អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ​ បុណ្យហែស្លឹក
លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក «ឆ្នាំ ក»
ពណ៌ក្រហម

ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម “សប្តាហ៍ពិសិដ្ឋ” គឺសប្តាហ៍មួយដ៏ប្រសើរបំផុត។ ក្នុងសប្តាហ៍នេះ គ្រីស្តបរិស័ទនាំគ្នានឹករឭកពេលព្រះយេស៊ូបូជាព្រះជន្ម និងទទួលព្រះជន្មថ្មីពេញលេញ។ ក្នុងសប្តាហ៍នេះមាន ៤ ដំណាក់កាលគឺ៖

  • ថ្ងៃអាទិត្យលើកតម្កើងទុក្ខលំបាករបស់ព្រះយេស៊ូ។ នៅថ្ងៃអាទិត្យនេះ យើងនាំគ្នារឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា “ព្រះគ្រីស្ត” គឺជាស្តេចមួយអង្គ ដែលប្រទានសុភមង្គលដ៏ពេញលេញឱ្យមនុស្សលោកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដោយយើងអានគម្ពីរស្តីអំពីព្រះយេស៊ូរងទុក្ខលំបាក យើងសន្មត​ហៅថ្ងៃអាទិត្យនេះថា “ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក”។
  • ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ គឺក្នុងពិធីជប់លៀង ព្រះយេស៊ូយកនំប័ុង និងស្រាមកបែងចែងឱ្យសាវ័កបរិភោគ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គសព្វព្រះហប្ញទ័យបូជាព្រះជន្មដោយគ្មាននរណាបង្ខំ។ ព្រះយេស៊ូមានធម៌មេត្តាករុណាហួសពីការស្មានរបស់មនុស្ស។
  • ថ្ងៃសុក្រពិសិដ្ឋ ព្រះយេស៊ូសោយទិវង្គត។ ព្រះអង្គសព្វព្រះហប្ញទ័យធ្វើតាមព្រះបញ្ជារបស់ព្រះបិតារហូតដល់បូជាព្រះជន្ម។ ព្រះអង្គប្រៀបបីដូចជាកូនចៀម ដែល​ជនជាតិអ៊ីស្រាអែលធ្លាប់បូជាថ្វាយព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង។
  • រាត្រីថ្ងៃសៅរ៍ គឺបុណ្យចម្លង។ ខាងគ្រីស្តសាសនាយើង បុណ្យចម្លងនេះសំខាន់ជាងបុណ្យឯទៀតៗទាំងអស់ គឺយើងអបអរសាទរព្រះបិតាដែលប្រោសលោកយេស៊ូឱ្យមានជីវិតថ្មីដ៏ពេញលេញ។ ព្រះអង្គគង់នៅជាមួយយើងសព្វថ្ងៃ ទ្រង់ប្រទានជីវិតថ្មីនោះដល់អស់អ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។

ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា ”ព្រះគ្រីស្ត” គឺស្តេចដែលមករំដោះស្រុកគេ។ យើងជាគ្រីស្តបរិស័ទទទួលព្រះអង្គ ពុំគ្រាន់តែដោយគ្រវីមែកឈើដូចជនជាតិអ៊ីស្រាអែលពីដើមប៉ុណ្ណោះទេ គឺចង់ប្រកាសជំនឿលើព្រះអង្គផង។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំអបអរសាទរ ទទួលព្រះយេស៊ូដែល​យាងមករកយើងខ្ញុំក្នុងនាមព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ជាពិសេសនៅពេលយើងខ្ញុំកើតទុក្ខលំបាក។ សូម
ឱ្យយើងខ្ញុំសុខចិត្តបូជាជីវិតតាមព្រះយេស៊ូ មុននឹងទទួលសិរីរុងរឿងរួមជាមួយព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី ហើយដែលសោយោរាជ្យជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២១,១-១១

ព្រះយេស៊ូយាងមកជាមួយក្រុមសាវ័កជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេដែលនៅចង្គេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីរនាក់ឱ្យទៅមុន ទាំងមានព្រះបន្ទូលថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឱ្យខ្ញុំ។ ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឱ្យគេដឹកមកវិញភ្លាមជាមិនខាន»។ ព្រឹត្តិការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលមាន​ចែងទុកដោយសារព្យាការីថា៖ «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថា មើលហ្ន៎! ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ។ ទ្រង់មានព្រះហប្ញ​ទ័យស្លូតបូត ទ្រង់គង់លើខ្នងលា ហើយគង់នៅលើខ្នងកូនលាផងដែរ»។ សាវ័កទាំងពីរនាក់នាំគ្នាចេញទៅ ហើយធ្វើតាមបញ្ជារបស់ព្រះយេស៊ូ គេដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយព្រះយេស៊ូឡើងគង់នៅ​លើខ្នងវា។ នៅពេលនោះ មានបណ្តាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ មហាជនដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!”។ កាលព្រះយេស៊ូ​យាងទៅដល់ក្រុងយេរូសាឡឹម ប្រជាជននៅក្នុងទីក្រុងទាំងមូលនាំគ្នាជ្រួសច្របល់សួរថា៖ «តើលោកនោះជានរណា?»។ មហាជនឆ្លើយថា៖ «លោកជាព្យាការីយេស៊ូ មកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ»។


