ថ្ងៃអាទិត្យ អាទិត្យទី០៧
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលេវីវិន័យ លវ ១៩,១-២.១៧-១៨
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលដូចតទៅនេះ៖ អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏វិសុទ្ធ។ មិនត្រូវមានចិត្តស្អប់បងប្អូនរបស់អ្នក តែត្រូវយកចិត្តទុកដាក់ស្តីបន្ទោសជនរួមជាតិរបស់អ្នក។ ធ្វើដូច្នេះ អ្នកនឹងមិនរួមគំនិតជាមួយអ្នកនោះក្នុងការប្រព្រឹត្តអំពើបាបឡើយ។ កុំសងសឹកឱ្យសោះ ហើយក៏មិនត្រូវចងគំនុំនឹងជនរួមឈាមរបស់អ្នកដែរ។ ចូរស្រឡាញ់អ្នកដទៃឱ្យបានដូចស្រឡាញ់ខ្លួនឯង។ យើងជាព្រះអម្ចាស់»។
ទំនុកតម្កើងលេខ ១០៣ (១០២), ១-៤.៨.១០.១២-១៣ បទកាកគតិ
| ១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
| ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានប្ញទ្ធិ |
| | ផុតលើលោកា | ។ |
| ២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
| ខ្ញុំសូមរំឭក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា |
| | មិនបំភ្លេចឡើយ | ។ |
| ៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ |
| ខ្ញុំបានប្រព្រឹត្ត | ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ |
| | ផុតរោគសោកសៅ | ។ |
| ៤ | ព្រះអង្គរំដោះ | ជីវិតឱ្យរស់ | ផុតពីរណ្តៅ |
| ព្រះអង្គអាណិត | អាសូរពេកកូវ | ខ្ញុំផុតសោកសៅ |
| | ដោយទ្រង់មេត្តា | ។ |
| ៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហប្ញទ័យ | អាណិតករុណា |
| ប្រណីសន្តោស | គ្រប់ពេលវេលា | ដល់ជនគ្រប់គ្នា |
| | មិនឱ្យមានភ័យ | ។ |
| ១០ | ព្រះអង្គមិនដាក់ | ទោសយើងម្នាក់ៗ | ឱ្យឈឺគ្រាំគ្រា |
| សមតាមអំពើ | បាបច្រើនមហិមា | ទ្រង់តែងគាំពារ |
| | មិនយកទោសពៃរ៍ | ។ |
| ១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិច | ឥតមានកែប្រែ |
| ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ |
| | ពីយើងយ៉ាងនោះ | ។ |
| ១៣ | ឪពុកអាណិត | ថ្នាក់ថ្នមផ្តេកផ្តិត | កូនៗទាំងអស់ |
| ព្រះក៏មេត្តា | អាសូរស្រណោះ | ដល់អ្នកដែលស្មោះ |
| | គោរពរាល់ថ្ងៃ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៣,១៦-២៣
បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបថា បងប្អូនរួមគ្នាធ្វើជាព្រះវិហាររបស់ព្រះជាម្ចាស់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន។ ប្រសិនបើនរណាម្នាក់កម្ទេចព្រះវិហាររបស់ព្រះជាម្ចាស់ ព្រះអង្គនឹងកម្ទេចអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាម្ចាស់ដែលជាព្រះវិហារដ៏វិសុទ្ធ គឺបងប្អូនហ្នឹងហើយ!។
សូមកុំបញ្ឆោតខ្លួនឯងឱ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលេលាសិន ដើម្បីឱ្យបានទៅជាអ្នកប្រាជ្ញ។ ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកក្នុងគម្ពីរមកថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេ»។ មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថា គំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ។
ហេតុនេះ មិនត្រូវឱ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើបងប្អូន ទោះបីប៉ូលក្តី លោកអប៉ូឡូសក្តី លោកកេផាសក្តី ពិភពលោកនេះក្តី ជីវិតក្តី សេចក្តីស្លាប់ក្តី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្តី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។ រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រីស្ត ហើយព្រះគ្រីស្តបម្រើព្រះជាម្ចាស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកាន់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ត អ្នកនោះស្គាល់សេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណៈរបស់ព្រះជាម្ចាស់មែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៣៨-៤៨
នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា» ប្រសិនបើគេវាយភ្នែកអ្នកម្ខាង ត្រូវវាយភ្នែកគេម្ខាងវិញ ប្រសិនបើគេវាយអ្នកបាក់ធ្មេញមួយ ក៏ត្រូវវាយគេឱ្យបាក់ធ្មេញតែមួយដែរ”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សកំណាចឱ្យសោះ បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាងទៀតទៅ។ បើមានគេប្តឹងចង់បានអាវក្នុងរបស់អ្នក ចូរឱ្យគេយកអាវធំថែមទៀតទៅ។ បើមានគេបង្ខំអ្នកឱ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយគេចុះ។ អ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ ហើយក៏កុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ។
អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយចូរស្អប់ខ្មាំងសត្រូវរបស់អ្នក”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឱ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងទៅជាបុត្រធីតារបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានឱ្យព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឱ្យទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ។
422 Views
Post Views:
423