ថ្ងៃសៅរ៍ អាទិត្យទី១៤
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១២ ខែកក្ដដា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៤៩,២៩-៣៣; ៥០,១៥-២៤
លោកយ៉ាកុបផ្តែផ្តាំកូនៗដូចតទៅ៖ «បន្តិចទៀត ពុកនឹងចូលរួមជាមួយដូនតាពុកវិញហើយ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាពុក ក្នុងគុហាដែលនៅក្នុងចម្ការរបស់លោកអេប្រូន ជាជនជាតិហែត គឺក្នុងគុហាដែលនៅក្នុងចម្ការម៉ាកពេឡា ជិតភូមិម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលលោកអប្រាហាំបានទិញពីលោកអេប្រូន ជាជនជាតិហែត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ នៅទីនោះ គេបានបញ្ចុះសពលោកអប្រាហាំ និងសពលោកស្រីសារ៉ាជាភរិយា ព្រមទាំងសពលោកអ៊ីសាក និងសពលោកស្រីរ៉េបេកាជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអានៅទីនោះដែរ។ លោកអប្រាហាំបានទិញចម្ការ និងគុហាដែលនៅក្នុងចម្ការនោះពីជនជាតិហែត»។
លោកយ៉ាកុបបានផ្តែផ្តាំកូនៗចប់សព្វគ្រប់ហើយ លោកក៏លើកជើងដាក់លើគ្រែវិញ ហើយផុតដង្ហើមទៅរួមជាមួយដូនតាលោក។ កាលបងៗរបស់លោកយ៉ូសែបឃើញឪពុករបស់គេទទួលមរណភាពហើយ គេនិយាយគ្នាថា៖ «ប្រហែលជាយ៉ូសែបស្អប់យើង ហើយសងសឹកនឹងអំពើអាក្រក់ដែលយើងបានប្រព្រឹត្តចំពោះគេហើយមើលទៅ!»។ ដូច្នេះ បងៗចាត់គេឱ្យទៅជម្រាបលោកយ៉ូសែបថា «មុននឹងឪពុកយើងទទួលមរណភាពទៅ គាត់បានផ្ដែផ្តាំថា ចូរកូនៗទៅប្រាប់យ៉ូសែបថា សូមមេត្តាអត់ទោសឱ្យបងៗចំពោះអំពើអាក្រក់ និងអំពើបាបដែលគេបានប្រព្រឹត្តចំពោះកូនផង។ បងៗបាននាំគ្នាធ្វើបាបកូនយ៉ាងខ្លាំងមែន តែឥឡូវនេះ សូមកូនមេត្តាអត់ទោសឱ្យគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលឪពុកធ្លាប់គោរពបម្រើនោះផងទៅ!»។ កាលលោកយ៉ូសែបបានឮដូច្នេះ លោកក៏ស្រក់ទឹកភ្នែក។ បងៗលោកនាំគ្នាមកជួបលោកផ្ទាល់ គេក្រាបនៅទៀបជើងលោក ហើយពោលថា៖ «យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់លោកប្អូនហើយ!»។ លោកយ៉ូសែបតបថា៖ «សូមកុំព្រួយបារម្ភអ្វី! ប្អូនមិនវិនិច្ឆ័យបងៗជំនួសព្រះជាម្ចាស់ទេ។ បងៗបានឃុបឃិតគ្នាធ្វើបាបខ្ញុំមែន តែព្រះជាម្ចាស់បានធ្វើឱ្យការអាក្រក់នេះ ប្រែទៅជាបង្កើតផលល្អវិញ ដូចយើងឃើញនៅថ្ងៃនេះស្រាប់ គឺព្រះអង្គបានសង្គ្រោះជីវិតប្រជាជនមួយដ៏ធំ។ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភអ្វី ខ្ញុំនឹងជួយទំនុកបម្រុងបងៗ និងកូនចៅបងៗ»។ លោកយ៉ូសែបលើកទឹកចិត្តបងៗដោយនិយាយជាមួយគេយ៉ាងស្និទ្ធស្នាល។ លោកយ៉ូសែប ព្រមទាំងក្រុមគ្រួសារឪពុករបស់លោក តាំងទីលំនៅក្នុងស្រុកអេស៊ីប។ លោកយ៉ូសែបរស់បានមួយរយដប់ឆ្នាំ។ លោកបានឃើញចៅទួតដែលកើតពីអេប្រាអ៊ីម ជាកូនរបស់គាត់ផង។ មិនតែប៉ុណ្ណោះសោត លោកក៏បានទទួលកូនរបស់ម៉ាគៀរ ជាកូនរបស់ម៉ាណាសេ ធ្វើជាកូនរបស់លោកផ្ទាល់ទៀត។ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងប្រទានឱ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
