ថ្ងៃចន្ទ រដូវធម្មតា
អាទិត្យទី១៧ ឆ្នាំ«ខ»
ពណ៌ស
ថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២៧
បុណ្យរម្លឹកចាំបាច់
សន្តីហាណ្ណា និងសន្តយ៉ូហាគីម
ជាមាតាបិតារបស់ព្រះនាងម៉ារី
សូមចុចទីនេះ
គ្មាននណារម្នាក់ដឹងច្បាស់ថា ឪពុកម្តាយរបស់នាងម៉ារីជានរណាទេ សូម្បីតែឈ្មោះក៏គ្មាននរណាដឹងដែរ តែគ្រីស្តបរិស័ទពីដើមតែងតែតំណាលរឿងដ៏សែនពិរោះអំពីនាងម៉ារី កាលនៅកុមារនៅឡើយ។ ទោះបីរឿងទាំងនេះគ្មានសារៈសំខាន់ក្នុងជំនឿរបស់គ្រីស្តបរិស័ទក៏ដោយ ក៏យើងអាចគោរពឪពុកម្តាយនាងម៉ារីដែលបានអប់រំកូនស្រីរបស់ខ្លួនតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣២,១៥-២៤.៣០-៣៤
លោកម៉ូសេចុះពីលើភ្នំស៊ីណៃមកវិញទាំងកាន់បន្ទះថ្មទាំងពីរ ជាសន្ធិសញ្ញាដែលមានចារអក្សរទាំងសងខាង។ បន្ទះថ្មនេះជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់បានចារដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។ ពេលលោកយ៉ូស៊ូអាឮសំឡេងប្រជាជនហ៊ោកញ្ជ្រៀវ លោកមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «មានឮសំឡេងប្រយុទ្ធគ្នានៅក្នុងជំរំ»។ លោកម៉ូសេឆ្លើយថា៖ «ទេ! នេះមិនមែនជាសម្រែកជ័យជម្នះ ឬសម្រែកបរាជ័យឡើយ! តែខ្ញុំឮសូរសំឡេងចម្រៀង។ លុះមកដល់ជិតជំរំ លោកម៉ូសេឃើញរូបកូនគោ និងឃើញប្រជាជនកំពុងតែលោតរាំលេង លោក្រេវក្រោធយ៉ាងខ្លាំង លោកក៏បោកបន្ទះថ្មដែលលោកកាន់ឱ្យបែកនៅជើងភ្នំទៅ។ លោកយករូបកូនគោដែលពួកគេបានធ្វើទៅដុត រួចលោកកម្ទេចឱ្យម៉ត់ដូចម្សៅ ហើយយកម្សៅនោះទៅដាក់ក្នុងទឹកឱ្យជនជាតិអ៊ីស្រាអែលផឹក។ បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអរ៉ុនថា៖ «តើប្រជាជននេះបានធ្វើអ្វីដល់បង បានជាបងបណ្តោយឱ្យគេប្រព្រឹត្តបាបយ៉ាងធ្ងន់បែបនេះ?»។ លោកអរ៉ុនតបថា៖ «សូមលោកម្ចាស់កុំខឹងអី លោកក៏ជ្រាបហើយថា ប្រជាជនចូលចិត្តតែប្រព្រឹត្តអំពើអាក្រក់។ ពួកគេនាំគ្នាមកប្រាប់ខ្ញុំថា “សូមលោកធ្វើរូបព្រះសម្រាប់ដឹកនាំពួកយើងផង ដ្បិតពួកយើងពុំដឹងថា មានរឿងអ្វីកើតឡើងចំពោះលោកម៉ូសេ ដែលបាននាំពួកយើងចេញពីស្រុកអេស៊ីបមកនោះឡើយ”។ ខ្ញុំបានប្រាប់ពួកគេថា “អ្នកណាមានមាស សុំយកមកឱ្យខ្ញុំ”។ ពួកគេយកមាសមកឱ្យខ្ញុំ ខ្ញុំក៏បោះមាសទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះ»។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះអម្ចាស់ម្តងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះអង្គលើកលែងទោសឱ្យអ្នករាល់គ្នាបានរួចពីបាប»។ លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេបានយកមាសសិតធ្វើរូបព្រះសម្រាប់ថ្វាយបង្គំ។ សូមព្រះអង្គមេត្តាលើកលែងទោសពួកគេឱ្យរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាប ប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវទូតរបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃដែលវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
ទំនុកតម្កើងលេខ ១០៦ (១០៥),១៩-២៣ បទពាក្យ ៧
| ១៩ | លើភ្នំហូរ៉ែបគេជួបជុំ | យកមាសទាំងដុំនាំគ្នាជួយ | |
| ឆ្លាក់ដាប់ដុតដំបានគោមួយ | គេលែងភ័យព្រួយទុកជាព្រះ | ។ |
| ២០ | ពួកគេបែរជាយករូបសត្វ | មកទុកថ្វាយថ្វាត់ក្រាបសំពះ | |
| ជាសត្វស៊ីស្មៅដើរពេញពាស | ទុកដូចជាព្រះគួរគោរព | ។ |
| ២១ | ពួកគេភ្លេចថាព្រះតែមួយ | ជាព្រះដែលជួយទាំងថ្ងៃយប់ | |
| ដោយស្នាព្រះហស្តដ៏ចំណាប់ | គួរឱ្យស្ញែងស្ញប់ឯសមុទ្រ | ។ |
| ២២ | ការអស្ចារ្យទៀតដែលមាននៅ | ក្នុងស្រុកកូនចៅលោកហាំស្រាប់ | |
| និងស្នាព្រះហស្តដ៏ចំណាប់ | គួរឱ្យស្ញែងស្ញប់ឯសមុទ្រ | ។ |
| ២៣ | ព្រះអង្គសម្រេចព្រះហឫទ័យ | កម្ទេចប្រល័យគេឱ្យផុត | |
| តែលោកម៉ូសេដ៏វិសុទ្ធ | ចេញមកក្រាបលុតអង្វរសុំ | ។ |
| គាត់ឃាត់ព្រះអង្គមិនឱ្យលប់ | តាមព្រះពិរោធដោយគំនុំ | |
| មិនឱ្យព្រះអង្គគិតគួនគុំ | ពួកគេនឹងយំដោយទ្រង់ខ្ញាល់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,១៨
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់ ព្រះអង្គប្រទានជីវិតឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំមុនសត្វលោកទាំងឡាយដែលព្រះអង្គបង្កើតមក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៣១-៣៤
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបីដូចជាមេនំប័ុងដែលស្រ្តីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឱ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្តីទាំងនេះទៅកាន់មហាជន សុទ្ធតែជាពាក្យប្រស្នាទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេ ដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឱ្យស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីថា “យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្តីលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមកឱ្យគេដឹង”។
745 Views
Post Views:
753