ថ្ងៃសុក្រ អាទិត្យទី១២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ឬសន្តស៊ីរីល ជាអភិបាលនៅអាឡិចសង់ឌ្រី
លោកស៊ីរីល (៣៧០-៤៤៤) ជាអភិបាលព្រះសហគមន៍នៅក្រុងអាឡិចសង់ឌ្រី (ប្រទេសអេស៊ីបសព្វថ្ងៃ)។ លោកមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការណែនាំមហាសន្និបាតនៅក្រុងអេភេសូ (ឆ្នាំ ៤៣១)។ ក្នុងមហាសន្និបាតនោះ អស់លោកអភិបាលព្រះសហគមន៍ទទួលស្គាល់ និងប្រកាសយ៉ាងឱឡារិកថា ព្រះនាងម៉ារីពិតជា “ព្រះមាតារបស់ព្រះជាម្ចាស់” ព្រោះព្រះនាងបានបង្កើតបុត្រមួយដែលពិត ជាមនុស្សផង និងពិតជាព្រះជាម្ចាស់ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៧,១.៩-១០.១៥-២២
កាលលោកអប្រាហាំអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់បង្ហាញព្រះអង្គឱ្យលោកឃើញ ហើយមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះដ៏មានតេជានុភាពសព្វប្រការ! ចូរដើរតាមមាគ៌ារបស់យើងឱ្យបានល្អឥតខ្ចោះ!» ។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំថា៖ «អ្នកត្រូវគោរពតាមសម្ពន្ធមេត្រីរសបស់យើង គឺទាំងអ្នក ទាំងពូជពង្សអ្នកដែលកើតតាមក្រោយ គ្រប់តំណតរៀងទៅ ត្រូវគោរពតាម។ នេះជាសញ្ញាសម្គាល់បញ្ជាក់ពីសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា គឺប្រុសៗទាំងប៉ុន្មានដែលកើតក្នុងពូជពង្សអ្នក ត្រូវតែកាត់ស្បែកគ្រប់ៗគ្នា» ។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំទៀតថា៖ « រីឯភរិយារបស់អ្នកវិញ នាងនឹងមានឈ្មោះថា សារ៉ាវិញ (ឈ្មោះនេះមានន័យថា « រាជបុត្រី» )។ យើងនឹងឱ្យពរនាង ហើយយើងនឹងឱ្យអ្នកមានកូនប្រុសមួយដោយសារនាង។ យើងនឹងឱ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏មានស្តេចនឹងប្រសូតចេញពីនាងដែរ»។ លោកអប្រាហាំក្រាបចុះឱនមុខដល់ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា៖ «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯនាងសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ តើនាងនៅតែអាចបង្កើតកូនបានដែរឬ?» ។ លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឱ្យអ៊ីស្មាអែលមានជីវិតតទៅនោះក៏គ្រប់គ្រាន់ហើយ!» ។ តែព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ! គឺសារ៉ាជាភរិយារបស់អ្នកទេតើ ដែលនឹងបង្កើតកូនប្រុសមួយឱ្យអ្នក។ អ្នកត្រូវដាក់ឈ្មោះកូននោះថា៖ “អ៊ីសាក”។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងជាមួយពូជពង្សរបស់វាដែលកើតមកតាមក្រោយ គឺជាសម្ពន្ធមេត្រីដែលស្ថិតស្ថេរជាដរាបតរៀងទៅ។ ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យសុំរបស់អ្នកហើយ។ យើងនឹងឱ្យពរវា យើងនឹងធ្វើឱ្យវាមានកូនចៅច្រើនជាអនេក។ មានស្តេចដប់ពីរអង្គប្រសូតចេញពីវា ហើយយើងនឹងធ្វើឱ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលនាងសារ៉ានឹងបង្កើតឱ្យអ្នកនៅឆ្នាំក្រោយ ក្នុងខែនេះឯង»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលសព្វគ្រប់ហើយ ព្រះអង្គក៏យាងឡើងទៅឆ្ងាយពីលោកអប្រាហាំ។
ទំនុកតម្កើងលេខ ១២៨ (១២៧),១-៥ បទកាកគតិ
| ១ | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ |
| | ពោរពេញមង្គល | ។ |
| ២ | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
| ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល |
| | ចម្រើនពេកក្រៃ | ។ |
| ៣ | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
| មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី |
| | ដូចដើមឈើតូច | ។ |
| ៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
| ដល់អ្នកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក |
| | មិនពិបាករក | ។ |
| ៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក |
| | ក្នុងជីវិតអ្នក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១-៤
កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកយល់ព្រម សូមប្រោសខ្ញុំប្របាទឱ្យជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឱ្យបានស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឱ្យមែនទែន កុំនិយាយប្រាប់ឱ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវតែទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយ ដូចលោកម៉ូសេបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាមែន!»។
861 Views
Post Views:
859