ថ្ងៃពុធ អាទិត្យទី៣១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី០៥ ខែវិច្ឆិការ ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៣,៨-១០

បងប្អូនជាទីស្រឡាញ់!
បងប្អូនមិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​សព្វ​គ្រប់​ហើយ ព្រោះ​វិន័យ​ដែល​ចែង​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ត​លោភ‌លន់»​ និង​វិន័យ​ឯ‌ទៀតៗ​សង្ខេប​មក​ជា​វិន័យ​តែ​មួយ​នេះថា «ចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឱ្យបាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»​។ អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ​ឡើយ ដូច្នេះ​ សេចក្ដី​ស្រឡាញ់​នាំ​ឱ្យប្រតិបត្តិ​តាម​វិន័យ​បាន​ពេញ​លក្ខណៈ។

ទំនុកតម្កើងលេខ ១១២(១១១),១-២.៤-៥.៨-៩ បទពាក្យ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យបានសុខពេកក្រៃមានមង្គល
ពូជរបស់គេមានអំណាចចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផលព្រះពរពិតដល់អ្នកសុចរិត
ក្នុងទីងងឹតមានពន្លឺលេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់សន្ដោសលើសសព្វជនប្រុសស្រី
ជនណាដែលមានចិត្តទូលាយយកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃអ្នកនោះប្រពៃល្អបំផុត
គាត់មានចិត្តនឹងហើយអង់អាចមិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះបាក់ទ័ពរត់អស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រដោយចិត្តស្មោះស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិតកម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះ​នាមរបស់ព្រះយេស៊ូគ្រីស្ដនោះ បងប្អូនមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,២៥-៣៣

នៅគ្រានោះ មាន​មហា‌ជន​ជា​ច្រើន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទៅ​រក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ តែ​មិន​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ជាង​ឪពុក‌ម្ដាយ ប្រពន្ធ កូន បង‌ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន​ទេ អ្នក​នោះ​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​នរណា​ម្នាក់​ចង់​សង់​ផ្ទះ​ថ្ម​ធំ​មួយ អ្នក​នោះ​ត្រូវ​អង្គុយ​គិត‌គូរ​មើល​ថ្លៃ​សង់​ជា​មុន​សិន ដើម្បី​ឱ្យដឹង​ថា តើ​ខ្លួន​មាន​ប្រាក់​ល្មម​នឹង​បង្ហើយ​សំណង់ ឬ​យ៉ាង​ណា ក្រែង​លោ​ចាក់​គ្រឹះ​ហើយ តែ​មិន​អាច​បង្ហើយ​បាន មនុស្ស‌ម្នា​ឃើញ មុខ​ជា​សើច​ចំអក​ឱ្យ​មិន​ខាន។ គេ​នឹង​ពោល​ថា “មើល​បុរស​នេះ​សង់​ផ្ទះ តែ​មិន​អាច​បង្ហើយ​បាន​ទេ!”។ ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​ស្ដេច​មួយ​អង្គ​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម តទល់​នឹង​ស្ដេច​មួយ​អង្គ​ទៀត ស្ដេច​ត្រូវ​គង់​គិត‌គូរ​ជា​មុន​សិន​ថា បើ​ស្ដេច​មាន​ទ័ព​មួយ‌ម៉ឺន​នាក់ តើ​ស្ដេច​អាច​ត‌ទល់​នឹង​បច្ចា‌មិត្ត​ដែល​មាន​គ្នា​ពីរ‌ម៉ឺន​នាក់​បាន​ឬ​យ៉ាង​ណា បើ​ឃើញ​ថា​មិន​អាច​ត‌ទល់​បាន​ទេ នោះ​ស្ដេច​នឹង​ចាត់​រាជ‌ទូត​ឱ្យទៅ​សុំ​ចរចា​រក​សន្តិ‌ភាពក្នុង​ពេល​ដែល​ស្ដេច​មួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។ ដូច្នេះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ‌បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ទេ អ្នក​នោះ​មិន​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​បាន​ឡើយ»។

237 Views

Theme: Overlay by Kaira