ពិធីរំឭកទុក្ខលំបាករបស់ព្រះយេស៊ូ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហប្ញទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឱ្យរួចពីបាប។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់អំពី គម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូផង។

អត្ថបទទី ១

ព្រះយេស៊ូពិតជា “អ្នកបម្រើរបស់ព្រះអម្ចាស់” ស្របតាមពាក្យទំនាយរបស់ព្យាការីអេសាយ។ ព្រះអង្គធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ប្រការទាំងអស់ រហូតដល់បូជាព្រះជន្ម។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៤-៧

អ្នកបម្រើរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «ព្រះជាម្ចាស់បង្រៀនខ្ញុំអំពីសេចក្តីដែលខ្ញុំត្រូវនិយាយ។ ព្រះអង្គប្រទានឱ្យខ្ញុំចេះពោលពាក្យលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយបង្រៀនខ្ញុំឱ្យចេះស្តាប់ ដូចសាវ័កស្តាប់ពាក្យគ្រូ ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំ ឱ្យយកចិត្តទុកដាក់ស្តាប់។ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ ហើយពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយ បានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែល ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ»។

ទំនុកតម្កើងលេខ ២២ (២១),៨-៩.១៧-២០.២២-២៤ បទកាកគតិ​​​

អស់អ្នកឃើញខ្ញុំឡកឡឺយដាក់ចំគ្មានត្រាប្រណី
គេពេបជ្រាយដាក់ឥតមានគិតអ្វីហើយមិនចេញស្តី
គ្រវីក្បាលដាក់
គេពោលពាក្យថាគាត់ផ្ញើវាសនាព្រះជាម្ចាស់ជាក់
ឱ្យព្រះអង្គជួយរំដោះគ្រោះថ្នាក់បើព្រះអង្គជាក់
ពិតជាស្ម័គ្រស្មោះ
១៧ពួកឆ្កែព័ទ្ធខ្ញុំមានជនមួយក្រុមវាមកញាំញី
ជាជនទុរយ​សក្រវែលគ្រប់ទីទម្លុះជីវី
ជើងដៃខ្លួនប្រាណ
១៨រូបខ្ញុំអាចរាប់ឆ្អឹងជំនីរគ្រប់មានទាំងប៉ុន្មាន
សត្រូវទុរយសចិត្តដូចតិរច្ឆានសម្លក់រំខាន
សម្លឹងមកខ្ញុំ
១៩ពួកគេដោះយកខោអាវខ្ញុំមកចែកចាយគ្នាជុំ
នាំគ្នាចាប់ឆ្នោតយកខោអាវខ្ញុំធ្វើដោយមិនសម
ជាល្បែងសប្បាយ
២០ឱព្រះម្ចាស់អើយកុំនៅកន្តើយឱ្យខ្ញុំឃ្លាតឆ្ងាយ
ទ្រង់ជាកម្លាំងគាំទ្ររាងកាយសូមយាងមកអាយ
សង្គ្រោះប្រញាប់
២២សូមសង្គ្រោះខ្ញុំឱ្យផុតទុក្ខធំពីមាត់សិង្ហដែរ
ឱ្យផុតពីស្នែងសូមជួយបំបែរឆ្លើយតបកុំល្ហែ
មកទូលបង្គំ
២៣ខ្ញុំនឹងថ្លាថ្លែងព្រះនាមស្ញប់ស្ញែងឱ្យបងប្អូនខ្ញុំ
បានស្គាល់ព្រះអង្គខ្ពង់ខ្ពស់ឧត្តមក្នុងអង្គប្រជុំ
សូមលើកតម្កើង
២៤អ្នករាល់គ្នាអើយកុំនៅកន្តើយនាំគ្នាក្រោកឡើង
សរសើរព្រះអង្គថ្លាថ្លៃរុងរឿងឱ្យលើកតម្កើង
អម្ចាស់ក្សត្រា
អស់អ្នកដែលជាពូជពង្សសោភាយ៉ាកុបថ្លៃថ្លា
ព្រមទាំងអស់ពូជអ៊ីស្រាអែលផងណាកុំនៅរួញរា
ស្ញែងខ្លាចព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភីល ២,៦-១១

