ថ្ងៃពុធ អាទិត្យទី២២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
លោកហ្គ្រេហ្គ័រ (៥៤០-៦០៤) ជាអភិបាលក្រុងរ៉ូម។ លោកសូមលាមុខតំណែងទៅបួសក្នុងអារាមដែលលោកបានតែងតាំង។ តែសម្តេចប៉ាបសូមឱ្យលោកធ្វើទូតទៅក្រុងកុងស្ដាំងទីណូប្ល។ ក្រុមបូជាចារ្យបោះឆ្នោតជ្រើសរើសលោកធ្វើជាសម្តេចប៉ាបនៅឆ្នាំ ៥៩០។ លោកបម្រើព្រះសហគមន៍អស់ពីសម្ថភាព គឺលោកចាត់សាសនទូតទៅប្រទេសអង់គ្លេស ចាត់ចែងក្បួនពិធីបុណ្យនៅក្រុងរ៉ូមឱ្យមានបទចម្រៀងពិរោះ។ លោកនិពន្ធសៀវភៅជាច្រើនក្នុងគោលបំណងបកស្រាយគម្ពីរ ទាំងនឹកសញ្ចឹងគិតពីអត្ថន័យផង។ លោកបៀនប្រដៅគ្រីស្តបរិស័ទទាំងអស់ឱ្យរស់តាមដំបូន្មានរបស់ព្រះយេស៊ូ ព្រមទាំងដាស់តឿនអ្នកណែនាំព្រះសហគមន៍ឱ្យយកចិត្តទុកដាក់នឹងមនុស្សដែលព្រះជាម្ចាស់បានផ្ញើឱ្យគេនោះ។
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,១-៨
ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំងជាទូតរបស់ព្រះយេស៊ូគ្រីស្ដ និងលោកធីម៉ូថេ។ សូមជម្រាបមកប្រជារាស្រ្ដដ៏វិសុទ្ធ និងបងប្អូនដែលជឿលើព្រះគ្រីស្ដនៅក្រុងកូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើងប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន។ យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង គ្រប់ពេលដែលយើងអធិដ្ឋានឱ្យបងប្អូន ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះយេស៊ូគ្រីស្ដ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះជនដ៏វិសុទ្ធទាំងអស់ ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ឱ្យបានសព្វគ្រប់មក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។ បងប្អូនបានទទួលការអប់រំនេះពីសំណាក់លោកអេប៉ាប្រាស ជាសហការីដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ដសម្រាប់បងប្អូន។ គាត់បានប្រាប់ឱ្យយើងដឹងច្បាស់អំពីសេចក្ដីស្រឡាញ់ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។
ទំនុកតម្កើងលេខ ៥២ (៥១) ,១០-១១ បទកាកគតិ
| ១០ | រីឯខ្ញុំវិញ | ចិត្តខ្ញុំពោរពេញ | គ្មានគេចកែប្រែ |
| នៅក្នុងដំណាក់ | ព្រះម្ចាស់ឥតបែរ | រៀងរាល់ថ្ងៃខែ |
| | នៅក្បែរព្រះអង្គ | ។ |
| ដូចដើមខៀវខ្ចី | អូលីវស្រស់ថ្មី | ល្អល្អះផូរផង់ |
| ដោយពឹងផ្អែកលើ | បារមីព្រះអង្គ | ត្រចះត្រចង់ |
| | រៀងទៅឥតភ្លេច | ។ |
| ១១ | ទូលបង្គំនឹង | សរសើរតម្កើង | ព្រះអង្គជានិច្ច |
| ចំពោះគ្រប់កិច្ច | ការទ្រង់ប្រព្រឹត្ត | ខ្ញុំសូមទុកចិត្ត |
| | ព្រះនាមព្រះអង្គ | ។ |
| នៅមុខអស់អ្នក | គោរពស្មោះស្ម័គ្រ | ប្រណិប័តន៍ទ្រង់ |
| ព្រោះព្រះហប្ញទ័យ | សប្បុរសទៀងត្រង់ | យើងខ្ញុំផ្ចិតផ្ចង់ |
| | តាមទ្រង់ទៅអើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៤,១៨-១៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានចាត់ខ្ញុំឱ្យមកនាំដំណឹងល្អទៅប្រាប់ប្រជាជនក្រីក្រ ឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,៣៨-៤៤
ព្រះយេស៊ូយាងចេញពីធម្មសាលាទៅផ្ទះលោកស៊ីម៉ូន។ ពេលនោះ ម្ដាយក្មេកលោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង។ គេទូលព្រះអង្គមេត្តាប្រោសគាត់ឱ្យបានជា។ ព្រះយេស៊ូឧិនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ។ រំពេចនោះ គាត់ក្រោកឡើង ហើយបម្រើភ្ញៀវ។ នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឱ្យជាសះស្បើយគ្រប់ៗគ្នា។ មានខ្មោចចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្ដែ ព្រះយេស៊ូគំរាមខ្មោចទាំងនោះមិនឱ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ដ។ ព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឱ្យនៅជាមួយ មិនចង់ឱ្យយាងចាកចោលគេឡើយ ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឱ្យមកបំពេញការនេះឯង»។ បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អតាមធម្មសាលានានានៅក្នុងស្រុកកាលីឡេ។
800 Views
Post Views:
817