ថ្ងៃអង្គារ អាទិត្យទី២៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥
លោកយេរ៉ូម (៣៤០-៤២០) ជាជាតិដាម៉ាស់ម្នាក់ (ប្រទេសអាស៊ីសព្វថ្ងៃ) ដែលទៅរៀនសូត្រ នៅក្នុងក្រុងរ៉ូម។ នៅទីនេះលោកចាប់ចិត្តស្រឡាញ់ការសិក្សា។ បន្ទាប់មក លោកចូលបួសជាឥសីនៅវាលរហោស្ថានស្រុកស៊ីរ៉ី រួចលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍អន់ទីយ៉ូក ហើយត្រឡប់មកក្រុងរ៉ូម ធ្វើជាស្មៀនសម្តេចប៉ាបដាមាស់ ហើយលោកបកប្រែព្រះគម្ពីរជាភាសាឡាតាំង។ កាលលោកអាយុហាសិបឆ្នាំហើយ លោករស់នៅក្នុងអារាមនៅបេតលេអែម ទាំងនិពន្ធសេចក្តីអត្ថាធិប្បាយព្រះគម្ពីរផង។ លោកតែងពោលថា៖ “អ្នកដែលមិនស្គាល់ព្រះគម្ពីរ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ”។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ៨,២០-២៣
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ជាតិសាសន៍នានា ព្រមទាំងប្រជាជនពីទីក្រុងជាច្រើននឹងនាំគ្នាមកក្រុងយេរូសាឡឹម។ អ្នកក្រុងមួយនឹងធើ្វដំណើរទៅប្រាប់អ្នកក្រុងមួយទៀតថា៖ «មក៍! យើងនាំគ្នាទៅទូលអង្វរព្រះអម្ចាស់ យើងនាំគ្នាទៅរកព្រះអម្ចាស់នៃពិភពទាំងមូល!» ម្នាក់ទៀតតបថា៖ «ខ្ញុំក៏ទៅជាមួយដែរ!»។ ជាតិសាសន៍ជាច្រើន និងប្រជាជាតិមហាអំណាចនឹងនាំគ្នាមករកព្រះអម្ចាស់នៃពិភពទាំងមូលនៅក្រុងយេរូសាឡឹមដើម្បីទូលអង្វរព្រះអង្គ»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ដែលនិយាយភាសាផ្សេងៗពីគ្នានឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា ពួកយើងនឹងទៅជាមួយពួកអ្នកដែរ ព្រោះពួកយើងឮថា ព្រះជាម្ចាស់គង់ជាមួយពួកអ្នក»។
ទំនុកតម្កើងលេខ ៨៧ (៨៦) ,១-៧ បទកាកគតិ
| ១ | ព្រះម្ចាស់សង់ក្រុង | ឧត្តមឧត្តុង | ល្អល្អះប៉ប្រិម |
| លើភ្នំវិសុទ្ធ | គ្មានអ្វីប្រៀបផ្ទឹម | យេរូសាឡឹម |
| | ជាក្រុងថ្លៃថ្លា | ។ |
| ២ | ព្រះអង្គស្រឡាញ់ | ស៊ីយ៉ូនពោរពេញ | ជាក្រុងអស្ចារ្យ |
| វិសេសវិសាល | លើសក្រុងនានា | លើទឹកដីជា |
| | របស់យ៉ាកុប | ។ |
| ៣ | ឱក្រុងរបស់ | ព្រះជាអម្ចាស់ | គេនឹងរៀបរាប់ |
| តម្កើងសិរី | រុងរឿងគួរគាប់ | របស់អ្នកជាប់ |
| | ដោយពោលថ្លាថ្លែង | ។ |
| ៤ | ក្នុងចំណោមអ្នក | អេស៊ីបស្គាល់ជាក់ | បាប៊ីឡូននេះឯង |
| អ្នកខ្លះកើតនៅ | ទីរ៉ូសធំខែង | ភីលីស្ទីនស្ដែង |
| | អេត្យូពីដែរ | ។ |
| ៥ | ចំពោះបុរី | ស៊ីយ៉ូនស្រស់ខ្ចី | មិនរួញរាទេ |
| យើងទាំងអស់គ្នា | សុទ្ធកើតពីគេ | ព្រះម្ចាស់ជួយថែ |
| | ឱ្យក្រុងរឹងមាំ | ។ |
| ៦ | ពេលនោះព្រះម្ចាស់ | កត់ឈ្មោះទាំងអស់ | ក្នុងបញ្ជីធំ |
| ប្រជាទាំងនេះ | សុទ្ធកើតនៅក្នុង | ស៊ីយ៉ូនជាក្រុង |
| | ដែលផ្ដល់កំណើត | ។ |
| ៧ | ពេលនោះមនុស្ស | គេលោតឡកគោះ | ច្រៀងរាំរហូត |
| ថាគេជាកូន | ដែលគេបានកើត | មានដើមកំណើត |
| | ពីក្រុងស៊ីយ៉ូន | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥១-៥៦
លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងលាចាកលោកនេះទៅ ព្រះអង្គសម្រេចព្រះហប្ញទ័យយាងទៅក្រុងយេរូសាឡឹម។ ព្រះអង្គចាត់អ្នកខ្លះឱ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ ប៉ុន្ដែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឱ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ សាវ័កយ៉ាកុប និងយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំហៅរន្ទះភ្លើងមកកម្ទេចអ្នកទាំងនេះឬ?» ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក។
584 Views
Post Views:
591