ព្រះយេស៊ូគ្រីស្តដែលមានឋានៈជាព្រះជាម្ចាស់ ក៏ពុំមានបំណងទាមទារឱ្យបានស្មើនឹងព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរ​លើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំគោរពព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ។
ព្រោះតែយើង ព្រះគ្រីស្តដាក់ខ្លួនធ្វើតាមបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយ បានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរលើសអ្វីៗទាំងអស់។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ដើម្បីអានអត្ថបទគម្ពីរខាងក្រោមនេះឱ្យបានស្រួល ត្រូវមានគ្នា ៣នាក់ គឺ៖
អ . អ្នកអានសាច់រឿង
យ. អ្នកអានព្រះបន្ទូលរបស់ព្រះយេស៊ូ
ឆ . អ្នកអានពាក្យសម្តីសាវ័ក ឬអ្នកស្រុក

សូមថ្លែងព្រះគម្ពីរស្តីអំពីទុក្ខលំបាករបស់ព្រះយេស៊ូជាអម្ចាស់តាមសន្តម៉ាថាយ មថ ២៦,១៤-២៧,៦៦

អ- សាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរ ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ទៅជួបក្រុមនាយកបូជាចារ្យ ជម្រាបថា៖
ឆ- «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឱ្យអ្វីមកខ្ញុំ?»។
អ- ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឱ្យគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។
អ- នៅថ្ងៃដំបូងនៃពិធីនំប័ុងឥតមេ ក្រុមសាវ័កនាំគ្នាមកគាល់ព្រះយេស៊ូ ហើយទូលថា៖
ឆ- «តើព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំរៀបចំជប់លៀងក្នុងឱកាសបុណ្យចម្លងថ្វាយព្រះអង្គកន្លែងណា?»
អ- ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថា“ លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើពិធីបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក”។»
អ- សាវ័កនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសាវ័កទាំងដប់ពីរនាក់។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖
យ- «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
អ- ក្រុមសាវ័កព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖
ឆ- «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។
អ- ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖
យ- «អ្នកណាជ្រលក់នំប័ុងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមក ទើបប្រសើរជាង!»។
អ- យូដាសជាអ្នកក្បត់ព្រះអង្គទូលសួរថា៖
ឆ- «ព្រះគ្រូ! តើខ្ញុំឬ?»។
អ- ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖
យ- «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។


អ- នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប័ុងមកកាន់ ព្រះអង្គលើកតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឱ្យក្រុមសាវ័កទាំងមានព្រះបន្ទូលថា៖
យ- «នេះជារូបកាយខ្ញុំ ចូលយកពិសាចុះ»។
អ- បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឱ្យក្រុមសាវ័កទាំងមានព្រះបន្ទូលថា៖
យ- «ចូរយកពិសាទាំងអស់គ្នាចុះ នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ព័ន្ធមេត្រីដែលត្រូវបង្ហូរដើម្បីលើកលែងទោសមនុស្សទាំងអស់ឱ្យរួចពីបាប។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងព្រះរាជ្យនៃព្រះបិតាខ្ញុំ»។


អ- ក្រោយពីបានច្រៀងទំនុកតម្កើងរួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយក្រុមសាវ័ក។ ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «យប់នេះ អ្នកទាំងអស់គ្នានឹងឃ្លាតចាកពីជំនឿព្រោះតែខ្ញុំ ដ្បិតមានចែងទុកមកថា យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ។ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។
អ- លោកសិលាទូលព្រះអង្គថា៖
ឆ- «ទោះបីអ្នកឯទៀតបោះបង់ជំនឿព្រោះតែព្រះអង្គទាំងអស់គ្នាក៏ដោយ ក៏ទូលបង្គំមិនបោះបង់ជំនឿជាដាច់ខាត!»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ- «ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អ- លោកសិលាទូលព្រះអង្គថា៖
ឆ- «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។
អ- សាវ័កឯទៀតៗក៏ទូលព្រះអង្គដូចលោកសិលាដែរ។ ពេលនោះ ព្រះយេស៊ូយាងទៅជាមួយក្រុមសាវ័កដល់កន្លែងមួយឈ្មោះកេតសេម៉ានី ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ- «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិដ្ឋាននៅត្រង់កន្លែងនោះ»។
អ- ព្រះអង្គនាំលោកសិលា និងកូនរបស់លោកសេបេដេទាំងពីនាក់ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្តើមព្រួយព្រះហប្ញទ័យ ហើយ​ចុកចាប់អន្ទះសារពន់ប្រមាណ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖
យ- «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតីជាមួយខ្ញុំ»។
អ- ព្រះអង្គយាងទៅមុខបន្តិច ក្រាបព្រះភក្ត្រដល់ដី ទូលអង្វរថា៖
យ- ឱព្រះបិតានៃទូលបង្គំអើយ! ប្រសិនបើបាន សូមឱ្យពែងនៃទុក្ខលំបាកនេះចេញឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំឱ្យបានសម្រេចតាមបំណងទូលបង្គំឡើយ គឺសូមឱ្យបានសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គវិញ»។
អ- ព្រះអង្គយាងមករកក្រុមសាវ័ក ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកសិលាថា៖
យ- «អ្នករាល់គ្នាមិនស៊ូទ្រាំប្រុងស្មារតីជាមួយខ្ញុំ សូម្បីតែមួយម៉ោងក៏មិនបានដែរឬ!។ ចូរប្រុងស្មារតី ហើយអធិដ្ឋាន កុំឱ្យចាញ់ការល្បួងឡើយ ។ វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន តែខ្លួនគេនៅខ្សោយទេ»។
អ- ព្រះអង្គយាងចេញទៅម្តងទៀតជាលើកទីពីរ ហើយទូលអង្វរថា៖
យ- «ឱព្រះបិតានៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំត្រូវតែទទួលពែងនៃទុក្ខលំបាកនេះ ចៀសពុំបានទេ នោះសូមឱ្យបានសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គចុះ!»។
អ- ព្រះយេស៊ូវិលត្រឡប់ទៅរកក្រុមសាវ័កម្តងទៀត ឃើញគេដេកលក់ ដ្បិតគេងងុយពេក បើកភ្នែកពុំរួចសោះ។ ព្រះអង្គក៏យាងចាកចេញពីគេ ទៅអធិដ្ឋានជាលើកទីបី ហើយទូលអង្វរដោយពាក្យដដែល។ បន្ទាប់មក ព្រះអង្គវិលមករកសាវ័កវិញ មានព្រះបន្ទូលទៅគេថា៖
យ- «ចូរអ្នករាល់គ្នាដេកលក់ និងសម្រាកទៅ! ពេលកំណត់ដែលបុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប មកជិតបង្កើយហើយ។ ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំមកជិតដល់ហើយ!»។


