ថ្ងៃសៅរ៍ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស
ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៥,១៤-២១
បងប្អូនជាទីស្រឡាញ់!
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្តជម្រុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សម្រាប់មនុស្សទាំងអស់នោះ មនុស្សទាំងអស់ក៏ដូចជាស្លាប់ដែរ។ ព្រះគ្រីស្តសោយទិវង្គតសម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យអស់អ្នកដែលមានជីវិតលែងរស់សម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលបានសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿងសម្រាប់គេ។ ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់អាននរណាម្នាក់តាមរបៀបធម្មតាហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រីស្ត កាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមរបៀបមុនទៀតឡើយ។ ប្រសិនបើអ្នកណាម្នាក់រួមជាមួយព្រះគ្រីស្ត អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់ប្រែមកជាថ្មីវិញហើយ។ ការទាំងនេះកើតមកពីព្រះជាម្ចាស់ដែលសម្រុះសម្រួលយើងឱ្យជានានឹងព្រះអង្គ ដោយសារព្រះគ្រីស្ត ហើយដែលទ្រង់បានប្រទានឱ្យយើងមានមុខងារសម្រុះសម្រួលមនុស្សម្នា ឱ្យជានានឹងព្រះអង្គវិញដែរ។ នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានសម្រុះសម្រួលមនុស្សលោកឱ្យជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនដោយសារយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា ទុកឱ្យព្រះជាម្ចាស់សម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញទៅ! ព្រះគ្រីស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឱ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបានសុចរិត រួមជាមួយព្រះគ្រីស្តដែរ។
ទំនុកតម្កើងលោកតូប៊ីត ១០៣ (១០២),១-៤.៨-៩.១១-១២ បទកាកគតិ
| ១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
| ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានឫទ្ធិ |
| | ផុតលើលោកកា | ។ |
| ២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
| ខ្ញុំសូមរំលឹក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា |
| | មិនបំភ្លេចឡើយ | ។ |
| ៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ |
| ខ្ញុំបានប្រព្រឹត្ត | ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ |
| | ផុតរោគសោកសៅ | ។ |
| ៤ | ព្រះអង្គរំដោះ | ជីវិតឱ្យរស់ | ផុតពីរណ្តៅ |
| ព្រះអង្គអាណិត | អាសូរពេកកូវ | ខ្ញុំផុតសោកសៅ |
| | ដោយទ្រង់មេត្តា | ។ |
| ៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហឫទ័យ | អាណិតករុណា |
| ប្រណីសន្តោស | គ្រប់ពេលវេលា | ដល់មនុស្សគ្រប់គ្នា |
| | មិនឱ្យមានភ័យ | ។ |
| ៩ | ទ្រង់មិនបន្ទោស | ប្រើពាក្យបោកបោះ | ដាក់យើងរាល់ថ្ងៃ |
| ទ្រង់មិនពិរោធ | មិនខេខឹងអ្វី | ហើយតែងប្រណី |
| | ដល់យើងគ្រប់គ្នា | ។ |
| ១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី |
| ព្រះទ័យព្រះម្ចាស់ | ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ |
| | យ៉ាងដូច្នោះដែរ | ។ |
| ១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិច | ឥតមានកែប្រែ |
| ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ |
| | ពីយើងយ៉ាងនោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៩
អាលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យមនុស្សសប្បាយចិត្ត ធម្មវិន័យរបស់ព្រះអង្គបំភ្លឺចិត្តគំនិតឱ្យយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៣៣-៣៧
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឱ្យសោះ។ កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ងរបស់ព្រះជាម្ចាស់ ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសក្សី ព្រោះក្រុងយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្ដម។ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឱ្យសក់របស់អ្នកទៅជាសឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។ ត្រូវនិយាយឱ្យទៀងទាត់ បើ “មែន” ឱ្យប្រាកដជា “មែន” បើ “ទេ” ឱ្យប្រាកដជា “ទេ”។ រីឯពាក្យពន្លើសសុទ្ធតែមកពីមារកំណាចទាំងអស់។
417 Views
Post Views:
428