ថ្ងៃចន្ទ អាទិត្យទី២៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,២០-២៥

បងប្អូនជាទីស្រឡាញ់!
លោកអប្រាហាំមិនបាត់ជំនឿ ហើយមិនសង្ស័យនឹងព្រះ​បន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឱ្យលោកមាន​កម្លាំងចិត្ដ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះលោកជឿប្រាកដក្នុង​ចិត្ដថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមជាមិន​ខាន។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រោសលោកឱ្យបានសុចរិត។ ក៏ប៉ុន្តែ សេចក្ដីដែលមានចែងថា “ព្រះជាម្ចាស់ប្រោសឱ្យបានសុចរិច” នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ គឺសំដៅមកលើយើង ដែលព្រះជាម្ចាស់ប្រោសឱ្យបាន​សុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឱ្យ​​មានព្រះជន្មដ៏រុងរឿងនេះដែរ។ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុស​របស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យទទួលព្រះជន្មដ៏រុងរឿង ដើម្បីឱ្យយើង​បានសុចរិត។

ទំនុកតម្កើងរបស់លោកសាការី លក ១,៦៩-៧៥ បទពាក្យ ៧

៦៩ទ្រង់បានប្រទានព្រះសង្រ្គោះដែលមានប្ញទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្សដាវីឌជាពង្សបម្រើជាក់
៧០ព្រះម្ចាស់ប្រទានព្រះសង្រ្គោះយើងមិនដែលលោះមិនដែលលាក់
ដូចបានសន្យាតាមរយៈព្យាការីស្ម័គ្រកាលគ្រាមុន
៧១ព្រះអង្គសង្គ្រោះយើងឱ្យរួចចេញពីអំណាចខ្មាំងលើសលន់
នឹងផុតពីដៃពួកទុរជនដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២ព្រះអង្គសម្ដែងព្រះហប្ញទ័យករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើងសម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣គឺព្រះអង្គហើយបានសន្យាពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរសដូនតាយើងនោះដូច្នេះថា
៧៤ទ្រង់នឹងរំដោះយើងឱ្យរួចផុតពីអំណាចខ្មាំងប្ញស្យា
ដើម្បីយើងអាចក្រាបកាយាវន្ទាគ្រប់គ្រាគ្មានភ័យភិត
៧៥ព្រមទាំងឱ្យយើងបានរស់នៅឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិតគាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១៣-២១

ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោក​មានប្រសាសន៍ប្រាប់បងខ្ញុំ ឱ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះយេស៊ូមានព្រះ​បន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំ ឱ្យធ្វើជាចៅក្រមចែកទ្រព្យ​សម្បត្តិរបស់អ្នករាល់គ្នា?»។ រួចព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន! កុំលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិនោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់​​របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច?”។ គាត់គិតទៀតថា៖ «ខ្ញុំត្រូវតែធ្វើយ៉ាងនេះ​ គឺ​រុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឱ្យធំៗជាងនេះ រួចខ្ញុំនឹងប្រមូលស្រូវ ​ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់​ខ្លួនឯងថា ឱខ្ញុំអើយ! មានសម្បតិ្តយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់​ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!»។ ប៉ុន្ដែ ព្រះជាម្ចាស់មាន​ព្រះបន្ទូលមកកាន់សេដ្ឋីនោះថា «នែ៎! មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់​ជីវិតអ្នកហើយ។ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបាន​ទៅជារបស់នរណាវិញ?។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយ​គ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។

302 Views

Theme: Overlay by Kaira