អ- ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាសាវ័កម្នាក់ក្នុង ចំណោមសាវ័កទាំងដប់ពីរមកដល់ ទាំងមានបណ្តាជនជាច្រើនកាន់ដាវកាន់ដំបងមកជាមួយផង។ ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យរបស់ប្រជាជន បានចាត់អ្នកទាំងនោះឱ្យមក។ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយគេនូវសញ្ញាមួយថា៖
ឆ- «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!»។

អ- កាលយូដាមកដល់ភ្លាម គាត់ដើរតម្រង់រកព្រះយេស៊ូទូលថា៖
ឆ- «ជម្រាបសួរព្រះគ្រូ!»។
អ- រួចថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ- «សម្លាញ់អើយ! អ្នកមកនេះចង់ធ្វើអ្វី ធ្វើទៅចុះ!»។
អ- ពេលនោះ បណ្តាជនក៏នាំគ្នាចូលមកចាប់ព្រះអង្គ។ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូ បានហូតដាវកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកនេះថា៖
យ- «ស៊កដាវទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អ្នកស្មានថា ខ្ញុំមិនអាចអង្វរព្រះបិតាខ្ញុំឱ្យចាត់ទេវទូតជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?។ តែបើធ្វើដូច្នោះ ធ្វើដូចម្តេចនឹងបានស្របតាមសេចក្តីដែលមាន​ចែងទុកក្នុងគម្ពីរ អំពីហេតុការណ៍ដែលត្រូវតែកើតឡើងយ៉ាងនេះ!»។
អ- ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖
យ- «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឱ្យបានស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរព្យាការី»។
អ- ពេលនោះ ក្រុមសាវ័កនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។


អ- លុះចាប់ព្រះយេស៊ូបានហើយ គេបណ្តើរព្រះអង្គទៅដល់ដំណាក់របស់លោកកៃផាស ជាមហាបូជាចារ្យ។ ពួកធម្មាចារ្យ និងពួកព្រឹទ្ធាចារ្យជួបជុំគ្នានៅទីនោះ។ លោកសិលាដើរតាមព្រះអង្គពីចម្ងាយ គាត់តាមរហូតដល់ទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយជាមួយកងរក្សាព្រះវិហារ ចង់ដឹងថា ហេតុការណ៍នឹងទៅជាយ៉ាងណា។ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលនាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គទោះបីមានមនុស្សជាច្រើនធ្វើសាក្សីក្លែងក្លាយក៏ដោយ ក៏គេរកមិនបានដែរ។ នៅទីបំផុត មានបុរសពីរនាក់នាំគ្នាចូលមកពោលថា៖
ឆ- «អ្នកនេះបានអះអាងថា ខ្ញុំអាចរុះព្រះវិហាររបស់ព្រះជាម្ចាស់ចោល ហើយសង់ឡើងវិញបានក្នុងរវាងបីថ្ងៃ»។
អ- ពេលនោះ លោកមហាបូជាចារ្យក្រោកឡើង សួរព្រះអង្គថា៖
ឆ- «ម្តេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់អ្នកទាំងនេះ?»។
អ- ព្រះយេស៊ូនៅស្ងៀម។ លោកមហាបូជាចារ្យសួរព្រះអង្គទៀតថា៖
ឆ- «ចូរស្បថ ដោយយកព្រះដ៏មានព្រះជន្មគង់នៅធ្វើជាប្រធាន តើអ្នកពិតជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលទៅលោកថា៖
យ- «គឺលោកទេតើដែលមានប្រសាសន៍ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ប្រាប់អស់លោកថា អំណើះតទៅ អស់លោកនឹងឃើញបុត្រមនុស្សគង់នៅខាងស្តាំព្រះដ៏មានប្ញទ្ធានុភាព ហើយនឹងយាងមកលើពពកក្នុងផ្ទៃមេឃ»។
អ- ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖
ឆ- «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អម្បាញ់មិញស្រាប់! តើអស់លោកមានយល់យ៉ាងណា?»។
អ- ពួកគេឆ្លើយឡើងថា៖
ឆ- «អ្នកនេះមានទោសដល់ជីវិត!»។
អ- គេក៏នាំគ្នាស្តោះទឹកមាត់ដាក់ព្រះភក្ត្រព្រះអង្គ គេវាយតប់ព្រះអង្គ ហើយអ្នកខ្លះទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖
ឆ- «ព្រះគ្រីស្តអើយ! ទាយមើល៍ អ្នកណាវាយឯង!»។


