ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាថែរក្សាការពារមហាគ្រួសាររបស់ព្រះអង្គ តាមសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៧,១-៤.៦-៧
លោកយ៉ូបមានប្រសាសន៍ថា៖ «ជីវិតរបស់មនុស្សនៅលើផែនដីមិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំឱ្យធ្វើការជាទម្ងន់ទេ ហើយអាយុជីវិតរបស់គេក៏មិនខុសពីអាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។ ទាសករប្រាថ្នាជ្រកក្រោមម្លប់ ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ ហើយរងទុក្ខសោកជាច្រើនយប់យ៉ាងនោះដែរ។ ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា៖ «តើពេលណាខ្ញុំនឹងក្រោកឡើងបាន?»។ ប៉ុន្តែ យប់ពន្យារកាន់តែយូរ ហើយខ្ញុំចេះតែប្រះខ្លួនរសាប់រសល់រហូតដល់ភ្លឺ។ អាយុជីវិតរបស់ខ្ញុំ បោះពួយទៅមុខលឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។ សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
ទំនុកតម្កើងលេខ ១៤៧, ១.៣-៧ បទព្រហ្មគីតិ
| ១ | យើងស្មូត្របទថ្វាយព្រះ | ជាអម្ចាស់របស់យើង | |
| សរសើរលើកតម្កើង | ដ៏រុងរឿងល្អប្រពៃ | ។ |
| ៣ | អ្នកដែលមានវិបត្តិ | គ្រាំគ្រាចិត្តគិតមិនចេញ | |
| ទ្រង់ប្រោសផុតទោម្នេញ | របួសវិញជាសះស្បើយ | ។ |
| ៤ | ព្រះអង្គអាចរាប់បាន | ផ្កាយឥតមានខ្វះមួយឡើយ | |
| ដាក់ឈ្មោះឱ្យរួចហើយ | មិនភ្លេចឡើយស្គាល់ទាំងអស់ | ។ |
| ៥ | ព្រះម្ចាស់របស់យើង | សែនថ្កុំថ្កើងឧត្តមខ្ពស់ | |
| ចេស្តាខ្លាំងមុតមោះ | ព្រះតម្រិះធំធេងក្រៃ | ។ |
| ៦ | ព្រះអម្ចាស់គាំទ្រ | ជនក្រីក្រខ្សត់រីងរៃ | |
| ទ្រង់បន្ទាបដល់ដី | ជនអប្រីយ៍មនុស្សអាក្រក់ | ។ |
| ៧ | ចូរនាំគ្នាច្រៀងអរ | ថ្លែងអំណរគុណព្រះម្ចាស់ | |
| ចូរដេញពិណថ្វាយព្រះ | ជាអម្ចាស់នៃយើងផង | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៩,១៦-១៩.២២-២៣
បងប្អូនជាទីស្រឡាញ់!
ខ្ញុំមិនត្រូវអួតថា ការប្រកាសដំណឹងល្អជាកិត្តិយសរបស់ខ្ញុំនោះទេ ព្រោះជាភារកិច្ចមួយដែលខ្ញុំត្រូវតែធ្វើដោយខានមិនបាន។ ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អទេ សូមឱ្យខ្ញុំវេទនាទៅចុះ!។ ប្រសិនបើខ្ញុំស្ម័គ្រចិត្តប្រកាសដំណឹងល្អដោយខ្លួនឯង ខ្ញុំត្រូវតែទទួលប្រាក់បៀវត្ស។ ផ្ទុយទៅវិញ បើកិច្ចការនេះជាភារកិច្ចរបស់ខ្ញុំ ខ្ញុំត្រូវតែបំពេញតាមតែព្រះអង្គផ្ទុកផ្តាក់ឱ្យខ្ញុំធ្វើ។ ដូច្នេះ តើខ្ញុំទទួលប្រាក់បៀវត្សឯណា! បៀវត្សរបស់ខ្ញុំ គឺការប្រកាសដំណឹងល្អដោយឥតគិតថៃ្ល ដោយឥតប្រើសិទ្ធិជាអ្នកប្រកាសដំណឹងល្អឡើយ។ ទោះបីខ្ញុំជាមនុស្សមានសេរីភាព គ្មានជាប់ចំណងរបស់នរណាក៏ដោយ ក៏ខ្ញុំសុខចិត្តដាក់ខ្លួនធ្វើជាទាសារបស់មនុស្សទាំងអស់ដែរ ដើម្បីបានមនុស្សច្រើនមកថ្វាយព្រះគ្រីស្ត។ កាលខ្ញុំនៅជាមួយអ្នកមានជំនឿទន់ខ្សោយ ខ្ញុំក៏ទៅជាអ្នកមានជំនឿទន់ខ្សោយដែរ ដើម្បីបានអ្នកដែលមានជំនឿទន់ខ្សោយយកមកថ្វាយព្រះគ្រីស្ត។ ខ្ញុំធ្វើឱ្យដូចមនុស្សទាំងអស់ក្នុងគ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះអ្នកខ្លះតាមគ្រប់មធ្យោបាយ។ ព្រោះតែដំណឹងល្អ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ដើម្បីអាចចូលរួមទទួលផលពីដំណឹងល្អនោះ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២៩-៣៩
ព្រះយេស៊ូ និងក្រុមសាវ័កនាំគ្នាចេញពីធម្មសាលាទៅផ្ទះលោកស៊ីម៉ូន និងលោកអន់ដ្រេ។ លោកយ៉ាកុប និងលោកយ៉ូហានក៏ទៅជាមួយដែរ។ ម្តាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឱ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មានមកផ្តុំគ្នានៅមាត់ទ្វារក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង។ ព្រះអង្គហាមខ្មោចមិនឱ្យនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ឋានៈរបស់ព្រះអង្គ។ ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយអធិដ្ឋាននៅទីនោះ។ លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ លុះបានជួប ហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះ»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមធម្មសាលាទាំងឡាយ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតអ្វីៗទាំងអស់ដែលមាននៅក្នុងពិភពលោក។ យើងខ្ញុំសូមលើកនំប័ុង និងស្រានេះ ទុកជានិមិត្តរូបនៃកិច្ចការទាំងប៉ុន្មាន ដែលយើងខ្ញុំបានធ្វើពេញមួយអាទិត្យកន្លងមកនេះមកថ្វាយព្រះអង្គ ដើម្បីតបស្នងគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ ហើយសូមប្រោសប្រទានឱ្យនំប័ុង និងស្រានេះ បានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្ត ដែលបានសង្គ្រោះមនុស្សលោក។ ព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានប្រោសយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្ត ជាប្រភពនៃជីវិតរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំឱ្យជាប់ចិត្តនឹងព្រះគ្រីស្តជានិច្ច ក្នុងគ្រប់កិច្ចការដែលយើងខ្ញុំប្រព្រឹត្ត សូមឱ្យយើងខ្ញុំជួយស្រោចស្រង់មនុស្ស ដោយមិនប្រកាន់វណ្ណៈ ឬឋានៈអ្វីឡើយ។
644 Views
Post Views:
647