ថ្ងៃអាទិត្យ អាទិត្យទី០៧
រដូវបុណ្យចម្លង«ឆ្នាំខ»
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជឿថា ព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះរបស់មនុស្សលោកគង់នៅជាមួយព្រះអង្គ ទាំងប្រកបដោយសិរីរុងរឿង។ យើងខ្ញុំក៏ជឿជាក់ថា ព្រះគ្រីស្តស្ថិតនៅជាមួយយើងខ្ញុំសព្វថ្ងៃនេះ រហូតដល់អវសានកាលនៃពិភពលោកដែរ។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យធ្វើជាសាក្សីពីព្រះគ្រីស្តនេះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១,១៥-១៧.២០-២៦
នៅគ្រានោះ បងប្អូនប្រមាណមួយរយម្ភៃនាក់នៅជុំគ្នា។ លោកសិលាក្រោកឈរឡើងនៅកណ្តាលពួកគេ ហើយពោលថា៖ «បងប្អូនអើយ! ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកជាមុនតាមរយៈព្រះបាទដាវីឌ អំពីយូដាជាអ្នកនាំគេមកចាប់ព្រះយេស៊ូ។ ហេតុការណ៍នេះ ត្រូវតែកើតឡើងស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរមែន។ យូដាសជាសមាជិកម្នាក់ក្នុងក្រុមរបស់យើង ហើយបានទទួលចំណែកមុខងាររួមជាមួយយើងដែរ។ ក្នុងគម្ពីរទំនុកតម្កើងមានចែងទុកអំពីហេតុការណ៍នេះថា “ត្រូវឱ្យម្នាក់ទៀតទទួលយកតំណែងរបស់គាត់”។ ហេតុនេះ ក្នុងចំណោមអស់អ្នកដែលមកជាមួយយើងនៅពេល ព្រះយេស៊ូដឹកនាំយើង គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឱ្យមានម្នាក់ធ្វើជាសាក្សីរួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។ គេនាំសាវ័កពីរនាក់មក ម្នាក់ឈ្មោះយ៉ូសែប ហៅ “បារសាបា” ផង “យូស្ទូស” ផង និងម្នាក់ទៀតឈ្មោះម៉ាធីយ៉ាស។ បន្ទាប់មកគេនាំគ្នាអធិដ្ឋានដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបចិត្តគំនិតរបស់មនុស្សទាំងអស់ ហេតុនេះ សូមបង្ហាញឱ្យយើងខ្ញុំដឹងផងថា ក្នុងចំណោមបងប្អូនទាំងពីរនាក់នេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសអ្នកណាឱ្យបំពេញមុខងារជាគ្រីស្តទូតជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះទៅឯកន្លែងរបស់គាត់»។ សាវ័កនាំគ្នាចាប់ឆ្នោត ត្រូវលើលោកម៉ាធីយ៉ាស ហើយលោកម៉ាធីយ៉ាស ក៏ចូលរួមក្នុងក្រុមគ្រីស្តទូតដប់មួយនាក់ទៀត។
ទំនុកតម្កើងលេខ ១០៣ (១០២), ១-២.១១-១២.១៩.២២ បទកាកគតិ
| ១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
| ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានឫទ្ធិ |
| | ផុតលើលោកា | ។ |
| ២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
| ខ្ញុំសូមរំឭក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា |
| | មិនបំភ្លេចឡើយ | ។ |
| ១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី |
| ព្រះទ័យព្រះម្ចាស់ | ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ |
| | យ៉ាងដូច្នោះដែរ | ។ |
| ១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិច | ឥតមានកែប្រែ |
| ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ |
| | ពីយើងយ៉ាងនោះ | ។ |
| ១៩ | ព្រះអង្គបានតាំង | ព្រះរាជបល្ល័ង្ក | នៅទីស្ថានខ្ពស់ |
| គឺបរមសុខ | ឥតបីមានមោះ | គ្រងរាជ្យទាំងអស់ |
| | មិនចន្លោះអ្វី | ។ |
| ២២ | គ្រប់ស្នាព្រះហស្ត | ទាំងឡាយរបស់ | ព្រះអម្ចាស់ថ្លៃ |
| គឺទាំងសត្វលោក | ទាំងអស់លើដី | នៅទីណាក្តី |
| | តម្កើងព្រះអង្គ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី០១ របស់គ្រីស្តទូតយ៉ូហាន ១ យហ ៤,១១-១៦
ម្នាលកូនចៅជាទីស្រឡាញ់! ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ យើងដឹងថា យើងស្ថិតនៅជាប់នឹង ព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយទ្រង់បានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ រីឯយើងវិញ យើងបានឃើញ ហើយផ្តល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឱ្យយាងមកសង្រ្គោះមនុស្សលោក។ អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្តីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,១៨
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ! ព្រះអង្គនឹងយាងមករកអ្នករាល់គ្នាវិញ។ នៅពេលនោះ អ្នករាល់គ្នានឹងមានអំណរសប្បាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១១-១៩
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីឱ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។ កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គ ទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីឱ្យគេមានអំណររបស់ទូលបង្គំ ជាអំណរដ៏ពេញលក្ខណៈ។ ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គឱ្យគេ តែមនុស្សលោកស្អប់គេ ពីព្រោះគេមិនកើតពីលោកីយ៍ទេ ដូចជាទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ ទូលបង្គំមិនអង្វរព្រះអង្គឱ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្តាការពារគេពីអំណាចមារកំណាចវិញ។ គេមិនកើតពីលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីលោកីយ៍នេះដែរ។ សូមប្រោសគេឱ្យវិសុទ្ធដោយសារសេចក្តីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្តីពិត។ ទូលបង្គំចាត់គេឱ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឱ្យមកក្នុងលោកដែរ។ រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីគេឱ្យបានវិសុទ្ធ ដោយសារសេចក្តីពិត»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូអង្វរព្រះអង្គឱ្យយើងខ្ញុំ សូមឱ្យអស់អ្នកជឿរួបរួមគ្នាជាអង្គតែមួយ។ ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូបូជាព្រះជន្ម ដើម្បីបង្រួបបង្រួមមនុស្សលោក។ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់ព្រះយេស៊ូដោយអនុគ្រោះផង។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទានជីវិតថ្មីឱ្យយើងខ្ញុំដែលជឿសង្ឃឹមលើព្រះអង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍ក៏ទទួលឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមាំមួនថា នឹងទទួលសិរីរុងរឿងរួមជាមួយព្រះយេស៊ូនៅថ្ងៃណាមួយជាពុំខាន! សូមជួយយើងខ្ញុំឱ្យបង្ហាញការសង្គ្រោះរបស់ព្រះអង្គសព្វថ្ងៃនេះផង។
324 Views
Post Views:
325