ទំនុកតម្កើងលេខ ១០៥ (១០៤),១-៤.៦-៧ បទកាកគតិ
| ១ | ចូរយើងតម្កើង | លើកព្រះខ្ពស់ឡើង | ព្រមទាំងប្រកាស |
| ព្រះនាមព្រះអង្គ | ឱ្យបានឮច្បាស់ | ពីស្នាព្រះហស្ត |
| | ប្រាប់ជាតិនានា | ។ |
| ២ | ចូរច្រៀងបទថ្វាយ | តម្កើងកុំណាយ | រៀងរាល់វេលា |
| រៀបរាប់អំពី | សព្វអស់កិច្ចការ | សុទ្ធតែអស្ចារ្យ |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
| ៣ | ចូរខ្ពស់មុខឡើង | ព្រោះតែព្រះយើង | ជាព្រះវិសុទ្ធ |
| អ្នកស្វែងរកទ្រង់ | ខ្ពង់ខ្ពស់បំផុត | ចូរសប្បាយចិត្ត |
| | កុំបីសៅហ្មង | ។ |
| ៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
| ស្វែងរកព្រះភក្ត្រ | របស់ព្រះអង្គ | កុំនៅរេរង់ |
| | ឈប់ឈរសោះឡើយ | ។ |
| ៦ | ពូជពង្សរបស់ | អប្រាហាំទាំងអស់ | នៅបម្រើស្រេច |
| កូនចៅយ៉ាកុប | ដ៏ល្អបណ្តាច់ | ព្រះអង្គសម្រេច |
| | ជ្រើសយកយូរហើយ | ។ |
| ៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
| កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ |
| | គ្រប់គ្រងផែនដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ៤,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូនព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ត បងប្អូនពិតជាមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,២៣-៣៣
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ។ បើសិស្សចេះបានដូចគ្រូ ហើយអ្នកបម្រើបានដូចម្ចាស់ នោះល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើគេឱ្យឈ្មោះម្ចាស់ផ្ទះថា “បេលសេប៊ូល” ទៅហើយ គេមុខជាឱ្យឈ្មោះអ្នកនៅក្នុងផ្ទះនោះរឹតតែអាក្រក់ជាងនេះទៅទៀតមិនខាន។ កុំខ្លាចពួកអ្នកទាំងនោះឡើយ ដ្បិតកាណ៍លាក់កំបាំងទាំងអស់នឹងត្រូវបើកឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹងដែរ។ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ កុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចសម្លាប់ព្រលឹងបាននោះឱ្យសោះ! គឺត្រូវខ្លាចព្រះជាម្ចាស់វិញ ព្រោះព្រះអង្គអាចធ្វើឱ្យទាំងព្រលឹង ទាំងរូបកាយធ្លាក់ទៅក្នុងភ្លើងនរកបាន។ ធម្មតាគេលក់ចាប់ពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើព្រះបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។ រីឯអ្នករាល់គ្នាវិញ សូម្បីតែសក់នៅលើក្បាលអ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបទាំងអស់ទៅទៀត។ អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំក៏នឹងទទួលស្គាល់អ្នកនោះវិញនៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខដែរ។ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមនុស្សលោក ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះភក្ត្រព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខដែរ»។
522 Views
Post Views:
531