អ- ពេលនោះ លោកសិលាអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្រ្តីបម្រើរបស់មហាបូជាចារ្យម្នាក់ចូលមកជិតគាត់ ពោលថា៖
ឆ- «អ្នកឯងនៅជាមួយយេស៊ូជាអ្នកស្រុកកាលីឡេដែរ!»។
អ- ប៉ុន្តែ គាត់ប្រកែកនៅចំពោះមុខមនុស្សទាំងអស់ថា៖
ឆ- «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។
អ- ពេលលោកសិលាដើរចេញពីទីនោះ ឆ្ពោះទៅរកខ្លោងទ្វារ មានស្រ្តីបម្រើម្នាក់ទៀតឃើញគាត់ ហើយពោលថា៖
ឆ- «អ្នកនេះនៅជាមួយយេស៊ូជាអ្នកភូមិណាសារ៉ែតដែរ!»។
អ- លោកសិលាក៏ប្រកែកសាជាថ្មី ទាំងស្បថថា៖
ឆ- «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។
អ- បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនាំគ្នាចូលទៅជិតលោកសិលា ហើយពោលថា៖
ឆ- «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសម្តីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។
អ- លោកសិលាក៏ពោលឡើងថា៖
ឆ- «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។
អ- រំពេចនោះ ស្រាប់តែមាន់រងាវឡើង លោកសិលាក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា “មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ”។ លោសិលាចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។


អ- លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យទាំងអស់របស់ប្រជាជនប្រជុំគ្នា ដើម្បីធ្វើគុតព្រះយេស៊ូ។ គេក៏ចងព្រះអង្គបញ្ជូនទៅលោកពីឡាតជាទេសាភិបាល។ កាលយូដាសជាអ្នកដែលនាំគេមកចាប់ព្រះយេស៊ូឃើញគេកាត់ទោសព្រះអង្គដូច្នេះ គាត់សោកស្តាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឱ្យពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យវិញ ទាំងពោលថា៖
ឆ- «ខ្ញុំបានប្រព្រឹត្តអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឱ្យគេបង្ហូរឈាម»។
អ- ពួកគេឆ្លើយថា៖
ឆ- «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
អ- យូដាសបាចប្រាក់នោះនៅក្នុងព្រះវិហារ ហើយចេញទៅចងកសម្លាប់ខ្លួន។ ពួកនាយកបូជាចារ្យរើសប្រាក់នោះទាំងពោលថា៖
ឆ- «យើងគ្មានច្បាប់នឹងបញ្ចូលប្រាក់នេះទៅក្នុងហិបតង្វាយឡើង ព្រោះជាប្រាក់បង់ថ្លៃឈាម»។
អ- ក្រោយពីបានពិភាក្សាគ្នាហើយ គេក៏យកប្រាក់នោះទៅទិញដីចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពជនបរទេស។ ហេតុនេះហើយ បានជាគេហៅចម្ការនោះថា “ចម្ការឈាម” រហូតមកទល់សព្វថ្ងៃ។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលមាន​ចែងទុកតាមរយៈព្យាការីយេរេមីថា៖ “គេបានយកប្រាក់សាមសិបស្លឹង ប្រាក់ដែលជនជាតិអ៊ីស្រាអែលសន្មតថា ជាថ្លៃទិញលោកនោះ ហើយគេបានយកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បង្គាប់មកខ្ញុំ”។

ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមនៅត្រង់នេះ
អ- ព្រះយេស៊ូឈរនៅចំពោះមុខលោកទេសាភិបាល។ លោកសួរព្រះអង្គថា៖
ឆ- «តើអ្នកជាស្តេចយូដាមែនឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
អ- ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យនាំគ្នាចោទប្រកាន់ព្រះអង្គ តែព្រះអង្គពុំឆ្លើយអ្វីទាល់តែសោះ។ លោកពីឡាតសួរព្រះអង្គថា៖
ឆ- «អ្នកមិនឮសេចក្តីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។
អ- ព្រះយេស៊ូពុំបានឆ្លើយតបមួយម៉ាត់សោះឡើយ ជាហេតុនាំឱ្យលោកទេសាភិបាលងឿងឆ្ងល់ជាខ្លាំង។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកទេសាភិបាលតែងតែលែងអ្នកទោសម្នាក់តាមសំណូមពររបស់បណ្តាជន។ នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ឈ្មោះយេស៊ូ បារ៉ាបាស។ កាលបណ្តាជនមកជុំគ្នាហើយ លោកពីឡាតសួរគេថា៖
ឆ- «តើអ្នករាល់គ្នាចង់ឱ្យខ្ញុំដោះលែងអ្នកណា ដោះលែងយេស៊ូបារ៉ាបាស ឬយេស៊ូហៅព្រះគ្រីស្ត្រ?»។
អ- លោកពីឡាតមានប្រសាសន៍ដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនព្រះយេស៊ូមកលោក ព្រោះគេមានចិត្តច្រណែន។
នៅពេលដែលលោកពីឡាតអង្គុយនៅលើវេទិកាកាត់ក្តី ភរិយារបស់លោកចាត់គេឱ្យមកជម្រាបថា៖
ឆ- «កុំឡូកឡំនឹងរឿងមនុស្សឥតទោសនេះធ្វើអ្វី។ យប់មិញ ព្រោះតែរឿងបុរសនេះ ខ្ញុំយល់សប្តិអាក្រក់ណាស់»។
អ- ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យនាំគ្នាញុះញង់បណ្តាជនឱ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេថា៖
ឆ- «ក្នុងចំណោមអ្នកទាំងពីនេះ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំដោះលែងអ្នកណា?»។
អ- ពួកគេឆ្លើយថា៖
ឆ- «បារ៉ាបាស!»។
អ- លោកពីឡាតសួរទៅគេថា៖
ឆ- «បើដូច្នេះ តើអ្នករាល់គ្នាចង់ឱ្យខ្ញុំធ្វើអ្វីដល់ឈ្មោះយេស៊ូហៅព្រះគ្រីស្តនេះ?»។
អ- គេស្រែកឡើងទាំងអស់គ្នាថា៖
ឆ- «យកទៅឆ្កាងទៅ!»។
អ- លោកមានប្រសាសន៍ថា៖
ឆ- «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី?»។
អ- គេនាំគ្នាស្រែកកាន់តែខ្លាំងឡើងថា៖
ឆ- «យកទៅឆ្កាងទៅ!»។

អ- ដោយលោកពីឡាតឃើញថា និយាយទៅឥតបានការ ហើយផ្ទុយទៅវិញ ឃើញគេកើតចលាចលកាន់តែខ្លាំងឡើងៗដូច្នេះ លោកក៏យកទឹកមកលាងដៃនៅមុខបណ្តាជន ទាំងពោលថា៖
ឆ- «នេះជាបញ្ហារបស់អ្នករាល់គ្នាទេ ខ្ញុំឥតទទួលខុសត្រូវក្នុងការបង្ហូរឈាមបុរសនេះឡើយ»។
អ- ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖
ឆ- «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
អ- លោកពីឡាតក៏ដោះលែងបារ៉ាបាស រីឯព្រះយេស៊ូវិញ លោកឱ្យគេវាយនឹងរំពាត់ ​រួចបញ្ជូនព្រះអង្គទៅឱ្យគេឆ្កាង។


អ- ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលគ្នីគ្នាក្នុងកងនោះមកចោមរោមព្រះអង្គ។ គេដោះព្រះពស្រ្តរបស់ព្រះអង្គចេញ ហើយយកអាវធំដែលមានពណ៌ក្រហមទុំមកបំពាក់ថ្វាយព្រះអង្គ។ គេយកបន្លាមកក្រងធ្វើជាភួងបំពាក់លើព្រះសិរសាព្រះអង្គ និងយកដើមត្រែងមកដាក់ក្នុងព្រះហស្តស្តាំព្រះអង្គកាន់ រួចគេនាំគ្នាលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖
ឆ- «សូមគោរពថ្វាយបង្គំស្តេចយូដា!»។
អ- គេស្តោះទឹកមាត់ដាក់ព្រះអង្គ និងយកដើមត្រែងនោះវាយព្រះសិរសាព្រះអង្គទៀតផង។ ក្រោយពីបានប្រមាថមើលងាយព្រះអង្គរួចហើយ ពួកគេដោះអាវធំចេញ យកព្រះពស្ត្ររបស់ព្រះអង្គមកបំពាក់ថ្វាយព្រះអង្គវិញ រួចបណ្តើនាំយកទៅឆ្កាង។


