ថ្ងៃអង្គារ អាទិត្យទី១០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌ស

ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ១,១៨-២២

បងប្អូនជាទីស្រឡាញ់!
មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា យើងមិននិយាយ​មកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួល បាតដៃជាខ្នងដៃនោះទេ ដ្បិតព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន់​ និងលោកធីម៉ូថេប្រកាសក្នុងចំណោម​បងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។ ព្រះគ្រីស្តបានធ្វើឱ្យព្រះ​បន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសម្រេចជារូបរាងសព្វគ្រប់ទាំងអស់។ ហេតុនេះហើយ បានជាយើងពោលពាក្យ “អាម៉ែន” ទៅកាន់ព្រះជាម្ចាស់ដោយសារ​ព្រះគ្រីស្ត ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ គឺព្រះជាម្ចាស់ហ្នឹងហើយ​ដែលប្រទាន​ឱ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រីស្ត ព្រមទាំងចាក់ប្រេង​លើយើងផង។ ព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គ​លើយើង និងប្រទាន​ព្រះ​វិញ្ញាណមកបញ្ចាំចិត្តយើងដែរ។

ទំនុកតម្កើងលេខ ១១៩ (១១៨),១២៩-១៣៣.១៣៥ បទពាក្យ ៧

១២៩ដំបូន្មាននៃព្រះអម្ចាស់ល្អវិសេសណាស់គ្រប់ពាក្យពេចន៍
ហេតុនេះខ្ញុំធ្វើតាមជានិច្ចឥតបីមានភ្លេចភ្លាត់របេះ
១៣០ការស្វែងរកព្រះបន្ទូលទ្រង់ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់
ហើយធ្វើឱ្យអ្នកទន់ទាបចេះពិចារណាត្រិះរិះគូរគិត
១៣១ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ដោយក្តីត្រងត្រាប់អស់ពីចិត្ត
ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យព្រះម្ចាស់ពេកពិតឥតមានណាយ
១៣២សូមបែរព្រះភក្ត្រទតមកខ្ញុំសូមប្រណីកុំបីរសាយ
ដូចទ្រង់ប្រណីមនុស្សទាំងឡាយធ្លាប់ស្មោះឱនកាយថ្វាយព្រះអង្គ
១៣៣សូមជួយពង្រឹងទូលបង្គំមានចិត្តរឹងមាំមិនឃ្លេងឃ្លោង
កុំបណ្តោយខ្ញុំធ្លាក់ទៅក្នុងរណ្តៅអន្លង់ជ្រោះជ្រៅឡើយ
១៣៥សូមទ្រង់សម្តែងព្រះហឫទ័យអាណិតប្រណីមកឆាប់ៗ
អ្នកបម្រើទ្រង់ឱ្យចេះច្បាប់វិន័យសព្វគ្រប់បានភ្លឺស្វាង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៩.២១

អាលេលូយ៉ា! អាលេលូយ៉ា!
ពន្លឺយាងមកក្នុងពិភពលោក អ្នកដែលប្រព្រឹត្តតាមសេចក្តីពិតតែងតែចូលមករកពន្លឺ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៣-១៦

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេថា៖ «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឱ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែ​បោះ​ចោលទៅខាងក្រៅឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺ​សម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់កំបាំងក្រុងណាដែល​សង់នៅលើភ្នំបាន​ឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយក​ចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ»។

309 Views

Theme: Overlay by Kaira