ថ្ងៃពុធ អាទិត្យទី២៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៦,១២-១៨
បងប្អូនជាទីស្រឡាញ់!
មិនត្រូវទុកឱ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលរមែងតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហារបស់ខ្លួននោះឡើយ ហើយក៏មិនត្រូវប្រគល់សរីរាង្គកាយរបស់បងប្អូនឱ្យទៅបម្រើបាប និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្ដអំពើទុច្ចរិតដែរ គឺត្រូវថ្វាយខ្លួនទៅព្រះជាម្ចាស់ ដូចជាមនុស្សដែលបានរស់ឡើងវិញ ហើយប្រគល់សិរីរាង្គកាយរបស់បងប្អូនទៅបម្រើព្រះជាម្ចាស់ និងធ្វើជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើសុចរិត។ បាបនឹងលែងត្រួតត្រាលើបងប្អូនទៀតហើយ ព្រោះបងប្អូនមិននៅក្រោមអំណាចរបស់ធម្មវិន័យទេ គឺនៅក្រោមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់វិញ។ បើដូច្នេះ ដោយយើងមិននៅក្រោមអំណាចរបស់ធម្មវិន័យ គឺនៅក្រោមព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ តើយើងត្រូវតែប្រព្រឹត្តអំពើបាបឬ? ទេ! មិនកើតទេ!។ បងប្អូនមិនដឹងទេឬ? បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះហើយ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាបដែលនាំឱ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់ព្រះជាម្ចាស់ ដែលនាំបងប្អូនឱ្យបានសុចរិត។ សូមអរព្រះគុណព្រះជាម្ចាស់! ពីដើម បងប្អូនជាខ្ញុំបម្រើរបស់បាបមែន តែងដោយបងប្អូនបានស្ដាប់បង្គាប់យ៉ាងស្មោះអស់ពីចិត្ត តាមគោលការណ៍នៃសេចក្ដីបង្រៀនដែលបងប្អូនបានទទួល បងប្អូនក៏បានរួចពីអំណាចបាប មកបម្រើសេចក្ដីសុចរិតវិញ។
ទំនុកតម្កើងលេខ ១២៤ (១២៣) ,២-៥.៧ បទពាក្យ ៧
| ២ | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា | |
| ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង | ។ |
| ៣ | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងបើុង | |
| គេនឹងត្របាក់លេបដូចភ្លើង | មិនឱ្យពួកយើងសុខសាន្ដឡើយ | ។ |
| ៤ | យើងនឹងលិចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុតឥតមានស្បើយ | |
| ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ | ។ |
| ៥ | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពនិ្លចទៅ | |
| ដល់បាតជលសាដ៏សែនជ្រៅ | ជិវិតយើងត្រូវលង់ក្សិណក្ស័យ | ។ |
| ៧ | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ | |
| គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតី អធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៩-៤៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឱ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។ លោកសិលាទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឱ្យគេតាមពេលកំណត់ជាមិនខាន។ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឱ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឱ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។ អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្ដិចទេ។ បើគេឱ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។
713 Views
Post Views:
719