ថ្ងៃសៅរ៍ អាទិត្យទី១៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី២៦ ខែកក្ដដា ឆ្នាំ២០២៥
គ្មាននណារម្នាក់ដឹងច្បាស់ថា ឪពុកម្តាយរបស់នាងម៉ារីជានរណាទេ សូម្បីតែឈ្មោះក៏គ្មាននរណាដឹងដែរ តែគ្រីស្តបរិស័ទពីដើមតែងតែតំណាលរឿងដ៏សែនពិរោះអំពីនាងម៉ារី កាលនៅកុមារនៅឡើយ។ ទោះបីរឿងទាំងនេះគ្មានសារៈសំខាន់ក្នុងជំនឿរបស់គ្រីស្តបរិស័ទក៏ដោយ ក៏យើងអាចគោរពឪពុកម្តាយនាងម៉ារីដែលបានអប់រំកូនស្រីរបស់ខ្លួនតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ២៤,៣-៨
លោកម៉ូសេចុះពីលើភ្នំស៊ីណៃ ទាំងនាំព្រះបន្ទូល និងច្បាប់ទាំងប៉ុន្មានរបស់ព្រះអម្ចាស់មកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេកត់ត្រាទុកនូវព្រះ បន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់។ ស្អែកឡើង លោកក្រោកពីព្រលឹម លោកសង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរស្តូបដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ បន្ទាប់មក លោកចាត់ពួកយុវជនអ៊ីស្រាអែលឱ្យថ្វាយតង្វាយដុតទាំងមូល ហើយសម្លាប់គោបាធ្វើជាយញ្ញបូជាមេត្រីភាពថ្វាយព្រះអម្ចាស់។ លោកម៉ូសេយកឈាមពាក់កណ្តាលចាក់ទៅក្នុងផើង ហើយពាក់កណ្តាលទៀតប្រោះទៅលើអាសនៈ។ បន្ទាប់មក លោកយកគម្ពីរនៃសម្ពនមេត្រីមកអានឱ្យប្រជាជនស្តាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូល»។ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រី ដែលព្រះអម្ចាស់ចងជាមួយអ្នករាល់គ្នា ដោយមានព្រះបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
ទំនុកតម្កើងលេខ ៥០ (៤៩),១-២.៥.៧.១៤-១៥ បទព្រហ្មគីតិ
| ១ | ព្រះអម្ចាស់ជាព្រះ | ប្រសើរណាស់លើសអ្វីៗ | |
| ទ្រង់កោះហៅផែនដី | ខាងលិចក្តីដល់ខាងកើត | ។ |
| ២ | ព្រះជាម្ចាស់ចែងចាំង | ពីទីក្រុងស៊ីយ៉ូនឆើត | |
| ដែលជាក្រុងល្អស្អាត | ត្រូវតាមខ្នាតឥតមានខ្ចោះ | ។ |
| ៥ | ព្រះអង្គមានបន្ទូល | ថាប្រមូលកុំខកខាន | |
| គឺអស់អ្នកដែលបាន | ចងសម្ពន្ធជាមួយគ្នា | ។ |
| ៧ | ប្រជាជនបវរ | នាំគ្នាមកស្តាប់ពាក្យពិត | |
| អ៊ីស្រាអែលអើយកុំគិត | យើងនេះពិតព្រះអ្នកហើយ | ។ |
| ១៤ | តង្វាយផងទាំងឡាយ | ដែលអ្នកថ្វាយជាហូរហែ | |
| គឺពាក្យតម្កើងដែរ | អ្នកត្រូវតែគោរពតាម | ។ |
| ១៥ | នៅពេលមានអាសន្ន | កុំស្លោស្លន់រកយើងភ្លាម | |
| យើងនឹងមិននៅស្ងៀម | យើងមកភ្លាមរំដោះអ្នក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,២៤-៣០
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងបុរសម្នាក់ដែលបានព្រោះគ្រាប់ពូជល្អទៅក្នុងស្រែរបស់គាត់។ ពេលមនុស្សម្នាដេកលក់អស់ មារសត្រូវរបស់គាត់មកព្រោះស្រងែនៅក្នុងស្រែនោះដែរ រួចចេញបាត់ទៅ។ ពេលស្រូវដុះឡើងដាក់គ្រាប់ ស្រងែក៏ដុះឡើងដែរ។ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា៖ «លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?»។ ម្ចាស់តបវិញថា៖ «ពិតជាមានមារសត្រូវមកព្រោះហើយ!»។ ពួកអ្នកបម្រើសួរលោកទៀតថា៖ «តើលោកចង់ឱ្យយើងខ្ញុំទៅដកស្រងែនោះចេញឬ?»។ ម្ចាស់តបថា៖ «កុំអី! បើអ្នករាល់គ្នាដកក្រែងលោដោយស្រូវមកជាមួយដែរ ទុកឱ្យវាដុះជាមួយគ្នារហូតដល់ស្រូវទុំចុះ! ពេលនោះ ខ្ញុំនឹងប្រាប់ពួកអ្នកច្រូតថា ចូរប្រមូលស្រងែចងជាបាច់ យកទៅដុតចោលជាមុនសិន រួចសឹមប្រមូលស្រូវដាក់ជង្រុកឱ្យខ្ញុំ»។
752 Views
Post Views:
763