ថ្ងៃអាទិត្យ អាទិត្យទី០៤
រដូវធម្មតា ឆ្នាំ«ខ»

ពណ៌បៃតង

ថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមករំដោះយើងខ្ញុំឱ្យរួចពីចំណងនៃកិលេសតណ្ហា និងឱ្យមានសេចក្តីសុខសាន្តយ៉ាងបរិបូណ៌។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលព្រះបន្ទូលព្រះអង្គដោយចិត្តស្មោះ និងប្រព្រឹត្តតាមដោយយកចិត្តទុកដាក់ផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ១៨,១៥-២០

លោកម៉ូសេមានប្រសាសន៍មកប្រាប់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងធ្វើឱ្យមានព្យាការីម្នាក់ដូចខ្ញុំងើបឡើងពីក្នុងចំណោមអ្នក។ លោកជាបងប្អូនរបស់អ្នក។ ចូរនាំគ្នាស្តាប់ព្យាការីនោះចុះ ដ្បិតនៅថ្ងៃដែលអ្នកជួបជុំគ្នានៅហូរ៉ែប អ្នកបានទូលសុំពីព្រះអម្ចាស់ ជាព្រះរបស់អ្នកបែបនេះឯង គឺអ្នកពោលថា “សូមកុំឱ្យយើងខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំតទៅទៀត ហើយក៏កុំឱ្យយើងខ្ញុំឃើញភ្លើងដ៏សន្ធោសន្ធៅនេះដែរ ក្រែងលោយើងខ្ញុំត្រូវស្លាប់”។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖​“សេចក្តីដែលពួកគេនិយាយពិតជាត្រឹមត្រូវមែន។ យើងនឹងធ្វើឱ្យមានព្យាការីម្នាក់ដូចអ្នកងើបឡើងពីក្នុងចំណោមបងប្អូនរបស់ខ្លួន យើងនឹងដាក់ព្រះបន្ទូលរបស់យើងក្នុងមាត់ព្យាការីនោះ លោកនឹងថ្លែងសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់។ អ្នកណាមិនស្តាប់ពាក្យដែលលោកថ្លែងក្នុងនាមយើងទេ យើងនឹងដាក់ទោសអ្នកនោះ។ ផ្ទុយទៅវិញ ប្រសិនបើព្យាការីណាម្នាក់ហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាពាក្យដែលយើងមិនបានបង្គាប់ឱ្យថ្លែង ឬប្រសិនបើគេថ្លែងពាក្យក្នុងនាមព្រះដទៃទៀត ព្យាការីនោះនឹងត្រូវទទួលទោសដល់ស្លាប់»។

ទំនុកតម្កើងលេខ ៩៥ (៩៤), ១-២.៦-៩ បទកាកគតិ

យើងនាំគ្នាច្រៀងសរសើរតម្កើងថ្វាយព្រះអម្ចាស់
ដោយចិត្តអបអរសាទរថ្វាយព្រះជាថ្មមាំណាស់
ជួយសង្គ្រោះយើង
យើងនាំគ្នីគ្នារូតរះម្នីម្នាជួបភក្ត្រព្រះអង្គ
ទាំងអរព្រះគុណស្មូត្របទតម្កើងសរសើរព្រះអង្គ
អស់កល្បអង្វែង
ចូរនាំគ្នីគ្នាគោរពវន្ទាក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះព្រះភក្ត្រផូរផង់បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះនៃយើងទាំងអស់បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាលដឹកនាំពួកយើងថ្ងៃនេះព្រះអង្គ
បន្លឺសូរសៀង
អ្នកកុំធ្វើផ្តាសដូចដូនតាចាស់ល្បងលព្រះអង្គ
នៅមេរីបាក្នុងគ្រាកន្លងនៅម៉ាសាផង
ក្នុងរហោស្ថាន
គឺបុព្វបុរសនៃអ្នកទាំងអស់ចិត្តគេសាមាន្យ
គេបានល្បងលទោះបីគេបានឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ត

អត្ថបទទី​២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៧,៣២-៣៥

បងប្អូនជាទីស្រឡាញ់!
ខ្ញុំមិនចង់ឱ្យបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាឱ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ រីឯអ្នកមានប្រពន្ធវិញ គេខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឱ្យបានគាប់ចិត្តប្រពន្ធ ហើយចិត្តអ្នកនោះត្រូវប្រទាញប្រទង់។ ចំពោះស្រ្តីដែលគ្មានប្តី និងស្រ្តីក្រមុំ នាងខ្វល់ខ្វាយនឹងព្រះអម្ចាស់ ដើម្បីថ្វាយទាំងរូបកាយ ទាំងវិញ្ញាណទៅ ព្រះអង្គ។ រីឯស្រ្តីដែលមានប្តីវិញ នាងខ្វល់ខ្វាយនឹងរឿងក្នុងលោកនេះ ធ្វើយ៉ាងណាឱ្យបានគាប់ចិត្តប្តី។ ខ្ញុំនិយាយដូច្នេះ ដើម្បីជាប្រយោជន៍ដល់បងប្អូន មិនមែនចង់បង្កើតឧបសគ្គឱ្យបងប្អូនទេ គឺខ្ញុំចង់ឱ្យបងប្អូនរស់នៅតាមរបៀបល្អប្រសើរ ជាប់ចិត្តនឹងព្រះអម្ចាស់ ដោយឥតរារែកឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៦៨-៧៩

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់យើង! ព្រះអង្គបានប្រោសឱ្យពន្លឺយាងមកបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២១-២៨

ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយក្រុមសាវ័ក។ នៅថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលស្តាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យ។ នៅពេលនោះ ក្នុងធម្មាសាលា មានបុរសម្នាក់ដែលខ្មោចចូល ស្រែកឡើងថា៖ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលមកពីព្រះជាម្ចាស់»។ ព្រះយេស៊ូគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ខ្មោចក៏ធ្វើឱ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សម្នាទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្តេចក៏អស្ចារ្យមេ្លះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្តាប់បង្គាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់កាលីឡេទាំងមូល។

បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរសយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យធ្វើជាបុត្រធីតា និងជាព្រះសហគមន៍របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាញុាំងតង្វាយទាំងនេះឱ្យទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ​ ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានបង្ហាញធម៌មេត្តាករុណាដ៏លើសលប់ដល់យើងខ្ញុំ ដោយសារព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គយាងមកប្រែចិត្តគំនិតយើងខ្ញុំឱ្យមានសេរីភាពពេញលេញ និងបានសុភមង្គល ដែលស្ថិតស្ថេរជារៀងរហូត។

416 Views

Theme: Overlay by Kaira