ថ្ងៃចន្ទ អាទិត្យទី២០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរវីរបុរស វរ ២,១១-១៩
ក្រោយពេលលោកយ៉ូស៊ូអាទទួលមរណភាពមក ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺនាំគ្នាគោរពបម្រើព្រះបាល។ ពួកគេបោះបង់ចោលព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាមូលហេតុបណ្តាលឱ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ពួកគេបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្តារ៉ូតវិញ។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយប្រគល់ពួកគេឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ។ ព្រះអង្គប្រគល់ពួកគេឱ្យខ្មាំងសត្រូវនៅជុំវិញយកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវបានឡើយ។ រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឱ្យគេបរាជ័យជានិច្ច ដូចទ្រង់មានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។ គ្រានោះ ព្រះអម្ចាស់ធ្វើឱ្យមានវីរបុរសងើបឡើងរំដោះពួកគេឱ្យរួចពីកណ្តាប់ដៃចោរព្រៃ។ ប៉ុន្តែ ពួកគេមិនស្តាប់បង្គាប់អស់លោកវីរបុរសដែលជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ បែរទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ដូចពួកបុព្វបុរសទេ។ ពេលព្រះអម្ចាស់តែងតាំងវីរបុរសណាម្នាក់ឡើង ព្រះអង្គគង់ជាមួយវីរបុរសនោះ ហើយសង្គ្រោះពួកគេឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវក្នុងមួយជីវិតរបស់លោក ដ្បិតព្រះអម្ចាស់អាណិតមេត្តាពួកគេ នៅពេលទ្រង់ឮពួកគេស្រែកថ្ងូរដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។ លុះវីរបុរសនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសពីដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំលះបង់អំពើអាក្រក់ និងចរិតចចេសរឹងរូសរបស់ខ្លួនឡើយ។
ទំនុកតម្កើងលេខ ១០៦(១០៥),២.៤.៦.៣៥-៣៧.៣៩-៤០.៤៣-៤៤ បទពាក្យ ៧
| ២ | តើអ្នកណាអាចរាប់ពីស្នា | ព្រះហស្តអស្ចារ្យច្រើនបំផុត | |
| តើនរណាអាចថ្កើងបានរហូត | សរសើរឱ្យសព្វទាំងអស់បាន | ។ |
| ៤ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ | |
| សូមនឹកដល់ទូលបង្គំផង | កុំបោះកុំបង់ខ្ញុំកំព្រា | ។ |
| ៦ | យើងខ្ញុំបានធ្វើអំពើបាប | អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ | |
| ដូចបុព្វបុរសកន្លងទៅ | ធ្វើរឿងអាស្រូវមិនទំនង | ។ |
| ៣៥ | ពួកគេបែរទៅជាប់ព័ន្ធពាក់ | ជាមួយពួកអ្នកសាសន៍នានា | |
| ហើយគេបានរៀនតៗគ្នា | ប្រព្រឹត្តពាលាតាមសាសន៍ផ្សេង | ។ |
| ៣៦ | គេថ្វាយបង្គំព្រះក្លែងក្លាយ | រៀងរាល់តែថ្ងៃគ្មានកោតក្រែង | |
| ថ្ងៃក្រោយគេនឹងសោកសង្រេង | ដោយសារខ្លួនឯងនាំវិនាស | ។ |
| ៣៧ | គេយកបុត្រភ្ងារទាំងស្រីប្រុស | ធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស | |
| ទៅថ្វាយអារក្សដោយផ្តេសផ្តាស | ថ្វាយទៅដល់ព្រះមិនដឹងអី | ។ |
| ៣៩ | អំពើដែលពួកគេប្រព្រឹត្ត | ធ្វើឱ្យដក់ដិតរៀងរហូត | |
| គេបានក្បត់ព្រះតែមួយគត់ | ព្រោះគេមានពុតមិនព្រមកែ | ។ |
| ៤០ | ពេលនោះព្រះអម្ចាស់មិនទ្រាំ | នឹងប្រជាជនទ្រង់ទៀតទេ | |
| ទ្រង់ព្រះពិរោធនឹងពួកគេ | ដែលជាប្រជាផ្ទាល់ព្រះអង្គ | ។ |
| ៤៣ | ទ្រង់សង្គ្រោះគេច្រើនលើកគ្រា | គេនៅនាំគ្នាចង់ប៉ុនប៉ង | |
| បះបោរប្រឆាំងនឹងព្រះអង្គ | បាបច្រើនកន្លងមិនព្រមឈប់ | ។ |
| ៤៤ | ពេលព្រះអង្គឮពួកគេស្រែក | ថ្ងូរថ្ងួចអនេកទាំងថ្ងៃយប់ | |
| ព្រះអង្គក៏មានព្រះទ័យស្ងប់ | លែងខឹងលែងស្អប់ថែមអាណិត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,១៦-២២
ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះយេស៊ូហើយទូលថា៖ «លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្តអំពើល្អសប្បុរសអ្វីខ្លះដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្តេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អសប្បុរសដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ»។ គាត់ទូលសួរព្រះអង្គថា៖ «វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អគ្រប់លក្ខណៈ ចូរយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នកទៅលក់ ហើយចែកប្រាក់ឱ្យជនក្រីក្រទៅ។ ធ្វើដូច្នេះ ទើបអ្នកបានកំណប់ដ៏ថ្លៃប្រសើរនៅស្ថានបរមសុខ រួចសឹមអញ្ជើញមកតាមខ្ញុំ!»។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។
761 Views
Post Views:
769