ថ្ងៃពុធអាទិត្យទី០១
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤

សូមថ្លែងពរ្ហគម្ពីរព្យាការីសាមូអែល ១សម ៣,១-១០.១៩-២១-៤,១

កុមារសាមូអែលនៅបម្រើព្រះអម្ចាស់ក្រោមការគ្រប់គ្រងរបស់លោកហេលី។ នៅគ្រានោះ ព្រះអម្ចាស់កម្រមានព្រះបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែលណាស់ ហើយក៏ កម្រឱ្យនរណាម្នាក់ឃើញនិមិត្តហេតុមកពីព្រះអង្គដែរ។ ពេលនោះ ភ្នែករបស់​លោកហេលី ចាប់ផ្តើមងងឹត មើលអ្វីសឹងតែលែងឃើញទៀត។ មានយប់មួយលោក​ហេលី សម្រាន្តនៅក្នុងបន្ទប់របស់លោក រី​ឯចង្កៀងដែលគេដុតក្នុងទីសក្ការៈមិនទាន់រលត់នៅឡើយ ហើយកុមារសាមូអែលដេកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់​​​​​ ត្រង់កន្លែង​ដំកល់ហិបនៃសម្ព័ន្ធមេត្រី។ ស្រាប់តែព្រះអម្ចាស់មានព្រះបន្ទូលហៅកុមារ​សាមូអែល កុមារសាមូអែលក៏ឆ្លើយថា «បាទ!»​ ហើយរត់រកលោកហេលីទាំង​ពោលថា៖«បាទ! លោកតាហៅខ្ញុំមានការអ្វី»?។ លោកហេលីឆ្លើយថា៖ «តាមិន​​បានហៅឯងទេ! ទៅដេកវិញទៅ!»។ កុមារសាមូអែលក៏ត្រឡប់ទៅដេកវិញ។ ព្រះ​អម្ចាស់មាន​ព្រះ​បន្ទូល​ហៅកុមារសាមូអែលម្តងទៀត។ សាមូអែលក្រោកឡើងរត់​ទៅ​រកលោក​ហេលី ទាំងពោលថា៖«បាទ! លោ​ក​តាហៅខ្ញុំមានការអី្វ?»។​ លោកឆ្លើយ​ថា៖ «តា​មិនបានហៅ​ឯងទេ! ទៅដេកវិញទៅកូនអើយ!»។ កុមារសាមូអែលមិនទាន់​ស្គាល់​ព្រះ​អម្ចាស់ទេ ដ្បិតមកទល់ពេលនេះ ព្រះអង្គពុំធ្លាប់មានព្រះបន្ទូលមកកាន់គេសោះ។​ ព្រះ​អម្ចាស់មានព្រះបន្ទូលហៅកុមារសាមូអែលម្តងទៀត ជាលើកទីបី។ កុមារសាមូអែលក៏ក្រោកឡើង រត់ទៅរកលោកហេលី ទាំងពោលថា ៖ «បាទ! លោកតា​ហៅខ្ញុំមានការអី្វ?»។ ពេលនោះ លោកហេលីក៏​យល់​ថា ព្រះអម្ចាស់មាន​ព្រះបន្ទូល​ហៅក្មេងនេះ។ លោកហេលីប្រាប់សាមូអែលថា៖​ទៅដេកវិញទៅ! ប្រសិនបើមានឮ​សំឡេងហៅម្ដងទៀត ត្រូវឆ្លើយថា “បពិត្រ​ព្រះ​អម្ចាស់​! សូមព្រះអង្គមានព្រះបន្ទូល​មកចុះ ទូលបង្គំជាអ្នកបម្រើចាំស្តាប់ហើយ”»។​ កុមារសាមូអែលក៏ត្រឡប់ទៅដេកកន្លែងដដែលវិញ។ ព្រះអម្ចាស់​យាងមកឈរ​នៅក្បែរ​នោះ ហើយមានព្រះបន្ទូលហៅ​ដូចលើកមុនៗថា ៖ «សាមូអែល! សាមូអែល!»។ កុមារសារមូអែលឆ្លើយថា៖​​​ «សូម​ព្រះអង្គមានព្រះបន្ទូលមកចុះ ទូលបង្កំជាអ្នកបម្រើចាំ​ស្តាប់ព្រះអង្គហើយ» ។
សាមូអែលមានវ័យចម្រើនធំឡើង ព្រះអម្ចាស់គង់ជាមួយលោក ហើយគ្រប់សេចក្តីដែលលោកថ្លែងក្នុងព្រះនាមព្រះអង្គសុទ្ទតែបានសម្រេចទាំងអស់។ ក្នុងស្រុកអ៊ីស្រា​អែលទាំងមូល ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា ប្រជាជនគ្រប់ៗគ្នា​ទទួល​ស្គាល់ថា លោកសាមូអែលពិតជាព្យាការីរបស់ព្រះអម្ចាស់មែន។ ព្រះអម្ចាស់តែងតែយាង​មកជួបលោកសាមូអែលនៅភូមិស៊ីឡូ។ នៅទីនោះ ព្រះអម្ចាស់សម្តែងឱ្យលោក​ស្គាល់ព្រះអង្គ ដោយសារ​ព្រះបន្ទូល។ លោក​សាមូអែលក៏នាំយកព្រះបន្ទូលនេះទៅ​​ប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលទាំងមូល ។