អ- ពេលចេញពីទីក្រុងទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេន គេបង្គំគាត់ឱ្យលីឈើឆ្កាងរបស់ព្រះយេស៊ូ។ លុះមកដល់កន្លែងមួយឈ្មោះ “កុលកូថា” ដែលប្រែថា “ភ្នំលលាដ៏ក្បាល”។ គេយកស្រាទំពាំងបាយជូរលាយជាមួយប្រមាត់មកថ្វាយព្រះអង្គ​សោយ។ ព្រះយេស៊ូក្រេបបន្តិច តែព្រះអង្គពុំព្រមសោយទេ។
ក្រោយពីឆ្កាងព្រះអង្គរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា រួចអង្គុយយាមព្រះអង្គនៅទីនោះ។ គេបានសរសេរប្រកាសអំពីមូលហេតុដែលគេធ្វើទោសព្រះអង្គថា៖ “អ្នកនេះឈ្មោះយេស៊ូជាស្តេចជនជាតិយូដា ហើយគេបោះប្រកាសនោះនៅពីខាងលើព្រះសិរសាព្រះអង្គ។ ពេលនោះ គេឆ្កាងចោរព្រៃពីរនាក់ជាមួយព្រះយេស៊ូដែរ ម្នាក់នៅខាងស្តាំ ម្នាក់ទៀតនៅខាងឆ្វេង។ មនុស្សម្នាដើរកាត់តាមនោះ ប្រមាថមើលងាយព្រះអង្គ គ្រវីក្បាលដាក់ព្រះអង្គទាំងពោលថា៖
ឆ- «អ្នករុះព្រះវិហារ ហើយសង់ឡើងវិញតែបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន អញ្ជើញចុះពីឈើឆ្កាងមក!»។
អ- រីឯពួកនាយបូជាចារ្យ ពួកធម្មាចារ្យ និងពួកព្រឹទ្ធាចារ្យក៏នាំគ្នាចំអកដាក់ព្រះអង្គដូចគេដែរ ពោលថា៖
ឆ- «គាត់បានសង្គ្រោះអ្នកឯទៀតៗ តែមិនអាចសង្គ្រោះខ្លួនឯងបានទេ! គាត់ជាស្តេចអ៊ីស្រាអែល ឱ្យគាត់ចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីយើងជឿផង!។ គាត់បានទុកចិត្តលើព្រះជាម្ចាស់ បើព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងគាត់មែន សូមឱ្យព្រះអង្គដោះលែងគាត់ឥឡូវនេះទៅ! ដ្បិតគាត់ពោលថា ខ្ញុំជាព្រះបុត្រារបស់ព្រះជាម្ចាស់។
អ- សូម្បីតែចោរព្រៃដែលជាប់ឆ្កាងជាមួយព្រះយេស៊ូក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។


អ- ផែនដីទាំងមូលងងឹតសូន្យ ចាប់ពីពេលថ្ងៃត្រង់ រហូតដល់ម៉ោងបីរសៀល។ ប្រមាណជាម៉ោងបីរសៀល ព្រះយេស៊ូស្រែកអង្វរខ្លាំងៗថា៖
យ- «អេលី អេលី ឡេម៉ាសាបាច់ថានី!» ដែលមានន័យថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?»។
អ- អ្នកខ្លះឈរនៅទីនោះ បានឮព្រះបន្ទូលរបស់ព្រះអង្គក៏ពោលថា៖
ឆ- «គាត់ហៅលោកអេលី!»។
អ- រំពេចនោះ មានគ្នាគេម្នាក់រត់ទៅយកសារាយស្ងួតជ្រលក់នឹងទឹកខ្មេះ រុំជាប់នៅចុងត្រែមួយដើម ហុចថ្វាយព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតៗពោលថា៖
ឆ- «ចាំមើលមើល៍! តើលោកអេលីមកសង្គ្រោះគាត់ឬទេ?»។
អ- ព្រះយេស៊ូស្រែកយ៉ាងខ្លាំងម្តងទៀត រួចផុតវិញ្ញាណទៅ។

សូមផ្អាកមួយស្របក់ ទុកឱ្យគ្រីស្តបរិស័ទស្មឹងស្មាធិ៍
អ- ពេលនោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីក៏រញ្ជួយ ផ្ទាំងថ្មក៏ប្រេះចេញពីគ្នា ផ្នូរក៏បើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធជាច្រើនបានរស់ឡើងវិញ និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំបង្ហាញខ្លួនឱ្យមនុស្សជាច្រើនបានឃើញផង។ កាលនាយទាហានរ៉ូមុាំង និងពួកទាហានដែលនៅយាមព្រះយេស៊ូបានឃើញផែនដីរញ្ជួយ និងបានឃើញហេតុការណ៍ទាំងឡាយកើតឡើងដូច្នេះ គេកោតស្ញប់ស្ញែងជាខ្លាំង ហើយពោលថា៖
ឆ- «លោកនេះ ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។

