ថ្ងៃសុក្រ អាទិត្យទី២៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥
តាមគ្រីស្តបរិស័ទបានតំណាលតៗគ្នារៀងមកថា លោកទាំងពីរជាគ្រូពេទ្យ ព្យាបាលអ្នកជំងឺដោយមិនសូមប្រាក់អ្វីឡើយ។ អាជ្ញាធរប្រហារជីវិតលោកទាំងពីរប្រហែលនៅឆ្នាំ ៣០០ នៅស្រុកស៊ីរី។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីហាកាយ ហក ១,១៥–២,៩
នៅថ្ងៃទីមួយ ក្នុងខែទីប្រាំពីរនៃឆ្នាំទីពីរ ក្នុងរជ្ជកាលព្រះបាទដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីហាកាយដូចតទៅនេះ៖ “ចូរប្រាប់សូរ៉ូបាបិលជាទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយ៉ូស៊ូអា ព្រមទាំងប្រជាជនដែលនៅសេសសល់ថា ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿងកាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី មានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះមិនល្អទាល់តែសោះ! ឥឡូវនេះ សូរ៉ូបាបិលអើយ! ចូរមានចិត្តក្លាហានឡើង!។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។” មហាបូជាចារ្យយ៉ូស៊ូអាជាកូនរបស់លោកយេហូសាដាកអើយ! ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ! ចូរមានចិត្តក្លាហានឡើង! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ចូរនាំគ្នាធើ្វការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយអ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប។ ដូច្នេះ កុំខ្លាចអ្វីឡើយ!។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «បន្ដិចទៀត យើងនឹងធើ្វឱ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ និងដីគោកកក្រើក។ យើងនឹងធើ្វឱ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិទាំងអស់នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធើ្វឱ្យដំណាក់នេះបានថ្កុំថ្កើងរុងរឿង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ សិរីរុងរឿងរបស់ដំណាក់ថ្មីនេះ នឹងថ្កុំថ្កើងជាងសិរីរុងរឿងរបស់ដំណាក់កាលពីជំនាន់មុនទៅទៀត។ នៅកន្លែងនេះ យើងនឹងផ្ដល់ឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល”។
ទំនុកតម្កើងលេខ ៤៣ (៤២) ,១-៤ បទពាក្យ ៧
| ១ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមកុំកន្ដើយរកយុតិ្តធម៌ | |
| សូមជួយកាន់ក្ដីទល់តបត | ពួកមនុស្សមិនល្អមនុស្សទុច្ចរិត | ។ |
| ២ | បពិត្រព្រះជាអម្ចាស់អើយ | ព្រះអង្គនេះហើយជួយជីវិត | |
| ទ្រង់ជាកំពែងបាំងជុំជិត | សូមទ្រង់អាណិតកុំបោះបង់ | ។ |
| ៣ | សូមផ្ដល់ពន្លឺ និងក្ដីពិត | ឱ្យនៅស្ថេរស្ថិតហើយតម្រង់ | |
| ទៅភ្នំវិសុទ្ធដ៏ផូរផង់ | ដំណាក់ព្រះអង្គសមសព្វគ្រប់ | ។ |
| ៤ | ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ | ព្រះអង្គឥតអាក់ជាប្រភព | |
| នៃក្ដីអំណរដ៏លើសលប់ | តម្កើងមិនឈល់ដោយតន្ដ្រី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១០,៤៥
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះ ដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,១៨-២២
ថ្ងៃមួយ ព្រះយេស៊ូអធិដ្ឋានដាច់ឡែកពីបណ្ដាជន ក្រុមសាវ័កក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។ ក្រុមសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ ដែលព្រះជាម្ចាស់ចាត់ឱ្យមក»។ ព្រះយេស៊ូក៏ហាមប្រាមគេមិនឱ្យនិយាយប្រាប់នរណាជាដាច់ខាត់។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកធម្មាចារ្យនឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
589 Views
Post Views:
600