ថ្ងៃចន្ទ អាទិត្យទី២៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ៨,១-៨
ព្រះអង្គម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង! យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូសាឡឹម។ ពេលនោះ គេនឹងហៅយេរូសាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏វិសុទ្ធ”។ មនុស្សចាស់ជរាទាំងប្រុស ទាំងស្រីនឹងអង្គុយនៅតាមទីធ្លាក្រុងយេរូសាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ នៅតាមទីធ្លាក្រុងក៏នឹងមានក្មេងប្រុសស្រីរត់លេងពាសពេញដែរ។ ប្រជាជនដែលនៅសេសសល់ពីស្លាប់យល់ឃើញថា ហេតុការណ៍នេះ ដូចជាអស្ចារ្យពេក ក៏ប៉ុន្ដែ យើងយល់ឃើញថា មិនមែនជាការអស្ចារ្យពេកទេ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល៖ «យើងនឹងសង្គ្រោះប្រជារាស្រ្ដរបស់យើងដែលនៅស្រុកខាងកើត និងស្រុកខាងលិច។ យើងនឹងនាំពួកគេមករស់នៅក្នុងក្រុងយេរូសាឡឹមវិញ។ ពួកគេនឹងទៅជាប្រជារាស្រ្ដរបស់យើង ហើយយើងទៅជាព្រះរបស់ពួកគេប្រកបដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិត » ។
ទំនុកតម្កើងលេខ ១០២ (១០១) ,១៦-២១,២៩,២២-២៣ បទព្រហ្មគីតិ
| ១៦ | សូមឱ្យជនគ្រប់សាសន៍ | កោតខ្លាចព្រះកុំមានភ្លច | |
| សូមឱ្យអស់ទាំងស្ដេច | ចាំជានិច្ចកោតខ្លាចទ្រង់ | ។ |
| ១៧ | នៅពេលព្រះអម្ចាស់ | សាងស្រឡះស៊ីយ៉ូនក្រុង | |
| ទ្រង់ស្ដែងសិរីរុង | ដ៏ត្រចង់ឱ្យគេយល់ | ។ |
| ១៨ | ពេលនោះទ្រង់នឹងបែរ | ព្រះភក្រ្តរេទតមកដល់ | |
| មនុស្សលែងខ្វាយខ្វល់ | ទ្រង់ទទួលពាក្យយើងហើយ | ។ |
| ១៩ | សូមកត់ក្ដីនេះចុះ | ទុកឱ្យមនុស្សជំនាន់ក្រោយ | |
| ប្រជារាស្រ្ដកើតហើយ | កុំកន្ដើយថ្កើងព្រះអង្គ | ។ |
| ២០ | ព្រះអម្ចាស់ទតពី | សក្ការៈទីដ៏ត្រចង់ | |
| ស្ថានសួគ៌សុខឥតហ្មង | មិនរំលងសព្វផែនដី | ។ |
| ២១ | ដើម្បីស្ដាប់សម្រែក | ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ | |
| អ្នកដែលត្រូវក្សិណក្ស័យ | គេកាត់ក្ដីមិនសុចរិត | ។ |
| ២២ | គេនឹងប្រកាសប្រាប់ | ព្រះនាមគាប់ម្ចាស់វរមិត្ត | |
| នៅក្រុងស៊ីយ៉ូនពិត | តម្កើងប្ញទិ្ធនៅសាឡឹម | ។ |
| ២៣ | គឺពេលដែលប្រជា | ជាតិនានាមកជួបជុំ | |
| ដើម្បីគោរពសុំ | បម្រើអម្ចាស់ជាព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៤៦-៥០
ក្រុមសាវ័កជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ព្រះអង្គក៏យកក្មេងម្នាក់មកឱ្យឈរក្បែរ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។ លោកយ៉ូហានជាសាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំឃើញបុរសម្នាក់ដេញខ្មោចក្នុងនាមព្រះគ្រូ។ យើងខ្ញុំឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ!»។
528 Views
Post Views:
532