ប្រសិនបើអានយ៉ាងខ្លី សូមចប់ត្រឹមនេះ
អ- នៅទីនោះមានស្រ្តីជាច្រើនមើលពីចម្ងាយ គឺស្ត្រីៗដែលតាមបម្រើព្រះយេស៊ូតាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្រ្តីៗទាំងនោះ មាននាងម៉ារី ជាអ្នកស្រុកម៉ាដាឡា នាងម៉ារី ជាម្តាយរបស់យ៉ាកុប និងយ៉ូសែប ព្រមទាំភរិយារបស់លោកសេបេដេជាដើម។
លុះដល់ល្ងាច មានសេដ្ឋីម្នាក់ឈ្មោះយ៉ូសែប ជាអ្នកក្រុងអារីម៉ាថេមកដល់ គាត់ក៏ជាសាវ័ករបស់ព្រះយេស៊ូដែរ។ គាត់អញ្ជើញទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកពីឡាតក៏បញ្ជាឱ្យគេប្រគល់ព្រះសពមកគាត់។ លោកយ៉ូសែបយកព្រះសពមករុំនឹងក្រណាត់ផាឌិបថ្មី រួចដាក់ក្នុងផ្នូរថ្មីរបស់គាត់ ជារូងថ្មដែលគេដាប់ធ្វើផ្នូរ។ បន្ទាប់មក គាត់ប្រមៀលថ្មមួយដុំធំបិទមាត់ផ្នូរ ហើយចាកចេញទៅ។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា និងនាងម៉ារីម្នាក់ទៀតក៏នៅទីនោះដែរ នាងអង្គុយនៅមុខផ្នូរ។
អ- នៅថ្ងៃបន្ទាប់ ជាថ្ងៃរៀបចំថ្ងៃសប្ប័ទ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីនាំគ្នាទៅជួបលោកពីឡាត ជម្រាបថា៖
ឆ- «លោកម្ចាស់! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះកាលពីគាត់នៅរស់ថា៖ បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងមានជីវិតថ្មី។ ហេតុនេះ សូមលោកបញ្ជាឱ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថា គាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។
អ- លោកពីឡាតមានប្រសាសន៍ទៅគេថា៖
ឆ- «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងឱ្យគេយាមផ្នូរតាមអស់លោកឃើញទៅចុះ!»។
អ- ពួកគេក៏នាំគ្នាចេញទៅចាត់ចែងឱ្យយាមផ្នូរ គឺភ្ជិតផ្នូរបោះត្រាពីលើ និងដាក់ទាហានឱ្យនៅយាមផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅពេលព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក និងសោយទិវង្គត ទ្រង់បានសម្តែងសេចក្តីស្រឡាញ់ចំពោះព្រះបិតាក្នុងនាមយើងខ្ញុំទាំងអស់គ្នា ហួសពីរការយល់ឃើញរបស់មនុស្ស។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គទេ។ យើងខ្ញុំគ្រាន់តែយកកាយ វាចា ចិត្ត ថ្វាយរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម គឺព្រះអង្គមានព្រះជន្មគង់នៅ និងសោយ​រាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តមានឋានៈជាព្រះបុត្រា ព្រះអង្គសព្វព្រះហប្ញទ័យលះបង់ឋានៈព្រះអង្គមកកើតជាមនុស្សដូចយើងខ្ញុំ។ ទោះបីព្រះបុត្រាគ្មានទោសអ្វីក្តី ក៏ទ្រង់សព្វព្រះហប្ញទ័យទទួលទោសរួមជាមួយអ្នកបាប ហើយរងទុក្ខលំបាកដូចទាសករដែរ។ ទ្រង់យកសេចក្តីស្រឡាញ់យ៉ាងលើសលប់អស្ចារ្យ មកផ្ទាញ់សេចក្តីឃោឃៅរបស់អ្នកបាប ហើយបំផ្លាញ់បាបរបស់ មនុស្សលោក។ ទ្រង់ក៏ប្រោសមនុស្សលោកឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គផង។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបូជាព្រះជន្ម ព្រះអង្គសម្តែងសេចក្តីស្រឡាញ់ហួសកម្រិតចំពោះមនុស្សលោក!។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ!។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំសុខចិត្តបូជាជីវិតរួមជាមួយព្រះយេស៊ូ នោះយើងខ្ញុំមានសង្ឃឹមថា នឹងទទួលសិរីរុងរឿងជាមួយព្រះអង្គផង។

1,020 Views

Theme: Overlay by Kaira