ថ្ងៃសៅរ៍ អាទិត្យទី២៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១៣.១៦-១៨
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជពង្សរបស់លោកថា គេនឹងទទួលពិភពលោកទុកជាមត៌ក។ ព្រះអង្គសន្យាដូច្នេះ មិនមែនមកពីលោកអប្រាហាំបានប្រតិបត្តិតាមធម្មវិន័យនោះទេ គឺមកពីលោកជាមនុស្សសុចរិត ដោយលោកមានជំនឿ។ មនុស្សទទួលមត៌ក ព្រោះតែមានជំនឿតាមការប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះបន្ទូលសន្យារបស់ព្រះអង្គ មានប្រយោជន៍សម្រាប់ពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែសម្រាប់អស់អ្នកដែលប្រតិបត្តិតាមធម្មវិន័យប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំជាឪពុករបស់យើងទាំងអស់គ្នានោះដែរ ដូចមានចែងទុកមកថា «យើងបានតែងតាំងអ្នក ឱ្យធ្វើជាឪពុករបស់ជាតិសាសន៍មួយចំនួនធំ»។ លោកជាឪពុករបស់យើងនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ជាព្រះដែលលោកបានជឿ គឺព្រះអង្គដែលប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ហើយបានត្រាស់ហៅអ្វីៗដែលគ្មានរូបរាងឱ្យកើតមានឡើង។ ទោះបីគ្មានអ្វីជាទីសង្ឃឹមក៏ដោយ ក៏លោកអប្រាហាំនៅតែមានសង្ឃឹម និងមានជំនឿ ហើយលោកក៏បានទៅជាឪពុករបស់ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានចែងទុកមកថា៖ «ពូជពង្សរបស់អ្នកនឹងមានច្រើនយ៉ាងនេះ»។
ទំនុកតម្កើងលេខ ១០៥ (១០៤) ,៤-៦ក.៧-៩.៤២-៤៣ បទកាកគតិ
| ៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
| ស្វែងរកព្រះភក្រ្ត | របស់ព្រះអង្គ | កុំនៅរេរង់ |
| | ឈប់ឈរសោះឡើយ | ។ |
| ៥ | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
| នឹកដល់បាដិហារិយ៍ | កុំនៅកន្ដើយ | និងការវិនិច្ឆ័យ |
| | ដែលទ្រង់សម្រេច | ។ |
| ៦ក | ពូជពង្សរបស់ | ប្រាហាំទាំងអស់ | នៅបម្រើស្រេច |
| កូនចៅយ៉ាកុប | ដ៏ល្អបណ្ដាច់ | ព្រះអង្គសម្រេច |
| | ជ្រើសយកយូរហើយ | ។ |
| ៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
| កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ |
| | គ្រប់គ្រងផែនដី | ។ |
| ៨ | ព្រះអង្គតែងខ្វល់ | នឹកគិតទៅដល់ | សម្ពន្ធមេត្រី |
| ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ |
| | មួយពាន់តំណ | ។ |
| ៩ | សម្ពន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
| នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ |
| | នឹងលោកអ៊ីសាក | ។ |
| ៤២ | ព្រះអម្ចាស់នឹក | ចាំទាំងរព្ញក | បន្ទូលវិសុទ្ធ |
| សន្យានឹងលោក | អប្រាហាំពិត | បម្រើពិសិដ្ឋ |
| | ព្រះអង្គពេកពន់ | ។ |
| ៤៣ | ព្រះអង្គបានប្រោស | ប្រណីសន្ដោស | ឱ្យប្រជាជន |
| ព្រះអង្គចេញទាំង | អំណរលើសលន់ | កញ្ជ្រៀវពេកពន់ |
| | សប្បាយគ្មានល្ហែ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦-២៧
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមប្រទានព្រះវិញ្ញាណនៃសេចក្ដីពិតឱ្យយើងខ្ញុំផង! សូមព្រះវិញ្ញាណធ្វើសាក្សីក្នុងចិត្តយើងខ្ញុំ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៨-១២
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ រីឯអ្នកណាមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឱ្យ ប៉ុន្ដែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើកលែងទោសឱ្យឡើយ។ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោសក្នុងធម្មសាលា ឬនៅមុខចៅក្រម ឬអ្នកកាន់អំណាច កុំភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នាឱ្យដឹងសេចក្ដីដែលត្រូវនិយាយនៅពេលនោះឯង»។
1,150 Views
Post Views:
1,159