ថ្ងៃចន្ទ អាទិត្យទី១១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ ករ ៦,១-១០
បងប្អូនជាទីស្រឡាញ់!
ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់យកមកទុកចោលជាអសារឥតការឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឆ្លើយតបមកអ្នកនៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួយអ្នកនៅថ្ងៃណាដែលយើងសង្គ្រោះ»។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! ថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះ គឺឥឡូវនេះហើយ!។ យើងមិនចង់ឱ្យកើតមានរឿងអ្វីមួយដែលបណ្តាលឱ្យនរណាម្នាក់ជំពប់ចិត្តបាត់ជំនឿឡើយ ដើម្បីកុំឱ្យគេបន្ទោសមុខងាររបស់យើង។ ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំងដោយប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។ យើងតាំងខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដោយមានចិត្តបរិសុទ្ធ ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្តអត់ធ្មត់ ចិត្តសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមានចិត្តស្រឡាញ់ឥតពុតត្បុត ដោយប្រកាសសេចក្តីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្តីសុចរិតធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ ទាំងទ្រាំទ្រនៅពេលគេគោរពយើងក្តី បន្ទាបបន្ថោកយើងក្តី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្តី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។ គេចាត់ទុកយើងដូចជាមនុស្សដែលគ្មាននរណាស្គាល់ តែគេស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។ គេធ្វើឱ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្តជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឱ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
ទំនុកតម្កើងលេខ ៩៨ (៩៧),១-៤ បទកាកគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
| ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា |
| | យកជ័យជម្នះ | ។ |
| ២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីការសង្គ្រោះ |
| ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ |
| | របស់ព្រះអង្គ | ។ |
| ៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
| ព្រះទ័យស្មោះស័្មគ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង |
| | ចងចាំទាំងអស់ | ។ |
| មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស |
| នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ |
| | យើងគ្រប់ៗគ្នា | ។ |
| ៤ | មនុស្សទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
| អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោខ្ញៀវខ្ញារ |
| | ដោយតូរ្យតន្ត្រី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,១០៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺ បំភ្លឺត្រចង់ ជីវិតផូរផង់ ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៣៨-៤២
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែងទុកមកថា “ភ្នែកមួយ សងភ្នែកតែមួយ ធ្មេញមួយសងធ្មេញតែមួយ”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឱ្យសោះ! បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាងទៀតទៅ! បើមានគេប្តឹងចង់បានអាវក្នុងរបស់អ្នក ចូរឱ្យគេយកអាវធំថែមទៀតទៅ! បើមានគេបង្ខំអ្នកឱ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ! អ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ កុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។
480 Views
Post Views:
501