ថ្ងៃសៅរ៍ អាទិត្យទី១៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១៩ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១២,៣៧-៤២
ជនជាតិអ៊ីស្រាអែលធ្វើដំណើរពីក្រុងរ៉ាមសេស ទៅក្រុងស៊ូកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។ មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។ ពួកគេប្រើម្សៅមិនទាន់ដោរ ដែលគេយកពីស្រុកអេស៊ីបមកនោះ ដុតជានំប័ុងឥតមេ ដ្បិតជនជាតិអេស៊ីបដេញពួកគេ ចេញមកយ៉ាងតក់ក្រហល់ គ្មានពេលនឹងរៀបចំស្បៀងសម្រាប់បរិភោគតាមផ្លូវឡើយ។ ជនជាតិអ៊ីស្រាអែលស្នាក់នៅស្រុកអេស៊ីបអស់រយៈពេលបួនរយសាមសិបឆ្នាំ។ លុះផុតរយៈពេលបួនរយសាមសិប ឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់ព្រះអម្ចាស់ នាំគ្នាចាកចេញពីស្រុកអេស៊ីប។ នៅយប់នោះ ជនជាតិអ៊ីស្រាអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណព្រះអម្ចាស់ ដែលបាននាំពួកគេចាកចេញពីស្រុកអេស៊ីប។
ទំនុកតម្កើងលេខ ១៣៦ (១៣៥),១.២៣-២៤.១០-១៥ បទកាកគតិ
| ១ | សូមអរព្រះគុណ | អម្ចាស់ពេកពន់ | ដ្បិតព្រះអង្គមាន |
| ព្រះហឫទ័យ | សប្បុរសថ្កាន | ប្រសើរស្មោះស្មាន |
| | វិសាលវិសេស | ។ |
| ២៣ | ពេលគេមើលងាយ | យើងមានទុក្ខព្រួយ | ទ្រង់នឹកអាណិត |
| ដោយធម៌មេត្តា | ករុណាស្មោះពិត | ប្រសើរពិចិត្រ |
| | ស្ថិតគ្រប់សម័យ | ។ |
| ២៤ | ទ្រង់បានរំដោះ | យើងផុតពីគ្រោះ | ពីកណ្តាប់ដៃ |
| អ្នកជិះជាន់យើង | សូមធម៌ប្រពៃ | មេត្តាអាល័យ |
| | ស្ថិតនៅគ្រប់ភព | ។ |
| ១០ | ព្រះអង្គបានវាយ | សម្លាប់បំពាយ | កូនច្បងអេស៊ីប |
| ដោយធម៌មេត្តា | ករុណារំលេច | ស្ថិតនៅមិនភ្លេច |
| | អស់កល្បតិចតួច | |
| ១១ | ទ្រង់ប្រោសប្រជា- | ជនជាតិអ៊ីស្រា- | អែលឱ្យចេញរួច |
| ពីស្រុកអេស៊ីប | ធម៌មេត្តាកួច | ដែលស្ថិតលន្លោច |
| | អស់កល្បឈ្នះខ្មាំង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៧ ១.៣
អាលេលូយ៉ា! អាលេលូយ៉ា!
គួរនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គ ពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សដែលមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,១៤-២១
ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេឱ្យជាពីជំងឺទាំងអស់គ្នា តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនឱ្យនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ ដើម្បីឱ្យស្របនឹងសេចក្ដីដែលមានចែងទុក តាមរយៈព្យាការីអេសាយថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឱ្យចិត្តយើងរីករាយ។ យើងនឹងដាក់វិញ្ញាណរបស់យើងឱ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឱ្យជាតិសាសន៍ទាំងអស់ស្គាល់សេចក្ដីសុចរិត។ លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង គ្មាននរណាឮសំឡេងរបស់លោកនៅតាមទីផ្សារទេ។ លោកនឹងមិនកាច់ដើមត្រែងណាដែលទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណា ដែលហៀបនឹងរលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំសេចក្ដីសុចរិតឱ្យមានជ័យជម្នះ។ ជាតិសាសន៍ទាំងអស់នឹងនាំគ្នាសង្ឃឹមលើលោក»។
455 Views
Post Views:
466