ថ្ងៃសុក្រ អាទិត្យទី២៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ១,១-២.១២-១៤
ខ្ញុំប៉ូល ជាទូតរបស់ព្រះគ្រីស្ដយេស៊ូ! តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើង និងតាមបញ្ជារបស់ព្រះគ្រីស្ដយេស៊ូ ជាទីសង្ឃឹមនៃយើង មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្ដយេស៊ូជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោស មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន។ ខ្ញុំសូមអរព្រះគុណព្រះគ្រីស្ដយេស៊ូជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ! ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សគួរឱ្យទុកចិត្ត ហើយតែងតាំងខ្ញុំឱ្យបម្រើព្រះអង្គ។ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ ធើ្វទុក្ខបុកម្នេញ និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត។ ប៉ុន្ដែ ព្រះអម្ចាស់នៃយើងប្រណីសន្ដោសខ្ញុំច្រើនពន់ប្រមាណ ទ្រង់ប្រោសប្រទានឱ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ។
ទំនុកតម្កើងលេខ ១៦ (១៥) ,១-២.៥.៧-៨-១១ បទពាក្យ ៧
| ១ | ឧិព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ដ | |
| ដ្បិតទូលបង្គំសូមផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ |
| ២ | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
| ក្រៅពីព្រះអង្គឥតមានអ្វី | ផ្ដល់មង្គលជ័យគ្រាអាសន្ន | ។ |
| ៥ | បពិត្រព្រះអង្គម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
| មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្ដល់អ្វីទាំងឡាយតាមប្រាថ្នា | ។ |
| ៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
| ទ្រង់ផ្ដល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ |
| ៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
| ខាងស្ដាំរូបខ្ញុំឥតប្រូលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ |
| ១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
| ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ |
| ដោយព្រះអង្គគង់នៅខាងស្ដាំ | ជាប់ជាប្រចាំមិនជិនណាយ | |
| ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៧,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត។ សូមប្រោសយើងខ្ញុំឱ្យបានបរិសុទ្ធដោយសារសេចក្ដីពិតនោះផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៣៩-៤២
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់ក្រុមសាវ័កថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធើ្វដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា ទុកឱ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
844 Views
Post Views:
858