ថ្ងៃព្រហស្បតិ៍ អាទិត្យទី១៥
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៣,១៣-២០
ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរទៅនាំប្រជារាស្ត្រយើងចេញពីស្រុកអេស៊ីបមក»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្តេច?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ។ អ្នកត្រូវប្រោប់ជនជាតិអ៊ីស្រាអែលថា ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា»។ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ៖ ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឱ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើងដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចសម្រាប់ឱ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។ ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែលប្រាប់ថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឱ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។ យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុកកាណាន ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ។ ពួកគេនឹងស្តាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឱ្យយើងខ្ញុំចេញទៅវាលរហោស្ថានចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ។ យើងដឹងថា ស្តេចស្រុកអេស៊ីបមិនអនុញ្ញាតឱ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែមកបង្ខំ ទើបស្តេចយល់ព្រម។ យើងនឹងសម្តែងបារមីប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាងនៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្តេចអនុញ្ញាតឱ្យអ្នករាល់គ្នាចេញពីស្រុកនោះ»។
ទំនុកតម្កើងលេខ ១០៥ (១០៤),១.៥.៨-៩.២៤-២៧ បទកាកគតិ
| ១ | ចូរយើងតម្កើង | លើកព្រះខ្ពស់ឡើង | ព្រមទាំងប្រកាស |
| ព្រះនាមព្រះអង្គ | ឱ្យបានឮច្បាស់ | ពីស្នាព្រះហស្ត |
| | ប្រាប់ជាតិនានា | ។ |
| ៥ | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
| នឹកដល់បាដិហារិយ៍ | កុំនៅកន្តើយ | និងការវិនិច្ឆ័យ |
| | ដែលទ្រង់សម្រេច | ។ |
| ៨ | ព្រះអង្គតែងខ្វល់ | នឹកគិតទៅដល់ | សម្ពន្ធមេត្រី |
| ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ |
| | មួយពាន់ដំណ | ។ |
| ៩ | សម្ពន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
| នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ |
| | នឹងលោកអ៊ីសាក | ។ |
| ២៤ | ព្រះម្ចាស់ប្រទាន | ប្រជាឱ្យមាន | កើនឡើងរាល់ឆ្នាំ |
| ឱ្យមានកម្លាំង | ក្លាខ្លាំងសម្បើម | សត្រូវជ្រួលជ្រើម |
| | តទល់មិនបាន | |
| ២៥ | ព្រះអង្គធ្វើឱ្យ | ពួកអេស៊ីបធ្លោយ | ផ្លាស់ប្តូរចិត្តបាន |
| ស្អប់ខ្ពើមប្រជា | រាស្ត្រទាំងប៉ុន្មាន | បោកប្រាស់បំភាន់ |
| | អ្នកបម្រើទ្រង់ | |
| ២៦ | ព្រះអង្គបង្គាប់ | ម៉ូសេប្រញាប់ | មិននៅបង្អង់ |
| អរ៉ុនជាអ្នក | ដែលទ្រង់ជ្រើសតាំង | ឱ្យចេញតម្រង់ |
| | ទ្រង់បញ្ជាទៅ | ។ |
| ២៧ | លោកទាំងពីរនាក់ | សម្តែងឥតអាក់ | សម្គាល់ត្រឹមត្រូវ |
| ឫទ្ធិបាដិហារិយ៍ | ផ្សេងៗទុកនៅ | ព្រះម្ចាស់តម្រូវ |
| | ក្នុងស្រុកអេស៊ីប | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោស មេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៨-៣០
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូតបូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
435 Views
Post Views:
443