ថ្ងៃព្រហស្បតិ៍ អាទិត្យទី២៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥

ទេវទូត អ្នកការពារដ៏វិសុទ្

ក្នុងព្រះគម្ពីរ មានចែងអំពីទេវទូតថែរក្សាការពារមនុស្ស ឬនាំសាររបស់ព្រះជាម្ចាស់ឱ្យគេ។ ព្រះសហគមន៍ឱ្យគ្រីស្តបរិស័ទគោរពទេវទូត ក្នុងគោលបំណងដាស់តឿនគេឱ្យផ្ញើជិវិតលើធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលថែរក្សា និងការពារមនុស្សលោកជានិច្ច។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកនេហេមី នហ ៨,១-៦.៨-១២

លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែលដែលរស់នៅតាមក្រុងរបស់ខ្លួនបានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឱ្យលោកបូជាចារ្យអែសរ៉ាជាបណ្ឌិតខាងវិន័យ យកគម្ពីរវិន័យរបស់លោកម៉ូសេ គឺវិន័យដែលព្រះអម្ចាស់ប្រទានមកឱ្យជនជាតិអ៊ីស្រាអែលកាន់តាម។ លោកបូជាចារ្យអែសរ៉ាក៏យកគម្ពីរវិន័យមកខាងមុខអង្គប្រជុំដែលមានប្រជាជនប្រុសស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ថ្ងៃនោះ ជាថ្ងៃទីមួយនៃខែទីប្រាំពីរ។ លោកអែសរ៉ាអានគម្ពីរវិន័យនេះនៅខាងមុខព្រលានដែលស្ថិតនៅទល់មុខទ្វារគង្គាឱ្យប្រជាជនស្ដាប់ គឺប្រជាជនទាំងប្រុសស្រី និងក្មេងៗដែលមានវ័យអាចយល់បាន។ ប្រជាជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានគម្ពីរវិន័យ។ លោកអែសរ៉ា​ជាបណ្ឌិតខាងវិន័យ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេល​​នោះ។ លោកអែសរ៉ាបើកគម្ពីរ ហើយប្រជាជនបានឃើញទាំងអស់គ្នា ដ្បិតលោកឈរ​​នៅត្រង់កន្លែងខ្ពស់ជាង​គេ។ ពេលគម្ពីរបើកចំហ ប្រជាជនទាំងមូលក៏ក្រោកឈរឡើង។ លោកអែសរ៉ាលើកតម្កើងព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ហើយប្រជាជនទាំងមូលឆ្លើយ​តបវិញទាំងលើដៃឡើងលើថា «អាម៉ែន! អាម៉ែន!» រួចក្រាបថ្វាយបង្គំព្រះអម្ចាស់​ឱនមុខដល់ដី។ លោកអែសរ៉ា​អានគម្ពីរវិន័យរបស់ព្រះជាម្ចាស់ រួចបកស្រាយអត្ថន័យ​ឱ្យប្រជាជនយល់។ លោកទេសាភិបាលនេហេមី លោកបូជាចារ្យអែសរ៉ា ជាធម្មាចារ្យ និងក្រុមលេវីដែលមាននាទីបកស្រាយវិន័យ ពោលទៅកាន់ប្រជាជនទាំងមូលថា៖ «ថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺមិនមែនជាពេល​ដែលត្រូវកាន់ទុក្ខ​​ ឬសោកសង្រេងឡើយ!»។ លោកអែសរ៉ាមានប្រសាសន៍ទៀតថា៖​ «ចូរនាំគ្នាត្រឡប់ទៅពិសាសាច់ និងស្រាដ៏ឆ្ងាញ់ៗ ហើយយកមួយចំនែកឱ្យអស់អ្នកដែលមិនទាន់រៀបចំបរិភោគនោះផង ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃ​យើង មិនត្រូវកើតទុក្ខព្រួយឡើយ! ព្រោះអំណរដែលមកពីព្រះអម្ចាស់ជាកម្លាំងរបស់អ្នករាល់គ្នា»។ ក្រុមលេវីក៏លួងលោមប្រជាជន ដោយពោលថា៖ «សូមបងប្អូនឈប់យំទៅ ដ្បិតថ្ងៃនេះ ជាថ្ងៃដ៏វិសុទ្ធ គឺមិនត្រូវកើតទុក្ខឡើយ!»។ ប្រជាជនទាំងអស់នាំគ្នា​ចេញទៅបរិភោគអាហារ និងស្រា ហើយយកមួយចំណែកឱ្យអស់អ្នកដែលគ្មាន។ ពួក​គេសប្បាយរីករាយយ៉ាងខ្លាំង ​​ព្រោះតែបានយល់ព្រះបន្ទូលដែលគេបកស្រាយឱ្យស្ដាប់។

ទំនុកតម្កើងលេខ ១៩ (១៨) ,៨-១១ បទកាកគតិ

ព្រះធម្មវិន័យល្អល្អះប្រពៃប្រសើរថ្កើងថ្កាន
ផ្ដល់កម្លាំងចិត្តឥតមានស្រាកស្រាន្ដអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្ដា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោតវិសេសយល់យង់
ស្ថិតស្ថេរចិរកាលតទៅគង់វង្សការវិនិឆ្ឆ័យទ្រង់
ក៏ត្រង់ត្រឹមត្រូវ
១១គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចែត្រខែក្ដៅហូរជោរចេញទៅ
ចាកពីបង្គង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-១២

​​ក្នុងចំនោមសាវ័កទាំងប៉ុន្មាន ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីរនាក់ទៀត ហើយព្រះអង្គចាត់គេពីរនាក់ៗឱ្យទៅតាមភូមិតាមស្រុកនានា ដែលព្រះអង្គបម្រុង​នឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «​ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែ​របស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូន​ចៀមទៅកណ្ដាល​​ហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំ​ជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូង​ត្រូវពោលថា៖ «សូមឱ្យអ្នកក្នុងផ្ទះនេះបានប្រកបដោយសេចក្ដីសុខសាន្ដ»។​ បើ​នៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដនឹងសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នក​ណាចូលចិត្តសេចក្ដីសុខសាន្ដទេ សេចក្ដី​សុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូប​អាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធើ្វការតែងតែទទួលឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយ​មានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោស​អ្នកជំងឺក្នុងភូមិនោះឱ្យបាន​ជា ហើយប្រាប់អ្នកភូមិថា៖ «ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតដល់អ្នករាល់គ្នាហើយ»។ ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ​ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសនៅតាមទីផ្សារថា៖ ​«សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ​ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតបង្កើយហើយ»។ ខ្ញុំសុំប្រាប់អ្នក​រាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាង​អ្នកភូមិនោះ»។

652 Views

Theme: Overlay by Kaira