចុងគគីរ យកមកដាំនៅលើភ្នំដ៏ខ្ពស់សន្លឹម។ យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល។ ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមគគីរដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាធ្វើសំបុកអាស្រ័យនៅតាមមែកគគីរនោះ។ ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឱ្យលូតខ្ពស់ឡើង។ យើងធ្វើឱ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឱ្យដើមឈើក្រៀមស្ងួតត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ!»។
ទំនុកតម្កើងលេខ ៩២ (៩១), ២-៣.១៣-១៦ បទពាក្យ ៧
| ២ | បពិត្រព្រះអម្ចាស់ខ្ញុំអើយ | ទូលបង្គំនេះហើយស្មូត្រតម្កើង | |
| ពិតជាការគួរប្រពៃផង | ប្រសើរកន្លងថ្កើងព្រះនាម | ។ |
| ៣ | ទូលបង្គំប្រកាសពីព្រះទ័យ | ករុណាប្រណីពីព្រះនាម | |
| ពេលយប់ក៏ថ្លែងមិននៅស្ងៀម | ឥតរេទីមទាមមិនឈប់ឈរ | ។ |
| ១៣ | មនុស្សសុចរិតនឹងដុះដាល | លូតលាស់ត្រកាលដូចត្នោតធំ | |
| បែកមែកសាខាម្លប់ត្រសុំ | ដូចគគីរផ្តុំនៅជិតគ្នា | ។ |
| ១៤ | ពួកគេប្រៀបបាននឹងដើមឈើ | លូតលាស់ដុះលើព្រះពន្លា | |
| គេរីកដុះដាលក្នុងវិហារ | របស់ព្រះជាម្ចាស់ថ្លាថ្លៃ | ។ |
| ១៥ | ទោះបីគេមានវ័យចំណាស់ | ទោះខ្លួនគេចាស់ដូចម្តេចក្តី | |
| គេបង្កើតផ្លែពន្លកថ្មី | ស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច | ។ |
| ១៦ | ការនេះសម្តែងឱ្យឃើញថា | ព្រះអម្ចាស់ជាថ្មមាំពិត | |
| ទ្រង់មានព្រះទ័យត្រង់សុចរិត | ឥតប្រែប្រួលចិត្តសោះឡើយណា | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៥,៦-១០
បងប្អូនជាទីស្រឡាញ់!
យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថា ដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ ដ្បិតយើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញនោះទេ។ យើងមានចិត្តក្លាហាន យើងចូលចិត្តឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។ ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្តី យើងមានបំណងធ្វើយ៉ាងណាឱ្យតែបានគាប់ព្រះហឫទ័យព្រះអង្គ ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្តីរបស់ព្រះគ្រីស្ត ដើម្បីឱ្យម្នាក់ៗទទួលផលតាមអំពើដែលខ្លួនបានប្រព្រឹត្ត ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្តី កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៣,៤.២៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកសាបព្រោះចេញទៅព្រោះព្រះបន្ទូល។ អស់អ្នកទទួលព្រះបន្ទូលនេះ ពិតជាបានសុភមង្គល! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២៦-៣៤
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនជាពាក្យប្រស្នាថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាបុរសម្នាក់ដែលព្រោះស្រូវពូជនៅក្នុងស្រែរបស់ខ្លួន។ ទោះបីគាត់ដេកក្តី ក្រោកក្តី យប់ក្តី ថ្ងៃក្តី គ្រាប់ពូជនៅតែមានពន្លកដុះឡើង ដោយគាត់ពុំដឹងថា គ្រាប់ពូជនោះដុះរបៀបណាឡើយ ដ្បិតដីធ្វើឱ្យពូជបង្កើតផលដោយខ្លួនឯង មុនដំបូងមានពន្លកលេចឡើង បន្ទាប់មកក៏បែកជាកួរ ហើយចេញជាគ្រាប់ស្រូវ។ លុះស្រូវទុំ គេយកកណ្តៀវមកច្រូត ដ្បិតដល់រដូវចម្រូតហើយ»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «តើយើងប្រដូចព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅនឹងអ្វីខ្លះ? តើយើងយកប្រស្នាណាមកប្រដូចនឹងព្រះរាជ្យរបស់ព្រះអង្គ? ព្រះរាជ្យរបស់ព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាង កាលគេព្រោះលើដី គ្រាប់ពូជនោះល្អិតជាងគេទាំងអស់ក្នុងលោក។ លុះព្រោះរួចហើយ គ្រាប់ពូជនោះក៏ដុះឡើងធំជាងដំណាំឯទៀតៗ ព្រមទាំងបែកមែកសាខា មានម្លប់ឱ្យបក្សាបក្សីមកធ្វើសំបុកជ្រកអាស្រ័យ»។ ព្រះយេស៊ូតែងប្រកាសព្រះបន្ទូលដោយប្រើពាក្យប្រស្នារបៀបនេះ តាមតែគេអាចយល់បាន។ ព្រះអង្គតែងមានព្រះបន្ទូលទៅគេ សុទ្ធតែជាពាក្យប្រស្នា ប៉ុន្តែ ពេលនៅដាច់ឡែកពីបណ្តាជន ព្រះអង្គបកស្រាយទាំងអស់ប្រាប់ក្រុមសាវ័ក។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យប្រទានអាហារគ្រប់យ៉ាងឱ្យមនុស្សលោកបរិភោគ។ យើងខ្ញុំសូមលើកអាហារខ្លះយកមកថ្វាយព្រះអង្គនៅពេលនេះ។ សូមទ្រង់ព្រះមេត្ដាប្រោសឱ្យអាហារទាំងនេះទៅជា ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏សប្បុរស! ព្រះអង្គបានប្រោសប្រទានឱ្យយើងខ្ញុំទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្ដក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្ដាបំភ្លឺចិត្ដគំនិតយើងខ្ញុំ និងពង្រឹងជំនឿរបស់យើងខ្ញុំឱ្យកាន់តែមាំមួនឡើងៗ។ សូមឱ្យយើងខ្ញុំធ្វើជាសាក្សីបញ្ជាក់ថា ព្រះរាជ្យរបស់ព្រះអង្គមកជិតបង្កើយហើយ។
431 Views
Post Views:
470