ទំនុកតម្កើងលេខ ៤០ (៣៩), ២.៥.៧-១០ បទពាក្យ ៧

២.ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង
ស្តាប់សូរសម្រែកមិនលម្អៀងពាក្យខ្ញុំពិតទៀងស្មោះឥតអាក់
៥.មនុស្សណាដែលបានផ្ញើជីវិតលើព្រះមានប្ញទ្ធិដ៏អង់អាច
មិនបែរគោរពទៅខ្លបខ្លាចព្រះមានអំណាចព្រះបោកប្រាស
៧.ព្រះអង្គមិនចង់បានតង្វាយយញ្ញបូជាថ្វាយអ្វីទាល់សោះ
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ស្តាប់ព្រះតម្រិះនៃព្រះអង្គ
៨.ដូច្នេះទូលបង្គំសូមពោលថាបពិត្រករុណាដ៏ឧត្តុង
ទូលបង្គំប្រព្រឹត្តឥតរេរង់តាមសេចក្តីក្នុងព្រះគម្ពីរ
៩.ទូលបង្គំពេញចិត្តធ្វើតាមព្រះហប្ញទ័យអម្ចាស់គ្រប់ទិសទី
វិន័យទ្រង់ដិតជាប់ជីវីក្នុងចិត្តគិតពីទ្រង់ជានិច្ច
១០.ខ្ញុំនឹងប្រកាសធម៌មេត្តាធម៌ករុណាធម៌សុចរិត
ព្រះអង្គជ្រាបហើយទ្រង់អាណិតខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ​ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២៩-៣៩

ព្រះយេស៊ូនិងសាវ័ក នាំគ្នាចេញពីធម្មសាលា ចូលទៅផ្ទះលោកស៊ីម៉ូននិងលោក​អន់ដ្រេ លោកយ៉ាកុបនិងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ ម្តាយក្មេករបស់លោ​ក​ស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូល​ព្រះអង្គភ្លាមថា គាត់ឈឺ។ ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឱ្យក្រោកឡើង។ គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺនិងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មាន មកផ្តុំគ្នានៅមាត់​ទ្វារកំពែងក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង។ ព្រះអង្គមិនអនុញ្ញា​ត​ឱ្យខ្មោចនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ឋានៈរបស់ព្រះអង្គ ។ លុះព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយព្រះអង្គអធិដ្ឋាននៅទីនោះ ។ លោកស៊ីម៉ូននិងអ្នកដែលនៅ​ជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះ»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមធម្មសាលាទាំងឡាយរបស់គេ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។

164 Views

Theme: Overlay by Kaira